៥៦. របៀបដោះស្រាយភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់អ្នក អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ អ្នកជាមនុស្សទុច្ចរិតហើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សទុច្ចរិតយ៉ាងដូចម្ដេច? គំនិត និងទង្វើពីខាងក្រៅរបស់អ្នកមិនធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ហើយក៏មិនធ្វើឲ្យសាតាំងរងភាពអាម៉ាស់ ឬបំបាក់សាតាំងដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់ និងពេញដោយស្លាកស្នាមដែលនាំឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់។ អ្នកមិនមែនកំពុងធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ មិនលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ឡើយ ហើយក៏មិនកំពុងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែប្រព្រឹត្តសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្វីទៅជាអត្ថន័យនៃឃ្លាថា «សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន»? គឺសម្រាប់សាតាំង។ ដូច្នេះ នៅទីបំផុត ព្រះជាម្ចាស់នឹងមានបន្ទូលថា «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនបានធ្វើអំពើល្អឡើយ ផ្ទុយទៅវិញ អាកប្បកិរិយារបស់អ្នកប្រែជាអាក្រក់វិញ។ អ្នកនឹងមិនទទួលបានរង្វាន់ឡើយ ហើយព្រះជាម្ចាស់ក៏នឹងមិនចងចាំអំពីអ្នកដែរ។ តើការនេះមិនឥតប្រយោជន៍ទាល់តែសោះទេឬអី?» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញដល់យើងថា យើងអាចលះបង់ខ្លួន និងរងទុក្ខបន្ដិចបន្ដួចសម្រាប់ភារកិច្ចរបស់យើង តែបើចេតនារបស់យើងនៅក្នុងនោះមិនចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយយើងមិនមានទីបន្ទាល់ណាមួយអំពីការអនុវត្តតាមសេចក្តីពិត តែគ្រាន់តែចង់ផ្គាប់ចិត្តខ្លួនឯង នោះព្រះជាម្ចាស់ទតឃើញទង្វើនេះថាជាទង្វើអាក្រក់មិនខាន។ វាជាទង្វើមួយដ៏គួរឲ្យស្អប់ខ្ពើមចំពោះទ្រង់។ កាលពីពីរឆ្នាំមុន ខ្ញុំបានកត់សម្គាល់ឃើញបងស្រីម្នាក់កំពុងតែរាំងស្ទះដល់កិច្ចការនៃពួកជំនុំ តែខ្ញុំមិនហ៊ានអនុវត្តតាមសេចក្តីពិត ឬប្រកាន់ខ្ជាប់តាមគោលការណ៍ឡើយ។ ខ្ញុំខ្លាចធ្វើឲ្យគាត់អន់ចិត្ត។ ខ្ញុំមិនបានលាតត្រដាង និងរាយការណ៍ពីទង្វើរបស់គាត់ទាន់ពេលឡើយ ហើយការនេះបានធ្វើឲ្យខូចខាតដល់កិច្ចការដំណឹងល្អរបស់យើង។ ខ្ញុំក៏មានចំណែកក្នុងការធ្វើឱ្យមានកំហុសផងដែរ។ ខ្ញុំបានពេញដោយវិប្បដិសារី និងការស្ដីបន្ទោសខ្លួនឯង នៅគ្រប់ពេលដែលខ្ញុំបានគិតអំពីរឿងនេះ។

វាបានកើតឡើងនៅចុងខែមីនា ឆ្នាំ ២០១៨ ពេលដែលបងស្រីចិន បានចូលរួមជាមួយយើង ក្នុងនាមជាអ្នកដឹកនាំក្រុម។ បន្ដិចក្រោយមក ខ្ញុំបានរកឃើញថា គាត់មិនបានបំពេញទំនួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់ទេ។ ពេលខ្លះ បុគ្គលម្នាក់ដែលយើងបានប្រកាសដំណឹងល្អទៅកាន់ ចង់សិក្សាស្វែងយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ ហើយគាត់មិនបានរៀបចំទាន់ពេលនូវការប្រកបគ្នា និងទីបន្ទាល់ឡើយ។ ការនេះបានពន្យារពេលដល់កិច្ចការនៃដំណឹងល្អ។ ខ្ញុំបានស្វែងរកគាត់ ដើម្បីផ្ដល់ការប្រកបគ្នាដល់គាត់ ប៉ុន្តែខ្ញុំកម្រនិយាយអំពីបញ្ហារបស់គាត់ណាស់ ដោយខ្លាចថា គាត់មានការអាក់អន់ចិត្ត។ គាត់បានព្យាយាមដោះសា ដោយនិយាយថា គាត់ក៏មានភារកិច្ចមួយទៀត ហើយគាត់ធ្វើមិនទាន់ឡើយ ប៉ុន្តែគាត់នឹងធ្វើឲ្យប្រសើរឡើងនៅពេលក្រោយ។ ភ្លាមៗនោះ ខ្ញុំបានឃើញថា គាត់មិនយកចិត្តទុកដាក់នោះទេ។ គាត់មើលមិនឃើញពីភាពធ្ងន់ធ្ងរនៃបញ្ហានោះឡើយ។ ខ្ញុំបានគិតថា ខ្ញុំត្រូវតែនិយាយច្រើនជាងនេះទៀត ដើម្បីកុំឲ្យវាកើតឡើងម្ដងទៀត ហើយត្រូវពន្យារពេលដល់កិច្ចការនៃពួកជំនុំ។ ប៉ុន្តែ ពេលដែលខ្ញុំហៀបនឹងបើកមាត់និយាយ ខ្ញុំបានគិតថា «គាត់ជាប្រធាន ហើយខ្ញុំគ្រាន់តែជាសមាជិកក្រុមម្នាក់ប៉ុណ្ណោះ។ បើខ្ញុំលើកឡើងពីបញ្ហារបស់គាត់ តើគាត់នឹងមិនគិតថា ខ្ញុំហួសហេតុ ជ្រៀតជ្រែករឿងរបស់គាត់ និងនិយាយទៀតថា ខ្ញុំក្រអឺតក្រទម និងគ្មានហេតុផលទេឬអី? បំភ្លេចចោលទៅអ៊ីចឹង។ ខ្ញុំនឹងមិននិយាយអ្វីឡើយ។ គាត់ជាប្រធាន ដូច្នេះ គាត់គួរតែដឹងថាភារកិច្ចនេះសំខាន់ប៉ុនណាហើយ។ ទៅថ្ងៃខាងមុខ គាត់នឹងមើលខុសត្រូវការងារឲ្យបានល្អមិនខាន។» ខ្ញុំមានអារម្មណ៍មិនសូវស្រួលឡើយ តែខ្ញុំមិនបាននិយាយអំពីគាត់ទៀតឡើយ។

