៣៦. អ្វីដែលខ្ញុំទទួលបាន បន្ទាប់ពីខ្ញុំពិការភ្នែក
នៅក្នុងឆ្នាំ 2010 ភរិយាខ្ញុំបានផ្សាយដំណឹងល្អអំពីនគរព្រះមកកាន់ខ្ញុំ។ តាមរយៈការអានព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញ ហើយថា ទ្រង់កំពុងសម្តែងចេញសេចក្តីពិត ដើម្បីសម្អាត និងសង្គ្រោះមនុស្សជាតិ ខ្ញុំពិតជារីករាយខ្លាំងណាស់ ហើយបានគិតក្នុងចិត្តថា «ចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែជឿ និងដើរតាមព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ខ្ញុំពិតជាមានពរណាស់ ប្រសិនបើខ្ញុំអាចទទួលបានព្រះពរ និងសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់នៅថ្ងៃខាងមុខ!» បន្តិចក្រោយមក ខ្ញុំបានចាប់ផ្តើមស្រោចស្រពអ្នកថ្មីនៅក្នុងពួកជំនុំ ហើយបន្ទាប់មកទៀត ខ្ញុំបានក្លាយជាអ្នកដឹកនាំពួកជំនុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំមមាញឹកចាត់ចែងកិច្ចការផ្សេងៗរបស់ពួកជំនុំ ហើយខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ដោយគិតថា ដរាបណាខ្ញុំនៅបន្តបំពេញភារកិច្ចរបស់ខ្ញុំបែបនេះ ខ្ញុំប្រាកដជានឹងទទួលបានសេចក្តីសង្គ្រោះ។ ដើម្បីលះបង់ខ្លួនឯងបំពេញភារកិច្ចពេញម៉ោងរបស់ខ្ញុំ ខ្ញុំបានផ្ទេរអាជីវកម្មឈើដែលរកចំណូលបានយ៉ាងច្រើនរបស់ខ្ញុំទៅឲ្យសាច់ញាតិម្នាក់។
ក្នុងខែមករា ឆ្នាំ 2017 ភ្នែកខាងឆ្វេងរបស់ខ្ញុំត្រូវបានវះកាត់ ដោយសារតែជំងឺរបើកបាតភ្នែក ប៉ុន្តែការវះកាត់មិនបានជោគជ័យទេ ដូច្នេះកម្រិតមើលឃើញរបស់ខ្ញុំនៅសល់តែ 0.1 ប៉ុណ្ណោះ។ ខ្ញុំថែមទាំងមើលអក្សរមិនច្បាស់ផង ហើយខ្ញុំអាចត្រឹមតែប្រើប្រាស់ភ្នែកខាងស្តាំរបស់ខ្ញុំមើលតែប៉ុណ្ណោះ។ ដើមឡើយ ខ្ញុំមានគម្រោងវះកាត់ម្តងទៀតនៅពេលក្រោយនោះបន្តិច ប៉ុន្តែ នៅក្នុងខែមិថុនា ដោយសារតែការក្បត់របស់យូដាស ប៉ូលីសគណបក្សកុម្មុយនីស្តចិន បានចាប់ផ្តើមព្យាយាមចាប់ខ្លួនពួកយើងនៅគ្រប់ទីកន្លែង។ ដូច្នេះ ខ្ញុំ និងភរិយារបស់ខ្ញុំបានភៀសខ្លួនទៅកាន់តំបន់មួយផ្សេងទៀត ហើយខ្ញុំមិនហ៊ានទៅមន្ទីរពេទ្យ ដើម្បីព្យាបាលទេ។ នៅពេលនោះ អ្វីដែលខ្ញុំអាចធ្វើបាន គឺស្នាក់នៅក្នុងផ្ទះ ហើយបំពេញភារកិច្ចផ្នែកខាងអត្ថបទ ប៉ុន្តែនៅពេលខ្ញុំសម្លឹងមើលកុំព្យូទ័ររយៈពេលយូរៗ ភ្នែករបស់ខ្ញុំស្រវាំងទៅៗ ហើយខ្ញុំយល់ឃើញថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ដោយឃើញថា បងប្អូនប្រុសស្រីនៅជុំវិញខ្ញុំអាចមើលឃើញយ៉ាងច្បាស់ល្អ ខ្ញុំគិតក្នុងចិត្តថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានលះបង់អាជីវកម្មរបស់ខ្ញុំ ហើយបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ ដូច្នេះ ហេតុអ្វីបានជាខ្ញុំត្រូវកើតជំងឺភ្នែកទៅវិញ? ភ្នែកខាងស្ដាំរបស់ខ្ញុំក៏ធ្លាប់វះកាត់ពីមុនដែរ ដូច្នេះបើមានបញ្ហាអ្វីជាមួយភ្នែកនេះទៀត តើខ្ញុំអាចបំពេញភារកិច្ចអ្វីបាន? បើខ្ញុំមិនបំពេញភារកិច្ចរបស់ខ្ញុំទេ តើខ្ញុំអាចត្រូវបានសង្គ្រោះដោយរបៀបណា?» ខ្ញុំចង់ប្រថុយទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ប៉ុន្តែខ្ញុំខ្លាចត្រូវបានប៉ូលិសបក្សកុម្មុយនីស្តចិនចាប់ខ្លួន ដូច្នេះ ខ្ញុំមិនហ៊ានទៅទេ។ ខ្ញុំនឹកគិតអំពីរបៀបដែលបងប្អូនប្រុសស្រីនៅតែតស៊ូបំពេញភារកិច្ចរបស់ពួកគេ ក្រោយពេលពួកគេធ្លាក់ខ្លួនឈឺ ហើយក្រោយមកក៏បានជាសះស្បើយទាំងស្រុង។ ប្រសិនបើខ្ញុំនៅតែតស៊ូបំពេញភារកិច្ចរបស់ខ្ញុំ នោះតើព្រះជាម្ចាស់នឹងមានសេចក្តីមេត្តាករុណា ហើយប្រោសខ្ញុំឲ្យជាដែរឬទេ? ប្រហែលជានៅទីបំផុត ភ្នែករបស់ខ្ញុំអាចនឹងជាសះស្បើយ? ដូច្នេះ ខ្ញុំនៅតែបន្តបំពេញភារកិច្ចរបស់ខ្ញុំបែបនេះ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ភ្នែកខាងស្ដាំរបស់ខ្ញុំបានហើម និងឈឺខ្លាំងភ្លាមៗ ហើយខ្ញុំមានអារម្មណ៍វិលមុខ និងចង់ក្អួត។ ខ្ញុំមិនអាចមើលអ្វីឃើញទាល់តែសោះមួយភ្លែតនោះ។ បន្តិចក្រោយមក ខ្ញុំចាប់ផ្ដើមអាចមើលឃើញស្រមោលមនុស្សរេរាៗនៅពីមុខខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចមើលឃើញផ្លូវដែលខ្ញុំកំពុងដើរច្បាស់ទេ។ ភ្លាមនោះ ខ្ញុំមានការភាន់ភាំង ហើយគិតថា «តើមានរឿងអ្វីកើតឡើង? កាលពីជាងម្ភៃឆ្នាំមុន ខ្ញុំបានវះកាត់ជំងឺរបើកបាតភ្នែកខាងស្ដាំរបស់ខ្ញុំ។ តើនេះអាចជាការលាប់ជំងឺចាស់នោះឬទេ? នេះពិតជាអាក្រក់ខ្លាំងណាស់។ ភ្នែកខាងឆ្វេងរបស់ខ្ញុំនៅតែមិនទាន់ជាសះស្បើយនៅឡើយ ហើយឥឡូវនេះ ភ្នែកខាងស្ដាំរបស់ខ្ញុំមិនអាចមើលឃើញទៀត។ បើខ្ញុំពិការភ្នែកទាំងសងខាង ខ្ញុំនឹងមិនអាចបំពេញភារកិច្ចអ្វីបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ ហើយនៅពេលវេលាដ៏សំខាន់នេះ បើខ្ញុំមើលមិនឃើញ តើខ្ញុំនឹងមិនក្លាយជាមនុស្សឥតប្រយោជន៍ទេឬ? តើខ្ញុំនឹងត្រូវជម្រុះចោលឬ?» ខ្ញុំបារម្ភខ្លាំងណាស់ ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ បន្ទាប់មក ភ្នែកស្តាំរបស់ខ្ញុំបានឈឺចុកចាប់យ៉ាងខ្លាំង ក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់ ហើយខ្ញុំចេះតែមានអារម្មណ៍ចង់ក្អួត។ ដោយគ្មានជម្រើសផ្សេង ខ្ញុំបានប្រថុយទៅមន្ទីរពេទ្យ ដើម្បីពិនិត្យភ្នែក។ គ្រូពេទ្យបាននិយាយថា ខ្ញុំមានជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាវ។ ដូច្នេះ សម្ពាធភ្នែករបស់ខ្ញុំឡើងខ្ពស់ រន្ធប្រស្រីភ្នែករីកធំ ហើយភ្នែករបស់ខ្ញុំមានសភាពក្រហមខ្លាំង។ គាត់បាននិយាយថា ការមើលឃើញព្រិលៗរបស់ខ្ញុំទំនងជាបណ្តាលមកពីភាពស្រអាប់នៃទឹកកញ្ចក់ភ្នែក ឬការផ្លាស់ទីរបស់កញ្ចក់ភ្នែក។ គាត់បាននិយាយថា ខ្ញុំចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ បើមិនដូច្នោះទេ ភ្នែកខាងស្តាំរបស់ខ្ញុំអាចពិការបាន។ នៅពេលដែលខ្ញុំបានឮបែបនេះ ខ្ញុំគិតថា «ខ្ញុំចប់ហើយ។ ភ្នែកខាងឆ្វេងរបស់ខ្ញុំខ្សោយ ហើយប្រសិនបើខ្ញុំមើលមិនឃើញដោយភ្នែកខាងស្តាំរបស់ខ្ញុំទេ តើខ្ញុំពិតជានឹងពិការភ្នែកមែនទេ? កុំថាឡើយការបំពេញភារកិច្ច សូម្បីតែការគ្រប់គ្រងជីវិតប្រចាំថ្ងៃក៏មានបញ្ហាដែរ។ តើពេលនោះខ្ញុំនឹងធ្វើអ្វី? ខ្ញុំបានបំពេញភារកិច្ចពេញម៉ោងនៅក្នុងពួកជំនុំប៉ុន្មានឆ្នាំចុងក្រោយនេះ ចុះហេតុអ្វីបានជាខ្ញុំត្រូវបញ្ចប់ដោយមានជំងឺបែបនេះទៅវិញ? ប្រសិនបើគ្រាន់តែជាការឈឺខ្នង ឬឈឺជើង វាមិនអីទេ យ៉ាងហោចណាស់វានឹងមិនពន្យាភារកិច្ចរបស់ខ្ញុំទេ។ ប៉ុន្តែ ប្រសិនភ្នែករបស់ខ្ញុំមើលមិនឃើញ ហើយខ្ញុំមិនអាចបំពេញភារកិច្ចបានទេ តើខ្ញុំនឹងមិនក្លាយទៅជាមនុស្សគ្មានប្រយោជន៍ទេឬ? តើខ្ញុំនៅតែអាចត្រូវបានសង្គ្រោះដោយរបៀបណាទៅ?» ខ្ញុំកាន់តែគិតអំពីវា