របៀបដែលអ្នកគប្បីដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះ
ពេលនេះ អ្នករាល់គ្នាស្ថិតនៅលើកំណាត់ផ្លូវចុងក្រោយ ហើយវាគឺជាកំណាត់ផ្លូវដ៏សំខាន់មួយ។ ប្រហែលជាអ្នកបានឆ្លងកាត់ទុក្ខវេទនាជាច្រើន បានបំពេញកិច្ចការជាច្រើន បានធ្វើដំណើរនៅលើផ្លូវជាច្រើន និងបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើនផងដែរ។ ប្រហែលវាមិនងាយស្រួលទេទម្រាំឈានមកដល់ចំណុចដែលអ្នកស្ថិតនៅក្នុងពេលនេះ។ ប្រសិនបើអ្នកមិនអាចអត់ទ្រាំនឹងទុក្ខវេទនាដែលអ្នកជួបប្រទះក្នុងពេលបច្ចុប្បន្ននេះបានទេ ហើយប្រសិនបើអ្នកបន្តធ្វើដូចកាលពីមុនទៀត នោះអ្នកនឹងមិនអាចត្រូវប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ ព្រះបន្ទូលទាំងអស់នេះ មិនមានបំណងចង់បំភ័យអ្នកឡើយ។ ព្រះបន្ទូលទាំងអស់នេះ គឺជាការពិត។ បន្ទាប់ពីពេត្រុសបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ជាច្រើនរួចមក គាត់បានយល់ដឹងធ្លុះជ្រៅទៅក្នុងរឿងរ៉ាវខ្លះៗ ហើយក៏មានការដឹងខុសត្រូវច្រើនផងដែរ។ គាត់បានយល់ដឹងអំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងគោលការណ៍នៃការបម្រើ ហើយក្រោយមក គាត់ក៏អាចលះបង់ខ្លួនគាត់ទាំងស្រុងសម្រាប់កិច្ចការដែលព្រះយេស៊ូវបានផ្ទុកផ្ដាក់ដល់គាត់។ ការបន្សុទ្ធដ៏អស្ចារ្យដែលគាត់បានទទួល គឺភាគច្រើនដោយសារគាត់មានអារម្មណ៍ថា គាត់ជំពាក់ព្រះជាម្ចាស់យ៉ាងច្រើន សម្រាប់កិច្ចការដែលគាត់បានធ្វើដោយខ្លួនឯងផ្ទាល់ ហើយគាត់នឹងមិនអាចតបស្នងទ្រង់វិញបានឡើយ។ ពេត្រុសក៏បានទទួលស្គាល់ផងដែរថា មនុស្សលោកគឺពុករលួយខ្លាំងណាស់ ដែលធ្វើឱ្យគាត់មានអារម្មណ៍ខុសឆ្គងនឹងសតិសម្បជញ្ញៈរបស់គាត់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីរឿងរ៉ាវជាច្រើនទៅកាន់ពេត្រុស ប៉ុន្តែនៅពេលដែលនិយាយអំពីរឿងរ៉ាវទាំងអស់នោះ គាត់អាចយល់បានបន្តិចបន្តួចប៉ុណ្ណោះ ហើយពេលខ្លះ គាត់នៅតែមានការប្រឆាំងទាស់ និងការបះបោរខ្លះៗដដែល។ ចុងក្រោយ បន្ទាប់ព្រះយេស៊ូវត្រូវបានឆ្កាងទៅនឹងឈើឆ្កាង គាត់ក៏បានជួបប្រទះរឿងមួយចំនួនដែលដាស់ស្មារតីឱ្យភ្ញាក់ឡើង ហើយនៅក្នុងខ្លួនគាត់ គាត់មានអារម្មណ៍ឈឺចាប់ជាខ្លាំង ថែមទាំងបានស្ដីបន្ទោសខ្លួនឯងផង។ នៅចុងបញ្ចប់ ក៏ចូលដល់ចំណុចមួយដែលគាត់មានអារម្មណ៍ថា ការដែលមានគំនិតណាមួយដែលមិនត្រឹមត្រូវនោះ គឺមិនអាចទទួលយកបានឡើយ។ គាត់បានដឹងអំពីស្ថានភាពផ្ទាល់ខ្លួនរបស់គាត់យ៉ាងច្បាស់ ហើយគាត់ក៏បានដឹងអំពីភាពបរិសុទ្ធរបស់ព្រះអម្ចាស់ផងដែរ។ ដោយហេតុនេះ ដួងចិត្តដែលស្រឡាញ់ចំពោះព្រះអម្ចាស់ ក៏រីកដុះដាលនៅក្នុងខ្លួនគាត់កាន់តែច្រើន ហើយគាត់ក៏បានយកចិត្តទុកដាក់ចំពោះជីវិតផ្ទាល់ខ្លួនរបស់គាត់កាន់តែច្រើនឡើង។ ដោយសារមូលហេតុនេះ គាត់បានរងទុក្ខវេទនាយ៉ាងខ្លាំង ហើយបើទោះបីជាពេលនោះ គាត់ហាក់ដូចជាមានជំងឺធ្ងន់ធ្ងរ និងហាក់ដូចជាស្លាប់ក្ដី ក៏ក្រោយពីពេលដែលគាត់ត្រូវបានបន្សុទ្ធដោយបែបនេះជាច្រើនលើកច្រើនសាររួចមក គាត់ក៏មានការយល់ដឹងអំពីខ្លួនគាត់បានកាន់តែច្រើន និងមានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះអម្ចាស់។ គឺអាចនិយាយបានថា ជីវិតរបស់គាត់ទាំងមូល បានលះបង់នៅក្នុងការបន្សុទ្ធ និងការវាយផ្ចាល ហើយថែមទាំងមានលើសពីនេះទៅទៀត។ បទពិសោធរបស់គាត់ ខុសគ្នាពីបទពិសោធរបស់អ្នកដទៃ ហើយសេចក្ដីស្រឡាញ់របស់គាត់ លើសលប់លើសេចក្ដីស្រឡាញ់របស់អ្នកដែលមិនត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍។ មូលហេតុដែលគាត់ត្រូវបានជ្រើសរើសជាគំរូគេ គឺដោយសារគាត់មានបទពិសោធនៃការឈឺចាប់ច្រើនជាងគេបំផុតនៅក្នុងជីវិតរបស់គាត់ ហើយបទពិសោធរបស់គាត់ គឺទទួលជោគជ័យជាងគេបំផុត។ ប្រសិនបើអ្នករាល់គ្នា ពិតជាអាចដើរលើកំណាត់ផ្លូវចុងក្រោយដូចដែលពេត្រុសបានដើរមែន នោះគ្មានសត្តនិករណាមួយដែលអាចយកនូវព្រះពររបស់អ្នករាល់គ្នាបានឡើយ។
ពេត្រុសគឺជាមនុស្សម្នាក់ដែលមានសតិសម្បជញ្ញៈ ប៉ុន្តែសូម្បីតែគាត់មានលក្ខណៈជាមនុស្សជាតិបែបនេះក្ដី ក៏គាត់ជៀសមិនផុតពីមានគំនិតប្រឆាំង និងបះបោរនៅក្នុងអំឡុងពេលដែលគាត់ចាប់ផ្ដើមដើរតាមព្រះយេស៊ូវក្នុងគ្រាដំបូងដែរ។ ប៉ុន្តែ នៅពេលដែលគាត់កំពុងដើរតាមព្រះយេស៊ូវ គាត់មិនបានគិតពីរឿងទាំងនេះឱ្យបានដិតដល់ឡើយ ដោយជឿថា នេះគ្រាន់តែជាលក្ខណៈដែលមនុស្សគប្បីមានតែប៉ុណ្ណោះ។ ដូច្នេះ ដំបូងគាត់មិនមានអារម្មណ៍ស្ដាយក្រោយអ្វីឡើយ ហើយគាត់ក៏មិនបានទទួលការដោះស្រាយអ្វីដែរ។ ព្រះយេស៊ូវពុំបានគិតគូរដល់ប្រតិកម្មរបស់ពេត្រុសខ្លាំងពេកឡើយ ហើយទ្រង់ក៏មិនបានយកព្រះទ័យទុកដាក់ចំពោះរឿងទាំងនោះដែរ ប៉ុន្តែទ្រង់គ្រាន់តែបន្តបំពេញកិច្ចការដែលទ្រង់ត្រូវធ្វើតែប៉ុណ្ណោះ។ ទ្រង់មិនដែលចាប់កំហុសពេត្រុស និងអ្នកដទៃទៀតឡើយ។ អ្នកអាចនិយាយថា៖ «តើអាចថាព្រះយេស៊ូវមិនបានជ្រាបអំពីគំនិតទាំងអស់ដែលពួកគេមានដែរឬទេ?» គឺមិនមែនទាល់តែសោះ! តាមពិត ដោយសារទ្រង់ស្គាល់ពេត្រុសយ៉ាងច្បាស់ ទើបព្រះយេស៊ូវពុំបានចាត់វិធានការអ្វីប្រឆាំងនឹងគាត់។ គេអាចនិយាយបានថា ទ្រង់ស្គាល់គាត់យ៉ាងច្បាស់បំផុត។ ទ្រង់ស្អប់មនុស្សលោក ប៉ុន្តែទ្រង់ក៏មានព្រះទ័យអាណិតដល់ពួកគេផងដែរ។ តើមិនមានមនុស្សច្រើនទេឬក្នុងចំណោមអ្នករាល់គ្នានៅពេលនេះ ដែលជាអ្នករឹងទទឹងដូចជាប៉ុល និងជាអ្នកដែលមានសញ្ញាណច្រើនដូចជាពេត្រុសធ្លាប់មានចំពោះព្រះអម្ចាស់យេស៊ូវនៅពេលនោះ? ខ្ញុំប្រាប់អ្នកចុះ ប្រសិនបើអ្នកមិនជឿលើញាណទីបីរបស់អ្នកខ្លាំងពេក គឺញាញនៃគំនិតរបស់អ្នក ដែលមិនអាចជឿទុកចិត្តបាន