២៥. គំនាបពី គ្រួសារខ្ញុំ៖ បទពិសោធគួររៀនសូត្រ

By Wuwen, Canada

ប្ដីរបស់ខ្ញុំមិនបានរារាំងខ្ញុំទេ ហើយខ្ញុំក៏បានផ្សាយដំណឹងល្អដល់គាត់ផងដែរ។ ប៉ុន្តែ គាត់វក់វីនឹងរឿងរកលុយខ្លាំងពេក ដូច្នេះ គាត់មិនចង់ជឿជាមួយខ្ញុំឡើយ។ ក្រោយមក គាត់សម្គាល់ឃើញខ្ញុំមានឫកពាខុសពីមុនទាំងស្រុង ហើយខ្ញុំចេះទប់អារម្មណ៍បានប្រសើរជាងមុន ដូច្នេះ គាត់បានគាំទ្រដល់ជំនឿខ្ញុំយ៉ាងខ្លាំង។ តែមួយឆ្នាំក្រោយមក គាត់ចាប់ផ្ដើមរារាំងខ្ញុំ។ ថ្ងៃមួយ ពេលគាត់ត្រលប់ពីធ្វើការមកផ្ទះវិញ គាត់បានសួរខ្ញុំថា៖ «តើអូនជឿលើផ្លេកបន្ទោរពីទិសខាងកើត មែនទេ? ថ្ងៃនេះ បងបានជូន ម៉ៃ ទៅផ្ទះ ហើយគាត់ប្រាប់បងថា បព្វជិតនៃពួកជំនុំរបស់គាត់ទាំងអស់ សុទ្ធតែនិយាយថា និកាយនេះមិនមែនជាផ្លូវពិតទេ ថាការអធិប្បាយរបស់និកាយនេះមានអត្ថន័យជ្រាលជ្រៅ និងងាយនាំមនុស្សឱ្យវង្វេងណាស់។ ម៉ៃ ដាស់តឿនបងថា មិនគួរឱ្យអូនស្ដាប់ការអធិប្បាយរបស់ពួកនេះទេ»។ ម៉ៃ គឺជាចៅហ្វាយរបស់គាត់ និងជាអ្នកជឿចាស់វស្សាម្នាក់លើព្រះអម្ចាស់។ គាត់មានទេពកោសល្យខ្លាំងណាស់។ ប្ដីខ្ញុំគោរពគាត់យ៉ាងខ្លាំង។ ខ្ញុំឃើញប្ដីខ្ញុំគិតថា ម៉ៃនិយាយត្រូវ ដូច្នេះ ខ្ញុំក៏ប្រាប់គាត់ថា៖ បងមិនបានយល់ពីបញ្ហាសេចក្តីជំនឿទេ ដូច្នេះ បងមិនអាចថាតែតាមពាក្យគេបាននោះទេ។ គាត់ហាក់ដូចជាអល់អែកបន្ដិច រួចក៏មិនបាននិយាយអ្វីទេ។

បន្ទាប់មក នៅលើកក្រោយ គាត់និយាយធ្ងន់ៗដាក់ខ្ញុំថា៖ «បងបានស្រាវជ្រាវតាមអនឡាញ ឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដារបស់អូន កំពុងត្រូវបក្សកុម្មុយនីស្តវាយបង្ក្រាប។ ហើយមនុស្សនិយាយពីព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងច្រើនថា គាត់ត្រឹមតែជាមនុស្សម្នាក់ប៉ុណ្ណោះ មិនមែនជាព្រះទេ និងថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងតែបោកយកលុយមនុស្ស។ បងមិនអាចឱ្យអូនទៅចូលរួមការជួបជុំជាមួយមនុស្សមកពីពួកជំនុំនោះទៀតឡើយ។ បងខ្លាចអូនចាញ់បោកគេ»។ ពេលឮបែបនេះ ខ្ញុំខឹងយ៉ាងខ្លាំង រួចក៏តបវិញថា៖ «បងមិនធ្លាប់បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាផង ហើយបងក៏មិនបានយល់ពីពួកជំនុំនេះដែរ។ ម៉េចក៏បងអាចវិនិច្ឆ័យតាមអំពើចិត្ត ផ្អែកលើពាក្យចចាមអារ៉ាមតាមអនឡាញបែបនេះទៅកើត? បងដឹងថា គ្រីស្ទបរិស័ទទាំងអស់ជឿលើព្រះអម្ចាស់យេស៊ូវ និងដឹងទៀតថា ទ្រង់ជាព្រះដ៏ពិត។ កាលពី ២០០០ ឆ្នាំមុន ពេលព្រះអម្ចាស់យេស៊ូវកំពុងបំពេញកិច្ចការ ទ្រង់ក៏ត្រូវមនុស្សជាច្រើនថ្កោលទោស និងបដិសេធដែរ។ ពួកគេថា ទ្រង់គ្រាន់តែជាមនុស្សធម្មតា ជាកូនជាងឈើម្នាក់ប៉ុណ្ណោះ។ ពីសម្បកក្រៅ ព្រះអម្ចាស់យេស៊ូវមើលទៅដូចជាមនុស្សធម្មតាម្នាក់មែន តែទ្រង់មានសារជាតិជាព្រះ ហើយទ្រង់អាចសម្ដែងចេញសេចក្តីពិត និងប្រោសលោះមនុស្សជាតិបាន។ ទ្រង់ជាព្រះវិញ្ញាណដែលគ្រងសាច់ឈាម ជាព្រះដ៏ប្រោសលោះមនុស្សជាតិ។ បើយើងស្ដាប់តាមបក្សកុម្មុយនីស្ត និងនិយាយថា អ្នកណាដែលមើលពីសម្បកក្រៅទៅដូចជាមនុស្សធម្មតា មិនមែនជាព្រះជាម្ចាស់ តើនោះក៏មិនមែនបដិសេធព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរទេឬអី? ដូចព្រះអម្ចាស់យេស៊ូវដែរ ព្រះដ៏មានគ្រប់ព្រះចេស្ដាមើលទៅសាមញ្ញមែន ប៉ុន្តែ ទ្រង់អាចសម្ដែងចេញសេចក្តីពិត សម្ដែងចេញព្រះសូរសៀងរបស់ព្រះបាន។ ឥឡូវ អូនបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន។ ព្រះបន្ទូលនោះបើកសម្ដែងពីអាថ៌កំបាំងគ្រប់យ៉ាងអំពីព្រះគម្ពីរ និងប្រាប់យើងពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ ពីរបៀបដែលព្រះជាម្ចាស់សង្រ្គោះមនុស្សជាតិ ពីឫសគល់នៃភាពងងឹត សេចក្ដីអាក្រក់គ្រប់យ៉ាងនៅក្នុងពិភពលោកយើង និងពីការពិតអំពីសេចក្តីពុករលួយរបស់មនុស្ស។ ព្រះបន្ទូលទាំងនោះ ក៏បង្ហាញផ្លូវដើម្បីរួចពីបាប ផ្លូវទទួលបានការសង្រ្គោះពីព្រះជាម្ចាស់ និងបានចូលក្នុងនគរស្ថានសួគ៌។ គ្មាននរណាម្នាក់អាចសម្ដែងចេញសេចក្តីពិតទាំងនេះបានទេ មិនថាគេល្បីល្បាញ ឬធំអស្ចារ្យបែបណាឡើយ។ តើមនុស្សអាចសម្ដែងចេញសេចក្តីពិតអ្វីខ្លះទៅ? តើនរណាអាចធ្វើកិច្ចការប្រោសលោះ និងកិច្ចការសង្គ្រោះបានទៅ? គឺគ្មានទេ។ នេះជាភស្តុតាងបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាព្រះដែលយកកំណើតជាមនុស្ស ដែលយាងមករកមនុស្សជាតិមែន»។ ខ្ញុំក៏ប្រាប់គាត់ដែរថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មិនដែលអំពាវនាវសុំប្រាក់តង្វាយនោះទេ។ សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ក្បាល ត្រូវបានចែកជូនដោយឥតគិតថ្លៃ។ ការអះអាងរបស់បក្សកុម្មុយនីស្តចិនថា ពួកជំនុំចង់បានលុយរបស់គេនោះ គឺជាពាក្យមួលបង្កាច់សុទ្ធសាធ។ ខ្ញុំប្រាប់គាត់ថា គាត់មិនអាចចាញ់បញ្ឆោតពាក្យកុហកទាំងនោះទេ។ គាត់បានដើរចេញ ដោយមិននិយាយអ្វីមួយម៉ាត់ឡើយ។

