ជំពូកទី ២០
ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិទាំងអស់មក ហើយបានដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់សព្វថ្ងៃនេះ។ ដូច្នេះ ព្រះជាម្ចាស់ជ្រាបគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្ស៖ ទ្រង់ជ្រាបពីភាពជូរចត់នៅក្នុងពិភពរបស់មនុស្ស ទ្រង់យល់ពីភាពផ្អែមល្ហែមនៅក្នុងពិភពរបស់មនុស្ស ដូច្នេះហើយបានជារៀងរាល់ថ្ងៃ ទ្រង់ពណ៌នាពីស្ថានភាពជីវិតមនុស្សជាតិទាំងអស់ ហើយជាងនេះទៅទៀត ទ្រង់ដោះស្រាយភាពទន់ខ្សោយ និងសេចក្ដីពុករលួយនៃមនុស្សជាតិទាំងអស់។ វាមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ ដែលមនុស្សទាំងអស់ត្រូវបោះទៅក្នុងបាតរណ្តៅ ឬមនុស្សទាំងអស់ត្រូវបានសង្គ្រោះ។ សកម្មភាពរបស់ព្រះជាម្ចាស់តែងតែមានគោលការណ៍ជានិច្ច ប៉ុន្តែគ្មាននរណាម្នាក់អាចយល់ដឹងពីក្រឹត្យវិន័យទាំងអស់ដែលទ្រង់ធ្វើនោះទេ។ នៅពេលដែលមនុស្សដឹងពីអានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ ព្រះអង្គប្តូររបៀបនិយាយទៅជាសេចក្តីមេត្តាករុណា និងក្តីស្រឡាញ់ភ្លាមៗ ប៉ុន្តែនៅពេលមនុស្សដឹងពីសេចក្តីមេត្តាករុណា និងក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទ្រង់ប្តូររបៀបនិយាយភ្លាមៗម្តងទៀត ដែលធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់ពិបាកនឹងទទួលទានដូចជាសាច់មាន់រស់អ៊ីចឹង។ នៅក្នុងគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានព្រះបន្ទូលសារជាថ្មីនូវអ្វីដែលទ្រង់មានបន្ទូលពីខាងដើមនោះទេ ហើយក៏មិនមានព្រះបន្ទូលរបស់ទ្រង់ណាមួយត្រូវបានមានបន្ទូលដោយផ្អែកលើគោលការណ៍នៃព្រះសូរសៀងកាលពីម្សិលមិញនោះដែរ សូម្បីតែរបៀបនិយាយក៏មិនដូចគ្នាដែរ ហើយខ្លឹមសារក៏មិនទាក់ទងគ្នាដែរ ដែលទាំងអស់នេះ ធ្វើឲ្យមនុស្សមានអារម្មណ៍កាន់តែភ័ន្តច្រឡំ។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់ និងជាការបើកសម្ដែងពីនិស្ស័យរបស់ទ្រង់។ ទ្រង់ប្រើរបៀបនិយាយ និងឥរិយាបថនៃការថ្លែងរបស់ទ្រង់ បំបែកការយល់របស់មនុស្ស ដើម្បីធ្វើឲ្យសាតាំងភ័ន្តច្រឡំ ដោយមិនឲ្យសាតាំងមានឱកាសធ្វើឲ្យខូចទង្វើរបស់ព្រះជាម្ចាស់នោះទេ។ ភាពអស្ចារ្យនៃសកម្មភាពរបស់ព្រះជាម្ចាស់ ធ្វើឲ្យចិត្តរបស់មនុស្សវង្វេងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេកម្រនឹងអាចស្វែងរកទ្វារខាងមុខរបស់គេ ហើយសូម្បីតែពួកគេត្រូវទទួលទាន ឬសម្រាកនៅពេលណា ក៏ពួកគេមិនដឹងដែរ ដូច្នេះហើយពួកគេពិតជាទទួលបាន «ដំណេក និងអាហារដែលបាត់បង់ ដើម្បីចំណាយសម្រាប់ព្រះជាម្ចាស់»។ ប៉ុន្តែ ទោះបីនៅត្រង់ចំណុចនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនសព្វព្រះហឫទ័យស្ថានភាពបច្ចុប្បន្នដែរ ហើយតែងតែខឹងក្រោធជាមួយមនុស្ស ដោយបង្ខំឲ្យគេនាំយកចិត្តដ៏ពិតរបស់គេមកវិញ។ ប្រសិនបើមិនដូច្នោះទេ ពេលដែលព្រះជាម្ចាស់បានបង្ហាញនូវការអត់ឱនដ៏តិចតួច នោះមនុស្សនឹង «ស្តាប់បង្គាប់» ហើយកាន់តែទន់ជ្រាយមួយរំពេច។ នេះគឺជាភាពតូចទាបរបស់មនុស្ស។ គេមិនត្រូវការការលួងលោមនោះទេ ប៉ុន្តែគេត្រូវការការវាយដំ ឬអូសទាញដើម្បីឲ្យគេធ្វើចលនា។ «មនុស្សទាំងអស់ដែលខ្ញុំទតមើល គ្មាននរណាម្នាក់ស្វែងរកខ្ញុំដោយផ្ទាល់ និងដោយផ្ចិតផ្ចង់នោះទេ។ ពួកគេមកនៅចំពោះមុខខ្ញុំដោយសារអ្នកដទៃជំរុញ ធ្វើតាមមនុស្សភាគច្រើនតែប៉ុណ្ណោះ ហើយពួកគេមិនចង់លះបង់ ឬចំណាយពេលដើម្បីបង្កើនជីវិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ»។ ទាំងនេះ ជាស្ថានភាពទាំងអស់នៅលើផែនដី។ ដូច្នេះ បើគ្មានកិច្ចការរបស់ពួកសាវ័ក ឬអ្នកដឹកនាំនោះទេ មនុស្សទាំងអស់បានបែកខ្ញែកតាំងពីយូរមកហើយ ហើយក្នងយុគសម័យជាច្រើន មិនដែលខ្វះពួកសាវ័ក និងពួកហោរាឡើយ។
នៅក្នុងព្រះសូរសៀងទាំងនេះ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ជាពិសេសទៅលើការសង្ខេបស្ថានភាពជីវិតរបស់មនុស្សទាំងអស់។ ព្រះបន្ទូលដូចជា «ជីវិតរបស់មនុស្សមិនមានភាពកក់ក្តៅសូម្បីតែបន្តិច ហើយមិនមានដាននៃមនុស្ស ឬពន្លឺទាល់តែសោះ ប៉ុន្តែពួកគេផ្តេកផ្តួល រស់នៅតាមគុណតម្លៃឥតខ្លឹមសារដែលខ្លួនចង់បានអស់មួយជីវិត ដោយគ្មានទទួលបានអ្វីសោះ។ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ថ្ងៃនៃសេចក្តីស្លាប់ក៏បានចូលមកជិត ហើយមនុស្សស្លាប់ទាំងក្រៀមក្រំ» ទាំងអស់នេះ ចាត់នៅក្នុងប្រភេទនៃស្ថានភាពជីវិតមនុស្សនេះអ្នក។ ហេតុអ្វីបានជាព្រះជាម្ចាស់បាននាំផ្លូវជីវិតរបស់មនុស្សជាតិរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែបើកសម្ដែងពីភាពទទេស្អាតនៃជីវិតនៅក្នុងពិភពមនុស្សទៅវិញ? ហើយហេតុអ្វីបានជាទ្រង់ពណ៌នាជីវិតទាំងមូលរបស់មនុស្សទាំងអស់ជា «ការមកដល់ និងការចាកចេញទាំងតក់ក្រហល់» ទៅវិញ? យើងអាចនិយាយបានថា