មិនយូរប៉ុន្មានផង គ្រូអធិប្បាយម្នាក់មកពីពួកជំនុំ សូឡា ហ្វៃដ៍ (Sola Fide Church) ចង់សិក្សាស្វែងយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ វាគ្មានពេលច្រើនឡើយ ប៉ុន្តែនៅពេលដ៏សំខាន់នោះ ខ្ញុំមិនអាចទាក់ទងបងស្រីចិន បានឡើយ។ ខ្ញុំក៏ប្រញាប់ទាក់ទងអ្នកដឹកនាំក្រុមដំណឹងល្អម្នាក់ទៀត ដើម្បីផ្ដល់នូវការប្រកបគ្នា។ ក្រោយពេលបងស្រីចិន ដឹងរឿងនេះ គាត់បានស្ដីបន្ទោសខ្ញុំយ៉ាងខ្លាំងថា «ហេតុអ្វីបានជាឯងមិនសុំឲ្យអ្នកដឹកនាំក្រុមម្នាក់ទៀតចាត់ការរឿងនេះទៅ? វាជាកំហុសរបស់ខ្ញុំដែលខ្ញុំមិនបានធ្វើវាឲ្យបានទាន់ពេល ហើយរាល់បញ្ហាដែលកើតឡើងសុទ្ធតែជាការទទួលខុសត្រូវរបស់ខ្ញុំ។ ការនាំអ្នកផ្សេងមក មិនស្របតាមគោលការណ៍ទេ។» ពេលនោះ ខ្ញុំចង់និយាយអំពីបញ្ហានេះនៅក្នុងការប្រកបគ្នាជាមួយគាត់ ប៉ុន្តែខ្ញុំបានប្ដូរចិត្តវិញ ដោយគិតថា «បើខ្ញុំលើកឡើងពីបញ្ហារបស់គាត់ភ្លាមៗ ក្រោយពេលគាត់ទើបតែដោះស្រាយជាមួយខ្ញុំ និងស្ដីបន្ទោសខ្ញុំ តើគាត់នឹងគិតយ៉ាងដូចម្ដេចចំពោះខ្ញុំ? យើងឃើញគ្នាគ្រប់ពេល ហើយបើយើងស្ថិតនៅលើផ្លូវទ័ល គាត់នឹងបង្កការលំបាកដល់ខ្ញុំមិនខាន។ បំភ្លេចចោលទៅ។ វាប្រសើរជាងដែលមានការខ្វល់ខ្វាយកាន់តែតិច។ ខ្ញុំនឹងគ្រាន់តបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អទៅបានហើយ។» ដូច្នេះ ខ្ញុំទប់មិននិយាយនូវអ្វីដែលខ្ញុំចង់និយាយទៅកាន់គាត់។

ប្រហែលមួយខែក្រោយមក សហការីម្នាក់នៅក្នុងពួកជំនុំគ្រីស្ទបរិស័ទបានចាប់អារម្មណ៍ទៅលើកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានរំឭកបងស្រីចិន អំពីរឿងនេះជាច្រើនដង។ ខ្ញុំបាននិយាយថា «បងត្រូវតែចាត់ឲ្យនរណាម្នាក់ទៅផ្ដល់ការប្រកបគ្នាដល់គាត់។» លើកនេះ គាត់បានយល់ស្រប តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា ពីរថ្ងៃកន្លងផុតទៅ គាត់មិនបានរៀបចំអ្វីឡើយ។ ខ្ញុំបានខឹងយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «ខ្ញុំបានប្រាប់បងជាច្រើនដងមកហើយ ហើយខ្ញុំក៏បានប្រាប់បងដែរថា នេះជាកិច្ចការបន្ទាន់។ ចុះហេតុអ្វីបានជាបងមិនយកចិត្តទុកដាក់ដូច្នេះ?» «អត់ទេ ខ្ញុំមិនអាចបន្តនៅស្ងៀមអង្គុយមើលកិច្ចការដំណឹងល្អរបស់យើង ត្រូវបានរាំងស្ទះបែបនេះឡើយ។ ខ្ញុំត្រូវតែពិភាក្សារឿងនេះជាមួយបងប្អូនប្រុសស្រីនៅក្នុងក្រុម ហើយរកមើលថាមានកិច្ចការអ្វីខ្លះដែលយើងអាចធ្វើបានអំពីបញ្ហារបស់គាត់។» ប៉ុន្តែ ខ្ញុំមានអារម្មណ៍ពិបាកសម្រេចចិត្តម្ដងទៀត ពេលដែលខ្ញុំហៀបនឹងទាក់ទងជាមួយអ្នកដទៃ។ បើបងស្រីចិនដឹងថា ខ្ញុំកំពុងតែពិភាក្សារឿងនេះជាមួយគ្រប់គ្នា គាត់អាចគិតថា ខ្ញុំមានចេតនាវាយប្រហារគាត់មិនខាន។ បើខ្ញុំធ្វើឲ្យគាត់អន់ចិត្ត នោះគាត់អាចសងសឹក និងរកលេស ដើម្បីបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំមិនខាន។ ខ្ញុំអាចក្លាយជាផ្ទាំងស៊ីបនៃការរិះគន់របស់គេ។ ខ្ញុំបានសម្រេចចិត្តរង់ចាំ រហូតដល់អ្នកផ្សេងទៀតលើកឡើងអំពីរឿងនេះ។

ល្ងាចនោះ ដោយគិតអំពីកិច្ចការជាច្រើនដែលបងស្រីចិន មិនបានធ្វើ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍អន្ទះអន្ទែង ប៉ុន្តែនៅតែមិនហ៊ាននិយាយដដែល។ ខ្ញុំពិតជាមិនបានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវរបស់ខ្ញុំឡើយ។ ដោយមានអារម្មណ៍មិនស្រួល ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន។ ខ្ញុំអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ក្រោយពេលអធិស្ឋាន៖ «មនសិការ និងហេតុផលគួរតែជាសមាសធាតុនៃភាពជាមនុស្សរបស់មនុស្សម្នាក់។ ទាំងពីរចំណុចនេះគឺជាមូលដ្ឋានគ្រឹះ និងមានភាពសំខាន់បំផុត។ តើបុគ្គលប្រភេទណាដែលខ្វះមនសិការ និងមិនមានហេតុផលនៃភាពជាមនុស្សធម្មតា? និយាយជាទូទៅ គេគឺជាបុគ្គលដែលខ្វះភាពជាមនុស្ស ជាបុគ្គលមានភាពជាមនុស្សអាក្រក់។ សូមវិភាគចំណុចនេះឱ្យដិតដល់។ តើបុគ្គលនេះបើកបង្ហាញពីភាពជាមនុស្សដ៏ពុករលួយ ដូចមនុស្សនិយាយថាគេគ្មានភាពជាមនុស្សឬទេ? តើមនុស្សបែបនោះ មានចរិតលក្ខណៈអ្វីខ្លះ? តើការបើកបង្ហាញជាក់លាក់អ្វីខ្លះដែលពួកគេបង្ហាញចេញ? មនុស្សបែបនេះ គឺមិនយកចិត្តទុកដាក់ក្នុងសកម្មភាពរបស់ពួកគេឡើយ ហើយងាកចេញពីអ្វីដែលមិនពាក់ព័ន្ធដោយផ្ទាល់ជាមួយពួកគេ។ ពួកគេមិនពិចារណាអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនទទួលបន្ទុកនៃការធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយពួកគេគ្មានញាណនៃទំនួលខុសត្រូវឡើយ។ ... ក៏មានមនុស្សដែលនៅស្ងៀមផងដែរ នៅពេលដែលឃើញបញ្ហានៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេឃើញថាអ្នកដទៃបង្កការរំខាន ឬការរារាំង ប៉ុន្តែមិនធ្វើអ្វីដើម្បីបញ្ឈប់ពួកវាឡើយ។ ពួកគេមិនពិចារណាពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បន្តិចទាល់តែសោះ ហើយពួកគេក៏មិនគិតអំពីភារកិច្ច ឬទំនួលខុសត្រូវរបស់របស់ពួកគេទាល់តែសោះ។ ពួកគេនិយាយ ធ្វើសកម្មភាព លេចធ្លោ ប្រឹងប្រែង និងចំណាយកម្លាំងដើម្បីតែភាពឥតខ្លឹមសារ កិត្យានុភាព តួនាទី ផលប្រយោជន៍ និងកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ។ ... តើបុគ្គលប្រភេទនេះមានមនសិការ និងហេតុផលឬទេ? តើបុគ្គលដែលគ្មានមនសិការ និងហេតុផលដែលប្រព្រឹត្តតាមវិធីនេះ មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឬទេ? មនសិការរបស់បុគ្គលប្រភេទនេះគ្មានគោលបំណងឡើយ ហើយពួកគេមិនដែលមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឡើយ។ ដូច្នេះ តើពួកគេអាចមានអារម្មណ៍ពីការស្ដីបន្ទោស និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធឬទេ? ទេ ពួកគេគ្មានអារម្មណ៍ទេ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ចំបេះដូងខ្ញុំ។ តើខ្ញុំមិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់កំពុងតែលាតត្រដាងទេឬ? ខ្ញុំខ្វះនូវមនសិការ ភាពជាមនុស្ស ហើយខ្ញុំគ្មានទំនួលខុសត្រូវនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំបានប្រកាន់យកអាកប្បកិរិយាសម្ងំសុខមិនអើពើ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬជ្រោមជ្រែងដល់កិច្ចការនៃពួកជំនុំឡើយ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា បងស្រីចិនមិនបានហ្មត់ចត់ចំពោះភារកិច្ចរបស់គាត់ ហើយគ្រាន់តែធ្វើឲ្យរួចពីដៃប៉ុណ្ណោះ ហើយគាត់បានបង្កការខូចខាតដល់កិច្ចការដំណឹងល្អរបស់យើងរួចទៅហើយ។ ខ្ញុំគួរតែបានលើកឡើងអំពីរឿងនេះនៅក្នុងការប្រកបគ្នា។ ប៉ុន្តែ ខ្ញុំខ្លាចគាត់និយាយថា ខ្ញុំគួរតែខ្វល់ពីរឿងខ្លួនឯងទៅ ដូច្នេះ ខ្ញុំគ្រាន់តែមើលរំលងបញ្ហារបស់គាត់។ ក្រោយមក គាត់មិនបានផ្លាស់ប្ដូរសោះឡើយ។ ខ្ញុំចង់លើកឡើងអំពីវាម្ដងទៀត ដើម្បីពិនិត្យពិច័យពីធម្មជាតិ និងផលវិបាកចេញពីការបំពេញភារកិច្ចរបស់គាត់តាមរបៀបនោះ ប៉ុន្តែខ្ញុំខ្លាចថា ខ្ញុំនឹងធ្វើឲ្យគាត់អន់ចិត្ត ក្រោយមក គាត់អាចបង្កការលំបាកដល់ខ្ញុំ ហើយបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានធ្វើជាមើលមិនឃើញ ហើយមិននិយាយចេញមក។ ខ្ញុំមិនហ៊ានក្រោកឈរសម្រាប់ជាផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ដោយគ្រាន់តែការពារមុខមាត់ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ក្នុងពេលដែលខ្ញុំបានឃើញអ្នកដឹកនាំក្រុមម្នាក់កំពុងតែបំពេញភារកិច្ចរបស់គាត់ឲ្យតែរួចពីដៃ។ តើមនសិការខ្ញុំនៅឯណាទៅ? មហន្តរាយកាន់តែតែអាក្រក់ទៅៗ ដូច្នេះ វាត្រូវតែមានមនុស្សកាន់តែច្រើនស្វែងរកមើលផ្លូវដ៏ពិត។ ការនាំមនុស្សឲ្យទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ គឺជាអាទិភាពបន្ទាន់មួយ។ ប៉ុន្តែ ខ្ញុំមិនបានទទួលខុសត្រូវចំពោះកិច្ចការនេះឡើយ។ ខ្ញុំគ្រាន់តែចង់ការពារខ្លួនឯងប៉ុណ្ណោះ មិនមែនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ។ ការនេះមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់មែន។ គំនិតទាំងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាធ្វើឲ្យព្រះជាម្ចាស់ខកព្រះទ័យយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «ខ្ញុំមិនអាចបន្តធ្វើបែបនេះទៀតឡើយ។ ខ្ញុំត្រូវតែរកផ្លូវមួយ ដើម្បីដោះស្រាយបញ្ហានេះ។» ក្រោយមក ខ្ញុំបានចូលទៅរកបងប្អូនប្រុសស្រីនៅក្នុងក្រុម ដើម្បីពិភាក្សាអំពីរឿងនេះ និងរកមើលពីរបៀបដែលយើងអាចជួយដោះស្រាយបញ្ហារបស់បងស្រីចិន។ គ្រប់គ្នាឯកភាពគ្នាថា គាត់គួរតែមានបុគ្គលម្នាក់ធ្វើការជាមួយគាត់ ដើម្បីចែករំលែកបន្ទុករបស់គាត់។ ដោយធ្វើបែបនេះ ពួកគេអាចជួយគ្នាទៅវិញទៅមក និងជួយមើលថែគ្នាផង។