ក្រោយពេលម្ដងនោះ ពេលខ្ញុំត្រលប់ពីផ្សាយដំណឹងល្អវិញ គាត់បាននិយាយដាក់ខ្ញុំទាំងមួម៉ៅថា៖ «បងទើបតែឃើញបក្សនិយាយតាមអនឡាញថា មនុស្សក្នុងពួកជំនុំរបស់អូន កំពុងបោះបង់គ្រួសារខ្លួនឯង។ ថ្មីៗនេះ អូនចេញទៅក្រៅច្រើនណាស់។ តើអូនត្រៀមខ្លួនចេញពីផ្ទះមែនទេ?» ខ្ញុំថា៖ «ខ្ញុំមើលថែផ្ទះយើងបានយ៉ាងល្អ។ បងអាចនិយាយអ៊ីចឹងទៅរួចដែរ? ខ្ញុំចេញទៅផ្សាយដំណឹងល្អ ដើម្បីឱ្យមនុស្សដឹងថា ព្រះអង្គសង្រ្គោះបានយាងមកហើយ ហើយពួកគេអាចទទួលយកសេចក្តីសង្រ្គោះពីទ្រង់បាន។ បងបានឃើញហើយថា មនុស្សកាន់តែពុករលួយខ្លាំងឡើងគ្រប់ពេល ដោយដើរតាមនិន្នាការអាក្រក់ និងរស់នៅក្នុងអំពើបាប។ មើលតែមិត្តភក្តិបងចុះ ពួកគាត់គ្រប់គ្នាសុទ្ធតែលេងល្បែងស៊ីសង ឬលេងស្រី។ តើមានម្នាក់ណាដែលមានសីលធម៌ល្អទេ? ពិភពលោកបានប្រែក្លាយជាអាក្រក់ខ្លាំង។ គ្រប់គ្នាបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយសេចក្តីពុករលួយក៏ឡើងដល់កំពូលដែរ។ ព្រះគម្ពីរទាយទុកអំពីគ្រោះមហន្តរាយដ៏ធំនៅគ្រាចុងក្រោយ ដែលនឹងលុបបំបាត់មនុស្សជាតិពុករលួយទាំងអស់ចេញ។ ឥឡូវ គ្រោះមហន្តរាយកំពុងតែកើនឡើងហើយ។ មានតែអ្នកដែលទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះដ៏មានគ្រប់ព្រះចេស្ដា និងកម្ចាត់អំពើបាប និងសេចក្តីពុករលួយប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចការពារពួកគេឱ្យឆ្លងផុតគ្រោះមហន្តរាយនោះ និងចូលក្នុងនគរទ្រង់បាន។ ពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា យល់ពីភាពបន្ទាន់ដែលព្រះជាម្ចាស់ចង់សង្រ្គោះមនុស្ស ហើយយើងសុខចិត្តលះបង់ការសប្បាយខាងសាច់ឈាម ព្យាយាមផ្សាយ និងធ្វើបន្ទាល់ពីដំណឹងល្អនៃនគរព្រះ។ នេះជាការធ្វើតាមព្រះទ័យព្រះ។ វាគឺជាសេចក្ដីសុចរិត និងជាការធ្វើអំពើល្អ! ប៉ុន្តែ បក្សកុម្មុយនីស្តមិនឱ្យមនុស្សមានជំនឿ ផ្សាយដំណឹងល្អ ឬធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ ហើយវាកំពុងចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទយ៉ាងខ្លាំង។ ហេតុនេះហើយ គ្រីស្ទបរិស័ទជាច្រើន ត្រូវបង្ខំចាកចេញពីគ្រួសាររបស់ពួកគេ មិនអាចត្រលប់មកវិញបាន។ អ្នកខ្លះថែមទាំងត្រូវគេចាប់ខ្លួនដាក់គុក ឬធ្វើទុក្ខបុកម្នេញដល់ស្លាប់ទៀតផង។ តើទាំងអស់នេះមិនមែនសុទ្ធតែមកពីការបៀតបៀនរបស់បក្សកុម្មុយនីស្តចំពោះគ្រីស្ទបរិស័ទទេឬ? ប៉ុន្តែ ពួកគេបែរជាបន្ទោសជនរងគ្រោះ ដោយថាពួកអ្នកជឿព្រះ បោះបង់គ្រួសាររបស់ខ្លួនទៅវិញ។ តើនោះមិនមែនជាការបំភ្លៃការពិត ធ្វើឱ្យខ្មៅក្លាយជាសទេឬ? ការមានជំនឿ គឺជារឿងត្រឹមត្រូវ និងសមស្រប។ នៅជុំវិញពិភពលោកនេះ មានអ្នកជឿព្រះជាច្រើន។ តើនៅកន្លែងណាដែលជំនឿកំពុងបំផ្លាញគ្រួសារនោះ? បក្សកុម្មុយនីស្តចិនអាក្រក់ណាស់ វាមិនចេះធ្វើអ្វីក្រៅពីនិយាយកុហកទេ។ ប៉ុន្តែ បងមិនបានស្អប់ខ្ពើមបក្សទេ បងបែរជាជឿពាក្យកុហករបស់បក្សទៅវិញ។ បងបែរជានិយាយតាមបក្សថា ពួកយើងកំពុងបោះបង់គ្រួសារខ្លួនឯងចោល។ តើបងមិនចេះវែកញែករវាងត្រូវ និងខុសទេឬ?» គាត់បានជឿពាក្យកុហករបស់បក្សកុម្មុយនីស្តចិន ដូច្នេះ គាត់មិនស្ដាប់ខ្ញុំទេ។ គាត់និយាយទាំងខឹងសម្បាថា៖ «បងមិនខ្វល់ទេ។ ជឿអ្វីផ្សេងបាន តែហាមជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា»។ ពេលឃើញគាត់ប្រកាន់ជំហរបែបនេះ ខ្ញុំស្រាប់តែមានអារម្មណ៍ខ្លាចខ្លះដែរ។ យើងបានរៀបការជាមួយគ្នាជាងដប់ឆ្នាំហើយ ហើយយើងបានហែលឆ្លងរឿងរ៉ាវជាច្រើនជាមួយគ្នា។ យើងតែងតែពិភាក្សាគ្នាគ្រប់រឿង និងគាំទ្រគ្នាជានិច្ច មិនដែលមានទំនាស់អ្វីធំដុំទេ។ ពេលឃើញគាត់មួម៉ៅដាក់ខ្ញុំខ្លាំងបែបនេះ ព្រោះតែជំនឿខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំពិតជាពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានអធិស្ឋានស្ងាត់ៗ ទូលសុំឱ្យព្រះណែនាំខ្ញុំឱ្យបានយល់ពីព្រះទ័យទ្រង់។ ក្រោយពីអធិស្ឋានរួច ខ្ញុំបាននឹកចាំសម្រង់ព្រះបន្ទូលមួយនេះ៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលនេះជួយឱ្យខ្ញុំយល់ថា ពីសម្បកក្រៅ មើលទៅដូចជាប្ដីខ្ញុំកំពុងរារាំងជំនឿខ្ញុំអ៊ីចឹង តែតាមពិត