៩៨. ខ្ញុំបានលះបង់បំណងប្រាថ្នារបស់ខ្លួនចំពោះឋានៈ
នៅខែធ្នូ ឆ្នាំ ២០២៣ ខ្ញុំត្រូវបានគេបោះឆ្នោតឱ្យធ្វើជាអ្នកអធិប្បាយ។ ពេលបានឮដំណឹងនេះ ខ្ញុំបារម្ភបន្តិចថា៖ «ក្នុងនាមជាអ្នកអធិប្បាយ ខ្ញុំត្រូវទទួលខុសត្រូវលើពួកជំនុំមួយចំនួន។ ខ្ញុំត្រូវជួបជុំជាញឹកញាប់ជាមួយអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយ ហើយប្រកបគ្នាជាមួយពួកគេ ដើម្បីណែនាំអំពីកិច្ចការ។ ការណ៍នេះតម្រូវឱ្យយល់ពីសេចក្តីពិត និងមានសមត្ថភាពប្រកបគ្នាពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា។ ខ្ញុំទើបតែជឿព្រះជាម្ចាស់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយការយល់ដឹងរបស់ខ្ញុំពីសេចក្តីពិតក៏រាក់កំភែលដែរ។ ខ្ញុំទើបតែចាប់ផ្តើមបណ្តុះបណ្តាលជាអ្នកអធិប្បាយ ហើយខ្ញុំនៅខ្វះខាតច្រើនទៀត។ បើខ្ញុំមិនអាចដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីក្នុងអំឡុងពេលជួបជុំបានទេ តើពួកគេនឹងគិតបែបណាចំពោះខ្ញុំទៅ? តើពួកគេនឹងគិតថា ខ្ញុំគ្មានសមត្ថភាពបំពេញភារកិច្ចនេះ ហើយមើលងាយខ្ញុំដែរឬទេ?» ប៉ុន្តែក្រោយមក ខ្ញុំគិតថា៖ «ភារកិច្ចនេះត្រូវបានផ្តល់មកខ្ញុំដោយមានការអនុញ្ញាតពីព្រះជាម្ចាស់ ហើយជាងនេះទៅទៀត នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យបានឡើយ ហើយខ្ញុំត្រូវតែពឹងអាងលើព្រះជាម្ចាស់ក្នុងការបំពេញកិច្ចការនេះ»។ ហេតុដូច្នេះ ខ្ញុំបានទទួលយកភារកិច្ចនេះ។
ដំបូង ខ្ញុំបានប្រាស្រ័យទាក់ទងកិច្ចការជាមួយអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយតាមរយៈសំបុត្រ ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពទេ។ កិច្ចការខ្លះតម្រូវឱ្យមានការជួបជុំដោយផ្ទាល់ ដើម្បីស្វែងយល់ពីស្ថានការណ៍ និងផ្តល់ការណែនាំជាក់ស្តែង។ ខ្ញុំបានគិតអំពីការពិតដែលថា អ្នកដឹកនាំពួកជំនុំភាគច្រើនបានជឿលើព្រះជាម្ចាស់យូរជាងខ្ញុំទៅទៀត ហើយក៏ច្បាស់ជាយល់សេចក្តីពិតច្រើនជាងខ្ញុំដែរ។ បើខ្ញុំមិនអាចប្រកបគ្នាបានល្អ និងមិនអាចដោះស្រាយបញ្ហា និងការលំបាករបស់ពួកគេបានទេ តើវានឹងមិនគួរឱ្យអាម៉ាស់ជាខ្លាំងទេឬ? បើយើងទាក់ទងគ្នាតាមសំបុត្រ នោះខ្ញុំអាចមានពេល ដើម្បីសញ្ជឹងគិតពីបញ្ហារបស់ពួកគេ ហើយអាចសុំយោបល់ពីថ្នាក់លើទាក់ទងនឹងអ្វីដែលខ្ញុំមិនយល់។ យ៉ាងហោចណាស់ ក៏ខ្ញុំមិនធ្វើឱ្យខ្លួនឯងអាម៉ាស់នៅចំពោះមុខគ្រប់គ្នាដែរ។ យ៉ាងណាមិញ បើគ្មានការជួបជុំទេ ខ្ញុំគ្មានផ្លូវយល់ពីបញ្ហា និងការលំបាករបស់ពួកគេបានលម្អិតឡើយ ហើយខ្ញុំគ្មានជម្រើសអ្វី ក្រៅពីអញ្ជើញពួកគេឱ្យមកជួបជុំនោះទេ។ ក្នុងអំឡុងពេលជួបជុំ ខ្ញុំភ័យខ្លាំងណាស់។ មានបងប្អូនស្រីម្នាក់និយាយថា គាត់បានជួបប្រទះបញ្ហាជាច្រើន ក្នុងពេលធ្វើកិច្ចការបោសសម្អាត និងមិនដឹងថាត្រូវដោះស្រាយបែបណាទេ ហើយសភាពគាត់ក៏មិនល្អផងដែរ។ ខួរក្បាលខ្ញុំទទេស្អាត ហើយខ្ញុំមិនអាចរកវិធីដោះស្រាយបញ្ហាបានភ្លាមៗ ហើយខ្ញុំក៏ភ័យកាន់តែខ្លាំង។ ខ្ញុំគិតក្នុងចិត្តថា៖ «បងស្រីរបស់ខ្ញុំនៅកំពុងរង់ចាំឱ្យខ្ញុំប្រកបគ្នាជាមួយគាត់នៅឡើយ។ នេះជាការជួបជុំដំបូងរបស់ខ្ញុំ។ បើខ្ញុំមិនអាចដោះស្រាយបញ្ហានេះបានទេ តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតដែរឬទេថា ត្រឹមអ្នកអធិប្បាយកម្រិតខ្ញុំនេះ ខ្ញុំមិនទាំងអាចដោះស្រាយបញ្ហាទាំងនេះបានផង?» ដើម្បីការពារកុំឱ្យបងប្អូនប្រុសស្រីមើលខ្ញុំធ្លុះ ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបង្ខំខ្លួនឯងឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ បន្ទាប់ពីស្វែងរកយ៉ាងយូរ ខ្ញុំនៅតែរកមិនឃើញព្រះបន្ទូលណាមួយដែលត្រូវនឹងសភាពរបស់បងស្រីនោះទេ។ នៅទីបំផុត ខ្ញុំក៏អាចរកឃើញព្រះបន្ទូលមួយវគ្គ ប៉ុន្តែបន្ទាប់ពីខ្ញុំបានអានចប់ គ្មាននរណាម្នាក់ប្រកបគ្នាអំពីព្រះបន្ទូលវគ្គនោះឡើយ។ បន្ទប់ក៏ស្ងាត់ជ្រងំ ហើយខ្ញុំមានអារម្មណ៍អាម៉ាស់មុខខ្លាំងណាស់។ «នេះគឺជាភាពអាម៉ាស់ដ៏ធំ។ ច្បាស់ណាស់ថា វគ្គព្រះបន្ទូលដែលខ្ញុំរកឃើញនេះ មិនសមស្រប និងមិនអាចដោះស្រាយបញ្ហាទាំងនេះបានឡើយ។ ឥឡូវ បងប្អូនប្រុសស្រីប្រាកដជាដឹងពីកម្រិតពិតរបស់ខ្ញុំហើយ។ តើខ្ញុំត្រូវប្រឈមមុខនឹងពួកគេយ៉ាងដូចម្ដេចទៅនៅពេលអនាគត?» កាន់តែគិត ខ្ញុំកាន់តែមានអារម្មណ៍ថា ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ចុងក្រោយ ខ្ញុំគ្រាន់តែប្រកបគ្នាខ្លីៗពីរបីម៉ាត់បង្រ្គប់កិច្ចប៉ុណ្ណោះ ហើយបានប្ដូរប្រធានបទ ដោយចាប់ផ្តើមសួរនាំអំពីកិច្ចការវិញ។ ប៉ុន្តែព្រោះតែខ្ញុំភ័យ និងបារម្ភថា បងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ បើខ្ញុំមិនអាចដោះស្រាយបញ្ហាបាន ខ្ញុំគ្រាន់តែចាប់បានត្រួសៗអំពីកិច្ចការរបស់ពួកគេ ហើយបានបន្តទ្រាំនៅរហូតដល់ចប់ការជួបជុំប៉ុណ្ណោះ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំអវិជ្ជមានជាខ្លាំង ហើយគិតក្នុងចិត្តថា៖ «ការជួបជុំថ្ងៃនេះគឺបរាជ័យទាំងស្រុង។ ខ្ញុំមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបងប្អូនប្រុសស្រីបានប៉ុណ្ណោះទេ ខ្ញុំក៏បានលាតត្រដាងយ៉ាងច្បាស់ពីកម្រិតពិតរបស់ខ្ញុំផងដែរ។ តើទៅថ្ងៃក្រោយ ខ្ញុំអាចប្រឈមមុខនឹងបងប្អូនប្រុសស្រីបានយ៉ាងដូចម្តេចទៅ?» ក្នុងអំឡុងពេលនោះ ខ្ញុំរស់នៅក្នុងសភាពអវិជ្ជមាន ហើយគ្មានកម្លាំងចិត្តក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនបានឧស្សាហ៍តាមដានកិច្ចការនោះទេ ហើយមានចេតនាគេចវេះពីការជួបជុំ។ ខ្ញុំថែមទាំងមិនហ៊ានជួបជុំជាមួយពួកអ្នកដឹកនាំ និងគ្រូជំនួយអស់ពេលជិតមួយខែទៀតផង។ អ្នកដឹកនាំពួកជំនុំមួយចំនួនមិនចាប់យល់គោលការណ៍នៃការញែកដឹងពីមនុស្សទេ ហើយវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ការបោសសម្អាតមនុស្សចេញ ក៏យឺតខ្លាំងជាពិសេសផងដែរ។ បន្ទាប់ពីការប្រាស្រ័យទាក់ទងជាច្រើនដងតាមសំបុត្រ នៅតែគ្មានភាពប្រសើរឡើងដដែល ដូច្នេះ យើងត្រូវជួបដោយផ្ទាល់ ដើម្បីផ្ដល់ការណែនាំជាក់ស្ដែង។ ទោះជាយ៉ាងណា ដើម្បីរក្សាមុខមាត់ ខ្ញុំមិនហ៊ានជួប និងប្រកបគ្នាជាមួយពួកគេទេ។ ការណ៍នេះបានពន្យារពេលកិច្ចការបោសសម្អាតរបស់ពួកជំនុំ។
ក្រោយមក នៅពេលខ្ញុំជួបជុំជាមួយមិត្តរួមការងារ ខ្ញុំបានប្រាប់ពួកគេអំពីសភាពរបស់ខ្ញុំ។ បងស្រីដែលជាដៃគូរបស់ខ្ញុំ បានបង្ហាញវីដេអូអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលនរណាម្នាក់ត្រូវបានបងប្អូនប្រុសស្រីជ្រើសតាំងឱ្យធ្វើជាអ្នកដឹកនាំ ឬត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈឱ្យធ្វើកិច្ចការណាមួយ ឬបំពេញភារកិច្ចណាមួយ នេះមិនមែនមានន័យថា ពួកគេមានឋានៈឬតំណែងពិសេស ឬសេចក្ដីពិតដែលពួកគេយល់គឺជ្រៅជាង និងច្រើនជាងអ្នកដទៃនោះទេ។ រឹតតែមិនមែនមានន័យថា បុគ្គលនេះអាចចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងមិនក្បត់ទ្រង់ឡើយ។ ជាការពិត វាក៏មិនមែនមានន័យថា ពួកគេស្គាល់ព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ដែរ។ តាមពិតទៅ ពួកគេមិនបានសម្រេចអ្វីទាំងអស់នេះទេ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល គ្រាន់តែជាការដំឡើងឋានៈនិងបណ្ដុះបណ្ដាលតាមន័យធម្មតាប៉ុណ្ណោះ ហើយមិនស្មើនឹងការដែលពួកគេត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន និងយល់ឃើញថាស័ក្ដិសមនោះទេ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលរបស់ពួកគេ គ្រាន់តែមានន័យថា ពួកគេត្រូវបានដំឡើងឋានៈ ហើយរង់ចាំការបណ្ដុះបណ្ដាល។ ហើយលទ្ធផលចុងក្រោយនៃការបណ្ដុះបណ្ដាលនេះ គឺអាស្រ័យលើការដេញតាមសេចក្ដីពិតរបស់បុគ្គលនេះ និងសមត្ថភាពរបស់គេក្នុងការជ្រើសរើសមាគ៌ានៃការដេញតាមសេចក្ដីពិត។ ដូច្នេះ នៅពេលដែលនរណាម្នាក់នៅក្នុងពួកជំនុំត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ ពួកគេគ្រាន់តែត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលតាមន័យធម្មតាប៉ុណ្ណោះ។ ពុំមែនមានន័យថា ពួកគេត្រូវតាមស្ដង់ដា និងមានសមត្ថភាពរួចរាល់ជាអ្នកដឹកនាំ ពួកគេអាចមានសមត្ថភាពរួចរាល់ក្នុងការបំពេញកិច្ចការដឹកនាំ និងអាចធ្វើកិច្ចការជាក់ស្ដែងបាននោះទេ ពោលគឺមិនមែនដូច្នោះទេ។ មនុស្សភាគច្រើនមិនអាចមើលធ្លុះរឿងទាំងនេះទេ ហើយដោយផ្អែកលើការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេវាយតម្លៃខ្ពស់លើអស់អ្នកណាដែលត្រូវបានដំឡើងឋានៈ។ នេះគឺជាកំហុសឆ្គងមួយ។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ តើអស់អ្នកណាដែលត្រូវបានដំឡើងឋានៈ ពិតជាមានតថភាពនៃសេចក្ដីពិតមែនទេ? មិនប្រាកដទេ។ តើពួកគេអាចអនុវត្តការរៀបចំកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់បានទេ? មិនប្រាកដទេ។ តើពួកគេមានការទទួលខុសត្រូវទេ? តើពួកគេស្មោះត្រង់ទេ? តើពួកគេអាចចុះចូលបានទេ? នៅពេលដែលពួកគេជួបប្រទះបញ្ហា តើពួកគេអាចស្វែងរកសេចក្ដីពិតបានទេ? ទាំងអស់នេះគឺមិនដឹងឡើយ។ តើមនុស្សទាំងនេះមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ? ហើយតើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេធំប៉ុនណា? តើពួកគេអាចជៀសវាងការធ្វើតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេបានទេ នៅពេលដែលពួកគេធ្វើអ្វីមួយ? តើពួកគេអាចស្វែងរកព្រះជាម្ចាស់បានទេ? ក្នុងអំឡុងពេលដែលពួកគេបំពេញការងារដឹកនាំ តើពួកគេអាចមកនៅចំពោះព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ? តើពួកគេអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ? ពួកគេពិតជាមិនអាចធ្វើរឿងបែបនេះបានទេ។ ពួកគេមិនបានទទួលការបណ្ដុះបណ្ដាល ហើយពួកគេមិនមានបទពិសោធន៍គ្រប់គ្រាន់ទេ ដូច្នេះពួកគេមិនអាចធ្វើរឿងទាំងនេះបានទេ។ នេះហើយជាមូលហេតុដែលការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់ មិនមែនមានន័យថាពួកគេយល់ពីសេចក្ដីពិតរួចហើយនោះទេ ហើយក៏មិនមែនមានន័យថា ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលស្របតាមស្តង់ដារួចហើយដែរ។ ដូច្នេះ តើអ្វីទៅជាគោលបំណងនិងសារៈសំខាន់នៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់? គឺបុគ្គលនេះត្រូវបានដំឡើងឋានៈក្នុងនាមបុគ្គលម្នាក់ ដើម្បីឱ្យពួកគេអនុវត្ត និងដើម្បីឱ្យពួកគេទទួលការស្រោចស្រពនិងហ្វឹកហាត់ជាពិសេស ដូច្នេះអាចឱ្យពួកគេយល់ពីគោលការណ៍សេចក្ដីពិត និងគោលការណ៍ មធ្យោបាយ និងវិធីសាស្ត្រធ្វើកិច្ចការនិងដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងរបៀបដោះស្រាយនិងប្រព្រឹត្តចំពោះបរិយាកាសនិងមនុស្សប្រភេទផ្សេងៗដែលពួកគេជួបប្រទះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតាមរបៀបដែលការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់។ ដោយវិនិច្ឆ័យផ្អែកលើចំណុចទាំងនេះ តើមនុស្សមានទេពកោសល្យដែលត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើកិច្ចការរបស់ពួកគេ និងបំពេញភារកិច្ចរបស់ពួកគេបានល្អ ក្នុងអំឡុងពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ឬមុនពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរឬទេ? ពិតណាស់ គឺមិនអាចទេ។ ដូច្នេះ វាមិនអាចជៀសផុតទេ ក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាល មនុស្សទាំងនេះនឹងឆ្លងកាត់ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាល ការលាតត្រដាង ថែមទាំងការដកហូតតំណែងទៀតផង។ នេះជារឿងធម្មតាទេ នេះជាការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ បន្ទាប់ពីអានព្រះបន្ទូលព្រះជាម្ចាស់រួច ខ្ញុំបានយល់ថា ការដែលបុគ្គលម្នាក់ត្រូវបានដំឡើងឋានៈ និងបណ្តុះបណ្តាល មិនមានន័យថា ពួកគេប្រសើរជាងអ្នកឯទៀត មានតថភាពនៃសេចក្តីពិត ឬអាចមើលឃើញច្បាស់ និងដោះស្រាយបញ្ហាណាមួយបានឡើយ។ នៅពេលពួកជំនុំដំឡើងឋានៈ និងបណ្តុះបណ្តាលនរណាម្នាក់ វាផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវ និងបន្ទុក ហើយជួយឱ្យពួកគេមានឱកាសកាន់តែច្រើនដើម្បីអនុវត្ត និងរៀនរកបញ្ហា ហើយស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ការដែលមានចំណុចពីរបីដែលពួកគេមិនយល់ ឬមិនអាចធ្វើបាន នោះគឺជារឿងធម្មតាខ្លាំងណាស់។ គឺប្រៀបដូចជាពេលដែលខ្ញុំបានជួបជុំជាមួយបងប្អូនប្រុសស្រីអ៊ីចឹង។ ព្រោះខ្ញុំបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលខ្លី ហើយទើបតែចាប់ផ្ដើមបំពេញភារកិច្ចនេះប៉ុណ្ណោះ ទើបវាជារឿងធម្មតាណាស់ ដែលខ្ញុំមិនចេះដោះស្រាយបញ្ហាមួយចំនួននោះ។ ប៉ុន្តែខ្ញុំតែងតែជឿថា ក្នុងនាមជាអ្នកអធិប្បាយ ខ្ញុំត្រូវតែអាចដោះស្រាយបញ្ហាទាំងអស់បាន ហើយខ្ញុំមិនអាចនិយាយថា ខ្ញុំមិនចេះដោះស្រាយបញ្ហាទាំងនោះឡើយ។ ខ្ញុំបានលាក់បាំងចំណុចខ្វះខាតរបស់ខ្លួននៅពេលខ្ញុំមិនអាចដោះស្រាយបញ្ហាបាន។ ខ្ញុំក៏ក្លាយជាអវិជ្ជមាន ហើយធ្វើការវិនិច្ឆ័យចំពោះខ្លួនឯងថាគ្មានសមត្ថភាពបំពេញភារកិច្ចជាអ្នកអធិប្បាយ និងថែមទាំងមិនហ៊ានជួបជុំជាមួយពួកអ្នកដឹកនាំ និងគ្រូជំនួយអស់ជិតមួយខែទៀតផង ដែលការនេះបានពន្យារពេលកិច្ចការរបស់ពួកជំនុំ។ តាមពិតទៅ ទោះបីខ្ញុំជាអ្នកអធិប្បាយក៏ដោយ ក៏កម្ពស់ខ្ញុំនៅតែដដែល។ ខ្ញុំនៅមានចំណុចខ្វះខាតជាច្រើនទៀត និងមានការយល់ដឹងរាក់កំភែលពីសេចក្តីពិត ហើយត្រូវស្វែងរក និងសួរនាំបន្ថែមទៀតអំពីអ្វីៗដែលខ្ញុំមិនទាន់យល់ ឬមិនទាន់អាចធ្វើបាន និងបើកចំហក្នុងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ដើម្បីយកចំណុចខ្លាំងរបស់ពួកគេទៅបំពេញចំណុចខ្សោយរបស់ខ្ញុំ ហើយបំពេញភារកិច្ចខ្លួនឱ្យបានល្អ។ បន្ទាប់ពីយល់រឿងនេះ ខ្ញុំស្ម័គ្រចិត្តជួបជុំជាមួយអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយ។
ប៉ុន្តែនៅពេលខ្ញុំសរសេរសំបុត្រជូនដំណឹងពួកគាត់អំពីការជួបជុំនេះ ការព្រួយបារម្ភពីមុនរបស់ខ្ញុំ ក៏បានលេចឡើងមកម្ដងទៀតដោយមិនដឹងខ្លួន។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលលើកឡើងចំសភាពរបស់ខ្ញុំតែម្ដង៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សពុករលួយទាំងអស់សុទ្ធតែមានចំណុចខ្សោយរួមមួយគឺ៖ នៅពេលពួកគេគ្មានឋានៈ ពួកគេមិនធ្វើឫកពា ឬប្រកាន់យកឥរិយាបថណាមួយឡើយ ពេលប្រាស្រ័យទាក់ទង ឬនិយាយជាមួយអ្នកដទៃ។ សម្ដីរបស់ពួកគេគ្មានទឹកដមសំឡេងធ្វើពុតទេ ហើយវាសាមញ្ញ និងធម្មតា។ ពួកគេមិនសម្ដែងធ្វើជាល្អមើលពីសំបកក្រៅ ឬបារម្ភពីអ្វីដែលអ្នកដទៃគិតចំពោះពួកគេឡើយ។ ពួកគេមិនមានអារម្មណ៍ថារងសម្ពាធផ្លូវចិត្តអ្វីទេ ហើយអាចបើកចំហ និងចូលរួមជាមួយអ្នកដទៃក្នុងការប្រកបគ្នា និងការនិយាយចេញពីចិត្តនឹងចិត្ត។ អ្នកដទៃមានអារម្មណ៍ថា ពួកគេរាក់ទាក់ និងងាយស្រួលទាក់ទង ហើយគិតថាពួកគេល្អគួរសម។ នៅពេលពួកគេទទួលបានឋានៈភ្លាម ពួកគេក្លាយជាក្រអឺតក្រទម ពួកគេមិនអើពើនឹងមនុស្សសាមញ្ញ ហើយគ្មាននរណាម្នាក់អាចចូលជិតពួកគេបានឡើយ។ ពួកគេមានអារម្មណ៍ថា ពួកគេខ្ពង់ខ្ពស់ ហើយថាពួកគេ និងមនុស្សសាមញ្ញ គឺខុសគ្នាស្រឡះ។ ពួកគេមើលងាយមនុស្សសាមញ្ញ ធ្វើឫកពានៅពេលពួកគេនិយាយស្ដី ហើយឈប់ប្រកបគ្នាដោយបើកចំហជាមួយអ្នកដទៃ។ ហេតុអ្វីបានជាពួកគេលែងប្រកបគ្នាដោយបើកចំហទៀត? ពួកគេមានអារម្មណ៍ថា ឥឡូវនេះពួកគេមានឋានៈ ហើយជាអ្នកដឹកនាំ។ ពួកគេគិតថា អ្នកដឹកនាំត្រូវតែមានរូបភាពណាមួយ ខ្ពង់ខ្ពស់ជាងមនុស្សសាមញ្ញ មានកម្ពស់ខ្ពស់ជាង និងការស៊ូទ្រាំខ្លាំងជាង។ ពួកគេជឿថា បើប្រៀបធៀបទៅនឹងមនុស្សសាមញ្ញ អ្នកដឹកនាំត្រូវតែមានការអត់ធ្មត់ជាង អាចរងទុក្ខ និងលះបង់បានច្រើនជាង ហើយអាចទប់ទល់នឹងសេចក្ដីល្បួងណាមួយពីសាតាំងបាន។ ទោះបីជាឪពុកម្ដាយ ឬសមាជិកគ្រួសារផ្សេងទៀតរបស់ពួកគេស្លាប់ក៏ដោយ ក៏ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែគ្រប់គ្រងខ្លួនឯងមិនឱ្យយំ ឬថាពួកគេត្រូវតែលួចយំស្ងាត់ៗ នៅកន្លែងដែលគ្មានអ្នកឃើញ ជាជាងយំនៅចំពោះមុខអ្នកដទៃ។ ពួកគេគិតថា ពួកគេមិនអាចឱ្យនរណាម្នាក់ឃើញពីចំណុចខ្វះខាត ឬគុណវិបត្តិ ឬភាពទន់ខ្សោយណាមួយរបស់ពួកគេឡើយ ហើយថាពួកគេមិនអាចសូម្បីតែឱ្យនរណាម្នាក់ដឹងបានឡើយ ប្រសិនបើពួកគេក្លាយជាអវិជ្ជមាន។ ផ្ទុយទៅវិញ ពួកគេត្រូវតែលាក់បាំងរឿងទាំងអស់នេះ។ ពួកគេជឿថា នេះជារបៀបដែលអ្នកមានឋានៈគួរប្រព្រឹត្ត។ នៅពេលពួកគេសង្កត់ចិត្តខ្លួនឯងដល់កម្រិតនេះ តើឋានៈមិនបានក្លាយជាព្រះរបស់ពួកគេ ជាម្ចាស់របស់ពួកគេទេឬ? ហើយបើដូច្នេះមែន តើពួកគេនៅតែមានភាពជាមនុស្សធម្មតាដែរឬទេ? នៅពេលពួកគេមានគំនិតទាំងនេះ ដាក់ខ្លួនឯងនៅក្នុងប្រអប់នេះ ហើយធ្វើឫកពាបែបនេះ តើពួកគេមិនបានជាប់ចិត្តនឹងឋានៈទេឬ?» («វិធីដោះស្រាយសេចក្តីល្បួង និងចំណងនៃឋានៈ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់បានថា មូលហេតុដែលខ្ញុំមិនអាចដោះស្រាយចំណុចខ្វះខាត និងការខ្វះចន្លោះរបស់ខ្ញុំឱ្យបានត្រឹមត្រូវ តាំងពីក្លាយជាអ្នកអធិប្បាយមក នោះព្រោះតែខ្ញុំបានតាំងខ្លួនឯងខ្ពង់ខ្ពស់ ក្នុងនាមជាអ្នកអធិប្បាយ។ មុនការជួបជុំ នៅពេលគិតដល់ថា អ្នកដឹកនាំ និងគ្រូជំនួយ ដែលខ្ញុំនឹងត្រូវប្រឈម បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំប៉ុនណាភ្លាម ខ្ញុំចាប់ផ្ដើមភិតភ័យ ខ្លាចថា ខ្ញុំនឹងមិនអាចដោះស្រាយបញ្ហាបាន និងខ្លាចពួកគាត់គិតថា ខ្ញុំជាអ្នកអធិប្បាយដែលអសមត្ថភាព ដែលធ្វើឱ្យខ្ញុំអាម៉ាស់ និងបាក់មុខ។ ក្នុងពេលជួបជុំ ទោះបីជាខ្ញុំមិនអាចឃើញច្បាស់ពីបញ្ហារបស់បងស្រី ឬក៏ដោះស្រាយបញ្ហាទាំងនោះបានក៏ដោយ ក៏ខ្ញុំនៅតែជឿថា ក្នុងនាមជាអ្នកអធិប្បាយ ខ្ញុំមិនអាចនិយាយត្រង់ៗថា ខ្ញុំមើលបញ្ហាមិនទាន់ឃើញបាននោះដែរ។ ដូច្នេះ ខ្ញុំគ្រាន់តែរកព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់តាមតែនឹកឃើញ ហើយបានប្រកបគ្នាបែបបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមិនបានយកចិត្តទុកដាក់លើថាតើបញ្ហារបស់បងស្រីត្រូវបានដោះស្រាយឬអត់ មុនពេលបន្តជជែកគ្នាអំពីកិច្ចការផ្សេងទៀតនោះឡើយ។ សូម្បីតែពេលនោះ ដោយសារខ្ញុំបារម្ភថា ខ្ញុំមិនអាចដោះស្រាយបញ្ហាដែលខ្ញុំរកឃើញបាន ខ្ញុំគ្រាន់តែសួរត្រួសៗអំពីការងារប៉ុណ្ណោះ។ ជាលទ្ធផល ការជួបជុំមិនបានដោះស្រាយបញ្ហាណាមួយឡើយ។ បើនៅពេលនោះ ខ្ញុំអាចបើកចិត្ត និងស្មោះត្រង់ ហើយប្រកបគ្នា និងស្វែងរកជាមួយគ្រប់គ្នា បញ្ហារបស់បងស្រីនោះអាចត្រូវបានដោះស្រាយបានខ្លះ។ ហើយបើពិតជាមិនអាចដោះស្រាយបាន ខ្ញុំក៏អាចទៅស្វែងរកពីអ្នកដទៃបន្ទាប់មក។ ប៉ុន្តែខ្ញុំបានការពារឋានៈ និងមុខមាត់ខ្ញុំក្នុងនាមជាអ្នកអធិប្បាយគ្រប់ពេល តែងតែបិទបាំង និងក្លែងបន្លំខ្លួនជានិច្ច។ ខ្ញុំបានគិតអំពីពេលដែលអ្នកដឹកនាំថ្នាក់លើបានជួបជុំជាមួយខ្ញុំ ខ្ញុំំបានប្រកបគ្នាតាមអ្វីដែលខ្ញុំបានយល់ ហើយបើកចិត្ត និងសួរនាំអំពីអ្វីដែលខ្ញុំមិនយល់។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងមានសេរីភាពនៅក្នុងការជួបជុំទាំងនោះ។ ប៉ុន្តែ គ្រប់ពេលដែលខ្ញុំជួបជុំជាមួយបងប្អូនប្រុសស្រី អារម្មណ៍ធូរស្រួល និងសេរីភាពនោះ បានបាត់បង់ទាំងស្រុង។ ខ្ញុំជឿថា ក្នុងនាមជាអ្នកអធិប្បាយ ខ្ញុំត្រូវតែដោះស្រាយបញ្ហារបស់ពួកគេ ហើយដោយមិនដឹងខ្លួន ខ្ញុំបានតាំងខ្លួនឯងខ្ពង់ខ្ពស់ ក្នុងនាមជាអ្នកអធិប្បាយ។ ខ្ញុំតែងតែព្យាយាមលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំ ហើយលទ្ធផល គឺខ្ញុំមិនអាចទទួលបានការដឹកនាំពីព្រះជាម្ចាស់បានទេ។ ការណ៍នេះបានធ្វើឱ្យការប្រកបគ្នារបស់ខ្ញុំនៅក្នុងការជួបជុំមានភាពរីងស្ងួត និងសោះកក្រោះ ហើយវាធ្វើឱ្យខ្ញុំមានអារម្មណ៍នឿយហត់ជាខ្លាំង។
ខ្ញុំបានអានព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះជាម្ចាស់ ហើយទទួលបានការយល់ដឹងខ្លះៗបន្ថែមពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការស្រឡាញ់ថ្នាក់ថ្នមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ គឺហួសពីមនុស្សធម្មតា ហើយវាជារឿងដែលស្ថិតនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្ដោះអាសន្ន ឬជាឥទ្ធិពលមួយភ្លែតនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេឡើយ វាជារឿងដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងឆ្អឹងរបស់ពួកគេ ដូច្នេះហើយ វាគឺជាសារជាតិរបស់ពួកគេ។ នេះមានន័យថា នៅក្នុងគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនជារឿងអ្វីផ្សេងឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាជីវិតរបស់ពួកគេ ហើយជាគោលដៅដែលពួកគេដេញតាមពេញមួយជីវិតរបស់ខ្លួន។ នៅក្នុងអ្វីទាំងអស់ដែលពួកគេធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ៖ “តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? ចុះចំណែកកេរ្តិ៍ឈ្មោះរបស់ខ្ញុំវិញ? តើការធ្វើបែបនេះនឹងផ្ដល់កេរ្តិ៍ឈ្មោះល្អដល់ខ្ញុំដែរឬទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្សដែរឬទេ?” នោះគឺជារឿងដំបូងដែលពួកគេគិតដល់ ដែលជាភស្តុតាងដ៏គ្រប់គ្រាន់បញ្ជាក់ថា ពួកគេមាននិស្ស័យ និងសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដោយសារតែរឿងនេះហើយ ទើបពួកគេពិចារណារឿងរ៉ាវតាមរបៀបនេះ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ កេរ្ដិ៍ឈ្មោះ និងឋានៈ មិនមែនជាតម្រូវការបន្ថែមអ្វីនោះទេ រឹតតែមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួន ដែលពួកគេអាចខ្វះបានឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? កិត្តិនាម និងឋានៈ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងសភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេដេញតាមជាប្រចាំថ្ងៃ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេដេញតាមអ្វី មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេជាអ្វីទេ គ្រប់យ៉ាងគឺផ្ដោតសំខាន់បំផុតលើការមានកិត្តិនាមល្អ និងឋានៈខ្ពង់ខ្ពស់។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនដែលអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងថា អាទទឹងនឹងព្រះគ្រីស្ទចាត់ទុកកេរ្តិ៍ឈ្មោះ និងឋានៈជាជីវិតរបស់គេ។ មិនថាពួកគេធ្វើអ្វីនោះទេ ពួកគេតែងតែចាត់ទុកកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេជាទីមួយជានិច្ច ហើយបើគ្មានកេរ្តិ៍ឈ្មោះ និងឋានៈទេ ពួកគេគ្មានការជំរុញចិត្តចង់ធ្វើអ្វីឡើយ។ ការនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។ ខ្ញុំក៏បានការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំគ្រប់ពេលផងដែរ។ បន្ទាប់ពីខ្ញុំត្រូវបានបោះឆ្នោតឱ្យធ្វើជាអ្នកអធិប្បាយមក ខ្ញុំចាប់ផ្តើមបារម្ភអំពីការមិនអាចដោះស្រាយបញ្ហាបាន សូម្បីតែមុនពេលទៅចូលរួមការជួបជុំណាមួយទៅទៀត។ ខ្ញុំមិនចង់ទៅជួបជុំទេ ព្រោះខ្ញុំខ្លាចថា បងប្អូនប្រុសស្រីនឹងឃើញកម្រិតពិតរបស់ខ្ញុំ។ ទោះបីខ្ញុំដឹងច្បាស់ថា បងប្អូនប្រុសស្រីមិនយល់អំពីគោលការណ៍ក្នុងការរៀបចំឯកសារសម្រាប់ការបោសសម្អាតមនុស្សចេញ ហើយត្រូវការការណែនាំដោយផ្ទាល់ក៏ដោយ ក៏ខ្ញុំខ្លាចប្រព្រឹត្តខុសធ្វើឱ្យបាក់មុខនៅចំពោះពួកគេ ដូច្នេះ ខ្ញុំមិនទៅចូលរួមការជួបជុំ។ ការនេះមានន័យថា មានការពន្យារពេលយូរក្នុងការដោះស្រាយបញ្ហានៅក្នុងកិច្ចការបោសសម្អាត ដែលបានពន្យារពេលដល់កិច្ចការ។ ខ្ញុំខ្វល់ខ្លាំងពេកអំពីកេរ្តិ៍ឈ្មោះ និងឋានៈ! កាលពីមុន ពេលនៅក្នុងលោកីយ៍ ខ្ញុំមានបំណងចង់បានកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងណាស់។ កាលនៅធ្វើការ ខ្ញុំទទួលបានការសរសើរជារឿយៗពីប្រធានក្រុមនៅឯកិច្ចប្រជុំ ព្រោះតែខ្ញុំមានក្រមសីលធម៌ការងារល្អ និងមានជំនាញខ្លះដែរ។ ថៅកែក៏ឱ្យតម្លៃខ្ញុំខ្ពស់ដែរ ហើយបានសុំឱ្យខ្ញុំទទួលខុសត្រូវលើកិច្ចការមួយចំនួន។ វាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែនៅពេលកិច្ចការដែលខ្ញុំបានធ្វើ តម្រូវឱ្យធ្វើឡើងវិញ ហើយប្រធានក្រុមបានរិះគន់ខ្ញុំ ព្រោះតែខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាក់មុខនៅចំពោះមនុស្សជាច្រើន ខ្ញុំចង់លាឈប់ពីការងារ។ បន្ទាប់ពីបំពេញភារកិច្ចនៅដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំនៅតែដាក់អំនួត និងឋានៈខ្ញុំជាទីមួយដដែល ហើយមិនហ៊ានទទួលស្គាល់ថា ខ្ញុំមិនចេះចាត់ចែងការងារខ្លះទេ។ ខ្ញុំទើបតែជឿព្រះជាម្ចាស់បានមិនយូរទេ ប៉ុន្តែដោយព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាអ្នកអធិប្បាយ។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យឱ្យខ្ញុំបង្វឹកខ្លួនឯងក្នុងការស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានៅក្នុងភារកិច្ចរបស់ខ្ញុំ។ នេះជាឱកាសល្អក្នុងការទទួលបានសេចក្តីពិត។ ប៉ុន្តែខ្ញុំមិនបានគិតពីរបៀបបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ តែបែរជាព្យាយាមខំប្រឹងការពារអំនួត និងឋានៈរបស់ខ្ញុំទៅវិញ។ នៅពេលខ្ញុំឃើញបញ្ហាកើតមាននៅក្នុងកិច្ចការពួកជំនុំ ដែលត្រូវការដំណោះស្រាយ ខ្ញុំបានរួញរា និងគេចវេះក្នុងការដោះស្រាយបញ្ហាទាំងនោះ ដើម្បីការពារអំនួត និងឋានៈរបស់ខ្ញុំ។ ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការពួកជំនុំសោះឡើយ។ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ ផ្លូវដែលខ្ញុំកំពុងដើរ គឺជាផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ កំពុងប្រឆាំងនឹងព្រះជាម្ចាស់! នៅពេលខ្ញុំយល់បែបនេះ ខ្ញុំមានអារម្មណ៍ថា សភាពរបស់ខ្ញុំពិតជាគ្រោះថ្នាក់ណាស់ ហើយខ្ញុំមានឆន្ទៈក្នុងការប្រញាប់ប្រែចិត្ត និងកែខ្លួនឡើងវិញ។
ក្រោយមក បន្ទាប់ពីអ្នកដឹកនាំថ្នាក់លើបានដឹងអំពីសភាពរបស់ខ្ញុំ ពួកគាត់បានចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរអត្ថបទជាមួយខ្ញុំ ដែលបានផ្ដល់ឱ្យខ្ញុំនូវមាគ៌ាអនុវត្តមួយ ដើម្បីលះបង់ចោលឋានៈ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នកអាចក្លាយជាមនុស្សម្នាក់ដែលសាមញ្ញ និងធម្មតាបានដោយរបៀបណា? ... ដំបូង ចូរកុំផ្ដល់ងារឱ្យខ្លួនឯង រួចទុកឱ្យវាចងរឹតអ្នក ដោយនិយាយថា៖ “ខ្ញុំគឺជាអ្នកដឹកនាំ ខ្ញុំគឺជាប្រធានក្រុម ខ្ញុំគឺជាអ្នកមើលការខុសត្រូវ ឬខ្ញុំគឺជាមនុស្សដែលមានចំណេះដឹង និងជំនាញបច្ចេកទេសបំផុតនៅក្នុងវិស័យនេះ”។ ចូរកុំបណ្ដោយឱ្យងារដែលអ្នកតែងតាំងដោយខ្លួនឯងនេះមករារាំងអ្នកឡើយ។ ពេលដែលរឿងនេះកើតឡើង វានឹងចងរឹតអ្នកយ៉ាងតឹងណែន ពាក្យសម្ដី និងទង្វើរបស់អ្នក នឹងរងឥទ្ធិពលពីវា ព្រមទាំងការគិត និងការវិនិច្ឆ័យធម្មតារបស់អ្នកផងដែរ។ អ្នកត្រូវតែរំដោះខ្លួនអ្នកចេញពីការរឹតត្បិតនៃឋានៈនេះ។ ដំបូង ត្រូវចុះចេញពីតំណែងនៃងារផ្លូវការនេះ ហើយទទួលយកជំហរជាមនុស្សសាមញ្ញម្នាក់វិញ។ ពេលនោះ ផ្នត់គំនិតរបស់អ្នកនឹងប្រែក្លាយជាធម្មតាវិញខ្លះ។ អ្នកក៏ត្រូវតែទទួលស្គាល់ផងដែរថា៖ “ខ្ញុំមិនដឹងពីរបៀបធ្វើរឿងនេះទេ ហើយខ្ញុំមិនយល់រឿងនោះឡើយ ខ្ញុំត្រូវតែធ្វើការស្រាវជ្រាវ និងសិក្សាខ្លះ” ឬ “ខ្ញុំមិនដែលឆ្លងកាត់រឿងនេះទេ ដូច្នេះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ”។ នៅពេលអ្នកអាចនិយាយពីអ្វីដែលអ្នកពិតជាកំពុងគិត និងនិយាយដោយស្មោះត្រង់បែបនេះ នោះអ្នកនឹងមានវិចារណញ្ញាណធម្មតា។ ប្រសិនបើអ្នកអនុញ្ញាតឱ្យអ្នកដទៃស្គាល់ពីធាតុពិតរបស់អ្នក ពួកគេនឹងមានទស្សនៈធម្មតាចំពោះអ្នក ហើយអ្នកនឹងមិនចាំបាច់ធ្វើពុតជាល្អមើលពីសំបកក្រៅឡើយ។ អ្នកនឹងលែងមានអារម្មណ៍ថារងសម្ពាធយ៉ាងធ្ងន់ធ្ងរទៀតហើយ ហើយអ្នកនឹងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងធម្មតា។ ការរស់នៅបែបនេះ គឺធូរស្រាល និងគ្មានបន្ទុក។ អ្នកណាដែលមានអារម្មណ៍ថាជីវិតហត់នឿយពេក គឺមានតែត្រូវបន្ទោសខ្លួនឯងប៉ុណ្ណោះ។ ចូរកុំធ្វើពុត ឬលាក់បាំងអ្វីឡើយ។ ដំបូង ចូរបើកចំហអំពីអ្វីដែលអ្នកកំពុងគិតនៅក្នុងចិត្ត និងគំនិតពិតរបស់អ្នក ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹង និងយល់ពីរឿងទាំងនោះ។ តាមរបៀបនេះ ក្ដីកង្វល់របស់អ្នក ក៏ដូចជារបាំង និងការសង្ស័យរវាងអ្នក និងអ្នកដទៃ នឹងត្រូវបានដកចេញទាំងអស់។ លើសពីនេះទៅទៀត ក៏មានរឿងមួយទៀតដែលកំពុងចងរឹតអ្នកផងដែរ នោះគឺការដែលអ្នកតែងតែចាត់ទុកខ្លួនឯងជាប្រធានក្រុម ជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ជាមនុស្សដែលមានងារ មានឋានៈ និងតំណែង ប្រសិនបើបន្ទាប់មក អ្នកនិយាយថា អ្នកមិនយល់ពីរឿងនេះ ហើយមិនមានសមត្ថភាពធ្វើរឿងនោះទេ តើនេះមិនមែនជាការបន្ទាបខ្លួនឯងទេឬ? នៅពេលអ្នកលះបង់ចំណងក្នុងចិត្តទាំងនេះ នៅពេលអ្នកឈប់គិតថាខ្លួនឯងជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ហើយនៅពេលអ្នកឈប់គិតថាអ្នកពូកែជាងអ្នកដទៃ ហើយផ្ទុយទៅវិញមានអារម្មណ៍ថា អ្នកគឺជាមនុស្សសាមញ្ញម្នាក់ គឺដូចមនុស្សគ្រប់គ្នាដែរ ហើយថាមានផ្នែកខ្លះដែលអ្នកអន់ជាងអ្នកដទៃ នោះនៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងបញ្ហាដែលទាក់ទងនឹងកិច្ចការដោយមានផ្នត់គំនិតបែបនេះ ទាំងលទ្ធផល និងបរិយាកាស នឹងមានភាពខុសប្លែកពីមុនមិនខាន។ ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកតែងតែមានក្ដីបារម្ភ ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាតានតឹង និងរងការរឹតត្បិត ហើយអ្នកចង់លែងរឿងទាំងនេះចោល ប៉ុន្តែមិនអាចធ្វើបាន នោះអ្នកគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត ឆ្លុះបញ្ចាំងពីខ្លួនឯង ទទួលស្គាល់ភាពខ្វះខាតរបស់អ្នក ហើយខិតខំឆ្ពោះទៅរកសេចក្ដីពិត។ ប្រសិនបើអ្នកចាប់ផ្ដើមអនុវត្តសេចក្ដីពិត នោះអ្នកនឹងទទួលបានលទ្ធផល។ ទោះបីជាអ្នកធ្វើអ្វីក៏ដោយ ចូរកុំនិយាយ និងប្រព្រឹត្តចេញពីជំហរនៃឋានៈ ឬដោយគិតដល់ងាររបស់អ្នកឡើយ។ ដំបូង ចូរទុករបស់ទាំងអស់នេះចោលមួយឡែកសិន ហើយទទួលយកជំហរជាមនុស្សសាមញ្ញម្នាក់» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើឋានៈមានន័យយ៉ាងណាចំពោះអ្នក? តាមពិតទៅ ឋានៈគ្រាន់តែជារបស់បន្ថែម ជារបស់ក្រៅខ្លួនប៉ុណ្ណោះ ដូចជាសម្លៀកបំពាក់ ឬមួកមួយអ៊ីចឹង។ វាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ។ វាគ្មានប្រយោជន៍ពិតប្រាកដទេ ហើយវត្តមានរបស់វាមិនប៉ះពាល់ដល់អ្វីណាមួយឡើយ។ មិនថាអ្នកមានឋានៈ ឬអត់នោះទេ ក៏អ្នកនៅតែជាមនុស្សដដែល។ អ្នកនឹងមិនទទួលបានតថភាពនៃសេចក្ដីពិត គ្រាន់តែដោយសារអ្នកទទួលបានឋានៈនោះទេ។ ថាតើមនុស្សអាចយល់ពីសេចក្ដីពិត និងទទួលបានសេចក្ដីពិតនិងជីវិតឬអត់នោះ គ្មានអ្វីពាក់ព័ន្ធនឹងឋានៈឡើយ។ ដរាបណាអ្នកមិនចាត់ទុកឋានៈជារឿងធំដុំទេ វាមិនអាចរឹតត្បិតអ្នកបានឡើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកស្រឡាញ់ឋានៈ ហើយផ្ដោតជាពិសេសទៅលើវា តែងតែចាត់ទុកវាជារឿងសំខាន់ នោះវានឹងគ្រប់គ្រងអ្នក ហើយអ្នកនឹងតែងតែចង់ការពារឋានៈ និងរូបភាពរបស់អ្នកនៅក្នុងចិត្តរបស់មនុស្សជានិច្ច។ អ្នកនឹងមិនសុខចិត្តបើកចំហ និងលាតត្រដាងពីខ្លួនឯង ឬទទួលបានការស្គាល់ខ្លួនឯងឡើយ ហើយអ្នកនឹងមិនសុខចិត្តទុកអត្តសញ្ញាណ និងឋានៈរបស់អ្នកជាអ្នកដឹកនាំចោលមួយឡែក នៅក្នុងទង្វើ ពាក្យសម្ដី ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការបំពេញភារកិច្ចរបស់អ្នកឡើយ។ តើនេះជាបញ្ហាប្រភេទអ្វី? តើនេះមិនមែនជារឿងនៃការត្រូវបានរឹតត្បិតដោយឋានៈទេឬ? រឿងនេះកើតឡើងដោយសារតែអ្នកនិយាយ និងប្រព្រឹត្តចេញពីជំហរនៃឋានៈ ហើយមិនអាចទម្លាក់ភាពក្រអឺតក្រទមរបស់អ្នកចោលបាន។ តើអ្នកមិនមែនគ្រាន់តែធ្វើបាបខ្លួនឯងទេឬ ដោយធ្វើបែបនេះ? ប្រសិនបើអ្នកពិតជាយល់ពីសេចក្ដីពិត ហើយប្រសិនបើអ្នកអាចមានឋានៈដោយមិនប្រកាន់ខ្លួនដូចដែលអ្នកធ្វើ ប៉ុន្តែផ្ទុយទៅវិញ អាចផ្ដោតលើការបំពេញភារកិច្ច និងទំនួលខុសត្រូវទាំងអស់ដែលអ្នកគួរធ្វើ ហើយប្រសិនបើអ្នកចាត់ទុកខ្លួនឯងជាបងប្អូនប្រុសស្រីសាមញ្ញម្នាក់ នោះអ្នកនឹងមិនត្រូវបានរឹតត្បិតដោយឋានៈទេ តើមែនឬទេ?» («វិធីដោះស្រាយសេចក្តីល្បួង និងចំណងនៃឋានៈ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ថា ពាក្យថា «អ្នកអធិប្បាយ» គ្រាន់តែជាតំណែងមួយប៉ុណ្ណោះ ហើយមិនតំណាងឱ្យអ្វីឡើយ។ វាមិនមានន័យថា ខ្ញុំអាចយល់ពីសេចក្តីពិត និងដោះស្រាយបញ្ហាបានភ្លាមៗ ព្រោះតែខ្ញុំក្លាយជាអ្នកអធិប្បាយនោះឡើយ។ កម្ពស់ខ្ញុំនៅតែដូចមុនដដែល ហើយខ្ញុំនៅតែមិនអាចធ្វើកិច្ចការដែលខ្ញុំមិនអាចធ្វើបានដដែល។ ព្រះជាម្ចាស់សង្ឃឹមថា ខ្ញុំអាចជាមនុស្សជាក់ស្ដែងធម្មតា មិនត្រូវបានចង ឬរឹតត្បិតដោយតំណែង ក្នុងពេលជួបជុំ បើកចំហសេចក្តីពុករលួយ និងចំណុចខ្វះចន្លោះរបស់ខ្ញុំ ប្រកបគ្នាតាមអ្វីដែលខ្ញុំយល់ អនុវត្តជាមនុស្សស្មោះត្រង់ ដោយនិយាយថា «ខ្ញុំមិនដឹងទេ» ពេលជួបបញ្ហា ឬការលំបាកដែលខ្ញុំមិនអាចដោះស្រាយបាន ហើយប្រកបគ្នា និងស្វែងរកជាមួយបងប្អូនប្រុសស្រី ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ បន្ទាប់ពីយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់រួចមក ខ្ញុំព្រមពឹងអាងលើព្រះជាម្ចាស់ ដើម្បីចូលទៅក្នុងផ្នែកនេះ។ ក្រោយមក ក្នុងពេលជួបជុំ ខ្ញុំលែងតាំងខ្លួនឯងខ្ពង់ខ្ពស់ក្នុងនាមជាអ្នកអធិប្បាយទៀតហើយ ហើយពេលជួបបញ្ហាដែលខ្ញុំមិនយល់ ខ្ញុំបានពិភាក្សា និងដោះស្រាយវាជាមួយគ្រប់គ្នា។
