ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១០)
ចំណុចទីប្រាំបួន៖ ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ (ផ្នែកទីពីរ)
ការផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញសម្រាប់ការអនុវត្តការរៀបចំចាត់ចែងការងារ ការត្រួតពិនិត្យ និងការតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ»។ លើកមុន យើងបានប្រកបគ្នាជាចម្បងអំពីខ្លឹមសារផ្សេងៗ និងចំណុចជាក់លាក់នានានៅក្នុងការរៀបចំចាត់ចែងការងារ ដែលមនុស្សត្រូវយល់ដឹង ក៏ដូចជាទំនួលខុសត្រូវមូលដ្ឋានបំផុតរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលត្រូវប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារ។ ថ្ងៃនេះ យើងនឹងប្រកបគ្នាជាពិសេសអំពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញ និងពីរបៀបដែលពួកគេគួរត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការរៀបចំចាត់ចែងការងារ បន្ទាប់ពីការរៀបចំចាត់ចែងការងារទាំងនោះត្រូវបានផ្សព្វផ្សាយរួច។ ពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរចាត់ទុកការរៀបចំចាត់ចែងការងារ និងពីរបៀបអនុវត្តការរៀបចំចាត់ចែងការងារឱ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខាងលើ និងតាមជំហាននានា នៅពេលដែលពួកគេយល់ពីសារៈសំខាន់នៃការរៀបចំចាត់ចែងការងារ។ ចំណុចទាំងអស់នេះ គឺជាគោលការណ៍សេចក្ដីពិតដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ដឹងតាមរយៈការប្រកបគ្នា ហើយពួកគេត្រូវតែយល់ច្បាស់ពីគោលការណ៍ទាំងនេះ ដើម្បីបំពេញការងារផ្សេងៗរបស់ពួកជំនុំបានល្អ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែដឹងថា សេចក្ដីតម្រូវជាមូលដ្ឋាននៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់អស់អ្នកដែលបម្រើនៅក្នុងតួនាទីនេះ គឺតម្រូវជាចម្បងឱ្យពួកគេបំពេញការងាររបស់ខ្លួនដោយផ្ដោតសំខាន់លើការរៀបចំចាត់ចែងការងារផ្សេងៗ។ មិនមែនដើម្បីឱ្យពួកគេធ្វើរឿងផ្ទាល់ខ្លួន ឬធ្វើអ្វីៗស្របតាមបំណងប្រាថ្នារបស់ខ្លួនឡើយ ហើយប្រាកដណាស់ ក៏មិនមែនដើម្បីឱ្យពួកគេធ្វើការងារណាមួយដោយគ្មានការណែនាំច្បាស់លាស់នោះដែរ។ ពិតណាស់ វាក៏មិនមែនដើម្បីឱ្យពួកគេបង្កើត ឬច្នៃប្រឌិតអ្វីនោះឡើយ។ ផ្ទុយទៅវិញ គឺដើម្បីឱ្យពួកគេធ្វើការដោយជាក់លាក់ និងលម្អិត ដោយផ្អែកលើការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់។ តើគួរធ្វើការងារឱ្យបានជាក់លាក់ដោយរបៀបណាទៅ? តើពាក់ព័ន្ធនឹងសេចក្ដីលម្អិតអ្វីខ្លះដែរ? ចម្លើយចំពោះសំណួរទាំងនេះ គឺមាននៅក្នុងសេចក្ដីតម្រូវនៃទំនួលខុសត្រូវទីប្រាំបួន៖ ក្រៅពីការប្រាស្រ័យទាក់ទង ការផ្សព្វផ្សាយ និងការអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តរបស់ពួកគេផងដែរ។ ចំណុចទាំងនេះ គឺជាមាគ៌ាប្រតិបត្តិជាក់លាក់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីអនុវត្តការរៀបចំចាត់ចែងការងារ។ បន្ទាប់មក យើងនឹងពិភាក្សាអំពីចំណុចទាំងនេះម្ដងមួយៗ។
បន្ទាប់ពីការរៀបចំចាត់ចែងការងារត្រូវបានផ្សព្វផ្សាយ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែគិតពិចារណា និងប្រកបគ្នាជាមុនសិន អំពីសេចក្ដីតម្រូវ និងគោលការណ៍ផ្សេងៗដែលបានចែងនៅក្នុងនោះ។ បន្ទាប់មក ពួកគេត្រូវតែស្វែងរកមាគ៌ា និងផែនការអនុវត្ត ដើម្បីអនុវត្តការងារនោះឱ្យបានជាក់លាក់។ ជាដំបូង ពួកគេត្រូវដឹងថា តើការរៀបចំចាត់ចែងការងារតម្រូវឱ្យធ្វើអ្វីខ្លះ ថាតើមានការងារជាក់លាក់អ្វីខ្លះដែលត្រូវធ្វើ និងមានគោលការណ៍អ្វីខ្លះដែលពាក់ព័ន្ធ ព្រមទាំងថាតើការរៀបចំចាត់ចែងការងារនោះសំដៅទៅលើមនុស្សណាខ្លះ និងទិដ្ឋភាពការងារមួយណា។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើជាមុនសិន បន្ទាប់ពីទទួលបានការរៀបចំចាត់ចែងការងារ។ ពួកគេមិនគួរគ្រាន់តែមើលត្រួសៗអំពីការរៀបចំចាត់ចែងការងារនោះ រួចហើយអានឮៗឱ្យគ្រប់គ្នាស្ដាប់ ឬបញ្ជូនបន្ត ហើយប្រាប់គ្រប់គ្នាអំពីការងារនោះ រួចក៏ចប់នោះទេ។ នេះគ្រាន់តែជាការប្រាស្រ័យទាក់ទង និងការផ្សព្វផ្សាយអំពីការរៀបចំចាត់ចែងការងារប៉ុណ្ណោះ វាមិនមែនជាការអនុវត្តការងារនោះទេ។ ភារកិច្ចជាក់លាក់ទីមួយនៅក្នុងការអនុវត្តការងារ គឺត្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការសិក្សាអំពីខ្លឹមសារជាក់លាក់នៃការរៀបចំចាត់ចែងការងារ សេចក្ដីតម្រូវ និងគោលដៅរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការពួកជំនុំទាំងនេះ និងសារៈសំខាន់នៃការបំពេញការងារនេះ រួចហើយត្រូវរៀបចំផែនការប្រតិបត្តិ និងផែនការអនុវត្តជាក់លាក់។ នេះគឺជាជំហានទីមួយ។ តើជំហានទីមួយនេះងាយស្រួលសម្រេចបានដែរឬទេ? (ងាយស្រួល)។ ឱ្យតែអ្នកអាចយល់ពីពាក្យពេចន៍ដែលបានសរសេរ និងយល់ពីភាសាមនុស្ស នោះជំហានទីមួយគួរតែងាយស្រួលសម្រេចបាន។ ពិតណាស់ ការសម្រេចបាននូវជំហានទីមួយ ក៏តម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការមានឥរិយាបថម៉ឺងម៉ាត់ ស្មោះត្រង់ ទទួលខុសត្រូវ និងល្អិតល្អន់ចំពោះការងារផងដែរ ជាជាងមានភាពស្រពេចស្រពិល ធ្វើឱ្យតែរួចពីដៃ ឬធ្វើបង្គ្រប់កិច្ច។ មិនថាការរៀបចំចាត់ចែងការងារនោះធ្លាប់ត្រូវបានលើកឡើងពីមុនមកឬអត់ មិនថាវាងាយស្រួល ឬពិបាកខ្លះសម្រាប់មនុស្សក្នុងការសម្រេចបាន មិនថាមនុស្សសុខចិត្ត ឬមិនសុខចិត្តធ្វើវា មិនថាមានអ្វីកើតឡើងនោះឡើយ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរមានឥរិយាបថមើលស្រាលចំពោះការងារពួកជំនុំ ដោយគ្រាន់តែនិយាយពីគោលលទ្ធិខ្លះៗ ស្រែកពាក្យស្លោក ឬខិតខំសម្ដែងជាធ្វើការពីសម្បកក្រៅ ដើម្បីដោះស្រាយបញ្ហាបែបបង្គ្រប់កិច្ចនោះទេ។ តើមនុស្សគួរតែមានឥរិយាបថបែបណាដែរ? ជាដំបូង ពួកគេគួរតែមានឥរិយាបថម៉ឺងម៉ាត់ ស្មោះត្រង់ ទទួលខុសត្រូវ និងល្អិតល្អន់។ តើការមានឥរិយាបថបែបនេះមានន័យថា មនុស្សម្នាក់អាចអនុវត្តបានល្អនូវចំណុចជាក់លាក់នានានៅក្នុងការរៀបចំចាត់ចែងការងារដែរឬទេ? មិនអ៊ីចឹងទេ។ នេះគ្រាន់តែជាឥរិយាបថដែលមនុស្សម្នាក់គួរមាន នៅពេលធ្វើការងារណាមួយប៉ុណ្ណោះ។ វាមិនអាចជំនួសការអនុវត្តជាក់ស្ដែងនៃភារកិច្ចជាក់លាក់បានទេ។ នៅពេលដែលពួកគេមានឥរិយាបថនេះ ហើយក៏យល់ពីខ្លឹមសារជាក់លាក់ សេចក្ដីតម្រូវ និងគោលការណ៍នៃការរៀបចំចាត់ចែងការងារហើយ ជំហានបន្ទាប់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ គឺជារបៀបដែលពួកគេអនុវត្តភារកិច្ចជាក់លាក់នានានៅក្នុងការរៀបចំចាត់ចែងការងារ។ តើដំបូងគួរតែធ្វើអ្វីដែរ? ពួកគេត្រូវតែធ្វើការងារត្រៀមលក្ខណៈឱ្យបានត្រឹមត្រូវ។ នេះជាកិច្ចការសំខាន់ណាស់។ ជាដំបូង ពួកគេត្រូវតែប្រមូលអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវ ដើម្បីប្រកបគ្នាអំពីគោលការណ៍អនុវត្តជាក់លាក់សម្រាប់ភារកិច្ចទាំងនេះ។ បន្ទាប់មក ពួកគេត្រូវតែរៀបចំការចាត់ចែង និងផែនការជាក់លាក់។ ក្នុងពេលជាមួយគ្នានេះ ពួកគេគួរតែស្វែងរកយោបល់ ឬគំនិតពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ទាក់ទងនឹងផែនការទាំងនេះ។ បន្ទាប់មក គ្រប់គ្នាគួរតែស្វែងរក និងប្រកបគ្នារួមគ្នា រហូតដល់យល់ច្បាស់រាល់សេចក្ដីតម្រូវ និងគោលការណ៍ដែលបានចែងនៅក្នុងការរៀបចំចាត់ចែងការងារ ហើយគ្រប់គ្នាដឹងពីរបៀបអនុវត្តការរៀបចំចាត់ចែងការងារទាំងនេះ។ ពេលនោះ ជំហានដំបូងនៃការអនុវត្តការរៀបចំចាត់ចែងការងារត្រូវបានចាត់ទុកថាបានសម្រេចហើយ។ ដូច្នេះ នៅពេលដែលគ្រប់គ្នាដឹងពីរបៀបអនុវត្តការរៀបចំចាត់ចែងការងារហើយ តើនោះមានន័យថា ភារកិច្ចនៃការអនុវត្តការរៀបចំចាត់ចែងការងារបានសម្រេចហើយមែនទេ? អត់ទេ មិនមែនទេ។ បញ្ហាលម្អិត និងស្ថានភាពពិសេសមួយចំនួនមិនត្រូវបានលើកឡើងនៅក្នុងការរៀបចំចាត់ចែងការងារនោះទេ ប៉ុន្តែវាគឺជាបញ្ហាដែលត្រូវការការដោះស្រាយយ៉ាងពិតប្រាកដ។ ខណៈពេលកំពុងប្រកបគ្នាអំពីការរៀបចំចាត់ចែងការងារ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែជីកកកាយរកស្ថានភាពពិសេសទាំងនេះ ដែលជាបញ្ហាដែលគួរតែត្រូវបានដោះស្រាយ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យបានហ្មត់ចត់ ហើយក្នុងពេលជាមួយគ្នានោះ ពួកគេក៏គួរតែរៀបចំផែនការអនុវត្តជាក់លាក់សម្រាប់បញ្ហាទាំងនោះផងដែរ។ តាមរបៀបនេះ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់កំពុងអនុវត្តការរៀបចំចាត់ចែងការងារ នោះពួកគេនឹងដឹងថាត្រូវអនុវត្តតាមគោលការណ៍ណា និងត្រូវដោះស្រាយបញ្ហាណាខ្លះ។ នេះគឺជាការយល់ដឹង និងឥរិយាបថអប្បបរមាដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរមានចំពោះការរៀបចំចាត់ចែងការងារ។ ភារកិច្ចនេះអាចត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្ដើមសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីរៀនពីរបៀបធ្វើការងារពួកជំនុំ។ តាមរយៈការស្វែងរក ការប្រកបគ្នា ការផ្ដល់ការណែនាំ និងការរៀបចំការចាត់ចែង ពួកគេរៀនពីរបៀបចាត់ចែង និងដោះស្រាយការលំបាកជាក់ស្ដែង និងស្ថានភាពពិសេសមួយចំនួន ស្របតាមគោលការណ៍សេចក្ដីពិត។ មានតែបែបនេះទេ ទើបពួកគេអាចអនុវត្តការរៀបចំចាត់ចែងការងារបានយ៉ាងពិតប្រាកដ។
I. ការផ្ដល់ការណែនាំ
នៅពេលផ្ដល់ការណែនាំដំបូងសម្រាប់ភារកិច្ចណាមួយ ក្រៅពីការផ្ដល់ផែនការអនុវត្តជាក់លាក់សម្រាប់ស្ថានភាពពិសេស អ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិមធ្យម និងមានសមត្ថភាពការងារខ្សោយគួរសម ក៏គួរទទួលបានការណែនាំកាន់តែជាក់លាក់ និងលម្អិតផងដែរ។ ទោះបីជាមនុស្សទាំងនេះអាចយល់ពីគោលការណ៍ និងផែនការអនុវត្តជាក់លាក់សម្រាប់ភារកិច្ចណាមួយតាមរយៈគោលលទ្ធិក៏ដោយ ក៏ពួកគេនៅតែមិនដឹងពីរបៀបយកវាមកអនុវត្តនៅពេលនិយាយដល់ការអនុវត្តជាក់ស្ដែងដែរ។ តើអ្នកគួរប្រព្រឹត្តបែបណាចំពោះអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនតូចដែលមានគុណសម្បត្តិខ្សោយ និងខ្វះសមត្ថភាពការងារ? មនុស្សខ្លះនិយាយថា «ប្រសិនបើមនុស្សម្នាក់ដែលមានគុណសម្បត្តិខ្សោយមិនអាចធ្វើការងារបាន ហេតុអ្វីមិនគ្រាន់តែរកនរណាម្នាក់ដែលមានគុណសម្បត្តិល្អជាងមកជំនួសពួកគេទៅ?» ការលំបាកគឺស្ថិតនៅត្រង់នេះ៖ ពួកជំនុំខ្លះមិនអាចរកនរណាម្នាក់ដែលល្អជាងនេះបានទេ។ នៅក្នុងពួកជំនុំទាំងនោះ គ្រប់គ្នាបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលប្រហាក់ប្រហែលគ្នា ហើយកម្រិតនៃកម្ពស់ខាងវិញ្ញាណរបស់ពួកគេក៏ប្រហាក់ប្រហែលគ្នាដែរ ជាពិសេស គុណសម្បត្តិ និងសមត្ថភាពការងាររបស់គ្រប់គ្នាគឺនៅកម្រិតមធ្យម។ ដើម្បីរកនរណាម្នាក់ដែលល្អជាងនេះ អ្នកនឹងត្រូវផ្ទេរមនុស្សពីពួកជំនុំផ្សេងទៀត ប៉ុន្តែការធ្វើបែបនេះមិនស្រួលប៉ុន្មានទេ ហើយក៏គ្មានបេក្ខជនណាដែលសមរម្យពិតប្រាកដដែរ។ អ្នកអាចជ្រើសរើសបានតែបេក្ខជនដែលសមរម្យគួរសមពីពួកជំនុំក្នុងតំបន់ប៉ុណ្ណោះ។ ប្រសិនបើការងាររបស់ពួកគេមិនបំពេញតាមស្ដង់ដារដែលតម្រូវទេ តើគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? អ្នកត្រូវតែប្រាប់ពួកគេឱ្យជាក់លាក់ពីរបៀបធ្វើការ និងរបៀបអនុវត្តការងារ។ អ្នកគួរតែប្រាប់ពួកគេថា តើនរណាគួរត្រូវបានតែងតាំង និងទទួលខុសត្រូវចំពោះភារកិច្ចនេះ និងមនុស្សណាខ្លះដែលគួរត្រូវបានជ្រើសរើសឱ្យសហការគ្នាលើការងារនេះ។ ចូរពន្យល់សេចក្ដីលម្អិតទាំងអស់នេះដល់ពួកគេ ហើយឱ្យពួកគេអនុវត្តការងារនេះ។ ហេតុអ្វីបានជាត្រូវធ្វើតាមរបៀបនេះ? ពីព្រោះសមាជិកនៃពួកជំនុំក្នុងតំបន់ជាទូទៅមានបទពិសោធន៍រាក់កំភែលណាស់ ហើយខ្វះសមត្ថភាពការងារ ដែលធ្វើឱ្យវាមិនអាចទៅរួចក្នុងការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែលសមរម្យបាន។ មានតែតាមរយៈការធ្វើការតាមរបៀបនេះទេ ទើបការរៀបចំចាត់ចែងការងារអាចត្រូវបានអនុវត្តបាន។ ប្រសិនបើអ្នកមិនធ្វើការតាមរបៀបនេះ ហើយចាត់ទុកមនុស្សទាំងនេះដូចជាអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀត ដោយគ្រាន់តែប្រាប់ពួកគេអំពីគោលការណ៍ និងផែនការជាក់លាក់ ដោយមិនមានការបែងចែក នោះការរៀបចំចាត់ចែងការងារនឹងមិនត្រូវបានអនុវត្តឡើយ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះរឿងនេះ តើនោះមិនមែនជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវទេឬ? (មែនហើយ)។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះនិយាយថា «អ្នកផ្សេងទៀតដឹងពីរបៀបប្រតិបត្តិតាមការរៀបចំចាត់ចែងការងារ និងការអនុវត្ត ចុះហេតុអ្វីបានជាមនុស្សម្នាក់នេះមិនដឹង? ប្រសិនបើពួកគេមិនដឹង ខ្ញុំនឹងមិនខ្វល់ពីពួកគេទេ។ វាមិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំឡើយ។ យ៉ាងណាក៏ដោយ ខ្ញុំបានធ្វើចំណែករបស់ខ្ញុំហើយ»។ តើហេតុផលនេះអាចទទួលយកបានទេ? (អត់ទេ)។ ឧទាហរណ៍ ឧបមាថាម្តាយម្នាក់មានកូនបីនាក់ ហើយកូនម្នាក់ក្នុងចំណោមនោះខ្សោយ ឈឺជានិច្ច ហើយមិនចង់ញ៉ាំអាហារទេ។ ប្រសិនបើម្តាយបណ្តោយឱ្យកូននេះមិនញ៉ាំអាហារ កូននោះអាចនឹងមិនរស់បានយូរទេ។ តើនាងគួរធ្វើដូចម្តេច? ក្នុងនាមជាម្តាយម្នាក់ នាងត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះកូនដែលខ្សោយនោះ។ ឧបមាម្តាយនោះនិយាយថា «ការដែលខ្ញុំប្រព្រឹត្តចំពោះកូនៗរបស់ខ្ញុំស្មើៗគ្នា គឺល្អគ្រប់គ្រាន់ហើយ។ ខ្ញុំបានបង្កើតកូននេះមក ហើយបានរៀបចំអាហារឱ្យគេញ៉ាំ។ ខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំហើយ។ ខ្ញុំមិនខ្វល់ថាគេញ៉ាំឬមិនញ៉ាំនោះទេ។ ប្រសិនបើគេមិនញ៉ាំទេ ទុកឱ្យគេឃ្លានចុះ ហើយនៅពេលដែលគេឃ្លានខ្លាំង