ជំពូកទី ៩០
អស់អ្នកណាដែលខ្វាក់ ត្រូវតែចាកចេញពីខ្ញុំ ហើយមិនត្រូវនៅតទៅទៀតទេ ដោយសារតែអ្នកដែលខ្ញុំចង់បាន គឺអ្នកដែលអាចស្គាល់ខ្ញុំ អ្នកដែលអាចមើលឃើញខ្ញុំ និងអ្នកដែលអាចទទួលបានរបស់សព្វសារពើពីខ្ញុំ។ ហើយ តើនរណាដែលពិតជាអាចទទួលបានរបស់សព្វសារពើពីខ្ញុំ? ច្បាស់ជាមានមនុស្សប្រភេទនេះតិចតួចបំផុត ហើយពួកគេច្បាស់ជានឹងទទួលបានព្រះពររបស់ខ្ញុំ។ ខ្ញុំស្រឡាញ់មនុស្សទាំងនេះ ហើយខ្ញុំនឹងជ្រើសរើសពួកគេម្ដងមួយៗ ដើម្បីឱ្យមកនៅខាងស្ដាំរបស់ខ្ញុំ ដើម្បីក្លាយជាការបើកបង្ហាញរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់សរសើរតម្កើងខ្ញុំដោយឥតឈប់ ដោយការអបអរសាទរជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងនេះ។ ឱ ភ្នំស៊ីយ៉ូនអើយ! ចូរលើកទង់ជ័យឡើង ហើយអបអរសាទរខ្ញុំ! ដោយសារខ្ញុំយាងកាត់ទូទាំងសកលលោក និងទៅដល់ចុងបំផុតនៃផែនដី ដោយគ្របដណ្ដប់គ្រប់ច្រកល្ហករបស់ភ្នំ ទន្លេ និងរបស់សព្វសារពើ មុនពេលដែលខ្ញុំយាងត្រឡប់មកទីនេះម្ដងទៀត។ ខ្ញុំយាងត្រឡប់មកយ៉ាងជោគជ័យ ជាមួយនឹងសេចក្ដីសុចរិត ការជំនុំជម្រះ សេចក្ដីក្រោធ និងការដុតបញ្ឆេះ ហើយជាងនេះទៅទៀត ខ្ញុំយាងត្រឡប់មកជាមួយពួកកូនប្រុសច្បងរបស់ខ្ញុំ។ របស់សព្វសារពើដែលខ្ញុំស្អប់ ហើយមនុស្សទាំងអស់ បញ្ហាទាំងអស់ និងវត្ថុទាំងអស់ដែលខ្ញុំស្អប់ នោះខ្ញុំនឹងច្រានចោលទៅឆ្ងាយ។ ខ្ញុំមានជ័យជម្នះ ហើយខ្ញុំបានបញ្ចប់គ្រប់អ្វីៗដែលខ្ញុំចង់ធ្វើ។ តើនរណាហ៊ាននិយាយថា ខ្ញុំមិនបានបញ្ចប់កិច្ចការរបស់ខ្ញុំ? តើនរណាហ៊ាននិយាយថា ខ្ញុំមិនបានទទួលពួកកូនប្រុសច្បងរបស់ខ្ញុំ? តើនរណាហ៊ាននិយាយថា ខ្ញុំមិនបានត្រឡប់មកដោយជ័យជម្នះ? មនុស្សបែបនេះ គឺច្បាស់ជាប្រភេទរបស់សាតាំងជាមិនខាន។ ពួកគេគឺជាអ្នកដែលពិបាកនឹងទទួលការលើកលែងទោសរបស់ខ្ញុំ។ ពួកគេខ្វាក់ ពួកគេជាអារក្សដ៏ស្មោកគ្រោក ហើយខ្ញុំស្អប់ពួកគេបំផុត។ ខ្ញុំនឹងចាប់ផ្ដើមបើកសម្ដែងសេចក្ដីក្រោធរបស់ខ្ញុំ និងការជំនុំជម្រះទាំងស្រុងរបស់ខ្ញុំចំពោះអ្វីៗទាំងនេះ ហើយតាមរយៈភ្លើងដែលកំពុងឆេះដ៏សន្ធោសន្ធៅរបស់ខ្ញុំ នោះខ្ញុំនឹងបញ្ឆេះសកលលោក និងផែនដីចាប់ពីចុងម្ខាងរហូតដល់ចុងម្ខាង ដោយការស្រាយបំភ្លឺគ្រប់ច្រកល្ហក។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។