ម្ដងនោះ ខ្ញុំបានទៅពួកជំនុំ ដើម្បីស្វែងយល់ពីកិច្ចការ ហើយបានឃើញបងប្រុសម្នាក់ដែលខ្ញុំធ្លាប់ទាក់ទងជាមួយពីមុន។ ការចូលក្នុងជីវិតរបស់គាត់ល្អគួរសម ហើយគាត់អាចប្រកបគ្នាអំពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាខ្លះៗបាន។ ខ្ញុំចាប់ផ្តើមគិតថា «បើខ្ញុំដោះស្រាយបញ្ហាមិនបានល្អដូចគាត់ តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំដែរ? តើពួកគេនឹងគិតថា ខ្ញុំជាអ្នកអធិប្បាយ មិនអាចសូម្បីតែប្រើសេចក្តីពិតដើម្បីដោះស្រាយបញ្ហាបានផង ដែរឬទេ? វានឹងអាម៉ាស់ខ្លាំងណាស់!» ខ្ញុំបានដឹងថា ខ្ញុំកំពុងត្រូវបានរឹតត្បិតដោយឋានៈ និងតំណែងរបស់ខ្ញុំម្ដងទៀត ហើយគិតត្រឡប់ដល់ការជួបជុំមុនៗ ដែលខ្ញុំតែងតែលាក់បាំង និងក្លែងបន្លំខ្លួន ដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ ហើយមិនហ៊ានបើកចិត្ត និងលាតត្រដាងចំណុចដែលខ្ញុំមិនយល់ ឬមិនអាចធ្វើបាន។ ការព្យាយាមសម្ដែងធ្វើពុតនៅឯការជួបជុំ ពិតជាគួរឱ្យវេទនា និងឈឺចាប់ណាស់! ខ្ញុំមិនចង់បន្តធ្វើបែបនេះទៀតឡើយ។ ខ្ញុំចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកមិនចង់ត្រូវបានធ្វើបាបដោយចំណង និងការរឹតត្បិតនៃឋានៈទេ អ្នកគួរតែលះបង់ងារ និងកិត្តិយសទាំងនេះចោល ហើយប្រាប់បងប្អូនប្រុសស្រីរបស់អ្នកពីសភាពពិតរបស់អ្នក និងគំនិតនៅក្នុងចិត្តរបស់អ្នក។ ចូរឱ្យពួកគេឃើញពីភាពខ្វះខាត និងភាពមិនគ្រប់គ្រាន់របស់អ្នក។ តាមរបៀបនេះ ពួកគេនឹងអាចប្រព្រឹត្តចំពោះអ្នកបានយ៉ាងត្រឹមត្រូវ ដោយមិនលើកតម្កើងអ្នក ឬគោរពកោតសរសើរអ្នកជ្រុលខ្លាំងពេកឡើយ ហើយអ្នកនឹងមិនចាំបាច់ត្រូវធ្វើការក្លែងបន្លំនោះទេ។ បន្ទាប់មក ដោយអ្នកបានបើកចំហ និងលាតត្រដាងពីសភាពពិតរបស់អ្នក តើចិត្តរបស់អ្នកនឹងមិនមានអារម្មណ៍ថានឹងនរ និងធូរស្រាលជាងមុនទេឬ? ហេតុអ្វីបានជាដើរដោយមានបន្ទុកដ៏ធ្ងន់នៅលើខ្នងរបស់អ្នកបែបនេះ? ប្រសិនបើអ្នកបង្ហាញពីស្ថានភាពពិតរបស់អ្នក តើបងប្អូនប្រុសស្រីនឹងពិតជាមើលងាយអ្នកមែនឬ? តើពួកគេនឹងពិតជាបោះបង់អ្នកមែនឬ? ដាច់ខាតគឺមិនដូច្នោះទេ។ ផ្ទុយទៅវិញ បងប្អូនប្រុសស្រីនឹងពេញចិត្តនឹងអ្នក និងកោតសរសើរអ្នក ដែលមានភាពក្លាហានក្នុងការនិយាយចេញពីចិត្តរបស់អ្នក។ ពួកគេនឹងនិយាយថា អ្នកគឺជាមនុស្សស្មោះត្រង់ម្នាក់។ ការណ៍នេះនឹងមិនរារាំងអ្នកក្នុងការធ្វើកិច្ចការពួកជំនុំទាល់តែសោះ ហើយក៏មិនមានផលប៉ះពាល់អវិជ្ជមានសូម្បីតែបន្តិចឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីពិតជាឃើញថា អ្នកមានការលំបាកមែន ពួកគេនឹងផ្ដួចផ្ដើមជួយអ្នក និងសហការជាមួយអ្នក។ តើវាមិនមែនបែបនេះទេឬ?» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា បើខ្ញុំចង់លះបង់ឋានៈ និងតំណែង ខ្ញុំគួរតែធ្វើជាមនុស្សស្មោះត្រង់ បើកចិត្តក្នុងការប្រកបគ្នាអំពីគំនិតពិតរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រី ដោយមិនលាក់បាំង ឬក្លែងបន្លំខ្លួនឡើយ សួរបងប្អូនប្រុសស្រី និងប្រកបគ្នាជាមួយមនុស្សគ្រប់គ្នាអំពីចំណុចដែលខ្ញុំមិនយល់ រៀនពីចំណុចខ្លាំងគ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់យើង។ វាមានប្រយោជន៍ទាំងសម្រាប់ខ្ញុំ និងកិច្ចការពួកជំនុំ។ ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ថា សូមឱ្យទ្រង់ដឹកនាំខ្ញុំក្នុងការលះបង់ចោលអំនួត និងឋានៈ បោះចោលភាពរឹតត្បិតនៃតំណែង ហើយធ្វើជាមនុស្សស្មោះត្រង់ បើកចិត្តក្នុងការប្រកបគ្នា។ ក្នុងការជួបជុំ ខ្ញុំបានបើកចិត្តនិយាយថា ខ្ញុំមានចំណុចខ្វះខាតច្រើន ហើយបើអ្នកណាមានបញ្ហា យើងអាចប្រកបគ្នា និងរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក។ នៅពេលខ្ញុំលែងតាំងខ្លួនឯងខ្ពង់ខ្ពស់ក្នុងនាមជា អ្នកអធិប្បាយ ខ្ញុំមិនសូវតានតឹង ឬរឹតត្បិតនៅក្នុងការជួបជុំដូចមុនទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំពិតជាមានអារម្មណ៍រួចរំដោះ និងសេរីភាពណាស់ពេញមួយការជួបជុំនោះ។ ខ្ញុំក៏ទទួលបានពន្លឺខ្លះៗពីការប្រកបគ្នារបស់បងប្អូនប្រុសស្រី ហើយមើលឃើញបញ្ហាច្បាស់ជាងមុនដែរ។ ពីជម្រៅដួងចិត្ត ខ្ញុំមានអារម្មណ៍ថា វាពិតជាធូរស្រាលចិត្តខ្លាំងណាស់ក្នុងការលះបង់ឋានៈ និងតំណែង នៅពេលជួបជុំ។
តាមរយៈបទពិសោធន៍របស់ខ្ញុំក្នុងពេលនេះ ខ្ញុំបានយល់ថា ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំ មានតែទៅរកការឈឺចាប់ និងទុក្ខវេទនាប៉ុណ្ណោះ ហើយផ្លូវដែលខ្ញុំបានដើរកន្លងមក គឺជាផ្លូវនៃពួកទទឹងនឹងព្រះគ្រីស្ទ កំពុងប្រឆាំងនឹងព្រះជាម្ចាស់។ ចុងក្រោយ ខ្ញុំនឹងត្រូវព្រះជាម្ចាស់ជម្រុះចោលប៉ុណ្ណោះ។ មានតែតាមរយៈការប្រកាន់ជំហរត្រឹមត្រូវជាភាវៈដែលព្រះបានបង្កើតមក ប្រកាន់ភាពជាក់ស្ដែង និងបើកចិត្តនិយាយត្រង់ៗ ហើយធ្វើជាមនុស្សស្មោះត្រង់ប៉ុណ្ណោះ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ។