៤១. ការចាត់តាំងភារកិច្ចជាថ្មីបានបើកសម្ដែងខ្ញុំ

ដោយ អូវិន ប្រទេសអេស្ប៉ាញ

នៅឆ្នាំ ២០១៨ ខ្ញុំកំពុងផលិតវីដេអូនៅក្នុងពួកជំនុំ។ ដោយសារខ្ញុំបានពង្រឹងជំនាញផ្នែកវិជ្ជាជីវៈរបស់ខ្ញុំយ៉ាងឆាប់រហ័ស ហើយជាធម្មតា ខ្ញុំបានជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហា និងការលំបាកខ្លះៗ ទើបគ្រប់គ្នាមានការយល់ឃើញល្អអំពីខ្ញុំ ហើយអ្នកដឹកនាំបានប្រគល់កិច្ចការសំខាន់ៗមួយចំនួនឱ្យខ្ញុំ។ ការទទួលបានការទទួលស្គាល់ពីអ្នកដឹកនាំ និងការឱ្យតម្លៃខ្ពស់ពីបងប្អូនប្រុសស្រី បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាជោគជ័យខ្លាំង និងបានបង្កើនភាពក្លៀវក្លារបស់ខ្ញុំ។ ទោះបីជាខ្ញុំមិនមែនជាប្រធានក្រុមក៏ដោយ ខ្ញុំក៏នឹងរកឃើញ និងវិភាគបញ្ហានៅក្នុងកិច្ចការងាររបស់យើងបានទាន់ពេលវេលាដែរ។ ខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីបញ្ចប់កិច្ចការដែលអ្នកដឹកនាំ និងប្រធានក្រុមបានដាក់ឱ្យ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានបន្ទុកខ្លាំងចំពោះភារកិច្ចរបស់ខ្ញុំ ហើយចេះស្ដាប់បង្គាប់គួរសម។ ជាពិសេស នៅពេលដែលខ្ញុំបានឃើញបងប្អូនប្រុសស្រីខ្លះនៅជុំវិញខ្ញុំ ក្លាយជាអវិជ្ជមាន និងខ្ជិលច្រអូសនៅក្នុងភារកិច្ចរបស់ពួកគេ ហើយមិនបំពេញភារកិច្ចរបស់ពួកគេបានល្អ ដោយសារតែពួកគេមិនពេញចិត្តនឹងកិច្ចការដែលពួកជំនុំបានចាត់តាំង ខ្ញុំបានគិតថា ប្រសិនបើខ្ញុំជួបប្រទះស្ថានការណ៍បែបនេះ ខ្ញុំនឹងមិនធ្វើដូចជាពួកគេឡើយ ខ្ញុំនឹងនៅតែស្ដាប់បង្គាប់។

នៅថ្ងៃមួយក្នុងឆ្នាំ ២០២២ ប្រធានក្រុមបានប្រាប់ខ្ញុំថាខ្វះមនុស្សសម្រាប់ការងារខាងអត្ថបទ។ ដោយសារតែបន្ទុកការងារនៅក្នុងក្រុមរបស់យើងមិនសូវច្រើន ហើយខ្ញុំក៏មានជំនាញសរសេរខ្លះៗដែរ ព្រមទាំងជួនកាលអាចប្រកបសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្រោយពីបានវាយតម្លៃយ៉ាងគ្រប់ជ្រុងជ្រោយហើយ អ្នកដឹកនាំក៏សម្រេចចិត្តចាត់ចែងឱ្យខ្ញុំទៅធ្វើការងារខាងអត្ថបទវិញ។ នៅពេលដែលខ្ញុំបានឮដំណឹងនេះ ខ្ញុំស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯងសោះ។ ខ្ញុំបានគិតថា៖ «តើពួកគាត់នឹងចាត់តាំងភារកិច្ចរបស់ខ្ញុំជាថ្មីឡើងវិញឬ? ខ្ញុំនៅក្រុមនេះគឺល្អហើយ។ បងប្អូនប្រុសស្រីទទួលស្គាល់ខ្ញុំ ហើយសូម្បីតែអ្នកនៅក្រុមផ្សេងក៏មកសុំយោបល់ពីខ្ញុំដែរ។ នេះធ្វើឱ្យខ្ញុំមានមុខមាត់ណាស់! ប្រសិនបើខ្ញុំទៅធ្វើការងារខាងអត្ថបទ ខ្ញុំមិនយល់ពីគោលការណ៍ទេ ហើយខ្ញុំក៏មិនដឹងថា ត្រូវចំណាយពេលយូរប៉ុនណាទើបខ្ញុំតាមទាន់អ្នកផ្សេង ព្រោះខ្ញុំត្រូវចាប់ផ្ដើមពីដំបូង តើនេះមិនមានន័យថា ខ្ញុំនឹងក្លាយជាអ្នកដែលអន់ជាងគេនៅក្នុងក្រុមទេឬ? ខ្ញុំពិតជាមិនយល់សោះ ហេតុអ្វីបានជាចាំបាច់ជ្រើសរើសខ្ញុំទៅវិញ?» ខ្ញុំបាននឹកឃើញដល់បងប្អូនស្រីមួយចំនួនដែលខ្ញុំស្គាល់ ដែលមានជំនាញសរសេរល្អ។ មិនយូរប៉ុន្មានបន្ទាប់ពីពួកគាត់បានចាប់ផ្ដើមធ្វើការងារខាងអត្ថបទ ពួកគាត់ត្រូវបានចាត់តាំងភារកិច្ចជាថ្មី ដោយសារតែពួកគាត់មិនសមស្របនឹងការងារនោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនពូកែដូចជាពួកគាត់ទេ ហើយប្រសិនបើខ្ញុំធ្វើការងារនោះមិនបានល្អ វានឹងគួរឱ្យអាម៉ាស់ណាស់។ មិនថាខ្ញុំបានប្រៀបធៀបរវាងពីរនេះយ៉ាងណាទេ ខ្ញុំនៅតែមានអារម្មណ៍ថា ភារកិច្ចបច្ចុប្បន្នរបស់ខ្ញុំមានស្ថិរភាព និងមានមុខមាត់ជាង។ ខ្ញុំកាន់តែគិតតាមរបៀបនេះ ខ្ញុំកាន់តែមានអារម្មណ៍ថា អ្នកដឹកនាំប្រញាប់ប្រញាល់ពេកហើយលើការពិចារណារបស់ពួកគាត់ ហើយថា ពួកគាត់មិនបានយល់ច្បាស់ពីចំណុចខ្លាំងរបស់ខ្ញុំ មុននឹងផ្ទេរខ្ញុំចេញនោះទេ។ ខ្ញុំបានត្អូញត្អែរទៅកាន់ប្រធានក្រុមថា៖ «តើអ្នកដឹកនាំមិនបានវាយតម្លៃរឿងនេះឱ្យបានល្អិតល្អន់ទេឬ? ខ្ញុំពូកែខាងផលិតវីដេអូជាង។ ការងារខាងអត្ថបទមិនមែនជាចំណុចខ្លាំងរបស់ខ្ញុំទេ ប្រសិនបើខ្ញុំទៅ ខ្ញុំនឹងមិនធ្វើវាបានល្អឡើយ។ តើពួកគាត់មិនគួរពិចារណាឡើងវិញដោយផ្អែកលើចំណុចខ្លាំងរបស់ខ្ញុំទេឬ?» ខ្ញុំបានគិតថា ប្រធានក្រុមនឹងយល់ចិត្តខ្ញុំពីទស្សនៈរបស់ខ្ញុំ ហើយប្រហែលជាអាចនិយាយជាមួយអ្នកដឹកនាំអំពីការពិចារណាឡើងវិញលើការចាត់តាំងភារកិច្ចថ្មីឱ្យខ្ញុំ។ ប៉ុន្តែ គាត់បែរជាប្រកបមកវិញថា ខ្ញុំគួរតែគិតដល់តម្រូវការការងាររបស់ពួកជំនុំជាចម្បង។ ខ្ញុំក៏បានដឹងថា ខ្ញុំមិនគួរជជែកតវ៉ាទេ ហើយគួរតែស្ដាប់បង្គាប់ជាមុនសិន។

ក្រោយមក ខ្ញុំបានពិនិត្យមើលគោលការណ៍ទាក់ទងនឹងការកែសម្រួលនៃការចាត់តាំងភារកិច្ច។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ដំណាក់របស់ព្រះជាម្ចាស់ចាត់ចែងឱ្យមនុស្សបំពេញភារកិច្ចមួយចំនួន មិនមែនផ្អែកលើចំណូលចិត្តរបស់មនុស្សទេ ប៉ុន្តែផ្អែកលើតម្រូវការនៃកិច្ចការ និងមើលថាតើមនុស្សដែលបំពេញភារកិច្ចនោះ អាចទទួលបានលទ្ធផលដែរឬអត់។ តើអ្នករាល់គ្នានឹងនិយាយទេថា ដំណាក់របស់ព្រះជាម្ចាស់គួរតែចាត់ចែងភារកិច្ចដោយផ្អែកលើចំណូលចិត្តផ្ទាល់ខ្លួនរបស់មនុស្ស? តើគួរប្រើមនុស្សដោយផ្អែកលើលក្ខខណ្ឌនៃការបំពេញតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេឬ? (ទេ។) តើមួយណាស្របតាមគោលការណ៍របស់ដំណាក់របស់ព្រះជាម្ចាស់ក្នុងការប្រើមនុស្ស? តើមួយណាស្របតាមគោលការណ៍សេចក្ដីពិត? គឺការជ្រើសរើសមនុស្សស្របតាមតម្រូវការនៃកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងតាមលទ្ធផលនៃការបំពេញភារកិច្ចរបស់មនុស្ស» (ដកស្រង់ពី «ចំណុចទីដប់ពីរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំបានយល់អំពីរឿងនេះ៖ នៅក្នុងពួកជំនុំ ការចាត់តាំងភារកិច្ចស្របតាមចំណុចខ្លាំងរបស់បុគ្គលម្នាក់ៗ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវធ្វើឡើងដោយផ្អែកលើតម្រូវការការងាររបស់ពួកជំនុំ។ ឥឡូវនេះ មានការខ្វះមនុស្សសម្រាប់ការងារខាងអត្ថបទ ហើយការងារនៅក្នុងក្រុមរបស់ខ្ញុំក៏មិនសូវច្រើនដែរ។ ទោះបីជាខ្ញុំមិននៅ ក៏វានឹងមិនធ្វើឱ្យរាំងស្ទះដល់ដំណើរការការងារដែរ។ ខ្ញុំគួរតែគិតដល់ការងាររបស់ពួកជំនុំជាចម្បង ដោយទុកជម្រើស និងតម្រូវការផ្ទាល់ខ្លួនរបស់ខ្ញុំនៅមួយឡែកសិន។ ប្រសិនបើខ្ញុំបំពេញតែតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង នោះវាពិតជាអាត្មានិយមពេកហើយ។ នៅពេលដែលទទួលស្គាល់ការណ៍នេះហើយ ខ្ញុំក៏លែងមានអារម្មណ៍ទាស់ទទឹងនៅក្នុងចិត្តខ្លាំងទៀតដែរ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ មិនទទួលយកសេចក្ដីពិត ឬចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ទ្រង់ ប្រសិនបើពួកគេគ្រាន់តែបង្ហាញឥរិយាបថល្អមួយចំនួន ប៉ុន្តែមិនអាចបះបោរប្រឆាំងនឹងសាច់ឈាម និងមិនលះបង់អំនួត ឬផលប្រយោជន៍របស់ខ្លួនសោះ បើទោះបីជាមើលពីខាងក្រៅ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ តែពួកគេនៅតែរស់នៅតាមនិស្ស័យសាតាំងរបស់ខ្លួន ហើយមិនបានបោះបង់ ឬផ្លាស់ប្ដូរទស្សនៈវិជ្ជាសាតាំង និងរបៀបរស់នៅរបស់ខ្លួនសូម្បីបន្តិច នោះតើពួកគេអាចជឿលើព្រះជាម្ចាស់បានដោយរបៀបណាទៅ? ... ទោះបីជាពួកគេបានជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ពួកគេមិនបានបង្កើតទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់ឡើយ មិនថាពួកគេធ្វើអ្វី ឬមានរឿងអ្វីកើតឡើងចំពោះពួកគេទេ រឿងដំបូងដែលពួកគេគិតគឺ៖ 'តើខ្ញុំចង់ធ្វើអ្វី? តើអ្វីនឹងផ្តល់ផលប្រយោជន៍ដល់ខ្ញុំ ហើយអ្វីមិនផ្តល់ផលប្រយោជន៍? តើអាចមានរឿងអ្វីកើតឡើង ប្រសិនបើខ្ញុំធ្វើបែបនេះ ឬបែបនោះ?' ទាំងនេះគឺជារឿងដែលពួកគេពិចារណាមុនគេ។ ពួកគេមិនពិចារណាសោះឡើយថា តើការអនុវត្តបែបណាដែលនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ ឬបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនអធិស្ឋានដើម្បីស្វែងរកថាតើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជាអ្វី និងថាតើព្រះបន្ទូលរបស់ទ្រង់ថ្លែងថាដូចម្តេចដែរ។ ពួកគេមិនដែលយកចិត្តទុកដាក់ថាតើបំណងព្រះហឫទ័យ ឬសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជាអ្វីឡើយ ហើយក៏មិនយកចិត្តទុកដាក់ថាមនុស្សត្រូវអនុវត្តបែបណាទើបបំពេញព្រះទ័យរបស់ព្រះជាម្ចាស់បានដែរ។ ទោះបីជាជួនកាលពួកគេអាចអធិស្ឋាននៅចំពោះព្រះជាម្ចាស់ និងប្រកបគ្នាជាមួយទ្រង់ក៏ដោយ ពួកគេគ្រាន់តែនិយាយជាមួយខ្លួនឯងប៉ុណ្ណោះ មិនមែនស្វែងរកសេចក្ដីពិតដោយស្មោះត្រង់ឡើយ។ នៅពេលដែលពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងអានព្រះបន្ទូលរបស់ទ្រង់ ពួកគេមិនផ្សារភ្ជាប់រឿងទាំងនោះទៅនឹងរឿងរ៉ាវដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងឡើយ។ ដូច្នេះ នៅក្នុងបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំឡើង តើពួកគេប្រព្រឹត្តចំពោះអធិបតេយ្យភាព ការរៀបចំ និងការចាត់ចែងរបស់ទ្រង់ដោយរបៀបណា? នៅពេលប្រឈមមុខនឹងរឿងដែលមិនបំពេញតាមបំណងប្រាថ្នារបស់ខ្លួន ពួកគេគេចវេះពីរឿងទាំងនោះ ហើយទាស់ទទឹងនឹងរឿងទាំងនោះនៅក្នុងចិត្ត។ នៅពេលប្រឈមមុខនឹងរឿងដែលបណ្ដាលឱ្យខាតបង់ផលប្រយោជន៍របស់ខ្លួន ឬរារាំងការបំពេញផលប្រយោជន៍របស់ខ្លួន ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីស្វែងរកផ្លូវចេញ ដោយខិតខំធ្វើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនបានច្រើនបំផុត និងតស៊ូដើម្បីចៀសវាងការខាតបង់ណាមួយ។ ពួកគេមិនស្វែងរកការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែបំពេញតាមបំណងប្រាថ្នារបស់ខ្លួនឯងតែប៉ុណ្ណោះ។ តើនេះជាជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើមនុស្សបែបនេះមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរឬទេ? ទេ ពួកគេគ្មានទេ។ ពួកគេរស់នៅតាមរបៀបថោកទាប ស្មោកគ្រោក រឹងទទឹង និងអាក្រក់។ មិនត្រឹមតែពួកគេគ្មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងប្រឆាំងនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់គ្រប់ស្ថានការណ៍ទៀតផង។ ពួកគេតែងតែនិយាយថា 'សូមឱ្យព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាព និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសុខចិត្តឱ្យព្រះជាម្ចាស់គង់លើបល្ល័ង្ក និងសោយរាជ្យ ហើយគ្រប់គ្រងនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំសុខចិត្តចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់'។ យ៉ាងណាក៏ដោយ នៅពេលអ្វីៗដែលពួកគេប្រឈមមុខ ប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនអាចចុះចូលបានទេ។ ជំនួសឱ្យការស្វែងរកសេចក្ដីពិតនៅក្នុងបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំឡើង ពួកគេស្វែងរកវិធីបង្វែរ និងគេចចេញពីបរិយាកាសនោះទៅវិញ។ ពួកគេមិនចង់ចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែចង់ធ្វើរឿងរ៉ាវស្របតាមបំណងចិត្តរបស់ខ្លួនឯង ឱ្យតែផលប្រយោជន៍របស់ពួកគេមិនទទួលរងការប៉ះពាល់តែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ដោយខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួន កាលៈទេសៈផ្ទាល់ខ្លួន និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តើនេះជាការជឿលើព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។)» («មនុស្សម្នាក់មិនអាចត្រូវបានសង្គ្រោះ ដោយការជឿលើសាសនា ឬការប្រព្រឹត្តកិច្ចពិធីសាសនាឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា នៅពេលដែលអ្នកជឿព្រះជាម្ចាស់ដោយស្មោះត្រង់ ជួបប្រទះរឿងរ៉ាវដែលមិនស្របតាមសញ្ញាណ ឬនៅពេលដែលផលប្រយោជន៍របស់ខ្លួនរងការខាតបង់ ពួកគេនឹងស្វែងរកសេចក្ដីពិតយ៉ាងសកម្ម ដើម្បីដោះស្រាយសេចក្ដីពុករលួយរបស់ខ្លួន រកចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរង់ចាំការបំភ្លឺ និងការណែនាំរបស់ព្រះអង្គ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត និងគ្មានវិចារណញាណ នឹងផ្តោតតែទៅលើមនុស្ស ឬស្ថានការណ៍ប៉ុណ្ណោះ នៅពេលដែលពួកគេជួបប្រទះរឿងរ៉ាវដែលមិនស្របតាមសញ្ញាណរបស់ខ្លួន ហើយពួកគេថែមទាំងអាចត្អូញត្អែរអំពីព្រះជាម្ចាស់ និងបដិសេធមិនព្រមចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ទៀតផង។ ដោយផ្សារភ្ជាប់រឿងនេះមកខ្ញុំខ្លួនឯង រាល់ពេលដែលខ្ញុំបានគិតអំពីការមិនអាចត្រូវបានឱ្យតម្លៃដោយអ្នកដទៃ នៅពេលធ្វើការងារខាងអត្ថបទ និងត្រូវបានបើកសម្ដែងថាជាមនុស្សគ្មានប្រយោជន៍ ខ្ញុំបានព្យាយាមនិយាយដោះសា និងរកលេស ដោយពួនពីក្រោយការខ្វះជំនាញរបស់ខ្ញុំ ដោយចេតនាសង្កត់ធ្ងន់លើចំណុចខ្សោយរបស់ខ្លួន ដោយសង្ឃឹមថា ប្រធានក្រុមនឹងយល់ចិត្ត និងយោគយល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចនៅក្នុងក្រុមនោះ និងរក្សាឋានៈរបស់ខ្លួន។ នៅពេលដែលរឿងរ៉ាវមិនទាន់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំកំពុងតែរីករាយនឹងកិត្តិយសរបស់ខ្លួន ខ្ញុំបានអះអាងថា ចុះចូលនឹងព្រះជាម្ចាស់ និងទទួលយកអ្វីៗពីព្រះអង្គ។ ប៉ុន្តែ នៅពេលប្រឈមមុខនឹងរឿងរ៉ាវដែលមិនស្របតាមសញ្ញាណរបស់ខ្ញុំ ឬបណ្ដាលឱ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបែរជាជជែកតវ៉ា និងទាស់ទទឹង មានចិត្តបះបោរ និងមិនពេញចិត្តចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ទៅវិញ។ លើសពីនេះ ខ្ញុំបានរកមើលកំហុសអ្នកដទៃ ដោយអះអាងថា ការរៀបចំរបស់អ្នកដឹកនាំគឺមិនសមហេតុផលសោះ។ នៅពេលគិតឱ្យបានល្អិតល្អន់ទៅ អ្នកដឹកនាំច្បាស់ជាបានធ្វើការចាត់តាំងភារកិច្ចថ្មីយ៉ាងសមហេតុផល ដោយផ្អែកលើតម្រូវការការងារ ហើយខ្ញុំក៏មានជំនាញសរសេរខ្លះៗដែរ មិនមែនខ្ញុំគ្មានជំនាញសោះនោះទេ។ ប៉ុន្តែ ដោយសារតែខ្ញុំមានអារម្មណ៍ថា ការចាត់តាំងភារកិច្ចជាថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ទើបខ្ញុំបានត្អូញត្អែរ និងទាស់ទទឹង។ ខ្ញុំពិតជាគ្មានហេតុផលមែន! ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយសុខចិត្តទទួលយកការណ៍នេះពីទ្រង់ និងចុះចូល ហើយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើការងារខាងអត្ថបទ។

បន្ទាប់ពីការចាត់តាំងជាថ្មីនូវភារកិច្ចរបស់ខ្ញុំរួច ខ្ញុំបានឃើញថា បងប្អូនប្រុសស្រីភាគច្រើននៅទីនោះមានជំនាញសរសេរល្អជាងខ្ញុំ។ អ្នកខ្លះធ្លាប់ធ្វើជាអ្នកដឹកនាំពីមុនមក ហើយអ្នកខ្លះទៀតបានធ្វើការងារខាងអត្ថបទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេបានចាប់យល់ច្បាស់ពីគោលការណ៍ ហើយពួកគេបានពិភាក្សាបញ្ហា និងបញ្ចេញទស្សនៈរបស់ពួកគេយ៉ាងច្បាស់លាស់ និងស៊ីជម្រៅ។ ខ្ញុំមានអារម្មណ៍ច្រណែនខ្លាំងដែរ។ ខ្ញុំក៏ចាប់ផ្តើមតូចចិត្តបន្តិច ដោយមិនដឹងខ្លួន ដោយគិតថា ខ្ញុំទើបតែចាប់ផ្ដើមសោះ តែខ្ញុំនៅឆ្ងាយខ្លាំងពីពួកគេបាត់ទៅហើយ។ ខ្ញុំឆ្ងល់ថា៖ «តើនៅពេលណាទើបខ្ញុំអាចទៅដល់កម្រិតរបស់ពួកគេបាន?» ប៉ុន្តែ ខ្ញុំមិនបានបាក់ទឹកចិត្តពេកទេ។ ដោយដឹងថា ខ្ញុំនៅខ្វះខាតច្រើនទាក់ទងនឹងគោលការណ៍ វិជ្ជាជីវៈ និងផ្នែកផ្សេងៗទៀត ខ្ញុំបានចំណាយពេលស្វែងយល់ពីគោលការណ៍ ហើយបានស្វែងរកការណែនាំ និងរៀនសូត្រពីបងប្អូនប្រុសស្រី នៅពេលដែលខ្ញុំមិនយល់អ្វីមួយ។ ប៉ុន្តែ ដោយសារតែខ្ញុំថ្មីថ្មោងចំពោះភារកិច្ចនេះ ខ្ញុំមិនមានគំនិតល្អៗទេ នៅពេលពិភាក្សាបញ្ហាជាមួយបងប្អូនប្រុសស្រី។ ជួនកាល នៅពេលដែលខ្ញុំបានបញ្ចេញទស្សនៈខ្លះ វាបែរជាមិនសមរម្យទៅវិញ ហើយខ្ញុំមានអារម្មណ៍បាក់មុខខ្លាំងណាស់។ បើនៅតែបែបនេះទៀត ខ្ញុំកាន់តែធ្វើការ ខ្ញុំនឹងកាន់តែមើលទៅអន់ ពោលគឺ កុំថាឡើយចង់ឱ្យគេមកឱ្យតម្លៃខ្ញុំនោះ។ ខ្ញុំបារម្ភថា បងប្អូនប្រុសស្រីនឹងគិតថា គុណសម្បត្តិរបស់ខ្ញុំអន់ពេក ហើយខ្ញុំមិនសមនឹងទទួលការបណ្ដុះបណ្ដាលទេ។ ដោយឃើញថា ការងារនេះសំខាន់ និងពិបាកយ៉ាងណា ខ្ញុំកាន់តែបារម្ភខ្លាចធ្វើមិនបានល្អ ហើយត្រូវបានគេចាត់តាំងឡើងវិញទៀត។ បែបនោះ វាពិតជាគួរឱ្យអាម៉ាស់មុខណាស់។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែបំពេញភារកិច្ចបែបមិនអស់ពីចិត្ត។ ខ្ញុំសម្លឹងមើលអេក្រង់កុំព្យូទ័រ តែខួរក្បាលរបស់ខ្ញុំទទេស្អាត។ ខ្ញុំខ្វះចំណាប់អារម្មណ៍ និងការលើកទឹកចិត្តក្នុងការរៀនវិជ្ជាជីវៈ។ ខ្ញុំចេះតែមានអារម្មណ៍បាក់ទឹកចិត្តដែលមិនអាចពន្យល់បាននៅក្នុងចិត្ត។ ពេលខ្លះ ខ្ញុំថែមទាំងគិតស្រមៃថា នៅពេលណាអ្នកដឹកនាំអាចនឹងប្ដូរចិត្ត ហើយបញ្ជូនខ្ញុំត្រឡប់ទៅវិញ ដោយគិតថា វាប្រសើរជាងការត្រូវបានបើកសម្ដែងថាជាមនុស្សគ្មានប្រយោជន៍ និងមិនត្រូវបានគេកត់សម្គាល់នៅទីនេះ។ ក្រោយមក បងប្អូនស្រីដែលកំពុងបង្វឹកខ្ញុំពីវិជ្ជាជីវៈបានសម្គាល់ឃើញបញ្ហាគោលការណ៍មួយចំនួននៅក្នុងភារកិច្ចរបស់ខ្ញុំ។ នៅពេលដែលគាត់វិភាគពីបញ្ហាទាំងនោះ គាត់ថែមទាំងបានចង្អុលបង្ហាញពីបញ្ហា និងសេចក្ដីវៀចវេរទាំងនេះនៅក្នុងក្រុមទៀតផង។ ខ្ញុំមានអារម្មណ៍បាក់មុខយ៉ាងខ្លាំង។ ការចងចាំកាលដែលខ្ញុំធ្លាប់ផលិតវីដេអូ ក៏លេចឡើងក្នុងគំនិតដោយមិនដឹងខ្លួន។ កាលនោះ ខ្ញុំមានមុខមាត់ណាស់។ មនុស្សម្នាយកសំណួរមកសួរខ្ញុំ ហើយភាគច្រើន ខ្ញុំគឺជាអ្នកចង្អុលបង្ហាញកំហុសដល់អ្នកដទៃ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានក្លាយជាគំរូអវិជ្ជមាន ហើយត្រូវបានគេចង្អុលបង្ហាញកំហុសរបស់ខ្ញុំជានិច្ច។ វាពិតជាខុសគ្នាដូចមេឃនិងដី! ភាពផ្ទុយគ្នានេះបានធ្វើឱ្យខ្ញុំកាន់តែអវិជ្ជមានថែមទៀត។ ខ្ញុំថែមទាំងបានគិតចង់ប្រាប់អ្នកដឹកនាំថា ខ្ញុំគ្មានសមត្ថភាពធ្វើការងារនេះទេ ហើយចង់ត្រឡប់ទៅផលិតវីដេអូវិញ។ ប៉ុន្តែ ខ្ញុំខ្លាចអ្នកដទៃនឹងនិយាយថា ខ្ញុំមិនស្ដាប់បង្គាប់ ដូច្នេះ ខ្ញុំធ្វើភារកិច្ចទាំងទើសទាល់។

