៤. កុំសង្ស័យលើមនុស្សដែលអ្នកផ្តល់ភារកិច្ចឱ្យ៖ តើត្រឹមត្រូវដែរឬទេ?
នៅខែកក្កដា ឆ្នាំ ២០២០ ខ្ញុំត្រូវបានជាប់ឆ្នោតជាអ្នកដឹកនាំ ហើយបានទទួលខុសត្រូវលើកិច្ចការនៃពួកជំនុំជាច្រើន។ បងប្អូនស្រី លីវ ជីង ទើបតែត្រូវបានជាប់ឆ្នោតជាអ្នកដឹកនាំនៅក្នុងពួកជំនុំមួយក្នុងចំណោមពួកជំនុំទាំងនោះ។ ខ្ញុំធ្លាប់ធ្វើការជាមួយគាត់ពីមុនមក ហើយស្គាល់គាត់ច្បាស់គួរសម។ គាត់មានភាពចាស់ទុំ នឹងនរ គិតគូរអ្វីៗពីគ្រប់ជ្រុងទាំងអស់ ហើយក៏មានបន្ទុកក្នុងភារកិច្ចរបស់គាត់ដែរ។ គាត់តែងតែជួយខ្ញុំក្នុងការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ រាល់ពេលដែលខ្ញុំជួបប្រទះបញ្ហា ឬការលំបាកផ្សេងៗ។ ខ្ញុំមានអារម្មណ៍ថាគាត់ពិតជាគួរឱ្យទុកចិត្តបាន ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចាំបាច់បារម្ភច្រើនអំពីពួកជំនុំរបស់គាត់ឡើយ ហើយអាចចំណាយកម្លាំងរបស់ខ្ញុំបន្ថែមទៀតទៅលើពួកជំនុំដទៃវិញ។ ដូច្នេះ បន្ទាប់ពីបានណែនាំ លីវ ជីង អំពីរបៀបដោះស្រាយកិច្ចការផ្សេងៗរួចមក ខ្ញុំក៏មិនសូវបានខ្វល់ខ្វាយច្រើនពីកិច្ចការរបស់គាត់ដែរ។ ក្នុងអំឡុងពេលនេះ ខ្ញុំបានមើលឃើញថាគាត់មានផ្លូវនៅក្នុងកិច្ចការរបស់គាត់ និងទទួលបានលទ្ធផលនានានៅក្នុងកិច្ចការផ្សេងៗរបស់គាត់ ហើយរឿងនេះធ្វើឱ្យចិត្តរបស់ខ្ញុំកាន់តែស្ងប់ថែមទៀត។ ខ្ញុំយល់ឃើញថា ទោះបីជាខ្ញុំមិនបានត្រួតពិនិត្យកិច្ចការនានាក៏ដោយ ក៏គាត់នៅតែអាចដោះស្រាយរាល់ការលំបាក ឬបញ្ហានានាដែលគាត់ជួបប្រទះបានយ៉ាងឆាប់រហ័សដែរ។ ដូច្នេះ អស់រយៈពេលបីខែជាប់ៗគ្នា ខ្ញុំមិនបានពិនិត្យ ឬតាមដានលម្អិតអំពីកិច្ចការដែលគាត់ទទួលខុសត្រូវឡើយ ហើយថែមទាំងបានស្នើឈ្មោះគាត់ជាបេក្ខភាពក្នុងការបោះឆ្នោតសម្រាប់តំណែងដឹកនាំកម្រិតខ្ពស់ទៀតផង។
លុះដល់ខែធ្នូ ខ្ញុំបានទទួលសំបុត្រពីអ្នកដឹកនាំរបស់ខ្ញុំ ដោយនិយាយថា បងប្អូនប្រុសស្រីមួយចំនួនបានវាយតម្លៃ លីវ ជីង ថាគាត់មិនបានធ្វើកិច្ចការជាក់ស្ដែងឡើយ។ គាត់បានស្នើឱ្យខ្ញុំតាមដាន និងពិនិត្យមើលកិច្ចការរបស់គាត់ ហើយបាននិយាយថា ក្នុងពេលនេះ គាត់មិនទាន់ជាបេក្ខភាពស័ក្តិសមសម្រាប់ការបោះឆ្នោតនោះទេ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញសំបុត្រនេះ «គាត់មិនបានធ្វើកិច្ចការជាក់ស្ដែងឬ? តើរឿងនេះអាចកើតឡើងយ៉ាងដូចម្ដេចទៅ? ប្រសិនបើបែបនេះមែន តើពួកជំនុំរបស់គាត់ទទួលបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្លួនរយៈពេលប៉ុន្មានខែចុងក្រោយនេះយ៉ាងដូចម្ដេចទៅ? បងប្អូនស្រី វូ ស៊ីនមីង ដែលជាដៃគូរបស់គាត់ ទើបតែបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំនាពេលថ្មីៗនេះ ដូច្នេះគាត់នឹងមិនទាន់ស៊ាំនឹងកិច្ចការនោះនៅឡើយទេ។ តើមិនមែន លីវ ជីង ទេឬ ដែលបានរែកពន់កិច្ចការទាំងអស់សម្រាប់ពួកជំនុំនោះ? តើពួកអ្នកដឹកនាំគ្រាន់តែផ្អែកលើការវាយតម្លៃទាំងនោះ ហើយនិយាយថា គាត់មិនបានធ្វើកិច្ចការជាក់ស្ដែង ដោយមិនបានស្វែងយល់ពីស្ថានភាពឱ្យបានច្បាស់លាស់មែនទេ? ខ្ញុំធ្លាប់ធ្វើការជាមួយ លីវ ជីង ពីមុនមក ហើយស្គាល់គាត់ច្បាស់ណាស់។ ថ្មីៗនេះ បងប្អូនប្រុសស្រីមួយចំនួនត្រូវបានចាប់ខ្លួននៅក្នុងពួកជំនុំរបស់គាត់។ គាត់ជាប់រវល់ដោះស្រាយផលវិបាកដែលនៅសេសសល់ ហើយប្រហែលជាគ្មានពេលសម្រាប់រឿងផ្សេងទៀតឡើយ។ ទោះបីជាមើលទៅគាត់ហាក់ដូចជាមិនកំពុងធ្វើកិច្ចការជាក់ស្ដែងក៏ដោយ ក៏វាជារឿងដែលអាចយល់បានដែរ។ ខ្ញុំមិនអាចមើលគាត់ខុសឡើយ»។ ខ្ញុំបានពិនិត្យមើលការវាយតម្លៃពីបងប្អូនប្រុសស្រី ហើយឃើញថាពួកគេបានសរសេរអំពីរបៀបដែល លីវ ជីង មិនបានធ្វើកិច្ចការជាក់ស្ដែងនៅក្នុងភារកិច្ចរបស់គាត់ពីមុនមក។ ខ្ញុំបានគិតថា «តើពួកគេកើតអីហ្នឹង? ពួកគេគ្រាន់តែចាប់ទោសចំពោះអំពើរំលងពីមុនរបស់ លីវ ជីង ជាជាងមើលថា តើគាត់បានផ្លាស់ប្ដូរហើយឬនៅ។ កិច្ចការនៅក្នុងពួកជំនុំដែលគាត់គ្រប់គ្រង ទទួលបានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គាត់អាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះដែរ»។ ខ្ញុំបានពន្យល់ស្ថានភាពនេះទៅកាន់អ្នកដឹកនាំភ្លាមៗ ហើយបានស្នើឱ្យគាត់បន្តឈរឈ្មោះក្នុងការបោះឆ្នោត។
ប៉ុន្មានថ្ងៃក្រោយមក ដោយមើលឃើញថាខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាដែល លីវ ជីង មិនបានធ្វើកិច្ចការជាក់ស្ដែង ហើយនៅតែការពារគាត់ទៀតនោះ អ្នកដឹកនាំក៏បានរំឭកខ្ញុំថា៖ «យើងត្រូវតែពិនិត្យមើលរឿងរ៉ាវនានាស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យពុករលួយ រហូតទាល់តែយើងទទួលបានសេចក្ដីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គ្មាននរណាម្នាក់ដែលគួរឱ្យទុកចិត្តបានឡើយ ពោលគឺយើងទាំងអស់គ្នានឹងធ្វើរឿងរ៉ាវនានាតាមរបៀបផ្ទាល់ខ្លួន និងផ្អែកលើនិស្ស័យពុករលួយរបស់យើង។ ប្រសិនបើគ្មានការមើលការខុសត្រូវទេ នរណាក៏ដោយក៏អាចធ្វើរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំបានដែរ។ ដូច្នេះ នៅពេលនិយាយដល់កិច្ចការពួកជំនុំ យើងមិនអាចមានទំនុកចិត្តទាំងស្រុងលើនរណាម្នាក់បានឡើយ។ មានតែតាមរយៈការពិនិត្យសួរនាំ និងការមើលការខុសត្រូវកិច្ចការជាក់ស្ដែងប៉ុណ្ណោះ ទើបយើងអាចរកឃើញ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។ នេះគឺជាការទទួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំ»។ ខ្ញុំបាននិយាយថា ខ្ញុំនឹងធ្វើវា ប៉ុន្តែខ្ញុំបានគិតថា៖ «ការមើលការខុសត្រូវគឺជារឿងដែលត្រូវតែធ្វើ ប៉ុន្តែខ្ញុំមិនគួរសង្ស័យលើអ្វីគ្រប់យ៉ាងទេ។ តើនរណាដែលមិនចង់ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចឱ្យបានល្អនោះ? ដំណាក់របស់ព្រះជាម្ចាស់ មិនមែនដូចជាសង្គមដែលមិនជឿនោះឡើយ។ បងប្អូនប្រុសស្រីគួរតែទុកចិត្តគ្នាទៅវិញទៅមក ហើយមិនគួរឃ្លាំមើលគ្នាដូចជាសត្វស្ទាំងបែបនេះឡើយ។ ខ្ញុំបានប្រាប់អ្នកហើយថា វាមានបរិបទចំពោះការដែល លីវ ជីង មិនបានធ្វើកិច្ចការមួយចំនួនរបស់គាត់ ប៉ុន្តែអ្នកមិនជឿរឿងនោះទេ។ ខ្ញុំនឹងពិនិត្យមើលកិច្ចការឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញអ្នកថា គាត់មិនមែនជាមនុស្សប្រភេទនោះឡើយ»។ ដូច្នេះ ខ្ញុំបានទៅពិនិត្យមើលកិច្ចការរបស់គាត់។ មិនយូរប៉ុន្មាន ខ្ញុំបានដឹងថា ស៊ីនមីង ដែលជាដៃគូពីមុនរបស់គាត់ គឺជាអ្នករែកពន់កិច្ចការភាគច្រើនរបស់ពួកគេ។ ចាប់តាំងពី ស៊ីនមីង ត្រូវបានផ្ទេរភារកិច្ចនាពេលថ្មីៗនេះ លទ្ធផលនៅក្នុងកិច្ចការផ្សេងៗនៃពួកជំនុំរបស់ពួកគេ បានចាប់ផ្ដើមធ្លាក់ចុះ។ លើសពីនេះ ខ្ញុំបានប្រាប់ លីវ ជីង ឱ្យដកហូតតំណែងប្រធានក្រុមដែលមិនស័ក្តិសមម្នាក់ត្រកូល ឈិន។ ប៉ុន្តែរឿងនេះនៅតែមិនទាន់ត្រូវបានធ្វើនៅឡើយ។ គាត់ក៏មិនអាចធ្វើការជាមួយគ្រូជំនួយផ្នែកស្រោចស្រពឱ្យបានចុះសម្រុងដែរ ហើយមិនបានយកចិត្តទុកដាក់ទាល់តែសោះចំពោះកិច្ចការស្រោចស្រពអ្នកថ្មី។ ពេលឃើញអ្វីដែល លីវ ជីង បានធ្វើចំពោះកិច្ចការរបស់ពួកជំនុំ ខ្ញុំមានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំង។ អ្នកដឹកនាំបានរំឭកខ្ញុំឱ្យតាមដាន និងមើលការខុសត្រូវកិច្ចការរបស់គាត់ ប៉ុន្តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះខ្ញុំមានទំនុកចិត្តលើគាត់ខ្លាំងពេក។ ខ្ញុំបានគិតថា ដោយសារគាត់ជាអ្នកទទួលបន្ទុក គាត់គួរតែមានសិទ្ធិធ្វើកិច្ចការរបស់គាត់ដោយសេរី។ ខ្ញុំមិនដែលនឹកស្មានថា វានឹងក្លាយទៅជាបែបនេះសោះ។ ខ្ញុំបានគិតត្រឡប់ទៅកាលពីយើងប្រាស្រ័យការងារជាមួយគ្នាពីមុនមក មើលទៅគាត់មិនមែនជាមនុស្សប្រភេទដែលពូកែតែខាងនិយាយ ហើយមិនធ្វើកិច្ចការជាក់ស្ដែងនោះឡើយ។ តើមានកាលៈទេសៈពិសេសណាមួយដែលរារាំងគាត់មែនទេ? នៅពេលដែលខ្ញុំកំពុងឆ្ងល់ពីរឿងនេះ លីវ ជីង បាននិយាយថា៖ «បងប្អូនប្រុសស្រីមួយចំនួននៅក្នុងពួកជំនុំរបស់យើងត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ។ ការដោះស្រាយផលវិបាកដែលនៅសេសសល់មានភាពមមាញឹកខ្លាំងណាស់ ហើយខ្ញុំមិនមានពេលសម្រាប់អ្វីគ្រប់យ៉ាងឡើយ»។ ខ្ញុំបានដកដង្ហើមធំដោយក្ដីធូរស្រាល នៅពេលដែលខ្ញុំបានឮបែបនេះ។ វាពិតជាដូចអ្វីដែលខ្ញុំបាននិយាយមែន ពោលគឺថា លីវ ជីង មិនមែនជាប្រភេទមនុស្សដែលមិនធ្វើកិច្ចការជាក់ស្ដែងនោះឡើយ។ ការគ្រប់គ្រងកិច្ចការទាំងអស់ក្រោយការចាប់ខ្លួន បានចំណាយពេល និងកម្លាំងរបស់គាត់អស់ជាច្រើន។ កិច្ចការមួយចំនួនមិនទាន់ធ្វើបានល្អនៅឡើយទេ ប៉ុន្តែវាជារឿងដែលអាចយល់បាន។ គ្មាននរណាម្នាក់បំពេញភារកិច្ចបានឥតខ្ចោះគ្រប់លក្ខណ៍នោះឡើយ។ ដូច្នេះ ខ្ញុំបានប្រកបគ្នាជាមួយគាត់អំពីផលប៉ះពាល់ និងផលវិបាកនៃការមិនធ្វើកិច្ចការជាក់ស្ដែង ហើយខ្ញុំបានប្រាប់គាត់ឱ្យដកហូតតំណែងត្រកូល ឈិន ជាបន្ទាន់។ គាត់បានយល់ព្រមតាមរឿងនេះ។ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំបានឮថាត្រកូល ឈិន នៅតែមិនទាន់ត្រូវបានដកហូតតំណែងនៅឡើយ។ ខ្ញុំបានប្រញាប់ប្រញាល់ទៅស្វែងយល់ស្ថានភាពនៃភារកិច្ចរបស់ លីវ ជីង។ ដៃគូរបស់គាត់បានប្រាប់ខ្ញុំថា៖ «រាល់ពេលដែលអ្នកចាត់តាំងកិច្ចការឱ្យយើង លីវ ជីង តែងតែយល់ព្រមទាំងស្រុង ប៉ុន្តែខ្ញុំមិនដែលឃើញគាត់យកវាទៅអនុវត្តឡើយ។ ខ្ញុំទើបតែទទួលតំណែងជាអ្នកដឹកនាំ ដូច្នេះខ្ញុំមិនទាន់ស៊ាំនឹងកិច្ចការជាក់លាក់នៅឡើយទេ ហើយគាត់ក៏មិនបានជួយខ្ញុំដែរ។ នៅពេលជួបប្រទះបញ្ហា ឬការលំបាក ខ្ញុំត្រូវស្វែងរកផ្លូវដោយខ្លួនឯងតាមរយៈការផ្ដេកផ្ដួលលើព្រះជាម្ចាស់»។ ខ្ញុំស្រឡាំងកាំងនៅពេលឮរឿងនេះពីបងប្អូនស្រីរូបនោះ។ តើរឿងនេះអាចកើតឡើងបានយ៉ាងដូចម្ដេច ដែលថា លីវ ជីង មិនបានបំពេញកិច្ចការជាក់ស្ដែងសូម្បីតែបន្តិចសោះបែបនេះ? ពីមុនមក គាត់មិនមែនជាមនុស្សបែបនោះឡើយ។ ខ្ញុំក៏បានចូលរួមការជួបជុំគ្នាជាមួយគាត់ដែរក្នុងអំឡុងពេលនេះ ចុះហេតុអ្វីបានជាខ្ញុំមិនសម្គាល់ឃើញបញ្ហារបស់គាត់សោះ? ខ្ញុំមានទំនុកចិត្តលើគាត់ខ្លាំងពេក ហើយមិនបានមើលការខុសត្រូវ ឬពិនិត្យមើលកិច្ចការរបស់គាត់ឡើយ។ រឿងនេះបានបណ្ដាលឱ្យប្រធានក្រុមដែលមិនស័ក្តិសមម្នាក់នៅក្នុងពួកជំនុំ ស្ថិតនៅក្នុងតំណែងរបស់ខ្លួនយូរហួសហេតុពេក ហើយក៏គ្មាននរណាម្នាក់មើលការខុសត្រូវលើការស្រោចស្រពអ្នកថ្មីដែរ។ រឿងនេះបានបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់អ្នកដទៃ។ ខ្ញុំពិតជាបានប្រព្រឹត្តអំពើអាក្រក់មែន។ នៅពេលដែលខ្ញុំបានជួប លីវ ជីង បន្ទាប់ពីនោះមក គាត់បាននិយាយថា មានបងប្អូនប្រុសស្រីមួយចំនួនបានលួសកាត់គាត់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ព្រោះតែគាត់មិនបានធ្វើកិច្ចការជាក់ស្ដែង។ គាត់មានអារម្មណ៍វិប្បដិសារីយ៉ាងខ្លាំង។ គាត់បានយំ ហើយនិយាយថា គាត់ជាមនុស្សដែលខ្វះការទទួលខុសត្រូវ និងបានបំពេញភារកិច្ចឱ្យតែរួចពីដៃ ហើយថាគាត់គ្មានភាពជាមនុស្សឡើយ។ ខ្ញុំបានគិតថា គាត់ប្រហែលជាបានដឹងថា បញ្ហារបស់គាត់ធ្ងន់ធ្ងរប៉ុនណាហើយ ហើយគាត់ច្បាស់ជាផ្លាស់ប្ដូរបន្ទាប់ពីរឿងនេះជាមិនខាន ដូច្នេះខ្ញុំគួរតែផ្ដល់ឱកាសឱ្យគាត់ប្រែចិត្តម្ដងទៀត ដោយមិនទាន់ដកហូតតំណែងគាត់នៅពេលនេះទេ ហើយនឹងផ្ដល់ការគាំទ្រដល់គាត់បន្ថែមទៀតទៅថ្ងៃមុខ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានចង្អុលបង្ហាញពីបញ្ហារបស់គាត់ ហើយបានប្រាប់គាត់ឱ្យកែតម្រូវសេចក្ដីវៀចវេររបស់គាត់ជាបន្ទាន់ ក៏ដូចជាដកហូតតំណែងប្រធានក្រុមដែលចាំបាច់ត្រូវដកហូតនោះចេញ។ គាត់បានសន្យាយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែទោះបីជាគាត់បានដកហូតតំណែង ឈិន នៅពេលក្រោយមកក៏ដោយ ក៏កិច្ចការជារួមនៅតែមិនទទួលបានលទ្ធផលដដែល។ ក្រោយមក មានអ្នកផ្សេងទៀតបានរៀបរាប់ប្រាប់ខ្ញុំថា ពួកគេបានរកឃើញបញ្ហាធ្ងន់ធ្ងរមួយចំនួនទៀតពាក់ព័ន្ធនឹង លីវ ជីង។ បន្ទាប់ពីបងប្អូនប្រុសស្រីមួយចំនួនត្រូវបានគេចាប់ខ្លួន គាត់មិនបានការពារទ្រព្យសម្បត្តិរបស់ពួកជំនុំភ្លាមៗឡើយ ហើយក៏មិនបានសហការយ៉ាងសកម្មលើកិច្ចការផ្សេងៗដែរ ដែលមានន័យថាគ្មានអ្វីមួយត្រូវបានសម្រេចនៅក្នុងកិច្ចការឡើយ។ អ្វីដែលធ្វើឱ្យខ្ញុំខឹងបំផុតនោះគឺ គាត់មិនបានដោះស្រាយចំពោះមនុស្សអាក្រក់ដែលចូលមកបង្អាក់ និងរំខាននៅក្នុងពួកជំនុំឱ្យបានឆាប់រហ័សឡើយ ប៉ុន្តែបែរជារវល់នឹងកិច្ចការផ្ទាល់ខ្លួនរបស់គាត់ទៅវិញ ដែលធ្វើឱ្យកិច្ចការពួកជំនុំធ្លាក់ក្នុងភាពច្របូកច្របល់។ ខ្ញុំបានមើលឃើញថា លីវ ជីង មិនបានធ្វើកិច្ចការជាក់ស្ដែងអ្វីទាល់តែសោះ ហើយក៏គ្មានការប្រែចិត្តដ៏ពិតប្រាកដដែរ។ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងណាស់។ ខ្ញុំមិនដែលនឹកស្មានថាអ្វីៗនឹងប្រែជាបែបនេះឡើយ។ ខ្ញុំបានចូលរួមចំណែកក្នុងអំពើអាក្រក់របស់គាត់ និងបានប្រព្រឹត្តអំពើរំលងនៅចំពោះព្រះជាម្ចាស់។ ខ្ញុំក៏ស្អប់ខ្លួនឯងដែលទុកចិត្តគេខ្លាំងពេក និងមិនបានតាមដានកិច្ចការរបស់គាត់ឱ្យបានឆាប់ជាងនេះ។ រឿងនោះពិតជាបានបង្កការខូចខាតយ៉ាងខ្លាំងដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានទៅនិយាយជាមួយ លីវ ជីង ភ្លាមៗ ហើយបានលាតត្រដាងនូវរាល់ទង្វើរបស់គាត់ ហើយទីបំផុតខ្ញុំក៏បានដកហូតតំណែងគាត់ចេញតែម្តង។
បន្ទាប់មក អ្នកដឹកនាំបានស្ដីបន្ទោសខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកទុកចិត្តគាត់ខ្លាំងម្ល៉េះ? អ្នកបានផ្ទុកផ្ដាក់កិច្ចការដ៏សំខាន់បែបនេះដល់គាត់ ដោយមិនបានមើលការខុសត្រូវ ឬពិនិត្យសួរនាំអំពីវាឡើយ។ តើអ្នកអាចជឿជាក់ខ្លាំងបែបនេះយ៉ាងដូចម្ដេចទៅ?» គាត់ក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនឱ្យខ្ញុំស្ដាប់៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចចាត់ចែងគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលមិនខ្វល់អ្វីទាល់តែសោះដូច្នោះដែរ។ ប្រសិនបើមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ អ្នកដឹកនាំក្លែងក្លាយនឹងនិយាយថា៖ 'វាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ មិនអីទេ។ អ្នករាល់គ្នាអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានហើយ។ កុំសួរខ្ញុំអី'។ អ្នកដែលបានរាយការណ៍ពីបញ្ហានោះនិយាយថា៖ 'អ្នកមើលការខុសត្រូវរូបនោះ ជាមនុស្សល្មោភស៊ី និងខ្ជិលច្រអូស។ គេផ្ដោតតែលើរឿងស៊ីចុក និងការសប្បាយប៉ុណ្ណោះ ហើយពួកគេខ្ជិលខ្លាំងណាស់។ ពួកគេមិនចង់រងទុក្ខនៅក្នុងភារកិច្ចរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ ហើយពួកគេតែងតែប្រើល្បិចលួចខ្ជិល ព្រមទាំងរកលេសដើម្បីគេចពីការងារ និងគេចវេះពីការទទួលខុសត្រូវ។ ពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកមើលការខុសត្រូវឡើយ'។ អ្នកដឹកនាំក្លែងក្លាយនឹងឆ្លើយតបថា៖ 'នៅពេលជ្រើសរើសពួកគេឱ្យធ្វើជាអ្នកមើលការខុសត្រូវ ពួកគេល្អខ្លាំងណាស់។ អ្វីដែលអ្នកកំពុងនិយាយនេះ គឺមិនពិតទេ ឬបើទោះបីជាវាគឺជាការពិតមែនក៏ដោយ ក៏វាគ្រាន់តែជាការសម្តែងចេញមួយគ្រាប៉ុណ្ណោះ'។ អ្នកដឹកនាំក្លែងក្លាយ នឹងមិនព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងវិនិច្ឆ័យ និងសន្និដ្ឋានលើរឿងនេះ ដោយផ្អែកលើការយល់ឃើញរបស់ពួកគេពីមុនមកចំពោះអ្នកមើលការខុសត្រូវនោះ។ មិនថាអ្នកណារាយការណ៍ពីបញ្ហាអ្វីពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវនោះទេ អ្នកដឹកនាំក្លែងក្លាយនឹងមិនអើពើឡើយ។ អ្នកមើលការខុសត្រូវមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយកិច្ចការរបស់ពួកជំនុំស្ទើរតែជាប់គាំងទាំងស្រុងទៅហើយ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនខ្វល់ឡើយ ហាក់បីដូចជាពួកគេមិនជាប់ពាក់ព័ន្ធសោះអ៊ីចឹង។ ... ពួកអ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយ៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ដែលសូម្បីតែព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ 'ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ'។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?' តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីតាមតែអំពើចិត្តទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ?» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក អ្នកដឹកនាំបានមានប្រសាសន៍ថា៖ «យើងមិនអាចមើលធ្លុះទៅដល់សារជាតិរបស់មនុស្សម្នាក់បានយ៉ាងពិតប្រាកដឡើយ ដូច្នេះហើយ ទើបយើងត្រូវពិនិត្យអង្កេត និងតាមដានកិច្ចការរបស់ពួកគេឱ្យបានទៀងទាត់។ តាមរយៈការធ្វើបែបនេះ យើងអាចរកឃើញសេចក្ដីវៀចវេរ និងបញ្ហានានានៅក្នុងកិច្ចការរបស់ពួកគេ ហើយដោះស្រាយ ក៏ដូចជាកែតម្រូវវាឱ្យបានទាន់ពេលវេលា។ លីវ ជីង ស្ទើរតែធ្វើឱ្យកិច្ចការរបស់ពួកជំនុំគាំងដំណើរការទាំងស្រុង បន្ទាប់ពីធ្វើការបានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ទាំងនេះគឺជាផលវិបាកនៃការដែលអ្នកអួតខ្លួនហួសហេតុពេក នៃការទុកចិត្តលើគាត់ខ្លាំងពេកដោយងងឹតងងល់ ហើយមិនបានតាមដាន ឬពិនិត្យមើលកិច្ចការរបស់គាត់ឡើយ។ នោះគឺជាការប្រព្រឹត្តអំពើអាក្រក់!» តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នារបស់អ្នកដឹកនាំ ខ្ញុំមានអារម្មណ៍ភ័យខ្លាចចំពោះអ្វីដែលបានកើតឡើង ហើយខ្ញុំក៏មានអារម្មណ៍មិនសប្បាយចិត្ត និងមានកំហុសផងដែរ។ ខ្ញុំស្អប់ខ្លួនឯងដែលមិនបានពិនិត្យមើលរឿងរ៉ាវនានាផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែបែរជាទុកចិត្តគាត់ដោយងងឹតងងល់ ដែលបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំទៅវិញ។ នៅពេលគិតត្រឡប់ទៅមើលរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះ លីវ ជីង វាមិនមែនថាខ្ញុំមិនអាចរកឃើញបញ្ហារបស់គាត់នោះទេ ប៉ុន្តែគឺរាល់ពេលដែលខ្ញុំរកឃើញ ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានផ្អែកលើចំណេះដឹងពីមុនរបស់ខ្ញុំអំពីគាត់ ដើម្បីកំណត់លក្ខណៈដោយងងឹតងងល់ថា គាត់គឺជា មនុស្សដែលមានការទទួលខុសត្រូវ និងមានបន្ទុកសម្រាប់ភារកិច្ចរបស់គាត់ ដែលសមនឹងទទួលបានការទុកចិត្ត។ ទាំងការបើកសម្តែងនៃតថភាពពិត និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុតបានបង្ហាញឱ្យខ្ញុំឃើញថា ការប្រព្រឹត្តខ្លួនបានល្អ និងការធ្វើកិច្ចការជាក់ស្ដែងមួយចំនួនក្នុងរយៈពេលណាមួយ មិនមែនមានន័យថាមនុស្សម្នាក់នឹងមានសភាពបែបនោះរហូតឡើយ។ ពួកយើងគ្មាននរណាម្នាក់ទទួលបានសេចក្ដីពិតនៅឡើយទេ និស្ស័យនៃជីវិតរបស់យើងមិនទាន់ផ្លាស់ប្ដូរឡើយ យើងត្រូវបានគ្រប់គ្រងដោយសារជាតិធម្មជាតិពុករលួយរបស់យើង យើងនៅតែអាចបំពេញភារកិច្ចឱ្យតែរួចពីដៃ និងបោកបញ្ឆោតព្រះជាម្ចាស់ ហើយពេលខ្លះយើងនឹងធ្វើអ្វីៗតាមតែចិត្តចង់ ដូច្នេះយើងមិនសមនឹងទទួលបានការទុកចិត្តឡើយ។ អ្នកពិតជាមិនអាចយល់ច្បាស់ពីមនុស្សម្នាក់បានឡើយ បើគ្មានការប្រកបគ្នា និងការពិនិត្យអង្កេតក្នុងរយៈពេលវែង ហើយទោះជាយ៉ាងនេះក្ដី ក៏អ្នកនៅតែមិនអាចស្គាល់ពួកគេទាំងស្រុងបានដែរ។ អ្នកក៏ត្រូវតែយល់ដឹងពីសេចក្ដីពិត ដើម្បីមើលធ្លុះពីសារជាតិរបស់មនុស្សម្នាក់ផងដែរ។ ខ្ញុំទើបតែបានធ្វើការជាមួយ លីវ ជីង ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា ខ្ញុំបានស្គាល់គាត់ច្បាស់ណាស់ ហើយនឹងមិនវិនិច្ឆ័យគាត់ខុសឡើយ។ ខ្ញុំទុកចិត្តគាត់ខ្លាំងរហូតដល់មិនបានតាមដាន ឬពិនិត្យមើលកិច្ចការរបស់គាត់ឡើយ។ អ្នកដឹកនាំបានរំឭកខ្ញុំម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំនៅតែទុកចិត្តលើការវិនិច្ឆ័យផ្ទាល់ខ្លួនដោយងងឹតងងល់ ពោលគឺខ្ញុំក្រអឺតក្រទម និងអួតខ្លួនហួសហេតុណាស់ ហើយពិតជាមិនបានទទួលខុសត្រូវចំពោះកិច្ចការឡើយ។ ខ្ញុំមានការស្ដាយក្រោយយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានដឹងពីរឿងនេះ ហើយខ្ញុំមិនចង់បន្តធ្វើបែបនេះទៀតឡើយ។
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំទុកចិត្ត លីវ ជីង ខ្លាំងម្ល៉េះ ដោយមិនបានតាមដានកិច្ចការរបស់គាត់? តើអ្វីទៅជាឫសគល់នៃរឿងនេះ? ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «វាជារឿងត្រឹមត្រូវក្នុងការនិយាយថា មនុស្សភាគច្រើនចាត់ទុកឃ្លា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ថាជាសេចក្ដីពិត ហើយពួកគេត្រូវបានបំភាន់ និងជាប់ចំណងដោយឃ្លានេះ។ ពួកគេត្រូវបានរំខាន និងរងឥទ្ធិពលដោយឃ្លានេះ នៅពេលជ្រើសរើស ឬប្រើប្រាស់មនុស្ស ហើយថែមទាំងបណ្ដោយឱ្យឃ្លានេះត្រួតត្រាលើទង្វើរបស់ពួកគេទៀតផង។ ជាលទ្ធផល អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើន តែងតែមានការលំបាក និងការមានការរអែងចិត្ត នៅពេលណាដែលពួកគេត្រួតពិនិត្យមើលកិច្ចការពួកជំនុំ និងដំឡើងឋានៈ និងប្រើប្រាស់មនុស្ស។ នៅទីបំផុត អ្វីដែលពួកគេអាចធ្វើបាន គឺគ្រាន់តែលួងចិត្តខ្លួនឯងដោយពាក្យថា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ប៉ុណ្ណោះ។ រាល់ពេលដែលពួកគេពិនិត្យ ឬសាកសួរអំពីកិច្ចការ ពួកគេគិតថា៖ '«កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ»។ ខ្ញុំគួរតែទុកចិត្តបងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយយ៉ាងណាមិញ ព្រះវិញ្ញាណបរិសុទ្ធពិនិត្យពិច័យមនុស្ស ដូច្នេះ ខ្ញុំមិនគួរចេះតែសង្ស័យ និងមើលការខុសត្រូវអ្នកដទៃរហូតនោះទេ'។ ពួកគេបានរងឥទ្ធិពលដោយឃ្លានេះហើយ តើមែនទេ? តើមានផលវិបាកអ្វីខ្លះ ដែលបង្កឡើងដោយឥទ្ធិពលនៃឃ្លានេះ? ជាដំបូង ប្រសិនបើមាននរណាម្នាក់ប្រកាន់យកគំនិត 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' នេះ តើពួកគេនឹងពិនិត្យ និងចង្អុលបង្ហាញកិច្ចការរបស់អ្នកដទៃដែរឬទេ? តើពួកគេនឹងមើលការខុសត្រូវ និងតាមដានកិច្ចការរបស់មនុស្សដែរឬទេ? ប្រសិនបើបុគ្គលនេះទុកចិត្តមនុស្សគ្រប់គ្នាដែលពួកគេប្រើប្រាស់ ហើយមិនដែលពិនិត្យ ឬចង្អុលបង្ហាញពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ហើយមិនដែលមើលការខុសត្រូវពួកគេសោះ តើពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ដែរឬទេ? តើពួកគេអាចអនុវត្តកិច្ចការពួកជំនុំប្រកបដោយសមត្ថភាព និងសម្រេចបាននូវការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេកំពុងស្មោះត្រង់ចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? ទីពីរ នេះមិនមែនគ្រាន់តែជាការបរាជ័យក្នុងការកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះទេ តែនេះគឺជាការយកឧបាយកល និងទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកិយ៍របស់សាតាំង មកចាត់ទុកដូចជាសេចក្ដីពិត ហើយដើរតាម និងអនុវត្តវា។ អ្នកកំពុងស្ដាប់បង្គាប់សាតាំង និងរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំងហើយ តើមែនទេ? អ្នកមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនមែនជាមនុស្សដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀតផង។ អ្នកគឺជាមនុស្សពាលទាំងស្រុង។ ការទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក ហើយបែរជាយកឃ្លារបស់សាតាំងមកអនុវត្តជាសេចក្ដីពិតវិញ គឺជាការក្បត់សេចក្ដីពិត និងក្បត់ព្រះជាម្ចាស់ហើយ! អ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែគោលការណ៍សម្រាប់ការប្រព្រឹត្ដិរបស់អ្នក គឺជាតក្កវិជ្ជា និងទស្សនៈវិជ្ជាបែបសាតាំងសម្រាប់ការរស់នៅក្នុងលោកិយ៍ទៅវិញ តើអ្នកជាមនុស្សប្រភេទណាទៅ? នេះគឺជាមនុស្សដែលក្បត់ព្រះជាម្ចាស់ និងជាមនុស្សដែលនាំភាពអាប់ឱនដល់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ តើសារជាតិនៃទង្វើនេះគឺជាអ្វី? គឺជាការថ្កោលទោសព្រះជាម្ចាស់យ៉ាងចំហ និងការបដិសេធសេចក្ដីពិតយ៉ាងចំហ។ តើនោះមិនមែនជាសារជាតិរបស់វាទេឬអី? (មែនហើយ។) ក្រៅពីមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកកំពុងអនុញ្ញាតឱ្យពាក្យសម្ដីរបស់អារក្សសាតាំង និងទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅក្នុងលោកិយនេះ រីករាលដាលពាសពេញក្នុងពួកជំនុំ។ ក្នុងការធ្វើបែបនេះ អ្នកក្លាយជាគូកនរបស់សាតាំង ជួយសាតាំងក្នុងការអនុវត្តសកម្មភាពរបស់វានៅក្នុងពួកជំនុំ ព្រមទាំងរំខាន និងបង្អាក់កិច្ចការពួកជំនុំ។ សារជាតិនៃបញ្ហានេះគឺធ្ងន់ធ្ងរណាស់ តើមែនទេ?» (ដកស្រង់ពី «ចំណុចក្រៅប្រធានបទទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសភាពរបស់ខ្ញុំ។ ខ្ញុំបានរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំងដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» ដោយគិតថា ដោយសារខ្ញុំមានអារម្មណ៍ថាមនុស្សម្នាក់នោះល្អ ហើយពួកគេកំពុងកាន់តំណែងនៅឡើយ នោះខ្ញុំត្រូវតែទុកចិត្តពួកគេ។ នោះហើយជាមូលហេតុដែលខ្ញុំមានទំនុកចិត្តលើ លីវ ជីង ខ្លាំងម្ល៉េះ ហើយខ្ញុំមិនបានតាមដាន ឬស្វែងយល់ពីកិច្ចការរបស់គាត់ឡើយ។ សូម្បីតែនៅពេលដែលបញ្ហារបស់គាត់បានលេចចេញមក ហើយអ្នកដឹកនាំបានរំឭកខ្ញុំឱ្យពិនិត្យលើកិច្ចការរបស់គាត់ក៏ដោយ ក៏ខ្ញុំនៅតែមិនខ្វល់ខ្វាយពីវាដែរ។ ខ្ញុំគិតថាការតាមដាន និងមើលការខុសត្រូវលើកិច្ចការរបស់គាត់ មានន័យថាជាការខ្វះទំនុកចិត្ត ហើយទោះបីជាខ្ញុំបានដឹងថាគាត់មិនបានធ្វើកិច្ចការជាក់ស្ដែងក៏ដោយ ក៏នៅពេលដែលខ្ញុំបានឮគាត់យំ រៀបរាប់ពីទុក្ខលំបាកពិតប្រាកដរបស់គាត់ និងបង្ហាញពីការស្ដាយក្រោយ ខ្ញុំក៏បានសម្រេចចិត្តជឿគាត់ ជាជាងដកហូតតំណែងគាត់ ដែលរឿងនេះអនុញ្ញាតឱ្យគាត់បង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ក្នុងនាមជាអ្នកដឹកនាំមួយរូប ខ្ញុំមិនត្រឹមតែបរាជ័យក្នុងការការពារកិច្ចការរបស់ពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងបានធ្វើជាខែលការពារឱ្យអ្នកដឹកនាំក្លែងក្លាយម្នាក់ទៀតផង។ ខ្ញុំបានក្លាយជាថ្មចំពប់ជើង និងជាឧបសគ្គរារាំងផ្លូវដល់កិច្ចការរបស់ពួកជំនុំ។ ទាំងនេះគឺជាផលវិបាកនៃការដែលខ្ញុំប្រព្រឹត្តចំពោះមនុស្សផ្អែកលើភាពខុសទំនងបែបសាតាំង ដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ»។ ដោយវែកញែកឱ្យបានច្បាស់លាស់នៅពេលនេះផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានមើលឃើញថា ទស្សនៈនេះពិតជាគួរឱ្យអស់សំណើចណាស់។ វាផ្ទុយស្រឡះទាំងស្រុងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់តម្រូវ។ តម្រូវការរបស់ព្រះជាម្ចាស់ដែលឱ្យពួកអ្នកដឹកនាំ មើលការខុសត្រូវ និងតាមដានកិច្ចការ គឺត្រូវបានកំណត់ផ្អែកលើសារជាតិរបស់មនុស្សជាតិដែលពុករលួយ។ ពីព្រោះមនុស្សមាននិស្ស័យពុករលួយ មុនពេលដែលយើងទទួលបានសេចក្ដីពិត ឬផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់យើង យើងគឺជាមនុស្សដែលមិនទាន់ពឹងផ្អែកបាន និងមិនអាចទុកចិត្តបានឡើយ។ សូម្បីតែមនុស្សដែលមានភាពជាមនុស្សល្អក៏ដោយ ក៏អាចធ្វើអ្វីៗតាមតែចិត្តចង់ ហើយបង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំបានដែរ ពីព្រោះពួកគេមិនយល់ពីសេចក្ដីពិត គ្មានគោលការណ៍នៅក្នុងសកម្មភាពរបស់ពួកគេ និងមាននិស្ស័យពុករលួយ។ គ្មាននរណាម្នាក់អាចបដិសេធការពិតនេះបានឡើយ។ ព្រះជាម្ចាស់តម្រូវឱ្យពួកអ្នកដឹកនាំ និងអ្នកធ្វើការ មើលការខុសត្រូវលើកិច្ចការ ពីព្រោះព្រះជាម្ចាស់យល់ពីសារជាតិរបស់មនុស្ស។ ការមើលការខុសត្រូវ និងការពិនិត្យមើលកិច្ចការ គឺមានប្រយោជន៍សម្រាប់ភារកិច្ចរបស់យើង ហើយវាផ្តល់ផលប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែគំនិតបែបសាតាំងដែលថា «កុំសង្ស័យលើមនុស្សដែលអ្នកប្រើ» នាំឱ្យយើងទុកចិត្តអ្នកដទៃដោយងងឹតងងល់ ដោយគិតថាការប្រគល់ការងារឱ្យមានន័យថាយើងអាចបណ្ដោយឱ្យបុគ្គលនោះធ្វើអ្វីតាមតែពួកគេចង់ធ្វើ ហើយការពិនិត្យមើល និងមើលការខុសត្រូវលើកិច្ចការរបស់ពួកគេ តំណាងឱ្យការខ្វះទំនុកចិត្ត។ ប្រសិនបើយើងប្រកាន់ខ្ជាប់នូវគំនិតនេះ ខណៈពេលកំពុងបំពេញភារកិច្ចរបស់យើង ហើយយើងមិនបានតាមដាន ឬមើលការខុសត្រូវលើកិច្ចការឱ្យបានទាន់ពេលវេលាទេ នោះវានឹងមានតែបង្កការបង្អាក់ និងខូចខាតដល់កិច្ចការរបស់ពួកជំនុំប៉ុណ្ណោះ។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយមិនបានពិនិត្យមើលរឿងរ៉ាវនានាផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអនុវត្តអ្វីដែលទ្រង់តម្រូវឡើយ ប៉ុន្តែបែរជាជឿ និងលើកតម្កើងទស្សនៈវិជ្ជាសម្រាប់ការរស់នៅបែបសាតាំង និងគោរពតាមភាពខុសទំនងរបស់សាតាំង ហាក់ដូចជាវាជាសេចក្ដីពិតទៅវិញ។ នេះគឺជាការបដិសេធសេចក្ដីពិត និងការក្បត់នឹងព្រះជាម្ចាស់។ វាក៏ជាការធ្វើជាដៃជើងរបស់សាតាំង ហើយបង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំផងដែរ។ ខ្ញុំកាន់តែមានអារម្មណ៍ភ័យខ្លាច នៅពេលដែលខ្ញុំគិតដល់រឿងនេះ។ ខ្ញុំបានមើលឃើញថា ខ្ញុំខ្វះគោលការណ៍នៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមិនបានធ្វើតាមព្រះបន្ទូល ឬតម្រូវការរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ដោយមិនដឹងខ្លួន។ ផលវិបាកនៃការមិនបំពេញភារកិច្ចរបស់ខ្ញុំផ្អែកលើគោលការណ៍សេចក្ដីពិត ពិតជាគួរឱ្យភ័យខ្លាចណាស់!
