តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា គួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង និងការសង្គ្រោះដ៏អស្ចារ្យបំផុត តាមរយៈការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងកិច្ចការនៃផែនការដែលទ្រង់ធ្វើនៅក្នុងអ្នកនាពេលសព្វថ្ងៃនេះ។ ព្រះជាម្ចាស់បានធ្វើឱ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។» អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងទឹកដីនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏គួរឱ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ប្រយោជន៍ឱ្យទ្រង់បានទទួលសិរីល្អតាមរយៈកិច្ចការនេះ និងដើម្បីឱ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការយកឈ្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឱ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះ ដែលអាចរំលេចឱ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ បានជាតាមរយៈទឹកដីដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងទឹកដីដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីល្អ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ក៏ដូចគ្នាដែរ៖ ទ្រង់អាចត្រឹមតែទទួលបានសិរីល្អតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីល្អដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីល្អ និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីល្អ ហើយមួយទៀតគឺកិច្ចការនៃការយកឈ្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់ទទួលសិរីល្អ។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីល្អដ៏លើសលប់ និងជាសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីល្អរបស់ទ្រង់ គឺទីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីល្អរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ គឺច្បាស់ជាបានទទួលផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិចដែលជឿលើព្រះជាម្ចាស់ ព្រោះដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវដំណាក់កាលនៃការទទួលសិរីល្អនៅកន្លែងផ្សេងទៀត ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់មិនអាចនៅទ្រឹងនៅពេលកិច្ចការនេះមានការគាំទ្រពីមនុស្ស និងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឱ្យកិច្ចការនៅដំណាក់កាលនេះ នៅទ្រឹងក្នុងទឹកដីនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវ័ក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវតែមានសេចក្ដីជំនឿយ៉ាងមាំ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលខ្ជាប់ខ្ជួនរហូតអស់ជីវិត។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពពុករលួយរបស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានហេតុផល ដែលបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការដែលមានបទដ្ឋានខ្ពង់ខ្ពស់ និងសេចក្ដីតម្រូវតឹងតែង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីល្អផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឱ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនា ដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ។ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ដោយធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណាក៏ទ្រង់ហ៊ានចំណាយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់។ នៅក្នុងសកលលោកទាំងមូល ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃកិច្ចការនៃការទទួលបានសិរីល្អរបស់ទ្រង់ទេ ថ្ងៃរបស់ទ្រង់គ្មានផ្លូវមកដល់ទេ ព្រះហស្ដរបស់ទ្រង់នឹងមិនចាកចោលរាស្រ្ដរើសតាំងរបស់ទ្រង់ សិរីល្អរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះ គឺជាការបំផ្លាស់បំប្រែអស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ឱ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីល្អរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឱ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះ លើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកមើលឃើញតាមរយៈពាក្យសម្ដីនេះថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាសាមញ្ញណាស់មែនទេ?

ខាង​ដើម៖ ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ

បន្ទាប់៖ អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