ថ្ងៃមួយ ខ្ញុំស្រាប់តែបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ប្រសិនបើអ្នកឃើញបញ្ហាកើតឡើង ហើយមិនប្រញាប់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ហើយរង់ចាំរហូតដល់បញ្ហាទាំងនោះគរទុក និងបង្អាក់កិច្ចការ ហើយការតាំងចិត្តដ៏តិចតួចដែលអ្នកមាន ក៏មិនអាចទ្រាំទ្រនឹងសម្ពាធនៃការបំពេញភារកិច្ចរបស់អ្នកបានទៀត នោះអ្នកនឹងក្លាយជាអវិជ្ជមានរហូតដល់ថ្នាក់អ្នកដួលរលំ ហើយអ្នកប្រាកដជានឹងមិនអាចឈរយ៉ាងមាំមួនបានឡើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ខ្ញុំបានដឹងថា ការមិនដោះស្រាយសភាពអវិជ្ជមាននេះ គឺពិតជាគ្រោះថ្នាក់ណាស់។ ទោះបីជាខាងក្រៅខ្ញុំបានបំពេញភារកិច្ចក្ដី ប៉ុន្តែចិត្តរបស់ខ្ញុំមិននៅទីនោះទេ។ ខ្ញុំតែងតែនឹកឃើញដល់គ្រាដែលអ្នកដទៃឱ្យតម្លៃ និងសរសើរខ្ញុំ ហើយខ្ញុំមិនដែលប្រឹងប្រែងឱ្យអស់ពីសមត្ថភាពឡើយ។ ខ្ញុំបានដឹងថា បញ្ហានេះត្រូវតែដោះស្រាយ ហើយខ្ញុំមិនអាចបន្តធ្វើបង្គ្រប់កិច្ច និងបោកបញ្ឆោតខ្លួនឯងបែបនេះទៀតទេ។ ក្រោយមក នៅពេលកំពុងឆ្លុះបញ្ចាំង ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សមិនគួរគិតថាខ្លួនឯងល្អឥតខ្ចោះ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ ឬខុសប្លែកពីអ្នកដទៃឡើយ រឿងទាំងអស់នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម និងអវិជ្ជារបស់មនុស្ស។ ការគិតថាខ្លួនឯងពិសេសជាងគេជានិច្ច នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការមិនអាចទទួលយកចំណុចខ្វះខាតរបស់ខ្លួន និងមិនអាចប្រឈមមុខនឹងកំហុស និងបរាជ័យរបស់ខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការតែងតែមិនអនុញ្ញាតឱ្យអ្នកដទៃឧត្តុង្គឧត្តមជាងខ្លួន ឬល្អជាងខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការតែងតែមិនអនុញ្ញាតឱ្យចំណុចខ្លាំងរបស់អ្នកដទៃលើស ឬហួសពីចំណុចខ្លាំងរបស់ខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការមិនអនុញ្ញាតឱ្យអ្នកដទៃមានគំនិត យោបល់ និងទស្សនៈល្អជាងខ្លួន ហើយនៅពេលរកឃើញថាអ្នកដទៃល្អជាងខ្លួន ក៏ក្លាយជាអវិជ្ជមាន មិនចង់និយាយ មានទុក្ខព្រួយ និងមានអារម្មណ៍ស្រពោនចិត្ត ហើយមិនសប្បាយចិត្ត រឿងទាំងអស់នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ និស្ស័យក្រអឺតក្រទមអាចធ្វើឱ្យអ្នកមិនអាចទទួលយកការកែតម្រូវរបស់អ្នកដទៃ ដោយសារតែការការពារមោទនភាពរបស់អ្នក មិនអាចប្រឈមមុខនឹងចំណុចខ្វះខាតរបស់អ្នក និងមិនអាចទទួលយកបរាជ័យ និងកំហុសរបស់អ្នក។ លើសពីនេះទៅទៀត នៅពេលនរណាម្នាក់ល្អជាងអ្នក វាអាចបណ្ដាលឱ្យមានការស្អប់ និងការច្រណែនកើតឡើងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកអាចមានអារម្មណ៍ថាត្រូវបានរឹតត្បិត ហើយថែមទាំងមិនចង់បំពេញភារកិច្ចរបស់អ្នក និងធ្វើវាឱ្យតែរួចពីដៃ។ និស្ស័យក្រអឺតក្រទមអាចបណ្ដាលឱ្យអាកប្បកិរិយា និងការអនុវត្តទាំងនេះលេចឡើងនៅក្នុងអ្នក» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលរបស់ព្រះជាម្ចាស់បានជួយខ្ញុំឱ្យរកឃើញមូលហេតុនៃសភាពអវិជ្ជមានរបស់ខ្ញុំ។ ខ្ញុំតែងតែគិតថា ខ្ញុំមានសមត្ថភាព ហើយឱ្យតម្លៃខ្លួនឯងខ្ពស់ជ្រុល ដោយចង់បានតំណែងដ៏លេចធ្លោបំផុត មានមនុស្សចោមរោម និងសរសើរខ្ញុំនៅគ្រប់ទីកន្លែងដែលខ្ញុំទៅ។ នៅពេលដែលខ្ញុំមិនអាចទទួលបានការឱ្យតម្លៃពីអ្នកដទៃ ឬមិនបានលេចធ្លោ ខ្ញុំក៏មានភាពអវិជ្ជមាន ហើយចង់គេចចេញពីស្ថានការណ៍នោះ។ ទាំងអស់នេះគឺបណ្ដាលមកពីធម្មជាតិរបស់ខ្ញុំក្រអឺតក្រទមពេក។ ខ្ញុំទើបតែចាប់ផ្ដើមហាត់ធ្វើការងារខាងអត្ថបទ ហើយមានរឿងជាច្រើនដែលខ្ញុំមិនយល់ ឬមិនចេះធ្វើ។ គ្មានគោលការណ៍ណាមួយអាចរៀនចេះ ដោយគ្រាន់តែស្ដាប់ ឬអានពីរបីដងនោះទេ វាទាមទារឱ្យមានការរៀនអនុវត្តជាក់ស្ដែងមួយរយៈ។ ក្នុងអំឡុងពេលនេះ កំហុស និងបរាជ័យគឺជារឿងជៀសមិនរួចឡើយ។ មនុស្សដែលមានវិចារណញាណពិតប្រាកដ សុទ្ធតែអាចប្រឈមមុខនឹងរឿងទាំងនេះយ៉ាងត្រឹមត្រូវ។ ប៉ុន្តែ ខ្ញុំគ្មានការយល់ដឹងពីខ្លួនឯងសោះ។ ទៅដល់ទីណា ខ្ញុំចង់បង្ហាញឱ្យគេឃើញថា ខ្ញុំពិសេស។ ខ្ញុំច្បាស់ណាស់ថាទើបតែចាប់ផ្ដើមសោះ ប៉ុន្តែខ្ញុំបែរជាប្រញាប់ចង់សម្រេចអ្វីមួយ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យបងប្អូនប្រុសស្រីឃើញថា ខ្ញុំមានគុណសម្បត្តិល្អ។ នៅពេលដែលខ្ញុំធ្វើមិនបានល្អ ខ្វះខាត ឬមិនបានលេចធ្លោ ខ្ញុំក៏មានភាពអវិជ្ជមាន ហើយចាប់ផ្ដើមខ្ជីខ្ជា ដោយបាត់បង់កម្លាំងចិត្តក្នុងការរៀនជំនាញ។ ខ្ញុំថែមទាំងបានគិតចង់បោះបង់ភារកិច្ច ហើយចាកចេញទៀតផង។ ខ្ញុំបានដឹងថា ខ្ញុំពិតជាក្រអឺតក្រទម ហើយគិតថាខ្លួនឯងជាអ្នកអស្ចារ្យមែន។ ការរងទុក្ខដែលខ្ញុំបានទទួល គឺសុទ្ធតែជាការបង្ករឿងដាក់ខ្លួនឯងប៉ុណ្ណោះ។

ខ្ញុំចាប់ផ្ដើមគិតថា៖ «ហេតុអ្វីបានជាខ្ញុំមានកម្លាំងចិត្តខ្លាំងម្ល៉េះ កាលពីផលិតវីដេអូពីមុន តែឥឡូវនេះ ពេលធ្វើការងារខាងអត្ថបទ ខ្ញុំមិនអាចមានចិត្តក្លៀវក្លាសោះអញ្ចឹង?» ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានការយល់ដឹងខ្លះៗអំពីសភាពរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ប្រសិនបើមនុស្សមានចិត្តដែលស្រឡាញ់សេចក្ដីពិត នោះពួកគេនឹងមានកម្លាំងក្នុងការដេញតាមសេចក្ដីពិត ហើយអាចប្រឹងប្រែងអនុវត្តសេចក្ដីពិតបានមិនខាន។ ពួកគេអាចបោះបង់អ្វីដែលគួរបោះបង់ និងទម្លាក់ចោលអ្វីដែលគួរទម្លាក់ចោល។ ជាពិសេស អ្វីដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់អ្នក គួរតែទម្លាក់ចោល។ ប្រសិនបើអ្នកមិនលះបង់របស់ទាំងនេះចោលទេ នោះមានន័យថា អ្នកមិនស្រឡាញ់សេចក្ដីពិតទេ ហើយគ្មានកម្លាំងដើម្បីដេញតាមសេចក្ដីពិតឡើយ។ ពេលមានរឿងកើតឡើងចំពោះអ្នក អ្នកត្រូវតែស្វែងរកសេចក្ដីពិត ហើយអនុវត្តសេចក្ដីពិត។ នៅពេលដែលអ្នកត្រូវការអនុវត្តសេចក្ដីពិត ប្រសិនបើអ្នកតែងតែមានចិត្តអាត្មានិយម ហើយមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួនបាន នោះអ្នកមុខជាមិនអាចអនុវត្តសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកមិនដែលស្វែងរក ឬអនុវត្តសេចក្ដីពិតទោះក្នុងកាលៈទេសៈណាក៏ដោយ នោះអ្នកមិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតនោះទេ។ ទោះបីជាអ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកហើយក៏ដោយ ក៏អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតដែ។ មនុស្សខ្លះតែងតែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងប្រយោជន៍ខ្លួនឯង។ មិនថាពួកជំនុំរៀបចំកិច្ចការអ្វីឱ្យពួកគេធ្វើនោះទេ ពួកគេតែងតែគិតថា៖ 'តើការធ្វើបែបនេះ នឹងមានប្រយោជន៍ ឬចំណេញដល់ខ្ញុំដែរឬទេ? ប្រសិនបើមាន ខ្ញុំនឹងធ្វើវា តែបើគ្មានទេ នោះខ្ញុំនឹងមិនធ្វើឡើយ'។ មនុស្សបែបនេះមិនអនុវត្តសេចក្ដីពិតឡើយ ដូច្នេះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? ពួកគេច្បាស់ជាមិនអាចធ្វើបានឡើយ។ ទោះបីជាមើលពីខាងក្រៅ អ្នកហាក់មិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏អ្នកនៅតែមិនមែនជាមនុស្សដែលអនុវត្តសេចក្ដីពិតដែរ។ អ្នកមិនដេញតាមសេចក្ដីពិត អ្នកមិនស្រឡាញ់អ្វីៗដែលវិជ្ជមាន ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកខ្វល់តែពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់អ្នក ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក និងថាតើអ្នកអាចទទួលបានផលចំណេញអ្វីខ្លះប៉ុណ្ណោះ នេះមានន័យថា អ្នកគឺជាមនុស្សដែលស្វែងរកផលចំណេញសំខាន់ជាងអ្វីៗទាំងអស់ ហើយក៏ជាមនុស្សអាត្មានិយម និងថោកទាបផងដែរ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រាស់ថា ប្រសិនបើមនុស្សមានចិត្តស្រឡាញ់សេចក្ដីពិត នៅពេលដែលមានរឿងរ៉ាវកើតឡើងប៉ះពាល់ដល់មុខមាត់ ឋានៈ និងផលប្រយោជន៍របស់គេ គេអាចបោះបង់វាចោលបាន ហើយបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្លួន ដើម្បីអនុវត្តសេចក្ដីពិត។ ខ្ញុំបានឆ្លុះបញ្ចាំងថា កាលដែលខ្ញុំកំពុងផលិតវីដេអូ ខ្ញុំបានគិតថា ខ្ញុំមានបន្ទុក និងចេះស្ដាប់បង្គាប់ ហើយចាត់ទុកខ្លួនឯងថាជាអ្នកស្វែងរកសេចក្ដីពិត។ ទាល់តែពេលប្រឈមមុខនឹងការពិត ទើបខ្ញុំដឹងថា អ្វីដែលខ្ញុំធ្វើពីមុន មិនមែនខ្ញុំព្យាយាមផ្គាប់ព្រះទ័យព្រះទេ គឺខ្ញុំគ្រាន់តែធ្វើការងារមួយចំនួន នៅពេលដែលវាមិនប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ឥឡូវនេះ ខ្ញុំចេះតែចង់ត្រឡប់ទៅផលិតវីដេអូវិញ មិនមែនដោយសារខ្ញុំស្រឡាញ់ភារកិច្ចនោះទេ ប៉ុន្តែមកពីខ្ញុំកាត់ចិត្តមិនដាច់ពីការគាំទ្រ និងការឱ្យតម្លៃពីបងប្អូនប្រុសស្រី។ ទោះបីជាមើលពីខាងក្រៅ ខ្ញុំមិនមានឈ្មោះជាប្រធានក្រុមក្ដី ប៉ុន្តែបងប្អូនប្រុសស្រីមានការយល់ឃើញល្អចំពោះខ្ញុំនៅក្នុងចិត្តរបស់ពួកគេ។ រាល់ពេលដែលខ្ញុំដោះស្រាយបញ្ហា ឬធ្វើអ្វីមួយបានល្អ ខ្ញុំទទួលបានការឱ្យតម្លៃ និងការសរសើរពីពួកគេ ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ដូច្នេះ មិនថាខ្ញុំបង់ថ្លៃប៉ុនណា ឬរងទុក្ខប៉ុនណាទេ ខ្ញុំមិនមានការត្អូញត្អែរឡើយ។ ផ្ទុយទៅវិញ ការធ្វើការងារខាងអត្ថបទ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអាម៉ាស់មុខ។ នៅទីនេះ ខ្ញុំត្រូវរៀនគ្រប់យ៉ាងពីដំបូង ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំទេ។ វាមិនអាចទៅរួចទេដែលខ្ញុំធ្វើជាគ្រូរបស់អ្នកដទៃដូចមុន។ មិនត្រឹមតែខ្ញុំត្រូវដាក់ខ្លួនចុះ ហើយសួរអ្នកដទៃនូវសំណួរមូលដ្ឋានប៉ុណ្ណោះទេ ខ្ញុំថែមទាំងខ្វះខាតខ្លាំងនៅក្នុងជំនាញនេះ ដែលខ្ញុំត្រូវទទួលយកការណែនាំជានិច្ចទៀតផង។ ខ្ញុំមិនចង់ប្រឈមមុខនឹងការខ្វះខាតរបស់ខ្លួនឯងទេ ខ្ញុំគ្រាន់តែចង់ត្រេកត្រអាលនឹងបាច់ផ្កា និងការទះដៃអបអរ ហើយរីករាយនឹងការឱ្យតម្លៃ និងការសរសើរពីអ្នកដទៃប៉ុណ្ណោះ។ ខ្ញុំថែមទាំងបានគិតស្រមៃថា ថ្ងៃណាមួយ អ្នកដឹកនាំនឹងឱ្យខ្ញុំចាប់ផ្ដើមផលិតវីដេអូម្ដងទៀត ដើម្បីឱ្យខ្ញុំអាចបន្តត្រូវបានមនុស្សចោមរោម និងសរសើរដដែល។ ប៉ុន្តែ លទ្ធផលនេះមិនដែលកើតឡើងឡើយ។ ផ្ទុយទៅវិញ អ្វីដែលកើតឡើងគឺការបើកសម្ដែងនូវសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ខ្ញុំជាបន្តបន្ទាប់។ ដូច្នេះ ខ្ញុំក៏មានភាពអវិជ្ជមាន និងតូចចិត្ត ហើយបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ច។ នៅពេលនេះ ខ្ញុំបានដឹងថា កាលពីមុន ខ្ញុំគ្រាន់តែបំពេញភារកិច្ចដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ហើយខ្ញុំមិនបានចាត់ទុកភារកិច្ចរបស់ខ្ញុំជាការទទួលខុសត្រូវសោះឡើយ។

ក្នុងអំឡុងពេលនោះ ខ្ញុំបានស្វែងរក និងឆ្លុះបញ្ចាំងពីសភាពរបស់ខ្ញុំជាញឹកញាប់។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងថា៖ «សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិយសគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេស្វែងរកអ្វី មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេជាអ្វីទេ គ្រប់យ៉ាងពាក់ព័ន្ធនឹងការមានកេរ្តិ៍ឈ្មោះល្អ និងឋានៈខ្ពង់ខ្ពស់ដែរ។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ ទោះបីជាអ្នកដាក់ពួកគេនៅក្នុងព្រៃស្រោងក្នុងជ្រលងភ្នំដ៏ជ្រៅក៏ដោយ ក៏ពួកគេនៅតែមិនទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនមួយឡែកដែរ។ អ្នកអាចដាក់ពួកគេនៅក្នុងចំណោមក្រុមមនុស្សណាក៏បាន ហើយអ្វីដែលពួកគេអាចគិតដល់ គឺនៅតែជាកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ថាស្មើនឹងជំនឿលើព្រះជាម្ចាស់ដែរ ហើយដាក់រឿងទាំងពីរនេះក្នុងកម្រិតស្មើគ្នា។ ពោលគឺ នៅពេលដែលពួកគេដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេដែរ។ អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេគ្មានកេរ្តិ៍ឈ្មោះ គ្មានផលប្រយោជន៍ ឬគ្មានឋានៈ ហើយគ្មាននរណាម្នាក់គោរពពួកគេ កោតសរសើរពួកគេ ឬដើរតាមពួកគេទេ នោះពួកគេខកចិត្តយ៉ាងខ្លាំង។ ពួកគេជឿថា គ្មានន័យអ្វីឡើយក្នុងការជឿលើព្រះជាម្ចាស់ គ្មានតម្លៃចំពោះជំនឿនេះទេ ហើយពួកគេនិយាយប្រាប់ខ្លួនឯងថា៖ 'តើជំនឿលើព្រះបែបនេះ គឺជាបរាជ័យមែនទេ? តើខ្ញុំមិនមែនអស់សង្ឃឹមទេឬអី?' ពួកគេតែងតែថ្លឹងថ្លែងរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេថ្លឹងថ្លែងពីរបៀបដែលពួកគេអាចបង្កើតកន្លែងមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សស្ដាប់នៅពេលពួកគេនិយាយ និងគាំទ្រពួកគេនៅពេលពួកគេធ្វើសកម្មភាព ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សដើរតាមពួកគេមិនថាពួកគេទៅទីណាក៏ដោយ និងត្រូវធ្វើដូចម្ដេចដើម្បីឱ្យអាចមានសំឡេងដែលមានឥទ្ធិពលនៅក្នុងពួកជំនុំ ព្រមទាំងមានកេរ្តិ៍ឈ្មោះ មានលាភសក្ការៈ និងមានឋានៈ ពួកគេពិតជាផ្ដោតលើរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេណាស់។ ទាំងនេះគឺជាអ្វីដែលមនុស្សបែបនេះដេញតាម។ ហេតុអ្វីបានជាពួកគេតែងតែឱ្យតម្លៃលើរឿងបែបនេះ? បន្ទាប់ពីបានអានព្រះបន្ទូលព្រះជាម្ចាស់ បន្ទាប់ពីបានស្ដាប់សេចក្តីអធិប្បាយរួច តើពួកគេពិតជាមិនយល់អំពីរឿងទាំងអស់នេះ ពិតជាមិនអាចវែកញែករឿងទាំងអស់នេះទេឬអី? តើព្រះបន្ទូលព្រះជាម្ចាស់ និងសេចក្ដីពិត ពិតជាមិនអាចផ្លាស់ប្តូរសញ្ញាណ គំនិត និងយោបល់របស់ពួកគេបានទេឬ? វាមិនមែនបែបនេះឡើយ។ បញ្ហាស្ថិតនៅលើពួកគេផ្ទាល់ រឿងទាំងស្រុងដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ពីព្រោះពួកគេស្អប់ខ្ពើមសេចក្ដីពិតនៅក្នុងចិត្តរបស់ខ្លួន ហើយជាលទ្ធផល ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ដែលការនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងថា ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈជាពិសេស។ ពួកគេជឿលើព្រះជាម្ចាស់ បោះបង់អ្វីៗ និងលះបង់ខ្លួន សុទ្ធតែដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ។ នៅពេលដែលពួកគេបាត់បង់ឋានៈ ហាក់ដូចជាជីវិតរបស់ពួកគេត្រូវបានដកយកទៅបាត់អញ្ចឹង ពួកគេបាត់បង់ចំណាប់អារម្មណ៍ និងកម្លាំងចិត្តនៅក្នុងរឿងគ្រប់យ៉ាង។ ដោយឆ្លុះបញ្ចាំងពីការប្រព្រឹត្តរបស់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំដូចជាពួកទទឹងនឹងព្រះគ្រីស្ទអញ្ចឹង ដោយស្រេកឃ្លានការកោតសរសើរ និងការគោរពបូជាពីអ្នកដទៃ ហើយថែមទាំងចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ជារឿងវិជ្ជមានទៀតផង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានដេញតាមវា។ នៅផ្ទះ ឪពុករបស់ខ្ញុំតែងតែប្រាប់ខ្ញុំថា៖ «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយសជូនគ្រួសារ» ហើយថា ការធ្វើជាមនុស្សជោគជ័យ គឺជាផ្លូវតែមួយគត់ដើម្បីមានអនាគត។ នៅសាលារៀន គ្រូបានបញ្ចូលគំនិតដល់ខ្ញុំថា៖ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ រឿងទាំងនេះត្រូវបានបញ្ចូលទៅក្នុងគំនិតរបស់ខ្ញុំជានិច្ច ធ្វើឱ្យខ្ញុំកាន់តែចូលចិត្តកេរ្តិ៍ឈ្មោះ និងឋានៈ ហើយសុខចិត្តទ្រាំទ្រនឹងការលំបាកទាំងឡាយដើម្បីវា។ ក្នុងអំឡុងពេលសិក្សា ដើម្បីទទួលបានពិន្ទុល្អ និងទទួលបានការសរសើរ ព្រមទាំងការកោតសរសើរពីគ្រូ និងមិត្តរួមថ្នាក់ ខ្ញុំសុខចិត្តផឹកកាហ្វេដើម្បីនៅធ្វើកិច្ចការសាលាដល់យប់ជ្រៅ ហើយថែមទាំងទៅរៀនទាំងឈឺទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងពួកជំនុំ នៅពេលផលិតវីដេអូ មើលពីខាងក្រៅ ខ្ញុំបានទ្រាំទ្រនឹងការលំបាក និងលះបង់ ដោយរៀនជំនាញ និងធ្វើការកាន់តែច្រើន គឺសុទ្ធតែក្នុងគោលបំណងទទួលបានការកោតសរសើរពីអ្នកដទៃ។ នៅពេលដែលភារកិច្ចរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរ ហើយខ្ញុំលែងទទួលបានការកោតសរសើរពីអ្នកដទៃ ហើយកំហុសរបស់ខ្ញុំ ថែមទាំងបានបើកសម្ដែងឱ្យឃើញនូវចំណុចខ្វះខាត និងភាពអន់ខ្សោយរបស់ខ្ញុំទៀតផង ខ្ញុំក៏បានបាក់ទឹកចិត្ត មានការយល់ច្រឡំ និងអន់ចិត្តចំពោះស្ថានការណ៍ដែលព្រះជាម្ចាស់បានរៀបចំ ហើយបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ច។ ខ្ញុំបានឃើញថា ខ្ញុំកំពុងរស់នៅដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ ដោយគិតជានិច្ចអំពីរបៀបទទួលបានការកោតសរសើរពីអ្នកដទៃ។ អ្វីដែលខ្ញុំដេញតាម គឺផ្ទុយស្រឡះពីអ្វីដែលព្រះជាម្ចាស់ទ្រង់តម្រូវ។ ខ្ញុំបាននឹកឃើញដល់បន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ប៉ុន្តែអ្នកនៅតែរឹងប្រជែងដណ្ដើមឋានៈ អ្នកឱ្យតម្លៃខ្ពស់លើវា និងការពារវាជានិច្ច ដោយតែងតែព្យាយាមយកវាធ្វើជារបស់ខ្លួន។ តើនៅក្នុងរឿងទាំងអស់នេះ មិនមានលក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់បន្តិចបន្តួចទេឬ?» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ទោះបីជាខ្ញុំមិនទាន់ឈានដល់ការអូសទាញមនុស្ស ការតាំងខ្លួនឯង ឬបង្កើតនគរឯករាជ្យ ដើម្បីឋានៈ ដូចជាពួកទទឹងនឹងព្រះគ្រីស្ទក្ដី ហើយមិនទាន់បានប្រព្រឹត្តអំពើអាក្រក់ដែលជាក់ស្ដែងណាមួយក៏ដោយ ប៉ុន្តែចេតនា និងទស្សនៈនៅពីក្រោយការដេញតាមរបស់ខ្ញុំគឺខុសហើយ។ ខ្ញុំតែងតែស្វែងរកកន្លែងមួយនៅក្នុងចិត្តរបស់មនុស្ស។ ការបន្តដើរតាមផ្លូវនេះ គឺគ្រោះថ្នាក់ និងគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ពេលដឹងបែបនេះ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះការការពាររបស់ព្រះជាម្ចាស់។

