៤៦. របៀបដែលស្រីព្រហ្មចារីមានប្រាជ្ញា បានស្វាគមន៍ព្រះអម្ចាស់
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា 'មិនអាចទៅរួច' នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ រាល់ពេលដែលព្រះជាម្ចាស់លេចមកធ្វើកិច្ចការក្នុងចំណោមមនុស្សជាតិ ព្រះអង្គសម្ដែងចេញនូវព្រះបន្ទូលរបស់ព្រះអង្គ ហើយមានតែអ្នកដែលបោះបង់សញ្ញាណរបស់ខ្លួន ហើយអាចទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់បាន។ ហេតុដូច្នេះហើយ គន្លឹះសំខាន់ក្នុងការស្វាគមន៍ព្រះអម្ចាស់ គឺត្រូវយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ទទួលស្គាល់ និងស្វាគមន៍ព្រះអម្ចាស់ដោយផ្អែកលើចំណុចនោះ។ អស់អ្នកដែលបានទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានលើកឡើងទៅនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ និងចូលរួមពិធីជប់លៀងរបស់ព្រះអម្ចាស់ជាមួយទ្រង់។ ពួកគេគឺជាស្រីព្រហ្មចារីដែលមានប្រាជ្ញា ជាមនុស្សដែលមានពរបំផុត។ នៅក្នុងជំនឿកាលពីមុនរបស់ខ្ញុំលើព្រះអម្ចាស់ ខ្ញុំគ្រាន់តែតោងជាប់នឹងអក្សរនៃព្រះគម្ពីរប៉ុណ្ណោះ ហើយដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកនៅលើពពក ហើយនាំខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌។ ពេលខ្ញុំឮថាព្រះអម្ចាស់បានយាងត្រឡប់មកវិញ ខ្ញុំមិនបានស្វែងរក និងស៊ើបសួរពីរឿងនេះ ឬស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំស្ទើរតែក្លាយជាស្រីព្រហ្មចារីដែលល្ងង់ខ្លៅម្នាក់ទៅហើយ ដែលបាត់បង់ឱកាសក្នុងការស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ដោយសារតែការណែនាំរបស់ព្រះជាម្ចាស់ ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបានចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម។
ថ្ងៃមួយក្នុងខែមេសា ឆ្នាំ ២០១៨ បងស្រីម្នាក់ដែលជឿលើព្រះអម្ចាស់ បានផ្ញើភាពយន្តមួយទៅមិត្តសម្លាញ់របស់ខ្ញុំឈ្មោះ មីរ៉េយ ដែលមានចំណងជើងថា «ផ្ទះរបស់ខ្ញុំនៅឯណា» ដោយនិយាយថា វាល្អមើលណាស់ ហើយដូចជីវិតពិតតែម្ដង។ មីរ៉េយ បានមកលេងខ្ញុំ ដើម្បីយើងអាចមើលវាជាមួយគ្នា។ ពេលតួអង្គឯកកំពុងឈឺចាប់ និងអស់សង្ឃឹម ខ្ញុំឃើញនាងបើកសៀវភៅដ៏ក្រាស់មួយក្បាល ហើយបានរកឃើញក្ដីសង្ឃឹមសម្រាប់ជីវិតតាមរយៈសៀវភៅនោះឡើងវិញ។ តែវាមិនមែនជាព្រះគម្ពីរដែលនាងកំពុងអាននោះទេ ហើយខ្លឹមសាររបស់វាគឺថ្មីទាំងអស់សម្រាប់ពួកយើង។ ដោយក្ដីភ្ញាក់ផ្អើល ពួកយើងនៅតែបន្តមើលទៀត។ ក្រោយមក ពេលតួអង្គឯកមានបញ្ហា បងប្អូនប្រុសស្រីក្នុងពួកជំនុំរបស់នាងបានមកជួយ។ ពួកគេអានសៀវភៅនេះជាមួយគ្នា ដោយលើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក។ ខ្ញុំរំជួលចិត្តរហូតស្រក់ទឹកភ្នែក ពេលកំពុងមើលសាច់រឿងនេះបន្តបន្ទាប់។ មនុស្សនៅក្នុងភាពយន្តនេះ ខុសប្លែកពីមនុស្សអាត្មានិយមទាំងអស់នៅក្នុងសង្គមដ៏ងងឹតរបស់យើង ហើយខ្ញុំមានអារម្មណ៍ថា អ្វីដែលពួកគេអានហាក់ដូចជាពិសេសណាស់។ ពួកយើងពិតជាចង់ដឹងថាមានអ្វីខ្លះនៅក្នុងសៀវភៅនេះ ដូច្នេះ ពួកយើងក៏អានព័ត៌មាននៅខាងក្រោមវីដេអូនោះ។ តែពេលខ្ញុំឃើញគេសរសេរថា ព្រះអម្ចាស់យេស៊ូវបានលេចមករួចហើយនោះ ខ្ញុំមិនអាចជឿទាល់តែសោះ ហើយគិតថា៖ «មិនអាចទៅរួចទេ! នៅក្នុងកណ្ឌគម្ពីរកិច្ចការ ១:១១ ចែងថា៖ 'ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ'។ ព្រះអម្ចាស់យេស៊ូវបានយាងទៅនៅលើពពក ហើយពេលព្រះអង្គយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ព្រះអង្គគួរតែយាងមកនៅលើពពកម្ដងទៀត ប្រកបដោយសិរីល្អដ៏អស្ចារ្យ។ ឥឡូវនេះ រឿងហ្នឹងមិនទាន់កើតឡើងផង ប៉ុន្តែទីនេះនិយាយថា ព្រះអម្ចាស់យេស៊ូវបានលេចមកហើយ។ នេះគឺផ្ទុយនឹងព្រះគម្ពីរហើយ»។ ខ្ញុំបានប្រាប់ មីរ៉េយ ពីអ្វីដែលខ្ញុំកំពុងគិត ហើយនាងក៏យល់ស្របជាមួយខ្ញុំដែរ។ បន្ទាប់ពីនោះមក ពួកយើងមិនបានស្វែងយល់បន្ថែមអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតទេ តែពួកយើងគ្រាន់តែមើលភាពយន្តនោះពីរឬបីដងទៀតប៉ុណ្ណោះ។
អស់មួយរយៈ ដំណឹងដែលព្រះអម្ចាស់យាងត្រឡប់មកវិញចេះតែដិតដាមក្នុងចិត្តរបស់ខ្ញុំ ហើយបន្ទាប់មក ខ្ញុំ និង មីរ៉េយ ក៏បានលើកយករឿងនេះមកនិយាយម្ដងទៀត នៅប៉ុន្មានខែក្រោយមក។ ពួកយើងបាននិយាយគ្នាថា តើពាក្យពេចន៍ដែលពួកគេបានអានក្នុងភាពយន្តនោះ ផ្ដល់សេចក្ដីជំនឿ និងក្ដីសង្ឃឹមឱ្យពួកគេដោយរបៀបណាទៅ ហើយពាក្យពេចន៍ទាំងនោះស្ដាប់ទៅ ដូចមិនមែនជារឿងដែលមនុស្សធម្មតាអាចនិយាយបានឡើយ។ នៅក្នុងពិភពសាសនាទាំងអស់ មានតែពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលកំពុងធ្វើបន្ទាល់អំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដូច្នេះ រឿងនេះប្រហែលជាមិនសាមញ្ញនោះទេ។ តែបន្ទាប់មក ខ្ញុំចងចាំថា ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញនៅលើពពក ហើយពួកគ្រូគង្វាល និងពួកចាស់ទុំក៏និយាយបែបនេះដែរ។ ចុះហេតុអ្វីបានជាពួកជំនុំនេះនិយាយថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញរួចហើយទៅវិញ? តើរឿងទាំងអស់នេះវាមានន័យយ៉ាងម៉េចទៅ? តើពួកយើងគួរស្វែងរក និងស៊ើបសួរពីវាដែរឬទេ? ខ្ញុំមានអារម្មណ៍ទាស់ទែងក្នុងចិត្តយ៉ាងខ្លាំង ដូច្នេះ ខ្ញុំ និង មីរ៉េយ ក៏អធិដ្ឋានជាមួយគ្នា ដោយទូលសូមឱ្យព្រះអម្ចាស់ណែនាំពួកយើង ឱ្យធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ។ ក្រោយមក ខ្ញុំបានគិតថា «ព្រះជាម្ចាស់គឺជាព្រះអធិបតេយ្យលើរបស់សព្វសារពើ ហើយទ្រង់មានព្រះចេស្ដាធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យ។ តើយើងអាចដាក់កំហិតកិច្ចការរបស់ទ្រង់ ត្រឹមការគិត និងសញ្ញាណរបស់យើងម្ដេចនឹងបានទៅ? ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែននោះ ហើយខ្ញុំមិនស្វែងរក ឬស៊ើបសួរ ដែលធ្វើឱ្យខកខានឱកាសក្នុងការស្វាគមន៍ព្រះអម្ចាស់ តើខ្ញុំនឹងមិនស្ដាយក្រោយអស់មួយជីវិតទៅហើយទេឬ?» ដូច្នេះ ពួកយើងក៏សម្រេចចិត្តស៊ើបសួរពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកយើងបានទាក់ទងទៅបងស្រី អាណា តាមគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ គាត់បានណែនាំពួកយើងឱ្យស្គាល់បងប្រុស ព្យែរ ហើយពួកយើងក៏ជួបជុំគ្នា ដើម្បីពិភាក្សាអំពីប្រធានបទនៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។
