ការអនុវត្ត (៤)
សេចក្តីសុខសាន្ត និងអំណរដែលខ្ញុំថ្លែងនៅថ្ងៃនេះ មិនដូចអ្វីដែលអ្នកជឿ និងយល់នោះឡើយ។ អ្នកធ្លាប់គិតថា សេចក្តីសុខសាន្ត និងអំណរមានន័យថា ជាការសប្បាយចិត្តពេញមួយថ្ងៃ គ្មានជំងឺរោគា ឬគ្រោះអាក្រក់ណាមួយកើតមាននៅក្នុងគ្រួសាររបស់អ្នក ជាការតែងតែមានអារម្មណ៍សប្បាយចិត្ត ដោយមិនចេះកើតទុក្ខ និងជាការមានអំណរដែលមិនអាចពណ៌នាបាន ទោះបីជាជីវិតរបស់អ្នកបានអភិវឌ្ឍដល់កម្រិតណាក៏ដោយ។ នោះគឺជាការបន្ថែមលើការទទួលបានការតម្លើងប្រាក់ខែ ហើយកូនប្រុសរបស់អ្នកទើបតែចូលរៀននៅសាកលវិទ្យាល័យ។ អ្នកបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយនឹកគិតអំពីរឿងទាំងនេះ ហើយដោយឃើញព្រះគុណរបស់ព្រះមានភាពធំធេងខ្លាំង អ្នកសប្បាយចិត្តពន់ពេក ញញឹមបិទមាត់មិនជិត ហើយមិនអាចឈប់ក្នុងការអរព្រះគុណព្រះជាម្ចាស់ឡើយ។ សេចក្តីសុខសាន្ត និងអំណរបែបនេះមិនមែនជាសេចក្តីសុខសាន្ត និងអំណរដ៏ពិត ដែលចេញមកពីការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ផ្ទុយទៅវិញ វាជាសេចក្តីសុខសាន្ត និងអំណរដែលកើតចេញពីសេចក្តីស្កប់ចិត្តនៃសាច់ឈាមវិញទេ។ អ្នកគួរតែយល់ថា សព្វថ្ងៃនេះជាយុគសម័យអ្វីហើយ។ វាមិនមែនជាយុគសម័យនៃព្រះគុណទេ ហើយក៏លែងជាពេលវេលាមួយដែលអ្នកស្វែងរកអាហារ ដើម្បីចម្អែតក្រពះរបស់អ្នកទៀតដែរ។ អ្នកអាចសប្បាយចិត្តពន់ពេក ដោយសារតែគ្រួសាររបស់អ្នករស់នៅដោយមានសេចក្តីសុខ ប៉ុន្តែជីវិតរបស់អ្នកកំពុងតែដកដង្ហើមចុងក្រោយហើយ។ ដូច្នេះ ទោះបីអ្នកមានអំណរធំធេងបែបណាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅជាមួយអ្នកឡើយ។ ការទទួលបានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធគឺសាមញ្ញបែបនេះ៖ ចូរធ្វើអ្វីដែលអ្នកគួរតែធ្វើឱ្យបានត្រឹមត្រូវ បំពេញភារកិច្ច និងមុខងារនៃភាពជាមនុស្សឱ្យបានល្អ ហើយអាចបំពាក់បំប៉នខ្លួនជាមួយអ្វីៗដែលអ្នកត្រូវប៉ះប៉ូវសម្រាប់ភាពចន្លោះប្រហោងរបស់អ្នក។ បើអ្នកតែងតែមានបន្ទុកមួយសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយរីករាយ ដោយសារតែអ្នកបានយល់អំពីសេចក្តីពិតមួយ ឬបានយល់អំពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នេះហើយជាការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដ៏ពិតប្រាកដនោះ។ ឬមួយពេលខ្លះ អ្នកចេះតែថប់បារម្ភ ដោយសារតែអ្នកជួបបញ្ហាមួយដែលអ្នកមិនដឹងជាត្រូវឆ្លងកាត់យ៉ាងដូចម្ដេច ឬដោយសារតែអ្នកមិនយល់អំពីសេចក្តីពិតមួយដែលត្រូវបានប្រកបគ្នា នោះការនេះសបញ្ជាក់ឱ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក។ ទាំងនេះគឺជាសភាពទូទៅនៃបទពិសោធជីវិត។ អ្នកត្រូវតែយល់អំពីភាពខុសគ្នារវាងការមាន និងការខ្វះនូវព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយមិនត្រូវមានភាពសាមញ្ញជ្រុលពេកនៅក្នុងទស្សនៈរបស់អ្នកអំពីការនេះឡើយ។
