ការអនុវត្ត (៣)

អ្នករាល់គ្នាត្រូវតែមានសមត្ថភាពរស់នៅដោយឯករាជ្យ ត្រូវតែចេះហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ត្រូវតែចេះដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង និងចេះដឹកនាំជីវិតបែបសាមញ្ញខាងវិញ្ញាណ ដោយមិនចាំបាច់មានការដឹកនាំពីអ្នកដទៃ។ អ្នកត្រូវតែចេះពឹងផ្អែកលើព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនៅថ្ងៃនេះ ដើម្បីរស់នៅ ដើម្បីចូលទៅក្នុងបទពិសោធពិត និងដើម្បីទទួលបានការយល់ដឹងជ្រៅជ្រះពិតប្រាកដ។ មានតែធ្វើបែបនេះទេ ទើបអ្នកនឹងអាចឈររឹងមាំបាន។ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនយល់ទាំងស្រុងអំពីទុក្ខវេទនា និងការល្បងលនាពេលអនាគតឡើយ។ នៅពេលអនាគត មនុស្សខ្លះនឹងឆ្លងកាត់នូវទុក្ខវេទនា ហើយអ្នកខ្លះទៀតនឹងមានបទពិសោធនៃការដាក់ទោស។ ការដាក់ទោសនេះនឹងកាន់តែធ្ងន់ធ្ងរ។ វានឹងក្លាយជាការមកដល់នៃការពិត។ នៅថ្ងៃនេះ គ្រប់យ៉ាងដែលអ្នកមានបទពិសោធ អនុវត្ត និងបង្ហាញចេញ ចាក់គ្រឹះសម្រាប់ការល្បងលនាពេលអនាគត ហើយយ៉ាងហោចណាស់ អ្នកត្រូវតែចេះរស់នៅដោយឯករាជ្យ។ នៅថ្ងៃនេះ ស្ថានភាពទាក់ទងនឹងមនុស្សជាច្រើននៅក្នុងពួកជំនុំ ជាទូទៅកើតឡើងដូចខាងក្រោមនេះ៖ បើមានអ្នកដឹកនាំ និងអ្នកធ្វើការដើម្បីបំពេញការងារ ពួកគេនឹងរីករាយ តែបើគ្មានវិញ នោះពួកគេនឹងមិនរីករាយឡើយ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការនៃពួកជំនុំឡើយ និងមិនយកចិត្តទុកដាក់ចំពោះជីវិតខាងវិញ្ញាណរបស់ពួកគេផ្ទាល់ ហើយក៏គ្មានបន្ទុកសូម្បីតែបន្ដិចដែរ ពោលគឺពួកគេហិចហើរ ដូចជាបក្សីហាន់ហាវ។[ក] ជាក់ស្ដែងទៅ កិច្ចការដែលខ្ញុំបានធ្វើនៅក្នុងមនុស្សជាច្រើន គ្រាន់តែជាកិច្ចការនៃការយកឈ្នះប៉ុណ្ណោះ ដ្បិតជាមូលដ្ឋាន មនុស្សជាច្រើនមិនស័ក្ដិសមនឹងទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ មានតែចំណែកនៃមនុស្សតិចតួចប៉ុណ្ណោះ ដែលអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ដោយបានឮអំពីព្រះបន្ទូលទាំងនេះ បើអ្នកគិតថា «ដោយសារតែកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់គឺគ្រាន់តែយកឈ្នះលើមនុស្សប៉ុណ្ណោះ នោះខ្ញុំនឹងដើរតាមបែបបង្គ្រប់កិច្ចបានហើយ» តើអាកប្បកិរិយាបែបនេះអាចទទួលយកម្ដេចកើតទៅ? បើអ្នកមានមនសិការយ៉ាងពិតប្រាកដមែន នោះអ្នកត្រូវតែមានបន្ទុក និងញាណនៃការទទួលខុសត្រូវ។ អ្នកត្រូវតែនិយាយថា៖ «មិនថាខ្ញុំនឹងត្រូវបានយកឈ្នះ ឬប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ខ្ញុំត្រូវតែដើរតាមជំហាននៃការធ្វើបន្ទាល់នេះឱ្យបានត្រឹមត្រូវ។» ក្នុងនាមជាសត្តនិករមួយរបស់ព្រះជាម្ចាស់ គេអាចត្រូវបានព្រះជាម្ចាស់យកឈ្នះទាំងស្រុង ហើយនៅទីបំផុត គេអាចបំពេញតាមបំណងរបស់ព្រះជាម្ចាស់ ដោយតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាមួយដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ និងដោយដាក់ចិត្តដាក់កាយទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់។ នេះគឺជាទំនួលខុសត្រូវរបស់មនុស្ស វាគឺជាភារកិច្ចមួយដែលមនុស្សគួរតែបំពេញ និងជាបន្ទុកមួយដែលមនុស្សគួរតែរែកពុន ហើយមនុស្សត្រូវតែបំពេញបញ្ជាបេសកកម្មនេះ។ មានតែធ្វើបែបនេះទេ ទើបគេជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សព្វថ្ងៃនេះ តើអ្វីដែលអ្នកធ្វើនៅក្នុងពួកជំនុំគឺជាការបំពេញតាមទំនួលខុសត្រូវរបស់អ្នកដែរឬទេ? ការនេះអាស្រ័យលើថាតើអ្នករែកពុនបន្ទុកឬក៏អត់ ហើយវាក៏អាស្រ័យលើចំណេះដឹងរបស់អ្នកផ្ទាល់ផងដែរ។ នៅក្នុងការដកបទពិសោធនូវកិច្ចការនេះ បើមនុស្សត្រូវបានយកឈ្នះ និងមានចំណេះដឹងពិតប្រាកដ នោះគេនឹងមានសមត្ថភាពស្ដាប់បង្គាប់តាម មិនថាគេមានសេចក្តីរំពឹងទុក ឬវាសនាបែបណានោះឡើយ។ នៅក្នុងរបៀបនេះ កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នឹងត្រូវបានដឹងនៅក្នុងលក្ខណៈទាំងស្រុង ដ្បិតអ្នករាល់គ្នាដែលជាមនុស្សនេះ គ្មានសមត្ថភាពអ្វីលើសពីនេះឡើយ ហើយក៏មិនអាចបំពេញតាមការទាមទារដែលខ្ពស់ជាងនេះបាននោះដែរ។ តែនៅពេលអនាគត មនុស្សខ្លះនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ គុណសម្បត្តិរបស់ពួកគេនឹងប្រសើរឡើង នៅក្នុងវិញ្ញាណរបស់ពួកគេ ពួកគេនឹងមានចំណេះដឹងកាន់តែស៊ីជម្រៅ ហើយជីវិតរបស់ពួកគេនឹងលូតលាស់ឡើង...។ តែមនុស្សមួយចំនួនគ្មានសមត្ថភាពសម្រេចការនេះទាល់តែសោះ ហើយគេក៏មិនអាចត្រូវបានសង្រ្គោះនោះដែរ។ មានហេតុផលមួយដែលនាំឱ្យខ្ញុំមានបន្ទូលថា ពួកគេមិនអាចត្រូវបានសង្គ្រោះ។ នៅពេលអនាគត មនុស្សខ្លះនឹងត្រូវបានយកឈ្នះ អ្នកខ្លះនឹងត្រូវបានផាត់ចោល អ្នកខ្លះនឹងត្រូវប្រោសឱ្យគ្រប់លក្ខណ៍ ហើយអ្នកខ្លះទៀតនឹងត្រូវបានប្រើប្រាស់ ហើយដូចគ្នាដែរ អ្នកខ្លះនឹងជួបទុក្ខវេទនា អ្នកខ្លះនឹងទទួលទារុណកម្ម (ទាំងទុក្ខលំបាកខាងធម្មជាតិ និងគ្រោះអាក្រក់ដែលកើតចេញពីមនុស្ស) អ្នកខ្លះនឹងត្រូវផាត់ចោល ហើយអ្នកខ្លះទៀតនឹងមានជីវិតរស់។ នៅក្នុងការនេះ ម្នាក់ៗនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ ដោយក្រុមនីមួយៗតំណាងឱ្យមនុស្សមួយប្រភេទ។ មនុស្សទាំងអស់នឹងមិនត្រូវបានផាត់ចោលឡើយ ហើយមនុស្សទាំងអស់ក៏នឹងមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះដែរ។ នេះដោយសារតែគុណសម្បត្តិរបស់ជនជាតិចិននៅខ្សោយពេក ហើយមានមនុស្សចំនួនតិចតួចប៉ុណ្ណោះនៅក្នុងចំណោមពួកគេដែលមានការស្គាល់ខ្លួនឯងដូចប៉ុល។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សតិចតួចណាស់មានការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ដូចជាពេត្រុស ឬមានប្រភេទនៃសេចក្តីជំនឿដូចជាយ៉ូបនោះ។ នៅក្នុងចំណោមអ្នករាល់គ្នាក៏កាន់តែពិបាករកមនុស្សដែលកោតខ្លាច និងបម្រើព្រះយេហូវ៉ាដូចជាដាវីឌ ដែលមានកម្រិតនៃស្វាមីភក្ដិដូចជាគាត់។ អ្នករាល់គ្នាគួរឱ្យអាណិតអ្វីម្ល៉េះទេ!

