៩៦. ការឆ្លុះបញ្ចាំងពីការមិនបណ្ដេញអ្នកដឹកនាំក្លែងក្លាយចេញភ្លាមៗ
ក្នុងខែសីហា ឆ្នាំ២០២១ គេបានជ្រើសតាំងខ្ញុំឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ កាលនោះ ខ្ញុំស្រោចស្រពអ្នកជឿថ្មីផង និងផ្សាយដំណឹងល្អផង។ ដោយសារខ្ញុំខ្វះបទពិសោធផ្សាយដំណឹងល្អ ការងារផ្សាយដំណឹងល្អខ្ញុំមិនសូវទទួលបានលទ្ធផលល្អទេ។ ថ្ងៃមួយ អ្នកដឹកនាំរៀបចំឱ្យបងស្រី ចេនីន មកធ្វើជាដៃគូនឹងខ្ញុំ ដើម្បីតាមដានការងារផ្សាយដំណឹងល្អ។ បងស្រី ចេនីន ក្ដាប់បានពីបញ្ហាដែលអ្នករាល់គ្នាកំពុងមានក្នុងការផ្សាយដំណឹងល្អនោះបានយ៉ាងឆាប់ រួចក៏ប្រមូលបងប្អូនប្រុសស្រីជួបជុំគ្នាដើម្បីប្រកបគ្នា និងពិនិត្យបញ្ហានោះឡើងវិញ បន្ទាប់មក គាត់បានចែករំលែកបទពិសោធ និងវិធីសាស្រ្តជោគជ័យខ្លះ។ បន្តិចម្ដងៗ បងប្អូនក៏មានសេចក្ដីក្លៀវក្លាកាន់តែខ្លាំងក្នុងការផ្សាយដំណឹងល្អ ហើយពួកគាត់ក៏យល់ច្បាស់ពីគោលការណ៍ការងារ។ មិនយូរប៉ុន្មាន អ្នកភូមិជាង ២០ នាក់ ក៏បានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយមនុស្សជាច្រើន ក៏បានទទួលយកកិច្ចការនេះនៅកន្លែងផ្សេងទៀតផងដែរ។ ក្រោយមក យើងក៏បានបង្កើតក្រុមជំនុំថ្មីមួយទៀត។ ខ្ញុំគិតថា បងចេនីនបានជឿព្រះយូរហើយ គាត់មានគុណសម្បត្តិល្អ និងមានសមត្ថភាពបំពេញការងារ។ តាំងពីគាត់មកដល់ ការងារផ្សាយដំណឹងល្អមានការរីកចម្រើនគួរសម។ ខ្ញុំពិតជាកោតសរសើរគាត់ណាស់។ ខ្ញុំគិតថា គាត់ជាអ្នកធ្វើការមានសមត្ថភាព ហើយគាត់ដេញតាមសេចក្ដីពិត។ គាត់ក៏គិតល្អៗមកលើខ្ញុំដែរ។ គាត់ថា ខ្ញុំមានទំនួលខុសត្រូវ និងរែកពុនបន្ទុកការងារ ហើយបាននិយាយពីគុណសម្បត្តិល្អៗ និងពីសមត្ថភាពខ្ញុំ នៅចំពោះមុខអ្នកដទៃ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលឮគាត់និយាយបែបនេះ។ គាត់បែរជាគិតឱ្យតម្លៃខ្ញុំខ្ពស់បែបនេះ ហើយមើលទៅ ខ្ញុំមានតម្លៃនៅក្នុងចិត្តគាត់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្រោយមក ខ្ញុំត្រូវគេជ្រើសតាំងជាអ្នកដឹកនាំ ហើយខ្ញុំនៅតែចាប់ដៃគូជាមួយបងចេនីនក្នុងភារកិច្ចខ្ញុំដដែល។
ក្នុងខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានក្លាយជាគ្រូអធិប្បាយ ហើយបងចេនីនត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ ហើយខ្ញុំរ៉ាប់រងការងារគាត់។ ប៉ុន្តែការងារផ្សាយដំណឹងល្អរបស់បងចេនីនមិនសូវរីកចម្រើនទៅមុខទេ ហើយខ្ញុំក៏មិនដឹងមូលហេតុដែរ។ ខ្ញុំមិនបានផ្ដោតលើការបណ្ដុះអ្នកជឿថ្មី មិនបានជួបជុំគ្នាជាមួយអ្នកធ្វើការផ្នែកដំណឹងល្អ ក៏មិនបានប្រកបគ្នា ឬដោះស្រាយសភាព ឬការលំបាកដែលអ្នកដទៃកំពុងមានដែរ។ ពេលឃើញបញ្ហាទាំងនេះ ខ្ញុំព្រួយចិត្តខ្លាំងណាស់ រួចខ្ញុំក៏បានផ្ញើសារទៅគាត់ ដើម្បីចង់ដឹងពីការងារគាត់ គាត់ឃើញសារនោះហើយ តែគាត់មិនបានតបវិញទេ។ ខ្ញុំគិតថា៖ «គាត់ជាអ្នកដឹកនាំម្នាក់ដែរ ម៉េចក៏គ្មានទំនួលខុសត្រូវលើការងារពួកជំនុំបែបនេះ?» ខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំពិតជាចង់លាតត្រដាងពីបញ្ហាគាត់ និងដោះស្រាយជាមួយគាត់ដែលគ្មានទំនួលខុសត្រូវ និងមិនរែកពុនបន្ទុកភារកិច្ចខ្លួន។ តែខ្ញុំគិតថា យើងធ្លាប់សហការគ្នាល្អកាលពីមុន ហើយគាត់ក៏គិតល្អមកលើខ្ញុំដែរ។ ចុះចំណែកការគិតល្អរបស់គាត់មកលើខ្ញុំ និងសម្ដីដែលគាត់ថា ខ្ញុំជាអ្នកដឹកនាំល្អនោះ? បើខ្ញុំលាតត្រដាងគាត់ តើការគិតល្អរបស់គាត់មកលើខ្ញុំ នឹងរលាយបាត់អស់ដែរទេ? ខ្ញុំយល់ថា ដើម្បីការពារទំនាក់ទំនងពួកយើង យកល្អនៅស្ងៀមវិញ។ ពេលខ្ញុំគិតបែបនេះ ខ្ញុំក៏សម្រេចចិត្តមិននិយាយអ្វីទាំងអស់។ ខ្ញុំគ្រាន់តែផ្ញើសារពីការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការឱ្យគាត់អាន និងប្រាប់គាត់ពីទំហំនៃការទទួលខុសត្រូវ និងទំហំការងារដែលគាត់ត្រូវធ្វើ ដើម្បីឱ្យគាត់មានស្មារតីទទួលខុសត្រូវ។ ខ្ញុំយល់ថា ខ្ញុំប្រាប់គាត់ច្បាស់លាស់អស់ហើយ បន្ទាប់ទៀត គាត់គួរតែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ហើយការងារផ្សាយដំណឹងល្អគាត់ ក៏គួរតែមានសន្ទុះវិញ បន្តិចម្ដងៗដែរ។ ប៉ុន្តែបានមួយរយៈហើយ គាត់នៅមិនរែកពុនបន្ទុក ហើយការងារគាត់នៅតែមិនឃើញមានលទ្ធផលអ្វីដដែល។ រឿងនេះពិតជាធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ។ កន្លងមក គាត់មិនដែលបែបនេះទេ ម៉េចក៏ឥឡូវ គាត់ទៅជាបែបនេះវិញ? ខ្ញុំពិតជាចង់លួសកាត់ និងដោះស្រាយជាមួយគាត់ណាស់។ ប៉ុន្តែពេលនោះ ខ្ញុំគិតថា៖ «គាត់តែងនិយាយថា ខ្ញុំរែកពុនបន្ទុកការងារពួកជំនុំច្រើន ថាខ្ញុំមានក្ដីអំណត់ និងចិត្តក្ដួលអាណិតច្រើន។ បើខ្ញុំលាតត្រដាងពីបញ្ហាគាត់ ការគិតល្អរបស់គាត់មកលើខ្ញុំ នឹងរលាយបាត់មិនខាន»។ ពេលនោះ ខ្ញុំគ្រាន់តែនិយាយពាក្យលួងចិត្តគាត់ និងលើកទឹកចិត្តគាត់ឱ្យរកពេលបន្ថែមដើម្បីជួបជុំ និងតាមដានការងារពួកជំនុំ។ នៅពេលបងចេនីនឮបែបនេះ គាត់ថា