ការអនុវត្ត (១)

កាលពីមុន មនុស្សបានឆ្លងកាត់នូវគម្លាត និងរឿងរ៉ាវមិនសមហេតុផលជាច្រើន។ ពួកគេមិនបានយល់ពីបទដ្ឋាននៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេ ហេតុដូច្នេះ មានផ្នែកជាច្រើននៃការឆ្លងកាត់របស់មនុស្សបានប្រព្រឹត្តទៅដោយខុសបំណង។ អ្វីៗដែលព្រះជាម្ចាស់តម្រូវពីមនុស្ស គឺឱ្យពួកគេរស់នៅជាមនុស្សធម្មតាមួយរូប។ ឧទាហរណ៍ វាមិនមែនជារឿងអាក្រក់ទេសម្រាប់មនុស្សដែលដើរតាមសម័យទំនើបនោះ ដូចជាទាក់ទងនឹងអាហារហូបចុក សម្លៀកបំពាក់ ការស្លៀកពាក់ខោអាវក្រោះស៊េ ជាមួយនឹងក្រវ៉ាត់ក ការរៀនអំពីសិល្បៈសម័យទំនើប ការរីករាយសប្បាយនឹងសិល្បៈវប្បធម៌ និងការកម្សាន្តផ្សេងៗនៅពេលទំនេររបស់ពួកគេ ។ល។ ពួកគេអាចថតរូបអនុស្សាវរីយ៍ខ្លះៗ ពួកគេអាចអាន និងទទួលបានចំណេះដឹងដែលមានប្រយោជន៍មួយចំនួន និងមានបរិយាកាសរស់នៅដ៏សមរម្យមួយ។ ទាំងអស់នេះ គឺជាអ្វីដែលសាកសមនឹងជីវិតនៃមនុស្សជាតិធម្មតា តែផ្ទុយទៅវិញ មនុស្សគិតថារឿងរ៉ាវទាំងអស់នេះជាទីស្អប់ខ្ពើមនៅចំពោះព្រះជាម្ចាស់ ហើយថែមទាំងរារាំងខ្លួនឯងក្នុងការធ្វើរឿងទាំងនេះទៀតផង។ ទំនៀមទម្លាប់របស់ពួកគេ គឺធ្វើទៅតាមក្បួនច្បាប់មួយចំនួន ដែលនាំទៅរកជីវិតដែលចាស់កំរិល ហួតហែង និងគ្មានន័យខ្លឹមសារទាំងស្រុង។ តាមពិត ព្រះជាម្ចាស់មិនដែលទាមទារឱ្យមនុស្សធ្វើអ្វីៗតាមរបៀបនេះទេ។ មនុស្សទាំងអស់ចង់កំណត់និស្ស័យខ្លួនឯង ដោយការអធិស្ឋានឥតឈប់ឈរនៅក្នុងវិញ្ញាណរបស់ពួកគេ ដើម្បីឱ្យចូលទៅជិតព្រះជាម្ចាស់ ចិត្តគំនិតរបស់ពួកគេតែងគិតគូរឥតឈប់ឈរនូវអ្វីដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ភ្នែករបស់ពួកគេតែងសង្កេតមើលរឿងនេះរឿងនោះជាដរាប ដោយការភ័យខ្លាច ក្រែងលោថា ការទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ត្រូវដាច់ចេញពីគ្នា។ ទាំងអស់នេះ គឺជាការសន្និដ្ឋានដែលមនុស្សបានកំណត់ឡើងដោយខ្លួនឯង។ ពួកវាជាច្បាប់ទម្លាប់ដែលមនុស្សបានកំណត់ឡើងសម្រាប់ខ្លួនឯងតែបុណ្ណោះ។ ប្រសិនបើអ្នកមិនស្គាល់ពីនិស្ស័យ និងសារៈសំខាន់របស់ខ្លួនឯងទេនោះ ហើយបើអ្នកមិនយល់ពីកំរិតនៃរបៀបរបបដែលខ្លួនឯងអាចឈានដល់បានទេនោះ អ្នកនឹងគ្មានផ្លូវណាដើម្បីឱ្យដឹងជាក់ថា តើខ្នាតតម្រាដែលព្រះជាម្ចាស់ចង់បានពីមនុស្សគឺជាអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ អ្នកក៏នឹងមិនមានផ្លូវនៃការអនុវត្តមួយត្រឹមត្រូវផងដែរ។ ដោយសារតែអ្នកមិនអាចយល់ឱ្យបានច្បាស់ថា តើអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ដូច្នេះហើយ ទើបចិត្តគំនិតរបស់អ្នកច្របូកច្របល់ អ្នកបញ្ជាឱ្យខួរក្បាលរបស់អ្នក វិភាគពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងធ្វើឱ្យវង្វេងស្មារតីក្នុងការស្វែងរកវិធីដើម្បីទទួលបានការពាល់ចិត្ត និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផល អ្នកបានអភិវឌ្ឍវិធីអនុវត្តមួយចំនួនដែលអ្នកជឿថាវាសមរម្យសម្រាប់ខ្លួនឯង។ អ្នកខ្លួនឯងមិនទាំងដឹងថា តើវាពិតជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សមែនឬអត់នោះទេ គឺអ្នកធ្វើវាដោយមោទនភាពចំពោះការអនុវត្តដែលអ្នកបានកំណត់ឡើងដោយខ្លួនឯងប៉ុណ្ណោះ ដោយមិនសូវជាយកចិត្តទុកដាក់ខ្លាំងចំពោះលទ្ធផលថាតើវាមានការខ្វែងគំនិត ឬកំហុសឆ្គងនៅក្នុងការប្រព្រឹត្តរបស់អ្នកដែរទេ។ បើតាមរបៀបនេះ ទំនៀមទំទម្លាប់របស់អ្នកនៅខ្វះលក្ខណៈត្រឹមត្រូវ ហើយមិនមានគោលការណ៍ច្បាស់លាស់។ អ្វីដែលខ្វះខាតជាពិសេសនោះ គឺហេតុផល និងមនសិការរបស់មនុស្សធម្មតា ក៏ដូចជាការយល់ស្របពីព្រះជាម្ចាស់ ហើយនិងការបញ្ជាក់អះអាងពីព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ការដើរលើផ្លូវដែលខ្លួនឯងរៀបចំ គឺជារឿងងាយស្រួលជាទីបំផុត។ ប្រភេទនៃទំនៀមទម្លាប់បែបនេះ គឺធ្វើឡើងទៅតាមច្បាប់ទម្លាប់ ឬដោយចេតនា ទទួលយកបន្ទុកបន្ថែមទៀតដើម្បីដាក់កំហិត និងគ្រប់គ្រងលើខ្លួនឯងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកគិតថាការអនុវត្តរបស់អ្នកត្រឹមត្រូវឥតខ្ចោះ ដោយមិនបានដឹងថាការអនុវត្តរបស់អ្នកភាគច្រើនចំណុះទៅដោយដំណើរការ ឬការប្រតិបត្តិដែលឥតប្រយោជន៍ប៉ុណ្ណោះ។ មានមនុស្សជាច្រើនបានអនុវត្តបែបនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេគ្មានការយល់ដឹងថ្មី និងគ្មានការប្រតិបត្តិថ្មីទាល់តែសោះ។ ពួកគេនៅតែបន្តធ្វើកំហុសចាស់ដដែលដោយមិនដឹងខ្លួន ហើយនៅតែឱ្យនិស្ស័យឃោរឃៅរបស់ខ្លួនបន្តសកម្មភាព ជាច្រើនលើកច្រើនសា ពួកគេប្រព្រឹត្តទង្វើមិនសមហេតុផល អមនុស្សធម៌ ថែមទាំងធ្វើឫកធ្វើពា ដែលធ្វើឱ្យមនុស្សងឿងឆ្ងល់ និងទាល់គំនិតទៀតផង។ តើមនុស្សនេះ យើងអាចនិយាយបានទេថា និស្ស័យរបស់ពួកគេបានទទួលការផ្លាស់ប្តូរហើយ?

ឥឡូវនេះ ជំនឿលើព្រះជាម្ចាស់បានចូលទៅក្នុងសម័យកាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ បើនិយាយឱ្យចំទៅមនុស្សលែងអធិស្ឋានច្រើនដូចកាលពីមុនហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ចេញឱ្យគេដឹងយ៉ាងច្បាស់លាស់នៅគ្រប់ផ្នែកទាំងអស់នៃសេចក្តីពិត និងរបៀបរបបនៃទំនៀមទម្លាប់ ហេតុដូច្នេះ មនុស្សលែងចាំបាច់ដើរស្វែងរក និងរាវរកទៀតហើយ។ នៅក្នុងជីវិតនៃយុគនៃនគរព្រះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវមនុស្ស ហើយព្រះបន្ទូលជាជីវិតដែលធ្វើឱ្យអ្វីៗទាំងអស់បានភ្លឺច្បាស់នៅចំពោះភ្នែកគេ ដ្បិតព្រះជាម្ចាស់បានបង្ហាញអ្វីៗទាំងអស់ចេញមកយ៉ាងច្បាស់លាស់ ដើម្បីកុំឱ្យមនុស្សវង្វេងចេញពីផ្លូវជីវិតរបស់ខ្លួន។ ទាក់ទងនឹងអាពាហ៍ពិពាហ៍ កិច្ចការខាងលោកីយ៍ ជីវិត ម្ហូបអាហារ សម្លៀកបំពាក់ និងទីជម្រក ការទំនាក់ទំនងរវាងបុគ្គល របៀបដែលមនុស្សអាចបម្រើ ដើម្បីគាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបដែលមនុស្សអាចលះបង់និស្ស័យសាច់ឈាមខ្លួន និងអ្វីៗផ្សេងទៀត ។ល។ តើរឿងណាមួយក្នុងចំណោមរឿងទាំងអស់នេះ ដែលព្រះជាម្ចាស់មិនបានពន្យល់ប្រាប់ដល់អ្នករាល់គ្នា? តើអ្នកនៅតែចាំបាច់ត្រូវអធិស្ឋាន និងស្វែងរកដែរឬទេ? ពិតជាមិនចាំបាច់នោះទេ! ប្រសិនបើអ្នកនៅតែធ្វើរឿងទាំងនេះ អ្នកកំពុងធ្វើរឿងឥតប្រយោជន៍ហើយ។ វាគឺជាភាពល្ងង់ខ្លៅ និងល្ងីល្ងើ ព្រមទាំងមិនចាំបាច់ទាំងស្រុង! មានតែអ្នកដែលខ្វះគុណសម្បត្តិ ហើយមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាមា្ចស់ប៉ុណ្ណោះ ទើបនៅអធិស្ឋានល្ងីលើ្ងឥតឈប់ឈរបែបនេះ។ គន្លឹះនៅក្នុងការអនុវត្តសេចក្តីពិត គឺនៅត្រង់ថាតើអ្នកមានការតាំងចិត្តដែរឬក៏អត់។ មនុស្សមួយចំនួននៅចចេសចង់ធ្វើតាមចំណង់ចំណូលចិត្តខាងសាច់ឈាមនៅក្នុងសកម្មភាពរបស់ខ្លួន ទោះបីជាពួកគេដឹងថា វាមិនស៊ីគ្នាជាមួយនឹងសេចក្តីពិតក៏ដោយ។ ការនេះបានរារាំងការរីកចម្រើនផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ពួកគេ ហើយសូម្បីតែក្រោយពីការអធិស្ឋាន និងការស្វែងរកក៏ដោយ ក៏ពួកគេនៅតែចង់ធ្វើសកម្មភាពទៅតាមសាច់ឈាមរបស់ពួកគេដដែល។ តាមរយៈការធ្វើបែបនេះ តើពួកគេមិនដឹងថា ពួកគេប្រព្រឹត្ដអំពើបាបទេឬអី? គឺដូចជាអស់អ្នកដែលលោភលន់ចំណង់ខាងសាច់ឈាម និងលុយកាក់ ហើយអ្នកដែលអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! តើព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំលោភលន់ចំណង់ខាងសាច់ឈាម និងលោភចង់បានទ្រព្យសម្បត្ដិដែរទេ? តើនេះជាផ្លូវដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំរកលុយបានច្រើនដែរឬទេ?» តើនេះជារបៀបអធិស្ឋានសមរម្យដែរឬទេ? មនុស្សដែលធ្វើរឿងនេះដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងកិច្ចការទាំងនេះទេ ហើយថាពួកគេគួរតែបោះបង់វាចោល ក៏ប៉ុន្តែអ្វីៗដែលមាននៅក្នុងចិត្តពួកគេត្រូវបានកំណត់រួចទៅហើយ ហើយនៅពេលពួកគេអធិស្ឋាន និងស្វែងរក នោះពួកគេព្យាយាមបង្ខំព្រះជាម្ចាស់ ដើម្បីអនុញ្ញាតឱ្យរឿងទាំងអស់នោះកើតឡើងតាមដែលគេចង់បាន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងទាមទារឱ្យព្រះជាម្ចាស់មានបន្ទូលឱ្យត្រូវនឹងរឿងនេះថែមទៀតផង នេះគេហៅថាការប្រឆាំងបះបោរ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះបាននាំបងប្អូនប្រុសស្រីក្នុងក្រុមជំនុំរបស់គេឱ្យមកនៅខាងខ្លួន ព្រមទាំងរៀបចំនគរឯករាជ្យមួយឡើងសម្រាប់ខ្លួនឯងដែរ។ អ្នកដឹងច្បាស់ថា សកម្មភាពទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ក៏ប៉ុន្តែនៅពេលដែលអ្នកប្ដេជ្ញាធ្វើអ្វីមួយដូចនេះ អ្នកនៅតែបន្តស្វែងរក និងអធិស្ឋានដល់ព្រះជាម្ចាស់ដោយស្ងប់ស្ងៀម និងមិនរួញរាឡើយ។ អ្នកពិតជាមិនខ្មាសអៀន និងមានភាពក្លាហានណាស់ចំពោះការចាកចេញពីអ្វីៗខាងលោកីយ៍នេះ ដ្បិតរឿងនេះត្រូវបានគេតំណាលជាយូរមកហើយ។ មានអ្នកខ្លះដឹងច្បាស់ថាព្រះជាម្ចាស់ស្អប់អ្វីៗក្នុងលោកីយ៍ ក៏ប៉ុន្តែតែនៅតែអធិស្ឋានដោយទូលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថា ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំដេញតាមលោកីយ៍នេះឡើយ ក៏ប៉ុន្តែទូលបង្គំធ្វើដូច្នេះ ដើម្បីកុំឱ្យព្រះនាមព្រះអង្គត្រូវអាម៉ាស់ ទូលបង្គំធ្វើដូច្នេះ ដើម្បីឱ្យមនុស្សលោកីយ៍អាចមើលឃើញសិរីល្អរបស់ព្រះអង្គនៅក្នុងទូលបង្គំ។» តើនេះជាសេចក្ដីអធិស្ឋានប្រភេទណា? តើអ្នករាល់គ្នាអាចប្រាប់បានទេ? វាគឺជាការអធិស្ឋានដែលមានបំណងបង្ខំ និងដាក់សម្ពាធលើព្រះជាម្ចាស់។ តើអ្នកមិនមានអារម្មណ៍ខ្មាសអៀនក្នុងការអធិស្ឋានតាមរបៀបនេះទេឬអី? មនុស្សដែលអធិស្ឋានតាមរបៀបនេះប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនា ហើយការអធិស្ឋានប្រភេទនេះ គឺជាទង្វើនៃភាពសង្ស័យ។ វាបង្ហាញនូវនិស្ស័យរបស់សាតាំងយ៉ាងពិតប្រាកដ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺច្បាស់ដូចជាកែវមុក្តា ជាពិសេស ចំពោះអ្នកដែលប្រកាសពីបំណងព្រះហឫទ័យរបស់ព្រះអង្គ និស្ស័យរបស់ព្រះអង្គ និងរបៀបដែលព្រះអង្គប្រព្រឹត្ដចំពោះមនុស្សផ្សេងៗគ្នា។ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ អ្នកគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន លទ្ធផលនៃការធ្វើបែបនេះ ប្រសើរជាងការអធិស្ឋាន និងការស្វែងរកដោយងងឹតងងល់ទៅទៀត។ មានករណីជាច្រើនទៀតដែលការស្វែងរក និងការអធិស្ឋានត្រូវបានជំនួសដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន និងការប្រកបគ្នានៅក្នុងសេចក្តីពិត។ ការធ្វើបែបនេះ គឺមានប្រយោជន៍ច្រើនណាស់សម្រាប់ការរីកចម្រើន នៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើឥឡូវនេះ អ្នកនៅតែស្វែងរកដោយការងើបភ្នែកឡើងទៅលើមេឃដដែល តើនេះមិនបង្ហាញថា អ្នកកំពុងតែជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិលទេឬអី? កាលពីមុន អ្នកបានឃើញលទ្ធផលពីការស្វែងរក និងការអធិស្ឋានរបស់អ្នករួចហើយ គឺព្រះវិញ្ញាណបរិសុទ្ធបានពាល់វិញ្ញាណរបស់អ្នក ដោយព្រោះតែនោះគឺជាយុគសម័យនៃព្រះគុណ។ អ្នកមិនអាចមើលឃើញព្រះជាម្ចាស់បានទេ ដូច្នេះអ្នកគ្មានជម្រើសក្រៅពីការផ្តោតអារម្មណ៍ ហើយស្វែងរកព្រះអង្គតាមរបៀបនោះឡើយ។ ឥឡូវនេះ ព្រះជាម្ចាស់បានយាងមកក្នុងចំណោមមនុស្ស ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយអ្នកអាចមើលឃើញព្រះអង្គបាន។ ដូច្នេះព្រះវិញ្ញាណបរិសុទ្ធលែងធ្វើកិច្ចការដូចពីមុនទៀតហើយ។ សម័យកាលត្រូវបានផ្លាស់ប្តូរ ហើយរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក៏បែបដូច្នេះដែរ។ ទោះបីជាមនុស្សប្រហែលជាមិនអធិស្ឋានច្រើនដូចដែលពួកគេធ្លាប់ធ្វើក៏ដោយ តែដោយព្រោះព្រះជាម្ចាស់គង់នៅលើផែនដី ឥឡូវនេះ មនុស្សមានឱកាសស្រឡាញ់ព្រះជាម្ចាស់បាន។ មនុស្សជាតិបានឈានចូលដល់យុគសម័យនៃការស្រឡាញ់ព្រះជាម្ចាស់ ហើយជាធម្មតាពួកគេអាចចូលកាន់តែជិតព្រះជាម្ចាស់ដោយខ្លួនគេបាន៖ «ឱ ព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាល្អណាស់ ហើយទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់!» ជាមួយនឹងពាក្យពេចន៍ដ៏ច្បាស់ និងសាមញ្ញបែបនេះ បានផ្តល់នូវសូរសៀងនៃសេចក្តីស្រឡាញ់ដល់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្សបាត់ទៅហើយ ការអធិស្ឋានបែបនេះ ត្រូវបានធ្វើឡើង តែដើម្បីជាប្រយោជន៍នៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅរវាងមនុស្សនិងព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពេលខ្លះអ្នកអាចឃើញខ្លួនឯងកំពុងបង្ហាញការបះបោរមួយចំនួន ទាំងពោលថា៖ «ឱព្រះជាម្ចាស់អើយ! ហេតុអ្វីបានជាទូលបង្គំអាក្រក់ម្ល៉េះ?» អ្នកទទួលអារម្មណ៍ជំរុញចិត្តយ៉ាងខ្លាំង ដូចជាកំពុងវាយខ្លួនឯងពីរបីដងអ៊ីចឹង ហើយទឹកភ្នែករបស់អ្នកក៏ស្រក់ចុះមក។ នៅពេលបែបនេះ អ្នកមានអារម្មណ៍សោកស្តាយ និងឈឺចាប់នៅក្នុងចិត្តរបស់អ្នក ក៏ប៉ុន្តែអ្នកមិនដឹងថា គួរបង្ហាញអារម្មណ៍ទាំងនេះតាមរបៀបណាឡើយ។ នេះគឺជាកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ប៉ុន្តែមានតែអ្នកដែលស្វែងរកជីវិតប៉ុណ្ណោះ ទើបអាចទទួលបានការបែបនេះ។ អ្នកមានអារម្មណ៍ថាព្រះជាម្ចាស់មានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នក ហើយអ្នកមានអារម្មណ៍យ៉ាងពិសេស។ ទោះបីជាអ្នកមិនមានពាក្យអធិស្ឋានយ៉ាងច្បាស់ក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺមានជំរៅជ្រៅដូចជាមហាសមុទ្រអ៊ីចឹង។ គ្មានពាក្យស័ក្ដិសមណាមួយដើម្បីយកមកបង្ហាញពីស្ថានភាពនេះបានឡើយ ហើយជារឿយៗ នេះគឺជាកាលៈទេសៈមួយដែលកើតឡើងនៅខាងក្នុងវិញ្ញាណ។ ការអធិស្ឋាន និងការប្រកបគ្នាដែលមានគោលបំណងដើម្បីនាំនរណាម្នាក់ឱ្យចូលទៅកាន់តែជិតព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ បែបនេះគឺជារឿងធម្មតាទេ។

ទោះបីជាពេលវេលាដែលមនុស្សត្រូវរាវរក និងស្វែងរកនៅពេលនេះបានកន្លងហួសទៅហើយក៏ដោយ ក៏នោះមិនមានន័យថាពួកគេមិនចាំបាច់ត្រូវអធិស្ឋាន និងស្វែងរកទៀតនោះឡើយ ហើយវាក៏មិនមែនជាករណីដែលមនុស្សមិនចាំបាច់រង់ចាំព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យដឹងពីកិច្ចការដែលនឹងកើតឡើងនោះដែរ ទាំងអស់នេះគឺជាការយល់ខុសស្រឡះរបស់មនុស្សប៉ុណ្ណោះ។ ព្រះជាម្ចាស់បានយាងមកក្នុងចំណោមមនុស្ស ដើម្បីរស់នៅជាមួយពួកគេ ធ្វើជាពន្លឺ ជាជីវិត និងជាផ្លូវរបស់ពួកគេ។ នេះគឺជាសេចក្តីពិត។ ជាការពិតណាស់ នៅពេលដែលព្រះជាម្ចាស់យាងមកលើផែនដី ព្រះអង្គពិតជាបានប្រទានផ្លូវដល់មនុស្ស និងរបៀបរស់នៅដែលសមនឹងឋានៈរបស់ពួកគេ ដើម្បីឱ្យពួកគេរីករាយជាមួយនឹងជីវិតនោះ ពោលគឺព្រះជាម្ចាស់មិនបានយាងមកបំបែកទំនៀមទម្លាប់នៃការអនុវត្តរបស់មនុស្សឡើយ។ មនុស្សលែងរស់នៅដោយការរាវរក និងស្វែងរកទៀតហើយ ដ្បិតទាំងនេះត្រូវបានជំនួសដោយការយាងមករបស់ព្រះជាម្ចាស់នៅលើផែនដី ដើម្បីធ្វើកិច្ចការ និងថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអង្គបានយាងមកដើម្បីរំដោះមនុស្សឱ្យមានសេរីភាពពីជីវិតខ្មៅងងឹត និងគ្មានរស្មី ទៅកាន់ជីវិតដែលពោរពេញទៅដោយពន្លឺវិញ។ កិច្ចការរបស់ព្រះអង្គ គឺចង្អុលបង្ហាញ មានបន្ទូលរំលឹកដាស់តឿន កែតម្រង់ ពន្យល់បង្ហាញអ្វីទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សអាចយកអ្វីៗទាំងនេះទៅប្រព្រឹត្តតាម ប្រៀបដូចដែលព្រះយេហូវ៉ាដែលបានដឹកនាំជនជាតិអ៊ីស្រាអែល មានបន្ទូលប្រាប់ពួកគេពីរបៀបថ្វាយយញ្ញបូជា និងរបៀបសាងសង់ព្រះវិហារយ៉ាងដូច្នោះដែរ។ ហេតុដូច្នេះហើយ អ្នកមិនចាំបាច់រស់នៅក្នុងការស្វែងរកអស់ពីចិត្ត ដូចអ្នកធ្លាប់ធ្វើបន្ទាប់ពីព្រះយេស៊ូបានចាកចេញទៅនោះទេ។ តើអ្នករាល់គ្នាគួរតែចាប់អារម្មណ៍ទៅលើផ្លូវរបស់អ្នក តាមរយៈការងារផ្សព្វផ្សាយដំណឹងល្អនាពេលខាងមុខដែរឬទេ? តើអ្នករាល់គ្នាគួរតែខំព្យាយាមស្វះស្វែង និងរិះរករបៀបរស់នៅឱ្យត្រឹមត្រូវមួយដែរឬទេ? តើអ្នករាល់គ្នាចាំបាច់ត្រូវតែស្វះស្វែងរករបៀបដែលអ្នកគួរបំពេញភារកិច្ចរបស់អ្នកដែរឬទេ? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវលុតក្រាបខ្លួនឯងទៅលើដី ហើយស្វែងរក ដើម្បីឱ្យដឹងថាអ្នករាល់គ្នាគួរធ្វើបន្ទាល់ដោយរបៀបណា? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាទេដែលត្រូវតម និងអធិស្ឋាន ដើម្បីដឹងពីរបៀបដែលអ្នករាល់គ្នាគួរស្លៀកពាក់ ឬរស់នៅយ៉ាងដូចម្តេច? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវអធិស្ឋានដោយឥតឈប់ឈរទៅកាន់ព្រះជាម្ចាស់ដែលគង់នៅនគរស្ថានសួគ៌ ដើម្បីដឹងពីរបៀបដែលអ្នកគួរទទួលយកការយកឈ្នះដោយព្រះជាម្ចាស់យ៉ាងដូចម្តេច? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវអធិស្ឋានឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ដើម្បីដឹងពីរបៀបដែលអ្នកគួរស្តាប់បង្គាប់ព្រះជាម្ចាស់? មានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ដែលនិយាយថាខ្លួនមិនអាចអនុវត្តបានដោយសារតែខ្លួនមិនយល់។ ជាធម្មតា នៅសព្វថ្ងៃនេះមនុស្សមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទេ! មានព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងជាយូរមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលយកចិត្តទុកដាក់ក្នុងការអានវានោះទេ ដូច្នេះគ្មានអ្វីគួរឱ្យឆ្ងល់ទេដែលអ្នករាល់គ្នាមិនដឹងពីរបៀបអនុវត្តតាមនោះ។ ជាការពិតណាស់ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ ព្រះវិញ្ញាណបរិសុទ្ធនៅតែពាល់ចិត្តមនុស្ស ដើម្បីឱ្យពួកគេមានអារម្មណ៍រីករាយ ហើយព្រះអង្គគង់នៅជាមួយពួកគេទាំងអស់គ្នា។ នេះគឺជាប្រភពនៃអារម្មណ៍ដ៏ពិសេស និងរីករាយទាំងនោះ[ក] ដែលជារឿយៗកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ជួនកាល នៅថ្ងៃខ្លះ អ្នកទទួលអារម្មណ៍ថាព្រះជាម្ចាស់ពិតជាគួរឱ្យស្រឡាញ់ណាស់ ហើយអ្នកមិនអាចធ្វើអ្វីបានឡើយ គឺមានតែអធិស្ឋានទៅកាន់ព្រះអង្គថា៖ «ឱ ព្រះជាម្ចាស់អើយ! សេចក្ដីស្រឡាញ់របស់ព្រះអង្គពិតជាស្រស់ស្អាតណាស់ ហើយរូបអង្គរបស់ទ្រង់អស្ចារ្យណាស់។ ទូលបង្គំចង់ស្រឡាញ់ព្រះអង្គឱ្យកាន់តែជ្រាលជ្រៅជាងនេះទៅទៀត។ ទូលបង្គំសូមថ្វាយខ្លួនទូលបង្គំទាំងស្រុង ដើម្បីបំរើព្រះអង្គពេញមួយជីវិតរបស់ទូលបង្គំ។ ទូលបង្គំសូមថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះអង្គ ដ្បិតអ្វីទាំងអស់ជារបស់ទ្រង់ ដើម្បីឱ្យទូលបង្គំកាន់តែស្រឡាញ់ព្រះអង្គឡើង...។» នេះគឺជាអារម្មណ៍រីករាយដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់អ្នក។ វាមិនមែនជាការបំភ្លឺ ក៏មិនមែនជាការស្រាយបំភ្លឺដែរ តែវាជាបទពិសោធនៃការពាល់ចិត្ត។ បទពិសោធដែលស្រដៀងនឹងការនេះ មិនយូរមិនឆាប់នឹងកើតឡើងជាមិនខាន ដ្បិតមានពេលខ្លះ នៅពេលដែលអ្នកកំពុងធ្វើដំណើរទៅធ្វើការ អ្នកអធិស្ឋាន ហើយចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ភ្លាមនោះអ្នកត្រូវបានពាល់ចិត្តរហូតដល់ថ្នាក់ទឹកភ្នែកស្រក់ជោកថ្ពាល់អ្នក ហើយអ្នកនឹងលែងគ្រប់គ្រងលើខ្លួនឯងបាន ហើយអ្នកនឹងអន្ទះសាចង់រកកន្លែងសមរម្យមួយដែលអ្នកអាចបង្ហាញពីអារម្មណ៍ពុះកញ្ជ្រោលនៅក្នុងចិត្តរបស់អ្នកទាំងអស់...។ ជាច្រើនដងនៅពេលដែលអ្នកនៅទីសាធារណៈ ហើយអ្នកទទួលអារម្មណ៍ថា អ្នករីករាយនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាខ្លាំង ហើយថាអ្វីៗគ្រប់យ៉ាងដែលជារបស់អ្នកនោះ គឺគ្មានអ្វីក្រៅតែពីជារបស់ធម្មតានោះទេ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺថា អ្នកកំពុងរស់នៅក្នុងជីវិតដ៏មានន័យជាងអ្នកដទៃផ្សេងទៀត។ អ្នកនឹងដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់បានលើកតម្កើងអ្នក ហើយនេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះអ្នក។ នៅក្នុងជំរៅចិត្តដ៏ជ្រៅរបស់អ្នក អ្នកនឹងមានអារម្មណ៍ថា មានសេចក្ដីស្រឡាញ់មួយប្រភេទនៅក្នុងព្រះជាម្ចាស់ដែលមិនអាចបរិយាយ និងវាស់ស្ទង់បានសម្រាប់មនុស្ស ហើយទោះបើអ្នកដឹងក៏ដោយ ក៏គ្មានវិធីណាដើម្បីពិពណ៌នាបានដែរ សេចក្តីស្រឡាញ់នេះ តែងតែផ្តល់ឱ្យអ្នកនូវគំនិត ប៉ុន្តែធ្វើឱ្យអ្នកមិនអាចបង្ហាញបានទាំងស្រុងឡើយ។ ក្នុងពេលដូចនេះ អ្នកនឹងភ្លេចថា អ្នកមកពីកន្លែងណា ហើយអ្នកនឹងស្រែកហៅរកជំនួយថា៖ «ឱ ព្រះជាម្ចាស់អើយ! ដ្បិតគ្មាននរណាអាចវាស់ស្ទង់ព្រះអង្គបានឡើយ ទ្រង់គួរជាទីស្រឡាញ់ណាស់!» រឿងនេះនឹងធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ ហើយរឿងទាំងអស់នេះកើតឡើងជាញឹកញាប់ណាស់។ អ្នករាល់គ្នាធ្លាប់ឆ្លងកាត់រឿងបែបនេះច្រើនដងមកហើយ។ នេះគឺជាជីវិតដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់អ្នកនៅថ្ងៃនេះ ហើយជាជីវិតដែលអ្នកគួរតែរស់នៅក្នុងពេលឥឡូវនេះដែរ។ នេះមិនមែនដើម្បីបញ្ឈប់អ្នកពីការរស់នៅក្នុងជីវិតនេះទេ តែផ្ទុយទៅវិញ គឺដើម្បីផ្លាស់ប្តូររបៀបដែលអ្នករស់នៅវិញ។ វាជាអារម្មណ៍ដែលមិនអាចពិពណ៌នា ឬសម្តែងចេញបានទេ។ ហើយវាក៏ជាអារម្មណ៍ពិតមួយដែរសម្រាប់មនុស្ស ហើយជាងនេះទៅទៀត គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកប្រហែលជាយល់ពីចំណុចនេះនៅក្នុងចិត្តរបស់អ្នក ក៏ប៉ុន្តែអ្នកមិនដឹងថាត្រូវបង្ហាញវាយ៉ាងណា ឱ្យច្បាស់ទៅកាន់នរណាម្នាក់បានទាល់តែសោះ។ នេះមិនមែនដោយសារតែអ្នកមិនពូកែនិយាយ ឬដោយសារអ្នកនិយាយត្រដិតនោះទេ ក៏ប៉ុន្តែដោយសារតែវាជាអារម្មណ៍ម្យ៉ាងដែលមិនអាចពិពណ៌នាបានតាមរយៈពាក្យសំដី។ អ្នកត្រូវបានអនុញ្ញាតឱ្យរីករាយនឹងការទាំងអស់នេះនៅថ្ងៃនេះ ហើយនេះគឺជាជីវិតដែលអ្នកគួរតែរស់នៅ។ ពិតណាស់ ទិដ្ឋភាពផ្សេងៗទៀតនៃជីវិតរបស់អ្នកគឺមិនបានបាត់បង់ទៅណាទេ។ គ្រាន់តែថាបទពិសោធនៃការត្រូវបានបណ្ដាលចិត្តមួយនេះ បានក្លាយជាសេចក្តីរីករាយនៅក្នុងជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកមានឆន្ទៈរីករាយនឹងបទពិសោធដែលមកពីព្រះវិញ្ញាណបរិសុទ្ធ។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការបណ្ដាលចិត្តតាមរបៀបនេះ មិនមែនកើតឡើងដើម្បីធ្វើឱ្យអ្នកប្រែពីសាច់ឈាម ទៅកាន់ស្ថានសួគ៌ជាន់ទីបី ឬក៏ធ្វើដំណើរជុំវិញពិភពលោកនោះទេ។ តែផ្ទុយទៅវិញ អ្នកអាចទទួលអារម្មណ៍ និងភ្លក់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលអ្នករីករាយថ្ងៃនេះ ព្រមទាំងទទួលយកបទពិសោធនៃកិច្ចការដ៏សំខាន់របស់ព្រះជាម្ចាស់ ក៏ដូចជាស្គាល់ខ្លួនឯងឡើងវិញជាមួយនឹងការយកព្រះហឫទ័យទុកដាក់ ហើយនិងការការពាររបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះដែរ។ របស់ទាំងអស់នេះគឺដើម្បីជួយអ្នកឱ្យមានចំណេះដឹងកាន់តែច្រើនអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃនេះ ហើយនេះជាគោលដៅរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការទាំងនេះ។

