៩១. ខ្ញុំនឹងលែងព្រងើយកន្តើយនឹងការងារទៀតហើយ

ដោយ ម៉ាថា ប្រទេសអ៊ីតាលី

ក្នុងខែមិថុនា ឆ្នាំ ២០២១ ខ្ញុំបានទទួលខុសត្រូវលើកិច្ចការវីដេអូនៅឯពួកជំនុំ ហើយដោយសារតែទំហំការងារកើនឡើង ពួកជំនុំបានរៀបចំឱ្យខ្ញុំតាមដានកិច្ចការរបស់ក្រុមមួយទៀត។ ខ្ញុំបានគិតថា «ខ្ញុំរវល់ខ្លាំងណាស់ទៅហើយ ជាមួយនឹងកិច្ចការដែលខ្ញុំកំពុងទទួលខុសត្រូវពេលនេះ។ ប្រសិនបើខ្ញុំមើលការខុសត្រូវលើកិច្ចការកាន់តែច្រើនជាងនេះទៀត តើខ្ញុំនឹងមិនកាន់តែរវល់ ហើយហត់នឿយជាងនេះទេឬ?» ប៉ុន្តែ ខ្ញុំក៏បានគិតដែរថា «បងប្អូនប្រុសស្រីនៅក្នុងក្រុមនេះ សុទ្ធតែស្គាល់កិច្ចការច្បាស់ហើយ។ ពួកគេសុទ្ធតែមានបទពិសោធន៍ ហើយបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះ ខ្ញុំមិនគួរព្រួយបារម្ភពេកទេចំពោះការតាមដានកិច្ចការនេះ ហើយវានឹងមិនចំណាយពេល ឬកម្លាំងច្រើនឡើយ»។ ដូច្នេះ ខ្ញុំក៏យល់ព្រមតាមដានកិច្ចការរបស់ក្រុមមួយនោះ។ ដំបូងឡើយ ម្ដងម្កាល ខ្ញុំសួរថាតើកិច្ចការរបស់ក្រុមនេះដំណើរការទៅមុខជាធម្មតាដែរទេ ហើយថាតើមានបងប្អូនប្រុសស្រីណាម្នាក់ មានការលំបាកក្នុងការបំពេញភារកិច្ចរបស់ពួកគេដែរទេ។ ទោះយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំគិតថាខ្ញុំក៏មានកិច្ចការផ្សេងទៀតដែលត្រូវធ្វើដែរ ហើយការព្យាយាមស្វែងយល់ពីរឿងរ៉ាវលម្អិតនៃកិច្ចការរបស់ក្រុមនីមួយៗ គឺជារឿងហត់នឿយផ្លូវចិត្ត និងចំណាយពេលច្រើនណាស់។ កិច្ចការរបស់ក្រុមនោះកំពុងដំណើរការជាធម្មតា ដូច្នេះ អ្វីៗគឺល្អ ហើយខ្ញុំមិនចាំបាច់ចំណាយពេលដើម្បីស្វែងយល់ពីរឿងរ៉ាវទាំងនេះទេ។ ប្រធានក្រុមក៏នៅទីនោះដែរ ហើយបងប្អូនប្រុសស្រីគឺអាចទុកចិត្តបាន ថែមទាំងបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អ។ ប៉ុន្មានឆ្នាំកន្លងមកនេះ មិនមានបញ្ហាអ្វីធំដុំទេ ដូច្នេះ និយាយរួម គឺមិនចាំបាច់ព្រួយបារម្ភឡើយ។ ការតាមដានតិចជាងមុនបន្តិច មិនអាចជាបញ្ហាទេ មែនទេ? ដល់ពេលអ៊ីចឹង ខ្ញុំស្ទើរតែមិនបានពាក់ព័ន្ធនឹងកិច្ចការរបស់ក្រុមនោះទាល់តែសោះ។

ថ្ងៃមួយ ជាងពីរខែក្រោយមក បងប្រុសម្នាក់បានប្រាប់ខ្ញុំ ហើយគាត់និយាយថា ថ្មីៗនេះ មានវីដេអូចំនួនពីរដែលក្រុមនោះផលិត មានបញ្ហា ហើយប្រសិនបើបងស្រីផ្សេងទៀតមិនបានរកឃើញបញ្ហាទាន់ពេលទេ នោះវឌ្ឍនភាពនៃកិច្ចការនឹងត្រូវពន្យារពេលមិនខាន។ ខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ដោយសារតែមានបញ្ហាធ្ងន់ធ្ងរជាបន្តបន្ទាប់បានលេចឡើង ពេលដែលក្រុមនេះបំពេញភារកិច្ចរបស់ពួកគេ។ ហេតុអ្វីបានជាខ្ញុំមិនដឹងសោះអ៊ីចឹង? ពេលគិតត្រឡប់ទៅវិញ ខ្ញុំបានទទួលខុសត្រូវលើកិច្ចការនោះអស់រយៈពេលជាច្រើនខែ ប៉ុន្តែយកចិត្តទុកដាក់តិចតួចបំផុតចំពោះកិច្ចការរបស់ក្រុមនោះ ហើយមិនដឹងទាល់តែសោះថា សមាជិកក្រុមបំពេញភារកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច។ ខ្ញុំបានដឹងថា ខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដទេ ហើយនោះជាអ្វីដែលបណ្ដាលឱ្យមានបញ្ហាទាំងនេះ។ ក្រោយមក ពេលខ្ញុំបានយល់ពីស្ថានការណ៍នេះ ខ្ញុំបានរកឃើញថា អស់រយៈពេលមួយរយៈហើយ ដែលគ្មាននរណាម្នាក់មើលការខុសត្រូវ ឬតាមដានកិច្ចការរបស់ក្រុមនេះទេ ដូច្នេះ សមាជិកក្រុមគ្រាន់តែធ្វើកិច្ចការដោយផ្អែកលើបទពិសោធន៍របស់ពួកគេ និងទម្លាប់ដែលមានស្រាប់ ដោយគ្មានស្មារតីបន្ទុកចំពោះការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ដូច្នេះ នៅពេលដែលទំហំការងារកើនឡើងភ្លាម ពួកគេចាប់ផ្ដើមធ្វើកិច្ចការឱ្យតែរួចពីដៃ។ ទោះបីជាមានមនុស្សពីរនាក់បានធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យវីដេអូក៏ដោយ សម្រាប់ពួកគេ វាគ្រាន់តែតម្រូវទៅតាមបែបបទប៉ុណ្ណោះ។ ពួកគេគ្រាន់តែធ្វើតាមទម្លាប់ ហើយមិនអាចរកឃើញបញ្ហានោះទេ។ ពេលប្រឈមមុខនឹងរឿងទាំងអស់នេះ ខ្ញុំពិតជាឈឺចាប់ណាស់។ បញ្ហាទាំងនេះ មិនពិបាករកឃើញនោះទេ ហើយប្រសិនបើខ្ញុំបានធ្វើការតាមដានជាធម្មតាលើកិច្ចការរបស់ក្រុមនោះ ខ្ញុំក៏មិនដល់ថ្នាក់មិនដឹងរឿងអ្វីសោះយ៉ាងនេះដែរ។ ខ្ញុំពិតជាគ្មានការទទួលខុសត្រូវសោះ! ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង ថាហេតុអ្វីបានជាខ្ញុំមិនអើពើនឹងកិច្ចការរបស់ពួកគេអស់រយៈពេលជាងបីខែដូច្នេះ។ ខ្ញុំបានអាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានបន្ទូលថា៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំ ឬតាមដានអំពីស្ថានភាពការងាររបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗឡើយ។ ពួកគេក៏មិនសួរនាំ មិនតាមដាន ឬក្ដាប់ឱ្យបានពីការចូលទៅក្នុងជីវិតរបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗគ្នា និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ ក៏ដូចអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការពួកជំនុំ ចំពោះភារកិច្ចរបស់ខ្លួន និងចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ផ្ទាល់ព្រអង្គឡើយ។ ពួកគេមិនដឹងថាតើបុគ្គលទាំងនេះបានឆ្លងកាត់ការផ្លាស់ប្រែ ឬការរីកចម្រើនអ្វីខ្លះនោះទេ ហើយពួកគេក៏មិនដឹងពីបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងការងាររបស់ពួកគេដែរ ជាពិសេស ពួកគេមិនដឹងថាកំហុស និងការវៀចវេរដែលកើតឡើងនៅក្នុងដំណាក់កាលផ្សេងៗនៃការងារនោះ ប៉ះពាល់ទៅដល់កិច្ចការពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយក៏ពុំដឹងថាតើកំហុស និងការវៀចវេរទាំងនេះត្រូវបានកែតម្រូវហើយឬនៅនោះដែរ។ ពួកគេមិនដឹងពីរឿងទាំងអស់នេះទាល់តែសោះ។ ប្រសិនបើពួកគេមិនដឹងពីស្ថានភាពលម្អិតទាំងនេះទាល់តែសោះ ដូច្នេះ នៅពេលណាដែលមានបញ្ហាកើតឡើង ពួកគេនឹងប្រែជាអសកម្មមិនខាន។ ក៏ប៉ុន្តែ នៅក្នុងពេលបំពេញការងាររបស់ខ្លួន អ្នកដឹកនាំក្លែងក្លាយមិនខ្វល់ខ្វាយពីបញ្ហាលម្អិតទាំងនេះទាល់តែសោះ។ ពួកគេជឿថា បន្ទាប់ពីរៀបចំអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗ និងដាក់កិច្ចការរួចហើយ ការងាររបស់ពួកគេគឺចប់សព្វគ្រប់ហើយ គឺរាប់ថាបានបំពេញការងារល្អហើយ ហើយប្រសិនបើមានបញ្ហាផ្សេងទៀតកើតឡើង វាមិនមែនជារឿងដែលពួកគេត្រូវខ្វល់នោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចមើលការខុសត្រូវ ណែនាំ និងតាមដានអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗបាន ហើយពួកគេមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងផ្នែកទាំងនេះ ទើបបណ្ដាលឱ្យការងាររបស់ពួកជំនុំរញ៉េរញ៉ៃអស់។ នេះគឺជាការដែលអ្នកដឹកនាំ និងអ្នកធ្វើការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន។ ព្រះជាម្ចាស់អាចពិនិត្យពិច័យពីជម្រៅចិត្តរបស់មនុស្សបាន។ នេះគឺជាសមត្ថភាពដែលមនុស្សមិនមានទេ។ ដូច្នេះហើយ នៅពេលធ្វើការ មនុស្សត្រូវមានការឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ជាងមុន ដោយចុះទៅកន្លែងធ្វើការជាប្រចាំ ដើម្បីតាមដាន មើលការខុសត្រូវ និងចង្អុលបង្ហាញការងារ ដើម្បីធានាថាកិច្ចការរបស់ពួកជំនុំ មានដំណើរការជាប្រក្រតី។ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយគ្មានការទទួលខុសត្រូវទាល់តែសោះនៅក្នុងការងាររបស់ខ្លួន ហើយពួកគេមិនដែលមើលការខុសត្រូវ តាមដាន ឬណែនាំកិច្ចការផ្សេងៗឡើយ។ ជាលទ្ធផល អ្នកមើលការខុសត្រូវមួយចំនួនមិនដឹងពីរបៀបដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងការងារឡើយ ហើយនៅតែបន្តកាន់តួនាទីជាអ្នកមើលការខុសត្រូវដដែល ទោះបីជាគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារនោះក៏ដោយ។ នៅទីបំផុត ការងារត្រូវយឺតយ៉ាវម្ដងហើយម្ដងទៀត ហើយពួកគេធ្វើឱ្យការងារនោះរញ៉េរញ៉ៃទាំងស្រុង។ នេះគឺជាផលវិបាកដែលកើតចេញពីការដែលអ្នកដឹកនាំក្លែងក្លាយមិនបានសួរនាំ មើលការខុសត្រូវ ឬតាមដានស្ថានការណ៍របស់អ្នកមើលការខុសត្រូវ និងជាលទ្ធផលដែលបង្កឡើងទាំងស្រុងដោយសារអ្នកដឹកនាំក្លែងក្លាយមានការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពួកអ្នកដឹកនាំក្លែងក្លាយតែងតែព្រងើយកន្តើយនឹងភារកិច្ចរបស់ពួកគេ ហើយមិនធ្វើកិច្ចការពិតប្រាកដឡើយ។ ពួកគេគិតថា ក្រុមនីមួយៗមានអ្នកមើលការខុសត្រូវរួចហើយ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយ អាចព្រងើយកន្តើយនឹងការងារបាន ដែលជាហេតុបណ្ដាលឱ្យមានបញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំ។ មើលពីសំបកក្រៅ វាហាក់បីដូចជាអ្នកដឹកនាំក្លែងក្លាយមិនបានធ្វើអ្វីដែលអាក្រក់យ៉ាងច្បាស់ក្រឡែតនោះទេ។ ប៉ុន្តែ ពួកគេមិនមានស្មារតីទទួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំឡើយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វឌ្ឍនភាព និងប្រសិទ្ធភាពនៃកិច្ចការផ្សេងៗ ហើយទង្វើនោះបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ព្រះជាម្ចាស់តម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការ តាមដាន និងមើលការខុសត្រូវលើកិច្ចការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាកិច្ចការរបស់ពួកជំនុំកំពុងដំណើរការទៅមុខជាទៀងទាត់ និងមានសណ្តាប់ធ្នាប់។ នោះគឺជាការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកគេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានទទួលកិច្ចការរបស់ក្រុមនោះ ខ្ញុំមានអារម្មណ៍ថា ប្រធានក្រុមក៏នៅទីនោះ ហើយកិច្ចការទាំងអស់ដំណើរការទៅតាមលំដាប់លំដោយ ដូច្នេះ វាជារឿងសមហេតុផល ដែលត្រូវព្រងើយកន្តើយនឹងការងារ។ ខ្ញុំមិនដែលត្រួតពិនិត្យ ឬតាមដានកិច្ចការរបស់ពួកគេទេ ហើយខ្ញុំក៏មិនយល់ពីរឿងរ៉ាវលម្អិតនៃសេចក្ដីវៀចវេរ និងបញ្ហាដែលមានស្រាប់ នៅក្នុងកិច្ចការរបស់អ្នកគ្រប់គ្នាដែរ។ ខ្ញុំក៏មិនបានដឹងថា ពេលណាពួកគេខ្ជិលច្រអូស និងធ្វើការឱ្យតែរួចពីដៃ ក្នុងការបំពេញភារកិច្ចរបស់ពួកគេនោះដែរ។ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ពួកគេអាចទុកចិត្តបាន និងមានមនសិការក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយគួរឱ្យទុកចិត្តទាំងស្រុង។ ដូច្នេះ ខ្ញុំក៏ប្រព្រឹត្តទៅតាមនោះ ដែលជាលទ្ធផល បណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថាខ្ញុំធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំពិតជាអ្នកដឹកនាំក្លែងក្លាយមែន។ ទោះបីជាខ្ញុំមិនបានធ្វើអំពើអាក្រក់ដោយចេតនាក៏ដោយ ក៏បញ្ហានៅតែបន្តអូសបន្លាយ ហើយមិនអាចដោះស្រាយបានឡើយ ដោយសារតែខ្ញុំមិនបានធ្វើការងារពិតប្រាកដ។ ដោយសារតែខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដ។ ដែលវាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការដែលខ្ញុំធ្វើការឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ដោយសារតែការធ្វើការឱ្យតែរួចពីដៃ និងគ្រាន់តែចង់បានភាពស្រណុកសុខស្រួល ខ្ញុំមិនបានតាមដាន ឬមើលការខុសត្រូវលើកិច្ចការនោះទេ។ ទោះបីជាវាបានចំណេញពេលវេលា និងកម្លាំងរបស់ខ្ញុំច្រើនក៏ដោយ ប៉ុន្តែវាបានពន្យារវឌ្ឍនភាពនៃកិច្ចការដោយផ្ទាល់ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំកំពុងតែទាស់ទទឹងនឹងព្រះជាម្ចាស់ហើយ! គំនិតនោះបានធ្វើឱ្យចិត្តខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំចេះតែឆ្លុះបញ្ចាំងពីខ្លួនឯង ហើយគិតថា «តើខ្ញុំអាចព្រងើយកន្តើយនឹងការងារអស់រយៈពេលយ៉ាងយូរដូច្នេះ ដោយមិនដឹងខ្លួនយ៉ាងដូចម្ដេចទៅ?»

