៤៦. របៀបដែលនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំបានផ្លាស់ប្ដូរ
នៅខែសីហា ឆ្នាំ២០២៣ បងប្រុស ចាង ហាង និងខ្ញុំបានសហការគ្នា ដើម្បីមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អនៃពួកជំនុំជាច្រើន។ នៅពេលចាប់ផ្តើម រាល់ពេលដែលមានបញ្ហាក្នុងការងារ ខ្ញុំតែងតែផ្តួចផ្តើមគំនិតពិភាក្សា និងពិគ្រោះយោបល់ជាមួយ ចាង ហាង។ ចាង ហាង មានអារម្មណ៍ទទួលបន្ទុកចំពោះភារកិច្ចរបស់គាត់ ហើយគាត់តែងតែមកពិភាក្សាជាមួយខ្ញុំអំពីបញ្ហា និងសេចក្ដីវៀចវេរនៅក្នុងការងាររបស់យើង។ គាត់ក៏បានស្នើនូវផ្លូវ និងដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ ហើយខ្ញុំអាចទទួលយក និងអនុវត្តតាមសំណើរបស់គាត់។ ក្រោយមក ខ្ញុំកត់សម្គាល់ឃើញថា ចាង ហាង ខ្វះជំនាញក្នុងការដោះស្រាយបញ្ហា និងសរសេរសំបុត្រឆ្លើយឆ្លង ហើយខ្ញុំរិះគិតថា «ចាង ហាង ថ្មីចំពោះភារកិច្ចនេះ ដូច្នេះវាជារឿងធម្មតាទេដែលគាត់ខ្វះជំនាញ។ ខ្ញុំត្រូវដោះស្រាយចំណុចខ្វះខាតរបស់គាត់ឲ្យបានត្រឹមត្រូវ និងជួយគាត់តាមរយៈការប្រកបគ្នាបន្ថែមទៀត»។ ខ្ញុំបានជួយគាត់កែសម្រួល និងកែលម្អសំបុត្ររបស់គាត់ ហើយខ្ញុំតែងលើកទឹកចិត្តគាត់ជារឿយៗ។
ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំឃើញថា ចាង ហាង នៅតែមានបញ្ហាមួយចំនួនក្នុងការសរសេរសំបុត្រឆ្លើយឆ្លង ហើយដោយមិនដឹងខ្លួន ខ្ញុំចាប់ផ្តើមមើលងាយ និងមើលស្រាលគាត់។ លើសពីនេះ ដំណោះស្រាយបញ្ហា និងការឆ្លើយតបសំបុត្រជាច្រើនរបស់ខ្ញុំ ថ្នាក់ដឹកនាំទទួលយកភាគច្រើន បញ្ហា និងសេចក្ដីវៀចវេរនៅក្នុងកិច្ចការផ្សាយដំណឹងល្អបានប្រសើរឡើងជាលំដាប់ ហើយមានលទ្ធផលវិជ្ជមានខ្លះនៅក្នុងការងាររបស់យើង។ នេះបណ្ដាលឲ្យខ្ញុំរស់នៅក្នុងសភាពកោតសរសើរខ្លួនឯង និងជឿថា ខ្ញុំមានសមត្ថភាពការងារខ្លះ។ បន្តិចម្ដងៗ ខ្ញុំឈប់ផ្តោតលើការសួរ ឬស្វែងរកយោបល់របស់ ចាង ហាង នៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយគិតថា ការសួរគាត់នឹងមិនទទួលបានដំបូន្មានល្អអ្វីទេ ហើយទីបំផុត ខ្ញុំនឹងធ្វើតាមរបៀបរបស់ខ្ញុំដដែល។ បន្ទាប់ពីនោះ ខ្ញុំចាប់ផ្តើមណែនាំគាត់ ពីរបៀបដោះស្រាយបញ្ហានេះ បញ្ហានោះ និងរបៀបចាត់ចែងសំបុត្រនេះ សំបុត្រនោះ ហើយខ្ញុំបានរិះគន់មើលងាយគាត់ថា គាត់មើលឃើញបញ្ហាតូចចង្អៀតពេក ហើយផ្តល់ដំណោះស្រាយបានតែសំបកក្រៅប៉ុណ្ណោះ។ យូរៗទៅ ធ្វើឱ្យ ចាង ហាង មានអារ្មណ៍រងសម្ពាធដោយសារខ្ញុំ។ ខ្ញុំចាំបានថាម្ដងនោះ ខ្ញុំបានឲ្យ ចាង ហាង សរសេរសំបុត្រឆ្លើយឆ្លងមួយ ហើយបានចែករំលែកជាមួយគាត់នូវគំនិតរបស់ខ្ញុំអំពីរបៀបដែលគួរតែសរសេរវា។ ក្រោយមក ខ្ញុំឃើញថា គាត់មិនបានសរសេរវាតាមគំនិតខ្ញុំទេ ហើយខ្ញុំក៏ខឹង ដោយរិះគិតថា «ខ្ញុំបានប្រាប់អ្នករួចហើយពីរបៀបដោះស្រាយបញ្ហានេះ ហើយគំនិត និងផែនការដែលខ្ញុំបានស្នើឡើង ត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពតាមរយៈការអនុវត្ត។ អ្វីដែលអ្នកបានសរសេរ មិនដោះស្រាយបញ្ហាសោះឡើយ!» ដូច្នេះ ខ្ញុំបានសួរដេញដោលគាត់ ដោយសំឡេងចោទប្រកាន់ថា «ហេតុអ្វីបានជាអ្នកមិនសរសេរដូចខ្ញុំបាននិយាយ? របៀបដែលអ្នកសរសេរ មិនចំឬសគល់នៃបញ្ហាទេ ហើយនឹងមិនដោះស្រាយវាបានឡើយ»។ ចាង ហាង បានតបថា «ខ្ញុំចង់សរសេរវាស្របតាមគំនិតរបស់អ្នកដែរ ប៉ុន្តែខ្ញុំបានព្យាយាមសរសេរជាច្រើនដងដែរ នៅតែមិនបានល្អ ទើបខ្ញុំសរសេរវាផ្អែកលើការយល់ដឹងរបស់ខ្ញុំ»។ ខ្ញុំចង់បន្តរិះគន់គាត់ទៀត ប៉ុន្តែភ្លាមនោះ ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយចេញពីភាពច្រឡោត ដូច្នេះខ្ញុំក៏ឈប់។ ម្ដងទៀត ចាង ហាង បានហុចសំបុត្រឆ្លើយឆ្លងដែលគាត់បានសរសេរមកឱ្យខ្ញុំ។ ខ្ញុំកត់សម្គាល់ឃើញបញ្ហាមួយចំនួននៅក្នុងនោះ ហើយដោយមិនដឹងខ្លួន ខ្ញុំមានចិត្តមើលងាយគាត់ម្ដងទៀត។ ខ្ញុំបាននិយាយទៅកាន់គាត់ដោយសំឡេងស្តីបន្ទោសថា «មើលន៎! អ្នកមើលបញ្ហានេះតូចចង្អៀតពេកហើយ! ហើយត្រង់ផ្នែកនេះ ការប្រកបគ្នារបស់អ្នកមិនចំចំណុចទេ ហើយវានឹងមិនដោះស្រាយបញ្ហាបានឡើយ!» ក្រោយពីខ្ញុំនិយាយបែបនេះ ចាង ហាង បានឱនមុខចុះ ហើយមិននិយាយមួយម៉ាត់សោះ។ ដោយឃើញទឹកមុខពិបាកចិត្តរបស់ ចាង ហាង ខ្ញុំមានអារម្មណ៍ថាមានកំហុសមួយរំពេច «ហេតុអ្វីបានជាខ្ញុំមើលងាយ និងរិះគន់គាត់ខ្លាំងម្ល៉េះ? លើកក្រោយ ខ្ញុំមិនអាចធ្វើបែបនេះទៀតទេ»។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមានស្ថានភាពស្រដៀងគ្នានេះកើតឡើង ខ្ញុំនៅតែទប់ចិត្តមិនបាន ក៏មើលងាយគាត់ដដែល។ ទីបំផុត ចាង ហាង ប្រែជាអសកម្ម យ៉ាងខ្លាំងនៅក្នុងភារកិច្ចរបស់គាត់ ហើយពេលណាដែលគាត់ជួបការលំបាក ឬបញ្ហា គាត់តែងតែសួរខ្ញុំមុនគេពីរបៀបដោះស្រាយ។ គាត់ថែមទាំងដាក់កម្រិតខ្លួនឯងថា មានគុណសម្បត្តិអន់ និងមិនស័ក្តិសមនឹងភារកិច្ច ហើយចង់លាលែងទៀតផង។ ដោយឃើញ ចាង ហាង មានសភាពបែបនេះ ខ្ញុំបានដឹងថា គឺខ្ញុំទេតើដែលបានដាក់សម្ពាធ និងធ្វើបាបគាត់ ហើយពេលនោះ ទើបខ្ញុំស្វែងរកសេចក្ដីពិត ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។
ក្នុងអំឡុងពេលស្ងប់ស្ងាត់មួយរបស់ខ្ញុំ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលចំនួនពីរ៖ «ខ្ញុំឃើញមនុស្សជាច្រើនដែលពោរពេញដោយភាពក្រអឺតក្រទម នៅពេលពួកគេបង្ហាញជំនាញខ្លះៗនៅក្នុងភារកិច្ចរបស់ពួកគេ។ នៅពេលពួកគេបង្ហាញចំណុចខ្លាំងខ្លះៗ ពួកគេគិតថាពួកគេអស្ចារ្យណាស់ រួចហើយពួកគេក៏ស្កប់ស្កល់នឹងជ័យជម្នះរបស់ខ្លួន ហើយមិនប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀតឡើយ។ មិនថាពាក្យសម្ដីរបស់អ្នកដទៃត្រឹមត្រូវ ឬស្របតាមសេចក្ដីពិតខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេមិនស្ដាប់ដែរ ដោយគិតថារបស់ដ៏ស្ដួចស្ដើងដែលពួកគេមាននេះ គឺជារបស់ដែលមានតម្លៃបំផុត ជារបស់ដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ និងអាចជំនួសសេចក្ដីពិតបាន។ តើនេះជានិស្ស័យអ្វីទៅ? នេះជានិស្ស័យក្រអឺតក្រទម។ ពួកគេខ្វះវិចារណញ្ញាណខ្លាំងពេកហើយ។ តើមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ នៅពេលគេមាននិស្ស័យក្រអឺតក្រទមនោះ? តើគេអាចចុះចូលនឹងព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានដែរឬទេ? នេះរឹតតែពិបាកទៅទៀត» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នករាល់គ្នាត្រូវខិតខំប្រឹងប្រែងខ្លះទៅលើសេចក្ដីពិតនៃការស្គាល់ខ្លួនឯង នោះទើបជាការល្អបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យអ្នករាល់គ្នា? ហេតុអ្វីបានជានិស្ស័យរបស់អ្នករាល់គ្នាគួរឱ្យស្អប់ខ្ពើមចំពោះព្រះអង្គ? ហេតុអ្វីបានជាពាក្យសម្ដីរបស់អ្នករាល់គ្នាធ្វើឱ្យព្រះអង្គស្អប់? នៅពេលអ្នករាល់គ្នាបានបង្ហាញភាពស្មោះត្រង់បន្តិចបន្តួច អ្នករាល់គ្នា សរសើរពីខ្លួនឯង។ នៅពេលអ្នករាល់គ្នាបានរួមចំណែកបន្តិចបន្តួច អ្នករាល់គ្នាទាមទាររង្វាន់។ អ្នករាល់គ្នាមើលងាយអ្នកដទៃ នៅពេលដែលអ្នករាល់គ្នាបានបង្ហាញការចុះចូលបន្តិចបន្តួច ហើយអ្នករាល់គ្នាក្លាយជាមានចិត្តមើលងាយព្រះជាម្ចាស់ នៅពេលដែលអ្នករាល់គ្នាបំពេញកិច្ចការតូចតាចខ្លះ។ ... តើមានអ្វីដែលសមឱ្យសរសើរនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាដែរឬទេ? អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន និងអស់អ្នកដែលមិនបំពេញ អស់អ្នកដែលដឹកនាំ និងអស់អ្នកដែលដើរតាម អស់អ្នកដែលរៀបចំទទួលព្រះជាម្ចាស់ និងអស់អ្នកដែលមិនធ្វើ អស់អ្នកដែលថ្វាយតង្វាយ និងអស់អ្នកដែលមិនថ្វាយ អស់អ្នកដែលផ្សាយ និងអស់អ្នកដែលទទួលព្រះបន្ទូល និងអ្នកផ្សេងៗទៀត៖ មនុស្សទាំងអស់នេះ សុទ្ធតែសរសើរខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថារឿងនេះគួរឱ្យចង់សើចទេឬ? ទាំងដឹងច្បាស់ថាខ្លួនជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នករាល់គ្នានៅតែមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់បាន។ ទាំងដឹងច្បាស់ថាខ្លួនគ្មានតម្លៃអ្វីសោះ ប៉ុន្តែអ្នករាល់គ្នានៅតែបន្តអួតអាងដដែល។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វិចារណញ្ញាណរបស់អ្នករាល់គ្នាបានឈានដល់ចំណុចមួយដែលហួសពីការគ្រប់គ្រងទេឬ?» («មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងចំសភាពរបស់ខ្ញុំតែម្ដង។ ខ្ញុំគិតថា ខ្ញុំយល់ច្បាស់ពីបញ្ហា និងសរសេរសំបុត្រឆ្លើយឆ្លងបានច្បាស់លាស់ ហើយខ្ញុំតែងតែទទួលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំ ដែលធ្វើឱ្យខ្ញុំវាយតម្លៃខ្លួនឯងខ្ពស់ ដូច្នេះ នៅពេលដែលខ្ញុំឃើញបញ្ហាជាច្រើននៅក្នុងសំបុត្ររបស់ ចាង ហាង ខ្ញុំមានអារម្មណ៍មើលងាយគាត់យ៉ាងខ្លាំង។ នៅពេលដែលគាត់មិនបានសរសេរសំបុត្រឆ្លើយឆ្លងស្របតាមគំនិតរបស់ខ្ញុំ ខ្ញុំមិនបានសួររកហេតុផលទេ តែបែរជារិះគន់ និងស្តីបន្ទោសគាត់ ដោយបង្ខំឱ្យគាត់សរសេរតាមរបៀបរបស់ខ្ញុំទៅវិញ។ ដោយសារខ្ញុំចេះតែរិះគន់ និងស្តីបន្ទោសគាត់ គាត់បានរងសម្ពាថដោយសារខ្ញុំ ខ្លាចមិនហ៊ានបញ្ចេញយោបល់ និងក្លាយជាអសកម្មនៅក្នុងភារកិច្ចរបស់គាត់។ គាត់ថែមទាំងដាក់កម្រិតខ្លួនឯងថា ខ្វះគុណសម្បត្តិក្នុងការបំពេញភារកិច្ចនេះទៀតផង។ ការពិតទៅ ចាង ហាង បានផ្សាយដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមានបទពិសោធខ្លះក្នុងការងារតាមដាន និងការងារណែនាំ ប៉ុន្តែដោយសារគាត់រងសម្ពាធព្រោះតែខ្ញុំ គាត់មិនបានប្រើចំណុចខ្លាំងដែលគាត់មានឡើយ។ ខ្ញុំបានឃើញថា ភាពក្រអឺតក្រទមរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំគ្មានហេតុផលសោះឡើយ ហើយថាខ្ញុំគ្រាន់តែដាក់សម្ពាធ និងធ្វើបាបអ្នកដទៃប៉ុណ្ណោះ។ តើនេះហៅថាបំពេញភារកិច្ចយ៉ាងម៉េចកើត? នេះច្បាស់ជាការធ្វើអាក្រក់ហើយ! ខ្ញុំនឹកគិតត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុន។ នៅពេលដែលខ្ញុំបំពេញភារកិច្ចជាអ្នកដឹកនាំពួកជំនុំ ហើយឃើញការងាររបស់ខ្ញុំទទួលបានលទ្ធផលខ្លះ ខ្ញុំបានមើលងាយសហការីរបស់ខ្ញុំ ដោយតែងតែមានអារម្មណ៍ថា ខ្ញុំមានគុណសម្បត្តិល្អជាង និងថាទស្សនៈរបស់ខ្ញុំគឺត្រឹមត្រូវបំផុត។ ខ្ញុំមានអារម្មណ៍ថា មិនថារឿងនោះពាក់ព័ន្ធនឹងការជ្រើសរើស ឬការប្រើមនុស្ស ការរៀបចំការងារ ឬការចាត់ចែងកិច្ចការទេ គ្រប់គ្នាគួរតែស្តាប់តាមខ្ញុំ។ ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់លើកឡើងនូវយោបល់ផ្សេងឡើយ ហើយប្រសិនបើមាននរណាម្នាក់ជំទាស់ ខ្ញុំគ្រាន់តែបដិសេធទស្សនៈរបស់ពួកគេចោលប៉ុណ្ណោះ ហើយពេលខ្លះ ខ្ញុំស្តីបន្ទោស និងរិះគន់ពួកគេ ដោយអាងអំណាច។ ការនេះធ្វើឱ្យពួកគេគ្រប់គ្នារងសម្ពាធដោយសារខ្ញុំ។ ដោយសារតែភាពក្រអឺតក្រទម ការរាប់ខ្លួនឯងជាសុចរិត និងការធ្វើតាមតែចិត្តឯងរបស់ខ្ញុំ ខ្ញុំបានបង្អាក់ និងរំខានការងាររបស់ពួកជំនុំយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបានឃើញថា ខ្ញុំបានធ្លាក់ចូលទៅក្នុងទម្លាប់អាក្រក់របស់ខ្ញុំម្ដងទៀតហើយ ហើយខ្ញុំមានអារម្មណ៍អវិជ្ជមានបន្តិច ដោយគិតថា «ខ្ញុំមិនអាចបំពេញភារកិច្ចនេះទៀតទេ។ បើខ្ញុំបន្តបែបនេះទៀត ខ្ញុំនឹងបន្តរស់នៅតាមនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ។ នេះមិនត្រឹមតែធ្វើបាប ចាង ហាង ប៉ុណ្ណោះទេ ថែមទាំងបង្អាក់ និងរំខានការងារទៀតផង»។ ខ្ញុំបានលិចលង់នៅក្នុងភាពអវិជ្ជមាន និងការយល់ច្រឡំ ហើយខ្ញុំបានក្លាយជាអសកម្មបន្តិចនៅក្នុងភារកិច្ចរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានដឹងថា សភាពរបស់ខ្ញុំខុសហើយ ដូច្នេះ ខ្ញុំមានចេតនាស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបាននឹកគិតដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ចែងរឿងរ៉ាវទាំងអស់នេះ? វាមិនមែនដើម្បីលាតត្រដាងពីធាតុពិតរបស់អ្នក ឬដើម្បីបើកសម្ដែង និងជម្រុះអ្នកចោលនោះទេ ការបើកសម្ដែងអ្នក មិនមែនជាគោលដៅចុងក្រោយឡើយ។ គោលដៅគឺដើម្បីប្រោសឱ្យអ្នកគ្រប់លក្ខណ៍ និងសង្គ្រោះអ្នក។ តើព្រះជាម្ចាស់ប្រោសឱ្យអ្នកគ្រប់លក្ខណ៍ដោយរបៀបណា? ហើយតើទ្រង់សង្គ្រោះអ្នកដោយរបៀបណា? ទ្រង់ចាប់ផ្ដើមដោយធ្វើឱ្យអ្នកដឹងពីនិស្ស័យដ៏ពុករលួយរបស់អ្នកផ្ទាល់ និងដោយធ្វើឱ្យអ្នកស្គាល់ពីសារជាតិធម្មជាតិរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក និងអ្វីដែលអ្នកខ្វះខាត។ មានតែតាមរយៈការដឹងពីរឿងរ៉ាវទាំងនេះ និងមានការយល់ដឹងអំពីវាទេ ទើបអ្នកអាចដេញតាមសេចក្ដីពិត និងបោះបង់និស្ស័យដ៏ពុករលួយរបស់អ្នកបន្តិចម្ដងៗបាន។ នេះគឺជាការដែលព្រះជាម្ចាស់ផ្ដល់ឱកាសមួយដល់អ្នក។ នេះគឺជាសេចក្ដីករុណារបស់ព្រះជាម្ចាស់។ អ្នកត្រូវតែដឹងពីរបៀបឆក់យកឱកាសនេះ។ អ្នកមិនគួរប្រឆាំង ទាស់ទទឹងនឹងព្រះជាម្ចាស់ ឬយល់ច្រឡំនឹងព្រះអង្គឡើយ។ ជាក់ស្ដែង នៅពេលដែលត្រូវបានប្រឈមជាមួយមនុស្ស រឿងរ៉ាវ និងវត្ថុដែលព្រះជាម្ចាស់ចាត់ចែងជុំវិញអ្នក ចូរកុំមានអារម្មណ៍ថា អ្វីៗដែលកើតឡើងនោះមិនស្របតាមការប៉ងប្រាថ្នារបស់អ្នកឡើយ។ កុំប្រាថ្នាចង់គេចវេះពីស្ថានភាពទាំងនោះ ឬតែងតែស្ដីបន្ទោស និងយល់ច្រឡំចំពោះព្រះជាម្ចាស់នោះឡើយ។ បើអ្នកកំពុងតែធ្វើបែបនេះ នោះអ្នកមិនមែនកំពុងដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយវាក៏នឹងពិបាកសម្រាប់អ្នកក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរ» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងមនុស្ស មិនមែនដើម្បីជម្រុះពួកគេចោលទេ គឺដើម្បីសង្រ្គោះពួកគេ ដើម្បីឱ្យពួកគេអាចស្គាល់និស្ស័យពុករលួយរបស់ពួកគេ ដេញតាមសេចក្ដីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។ ខ្ញុំបានឃើញថា កម្ពស់ខ្ញុំនៅទាបគួរឱ្យអាណិតកម្រិតណា និងឃើញទៀតថា នៅពេលគេបើកសម្ដែងខ្ញុំ ខ្ញុំមិនបានស្វែងរកសេចក្ដីពិតយ៉ាងសកម្ម ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ តែក្លាយជាអវិជ្ជមាន ហើយរត់គេចទៅវិញ។ នេះមិនមែនជាការប្រព្រឹត្តរបស់មនុស្សដែលដេញតាមសេចក្ដីពិតទេ! ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ នៅពេលការងារទូលបង្គំចាប់ផ្តើមទទួលបានលទ្ធផល ទូលបង្គំចាត់ទុកខ្លួនឯងថាគ្រាន់បើជាងគេ ក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ហើយមើលងាយ និងរិះគន់បងប្រុសដែលសហការជាមួយទូលបង្គំ ដោយដាក់សម្ពាធ និងធ្វើបាបគាត់។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់រស់នៅតាមនិស្ស័យក្រអឺតក្រទមរបស់ទូលបង្គំទេ។ សូមសង្រ្គោះទូលបង្គំ និងជួយឱ្យទូលបង្គំមានការយល់ដឹងពិតប្រាកដអំពីធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចស្អប់ខ្ពើមខ្លួនឯង និងដេញតាមការផ្លាស់ប្ដូរនិស្ស័យផង»។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ ដែលនិយាយចំសភាពរបស់ខ្ញុំតែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ មនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែគ្មានវិចារណញ្ញាណ ហើយពួកគេកាន់តែគ្មានវិចារណញ្ញាណ ពួកគេកាន់តែងាយនឹងទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? ដោយសារតែមនុស្សមាននិស្ស័យក្រអឺតក្រទម ពួកគេមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺ ពួកគេថែមទាំងមិនទុកព្រះជាម្ចាស់នៅក្នុងខ្សែភ្នែកឡើយ ហើយពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ បើទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក៏ដោយ ក៏ពួកគេមិនប្រព្រឹត្តចំពោះទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងលើកតម្កើងខ្លួនឯងហួសហេតុ។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការចាត់ទុកអ្នកគ្រប់គ្នានៅក្រោមខ្លួន គឺជារឿងតូចតាចទេ។ បញ្ហាសំខាន់គឺថា និស្ស័យក្រអឺតក្រទមរារាំងមនុស្សមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ អធិបតេយ្យភាពរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់ ហើយវាក៏ធ្វើឱ្យមនុស្សព្យាយាមប្រកួតប្រជែងដណ្ដើមអំណាចជាមួយព្រះជាម្ចាស់ និងគ្រប់គ្រងអ្នកដទៃជានិច្ចផងដែរ។ មនុស្សបែបនេះគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ជាពិសេសអស់អ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់ពួកគេបាត់បង់វិចារណញ្ញាណរបស់ខ្លួន មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងលើកតម្កើង និងធ្វើបន្ទាល់ឱ្យខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត ហើយគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សោះឡើយ។ ប្រសិនបើមនុស្សចង់ទៅដល់ចំណុចដែលពួកគេមានចិត្តកោតខ្លាចព្រះជាម្ចាស់ នោះពួកគេត្រូវតែដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេជាមុនសិន។ ដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទម មនុស្សត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សម្នាក់ដឹងថា និស្ស័យក្រអឺតក្រទម ជានិស្ស័យបែបសាតាំង ហើយថានិស្ស័យក្រអឺតក្រទម គឺជាមុខមាត់ដ៏ទុច្ចរិត និងអាក្រក់របស់សាតាំង នោះពួកគេនឹងមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់។ និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ត្រូវបានដោះស្រាយកាន់តែហ្មត់ចត់ គេកាន់តែមានវិចារណញ្ញាណ ហើយគេកាន់តែអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ មានតែចិត្តកោតខ្លាចព្រះជាម្ចាស់ទេ ទើបមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់ ទទួលបានសេចក្ដីពិត និងស្គាល់ទ្រង់បាន។ មានតែអស់អ្នកដែលទទួលបានសេចក្ដីពិតទេ ទើបជាមនុស្សពិតប្រាកដ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យខ្ញុំយល់ថា នៅពេលដែលមនុស្សរស់នៅតាមធម្មជាតិក្រអឺតក្រទមរបស់ពួកគេ ដោយមិនបានដកពិសោធការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ និស្ស័យរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ ហើយពួកគេនឹងប្រព្រឹត្តអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់នៅពេលណាមួយមិនខាន។ តើនេះមិនមែនជារបៀបដែលខ្ញុំបានប្រព្រឹត្តទេឬ? ខ្ញុំអាចដោះស្រាយបញ្ហាមួយចំនួនបាន ហើយជំនាញសរសេររបស់ខ្ញុំគ្រាន់បើជាងអ្នកដទៃបន្តិច ដូច្នេះខ្ញុំចាត់ទុកខ្លួនឯងថាពូកែជាងគេ ហើយតែងតែមើលងាយ ចាង ហាង។ មិនថាជារឿងដោះស្រាយបញ្ហា ឬពិភាក្សាការងារទេ ខ្ញុំកម្រនឹងសួរយោបល់របស់ ចាង ហាង ណាស់ ហើយទោះបីជាខ្ញុំសួរក៏ដោយ ក៏វាគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។ ខ្ញុំតែងតែធ្វើខ្លួនខ្ពស់ជាង និងបញ្ជាគាត់។ នៅពេលដែលខ្ញុំឃើញថា ចាង ហាង មិនបានធ្វើតាមគំនិតរបស់ខ្ញុំក្នុងការសរសេរសំបុត្រឆ្លើយឆ្លង ជំនួសឱ្យការពិចារណាលើទស្សនៈដែលគាត់បានបញ្ចេញ ឬគិតមើលថាតើអ្វីដែលគាត់បានសរសេរនោះ មានតម្លៃនឹងអាចប្រើបានឬអត់ ឬគិតពីរបៀបបំពេញបន្ថែម និងកែលម្អអ្វីដែលគាត់បានសរសេរ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំបែរជាបដិសេធគំនិតរបស់គាត់ចោលទាំងស្រុង ហើយរិះគន់ និងស្តីបន្ទោសគាត់ ដោយបង្ខំឱ្យគាត់សរសេរសំបុត្រនោះ តាមដែលខ្ញុំបានប្រាប់គាត់ទៅវិញ។ ខ្ញុំបានចាត់ទុកទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំជាស្តង់ដារ និងមិនអនុញ្ញាតឱ្យ ចាង ហាង មានយោបល់ផ្ទាល់ខ្លួនឡើយ។ ការនេះធ្វើឱ្យគាត់រងសម្ពាធដោយសារខ្ញុំ ហើយនៅពេលសរសេរសំបុត្រ គាត់បានប្រយ័ត្នខ្លាំងជ្រុល ហើយថែមទាំងចាប់ផ្តើមដាក់កម្រិតខ្លួនឯងថាខ្វះគុណសម្បត្តិ និងចង់លាលែងទៀតផង។ តាមពិតទៅ គំនិតរបស់ ចាង ហាង ក្នុងការសរសេរសំបុត្រ គឺត្រឹមត្រូវនៅពេលខ្លះ ប៉ុន្តែគាត់គ្រាន់តែប្រកបគ្នាមិនទាន់អស់សេចក្ដីប៉ុណ្ណោះ។ ខ្ញុំគួរតែយកអ្វីដែលគាត់បានសរសេរមកកែលម្អបន្ថែម ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបានបដិសេធគំនិតរបស់គាត់ចោលទាំងស្រុង ហើយបង្ខំឱ្យគាត់ធ្វើតាមការណែនាំរបស់ខ្ញុំ។ តើខ្ញុំមិនមែនកំពុងចាត់ទុកគំនិតរបស់ខ្ញុំ ហាក់ដូចជាសេចក្ដីពិតទេឬ? ខ្ញុំបានឃើញថា ធម្មជាតិរបស់ខ្ញុំក្រអឺតក្រទមខ្លាំងប៉ុណ្ណា។ ខ្ញុំរស់នៅតាមសេចក្ដីពិសពុលរបស់សាតាំង ដែលថា «មានតែអញទេដែលធំជាងគេ» និង «មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តមយ»។ មិនថាជាមួយ ចាង ហាង ឬបងប្អូនប្រុសស្រីដែលខ្ញុំធ្លាប់សហការជាមួយពីមុនទេ អ្វីដែលខ្ញុំបានធ្វើ គឺមានតែការដាក់សម្ពាធ និងធ្វើបាបពួកគេប៉ុណ្ណោះ ដែលបានបង្អាក់ និងរំខានដល់កិច្ចការនៃពួកជំនុំផងដែរ។ ឥឡូវនេះ ខ្ញុំបានឃើញថា ខ្ញុំក្រអឺតក្រទម និងអួតខ្លួនហួសហេតុប៉ុណ្ណា ហើយថាខ្ញុំមិនមានចិត្តកោតខ្លាច ឬចុះចូលចំពោះព្រះជាម្ចាស់សោះឡើយ។ ខ្ញុំកំពុងដើរលើផ្លូវជាសត្រូវនឹងព្រះជាម្ចាស់។ ខ្ញុំបាននឹកគិតដល់ប៉ុល នៅក្នុងយុគសម័យនៃព្រះគុណ។ គាត់មានអំណោយទាន និងទេពកោសល្យខ្លះៗក្នុងការផ្សាយដំណឹងល្អ ហើយគាត់ទទួលបានអ្នកជឿ បង្កើតពួកជំនុំនានា និងបានសរសេរសំបុត្រជាច្រើន។ គាត់បានយកចំណុចនេះធ្វើជាដើមទុន ហើយមើលងាយមនុស្សគ្រប់គ្នា។ គាត់ថែមទាំងនិយាយថា គាត់មិនអន់ជាងសាវ័កណាមួយទៀតផង ហើយគាត់តែងតែតម្កើងខ្លួនឯង ខណៈពេលដែលមើលងាយសាវ័កដទៃទៀត។ គាត់បានក្លាយជាក្រអឺតក្រទមខ្លាំង រហូតដល់គាត់ធ្វើបន្ទាល់ជាចំហថា សម្រាប់គាត់ ការរស់នៅ គឺគាត់ជាព្រះគ្រីស្ទ។ ការនេះបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយគាត់ត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស។ តើខ្ញុំមិនបានប្រព្រឹត្តដូចប៉ុលទេឬ? ការដឹងបែបនេះ បានធ្វើឱ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ ប្រសិនបើខ្ញុំមិនប្រែចិត្ត និងដេញតាមការផ្លាស់ប្ដូរនិស្ស័យទេ លទ្ធផលរបស់ខ្ញុំនឹងដូចជាប៉ុលដែរ ហើយខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយជម្រុះចោលមិនខាន។
ក្រោយមក ខ្ញុំបានបើកចំហចំពោះ ចាង ហាង អំពីសភាពរបស់ខ្ញុំ និងសុំទោសគាត់ ហើយគាត់ក៏បានបើកចំហអំពីសភាពរបស់គាត់ដែរ។ ចាប់ពីពេលនោះមក ខ្ញុំបានណែនាំ ចាង ហាង ដោយអត់ធ្មត់អំពីរបៀបមើលបញ្ហា និងរបៀបសរសេរសំបុត្រ ហើយពេលខ្លះ នៅពេលដែលគាត់ពិបាកសរសេរឱ្យបានល្អ ខ្ញុំបានជួយកែលម្អសេចក្ដីព្រាងរបស់គាត់។ ដោយអនុវត្តតាមរបៀបនេះ ខ្ញុំមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ត និងធូរស្រាលនៅក្នុងចិត្ត។ ដោយឆ្លុះបញ្ចាំងបន្ថែមទៀត ខ្ញុំបានដឹងថា មូលហេតុមួយទៀតនៃភាពក្រអឺតក្រទមរបស់ខ្ញុំ គឺខ្ញុំចាត់ទុកអំណោយទាន និងទេពកោសល្យរបស់ខ្ញុំជាដើមទុន។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានបន្ទូលថា៖ «នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស ទ្រង់បានប្រទានជំនាញឯកទេសខុសៗគ្នាដល់មនុស្សប្រភេទផ្សេងៗគ្នា។ មនុស្សមួយចំនួនពូកែខាងអក្សរសាស្ត្រ អ្នកខ្លះពូកែខាងវេជ្ជសាស្ត្រ អ្នកខ្លះពូកែខាងរៀនជំនាញផ្សេងៗ អ្នកខ្លះពូកែខាងការស្រាវជ្រាវវិទ្យាសាស្ត្រ ជាដើម។ ជំនាញរបស់មនុស្សត្រូវបានប្រទានដោយព្រះជាម្ចាស់ ហើយគ្មានអ្វីគួរឱ្យអួតអាងឡើយ។ ទោះបីជាបុគ្គលម្នាក់មានជំនាញអ្វីក៏ដោយ វាមិនមានន័យថាបុគ្គលនោះយល់ពីសេចក្ដីពិតនោះទេ ហើយវារឹតតែមិនមានន័យថាបុគ្គលនោះមានតថភាពនៃសេចក្ដីពិតនោះដែរ។ មនុស្សមានជំនាញជាក់លាក់ ហើយប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ ពួកគេគួរតែប្រើប្រាស់ជំនាញឯកទេសទាំងនេះដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ នេះជារឿងដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ការអួតអាងអំពីជំនាញជាក់លាក់ណាមួយ ឬការចង់ប្រើប្រាស់វាដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ នេះគឺជាការខ្វះវិចារណញ្ញាណពេកហើយ។ ព្រះជាម្ចាស់មិនពេញព្រះទ័យនឹងមនុស្សបែបនេះឡើយ។ មនុស្សមួយចំនួនចេះជំនាញជាក់លាក់ណាមួយ ដូច្នេះ នៅពេលដែលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ថាពួកគេខ្ពស់ជាងអ្នកដទៃមួយកម្រិត ពួកគេចង់ទទួលបានការប្រព្រឹត្តជាពិសេសចំពោះខ្លួន ហើយពួកគេមានអារម្មណ៍ថាពួកគេមានប្រភពចិញ្ចឹមជីវិតដែលមានស្ថិរភាពអស់មួយជីវិត។ ពួកគេចាត់ទុកជំនាញនេះជាប្រភេទដើមទុនមួយ។ ពិតជាក្រអឺតក្រទមមែន! ដូច្នេះ តើអ្នកគួរមានទស្សនៈយ៉ាងណា ចំពោះអំណោយទាន និងជំនាញទាំងនេះ? ប្រសិនបើរឿងទាំងនេះមានប្រយោជន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះវាគ្រាន់តែជាឧបករណ៍សម្រាប់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះ។ ពួកវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ» («ចំណុចទីប្រាំបី (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មិនថាយើងមានទេពកោសល្យបែបណាក៏ដោយ ទោះជាយើងពូកែច្រៀង រាំ សរសេរ ឬផ្សាយដំណឹងល្អក្តី អំណោយទាន និងទេពកោសល្យទាំងនេះ សុទ្ធតែជាការប្រទានមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រទានអំណោយទាន និងទេពកោសល្យទាំងនេះដល់យើង ដើម្បីឱ្យយើងអាចប្រើប្រាស់វា សម្រាប់បំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ ឧទាហរណ៍ ខ្ញុំមានជំនាញខ្លះក្នុងការសរសេរ ហើយខ្ញុំគួរតែប្រើចំណុចខ្លាំងរបស់ខ្ញុំ ដើម្បីជួយបងប្អូនប្រុសស្រីដែលសហការជាមួយខ្ញុំ ឱ្យធ្វើកិច្ចការនៃពួកជំនុំបានល្អ។ ប៉ុន្តែខ្ញុំបែរជាយកអំណោយទាន និងទេពកោសល្យដែលព្រះជាម្ចាស់ប្រទានឱ្យនេះ ធ្វើជាដើមទុនទៅវិញ។ ខ្ញុំមិនត្រឹមតែកោតសរសើរខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងមើលងាយ និងដាក់សម្ពាធ ចាង ហាង ជាប់ជានិច្ច ដោយបង្ខំឱ្យគាត់ធ្វើតាមគំនិតរបស់ខ្ញុំ។ និស្ស័យរបស់ខ្ញុំកាន់តែក្រអឺតក្រទមទៅៗ ហើយខ្ញុំខ្វះភាពជាមនុស្ស និងហេតុផលទាំងស្រុង។ ត្រង់ចំណុចនេះហើយដែលខ្ញុំបានដឹងថា អំណោយទាន និងទេពកោសល្យ គ្រាន់តែជាឧបករណ៍ដើម្បីជួយមនុស្សម្នាក់ឱ្យបំពេញភារកិច្ចបានល្អប៉ុណ្ណោះ។ ការមានអំណោយទាន និងទេពកោសល្យ មិនមែនមានន័យថាមនុស្សម្នាក់យល់សេចក្ដីពិត ឬបានសម្រេចការផ្លាស់ប្ដូរនិស្ស័យនោះទេ ហើយបើគ្រាន់តែមានអំណោយទាន ដោយមិនដេញតាមសេចក្ដីពិត ពួកគេមិនអាចបំពេញភារកិច្ចបានល្អឡើយ ហើយពួកគេនៅតែធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។ ខ្ញុំបានចាត់ទុកអំណោយទាន និងទេពកោសល្យដែលព្រះជាម្ចាស់ប្រទានឱ្យខ្ញុំ ជាដើមទុន ដោយគិតថាវាជាជំនាញ និងសមត្ថភាពរបស់ខ្ញុំផ្ទាល់ ដោយមិនស្គាល់អត្តសញ្ញាណ ឬឋានៈរបស់ខ្ញុំសោះឡើយ។ ខ្ញុំពិតជាឥតអៀនខ្មាស និងគួរឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមណាស់!
ក្រោយមក មានពេលមួយ ដែលយើងបានរកឃើញបញ្ហា និងសេចក្ដីវៀចវេរមួយចំនួននៅក្នុងកិច្ចការស្រោចស្រព ហើយយើងត្រូវសរសេរសំបុត្រ ដើម្បីផ្តល់ដំណោះស្រាយតាមរយៈការប្រកបគ្នា។ បន្ទាប់ពីប្រកបគ្នាជាមួយ ចាង ហាង រួច ខ្ញុំបានសុំឱ្យគាត់សរសេរសេចក្ដីព្រាងសំបុត្រនោះជាមុន។ នៅពេលដែលគាត់សរសេរសំបុត្រនោះចប់ ហើយយកមកឱ្យខ្ញុំមើល ខ្ញុំកត់សម្គាល់ឃើញថា នៅខ្វះចំណុចលម្អិតមួយចំនួន ហើយខ្ញុំក៏ចាប់ផ្តើមមើលងាយគាត់ម្ដងទៀត។ នៅពេលនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងបញ្ចេញឱ្យឃើញនិស្ស័យក្រអឺតក្រទមម្ដងទៀតហើយ។ ខ្ញុំបាននឹកគិតដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ចូរប្រាប់ខ្ញុំមកមើល តើមាននរណាម្នាក់ដែលឥតខ្ចោះដែរឬទេ? ទោះបីជាមនុស្សម្នាក់ពូកែខ្លាំង ហើយគេមានសមត្ថភាព និងមានទេពកោសល្យក៏ដោយ ក៏គេនៅតែមិនឥតខ្ចោះដែរ។ នេះគឺជាការពិត។ មនុស្សត្រូវតែមានការយល់ដឹងនេះ ហើយវាគឺជាអាកប្បកិរិយាដ៏ត្រឹមត្រូវដែលមនុស្សគួរតែមានចំពោះចំណុចខ្លាំង និងគុណសម្បត្តិរបស់ខ្លួន ព្រមទាំងចំណុចខ្សោយរបស់ពួកគេផ្ទាល់ វាគឺជាភាពមានវិចារណញ្ញាណដែលមនុស្សគួរតែមាន។ ប្រសិនបើអ្នកមានភាពមានវិចារណញ្ញាណនេះ អ្នកអាចប្រព្រឹត្តចំពោះចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកផ្ទាល់បានយ៉ាងត្រឹមត្រូវ ក៏ដូចជាចំពោះចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកដទៃដែរ ហើយតាមរបៀបនេះ អ្នកនឹងអាចសហការជាមួយអ្នកដទៃយ៉ាងចុះសម្រុងបាន។ ប្រសិនបើអ្នកយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ហើយអាចចូលទៅក្នុងទិដ្ឋភាពនៃតថភាពនៃសេចក្ដីពិតនេះបាន នោះអ្នកអាចចុះសម្រុងគ្នាយ៉ាងល្អជាមួយបងប្អូនប្រុសស្រី ហើយខ្ចីចំណុចខ្លាំងរបស់ពួកគេ ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់អ្នកបាន។ តាមរបៀបនេះ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វី ឬកំពុងធ្វើអ្វីក៏ដោយ ក៏អ្នកនឹងធ្វើវាបានកាន់តែល្អប្រសើរឡើងៗ ហើយអ្នកនឹងទទួលបានព្រះពររបស់ព្រះជាម្ចាស់» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់ថា ដើម្បីសម្រេចបានការសហការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃ ខ្ញុំត្រូវតែប្រព្រឹត្តចំពោះបុគ្គលម្នាក់ៗឱ្យបានត្រឹមត្រូវតាមចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ។ នៅពេលដែលខ្ញុំឃើញចំណុចខ្វះខាត និងចំណុចខ្សោយរបស់អ្នកដទៃ ខ្ញុំមិនគួរមើលងាយ ឬមើលស្រាលពួកគេឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវយកចំណុចខ្លាំងរបស់យើងមកបំពេញឱ្យគ្នាទៅវិញទៅមក។ នេះហើយជារបៀបដែលយើងអាចទទួលបានលទ្ធផលល្អនៅក្នុងភារកិច្ចរបស់យើង។ ព្រះជាម្ចាស់បានប្រទានគុណសម្បត្តិ និងទេពកោសល្យផ្សេងៗគ្នាដល់មនុស្សម្នាក់ៗ។ ចាង ហាង មិនពូកែសរសេរសំបុត្រឆ្លើយឆ្លងទេ ដូច្នេះខ្ញុំត្រូវប្រព្រឹត្តចំពោះចំណុចខ្វះខាតរបស់គាត់ឱ្យបានត្រឹមត្រូវ ហើយខ្ញុំមិនអាចយកចំណុចខ្លាំងរបស់ខ្ញុំ ទៅប្រៀបធៀបនឹងចំណុចខ្សោយរបស់គាត់បានទេ។ ការពិតទៅ ចាង ហាង មានចំណុចខ្លាំងផ្ទាល់ខ្លួនរបស់គាត់។ គាត់ទទួលខុសត្រូវលើការងារផ្សាយដំណឹងល្អ និងកិច្ចការស្រោចស្រពអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានប្រមូលផ្តុំបទពិសោធជាច្រើន ហើយទទួលបានលទ្ធផលនៅក្នុងការងាររបស់គាត់។ ទោះជាយ៉ាងនេះក្តី គាត់មិនក្រអឺតក្រទម ឬរាប់ខ្លួនឯងជាសុចរិតទេ ហើយនៅតែស្វែងរកជំនួយពីខ្ញុំលើបញ្ហាដែលគាត់មិនទាន់យល់ច្បាស់។ នៅពេលខ្ញុំលើកឡើងពីបញ្ហានៅក្នុងការងាររបស់គាត់ គាត់ក៏អាចទទួលយកបានដែរ។ ទាំងនេះគឺជាចំណុចខ្លាំងដែលខ្ញុំមិនមាន ហើយខ្ញុំគួរតែរៀនសូត្រពីគាត់។ ដោយដឹងបែបនេះ ខ្ញុំអាចមើលឃើញចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ ចាង ហាង បានយ៉ាងត្រឹមត្រូវ។ ក្រោយមក ខ្ញុំបានកែសម្រួល និងកែលម្អសំបុត្រនោះ។ នៅពេលដែលខ្ញុំផ្ញើសំបុត្រនោះចេញ ខ្ញុំមានអារម្មណ៍ល្អណាស់ ដែលបានបះបោរប្រឆាំងនឹងសាច់ឈាម ជាជាងរស់នៅតាមនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ព្រោះវាបំពេញចិត្តខ្ញុំដោយសេចក្ដីសុខសាន្ត និងអំណរ ហើយក៏មិនដាក់សម្ពាធ ឬធ្វើបាបអ្នកដទៃដែរ។ ការផ្លាស់ប្ដូរដែលខ្ញុំទទួលបានទាំងនេះ សុទ្ធតែជាលទ្ធផលចេញពីការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណដល់ព្រះជាម្ចាស់!