អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)

យ៉ូហានបានត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ។ យ៉ូហានមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានទេ ប៉ុន្តែបានត្រឹមតែអាចបំពេញភារកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីយ៉ូហាន គឺជាអ្នកដើរមុនព្រះអម្ចាស់ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់តែប៉ុណ្ណោះ។ បន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹករួច ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើទ្រង់ ក្នុងសណ្ឋានដូចជាសត្វព្រាប។ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះហើយជាហេតុផលដែលព្រះអង្គចាប់ផ្ដើមមានអត្តសញ្ញាណជាព្រះជាម្ចាស់ ដ្បិតទ្រង់យាងមកពីព្រះជាម្ចាស់។ ទោះបីកាលពីមុន សេចក្ដីជំនឿរបស់ទ្រង់មានលក្ខណៈបែបណាក៏ដោយ អាចថា ពេលខ្លះខ្សោយ ឬពេលខ្លះរឹងមាំ ក៏សេចក្ដីជំនឿទាំងអស់នោះ សុទ្ធតែជាកម្មសិទ្ធិនៃជីវិតដែលទ្រង់ជាមនុស្សធម្មតា មុនពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក (គឺបន្ទាប់ពីត្រូវបានចាក់ប្រេងតាំង) ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក៏មកសណ្ឋិតនឹងទ្រង់ភ្លាម ហើយព្រះអង្គក៏បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ដែរ។ ព្រះអង្គអាចធ្វើទីសម្គាល់ និងការអស្ចារ្យ ទាំងសម្ដែងឫទ្ធិបារមីនានា ហើយទ្រង់មានទាំងព្រះចេស្ដា និងសិទ្ធិអំណាច ដ្បិតទ្រង់កំពុងធ្វើការជំនួសមុខឱ្យព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះអង្គកំពុងធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជំនួសទ្រង់ ព្រមទាំងបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណផង។ ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះគឺជារឿងដែលមិនអាចប្រកែកបាន។ យ៉ូហាន គឺជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ ហើយការតំណាងឱ្យព្រះជាម្ចាស់ ក៏ជារឿងដែលមិនអាចទៅរួចសម្រាប់គាត់ដែរ។ ប្រសិនបើគាត់ចង់ធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធ ក៏មុខជាមិនអនុញ្ញាតដែរ ដ្បិតគាត់មិនអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់សម្រេចបាននោះដែរ។ ប្រហែលជានៅក្នុងគាត់ មាននូវឆន្ទះរបស់មនុស្សច្រើនពេក ឬមានអ្វីម្យ៉ាងដែលខុសឆ្គង។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានដែរ។ កំហុស និងភាពឆ្គាំឆ្គងរបស់គាត់ តំណាងឱ្យតែខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ តែកិច្ចការរបស់គាត់គឺជាតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក អ្នកមិនអាចនិយាយថា ជីវិតរបស់គាត់ទាំងមូល តំណាងឱ្យព្រះជាម្ចាស់នោះទេ។ តើគម្លាត និងភាពឆ្គាំឆ្គងរបស់ទ្រង់ អាចតំណាងឱ្យព្រះជាម្ចាស់បានដែរឬទេ? សេចក្ដីឆ្គាំឆ្គងក្នុងការតំណាងឱ្យមនុស្ស គឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើមនុស្សខុសឆ្គងក្នុងការតំណាងឱ្យព្រះជាម្ចាស់ តើនោះមិនបន្ថោកដល់ព្រះជាម្ចាស់ទេឬអី? តើនោះមិនមែនជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សជំនួសតំណែងរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ បើទោះបីគេត្រូវបានអ្នកដទៃលើកសរសើរក៏ដោយ។ ប្រសិនបើគេពុំមែនជាព្រះជាម្ចាស់ គេមុខជាមិនអាចឈរមាំនៅទីបញ្ចប់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សតំណាងឱ្យព្រះជាម្ចាស់ ស្រេចតែមនុស្សចង់ធ្វើនោះឡើយ! ឧទាហរណ៍ គឺព្រះវិញ្ញាណបរិសុទ្ធហើយដែលបានធ្វើបន្ទាល់ពីយ៉ូហាន ហើយព្រះវិញ្ញាណក៏ជាអ្នកបើកសម្ដែងថា គាត់គឺជាមនុស្សម្នាក់ដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះគាត់ ត្រូវបានវាស់ស្ទង់យ៉ាងច្បាស់លាស់។ អស់ទាំងសេចក្ដីដែលត្រូវបានបង្គាប់ពីយ៉ូហាន គឺឱ្យគាត់ធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ គឺដើម្បីរៀបចំផ្លូវថ្វាយទ្រង់។ មានន័យថា ព្រះវិញ្ញាណបរិសុទ្ធរក្សាតែកិច្ចការរបស់គាត់ ក្នុងការត្រួសត្រាយផ្លូវ និងអនុញ្ញាតឱ្យគាត់ធ្វើតែកិច្ចការនេះប៉ុណ្ណោះ គឺគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការផ្សេងពីនេះឡើយ។ យ៉ូហានតំណាងឱ្យអេលីយ៉ា ហើយគាត់តំណាងឱ្យហោរាម្នាក់ដែលត្រួសត្រាយផ្លូវ។ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាគាត់ទុកក្នុងរឿងនេះ ដរាបណាកិច្ចការរបស់គាត់ គឺជាការត្រួសត្រាយផ្លូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាគាត់រហូត។ យ៉ាងណាមិញ ប្រសិនបើគាត់អះអាងថា គាត់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយនិយាយថា គាត់មកនេះដើម្បីបង្ហើយកិច្ចការនៃការប្រោសលោះ នោះព្រះវិញ្ញាណបរិសុទ្ធមុខជាត្រូវដាក់វិន័យគាត់មិនខាន។ ទោះបីកិច្ចការរបស់យ៉ូហានអស្ចារ្យយ៉ាងណា ហើយទោះបីជាកិច្ចការរបស់គាត់ត្រូវបានព្រះវិញ្ញាណបរិសុទ្ធរក្សាទុក ក៏កិច្ចការនោះពុំមែនជាកិច្ចការដែលគ្មានព្រំដែនកំណត់នោះដែរ។ ដោយសំអាងថា ព្រះវិញ្ញាណបរិសុទ្ធពិតជារក្សាកិច្ចការរបស់គាត់មែន ក៏អំណាចដែលត្រូវបានប្រទានឱ្យគាត់នៅពេលនោះ គឺកំណត់ត្រឹមតែការត្រួសត្រាយផ្លូវរបស់គាត់ប៉ុណ្ណោះ។ គាត់មិនអាចធ្វើកិច្ចការណាផ្សេងទាល់តែសោះ ដ្បិតគាត់គ្រាន់តែជាយ៉ូហាន ដែលត្រួសត្រាយផ្លូវតែប៉ុណ្ណោះ គឺពុំមែនជាព្រះយេស៊ូវទេ។ ដូច្នេះ ទីបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះសំខាន់ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឱ្យមនុស្សធ្វើ គឺរឹតតែសំខាន់ជាងទៅទៀត។ តើយ៉ូហានមិនបានទទួលនូវសក្ខីភាពដ៏ល្បីរន្ទឺនៅពេលនោះទេឬអី? តើកិច្ចការរបស់គាត់ មិនអស្ចារ្យដែរទេឬអី? ប៉ុន្តែ កិច្ចការដែលគាត់បានធ្វើ មិនអាចលើសកិច្ចការរបស់ព្រះយេស៊ូវឡើយ ដ្បិតគាត់គ្រាន់តែជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ ដូច្នេះហើយ កិច្ចការដែលគាត់បានធ្វើក៏មានកម្រិត។ បន្ទាប់ពីគាត់បានបញ្ចប់កិច្ចការត្រួសត្រាយផ្លូវរួចហើយ ព្រះវិញ្ញាណបរិសុទ្ធលែងរក្សាទីបន្ទាល់របស់គាត់ទៀតហើយ ក្រោយមកទៀត គាត់ក៏គ្មានកិច្ចការអ្វីថ្មីដែរ ហើយគាត់បានចាកចេញទៅ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានចាប់ផ្ដើម។

មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឱ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណា ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គអ្នក ហើយមិនត្រូវការឱ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឱ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឱ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯលក្ខណៈវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះក្នុងការសម្ដែងឱ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឱ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!

សូម្បីតែមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏មិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានដែរ។ នេះមិនមែនមានន័យត្រឹមថា មនុស្សបែបនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់នោះទេ តែក៏មានន័យដែរថា កិច្ចការដែលគេធ្វើ មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ម្យ៉ាងទៀត បទពិសោធរបស់មនុស្សមិនអាចដាក់ចូលដោយផ្ទាល់ ទៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយបទពិសោធនោះក៏មិនអាចតំណាងឱ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែកដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធរបស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធថ្មីមួយ ដែលលើសបទពិសោធមនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឱ្យ គឺជាបទពិសោធរៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឱ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជារៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឱ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សុទ្ធសាធ។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ។ ឧទាហរណ៍ កិច្ចការរបស់ស្មរបន្ទាល់ លី និង វ៉ចមែន នី គឺដើម្បីនាំផ្លូវ។ ទោះជាផ្លូវថ្មី ឬផ្លូវចាស់ ក៏កិច្ចការនេះសំអាងលើគោលការណ៍សេសសល់ក្នុងព្រះគម្ពីរ។ ទោះបីកិច្ចការរបស់គេ ជាការស្ដារពួកជំនុំក្នុងតំបន់ ឬជាការកសាងពួកជំនុំក្នុងតំបន់ ក៏កិច្ចការនោះមានការពាក់ព័ន្ធនឹងការស្ថាបនាពួកជំនុំដែរ។ កិច្ចការដែលពួកគេធ្វើ ត្រូវបានអនុវត្តលើកិច្ចការដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់មិនទាន់បានបង្ហើយ ឬមិនបានវិវឌ្ឍទៅមុខទៀត នៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលពួកគេធ្វើនៅក្នុងកិច្ចការរបស់គេ គឺស្ដារនូវអ្វីដែលព្រះយេស៊ូវបានបង្គាប់ពីមនុស្សជំនាន់ក្រោយៗបន្ទាប់ពីទ្រង់ នៅក្នុងកិច្ចការដើមរបស់ទ្រង់ ដូចជា ការគ្របក្បាលរបស់គេឱ្យជាប់ ការទទួលពិធីជ្រមុជទឹក ការកាច់នំប៉័ង ឬការផឹកស្រាជាដើម។ អាចនិយាយបានថា កិច្ចការដែលគេធ្វើ គឺកាន់ខ្ជាប់តាមព្រះគម្ពីរ និងស្វះស្វែងរកមាគ៌ានៅក្នុងព្រះគម្ពីរ។ ពួកគេមិនបានបង្កើតការវិវឌ្ឍថ្មីអ្វីទាល់តែសោះ។ ដូច្នេះ មនុស្សម្នាក់អាចមើលឃើញតែត្រឹមការរកឃើញផ្លូវថ្មីៗ នៅក្នុងព្រះគម្ពីរ ក៏ដូចជាការអនុវត្តនានាដែលល្អប្រសើរ និងមានភាពប្រាកដប្រជាជាងនេះ នៅក្នុងកិច្ចការរបស់គេ។ តែនៅក្នុងកិច្ចការរបស់ខ្លួន មនុស្សម្នាក់មិនអាចរកឃើញបំណងព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានឡើយ ហើយរឹតតែមិនអាចរកឃើញកិច្ចការថ្មីដែលព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនេះ គ្រោងនឹងធ្វើបានដែរ។ នេះមកពីផ្លូវដែលគេដើរ នៅតែជាផ្លូវចាស់ គឺគ្មានការកែប្រែថ្មី និងគ្មានការវិវឌ្ឍអ្វីសោះ។ ពួកគេបន្តប្រកាន់ខ្ជាប់នូវការពិតអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីរក្សាទម្លាប់នៃការបង្គាប់ឱ្យមនុស្សកែប្រែចិត្ត និងលន់តួបាបរបស់គេ ដើម្បីប្រកាន់ខ្ជាប់នូវពំនោលថា អស់អ្នកដែលទ្រាំទ្រដល់ទីបញ្ចប់នឹងបានសង្គ្រោះ និងពំនោលថា បុរសគឺជាប្រមុខរបស់ស្ត្រី ហើយស្ត្រីត្រូវតែស្ដាប់តាមស្វាមីរបស់នាង និងប្រកាន់ខ្ជាប់រឹតតែខ្លាំង តាមសញ្ញាណពីបុរាណថា បងប្អូនស្រីៗមិនអាចអធិប្បាយព្រះបន្ទូលឡើយ បានត្រឹមស្ដាប់បង្គាប់តែប៉ុណ្ណោះ។ ប្រសិនបើគេនៅបន្តប្រកាន់ខ្ជាប់តាមលក្ខណៈនៃភាពជាអ្នកដឹកនាំបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចអនុវត្តកិច្ចការថ្មី មិនអាចប្រោសមនុស្សឱ្យរួចពីគោលលទ្ធិ ឬមិនអាចដឹកនាំពួកគេទៅក្នុងពិភពមួយដែលមានតែសេរីភាព និងសម្រស់ស្រស់ត្រកាលបានឡើយ។ ហេតុនេះ ដំណាក់កាលកិច្ចការនេះ គឺជាដំណាក់កាលដែលផ្លាស់ប្ដូរយុគសម័យ ត្រូវតែធ្វើឡើង និងត្រូវថ្លែងចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពុំនោះទេ គ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ រហូតមកទល់បច្ចុប្បន្ននេះ កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដែលស្ថិតនៅក្រៅលំហូរនេះ គឺនៅទ្រឹង ហើយអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏បានបាត់បង់ការស៊ូទ្រាំរបស់ពួកគេដែរ។ ដូច្នេះ ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានបទដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចផាត់ចោលកិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឱ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឱ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឱ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្ថិភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។

យ៉ូហានបានកើតមកតាមសេចក្ដីសន្យា ដូចគ្នានឹងអ៊ីសាក ដែលកើតមកជាកូនអ័ប្រាហាំដែរ។ គាត់បានត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ និងបានធ្វើកិច្ចការជាច្រើន ប៉ុន្តែគាត់មិនមែនជាព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ គាត់គឺជាម្នាក់ក្នុងចំណោមពួកហោរា ដ្បិតគាត់គ្រាន់តែត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវប៉ុណ្ណោះ។ កិច្ចការរបស់គាត់ក៏អស្ចារ្យដែរ ហើយទាល់តែពេលដែលគាត់បានត្រួសត្រាយផ្លូវរួច ទើបព្រះយេស៊ូវចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ។ ក្នុងន័យនេះ គាត់គ្រាន់តែពលីកម្លាំងថ្វាយព្រះយេស៊ូវ ហើយកិច្ចការដែលគាត់ធ្វើ គឺជាការបម្រើដល់កិច្ចការរបស់ព្រះយេស៊ូវ។ បន្ទាប់ពីគាត់បានបញ្ចប់ការត្រួសត្រាយផ្លូវរួច ព្រះយេស៊ូវក៏ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលថ្មីជាង ច្បាស់លាស់ជាង និងពិស្ដារជាង។ យ៉ូហានបានធ្វើតែត្រឹមចំណែកនៃការចាប់ផ្ដើមកិច្ចការតែប៉ុណ្ណោះ រីឯចំណែកដ៏ធំនៃកិច្ចការថ្មី ត្រូវបានធ្វើឡើងដោយព្រះយេស៊ូវវិញ។ យ៉ូហានក៏បានធ្វើកិច្ចការថ្មីដែរ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដែលបានចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ យ៉ូហានបានកើតមកតាមសេចក្ដីសន្យា ហើយឈ្មោះរបស់គាត់ ក៏ទេវតាជាអ្នកដាក់ឱ្យដែរ។ នៅគ្រានោះ មានមនុស្សខ្លះចង់ដាក់ឈ្មោះគាត់តាមឈ្មោះរបស់ឪពុកគាត់ គឺសាការី ប៉ុន្តែម្ដាយគាត់ក៏បន្លឺសំឡេងឡើង ដោយនិយាយថា «កូននេះមិនអាចហៅតាមឈ្មោះរបស់ឪពុកវាឡើយ។ គួរហៅវាថា យ៉ូហាន វិញ»។ ការណ៍នេះគឺជាការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធសុទ្ធសាធ។ ព្រះយេស៊ូវក៏ត្រូវបានថ្វាយព្រះនាម តាមការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធដែរ ទ្រង់ប្រសូតពីព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះយេស៊ូវ គឺជាព្រះជាម្ចាស់ ជាព្រះគ្រីស្ទ និងជាកូនមនុស្ស។ កិច្ចការរបស់យ៉ូហាន ក៏ជាកិច្ចការដ៏អស្ចារ្យដែរ ចុះហេតុអ្វីបានជាគេមិនហៅគាត់ថា ព្រះជាម្ចាស់? មែនទែនទៅ តើអ្វីជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះយេស៊ូវ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយយ៉ូហាន? ហេតុផលតែមួយគត់នោះ គឺមកពីយ៉ូហានជាអ្នកដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ មែនទេ? ឬមកពីការណ៍នេះត្រូវបានព្រះជាម្ចាស់កំណត់ទុក? ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយគាត់ធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់គាត់ មិនវិវឌ្ឍន៍បន្ថែម និងគ្រាន់តែតាក់តែងឱ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ គាត់គ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់គាត់ ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលគាត់បង្រៀនមានច្រើន ហើយសិស្សដែលដើរតាមគាត់ក៏មានច្រើនដែរនោះ ក៏កិច្ចការដែលគាត់ធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឱ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីគាត់ដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារគាត់នោះដែរ។ យ៉ូហានគឺជាហោរដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ គាត់ជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត គាត់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់គាត់ត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឱ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឱ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឱ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឱ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហានពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។ សញ្ញាណរបស់មនុស្សពោលថា អស់អ្នកណាដែលកើតមកដោយសេចក្ដីសន្យា កើតពីព្រះវិញ្ញាណ ថែរក្សាដោយព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកដែលបើកផ្លូវថ្មីៗ គឺជាព្រះ។ យោងតាមការលើកហេតុផលបែបនេះ យ៉ូហានគឺច្បាស់ជាព្រះជាម្ចាស់ ហើយម៉ូសេ អ័ប្រាហាំ និងដាវីឌ... តើពួកគេមិនមែនជាព្រះជាម្ចាស់ គ្រប់តែគ្នាទេឬអី? តើនេះមិនមែនជារឿងកំប្លែងទាំងស្រុងទេឬអី?

មុនពេលបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះយេស៊ូវគ្រាន់តែជាមនុស្សធម្មតាម្នាក់ ដែលបានប្រព្រឹត្តស្របតាមអ្វីៗគ្រប់យ៉ាងដែលព្រះវិញ្ញាណបរិសុទ្ធធ្វើប៉ុណ្ណោះ។ បើទោះបីជាពេលនោះ ទ្រង់មិនស្គាល់អត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ ក៏ទ្រង់ស្ដាប់តាមគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលសម្ដែងប្រាប់ពីអត្តសញ្ញាណរបស់ទ្រង់ មុនពេលដែលព័ន្ធកិច្ចរបស់ទ្រង់ចាប់ផ្ដើមនោះទេ។ មានតែក្រោយពេលដែលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះទេ ទើបទ្រង់បានលុបបំបាត់ក្បួនច្បាប់ និងក្រឹត្យក្រមទាំងអស់នោះ ហើយទាល់តែដល់ពេលដែលទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ទើបព្រះបន្ទូលរបស់ទ្រង់បានជ្រួតជ្រាបដោយសិទ្ធិអំណាច និងព្រះចេស្ដា។ លុះក្រោយពេលដែលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ទើបកិច្ចការរបស់ទ្រង់នាំយុគសម័យថ្មីមួយឱ្យចាប់ផ្ដើមឡើង។ មុនពេលនេះ ព្រះវិញ្ញាណបរិសុទ្ធបាននៅលាក់កំបាំងនៅក្នុងព្រះអង្គ អស់រយៈពេល២៩ឆ្នាំ ជាពេលដែលទ្រង់បានបង្ហាញឱ្យឃើញតែមនុស្សម្នាក់ និងគ្មានអត្តសញ្ញាណជាព្រះជាម្ចាស់ទេ។ កិច្ចការរបស់ព្រះជាម្ចាស់ បានចាប់ផ្ដើមជាមួយទ្រង់ក្នុងពេលកំពុងធ្វើការ និងកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការស្របទៅតាមផែនការដែលមាននៅក្នុងព្រះអង្គ ដោយមិនខ្វល់ថា មនុស្សស្គាល់ពីទ្រង់ប៉ុនណានោះឡើយ ហើយកិច្ចការដែលទ្រង់ធ្វើ ក៏ជាការបង្ហាញឱ្យឃើញផ្ទាល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នៅវេលានោះ ព្រះយេស៊ូវបានសួរទៅមនុស្សដែលនៅជុំវិញព្រះអង្គថា «តើអ្នករាល់គ្នាថា ខ្ញុំជានរណា?» ពួកគេទូលតបថា «ព្រះអង្គជាហោរាដ៏ធំឧត្ដមជាងគេ ហើយជាគ្រូពេទ្យដ៏ពូកែរបស់យើងរាល់គ្នា»។ ហើយអ្នកខ្លះទៀតតបថា «ទ្រង់ជាមហាបូជាចារ្យរបស់យើង» ។ល។ គេក៏បានផ្ដល់ចម្លើយគ្រប់ប្រភេទ មានអ្នកខ្លះទៀតថែមទាំងពោលថា ទ្រង់ជាយ៉ូហាន ជាអេលីយ៉ា ជាដើម។ រួចព្រះយេស៊ូវក៏បែរទៅស៊ីម៉ូនពេត្រុស ហើយសួរថា «តើអ្នកថា ខ្ញុំជានរណា?» ពេត្រុសក៏ទូលឆ្លើយថា «ទ្រង់គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រា នៃព្រះដ៏មានព្រះជន្មគង់នៅ»។ តាំងពីពេលនោះមក មនុស្សក៏ចាប់ផ្ដើមដឹងថា ទ្រង់គឺជាព្រះជាម្ចាស់។ ពេលដែលអត្តសញ្ញាណរបស់ទ្រង់ ត្រូវបានសម្ដែងឱ្យគេស្គាល់ គឺពេត្រុសនេះហើយជាអ្នកដែលដឹងរឿងនេះមុនគេ ហើយរឿងនេះក៏ត្រូវបានថ្លែងចេញពីមាត់របស់គាត់ដែរ។ ក្រោយមក ព្រះយេស៊ូវក៏ថ្លែងថា «អ្វីដែលអ្នកបានពោលនេះ មិនមែនចេញពីសាច់ឈាមទេ តែចេញមកពីព្រះវរបិតារបស់ខ្ញុំទេតើ»។ បន្ទាប់ពីពិធីជ្រមុជទឹករបស់ទ្រង់រួច ទោះបីជាអ្នកដទៃមិនដឹងរឿងនេះក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការដែលទ្រង់ធ្វើជំនួសមុខឱ្យព្រះជាម្ចាស់ដែរ។ ទ្រង់បានយាងមកដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ មិនមែនដើម្បីសម្ដែងពីអត្តសញ្ញាណរបស់ទ្រង់ឡើយ។ លុះក្រោយពេលដែលពេត្រុសបាននិយាយអំពីរឿងនេះ ទើបអត្តសញ្ញាណរបស់ទ្រង់ត្រូវបានបង្ហាញឱ្យគេដឹងដោយបើកចំហ។ ទោះបីជាអ្នកមិនដឹងថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ក៏ដោយ លុះដល់ពេលកំណត់ ក៏ទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ដែរ។ ហើយទោះបីជាអ្នកមិនដឹងពីរឿងនោះ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការរបស់ទ្រង់ដូចពីមុនដែរ។ បើទោះបីជាអ្នកបដិសេធរឿងនេះ ក៏ទ្រង់នឹងនៅតែបំពេញកិច្ចការរបស់ទ្រង់ ហើយនិងអនុវត្តកិច្ចការនោះ តាមពេលវេលាដែលត្រូវធ្វើដែរ។ ទ្រង់បានយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ និងបំពេញព័ន្ធកិច្ចរបស់ទ្រង់ មិនមែនមកដើម្បីឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់ឡើយ តែដើម្បីឱ្យមនុស្សទទួលកិច្ចការរបស់ទ្រង់វិញ។ ប្រសិនបើអ្នកបរាជ័យក្នុងការទទួលស្គាល់ថា កិច្ចការដំណាក់កាលបច្ចុប្បន្ននេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះគឺមកពីអ្នកខ្វះនូវនិមិត្ត។ តែយ៉ាងណាក៏ដោយ អ្នកមិនអាចបដិសេធកិច្ចការក្នុងដំណាក់កាលនេះបានទេ ការខកខានរបស់អ្នក ក្នុងការទទួលស្គាល់កិច្ចការនេះ មិនបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនកំពុងធ្វើការ ឬបញ្ជាក់ថា កិច្ចការរបស់ទ្រង់ ជាកិច្ចការខុសឆ្គងនោះដែរ។ មានអ្នកខ្លះទៀតថែមទាំងយកកិច្ចការបច្ចុប្បន្ន ទៅផ្ទៀងផ្ទាត់នឹងកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ ហើយប្រើភាពខុសប្រក្រតីណាមួយមកបដិសេធកិច្ចការក្នុងដំណាក់កាលនេះទៀតផង។ តើនេះមិនមែនជាសកម្មភាពរបស់មនុស្សមោហ៍បាំងទេឬអី? សេចក្ដីនានាដែលត្រូវបានកត់ត្រាក្នុងព្រះគម្ពីរ មានកម្រិត សេចក្ដីទាំងនោះមិនអាចបង្ហាញពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងបានឡើយ។ ដំណឹងល្អទាំងបួនរួមគ្នាទាំងអស់ មានមិនដល់មួយរយចំពូកផង ក្នុងនោះមានសរសេរតែព្រឹត្តិការណ៍មួយចំនួនតូចប៉ុណ្ណោះ ដូចជា ព្រះយេស៊ូវដាក់បណ្ដាសាដើមឧទុម្ពរ ពេត្រុសបដិសេធបីដងថាមិនស្គាល់ព្រះអម្ចាស់ ព្រះយេស៊ូវលេចមកឱ្យពួកសិស្សឃើញបន្ទាប់ពីការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ សេចក្ដីបង្រៀនអំពីការតមអាហារ សេចក្ដីបង្រៀនអំពីការអធិដ្ឋាន សេចក្ដីបង្រៀនអំពីការលែងលះ ការប្រសូត និងពង្សាវតារបស់ព្រះយេស៊ូវ ការជ្រើសតាំងពួកសិស្សរបស់ព្រះយេស៊ូវ ។ល។ យ៉ាងណាមិញ មនុស្សឱ្យតម្លៃសេចក្ដីទាំងនេះដូចកំណប់ ថែមទាំងយកកិច្ចការបច្ចុប្បន្នទៅប្រៀបធៀបនឹងសេចក្ដីទាំងនោះផង។ ពួកគេថែមទាំងជឿទៀតថា កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានធ្វើក្នុងគ្រាដែលទ្រង់រស់នៅលើផែនដី គឺមានតែត្រឹមប៉ុណ្ណឹង ហាក់ដូចជាព្រះជាម្ចាស់មានសមត្ថភាពធ្វើការត្រឹមប៉ុណ្ណឹង និងគ្មានអ្វីលើសពីនេះទេ។ តើនេះមិនមែនជារឿងលេលាទេឬអី?

ពេលវេលាដែលព្រះយេស៊ូវមាននៅលើផែនដី គឺសាមសិបបីឆ្នាំកន្លះ ពោលគឺទ្រង់មានព្រះជន្មគង់នៅលើផែនដីសាមសិបបីឆ្នាំកន្លះ។ មានតែពេលវេលាបីឆ្នាំកន្លះប៉ុណ្ណោះ ដែលត្រូវបានចំណាយក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ ពេលវេលាដែលនៅសេសសល់ គឺទ្រង់រស់នៅជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ដំបូងឡើយ ទ្រង់ចូលរួមកម្មវិធីនានានៅក្នុងសាលាប្រជុំ ហើយទ្រង់បានស្ដាប់ការបកស្រាយបទគម្ពីរពីពួកបូជាចារ្យ និងស្ដាប់សេចក្ដីបង្រៀនរបស់មនុស្សផ្សេងទៀតនៅទីនោះ។ ទ្រង់បានទទួលចំណេះដឹងជាច្រើនអំពីព្រះគម្ពីរ៖ ទ្រង់មិនមែនប្រសូតមកទាំងមានចំណេះដឹងស្រាប់មកជាមួយទេ ទ្រង់បានទទួលចំណេះដឹងនោះ តាមរយៈការអាន និងការស្ដាប់។ ក្នុងព្រះគម្ពីរបានកត់ត្រាយ៉ាងច្បាស់ថា ទ្រង់បានសួរសំណួរដល់គ្រូៗក្នុងសាលាប្រជុំ ពេលទ្រង់មានព្រះជន្មដប់ពីរឆ្នាំថា៖ តើអ្វីខ្លះជាបទទំនាយរបស់ពួកហោរាពីបុរាណ? តើក្រឹត្យវិន័យរបស់ម៉ូសេមានអ្វីខ្លះ? ចុះគម្ពីរសញ្ញាចាស់? តើមនុស្សដែលកំពុងបម្រើព្រះជាម្ចាស់ ដោយស្លៀកសម្លៀកបំពាក់ជាបូជាចារ្យនៅក្នុងព្រះវិហារ មានតួនាទីអ្វី? ... ទ្រង់បានសួរសំណួរជាច្រើន ដ្បិតទ្រង់ក៏គ្មានចំណេះ ឬការយល់ដឹងពីរឿងអស់ទាំងនេះដែរ។ ទោះបីជាទ្រង់ត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ទ្រង់ប្រសូតមកជាមនុស្សធម្មតាសុទ្ធសាធដែរ។ ថ្វីបើទ្រង់មានលក្ខណៈពិសេសខ្លះ ក៏ព្រះអង្គនៅតែជាមនុស្សធម្មតាម្នាក់ដដែល។ ព្រះប្រាជ្ញាញាណរបស់ទ្រង់លូតលាស់ជាបន្តបន្ទាប់ ស្របទៅតាមកម្ពស់ និងព្រះជន្មរបស់ទ្រង់ ហើយទ្រង់ក៏បានឆ្លងកាត់ដំណាក់នានានៅក្នុងជីវិតជាមនុស្សធម្មតាម្នាក់ដែរ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស ព្រះយេស៊ូវមិនបានឆ្លងកាត់កុមារភាព ឬវ័យជំទង់នោះឡើយ។ ទ្រង់បានចាប់ផ្ដើមរស់ក្នុងជីវិតជាមនុស្សម្នាក់ដែលមានវ័យសាមសិបបីឆ្នាំ ពេលទ្រង់ប្រសូតមកភ្លាមតែម្ដង ហើយទ្រង់ត្រូវគេឆ្កាងពេលបញ្ចប់កិច្ចការរបស់ទ្រង់។ ទ្រង់មុខជាមិនបានឆ្លងកាត់ដំណាក់កាលនានាក្នុងជីវិតជាមនុស្សធម្មតាឡើយ។ ទ្រង់ក៏មិនបានបរិភោគ ឬសេពគប់ជាមួយនឹងមនុស្សដទៃទៀត ហើយពួកគេមិនងាយនឹងជួបទ្រង់ទេ សូម្បីមួយភ្លែតក៏ដោយ។ ទ្រង់មុខជាមនុស្សខុសប្រក្រតី ដែលបំភិតបំភ័យអស់អ្នកណាដែលបានឃើញទ្រង់ ដ្បិតទ្រង់គឺជាព្រះជាម្ចាស់។ មនុស្សជឿថា ព្រះជាម្ចាស់ដែលយាងមកក្នុងសាច់ឈាម ប្រាកដជាមិនរស់ដូចមនុស្សធម្មតាម្នាក់នោះទេ។ ពួកគេជឿថា ទ្រង់ស្អាតដោយមិនចាំបាច់ដុះធ្មេញរបស់ទ្រង់ ឬលុបលាងព្រះភក្ត្ររបស់ទ្រង់ឡើយ ដ្បិតទ្រង់គឺជាបុគ្គលបរិសុទ្ធ។ តើទាំងអស់នេះមិនមែនជាសញ្ញាណរបស់មនុស្សសុទ្ធសាធទេឬអី? ព្រះគម្ពីរពុំមានកត់ត្រាពីជីវិតរបស់ព្រះយេស៊ូវ ក្នុងមានជាមនុស្សឡើយ មានតែកត់ត្រាពីកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែនេះក៏មិនមែនបញ្ជាក់ថា ទ្រង់គ្មានភាពជាមនុស្សធម្មតា ឬបញ្ជាក់ថា ទ្រង់មិនបានរស់ក្នុងជីវិតជាមនុស្សធម្មតាម្នាក់ មុនពេលទ្រង់មានព្រះជន្មសាមសិបឆ្នាំនោះដែរ។ ទ្រង់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការពេលគ្រប់ព្រះជន្ម២៩ឆ្នាំ ប៉ុន្តែអ្នកមិនអាចសរសេររៀបរាប់ពីជីវិតជាមនុស្សរបស់ទ្រង់ទាំងមូលអស់ មុនវ័យនេះបានឡើយ។ ព្រះគម្ពីរគ្រាន់តែមិនរៀបរាប់ពីគ្រាទាំងអស់នោះនៅក្នុងការកត់ត្រាប៉ុណ្ណោះ។ ដោយសារតែវេលាទាំងនោះ គឺជាគ្រាដែលទ្រង់មានព្រះជន្មរស់ជាមនុស្សធម្មតា និងពុំមែនជាគ្រាដែលទ្រង់ធ្វើកិច្ចការក្នុងភាពជាព្រះរបស់ទ្រង់ ទើបវាមិនចាំបាច់ត្រូវកត់ត្រារឿងនេះទុក។ មុនពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការដោយផ្ទាល់ទេ គឺគ្រាន់តែរក្សាព្រះអង្គនៅក្នុងជីវិតរបស់ទ្រង់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ រហូតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូវត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ទោះបីទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ទ្រង់ឆ្លងកាត់ដំណើរការនៃភាពចាស់ចិត្តចាស់គំនិត ដូចមនុស្សធម្មតាម្នាក់ដែរ។ ដំណើរការនៃភាពចាស់ចិត្តចាស់គំនិតនេះ មិនត្រូវបានបញ្ចូលក្នុងព្រះគម្ពីរឡើយ។ រឿងនេះមិនត្រូវបានបញ្ចូល ដ្បិតវាមិនជួយផ្ដល់នូវជំនួយអ្វីធំដុំដល់ការលូតលាស់ក្នុងជីវិតរបស់មនុស្សឡើយ។ វេលាមុនពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក គឺជាវេលាលាក់កំបាំង ជាវេលាដែលទ្រង់មិនបានធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីសោះ។ លុះក្រោយពេលដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក ទើបទ្រង់កិច្ចការប្រោសលោះមនុស្សទាំងអស់ ជាកិច្ចការដែលសម្បូរ និងពោរពេញដោយព្រះគុណ សេចក្ដីពិត សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា។ ប្រាកដណាស់ ការចាប់ផ្ដើមកិច្ចការនេះ ក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណដែរ ដោយព្រោះមូលហេតុនេះ ទើបកិច្ចការនេះត្រូវបានកត់ទុក និងផ្ទេរបន្តរហូតដល់បច្ចុប្បន្ន។ កិច្ចការនេះគឺដើម្បីបើកច្រកចេញ និងនាំមនុស្សគ្រប់គ្នាទៅកាន់ផលសម្រេច ឱ្យអស់អ្នកដែលស្ថិតក្នុងយុគសម័យនៃព្រះគុណ ដើម្បីឱ្យគេដើរលើមាគ៌ានៃយុគសម័យនៃព្រះគុណ និងមាគ៌ានៃឈើឆ្កាង។ គ្រប់យ៉ាងសុទ្ធតែជាការពិត ទោះបីជាវាចេញមកពីការកត់ត្រាដែលសរសេរដោយមនុស្សក៏ដោយ លើកលែងតែកំហុសតូចតាចមួយចំនួន ដែលត្រូវបានគេរកឃើញក្នុងកន្លែងខុសៗគ្នាប៉ុណ្ណោះ។ ទោះបីជាដូច្នេះក៏ដោយ កំណត់ត្រាទាំងនេះ មិនអាចនិយាយបានថា មិនពិតនោះទេ។ រឿងដែលត្រូវបានកត់ត្រា គឺជារឿងពិតសុទ្ធសាធ ដែលមានខុសនោះ គឺខុសត្រង់សំណេរដែលមនុស្សសរសេរប៉ុណ្ណោះ។ មានមនុស្សខ្លះនឹងនិយាយថា ប្រសិនបើព្រះយេស៊ូវជាបុគ្គលដែលមានភាពជាមនុស្សធម្មតា និងសាមញ្ញ តើទ្រង់អាចធ្វើទីសម្គាល់ និងការអស្ចារ្យបានដោយរបៀបណា? រយៈពេលសែសិបថ្ងៃនៃការល្បួងដែលព្រះយេស៊ូវបានឆ្លងកាត់ គឺជាទីសម្គាល់ដ៏អស្ចារ្យ ជាការណ៍មួយដែលមនុស្សធម្មតាម្នាក់ មុខជាមិនអាចនឹងសម្រេចបាន។ រយៈពេលសែសិបថ្ងៃនៃការល្បួងរបស់ទ្រង់ ស្ថិតក្នុងធម្មជាតិនៃការបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុះតើគេអាចនិយាយថា នៅក្នុងទ្រង់គ្មានលក្ខណៈអធិធម្មជាតិបន្តិចសោះបានដោយរបៀបណា? សមត្ថភាពរបស់ទ្រង់ ក្នុងការធ្វើទីសម្គាល់ និងការអស្ចារ្យ មិនបញ្ជាក់ថា ទ្រង់គឺជាមនុស្សមហស្ចារ្យម្នាក់ និងពុំមែនជាមនុស្សធម្មតានោះឡើយ។ គ្រាន់តែថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងមនុស្សធម្មតាម្នាក់ ដូចជាទ្រង់ប៉ុណ្ណោះ ទើបធ្វើឱ្យទ្រង់អាចធ្វើការអស្ចារ្យ ហើយថែមទាំងធ្វើការអស្ចារ្យជាងនេះទៀតផង។ មុនពេលព្រះយេស៊ូវបំពេញព័ន្ធកិច្ចរបស់ទ្រង់ ឬតាមព្រះគម្ពីរបានរ៉ាយរ៉ាប់ថា មុនពេលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតលើទ្រង់ ព្រះយេស៊ូវគ្រាន់តែជាមនុស្សធម្មតាម្នាក់ និងគ្មានលក្ខណៈអធិធម្មជាតិសោះឡើយ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធ យាងចុះមកសណ្ឋិតលើទ្រង់ ពោលគឺពេលដែលទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់ក៏បានពេញដោយលក្ខណៈអធិធម្មជាតិ។ ដោយសារតែបែបនេះ ទើបមនុស្សចាប់ផ្ដើមជឿថា សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺគ្មានភាពជាមនុស្សធម្មតានោះទេ។ ជាងនេះទៀត គេច្រឡំគិតថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានតែភាពជាព្រះ គ្មានភាពជាមនុស្សទេ។ ប្រាកដណាស់ កាលព្រះជាម្ចាស់យាងមកផែនដីដើម្បីធ្វើកិច្ចការរបស់ទ្រង់ មនុស្សទាំងអស់មើលឃើញព្រឹត្តិការណ៍អធិធម្មជាតិ។ អ្វីដែលពួកគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់ និងអ្វីដែលពួកគេស្ដាប់ឮនឹងត្រចៀករបស់គេផ្ទាល់ សុទ្ធតែមានលក្ខណៈអធិធម្មជាតិ ដ្បិតកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ គឺសុទ្ធតែមិនអាចយល់បាន និងមិនអាចទទួលយកបានសម្រាប់ពួកគេ។ ប្រសិនបើមានរបស់អ្វីពីស្ថានសួគ៌ ត្រូវបានយកមកផែនដី តើអាចជារបស់អ្វីផ្សេង ក្រៅតែពីរបស់ដែលមានលក្ខណៈអធិធម្មជាតិបានដែរឬទេ? ពេលដែលសេចក្ដីអាថ៌កំបាំងនៃនគរស្ថានសួគ៌ត្រូវបាននាំយកមកផែនដី សេចក្ដីអាថ៌កំបាំងដែលមនុស្សគិតមិនដល់ ហើយយល់មិនបាន ជាអាថ៌កំបាំងដែលចម្លែកដល់ចិត្ត និងប្រកបដោយភាពវាងវៃ តើសេចក្ដីទាំងនោះសុទ្ធតែមិនមែនជាអធិធម្មជាតិទៀតមែនទេ? ដោយឡែក អ្នកគួរដឹងថា ទោះបីជាសេចក្ដីនោះមានលក្ខណៈអធិធម្មជាតិយ៉ាងណា ក៏គ្រប់យ៉ាងត្រូវបានអនុវត្តនៅក្នុងភាពជាមនុស្សធម្មតារបស់ព្រះអង្គដដែលដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានពេញដោយភាពជាមនុស្ស។ ប្រសិនបើទ្រង់ពុំមានភាពជាមនុស្សទេ នោះទ្រង់មុខជាពុំមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ព្រះយេស៊ូវបានធ្វើការអស្ចារ្យធំៗជាច្រើន កាលទ្រង់គង់នៅលើផែនដី។ អ្វីដែលសាសន៍អ៊ីស្រាអែលបានឃើញនៅពេលនោះ គឺពោរពេញដោយរឿងរ៉ាវអធិធម្មជាតិ។ ពួកគេបានមើលឃើញទាំងទេវតា និងទេវទូត ហើយពួកគេបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះយេហូវ៉ាទៀតផង។ តើទាំងនេះមិនមែនជារឿងអធិធម្មជាតិទេឬអី? ប្រាកដណាស់ សព្វថ្ងៃនេះ មានវិញ្ញាណអាក្រក់ខ្លះបោកបញ្ឆោតមនុស្ស ដោយប្រើប្រាស់ទង្វើអធិធម្មជាតិ ពោលគឺគ្មានអ្វីក្រៅតែពីការយកតម្រាប់របស់ពួកវា ដើម្បីបោកបញ្ឆោតមនុស្ស តាមរយៈកិច្ចការដែលមិនមែនត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ មនុស្សជាច្រើនធ្វើការអស្ចារ្យ និងប្រោសមនុស្សឈឺ ព្រមទាំងបណ្ដេញអារក្សផង ទាំងអស់នេះមិនជាអ្វីទាំងអស់ ក្រៅតែពីកិច្ចការរបស់វិញ្ញាណអាក្រក់ ដ្បិតព្រះវិញ្ញាណបរិសុទ្ធលែងធ្វើការបែបនេះនាពេលបច្ចុប្បន្នទៀតហើយ ហើយអស់អ្នកណាដែលត្រាប់តាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាំងពីសម័យនោះមក គឺជាវិញ្ញាណអាក្រក់ប្រាកដណាស់។ កិច្ចការទាំងអស់ដែលត្រូវបានអនុវត្តនៅអ៊ីស្រាអែលសម័យនោះ គឺជាកិច្ចការមួយដែលមានលក្ខណៈអធិធម្មជាតិ ទោះបីពេលនេះព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការក្នុងលក្ខណៈបែបនេះក៏ដោយ ហើយពេលនេះកិច្ចការបែបនេះ គឺជាតម្រាប់ និងជាការក្លែងកាយរបស់សាតាំង និងជាការបង្កចលាចលរបស់វាផង។ ដោយឡែក អ្នកមិនអាចនិយាយថា គ្រប់យ៉ាងដែលមានលក្ខណៈអធិធម្មជាតិ សុទ្ធតែមកពីវិញ្ញាណអាក្រក់នោះឡើយ ការនេះអាស្រ័យលើយុគសម័យនៃកិច្ចការរបស់ព្រះជាម្ចាស់។ ចូរពិចារណាអំពីកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន៖ តើចំណុចណាខ្លះដែលគ្មានលក្ខណៈអធិធម្មជាតិ? ព្រះបន្ទូលរបស់ទ្រង់ គឺយល់មិនដល់ និងមិនអាចទទួលយកបានសម្រាប់អ្នក ហើយកិច្ចការដែលទ្រង់ធ្វើ គឺគ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ អ្វីដែលទ្រង់យល់ មនុស្សគ្មានផ្លូវយល់បានឡើយ ចំណែកឯចំណេះដឹងរបស់ទ្រង់វិញ មនុស្សក៏មិនដឹងជាមានតាំងពីពេលណាមកដែរ។ មានមនុស្សខ្លះនិយាយថា «ទូលបង្គំក៏ជាមនុស្សធម្មតាដូចទ្រង់ដែរ ប៉ុន្តែចុះម្ដេចបានជាទូលបង្គំមិនដឹងអ្វីដែលទ្រង់ដឹងដូច្នេះ? ទូលបង្គំចាស់ជាង និងមានបទពិសោធច្រើនជាង ប៉ុន្តែម្ដេចបានជាទ្រង់ដឹងពីអ្វីដែលទូលបង្គំមិនដឹង?» តាមទស្សនៈរបស់មនុស្ស អ្វីៗទាំងអស់នេះគឺជារឿងដែលមនុស្សគ្មានផ្លូវនឹងទទួលបានឡើយ។ ហេតុនេះ មានមនុស្សខ្លះនិយាយថា «គ្មាននរណាដឹងពីកិច្ចការដែលត្រូវបានអនុវត្តនៅអ៊ីស្រាអែលនោះឡើយ ហើយសូម្បីតែអ្នកបកស្រាយព្រះគម្ពីរ ក៏មិនអាចផ្ដល់នូវការបកស្រាយបានដែរ ចុះម្ដេចបានជាអ្នកដឹង?» តើទាំងអស់នេះមិនមែនជារឿងអធិធម្មជាតិទេឬអី? ព្រះអង្គពុំមានបទពិសោធអំពីការអស្ចារ្យទេ ប៉ុន្តែទ្រង់ជ្រាបគ្រប់យ៉ាង ទ្រង់មានបន្ទូល និងបង្ហាញឱ្យឃើញពីសេចក្ដីពិតយ៉ាងងាយស្រួលបំផុត។ តើនេះមិនមែនជារឿងអធិធម្មជាតិទៀតមែនទេ? កិច្ចការរបស់ទ្រង់លើសលប់ពេកនឹងឱ្យមនុស្សអាចទទួលបាន។ កិច្ចការនោះ គំនិតរបស់មនុស្សដែលមានសាច់ឈាម មិនអាចទទួលបានទេ ហើយការលើកហេតុផលនៃគំនិតរបស់មនុស្ស ក៏មិនអាចយល់ពីកិច្ចការនេះបានដែរ។ ទោះបីជាទ្រង់មិនធ្លាប់បានអានព្រះគម្ពីរ ក៏ទ្រង់យល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងស្រុកអ៊ីស្រាអែលដែរ។ ហើយទោះបីជាទ្រង់ឈរលើផែនដី ពេលទ្រង់ថ្លែងព្រះបន្ទូល ក៏ទ្រង់ថ្លែងពីសេចក្ដីអាថ៌កំបាំងដែលនៅឯស្ថានសួគ៌ជាន់ទីបីដែរ។ កាលណាមនុស្សអានព្រះបន្ទូលទាំងនេះ អារម្មណ៍នេះនឹងយកឈ្នះលើគេ៖ «តើនេះមិនមែនជាសម្ដីពីស្ថានសួគ៌ ជាន់ទីបីទេឬអី? តើការទាំងអស់នេះ មិនលើសពីអ្វីដែលមនុស្សធម្មតាអាចសម្រេចបានទេឬអី? នៅពេលនោះ កាលព្រះយេស៊ូវឆ្លងកាត់ការតមអាហាររយៈពេលសែសិបថ្ងៃ តើនោះមិនមែនជារឿងអធិធម្មជាតិទៀតមែនទេ?» ប្រសិនបើអ្នកនិយាយថា ការតមអាហាររយៈពេលសែសិបថ្ងៃ គឺជាករណីអធិធម្មជាតិសុទ្ធសាធ ជាទង្វើរបស់វិញ្ញាណអាក្រក់ នោះតើអ្នកមិនថ្កោលទោសព្រះយេស៊ូវទេឬអី? មុនពេលព្រះយេស៊ូវបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះអង្គមានលក្ខណៈដូចមនុស្សធម្មតាម្នាក់។ ទ្រង់ទៅសាលារៀនទៀតផង តើទ្រង់បានរៀនអាន និងរៀនសរសេរ តាមរបៀបណាទៀត? កាលព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ព្រះវិញ្ញាណបរិសុទ្ធនៅលាក់កំបាំងក្នុងសាច់ឈាមនោះ។ ដូច្នេះ ការធ្វើជាមនុស្សធម្មតាម្នាក់ ទ្រង់ចាំបាច់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ និងភាពចាស់ចិត្តចាស់គំនិត ហើយមិនមែនទាល់តែសមត្ថភាពវិនិច្ឆ័យរបស់ទ្រង់បានចម្រើនឡើង ហើយទ្រង់យល់ដឹងការណ៍នានា ទើបអាចរាប់ថា ទ្រង់ជាមនុស្សធម្មតាម្នាក់នោះទេ។ លុះក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ បានចាស់ចិត្តចាស់គំនិត ទើបទ្រង់អាចបំពេញព័ន្ធកិច្ចរបស់ទ្រង់បាន។ តើទ្រង់អាចបំពេញព័ន្ធកិច្ចរបស់ទ្រង់ ខណៈដែលភាពជាមនុស្សធម្មតារបស់ទ្រង់ មិនទាន់ចាស់ចិត្តចាស់គំនិត ហើយការលើកហេតុផលរបស់ទ្រង់ នៅមិនទាន់ត្រឹមត្រូវបានដែរឬទេ? ប្រាកដណាស់ មិនអាចរំពឹងឱ្យទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់ ពេលទ្រង់មានព្រះជន្មប្រាំមួយ ឬប្រាំពីរឆ្នាំនោះទេ! ហេតុអ្វីបានជាព្រះជាម្ចាស់មិនសម្ដែងអង្គទ្រង់ដោយបើកចំហ ពេលទ្រង់បានក្លាយជាសាច់ឈាមភ្លាម? នោះគឺមកពីភាពជាមនុស្សនៃសាច់ឈាមរបស់ទ្រង់ នៅមិនទាន់ចាស់ចិត្តចាស់គំនិត