នារសៀលដដែលនោះ ខ្ញុំបានហៅបងស្រីចិន និងប្រាប់គាត់អំពីអ្វីដែលយើងបានពិភាក្សាគ្នា ហើយប្រាប់ពីសេចក្តីលម្អិតអំពីប្រសិទ្ធភាពការងាររបស់គាត់នាពេលថ្មីៗនោះ និងផលខូចខាតដែលគាត់បានធ្វើចំពោះកិច្ចការនៃដំណឹងល្អ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បងស្រីចិនមិនមានការសោកស្ដាយ ឬវិប្បដិសារីសូម្បីតែបន្ដិចសោះឡើយចំពោះឥរិយាបថរបស់គាត់ ប៉ុន្តែបែរជាបដិសេធចំពោះផែនការរបស់យើងតែម្ដង។ គាត់និយាយទាំងចចេសថា គាត់មិនត្រូវការមាននរណាម្នាក់មកធ្វើការជាមួយគាត់ឡើយ។ ដោយឃើញថា គាត់គ្មានការស្គាល់ខ្លួនឯងបែបនេះ ខ្ញុំបានបន្តប្រកបគ្នាជាមួយគាត់ ប៉ុន្តែខ្ញុំមិនទាន់ទាំងនិយាយចប់ផង គាត់ក៏និយាយថា គាត់មានការដែលត្រូវធ្វើ ហើយក៏បិទទូរស័ព្ទទៅ។ ខ្ញុំកំពុងតែគិតថា «បងស្រីចិនមានឋានៈ តែគាត់គ្មានកិច្ចការជាក់ស្ដែង ហើយមិនចង់បានដៃគូទៀត។ តើនេះមិនផ្ដាច់ការទេឬអី? «បើវានៅតែបន្តបែបនេះទៀត នោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវពន្យារពេលមិនខាន។ ខ្ញុំត្រូវតែលើកឡើងពីបញ្ហានេះប្រាប់គាត់។» អស់រយៈពេលពីរបីថ្ងៃបន្ទាប់ ខ្ញុំបន្តផ្ញើសារទៅកាន់គាត់ ប៉ុន្តែគាត់មិនដែលឆ្លើយតបមកវិញឡើយ។ ខ្ញុំកំពុងតែមើលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានពន្យារពេល។ ខ្ញុំកំពុងតែគិតថា ខ្ញុំត្រូវតែរាយការណ៍រឿងនេះទៅដល់អ្នកដឹកនាំពួកជំនុំ ប៉ុន្តែពេលដែលខ្ញុំហៀបនឹងធ្វើ ខ្ញុំក៏មានចិត្តរារែកម្ដងទៀត។ ខ្ញុំបានគិតថា «បើបងស្រីចិនដឹងថា ខ្ញុំជាម្នាក់ដែលរាយការណ៍ទៅកាន់អ្នកដឹកនាំ តើនឹងមានអ្វីកើតឡើងទៅ? តើខ្ញុំនឹងធ្វើអ្វីទៅ បើគាត់អន់ចិត្ត ហើយរកហេតុផល ដើម្បីបណ្ដេញខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំ? ចុះបើបងប្អូនប្រុសស្រីនិយាយថា ខ្ញុំគិតតែរិះគន់បងស្រីចិនមិនចេះចប់សោះ ហើយខ្ញុំមិនប្រព្រឹត្តចំពោះគាត់ដោយយុត្តិធម៌វិញនោះ?» ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់។ បើខ្ញុំមិននិយាយ នោះខ្ញុំកំពុងតែមើលកិច្ចការរបស់ក្រុមដំណើរការទាំងរដិបរដុប។ ប៉ុន្តែ បើខ្ញុំនិយាយ នោះខ្ញុំអាចធ្វើឲ្យគាត់អន់ចិត្ត។ នាពេលនោះ មានបងស្រីម្នាក់ចូលមកសួរខ្ញុំថាតើខ្ញុំចាប់អារម្មណ៍ចង់ទៅចូលរួមក្រុមមួយទៀតឬអត់។ ខ្ញុំបានគិតថា «ការធ្វើភារកិច្ចមួយទៀតនឹងល្អមិនខាន ដូច្នេះ ខ្ញុំអាចលែងគិតគូរពីក្រុមរបស់ខ្ញុំទៀត។ ខ្ញុំនឹងគ្មានអារម្មណ៍ពិរុទ្ធ និងមានទុក្ខទោម្នេញរាល់ថ្ងៃឡើយ។» ក្រោយមក ខ្ញុំបានចែករំលែកគំនិតរបស់ខ្ញុំជាមួយបងស្រីម្នាក់ទៀតនៅក្នុងក្រុម។ គាត់បានស្ដាប់ខ្ញុំ ក្រោយមក បាននិយាយថា «អ្នកជាសមាជិកចាស់វស្សាជាងគេបំផុតនៅក្នុងក្រុម ហើយក៏ស្គាល់កិច្ចការច្រើនជាងគេដែរ។ បងស្រីចិនកំពុងតែធ្វើពើជាមើលមិនឃើញចំពោះបញ្ហាក្រុមរបស់យើង។ តើអ្នកពិតជាគិតថា វាជាពេលដ៏ត្រឹមត្រូវក្នុងការចាកចេញឬ?» ខ្ញុំមានអារម្មណ៍មិនល្អឡើយ ពេលឮគាត់និយាយបែបនេះ។ ខ្ញុំបានដឹងថា ខ្ញុំពិតជាបានដឹងពីការងាររបស់ក្រុមច្រើនជាងអ្នកឯទៀតៗមែន ហើយខ្ញុំគ្រាន់តែសម្ងំសុខមើលកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះប៉ុណ្ណោះ។ ខ្ញុំមិនគ្រាន់តែធ្វើពើជាមើលមិនឃើញប៉ុណ្ណោះទេ តែខ្ញុំចង់គេចយករួចខ្លួនតែម្ដង។ នេះមិនមែនជាការការពារដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានចូលចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន ដោយទូលសុំឲ្យទ្រង់ចង្អុលបង្ហាញដល់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានបទគម្ពីរចំនួនពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការចំណាយពេលរបស់ខ្ញុំជាមួយព្រះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកត្រូវតែចូលពីផ្នែកវិជ្ជមាន អ្នកត្រូវសកម្ម និងមិនមែនអសកម្ម អ្នកមិនត្រូវរង្គោះរង្គើដោយនរណាម្នាក់ ឬអ្វីក៏ដោយក្នុងគ្រប់ស្ថានភាពទាំងអស់ ហើយអ្នកមិនត្រូវទទួលឥទ្ធិពលពីពាក្យរបស់នរណាម្នាក់ឡើយ។ អ្នកត្រូវតែមានឥរិយាបថឋិតថេរ មិនថាមនុស្សនិយាយអ្វីក៏ដោយ អ្នកត្រូវតែអនុវត្តនូវអ្វីដែលអ្នកដឹងថាជាការពិត។ អ្នកត្រូវតែមានព្រះបន្ទូលរបស់ខ្ញុំដែលកំពុងធ្វើការនៅខាងក្នុងរបស់អ្នកជានិច្ច មិនថាអ្នកត្រូវប្រឈមមុខនឹងនរណាក៏ដោយ។ អ្នកត្រូវតែមានជំហររឹងមាំក្នុងទីបន្ទាល់របស់អ្នកចំពោះខ្ញុំ ហើយបង្ហាញការយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ខ្ញុំ។ អ្នកមិនត្រូវភាន់ច្រឡំ ដោយយល់ស្របនឹងមនុស្សដោយមិនមានគំនិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែមានភាពក្លាហានក្នុងការក្រោកឈរ និងជំទាស់នឹងអ្វីដែលមិនមែនកើតចេញមកពីខ្ញុំ។ ប្រសិនបើអ្នកដឹងច្បាស់ថា មានអ្វីមួយខុសប្រក្រតី ប៉ុន្តែអ្នកនៅតែស្ងៀមស្ងាត់ ដូច្នេះអ្នកមិនមែនជាមនុស្សដែលអនុវត្តសេចក្តីពិតឡើយ។ ប្រសិនបើអ្នកដឹងថា មានអ្វីមួយមិនត្រឹមត្រូវ ប៉ុន្តែបន្ទាប់មកបង្វែរប្រធានបទ ហើយសាតាំងបានរារាំង ដែលជាហេតុបណ្តាលឲ្យអ្នកនិយាយដោយគ្មានឥទ្ធិពល ហើយមិនអាចតស៊ូបានរហូតដល់ទីបញ្ចប់ ដូច្នេះមានន័យថា អ្នកនៅតែមានការភ័យខ្លាចនៅក្នុងចិត្តរបស់អ្នក។ តើបែបនោះហើយដែលចិត្តអ្នកនៅតែពេញទៅដោយគំនិតរបស់សាតាំងមែនទេ?» («ជំពូកទី ១២» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឲ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឲ្យបានញឹកញាប់» («ជំពូកទី ១៣» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ដោយបានអានម្ដងមួយសំណួរៗ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែគង់នៅខាងមុខខ្ញុំ ទាំងហៅខ្ញុំមកសួរនាំ។ គ្រប់ទាំងព្រះបន្ទូលសុទ្ធតែរំជួលចិត្ត។ ខ្ញុំក៏សួរខ្លួនឯងថា «តើខ្ញុំបានគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ដែរឬទេ? តើខ្ញុំបានអនុវត្តតាមសេចក្តីសុចរិតសម្រាប់ព្រះជាម្ចាស់ហើយឬនៅ? តើខ្ញុំបានអនុវត្តតាមសេចក្តីពិតយ៉ាងជាប់លាប់ដែរឬទេ? ចម្លើយគឺ «អត់ទេ»។ ខ្ញុំត្រូវបានលើកឲ្យបំពេញភារកិច្ចដ៏សំខាន់បែបនេះ ដោយព្រះគុណរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំគួរតែមានការទទួលខុសត្រូវ ហើយធ្វើការជាមួយបងប្អូនប្រុសស្រី ដើម្បីបំពេញវាឲ្យបានល្អ។ ខ្ញុំបានឃើញអ្នកដឹកនាំក្រុមធ្វើការឲ្យតែរួចពីដៃ ដោយពន្យារពេលកិច្ចការផ្សាយដំណឹងល្អម្ដងហើយម្ដងទៀត។ គាត់ជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនបានធ្វើកិច្ចការជាក់ស្ដែង។ ខ្ញុំគួរតែហ៊ានក្រោកឈរ និងរាយការណ៍អំពីគាត់។ ប៉ុន្តែ ខ្ញុំបែរជាខ្លាចធ្វើឲ្យគាត់អន់ចិត្ត និងខ្លាចបាត់បង់ភារកិច្ចរបស់ខ្ញុំទៅវិញ ដូច្នេះ ខ្ញុំបានព្រងើយកន្ដើយចំពោះរឿងនេះ ហើយគ្រាន់តែមើលគាត់រាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៅវិញ។ ខ្ញុំមិនហ៊ានក្រោកឈរការពារព្រះដំណាក់ឡើយ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់។ ខ្ញុំគ្មានញាណនៃភាពយុត្តិធម៌ ឬការទទួលខុសត្រូវសោះឡើយ! ខ្ញុំបានការពារមុខមាត់ និងឋានៈខ្ញុំដដែលជាដដែល។ ទោះបីជាខ្ញុំមិនដែលរាំងស្ទះដល់កិច្ចការផ្សាយដំណឹងល្អនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជាបងស្រីចិនក៏ដោយ ក៏ខ្ញុំបានបិទមាត់មិននិយាយអ្វីសោះអំពីបញ្ហាដែលខ្ញុំបានឃើញ ហើយមិនបានអនុវត្តតាមសេចក្តីពិតឡើយ។ តើនោះមិនមែនជាការឈរនៅខាងសាតាំង ដោយបណ្ដោយឲ្យវាបំផ្លាញដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើខ្ញុំមិនកំពុងតែកាន់ជើងអ្នកខាងក្រៅ ហើយរមិលគុណអ្នកដែលចិញ្ចឹមខ្ញុំ ដោយធ្វើជាជំនួយការរបស់សាតាំងទេឬ? គំនិតនោះពិតជាធ្វើឲ្យខ្ញុំស្អប់ខ្លួនឯង។ តើខ្ញុំអាចក្លាយជាអាត្មានិយម គ្មានភាពជាមនុស្សម្ដេចកើតទៅ? ខ្ញុំបានដឹងថា ខ្ញុំមិនអាចបន្តធ្វើបែបនេះនោះឡើយ។ ខ្ញុំមិនអាចបន្តខ្លាចធ្វើឲ្យគេអន់ចិត្ត ដោយគ្រាន់តែការពារខ្លួនឯងនោះទេ។ ខ្ញុំត្រូវតែអនុវត្តតាមសេចក្តីពិត ក្លាយជាបុគ្គលម្នាក់ដែលមានញាណនៃភាពយុត្តិធម៌ ឈរនៅខាងព្រះជាម្ចាស់ និងការពារផលប្រយោជន៍នៃដំណាក់របស់ទ្រង់។ ខ្ញុំបានសម្រេចចិត្តរាយការណ៍អំពីបងស្រីចិន នាពេលនោះ។ នាពេលនោះ ខ្ញុំបានឮបងស្រីម្នាក់និយាយថា