ជំពូកទី ២៤ និង ២៥
បើគ្មានការអានដ៏ផ្ចិតផ្ចង់ទេ នោះវាមិនអាចរកឃើញអ្វីមួយនៅក្នុងព្រះសូរសៀងនៃវេលាពីរថ្ងៃនេះបានឡើយ។ តាមពិត ព្រះសូរសៀងនេះត្រូវបានមានបន្ទូលក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែព្រះជាម្ចាស់បានចែកព្រះសូរសៀងនេះក្នុងរយៈពេលពីរថ្ងៃ។ មានន័យថា ព្រះសូរសៀងក្នុងរយៈពេលពីរថ្ងៃនេះ ផ្គុំទាំងមូលតែមួយទេ ប៉ុន្តែដើម្បីឱ្យមនុស្សងាយស្រួលក្នុងការទទួលយកព្រះសូរសៀងនេះ នោះព្រះជាម្ចាស់បានបែងចែកព្រះសូរសៀងនេះទៅជាពីរថ្ងៃ ដើម្បីផ្ដល់ឱកាសឱ្យមនុស្សដកដង្ហើម។ នេះគឺជាការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ នៅក្នុងគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ មនុស្សទាំងអស់បំពេញតួនាទីរបស់ពួកគេ និងភារកិច្ចរបស់ពួកគេនៅកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ។ វាមិនមែនត្រឹមតែមនុស្សដែលមានវិញ្ញាណរបស់ទេវតាឡើយដែលអាចសហការ អស់អ្នកដែលមានវិញ្ញាណរបស់អារក្ស ក៏អាច «សហការ» ក៏ដូចជាវិញ្ញាណទាំងអស់របស់សាតាំងផងដែរ។ នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ គេមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ពីមនុស្ស។ ព្រះបន្ទូល «ការវាយផ្ចាលរបស់ខ្ញុំត្រូវធ្លាក់លើមនុស្សទាំងអស់ ប៉ុន្តែវាក៏នៅឆ្ងាយពីមនុស្សទាំងអស់ដែរ។ ជីវិតទាំងមូលនៃមនុស្សម្នាក់ៗគឺត្រូវបានបំពេញដោយសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ចំពោះខ្ញុំ» បង្ហាញថា ព្រះជាម្ចាស់ប្រើប្រាស់ការវាយផ្ចាល ដើម្បីគំរាមកំហែងមនុស្សទាំងអស់ ដោយបណ្ដាលឱ្យពួកគេទទួលបាននូវចំណេះដឹងអំពីទ្រង់។ ដោយសារតែសេចក្ដីពុករលួយរបស់សាតាំង និងភាពទន់ខ្សោយរបស់ពួកទេវតា នោះព្រះជាម្ចាស់ប្រើប្រាស់ត្រឹមតែព្រះបន្ទូលប៉ុណ្ណោះ និងមិនប្រើប្រាស់បញ្ញត្តិរដ្ឋបាលឡើយដើម្បីវាយផ្ចាលមនុស្ស។ ចាប់តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ននេះ នេះគឺជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការទទួលស្គាល់ពួកទេវតា និងមនុស្សទាំងអស់។ ដោយសារតែពួកទេវតាគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ នោះថ្ងៃមួយពួកគេនឹងច្បាស់ជាក្លាយជារាស្រ្តនៃនគររបស់ព្រះជាម្ចាស់មិនខាន ហើយនឹងត្រូវបានព្រះជាម្ចាស់ថែរក្សា និងការពារ។ ស្របពេលជាមួយគ្នានេះ អ្នកផ្សេងទាំងអស់ក៏នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទផងដែរ។ គ្រប់វិញ្ញាណអាក្រក់ផ្សេងៗរបស់សាតាំងនឹងត្រូវបានវាយផ្ចាល ហើយគ្រប់គ្នាដែលគ្មានវិញ្ញាណនឹងត្រូវបានត្រួតត្រាដោយពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា «តើការមកដល់នៃថ្ងៃរបស់ខ្ញុំ ពិតជាពេលវេលានៃសេចក្តីស្លាប់របស់មនុស្សមែនទេ? តើខ្ញុំពិតជាអាចបំផ្លាញមនុស្សនៅពេលដែលនគររបស់ខ្ញុំត្រូវបានបង្កើតឬ?» ទោះបីជាទាំងពីរនេះ គឺជាសំណួរដ៏សាមញ្ញក៏ដោយ ក៏សំណួរទាំងពីរនេះគឺជាការរៀបចំរបស់ព្រះជាម្ចាស់ដើម្បីទិសដៅរបស់មនុស្សជាតិទាំងអស់ដែរ។ នៅពេលដែលព្រះជាម្ចាស់យាងមកដល់ នោះគឺជាពេលវេលាដែល «មនុស្សទូទាំងសកលលោកត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ដោយក្បាលសំយុងមកក្រោម»។ នេះគឺជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការលេចមកចំពោះមនុស្សទាំងអស់ ដោយប្រើប្រាស់ការវាយផ្ចាល ដើម្បីធ្វើឱ្យពួកគេស្គាល់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ ដោយសារតែពេលវេលាដែលព្រះជាម្ចាស់យាងមកផែនដី គឺជាយុគសម័យចុងក្រោយ នោះនៅពេលដែលប្រទេសនានានៅលើផែនដី កំពុងតែស្ថិតនៅក្នុងភាពច្របូកច្របល់ខ្លាំងបំផុត ព្រះជាម្ចាស់មានបន្ទូលថា «នៅពេលដែលខ្ញុំយាងចុះមកផែនដី នោះផែនដីគ្របដណ្តប់ដោយភាពងងឹត ហើយមនុស្ស 'ដេកលង់លក់យ៉ាងឆាប់រហ័ស'»។ ដូច្នេះ បច្ចុប្បន្ននេះ គ្មានអ្វីក្រៅពីមនុស្សមួយក្ដាប់តូចប៉ុណ្ណោះ ដែលអាចស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស្ទើរតែគ្មានសោះតែម្ដង។ ដោយសារតែពេលនេះគឺជាយុគសម័យចុងក្រោយ នោះគ្មាននរណាម្នាក់ពិតជាបានស្គាល់ព្រះដ៏ជាក់ស្ដែង ហើយមនុស្សគ្រាន់តែមានចំណេះដឹងសើៗអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ វាដោយសារតែមូលហេតុនេះហើយទើបមនុស្សរស់នៅក្នុងការបន្សុទ្ធដ៏ឈឺចាប់។ នៅពេលដែលមនុស្សចាកចេញពីការបន្សុទ្ធ នោះក៏ជាពេលដែលពួកគេចាប់ផ្ដើមត្រូវបានវាយផ្ចាលផងដែរ ហើយវាជាពេលវេលាដែលព្រះជាម្ចាស់លេចមកចំពោះមនុស្សទាំងអស់ ដើម្បីឱ្យពួកគេអាចសង្កេតមើលទ្រង់ដោយផ្ទាល់។ ដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះមនុស្សធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ហើយមិនអាចដោះខ្លួនចេញបានឡើយ នេះគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះនាគដ៏ធំមានសម្បុរក្រហម ហើយវាគឺជាបញ្ញត្តិរដ្ឋបាលរបស់ទ្រង់។ នៅពេលដែលភាពកក់ក្ដៅនៃរដូវស្លឹកឈើជ្រុះចូលមកដល់ ហើយបុប្ផារីកនៅពេលដែលគ្រប់យ៉ាងនៅខាងក្រោមស្ថានសួគ៌ ត្រូវបានគ្របដណ្ដប់ដោយពណ៌បៃតង ហើយរបស់សព្វសារពើនៅលើផែនដីរួចរាល់ នោះមនុស្សទាំងអស់ និងរបស់សព្វសារពើនឹងចូលទៅក្នុងការវាយផ្ចាលរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ ហើយនៅពេលនោះ កិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់នៅលើផែនដីនឹងបញ្ចប់។ ព្រះជាម្ចាស់នឹងលែងធ្វើកិច្ចការ ឬរស់នៅលើផែនដីទៀតហើយ ដោយសាតែកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានសម្រេច។ តើមនុស្សមិនអាចទុកសាច់ឈាមចោលសម្រាប់រយៈពេលដ៏ខ្លីនេះបានទេឬ? តើអ្វីដែលអាចបំបែកសេចក្ដីស្រឡាញ់រវាងមនុស្សនិងព្រះជាម្ចាស់បាន? តើនរណាអាចទាញបំបែកសេចក្ដីស្រឡាញ់រវាងមនុស្ស និងព្រះជាម្ចាស់បាន? តើជាឪពុកម្ដាយ ស្វាមី បងប្អូនស្រី ភរិយា