អ្នករាល់គ្នាត្រូវយល់ពីកិច្ចការ៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!
នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលជឿទាំងកិរិយាវង្វេងវង្វាន់។ អ្នករាល់គ្នាមានការចង់ដឹងចង់ឃើញច្រើនពេក មានបំណងចង់បានព្រះពរច្រើនពេក ហើយមានសេចក្តីប្រាថ្នាតិចតួចក្នុងការស្វែងរកជីវិត។ សព្វថ្ងៃនេះ មនុស្សពេញដោយក្ដីសោមនស្សនៅក្នុងជំនឿរបស់ពួកគេលើព្រះយេស៊ូវណាស់។ ព្រះយេស៊ូវនឹងនាំផ្លូវពួកគេត្រឡប់ទៅលំនៅឯស្ថានសួគ៌វិញ ដូច្នេះ តើពួកគេអាចមិនជឿបានយ៉ាងដូចម្ដេច? មានអ្នកខ្លះ គឺជាអ្នកជឿពេញមួយជីវិតរបស់ពួកគេ សូម្បីតែមានជំនឿអស់រយៈពេលសែសិប ហាសិបឆ្នាំក៏ដោយ ពួកគេនៅតែមិនដែលធុញទ្រាន់នឹងការអានព្រះគម្ពីរឡើយ។ នេះក៏ព្រោះតែពួកគេគិត[ក]ថាទោះបីជាមានអ្វីកើតឡើងក៏ដោយ ដរាបណាពួកគេមានសេចក្ដីជំនឿ ពួកគេនឹងបានចូលទៅឯស្ថានសួគ៌។ អ្នករាល់គ្នាទើបតែបានដើរតាមព្រះជាម្ចាស់ នៅលើផ្លូវនេះតែពីរបីឆ្នាំប៉ុណ្ណោះ តែអ្នកបានបាត់បង់គោលបំណងរួចទៅហើយ អ្នកបានបាត់បង់ការស៊ូទ្រាំរបស់អ្នក ពីព្រោះតែបំណងប្រាថ្នាចង់បានព្រះពររបស់អ្នករាល់គ្នាគឺខ្លាំងក្លាពេក។ ការដើរតាមផ្លូវពិតរបស់អ្នកនេះ ត្រូវបានគ្រប់គ្រងដោយបំណងប្រាថ្នារបស់អ្នករាល់គ្នាក្នុងការចង់បានព្រះពរ និងដោយការចង់ដឹងចង់ឃើញរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនមានការយល់ដឹងច្រើនអំពីដំណាក់កាលនៃកិច្ចការនេះទាល់តែសោះ។ ភាគច្រើននៃអ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ មិនមែនសំដៅតែលើអ្នកដែលជឿលើព្រះយេស៊ូវប៉ុណ្ណោះទេ ហើយខ្ញុំក៏មិនមែននិយាយដើម្បីប្រឆាំងនឹងសញ្ញាណរបស់ពួកគេនោះដែរ។ តាមពិតទៅ សញ្ញាណដែលកំពុងត្រូវបានលាតត្រដាងទាំងនេះ គឺជាគំនិតដែលមានពិតនៅក្នុងខ្លួនអ្នករាល់គ្នា ព្រោះអ្នករាល់គ្នាមិនយល់ពីមូលហេតុដែលព្រះគម្ពីរត្រូវបានគេទុកដោយឡែក យល់ពីមូលហេតុដែលខ្ញុំប្រាប់អ្នកថា កិច្ចការរបស់ព្រះយេហូវ៉ាចាស់គំរិលហើយ និងយល់ពីមូលហេតុដែលខ្ញុំប្រាប់ថា កិច្ចការរបស់យេស៊ូវក៏ចាស់គំរិលហើយដែរ។ ការពិតគឺថា អ្នករាល់គ្នាមាននូវសញ្ញាណជាច្រើន ដែលអ្នកមិននិយាយប្រាប់គេឱ្យដឹងសោះ ហើយអ្នកក៏ជឿលើទស្សនៈជាច្រើនដែលបង្កប់ជ្រៅនៅក្នុងជម្រៅចិត្តរបស់អ្នក ហើយអ្នករាល់គ្នាគ្រាន់តែដើរតាមហ្វូងមនុស្សប៉ុណ្ណោះ។ តើអ្នករាល់គ្នាពិតជាគិតថា អ្នករាល់គ្នាមិនមាននូវសញ្ញាណជាច្រើនទេឬ? គឺគ្រាន់តែថា អ្នករាល់គ្នាមិននិយាយពីសញ្ញាណទាំងនេះប៉ុណ្ណោះ! តាមពិតទៅ អ្នករាល់គ្នាដើរតាមព្រះជាម្ចាស់ ដោយគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ អ្នករាល់គ្នាមិនបានមកស្វែងរកផ្លូវពិតទាល់តែសោះ ហើយអ្នករាល់គ្នាក៏មិនមែនមកដោយមានបំណងចង់ទទួលបានជីវិតដែរ។ អាកប្បកិរិយារបស់អ្នករាល់គ្នាគ្រាន់តែជាអាកប្បកិរិយានៃការចង់ឃើញអ្វីដែលនឹងកើតឡើងប៉ុណ្ណោះ។ ដោយសារតែអ្នករាល់គ្នាមិនបានបោះបង់ចោលសញ្ញាណចាស់ៗរបស់អ្នករាល់គ្នានេះហើយ ទើបមិនមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចលះបង់ខ្លួនឯងបានទាំងស្រុងនោះ។ មកដល់ចំណុចនេះ អ្នករាល់គ្នានៅតែបន្តព្រួយបារម្ភអំពីវាសនារបស់អ្នក ដោយគំនិតរបស់អ្នកវិលវល់ទាំងថ្ងៃទាំងយប់ ដោយមិនអាចបោះបង់គំនិតនោះចោលបានសោះ។ តើអ្នកគិតថា នៅពេលខ្ញុំនិយាយអំពីពួកផារិស៊ី ខ្ញុំកំពុងសំដៅទៅលើ «ពួកបុរសចំណាស់» នៅក្នុងសាសនាមែនទេ? តើអ្នករាល់គ្នាផ្ទាល់មិនមែនជាអ្នកតំណាងពួកផារិស៊ីឈានមុខគេបំផុត នៅសម័យនេះទេឬអី? តើអ្នកគិតថា ពេលខ្ញុំនិយាយពីអស់អ្នកដែលប្រៀបធៀបខ្ញុំទៅនឹងព្រះគម្ពីរ ខ្ញុំសំដៅតែទៅលើអ្នកជំនាញខាងគម្ពីរនៅក្នុងរង្វង់សាសនាទេឬ? ជាថ្មីម្ដងទៀត តើអ្នកជឿទេថា នៅពេលខ្ញុំនិយាយអំពីអ្នកដែលឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺខ្ញុំកំពុងនិយាយអំពីរង្វង់មេដឹកនាំសាសនានោះឬ? តើអ្នករាល់គ្នាមិនមែនជាតួសម្ដែងដ៏ពូកែបំផុត ដើម្បីដើរតួនេះទេឬអី? តើអ្នកគិតថា ពាក្យសម្ដីទាំងប៉ុន្មានដែលខ្ញុំនិយាយទាស់នឹងសញ្ញាណរបស់មនុស្ស គ្រាន់តែជាការចំអកដល់គ្រូគង្វាល និងពួកចាស់ទុំនៅក្នុងសាសនាឬ? តើអ្នករាល់គ្នាមិនបានចូលរួមចំណែកនៅក្នុងរឿងទាំងអស់នេះទេឬអី? តើអ្នកជឿទថា អ្នករាល់គ្នាក៏មាននូវសញ្ញាណតិចតួចដែរ? មកពីពេលនេះ អ្នករាល់គ្នាបានរៀនធ្វើជាមនុស្សឆ្លាតហើយ។ អ្នករាល់គ្នាមិននិយាយអំពីរឿងរ៉ាវដែលអ្នករាល់គ្នាមិនយល់ ឬលាតត្រដាងអារម្មណ៍របស់អ្នកចំពោះរឿងរ៉ាវទាំងនោះឡើយ។ ប៉ុន្តែ ដួងចិត្តនៃការគោរព និងការចុះចូល មិនមាននៅក្នុងខ្លួនអ្នករាល់គ្នាសោះ។ ដូចដែលអ្នករាល់គ្នាឃើញហើយថា ការសិក្សារៀនសូត្រ ការសង្កេត និងរង់ចាំ គឺជាវិធីអនុវត្តល្អបំផុតរបស់អ្នកនាពេលបច្ចុប្បន្ននេះ។ អ្នករាល់គ្នាបានរៀនធ្វើជាមនុស្សឆ្លាតពេក។ យ៉ាងណាក្ដី តើអ្នករាល់គ្នាដឹងទេថា នេះជាប្រភេទមួយនៃល្បិចកលផ្លូវចិត្ត? តើអ្នករាល់គ្នាគិតថា ពេលនៃភាពឆ្លាតវៃដែលអ្នកមាន នឹងជួយអ្នករាល់គ្នាគេចផុតពីអស់កល្បជានិច្ចឬ? អ្នករាល់គ្នាបានរៀនឱ្យក្លាយជាមនុស្សមាន «ប្រាជ្ញា»! លើសពីនេះទៅទៀត មានមនុស្សមួយចំនួនសួរខ្ញុំនូវសំណួរដូច្នេះថា៖ «ថ្ងៃណាមួយពេលមនុស្សនៅក្នុងរង្វង់សាសនាសួរខ្ញុំថា 'ហេតុអ្វីបានជាព្រះជាម្ចាស់របស់អ្នករាល់គ្នាមិនធ្វើការអស្ចារ្យសូម្បីតែមួយអ៊ីចឹង?' តើខ្ញុំគួរបកស្រាយយ៉ាងដូចម្ដេច?» សព្វថ្ងៃនេះ សំណួរនេះមិនត្រឹមតែជាសំណួរដែលមនុស្សនៅក្នុងរង្វង់សាសនាសួរនោះទេ អ្នកក៏មិនយល់កិច្ចការថ្ងៃនេះ ហើយរស់ទាំងមានគំនិតរវើរវាយជាច្រើនផង។ តើអ្នកនៅតែមិនទាន់ដឹងទេថា ខ្ញុំសំដៅទៅលើអ្នកណា