គាត់ត្រូវតែកែប្រែអាកប្បកិរិយាគាត់ចំពោះភារកិច្ចហើយ និងបង្ហាញថា គាត់ចង់ធ្វើការងារឱ្យបានល្អទៅថ្ងៃអនាគត។ ខ្ញុំសប្បាយចិត្តណាស់ និងគិតថា៖ «ម្ដងនេះ បងចេនីន ច្បាស់ជាបំពេញភារកិច្ចគាត់បានល្អមិនខាន។ បើមានគាត់ដឹកនាំអ្នកធ្វើការផ្នែកផ្សាយដំណឹងល្អ លទ្ធផលច្បាស់ជាមានសន្ទុះហើយ»។ មិនយូរប៉ុន្មាន ប្អូនស្រីដៃគូខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា៖ «ជាអ្នកដឹកនាំ តែបងចេនីនមិនបានតាមដានការងារ ឬបណ្ដុះបងប្អូនទេ។ គាត់ជាអ្នកដឹកនាំតែឈ្មោះប៉ុណ្ណោះ មិនដែលធ្វើការងារជាក់ស្ដែងទេ។ គាត់ជាអ្នកដឹកនាក្លែងក្លាយ។ ខ្ញុំសូមស្នើឱ្យបណ្ដេញគាត់ចេញ និងជ្រើសតាំងអ្នកដឹកនាំថ្មី។ បែបនេះ ទើបការងារពួកជំនុំអាចមានសន្ទុះវិញបាន»។ ប្អូនស្រីម្នាក់ទៀតក៏បានប្រាប់ខ្ញុំថា ការដែលបងចេនីនមិនធ្វើការងារជាក់ស្ដែង បានធ្វើឱ្យការងារពួកជំនុំយឺតយ៉ាវរួចទៅហើយគួរតែបណ្ដេញគាត់ចេញឱ្យបានឆាប់។ តែខ្ញុំនៅតែគិតថា បងចេនីន មានសមត្ថភាព និងមានគុណសម្បត្តិល្អ ថាបើគាត់ផ្លាស់ប្ដូរសភាពគាត់វិញ នោះការងារដំណឹងល្អនឹងបានប្រសើរមិនខាន។ ដូច្នេះ ខ្ញុំពន្យារពេលបណ្ដេញគាត់។ ក្រោយមក ការបំពេញការងារបងចេនីនបន្តធ្លាក់ចុះទៀត ហើយអ្នកដទៃបន្តរាយការណ៍ថា គាត់នៅតែដូចមុនដដែល គាត់និយាយល្អតែមាត់ តែមិនបានធ្វើអ្វីសោះ។ មតិយោបល់បងប្អូនប្រុសស្រី ធ្វើឱ្យខ្ញុំពិបាកចិត្តណាស់ ហើយខ្ញុំយល់ថា ខ្ញុំស្គាល់គាត់មិនច្បាស់ទេ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ទូលសូមទ្រង់ឱ្យណែនាំខ្ញុំឱ្យបានស្គាល់គាត់។
ក្រោយមក ខ្ញុំបានអានបន្ទូលព្រះ៖ «តើគេគួរតែវិនិច្ឆ័យដោយរបៀបណាថាតើអ្នកដឹកនាំម្នាក់កំពុងតែបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬថាតើគេ ជាអ្នកដឹកនាំក្លែងក្លាយ? នៅកម្រិតមូលដ្ឋានបំផុត គេត្រូវពិនិត្យមើលថាតើម្នាក់នោះមានសមត្ថភាពធ្វើកិច្ចការពិតប្រាកដឬអត់ ត្រូវមើលថាតើគេមានគុណសម្បត្តិនេះឬអត់។ ក្រោយមក គេគួរតែពិនិត្យមើលថាតើគេមានបន្ទុកក្នុងការបំពេញកិច្ចការនេះឱ្យបានល្អឬអត់។ សូមបំភ្លេចចោលសម្ដីដ៏ផ្អែមពីរោះរបស់ពួកគេ បំភ្លេចចោលគោលលទ្ធិដែលពួកគេហាក់មានការយល់ដឹងច្រើន ហើយមិនថាពួកគេមានទេពកោសល្យ និងអំណោយទានច្រើនប៉ុនណា នៅពេលដោះស្រាយបញ្ហាខាងក្រៅទេ សូមបំភ្លេចចោលចុះ ដ្បិតរឿងទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់បំផុតគឺថា គេអាចអនុវត្តតាមចំណុចជាមូលដ្ឋានបំផុតនៃកិច្ចការពួកជំនុំបានត្រឹមត្រូវឬអត់ ថាតើគេអាចដោះស្រាយបញ្ហា ដោយប្រើសេចក្តីពិត និងថាតើគេអាចដឹកនាំមនុស្សចូលទៅក្នុងតថភាពសេចក្តីពិតបានឬអត់។ នេះគឺជាកិច្ចការជាមូលដ្ឋាន និងសំខាន់បំផុត។ ប្រសិនបើគេគ្មានសមត្ថភាពធ្វើតាមចំណុចនៃកិច្ចការពិតប្រាកដទាំងនេះទេ នោះមិនថាគេមានគុណសម្បត្តិល្អប៉ុនណា គេមានទេពកោសល្យពូកែយ៉ាងណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ជាច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែជាអ្នកដឹកនាំក្លែងក្លាយដដែលហ្នឹង។ មនុស្សមួយចំនួននិយាយថា 'កុំខ្វល់ឡើយ ដែលឥឡូវគេមិនអាចធ្វើកិច្ចការពិតប្រាកដណាមួយបាននោះ។ គេមានគុណសម្បត្តិល្អ ហើយគេមានសមត្ថភាព។ ប្រសិនបើបណ្ដុះបណ្ដាលគេមួយរយៈ នោះគេមុខជាអាចធ្វើកិច្ចការជាក់ស្ដែងបានមិនខាន។ ក្រៅពីនេះ គេមិនទាន់ធ្វើអ្វីមួយមិនល្អ ហើយពួកគេមិនទាន់ធ្វើអំពើអាក្រក់ បង្កការបង្អាក់ ឬការរំខានណាមួយនៅឡើយទេ។ ម្ដេចក៏អ្នកអាចនិយាយថា គេជាអ្នកដឹកនាំក្លែងក្លាយបានទៅ?' តើយើងអាចពន្យល់ចំណុចនេះដូចម្ដេចទៅ? មិនថាអ្នកមានទេពកោសល្យប៉ុនណា មិនថាអ្នកមានគុណសម្បត្តិ និងមានការអប់រំកម្រិតណា មិនថាអ្នកអាចប្រកាសពាក្យស្លោកបានច្រើនយ៉ាងណា ឬមិនថាអ្នកយល់ពីពាក្យពេចន៍ និងគោលលទ្ធិបានច្រើនបែបណាឡើយ ទោះបីជាអ្នករវល់ ឬនឿយហត់បែបណាក្នុងមួយថ្ងៃ ឬទោះបីអ្នកធ្វើដំណើរបានឆ្ងាយយ៉ាងណា ទោះបីជាអ្នកបានទៅសួរសុខទុក្ខពួកជំនុំបានច្រើនកន្លែង ឬអ្នកបានប្រថុយប្រថាន និងស៊ូទ្រាំរងទុក្ខបានច្រើនបែបណានោះទេ ពោលគឺរឿងទាំងអស់នេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកកំពុងបំពេញកិច្ចការរបស់អ្នកដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការឬក៏អត់ ថាតើអ្នកកំពុងអនុវត្តតាមការរៀបចំចាត់ចែងទាំងនោះបានត្រឹមត្រូវឬក៏អត់។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់អ្នក ថាតើអ្នកកំពុងចូលរួមក្នុងកិច្ចការជាក់លាក់នីមួយៗដែលអ្នកទទួលខុសត្រូវឬអត់ និងថាតើមានបញ្ហាជាក់លាក់ប៉ុន្មានដែលអ្នកបានដោះស្រាយយ៉ាងពិតប្រាកដ។ ថាតើមានមនុស្សប៉ុន្មាននាក់បានយល់ពីគោលការណ៍សេចក្ដីពិត ដោយសារតែការដឹកនាំ និងការណែនាំរបស់អ្នក ហើយថាតើកិច្ចការរបស់ពួកជំនុំបានរីកចម្រើន និងអភិវឌ្ឍបានខ្លាំងកម្រិតណា អ្វីដែលសំខាន់នោះគឺថាតើអ្នកសម្រេចបានលទ្ធផលទាំងនេះឬក៏អត់។ ទោះបីជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការជាក់លាក់អ្វីក៏ដោយ អ្វីដែលសំខាន់គឺថាតើអ្នកកំពុងតាមដាន និងដឹកនាំកិច្ចការជាប់ជាប្រចាំឬក៏អត់ ជាជាងធ្វើឫកធំ អស្ចារ្យ និងចាំតែចេញបញ្ជានោះ។ ក្រៅពីនេះ អ្វីដែលសំខាន់ផងដែរនោះគឺថាតើអ្នកមានការចូលទៅក្នុងជីវិតដែរឬអត់ ក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ថាតើអ្នកអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍បានដែរឬអត់ ថាតើអ្នកមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬអត់ ហើយថាតើអ្នកអាចចាត់ចែង និងដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឈមមុខបានដែរឬអត់។ ចំណុចទាំងនេះ និងចំណុចស្រដៀងគ្នាផ្សេងទៀត សុទ្ធតែជាលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញទំនួលខុសត្រូវរបស់ខ្លួនឬក៏អត់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ យើងមិនអាចវិនិច្ឆ័យថាតើអ្នកដឹកនាំនោះមានសមត្ថភាព ឬជាអ្នកដឹកនាំក្លែងក្លាយ ដោយគ្រាន់តែស្ដាប់ថាតើគេនិយាយល្អឬអត់ ឬដោយពិនិត្យគុណសម្បត្តិ សមត្ថភាព ឬចំនួននៃអំពើល្អរបស់ពួកគេបានឡើយ។ អ្វីដែលសំខាន់ គឺត្រូវមើលថាតើ ពួកគេធ្វើការងារជាក់ស្ដែងឬអត់ ថាពួកគេមានទំនួលខុសត្រូវឬអត់ និងថាតើពួកគេអាចបំពេញភារកិច្ចជាអ្នកដឹកនាំបានឬអត់។ បងចេនីនមានគុណសម្បត្តិ និងជាអ្នកធ្វើការដែលមានសមត្ថភាព ប៉ុន្តែគាត់គ្រាន់តែនិយាយសម្ដីល្អៗ រួចក៏មិនបានធ្វើអ្វីពិតប្រាកដ ឬធ្វើការងារត្រឹមត្រូវដែរ។ គាត់មិនបានបំពេញការងារដែលអ្នកដឹកនាំគួរបំពេញឡើយ។ មើលទៅ គាត់មិនដូចកំពុងធ្វើអ្វីមិនល្អ ឬធ្វើអាក្រក់ឡើយ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ គាត់បានត្រឹមផ្ញើសារទៅគេ និងសូត្រពាក្យសុភាសិត។ គាត់មិនដែលពិនិត្យមើលបញ្ហា ឬតាមដានការងារពួកជំនុំឡើយ។ គាត់មិនដែលបណ្ដុះអ្នកជឿថ្មីដែលទើបចាប់ផ្ដើមបំពេញភារកិច្ចទេ។ នៅពេលអ្នកដទៃជួបបញ្ហាក្នុងការងារផ្សាយដំណឹងល្អ គាត់មិនបានប្រកបគ្នា ឬដោះស្រាយបញ្ហាឡើយ ហើយគាត់តែងធ្វេសប្រហែសក្នុងភារកិច្ច។ ខ្ញុំបានព្រមានគាត់ជាច្រើនដងក្នុងអំឡុងពេលនោះ ដើម្បីឱ្យគាត់កែប្រែអាកប្បកិរិយាគាត់ចំពោះភារកិច្ចខ្លួន ហើយខ្ញុំគិតថា គាត់នឹងផ្លាស់ប្ដូរ តែគាត់នៅបន្តធ្វើដូចមុន ហើយមិនដឹងទៅណា រកមិនឃើញ។ ការងារផ្សាយដំណឹងល្អ ត្រូវជាប់គាំង ហើយគម្រោងជាច្រើនក៏គ្មានលទ្ធផល។ គាត់មិនបានឆ្លុះបញ្ចាំងពីខ្លួនគាត់ទេ ហើយតែងរកលេសដោះសាផ្សេងៗជាមួយបងប្អូន។ តាមរយៈអាកប្បកិរិយាគាត់ចំពោះភារកិច្ចខ្លួន និងឥរិយាបថផ្សេងទៀត គឺច្បាស់ណាស់ថា គាត់គឺជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនបំពេញការងារជាក់ស្ដែង ដូចព្រះបានបើកសម្ដែង ហើយគប្បីបណ្ដេញចេញឱ្យបានឆាប់។ ប៉ុន្តែខ្ញុំមិនបានយល់ ក៏មិនចេះបែងចែកមនុស្សតាមបន្ទូលព្រះដែរ។ ខ្ញុំមើលឃើញតែគំនិត គុណសម្បត្តិ និងសមត្ថភាពរបស់បងចេនីនប៉ុណ្ណោះ។ ខ្ញុំយល់ថា គាត់អាចធ្វើការងារបាន ប៉ុន្តែខ្ញុំមិនបានមើលថាគាត់កំពុងធ្វើកិច្ចការអ្វីឱ្យពិតប្រាកដ ឬថាគាត់បានលទ្ធផលអ្វីខ្លះនោះទេ។ ខ្ញុំនៅតែបន្តមានក្ដីសង្ឃឹមលើគាត់ដដែល។ ខ្ញុំសង្ឃឹមថា ការងារពួកជំនុំនឹងមានសន្ទុះដូចពីមុនវិញ ដូច្នេះ ខ្ញុំបន្តផ្ដល់ឱកាសឱ្យគាត់ថែមទៀត។ ខ្ញុំពិតជាល្ងង់ខ្លៅមែនទែន! ប្អូនស្រីជាដៃគូខ្ញុំបានឱ្យយោបល់ខ្ញុំអំពីបងចេនីន និងស្នើឱ្យខ្ញុំបណ្ដេញគាត់ចេញ តែខ្ញុំប្រកាន់តាមទស្សនៈខ្លួនឯង ដោយចង់ផ្ដល់ឱកាសឱ្យគាត់ និងគាំទ្រគាត់បន្តទៀត ដូច្នេះ ខ្ញុំមិនបានបណ្ដេញគាត់ចេញភ្លាមទេ ដោយធ្វើឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំយ៉ាងខ្លាំង។ ខ្ញុំយល់ថា ខ្ញុំមិនបានមើលការខុសត្រូវភារកិច្ចខ្ញុំឱ្យល្អទេ ដោយធ្វើឱ្យប៉ះពាល់ដល់ការងារពួកជំនុំ។ តើនេះមិនមែនជាឥរិយាបថអ្នកដឹកនាំក្លែងក្លាយទេឬអី? ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសូមទ្រង់ឱ្យណែនាំខ្ញុំឱ្យបានស្គាល់សេចក្ដីពុករលួយខ្លួនឯង។
ថ្ងៃមួយ ខ្ញុំបានអានបន្ទូលព្រះ។ «នៅពេលដែលអ្នកដឹកនាំពួកជំនុំខ្លះឃើញបងប្អូនប្រុសស្រីបំពេញភារកិច្ចឱ្យតែរួចពីដៃ ពួកគេមិនស្ដីបន្ទោសអ្នកទាំងនោះទេ ទោះបីជាពួកគេគួរតែស្ដីបន្ទោសក៏ដោយ។ នៅពេលដែលពួកគេឃើញយ៉ាងច្បាស់ថា ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់កំពុងរងការខូចខាត ពួកគេពុំខ្វាយខ្វល់នឹងបញ្ហានេះ ឬសួរនាំអ្វីឡើយ ហើយពួកគេក៏ពុំធ្វើឱ្យអ្នកដទៃអន់ចិត្តសូម្បីតែបន្តិចដែរ។ តាមពិត ពួកគេពិតជាមិនបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សទេ តែផ្ទុយទៅវិញ បំណងនិងគោលដៅរបស់ពួកគេ គឺដើម្បីយកឈ្នះចិត្តមនុស្សទៅវិញទេ។ ពួកគេដឹងយ៉ាងច្បាស់ថា៖ 'ឱ្យតែខ្ញុំធ្វើបែបនេះ ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្ត នោះពួកគេមុខជាគិតថា ខ្ញុំគឺជាអ្នកដឹកនាំល្អហើយ។ ពួកគេនឹងមានការយល់ឃើញល្អៗមកលើខ្ញុំ។ ពួកគេនឹងពេញចិត្ត និងចូលចិត្តខ្ញុំមិនខាន'។ ពួកគេពុំខ្វល់ថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតប៉ុនណា ឬថាការខាតបង់ធំប៉ុនណាត្រូវបានបង្កឡើងដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬថាជីវិតពួកជំនុំរបស់ពួកគេរងការរំខានខ្លាំងបែបណានោះទេ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបសាតាំងរបស់ខ្លួន ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្តប៉ុណ្ណោះ។ នៅក្នុងចិត្តពួកគេ គ្មានការស្ដីបន្ទោសខ្លួនឯងសោះឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់បង្កការរំខាន និងការបង្អាក់ យ៉ាងច្រើនណាស់ពួកគេនិយាយត្រឹមពីរបីម៉ាត់ជាមួយពួកនោះ សម្រាលបញ្ហា ហើយបន្ទាប់មកក៏ឈប់ត្រឹមនោះ។ ពួកគេនឹងមិនប្រកបគ្នាអំពីសេចក្ដីពិត ឬបង្ហាញពីសារជាតិនៃបញ្ហាប្រាប់បុគ្គលនោះ រឹតតែមិនវិភាគវែកញែកសភាពរបស់គេឱ្យល្អិតល្អន់ទៅទៀត ហើយក៏មិនដែលប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដែលលាតត្រដាង ឬវែកញែកកំហុសដែលមនុស្សធ្វើជារឿយៗ ឬនិស្ស័យពុករលួយដែលមនុស្សបើកសម្ដែងជាញឹកញាប់នោះឱ្យបានល្អិតល្អន់ឡើយ។ ពួកគេពុំបានដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែបណ្តោយតាមការអនុវត្តមិនត្រឹមត្រូវ និងការបើកសម្ដែងសេចក្ដីពុករលួយរបស់មនុស្ស ហើយមិនថាមនុស្សនោះអវិជ្ជមាន ឬទន់ខ្សោយប៉ុនណាទេ ពួកគេមិនព្រមយកចិត្តទុកដាក់លើបញ្ហានេះឡើយ។ ពួកគេចេះតែអធិប្បាយពាក្យពេចន៍និងគោលលទ្ធិមួយចំនួន និងនិយាយពាក្យដាស់តឿនពីរបីម៉ាត់ប៉ុណ្ណោះ ដើម្បីដោះស្រាយស្ថានការណ៍ឱ្យតែបានៗ ដោយព្យាយាមរក្សាឱ្យបាននូវការចុះសម្រុងគ្នា។ ហេតុនេះហើយទើបរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ពុំដឹងថាត្រូវឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដោយរបៀបណា ពុំមានដំណោះស្រាយទាល់តែសោះចំពោះនិស្ស័យពុករលួយដែលពួកគេបង្ហាញចេញ ហើយពួកគេរស់នៅតាមពាក្យពេចន៍ និងគោលលទ្ធិ សញ្ញាណ និងការស្រមើស្រមៃ ដោយគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ពួកគេថែមទាំងជឿនៅក្នុងចិត្តទៀតថា៖ 'អ្នកដឹកនាំរបស់យើងមានការយល់ដឹងអំពីភាពទន់ខ្សោយរបស់យើង ច្រើនជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងតូចទាបខ្លាំងណាស់ ដើម្បីរស់នៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យើងគ្រាន់តែបំពេញតាមសេចក្ដីតម្រូវរបស់អ្នកដឹកនាំ គ្រាន់តែចុះចូលនឹងអ្នកដឹកនាំយើង នោះយើងកំពុងចុះចូលនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅថ្ងៃណាមួយខាងលើដកអ្នកដឹកនាំរបស់យើងចេញពីតំណែង យើងនឹងបញ្ចេញយោបល់របស់យើង ហើយដើម្បីរក្សាអ្នកដឹកនាំរបស់យើង និងការពារពួកគេពីការដកចេញពីតំណែង យើងនឹងចរចាជាមួយខាងលើ និងបង្ខំពួកគេឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងធ្វើការត្រឹមត្រូវសម្រាប់អ្នកដឹកនាំយើង'។ កាលណាមនុស្សមានគំនិតបែបនេះនៅក្នុងចិត្តពួកគេ កាលណាពួកគេបង្កើតទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំពួកគេ ហើយកាលណាពួកគេមានប្រភេទនៃការពឹងអាង ការកោតសរសើរ និងការថ្វាយបង្គំបែបនេះនៅក្នុងចិត្តចំពោះអ្នកដឹកនាំពួកគេ នោះពួកគេមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងចំពោះអ្នកដឹកនាំរបស់ខ្លួន ហើយតែងតែចង់ស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំ ជំនួសឲ្យការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំបែបនេះស្ទើរតែយកតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តមនុស្សទៅហើយ។ ប្រសិនបើអ្នកដឹកនាំសុខចិត្តរក្សាទំនាក់ទំនងបែបនេះជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រសិនបើនៅក្នុងចិត្តពួកគេទទួលបានអារម្មណ៍សប្បាយរីករាយចេញពីរឿងនេះ ហើយជឿថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គប្បីប្រព្រឹត្តមកលើពួកគេបែបនេះ ដូច្នេះ រវាងអ្នកដឹកនាំបែបនេះ និងប៉ុល គ្មានអ្វីខុសគ្នានោះទេ ពួកគេបានបោះជំហានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ» («ចំណុចទីមួយ៖ ពួកគេព្យាយាមយកឈ្នះចិត្តមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះបើកសម្ដែងពីបំណងដ៏គួរឱ្យស្អប់របស់ខ្ញុំនៅក្នុងភារកិច្ចខ្លួន។ ខ្ញុំបានឃើញថាបងចេនីន មិនធ្វើការងារជាក់ស្ដែង តែខ្ញុំមិនបានលាតត្រដាង ឬវែកញែកពីបញ្ហាគាត់ ឬបណ្ដេញគាត់ឱ្យទាន់ពេលទេ។ ខ្ញុំចេះតែផ្គាប់ផ្គុនចិត្តគាត់ និងផ្ដល់ឱកាសឱ្យគាត់ប្រែចិត្ត។ តែនេះមិនមែនព្រោះតែខ្ញុំគិតគូរពីចំណុចខ្សោយ ឬចង់ជួយគាត់នោះទេ បំណងពិតប្រាកដរបស់ខ្ញុំគឺ ដើម្បីឱ្យបងចេនីននៅបន្តគិតថាខ្ញុំជាអ្នកដឹកនាំល្អ និងដើម្បីទទួលបានការគោរពឱ្យតម្លៃពីអ្នកដទៃ។ ពីមុន យើងធ្លាប់ធ្វើជាដៃគូនឹងគ្នា ហើយគាត់តែងគិតល្អមកលើខ្ញុំជាប់រហូត។ គាត់តែងនិយាយថា ខ្ញុំមានទំនួលខុសត្រូវលើ ការងារពួកជំនុំ ហើយខ្ញុំជាអ្នកដឹកនាំល្អ នៅចំពោះមុខអ្នកដទៃ។ បើខ្ញុំលាតត្រដាង និងនិយាយពីបញ្ហាគាត់ និងដោះស្រាយជាមួយគាត់ នោះអាចធ្វើឱ្យខូចទំនាក់ទំនងពួកយើងបាន ហើយការគិតល្អរបស់គាត់មកលើខ្ញុំ ក៏នឹងរលាយអស់ដែរ។ ដើម្បីឱ្យបងចេនីនបន្តគិតល្អមកលើខ្ញុំក្នុងនាមជាអ្នកដឹកនាំ ខ្ញុំមិនបានលាតត្រដាងពីបញ្ហាគាត់ មិនបានដោះស្រាយជាមួយគាត់ ឬវែកញែកពីទង្វើ និងការប្រព្រឹត្តរបស់គាត់ឡើយ។ បើខ្ញុំធ្វើ ម្ល៉េះសមគាត់នឹងបានដឹងពីបញ្ហាគាត់ ហើយអាចកែប្រែបានទាន់ពេល។ តែខ្ញុំបានត្រឹមនិយាយពាក្យលួងលោម និងផ្ដល់ដំបូន្មានគាត់ពីរបីម៉ាត់ លើកទឹកចិត្តគាត់ឱ្យចូលរួមជួបជុំ និងតាមដានការងារពួកជំនុំឱ្យបានច្រើន ដោយមើលរំលងបញ្ហា និងនិយាយចោះៗ។ ប្អូនស្រីជាដៃគូខ្ញុំបានស្នើឱ្យបណ្ដេញបងចេនីនចេញតាមគោលការណ៍ជាច្រើនដង តែខ្ញុំបារម្ភខ្លាចថាធ្វើបែបនេះ នឹងប៉ះពាល់ដល់គាត់ ហើយខ្លាចគាត់ឈប់គិតល្អមកលើខ្ញុំទៀត ដូច្នេះ ខ្ញុំបានពន្យារពេលបណ្ដេញគាត់ចេញ។ ព្រះបើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើការ និងនិយាយស្ដីដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ នៅពេលពួកគេឃើញអ្នកណាបំពានគោលការណ៍ពេលបំពេញភារកិច្ច ពួកគេមិនបានរិះគន់ ឬដោះស្រាយជាមួយអ្នកនោះឡើយ។ គោលដៅរបស់ពួកគេ គឺដើម្បីរក្សាឋានៈគេនៅក្នុងចិត្តមនុស្ស ដើម្បីទទួលបានការគោរពពីអ្នកដទៃ និងនាំមនុស្សមកចំពោះមុខពួកគេ។ ដើម្បីឱ្យអ្នកដទៃបន្តគិតល្អមកលើខ្ញុំ ខ្ញុំមិនខ្វល់ពីការងារពួកជំនុំទេ ហើយពេលខ្ញុំឃើញអ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារជាក់ស្ដែង ខ្ញុំមិនបានលាតត្រដាង ដោះស្រាយជាមួយ ឬប្ដូរគាត់ចេញទេ។ ខ្ញុំធ្វើបែបនេះ គឺដើម្បីរក្សាឋានៈខ្ញុំក្នុងចិត្តមនុស្ស និងដើម្បីឱ្យអ្នករាល់គ្នាគិតថា ខ្ញុំមានចិត្តក្ដួលអាណិត អត់ធ្មត់ និងជាអ្នកដឹកនាំល្អ។ ការបំពេញភារកិច្ចបែបនេះ ខ្ញុំមិនបានជួយ ឬកែលម្អបងប្អូនប្រុសស្រីឡើយ ហើយក៏មិនធ្វើឱ្យពួកគាត់យល់ពីសេចក្ដីពិត ឬនាំពួកគាត់មកចំពោះព្រះដែរ។ ផ្ទុយទៅវិញ ខ្ញុំនាំពួកគាត់មកចំពោះខ្ញុំ ធ្វើឱ្យពួកគាត់សរសើរ និងថ្វាយបង្គំខ្ញុំ។ បែបនេះ ខ្ញុំកំពុងដឹកនាំបងប្អូនឱ្យវង្វេង និងយកឈ្នះចិត្តពួកគាត់ ដោយដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទដែលត្រូវគេបណ្ដេញចេញពីពួកជំនុំ ត្រូវគេលាតត្រដាង និងផាត់ចោលម្ដងមួយៗ។ បើខ្ញុំបន្តធ្វើបែបនេះទៀត ដោយមិនព្រមប្រែចិត្ត ឬផ្លាស់ប្ដូរ ខ្ញុំមុខជាត្រូវគេផាត់ចោលដូចពួកនោះដែរមិនខាន។ ពេលគិតបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសូមទ្រង់ឱ្យណែនាំខ្ញុំធ្វើការឆ្លុះបញ្ចាំងពីឫសគល់នៃកំហុសរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានអត្ថបទបន្ទូលព្រះមួយ។ «នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នករស់នៅតាមទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកីយ៍ ហើយមិនអនុវត្តសេចក្ដីពិតឡើយ ហើយអ្នកតែងតែខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត ប៉ុន្តែមិនខ្លាចប្រមាថព្រះជាម្ចាស់ទៅវិញ ហើយថែមទាំងអាចលះបង់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃទៀតផង។ តើការធ្វើបែបនេះមានផលវិបាកអ្វីខ្លះ? អ្នកនឹងបានការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃបានយ៉ាងល្អ ប៉ុន្តែអ្នកនឹងបានប្រមាថព្រះជាម្ចាស់ ហើយទ្រង់នឹងស្អប់ខ្ពើមនិងបដិសេធអ្នក ព្រមទាំងខ្ញាល់នឹងអ្នក។ បើថ្លឹងថ្លែងទៅ តើមួយណាធ្ងន់ធ្ងរជាង? ប្រសិនបើអ្នកមិនអាចទទួលអារម្មណ៍ដឹងពីរឿងនេះទេ នោះអ្នកពិតជាវង្វេងវង្វាន់ទាំងស្រុងហើយ វាបញ្ជាក់ថា អ្នកមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នកបន្តបែបនោះដោយមិនភ្ញាក់រលឹកសោះ នោះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ នៅទីបំផុត អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ហើយអ្នកគឺជាអ្នកដែលត្រូវរងការខាតបង់។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតនៅក្នុងរឿងនេះទេ ហើយអ្នកបរាជ័យ តើអ្នកនឹងអាចស្វែងរកសេចក្ដីពិតនៅពេលអនាគតបានដែរឬទេ? ប្រសិនបើអ្នកនៅតែមិនអាចធ្វើបានទេ នោះវានឹងលែងជារឿងនៃការរងការខាតបង់ទៀតហើយ គឺនៅទីបំផុត អ្នកនឹងត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកមានចេតនា និងទស្សនៈរបស់មនុស្សផ្គាប់ចិត្តគេ នោះនៅក្នុងគ្រប់បញ្ហាទាំងអស់ អ្នកនឹងមិនអនុវត្តសេចក្ដីពិត ឬប្រកាន់ខ្ជាប់គោលការណ៍ឡើយ ដូច្នេះហើយអ្នកនឹងបរាជ័យ និងដួលជានិច្ច។ ប្រសិនបើអ្នកមិនភ្ញាក់រឭក ហើយមិនដែលស្វែងរកសេចក្ដីពិតទេ នោះអ្នកជាប្រភេទមនុស្សដែលគ្មានជំនឿពិត ហើយអ្នកនឹងមិនទទួលបានសេចក្ដីពិត