ឬជាការបន្សុទ្ធដ៏ឈឺចាប់? តើអារម្មណ៍នៃមនសិការអាចលុបបំបាត់រូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សបានទេ? តើសកម្មភាព និងការជាប់ជំពាក់របស់មនុស្សចំពោះគ្នា គឺជាទង្វើផ្ទាល់ខ្លួនរបស់ពួកគេឬ? តើពួកវាអាចដោះស្រាយដោយមនុស្សបានទេ? តើនរណាអាចការពារខ្លួនបាន? តើមនុស្សអាចផ្គត់ផ្គង់ខ្លួនឯងបានទេ? តើនរណាដែលខ្លាំងជាងគេនៅក្នុងជីវិត? តើនរណាអាចចាកចេញពីខ្ញុំ ហើយរស់នៅដោយខ្លួនឯងបាន? ម្ដងហើយម្ដងទៀត ហេតុអ្វីបានជាព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សអនុវត្តកិច្ចការនៃការឆ្លុះបញ្ចាំងពីខ្លួនឯង? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា «តើការលំបាករបស់អ្នកណាដែលត្រូវបានរៀបចំដោយផ្ទាល់ដៃរបស់ពួកគេនោះ?»
នៅពេលបច្ចុប្បន្ននេះ មានយប់ងងឹតទូទាំងពិភពលោក ហើយមនុស្សស្ពឹក និងខ្សោយប្រាជ្ញា ប៉ុន្តែទ្រនិចនាឡិកាតែងតែដើរទៅមុខជានិច្ច នាទី និងវិនាទីមិនឈប់ឡើយ ហើយការបដិវត្តនៃផែនដី ព្រះអាទិត្យ និងព្រះចន្ទរីកចម្រើនយ៉ាងលឿនជាងមុន។ នៅក្នុងអារម្មណ៍របស់ពួកគេ មនុស្សជឿថា ថ្ងៃនោះនៅមិនឆ្ងាយឡើយ។ វាហាក់ដូចជាថ្ងៃចុងក្រោយរបស់ពួកគេ គឺនៅខាងមុខភ្នែករបស់ពួកគេអ៊ីចឹង។ មនុស្សរៀបចំមិនឈប់អំពីអ្វីៗគ្រប់យ៉ាងសម្រាប់ពេលស្លាប់ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីឱ្យវាបម្រើឱ្យគោលបំណងនៃសេចក្ដីស្លាប់របស់ពួកគេ។ ប្រសិនបើមិនដូច្នោះទេ ពួកគេអាចនឹងរស់នៅដោយឥតប្រយោជន៍។ តើបែបនោះ មិនគួរឱ្យសោកស្ដាយទេឬ? នៅពេលដែលព្រះជាម្ចាស់បំផ្លាញពិភពលោកឱ្យវិនាស នោះទ្រង់ចាប់ផ្ដើមដោយការផ្លាស់ប្ដូរនៅក្នុងកិច្ចការក្នុងស្រុករបស់ប្រទេសនានា ដោយចាប់ផ្ដើមពីការកើតឡើងនូវរដ្ឋប្រហារ។ ដូច្នេះ ព្រះជាម្ចាស់ប្រមូលផ្ដុំការបម្រើរបស់មនុស្សទូទាំងពិភពលោក។ ដែនដីដែលនាគដ៏ធំមានសម្បុរក្រហមរង្វេលខ្លួន គឺជាតំបន់តវ៉ា។ នៅក្នុងស្រុក ដោយសារតែមានការបែកបាក់ នោះកិច្ចការក្នុងស្រុកបានធ្លាក់ទៅក្នុងភាពវឹកវរ គ្រប់គ្នាការពារខ្លួនឯង ដោយរៀបចំដើម្បីរត់គេចទៅកាន់ព្រះចន្ទ ប៉ុន្តែតើពួកគេរត់គេចពីការត្រួតត្រារបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា មនុស្សនឹង «ផឹកពីពែងដ៏ល្វីងជូរចត់របស់ពួកគេផ្ទាល់ខ្លួន»។ ពេលវេលានៃការតស៊ូនៅក្នុងស្រុក គឺច្បាស់ជានៅពេលដែលព្រះជាម្ចាស់យាងចាកចេញពីផែនដី។ ព្រះជាម្ចាស់នឹងមិនបន្តស្នាក់នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមឡើយ ហើយនឹងបញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីភ្លាមៗ។ វាអាចនិយាយបានថា ពេលវេលាដើរលឿនណាស់ ហើយគ្មានពេលវេលាច្រើននៅសល់ឡើយ។ ចេញពីសំនៀងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាអាចត្រូវបានគេឃើញថា ព្រះជាម្ចាស់បានមានបន្ទូលរួចហើយ អំពីទិសដៅនៃរបស់គ្រប់យ៉ាងនៅទូទាំងសកលលោក ហើយអាចមើលឃើញថា