គឺមានការជ្រៀតជ្រែកពីសាតាំងនៅពីក្រោយរឿងនេះ។ សាតាំងចង់គ្រប់គ្រង និងត្រួតត្រាមនុស្សជារៀងរហូត។ វាមិនចង់ឱ្យខ្ញុំចូលមកចំពោះព្រះ និងថ្វាយបង្គំទ្រង់ទេ ដូច្នេះ វាកំពុងព្យាយាមរកគ្រប់វិធី ដើម្បីរារាំងខ្ញុំ ដោយប្រើពាក្យកុហក និងពាក្យចចាមអារ៉ាមតាមអនឡាញ ដើម្បីឱ្យប្ដីខ្ញុំយល់ច្រឡំ ព្យាយាមប្រើគាត់មករារាំងផ្លូវខ្ញុំ ដើម្បីឱ្យខ្ញុំបោះបង់ផ្លូវពិត និងក្បត់ព្រះជាម្ចាស់ ព្រោះតែមនោសញ្ចេតនាដែលខ្ញុំមានចំពោះគាត់។ សាតាំងពិតជាអាក្រក់ និងទុច្ចរិតពេកហើយ! ពេលដឹងបែបនេះ ខ្ញុំបានតាំងចិត្តថា មិនថាសាតាំងធ្វើបែបណាទេ ខ្ញុំនឹងរក្សាជំនឿខ្ញុំ និងដើរតាមព្រះជាម្ចាស់ ហើយមិនចុះញ៉មនឹងសាតាំងជាដាច់ខាត! ដូច្នេះ ខ្ញុំប្រាប់គាត់ថា៖ «អូនជឿ និងដើរតាមព្រះជាម្ចាស់។ វាជាផ្លូវត្រឹមត្រូវ។ នេះជាជម្រើសរបស់អូន ហើយបងគ្មានសិទ្ធិមកជ្រៀតជ្រែកឡើយ!» គាត់ដើរចេញទាំងខឹង គ្មាននិយាយអ្វីមួយម៉ាត់។

ថ្ងៃមួយ គាត់ឃើញខ្ញុំកំពុងស្ដាប់បទទំនុកតម្កើងចេញពីព្រះបន្ទូលព្រះ។ មុខគាត់ឡើងក្រញ៉ូវ រួចគាត់និយាយទាំងខឹងថា៖ «ខ្ញុំប្រាប់ឯងកុំឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ម៉េចក៏ឯងមិនព្រមស្ដាប់អ៊ីចឹង? បងមៃ ជាអ្នកជឿព្រះយូរឆ្នាំហើយ គាត់ជាគ្រីស្ទបរិស័ទជឿស៊ប់ម្នាក់។ គាត់ប្រាប់ខ្ញុំថា ផ្លេកបន្ទោរពីទិសខាងកើត មិនមែនជាផ្លូវពិតទេ ដូច្នេះ បើឯងចង់ជឿលើព្រះ ទៅពួកជំនុំរបស់បង ម៉ៃ ទៅ។ ពួកជំនុំនោះធំ និងល្បីទៀតផង។ ខ្ញុំនឹងចូលរួមថ្វាយបង្គំព្រះជាមួយឯងរាល់អាទិត្យ ហើយបងម៉ៃអាចសុំឱ្យគ្រូគង្វាលគាត់និយាយជាមួយឯងបាន»។ ខ្ញុំប្រាប់គាត់ថា៖ «ម៉េចក៏បងជឿជាក់លើសម្ដីរបស់បង ម៉ៃ ខ្លាំងម៉្លេះ? ម៉េចក៏ឱ្យតម្លៃគ្រូគង្វាលទាំងនោះខ្លាំងម្ល៉េះ? បងគ្រាន់តែឃើញថា គ្រូគង្វាលទាំងនោះ មានលក្ខណៈសម្បត្តិ និងល្បីល្បាញប៉ុណ្ណោះ ប៉ុន្តែ បងមិនខ្វល់ថាពួកគេអធិប្បាយពីរឿងអ្វីឡើយ។ បើមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ពួកគេនឹងគ្មានការទំនុកបម្រុងពីសេចក្តីពិតឡើយ។ ពួកគេគ្រាន់តែនិយាយពីចំណេះដឹងព្រះគម្ពីរ ជារឿងចាស់ដដែលៗប៉ុណ្ណោះ។ ពួកគេមិនអាចពន្យល់ពីរបៀបអនុវត្តព្រះបន្ទូលព្រះអម្ចាស់ ឬរបៀបដោះស្រាយអំពើបាបរបស់មនុស្សបានទេ។ ការចូលរួមជាមួយពួកជំនុំនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំទេ។ ខ្ញុំពេញចិត្តនឹងការជួបជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការជួបជុំមានការទំនុកបម្រុង។ រាល់ការជួបជុំ ធ្វើឱ្យខ្ញុំយល់ពីសេចក្តីពិតបានកាន់តែច្រើន ហើយខ្ញុំរៀនពីរបៀបរស់នៅក្នុងភាពជាមនុស្សធម្មតា។ បងខ្លួនឯងក៏និយាយថា ឃើញខ្ញុំមានការផ្លាស់ប្ដូរមួយចំនួន ចាប់តាំងពីខ្ញុំជឿមក។ ចុះហេតុអ្វីក៏បងមិនទទួលយកការពិតនេះ តែបែរជាទទូចជឿលើពាក្យកុហករបស់បក្សកុម្មុយនីស្តចិន និងរារាំងផ្លូវខ្ញុំទៅវិញ?» គាត់គ្មានអ្វីប្រកែកនឹងចំណុចនេះ ដូច្នេះគាត់បានត្រឹមគំរាមខ្ញុំថា៖ «ឯងមិនព្រមស្ដាប់ខ្ញុំសោះ។ បើឯងនៅតែទទូចជឿទៀត ឯងត្រូវប្រគល់លុយ និងកុងធនាគាររបស់ឯងទាំងអស់មកឱ្យខ្ញុំ ហើយឯងត្រូវផ្ទេរកម្មសិទ្ធិផ្ទះដាក់ឈ្មោះខ្ញុំ»។ ពេលឮគាត់និយាយបែបនេះ ដូចជាយកកាំបិតចាក់បេះដូងខ្ញុំអ៊ីចឹង។ ក្នុងជីវិតអាពាហ៍ពិពាហ៍យើងទាំងមូល ខ្ញុំបានសន្សំសំចៃ និងខំធ្វើការយ៉ាងខ្លាំង ដើម្បីរកលុយ។ ការបង់រំលស់ផ្ទះជាមួយគ្នា មិនមែនជារឿងស្រួលទេ។ ខ្ញុំមិនហ៊ានទាំងទិញខោអាវថ្មីសម្រាប់ខ្លួនសូម្បីតែមួយក៏គ្មានផង។ ដើម្បីផ្ទះនេះ ខ្ញុំបានរិះថាំខ្លាំងណាស់។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលឮគាត់និយាយសម្ដីគ្មានចិត្តបែបនេះដាក់ខ្ញុំ។ តើទំនាក់ទំនងយើងប៉ុន្មានឆ្នាំមកនេះ ត្រូវដើរដល់ផ្លូវទ័ល ព្រោះតែជំនឿរបស់ខ្ញុំឬ? បើខ្ញុំគ្មានលុយ គ្មានទ្រព្យសម្បត្តិអ្វីទេ តើខ្ញុំនឹងត្រូវធ្វើបែបណា បើគាត់បណ្ដេញខ្ញុំចេញពីផ្ទះនោះ? ខ្ញុំមានអារម្មណ៍ដូចគេយកកាំបិតមកឆ្កៀលបេះដូងខ្ញុំអ៊ីចឹង។ ខ្ញុំបានចូលទៅយំនៅក្នុងបន្ទប់គេង ដោយអធិស្ឋានទៅព្រះជាម្ចាស់ ទាំងទឹកភ្នែកថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំឈឺចាប់ និងមានអារម្មណ៍ទន់ខ្សោយណាស់។ ទូលបង្គំមិនដឹងថាត្រូវឆ្លងកាត់រឿងនេះដោយរបៀបណាទេ។ សូមជួយណែនាំទូលបង្គំឱ្យយល់ពីព្រះទ័យទ្រង់ផង»។