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនពីរអត្ថបទ៖ «តើអ្នករាល់គ្នាជឿថាទស្សនៈ 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' នេះត្រឹមត្រូវដែរឬទេ? តើឃ្លានេះជាសេចក្ដីពិតដែរឬទេ? ហេតុអ្វីបានជាគាត់ប្រើឃ្លានេះនៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងក្នុងការបំពេញភារកិច្ចរបស់គាត់ទៅវិញ? តើបញ្ហានៅត្រង់ណា? 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ច្បាស់ណាស់គឺជាសម្ដីរបស់អ្នកគ្មានជំនឿ ជាពាក្យសម្ដីដែលមកពីសាតាំង ដូច្នេះ ហេតុអ្វីបានជាគាត់ចាត់ទុកពាក្យទាំងនេះថាជាសេចក្ដីពិតទៅវិញ? ហេតុអ្វីបានជាគាត់មិនអាចបែងចែកដឹងថា ពាក្យទាំងនេះខុស ឬត្រូវ? ពាក្យទាំងនេះគឺជាពាក្យសម្ដីរបស់មនុស្សយ៉ាងច្បាស់ ជាពាក្យសម្ដីរបស់មនុស្សជាតិដែលពុករលួយ ពាក្យទាំងនេះមិនមែនជាសេចក្ដីពិតទាល់តែសោះ វាផ្ទុយស្រឡះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនគួរយកមកធ្វើជាលក្ខណៈវិនិច្ឆ័យសម្រាប់សកម្មភាពរបស់មនុស្ស ការប្រព្រឹត្តខ្លួន និងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើគួរដោះស្រាយចំពោះឃ្លានេះដោយរបៀបណា? ប្រសិនបើអ្នកពិតជាមានសមត្ថភាពក្នុងការវែកញែកមែន តើអ្នកគួរប្រើគោលការណ៍សេចក្ដីពិតបែបណាដើម្បីជំនួសវា សម្រាប់ធ្វើជាគោលការណ៍នៃការអនុវត្តរបស់អ្នក? គឺគួរតែ 'បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក'។ ការធ្វើដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត គឺមិនត្រូវទទួលរងការដាក់កម្រិតពីនរណាម្នាក់ឡើយ គឺត្រូវមានចិត្តតែមួយ និងគំនិតតែមួយប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះទេ។ នេះគឺជាការទទួលខុសត្រូវរបស់អ្នក និងជាភារកិច្ចរបស់អ្នក ហើយអ្នកគួរតែបំពេញវាឱ្យបានល្អ ដ្បិតការធ្វើបែបនេះ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ មិនថាអ្នកជួបប្រទះបញ្ហាអ្វីក៏ដោយ អ្នកគួរតែធ្វើតាមគោលការណ៍។ ត្រូវដោះស្រាយបញ្ហាទាំងនោះតាមរបៀបដែលអ្នកគួរធ្វើ ប្រសិនបើត្រូវលួសកាត់ ក៏លួសកាត់ចុះ ហើយប្រសិនបើត្រូវដកហូតតំណែង ក៏ដកហូតតំណែងចុះ។ សរុបសេចក្ដីមក ត្រូវធ្វើដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងលើសេចក្ដីពិត។ តើនេះមិនមែនជាគោលការណ៍ទេឬអី?» (ដកស្រង់ពី «ចំណុចក្រៅប្រធានបទទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «មិនថាអ្នកដឹកនាំ ឬអ្នកធ្វើការ បំពេញកិច្ចការសំខាន់អ្វី ហើយកិច្ចការនោះមានលក្ខណៈបែបណាក៏ដោយ អាទិភាពទីមួយរបស់ពួកគេគឺត្រូវតែយល់ដឹង និងក្តាប់ជាប់តើកិច្ចការកំពុងដំណើរការដូចម្ដេចហើយ។ ពួកគេត្រូវតែចុះទៅដល់កន្លែងផ្ទាល់ ដើម្បីតាមដាន និងសាកសួរ ដោយទទួលបានព័ត៌មានដោយផ្ទាល់ដៃ។ ពួកគេមិនត្រូវពឹងផ្អែកតែទៅលើការឮតៗគ្នា ឬស្ដាប់របាយការណ៍របស់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវតែសង្កេតដោយភ្នែកផ្ទាល់របស់ពួកគេនូវស្ថានភាពបុគ្គលិក និងវឌ្ឍនភាពនៃកិច្ចការ ហើយយល់ដឹងថាមានការលំបាកអ្វីខ្លះ ថាតើមានផ្នែកណាខ្លះដែលខុសពីការតម្រូវរបស់ថ្នាក់លើ ថាតើមានការបំពានគោលការណ៍ដែរឬទេ ថាតើមានការរំខាន ឬការរំខានឬការបង្អាក់អ្វីកើតឡើងដែរឬទេ ថាតើមានកង្វះឧបករណ៍ចាំបាច់ ឬឯកសារណែនាំពាក់ព័ន្ធនឹងកិច្ចការជំនាញដែរឬទេ ពួកគេត្រូវក្តាប់ឱ្យជាប់នូវរឿងទាំងអស់នេះ។ ទោះបីជាពួកគេស្ដាប់របាយការណ៍ច្រើនប៉ុនណា ឬប្រមូលព័តមានតាមការស្តាប់គេនិយាយច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្វីអាចប្រៀបបាននឹងការចុះទៅមើលដោយផ្ទាល់ដែរ។ ការបានឃើញដោយភ្នែកផ្ទាល់របស់ពួកគេ គឺកាន់តែត្រឹមត្រូវ និងអាចទុកចិត្តបានជាង។ នៅពេលដែលពួកគេយល់ច្បាស់ពីគ្រប់ទិដ្ឋភាពនៃស្ថានភាព ពួកគេនឹងយល់សភាពការណ៍ច្បាស់ដូចថ្ងៃ។ ជាពិសេស ពួកគេត្រូវតែក្តាប់ជាប់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវថាតើនរណាខ្លះដែលមានគុណសម្បត្តិល្អ និងស័ក្តិសមនឹងការបណ្ដុះបណ្ដាល ព្រោះមានតែការធ្វើបែបនេះទេ ទើបអាចឱ្យពួកគេបណ្ដុះបណ្ដាល និងប្រើប្រាស់មនុស្សបានយ៉ាងត្រឹមត្រូវ ដែលនេះគឺជាគន្លឹះដ៏សំខាន់ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើ ការចង់បំពេញកិច្ចការរបស់ខ្លួនឱ្យបានល្អ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែមានមាគ៌ា និងគោលការណ៍សម្រាប់បណ្ដុះបណ្ដាល និងបង្ហាត់បង្រៀនមនុស្សដែលមានគុណសម្បត្តិល្អ។ លើសពីនេះទៅទៀត ពួកគេគួរតែក្តាប់ឱ្យជាប់ និងយល់ដឹងពីបញ្ហា និងការលំបាកគ្រប់ប្រភេទដែលមាននៅក្នុងកិច្ចការពួកជំនុំ ហើយដឹងពីរបៀបដោះស្រាយវា ហើយពួកគេក៏គួរតែមានគំនិត និងសំណូមពរផ្ទាល់ខ្លួនអំពីរបៀបដែលកិច្ចការត្រូវដំណើរការទៅមុខ ឬលទ្ធភាពអនាគតរបស់វាផងដែរ។ ប្រសិនបើពួកគេអាចនិយាយអំពីរឿងបែបនេះបានយ៉ាងច្បាស់ ទោះបិទភ្នែកក៏ដោយ ដោយគ្មានការសង្ស័យ ឬការព្រួយបារម្ភអ្វីឡើយ នោះកិច្ចការនឹងកាន់តែងាយស្រួលអនុវត្ត។ ហើយដោយធ្វើការតាមរបៀបនេះ អ្នកដឹកនាំនឹងបានបំពេញទំនួលខុសត្រូវរបស់ខ្លួន មែនទេ? ពួកគេត្រូវតែដឹងច្បាស់ពីរបៀបដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើនៅក្នុងកិច្ចការ ហើយពួកគេត្រូវតែឧស្សាហ៍គិតពិចារណាអំពីរឿងទាំងនេះ។ នៅពេលពួកគេជួបការលំបាក ពួកគេត្រូវតែប្រកបគ្នា និងពិភាក្សាអំពីរឿងទាំងនេះជាមួយមនុស្សគ្រប់គ្នា ដោយស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា។ ដោយការធ្វើកិច្ចការជាក់ស្ដែងមួយជំហានម្ដងៗបែបនេះ នឹងគ្មានការលំបាកណាដែលមិនអាចដោះស្រាយបានឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ខ្ញុំនូវផ្លូវអនុវត្តសម្រាប់ការធ្វើកិច្ចការជាក់ស្ដែង។ យើងត្រូវតែបំពេញភារកិច្ចរបស់យើងឱ្យអស់ពីចិត្ត និងអស់ពីគំនិត។ មិនថាបុគ្គលណាត្រូវបានគេប្រើឡើយ ទោះបីជាយើងស្គាល់ពួកគេ ឬមិនស្គាល់ក៏ដោយ អ្នកដឹកនាំដែលមានបន្ទុកពិតប្រាកដ និងមានស្មារតីទទួលខុសត្រូវពិតប្រាកដ នឹងតាមដាន ហើយស្វែងយល់ពីវឌ្ឍនភាពនៃកិច្ចការជាប្រចាំ ដោះស្រាយបញ្ហានានាភ្លាមៗនៅពេលដែលបញ្ហាទាំងនោះត្រូវបានរកឃើញ និងផ្ទេរភារកិច្ចបុគ្គលដែលមិនស័ក្តិសមឱ្យបានទាន់ពេលវេលា។ ពួកគេក៏នឹងសហការយ៉ាងសុខដុមរមនាជាមួយអ្នករាល់គ្នា ហើយស្វែងរកសេចក្ដីពិតជាមួយគ្នា ដើម្បីដោះស្រាយរាល់ការលំបាក ឬបញ្ហាដែលបានជួបប្រទះ។ ការធ្វើបែបនេះធានាថា រាល់កិច្ចការផ្សេងៗរបស់ពួកជំនុំមានវឌ្ឍនភាពត្រឹមត្រូវ និងមានសណ្ដាប់ធ្នាប់។ នៅពេលពិចារណាលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមើលបានឃើញ មូលហេតុដែលខ្ញុំនៅតែប្រកាន់ខ្ជាប់នូវភាពខុសទំនងបែបសាតាំងដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» បើទោះបីជាខ្ញុំដឹងថា ខ្ញុំត្រូវតែមានការទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្ញុំក៏ដោយ។ នោះក៏ព្រោះតែខ្ញុំបានប្រកាន់ខ្ជាប់នូវទស្សនៈដ៏គួរឱ្យអស់សំណើចមួយ ដោយគិតថាការមើលការខុសត្រូវលើកិច្ចការរបស់នរណាម្នាក់ គឺជាការខ្វះទំនុកចិត្ត គឺជាការរឹតត្បិតពួកគេ និងការបដិសេធសេរីភាពរបស់ពួកគេ ដូចជាការធ្វើជាអ្នកគ្រប់គ្រងនៅក្នុងលោកីយ៍ខាងក្រៅដូច្នោះដែរ។ ឥឡូវនេះ ខ្ញុំបានមើលឃើញថា នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ មើលការខុសត្រូវ និងអនុវត្តកិច្ចការ វាមិនមែនដើម្បីរឹតត្បិតនរណាម្នាក់ ឬមិនទុកចិត្តពួកគេនោះឡើយ។ ផ្ទុយទៅវិញ រឿងនេះត្រូវបានធ្វើឡើងដើម្បីរកបញ្ហា និងកែតម្រូវសេចក្ដីវៀចវេរឱ្យបានរហ័ស។ វាក៏ដើម្បីជួយបងប្អូនប្រុសស្រីឱ្យបំពេញភារកិច្ចរបស់ពួកគេបានល្អ និងដើម្បីការពារផលប្រយោជន៍របស់ពួកជំនុំផងដែរ។ ការទទួលខុសត្រូវដ៏សំខាន់មួយរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវមើលការខុសត្រូវ និងតាមដានកិច្ចការ ស្វែងយល់ និងក្ដាប់ឱ្យបាននូវវិធីសាស្ត្របំពេញការងាររបស់មនុស្សម្នាក់ៗ រកឱ្យឃើញសេចក្ដីវៀចវេរ និងបញ្ហានានា រួចកែតម្រូវ និងដោះស្រាយវាឱ្យបានឆាប់រហ័ស។ ការធ្វើបែបនេះជួយកាត់បន្ថយការខូចខាតដោយសារកំហុស ដែលកើតចេញពីការខ្វះការទទួលខុសត្រូវក្នុងភារកិច្ចរបស់មនុស្ស។ នោះគឺជាការទទួលខុសត្រូវចំពោះការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងកិច្ចការរបស់ពួកជំនុំ។ បន្ទាប់ពីនោះមក ខ្ញុំបានទៅពិនិត្យអង្កេតកិច្ចការរបស់អ្នកដឹកនាំពួកជំនុំម្នាក់ៗយ៉ាងលម្អិត ហើយមិនថាពួកគេជាមនុស្សដែលខ្ញុំស្គាល់ច្បាស់ ឬមិនច្បាស់ឡើយ ខ្ញុំបានពិនិត្យពិច័យដោយហ្មត់ចត់លើវឌ្ឍនភាពនៃកិច្ចការផ្សេងៗដែលពួកគេទទួលខុសត្រូវ។ តាមរយៈការពិនិត្យមើលជាក់ស្ដែងនោះ ខ្ញុំបានរកឃើញអ្នកដឹកនាំម្នាក់ត្រកូល សៀ ដែលមិនបានធ្វើកិច្ចការជាក់ស្ដែង ឬដោះស្រាយបញ្ហាជាក់ស្ដែងឡើយ។ គាត់ក៏មានភាពជាមនុស្សដែលព្យាបាទ ចេះតែវាយប្រហារ និងកំចាត់អ្នកដទៃចេញ។ ទាំងនេះគឺជាទង្វើដែលមានសារជាតិគួរឱ្យស្អប់ខ្ពើមបំផុត ហើយយើងក៏បានដកហូតតំណែងគាត់ភ្លាមៗតែម្ដង។ ក្រោយមក យើងបានដឹងអំពីអំពើអាក្រក់ជាច្រើនទៀតដែលគាត់បានធ្វើ តាមរយៈការលាតត្រដាង និងការរាយការណ៍របស់បងប្អូនប្រុសស្រី ហើយទីបំផុត គាត់នៅតែមិនបានប្រែចិត្ត បន្ទាប់ពីមានការប្រកបគ្នាជាច្រើនលើក ដើម្បីលាតត្រដាងគាត់រួចមក។ ជាចុងក្រោយ យើងបានកំណត់លក្ខណៈថាគាត់ជាអាទទឹងនឹងព្រះគ្រីស្ទម្នាក់ ហើយបានបណ្ដេញគាត់ចេញពីពួកជំនុំ។ ពេលឃើញលទ្ធផលទាំងនេះ ខ្ញុំបានគិតត្រឡប់ទៅវិញដោយក្ដីភ័យខ្លាច។ បើគ្មានការឆ្លងកាត់រឿងរ៉ាវទាំងអស់ជាមួយ លីវ ជីង ដែលបានផ្លាស់ប្ដូរទស្សនៈខុសឆ្គងរបស់ខ្ញុំដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» នោះទេ ខ្ញុំក៏ប្រហែលជាមិនបានគិតដល់ការមើលការខុសត្រូវ ឬតាមដានកិច្ចការរបស់ សៀ ដែរ។ បើដូច្នោះមែន អាទទឹងនឹងព្រះគ្រីស្ទរូបនោះ ច្បាស់ជាបន្តបង្កការខូចខាតដល់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំជាមិនខាន។ ផលវិបាកនៃរឿងនោះនឹងមិនអាចនឹកស្មានដល់ឡើយ។ យកការណ៍នេះទៅអនុវត្ត បានបង្ហាញឱ្យខ្ញុំឃើញពីសារៈសំខាន់នៃការមើលការខុសត្រូវ និងការពិនិត្យមើលកិច្ចការ។ ខ្ញុំមានអារម្មណ៍ថាទីបំផុតខ្ញុំបានធ្វើកិច្ចការជាក់ស្ដែងខ្លះហើយ ហើយមានអារម្មណ៍ស្ងប់ក្នុងចិត្ត។
បទពិសោធនេះបានបង្ហាញឱ្យខ្ញុំឃើញថា ការបំពេញភារកិច្ចដោយមិនពិនិត្យមើលមនុស្ស និងរឿងរ៉ាវនានាស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនអនុវត្តតាមសេចក្ដីពិត ប៉ុន្តែបែរជាលើកតម្កើងរបៀបវែកញែក និងគំនិតបែបសាតាំងទៅវិញ គឺជាការទាស់ទទឺងនឹងព្រះជាម្ចាស់ ហើយបង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំ។ យើងត្រូវតែធ្វើតាមតម្រូវការរបស់ព្រះជាម្ចាស់ក្នុងការតាមដាន និងមើលការខុសត្រូវលើកិច្ចការ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ និងការពារកិច្ចការរបស់ពួកជំនុំ។ ការជំនុំជម្រះ និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានកែប្រែទស្សនៈដ៏ខុសទំនងរបស់ខ្ញុំ។ អរព្រះគុណព្រះជាម្ចាស់!