៨៩. ការឆ្លុះបញ្ចាំងអំពីការតស៊ូរបស់ខ្ញុំជាមួយនឹងជំងឺ
តាំងពីខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក ខ្ញុំតែងតែមានចិត្តងប់ងល់នឹងការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ចរបស់ខ្ញុំ មិនថាមានភ្លៀង ឬមានកម្ដៅថ្ងៃក្ដី ក៏មិនបង្អែបង្អង់ដែរ។ ក្រោយមក ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ ហើយនៅពេលណាដែលខ្ញុំឃើញបងប្អូនប្រុសស្រីមានបញ្ហា ឬការលំបាក ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់ពីទទួលខុសត្រូវលើកិច្ចការវីដេអូ ខ្ញុំបានធ្វើការថែមម៉ោង ដោយតាមដាន និងណែនាំការងារនោះ។ នៅពេលដែលវឌ្ឍនភាពយឺតយ៉ាវ ឬមានសេចក្ដីវៀចវេរ ខ្ញុំបានប្រកបគ្នា និងដោះស្រាយភ្លាមៗ។ មួយរយៈក្រោយមក ខ្ញុំបានឃើញថា ជំនាញរបស់បងប្អូនប្រុសស្រីមានភាពប្រសើរឡើង ហើយកិច្ចការវីដេអូបានបង្ហាញពីវឌ្ឍនភាពខ្លះៗដែរ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តគួរសម ដោយគិតថា «ដរាបណាខ្ញុំបន្តស៊ូទ្រាំនឹងការលំបាក បង់តម្លៃ និងទទួលបានលទ្ធផលខ្លះពីភារកិច្ចរបស់ខ្ញុំ នោះខ្ញុំប្រាកដជាទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់នៅពេលអនាគត ហើយមានសង្ឃឹមយ៉ាងខ្លាំងចំពោះសេចក្ដីសង្រ្គោះ»។ ប៉ុន្តែ ស្របពេលដែលខ្ញុំកំពុងលះបង់ខ្លួនទាំងស្រុងក្នុងភារកិច្ចរបស់ខ្ញុំ ថ្ងៃមួយ ខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំង និងមិនឃ្លានអាហារសោះ ប៉ុន្តែ ខ្ញុំមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះទេ ដោយគិតថា ប្រហែលជាមកពីខ្ញុំមិនបានសម្រាកគ្រប់គ្រាន់នាពេលថ្មីៗនេះ ហើយខ្ញុំសន្មតថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ចំណង់អាហាររបស់ខ្ញុំចេះតែថយចុះ ហើយផ្ទៃមុខរបស់ខ្ញុំមើលទៅស្លេកស្លាំង។ បងប្រុស គ័ន មីង ដែលកំពុងសហការជាមួយខ្ញុំ បានណែនាំឲ្យខ្ញុំទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលគ្រូពេទ្យប្រាប់ថា ខ្ញុំកើតជំងឺរលាកថ្លើមប្រភេទបេ ហើយមានដុំរឹងតូចមួយនៅក្នុងថ្លើមរបស់ខ្ញុំ ហើយថា បើវានៅតែបន្តកាន់តែធ្ងន់ធ្ងរ វាអាចក្លាយទៅជាមហារីកថ្លើម។ ក្បាលរបស់ខ្ញុំចាប់ផ្ដើមហ៊ឹង «មិនអាចទេ! ខ្ញុំកំពុងបំពេញភារកិច្ច តើខ្ញុំអាចកើតជំងឺបែបនេះបានយ៉ាងដូចម្ដេច? ជំងឺនេះមិនងាយព្យាបាលឡើយ...» ខ្ញុំមានអារម្មណ៍ដូចជាមានដុំថ្មកំពុងសង្កត់លើដើមទ្រូងរបស់ខ្ញុំ ហើយចិត្តរបស់ខ្ញុំពោរពេញដោយការឈឺចាប់ និងភាពទន់ខ្សោយ។ ខ្ញុំគិតអំពីរបៀបដែលខ្ញុំបានលះបង់គ្រួសារ និងអាជីពការងារ ស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ សូម្បីតែពេលដែលបក្សកុម្មុយនីស្តតាមចាប់ និងធ្វើទុក្ខបុកម្នេញ ក៏ខ្ញុំមិនបានក្បត់ព្រះជាម្ចាស់ដែរ។ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ? នៅក្នុងទុក្ខលំបាករបស់ខ្ញុំ ខ្ញុំបាននឹកឃើញទំនុកបរិសុទ្ធនៃព្រះបន្ទូលព្រះជាម្ចាស់មួយ៖ «នៅពេលជំងឺកើតមានដល់អ្នក នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ ប្រាកដជាមានបង្កប់នៅក្នុងនោះ។ ទោះបីជាសាច់ឈាមរបស់អ្នកអាចនឹងរងការឈឺចាប់បន្តិចក៏ដោយ ក៏មិនត្រូវទទួលយកគំនិតនានាពីសាតាំងដែរ។ ចូរសរសើរតម្កើងព្រះជាម្ចាស់អំឡុងពេលមានជំងឺ ហើយរីករាយនឹងព្រះជាម្ចាស់នៅក្នុងការសរសើរតម្កើងរបស់អ្នក។ ចូរកុំបាក់ទឹកចិត្តនៅពេលមានជំងឺឡើយ ចូរបន្តស្វែងរកម្ដងហើយម្ដងទៀត និងចូរកុំបោះបង់ ហើយព្រះជាម្ចាស់នឹងស្រាយបំភ្លឺ និងបំភ្លឺដល់អ្នក» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននាំមកនូវសេចក្ដីសុខសាន្តខ្លះៗដល់ចិត្តរបស់ខ្ញុំ។ មែនហើយ ថាតើជំងឺនេះនឹងកាន់តែធ្ងន់ធ្ងរ ឬយ៉ាងណា គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយទោះបីជាខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅខណៈពេលនេះក៏ដោយ ខ្ញុំមិនអាចត្អូញត្អែរដាក់ព្រះជាម្ចាស់បានទេ។ ខ្ញុំត្រូវស្វែងរកបំណងព្រះហឫទ័យទ្រង់ តស៊ូនៅក្នុងភារកិច្ចរបស់ខ្ញុំ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។ ពេលគិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិច។
បន្តទៅមុខទៀត ដោយពិចារណាឃើញថា កិច្ចការវីដេអូរវល់ខ្លាំង អ្នកដឹកនាំបារម្ភថា រាងកាយរបស់ខ្ញុំប្រហែលជាមិនអាចទ្រាំទ្របាន ដូច្នេះ ពួកគេបានរៀបចំឲ្យបងប្រុស លី ឆឹង និងខ្ញុំ សហការគ្នាក្នុងការផ្សាយដំណឹងល្អ។ ខណៈពេលទទួលការព្យាបាល ខ្ញុំបានតស៊ូក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយនៅពេលណាដែលយើងជួបការលំបាកក្នុងការងារ យើងតែងតែប្រកបគ្នា និងស្វែងរកសេចក្ដីពិតដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ទោះបីជាខ្ញុំបានស៊ូទ្រាំនឹងការលំបាកខាងរាងកាយខ្លះ និងបានបង់តម្លៃខ្លះក៏ដោយ ការឃើញមនុស្សកាន់តែច្រើនឡើងៗទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ បានធ្វើឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ហើយខ្ញុំគិតថា «ដរាបណាខ្ញុំតស៊ូក្នុងភារកិច្ច ហើយរងទុក្ខកាន់តែខ្លាំង និងបង់តម្លៃកាន់តែច្រើន ប្រហែលជាព្រះជាម្ចាស់នឹងការពារខ្ញុំ ហើយស្ថានភាពរបស់ខ្ញុំនឹងប្រសើរឡើង»។ ប៉ុន្តែ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍ថា ស្ថានភាពរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅៗ។ ខ្ញុំមានអារម្មណ៍អស់កម្លាំងរាល់ថ្ងៃ ខ្សោយពេញរាងកាយ ហើយកាន់តែមិនឃ្លានអាហារ ដូច្នេះ ខ្ញុំក៏ទៅពិនិត្យម្ដងទៀត។ គ្រូពេទ្យបាននិយាយថា ជំងឺរលាកថ្លើមប្រភេទបេរបស់ខ្ញុំបានកាន់តែធ្ងន់ធ្ងរហើយ ហើយថា ខ្ញុំត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ បើមិនដូច្នោះទេ វានឹងបន្តវិវឌ្ឍទៅមុខ ហើយពិបាកព្យាបាល។ ដោយសារតែខ្ញុំកំពុងត្រូវបានតាមចាប់ដោយបក្សកុម្មុយនីស្ត ការសម្រាកនៅមន្ទីរពេទ្យនឹងលាតត្រដាងអត្តសញ្ញាណរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំមានគ្រោះថ្នាក់ ដូច្នេះ ខ្ញុំត្រូវពឹងផ្អែកលើថ្នាំ និងការចាក់សេរ៉ូម ប៉ុន្តែ ស្ថានភាពរបស់ខ្ញុំនៅតែមិនប្រសើរឡើងច្រើនឡើយ។ យូរៗទៅ ខ្ញុំប្រែជាខ្សោយយ៉ាងខ្លាំង ហើយខ្ញុំគិតថា «ជំងឺរលាកថ្លើមប្រភេទបេនេះ បានរើឡើងវិញជាច្រើនដងហើយ បើវាកាន់តែធ្ងន់ធ្ងរជាងនេះ ហើយក្លាយទៅជាក្រិនថ្លើម ឬមហារីកថ្លើម ជីវិតរបស់ខ្ញុំអាចនឹងមានគ្រោះថ្នាក់គ្រប់ពេល។ បើខ្ញុំត្រូវស្លាប់បែបនេះ តើខ្ញុំនៅតែអាចត្រូវបានសង្រ្គោះទៀតទេ? ប្រាកដណាស់ នេះមិនអាចជារបៀបដែលជីវិតនៃសេចក្ដីជំនឿលើព្រះជាម្ចាស់របស់ខ្ញុំបញ្ចប់នោះទេ?» នៅពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងទន់ដៃទន់ជើង ហើយភាពងឿងឆ្ងល់ និងការត្អូញត្អែរបានផុសឡើងនៅក្នុងខ្លួនខ្ញុំក្នុងពេលតែមួយ៖ «តាំងពីខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ខ្ញុំតែងតែមានចិត្តរំភើបនៅក្នុងភារកិច្ច និងក្នុងការផ្សាយដំណឹងល្អ។ ទោះបីជាមានខ្យល់ ឬភ្លៀង កម្ដៅថ្ងៃដែលឆេះខ្លាំង ឬភាពត្រជាក់ដែលចាក់ស្បែកក្ដី ហើយមិនថារងការតាមចាប់ និងធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកុម្មុយនីស្ត និងមិនអាចត្រឡប់ទៅផ្ទះវិញបានក៏ដោយ ខ្ញុំមិនដែលបង្អែបង្អង់ភារកិច្ចរបស់ខ្ញុំឡើយ។ សូម្បីតែក្នុងអំឡុងពេលមានជំងឺប៉ុន្មានឆ្នាំនេះ ខ្ញុំបានតស៊ូក្នុងភារកិច្ចរបស់ខ្ញុំរហូត មិនដែលបោះបង់ចោលឡើយ ហើយទោះបីជាខ្ញុំមិនបាន សាងគុណបំណាច់ ក៏ដោយ ក៏ខ្ញុំបានរងទុក្ខ និងខិតខំធ្វើការដែរ។ ហេតុអ្វីបានជាជំងឺរបស់ខ្ញុំមិនត្រឹមតែមិនប្រសើរឡើងទេ តែបែរជាកាន់តែធ្ងន់ធ្ងរទៅវិញ?» ខ្ញុំបានឃើញបងប្អូនប្រុសស្រីមានសុខភាពល្អ និងសកម្មក្នុងការបំពេញភារកិច្ចរបស់ពួកគេ ចំណែកឯខ្ញុំវិញ បែរជាកើតជំងឺធ្ងន់ធ្ងរទៅវិញ។ ខ្ញុំកាន់តែគិត ខ្ញុំកាន់តែមានអារម្មណ៍តូចចិត្ត។ ខ្ញុំបានត្រឡប់ទៅផ្ទះទទួលភ្ញៀវវិញ ទាំងខំទប់ទឹកភ្នែក។ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងអវិជ្ជមានយ៉ាងខ្លាំង ដោយគ្មានកម្លាំងចិត្តក្នុងការបំពេញភារកិច្ចឡើយ។ នៅពេលនោះ បងប្រុស លី ឆឹង បានរំលឹកខ្ញុំថា «នៅពេលប្រឈមមុខនឹងជំងឺ យើងគួរតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនត្រូវយល់ច្រឡំ ឬត្អូញត្អែរដាក់ទ្រង់ឡើយ» ពាក្យរបស់បងប្រុស លី ឆឹង បានជួយឲ្យខ្ញុំស្ងប់ចិត្ត។ អ្វីៗដែលកើតឡើង គឺសុទ្ធតែត្រូវបានព្រះជាម្ចាស់អនុញ្ញាត ហើយខ្ញុំត្រូវតែចាប់ផ្ដើមដោយការចុះចូល ដើម្បីស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរក ដោយសង្ឃឹមថា