១៨. តើចំណេះដឹងពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សម្នាក់បានដែរឬទេ?

ដោយ សៀរ មកពីប្រទេសនេប៉ាល់

ខ្ញុំកើតក្នុងគ្រួសារជនបទមួយនៅប្រទេសនេប៉ាល់។ ឪពុកម្ដាយខ្ញុំសុទ្ធតែជាកសិករ ហើយដោយសារតែជីវភាពគ្រួសាររបស់ពួកគាត់មិនសូវល្អ ពួកគាត់មិនមានឱកាសបានរៀនសូត្រទេ ដូច្នេះពួកគាត់បានខិតខំប្រឹងប្រែងធ្វើការដើម្បីបណ្ដុះបណ្ដាលខ្ញុំ។ ពួកគាត់តែងតែប្រាប់ខ្ញុំថា «កូនត្រូវតែឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រ»។ ពួកគាត់ដឹងថា ប្រសិនបើខ្ញុំមិនរៀនសូត្រឱ្យបានពូកែទេ ខ្ញុំនឹងមិនអាចរកការងារល្អសមរម្យនៅថ្ងៃអនាគតបានឡើយ ហើយចុងក្រោយទៅ ខ្ញុំនឹងត្រូវរស់នៅយ៉ាងលំបាកដូចជាពួកគាត់ដែរ។ នៅពេលណាដែលខ្ញុំឃើញឪពុកម្ដាយខ្ញុំខិតខំធ្វើការខ្លាំង ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែខិតខំរៀនសូត្រឱ្យកាន់តែខ្លាំងជាងនេះទៅទៀត ដើម្បីឱ្យនៅថ្ងៃអនាគតទៅ ខ្ញុំអាចរកការងារល្អមួយ រកប្រាក់បានច្រើន និងសង់ផ្ទះធំមួយជូនគ្រួសាររបស់ខ្ញុំ ដើម្បីឱ្យពួកគាត់អាចរស់នៅក្នុងជីវិតមួយដែលសប្បាយរីករាយ។ ដើមឡើយ ខ្ញុំរៀននៅសាលារដ្ឋធម្មតាមួយ។ សាលានោះមិនមានបរិក្ខារបង្រៀនល្អទេ ហើយពិន្ទុរបស់សិស្សជាទូទៅគឺខ្សោយ។ ដោយឃើញមិត្តភក្តិរបស់ខ្ញុំរៀននៅសាលាដែលមានកម្មវិធីភាសាអង់គ្លេស ខ្ញុំពិតជាចង់ទៅរៀននៅទីនោះដែរ។ ឪពុកម្ដាយរបស់ខ្ញុំក៏បានគិតដែរថា ទោះបីជាថ្លៃសិក្សានៅសាលាដែលមានកម្មវិធីភាសាអង់គ្លេសមានតម្លៃថ្លៃខ្លាំងក៏ដោយ ប៉ុន្តែប្រសិនបើខ្ញុំបានរៀននៅសាលាល្អ វានឹងកាន់តែងាយស្រួលសម្រាប់ខ្ញុំក្នុងការរកការងារល្អធ្វើនៅថ្ងៃអនាគត។ ក្រោយមក ដូចដែលខ្ញុំបានប៉ងប្រាថ្នា ខ្ញុំបានចូលរៀននៅសាលារដ្ឋមួយដែលមានកម្មវិធីភាសាអង់គ្លេស។ ដំបូងឡើយ ពិន្ទុរបស់ខ្ញុំមិនសូវល្អទេ ដូច្នេះខ្ញុំក៏បានបង្កើនការខិតខំរបស់ខ្ញុំទ្វេដង។ ខ្ញុំក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីរំឭកមេរៀនដែលខ្ញុំបានរៀនពីថ្ងៃមុន ខ្ញុំកំណត់គោលដៅសម្រាប់ខ្លួនឯង ធ្វើផែនការសិក្សា និងសួរគ្រូអំពីមេរៀនដែលខ្ញុំមិនយល់។ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ ពិន្ទុរបស់ខ្ញុំបានប្រសើរឡើងគួរឱ្យកត់សម្គាល់។

នៅសាលារៀន គ្រូតែងតែបង្រៀនពួកយើងថា មានតែការទទួលបានចំណេះដឹងប៉ុណ្ណោះ ទើបពួកយើងអាចមានអនាគតល្អប្រសើរ និងភ្លឺស្វាង ហើយរកបានការងារដែលនឹងទទួលបានការគោរពពីអ្នកដទៃ។ ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងសម្រេចបានជោគជ័យ ព្រមទាំងដើម្បីរកប្រាក់ឱ្យគ្រួសាររបស់ខ្ញុំរស់នៅដោយជីវិតសប្បាយរីករាយ ដូច្នេះហើយទើបខ្ញុំក៏ប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំង។ រៀងរាល់ថ្ងៃ ខ្ញុំចូលរៀនទៀងទាត់ពេលវេលា ហើយខ្ញុំមិនដែលអវត្តមានសូម្បីតែមួយម៉ោង។ ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់នៅក្នុងថ្នាក់ ហើយបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ ខ្ញុំបានមើលកំណត់ត្រារបស់ខ្ញុំឡើងវិញម្ដងហើយម្ដងទៀត ហើយក៏បានអានសៀវភៅ និងឯកសារផ្សេងៗទៀតផងដែរ។ ខ្ញុំរវល់រៀនជារៀងរាល់ថ្ងៃ ហើយស្ទើរតែគ្មានពេលដើរលេងជាមួយមិត្តភក្តិសោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរខ្ជះខ្ជាយពេលវេលាសូម្បីតែមួយនាទី។ ពិន្ទុរបស់ខ្ញុំកាន់តែល្អឡើងៗ ហើយថែមទាំងលើសពិន្ទុមិត្តភក្តិរបស់ខ្ញុំទៀតផង។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយជឿជាក់ថា ឱ្យតែខ្ញុំខិតខំប្រឹងប្រែង ខ្ញុំអាចទទួលបានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន ដូចជា៖ ក្លាយជាវេជ្ជបណ្ឌិត ទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះ ហើយមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដូច្នេះ ខ្ញុំបានគ្រោងប្រឡងចូលសាលាពេទ្យ។ ប៉ុន្តែ ដោយសារតែជំងឺរាតត្បាត ខ្ញុំមិនអាចទៅសាលារៀនដើម្បីត្រៀមប្រឡងចូលបានទេ។ ខ្ញុំអាចត្រឹមរៀនត្រៀមតាមអនឡាញនៅផ្ទះតែប៉ុណ្ណោះ។ ពិន្ទុរបស់ខ្ញុំក្នុងការធ្វើតេស្តតាមអនឡាញមិនសូវល្អទេ ហើយខ្ញុំបារម្ភថា ប្រសិនបើស្ថានការណ៍នៅតែបន្តបែបនេះទៀត ខ្ញុំនឹងមិនអាចទទួលបានពិន្ទុល្អឡើយ ហើយពេលនោះ ខ្ញុំនឹងមិនអាចទទួលបានអាហារូបករណ៍ទេ។ ដោយសារតែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ខ្ញុំ ពួកយើងពិតជាមិនមានលទ្ធភាពបង់ថ្លៃសិក្សាដ៏ថ្លៃបែបនេះបានទេ។ ពីរបីខែក្រោយមក ខ្ញុំបានប្រឡងចូល។ ទោះបីជាខ្ញុំបានប្រឡងជាប់ក៏ដោយ ក៏ពិន្ទុរបស់ខ្ញុំមិនខ្ពស់គ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំទទួលបានអាហារូបករណ៍ឡើយ។ ខ្ញុំខូចចិត្តជាខ្លាំង ដោយមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំរបស់ខ្ញុំ ក្លាយជាអសារបង់។ ប៉ុន្តែខ្ញុំមិនបោះបង់ទេ ហើយចាប់ផ្តើមរៀនត្រៀមសម្រាប់ការប្រឡងចូលនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការផ្ទុះឡើងវិញនៃជំងឺរាតត្បាតម្តងទៀត ខ្ញុំអាចបានត្រឹមរៀនត្រៀមតាមអនឡាញនៅផ្ទះម្ដងទៀតតែប៉ុណ្ណោះ។ ខ្ញុំបានគិតថា លើកនេះ ទោះជាមានរឿងអ្វីក៏ដោយ ខ្ញុំត្រូវតែយកអាហារូបករណ៍ឱ្យបាន។ ដូច្នេះហើយ ខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងជាងឆ្នាំទីមួយទៅទៀត ដោយរៀនចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១២ យប់។ ជួនកាល ខ្ញុំមានអារម្មណ៍ថាធ្ងន់ក្បាល ដោយសារតែគេងមិនបានគ្រប់គ្រាន់ ប៉ុន្តែខ្ញុំមិនបានសម្រាកទេ។ ប៉ុន្តែ ដោយឃើញថាពិន្ទុរបស់ខ្ញុំក្នុងការធ្វើតេស្តតាមអនឡាញជាច្រើនដងនៅតែខ្សោយរហូត ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថប់បារម្ភបន្តិចម្ដងៗ ដោយគិតថា «ប្រសិនបើខ្ញុំមិនសម្រេចគោលដៅរបស់ខ្ញុំទេ តើមិត្តភក្តិ និងអ្នកជិតខាងនឹងគិតយ៉ាងណាចំពោះខ្ញុំ? ប្រសិនបើខ្ញុំមិនអាចក្លាយជាវេជ្ជបណ្ឌិតទេ អនាគតរបស់ខ្ញុំនឹងប្រែជាងងឹតមិនខាន។ ខ្ញុំតែងតែស្រមៃចង់ក្លាយជាមនុស្សលេចធ្លោ សង់ផ្ទះធំ និងជួយឱ្យគ្រួសាររបស់ខ្ញុំរស់នៅដោយជីវិតរីករាយ ប៉ុន្តែក្ដីស្រមៃទាំងនេះនឹងត្រូវរលាយសាបសូន្យ»។ គំនិតអវិជ្ជមានទាំងនេះ បានធ្វើឱ្យខ្ញុំកាន់តែថប់អារម្មណ៍ ដែលបណ្ដាលឱ្យស្ថានភាពផ្លូវចិត្តរបស់ខ្ញុំយ៉ាប់យ៉ឺនបន្តិចម្ដងៗ ហើយនៅទីបំផុត ខ្ញុំមានជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល។ នៅពេលដែលខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត ខ្ញុំគេងមិនលក់ពេញមួយយប់ ហើយមិនឃ្លានអាហារសោះ។ ជួនកាល ខ្ញុំថែមទាំងយំពេញមួយយប់ទៀតផង។ ក្នុងអំឡុងពេលបីខែនោះ ខ្ញុំបានរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែខ្ញុំមិនដឹងថាត្រូវគេចចេញពីជំងឺដោយរបៀបណាទេ។ ខ្ញុំបានមើលវីដេអូលើកទឹកចិត្តជាច្រើននៅលើ YouTube ប៉ុន្តែស្ថានភាពរបស់ខ្ញុំមិនបានប្រសើរឡើងសោះ។

បីខែក្រោយមក ខ្ញុំបានរកឃើញទំនុកតម្កើងសរសើរតម្កើងព្រះអម្ចាស់ និងវីដេអូអំពីការអធិស្ឋាននៅលើ YouTube។ បន្ទាប់ពីបានស្តាប់ទំនុកតម្កើង និងការអធិស្ឋានទាំងនោះរួច ចិត្តរបស់ខ្ញុំបានស្ងប់បន្តិចម្ដងៗ។ ខ្ញុំបានចាប់ផ្តើមអធិស្ឋានជារៀងរាល់ព្រឹក និងរាល់ល្ងាច។ បន្ទាប់ពីអធិស្ឋានរួច គំនិតអវិជ្ជមានមួយចំនួននៅក្នុងចិត្តរបស់ខ្ញុំក៏រលាយបាត់បន្តិចម្ដងៗ ហើយអារម្មណ៍របស់ខ្ញុំបានស្រស់ថ្លាឡើងវិញជាងមុន។ អស់រយៈពេលប្រហែលពីរខែ ខ្ញុំបានអានព្រះគម្ពីរ និងស្តាប់ទំនុកតម្កើងជារៀងរាល់ថ្ងៃ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «ចូរមករកខ្ញុំមក អស់អ្នកដែលធ្វើការនឿយហត់ និងមានបន្ទុកធ្ងន់ទាំងឡាយអើយ ខ្ញុំនឹងប្រទានឱ្យអ្នកបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នក រួចរៀនសូត្រពីខ្ញុំចុះ ដ្បិតខ្ញុំស្លូតបូត និងមានដួងចិត្តបន្ទាបខ្លួន៖ ព្រលឹងរបស់អ្នកនឹងបានសម្រាក។ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំទៀតសោតក៏ស្រាលផង» (ម៉ាថាយ ១១:២៨-៣០)។ ព្រះបន្ទូលទាំងនេះបានផ្តល់ការសម្រាលទុក្ខយ៉ាងច្រើនដល់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់យេស៊ូវកំពុងគង់នៅក្បែរខ្ញុំ ជួយខ្ញុំឱ្យរួចផុតពីការឈឺចាប់ សម្ពាធនៅក្នុងចិត្តរបស់ខ្ញុំបានធូរស្បើយច្រើន ហើយខ្ញុំក៏បានមកជឿលើព្រះអម្ចាស់។ បីខែបានកន្លងផុតទៅយ៉ាងលឿនត្រឹមមួយពព្រិចភ្នែក ហើយខ្ញុំបានប្រឡងចូលជាលើកទីពីរ។ ពិន្ទុរបស់ខ្ញុំនៅតែមិនខ្ពស់គ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំអាចទទួលបានអាហារូបករណ៍ដដែល ប៉ុន្តែលើកនេះ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ខ្លាំងដូចពីមុនទេ។ ពីរបីថ្ងៃក្រោយមក ខ្ញុំបានដឹងថា មានមិត្តភក្តិម្នាក់កំពុងត្រៀមប្រឡង IELTS និងគ្រោងទៅសិក្សានៅប្រទេសអូស្ត្រាលី។ ខ្ញុំបានដឹងថា វេជ្ជបណ្ឌិតមិនមែនជាជម្រើសតែមួយគត់របស់ខ្ញុំទេ ហើយបានដឹងថាខ្ញុំក៏អាចទៅប្រទេសអូស្ត្រាលី ដើម្បីសិក្សា និងបង្កើតជីវិតមួយដែលល្អប្រសើរជាងនេះបានដែរ។ ដូច្នេះហើយ ខ្ញុំបានចាប់ផ្តើមរៀនត្រៀមសម្រាប់ការប្រឡង IELTS។

នៅពេលដែលខ្ញុំកំពុងរៀនត្រៀមប្រឡង ខ្ញុំបានអានអត្ថបទមួយនៅលើ Facebook៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះហាក់ដូចជាត្រឹមត្រូវណាស់។ អ្វីៗគ្រប់យ៉ាងអំពីពួកយើង គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ វាសនារបស់ពួកយើង ក៏ស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ ពួកយើងមិនអាចគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកយើងបានទេ។ ខ្ញុំបានគិតអំពីបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ៖ ខ្ញុំមិនបានស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំបានគិតថា ខ្ញុំអាចក្លាយជាអ្នកមានតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងរស់នៅក្នុងជីវិតដ៏រីករាយ។ ប៉ុន្តែទោះបីជាខ្ញុំបានព្យាយាម និងរៀបផែនការខ្លាំងប៉ុណ្ណាក៏ដោយ ក៏ទីបំផុតខ្ញុំនៅតែបរាជ័យ ហើយខ្ញុំថែមទាំងកើតជំងឺធ្លាក់ទឹកចិត្តទៀតផង។ បន្ទាប់ពីអានអត្ថបទនេះរួច ខ្ញុំបានយល់ថា គ្រួសារដែលខ្ញុំបានកើតមក បរិយាកាសដែលខ្ញុំបានធំធាត់ឡើង និងថាតើអនាគតរបស់ខ្ញុំនឹងទៅជាយ៉ាងណានោះ សុទ្ធតែត្រូវបានរៀបចំឡើងដោយព្រះជាម្ចាស់ ហើយថាទោះបីជាខ្ញុំព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយ ក៏ខ្ញុំមិនអាចផ្លាស់ប្តូរវាសនារបស់ខ្ញុំបានដែរ។ មួយរយៈក្រោយមក មានបងស្រីម្នាក់បានអញ្ជើញខ្ញុំឱ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ ខ្ញុំត្រូវប្រឡង IELTS ហើយខ្ញុំមានការព្រួយបារម្ភបន្តិចថា តើខ្ញុំនឹងធ្វើបានលទ្ធផលយ៉ាងណា។ ប្រសិនបើពិន្ទុប្រឡងរបស់ខ្ញុំមិនល្អ ខ្ញុំនឹងមិនអាចសម្រេចក្តីស្រមៃរបស់ខ្ញុំក្នុងការទៅប្រទេសអូស្ត្រាលីបានទេ ហើយអនាគតរបស់ខ្ញុំនឹងប្រែជាងងឹត។ នេះអាចជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំបរាជ័យ ខ្ញុំនឹងក្លាយជាអ្នកបរាជ័យដ៏ធំបំផុតនៅក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំ ហើយឪពុកម្ដាយ និងមិត្តភក្តិរបស់ខ្ញុំប្រាកដជាគិតថា ខ្ញុំពិតជាអន់ខ្លាំងណាស់ដែរ។ គ្រាន់តែខ្ញុំគិតបែបនេះភ្លាម ខ្ញុំបានឃើញថាប្រធានបទនៃសេចក្តីអធិប្បាយព្រះបន្ទូលក្នុងការជួបជុំនោះគឺ «ខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏ក្រៀមក្រំមួយ តើខ្ញុំគួរធ្វើដូចម្ដេច?» ខ្ញុំចាប់អារម្មណ៍លើប្រធានបទនោះភ្លាមៗ។ បងប្រុសម្នាក់បានចែករំលែកអត្ថបទពីរបីវគ្គ៖ «ដោយសារមនុស្សមិនដឹងពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ពួកគេតែងតែប្រឈមមុខនឹងវាសនា ដោយអារម្មណ៍ប្រឆាំង និងអាកប្បកិរិយាបះបោរ ហើយពួកគេតែងតែចង់រើបម្រះចេញពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលវាសនាបានកំណត់ទុក ដោយសង្ឃឹមយ៉ាងឥតប្រយោជន៍ថានឹងផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្ន និងកែប្រែវាសនារបស់ពួកគេ។ ប៉ុន្តែ ពួកគេមិនអាចទទួលបានជោគជ័យឡើយ ហើយត្រូវរារាំងនៅគ្រប់កាលៈទេសៈទាំងអស់។ ការតស៊ូនេះ ដែលកើតឡើងយ៉ាងជ្រៅនៅក្នុងព្រលឹងរបស់ពួកគេ បង្កឱ្យពួកគេមានការឈឺចាប់ ហើយការឈឺចាប់នេះ ចាក់ចូលទៅក្នុងឆ្អឹងរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ វាធ្វើឱ្យពួកគេខ្ជះខ្ជាយជីវិតរបស់ខ្លួនចោល។ តើអ្វីទៅជាមូលហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬដោយសារតែមានវាសនាអាក្រក់ឬ? ច្បាស់ណាស់ មិនមែនដោយសាររឿងទាំងពីរនេះទេ។ តាមការវិភាគចុងក្រោយ វាបណ្ដាលមកពីផ្លូវដែលមនុស្សដើរ និងរបៀបដែលពួកគេជ្រើសរើសរស់នៅក្នុងជីវិតរបស់ពួកគេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីបងប្រុសនោះបានអានចប់ គាត់បានប្រកបគ្នាថា៖ «អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ សាតាំងបានប្រើប្រាស់លទ្ធិដែលមិនជឿថាមានព្រះ សម្ភារនិយម និងទ្រឹស្តីនៃការវិវត្ត ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សពុករលួយ បណ្ដាលឱ្យពួកគេបដិសេធវត្តមានរបស់ព្រះជាម្ចាស់ និងបដិសេធថាព្រះជាម្ចាស់មិនបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ហើយជាលទ្ធផល មនុស្សដកខ្លួនចេញឆ្ងាយពីព្រះជាម្ចាស់ និងលែងថ្វាយបង្គំទ្រង់ទៀតហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ សាតាំងក៏ប្រើប្រាស់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីធ្វើឱ្យមនុស្សពុករលួយផងដែរ ដោយនិយាយពាក្យដូចជា 'ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក' និង 'វាសនារបស់មនុស្សស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនឯង' ជាដើម។ ដោយទទួលឥទ្ធិពល និងការបញ្ចូលមនោគមវិជ្ជាពីគំនិត និងទស្សនៈទាំងនេះហើយ ទើបធ្វើឱ្យយើងជឿថា មានតែការមានប្រាក់ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ប៉ុណ្ណោះ ទើបយើងអាចឈ្នះការគោរពពីអ្នកដទៃ និងរស់នៅក្នុងជីវិតដ៏រីករាយ។ ហេតុដូច្នេះហើយ មនុស្សជាច្រើនខិតខំ និងតស៊ូជារៀងរាល់ថ្ងៃ ដើម្បីរស់នៅក្នុងជីវិតដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ពួកគេធ្វើការថែមម៉ោង ហើយចុងក្រោយទៅបែរជាកើតជំងឺទាំងនៅវ័យក្មេង។ មនុស្សមួយចំនួន ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីពរបស់ពួកគេ ពួកគេប្រើល្បិចកល និងឧបាយកលគ្រប់បែបយ៉ាង ប្រើប្រាស់ និងបោកបញ្ឆោតអ្នកដទៃ ដោយជាន់ឈ្លីពួកគេយ៉ាងសាហាវព្រៃផ្សៃ ដើម្បីឱ្យខ្លួនបានខ្ពង់ខ្ពស់។ ទោះបីជាពួកគេជោគជ័យក៏ដោយ ក៏ពួកគេគ្មានសន្តិភាពនៅក្នុងចិត្តឡើយ ហើយនៅតែរស់នៅក្នុងការរងទុក្ខ។ ក៏មានមនុស្សជាច្រើនដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចធ្វើឱ្យខ្លួនឯងលេចធ្លោបាន។ ជាលទ្ធផល ពួកគេមានអារម្មណ៍ទុទ្ទិដ្ឋិនិយម និងអស់សង្ឃឹម រហូតដល់កើតមានការនឿយណាយនឹងពិភពលោក ហើយខ្លះជ្រើសរើសបញ្ចប់ជីវិតរបស់ពួកគេដោយការធ្វើអត្តឃាត។ រឿងទាំងអស់នេះបណ្ដាលមកពីមនុស្សត្រូវបានធ្វើទុក្ខបុកម្នេញដោយសាតាំង»។ ការប្រកបគ្នារបស់បងប្រុសបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅមកលើខ្ញុំ ហើយខ្ញុំបាននឹកឃើញទៅដល់ការលំបាកដែលខ្ញុំបានឆ្លងកាត់។ ដោយសារតែខ្ញុំបានឃើញឪពុកម្ដាយរបស់ខ្ញុំខិតខំធ្វើការតាំងពីខ្ញុំនៅក្មេង ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិតតាមរយៈការខិតខំរៀនសូត្រ ដើម្បីទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះ ដោយហេតុនេះហើយទើបអាចឱ្យគ្រួសាររបស់ខ្ញុំរស់នៅក្នុងជីវិតដ៏រីករាយបាន។ សម្រាប់ការនេះ ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ជាពិសេសបន្ទាប់ពីខ្ញុំបានផ្ទេរទៅសាលារៀនដែលមានកម្មវិធីភាសាអង់គ្លេស ខ្ញុំបានរៀនកាន់តែខ្លាំងជាងមុនទៅទៀត។ ខ្ញុំបានឈប់ដើរលេងជាមួយមិត្តភក្តិ ហើយខ្ញុំថែមទាំងគិតអំពីអ្វីដែលត្រូវរៀនបណ្ដើរ ធ្វើការងារផ្ទះបណ្ដើរទៀតផង។ ខ្ញុំក៏តែងរៀនរហូតដល់យប់ជ្រៅញឹកញាប់ផងដែរ។ ដើម្បីឱ្យមានភាពលេចធ្លោក្នុងចំណោមមិត្តរួមថ្នាក់ ខ្ញុំបានរៀនពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅទីបំផុត ខ្ញុំនៅតែបរាជ័យដដែល។ ខ្ញុំក៏បានកើតជំងឺធ្លាក់ទឹកចិត្ត ហើយត្រូវបង្ខំចិត្តផ្អាកផែនការរបស់ខ្ញុំក្នុងការចូលរៀនសាលាពេទ្យ។ រាល់ពេលដែលខ្ញុំគិតអំពីការតាមមិត្តភក្ដិមិនទាន់ និងនៅពីក្រោយពួកគេឆ្ងាយ ខ្ញុំឈឺចាប់ ហើយមានអារម្មណ៍ដូចជាមានផ្ទាំងថ្មមួយសង្កត់នៅលើទ្រូងរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ថា អនាគតរបស់ខ្ញុំគឺងងឹតសូន្យសុង ហើយខ្ញុំតែងតែគេងមិនលក់ពេញមួយយប់ ដោយបារម្ភថាខ្ញុំនឹងទៅជាយ៉ាងណា។ ខ្ញុំបានចាប់ផ្តើមគិតថា «ហេតុអ្វីបានជាជីវិតរបស់ខ្ញុំធ្លាក់ចូលទៅក្នុងការលំបាកបែបនេះ? តើខ្ញុំកំពុងខិតខំយ៉ាងខ្លាំងនេះដើម្បីអ្វីឱ្យប្រាកដ? ខ្ញុំតែងតែប្រាថ្នាចង់បានជីវិតមួយដ៏សប្បាយរីករាយ ដូច្នេះហេតុអ្វីបានជាជីវិតរបស់ខ្ញុំចេះតែយ៉ាប់យ៉ឺនទៅៗបែបនេះ?» ប៉ុន្តែឥឡូវនេះ ខ្ញុំបានយល់ហើយ។ ឫសគល់នៃសេចក្ដីទុក្ខវេទនារបស់ខ្ញុំ គឺសេចក្ដីពុករលួយរបស់សាតាំង។ ខ្ញុំបានក្លាយជាទាសករនៃប្រាក់ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ទាំងស្រុង។ ប្រសិនបើគ្មានការសម្ដែងឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ខ្ញុំនឹងមិនបានដឹងឡើយថា សាតាំងប្រើប្រាស់ប្រាក់ កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាខ្នោះដែលមើលមិនឃើញ ដែលសាតាំងដាក់លើមនុស្ស ដោយធ្វើឱ្យពួកគេពិបាកនឹងរើបម្រះឱ្យរួចខ្លួនណាស់។ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំបានប្រគល់ខ្លួនខ្ញុំទាំងស្រុងទៅឱ្យសាតាំង និងស៊ូទ្រាំនឹងការលំបាកមិនចេះចប់។ ការដែលខ្ញុំអាចយល់សេចក្ដីពិតទាំងនេះ និងមានការភ្ញាក់រឭកនេះ គឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់!