និងត្រូវបានបំផ្លាញអស់ជាយូរមកហើយដោយសេចក្ដីពុករលួយរបស់សាតាំង នោះវានឹងប្រសើរបំផុត។ តើអ្នកគិតថា ទស្សនៈរបស់អ្នកល្អឥតខ្ចោះ និងគ្មានកំហុសមែនទេ? ប៉ុលបានទទឹងទាស់នឹងព្រះអម្ចាស់យេស៊ូវជាច្រើនលើកច្រើនសា ប៉ុន្តែព្រះយេស៊ូវពុំមានប្រតិកម្មតបអ្វីឡើយ។ ព្រះយេស៊ូវអាចព្យាបាលជំងឺ និងបណ្ដេញអារក្សបាន តើអាចទៅរួចទេដែលទ្រង់មិនអាចបណ្ដេញ «អារក្ស» ចេញពីក្នុងខ្លួនប៉ុលនោះ? តើហេតុអ្វីបានជាទើបតែក្រោយពេលដែលព្រះយេស៊ូវត្រូវបានប្រោសឱ្យរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌ ខណៈដែលប៉ុលនៅបន្តចាប់ខ្លួនសិស្សរបស់ព្រះយេស៊ូវដោយគ្មានត្រាប្រណី ទើបចុងក្រោយ ព្រះយេស៊ូវបានលេចមកចំពោះមុខគាត់នៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស និងបានវាយផ្ដួលគាត់។ តើអាចដោយសារព្រះអម្ចាស់យេស៊ូវមានប្រតិកម្មតបយឺតពេកដែរឬទេ? ឬក៏ដោយសារតែទ្រង់មិនមានសិទ្ធិអំណាចនៅពេលដែលទ្រង់នៅជាសាច់ឈាមមែនទេ? តើអ្នកគិតថា នៅពេលអ្នកលបលួចបំផ្លាញ និងទទឹងទាស់នៅពីខាងក្រោយខ្នងខ្ញុំ តើខ្ញុំមិនដឹងមែនទេ? តើអ្នកគិតថាកម្ទេចកម្ទីនៃការបំភ្លឺដែលអ្នកបានមកពីព្រះវិញ្ញាបរិសុទ្ធ អាចប្រើដើម្បីទទឹងទាស់នឹងខ្ញុំមែនទេ? កាលពីពេលពេត្រុសនៅក្មេង គាត់មានគំនិតជាច្រើនអំពីព្រះយេស៊ូវ តើហេតុអ្វីបានជាគាត់មិនត្រូវបានស្ដីបន្ទោស? ពេលនេះ មនុស្សជាច្រើនកំពុងធ្វើអ្វីៗដោយគ្មានការស្ដីបន្ទោស ហើយបើទោះបីជាពេលដែលពួកគេប្រាប់ច្បាស់ៗថា អ្វីដែលពួកគេកំពុងធ្វើគឺមិនត្រឹមត្រូវ ក៏ពួកគេនៅតែបន្តមិនព្រមស្ដាប់តាមដដែល។ តើមិនមែនមកពីការបះបោររបស់មនុស្សទាំងស្រុងទេឬអី? ខ្ញុំបានមានព្រះបន្ទូលយ៉ាងច្រើនក្នុងពេលនេះ ប៉ុន្តែអ្នកនៅតែខ្វះសូម្បីតែទស្សនៈអំពីសតិសម្បជញ្ញៈដ៏តិចតួចក្ដី ដូច្នេះ តើអ្នកនឹងអាចដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះបានដោយរបៀបណា ដើម្បីបន្តដើររហូតដល់ចុងបញ្ចប់នៃផ្លូវនេះបាន? តើអ្នកមិនមានអារម្មណ៍ថា នេះជាសំណួរប្រៀបធៀបដែលមានគំនិតជ្រាលជ្រៅទេឬអី?
បន្ទាប់ពីមនុស្សត្រូវបានយកឈ្នះរួច ពួកគេអាចស្ដាប់បង្គាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់។ ពួកគេមានទាំងសេចក្ដីជំនឿរបស់ពួកគេផង និងមានទាំងឆន្ទៈរបស់ពួកគេដែលស្រឡាញ់ព្រះជាម្ចាស់ផង ហើយពួកគេពឹងផ្អែកលើចំណុចទាំងពីរនេះ ដើម្បីដើរតាមទ្រង់។ ដូច្នេះ តើអាចដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះបានដោយរបៀបណា? នៅថ្ងៃដែលអ្នកជួបប្រទះនូវទុក្ខសោក អ្នកត្រូវស៊ូទ្រាំគ្រប់ការលំបាកទាំងអស់ ហើយអ្នកត្រូវសុខចិត្តទទួលរងទុក្ខ។ មានតែបែបនេះទេ ទើបអ្នកអាចដើរនៅលើកំណាត់ផ្លូវនេះបានល្អ។ តើអ្នកគិតថា វាងាយស្រួលនឹងដើរនៅលើកំណាត់ផ្លូវនេះមែនទេ? អ្នកគប្បីដឹងអំពីមុខងារដែលអ្នកគប្បីបំពេញ។ អ្នកគប្បីលើកកម្ពស់គុណសម្បត្តិរបស់អ្នករាល់គ្នា និងបំពាក់បំប៉នខ្លួនឱ្យមានសេចក្ដីពិតគ្រប់គ្រាន់។ នេះមិនមែនជាកិច្ចការមួយថ្ងៃឬពីរថ្ងៃនោះទេ ហើយវាក៏មិនងាយស្រួលដូចដែលអ្នកគិតដែរ! ការដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះ គឺអាស្រ័យលើប្រភេទនៃសេចក្ដីជំនឿ និងឆន្ទៈដែលអ្នកមានពិតប្រាកដ។ ប្រហែលជាអ្នកមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការនៅក្នុងខ្លួនឯងបានឡើយ ឬប្រហែលជាអ្នកមិនអាចរកឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះវិហារបានទេ ដូច្នេះអ្នកមានទុទិដ្ឋិនិយម និងមានការខកចិត្ត ហើយពោរពេញទៅដោយសេចក្ដីសោកសៅចំពោះផ្លូវដែលនៅខាងមុខនោះ។ ជាពិសេស អ្នកចម្បាំងដ៏អស្ចារ្យពីអតីតកាល សុទ្ធតែបានធ្លាក់ចុះទៅវិញ តើគ្រប់ការទាំងនេះ មិនបានធ្វើឱ្យអ្នកព្រួយចិត្តទេឬអី? តើអ្នកគួរពិនិត្យមើលចំណុចទាំងអស់នេះដោយរបៀបណា? តើអ្នកមានសេចក្ដីជំនឿ ឬគ្មានសេចក្ដីជំនឿទេ? តើអ្នកយល់ដឹងអំពីកិច្ចការសព្វថ្ងៃនេះបានពេញលេញ ឬមិនបានយល់ដឹងទេ? ចំណុចទាំងអស់នេះ អាចកំណត់ថាតើអ្នកអាចដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះបានដោយជោគជ័យដែរឬអត់។
ហេតុអ្វីបានជានិយាយថា ពេលនេះអ្នករាល់គ្នាស្ថិតនៅលើកំណាត់ផ្លូវចុងក្រោយ? នេះគឺដោយសារអ្នកមានការយល់ដឹងគ្រប់យ៉ាងអំពីអ្វីដែលអ្នកគប្បីយល់ និងដោយសារខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីគ្រប់យ៉ាងដែលមនុស្សគប្បីសម្រេចឱ្យបាន។ ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីគ្រប់កិច្ចការដែលបានប្រគល់ដល់អ្នករាល់គ្នា។ ដូច្នេះ អ្វីដែលអ្នករាល់គ្នាកំពុងដើរក្នុងពេលនេះ គឺជាកំណាត់ផ្លូវចុងក្រោយ ដែលខ្ញុំបានដឹកនាំមនុស្សលោកឱ្យដើរ។ ខ្ញុំគ្រាន់តែតម្រូវឱ្យអ្នករាល់គ្នាមានសមត្ថភាពដើម្បីរស់នៅដោយខ្លួនឯងប៉ុណ្ណោះ។ អ្នកនឹងតែងតែមានផ្លូវត្រូវដើរគ្រប់ពេលវេលាជានិច្ច អ្នកនឹងបង្កើនគុណសម្បត្តិរបស់អ្នកដូចពីមុន ចូរអានព្រះបន្ទូលដូចធម្មតា និងដឹកនាំជីវិតជាមនុស្សដែលធម្មតា។ ពេលនេះ ខ្ញុំកំពុងដឹកនាំអ្នកដើម្បីរស់នៅក្នុងលក្ខណៈបែបនេះ ប៉ុន្តែទៅអនាគត នៅពេលដែលខ្ញុំឈប់ដឹកនាំអ្នក តើអ្នកនឹងអាចធ្វើបែបនេះបានទៀតដែរឬទេ? តើអ្នកនឹងអាចបន្តទៅមុខបានទៀតដែរឬទេ? នេះគឺជាបទពិសោធរបស់ពេត្រុស៖ នៅពេលដែលព្រះយេស៊ូវកំពុងដឹកនាំគាត់ គាត់ពុំមានការយល់ដឹងអ្វីឡើយ។ គាត់តែងតែមិនខ្វាយខ្វល់ដូចជាកូនក្មេងអ៊ីចឹង ហើយគាត់មិនសូវហ្មត់ចត់ចំពោះកិច្ចការដែលគាត់បានធ្វើឡើយ។ ទើបតែក្រោយពេលដែលព្រះយេស៊ូវបានយាងទៅបាត់ប៉ុណ្ណោះ ដែលគាត់បានចាប់ផ្ដើមជីវិតជាមនុស្សធម្មតា។ ជីវិតដែលមានអត្ថន័យរបស់គាត់ ទើបតែចាប់ផ្ដើមក្រោយពេលដែលព្រះយេស៊ូវបានយាងទៅបាត់ប៉ុណ្ណោះ។ បើទោះបីជាគាត់ពិតជាមានស្មារតីជាមនុស្សជាតិធម្មតា និងមានចំណុចខ្លះៗដែលមនុស្សធម្មតាគប្បីមានក្ដី ក៏ប៉ុន្តែបទពិសោធពិតប្រាកដរបស់គាត់ និងការស្វែងរករបស់គាត់ ពុំមានការចាប់ផ្ដើមថ្មីឡើយ រហូតទាល់តែព្រះយេស៊ូវបានយាងទៅបាត់។ តើស្ថានភាពបច្ចុប្បន្នរបស់អ្នករាល់គ្នាបែបណាដែរ? ឥឡូវនេះ ខ្ញុំកំពុងដឹកនាំអ្នកដោយបែបនេះ ហើយអ្នកគិតថាចំណុចនេះគឺអស្ចារ្យខ្លាំងណាស់។ គ្មានមជ្ឈដ្ឋាន និងការល្បងលណាមួយដែលត្រូវធ្លាក់មកលើអ្នកឡើយ ប៉ុន្តែតាមរយៈវិធីនេះ គ្មានផ្លូវណាដែលឃើញថាអ្នកមានកម្ពស់បែបណាឱ្យពិតប្រាកដឡើយ ហើយក៏គ្មានផ្លូវណាដើម្បីមើលឃើញថាតើអ្នកពិតជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតដែរ។ អ្នកនិយាយចេញពីបបូរមាត់របស់អ្នកថា អ្នកយល់ដឹងពីលក្ខណៈរបស់ខ្លួនឯង ប៉ុន្តែទាំងនេះសុទ្ធតែពាក្យឥតបានការទាំងអស់។ មានតែទៅអនាគតប៉ុណ្ណោះ នៅពេលដែលការពិតកើតមានចំពោះអ្នក ទើបអាចបញ្ជាក់ពីការយល់ដឹងរបស់អ្នកបាន។ បច្ចុប្បន្ន អ្នកមានការយល់ដឹងបែបនេះថា៖ «ទួលបង្គំដឹងថា សាច់ឈាមរបស់ទូលបង្គំពុករលួយជាខ្លាំង ហើយលក្ខណៈនៃសាច់ឈាមរបស់មនុស្ស គឺត្រូវបះបោរ និងទទឹងទាស់នឹងព្រះជាម្ចាស់។ ការដែលអាចទទួលបានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាផ្លូវដែលទ្រង់លើកតម្កើងមនុស្សលោកឡើង។ ទូលបង្គំបានយល់អំពីរឿងនេះហើយក្នុងពេលនេះ ហើយទូលបង្គំសុខចិត្តតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។» ប៉ុន្តែកិច្ចការនេះងាយស្រួលនឹងនិយាយខ្លាំងណាស់។ ក្រោយមកទៀត នៅពេលទុក្ខសោក ការល្បងល និងទុក្ខវេទនាធ្លាក់មកលើអ្នក វាមិនងាយស្រួលនឹងស៊ូទ្រាំចំពោះរឿងទាំងនេះឡើយ។ អ្នករាល់គ្នាដើរតាមផ្លូវនេះជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកនៅតែមិនអាចបន្តបទពិសោធរបស់អ្នកបានដដែល។ វានឹងកាន់តែអាក្រក់ឡើងៗ ប្រសិនបើខ្ញុំដោះលែងអ្នក និងលែងយកព្រះទ័យទុកដាក់ចំពោះអ្នករាល់គ្នា។ មនុស្សភាគច្រើន នឹងធ្លាក់ចុះ រួចក្លាយទៅជាសសរអំបិល ដែលជាសញ្ញានៃសេចក្ដីអាម៉ាស់។ ទីចុងបញ្ចប់បែបនេះ គឺពិតជាអាចកើតមានបាន។ តើអ្នកមិនព្រួយបារម្ភ ឬខ្វាយខ្វល់អំពីរឿងនេះទេឬអី? ពេត្រុសបានឆ្លងកាត់មជ្ឈដ្ឋានបែបនេះ និងបានឆ្លងកាត់បទពិសោធនៃទុក្ខវេទនាប្រភេទនេះ ប៉ុន្តែគាត់នៅតែបន្តឈរយ៉ាងរឹងមាំដដែល។ ប្រសិនបើអ្នកត្រូវស្ថិតក្នុងមជ្ឈដ្ឋានបែបនោះ តើអ្នកនឹងអាចឈរបានរឹងមាំដែរឬទេ? រឿងដែលព្រះយេស៊ូវបានមានព្រះបន្ទូល និងកិច្ចការដែលទ្រង់បានធ្វើនៅពេលទ្រង់គង់នៅលើផែនដី បានផ្ដល់ជាមូលដ្ឋានគ្រឹះមួយសម្រាប់ពេត្រុស ហើយដោយសារមូលដ្ឋានគ្រឹះនេះហើយ ដែលគាត់បានដើរនៅលើផ្លូវរបស់គាត់នៅពេលក្រោយៗទៀត។ តើអ្នករាល់គ្នាអាចឈានដល់កម្រិតនេះបានដែរឬទេ? តើផ្លូវដែលអ្នកបានដើរ និងសេចក្ដីពិតដែលអ្នកបានយល់ អាចក្លាយជាមូលដ្ឋានគ្រឹះដែលអ្នកអាចឈរយ៉ាងរឹងមាំទៅអនាគតបានដែរឬទេ? តើអ្វីទាំងអស់នេះ អាចក្លាយជាចក្ខុវិស័យរបស់អ្នកសម្រាប់ការឈរជើងយ៉ាងរឹងមាំនៅពេលក្រោយទៀតដែរឬទេ? ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិត។ មនុស្សអាចនិយាយថា អ្វីដែលមនុស្សយល់ដឹងនាពេលបច្ចុប្បន្ន គឺសុទ្ធតែជាគោលលទ្ធិទាំងអស់។ នេះគឺដោយសារពួកគេគ្មានបទពិសោធអំពីគ្រប់ការដែលពួកគេយល់។ ការដែលអ្នកអាចបន្តបានរហូតមកដល់ពេលនេះ គឺទាំងអស់នេះដោយសារអ្នកត្រូវបានពន្លឺថ្មីដឹកនាំ។ វាមិនមែនដោយសារកម្ពស់របស់អ្នកបានលូតដល់កម្រិតណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារព្រះបន្ទូលរបស់ខ្ញុំបានដឹកនាំអ្នកទៅកាន់ពេលបច្ចុប្បន្ន។ វាមិនមែនដោយសារអ្នកមានសេចក្ដីជំនឿដ៏អស្ចារ្យនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារប្រាជ្ញាញាណនៃព្រះបន្ទូលរបស់ខ្ញុំ ដែលធ្វើឱ្យអ្នកមិនអាចធ្វើគ្រប់ការទាំងអស់បាន តែត្រូវដើរតាមគ្រប់ការទាំងអស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រសិនបើខ្ញុំមិនត្រូវមានបន្ទូលក្នុងពេលនេះ មិនត្រូវបញ្ចេញនូវព្រះសូរសៀងរបស់ខ្ញុំ អ្នកនឹងមិនអាចបន្តទៅមុខទៀតបានឡើយ ហើយនឹងត្រូវឈប់ដើរទៅមុខភ្លាមៗ។ តើនេះមិនមែនជាកម្ពស់ពិតជាក់ស្ដែងរបស់អ្នកទេឬអី? អ្នករាល់គ្នាគ្មានគំនិតថាតើទិដ្ឋភាពមួយណាដែលត្រូវចូលទៅ និងទិដ្ឋភាពមួយដែលត្រូវបំពេញបន្ថែមចំពោះអ្វីដែលអ្នកខ្វះខាតឡើយ។ អ្នកពុំមានការយល់ដឹងអំពីរបៀបសម្ដែងចេញនូវជីវិតជាមនុស្សលោកដែលមានន័យខ្លឹមសារ មិនដឹងពីរបៀបតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ឬមិនដឹងពីរបៀបធ្វើទីបន្ទាល់ដែលមានអំណាចចេស្ដា និងឱ្យបានលន់ឮកងរំពងឡើយ។ អ្នករាល់គ្នា គ្មានសមត្ថភាពក្នុងការសម្រេចគ្រប់ការទាំងអស់នេះទាល់តែសោះ។ អ្នករាល់គ្នាទាំងខ្ជិលផង ទាំងល្ងង់ផង! អ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើបាន គឺពឹងផ្អែកលើអ្វីផ្សេងទៀត ហើយអ្វីដែលអាចពឹងផ្អែក គឺជាពន្លឺថ្មី និងជាព្រះអង្គដែលគង់នៅខាងមុខអ្នក ដែលធ្វើការដឹកនាំអ្នក។ ការដែលអ្នកអាចបន្តរស់នៅបានរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារអ្នកបានពឹងផ្អែកទាំងស្រុងលើពន្លឺថ្មី និងព្រះសូរសៀងថ្មីៗបំផុត។ អ្នករាល់គ្នាគ្មានអ្វីដែលដូចពេត្រុស ដែលបានសម្របខ្លួនក្នុងការស្វែងរកផ្លូវដ៏ពិត ឬដូចជាយ៉ូបដែលអាចថ្វាយបង្គំព្រះយេហូវ៉ាដោយអស់ពីចិត្ត និងជឿថា ព្រះយេហូវ៉ា គឺជាព្រះជាម្ចាស់ មិនថាព្រះយេហូវ៉ាបានល្បងលនឹងគាត់យ៉ាងណានោះទេ ហើយក៏មិនថាទ្រង់បានប្រទានពរដល់គាត់ឬអត់នោះដែរ។ តើអ្នកអាចធ្វើបែបនេះបានដែរឬទេ? តើអ្នករាល់គ្នាត្រូវបានយកឈ្នះដោយរបៀបណា? ទិដ្ឋភាពមួយ គឺតាមការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសា ហើយទិដ្ឋភាពមួយទៀត គឺតាមអាថ៌កំបាំងដែលយកឈ្នះលើអ្នករាល់គ្នា។ អ្នករាល់គ្នាដូចជាសត្វលាអ៊ីចឹង។ ប្រសិនបើអ្វីដែលខ្ញុំមានព្រះបន្ទូលសំដៅទៅដល់ មិនឧត្តុង្គឧត្តមគ្រប់គ្រាន់សម្រាប់អ្នក ប្រសិនបើគ្មានអាថ៌កំបាំងទេ នោះអ្នករាល់គ្នាមិនត្រូវបានយកឈ្នះឡើយ។ ប្រសិនបើវាជាមនុស្សម្នាក់ដែលទទួលការបង្រៀន ហើយពួកគេតែងបង្រៀនអំពីរឿងដដែលៗអស់មួយរយៈធំ អ្នករាល់គ្នាច្បាស់ជានឹងចាកចេញ និងបែកខ្ញែកគ្នាក្នុងពេលពីរឆ្នាំ។ អ្នកនឹងមិនអាចបន្តទៅទៀតបានឡើយ។ អ្នករាល់គ្នាមិនដឹងថាត្រូវចូលទៅជ្រៅដោយបែបណា ហើយអ្នកក៏មិនដឹងថាតើត្រូវដេញតាមសេចក្ដីពិត ឬផ្លូវនៃជីវិតដោយរបៀបណាដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកយល់ដឹង គឺជាការទទួលបាននូវអ្វីដែលហាក់ដូចជាថ្មីចំពោះអ្នក ដូចជាការស្ដាប់អំពីអាថ៌កំបាំង ឬនិមិត្ដ ឬរបៀបដែលព្រះជាម្ចាស់ធ្លាប់បានបំពេញកិច្ចការ ឬបទពិសោធរបស់ពេត្រុស ឬប្រវត្តិដែលនាំទៅរកការឆ្កាងព្រះយេស៊ូវ...។ អ្នកសុខចិត្តស្ដាប់តែរឿងរ៉ាវទាំងអស់នេះប៉ុណ្ណោះ ហើយកាលណាអ្នកស្ដាប់កាន់តែច្រើន នោះអ្នកកាន់តែមានកម្លាំង។ អ្នករាល់គ្នាគ្រាន់តែស្ដាប់គ្រប់ការទាំងអស់នេះ ដើម្បីបំបាត់ទុក្ខសោក និងការអផ្សុករបស់អ្នកតែប៉ុណ្ណោះ។ ជីវិតរបស់អ្នករាល់គ្នា គឺជាអាចរក្សាបានទាំងស្រុង ដោយសារអ្វីៗដែលថ្មីប៉ុណ្ណោះ។ តើអ្នកគិតថា អ្នកបានឈានដល់ទីដែលអ្នកស្ថិតនៅសព្វថ្ងៃនេះ ដោយសារសេចក្ដីជំនឿផ្ទាល់របស់អ្នកមែនទេ? តើនេះមិនមែនជាកម្ពស់ដ៏តូចទាបគួរឱ្យអាណិតដែលអ្នកមានទេឬអី? តើសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅទីណា? តើលក្ខណៈជាមនុស្សរបស់អ្នករាល់គ្នានៅទីណា? តើអ្នករាល់គ្នាមានជីវិតជាមនុស្សដែរឬទេ? តើមានធាតុអ្វីខ្លះដែលអ្នករាល់គ្នាមានដើម្បីត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍? តើអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលមិនមែនជាការពិតទេឬអី? ខ្ញុំមានព្រះបន្ទូល និងបំពេញកិច្ចការដោយបែបនេះ ប៉ុន្តែអ្នករាល់គ្នានៅតែមិនយកចិត្តទុកដាក់ដដែល។ នៅពេលដែលអ្នកដើរតាម អ្នកក៏ត្រូវមើលផងដែរ។ អ្នកតែងតែមិនយកចិត្តទុកដាក់ ហើយអ្នកតែងតែត្រូវគេដឹកច្រមុះជានិច្ច។ នេះគឺជារបៀបដែលអ្នករាល់គ្នាបានបន្តកិច្ចការ។ អ្វីដែលបានដឹកនាំអ្នករាល់គ្នាទៅកាន់កន្លែងរបស់អ្នកស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងជាការវាយផ្ចាល ការបន្សុទ្ធ និងវាយប្រដៅ។ ប្រសិនបើមានការបង្រៀនព្រះគម្ពីរអំពីច្រកចូលនៃជីវិតតែមួយចំនួនទេ តើអ្នករាល់គ្នានឹងមិនត្រូវឃ្លាតចេញឆ្ងាយជាយូរណាស់មកហើយទេឬអី? អ្នករាល់គ្នាម្នាក់ៗ វាយឫកជាងគេ ប៉ុន្តែតាមពិតទៅ ពោះរបស់អ្នកពេញដោយទឹកសម្អុយ។ អ្នកគ្រាន់តែអាចបន្តរស់នៅបានរហូតដល់ពេលនេះ ដោយសារអ្នកបានយល់អំពីអាថ៌កំបាំងខ្លះៗ ជារឿងមួយចំនួនដែលមនុស្សមិនធ្លាប់បានយល់ពីពេលមុនមក។ អ្នករាល់គ្នាគ្មានមូលហេតុអ្វីមិនដើរតាមឡើយ ដូច្នេះ អ្នកគ្រាន់តែអាចត្រៀមខ្លួនជាស្រេច និងដើរតាមហ្វូងមនុស្សប៉ុណ្ណោះ។ នេះគឺគ្រាន់តែជាលទ្ធផលដែលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយច្បាស់ណាស់ វាមិនមែនភាពប៉ិនប្រសប់ដែលអ្នករាល់គ្នាសម្រេចបានឡើយ។ អ្នករាល់គ្នា គ្មានអ្វីត្រូវអួតអាងនោះទេ។ ដូច្នេះ នៅក្នុងដំណាល់កាលនៃកិច្ចការដែលអ្នករាល់គ្នាត្រូវបានដឹកនាំទៅកាន់បច្ចុប្បន្នកាលនេះជាសំខាន់ គឺតាមរយៈព្រះបន្ទូល។ បើពុំដូច្នេះទេ តើនរណានៅក្នុងចំណោមអ្នករាល់គ្នានេះ ដែលនឹងអាចស្ដាប់បង្គាប់បាន? តើនរណាដែលអាចបន្តរស់នៅរហូតដល់សព្វថ្ងៃនេះបាន? ចាប់តាំងពីដើមដំបូងមក អ្នករាល់គ្នាចង់ចាកចេញនៅពេលណាដែលអាចធ្វើទៅបាន ប៉ុន្តែមិនហ៊ានធ្វើបែបនេះ។ អ្នកខ្វះសេចក្ដីក្លាហាន។ មកទល់សព្វថ្ងៃនេះ អ្នករាល់គ្នាបានដើរតាមដោយចិត្តស្ទាក់ស្ទើរ។
គឺមានតែក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាងទៅនឹងឈើឆ្កាង និងបានយាងចាកចេញទៅប៉ុណ្ណោះ ដែលពេត្រុសចាប់ផ្ដើមដើរនៅលើផ្លូវរបស់គាត់ និងបានចាប់ផ្ដើមដើរនៅលើផ្លូវដែលគាត់គួរដើរ។ គាត់ចាប់ផ្ដើមមានចំណេះដឹង នៅក្រោយពេលដែលគាត់មើលឃើញពីចំណុចខ្វះខាត និងគុណវិបត្តិរបស់គាត់តែប៉ុណ្ណោះ។ គាត់បានមើលឃើញថា គាត់មានសេចក្ដីស្រឡាញ់តិចតួចចំពោះព្រះជាម្ចាស់ ហើយបំណងរបស់គាត់ក្នុងការរងទុក្ខ គឺមិនគ្រប់គ្រាន់ឡើយ គាត់ឃើញថា គាត់មិនមានការយល់ដឹងធ្លុះជ្រៅឡើយ ហើយក៏គាត់ខ្វះនូវស្មារតីផង។ គាត់បានមើលឃើញថា មានអ្វីជាច្រើននៅខាងក្នុងខ្លួនគាត់ដែលមិនស្របគ្នាជាមួយនឹងព្រះហឫទ័យរបស់ព្រះយេស៊ូវ ហើយមានចំណុចជាច្រើនដែលបះបោរ និងទទឹងទាស់ និងប្រលាក់ទៅដោយបំណងរបស់មនុស្ស។ មានតែក្រោយពេលនេះទេ ទើបគាត់បានទទួលនូវការយល់ដឹងនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ នៅពេលដែលព្រះយេស៊ូវកំពុងដឹកនាំគាត់ ព្រះយេស៊ូវបានបើកសម្ដែងនូវស្ថានភាពរបស់គាត់ ហើយពេត្រុសបានទទួលស្គាល់វា និងបានយល់ព្រមចំពោះអ្វីដែលព្រយេស៊ូវមានព្រះបន្ទូល ប៉ុន្តែគាត់នៅតែខ្វះការយល់ដឹងពិតប្រាកដរហូតមក។ នេះគឺដោយសារនៅពេលនោះ គាត់គ្មានបទពិសោធ និងគ្មានចំណេះដឹងអំពីកម្ពស់ផ្ទាល់ខ្លួនរបស់គាត់។ នេះចង់និយាយថា