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏កាន់តែយល់ច្បាស់អំពីការពិតដែលថា ខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចចាត់ចែងគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលមិនខ្វល់អ្វីទាល់តែសោះដូច្នោះដែរ។ ... ពួកគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្តែងដោយខ្លួនឯងទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ប្រធានក្រុម និងអ្នកមើលការខុសត្រូវដែរ ពោលគឺពួកគេមិនតាមដាន ឬសួរនាំពីកិច្ចការនោះឡើយ។ ទស្សនៈរបស់ពួកគេចំពោះមនុស្ស គឺផ្អែកតែទៅលើការយល់ឃើញ និងការស្រមើស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលពួកគេឃើញនរណាម្នាក់បំពេញការងារបានល្អមួយគ្រា ពួកគេគិតថា មនុស្សម្នាក់នេះនឹងល្អជារៀងរហូត ថាពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនជឿសម្ដីអ្នកណាដែលថា មនុស្សម្នាក់នេះមានបញ្ហាទេ ហើយនៅពេលដែលមាននរណាម្នាក់ដាស់តឿនពួកគេអំពីមនុស្សម្នាក់នោះ ពួកគេមិនអើពើឡើយ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំក្លែងក្លាយជាមនុស្សល្ងង់ខ្លៅដែរឬទេ? ពួកគេល្ងង់ខ្លៅ និងល្ងីល្ងើណាស់។ តើអ្វីទៅដែលធ្វើឱ្យពួកគេល្ងង់ខ្លៅ? ពួកគេដាក់ចិត្តជឿលើមនុស្សម្នាក់ងាយពេក ដោយជឿថា ដោយសារតែពេលដែលគេជ្រើសរើសមនុស្សម្នាក់នេះ គាត់បានស្បថសច្ចា និងធ្វើការតាំងចិត្ត ហើយបានអធិស្ឋានទាំងទឹកភ្នែកហូររហាម ដូច្នេះ នោះមានន័យថា គាត់ជាមនុស្សអាចពឹងពាក់បាន ហើយការដែលឱ្យគាត់ទទួលបន្ទុកការងារ នឹងគ្មានបញ្ហាអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីធម្មជាតិរបស់មនុស្សឡើយ ពួកគេមិនដឹងពីស្ថានភាពពិតរបស់មនុស្សជាតិដែលពុករលួយទេ។ ពួកគេនិយាយថា៖ “ពេលដែលគេជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាអ្នកមើលការខុសត្រូវ តើគេអាចប្រែជាមនុស្សអាក្រក់បានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមើលទៅម៉ឺងម៉ាត់ និងគួរឱ្យទុកចិត្ត អាចគេចវេះពីការងាររបស់ខ្លួនបានដោយរបៀបណាទៅ? ពួកគេនឹងមិនធ្វើបែបនោះទេ មែនទេ? ពួកគេមានសេចក្ដីទៀងត្រង់ខ្លាំងណាស់”។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមានការជឿជាក់ទៅលើការស្រមើស្រមៃ និងការយល់ឃើញផ្ទាល់ខ្លួនខ្លាំងពេក ទើបនៅទីបំផុតទៅ ធ្វើឱ្យពួកគេមិនអាចដោះស្រាយបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងការងាររបស់ពួកជំនុំបានទាន់ពេលវេលា ហើយរារាំងពួកគេមិនឱ្យដកអ្នកមើលការខុសត្រូវដែលពាក់ព័ន្ធនោះចេញពីតំណែង និងកែសម្រួលការបែងចែងភារកិច្ចរបស់ពួកគេឱ្យបានទាន់ពេលវេលា។ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធតែម្ដង។ ហើយនៅទីនេះ តើមានបញ្ហាអ្វីឱ្យប្រាកដទៅ? តើវិធីធ្វើការរបស់អ្នកដឹកនាំក្លែងក្លាយមានអ្វីជាប់ពាក់ព័ន្ធនឹងការធ្វើការឱ្យតែរួចពីដៃដែរឬទេ? ក្នុងទិដ្ឋភាពមួយ ពួកគេមើលឃើញនាគដ៏ធំមានសម្បុរក្រហម កំពុងតែអនុវត្តការចាប់ខ្លួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងឆ្កួតលេលា ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង ពួកគេចេះតែរៀបចំឱ្យនរណាម្នាក់ទទួលបន្ទុកការងារដោយមិនបានពិចារណាល្អិតល្អន់ទេ ដោយជឿថា បែបនេះនឹងដោះស្រាយបញ្ហាបាន ហើយថាពួកគេមិនចាំបាច់យកចិត្តទុកដាក់លើរឿងនេះទៀតទេ។ តើក្នុងចិត្តពួកគេគិតអ្វី? “មជ្ឈដ្ឋាននេះផុយស្រួយខ្លាំងណាស់ ខ្ញុំគួរតែលាក់ខ្លួនមួយរយៈសិន”។ តើនេះមិនមែនជាការល្មោភនឹងសេចក្ដីសុខស្រួលខាងសាច់ឈាមទេឬ? ក្នុងទិដ្ឋភាពមួយទៀត ពួកអ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយ៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ដែលសូម្បីតែព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ “ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?” តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីតាមតែអំពើចិត្តទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ?» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងថា ពួកអ្នកដឹកនាំក្លែងក្លាយគឺខ្ជិលច្រអូស ល្ងង់ខ្លៅ និងឆោតល្ងង់។ ជំនួសឱ្យការមើលមនុស្ស និងរបស់ផ្សេងៗដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបែរជាមើលរឿងទាំងនោះ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផ្ទាល់ទៅវិញ។ ប៉ុន្តែ ពួកគេគិតថាពួកគេមានការយល់ដឹងស៊ីជម្រៅអំពីមនុស្ស និងរបស់ផ្សេងៗទៅវិញ។ ពួកគេអាចទុកចិត្តលើនរណាម្នាក់បានយ៉ាងងាយ ហើយប្រគល់កិច្ចការទៅឱ្យអ្នកដទៃ ចំណែកឯខ្លួនពួកគេផ្ទាល់ បែរជាព្រងើយកន្តើយនឹងកិច្ចការ ហើយសោយសុខនឹងផលប្រយោជន៍នៃឋានៈទៅវិញ។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ខ្ញុំនោះហើយគឺជាអ្នកដឹកនាំក្លែងក្លាយដ៏ខ្ជិលច្រអូស និងល្ងង់ខ្លៅនោះមែន! ដោយសារតែធម្មជាតិខ្ជិលច្រអូសរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំទទួលខុសត្រូវលើកិច្ចការច្រើនណាស់ ហើយបើខ្ញុំតាមដានគ្រប់ក្រុម និងស្វែងយល់គ្រប់ព័ត៌មានលម្អិត នោះវាច្បាស់ជាពិបាក និងចំណាយកម្លាំងច្រើនពេកមិនខាន។ ដូច្នេះ ខ្ញុំតាមដានជាចម្បងតែលើកិច្ចការរបស់ក្រុមមួយប៉ុណ្ណោះ។ ដោយសារតែក្រុមមួយទៀតមានប្រធានក្រុមរួចហើយ ដរាបណាកិច្ចការដំណើរការទៅមុខជាធម្មតា អ្វីៗនឹងល្អ ហើយខ្ញុំមិនចាំបាច់ចំណាយពេលបន្ថែមដើម្បីតាមដាននោះទេ។ របៀបដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំគឺ ខ្វល់ខ្វាយកាន់តែតិច គឺកាន់តែល្អ។ ថ្វីត្បិតតែខ្ញុំកាន់តំណែងជាអ្នកមើលការខុសត្រូវក៏ដោយ ខ្ញុំបែរជាព្រងើយកន្តើយនឹងការងារទៅវិញ ដែលនេះពិតជាគ្មានការទទួលខុសត្រូវទាល់តែសោះ! ខ្ញុំក៏អួតខ្លួនហួសហេតុណាស់ដែរ។ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា អ្នកគ្រប់គ្នានៅក្នុងក្រុមនោះអាចទុកចិត្តបាន ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ដូច្នេះ ខ្ញុំមិនចាំបាច់ព្រួយបារម្ភទេ ហើយបើខ្ញុំមិនបានតាមដានកិច្ចការរបស់ពួកគេ ក៏ពួកគេនៅតែបន្តបំពេញភារកិច្ចរបស់ពួកគេបានល្អដដែល។ ខ្ញុំមិនបានសួរនាំ ឬមើលការខុសត្រូវលើពួកគេ អស់រយៈពេលជាច្រើនខែ ដែលជាហេតុបណ្ដាលឱ្យបញ្ហាទាំងនេះ លេចឡើងនៅក្នុងកិច្ចការរបស់ពួកគេ។ ខ្ញុំមិនបានយល់ពីសេចក្ដីពិត ឬមើលឃើញរឿងរ៉ាវបានច្បាស់លាស់នោះទេ ហើយជឿជាក់លើខ្លួនឯងខ្លាំងពេក ដោយគិតថាការវិនិច្ឆ័យរបស់ខ្ញុំចំពោះមនុស្ស គឺមិនអាចខុសឡើយ។ ខ្ញុំពិតជាក្រអឺតក្រទម និងល្ងង់ខ្លៅខ្លាំងណាស់! ពេលយល់ពីរឿងទាំងអស់នេះ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ហើយបានដឹងពីសារៈសំខាន់នៃការប្រព្រឹត្តចំពោះមនុស្ស និងបំពេញភារកិច្ចរបស់ខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានតាំងចិត្តស្វែងរកអត្ថបទព្រះបន្ទូលដែលពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកផ្លូវមួយក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលមានបន្ទូលថា៖ «ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនបានស្វែងយល់ពីវឌ្ឍនភាពនៃកិច្ចការ ហើយព្រោះពួកគេមិនអាចសម្គាល់ឃើញភ្លាមៗនូវបញ្ហាដែលកើតឡើងក្នុងនោះ រឹតតែមិនអាចដោះស្រាយបានទៅទៀត ទើបការណ៍នេះជារឿយៗនាំឱ្យមានការពន្យារពេលម្ដងហើយម្ដងទៀត។ នៅក្នុងកិច្ចការខ្លះ ដោយសារតែមនុស្សមិនក្ដាប់បានគោលការណ៍ ហើយគ្មាននរណាម្នាក់ដែលសមរម្យដើម្បីទទួលខុសត្រូវ ឬដឹកនាំវា ទើបអ្នកដែលអនុវត្តកិច្ចការនោះ ច្រើនតែមានសភាពអវិជ្ជមាន អសកម្ម និងចេះតែរង់ចាំ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វឌ្ឍនភាពកិច្ចការ។ ប្រសិនបើអ្នកដឹកនាំបានបំពេញទំនួលខុសត្រូវរបស់ខ្លួន ប្រសិនបើពួកគេបានដឹកនាំកិច្ចការ ជំរុញវាឱ្យទៅមុខ មើលការខុសត្រូវវា ហើយរកបាននរណាម្នាក់ដែលយល់ដឹងពីផ្នែកនោះដើម្បីណែនាំកិច្ចការ នោះកិច្ចការនឹងមានវឌ្ឍនភាពលឿនជាងនេះ ជាជាងការពន្យារពេលម្ដងហើយម្ដងទៀត។ ដូច្នេះ សម្រាប់អ្នកដឹកនាំ ការយល់ដឹង និងការក្តាប់បានស្ថានភាពនៃកិច្ចការ គឺពិតជាសំខាន់ណាស់។ ជាការពិតណាស់ ការយល់ដឹង និងការក្តាប់បានវឌ្ឍនភាពនៃកិច្ចការក៏ចាំបាច់ណាស់ដែរសម្រាប់អ្នកដឹកនាំ ដោយសារវឌ្ឍនភាពទាក់ទងនឹងប្រសិទ្ធភាពនៃកិច្ចការ និងលទ្ធផលដែលគួរតែសម្រេចបាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនក្តាប់បានវឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ ហើយពួកគេមិនបានតាមដាន ឬមើលការខុសត្រូវទេ នោះវឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំមុខជានឹងយឺតយ៉ាវហើយ។ នេះគឺដោយសារតែមនុស្សភាគច្រើនដែលបំពេញភារកិច្ចគឺមានចរិតថោកទាបខ្លាំង គ្មានស្មារតីទទួលបន្ទុក ហើយជារឿយៗមានភាពអវិជ្ជមាន អសកម្ម និងធ្វើការបង្គ្រប់កិច្ច។ ប្រសិនបើគ្មាននរណាម្នាក់ដែលមានស្មារតីទទួលបន្ទុក និងមានសមត្ថភាពធ្វើកិច្ចការ ទទួលខុសត្រូវលើកិច្ចការដោយជាក់ស្ដែង ស្វែងយល់ពីវឌ្ឍនភាពនៃកិច្ចការឱ្យបានទាន់ពេលវេលា និងណែនាំ មើលការខុសត្រូវ ប្រៀនប្រដៅ និងលួសកាត់អ្នកបំពេញភារកិច្ចទេ នោះជាធម្មតា ប្រសិទ្ធភាពការងារនឹងទាបណាស់ ហើយលទ្ធផលនៃកិច្ចការនឹងអន់ខ្លាំង។ ប្រសិនបើអ្នកដឹកនាំនិងអ្នកធ្វើការមិនទាំងអាចឃើញរឿងនេះបានច្បាស់ផង នោះពួកគេជាមនុស្សល្ងង់ខ្លៅ និងខ្វាក់ភ្នែក។ ដូច្នេះហើយ អ្នកដឹកនាំនិងអ្នកធ្វើការត្រូវតែស៊ើបសួរ តាមដាន និងក្តាប់បានវឌ្ឍនភាពនៃកិច្ចការឱ្យបានទាន់ពេលវេលា ត្រូវស៊ើបសួរថាអ្នកដែលបំពេញភារកិច្ចមានបញ្ហាអ្វីដែលត្រូវការដោះស្រាយ និងយល់ដឹងថាបញ្ហាណាដែលគួរដោះស្រាយ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរជាងមុន។ រឿងទាំងអស់នេះគឺសំខាន់ខ្លាំងណាស់ ហើយក្នុងនាមជាអ្នកដឹកនាំ ត្រូវតែច្បាស់អំពីរឿងទាំងនេះ។ ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ អ្នកមិនត្រូវធ្វើដូចអ្នកដឹកនាំក្លែងក្លាយដែលធ្វើកិច្ចការខ្លះតែសំបកក្រៅរួចហើយគិតថាខ្លួនបានបំពេញភារកិច្ចបានល្អហើយនោះទេ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញមនុស្សពីផ្លូវក្នុងការបំពេញភារកិច្ចរបស់ពួកគេ ក្នុងរបៀបមួយដែលស្របតាមស្ដង់ដារ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវ មនុស្សត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយមានស្មារតីទទួលបន្ទុក ហើយមិនអាចសោយសុខនឹងភាពស្រណុកសុខស្រួលនៃសាច់ឈាមឡើយ។ ពួកគេត្រូវតែតាមដាន ពិនិត្យមើល មើលការខុសត្រូវ និងត្រួតពិនិត្យលើកិច្ចការដែលពួកគេទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា។ អ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ ក៏គួរតែតាមដាន និងស្វែងយល់ពីសភាពរបស់អ្នកដែលពាក់ព័ន្ធផងដែរ ព្រមទាំងព័ត៌មានលម្អិត អំពីរបៀបដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ។ តាមរបៀបនោះ គេអាចដឹងពីបញ្ហាបានទាន់ពេល ហើយកែតម្រូវសេចក្ដីវៀចវេរបាន។ ដោយសារតែគ្មានមនុស្សណាម្នាក់ត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍នៅឡើយទេ ដូច្នេះ អ្នកគ្រប់គ្នាសុទ្ធតែមាននិស្ស័យពុករលួយ។ ដូច្នេះ ប្រសិនបើសភាពរបស់មនុស្សល្អ ហើយពួកគេមានមនសិការ មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ពួកគេ មួយរយៈ ក៏វាមិនមែនមានន័យថា ពួកគេអាចទុកចិត្តបានទាំងស្រុងនោះទេ។ នៅពេលដែលសភាពរបស់ពួកគេមិនប្រក្រតី ឬពួកគេរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួន ពួកគេនឹងធ្វើការឱ្យតែរួចពីដៃដោយមិនដឹងខ្លួន ហើយធ្វើរឿងដែលរំខានដល់កិច្ចការរបស់ពួកជំនុំ។ ដូច្នេះ ពេលដែលមនុស្សបំពេញភារកិច្ចរបស់ខ្លួន អ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវ ចាំបាច់ត្រូវត្រួតពិនិត្យ និងតាមដានកិច្ចការ ហើយនៅពេលដែលដឹងពីបញ្ហា ពួកគេគួរតែកែតម្រូវសេចក្ដីវៀចវេរឱ្យបានទាន់ពេលវេលា។ នេះគឺជាការទទួលខុសត្រូវរបស់ពួកគេ។ បន្ទាប់ពីខ្ញុំបានយល់ពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ខ្ញុំក៏ចាប់ផ្ដើមតាមដាន និងស្វែងយល់បន្ថែមអំពីកិច្ចការរបស់ក្រុមនោះ និងប្រមូលផ្ដុំពួកគេជាប្រចាំ ដើម្បីប្រជុំសង្ខេបកិច្ចការ។ ពេលដែលខ្ញុំឃើញមានសេចក្ដីវៀចវេរ និងបញ្ហា ខ្ញុំក៏បានពិភាក្សាពីរឿងទាំងនេះជាមួយប្រធានក្រុមបានទាន់ពេលវេលា។ តាមរយៈការតាមដានកិច្ចការ ខ្ញុំបានដឹងថាកិច្ចការរបស់អ្នកគ្រប់គ្នាគឺគ្មានវិន័យ ហើយខ្វះការរៀបចំផែនការ។ ដូច្នេះ ខ្ញុំបានពិភាក្សាអំពីផែនការ និងវឌ្ឍនភាពកិច្ចការរបស់ក្រុម ជាមួយប្រធានក្រុម ហើយកិច្ចការដែលនៅសេសសល់មួយចំនួន បានបញ្ចប់តាមការគ្រោងទុក។ លើសពីនេះ យើងបានរៀបចំបុគ្គលិកឡើងវិញ ដោយផ្អែកលើទំហំការងារ ហើយបានរៀបចំបញ្ជូនបុគ្គលិកមួយចំនួន ទៅកាន់កន្លែងដែលត្រូវការពួកគេជាង។ បន្ទាប់ពីអនុវត្តតាមរបៀបនោះ ខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនច្រើន។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំបានតាមដានកិច្ចការនៅក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំ បានដិតដល់ជាងមុន។

មួយរយៈក្រោយមក ខ្ញុំបានទទួលកិច្ចការថ្មី ដែលទាមទារពេលវេលាច្រើន។ ខ្ញុំបានគិតថា «មួយរយៈនេះ ខ្ញុំបានតាមដានកិច្ចការរបស់ក្រុមនីមួយៗយ៉ាងលម្អិត ដូច្នេះ ឥឡូវនេះអ្វីៗមានស្ថិរភាពហើយ។ ប្រសិនបើខ្ញុំនៅតែត្រូវខ្វល់ខ្វាយ និងចូលទៅពាក់ព័ន្ធនឹងរឿងរ៉ាវលម្អិតរបស់ក្រុមនីមួយៗទៀត វានឹងចំណាយពេលវេលា និងកម្លាំងច្រើនពេក។ នោះវានឹងធ្វើឱ្យកាលវិភាគរបស់ខ្ញុំចង្អៀតខ្លាំងពេក ហើយធ្វើឱ្យខ្ញុំមានសម្ពាធខ្លាំងជាមិនខាន»។ ខ្ញុំបានគិតថា តើកិច្ចការរបស់ក្រុមមួយណា ដែលខ្ញុំអាចប្រគល់ទៅឱ្យនរណាម្នាក់ផ្សេងទៀត ដើម្បីឱ្យខ្ញុំព្រួយបារម្ភតិចជាងមុន។ ខ្ញុំនឹកឃើញដល់ ក្រុមមួយ ដែលមានប្រធានក្រុមពីរនាក់ ដែលសកម្មជាងក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយសុខចិត្តលះបង់។ ខ្ញុំចង់ផ្ទេរកិច្ចការរបស់ក្រុមនេះទៅឱ្យពួកគេ ដើម្បីឱ្យពួកគេអាចតាមដានយ៉ាងលម្អិតបាន។ ពេលនោះ ខ្ញុំគ្រាន់តែមើលការខុសត្រូវជារួម ហើយចូលរួមការប្រជុំជាប្រចាំ ដើម្បីសង្ខេបការងារប៉ុណ្ណោះ។ ខ្ញុំអាចទុកកិច្ចការផ្សេងទៀតឱ្យប្រធានក្រុមធ្វើបាន។ ប៉ុន្តែ ការធ្វើបែបនោះ គឺខ្ញុំកំពុងតែត្រឡប់ទៅរកទម្លាប់ចាស់របស់ខ្ញុំវិញហើយ ដោយគ្រាន់តែផ្ដោតទៅលើកិច្ចការថ្មីដែលខ្ញុំទើបតែទទួល ហើយមិនបានពាក់ព័ន្ធនឹងព័ត៌មានលម្អិតនៃកិច្ចការរបស់ក្រុមនេះទេ។ ខ្ញុំបានគិតថា ដោយសារមានអ្នកដឹកនាំក្រុមនៅទីនោះហើយ វាគួរតែមិនមានបញ្ហាអ្វីទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ ខ្ញុំគ្រាន់តែរង់ចាំឱ្យពួកគេជាអ្នកចាប់ផ្ដើមមុនដើម្បីប្រាប់ខ្ញុំ ហើយចាំដោះស្រាយវាតែម្ដង។ ថ្ងៃមួយ ប្រធានក្រុមម្នាក់បានចង្អុលបង្ហាញថា ខ្ញុំមិនបានតាមដានកិច្ចការឱ្យបានគ្រប់ជ្រុងជ្រោយទេ ហើយខ្ញុំមិនបានពាក់ព័ន្ធនឹងព័ត៌មានលម្អិតនៃកិច្ចការរបស់ពួកគេឡើយ។ បងប្អូនប្រុសស្រីមួយចំនួននៅក្នុងក្រុម កំពុងតែអូសបន្លាយពេល និងខ្ជិលច្រអូសក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែមិនមានការតាមដាន ឬដំណោះស្រាយនោះទេ ដែលប៉ះពាល់ដល់វឌ្ឍនភាពកិច្ចការ។ ពេលបានឮដូច្នោះ ខ្ញុំក៏ចង់ការពារខ្លួនបន្តិច ហើយគិតថា «អ្នកទាំងពីរជាប្រធានក្រុម អាចធ្វើរឿងនោះបាន តើមែនទេ? មួយរយៈនេះ ខ្ញុំបានទទួលកិច្ចការមួយចំនួនផ្សេងទៀត។ ប្រសិនបើខ្ញុំត្រូវតាមដានរឿងរ៉ាវលម្អិតនៃកិច្ចការនីមួយៗ វានឹងចំណាយពេលច្រើនណាស់។ តើខ្ញុំអាចធ្វើការទាំងអស់នោះរួចយ៉ាងដូចម្ដេចទៅ? ការទាមទាររបស់អ្នកគឺហួសហេតុពេកហើយ!» ប៉ុន្តែ ហេតុផលរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលចិត្តម្ដងទៀត។ ពេលគិតត្រឡប់ទៅកាន់ចន្លោះពេលនោះវិញ ខ្ញុំកម្របានតាមដានកិច្ចការរបស់ពួកគេណាស់ ហើយខ្ញុំមិនបានយល់ពីសភាពរបស់បងប្អូនប្រុសស្រី ថាតើពួកគេបានបញ្ចូលគោលការណ៍ទៅក្នុងការបំពេញភារកិច្ច ឬក៏លទ្ធផលកិច្ចការរបស់ពួកគេនោះទេ។ នៅពេលនោះ ខ្ញុំបានសញ្ជឹងគិតថា កាលពីអតីតកាល ខ្ញុំបានប្រព្រឹត្តអំពើរំលងនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយព្រងើយកន្តើយនឹងការងារ បើដូច្នេះ ហេតុអ្វីបានជាខ្ញុំអាចស្ថិតក្នុងសភាពដដែលនេះម្ដងទៀតបាន?