ពេលនោះ ខ្ញុំបាននឹកគិតដល់បន្ទូលព្រះខ្លះថា៖ «កាលពីអតីតកាល មនុស្សទាំងអស់មករកព្រះជាម្ចាស់ដើម្បីធ្វើការប្ដេជ្ញាចិត្ដរបស់ពួកគេ ហើយពួកគេនិយាយថា៖ 'ទោះបីគ្មានអ្នកណាផ្សេងស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់ដែរ'។ តែឥឡូវនេះ ការបន្សុទ្ធកើតឡើងលើអ្នក ហើយដោយសារការនេះមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកក៏បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់។ តើសេចក្ដីស្រឡាញ់នេះពិតឬអត់? អ្នកបានអានជាច្រើនដងហើយអំពីការប្រព្រឹត្តិរបស់យ៉ូប តើអ្នកបានភ្លេចអំពីការប្រព្រឹត្តិទាំងនោះទេឬ? សេចក្ដីស្រឡាញ់ពិតអាចលេចចេញជារូបរាងបានពីសេចក្ដីជំនឿ។ អ្នកបណ្ដុះសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ហើយតាមរយៈជំនឿរបស់អ្នក អ្នកអាចគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធជាក់ស្តែងរបស់អ្នក ហើយវាក៏តាមរយៈសេចក្ដីជំនឿ ដែលអ្នកបោះបង់ចោលសាច់ឈាមរបស់អ្នកផ្ទាល់ ហើយស្វែងរកជីវិត។ នេះគឺជាអ្វីដែលមនុស្សគប្បីធ្វើ។ ប្រសិនបើអ្នកធ្វើការនេះ ពេលនោះអ្នកនឹងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកខ្វះសេចក្ដីជំនឿ នោះអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬទទួលបទពិសោធពីកិច្ចការរបស់ទ្រង់ឡើយ» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបានប្រទានកម្លាំងខ្លះដល់ខ្ញុំ។ ពេលប្រឈមនឹងការគាបសង្កត់ និងការលំបាក អ្វីដែលព្រះចង់បាន គឺជាជំនឿ និងក្ដីស្រឡាញ់ពិតប្រាកដ។ មិនថាយើងនឹងត្រូវឆ្លងកាត់រឿងរ៉ាវអ្វី ឬត្រូវរងទុក្ខខ្លាំងបែបណាទេ យើងមិនអាចឃ្លាតចេញពីទ្រង់បានឡើយ។ ខ្ញុំដឹងថា ខ្ញុំមានសំណាងណាស់ដែលបានឮព្រះសូរសៀងព្រះនៅគ្រាចុងក្រោយ។ ការដែលអាចទទួលស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ការធ្វើបន្ទាល់ពីការលេចមករបស់ព្រះ និងការទទួលបានការទំនុកបម្រុងពីគ្រប់ទាំងសេចក្តីពិត ដែលព្រះសម្ដែងចេញមក គឺសុទ្ធតែជាក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ។ ការរងទុក្ខ ដើម្បីដើរតាមព្រះគ្រីស្ទ មានតម្លៃ និងមានន័យ។ នោះគឺដើម្បីសេចក្តីសុចរិត។ ខ្ញុំបានគិតដល់ពីពួកសាវ័ក និងពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានដើរតាមព្រះ និងធ្វើបន្ទាល់ថ្វាយទ្រង់។ ពួកគេត្រូវបានរដ្ឋាភិបាលរ៉ូមធ្វើទុក្ខបុកម្នេញយ៉ាងព្រៃផ្សៃ ហើយត្រូវអ្នកដឹកនាំសាសនាថ្កោលទោស និងគាបសង្កត់។ អ្នកខ្លះថែមទាំងត្រូវរងទុក្ខយ៉ាងខ្លាំងដើម្បីព្រះអម្ចាស់ ដោយលះបង់ជីវិតរបស់ខ្លួនទៀតផង។ ទុក្ខវេទនាបន្តិចបន្តិចដែលខ្ញុំកំពុងជួបសព្វថ្ងៃនេះ មិនអាចប្រៀបស្មើនឹងអ្វីដែលពួកបរិសុទ្ធនៅយុគសម័យនោះទាំងមូល បានឆ្លងកាត់ឡើយ។ ខ្ញុំមិនគួរអាណិតខ្លួនឯងទេ តែត្រូវរៀនសូត្រពីវាវិញ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែដើរតាមព្រះជាម្ចាស់ដល់ទីបំផុត។ ពេលគិតបែបនេះ ខ្ញុំបានជូតទឹកភ្នែក ដើរចេញពីបន្ទប់ រួចនិយាយទៅប្ដីខ្ញុំថា៖ «យើងបានរៀបការជាមួយគ្នាជាងដប់ឆ្នាំហើយ ហើយខ្ញុំក៏បានធ្វើរឿងជាច្រើនសម្រាប់គ្រួសារនេះដែរ។ ឥឡូវ បងចង់យកលុយ និងទ្រព្យសម្បត្តិទាំងអស់ពីអូន ចង់យកលុយមកត្រួតខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំបោះបង់ផ្លូវពិត។ ខ្ញុំមិនស្ដាប់តាមបងទេ។ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់!» ពេលឮខ្ញុំនិយាយបែបនេះ គាត់ខឹងយ៉ាងខ្លាំង។ គាត់ដូចជាបាត់បង់សតិអ៊ីចឹង គាត់បានកញ្ឆក់ម៉ាស៊ីន MP3 ពីខ្ញុំ រួចហែករបស់របរផ្ទាល់ខ្លួនខ្ញុំចោលទាំងអស់។ គាត់បានយកឯកសារអត្តសញ្ញាណរបស់ខ្ញុំ និងគ្រឿងអលង្ការទាំងអស់ពីខ្ញុំ រួមទាំងកាតធនាគារ និងប្រាក់ផងដែរ។ បន្ទាប់មក គាត់កញ្ឆក់ទូរស័ព្ទពីខ្ញុំ បោកវាទៅលើឥដ្ឋមួយទំហឹង រួចយកកូនកៅអីមកវាយទូរស័ព្ទនោះខ្ទេចអស់។ ធ្វើបែបនេះ គាត់កំពុងព្យាយាមកាត់ផ្ដាច់ទំនាក់ទំនងរបស់ខ្ញុំទាំងអស់ជាមួយពិភពខាងក្រៅ។

ក្រោយមក គាត់បានទូរស័ព្ទហៅឪពុកម្ដាយ បងប្អូនស្រី និងប្អូនថ្លៃរបស់ខ្ញុំឱ្យមកផ្ទះយើង រួចពួកគាត់ព្រួតគ្នារិះគន់ខ្ញុំ។ បងប្អូនស្រីៗរបស់ខ្ញុំបានឃើញពាក្យមួលបង្កាច់គ្រប់បែបយ៉ាងនៅលើអនឡាញ ដែលបក្សកុម្មុយនីស្តបានប្រឌិតឡើងអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបង្ហាញខ្ញុំអំពីករណីចាវយ័ន ដែលបក្សកុម្មុយនីស្តបានរៀបចំឡើង។ ខ្ញុំនិយាយថា៖ «ខ្ញុំដឹងរឿងទាំងអស់នេះរួចហើយ។ ករណីចាវយ័ន ត្រូវបានកាត់ក្ដីដោយតុលាការបក្សកុម្មុយនីស្តចិន ហើយជនសង្ស័យទាំងនោះ មិនបាននិយាយថា ពួកគេជាបក្សពួកនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ ពួកគេបាននិយាយយ៉ាងច្បាស់នៅតុលាការថា