មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់

តើសព្វថ្ងៃនេះ អ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាទៅ? តើអ្នកដឹងច្រើនកម្រិតណាអំពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នក? ទាំងនេះគឺជារឿងដែលអ្នកគួរតែរៀនសូត្រ។ នៅពេលដែលព្រះជាម្ចាស់យាងមកដល់ផែនដី គ្រប់យ៉ាងដែលទ្រង់បានធ្វើនៅក្នុងមនុស្ស និងបានអនុញ្ញាតឱ្យមនុស្សមើលឃើញ គឺដើម្បីឱ្យមនុស្សនឹងស្រឡាញ់ទ្រង់ ព្រមទាំងស្គាល់ទ្រង់យ៉ាងពិតប្រាកដ។ ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀត គឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើអ្នកគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឱ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឱ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើសិនទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឱ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន និងមើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឱ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឱ្យគេកាន់តែអាចមានបទពិសោធអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឱ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីលក្ខណៈរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ គ្រាន់តែមានជីវិតគ្រួសារដ៏សុខសប្បាយ ឬគ្រាន់តែមានព្រះពរខាងសម្ភារៈ នោះអ្នកមិនទទួលបានព្រះជាម្ចាស់ឡើយ ហើយជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏មិនអាចត្រូវបានចាត់ទុកថាបានជោគជ័យនោះដែរ។ ព្រះជាម្ចាស់បានអនុវត្តរួចហើយនូវដំណាក់កាលមួយនៃកិច្ចការអំពីព្រះគុណនៅក្នុងសាច់ឈាម ហើយព្រះអង្គក៏បានប្រទានព្រះពរខាងសម្ភារៈដល់មនុស្សរួចហើយដែរ ប៉ុន្តែមនុស្សមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ជាមួយព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាតែម្យ៉ាងនោះឡើយ។ នៅក្នុងបទពិសោធរបស់មនុស្ស គេមានបទពិសោធខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយក៏មើលឃើញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែដោយបានមានបទពិសោធក្នុងរយៈពេលមួយ ដូច្នេះ គេមើលឃើញថា ព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ មិនអាចបើកសម្ដែងអំពីសេចក្តីពុករលួយដែលមាននៅខាងក្នុងមនុស្ស និងមិនអាចជួយឱ្យមនុស្សយកឈ្នះលើនិស្ស័យដ៏ពុករលួយរបស់គេ ព្រមទាំងធ្វើឱ្យសេចក្តីស្រឡាញ់ និងសេចក្តីជំនឿរបស់គេបានគ្រប់លក្ខណ៍នោះឡើយ។ កិច្ចការនៃព្រះគុណរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃអំឡុងពេលមួយ ហើយមនុស្សមិនអាចពឹងអាងលើការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់បានឡើយ។

តើព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អាចប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែតាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីលក្ខណៈនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឱ្យមនុស្សស្គាល់ខ្លួនឯង ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។

តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង គេអាចមើលឃើញថា ទ្រង់បានដាក់ទោសរួចហើយដល់សាច់ឈាមរបស់មនុស្ស។ តើព្រះបន្ទូលទាំងនេះមិនមែនជាព្រះបន្ទូលនៃការដាក់បណ្ដាសាទេឬ? ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង បើកសម្ដែងពីពណ៌សម្បុរដ៏ពិតរបស់មនុស្ស ហើយតាមរយៈការបើកសម្ដែងបែបនេះ មនុស្សត្រូវបានជំនុំជម្រះ ហើយនៅពេលដែលគេមើលឃើញថា ខ្លួនមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គេមានអារម្មណ៍សោកសៅ និងវិប្បដិសារីនៅក្នុងចិត្ត មានអារម្មណ៍ថា គេបានជំពាក់គុណព្រះជាម្ចាស់យ៉ាងខ្លាំង ហើយគេមិនអាចទទួលបានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ មានពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធប្រៀនប្រដៅអ្នកពីខាងក្នុង ហើយការប្រៀនប្រដៅនេះចេញមកពីការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មានពេលខ្លះទៀត ព្រះជាម្ចាស់ស្ដីបន្ទោសអ្នក និងលាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីអ្នក នៅពេលដែលទ្រង់មិនយកព្រះទ័យទុកដាក់ចំពោះអ្នក និងមិនធ្វើការនៅក្នុងអ្នក នោះហើយ ជាពេលដែលទ្រង់វាយផ្ចាលអ្នកដោយស្ងាត់ៗ ដើម្បីបន្សុទ្ធអ្នក។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សត្រូវបានធ្វើឡើងជាចម្បង ដើម្បីជួយឱ្យគេមើលឃើញយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នៅទីបំផុត តើមនុស្សត្រូវធ្វើបន្ទាល់អ្វីខ្លះអំពីព្រះជាម្ចាស់? មនុស្សត្រូវធ្វើបន្ទាល់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ថានិស្ស័យរបស់ទ្រង់គឺជាសេចក្តីសុចរិត សេចក្តីក្រោធ ការវាយផ្ចាល និងការជំនុំជម្រះ ដូច្នេះ មនុស្សត្រូវធ្វើបន្ទាល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើប្រាស់ការជំនុំជម្រះរបស់ទ្រង់ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ទ្រង់បានស្រឡាញ់មនុស្ស ហើយបានសង្រ្គោះមនុស្ស ប៉ុន្តែ តើសេចក្តីស្រឡាញ់របស់ទ្រង់មានផ្ទុកនូវធាតុផ្សំអ្វីខ្លះទៅ? សេចក្តីស្រឡាញ់របស់ទ្រង់មាននូវការជំនុំជម្រះ ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់បណ្ដាសា។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សកាលពីអតីតកាលក៏ដោយ ក៏ទ្រង់មិនបានបោះមនុស្សឱ្យធ្លាក់ជង្ហុកធំទាំងស្រុងឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រើមធ្យោបាយនោះ ដើម្បីបន្សុទ្ធសេចក្តីជំនឿរបស់មនុស្សវិញទេ។ ព្រះអង្គមិនបានសម្លាប់មនុស្សឡើយ ប៉ុន្តែទ្រង់បានធ្វើបែបនេះ ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ លក្ខណៈនៃសាច់ឈាម គឺជាសារជាតិមួយមកពីសាតាំង ហើយព្រះជាម្ចាស់ពិតជាមានបន្ទូលត្រឹមត្រូវមែន ប៉ុន្តែការពិតដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ មិនត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះអង្គដាក់បណ្ដាសាអ្នក ដើម្បីឱ្យអ្នកអាចស្រឡាញ់ទ្រង់ និងដើម្បីឱ្យអ្នកអាចស្គាល់ពីលក្ខណៈនៃសាច់ឈាម។ ព្រះអង្គវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកអាចភ្ញាក់ខ្លួន ជួយឱ្យអ្នកដឹងអំពីសេចក្តីកម្សោយដែលមានខាងក្នុងអ្នក និងដឹងអំពីភាពគ្មានតម្លៃទាល់តែសោះរបស់មនុស្ស។ ហេតុដូចនេះ ការដាក់បណ្ដាសា ការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានប្រើ ដើម្បីធ្វើប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ហើយនិស្ស័យដ៏សុចរិតដែលទ្រង់បើកសម្ដែងឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់នោះ គឺដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ នេះហើយជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

នៅក្នុងសញ្ញាណបែបប្រពៃណីរបស់មនុស្ស គេជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូររបស់ទ្រង់ចំពោះសេចក្តីកម្សោយរបស់មនុស្ស។ ទោះបីសេចក្តីទាំងនេះជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ដោយ ក៏សេចក្តីទាំងនេះជាជ្រុងមួយប៉ុណ្ណោះ ហើយវាមិនមែនជាមធ្យោបាយចម្បងដែលព្រះជាម្ចាស់ប្រើ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ មនុស្សមួយចំនួនចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដោយសារតែជំងឺ។ ជំងឺនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់អ្នក ព្រោះថាបើគ្មានវាទេ នោះអ្នកក៏នឹងមិនជឿលើព្រះជាម្ចាស់ដែរ ហើយប្រសិនបើអ្នកមិនបានជឿលើព្រះជាម្ចាស់ នោះអ្នកក៏នឹងមិនបានមកដល់កម្រិតនេះដែរ។ ដូច្នេះ សូម្បីតែព្រះគុណបែបនេះក៏ជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅក្នុងគ្រានៃការជឿលើព្រះយេស៊ូវ មនុស្សបានធ្វើនូវកិច្ចការជាច្រើនដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេមិនបានយល់អំពីសេចក្តីពិត តែព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ដោយបាននាំមនុស្សឱ្យមកដល់កម្រិតនេះ ហើយទោះបីជាមនុស្សមិនដឹងខ្យល់អ្វីសោះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអនុញ្ញាតឱ្យគេដើរតាមទ្រង់ដែរ ហើយលើសពីនេះទៅទៀត ទ្រង់បានដឹកនាំមនុស្សឱ្យចូលមកក្នុងគ្រាសព្វថ្ងៃ។ តើនេះមិនមែនជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេឬ? សេចក្តីដែលត្រូវបានបើកបង្ហាញនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនេះជារឿងត្រឹមត្រូវទាំងស្រុង! នៅពេលដែលការសាងសង់ពួកជំនុំបានឡើងដល់កម្រិតកំពូល ព្រះជាម្ចាស់បានធ្វើជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល ហើយបានបោះមនុស្សឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះបន្ទូលនាសម័យរបស់ពួកអ្នកស៊ីឈ្នួលសុទ្ធតែជាការដាក់បណ្ដាសា៖ ការដាក់បណ្ដាសាលើសាច់ឈាមរបស់អ្នក ការដាក់បណ្ដាសាលើនិស្ស័យបែបសាតាំងដ៏ពុករលួយរបស់អ្នក និងការដាក់បណ្ដាសាលើអ្វីៗអំពីអ្នក ដែលមិនបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជំហាននោះត្រូវបានសម្ដែងចេញជាឫទ្ធានុភាព បន្តិចក្រោយពេលព្រះជាម្ចាស់បានអនុវត្តជំហាននៃកិច្ចការវាយផ្ចាល ហើយនៅទីនោះ ក៏មកដល់ការល្បងលនៃសេចក្តីស្លាប់ដែរ។ នៅក្នុងកិច្ចការបែបនេះ មនុស្សបានឃើញសេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែគេក៏បានឃើញព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងគ្រប់សេចក្ដីដែលត្រូវបានសម្ដែងចេញជានិស្ស័យរបស់ទ្រង់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺសុទ្ធសឹងតែដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនេះ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់បានផ្គត់ផ្គង់ដល់មនុស្សស្របតាមកម្ពស់របស់គេ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពចូលមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏គ្មានផ្លូវស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់នោះដែរ។ ចាប់តាំងពីពេលដែលមនុស្សបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង រហូតដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សបន្តិចម្ដងៗស្របតាមកម្ពស់របស់គេ ដើម្បីឱ្យគេស្គាល់ទ្រង់ពីក្នុងជម្រៅចិត្តបន្ដិចម្ដងៗ។ មានតែតាមរយៈការបានមកដល់សព្វថ្ងៃនេះទេ ទើបមនុស្សទទួលស្គាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យ។ ជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល គឺជាហេតុការណ៍លើកដំបូងនៃកិច្ចការដាក់បណ្ដាសា ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មនុស្សបានត្រូវបណ្ដាសាឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនោះទេ ម្ល៉េះសព្វថ្ងៃនេះ មនុស្សនឹងគ្មានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ឡើយ ហើយមានតែតាមរយៈការដាក់បណ្ដាសារបស់ព្រះជាម្ចាស់ទេ ទើបមនុស្សបានជួបជាផ្លូវការនូវនិស្ស័យរបស់ទ្រង់។ មនុស្សត្រូវបានបើកសម្ដែងតាមរយៈការល្បងលរបស់ពួកអ្នកស៊ីឈ្នួល។ គេបានឃើញថា ចិត្តស្វាមីភក្តិរបស់គេមិនត្រូវបានទទួលយក ឃើញថាកម្ពស់របស់គេនៅទាបពេក ឃើញថាគេគ្មានសមត្ថភាពបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងឃើញទៀតថា ការអះអាងរបស់គេអំពីការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ពេលនោះ គឺគ្រាន់តែជាសម្ដីខ្យល់ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សនៅក្នុងជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួលក៏ដោយ ក៏ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នោះជារឿងអស្ចារ្យដដែល នេះបើក្រឡេកមើលក្រោយពីពេលនេះ៖ ដ្បិតកិច្ចការនេះបាននាំឱ្យមានចំណុចបកក្រោយដ៏សំខាន់មួយសម្រាប់មនុស្ស ហើយក៏បាននាំឱ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងនិស្ស័យជីវិតរបស់គេដែរ។ មុនសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល មនុស្សមិនបានដឹងអ្វីសោះឡើយអំពីការស្វះស្វែងរកជីវិត អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ឬអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ ហើយគេក៏មិនបានយល់ថា កិច្ចការរបស់ព្រះជាម្ចាស់អាចល្បងលមនុស្សបាននោះដែរ។ ចាប់តាំងពីសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល រហូតដល់សម័យកាលសព្វថ្ងៃ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយកិច្ចការរបស់ទ្រង់ទៀតសោត មនុស្សមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សមិនអាចស្រមៃឃើញអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការ ដោយប្រើខួរក្បាលរបស់ខ្លួនឡើយ ហើយគេមើលឃើញពីកម្ពស់ដ៏តូចទាបរបស់ខ្លួន ព្រមទាំងមើលឃើញទៀតថា ភាគច្រើននៃជីវិតរបស់គេគឺជាការបះបោរ។ នៅពេលដែលព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្ស ទ្រង់ធ្វើបែបនេះ ដើម្បីចង់សម្រេចឱ្យបានប្រសិទ្ធភាព ហើយទ្រង់មិនបានកាត់ទោសប្រហារជីវិតមនុស្សឡើយ។ ទោះបីជាព្រះអង្គបានដាក់បណ្ដាសាមនុស្សក៏ដោយ ក៏ទ្រង់បានធ្វើតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ហើយការដាក់បណ្ដាសារបស់ទ្រង់នោះទៀតសោត តាមពិតទៅមិនបានធ្លាក់ទៅលើមនុស្សឡើយ ដ្បិតអ្វីដែលព្រះជាម្ចាស់បានដាក់បណ្ដាសានោះ គឺជាការបះបោររបស់មនុស្សទេ ដូច្នេះ ព្រះបន្ទូលនៃការដាក់បណ្ដាសារបស់ទ្រង់ក៏ត្រូវបានថ្លែងឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឱ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធអំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនដែលនិយាយថា ពួកគេយល់អំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែគ្មាននរណាម្នាក់យល់យ៉ាងច្បាស់ឡើយ។ តាមពិតទៅ ពួកគេកំពុងតែនិយាយអំពីសេចក្តីក្លែងក្លាយទេ ដោយសារតែនៅពេលបច្ចុប្បន្ន ពួកគេមិនទាន់បានយល់នៅឡើយទេថា ព្រះរាជបំណងរបស់ព្រះជាម្ចាស់ គឺជាការសង្រ្គោះមនុស្ស ឬក៏ជាការដាក់បណ្ដាសាមនុស្ស។ ប្រហែលឥឡូវនេះ អ្នកមិនអាចមើលឃើញយ៉ាងច្បាស់ឡើយ ប៉ុន្តែថ្ងៃមួយនឹងមកដល់ ជាថ្ងៃដែលអ្នកមើលឃើញថា ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីល្អបានមកដល់ហើយ ហើយអ្នកនឹងមើលឃើញអំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងចាប់ផ្ដើមស្គាល់ពីជីវិតជាមនុស្ស សាច់ឈាមរបស់អ្នកនឹងរស់នៅក្នុងពិភពលោកនៃការស្រឡាញ់ព្រះជាម្ចាស់ វិញ្ញាណរបស់អ្នកនឹងត្រូវបានរំដោះឱ្យមានសេរីភាព ជីវិតរបស់អ្នកនឹងពេញដោយសេចក្តីអំណរ ហើយអ្នកនឹងតែងតែនៅជិតព្រះជាម្ចាស់ និងសម្លឹងមើលទ្រង់ជានិច្ច។ នៅពេលនោះ អ្នកនឹងដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃពិតជាមានតម្លៃខ្លាំងណាស់។

សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេ ហើយអនាគតរបស់ពួកគេងងឹតអាប់អួរ ។ មនុស្សមួយចំនួនរងទុក្ខឈានដល់កម្រិតមួយ រហូតដល់ថ្នាក់ចង់ស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងអសមត្ថភាព! ព្រះជាម្ចាស់មានព្រះទ័យចង់ឱ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ជានិច្ចថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក និងជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឱ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវបន្តស្មោះត្រង់នឹងព្រះ និង​នៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយនូវអ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ប្រសិនបើក្នុងអំឡុងពេលទាំងនេះ អ្នកពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាក នោះនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម អ្នកនឹង​មាន​អារម្មណ៍ស្ងប់សុខ ហើយ​ អ្នកនឹងមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការឈឺចាប់យ៉ាងខ្លាំងដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងប្រាស្រ័យទាក់ទង ចង់គិតពិចារណាអំពីព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឱ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមដើម្បីជាប្រយោជន៍ឱ្យបានសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឱ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឱ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ អាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើចិត្តស្រឡាញ់ព្រះជាម្ចាស់​របស់​អ្នក ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានចិត្តស្រឡាញ់ព្រះជាម្ចាស់ ហើយ​អ្នក​ស្រេកឃ្លាន​ចង់​បាន និងនឹករឭកព្រះជាម្ចាស់ ចេញ​ពី​ជម្រៅក្នុង​ចិត្ត​របស់​អ្នក។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។ កម្ពស់របស់អ្នកឡើងខ្ពស់បាន គឺអាស្រ័យលើទំហំនៃចិត្ត​ស្រឡាញ់​ព្រះជាម្ចាស់​ ដែល​អ្នក​មាន អាស្រ័យលើថាតើអ្នកអាចបន្តឈររឹងមាំឬអត់ នៅពេលដែលជួបការល្បងល អាស្រ័យលើថាតើអ្នកទន់ខ្សោយឬអត់ នៅពេលដែលជួបបរិយាកាសជាក់លាក់មួយ និងអាស្រ័យលើថាតើអ្នកអាចប្រកាន់ជំហររឹងប៉ឹងឬអត់ នៅពេលដែលបងប្អូនប្រុសស្រីរបស់អ្នកបដិសេធអ្នក។ ការពិតនឹងស្ដែងចេញឱ្យឃើញច្បាស់អំពីលក្ខណៈនៃចិត្ត​ស្រឡាញ់​ព្រះជាម្ចាស់​របស់​អ្នក​។ តាមរយៈកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ គេអាចមើលឃើញបានថា ព្រះជាម្ចាស់ពិតជាស្រឡាញ់មនុស្ស ទោះបីជាភ្នែកខាងវិញ្ញាណរបស់មនុស្សមិនទាន់បានបើកចំហទាំងស្រុង ហើយគេមិនអាចមើលឃើញយ៉ាងច្បាស់អំពីកិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងភាពគួរឱ្យស្រឡាញ់ជាច្រើនទៀតអំពីព្រះជាម្ចាស់។ មនុស្សមានសេចក្តីស្រឡាញ់ដ៏ពិតតិចតួចពេកហើយចំពោះព្រះជាម្ចាស់។ អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលកន្លងមក ហើយនៅសព្វថ្ងៃនេះ ព្រះជាម្ចាស់បានកាត់ផ្ដាច់ផ្លូវទាំងអស់នៃការរត់គេច។ បើនិយាយដោយ​ស្មោះ អ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីដើរតាមមាគ៌ាត្រឹមត្រូវឡើយ ហើយការជំនុំជម្រះដ៏ឃោរឃៅ និងសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតរបស់ព្រះជាម្ចាស់នោះហើយ​ដែល​ដឹកនាំ​អ្នកនៅលើ​មាគ៌ា​ត្រឹមត្រូវ​នេះ។ មានតែក្រោយពេលដែលជួបទុក្ខលំបាក និងការបន្សុទ្ធទេ ទើបមនុស្សដឹងថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់។ តាមរយៈការមានបទពិសោធរហូតដល់ពេលសព្វថ្ងៃ គេអាចនិយាយបានថា មនុស្សបានចាប់ផ្ដើមស្គាល់ខ្លះៗពីភាពដ៏គួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ហើយ ប៉ុន្តែការនេះនៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយសារតែមនុស្សនៅខ្វះចំណុចជាច្រើនទៀត។ មនុស្សត្រូវតែមានបទពិសោធអំពីកិច្ចការដ៏អស្ចារ្យជាច្រើនទៀតរបស់ព្រះជាម្ចាស់ ព្រមទាំងមានបទពិសោធជាច្រើនទៀតអំពីគ្រប់ទាំងការបន្សុទ្ធចេញពីទុក្ខវេទនា ដែលត្រូវបានព្រះជាម្ចាស់រៀបចំទុក។ មានតែបែបនេះទេ ទើបនិស្ស័យជីវិតរបស់មនុស្សត្រូវបានផ្លាស់ប្ដូរ។

ខាង​ដើម៖ អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ

បន្ទាប់៖ មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