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សជាច្រើនលោភលន់ចង់បានផលប្រយោជន៍ជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅរឹតត្បិតអ្នកដទៃពីទីខ្ពស់។ មនុស្សជំពូកនេះ នៅតែនិយាយថា ពួកគេកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានការជំរុញចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើការជំរុញចិត្តរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអ្នកសមនឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែមានល្បិចកល និងបោកប្រាស់បងប្អូនប្រុសស្រីរបស់ពួកគេ ដោយធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលអ្នកធ្វើការបម្រើព្រះជាម្ចាស់បែបនេះ តើព្រះជាម្ចាស់អាចនឹងប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឱ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?» («របៀបបម្រើឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មិនថាអ្នកមានទេពកោសល្យប៉ុនណា មិនថាអ្នកមានគុណសម្បត្តិ និងមានការអប់រំកម្រិតណា មិនថាអ្នកអាចប្រកាសពាក្យស្លោកបានច្រើនយ៉ាងណា ឬមិនថាអ្នកយល់ពីពាក្យពេចន៍ និងគោលលទ្ធិបានច្រើនបែបណាឡើយ ទោះបីជាអ្នករវល់ ឬនឿយហត់បែបណាក្នុងមួយថ្ងៃ ឬទោះបីអ្នកធ្វើដំណើរបានឆ្ងាយយ៉ាងណា ទោះបីជាអ្នកបានទៅសួរសុខទុក្ខពួកជំនុំបានច្រើនកន្លែង ឬអ្នកបានប្រថុយប្រថាន និងស៊ូទ្រាំរងទុក្ខបានច្រើនបែបណានោះទេ ពោលគឺរឿងទាំងអស់នេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកកំពុងបំពេញកិច្ចការរបស់អ្នកដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការឬក៏អត់ ថាតើអ្នកកំពុងអនុវត្តតាមការរៀបចំចាត់ចែងទាំងនោះបានត្រឹមត្រូវឬក៏អត់។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់អ្នក ថាតើអ្នកកំពុងចូលរួមក្នុងកិច្ចការជាក់លាក់នីមួយៗដែលអ្នកទទួលខុសត្រូវឬអត់ និងថាតើមានបញ្ហាជាក់លាក់ប៉ុន្មានដែលអ្នកបានដោះស្រាយយ៉ាងពិតប្រាកដ។ ថាតើមានមនុស្សប៉ុន្មាននាក់បានយល់ពីគោលការណ៍សេចក្ដីពិត ដោយសារតែការដឹកនាំ និងការណែនាំរបស់អ្នក ហើយថាតើកិច្ចការរបស់ពួកជំនុំបានរីកចម្រើន និងអភិវឌ្ឍបានខ្លាំងកម្រិតណា អ្វីដែលសំខាន់នោះគឺថាតើអ្នកសម្រេចបានលទ្ធផលទាំងនេះឬក៏អត់។ ទោះបីជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការជាក់លាក់អ្វីក៏ដោយ អ្វីដែលសំខាន់គឺថាតើអ្នកកំពុងតាមដាន និងដឹកនាំកិច្ចការជាប់ជាប្រចាំឬក៏អត់ ជាជាងធ្វើឫកធំ អស្ចារ្យ និងចាំតែចេញបញ្ជានោះ។ ក្រៅពីនេះ អ្វីដែលសំខាន់ផងដែរនោះគឺថាតើអ្នកមានការចូលទៅក្នុងជីវិតដែរឬអត់ ក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ថាតើអ្នកអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍បានដែរឬអត់ ថាតើអ្នកមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬអត់ ហើយថាតើអ្នកអាចចាត់ចែង និងដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឈមមុខបានដែរឬអត់។ ចំណុចទាំងនេះ និងចំណុចស្រដៀងគ្នាផ្សេងទៀត សុទ្ធតែជាលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញទំនួលខុសត្រូវរបស់ខ្លួនឬក៏អត់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ទ្រង់ពិតជាស្អប់ខ្ពើម និងមិនពេញព្រះទ័យជាខ្លាំង ចំពោះមនុស្សដែលតែងតែសោយសុខនឹងផលប្រយោជន៍នៃឋានៈ មានល្បិចកល និងប្រើល្បិច ហើយគិតគូរតែពីផលប្រយោជន៍សាច់ឈាមផ្ទាល់ខ្លួន ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ មនុស្សប្រភេទនោះ មិនអាចដើរតួនាទីវិជ្ជមានណាមួយ ក្នុងការជំរុញកិច្ចការរបស់ពួកជំនុំឡើយ ហើយពួកគេក៏មិនអាចរកឃើញ និងកែតម្រូវសេចក្ដីវៀចវេរ និងការធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់ពួកគេបានទាន់ពេលវេលាដែរ។ ភាពគ្មានការទទួលខុសត្រូវរបស់ពួកគេ ថែមទាំងអាចនាំមកនូវការខាតបង់ដល់ភារកិច្ចរបស់ពួកគេ ហើយបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំទៀតផង។ មនុស្សបែបនេះ ខ្វះភាពស្មោះត្រង់ទាំងស្រុងក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយមិនសក្តិសមនឹងទទួលការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេមិនប្រែចិត្តទេ ទីបំផុត ព្រះជាម្ចាស់នឹងស្អប់ខ្ពើម ហើយជម្រុះពួកគេចោលមិនខាន! លើសពីនេះទៅទៀត ស្ដង់ដាររបស់ព្រះជាម្ចាស់ សម្រាប់វាស់ស្ទង់អ្នកដឹកនាំ និងអ្នកធ្វើការ មិនមែនស្ថិតនៅលើចំនួនកិច្ចការដែលពួកគេធ្វើ ឬចំនួនផ្លូវដែលពួកគេធ្វើដំណើរនោះទេ ប៉ុន្តែគឺស្ថិតនៅលើថាតើពួកគេធ្វើកិច្ចការពិតប្រាកដ និងបង្កើតបានលទ្ធផលជាក់ស្ដែង ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ឬក៏អត់។ ការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យខ្ញុំមានភាពអាម៉ាស់។ ដោយដាក់ឱ្យខ្ញុំទទួលខុសត្រូវលើការផលិតវីដេអូ ពួកជំនុំបានផ្ដល់ការងារដ៏សំខាន់ដល់ខ្ញុំ បានសុំឱ្យខ្ញុំកាន់បន្ទុកកាន់តែខ្លាំង ហើយបានដំឡើងឋានៈ និងបណ្ដុះបណ្ដាលខ្ញុំ។ តែផ្ទុយទៅវិញ ខ្ញុំមិនបានទទួលខុសត្រូវ ហើយក៏មិនមានឆន្ទៈក្នុងការរងទុក្ខដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ពេលដែលទំហំការងារកើនឡើងបន្តិច