៦៦. ខ្ញុំបានរកឃើញអនាគតដ៏ពិតប្រាកដរបស់ខ្ញុំ
ខ្ញុំកើតក្នុងគ្រួសារកសិករធម្មតាមួយ។ ឪពុកម្ដាយខ្ញុំមិនបានរៀនសូត្រទេ ហើយអាចចិញ្ចឹមគ្រួសារបាន តាមរយៈការធ្វើការដោយកម្លាំងតែប៉ុណ្ណោះ។ ពួកយើងមានជីវភាពខ្វះខាតខ្លាំងណាស់។ ពេលមានខ្ញុំ ឪពុកម្ដាយខ្ញុំមានអាយុចូលសែសិបប្លាយទៅហើយ ហើយពួកគាត់បានផ្ញើក្ដីសង្ឃឹមទាំងអស់មកលើខ្ញុំ។ ឪពុកម្ដាយខ្ញុំតែងតែទូន្មានខ្ញុំ ដោយនិយាយថា៖ «ពុកម៉ែមិនសូវបានរៀនសូត្រទេ ហើយបានចំណាយពេលពេញមួយជីវិតពុះពារធ្វើការធ្ងន់នៅខាងក្រៅ។ ពុកម៉ែបានតស៊ូពេញមួយជីវិតមកហើយ តែគ្មានអនាគតទាល់តែសោះ។ កូនឯងត្រូវតែខំប្រឹងរៀនសូត្រ ហើយរកការងារល្អមួយនៅថ្ងៃអនាគត ដើម្បីឲ្យកូនអាចអង្គុយធ្វើការក្នុងការិយាល័យ ដោយមិនបាច់ហាលក្ដៅ ហាលខ្យល់ និងមិនបាច់បារម្ភពីរឿងហូបចុក និងសម្លៀកបំពាក់។ ពុកម៉ែក៏នឹងមានមុខមានមាត់ដោយសារកូនដែរ»។ គ្រូបង្រៀនក៏តែងតែបង្រៀនពួកយើងដែរថា៖ «ចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក» និង «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ខ្ញុំធំដឹងក្ដីឡើង ក្រោមឥទ្ធិពលនៃសុភាសិតទាំងនេះ។ ជាពិសេស ពេលខ្ញុំឃើញមនុស្សដែលទទួលបានជោគជ័យក្នុងការសិក្សា និងមានកេរ្តិ៍ឈ្មោះ ដែលមានគេកោតសរសើរគ្រប់ទីកន្លែងដែលពួកគេទៅ ព្រមទាំងទទួលបានកិត្តិយសដ៏ធំធេងនោះ ខ្ញុំកាន់តែជឿជាក់ថា ចំណេះដឹងនឹងនាំទៅរកអនាគតដ៏ល្អមួយ ដែលខ្ញុំនឹងអាចទទួលបានជីវភាពរស់នៅកាន់តែប្រសើរ និងមានគេកោតសរសើរ។ ខ្ញុំបានប្ដេជ្ញាស្ងាត់ៗក្នុងចិត្តថា ខ្ញុំច្បាស់ជានឹងចូលរៀននៅសាកលវិទ្យាល័យល្អមួយ ហើយរកការងារសមរម្យមួយនៅថ្ងៃអនាគតឲ្យបាន។ តាមរបៀបនោះ ខ្ញុំនឹងអាចជួយឲ្យឪពុកម្ដាយខ្ញុំមានជីវភាពល្អប្រសើរ ហើយធ្វើឲ្យសាច់ញាតិ និងអ្នកជិតខាងកោតសរសើរគ្រួសារយើងជាមិនខាន។
ពេលខ្ញុំរៀននៅសាលា ខ្ញុំបានលះបង់ពេលវេលា និងកម្លាំងទាំងអស់របស់ខ្ញុំលើការសិក្សា៖ ពេលអ្នកដទៃកំពុងសប្បាយនៅថ្ងៃឈប់សម្រាក ខ្ញុំបែរជាអានសៀវភៅ និងធ្វើកិច្ចការផ្ទះទៅវិញ។ ឆ្នាំបញ្ចប់នៅវិទ្យាល័យគឺជាពេលវេលាដ៏រវល់បំផុតសម្រាប់ខ្ញុំ ហើយខ្ញុំបានលះបង់កម្លាំងទាំងអស់របស់ខ្ញុំ ដើម្បីត្រៀមប្រឡងចូលសាកលវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលប្រឡងចូលសាកលវិទ្យាល័យរបស់ខ្ញុំមិនបានល្អដូចការរំពឹងទុកទេ ហើយខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនអាចបណ្ដោយឲ្យជីវិតរបស់ខ្ញុំធ្លាក់ចុះដុនដាប ទាំងដែលវាទើបតែចាប់ផ្ដើមបែបនេះទេ។ គ្រួសារខ្ញុំគ្មានប្រាក់ ហើយក៏គ្មានឥទ្ធិពលអ្វីដែរ ដូច្នេះ បើខ្ញុំចង់មានជីវភាពល្អប្រសើរ និងមានគេគោរពនៅថ្ងៃអនាគត ជម្រើសតែមួយគត់របស់ខ្ញុំ គឺត្រូវតែចូលរៀននៅសាកលវិទ្យាល័យល្អមួយឲ្យបាន។ ហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្តរៀនឡើងវិញមួយឆ្នាំទៀត។ ក្រោយមក ខ្ញុំខំប្រឹងរៀនជាងពេលណាៗទាំងអស់។ ទោះបីជាខ្ញុំមិនឆ្លាតដូចមិត្តរួមថ្នាក់ដែលមានអំណោយទានក៏ដោយ ក៏ខ្ញុំត្រូវតែមានការតាំងចិត្តខ្ពស់ជាងពួកគេដែរ។ ខ្ញុំតែងតែប្រើសុភាសិតដែលថា៖ «សត្វស្លាបដែលហើរយឺត ត្រូវតែចាប់ផ្ដើមហើរឲ្យបានលឿន» និង «ស្ថានសួគ៌តែងតែផ្ដល់រង្វាន់ដល់អ្នកខំប្រឹងធ្វើការ» ដើម្បីជំរុញទឹកចិត្តខ្លួនឯង។ ដើម្បីសន្សំពេលវេលា ខ្ញុំមិនបានទៅផ្ទះនៅថ្ងៃចុងសប្ដាហ៍ទេ ហើយក៏ស្នាក់នៅសាលាដើម្បីរៀនសូត្រតែម្ដង។ ឲ្យតែមានពេលទំនេរ ខ្ញុំតែងតែធ្វើលំហាត់សំណួរគំរូពិបាកៗ។ ពេលខ្លះ បើខ្ញុំធ្វើមិនទាន់ហើយនៅពេលថ្ងៃទេ ខ្ញុំនឹងយកវាត្រឡប់ទៅអន្តេវាសិកដ្ឋានវិញ ហើយបន្តធ្វើវានៅក្រោមភួយ ដោយប្រើភ្លើងពិល។ ទោះបីជាភ្នែកខ្ញុំកាន់តែមីញ៉ូបយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ។ ជារៀងរាល់ថ្ងៃ ចិត្តរបស់ខ្ញុំតានតឹងប្រៀបដូចជាខ្សែរ៉ឺស័រដែលត្រូវគេរឹត ដោយភ័យខ្លាចថា ខ្ញុំប្រឡងមិនបានល្អ ហើយបាត់បង់ឱកាសក្នុងការផ្លាស់ប្ដូរវាសនារបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៤ ខ្ញុំបានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យ ហើយអាចជ្រើសរើសមុខជំនាញដែលខ្ញុំពេញចិត្តបាន។ នៅពេលនោះ ខ្ញុំពោរពេញដោយក្ដីសង្ឃឹមចំពោះអនាគតរបស់ខ្លួន ហើយមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំលើកនេះ មិនអត់ប្រយោជន៍ទេ។ ប្រសិនបើខ្ញុំបន្តខំប្រឹងរៀនសូត្រ ហើយរកបានការងារសមរម្យមួយ ក្រោយពេលបញ្ចប់ការសិក្សា ចាស់ទុំក្នុងគ្រួសារខ្ញុំច្បាស់ជាសរសើរខ្ញុំថាមានអនាគតល្អមិនខាន។
នៅឆ្នាំដែលខ្ញុំចូលរៀននៅសាកលវិទ្យាល័យ មីងរបស់ខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយដល់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្ដើមមានជីវិតពួកជំនុំ។ តាមរយៈការជួបជុំ ខ្ញុំបានយល់ដឹងថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មានអធិបតេយ្យភាព និងគ្រប់គ្រងលើអ្វីៗទាំងអស់។ ក្រោយពេលមនុស្សត្រូវសាតាំងធ្វើឲ្យពុករលួយ ពួកគេកាន់តែអាក្រក់ និងថោកទាបទៅៗ ហើយដើម្បីសង្គ្រោះមនុស្សជាតិ ព្រះជាម្ចាស់បានធ្វើកិច្ចការបីដំណាក់កាល។ នៅគ្រាចុងក្រោយ ទ្រង់ក៏បានក្លាយជាសាច់ឈាមដោយផ្ទាល់ ដើម្បីសម្ដែងចេញព្រះបន្ទូលមកជំនុំជម្រះ និងបន្សុទ្ធមនុស្ស សង្គ្រោះមនុស្សចេញពីចំណងនៃអំពើបាប ហើយនាំពួកគេទៅកាន់គោលដៅដ៏អស្ចារ្យមួយ។ ខ្ញុំបានគិតថា ក្នុងចំណោមមនុស្សរាប់លាននាក់ ខ្ញុំគឺជាមនុស្សម្នាក់ដែលមានសំណាងបានឮសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់។ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយស និងរំភើបយ៉ាងខ្លាំង។ នេះគឺជាព្រះពរដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ នៅក្នុងការជួបជុំ ខ្ញុំតែងតែប្រាប់បងប្អូនស្រីអំពីអ្វីៗដែលកើតឡើងចំពោះខ្ញុំនៅសាកលវិទ្យាល័យ ហើយពួកគេក៏ប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ពាក់ព័ន្ធនឹងបញ្ហារបស់ខ្ញុំ។ ពេលខ្លះ ពួកគេក៏នាំខ្ញុំទៅស្រោចស្រពដល់អ្នកមកថ្មីផងដែរ។ ខ្ញុំមានអារម្មណ៍ថាបានរំដោះ និងមានសេរីភាពយ៉ាងខ្លាំង នៅពេលខ្ញុំបានជួបជុំជាមួយបងប្អូនប្រុសស្រី ហើយចិត្តរបស់ខ្ញុំក៏មានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដែរ។
ក្រោយមក ខ្ញុំបានឮថា បងស្រី ម៉ូឆិន បានចាប់ផ្ដើមបំពេញភារកិច្ចពេញម៉ោង ក្រោយពេលគាត់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏គិតក្នុងចិត្តថា៖ «ទោះបីជាបងស្រីនៅក្មេងក៏ដោយ ក៏ការតាំងចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ គឺធំធេងណាស់ដែរ។ ខ្ញុំមិនមានការតាំងចិត្តបែបនេះទេ។ បើខ្ញុំបំពេញភារកិច្ចពេញម៉ោង ហើយមិនមានការងារល្អមួយនៅថ្ងៃអនាគតទេ តើសាច់ញាតិ និងមិត្តភក្ដិរបស់ខ្ញុំ នឹងនិយាយថាខ្ញុំមិនបានសម្រេចអ្វីសោះដែរឬទេ? ខ្ញុំគួរតែជឿលើព្រះជាម្ចាស់ផង និងរៀនសាកលវិទ្យាល័យផងក្នុងពេលតែមួយ។ ខ្ញុំមិនត្រឹមតែអាចរកការងារល្អមួយបានប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានព្រះពរពីព្រះជាម្ចាស់ទៀតផង។ ខ្ញុំនឹងទទួលបានផលល្អទាំងសងខាង»។ ទោះជាយ៉ាងណាក៏ដោយ ពេលនោះ ខ្ញុំឃើញថាបងស្រីជឿលើព្រះជាម្ចាស់មិនទាន់បានយូរប៉ុន្មានទេ តែគាត់មានការរីកចម្រើនលឿនណាស់ ហើយគាត់អាចប្រកបគ្នាផង និងជួយពួកយើងផង ចំពោះរាល់ការលំបាកណាមួយរបស់ពួកយើង។ ជាពិសេស ពេលខ្ញុំបានឮគាត់ចែករំលែកអំពីរបៀបដែលប៉ូលិសបានមកដល់មុខទ្វារ ដើម្បីចាប់ខ្លួនគាត់អំឡុងពេលជួបជុំ ដែលគាត់បានពឹងផ្អែកលើព្រះជាម្ចាស់ ហើយបានឃើញការថែរក្សាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍កោតសរសើរ និងច្រណែនចង់បានដូចគាត់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ។ ខ្ញុំក៏ចាប់ផ្ដើមឆ្លុះបញ្ចាំង ដោយគិតថា៖ «បងស្រីបំពេញភារកិច្ចរបស់គាត់នៅក្នុងពួកជំនុំជារៀងរាល់ថ្ងៃ ហើយយល់ដឹងពីសេចក្ដីពិតជាច្រើន។ ការរីកចម្រើនក្នុងជីវិតរបស់គាត់គឺលឿនណាស់។ ខ្ញុំរៀនផង និងចូលរួមការជួបជុំផងក្នុងពេលតែមួយ ហើយខ្ញុំមិនអាចនិយាយអំពីបទពិសោធន៍អ្វីបានទាល់តែសោះ។ មើលទៅ បើខ្ញុំចង់មានការរីកចម្រើនក្នុងជីវិត ខ្ញុំត្រូវតែបំពេញភារកិច្ចឲ្យបានច្រើនជាងនេះ។ ទោះជាយ៉ាងណាក៏ដោយ បើខ្ញុំបំពេញភារកិច្ចពេញម៉ោងដូចបងស្រីដែរនោះ ខ្ញុំនឹងគ្មានកម្លាំងរៀនសូត្រទេ។ ខ្ញុំបានខំប្រឹងរៀនសូត្រអស់ជាច្រើនឆ្នាំ គ្រាន់តែដើម្បីអាចរកការងារល្អមួយបាន ក្រោយពេលបញ្ចប់ការសិក្សា មិនបាច់បារម្ភពីរឿងហូបចុក និងសម្លៀកបំពាក់ ព្រមទាំងអាចជួយឪពុកម្ដាយខ្ញុំឲ្យមានជីវភាពល្អប្រសើរនៅថ្ងៃអនាគត ហើយថែមទាំងមើលទៅសមរម្យ និងមានកិត្តិយសនៅក្នុងក្រសែភ្នែកសាច់ញាតិរបស់ខ្ញុំទៀតផង។ បើខ្ញុំជ្រើសរើសលះបង់ពេលវេលាទាំងអស់របស់ខ្ញុំ ទៅបំពេញភារកិច្ច ស្របពេលដែលមិត្តរួមថ្នាក់របស់ខ្ញុំសុទ្ធតែរកបានការងារល្អៗ ពេលពួកគេរៀនចប់នោះ គឺមានតែខ្ញុំម្នាក់គត់ដែលគ្មានចំណុចលេចធ្លោ ដោយគ្មានការងារសមរម្យមួយនឹងគេ។ តើសាច់ញាតិ និងមិត្តភក្ដិរបស់ខ្ញុំ នឹងគិតយ៉ាងណាចំពោះខ្ញុំ?» ពេលគិតដល់ចំណុចនេះ ខ្ញុំលែងចង់បំពេញភារកិច្ចពេញម៉ោងទៀតហើយ។
មួយខែមុនថ្ងៃឈប់សម្រាក មានបងស្រីម្នាក់បានសួរខ្ញុំថា៖ «ជិតដល់ថ្ងៃឈប់សម្រាកហើយ។ តើប្អូនមានផែនការអ្វីបន្ទាប់ទៀត? តើប្អូនសុខចិត្តទទួលការហ្វឹកហាត់ និងបំពេញភារកិច្ចរបស់ប្អូនដែរឬទេ?» ដំបូងឡើយ ខ្ញុំរំភើបចិត្តណាស់ ពេលឮបែបនេះ។ ខ្ញុំយល់ដឹងពីសេចក្ដីពិតតិចតួចណាស់ ដូច្នេះ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះមួយក្នុងការហ្វឹកហាត់បំពេញភារកិច្ច និងទទួលបានសេចក្ដីពិត។ ប៉ុន្តែ បន្ទាប់មក ខ្ញុំក៏គិតថា៖ «ពេលខ្ញុំចាប់ផ្ដើមបំពេញភារកិច្ច បើខ្ញុំបោះបង់វាចោល ពេលសាកលវិទ្យាល័យចាប់ផ្តើមវិញនោះ នោះវានឹងមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ តែបើខ្ញុំនៅតែបន្តបំពេញភារកិច្ច ក្រោយពេលសាលាបើកវិញ ការសិក្សារបស់ខ្ញុំច្បាស់ជារងផលប៉ះពាល់មិនខាន។ បើមិត្តរួមបន្ទប់របស់ខ្ញុំដឹងថា ខ្ញុំជឿលើព្រះជាម្ចាស់ ហើយរាយការណ៍ប្រាប់គ្រូ ខ្ញុំអាចនឹងត្រូវគេបណ្ដេញ ហើយពេលនោះ ខ្ញុំពិតជាគ្មានអនាគតមែនហើយ។ ចុះតើខ្ញុំអាចតបស្នងសងគុណឪពុកម្ដាយខ្ញុំដោយរបៀបណា? បើខ្ញុំធ្វើមិនបានល្អដូចអ្នកដទៃ តើសាច់ញាតិរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើខ្ញុំគួរជ្រើសរើសដោយរបៀបណា?» នៅតាមផ្លូវត្រឡប់មកវិញ ចិត្តរបស់ខ្ញុំច្របូកច្របល់យ៉ាងខ្លាំង។ ម្ខាងគឺជាក្ដីស្រមៃចំពោះការសិក្សានៅសាកលវិទ្យាល័យ ដែលខ្ញុំខំប្រឹងដេញតាមយ៉ាងលំបាកអស់ជាច្រើនឆ្នាំមកនេះ ឯម្ខាងទៀត គឺការបំពេញភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ ខ្ញុំមិនចង់បាត់បង់មួយណាទេ។ អំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ថាធ្ងន់ក្នុងចិត្តណាស់ ហើយខ្ញុំមិនដឹងថាត្រូវជ្រើសរើសដោយរបៀបណាទេ។ ដោយដឹងថាសភាពរបស់ខ្ញុំមិនត្រឹមត្រូវ ខ្ញុំក៏បានអធិដ្ឋានដោយស្ងៀមស្ងាត់ទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ការបំពេញភារកិច្ចគឺមានអត្ថន័យ ហើយទូលបង្គំចង់បំពេញភារកិច្ចរបស់ទូលបង្គំ។ ប៉ុន្តែកម្ពស់របស់ទូលបង្គំតូចពេកហើយ ហើយទូលបង្គំបារម្ភថា បើទូលបង្គំបំពេញភារកិច្ច ការសិក្សារបស់ទូលបង្គំនឹងរងផលប៉ះពាល់។ ទូលបង្គំមានអារម្មណ៍ទន់ខ្សោយនៅក្នុងចិត្ត តែទូលបង្គំមិនចង់បាត់បង់ឱកាសនេះទេ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ដឹកនាំទូលបង្គំ ឲ្យយល់ដឹងពីព្រះហឫទ័យរបស់ទ្រង់ផង»។
យប់នោះ ខ្ញុំប្រែខ្លួនចុះឡើងនៅលើគ្រែ គេងមិនលក់សោះ។ ខ្ញុំបានបើកទូរស័ព្ទ ហើយបានស្ដាប់ទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានចំណងជើងថា៖ «អ្នកត្រូវតែចាត់ទុកការជឿលើព្រះជាម្ចាស់ ជារឿងដ៏សំខាន់មួយ»៖
