១៥. ជម្រើសរបស់អ្នកគ្រប់គ្រងផ្នែកលក់ម្នាក់
ខ្ញុំកើតនៅទីប្រជុំជនតូចមួយ ភាគខាងត្បូងប្រទេសចិន។ ឪពុកខ្ញុំជាវេជ្ជបណ្ឌិតដ៏ល្បីឈ្មោះម្នាក់នៅក្នុងតំបន់នោះ ហើយគ្រួសារយើងមានជីវភាពធូរធារគួរសម។ តាំងពីតូចមក ខ្ញុំមានស្តង់ដារជីវភាពរស់នៅល្អជាងមិត្តភក្ដិស្រករគ្នា ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យជាងគេ។ តាំងពីខ្ញុំដឹងក្តីមក ឪពុកខ្ញុំតែងតែបង្រៀនខ្ញុំថា៖ «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់ឪពុកខ្ញុំ អំពីដំណើររបស់គាត់ពីជនបទ រហូតដល់មកតាំងទីលំនៅក្នុងទីប្រជុំជន ឃើញថា តែងតែមានមនុស្សមកលេងផ្ទះយើង ដើម្បីយកចិត្តឪពុកខ្ញុំ ហើយឃើញគេកោតសរសើរ និងស្វាគមន៍ឪពុកខ្ញុំយ៉ាងកក់ក្តៅ ទោះគាត់ទៅដល់ទីណាក៏ដោយ។ ក្នុងវ័យក្មេងដែលមិនទាន់ដឹងក្តី ខ្ញុំក៏ចាប់ផ្តើមយល់បន្តិចម្តងៗពីតម្លៃនៃការក្លាយជាមនុស្សអស្ចារ្យជាងគេ ហើយខ្ញុំតាំងចិត្តថា នឹងក្លាយជាមនុស្សមានឋានៈ ដែលអ្នកដទៃកោតសរសើរ និងគោរព។ ប៉ុន្តែពេលខ្ញុំអាយុ ១២ ឆ្នាំ ឪពុកខ្ញុំត្រូវបានគេចាប់ដាក់គុក ដោយសារការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការធ្វើជំនួញខុសច្បាប់។ ហើយផ្ទះដែលធ្លាប់តែអ៊ូអររបស់យើង ក៏ស្រាប់តែប្រែជាស្ងាត់ជ្រងំ។ ម៉ាក់ខ្ញុំ បងស្រីខ្ញុំ និងរូបខ្ញុំ ត្រូវរស់នៅពឹងផ្អែកលើគ្នាទៅវិញទៅមក។ មនុស្សដែលធ្លាប់តែរាក់ទាក់ដាក់យើង មិនដឹងបាត់ទៅណាអស់ទេ។ ជាពិសេស ពេលឃើញភាពលំបាកដែលម្តាយខ្ញុំត្រូវស៊ូទ្រាំក្នុងការដើរខ្ចីលុយគេ ខ្ញុំមានអារម្មណ៍កណ្តោចកណ្តែងចិត្តជាខ្លាំង ហើយខ្ញុំបានតាំងចិត្តថា ត្រូវតែឧស្សាហ៍ព្យាយាមរៀនសូត្រ ដើម្បីឱ្យមានភាពលេចធ្លោ។ ដើម្បីអាចរស់នៅក្នុងជីវិតមួយ ដែលគេច្រណែន និងកោតសរសើរ ក្នុងនាមជាមនុស្សខ្ពង់ខ្ពស់ជាងអ្នកដទៃ និងដើម្បីទទួលបានសេចក្តីថ្លៃថ្នូររបស់យើងមកវិញ។ ការខិតខំប្រឹងប្រែងរបស់ខ្ញុំទទួលបានផល ហើយទីបំផុតខ្ញុំក៏បានចូលរៀននៅសាកលវិទ្យាល័យ។ ប៉ុន្តែខ្ញុំនៅតែមិនហ៊ានបន្ធូរដៃឡើយ។ ពាក្យសម្តីរបស់ឪពុកខ្ញុំដែលថា៖ «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត» នៅតែបន្តជំរុញទឹកចិត្តខ្ញុំ។ ខ្ញុំជឿថា បើខ្ញុំនៅតែបន្តខំប្រឹង ថ្ងៃណាមួយ ខ្ញុំនឹងទទួលបានជោគជ័យ ព្រមទាំងទទួលបានទាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។
ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងឆ្នាំ ២០០៦ ខ្ញុំបានមកទីក្រុងសៀងហៃតែម្នាក់ឯង ហើយបានចាប់ផ្តើមធ្វើការងារផ្នែកលក់នៅក្រុមហ៊ុនមួយ។ ដើម្បីទទួលបានការបញ្ជាទិញកាន់តែច្រើន ខ្ញុំបានធ្វើដំណើរទៅទីក្រុងផ្សេងៗជាប្រចាំ ដើម្បីចុះជួបអតិថិជន។ ដោយសារតែពុលឡាន ការធ្វើដំណើរទៅទីក្រុងផ្សេងៗធ្វើឱ្យខ្ញុំអស់កម្លាំងយ៉ាងខ្លាំង ហើយក្រោយពេលចុះពីឡានក្រុង ខ្ញុំនៅតែត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីទៅជួបអតិថិជន។ ក្រៅពីការនឿយហត់ខាងរាងកាយ ការជប់លៀងទទួលភ្ញៀវញឹកញាប់ និងការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជន ធ្វើឱ្យខ្ញុំកាន់តែហត់នឿយថែមទៀត។ ដើម្បីទទួលបានការបញ្ជាទិញពីអតិថិជន ខ្ញុំបានទិញសៀវភៅ ទ្រឹស្ដីខ្មៅក្រាស់ និង មាគ៌ារបស់សត្វចចក។ តាមរយៈសៀវភៅទាំងនេះ ខ្ញុំបានរៀនពីច្បាប់លាក់កំបាំងជាច្រើនក្នុងវិស័យនេះ និងមាគ៌ានៃទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍។ ក្រោយមក នៅកន្លែងធ្វើការ ក្នុងចិត្តខ្ញុំផ្ទាល់ ខ្ញុំបានប្រកួតប្រជែងជាមួយមិត្តរួមការងារ ទាំងចំហ និងលួចលាក់ ដើម្បីសម្រេចលទ្ធផលការងារឱ្យលើសពួកគេ។ ចំពោះអតិថិជនវិញ ខ្ញុំមិនត្រឹមតែបញ្ចោរពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ខ្ញុំថែមទាំងបានផ្តល់លុយទឹកតែឱ្យពួកគេ និងធ្វើកិច្ចព្រមព្រៀងក្រោមតុទៀតផង។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថាមិនស្រួលចំពោះរឿងទាំងនេះទេ ប្រសិនបើរឿងទាំងនេះត្រូវបានលាតត្រដាង វាមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យខ្ញុំជាប់គុកទៀតផង។ ដូច្នេះហើយ ខ្ញុំរស់នៅទាំងភិតភ័យ និងតានតឹងចិត្តរាល់ថ្ងៃ។ ពេលមានសម្ពាធខ្លាំងពេក ខ្ញុំឧស្សាហ៍ភ្ញាក់កណ្តាលអធ្រាត្រដោយសារយល់សប្តិអាក្រក់។ ខ្ញុំរស់នៅក្នុងភាពភ័យខ្លាច និងមិនស្ងប់ចិត្តរាល់ថ្ងៃ។ ជួនកាល នៅពេលយប់ជ្រៅ ពេលដែលអ្វីៗស្ងាត់ជ្រងំ ខ្ញុំតែងតែគិតថា៖ «សម្ពាធក្នុងផ្នែកលក់នេះធ្ងន់ធ្ងរពេកហើយ ប្រហែលជាខ្ញុំគួរតែប្តូរអាជីពហើយមើលទៅ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏គិតក្នុងចិត្តថា៖ «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ហើយខ្ញុំក៏លើកទឹកចិត្តខ្លួនឯងថា៖ «បើខ្ញុំចង់ជោគជ័យ ខ្ញុំត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ទាំងនេះ បើមិនដូច្នេះទេ តើពេលណាទើបខ្ញុំអាចទទួលបានជោគជ័យ និងកេរ្តិ៍ឈ្មោះ នៅក្នុងទីក្រុងដ៏ធំដែលពោរពេញដោយមនុស្សមានទេពកោសល្យនេះទៅ?» ដូច្នេះ ខ្ញុំក៏ស៊ូទ្រាំបន្តទៀត។ ពីរឆ្នាំក្រោយមក ខ្ញុំបានប្តូរពីបុគ្គលិកថ្មី ទៅជាជើងឯកផ្នែកលក់ប្រចាំក្រុម។ ខ្ញុំមិនត្រឹមតែទទួលបានការឱ្យតម្លៃពីអ្នកដឹកនាំ និងការច្រណែនពីមិត្តរួមការងារប៉ុណ្ណោះទេ តែប្រាក់ខែខ្ញុំក៏កាន់តែច្រើនឡើងៗដែរ ហើយទីបំផុត ខ្ញុំបានរស់នៅក្នុងជីវិតជាបុគ្គលិកការិយាល័យ ដូចដែលខ្ញុំបានប្រាថ្នា។ ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំទាំងសប្បាយចិត្តថា៖ «កូនសម្លាញ់ ថ្ងៃលំបាករបស់យើង ទីបំផុតបានកន្លងផុតហើយ។ ឥឡូវកូនបានបង្ហាញសមត្ថភាពហើយ យើងលែងខ្លាចគេសម្លុតធ្វើបាបទៀតហើយ។ ម៉ាក់មានអារម្មណ៍ថា ម៉ាក់អាចងើបមុខរួចហើយ។ កូនត្រូវតែបន្តខំប្រឹងទៀតណា!» ខ្ញុំបានលួចប្រាប់ខ្លួនឯងថា៖ «ខ្ញុំមិនត្រឹមតែត្រូវទិញផ្ទះ និងឡាននៅសៀងហៃប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ត្រូវតែក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះថែមទៀតផង ដើម្បីឱ្យខ្ញុំអាចរស់នៅក្នុងជីវិតមួយដែលទទួលបានការគោរពបានយូរអង្វែង»
នៅឆ្នាំ ២០០៨ ក្រោយរៀបការបានមិនយូរប៉ុន្មាន ឪពុកម្តាយក្មេកខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយដល់ខ្ញុំ។ ក្រោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះកិច្ចការបីដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ ជាពិសេស ពេលខ្ញុំឃើញថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ គឺជាសេចក្ដីពិត ហើយព្រះបន្ទូលទាំងនោះបានបើកសម្ដែងពីអាថ៌កំបាំងជាច្រើន ដែលមនុស្សជាតិមិនធ្លាប់បានដឹង ខ្ញុំត្រូវបានទាក់ទាញយ៉ាងខ្លាំងដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំ និងស្វាមីក៏បានទទួលជឿដំណឹងល្អ។ ក្រោយពីបានជួបព្រះជាម្ចាស់ យើងបានជួបជុំគ្នា អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងច្រៀងទំនុកសរសើរតម្កើងព្រះជាម្ចាស់។ បងប្អូនប្រុសស្រីក៏បានចែករំលែកការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេជាមួយពួកយើងដែរ។ ខ្ញុំឃើញថា ពួកគេម្នាក់ៗសុទ្ធតែបរិសុទ្ធ និងសាមញ្ញ ដែលខុសគ្នាស្រឡះពីមនុស្សដែលខ្ញុំទាក់ទងជាមួយនៅកន្លែងធ្វើការ។ ក្នុងចំណោមពួកគេ គ្មានការបញ្ជោរយកចិត្ត ឬការចាក់គ្នាពីក្រោយខ្នងឡើយ ហើយពួកគេនិយាយតែអ្វីដែលចេញពីចិត្តពិតប្រាកដប៉ុណ្ណោះ។ ខ្ញុំសប្បាយចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ និងក្នុងការជួបជុំ ព្រមទាំងការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។
នៅក្នុងខែមិថុនា ឆ្នាំ ២០០៨ ខ្ញុំ និងស្វាមីបានខ្ចីលុយធនាគារដើម្បីទិញផ្ទះមួយ ហើយមិត្តរួមការងារ មិត្តរួមថ្នាក់ និងសមាជិកគ្រួសារ សុទ្ធតែសម្លឹងមកពួកយើងដោយក្តីច្រណែន។ ជាពិសេស ពេលអ្នកជិតខាងដឹងថា យើងជាអ្នកចំណូលស្រុក ដែលអាចទិញផ្ទះបានក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ពួកគេកាន់តែកោតសរសើរ និងស្ញប់ស្ញែងពួកយើងថែមទៀត។ ខ្ញុំមានអារម្មណ៍ពេញចិត្តក្នុងចិត្តណាស់ ដោយគិតថា ខ្ញុំកាន់តែខិតជិតដល់ជីវិតដ៏ខ្ពង់ខ្ពស់ ដែលខ្ញុំតែងតែស្រមៃចង់បានហើយ។ ក្រោយមក ខ្ញុំត្រូវបានដំឡើងតំណែង តំណែងនៅលើនាមបណ្ណរបស់ខ្ញុំ បានប្តូរទៅជាអ្នកគ្រប់គ្រងផ្នែកលក់។ ហើយការិយាល័យរបស់ខ្ញុំបានប្តូរពីជ្រុងតូចមួយ ទៅកន្លែងដាច់ដោយឡែកមួយយ៉ាងធំទូលាយ។ មិត្តរួមការងារតែងតែងក់ក្បាល និងស្វាគមន៍ខ្ញុំដោយក្តីគោរព ហើយអតិថិជនក៏ហៅខ្ញុំថា អ្នកគ្រប់គ្រង យេ ដែរ។ ខ្ញុំដើរពើងទ្រូង ស្រាប់តែខ្ញុំមានអារម្មណ៍ថា ខ្ញុំខុសប្លែកពីអ្នកដទៃទាំងអស់ ហើយខ្ញុំពិតជាពេញចិត្តនឹងអារម្មណ៍ដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យនេះណាស់។ កាលនោះ លើកលែងតែពេលចូលរួមការជួបជុំ ខ្ញុំចំណាយពេលសឹងតែទាំងអស់ទៅលើការងារ។ ខ្ញុំតែងតែគិតពីការរកលុយឱ្យបានលឿន ដើម្បីសងបំណុលគេ ទើបខ្ញុំអាចទិញផ្ទះធំជាងនេះ ហើយយកម្តាយរបស់ខ្ញុំមកនៅជាមួយយើង ធ្វើបែបនេះ គាត់នឹងអាចរីករាយនឹងជីវិតដ៏ខ្ពង់ខ្ពស់នេះជាមួយយើង។ ស្របពេលដែលក្រុមហ៊ុនកាន់តែរីកធំ បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ ក៏កាន់តែតឹងរ៉ឹង និងស្មុគស្មាញ ហើយក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់ ខ្ញុំត្រូវចូលរួម និងអនុវត្តសកម្មភាពវាយតម្លៃផ្សេងៗរបស់ក្រុមហ៊ុន។ ក្នុងស្ថានភាពនេះ ខ្ញុំបានធ្លាក់ចូលក្នុងភាពទាល់ច្រកក្នុងការសម្រេចចិត្ត៖ បើខ្ញុំធ្វើការនៅក្រុមហ៊ុនបានល្អ វានឹងរារាំងដល់ជីវិតពួកជំនុំរបស់ខ្ញុំ តែបើខ្ញុំចូលរួមជីវិតពួកជំនុំ ការងាររបស់ខ្ញុំនឹងរងផលប៉ះពាល់ ហើយបើខ្ញុំធ្វើការមិនបានល្អ ជីវិតដ៏ខ្ពង់ខ្ពស់ដែលខ្ញុំមានពេលនេះ ច្បាស់ជារលាយបាត់មិនខាន។ ដំបូងឡើយ ខ្ញុំនៅតែអាចបន្តទៅជួបជុំគ្នាបាន តែថ្ងៃមួយ ខ្ញុំបានឮពីមិត្តរួមការងាររបស់ខ្ញុំថា កូនចៅរបស់ខ្ញុំលួចខ្សឹបខ្សៀវគ្នាពីរឿងដែលខ្ញុំចេញពីធ្វើការទៀងម៉ោងរាល់ថ្ងៃ ដោយគ្មានឫកពាជាអ្នកដឹកនាំសោះ។ ពួកគេថែមទាំងនិយាយថា ខ្ញុំច្បាស់ជាប្រើល្បិចអ្វីមួយ ដើម្បីផ្គាប់ចិត្តថ្នាក់លើ ទើបបានតំណែងនេះ។ ពេលឮពាក្យទាំងនេះ ខ្ញុំមានអារម្មណ៍ថាតានតឹង និងមិនស្ងប់ចិត្តសោះ ដោយគិតថា៖ «ការប្រកួតប្រជែងទីផ្សារឥឡូវនេះស្វិតស្វាញណាស់។ បើខ្ញុំមិនខំប្រឹងធ្វើការដើម្បីរក្សាតំណែងនេះទេ ថ្ងៃណាមួយ អាចនឹងមានគេមកជំនួសកន្លែងខ្ញុំ ហើយការងារ និងជីវិតដ៏មានកិត្តិយស គួរឱ្យគោរព និងគួរឱ្យច្រណែន ដែលខ្ញុំខំប្រឹងតស៊ូទម្រាំបានមកនេះ នឹងត្រូវបាត់បង់ទៅវិញទាំងអស់។ ធ្វើបែបនេះមិនកើតទេ។ ខ្ញុំត្រូវតែសម្រេចកិច្ចការឱ្យចេញជារូបរាងទើបបាន»។ បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្តើមកាត់បន្ថយការចំណាយពេលខាងវិញ្ញាណនាពេលព្រឹករបស់ខ្ញុំ ហើយជួនកាល ខ្ញុំថែមទាំងគ្មានពេលសម្រាប់ការចំណាយពេលខាងវិញ្ញាណទៀតផង រួចក៏ប្រញាប់ទៅធ្វើការតែម្តង។ ក្រោយម៉ោងធ្វើការ បើគ្មានការជួបជុំទេ ខ្ញុំព្យាយាមនៅក្រុមហ៊ុនដើម្បីធ្វើការថែមម៉ោង។ ក្រៅពីនេះ ខ្ញុំព្យាយាមចូលរួមគ្រប់កម្មវិធីញ៉ាំអាហារជាមួយថ្នាក់លើ និងអតិថិជន ហើយខ្ញុំត្រូវបង្ខំចិត្តញញឹមពេលនៅជាមួយពួកគេ។ តាមពិតទៅ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំមានអារម្មណ៍ថាខ្ពើមរអើមខ្លួនឯង ដែលដើរបញ្ជោរគេបែបនេះ តែពេលខ្ញុំគិតថា នេះជាវិធីតែមួយគត់ដើម្បីរក្សាតំណែងរបស់ខ្ញុំ ខ្ញុំក៏បានត្រឹមតែបន្តធ្វើវា។
ក្នុងអំឡុងពេលនោះ ខ្ញុំស្ទើរតែតែងតែទៅដល់កន្លែងជួបជុំទាន់ពេលប្រកៀកប្រកិតទៅហើយ ហើយពេលខ្លះ ខ្ញុំថែមទាំងមិនអាចចូលរួមការជួបជុំបាន ដោយសារត្រូវចុះបេសកកម្មច្រើនថ្ងៃជាប់ៗគ្នាទៀតផង។ រាល់ពេលដែលបងប្អូនប្រុសស្រីសួរនាំពីសភាពរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខុសឆ្គងណាស់ តែខ្ញុំមិនអាចធ្វើអ្វីបានឡើយ។ ទម្លាប់រស់នៅមិនទៀងទាត់រយៈពេលយូរ និងសម្ពាធផ្លូវចិត្ត បានធ្វើឱ្យសុខភាពរបស់ខ្ញុំទ្រុឌទ្រោមយ៉ាងខ្លាំង។ ដំបូងឡើយ គ្រាន់តែជ្រុះសក់ទេ តែក្រោយមក ខ្ញុំចេះតែឡើងគីឡូរហូត ហើយនៅត្រង់កំភួនជើងរបស់ខ្ញុំ ចាប់ផ្តើមចេញស្នាមអុចៗពណ៌ស្វាយពេញហ្នឹង។ ក្រោយពីបានទៅពិនិត្យនៅមន្ទីរពេទ្យ ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺលើសជាតិខ្លាញ់ និងជំងឺរលាកសរសៃឈាមអាឡែស៊ី។ គ្រូពេទ្យបាននិយាយថា ជំងឺរបស់ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងអាជីពរបស់ខ្ញុំ ហើយសម្ពាធការងារដ៏ធ្ងន់ធ្ងរ រួមទាំងទម្លាប់រស់នៅមិនទៀងទាត់ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់ខ្ញុំ ហើយជាពិសេស ការជប់លៀងក្នុងកិច្ចការជំនួញជាញឹកញាប់ រួមផ្សំនឹងរបបអាហារដែលគ្មានសុខភាព បានបណ្តាលឱ្យមុខងាររំលាយអាហារដំណើរការខុសប្រក្រតី។ ពួកគាត់បានប្រាប់ថា បើខ្ញុំនៅតែបន្តរស់នៅបែបនេះ ហើយស្ថិតក្នុងស្ថានភាពផ្លូវចិត្តបែបនេះទៀត វានឹងធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតខ្ញុំទៀតផង។ ខ្ញុំបារម្ភពីសុខភាពរបស់ខ្ញុំណាស់ តែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ ដោយគិតថា៖ «នៅក្នុងសង្គមសព្វថ្ងៃ បើចង់មានមុខមានមាត់ជាងអ្នកដទៃ គេត្រូវតែហ៊ានលះបង់ ពោលគឺមានការទទួលបាន ក៏មានការបាត់បង់ដែរ បើថ្ងៃណាមួយ ខ្ញុំគ្មានសម្ពាធ ហើយមិនចាំបាច់ទៅចូលរួមកម្មវិធីក្រុមហ៊ុនទេ នោះខ្ញុំច្បាស់ជាលែងជាមនុស្សមានឋានៈខ្ពង់ខ្ពស់ទៀតហើយ។ ខ្ញុំនៅក្មេង រាងកាយខ្ញុំនៅអាចទ្រាំទ្របាន ដូច្នេះខ្ញុំនឹងឆ្លងកាត់ដំណាក់កាលនេះឱ្យផុតសិន»។