សព្វថ្ងៃនេះ ការមានបន្ទូលអំពីការប្រោសឱ្យគ្រប់លក្ខណ៍គឺគ្រាន់តែជាទិដ្ឋភាពមួយប៉ុណ្ណោះ។ មិនថាមានអ្វីកើតឡើងឡើយ អ្នករាល់គ្នាត្រូវតែធ្វើជំហាននៃការធ្វើបន្ទាល់នេះឱ្យបានត្រឹមត្រូវ។ បើអ្នករាល់គ្នាត្រូវបានស្នើសុំឱ្យបម្រើព្រះជាម្ចាស់នៅក្នុងព្រះវិហារ តើអ្នករាល់គ្នានឹងធ្វើយ៉ាងដូចម្ដេចទៅ? បើអ្នកមិនមែនជាបូជាចារ្យម្នាក់ ហើយក៏គ្មានឋានៈជាពួកកូនប្រុសច្បង ឬជាពួកកូនប្រុសរបស់ព្រះជាម្ចាស់នោះទេ តើអ្នកនឹងនៅតែមានស្វាមីភក្ដិដែរឬទេ? តើអ្នកនឹងនៅតែអាចលះបង់កិច្ចខិតខំប្រឹងប្រែងគ្រប់យ៉ាងរបស់អ្នកនៅក្នុងកិច្ចការនៃការពង្រីកនគរព្រះដែរឬទេ? តើអ្នកនឹងនៅតែអាចធ្វើកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវដែរឬទេ? មិនថាជីវិតរបស់អ្នកបានចម្រើនឡើងកម្រិតណាឡើយ កិច្ចការនាពេលសព្វថ្ងៃនឹងធ្វើឱ្យអ្នកជឿជាក់ក្នុងចិត្តទាំងស្រុង និងលះបង់សញ្ញាណដែលអ្នកមានទាំងអស់។ មិនថាអ្នកមានអ្វីដែលវាត្រូវការ ដើម្បីដេញតាមជីវិតឬក៏អត់នោះឡើយ កិច្ចការរបស់ព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកជឿជាក់ទាំងស្រុង។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំគ្រាន់តែជឿលើព្រះជាម្ចាស់ ហើយខ្ញុំមិនយល់អំពីអត្ថន័យនៃការដេញតាមជីវិតឡើយ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់មានភាពច្របូកច្របល់អស់ហើយ។ ខ្ញុំដឹងថា ខ្ញុំមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ដូច្នេះ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីទទួលការវាយផ្ចាល។» សូម្បីតែមនុស្សបែបនេះ ជាអ្នកដែលត្រៀមខ្លួនទទួលការវាយផ្ចាល ឬការបំផ្លាញ ក៏ទទួលស្គាល់ថា កិច្ចការនាពេលសព្វថ្ងៃត្រូវបានអនុវត្តដោយព្រះជាម្ចាស់ដែរ។ អ្នកខ្លះទៀតក៏និយាយដែរថា៖ «ខ្ញុំមិនស្នើសុំឱ្យព្រះអង្គប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំព្រមទទួលគ្រប់ទាំងការបណ្ដុះបណ្ដាលរបស់ព្រះជាម្ចាស់ ហើយក៏ព្រមសម្ដែងចេញនូវភាពជាមនុស្សធម្មតា កែលម្អគុណសម្បត្តិរបស់ខ្ញុំ និងស្ដាប់បង្គាប់តាមគ្រប់ទាំងការរៀបចំរបស់ព្រះជាម្ចាស់ដែរ...»។ ក្នុងការនេះ ពួកគេក៏ត្រូវបានយកឈ្នះ និងធ្វើបន្ទាល់ផងដែរ ដែលការនេះសបញ្ជាក់ឱ្យឃើញថា មនុស្សទាំងនេះមាននូវចំណេះដឹងខ្លះៗអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះត្រូវបានអនុវត្តយ៉ាងលឿនបំផុត ហើយនៅពេលអនាគត វានឹងត្រូវបានអនុវត្តកាន់តែលឿននៅក្រៅប្រទេស។ សព្វថ្ងៃនេះ មនុស្សនៅក្រៅប្រទេសពិបាកនឹងរង់ចាំខ្លាំងណាស់ ពួកគេសុទ្ធតែកំពុងតែប្រញាប់ប្រញាល់ចូលមកកាន់ប្រទេសចិន ដូច្នេះ បើអ្នករាល់គ្នាមិនអាចត្រូវបានប្រោសឱ្យពេញខ្នាតទេ នោះអ្នកនឹងរារាំងដល់មនុស្សនៅក្រៅប្រទេសមិនខាន។ នាពេលនោះ មិនថាអ្នកបានចូលយ៉ាងល្អបែបណា ឬអ្នកមានលក្ខណៈយ៉ាងណាឡើយ នៅពេលដែលវេលាកំណត់មកដល់ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបូកសរុប និងបិទបញ្ចប់។ កិច្ចការរបស់ខ្ញុំនឹងមិនត្រូវបានពន្យារពេលដោយអ្នករាល់គ្នាឡើយ។ ខ្ញុំធ្វើកិច្ចការរបស់មនុស្សជាតិទាំងអស់ ហើយខ្ញុំគ្មានភាពចាំបាច់អ្វីត្រូវចំណាយពេលថែមទៀតទៅលើអ្នករាល់គ្នាឡើយ! អ្នករាល់គ្នាគ្មានការជំរុញចិត្តពេកហើយ ខ្វះនូវការស្គាល់ខ្លួនឯងពេកហើយ! អ្នករាល់គ្នាមិនស័ក្ដិសមនឹងទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ អ្នករាល់គ្នាសឹងតែគ្មានសក្ដានុពលតែម្ដង! នៅពេលអនាគត ទោះបីមនុស្សនៅតែបន្តធូររលុង និងធ្វេសប្រហែស ហើយបន្តមិនអភិវឌ្ឍគុណសម្បត្តិរបស់ខ្លួនក៏ដោយ ក៏ការនេះនឹងមិនបង្អាក់ដល់កិច្ចការនៃចក្រវាឡទាំងមូលដែរ។ នៅពេលដែលវេលាកំណត់មកដល់សម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបញ្ចប់ នោះវានឹងត្រូវបញ្ចប់ ហើយនៅពេលដែលវេលាកំណត់មកដល់សម្រាប់មនុស្សត្រូវទទួលការផាត់ចោល នោះពួកគេនឹងត្រូវបានផាត់ចោល។ ពិតមែនហើយ អស់អ្នកដែលគួរត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងអ្នកដែលស័ក្ដិសមទទួលការប្រោសឱ្យគ្រប់លក្ខណ៍ ក៏នឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ផងដែរ ប៉ុន្តែបើអ្នករាល់គ្នាគ្មានក្ដីសង្ឃឹមយ៉ាងពិតប្រាកដទេ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងមិនរង់ចាំអ្នកឡើយ! នៅទីបំផុត បើអ្នកត្រូវបានយកឈ្នះ ការនេះក៏អាចត្រូវបានចាត់ទុកថាជាការធ្វើបន្ទាល់ផងដែរ។ ចំពោះអ្វីដែលព្រះជាម្ចាស់សុំពីអ្នករាល់គ្នានោះមានកម្រិត។ មិនថាមនុស្សអាចសម្រេចបានកម្ពស់បែបណា នោះគឺជាកម្ពស់នៃការធ្វើបន្ទាល់ដែលតម្រូវពីគេ។ វាមិនដូចអ្វីដែលមនុស្សស្រមើស្រមៃថា ទីបន្ទាល់បែបនេះនឹងសម្រេចដល់ដែនកំណត់ដ៏ខ្ពស់បំផុត និងថាវានឹងលាន់កងរំពងនោះឡើយ។ ការនេះគ្មានផ្លូវអាចសម្រេចបាននៅក្នុងអ្នករាល់គ្នា ដែលជាជនជាតិចិននោះឡើយ។ ខ្ញុំបានចូលរួមជាមួយអ្នកនៅគ្រប់ពេលវេលា ហើយអ្នករាល់គ្នាក៏បានឃើញការនេះដោយផ្ទាល់ដែរ៖ ខ្ញុំបានប្រាប់អ្នករាល់គ្នាមិនឱ្យប្រឆាំង មិនឱ្យបះបោរ មិនឱ្យធ្វើរឿងរ៉ាវដែលបង្កជាការរំខាន ឬការបង្អាក់នៅពីក្រោយខ្នងរបស់ខ្ញុំឡើយ។ ខ្ញុំបានរិះគន់ដោយផ្ទាល់អំពីការនេះជាច្រើនដង ប៉ុន្តែសូម្បីតែបែបនេះក៏មិនទាន់គ្រប់គ្រាន់ដែរ។ នៅវិនាទីដែលពួកគេបែរខ្លួន ពួកគេក៏ផ្លាស់ប្ដូរ ខណៈពេលដែលអ្នកខ្លះទៀតលួចលាក់ប្រឆាំង ដោយគ្មានស្ដាយក្រោយទាល់តែសោះ។ តើអ្នកគិតថា ខ្ញុំមិនដឹងអ្វីសោះអំពីការនេះឬ? តើអ្នកគិតថា អ្នកអាចបង្កបញ្ហាដាក់ខ្ញុំ ហើយគ្មានអ្វីនឹងកើតឡើងឬ? តើអ្នកគិតថា ខ្ញុំមិនដឹង នៅពេលដែលអ្នកព្យាយាមបំផ្លាញកិច្ចការរបស់ខ្ញុំនៅពីក្រោយខ្នងខ្ញុំឬ? តើអ្នកគិតថា ឧបាយកលដ៏កំប៉ិកកំប៉ុករបស់អ្នកអាចជំនួសឱ្យអត្តចរិតរបស់អ្នកឬ? អ្នកតែងតែធ្វើពុតដូចជាស្ដាប់បង្គាប់ តែលួចលាក់ក្បត់ចិត្ត អ្នកលាក់បាំងគំនិតអាក្រក់នៅក្នុងដួងចិត្តរបស់អ្នក ហើយសូម្បីតែសេចក្តីស្លាប់ក៏ជាទារុណកម្មមិនគ្រប់គ្រាន់សម្រាប់មនុស្សដូចជារូបអ្នកនោះផង! តើអ្នកគិតថា កិច្ចការកំប៉ិកកំប៉ុកខ្លះដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នក អាចជំនួសកន្លែងការគោរពរបស់អ្នកចំពោះខ្ញុំឬ? តើអ្នកគិតថា អ្នកបានទទួលបានការស្រាយបំភ្លឺតាមរយៈការអំពាវនាវទៅស្ថានសួគ៌ឬ? អ្នកគ្មានសេចក្តីអាម៉ាស់សោះ! អ្នកពិតជាគ្មានតម្លៃឡើយ! តើអ្នកគិតថា «អំពើល្អ» របស់អ្នកគឺជាការបណ្ដាលចិត្តទៅស្ថានសួគ៌ ហើយជាលទ្ធផល ព្រះអង្គនឹងលើកលែងអ្នក និងប្រទានដល់អ្នកនូវទេពកោសល្យដ៏តិចតួច ដោយធ្វើឱ្យអ្នកមានអណ្ដាតដ៏មានវោហារសព្ទ មកដើរបោកបញ្ឆោតអ្នកដទៃ និងបោកបញ្ឆោតខ្ញុំឬ? អ្នកគ្មានហេតុផលទាល់តែសោះ! តើអ្នកដឹងថា ការបំភ្លឺរបស់អ្នកចេញមកពីកន្លែងណាដែរឬទេ? តើអ្នកមិនដឹងថា អាហារដែលអ្នកបរិភោគឱ្យលូតលាស់ឡើងនោះជារបស់នរណាដែរឬទេ? អ្នកពិតជាគ្មានមនសិការទាល់តែសោះ! អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នាថែមទាំងមិនបានផ្លាស់ប្ដូរ ក្រោយពេលបួន ឬប្រាំឆ្នាំនៃការត្រូវបានដោះស្រាយទៀតផង ហើយអ្នករាល់គ្នាដឹងច្បាស់អំពីរឿងរ៉ាវទាំងនេះហើយ។ អ្នករាល់គ្នាគួរតែដឹងច្បាស់អំពីធម្មជាតិរបស់អ្នករាល់គ្នា ហើយមិនត្រូវប្រកែកតវ៉ាឡើយ នៅពេលដែលអ្នកត្រូវបានបោះបង់ចោលនៅថ្ងៃណាមួយនោះ។ អ្នកខ្លះ ដែលបោកបញ្ឆោតទាំងថ្នាក់លើ និងថ្នាក់ក្រោមនៅក្នុងការបម្រើរបស់ពួកគេ ត្រូវបានដោះស្រាយជាមួយជាច្រើនដងរួចហើយ។ អ្នកខ្លះទៀត ដោយសារតែពួកគេលោភលន់ចង់បានលុយខ្លាំងពេក ពួកគេក៏ត្រូវបានដោះស្រាយជាមួយមិនតិចដងនោះដែរ។ អ្នកខ្លះ ដោយព្រោះតែពួកគេមិនរក្សាព្រំដែនច្បាស់លាស់នៅចន្លោះបុរស និងស្ត្រី ពួកគេក៏ត្រូវបានដោះស្រាយជាញឹកញាប់ផងដែរ។ អ្នកខ្លះទៀត ដោយសារតែពួកគេខ្ជិលច្រអូស គិតតែពីខាងសាច់ឈាម និងមិនប្រព្រឹត្តស្របតាមគោលការណ៍ នៅពេលដែលពួកគេមកលេងពួកជំនុំ ពួកគេត្រូវបានទទួលការដោះស្រាយជាមួយជាច្រើនដង។ អ្នកខ្លះ ដោយសារតែពួកគេបរាជ័យក្នុងការធ្វើបន្ទាល់នៅគ្រប់កន្លែងដែលពួកគេទៅ ប្រព្រឹត្តតាមអំពើចិត្ត និងដោយធ្វេសប្រហែស ហើយថែមទាំងមានចេតនាប្រព្រឹត្តអំពើបាបទៀតនោះ ពួកគេបានទទួលការព្រមានអំពីការនេះជាច្រើនដង។ អ្នកខ្លះដែលគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិក្នុងអំឡុងពេលជួបជុំ ដោយលើកខ្លួនខ្ពស់ជាងអ្នកឯទៀត ដោយមិនមានតថភាពនៃសេចក្តីពិតសូម្បីតែបន្ដិច ព្រមទាំងដោយមានផែនការទាស់ប្រឆាំង និងប្រកួតប្រជែងជាមួយបងប្អូនប្រុសស្រីរបស់ពួកគេ ពោលគឺ ពួកគេត្រូវបានលាតត្រដាងដោយសារតែការនេះជារឿយៗ។ ខ្ញុំបានមានបន្ទូលទាំងនេះទៅកាន់អ្នករាល់គ្នាជាច្រើនដងរួចមកហើយ ហើយនៅថ្ងៃនេះ ខ្ញុំនឹងមិនមានបន្ទូលអំពីការនេះទៀតឡើយ សូមអញ្ជើញធ្វើតាមចិត្តរបស់អ្នករាល់គ្នាចុះ! សូមធ្វើការសម្រេចចិត្តរបស់អ្នកដោយខ្លួនឯងចុះ! មនុស្សជាច្រើនមិនគ្រាន់តែត្រូវទទួលការដោះស្រាយជាមួយតាមបែបនេះក្នុងរយៈពេលមួយ ឬពីរឆ្នាំប៉ុណ្ណោះទេ សម្រាប់អ្នកខ្លះ វាត្រូវការពេលដល់ទៅបី ឬបួនឆ្នាំឯណោះ ខណៈពេលដែលអ្នកខ្លះបានដកបទពិសោធនូវការនេះជាងមួយទសវត្សរ៍ ដោយត្រូវទទួលការដោះស្រាយជាមួយ នៅពេលដែលពួកគេក្លាយជាអ្នកជឿ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ វាមានការផ្លាស់ប្ដូរតិចតួចនៅក្នុងពួកគេ។ តើអ្នកត្រូវនិយាយដូចម្ដេចទៅ? តើអ្នកជាសត្វជ្រូកឬ? សូមកុំគិតថា កិច្ចការរបស់ព្រះជាម្ចាស់នឹងមិនត្រូវបញ្ចប់ បើអ្នករាល់គ្នាគ្មានសមត្ថភាពចូលទៅដល់កម្រិតជាក់លាក់មួយនោះឡើយ។ តើព្រះជាម្ចាស់នឹងនៅតែរង់ចាំអ្នករាល់គ្នាទៀតឬ បើអ្នករាល់គ្នាគ្មានសមត្ថភាពបំពេញតាមសេចក្តីតម្រូវរបស់ទ្រង់នោះ? ខ្ញុំសូមប្រាប់អ្នកត្រង់ៗថា វាមិនមែនបែបនេះទេ។ ចូរកុំមានទស្សនៈសុទិដ្ឋិនិយមបែបនេះឡើយ! កិច្ចការនាពេលសព្វថ្ងៃមានពេលវេលាកំណត់របស់វា ហើយព្រះជាម្ចាស់មិនមែនកំពុងលេងសើចជាមួយអ្នកទេ! កាលពីមុន នៅពេលដែលនិយាយដល់ការមានបទពិសោធន៍ពីការល្បងលរបស់អ្នកស៊ីឈ្នួល មនុស្សបានគិតថា បើពួកគេត្រូវឈររឹងមាំនៅក្នុងទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ហើយត្រូវបានព្រះអង្គយកឈ្នះ នោះពួកគេបានចូលទៅដល់កម្រិតជាក់លាក់មួយហើយ។ ពួកគេត្រូវតែក្លាយជាអ្នកស៊ីឈ្នួលដោយស្ម័គ្រពីចិត្ត និងដោយរីករាយ ហើយពួកគេត្រូវតែសរសើរតម្កើងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ និងមិនត្រូវក្លាយជាមនុស្សឥតបង្ហៀរ ឬមនុស្សផ្អៀងផ្អងសូម្បីតែបន្ដិចនោះឡើយ។ ពួកគេបានគិតថា មានតែបែបនេះទេ ទើបពួកគេក្លាយជាអ្នកស៊ីឈ្នួលដ៏ពិតប្រាកដ ប៉ុន្តែតើវាពិតជាបែបនេះដែរឬទេ? នៅពេលនោះ មនុស្សប្រភេទខុសៗគ្នាត្រូវបានបើកសម្ដែង។ ពួកគេបានបង្ហាញគ្រប់ទាំងឥរិយាបថ។ អ្នកខ្លះបានរអ៊ូរទាំ អ្នកខ្លះបានបង្ហាញសញ្ញាណ អ្នកខ្លះឈប់ចូលរួមការប្រជុំ ហើយអ្នកខ្លះថែមទាំងចែកចាយលុយរបស់ពួកជំនុំទៀតផង។ បងប្អូនប្រុសស្រីកំពុងតែរៀបគម្រោងប្រឆាំងនឹងគ្នាទៅវិញទៅមក។ វាគឺជាការមានសេរីភាពដ៏អស្ចារ្យយ៉ាងប្រាកដមែន ប៉ុន្តែមានចំណុចល្អមួយអំពីការនេះ៖ គ្មាននរណាម្នាក់បានបកក្រោយឡើយ។ នេះគឺជាចំណុចដ៏រឹងមាំបំផុត។ ពួកគេបានដើរតាមជំហាននៃការធ្វើទីបន្ទាល់នៅចំពោះសាតាំង ដោយសារតែការនេះ ហើយក្រោយមក ពួកគេបានទទួលអត្តសញ្ញាណជារាស្ត្ររបស់ព្រះជាម្ចាស់ និងធ្វើដំណើរបានឆ្ងាយមកដល់ពេលសព្វថ្ងៃនេះ។ កិច្ចការរបស់ព្រះជាម្ចាស់មិនត្រូវបានអនុវត្តដូចអ្វីដែលអ្នកស្រមើស្រមៃឡើយ ផ្ទុយទៅវិញ នៅពេលដែលវេលាកំណត់បានមកដល់ នោះកិច្ចការនឹងត្រូវបញ្ចប់ មិនថាអ្នកបានទៅដល់ចំណុចណានោះឡើយ។ មនុស្សខ្លះនឹងនិយាយថា៖ «ដោយធ្វើបែបនេះ ព្រះអង្គមិនសង្រ្គោះមនុស្ស ឬស្រឡាញ់ពួកគេឡើយ។ ព្រះអង្គមិនមែនជាព្រះដ៏សុចរិតទេ។» ខ្ញុំសូមប្រាប់អ្នកយ៉ាងងាយយល់ថា៖ បេះដូងនៃកិច្ចការរបស់ខ្ញុំនាពេលសព្វថ្ងៃគឺជាការយកឈ្នះអ្នក និងនាំឱ្យអ្នកធ្វើបន្ទាល់។ ការសង្រ្គោះអ្នកគឺគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ។ ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះអាស្រ័យលើការដេញតាមរបស់អ្នកផ្ទាល់ប៉ុណ្ណោះ ហើយវាមិនផ្សារភ្ជាប់ជាមួយខ្ញុំឡើយ។ តែខ្ញុំត្រូវតែយកឈ្នះលើអ្នក។ ចូរកុំព្យាយាមមកដឹកច្រមុះខ្ញុំនោះឡើយ សព្វថ្ងៃនេះ ខ្ញុំធ្វើការ និងសង្រ្គោះអ្នក មិនមែនអ្នកធ្វើការនិងសង្គ្រោះខ្ញុំឡើយ!

នៅថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាបានយល់ដឹង គឺមានកម្រិតខ្ពស់ជាងបុគ្គលផ្សេងទៀតនៅទូទាំងប្រវត្តិសាស្ត្រ ដែលមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទៅទៀត។ មិនថាវាជាចំណេះដឹងរបស់អ្នកអំពីការល្បងល ឬការមានជំនឿលើព្រះជាម្ចាស់ឡើយ ទាំងអស់នេះសុទ្ធតែខ្ពស់ជាងអ្នកជឿទាំងប៉ុន្មាននៅក្នុងព្រះជាម្ចាស់។ ចំណុចដែលអ្នករាល់គ្នាយល់ដឹងគឺជាអ្វីដែលអ្នកត្រូវដឹង មុនពេលអ្នករាល់គ្នាទទួលការល្បងលនៃបរិយាកាស ប៉ុន្តែកម្ពស់ដ៏ពិតរបស់អ្នករាល់គ្នាគឺមិនស្របជាមួយបរិយាកាសទាំងនោះសោះឡើយ។ អ្វីដែលអ្នករាល់គ្នាដឹង គឺខ្ពស់ជាងអ្វីដែលអ្នករាល់គ្នាយកទៅអនុវត្ត។ ទោះបីអ្នករាល់គ្នានិយាយថា មនុស្សដែលជឿលើព្រះជាម្ចាស់គួរតែស្រឡាញ់ព្រះជាម្ចាស់ ហើយមិនគួរស្វះស្វែងរកតែព្រះពរ ប៉ុន្តែត្រូវបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្វីដែលត្រូវបានបើកបង្ហាញចេញនៅក្នុងជីវិតរបស់អ្នករាល់គ្នា គឺខុសឆ្ងាយពីការនេះ ហើយត្រូវបានធ្វើឱ្យសៅហ្មងអស់តែម្ដង។ មនុស្សភាគច្រើនជឿលើព្រះជាម្ចាស់សម្រាប់តែប្រយោជន៍នៃសេចក្តីសុខសាន្ត និងអត្ថប្រយោជន៍ផ្សេងទៀតប៉ុណ្ណោះ។ បើគ្មានប្រយោជន៍ដល់អ្នកទេ នោះអ្នកមិនជឿលើព្រះជាម្ចាស់ឡើយ ហើយបើអ្នកមិនអាចទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ទេ នោះអ្នកមានអារម្មណ៍មិនសប្បាយចិត្តឡើយ។ តើអ្វីដែលអ្នកបាននិយាយនោះអាចក្លាយជាកម្ពស់ពិតប្រាកដរបស់អ្នកយ៉ាងដូចម្ដេចទៅ? នៅពេលដែលនិយាយដល់ឧប្បត្តិហេតុគ្រួសារដែលចៀសមិនផុត ដូចជា កូនៗធ្លាក់ខ្លួនឈឺ មនុស្សជាទីស្រឡាញ់ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទិន្នផលស្រូវមានចំនួនតិច និងការបៀតបៀនពីសំណាក់សមាជិកគ្រួសារ សូម្បីតែរឿងរ៉ាវដែលកើតឡើងជាញឹកញាប់រាល់ថ្ងៃទាំងនេះ ក៏អ្នកទ្រាំទ្រមិនបានដែរ។ នៅពេលដែលរឿងហេតុបែបនេះកើតឡើង អ្នកក៏កើតចិត្តតក់ស្លុត អ្នកមិនដឹងអំពីអ្វីដែលត្រូវធ្វើ ហើយភាគច្រើន អ្នកនឹងរអ៊ូរទាំអំពីព្រះជាម្ចាស់។ អ្នករអ៊ូថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ឆោតអ្នក រអ៊ូថាកិច្ចការរបស់ព្រះជាម្ចាស់ធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើ។ តើអ្នករាល់គ្នាគ្មានគំនិតបែបនេះទេឬអី? តើអ្នកគិតថា រឿងរ៉ាវបែបនេះកម្រកើតឡើងនៅក្នុងអ្នករាល់គ្នាឬ? អ្នករាល់គ្នាចំណាយពេលរាល់ថ្ងៃ ដោយរស់នៅក្នុងចំណោមព្រឹត្តិការណ៍បែបនេះ។ អ្នកមិនបានគិតអំពីភាពជោគជ័យនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ឡើយបន្តិចណាឡើយ ហើយក៏មិនដែលគិតអំពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ កម្ពស់ពិតរបស់អ្នករាល់គ្នានៅទាបណាស់ ពោលគឺទាបជាងកូនមាន់ទៅទៀត។ នៅពេលដែលអាជីវកម្មគ្រួសាររបស់អ្នករកស៊ីខាតបង់លុយកាក់ អ្នកក៏រអ៊ូរទាំអំពីព្រះជាម្ចាស់ នៅពេលដែលអ្នកឃើញថា អ្នកស្ថិតនៅក្នុងបរិយាកាសមួយដែលគ្មានការការពាររបស់ព្រះជាម្ចាស់ អ្នកនៅតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកកាន់តែរអ៊ូរទាំ នៅពេលដែលកូនមាន់ណាមួយរបស់អ្នកបានស្លាប់ ឬក៏មេគោចាស់មួយក្បាលនៅក្នុងក្រោលមានជំងឺ។ អ្នករអ៊ូរទាំ នៅពេលដែលកូនប្រុសរបស់អ្នកដល់ពេលត្រូវរៀបការ ប៉ុន្តែគ្រួសាររបស់អ្នកគ្មានលុយគ្រប់គ្រាន់។ អ្នកចង់បំពេញភារកិច្ចក្នុងការរៀបចំ ប៉ុន្តែអ្នកគ្មានលទ្ធភាពរៀបចំ បន្ទាប់មក អ្នកក៏រអ៊ូរទាំ។ អ្នកកំពុងតែពោរពេញដោយការរអ៊ូរទាំ ហើយពេលខ្លះ អ្នកមិនចូលរួមការប្រជុំ ឬហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែការនេះ ពេលខ្លះក៏ក្លាយជាអវិជ្ជមានអស់រយៈពេលវែងទៀតផង។ គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះ ទាក់ទងនឹងសេចក្តីរំពឹងទុក ឬវាសនារបស់អ្នកឡើយ។ រឿងរ៉ាវទាំងនេះក៏នឹងកើតឡើងផងដែរ ទោះបីជាអ្នកមិនជឿលើព្រះជាម្ចាស់ ប៉ុន្តែនៅថ្ងៃនេះ អ្នកបែរជារុញការទទួលខុសត្រូវសម្រាប់ការទាំងនោះទៅលើព្រះជាម្ចាស់ទៅវិញ ហើយនៅតែទទូចថា ព្រះជាម្ចាស់បានផាត់អ្នកចោល។ តើជំនឿរបស់អ្នកលើព្រះជាម្ចាស់នេះជាជំនឿបែបណាទៅ? តើអ្នកបានថ្វាយជីវិតរបស់អ្នកយ៉ាងពិតប្រាកដហើយឬនៅ? បើអ្នករាល់គ្នាបានជួបការល្បងលដូចជាយ៉ូប នៅក្នុងចំណោមអ្នករាល់គ្នាដែលដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ នោះគ្មាននរណានឹងអាចឈររឹងមាំបានឡើយ ពោលគឺអ្នកទាំងអស់គ្នាសុទ្ធតែនឹងដួលរលំមិនខាន។ វាមាននូវពិភពខុសគ្នាមួយរវាងអ្នករាល់គ្នា និងយ៉ូប។ នៅថ្ងៃនេះ បើទ្រព្យសម្បត្តិពាក់កណ្ដាលរបស់អ្នកត្រូវបានរឹបអូស នោះអ្នករាល់គ្នាប្រាកដជាហ៊ានបដិសេធនូវអត្ថិភាពរបស់ព្រះជាម្ចាស់មិនខាន។ បើកូនប្រុស ឬកូនស្រីរបស់អ្នករាល់គ្នាត្រូវបានដកចេញពីអ្នក នោះអ្នករាល់គ្នានឹងរត់តាមផ្លូវស្រែកតវ៉ាមិនខាន។ បើផ្លូវរកចំណូលចិញ្ចឹមជីវិតតែមួយគត់របស់អ្នកបានមកដល់ផ្លូវទ័ល នោះអ្នកនឹងព្យាយាមយកបញ្ហានោះទៅពិភាក្សាជាមួយព្រះជាម្ចាស់មិនខាន។ អ្នកនឹងសួរនាំរកមូលហេតុដែលនាំឱ្យខ្ញុំបានមានបន្ទូលជាច្រើននៅដើមដំបូង ដើម្បីបន្លាចអ្នក។ អ្នកនឹងមិនហ៊ានធ្វើអ្វីមួយនៅគ្រាបែបនោះឡើយ។ ការនេះបង្ហាញថា អ្នករាល់គ្នាមិនទាន់បានទទួលនូវការយល់ដឹងជ្រៅជ្រះយ៉ាងពិតប្រាកដ និងមានកម្ពស់ពិតប្រាកដនោះឡើយ។ ដូច្នេះ ការល្បងលនៅក្នុងអ្នករាល់គ្នាគឺធំធេងពេកហើយ ដ្បិតអ្នករាល់គ្នាដឹងច្រើនពេក តែអ្វីដែលអ្នកយល់ដឹងយ៉ាងពិតប្រាកដនោះ គឺមិនស្មើនឹងមួយភាគមួយពាន់នៃអ្វីដែលអ្នករាល់គ្នាបានដឹងផង។ ចូរកុំឈប់ត្រឹមមានការយល់ដឹង និងចំណេះដឹងប៉ុននេះឡើយ។ អ្នកមើលឃើញយ៉ាងច្បាស់ពីកម្រិតដែលអ្នកអាចអនុវត្តយ៉ាងពិតប្រាកដ មើលឃើញពីកម្រិតនៃការស្រាយបំភ្លឺ និងការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានទទួល តាមរយៈញើសឈាមនៃការខំប្រឹងប្រែងរបស់អ្នកផ្ទាល់ និងនៅក្នុងចំនួននៃការអនុវត្តរបស់អ្នក ដែលអ្នកសម្រេចតាមការតាំងចិត្តរបស់អ្នកផ្ទាល់។ អ្នកគួរតែហ្មត់ចត់ចំពោះកម្ពស់ និងការអនុវត្តរបស់អ្នក។ នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនគួរព្យាយាមធ្វើបែបបង្គ្រប់កិច្ចសម្រាប់នរណាម្នាក់ឡើយ ព្រោះថានៅទីបំផុត អ្នកអាចទទួលបានសេចក្តីពិត និងជីវិតឬក៏អត់ នោះអាស្រ័យលើការដេញតាមរបស់អ្នកផ្ទាល់នេះហើយ។

លេខយោង៖

(ក) រឿងបក្សីហាន់ហាវ គឺស្រដៀងគ្នាបេះបិទនឹងរឿងព្រេងអំពីស្រមោច និងកណ្ដូបរបស់អ៊ីស៊ុបដែរ។ បក្សីហាន់ហាវ ចូលចិត្តដេក មិនខ្វល់នឹងការធ្វើសប្បុកទេ ក្នុងពេលមានអាកាសធាតុក្ដៅ ទោះបីមានការដាស់តឿនម្ដងហើយម្ដងទៀតពីល្វាចេក ដែលជាអ្នកជិតខាងរបស់វាក៏ដោយ។ នៅពេលរដូវរងាចូលមកដល់ បក្សីហាន់ហាវក៏កករឹងស្លាប់បាត់ទៅ។

ខាង​ដើម៖ តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?

បន្ទាប់៖ ការអនុវត្ត (៤)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