គេនឹងញ៉ាំជាមិនខាន»។ តើអ្នកគិតយ៉ាងណាចំពោះម្តាយប្រភេទនេះ? (នាងជាម្ដាយដែលគ្មានការទទួលខុសត្រូវ)។ តើមានម្តាយបែបនេះដែរឬទេ? មានតែស្ត្រីល្ងីល្ងើ ឬម្តាយចុងប៉ុណ្ណោះ ដែលនឹងធ្វើបែបនោះ។ ប្រសិនបើនាងជាម្តាយបង្កើត ហើយមិនល្ងីល្ងើ នោះនាងនឹងមិនប្រព្រឹត្តចំពោះកូនបង្កើតរបស់ខ្លួនបែបនេះឡើយ មែនទេ? (មែនហើយ)។ ប្រសិនបើកូនម្នាក់ខ្សោយ ឈឺជានិច្ច ហើយមិនចូលចិត្តញ៉ាំអាហារ ម្តាយរបស់ពួកគេត្រូវតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀត។ នាងត្រូវតែរកវិធីធ្វើឱ្យកូននោះញ៉ាំ នាងត្រូវតែចម្អិនអ្វីក៏ដោយដែលកូននោះចង់ញ៉ាំ ដោយរៀបចំអាហារពិសេសសម្រាប់ពួកគេ ហើយនៅពេលដែលកូននោះមិនចង់ញ៉ាំ នាងត្រូវតែលួងលោមឱ្យគេញ៉ាំ។ នៅពេលដែលពួកគេមានអាយុដប់ប្រាំបី ឬដប់ប្រាំបួនឆ្នាំ ហើយរាងកាយរបស់ពួកគេមានសុខភាពល្អដូចមនុស្សពេញវ័យធម្មតា ម្តាយអាចធូរស្បើយចិត្ត និងដកដៃចេញ ហើយលែងត្រូវការយកចិត្តទុកដាក់ជាពិសេសចំពោះកូននេះទៀតហើយ។ ប្រសិនបើម្តាយម្នាក់អាចប្រព្រឹត្តចំពោះកូនដែលមានស្ថានភាពពិសេសបែបនេះ ហើយបំពេញទំនួលខុសត្រូវរបស់នាងបាន ចុះចំណែកឯអ្នកដឹកនាំ ឬអ្នកធ្វើការវិញ? ប្រសិនបើអ្នកគ្មានសូម្បីតែសេចក្ដីស្រឡាញ់របស់ម្តាយម្នាក់សម្រាប់បងប្អូនប្រុសស្រីទេ នោះអ្នកពិតជាគ្មានការទទួលខុសត្រូវហើយ។ អ្នកត្រូវតែបំពេញទំនួលខុសត្រូវដែលអ្នកគួរតែបំពេញ។ អ្នកត្រូវតែគិតគូរដល់ពួកជំនុំដែលត្រូវបានគ្រប់គ្រងដោយមនុស្សដែលទន់ខ្សោយ និងមានសមត្ថភាពការងារអន់។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់ជាពិសេស និងផ្ដល់ការណែនាំជាពិសេសនៅក្នុងបញ្ហាទាំងនេះ។ តើការណែនាំជាពិសេសសំដៅទៅលើអ្វី? ក្រៅពីការប្រកបគ្នាអំពីសេចក្ដីពិត អ្នកក៏ត្រូវតែផ្ដល់ការចង្អុលបង្ហាញ និងជំនួយដែលកាន់តែជាក់លាក់ និងលម្អិតជាងនេះផងដែរ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការប្រាស្រ័យទាក់ទង។ ប្រសិនបើអ្នកពន្យល់ការងារដល់ពួកគេ ហើយពួកគេនៅតែមិនយល់ និងមិនដឹងពីរបៀបអនុវត្តការងារនោះ ឬទោះបីជាពួកគេយល់តាមរយៈគោលលទ្ធិ ហើយហាក់ដូចជាដឹងពីរបៀបអនុវត្តក៏ដោយ ប៉ុន្តែអ្នកនៅតែមិនប្រាកដ ហើយព្រួយបារម្ភបន្តិចបន្តួចអំពីថាតើការអនុវត្តជាក់ស្ដែងនឹងទៅជាយ៉ាងណានោះ តើអ្នកគួរធ្វើដូចម្តេចពេលនោះ? អ្នកត្រូវតែចូលទៅក្នុងពួកជំនុំក្នុងតំបន់ដោយផ្ទាល់ ដើម្បីណែនាំពួកគេ និងដើម្បីអនុវត្តភារកិច្ចនោះជាមួយពួកគេ។ ចូរប្រាប់ពួកគេពីគោលការណ៍ ស្របពេលដែលធ្វើការចាត់ចែងជាក់លាក់ទាក់ទងនឹងភារកិច្ចដែលត្រូវធ្វើ ស្របតាមសេចក្ដីតម្រូវនៃការរៀបចំចាត់ចែងការងារ ដូចជាអ្វីដែលត្រូវធ្វើមុន និងអ្វីដែលត្រូវធ្វើបន្ទាប់ ព្រមទាំងរបៀបបែងចែកមនុស្សឱ្យបានត្រឹមត្រូវ ពោលគឺត្រូវរៀបចំកិច្ចការទាំងអស់នេះឱ្យបានត្រឹមត្រូវ។ នេះគឺជាការណែនាំពួកគេក្នុងការងាររបស់ពួកគេយ៉ាងជាក់ស្ដែង មិនមែនគ្រាន់តែស្រែកពាក្យស្លោក ឬចេញបញ្ជាផ្តេសផ្តាស និងបង្រៀនពួកគេដោយគោលលទ្ធិខ្លះៗ រួចហើយចាត់ទុកថាការងាររបស់ខ្លួនបានសម្រេចនោះទេ ពោលគឺនោះមិនមែនជាការបង្ហាញឱ្យឃើញពីការធ្វើការងារជាក់លាក់ឡើយ ហើយការស្រែកពាក្យស្លោក និងការបញ្ជាគេឯង ក៏មិនមែនជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ។ នៅពេលដែលអ្នកដឹកនាំ ឬអ្នកមើលការខុសត្រូវនៃពួកជំនុំក្នុងតំបន់អាចទទួលបន្ទុកការងារបាន ហើយការងារបានចូលមកកាន់គន្លងត្រឹមត្រូវ ហើយជាទូទៅគ្មានបញ្ហាធំដុំអ្វីទេ មានតែពេលនោះទេ ទើបអ្នកដឹកនាំ ឬអ្នកធ្វើការអាចចាកចេញបាន។ នេះគឺជាភារកិច្ចជាក់លាក់ទីមួយដែលបានលើកឡើងនៅក្នុងទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការសម្រាប់ការអនុវត្តការរៀបចំចាត់ចែងការងារ ពោលគឺជាការផ្ដល់ការណែនាំ។ ដូច្នេះ តើគួរផ្ដល់ការណែនាំដូចម្ដេចឱ្យបានជាក់លាក់? ដំបូង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអនុវត្តការសញ្ជឹងគិត និងប្រកបគ្នាអំពីការរៀបចំចាត់ចែងការងារជាមុនសិន ដោយសិក្សា និងស្វែងយល់ពីសេចក្ដីតម្រូវជាក់លាក់ផ្សេងៗនៃការរៀបចំចាត់ចែងការងារ ហើយយល់ និងក្ដាប់ឱ្យបានពីគោលការណ៍នានានៅក្នុងការរៀបចំចាត់ចែងការងារ។ បន្ទាប់មក ពួកគេគួរតែប្រកបគ្នាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់ អំពីផែនការជាក់លាក់សម្រាប់ការអនុវត្តការរៀបចំចាត់ចែងការងារ។ បន្ថែមពីនេះ ពួកគេគួរតែផ្ដល់ផែនការអនុវត្តជាក់លាក់សម្រាប់ស្ថានភាពពិសេស ហើយជាចុងក្រោយ ពួកគេគួរតែផ្ដល់ជំនួយ និងការចង្អុលបង្ហាញកាន់តែលម្អិត និងជាក់លាក់ដល់អ្នកដឹកនាំ និងអ្នកធ្វើការដែលខ្សោយ និងមានគុណសម្បត្តិអន់ជាង។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការខ្លះមិនអាចអនុវត្តភារកិច្ចនោះបានទាល់តែសោះ តើគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើគួរតែចូលទៅក្នុងពួកជំនុំឱ្យបានស៊ីជម្រៅ និងចូលរួមដោយផ្ទាល់នៅក្នុងភារកិច្ចនោះ ដោយដោះស្រាយបញ្ហាជាក់ស្ដែងតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត និងបង្រៀនឱ្យពួកគេចេះធ្វើការងារ និងរបៀបអនុវត្តការងារស្របតាមគោលការណ៍នានា។ ជំហានទាំងនេះត្រូវបានចែងយ៉ាងច្បាស់ជាពាក្យពេចន៍ហើយ ប៉ុន្តែតើវាងាយស្រួលក្នុងការអនុវត្តដែរឬទេ? តើមានការលំបាកអ្វីខ្លះដែលពាក់ព័ន្ធ? មនុស្សខ្លះអាចនិយាយថា «អ្នកនិយាយហាក់ដូចជាងាយស្រួល ប៉ុន្តែការអនុវត្តមិនងាយស្រួលប៉ុន្មានទេ។ ពេលខ្លះ ការរៀបចំចាត់ចែងការងារគឺស្មុគស្មាញណាស់ ហើយគ្មាននរណាដឹងពីរបៀបអនុវត្តវាទេ!» គ្រាន់តែភារកិច្ចទីមួយ ដែលជាការប្រកបគ្នាអំពីសេចក្ដីតម្រូវជាក់លាក់នៃការរៀបចំចាត់ចែងការងារ និងការផ្ដល់ការណែនាំតាមរបៀបជាក់ស្ដែង ក៏មានអ្នកដឹកនាំ និងអ្នកធ្វើការខ្លះយល់ថាវាពិបាកគួរសមដែរ។ ពួកគេនិយាយថា «ខ្ញុំមិនដែលធ្វើភារកិច្ចជាក់លាក់ទាំងនេះទេ ដូច្នេះខ្ញុំមិនដឹងពីរបៀបប្រកបគ្នា និងផ្ដល់ការណែនាំអំពីវាឡើយ។ ពួកគេគួរតែធ្វើតាមពាក្យពេចន៍ជាក់លាក់នៃការរៀបចំចាត់ចែងការងារទៅបានហើយ តើត្រូវប្រកបគ្នាពីអ្វីទៀតទៅ? តើនោះមិនមែនគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចទេឬ?» ពួកគេមិនដឹងពីរបៀបប្រកបគ្នាទេ ពួកគេចេះតែស្រែកពាក្យស្លោកប៉ុណ្ណោះ៖ «យើងត្រូវតែអនុវត្តការងារនេះឱ្យបានល្អ! នេះគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់យើង។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហររបស់យើងឱ្យបានដាច់ខាត បំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងមិនធ្វើឱ្យព្រះជាម្ចាស់ខកបំណងសម្រាប់ការរំពឹងទុករបស់ទ្រង់ចំពោះយើងឡើយ។ ចំណែកឯរបៀបធ្វើវាវិញ អ្នករាល់គ្នាគួរតែរកវិធីដោយខ្លួនឯងចុះ»។ តើមានបញ្ហាអ្វីជាមួយមនុស្សដែលនិយាយបែបនេះ? តើពួកគេអាចធ្វើការងារបានទេ? តើពួកគេមានសមត្ថភាពការងារដែរឬទេ? តើគុណសម្បត្តិរបស់ពួកគេខ្សោយមែនទេ? (មែនហើយ។)
ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ មិនថាជារឿងធំ ឬរឿងតូចទេ អ្នកគួរតែអធិដ្ឋាន និងស្វែងរកពីព្រះជាម្ចាស់ ព្រមទាំងគិតពិចារណាដោយយកចិត្តទុកដាក់ និងហ្មត់ចត់ មុននឹងធ្វើការវិនិច្ឆ័យ។ ប្រសិនបើមនុស្សម្នាក់គ្មានការគិតប្រកបដោយហេតុផលទេ នោះវាកាន់តែសំខាន់ទៅទៀតសម្រាប់ពួកគេ ក្នុងការអធិដ្ឋានដល់ព្រះជាម្ចាស់ ដោយទូលសូមជំនួយពីព្រះអង្គ និងស្វែងរកឱ្យបានច្រើនពីអស់អ្នកដែលយល់សេចក្ដីពិត។ បន្ថែមពីនេះ សម្រាប់បញ្ហាធំៗនៅក្នុងការងារពួកជំនុំ និងបញ្ហាធំៗដែលជួបប្រទះនៅពេលកំពុងបំពេញភារកិច្ច អ្នកត្រូវតែប្រកបគ្នា និងពិភាក្សាបញ្ហាទាំងនោះជាមួយបុគ្គលដែលពាក់ព័ន្ធ ដើម្បីឈានដល់ការឯកភាពគ្នា ហើយនៅទីបំផុតត្រូវរៀបចំផែនការអនុវត្តមួយដែលជាក់លាក់ និងអាចអនុវត្តបាន។ ផែនការនេះគួរតែជាការឯកភាពមួយដែលសម្រេចបានតាមរយៈការពិចារណាដោយយកចិត្តទុកដាក់ និងការពិគ្រោះយោបល់ ហើយវាគួរតែអាចយកជាការបាននៅចំពោះមុខអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់។ អស់អ្នកដែលអាចរៀបចំផែនការអនុវត្តជាក់លាក់ដែលអាចយកជាការបាន ត្រូវបានចាត់ទុកថាមានការគិតប្រកបដោយហេតុផល។ នៅពេលប្រឈមមុខនឹងបញ្ហា ទោះធំ ឬតូចក្ដី ប្រសិនបើគ្មានអ្វីដែលជាក់លាក់នៅក្នុងគំនិតរបស់មនុស្សម្នាក់ ហើយពួកគេមិនអាចគិតពីគោលការណ៍ជាក់លាក់នៃការអនុវត្តបាន ហើយគ្រាន់តែប្រើពាក្យស្លោកតាមទ្រឹស្ដីធម្មតាៗដើម្បីជំនួសគោលការណ៍សម្រាប់ដោះស្រាយបញ្ហា តើពួកគេអាចធ្វើការងាររបស់ខ្លួនបានល្អដែរឬទេ? តើមនុស្សបែបនេះមានសមត្ថភាពគិត និងពិចារណាឱ្យបានដិតដល់ដែរឬទេ? (អត់ទេ។) តើមនុស្សប្រភេទណាដែលខ្វះសមត្ថភាពក្នុងការគិត? (មនុស្សដែលមានគុណសម្បត្តិខ្សោយ។) នេះហើយគឺជាអត្ថន័យនៃការធ្វើជាមនុស្សដែលមានគុណសម្បត្តិខ្សោយ។ សូមលើកឧទាហរណ៍មួយ។ ឧបមាថាអ្នកកំពុងរស់នៅឯបរទេស ហើយនៅថ្ងៃមួយ អ្នកស្រាប់តែទទួលបានដីកាកោះពីតុលាការ។ នេះគឺជារឿងដែលកើតឡើងភ្លាមៗមិនបានរំពឹងទុក មែនទេ? ជាដំបូង អ្នកមិនបានធ្វើអ្វីខុសច្បាប់ទេ។ ទីពីរ អ្នកមិនបានប្ដឹងផ្ដល់អ្វីឡើយ ហើយក៏មិនបានឮនរណាម្នាក់ចោទប្រកាន់អ្នកពីអ្វីមួយដែរ។ អ្នកទទួលបានដីកាកោះដោយមិនបានដឹងពីកាលៈទេសៈណាមួយដែលនៅជុំវិញរឿងនេះឡើយ។ នៅពេលប្រឈមនឹងស្ថានភាពបែបនេះ តើអារម្មណ៍ដំបូងដែលមនុស្សទូទៅនឹងមាន គឺជាអ្វីដែរ? ការជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់នឹងធ្វើឱ្យពួកគេមានអារម្មណ៍តក់ស្លុត ព្រួយបារម្ភ និងភ័យខ្លាចខ្លះដែរ។ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាមិនបានត្រៀមខ្លួន ហើយមិនសូវមានអារម្មណ៍ចង់ញ៉ាំអាហារ។ មិនថាបុគ្គលនោះសំខាន់ឬមិនសំខាន់ ក្លាហានឬកំសាក ជាមនុស្សពេញវ័យឬអនីតិជននោះទេ គ្មាននរណាម្នាក់ចង់ជួបប្រទះនឹងស្ថានភាពបែបនេះឡើយ ពីព្រោះវាមិនមែនជារឿងល្អនោះទេ។ ដោយប្រឈមមុខនឹងស្ថានភាពនេះ មនុស្សមានប្រតិកម្មតាមពីររបៀបផ្សេងគ្នា។ មនុស្សប្រភេទទីមួយគិតថា «ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ទេ ហើយក៏មិនបានបំពានបទប្បញ្ញត្តិរដ្ឋាភិបាលណាមួយដែរ។ តើខ្ញុំមានអ្វីដែលត្រូវខ្លាចទៅ? នេះគឺជាសង្គមដែលគ្រប់គ្រងដោយច្បាប់ ដែលអ្វីៗគ្រប់យ៉ាងផ្អែកលើភស្តុតាង។ ដោយសារខ្ញុំមិនបានធ្វើអ្វីអាក្រក់ ពួកគេនឹងគ្មានភស្តុតាងណាមួយប្រឆាំងនឹងខ្ញុំឡើយ ទោះបីជាពួកគេប្ដឹងខ្ញុំក៏ដោយ។ ខ្ញុំគ្មានអ្វីដែលត្រូវខ្លាចនោះទេ។ តើដីកាកោះអាចធ្វើអ្វីបាន? មនុស្សទៀងត្រង់មានអ្វីត្រូវខ្លាចការចោទប្រកាន់នោះ។ ខ្ញុំនឹងជួលមេធាវីម្នាក់ដើម្បីការពារខ្ញុំ។ វានឹងគ្មានបញ្ហាអ្វីឡើយ»។ បន្ទាប់ពីបានគិតរឿងនេះចប់សព្វគ្រប់ហើយ ពួកគេមិនមានអារម្មណ៍តានតឹងនៅក្នុងចិត្តឡើយ ហើយពួកគេបន្តរស់នៅជីវិតប្រចាំថ្ងៃតាមធម្មតា។ នេះគឺជាប្រតិកម្មរបស់មនុស្សមួយប្រភេទ។ ឥឡូវនេះ ចូរយើងមើលប្រតិកម្មរបស់មនុស្សប្រភេទទីពីរវិញ។ បន្ទាប់ពីទទួលបានដីកាកោះ ពួកគេគិតថា «ខ្ញុំមិនបានបំពានច្បាប់ណាមួយទេ ហើយក៏មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយដែរ ដូច្នេះតើរឿងនេះអាចជាអ្វីទៅ? តើអាចមកពីខ្ញុំជឿលើព្រះជាម្ចាស់ឬទេ? ការជឿលើព្រះជាម្ចាស់មិនមែនជារឿងខុសច្បាប់ទេ។ តើអាចទៅរួចទេដែលថានរណាម្នាក់មានចេតនាប្រឌិតរឿងចោទប្រកាន់ និងប្ដឹងខ្ញុំ? វាទំនងជាបែបនេះហើយ។ ប៉ុន្តែតើវាអាចជារឿងអ្វីផ្សេងទៀតទេ? ខ្ញុំត្រូវតែពិគ្រោះជាមួយមេធាវី ហើយសុំឱ្យពួកគេទៅតុលាការដើម្បីស៊ើបសួរថា ហេតុអ្វីបានជាខ្ញុំទទួលបានដីកាកោះនេះ និងថាតើនរណាជាដើមបណ្ដឹង។ ខ្ញុំត្រូវតែស្វែងយល់រឿងនេះឱ្យដល់ឫសគល់ មុននឹងសម្រេចចិត្តលើវិធានការឆ្លើយតប។ ប្រសិនបើមេធាវីនិយាយថា រឿងនេះពាក់ព័ន្ធនឹងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ នោះខ្ញុំត្រូវតែប្រញាប់រកមនុស្សដើម្បីរៀបចំវិធានការឆ្លើយតប ហើយក៏ត្រូវប្រញាប់លាក់សៀវភៅ ឬរបស់ផ្សេងៗទៀតដែលពាក់ព័ន្ធនឹងជំនឿរបស់ខ្ញុំ ដើម្បីការពារកុំឱ្យសត្រូវរបស់ខ្ញុំរកឃើញអ្វីមួយដើម្បីប្រើប្រាស់ប្រឆាំងនឹងខ្ញុំ»។ បន្ទាប់ពីគំនិតដំបូងទាំងនេះ ទោះបីជាពួកគេមិនទាន់បានធ្វើការសន្និដ្ឋានច្បាស់លាស់ ឬការវិនិច្ឆ័យត្រឹមត្រូវណាមួយអំពីការទទួលបានដីកាកោះក៏ដោយ ក៏ពួកគេមានគំនិតច្បាស់លាស់រួចទៅហើយអំពីផែនការអនុវត្តជាក់លាក់៖ អ្វីដែលត្រូវធ្វើសម្រាប់ផែនការ «ក» អ្វីដែលត្រូវធ្វើសម្រាប់ផែនការ «ខ» ហើយប្រសិនបើផែនការទាំងពីរមិនអាចទៅរួច តើពួកគេគួរធ្វើអ្វីបន្ទាប់ទៀត។ ពួកគេពិចារណារាល់ជំហានយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន។ ពួកគេធ្វើចិត្តឱ្យស្ងប់ជាមុនសិន ហើយប្រញាប់អធិដ្ឋាននៅក្នុងចិត្ត ហើយក្រោយមក បន្ទាប់ពីតាំងសតិបានហើយ ពួកគេក៏ចាប់ផ្ដើមដោះស្រាយបញ្ហានេះភ្លាមៗ។ ក្នុងរយៈពេលមួយថ្ងៃ ពួកគេបានយល់ច្បាស់ពីរឿងទាំងអស់នេះ ហើយដឹងពីរបៀបបន្តទៅមុខទៀត។ ដោយមិនគិតថា តើលទ្ធផលចុងក្រោយនៃបញ្ហានេះទៅជាយ៉ាងណានោះទេ ចូរយើងពិនិត្យមើលមនុស្សពីរប្រភេទនេះជាមុនសិន។ តើម្នាក់ណាមានសមត្ថភាពក្នុងការគិតពិចារណាឱ្យបានដិតដល់អំពីបញ្ហា? តើម្នាក់ណាមានគុណសម្បត្តិ? (មនុស្សទីពីរ។) ច្បាស់ណាស់ មនុស្សទីពីរមានគុណសម្បត្តិ។ ការមានតែភាពក្លាហាន និងការប្ដេជ្ញាចិត្តនៅពេលជួបប្រទះនឹងស្ថានភាពណាមួយ មិនស្មើនឹងការមានគុណសម្បត្តិទេ។ មនុស្សម្នាក់ត្រូវតែចេះគិត ចេះឈ្វេងយល់ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។ នៅក្នុងដំណើរការនៃការគិត ពួកគេត្រូវតែចេះធ្វើការវិនិច្ឆ័យជាក់លាក់ និងរៀបចំផែនការប្រតិបត្តិជាក់លាក់បាន។ មានតែមនុស្សប្រភេទនេះទេដែលមានគុណសម្បត្តិ។ មើលពីសម្បកក្រៅ ពួកគេហាក់ដូចជាកំសាក ប្រព្រឹត្តដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សូម្បីតែរឿងតូចតាច ហើយចាត់ទុករឿងតូចតាចថាជារឿងសំខាន់។ ទោះជាយ៉ាងណា វិធីសាស្ត្រ និងរបៀបដែលពួកគេដោះស្រាយបញ្ហា បង្ហាញឱ្យឃើញថា មនុស្សម្នាក់នេះមានសមត្ថភាពក្នុងការគិត ពិចារណាដិតដល់ និងដោះស្រាយបញ្ហា។ ផ្ទុយទៅវិញ មនុស្សប្រភេទទីមួយគឺក្លាហានណាស់ ហើយមិនខ្លាចអ្វីទាំងអស់។ នៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពណាមួយ ពួកគេគិតយ៉ាងសាមញ្ញថា «ខ្ញុំមិនបានធ្វើអ្វីអាក្រក់ទេ។ មិនថាមានរឿងអ្វីខុសឆ្គងកើតឡើងក៏ដោយ ក៏តែងតែមានអ្នកដែលមានសមត្ថភាពជាងចាំជួយដោះស្រាយដែរ»។ តើខ្ញុំមានអ្វីដែលត្រូវខ្លាចទៅ?» ពួកគេមិនខ្វល់ខ្វាយ និងរស់នៅស្រួល ប៉ុន្តែតើពួកគេមិនមែនជាមនុស្សដែលក្លាហានទាំងល្ងង់ខ្លៅ និងល្ងីល្ងើបន្តិចទេឬ? មនុស្សប្រភេទនេះស្រែកពាក្យស្លោកឮៗ ហើយអ្វីដែលពួកគេនិយាយក៏មិនខុសដែរ ប៉ុន្តែតើពួកគេខ្វះអ្វីដែរ? (ពួកគេគ្មានការគិតប្រកបដោយហេតុផល ហើយពួកគេខ្វះសមត្ថភាពក្នុងការគិតពិចារណាឱ្យបានដិតដល់អំពីបញ្ហា។) តើការខ្វះនូវការគិតប្រកបដោយហេតុផលរបស់ពួកគេបង្ហាញចេញនៅត្រង់ណា? នៅពេលជួបស្ថានភាពណាមួយ ទោះបីវាជារឿងដែលកើតឡើងភ្លាមៗ ឬជារឿងដែលពួកគេបានដឹងរួចហើយក៏ដោយ ក៏ពួកគេមិនអាចគិតពិចារណាឱ្យបានដិតដល់ ឬធ្វើការវិនិច្ឆ័យបានដែរ ដូច្នេះតាមធម្មតា ពួកគេនឹងគ្មានផែនការដើម្បីដោះស្រាយបញ្ហា ឬសមត្ថភាពក្នុងការដោះស្រាយវាឡើយ។ នេះគឺច្បាស់ណាស់។ ពីសម្បកខាងក្រៅ មនុស្សប្រភេទនេះមើលទៅហាក់ដូចជាពូកែវោហារសាស្ត្រ ហើយពួកគេអាចនិយាយគោលលទ្ធិបាន ហើយពួកគេក៏អាចលើកទឹកចិត្តបានដែរ។ មើលទៅហាក់ដូចជាពួកគេមានគុណសម្បត្តិដើម្បីធ្វើជាអ្នកដឹកនាំ។ ទោះជាយ៉ាងណា នៅពេលប្រឈមមុខនឹងបញ្ហា ពួកគេមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាបានឡើយ ហើយក៏មិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះបានដែរ។ ពួកគេចេះតែនិយាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ហើយស្រែកពាក្យស្លោកប៉ុណ្ណោះ។ ពីសម្បកខាងក្រៅ មើលទៅហាក់ដូចជាពួកគេវាងវៃ ប៉ុន្តែនៅពេលជួបបញ្ហា ពួកគេមិនអាចវិភាគ ឬវិនិច្ឆ័យពីមូលហេតុនៃបញ្ហាបានឡើយ ហើយក៏មិនអាចវាយតម្លៃពីផលវិបាកធ្ងន់ធ្ងរដែលនឹងកើតមាន ប្រសិនបើបញ្ហានៅតែបន្តវិវត្តទៅមុខទៀតដែរ។ ពួកគេមិនអាចគិតឃើញរឿងទាំងនេះទេ រឹតតែមិនអាចដោះស្រាយបញ្ហាបាននោះដែរ។ មនុស្សបែបនេះមើលពីសម្បកក្រៅហាក់ដូចជាពូកែវោហារសាស្ត្រ ប៉ុន្តែតាមពិតមានគុណសម្បត្តិខ្សោយ ហើយមិនអាចធ្វើការងារជាក់ស្ដែងបានទេ។ ដូចគ្នាដែរ នៅពេលទទួលបានការរៀបចំចាត់ចែងការងារមួយ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការចេះតែអាន និងពន្យល់តាមន័យត្រង់ ហើយទោះបីជាពួកគេអាចផ្សព្វផ្សាយការរៀបចំចាត់ចែងការងារ និងប្រកបគ្នាអំពីចំណុចគន្លឹះរបស់វានៅក្នុងការប្រជុំក្ដី ប៉ុន្តែពួកគេមិនដឹងពីរបៀបធ្វើការចាត់ចែងជាក់លាក់ និងផ្ដល់ការណែនាំជាក់លាក់សម្រាប់សេចក្ដីតម្រូវជាក់លាក់ គោលការណ៍ បញ្ហាដែលត្រូវយកចិត្តទុកដាក់ ស្ថានភាពពិសេស និងផ្សេងៗទៀតនៃការរៀបចំចាត់ចែងការងារនោះ ហើយពួកគេគ្មានផែនការ គ្មានគំនិត និងគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាទេ នោះពួកគេមានគុណសម្បត្តិខ្សោយហើយ។ នៅពេលអនុវត្តការរៀបចំចាត់ចែងការងារ ភារកិច្ចទីមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបំពេញនោះគឺការផ្ដល់ការណែនាំ ដែលមិនមែនជារឿងងាយស្រួល ឬសាមញ្ញនោះទេ។ ភារកិច្ចទីមួយនេះសាកល្បងមើលថាតើអ្នកដឹកនាំ ឬអ្នកធ្វើការមានគុណសម្បត្តិ និងសមត្ថភាពការងារដែលពួកគេគួរតែមានដែរឬទេ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការគ្មានគុណសម្បត្តិ និងសមត្ថភាពការងារនេះទេ នោះពួកគេនឹងមិនអាចផ្ដល់ការណែនាំជាក់លាក់សម្រាប់ការរៀបចំចាត់ចែងការងារ ឬអនុវត្តការងារទាំងនោះបានឡើយ។
II. ការផ្ដល់ការមើលការខុសត្រូវ និងការជំរុញ
បន្ទាប់ទៀត ចូរយើងប្រកបគ្នាអំពីកិច្ចការ «ការមើលការខុសត្រូវ»។ ដោយវិនិច្ឆ័យតាមន័យត្រង់ ការមើលការខុសត្រូវមានន័យថា ការត្រួតពិនិត្យ គឺការពិនិត្យមើលថា តើពួកជំនុំណាខ្លះបានអនុវត្តការរៀបចំចាត់ចែងការងារ ហើយពួកជំនុំណាខ្លះមិនបានអនុវត្ត ពីដំណើរការនៃការអនុវត្ត ពីអ្នកដឹកនាំ និងអ្នកធ្វើការណាខ្លះដែលកំពុងធ្វើកិច្ចការពិតប្រាកដ ហើយអ្នកណាខ្លះដែលមិនបានធ្វើ និងថាតើមានអ្នកដឹកនាំ ឬអ្នកធ្វើការណាខ្លះ ដែលគ្រាន់តែផ្សព្វផ្សាយការរៀបចំចាត់ចែងការងារ ដោយមិនបានចូលរួមនៅក្នុងកិច្ចការជាក់លាក់នោះដែរឬទេ។ ការមើលការខុសត្រូវ គឺជាកិច្ចការជាក់លាក់មួយ។ ក្រៅពីការមើលការខុសត្រូវលើការអនុវត្តការរៀបចំចាត់ចែងការងារ ថាតើការងារទាំងនោះត្រូវបានអនុវត្តដែរឬទេ ល្បឿននៃការអនុវត្ត គុណភាពនៃការអនុវត្ត និងលទ្ធផលដែលសម្រេចបាន អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើត្រូវតែពិនិត្យមើលថាតើ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះ កំពុងតែអនុវត្តតាមការរៀបចំចាត់ចែងការងារយ៉ាងម៉ឺងម៉ាត់ដែរឬទេ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ បង្ហាញខាងក្រៅថា ពួកគេសុខចិត្តធ្វើតាមការរៀបចំចាត់ចែងការងារ ប៉ុន្តែបន្ទាប់ពីបានប្រឈមមុខនឹងបរិយាកាសជាក់លាក់ណាមួយ ពួកគេក៏ភ័យខ្លាចនឹងការចាប់ខ្លួន ហើយគ្រាន់តែផ្ដោតលើការលាក់ខ្លួនប៉ុណ្ណោះ ដោយលែងយកចិត្តទុកដាក់លើការរៀបចំចាត់ចែងការងារទៀតហើយ។ បញ្ហារបស់បងប្អូនប្រុសស្រីមិនត្រូវបានដោះស្រាយ ហើយពួកគេមិនដឹងថាការរៀបចំចាត់ចែងការងារបានចែងពីអ្វី ឬគោលការណ៍នៃការអនុវត្តជាអ្វីនោះទេ។ នេះបង្ហាញថា ការរៀបចំចាត់ចែងការងារមិនត្រូវបានអនុវត្តទាល់តែសោះ។ ចំណែកឯអ្នកដឹកនាំ និងអ្នកធ្វើការដទៃទៀត មានគំនិត មានសញ្ញាណ និងការទាស់ទទឹងចំពោះសេចក្ដីតម្រូវមួយចំនួននៅក្នុងការរៀបចំចាត់ចែងការងារ។ នៅពេលដល់ពេលត្រូវអនុវត្តការងារទាំងនោះ ពួកគេក៏ងាកចេញពីអត្ថន័យពិតនៃការរៀបចំចាត់ចែងការងារ ដោយធ្វើអ្វីៗតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើបង្គ្រប់កិច្ច និងធ្វើឱ្យតែរួចពីដៃ ឬដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើអ្វីៗតាមតែចិត្តចង់។ គ្រប់ស្ថានភាពទាំងអស់នេះ តម្រូវឱ្យមានការមើលការខុសត្រូវដោយអ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើ។ គោលបំណងនៃការមើលការខុសត្រូវ គឺដើម្បីអនុវត្តកិច្ចការជាក់លាក់ដែលតម្រូវដោយការរៀបចំចាត់ចែងការងារឱ្យកាន់តែប្រសើរឡើង ដោយគ្មានការងាករេ និងស្របតាមគោលការណ៍។ នៅពេលធ្វើការមើលការខុសត្រូវ អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់ឱ្យឃើញថា តើមាននរណាម្នាក់ដែលមិនធ្វើកិច្ចការពិតប្រាកដ ឬគ្មានការទទួលខុសត្រូវ និងយឺតយ៉ាវក្នុងការអនុវត្តការរៀបចំចាត់ចែងការងារដែរឬទេ ថាតើមាននរណាម្នាក់បង្ហាញពីអារម្មណ៍ទាស់ទទឹងទាក់ទងនឹងការរៀបចំចាត់ចែងការងារ ហើយមិនសុខចិត្តអនុវត្ត ឬអនុវត្តដោយផ្នែកៗ ឬគ្រាន់តែមិនធ្វើតាមការរៀបចំចាត់ចែងការងារទាល់តែសោះ ហើយបែរជាទៅធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេវិញ ថាតើមាននរណាម្នាក់កំពុងតែលាក់បាំងការរៀបចំចាត់ចែងការងារ ហើយប្រាស្រ័យទាក់ទងតែតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដឹងពីអត្ថន័យពិត និងសេចក្ដីតម្រូវជាក់លាក់នៃការរៀបចំចាត់ចែងការងារ ពោលគឺមានតែតាមរយៈការមើលការខុសត្រូវ និងការត្រួតពិនិត្យលើបញ្ហាទាំងនេះប៉ុណ្ណោះ ទើបអ្នកដឹកនាំថ្នាក់លើអាចដឹងពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ។ ប្រសិនបើអ្នកដឹកនាំថ្នាក់លើមិនធ្វើការមើលការខុសត្រូវ និងការត្រួតពិនិត្យទេ តើបញ្ហាទាំងនេះអាចត្រូវបានរកឃើញដែរឬទេ? (អត់ទេ)។ គឺមិនអាចរកឃើញបានទេ។ ហេតុដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រឹមតែត្រូវប្រាស្រ័យទាក់ទងការរៀបចំចាត់ចែងការងារ និងផ្ដល់ការណែនាំពីមួយកម្រិតទៅមួយកម្រិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមើលការខុសត្រូវការងារពីមួយកម្រិតទៅមួយកម្រិតផងដែរ នៅពេលអនុវត្តការរៀបចំចាត់ចែងការងារ។ អ្នកដឹកនាំតំបន់ត្រូវមើលការខុសត្រូវការងាររបស់អ្នកដឹកនាំស្រុក អ្នកដឹកនាំស្រុកត្រូវមើលការខុសត្រូវការងាររបស់អ្នកដឹកនាំពួកជំនុំ ហើយអ្នកដឹកនាំពួកជំនុំត្រូវមើលការខុសត្រូវការងាររបស់ក្រុមនីមួយៗ។ ការមើលការខុសត្រូវត្រូវតែធ្វើឡើងពីមួយកម្រិតទៅមួយកម្រិត។ តើអ្វីជាគោលបំណងនៃការមើលការខុសត្រូវ? គឺដើម្បីជួយសម្រួលដល់ការអនុវត្តខ្លឹមសារនៃការរៀបចំចាត់ចែងការងារឱ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវជាក់លាក់របស់ខ្លួន។ ហេតុដូច្នេះ កិច្ចការនៃការមើលការខុសត្រូវគឺមានសារសំខាន់ណាស់។ នៅពេលធ្វើការមើលការខុសត្រូវ ប្រសិនបើបរិយាកាសអំណោយផល អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចូលទៅក្នុងពួកជំនុំឱ្យបានដិតដល់ ដើម្បីទាក់ទងជាមួយអ្នកដែលកំពុងធ្វើកិច្ចការជាក់ស្ដែង។ ពួកគេគួរតែសួរសំណួរ សង្កេត សាកសួរ ស្វែងយល់ និងយល់ច្បាស់ពីស្ថានភាពនៃការអនុវត្តការងារ។ ក្នុងពេលជាមួយគ្នានោះ ពួកគេគួរតែស្វែងយល់ថា តើបងប្អូនប្រុសស្រីមានការលំបាក និងគំនិតអ្វីខ្លះទាក់ទងនឹងការងារនេះ ហើយថាតើពួកគេបានយល់ច្បាស់ពីគោលការណ៍នៃការងារនេះដែរឬទេ។ ទាំងនេះគឺជាកិច្ចការជាក់លាក់ទាំងអស់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបំពេញ។ ជាពិសេសសម្រាប់អ្នកទាំងឡាយណាដែលមានគុណសម្បត្តិ និងភាពជាមនុស្សខ្សោយ ដែលមានលក្ខណៈមិនសូវទទួលខុសត្រូវ មិនស្មោះត្រង់ និងខ្ជិលច្រអូសក្នុងការងាររបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវមើលការខុសត្រូវ និងណែនាំការងាររបស់ពួកគេឱ្យកាន់តែខ្លាំងឡើង។ តើការមើលការខុសត្រូវ និងការណែនាំគួរតែធ្វើឡើងដោយរបៀបណា? ឧបមាថាអ្នកនិយាយថា «ប្រញាប់ឡើង! ខាងលើកំពុងរង់ចាំរបាយការណ៍ការងាររបស់យើង។ ការងារនេះមានពេលកំណត់ សូមកុំពន្យារពេល!» តើការជំរុញពួកគេតាមរបៀបនេះនឹងមានប្រសិទ្ធភាពដែរឬទេ? តើការជំរុញមានន័យថា គ្រាន់តែរុញច្រានពួកគេបន្តិចបន្តួច ហើយប៉ុណ្ណឹងឬ? តើអ្វីជារបៀបជំរុញដែលប្រសើរជាង? នៅពេលដែលអ្នករាល់គ្នាធ្វើការ តើអ្នកបញ្ចូលការជំរុញជាផ្នែកមួយនៃកិច្ចការរបស់អ្នកដែរឬទេ? (មែនហើយ។ ប្រសិនបើខ្ញុំឃើញថាកិច្ចការខ្លះមិនត្រូវបានធ្វើភ្លាមៗទេ ខ្ញុំនឹងព្យាយាមយល់ថាហេតុអ្វីបានជាពួកគេមិនធ្វើ ហើយនឹងតាមដានការងាររបស់ពួកគេ។) ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលមិនចេះធ្វើការងារ អ្នកត្រូវតែផ្ដល់ការណែនាំ និងជំនួយជាក់លាក់ ហើយចង្អុលបង្ហាញផ្លូវដល់ពួកគេ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ខ្ជិលច្រអូស អ្នកត្រូវតែលួសកាត់ពួកគេ។ ប្រសិនបើពួកគេចេះធ្វើការងារ ប៉ុន្តែខ្ជិលពេកមិនព្រមធ្វើ មានភាពយឺតយ៉ាវ និងពន្យារពេល ហើយបណ្ដោយខ្លួនក្នុងភាពស្រណុកសុខស្រួលខាងសាច់ឈាម នោះគួរតែលួសកាត់ពួកគេតាមការចាំបាច់។ ប្រសិនបើការលួសកាត់មិនបានដោះស្រាយបញ្ហា ហើយឥរិយាបថរបស់ពួកគេមិនបានផ្លាស់ប្ដូរ តើគួរតែធ្វើដូចម្ដេច? (កុំឱ្យពួកគេធ្វើការងារនេះ។) ដំបូង ត្រូវព្រមានពួកគេថា៖ «ការងារនេះមានសារសំខាន់ណាស់។ ប្រសិនបើអ្នកបន្តប្រព្រឹត្តចំពោះការងារនេះដោយឥរិយាបថបែបនេះ ភារកិច្ចរបស់អ្នកនឹងត្រូវបានដកហូត ហើយប្រគល់ឱ្យអ្នកផ្សេង។ ប្រសិនបើអ្នកមិនសុខចិត្តធ្វើទេ នោះនឹងមានអ្នកផ្សេងទៀតសុខចិត្តធ្វើ។ អ្នកមិនស្មោះត្រង់នឹងភារកិច្ចរបស់អ្នកទេ។ អ្នកមិនស័ក្តិសមនឹងការងារនេះទេ។ ប្រសិនបើអ្នកមិនអាចបំពេញភារកិច្ចនេះបាន ហើយមិនអាចស៊ូទ្រាំនឹងការលំបាកខាងរូបកាយបានទេ ដំណាក់របស់ព្រះជាម្ចាស់អាចជំនួសអ្នកដោយអ្នកផ្សេងបាន ហើយអ្នកក៏អាចដាក់ពាក្យលាលែងពីតំណែងបានដែរ។ ប្រសិនបើអ្នកមិនលាលែងពីតំណែង ហើយនៅតែសុខចិត្តធ្វើវាទៀត នោះចូរធ្វើវាឱ្យបានល្អ ហើយធ្វើវាស្របតាមសេចក្ដីតម្រូវ និងគោលការណ៍របស់ដំណាក់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចសម្រេចបាននូវចំណុចនេះ ហើយបន្តពន្យារពេលដំណើរការការងារម្ដងហើយម្ដងទៀត ដែលបណ្ដាលឱ្យខាតបង់ដល់ការងារ នោះដំណាក់របស់ព្រះជាម្ចាស់នឹងដោះស្រាយជាមួយអ្នកមិនខាន។ ប្រសិនបើអ្នកមិនអាចបំពេញភារកិច្ចនេះបានទេ នោះសូមអភ័យទោស ប៉ុន្តែអ្នកនឹងត្រូវចាកចេញ!» ប្រសិនបើបន្ទាប់ពីការព្រមាន ពួកគេសុខចិត្តប្រែចិត្ត នោះពួកគេអាចត្រូវបានរក្សាទុក។ ប៉ុន្តែប្រសិនបើបន្ទាប់ពីការព្រមានម្ដងហើយម្ដងទៀត ឥរិយាបថរបស់ពួកគេមិនបានផ្លាស់ប្ដូរ ហើយពួកគេមិនបានបង្ហាញពីការប្រែចិត្តសូម្បីតែបន្តិច តើគួរតែធ្វើដូចម្ដេចដែរ? ពួកគេគួរតែត្រូវបានបណ្ដេញចេញភ្លាមៗ តើវាមិនអាចដោះស្រាយបញ្ហាបានទេឬ? នេះមិនមែនមានន័យថាយើងចាប់កំហុសតូចតាច ឬបញ្ហាមិនសំខាន់ប្រឆាំងនឹងមនុស្ស នៅពេលដែលយើងឃើញនរណាម្នាក់មានកំហុសនោះទេ ផ្ទុយទៅវិញ គឺយើងកំពុងតែផ្ដល់ឱកាសដល់មនុស្ស។ ប្រសិនបើពួកគេសុខចិត្តប្រែចិត្ត ហើយពួកគេបានផ្លាស់ប្ដូរ ក្លាយជាល្អជាងមុនឆ្ងាយ នោះចូររក្សាពួកគេទុក ប្រសិនបើអាចធ្វើទៅបាន។ ប្រសិនបើការផ្ដល់ឱកាសម្ដងហើយម្ដងទៀត ការប្រកបគ្នាអំពីសេចក្ដីពិត ការលួសកាត់ និងការព្រមានមិនមានប្រសិទ្ធភាព ហើយគ្មានជំនួយពីនរណាម្នាក់អាចជួយបាន នោះនេះមិនមែនជាបញ្ហាធម្មតាទេ៖ ភាពជាមនុស្សរបស់បុគ្គលនេះគឺអន់ខ្សោយពេកហើយ ហើយពួកគេមិនព្រមទទួលយកសេចក្ដីពិតទាល់តែសោះ។ ក្នុងករណីនោះ ពួកគេមិនសមស្របសម្រាប់ភារកិច្ចនេះទេ ហើយគួរតែត្រូវបានដកចេញទៅ។ ពួកគេមិនស័ក្តិសមនឹងបំពេញភារកិច្ចទេ។ បញ្ហានេះគួរតែដោះស្រាយតាមរបៀបនេះឯង។