និងជីវិតឡើយ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? នៅពេលប្រឈមមុខនឹងរឿងបែបនេះ អ្នកត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ ហើយស្រែកអំពាវនាវដល់ទ្រង់ សូមឱ្យព្រះជាម្ចាស់សង្គ្រោះអ្នក ហើយប្រទានឱ្យអ្នកនូវសេចក្ដីជំនឿ និងកម្លាំង ធ្វើឱ្យអ្នកអាចប្រកាន់ខ្ជាប់នូវគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយបញ្ហាស្របតាមគោលការណ៍ ប្រកាន់ខ្ជាប់ជំហររបស់ខ្លួន ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបង្ការកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កុំឱ្យមានការខាតបង់។ ប្រសិនបើអ្នកអាចបះបោរប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក មោទនភាពរបស់អ្នក និងទស្សនៈរបស់អ្នកជាមនុស្សផ្គាប់ចិត្តគេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលអ្នកគួរធ្វើដោយចិត្តស្មោះត្រង់ និងមិនបែងចែក នោះអ្នកនឹងបានយកឈ្នះលើសាតាំង ហើយទទួលបានសេចក្ដីពិតក្នុងទិដ្ឋភាពនេះ។ ប្រសិនបើអ្នកនៅតែជំនះរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ហើយមិនដែលអនុវត្តសេចក្ដីពិត ហើយមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ទេ តើអ្នកនឹងអាចអនុវត្តសេចក្ដីពិតនៅក្នុងបញ្ហាផ្សេងទៀតបានដែរឬទេ? អ្នកនឹងនៅតែគ្មានជំនឿ ឬកម្លាំងដដែល។ ប្រសិនបើអ្នកមិនដែលស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ។) ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតបន្តិចបន្តួចសោះ ពេលនោះ អ្នកពិតជាមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ។ អ្នកគួរតែដឹងច្បាស់ថា ការទទួលបានសេចក្តីពិត គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់សេចក្តីសង្រ្គោះ។ អីចឹង តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីទទួលបានសេចក្តីពិត? ប្រសិនបើអ្នកអាចអនុវត្តសេចក្តីពិត បើអ្នកអាចរស់នៅតាមសេចក្តីពិត ហើយសេចក្តីពិតក្លាយជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់អ្នក ពេលនោះ អ្នកនឹងទទួលបានសេចក្តីពិត និងមានជីវិត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលទទួលបានសេចក្តីសង្រ្គោះមិនខាន» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមបន្ទូលរបស់ព្រះ ខ្ញុំបានយល់ ពីមូលហេតុដែលខ្ញុំការពារឋានៈ មុខមាត់ និងទំនាក់ទំនងខ្ញុំ ហើយមិនខ្វល់ពីការងារពួកជំនុំ គឺសំខាន់មកពី ខ្ញុំរងឥទ្ធិពលពីការយកចិត្តមនុស្ស និងពីទស្សនវិជ្ជាខាងលោកិយខ្លាំងពេក។ ខ្ញុំរងឥទ្ធិពលពីគំនិតខាងលោកិយបែបសាតាំង ដូចជា «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» និង «រក្សាមិត្តភាពជាមួយមនុស្សដែលអ្នកមិនអាចចៀសផុតបាន»។ ខ្ញុំគិតថា ដើម្បីឱ្យអ្នកដទៃចូលចិត្ត និងសរសើរយើង យើងត្រូវតែសុភាព មានចិត្តល្អ ហើយយើងមិនគួរនិយាយខ្លាំងៗដាក់គេទេ នៅពេលយើងឃើញបញ្ហាអ្នកដទៃ យើងធ្វើជាមើលមិនឃើញទៅបានហើយ យើងមិនគួរហ្មត់ចត់ពេកទេ ឬធ្វើអ្វីឱ្យប៉ះពាល់អ្នកណាឡើយ បែបនេះ គ្រប់គ្នានឹងចូលចិត្តយើងមិនខាន។ ខ្ញុំបានរស់នៅតាមគំនិតយកចិត្តមនុស្សបែបនេះ ហើយពេលខ្ញុំឃើញបង ចេនីន មិនធ្វើការងារជាក់ស្ដែង ខ្ញុំមិនបានលាតត្រដាង ដោះស្រាយជាមួយ ឬបណ្ដេញគាត់ចេញទេ។ ខ្ញុំបានការពារឋានៈ និងមុខមាត់ខ្ញុំ ប៉ុន្តែដោយសារខ្ញុំមិនបានលាតត្រដាងពីបញ្ហាបងចេនីន ឬបណ្ដេញគាត់ឱ្យបានទាន់ពេល ការងារផ្សាយដំណឹងល្អក៏ត្រូវយឺតយ៉ាវ។ ខ្ញុំឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ ឋានៈ និងទំនាក់ទំនងខ្ញុំខ្លាំងជាងភារកិច្ចខ្ញុំ ហើយដើម្បីការពារមុខមាត់ និងឋានៈខ្ញុំ ខ្ញុំមិនបានការពារកិច្ចការពួកជំនុំទាល់តែសោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ពិតមែន។ ការរស់នៅតាមគំនិតយកចិត្តមនុស្សបែបនេះ បានធ្វើឱ្យខ្ញុំកាន់តែមានល្បិចកល វៀចវេរ និងខ្វះភាពជាមនុស្សខ្លាំងឡើង។ បន្ទូលព្រះចែងថា៖ «អ្នកណាដែលដើរផ្លូវកណ្ដាល អ្នកនោះគឺជាមនុស្សមានស្នៀតបញ្ឆោតបំផុត។ ពួកគេមិនធ្វើឱ្យនរណាម្នាក់អន់ចិត្តទេ ពួកគេប្រសប់ខាងនិយាយណាស់ ពួកគេពូកែចាក់បណ្ដោយក្នងគ្រប់ស្ថានភាព ហើយគ្មាននរណាម្នាក់អាចចាប់កំហុសរបស់ពួកគេបានឡើយ។ ពួកគេប្រៀបដូចជាសាតាំងដែលកំពុងរស់នៅអ៊ីចឹង!» («មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះស្អប់ខ្ពើមមនុស្សយកចិត្តគេណាស់។ យើងមិនអាចទទួលបានសេចក្ដីពិត ឬបានសង្គ្រោះ តាមការពឹងលើគំនិតយកចិត្តមនុស្សនេះឡើយ។ ពេលដឹងបែបនេះ ខ្ញុំពិតជាភ័យខ្លាចណាស់។ ខ្ញុំដឹងថា ខ្ញុំបានប្រព្រឹត្តអំពើរំលងនៅចំពោះព្រះ ហើយបើខ្ញុំមិនកែប្រែសភាពនេះ និងកែប្រែចិត្តដោយពិតប្រាកដទេ ខ្ញុំមុខជាត្រូវព្រះបោះបង់ និងផាត់ចោលមិនខាន។ បន្ទូលព្រះក៏បានបង្ហាញផ្លូវអនុវត្តន៍មួយដល់ខ្ញុំផងដែរថា នៅពេលដែលខ្ញុំចង់ការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្លួន ខ្ញុំគួរអធិដ្ឋានទៅព្រះឱ្យបានច្រើន ទូលសូមទ្រង់ឱ្យប្រទានកម្លាំងដល់ខ្ញុំ រួចធ្វើតាមគោលការណ៍ និងរៀនបំពេញភារកិច្ចខ្ញុំដោយចិត្តស្មោះត្រង់។ បែបនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតបងប្អូនទេ តែក៏ផ្ដល់ប្រយោជន៍ដល់ការងារពួកជំនុំដែរ។ ខ្ញុំបានអធិស្ឋានទៅព្រះថា ខ្ញុំនឹងអនុវត្តសេចក្ដីពិត ធ្វើតាមគោលការណ៍ និងការពារប្រយោជន៍ពួកជំនុំ។