នៅពេលខ្ញុំនិយាយពីអ្នកដឹកនាំសាសនា? តើអ្នកមិនដឹងទេថា ខ្ញុំកំពុងពន្យល់ព្រះគម្ពីរសម្រាប់អ្នកណា? តើអ្នកមិនដឹងថា ខ្ញុំកំពុងនិយាយទៅកាន់អ្នកណា នៅពេលដែលខ្ញុំពន្យល់ពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើខ្ញុំមិននិយាយរឿងទាំងនោះ តើអ្នករាល់គ្នាឆាប់ជឿដែរទេ? តើអ្នករាល់គ្នាព្រមឱនក្បាលរបស់អ្នកយ៉ាងងាយទេ? តើអ្នករាល់គ្នាព្រមបោះចោលសញ្ញាណ ទាំងនោះទេ? ជាពិសេសគឺពួក «មនុស្សមាំទាំ» ដែលមិនធ្លាប់ចុះចូលនឹងអ្នកណាសោះ តើពួកគេព្រមចុះចូលដោយងាយៗទេ? ខ្ញុំដឹងថា ទោះបីជាភាពជាមនុស្សរបស់អ្នករាល់គ្នាមានកម្រិតតូចទាប ហើយអ្នកជាមនុស្សមានគុណសម្បត្តិទន់ទាប មានខួរក្បាលមិនសូវលូតលាស់ ហើយមិនមានប្រវត្តិជឿលើព្រះជាម្ចាស់យូរ អ្នករាល់គ្នាពិតជាមានសញ្ញាណជាច្រើន ហើយធម្មជាតិពីកំណើតរបស់អ្នករាល់គ្នា គឺមិនចុះចូលនឹងនរណាម្នាក់ដោយងាយឡើយ។ យ៉ាងណាមិញ នៅថ្ងៃនេះអ្នករាល់គ្នាអាចចុះចូលបាន ពីព្រោះអ្នករាល់គ្នាត្រូវបានបង្ខំ និងគ្មានទីពឹង។ អ្នករាល់គ្នាគឺជាខ្លានៅក្នុងទ្រុងដែក ដែលមិនមានឱកាសធ្វើតាមជំនាញរបស់អ្នក។ បើទោះបីជាអ្នករាល់គ្នាមានស្លាបក៏ដោយ ក៏អ្នករាល់គ្នានឹងពិបាកហោះហើរដែរ។ បើទោះបីជាអ្នករាល់គ្នាមិនបានទទួលព្រះពរក៏ដោយ ក៏អ្នករាល់គ្នានៅតែមានឆន្ទៈដើរតាមព្រះជាម្ចាស់ដែរ។ ដោយឡែក ក្នុងនាមជា «មនុស្សល្អ» នេះមិនមែនជាសេចក្ដីក្លាហានរបស់អ្នកនោះទេ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាត្រូវគេផ្តួលបានរហូតពេក ហើយក៏ទៅជាវង្វេងវង្វាន់។ កិច្ចការទាំងអស់នេះហើយ បានធ្វើឱ្យអ្នករាល់គ្នាដួលចុះ។ ប្រសិនបើមានអ្វីមួយដែលអ្នករាល់គ្នាអាចទទួលបាន អ្នករាល់គ្នានឹងមិនស្តាប់បង្គាប់ ដូចអ្នកនៅថ្ងៃនេះទេ ពីព្រោះកាលពីមុន អ្នករាល់គ្នាគឺជាសត្វព្រៃនៅក្នុងទីរហោស្ថាន។ ដូច្នេះ អ្វីដែលកំពុងត្រូវបាននិយាយនៅថ្ងៃនេះ មិនគ្រាន់តែសំដៅទៅលើមនុស្សនៅក្នុងសាសនា និងនិកាយផ្សេងៗ ក៏មិនមែនគ្រាន់តែប្រឆាំងនឹងសញ្ញាណរបស់ពួកគេប៉ុណ្ណោះទេ តែវាក៏ជាការប្រឆាំងនឹងសញ្ញាណរបស់អ្នករាល់គ្នាផងដែរ។
ការជំនុំជម្រះនៃសេចក្តីសុចរិតបានចាប់ផ្តើមហើយ។ តើព្រះជាម្ចាស់នឹងនៅតែធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សឬទេ? តើទ្រង់នឹងធ្វើជាវេជ្ជបណ្ឌិតដ៏អស្ចារ្យសម្រាប់ពួកគេម្តងទៀតឬទេ? តើព្រះជាម្ចាស់គ្មានសិទ្ធិអំណាចអ្វីធំជាងនេះឬទេ? មនុស្សមួយក្រុមត្រូវបានប្រោសឱ្យពេញខ្នាតជាស្រេចហើយ និងត្រូវលើកឡើងទៅមុខបល្ល័ង្ក។ តើទ្រង់នឹងនៅតែបណ្ដេញអារក្ស និងព្យាបាលអ្នកជំងឺទៀតទេ? តើនោះមិនមែនជារឿងហួសសម័យពេកទេឬ? តើទីបន្ទាល់អាចនឹងធ្វើទៅបានទេ ប្រសិនបើការនេះបន្តទៀត? តើការដែលទ្រង់ត្រូវគេដំដែកគោលជាប់នឹងឈើឆ្កាងម្ដងនោះ អាចធ្វើឱ្យព្រះជាម្ចាស់ត្រូវជាប់ឆ្កាងរហូតឬ? តើទ្រង់អាចបណ្តេញអារក្សចេញម្តង ហើយបន្ដដេញពួកវាចេញរហូតឬ? តើនេះមិនមែនរាប់ថាជាការអាម៉ាស់ទេឬ? ទាល់តែដំណាក់កាលនៃកិច្ចការនេះប្រសើរជាងដំណាក់កាលនៃកិច្ចការមុនប៉ុណ្ណោះ ទើបយុគសម័យនេះនឹងឈានទៅមុខ បន្ទាប់មក គ្រាចុងក្រោយនឹងមកដល់ ហើយវានឹងជាគ្រាដែលយុគសម័យនេះត្រូវបញ្ចប់។ មនុស្សដែលព្យាយាមឱ្យបានសេចក្ដីពិត ត្រូវតែយកចិត្តទុកដាក់ចំពោះការយល់ដឹងអំពីនិមិត្ត។ នេះគឺជាមូលដ្ឋានគ្រឹះ។ រាល់ពេលដែលខ្ញុំប្រកបគ្នាជាមួយអ្នករាល់គ្នាអំពីនិមិត្ត ខ្ញុំតែងតែឃើញមនុស្សមួយចំនួនចាប់ផ្ដើមងោកងុយ ដោយត្របកភ្នែកធ្លាក់ និងមិនមានឆន្ទៈស្តាប់។ អ្នកផ្សេងទៀតសួរថា «ហេតុអ្វីបានជាអ្នកមិនស្តាប់?» ពួកគេឆ្លើយថា «ការនេះមិនជួយដល់ជីវិតខ្ញុំ ឬជួយដល់ច្រកចូលរបស់ខ្ញុំទៅក្នុងភាពពិតទេ។ អ្វីដែលយើងចង់បាន គឺជាមាគ៌ានៃការអនុវត្ត»។ រាល់ពេលដែលខ្ញុំនិយាយអំពីកិច្ចការផ្សេងក្រៅពីមាគ៌ានៃការអនុវត្ត ពួកគេនិយាយថា «នៅពេលដែលទ្រង់មានបន្ទូលអំពីកិច្ចការនេះ ទូលបង្គំក៏ចាប់ផ្តើមងងុយដេក»។ នៅពេលខ្ញុំចាប់ផ្តើមមានបន្ទូលអំពីមាគ៌ានៃការអនុវត្ត ពួកគេចាប់ផ្តើមកត់ចំណាំ ហើយនៅពេលដែលខ្ញុំត្រលប់ទៅបរិយាយអំពីកិច្ចការ ពួកគេក៏ឈប់ស្តាប់សាជាថ្មី។ តើអ្នករាល់គ្នាដឹងពីអ្វីដែលអ្នករាល់គ្នាត្រូវបំពាក់បំប៉នខ្លួននៅពេលនេះដែរឬទេ? ទិដ្ឋភាពមួយរបស់វា គឺទាក់ទងនឹងនិមិត្តអំពីកិច្ចការ ហើយទិដ្ឋភាពមួយទៀត គឺជាការអនុវត្តរបស់អ្នក។ អ្នកត្រូវតែយល់អំពីទិដ្ឋភាពទាំងពីរនេះ។ ប្រសិនបើអ្នកមិនមាននិមិត្តនៅក្នុងដំណើរស្វែងរករបស់អ្នក ដើម្បីធ្វើឱ្យមានការរីកចម្រើននៅក្នុងជីវិត នោះអ្នកនឹងមិនមានគ្រឹះនោះទេ។ ប្រសិនបើអ្នកមានតែមាគ៌ានៃការអនុវត្ត ដោយមិនមាននិមិត្តសោះ ហើយគ្មានការយល់ដឹងអំពីអ្វីទាំងអស់សូម្បីតែកិច្ចការនៃផែនការគ្រប់គ្រងទាំងមូលអ្វីបន្តិចសោះ នោះអ្នកគឺជាមនុស្សដែលខ្ជិល និងគ្មានប្រយោជន៍។ អ្នកត្រូវតែយល់ពីការពិតដែលពាក់ព័ន្ធនឹងនិមិត្ត ហើយចំពោះការពិតទាក់ទងនឹងការអនុវត្ត អ្នកត្រូវរកផ្លូវសមស្របនៃការអនុវត្ត បន្ទាប់ពីអ្នកបានយល់អំពីវា។ អ្នកត្រូវតែអនុវត្តស្របតាមព្រះបន្ទូល និងចូលរួមទៅតាមលក្ខខណ្ឌរបស់អ្នក។ និមិត្តគឺជាគ្រឹះ ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការពិតនេះទេ អ្នកនឹងមិនអាចដើរតាមដល់ទីបញ្ចប់បានឡើយ។ ការជួបប្រទះបទពិសោធបែបនេះនឹងនាំអ្នកឱ្យវង្វេង ឬបណ្តាលឱ្យអ្នកធ្លាក់ចុះ និងបរាជ័យ។ អ្នកនឹងគ្មានផ្លូវទទួលបានជោគជ័យឡើយ! មនុស្សដែលមិនមាននិមិត្តដ៏អស្ចារ្យ ដោយសារតែគ្រឹះរបស់ពួកគេអាចនាំតែបរាជ័យ ពួកគេមិនអាចទទួលបានជោគជ័យឡើយ។ អ្នកមិនអាចឈររឹងមាំបានទេ! តើអ្នកដឹងទេថា ការជឿលើព្រះជាម្ចាស់រួមមានអ្វីខ្លះ? តើអ្នកដឹងទេថា ការដើរតាមព្រះជាម្ចាស់មានន័យដូចម្ដេច? បើគ្មាននិមិត្ត តើអ្នកនឹងដើរផ្លូវមួយណា? នៅក្នុងកិច្ចការនាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមិនមាននិមិត្ត អ្នកនឹងមិនអាចត្រូវបានប្រោសឱ្យពេញខ្នាតបានឡើយ។ តើអ្នកជឿលើអ្នកណា? ហេតុអ្វីបានជាអ្នកជឿលើទ្រង់? ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកយល់ឃើញថា សេចក្ដីជំនឿរបស់អ្នកដូចជាល្បែងលេងមែនទេ? តើអ្នកកំពុងដោះស្រាយបញ្ហាជីវិតរបស់អ្នក ដូចជារបស់លេងសើចមែនទេ? ព្រះជាម្ចាស់នៃពេលបច្ចុប្បន្ន គឺជានិមិត្តដ៏អស្ចារ្យបំផុត។ តើអ្នកបានស្គាល់ទ្រង់ច្រើនប៉ុនណាហើយ? តើអ្នកបានឃើញទ្រង់ច្រើនប៉ុនណាហើយ? ដោយបានឃើញព្រះជាម្ចាស់នៃបច្ចុប្បន្ន តើគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់រឹងមាំឬទេ? តើអ្នកគិតថា អ្នកនឹងទទួលបានការសង្គ្រោះ ដរាបណាអ្នកដើរតាមផ្លូវដែលភក់ជ្រាំនេះឬ? តើអ្នកគិតថា អ្នកអាចចាប់ត្រីក្នុងទឹកល្អក់បានមែនទេ? ងាយម្ល៉ឹងមែនទេ? តើមានសញ្ញាណអ្វីខ្លះ ទាក់ទងនឹងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងសព្វថ្ងៃនេះ? តើអ្នកមាននិមិត្តរបស់ព្រះជាម្ចាស់នៃបច្ចុប្បន្នដែរឬទេ? តើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៃពេលបច្ចុប្បន្ន នៅត្រង់ណា? ជានិច្ចជាកាល អ្នកជឿជាក់ថា អ្នកអាចទទួលបានទ្រង់[ខ] ដោយគ្រាន់តែដើរតាមទ្រង់ ឬដោយគ្រាន់តែឃើញទ្រង់ ហើយជឿថា គ្មាននរណាម្នាក់អាចនឹងដកអ្នកចេញបានឡើយ។ កុំស្មានថា ការដើរតាមព្រះជាម្ចាស់ ជារឿងងាយឱ្យសោះ។ ចំណុចសំខាន់គឺថា អ្នកត្រូវតែស្គាល់ទ្រង់ អ្នកត្រូវតែស្គាល់កិច្ចការរបស់ទ្រង់ ហើយអ្នកត្រូវតែមានឆន្ទៈស៊ូទ្រាំការលំបាក ដើម្បីជាប្រយោជន៍ដល់ទ្រង់ មានឆន្ទៈលះបង់ជីវិតរបស់អ្នកសម្រាប់ទ្រង់ និងត្រូវបានព្រះអង្គប្រោសឱ្យគ្រប់លក្ខណ៍។ នេះជានិមិត្តដែលអ្នកគួរមាន។ វានឹងមិនកើតឡើងទេ ប្រសិនបើគំនិតរបស់អ្នកតែងតែទោរទៅរកការរីករាយនឹងព្រះគុណនោះ។ ចូរកុំនឹកស្មានថា ព្រះជាម្ចាស់គង់នៅទីនេះ សម្រាប់តែការរីករាយរបស់មនុស្ស ឬគ្រាន់តែផ្តល់ព្រះគុណដល់ពួកគេតែប៉ុណ្ណឹងនោះ។ អ្នកគិតបែបនេះខុសហើយ! ប្រសិនបើមនុស្សម្នាក់មិនអាចប្រថុយជីវិតរបស់ខ្លួន ដើម្បីដើរតាមទ្រង់ ហើយប្រសិនបើមនុស្សម្នាក់មិនអាចបោះបង់ចោលរាល់ភោគទ្រព្យដែលមានក្នុងលោកីយ៍ ដើម្បីដើរតាមទ្រង់ទេ នោះពួកគេប្រាកដជាមិនអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បានឡើយ! អ្នកត្រូវតែមាននិមិត្ត ទុកជាគ្រឹះរបស់អ្នក។ ប្រសិនបើសំណាងអាក្រក់កើតឡើងចំពោះអ្នកនៅថ្ងៃមួយ តើអ្នកគួរធ្វើអ្វីខ្លះ? តើអ្នកនៅតែអាចដើរតាមទ្រង់បានទេ? កុំនិយាយឱ្យសោះថា អ្នកអាចដើរតាមបានដល់ទីបញ្ចប់នោះ។ ជាដំបូង អ្នកគួរតែបើកភ្នែកឱ្យបានធំជាងមុន ដើម្បីមើលឃើញថា ពេលនេះម៉ោងប៉ុន្មានហើយ។ ទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាប្រហែលជាប្រៀបដូចជាសសរវិហារក៏ដោយ ក៏ពេលវេលានឹងមកដល់ ជាពេលដែលសសរបែបនេះនឹងត្រូវសត្វកណ្ដៀរកកេរ ធ្វើឱ្យវិហាររលំទៅវិញ ព្រោះសព្វថ្ងៃនេះមាននិមិត្តច្រើនណាស់ដែលអ្នករាល់គ្នានៅខ្វះខាត។ អ្នករាល់គ្នាយកចិត្តទុកដាក់តែលើពិភពដ៏តូចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយអ្នកមិនដឹងថា វិធីស្វែងរកដែលគួរឱ្យទុកចិត្ត និងសមស្របបំផុត គឺជាអ្វីទេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់លើនិមិត្តនៃកិច្ចការសព្វថ្ងៃនេះទេ ហើយអ្នករាល់គ្នាក៏មិនបានទុករឿងទាំងនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរ។ តើអ្នករាល់គ្នាមានបានគិតទេថា ថ្ងៃណាមួយព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងដាក់អ្នករាល់គ្នានៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ? តើអ្នករាល់គ្នាអាចស្រម៉ៃបានទេថា មានអ្វីកើតឡើងចំពោះអ្នក នៅថ្ងៃមួយ ដែលខ្ញុំអាចនឹងរឹបយកអ្វីៗគ្រប់យ៉ាងពីអ្នករាល់គ្នា? តើថាមពលរបស់អ្នករាល់គ្នានៅថ្ងៃនោះ នឹងដូចជានៅពេលនេះទេ? តើសេចក្ដីជំនឿរបស់អ្នកនឹងមានឡើងវិញទៀតទេ? ក្នុងការដើរតាមព្រះជាម្ចាស់ អ្នកត្រូវស្គាល់និមិត្តដ៏អស្ចារ្យបំផុតនេះ នោះគឺ «ព្រះជាម្ចាស់»៖ នេះគឺជារឿងដែលសំខាន់បំផុត។ ម៉្យាងទៀត កុំគិតស្មានថា ការឈប់សេពគប់ជាមួយមនុស្សខាងលោកីយ៍ ដើម្បីបានញែកចេញជាបរិសុទ្ធ អ្នកប្រាកដជាបាននៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់នោះឡើយ។ សព្វថ្ងៃនេះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងធ្វើកិច្ចការក្នុងចំណោមនុស្សជាតិទាំងឡាយ។ គឺជាទ្រង់ដែលបានយាងមកក្នុងចំណោមមនុស្ស ដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ទ្រង់ មិនមែនយាងមកធ្វើយុទ្ធនាការនោះទេ។ ក្នុងចំណោមអ្នករាល់គ្នា សូម្បីតែមួយចំនួនតូចក៏មិនអាចដឹងថា កិច្ចការសព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ជាព្រះដែលបានត្រឡប់ទៅជាសាច់ឈាមដែរ។ ការនេះមិនមែនជាការធ្វើឱ្យអ្នករាល់គ្នា ក្លាយជាមនុស្សឆ្នើមប្រកបដោយទេពកោសល្យនោះទេ។ ការនេះគឺដើម្បីជួយឱ្យអ្នករាល់គ្នាដឹងពីសារៈសំខាន់នៃជីវិតមនុស្ស ដឹងពីទីដៅរបស់មនុស្សជាតិ ហើយស្គាល់ព្រះជាម្ចាស់ និងភាពពេញលេញរបស់ទ្រង់។ អ្នកគួរតែដឹងថា អ្នកគឺជាវត្ថុមួយក្នុងចំណោមសត្តនិករនៅក្នុងព្រះហស្ដរបស់ព្រះអាទិករ។ អ្វីដែលអ្នកគួរយល់ អ្វីដែលអ្នកគួរធ្វើ និងរបៀបដែលអ្នកគួរដើរតាមព្រះជាម្ចាស់ តើទាំងនេះមិនមែនជាសេចក្តីពិតដែលអ្នកត្រូវតែយល់ច្បាស់ទេឬអី? តើទាំងនេះមិនមែនជានិមិត្តដែលអ្នកគួរតែមើលឃើញទេឬអី?
នៅពេលដែលមនុស្សមាននិមិត្ត ពួកគេក៏មាននូវគ្រឹះ។ នៅពេលដែលអ្នកអនុវត្តដោយឈរលើគ្រឹះនេះ វានឹងមានភាពងាយស្រួលជាង ក្នុងការចូលទៅក្នុង។ ដូច្នេះហើយ អ្នកនឹងមិនមានពិភាល់ទេ នៅពេលដែលអ្នកមានគ្រឹះសម្រាប់ចូលទៅក្នុង ហើយវានឹងមានភាពងាយស្រួលខ្លាំងសម្រាប់អ្នក ក្នុងការចូលរួមផងដែរ។ ទិដ្ឋភាពនៃការយល់ដឹងអំពីនិមិត្ត និងការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់នេះ គឺសំខាន់ណាស់។ អ្នករាល់គ្នាត្រូវតែមានវានៅក្នុងឃ្លាំងរបស់អ្នក។ ប្រសិនបើអ្នករាល់គ្នាមិនត្រូវបានប្រដាប់កាយដោយទិដ្ឋភាពនៃសេចក្ដីពិត ហើយគ្រាន់តែដឹងពីរបៀបនិយាយអំពីមាគ៌ានៃការអនុវត្តទេ នោះអ្នកនឹងមានបញ្ហាខ្វះចន្លោះធំមែនទែន។ ខ្ញុំបានរកឃើញថា អ្នករាល់គ្នាជាច្រើនមិនបានសង្កត់ធ្ងន់លើទិដ្ឋភាពនៃសេចក្ដីពិតនេះទេ ហើយនៅពេលដែលអ្នកស្តាប់វា អ្នកហាក់ដូចជាកំពុងតែស្តាប់ព្រះបន្ទូល និងគោលលទ្ធិប៉ុណ្ណោះ។ ថ្ងៃណាមួយអ្នកនឹងទទួលរងនូវការបាត់បង់។ សព្វថ្ងៃនេះ មានការថ្លែងព្រះបន្ទូលខ្លះ ដែលអ្នកមិនអាចយល់បាន និងមិនទទួលយក។ ក្នុងករណីបែបនេះ អ្នកគួរតែស្វែងរកដោយអត់ធ្មត់ ហើយគង់មានថ្ងៃមួយ អ្នកនឹងយល់។ ចូរប្រដាប់កាយខ្លួនអ្នកបន្តិចម្តងៗ ជាមួយនឹងនិមិត្តឱ្យបានកាន់តែច្រើន។ ទោះបីអ្នកយល់តែគោលលទ្ធិខាងវិញ្ញាណតិចតួចក៏ដោយ ក៏នៅតែប្រសើរជាងការមិនយកចិត្តទុកដាក់លើនិមិត្ត ហើយនៅតែប្រសើរជាងការមិនយល់សោះដែរ។ ការទាំងអស់នេះ មានអត្ថប្រយោជន៍ចំពោះច្រកចូលរបស់អ្នក ហើយនឹងជម្រះការសង្ស័យទាំងនោះរបស់អ្នកចេញ។ វាប្រសើរជាងការដែលអ្នកត្រូវបានបំពេញដោយសញ្ញាណនានា។ អ្នកនឹងកាន់តែប្រសើរ ប្រសិនបើអ្នកមាននិមិត្តទាំងនេះជាគ្រឹះ។ អ្នកនឹងមិនមានពិភាល់អ្វីនោះឡើយ ហើយនឹងអាចចូលដោយក្លាហាន និងមានទំនុកចិត្ត។ ហេតុអ្វីចាំបាច់ទៅខ្វល់រឿងដើរតាមព្រះជាម្ចាស់ក្នុងភាពច្របូកច្របល់ និងសង្ស័យបែបនេះរហូតនោះ? តើវាមិនដូចជាបដិសេធមិនទទួលយកការពិតទេឬអី? ការឈានជើងចូលក្នុងនគរព្រះដោយពើងទ្រូងនិងអំនួត គឺពិតជាល្អណាស់! ហេតុអ្វីបានមានពេញដោយពិភាល់យ៉ាងនេះ? តើអ្នកមិនត្រឹមតែដាក់ខ្លួនឯងនៅឋាននរកដ៏ធំទេឬអី? នៅពេលដែលអ្នកបានជ្រួតជ្រាបអំពីកិច្ចការរបស់ព្រះយេហូវ៉ា អំពីកិច្ចការរបស់ព្រះយេស៊ូវ និងអំពីដំណាក់កាលនៃកិច្ចការនេះ អ្នកនឹងមានគ្រឹះ។ នៅពេលនេះ អ្នកប្រហែលជាស្រមៃថា រឿងបែបនេះងាយណាស់។ មនុស្សខ្លះនិយាយថា «នៅពេលដែលពេលវេលាមកដល់ ហើយព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមកិច្ចការដ៏អស្ចារ្យ ខ្ញុំនឹងអាចនិយាយអំពីរឿងទាំងអស់នេះបាន។ ការដែលខ្ញុំពិតជាមិនយល់ឥឡូវនេះ គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ មិនបានស្រាយបំភ្លឺខ្ញុំច្រើនម្ល៉ឹងទេ»។ វាមិនងាយស្រួលម្ល៉ឹងទេ។ វាមិនដូចជាការដែលអ្នកមានឆន្ទៈក្នុងការទទួលយកសេចក្ដីពិត[គ]ឥឡូវនេះ ហើយក្រោយមកអ្នកនឹងប្រើវាយ៉ាងស្ទាត់ជំនាញ នៅពេលដែលពេលវេលាមកដល់នោះឡើយ។ វាមិនចាំបាច់ដល់ម្ល៉ឹងនោះទេ! អ្នកជឿថា សព្វថ្ងៃអ្នកបានប្រដាប់កាយយ៉ាងល្អ ហើយអ្នកនឹងមិនមានបញ្ហាក្នុងការឆ្លើយតបចំពោះអ្នកកាន់សាសនា និងអ្នកទ្រឹស្តីដ៏ពូកែទាំងនោះ ហើយថែមទាំងឆ្លើយបដិសេធពួកគេទៀត។ តើអ្នកពិតជាអាចធ្វើបានដូច្នេះមែនទេ? តើអ្នកអាចនិយាយអំពីអ្វីតាមការយល់ដឹងរបស់អ្នក ជាមួយនឹងបទពិសោធលំៗរបស់អ្នកប៉ុណ្ណឹងនោះ? ការប្រដាប់កាយដោយសេចក្ដីពិត ការប្រយុទ្ធតតាំងនឹងសេចក្ដីពិត និងការថ្លែងទីបន្ទាល់ពីព្រះនាមព្រះជាម្ចាស់ មិនមែនដូចជាអ្វីដែលអ្នកគិតនោះទេ ដរាបណាព្រះជាម្ចាស់កំពុងធ្វើកិច្ចការ អ្វីៗទាំងអស់នឹងត្រូវសម្រេចបាន។ នៅពេលនោះ អ្នកអាចនឹងជំពប់ដោយសារសំណួរមួយចំនួន ហើយបន្ទាប់មកអ្នកភ្ញាក់ផ្អើលនិយាយលែងចេញ។ ចំណុចសំខាន់គឺថា ទោះបីជាអ្នកមាន ឬគ្មានការយល់ដឹងច្បាស់អំពីដំណាក់កាលនៃកិច្ចការនេះ ក៏មិនថ្វី ហើយអ្នកពិតជាដឹងអំពីរឿងនេះច្រើនប៉ុនណាក៏មិនថ្មី។ ប្រសិនបើអ្នកមិនអាចយកឈ្នះអានុភាពខ្មាំងសត្រូវ ឬយកឈ្នះអានុភាពរបស់សាសនាទេ តើអ្នកនឹងមិនក្លាយជាមនុស្សចោលម្សៀតទេឬ? អ្នកបានពិសោធកិច្ចការនាពេលសព្វថ្ងៃ បានឃើញវាដោយផ្ទាល់ភ្នែក ហើយបានឮវាដោយផ្ទាល់ត្រចៀករបស់អ្នក ប៉ុន្តែប្រសិនបើនៅចុងបញ្ចប់ អ្នកមិនអាចធ្វើជាស្មរបន្ទាល់បានទេ ពេលនោះ តើអ្នកនឹងនៅតែមានភាពគឃ្លើសឥតខ្មាសក្នុងការរស់នៅបន្តទៀតទេ? តើអ្នកអាចប្រឈមមុខនឹងអ្នកណាបាន? ចូរកុំនឹកស្មានថា គ្រានេះងាយស្រួលដល់ម្ល៉ឹងនោះ។ កិច្ចការនាពេលអនាគតនឹងមិនមានភាពសាមញ្ញដូចដែលអ្នកនឹកស្រមៃនោះទេ។ ការប្រយុទ្ធនឹងសង្រ្គាមនៃសេចក្តីពិត គឺមិនងាយស្រួលឡើយ មិនមែនត្រង់ភ្លឹងទៅមុខនោះទេ។ ឥឡូវនេះ អ្នកត្រូវបំពាក់បំប៉នខ្លួនអ្នក។ ប្រសិនបើអ្នកមិនបានបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិតទេ នោះនៅពេលដែលពេលវេលានោះមកដល់ ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការអស្ចារ្យហួសពីវិស័យធម្មជាតិ នោះអ្នកនឹងត្រូវវង្វេងជាមិនខាន។
លេខយោង៖
(ក) អត្ថបទដើមមិនមានឃ្លា «ពួកគេគិត»។
(ខ) អត្ថបទដើមមិនមានពាក្យ «ទ្រង់»។
(គ) អត្ថបទដើមមិនមានឃ្លា «សេចក្ដីពិត»។