ជំពូកទី ៩
នៅក្នុងការស្រមើស្រមៃរបស់មនុស្ស ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯមនុស្សគឺមនុស្ស។ ព្រះជាម្ចាស់មិនមានបន្ទូលជាភាសារបស់មនុស្សទេ ឯពួកគេក៏មិនអាចនិយាយភាសារបស់ព្រះជាម្ចាស់ដែរ។ ចំពោះព្រះជាម្ចាស់ ការបំពេញតាមការទាមទាររបស់មនុស្សគឺជាគឺងាយដូចបកចេកអ៊ីចឹង ពោលគឺងាយស្រួលណាស់ ចំណែកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមនុស្សមិនអាចសម្រេចបាន និងមិនអាចយល់បានទេ។ តែទោះយ៉ាងណា ការពិតគឺផ្ទុយស្រឡះ៖ ព្រះជាម្ចាស់ទាមទារពីមនុស្សតែ «០.១ ភាគរយ» ប៉ុណ្ណោះ។ នេះមិនត្រឹមតែធ្វើឱ្យមនុស្សភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យពួកគេមានអារម្មណ៍វង្វេងវង្វាន់ពេកក្រៃផងដែរ ហាក់ដូចជាពួកគេទាំងអស់នៅលើសមុទ្រអ៊ីចឹង។ វាដោយសារតែការបំភ្លឺ និងព្រះគុណរបស់ព្រះជាម្ចាស់ ទើបមនុស្សបានទទួលចំណេះដឹងបន្តិចបន្តួចអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទោះយ៉ាងណា នៅថ្ងៃទី១ ខែមីនា មនុស្សទាំងអស់ត្រូវបានទុកឱ្យវង្វេងវង្វាន់ និងអេះក្បាលរបស់ពួកគេជាថ្មីម្តងទៀត។ ព្រះជាម្ចាស់មានបន្ទូលប្រាប់ឱ្យរាស្ត្ររបស់ទ្រង់ធ្វើជាព្រិលដ៏ភ្លឺចាំង កុំធ្វើជាពពករសាត់។ ដូច្នេះ តើ «ព្រិល» នេះសំដៅទៅលើអ្វី? ហើយតើ «ពពករសាត់» ចង្អុលបង្ហាញពីអ្វី? ត្រង់ចំណុចនេះ ព្រះជាម្ចាស់មានចេតនាមិនបើកសម្ដែងឱ្យដឹងពីអត្ថន័យដ៏ជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះទេ។ ការនេះធ្វើឱ្យមនុស្សធ្លាក់ក្នុងភាពច្របូកច្របល់ ហេតុដូច្នេះហើយក៏បង្កើនសេចក្ដីជំនឿរបស់ពួកគេ ព្រោះតែពួកគេស្វះស្វែងរកចំណេះដឹង ដ្បិតនេះគឺជាតម្រូវការជាក់លាក់មួយចេញមកពីរាស្ត្ររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងទៀតទេ។ ដូច្នេះហើយមនុស្សទាំងអស់យល់ថា ខ្លួនឯងចំណាយពេលកាន់តែច្រើនទាំងមិនដឹងខ្លួនដើម្បីសញ្ជឹងគិតពីព្រះបន្ទូលដែលមិនអាចវាស់ស្ទង់បានទាំងនេះ។ ជាលទ្ធផល គំនិតផ្សេងៗផុសឡើងក្នុងខួរក្បាលរបស់ពួកគេ គ្រាប់ព្រិលរសាត់ចាំងពន្លឺពីមុខភ្នែករបស់ពួកគេ ហើយពពករសាត់នៅលើមេឃស្រាប់តែលេចឡើងក្នុងចិត្តរបស់ពួកគេភ្លាម។ ហេតុអ្វីបានជាព្រះជាម្ចាស់ប្រាប់ឱ្យរាស្ត្ររបស់ទ្រង់ធ្វើជាព្រិល កុំធ្វើជាពពករសាត់ដូច្នេះ? តើអ្វីទៅជាអត្ថន័យពិតនៅទីនេះ? តើព្រះបន្ទូលទាំងនេះសំដៅទៅលើអ្វីជាពិសេសទៅ? «ព្រិល» មិនត្រឹមតែធ្វើឱ្យធម្មជាតិស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ដីស្រែចម្ការផងដែរ។ វាល្អដល់ការសម្លាប់បាក់តេរី។ បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងមក ពពួកបាក់តេរីទាំងអស់ត្រូវគ្របដណ្ដប់ដោយព្រិលដ៏ភ្លឺចាំង ហើយផ្ទៃដីទាំងមូលស្រាប់តែពោរពេញទៅដោយជីវិតភ្លាម។ ដូចគ្នានេះដែរ រាស្ត្ររបស់ព្រះជាម្ចាស់មិនត្រឹមតែស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រៀនប្រដៅខ្លួនឯងដោយផ្អែកលើការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ។ ដោយធ្វើដូច្នេះ ពួកគេនឹងរស់នៅក្នុងភាពជាមនុស្សធម្មតា។ នេះជារបៀបដែលព្រិលធ្វើឱ្យធម្មជាតិមើលទៅស្រស់ស្អាត ជាចុងក្រោយ ភាពចាស់ទុំនៃរាស្ត្ររបស់ព្រះជាម្ចាស់ នឹងនាំទីបញ្ចប់ទៅដល់នាគដ៏ធំមានសម្បុរក្រហម ដោយបង្កើតនគររបស់ព្រះជាម្ចាស់នៅលើផែនដី ហើយផ្សព្វផ្សាយ និងលើកតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ដើម្បីឱ្យនគរព្រះទាំងមូលនៅលើផែនដី ពោរពេញទៅដោយសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ បញ្ចេញពន្លឺដោយរស្មីរបស់ទ្រង់ និងចាំងពន្លឺផ្លេកៗដោយសិរីល្អរបស់ទ្រង់។ គ្រប់ទីកន្លែងនឹងមានឈុតឆាកអំពីសន្តិភាព និងការទាស់ទែងគ្នា សុភមង្គល និងការសមបំណង ព្រមទាំងភាពស្រស់ស្អាតជាថ្មីឡើងវិញឥតឈប់ឈរ។ គ្រោះកាចផ្សេងៗដែលមាននាពេលបច្ចុប្បន្ននេះ ដែលជានិស្ស័យពុករលួយបែបសាតាំងដូចជា ភាពទុច្ចរិត សេចក្ដីវៀចវេរ និងការបោកបញ្ឆោត សេចក្ដីប៉ងប្រាថ្នាអាក្រក់ៗជាដើម នឹងត្រូវបញ្ចប់អស់ទាំងស្រុង ដូច្នេះហើយ ស្ថានសួគ៌ និងផែនដីសុទ្ធតែនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញទាំងពីរ។ នេះគឺជាអត្ថន័យពិតនៃឃ្លា «បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងមក»។ អស់អ្នកដែលដូចពពករសាត់ គឺស្រដៀងនឹងប្រភេទមនុស្សដែលផ្អើលតាមហ្វូងដែលព្រះជាម្ចាស់លើកមកសម្ដែង ប្រសិនបើមានសេចក្ដីល្បួងណាមួយពីសាតាំង ឬការល្បងលពីព្រះជាម្ចាស់ នោះពួកគេនឹងរសាត់ឆ្ងាយភ្លាម លែងមានទៀតហើយ។ គ្មានសូម្បីតែសារធាតុណាមួយរបស់ពួកគេនឹងរស់រានបានឡើយ ដោយបានបាត់បង់ជាយូរមកហើយ។ ប្រសិនបើមនុស្សដូចពពករសាត់ នោះពួកគេមិនត្រឹមតែមិនអាចរស់នៅក្នុងរូបអង្គនៃព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំភាពអាម៉ាស់ដល់ព្រះនាមរបស់ទ្រង់ទៀតផង ដ្បិតមនុស្សបែបនេះស្ថិតក្នុងគ្រោះថ្នាក់ពីការឆក់យកចេញនៅពេលណាមួយ ឬកន្លែងណាមួយជាមិនខាន ពួកគេគឺជាអាហារដែលសាតាំងស៊ី ហើយនៅពេលសាតាំងចាប់ឃុំខ្លួនពួកគេ ពួកគេនឹងក្បត់ព្រះជាម្ចាស់ទៅបម្រើសាតាំង។ ការនេះនាំភាពអាម៉ាស់យ៉ាងច្បាស់ដល់ព្រះនាមរបស់ព្រះជាម្ចាស់ ហើយវាជាអ្វីដែលព្រះជាម្ចាស់អាក់អន់ព្រះហឫទ័យបំផុត។ មនុស្សបែបនេះគឺជាសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ ពួកគេគ្មានទាំងសារជាតិជាមនុស្សធម្មតា ហើយគ្មានទាំងតម្លៃជាក់ស្ដែង។ ដោយសារតែការនេះហើយទើបព្រះជាម្ចាស់ដាក់សេចក្ដីតម្រូវបែបនេះចំពោះរាស្ត្ររបស់ទ្រង់។ ទោះយ៉ាងណា បន្ទាប់ពីយល់ដឹងខ្លះៗអំពីព្រះបន្ទូលទាំងនេះរួចហើយ មនុស្សមានអារម្មណ៍ថាមិនដឹងជាត្រូវធ្វើអ្វីបន្តទៀតទេ ដ្បិតប្រធានបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបែរទៅរកព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពពិបាក៖ «ព្រោះខ្ញុំមកពីដែនដីបរិសុទ្ធ ខ្ញុំមិនដូចផ្កាឈូកដែលមានតែឈ្មោះប៉ុន្តែគ្មានសារជាតិនោះទេ ព្រោះវាមកពីភក់ មិនមែនដែនដីបរិសុទ្ធនោះទេ»។ ហេតុអ្វីបានជាបន្ទាប់ពីមានព្រះបន្ទូលអំពីសេចក្ដីតម្រូវចំពោះរាស្ត្ររបស់ទ្រង់ហើយ ព្រះជាម្ចាស់ពិពណ៌នាអំពីកំណើតរបស់ទ្រង់ដូច្នេះ? តើវាអាចទៅរួចទេថា មានការជាប់ទាក់ទងរវាងរឿងទាំងពីរនេះ? ពិតជាមានការជាប់ទាក់ទងដែលមានស្រាប់រវាងគ្នាមែន បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងមិនមានបន្ទូលប្រាប់មនុស្សនោះទេ។ ស្លឹកឈូកយោលយោគទៅវិញទៅមកក្នុងចំណោមស្លឹកពណ៌បៃតងក្នុងខ្យល់រំភើយៗ។ វាគួរឱ្យចង់គយគន់ និងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ ក៏ប៉ុន្តែមនុស្សមិនចេះគ្រប់គ្រាន់នឹងវាទេ ហើយច្រាស់ច្រាល់ចង់ហែលទឹកទៅបេះផ្កាឈូក និងមើលវាឱ្យកាន់តែជិត។ ទោះយ៉ាងណា ព្រះជាម្ចាស់មានព្រះបន្ទូលថា ឈូកចេញមកពីភក់ ហើយមានតែឈ្មោះប៉ុណ្ណោះ វាគ្មានសារជាតិទេ វាបង្ហាញថា ព្រះជាម្ចាស់មិនផ្ដល់សារៈសំខាន់ដល់ឈូកនោះទេ ហើយព្រះបន្ទូលរបស់ទ្រង់បញ្ជាក់ច្បាស់ថា ទ្រង់មានការស្អប់ខ្ពើមចំពោះពួកវាពិតមែន។ ឆ្លងកាត់យុគសម័យនានា មនុស្សជាច្រើនបានផ្ដល់ការលើកសរសើរហួសហេតុទៅលើឈូក ពីព្រោះពួកវាងើបចេញពីភាពស្មោកគ្រោកដោយមិនប្រឡាក់ ហើយថែមទាំងដូចជាបញ្ឆិតបញ្ឆៀងថា ឈូកគ្មានអ្វីប្រៀបផ្ទឹមបានទេ និងអស្ចារ្យដល់ថ្នាក់មិនអាចពិពណ៌នាបាន។ ទោះជាយ៉ាងណា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ឈូកគឺឥតតម្លៃទេ ពោលគឺខុសគ្នាច្បាស់ក្រឡែតដូចព្រះជាម្ចាស់និងមនុស្សអ៊ីចឹង។ ដូច្នេះគេអាចឃើញថា ភាពខុសគ្នារវាងព្រះជាម្ចាស់និងមនុស្ស គឺធំធេងដូចចម្ងាយរវាងផ្ទៃមេឃនិងគ្រឹះនៃផែនដី។ ដោយសារតែឈូកចេញមកពីភក់ សារធាតុចិញ្ចឹមដែលវាត្រូវការសុទ្ធតែមកពីទីនោះផងដែរ។ វាគ្រាន់តែថា ផ្កាឈូកចេះក្លែងខ្លួន ដូច្នេះហើយធ្វើឱ្យសប្បាយភ្នែកមើល។ មនុស្សជាច្រើនមើលឃើញតែផ្នែកខាងក្រៅដ៏ស្អាតរបស់ផ្កាឈូកប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់ឃើញថា ជីវិតដែលលាក់បាំងក្នុងខ្លួនគឺស្មោកគ្រោក និងមិនបរិសុទ្ធឡើយ។ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា វាមានតែឈ្មោះប៉ុណ្ណោះតែគ្មានសារជាតិទេ ដែលនេះគឺត្រឹមត្រូវ និងពិតទាំងស្រុង។ តើនេះមិនមែនជាលក្ខណៈពិតប្រាកដនៃរាស្ត្ររបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះទេឬ? ការចុះចូល និងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺរាក់កំផែលប៉ុណ្ណោះ។ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ពួកគេអែបអប និងដើរអួតពីខ្លួនពួកគេដើម្បីធ្វើឱ្យទ្រង់សព្វព្រះហឫទ័យនឹងពួកគេ។ ទោះយ៉ាងណាក៏ដោយ ខាងក្នុងខ្លួនពួកគេញាត់ពេញទៅដោយនិស្ស័យពុករលួយបែបសាតាំង ហើយពោះរបស់ពួកគេពោរពេញទៅដោយភាពមិនបរិសុទ្ធ។ ដូច្នេះហើយទើបព្រះជាម្ចាស់ដាក់សំណួរដល់មនុស្ស ដោយសួរថា តើភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ត្រូវបានធ្វើឱ្យខូចដោយសារភាពមិនបរិសុទ្ធឬទេ ឬថាតើវាបរិសុទ្ធ និងអស់ពីចិត្តដែរឬទេ។ នៅពេលពួកគេធ្វើជាអ្នកស៊ីឈ្នួល មនុស្សជាច្រើនបានលើកសរសើរព្រះជាម្ចាស់តាមពាក្សសម្ដី ប៉ុន្តែបានដាក់បណ្ដាសាទ្រង់នៅក្នុងចិត្តរបស់ពួកគេវិញ។ តាមពាក្យសម្ដីរបស់ពួកគេ ពួកគេថាបានចុះចូលចំពោះព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនបានស្ដាប់បង្គាប់ទ្រង់ទេ។ មាត់របស់ពួកគេនិយាយពាក្យអវិជ្ជមាន ហើយនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានលាក់ពួនការប្រឆាំងនឹងព្រះជាម្ចាស់។ មានទាំងពួកអ្នកដែលមានសកម្មភាពស៊ីសង្វាក់គ្នាទៀតផង៖ ពួកគេបានបញ្ចេញពាក្យអាសគ្រាមតាមមាត់របស់ពួកគេ និងបានឆ្ការដៃឆ្ការជើងរបស់ពួកគេ ដោយប្រព្រឹត្តខុសគន្លងមែនទែន ហើយបានធ្វើការសម្ដែងអារម្មណ៍យ៉ាងរស់រវើកដូចមានជីវិតអំពីទឹកមុខពិតរបស់នាគដ៏ធំមានសម្បុរក្រហម។ មនុស្សបែបនេះពិតជាសមនឹងត្រូវបានហៅថា កូនរបស់នាគដ៏ធំមានសម្បុរក្រហមមែន។ ទោះយ៉ាងណា សព្វថ្ងៃនេះ ពួកគេឈរក្នុងតំណែងជាអ្នកស៊ីឈ្នួលដ៏មានភក្ដីភាព និងធ្វើសកម្មភាពប្រៀបដូចជាពួកគេជាមនុស្សស្មោះត្រង់នឹងព្រះជាម្ចាស់ដោយមិនចេះខ្មាសអៀនសោះ! ទោះយ៉ាងណា នេះគ្មានអ្វីគួរឱ្យឆ្ងល់ទេ ពួកគេចេញមកពីភក់ ដូច្នេះពួកគេមិនអាចជួយអ្វីបានក្រៅតែពីបង្ហាញពណ៌ពិតរបស់ខ្លួននោះទេ។ ដោយសារតែព្រះជាម្ចាស់បរិសុទ្ធ និងវិសុទ្ធ ហើយពិត និងជាក់ស្ដែង សាច់ឈាមរបស់ទ្រង់មកពីព្រះវិញ្ញាណ។ ចំណុចនេះគឺច្បាស់លាស់ និងមិនអាចប្រកែកបាន។ មិនត្រឹមតែអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចលះបង់ព្រះអង្គឯងទាំងស្រុងដល់ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៀតផង៖ ទាំងនេះតំណាងឱ្យផ្នែកមួយនៃសារជាតិរបស់ព្រះជាម្ចាស់។ សាច់ឈាមមកពីព្រះវិញ្ញាណជាមួយរូបអង្គមានន័យថា សាច់ឈាមដែលព្រះវិញ្ញាណគ្រងជាសម្លៀកបំពាក់ព្រះអង្គឯង គឺខុសគ្នាច្បាស់ក្រឡែតពីសាច់ឈាមរបស់មនុស្ស ហើយភាពខុសគ្នានេះស្ថិតក្នុងវិញ្ញាណរបស់ពួកគេជាចម្បង។ អ្វីដែល «ព្រះវិញ្ញាណជាមួយរូបអង្គ» សំដៅដល់នោះគឺ របៀបដែលភាពជាព្រះអាចធ្វើការជាធម្មតាពីខាងក្នុងតាមរយៈការគ្របដណ្ដប់ដោយភាពជាមនុស្សធម្មតា។ នេះមិនមែនជាលក្ខណៈអធិធម្មជាតិអ្វីបន្តិចសោះឡើយ និងមិនត្រូវបានកំណត់ព្រំដែនដោយភាពជាមនុស្សនោះទេ។ «រូបអង្គនៃព្រះវិញ្ញាណ» សំដៅទៅលើភាពជាព្រះពេញលេញ និងមិនត្រូវបានកំណត់ព្រំដែនដោយភាពជាមនុស្ស។ ដូចនេះ រូបអង្គពិត ព្រមទាំងនិស្ស័យដែលជាប់មានតាំងពីដើមមករបស់ព្រះជាម្ចាស់ អាចរស់នៅបានពេញលក្ខណៈក្នុងសាច់ឈាមដែលយកកំណើតជាមនុស្ស ដែលមិនមែនមានតែលក្ខណៈធម្មតា និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឫទ្ធានុភាព និងសេចក្ដីក្រោធផងដែរ។ សាច់ឈាមដែលយកកំណើតជាមនុស្សលើកទីមួយ អាចបង្ហាញត្រឹមតែជាព្រះជាម្ចាស់ដែលមនុស្សអាចនឹកគិតដល់ ពោលគឺ ទ្រង់អាចត្រឹមតែធ្វើទីសម្គាល់ និងការអស្ចារ្យ ហើយថ្លែងពីទំនាយនានាប៉ុណ្ណោះ។ ដូច្នេះ ទ្រង់មិនបានរស់នៅពេញលេញក្នុងភាពជាក់ស្ដែងនៃព្រះជាម្ចាស់ទេ ហើយក៏មិនតំណាងឱ្យព្រះវិញ្ញាណជាមួយរូបអង្គនោះដែរ។ ទ្រង់ត្រឹមតែជាការលេចមកនៃភាពជាព្រះដោយផ្ទាល់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដោយសារតែទ្រង់ល្អលើសភាពជាមនុស្សធម្មតា ទ្រង់មិនត្រូវបានគេហៅថាជាព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គពេញលេញនោះទេ ប៉ុន្តែមានលក្ខណៈបន្តិចបន្តួចនៃព្រះដ៏ស្រពេចស្រពិលនៅលើស្ថានសួគ៌អំពីទ្រង់ ទ្រង់ជាព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់មនុស្ស។ នេះគឺជាភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងសាច់ឈាមទាំងពីរដែលយកកំណើតជាមនុស្ស។