ទ្រង់នឹងដឹកនាំខ្ញុំឲ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «មនុស្សខ្លះគិតថា ការជឿលើព្រះជាម្ចាស់ គឺត្រូវតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ហើយថាប្រសិនបើពួកគេជួបប្រទះនឹងស្ថានការណ៍អ្វីមួយ ពួកគេគ្រាន់តែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្ទៀងព្រះកាណ៌សណ្ដាប់ ប្រទានព្រះគុណ និងព្រះពរដល់ពួកគេ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយសុខសាន្ត និងរលូនសម្រាប់ពួកគេ។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកព្រះគុណ ទទួលបានព្រះពរ និងសោយសុខនឹងសេចក្ដីសុខសាន្ត និងសេចក្ដីសប្បាយរីករាយ។ ដោយសារតែទស្សនៈទាំងនេះហើយ ទើបពួកគេលះបង់គ្រួសារ ឬឈប់ធ្វើការ ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយអាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃបាន។ ពួកគេជឿថា ឱ្យតែពួកគេលះបង់របស់ផ្សេងៗ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ស៊ូទ្រាំនឹងការលំបាក និងខិតខំធ្វើការ ដោយបង្ហាញអាកប្បកិរិយាល្អពិសេស នោះពួកគេនឹងទទួលបានព្រះពរ និងការពេញព្រះទ័យពីព្រះជាម្ចាស់ ហើយមិនថាពួកគេជួបប្រទះការលំបាកអ្វីនោះទេ ឱ្យតែពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ទ្រង់នឹងដោះស្រាយបញ្ហាទាំងនោះ ហើយបើកផ្លូវសម្រាប់ពួកគេនៅក្នុងគ្រប់កិច្ចការ។ នេះគឺជាទស្សនៈដែលមនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ប្រកាន់ខ្ជាប់។ មនុស្សមានអារម្មណ៍ថា ទស្សនៈនេះគឺសមហេតុផល និងត្រឹមត្រូវ។ ការដែលមនុស្សជាច្រើនអាចរក្សាសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់បានរាប់ឆ្នាំ ដោយមិនបោះបង់សេចក្ដីជំនឿចោល គឺទាក់ទងដោយផ្ទាល់ទៅនឹងទស្សនៈមួយនេះ។ ពួកគេគិតថា៖ 'ខ្ញុំបានលះបង់យ៉ាងច្រើនដើម្បីព្រះជាម្ចាស់ អាកប្បកិរិយារបស់ខ្ញុំល្អណាស់ ហើយខ្ញុំមិនបានធ្វើអំពើអាក្រក់ណាមួយឡើយ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់ខ្ញុំមិនខាន។ ដោយសារតែខ្ញុំបានរងទុក្ខយ៉ាងខ្លាំង និងបានបង់ថ្លៃយ៉ាងធំសម្រាប់កិច្ចការនីមួយៗ ដោយធ្វើគ្រប់យ៉ាងស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយមិនបានធ្វើខុសអ្វីសោះ នោះព្រះជាម្ចាស់គួរតែប្រទានពរដល់ខ្ញុំ។ ទ្រង់គួរតែធានាថា អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនសម្រាប់ខ្ញុំ ហើយថាខ្ញុំតែងតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងចិត្ត ហើយរីករាយនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់'។ តើនេះមិនមែនជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬអី? ពីទស្សនៈរបស់មនុស្ស មនុស្សសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់ និងទទួលបានផលប្រយោជន៍ ដូច្នេះវាសមហេតុផលណាស់ដែលត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់រឿងនេះ ហើយវាពិតជាស័ក្តិសមក្នុងការយកការរងទុក្ខនេះទៅដោះដូរនឹងព្រះពររបស់ព្រះជាម្ចាស់។ នេះគឺជាផ្នត់គំនិតនៃការដោះដូរជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពីទស្សនៈនៃសេចក្ដីពិត និងពីទស្សនៈរបស់ព្រះជាម្ចាស់វិញ រឿងនេះមិនស្របតាមគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ឬស្តង់ដារដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាល់តែសោះ។ វាគ្រាន់តែជាគំនិតបែបប៉ងប្រាថ្នាទាំងស្រុង ជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សសុទ្ធសាធអំពីការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ មិនថាវាពាក់ព័ន្ធនឹងការដោះដូរគ្នា ឬការទាមទារអ្វីមួយពីព្រះជាម្ចាស់ ឬមានសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះទេ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនបំពេញតាមគោលការណ៍ និងស្តង់ដាររបស់ព្រះជាម្ចាស់សម្រាប់ការប្រទានពរដល់មនុស្សដែរ។ ជាពិសេស គំនិត និងទស្សនៈនៃការដោះដូរគ្នានេះ ប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សមិនបានដឹងខ្លួនឡើយ។ នៅពេលអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របតាមសញ្ញាណរបស់មនុស្ស