កាលពីមុន មានការលើកឡើងថា ការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ និងការមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខណៈខុសគ្នា។ សភាពធម្មតានៃការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានសម្ដែងចេញនៅក្នុងការមានគំនិតធម្មតា ការត្រិះរិះពិចារណាធម្មតា និងភាពជាមនុស្សធម្មតា។ អត្តចរិតរបស់មនុស្សម្នាក់នឹងបន្តមានដូចមុន ប៉ុន្តែនៅខាងក្នុងពួកគេវិញ វានឹងមាននូវសេចក្តីសុខសាន្ត ហើយនៅខាងក្រៅ ពួកគេនឹងមានសុជីវធម៌ជាពួកបរិសុទ្ធម្នាក់។ នេះគឺជារបៀបដែលពួកគេនឹងក្លាយជា នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ។ នៅពេលដែលមនុស្សម្នាក់មានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេមានគំនិតធម្មតា។ ពេលពួកគេឃ្លាន ពួកគេចង់បរិភោគ ពេលពួកគេស្រេកទឹក ពួកគេចង់ផឹកទឹក។ ... ការសម្ដែងចេញអំពីភាពជាមនុស្សធម្មតាបែបនេះមិនមែនជាការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធទេ។ វាជាការគិតបែបធម្មតា និងជាសភាពធម្មតារបស់មនុស្សនៃការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សខ្លះជឿខុសថា អស់អ្នកដែលមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធគ្មានការស្រេកឃ្លាន ជឿថា ពួកគេគ្មានអារម្មណ៍នឿយហត់ ហើយពួកគេហាក់ដូចជាមិនគិតគូរដល់ក្រុមគ្រួសារ ដោយសឹងតែផ្ដាច់ខ្លួនទាំងស្រុងចេញពីសាច់ឈាមតែម្ដង។ តាមពិតទៅ បើព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយមនុស្សកាន់តែច្រើន នោះពួកគេកាន់តែមានលក្ខណៈប្រក្រតី។ ពួកគេដឹងថា ពួកគេត្រូវរងទុក្ខ និងលះបង់អ្វីៗសម្រាប់ព្រះជាម្ចាស់ លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគិតគូរអំពីម្ហូបអាហារ និងសម្លៀកបំពាក់។ នៅក្នុងន័យម្យ៉ាងទៀត ពួកគេមិនបានបាត់បង់ភាពជាមនុស្សសាមញ្ញដែលមនុស្សគួរតែមាន និងគួរតែក្លាយជានរណាឡើយ ផ្ទុយទៅវិញ ពួកគេមានការត្រិះរិះពិចារណាជាពិសេស។ ពេលខ្លះ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសញ្ជឹងគិតលើកិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងដួងចិត្តរបស់ពួកគេមាននូវសេចក្តីជំនឿ ហើយពួកគេព្រមដេញតាមសេចក្តីពិត។ តាមពិតទៅ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឈរលើមូលដ្ឋាននេះហើយ។ បើមនុស្សគ្មានការគិតបែបធម្មតាទេ នោះពួកគេគ្មានការត្រិះរិះពិចារណាឡើយ ហើយនេះមិនមែនជាសភាពធម្មតាទេ។ នៅពេលដែលមនុស្សមានការគិតបែបធម្មតា ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ នោះពួកគេប្រាកដជាមានការត្រិះរិះពិចារណាជាមនុស្សធម្មតាម្នាក់មិនខាន ហើយដូច្នេះ ពួកគេមានសភាពធម្មតា។ នៅក្នុងការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ ការមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធកើតឡើងម្ដងម្កាល ចំណែកឯការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធវិញ សឹងតែកើតឡើងជាញឹកញាប់។ ដរាបណាមនុស្សមានការត្រិះរិះពិចារណា និងការគិតបែបធម្មតា ហើយដរាបណាពួកគេមានសភាពធម្មតា នោះព្រះវិញ្ញាណបរិសុទ្ធប្រាកដជាគង់នៅជាមួយពួកគេមិនខាន។ នៅពេលដែលមនុស្សមានការត្រិះរិះពិចារណា និងការគិតបែបមិនធម្មតា នោះភាពជាមនុស្សរបស់ពួកគេក៏មិនធម្មតាដែរ។ នៅពេលនេះ បើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគង់នៅខាងក្នុងអ្នក នោះព្រះវិញ្ញាណបរិសុទ្ធក៏នឹងប្រាកដជាគង់នៅជាមួយអ្នកផងដែរ។ ប៉ុន្តែ បើព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក វាមិនប្រាកដថា នៅពេលក្រោយព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅខាងក្នុងអ្នកឡើយ ដ្បិតព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅពេលវេលាដ៏ពិសេស។ ការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ អាចត្រឹមតែរក្សាអត្ថិភាពធម្មតារបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅពេលវេលាជាក់លាក់មួយប៉ុណ្ណោះ។ ឧទាហរណ៍ បើអ្នកជាអ្នកដឹកនាំ ឬបុគ្គលិកធម្មតា នៅពេលដែលអ្នកស្រោចស្រព និងផ្តល់នូវការទ្រទ្រង់ដល់ពួកជំនុំ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកអំពីពាក្យជាក់លាក់ ដែលជាការស្អាងចិត្តអ្នកដទៃ និងអាចដោះស្រាយបញ្ហាជាក់ស្ដែងនៃបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលបែបនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការ។ ពេលខ្លះ នៅពេលដែលអ្នកកំពុងតែហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នកជាមួយពាក្យជាក់លាក់ដែលទាក់ទងនឹងបទពិសោធជាក់ស្ដែងរបស់អ្នកផ្ទាល់ ដោយអនុញ្ញាតឱ្យអ្នកទទួលបានចំណេះដឹងកាន់តែច្រើនអំពីសភាពរបស់អ្នកផ្ទាល់ ដូច្នេះ ការនេះក៏ជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរ។ ពេលខ្លះ ពេលខ្ញុំថ្លែងបន្ទូល អ្នករាល់គ្នាស្ដាប់ និងវាស់ស្ទង់សភាពផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះបន្ទូលរបស់ខ្ញុំ ហើយពេលខ្លះ អ្នកទទួលបានការពាល់ចិត្ត ឬការបណ្ដាលចិត្ត។ ការទាំងអស់នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សខ្លះនិយាយថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងពួកគេគ្រប់ពេលវេលា។ ការនេះមិនអាចទៅរួចឡើយ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅជាមួយគេ នោះវាជារឿងសមហេតុផល។ បើពួកគេនិយាយថា ការគិត និងញាណរបស់ពួកគេគឺធម្មតាគ្រប់ពេល នោះក៏សមហេតុផលដែរ ហើយវាបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើការនៅខាងក្នុងពួកគេ ថាពួកគេត្រូវបានបំភ្លឺដោយព្រះជាម្ចាស់ និងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធនៅគ្រប់ពេលវេលា ព្រមទាំងទទួលបានចំណេះដឹងថ្មីៗគ្រប់ពេល ការនេះមិនមែនជារឿងធម្មតាឡើយ! វាជារឿងអធិធម្មជាតិតែម្ដង! គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មនុស្សបែបនេះគឺជាពួកវិញ្ញាណអាក្រក់ហើយ! សូម្បីតែពេលដែលព្រះវិញ្ញាណនៃព្រះយាងចូលក្នុងសាច់ឈាម ពេលខ្លះ ព្រះអង្គក៏ត្រូវការសោយ និងសម្រាកដែរ មិនបាច់និយាយដល់មនុស្សលោកឡើយ។ អស់អ្នកដែលត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ ហាក់ដូចជាគ្មានសេចក្តីកម្សោយនៃសាច់ឈាមទេ។ ពួកវាអាចបោះបង់ និងលះបង់ចោលអ្វីៗគ្រប់យ៉ាង ពួកវាគ្មានអារម្មណ៍ ពួកវាអាចទ្រាំទ្រនឹងទារុណកម្ម ហើយគ្មានអារម្មណ៍ហត់នឿយសូម្បីតែបន្ដិច ពោលគឺដូចជាពួកវាមានកម្រិតហួសពីសាច់ឈាមអ៊ីចឹង។ តើនេះមិនមែនជាអធិធម្មជាតិជ្រុលហួសទេឬ? កិច្ចការនៃពួកវិញ្ញាណអាក្រក់គឺជាកិច្ចការអធិធម្មជាតិ ដ្បិតគ្មានមនុស្សណាម្នាក់អាចសម្រេចកិច្ចការបែបនោះឡើយ! អស់អ្នកដែលខ្វះនូវការដឹងខុសត្រូវ កើតចិត្តច្រណែន នៅពេលដែលពួកគេឃើញមនុស្សបែបនេះ៖ ពួកគេនិយាយថា ពួកគេមានភាពក្លៀវក្លាបែបនេះនៅក្នុងជំនឿលើព្រះជាម្ចាស់ មានសេចក្តីជំនឿធំធេង ហើយមិនដែលបង្ហាញសញ្ញានៃសេចក្តីកម្សោយសូម្បីតែបន្ដិច! តាមពិតទៅ ទាំងនេះគឺជាការសម្ដែងចេញគ្រប់យ៉ាងអំពីកិច្ចការរបស់វិញ្ញាណអាក្រក់វិញទេ! ព្រោះថាមនុស្សធម្មតាប្រាកដជាមានសេចក្តីកម្សោយជាមនុស្សដោយចៀសមិនផុតឡើយ។ នេះហើយជាសភាពធម្មតារបស់អស់អ្នកដែលមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនោះ។
តើការឈររឹងមាំនៅក្នុងទីបន្ទាល់របស់បុគ្គលម្នាក់មានន័យដូចម្ដេច? មនុស្សខ្លះនិយាយថា ពួកគេគ្រាន់តែធ្វើតាមអ្វីដែលពួកគេធ្វើក្នុងពេលឥឡូវនេះ ហើយមិនខ្វល់ទៅនឹងថាតើពួកគេអាចទទួលបានជីវិតឬអត់ឡើយ។ ពួកគេមិនដេញតាមជីវិតទេ ប៉ុន្តែពួកគេក៏មិនដកខ្លួននោះដែរ។ ពួកគេគ្រាន់តែទទួលស្គាល់ថា ដំណាក់កាលនៃកិច្ចការនេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់ប៉ុណ្ណោះ។ តើនេះមិនមែនជាការបរាជ័យនៅក្នុងការធ្វើបន្ទាល់របស់ពួកគេទេឬ? មនុស្សបែបនេះថែមទាំងមិនធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះឡើយ។ អស់អ្នកដែលត្រូវបានយកឈ្នះ ប្រាកដជាដើរតាម ទោះមានអ្វីកើតឡើងក៏ដោយ ហើយពួកគេអាចដេញតាមជីវិតបាន។ ពួកគេមិនគ្រាន់តែជឿលើព្រះដ៏ជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏ដឹងអំពីរបៀបដើរតាមគ្រប់ទាំងការចាត់ចែងរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សបែបនេះគឺជាអស់អ្នកដែលធ្វើបន្ទាល់។ អស់អ្នកដែលមិនធ្វើបន្ទាល់ មិនដេញតាមជីវិតទេ ហើយពួកគេនៅតែដើរតាម ដោយគ្មានគោលបំណងច្បាស់លាស់ដដែល។ អ្នកអាចដើរតាមបាន ប៉ុន្តែការនេះមិនមែនមានន័យថា