ពីចំណុចខ្ពស់បំផុតក្នុងសកលលោក ព្រះជាម្ចាស់តាមមើលរាល់ចលនារបស់មនុស្សជាតិ និងអ្វីៗទាំងអស់ដែលមនុស្សនិយាយ និងធ្វើ។ ទ្រង់ថែមទាំងសង្កេតមើលគំនិតលាក់បាំងជ្រៅបំផុតទាំងអស់របស់ពួកគេដោយភាពច្បាស់លាស់ដាច់ខាត ដោយមិនដែលមើលរំលងឡើយ ដូចនេះ ព្រះបន្ទូលរបស់ទ្រង់ចាក់ត្រូវចូលក្នុងបេះដូងរបស់មនុស្ស ដោយវាយទៅលើរាល់គំនិតរបស់ពួកគេ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពវៃឆ្លាត និងគ្មានកំហុសឡើយ។ «ទោះបីជាមនុស្ស 'ស្គាល់' ព្រះវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែប្រមាថព្រះវិញ្ញាណរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្សទាំងអស់ ក៏ដូចជាគំនិតលាក់បាំងជ្រៅបំផុតរបស់ពួកគេ ហើយធ្វើឱ្យអ្វីៗទាំងអស់នៅលើផែនដីធ្លាក់ចុះក្រោមការពិនិត្យពិច័យរបស់ខ្ញុំ»។ តាមរយៈការនេះ វាបញ្ជាក់ច្បាស់ថា ទោះបីជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនមានការទាមទារខ្លាំងក៏ដោយ ក៏មនុស្សនៅតែមិនអាចស៊ូទ្រាំនឹងការត្រួតពិនិត្យមើលនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ «យ៉ាងណាមិញ ទោះបីធ្លាក់ចុះក៏ពិតមែន តែដួងចិត្តរបស់ពួកគេមិនហ៊ានងាកចេញឆ្ងាយពីខ្ញុំឡើយ។ ក្នុងចំណោមវត្ថុដែលបានបង្កើតមក តើអ្នកណាដែលមិនមកស្រឡាញ់ខ្ញុំដោយសារតែអំពើរបស់ខ្ញុំ?» នេះបង្ហាញកាន់តែច្បាស់ថែមទៀតអំពីព្រះប្រាជ្ញាញាណ និងសព្វានុភាពដ៏ពេញលេញរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបបើកសម្ដែងឱ្យដឹងពីអ្វីគ្រប់យ៉ាងដែលរាស្ត្ររបស់ព្រះជាម្ចាស់បានគិត នៅពេលពួកគេស្ថិតក្នុងតំណែងជាអ្នកស៊ីឈ្នួល៖ បន្ទាប់ពី «ការជួញដូរ» ដែលបានចប់ដោយបរាជ័យ នោះអ្វីៗ «រាប់រយពាន់» ឬ «រាប់លាន» នៅក្នុងខួរក្បាលរបស់ពួកគេទៅជាអស់រលីង។ តែទោះជាយ៉ាងនេះក្ដី ដោយសារតែបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ និងដោយសារតែឫទ្ធានុភាព ព្រមទាំងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ នោះទោះបីជាពួកគេឈ្ងោកមុខក្នុងទុក្ខព្រួយក៏ដោយ ក៏ពួកគេនៅតែបានបម្រើព្រះជាម្ចាស់ដោយផ្នត់គំនិតអវិជ្ជមានដែរ ហើយរាល់ការអនុវត្តរបស់ពួកគេកាលពីមុនបានក្លាយជាសម្ដីឥតខ្លឹមសារ និងត្រូវបានគេបំភ្លេចចោលទាំងស្រុង។ ផ្ទុយទៅវិញ ដើម្បីឱ្យខ្លួនពួកគេនៅតែសប្បាយរីករាយ ដើម្បីឆ្លងកាត់ ឬចំណាយពេលចោលឥតបានការ ពួកគេបានធ្វើអ្វីៗតាមតែចិត្តឱ្យតែធ្វើឱ្យខ្លួនឯង និងអ្នកផ្សេងទៀតបានសប្បាយ។ ... នេះជាអ្វីដែលបានកើតឡើងពិតប្រាកដក្នុងចំណោមមនុស្ស។ ដូច្នេះ ព្រះជាម្ចាស់បើកចំហដល់មនុស្សដោយមានព្រះបន្ទូលថា «តើអ្នកណាដែលមិនចង់បានខ្ញុំយ៉ាងខ្លាំងដោយសារតែព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាដែលមិនកើតមានអារម្មណ៍ជាប់ចិត្តដោយសារតែសេចក្ដីស្រឡាញ់របស់ខ្ញុំ?» និយាយតាមត្រង់ មនុស្សទាំងអស់សុខចិត្តទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលមិនចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ វាគ្រាន់តែថា ពួកគេមិនអាចអនុវត្តនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ដ្បិតពួកគេត្រូវបានរារាំងដោយនិស្ស័យរបស់ខ្លួន។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ មនុស្សជាច្រើនមិនអាចទ្រាំនៅឃ្លាតពីព្រះបន្ទូលបានទេ ហើយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ផុសឡើងនៅក្នុងខ្លួនពួកគេ។ ដូច្នេះហើយ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់ដាក់បណ្ដាសាសាតាំង ដោយបើកសម្ដែងពីមុខមាត់ដ៏អាក្រក់របស់វាម្ដងទៀត។ «នៅក្នុងយុគនេះសាតាំងបង្កចលាចល និងជិះជាន់យ៉ាងវីវក់» ក៏ជាយុគសម័យដែលព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ជាផ្លូវការនៅលើផែនដីផងដែរ។ បន្ទាប់មក ទ្រង់ចាប់ផ្ដើមកិច្ចការកម្ទេចពិភពលោកចោល។ អាចនិយាយម៉្យាងទៀតបានថា សាតាំងកាន់តែក្រពុលមុខ នោះថ្ងៃរបស់ព្រះជាម្ចាស់នឹងកាន់តែឆាប់មកដល់។ ដូច្នេះ កាលណាព្រះជាម្ចាស់កាន់តែមានព្រះបន្ទូលអំពីភាពព្រៃផ្សៃរបស់សាតាំង នោះថ្ងៃដែលព្រះជាម្ចាស់នឹងកម្ចាត់ពិភពលោកចោលក៏មកកាន់តែជិតដល់ដែរ។ នេះគឺជាការប្រកាសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។
ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលម្ដងហើយម្ដងទៀតថា «... លើសពីនេះទៅទៀត នៅក្រោយខ្នងខ្ញុំ ពួកគេចូលរួមក្នុងទង្វើថោកទាបដែល 'គួរឱ្យស្ងើច' តែម្ដង។ តើអ្នកគិតថា សាច់ឈាមដែលអង្គខ្ញុំសណ្ឋិតនៅ មិនដឹងអ្វីសោះអំពីសកម្មភាពរបស់អ្នក ឥរិយាបថរបស់អ្នក និងពាក្យសម្ដីរបស់អ្នកឬ?» ទ្រង់មិនមែនមានព្រះបន្ទូលបែបនេះតែមួយដង ឬពីរដងនោះទេ។ ហេតុអ្វីបានជាដូច្នេះ? នៅពេលមនុស្សទទួលបានការលួងលោមពីព្រះជាម្ចាស់ និងដឹងអំពីទុក្ខព្រួយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នោះពួកគេងាយស្រួលនឹងបំភ្លេចអតីតកាល នៅពេលពួកគេតស៊ូទៅមុខ។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនអត់ឱនបន្តិចសោះឡើយដល់មនុស្ស៖ ទ្រង់បន្តតម្រង់ទៅលើគំនិតរបស់ពួកគេ។ ដូច្នេះហើយទើបទ្រង់មានបន្ទូលប្រាប់មនុស្សម្ដងហើយម្តងទៀតឱ្យស្គាល់ខ្លួនឯង បញ្ឈប់អបាយមុខ លែងចូលរួមក្នុងទង្វើថោកទាបដែលគួរឱ្យស្ងើចបែបនេះទៀត និងកុំបោកបញ្ឆោតព្រះជាម្ចាស់ក្នុងភាពជាសាច់ឈាមម្ដងទៀតឱ្យសោះ។ ទោះបីជានិស្ស័យរបស់មនុស្សមិនផ្លាស់ប្ដូរក៏ដោយ ក៏មានអត្ថប្រយោជន៍ក្នុងការដាស់តឿនពួកគេពីរបីដងដែរ។ បន្ទាប់ពីនេះ ព្រះជាម្ចាស់មានព្រះបន្ទូលចេញពីទស្សនៈរបស់មនុស្សដើម្បីបើកសម្ដែងពីអាថ៌កំបាំងនៅក្នុងដួងចិត្តរបស់ពួកគេ៖ «ច្រើនឆ្នាំមកហើយដែលខ្ញុំបានស៊ូទ្រាំនឹងព្យុះភ្លៀង ដូច្នោះហើយខ្ញុំក៏បានជួបប្រទះភាពល្វីងជូរចត់នៃពិភពមនុស្សផងដែរ ទោះយ៉ាងនេះក្ដី