ខ្ញុំក៏កាន់តែមានគំនិតអវិជ្ជមាន។ ខ្ញុំបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលបីថ្ងៃ ហើយគ្រូពេទ្យបានសាកល្បងការព្យាបាលជាច្រើនវិធី ប៉ុន្តែ សម្ពាធភ្នែករបស់ខ្ញុំចេះតែឡើងចុះៗ។ រន្ធប្រស្រីភ្នែករបស់ខ្ញុំមិនអាចត្រលប់មកធម្មតាវិញបានទេ។ ហើយខ្ញុំមើលឃើញរូបភាពបែកភ្លោះ ហាក់ដូចជាខ្ញុំពាក់វ៉ែនតាពីរជាន់កម្រិត 2000 ដឺក្រេអ៊ីចឹង។ កម្រិតមើលឃើញរបស់ខ្ញុំមានត្រឹមតែ 0.04 ប៉ុណ្ណោះ។ គ្រូពេទ្យបាននិយាយថា មិនទាន់មានការព្យាបាលប្រកបដោយប្រសិទ្ធភាពនៅពេលនេះទេ។ ហើយជម្រើសតែមួយគត់គឺត្រូវធ្វើការវះកាត់ដោយការចោះជាមុនសិន។ វិធីនេះ គាត់អាចមើលបានថា តើសម្ពាធភ្នែកអាចត្រូវបានបន្ថយឬអត់ ពិនិត្យស្ថានភាពកញ្ចក់ភ្នែក រួចហើយសម្រេចចិត្តថាតើត្រូវវះកាត់លើកទីពីរឬទេ។ ខ្ញុំអស់សង្ឃឹមជាខ្លាំង នៅពេលដែលបានឮរឿងនេះ ហើយពេលខ្ញុំដេកលើគ្រែ អារម្មណ៍របស់ខ្ញុំចាប់ផ្តើមរវើរវាយ៖ «គណបក្សកុម្មុយនីស្តចិន បានតាមប្រមាញ់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានបោះបង់អាជីវកម្មរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ច។ ទោះបីជាមានត្រឹមតែភ្នែកម្ខាងអាចមើលបាន ក៏ខ្ញុំនៅតែបន្តបំពេញភារកិច្ចរបស់ខ្ញុំ ហើយភារកិច្ចរបស់ខ្ញុំក៏បានបង្កើតផលផ្លែខ្លះដែរ ដូច្នេះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ? តើអាចថាមកពីខ្ញុំមិនបានបង់ថ្លៃគ្រប់គ្រាន់ ឬចំណាយកម្លាំងមិនគ្រប់គ្រាន់មែនទេ?» តាមគោលលទ្ធិ ខ្ញុំដឹងថា ខ្ញុំគួរតែចុះចូលទៅនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំនៅតែសង្ឃឹមថា ព្រះជាម្ចាស់នឹងព្យាបាលភ្នែករបស់ខ្ញុំ។ វាពិតជាអស្ចារ្យណាស់ ប្រសិនបើមានការអស្ចារ្យកើតឡើង! ក្រោយមក ខ្ញុំបានឃើញអ្នកជំងឺម្នាក់ទៀតនៅគ្រែជាប់គ្នា ដែលបានវះកាត់ជំងឺរបើកបាតភ្នែក ប៉ុន្តែក្រោយមកសម្ពាធភ្នែករបស់គាត់នៅតែខ្ពស់ដដែរ។ កម្រិតមើលឃើញនៅភ្នែកទាំងពីររបស់គាត់ស្ទើរតែបាត់បង់ទៅហើយ គាត់ត្រូវតោងស្មាភរិយាគាត់ ដើម្បីដើរយឺតៗ ហើយគ្មានសង្ឃឹមថាគាត់នឹងជាសះស្បើយឡើយ។ ការនេះធ្វើឲ្យខ្ញុំចាប់ផ្ដើមបារម្ភម្ដងទៀត ថាតើខ្ញុំនឹងដូចគាត់ដែរឬទេ។ កូនរបស់ខ្ញុំបានប្រាប់ខ្ញុំថា តាមអ៊ីនធឺណិតនិយាយថា ការបាត់បង់ការមើលឃើញពីជំងឺដក់ទឹកក្នុងភ្នែកមិនអាចត្រលប់ក្រោយវិញបានទេ ហើយថាជំងឺនេះបច្ចុប្បន្នមិនទាន់មានវិធីព្យាបាលនៅឡើយទេ។ ឮបែបនេះធ្វើឲ្យខ្ញុំកាន់តែតូចចិត្ត និងពិបាកចិត្ត ហើយខ្ញុំក៏ចាប់ផ្តើមត្អូញត្អែរ «បងប្អូនប្រុសស្រីជាច្រើននាក់បានជាសះស្បើយដោយព្រះជាម្ចាស់ព្យាបាល នៅពេលដែលពួកគេបានប្រឈមមុខនឹងជំងឺ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនបង្ហាញព្រះគុណដល់ខ្ញុំ?» ខ្ញុំគ្រាន់តែមិនអាចចុះចូលក្នុងដួងចិត្តរបស់ខ្ញុំបានឡើយ ហើយខ្ញុំក៏លែងចង់អធិស្ឋានទៀតដែរ។ ខ្ញុំបានចំណាយពេលរបស់ខ្ញុំដកដង្ហើមធំ ខ្ញុំមិនចង់ញ៉ាំ ហើយខ្ញុំក៏មិនអាចគេងលក់ស្រួលបានដែរ។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ខ្ញុំបានស្រកទម្ងន់អស់ជាច្រើនគីឡូក្រាម។ បន្ទាប់ពីការវះកាត់លើកទីពីរ គ្រូពេទ្យបានដាក់កញ្ចក់ភ្នែកសិប្បនិម្មិតទៅក្នុងភ្នែករបស់ខ្ញុំ ហើយនៅពេលខ្ញុំចេញពីបន្ទប់វះកាត់ ខ្ញុំមានអារម្មណ៍ក្រហាយភ្នែក និងឈឺចាប់ជាខ្លាំង ហើយខ្ញុំក៏ឈឺក្បាលខ្លាំងដែរ។ សម្ពាធភ្នែករបស់ខ្ញុំខ្ពស់ខ្លាំង រហូតមិនអាចវាស់បាន។ គ្រូពេទ្យអាចបញ្ចេញទឹកថ្លាចេញតាមរយៈស្នាមវះកាត់រៀងរាល់កន្លះម៉ោងម្ដងប៉ុណ្ណោះ និងប្រើថ្នាំដើម្បីបន្ថយសម្ពាធភ្នែក។ ប៉ុន្តែរយៈពេលប្រាំមួយម៉ោងបានកន្លងផុតទៅ ហើយសម្ពាធភ្នែកនៅតែមិនចុះ។ គ្រូពេទ្យបាននិយាយថា នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលថា ការវះកាត់អាចនឹងទៅជាឥតប្រយោជន៍ ហើយការមើលឃើញរបស់ខ្ញុំមិនអាចសង្គ្រោះបានទេ។ ដោយគិតថាខ្ញុំប្រហែលជាមិនអាចមើលឃើញអ្វីដោយភ្នែកស្តាំរបស់ខ្ញុំនៅពេលអនាគត ខ្ញុំមានអារម្មណ៍ឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ នៅពេលនោះហើយដែលទីបំផុតខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំង។ ចាប់តាំងពីខ្ញុំកើតជំងឺភ្នែកដំបូងរហូតដល់ចំណុចនេះ ខ្ញុំគ្មានអាកប្បកិរិយាចុះចូលឡើយ មានតែការរអ៊ូរទាំ និងការយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយខ្ញុំខ្វះខាតហេតុផល ដែលអ្នកជឿលើព្រះជាម្ចាស់គួរតែមាន។ ដូច្នេះ ខ្ញុំបានអធិស្ឋាន និងផ្ទុកផ្ដាក់ជំងឺភ្នែករបស់ខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ខ្ញុំមានបំណងចិត្តចុះចូលទៅនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ទោះបីជាមានអ្វីកើតឡើងចំពោះភ្នែករបស់ខ្ញុំក៏ដោយ។ ដោយមិននឹកស្មានដល់ ក្រោយមកបន្តិច ភ្នែករបស់ខ្ញុំក៏អាចមើលឃើញរៀងព្រាលៗបន្តិច ហើយសម្ពាធភ្នែករបស់ខ្ញុំក៏បានវិលត្រឡប់ទៅរកភាពធម្មតាវិញបន្តិចម្តងៗ។ នៅថ្ងៃបន្ទាប់ ទោះបីជាការមើលឃើញរបស់ខ្ញុំនៅតែព្រិលក៏ដោយ ក៏វាបានប្រសើរឡើងដល់ 0.2។ ខ្ញុំមានអារម្មណ៍រីករាយភ្លាមៗ ហើយដឹងថា នេះគឺជាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ និងការយល់ដឹងរបស់ទ្រង់ចំពោះភាពទន់ខ្សោយរបស់ខ្ញុំ ខ្ញុំបានបន្តអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ។
បន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យ ខ្ញុំបានស្នាក់នៅផ្ទះសាច់ញាតិម្នាក់មួយរយៈ ដើម្បីសម្រាក និងព្យាបាលជំងឺ។ ក្នុងអំឡុងពេលនេះ អ្នកដឹកនាំ អ្នកមើលការខុសត្រូវ និងបងប្អូនប្រុសស្រីផ្សេងទៀតក៏បានសរសេរសំបុត្រមកបង្ហាញការយកចិត្តទុកដាក់ចំពោះខ្ញុំដែរ ដោយសួរសុខទុក្ខអំពីសភាពរបស់ខ្ញុំ និងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជួយ និងគាំទ្រខ្ញុំ។ ភរិយារបស់ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឮៗឲ្យខ្ញុំស្តាប់ដែរ ក្នុងចំណោមនោះ អត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនពីរមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកព្រះហឫទ័យពីទ្រង់ដែរឬទេ នៅពេលជំងឺ និងការរងទុក្ខកើតមានឡើងចំពោះអ្នក? តើព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដើម្បីណែនាំអ្នក និងដឹកនាំអ្នកយ៉ាងដូចម្ដេច? តើទ្រង់គ្រាន់តែបំភ្លឺ និងស្រាយបំភ្លឺអ្នកប៉ុណ្ណោះឬ? នោះមិនមែនជាវិធីសាស្ត្រតែមួយគត់របស់ទ្រង់ឡើយ ទ្រង់ក៏នឹងល្បងលអ្នក និងបន្សុទ្ធអ្នកផងដែរ។ តើព្រះជាម្ចាស់ល្បងលមនុស្សយ៉ាងដូចម្ដេច? តើទ្រង់មិនល្បងលមនុស្សដោយការធ្វើឱ្យពួកគេរងទុក្ខទេឬ? ការរងទុក្ខកើតមានឡើងជាមួយនឹងការល្បងល។ ប្រសិនបើគ្មានការល្បងលទេ តើមនុស្សអាចរងទុក្ខដោយរបៀបណា? ហើយបើគ្មានការរងទុក្ខនៃការល្បងលទេ តើមនុស្សអាចផ្លាស់ប្ដូរដោយរបៀបណា? ការរងទុក្ខកើតមានឡើងជាមួយនឹងការល្បងល។ ប្រសិនបើមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការមិនខាន» («ក្នុងការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្តីពិត គឺរឿងសំខាន់បំផុត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅពេលដែលជំងឺកើតមានឡើងចំពោះមនុស្ស តើពួកគេគួរដើរតាមផ្លូវណា? តើពួកគេគួរជ្រើសរើសដោយរបៀបណា? មនុស្សមិនគួរធ្លាក់ទៅក្នុងទុក្ខព្រួយ ភាពខ្វល់ខ្វាយ និងក្ដីបារម្ភ ដោយគិតអំពីអនាគត និងផ្លូវចេញរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សកាន់តែស្ថិតក្នុងពេលវេលាបែបនេះ និងក្នុងស្ថានភាព ព្រមទាំងបរិបទពិសេសបែបនេះ ហើយនៅពេលដែលពួកគេកាន់តែជួបប្រទះនឹងការលំបាកផ្ទាល់ខ្លួនបែបនេះ ពួកគេកាន់តែគួរស្វែងរកសេចក្ដីពិត និងដេញតាមសេចក្ដីពិត។ មានតែការធ្វើបែបនេះទេ ទើបសេចក្ដីអធិប្បាយដែលអ្នកបានឮ និងសេចក្ដីពិតដែលអ្នកបានយល់កន្លងមក មានប្រសិទ្ធភាព និងមិនអសារឥតការ។ នៅពេលដែលអ្នកកាន់តែជួបប្រទះនឹងការលំបាកបែបនេះ អ្នកកាន់តែគួរលះបង់បំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ហើយចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់។ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរៀបចំស្ថានភាពប្រភេទនេះ និងរៀបចំកាលៈទេសៈទាំងនេះសម្រាប់អ្នក មិនមែនដើម្បីធ្វើឱ្យអ្នកធ្លាក់ទៅក្នុងអារម្មណ៍នៃទុក្ខព្រួយ ភាពខ្វល់ខ្វាយ និងក្ដីបារម្ភនោះទេ ហើយវាក៏មិនមែនដើម្បីឱ្យអ្នកអាចល្បងលព្រះជាម្ចាស់ ដើម្បីមើលថាតើទ្រង់ពិតជានឹងប្រោសអ្នកឱ្យជាឬអត់ នៅពេលដែលជំងឺកើតមានឡើងចំពោះអ្នក ដោយតាមរយៈនោះ ស្ទាបស្ទង់មើលការពិតនៃរឿងនេះទេ។ ព្រះជាម្ចាស់រៀបចំស្ថានភាព និងកាលៈទេសៈពិសេសទាំងនេះសម្រាប់អ្នក គឺដើម្បីឱ្យអ្នកអាចរៀនសូត្រមេរៀនជាក់ស្ដែងនៅក្នុងស្ថានភាព និងកាលៈទេសៈបែបនេះ ចូលទៅក្នុងសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់កាន់តែស៊ីជម្រៅ ហើយដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់ និងត្រឹមត្រូវអំពីរបៀបដែលព្រះជាម្ចាស់ចាត់ចែងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងអស់។ វាសនារបស់មនុស្សគឺនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ទោះបីជាមនុស្សអាចញាណដឹងពីវាឬអត់ ទោះបីជាពួកគេពិតជាដឹងខ្លួនពីវាឬអត់ក៏ដោយ ពួកគេគួរតែចុះចូល ហើយមិនត្រូវទាស់ទទឹង មិនត្រូវបដិសេធ ហើយច្បាស់ណាស់ថាមិនត្រូវល្បងលព្រះជាម្ចាស់ឡើយ។ អ្នកគង់តែស្លាប់ដដែល ហើយប្រសិនបើអ្នកទាស់ទទឹង បដិសេធ និងល្បងលព្រះជាម្ចាស់ នោះមិនបាច់និយាយក៏ដឹងដែរថាលទ្ធផលចុងក្រោយរបស់អ្នកនឹងទៅជាយ៉ាងណា។ ផ្ទុយទៅវិញ ឧបមាថា នៅពេលដែលអ្នកជួបប្រទះនឹងជំងឺ អ្នកអាចស្វែងរកថាតើភាវៈដែលព្រះបានបង្កើត គួរតែចុះចូលនឹងការចាត់ចែងរបស់ព្រះអាទិករដោយរបៀបណា ស្វែងរកថាតើមេរៀនអ្វីខ្លះដែលព្រះជាម្ចាស់ចង់ឱ្យអ្នករៀនសូត្រ ហើយថាតើនិស្ស័យពុករលួយមួយណាដែលព្រះជាម្ចាស់ចង់ឱ្យអ្នកស្គាល់ នៅក្នុងស្ថានភាពដែលបានកើតឡើងចំពោះអ្នកនេះ ហើយតាមរយៈនោះ យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ដ៏ល្អ ដើម្បីបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះ នោះអ្នកនឹងអាចសម្រេចបាននូវការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំមានអារម្មណ៍ដឹងអំពីព្រះរាជបំណងយកចិត្តទុកដាក់ខ្ពស់របស់ព្រះជាម្ចាស់។ ព្រះរាជបំណងរបស់ព្រះជាម្ចាស់មិនមែនសម្រាប់ឱ្យខ្ញុំរស់នៅក្នុងអារម្មណ៍អវិជ្ជមាននៃការថប់បារម្ភ និងទុក្ខព្រួយឡើយ ប៉ុន្តែដើម្បីអនុញ្ញាតឲ្យខ្ញុំអធិស្ឋាន ពឹងផ្អែកលើទ្រង់ និងចុះចូលទៅនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់ ដើម្បីឱ្យខ្ញុំអាចស្វែងរកសេចក្តីពិត ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងអំពីរឿងនេះ។ ព្រះជាម្ចាស់កំពុងប្រើប្រាស់ជំងឺរបស់ខ្ញុំ ដើម្បីសម្អាតសេចក្ដីពុករលួយរបស់ខ្ញុំ ហើយនេះគឺជាសេចក្តីស្រឡាញ់របស់ទ្រង់។ នៅពេលដែលខ្ញុំបានយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ហើយ ខ្ញុំក៏ចាប់ផ្ដើមអធិស្ឋានរៀងរាល់ថ្ងៃ សុំឲ្យព្រះជាម្ចាស់ដឹកនាំខ្ញុំ ដើម្បីរៀនមេរៀនមួយ។ ភរិយារបស់ខ្ញុំក៏ឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យខ្ញុំស្តាប់ផងដែរ។ បន្តិចម្ដងៗ ខ្ញុំលែងមានអារម្មណ៍អស់សង្ឃឹមខ្លាំងទៀតហើយ ហើយសភាពរបស់ខ្ញុំក៏ប្រសើរឡើងច្រើន។ មួយរយៈពេលក្រោយមក ខ្ញុំបានត្រឡប់ទៅមន្ទីរពេទ្យវិញ ដើម្បីពិនិត្យសុខភាពម្ដងទៀត ហើយគួរឲ្យភ្ញាក់ផ្អើល កម្រិតមើលឃើញរបស់ខ្ញុំបានឡើងដល់ 0.3។ ខ្ញុំបានទទួលវ៉ែនតាមួយគូទៀត ហើយខ្ញុំអាចមើលឃើញពាក្យនៅលើកុំព្យូទ័របានច្បាស់បន្តិច ហើយការវាយអក្សររបស់ខ្ញុំក៏លែងរងផលប៉ះពាល់ខ្លាំងទៀតដែរ។
បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមគិតពិចារណា «តាមរយៈជំងឺនេះ ខ្ញុំបានបើកសម្តែងនូវការត្អូញត្អែរ និងការយល់ច្រឡំជាច្រើន តើខ្ញុំគួរឆ្លុះបញ្ចាំងលើទិដ្ឋភាពណាមួយនៃនិស្ស័យពុករលួយរបស់ខ្ញុំ?» ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សទាំងអស់ជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ រង្វាន់ និងមកុដ។ តើមនុស្សគ្រប់រូបមិនមានបំណងនេះនៅក្នុងចិត្តទេឬ? តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានបំណងនេះ។ នេះគឺជាការពិត។ ទោះបីជាមនុស្សមិនសូវនិយាយអំពីវាក៏ដោយ ហើយថែមទាំងលាក់បាំងបំណង និងសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរក៏ដោយ ក៏សេចក្ដីប្រាថ្នានេះ បំណងនេះ និងគំនិតជំរុញនេះ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស មិនដែលរង្គោះរង្គើឡើយ។ មិនថាមនុស្សយល់ពីទ្រឹស្ដីខាងវិញ្ញាណកម្រិតណា មានចំណេះដឹងតាមរយៈបទពិសោធអ្វីខ្លះ អាចបំពេញភារកិច្ចអ្វី ស៊ូទ្រាំនឹងការរងទុក្ខបានកម្រិតណា ឬលះបង់តម្លៃប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលបោះបង់ចោលបំណងក្នុងការទទួលបានព្រះពរ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេឡើយ ហើយតែងតែធ្វើកិច្ចការលំបាកដោយស្ងៀមស្ងាត់ និងរត់ចុះរត់ឡើងដើម្បីបម្រើបំណងនេះ។ តើនេះមិនមែនជារឿងដែលកប់ជ្រៅបំផុតនៅក្នុងដួងចិត្តរបស់មនុស្សទេឬ? បើគ្មានបំណងក្នុងការទទួលបានព្រះពរនេះទេ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា? តើអ្នករាល់គ្នានឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នា និងដើរតាមព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបណា? តើមនុស្សនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើបំណងក្នុងការទទួលបានព្រះពរ ដែលលាក់នៅក្នុងដួងចិត្តរបស់ពួកគេនេះ ត្រូវបានលុបបំបាត់ទាំងស្រុងនោះ? វាអាចទៅរួចដែលថាមនុស្សជាច្រើននឹងក្លាយជាអវិជ្ជមាន ហើយថា អ្នកខ្លះនឹងអស់កម្លាំងចិត្តនៅក្នុងភារកិច្ចរបស់ពួកគេ ព្រមទាំងបាត់បង់ចំណាប់អារម្មណ៍នៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពួកគេនឹងហាក់ដូចជាបានបាត់បង់ព្រលឹងរបស់ខ្លួន ហើយវានឹងមើលទៅហាក់ដូចជាដួងចិត្តរបស់ពួកគេត្រូវបានដកចេញអ៊ីចឹង។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយថា បំណងក្នុងការទទួលបានព្រះពរ គឺជារឿងដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «គោលបំណងរបស់មនុស្សទាំងនេះក្នុងការដើរតាមព្រះជាម្ចាស់ គឺសាមញ្ញណាស់ ហើយវាគឺសម្រាប់គោលដៅតែមួយគត់៖ ដើម្បីទទួលបានព្រះពរ។ មនុស្សទាំងនេះមិនខ្ចីអើពើនឹងអ្វីផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងគោលដៅនេះឡើយ។ ចំពោះពួកគេ គ្មានគោលដៅណាមួយនៃការជឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវជាងការទទួលបានព្រះពរឡើយ នេះហើយគឺជាតម្លៃពិតនៃសេចក្ដីជំនឿរបស់ពួកគេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ទោះជាអ្វីក៏ដោយ ក៏ពួកគេនៅតែមិនរំជួលចិត្តនឹងវាឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ រត់ចុះរត់ឡើង។ ដើម្បីគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ហើយថែមទាំងផ្លាស់ប្ដូរទិសដៅដែលគេដេញតាម ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរគោលបំណងនៃជំនឿរបស់គេលើព្រះជាម្ចាស់បានឡើយ។ ... ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនដែលយល់ពីព្រះជាម្ចាស់ សុខចិត្តលះបង់យ៉ាងធំធេងបែបនេះដើម្បីទ្រង់? ត្រង់នេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានមនុស្សរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺជាសម្ពន្ធភាពរវាងកូនឈ្នួលម្នាក់និងថៅកែម្នាក់ដែរ។ កូនឈ្នួលប្រឹងប្រែងធ្វើការគ្រាន់តែដើម្បីទទួលរង្វាន់ដែលថៅកែផ្ដល់ឱ្យប៉ុណ្ណោះ។ នៅក្នុងសម្ពន្ធភាពដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនប្រភេទនេះ គឺមិនមាននូវមនោសញ្ចេតនាដូចញាតិសន្ដានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែការឱ្យទាន និងសេចក្ដីករុណា។ គ្មានការយោគយល់ មានតែការខំទប់កំហឹងទាំងគ្មានជម្រើស និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែគម្លាតជ្រៅដែលមិនអាចឆ្លងកាត់បាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចបញ្ច្រាសនិន្នាការបែបនេះបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងយ៉ាងប្រាកដថា សម្ពន្ធភាពនេះធ្ងន់ធ្ងរខ្លាំងដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងបរិយាកាសដ៏អំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា ទំនាក់ទំនងជាមួយព្រះជាម្ចាស់បែបនេះ មានភាពឆ្គាំឆ្គង និងពិបាកមើលខ្លាំងប៉ុនណានោះទេ» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់លាតត្រដាងពីសភាពពិតរបស់ខ្ញុំ។ អស់រយៈពេលជាច្រើនឆ្នាំក្នុងការជឿលើព្រះជាម្ចាស់ ខ្ញុំបានលះបង់ផ្ទះសម្បែង និងអាជីពរបស់ខ្ញុំ ទ្រាំទ្រនឹងភាពលំបាក និងបានលះបង់ខ្លួនឯងអស់ហើយ។ ហើយអ្វីៗទាំងអស់នេះ គឺដើម្បីឲ្យខ្ញុំបានទទួលព្រះពរ ត្រូវបានសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌។ នឹកទៅដល់កាលដែលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូង ខ្ញុំជឿថា ដរាបណាខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ លះបង់អ្វីៗ និងបោះបង់ខ្លួនឯង ខ្ញុំប្រាកដជានឹងទទួលព្រះពរពីព្រះជាម្ចាស់។ ដោយសារមូលហេតុនេះ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងសកម្ម ហើយដើម្បីកុំឲ្យខកខានភារកិច្ចរបស់ខ្ញុំ ខ្ញុំថែមទាំងបានបោះបង់មុខរបររបស់ខ្ញុំទៀតផង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកម្លាំងដែលមិនចេះអស់ ហើយគោលដៅតែមួយគត់របស់ខ្ញុំ គឺដើម្បីដេញតាមព្រះពរ។ ក្រោយមក ភ្នែកខាងឆ្វេងរបស់ខ្ញុំក៏ចាប់ផ្ដើមមានជំងឺ ហើយការមើលឃើញរបស់ខ្ញុំក៏ចុះខ្សោយ ប៉ុន្តែខ្ញុំនៅតែបន្តពុះពារនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំគិតថា ព្រះជាម្ចាស់នឹងគិតគូរពីការពុះពារនៅក្នុងភារកិច្ច និងការចុះចូលរបស់ខ្ញុំចំពោះទ្រង់ ហើយហេតុនេះ ទ្រង់នឹងប្រោសភ្នែករបស់ខ្ញុំឲ្យជាសះស្បើយ និងប្រទានគោលដៅដ៏ល្អមួយដល់ខ្ញុំនៅពេលអនាគត។ អ្វីដែលខ្ញុំភ្ញាក់ផ្អើល ភ្នែកខាងឆ្វេងរបស់ខ្ញុំមិនត្រឹមតែមិនបានជាសះស្បើយទេ ប៉ុន្តែភ្នែកខាងស្តាំរបស់ខ្ញុំថែមទាំងកើតជំងឺដក់ទឹកក្នុងភ្នែកទៀតផង។ ខ្ញុំមើលអ្វីមិនឃើញសោះតែម្តង ហើយខ្ញុំក៏មិនអាចបំពេញភារកិច្ចអ្វីបានឡើយ។ នៅពេលដែលខ្ញុំបានឃើញថា គ្មានសង្ឃឹមនឹងបានទទួលព្រះពរឡើយ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងទុក្ខព្រួយយ៉ាងខ្លាំង ហើយខ្ញុំក៏ពេញដោយការយល់ច្រឡំ និងការត្អូញត្អែរចំពោះព្រះជាម្ចាស់។ ខ្ញុំចេះតែប្រកែកជាមួយនឹងព្រះជាម្ចាស់នៅក្នុងចិត្ត ហើយទាមទារឲ្យទ្រង់ប្រោសខ្ញុំឲ្យជាសះស្បើយ។ តាមរយៈការជំនុំជម្រះ និងការបើកសម្តែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុត ខ្ញុំក៏បានឃើញថា ខ្ញុំបានព្យាយាមប្រើភារកិច្ចរបស់ខ្ញុំ ដើម្បីចរចារដោះដូរយកព្រះពរនៃនគរស្ថានសួគ៌ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសុទ្ធសាធតែប៉ុណ្ណោះ។ អស់រយៈពេលជាច្រើនឆ្នាំដែលខ្ញុំបានបំពេញភារកិច្ច ខ្ញុំមិនបានដេញតាមសេចក្តីពិតឡើយ ហើយនិស្ស័យពុករលួយរបស់ខ្ញុំក៏មិនបានផ្លាស់ប្តូរច្រើនដែរ។ នៅពីក្រោយការរងទុក្ខ និងការបង់ថ្លៃរបស់ខ្ញុំ គឺលាក់ទុកនូវការប៉ុនប៉ងចរចាជាមួយនឹងព្រះជាម្ចាស់។ ខ្ញុំពេញដោយការទាមទារ និងការបោកបញ្ឆោតចំពោះព្រះជាម្ចាស់ ហើយខ្ញុំគ្មានភាពស្មោះត្រង់សូម្បីតែបន្តិចបន្តួចឡើយ។ ក្រោយមក ខ្ញុំក៏ចាប់ផ្តើមស្វែងរកថា «តើអ្វីជាឫសគល់នៃការស្រេកឃ្លានព្រះពរឥតឈប់ឈររបស់ខ្ញុំនៅក្នុងជំនឿ?»
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលមនុស្សធ្វើ មិនថាពួកគេកំពុងអធិដ្ឋាន ឬប្រកបគ្នា ឬធ្វើសេចក្ដីអធិប្បាយនោះទេ អ្វីដែលពួកគេគិតដល់ អ្វីដែលពួកគេដេញតាម និងប្រាថ្នាចង់បាន គឺត្រឹមតែជាការទាមទារ និងការអង្វរសុំរបស់ផ្សេងៗពីព្រះជាម្ចាស់ប៉ុណ្ណោះ ដោយសង្ឃឹមថាពួកគេអាចនឹងទទួលបានអ្វីមួយពីទ្រង់។ មនុស្សមួយចំនួននិយាយថា 'នេះគឺដោយសារតែធម្មជាតិរបស់មនុស្ស' ដែលជារឿងត្រឹមត្រូវ។ បន្ថែមលើនេះ ការដែលមនុស្សទាមទារច្រើនពេកពីព្រះជាម្ចាស់ និងមានសេចក្ដីប្រាថ្នាដ៏ហួសហេតុច្រើនខ្លាំងពេក បញ្ជាក់ថាមនុស្សគ្មានមនសិការ និងវិចារណញ្ញាណទាល់តែសោះ។ ពួកគេសុទ្ធតែទាមទារ និងអង្វរសុំរបស់ផ្សេងៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬព្យាយាមដោះសា និងរកលេសឱ្យខ្លួនឯង គឺពួកគេធ្វើរឿងទាំងអស់នេះដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ នៅក្នុងរឿងជាច្រើន គេអាចមើលឃើញថា អ្វីដែលមនុស្សធ្វើគឺគ្មានវិចារណញ្ញាណទាល់តែសោះ ដែលបញ្ជាក់យ៉ាងពេញលេញថា តក្កវិជ្ជាបែបសាតាំងដែលថា 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់' បានក្លាយជាធម្មជាតិរបស់មនុស្សរួចទៅហើយ។ តើការដែលមនុស្សទាមទារច្រើនពេកពីព្រះជាម្ចាស់ បង្ហាញឱ្យឃើញពីបញ្ហាអ្វី? វាបង្ហាញឱ្យឃើញថា មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតមួយ ហើយថា នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះ» («មនុស្សធ្វើការទាមទារពីព្រះជាម្ចាស់ច្រើនលើសលុបពេកហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងអ្វីសោះឡើងក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សថោកទាបបែបនេះ នឹងត្រូវបាន 'បណ្ដេញចេញ' ទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ទីបញ្ចប់ ហើយពួកគេនឹងមិនទទួលបានសេចក្ដីករុណាណាមួយទាល់តែសោះឡើយ។ អស់អ្នកដែលគ្មានភាពជាមនុស្ស ពិតជាមិនមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់នោះឡើយ។ នៅពេលដែលបរិយាកាសមានភាពសុខស្រួល ឬពួកគេទទួលបានផលប្រយោជន៍អ្វីមួយ ពួកគេស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែនៅពេលដែលបំណងប្រាថ្នារបស់ពួកគេត្រូវបានប៉ះពាល់ ឬទីបំផុតត្រូវរលាយបាត់ ពួកគេក៏ក្រោកឡើងបះបោរភ្លាមៗ។ សូម្បីតែក្នុងរយៈពេលត្រឹមតែមួយយប់ ពួកគេប្រែពីមនុស្សដែលមានស្នាមញញឹម និងមាន 'ចិត្តល្អ' ទៅជាពេជ្ឈឃាតដែលមានមុខមាត់សាហាវយង់ឃ្នង ដោយនឹកស្មានមិនដល់ ពួកគេចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីម្សិលមិញ ថាជាសត្រូវសួរពូជរបស់ពួកគេ ដោយគ្មានហេតុផលអ្វីសោះ។ ប្រសិនបើពួកអារក្សកំណាចដែលសម្លាប់មនុស្សដោយមិនព្រិចភ្នែកទាំងនេះ មិនត្រូវបានបណ្ដេញចេញទេនោះ តើពួកគេនឹងមិនក្លាយជាការគំរាមកំហែងលាក់កំបាំងដ៏ធ្ងន់ធ្ងរទេឬ?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំដឹងថា ការស្វែងរកព្រះពរឥតឈប់ឈររបស់ខ្ញុំ គឺកើតចេញពីការរស់នៅដោយពិសបែបសាតាំងដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ «មនុស្សស្លាប់ព្រោះប្រាក់ ឯសត្វស្លាប់ព្រោះចំណី» និង «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ»។ អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ គឺចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហើយធម្មជាតិរបស់ខ្ញុំគឺលោភលន់ និងអាត្មានិយមខ្លាំង។ នៅពេលដែលខ្ញុំបានទទួលយកជាលើកដំបូងនូវកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ខ្ញុំបានដឹងថា ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការដំណាក់កាលចុងក្រោយរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិ។ ហើយថា មានតែការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ ទើបខ្ញុំអាចមានឱកាសត្រូវបានសង្គ្រោះ និងគង់វង្ស។ ខ្ញុំបានឃើញថា នេះគឺជាឱកាសតែម្ដងគត់ក្នុងមួយជីវិត ដូច្នេះ ខ្ញុំបានលះបង់អាជីវកម្មរបស់ខ្ញុំដោយគ្មានស្ទាក់ស្ទើរ ហើយបានជ្រើសរើសបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោង។ បើមិនមែនដើម្បីព្រះពរ និងផលប្រយោជន៍ទេ នោះខ្ញុំក៏គ្មានសេចក្តីខ្នះខ្នែងខ្លាំងដល់ថ្នាក់នេះដែរ។ អស់រយៈពេលជាច្រើនឆ្នាំ ទោះបីខ្ញុំអាចមើលឃើញច្បាស់ដោយភ្នែកម្ខាងប៉ុណ្ណោះក្តី ខ្ញុំនៅតែបន្តតស៊ូនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយគិតថា តាមរយៈការធ្វើដូច្នេះ ខ្ញុំនឹងត្រូវបានសង្គ្រោះ និងមានគោលដៅដ៏ល្អមួយ។ ខ្ញុំបានចាត់ទុកព្រះជាម្ចាស់ដូចជាចៅហ្វាយនាយ ហើយក្រោយពីបានបំពេញភារកិច្ចបន្តិចបន្តួច ខ្ញុំក៏បានទាមទារព្រះពរ និងសេចក្តីសន្យាពីព្រះជាម្ចាស់ដោយឥតអៀនខ្មាស ដោយគិតតែពីរបៀបដែលខ្ញុំអាចទទួលបានផលប្រយោជន៍ពីទ្រង់ប៉ុណ្ណោះ។ នៅពេលដែលភ្នែកខាងស្តាំរបស់ខ្ញុំកើតជំងឺ ហើយខ្ញុំបានប្រឈមមុខនឹងការងងឹតភ្នែកទៅថ្ងៃខាងមុខ និងមិនអាចបំពេញភារកិច្ចអ្វីបានឡើយ ខ្ញុំគិតថា ខ្ញុំហៀបនឹងក្លាយទៅជាមនុស្សឥតបានការ ហើយនឹងត្រូវបានជម្រុះចោល។ ខ្ញុំមានអារម្មណ៍ថា រាល់ការខិតខំ និងការចំណាយរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ អាចនឹងក្លាយទៅជាអសារឥតការ ហើយសេចក្តីសង្ឃឹមរបស់ខ្ញុំក្នុងការទទួលបានព្រះពរ អាចនឹងរលាយបាត់ទៅ។ ដូច្នេះ ខ្ញុំគ្រាន់តែមិនអាចទទួលយកបាន ហើយខ្ញុំក៏ពេញដោយការយល់ច្រឡំ និងការត្អូញត្អែរទាស់នឹងព្រះជាម្ចាស់។ ខ្ញុំថែមទាំងបានចោទសួរថា ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានជំងឺបែបនេះកើតមកលើខ្ញុំ។ ឥរិយាបថរបស់ខ្ញុំទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់បានបើកសម្តែងយ៉ាងដូច្នេះ៖ «អស់អ្នកដែលគ្មានភាពជាមនុស្ស ពិតជាមិនមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់នោះឡើយ។ នៅពេលដែលបរិយាកាសមានភាពសុខស្រួល ឬពួកគេទទួលបានផលប្រយោជន៍អ្វីមួយ ពួកគេស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែនៅពេលដែលបំណងប្រាថ្នារបស់ពួកគេត្រូវបានប៉ះពាល់ ឬទីបំផុតត្រូវរលាយបាត់ ពួកគេក៏ក្រោកឡើងបះបោរភ្លាមៗ។ សូម្បីតែក្នុងរយៈពេលត្រឹមតែមួយយប់ ពួកគេប្រែពីមនុស្សដែលមានស្នាមញញឹម និងមាន 