ពួកគេឆាប់មានការត្អូញត្អែរ និងការយល់ច្រឡំចំពោះទ្រង់នៅក្នុងចិត្តណាស់។ ពួកគេថែមទាំងមានអារម្មណ៍ថាខ្លួនរងភាពអយុត្តិធម៌ ហើយបន្ទាប់មកក៏ចាប់ផ្ដើមតវ៉ាជាមួយព្រះជាម្ចាស់ ហើយពួកគេថែមទាំងអាចវិនិច្ឆ័យ និងថ្កោលទោសទ្រង់ទៀតផង។ ... នៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសមួយសម្រាប់មនុស្ស ដែលផ្ទុយទាំងស្រុងនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេបង្កើតបានជាសញ្ញាណ ការវិនិច្ឆ័យ និងការថ្កោលទោសប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្ត ហើយថែមទាំងអាចបដិសេធទ្រង់ទៀតផង។ តើព្រះជាម្ចាស់អាចបំពេញតម្រូវការរបស់ពួកគេនៅពេលនោះបានដែរឬទេ? ប្រាកដជាមិនបានឡើយ។ ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូររបៀបនៃការធ្វើការ និងបំណងព្រះហឫទ័យរបស់ទ្រង់ ស្របតាមសញ្ញាណរបស់មនុស្សឡើយ។ ចុះតើនរណាទៅដែលត្រូវផ្លាស់ប្ដូរនោះ? គឺមនុស្សហ្នឹងឯង។ មនុស្សត្រូវតែលះបង់សញ្ញាណរបស់ខ្លួនចោល ព្រមទាំងទទួលយក ចុះចូល និងដកពិសោធបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់ខ្លួន ជំនួសឱ្យការយកសញ្ញាណរបស់ខ្លួនទៅវាស់វែងអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីមើលថាតើវាត្រឹមត្រូវឬអត់នោះ។ នៅពេលដែលមនុស្សទទូចប្រកាន់ខ្ជាប់នូវសញ្ញាណរបស់ខ្លួន ពួកគេបង្កើតបានជាការទាស់ទទឹងនឹងព្រះជាម្ចាស់ រឿងនេះកើតឡើងដោយឯកឯង។ តើឫសគល់នៃការទាស់ទទឹងស្ថិតនៅត្រង់ណា? វាស្ថិតនៅត្រង់ថា អ្វីដែលមនុស្សមាននៅក្នុងចិត្តជាធម្មតា គឺជាសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេយ៉ាងពិតប្រាកដ មិនមែនជាសេចក្ដីពិតឡើយ។ ហេតុនេះ នៅពេលប្រឈមមុខនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស មនុស្សអាចប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើការវិនិច្ឆ័យទាស់នឹងទ្រង់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «ចំពោះពួកគេ គ្មានគោលដៅណាមួយនៃការជឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវជាងការទទួលបានព្រះពរឡើយ នេះហើយគឺជាតម្លៃពិតនៃសេចក្ដីជំនឿរបស់ពួកគេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ទោះជាអ្វីក៏ដោយ ក៏ពួកគេនៅតែមិនរំជួលចិត្តនឹងវាឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ រត់ចុះរត់ឡើង។ ដើម្បីគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ហើយថែមទាំងផ្លាស់ប្ដូរទិសដៅដែលគេដេញតាម ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរគោលបំណងនៃជំនឿរបស់គេលើព្រះជាម្ចាស់បានឡើយ។ ... ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនដែលយល់ពីព្រះជាម្ចាស់ សុខចិត្តលះបង់យ៉ាងធំធេងបែបនេះដើម្បីទ្រង់? ត្រង់នេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានមនុស្សរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺជាសម្ពន្ធភាពរវាងកូនឈ្នួលម្នាក់និងថៅកែម្នាក់ដែរ។ កូនឈ្នួលប្រឹងប្រែងធ្វើការគ្រាន់តែដើម្បីទទួលរង្វាន់ដែលថៅកែផ្ដល់ឱ្យប៉ុណ្ណោះ។ នៅក្នុងសម្ពន្ធភាពដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនប្រភេទនេះ គឺមិនមាននូវមនោសញ្ចេតនាដូចញាតិសន្ដានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែការឱ្យទាន និងសេចក្ដីករុណា។ គ្មានការយោគយល់ មានតែការខំទប់កំហឹងទាំងគ្មានជម្រើស និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែគម្លាតជ្រៅដែលមិនអាចឆ្លងកាត់បាន» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់បានលាតត្រដាងយ៉ាងលម្អិតពីចេតនា និងទស្សនៈខុសឆ្គងដែលនៅពីក្រោយសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់ និងខ្មាសអៀន។ ខ្ញុំតែងតែជឿថា ដោយការបង់តម្លៃកាន់តែច្រើន និងលះបង់ខ្លួនឯងកាន់តែច្រើន នោះខ្ញុំនឹងអាចទទួលបានការការពារ និងព្រះពររបស់ព្រះជាម្ចាស់ ហើយសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះរបស់ខ្ញុំនឹងកាន់តែធំ។ នៅពេលដែលខ្ញុំត្រូវបានគេរកឃើញថាមានជំងឺរលាកថ្លើមប្រភេទបេភ្លាមៗ ខ្ញុំបានចាប់ផ្ដើមមានការត្អូញត្អែរអំពីព្រះជាម្ចាស់នៅក្នុងចិត្ត ដោយគិតថា ខ្ញុំបានរងទុក្ខ និងលះបង់ខ្លួនឯងដើម្បីទ្រង់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយថា ព្រះជាម្ចាស់មិនគួរបានអនុញ្ញាតឲ្យខ្ញុំកើតជំងឺធ្ងន់ធ្ងរបែបនេះឡើយ។ ទោះបីជាចុងក្រោយ ខ្ញុំបានចុះចូលក៏ដោយ ក៏ខ្ញុំនៅតែគិតថា ដរាបណាខ្ញុំតស៊ូក្នុងភារកិច្ច ហើយស៊ូទ្រាំនឹងការរងទុក្ខកាន់តែច្រើន និងបង់តម្លៃកាន់តែច្រើន ប្រហែលជាព្រះជាម្ចាស់នឹងការពារខ្ញុំ ហើយស្ថានភាពរបស់ខ្ញុំនឹងប្រសើរឡើង។ ប៉ុន្តែ នៅពេលដែលស្ថានភាពរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ ហើយខ្ញុំថែមទាំងប្រឈមមុខនឹងលទ្ធភាពកើតជំងឺមហារីក និងសេចក្ដីស្លាប់ផងនោះ ខ្ញុំបានគិតថា បំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំត្រូវបានខ្ទេចខ្ទាំហើយ។ ដូច្នេះ ខ្ញុំបានក្លាយជាអវិជ្ជមាន និងមានការយល់ច្រឡំ ដោយជជែកតវ៉ាជាមួយព្រះជាម្ចាស់នៅក្នុងចិត្ត ដោយជឿថា ទោះបីជាខ្ញុំគ្មានគុណបំណាច់ក៏ដោយ ក៏ខ្ញុំបានរងទុក្ខ និងខិតខំដែរ ហើយថា ព្រះជាម្ចាស់មិនគួរប្រព្រឹត្តដាក់ខ្ញុំបែបនេះឡើយ ខ្ញុំថែមទាំងបានត្អូញត្អែរដាក់ព្រះជាម្ចាស់ដែលមិនបានការពារខ្ញុំទៀតផង។ នៅក្នុងការបើកសម្ដែងនៃការពិត ខ្ញុំបានឃើញថា ការខិតខំប្រឹងប្រែង និងការលះបង់របស់ខ្ញុំ ត្រូវបានជំរុញដោយបំណងដ៏គួរឲ្យស្អប់ខ្ពើមមួយ ត្រង់ថា ខ្ញុំចង់យកការខិតខំធ្វើការ ការលះបង់ និងការចំណាយកម្លាំងកាយចិត្តរបស់ខ្ញុំ ធ្វើជាដើមទុនដើម្បីដោះដូរយកអនាគត និងទិសដៅដ៏ល្អ ដែលជាការធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ គ្រាន់តែខ្ញុំខកខានមិនទទួលបានព្រះពរភ្លាម ខ្ញុំក៏យល់ច្រឡំ និងត្អូញត្អែរដាក់ព្រះជាម្ចាស់ អ្វីដែលខ្ញុំកំពុងបញ្ចេញមក គឺសុទ្ធតែជានិស្ស័យសាតាំងរបស់ខ្ញុំ។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយមិនថាព្រះជាម្ចាស់ចាត់ចែង និងរៀបចំយ៉ាងណាទេ ខ្ញុំគ្មានហេតុផលអ្វីត្រូវទាមទារពីទ្រង់ឡើយ ហើយខ្ញុំគួរតែចុះចូលចំពោះការរៀបចំរបស់ទ្រង់។ ប៉ុន្តែ ខ្ញុំចេះតែចង់ឲ្យព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់ខ្ញុំជានិច្ច ហើយនៅពេលដែលអ្វីៗមិនស្របតាមសញ្ញាណរបស់ខ្ញុំ ខ្ញុំក៏ជជែកតវ៉ាជាមួយទ្រង់។ ខ្ញុំបានរីករាយដោយឥតគិតថ្លៃនឹងការស្រោចស្រព និងការផ្គត់ផ្គង់យ៉ាងច្រើនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់វិញទេ ផ្ទុយទៅវិញ ខ្ញុំថែមទាំងយល់ច្រឡំ និងត្អូញត្អែរដាក់ទ្រង់ទៀតផង។ តើខ្ញុំអាចរាប់ថាជាអ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដបានយ៉ាងដូចម្ដេច?
ក្រោយមក ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ហើយខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីឫសគល់នៃការដោះដូររបស់ខ្ញុំជាមួយព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សពុករលួយទាំងអស់សុទ្ធតែរស់នៅសម្រាប់តែខ្លួនឯង។ 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់' នេះសរុបសេចក្ដីពីធម្មជាតិរបស់មនុស្ស។ មនុស្សទាំងអស់ជឿលើព្រះជាម្ចាស់ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ពួកគេលះបង់អ្វីៗ និងលះបង់ខ្លួនដើម្បីតែទទួលបានព្រះពរ ហើយការរងទុក្ខដែលពួកគេស៊ូទ្រាំ និងការលះបង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ក៏ដើម្បីតែទទួលបានរង្វាន់ដែរ។ សរុបមក អ្វីៗទាំងអស់គឺដើម្បីគោលបំណងនៃការទទួលបានព្រះពរ ទទួលបានរង្វាន់ និងការចូលទៅក្នុងនគរស្ថានសួគ៌។ នៅក្នុងលោកីយ៍ មនុស្សធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេបំពេញភារកិច្ចដើម្បីទទួលបានព្រះពរ។ ដើម្បីតែការទទួលបានព្រះពរ មនុស្សលះបង់អ្វីៗទាំងអស់ ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន។ ទាំងអស់នេះគឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់ថា មនុស្សមានធម្មជាតិបែបសាតាំង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ដោយសារតែទស្សនៈសាតាំងដែលថា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» និង «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ» បានចាក់ឫសនៅក្នុងចិត្តខ្ញុំ និងបានក្លាយជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ខ្ញុំ ទើបអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ហើយសូម្បីតែការលះបង់ និងការចំណាយកម្លាំងកាយចិត្តរបស់ខ្ញុំ ក៏ដើម្បីទទួលបានព្រះពរ និងត្រូវបានការពារពីសេចក្ដីស្លាប់នៅពេលមានគ្រោះមហន្តរាយដែរ។ ក្នុងរយៈពេលនៃការបំពេញភារកិច្ចប៉ុន្មានឆ្នាំនេះ មិនថាខ្ញុំស៊ូទ្រាំនឹងការលំបាកផ្លូវកាយកម្រិតណា ឬត្រូវបង់ថ្លៃអ្វីទេ ដរាបណាខ្ញុំជឿថា វាផ្ដល់ផលប្រយោជន៍ដល់ខ្ញុំទាក់ទងនឹងព្រះពរ និងសេចក្ដីសង្រ្គោះ នោះខ្ញុំនឹងស្ម័គ្រចិត្តស៊ូទ្រាំនឹងការរងទុក្ខគ្រប់បែបយ៉ាង។ ប៉ុន្តែ នៅពេលដែលជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ ហើយបំណងប្រាថ្នាចង់បានព្រះពរត្រូវបានខ្ទេចខ្ទាំ ខ្ញុំបានបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ច ហើយថែមទាំងបានជជែកតវ៉ា និងត្អូញត្អែរដាក់ព្រះជាម្ចាស់នៅក្នុងចិត្តទៀតផង។ នៅក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំបានដាក់ប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយចាត់ទុកភារកិច្ចរបស់ខ្ញុំជាវត្ថុសម្រាប់តថ្លៃ ដើម្បីដោះដូរយករង្វាន់ និងព្រះពរ ដោយថែមទាំងគិតថា នេះគឺជារឿងត្រឹមត្រូវទាំងស្រុងទៀតផង។ ដោយរស់នៅតាមភាពពិសពុលរបស់សាតាំងទាំងនេះ ខ្ញុំបានបាត់បង់មនសិការ និងវិចារណញ្ញាណ ហើយបានត្អូញត្អែរ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ បើខ្ញុំមិនប្រែចិត្តទេ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយជម្រុះចោលមិនខាន។ គំនិតនេះបានធ្វើឲ្យខ្ញុំទាំងភ័យខ្លាច និងសោកស្ដាយ។ មនុស្សដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដូចជាខ្ញុំ ដែលមាននិស្ស័យមិនផ្លាស់ប្ដូរ នៅតែមាន សេចក្ដីសង្ឃឹមដ៏ស្រមើស្រមៃ ចង់បានព្រះពរ។ ពិតជាគ្មានភាពខ្មាសអៀនមែន! និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ។ មិនថាមនុស្សម្នាក់ធ្វើការច្រើនប៉ុនណា ឬរងទុក្ខលំបាកខ្លាំងប៉ុនណា ឬបង់តម្លៃច្រើនកម្រិតណាទេ ប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យទេ នោះវាសុទ្ធតែឥតប្រយោជន៍។ ព្រះជាម្ចាស់នឹងមិនលើកលែង ហើយនាំយើងចូលទៅក្នុងនគររបស់ទ្រង់ ដោយសារតែយើងបានរងទុក្ខលំបាកច្រើននោះឡើយ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលស្មោកគ្រោក មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងនគរព្រះឡើយ អស់អ្នកដែលស្មោកគ្រោក មិនត្រូវបានអនុញ្ញាតឱ្យធ្វើឱ្យសៅហ្មងទឹកដីដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះវានឹងមិនអាចអត់ឱនបានឡើយចំពោះច្បាប់របស់ស្ថានសួគ៌ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីការបង្កើតឡើងនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលអែបអបខ្ញុំបានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយបែបនេះឡើយ។ នេះគឺជាច្បាប់របស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែដេញតាមជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលដេញតាមការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនដេញតាមការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់មិនវាស់វែងមនុស្ស ដោយផ្អែកលើការលះបង់ ឬការរងទុក្ខដែលមើលឃើញនៅខាងក្រៅឡើយ ប៉ុន្តែ ដោយផ្អែកលើផ្លូវដែលពួកគេដើរ ថាតើពួកគេទទួលបានសេចក្ដីពិត ឬអត់ ហើយថាតើនិស្ស័យពុករលួយរបស់ពួកគេបានផ្លាស់ប្ដូរដែរឬទេ។ ទោះបីជាខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ខ្ញុំបានផ្ដោតតែលើការខិតខំ និងការធ្វើការប៉ុណ្ណោះ ហើយមិនបានដេញតាមសេចក្ដីពិតឡើយ និស្ស័យពុករលួយរបស់ខ្ញុំមិនបានផ្លាស់ប្ដូរទេ ហើយខ្ញុំនៅតែព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ។ តើមនុស្សដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដូចជាខ្ញុំ អាចស័ក្ដិសមនឹងទទួលបានសេចក្ដីសង្រ្គោះដោយរបៀបណា? ខ្ញុំបាននឹកគិតដល់ប៉ុល។ គាត់បានផ្សាយដំណឹងល្អ ធ្វើការងារជាច្រើន និងរងទុក្ខយ៉ាងខ្លាំង ប៉ុន្តែ ការរងទុក្ខ និងការខិតខំរបស់គាត់ មិនមែនដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនមែនដើម្បីបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតដែរ គឺដើម្បីទទួលបានព្រះពរ និងមកុដប៉ុណ្ណោះ។ ដូចដែលគាត់បាននិយាយថា «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ អ្វីដែលគាត់ចង់មានន័យ គឺថា បើព្រះជាម្ចាស់មិនប្រទានមកុដ ឬរង្វាន់ដល់គាត់ទេ នោះមានន័យថា ព្រះជាម្ចាស់មិនសុចរិតឡើយ។ នេះគឺជាការទាមទារយកមកុដពីព្រះជាម្ចាស់យ៉ាងកំរោល ដែលជាការប៉ុនប៉ងបង្ខិតបង្ខំព្រះជាម្ចាស់។ ទោះបីជាប៉ុលបានខិតខំ រងទុក្ខ និងលះបង់ខ្លួនឯងក៏ដោយ ក៏គាត់មិនបានស្វែងរកសេចក្ដីពិតដែរ គឺដេញតាមតែព្រះពរប៉ុណ្ណោះ ហើយបានដើរលើផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ ទីបំផុត គាត់ត្រូវបានព្រះជាម្ចាស់ដាក់ទោស។ ប្រសិនបើខ្ញុំបន្តដើរតាមផ្លូវរបស់ប៉ុល នោះខ្ញុំក៏នឹងត្រូវបានព្រះជាម្ចាស់ជម្រុះចោលនៅទីបំផុតដែរ។ ខ្ញុំមិនអាចទាមទារ ឬស្នើសុំពីព្រះជាម្ចាស់ទៀតឡើយ ហើយក៏មិនអាចរស់នៅយ៉ាងអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមសម្រាប់ខ្លួនឯងដែរ។ មិនថាស្ថានភាពជំងឺរបស់ខ្ញុំអាចនឹងវិវឌ្ឍទៅជាយ៉ាងណាទេ ខ្ញុំបានប្រែជាស្ម័គ្រចិត្តចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។
ក្រោយមក ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ ដែលបានផ្ដល់ផ្លូវឲ្យខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ភារកិច្ចរបស់មនុស្ស និងការដែលគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយគេគប្បីបំពេញភារកិច្ចដោយមិនត្រូវការការប៉ះប៉ូវ លក្ខខណ្ឌ ឬលេសដោះសាអ្វីឡើយ។ មានតែបែបនេះទេ ទើបអាចហៅថាជាការបំពេញភារកិច្ចរបស់ខ្លួនបាន។ ការទទួលបានព្រះពរ គឺសំដៅលើព្រះពរដែលមនុស្សម្នាក់ទទួលបាន នៅពេលដែលពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះរួច។ ការជួបនឹងទុក្ខវេទនា សំដៅលើការដាក់ទោសដែលមនុស្សម្នាក់បានទទួល នៅពេលដែលនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរួច នោះគឺនៅពេលដែលពួកគេមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ មិនថាពួកគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះទេ ភាវៈដែលព្រះបានបង្កើត គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ពោលគឺមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែទទួលបានព្រះពរនោះទេ ហើយអ្នកមិនគួរបដិសេធបំពេញភារកិច្ចដោយការភ័យខ្លាចថាជួបនឹងទុក្ខវេទនានោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចរបស់ខ្លួន ជាអ្វីដែលមនុស្សគួរធ្វើ ហើយប្រសិនបើគេមិនបំពេញភារកិច្ចរបស់គេទេ នោះគឺការបះបោររបស់ពួកគេ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការបំពេញភារកិច្ច គឺមិនពាក់ព័ន្ធនឹងការទទួលបានព្រះពរ ឬការជួបគ្រោះអាក្រក់ឡើយ។ ព្រះជាម្ចាស់បានប្រទានជីវិត និងអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន ហើយវាគ្រាន់តែជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិក្នុងការលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ ក្នុងនាមជាអ្នកជឿ។ នេះគឺជាការទទួលខុសត្រូវ និងជាភារកិច្ចដែលមនុស្សគួរតែបំពេញ ហើយវាគឺជាអ្វីដែលមនុស្សម្នាក់ដែលមានមនសិការ និងវិចារណញ្ញាណបន្តិចបន្តួចគួរតែធ្វើ។ ខ្ញុំមិនគួរយកការលះបង់របស់ខ្ញុំ ធ្វើជាវត្ថុសម្រាប់តថ្លៃ ដើម្បីទាមទារព្រះពរពីព្រះជាម្ចាស់ឡើយ ហើយក៏មិនគួរត្អូញត្អែរដាក់ព្រះជាម្ចាស់ ចំពោះជំងឺធ្ងន់ធ្ងររបស់ខ្ញុំដែរ។ ដូចជាយ៉ូបដែរ មិនថាព្រះជាម្ចាស់បានប្រទានអ្វីដល់គាត់ ឬដកហូតអ្វីពីគាត់ទេ សូម្បីតែពេលដែលគាត់បាត់បង់អ្វីៗគ្រប់យ៉ាង ហើយរងទុក្ខដោយដំបៅពេញខ្លួនក៏ដោយ ក៏គាត់មិនបានត្អូញត្អែរដាក់ព្រះជាម្ចាស់ ឬសុំឲ្យទ្រង់បន្ធូរបន្ថយការរងទុក្ខរបស់គាត់ដែរ ផ្ទុយទៅវិញ គាត់បានសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់ចំពោះទ្រង់។ ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍របស់យ៉ូប ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្ត។ មិនថាជំងឺរបស់ខ្ញុំនឹងអូសបន្លាយយូរប៉ុនណា ឬធ្ងន់ធ្ងរកម្រិតណាទេ សូម្បីតែជីវិតរបស់ខ្ញុំនឹងជួបគ្រោះថ្នាក់ក៏ដោយ ខ្ញុំគួរតែចុះចូលចំពោះព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំចំពោះទ្រង់។ នេះគឺជាមនសិការ និងវិចារណញ្ញាណដែលខ្ញុំគួរតែមាន។ ក្រោយមក នៅពេលណាដែលខ្ញុំមានគំនិតចង់បានព្រះពរ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីបះបោរប្រឆាំងនឹងបំណងប្រាថ្នាទាំងនោះ ហើយខ្ញុំបានផ្ដោតលើការដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអនុវត្តសេចក្ដីពិតជារៀងរាល់ថ្ងៃ ហើយដោយការធ្វើបែបនេះ ចិត្តរបស់ខ្ញុំបានធូរស្រាលយ៉ាងខ្លាំង។
ក្រោយមក តាមរយៈការប្រើថ្នាំ ស្ថានភាពរបស់ខ្ញុំបានប្រសើរឡើងបន្តិចម្ដងៗ ហើយខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍អស់កម្លាំង និងទន់ខ្សោយម្ដងទៀត ដូច្នេះ ខ្ញុំក៏ទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ គ្រូពេទ្យបាននិយាយថា កម្រិតនៃមេរោគរលាកថ្លើមប្រភេទបេនៅក្នុងខ្លួនខ្ញុំ បានកើនឡើងដល់ជាង ១០០លាន ហើយថា សូចនាករមុខងារថ្លើមមួយចំនួនទៀតក៏ខ្ពស់ដែរ។ គាត់បាននិយាយថា បើវានៅតែបន្តវិវឌ្ឍទៀត វាអាចនឹងមានបញ្ហា។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ភ័យ និងបារម្ភបន្តិច ដោយគិតថា «ជំងឺនេះបានរើឡើងវិញជាច្រើនដងហើយ តើវាពិតជាអាចវិវឌ្ឍទៅជាមហារីកមែនទេ? តើជំងឺរបស់ខ្ញុំនឹងអាចព្យាបាលជាដែរឬទេ?» គំនិតទាំងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តបន្តិច។ បន្ទាប់មក ខ្ញុំបានដឹងថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការជ្រើសរើស ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឱ្យបាននូវការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកគឺមនុស្សម្នាក់ដែលជាភាវៈដែលព្រះបានបង្កើត អ្នកគប្បីចុះចូលនឹងព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកមិនអាចគ្រប់គ្រងខ្លួនឯង និងគ្មានសមត្ថភាពពីកំណើតដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ... ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សគួរតែស្វែងរកការស្គាល់ព្រះអាទិករ និងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ ដោយមិនធ្វើការជ្រើសរើសផ្សេងទៀតទាល់តែសោះ ដ្បិតព្រះជាម្ចាស់ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់របស់មនុស្ស។ អស់អ្នកដែលដេញតាមក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ មិនគួរដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្តីសង្ឃឹមផ្ទាល់ខ្លួនណាមួយឡើយ នេះគឺជាផ្លូវដ៏ត្រឹមត្រូវបំផុតក្នុងការដេញតាម» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបានដឹងថា ជីវិត និងសេចក្ដីស្លាប់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចទាមទារពីព្រះជាម្ចាស់ យ៉ាងមិនសមហេតុផល ទៀតឡើយ ហើយមិនថាជំងឺរបស់ខ្ញុំនឹងកាន់តែធ្ងន់ធ្ងរ ឬយ៉ាងណាទេ សូម្បីតែត្រូវស្លាប់ ឬគ្មានលទ្ធផលចុងក្រោយ ឬទិសដៅក៏ដោយ ខ្ញុំនៅតែចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ពេលគិតបែបនេះ ខ្ញុំលែងត្រូវបានកម្រិតដោយស្ថានភាពជំងឺរបស់ខ្ញុំទៀតហើយ គឺបន្តបំពេញភារកិច្ចរបស់ខ្ញុំជាធម្មតា ហើយខ្ញុំមានអារម្មណ៍ថាមានសេរីភាពយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំបានបន្តប្រើថ្នាំបុរាណចិន ហើយខ្ញុំមានអារម្មណ៍ថា ស្ថានភាពជំងឺបានប្រសើរឡើងបន្តិចម្ដងៗ។ ក្រោយការពិនិត្យចុងក្រោយ សូចនាករមុខងារថ្លើមមួយចំនួន បានត្រឡប់មកធម្មតាវិញស្ទើរតែទាំងអស់ហើយ។
តាមរយៈបទពិសោធន៍នៃការត្រូវបានបើកសម្ដែងដោយជំងឺនេះ ទោះបីជាខ្ញុំបានរងទុក្ខខ្លះៗក៏ដោយ ក៏ខ្ញុំអរព្រះគុណព្រះជាម្ចាស់ជាខ្លាំង។ បើគ្មានបរិយាកាសនេះទេ ខ្ញុំនឹងមិនស្គាល់ខ្លួនឯងឡើយ ហើយនឹងបន្តគិតថា ខ្ញុំកំពុងលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់មិនខាន។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់អំពីទស្សនៈខុសឆ្គងរបស់ខ្ញុំក្នុងការស្វែងរកព្រះពរតាមរយៈការជឿលើព្រះជាម្ចាស់ ហើយខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យសាតាំងដែលអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគិតតែពីផលប្រយោជន៍របស់ខ្ញុំ។ ទាំងនេះគឺជាអ្វីដែលខ្ញុំទទួលបាន ដោយការប្រឈមមុខនឹងជំងឺនេះ។