ដោយមានការឆ្លុះបញ្ចាំងកាន់តែជិតស្និទ្ធ គ្មានការរងទុក្ខណាមួយអាចធ្វើឱ្យភាពជាមនុស្សខាងសាច់ឈាមបាត់បង់ក្ដីសង្ឃឹមលើខ្ញុំឡើយ ហើយរឹតតែមិនអាចមានភាពផ្អែមល្ហែមណាមួយធ្វើឱ្យពួកមនុស្សខាងសាច់ឈាមទៅជាសោះអង្គើយ ខូចចិត្ត ឬបោះបង់ចោលខ្ញុំបានឡើយ។ តើសេចក្ដីស្រលាញ់របស់ពួកគេចំពោះខ្ញុំពិតជាត្រូវបានកំណត់ត្រឹមតែកង្វះការរងទុក្ខ ឬកង្វះភាពផ្អែមល្ហែមមែនទេ?» «អ្វីៗដែលនៅក្រោមព្រះអាទិត្យគឺឥតខ្លឹមសារទេ» ព្រះបន្ទូលទាំងនេះពិតជាមានអត្ថន័យបង្កប់ខាងក្នុងមែន។ ដូច្នេះ ព្រះជាម្ចាស់មានព្រះបន្ទូលថា គ្មានអ្វីអាចធ្វើឱ្យមនុស្សបាត់បង់សេចក្ដីសង្ឃឹមលើទ្រង់ ឬទៅជាសោះអង្គើយដាក់ទ្រង់ឡើយ។ ប្រសិនបើមនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ទេ ពួកគេក៏អាចនឹងស្លាប់ផងដែរ ប្រសិនបើពួកគេមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះការរងទុក្ខរបស់ពួកគេគឺឥតប្រយោជន៍ទេ ឯសុភមង្គលដែលពួកគេមានគឺឥតខ្លឹមសារឡើយ ហើយត្រូវបានបន្ថែមទៅក្នុងអំពើបាបរបស់ពួកគេ។ ដោយសារតែគ្មានមនុស្សសូម្បីតែម្នាក់ស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ទ្រង់មានព្រះបន្ទូលថា «តើសេចក្ដីស្រលាញ់របស់ពួកគេចំពោះខ្ញុំពិតជាត្រូវបានកំណត់ត្រឹមតែកង្វះការរងទុក្ខ ឬកង្វះភាពផ្អែមល្ហែមមែនទេ?» នៅក្នុងពិភពរបស់មនុស្ស តើគេអាចមានអត្ថិភាពដោយគ្មានការរងទុក្ខ ឬភាពផ្អែមល្ហែមបានដោយរបៀបណា? ម្ដងហើយម្ដងទៀត ព្រះជាម្ចាស់មានព្រះបន្ទូលថា «គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះភក្ត្ររបស់ខ្ញុំពិតប្រាកដ ឬធ្លាប់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំពិតប្រាកដឡើយ ដ្បិតមនុស្សមិនស្គាល់ខ្ញុំពិតប្រាកដទេ»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សមិនស្គាល់ទ្រង់ពិតប្រាកដទេ ប៉ុន្តែហេតុអ្វីបានជាទ្រង់ទាមទារឱ្យមនុស្សស្គាល់ទ្រង់? តើនេះមិនមែនជាការផ្ទុយគ្នាទេឬ? រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែមានគោលបំណងជាក់លាក់។ ដោយសារតែមនុស្សទៅជាស្ពឹក ព្រះជាម្ចាស់ប្រើគោលការណ៍ធ្វើកិច្ចការរបស់ទ្រង់ ១០០% តាមរយៈមនុស្ស ដើម្បីឱ្យនៅទីបំផុតកាន់កាប់បាន ០.១ ភាគរយនៃដួងចិត្តរបស់ពួកគេម្នាក់ៗ។ នេះជាវិធីសាស្ត្រដែលព្រះជាម្ចាស់យកមកធ្វើការ ហើយព្រះជាម្ចាស់ត្រូវតែធ្វើសកម្មភាពយ៉ាងដូច្នេះ ដើម្បីសម្រេចគោលដៅរបស់ទ្រង់។ នេះពិតជាព្រះប្រាជ្ញាញាណនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ តើអ្នករាល់គ្នាយល់ពីការនេះទេ?
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលខ្ញុំបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំដោយផ្ទាល់ និងធ្វើឱ្យបំណងហឫទ័យរបស់ខ្ញុំក្នុងភាពជាសាច់ឈាមបានច្បាស់លាស់ អ្នករាល់គ្នាមិនចាប់អារម្មណ៍ទេ អ្នករាល់គ្នាស្ដាប់នូវព្រះសូរសៀង ប៉ុន្តែមិនយល់ពីអត្ថន័យរបស់ព្រះសូរសៀងទេ។ ខ្ញុំត្រូវបានហ៊ុមព័ទ្ធដោយភាពសោកសៅ។ ទោះបីជាខ្ញុំស្ថិតក្នុងសាច់ឈាមក៏ដោយ ក៏ខ្ញុំមិនអាចធ្វើកិច្ចការនៃព័ន្ធកិច្ចខាងសាច់ឈាមបានដែរ»។ ម្យ៉ាង ព្រះបន្ទូលទាំងនេះធ្វើឱ្យមនុស្សផ្ដួចផ្ដើមសហការជាមួយព្រះជាម្ចាស់ដោយសារតែភាពស្ពឹករបស់ពួកគេ ម្យ៉ាងទៀត ព្រះជាម្ចាស់បើកសម្ដែងពីព្រះភក្ត្រពិតនៃភាពជាព្រះរបស់ទ្រង់នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្ស។ ដោយសារមនុស្សមានកម្ពស់តូចពេក ការបើកសម្ដែងអំពីភាពជាព្រះក្នុងអំឡុងពេលដែលព្រះជាម្ចាស់ស្ថិតក្នុងភាពជាសាច់ឈាមលេចមកអាស្រ័យតាមសមត្ថភាពរបស់ពួកគេក្នុងការទទួលយកតែប៉ុណ្ណោះ។ អំឡុងពេលកិច្ចការក្នុងជំហាននេះ មនុស្សភាគច្រើននៅតែមិនអាចទទួលយកបានទាំងស្រុងនោះទេ ដែលនេះគ្រប់គ្រាន់ក្នុងការបង្ហាញថាតើពួកគេមិនចេះស្ដាប់មតិអ្នកដទៃដល់កម្រិតណា។ ដូច្នេះ ក្នុងអំឡុងពេលនៃកិច្ចការនេះ ភាពជាព្រះមិនអនុវត្តមុខងារដើមទាំងអស់របស់ខ្លួនទេ គឺគ្រាន់តែអនុវត្តផ្នែកតូចមួយប៉ុណ្ណោះ។ នេះបង្ហាញថា នៅក្នុងកិច្ចការនាពេលអនាគត ភាពជាព្រះនឹងត្រូវបានបើកសម្ដែងបន្តិចម្តងៗទៅតាមសភាពនៃការងើបឡើងវិញរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ភាពជាព្រះមិនលូតលាស់សន្សឹមៗនោះទេ ផ្ទុយទៅវិញ វាជាអ្វីដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានជារួម ហើយវាមិនដូចកម្ពស់របស់មនុស្សទេ។
មានគោលបំណង និងអត្ថន័យចំពោះការបង្កើតមនុស្សរបស់ព្រះជាម្ចាស់ ពោលគឺ ហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលថា «ប្រសិនបើមនុស្សទាំងអស់ត្រូវបានបំផ្លាញដោយសេចក្ដីក្រោធរបស់ខ្ញុំ តើការបង្កើតផ្ទៃមេឃ និងផែនដីរបស់ខ្ញុំនឹងមានសារៈសំខាន់អ្វីទៅ?» បន្ទាប់ពីមនុស្សត្រូវបានធ្វើឱ្យពុករលួយ ព្រះជាម្ចាស់បានធ្វើផែនការដើម្បីទទួលពួកគេមួយចំណែកសម្រាប់សេចក្ដីរីករាយរបស់ទ្រង់។ វាមិនមែនជាចេតនារបស់ទ្រង់ទេដែលថា មនុស្សទាំងអស់នឹងត្រូវវិនាស ឬក៏ថា ពួកគេនឹងត្រូវបានកម្ទេចចោលទាំងស្រុងនៅពេលមានការបំពានបន្តិចបន្តួចលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ នេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ។ ដូចព្រះជាម្ចាស់បានមានព្រះបន្ទូលថា នោះនឹងគ្មានន័យខ្លឹមសារទេ។ វាច្បាស់ណាស់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឱ្យច្បាស់លាស់ ដោយសារតែ «ភាពគ្មានន័យខ្លឹមសារ» នេះ។ តើវាមិនកាន់តែមានសារៈសំខាន់ខ្លាំងឡើងចំពោះការមានព្រះបន្ទូល និងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់ទេឬ តាមរយៈមធ្យោបាយជាច្រើនដើម្បីវាយផ្ចាល ជំនុំជម្រះ និងវាយទៅលើមនុស្សទាំងអស់ ដោយទីបំផុតជ្រើសរើសតែអស់អ្នកណាដែលស្រឡាញ់ទ្រង់ពិតប្រាកដនោះ? តាមរបៀបនេះ វាច្បាស់ណាស់ថា អំពើរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឱ្យដឹង ដូច្នេះហើយការបង្កើតមនុស្សក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ភាគច្រើនត្រូវបានថ្លែងដើម្បីគ្រាន់តែអណ្ដែតហួសពួកគេប៉ុណ្ណោះ។ នេះគឺដើម្បីសម្រេចគោលដៅ ហើយនេះពិតជាភាពពិតនៃចំណែកមួយនៃព្រះបន្ទូលរបស់ទ្រង់។