ថ្ងៃមួយ នៅខែមេសា ឆ្នាំ២០០៩ អ្នកដឹកនាំពួកជំនុំម្នាក់បានសួរខ្ញុំថា៖ «តើបងស្រីស្ម័គ្រចិត្តបំពេញភារកិច្ចស្រោចស្រពអ្នកមកថ្មីឬទេ?» ខ្ញុំបានគិតថា ការបំពេញភារកិច្ចរបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើត ហើយតាមរយៈភារកិច្ច យើងអាចយល់ពីសេចក្ដីពិតកាន់តែច្រើន ដូច្នេះ ខ្ញុំក៏យល់ព្រមដោយក្តីរីករាយ។ តែពេលខ្ញុំដឹងថា នឹងមានការជួបជុំស្ទើរតែរាល់យប់ ខ្ញុំក៏មានភាពស្ទាក់ស្ទើរ «ក្រុមហ៊ុនតែងតែធ្វើការវាយតម្លៃជាប្រចាំ លើចំនួននៃការចុះជួបអតិថិជន ហើយខ្ញុំក៏ត្រូវទទួលខុសត្រូវក្នុងការដឹកនាំកិច្ចការលក់របស់នាយកដ្ឋានផងដែរ។ បើខ្ញុំត្រូវជួបជុំរាល់ថ្ងៃ តើខ្ញុំអាចធ្វើការបានយ៉ាងម៉េចទៅ? បើខ្ញុំគ្រប់គ្រងក្រុមមិនបានល្អ ហើយមិនអាចសម្រេចទិសដៅលក់ដែលកំណត់ទេនោះ នោះខ្ញុំច្បាស់ជាមិនអាចបន្តធ្វើជាអ្នកគ្រប់គ្រងផ្នែកលក់ទៀតទេ។ ចុះបើអ៊ីចឹង តំណែងជាអ្នកគ្រប់គ្រង និងជីវិតដ៏មានស្ថិរភាពព្រមទាំងសុខស្រួល ដែលខ្ញុំខំប្រឹងតស៊ូទម្រាំតែទទួលបានមកនេះ មិនត្រូវរលាយបាត់បង់អស់ទេឬ? តើវានឹងមិនកាន់តែពិបាកក្នុងការឈានទៅមុខនៅថ្ងៃអនាគតទេឬ?» គិតដល់ចំណុចនេះ ខ្ញុំក៏ប្រាប់ទៅបងស្រីថា៖ «ខ្ញុំសុំពេលគិតពីរឿងនេះបន្តិចសិន»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់មក ខ្ញុំចេះតែសញ្ជឹងគិតពីរឿងនេះមិនដាច់សោះ។ នៅពេលយប់ ខ្ញុំគេងមិនសូវលក់សោះ ហើយក្នុងចិត្តមានអារម្មណ៍វិលវល់ និងខ្វល់ខ្វាយយ៉ាងខ្លាំង។
ក្នុងអំឡុងពេលជួបជុំគ្នា ខ្ញុំបានចែករំលែកពីទុក្ខកង្វល់ក្នុងចិត្តរបស់ខ្ញុំ ប្រាប់ដល់បងប្អូនប្រុសស្រី ហើយពួកយើងក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ “វិទ្យាស្ថានឧត្ដមសិក្សា” ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?» («ការនៅតែមិនផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជាការធ្វើជាសត្រូវនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អស់រយៈពេលរាប់សិប រាប់ពាន់ រាប់ម៉ឺនឆ្នាំមកទល់ពេលនេះ មនុស្សបានខ្ជះខ្ជាយពេលវេលារបស់ពួកគេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតជីវិតមនុស្សដ៏ត្រចះត្រចង់បំផុតនោះឡើយ គឺមានបំណងតែលើការកាប់សម្លាប់គ្នាទៅវិញទៅមក ការប្រណាំងប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ និងការប្រើល្បិចកលដាក់គ្នាទៅវិញទៅមក នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះប៉ុណ្ណោះ។ តើមាននរណាធ្លាប់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរទេ? តើមាននរណាធ្លាប់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរទេ? គ្រប់ផ្នែកទាំងអស់របស់មនុស្សដែលត្រូវបានកាន់កាប់ដោយឥទ្ធិពលនៃសេចក្ដីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សជាយូរមកហើយ ដូច្នេះ វាពិតជាលំបាកណាស់ក្នុងការអនុវត្តនូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សកាន់តែគ្មានចិត្តក្នុងការយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេនៅថ្ងៃនេះទៅទៀត» («កិច្ចការ និងការចូល (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏ចាប់ផ្តើមសញ្ជឹងគិតយ៉ាងជ្រាលជ្រៅ។ ក្រឡេកមើលទៅអតីតកាល តាំងពីតូចមក ខ្ញុំត្រូវបានរងឥទ្ធិពលដោយផ្នត់គំនិតដែលថា៖ «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» និង «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ខ្ញុំបានតាំងចិត្តថា ពេលធំឡើង ខ្ញុំត្រូវតែប្រឹងឱ្យមានមុខមានមាត់ បង្កើតកេរ្តិ៍ឈ្មោះ និងរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ កាលនៅរៀន ខ្ញុំបានខំរៀនរហូតដល់យប់ជ្រៅ ហើយបន្ទាប់ពីបានប្រឡូកក្នុងសង្គមការងារមក ខ្ញុំបានសុខចិត្តបន្ទន់គោលការណ៍របស់ខ្លួន ដើម្បីគ្រាន់តែអាចឈរជើងបាន ដោយហ៊ានធ្វើកិច្ចព្រមព្រៀងក្រោមតុជាមួយអតិថិជន ដើម្បីទទួលបានការបញ្ជាទិញ។ ខ្ញុំតែងតែបារម្ភជាប្រចាំ ខ្លាចក្រែងទង្វើរបស់ខ្លួនត្រូវបានលាតត្រដាង ហើយត្រូវបាត់បង់កិត្តិយស។ ហើយសម្ពាធដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ និងផ្លូវចិត្តរបស់ខ្ញុំ។ ពេលខ្ញុំទទួលបានប្រាក់ខែខ្ពស់ និងតំណែងដែលខ្ញុំតែងតែស្រមៃចង់បាន ហើយទទួលបានការកោតសរសើរ និងក្តីច្រណែនពីអ្នកជុំវិញខ្លួន ដើម្បីពង្រឹងតំណែងរបស់ខ្ញុំ ខ្ញុំនៅតែបន្តប្រើល្បិច និងប្រកួតប្រជែងជាមួយមិត្តរួមការងារ បញ្ជោរអតិថិជន និងថ្នាក់លើ ហើយដកឃ្លាមិនរួចពីកម្មវិធីការងារផ្សេងៗជារៀងរាល់ថ្ងៃ។ ទម្លាប់រស់នៅមិនទៀងទាត់ និងរបៀបរស់នៅមិនល្អចំពោះសុខភាពរយៈពេលយូរ បានធ្វើឱ្យរាងកាយខ្ញុំបញ្ចេញសញ្ញាព្រមាន។ តែដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំមិនហ៊ានឈប់ឡើយ។ ទោះបីខ្ញុំដឹងថា ការបញ្ជោរ និងការយកចិត្តពីអ្នកដទៃ សុទ្ធតែជារឿងក្លែងក្លាយក៏ដោយ ហើយទោះបីខ្ញុំដឹងថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងទង្វើបោកបញ្ឆោត និងការកុហករបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមិនអាចបោះបង់ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈបានដែរ។ ទោះបីជាត្រូវលះបង់សុខភាព អវត្តមានពីការជួបជុំ និងរារាំងដល់ការលូតលាស់នៃជីវិតរបស់ខ្ញុំក៏ដោយ ខ្ញុំសុខចិត្តប្រឹងថែរក្សាការងាររបស់ខ្ញុំដោយយកចិត្តទុកដាក់ ដែលធ្វើឱ្យខ្ញុំរស់នៅរាល់ថ្ងៃក្នុងភាពឈឺចាប់ និងការធ្វើបាបខ្លួនឯង។ បន្ទាប់មក ខ្ញុំក៏សញ្ជឹងគិតថា៖ តើការមានតំណែងខ្ពស់ ឬមានទ្រព្យសម្បត្តិកាន់តែច្រើន មានប្រយោជន៍អ្វីទៅ? ខ្ញុំនឹកឃើញដល់តារាល្បីៗ អ្នកមានៗ និងអ្នកដែលខ្ញុំស្គាល់ ដែលក្រោយពីទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈហើយ ពួកគេបែរជាស្វែងរកភាពរំភើបសប្បាយ ដោយសារតែភាពទទេក្នុងចិត្តទៅវិញ។ អ្នកខ្លះដឹងហើយនៅតែប្រព្រឹត្តល្មើសច្បាប់ រហូតត្រូវជាប់គុក អ្នកខ្លះបានបំពានច្បាប់សីលធម៌ ដែលនាំឱ្យគ្រួសារបែកបាក់ និងខូចឈ្មោះបង់កេរ្តិ៍ ហើយអ្នកខ្លះថែមទាំងជ្រើសរើសការធ្វើអត្តឃាត ដោយដើរលើផ្លូវដែលមិនអាចត្រឡប់ក្រោយវិញបាន។ ឪពុករបស់ខ្ញុំ គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃរឿងនេះ។ គាត់ធ្លាប់មានភាពរុងរឿងឥតព្រំដែន ហើយត្រូវបានគេកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ប៉ុន្តែភាពលោភលន់របស់គាត់ បានធ្វើឱ្យគាត់ដើរតាមនិន្នាការដ៏អាក្រក់ ហើយចុងក្រោយ គាត់បានប្រព្រឹត្តល្មើសច្បាប់ក្នុងការរកស៊ីរបស់គាត់ រហូតត្រូវជាប់គុក។ ខ្ញុំបានឃើញថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺជាមធ្យោបាយដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ នៅពេលនេះ ខ្ញុំបានដឹងថា ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់ក៏ដោយ តាមពិត ខ្ញុំនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់សាតាំងដដែល។ សាតាំងកំពុងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីល្បួង និងធ្វើបាបខ្ញុំ ធ្វើឱ្យខ្ញុំរស់នៅដោយគ្មានសេចក្ដីទៀងត្រង់ សេចក្តីថ្លៃថ្នូរ ឬសូម្បីតែមនសិការកម្រិតមូលដ្ឋានបំផុត។ ខ្ញុំបានដឹងថា ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ មានតែធ្វើឱ្យខ្ញុំវង្វេង និងធ្លាក់ចូលក្នុងភាពថោកទាប ហើយចុងក្រោយ គឺចាកចេញ និងក្បត់ព្រះជាម្ចាស់ ព្រមទាំងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះរបស់ខ្ញុំជាមិនខាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ?» («ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នា ស្ថិតក្នុងកាលៈទេសៈដូចជាខ្ញុំដែរ ក៏ប៉ុន្តែអ្នករាល់គ្នាពោរពេញទៅដោយភាពស្មោកគ្រោក។ អ្នកគ្មានភាពដូចគ្នានឹងមនុស្សពីដើមដែលត្រូវបានបង្កើតឡើងតាំងពីដើមដំបូងមកនោះសូម្បីតែបន្តិច។ បន្ថែមលើនេះ ដោយសារតែរាល់ថ្ងៃនេះ អ្នករាល់គ្នាធ្វើត្រាប់តាមលក្ខណៈនៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយធ្វើអ្វីដែលពួកគេធ្វើ និងនិយាយអ្វីដែលពួកគេនិយាយ នោះគ្រប់ផ្នែកទាំងអស់របស់អ្នករាល់គ្នា សូម្បីតែអណ្ដាត និងបបូរមាត់របស់អ្នក ត្រូវផ្សើមជោគទៅដោយទឹកសម្អុយរបស់ពួកគេ រហូតដល់កម្រិតមួយដែលអ្នករាល់គ្នាត្រូវប្រឡាក់ទាំងស្រុង ហើយគ្មានចំណែកណាមួយរបស់អ្នក អាចប្រើសម្រាប់កិច្ចការរបស់ខ្ញុំបានឡើយ។ វាពិតជាខ្លោចផ្សារក្នុងចិត្តខ្លាំងណាស់! អ្នករស់នៅក្នុងពិភពសត្វសេះ និងគោក្របី ក៏ប៉ុន្តែតាមពិតទៅ អ្នករាល់គ្នាមិនមានអារម្មណ៍ថាមានបញ្ហាអ្វីទេ។ អ្នកពោរពេញដោយក្ដីរីករាយ ហើយរស់នៅដោយសេរី និងងាយស្រួល។ អ្នកកំពុងហែលនៅក្នុងទឹកស្អុយ ក៏ប៉ុន្តែអ្នកមិនដឹងទាល់តែសោះថា អ្នកបានធ្លាក់ទៅក្នុងស្ថានការណ៍ដ៏លំបាក។ ជារៀងរាល់ថ្ងៃ អ្នកជាប់ចិត្តនឹងវិញ្ញាណមិនបរិសុទ្ធ និងបះពាល់នឹង “លាមក”។ ជីវិតរបស់អ្នកគឺថោកទាបខ្លាំងណាស់ ក៏ប៉ុន្តែអ្នកមិនបានដឹងថា អ្នកពិតជាពុំបានកើតនៅក្នុងពិភពមនុស្សឡើយ ហើយអ្នកមិនដឹងថាអ្នកមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឯងឡើយ។ តើអ្នកមិនដឹងថា ជីវិតរបស់អ្នក ត្រូវបានវិញ្ញាញមិនបរិសុទ្ធទាំងនោះជាន់ឈ្លីជាយូរណាស់មកហើយ ឬមិនដឹងថាចរិតរបស់អ្នក ត្រូវប្រឡាក់ទៅដោយទឹកសម្អុយនេះជាយូរណាស់មកហើយទេឬអី? តើអ្នកគិតថា អ្នកកំពុងរស់នៅក្នុងស្ថានសួគ៌លោកីយ៍ ហើយថាអ្នកកំពុងស្ថិតនៅក្នុងសេចក្ដីសុខសាន្តមែនទេ? តើអ្នកមិនដឹងថា អ្នកបានរស់នៅក្នុងជីវិតមួយជាមួយនឹងវិញ្ញាណមិនបរិសុទ្ធ និងបានរស់នៅជាមួយគ្រប់យ៉ាងដែលពួកគេបានរៀបចំសម្រាប់អ្នកទេឬអី? តើរបៀបដែលអ្នករស់នៅអាចមានអត្ថន័យបានដោយរបៀបណា? តើជីវិតរបស់អ្នកមានតម្លៃបានដោយរបៀបណា?» («អ្នករាល់គ្នាសុទ្ធតែមានចរិតលក្ខណៈថោកទាបណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា អ្នកដែលប្រើគ្រប់មធ្យោបាយដើម្បីដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺជាមនុស្សទុច្ចរិត និងអសោចនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយពួកគេមិនអាចសង្គ្រោះបានឡើយ។ ខ្ញុំនឹកឃើញដល់តារាល្បីៗ អ្នកនយោបាយ និងអ្នកជំនួញកំពូលៗនៅលើពិភពលោក។ ភាគច្រើននៃពួកគេ មានជំនាញទំនាក់ទំនងសង្គមយ៉ាងប៉ិនប្រសប់ និងមានភាពក្រឡេចក្រឡុចក្នុងការប្រព្រឹត្តខ្លួន។ ទោះបីជាពួកគេមើលទៅត្រចេះត្រចង់ និងគួរឱ្យច្រណែនក៏ដោយ អ្វីៗដែលពួកគេធ្វើ គឺពុករលួយ ថោកទាប វៀចវេរ និងទុច្ចរិត ហើយពួកគេគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់លាតត្រដាងថា ជាវិញ្ញាណអសោច។ ខ្ញុំបានគិតអំពីរបៀបដែល ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានរៀនពីវិធីសាស្ត្រប្រាស្រ័យទាក់ទងក្នុងសង្គមផ្សេងៗនៅកន្លែងធ្វើការ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ មិនថាជាការធ្វើកិច្ចព្រមព្រៀងក្រោមតុ និងការសូកប៉ាន់អតិថិជន ឬការបញ្ជោរ និងការអែបអបយកចិត្តថ្នាក់ដឹកនាំ និងអតិថិជននោះទេ ទាំងនេះសុទ្ធតែជាមធ្យោបាយបោកបញ្ឆោត ហើយវាជាល្បិចកលដើម្បីបោកប្រាស់ និងប្រើឧបាយកលលើមនុស្ស។ តើខ្ញុំមិនបានរៀនធ្វើអំពើមិនសុចរិត ដូចជាវិញ្ញាណអសោចទាំងនោះទេឬ? តើទង្វើរបស់ខ្ញុំ និងទង្វើរបស់វិញ្ញាណអសោចទាំងនេះ មានអ្វីខុសគ្នាទៅ? ពេលដឹងរឿងនេះ ខ្ញុំពោរពេញដោយភាពភ័យខ្លាច និងរន្ធត់ញាប់ញ័រ។ ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយនគររបស់ទ្រង់មិនអនុញ្ញាតឱ្យមានភាពមិនបរិសុទ្ធឡើយ។ បើខ្ញុំមិនប្រែចិត្ត ហើយនៅតែបន្តជាប់ផុងក្នុងរង្វង់នៃកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈទៀតនោះ នោះមិនថាខ្ញុំទទួលបានតំណែងខ្ពស់ ឬការសប្បាយខាងសម្ភារៈអស្ចារ្យប៉ុណ្ណានោះទេ ខ្ញុំនៅតែត្រូវព្រះជាម្ចាស់ដាក់បណ្តាសាដដែល ហើយចុងក្រោយ ខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងជាមិនខាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!» («ចូរត្រៀមអំពើល្អទុកឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា អ្នកដែលអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់នៅទីបញ្ចប់ គឺជាអ្នកដែលទទួលបានសេចក្ដីពិត ហើយមានគំនិតគិតដូចជាព្រះជាម្ចាស់។ ឱកាសដែលព្រះជាម្ចាស់ផ្តល់ឱ្យខ្ញុំ ដើម្បីបំពេញភារកិច្ចនៅថ្ងៃនេះ គឺដើម្បីឱ្យខ្ញុំទទួលបានសេចក្ដីពិត ស្វែងរកការស្គាល់ព្រះជាម្ចាស់ និងនៅទីបញ្ចប់ទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។ បើខ្ញុំគ្រាន់តែផ្តោតលើការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយមិនផ្តោតលើការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំដើម្បីធ្វើអំពើល្អទេនោះ ខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះរបស់ខ្ញុំមិនខាន។ ដល់ចំណុចនេះ ទីបំផុតខ្ញុំក៏បានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានដឹងថា ឱកាសក្នុងការបំពេញភារកិច្ចនេះ គឺជាការដែលព្រះជាម្ចាស់សង្គ្រោះខ្ញុំ ដោយជួយខ្ញុំឱ្យរួចផុតពីរណ្តៅនៃកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់ការបំភ្លឺរបស់ទ្រង់ ហើយចិត្តរបស់ខ្ញុំក៏ស្រឡះជាងមុនច្រើន។ ដូច្នេះ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ អរព្រះគុណទ្រង់សម្រាប់ការបំភ្លឺពីព្រះបន្ទូលរបស់ទ្រង់។ ទូលបង្គំនឹងលែងខ្វល់ពីការលំបាកក្នុងការងារ ឬការទទួលបាន ឬបាត់បង់ឋានៈទៀតហើយ។ ទូលបង្គំស្ម័គ្រចិត្តចុះចូលនឹងការរៀបចំរបស់ទ្រង់ ហើយបំពេញភារកិច្ចរបស់ទូលបង្គំ»។ ក្រោយមក ខ្ញុំបានទទួលយកភារកិច្ចស្រោចស្រពអ្នកមកថ្មី។ នៅពេលថ្ងៃ ខ្ញុំធ្វើការនៅក្រុមហ៊ុន ហើយក្រោយពេលចេញពីធ្វើការ ខ្ញុំទៅជួបជុំជាមួយបងប្អូនប្រុសស្រី ដើម្បីប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំស្ទើរតែឈប់ចូលរួមព្រឹត្តិការណ៍សង្គមរបស់ក្រុមហ៊ុនទៅហើយ។ ទោះបីជាភារកិច្ចរបស់ខ្ញុំរាងលំបាក និងហត់បន្តិចមែន តែចិត្តខ្ញុំស្ងប់ និងមានអំណរ។ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ សម្រាប់រយៈពេលប៉ុន្មានខែជាប់ៗគ្នា មិនត្រឹមតែលទ្ធផលការងារក្រុមរបស់ខ្ញុំសម្រេចបានតាមទិសដៅកំណត់ប៉ុណ្ណោះទេ តែអតិថិជនដែលខ្ញុំរក្សាទំនាក់ទំនងត្រឹមតែតាមទូរស័ព្ទ ក៏បានចុះកុងត្រាបញ្ជាទិញជាច្រើនផងដែរ ហើយថ្នាក់លើរបស់ខ្ញុំ ថែមទាំងលើកសរសើរឈ្មោះខ្ញុំ នៅក្នុងកិច្ចប្រជុំក្រុមហ៊ុនទៀតផង។ ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំបានឃើញព្រះហស្តរបស់ព្រះជាម្ចាស់កំពុងចាត់ចែង និងមានអធិបតេយ្យភាពលើរឿងទាំងអស់នេះ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំដឹងថា នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីយល់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយខ្ញុំមិនអាចធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យឡើយ។ ភារកិច្ចជាអ្នកដឹកនាំគឺមមាញឹកខ្លាំងណាស់ ហើយដើម្បីបំពេញវាឱ្យបានល្អ ខ្ញុំមិនអាចធ្វើកិច្ចការផ្សេងក្នុងពេលតែមួយបានទេ ដូច្នេះ ខ្ញុំដឹងថា ដល់ពេលដែលខ្ញុំត្រូវលាឈប់ពីការងារហើយ។ ចំពេលដែលខ្ញុំប្រមូលសេចក្តីក្លាហានដើម្បីលាឈប់ ក្រុមហ៊ុនក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រាប់ថា ពួកគេអាចរៀបចំលិខិតអនុញ្ញាតស្នាក់នៅ សម្រាប់បុគ្គលិកជើងចាស់ដូចពួកយើង ហើយសម្រាប់ករណីខ្ញុំវិញ ខ្ញុំអាចដាក់ពាក្យសុំសៀវភៅគ្រួសារនៅទីក្រុងនេះបានដោយផ្ទាល់តែម្តង។ ពេលឃើញអត្ថប្រយោជន៍នេះ ខ្ញុំក៏រាងរារែកចិត្តបន្តិច។ ខ្ញុំបានគិតថា៖ «ការមានសៀវភៅគ្រួសារនៅទីនេះ គឺជារឿងដែលអ្នកចំណូលស្រុកជាច្រើនស្រមៃចង់បាន! ខ្ញុំមិនត្រឹមតែទទួលបានជីវិតកាន់តែប្រសើរ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមប៉ុណ្ណោះទេ តែឋានៈសង្គមរបស់ខ្ញុំក៏នឹងកើនឡើង ហើយខ្ញុំនឹងទទួលបានការគោរពពីមនុស្សកាន់តែច្រើនផងដែរ។ នេះជាឱកាសដ៏កម្រ និងពិបាកនឹងទទួលបានណាស់! បើខ្ញុំលាឈប់ ខ្ញុំនឹងលែងមានឱកាសល្អបែបនេះទៀតហើយ។ ប្រហែលជាខ្ញុំគួរតែរង់ចាំរហូតដល់ការចុះបញ្ជីស្នាក់នៅរបស់ខ្ញុំត្រូវបានចាត់ចែងរួចរាល់សិន ចាំលាឈប់ឬយ៉ាងណា?» តែបន្ទាប់មក ខ្ញុំបាននឹកឃើញដល់បំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស ហើយខ្ញុំក៏ដឹងថា បើខ្ញុំនៅតែបន្តគិតគូររៀបចំផែនការសម្រាប់កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈទៀត ខ្ញុំច្បាស់ជាធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យមិនខាន។ ពេលត្រឡប់មកដល់ផ្ទះវិញ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមទ្រង់ណែនាំខ្ញុំ ឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនបានលះបង់ដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងបុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ខ្មាសអៀននៅចំពោះមុខអ្នកដែលសុខចិត្តលះបង់ជីវិតដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយកាន់តែមានអារម្មណ៍ខ្មាសអៀននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងថែមទៀត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «បើអ្នកអាចថ្វាយដួងចិត្ត រូបកាយ និងសេចក្ដីស្រឡាញ់ដ៏ពិតទាំងស្រុងរបស់អ្នកដល់ព្រះជាម្ចាស់ ដោយដាក់វានៅចំពោះព្រះអង្គ ស្ដាប់បង្គាប់ទ្រង់ទាំងស្រុង ហើយពិចារណាជានិច្ចអំពីបំណងព្រះហឫទ័យរបស់ទ្រង់ ពោលគឺមិនមែនសម្រាប់សាច់ឈាម មិនមែនសម្រាប់គ្រួសារ និងមិនមែនសម្រាប់សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែសម្រាប់ផលប្រយោជន៍នៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍ និងមូលដ្ឋានគ្រឹះនៅក្នុងអ្វីៗគ្រប់យ៉ាង នោះតាមរយៈការធ្វើបែបនេះ ចេតនា និងទស្សនៈរបស់អ្នកនឹងស្ថិតនៅកន្លែងដែលត្រឹមត្រូវ ហើយបន្ទាប់មក អ្នកនឹងក្លាយជាមនុស្សម្នាក់នៅចំពោះព្រះជាម្ចាស់ ដែលទទួលបានការសរសើររបស់ទ្រង់មិនខាន» («អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្វីដែលខ្ញុំស្នើសុំពីអ្នករាល់គ្នានៅតែឱ្យអ្នកលះបង់ខ្លួនទាំងមូលរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ លើសពីនេះទៅទៀត អ្នកត្រូវមើលឱ្យធ្លុះ និងមើលឱ្យឃើញច្បាស់នូវកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងអ្នក ហើយខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់អ្នក ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នកត្រូវតែយល់។ ឈប់ប្រជែងគ្នាទៅវិញទៅមក ឈប់រកផ្លូវថយ ឬស្វែងរកសេចក្ដីសុខស្រួលសម្រាប់សាច់ឈាមរបស់អ្នក ដើម្បីជៀសវាងការបង្អាក់កិច្ចការរបស់ខ្ញុំ និងរារាំងអនាគតដ៏អស្ចារ្យរបស់អ្នក។ ការធ្វើបែបនេះមិនការពារអ្នកឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវសេចក្ដីហិនវិនាសដល់អ្នកតែប៉ុណ្ណោះ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី?» («កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំហាក់ដូចជាបានឮសំឡេងត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់សង្ឃឹមថា