'ចិត្តល្អ' ទៅជាពេជ្ឈឃាតដែលមានមុខមាត់សាហាវយង់ឃ្នង ដោយនឹកស្មានមិនដល់ ពួកគេចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីម្សិលមិញ ថាជាសត្រូវសួរពូជរបស់ពួកគេ ដោយគ្មានហេតុផលអ្វីសោះ»។ ខ្ញុំមិនបានចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់នៅក្នុងជំនឿរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំបានចាត់ទុកភារកិច្ចរបស់ខ្ញុំជាឧបករណ៍សម្រាប់ដោះដូរយកព្រះពរ និងការចូលក្នុងនគរស្ថានសួគ៌។ ជាសារជាតិ ខ្ញុំបានព្យាយាមកេងចំណេញ និងប្រើល្បិចគិតគូរទាស់នឹងព្រះជាម្ចាស់។ ដោយគិតថា ខ្ញុំអាចប្រើការបង់ថ្លៃ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដើម្បីដោះដូរយកព្រះពរដ៏អស្ចារ្យ។ តើខ្ញុំមានភាពជាមនុស្ស ឬហេតុផលបែបណាទៅ? នៅពេលដែលការល្បងលនេះបានមកដល់ ខ្ញុំមិនបានគិតអំពីរបៀបដែលត្រូវបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ឡើយ ហើយអ្វីៗទាំងអស់ដែលខ្ញុំព្រួយបារម្ភ គឺមានតែអនាគត និងគោលដៅរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមមែនទែន! ចាប់តាំងពីខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយមក ខ្ញុំបានទទួលការស្រោចស្រព និងការចិញ្ចឹមបីបាច់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏បានប្រទានឱកាសឲ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ដែលអនុញ្ញាតឲ្យខ្ញុំ ក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំ អាចយល់បន្តិចម្ដងៗ និងទទួលបានសេចក្តីពិតពីទិដ្ឋភាពផ្សេងៗ។ នេះគឺជាសេចក្តីស្រឡាញ់ និងសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះខ្ញុំទាំងអស់ ប៉ុន្តែ ខ្ញុំបានចាត់ទុកភារកិច្ចរបស់ខ្ញុំជាឈ្នាន់មួយ ដើម្បីទទួលបានព្រះពរ។ ការនេះពិតជាគួរឱ្យស្អប់ខ្ពើម និងជាទីស្អប់ដល់ព្រះជាម្ចាស់ណាស់! ខ្ញុំបានគិតអំពីអ្វីដែលលោកប៉ុលបាននិយាយថា «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ លោកប៉ុលបានប្រើការខិតខំប្រឹងប្រែង និងតម្លៃដែលគាត់បានបង់ ដើម្បីទាមទារមកុដនៃសេចក្តីសុចរិតពីព្រះជាម្ចាស់ ដោយអះអាងថា ព្រះជាម្ចាស់នឹងមិនសុចរិតទេ ប្រសិនបើទ្រង់មិនប្រទានវាឲ្យគាត់ ហើយគាត់បានស្រែកខ្លាំងៗប្រឆាំង និងទាស់នឹងព្រះជាម្ចាស់ដោយចំហ។ នេះបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយដូច្នេះ លោកប៉ុលត្រូវបានព្រះជាម្ចាស់ដាក់ទោស។ តើខ្ញុំមិនកំពុងតែដើរតាមផ្លូវតែមួយដូចលោកប៉ុលដែរឬ? ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវបញ្ចប់ដោយត្រូវបានដាក់ទោសនៅក្នុងស្ថាននរក!
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ភារកិច្ចរបស់មនុស្ស និងការដែលគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយគេគប្បីបំពេញភារកិច្ចដោយមិនត្រូវការការប៉ះប៉ូវ លក្ខខណ្ឌ ឬលេសដោះសាអ្វីឡើយ។ មានតែបែបនេះទេ ទើបអាចហៅថាជាការបំពេញភារកិច្ចរបស់ខ្លួនបាន។ ការទទួលបានព្រះពរ គឺសំដៅលើព្រះពរដែលមនុស្សម្នាក់ទទួលបាន នៅពេលដែលពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះរួច។ ការជួបនឹងទុក្ខវេទនា សំដៅលើការដាក់ទោសដែលមនុស្សម្នាក់បានទទួល នៅពេលដែលនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរួច នោះគឺនៅពេលដែលពួកគេមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ មិនថាពួកគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះទេ ភាវៈដែលព្រះបានបង្កើត គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ពោលគឺមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែទទួលបានព្រះពរនោះទេ ហើយអ្នកមិនគួរបដិសេធបំពេញភារកិច្ចដោយការភ័យខ្លាចថាជួបនឹងទុក្ខវេទនានោះឡើយ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់លាស់ណាស់! ភារកិច្ចគឺជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយវាគឺជាទំនួលខុសត្រូវដែលមិនអាចគេចផុតបានរបស់ភាវៈដែលព្រះបង្កើតមក។ មិនគួរមានបំណងលាក់កំបាំង ឬភាពមិនបរិសុទ្ធណាមួយនៅក្នុងរឿងនេះឡើយ។ ដូចគ្នាដែរ វាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិសម្រាប់កូនៗមានកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ ដែលមិនគួរមានការស្វែងរកផលប្រយោជន៍នៅក្នុងរឿងនេះទេ។ លើសពីនេះទៅទៀត ការដែលនរណាម្នាក់អាចត្រូវបានសង្រ្គោះ ឬអត់ គឺអាស្រ័យលើថាតើ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេបានដេញតាមសេចក្តីពិត ពិនិត្យមើលមនុស្ស និងអ្វីៗតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាតើ និស្ស័យពុករលួយរបស់ពួកគេអាចត្រូវបានសម្អាត និងផ្លាស់ប្រែដែរឬទេ។ ប្រសិនបើនរណាម្នាក់អាចប្រព្រឹត្តខ្លួនបានត្រឹមត្រូវ ហើយបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ឈរនៅកន្លែងជាភាវៈដែលព្រះបង្កើតមក ហើយបំពេញភារកិច្ចរបស់ខ្លួន ហើយមិនថាមានការល្បងលដ៏ធំធេង ឬការបន្សុទ្ធមកលើពួកគេយ៉ាងណាក៏ដោយ ពួកគេគ្មានការយល់ច្រឡំ ឬការត្អូញត្អែរអ្វីឡើយ ហើយអាចចុះចូលដោយគ្មានលក្ខខណ្ឌចំពោះការរៀបចំ និងចាត់ចែងរបស់ព្រះជាម្ចាស់ ហើយទីបំផុតទទួលបានការចុះចូល និងការកោតខ្លាចព្រះជាម្ចាស់ ពេលនោះ បុគ្គលបែបនេះអាចត្រូវបានសង្គ្រោះ ហើយទីបំផុតនឹងឋិតថេរនៅ វាមិនមែនមានន័យថា ដរាបណាអ្នកណាម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបាន ពួកគេនឹងត្រូវបានសង្គ្រោះ ទោះបីជានិស្ស័យពុករលួយរបស់ពួកគេមិនបានផ្លាស់ប្តូរសោះក៏ដោយ ទស្សនៈនោះជាសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ខ្ញុំសុទ្ធសាធ ហើយវាពិតជាមិនសមហេតុផលទាល់តែសោះ។ ចាប់ពីពេលនោះមក ខ្ញុំមានចិត្តចង់ស្វែងរកព្រះរាជបំណងព្រះជាម្ចាស់ និងដេញតាមរកសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ដែលបានធ្លាក់មកលើខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតបស្នងសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់។ សភាពរបស់ខ្ញុំបានផ្លាស់ប្ដូរជាវិជ្ជមានខ្លះៗនៅពេលក្រោយមក។ ពេលខ្លះ ភ្នែករបស់ខ្ញុំនៅតែព្រាលៗ បន្ទាប់ពីអានសេចក្តីអធិប្បាយអស់មួយសន្ទុះ ហើយខ្ញុំត្រូវសម្រាក។ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ឈឺចាប់ក្នុងចិត្ត ដូចកាលពីមុនទៀតទេ។