ការស្វែងរក និងការរាវរក គឺជារបៀបរស់នៅមុនការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នៅពេលនោះ មនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ ហេតុដូច្នេះ គ្មានជម្រើសអ្វីក្រៅពីស្វែងរក និងរាវរកនោះទេ។ សព្វថ្ងៃនេះ អ្នកបានមើលឃើញព្រះជាម្ចាស់ ហើយព្រះអង្គបានមានបន្ទូលប្រាប់អ្នកដោយផ្ទាល់នូវរបៀបដែលអ្នកគួរប្រព្រឹត្តតាម នេះជាមូលហេតុដែលអ្នកមិនចាំបាច់ស្វែងរក ឬរាវរកនោះឡើយ។ មាគ៌ាដែលព្រះអង្គដឹកនាំមនុស្ស គឺជាមាគ៌ានៃសេចក្តីពិត ហើយអ្វីៗដែលព្រះអង្គមានបន្ទូលទៅកាន់មនុស្ស និងអ្វីដែលមនុស្សបានទទួល គឺជាជីវិត និងសេចក្តីពិត។ អ្នកមានផ្លូវ ជីវិត និងសេចក្តីពិត តើចាំបាច់ត្រូវទៅស្វែងរកនៅទីកន្លែងណាទៀត? ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការពីរដំណាក់កាលក្នុងពេលដំណាលគ្នាទេ។ ប្រសិនបើនៅពេលដែលខ្ញុំបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ និងស្វែងរកសេចក្តីពិតឱ្យបានត្រឹមត្រូវទេ ហើយនៅតែធ្វើទង្វើដូចដែលពួកគេបានធ្វើនៅយុគសម័យនៃព្រះគុណ នៅតែរាវរកដូចជាមនុស្សខ្វាក់ ព្រមទាំងនៅតែអធិស្ឋានស្វែរកឥតឈប់ឈរ តើនោះមិនមានន័យថាដំណាក់កាលនៃកិច្ចការរបស់ខ្ញុំដែលជាកិច្ចការនៃព្រះបន្ទូល បានទៅជាឥតប្រយោជន៍ទេឬអី? ទោះបីជាខ្ញុំ បានបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ខ្ញុំក៏ដោយ ក៏មនុស្សនៅតែមិនទាន់យល់ច្បាស់ដដែល ហើយនេះក៏ដោយសារតែពួកគេខ្វះគុណសម្បត្តិ។ បញ្ហានេះអាចដោះស្រាយបានតាមរយៈការរស់នៅបែបជីវិតក្រុមជំនុំ និងតាមរយៈការប្រកបគ្នាទៅវិញទៅមក។ ពីមុន នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាព្រះជាម្ចាស់បានយកកំណើតជាមនុស្សក៏ដោយ ក៏ព្រះអង្គមិនបានធ្វើកិច្ចការនៃព្រះបន្ទូលដែរ នេះហើយជាមូលហេតុដែលនៅពេលនោះព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនេះ ដើម្បីរក្សាកិច្ចការនោះ។ នៅគ្រានោះ គឺព្រះវិញ្ញាណបរិសុទ្ធទេដែលបានធ្វើកិច្ចការនេះ ក៏ប៉ុន្តែឥឡូវនេះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលបានយកកំណើតជាមនុស្ស ដែលកំពុងធ្វើកិច្ចការនេះវិញ ដោយជំនួសកន្លែងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលពីមុន ដរាបណាមនុស្សបានអធិស្ឋានកាន់តែញឹកញាប់ នោះពួកគេនឹងទទួលបានសន្តិភាព និងអំណរ តែត្រូវមានការអត់ធ្មត់ ក៏ដូចជាសេចក្ដីប្រៀនប្រដៅដែរ។ ទាំងអស់នេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មកទល់ពេលនេះ ករណីទាំងនេះ គឺមានតិចតួចណាស់ ហើយក៏នៅឆ្ងាយពីគ្នាដែរ។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើកិច្ចការតែម្យ៉ាងគត់ នៅក្នុងគ្រប់យុគសម័យនីមួយៗ។ ប្រសិនបើព្រះអង្គបំពេញកិច្ចការពីរយ៉ាងនៅក្នុងពេលដំណាលគ្នា គឺសាច់ឈាមធ្វើកិច្ចការមួយ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការមួយផ្សេងទៀតនៅក្នុងមនុស្ស ហើយចុះប្រសិនបើអ្វីដែលសាច់ឈាមធ្វើមិនបានរាប់ រាប់តែកិច្ចការខាងវិញ្ញាណតែមួយប៉ុណ្ណោះ នោះព្រះគ្រីស្ទនឹងលែងមានសេចក្តីពិត ផ្លូវ ឬជីវិត ដែលត្រូវលើកមកមានបន្ទូលទៀតឡើយ។ នេះអាចជាការនិយាយផ្ទុយស្រឡះពីខ្លួនឯងទៅវិញ។ តើព្រះវិញ្ញាណបរិសុទ្ធ អាចធ្វើការដូចនេះបានទេ? ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងមានសព្វញ្ញុញាណ បរិសុទ្ធ និងសុចរិត ហើយព្រះអង្គមិនដែលប្រព្រឹត្តកំហុសអ្វីទាល់តែសោះ។

មានគម្លាត និងកំហុសយ៉ាងច្រើននៅក្នុងបទពិសោធកន្លងមករបស់មនុស្ស។ មានរឿងខ្លះដែលមនុស្សធម្មតាមានបំណងចង់បាន ឬចង់ធ្វើ ឬមានកំហុសជាច្រើន ដែលមនុស្សពិបាកចៀសវាងនៅក្នុងជីវិត ហើយពេលរឿងទាំងនេះត្រូវដោះស្រាយមិនបានល្អ នោះមនុស្សចាប់ផ្តើមទម្លាក់ទំនួលខុសត្រូវទៅលើព្រះជាម្ចាស់ទៅវិញ។ មានបងស្រីម្នាក់ មានភ្ញៀវមកលេងផ្ទះគាត់។ ដោយសារហេតុនេះ ធ្វើឱ្យនំប៉ាវចំហុយរបស់គាត់មិនបានឆ្អិនល្អទេ ដូច្នេះគាត់បានគិតថា «នេះប្រហែលជាសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ហើយមើលទៅ។ ព្រះជាម្ចាស់កំពុងដោះស្រាយជាមួយចិត្តអំនួតរបស់ខ្ញុំម្តងទៀតហើយ ដ្បិតភាពអំនួតរបស់ខ្ញុំ គឺពិតជាខ្លាំងក្លាពេកហើយ។» តាមពិតទៅ ជាធម្មតាទេដែលមនុស្សមានការព្រួយបារម្ភនៅក្នុងគំនិត នៅពេលដែលមានភ្ញៀវមកលេងផ្ទះ ហើយអ្នកមានអារម្មណ៍រំភើប និងប្រញាប់ប្រញាល់ក្នុងការធ្វើអ្វីៗដែលអ្នកកំពុងធ្វើដោយរដាក់រដុប ហើយដូច្នេះ វាពិតប្រាកដណាស់ថា បើមិនបាយខ្លោច ក៏ម្ហូបប្រៃដែរ។ នេះវាកើតចេញមកពីការខំប្រឹងធ្វើការខ្លាំងពេក តែផ្ទុយទៅវិញ មនុស្សបែរជាទម្លាក់ថាជា «ការប្រៀនប្រដៅរបស់ព្រះជាម្ចាស់» ទៅវិញ។ តាមពិតទៅ ទាំងនេះគ្រាន់តែជាកំហុសដែលមនុស្សបានធ្វើនៅក្នុងជីវិតប៉ុណ្ណោះ។ កាលដែលអ្នកមិនទាន់ជឿលើព្រះជាម្ចាស់ តើអ្នកមិនដែលជួបរឿងទាំងអស់នេះញឹកញាក់ដែរទេអី? ជារឿយៗ បញ្ហាជាច្រើនដែលកើតឡើង គឺជាលទ្ធផលចេញពីកំហុសដែលមនុស្សបានធ្វើ ហើយករណីដែលមានកំហុសបែបនេះកើតឡើង គឺមិនមែនជាសកម្មភាពរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ កំហុសបែបនេះ មិនមានអ្វីដែលទាក់ទិនជាមួយព្រះជាម្ចាស់ទេ។ ជាក់ស្តែង នៅពេលដែលអ្នកខាំអណ្តាតខ្លួនឯងពេលកំពុងញ៉ាំអ្វីមួយ សួរថាតើនេះជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ទេ? សេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ គឺមានគោលការណ៍ ហើយជាធម្មតាត្រូវបានមើលឃើញនៅពេលដែលអ្នកប្រព្រឹត្តអំពើបាបដោយចេតនា។ មានតែនៅពេលដែលអ្នកធ្វើអ្វីៗដែលពាក់ព័ន្ធនឹងព្រះនាមបស់ព្រះជាម្ចាស់ ឬទាក់ទងនឹងទីបន្ទាល់របស់ព្រះអង្គ ឬក៏កិច្ចការរបស់ព្រះអង្គប៉ុណ្ណោះ ទើបព្រះអង្គប្រៀនប្រដៅអ្នក។ ឥឡូវនេះ មនុស្សមានការយល់ច្បាស់គ្រប់គ្រាន់អំពីសេចក្តីពិត ដើម្បីឱ្យមានការយល់ដឹងខាងក្នុងនូវអ្វីៗដែលពួកគេធ្វើ។ ឧទាហរណ៍៖ តើអ្នកអាចនឹងមិនមានអារម្មណ៍អ្វីសោះទេប្រសិនបើអ្នកកិបកេងលុយរបស់ក្រុមជំនុំ ឬអ្នកបានចំណាយវាដោយឥតបើគិតនោះ? នៅពេលដែលអ្នកធ្វើរឿងនេះ នោះអ្នកនឹងមានអារម្មណ៍អ្វីម្យ៉ាងភ្លាម។ វាមិនអាចទៅរួចនោះទេ ដោយគ្រាន់តែមានអារម្មណ៍អ្វីម្យ៉ាង ក្រោយពីបានធ្វើវារួចនោះ។ វាមិនចាំបាច់ទាល់តែរឿងនឹងធ្វើហើយ ទើបបានមានអារម្មណ៍នោះទេ។ អ្នកច្បាស់ក្នុងចិត្តរបស់អ្នកទៅហើយ ចំពោះអ្វីដែលអ្នកធ្វើផ្ទុយទៅនឹងមនសិការរបស់អ្នក។ ដោយសារតែមនុស្សមានចំណង់ និងចំណូលចិត្តរៀងៗខ្លួន នោះពួកគេងាយនឹងបណ្តែតបណ្ដោយខ្លួនគេណាស់ ទោះបីពួកគេដឹងច្បាស់ថា តើគួរយកសេចក្តីពិតមកអនុវត្តបែបណាក៏ដោយ។ ទោះបើក្រោយពីពួកគេធ្វើអ្វីមួយក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ថាធ្វើខុស ឬទទួលការប្រៀនប្រដៅណាមួយឡើយ។ នេះមកពីពួកគេបានប្រព្រឹត្ដអំពើបាបដោយចេតនា ហេតុដូច្នេះហើយ ទើបព្រះជាម្ចាស់មិនបានប្រៀនប្រដៅពួកគេភ្លាមៗឡើយ ក៏ប៉ុន្តែនៅពេលដែលពេលវេលានៃការជំនុំជម្រះដ៏សុចរិតមកដល់ នោះការផ្តន្ទាទោសរបស់ព្រះជាម្ចាស់នឹងធ្វើឡើងដល់មនុស្សម្នាក់ៗទៅតាមទង្វើដែលគេបានប្រព្រឹត្ត។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួននៅក្នុងក្រុមជំនុំបានកិបកេងលុយតង្វាយ មួយចំនួនខ្លះទៀតមិនរក្សាគម្លាតរវាងបុរសនិងស្ត្រី ហើយក៏មានមួយចំនួនទៀតចាំតែថ្កោលទោស ប្រឆាំង និងព្យាយាមបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយសម្ងាត់វិញ។ ចុះហេតុដូចម្តេចបានជាពួកគេមិនឃើញមានកើតអ្វីសោះ? នៅពេលដែលធ្វើរឿងបែបនេះ ពួកគេបានដឹង និងមានអារម្មណ៍ថាធ្វើខុសនៅក្នុងចិត្តរបស់ពួកគេ ហើយដោយសារតែមូលហេតុនេះ ពេលខ្លះពួកគេទទួលរងនូវការវាយផ្ចាល និងការបន្សុទ្ធដែរ ក៏ប៉ុន្តែពួកគេនៅតែមុខក្រាស់ គ្មានការខ្មាសអៀនឡើយ! ប្រៀបដូចជាមនុស្សដែលមិនរើសមុខ គឺពួកគេដឹងអំពីអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ ក៏ប៉ុន្តែតណ្ហារបស់ពួកគេគឺធំធេងណាស់ ហើយពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ ទោះបីជាព្រះវិញ្ញាណបរិសុទ្ធប្រៀនប្រដៅពួកគេក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ ហេតុដូច្នេះ ទើបព្រះវិញ្ញាណបរិសុទ្ធមិនកំណត់សេចក្ដីប្រៀនប្រដៅឡើយ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធ មិនប្រៀនប្រដៅពួកគេទេ ហើយប្រសិនបើពួកគេមិនមានអារម្មណ៍ថាធ្វើខុស និងគ្មានអ្វីកើតឡើងចំពោះសាច់ឈាមរបស់ពួកគេទេ នោះតើមានសេចក្ដីប្រៀនប្រដៅអ្វីក្រោយមកទៀត? កំហុសបានធ្វើរួចទៅហើយ តើត្រូវយកអ្វីមកដាក់វិន័យ? វាគ្រាន់តែជាការសបញ្ជាក់ឱ្យឃើញថា ពួកគេជាមនុស្សគ្មានការអៀនខ្មាសទាល់តែសោះ និងគ្មានភាពជាមនុស្សទេ ហើយពួកគេសាកសមនឹងទទួលនូវបណ្តាសា ព្រមទាំងការដាក់ទណ្ឌកម្ម! ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការដោយមិនមានការចាំបាច់នោះទេ។ ប្រសិនបើអ្នកស្គាល់សេចក្តីពិតយ៉ាងច្បាស់ ក៏ប៉ុន្តែមិនអនុវត្តតាម ហើយប្រសិនបើអ្នកនៅបន្តប្រព្រឹត្តការអាក្រក់ទៀត នោះអ្វីដែលអ្នកអាចធ្វើបាន គឺរង់ចាំថ្ងៃមួយមកដល់ ដែលអ្នកនឹងត្រូវទទួលការជំនុំជម្រះរួមជាមួយមនុស្សអាក្រក់តែប៉ុណ្ណោះ។ នេះគឺជាការបញ្ចប់ដ៏ល្អបំផុតសម្រាប់អ្នក! ឥឡូវនេះ ខ្ញុំបានអធិប្បាយម្តងហើយម្តងទៀតអំពីមនសិការ ដែលជាខ្នាតរង្វាស់អប្បបរមាមួយ។ ប្រសិនបើមនុស្សខ្វះមនសិការ នោះពួកគេបានបាត់បង់សេចក្ដីប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ ពួកគេអាចធ្វើអ្វីដែលពួកគេចង់ធ្វើ ក៏ប៉ុន្តែព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់នឹងពួកគេឡើយ។ អស់អ្នកដែលមានមនសិការ និងហេតុផលពិតប្រាកដនឹងដឹងអំពីការដាក់វិន័យនៅពេលដែលពួកគេធ្វើអ្វីមួយខុស។ ពួកគេនឹងមានអារម្មណ៍មិនស្រួល នៅពេលដែលពួកគេមានអារម្មណ៍ស្តីបន្ទោសបន្តិចបន្ទួចនៅក្នុងមនសិការរបស់ពួកគេ។ ពួកគេនឹងឆ្លងកាត់សមរភូមិខាងក្នុង ហើយនៅទីបំផុតពួកគេនឹងបោះបង់សាច់ឈាមចោល។ ពួកគេនឹងមិនឈានដល់ចំណុចដែលពួកគេធ្វើអ្វីមួយប្រឆាំងនឹងព្រះជាម្ចាស់នោះទេ។ មិនចំពោះថាតើព្រះវិញ្ញាណបរិសុទ្ធប្រៀនប្រដៅ និងវាយផ្ចាលពួកគេឬអត់នោះទេ គឺមនុស្សទាំងអស់នឹងមានអារម្មណ៍ដឹង នៅពេលពួកគេធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ ហេតុដូច្នេះ នៅពេលដែលនេះមនុស្សយល់អំពីសេចក្តីពិតគ្រប់បែបយ៉ាង ហើយប្រសិនបើពួកគេមិនអនុវត្តតាមទេ នោះគឺជាបញ្ហារបស់មនុស្ស។ ដ្បិតខ្ញុំមិនមានប្រតិកម្មចំពោះមនុស្សបែបនេះទាល់តែសោះ ហើយខ្ញុំក៏មិនមានក្តីសង្ឃឹមសម្រាប់ពួកគេដែរ។ អ្នកអាចធ្វើអី្វតាមដែលអ្នកចង់ធ្វើចុះ!

នៅពេលដែលមនុស្សមួយចំនួនជួបជុំគ្នា ពួកគេទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក ហើយពួកគេតែងតែនិយាយគ្នាអំពីអ្វីដែលមនុស្សនេះចូលចិត្ត ឬមនុស្សនោះចូលចិត្តតែប៉ុណ្ណោះ។ ជាការពិតណាស់ វាជាការល្អដែលត្រូវចេះវិនិច្ឆ័យខ្លះៗដើម្បីកុំឱ្យទៅទីណា អ្នកងាយនឹងចាញ់បោកគេស្រួលៗ ឬក៏ត្រូវគេកេងបន្លំ និងស៊ីខ្សែលើអ្នកបាន នេះក៏ជាចំណុចដែលមនុស្សគួរតែមានដែរ។ ក៏ប៉ុន្តែអ្នកមិនត្រូវផ្តោតតែលើរឿងនេះពេកទេ។ ដ្បិតការនេះជាប់ទាក់ទងនឹងផ្នែកអវិជ្ជមាននៃរឿងរ៉ាវមួយចំនួន ហើយអ្នកមិនអាចសម្លឹងតែទៅលើមនុស្សតែម្យ៉ាងនោះទេ។ អ្នកមានចំណេះដឹងតិចតួចបំផុតអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការ ជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺនៅរាក់ខ្លាំងណាស់ ហើយអ្នកក៏មានភាពវិជ្ជមានមិនច្រើនដែរ។ បុគ្គលដែលអ្នកជឿ គឺជាព្រះជាម្ចាស់ ហើយអ្នកដែលអ្នកត្រូវធ្វើការស្វែងយល់ក៏ជាព្រះជាម្ចាស់ដែរ គឺមិនមែនសាតាំងឡើយ។ ប្រសិនបើអ្នកដឹងតែពីរបៀបដែលសាតាំងធ្វើការ និងគ្រប់មធ្យោបាយដែលវិញ្ញាណអាក្រក់ធ្វើការ ក៏ប៉ុន្តែអត់មានចំណេះដឹងអំពីព្រះជាម្ចាស់ នោះសួរថា តើវាមានប្រយោជន៍អ្វី? តើមិនមែនជាព្រះជាម្ចាស់ទេឬអី ដែលអ្នកកំពុងជឿនាពេលសព្វថ្ងៃនេះ? ចុះហេតុអ្វីបានជាចំណេះដឹងរបស់អ្នកមិនរាប់បញ្ចូលរឿងវិជ្ជមានទាំងនេះផង? អ្នកមិនបានយកចិត្តទុកដាក់ក្នុងការប្រតិបត្តិតាមចំណុចវិជ្ជមាននៃច្រកចូលទេ ហើយអ្នកក៏មិនចាប់យកវាដែរ ដូច្នេះតើអ្វីដែលនៅលើផែនដីនេះ គឺជារបស់ដែលអ្នកចង់បាននៅក្នុងសេចក្តីជំនឿរបស់អ្នក? តើអ្នកមិនដឹងថា អ្នកគួរតាមវាដោយរបៀបណាទេឬអី? អ្នកបានដឹងអំពីចំណុចអវិជ្ជមានច្រើនណាស់ ក៏ប៉ុន្តែចំណុចវិជ្ជមានរបស់អ្នកគឺទទេសូន្យតែម្តង ដូច្នេះតើធ្វើដូចម្តេចដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់អ្នករីកចម្រើន? តើមនុស្សដូចអ្នកទៅរំពឹងអ្វីនាពេលអនាគត ដើម្បីធ្វើសង្គ្រាមជាមួយសាតាំងនោះ? តើការប្រតិបត្តិរបស់អ្នកមិនហួសសម័យទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះពីការងារបច្ចុប្បន្នតាមរយៈការធ្វើរឿងនេះ? អ្វីដែលជាគន្លឺះសម្រាប់អ្នកនៅពេលនេះ គឺត្រូវយល់ពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើ និងពីរបៀបដែលមនុស្សគួរតែសហការជាមួយរបៀបដែលពួកគេគួរស្រឡាញ់ព្រះជាម្ចាស់ របៀបដែលពួកគេគួរតែយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលពួកគេត្រូវប្រតិបត្តិតាមគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនៅថ្ងៃនេះ របៀបដែលពួកគេគួរហូបនិងផឹក ទទួលបទពិសោធ និងយល់ពីរឿងទាំងអស់នោះ របៀបដែលពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈការចុះចូលចំពោះព្រះជាម្ចាស់ទាំងស្រុង...។ ទាំងអស់នេះ គឺជាអ្វីដែលអ្នកគួរតែផ្តោតការយកចិត្តទុកដាក់ឱ្យខ្លាំង ហើយដែលគួរតែអនុវត្តតាមក្នុងពេលនេះដែរ។ តើអ្នកយល់ទេ? តើការដែលអង្គុយចាំតែវិនិច្ឆ័យអ្នកដទៃមានប្រយោជន៍អ្វីខ្លះ? អ្នកអាចវិនិច្ឆ័យចំពោះសាតាំងនៅទីនេះ វិនិច្ឆ័យចំពោះវិញ្ញាណអាក្រក់នៅទីនោះបាន ហើយអ្នកមានការយល់ដឹងទាំងស្រុងអំពីវិញ្ញាណអាក្រក់ទាំងនោះ ក៏ប៉ុន្តែប្រសិនបើអ្នកមិនអាចនិយាយអ្វីអំពីកិច្ចការរបស់ព្រះជាម្ចាស់បានផង សួរថាតើការចេះវិនិច្ឆ័យបែបនេះអាចជំនួសការយល់ដឹងអំពីព្រះជាម្ចាស់បានទេ? កាលពីមុន ខ្ញុំធ្លាប់បានធ្វើការសិក្សាស្តីអំពីការបង្ហាញពីកិច្ចការរបស់វិញ្ញាណអាក្រក់ ក៏ប៉ុន្តែនេះមិនមែនជារឿងសំខាន់នោះទេ។ ជាការពិត មនុស្សគួរតែចេះវិនិច្ឆ័យខ្លះៗ ហើយនេះគឺជាចំណុចមួយដែលអ្នកបម្រើព្រះជាម្ចាស់គួរតែមាន ដើម្បីចៀសវាងធ្វើអ្វីដែលល្ងីល្ងើ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ ទោះយ៉ាងណា អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវមានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះអង្គដែរ។ តើចំណេះដឹងអ្វីខ្លះស្តីអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងខ្លួនអ្នក? តើអ្នកអាចនិយាយបានទេថា អ្វីទៅដែលព្រះជាម្ចាស់ធ្វើ ហើយអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះអង្គ តើអ្វីខ្លះដែលជាចំណុចខ្វះខាតរបស់អ្នក ហើយអ្វីដែលអ្នកគួរតែបំពាក់បំប៉នបន្ថែម? តើអ្នកអាចនិយាយបានទេថា អ្វីទៅដែលជាការអនុវត្តថ្មីបំផុតរបស់អ្នក? អ្នកគួរតែទទួលបានផ្លែផ្កា និងទទួលបានការយល់ដឹងក្នុងការអនុវត្តថ្មីនោះ។ ចូរកុំធ្វើពុតជាភាន់ច្រលំឡើយ អ្នកត្រូវតែខិតខំបន្ថែមទៀតនៅក្នុងការអនុវត្តថ្មីនេះ ដើម្បីធ្វើឱ្យបទពិសោធ និងចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកកាន់តែស៊ីជម្រៅ ហើយកាន់តែច្រើនឡើងថែមទៀត ដូច្នេះអ្នកត្រូវតែទទួលបានការយល់ដឹងអំពីការអនុវត្តថ្មីៗបំផុត ក៏ដូចជារបៀបនៃការឆ្លងកាត់ដ៏ត្រឹមត្រូវបំផុតដែរ។ លើសពីនេះទៅទៀត តាមរយៈកិច្ចការថ្មី និងការអនុវត្តថ្មីនេះ អ្នកគួរតែមានសមត្ថភាពចេះវិនិច្ឆ័យទាក់ទងទៅនឹងការអនុវត្តន៍ដែលហួសសម័យ និងខុសទិសដៅរបស់អ្នក ហើយស្វែងរកវិធីបោះវាចោល ដើម្បីចូលទៅក្នុងបទពិសោធថ្មីៗវិញ។ ទាំងនេះគឺជារបស់ដែលអ្នកត្រូវការជាចាំបាប់បំផុត ដើម្បីយល់ដឹង និងធ្វើវាបាន។ អ្នកត្រូវតែយល់ពីភាពខុសគ្នា និងទំនាក់ទំនងរវាងផ្លូវចាស់ និងផ្លូវថ្មី។ ប្រសិនបើអ្នកមិនយល់អំពីរឿងទាំងនេះទេ នោះអ្នកនឹងមិនមានវិធីដើម្បីរីកចម្រើនទេ ពីព្រោះថាអ្នកនឹងមិនអាចរក្សាល្បឿននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ អ្នកត្រូវមានសមត្ថភាពអាចទទួលយកការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាធម្មតារបស់ព្រះអង្គ រួចប្រើវាដើម្បីផ្លាស់ប្តូររបៀបនៃការអនុវត្តន៍ដែលហួសសម័យ និងជំនឿបែបប្រពៃណីចាស់របស់អ្នកចេញ ដើម្បីឱ្យអ្នកអាចចូលទៅក្នុងការអនុវត្តថ្មីមួយ ហើយចូលក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដែរ។ ទាំងអស់នេះជាអ្វីដែលអ្នកគួរតែសំរេចបាន។ ឥឡូវនេះ ខ្ញុំមិនមែនស្នើសុំឱ្យអ្នក ដើម្បីរកឱ្យឃើញយ៉ាងច្បាស់ពីរបៀបដែលអ្នកវាស់ស្ទង់នោះទេ នេះមិនមែនជាគោលដៅទេ។ ផ្ទុយទៅវិញ ខ្ញុំស្នើសុំឱ្យអ្នកអនុវត្តតាមសេចក្តីពិត និងការយល់ដឹងរបស់អ្នកអំពីច្រកចូលជីវិតឱ្យជាប់លាប់។ សមត្ថភាពក្នុងការស្គាល់ខ្លួនឯងរបស់អ្នក មិនមែនតំណាងឱ្យឋានៈពិតរបស់អ្នកទេ។ ប្រសិនបើអ្នកអាចមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានបទពិសោធ និងការយល់ដឹងអំពីសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចដឹងពីទស្សនៈផ្ទាល់ខ្លួន និងកំហុសពីមុនរបស់អ្នក នោះហើយទើបជាកម្ពស់ពិតរបស់អ្នក ហើយគឺជាអ្វីមួយដែលអ្នករាល់គ្នាគួរតែយកឱ្យបាន។

មានស្ថានភាពជាច្រើន ដែលជាធម្មតាអ្នករាល់គ្នាមិនដឹងពីរបៀបអនុវត្តទេ ហើយអ្នកក៏ដឹងតិចតួចពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការដែរ។ មានពេលខ្លះអ្នកបានធ្វើអ្វីមួយដែលមិនស្ដាប់បង្គាប់តាមព្រះវិញ្ញាណបរិសុទ្ធទៀតផង។ តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកបានយល់ពីគោលការណ៍នៅក្នុងដៃរួចហើយ ហេតុដូច្នេះនៅខាងក្នុង អ្នកមានអារម្មណ៍ថាធ្វើខុស និងមានការរំខាន ពិតណាស់ នេះគឺជាអារម្មណ៍មួយ ដែលមនុស្សម្នាក់នឹងទទួលបាន ក្រោយពីពួកគេបានស្គាល់នូវសេចក្តីពិត។ ប្រសិនបើមនុស្សមិនសហការ ឬអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ នោះពួកគេកំពុងរារាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេប្រាកដជាមានអារម្មណ៍មិននឹងន នៅក្នុងខ្លួនឡើយ។ ឧបមាថា អ្នកយល់ពីគោលការណ៍នៃទិដ្ឋភាពជាក់លាក់មួយ ក៏ប៉ុន្តែ អ្នកមិនបានអនុវត្តតាមទេ ដូច្នេះ អ្នកនឹងទទួលរងនូវអារម្មណ៍នៃការធ្វើខុសមួយនៅខាងក្នុងចិត្តអ្នក។ ប្រសិនបើអ្នកមិនយល់ពីគោលការណ៍ ហើយមិនដឹងពីទិដ្ឋភាពនៃសេចក្ដីពិតទាល់តែសោះ នោះអ្នកនឹងមិនចាំបាច់មានអារម្មណ៍ធ្វើខុសចំពោះបញ្ហានេះទេ។ ការដាក់ទោសរបស់ព្រះវិញ្ញាណបរិសុទ្ធ តែងតែមាននៅក្នុងបរិបទ។ អ្នកគិតថា ដោយសារតែអ្នកមិនបានអធិស្ឋាន ហើយមិនបានសហការជាមួយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបធ្វើឱ្យកិច្ចការអ្នកត្រូវពន្យាពេល។ តាមពិត វាមិនបានពន្យាពេលនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធនឹងពាល់ចិត្តមនុស្សម្នាក់ផ្សេងទៀត