ពួកគេមិនដែលមានទំនាក់ទំនងជាមួយពួកជំនុំនេះទេ តែបក្សកុម្មុយនីស្តវិនិច្ឆ័យដោយទទូចថា ពួកគេជាសមាជិកពួកជំនុំទៀត។ តើនោះមិនមែនជាការគប់គិតទម្លាក់កំហុសលើពួកជំនុំទេឬ? តើនោះមិនមែនជាករណីក្លែងក្លាយដែលពួកគេបង្កើតឡើងទេឬ? ទាំងអស់គ្នាសុទ្ធតែដឹងថា បក្សកុម្មុយនីស្តមិនជឿព្រះទេ ហើយតាំងពីបក្សកាន់អំណាចមកបក្សបានបៀតបៀនជំនឿសាសនា។ តើគ្រប់គ្នាអាចជឿសម្ដីដែលបក្សនិយាយទាស់នឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងម៉េចកើតទៅ?» ប៉ុន្តែ បងប្អូនស្រីខ្ញុំទាំងពីរនាក់ បានជឿលើពាក្យកុហករបស់បក្ស ហើយពួកគេមិនបានប្រើការត្រិះរិះពិចារណាលើពាក្យចចាមអារ៉ាមដែលបក្សកុម្មុយនីស្តចិនបានផ្សាយនោះទេ។ ពួកគេថា៖ «នេះជាខ្លឹមសារដែលសារព័ត៌មានធំៗទាំងអស់កំពុងតែផ្សាយ។ តើវាអាចមិនពិតយ៉ាងម៉េចកើតទៅ?» ខ្ញុំប្រាប់ពួកគេវិញថា៖ «ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនទាំងអស់ ត្រូវបក្សកុម្មុយនីស្តគ្រប់គ្រង ពួកគេជាភ្នាក់ងាររបស់បក្សកុម្មុយនីស្តចិន។ ពួកគេត្រូវតែនិយាយតាមអ្វីដែលបក្សកុម្មុយនីស្តប្រាប់ឱ្យពួកគេនិយាយ ហើយពួកគេមិនហ៊ានរាយការណ៍ពីការពិតទេ។ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន ក៏ត្រូវបានបក្សកុម្មុយនីស្តចិនទិញយក និងនិយាយតាមវាដែរ។ តើគ្រប់គ្នាមើលមិនឃើញថាមានរឿងអ្វីកំពុងកើតឡើងទេឬ? ការពិតអាចបញ្ជាក់បាន ហើយមនុស្សឆ្លាតមិនស្ដាប់ពាក្យចចាមអារ៉ាមទេ។ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឱ្យបើកភ្នែកឡើង ហើយឈប់ស្ដាប់ពាក្យចចាមអារ៉ាមទាំងនោះទៀតទៅ»។ ពួកគេគ្មានអ្វីនិយាយទេ។ ម្ដាយខ្ញុំបាននិយាយទាំងកំហឹងថា៖ «ឯងមិនស្ដាប់ពួកយើងសោះ។ តើបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិបាកខ្លាំងណាស់ទៅហ៏? គ្រួសារទាំងមូល គេបារម្ភពីឯង ព្រោះតែជំនឿរបស់ឯង។ ម៉េចក៏ឯងមិនស្ដាប់ដំបូន្មានរបស់យើងអ៊ីចឹង?» បន្ទាប់មក គាត់ក៏ចាប់ផ្ដើមយំ។ ពេលឃើញម្ដាយខ្ញុំកើតទុក្ខខ្លាំងបែបនេះ ធ្វើឱ្យខ្ញុំពិបាកចិត្តណាស់។ គាត់បានចិញ្ចឹមពួកយើងទាំងបីនាក់ដោយម្នាក់គាត់ ហើយវាមិនស្រួលនោះទេ។ ឥឡូវ គាត់មានវ័យចាស់ហើយ ខ្ញុំមិនចង់ឱ្យគាត់បារម្ភពីខ្ញុំនោះទេ។ ពេលគិតដល់រឿងនេះ ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ ក្រោយមក ប្អូនស្រីខ្ញុំបាននិយាយថា៖ «មើលពីទង្វើរបស់បងចំពោះម៉ាក់យើងចុះ។ តើបងចង់បានគាត់ ឬក៏ព្រះដ៏មានគ្រប់ព្រះចេស្ដា?» បងស្រីខ្ញុំបាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «បើឯងចង់បន្តជឿសាសនាឯងទៀត កុំបន្ទោសពួកយើងថាមិនចាត់ទុកឯងជាគ្រួសារ។ យើងនឹងរាយការណ៍រឿងឯងប្រាប់ប៉ូលិសពីបទឧក្រិដ្ឋ ថាឯងបានឆបោកលុយគេ ហើយពួកគេនឹងបញ្ជូនឯងទៅប្រទេសចិនវិញមិនខាន។ ចូរកុំភ្លេចថា បងជាអ្នកធានាឯងឱ្យមកប្រទេសកាណាដា»។ ពេលឮពួកគាត់និយាយបែបនេះ ខ្ញុំពិតជាខឹងយ៉ាងខ្លាំង។ ខ្ញុំមិននឹកស្មានថា ពួកគាត់នឹងព្យាយាមបង្ខំខ្ញុំឱ្យបោះបង់ជំនឿបែបនេះសោះ ហើយថែមទាំងគំរាមខ្ញុំដោយកលល្បិចព្យាបាទ និងគួរឱ្យស្អប់ខ្ពើមទៀតផង។ ខ្ញុំមិនអាចចាញ់កលពួកគាត់ឡើយ។ ខ្ញុំបានក្លាយជាពលរដ្ឋកាណាដារួចហើយ ដូច្នេះ ពួកគេមិនអាចចោទប្រកាន់ខ្ញុំ និងឱ្យគេនិរទេសខ្ញុំតាមអំពើចិត្តនោះទេ។ ខ្ញុំមិនដែលនឹកស្រមៃថា បងស្រីបង្កើតខ្ញុំ នឹងនិយាយបែបនេះដាក់ខ្ញុំឡើយ។ ខ្ញុំឈឺចាប់ណាស់ ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។

ពេលនោះ ខ្ញុំបានគិតដល់ទំនុកតម្កើងមួយបទរបស់ពួកជំនុំ។ «អ្នកនៅជាមួយខ្ញុំជានិច្ច» «ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ណែនាំផ្លូវទូលបង្គំ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ទាក់ទាញទូលបង្គំឱ្យដើរតាមទ្រង់។ ទូលបង្គំរីករាយនឹងព្រះបន្ទូលទ្រង់ជារៀងរាល់ថ្ងៃ។ ទ្រង់ជាសម្លាញ់របស់ទូលបង្គំ។ ពេលណាទូលបង្គំអវិជ្ជមាន និងទន់ខ្សោយ ព្រះបន្ទូលទ្រង់ជាការទំនុកបម្រុង និងកម្លាំងរបស់ទូលបង្គំ។ ពេលណាទូលបង្គំជួបឧបសគ្គ និងបរាជ័យ ព្រះបន្ទូលទ្រង់គឺជាដៃដែលជួយលើកទូលបង្គំឡើង។ ពេលណាទូលបង្គំត្រូវបានសាតាំងឡោមព័ទ្ធ ព្រះបន្ទូលទ្រង់ប្រទានឱ្យទូលបង្គំមានចិត្តក្លាហាន និងប្រាជ្ញា។ ពេលណាទូលបង្គំជួបការល្បងល និងការបន្សុទ្ធ ព្រះបន្ទូលទ្រង់ណែនាំទូលបង្គំឱ្យប្រកាន់ខ្ជាប់នូវទីបន្ទាល់។ ព្រះបន្ទូលទ្រង់អមដំណើរ និងណែនាំទូលបង្គំ ហើយដួងចិត្តទូលបង្គំមានភាពកក់ក្ដៅ និងបានស្ងប់ចិត្ត។ សេចក្តីស្រឡាញ់ទ្រង់គឺពិតប្រាកដមែន