១ ប្រសិនបើអ្នកចង់ជឿលើព្រះជាម្ចាស់ ហើយប្រសិនបើអ្នកចង់ទទួលបានព្រះជាម្ចាស់ និងទទួលបានការសព្វព្រះហឫទ័យពីទ្រង់ លុះត្រាតែអ្នករងការឈឺចាប់ក្នុងកម្រិតជាក់លាក់ណាមួយ និងមានការខំប្រឹងប្រែងក្នុងកម្រិតណាមួយ បើពុំដូច្នោះទេ អ្នកនឹងមិនអាចសម្រេចសេចក្ដីតម្រូវទាំងអស់នេះបានឡើយ។ អ្នករាល់គ្នាបានស្ដាប់ការអធិប្បាយជាច្រើន ប៉ុន្តែបើគ្រាន់ស្ដាប់ នោះមិនមែនមានន័យថា ការអធិប្បាយនោះគឺជាការអធិប្បាយរបស់អ្នកនោះទេ។ អ្នកត្រូវតែចាប់យក និងប្រែក្លាយវាទៅជាកម្មសិទ្ធិរបស់អ្នក។ អ្នកត្រូវតែបញ្ជ្រាបវាទៅក្នុងជីវិតរបស់អ្នក ហើយនាំយកវាចូលទៅក្នុងអត្ថិភាពរបស់អ្នក ដោយអនុញ្ញាតឱ្យពាក្យពេចន៍ និងសេចក្ដីអធិប្បាយទាំងនេះ នាំផ្លូវអ្នកក្នុងការរស់នៅ និងនាំមកនូវគុណតម្លៃអត្ថិភាព និងអត្ថន័យដល់ជីវិតរបស់អ្នក។ នៅពេលរឿងនេះកើតឡើង នោះការដែលអ្នកស្តាប់ឮពាក្យពេចន៍ទាំងនេះនឹងមានតម្លៃ។
២ ប្រសិនបើពាក្យសម្តីដែលខ្ញុំនិយាយ មិននាំមកនូវការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ឬបន្ថែមគុណតម្លៃទៅក្នុងអត្ថិភាពរបស់អ្នកនោះទេ នោះការស្តាប់របស់អ្នក គឺគ្មានន័យអ្វីនោះទេ។ មានតែតាមរយៈសេចក្តីជំនឿលើព្រះជាម្ចាស់ប៉ុណ្ណោះដែលអ្នកនឹងទទួលបានផល នេះប្រសិនបើអ្នកចាត់ទុកសេចក្តីជំនឿជារបស់អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នក ជារបស់ដែលសំខាន់ជាងសូម្បីតែម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀតក៏ដោយ។ ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានឱកាស ហើយមិនអាចដាក់ចិត្តដាក់កាយយកចិត្តទុកដាក់លើសេចក្តីជំនឿរបស់អ្នកទាំងស្រុងទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារការវង្វេង នោះអ្នកនឹងមិនទទួលបានអ្វីសោះឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ពេលកំពុងស្ដាប់ទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកមិនបាន។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងគង់នៅក្បែរខ្ញុំ ស្ដាប់ការអធិដ្ឋានរបស់ខ្ញុំ ហើយប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីដឹកនាំ និងលើកទឹកចិត្តខ្ញុំ។ ខ្ញុំបានយល់ដឹងថា ការជឿលើព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុតនៅក្នុងជីវិត សំខាន់ជាងរឿងហូបចុក សម្លៀកបំពាក់ និងការសប្បាយ ហើយក៏សំខាន់ជាងកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬអនាគតណាមួយដែលខ្ញុំអាចមានទៅទៀត។ អ្វីៗទាំងអស់ដែលជារបស់សាច់ឈាម គឺគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ មានតែការដេញតាមសេចក្ដីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យប៉ុណ្ណោះ ទើបបុគ្គលម្នាក់អាចត្រូវបានសង្គ្រោះ និងរស់រានមានជីវិតបាន។ ការបំពេញភារកិច្ចរបស់យើង គឺជាផ្លូវសម្រាប់ពួកយើងក្នុងការទទួលបានសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ក្នុងការបំពេញភារកិច្ចរបស់យើង ពួកយើងនឹងជួបប្រទះនូវការលំបាក និងបញ្ហាផ្សេងៗ ហើយបើកសម្ដែងនិស្ស័យពុករលួយផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជំរុញឲ្យពួកយើងស្វែងរកសេចក្ដីពិតកាន់តែច្រើន ដើម្បីដោះស្រាយសេចក្ដីពុករលួយរបស់ពួកយើងផ្ទាល់ផងដែរ។ បើខ្ញុំគ្រាន់តែចូលរួមការជួបជុំនៅពេលទំនេរ ហើយមិនបំពេញភារកិច្ចទេនោះ តែបែរជាចំណាយពេលភាគច្រើនរបស់ខ្ញុំលើការសិក្សាទៅវិញ នោះខ្ញុំនឹងមានបទពិសោធន៍តិចតួច ហើយការស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់ខ្លួនឯងក៏កាន់តែតិចទៅតាមនោះដែរ។ ខ្ញុំនឹងយល់ដឹងត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិសំបកក្រៅមួយចំនួនប៉ុណ្ណោះ ហើយមិនអាចចូលទៅក្នុងតថភាពបានឡើយ។ នេះធ្វើឲ្យវាមានការលំបាកយ៉ាងខ្លាំង ក្នុងការត្រូវបានសង្គ្រោះ។ ម៉ូឆិន និងខ្ញុំគឺខុសគ្នាស្រឡះតែម្ដង។ ម៉ូឆិនជឿលើព្រះជាម្ចាស់មិនទាន់បានយូរប៉ុន្មានទេ តែគាត់មានបទពិសោធន៍រឿងជាច្រើនក្នុងការបំពេញភារកិច្ចរបស់គាត់ ហើយបានស្វែងរកសេចក្ដីពិតកាន់តែច្រើន។ ពេលប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការជួបជុំ គាត់អាចបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ហើយនិយាយតាមវិធីជាក់ស្ដែង។ តាមរយៈបទពិសោធន៍របស់គាត់ គាត់បានឃើញអំពើរបស់ព្រះជាម្ចាស់ ជំនឿរបស់គាត់លើព្រះជាម្ចាស់ក៏កើនឡើង ហើយគាត់មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបំពេញភារកិច្ច។ ម្យ៉ាងវិញទៀត ខ្ញុំចាត់ទុកការជឿលើព្រះជាម្ចាស់គ្រាន់តែជាចំណង់ចំណូលចិត្តនៅពេលទំនេរប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំ។ ខ្ញុំស្កប់ចិត្តត្រឹមតែការចូលរួមការជួបជុំប៉ុណ្ណោះ ហើយមិនបានគិតអំពីការបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះទេ។ បើខ្ញុំនៅតែបន្តជឿក្នុងរបៀបច្របូកច្របល់បែបនេះ ហើយរំលងឱកាសដ៏សំខាន់ក្នុងការដេញតាមសេចក្ដីពិត ហើយទីបំផុតមិនទទួលបានសេចក្ដីពិតទេនោះ តើខ្ញុំនឹងមិនត្រូវបានជម្រុះចោលទេឬ? ទីបំផុត ខ្ញុំបានឈប់សម្រាកហើយ។ ខ្ញុំមិនអាចបណ្ដោយឲ្យឱកាសក្នុងការបំពេញភារកិច្ច និងទទួលបានសេចក្ដីពិតនេះកន្លងផុតទៅបានទេ ដូច្នេះ ខ្ញុំក៏ប្រាប់បងស្រីថា ខ្ញុំសុខចិត្តទទួលការហ្វឹកហាត់ក្នុងការបំពេញភារកិច្ច។
អំឡុងពេលឈប់សម្រាក ពួកយើងបានរៀបចំការជួបជុំជាក្រុមជាមួយគ្នា។ ពេលពួកយើងជួបជុំគ្នា អ្នកគ្រប់គ្នាបើកចំហចិត្តយ៉ាងបរិសុទ្ធ ហើយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយនៅក្នុងចិត្តរបស់ខ្ញុំ មានអារម្មណ៍ថាបានរំដោះ និងមានសេរីភាពយ៉ាងពិសេស។ ខ្ញុំនឹកឃើញដល់មិត្តរួមថ្នាក់របស់ខ្ញុំ ដែលគិតតែពីស៊ីផឹក និងសប្បាយពេញមួយថ្ងៃនៅសាកលវិទ្យាល័យ ញៀននឹងហ្គេមទូរស័ព្ទ ណាត់ជួបសង្សារ ហើយរស់នៅក្នុងជីវិតដ៏ថោកទាប និងអាប់ឱន។ ពីមុន ខ្ញុំក៏ដូចជាពួកគេដែរ។ ឲ្យតែមានពេលទំនេរ ខ្ញុំតែងតែលេងទូរស័ព្ទ ឬមើលរឿងភាគ ដោយគ្មានគិតរឿងអ្វីជាដុំកំភួនក្នុងចិត្តទាល់តែសោះ។ ប៉ុន្តែ តាមរយៈការជួបជុំ ព្រមទាំងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា និន្នាការដ៏អាក្រក់ទាំងនេះនឹងត្រឹមតែស៊ីរូងចិត្តរបស់ខ្ញុំ ហើយនាំវាឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកវាពិតជាគ្មានប្រយោជន៍អ្វីដល់ជីវិតរបស់ខ្ញុំទាល់តែសោះ។ បន្តិចម្ដងៗ ខ្ញុំមានការតាំងចិត្តនៅឲ្យឆ្ងាយពីនិន្នាការដ៏អាក្រក់ទាំងនេះ ហើយអាចធ្វើឲ្យចិត្តរបស់ខ្ញុំស្ងប់នៅចំពោះព្រះជាម្ចាស់ ហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងបំពេញភារកិច្ចរបស់ខ្ញុំបាន។ ខ្ញុំលែងបណ្ដោយឲ្យពេលវេលារបស់ខ្ញុំកន្លងផុតទៅដោយឥតន័យទៀតហើយ។ ខ្ញុំបានដឹងថា មានតែការជឿលើព្រះជាម្ចាស់ ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចប៉ុណ្ណោះ ទើបខ្ញុំអាចនៅឆ្ងាយពីនិន្នាការដ៏អាក្រក់ទាំងនេះ ហើយរស់នៅក្នុងជីវិតដែលមានតម្លៃ និងមានអត្ថន័យបាន។