អ្នកត្រូវបានយកឈ្នះឡើយ ដ្បិតអ្នកគ្មានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃទេ។ ដើម្បីត្រូវបានយកឈ្នះ គឺត្រូវមានការបំពេញលក្ខខណ្ឌជាក់លាក់មួយចំនួន។ មិនមែនមនុស្សទាំងអស់ដែលដើរតាម សុទ្ធតែត្រូវបានយកឈ្នះនោះទេ ដ្បិតនៅក្នុងដួងចិត្តរបស់អ្នក អ្នកមិនយល់អំពីហេតុផលដែលនាំឱ្យអ្នកត្រូវដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយអ្នកក៏មិនដឹងអំពីរបៀបដែលអ្នកបានដើរមកដល់ពេលសព្វថ្ងៃ និងក៏មិនដឹងថានរណាដែលបានជួយជ្រោមជ្រែងអ្នករហូតបានមកដល់ពេលសព្វថ្ងៃនេះផងដែរ។ ការអនុវត្តសេចក្ដីជំនឿលើព្រះជាម្ចាស់របស់មនុស្សខ្លះតែងតែគិតមិនដាច់ស្រេច និងច្របូកច្របល់។ ដូចនេះ ការដើរតាមមិនប្រាកដជាមានន័យថា អ្នកមានទីបន្ទាល់នោះឡើយ។ តើទីបន្ទាល់ដ៏ពិតជាអ្វីឱ្យប្រាកដទៅ? ទីបន្ទាល់ដែលត្រូវបានលើកឡើងនៅត្រង់នេះមានពីរផ្នែក៖ ផ្នែកទីមួយគឺជាទីបន្ទាល់អំពីការត្រូវបានយកឈ្នះ ហើយផ្នែកមួយទៀតគឺជាទីបន្ទាល់អំពីការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ (តាមធម្មតា វានឹងក្លាយជាទីបន្ទាល់ បន្ទាប់ពីការល្បងល និងទុក្ខលំបាកដ៏ធំនាពេលអនាគត)។ នៅក្នុងន័យម្យ៉ាងទៀត បើអ្នកអាចឈររឹងមាំ ក្នុងអំឡុងពេលនៃទុក្ខលំបាក និងការល្បងល នោះអ្នកនឹងបានធ្វើជំហានទីពីរនៃទីបន្ទាល់មិនខាន។ អ្វីដែលសំខាន់នៅថ្ងៃនេះគឺជាជំហានទីមួយនៃការធ្វើបន្ទាល់ ដែលជាការអាចឈររឹងមាំនៅក្នុងអំឡុងពេលនៃគ្រប់ហេតុការណ៍ល្បងលអំពីការវាយផ្ចាល និងការជំនុំជម្រះ។ នេះហើយជាទីបន្ទាល់នៃការត្រូវបានយកឈ្នះនោះ។ គឺដោយសារតែឥឡូវនេះគឺជាពេលវេលានៃការយកឈ្នះ។ (អ្នកគួរតែដឹងថា ឥឡូវនេះគឺជាពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី។ កិច្ចការចម្បងរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើផែនដីកំពុងតែយកឈ្នះមនុស្សមួយក្រុមនេះនៅលើផែនដី ដែលដើរតាមទ្រង់ឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល)។ ការដែលអ្នកអាចធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះបានឬក៏អត់ នោះមិនអាស្រ័យលើថាតើអ្នកអាចដើរតាមដល់ទីបំផុតឡើយ ប៉ុន្តែសំខាន់ជាងនេះទៀតនោះគឺថា នៅពេលដែលអ្នកដកពិសោធន៍ពីជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអាចមានការយល់ដឹងដ៏ពិតអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬអត់ និងថាតើអ្នកយល់យ៉ាងប្រាកដអំពីគ្រប់យ៉ាងនៃកិច្ចការនេះឬយ៉ាងណា។ អ្នកនឹងមិនអាចប្រញាប់ប្រញាល់ ដោយគ្រាន់តែដើរតាមរហូតដល់ទីបំផុតនោះឡើយ។ អ្នកត្រូវតែមានឆន្ទៈក្នុងការចុះចូល ក្នុងអំឡុងពេលនៃគ្រប់ហេតុការណ៍វាយផ្ចាល និងជំនុំជម្រះ អ្នកត្រូវតែអាចមានការយល់ដឹងដ៏ពិតប្រាកដអំពីជំហាននីមួយៗនៃកិច្ចការដែលអ្នកមានបទពិសោធ ព្រមទាំងអាចទទួលបានចំណេះដឹង