មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់

អញបានស្វែងរកមនុស្សជាច្រើននៅលើផែនដី ដើម្បីឲ្យគេធ្វើជាអ្នកដើរតាមអញ។ ក្នុងចំណោមអ្នកដើរតាមទាំងអស់នេះ មានអ្នកខ្លះបម្រើការងារជាពួកសង្ឃ អ្នកខ្លះជាអ្នកដឹកនាំ អ្នកខ្លះជាកូនព្រះ អ្នកខ្លះជារាស្រ្តរបស់ព្រះ ហើយអ្នកខ្លះទៀតធ្វើការបម្រើព័ន្ធកិច្ច។ អញបែងចែកពួកគេទៅតាមភាពស្មោះត្រង់ដែលពួកគេបង្ហាញចំពោះអញ។ នៅពេលមនុស្សទាំងអស់ត្រូវបានបែងចែកទៅតាមជំពូករួចហើយ ពោលគឺនៅពេលដែលលក្ខណៈនៃជំពូកមនុស្សម្នាក់ៗត្រូវបានបែងចែកច្បាស់លាស់អស់ហើយ នោះអញនឹងដាក់លេខរៀងពួកគេម្នាក់ៗ ទៅក្នុងជំពូកដ៏ត្រឹមត្រូវរបស់គេ រួចដាក់ជំពូកមនុស្សនីមួយៗទៅក្នុងកន្លែងដែលស័ក្តិសមសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅនៃសេចក្តីសង្គ្រោះរបស់អញសម្រាប់មនុស្សលោក។ អញត្រាស់ហៅអស់អ្នកដែលអញចង់ប្រោសលោះនៅក្នុងដំណាក់របស់អញ ជាក្រុមៗ ហើយបន្ទាប់មកឲ្យពួកគេរាល់គ្នាទទួលយកកិច្ចការរបស់អញនៅថ្ងៃចុងក្រោយ។ ក្នុងពេលនោះដែរ អញបែងចែកពួកគេទៅតាមជំពូក បន្ទាប់មកផ្តល់រង្វាន់ ឬដាក់ទោសពួកគេម្នាក់ៗ ទៅតាមទង្វើរបស់ពួកគេ។ នេះហើយ គឺជាដំណាក់កាល នៅក្នុងកិច្ចការរបស់អញ។

សព្វថ្ងៃនេះ អញរស់នៅលើផែនដី ហើយអញរស់នៅក្នុងចំណោមមនុស្សលោក។ មនុស្សស្គាល់កិច្ចការរបស់អញ និងចាំផ្ទៀងស្តាប់សូរសៀងរបស់អញ ហើយជាមួយគ្នានេះ អញក៏ប្រទានសេចក្តីពិតទាំងអស់ទៅដល់មនុស្សរាល់គ្នាដែលដើរតាមអញ ដើម្បីពួកគេអាចទទួលបានជីវិតពីអញ ហើយក៏ទទួលបានផ្លូវមួយដែលពួកគេអាចដើរបាន។ ដ្បិតអញជាព្រះជាម្ចាស់ ជាព្រះប្រទានជីវិត។ អំឡុងពេលជាច្រើនឆ្នាំ ក្នុងការបំពេញកិច្ចការរបស់អញ មនុស្សបានទទួលក៏ច្រើន ហើយបោះបង់ចោលក៏ច្រើន ប៉ុន្តែអញនៅតែនិយាយថា ពួកគេនៅមិនទាន់ជឿលើអញដោយពិតប្រាកដឡើយ។ ដ្បិតមនុស្សលោកគ្រាន់តែទទួលស្គាល់ថា អញជាព្រះជាម្ចាស់ដោយមាត់របស់ពួកគេ ប៉ុន្តែពួកគេមិនយល់ស្របនឹងសេចក្តីពិតដែលអញនិយាយនោះទេ ហើយជាងនេះទៅទៀត ពួកគេមិនអនុវត្តតាមសេចក្តីពិតដែលអញបង្គាប់ពីពួកគេនោះឡើយ។ នោះមានន័យថា មនុស្សទទួលស្គាល់ត្រឹមថា មានព្រះ ប៉ុន្តែមិនទទួលស្គាល់ថាមានសេចក្តី ពិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមថាមានព្រះ ប៉ុន្តែមិនទទួលស្គាល់ថា មានជីវិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមព្រះនាមរបស់ព្រះ ប៉ុន្តែមិនទទួលស្គាល់លក្ខណៈរបស់ទ្រង់នោះទេ។ អញស្អប់ពួកគេ ដោយសារតែចិត្តងប់ងល់របស់ពួកគេ ដ្បិតពួកគេគ្រាន់តែប្រើពាក្យសម្តីពិរោះៗដើម្បីបោកប្រាស់អញប៉ុណ្ណោះ។ ពួកគេគ្មាននរណាម្នាក់ ថ្វាយបង្គំអញដោយពិតប្រាកដនោះទេ។ ពាក្យសម្តីរបស់អ្នករាល់គ្នា មានបង្កប់ការល្បួងរបស់សត្វពស់ ហើយជាសម្ដីអួតខ្លាំងជាទីបំផុត ជាសេចក្តីប្រកាសដ៏ត្រឹមត្រូវដោយមហាទេវតា។ ជាងនេះទៅទៀត ទង្វើរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់កម្រិតមួយយ៉ាងអាម៉ាស់។ ក្តីប្រាថ្នាច្រើនហួសប្រមាណ និងបំណងលោភលន់របស់អ្នករាល់គ្នា គឺទាស់ត្រចៀកខ្លាំងណាស់។ អ្នករាល់គ្នា បានក្លាយជាសត្វខ្មូតនៅក្នុងដំណាក់របស់អញ ជាវត្ថុដែលត្រូវបោះចោល ដោយសារសេចក្ដីសម្អប់។ ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ស្រឡាញ់សេចក្តីពិតនោះទេ ផ្ទុយទៅវិញ អ្នកប្រាថ្នាចង់ទទួលបានព្រះពរ ចង់ឡើងឋានសួគ៌ ចង់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលទ្រង់សម្តែងឫទ្ធានុភាពរបស់ទ្រង់នៅលើផែនដីនេះ។ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា មនុស្សដូចជាអ្នករាល់គ្នា មនុស្សដែលខូចអាក្រក់យ៉ាងខ្លាំង ជាមនុស្សដែលមិនដឹងថា ព្រះជាម្ចាស់ជាអ្វីផងនោះ ស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ដូចម្តេចបាន? តើអ្នកអាចទៅឋានសួគ៌បាន ដូចម្ដេចទៅ? តើអ្នកស័ក្តិសមនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏ល្អត្រចះត្រចង់ មិនដែលធ្លាប់មានពីមុនមកនោះ បានដោយរបៀបណា? មាត់របស់អ្នក គឺពោរពេញដោយពាក្យសម្ដីបោកប្រាស់ និងពាក្យស្មោកគ្រោក ពាក្យមិនស្មោះត្រង់ និងពាក្យក្រអឺតក្រទម។ អ្នកមិនដែលនិយាយពាក្យស្មោះត្រង់ចំពោះអញឡើយ គ្មានពាក្យបរិសុទ្ធ គ្មានពាក្យចុះចូលចំពោះអញ នៅពេលស្តាប់ឮបន្ទូលរបស់អញឡើយ។ នៅទីបំផុត តើជំនឿរបស់អ្នក មានលក្ខណៈបែបណាទៅ? នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានអ្វីក្រៅពីសេចក្តីប៉ងប្រាថ្នា និងប្រាក់កាសឡើយ ហើយនៅក្នុងគំនិតរបស់អ្នករាល់គ្នា ក៏គ្មានអ្វីក្រៅពីទ្រព្យសម្បត្តិដែរ។ រៀងរាល់ថ្ងៃ អ្នកត្រិះរិះថា ត្រូវធ្វើបែបណា ដើម្បីទទួលបានអ្វីមួយពីអញ។ រៀងរាល់ថ្ងៃ អ្នករាប់ចំនួនទ្រព្យសម្បត្តិ និងចំនួនរបស់ទ្រព្យដែលអ្នកបានទទួលពីអញ។ រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំឲ្យព្រះពរធ្លាក់មករកអ្នករាល់គ្នាទៀត ដើម្បីឲ្យអ្នករាល់គ្នាអាចត្រេកអរសប្បាយនឹងរបស់ទ្រព្យគួរជាទីត្រេកអរសប្បាយ ដែលមានចំនួនកាន់តែច្រើន និងមានក្បួនខ្នាតកាន់តែខ្ពស់ជាងមុន។ នៅគ្រប់ពេលទាំងអស់ នៅក្នុងគំនិតរបស់អ្នកពុំមានរូបអញឡើយ ក៏មិនមានសេចក្តីពិតដែលមកអំពីអញដែរ តែផ្ទុយទៅវិញ គំនិតរបស់អ្នកមានតែប្តី ឬប្រពន្ធ កូនប្រុស កូនស្រីរបស់អ្នករាល់គ្នា និងគ្រឿងបរិភោគ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នកគិតថា តើត្រូវធ្វើដូចម្តេច ទើបអ្នកអាចទទួលបានភាពរីករាយកាន់តែច្រើន និងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែ បើទោះបីជាពេលដែលអ្នកបានចម្អែតក្រពះរបស់អ្នករាល់គ្នារហូតដល់ផ្ទុះពោះក្តី តើអ្នកនៅតែមិនមែនជាសាកសពទេឬអី? សូម្បីតែពេលដែលអ្នកតុបតែងខ្លួនអ្នកខាងក្រៅដោយសម្លៀកបំពាក់ស្អាតៗបែបនេះក្ដី តើអ្នករាល់គ្នាមិនមែនជាសាកសពចេះដើរ ដែលគ្មានជីវិតទេឬអី? អ្នករាល់គ្នា ខំធ្វើការនឿយហត់ព្រោះតែក្រពះ រហូតដល់សក់ក្បាលប្រែទៅជាស្កូវ តែគ្មាននរណាលះបង់សក់មួយសរសៃ ដើម្បីកិច្ចការរបស់អញទេ។ អ្នករាល់គ្នាកំពុងទៅមុខឥតឈប់ឈរ ដោយប្រើកម្លាំងកាយ និងញាំញីខួរក្បាល ដើម្បីជាប្រយោជន៍ដល់ខាងសាច់ឈាមរបស់អ្នកផ្ទាល់ និងសម្រាប់កូនប្រុសស្រីរបស់អ្នក — ប៉ុន្តែ គ្មាននរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា បង្ហាញការព្រួយបារម្ភ ឬក្តីកង្វល់អំពីហឫទ័យរបស់អញឡើយ។ តើនៅមានអ្វីខ្លះទៀត ដែលអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានពីអញ?

នៅពេលអញធ្វើការ អញមិនដែលរួសរាន់នោះទេ។ មិនខ្វល់ថាមនុស្សដើរតាមអញ ដោយរបៀបណានោះទេ អញធ្វើកិច្ចការរបស់អញស្របទៅតាមជំហាននីមួយៗ ស្របទៅតាមផែនការរបស់អញ។ ដូចនេះ មិនថាអ្នករាល់គ្នាបះបោរនឹងអញយ៉ាងណានោះទេ ក៏អញនៅតែបន្តធ្វើការឥតឈប់ដែរ ហើយអញនៅតែបន្តនិយាយពាក្យពេចន៍ដែលអញត្រូវនិយាយ។ អញត្រាស់ហៅអស់អ្នកដែលអញបានដៅទុកជាមុនឲ្យមកដំណាក់របស់អញ ដើម្បីឲ្យពួកគេ អាចស្តាប់បន្ទូលរបស់អញបាន។ អញខ្ញុំនឹងនាំយកអស់អ្នកណាដែលចុះចូលនឹងបន្ទូលរបស់អញ អ្នកដែលស្រេកឃ្លាន ចង់បានបន្ទូលរបស់អញ មកចំពោះបល្ល័ង្ករបស់អញ។ អស់អ្នកណាដែលបែរខ្នងដាក់បន្ទូលរបស់អញ អ្នកដែលមិនស្ដាប់បង្គាប់អញ និងបំពានមកលើអញដោយបើកចំហ អញនឹងទុកពួកគេចោលមួយឡែក ដើម្បីរង់ចាំទណ្ឌកម្មចុងក្រោយរបស់គេ។ មនុស្សទាំងអស់ សុទ្ធតែរស់នៅក្នុងសេចក្ដីខូចអាក្រក់ និងស្ថិតនៅក្រោមដៃរបស់មេកំណាច ដូច្នេះហើយ អ្នកដើរតាមអញ ពុំសូវមានអ្នកដែលមានចិត្តប្រាថ្នាចង់បានសេចក្តីពិតនោះទេ។ មានន័យថា ពួកគេភាគច្រើនមិនថ្វាយបង្គំអញដោយពិតប្រាកដទេ។ ពួកគេមិនថ្វាយបង្គំអញដោយសេចក្តីពិតទេ ប៉ុន្តែ ពួកគេព្យាយាមទទួលបានការជឿជាក់ពីអញ តាមរយៈសេចក្ដីខូូចអាក្រក់ និងការបះបោរ ដោយមធ្យោបាយបោកបញ្ឆោត។ ហេតុដូច្នេះហើយ ទើបអញនិយាយថា៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស។ មនុស្សដែលត្រូវបានត្រាស់ហៅ ខូចអាក្រក់ខ្លាំងណាស់ ហើយទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងយុគសម័យតែមួយ—ប៉ុន្តែ មនុស្សដែលត្រូវបានជ្រើសរើស គឺជាចំណែកមួយក្នុងចំណោមពួកគេ ពួកគេគឺជាអ្នកជឿ និងទទួលស្គាល់សេចក្តីពិត ហើយជាអ្នកអនុវត្តតាមសេចក្តីពិតនេះ។ មនុស្សទាំងអស់នេះ គ្រាន់តែជាចំណែកដ៏តូចមួយ ក្នុងចំណោមពួកគេ ហើយអញនឹងទទួលបានសិរីល្អថែមទៀតពីក្នុងចំណោមពួកគេនេះ។ បើប្រៀបធៀបទៅនឹងពាក្យសម្តីទាំងនេះ តើអ្នកដឹងទេថា អ្នករាល់គ្នាស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវជ្រើសដែរឬទេ? តើចុងបញ្ចប់របស់អ្នករាល់គ្នានឹងមានលក្ខណៈដូចម្តេច?

ដូចអញមានបន្ទូលហើយថា អ្នកដែលដើរតាមអញ គឺមានច្រើនណាស់ ប៉ុន្តែអ្នកដែលស្រឡាញ់អញដោយពិតប្រាកដនោះ គឺមានតិចណាស់។ ប្រហែលអ្នកខ្លះអាចសួរថា “បើទូលបង្គំមិនស្រឡាញ់ទ្រង់ទេ តើទួលបង្គំអាចទទួលបានការឲ្យតម្លៃធំធេញដល់ម្ល៉ឹងទេ? បើទូលបង្គំមិនបានស្រឡាញ់ទ្រង់ទេ តើទូលបង្គំដើរតាមទ្រង់រហូតដល់ពេលនេះម្ដេចកើត?” ប្រាកដណាស់ អ្នកមានហេតុផលជាច្រើន ហើយ ក្តីស្រឡាញ់របស់អ្នក គឺធំធេងប្រាកដណាស់ ប៉ុន្តែ តើអ្វីទៅជាខ្លឹមសារនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះអញ? តាមនិយមន័យ “សេចក្តីស្រឡាញ់” គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត  និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ចោត ត្អូញត្អែ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយ ឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯង ដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងអញ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមាន ដើម្បីអញ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ។ តើក្តីស្រឡាញ់របស់អ្នក គឺជាក្តីស្រឡាញ់ប្រភេទណា? តើវាជាក្តីស្រឡាញ់ពិតប្រាកដមែនដែរឬទេ? ឬមួយក្លែងក្លាយ? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? តើអ្នកបានថ្វាយច្រើនប៉ុនណាហើយ? តើអញទទួលបានក្តីស្រឡាញ់អ្នក ច្រើនប៉ុនណាហើយ? តើអ្នកដឹងដែរឬទេ? ដួងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីអាក្រក់ អំពើក្បត់ និងការបោកបញ្ឆោត—ហើយបើបែបនេះ តើក្តីស្រឡាញ់របស់អ្នកស្មោកគ្រោកខ្លាំងប៉ុនណា? អ្នករាល់គ្នាគិតថា អ្នកបានលះបង់ច្រើនគ្រប់គ្រាន់ហើយសម្រាប់អញ។ អ្នករាល់គ្នាគិតថា ក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះអញ វាច្រើនគ្រប់គ្រាន់ហើយ។ បើដូច្នោះមែន តើហេតុអ្វីបានជាពាក្យសម្តី និងទង្វើរបស់អ្នករាល់គ្នា តែងតែបះបោរស់ និងបោកបញ្ឆោតទៅវិញ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែអ្នកមិនទទួលស្គាល់បន្ទូលរបស់អញឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែបែរជាទុកអញចោលទៅវិញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែអ្នករាល់គ្នាមិនទុកចិត្តអញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែអ្នករាល់គ្នាមិនអាចទទួលថាអញមានពិតនោះទេ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែ អ្នករាល់គ្នាមិនប្រព្រឹត្តនឹងកអញឲ្យស័ក្តិសមឋានៈរបស់អញទេ ហើយ អ្នកតែងធ្វើឲ្យអញមានការពិបាកជានិច្ច។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមអញ ប៉ុន្តែអ្នករាល់ព្យាយាមបន្លំអញ និងបោកបញ្ឆោតអញគ្រប់រឿងទាំងអស់។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាបម្រើអញ ប៉ុន្តែអ្នករាល់គ្នាមិនខ្លាចរអាចំពោះអញសោះឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាទាស់ទទឹងនឹងអញសព្វគ្រប់បែបយ៉ាងទាំងអស់។ តើទាំងអស់នេះ ចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាបានលះបង់ជាច្រើន វាជាការពិត ប៉ុន្តែអ្នករាល់គ្នាមិនដែលបានអនុវត្តតាមអ្វីដែលអញតម្រូវឲ្យអ្នកធ្វើនោះទេ។ តើនេះអាចចាត់ទុកជាក្តីស្រឡាញ់បានទេ? តាមការគិតពិចារណាដោយយកចិត្តទុកដាក់ បង្ហាញថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានសេចក្តីស្រឡាញ់ចំពោះអញសូម្បីបន្តិចសោះឡើយ។ បន្ទាប់ពីបំពេញកិច្ចការអស់ពេលជាច្រើនឆ្នាំ និងតាមរយៈពាក្យសម្តីជាច្រើនដែលអញមានបន្ទូល តើអ្នករាល់គ្នា ទទួលបានច្រើនប៉ុនណាហើយ? តើការនេះមិនសមនឹងពិចារណាឡើងវិញដោយយកចិត្តទុកដាក់ទេឬអី? អញសូមទូន្មានអ្នករាល់គ្នាថា៖ មនុស្សដែលអញត្រាស់ហៅឲ្យមកឯអញ ជាមនុស្សដែលពុំធ្លាប់ខូចអាក្រក់ពីមុនមកនោះទេ ផ្ទុយទៅវិញ មនុស្សដែលអញជ្រើសយក គឺជាមនុស្សដែលស្រឡាញ់អញដោយពិតប្រាកដ។ ហេតុដូច្នេះ អ្នករាល់គ្នាត្រូវតែមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន ហើយពិនិត្យមើលបំណង និងគំនិតរបស់ខ្លួន ដើម្បីកុំឲ្យវាជ្រុលជ្រួសហួសកំណត់។ នៅគ្រាចុងក្រោយ ចូរខំប្រឹងថ្វាយសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាមកអញឲ្យអស់ពីចិត្ត ក្រែងសេចក្ដីក្រោធរបស់អញ មិនរសាយចេញពីអ្នករាល់គ្នាសោះ!

ខាង​ដើម៖ មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់

បន្ទាប់៖ អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