យើងអាចលះបង់កម្លាំងកាយចិត្តទាំងអស់ ដើម្បីដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់យើង ហើយទ្រង់រំពឹងថា យើងនឹងស្វែងរក ដើម្បីសម្ដែងចេញនូវជីវិតដ៏មានន័យមួយ។ បើខ្ញុំឈប់ពីការងារ ប្រហែលជាលក្ខខណ្ឌសម្ភារៈរបស់ខ្ញុំលែងល្អដូចមុន ហើយឋានៈសង្គមរបស់ខ្ញុំក៏ប្រហែលជាមិនខ្ពស់ដូចមុនដែរ តែខ្ញុំអាចរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយទទួលបានការស្រោចស្រព និងការចិញ្ចឹមបីបាច់ពីព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយខ្ញុំអាចសហការជាមួយបងប្អូនប្រុសស្រី ពេលពួកយើងបំពេញភារកិច្ច និងដេញតាមសេចក្ដីពិតជាមួយពួកគេ។ តាមរយៈភារកិច្ចរបស់ខ្ញុំ ខ្ញុំអាចយល់ពីសេចក្ដីពិត បោះបង់និស្ស័យពុករលួយរបស់សាតាំងចោល និងទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។ នេះទើបជាមាគ៌ាត្រឹមត្រូវក្នុងជីវិត ហើយក៏ជាជីវិតដែលមានន័យបំផុត។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាកំពុងរង់ចាំជម្រើស និងចម្លើយរបស់ខ្ញុំ។ ចិត្តរបស់ខ្ញុំរំជួលយ៉ាងខ្លាំងដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានការតាំងចិត្តថា ខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំឃើញថា ទូលបង្គំគ្មានសេចក្តីពិតទេ ហើយទ្រង់ក៏គ្មានកន្លែងនៅក្នុងចិត្តទូលបង្គំដែរ។ ដើម្បីទទួលបានសៀវភៅគ្រួសារនៅទីនេះ ទូលបង្គំស្ទើរតែធ្លាក់ចូលក្នុងអន្ទាក់នៃកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈម្តងទៀតទៅហើយ។ អរព្រះគុណទ្រង់ ដែលព្រះបន្ទូលរបស់ទ្រង់បានការពារទូលបង្គំ ធ្វើឱ្យទូលបង្គំយល់ថា ភារកិច្ចដែលទ្រង់បានផ្ទុកផ្ដាក់ឱ្យទូលបង្គំ គឺជាសេចក្តីស្រឡាញ់របស់ទ្រង់មកលើទូលបង្គំ និងដឹងថា ការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ទូលបង្គំ គឺមានន័យបំផុត។ ទូលបង្គំចង់ផ្តល់ចម្លើយដ៏គាប់ព្រះហឫទ័យមួយថ្វាយទ្រង់»។ ហើយ ដូច្នេះ ខ្ញុំក៏បានដាក់ពាក្យលាឈប់ពីក្រុមហ៊ុន។ ថ្នាក់ដឹកនាំក្រុមហ៊ុនចេះតែព្យាយាមបញ្ចុះបញ្ចូលឱ្យខ្ញុំនៅបន្ត តែខ្ញុំមិនរារែកចិត្តឡើយ។ ដោយសារការការពាររបស់ព្រះជាម្ចាស់ ខ្ញុំអាចយកឈ្នះលើសេចក្តីល្បួងបាន។
ពេលដែលខ្ញុំដើរចេញពីក្រុមហ៊ុន ខ្ញុំសម្លឹងមើលផ្ទៃមេឃពណ៌ខៀវ និងដើមឈើខៀវស្រងាត់ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងរកថ្លែងមិនត្រូវ។ ខ្ញុំមានអារម្មណ៍ដូចជាសត្វចាបតូចមួយដែលហើរចេញពីទ្រុង ហើរត្រឡប់ទៅលើមេឃវិញដោយសេរី ហើយខ្ញុំក៏នឹកឃើញដល់អត្ថបទព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលខ្ញុំស្រឡាញ់បំផុត៖ «នៅពេលមនុស្សមានគោលដៅជីវិតត្រឹមត្រូវ អាចដេញតាមសេចក្ដីពិត និងប្រព្រឹត្តខ្លួនស្របតាមសេចក្ដីពិត នៅពេលពួកគេចុះចូលចំពោះព្រះជាម្ចាស់ទាំងស្រុង និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ នៅពេលពួកគេមានអារម្មណ៍ថានឹងនរ និងភ្លឺស្វាងនៅក្នុងជម្រៅចិត្តរបស់ខ្លួន ហើយដួងចិត្តរបស់ពួកគេគ្មានសេចក្ដីងងឹត ហើយនៅពេលពួកគេអាចរស់នៅដោយសេរី និងមានការរំដោះទាំងស្រុងនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ មានតែពេលនោះទេ ទើបពួកគេទទួលបានជីវិតជាមនុស្សពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ទើបជាអស់អ្នកដែលមានសេចក្ដីពិត និងមានភាពជាមនុស្ស។ បន្ថែមពីនេះ សេចក្ដីពិតទាំងអស់ដែលអ្នកបានយល់ និងទទួលបាន គឺមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមកពីព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ។ មានតែពេលដែលអ្នកទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះអាទិករ ហើយទ្រង់មានព្រះបន្ទូលថា អ្នកគឺជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា ហើយថាអ្នកកំពុងសម្ដែងចេញនូវលក្ខណៈជាមនុស្សទេ ទើបជីវិតរបស់អ្នកនឹងមានន័យបំផុត» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ មានតែការជឿ និងការថ្វាយបង្គំព្រះជាម្ចាស់ ការដេញតាមសេចក្តីពិត ការរួចផុតពីឥទ្ធិពលដ៏ងងឹតរបស់សាតាំង និងការរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបយើងអាចរស់នៅក្នុងជីវិតដ៏មានតម្លៃបំផុតបាន ហើយមានតែពេលនោះទេ ទើបចិត្តរបស់យើងអាចទទួលបានភាពសុខសាន្ត និងស្ងប់ចិត្តពិតប្រាកដ។ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលដឹកនាំខ្ញុំឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!