តាមរយៈការចាត់តាំងភារកិច្ចថ្មីនេះ ខ្ញុំត្រូវបានជំរុញឱ្យឆ្លុះបញ្ចាំងពីផ្លូវខុសដែលខ្ញុំកំពុងដើរ និងឱ្យត្រឡប់ក្រោយទាន់ពេលវេលា។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ ទោះបីជាខ្ញុំលែងមានឱកាសលេចធ្លោ និងក្លាយជាចំណុចចាប់អារម្មណ៍ក្ដី ប៉ុន្តែខ្ញុំអាចចុះចូលដោយស្មោះអស់ពីចិត្ត។ ខ្ញុំក៏មានអារម្មណ៍សោកស្ដាយខ្លះដែរចំពោះ ការខ្ជះខ្ជាយពេលវេលាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រសិនបើខ្ញុំបានខិតខំប្រឹងប្រែងដូចគ្នាក្នុងការដេញតាមសេចក្ដីពិត និងការស្គាល់ខ្លួនឯង ជំនួសឱ្យការស្វែងរកឋានៈវិញនោះ ខ្ញុំនឹងមានវិចារណញាណជាងនេះ ចេះស្ដាប់បង្គាប់ព្រះជាម្ចាស់ជាងនេះ ហើយមិនបះបោរ និងពុករលួយដូចពេលនេះទេ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកចង់មានភក្ដីភាពក្នុងរបស់សព្វសារពើ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមិនអាចធ្វើវាបានដោយគ្រាន់តែបំពេញភារកិច្ចតែមួយនោះទេ អ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មណាមួយដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក។ មិនថាវាត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក និងស្របតាមអ្វីដែលអ្នកចាប់អារម្មណ៍ ឬជាអ្វីដែលអ្នកមិនចូលចិត្ត ឬមិនធ្លាប់ធ្វើពីមុនមក និងយល់ថាពិបាកក៏ដោយ ក៏អ្នកគួរតែទទួលយកវា និងចុះចូលដែរ។ មិនត្រឹមតែអ្នកត្រូវទទួលយកវាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវសហការយ៉ាងសកម្ម រៀនជំនាញវិជ្ជាជីវៈ និងទទួលបានបទពិសោធ ព្រមទាំងការចូលទៅក្នុងផងដែរ។ ទោះបីជាអ្នករងការលំបាក ឬអស់កម្លាំង រងការអាម៉ាស់ ឬការបដិសេធក៏ដោយ ក៏អ្នកនៅតែត្រូវបំពេញវាដោយភក្ដីភាពដែរ។ មានតែការអនុវត្តតាមរបៀបនេះទេ ទើបអ្នកអាចមានភក្ដីភាពក្នុងរបស់សព្វសារពើ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវតែបំពេញវាជាភារកិច្ចរបស់អ្នក មិនមែនជាកិច្ចការផ្ទាល់ខ្លួនរបស់អ្នកឡើយ។ តើអ្នកគួរយល់ពីភារកិច្ចដោយរបៀបណា? ភារកិច្ចជាអ្វីមួយដែលព្រះអាទិករ គឺព្រះជាម្ចាស់ ប្រទានឱ្យនរណាម្នាក់ធ្វើ នេះហើយជារបៀបដែលភារកិច្ចរបស់មនុស្សកើតឡើង។ បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក គឺជាភារកិច្ចរបស់អ្នក ហើយវាជារឿងធម្មតា និងសមហេតុផលយ៉ាងពេញលេញ ដែលអ្នកបំពេញភារកិច្ចរបស់អ្នក តាមដែលព្រះជាម្ចាស់ទាមទារ។ ប្រសិនបើអ្នកច្បាស់ថា ភារកិច្ចនេះគឺជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយថា នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងព្រះពររបស់ព្រះជាម្ចាស់ដែលមកដល់អ្នក នោះអ្នកនឹងអាចទទួលយកភារកិច្ចរបស់អ្នកដោយចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ហើយអ្នកនឹងអាចគិតគូរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ហើយអ្នកនឹងអាចយកឈ្នះរាល់ការលំបាកទាំងអស់ដើម្បីបំពេញព្រះទ័យព្រះជាម្ចាស់។ អស់អ្នកដែលលះបង់ខ្លួនឯងយ៉ាងពិតប្រាកដដើម្បីព្រះជាម្ចាស់ មិនដែលបដិសេធបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បានឡើយ ហើយក៏មិនដែលបដិសេធភារកិច្ចណាមួយឡើយ។ មិនថាព្រះជាម្ចាស់ផ្ទុកផ្ដាក់ភារកិច្ចអ្វីដល់អ្នក មិនថាវាមានការលំបាកអ្វីខ្លះនោះទេ អ្នកមិនគួរបដិសេធវាឡើយ ប៉ុន្តែត្រូវទទួលយកវា។ នេះគឺជាផ្លូវនៃការអនុវត្ត ដែលជាការអនុវត្តសេចក្ដីពិត និងមានភក្ដីភាពក្នុងរបស់សព្វសារពើ ដើម្បីបំពេញព្រះទ័យព្រះជាម្ចាស់។ តើចំណុចសំខាន់នៅទីនេះគឺជាអ្វី? គឺនៅលើពាក្យថា 'ក្នុងរបស់សព្វសារពើ'។ 'របស់សព្វសារពើ' មិនមែនសំដៅលើរឿងដែលអ្នកចូលចិត្ត ឬពូកែធ្វើនោះទេ ហើយកាន់តែមិនមែនជារឿងដែលអ្នកធ្លាប់ធ្វើដែរ។ ជួនកាល វានឹងក្លាយជារឿងដែលអ្នកមិនពូកែ រឿងដែលអ្នកត្រូវរៀន រឿងដែលពិបាក ឬរឿងដែលអ្នកត្រូវរងទុក្ខ។ ទោះជាយ៉ាងណាក៏ដោយ មិនថារឿងនោះជាអ្វីទេ ឱ្យតែព្រះជាម្ចាស់បានផ្ទុកផ្ដាក់វាឱ្យអ្នក អ្នកត្រូវតែទទួលយកវាពីទ្រង់ អ្នកត្រូវតែទទួលយកវា និងបំពេញភារកិច្ចនោះឱ្យបានល្អ ដោយធ្វើវាដោយភក្ដីភាព និងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាផ្លូវនៃការអនុវត្ត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ទោះបីជាអ្នកបានធ្វើឱ្យខ្លួនឯងបាក់មុខក៏ដោយ ក៏តាមរយៈរឿងនេះ អ្នកអាចរៀនថាបញ្ហា និងចំណុចខ្វះខាតរបស់អ្នកមានអ្វីខ្លះ អ្នកអាចរៀនបានថា អ្នកមានការស្រឡាញ់មុខមាត់ហួសហេតុ ហើយអ្នកអាចយល់បានថា អ្នកមិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ រឿងនេះមានប្រយោជន៍ដល់ការស្គាល់ខ្លួនឯងរបស់អ្នក ដូច្នេះ ការធ្វើឱ្យខ្លួនឯងបាក់មុខ មិនមែនជារឿងអាក្រក់ទេ។ គ្មានមនុស្សល្អឥតខ្ចោះឡើយ មនុស្សទាំងអស់សុទ្ធតែមាននិស្ស័យពុករលួយ ព្រមទាំងចំណុចខ្វះខាត និងភាពមិនគ្រប់គ្រាន់ ហើយមនុស្សទាំងអស់បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និយាយ និងធ្វើរឿងដែលខុស ហើយជួបប្រទះឧបសគ្គ និងបរាជ័យ។ ដូច្នេះ ពួកគេទាំងអស់គ្នាសុទ្ធតែឆ្លងកាត់ពេលដែលពួកគេធ្វើឱ្យខ្លួនឯងបាក់មុខ និងមានអារម្មណ៍អាម៉ាស់។ នេះជារឿងធម្មតាខ្លាំងណាស់។ មនុស្សខ្លាចធ្វើឱ្យខ្លួនឯងបាក់មុខ កត្តាចម្បងគឺដោយសារតែពួកគេគិតពីមុខមាត់ហួសហេតុពេក។ នៅពេលដែលអ្នកអាចលះបង់ការគិតពីមុខមាត់ហួសហេតុរបស់អ្នក ហើយប្រព្រឹត្តិចំពោះរឿងនេះត្រឹមត្រូវបាន នោះលើកក្រោយដែលអ្នកធ្វើឱ្យខ្លួនឯងបាក់មុខ អ្នកនឹងលែងមានអារម្មណ៍ខ្មាសអៀនទៀតហើយ អ្នកនឹងមិនខ្វល់ថាវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកទៀតទេ ហើយអ្នកនឹងលែងធ្លាក់ទឹកចិត្តដោយសារតែរឿងនេះទៀតផង។ នៅពេលនោះ ភាពជាមនុស្សរបស់អ្នកនឹងមានភាពចាស់ទុំ។ តើនេះមិនមែនជារឿងល្អទេឬអី? (មែនហើយ។) ដូច្នេះ នៅពេលដែលអ្នកធ្វើឱ្យខ្លួនឯងបាក់មុខ កុំគិតថាវាសំណាងអាក្រក់របស់អ្នកឱ្យសោះ ហើយកុំរកលេសដើម្បីការពារមុខមាត់ហួសហេតុរបស់អ្នក និងអំនួតរបស់អ្នកឡើយ។ នៅពេលដែលអ្នកដទៃធ្វើឱ្យខ្លួនឯងបាក់មុខ កុំសើចចំអកឱ្យពួកគេដែរ។ រឿងទាំងនេះគឺជារឿងធម្មតាណាស់ ហើយមនុស្សគ្រប់គ្នានឹងឆ្លងកាត់រឿងទាំងនេះ។ នៅពេលដែលអ្នកឆ្លងកាត់ឧបសគ្គ និងបរាជ័យជាច្រើន ភាពជាមនុស្សរបស់អ្នកនឹងប្រែជាចាស់ទុំ និងមានបទពិសោធបន្តិចម្ដងៗ ហើយបន្ទាប់មក នៅពេលដែលអ្នកជួបប្រទះរឿងទាំងនេះម្ដងទៀត អ្នកនឹងលែងត្រូវបានរឹតត្បិតទៀតហើយ ហើយអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានជាធម្មតា។ នៅពេលនោះ ភាពជាមនុស្សរបស់អ្នកនឹងមានភាពប្រក្រតី ហើយវិចារណញាណរបស់អ្នកក៏នឹងមានភាពប្រក្រតីដែរ» («របៀបដេញតាមសេចក្ដីពិត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញផ្លូវដើម្បីអនុវត្តក្នុងស្ថានការណ៍នេះ។ មិនថាខ្ញុំនឹងត្រូវបានអ្នកដទៃកោតសរសើរ ឬមានឱកាសលេចធ្លោឬអត់នោះទេ ខ្ញុំត្រូវតែចុះចូលនឹងបរិយាកាសដែលព្រះជាម្ចាស់ទ្រង់បានរៀបចំ ហើយបំពេញភារកិច្ចរបស់ខ្ញុំដោយស្មោះត្រង់ ដោយដាក់ចិត្ត និងកម្លាំងទៅក្នុងនោះ។ នេះគឺជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយជាអ្វីដែលខ្ញុំគួរធ្វើ។ ក្រោយមក ទោះបីជាពេលខ្លះ ការងារដែលខ្ញុំបានធ្វើរួច នៅតែមានកំហុសក្ដី ហើយនៅពេលដែលអ្នកដទៃចង្អុលបង្ហាញបញ្ហាជាច្រើន ខ្ញុំមានអារម្មណ៍ពិបាកចិត្ត តែខ្ញុំលែងមានភាពអវិជ្ជមានទៀតហើយ។ ខ្ញុំកាន់តែជួបប្រទះកំហុស និងបរាជ័យ វាក៏កាន់តែជំរុញខ្ញុំ ឱ្យត្រឡប់ទៅរកព្រះជាម្ចាស់ទាន់ពេលវេលា ដើម្បីដឹងពីសេចក្ដីពុករលួយរបស់ខ្លួន ដោយវិភាគ និងឆ្លុះបញ្ចាំងពីសេចក្ដីវៀចវេរ និងការខ្វះខាតរបស់ខ្ញុំ។ នេះក៏បានធ្វើឱ្យខ្ញុំចងចាំគោលការណ៍មួយចំនួនកាន់តែច្បាស់ដែរ ដែលមានប្រយោជន៍ទាំងចំពោះការបំពេញភារកិច្ច និងការចូលទៅក្នុងជីវិតរបស់ខ្ញុំ។ ជាមួយនឹងការយល់ដឹងនេះ សភាពចិត្តរបស់ខ្ញុំបានប្រសើរឡើង ហើយខ្ញុំលែងសូវខ្វល់ពីរបៀបដែលអ្នកដទៃមើលមកខ្ញុំដូចមុនទៀតហើយ។ ចំពោះផ្នែកជំនាញវិញ ខ្ញុំបានវិភាគពីសេចក្ដីវៀចវេរ និងបញ្ហារបស់ខ្ញុំ បានស្វែងរកជំនួយពីបងប្អូនប្រុសស្រី នៅពេលដែលខ្ញុំមិនយល់អ្វីមួយ ហើយស្វែងរក និងចូលទៅក្នុងគោលការណ៍ដែលពាក់ព័ន្ធ។ ខ្ញុំក៏បានរៀនសូត្រពីការអនុវត្តល្អៗរបស់អ្នកដទៃផងដែរ។ ចំពោះសភាពរបស់ខ្ញុំវិញ ខ្ញុំបានប្រើពេលទំនេរដើម្បីឆ្លុះបញ្ចាំង និងសញ្ជឹងគិត ដោយស្គាល់ខ្លួនឯងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាក់ទងនឹងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្ញុំ។ បន្ទាប់ពីអនុវត្តបែបនេះបានមួយរយៈ ខ្ញុំចាប់ផ្ដើមចូលចិត្តភារកិច្ចបច្ចុប្បន្នរបស់ខ្ញុំ ហើយលទ្ធផលនៃភារកិច្ចរបស់ខ្ញុំបានប្រសើរឡើងជាងមុន។ ពេលក្រឡេកមើលដំណើរការនេះឡើងវិញ ខ្ញុំបានដឹងពីព្រះរាជបំណងដ៏យកចិត្តទុកដាក់របស់ព្រះជាម្ចាស់។ ការបំពេញភារកិច្ចនៅក្នុងបរិយាកាសនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ខ្ញុំ។ គឺតាមរយៈបរាជ័យ និងការបើកសម្ដែងទាំងនេះហើយ ដែលខ្ញុំអាចមើលឃើញយ៉ាងច្បាស់ពីការខ្វះខាត និងកម្ពស់ពិតរបស់ខ្ញុំ រៀនចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយស្វែងរកគោលការណ៍បន្ថែមទៀតនៅក្នុងភារកិច្ចរបស់ខ្ញុំ។ លើសពីនេះ ការត្រូវបានលត់ដំជានិច្ចនៅក្នុងបរិយាកាសនេះ បានធ្វើឱ្យខ្ញុំមានភាពចាស់ទុំនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ ធ្វើឱ្យខ្ញុំលែងសូវឆេវឆាវ និងទន់ជ្រាយ អាចប្រព្រឹត្តចំពោះការខ្វះខាតរបស់ខ្លួនបានត្រឹមត្រូវជាងមុន ហើយចាប់ផ្ដើមរៀនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត។ ទាំងនេះសុទ្ធតែជាការបណ្ដុះបណ្ដាល និងការប្រោសឱ្យគ្រប់លក្ខណ៍សម្រាប់ខ្ញុំ។

តាមរយៈការឆ្លងកាត់ការចាត់តាំងភារកិច្ចជាថ្មីនេះ ខ្ញុំបានយល់ថា មិនថាយើងកំពុងធ្វើភារកិច្ចអ្វី មិនថាកេរ្តិ៍ឈ្មោះរបស់យើងត្រូវបានលើកតម្កើង ឬថាតើយើងត្រូវបានអ្នកដទៃកោតសរសើរឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់គឺថាតើយើងអាចចុះចូលនឹងព្រះជាម្ចាស់ និងមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬទេ។ កាលពីមុន នៅពេលដែលខ្ញុំឃើញអ្នកដទៃមានភាពអវិជ្ជមាន និងមិនស្ដាប់បង្គាប់ បន្ទាប់ពីពួកគេត្រូវបានចាត់តាំងភារកិច្ចជាថ្មី ខ្ញុំបានមើលងាយពួកគេ ហើយគិតថាខ្ញុំប្រសើរជាងពួកគេ។ នៅពេលប្រឈមមុខនឹងការពិតឥឡូវនេះ ខ្ញុំបានឃើញថា ធម្មជាតិរបស់ខ្ញុំក្រអឺតក្រទមពេក ហើយខ្ញុំមិនបានចុះចូលនឹងព្រះជាម្ចាស់ខ្លាំងជាងអ្នកដទៃឡើយ។ តាមរយៈការត្រូវបានបើកសម្ដែងនៅក្នុងស្ថានការណ៍ដែលព្រះជាម្ចាស់ទ្រង់បានរៀបចំ ខ្ញុំបានស្គាល់ខ្លួនឯងខ្លះៗ ហើយមានការផ្លាស់ប្ដូរខ្លះៗដែរ។ ខ្ញុំពិតជាដឹងគុណចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់អស់ពីដួងចិត្ត!

ខាង​ដើម៖ ៣៦. ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

បន្ទាប់៖ ៤៨. ការឆ្លុះបញ្ចាំងពីការតបស្នងគុណស្រ័យ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