បន្ទាប់មក បងប្រុសបានផ្ញើសំណួរមួយទៀតថា៖ «ដូច្នេះ តើយើងអាចគេចផុតពីសេចក្ដីទុក្ខវេទនានេះដោយរបៀបណា?» បន្ទាប់មក គាត់បានផ្ញើអត្ថបទពីរបីវគ្គទៀត៖ «ដោយមិនគិតពីភាពខុសគ្នានៃសមត្ថភាព និងភាពឆ្លាតវៃរបស់ពួកគេ ហើយថាតើពួកគេមានការតាំងចិត្តឬអត់នោះទេ មនុស្សទាំងអស់សុទ្ធតែស្មើគ្នានៅចំពោះមុខវាសនា ដែលនៅទីនោះ ពួកគេមិនត្រូវបានបែងចែករវាងអ្នកធំ និងអ្នកតូច អ្នកខ្ពស់ និងអ្នកទាប អ្នកខ្ពង់ខ្ពស់ និងអ្នកទាបថោកឡើយ។ តើមនុស្សម្នាក់ប្រកបមុខរបរអ្វី ធ្វើអ្វីដើម្បីចិញ្ចឹមជីវិត និងមានទ្រព្យសម្បត្តិប៉ុនណានៅក្នុងជីវិត គឺមិនអាស្រ័យលើឪពុកម្ដាយ ទេពកោសល្យ ឬការខិតខំប្រឹងប្រែង និងមហិច្ឆិតារបស់ពួកគេនោះទេ គឺវាអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះអាទិករ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «នៅពេលដែលមនុស្សមិនដឹងថាវាសនាជាអ្វី ឬមិនយល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែពុះពារយ៉ាងត្រដាបត្រដួស និងដើរជំពប់ក្នុងអ័ព្ទដោយចិត្តឯងប៉ុណ្ណោះ ហើយដំណើរនោះគឺលំបាកលំបិនខ្លាំងណាស់ ហើយវាបង្កឱ្យមានការឈឺចាប់ក្នុងចិត្តជាពន់ពេក។ ដូច្នេះ នៅពេលដែលមនុស្សដឹងថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស អ្នកដែលឆ្លាតវៃជ្រើសរើសស្គាល់ និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនិយាយលាថ្ងៃដ៏ឈឺចាប់នៃ 'ការព្យាយាមកសាងជីវិតល្អដោយដៃទាំងពីររបស់ខ្លួន' ជាជាងបន្តតស៊ូប្រឆាំងនឹងវាសនា និងដេញតាមអ្វីដែលគេហៅថា គោលដៅជីវិតតាមរបៀបរបស់ខ្លួន។ នៅពេលដែលមនុស្សម្នាក់គ្មានព្រះជាម្ចាស់ នៅពេលដែលពួកគេមិនអាចឃើញទ្រង់ នៅពេលដែលពួកគេមិនអាចស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ និងច្បាស់លាស់ទេ នោះរាល់ថ្ងៃគឺគ្មានន័យ គ្មានតម្លៃ និងឈឺចាប់ដែលមិនអាចពិពណ៌នាបាន។ មិនថាមនុស្សម្នាក់នៅទីណា និងការងាររបស់ពួកគេជាអ្វីក៏ដោយ មធ្យោបាយនៃការរស់រានមានជីវិត និងគោលដៅដែលពួកគេដេញតាម មិនបាននាំមកនូវអ្វីក្រៅពីសេចក្តីទុក្ខសោកក្នុងចិត្តដែលគ្មានទីបញ្ចប់ និងការឈឺចាប់ដែលពិបាកនឹងធូរស្រាល ជាបទពិសោធដែលពួកគេមិនអាចទ្រាំទ្រនឹងការក្រឡេកមើលក្រោយបានឡើយ។ មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ និងការដេញតាមដើម្បីសម្រេចបាននូវជីវិតមនុស្សពិតប្រាកដទេ ទើបមនុស្សម្នាក់អាចរំដោះខ្លួនបន្តិចម្ដងៗចេញពីទុក្ខសោកក្នុងចិត្ត និង ការឈឺចាប់ទាំងអស់ ហើយអាចកម្ចាត់ចោលបន្តិចម្ដងៗនូវអស់ទាំងភាពទទេនៃជីវិតមនុស្សបាន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សជាតិត្រូវការ គឺមិនត្រឹមតែជាសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានអត្ថបទទាំងនេះរួច បងប្រុសនោះបានចែករំលែកថា «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សលោក។ តាំងពីយូរលង់ណាស់មកហើយ ព្រះជាម្ចាស់បានកំណត់ទុកជាមុននូវប្រភេទគ្រួសារដែលយើងនឹងកើតមក មុខរបរដែលយើងនឹងប្រកប និងទ្រព្យសម្បត្តិប៉ុន្មានដែលយើងនឹងមាន។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក យើងមិនគួរប្រឆាំងនឹងវាសនាឡើយ ហើយយើងគួរតែចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកនូវអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានរៀបចំសម្រាប់យើង។ មានតែបែបនេះទេ ទើបចិត្តរបស់យើងអាចស្គាល់សន្តិភាព និងអំណរ ហើយមានតែបែបនេះទេ ទើបយើងអាចរស់នៅដោយគ្មានការព្រួយបារម្ភ និងមានភាពសុខស្រួល»។ បន្ទាប់ពីបងប្រុសនោះបានចែករំលែករួច ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានដាក់ចិត្តខិតខំប្រឹងប្រែង និងពុះពារយ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅរបស់ខ្ញុំក្នុងការក្លាយជាវេជ្ជបណ្ឌិត។ ប៉ុន្តែទីបំផុត ការនេះបានបញ្ចប់ទៅដោយការបរាជ័យ ហើយខ្ញុំមិនយល់ថា ហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើងចំពោះខ្ញុំនោះទេ។ តើនេះដោយសារតែខ្ញុំកើតមកមានសំណាងមិនល្អ ឬក៏ខ្ញុំគ្រាន់តែមិនបានខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់? ឥឡូវនេះ ខ្ញុំបានយល់ហើយថា មូលហេតុដែលខ្ញុំរងទុក្ខខ្លាំងម្ល៉េះ គឺដោយសារតែខ្ញុំមិនបានស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស ហើយរឿងរ៉ាវនានាដូចជា ប្រភេទគ្រួសារដែលខ្ញុំនឹងកើតមក មុខរបរដែលខ្ញុំនឹងប្រកប ទ្រព្យសម្បត្តិប៉ុន្មានដែលខ្ញុំនឹងមាននៅក្នុងជីវិតរបស់ខ្ញុំ និងអាយុប៉ុន្មានដែលខ្ញុំនឹងស្លាប់ សុទ្ធតែត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនទាំងអស់។ ប្រសិនបើខ្ញុំចង់គេចផុតពីការថប់បារម្ភ និងការរងទុក្ខ ខ្ញុំត្រូវតែទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះស្ថានការណ៍ដែលទ្រង់បានរៀបចំ។ ដូចជាការប្រឡង IELTS ដែលនឹងមកដល់នាពេលខាងមុខនេះ ខ្ញុំស្ម័គ្រចិត្តទទួលយក និងចុះចូល ទោះបីជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ។ បន្ទាប់ពីការជួបជុំបានបញ្ចប់ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ កូនសូមអរព្រះគុណទ្រង់ខ្លាំងណាស់ដែលបានអនុញ្ញាតឱ្យកូនចូលរួមក្នុងការជួបជុំនេះ។ ទើបតែថ្ងៃនេះទេ ដែលរូបកូនបានដឹងថា ការឈឺចាប់ និងការលំបាករបស់មនុស្សទាំងអស់ គឺបង្កឡើងដោយសាតាំង។ សាតាំងបានប្រើប្រាស់ឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីបំភាន់ និងធ្វើឱ្យកូនពុករលួយ ដោយធ្វើឱ្យកូនល្ងង់ខ្លៅចំពោះអធិបតេយ្យភាពរបស់ទ្រង់។ ដោយសារតែហេតុនេះហើយ ទើបកូនចង់ក្ដោបក្ដាប់វាសនានៅក្នុងកណ្ដាប់ដៃខ្លួនឯង ដូច្នេះហើយទើបរស់នៅក្នុងភាពងងឹត។ កូនសូមអរព្រះគុណទ្រង់ដែលបានបំភ្លឺរូបកូន និងអនុញ្ញាតឱ្យកូនមើលធ្លុះឧបាយកលរបស់សាតាំង។ ទោះបីជាលទ្ធផលនៃការប្រឡងថ្ងៃស្អែកទៅជាយ៉ាងណាក៏ដោយ ក៏កូននឹងទទួលយកលទ្ធផលនោះដោយក្តីរីករាយ»។ ថ្ងៃបន្ទាប់ នៅពេលដែលខ្ញុំប្រឡង ចិត្តរបស់ខ្ញុំស្ងប់ល្អណាស់។ បន្ទាប់ពីបញ្ចប់ការប្រឡងដោយគ្មានបញ្ហាអ្វី ខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញ។ ក្រោយមក ខ្ញុំបានដឹងថា ខ្ញុំបានប្រឡងជាប់ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ នៅថ្ងៃបន្តបន្ទាប់ ស្របពេលដែលខ្ញុំត្រៀមខ្លួនទៅប្រទេសអូស្ត្រាលី ខ្ញុំក៏បានចូលរួមការជួបជុំរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ។ នៅពេលនោះ ខ្ញុំបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានយល់អំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្រ្គោះមនុស្សលោក អាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស រឿងរ៉ាវលាក់កំបាំងនៃព្រះគម្ពីរ កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងជាច្រើនទៀត។ ចេញពីចិត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំបានទទួលយកថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។

មួយរយៈក្រោយមក ខ្ញុំបានចាប់ផ្តើមផ្សាយដំណឹងល្អដល់ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំ ហើយពួកគាត់ទាំងអស់គ្នាបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ដោយឃើញការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងគ្រោះមហន្តរាយកើតឡើងញឹកញាប់នៅគ្រប់ទីកន្លែង ខ្ញុំបានដឹងថា កិច្ចការរបស់ព្រះជាម្ចាស់កំពុងឈានមកដល់ទីបញ្ចប់ហើយ។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនទាន់បានទទួលយកសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់នៅឡើយទេ ហើយខ្ញុំបានដឹងថា ការផ្សាយដំណឹងល្អនៅពេលនេះ គឺពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើខ្ញុំទៅប្រទេសអូស្ត្រាលី ខ្ញុំនឹងមិនសូវមានពេលវេលាក្នុងការបំពេញភារកិច្ចរបស់ខ្ញុំនោះទេ។ ប៉ុន្តែឱកាសទៅប្រទេសអូស្ត្រាលីនេះ គឺពិតជាពិបាកណាស់ក្នុងការទទួលបាន ហើយប្រសិនបើខ្ញុំមិនទៅទេ ការខិតខំប្រឹងប្រែងពីមុនទាំងអស់របស់ខ្ញុំនឹងត្រូវអសារបង់។ តើទៅមុខទៀតអនាគតរបស់ខ្ញុំនឹងទៅជាយ៉ាងណា? ខ្ញុំមិនចង់បាត់បង់ឱកាសដ៏ល្អនេះទេ។ គ្រួសារ អ្នកជិតខាង និងមិត្តភក្តិរបស់ខ្ញុំទាំងអស់ សុទ្ធតែបានដឹងថាខ្ញុំរៀបនឹងទៅប្រទេសអូស្ត្រាលី ដូច្នេះប្រសិនបើខ្ញុំមិនទៅទេ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ? អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ខ្ញុំចង់រកប្រាក់ឱ្យបានច្រើន និងរស់នៅក្នុងជីវិតដែលមានទ្រព្យសម្បត្តិ ហើយប្រសិនបើខ្ញុំមិនទៅរៀនទេ ខ្ញុំនឹងមិនអាចបំពេញបំណងប្រាថ្នារបស់ខ្ញុំបានឡើយ។ ម្ខាងគឺជាការសិក្សារបស់ខ្ញុំ ហើយម្ខាងទៀតគឺជាភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា មានការប៉ះទង្គិចនៅក្នុងចិត្តយ៉ាងខ្លាំង ថាតើត្រូវធ្វើការជ្រើសរើសមួយណា។

ថ្ងៃមួយ ខ្ញុំបានមើលភាពយន្តមួយនៅលើគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលមានចំណងជើងថា «ក្ដីស្រឡាញ់របស់ម្ដាយ»។ នៅក្នុងនោះ មានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គ ដែលបានប៉ះពាល់ចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងរបស់មនុស្សមិនគ្រាន់តែមានសេចក្ដីថ្លែង និងគោលលទ្ធិសាមញ្ញៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានគំនិត និងទស្សនៈមួយចំនួន ក៏ដូចជាភាពមិនសមហេតុផល ការលម្អៀង និងភាពពិសពុលបែបសាតាំងរបស់មនុស្សផងដែរ ហើយចំណេះដឹងខ្លះថែមទាំងអាចបំភាន់ និងធ្វើឱ្យមនុស្សពុករលួយទៀតផង។ នេះគឺជាភាពពិសពុលរបស់សាតាំង។ នៅពេលដែលនរណាម្នាក់ទទួលយកភាពពិសពុលនេះ ហើយស្ទាត់ជំនាញនឹងវា វានឹងក្លាយជាដុំសាច់មហារីកនៅក្នុងដួងចិត្តរបស់ពួកគេ។ ដុំសាច់មហារីកនេះនឹងរាលដាលពេញរាងកាយរបស់ពួកគេ ហើយវានឹងបណ្ដាលឱ្យស្លាប់ដោយជៀសមិនរួច ប្រសិនបើពួកគេមិនត្រូវបានព្យាបាលដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនោះទេ។ ដូច្នេះ មនុស្សទទួលបាន និងក្ដាប់បានចំណេះដឹងកាន់តែច្រើន ពួកគេកាន់តែមិនសូវជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងបែរជាបដិសេធ និងទាស់ទទឹងនឹងទ្រង់ទៅវិញ។ នេះគឺដោយសារតែចំណេះដឹងគឺជាអ្វីដែលពួកគេអាចមើលឃើញ និងអាចចូលទៅដល់បាន ហើយវាទាក់ទងដោយផ្ទាល់ទៅនឹងជីវិត អនាគត និងជោគវាសនារបស់ពួកគេ។ មនុស្សអាចទទួលបានចំណេះដឹងជាច្រើននៅសាលារៀន ប៉ុន្តែពួកគេងងឹតភ្នែកមើលមិនឃើញពីប្រភពនៃចំណេះដឹង និងទំនាក់ទំនងរបស់វាជាមួយនឹងពិភពខាងវិញ្ញាណឡើយ។ ចំណេះដឹងភាគច្រើនដែលមនុស្សរៀនសូត្រ និងក្ដាប់បាន គឺប្រឆាំងនឹងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាពិសេស ទស្សនវិជ្ជាសម្ភារនិយម និងវិវត្តន៍ គឺស្ថិតនៅក្រោមជំនឿខុសឆ្គង និងសេចក្ដីខុសទំនងនៃលទ្ធិអទេវនិយម ហើយច្បាស់ណាស់ថាវាជាសេចក្ដីខុសទំនងដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ... ទោះជាយ៉ាងណាក៏ដោយ អ្វីៗដែលទាក់ទងនឹងចំណេះដឹងទាំងនេះ បំភាន់ និងធ្វើឱ្យមនុស្សពុករលួយ ដែលធ្វើឱ្យពួកគេងាកចេញពីព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយថែមទាំងប្រទូសរ៉ាយនឹងទ្រង់ទៀតផង។ វាមិនសំខាន់ទេថា តើអ្នករាល់គ្នាជឿ ឬមិនជឿ ឬថាតើអ្នករាល់គ្នាអាចទទួលយកវាបាននៅថ្ងៃនេះឬក៏អត់នោះ ថ្ងៃណាមួយនឹងមកដល់ នៅពេលដែលអ្នករាល់គ្នានឹងទទួលស្គាល់ការពិតនេះ។ ចំណេះដឹងអាចដឹកនាំមនុស្សទៅរកសេចក្ដីហិនវិនាស ទៅកាន់នរក តើអ្នករាល់គ្នាអាចមើលធ្លុះរឿងនេះបានដែរឬទេ?» («មាគ៌ានៃការអនុវត្តដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើអ្នករាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វី? តើវាមិនមែនជាច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅ ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្សដូចជា 'ស្រឡាញ់គណៈបក្ស ស្រឡាញ់ប្រទេស និងស្រឡាញ់សាសនារបស់អ្នក' ហើយ 'មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ' ទេឬអី? តើវាមិនមែនជា 'ឧត្តមគតិដ៏ខ្ពង់ខ្ពស់' នៃជីវិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្សទេឬអី? ជាឧទាហរណ៍ សូមគិតអំពីគំនិតរបស់មនុស្សអស្ចារ្យ សេចក្តីស្មោះត្រង់របស់មនុស្សល្បីល្បាញ ឬភាពក្លាហាននៃឥស្សរជន វីរៈបុរស ឬក៏ភាពក្លាហានប្រកបដោយសីលធម៌ និងសេចក្តីសប្បុរសរបស់តួឯក និងអ្នកគុនដាវនៅក្នុងប្រលោមលោកសិល្បៈក្បាច់គុនជាដើម តើទាំងនេះមិនមែនជារបៀបដែលសាតាំងបញ្ចូលក្នុងគំនិតទាំងអស់នេះទេឬអី? គំនិតទាំងនេះជះឥទ្ធិពលដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហើយមនុស្សនៅក្នុងជំនាន់នីមួយៗ ត្រូវបាននាំឱ្យទៅទទួលយកគំនិតទាំងនេះ។ ពួកគេនៅជាប់គាំងជានិច្ចក្នុងការស្វះស្វែងរក 'ឧត្តមគតិដ៏ខ្ពង់ខ្ពស់' ដែលពួកនឹងគេថែមទាំងហ៊ានលះបង់ជីវិតរបស់ពួកគេសម្រាប់ការនោះទៀងផង។ នេះជាមធ្យោបាយ និងយុទ្ធសាស្រ្ដ ដែលសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដូច្នេះ បន្ទាប់ពីសាតាំងដឹកនាំមនុស្សមកតាមគន្លងនេះហើយ តើពួកគេអាចស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់បានឬទេ? ហើយតើពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វះស្វែងរកសេចក្ដីពិតឬទេ? ពិតជាមិនមែនទេ ដោយព្រោះពួកគេត្រូវបានសាតាំងនាំឱ្យវង្វេង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះរួច ខ្ញុំបានយល់អំពីរបៀបដែលសាតាំងប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដូចនៅក្នុងភាពយន្តនេះអ៊ីចឹងដែរ ម្ដាយរបស់តួឯកមិនអាចរកការងារល្អបានទេ ដោយសារតែគាត់មិនមានការអប់រំកម្រិតឧត្ដមសិក្សា ហើយគាត់មិនមានឱកាសក្នុងការឡើងតំណែងនៅក្នុងក្រុមហ៊ុនរបស់គាត់ឡើយ។ ដូច្នេះ គាត់សង្ឃឹមថា កូនរបស់គាត់នឹងចូលរៀននៅសាកលវិទ្យាល័យល្អ ដើម្បីឱ្យកូនរបស់គាត់អាចរកការងារល្អបាន ឡើងទៅតំណែងខ្ពស់ជាងមុន ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ សាតាំងប្រើប្រាស់ចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយ ដោយធ្វើឱ្យពួកគេគិតថា មានតែចំណេះដឹង និងសញ្ញាបត្រប៉ុណ្ណោះ ទើបពួកគេអាចមានអនាគតល្អ ហើយថាចំណេះដឹងមានន័យថា មនុស្សម្នាក់អាចមានអ្វីៗគ្រប់យ៉ាង។ ពួកគេមិនជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់នោះទេ ហើយពួកគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ គំនិតបែបនេះ គឺប្រឆាំងចំពោះព្រះជាម្ចាស់។ សាតាំងក៏ប្រើប្រាស់ចំណេះដឹង និងវិទ្យាសាស្ត្រ ដើម្បីបញ្ចូលពិសពុលសាតាំងគ្រប់បែបយ៉ាងទៅក្នុងមនុស្សផងដែរ ហើយមនុស្សកាន់តែទទួលបានចំណេះដឹងច្រើន ពួកគេកាន់តែពុករលួយ និងក្រអឺតក្រទម។ មនុស្សកាន់តែមានការអប់រំខ្ពស់ ពួកគេកាន់តែដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះ ហើយប្រាថ្នាចង់បានជីវិតដ៏ស៊ីវិល័យ។ ពួកគេប្រជែងគ្នាដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដោយថែមទាំងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដែលចាំបាច់ទៀតផង។ ប្រសិនបើមិនអាចបំពេញតាមបំណងប្រាថ្នាទាំងនេះទេ ពួកគេនឹងធ្លាក់ទឹកចិត្ត។ ហើយអ្នកខ្លះថែមទាំងរងទុក្ខរហូតដល់ជ្រើសរើសធ្វើអត្តឃាតទៀតផង។ មនុស្សកាន់តែដេញតាមចំណេះដឹង ពួកគេកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបំពុលដោយសាតាំងផងដែរ។ តាំងពីខ្ញុំនៅក្មេង ខ្ញុំចង់ផ្លាស់ប្តូរវាសនារបស់ខ្ញុំតាមរយៈការខិតខំប្រឹងប្រែងខ្លួនឯង និងតាមរយៈចំណេះដឹងពីការសិក្សា។ ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការនេះ ហើយបានរងទុក្ខយ៉ាងខ្លាំង។ ទីបំផុត ខ្ញុំបានកើតជំងឺធ្លាក់ទឹកចិត្ត ហើយជីវិតរបស់ខ្ញុំកាន់តែដុនដាបទៅៗ។ ឥឡូវនេះ ខ្ញុំបានយល់ថា សាតាំងបានប្រើប្រាស់ចំណេះដឹង ដើម្បីល្បួងខ្ញុំឱ្យដើរលើផ្លូវដែលគ្មានថ្ងៃត្រឡប់ក្រោយ។ ប្រសិនបើខ្ញុំនៅតែបន្តដើរលើផ្លូវនេះទៀត ខ្ញុំប្រាកដជាត្រូវបានសាតាំងធ្វើឱ្យពុករលួយកាន់តែជ្រៅទៅៗមិនខាន ហើយទីបំផុតត្រូវធ្លាក់ទៅក្នុងនរកជាមួយវា។ វាសនារបស់មនុស្សគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំតែងតែចង់ផ្លាស់ប្តូរវាសនារបស់ខ្ញុំតាមរយៈចំណេះដឹង។ តើខ្ញុំមិនកំពុងប្រឆាំងនឹងការតែងតាំងរបស់ព្រះជាម្ចាស់ទេឬ? ពេលគិតដល់រឿងនេះ តើចំណេះដឹងពិតជាអាចផ្លាស់ប្តូរវាសនារបស់ខ្ញុំបានដែរឬទេ? តើខ្ញុំពិតជាអាចទទួលបានប្រាក់ និងកេរ្តិ៍ឈ្មោះតាមរយៈចំណេះដឹងមែនឬ? តើការនេះអាចផ្តល់ជីវិតរីករាយដល់ឪពុកម្ដាយ និងគ្រួសាររបស់ខ្ញុំបានដែរឬទេ? មនុស្សខ្លះមានចំណេះដឹងច្រើន និងមានគុណវុឌ្ឍិសិក្សាខ្ពស់ ប៉ុន្តែពួកគេបរាជ័យក្នុងការរកការងារដែលពួកគេចង់បាន ឬរកប្រាក់បានច្រើន។ ទន្ទឹមនឹងនេះ អ្នកផ្សេងទៀតដែលមិនបានរៀនសូត្រ ឬមិនមានចំណេះដឹងច្រើន បែរជាមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅវិញ។ តាមរយៈចំណុចនេះ យើងអាចឃើញថា វាសនារបស់មនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរមកហើយ។ វាមិនពាក់ព័ន្ធនឹងថាតើពួកគេមានចំណេះដឹងច្រើនប៉ុណ្ណានោះទេ។ ខ្ញុំបានត្រិះរិះពិចារណាអំពីសំណួរទាំងនេះបណ្ដើរ មើលភាពយន្តបណ្ដើរ។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងមនុស្សដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលយល់ពីសេចក្តីពិត និងទទួលបានសេចក្តីពិត មាននូវការផ្លាស់ប្ដូរដ៏ពិតមួយនៅក្នុងទស្សនៈគតិលោក និងទស្សនៈអំពីជីវិត ហើយក្រោយមក ការផ្លាស់ប្ដូរដ៏ពិតនោះ ក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេផងដែរ។ នៅពេលមនុស្សមានគោលដៅជីវិតត្រឹមត្រូវ អាចដេញតាមសេចក្តីពិត និងចេះប្រព្រឹត្តខ្លួនស្របតាមសេចក្តីពិត នៅពេលពួកគេចុះចុលទាំងស្រុងចំពោះព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ នៅពេលពួកគេមានអារម្មណ៍សុខសាន្ត និងទទួលការបំភ្លឺដល់ជម្រៅចិត្តរបស់ខ្លួន នៅពេលដួងចិត្តរបស់ពួកគេរួចផុតពីសេចក្តីងងឹត និងនៅពេលពួកគេអាចរស់នៅយ៉ាងមានសេរីភាពទាំងស្រុង និងគ្មានការរឹតត្បិតនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ពេលនោះហើយទើបពួកគេអាចដឹកនាំជីវិតមនុស្សបានយ៉ាងពិតប្រាកដ ហើយមានតែពេលនោះទេ ទើបពួកគេក្លាយជាមនុស្សដែលមានសេចក្តីពិត និងភាពជាមនុស្ស។ លើសជាងនេះទៅទៀតនោះ គ្រប់ទាំងសេចក្តីពិតដែលអ្នកបានយល់ និងទទួលបាន គឺសុទ្ធតែចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មានតែពេលដែលអ្នកទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះអម្ចាស់នៃការបង្កើត ហើយទ្រង់មានបន្ទូលថា អ្នកជាភាវៈដែលព្រះបង្កើតមក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរស់នៅក្នុងលក្ខណៈជាមនុស្សប៉ុណ្ណោះ ទើបជីវិតអ្នកនឹងមានអត្ថន័យខ្លាំងបំផុត» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «គ្រាន់តែផ្ដោតលើការខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត នោះអ្នករាល់គ្នានឹងអាចដោះស្រាយបញ្ហាទាំងអស់របស់ខ្លួនបាន។ នៅពេលអ្នកអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នកបាន នោះអ្នកនឹងមានការរីកចម្រើន ហើយអ្នកនឹងបានលូតលាស់។ ពេលមនុស្សដកពិសោធរហូតដល់ថ្ងៃ ដែលទស្សនៈរបស់ពួកគេអំពីជីវិត និងអត្ថន័យ និងមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេបានផ្លាស់ប្តូរទាំងស្រុង ពោលគឺពួកគេត្រូវបានបំផ្លាស់បំប្រែដល់ឆ្អឹង ហើយបានក្លាយជាមនុស្សផ្សេងទៀត តើនេះមិនមែនជារឿងដែលអស្ចារ្យទេឬ? នេះគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យ ការផ្លាស់ប្តូរដែលរញ្ជួយផែនដី។ អ្នកឈានដល់ចំណុចមួយ ដែលវាមិនសំខាន់សម្រាប់អ្នកទេ ថាតើអ្នកមានកេរ្តិ៍ឈ្មោះ ឋានៈ ទ្រព្យសម្បត្តិ ការសប្បាយ ឬអំណាច និងសិរីល្អនៃពិភពលោកនេះឬយ៉ាងណានោះ គឺអ្នកអាចលះបង់របស់ទាំងនោះចោលបានយ៉ាងងាយស្រួល។ មានតែពេលនោះទេ ទើបអ្នកអាចត្រូវបានចាត់ទុកថាមានលក្ខណៈជាមនុស្ស។ អ្នកដែលនឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាតនៅទីបំផុត គឺជាក្រុមមនុស្សបែបនេះហើយ រស់នៅសម្រាប់សេចក្តីពិត រស់នៅសម្រាប់ព្រះជាម្ចាស់ រស់នៅសម្រាប់អ្វីដែលយុត្តិធម៌ នេះគឺជាលក្ខណៈជាមនុស្សពិត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពីមុន ខ្ញុំធ្លាប់គិតថា មានតែការទទួលបានចំណេះដឹង និងរកប្រាក់បានកាន់តែច្រើនប៉ុណ្ណោះ ទើបខ្ញុំអាចមានអនាគតល្អ ប៉ុន្តែតាមពិតទៅ រឿងទាំងនេះគឺទទេស្អាតទាំងអស់។ ចំណេះដឹងមិនអាចផ្លាស់ប្តូរវាសនារបស់ខ្ញុំបានទេ។ ទោះបីជាខ្ញុំទទួលបានចំណេះដឹង និងរកប្រាក់បានក៏ដោយ ក៏ការនេះមិនអាចនាំមកនូវសន្តិភាពដល់ចិត្តរបស់ខ្ញុំបានដែរ។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា ចំណេះដឹងមិនអាចផ្លាស់ប្តូរវាសនារបស់ខ្ញុំបានទេ ហើយថាមានតែការដេញតាមសេចក្ដីពិត និងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ និងមានវាសនាល្អ។ ការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត គឺជាផ្លូវតែមួយគត់ដើម្បីរស់នៅក្នុងជីវិតដែលមានតម្លៃ និងអត្ថន័យ។ នៅក្នុងលោកីយ៍នេះ មនុស្សជាច្រើនប្រកួតប្រជែងគ្នាដើម្បីរកប្រាក់ និងទទួលបានការរីករាយខាងសម្ភារៈកាន់តែច្រើន ដោយប្រព្រឹត្តរឿងអាក្រក់គ្រប់បែបយ៉ាង។ មនុស្សទាំងនេះប្រើប្រាស់ និងបោកបញ្ឆោតអ្នកដទៃ ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែពួកគេជួបការលំបាក និងមានអារម្មណ៍មិនសុខស្រួលនៅក្នុងចិត្ត។ ការរស់នៅបែបនោះ គឺឈឺចាប់ខ្លាំងណាស់! មានតែការជឿលើព្រះជាម្ចាស់ ការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ដោយបោះបង់ចោលទស្សនៈវិជ្ជាសាតាំងទាំងនេះ និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចជៀសផុតពីការធ្វើទារុណកម្មរបស់សាតាំង និងរស់នៅក្នុងជីវិតមួយដ៏មានអត្ថន័យបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកចិត្តរបស់ខ្ញុំ។ ខ្ញុំបានដឹងថា មនុស្សអាចរស់នៅដោយគ្មានទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ឬឋានៈបាន ប៉ុន្តែបើគ្មានការការពារ និងការណែនាំពីព្រះជាម្ចាស់ទេ គឺពិតជាពិបាករស់រានមានជីវិតណាស់។ ឥឡូវនេះ ខ្ញុំហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្ញុំជារៀងរាល់ថ្ងៃ ហើយទោះបីជាខ្ញុំមិនទទួលបានកេរ្តិ៍ឈ្មោះ ឬឋានៈដែលលោកីយ៍ឱ្យតម្លៃក៏ដោយ ប៉ុន្តែតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំកំពុងរស់នៅតាមភាពជាមនុស្សធម្មតាបន្តិចម្ដងៗ ដោយបានស្គាល់អំពីសេចក្ដីពុករលួយ និងធម្មជាតិសាតាំងរបស់ខ្ញុំ ហើយអនុវត្តការមើលអ្វីៗគ្រប់យ៉ាងដោយសេចក្ដីពិត។ នេះហើយគឺជាជីវិតដ៏មានអត្ថន័យពិតប្រាកដ! ប្រសិនបើខ្ញុំទៅសិក្សានៅប្រទេសអូស្ត្រាលី ទោះបីជាខ្ញុំទទួលបានទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងជោគជ័យក៏ដោយ ក៏ខ្ញុំនឹងមិនទទួលបានសេចក្ដីពិត និងជីវិតដែរ។ ពេលនោះ តើខ្ញុំមិនបានរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ទេឬ? ខ្ញុំត្រូវតែផ្លាស់ប្តូរទស្សនៈវិស័យលើជីវិតរបស់ខ្ញុំចេញ។ ខ្ញុំនឹងលែងដេញតាមទ្រព្យសម្បត្តិ ឋានៈ ឬកេរ្តិ៍ឈ្មោះលោកីយ៍ទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងខិតខំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងដេញតាមសេចក្ដីពិត។ មានតែការរស់នៅតាមរបៀបនេះទេ ទើបជីវិតមានតម្លៃ និងអត្ថន័យ។

ថ្ងៃមួយ ក្នុងអំឡុងពេលនៃការជួបជុំ បងប្អូនប្រុសស្រីបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលពិតជាបានប៉ះពាល់ចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងបំពេញតួនាទីបានត្រឹមត្រូវជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើគួរពន្យល់ដូចម្តេចអំពីម្ចាស់នៃរបស់សព្វសារពើ? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹត។ តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ និងបំបាត់កម្លាំងនៃភាពងងឹត ដែលបានជិះជាន់មនុស្សអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ពួកគេសង្ឃឹម និងប្រាថ្នាយ៉ាងអន្ទះសាចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ តើមានអ្នកណាអាចដឹង រឿងនេះទាំងស្រុងដែរឬទេ? សូម្បីនៅថ្ងៃដែលពន្លឺចាំងជះផុតក៏ដោយ ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ដែលមិនធ្លាប់បានសម្រាកឡើយ ខ្សែចំណងដ៏គ្មានមេត្តា និងប្រវត្តិសាស្ត្រដែលកកដូចថ្នាំង បានចងស្ទះពួកគេឱ្យជាប់នៅក្នុងសភាពនេះជាយូរមកហើយ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានមើលឃើញសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលគ្មានទោសពៃរ៍ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ ឱ្យរងការឈឺចាប់ខ្លាំងបែបនេះយ៉ាងដូចម្តេចទៅ? តាមពិតទៅ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងអស់នេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? តើអ្នកយល់យ៉ាងណាឱ្យប្រាកដអំពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះ? តើអ្នកពិតជាមានការតាំងចិត្ត និងសេចក្ដីជំនឿ ដើម្បីរស់ក្នុងជីវិតដ៏មានន័យជាមនុស្សដែលគោរព និងបម្រើព្រះជាម្ចាស់មែនទេ?» («តើអ្នកគួរប្រព្រឹត្តិចំពោះបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះរួច ខ្ញុំមានអារម្មណ៍ខ្មាសអៀន។ នៅមានមនុស្សជាច្រើននៅក្នុងប្រទេសនេប៉ាល់របស់ខ្ញុំ ដែលមិនទាន់ទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់នៅឡើយ។ ពួកគេរស់នៅក្រោមអំណាចរបស់សាតាំងដោយរស់នៅរងទុក្ខវេទនាយ៉ាងខ្លាំង មិនអាចមើលឃើញក្តីសង្ឃឹមអ្វីសោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សដើម្បីសង្រ្គោះមនុស្សលោក ហើយព្រះជាម្ចាស់សង្ឃឹមថា មនុស្សលោកអាចស្តាប់ឮសំឡេងរបស់ទ្រង់ និងត្រឡប់ទៅរកព្រះអាទិករវិញ ដើម្បីទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះអាទិករ។ ព្រះជាម្ចាស់បានផ្តល់ព្រះគុណដល់ខ្ញុំ ដោយនាំខ្ញុំចេញពីភាពងងឹតចូលទៅក្នុងពន្លឺ ដោយអនុញ្ញាតឱ្យខ្ញុំបានស្តាប់ឮសំឡេងរបស់ទ្រង់ ដូច្នេះហើយ ខ្ញុំមានទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សឱ្យបានកាន់តែច្រើន។ ប្រសិនបើខ្ញុំទៅសិក្សានៅប្រទេសអូស្ត្រាលី ការសិក្សានៅទីនោះនឹងមានសម្ពាធខ្ពស់ ហើយថាតើខ្ញុំនឹងអាចចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំបានឬយ៉ាងណា ក៏មិនប្រាកដដែរ។ តើខ្ញុំគួរតែបោះបង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ ដោយគ្រាន់តែដើម្បីដេញតាមអនាគតលោកីយ៍ឬ? ជាងនេះទៅទៀត គ្រោះមហន្តរាយដ៏ធំបានចាប់ផ្តើមរួចទៅហើយ ហើយសង្រ្គាមលោកអាចនឹងផ្ទុះឡើងគ្រប់ពេល ប៉ុន្តែមនុស្សជាច្រើននៅតែមិនទាន់ដឹងអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នៅឡើយ។ ប្រសិនបើខ្ញុំព្រួយបារម្ភតែអំពីអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំ នោះខ្ញុំនឹងគ្មានមនសិការអ្វីសោះឡើយ! ពេលគិតដល់ចំណុចនេះ ខ្ញុំបានសម្រេចចិត្តបោះបង់ចោលឱកាសទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយងាកមកដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវវិញ។

ឥឡូវនេះ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំអស់រយៈពេលពីរឆ្នាំហើយ ហើយនៅក្នុងដំណើរនៃការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានយល់សេចក្ដីពិតជាច្រើនដែលខ្ញុំមិនបានយល់ពីមុនមក។ រៀងរាល់ថ្ងៃ ខ្ញុំហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំរស់នៅក្នុងជីវិតមួយដ៏ពេញបរិបូណ៌។ ខ្ញុំបានដកពិសោធន៍ឃើញថា ការដែលអាចបំពេញភារកិច្ចជាភាវៈដែលព្រះបង្កើតមក គឺជាផ្លូវតែមួយគត់ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យ។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

ខាង​ដើម៖ ១៤. ការឆ្លុះបញ្ចាំងបន្ទាប់ពីការលាក់បាំងកំហុស

បន្ទាប់៖ ៣៦. អ្វីដែលខ្ញុំទទួលបាន បន្ទាប់ពីខ្ញុំពិការភ្នែក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