ដំណើរការវិនិច្ឆ័យនៃភាពជាមនុស្សធម្មតារបស់ទ្រង់ ក៏ដូចជាភាពជាមនុស្សធម្មតានៃសាច់ឈាមនេះ មិនទាន់ជាកម្មសិទ្ធិដ៏ពេញលេញរបស់ព្រះអង្គនៅឡើយទេ។ ដោយព្រោះមូលហេតុនេះ ទ្រង់ចាំបាច់ត្រូវមានភាពជាមនុស្សធម្មតា និងមានសុភវិនិច្ឆ័យជាមនុស្សធម្មតាម្នាក់ដាច់ខាត រហូតទាល់តែបានប្រដាប់កាយគ្រប់គ្រាន់ ក្នុងការរ៉ាប់រងកិច្ចការរបស់ទ្រង់ នៅក្នុងសាច់ឈាមបាន គឺមុនពេលទ្រង់អាចចាប់ផ្ដើមកិច្ចការរបស់ទ្រង់បាន។ ប្រសិនបើទ្រង់មិនទាន់បានស្មើនឹងភារកិច្ចនេះទេ នោះទ្រង់ចាំបាច់ត្រូវបន្តចម្រើនវ័យ និងចាស់ចិត្តចាស់គំនិតផង។ ប្រសិនបើព្រះយេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ក្នុងវ័យប្រាំពីរ ឬប្រាំបីឆ្នាំ តើមនុស្សមិនចាត់ទុកទ្រង់ជាមនុស្សអច្ឆរិយទៅហើយទេឬអី? តើមនុស្សទាំងអស់មិនគិតថា ព្រះអង្គជាកុមារម្នាក់ទេមែនទេ? តើមាននរណាខ្លះយល់ឃើញថា ទ្រង់ជាមនុស្សគួរឱ្យទុកចិត្ត? កុមារម្នាក់ដែលមានវ័យប្រាំពីរ ឬប្រាំបីឆ្នាំ មិនខ្ពស់ជាងវេទិកាដែលគេឈរពីក្រោយនោះទេ តើគេសមនឹងអធិប្បាយព្រះបន្ទូលដែរឬទេ? មុនពេលភាពជាមនុស្សធម្មតារបស់ទ្រង់ចាស់ចិត្តចាស់គំនិត ទ្រង់រ៉ាប់រងភារកិច្ចនោះមិនបានទេ។ មើលទៅដរាបណាភាពជាមនុស្សរបស់ទ្រង់នៅមិនទាន់ចាស់ចិត្តចាស់គំនិត ចំណែកជាច្រើននៃកិច្ចការនេះ គឺមិនអាចទទួលបានតែម្ដង។ កិច្ចការរបស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ក៏ត្រូវបានត្រួតត្រាដោយគោលការណ៍នៃកិច្ចការនោះផ្ទាល់ដែរ។ ទាល់តែដល់ពេលដែលទ្រង់បានប្រដាប់កាយដោយភាពជាមនុស្សធម្មតា ទើបទ្រង់អាចរ៉ាប់រងកិច្ចការ និងទទួលបន្ទុកការងាររបស់ព្រះវរបិតាបាន។ លុះដល់ពេលនោះទើបទ្រង់អាចចាប់ផ្ដើមកិច្ចការរបស់ទ្រង់បាន។ ក្នុងកុមារភាពរបស់ទ្រង់ ព្រះយេស៊ូវមិនអាចយល់រឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងសម័យបុរាណនោះទេ ហើយទ្រង់ក៏ចាប់ផ្ដើមយល់ ដោយសារតែការសួរសំណួរដល់គ្រូបង្រៀននៅតាមសាលាប្រជុំតែប៉ុណ្ណោះ។ ប្រសិនបើទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ភ្លាម ពេលទ្រង់ចេះនិយាយ តើធ្វើម្ដេចអាចឱ្យទ្រង់មិនប្រព្រឹត្តកំហុសបាន? តើព្រះជាម្ចាស់អាចប្រព្រឹត្តនូវកំហុសផ្ដេសផ្ដាសទៅរួចទេ? ហេតុនេះ លុះក្រោយពេលដែលទ្រង់អាចធ្វើការបាន ទើបទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានអនុវត្តកិច្ចការអ្វីសោះ រហូតទាល់តែទ្រង់មានសមត្ថភាពពេញលេញនឹងរ៉ាប់រងការងារនេះបាន។ ពេលចម្រើនវ័យ២៩ឆ្នាំ ព្រះយេស៊ូវបានចាស់ចិត្តគំនិតច្រើនហើយ ហើយភាពជាមនុស្សរបស់ទ្រង់ ក៏ល្មមនឹងរ៉ាប់រ៉ងកិច្ចការដែលទ្រង់ត្រូវធ្វើនោះដែរ។ លុះដល់ពេលនោះ ទើបព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចាប់ផ្ដើមធ្វើការក្នុងទ្រង់ជាផ្លូវការ។ នៅពេលនោះ យ៉ូហានបានប្រុងប្រៀបអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបើកផ្លូវថ្វាយទ្រង់ ហើយពេលកិច្ចការរបស់គាត់បញ្ចប់ទៅ គាត់ត្រូវបានបញ្ជូនទៅក្នុងមន្ទីរឃុំឃាំង។ អម្រែកនេះក៏ធ្លាក់លើព្រះយេស៊ូវទាំងស្រុង។ ប្រសិនបើទ្រង់រ៉ាប់រងកិច្ចការនេះក្នុងវ័យ២១ឆ្នាំ ឬ ២២ឆ្នាំ ពេលនោះជាពេលដែលភាពជាមនុស្សរបស់ទ្រង់ នៅខ្វះខាតច្រើន ជាពេលដែលទ្រង់ទើបតែឈានចូលក្នុងយុវភាពក្មេងខ្ចី ហើយមានកិច្ចការជាច្រើនដែលទ្រង់មិនដឹង ហើយទ្រង់មុខជាមិនអាចទទួលរ៉ាប់រងការងារបានឡើយ។ នៅពេលនោះ យ៉ូហានបានអនុវត្តកិច្ចការរបស់គាត់បានខ្លះ មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ដោយកាលនោះ ទ្រង់ឈានដល់មជ្ឈិមវ័យទៅហើយ។ ស្ថិតក្នុងវ័យនោះ ភាពជាមនុស្សធម្មតារបស់ទ្រង់ គឺល្មមនឹងរ៉ាប់រងកិច្ចការដែលទ្រង់ធ្វើហើយ។ ពេលនេះ ព្រះដែលយកកំណើតជាមនុស្ស ក៏មានភាពជាមនុស្សធម្មតា ទោះបីជាភាពជាមនុស្សនេះ មានភាពចាស់ទុំខ្លាំងធៀបទៅនឹងមនុស្សវ័យចំណាស់ក្នុងចំណោមអ្នករាល់គ្នា ក៏ភាពជាមនុស្សនេះល្មមគ្រប់គ្រាន់នឹងរ៉ាប់រងកិច្ចការរបស់ទ្រង់ស្រេចទៅហើយ។ កាលៈទេសៈដែលនៅជុំវិញកិច្ចការសព្វថ្ងៃ គឺមិនដូចគ្នាទាំងស្រុងនឹងកាលៈទេសៈក្នុងសម័យព្រះយេស៊ូវនោះទេ។ ហេតុអ្វីបានជាព្រះយេស៊ូវជ្រើសរើសសាវ័កដប់ពីរនាក់? នោះគឺដើម្បីជ្រោមជ្រែងដល់កិច្ចការរបស់ទ្រង់សុទ្ធសាធ និងឱ្យគេរួមចំណែកក្នុងកិច្ចការនោះ។ ក្នុងន័យម្យ៉ាង គឺដើម្បីចាក់គ្រឹះសម្រាប់កិច្ចការរបស់ទ្រង់នៅសម័យនោះ ក្នុងន័យម្យ៉ាងទៀត គឺដើម្បីចាក់គ្រឹះសម្រាប់កិច្ចការរបស់ទ្រង់នៅសម័យក្រោយៗមកទៀត។ ការជ្រើសរើសយកសាវ័កទាំងដប់ពីរនាក់ គឺជាបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវ ស្របទៅតាមកិច្ចការនៅពេលនោះ ដ្បិតនោះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់។ ទ្រង់ជឿថា ទ្រង់គួរជ្រើសរើសសាវ័កដប់ពីរនាក់ រួចហើយដឹកនាំពួកគេឱ្យផ្សាយព្រះបន្ទូលគ្រប់ទីកន្លែង។ ប៉ុន្តែសព្វថ្ងៃនេះ ការនេះពុំចាំបាច់មាននៅក្នុងចំណោមអ្នករាល់គ្នានោះទេ! កាលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការនៅក្នុងសាច់ឈាម មានគោលការណ៍ជាច្រើន និងមានរឿងរ៉ាវជាច្រើនដែលមនុស្សមិនយល់តែម្ដង។ មនុស្សរមែងប្រើសញ្ញាណរបស់គេផ្ទាល់មកវាយតម្លៃព្រះអង្គ ឬមកធ្វើការទាមទារហួសហេតុពីព្រះជាម្ចាស់។ ប៉ុន្តែមកទល់សព្វថ្ងៃនេះ មនុស្សជាច្រើនមិនដឹងសោះថា ចំណេះដឹងរបស់ពួកគេ សុទ្ធតែជាការបន្សំឡើងពីសញ្ញាណរបស់ពួកគេផ្ទាល់សុទ្ធសាធ។ ទោះបីព្រះជាម្ចាស់យកកំណើតជាមនុស្សក្នុងយុគសម័យ ឬទីកន្លែងណាក៏ដោយ ក៏គោលការណ៍សម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅតែមិនផ្លាស់ប្ដូរដដែល។ ទ្រង់មិនអាចក្លាយជាសាច់ឈាម ហើយលើកសាច់ឈាមឱ្យខ្ពស់នៅក្នុងកិច្ចការរបស់ទ្រង់នោះឡើយ និងរឹតតែមិនអាចក្លាយជាសាច់ឈាម ហើយមិនធ្វើការក្នុងភាពជាមនុស្សធម្មតានៃសាច់ឈាមទៅទៀត។ ពុំនោះទេ សារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នឹងរលាយជាអសារឥតការ ហើយព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម នឹងក្លាយជារឿងឥតន័យទាំងស្រុង។ ជាងនេះទៅទៀត មានតែព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ប៉ុណ្ណោះ (ព្រះវិញ្ញាណ) ជ្រាបពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាផ្សេងដឹងឡើយ សូម្បីតែសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់ ឬទេវទូតពីស្ថានសួគ៌ក្ដី។ ហេតុនេះទើបកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នោះរឹតតែធម្មតា និងរឹតតែប្រសើរ ក្នុងការបង្ហាញឱ្យឃើញថា ព្រះបន្ទូលពិតជាបានត្រឡប់ជាសាច់ឈាមមែន ហើយសាច់ឈាមនោះ គឺជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។

អ្នកខ្លះប្រហែលជាឆ្ងល់ថា «ហេតុអ្វីក៏យុគសម័យនេះ ត្រូវចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ? តើមនុស្សមិនអាចធ្វើជំនួសទ្រង់បានទេមែនទេ?» អ្នករាល់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម សម្រាប់ការបើកបង្ហាញនូវគោលបំណងដ៏ជាក់លាក់មួយ ចាប់យុគសម័យថ្មីមួយ ហើយពិតណាស់ ពេលទ្រង់ចាប់ផ្ដើមយុគសម័យថ្មី ទ្រង់នឹងបញ្ចប់យុគសម័យចាស់ ក្នុងពេលជាមួយគ្នាតែម្ដង។ ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រអង្គយាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីការគ្រប់គ្រងរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្ត ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត។ ក្នុងគ្រប់យុគសម័យដែលត្រូវបានដឹកនាំដោយព្រះជាម្ចាស់ មនុស្សបានរួចខ្លួនមួយចំណែក ដូច្នេះហើយ មនុស្សអាចវិវឌ្ឍទៅមុខព្រមជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឈានទៅរកយុគសម័យថ្មី។ ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះរបស់មនុស្សទាំងអស់ដែលដើរតាមទ្រង់។ ប្រសិនបើការរត់ប្រណាំងរបស់មនុស្ស ត្រូវបានដាក់បន្ទុកដោយសារបញ្ចប់យុគសម័យ នោះទោះបីជាតាមទស្សនៈរបស់មនុស្ស ឬសាតាំង ក៏ការរត់ប្រណាំងនេះ គ្មានអ្វីក្រៅតែពីទង្វើទាស់ប្រឆាំង ឬក្បត់ព្រះជាម្ចាស់តែប៉ុណ្ណោះ មិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការរបស់មនុស្សនឹងក្លាយជាឧបករណ៍ប្រើប្រាស់សម្រាប់សាតាំងវិញ។ ទាល់តែមនុស្សស្ដាប់បង្គាប់ និងធ្វើតាមព្រះជាម្ចាស់ នៅក្នុងយុគសម័យដែលចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ទាំងស្រុង ទើបសាតាំងអាចជឿទាំងស្រុងបាន ដ្បិតនោះហើយគឺជាភារកិច្ចរបស់មនុស្ស។ ហេតុនេះ ខ្ញុំនិយាយថា អ្នករាល់គ្នាត្រូវតែធ្វើតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះគឺបានហើយ គ្មានអ្វីតម្រូវពីអ្នករាល់គ្នាទៀតទេ។ នេះហើយគឺជាអត្ថន័យថាឱ្យមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ហើយឱ្យម្នាក់ៗបំពេញមុខងាររបស់ខ្លួនឯងរៀងៗខ្លួន។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយមនុស្សពុំចាំបាច់មកធ្វើកិច្ចការជំនួសទ្រង់ទេ ហើយទ្រង់ក៏មិនរួមចំណែកក្នុងកិច្ចការរបស់មនុស្សលោកដែរ។ មនុស្សបំពេញភារកិច្ចរបស់គេ ហើយក៏មិនរួមចំណែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ នេះទើបជាការស្ដាប់បង្គាប់ និងជាភស្តុតាងបញ្ជាក់ពីភាពបរាជ័យរបស់សាតាំង។ បន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់ បានបញ្ចប់ការចាប់ផ្ដើមយុគសម័យថ្មី ទ្រង់លែងយាងចុះមកធ្វើកិច្ចការនៅក្នុងចំណោមមនុស្សជាតិ ដោយអង្គអ្នកទៀតហើយ។ លុះត្រាតែបែបនោះ ទើបមនុស្សឈានចូលទៅក្នុងយុគសម័យថ្មីជាផ្លូវការ ដើម្បីបំពេញភារកិច្ចរបស់គេ និងអនុវត្តបេសកកម្មរបស់គេ ក្នុងភាពជាមនុស្សលោក។ ទាំងអស់នេះ គឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ ជាគោលការណ៍ដែលគ្មាននរណាម្នាក់អាចប្រព្រឹត្តរំលងបាន។ ទាល់តែធ្វើការតាមរបៀបនេះ ទើបមានសុភវិនិច្ឆ័យ និងសមហេតុផល។ កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឱ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល»។ គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!

ខាង​ដើម៖ ការអនុវត្ត (២)

បន្ទាប់៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