នៅពេលមើលការខុសត្រូវការងាររបស់ពួកជំនុំ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រឹមតែត្រូវមានជំនាញក្នុងការកំណត់បញ្ហាផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដឹកនាំពួកជំនុំមួយចំនួនដែលពួកគេមានអារម្មណ៍ថាមិនស្រួលចិត្តជាមួយ ឬយល់ថាមិនគួរឱ្យទុកចិត្ត។ មនុស្សទាំងនេះត្រូវការការមើលការខុសត្រូវ និងការតាមដានក្នុងរយៈពេលយូរ។ អ្នកមិនអាចគ្រាន់តែសាកសួរពួកគេអំពីស្ថានភាពម្ដងម្កាល ឬព្រងើយកន្តើយនឹងបញ្ហាដោយពាក្យសម្ដីពីរបីម៉ាត់ ហើយចាត់ទុកថាវាចប់នោះទេ។ ពេលខ្លះ ចាំបាច់ត្រូវមានវត្តមាននៅកន្លែងដោយផ្ទាល់ដើម្បីមើលការខុសត្រូវការងាររបស់ពួកគេ។ តើអ្វីជាគោលបំណងនៃការមានវត្តមាននៅកន្លែងដោយផ្ទាល់? គឺដើម្បីរកមើល និងដោះស្រាយបញ្ហាបានកាន់តែឆាប់រហ័ស និងដើម្បីសម្រេចការងារឱ្យបានល្អ។ ពេលខ្លះ អ្នកមិនអាចរកឃើញបញ្ហាភ្លាមៗនៅពេលដែលអ្នកទៅដល់កន្លែងធ្វើការនោះទេ។ ផ្ទុយទៅវិញ គឺតាមរយៈការយល់ដឹងលម្អិត ការត្រួតពិនិត្យការងារ និងការសង្កេតយ៉ាងយកចិត្តទុកដាក់ ទើបបញ្ហាមួយចំនួនលេចចេញជារូបរាងបន្តិចម្ដងៗ ហើយអាចត្រូវបានរកឃើញ។ ការមានវត្តមាននៅកន្លែងដោយផ្ទាល់ដើម្បីធ្វើការមើលការខុសត្រូវ មិនមែនជាការឃ្លាំមើល ឬការយាមកាមមនុស្សនោះទេ។ តើការមើលការខុសត្រូវមានន័យដូចម្ដេច? ការមើលការខុសត្រូវ រួមមានការត្រួតពិនិត្យ និងការផ្ដល់ការណែនាំ។ វាមានន័យថា ការសាកសួរអំពីការងារដោយលម្អិត ការស្វែងយល់ និងការក្តាប់ឱ្យបាននូវដំណើរការនៃការងារ និងចំណុចខ្សោយក្នុងការងារ ការយល់ដឹងថាអ្នកណាទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ហើយអ្នកណាមិនទទួលខុសត្រូវ និងអ្នកណាមានសមត្ថភាព ហើយអ្នកណាមិនមានសមត្ថភាពក្នុងការបំពេញការងារ ជាដើម។ ការមើលការខុសត្រូវ ពេលខ្លះតម្រូវឱ្យមានការពិគ្រោះយោបល់ ការយល់ដឹង និងការសាកសួរអំពីស្ថានភាព។ ពេលខ្លះវាទាមទារឱ្យមានការសាកសួរដោយផ្ទាល់ ឬការត្រួតពិនិត្យដោយផ្ទាល់។ ជាការពិតណាស់ ភាគច្រើនវាពាក់ព័ន្ធនឹងការប្រកបគ្នាដោយផ្ទាល់ជាមួយអ្នកទទួលខុសត្រូវ ការសាកសួរអំពីការអនុវត្តការងារ ការលំបាក និងបញ្ហាដែលបានជួបប្រទះ ជាដើម។ នៅពេលធ្វើការមើលការខុសត្រូវ អ្នកអាចរកឃើញថាអ្នកណាខ្លះដែលគ្រាន់តែធ្វើការងារខាងក្រៅ និងធ្វើអ្វីៗត្រឹមតែសំបកក្រៅ អ្នកណាខ្លះដែលមិនចេះអនុវត្តកិច្ចការជាក់លាក់ អ្នកណាខ្លះដែលចេះអនុវត្ត ប៉ុន្តែមិនបានធ្វើកិច្ចការពិតប្រាកដ និងបញ្ហាផ្សេងៗទៀត។ ប្រសិនបើបញ្ហាដែលបានរកឃើញទាំងនេះអាចត្រូវបានដោះស្រាយទាន់ពេលវេលា នោះទើបជាការប្រសើរបំផុត។ តើអ្វីជាគោលបំណងនៃការមើលការខុសត្រូវ? គឺដើម្បីអនុវត្តការរៀបចំចាត់ចែងការងារឱ្យកាន់តែប្រសើរឡើង ដើម្បីមើលថាតើការងារដែលអ្នកបានរៀបចំគឺសមរម្យដែរឬទេ ថាតើមានការមើលរំលង ឬអ្វីដែលអ្នកមិនបានពិចារណាដែរឬទេ ថាតើមានផ្នែកណាមួយដែលមិនស្របតាមគោលការណ៍ដែរឬទេ ថាតើមានទិដ្ឋភាពវៀចវេរ ឬផ្នែកណាមួយដែលបានធ្វើខុសដែរឬទេ ជាដើម ពោលគឺបញ្ហាទាំងអស់នេះអាចត្រូវបានរកឃើញក្នុងអំឡុងពេលនៃដំណើរការមើលការខុសត្រូវ។ ប៉ុន្តែប្រសិនបើអ្នកស្នាក់នៅផ្ទះ ហើយមិនបានបំពេញកិច្ចការជាក់លាក់នេះ តើអ្នកអាចរកឃើញបញ្ហាទាំងនេះបានទេ? (អត់ទេ)។ បញ្ហាជាច្រើនត្រូវការការសាកសួរ ការសង្កេត និងការយល់ដឹងនៅកន្លែងផ្ទាល់ ទើបអាចដឹង និងយល់ច្បាស់បាន។ នៅពេលធ្វើការមើលការខុសត្រូវ អ្នកត្រូវតែជំរុញអស់អ្នកដែលគ្មានការទទួលខុសត្រូវ និងធ្វេសប្រហែស បោកបញ្ឆោតអ្នកខាងលើ និងលាក់បាំងពីអ្នកខាងក្រោម ហើយធ្វើបង្គ្រប់កិច្ច និងយឺតយ៉ាវក្នុងការងាររបស់ពួកគេ។ យើងទើបតែបានពិភាក្សាអំពីជំហានជាច្រើនទាក់ទងនឹងរបៀបជំរុញពួកគេ៖ អ្នកអាចផ្ដល់ការណែនាំ ការប្រកបគ្នា ការលួសកាត់ ការព្រមាន និងការបណ្ដេញចេញ។ តើជំហានទាំងនេះងាយស្រួលអនុវត្តដែរឬទេ? (មែនហើយ)
III. ការត្រួតពិនិត្យ និងការតាមដាន
បន្ទាប់ពីអ្នកដឹកនាំ និងអ្នកធ្វើការបានជំរុញការងាររួចហើយ ជំហានបន្ទាប់គឺត្រូវត្រួតពិនិត្យការងារ។ តើអ្វីជាគោលបំណងធម្មតានៃការត្រួតពិនិត្យការងារ? ការត្រួតពិនិត្យការងារគឺដើម្បីកំណត់ពីដំណើរការនៃកិច្ចការដែលត្រូវបានរៀបចំឡើង កំណត់បញ្ហាណាមួយដែលត្រូវការដោះស្រាយជាបន្ទាន់ ហើយចុងក្រោយគឺដើម្បីធានាថាការងារត្រូវបានសម្រេចយ៉ាងពេញលេញ និងល្អប្រសើរ។ បន្ទាប់ពីការងារត្រូវបានរៀបចំរួចហើយ ចាំបាច់ត្រូវត្រួតពិនិត្យទិដ្ឋភាពជាច្រើន៖ តើការងារបន្តបន្ទាប់បានឈានដល់ដំណាក់កាលណាហើយ ថាតើវាត្រូវបានបញ្ចប់ហើយឬនៅ ថាតើវាមានប្រសិទ្ធភាពកម្រិតណា ថាតើលទ្ធផលយ៉ាងណាដែរ ថាតើមានបញ្ហាជាក់លាក់ណាមួយត្រូវបានរកឃើញដែរឬទេ ថាតើមានការលំបាកអ្វីខ្លះ ថាតើមានផ្នែកណាមួយដែលមិនស្របតាមគោលការណ៍ដែរឬទេ ជាដើម។ ការត្រួតពិនិត្យការងារដែលអ្នកបានរៀបចំ ក៏ជាកិច្ចការជាក់លាក់ និងចាំបាច់មួយដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនតែងតែធ្វើខុស៖ ពួកគេគិតថា នៅពេលដែលពួកគេបានរៀបចំការងាររួចហើយ ការងាររបស់ពួកគេក៏ចប់ដែរ។ ពួកគេជឿថា «កិច្ចការរបស់ខ្ញុំបានចប់ហើយ ការទទួលខុសត្រូវរបស់ខ្ញុំបានបំពេញហើយ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីរបៀបធ្វើវារួចហើយ។ អ្នករាល់គ្នាដឹងពីអ្វីដែលត្រូវធ្វើ ហើយអ្នករាល់គ្នាបានយល់ព្រមធ្វើវាហើយ។ ខ្ញុំមិនចាំបាច់ខ្វល់ខ្វាយអំពីដំណើរការអ្វីទៀតទេ គ្រាន់តែរាយការណ៍មកខ្ញុំនៅពេលដែលអ្នករាល់គ្នាធ្វើចប់ជាការស្រេច»។ បន្ទាប់ពីបានរៀបចំផែនការ និងចាត់ចែងការងាររួច ពួកគេជឿថាកិច្ចការរបស់ពួកគេបានបញ្ចប់ ហើយអ្វីៗគឺរៀបរយហើយ។ ពួកគេមិនបានតាមដាន ឬត្រួតពិនិត្យការងារនោះទេ។ ចំពោះបញ្ហាថាតើបុគ្គលដែលពួកគេបានចាត់តាំងឱ្យទទួលខុសត្រូវលើកិច្ចការនោះសមរម្យដែរឬទេ ថាតើសភាពរបស់មនុស្សភាគច្រើនយ៉ាងណាដែរ ថាតើមានបញ្ហា ឬការលំបាកដែរឬទេ ថាតើពួកគេមានទំនុកចិត្តក្នុងការធ្វើការងារពួកជំនុំឱ្យបានល្អដែរឬទេ ថាតើមានទិដ្ឋភាពវៀចវេរ ឬខុសឆ្គងដែរឬទេ ឬថាតើមានការបំពានណាមួយលើការរៀបចំចាត់ចែងការងារពីខាងលើដែរឬទេ ពួកគេមិនបានស្វែងយល់ ត្រួតពិនិត្យ ឬតាមដានឡើយ។ ពួកគេគ្រាន់តែចាត់ទុកថាការងាររបស់ពួកគេចប់ហើយ បន្ទាប់ពីរៀបចំការងាររួច នេះមិនមែនជាការធ្វើកិច្ចការជាក់លាក់នោះទេ។ តើគួរត្រួតពិនិត្យអ្វីខ្លះក្នុងការងារ? រឿងចម្បងដែលត្រូវពិនិត្យគឺថាតើផែនការអនុវត្តស្របតាមការរៀបចំចាត់ចែងការងារដែរឬទេ ថាតើវាបំពានគោលការណ៍ និងសេចក្ដីតម្រូវនៃការរៀបចំចាត់ចែងការងារដែរឬទេ ហើយថាតើមានមនុស្សណាម្នាក់ដែលបង្កការបង្អាក់ និងការរំខាន មានមនុស្សណាម្នាក់ដែលបង្កបញ្ហាដោយងងឹតងងល់ ឬមានមនុស្សណាម្នាក់ដែលនិយាយអួតក្អេងក្អាងឥតសាច់ការក្នុងអំឡុងពេលធ្វើការដែរឬទេ។ ជាការពិតណាស់ ខណៈពេលដែលត្រួតពិនិត្យការងារ អ្នកក៏កំពុងពិនិត្យមើលផងដែរថាតើមានកំហុសណាមួយក្នុងការអនុវត្តការរៀបចំចាត់ចែងការងារផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ។ ការត្រួតពិនិត្យការងាររបស់អ្នកដទៃ តាមពិតទៅក៏ជាការត្រួតពិនិត្យការងារផ្ទាល់ខ្លួនរបស់អ្នកដែរ។
ការប្រកបគ្នាអំពីរបៀបអនុវត្តការរៀបចំចាត់ចែងការងារភ្ជាប់ជាមួយនឹងឧទាហរណ៍
ទាក់ទងនឹងរបៀបអនុវត្តការរៀបចំចាត់ចែងការងារពីខាងលើ ចូរយើងលើកយកឧទាហរណ៍ជាក់លាក់មួយ។ ឧទាហរណ៍ ឧបមាថាការរៀបចំចាត់ចែងការងារតម្រូវឱ្យមនុស្សសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍។ នេះគឺជាកិច្ចការជាក់លាក់មួយដែលគ្របដណ្ដប់លើទិដ្ឋភាពជាច្រើន ហើយជាកិច្ចការរយៈពេលវែង និងបន្តបន្ទាប់ មិនមែនជាការរៀបចំចាត់ចែងការងារបណ្ដោះអាសន្ននោះទេ។ ដូច្នេះ បន្ទាប់ពីការរៀបចំចាត់ចែងការងារនេះត្រូវបានផ្សព្វផ្សាយ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើអ្វីមុនគេ? យោងតាមទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលតម្រូវឱ្យពួកគេផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញ ហើយត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការរៀបចំចាត់ចែងការងារ រឿងដំបូងដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើគឺ ការប្រកបគ្នាជាមួយប្រធានក្រុម និងអ្នកមើលការខុសត្រូវ អំពីរបៀបអនុវត្តកិច្ចការនេះឱ្យបានសមរម្យ និងតាមរបៀបដែលបង្កើតលទ្ធផល ដោយធានាថាមនុស្សគ្រប់គ្នាមានមាគ៌ា និងគោលការណ៍ដើម្បីអនុវត្តតាមសម្រាប់ការងារនេះ។ មានតែតាមរយៈការប្រកបគ្នាក្នុងកម្រិតនេះទេ ទើបការងារអាចសម្រេចបានល្អ។ ដំបូង ត្រូវប្រាកដថាមនុស្សគ្រប់គ្នាបានយល់ពីស្តង់ដារដែលតម្រូវដោយខាងលើសម្រាប់ការសរសេរអត្ថបទទីបន្ទាល់ និងប្រភេទអត្ថបទទីបន្ទាល់ដែលត្រូវបានតម្រូវ។ ដំបូង ត្រូវបង្កើតខ្លឹមសារជាក់លាក់ គោលការណ៍ និងវិសាលភាពនៃអត្ថបទទាំងនេះ ហើយត្រូវប្រាកដថាអ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់បានដឹងអំពីរឿងនេះ។ បន្ថែមពីនេះ ត្រូវផ្ដល់ការប្រកបគ្នា និងការណែនាំជាក់លាក់អំពីប្រវែង ទម្រង់ ប្រធានបទ និងរចនាបថភាសានៃអត្ថបទ ឧទាហរណ៍ ប្រាប់ពួកគេថាអត្ថបទអាចត្រូវបានសរសេរក្នុងទម្រង់ជាការនិទានរឿង កំណត់ហេតុ ដំណើររឿងផ្ទាល់ខ្លួន កំណាព្យពាក្យរាយ ជាដើម។ តើនេះមិនមែនជាការផ្ដល់ការណែនាំទេឬ? (មែនហើយ) បន្ទាប់ពីបានផ្ដល់ការណែនាំរួច មនុស្សគ្រប់គ្នានឹងដឹងពីគោលគំនិត និងនិយមន័យជាក់លាក់នៃអត្ថបទទីបន្ទាល់ដែលពួកគេត្រូវសរសេរ។ បន្ទាប់មក ត្រូវកំណត់ថាអ្នកណាមានគុណសម្បត្តិ និងបទពិសោធន៍ដើម្បីសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ ហើយអ្នកណាដែលខ្វះបទពិសោធន៍ស៊ីជម្រៅ ហើយអាចត្រឹមតែហ្វឹកហាត់ក្នុងការសរសេរអត្ថបទទីបន្ទាល់ធម្មតាប៉ុណ្ណោះ។ អ្នកដឹកនាំពួកជំនុំត្រូវតែដឹងច្បាស់អំពីស្ថានភាពទាំងនេះ។ បន្ទាប់ពីអត្ថបទត្រូវបានសរសេររួច ត្រូវពិនិត្យឡើងវិញដើម្បីពិនិត្យមើលថាតើវាពិតប្រាកដ និងស្អាងចិត្តដែរឬទេ។ ប្រសិនបើវាស្របតាមស្តង់ដារ វាអាចត្រូវបានប្រើជាអត្ថបទគំរូសម្រាប់បងប្អូនប្រុសស្រីដែលមិនទាន់បានសរសេរអត្ថបទ ឬមិនចេះសរសេរ ដើម្បីអាន និងយោង។ ប្រសិនបើនរណាម្នាក់មានបទពិសោធន៍ ហើយសុខចិត្តសរសេរអត្ថបទទីបន្ទាល់ ពួកគេគួរតែអនុវត្តតាមគោលការណ៍ និងសេចក្ដីតម្រូវ ចែករំលែកខ្លឹមសារចេញពីដួងចិត្តរបស់ពួកគេ ហើយនិយាយពាក្យពេចន៍ជាក់ស្ដែង ដើម្បីឱ្យអ្នកអានទទួលបានការស្អាងចិត្ត។ ប្រសិនបើមនុស្សមួយចំនួនមិនពូកែសរសេរអត្ថបទ ហើយអាចសរសេរបានត្រឹមតែដំណើររឿងធម្មតា តើគួរធ្វើដូចម្ដេចចំពោះពួកគេ? ទោះបីជាអត្ថបទរបស់ពួកគេមិនស្របតាមស្តង់ដារក៏ដោយ ក៏ពួកគេគួរតែបន្តហ្វឹកហាត់ដែរ។ ពួកគេគួរតែសរសេរអត្ថបទអំពីការយល់ដឹង និងការដឹងគុណពិតប្រាកដដែលទទួលបានពីការឆ្លងកាត់បទពិសោធន៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានកែសម្រួល និងពិនិត្យឡើងវិញនូវអត្ថបទទាំងនេះ ប្រសិនបើខ្លឹមសារស្របតាមស្តង់ដារសម្រាប់អត្ថបទទីបន្ទាល់ នោះអត្ថបទបែបនេះគឺអាចទទួលយកបាន។ ដោយមិនគិតពីរចនាបថនៃការសរសេរអត្ថបទ និងដោយមិនគិតពីទម្រង់របស់វា ទោះបីជាវាត្រូវបានសរសេរជារឿងនិទាន ឬកំណត់ហេតុក៏ដោយ ដរាបណាវាមានប្រយោជន៍ និងជួយស្អាងចិត្តដល់អ្នកអាន នោះអាចសរសេរបាន។ ក៏មានមនុស្សមួយចំនួនដែលមានកម្រិតការអប់រំទាប ហើយមានទីបន្ទាល់អំពីបទពិសោធន៍ខ្លះដែរ ប៉ុន្តែពួកគេមិនចេះសរសេរអត្ថបទទីបន្ទាល់ទេ។ តើគួរធ្វើដូចម្ដេចក្នុងករណីបែបនេះ? ពួកគេអាចនិទានបទពិសោធន៍របស់ពួកគេដោយផ្ទាល់មាត់ ហើយឱ្យនរណាម្នាក់ដែលមានការអប់រំខ្ពស់ជាងជួយកត់ត្រាបទពិសោធន៍របស់ពួកគេ ហើយបន្ទាប់មកបង្ហាញវាឱ្យបានត្រឹមត្រូវតាមអត្ថន័យពិតរបស់បុគ្គលនោះ ដោយកែសម្រួលវាទៅជាអត្ថបទទីបន្ទាល់ដែលស្របតាមស្តង់ដារ។ អត្ថបទបែបនេះក៏អាចទទួលយកបានដែរ។ ដើម្បីចាប់ផ្ដើមការងារនេះ ដំបូងត្រូវប្រកបគ្នាអំពីអ្វីទៅជាអត្ថបទទីបន្ទាល់ និងទម្រង់របស់វា។ បន្ទាប់មក ត្រូវធ្វើសេចក្ដីតម្រូវ និងការរៀបចំជាក់លាក់សម្រាប់មនុស្សដែលមានកម្រិតការអប់រំខុសៗគ្នា ក្រុមអាយុខុសៗគ្នា និងអ្នកដែលមានបទពិសោធន៍ និងកម្ពស់ខុសៗគ្នា។ ឱ្យអ្នកដែលមានបទពិសោធន៍សរសេរអត្ថបទមួយចំនួនជាមុនសិន។ ក្នុងពេលជាមួយគ្នានេះ ត្រូវកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងពួកជំនុំដែលសមរម្យសម្រាប់ការណែនាំបងប្អូនប្រុសស្រីក្នុងការសរសេរអត្ថបទ និងអ្នកដែលសមរម្យសម្រាប់ការកែសម្រួល និងការពិនិត្យកែតម្រូវអត្ថបទ ដើម្បីអនុវត្តកិច្ចការជាក់លាក់ទាំងនេះ។ នេះជាការរៀបចំដំបូងសម្រាប់ការងារនេះ។ តើការរៀបចំតាមរបៀបនេះមានន័យថា ការងារត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយអ្នកអាចទុកវាចោលបានដែរឬទេ? អត់ទេ នេះគ្រាន់តែជាការផ្ដល់ការណែនាំជាក់លាក់ ជំនួយ និងផែនការអនុវត្តដោយផ្អែកលើសេចក្ដីតម្រូវនៃការរៀបចំចាត់ចែងការងារប៉ុណ្ណោះ។ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើអ្វីបន្ទាប់ទៀត? អ្នកគួរតែមើលការខុសត្រូវការងារ។ តើការមើលការខុសត្រូវនេះគួរតែមានគោលដៅដែរឬទេ? ការមើលការខុសត្រូវមិនមែនជាការត្រួតពិនិត្យដោយចៃដន្យនោះទេ។ វាត្រូវការគោលដៅចម្បង។ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់ថា តើអ្នកណាដែលត្រូវការការមើលការខុសត្រូវ ហើយដំណាក់កាលការងារណាខ្លះដែលត្រូវការការមើលការខុសត្រូវ។ ឧទាហរណ៍ ប្រសិនបើបងស្រីម្នាក់ជាអ្នកដឹកនាំពួកជំនុំ ដែលជាធម្មតាមិនមានចិត្តខ្នះខ្នែងក្នុងការងាររបស់នាង ចូលចិត្តអួតអាង មានគោលដៅខ្ពស់ប៉ុន្តែគ្មានសមត្ថភាព មានទំនោរបោកបញ្ឆោតថ្នាក់លើរបស់នាង និងលាក់បាំងរឿងរ៉ាវពីអ្នកក្រោមបង្គាប់ និយាយស្ដីពីរោះពិសា ហើយមានទំនោរធ្វើការបង្គ្រប់កិច្ច នោះវាជាការចាំបាច់ដែលនាងត្រូវតែស្ថិតក្រោមការមើលការខុសត្រូវក្នុងការងាររបស់នាង។ អ្នកមិនអាចទុកចិត្តនាងទាំងស្រុងបានទេ។ ដូច្នេះ ជំហានដំបូងគឺត្រូវត្រួតពិនិត្យការងាររបស់នាង ហើយមើលថាតើការអនុវត្តការរៀបចំចាត់ចែងការងាររបស់នាងទៅដល់ណាហើយ។ តើនេះគ្រាន់តែជាការមើលការខុសត្រូវមនុស្សដោយមិនរើសមុខឬ? (អត់ទេ)។ នេះគឺចាំបាច់សម្រាប់ការងារ ពីព្រោះការងារនេះសំខាន់ខ្លាំងពេក ហើយអ្នកដែលអនុវត្តការងារប្រភេទនេះត្រូវតែគួរឱ្យទុកចិត្ត។ ប្រសិនបើពួកគេមិនបានបំពេញកិច្ចការជាក់លាក់ ហើយមិនគួរឱ្យទុកចិត្ត ការទុកចិត្តពួកគេដោយងងឹតងងល់នឹងធ្វើឱ្យការងាររបស់ពួកជំនុំយឺតយ៉ាវ ហើយអ្នកក៏នឹងធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់អ្នកដែរ។ ចំពោះមនុស្សបែបនេះ អ្នកមិនអាចទោរទន់ទៅតាមពាក្យសម្ដីដ៏ពីរោះរបស់ពួកគេ ឬដោយសារតែការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ពួកគេបានទេ។ តាមពិតពួកគេគ្រាន់តែនិយាយបានល្អ ប៉ុន្តែមិនបានធ្វើអ្វីដែលមានសារៈសំខាន់នៅពីក្រោយខ្នងនោះទេ។ មនុស្សបែបនេះគឺជាគោលដៅពិតប្រាកដនៃការមើលការខុសត្រូវ។ តាមរយៈការមើលការខុសត្រូវ ត្រូវសង្កេតមើលថាតើពួកគេបានប្រែចិត្តដែរឬទេ។ ប្រសិនបើពួកគេមិនបានប្រែចិត្តទេ ត្រូវបណ្ដេញពួកគេចេញភ្លាម ហើយឈប់ខាតកម្លាំងលើពួកគេទៀត។ តាមពិត អ្នកគួរតែអនុវត្តការតាមដាន ការមើលការខុសត្រូវ និងការផ្ដល់ការណែនាំជាមួយអ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើន។ ចំពោះអ្នកដែលអាចធ្វើកិច្ចការពិតប្រាកដ និងមានស្មារតីទទួលខុសត្រូវ ប្រសិនបើវាជាការងារដែលពួកគេចេះធ្វើ នោះមិនចាំបាច់មានការមើលការខុសត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការងារថ្មី ឬសំខាន់ ការតាមដាន ការមើលការខុសត្រូវ និងការផ្ដល់ការណែនាំនៅតែចាំបាច់។ អាចនិយាយបានថា ការមើលការខុសត្រូវ និងការតាមដានការងារបែបនេះ គឺជាការងាររបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ការតាមដាន ការមើលការខុសត្រូវ និងការផ្ដល់ការណែនាំ មិនមែនជាការមិនទុកចិត្តនោះទេ ប៉ុន្តែគឺដើម្បីធានាបាននូវដំណើរការរលូននៃការងារ។ ពីព្រោះមនុស្សមានចំណុចខ្វះខាតផ្សេងៗ ហើយលើសពីនេះទៅទៀត គឺមាននិស្ស័យពុករលួយផ្សេងៗ បើគ្មានការអនុវត្តតាមរបៀបនេះទេ វាមិនអាចទៅរួចទេក្នុងការធានាថាការងារនឹងសម្រេចបានល្អ។ អ្នកដែលទើបតែត្រូវបានដំឡើងតំណែងឱ្យធ្វើការ ទាមទារឱ្យមានការតាមដាន ការមើលការខុសត្រូវ និងការណែនាំកាន់តែខ្លាំងឡើង។ នេះគឺជាកិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបំពេញ។ ប្រសិនបើអ្នកមិនបានអនុវត្តការតាមដាន ការមើលការខុសត្រូវ និងការផ្ដល់ការណែនាំទេ កិច្ចការជាច្រើនមិនអាចសម្រេចបានល្អឡើយ ហើយការងារខ្លះថែមទាំងអាចខូចខាត ឬជាប់គាំងទៀតផង។ នេះគឺជារឿងដែលកើតឡើងជាញឹកញាប់ណាស់។ ជាពិសេស អ្នកដឹកនាំ និងអ្នកធ្វើការដែលមិនបានដេញតាមសេចក្ដីពិត ទាមទារឱ្យមានការមើលការខុសត្រូវកាន់តែខ្លាំងឡើង។ ចំពោះអ្នកដទៃ ការងារអាចត្រូវបានអនុវត្តយ៉ាងល្អគួរសម ប៉ុន្តែចំពោះមនុស្សបែបនេះ គេមិនប្រាកដថាការងារអាចត្រូវបានអនុវត្តបានដែរឬទេ ឬថាតើវានឹងត្រូវបានអនុវត្តបានល្អកម្រិតណា ហើយថាតើវានឹងត្រូវបានអនុវត្តស្របតាមការរៀបចំចាត់ចែងការងារដែរឬទេ គឺរឹតតែពិបាកនិយាយទៅទៀត។ មនុស្សបែបនេះមិនសូវគួរឱ្យទុកចិត្តក្នុងការងាររបស់ពួកគេទេ។ ប្រសិនបើអ្នកទុកចិត្តពួកគេដោយមិនបានមើលការខុសត្រូវលើការងាររបស់ពួកគេ នេះគឺជាការធ្វើការបង្គ្រប់កិច្ច និងគ្មានការទទួលខុសត្រូវចំពោះការងារហើយ។ ចំពោះមនុស្សបែបនេះ អ្នកត្រូវតែតាមដាន និងមើលការខុសត្រូវ ហើយចូលរួមក្នុងការងារនៃពួកជំនុំរបស់ពួកគេ។ ប្រសិនបើពួកគេមិនសុខចិត្តឱ្យអ្នកមក ឬមិនស្វាគមន៍អ្នក តើអ្នកគួរធ្វើដូចម្ដេច? អ្នកអាចនិយាយថា «ទោះបីគេមិនស្វាគមន៍ ក៏ខ្ញុំដាក់ខ្លួន ហើយទៅដែរ»។ តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? (អត់ទេ)។ នោះមិនមែនជាទឹកដីផ្ទាល់ខ្លួនរបស់ពួកគេទេ។ នោះគឺជាពួកជំនុំ ហើយវាស្ថិតនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់អ្នក។ អ្នកមិនមែនទៅនៅផ្ទះគេដើម្បីស៊ីចាយដោយឥតគិតថ្លៃនោះទេ គឺអ្នកទៅពួកជំនុំដើម្បីធ្វើការងារ។ នេះមិនមែនជាការទម្លាក់មុខមាត់ខ្លួនឯងទេ។ ទោះបីជាពួកគេជាអ្នកដឹកនាំក៏ដោយ ក៏រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនមែនជារបស់ពួកគេដែរ។ គឺដោយសារតែពួកគេគ្មានការទទួលខុសត្រូវ និងមិនស្មោះត្រង់ក្នុងការងារ ទើបអ្នកត្រូវតាមដាន និងមើលការខុសត្រូវលើការងាររបស់ពួកគេ។ ដូច្នេះ តើអ្នកគួរធ្វើអ្វីនៅពេលអ្នកទៅទីនោះ? ដំបូង ត្រូវសួរពួកគេថា តើអ្នកណានៅក្នុងពួកជំនុំដែលមានបទពិសោធន៍ជីវិត ហើយអាចសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍បាន អ្នកណាដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការដេញតាមសេចក្ដីពិត អ្នកណាដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការសរសេរកំណត់ហេតុ និងកំណត់ត្រាខាងវិញ្ញាណ អ្នកណាដែលផ្ដោតលើការចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការជួបជុំ និងអ្នកណាដែលមានទីបន្ទាល់អំពីបទពិសោធន៍ច្រើនជាងគេ។ ឱ្យពួកគេចង្អុលបង្ហាញមនុស្សទាំងនេះជាមុនសិន។ ប្រសិនបើពួកគេបង្ហាញបងប្អូនប្រុសស្រីជាច្រើននាក់ ដោយនិយាយថា អ្នកទាំងនេះគឺជាអ្នកដែលផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ តែងតែសរសេរកំណត់ត្រាខាងវិញ្ញាណ ផ្ដោតលើការអនុវត្តសេចក្ដីពិតនៅពេលជួបប្រទះស្ថានភាពផ្សេងៗ ហើយតែងតែចែករំលែកទីបន្ទាល់អំពីបទពិសោធន៍ដែលអ្នកដទៃសុខចិត្តស្ដាប់ នោះអ្នកគួរតែជួបជាមួយបងប្អូនប្រុសស្រីទាំងនេះ ហើយប្រកបគ្នាជាមួយពួកគេ។ បន្ថែមពីនេះ ពិតជាមានមនុស្សមួយចំនួននៅក្នុងពួកជំនុំដែលមានកម្រិតការអប់រំទាប ហើយមិនអាចសរសេរអត្ថបទបាន ប៉ុន្តែមានបទពិសោធន៍ជាក់ស្ដែង។ មនុស្សទាំងនេះត្រូវការការណែនាំ និងការបណ្ដុះបណ្ដាល ហើយអ្នកអាចឱ្យមនុស្សដែលចេះសរសេរអត្ថបទជួយពួកគេក្នុងរយៈពេលមួយ។ ក្នុងពេលជាមួយគ្នានេះ ត្រូវជ្រើសរើសមនុស្សម្នាក់ឱ្យទទួលខុសត្រូវក្នុងការអនុវត្តកិច្ចការជាក់លាក់របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍។ បុគ្គលនេះនឹងទទួលបន្ទុកក្នុងការប្រមូល កែសម្រួល ពិនិត្យឡើងវិញ ហើយបន្ទាប់មកដាក់ស្នើអត្ថបទដែលបានបញ្ចប់។ ហើយចុះចំណែកអ្នកដឹកនាំពួកជំនុំវិញ តើគួរធ្វើអ្វីដែរ? ឱ្យពួកគេមើលការខុសត្រូវ និងតាមដានកិច្ចការទាំងនេះ។ មនុស្សមួយចំនួនអាចនិយាយថា «ដោយសារមានអ្នកដឹកនាំពួកជំនុំហើយ ហេតុអ្វីបានជាយើងត្រូវការជ្រើសរើសអ្នកទទួលខុសត្រូវម្នាក់ទៀត? តើនោះមិនមែនជារឿងមិនចាំបាច់ទេឬ?» តើវាមិនចាំបាច់មែនទេ? (អត់ទេ)។ ហេតុអ្វីមិនមែន? នោះគឺដោយសារតែអ្នកដឹកនាំពួកជំនុំនេះមិនបានធ្វើកិច្ចការពិតប្រាកដ ហើយមិនគួរឱ្យទុកចិត្តខ្លាំងពេក ទើបអ្នកត្រូវជ្រើសរើសមនុស្សម្នាក់ទៀតឱ្យទទួលខុសត្រូវជាពិសេសលើការងារនេះ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំគួរឱ្យទុកចិត្ត ពួកគេនឹងអាចអនុវត្តការងារដោយខ្ជាប់ខ្ជួន បន្ទាប់ពីបានទទួលការរៀបចំចាត់ចែងការងារ ហើយអ្នកក៏មិនចាំបាច់មើលការខុសត្រូវពួកគេបែបនេះដែរ។ ការជ្រើសរើសអ្នកទទួលខុសត្រូវ មិនមែនជាការដាក់អ្នកដឹកនាំពួកជំនុំមួយឡែកនោះទេ ប៉ុន្តែគឺដើម្បីសម្រេចបានលទ្ធផលការងារកាន់តែប្រសើរ។ ប្រសិនបើអ្នកមិនជ្រើសរើសបុគ្គលនេះទេ ការងារអាចនឹងបរាជ័យ ហើយពេលណាដែលវានឹងត្រូវបានបញ្ចប់ ឬបង្កើតលទ្ធផល នឹងក្លាយទៅជាភាពមិនប្រាកដប្រជា។
គោលបំណងរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលចូលរួមក្នុងការងារពួកជំនុំ គឺដើម្បីដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យឆ្លងកាត់បទពិសោធន៍ជាក់ស្ដែងនូវកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គួរតែជួយ និងដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យអនុវត្តគ្រប់ការងារទាំងអស់របស់ពួកជំនុំ ស្របតាមស្តង់ដារដែលបានតម្រូវដោយការរៀបចំចាត់ចែងការងារផងដែរ។ មានតែអ្នកដឹកនាំ និងអ្នកធ្វើការដែលធ្វើបែបនេះប៉ុណ្ណោះ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើអ្នកមិនបានចូលរួមក្នុងការងារដោយជាក់លាក់ ហើយមិនបានអនុវត្តការមើលការខុសត្រូវទៅលើអ្នកដឹកនាំ និងអ្នកធ្វើការដែលមិនបានធ្វើកិច្ចការពិតប្រាកដទេ នោះលទ្ធផលនៃការងារពួកជំនុំទាំងនេះអាចនឹងក្លាយទៅជាគ្មានអ្វីសោះ ដោយត្រូវបានបំផ្លាញដោយអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើអ្នកយល់ច្បាស់ពីស្ថានភាពរបស់ពួកជំនុំណាមួយ ហើយអ្នកដឹងនៅក្នុងចិត្តរបស់អ្នកថា អ្នកដឹកនាំរបស់ពួកជំនុំនេះគ្មានការទទួលខុសត្រូវ ប៉ុន្តែអ្នកមិនបានតាមដាន និងផ្ដល់ការណែនាំឱ្យបានទាន់ពេលវេលាទេ តើនេះមិនមែនជាការធ្វេសប្រហែសនឹងការទទួលខុសត្រូវទេឬ? សម្រាប់ការងារប្រភេទនេះ ប្រសិនបើអ្នកបានតាមដាន និងចូលរួមដោយជាក់លាក់ ហើយបានរៀបចំទាំងអ្នកមើលការខុសត្រូវ និងមនុស្សដើម្បីធ្វើការងារ តើអ្នកអាចចាកចេញភ្លាមៗបានទេ? (អត់ទេ)។ គឺល្អបំផុតដែលត្រូវតាមដានក្នុងរយៈពេលមួយ។ ក្នុងអំឡុងពេលនៃការតាមដាន ម្យ៉ាង អ្នកអាចជំរុញ និងណែនាំអ្នកដឹកនាំពួកជំនុំឱ្យធ្វើការងារនេះយ៉ាងសកម្ម។ ម្យ៉ាងទៀត អ្នកអាចមានការយល់ដឹងដ៏ត្រឹមត្រូវមួយអំពីស្ថានភាពការងាររបស់មនុស្សដែលអ្នកបានរៀបចំ ហើយក្នុងពេលជាមួយគ្នានោះ អ្នកអាចផ្ដល់ការកែតម្រូវ និងជំនួយបានទាន់ពេលវេលាចំពោះបញ្ហាណាមួយដែលពួកគេជួបប្រទះគ្រប់ពេលវេលា។ ប្រសិនបើអ្នកចាកចេញលឿនពេក រួចត្រឡប់មកវិញដើម្បីចាត់ចែង និងដោះស្រាយបញ្ហា នៅពេលដែលវាកើតឡើង វានឹងធ្វើឱ្យការងារយឺតយ៉ាវ។ សរុបមក សម្រាប់ការងារជាក់លាក់នេះ បន្ថែមពីលើការចូលរួមក្នុងការរៀបចំបុគ្គលិក និងអ្នកមើលការខុសត្រូវ គឺល្អបំផុតដែលត្រូវតាមដានក្នុងរយៈពេលមួយផងដែរ ដើម្បីមើលថាតើមានបញ្ហាអ្វីខ្លះកើតឡើងក្នុងអំឡុងពេលនៃការងាររបស់ពួកគេ។ ម្យ៉ាង គឺត្រូវមើលការខុសត្រូវថាតើអ្នកដឹកនាំពួកជំនុំកំពុងបំពេញការទទួលខុសត្រូវរបស់ពួកគេដែរឬទេ។ ម្យ៉ាងទៀត គឺត្រូវមើលថាតើបុគ្គលិកកំពុងបំពេញការងារយ៉ាងដូចម្ដេច។ ដោយសារតែមនុស្សភាគច្រើនមិនធ្លាប់បានធ្វើការងារនេះពីមុនមក ហើយបញ្ហាដែលអាចកើតឡើងគឺមិនអាចដឹងជាមុនបាន នោះអ្នកនឹងបន្តរកឃើញបញ្ហាមួយចំនួនដែលមិនបានដឹងជាមុន ខណៈពេលដែលកំពុងចូលរួមក្នុងការងារនេះ។ ជាការពិតណាស់ ការផ្ដល់ដំណោះស្រាយឱ្យបានទាន់ពេលវេលា ក៏ជាការល្អបំផុតផងដែរ។ ការស្ថិតនៅទីតាំងដោយផ្ទាល់ ដើម្បីមើលការខុសត្រូវ និងតាមដាន គឺជាការអនុវត្តដ៏ល្អបំផុត។ កុំគ្រាន់តែធ្វើបង្គ្រប់កិច្ចដោយខ្ជីខ្ជា ហើយចាត់ទុកថាចប់ការងារនោះឡើយ។ នេះគឺជាការងារដែលត្រូវធ្វើសម្រាប់ស្ថានភាពពិសេសមួយ ដោយផ្ដល់នូវជំនួយ និងការណែនាំខ្លះៗ។ បន្ទាប់ពីដោះស្រាយបញ្ហារួចហើយ ត្រូវតាមដានការងាររបស់ពួកគេក្នុងរយៈពេលមួយ។ អ្នកឃើញថា អត្ថបទមួយចំនួនត្រូវបានសរសេររួចហើយ ហើយមានអត្ថបទជាច្រើនប្រភេទ ដែលដោះស្រាយបញ្ហាផ្សេងៗ និងគ្របដណ្ដប់លើប្រធានបទផ្សេងៗគ្នា ដូចជា ខ្លះនិយាយអំពីបទពិសោធន៍នៃការបៀតបៀនពីបក្សកុម្មុយនីស្តចិន ខ្លះនិយាយអំពីបទពិសោធន៍នៃការបៀតបៀនពីគ្រួសារ ខ្លះនិយាយអំពីរបៀបដែលមនុស្សយល់ដឹងពីនិស្ស័យពុករលួយដែលពួកគេសម្ដែងចេញ ឬរបៀបដែលសភាពពុករលួយផ្សេងៗដែលមនុស្សបង្ហាញចេញ នៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនត្រូវបានដោះស្រាយ ។ល។ អត្ថបទទីបន្ទាល់ទាំងនេះត្រូវតែធ្វើការពិនិត្យឡើងវិញទាំងអស់ ដើម្បីធានាថាវាស្របតាមទាំងស្រុងតាមការពិតជាក់ស្ដែង និងពិតជាស្អាងចិត្តមនុស្ស មុនពេលអនុម័ត និងយកទៅផលិតជាវីដេអូ។ នៅពេលដែលការងារឈានដល់កម្រិតនេះ អ្នកនឹងបានឃើញលទ្ធផលរួចទៅហើយ។ នេះបញ្ជាក់ថា ជាបឋម បុគ្គលិក និងអ្នកមើលការខុសត្រូវដែលអ្នកបានរៀបចំសម្រាប់ការងារនេះ គឺសមរម្យគួរសម។ បន្ទាប់មក ប្រសិនបើពួកគេអាចបំពេញការងារនេះដោយខ្លួនឯងបាន នោះវាជាការសមរម្យដែលអ្នកដកខ្លួនចេញ។ តើអ្នកដឹកនាំ និងអ្នកធ្វើការដែលធ្វើការតាមរបៀបនេះ ក៏ទទួលបានការស្អាងចិត្តដែរឬទេ? តើនេះមិនមានប្រយោជន៍ជាងការគ្រាន់តែនិយាយឥតន័យអំពីទ្រឹស្ដីនានាពេញមួយថ្ងៃ និងខ្ជះខ្ជាយពេលវេលាទេឬ? (មែនហើយ)។ ការងារប្រភេទនេះមានប្រយោជន៍ដ៏ធំធេង។ ម្យ៉ាង អ្នករៀនដោះស្រាយបញ្ហាជាក់ស្ដែង។ ម្យ៉ាងទៀត អ្នកបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ បន្ថែមពីនេះ ការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិត មិនមែនឈប់ត្រឹមកម្រិតនៃពាក្យពេចន៍ និងគោលលទ្ធិនោះទេ ផ្ទុយទៅវិញ អ្នកអនុវត្តសេចក្ដីពិតកាន់តែច្រើននៅក្នុងជីវិតពិត។ តាមរបៀបនេះ មនុស្សទទួលបានបទពិសោធន៍ជាក់ស្ដែង ហើយការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត កាន់តែមានរូបរាងច្បាស់លាស់ និងជាក់ស្ដែងជាងមុន។
បន្ទាប់ពីគម្រោងការងារសាកល្បងរបស់ពួកជំនុំមួយត្រូវបានណែនាំដល់កម្រិតនេះ ហើយលទ្ធផលដំបូងត្រូវបានសម្រេចហើយ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើការងារអ្វីបន្តទៀត? តើការងាររបស់អ្នកចប់ហើយឬ នៅពេលដែលគម្រោងសាកល្បងមួយត្រូវបានបញ្ចប់? តើមានការងារច្រើនទៀតដែលអ្នកត្រូវធ្វើដែរឬទេ? នៅមានការងារជាច្រើនទៀត! បន្ទាប់ពីការងាររបស់ពួកជំនុំនេះត្រូវបានណែនាំរួចហើយ ត្រូវមើលថាតើការងាររបស់ពួកជំនុំណាផ្សេងទៀតដែលត្រូវការការណែនាំផ្ដោតសំខាន់ រួចហើយទៅកាន់ពួកជំនុំនោះ ហើយបន្តផ្ដល់ការណែនាំ។ ដោយសារអ្នកមានបទពិសោធន៍ការងារខ្លះ និងបានយល់ពីគោលការណ៍សេចក្ដីពិតខ្លះៗហើយ នោះវានឹងកាន់តែងាយស្រួលច្រើនក្នុងការផ្ដល់ណែនាំម្ដងទៀត។ ជាការពិតណាស់ យោងតាមជំហានការងារដែលបានពិភាក្សាពីមុន ដំបូង អ្នកគួរតែពិនិត្យមើលជាមុនសិនថាតើបុគ្គលិកដែលបានជ្រើសរើសនោះស្របតាមស្តង់ដារដែរឬអត់ ថាតើពួកគេសមស្របសម្រាប់ការងារនេះដែរឬទេ ហើយថាតើគុណសម្បត្តិ ភាពជាមនុស្ស កម្រិតការអប់រំ កម្រិតនៃការដេញតាមសេចក្ដីពិត ឥរិយាបថចំពោះភារកិច្ចរបស់ពួកគេ និងការយល់ដឹងអំពីសេចក្ដីពិត ក្នុងចំណោមទិដ្ឋភាពផ្សេងៗទៀត គឺល្អសមប្រកបដែរឬទេ ហើយថាតើពួកគេជាបុគ្គលដែលមានជំនាញ និងសមត្ថភាពលេចធ្លោគួរសមដែរឬទេ។ តាមរយៈអំឡុងពេលនៃការមើលការខុសត្រូវ និងការត្រួតពិនិត្យការងារ អ្នកនឹងមានឱកាសរកឃើញថា អ្នកដឹកនាំ និងអ្នកធ្វើការ ឬអ្នកមើលការខុសត្រូវមួយចំនួន គឺមិនស្របតាមស្តង់ដារនោះទេ។ ឧទាហរណ៍ មនុស្សមួយចំនួនមានគុណសម្បត្តិខ្សោយ ហើយមិនអាចធ្វើការងារបានឡើយ។ អ្នកផ្សេងទៀតមានការយល់ដឹងខុសឆ្គង មានទស្សនៈមិនត្រឹមត្រូវ ខ្វះការគិតធម្មតា និងគ្មានការយល់ដឹងខាងវិញ្ញាណ។ ពួកគេអាចត្រឹមតែកែសម្រួលអត្ថបទដោយផ្អែកលើចំណេះដឹងសិក្សារបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែមិនដឹងអ្វីសោះ នៅពេលនិយាយដល់ភាពត្រឹមត្រូវនៃពាក្យពេចន៍ខាងវិញ្ញាណជាក់លាក់ និងភាពត្រឹមត្រូវនៃការដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចមើលធ្លុះរឿងទាំងនេះបានទាល់តែសោះ ដែលនេះបង្ហាញថាវាពិតជាមិនសមរម្យទេដែលបានជ្រើសរើសពួកគេ ហើយថាពួកគេគួរតែត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗ។ ក្នុងពេលទន្ទឹមគ្នានោះ ត្រូវជ្រើសរើសបុគ្គលផ្សេងទៀតឱ្យធ្វើជាអ្នកមើលការខុសត្រូវ ហើយទោះបីជាពួកគេអាចធ្វើការងារខ្លះបានក៏ដោយ ក៏ពួកគេអាចសម្រេចបានលទ្ធផលល្អប្រសើរជាងដែរ នៅពេលដែលពួកគេសរសេរអត្ថបទដោយខ្លួនឯង។ នៅពេលស្នើសុំពួកគេឱ្យបម្រើជាអ្នកមើលការខុសត្រូវ ពួកគេគ្មានពេលសរសេរទេ នៅពេលដែលពួកគេរវល់នឹងការងាររបស់ខ្លួន ហើយពួកគេធ្វើការងារជាអ្នកមើលការខុសត្រូវមិនបានល្អឡើយ។ ពួកគេមិនប៉ិនប្រសប់ក្នុងការផ្ដល់ការណែនាំ ការត្រួតពិនិត្យការងារ ឬការដោះស្រាយបញ្ហានោះទេ ប៉ុន្តែពូកែជាងក្នុងការបំពេញកិច្ចការជាក់លាក់តែមួយមុខ។ ដូច្នេះ ការជ្រើសរើសបុគ្គលបែបនេះឱ្យធ្វើជាអ្នកមើលការខុសត្រូវ គឺមិនសមរម្យទេ ហើយគួរតែជ្រើសរើសបេក្ខជនផ្សេងទៀត។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការកំពុងត្រួតពិនិត្យ និងតាមដានកិច្ចការជាក់លាក់ណាមួយ វាមិនទាន់គ្រប់គ្រាន់ទេក្នុងការគ្រាន់តែសួរសំណួរ និងសាកសួរដើម្បីដឹងថាតើអ្នកមើលការខុសត្រូវយល់ពីគោលការណ៍ឬយ៉ាងណានោះ។ អ្នកក៏ត្រូវសង្កេតមើលផងដែរថា តើភាពជាមនុស្សរបស់បុគ្គលនោះយ៉ាងដូចម្ដេច ហើយថាតើគុណសម្បត្តិ សមត្ថភាពយល់ដឹង និងកម្ពស់របស់ពួកគេ សមរម្យសម្រាប់ការបំពេញភារកិច្ចនេះដែរឬទេ។ ប្រសិនបើការត្រួតពិនិត្យបង្ហាញថា បុគ្គលិកនោះមិនស្របតាមស្តង់ដារ ត្រូវធ្វើការផ្លាស់ប្ដូរឱ្យបានទាន់ពេលវេលា។ នេះហើយគឺជាខ្លឹមសារនៃការត្រួតពិនិត្យការងារ។
ដើម្បីអនុវត្តការងារសរសេរអត្ថបទទីបន្ទាល់ អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែរៀនពិនិត្យមើលអត្ថបទ និងផ្ដល់ការណែនាំ ហើយធ្វើការត្រួតពិនិត្យជាមុនសម្រាប់ការងារសរសេរអត្ថបទ បន្ថែមពីលើការត្រួតពិនិត្យថាតើអ្នកមើលការខុសត្រូវនៃការងារនេះសមរម្យដែរឬទេ។ អត្ថបទដែលត្រូវបានសរសេរដោយជាក់លាក់ និងជាក់ស្ដែង អាចត្រូវបានប្រើជាគំរូ។ អត្ថបទដែលត្រូវបានសរសេរក្នុងរបៀបឥតន័យ និងមិនជាក់ស្ដែង គ្មានតម្លៃ និងមិនស្អាងចិត្តមនុស្ស គួរតែត្រូវបានជម្រុះចោលដោយផ្ទាល់។ តាមរបៀបនេះ បងប្អូនប្រុសស្រីនឹងដឹងថា អត្ថបទប្រភេទណាដែលមានតម្លៃ និងប្រភេទណាដែលគ្មានតម្លៃ ហើយនៅពេលអនាគត ពួកគេនឹងមិនសរសេរអត្ថបទដែលគ្មានតម្លៃទៀតទេ ដូច្នេះហើយជៀសវាងការខ្ជះខ្ជាយថាមពល និងពេលវេលា។ តាមរបៀបនេះ ការងាររបស់អ្នកនឹងមានតម្លៃ។ នៅពេលអ្នកទៅត្រួតពិនិត្យការងារ អ្នកត្រូវពិនិត្យមើលអត្ថបទទីបន្ទាល់អំពីបទពិសោធន៍គ្រប់ប្រភេទដែលពួកគេបានសរសេរ ដើម្បីមើលថាតើមានការលាយឡំ ឬភាពមិនពិតអ្វីខ្លះដែរឬទេ ហើយថាតើអត្ថបទទាំងនោះស្អាងចិត្តមនុស្សដែរឬទេ។ អ្នកត្រូវតែត្រួតពិនិត្យចំណុចទាំងនេះជាមុនសិន។ នៅពេលអ្នកកំពុងត្រួតពិនិត្យ តើអ្នកមិនកំពុងរៀនសូត្រដែរទេឬអី? (មែនហើយ)។ នៅពេលអ្នករៀនសូត្រ អ្នកនឹងធ្វើការងារនេះកាន់តែប្រសើរឡើងៗ។ ឧបមាថា អ្នកមិនបានត្រួតពិនិត្យ មិនបានយកចិត្តទុកដាក់ និងគ្មានការទទួលខុសត្រូវ ហើយគ្រាន់តែធ្វើបង្គ្រប់កិច្ច ដោយគ្រាន់តែមានគោលបំណងធ្វើការងារឱ្យរួចរាល់ ហើយបន្ទាប់មករាយការណ៍ទៅអ្នកខាងលើរបស់អ្នកថាវាចប់ហើយ ដោយគិតថា «យ៉ាងណាមិញ ពួកជំនុំរបស់យើងមានមនុស្សជាច្រើនដែលអាចសរសេរអត្ថបទទីបន្ទាល់បាន។ បន្ទាប់ពីពួកគេសរសេរចប់ ខ្ញុំនឹងដាក់ស្នើអត្ថបទទាំងអស់។ តើអ្នកណាទៅខ្វល់ថាវាស្របតាមស្តង់ដារឬអត់? ឱ្យតែអ្នកដឹកនាំថ្នាក់លើដឹងថា ខ្ញុំបានធ្វើការងារជាច្រើន បានអនុវត្តការរៀបចំចាត់ចែងការងារ និងនៅរវល់ជាប់ នោះគឺគ្រប់គ្រាន់ហើយ!» តើនេះជាឥរិយាបថប្រកបដោយការទទួលខុសត្រូវដែរឬទេ? (អត់ទេ)។ នេះគឺជាការគ្មានការទទួលខុសត្រូវ។ ប្រសិនបើអ្នកមានការទទួលខុសត្រូវ អ្នកត្រូវតែត្រួតពិនិត្យរឿងរ៉ាវនៅខាងអ្នកជាមុនសិន។ អត្ថបទណាក៏ដោយដែលបានដាក់ស្នើតាមរយៈអ្នក ត្រូវតែស្របតាមស្តង់ដារ។ អ្នកណាដែលអានវា គួរតែនិយាយថាវាស្អាងចិត្ត ហើយសុខចិត្តអានវា។ មានតែការធ្វើបែបនេះទេ ទើបជាការបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ការត្រួតពិនិត្យការងារមិនមែនជាការធ្វើបង្គ្រប់កិច្ច ស្រែកពាក្យស្លោក ផ្សព្វផ្សាយគោលលទ្ធិ ឬបង្រៀនមនុស្សតាមតែអំពើចិត្តនោះទេ។ វាគឺអំពីការត្រួតពិនិត្យប្រសិទ្ធភាព និងលទ្ធផលការងារ ការត្រួតពិនិត្យថាតើការងារដែលអ្នកបានធ្វើគឺស្របតាមស្តង់ដារដែរឬទេ ថាតើវាសម្រេចបានលទ្ធផលនៃការអនុវត្តការរៀបចំចាត់ចែងការងារដែរឬទេ ថាតើវាស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ ថាតើមានផ្នែកណាខ្លះដែលស្របតាមស្តង់ដារ និងផ្នែកណាខ្លះដែលមិនទាន់ស្រប ពោលគឺទាំងនេះហើយគឺជាកិច្ចការដែលត្រូវត្រួតពិនិត្យ។ នេះពាក់ព័ន្ធនឹងការធ្វើការងារជាក់លាក់ ហើយទាក់ទងនឹងគុណសម្បត្តិរបស់មនុស្ស ថាតើពួកគេមានការយល់ដឹងខាងវិញ្ញាណដែរឬទេ ថាតើពួកគេយល់ពីសេចក្ដីពិតបានកម្រិតណា ថាតើពួកគេមានតថភាពនៃសេចក្ដីពិត និងមានសមត្ថភាពមើលឃើញរឿងរ៉ាវផ្សេងៗបានប៉ុនណា។ ប្រសិនបើអ្នកចេះត្រួតពិនិត្យការងារ ហើយខណៈពេលកំពុងត្រួតពិនិត្យការងារ អ្នកអាចរកឃើញបញ្ហា យល់ពីដើមចមនៃបញ្ហា ចាប់យកសារជាតិនៃបញ្ហា និងដោះស្រាយបញ្ហាបាន ហើយមុននឹងដាក់ស្នើអត្ថបទទីបន្ទាល់ អ្នកបានត្រួតពិនិត្យវាជាមុនស្របតាមគោលការណ៍ ដោយធានាថាអត្ថបទដែលអ្នកដាក់ស្នើទាំងអស់គឺស្របតាមស្តង់ដារ និងស្អាងចិត្តអ្នកដែលអាន នោះអ្នកស្របតាមស្តង់ដារក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយអ្នកបានធ្វើការងាររបស់អ្នកបានត្រឹមត្រូវហើយ។
មនុស្សភាគច្រើនអាចធ្វើការងារផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញបាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលត្រូវការការត្រួតពិនិត្យ និងការត្រួតពិនិត្យជាមុន នោះវានឹងសាកល្បងគុណសម្បត្តិរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយថាតើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬអត់។ មនុស្សមួយចំនួនអាចផ្ដល់ការណែនាំ មើលការខុសត្រូវការងារ និងលួសកាត់ ឬបណ្ដេញចេញ និងដោះស្រាយជាមួយបុគ្គលិកដែលមិនសមរម្យបាន ប៉ុន្តែពួកគេមិនដឹងពីរបៀបវាយតម្លៃប្រសិទ្ធភាព និងលទ្ធផលនៃការងារដែលពួកគេបានរៀបចំនោះទេ ថាតើវាស្របតាមការរៀបចំចាត់ចែងការងារដែរឬទេ ហើយថាតើត្រូវដោះស្រាយវាដោយរបៀបណា នៅពេលដែលវាមិនស្របតាម។ អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើន យ៉ាងច្រើនបំផុត អាចផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញបាន ប៉ុន្តែនៅពេលនិយាយដល់ការត្រួតពិនិត្យការងារ ពួកគេមិនដឹងថាត្រូវធ្វើអ្វីនោះទេ គ្មានគោលការណ៍ ហើយមិនដឹងធ្វើអ្វីបន្តទៀត។ ពួកគេគិតថា «ការរៀបចំចាត់ចែងការងារត្រូវបានអនុវត្តហើយ ដូច្នេះតើមានអ្វីដែលត្រូវត្រួតពិនិត្យទៀត? មនុស្សគ្រប់គ្នាកំពុងធ្វើការ គ្មាននរណាម្នាក់នៅទំនេរទេ មនុស្សដែលបង្កការបង្អាក់ និងការរំខានត្រូវបានចាត់ចែងរួចហើយ ហើយអ្នកដែលត្រូវការបណ្ដេញចេញ ឬបោសសម្អាតចេញ ក៏ត្រូវបានចាត់ចែងទៅតាមនោះដែរ។ តើមានអ្វីផ្សេងទៀតដែលត្រូវត្រួតពិនិត្យ?» ពួកគេគ្រាន់តែមិនបានដឹងអ្វីសោះ។ ការត្រួតពិនិត្យការងារតម្រូវឱ្យមានការត្រួតពិនិត្យជាមុន។ តើការត្រួតពិនិត្យជាមុនមានន័យដូចម្ដេច? វាមានន័យថាអ្នកត្រូវតែទាញសេចក្ដីសន្និដ្ឋានមួយ។ ឧទាហរណ៍ អ្នកមើលការខុសត្រូវនៃការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ នាំយកអត្ថបទមួយមកឱ្យអ្នក ដោយនិយាយថារចនាបថនៃការសរសេរគឺល្អគួរសម ភាសាគឺរលូន ហើយទាំងរចនាបថភាសា និងប្រធានបទរបស់អត្ថបទគឺល្អ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានអារម្មណ៍ថាវាហាក់ដូចជាខ្វះខ្លឹមសារជាក់ស្ដែង ហើយមិនអាចស្អាងចិត្តមនុស្សបានទេ ថាវាត្រូវការបំពេញបន្ថែម និងកែលម្អ ប៉ុន្តែពួកគេមិនអាចមើលធ្លុះបញ្ហានេះដោយខ្លួនឯងបានទេ ដូច្នេះពួកគេស្នើសុំឱ្យអ្នកមើល។ តើការដែលពួកគេស្នើសុំឱ្យអ្នកមើល មានន័យដូចម្ដេច? វាមានន័យថាពួកគេត្រូវការឱ្យអ្នកត្រួតពិនិត្យវាជាមុន។ របៀបដែលអ្នកត្រួតពិនិត្យវាជាមុន ហើយថាតើអ្នកត្រួតពិនិត្យវាបានល្អឬអត់ នោះវាសាកល្បងកម្ពស់ពិតប្រាកដរបស់អ្នក។ តើកម្ពស់ពិតប្រាកដមានន័យដូចម្ដេច? វាមានន័យថាតើអ្នកយល់ពីគោលការណ៍សេចក្ដីពិតដែរឬអត់។ ប្រសិនបើអ្នកមើលការខុសត្រូវមិនយល់ពីគោលការណ៍នៃការសរសេរអត្ថបទទីបន្ទាល់ មិនអាចវាយតម្លៃថាតើអត្ថបទមួយគឺជាក់ស្ដែង និងពិតប្រាកដឬអត់ ហើយមិនដឹងពីរបៀបធ្វើការវិនិច្ឆ័យ ហើយអ្នកក៏ដូចគ្នាដែរ មិនអាចធ្វើការវិនិច្ឆ័យ ឬសម្រេចចិត្តបានទេ នេះបញ្ជាក់រឿងមួយគឺ គុណសម្បត្តិរបស់អ្នកគឺប្រហាក់ប្រហែលនឹងពួកគេដែរ ហើយអ្នកមិនអាចត្រួតពិនិត្យអត្ថបទជាមុនបានទេ។ តើរឿងនេះមិនពិតទេឬ? សេចក្ដីពិតដែលអ្នកយល់គឺប្រហាក់ប្រហែលនឹងពួកគេដែរ ហើយអ្នកមិនអាចមើលធ្លុះបញ្ហាដែលពួកគេមិនអាចមើលធ្លុះបានទេ ពោលគឺការណ៍នេះបង្ហាញពីបញ្ហាមួយហើយ។ ប្រសិនបើអ្នកអាចមើលធ្លុះបញ្ហាដែលពួកគេមិនអាចមើលធ្លុះបាន ហើយអ្នកអាចរកឃើញបញ្ហាតាមរយៈការត្រួតពិនិត្យដែលពួកគេមិនអាចរកឃើញបាន នេះបញ្ជាក់ថាអ្នកអាចត្រួតពិនិត្យអត្ថបទជាមុនបាន។ ឧទាហរណ៍ ពួកគេចាត់ទុកអត្ថបទភាគច្រើនថាស្របតាមស្តង់ដារ និងគ្មានបញ្ហាសំខាន់ៗឡើយ ប៉ុន្តែតាមរយៈការត្រួតពិនិត្យ និងការត្រួតពិនិត្យជាមុនរបស់អ្នក អ្នករកឃើញផ្នែកតូចមួយដែលមិនស្របតាមស្តង់ដារ។ អ្នកពន្យល់ពីបញ្ហានៅក្នុងអត្ថបទទាំងនេះតាមរយៈការវិភាគវែកញែក និងការប្រកបគ្នា ហើយមនុស្សគ្រប់គ្នាឯកភាពថាចំណុចរបស់អ្នកគឺសមហេតុផល ស្របតាមគោលការណ៍ ហើយមិនមែនជាការចាប់កំហុសនោះទេ ប៉ុន្តែពិតជាមានបញ្ហាពិតប្រាកដមែន ហើយថាបញ្ហាទាំងនេះគួរតែត្រូវបានកែតម្រូវ។ អត្ថបទខ្លះគឺឥតន័យ និងខ្វះការយល់ដឹងពីបទពិសោធន៍ជាក់ស្ដែង។ អត្ថបទខ្លះមានការយល់ដឹងពីបទពិសោធន៍ជាក់ស្ដែង ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យបានច្បាស់លាស់គ្រប់គ្រាន់។ អត្ថបទខ្លះដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានត្រឹមត្រូវ ដោយមិនបានជ្រើសរើសអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលសមរម្យជាងនេះ ដែលបណ្ដាលឱ្យមានលទ្ធផលកាន់តែអាក្រក់។ អត្ថបទខ្លះមានទស្សនៈខុសឆ្គង ដោយមានការយល់ដឹងខុសឆ្គង និងខ្វះការប្រកបគ្នាលើការយល់ដឹងអំពីសេចក្ដីពិត ដែលធ្វើឱ្យអ្នកអានមិនទទួលបានការស្អាងចិត្ត ហើយងាយនឹងធ្វើឱ្យពួកគេមានភាពអវិជ្ជមាន និងការយល់ខុស ។ល។ អ្នកអាចរកឃើញ និងមើលធ្លុះបញ្ហាទាំងអស់នេះបាន។ តាមរយៈការប្រកបគ្នារបស់អ្នក អ្នកជួយពួកគេឱ្យយល់ពីគោលការណ៍ ដែលធ្វើឱ្យអ្នកដែលមានបទពិសោធន៍អាចសរសេរទីបន្ទាល់អំពីបទពិសោធន៍ពិតប្រាកដបាន។ អ្នកជ្រើសរើសអត្ថបទទាំងឡាយណាដែលស្អាងចិត្ត និងមានតម្លៃសម្រាប់មនុស្ស ទុកជាទីបន្ទាល់អំពីបទពិសោធន៍ដែលស្របតាមស្តង់ដារ ដូច្នេះនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អានអត្ថបទទាំងនោះ ពួកគេនឹងទទួលបានការស្អាងចិត្ត។ ក្នុងពេលជាមួយគ្នានេះ អត្ថបទទាំងឡាយណាដែលខ្វះការយល់ដឹងពីបទពិសោធន៍ពិតប្រាកដ ឬមានការយល់ដឹងខុសឆ្គង ត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកធ្វើបែបនេះ តើអ្នកមិនមែនកំពុងត្រួតពិនិត្យជាមុនទេឬ? ប្រសិនបើអ្នកមានសមត្ថភាពដឹងរឿងរ៉ាវ និងធ្វើការងារបែបនេះ តើគុណសម្បត្តិរបស់អ្នកមិនគ្រប់គ្រាន់ទេឬ? តើអ្នកមិនមែនកំពុងបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ និងអ្នកធ្វើការទេឬ? (មែនហើយ)។ ប្រសិនបើពួកគេគិតថា អត្ថបទភាគច្រើនអាចទទួលយកបាន ហើយយកមកឱ្យអ្នកត្រួតពិនិត្យជាមុន ហើយអ្នកក៏គិតថាអត្ថបទភាគច្រើនល្អដែរ ខណៈដែលតាមពិតអត្ថបទខ្លះមានបញ្ហា ហើយត្រូវការការជ្រើសរើសបន្ថែម ការកែសម្រួល និងការកែតម្រូវបញ្ហា ប៉ុន្តែអ្នកមិនអាចមើលធ្លុះបញ្ហាទាំងនោះបានទេ នៅពេលអ្នកដាក់ស្នើវាទៅខាងលើ ហើយខាងលើរកឃើញអត្ថបទមួយចំនួនមិនស្របតាមស្តង់ដារ ហើយជម្រុះវាចោល តើនេះមិនមានន័យថា អ្នកមិនបានត្រួតពិនិត្យជាមុនបានត្រឹមត្រូវទេឬ? ម្យ៉ាង ការត្រួតពិនិត្យការងារ គឺសាកល្បងគុណសម្បត្តិរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយម្យ៉ាងទៀត គឺសាកល្បងកម្រិតនៃការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត។ មនុស្សមួយចំនួនមិនអាចត្រួតពិនិត្យជាមុនបានទេ ដោយសារតែគុណសម្បត្តិរបស់ពួកគេនៅខ្សោយ ដែលជាហេតុរារាំងពួកគេមិនឱ្យធ្វើដូច្នេះបាន ពួកគេមិនយល់ពីសេចក្ដីពិតនៅក្នុងផ្នែកនេះ ហើយពួកគេមិនអាចមើលធ្លុះបញ្ហាបានទេ។ ការត្រួតពិនិត្យរបស់ពួកគេគឺគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច ដោយមិនដឹងថាត្រូវត្រួតពិនិត្យពីអ្វីនោះទេ។ មនុស្សមួយចំនួនមានគុណសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែដោយសារតែការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតនៅរាក់កំផែល ពួកគេអាចរកឃើញបញ្ហាបាន ប៉ុន្តែមិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះឡើយ។ មនុស្សទាំងនេះនៅមានឱកាសសម្រាប់ការកែលម្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សមិនអាចរកឃើញសូម្បីតែបញ្ហាបានផង នោះពួកគេនឹងគ្មានផ្លូវសម្រាប់ការរីកចម្រើនបានឡើយ។