អ្នកជឿថ្មីមួយចំនួនបានចុះខ្សោយ និងអវិជ្ជមាន ក្រោយបានឮពាក្យចចាមអារ៉ាម។ បងស្រីចិនមិនបានរៀបចំទាន់ពេលឲ្យមាននរណាម្នាក់ប្រកបគ្នាជាមួយពួកគេ និងដោះស្រាយបញ្ហារបស់ពួកគេឡើយ ដូច្នេះ ពួកគេប៊ិះតែបោះបង់ចោលសេចក្តីជំនឿរបស់ពួកគេ ដោយសារតែពួកគេត្រូវបានពង្វក់គំនិត។ ខ្ញុំបានស្អប់ខ្លួនឯង ពេលដែលខ្ញុំបានឮបែបនេះ។ នេះគឺជាផលវិបាកដ៏អាក្រក់ចេញពីការដែលខ្ញុំមិនអនុវត្តតាមសេចក្តីពិត! ក្រោយមក មានគ្នាយើងមួយចំនួនដែលនៅក្នុងក្រុមបានរាយការណ៍ប្រាប់អ្នកដឹកនាំពួកជំនុំអំពីបញ្ហារបស់បងស្រីចិន។ ខ្ញុំបានភ្ញាក់ផ្អើល ដែលគាត់បានពិនិត្យមើលបញ្ហានោះ ហើយបានបណ្ដេញគាត់ចេញនាថ្ងៃដដែលនោះ។ ក្រោយមក អ្នកដឹកនាំបានកែតម្រូវខ្ញុំ ដោយនិយាយថា «គាត់បានធ្វើពន្យារពេលការងារតាំងពីយូរមកហើយ ចុះម្ដេចបានជាអ្នកមិននិយាយអំពីរឿងនោះអ៊ីចឹង?» ខ្ញុំកាន់តែមានអារម្មណ៍សោកស្ដាយ និងពិរុទ្ធភាព ពេលដែលខ្ញុំបានឮបែបនេះ។

ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងខ្លួនឯងទៅលើហេតុផលដែលខ្ញុំបានដឹងថា បងស្រីចិនមិនទទួលខុសត្រូវលើភារកិច្ចរបស់គាត់ ហើយតែងតែពន្យារពេលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ តែខ្ញុំបែរជាមិនហ៊ានក្រោកឡើងលាតត្រដាង និងរាយការណ៍អំពីគាត់ទៅវិញ។ តើអ្វីទៅជាឫសគល់ដែលនាំឲ្យខ្ញុំមិនអនុវត្តតាមសេចក្តីពិតបែបនេះ? ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំនូវហេតុផលនៅពីក្រោយការមិនអនុវត្តតាមសេចក្តីពិតថា ខ្ញុំបានពេញដោយទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅ ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន» «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» «ចូរឱ្យអ្វីៗបានរហាត់ផុតទៅចុះ ប្រសិនបើសេចក្ដីទាំងនោះមិនប៉ះពាល់ដល់បុគ្គលណាម្នាក់ទេនោះ» «បញ្ហាកាន់តែតិច កាន់តែប្រសើរ» និង «បុគ្គលណាដែលចេញមុខចេញមាត់ជាងគេ នឹងត្រូវរងការរិះគន់ និងស្ដីបន្ទោស»។ ទស្សនវិជ្ជាទាំងនេះបានក្លាយជាផ្នែកមួយនៃជីវិតខ្ញុំតាំងពីយូរណាស់មកហើយ។ វាបានក្លាយជាធម្មជាតិរបស់ខ្ញុំ។ ខ្ញុំបានប្រែជាអាត្មានិយម មានល្បិចកល និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះថាខ្ញុំបានកំពុងតែរស់នៅតាមទស្សនវិជ្ជាទាំងអស់នោះ។ ខ្ញុំគ្មានខ្វល់អ្វី ក្រៅពីការពារផលប្រយោជន៍របស់ខ្ញុំ ពេលប្រឈមនឹងបញ្ហា។ មុនពេលខ្ញុំក្លាយជាអ្នកជឿ នៅក្នុងជីវិតបែបវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់ខ្ញុំ ពេលដែលខ្ញុំអាចធ្វើឲ្យនរណាម្នាក់អន់ចិត្ត ទោះបីជាពួកគេបានធ្វើខុសក៏ដោយ ក៏ខ្ញុំនៅស្ងៀមដែរ។ ខ្ញុំបានបន្តរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ ទោះបីជាក្រោយពេលក្លាយជាអ្នកជឿក៏ដោយ។ ខ្ញុំគ្មានគិតអ្វីក្រៅពីការពារដល់ផលប្រយោជន៍របស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្លួនឡើយ ក្រោយមក ខ្ញុំមិនអាចអនុវត្តតាមសេចក្តីពិតបានទេ។ បងស្រីចិន គឺជាឧទាហរណ៍ស្រាប់អំពីការនេះ។ ខ្ញុំបានឃើញថា គាត់មិនកំពុងធ្វើកិច្ចការជាក់ស្ដែង និងមិនអាចទទួលមតិរិះគន់ ដោយគាត់ជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ដូច្នេះ ខ្ញុំគួរតែហ៊ានក្រោកឈរ និងរាយការណ៍អំពីគាត់។ ប៉ុន្តែ ខ្ញុំបានខ្លាចថា ការរាយការណ៍របស់ខ្ញុំនឹងមិនបានផលអ្វី ហើយខ្ញុំនឹងបាត់បង់ភារកិច្ចរបស់ខ្ញុំ។ «បុគ្គលណាដែលចេញមុខចេញមាត់ជាងគេ នឹងត្រូវរងការរិះគន់ និងស្ដីបន្ទោស» និង «បញ្ហាកាន់តែតិច កាន់តែប្រសើរ» គឺជាទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់ខ្ញុំ។ ខ្ញុំជាមនុស្សកំសាកម្នាក់។ ខ្ញុំបានបណ្ដោយឲ្យបុគ្គលដែលគ្មានទំនួលខុសត្រូវម្នាក់មករាំងស្ទះដល់ការងារ ដោយមិនហ៊ានក្រោកឈរប្រឆាំងឡើយ។ ខ្ញុំពិតជាអាត្មានិយម និងបោកបញ្ឆោតមែន។ ការបំពេញភារកិច្ចរបស់ខ្ញុំ និងការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់គឺជារឿងវិជ្ជមាន ហើយវាស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពេលដែលមនុស្សម្នាក់រាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នោះជាពេលដ៏ត្រឹមត្រូវដែលត្រូវឈរនៅខាងព្រះជាម្ចាស់ ហើយការពារដល់ផលប្រយោជន៍នៃដំណាក់របស់ទ្រង់ហើយ។ ព្រះជាម្ចាស់តម្រូវបែបនេះចេញពីរាស្ត្ររើសតាំងរបស់ទ្រង់។ វាជាភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំខ្លាចក្នុងការប្រថុយ ខ្លាចប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្ញុំ ដូច្នេះ ខ្ញុំមិនហ៊ានក្រោកឈរសម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនបានបំពេញភារកិច្ច ឬទំនួលខុសត្រូវរបស់ខ្ញុំទេ។ តើខ្ញុំជាអ្នកជឿប្រភេទណាទៅ? ខ្ញុំមិនហ៊ានប្រថុយ ខ្ញុំសម្របសម្រួលជាមួយសាតាំង ហើយព្រងើយកន្ដើយចំពោះបញ្ហា។ ខ្ញុំបានបណ្ដោយឲ្យបុគ្គលដែលគ្មានទំនួលខុសត្រូវម្នាក់រាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមិនហ៊ានក្រោកឈរប្រឆាំង។ ខ្ញុំគ្មានសេចក្តីក្លាហានទាល់តែសោះ។ ខ្ញុំកំពុងតែរស់នៅ ដោយគ្មានសុចរិតភាព ឬសេចក្តីថ្នៃថ្នូរសោះឡើយ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា បងស្រីចិនកំពុងតែរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនគ្រាន់តែធ្វើជាបិទភ្នែកមើលមិនឃើញប៉ុណ្ណោះទេ តែបែរជារត់ចេញយករួចខ្លួនទៅវិញ។ តើនេះមិនមែនជាការឈរនៅខាងសាតាំង ប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? នោះជាសេចក្តីរំលងដ៏ធំមួយចំពោះព្រះជាម្ចាស់។ ដោយគិតអំពីរឿងនេះ ខ្ញុំមិនអាចអនុវត្តតាមសេចក្តីពិត ហើយខ្ញុំខ្លាចថា ខ្ញុំនឹងបាត់បង់ភារកិច្ចរបស់ខ្ញុំ បើខ្ញុំរាយការណ៍អំពីបងស្រីចិន។ ប៉ុន្តែ អ្វីដែលបានកើតឡើងនោះគឺថា ក្រោយពេលយើងគ្រប់គ្នាបានរាយការណ៍អំពីបងស្រីចិន គាត់ត្រូវបានបណ្ដេញចេញភ្លាមៗតែម្ដង។ ការពិតនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់ ហើយវាបានបង្ហាញដល់ខ្ញុំថា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ព្រះគ្រីស្ទ និងសេចក្តីពិតគ្រប់គ្រងជានិច្ច។ អស់អ្នកដែលមិនអនុវត្តតាមសេចក្តីពិត និងរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ មិនអាចទទួលបានកន្លែងឈរជើងឡើយ។ មិនយូរប៉ុន្មានទេ ពួកគេនឹងត្រូវបានលុបបំបាត់ បើពួកគេមិនប្រែចិត្តនោះ។ ប៉ុន្តែ ខ្ញុំមិនមែនកំពុងសម្លឹងមើលអ្វីៗដោយផ្អែកលើគោលការណ៍នៃសេចក្តីពិតឡើយ។ ខ្ញុំត្រូវបានកម្រិតដោយអំណាច និងឋានៈ។ ខ្ញុំបានឃើញបុគ្គលម្នាក់ដែលកាន់អំណាចជាប្រធានខ្ញុំ និងគិតថា បើខ្ញុំធ្វើឲ្យគាត់អន់ចិត្ត ខ្ញុំនឹងមិនអាចទទួលបានកន្លែងឈរជើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានគិតថា ដំណាក់របស់ព្រះជាម្ចាស់គឺខ្មៅងងឹតដូចជាលោកីយ៍អ៊ីចឹង ដោយគ្មានភាពត្រឹមត្រូវ ឬភាពយុត្តិធម៌ឡើយ។ តើខ្ញុំមិនកំពុងតែប្រមាថព្រះជាម្ចាស់ទេឬ? បើព្រះជាម្ចាស់មិនលាតត្រដាងខ្ញុំ ដោយបង្កើតនូវបរិយាកាសនេះទេ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ខ្ញុំនឹងនៅតែមិនដឹងអំពីផលវិបាកដ៏អាក្រក់ចេញពីការរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ។ អ្វីដែលខ្ញុំរៀនបានចេញពីមេរៀននេះគឺថា ក្នុងនាមជាអ្នកជឿ ការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តតាមសេចក្តីពិត និងការប្រកាន់ខ្ជាប់តាមគោលការណ៍ ពិតជានាំឲ្យខ្ញុំមានសន្ដិភាព និងសេចក្តីសុខសាន្តយ៉ាងប្រាកដមែន។ វាក៏ជារឿងសុចរិតមួយ ដែលអ្នកជឿគួរតែធ្វើផងដែរ។ ក្រោយមក យើងទាំងអស់គ្នានៅក្នុងក្រុម បានប្រកបគ្នាទៅលើអ្វីដែលយើងបានដកបទពិសោធ និងបានទទួល។ គ្រប់គ្នាបានរៀនសូត្រទៅតាមកម្រិតខុសៗគ្នា ជាពិសេស អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ កិច្ចការនៅក្នុងក្រុមរបស់យើងបានប្រសើរឡើងបន្ដិចម្ដងៗ។

ក្រោយមក នៅក្នុងភារកិច្ចរបស់ខ្ញុំ បន្ទាប់ពីមានការសម្របសម្រួលរយៈពេលជាងមួយមួយខែជាមួយបងស្រីលួ ដែលជាអ្នកដឹកនាំនៃក្រុមមួយទៀត ខ្ញុំបានរកឃើញថា គាត់ជាមនុស្សក្រអឺតក្រទម និងផ្ដាច់ការ។ គាត់ពិបាកទទួលយកសំណើរបស់អ្នកផ្សេងណាស់ ហើយគាត់បានរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រួចហើយ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែឲ្យអ្នកដឹកនាំពួកជំនុំដឹងនៅលើកនេះ។ តែក្រោយមក ខ្ញុំបានគិតថា «យើងមិនទាន់ធ្វើការជាមួយគ្នាបានយូរប៉ុន្មានផង ដូច្នេះ ខ្ញុំមិនទាន់ស្គាល់គាត់ច្បាស់នៅឡើយ។ តើខ្ញុំអាចយល់ខុសដែរឬទេអំពីរឿងនេះ? ចុះបើរឿងនេះត្រូវបានគេពិនិត្យមើល ហើយវាចេញមកថា គាត់មិនមានបញ្ហាធំនោះ? តើអ្នកដឹកនាំពួកជំនុំ និងអ្នកផ្សេងទៀតនឹងគិតយ៉ាងដូចម្ដេចចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំកំពុងតែចាប់កំហុសឬ? តើបងស្រីលួ នឹងគិតបែបណាចំពោះខ្ញុំ បើគាត់បានដឹងនោះ? យកល្អ ខ្ញុំមិនគួរនិយាយអ្វីឡើយ។» ខ្ញុំហៀបនឹងលាក់បាំងរឿងនេះទៅហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍រងការចោទប្រកាន់ពីមនសិការរបស់ខ្ញុំ។ ខ្ញុំបាននឹកចាំកាលគ្រាមុន ដែលកិច្ចការនៃដំណឹងល្អត្រូវបានសម្របសម្រួល ដោយសារតែខ្ញុំមិនបានរាយការណ៍អំពីបងស្រីចិន បានទាន់ពេលវេលា។ ខ្ញុំពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងនោះ។ ខ្ញុំបានគិតថា «ខ្ញុំមិនអាចរស់នៅតាមរបៀបអាត្មានិយម គួរឲ្យស្អប់ខ្ពើមបែបនេះទៀតឡើយ។ ខ្ញុំមិនអាចមានវិប្បដិសារីទៀតឡើយលើកនេះ។» ពេលនោះ ខ្ញុំបានចងចាំអំពីបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «សម្រាប់ម្នាក់ៗដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនថាអ្នកយល់សេចក្តីពិតបានជ្រាលជ្រៅកម្រិតណាឡើយ បើអ្នកចង់ចូលក្នុងតថភាពនៃសេចក្តីពិត នោះផ្លូវដ៏សាមញ្ញបំផុតក្នុងការអនុវត្ត គឺត្រូវគិតដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងត្រូវបោះបង់ចោលសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក ព្រមទាំងចេតនាបុគ្គល គោលបំណង កិត្យានុភាព និងឋានៈបុណ្យសក្តិរបស់អ្នក។ ចូរទុកផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាទីមួយ ដ្បិតនេះគឺជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកគួរតែធ្វើ។ បើបុគ្គលម្នាក់ដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនអាចធ្វើសូម្បីតែកិច្ចការបែបនេះផង តើអាចនិយាយបានថា គេកំពុងតែបំពេញភារកិច្ចរបស់ខ្លួនបានម្ដេចកើតទៅ? នេះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ។ ដំបូង អ្នកគួរតែពិចារណាលើផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះ ពិចារណាលើផលប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ និងពិចារណាលើកិច្ចការរបស់ទ្រង់ ហើយចាត់ទុកការពិចារណាទាំងនេះជារឿងទីមួយ និងសំខាន់បំផុត។ មានតែក្រោយការពិចារណាទាំងនេះទេ ទើបអ្នកអាចគិតអំពីស្ថិរភាពនៃឋានៈបុណ្យសក្ដិរបស់អ្នក ឬរបៀបដែលអ្នកដទៃមើលចំពោះអ្នកបាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានដល់ខ្ញុំនូវមាគ៌ានៃការអនុវត្ត ដែលជាការទុកផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាទីមួយ ដោយមិនគិតដល់ផលប្រយោជន៍របស់ខ្ញុំឡើយ។ ខ្ញុំមិនគួរខ្វល់ខ្វាយអំពីអ្វីដែលអ្នកដទៃគិតចំពោះខ្ញុំឡើយ ប៉ុន្តែត្រូវធ្វើនូវអ្វីដែលត្រឹមត្រូវសម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់វិញ។ យើងស្គាល់គ្នាមិនបានយូរមែន ហើយខ្ញុំក៏មិនសូវជាស្គាល់គាត់ច្បាស់ដែរ ប៉ុន្តែខ្ញុំបានឃើញយ៉ាងច្បាស់ថា ឥរិយាបថរបស់គាត់បានរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា ខ្ញុំគួរតែចែកចាយនូវអ្វីដែលខ្ញុំបានឃើញ កែតម្រូវចេតនារបស់ខ្ញុំ និងបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានប្រាប់អ្នកដឹកនាំអំពីបញ្ហារបស់បងស្រីលួ ហើយក្រោយធ្វើការស៊ើបអង្កេតអំពីរឿងនេះ គាត់ត្រូវបានបណ្ដេញចេញស្របទៅតាមគោលការណ៍។ បន្ទាប់ពីបានដឹងដំណឹងនេះហើយ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានប្រកាន់ខ្ជាប់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំក៏បានដកពិសោធដែរថា ផ្លូវតែមួយគត់ ដើម្បីរស់នៅប្រកបដោយអត្ថន័យ គឺជាការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ៥៤. សមរភូមិខាងវិញ្ញាណ

បន្ទាប់៖ ៥៧. គួររាយការណ៍ ឬមិនគួររាយការណ៍

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុស​គឺជា​គំរូអំ​ពីព្រះជាម្ចាស់​សម្រាប់​មនុស្ស​ជាតិ គាត់ជាកូនពន្លឺ​មួយ​ដែល​គ្រប់ៗគ្នា​ស្គាល់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