នៅពេលដែលអ្នកបានយល់ព្រះបន្ទូលរបស់ខ្ញុំ នោះអ្នកគួរតែទទួលបានភាពលួងលោមពីព្រះបន្ទូលទាំងនោះ។ អ្នកមិនត្រូវឱ្យព្រះបន្ទូលទាំងនោះកន្លងផុតទៅដោយឥតយកចិត្តទុកដាក់ឡើយ។ សូរសៀងនៃការជំនុំជម្រះ កើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាស្ពឹក និងមិនដឹងអ្វីសោះអ៊ីចឹង? ហេតុអ្វីបានជាអ្នកមិនសហការជាមួយខ្ញុំ? តើអ្នកពិតជាសុខចិត្តទៅឋាននរកមែនទេ? ខ្ញុំមានបន្ទូលថា ខ្ញុំគឺជាព្រះជាម្ចាស់នៃសេចក្ដីមេត្តាករុណាចំពោះពួកកូនប្រុសច្បង ចំពោះពួកកូនប្រុស និងចំពោះប្រជារាស្ដ្ររបស់ខ្ញុំ ដូច្នេះ តើអ្នកយល់យ៉ាងណាដែលចំពោះការនេះ? នេះមិនមែនជាការថ្លែងធម្មតាទេ ហើយវាគួរតែត្រូវបានយល់ចេញពីការយល់ឃើញបែបវិជ្ជមាន។ ឱ មនុស្សខ្វាក់អើយ! ខ្ញុំបានសង្គ្រោះអ្នករាល់គ្នាជាច្រើនលើក ដោយនាំយកអ្នករាល់គ្នាចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយចេញពីការវាយផ្ចាល ប្រយោជន៍ឱ្យអ្នកអាចទទួលបានសេចក្ដីសន្យារបស់ខ្ញុំ ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះទ័យរបស់ខ្ញុំអ៊ីចឹង? តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចត្រូវបានសង្គ្រោះតាមរបៀបនេះទេ? សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំ មិនបង្ហាញសេចក្ដីមេត្តាករុណាដល់សាតាំងទេ។ ប៉ុន្តែ ចំពោះអ្នករាល់គ្នា គោលបំណងនៃអ្វីៗទាំងនេះ គឺដើម្បីសង្គ្រោះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាគ្រាន់តែមិនយល់ពីនិស្ស័យរបស់ខ្ញុំប៉ុណ្ណោះ ហើយអ្នករាល់គ្នាក៏មិនដឹងពីគោលការណ៍នៅពីក្រោយសកម្មភាពរបស់ខ្ញុំដែរ។ អ្នករាល់គ្នាបានគិតថា ខ្ញុំមិនបែងចែកអំពីភាពធ្ងន់ធ្ងរនៃសកម្មភាពនានារបស់ខ្ញុំទេ ហើយថា ខ្ញុំមិនបែងចែករវាងគោលដៅនៃសកម្មភាពរបស់ខ្ញុំទេ។ អីក៏ល្ងង់ម៉្លេះ! ខ្ញុំអាចទតឃើញមនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់បានយ៉ាងច្បាស់។ ខ្ញុំយល់យ៉ាងច្បាស់អំពីលក្ខណៈរបស់មនុស្សម្នាក់ៗ មានន័យថា ខ្ញុំទតឃើញធ្លុះទាំងស្រុងនូវអ្វីៗដែលមនុស្សមាននៅក្នុងពួកគេ។ ខ្ញុំអាចទតឃើញយ៉ាងច្បាស់ ថាតើមនុស្សនេះគឺជាស្រីឥតកេរ្ដិ៍ខ្មាស ឬជាស្រីសំផឹង ហើយខ្ញុំដឹងថាអ្នកណាធ្វើអ្វីដោយអាថ៌កំបាំងទៀតផង។ មនុស្សចង្រៃអើយ ចូរកុំសម្ញែងសម្រស់របស់អ្នកនៅចំពោះព្រះភ័ក្ដ្ររបស់ខ្ញុំឱ្យសោះ! ចូរចេញពីទីនេះភ្លាមទៅ! ដូច្នេះ ដើម្បីកុំឱ្យនាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ នោះខ្ញុំមិនប្រើមនុស្សប្រភេទនោះទេ! ពួកគេមិនអាចធ្វើបន្ទាល់អំពីព្រះនាមរបស់ខ្ញុំបានទេ ផ្ទុយទៅវិញ ពួកគេធ្វើសកម្មភាពដែលនាំឱ្យខូចប្រយោជន៍ ហើយនាំយកភាពអាម៉ាស់មកដាក់គ្រួសាររបស់ខ្ញុំ! ពួកគេនឹងត្រូវបានបណ្ដេញចេញពីដំណាក់របស់ខ្ញុំមួយរំពេច។ ខ្ញុំមិនចង់បានពួកគេទេ ហើយខ្ញុំនឹងមិនអត់ទ្រាំនឹងការពន្យារពេលសូម្បីតែមួយវិនាទីឡើយ! ចំពោះមនុស្សទាំងនោះ មិនថាពួកគេស្វែងរកតាមវិធីណានោះទេ គឺវាឥតប្រយោជន៍ឡើយ ដោយសារនៅក្នុងនគររបស់ខ្ញុំ គ្រប់យ៉ាងគឺបរិសុទ្ធ ហើយឥតខ្ចោះ ទោះក្នុងវិធីណាក៏ដោយ។ ប្រសិនបើខ្ញុំមានបន្ទូលថា ខ្ញុំមិនចង់បាននរណាម្នាក់ ហើយនោះរួមទាំងរាស្ត្ររបស់ខ្ញុំផ្ទាល់ផង គឺខ្ញុំចង់មានន័យដូច្នោះឯង។ ចូរកុំរង់ចាំខ្ញុំប្ដូរព្រះទ័យរបស់ខ្ញុំឡើយ។ ខ្ញុំមិនខ្វល់ថា កាលពីមុនអ្នកល្អចំពោះខ្ញុំបែបណានោះទេ!
ខ្ញុំបើកសម្ដែងអាថ៌កំបាំងចំពោះអ្នករាល់គ្នាជារៀងរាល់ថ្ងៃ។ តើអ្នករាល់គ្នាដឹងពីវិធីសាស្ត្រនៃការមានបន្ទូលរបស់ខ្ញុំទេ? តើអ្វីគឺជាមូលដ្ឋានដែលខ្ញុំបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំ? តើអ្នករាល់គ្នាដឹងទេ? អ្នករាល់គ្នាតែងតែនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលផ្គត់ផ្គង់សម្រាប់អ្នករាល់គ្នានៅពេលដែលត្រូវការ ដូច្នេះ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេចអំពីការយល់ឃើញទាំងនេះ? ខ្ញុំបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំចំពោះអ្នករាល់គ្នាម្ដងមួយៗ ស្របតាមជំហាននៃកិច្ចការរបស់ខ្ញុំ ហើយខ្ញុំផ្គត់ផ្គត់ឱ្យអ្នករាល់គ្នា ស្របតាមផែនការរបស់ខ្ញុំ ហើយជាងនេះទៅទៀត គឺស្របតាមកម្ពស់ពិតរបស់អ្នករាល់គ្នា (នៅពេលណាក៏ដោយដែលការផ្គត់ផ្គង់របស់ខ្ញុំត្រូវបានលើកយកមកនិយាយ នោះវាសំដៅទៅលើមនុស្សម្នាក់ៗនៅក្នុងនគរព្រះ)។ វិធីសាស្ត្រនៃការមានបន្ទូលរបស់ខ្ញុំគឺដូច្នេះ៖ ចំពោះមនុស្សនៅក្នុងដំណាក់របស់ខ្ញុំ ខ្ញុំប្រទានការកម្សាន្តចិត្ត ខ្ញុំផ្គត់ផ្គង់ពួកគេ ហើយខ្ញុំជំនុំជម្រះពួកគេ។ ចំពោះសាតាំង ខ្ញុំមិនបង្ហាញសេចក្ដីមេត្តាករុណាឡើយ សូម្បីតែប៉ុនសរសៃអម្បោះ ហើយគ្រប់យ៉ាងគឺជាសេចក្ដីក្រោធ និងការដុតបញ្ឆេះ។ ខ្ញុំនឹងប្រើប្រាស់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដើម្បីបណ្ដេញអស់អ្នកណាដែលខ្ញុំមិនបានកំណត់ទុកជាមុន ឬមិនបានរើសតាំង ចេញពីដំណាក់ខ្ញុំម្ដងមួយៗ។ មិនត្រូវមានអារម្មណ៍ខ្វល់ខ្វាយឡើយ។ បន្ទាប់ពីខ្ញុំបណ្ដាលឱ្យពួកគេបើកសម្ដែងសណ្ឋានដើមរបស់ពួកគេរួចហើយ (បន្ទាប់ពីពួកគេបម្រើពួកកូនប្រុសរបស់ខ្ញុំ នៅពេលដែលទីបញ្ចប់មកដល់) នោះពួកគេនឹងត្រឡប់ទៅកាន់ជង្ហុកធំ បើមិនដូច្នោះទេ ខ្ញុំនឹងមិនដែលឱ្យបញ្ហានេះស្ងប់ស្ងាត់ឡើយ ហើយខ្ញុំក៏នឹងមិនឱ្យវារួចខ្លួនដែរ។ មនុស្សតែងតែលើកឡើងអំពីឋាននរក និងស្ថានឃុំព្រលឹង។ ប៉ុន្តែ តើពាក្យទាំងពីរនេះសំដៅលើអ្វី ហើយអ្វីគឺជាភាពខុសគ្នារវាងពាក្យទាំងពីរនេះ? តើពួកវាពិតជាសំដៅលើកន្លែងដែលងងឹត និងត្រជាក់ឬ? ចិត្តរបស់មនុស្សតែងតែរំខានការគ្រប់គ្រងរបស់ខ្ញុំ ដោយគិតថា ការសញ្ជឹងគិតម្ដងម្កាលផ្ទាល់ខ្លួនរបស់ពួកគេ គឺល្អឥតខ្ចោះ! ប៉ុន្តែទាំងអស់នេះគឺគ្មានអ្វីក្រៅពីការគិតស្រមៃផ្ទាល់ខ្លួនរបស់ពួកគេទេ។ ទាំងស្ថានឃុំព្រលឹង និងឋាននរក សំដៅលើវិហារនៃភាពស្មោកគ្រោក ដែលសាតាំងរស់នៅ ឬវិញ្ញាណអាក្រក់រស់នៅកាលពីមុន។ មានន័យថា អ្នកណាក៏ដោយដែលត្រូវបានសាតាំង ឬវិញ្ញាណអាក្រក់កាន់កាប់កាលពីមុន គឺពួកគេនោះហើយដែលជាស្ថានឃុំព្រលឹង ហើយគឺពួកគេនោះហើយគឺជាឋាននរក គ្មានការយល់ច្រឡំទេ! នេះគឺជាមូលហេតុដែលខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតកាលពីអតីតកាលថា ខ្ញុំមិនរស់នៅក្នុងវិហារនៃភាពស្មោកគ្រោកឡើយ។ តើខ្ញុំ (ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ) អាចរស់នៅក្នុងស្ថានឃុំព្រលឹង ឬឋាននរកបានទេ? តើនោះមិនមែនជារឿងដែលមិនសមហេតុផលដ៏គួរឱ្យចង់សើចទេឬ? ខ្ញុំបានមានបន្ទូលអំពីរឿងនេះច្រើនដងមកហើយ ប៉ុន្តែអ្នករាល់គ្នានៅតែមិនយល់ពីអ្វីដែលខ្ញុំចង់សំដៅលើ។ បើប្រៀបធៀបទៅនឹងឋាននរក ស្ថានឃុំព្រលឹងត្រូវបានសាតាំងធ្វើឱ្យពុករលួយធ្ងន់ធ្ងរជាង។ អស់អ្នកដែលសម្រាប់ស្ថានឃុំព្រលឹង គឺជាករណីដ៏ធ្ងន់ធ្ងរបំផុត ហើយខ្ញុំមិនបានកំណត់ទុកជាមុននូវមនុស្សទាំងនេះទេ។ អស់អ្នកដែលសម្រាប់ឋាននរក គឺជាអ្នកដែលខ្ញុំបានកំណត់ទុកជាមុន ហើយក្រោយមកត្រូវបានផាត់ចោល។ និយាយឱ្យងាយស្ដាប់ទៅ ខ្ញុំមិនបានជ្រើសរើសមនុស្សទាំងនេះសូម្បីតែម្នាក់។
ជារឿយៗ មនុស្សបង្ហាញខ្លួនឯងថាជាអ្នកជំនាញខាងការយល់ច្រឡំព្រះបន្ទូលរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនចង្អុលបង្ហាញ និងបញ្ជាក់អ្វីៗឱ្យច្បាស់ម្ដងបន្តិចៗទេ នោះតើនរណាក្នុងចំណោមអ្នករាល់គ្នានឹងយល់បាន? សូម្បីតែព្រះបន្ទូលដែលខ្ញុំថ្លែងក៏ដោយ ក៏អ្នករាល់គ្នាគ្រាន់តែជឿពាក់កណ្ដាលប៉ុណ្ណោះ កុំថាឡើយអ្វីៗដែលមិនបានលើកឡើងពីមុននោះ។ ពេលនេះ ជម្លោះផ្ទៃក្នុងចាប់ផ្ដើមនៅក្នុងជាតិសាសន៍ទាំងអស់៖ កម្មករកំពុងមានជម្លោះជាមួយអ្នកដឹកនាំ សិស្សមានជម្លោះជាមួយគ្រូ ប្រជាពលរដ្ឋមានជម្លោះជាមួយមន្ត្រីរដ្ឋាភិបាល ហើយគ្រប់សកម្មភាពដូចជាសកម្មភាពទាំងនេះដែលបង្កឱ្យមានភាពចលាចល គឺដំបូងឡើយកើតឡើងនៅក្នុងជាតិសាសន៍នីមួយៗ ហើយទាំងអស់នេះគ្រាន់តែជាផ្នែកមួយនៃការបម្រើដែលត្រូវបានថ្វាយមកខ្ញុំប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ការបម្រើត្រូវបានថ្វាយមកខ្ញុំតាមរយៈអ្វីៗទាំងនេះវិញ? តើខ្ញុំសព្វព្រះទ័យនឹងភាពអកុសលរបស់មនុស្សឬ? តើខ្ញុំគង់នៅក្បែរ ដោយឥតយកព្រះទ័យទុកដាក់ឬ? ច្បាស់ជាមិនមែនទេ! ដោយសារនេះគឺ សាតាំងកំពុងត្រូវបានគ្រវែងចេញទៅក្នុងការឈឺចាប់នៃសេចក្ដីស្លាប់របស់វា ហើយគោលបំណងនៃអ្វីៗទាំងអស់នេះ គឺដើម្បីតម្រង់ផ្នែកអវិជ្ជមានឱ្យបំពេញមុខងារជាវត្ថុឆ្លុះបញ្ចាំងសម្រាប់ព្រះចេស្ដារបស់ខ្ញុំ និងសម្រាប់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ខ្ញុំ។ នេះគឺជាទីបន្ទាល់ដ៏រឹងមាំមួយ ដែលធ្វើបន្ទាល់ពីខ្ញុំ ហើយគឺជាអាវុធមួយដើម្បីវាយប្រហារសាតាំង។ នៅពេលដែលជាតិសាសន៍ទាំងអស់នៃពិភពលោកកំពុងវាយប្រយុទ្ធគ្នាដណ្ដើមទឹកដី និងឥទ្ធិពល នោះពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំសោយរាជ្យជាស្ដេចជាមួយគ្នា ហើយដោះស្រាយជាមួយពួកគេ ហើយវាពិតជាហួសពីការគិតស្រមៃរបស់ពួកគេ ដែលស្ថិតក្រោមស្ថានភាពនៃបរិយាកាសដ៏គួរឱ្យសង្វេគទាំងនេះ នគររបស់ខ្ញុំត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងចំណោមមនុស្ស។ ជាងនេះទៅទៀត នៅពេលដែលពួកគេប្រកួតដណ្ដើមអំណាចគ្នា ហើយមានបំណងចង់ជំនុំជម្រះអ្នកដទៃ នោះអ្នកដទៃក៏ជំនុំជម្រះពួកគេ ហើយពួកគេត្រូវបានដុតបញ្ឆេះដោយសេចក្ដីក្រោធរបស់ខ្ញុំ។ គួរឱ្យអាណិតម្ល៉េះ! គួរឱ្យអាណិតម្ល៉េះ! នគររបស់ខ្ញុំ ត្រូវបានគេស្គាល់នៅក្នុងចំណោមមនុស្ស នេះគឺជាព្រឹត្តិការណ៍មួយដែលប្រកបដោយសិរីល្អ!
ក្នុងនាមជាមនុស្ស (មិនថាជាមនុស្សនៃនគររបស់ខ្ញុំ ឬជាកូនចៅរបស់សាតាំង) អ្នកសុទ្ធតែត្រូវតែមើលឃើញស្នាព្រះហស្ដដ៏អស្ចារ្យរបស់ខ្ញុំ បើមិនដូច្នោះទេ ខ្ញុំនឹងមិនឱ្យបញ្ហានេះស្ងប់ស្ងាត់ទេ។ ទោះបីជាអ្នកព្រមទទួលយកការជំនុំជម្រះរបស់ខ្ញុំក៏ដោយ ក៏វានៅតែមិនអាចទៅរួចដែរ ប្រសិនបើអ្នកមិនបានឃើញទង្វើដ៏អស្ចារ្យរបស់ខ្ញុំ។ មនុស្សទាំងអស់ត្រូវតែជឿដោយចិត្ត ដោយពាក្យសម្ដី និងដោយការមើលឃើញ ហើយគ្មាននរណាម្នាក់អាចត្រូវបានលើកលែងបន្តិចឡើយ។ មនុស្សទាំងអស់ត្រូវតែថ្វាយសិរីល្អដល់ខ្ញុំ។ នៅទីបញ្ចប់ ខ្ញុំនឹងធ្វើឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយសរសើរតម្កើងខ្ញុំចំពោះជ័យជម្នះរបស់ខ្ញុំថែមទៀតផង។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ តើអ្នកនឹងចងចាំវាទេ? មនុស្សទាំងអស់ត្រូវតែសរសើរតម្កើងខ្ញុំដោយឥតឈប់ឈរ ហើយថ្វាយសិរីល្អដល់ខ្ញុំផង!