គ្មាននរណាម្នាក់អាចរារាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្នកមានអារម្មណ៍ថា អ្នកបានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យ ហើយនេះគឺជាអារម្មណ៍ដែលអ្នកគួរតែមាននៅក្នុងមនសិការរបស់អ្នក។ មិនខ្វល់ថាអ្នកអាចទទួលបានសេចក្តីពិត ឬក៏អត់នោះទេ វាគឺជារឿងផ្ទាល់ខ្លួនរបស់អ្នក ហើយមិនទាក់ទងនឹងព្រះជាម្ចាស់ឡើយ។ ពេលខ្លះ វាជាមនសិការផ្ទាល់ខ្លួនរបស់អ្នក ដែលទទួលអារម្មណ៍ចោទប្រកាន់ ហើយនេះមិនមែនជាការបំភ្លឺ ឬការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយក៏មិនមែនជាកាដាក់ទោសពីព្រះវិញ្ញាណបរិសុទ្ធដែរ។ ផ្ទុយទៅវិញវាជាអារម្មណ៍នៅក្នុងមនសិការមនុស្ស។ ប្រសិនបើអ្នក ប្រព្រឹត្ដដោយចេតនា ក្នុងបញ្ហាដែលទាក់ទងនឹងព្រះនាមរបស់ព្រះជាម្ចាស់ ទីបន្ទាល់របស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងមិនលើកលែងឱ្យអ្នកឡើយ។ ក៏ប៉ុន្តែ មានដែនកំណត់មួយ គឺព្រះជាម្ចាស់នឹងមិនរំខានអ្នកនៅក្នុងរឿងតូចតាចធម្មតាៗនោះឡើយ។ ព្រះអង្គនឹងមិនអើពើនឹងអ្នកទេ។ ប្រសិនបើអ្នកបំពានលើគោលការណ៍ ហើយអ្នកឆាឆៅ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះអង្គនឹងដាក់សេចក្តីក្រោធរបស់ព្រះអង្គលើអ្នក ហើយព្រះអង្គនឹងមិនលើកលែងឱ្យអ្នកជាដាច់ខាត។ កំហុសមួយចំនួនដែលអ្នកធ្វើ គឺមិនអាចចៀសផុតបានទេ ក្នុងដំណើរជីវិតរបស់មនុស្ស។ ឧទាហរណ៍ដូចជា៖ អ្នកចំហុយនំប៉ាវរបស់អ្នកមិនបានឆ្អិនល្អតាមក្បួនខ្នាត រួចអ្នកពោលថា គឺព្រះជាម្ចាស់កំពុងដាក់វិន័យអ្នកទៅវិញ នេះជារឿងមិនសមហេតុផលទាំងស្រុងដែលនិយាយបែបនេះ។ មុនពេលដែលអ្នកបានជឿលើព្រះជាម្ចាស់ តើមិនធ្លាប់មានរឿងបែបនេះកើតឡើងញឹកញាប់ដែរទេឬអី? អ្នកមានអារម្មណ៍ថា វាហាក់ដូចជាសេចក្ដីប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ប៉ុន្តែតាមពិតទៅ មិនមែនបែបដូច្នោះទេ (កាលៈទេសៈពិសេសមួយចំនួនក្រៅពីនេះ) ពីព្រោះការងារនេះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងទេ តែជាអារម្មណ៍របស់មនុស្សប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ វាជារឿងធម្មតាទេចំពោះមនុស្សដែលមានសេចក្ដីជំនឿគិតបែបយ៉ាងដូច្នេះដែរ។ ប្រសិនបើ អ្នកមិនជឿលើព្រះជាម្ចាស់ អ្នកក៏មិនអាចគិតដូចនេះបានដែរ។ នៅពេលដែលអ្នកបានជឿលើព្រះជាម្ចាស់ នោះអ្នកបានចាប់ផ្តើមចំណាយពេលវេលាច្រើនដើម្បីសញ្ជឹងគិតអំពីរឿងទាំងនេះ ហេតុដូច្នេះហើយ អ្នកក៏គិតបែបយ៉ាងនេះទៅ។ វាកើតឡើងពីការគិតរបស់មនុស្សសាមញ្ញ ហើយទាក់ទងជាមួយចិត្តគំនិតរបស់ពួកគេ។ ក៏ប៉ុន្តែ ខ្ញុំសូមមានបន្ទូលប្រាប់អ្នកថា ការគិតបែបនេះមិនស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នេះគឺជាឧទាហរណ៍មួយអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានឱ្យមនុស្សនូវប្រតិកម្មធម្មតាតាមរយៈគំនិតរបស់ពួកគេ។ ក៏ប៉ុន្តអ្នកត្រូវតែយល់ថា ប្រតិកម្មនេះមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ការមាន «ចំណេះដឹង» បែបនេះ មិនមែនបង្ហាញថាអ្នកមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ចំណេះដឹងរបស់អ្នកមិនកើតឡើងពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ វាគ្រាន់តែជាលទ្ធផលនៃការគិតរបស់មនុស្សធម្មតា ហើយវាគ្មានទំនាក់ទំនងអ្វីទៅនឹងការបំភ្លឺ ឬការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ដ្បិតទាំងនេះគឺជាបាតុភូតប្លែកៗពីគ្នា។ គំនិតរបស់មនុស្សធម្មតាបែបនេះ មិនមែនមកពីពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងឡើយ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការដើម្បីបំភ្លឺមនុស្ស ជាទូទៅ ព្រះអង្គប្រទានឱ្យពួកគេនូវចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីស្ថានភាព និងការប្រតិបត្តិពិតបា្រកដរបស់ពួកគេ។ ព្រះអង្គក៏អនុញ្ញាតឱ្យពួកគេយល់ពីចេតនាបន្ទាន់របស់ព្រះអង្គ និងសេចក្ដីតម្រូវរបស់ព្រះអង្គសម្រាប់មនុស្សនៅបច្ចុប្បន្ននេះដែរ ដើម្បីឱ្យពួកគេតាំងចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ ទោះបីជាពួកគេជួបប្រទះនូវការបៀតបៀន ការលំបាក និងឈរជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់ បើទោះជាត្រូវបង្ហូរឈាម ឬលះបង់ជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេគ្មានការសោកស្តាយដែរ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះ នោះមានន័យថាអ្នកមានការបណ្ដាលចិត្ត និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ ក៏ប៉ុន្តែត្រូវដឹងថា អ្នកមិនមែនមានការបណ្ដាលចិត្តបែបនេះគ្រប់ពេលវេលានោះទេ។ មានពេលខ្លះ នៅកន្លែងប្រជុំ ពេលអ្នកអធិស្ឋាន រួចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកអាចមានអារម្មណ៍ថាត្រូវបានពាល់ចិត្ត និងបណ្ដាលចិត្តយ៉ាងខ្លាំង។ វាជាអារម្មណ៍ថ្មី ហើយស្រស់ស្រាយ នៅពេលដែលអ្នកផ្សេងចែកចាយពីការប្រកបគ្នាខ្លះៗ ស្តីពីបទពិសោធ និងការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យចិត្តអ្នកជ្រះស្រឡះ និងភ្លឺថ្លាជាងមុន។ ទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកគឺជាអ្នកដឹកនាំ ហើយព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យអ្នកនូវការបំភ្លឺ និងការស្រាយបំភ្លឺក្នុងពេលដែលអ្នកធ្វើដំណើរទៅកាន់ក្រុមជំនុំដើម្បីបំពេញការងារ ថែមទាំងប្រទានឱ្យអ្នកនូវប្រាជ្ញា ដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងក្រុមជំនុំ ជួយឱ្យអ្នកដឹងពីរបៀបចែកចាយការប្រកបគ្នាស្តីអំពីសេចក្តីពិត និងការប្រតិបត្តិតាម ជួយឱ្យអ្នកមានភាពស្មោះត្រង់ មានការទទួលខុសត្រូវ និងប្រឹងប្រែងបំពេញកិច្ចការកាន់តែខ្លាំង ។ល។ ទាំងអស់នេះហើយ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

លេខយោង៖

(ក) អត្ថបទដើមសរសេរថា «ទាំងនេះមានមួយចំនួន»។

ខាង​ដើម៖ ទាក់ទងនឹងព្រះគម្ពីរ (៤)

បន្ទាប់៖ ការអនុវត្ត (២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