ជំពូកទី ៨៩
វាមិនងាយស្រួលទេក្នុងការធ្វើអ្វីៗស្របទៅតាមចេតនារបស់ខ្ញុំនោះ។ វាមិនមែនជារឿងត្រូវបង្ខំខ្លួនឯងធ្វើពុតនោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើខ្ញុំបានប្រទាននូវគុណសម្បត្តិរបស់ខ្ញុំដល់អ្នក នៅមុនការបង្កើតលោកីយ៍របស់ខ្ញុំដែរឬទេ។ អ្វីគ្រប់យ៉ាងគឺស្ថិតនៅលើខ្ញុំ។ វាមិនមែនជាអ្វីដែលមនុស្សអាចសម្រេចបាននោះទេ។ ខ្ញុំសព្វព្រះទ័យនឹងនរណាដែលខ្ញុំចង់សព្វព្រះទ័យ ហើយនរណាក៏ដោយដែលខ្ញុំមានព្រះបន្ទូលថាជាកូនប្រុសច្បង គឺច្បាស់ជាកូនប្រុសច្បងហើយ។ នោះពិតជាត្រឹមត្រូវខ្លាំងណាស់! អ្នកប្រហែលចង់បន្លំវា ប៉ុន្តែការធ្វើបែបនេះ នឹងទៅជាអសារឥតការ! តើអ្នកគិតថាខ្ញុំមិនអាចជ្រាបថាអ្នកជានរណាមែនទេ? តើវាល្អគ្រប់គ្រាន់ហើយឬនៅដោយអ្នកគ្រាន់តែបង្ហាញពីឥរិយាបថល្អពេលនៅចំពោះព្រះភ័ក្រខ្ញុំនោះ? តើវាសាមញ្ញបែបនេះមែនទេ? វាគឺមិនមែនសាមញ្ញបែបនេះទេ។ អ្នកត្រូវមានសេចក្ដីសន្យារបស់ខ្ញុំ ហើយអ្នកត្រូវមានការកំណត់ទុកជាមុនរបស់ខ្ញុំផងដែរ។ តើអ្នកគិតថាខ្ញុំមិនដឹងពីអ្វីដែលអ្នកធ្វើពីក្រោយខ្នងរបស់ខ្ញុំមែនទេ? អ្នកលេលាអស់ហើយ! នៅពេលការបម្រើរបស់អ្នកចំពោះខ្ញុំបានបញ្ចប់ ចូរប្រញាប់ត្រឡប់ទៅបឹងភ្លើង និងស្ពាន់ធ័រចុះ! ខ្ញុំមានព្រះទ័យខ្ពើមរអើម និងពោរពេញទៅដោយសេចក្ដីស្អប់ខ្ពើមចំពោះអ្វីដែលខ្ញុំទតឃើញអ្នក។ ចំពោះរាល់ការបម្រើទាំងអស់សម្រាប់ខ្ញុំ អស់អ្នកណាដែលមិនលះបង់ខ្លួនឯងដើម្បីខ្ញុំដោយស្មោះត្រង់ អស់អ្នកណាដែលប្រព្រឹត្តខុសឆ្គងនិងធូររលុងពេក និងអស់អ្នកណាដែលមិនអាចចាប់យល់ពីចេតនារបស់ខ្ញុំទេ បន្ទាប់ពីការបម្រើរបស់អ្នកបានបញ្ចប់ទៅ ចូរប្រញាប់ចេញឱ្យផុតពីព្រះភ័ក្ររបស់ខ្ញុំទៅ! បើពុំដូច្នេះទេ ខ្ញុំនឹងទាត់អ្នកចេញហើយ! មនុស្សទាំងអស់នេះអាចមិនស្នាក់នៅក្នុងដំណាក់របស់ខ្ញុំ (ដូចជាក្រុមជំនុំជាដើម) ឱ្យបានយូរជាងនេះឡើយ។ ពួកគេត្រូវតែចេញពីទីនេះ ដើម្បីកុំឱ្យអាប់ឱនដល់ព្រះនាមរបស់ខ្ញុំ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ មនុស្សទាំងអស់នេះ គឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម។ នាគដ៏ធំមានសម្បុរក្រហម បានបញ្ជូនពួកគេឱ្យមកដើម្បីរំខានដល់ការគ្រប់គ្រងរបស់ខ្ញុំ។ ពួកគេមានជំនាញក្នុងការបោកបញ្ឆោតដើម្បីរំខានដល់កិច្ចការរបស់ខ្ញុំ។ កូនប្រុសរបស់ខ្ញុំអើយ! អ្នកត្រូវតែមើលឱ្យធ្លុះអំពីសេចក្ដីនេះ! មិនត្រូវរាប់អានជាមួយមនុស្សបែបនេះឡើយ។ នៅពេលអ្នកឃើញមនុស្សប្រភេទនេះ ត្រូវប្រញាប់គេចចេញឱ្យឆ្ងាយពីពួកគេ ដើម្បីជៀសវាងកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ។ វាអាចធ្វើឱ្យជីវិតរបស់អ្នកមានគ្រោះថ្នាក់បាន! ខ្ញុំមានព្រះទ័យស្អប់បំផុតនឹងមនុស្សទាំងអស់នោះ ដែលនិយាយដោយគ្មានប្រុងប្រយ័ត្នសោះ មនុស្សដែលធ្វើអ្វីមិនចេះគិត មនុស្សដែលគ្រាន់តែនិយាយកំប្លែងនិងសើចលេង និងមនុស្សដែលនិយាយលេងសើចឥតបានការ។ ខ្ញុំមិនចង់បានមនុស្សណាម្នាក់ពីពួកនោះទេ។ ពួកគេសុទ្ធតែជាមនុស្សរបស់សាតាំង! ពួកគេនិយាយបន្ដុះបង្អាប់ដោយគ្មានហេតុផលទាល់តែសោះ។ តើសត្តនិករទាំងនេះជាអ្វីដែរ? ពួកគេនិយាយគ្មានបានការ និងរំខានដល់គេឯង។ តើពួកគេនៅតែគ្មានអារម្មណ៍ខ្មាសអៀនសោះមែនទេ? តាមពិត ប្រភេទមនុស្សបែបនេះមានតម្លៃតិចតួច ហើយតាំងពីយូរយារណាស់មកហើយ ខ្ញុំបានទតឃើញធ្លុះពីពួកគេ និងបានបោះបង់ពួកគេចោលរួចហើយ។ ប្រសិនបើខ្ញុំមិនបានបោះបង់ពួកគេ តើហេតុអ្វីបានជាពួកគេនៅតែនិយាយឥតបានការដដែលៗ ដោយគ្មានទទួលនូវការប្រៀនប្រដៅរបស់ខ្ញុំ? ពួកគេគឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម! ពេលនេះ ខ្ញុំបានចាប់ផ្ដើមកម្ចាត់របស់ទាំងនេះចេញម្ដងមួយៗហើយ។ តើខ្ញុំអាចប្រើប្រាស់កូនចៅរបស់សាតាំងធ្វើជាពួកកូនប្រុសច្បងរបស់ខ្ញុំ ជាពួកកូនប្រុសរបស់ខ្ញុំ និងជារាស្រ្តរបស់ខ្ញុំបានដែរឬទេ? ដូច្នេះ តើខ្ញុំនឹងមិនវង្វេងវង្វាន់ទេឬ? ខ្ញុំនឹងមិនធ្វើបែបនេះជាដាច់ខាត។ តើអ្នករាល់គ្នាមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីនេះទេ?
អ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាជួបប្រទះនៅថ្ងៃនេះ មិនថាល្អឬអាក្រក់នោះទេ គឺសុទ្ធតែត្រូវរៀបចំដោយព្រះហស្ដដ៏មានប្រាជ្ញាញាណរបស់ខ្ញុំទាំងអស់។ គ្រប់កិច្ចការទាំងអស់ ត្រូវខ្ញុំបានចាត់ចែង និងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ។ នេះគឺមិនមែនជាអ្វីដែលមនុស្សជាតិអាចសម្រេចបានដោយងាយស្រួលនោះទេ។ មនុស្សខ្លះនៅតែបែកញើសជោគដៃដោយព្រួយបារម្ភចំពោះខ្ញុំ ប៉ុន្តែពួកគេពិតជាមិនចាំបាច់ត្រូវព្រួយបារម្ភនោះទេ! ពួកគេមិនអើពើនឹងកិច្ចការធំរបស់ពួកគេ និងមិនស្វែងរកដើម្បីចូលទៅក្នុងព្រះវិញ្ញាណទេ ប៉ុន្តែពួកគេនៅតែប្រាថ្នាចង់បានធំធាត់នៅក្នុងជីវិតដដែល។ ពួកគេសង្ឃឹមទាំងអសារឥតការ! ពួកគេគ្មានខ្វាយខ្វល់អ្វីទាល់តែសោះ តែពួកគេនៅតែចង់បំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំទៀត! អ្នកព្រួយបារម្ភជួសខ្ញុំ ប៉ុន្តែខ្ញុំពុំបានព្រួយព្រះទ័យឡើយ។ តើអ្នកព្រួយបារម្ភអំពីអ្វីខ្លះ? កិច្ចការរបស់អ្នកសម្រាប់ខ្ញុំ គឺគ្រាន់តែធ្វើឱ្យតែរួចពីដៃ ហើយអ្នកនិយាយភូតកុហកទាំងស្រុង។ ខ្ញុំសូមប្រាប់អ្នកចុះ! ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបណ្ដេញមនុស្សដូចជាអ្នកចេញពីដំណាក់របស់ខ្ញុំ។ មនុស្សបែបនេះមិនមានតម្លៃនឹងបម្រើខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំឡើយ។ ខ្ញុំស្អប់ពួកគេដោយសារពួកគេប្រមាថខ្ញុំដោយទង្វើរបស់ពួកគេ។ នៅពេលគេនិយាយថា «ការប្រមាថទាស់នឹងខ្ញុំ គឺជាអំពើបាបដែលមិនអាចអត់ទោសឱ្យបាន» តើនេះចង់សំដៅដល់នរណា? តើអ្នករាល់គ្នាយល់ច្បាស់អំពីសេចក្ដីនេះដែរឬទេ? មនុស្សបែបនេះជឿថាបញ្ហានោះមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ បើទោះបីជាគេបានប្រព្រឹត្តអំពើបាបនេះក្ដី។ ពិតណាស់ មនុស្សវង្វេងនេះ គឺជាមនុស្សខ្វាក់និងល្ងង់ខ្លៅ ហើយវិញ្ញាណរបស់គេត្រូវបានបិទបាំងជិត! ខ្ញុំនឹងទាត់អ្នកចេញ! (ដោយសារនេះគឺជាសេចក្ដីល្បួងរបស់សាតាំងមកលើខ្ញុំ ខ្ញុំស្អប់វាខ្លាំងណាស់ ហើយរឿងនេះត្រូវបានគេនិយាយដដែលៗ ដោយធ្វើឱ្យខ្ញុំក្រេវក្រោធគ្រប់ពេល។ ខ្ញុំមិនអាចទប់សេចក្ដីក្រោធរបស់ខ្ញុំបានទេ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់វាបានទេ។ ពេលវេលាមិនទាន់មកដល់នៅឡើយទេ បើពុំដូច្នេះសោត ខ្ញុំនឹងបានដោះស្រាយជាមួយមនុស្សនោះជាយូរណាស់មកហើយ!) (នេះគឺជាការពិតដែលថា នៅពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលនៅតែមិនជឿថាពួកជនបរទេសនឹងទៅប្រមូលផ្ដុំនៅក្នុងប្រទេសចិន។ សូម្បីតែពេលនេះ ពួកគេនៅតែមិនជឿដដែល ហើយនេះគឺធ្វើឱ្យសេចក្ដីក្រោធរបស់ខ្ញុំខ្ជោលនិងពុះឡើង។)
នៅក្នុងដំណាក់របស់ខ្ញុំ តើមនុស្សប្រភេទណាឱ្យប្រាកដទៅដែលជាអ្នកផ្គាប់តាមដួងព្រះហឫទ័យរបស់ខ្ញុំ? ពោលគឺ នៅមុនពេលនៃការបង្កើតគ្រប់សព្វសារពើ តើមនុស្សប្រភេទណាដែលខ្ញុំបានកំណត់ទុកជាមុនដើម្បីរស់នៅក្នុងដំណាក់របស់ខ្ញុំជារៀងដរាបនោះ? តើអ្នករាល់គ្នាដឹងដែរឬទេ? តើអ្នករាល់គ្នាបានគិតគូរថាតើមនុស្សប្រភេទណាដែលខ្ញុំសព្វព្រះទ័យ ហើយមនុស្សប្រភេទណាដែលខ្ញុំស្អប់ដែរឬទេ? ដំណាក់របស់ខ្ញុំគឺសម្រាប់អស់អ្នកណាដែលមានចិត្តគំនិតដូចខ្ញុំ និងអស់អ្នកណាដែលរួមសុខនិងទុក្ខជាមួយខ្ញុំ ពោលគឺជាមនុស្សដែលចែករំលែកទាំងព្រះពរនិងការលំបាកជាមួយគ្នា។ មនុស្សទាំងអស់នេះ សុទ្ធតែអាចស្រឡាញ់អ្វីដែលខ្ញុំសព្វព្រះទ័យ និងស្អប់អ្វីដែលខ្ញុំមិនសព្វព្រះទ័យ។ ពួកគេអាចលះបង់អ្វីដែលខ្ញុំមិនសព្វព្រះទ័យបាន។ ប្រសិនបើខ្ញុំមានព្រះបន្ទូលថា ពួកគេមិនអាចញ៉ាំបានទេ នោះពួកគេនឹងសុខចិត្តឱ្យក្រពះរបស់ពួកគេនៅទទេស្អាត ដើម្បីបំពេញតាមចេតនារបស់ខ្ញុំ។ មនុស្សប្រភេទនេះគឺសុខចិត្តរក្សាភាពស្មោះត្រង់ចំពោះខ្ញុំ និងលះបង់ខ្លួនឯងដើម្បីខ្ញុំ និងអាចបង្ហាញពីការពិចារណាដល់ការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់ខ្ញុំ ដោយតែងតែខំធ្វើការយ៉ាងខ្លាំងក៏ព្រោះតែខ្ញុំ។ ហេតុនេះ ខ្ញុំប្រគល់ឋានៈជាពួកកូនប្រុសច្បងដល់មនុស្សបែបនេះ ដោយប្រទានគ្រប់ទាំងកម្មសិទ្ធិរបស់ខ្ញុំឱ្យទៅពួកគេផង៖ ខ្ញុំមានសមត្ថភាពក្នុងការដឹកនាំគ្រប់ក្រុមជំនុំទាំងអស់បាន ហើយខ្ញុំក៏ប្រទានសមត្ថភាពនេះដល់ពួកគេដែរ។ ខ្ញុំមានព្រះប្រាជ្ញាញាណ ហើយខ្ញុំក៏ប្រទានប្រាជ្ញានេះដល់ពួកគេដែរ។ ខ្ញុំអាចរងទុក្ខលំបាកដើម្បីតែការអនុវត្តសេចក្ដីពិតបាន ហើយខ្ញុំក៏នឹងប្រទានដល់មនុស្សទាំងនេះនូវការតាំងចិត្តដែរ ដោយធ្វើឱ្យពួកគេអាចរងទុក្ខលំបាកគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ ខ្ញុំមានគុណសម្បត្តិល្អ ហើយខ្ញុំក៏នឹងប្រទានគុណសម្បត្តិនេះដល់ពួកគេដែរ ដោយធ្វើឱ្យពួកគេបានដូចខ្ញុំជាប្រាកដ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចណាសោះ ដើម្បីអ្នកដទៃនឹងបានឃើញខ្ញុំ នៅពេលពួកគេឃើញមនុស្សទាំងអស់នេះ។ ពេលនេះ ខ្ញុំកំពុងបញ្ចូលភាពជាព្រះជាម្ចាស់ពេញលេញរបស់ខ្ញុំទៅក្នុងចំណោមមនុស្សទាំងនេះ ដើម្បីឱ្យពួកគេអាចរស់នៅតាមទិដ្ឋភាពមួយនៃភាពជាព្រះជាម្ចាស់ពេញលេញរបស់ខ្ញុំ ដើម្បីឱ្យពួកគេអាចបើកសម្ដែងពីខ្ញុំបានទាំងស្រុង។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំ។ ចូរកុំស្វែងរកដើម្បីឱ្យបានដូចខ្ញុំតែពីខាងកិច្ចការសំបកក្រៅ (ការញ៉ាំឱ្យបានដូចខ្ញុំ ឬការស្លៀកពាក់ឱ្យបានដូចខ្ញុំ)។ អ្វីទាំងអស់នោះ គឺគ្មានបានការទេ ហើយអ្នកនឹងបានត្រឹមតែបំផ្លាញខ្លួនអ្នករាល់គ្នាតែប៉ុណ្ណោះ ប្រសិនបើអ្នកព្យាយាមធ្វើបែបនេះ។ នេះគឺដោយសារអស់អ្នកណាដែលប៉ុនប៉ងចង់ត្រាប់តាមខ្ញុំតែសំបកក្រៅ គឺជាបាវបម្រើរបស់សាតាំង ហើយការខំប្រឹងប្រែងបែបនេះ គឺជាគ្រោងការរបស់សាតាំង។ វាគឺជាការឆ្លុះបញ្ចាំងពីមហិច្ឆតារបស់សាតាំង។ អ្នកប៉ុនប៉ងចង់ឱ្យបានដូចខ្ញុំ ប៉ុន្តែតើអ្នកមានតម្លៃដែរឬទេ? ខ្ញុំនឹងជាន់ឈ្លីអ្នករហូតដល់ស្លាប់! កិច្ចការរបស់ខ្ញុំកំពុងដំណើរការទៅឥតឈប់ ដោយពង្រីកទៅកាន់គ្រប់ជាតិសាសន៍នៅជុំវិញពិភពលោក។ ចូរប្រញាប់ដើរតាមលំអានរបស់ខ្ញុំចុះ!