នៅក្នុងការជួបជុំនោះ ខ្ញុំបានប្រាប់ពួកគេអំពីភាពស្រពេចស្រពិលរបស់ខ្ញុំ ដោយនិយាយថា៖ «គម្ពីរកិច្ចការ ១:១១ បានចែងថា ព្រះអម្ចាស់នឹងយាងមកវិញ តាមរបៀបដូចគ្នាដែលព្រះអង្គបានយាងទៅ។ ដោយសារតែព្រះអង្គបានយាងទៅនៅលើពពកស ប្រាកដណាស់ថា ព្រះអង្គគួរតែយាងមកនៅលើពពកស នៅពេលព្រះអង្គយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ។ នេះគឺជាអ្វីដែលគ្រូគង្វាលរបស់យើង និងពួកចាស់ទុំនៅក្នុងពួកជំនុំតែងតែនិយាយ ហើយវាក៏ជាអ្វីដែលពួកយើងជឿផងដែរ។ ពួកយើងមិនទាន់ឃើញព្រះអម្ចាស់យាងមកនៅលើពពកសនៅឡើយទេ ដូច្នេះ តើបងអាចនិយាយថា ព្រះអង្គបានយាងត្រឡប់មកវិញរួចហើយយ៉ាងម៉េចទៅ?» បងប្រុស ព្យែរ បាននិយាយថា៖ «សេចក្ដីទំនាយអំពីព្រះអម្ចាស់យាងមកនៅលើពពក ប្រាកដជានឹងបានសម្រេច ប៉ុន្តែ យើងមិនអាចដាក់កំហិតលើរបៀបដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ដោយគ្រាន់តែមើលទៅលើសេចក្ដីទំនាយតែមួយនោះឡើយ។ នៅក្នុងព្រះគម្ពីរ មិនមែនមានតែសេចក្ដីទំនាយអំពីព្រះអម្ចាស់យាងមកនៅលើពពកប៉ុណ្ណោះទេ តែមានសេចក្ដីទំនាយខ្លះនិយាយអំពីការយាងមកជាសម្ងាត់របស់ព្រះអង្គផងដែរ។ ជាឧទាហរណ៍ មាននៅក្នុងគម្ពីរវិវរណៈ ៣:៣៖ 'ដូច្នេះ បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមកឯអ្នកដូចជាចោរ។ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកនៅពេលណាឡើយ'។ មាននៅក្នុងគម្ពីរវិវរណៈ ១៦:១៥៖ 'មើល៎! ខ្ញុំមកដូចជាចោរ'។ មាននៅក្នុងគម្ពីរម៉ាថាយ ២៥:៦៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ'។ ហើយបន្ទាប់មក មាននៅក្នុងគម្ពីរម៉ាកុស ១៣:៣២ ដែលចែងថា៖ 'រីឯថ្ងៃ និងពេលវេលានោះ គ្មាននរណាម្នាក់បានដឹងឡើយ ទោះជាបណ្ដាទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាផ្ទាល់ក៏ដោយ គឺមានតែព្រះវរបិតាមួយអង្គគត់ដែលទ្រង់ជ្រាប'។ សេចក្ដីទំនាយទាំងនេះបានចែងអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ 'ដូចជាចោរ' និង 'រីឯថ្ងៃ និងពេលវេលានោះ គ្មាននរណាម្នាក់បានដឹងឡើយ' ដែលមានន័យថា ព្រះអម្ចាស់នឹងយាងមកយ៉ាងស្ងៀមស្ងាត់ ជាសម្ងាត់ ដោយគ្មាននរណាម្នាក់ដឹងពីរឿងនេះឡើយ ហើយនឹងគ្មាននរណាម្នាក់ស្គាល់ព្រះអង្គឡើយ នៅពេលដែលពួកគេឃើញព្រះអង្គនោះ។ សេចក្ដីទំនាយទាំងនេះមានន័យថា ព្រះអម្ចាស់នឹងយាងមកជាសម្ងាត់។ មានសេចក្ដីទំនាយជាច្រើននៅក្នុងព្រះគម្ពីរដែលចែងអំពីព្រះអម្ចាស់យាងមកជាបុត្រមនុស្ស ដូចជានៅក្នុងគម្ពីរលូកា ១២:៤០៖ 'ដូច្នេះ ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត'។ និង ១៧:២៤-២៥៖ 'ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ 'បុត្រមនុស្ស' នៅទីនេះសំដៅលើការកើតពីមនុស្ស និងមានភាពជាមនុស្សធម្មតា។ គេមិនអាចហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬរូបកាយខាងវិញ្ញាណ ថាជា 'បុត្រមនុស្ស' បានឡើយ។ ព្រះយេហូវ៉ាដ៏ជាព្រះគឺជាព្រះវិញ្ញាណ ដូច្នេះ គេមិនអាចហៅព្រះអង្គថាជា 'បុត្រមនុស្ស' បានទេ។ ព្រះអម្ចាស់យេស៊ូវ គេហៅថា 'បុត្រមនុស្ស' និង 'ព្រះគ្រីស្ទ' ពីព្រោះព្រះអង្គគឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលនៅក្នុងសាច់ឈាម។ ដូច្នេះ ការយាងមកនៃបុត្រមនុស្សដែលព្រះអម្ចាស់បានលើកឡើងនោះ មានន័យថា ព្រះជាម្ចាស់នឹងយកកំណើតជាបុត្រមនុស្ស នៅពេលព្រះអង្គយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ។ ជាពិសេស មានខគម្ពីរមួយចែងថា៖ 'ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ នេះគឺជាភស្តុតាងបន្ថែមទៀត ដែលបញ្ជាក់ថា ព្រះអម្ចាស់នឹងយាងមកក្នុងសាច់ឈាម នៅពេលព្រះអង្គយាងត្រឡប់មកវិញ។ ប្រសិនបើព្រះអម្ចាស់មិនបានយាងមកក្នុងសាច់ឈាម តែបានលេចមកក្នុងទម្រង់ជាវិញ្ញាណរបស់ព្រះអង្គវិញនោះ មនុស្សគ្រប់គ្នានឹងភ័យខ្លាចយ៉ាងខ្លាំង រហូតដល់គ្មាននរណាម្នាក់ហ៊ានទាស់ទទឹង ឬថ្កោលទោសព្រះអង្គឡើយ។ ព្រះអង្គនឹងមិនចាំបាច់រងទុក្ខ ឬត្រូវបានបដិសេធដោយមនុស្សជំនាន់នេះទេ។ ដូច្នេះ ការយកកំណើតជាបុត្រមនុស្សរបស់ព្រះជាម្ចាស់ និងការយាងមកជាសម្ងាត់ ជាវិធីមួយផ្សេងទៀត ដែលព្រះអម្ចាស់យាងមកនៅគ្រាចុងក្រោយ»។ នៅចំណុចនេះ ខ្ញុំបានគិតថា៖ «នេះពិតជាអស្ចារ្យណាស់ ពិតជាហួសពីអ្វីដែលខ្ញុំបានស្រមើស្រមៃទៅទៀត! ប៉ុន្តែបងប្រុស ព្យែរ បានលើកយកភស្តុតាងមកបញ្ជាក់សម្រាប់ការប្រកបគ្នារបស់គាត់ ហើយគ្រប់យ៉ាងដែលគាត់និយាយ គឺស្របគ្នាទាំងស្រុងជាមួយនឹងព្រះគម្ពីរ និងសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ ដែលធ្វើឱ្យខ្ញុំជឿជាក់ទាំងស្រុង»។ ខ្ញុំធ្លាប់អានខគម្ពីរទាំងនេះជាច្រើនដងមកហើយ តែមិនដែលដឹងសោះថា ខគម្ពីរទាំងនោះនិយាយអំពីការយកកំណើតជាមនុស្សរបស់ព្រះអម្ចាស់ ដោយសម្ងាត់សោះ។ គំនិតចាស់របស់ខ្ញុំបានរលាយសាបសូន្យទាំងស្រុង។ មីរ៉េយ ក៏ងក់ក្បាលដោយការគិតពិចារណាផងដែរ ហើយនិយាយថា៖ «ចាស អ្វីដែលបងនិយាយគឺស្របទៅតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន»។ ប៉ុន្តែខ្ញុំនៅតែស្រពេចស្រពិលលើរឿងមួយ ដូច្នេះខ្ញុំក៏សួរគាត់ថា៖ «ប្រសិនបើព្រះអម្ចាស់យកកំណើតជាបុត្រមនុស្ស និងយាងមកជាសម្ងាត់មែននោះ តើសេចក្ដីទំនាយដែលថា ព្រះអង្គយាងមកនៅលើពពក សម្រេចបានយ៉ាងដូចម្ដេចទៅ? វាមានភាពផ្ទុយគ្នា តើមែនទេ?» បងប្រុស ព្យែរ បានឆ្លើយតប ដោយនិយាយថា៖ «វាគ្មានភាពផ្ទុយគ្នារវាងសេចក្ដីទំនាយទាំងពីរប្រភេទនេះទេ ព្រោះព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនអាចសាបសូន្យបានជាដាច់ខាត។ សេចក្ដីទំនាយរបស់ព្រះអង្គតែងតែបានសម្រេចជានិច្ច។ គ្រាន់តែវាត្រូវបានសម្រេចបន្ដិចម្ដងៗ ស្របទៅតាមជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញ ដំបូងព្រះអង្គយកកំណើតជាបុត្រមនុស្ស ដោយលេចមកធ្វើកិច្ចការក្នុងចំណោមមនុស្សជាតិជាសម្ងាត់ ហើយបន្ទាប់មក ទើបព្រះអង្គយាងមកនៅលើពពក ដោយលេចមកជាសាធារណៈ»។ ដោយស្រពេចស្រពិល ខ្ញុំបានសួរថា៖ «ដំបូង ព្រះអង្គយាងមកជាសម្ងាត់ ហើយបន្ទាប់មកទើបលេចមកជាសាធារណៈឬ? តើបងប្រុសអាចពន្យល់រឿងនេះបន្ថែមទៀតបានទេ?»