អំឡុងពេលនៃការអធិដ្ឋានថ្វាយបង្គំរបស់ខ្ញុំ ខ្ញុំបានអាននូវអត្ថបទទាំងនេះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរយើង...និយាយអំពីជំងឺវិញ នេះគឺជារឿងដែលមនុស្សភាគច្រើននឹងជួបប្រទះក្នុងអំឡុងពេលនៃឆាកជីវិតរបស់ពួកគេ។ ហេតុដូច្នេះហើយ ថាតើមនុស្សម្នាក់នឹងជួបប្រទះនឹងជំងឺប្រភេទណា ហើយថាតើសុខភាពរបស់ពួកគេនឹងទៅជាយ៉ាងណា នៅពេលវេលាណាមួយ ឬនៅអាយុណាមួយ គឺសុទ្ធតែជារឿងដែលត្រូវបានរៀបចំដោយព្រះជាម្ចាស់ ហើយមនុស្សមិនអាចសម្រេចរឿងទាំងនេះដោយខ្លួនឯងបានឡើយ គឺដូចជាពេលវេលាដែលនរណាម្នាក់កើតមកអ៊ីចឹង ពួកគេមិនអាចសម្រេចវាដោយខ្លួនឯងបានឡើយ។ ដូច្នេះ តើវាមិនមែនជាភាពល្ងង់ខ្លៅទេឬ ដែលមានអារម្មណ៍ទុក្ខព្រួយ ខ្វល់ខ្វាយ និងបារម្ភអំពីរឿងដែលអ្នកមិនអាចសម្រេចដោយខ្លួនឯងបាននោះ? (មែនហើយ។) មនុស្សគួរតែចាប់ផ្ដើមដោះស្រាយរឿងដែលពួកគេអាចដោះស្រាយដោយខ្លួនឯងបាន ហើយចំពោះរឿងដែលពួកគេមិនអាចធ្វើដោយខ្លួនឯងបានទាំងនោះ ពួកគេគួរតែរង់ចាំព្រះជាម្ចាស់ មនុស្សគួរតែចុះចូលដោយស្ងៀមស្ងាត់ ហើយទូលសូមព្រះជាម្ចាស់ឱ្យការពារពួកគេ នេះគឺជាផ្នត់គំនិតដែលមនុស្សគួរតែមាន។ នៅពេលដែលជំងឺពិតជាកើតឡើងមែន ហើយសេចក្ដីស្លាប់ពិតជាខិតជិតមកដល់មែន មនុស្សគួរតែចុះចូល ហើយមិនត្រូវរអ៊ូរទាំ បះបោរទាស់នឹងព្រះជាម្ចាស់ ឬនិយាយរឿងដែលប្រមាថ ឬវាយប្រហារព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ មនុស្សគួរតែឈរក្នុងទីតាំងដ៏ត្រឹមត្រូវរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយឆ្លងកាត់ និងដឹងគុណចំពោះអ្វីៗទាំងអស់ដែលមកពីព្រះជាម្ចាស់ ពួកគេមិនគួរព្យាយាមជ្រើសរើសរឿងផ្សេងៗសម្រាប់ខ្លួនឯងឡើយ។ នេះអាចជាបទពិសោធពិសេសមួយដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង ហើយវាមិនប្រាកដថាជារឿងអាក្រក់នោះទេ មែនទេ? ហេតុដូច្នេះហើយ នៅពេលនិយាយដល់ជំងឺ នៅពេលដែលគំនិត និងទស្សនៈខុសឆ្គងរបស់មនុស្សទាក់ទងនឹងប្រភពដើមនៃជំងឺ ត្រូវបានដោះស្រាយជាមុនសិន នោះពួកគេនឹងលែងបារម្ភអំពីរឿងនេះទៀតហើយ។ លើសពីនេះទៅទៀត មនុស្សគ្មានអំណាចក្នុងការគ្រប់គ្រងរឿងដែលដឹង ឬមិនដឹងបានឡើយ ហើយពួកគេក៏គ្មានសមត្ថភាពគ្រប់គ្រងរឿងទាំងនោះដែរ ដ្បិតរឿងទាំងអស់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ អាកប្បកិរិយា និងគោលការណ៍នៃការអនុវត្តដែលមនុស្សគួរតែមាន គឺការរង់ចាំ និងការចុះចូល។ ចាប់ពីការយល់ដឹងរហូតដល់ការអនុវត្ត អ្វីៗទាំងអស់គួរតែត្រូវបានធ្វើឡើងស្របតាមគោលការណ៍សេចក្ដីពិត នេះហើយគឺការដេញតាមសេចក្ដីពិត» («របៀបដេញតាមសេចក្ដីពិត (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ដូច្នេះ តើអ្នកគួរជ្រើសរើសដោយរបៀបណា ហើយតើអ្នកគួរប្រព្រឹត្តបែបណាចំពោះបញ្ហានៃការធ្លាក់ខ្លួនឈឺនេះ? វាសាមញ្ញណាស់ ហើយមានផ្លូវតែមួយគត់ដែលត្រូវដើរតាមគឺ៖ ដេញតាមសេចក្ដីពិត។ ចូរដេញតាមសេចក្ដីពិត ហើយចាត់ទុករឿងនេះស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍សេចក្ដីពិត នេះគឺជាការយល់ដឹងដែលមនុស្សគួរតែមាន។ ហើយតើអ្នកគួរអនុវត្តដោយរបៀបណា? អ្នកគួរតែយកការយល់ដឹងដែលអ្នកទទួលបាន និងគោលការណ៍សេចក្ដីពិតដែលអ្នកបានយល់ស្របតាមសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅអនុវត្តនៅក្នុងរឿងនានាដែលអ្នកជួបប្រទះ ហើយអ្នកធ្វើឱ្យរឿងទាំងនោះក្លាយជាតថភាពរបស់អ្នក និងជាជីវិតរបស់អ្នក នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា អ្នកដាច់ខាតមិនត្រូវបោះបង់ភារកិច្ចរបស់ខ្លួនឡើយ។ មិនថាអ្នកឈឺ ឬឈឺចាប់នោះទេ ដរាបណាអ្នកនៅសល់សូម្បីតែមួយដង្ហើម ដរាបណាអ្នកនៅមានជីវិតរស់ ដរាបណាអ្នកនៅតែអាចនិយាយ និងដើរបាន នោះអ្នកមានកម្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួនហើយ ហើយអ្នកគួរតែស្មោះអស់ពីចិត្ត និងជាក់ស្តែងនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ អ្នកមិនត្រូវបោះបង់ភារកិច្ចជាភាវៈដែលព្រះបានបង្កើត ឬទំនួលខុសត្រូវដែលព្រះអាទិករបានប្រទានដល់អ្នកឡើយ។ ដរាបណាអ្នកមិនទាន់ស្លាប់ទេ អ្នកគួរតែសម្រេចភារកិច្ចរបស់ខ្លួន ហើយបំពេញវាឱ្យបានល្អ។ មនុស្សមួយចំនួននិយាយថា៖ 'រឿងទាំងនេះដែលទ្រង់មានបន្ទូល គឺមិនសូវយោគយល់សោះ។ ខ្ញុំកំពុងតែឈឺ ហើយមានអារម្មណ៍មិនស្រួលទាល់តែសោះ!' នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួល អ្នកអាចសម្រាកបាន ហើយអ្នកអាចថែរក្សាខ្លួនឯង និងទទួលការព្យាបាលបាន។ ប្រសិនបើអ្នកនៅតែចង់បន្តបំពេញភារកិច្ចរបស់ខ្លួន អ្នកអាចកាត់បន្ថយទំហំការងាររបស់អ្នក ហើយបំពេញភារកិច្ចណាមួយដែលស័ក្តិសម ដែលមិនប៉ះពាល់ដល់ការជាសះស្បើយរបស់អ្នក។ នេះនឹងបញ្ជាក់ថា អ្នកមិនបានបោះបង់ភារកិច្ចខ្លួននៅក្នុងចិត្តរបស់អ្នកឡើយ ថាចិត្តរបស់អ្នកមិនបានងាករេចេញពីព្រះជាម្ចាស់ឡើយ ថាអ្នកមិនបានបដិសេធព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកឡើយ ហើយថាអ្នកមិនបានបោះបង់បំណងប្រាថ្នាក្នុងការធ្វើជាភាវៈដែលព្រះបានបង្កើតដ៏ត្រឹមត្រូវនៅក្នុងចិត្តរបស់អ្នកឡើយ។ មនុស្សមួយចំនួននិយាយថា៖ 'ប្រសិនបើខ្ញុំបានធ្វើរឿងទាំងអស់នោះហើយ តើព្រះជាម្ចាស់នឹងដកជំងឺនេះចេញពីខ្ញុំដែរឬទេ?' តើទ្រង់នឹងធ្វើដូច្នេះឬ? (មិនប្រាកដទេ។) មិនថាព្រះជាម្ចាស់ដកជំងឺនោះចេញពីអ្នកឬអត់ មិនថាព្រះជាម្ចាស់ប្រោសអ្នកឱ្យជាឬអត់នោះទេ អ្វីដែលអ្នកធ្វើ គឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគួរតែធ្វើ។ មិនថាស្ថានភាពរាងកាយរបស់អ្នកធ្វើឱ្យអ្នកមានសមត្ថភាពរ៉ាប់រងកិច្ចការណាមួយ និងអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនឬអត់នោះទេ ចិត្តរបស់អ្នកដាច់ខាតមិនត្រូវងាករេចេញពីព្រះជាម្ចាស់ឡើយ ហើយអ្នកដាច់ខាតមិនត្រូវបោះបង់ភារកិច្ចរបស់អ្នកនៅក្នុងចិត្តរបស់អ្នកឡើយ។ តាមរបៀបនេះ អ្នកនឹងបំពេញទំនួលខុសត្រូវរបស់អ្នក កាតព្វកិច្ចរបស់អ្នក និងភារកិច្ចរបស់អ្នក នេះគឺជាភាពស្មោះត្រង់ដែលអ្នកគួរតែប្រកាន់ខ្ជាប់» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មិនថាជីវិតរបស់អ្នកណាម្នាក់ជួបប្រទះនឹងជំងឺ ឬការលំបាកក្នុងដំណាក់កាលណាក៏ដោយ ការទាំងអស់នោះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយត្រូវបានរៀបចំឡើងដោយព្រះជាម្ចាស់ ហើយវាសុទ្ធតែមានអត្ថន័យ។ ដូចជារូបខ្ញុំដែរ ពោលគឺ បើគ្មានជំងឺភ្នែកនេះដែលធ្វើឲ្យខ្ញុំស្ទើរតែពិការភ្នែកទេ ខ្ញុំនឹងមិនបានដឹងអំពីបំណងដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំ ដែលព្យាយាមចរចាជាមួយព្រះជាម្ចាស់ឡើយ ជាងនេះទៀត ខ្ញុំនឹងមិនដឹងថា ខ្ញុំបានដើរតាមផ្លូវរបស់លោកប៉ុលតាំងពីដើមមកនោះទេ ហើយទីបំផុតខ្ញុំនឹងត្រូវបានដាក់ទោសដោយសារតែការទាស់ទទឹងនឹងព្រះជាម្ចាស់។ ទោះបីជាអំឡុងពេលនោះខ្ញុំពោរពេញដោយសេចក្តីទុក្ខព្រួយ និងការឈឺចាប់ក្តី ក៏វាបាននាំឱ្យខ្ញុំធ្វើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយថែមទាំងទទួលបានការរីកចម្រើនខ្លះៗក្នុងជីវិតផងដែរ។ ការទាំងអស់នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់សុទ្ធសាធ។ ខ្ញុំនឹងមិនបានរៀនសូត្រនូវរឿងទាំងនេះនៅក្នុងបរិយាកាសដ៏សុខស្រួលឡើយ។ ខ្ញុំក៏បាននឹកឃើញដល់លោកយ៉ូបដែរ ពោលគឺ លោកបានកោតខ្លាចដល់ព្រះជាម្ចាស់។ នៅពេលដែលលោកបានជួបប្រទះនឹងការល្បងល និងការបន្សុទ្ធដ៏ពិតប្រាកដ និងធំធេង ទ្រព្យសម្បត្តិទាំងអស់របស់លោកត្រូវបានចោរលួចយកអស់ កូនៗរបស់លោកបានស្លាប់ ហើយលោកកើតដំបៅដ៏អាក្រក់ពេញខ្លួន។ លោកបានអង្គុយនៅក្នុងផេះ ដោយយកអំបែងឆ្នាំងសម្រាប់កោសដំបៅខ្លួនដ៏អាក្រក់ ដើម្បីបំបាត់ការឈឺចាប់ ក៏ប៉ុន្តែលោកពុំបានប្រព្រឹត្តអំពើបាបដោយពាក្យសម្តីឡើយ។ ទោះបីជាភរិយារបស់លោកបានប្រាប់លោកឲ្យបោះបង់ព្រះនាមព្រះជាម្ចាស់ចោល ហើយមិត្តភក្តិទាំងបីរូបរបស់លោកបានថ្កោលទោសលោកក្តី លោកមិនបានត្អូញត្អែរទាស់នឹងព្រះជាម្ចាស់ទេ។ លោកថែមទាំងបានពោលថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០) លោកយ៉ូបបានជ្រើសរើសដាក់បណ្តាសាខ្លួនឯង ជាជាងការឈប់ចុះចូលនឹងព្រះជាម្ចាស់ ឬឈប់ស្ថិតនៅក្រោមសេចក្តីមេត្តាករុណា និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយបែបនេះក៏បានធ្វើឲ្យសាតាំងអាម៉ាស់។ បន្ទាប់មក គឺលោកពេត្រុស។ លោកបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធរាប់រយដងក្នុងរយៈពេលតែប្រាំពីរឆ្នាំប៉ុណ្ណោះ ហើយលោកបានដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតរហូតមក។ លោកបានឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយលោកក៏បានស្វែងរកនូវការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់។ ទីបំផុត លោកបានឈានដល់ការស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្ត ហើយលោកបានចុះចូលបើទោះបីត្រូវស្លាប់ក្ដី។ ទាំងលោកយ៉ូប ទាំងលោកពេត្រុស មិនបានទាមទារ ឬស្នើសុំអ្វីពីព្រះជាម្ចាស់ឡើយ ជាងនេះទៀត ពួកគេមិនបានបារម្ភអំពីថា តើពួកគេនឹងទទួលបានលទ្ធផលបែបណាឡើយ។ អ្វីដែលពួកគេបានគិត គឺមានតែពីរបៀបចុះចូល និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយទីបំផុត ពួកគេបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់ ហើយបានធ្វើឲ្យសាតាំងមានការអាម៉ាស់យ៉ាងធ្ងន់ធ្ងរ។ បុគ្គលទាំងនេះសុទ្ធតែជាគំរូដែលខ្ញុំគួរយកតម្រាប់តាម។ ខ្ញុំបានធ្វើសេចក្តីសម្រេចចិត្តដ៏មាំមួនមួយថា៖ «ដរាបណាខ្ញុំនៅមានឱកាសដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ហើយដរាបណាខ្ញុំនៅតែអាចមើលអក្សរឃើញបាន ដៃរបស់ខ្ញុំនៅតែអាចវាយអក្សរបាន ហើយគំនិតរបស់ខ្ញុំក៏នៅតែច្បាស់លាស់ នោះខ្ញុំនឹងព្យាយាមបំពេញភារកិច្ចរបស់ខ្ញុំឲ្យអស់ពីលទ្ធភាព។ ទោះបីជាថ្ងៃណាមួយខ្ញុំមើលលែងឃើញ ហើយលែងអាចបំពេញភារកិច្ចរបស់ខ្ញុំបានទៀតក្តី ខ្ញុំនឹងនៅតែមានបំណងចិត្តចុះចូល។ ទោះបីជាខ្ញុំមើលលែងឃើញក៏ដោយ ក៏ខ្ញុំអាចស្ដាប់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិចារណាព្រះបន្ទូលរបស់ទ្រង់នៅក្នុងចិត្តរបស់ខ្ញុំបានដែរ។ ហើយខ្ញុំអាចនិយាយចែករំលែកការយល់ដឹងពីបទពិសោធរបស់ខ្ញុំទៅកាន់ភរិយា និងកូនៗរបស់ខ្ញុំបានដែរ ដើម្បីឲ្យពួកគេអាចជួយខ្ញុំសរសេរនូវអត្ថបទទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្ញុំ។ ខ្ញុំនឹងផ្តោតលើការស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ ដើម្បីស្តាប់ការប្រកបគ្នារបស់ទ្រង់ ហើយទាញយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង និងដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ»។ នៅក្នុងអំឡុងពេលបន្តបន្ទាប់មកទៀត ខ្ញុំបានពាក់វ៉ែនតាសម្រាប់អានអក្សរ ដើម្បីចូលរួមការជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយនឹងភរិយារបស់ខ្ញុំ។ ខ្ញុំបានបន្តសរសេរសេចក្តីអធិប្បាយជារៀងរាល់ថ្ងៃ ហើយនៅពេលខ្ញុំមានពេល ខ្ញុំក៏បានសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្ញុំដែរ។ នៅពេលដែលភ្នែករបស់ខ្ញុំចាប់ផ្តើមស្រវាំងបន្ទាប់ពីសម្លឹងមើលកុំព្យូទ័រអស់រយៈពេលយូរ ខ្ញុំនឹងដាក់ថ្នាំបន្តក់ភ្នែក ហើយសម្រាកភ្នែករបស់ខ្ញុំមួយសន្ទុះ ហើយនៅពេលដែលខ្ញុំស្រួលខ្លួនវិញ ខ្ញុំក៏បន្តបំពេញភារកិច្ចរបស់ខ្ញុំ។ ប្រមាណពីរខែក្រោយការវះកាត់ភ្នែករបស់ខ្ញុំ ខ្ញុំក៏បានទៅមន្ទីរពេទ្យដើម្បីពិនិត្យតាមដានភ្នែករបស់ខ្ញុំ ហើយគ្រូពេទ្យបានព្យាបាលខ្ញុំដោយបាញ់កាំរស្មី។ ការនេះបានជួយសម្អាតភាពស្រអាប់នៃទឹកក្នុងកែវភ្នែករបស់ខ្ញុំខ្លះ ហើយខ្ញុំក៏អាចមើលឃើញវត្ថុដែលនៅជិតបានច្បាស់ជាងមុនច្រើន។ ខ្ញុំលែងត្រូវការវ៉ែនតាសម្រាប់អានអក្សរ ដើម្បីមើលអត្ថបទនៅលើអេក្រង់កុំព្យូទ័រទៀតហើយ ហើយខ្ញុំថែមទាំងអាចមើលឃើញអក្សរតូចៗបានយ៉ាងច្បាស់ទៀតផង។ ខ្ញុំពិតជារំភើបយ៉ាងខ្លាំង និងអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំសម្រាប់ព្រះគុណរបស់ទ្រង់។
តាមរយៈបទពិសោធនេះ ខ្ញុំបានដឹងថា ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ដែលខ្ញុំបានព្យាយាមចរចាជាមួយព្រះជាម្ចាស់ក្នុងសេចក្តីជំនឿរបស់ខ្ញុំ។ វាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានផ្តល់ឲ្យខ្ញុំយល់ដឹងអំពីខ្លួនខ្ញុំ និងនាំយកនូវការផ្លាស់ប្តូរសម្រាប់រូបខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ដោយស្មោះអស់ពីដួងចិត្ត!