ពេលនេះខ្ញុំគ្រាន់តែប្រើព្រះបន្ទូលដើម្បីដឹកនាំអ្នករាល់គ្នាប៉ុណ្ណោះ ហើយវាមិនអាចធ្វើឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍នៅក្នុងរយៈពេលដ៏ខ្លីឡើយ ហើយអ្នករាល់គ្នានឹងត្រូវកំណត់ត្រឹមអាចយល់ និងដឹងពីសេចក្ដីពិតប៉ុណ្ណោះ។ នេះគឺដោយសារការយកឈ្នះលើអ្នក និងការជំរុញនៅក្នុងដួងចិត្តរបស់អ្នក គឺជាកិច្ចការបច្ចុប្បន្ន ហើយមានតែក្រោយពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ដែលពួកគេខ្លះនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ពេលនេះ និមិត្ដទាំងនោះ និងសេចក្ដីពិតទាំងនោះ ដែលអ្នកយល់ដឹង គឺជាការក្រាលគ្រឹះសម្រាប់បទពិសោធអនាគតរបស់អ្នក នៅក្នុងទុក្ខវេទនាក្នុងពេលអនាគត ដែលអ្នករាល់គ្នានឹងមានបទពិសោធជាក់ស្ដែងអំពីព្រះបន្ទូលទាំងអស់នេះ។ បន្ទាប់មកទៀត នៅពេលដែលការល្បងលធ្លាក់មកលើអ្នក ហើយអ្នកឆ្លងកាត់ទុក្ខវេទនា នោះអ្នកនឹងគិតអំពីសម្ដីដែលអ្នកនិយាយក្នុងថ្ងៃនេះ ដែលថា៖ «មិនថាការរងទុក្ខវេទនា ការល្បងល ឬគ្រោះមហន្តរាយធ្ងន់ប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ ទួលបង្គំត្រូវតែគាប់ព្រះហឫទ័យព្រះជាម្ខាស់។» ចូរគិតអំពីបទពិសោធរបស់ពេត្រុស ហើយបន្ទាប់មកចូរគិតអំពីបទពិសោធរបស់យ៉ូប នោះអ្នកនឹងត្រូវជំរុញទឹកចិត្តដោយព្រះបន្ទូលសព្វថ្ងៃនេះ។ មានតែដោយបែបនេះប៉ុណ្ណោះ ដែលជំនឿរបស់អ្នកអាចរីកដុះដាលឡើងបាន។ នៅពេលនោះ ពេត្រុសបាននិយាយថា គាត់គ្មានតម្លៃអ្វីនឹងទទួលការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ឡើយ ហើយនៅពេលដែលពេលវេលានោះមកដល់ អ្នកក៏នឹងអាចឱ្យមនុស្សគ្រប់គ្នាមើលឃើញនូវនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់តាមរយៈអ្នកផងដែរ។ អ្នកនឹងត្រៀមខ្លួនជាស្រេចដើម្បីទទួលនូវការជំនុំជម្រះនិងការវាយផ្ចាលរបស់ទ្រង់ ហើយការជំនុំជម្រះ ការវាយផ្ចាល និងបណ្ដាសារបស់ទ្រង់ នឹងធ្វើឱ្យអ្នកស្ងប់ចិត្ត។ ពេលនេះ មិនអាចទទួលយកបានទេដែលអ្នកមិនត្រូវបានបំពាក់បំប៉នដោយសេចក្ដីពិតនោះ។ បើគ្មានសេចក្ដីពិតទេ អ្នកមិនត្រឹមតែមិនអាចក្រោកឈរដោយរឹងមាំនៅពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រហែលជាមិនអាចជួបនូវកិច្ចការបច្ចុប្បន្នឡើយ។ ប្រសិនបើដូចករណីនេះពិតមែន តើអ្នកនឹងមិនក្លាយជាមនុស្សដែលត្រូវគេផាត់ចោល និងត្រូវដាក់ទោសទេឬអី? ពេលនេះ ពុំមានការពិតណាមួយដែលកើតមានចំពោះអ្នកឡើយ ហើយខ្ញុំបានផ្គត់ផ្គង់ដល់អ្នកនូវគ្រប់ទិដ្ឋភាពទាំងអស់ដែលអ្នកខ្វះខាត។ ខ្ញុំមានព្រះបន្ទូលពីគ្រប់ទិដ្ឋភាពទាំងអស់។ អ្នករាល់គ្នាមិនបានឆ្លងកាត់ទុក្ខវេទនាច្រើននោះទេ។ អ្នកគ្រាន់តែយកអ្វីដែលមាន ដោយមិនបានលះបង់តម្លៃណាមួយឡើយ ហើយលើសពីនេះ អ្នកមិនមានបទពិសោធពិតប្រាកដផ្ទាល់ខ្លួន ឬការចេះដឹងជ្រាលជ្រៅឡើយ។ ដូច្នេះ អ្វីដែលអ្នករាល់គ្នាយល់ដឹង គឺមិនមែនជាកម្ពស់ពិតប្រាកដរបស់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាមាននូវការយល់ដឹង ចំណេះដឹង និងការមើលឃើញ ដោយនៅមានកម្រិត ប៉ុន្តែអ្នកមិនបានទទួលផលច្រើនពីការច្រូតកាត់ឡើយ។ ប្រសិនបើខ្ញុំមិនដែលយកព្រះទ័យទុកដាក់ចំពោះអ្នករាល់គ្នា ប៉ុន្តែឱ្យអ្នករាល់គ្នាឆ្លងកាត់បទពិសោធនៅក្នុងផ្ទះរបស់អ្នក នោះអ្នករាល់គ្នានឹងដើរយ៉ាងលឿនត្រឡប់ទៅពិភពដ៏ធំធូលាយនោះជាយូរណាស់មកហើយ។ ផ្លូវដែលអ្នកដើរនាពេលអនាគត នឹងក្លាយជាផ្លូវរងទុក្ខវេទនា ហើយប្រសិនបើអ្នកដើរដោយជោគជ័យនៅក្នុងកំណាត់ផ្លូវបច្ចុប្បន្ននេះ នោះអ្នកនឹងមានទីបន្ទាល់នៅពេលដែលឆ្លងកាត់ការរងទុក្ខលំបាកយ៉ាងខ្លាំងនៅពេលអនាគត។ ប្រសិនបើអ្នកយល់អំពីខ្លឹមសារសំខាន់នៃជីវិតមនុស្ស និងបានជ្រើសរើសផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស ហើយប្រសិនបើទៅអនាគត អ្នកចុះចូលនឹងការរៀបចំរបស់ទ្រង់ដោយគ្មានការរអ៊ូរទាំ ឬចុះចូលនឹងជម្រើសណាមួយ មិនថាព្រះជាម្ចាស់ប្រព្រឹត្តដាក់អ្នកដោយបែបណានោះទេ ហើយប្រសិនបើអ្នកមិនបានធ្វើការទាមទារណាមួយពីព្រះជាម្ចាស់ទេ ក្នុងលក្ខណៈបែបនេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានតម្លៃ។ ពេលនេះ អ្នករាល់គ្នាមិនបានឆ្លងកាត់ទុក្ខលំបាកអ្វីឡើយ ដូច្នេះ អ្នកអាចស្ដាប់បង្គាប់តាមគ្រប់កិច្ចការទាំងអស់ដោយគ្មានការបែងចែកភាពខុសគ្នាឡើយ។ អ្នកនិយាយថា ឱ្យតែព្រះជាម្ចាស់ដឹកនាំ នោះផ្លូវនោះគឺល្អហើយ ហើយអ្នកនឹងចុះចូលចំពោះការចាត់ចែងទាំងអស់របស់ទ្រង់។ មិនថាព្រះជាម្ចាស់វាយផ្ចាល ឬដាក់បណ្ដាសាអ្នកឬអត់នោះទេ អ្នកនឹងសុខចិត្តបំពេញតាមព្រះហឫទ័យទ្រង់។ និយាយបែបនេះ គឺថាអ្វីដែលអ្នកនិយាយក្នុងពេលនេះ ពុំតំណាងឱ្យកម្ពស់របស់អ្នកឡើយ។ អ្វីដែលអ្នកសុខចិត្តធ្វើក្នុងពេលនេះ មិនអាចបង្ហាញថា អ្នកអាចដើរតាមបានរហូតដល់ទីបញ្ចប់ឡើយ។ នៅពេលដែលមានទុក្ខវេទនាខ្លាំងធ្លាក់មកលើអ្នក ឬនៅពេលដែលអ្នកឆ្លងកាត់ការធ្វើទុក្ខបុកម្នេញ ឬការបង្ខិតបង្ខំ ឬសូម្បីតែការល្បងលធំជាងនេះ នោះអ្នកនឹងមិនអាចនិយាយពាក្យទាំងអស់នោះបានឡើយ។ ប្រសិនបើអ្នកមានការយល់ដឹងបែបនេះមែន ហើយអ្នកអាចឈរដោយរឹងមាំបាន នោះកិច្ចការនេះនឹងក្លាយជាកម្ពស់របស់អ្នក។ តើនៅពេលនោះ ពេត្រុសដូចជាអ្វីដែរ? ពេត្រុសបាននិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំនឹងលះបង់ជីវិតទូលបង្គំថ្វាយដល់ទ្រង់។ ប្រសិនបើទ្រង់ចង់ឱ្យទូលបង្គំស្លាប់ នោះទូលបង្គំនឹងស្លាប់!» នោះគឺជារបៀបដែលគាត់បានអធិស្ឋាននៅពេលនោះ។ គាត់ក៏និយាយដែរថា៖ «បើទោះបីអ្នកដទៃពុំស្រឡាញ់ទ្រង់ក្ដី ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់រហូតដល់ទីបញ្ចប់ដែរ។ ទូលបង្គំនឹងដើរតាមទ្រង់គ្រប់ពេលវេលាទាំងអស់។» នេះគឺជាអ្វីដែលគាត់បាននិយាយនៅពេលនោះ ប៉ុន្តែឱ្យតែការល្បងលបានធ្លាក់មកលើគាត់ នោះគាត់ឃ្លាតចេញឆ្ងាយ និងទួញសោក។ អ្នករាល់គ្នាដឹងថា ពេត្រុសបានបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទចំនួនបីលើក តើអ្នកដឹងដែរឬអត់? មានមនុស្សជាច្រើនដែលនឹងត្រូវទួញយំ និងបង្ហាញនូវចំណុចខ្សោយរបស់មនុស្ស នៅពេលដែលការល្បងលធ្លាក់មកលើពួកគេ។ អ្នកមិនមែនជាម្ចាស់នៃខ្លួនឯងឡើយ។ ក្នុងការនេះ អ្នកមិនអាចគ្រប់គ្រងលើខ្លួនឯងបានឡើយ។ ប្រហែលជាសព្វថ្ងៃនេះ អ្នកកំពុងធ្វើការបានយ៉ាងល្អ ប៉ុន្តែនោះគឺដោយសារអ្នកមានមជ្ឈដ្ឋានជុំវិញដែលសមស្រប។ ប្រសិនបើមជ្ឈដ្ឋាននោះផ្លាស់ប្ដូរនៅថ្ងៃស្អែក អ្នកនឹងបង្ហាញនូវភាពកំសាក និងអសមត្ថភាព ភាពគួរឱ្យស្អប់ខ្ពើម និងភាពគ្មានតម្លៃរបស់អ្នក។ «ភាពជាមនុស្ស» របស់អ្នក នឹងក្លាយជាគ្មានបានការសោះឡើយ ហើយនៅពេលនោះ អ្នកអាចដាក់កិច្ចការរបស់អ្នកមួយឡែក និងដើរចេញបាន។ នេះបង្ហាញថា អ្វីដែលអ្នកបានយល់ដឹងនៅពេលនោះ គឺមិនមែនជាកម្ពស់ជាក់ស្ដែងរបស់អ្នកឡើយ។ មនុស្សម្នាក់ត្រូវតែសម្លឹងមើលកម្ពស់ជាក់ស្ដែងរបស់បុគ្គលម្នាក់ ដើម្បីមើលឃើញថាតើពួកគេស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដដែរឬទេ ថាតើពួកគេអាចចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់បានដែរឬអត់ និងថាតើពួកគេអាចប្រើកម្លាំងទាំងអស់របស់ពួកគេដើម្បីសម្រេចនូវអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យគេធ្វើដែរឬទេ និងថាតើពួកគេនៅបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬអត់ និងបូជានូវគ្រប់អ្វីៗទាំងអស់ដែលល្អបំផុតថ្វាយដល់ព្រះជាម្ចាស់ដែរឬទេ បើទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេក្ដី។
អ្នកត្រូវចងចាំថា ព្រះបន្ទូលទាំងអស់នេះបានថ្លែងឡើងនៅក្នុងពេលនេះ៖ ក្រោយមកទៀត អ្នកនឹងជួបប្រទះទុក្ខលំបាកកាន់តែច្រើន និងទុក្ខវេទនាកាន់តែខ្លាំង! ដើម្បីប្រោសឱ្យបានគ្រប់លក្ខណ៍ គឺមិនមែនជារឿងសាមញ្ញនិងងាយស្រួលនោះទេ។ យ៉ាងហោចណាស់ អ្នកត្រូវតែមានសេចក្ដីជំនឿដូចយ៉ូប ឬត្រូវមានសេចក្ដីជំនឿច្រើនជាងគាត់ទៅទៀត។ អ្នកគប្បីដឹងថា ការល្បងលនៅពេលអនាគត នឹងកាន់តែខ្លាំងជាងការល្បងលលើយ៉ូបទៅទៀត ហើយហេតុនេះ អ្នកនៅតែត្រូវទទួលនូវការវាយផ្ចាលរយៈពេលយូរដដែល។ តើនេះជារឿងងាយស្រួលមែនទេ? ប្រសិនបើគុណសម្បត្តិរបស់អ្នក មិនអាចកែលម្អបាន ប្រសិនបើសមត្ថភាពសម្រាប់ការយល់ដឹងរបស់អ្នកនៅខ្វះខាត ហើយប្រសិនបើអ្នកយល់ដឹងតិចតួចបំផុត នោះនៅពេលនោះ អ្នកនឹងមិនមានទីបន្ទាល់អ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងក្លាយជារឿងកំប្លែង ជារបស់លេងសម្រាប់សាតាំង។ ប្រសិនបើអ្នកមិនអាចប្រកាន់ខ្ជាប់នូវនិមិត្ដក្នុងពេលនេះបានទេ នោះអ្នកគ្មានមូលដ្ឋានគ្រឹះអ្វីទាំងអស់ ហើយនៅពេលអនាគត អ្នកនឹងត្រូវបណ្ដេញចេញ! គ្មានកំណាត់ផ្លូវណាមួយដែលងាយស្រួលដើរនោះទេ ដូច្នេះ ចូរកុំមើលស្រាលរឿងនេះឱ្យសោះ។ ត្រូវថ្លឹងថ្លែងដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះនៅក្នុងពេលនេះ និងត្រៀមរៀបចំជាស្រេច ដើម្បីឱ្យអ្នកអាចដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះបានដោយត្រឹមត្រូវ។ នេះគឺជាផ្លូវដែលត្រូវដើរនៅពេលអនាគត ជាផ្លូវដែលមនុស្សគ្រប់គ្នាត្រូវតែដើរ។ អ្នកមិនត្រូវឱ្យចំណេះដឹងនេះ ទៅដោយគ្មានផលផ្លែឡើយ។ ចូរកុំគិតថាអ្វីដែលខ្ញុំមានព្រះបន្ទូលចំពោះអ្នក គឺសុទ្ធតែជាការដកដង្ហើមចោលឥតការឱ្យសោះ។ ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលអ្នកនឹងត្រូវប្រើវាឱ្យបានជាប្រយោជន៍។ ព្រះបន្ទូលរបស់ខ្ញុំមិនអាចមានបន្ទូលដោយអសារឥតការឡើយ! នេះគឺជាពេលដែលត្រូវធ្វើឱ្យខ្លួនឯងមានចំណេះដឹង ជាពេលដែលត្រូវក្រាលផ្លូវសម្រាប់ទៅអនាគត។ អ្នកគប្បីត្រួសត្រាយផ្លូវដែលអ្នកគប្បីដើរនៅពេលក្រោយទៀត។ អ្នកគប្បីព្រួយបារម្ភនិងខ្វាយខ្វល់ថាតើអ្នកនឹងអាចឈរបានរឹងមាំនៅពេលអនាគតដោយរបៀបណា និងត្រូវរៀបចំឱ្យបានល្អសម្រាប់ផ្លូវនាពេលអនាគតរបស់អ្នក។ មិនត្រូវល្មោភស៊ី និងខ្ជិលច្រអូសឡើយ! អ្នកត្រូវធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីប្រើប្រាស់ពេលវេលារបស់អ្នកឱ្យបានល្អបំផុត ដើម្បីឱ្យអ្នកអាចទទួលបានគ្រប់យ៉ាងដែលអ្នកត្រូវការ។ ខ្ញុំកំពុងប្រទានដល់អ្នកនូវគ្រប់សព្វសារពើទាំងអស់ ដើម្បីឱ្យអ្នកអាចយល់បាន។ អ្នករាល់គ្នាបានឃើញនឹងភ្នែករបស់អ្នកស្រាប់ហើយថា ត្រឹមពេលតិចជាងបីឆ្នាំប៉ុណ្ណោះ តែខ្ញុំបានមានព្រះបន្ទូលអំពីរឿងរ៉ាវជាច្រើន និងបានបំពេញកិច្ចការយ៉ាងច្រើន។ មូលហេតុមួយដែលខ្ញុំបានបំពេញកិច្ចដោយបែបនេះ គឺដោយសារមនុស្សខ្វះខាតយ៉ាងខ្លាំង ហើយហេតុផលមួយទៀតនោះ គឺដោយសារពេលវេលាខ្លីពេក។ ពុំអាចពន្យារពេលទៅទៀតបានឡើយ។ អ្នកស្រម៉ៃថា មនុស្សត្រូវតែអាចសម្រេចបានភាពច្បាស់លាស់ពីខាងក្នុងខ្លួនឱ្យបានល្អបំផុតសិន នៅមុនពេលដែលពួកគេអាចធ្វើទី បន្ទាល់ និងអាចឱ្យគេប្រើប្រាស់បាន ប៉ុន្តែតើនោះមិនយឺតពេលពេកទេដឹង? ដូច្នេះ តើខ្ញុំនឹងត្រូវអមដំណើរអ្នកយូរប៉ុនណាទៀត? ប្រសិនបើអ្នកនឹងត្រូវការឱ្យខ្ញុំអមដំណើររបស់អ្នករហូតដល់ខ្ញុំចាស់សក់ស្កូវ នោះនឹងមិនអាចទៅរួចឡើយ! ការដែលត្រូវរងទុក្ខវេទនាច្រើន ការយល់ដឹងពិតប្រាកដអំពីមនុស្សគ្រប់រូប នឹងអាចសម្រេចទៅបាន។ ទាំងអស់នេះ គឺជាជំហាននៃកិច្ចការនេះ។ នៅពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីនិមិត្ដដែលបានប្រកបគ្នានៅថ្ងៃនេះ ហើយអ្នកមានកម្ពស់ពិតប្រាកដ នោះមិនថាការលំបាកបែបណាដែលអ្នកបានឆ្លងកាត់ទេ នោះនឹងមិនលើសពីសមត្ថភាពរបស់អ្នកឡើយ ហើយអ្នកនឹងអាចស៊ូទ្រាំនឹងការលំបាកទាំងនោះបាន។ នៅពេលខ្ញុំបានបញ្ចប់ជំហានចុងក្រោយនៃកិច្ចការនេះ និងឈប់ថ្លែងព្រះបន្ទូលចុងក្រោយ នៅពេលអនាគត មនុស្សនឹងត្រូវការដើរនៅលើផ្លូវរបស់ពួកគេបាន។ ការនេះនឹងត្រូវតាមព្រះបន្ទូលដែលបានថ្លែងពីមុន៖ ព្រះវិញ្ញាណបរិសុទ្ធមានបញ្ជាបេសកកម្មមួយសម្រាប់មនុស្សគ្រប់រូប និងមានកិច្ចការត្រូវធ្វើសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ នៅពេលអនាគត មនុស្សគ្រប់គ្នានឹងដើរនៅលើផ្លូវដែលពួកគេគួរដើរ ដោយព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ។ តើនរណានឹងអាចគិតគូរដល់អ្នកដទៃ នៅពេលកំពុងទទួលរងទុក្ខលំបាកនោះ? មនុស្សម្នាក់ៗមានការងទុក្ខវេទនារៀងៗខ្លួន ហើយមនុស្សម្នាក់ៗមានកម្ពស់ផ្ទាល់ខ្លួនរបស់គេ។ គ្មានកម្ពស់របស់មនុស្សណាម្នាក់ដូចគ្នានឹងកម្ពស់របស់មនុស្សម្នាក់ទៀតឡើយ។ ប្ដីនឹងមិនអាចយកចិត្តទុកដាក់ចំពោះប្រពន្ធខ្លួនបានឡើយ ឬឪពុកម្ដាយមិនអាចយកចិត្តទុកដាក់ចំពោះកូនបានឡើយ។ គ្មាននរណាម្នាក់ដែលអាចយកចិត្តទុកដាក់ចំពោះនរណាម្នាក់ផ្សេងទៀតបានឡើយ។ វានឹងមិនដូចពេលបច្ចុប្បន្ននេះទេ ដែលនៅអាចមើលថែទាំ និងជួយគ្នាទៅវិញទៅមកបាន។ ពេលនោះ នឹងក្លាយជាពេលវេលាដែលមនុស្សទាំងអស់ ត្រូវបានលាតត្រដាង។ ពោលគឺ នៅពេលដែលព្រះជាម្ចាស់វាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយនៅពេលនោះ អ្នករាល់គ្នានឹងមិនមានអ្នកដឹកនាំពិតប្រាកដឡើយ។ មនុស្សនឹងត្រូវបំបែកចេញពីគ្នា។ នោះវានឹងមិនដូចជាពេលបច្ចុប្បន្ននេះឡើយ ដែលអ្នករាល់គ្នាអាចមកជួបជុំគ្នាជាក្រុមជំនុំបាន។ នៅពេលអនាគត អ្នកណាដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងបង្ហាញនូវពណ៌ពិតប្រាកដរបស់ពួកគេ។ ប្ដីនឹងលក់ប្រពន្ធខ្លួន ហើយប្រពន្ធនឹងលក់ប្ដីខ្លួន កូននឹងលក់ឪពុកម្ដាយរបស់ពួកគេ ហើយឪពុកម្ដាយនឹងធ្វើទុក្ខបុកម្នេញកូនខ្លួនឯង។ ដួងចិត្តរបស់មនុស្ស គឺហួសពីការដែលអាចយល់បាន! គ្រប់ការដែលអាចធ្វើទៅបាន គឺសម្រាប់ឱ្យមនុស្សម្នាក់បន្តធ្វើអ្វីដែលគេមាន និងត្រូវដើរឱ្យបានត្រឹមត្រូវនៅលើកំណាត់ផ្លូវចុងក្រោយនេះ។ ពេលនេះ អ្នករាល់គ្នាមើលមិនឃើញច្បាស់នោះទេ។ អ្នកសុទ្ធតែមើលមិនបានវែងឆ្ងាយ។ វាមិនមែនជារឿងងាយស្រួលទេដែលត្រូវជួបប្រទះនូវជំហាននៃកិច្ចការនេះបានដោយជោគជ័យនោះ។
ពេលវេលានៃទុក្ខវេទនា នឹងមិនកើតមានយូរនោះទេ។ ផ្ទុយទៅវិញ វានឹងកើតមានតិចជាងមួយឆ្នាំ។ ប្រសិនបើមានត្រូវកើតមានរហូតដល់មួយឆ្នាំមែននោះ ជំហានបន្ទាប់នៃកិច្ចការនេះ នឹងត្រូវពន្យារពេល ហើយកម្ពស់របស់មនុស្សនឹងមិនគ្រប់គ្រាន់ឡើយ។ ប្រសិនបើយូរខ្លាំងពេក នោះមនុស្សនឹងមិនអាចទ្រាំទ្របានឡើយ។ ចុងក្រោយ កម្ពស់របស់មនុស្សនឹងមានដែនកំណត់។ បន្ទាប់ពីកិច្ចការផ្ទាល់របស់ខ្ញុំត្រូវបានបញ្ចប់ ជំហានបន្ទាប់នឹងត្រូវធ្វើដើម្បីឱ្យមនុស្សដើរនៅលើផ្លូវដែលពួកគេគួរដើរ។ មនុស្សគ្រប់គ្នាគប្បីយល់អំពីអ្វីដែលពួកគេគួរដើរ។ វាគឺជាផ្លូវមួយ និងជាដំណើរនៃការរងទុក្ខវេទនា ហើយក៏ជាផ្លូវនៃការបន្សុទ្ធនូវបំណងរបស់អ្នកចំពោះព្រះជាម្ចាស់ដែរ។ សេចក្ដីពិតមួយណាដែលអ្នកគប្បីចូលទៅ សេចក្ដីពិតមួយណាដែលអ្នកគប្បីបំពេញបន្ថែម តើអ្នកគប្បីដកបទពិសោធដោយបែបណា ហើយទិដ្ឋភាពមួយណាដែលអ្នកគប្បីចូល។ អ្នកត្រូវតែយល់ដឹងអំពីចំណុចទាំងអស់នេះ។ អ្នកត្រូវធ្វើឱ្យខ្លួនឯងមានការយល់ដឹងនៅក្នុងពេលនេះ។ នៅពេលដែលទុក្ខលំបាកធ្លាក់មកលើខ្លួនឯង នោះវានឹងហួសពេលទៅហើយ។ មនុស្សគ្រប់គ្នាត្រូវធ្វើទីបន្ទាល់អំពីបន្ទុកនៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងមិនត្រូវរងចាំការព្រមានពីអ្នកដទៃ ឬរង់ចាំឱ្យអ្នកដទៃដឹកត្រចៀករហូតឡើយ។ ខ្ញុំបានមានព្រះបន្ទូលយ៉ាងច្រើន ប៉ុន្តែអ្នកនៅតែមិនអាចដឹងថាសេចក្ដីពិតមួយណាដែលអាចចូល ឬត្រូវបំពាក់ចំណេះដឹងអ្វីនៅក្នុងខ្លួនឯងឡើយ។ នេះបង្ហាញថា អ្នកមិនបានខំប្រឹងប្រែងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ អ្នកមិនបានរែកពុនបន្ទុកណាមួយសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ តើអាចទទួលចំណុចនេះបានដោយរបៀបណា? អ្នកពុំច្បាស់អំពីអ្វីដែលអ្នកគប្បីចូលទេ អ្នកមិនដឹងអំពីអ្វីដែលអ្នកត្រូវដឹងឡើយ ហើយបើនិយាយពីផ្លូវទៅអនាគតដែលអ្នកគប្បីដើរវិញ អ្នកនៅតែលតោលនៅក្នុងសមុទ្រនៅឡើយទេ។ តើអ្នកមិនមែនជាមនុស្សដែលគ្មានតម្លៃទាល់តែសោះទេឬអី? តើអ្នកអាចឱ្យគេប្រើអ្វីបានខ្លះ? អ្វីដែលអ្នករាល់គ្នាកំពុងធ្វើក្នុងពេលនេះ គឺកសាង និងក្រាលនូវផ្លូវផ្ទាល់ខ្លួនរបស់អ្នក។ អ្នកត្រូវដឹងអំពីអ្វីដែលមនុស្សគប្បីសម្រេចបាន ហើយអ្នកគប្បីដឹងអំពីខ្នាតតម្រានៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក។ អ្នកត្រូវមានការយល់ដឹងដូចតទៅនេះ៖ ទោះបែបណាក្ដី ទោះជាទូលបង្គំពុករលួយដល់ឆ្អឹងក្ដី ក៏ទូលបង្គំត្រូវបំពេញនូវចំណុចខ្វះខាតនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ដែរ។ នៅមុនពេលដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ទូលបង្គំ ទូលបង្គំពុំយល់ឡើយ ប៉ុន្តែពេលនេះ ដោយសារទ្រង់បានមានបន្ទូលប្រាប់ទូលបង្គំ ហើយទូលបង្គំក៏បានយល់ នោះទូលបង្គំត្រូវតែប្រញ៉ាប់បំពេញនូវភាពខ្វះខាត រស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា និងរស់នៅក្នុងរូបកាយដែលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ បើទោះបីជាទូលបង្គំមិនអាចធ្វើបានដូចអ្វីដែលពេត្រុសបានធ្វើក្ដី ក៏ចុងក្រោយទៅ ទូលបង្គំគប្បីរស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ក្នុងលក្ខណៈនេះ ទូលបង្គំអាចគាប់ព្រះទ័យព្រះជាម្ចាស់បាន។