បងប្រុស ព្យែរ បានបន្ត ដោយនិយាយថា៖ «ដំបូង ព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយយាងមកជាសម្ងាត់នៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ និងប្រោសអ្នកយកឈ្នះមួយក្រុម មុនពេលមានភយន្តរាយ។ បន្ទាប់មក ព្រះជាម្ចាស់នឹងទម្លាក់ភយន្តរាយដ៏ធំសម្បើម ហើយព្រះអង្គនឹងផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ ក្រោយភយន្តរាយ ព្រះជាម្ចាស់នឹងយាងមកនៅលើពពក ហើយលេចមកជាសាធារណៈចំពោះគ្រប់ប្រជាជាតិ និងគ្រប់ជាតិសាសន៍ទាំងអស់។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការជាសម្ងាត់នៅក្នុងសាច់ឈាម អ្នកជឿពិតប្រាកដទាំងអស់ ដែលទន្ទឹងរង់ចាំការលេចមករបស់ព្រះអង្គ ឮព្រះសូរសៀងរបស់ព្រះអង្គ ហើយបែរមករកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេទាំងអស់គឺជាស្រីព្រហ្មចារីដែលមានប្រាជ្ញា ប្រសិនបើពួកគេទទួលការជំនុំជម្រះ និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក្លាយជាអ្នកយកឈ្នះ នោះពួកគេនឹងរួចជីវិតពីភយន្តរាយដ៏ធំសម្បើមនេះ។ ចំណែកឯអ្នកដែលមិនទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយថែមទាំងទាស់ទទឹង និងថ្កោលទោសកិច្ចការនេះទៀតនោះ នៅពេលដែលព្រះជាម្ចាស់យាងមកនៅលើពពក ហើយលេចមកជាសាធារណៈ ពួកគេនឹងឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពួកគេបានទាស់ទទឹង និងថ្កោលទោស គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ហើយពួកគេនឹងគក់ទ្រូង យំសោក និងសង្កៀតធ្មេញ។ រឿងនេះនឹងសម្រេចនូវសេចក្ដីទំនាយអំពីព្រះអម្ចាស់យាងមកនៅលើពពក ដែលចែងថា៖ 'ហើយពេលនោះ ទីសម្គាល់អំពីបុត្រមនុស្សនឹងលេចមកនៅលើមេឃ ហើយគ្រប់កុលសម្ព័ន្ធនៅលើផែនដីនឹងនាំគ្នាកាន់ទុក្ខ ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង' (ម៉ាថាយ ២៤:៣០)។ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' (វិវរណៈ ១:៧)»។ បន្ទាប់មក បងប្រុស ព្យែរ បានអានព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ឱ្យពួកយើងស្ដាប់៖ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដែលគេហៅថាពួកបរិសុទ្ធគ្រប់រូប ដែលដើរតាមព្រះយេស៊ូវថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីរងការដាក់ទោសដែរ ជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយហេតុនេះ ត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែអាចថា ព្រះយេស៊ូវចាត់ការពួកគេនៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហនៅលើពពកសប៉ុណ្ណោះ។ ... ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការថ្កោលទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយស្រេកឃ្លាន និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នករាល់គ្នានឹងទទួលបានប្រយោជន៍» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះទើបខ្ញុំបានយល់។ តាមពិតទៅ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ដំបូងព្រះអង្គយាងមកជាសម្ងាត់ ហើយប្រោសអ្នកយកឈ្នះមួយក្រុម បន្ទាប់មក ព្រះអង្គទម្លាក់ភយន្តរាយដ៏ធំសម្បើម ដោយផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ ក្រោយពីនោះមក ព្រះអង្គយាងមកនៅលើពពក ប្រកបដោយសិរីល្អដ៏អស្ចារ្យ ហើយលេចមកជាសាធារណៈដល់គ្រប់ប្រជាជាតិ និងជាតិសាសន៍ទាំងអស់។ វាគ្មានភាពផ្ទុយគ្នារវាងសេចក្ដីទំនាយទាំងពីរប្រភេទនេះទាល់តែសោះ។ ខ្ញុំពិតជាខ្វាក់ភ្នែកមែន! ការយាងមករបស់ព្រះអម្ចាស់គឺជារឿងដ៏សំខាន់យ៉ាងនេះ តែខ្ញុំបែរជាផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ ដោយតោងជាប់នឹងខគម្ពីរអំពីព្រះអម្ចាស់យាងមកដោយគង់លើពពក ហើយមិនព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ទៅវិញ។ ខ្ញុំស្ទើរតែក្លាយជាស្រីក្រមុំល្ងង់ខ្លៅម្នាក់ទៅហើយ ដែលបាត់បង់ឱកាសក្នុងការទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ពិតជាហួសចិត្តមែន!
ដូច្នេះ ខ្ញុំក៏សួរបងប្រុស ព្យែរ ថា៖ «បងធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញដោយយកកំណើតជាមនុស្ស ប៉ុន្តែតើ 'ការយកកំណើតជាមនុស្ស' នេះគឺជាអ្វីទៅ?» បន្ទាប់មក គាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរបីវគ្គ៖ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សធម្មតា នេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់នៅក្នុងសារជាតិរបស់ទ្រង់ក្លាយជាសាច់ឈាម ក្លាយជាមនុស្សម្នាក់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ 'ការលេចចេញជារូបរាង' មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឱ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គាត់បានបន្ត ដោយនិយាយថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលគ្រងសាច់ឈាម ពោលគឺព្រះជាម្ចាស់នៅស្ថានសួគ៌ បានក្លាយជាបុត្រមនុស្ស ដើម្បីធ្វើកិច្ចការ និងមានព្រះបន្ទូលក្នុងចំណោមមនុស្សជាតិ សម្រាប់សង្គ្រោះពួកយើង។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មើលទៅសាមញ្ញសុទ្ធសាធ មិនមែនអស្ចារ្យ ឬប្លែកពីគេឡើយ។ ព្រះអង្គមានភាពជាមនុស្សធម្មតា ព្រះអង្គមានទំនាក់ទំនងជាក់ស្ដែងជាមួយមនុស្ស ហើយព្រះអង្គរស់នៅក្នុងចំណោមពួកយើង។ គ្មាននរណាម្នាក់អាចមើលដឹងថា ព្រះអង្គជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ប៉ុន្តែ ព្រះគ្រីស្ទគឺជារូបកាយជាក់ស្ដែងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយព្រះអង្គមានភាពជាព្រះពេញលេញ។ ព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិត ធ្វើកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងសម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ។ ព្រះអង្គផ្ដល់ឱ្យមនុស្សនូវសេចក្ដីពិត ផ្លូវ និងជីវិត ហើយអាចបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិដែលពុករលួយជាស្ថាពរ។ គ្មានមនុស្សណាម្នាក់មានលក្ខណៈទាំងនេះ ឬអាចសម្រេចរឿងទាំងនេះបានឡើយ។ ដូចជាព្រះអម្ចាស់យេស៊ូវដែលបានយកកំណើតជាមនុស្ស មើលទៅហាក់ដូចជាមនុស្សធម្មតាម្នាក់ ប៉ុន្តែ តាមសារជាតិ ព្រះអង្គគឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលលេចមកក្នុងសាច់ឈាម។ ព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិតបានគ្រប់ពេលវេលា ដើម្បីស្រោចស្រព និងផ្គត់ផ្គង់ដល់មនុស្ស។ ព្រះអង្គបានផ្ដល់ផ្លូវនៃការប្រែចិត្តដល់មនុស្ស។ ព្រះអង្គអាចធ្វើកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងប្រោសលោះមនុស្សជាតិពីអំពើបាប។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺខុសពីមនុស្សដែលជាសត្វលោកទាំងឡាយ ហើយសារជាតិរបស់ព្រះអង្គ គឺជាព្រះជាម្ចាស់ផ្ទាល់»។ នៅចំណុចនេះ ទីបំផុត ខ្ញុំក៏យល់ថា ការយកកំណើតជាមនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាបុត្រមនុស្ស ដែលយាងមកកាន់លោកីយ៍ ដើម្បីមានព្រះបន្ទូល និងធ្វើកិច្ចការ។ សាច់ឈាមនេះមានភាពជាមនុស្សធម្មតា និងភាពជាព្រះពេញលេញ។ ទោះបីជាព្រះអង្គមើលទៅសាមញ្ញក៏ដោយ ក៏ព្រះអង្គអាចសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិបានដែរ។ នេះហើយជាព្រះគ្រីស្ទ! ខ្ញុំតែងតែហៅព្រះនាម «ព្រះយេស៊ូវគ្រីស្ទ» តែខ្ញុំមិនដែលយល់ច្បាស់ពីអត្ថន័យនៃពាក្យថា 'ព្រះគ្រីស្ទ' ឡើយ។ ខ្ញុំពិតជាល្ងង់ខ្លៅមែន!