បន្ទាប់មក ខ្ញុំក៏បានអានបន្ទូលព្រះ។ «តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «ការក្ដាប់បានពីស្ថានការណ៍របស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ គឺជាការងារដែលស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ តើបុគ្គលិកទាំងនេះជានរណា? សំខាន់គឺអ្នកដឹកនាំពួកជំនុំ បន្ទាប់មកគឺអ្នកមើលការខុសត្រូវក្រុម និងមេក្រុមនៃក្រុមផ្សេងៗ។ តើការយល់ដឹង និងក្ដាប់បានពីស្ថានការណ៍ ដូចជាថាតើអ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ មានតថភាពសេចក្ដីពិត មានគោលការណ៍ក្នុងការបំពេញការងារ និងអាចធ្វើការងារពួកជំនុំបានល្អនោះ មិនមែនជារឿងចាំបាច់ និងមានសារៈសំខាន់ខ្លាំងទេឬ? ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការក្ដាប់បានពីស្ថានការណ៍របស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗដែលជាបុគ្គលសំខាន់បានយ៉ាងច្បាស់លាស់ ហើយធ្វើការកែសម្រួលបុគ្គលិកឱ្យបានសមស្រប នោះគឺស្មើនឹងពួកគេបានអនុវត្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការងារនីមួយៗហើយ ហើយវាក៏ស្មើនឹងពួកគេបានបំពេញទំនួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនដែរ។ ប្រសិនបើមិនបានធ្វើការកែសម្រួលបុគ្គលិកទាំងនេះឱ្យបានសមស្របទេ ហើយមានបញ្ហាអ្វីមួយកើតឡើង នោះការងាររបស់ពួកជំនុំនឹងរងផលប៉ះពាល់យ៉ាងខ្លាំងមិនខាន។ ប្រសិនបើបុគ្គលិកទាំងនេះមានភាពជាមនុស្សល្អ មានមូលដ្ឋានគ្រឹះនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានានា ហើយអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបាន ដូច្នេះ ការដាក់ពួកគេឱ្យទទួលខុសត្រូវលើកិច្ចការ នឹងជួយកាត់បន្ថយបញ្ហាជាច្រើន ហើយសំខាន់បំផុតនោះគឹ វានឹងអាចឱ្យកិច្ចការដំណើរការទៅបានយ៉ាងរលូន។ ប៉ុន្តែប្រសិនបើអ្នកមើលការខុសត្រូវនៃក្រុមផ្សេងៗមិនអាចទុកចិត្តបាន មានភាពជាមនុស្សអន់ខ្សោយ មិនប្រព្រឹត្តខ្លួនឱ្យបានល្អ មិនអនុវត្តសេចក្ដីពិត ហើយថែមទាំងអាចបង្កឱ្យមានការបង្អាក់ និងការរំខានខ្លះៗផង នោះរឿងនេះនឹងមានផលប៉ះពាល់ដល់កិច្ចការដែលពួកគេទទួលខុសត្រូវ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីដែលពួកគេដឹកនាំមិនខាន។ ជាការពិតណាស់ ផលប៉ះពាល់នោះអាចធំ ឬក៏តូច។ ប្រសិនបើអ្នកមើលការខុសត្រូវ គ្រាន់តែបំពេញភារកិច្ចរបស់ពួកគេដោយខ្ជីខ្ជា ហើយមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវទេ រឿងនេះប្រហែលជាគ្រាន់តែបណ្ដាលឱ្យការងារមានការយឺតយ៉ាវខ្លះៗប៉ុណ្ណោះ ពោលគឺវឌ្ឍនភាពការងារនឹងមានការយឺតជាងមុនបន្តិច ហើយការងារនឹងមានប្រសិទ្ធភាពតិចជាងមុនបន្តិច។ ក៏ប៉ុន្តែ ប្រសិនបើពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទវិញ បញ្ហានឹងធ្ងន់ធ្ងរជាមិនខាន៖ នេះនឹងមិនមែនត្រឹមជាបញ្ហាដែលការងារមានប្រសិទ្ធភាពតិចជាងមុន ឬគ្មានប្រសិទ្ធភាពជាងមុននោះទេ គឺពួកគេនឹងរំខាន និងបំផ្លាញការងាររបស់ពួកជំនុំដែលពួកគេទទួលខុសត្រូវ ដោយបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរមិនខាន។ ដូច្នេះហើយ ការក្ដាប់បានពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗផ្សេងៗ និងធ្វើការកែសម្រួល ឬដកបុគ្គលិកចេញពីតំណែងឱ្យបានទាន់ពេលវេលា នៅពេលរកឃើញថា មាននរណាម្នាក់មិនបានបំពេញការងារជាក់ស្ដែងទេ គឺជាកាតព្វកិច្ចដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចគេចវេះបានឡើយ។ នេះគឺជាការងារហ្មត់ចត់ និងសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ អាចស្គាល់ពីចរិតលក្ខណៈរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗផ្សេងៗ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះភារកិច្ចរបស់ខ្លួន ក៏ដូចជាសភាព និងការបំពេញការងាររបស់ពួកគេនៅក្នុងអំឡុងពេលនីមួយៗ និងនៅដំណាក់កាលនីមួយៗបានទាន់ពេលវេលា ហើយធ្វើការកែសម្រួល និងចាត់ចែងអ្នកទាំងនោះភ្លាមៗទៅតាមស្ថានភាព នោះការងារនឹងអាចដំណើរការទៅមុខយ៉ាងរលូនមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងនោះធ្វើរឿងអាក្រក់ៗតាមតែអំពើចិត្ត និងមិនធ្វើការងារពិតប្រាកដនៅក្នុងពួកជំនុំទេ ហើយអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់ពីបញ្ហានេះឱ្យបានទាន់ពេលវេលា និងធ្វើការកែសម្រួលឱ្យបានទាន់ពេលទេ ប៉ុន្តែរង់ចាំរហូតដល់បញ្ហាធ្ងន់ធ្ងរគ្រប់បែបយ៉ាងលេចឡើង ដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់ពួកជំនុំ ទើបខំប្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះ ខំប្រឹងកែសម្រួល កែតម្រូវ និងស្រោចស្រង់ស្ថានការណ៍នោះ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះ គឺជាមនុស្សចោលម្សៀតហើយ។ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធ ដែលត្រូវតែដកចេញពីតំណែង និងជម្រុះចោល» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមបន្ទូលរបស់ព្រះ ខ្ញុំបានយល់ថា អ្នកដឹកនាំមានកាតព្វកិច្ចពិនិត្យមើលឱ្យទាន់ពេល នូវរាល់ស្ថានភាពរបស់អ្នកមើលការខុសត្រូវ និងបុគ្គលិកសំខាន់ៗផ្សេងទៀតរបស់គម្រោង និងបណ្តេញ ឬប្ដូរអ្នកដែលមិនស័ក្តិសមចេញភ្លាមៗ ពេលរកឃើញ ដើម្បីធានានូវការរីកចម្រើនជោគជ័យនៃគម្រោងរបស់ពួកជំនុំ។ នៅពេលពួកគេដឹងថា អ្នកមើលការខុសត្រូវ អ្នកដឹកនាំ ឬបុគ្គលិក មិនបានធ្វើការងារជាក់ស្ដែង ដែលប៉ះពាល់ និងធ្វើឱ្យការងារពួកជំនុំយឺតយ៉ាវ ពួកគេគប្បីប្រកបគ្នាឱ្យទាន់ពេលជាមួយពួកនោះ ហើយប្រសិនបើពួកគេមិនផ្លាស់ប្ដូរ ហើយមិនស័ក្តិសមនឹងផ្ដល់ការបម្រើទេ នោះត្រូវចាត់តាំងជាថ្មី ឬបណ្ដេញពួកគេចេញឱ្យទាន់ពេល។ ធ្វើបែបនេះទើបមានប្រយោជន៍ដល់កិច្ចការពួកជំនុំ។ ត្រូវរក្សាទុកអ្នកណាដែលស័ក្តិសមសម្រាប់ប្រើ និងបណ្ដេញអ្នកណាដែលមិនស័ក្តិសម ផ្ដល់ការប្រកបគ្នា និងជួយអ្នកដែលត្រូវការឱ្យជួយ ដោះស្រាយជាមួយអ្នកដែលត្រូវការដោះស្រាយជាមួយ បណ្ដុះអ្នកណាដែលស្វែងរកសេចក្ដីពិត។ កន្លងមក បងចេនីនធ្វើការឱ្យតែរួចពីដៃ មិនរែនពុនបន្ទុក គ្មានទំនួលខុសត្រូវក្នុងភារកិច្ចគាត់។ អ្នកដឹកនាំបានប្រកបគ្នាជាមួយគាត់ជាច្រើនដង តែគាត់មិនដែលផ្លាស់ប្ដូរឡើយ។ រឿងនេះប៉ះពាល់ដល់កិច្ចការពួកជំនុំជាខ្លាំង។ ពិតណាស់ គាត់គឺជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើកិច្ចការជាក់ស្ដែង ហើយត្រូវការបណ្ដេញគាត់ចេញភ្លាមៗ ចំណែកបុគ្គលដែលមានទំនួលខុសត្រូវ ដែលមានភាពជាមនុស្សល្អ ត្រូវធ្វើការបណ្ដុះបណ្ដាល។ បែបនេះនឹងមានប្រយោជន៍ដល់កិច្ចការពួកជំនុំ និងធ្វើឱ្យការងារផ្សាយដំណឹងល្អរីកចម្រើនទៅបានរលូន។ ពេលគិតបែបនេះ ចិត្តខ្ញុំបានជ្រះស្រឡះទាំងស្រុង និងមានពន្លឺ ហើយខ្ញុំបានសន្យានឹងព្រះថា៖ «នៅពេលខ្ញុំជួបប្រទះបញ្ហាបែបនេះម្ដងទៀត ខ្ញុំនឹងអនុវត្តស្របតាមគោលការណ៍ និងបំពេញទំនួលខុសត្រូវ»។ ខ្ញុំក៏បានទូលសូមព្រះឱ្យដឹកនាំខ្ញុំអនុវត្តសេចក្ដីពិតផងដែរ។
ក្រោយមក ខ្ញុំបាននិយាយពីបញ្ហាបងចេនីនជាមួយគាត់ ដោយលាតត្រដាងថា គាត់ជាអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើការងារជាក់ស្ដែង។ ខ្ញុំឃើញថាគាត់ខឹងខ្លាំងណាស់ ហើយក៏មិនហ៊ាននិយាយអ្វីទៀតដែរ។ ខ្ញុំគិតថា៖ «ប្រសិនបើលាតត្រដាងបញ្ហារបស់គាត់ នោះទំនាក់ទំនងពួកយើងនឹងធ្លាក់ក្នុងភាពទាល់ច្រក ហើយការគិតល្អរបស់គាត់មកលើខ្ញុំ នឹងត្រូវរលាយអស់»។ ពេលនោះ ខ្ញុំដឹងថា ខ្ញុំកំពុងត្រឡប់ទៅរកផ្លូវចាស់ខ្ញុំវិញហើយ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះថា៖ «ព្រះអង្គអើយ ខ្ញុំម្ចាស់ចង់អនុវត្តសេចក្ដីពិត និងចង់បំពេញភារកិច្ចខ្ញុំម្ចាស់ ប្រកបគ្នាពីអ្វីដែលខ្ញុំម្ចាស់គួរប្រកបគ្នា ហើយឈប់ខ្វល់ពីមុខមាត់ដែលអ្នកដទៃគិតមកលើខ្ញុំម្ចាស់ទៀត។ សូមប្រទានកម្លាំងដល់ខ្ញុំម្ចាស់ ដើម្បីយកឈ្នះលើចំណងនៃនិស្ស័យពុករលួយនេះផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបន្តប្រកបគ្នាជាមួយបងចេនីនទៀត ដោយលើកពីបញ្ហារបស់គាត់ម្ដងមួយៗ និងលាតត្រដាងពីកង្វះការងារជាក់ស្ដែងរបស់គាត់។ ពេលនោះទោះគាត់មិនពេញចិត្តក៏ដោយ ចុងក្រោយ គាត់ថា បើគ្មានការលាតត្រដាង និងការរិះគន់ពីខ្ញុំទេ គាត់មុខជាមើលមិនឃើញបញ្ហាខ្លួនគាត់ទេ។ គាត់បានទទួលស្គាល់ថា ខ្លួនគាត់ពុករលួយខ្លាំង ហើយថា គាត់ចង់ផ្លាស់ប្ដូរ គាត់សុខចិត្តទទួលយកគ្រប់យ៉ាង ទោះបីពួកគេចង់ដោះស្រាយជាមួយគាត់យ៉ាងម៉េចក៏ដោយ។ ពេលឮគាត់និយាយបែបនេះ ខ្ញុំពិតជាអរព្រះគុណព្រះណាស់។ ពេលអនុវត្តតាមបន្ទូលព្រះ ទំនាក់ទំនងខ្ញុំមិនបានបែកបាក់ទៅណា ដូចខ្ញុំធ្លាប់គិតឡើយ ហើយខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត និងស្រួលចិត្តជាងមុន។ បន្ទាប់ពីបណ្ដេញបងចេនីនរួច យើងជ្រើសរើសបងប្រុសម្នាក់ទៀត ឱ្យមើលការខុសត្រូវការងារផ្សាយដំណឹងល្អ។ គាត់ពិតជារែកពុនបន្ទុកភារកិច្ចគាត់មែន និងដឹកនាំអ្នកដទៃផ្សាយដំណឹងល្អ។ បានមួយរយៈ ការងារដំណឹងល្អ ក៏ចាប់ផ្ដើមមានសន្ទុះវិញ។
បទពិសោធនេះធ្វើឱ្យខ្ញុំដឹងថា ការពឹងលើនិស្ស័យបែបសាតាំងដើម្បីបំពេញភារកិច្ចខ្លួន មិនត្រឹមតែប៉ះពាល់ដល់ខ្លួនខ្ញុំទេ តែក៏ប៉ះពាល់ដល់ការងារពួកជំនុំដែរ។ មានតែការបំពេញភារកិច្ចស្របតាមបន្ទូលព្រះ និងតាមគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។