ហើយដួងចិត្តទូលបង្គំគឺពេញដោយចិត្តកតញ្ញូ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំដឹងថា ទោះបីគ្រួសារខ្ញុំគាបសង្កត់ និងមិនយល់ពីខ្ញុំក៏ដោយ ក៏ព្រះជាម្ចាស់តែងគង់នៅក្បែរខ្ញុំជានិច្ចដែរ។ តាមរយៈការបំភ្លឺ និងការណែនាំពីព្រះបន្ទូលរបស់ទ្រង់ ខ្ញុំអាចមើលធ្លុះពីកលល្បិចរបស់សាតាំង ហើយព្រះបានកម្សាន្តចិត្តខ្ញុំ និងប្រទានកម្លាំង និងជំនឿដល់ខ្ញុំ តាមព្រះបន្ទូលទ្រង់។ ខ្ញុំមិនសូវពិបាកចិត្តខ្លាំងប៉ុន្មានទេ ពេលខ្ញុំគិតបែបនេះ។ ខ្ញុំបាននឹកចាំពីអត្ថបទមួយទៀតថា៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ។ ... អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតពីអត្ថបទនេះ ខ្ញុំយល់បានថា ផ្លូវទៅកាន់នគរស្ថានសួគ៌ ពោរពេញដោយការលំបាក ដែលគ្មាននរណាម្នាក់អាចចៀសផុតទេ។ ការគាបសង្កត់ និងការវាយប្រហារពីសំណាក់គ្រួសារខ្ញុំនេះ គឺជាឱកាសមួយសម្រាប់ខ្ញុំ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួននៅមុខសាតាំង។ នេះគឺព្រះជាម្ចាស់លើកតម្កើង និងប្រទានពរដល់ខ្ញុំ ជារឿងដែលខ្ញុំនឹងមិនទទួលបានពីមជ្ឈដ្ឋានសុខស្រួលឡើយ។ ទុក្ខវេទនានោះមានតម្លៃ និងមានន័យ។ ដោយប្រាកដថា នេះគឺជាផ្លូវពិត នេះជាកិច្ចការរបស់ព្រះជាម្ចាស់ មិនថាខ្ញុំជួបការគាបសង្កត់ និងទុក្ខវេទនាខ្លាំងបែបណាទេ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីបន្តដើរតាមព្រះជាម្ចាស់។

ពេលឃើញខ្ញុំមិនរាថយបែបនេះ ភ្នែកគាត់ពោរពេញដោយភ្លើងកំហឹង រួចគាត់និយាយខ្លាំងៗថា៖ «ខ្ញុំដឹងថា គឺមិត្តរបស់ឯងដែលបាននាំឯងឱ្យជឿព្រះ។ ម្នាក់ស្រីនោះគ្រាន់តែចង់បោកលុយឯងប៉ុណ្ណោះ។ ខ្ញុំស្អប់ស្រីម្នាក់នោះណាស់។ ជឿឬមិនជឿក៏ហីចុះ ខ្ញុំនឹងសម្លាប់នាងនោះចោល បើទោះជាខ្ញុំត្រូវជាប់គុកក៏ដោយ»។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង។ ខ្លួនខ្ញុំចាប់ផ្ដើមញ័រទទ្រើក។ ខ្ញុំមិនដែលនឹកស្មានថា បុរសម្នាក់ដែលខ្ញុំបានរស់នៅជាមួយប៉ុន្មានឆ្នាំមកនេះ អាចប្រែជាកាចសាហាវបែបនេះសោះ។ តើគាត់ជាប្ដីប្រភេទណាទៅ? ច្បាស់ណាស់ គាត់ជាអារក្សដែលស្អប់ព្រះជាម្ចាស់ និងស្អប់សេចក្តីពិត! គាត់និយាយរឿងដែលគួរឱ្យភ័យខ្លាចនេះ ដើម្បីកុំឱ្យខ្ញុំជឿលើព្រះតទៅទៀត។ ពេលនោះ ខ្ញុំបានឃើញពីភាពសាហាវឃោរឃៅរបស់គាត់ ហើយខ្ញុំខ្លាចថា គាត់នឹងសម្លាប់មិត្តរបស់ខ្ញុំមែន។ ខ្ញុំមិនទាន់ទាំងបានស្ងប់ចិត្តវិញផង ស្រាប់តែម្ដាយខ្ញុំបាននិយាយមកកាន់ខ្ញុំថា៖ «មើល៍ទៅ ឯងទាំងពីរជិតឈ្លោះទាស់ទែងគ្នាហើយ។ ឆាប់ទៅរៀបចំខោអាវ រួចស្នាក់នៅផ្ទះរបស់ម៉ាក់ពីរបីថ្ងៃសិនចុះ។ ឯងមិនអាចទាក់ទងជាមួយអ្នកខាងក្រៅ ឬទៅធ្វើការបានទេ ប៉ុន្តែ ត្រូវនៅផ្ទះ គិតពីទង្វើដែលឯងបានធ្វើ»។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំបារម្ភណាស់។ ប្ដីខ្ញុំបានបាត់បង់សតិទៅហើយ នរណាទៅដឹងថាគាត់នឹងធ្វើអ្វីនោះ។ គាត់បានបោកទូរស័ព្ទខ្ញុំចោល ដើម្បីកុំឱ្យខ្ញុំអាចផ្ដល់ដំណឹងទៅមិត្តខ្ញុំបាន។ ឥឡូវ ពួកគាត់មិនឱ្យខ្ញុំទាក់ទងនរណា ឬចេញទៅធ្វើការទៀត។ តើនេះមិនមែនជាការឃុំខ្លួននៅផ្ទះទេឬ? ខ្ញុំមិនដឹងថា ខ្ញុំនឹងត្រូវទាក់ទងពួកជំនុំ និងដឹកនាំជីវិតពួកជំនុំដោយរបៀបណាទេ។ ភ្លាមនោះ ខ្ញុំបានទូលដង្ហើយរកព្រះនៅក្នុងចិត្ត ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ។ ពេលនោះ ខ្ញុំបាននឹកចាំថា នៅបស្ចិមប្រទេស គេការពារសិទ្ធិខាងជំនឿសាសនា ថាមនុស្សមានសេរីភាពខាងជំនឿសាសនា។ បងប្អូនស្រីខ្ញុំចង់ប្ដឹងខ្ញុំទៅប៉ូលិស ដើម្បីមួលបង្កាច់ខ្ញុំ ដូច្នេះ ខ្ញុំក៏អាចប្ដឹងប៉ូលិសវិញបានដែរ។ ម្យ៉ាង វានឹងជួយការពារមិត្តខ្ញុំផង ហើយម្យ៉ាងទៀត ពេលមានប៉ូលិសពាក់ព័ន្ធបែបនេះ ពួកគេនឹងមិនហ៊ានរញ៉េរញ៉ៃទៀតឡើយ។ ដូច្នេះ ខ្ញុំក៏និយាយប្រាប់ម្ដាយខ្ញុំថា៖ «ខ្ញុំមិនចង់ទៅផ្ទះម៉ាក់ទេ ខ្ញុំចង់ទៅប្ដឹងប៉ូលិស»។ ពេលឮបែបនេះ ពួកគេក៏ស្រឡាំងកាំង និយាយអ្វីមិនចេញ។ ភ្លាមនោះ ខ្ញុំបានទៅប៉ុស្ដិ៍ប៉ូលិស។ ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំបានប្រាប់ពួកគេដោយសង្ខេបអំពីការដែលគ្រួសារខ្ញុំបៀតបៀនខ្ញុំ ព្រោះតែសេចក្ដីជំនឿ។ ពួកគេសឹងតែមិនជឿថា រឿងបែបនេះនឹងកើតឡើងនៅបស្ចិមប្រទេស។ ពួកគេពិតជាអាណិតខ្ញុំណាស់ ហើយបាននាំខ្ញុំត្រឡប់ទៅផ្ទះវិញ។ ពួកគេបានព្រមានប្ដី និងគ្រួសារខ្ញុំថា៖ «នៅប្រទេសនេះ យើងមានសេរីភាពខាងជំនឿសាសនា។ អ្នកទាំងអស់គ្នាមិនអាចជ្រៀតជ្រែកជំនឿរបស់គាត់ ឬរឹតត្បិតសេរីភាពផ្ទាល់ខ្លួនគាត់បានឡើយ។ បើគាត់ចង់ទៅធ្វើការ អ្នករាល់គ្នាមិនអាចរារាំងគាត់បានទេ។ ជាងនេះទៀត ឯកសារអត្តសញ្ញាណ គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ត្រូវប្រគល់វាទៅឱ្យគាត់វិញ»។ ក្រោយពេលឮប៉ូលិសនិយាយបែបនេះ ពួកគេមិនហ៊ានបង្ខំខ្ញុំទៀតឡើយ។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ខ្លាំងណាស់ និងអរព្រះគុណទ្រង់ដែលបើកផ្លូវមួយឱ្យខ្ញុំចេញរួច។