ទ្រង់គ្មានអ្វីផ្សេងដើម្បីមានបន្ទូលចំពោះអ្វីដែលនៅសល់ឡើយ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បើកសម្ដែងចំពោះមនុស្ស។ វាដោយសារតែគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើតមនុស្ស ទើបទ្រង់មានបន្ទូលថា «នៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ មនុស្សគឺជាអ្នកគ្រប់គ្រងនៃរបស់សព្វសារពើ។ ខ្ញុំបានប្រទានសិទ្ធិអំណាចមិនតិចទេដល់គេ ដោយអនុញ្ញាតឱ្យគេគ្រប់គ្រងរបស់សព្វសារពើនៅលើផែនដី មានដូចជា ស្មៅនៅលើភ្នំ សត្វនៅក្នុងព្រៃ និងត្រីនៅក្នុងទឹក»។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស នោះទ្រង់បានកំណត់ថា មនុស្សនឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើ ប៉ុន្តែមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះហើយ គេមិនអាចរស់នៅតាមដែលគេចង់បានទេ។ ការនេះបាននាំឱ្យមានពិភពលោកនៃបច្ចុប្បន្ននេះ ដែលមនុស្សមិនខុសពីសត្វតិរច្ឆានឡើយ ហើយភ្នំបានចូលលាយឡំជាមួយទន្លេ ដោយមានលទ្ធផលដែល «ជីវិតទាំងមូលរបស់មនុស្ស គឺជាជីវិតនៃការព្រួយបារម្ភ និងការប្រញាប់ប្រញាល់រត់រកក្ដីសប្បាយដែលបានបន្ថែមលើភាពទទេស្អាត»។ ដោយសារតែគ្មានអត្ថន័យចំពោះជីវិតរបស់មនុស្ស និងដោយសារតែនេះមិនមែនជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើតមនុស្ស នោះពិភពលោកទាំងមូលបានក្លាយជាច្របូកច្របល់។ នៅពេលដែលព្រះជាម្ចាស់ដាក់សកលលោកទាំងមូលឱ្យមានសណ្ដាប់ធ្នាប់ នោះមនុស្សទាំងអស់នឹងចាប់ផ្ដើមជាផ្លូវការ ដើម្បីដកយកបទពិសោធនៃជីវិតរបស់មនុស្ស ហើយមានតែដូច្នោះទេ ទើបជីវិតរបស់ពួកគេនឹងចាប់ផ្ដើមមានន័យ។ មនុស្សនឹងចាប់ផ្ដើមប្រើប្រាស់ជាប្រយោជន៍នូវសិទ្ធិអំណាចដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ ហើយពួកគេនឹងលេចមកជាផ្លូវការនៅចំពោះរបស់សព្វសារពើ ក្នុងនាមជាចៅហ្វាយរបស់ពួកវា។ ពួកគេនឹងទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នៅលើផែនដី ហើយនឹងលែងមិនស្ដាប់បង្គាប់ទ្រង់ទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងស្ដាប់បង្គាប់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនាពេលបច្ចុប្បន្ននេះ គឺនៅឆ្ងាយពីការនោះ។ គ្រប់យ៉ាងដែលពួកគេធ្លាប់ធ្វើ គឺ «យកផលប្រយោជន៍» តាមរយៈព្រះជាម្ចាស់ ដូច្នេះហើយទើបព្រះជាម្ចាស់សួរសំណួរជាបន្តបន្ទាប់ ដូចជា «តើកិច្ចការដែលខ្ញុំធ្វើចំពោះមនុស្ស មិនផ្តល់ផលប្រយោជន៍ដល់គេទេឬ?» ប្រសិនបើព្រះជាម្ចាស់មិនសួរសំណួរទាំងនេះទេ នោះគ្មានអ្វីនឹងកើតឡើងឡើយ។ ប៉ុន្តែនៅពេលដែលទ្រង់សួររឿងបែបនេះ នោះមនុស្សមួយចំនួនមិនអាចឈរយ៉ាងរឹងមាំបានទេ ដោយសារតែមានការជាប់ជំពាក់នៅក្នុងមនសិការរបស់ពួកគេ ហើយពួកគេមិនបរិសុទ្ធសម្រាប់ព្រះជាម្ចាស់ឡើយ ប៉ុន្តែបរិសុទ្ធសម្រាប់ខ្លួនឯង។ គ្រប់យ៉ាងទាំងអស់គឺទទេសូន្យ។ ដូច្នេះ មនុស្សទាំងនេះ និង «មនុស្សនៃគ្រប់សាសនា គ្រប់វិស័យនៃសង្គម គ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់សុទ្ធតែដឹងពីភាពទទេស្អាតនៅលើផែនដី ហើយពួកគេទាំងអស់ស្វះស្វែងរកខ្ញុំ និងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំ»។ មនុស្សទាំងអស់ទទូចចង់បានការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់អាចបញ្ចប់សម័យកាលចាស់ដ៏ទទេសូន្យនេះ ប៉ុន្តែពួកគេក៏ភ័យខ្លាចចំពោះការធ្លាក់ចូលក្នុងគ្រោះមហន្តរាយផងដែរ។ ពិភពសាសនាទាំងមូលនឹងត្រូវបានទុកចោលឱ្យនៅកណ្ដោចកណ្ដែងភ្លាមៗ ហើយមនុស្សទាំងអស់មិនបានអើពើឡើយ។ ពួកគេខ្វះភាពពិត ហើយពួកគេនឹងដឹងថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មានភាពស្រពេចស្រពិល និងអរូបី។ មនុស្សគ្រប់ស្រទាប់នៅក្នុងសង្គមក៏នឹងត្រូវបែកបាក់ ហើយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់នឹងចាប់ផ្ដើមធ្លាក់ទៅក្នុងភាពច្របូកច្របល់។ សរុបមក ភាពទៀងទាត់នៃរបស់សព្វសារពើនឹងត្រូវបានញែកដាច់ពីគ្នា គ្រប់យ៉ាងនឹងបាត់បង់ភាពប្រក្រតីរបស់វា ដូច្នេះហើយ មនុស្សក៏នឹងបើកសម្ដែងមុខមាត់ពិតរបស់ពួកគេផងដែរ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «ជាច្រើនលើកច្រើនសា ដែលខ្ញុំបានស្រែករកមនុស្ស ប៉ុន្តែតើមាននរណាម្នាក់ធ្លាប់មានសេចក្តីមេត្តាករុណាឬទេ? តើមាននរណាម្នាក់ធ្លាប់រស់នៅក្នុងភាពជាមនុស្សឬទេ? មនុស្សអាចរស់នៅក្នុងសាច់ឈាម ប៉ុន្តែគេគ្មានភាពជាមនុស្សនោះទេ។ តើគេបានកើតនៅក្នុងនគររបស់សត្វឬ?» ការផ្លាស់ប្ដូរក៏នឹងកើតឡើងចំពោះមនុស្សផងដែរ ហើយដោយសារតែការផ្លាស់ប្ដូរនេះ នោះម្នាក់ៗត្រូវបានចាត់ទៅតាមប្រភេទ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលគ្រាចុងក្រោយ ហើយនេះគឺជាឥទ្ធិពលដែលត្រូវបានសម្រេចដោយកិច្ចការនៃគ្រាចុងក្រោយ។ ព្រះជាម្ចាស់មានបន្ទូលកាន់តែច្បាស់អំពីលក្ខណៈរបស់មនុស្ស ដូច្នេះហើយវាបញ្ជាក់ថាទីបញ្ចប់នៃកិច្ចការរបស់ទ្រង់គឺចូលជិតមកដល់ហើយ ហើយជាងនេះទៅទៀត វាបញ្ជាក់ថា ព្រះជាម្ចាស់កាន់តែលាក់បាំងពីមនុស្ស ដែលធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែរំជើបរំជួល។ កាលណាមនុស្សសង្កេតមើលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេយកចិត្តទុកដាក់កាន់តែតិចចំពោះកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ បញ្ហានេះបញ្ឈប់ពួកគេពីការរំខាន ដូច្នេះ ព្រះជាម្ចាស់ធ្វើកិច្ចការដែលទ្រង់សព្វព្រះទ័យធ្វើ នៅពេលដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់។ នេះគឺជាគោលការណ៍មួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនានា។ កាលណាទ្រង់យកព្រះទ័យទុកដាក់កាន់តែតិចចំពោះភាពទន់ខ្សោយរបស់មនុស្ស នោះបង្ហាញថា ភាពជាព្រះរបស់ព្រះជាម្ចាស់ គឺកាន់តែច្បាស់ ដូច្នេះហើយ ថ្ងៃនៃព្រះជាម្ចាស់គឺកាន់តែខិតជិតមកដល់ហើយ។