និងការស្ដាប់បង្គាប់ចំពោះនិស្ស័យរបស់ព្រះជាម្ចាស់។ នេះហើយជាទីបន្ទាល់ចុងក្រោយអំពីការត្រូវបានយកឈ្នះ ដែលអ្នកតម្រូវឱ្យធ្វើនោះ។ ការធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះ ជាចម្បង សំដៅទៅលើចំណេះដឹងរបស់អ្នកអំពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ អ្វីដែលសំខាន់នោះគឺ ជំហាននៃការធ្វើបន្ទាល់នេះគឺស្ដីពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ចំពោះអ្វីដែលអ្នកធ្វើ ឬនិយាយនៅចំពោះមនុស្សនៃពិភពលោក ឬអស់អ្នកដែលកាន់អំណាច គឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា អ្នកអាចស្ដាប់បង្គាប់តាមគ្រប់ទាំងព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងគ្រប់កិច្ចការរបស់ទ្រង់បានឬក៏អត់។ ដូច្នេះ ជំហាននៃការធ្វើបន្ទាល់នេះ គឺសំដៅទៅរកសាតាំង និងខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ទាំងអស់ ដូចជាពួកអារក្ស និងពួកប្រឆាំងដែលមិនជឿថា ព្រះជាម្ចាស់នឹងត្រឡប់ជាសាច់ឈាមជាលើកទីពីរ និងយាងមកបំពេញកិច្ចការកាន់តែអស្ចារ្យជាងមុន ហើយលើសពីនេះទៀត ពួកវាមិនជឿអំពីការពិតនៃការយាងត្រឡប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងន័យម្យ៉ាងទៀត ជំហាននេះសំដៅទៅលើគ្រប់ទាំងពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺជាខ្មាំងសត្រូវទាំងអស់ដែលមិនជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។
ការគិតដល់ព្រះជាម្ចាស់ និងការស្រេកឃ្លានចង់បានព្រះជាម្ចាស់មិនសបញ្ជាក់ឱ្យឃើញថា អ្នកត្រូវបានព្រះជាម្ចាស់យកឈ្នះនោះឡើយ។ ការនេះអាស្រ័យលើថាតើអ្នកជឿថា ទ្រង់ជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាមឬអត់ ថាតើអ្នកជឿថា ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមឬអត់ និងថាតើអ្នកជឿទៀតថា ព្រះវិញ្ញាណបានត្រឡប់ជាព្រះបន្ទូលឬអត់ ហើយព្រះបន្ទូលបានលេចមកនៅក្នុងសាច់ឈាមឬក៏អត់។ នេះហើយជាការធ្វើបន្ទាល់ដ៏សំខាន់នោះ។ ចំពោះរបៀបដែលអ្នកដើរតាម និងរបៀបដែលអ្នកលះបង់ខ្លួនឯងនោះ វាមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចរកឃើញចេញពីភាពជាមនុស្សធម្មតានេះថា ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយព្រះវិញ្ញាណនៃសេចក្តីពិតត្រូវបានក្លាយជាការពិតនៅក្នុងសាច់ឈាមឬក៏អត់ ពោលគឺគ្រប់ទាំងសេចក្តីពិត គ្រប់ទាំងផ្លូវ និងគ្រប់ទាំងជីវិតបានយាងមកនៅក្នុងសាច់ឈាម ព្រះវិញ្ញាណនៃព្រះបានយាងមកនៅលើផែនដីយ៉ាងពិតប្រាកដ ហើយព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម។ មើលពីផ្នែកសើៗខាងលើ ទោះបីជាការនេះហាក់ដូចជាខុសប្លែកពីការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នៅក្នុងកិច្ចការនេះ អ្នកអាចមើលឃើញកាន់តែច្បាស់ថា ព្រះវិញ្ញាណបានក្លាយជាការពិតនៅក្នុងសាច់ឈាមរួចហើយ ហើយជាងនេះទៀត ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយព្រះបន្ទូលបានលេចមកនៅក្នុងសាច់ឈាម។ អ្នកអាចយល់អំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលថា៖ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់»។ លើសពីនេះ អ្នកត្រូវតែយល់ថា ព្រះបន្ទូលនាពេលសព្វថ្ងៃគឺជាព្រះជាម្ចាស់ ហើយមើលឃើញព្រះបន្ទូលត្រលប់ជាសាច់ឈាម។ នេះគឺជាការធ្វើបន្ទាល់ដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន។ ការនេះសបញ្ជាក់ឱ្យឃើញថា អ្នកមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ពោលគឺអ្នកមិនគ្រាន់តែអាចស្គាល់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ដឹងដែរថា ផ្លូវដែលអ្នកដើរនៅថ្ងៃនេះគឺជាផ្លូវនៃជីវិត និងជាផ្លូវនៃសេចក្តីពិត។ ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គ្រាន់តែសម្រេចនូវសារជាតិអំពី «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់» ប៉ុណ្ណោះ៖ សេចក្តីពិតរបស់ព្រះជាម្ចាស់បានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយសាច់ឈាម និងមិនអាចដាច់ចេញពីសាច់ឈាមនោះឡើយ។ គឺថាសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្សបានគង់នៅជាមួយព្រះវិញ្ញាណនៃព្រះ ដែលជាភស្តុតាងកាន់តែសំខាន់ទៀតថា ព្រះយេស៊ូវដែលយកកំណើតជាមនុស្ស គឺជាការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះសម្រេចនូវអត្ថន័យខាងក្នុងយ៉ាងច្បាស់ៗអំពី «ព្រះបន្ទូលត្រលប់ជាសាច់ឈាម» បានផ្ដល់ជាអត្ថន័យកាន់តែស៊ីជម្រៅចំពោះ «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់» ព្រមទាំងញ៉ាំងឱ្យអ្នកជឿយ៉ាងមុតមាំទៅលើព្រះបន្ទូលថា «កាលពីដើមឡើយ មានព្រះបន្ទូល» គឺអាចនិយាយបានថា នៅគ្រានៃការបង្កើតពិភពលោក ព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់បានគង់នៅជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ ហើយនៅយុគសម័យចុងក្រោយ ព្រះអង្គសម្ដែងកាន់តែច្បាស់ទៀតអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សមើលឃើញគ្រប់ទាំងផ្លូវរបស់ទ្រង់ ពោលគឺស្ដាប់ឮគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់។ នេះហើយជាកិច្ចការនៃយុគសម័យចុងក្រោយនោះ។ អ្នកត្រូវតែយល់ទាំងស្រុងអំពីសេចក្តីទាំងនេះ។ វាមិនមែនជាសំណួរអំពីការស្គាល់សាច់ឈាមទេ ប៉ុន្តែជាសំណួរទាក់ទងនឹងរបៀបដែលអ្នកយល់អំពីសាច់ឈាម និងព្រះបន្ទូល។ នេះគឺជាទីបន្ទាល់ដែលអ្នកត្រូវធ្វើ ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ ដោយសារតែនេះគឺជាកិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីរ ព្រមទាំងជាលើកចុងក្រោយដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដូច្នេះ វាសម្រេចបានយ៉ាងពេញលេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្ស វាអនុវត្តយ៉ាងហ្មត់ចត់ និងចេញមកពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយបិទបញ្ចប់យុគសម័យនៃការស្ថិតនៅក្នុងសាច់ឈាមរបស់ព្រះជាម្ចាស់។ ហេតុនេះ អ្នកត្រូវតែដឹងអំពីអត្ថន័យនៃការយកកំណើតជាមនុស្ស។ ចំពោះការដែលអ្នកមមាញឹកធ្វើនេះធ្វើនោះច្រើនប៉ុនណា ឬអ្នកអនុវត្តកិច្ចការខាងក្រៅផ្សេងទៀតបានល្អយ៉ាងណានោះ គឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺថាតើអ្នកអាចចុះចូលយ៉ាងពិតប្រាកដចំពោះព្រះដែលយកកំណើតជាមនុស្ស និងអាចលះបង់លក្ខណៈទាំងអស់របស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ហើយអាចស្ដាប់បង្គាប់តាមគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់បានឬក៏អត់។ នេះហើយជាអ្វីដែលអ្នកគួរតែធ្វើ និងជាអ្វីដែលអ្នកគួរតែប្រកាន់ខ្ជាប់នោះ។
ជំហានចុងក្រោយនៃការធ្វើទីបន្ទាល់ គឺជាការធ្វើបន្ទាល់អំពីថាតើអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឬក៏អត់។ គឺអាចនិយាយបានថា ដោយបានយល់អំពីគ្រប់ទាំងព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្សរួចមក អ្នកចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់ និងស្គាល់ទ្រង់ច្បាស់ អ្នករស់នៅតាមគ្រប់ទាំងព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយសម្រេចគ្រប់ទាំងលក្ខខណ្ឌដែលព្រះជាម្ចាស់បង្គាប់អ្នក ដូចជារបៀបរបស់ពេត្រុស និងសេចក្តីជំនឿរបស់យ៉ូប ដែលអ្នកអាចស្ដាប់បង្គាប់រហូតដល់មរណា ប្រគល់ខ្លួនទាំងស្រុងដល់ទ្រង់ ហើយនៅទីបំផុត សម្រេចបានរូបភាពមួយអំពីបុគ្គលម្នាក់ដែលបំពេញតាមបទដ្ឋាន ដែលមានន័យថាជារូបភាពអំពីបុគ្គលម្នាក់ដែលត្រូវបានយកឈ្នះ និងប្រោសឱ្យគ្រប់លក្ខណ៍ ក្រោយការដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ នេះហើយជាការធ្វើបន្ទាល់ចុងក្រោយនោះ ពោលគឺជាការធ្វើបន្ទាល់មួយ ដែលគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលម្នាក់ដែលនៅទីបំផុតត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ទាំងនេះគឺជាជំហានទាំងពីរនៃការធ្វើបន្ទាល់ដែលអ្នកគួរតែធ្វើ ហើយជំហានទាំងពីរនេះមានភាពប្រទាក់គ្នា និងសំខាន់រៀងៗខ្លួន។ ប៉ុន្តែ មានរឿងមួយដែលអ្នកត្រូវតែដឹង៖ ទីបន្ទាល់ដែលខ្ញុំទាមទារពីអ្នកនៅថ្ងៃនេះគឺមិនសំដៅទៅលើមនុស្សនៃលោកីយ៍ទេ ហើយក៏មិនសំដៅទៅលើបុគ្គលម្នាក់ៗនោះដែរ ប៉ុន្តែអ្វីដែលខ្ញុំទាមទារនោះគឺសំដៅលើរូបអ្នកតែម្ដង។ វាត្រូវបានវាស់វែងដោយថាតើអ្នកអាចបំពេញតាមព្រះហឫទ័យរបស់ខ្ញុំ និងថាតើអ្នកអាចបំពេញបានទាំងស្រុងតាមបទដ្ឋាននៃសេចក្តីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាម្នាក់ៗឬក៏អត់។ នេះហើយជាអ្វីដែលអ្នករាល់គ្នាគួរតែយល់នោះ។