ខ្ញុំគិតតែពីរកវិធីដែលអាចឱ្យខ្ញុំរងទុក្ខឱ្យបានតិច និងព្រួយបារម្ភឱ្យកាន់តែតិច។ ខ្ញុំខ្លាចថាការបារម្ភកាន់តែច្រើន នឹងធ្វើឱ្យខ្ញុំអស់កម្លាំង។ នៅពេលដែលបងប្អូនប្រុសស្រីបានចង្អុលបង្ហាញថា ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដណាមួយទេ ខ្ញុំចេះតែស្វែងរកលេសគ្រប់បែបយ៉ាង ដើម្បីដោះសារខ្លួនឯង។ នេះជារបៀបដែលព្រះជាម្ចាស់មានបន្ទូលរៀបរាប់អំពីមនុស្សដូចខ្ញុំ៖ «នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ»។ ក្នុងនាមជាអ្នកមើលការខុសត្រូវ ខ្ញុំគួរតែបានតាមដាន និងពិនិត្យមើលរាល់កិច្ចការនៅក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំ ឱ្យបានទាន់ពេលវេលា ហើយគួរតែបានដោះស្រាយភ្លាមៗនូវសេចក្ដីវៀចវេរ និងការធ្វេសប្រហែសដែលខ្ញុំបានឃើញ ដើម្បីធានាឱ្យវឌ្ឍនភាពកិច្ចការរបស់ពួកជំនុំដំណើរការទៅបានធម្មតា។ នោះគឺជាភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមានល្បិចកល ក្រឡេចក្រឡុច ហើយគេចវេះពីការទទួលខុសត្រូវ។ ខ្ញុំមានតួនាទីជាអ្នកមើលការខុសត្រូវ ប៉ុន្តែមិនបានធ្វើកិច្ចការពិតប្រាកដទេ ហើយក៏មិនបានតាមដានព័ត៌មានលម្អិតនៃការងារដែរ។ ជាលទ្ធផល ខ្ញុំមិនបានរកឃើញភ្លាមៗ ឬដោះស្រាយបញ្ហាដែលមានស្រាប់របស់ក្រុមនោះឱ្យបានទាន់ពេលវេលាឡើយ។ ដូច្នេះ កិច្ចការមិនសូវមានប្រសិទ្ធភាពទេ ដែលធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពធម្មតានៃកិច្ចការរបស់ពួកជំនុំ។ តើការធ្វើបែបនោះ អាចចាត់ទុកថាជាការបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ? ជាក់ស្តែង នោះគឺជាការមានតែតួនាទី ប៉ុន្តែមិនធ្វើកិច្ចការពិតប្រាកដ ដែលជាការបោកបញ្ឆោតយ៉ាងច្បាស់ក្រឡែត។ ខ្ញុំពិតជាមិនគួរឱ្យទុកចិត្តមែន! ពួកជំនុំបានរៀបចំឱ្យខ្ញុំធ្វើកិច្ចការមួយចំនួន ហើយប្រគល់ការទទួលខុសត្រូវមួយចំនួនឱ្យខ្ញុំ ប៉ុន្តែខ្ញុំបែរជាព្រងើយកន្តើយនឹងការងារទៅវិញ។ ខ្ញុំពិតជាមិនស័ក្តិសមនឹងធ្វើកិច្ចការដ៏សំខាន់បែបនេះឡើយ។ ប្រសិនបើខ្ញុំតែងតែគ្មានការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្ញុំយ៉ាងនេះ ហើយមិនធ្វើកិច្ចការពិតប្រាកដទេនោះ ទីបំផុត ព្រះជាម្ចាស់នឹងស្អប់ខ្ពើម ហើយជម្រុះខ្ញុំចោលមិនខាន! គំនិតនោះបានធ្វើឱ្យខ្ញុំភ័យខ្លាច។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីសូមឱ្យទ្រង់ណែនាំខ្ញុំ ដើម្បីឱ្យខ្ញុំអាចកែប្រែសភាពនេះបាន។ ខ្ញុំចង់មានមនសិការ និងយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្ញុំ ហើយបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្តមួយ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ បំពេញភារកិច្ចរបស់ពួកគេដោយស្ម័គ្រចិត្ត ដោយមិនគិតគូរពីផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួនឡើយ។ មិនថាអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់នោះទេ អ្នកត្រូវតែពឹងអាងលើមនសិការ និងវិចារណញ្ញាណរបស់អ្នក ហើយខិតខំប្រឹងប្រែងឱ្យពិតប្រាកដ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក។ តើការខិតខំប្រឹងប្រែងឱ្យពិតប្រាកដមានន័យដូចម្ដេច? ប្រសិនបើអ្នកគ្រាន់តែស្កប់ស្កល់នឹងការខិតខំប្រឹងប្រែងបន្តិចបន្តួច និងរងទុក្ខខាងសាច់ឈាមបន្តិចបន្តួច ប៉ុន្តែអ្នកមិនមានភាពហ្មត់ចត់ទាល់តែសោះ ហើយមិនស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះការណ៍នេះគ្មានអ្វីក្រៅពីការធ្វើឱ្យតែរួចពីដៃនោះទេ វាមិនមែនជាការខិតខំប្រឹងប្រែងពិតប្រាកដឡើយ។ គន្លឹះនៃការខិតខំប្រឹងប្រែងឱ្យពិតប្រាកដ គឺការដាក់ចិត្តរបស់អ្នកទៅក្នុងកិច្ចការនោះ ការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ការចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការខ្លាចក្រែងយ៉ាងខ្លាំងក្នុងការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការរងទុក្ខលំបាកណាមួយ ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានចិត្តដែលស្រឡាញ់ព្រះជាម្ចាស់នេះ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានល្អ។ ប្រសិនបើគ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទេ អ្នកនឹងគ្មានស្មារតីទទួលបន្ទុក ឬការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់អ្នកឡើយ ហើយជៀសមិនផុតពីការធ្វើឱ្យតែរួចពីដៃ និងធ្វើឱ្យតែល្អមើល ដោយមិនបង្កើតឱ្យមានលទ្ធផលពិតប្រាកដណាមួយឡើយ ដែលនេះមិនមែនជាការបំពេញភារកិច្ចទេ។ ប្រសិនបើអ្នកពិតជាមានស្មារតីទទួលបន្ទុក ហើយជឿថា ការបំពេញភារកិច្ចរបស់អ្នក គឺជាការអនុវត្តការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក ថាអ្នកនឹងក្លាយជាសត្វតិរច្ឆាន ហើយមិនសមនឹងរស់នៅឡើយ ប្រសិនបើអ្នកមិនបំពេញភារកិច្ចរបស់អ្នក ហើយថាអ្នកអាចមានមនសិការស្អាតស្អំ និងស័ក្តិសមនឹងត្រូវបានហៅថាមនុស្ស លុះត្រាតែអ្នកបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ប្រសិនបើអ្នកមានស្មារតីទទួលបន្ទុកនេះនៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក នោះអ្នកនឹងអាចធ្វើអ្វីៗគ្រប់យ៉ាងដោយយកចិត្តទុកដាក់ ស្វែងរកសេចក្ដីពិត និងធ្វើកិច្ចការស្របតាមគោលការណ៍ ព្រមទាំងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ អ្នកនឹងស័ក្តិសមនឹងបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយស័ក្តិសមនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានលះបង់ដើម្បីអ្នក និងការរំពឹងទុករបស់ទ្រង់ចំពោះអ្នក។ នេះទើបហៅថាការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ» («ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។ ច្រើនឆ្នាំមកនេះ ខ្ញុំបានជឿលើព្រះជាម្ចាស់ ហើយបានហូប និងផឹកព្រះបន្ទូលរបស់ទ្រង់យ៉ាងច្រើន។ ប៉ុន្តែ នៅពេលដែលការបំពេញភារកិច្ចរបស់ខ្ញុំ ទាមទារឱ្យប្រឹងប្រែងបន្ថែមបន្តិចទៀត និងយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុន ខ្ញុំបែរជាគិតថាវាពិបាកពេក ហើយហត់ពេក ដូច្នេះ ខ្ញុំក៏ព្រងើយកន្តើយនឹងការងារតែម្ដង។ ខ្ញុំពិតជាអាត្មានិយម និងខ្ជិលច្រអូសខ្លាំងណាស់ គ្មានភាពស្មោះត្រង់ទាល់តែសោះចំពោះព្រះជាម្ចាស់ ហើយគ្មានបន្ទុកពិតប្រាកដក្នុងការបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំគឺជាអ្នកមើលការខុសត្រូវម្នាក់ ប៉ុន្តែមិនបានធ្វើកិច្ចការដែលអ្នកមើលការខុសត្រូវគួរធ្វើនោះទេ។ នោះពិតជាភាពគ្មានម្ចាស់ការលើការទទួលខុសត្រូវរបស់ខ្ញុំមែន! សូម្បីតែសត្វឆ្កែចិញ្ចឹមក្នុងផ្ទះ ក៏ចេះយាមផ្ទះ ហើយស្មោះត្រង់ ព្រមទាំងបម្រើម្ចាស់របស់វាដែរ។ ខ្ញុំគឺជាភាវៈដែលព្រះបានបង្កើត ប៉ុន្តែខ្ញុំមិនបានបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតនោះទេ។ តើខ្ញុំសមនឹងត្រូវបានគេហៅថាជាមនុស្សដែរឬទេ? ខ្ញុំបានគិតដល់បងប្អូនប្រុសស្រីជាច្រើននៅក្នុងពួកជំនុំ ដែលទទួលខុសត្រូវលើកិច្ចការច្រើនជាងខ្ញុំ។ ពួកគេមានភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយអាចរងទុក្ខ និងលះបង់បាន។ ពួកគេចំណាយពេលច្រើនជាង ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែ ខ្ញុំមិនដែលឃើញពួកគេណាម្នាក់ ដួលសន្លប់ដោយសារតែការហត់នឿយនោះទេ។ ផ្ទុយទៅវិញ កាលណាពួកគេកាន់តែគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេកាន់តែទទួលបានផល ហើយពួកគេកាន់តែបន្តមានការរីកចម្រើនក្នុងជីវិត។ ពេលគិតត្រឡប់ទៅវិញ ទំហំការងាររបស់ខ្ញុំគឺសមហេតុផល ហើយប្រាកដជាអាចធ្វើទៅរួច។ ដរាបណាខ្ញុំសុខចិត្តបះបោរទាស់នឹងសាច់ឈាម រងទុក្ខបន្ថែមបន្តិចទៀត និងលះបង់បន្ថែមទៀត នោះវាពិតជាអាចទៅរួច ក្នុងការតាមដានកិច្ចការរបស់ក្រុមនីមួយៗ។ បន្ទាប់ពីនោះមក ខ្ញុំបានរៀបចំកាលវិភាគកិច្ចការរបស់ខ្ញុំឡើងវិញ តាមដានរាល់កិច្ចការដែលខ្ញុំទទួលខុសត្រូវ ដោយផ្អែកលើកាលវិភាគថ្មី ហើយមិនមានការពន្យារពេលក្នុងកិច្ចការ នៅក្នុងដែនមើលការខុសត្រូវរបស់ខ្ញុំឡើយ។ ថ្ងៃមួយ ពេលខ្ញុំកំពុងអានសារក្នុងក្រុម ខ្ញុំក៏បានឃើញសេចក្ដីវៀចវេរមួយចំនួន នៅក្នុងកិច្ចការរបស់ក្រុមមួយ។ ខ្ញុំក៏ប្រញាប់វិភាគ និងសង្ខេបស្ថានការណ៍នោះជាមួយប្រធានក្រុម ហើយយើងរួមគ្នា រកវិធីដើម្បីដោះស្រាយបញ្ហាទាំងនោះ។ នៅពេលនោះ ខ្ញុំបានដកដង្ហើមធំហើយគិតថា ការធ្វើកិច្ចការពិតប្រាកដ មិនមែនមានន័យថា ចំណាយពេលពេញមួយថ្ងៃ គ្រាន់តែតាមសម្លឹងមើលមនុស្សនៅក្នុងក្រុម ដោយមិនធ្វើអ្វីផ្សេងនោះទេ។ វាគ្រាន់តែទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមបន្តិចទៀតប៉ុណ្ណោះ។ បន្ទាប់ពីនោះមក ខ្ញុំបានណាត់ជួបសមាជិកម្នាក់ៗនៅក្នុងក្រុម ដើម្បីស្វែងយល់អំពីកិច្ចការរបស់ពួកគេ ហើយក៏បានឃើញសេចក្ដីវៀចវេរមួយចំនួនម្ដងទៀត។ ដូច្នេះ ខ្ញុំ និងប្រធានក្រុមបានប្រកបគ្នាជាមួយពួកគេ អំពីគោលការណ៍។ ហើយយើងបានកែតម្រូវសេចក្ដីវៀចវេរទាំងនោះយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីនោះមក ប្រសិទ្ធភាពការងារក៏កាន់តែប្រសើរឡើង។ ទោះបីជាខ្ញុំរវល់ជាងមុនបន្តិច ក្នុងរយៈពេលពីរបីថ្ងៃនោះក៏ដោយ ប៉ុន្តែ ការអនុវត្តតាមរបៀបនោះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាស្ងប់សុខ និងធូរស្រាល។

តាមរយៈបទពិសោធន៍ទាំងនេះ ខ្ញុំកាន់តែយល់ច្បាស់អំពីភាពអាត្មានិយម និងភាពខ្ជិលច្រអូសរបស់ខ្ញុំ។ ខ្ញុំក៏បានឃើញដែរថា ភាពគ្មានការទទួលខុសត្រូវ និងការសោយសុខនឹងភាពស្រណុកសុខស្រួល មិនត្រឹមតែធ្វើឱ្យវឌ្ឍនភាពកិច្ចការមានការពន្យារពេលប៉ុណ្ណោះទេ ប៉ុន្តែ នៅពេលដែលបញ្ហានេះកាន់តែធ្ងន់ធ្ងរ វាអាចបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំថែមទៀតផង។ ដូច្នេះ ខ្ញុំមិនអាចព្រងើយកន្តើយនឹងការងារទៀតបានទេ។ ខ្ញុំត្រូវតែមើលការខុសត្រូវ និងតាមដានកិច្ចការឱ្យបានញឹកញាប់ ព្រមទាំងរកឱ្យឃើញ និងដោះស្រាយបញ្ហាជាក់ស្ដែង។ ការបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះ គឺជាវិធីតែមួយគត់ដើម្បីទទួលបានលទ្ធផលល្អ ហើយបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ៨៨. នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់

បន្ទាប់៖ ៩៤. ការឲ្យមានពរជាងការទទួល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