បន្ទាប់មក បងប្រុស ព្យែរ បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយវគ្គទៀតឱ្យពួកយើងស្ដាប់៖ «កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ តាមរយៈមធ្យោបាយរបស់ព្រះវិញ្ញាណ និងជាមួយអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ជាព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកក្រៅនៃមនុស្សដែលបានបង្កើតទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ទាល់តែសោះ ហើយដូចគ្នាដែរ ក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្សដែលបានបង្កើតមក ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងសាច់ឈាម ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឱ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចស្ដាប់ឮ និងមើលឃើញព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយ ថែមទាំងអាចទទួលបានព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបមនុស្សអាចត្រូវបានសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ត្រូវបានសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន ឬពួកគេគ្មានផ្លូវទាក់ទងជាមួយព្រះជាម្ចាស់បាននោះឡើយ ពួកគេនឹងត្រូវចាប់ជាឈ្លើយរបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យអស់អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយសម្រេចបាននូវនិស្ស័យដែលផ្លាស់ប្រែ ហេតុដូច្នេះហើយ ពួកគេក៏អាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក គាត់បានចែករំលែកការប្រកបនេះថា៖ «ទោះបីជាកិច្ចការនៃការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ មានន័យថាអំពើបាបរបស់យើងត្រូវបានលើកទោសក៏ដោយ ក៏ធម្មជាតិរបស់សាតាំងរបស់យើង នៅតែមិនទាន់ផ្លាស់ប្ដូរដែរ។ ពួកយើងនៅតែរស់នៅតាមនិស្ស័យរបស់សាតាំង ដូចជាភាពក្រអឺតក្រទម និងការបោកបញ្ឆោត។ ពួកយើងកុហក និងបោកប្រាស់ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ពួកយើងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈពីអ្នកដទៃ ហើយប្រើល្បិចទាស់នឹងគ្នាទៅវិញទៅមក។ ពួកយើងមិនអាចទប់ចិត្តមិនឱ្យសាងបាប និងទាស់ទទឹងនឹងព្រះជាម្ចាស់បានឡើយ។ ទោះបីជាយើងមើលទៅហាក់ដូចជាកំពុងធ្វើការពលិកម្ម លះបង់ខ្លួន និងរងទុក្ខក៏ដោយ តែតាមពិត ពួកយើងកំពុងតែធ្វើការដោះដូរជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ ដោយសង្ឃឹមថានឹងទទួលបានព្រះពរនៃនគរស្ថានសួគ៌ជាការតបស្នង។ ពួកយើងមិនបានធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ទាល់តែសោះ។ ព្រះជាម្ចាស់បរិសុទ្ធ ហើយមនុស្សដែលកខ្វក់ និងពុករលួយដូចជាពួកយើង គឺពិតជាមិនស័ក្ដិសមនឹងចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ រំដោះពួកយើងចេញពីអំពើបាប និងបន្សុទ្ធពួកយើង។ ព្រះអង្គសម្ដែងចេញនូវសេចក្ដីពិត ដើម្បីផ្គត់ផ្គង់ និងឃ្វាលពួកយើង ហើយព្រះអង្គលាតត្រដាង និងជំនុំជម្រះនិស្ស័យពុករលួយ និងធម្មជាតិរបស់សាតាំងរបស់យើង។ ព្រះអង្គក៏បង្ហាញពួកយើងពីផ្លូវដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់យើងផងដែរ និងប្រាប់ពួកយើងពីរបៀបរស់នៅឱ្យមានភាពជាមនុស្សធម្មតា និងធ្វើជាមនុស្សស្មោះត្រង់ដែលគាប់ព្រះហឫទ័យព្រះអង្គ។ តាមរយៈការជួបបទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងក៏ចាប់ផ្ដើមដឹងច្បាស់ និងស្អប់ខ្ពើមសេចក្ដីពុករលួយ និងធម្មជាតិបែបសាតាំងរបស់យើង ហើយពួកយើងប្រាថ្នាចង់ប្រែចិត្ត ព្រមទាំងប្រព្រឹត្ត និងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ ពួកយើងបោះបង់និស្ស័យពុករលួយមួយចំនួនបន្ដិចម្ដងៗ ហើយចាប់ផ្ដើមរស់នៅឱ្យមានលក្ខណៈជាមនុស្ស។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចសម្រេចរឿងនេះបាននៅក្នុងកិច្ចការរបស់ព្រះអង្គ។ ប្រសិនបើព្រះជាម្ចាស់យាងមកមានព្រះបន្ទូល និងធ្វើកិច្ចការក្នុងទម្រង់ជាវិញ្ញាណរបស់ព្រះអង្គនៅគ្រាចុងក្រោយ ដូចជាព្រះយេហូវ៉ា ព្រះអង្គនឹងមិនអាចបន្សុទ្ធ និងសង្គ្រោះមនុស្សបានឡើយ។ នេះក៏ព្រោះតែមនុស្សមិនអាចមើលឃើញ ឬស្ទាបព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ ហើយពួកគេនឹងមិនយល់ពីព្រះអង្គឡើយ ប្រសិនបើព្រះអង្គមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់ពួកគេនោះ។ លើសពីនេះទៅទៀត មនុស្សជាតិដែលពុករលួយមិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានទេ តែពួកគេនឹងត្រូវដាក់ទោស ដោយសារតែភាពកខ្វក់ និងពុករលួយរបស់ពួកគេ។ នៅក្នុងសញ្ញាចាស់បានចែងថា ព្រះយេហូវ៉ាបានលេចមកនៅលើភ្នំស៊ីណាយ ជាមួយនឹងស្នូររន្ទះ។ សាសន៍អ៊ីស្រាអែលបានឃើញផ្សែង និងផ្លេកបន្ទោរនៅលើភ្នំ ហើយបានឮស្នូររន្ទះ ព្រមទាំងសំឡេងត្រែ។ ពួកគេឈរនៅពីចម្ងាយ ហើយនិយាយទៅកាន់ ម៉ូសេ ថា៖ 'សូមលោកនិយាយមកកាន់ពួកយើងចុះ នោះពួកយើងនឹងស្ដាប់៖ តែសូមកុំឱ្យព្រះជាម្ចាស់មានបន្ទូលមកកាន់ពួកយើងឡើយ ក្រែងពួកយើងត្រូវស្លាប់' (និក្ខមនំ ២០:១៩)។ មនុស្សជាតិនៅគ្រាចុងក្រោយបានពុករលួយជាខ្លាំងដោយសារសាតាំង។ ប្រសិនបើព្រះជាម្ចាស់យាងមកធ្វើកិច្ចការជាវិញ្ញាណ នោះគ្មាននរណាម្នាក់អាចរស់រានមានជីវិតឡើយ។ ពួកយើងទាំងអស់គ្នានឹងត្រូវព្រះជាម្ចាស់ដាក់ទោស ដោយសារតែភាពកខ្វក់ និងពុករលួយរបស់យើង។ ដូច្នេះ ព្រះជាម្ចាស់បានជ្រើសរើសផ្លូវដែលមានប្រយោជន៍បំផុតក្នុងការសង្គ្រោះពួកយើង នោះគឺព្រះអង្គត្រលប់ជាសាច់ឈាម សម្ដែងចេញនូវសេចក្ដីពិត ហើយជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិដែលពុករលួយ។ នេះគឺជាក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ!» ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងនៅចំណុចនេះ ហើយខ្ញុំនិយាយដោយក្ដីរំភើបថា៖ «ពួកយើងពិតជាត្រូវការឱ្យព្រះជាម្ចាស់យកកំណើតជាបុត្រមនុស្ស ដើម្បីធ្វើកិច្ចការនៅគ្រាចុងក្រោយមែន។ នេះគឺជាសេចក្ដីសង្គ្រោះដ៏អស្ចារ្យបំផុតសម្រាប់មនុស្សជាតិដែលពុករលួយ! ខ្ញុំមិនដែលដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការពីមុនមកទេ។ ខ្ញុំមិនបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ហើយខ្ញុំមិនអាចស្គាល់ ឬទទួលស្វាគមន៍ព្រះអង្គតាមរយៈព្រះសូរសៀងរបស់ព្រះអង្គបានឡើយ។ ខ្ញុំគ្រាន់តែរង់ចាំទាំងងងឹតងងល់ ឱ្យព្រះអម្ចាស់យាងមកដោយគង់លើពពក ហើយនាំពួកយើងឡើងទៅកាន់នគរស្ថានសួគ៌ប៉ុណ្ណោះ។ ខ្ញុំពិតជាល្ងង់ខ្លៅមែន!»
ក្រោយមក ពួកយើងបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន ហើយបានរកឃើញថា អ្វីស្រីក្រមុំមានប្រាជ្ញា អ្វីទៅជាស្រីក្រមុំល្ងង់ខ្លៅ របៀបដែលព្រះជាម្ចាស់លេចមក និងសេចក្ដីអាថ៌កំបាំងអំពីព្រះនាមរបស់ព្រះជាម្ចាស់ អំពីការយកកំណើតជាមនុស្សរបស់ព្រះអង្គ និងអំពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះអង្គនៅគ្រាចុងក្រោយ។ ពួកយើងក៏បានយល់ថា ព្រះជាម្ចាស់ធ្វើ កិច្ចការបីដំណាក់កាល ដើម្បីសង្គ្រោះមនុស្សជាតិ គឺនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះប៉ុណ្ណោះ ទើបអាចសង្គ្រោះមនុស្សចេញពីអំណាចរបស់សាតាំងបានទាំងស្រុង។ ព្រះយេហូវ៉ា ព្រះអម្ចាស់យេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះតែមួយអង្គ។ ពួកយើងបានទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយពួកយើងក៏បានទទួលយកព្រះអង្គ។ ទីបំផុត ពួកយើងបានទទួលស្វាគមន៍ព្រះអម្ចាស់ហើយ! សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!