ច្បាប់បានដាក់កម្រិតប្ដីខ្ញុំ ដូច្នេះ គាត់មិនហ៊ានធ្វើសកម្មភាពប្រឆាំងនឹងខ្ញុំដោយផ្ទាល់ទេ ប៉ុន្តែ គាត់មិនបានបោះបង់ឡើយ ហើយគាត់នៅតែបន្តព្យាយាមរិះរកវិធី ដើម្បីបង្ខំខ្ញុំឱ្យលះបង់ជំនឿដដែល។ ពីរថ្ងៃក្រោយមក គាត់ចាប់ផ្ដើមបង្ខំខ្ញុំ ឱ្យផ្ទេរកម្មសិទ្ធិផ្ទះដាក់ឈ្មោះគាត់។ ពេលឮគាត់និយាយបែបនេះ ខ្ញុំបារម្ភខ្លាំងណាស់។ ពីរថ្ងៃមុននេះ គាត់ទើបដកហូតប្រាក់ និងគ្រឿងអលង្ការទាំងអស់របស់ខ្ញុំ ហើយឥឡូវ គាត់ចង់ឱ្យខ្ញុំផ្ទេរកម្មសិទ្ធិផ្ទះដាក់ឈ្មោះគាត់ទៀត។ បើគាត់បណ្ដេញខ្ញុំចេញ ខ្ញុំនឹងគ្មានសល់អ្វីឡើយ។ ហើយឪពុកម្ដាយ និងបងប្អូនស្រីខ្ញុំក៏នឹងមិនទទួលយកខ្ញុំដែរ។ ពេលគិតដល់រឿងទាំងអស់នេះ ខ្ញុំចាប់ផ្ដើមពិបាកចិត្តសាជាថ្មី តែពេលនោះ ខ្ញុំបាននឹកចាំពីព្រះបន្ទូលរបស់ព្រះថា៖ «នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ឃើញថាបុគ្គលនេះមានតម្លៃ និងសព្វព្រះទ័យចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោត និងនាំឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់បុគ្គលនោះ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យទទួលបានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់មានព្រះបំណងទទួលបាន ដើម្បីវាអាចកាន់កាប់ពួកគេ ត្រួតត្រាពួកគេ និងគ្រប់គ្រងលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា ហើយចូលរួមធ្វើការអាក្រក់ ដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ប្រសិនបើពួកគេចង់ឱ្យខ្លួនគេបានសង្គ្រោះ និងចង់ឱ្យព្រះជាម្ចាស់ទទួលយកគេទាំងស្រុង នោះអ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង ប្រឈមនឹងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបចេញពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចយកឈ្នះលើសាតាំងបានទាំងស្រុង ទើបជាមនុស្សដែលនឹងត្រូវព្រះជាម្ចាស់សង្គ្រោះ។ នេះចង់បានន័យថា អស់អ្នកណាដែលត្រូវព្រះជាម្ចាស់សង្គ្រោះ គឺជាអ្នកដែលបានឆ្លងកាត់ការល្បងលពីព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវសាតាំងល្បួង និងវាយប្រហារជាច្រើនលើកច្រើនសា។ អ្នកដែលត្រូវសង្គ្រោះទៅឯព្រះជាម្ចាស់ យល់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់បាន ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នៅក្នុងគ្រាកំពុងត្រូវសាតាំងល្បួងឡើយ។ អស់អ្នកណាដែលត្រូវសង្គ្រោះទៅឯខាងព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តសប្បុរស ពួកគេចេះបែងចែកសេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ ពួកគេមានស្មារតីយុត្តិធម៌ និងមានវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ និងឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបមើល មិនត្រូវចោទប្រកាន់ ឬត្រូវបំពានពីសំណាក់សាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានរំដោះឱ្យមានសេរីភាព ហើយត្រូវដោះលែងឱ្យរួចខ្លួនទាំងស្រុង។ យ៉ូបគឺជាមនុស្សម្នាក់ដែលមានសេរីភាពបែបនោះឯង ហើយច្បាស់ណាស់ នេះគឺជាមូលហេតុដ៏សំខាន់ដែលព្រះជាម្ចាស់បានប្រគល់គាត់ទៅឱ្យទៅសាតាំងនោះ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ហេតុផលដែលយ៉ូបយកឈ្នះការចោទប្រកាន់ និងសេចក្ដីល្បួងរបស់សាតាំងបាន គឺព្រោះតែគាត់មានជំនឿ ការស្ដាប់បង្គាប់ និងការគោរពចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ។ គាត់ជឿលើការត្រួតត្រាទាំងស្រុងរបស់ព្រះជាម្ចាស់ និងជឿថា គ្រប់យ៉ាងដែលគាត់មាន គឺព្រះជាម្ចាស់ប្រទានដល់គាត់ ដូច្នេះ គាត់អាចទទួលយក និងចុះចូលបាន មិនថាព្រះជាម្ចាស់ប្រទានឱ្យ ឬដកហូតទៅវិញនោះទេ។ ពេលយ៉ូបបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កូនៗ ហើយគាត់ថែមទាំងកើតដំបៅអាក្រក់ពេញខ្លួនទៀត គាត់មិនបានស្ដីបន្ទោសព្រះឡើយ តែបែរជាសរសើរតម្កើងព្រះនាមទ្រង់ទៅវិញ។ ប្រពន្ធគាត់បាននិយាយទៅកាន់គាត់ថា៖ «តើអ្នកនៅតែរក្សាសេចក្ដីទៀងត្រង់របស់ខ្លួនទៀតឬ? លះបង់ព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ» (យ៉ូប ២:៩)។ រួចគាត់បានស្ដីបន្ទោសនាងថា៖ «អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម៉េច! យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០)។ ទីបន្ទាល់របស់យ៉ូប ពិតជាជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ ខ្ញុំចង់ធ្វើដូចជាគាត់ដែរ។ មិនថាប្ដីខ្ញុំគាបសង្កត់ខ្ញុំខ្លាំងបែបណា ឬគាត់ដកហូតទ្រព្យសម្បត្តិពីខ្ញុំច្រើនកម្រិតណាទេ ទោះបីគាត់បណ្ដេញខ្ញុំចេញ ហើយខ្ញុំគ្មានសល់អ្វីក៏ដោយ ក៏ខ្ញុំនៅតែបន្តដើរតាមព្រះក្នុងសេចក្ដជំនឿ ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងបំបាក់មុខសាតាំងដែរ។

ថ្ងៃបន្ទាប់ ពេលយើងទៅធនាគារ ដើម្បីផ្ទេរអ៊ីប៉ូតែក បុគ្គលិកធនាគារប្រាប់យើងថា វាជាកម្ចីថ្មី ដូច្នេះ បើយើងចង់ដាក់ស្នើអ៊ីប៉ូតែកថ្មី វានឹងស្មុគស្មាញខ្លាំងមិនខាន ហើយការខាតបង់ដែលពាក់ព័ន្ធ ក៏ច្រើនគួរសមដែរ។ បុគ្គលិកធនាគារបានប្រាប់ថា បើអាច យើងគួរតែប្ដូរវា នៅពេលប្រាំឆ្នាំក្រោយ។ ប្ដីខ្ញុំបានទាល់គំនិត ដូច្នេះ គាត់ក៏បោះបង់គំនិតនេះ។ ខ្ញុំអរព្រះគុណព្រះអស់ពីដួងចិត្តខ្ញុំ និងមានអារម្មណ៍ដឹងថា ព្រះបន្ទូលទ្រង់ គឺជាការពិតមែន៖ «ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ទី ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយមក ខ្ញុំបានទាក់ទងជាមួយបងប្អូនប្រុសស្រីវិញ។ ពេលប្ដីខ្ញុំដឹងរឿងនេះ គាត់បានសួរថាតើ ខ្ញុំនៅបន្តទៅចូលរួមការជួបជុំទៀតឬអត់។ ខ្ញុំបានសួរតបទៅវិញថា៖ «តើបងមានគម្រោងរារាំងខ្ញុំទៀតមែនទេ? បើអ៊ីចឹងមែន ខ្ញុំអាចរើចេញ ទៅរស់នៅកន្លែងផ្សេងបាន។ តើបងមិនបារម្ភថា ពួកជំនុំនឹងបោកយកប្រាក់ខ្ញុំ និងបារម្ភថា ខ្ញុំនឹងបោះបង់គ្រួសារចោល ទេឬ? ពេលវេលាដែលខ្ញុំនៅជាមួយពួកជំនុំប៉ុន្មានឆ្នាំមកនេះ តើពួកគេបានបោកលុយខ្ញុំខ្លះហើយឬនៅ? តើពាក្យចចាមអារ៉ាមនោះពិតដែរទេថា ពួកអ្នកជឿដូចជាយើងកំពុងបោះបង់គ្រួសាររបស់ខ្លួនចោលនោះ?» គាត់ស្រឡាំងកាំង រួចក៏និយាយថា៖ «ឯងនិយាយត្រូវ។ ខ្ញុំមិនដែលបានឃើញពួកជំនុំបោកលុយឯងទេ ហើយឯងក៏មិនបានបោះបង់ពួកយើងដែរ។ ខ្ញុំជឿពាក្យចចាមអារ៉ាមទាំងនោះខ្លាំងពេក។ ខ្ញុំចង់ការពារឯងកុំឱ្យចាញ់បោកគេ។ ឯងអាចជឿអ្វីតាមចិត្តឯងចង់បានចុះ»។ ខ្ញុំសប្បាយចិត្តណាស់។ តាំងពីគាត់ចាប់ផ្ដើមរារាំងផ្លូវខ្ញុំមក ខ្ញុំមិនដែលបានទៅចូលរួមការជួបជុំគ្នាដូចធម្មតាទេ ហើយខ្ញុំដឹងថា ខ្ញុំនឹងមិនឱ្យគាត់រារាំងខ្ញុំទៀតឡើយ។ ក្រោយមក គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ការគ្រប់គ្រងលុយកាក់របស់យើង គឺជារឿងឈឺក្បាលណាស់ ហើយគាត់មិនពូកែខាងនេះទេ ដូច្នេះ គាត់បានប្រគល់គ្រប់យ៉ាងមកឱ្យខ្ញុំគ្រប់គ្រងវិញ។ គាត់មិនដែលលើកឡើងពីការដាក់អ៊ីប៉ូតែកក្រោមឈ្មោះគាត់ទៀតឡើយ។

បទពិសោធន៍ដែលគ្រួសារខ្ញុំគាបសង្កត់ខ្ញុំនេះ បានបង្ហាញឱ្យខ្ញុំឃើញថា បក្សកុម្មុយនីស្តពិតជាអាក្រក់ខ្លាំងបែបណា។ វាមិនត្រឹមតែបៀតបៀន និងចាប់ខ្លួនគ្រីស្ទបរិស័ទនៅប្រទេសចិនទាំងឆ្កួតលីលាប៉ុណ្ណោះទេ តែវាក៏ផ្សាយពាក្យកុហករបស់វាតាមអនឡាញ ដោយមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ ដោយព្យាយាមបោកបញ្ឆោតពិភពលោកទាំងមូលឱ្យប្រឆាំងទាស់នឹងពួកជំនុំ ឱ្យប្រឆាំងនឹងព្រះជាម្ចាស់ជាមួយវា ដូច្នេះ ចុងក្រោយ គ្រប់គ្នានឹងត្រូវដាក់ទោសធ្លាក់នរក។ បក្សកុម្មុយនីស្តគឺជាអារក្សដ៏អាក្រក់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដែលនាំមនុស្សឱ្យយល់ខុស និងលេបត្របាក់ពួកគេទាំងមូល។ សាតាំងពិតជាអាក្រក់មែន ប៉ុន្តែព្រះបានប្រើព្រះប្រាជ្ញាញាណស្របតាមផែនការរបស់សាតាំង។ សាតាំងចង់ប្រើការគាបសង្កត់នោះ ដើម្បីឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ បាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះ ប៉ុន្តែ វាមិននឹកស្មានថា ទង្វើនេះបានឱ្យខ្ញុំមានការឈ្វេងយល់ និងមើលឃើញពីភាពស្មោកគ្រោករបស់វាយ៉ាងច្បាស់ទៅវិញសោះ។ ខ្ញុំបានដាក់បណ្ដាសា និងបដិសេធវាចេញពីដួងចិត្តខ្ញុំ ហើយជំនឿខ្ញុំលើព្រះជាម្ចាស់កាន់តែរឹងមាំឡើង។ អរព្រះគុណព្រះ!

ខាង​ដើម៖ ១៦. ការមើលធ្លុះពីអំពើអាក្រក់របស់គ្រូគង្វាល

បន្ទាប់៖ ២៦. ការទទួលខុសត្រូវ គឺជាគន្លឹះដើម្បីផ្សាយដំណឹងល្អឱ្យបានល្អ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