ចាប់ពីពេលនេះតទៅ កំណាត់ផ្លូវចុងក្រោយនេះ នឹងកាន់តែវែងទៅៗ រហូតដល់ចុងបញ្ចប់នៃទុក្ខវេទនាក្នុងពេលអនាគត។ កំណាត់ផ្លូវនេះ នឹងក្លាយជាពេលដែលត្រូវបើកបង្ហាញពីកម្ពស់ពិតប្រាកដរបស់មនុស្ស ក៏ដូចជាបង្ហាញថាតើ ពួកគេមានសេចក្ដីជំនឿពិតប្រាកដដែរឬអត់។ ដោយសារកំណាត់ផ្លូវនេះ នឹងកាន់តែពិបាក ជាផ្លូវដែលសម្បូរទៅដោយដុំថ្មយ៉ាងច្រើនជាងផ្លូវទាំងអស់ដែលមនុស្សត្រូវបានដឹកនាំនាពេលកន្លងមក ទើបផ្លូវនេះហៅថា «កំណាត់ផ្លូវចុងក្រោយ»។ ការពិតនោះគឺថា វាមិនមែនជាកំណាត់ផ្លូវចុងក្រោយបំផុតឡើយ។ នេះគឺដោយសារក្រោយពីឆ្លងកាត់ទុក្ខវេទនានេះហើយ អ្នកនឹងត្រូវឆ្លងកាត់កិច្ចការនៃការផ្សាយដំណឹងល្អ ហើយនឹងមានមនុស្សខ្លះដែលនឹងត្រូវប្រើឱ្យបំពេញកិច្ចការនេះ។ ដូច្នេះ «កំណាត់ផ្លូវចុងក្រោយ» គឺគ្រាន់តែសំដៅទៅលើទុក្ខវេទនានៃការបន្សុទ្ធមនុស្ស និងចំពោះមជ្ឈដ្ឋានជុំវិញដែលលំបាកប៉ុណ្ណោះ។ នៅលើកំណាត់ផ្លូវ ដែលធ្លាប់គេដើរពីមុនមកហើយ ខ្ញុំបានដឹកនាំអ្នកដោយផ្ទាល់នៅលើដំណើរដ៏សែនរីករាយ ដោយចាប់យកអ្នកដោយផ្ទាល់ដៃដើម្បីបង្រៀនអ្នក និងដើម្បីបញ្ចុកអ្នកពីព្រះឱស្ឋផ្ទាល់របស់ខ្ញុំ។ បើទោះបីជាអ្នកបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះជាច្រើនដងក្ដី ក៏គ្មានអ្វីច្រើនជាងពន្លឺដែលចាំងចែងទៅឆ្ងាយដែលអាចធ្លាប់ដឹងនោះដែរ។ ការពិតណាស់ រឿងនោះបានធ្វើឱ្យទស្សនៈរបស់អ្នកអំពីជំនឿលើព្រះជាម្ចាស់ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ វាក៏បានធ្វើឱ្យនិស្ស័យរបស់អ្នកមានលំនឹងខ្លាំង និងបានអនុញ្ញាតឱ្យអ្នកមានការយល់ដឹងខ្លះៗអំពីខ្ញុំផងដែរ។ ប៉ុន្តែអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលនេះ គឺថានៅពេលមនុស្សនិយាយពីកំណាត់ផ្លូវនេះ ឃើញថាតម្លៃនិងការខំប្រឹងប្រែងយ៉ាងខ្លាំងដែលមនុស្សបានលះបង់មកនោះ គឺតិចតួចខ្លាំងណាស់។ គឺខ្ញុំនេះហើយដែលបានដឹកនាំអ្នកទៅកាន់កន្លែងរបស់អ្នកសព្វថ្ងៃនេះ។ នេះគឺដោយសារខ្ញុំមិនតម្រូវឱ្យអ្នកធ្វើអ្វីឡើយ។ តែផ្ទុយទៅវិញ សេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក មិនសុទ្ធតែខ្ពស់ពេកនោះទេ។ ខ្ញុំគ្រាន់តែអនុញ្ញាតឱ្យអ្នកទទួលបាននូវអ្វីដែលមានតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ខ្ញុំបានប្រទានទៅតាមតម្រូវការរបស់អ្នករាល់គ្នាដោយឥតឈប់ឈរ ហើយខ្ញុំមិនដែលទាមទារអ្វីដែលគ្មានហេតុផលនោះទេ។ អ្នករាល់គ្នាបានរងទុក្ខពីការវាយផ្ចាលម្ដងហើយម្ដងទៀត ប៉ុន្តែអ្នកមិនដែលសម្រេចបាននូវសេចក្ដីតម្រូវខាងដើមរបស់ខ្ញុំឡើយ។ អ្នករាល់គ្នាដកថយ និងខកចិត្ត ប៉ុន្តែខ្ញុំមិនគិតដល់រឿងនេះឡើយ ដោយសារពេលនេះ គឺជាពេលនៃកិច្ចការរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំមិនខ្វាយខ្វល់ពី «ការលះបង់» របស់អ្នកចំពោះខ្ញុំខ្លាំងពេកទេ។ ប៉ុន្តែនៅលើផ្លូវពីទីនេះតទៅ ខ្ញុំនឹងលែងធ្វើការ ឬមានព្រះបន្ទូលទៀតហើយ ហើយនៅពេលដែលវេលានោះចូលមកដល់ ខ្ញុំនឹងលែងឱ្យអ្នករាល់គ្នាបន្តការខ្ជិលច្រអូសបែបនេះទៀតហើយ។ ខ្ញុំនឹងឱ្យអ្នករាល់គ្នាមានមេរៀនគ្រប់គ្រាន់ដើម្បីរៀនសូត្រ ហើយខ្ញុំនឹងមិនឱ្យអ្នករាល់គ្នាចងចាំនូវអ្វីដែលមានឡើយ។ កម្ពស់ពិតដែលអ្នករាល់គ្នាមានក្នុងពេលសព្វថ្ងៃនេះ ត្រូវតែបើកសម្ដែងឱ្យឃើញ។ ថាតើការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់អ្នករាល់គ្នា នឹងទទួលបានផ្លែផ្កានៅពេលចុងក្រោយឬអត់នោះ នឹងអាចមើលឃើញបានតាមរបៀបដែលអ្នករាល់គ្នាដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះ។ កាលពីមុន អ្នករាល់គ្នាបានគិតថា ការជឿលើព្រះជាម្ចាស់ គឺសាមញ្ញខ្លាំងណាស់ ហើយនោះគឺដោយសារព្រះជាម្ចាស់មិនបានប្រព្រឹត្តដាក់អ្នកដោយហ្មត់ចត់។ ហើយចុះពេលនេះវិញ? តើអ្នកគិតថាការជឿលើព្រះជាម្ចាស់គឺជារឿងសាមញ្ញធម្មតាមែនទេ? តើអ្នករាល់គ្នានៅតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់ធ្វើឱ្យអ្នកសប្បាយចិត្តនិងឈប់ខ្វល់ខ្វាយដូចជាកូនក្មេងដែលកំពុងលេងនៅតាមផ្លូវមែនទេ? ត្រឹមត្រូវណាស់ដែលអ្នករាល់គ្នាជាសត្វចៀមនោះ។ ក៏ប៉ុន្តែអ្នករាល់គ្នាត្រូវដើរនៅលើផ្លូវដែលអ្នកគួរដើរ ដើម្បីតបស្នងព្រះគុណរបស់ព្រះជាម្ចាស់ និងដើម្បីអាចមានព្រះជាម្ចាស់ដែលអ្នកជឿលើទាំងស្រុង។ មិនត្រូវលេងសើចនឹងខ្លួនឯងឡើយ ហើយមិនត្រូវបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើអ្នកអាចតតាំងនៅលើកំណាត់ផ្លូវនេះបាន នោះអ្នកនឹងអាចមើលឃើញនូវដំណឹងល្អដ៏អស្ចារ្យរបស់ខ្ញុំដែលមិនអាចទាយទុកមុនបាន ដែលរីកសាយនៅទូទៅសាកលលោកទាំងមូល ហើយអ្នកនឹងមានសំណាងល្អដោយក្លាយជាមនុស្សជិតស្និទ្ធនឹងខ្ញុំ ហើយអាចចូលរួមចំណែកក្នុងការពង្រីកកិច្ចការរបស់ខ្ញុំនៅទូទាំងសាកលលោកទាំងមូលនេះ។ នៅពេលនោះ អ្នកនឹងមានក្ដីសប្បាយរីករាយក្នុងការបន្តដើរនៅលើផ្លូវដែលអ្នកត្រូវដើរ។ អនាគតនឹងមានពន្លឺគ្មានព្រំដែន ប៉ុន្តែរឿងសំខាន់ក្នុងពេលនេះ គឺត្រូវដើរឱ្យបានត្រឹមត្រូវនៅក្នុងកំណាត់ផ្លូវចុងក្រោយនេះ។ អ្នកត្រូវស្វែងរក និងត្រៀមខ្លួនជាស្រេចថាតើត្រូវធ្វើកិច្ចការនេះដោយរបៀបណា។ នេះគឺអ្វីដែលអ្នកត្រូវធ្វើក្នុងពេលនេះ។ នេះគឺជាបញ្ហាបន្ទាន់នៅក្នុងពេលនេះ!