ពេលថ្ងៃបើកបវេសនកាលកាន់តែខិតជិតមកដល់ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច។ តើខ្ញុំគួរតែបោះបង់ការសិក្សា ហើយបំពេញភារកិច្ចពេញម៉ោងដែរឬទេ? ខ្ញុំបានស្វែងរកការប្រកបពី ម៉ូឆិន ដោយសួរថា៖ «អំឡុងពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានសេចក្ដីពិតកាន់តែច្រើន តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំក៏ចង់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អដែរ។ ប៉ុន្តែ ពេលខ្ញុំគិតដល់រឿងអត់មានការងារល្អធ្វើ និងគ្មានអ្នកណាកោតសរសើរខ្ញុំនៅថ្ងៃអនាគត ព្រមទាំងមិនអាចតបស្នងសងគុណឪពុកម្ដាយខ្ញុំ តាមរបៀបដ៏ល្អប្រសើរជាងនេះបាន ខ្ញុំក៏បាត់បង់ការតាំងចិត្តក្នុងការបោះបង់ការសិក្សាតែម្ដង»។ បងស្រីបានប្រកបគ្នាអំពីបទពិសោធន៍របស់គាត់ជាមួយខ្ញុំ ហើយរកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ដើម្បីជួយខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាសេចក្ដីប្រាថ្នារបស់មនុស្សខ្ពង់ខ្ពស់យ៉ាងណា មិនថាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីៗដែលមនុស្សចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពេញមួយជីវិតរបស់ពួកគេ ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ “កិត្តិយស” និង “ផលប្រយោជន៍”។ សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏សេចក្ដីប្រាថ្នាទាំងនេះតែងតែនៅវិលវល់ជុំវិញកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ ដេញតាមពេញមួយជីវិតរបស់ពួកគេ គឺទាក់ទងតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ “កេរ្តិ៍ឈ្មោះ” និង “លាភសក្ការៈ”។ មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជានុយ ដើម្បីទាក់ទាញមនុស្សឲ្យខំប្រឹងរៀនសូត្រយកចំណេះដឹង និងដេញតាមភាពលេចធ្លោជាងគេ ចាត់ទុកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជាគោលដៅក្នុងជីវិត បដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយឃ្លាតឆ្ងាយពីការថែរក្សា និងការការពាររបស់ព្រះអាទិករដោយមិនដឹងខ្លួន ដើម្បីឲ្យពួកគេរស់នៅក្នុងអន្ទាក់របស់សាតាំង ហើយទីបំផុត ត្រូវវាលេបត្របាក់។ ខ្ញុំត្រូវបានសាតាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ តាំងពីក្មេងមក ខ្ញុំត្រូវបានគេអប់រំនៅផ្ទះ និងនៅសាលាថា៖ «ចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក» និង «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ខ្ញុំជឿថា ជោគជ័យក្នុងការសិក្សាអាចធ្វើឲ្យយើងលេចធ្លោជាងគេ នាំកិត្តិយសដល់បុព្វបុរស និងមានគេកោតសរសើរ។ ខ្ញុំបានឃើញថា ឪពុកម្ដាយខ្ញុំមិនបានរៀនសូត្រទេ ហើយអាចចិញ្ចឹមគ្រួសារបាន តាមរយៈការធ្វើការងារប្រើកម្លាំងកាយយ៉ាងលំបាកប៉ុណ្ណោះ។ វាមិនត្រឹមតែហត់នឿយប៉ុណ្ណោះទេ ថែមទាំងគ្មានអ្នកណាគោរពពួកគាត់ទៀតផង។ ខ្ញុំមានអារម្មណ៍ថា វាគ្មានតម្លៃទេ ក្នុងការរស់នៅក្នុងជីវិតបែបនេះ ហើយមានតែការទទួលបានចំណេះដឹង និងការងារសមរម្យមួយនៅថ្ងៃអនាគតប៉ុណ្ណោះ ទើបខ្ញុំអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ និងមានការកោតសរសើរពីសាច់ញាតិ ព្រមទាំងមិត្តភក្ដិរបស់ខ្ញុំបាន។ ដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្ញុំ ខ្ញុំបានខំប្រឹងរៀនទាំងយប់ទាំងថ្ងៃ ហើយពេលការប្រឡងចូលរៀននៅសាកលវិទ្យាល័យលើកទីមួយរបស់ខ្ញុំមិនបានល្អដូចការរំពឹងទុក ខ្ញុំបានជ្រើសរើសរៀនឡើងវិញមួយឆ្នាំទៀត ហើយខំប្រឹងរៀនជាងមុនទៅទៀត។ សូម្បីតែពេលបិទភ្លើងនៅក្នុងអន្តេវាសិកដ្ឋានក៏ដោយ ក៏ខ្ញុំនៅតែប្រើភ្លើងពិល ដើម្បីអានឯកសាររៀនសូត្រនៅក្រោមភួយដែរ។ ទោះបីជាភ្នែកខ្ញុំកាន់តែមីញ៉ូបខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ។ ដើម្បីតែក្រដាសមួយសន្លឹកដែលមានពិន្ទុល្អ ខ្ញុំតែងតែបារម្ភ និងអន្ទះអន្ទែងជានិច្ច។ ពេលការប្រឡងចូលរៀននៅសាកលវិទ្យាល័យកាន់តែខិតជិតមកដល់ ខ្ញុំតែងតែតានតឹងជានិច្ច ដូចជាខ្សែរ៉ឺស័រដែលត្រូវគេរឹត ដោយភ័យខ្លាចប្រឡងធ្លាក់ ហើយបាត់បង់ «ខ្សែជីវិត» តែមួយគត់របស់ខ្ញុំ។ ខ្ញុំក៏មានអារម្មណ៍វង្វេងវង្វាន់ និងឈឺចាប់ដែរ តែគ្មានសមត្ថភាពនឹងរត់គេច។ អ្វីដែលខ្ញុំអាចធ្វើបាន គឺត្រូវតែដើរតាមនិន្នាការទាំងនេះ។ ពេលនេះ ខ្ញុំបានយល់ដឹងថា សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីបំភាន់មនុស្ស ធ្វើឲ្យចិត្តរបស់ពួកគេរសាត់កាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីរបៀបដែលសាច់ញាតិរបស់ខ្ញុំ បានផ្សាយដំណឹងល្អដល់ខ្ញុំ ក្រោយពេលខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ។ ខ្ញុំមានសំណាងបានទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងបានឮសូរសៀងរបស់ទ្រង់ ប៉ុន្តែខ្ញុំមិនបានឲ្យតម្លៃឱកាសនេះទេ។ ខ្ញុំចាត់ទុកការដេញតាមអនាគតដ៏ល្អ ជាអាទិភាពចម្បងរបស់ខ្ញុំ ហើយគ្រាន់តែចង់ជឿលើព្រះជាម្ចាស់នៅពេលទំនេរប៉ុណ្ណោះ ដោយឲ្យតែវាមិនប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំ។ ខ្ញុំបានដឹងថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងការអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលនេះ ខ្ញុំបានឮសូរសៀងរបស់ព្រះជាម្ចាស់ហើយ តែខ្ញុំបែរជាមិនអាចដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំទៅវិញ ហើយបែរជារស់នៅតាមច្បាប់នៃការរស់រានមានជីវិតរបស់សាតាំង ព្រមទាំងឲ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជាងសេចក្ដីពិត និងជីវិតទៅទៀត។ ខ្ញុំពិតជាមិនស្គាល់ខុសត្រូវមែន។ ទោះបីជាខ្ញុំរៀនចប់មានសញ្ញាបត្រ ហើយរកបានការងារល្អមួយក៏ដោយ បើខ្ញុំមិនទទួលបានសេចក្ដីពិតនិងជីវិតទេ ទីបំផុត ខ្ញុំនឹងត្រូវព្រះជាម្ចាស់ជម្រុះចោលមិនខាន។ កាលពីមុន ខ្ញុំតែងតែគិតថា ការរៀននៅសាកលវិទ្យាល័យបណ្ដើរ និងជឿលើព្រះជាម្ចាស់បណ្ដើរ អាចនាំមកឲ្យខ្ញុំនូវកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងព្រះពររបស់ព្រះជាម្ចាស់ផងដែរ។ នេះគ្រាន់តែជាការគិតស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះ ហើយវាពិតជាមិនស្របតាមសេចក្ដីពិតទាល់តែសោះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានឱកាស ហើយមិនអាចដាក់ចិត្តដាក់កាយយកចិត្តទុកដាក់លើសេចក្តីជំនឿរបស់អ្នកទាំងស្រុងទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារការវង្វេង នោះអ្នកនឹងមិនទទួលបានអ្វីសោះឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះអម្ចាស់យេស៊ូវក៏មានព្រះបន្ទូលដែរថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:៣៣)។ ខ្ញុំបានយល់ដឹងថា ដើម្បីដើរតាមព្រះជាម្ចាស់ អ្នកត្រូវតែមានចិត្តលះបង់ ហើយមិនត្រូវឲ្យគ្រួសារ សាច់ឈាម លុយកាក់ កេរ្តិ៍ឈ្មោះ ឬលាភសក្ការៈរឹតត្បិត ឬឃុំឃាំងឡើយ។ អ្នកគួរតែលះបង់អស់ពីចិត្ត និងគំនិតរបស់អ្នក ទៅលើភារកិច្ចរបស់អ្នក ផ្ដោតលើការដេញតាម និងការអនុវត្តសេចក្ដីពិត ហើយទីបំផុតសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ចំណែកឯពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវ នៅក្នុងយុគសម័យនៃព្រះគុណវិញ ពួកគេខ្លះបានលះបង់ឋានៈ និងទ្រព្យសម្បត្តិ ហើយខ្លះទៀតបានលះបង់គ្រួសារ ដើម្បីដើរតាមព្រះអម្ចាស់យេស៊ូវអស់ពីចិត្ត ដោយធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះអម្ចាស់។ ទាំងនេះគឺជាជីវិតដ៏មានអត្ថន័យ ដែលស័ក្ដិសមនឹងឲ្យយើងយកតម្រាប់តាម។ លើសពីនេះទៅទៀត ខ្ញុំធ្លាប់គិតថា ការទទួលបានចំណេះដឹងពីការសិក្សានឹងនាំឲ្យមានការងារល្អធ្វើ ដែលអាចឲ្យខ្ញុំរស់នៅក្នុងជីវិតដែលមិនបាច់បារម្ភពីរឿងហូបចុក និងសម្លៀកបំពាក់ ហើយមានការកោតសរសើរពីសាច់ញាតិ ព្រមទាំងមិត្តភក្ដិរបស់ខ្ញុំ ខ្ញុំគិតថា មានតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ ទើបអាចនាំមកនូវសុភមង្គលបាន។ ប៉ុន្តែ ពេលគិតដល់រឿងនេះ ទោះបីជាបញ្ញវន្ត និងអ្នកមានទ្រព្យសម្បត្តិ ព្រមទាំងអំណាចជាច្រើន មើលទៅត្រចះត្រចង់ និងស្រស់ស្អាតនៅសំបកក្រៅ ហើយទទួលបានកិត្តិយសគ្រប់ទីកន្លែងដែលពួកគេទៅក៏ដោយ ពួកគេមិនជឿលើព្រះជាម្ចាស់ទេ ហើយក៏មិនយល់ដឹងពីសេចក្ដីពិតដែរ។ ពួកគេរស់នៅក្នុងអន្ទាក់របស់សាតាំង ប្រជែងគ្នាដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយប្រយុទ្ធគ្នាទាំងបើកចំហ និងលួចលាក់។ ដើម្បីទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះ ពួកគេហ៊ានលះបង់សុខភាព និងលក់សេចក្ដីសុចរិត ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង។ ជីវិតរបស់ពួកគេមិនមានសុភមង្គលទេ។ បើបុគ្គលម្នាក់បាត់បង់ការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ ហើយមិនមានព្រះពរ ឬសេចក្ដីសង្គ្រោះរបស់ទ្រង់ទេនោះ តើមានសុភមង្គលអ្វីនឹងនិយាយទៅ? មិនថាពួកគេមានចំណេះដឹងច្រើនប៉ុនណា មានអ្នកកោតសរសើរប៉ុនណា ឬមានការសប្បាយខាងសម្ភារៈហូរហៀរប៉ុនណាក៏ដោយ ទីបំផុត ពួកគេនឹងធ្លាក់ចូលទៅក្នុងភយន្តរាយ ទៅរកសេចក្ដីហិនវិនាស ហើយវិនាសសាបសូន្យមិនខាន។ នេះមិនមែនជាអនាគតដ៏ពិតប្រាកដទេ។ ពេលនេះ គឺជាគ្រាចុងក្រោយហើយ។ ព្រះជាម្ចាស់នឹងបញ្ចប់យុគសម័យនេះ ហើយបំពេញកិច្ចការរបស់ទ្រង់ចំពោះការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ មានតែការដេញតាមសេចក្ដីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យប៉ុណ្ណោះ ទើបអ្នកអាចត្រូវបានសង្គ្រោះ និងរស់រានមានជីវិតបាន ហើយត្រូវបានព្រះជាម្ចាស់ដឹកនាំចូលទៅក្នុងយុគសម័យបន្ទាប់។ នេះទើបជាអនាគតដ៏ពិតប្រាកដ។
ក្រោយមក ខ្ញុំបានអានអំពីបទពិសោធន៍របស់ពេត្រុស ដែលផ្ដល់ឲ្យខ្ញុំនូវការជំរុញចិត្ត និងកម្លាំងចិត្តមួយចំនួន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ជាក់ស្ដែង ពេត្រុសពិតជាមានពរណាស់ដែលបានកើតមកក្នុងលក្ខខណ្ឌសង្គមគួរឱ្យពេញចិត្ដបែបនេះ។ ដោយភាពវ័យឆ្លាត និងឆាប់យល់ការ ទើបលោកមានគំនិតថ្មីៗ។ ក្រោយពីបានចាប់ផ្ដើមសិក្សា លោកក៏មានការឆាប់យល់មេរៀនដែលលោកកំពុងរៀនជាខ្លាំង។ ឪពុកម្ដាយលោកមានមោទនភាពណាស់ដែលមានកូនប្រុសដ៏ឆ្លាតវ័យបែបនេះ ហើយពួកគេក៏ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យលោកបានចូលសាលា ដោយសង្ឃឹមថាលោកនឹងអាចធ្វើឱ្យខ្លួនបានខ្ពង់ខ្ពស់ ហើយមានតួនាទីផ្លូវការក្នុងសង្គម។ ពេត្រុសមានចំណាប់អារម្មណ៍អំពីព្រះជាម្ចាស់ដោយមិនដឹងខ្លួន ដែលជាលទ្ធផល នៅពេលលោកមានអាយុដប់បួនឆ្នាំ ក្នុងគ្រាដែលលោកកំពុងសិក្សានៅថ្នាក់វិទ្យាល័យ លោកបានធុញទ្រាន់នឹងការរៀនក្នុងកម្មវិធីសិក្សានៃវប្បធម៌របស់ក្រិចបុរាណ ជាពិសេសគឺសិក្សាទាក់ទិននឹងមនុស្សប្រឌិត និងព្រឹត្ដិការណ៍ដែលត្រូវបង្កើតឡើងនៅក្នុងប្រវត្ដិសាស្ដ្រក្រិចបុរាណ។ ចាប់ពីពេលនោះមក ពេត្រុសដែលទើបតែចូលក្នុងភាពវ័យជំទង់ ក៏បានចាប់ផ្ដើមព្យាយាមស្វែងរកការយល់ដឹងបន្ថែមអំពីជីវិតមនុស្ស និងពិភពលោកដ៏ធំធេង។ មនសិការរបស់លោកមិនបានធ្វើឱ្យលោកតបស្នងនូវការឈឺចាប់របស់ឪពុកម្ដាយលោកទេ ព្រោះលោកបានឃើញយ៉ាងច្បាស់ថា មនុស្សទាំងអស់រស់នៅក្នុងសភាពនៃការបោកបញ្ឆោតខ្លួនឯង ពួកគេទាំងអស់រស់នៅក្នុងជីវិតដែលគ្មានន័យ ដោយបំផ្លាញជីវិតខ្លួនឯងឱ្យនៅជាប់វ័ណ្ឌកនឹងទ្រព្យសម្បត្ដិ ព្រមទាំងកិត្ដិយស។ ការយល់ដឹងរបស់លោក មានភាពទូលំទូលាយដែលមានភាពទាក់ទងនឹងមជ្ឈដ្ឋានសង្គមដែលលោករស់នៅ។ កាលណាមនុស្សមានចំណេះដឹងកាន់តែច្រើន នោះទំនាក់ទំនងអន្តរបុគ្គល និងពិភពលោកខាងក្នុងក៏កាន់តែស្មុគស្មាញដែរ ហើយដូចនេះ ពួកគេក៏រស់នៅដោយគ្មានខ្លឹមសារ។ ដោយស្ថិតក្នុងកាលៈទេសៈនេះ ពេត្រុសបានចំណាយពេលទំនេររបស់លោកសម្រាប់ធ្វើការចុះពិនិត្យមើលក្នុងទ្រង់ទ្រាយធំ ដែលភាគច្រើនលោកទៅមើលផ្នែកសាសនា។ នៅក្នុងដួងចិត្ដរបស់លោក ហាក់មានអារម្មណ៍ស្រពេចស្រពិលថា សាសនាប្រហែលជាអាចពន្យល់ហេតុផលសម្រាប់អ្វីៗទាំងអស់ដែលមិនអាចពន្យល់បានក្នុងពិភពមនុស្ស ហើយដូច្នេះ លោកតែងតែទៅក្បែរសាលាប្រជុំដើម្បីចូលរួមកម្មវិធី។ ឪពុកម្ដាយរបស់លោកមិនបានដឹងពីការនេះទេ ហើយមិនយូរប៉ុន្មាន ពេត្រុសដែលតែងតែមានអត្ដចរិតល្អ និងជាបញ្ញវ័ន្ដដ៏ល្អនោះ ក៏បានចាប់ផ្ដើមស្អប់ការទៅសាលារៀន។ ស្ថិតក្រោមការគ្រប់គ្រងពីឪពុកម្ដាយរបស់លោក លោកបានបញ្ចប់ត្រឹមថ្នាក់វិទ្យាល័យទាំងត្រដរ។ ដោយការខិតខំហែលពីច្រាំងសមុទ្រនៃចំណេះដឹង លោកបានដកដង្ហើមយ៉ាងធំ។ តាំងពីពេលនោះមក គ្មាននរណាម្នាក់ធ្វើការអប់រំ ឬដាក់កំហិតដល់លោកបានទៀតឡើយ» («ការបើកបង្ហាញនៃអាថ៌កំបាំងអំពី “ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល”» អំពីជីវិតរបស់ពេត្រុស នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈបទពិសោធន៍របស់ពេត្រុស ខ្ញុំបានឃើញថា ចិត្តរបស់ពេត្រុសគឺបរិសុទ្ធ ហើយគាត់ស្រឡាញ់រឿងវិជ្ជមាន គាត់ចាប់ផ្ដើមគិតអំពីជីវិតតាំងពីនៅក្មេង។ តាមរយៈការទំនាក់ទំនងរបស់គាត់ជាមួយសង្គម គាត់បានដឹងថា មនុស្សរស់នៅក្នុងជីវិតដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ ហើយថា បើបុគ្គលម្នាក់ទទួលបានចំណេះដឹងកាន់តែច្រើន នោះគំនិតរបស់ពួកគេក៏កាន់តែស្មុគស្មាញ និងពុករលួយទៅតាមនោះដែរ។ គាត់ក៏បានឃើញយ៉ាងច្បាស់ពីភាពងងឹត និងភាពអាក្រក់របស់សង្គម ហើយទទួលស្គាល់ថា ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺជារឿងទទេ។ គាត់មិនបានធ្វើតាមបំណងប្រាថ្នារបស់ឪពុកម្ដាយគាត់ ក្នុងការស្វែងរកភាពលេចធ្លោជាងគេ និងទទួលបានតំណែងជាមន្ត្រីណាមួយនៅក្នុងសង្គមឡើយ។ ផ្ទុយទៅវិញ គាត់បានតាំងចិត្តបោះបង់ការសិក្សា ហើយដើរតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ ក្រោយមកក៏ដើរតាមព្រះអម្ចាស់យេស៊ូវ។ គាត់ចំណាយពេលពេញមួយជីវិតដេញតាមការយល់ដឹងអំពីព្រះជាម្ចាស់ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយយល់ដឹងពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ខ្លួនឯង តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត គាត់អាចចុះចូលនឹងព្រះជាម្ចាស់រហូតដល់សេចក្ដីស្លាប់ ហើយស្រឡាញ់ទ្រង់ដល់កម្រិតកំពូល ដែលធ្វើឲ្យគាត់ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ផ្ទុយទៅវិញ ខ្ញុំមិនអាចមើលធ្លុះរឿងទាំងនេះទេ ហើយដោយសារតែការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំ ខ្ញុំមិនសុខចិត្តបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតឡើងឡើយ ដោយស្កប់ចិត្តត្រឹមតែការជឿនៅពេលទំនេរប៉ុណ្ណោះ។ បើខ្ញុំនៅតែបន្តជឿបែបនេះរហូតដល់ទីបញ្ចប់ នោះវាច្បាស់ជាអត់ប្រយោជន៍មិនខាន។ ខ្ញុំត្រូវតែធ្វើតាមគំរូរបស់ពេត្រុស បោះបង់អនាគតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយផ្ដួចផ្ដើមដេញតាមរឿងវិជ្ជមាន។ អំឡុងពេលរៀននៅសាកលវិទ្យាល័យ ខ្ញុំបានឃើញថា សាកលវិទ្យាល័យដែលស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន គឺជាមូលដ្ឋានសម្រាប់ការអប់រំដែលមិនជឿថាមានព្រះ។ អ្នកគ្រប់គ្នាដេញតាមភាពឥតប្រយោជន៍ និងប្រាថ្នាចង់បានភាពអាក្រក់ ហើយគ្មានអ្នកណាខ្វល់ពីសិស្សានុសិស្សដែលគិតតែពីស៊ីផឹក សប្បាយ ឬឈ្លោះប្រកែកគ្នាឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលជឿលើព្រះជាម្ចាស់ និងដើរតាមផ្លូវត្រឹមត្រូវ បែរជាត្រូវគេធ្វើទុក្ខបុកម្នេញទៅវិញ។ សាកលវិទ្យាល័យនានាក៏បានពង្រីកពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដើម្បីថ្កោលទោស និងមួលបង្កាច់ព្រះជាម្ចាស់ផងដែរ ដែលធ្វើឲ្យមនុស្សងាកចេញពីទ្រង់ ហើយក្បត់ទ្រង់។ បើខ្ញុំនៅតែបន្តរៀននៅសាកលវិទ្យាល័យ ខ្ញុំច្បាស់ជាត្រូវនិន្នាការដ៏អាក្រក់បោកបក់យកទៅ ហើយរសាត់កាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់មិនខាន។ ទីបំផុត ខ្ញុំនឹងធ្លាក់ចូលទៅក្នុងភយន្តរាយដ៏ធំសម្បើម ហើយត្រូវបានបំផ្លាញចោល។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចបង្ហាញផ្លូវត្រូវដល់មនុស្សបាន ហើយមានតែការយល់ដឹងពីសេចក្ដីពិតប៉ុណ្ណោះ ទើបបុគ្គលម្នាក់អាចសម្ដែងចេញនូវលក្ខណៈជាមនុស្សកាន់តែច្រើនបាន។ ខ្ញុំសុខចិត្តជ្រើសរើសបំពេញភារកិច្ច និងបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំពិតជាសម្រេចចិត្តបោះបង់ការសិក្សា ខ្ញុំនៅតែមានការព្រួយបារម្ភខ្លះៗដដែល។ ពេលខ្ញុំជ្រើសរើសចំណាយពេលវេលាទាំងអស់របស់ខ្ញុំ ទៅលើភារកិច្ច ខ្ញុំនឹងលែងអាចរកលុយមកមើលថែឪពុកម្ដាយខ្ញុំបានទៀតហើយ។ ឪពុកម្ដាយខ្ញុំបានធ្វើការយ៉ាងលំបាក ដើម្បីចិញ្ចឹមខ្ញុំ និងផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ ហើយពេលនេះ ពួកគាត់ចាស់ហើយ សុខភាពក៏មិនសូវល្អដូចមុនដែរ។ បើពួកគាត់ឈឺនៅថ្ងៃអនាគត នោះលក្ខខណ្ឌរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំមើលថែពួកគាត់ទេ។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំជំពាក់គុណពួកគាត់ជានិច្ច។ ពេលបងស្រីបានដឹងពីសភាពរបស់ខ្ញុំ គាត់បានរកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនសម្រាប់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ខ្ញុំនឹងតែងតែកម្សាន្តចិត្តអស់អ្នកដែលយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យពួកគេរងទុក្ខ ឬជួបរឿងអាក្រក់ឡើយ។ កិច្ចការដ៏សំខាន់នាពេលនេះគឺត្រូវចេះធ្វើសកម្មភាពស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ អស់អ្នកដែលធ្វើកិច្ចការនេះ នឹងប្រាកដជាទទួលបានព្រះពររបស់ខ្ញុំ ហើយស្ថិតនៅក្រោមការការពាររបស់ខ្ញុំមិនខាន។ តើនរណាអាចលះបង់ខ្លួនឯងយ៉ាងពិតប្រាកដ និងទាំងស្រុងសម្រាប់ខ្ញុំ ព្រមទាំងថ្វាយអ្វីៗទាំងអស់របស់ពួកគេសម្រាប់ជាប្រយោជន៍របស់ខ្ញុំទៅ? អ្នកទាំងអស់គ្នាមានដួងចិត្តតែពាក់កណ្ដាលប៉ុណ្ណោះ។ គំនិតរបស់អ្នកវិលចុះវិលឡើង ដោយគិតអំពីផ្ទះសម្បែង គិតអំពីពិភពលោកខាងក្រៅ គិតអំពីម្ហូបអាហារ និងសម្លៀកបំពាក់។ ទោះបីអ្នកស្ថិតនៅទីនេះចំពោះខ្ញុំ ដោយធ្វើកិច្ចការសម្រាប់ខ្ញុំក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត អ្នកកំពុងតែគិតអំពីប្រពន្ធកូន និងឪពុកម្ដាយរបស់អ្នកនៅឯផ្ទះទៅវិញទេ។ តើអ្វីៗទាំងអស់នេះគឺជាទ្រព្យសម្បត្តិរបស់អ្នកឬ? ហេតុអ្វីបានជាអ្នកមិនថ្វាយពួកគេទៅក្នុងព្រះហស្តរបស់ខ្ញុំទៅ? តើអ្នកមិនទុកចិត្តលើខ្ញុំទេឬ? ឬក៏ដោយសារតែអ្នកខ្លាចថា ខ្ញុំនឹងធ្វើការរៀបចំមិនត្រឹមត្រូវសម្រាប់អ្នក?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្នកដែលលះបង់ខ្លួនឯងដោយស្មោះដើម្បីព្រះជាម្ចាស់ មានភាពស្មោះត្រង់ និងការចុះចូលចំពោះទ្រង់ ពួកគេបំពេញភារកិច្ចដោយមិនគិតពីផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយបំពេញការទទួលខុសត្រូវរបស់ពួកគេ ដើម្បីសម្រេចការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំប្រឈមមុខនឹងការជ្រើសរើស ខ្ញុំតែងតែគិតពីអនាគតផ្ទាល់ខ្លួន គ្រួសារ និងឪពុកម្ដាយរបស់ខ្ញុំជានិច្ច។ ខ្ញុំមិនអាចប្រគល់អ្វីៗទាំងអស់ដែលខ្ញុំមាន ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដោយពិតប្រាកដបានទេ។ តាមពិតទៅ វាសនារបស់ឪពុកម្ដាយយើង គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់៖ ថាពួកគាត់នឹងរងទុក្ខប៉ុនណា ហើយពួកគាត់នឹងទទួលបានសុភមង្គលកម្រិតណា ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរណាស់មកហើយ។ បើពួកគាត់ត្រូវជំងឺបៀតបៀន ក្នុងនាមជាកូន ទោះបីជាយើងនៅកំដរឪពុកម្ដាយ ឬចេញលុយព្យាបាលជំងឺឲ្យពួកគាត់ក៏ដោយ ក៏យើងមិនអាចរងទុក្ខជំនួសពួកគាត់បានឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរ។ ដូចជាពូរបស់ខ្ញុំ ដែលមានកូនច្រើនអ៊ីចឹង។ គ្រួសារបងប្អូនជីដូនមួយរបស់ខ្ញុំមានជីវភាពធូរធារគួរសម ហើយពួកគេមានកតញ្ញូតាធម៌ចំពោះពូខ្ញុំណាស់។ ពេលពូខ្ញុំកើតជំងឺមហារីកសួត ពួកគេទាំងអស់គ្នាបានចេញលុយសម្រាប់ការព្យាបាលវះកាត់របស់គាត់ ហើយផ្លាស់វេនគ្នាមើលថែគាត់។ ពួកគេគិតថា គាត់នឹងជាសះស្បើយ ក្រោយពេលវះកាត់រួច ប៉ុន្តែ នឹកស្មានមិនដល់ គាត់បានទទួលមរណភាព ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ គ្រួសារខ្ញុំមិនសូវធូរធារទេ ហើយឪពុកម្ដាយខ្ញុំភាគច្រើនធ្វើតែការងារប្រើកម្លាំងកាយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែមានសុខភាពល្អ ហើយកម្រឈឺណាស់ពេញមួយឆ្នាំ។ ខ្ញុំមិនយល់ដឹងពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ ហើយជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់គឺតូចពេកហើយ។ ចាប់ពីពេលនោះមក ខ្ញុំសុខចិត្តចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ ហើយប្រគល់រាល់កិច្ចការទាំងអស់ដែលពាក់ព័ន្ធនឹងឪពុកម្ដាយខ្ញុំទៅកាន់ព្រះជាម្ចាស់។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានដឹងពីបំណងព្រះហឫទ័យដ៏អន្ទះសាររបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់កំពុងស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំការលេចមករបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនភ្លេចការផ្ទុកផ្ដាក់របស់ទ្រង់ ហើយថ្វាយដួងចិត្ត និងរូបកាយរបស់ពួកគេដល់ទ្រង់ និងស្វែងរកអស់អ្នកណាដែលចុះចូល និងមិនទាស់ទទឹង ដូចជាទារកនៅចំពោះទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានចំណេះដឹងដ៏លើសលប់ មានទ្រព្យសម្បត្តិហូរហៀរ និងមានការគាំទ្រពីមនុស្សជាច្រើន ក៏ប៉ុន្តែអ្នកនៅតែមិនជាប់ជំពាក់នឹងរឿងទាំងនេះ ហើយនៅតែមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងការផ្ទុកផ្ដាក់របស់ទ្រង់ ព្រមទាំងធ្វើអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានអត្ថន័យបំផុតនៅលើផែនដី និងជាកិច្ចការដ៏យុត្តិធម៌បំផុតរបស់មនុស្សជាតិ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ព្រះជាម្ចាស់កំពុងស្វែងរកមនុស្សដែលអាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងចុះចូលនឹងទ្រង់ ហើយចង់សង្គ្រោះអ្នកដែលទន្ទឹងរង់ចាំការលេចមករបស់ទ្រង់។ បើមនុស្សអាចបោះបង់កេរ្តិ៍ឈ្មោះ ឋានៈ លុយកាក់ និងផលប្រយោជន៍របស់ពួកគេ ហើយមកនៅចំពោះព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ នោះនឹងទទួលបានការសព្វព្រះហឫទ័យពីទ្រង់ ហើយវាក៏ជារឿងដ៏មានអត្ថន័យមួយផងដែរ។ ខ្ញុំបានគិតអំពីរបៀបដែលពេត្រុសបានស្ដាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងបានបំពេញភារកិច្ចរបស់គាត់ ដែលទីបំផុត គាត់បានធ្វើបន្ទាល់ដ៏ស្រស់ស្អាត និងដ៏ខ្លាំងក្លា ដើម្បីកម្សាន្តព្រះហឫទ័យព្រះជាម្ចាស់។ ខ្ញុំក៏គួរតែបំពេញការទទួលខុសត្រូវ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត និងបំពេញភារកិច្ចរបស់ខ្ញុំ មានតែធ្វើបែបនេះទេ ទើបខ្ញុំមានមនសិការ និងភាពជាមនុស្ស។ ការដែលខ្ញុំមានសំណាងអាចបំពេញភារកិច្ចនៅក្នុងពួកជំនុំបាន គឺជាព្រះគុណរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ហើយខ្ញុំសុខចិត្តបោះបង់ការសិក្សារបស់ខ្ញុំ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានប្រាប់ពុកខ្ញុំពីជម្រើសរបស់ខ្ញុំ ហើយគាត់ក៏គាំទ្រខ្ញុំ។ គាត់ថែមទាំងនិយាយថា៖ «ការជឿលើព្រះជាម្ចាស់គឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ ពេលនេះ កូនធំហើយ ហើយដោយសារតែកូនបានជ្រើសរើសផ្លូវនេះ កូនត្រូវតែមានការតាំងចិត្ត និងសេចក្ដីអំណត់ ដើម្បីបន្តដើរទៅមុខទៀត។ ទោះបីជាកូនជួបប្រទះនឹងឧបសគ្គ ឬការលំបាកអ្វីក៏ដោយ កុំបាក់ទឹកចិត្តឲ្យសោះ។ គ្រាន់តែដេញតាមវាយ៉ាងស្មោះអស់ពីចិត្តទៅបានហើយ!» ខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ចំពោះការគាំទ្ររបស់ពុកខ្ញុំ។ ខ្ញុំដឹងថា គំនិត និងយោបល់របស់គាត់គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយនៅក្នុងចិត្ត ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ណាស់។ ជំនឿរបស់ខ្ញុំក្នុងការដើរតាមព្រះជាម្ចាស់ ក៏កាន់តែរឹងមាំជាងមុនដែរ។ ក្រោយពេលបវេសនកាលថ្មីចូលមកដល់ ខ្ញុំបានដាក់ពាក្យទៅកាន់សាលា ដើម្បីឈប់រៀន។ គ្រូរបស់ខ្ញុំមិនយល់ថា ហេតុអ្វីបានជាខ្ញុំបោះបង់សាកលវិទ្យាល័យដ៏ល្អមួយចោលឡើយ ហើយចេះតែព្យាយាមនិយាយបញ្ចុះបញ្ចូលខ្ញុំមិនឲ្យឈប់ ដោយនិយាយថា៖ «ឯងត្រូវតែគិតពីរឿងនេះឲ្យបានល្អិតល្អន់។ ឪពុកម្ដាយរបស់ឯងបានធ្វើការយ៉ាងលំបាក ដើម្បីបញ្ជូនឯងឲ្យមករៀននៅសាកលវិទ្យាល័យ ហើយវាមិនងាយស្រួលទេ សម្រាប់ឯងក្នុងការចូលរៀនបាននោះ។ បើឯងបោះបង់ពេលនេះ ឯងនឹងមិនមានការងារដែលមានស្ថិរភាពនៅថ្ងៃអនាគតឡើយ។ ឯងត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ កុំមានគំនិតខ្លីអី!» ពេលខ្ញុំឮគ្រូនិយាយថា ខ្ញុំគួរតែមានចក្ខុវិស័យវែងឆ្ងាយ ខ្ញុំភ្ញាក់ព្រើតក្នុងចិត្ត។ ខ្ញុំបានគិតថា៖ «មែនហើយ។ ពេលខ្ញុំសម្រេចចិត្តបែបនេះ ខ្ញុំនឹងលែងមានការងារសមរម្យមួយទៀតហើយ។ ពេលនោះ ខ្ញុំនឹងគ្មានអ្នកណាកោតសរសើរ ហើយក៏គ្មានការសប្បាយខាងសាច់ឈាមទៀតដែរ»។ ខ្ញុំបានដឹងថា ផ្នត់គំនិតរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំក៏ប្រញាប់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្ត។ នៅពេលនេះ ខ្ញុំនឹកចាំយ៉ាងច្បាស់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «រាស្ត្ររបស់ខ្ញុំគប្បីប្រយ័ត្នប្រយែងចំពោះគ្រោងការបោកបញ្ឆោតរបស់សាតាំងគ្រប់ពេលវេលាទាំងអស់» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំដឹងថា នេះគឺជាការរំលឹករបស់ព្រះជាម្ចាស់មកកាន់ខ្ញុំ។ មើលពីសំបកក្រៅ ខ្ញុំហាក់ដូចជាគ្រាន់តែប្រាស្រ័យទាក់ទងជាមួយគ្រូរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែ តាមពិតទៅ មានគម្រោងឧបាយកលរបស់សាតាំងលាក់បាំងនៅពីក្រោយរឿងនេះ។ សាតាំងបានប្រើគ្រូបង្រៀន ឲ្យនិយាយរឿងមួយចំនួនដែលមើលទៅដូចជាសម្រាប់ជាប្រយោជន៍របស់ខ្ញុំ ដើម្បីល្បួងខ្ញុំឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងបោះបង់ភារកិច្ចរបស់ខ្ញុំ។ សាតាំងពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ខ្ញុំក៏បានសញ្ជឹងគិតផងដែរថា៖ «គ្រូបាននិយាយថា ខ្ញុំមិនគួរមានគំនិតខ្លីទេ តែត្រូវមានចក្ខុវិស័យវែងឆ្ងាយ។ តើអ្វីទៅជាការមានគំនិតខ្លី ហើយអ្វីទៅជាការមានចក្ខុវិស័យវែងឆ្ងាយឲ្យប្រាកដ? បើខ្ញុំដេញតាមសញ្ញាបត្រជាន់ខ្ពស់ ការងារល្អមួយ និងការកោតសរសើរពីអ្នកដទៃ តែមិនអាចបំពេញភារកិច្ចរបស់ខ្ញុំ ឬទទួលបានសេចក្ដីពិតទេ នោះនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ ខ្ញុំនឹងមិនទទួលបានអ្វីទាំងអស់។ នេះហើយទើបហៅថា មានគំនិតខ្លី។ ការដើរតាមព្រះជាម្ចាស់ និងការបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ព្រមទាំងការដេញតាមសេចក្ដីពិត ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ នេះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ហើយនេះគឺជាចក្ខុវិស័យដ៏ពិតប្រាកដ»។ បន្ទាប់មក ខ្ញុំក៏ឆ្លើយយ៉ាងម៉ឺងម៉ាត់ថា៖ «ការសម្រេចចិត្តរបស់ខ្ញុំក្នុងការឈប់រៀនពីសាកលវិទ្យាល័យ មិនមែនជាការសម្រេចចិត្តមួយឆាវនោះទេ។ ខ្ញុំបានពិចារណាវាអស់រយៈពេលយ៉ាងយូរមកហើយ ហើយខ្ញុំនឹងមិនស្ដាយក្រោយឡើយ!» គ្រូឃើញថា គាត់មិនអាចបញ្ចុះបញ្ចូលខ្ញុំបាន ក៏ក្រវីក្បាលដោយមិនដឹងត្រូវធ្វើអ្វី។ គាត់ក៏បានរៀបចំឯកសារឈប់រៀនពីសាកលវិទ្យាល័យឲ្យខ្ញុំ។ ពេលខ្ញុំបោះជំហានចេញពីបរិវេណសាលាភ្លាម ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង ព្រោះខ្ញុំនឹងលែងត្រូវបានរឹតត្បិតដោយគ្រូ ឬមិត្តរួមថ្នាក់របស់ខ្ញុំ ពេលចូលរួមការជួបជុំ ឬបំពេញភារកិច្ចរបស់ខ្ញុំទៀតហើយ។ វាមានអារម្មណ៍ថា ដូចជាមានបន្ទុកដ៏ធ្ងន់មួយ ត្រូវបានលើកចេញពីស្មារបស់ខ្ញុំអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ដូចជាសត្វស្លាបដែលហើរចេញពីទ្រុង ត្រឡប់ទៅរកការឱបក្រសោបនៃផ្ទៃមេឃពណ៌ខៀវស្រងាត់វិញ។
បន្ទាប់ពីនោះមក ខ្ញុំចំណាយពេលវេលាទាំងអស់របស់ខ្ញុំ ទៅលើការបំពេញភារកិច្ច។ ជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំបានចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដោយមានអារម្មណ៍ថាស្ងប់សុខ និងធូរស្រាលយ៉ាងខ្លាំង។ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានបើកសម្ដែងនិស្ស័យពុករលួយជាច្រើន។ ឧទាហរណ៍ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំចង់បានលាភសក្ការៈរហ័ស ធ្វើឲ្យតែរួចពីដៃ និងលង់នឹងការសប្បាយខាងសាច់ឈាម ខ្ញុំក៏បានឆ្លងកាត់ការលួសកាត់ ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅមួយចំនួនផងដែរ។ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យពុករលួយរបស់ខ្ញុំផ្ទាល់ ហើយសម្រេចបានការផ្លាស់ប្ដូរមួយចំនួន។ អ្វីដែលខ្ញុំទទួលបានទាំងនេះ មិនមែនជារឿងដែលខ្ញុំអាចសម្រេចបាន ពេលខ្ញុំកំពុងរៀននៅសាកលវិទ្យាល័យឡើយ។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ដែលបានទាញខ្ញុំចេញពីភក់ជ្រាំនៃការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយដឹកនាំខ្ញុំឲ្យដើរលើផ្លូវត្រឹមត្រូវក្នុងជីវិត!