ទាំងអស់នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ទាំងអស់នេះត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយអាចនិយាយម៉្យាងទៀតថា វាជាការឆ្លុះបញ្ចាំងពីវិធីដែលព្រះជាម្ចាស់ស្អប់របស់ទាំងអស់ លើកលែងតែជីវិតនៅក្នុងភាពជាព្រះ។ ទោះបីជាព្រះជាម្ចាស់បានបង្កើតមនុស្សជាតិទាំងអស់ក៏ដោយ ក៏ទ្រង់មិនដែលសព្វព្រះហឫទ័យពិតប្រាកដ ចំពោះជីវិតរបស់មនុស្សជាតិទាំងអស់ឡើយ ហេតុដូច្នេះ ទ្រង់គ្រាន់តែអនុញ្ញាតឲ្យមនុស្សជាតិមានវត្តមាននៅក្រោមសេចក្ដីពុករលួយរបស់សាតាំងប៉ុណ្ណោះ។ បន្ទាប់ពីមនុស្សជាតិបានឆ្លងកាន់នូវដំណាក់កាលនេះ ទ្រង់នឹងបំផ្លាញ ឬក៏សង្គ្រោះមនុស្សជាតិ ដូច្នេះ មនុស្សនឹងត្រូវទទួលបានជីវិតមួយនៅលើផែនដី ដែលមិនមែនទទេស្អាត។ ទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងសតិសម្បជញ្ញៈរបស់មនុស្ស តែងតែមានបំណងមួយ ដែលធ្វើឲ្យគ្មាននរណាម្នាក់ស្លាប់ទាំងរីករាយ ដោយភាពបរិសុទ្ធនោះទេ ប៉ុន្តែអ្នកដែលទទួលបានបំណងប្រាថ្នានេះ គឺជាមនុស្សនៃជំនាន់ចុងក្រោយ។ សព្វថ្ងៃ មនុស្សនៅតែរស់នៅក្នុងភាពទទេស្អាតដែលមិនអាចត្រឡប់ក្រោយបាន ហើយពួកគេនៅតែរង់ចាំបំណងប្រាថ្នាដែលមើលមិនឃើញ៖ «នៅពេលដែលខ្ញុំយកដៃខ្ទប់មុខរបស់ខ្ញុំ ហើយសង្កត់មនុស្សដែលនៅក្រោមដី ភ្លាមៗនោះពួកគេនឹងមានអារម្មណ៍ថាដកដង្ហើមបានខ្លី ហើយពិបាករស់។ ពួកគេទាំងអស់ស្រែករកខ្ញុំ ដោយខ្លាចថាខ្ញុំនឹងបំផ្លាញពួកគេ ព្រោះថាពួកគេចង់ឃើញថ្ងៃដែលខ្ញុំបានទទួលបានសិរីរុងរឿង»។ ទាំងនេះ គឺជាស្ថានភាពរបស់មនុស្សទាំងអស់នៅពេលបច្ចុប្បន្ននេះ។ ពួកគេទាំងអស់រស់ក្នុង «សុញ្ញកាស» ដែលគ្មាន «អុកស៊ីសែន» ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការដកដង្ហើម។ ព្រះជាម្ចាស់ប្រើបំណងប្រាថ្នានៅក្នុងសតិសម្បជញ្ញៈរបស់មនុស្ស ដើម្បីផ្គត់ផ្គង់ការរស់នៅរបស់មនុស្សជាតិទាំងអស់។ ប្រសិនបើមិនដូច្នោះទេ គ្រប់គ្នានឹង «ចាកចេញពីផ្ទះ ហើយបួសជាសង្ឃ» ជាលទ្ធផល មនុស្សជាតិនឹងវិនាស ហើយនឹងដល់ទីបញ្ចប់។ ដូច្នេះ ដោយសារតែសេចក្តីសន្យាដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ទើបមនុស្សបានរស់រហូតមកដល់សព្វថ្ងៃ។ នេះគឺជាការពិត ប៉ុន្តែមនុស្សមិនដែលរកឃើញក្រឹត្យវិន័យនេះទេ ដូច្នេះហើយ គេមិនដឹងថា ហេតុអ្វីបានជាគេ «ភ័យខ្លាចយ៉ាងខ្លាំងចំពោះសេចក្តីស្លាប់ដែលនឹងមករកគេជាលើកទីពីរ»។ ក្នុងនាមជាមនុស្ស គ្មាននរណាម្នាក់មានភាពក្លាហានដើម្បីរស់នោះទេ ប៉ុន្តែក៏គ្មាននរណាម្នាក់មានភាពក្លាហានដើម្បីស្លាប់នោះដែរ ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា មនុស្ស «ស្លាប់ទាំងជូរចត់»។ នេះជាស្ថានភាពពិតក្នុងចំណោមមនុស្ស។ នៅក្នុងក្តីរំពឹងរបស់ពួកគេ មនុស្សខ្លះប្រហែលជាបានប្រឈមបរាជ័យ ឬគិតចង់ស្លាប់ ប៉ុន្តែគំនិតទាំងនេះមិនដែលបានចេញជាផ្លែផ្កានោះទេ។ ប្រហែលមានអ្នកខ្លះបានគិតអំពីសេចក្តីស្លាប់ ដោយសារតែជម្លោះគ្រួសារ ប៉ុន្តែដោយសារគេនៅខ្វល់ខ្វាយពីមនុស្សដែលពួកគេស្រឡាញ់ ពួកគេនៅតែមិនអាចសម្រេចនូវបំណងប្រាថ្នារបស់ពួកគេបានដដែល។ ហើយប្រហែលជាមានអ្នកខ្លះបានគិតអំពីសេចក្តីស្លាប់ ដោយសារតែភាពរង្គោះរង្គើនៃអាពាហ៍ពិពាហ៍របស់ពួកគេ ប៉ុន្តែពួកគេមិនចង់ឆ្លងកាត់សេចក្តីស្លាប់នោះទេ។ ដូច្នេះ មនុស្សស្លាប់ទាំងកើតទុក្ខ ឬសោកស្តាយគ្មានទីបញ្ចប់នៅក្នុងចិត្តរបស់ពួកគេ។ ទាំងនេះ គឺជាស្ថានភាពផ្សេងៗនៃមនុស្សទាំងអស់។ តាមរយៈការក្រឡេកមើលឲ្យទូលាយទៅពិភពរបស់មនុស្ស យើងឃើញថាមនុស្សមក និងត្រឡប់ទៅវិញនៅក្នុងចរន្ដមួយដែលមិនមានទីបញ្ចប់ ហើយទោះបីជាពួកគេមានអារម្មណ៍ថា នឹងមានក្តីអំណរច្រើននៅក្នុងសេចក្តីស្លាប់ជាងការរស់នៅក៏ដោយ ក៏ពួកគេនៅតែនិយាយតែមាត់ ហើយមិនដែលមាននរណាម្នាក់ធ្វើជាគំរូ ដោយការស្លាប់ និងការត្រឡប់មកនិយាយប្រាប់អ្នកនៅរស់ ពីវិធីដើម្បីរីករាយជាមួយនឹងអំណរនៃសេចក្តីស្លាប់នោះដែរ។ មនុស្សគឺជាអ្នកដែលរងទុក្ខ និងថោកទាប៖ ពួកគេគ្មានភាពអៀនខ្មាស ឬការគោរពខ្លួនឯងនោះទេ ហើយពួកគេតែងតែនិយាយបាតដៃខ្នងដៃ។ នៅក្នុងផែនការរបស់ទ្រង់ ព្រះជាម្ចាស់បានកំណត់មនុស្សមួយក្រុមដែលនឹងរីករាយចំពោះសេចក្តីសន្យារបស់ទ្រង់ ហេតុដូច្នេះទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «វិញ្ញាណជាច្រើនបានរស់នៅក្នុងសាច់ឈាម ហើយវិញ្ញាណជាច្រើនបានស្លាប់ និងបានកើតឡើងវិញនៅលើផែនដី។ ប៉ុន្តែ មិនដែលមានវិញ្ញាណណាមួយមានឱកាសរីករាយនឹងព្រះពររបស់នគរព្រះនាពេលសព្វថ្ងៃនេះទេ»។ អស់អ្នកដែលរីករាយនឹងព្រះពរនៃនគរព្រះបច្ចុប្បន្ននេះ ត្រូវបានកំណត់ដោយព្រះជាម្ចាស់តាំងពីទ្រង់បង្កើតពិភពលោកមកម៉្លេះ។ ព្រះជាម្ចាស់បានរៀបចំសម្រាប់វិញ្ញាណទាំងនេះឲ្យរស់នៅក្នុងសាច់ឈាមក្នុងអំឡុងពេលនៃជំនាន់ចុងក្រោយ ហើយនៅទីបំផុត ព្រះជាម្ចាស់នឹងទទួលយកមនុស្សមួយក្រុមនេះ ហើយរៀបចំពួកគេឲ្យនៅក្នុងស៊ីនីម។ ជារូបធាតុ ដោយសារវិញ្ញាណនៃមនុស្សទាំងនេះគឺជាពួកទេវតា ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «តើពិតជាមិនដែលមានដានរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់មនុស្សមែនឬ?» តាមពិត នៅពេលដែលមនុស្សរស់នៅក្នុងសាច់ឈាម ពួកគេនៅតែមិនដឹងពីកិច្ចការនៃពិភពខាងវិញ្ញាណដដែល។ តាមរយៈព្រះបន្ទូលសាមញ្ញទាំងនេះ «មនុស្សសម្លក់ដាក់ខ្ញុំ» យើងអាចមើលឃើញពីអារម្មណ៍របស់ព្រះជាម្ចាស់។ នៅក្នុងព្រះបន្ទូលសាមញ្ញទាំងនេះនេះ ចិត្តសាស្ត្រដែលពិបាកយល់របស់ព្រះជាម្ចាស់ ត្រូវបានសម្តែងចេញ។ ចាប់ពីពេលបង្កើតរហូតដល់បច្ចុប្បន្ន នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែងតែមានសេចក្តីទុក្ខសោក រួមជាមួយនឹងសេចក្តីក្រោធ និងការកាត់ទោស ដោយសារមនុស្សនៅលើផែនដីមិនអាចយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូចដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «មនុស្សប្រៀបដូចជាបំណែកភ្នំមួយ»។ ប៉ុន្តែព្រះជាម្ចាស់ក៏មានបន្ទូលថា «ថ្ងៃនោះនឹងមកដល់ គឺជាថ្ងៃដែលមនុស្សហែលពីកណ្តាលមហាសមុទ្រដ៏ធំធេងមកខាងខ្ញុំ ដើម្បីឲ្យគេអាចរីករាយរាល់ភាពបរិបូរណ៍នៅលើផែនដី ហើយទុកគ្រោះថ្នាក់ពីការលេបដោយសមុទ្រមួយឡែក»។ នេះគឺជាការសម្រេចបាននូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចពណ៌នាបានថា ជានិន្នាការមួយដែលមិនអាចជៀសវាងបាន ហើយវាបង្ហាញពីការសម្រេចបាននូវកិច្ចការរបស់ព្រះជាម្ចាស់។
នៅពេលដែលនគរព្រះចុះមកផែនដីទាំងស្រុង មនុស្សទាំងអស់នឹងស្តារសភាពដើមរបស់ពួកគេឡើងវិញ។ ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ខ្ញុំរីករាយពីលើកំពូលបល្ល័ង្គរបស់ខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងតារាទាំងពួង។ ពួកទេវតាច្រៀងចំរៀងថ្មី និងរាំបទថ្មីថ្វាយខ្ញុំ។ ភាពបែកបាក់របស់ពួកគេ ឈប់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសម្លេងរបស់ពួកទេវតាយំខ្សឹកខ្សួលនៅចំពោះមុខខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំ ពីការលំបាកតទៅទៀតដែរ»។ នេះបង្ហាញថា ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីរុងរឿងពេញបរិបូរណ៍ គឺជាថ្ងៃដែលមនុស្សរីករាយនឹងការសម្រាករបស់គេហើយមនុស្សមិនប្រញាប់ប្រញាល់ដោយសារការរំខានរបស់សាតាំងតទៅទៀតឡើយ ពិភពលោកលែងដំណើរការទៅមុខទៀត ហើយមនុស្សរស់នៅដោយស្រាកស្រាន្ត ដោយសារតែដួងតារាជាច្រើននៅលើមេឃត្រូវបានកែលម្អជាថ្មី ហើយព្រះអាទិត្យ ព្រះច័ន្ទ តារា និងអ្វីៗផ្សេងទៀត ហើយអស់ទាំងភ្នំ និងទន្លេនៅលើស្ថានសួគ៌ និងផែនដីទាំងអស់ ត្រូវបានផ្លាស់ប្តូរ។ ហើយដោយសារតែមនុស្សបានផ្លាស់ប្តូរ ហើយព្រះជាម្ចាស់ក៏បានផ្លាស់ប្តូរ នោះគ្រប់ទាំងរបស់សព្វសារពើនឹងផ្លាស់ប្តូរដែរ។ នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលនឹងសម្រេចបាននៅទីបញ្ចប់។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការមានព្រះបន្ទូលទាំងនេះ គឺសំខាន់ដើម្បីឲ្យមនុស្សស្គាល់ទ្រង់។ មនុស្សមិនយល់ពីកម្រិតនៃបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានរៀបចំ និងកំណត់ដោយព្រះជាម្ចាស់ផ្ទាល់ ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ជ្រៀតជ្រែកនោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឲ្យមនុស្សចាត់ទុកថា គ្រប់យ៉ាងគឺត្រូវបានរៀបចំដោយទ្រង់ ហើយមិនអាចសម្រេចដោយមនុស្សបានទេ។ ទោះបីជាមនុស្សអាចមើលឃើញ ឬពិបាកក្នុងការស្រមើស្រមៃក៏ដោយ ព្រះជាម្ចាស់តែមួយអង្គគត់ដែលគ្រប់គ្រងអ្វីៗគ្រប់យ៉ាង ហើយព្រះជាម្ចាស់មិនចង់ឲ្យគំនិតដ៏រាក់បំផុតរបស់មនុស្សធ្វើឲ្យខូចរបស់ទាំងនោះទេ។ ព្រះជាម្ចាស់ពិតជានឹងមិនអត់ឱនដល់អ្នកណាដែលចូលរួម សូម្បីត្រឹមតែបន្តិច នោះឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលប្រចណ្ឌនឹងមនុស្ស ហើយជាពិសេសព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ហាក់ដូចជាឆាប់ប្រកាន់ចំពោះរឿងនេះខ្លាំងណាស់។ ដូច្នេះហើយ នរណាក៏ដោយដែលមានបំណងជ្រៀតជ្រែកតែបន្តិច នឹងត្រូវហ៊ុមព័ទ្ធដោយអណ្តាតភ្លើងដែលកំពុងឆេះរបស់ព្រះជាម្ចាស់ ដោយប្រែក្លាយពួកគេទៅជាផេះនៅក្នុងភ្លើង។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យមនុស្សបង្ហាញអំណោយទានរបស់ពួកគេឡើយ ទោះបីជាពួកគេចង់យ៉ាងណាក៏ដោយ ដោយសារតែអស់អ្នកដែលមានអំណោយទានទាំងនោះ គ្មានជីវិតនោះទេ។ អំណោយទានដែលបានកំណត់ទាំងនេះ គឺសម្រាប់តែបម្រើព្រះជាម្ចាស់ប៉ុណ្ណោះ ហើយវាមានដើមកំណើតពីសាតាំង ដូច្នេះព្រះជាម្ចាស់ដែលមិនឯកភាពចំពោះអំណោយទាននេះ មិនសព្វព្រះហឫទ័យចំពោះអំណោយទានទាំងនេះទេ។ ប៉ុន្តែ ជារឿយៗ គឺមនុស្សគ្មានជីវិត ដែលទំនងជាចូលរួមក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយជាងនេះទៀត ការចូលរួមរបស់ពួកគេនៅតែមិនអាចរកឃើញ ដោយសារតែត្រូវបានបំភ័ន្តដោយអំណោយទានរបស់ពួកគេ។ អស់រយៈពេលជាច្រើនសម័យកាលមកនេះ អស់អ្នកដែលទទួលបានអំណោយទាន មិនដែលឈរដោយរឹងមាំនោះទេ ដោយសារតែពួកគេគ្មានជីវិត ហើយខ្វះថាមពលដើម្បីទប់ទល់។ ដូច្នេះ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ប្រសិនបើខ្ញុំមិនមានបន្ទូលដោយត្រង់ទេ មនុស្សនឹងគ្មានថ្ងៃយល់បានឡើយ ហើយគេនឹងធ្លាក់ចូលក្នុងការវាយផ្ចាលរបស់ខ្ញុំដោយមិនដឹងខ្លួន ដោយសារមនុស្សមិនស្គាល់ខ្ញុំនៅក្នុងសាច់ឈាមរបស់ខ្ញុំ»។ សាច់ឈាមទាំងអស់នោះ ត្រូវបានដឹកនាំដោយព្រះជាម្ចាស់ ប៉ុន្តែក៏រស់នៅក្នុងទាសភាពរបស់សាតាំងដែរ ដូច្នេះ មនុស្សមិនដែលមានទំនាក់ទំនងជាប្រក្រតីជាមួយគ្នានោះទេ ទោះបីដោយសារតណ្ហា ឬការស្រឡាញ់ ឬដោយសារការរៀបចំនៃបរិស្ថានរបស់ពួកគេក៏ដោយ។ ទំនាក់ទំនងមិនប្រក្រតីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់ខ្លាំងជាងគេបំផុត ដូច្នេះហើយ ដោយសារតែទំនាក់ទំនងបែបនោះ ទើបព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលដូចនេះ «អ្វីដែលខ្ញុំចង់បានគឺឲ្យសត្តនិករមានជីវិតពេញលេញ មិនមែនជាសាកសពដែលបានស្លាប់ហើយនោះទេ។ ដោយសារខ្ញុំទម្រេតខ្លួនទៅនឹងតុនៃនគរព្រះ នោះខ្ញុំនឹងបញ្ជាមនុស្សទាំងអស់នៅលើផែនដីឲ្យទទួលយកការពិនិត្យរបស់ខ្ញុំ» ចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់គង់នៅពីលើសាកលលោកទាំងមូល រាល់ថ្ងៃទ្រង់សង្កេតមើលគ្រប់សកម្មភាពនៃអស់អ្នកដែលនៅខាងសាច់ឈាម ហើយទ្រង់មិនដែលទតរំលងនរណាម្នាក់នោះទេ។ ទាំងនេះគឺជាទង្វើរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំស្នើឲ្យមនុស្សទាំងអស់ពិនិត្យគំនិត ទស្សនៈ និងសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ខ្ញុំមិនស្នើឲ្យអ្នកធ្វើជាសញ្ញានៃភាពអៀនខ្មាសទៅកាន់ព្រះជាម្ចាស់នោះទេ ប៉ុន្តែជាការសម្តែងឲ្យឃើញពីសិរីរុងរបស់ព្រះជាម្ចាស់ ដែលនៅក្នុងទង្វើ ពាក្យសម្តី និងជីវិតរបស់អ្នករាល់គ្នាវិញ ទើបអ្នកមិនក្លាយជាគោលដៅនៃការនិយាយចំអករបស់សាតាំង។ នេះគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់។