ការអនុវត្តការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ រួមបញ្ចូលនូវជំហានដ៏សំខាន់មួយនៃការត្រួតពិនិត្យ ដែលអាស្រ័យទៅលើថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានតថភាពនៃសេចក្ដីពិតដែរឬអត់។ បន្ថែមពីលើការត្រួតពិនិត្យអ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិខ្សោយគួរសម និងអ្នកដែលខ្សោយគួរសម អ្នកក៏គួរតែសាកសួរ និងយល់ដឹងអំពីអ្នកទាំងឡាយណាដែលមានគុណសម្បត្តិមធ្យមផងដែរ។ ប្រសិនបើបរិយាកាសមិនសមរម្យ អ្នកអាចបញ្ជូននរណាម្នាក់ទៅសាកសួរ និងយល់ដឹងពីស្ថានភាព ហើយធ្វើកំណត់ត្រាលម្អិត។ ប្រសិនបើបរិយាកាសអំណោយផល គឺល្អបំផុតដែលត្រូវទៅដោយផ្ទាល់ ហើយប្រាស្រ័យទាក់ទងជាមួយអ្នកមើលការខុសត្រូវនៃការងារនេះ។ សួរសំណួរ សាកសួរ និងយល់ដឹងពីស្ថានភាពជាក់លាក់នៃការងារនេះ ហើយមើលថាតើការងារកំពុងត្រូវបានអនុវត្តបានល្អកម្រិតណា។ សរុបមក នៅពេលដែលការរៀបចំចាត់ចែងការងារសម្រាប់សរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ត្រូវបានផ្សព្វផ្សាយហើយ វាមិនមែនជារឿងដែលអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយ ឬពីរខែនោះទេ។ នេះមិនមែនជាកិច្ចការបណ្ដោះអាសន្នទេ ប៉ុន្តែជាការងាររយៈពេលវែង។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរគ្រាន់តែផ្ដល់ការណែនាំ ការមើលការខុសត្រូវ ការជំរុញ និងការត្រួតពិនិត្យក្នុងរយៈពេលមួយ ឬពីរខែដំបូង បន្ទាប់ពីការរៀបចំចាត់ចែងការងារត្រូវបានផ្សព្វផ្សាយ ហើយចាត់ទុកថាវាចប់នោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវតែតាមដានការងារនេះជាបន្តបន្ទាប់ក្នុងរយៈពេលវែង។ សម្រាប់អ្នកដឹកនាំពួកជំនុំដែលខ្សោយជាង ពួកគេត្រូវទៅ ហើយផ្ដល់ការណែនាំផ្ទាល់ខ្លួន។ សម្រាប់អ្នកដឹកនាំពួកជំនុំដែលអាចអនុវត្តការរៀបចំចាត់ចែងការងារដោយឯករាជ្យបាន ពួកគេក៏គួរតែអនុវត្តការត្រួតពិនិត្យជាប្រចាំ ដើម្បីយល់ដឹងពីវឌ្ឍនភាពនៃការងារ និងដោះស្រាយបញ្ហាណាមួយដែលកើតឡើងផងដែរ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ហេតុដូច្នេះហើយ រឿងមួយដែលច្បាស់លាស់អំពីអ្នកដឹកនាំ និងអ្នកធ្វើការដែលកំពុងធ្វើការងារគឺ ពួកគេមិនដែលមានពេលវេលាទំនេរឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនតែងតែគិតថា «ការរៀបចំចាត់ចែងការងារត្រូវបានផ្សព្វផ្សាយហើយ ហើយខ្ញុំបានប្រកបគ្នាអំពីរបៀបអនុវត្តវាហើយ។ ខ្ញុំបានបញ្ចប់ការងាររបស់ខ្ញុំហើយ គ្មានអ្វីផ្សេងទៀតដែលត្រូវធ្វើទេ។ ដូច្នេះ ខ្ញុំនឹងធ្វើកិច្ចការសមរម្យមួយចំនួន ដូចជាជួយធ្វើម្ហូប និងទទួលភ្ញៀវ ឬទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដែលបងប្អូនប្រុសស្រីខ្វះខាត»។ ពួកគេក្លាយជាទំនេរ បន្ទាប់ពីបានផ្សព្វផ្សាយការរៀបចំចាត់ចែងការងារ ហើយមានអារម្មណ៍ថាពួកគេបានបញ្ចប់ការងាររបស់ពួកគេហើយ និងគ្មានអ្វីត្រូវធ្វើទៀតទេ។ នេះបង្ហាញថា ពួកគេមិនចេះធ្វើការងារ ឬទទួលបន្ទុកកិច្ចការជាក់លាក់នោះទេ។ តាមពិត នៅពេលដែលការរៀបចំចាត់ចែងការងារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានផ្សព្វផ្សាយហើយ ដរាបណាខាងលើមិនបានប្រកាសឱ្យបញ្ឈប់ទេ ការងារត្រូវតែបន្ត ហើយមិនអាចត្រូវបានផ្អាកនៅពាក់កណ្ដាលផ្លូវបានឡើយ។ ឧទាហរណ៍ ការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ តើខាងលើបានប្រកាសឱ្យបញ្ឈប់ការងារនេះទេ? តើមានសេចក្ដីជូនដំណឹងណាមួយដែលនិយាយថាត្រូវបញ្ឈប់ការងារនេះទេ? (អត់ទេ)។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរអនុវត្តការងារនេះដោយរបៀបណា? កុំឱ្យមានការជំរុញចិត្តដោយសារតែភាពខ្នះខ្នែងរយៈពេលខ្លីតែប៉ុណ្ណោះ។ នៅពេលដែលការរៀបចំចាត់ចែងការងារត្រូវបានផ្សព្វផ្សាយដំបូង អ្នកមានចិត្តខ្នះខ្នែងខ្លាំង បុរេសកម្ម និងពោរពេញដោយចិត្តចង់ក្នុងការអនុវត្តការងារនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរយៈពេលមួយ ប្រសិនបើខាងលើមិនបានជំរុញ មិនបានចេញសេចក្ដីណែនាំថ្មី ឬមិនបានផ្ដល់ការណែនាំបន្ថែមសម្រាប់ការរៀបចំចាត់ចែងការងារនេះទេ អ្នកអាចនឹងគិតថា ដោយសារខាងលើមិនបានរៀបចំអ្វីថ្មី អ្នកអាចព្រងើយកន្តើយនឹងការងារនេះបាន។ នេះគឺមិនអាចទទួលយកបានទេ នេះគឺជាការធ្វេសប្រហែសនឹងការទទួលខុសត្រូវ។ មិនថាការងារនេះត្រូវបានអនុវត្តយូរប៉ុនណា ហើយមិនថាខាងលើបានសាកសួរ ជំរុញ ឬសង្កត់ធ្ងន់លើការងារនេះក្នុងអំឡុងពេលនោះឬអត់នោះទេ ដរាបណាការងារនេះត្រូវបានប្រគល់ឱ្យអ្នក អ្នកគួរតែទទួលបន្ទុក ហើយធ្វើវាជាបន្តបន្ទាប់ ដោយអនុវត្តវាឱ្យបានល្អ។ តើ «ជាបន្តបន្ទាប់» មានន័យដូចម្ដេច? វាមានន័យថា ដរាបណាខាងលើមិនបានប្រកាសឱ្យបញ្ឈប់ទេ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែផ្ដល់ការណែនាំ ការមើលការខុសត្រូវ ការជំរុញ ការត្រួតពិនិត្យ និងការតាមដានការងារនេះដោយមិនមានការរំខាន និងជាបន្តបន្ទាប់។ លុះត្រាតែអ្នកចុះចេញពីតំណែង ឬត្រូវបានបណ្ដេញចេញ ដរាបណាអ្នកនៅកាន់តំណែងរបស់អ្នក ការងារនេះគឺជាអ្វីមួយដែលអ្នកត្រូវតែធ្វើឱ្យបានល្អក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ វាក៏ជាកិច្ចការមួយដែលអ្នកត្រូវតែអនុវត្ត និងតាមដានជាបន្តបន្ទាប់ផងដែរ។ តើការនេះគួរត្រូវបានអនុវត្តដោយរបៀបណា? រាល់ពេលដែលអ្នកទៅសួរសុខទុក្ខពួកជំនុំមួយ អ្នកត្រូវតែសួរអ្នកដឹកនាំក្នុងតំបន់ និងអ្នកមើលការខុសត្រូវនៃការងារនេះថា «តើអត្ថបទទីបន្ទាល់បានដំណើរការយ៉ាងដូចម្ដេចហើយក្នុងអំឡុងពេលនេះ? តើមានអត្ថបទទីបន្ទាល់ល្អៗ ដែលគួរឱ្យរំជួលចិត្តដែរឬទេ? តើមានអត្ថបទដែលមានបទពិសោធន៍ពិសេសដែរឬទេ?» ប្រសិនបើពួកគេនិយាយថាមាន អ្នកគួរតែពិនិត្យមើលអត្ថបទទាំងនេះ។ ប្រសិនបើវាពិតជាមានបទពិសោធន៍ជាក់ស្ដែង ហើយពិតជាស្អាងចិត្តមនុស្សមែននោះ វាគួរតែត្រូវបានដាក់ស្នើយ៉ាងឆាប់រហ័ស។ រាល់ពេលដែលអ្នកទៅសួរសុខទុក្ខពួកជំនុំមួយ អ្នកត្រូវតែសួរអំពីបញ្ហានេះជាមុនសិន។ នេះគឺជាកិច្ចការជាក់លាក់មួយដែលអ្នកត្រូវតែអនុវត្ត ជាកាតព្វកិច្ចដែលអ្នកមិនអាចគេចវេះបានទេ ពោលគឺនេះជាទំនួលខុសត្រូវរបស់អ្នក។ មិនថាខាងលើជំរុញ ឬសាកសួរអំពីបញ្ហានេះឬអត់នោះទេ កិច្ចការនេះត្រូវបានបញ្ចូលនៅក្នុងអ្វីដែលអ្នកត្រូវធ្វើ។ ប្រសិនបើបងប្អូនប្រុសស្រីរវល់នឹងការបំពេញភារកិច្ចរបស់ពួកគេ ហើយគ្មានពេលសរសេរអត្ថបទទីបន្ទាល់ទេ អ្នកត្រូវតែជំរុញពួកគេ ដោយនិយាយថា «ការសរសេរអត្ថបទទីបន្ទាល់ល្អៗ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ច្រកចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយវាក៏ជាភារកិច្ចដ៏សំខាន់មួយផងដែរ»។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំខ្លះនិយាយថា «បងប្អូនប្រុសស្រីមានអារម្មណ៍ថាពួកគេបានសរសេរបទពិសោធន៍ទាំងអស់របស់ខ្លួនរួចហើយ ហើយគ្មានអ្វីដែលត្រូវសរសេរទៀតទេ»។ តើឃ្លានេះត្រឹមត្រូវដែរឬទេ? តាមពិត បទពិសោធន៍លម្អិតជាច្រើនមិនត្រូវបានមនុស្សកត់សម្គាល់ទេ ហើយត្រូវបានមើលរំលង។ នៅពេលដែលពួកគេអានទីបន្ទាល់អំពីបទពិសោធន៍ដែលអ្នកដទៃបានសរសេរ ទើបពួកគេនឹកឃើញថាពួកគេក៏ធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ ហេតុដូច្នេះហើយ ការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ ទាមទារឱ្យមានការគិត និងការពិចារណាយ៉ាងយកចិត្តទុកដាក់។ មានការយល់ដឹងពីបទពិសោធន៍ជាច្រើនដែលគួរតែយកមកសរសេរ។ តើការគ្មានពេលសរសេរ គឺជាហេតុផលត្រឹមត្រូវដែរឬទេ? នេះគឺជាភារកិច្ចដែលមនុស្សគួរតែធ្វើ។ មិនថាពួកគេរវល់យ៉ាងណាទេ ពួកគេគួរតែឆ្លៀតពេលសរសេរ។ ប្រសិនបើពួកគេមិនចេះសរសេរអត្ថបទទីបន្ទាល់ ពួកគេគួរតែនិយាយរៀបរាប់ឱ្យអ្នកផ្សេងកែសម្រួល ដើម្បីបង្កើតបានជាអត្ថបទដ៏ល្អមួយ។ តាមរបៀបនេះ តាមរយៈការជំរុញ និងការណែនាំរបស់អ្នក អត្ថបទទីបន្ទាល់អំពីបទពិសោធន៍ដ៏ល្អមួយទៀតត្រូវបានសរសេរឡើង។ តើអ្នកដឹងទេថា អត្ថបទនេះអាចស្អាងចិត្តមនុស្សបានប៉ុន្មាននាក់ទៅ? តើមនុស្សប៉ុន្មាននាក់អាចទទួលបានជំនួយ និងផលប្រយោជន៍ពីវា? ប្រសិនបើអ្នកមិនបានមើលការខុសត្រូវ និងផ្ដល់ការណែនាំ ហើយអ្នកដឹកនាំពួកជំនុំក្នុងតំបន់ក៏គ្មានបន្ទុកដែរ ដោយគិតថាបងប្អូនប្រុសស្រីបានសរសេរទីបន្ទាល់អំពីបទពិសោធន៍ទាំងអស់របស់ពួកគេរួចហើយ និងគ្មានអត្ថបទត្រូវសរសេរបន្ថែមទៀតទេ នោះអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ដ៏ល្អនេះនឹងមិនកើតមានឡើងឡើយ។ ពេលខ្លះ នៅពេលអ្នកទៅសួរសុខទុក្ខពួកជំនុំមួយ បងប្អូនប្រុសស្រីខ្លះជជែកលេងជាមួយអ្នក ហើយនិយាយថា «ខ្ញុំបានរងទុក្ខលំបាកគ្រប់បែបយ៉ាងក្នុងជីវិតរបស់ខ្ញុំ។ បន្ទាប់ពីជឿលើព្រះជាម្ចាស់ ខ្ញុំក៏ត្រូវបានគេបៀតបៀនជាច្រើនផងដែរ។ ព្រះជាម្ចាស់បានដឹកនាំខ្ញុំនៅគ្រប់ជំហាន។ ខ្ញុំបានឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយបានដឹងថា អ្វីទាំងអស់ត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់ ហើយថាព្រះជាម្ចាស់ពិតជាមានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ពោលគឺនេះជាការពិតទាំងស្រុង!» បន្ទាប់ពីពួកគេប្រាប់អ្នកពីបទពិសោធន៍របស់ពួកគេរួច អ្នកក៏សួរថាតើពួកគេបានសរសេរវាទុកជាអត្ថបទហើយឬនៅ ហើយពួកគេនិយាយថា «នៅទេ ខ្ញុំមានកម្រិតការអប់រំទាប ហើយមិនចេះសរសេរទេ។ ម្យ៉ាងទៀត អ្នកផ្សេងទៀតនិយាយថាបទពិសោធន៍នេះគ្មានតម្លៃឡើយ»។ អ្នកប្រាប់ពួកគេថា «តើបទពិសោធន៍ដ៏អស្ចារ្យបែបនេះអាចគ្មានតម្លៃបានដោយរបៀបណា? បន្ទាប់ពីបទពិសោធន៍របស់អ្នកមួយជំហានៗ អ្នកមានអារម្មណ៍យ៉ាងជ្រាលជ្រៅនូវអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ការដឹកនាំរបស់ព្រះជាម្ចាស់ និងការកំណត់ទុករបស់ព្រះជាម្ចាស់។ តើមានបទពិសោធន៍អ្វីដែលអាចមានតម្លៃជាងនេះទៀតទៅ? បទពិសោធន៍បែបនេះគួរតែត្រូវបានកត់ត្រាទុក ហើយមិនត្រូវខកខានឡើយ»។ បន្ទាប់មក អ្នកក៏បានរៀបចំយ៉ាងឆាប់រហ័សឱ្យបងប្អូនប្រុសស្រីដែលមានការអប់រំខ្ពស់ជាង ជួយពួកគេកែសម្រួលវា។ ក្នុងរយៈពេលបីថ្ងៃ អត្ថបទទីបន្ទាល់មួយដ៏ល្អឥតខ្ចោះមួយត្រូវបានសរសេរឡើង ហើយបន្ទាប់មកត្រូវបានផលិតជាវីដេអូទីបន្ទាល់អំពីបទពិសោធន៍។ មនុស្សគ្រប់គ្នាដែលបានមើលវានិយាយថា «បទពិសោធន៍របស់តួឯកគឺអស្ចារ្យណាស់! ក្រោយទស្សនារួច វាពិតជាស្អាងចិត្តខ្លាំងណាស់! វាបង្ហាញយ៉ាងប្រាកដថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ពោលគឺពិតជាបែបនោះមែន! ចំណុចនេះត្រូវបានបញ្ជាក់ក្នុងកម្រិតមួយដែលកាន់តែខ្លាំងក្លាជាងមុនទៅទៀតឥឡូវ ហើយជំនឿរបស់យើងលើព្រះជាម្ចាស់បានកើនឡើង»។ អ្នកផ្សេងទៀតនិយាយថា «អត្ថបទទីបន្ទាល់អំពីបទពិសោធន៍នេះត្រូវបានសរសេរយ៉ាងជាក់ស្ដែង និងគួរឱ្យរំជួលចិត្តណាស់។ វានឹងកាន់តែប្រសើរជាងនេះទៅទៀត ប្រសិនបើវាត្រូវបានផលិតជាខ្សែភាពយន្ត!» បងប្អូនប្រុសស្រីជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសាឱ្យយកអត្ថបទនោះផលិតជាខ្សែភាពយន្តយ៉ាងឆាប់រហ័ស។ ដូច្នេះ ដោយសារតែអ្នកដឹកនាំ និងអ្នកធ្វើការមានការទទួលខុសត្រូវ និងភក្ដីភាពចំពោះការងាររបស់ពួកជំនុំ ការសន្ទនាធម្មតាៗមួយអាចនាំឱ្យមានអត្ថបទដ៏ល្អមួយ និងជាសម្ភារៈដ៏ល្អសម្រាប់ខ្សែភាពយន្តមួយ។ នេះគឺជាទីបន្ទាល់ដ៏ល្អបំផុត និងជាប្រធានបទដ៏ល្អបំផុតសម្រាប់ការធ្វើបន្ទាល់អំពីអធិបតេយ្យភាព និងការកំណត់ទុករបស់ព្រះជាម្ចាស់។ រឿងរ៉ាវបែបនេះអាចបង្កើនជំនឿរបស់មនុស្សជាច្រើន ហើយក៏អាចស្អាងចិត្តមនុស្សជាច្រើនផងដែរ! តើអ្នកយល់យ៉ាងណាដែរចំពោះអ្នកដឹកនាំ និងអ្នកធ្វើការដែលធ្វើការតាមរបៀបនេះ? ពួកគេមិនប្រកាន់ខ្ជាប់នឹងបែបបទណាមួយក្នុងការងាររបស់ពួកគេឡើយ។ គ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេសួរសំណួរ សាកសួរ និងប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី ដោយចុះសម្រុងជាមួយពួកគេដោយមិនឆ្មើងឆ្មៃ។ ពួកគេមិនត្រឹមតែមានបន្ទុកនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្មារតីទទួលខុសត្រូវដ៏មុតមាំផងដែរ។ ដោយធ្វើបែបនេះជាប់ជានិច្ច ពួកគេសម្រេចបានលទ្ធផលដោយឯកឯង។ តើរឿងនេះនឹងមិនត្រូវបានព្រះជាម្ចាស់ចងចាំទេឬ? ទាំងនេះគឺជាអំពើល្អ មែនទេ? ចូរប្រាប់ខ្ញុំមក តើវាលំបាកលំបិនទេក្នុងការធ្វើការងារបន្តិចបន្តួចនេះ? តើវាទាមទារឱ្យមានការរងទុក្ខទេ? តើវាទាមទារឱ្យឡើងភ្នំកំពូលស្រួច ឬចុះសមុទ្រភ្លើងទេ? អត់ទេ។ វាមិនពិបាកឡើយ។ វាគ្រាន់តែទាមទារឱ្យអ្នកយកចិត្តទុកដាក់នឹងវាប៉ុណ្ណោះ។ ដោយមានការងារនេះនៅក្នុងចិត្តរបស់អ្នក គ្រប់ទីកន្លែងដែលអ្នកទៅ អ្នកសួរសំណួរ និងសាកសួរថា «តើការងារកំពុងដំណើរការយ៉ាងដូចម្ដេចហើយ? តើមានអត្ថបទទីបន្ទាល់ល្អៗទេក្នុងអំឡុងពេលនេះ? សម្រាប់បងប្អូនប្រុសស្រីដែលមានបទពិសោធន៍ ប៉ុន្តែមិនទាន់បានសរសេរអត្ថបទនៅឡើយ តើអ្នករាល់គ្នាដឹងពីរបៀបណែនាំពួកគេឱ្យរៀបរាប់ពីបទពិសោធន៍របស់ពួកគេដែរឬទេ? តើអ្នកដឹងពីរបៀបជួយពួកគេឱ្យបង្ហាញពីខ្លួនឯង និងណែនាំពួកគេឱ្យសរសេរវាចេញមកដែរឬទេ?» គ្រប់ទីកន្លែងដែលអ្នកទៅ អ្នកត្រូវតែប្រកបគ្នាអំពីបញ្ហានេះជានិច្ច ធ្វើរឿងដែលទាក់ទងនឹងការងារនេះ និងនិយាយពាក្យពេចន៍ដែលទាក់ទងនឹងការងារនេះ។ តើការអនុវត្តតាមរបៀបនេះមិនធ្វើឱ្យការងាររបស់អ្នកដឹកនាំ និងអ្នកធ្វើការកាន់តែសំបូរបែបទេឬអី? តើអាចមានស្ថានភាពដែលអ្នកទំនេរគ្មានការងារធ្វើដែរឬទេ? (អត់ទេ)។ តើអ្នកដឹកនាំ និងអ្នកធ្វើការដែលធ្វើការតាមរបៀបនេះអាចនឿយហត់ ឬស្លាប់ដោយសារការអស់កម្លាំងដែរឬទេ? (អត់ទេ)។ ពួកគេនឹងមិននឿយហត់ ឬស្លាប់ដោយសារការអស់កម្លាំងទេ ការងារនឹងមានលទ្ធផល ហើយវានឹងត្រូវបានព្រះជាម្ចាស់ចងចាំជាមិនខាន។ ប្រសិនបើអ្នកធ្វើការតាមរបៀបនេះ មនុស្សជាច្រើននឹងទទួលបានការស្អាងចិត្ត ហើយបងប្អូនប្រុសស្រីនឹងមានអារម្មណ៍ថា ការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍គឺមានតម្លៃ និងមានអត្ថន័យ។ កាលពីមុន ពួកគេគិតថា បទពិសោធន៍របស់ពួកគេគ្មានតម្លៃ ប៉ុន្តែតាមរយៈការណែនាំរបស់អ្នក ពួកគេបានយល់ពីរបៀបសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍។ ការណ៍នេះក៏មានប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតរបស់ពួកគេផងដែរ។ មានតែនៅពេលដែលអ្នកធ្វើការតាមរបៀបនេះទេ ទើបអ្នកកំពុងបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ និងអ្នកធ្វើការ។
តាមរយៈការប្រកបគ្នាអំពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែត្រួតពិនិត្យការងារ តើអ្នករាល់គ្នាបានរៀនពីរបៀបត្រួតពិនិត្យការងារហើយឬនៅ? ការត្រួតពិនិត្យការងារ មិនមែនជាការរកកំហុស ឬការរិះគន់ដើម្បីចាប់កំហុសនោះទេ ប៉ុន្តែគឺជាការពិនិត្យមើលរបៀបធ្វើការងារ ថាតើការងារនោះត្រូវបានរៀបចំចាត់ចែងហើយឬនៅ មាននរណាម្នាក់ទទួលខុសត្រូវលើការងារនោះដែរឬទេ ការងារនោះកំពុងដំណើរការទៅមុខយ៉ាងដូចម្ដេច មានវឌ្ឍនភាពបែបណាខ្លះ តើវាប្រព្រឹត្តទៅដោយរលូនដែរឬអត់ តើការងារនោះត្រូវបានធ្វើឡើងស្របតាមគោលការណ៍ដែរឬទេ តើវាបង្កើតបានជាលទ្ធផលដែរឬទេ ។ល។ ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែសង្កេត ពិនិត្យមើល និងវាយតម្លៃប្រសិទ្ធភាពនៃការងារ ហើយបន្ទាប់មក ចេញពីចំណុចនេះ ត្រូវស្វែងរកវិធីសាស្រ្តដែលប្រសើរជាង និងសមស្របជាង ដើម្បីអនុវត្តការងារ។ សម្រាប់ការរៀបចំចាត់ចែងការងារមួយ ដូចជាការរៀបចំចាត់ចែងការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ ដរាបណាខាងលើមិនបានបញ្ជាឱ្យបញ្ឈប់វាទេ ការងារនេះត្រូវតែបន្តតាមដាន និងអនុវត្តជានិច្ច ហើយការនេះមានប្រយោជន៍ដល់ ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមួយចំនួនមានអារម្មណ៍ថា មានអត្ថបទទីបន្ទាល់អំពីបទពិសោធន៍គ្រប់គ្រាន់ហើយ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចអានវាអស់ទេ តើការងារនេះអាចបញ្ឈប់បានដែរឬទេ? គឺមិនអាចបញ្ឈប់បានទេ។ អត្ថបទទីបន្ទាល់អំពីបទពិសោធន៍កាន់តែច្រើន គឺកាន់តែល្អ កាន់តែច្រើន គឺកាន់តែបរិបូរណ៍។ នេះគឺជាអ្វីដែលមានប្រយោជន៍បំផុតចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ អ្នកជឿថ្មីថ្មោងមួយចំនួន បន្ទាប់ពីបានអានអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ទាំងនេះរួច នឹងដឹងពីរបៀបពិសោធកិច្ចការរបស់ព្រះជាម្ចាស់។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈពេល និងទទួលបានលទ្ធផល ពួកគេនឹងអាចសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍បានដោយឯកឯង។ មនុស្សមួយចំនួនដែលមានបទពិសោធន៍រាក់កំផែល ក៏អាចទទួលបានការស្អាងចិត្តផងដែរ តាមរយៈការអានអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ដែលស៊ីជម្រៅជាង ហើយពួកគេអាចសម្រេចបាននូវបទពិសោធន៍ដែលកាន់តែស៊ីជម្រៅ និងសរសេរអត្ថបទទីបន្ទាល់ដែលកាន់តែប្រសើរជាងមុន។ ទីបន្ទាល់ទាំងនេះផ្ដល់អត្ថប្រយោជន៍ដល់មនុស្សនៅក្នុងសាសនាផង និងដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ផង។ ហេតុដូច្នេះហើយ ការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ គឺមិនអាចបញ្ឈប់បានជាដាច់ខាត។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបន្តតាមដានការងារនេះ ហើយមិនគួរបញ្ឈប់វាដោយសារតែហេតុផល ឬលេសណាមួយឡើយ។ នេះគឺជាកិច្ចការដ៏សំខាន់មួយនៅក្នុងពួកជំនុំ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែនាំមុខគេក្នុងការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍។ ការអនុវត្តនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់បំផុតថាតើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬទេ។ ប្រសិនបើពួកគេមិនអាចសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍បានទេ នោះពួកគេមិនស្របតាមស្ដង់ដារជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះឡើយ ហើយក៏មិនអាចធ្វើការងារជាក់ស្ដែងបានដែរ។ ពួកគេគួរតែត្រូវបានបណ្ដេញចេញ និងជម្រុះចោល។ បន្ទាប់ពីធ្វើការងារនេះបានល្អហើយ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបន្តទៅសួរសុខទុក្ខពួកជំនុំផ្សេងៗ ដើម្បីសាកសួរអំពីវឌ្ឍនភាពនៃការងារ។ ពួកគេអាចសួរសំណួរ និងស្វែងយល់អំពីការងារនោះថា៖ «បងប្អូនប្រុសស្រីជាច្រើននាក់នៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា ដែលយកចិត្តទុកដាក់ក្នុងការស្វែងរក ពួកគេទាំងអស់សុទ្ធតែមានបទពិសោធន៍ខ្លះហើយ តើពួកគេអាចសរសេរអត្ថបទទីបន្ទាល់ខ្លះបានដែរឬទេ?» ពួកគេក៏គួរតែសួរអ្នកដែលទើបតែទទួលយកផ្លូវពិតអំពីរបៀបដែលពួកគេបានស្រាវជ្រាវ និងឈានមកដល់ការទទួលយកផ្លូវពិតនេះ ហើយថាតើពួកគេអាចសរសេរអំពីចំណាប់អារម្មណ៍របស់ខ្លួនទាក់ទងនឹងរឿងនេះបានដែរឬទេ។ អ្នកដឹកនាំ និងអ្នកធ្វើការ មិនត្រឹមតែត្រូវបន្តសាកសួរ ស្វែងយល់ តាមដាន និងអនុវត្តការងារនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវត្រួតពិនិត្យមើលថាតើការអនុវត្តនោះប្រព្រឹត្តទៅបានល្អប៉ុនណាផងដែរ៖ «ក្នុងអំឡុងពេលនេះ តើអ្នករាល់គ្នាបានចាត់ចែងមនុស្សឱ្យធ្វើការងារនេះហើយឬនៅ? តើមានអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ប៉ុន្មានដែលត្រូវបានសរសេរ? តើមានប៉ុន្មានដែលស្របតាមស្ដង់ដារ? តើអត្រានៃអត្ថបទដែលស្របតាមស្ដង់ដារមានប៉ុន្មានភាគរយ?» អ្នកមើលការខុសត្រូវឆ្លើយតបថា៖ «បន្ទាប់ពីការប្រកបគ្នាលើកចុងក្រោយ អត្ថបទទីបន្ទាល់អំពីបទពិសោធន៍មួយចំនួនត្រូវបានសរសេររួចហើយនៅក្នុងពួកជំនុំរបស់យើង ហើយអត្ថបទដែលស្របតាមស្ដង់ដារមួយចំនួនត្រូវបានដាក់ស្នើ។ យើងបានបន្តធ្វើការងារនេះរហូតមក»។ នេះគឺល្អហើយ នេះមានន័យថាអ្នកបានបំពេញភារកិច្ចនេះបានត្រឹមត្រូវហើយ។ ដោយគិតពីចំណុចនេះ តើមានទំនាក់ទំនងដោយផ្ទាល់រវាងការដែលពួកជំនុំអាចបង្កើតបានអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ពិតប្រាកដ និងតួនាទីរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? ម្យ៉ាង អ្នកត្រូវតែបន្តប្រកបគ្នាអំពីទិដ្ឋភាពនៃការងារនេះ ម្យ៉ាងទៀត អ្នកត្រូវតែដឹកនាំដោយធ្វើជាគំរូ ដោយបន្តសាកសួរអំពីការងារ ហើយក៏ចូលរួម និងតាមដានការងារផងដែរ។ បន្ទាប់ពីតាមដានបានមួយរយៈពេល រួចចាកចេញពីពួកជំនុំនេះ អ្នកគួរតែត្រឡប់មកវិញនៅពេលក្រោយ ដើម្បីត្រួតពិនិត្យការអនុវត្ត។ តើនេះមិនមែនជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើទេឬ? នេះគឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។
ចំពោះរាល់ការរៀបចំចាត់ចែងការងារដែលចេញដោយដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់។ អ្នកគួរតែប្រើប្រាស់ការរៀបចំចាត់ចែងការងារឱ្យបានញឹកញាប់ ដើម្បីប្រៀបធៀប និងត្រួតពិនិត្យរាល់ការងារទាំងអស់ដែលអ្នកបានធ្វើ។ អ្នកក៏គួរតែពិនិត្យពិច័យ និងឆ្លុះបញ្ចាំងអំពីកិច្ចការណាខ្លះដែលអ្នកធ្វើមិនបានល្អ ឬអនុវត្តបានត្រឹមត្រូវក្នុងអំឡុងពេលនេះផងដែរ។ ចំពោះកិច្ចការណាមួយដែលបានចាត់តាំង និងតម្រូវដោយការរៀបចំចាត់ចែងការងារ ដែលត្រូវបានគេមិនអើពើ អ្នកគួរតែបំពេញបន្ថែម និងសាកសួរអំពីវាជាបន្ទាន់។ ប្រសិនបើអ្នករវល់នឹងកិច្ចការជាក់លាក់ណាមួយ ហើយមិនអាចដកខ្លួនបាន អ្នកអាចប្រគល់ឱ្យអ្នកដទៃត្រួតពិនិត្យ និងតាមដានការងារដែលមិនទាន់ធ្វើបានល្អ។ បន្ទាប់ពីបានចាត់តាំង និងរៀបចំការងាររួច កុំគ្រាន់តែចេញបញ្ជា ហើយគិតថាកិច្ចការនោះបានសម្រេច ហើយបន្ទាប់មកឈរនៅស្ងៀមនោះឡើយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកទទួលខុសត្រូវលើការងារទាំងអស់ មិនមែនត្រឹមតែកិច្ចការតែមួយមុខនោះទេ។ ប្រសិនបើអ្នកឃើញថាកិច្ចការណាមួយមានសារៈសំខាន់ខ្លាំង អ្នកអាចមើលការខុសត្រូវលើកិច្ចការនោះបាន ប៉ុន្តែអ្នកក៏ត្រូវតែឆ្លៀតពេលដើម្បីត្រួតពិនិត្យ ណែនាំ និងតាមដានកិច្ចការផ្សេងទៀតផងដែរ។ ប្រសិនបើអ្នកគ្រាន់តែពេញចិត្តនឹងការធ្វើកិច្ចការតែមួយបានល្អ ហើយបន្ទាប់មកចាត់ទុកថាការងារបានចប់សព្វគ្រប់ រួចប្រគល់កិច្ចការផ្សេងទៀតឱ្យអ្នកដទៃ ដោយមិនខ្វល់ខ្វាយ ឬសាកសួរពីវា នេះគឺជាអាកប្បកិរិយាដែលគ្មានការទទួលខុសត្រូវ និងជាការធ្វេសប្រហែសនឹងការទទួលខុសត្រូវហើយ។ ប្រសិនបើអ្នកជាអ្នកដឹកនាំ មិនថាអ្នកទទួលខុសត្រូវលើកិច្ចការប៉ុន្មាននោះទេ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការសួរសំណួរ និងសាកសួរអំពីកិច្ចការទាំងនោះជានិច្ច ក្នុងពេលជាមួយគ្នានោះ ក៏ត្រូវត្រួតពិនិត្យ និងដោះស្រាយបញ្ហាជាបន្ទាន់នៅពេលដែលវាកើតឡើងផងដែរ។ នេះគឺជាការងាររបស់អ្នក។ ដូច្នេះហើយ មិនថាអ្នកជាអ្នកដឹកនាំតំបន់ អ្នកដឹកនាំស្រុក អ្នកដឹកនាំពួកជំនុំ ឬប្រធានក្រុម ឬអ្នកមើលការខុសត្រូវណាមួយនោះទេ នៅពេលដែលអ្នកបានដឹងពីវិសាលភាពនៃការទទួលខុសត្រូវរបស់អ្នកហើយ អ្នកត្រូវតែពិនិត្យពិច័យឱ្យបានញឹកញាប់ ថាតើអ្នកកំពុងធ្វើការងារពិតប្រាកដដែរឬទេ ថាតើអ្នកបានបំពេញការទទួលខុសត្រូវដែលគួរតែត្រូវបានបំពេញដោយអ្នកដឹកនាំ ឬអ្នកធ្វើការដែរឬទេ ព្រមទាំងកិច្ចការណាខ្លះក្នុងចំណោមកិច្ចការជាច្រើនដែលបានប្រគល់ឱ្យអ្នក ដែលអ្នកមិនបានធ្វើ កិច្ចការណាដែលអ្នកមិនចង់ធ្វើ កិច្ចការណាដែលបង្កើតបានលទ្ធផលមិនល្អ និងកិច្ចការណាដែលអ្នកមិនបានយល់ច្បាស់ពីគោលការណ៍របស់វា។ ទាំងនេះគឺជាអ្វីៗទាំងអស់ដែលអ្នកគួរតែពិនិត្យពិច័យឱ្យបានញឹកញាប់។ ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែរៀនប្រកបគ្នា និងសួរសំណួរទៅកាន់អ្នកដទៃ ហើយត្រូវតែរៀនពីរបៀបកំណត់ឱ្យឃើញ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅក្នុងការរៀបចំចាត់ចែងការងារនូវផែនការ គោលការណ៍ និងមាគ៌ាសម្រាប់ការអនុវត្ត។ ចំពោះការរៀបចំចាត់ចែងការងារណាមួយ មិនថាវាទាក់ទងនឹងរដ្ឋបាល បុគ្គលិក ឬជីវិតពួកជំនុំ ឬក៏ការងារជំនាញប្រភេទណាមួយនោះទេ ប្រសិនបើវាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ នោះវាគឺជាការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ ហើយស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវទទួលខុសត្រូវ ពោលគឺទាំងនេះជាកិច្ចការដែលអ្នកគួរតែយកចិត្តទុកដាក់។ តាមធម្មតា អាទិភាពគួរតែត្រូវបានកំណត់ដោយផ្អែកលើស្ថានភាព។ មិនត្រូវឱ្យការងារណាមួយយឺតយ៉ាវឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះនិយាយថា៖ «ខ្ញុំគ្មានក្បាលបីដៃប្រាំមួយឡើយ។ នៅក្នុងការរៀបចំចាត់ចែងការងារមានកិច្ចការច្រើនណាស់។ ប្រសិនបើគេដាក់ឱ្យខ្ញុំទទួលខុសត្រូវលើកិច្ចការទាំងអស់នេះ ខ្ញុំពិតជាមិនអាចគ្រប់គ្រងបានទេ»។ ប្រសិនបើមានកិច្ចការខ្លះដែលអ្នកមិនអាចចូលរួមដោយផ្ទាល់បាន ដូច្នេះ តើអ្នកបានចាត់ចែងឱ្យអ្នកផ្សេងធ្វើកិច្ចការទាំងនោះហើយឬនៅ? បន្ទាប់ពីធ្វើការចាត់ចែងនេះរួច តើអ្នកបានតាមដាន និងសាកសួរដែរឬទេ? តើអ្នកបានត្រួតពិនិត្យការងាររបស់ពួកគេដែរឬទេ? ប្រាកដណាស់ អ្នកមានពេលដើម្បីសាកសួរ និងធ្វើការត្រួតពិនិត្យ មិនអ៊ីចឹង? អ្នកពិតជាមានពេលមែន! អ្នកដឹកនាំ និងអ្នកធ្វើការខ្លះនិយាយថា៖ «ខ្ញុំអាចធ្វើការងារបានតែមួយមុខប៉ុណ្ណោះក្នុងពេលតែមួយ។ ប្រសិនបើអ្នកសុំឱ្យខ្ញុំធ្វើការត្រួតពិនិត្យ ខ្ញុំអាចត្រួតពិនិត្យបានតែកិច្ចការមួយក្នុងពេលតែមួយប៉ុណ្ណោះ លើសពីនេះគឺមិនអាចទៅរួចទេ»។ ប្រសិនបើដូច្នោះមែន អ្នកគឺជាមនុស្សអត់បានការ គុណសម្បត្តិរបស់អ្នកគឺអន់ខ្លាំងណាស់ អ្នកគ្មានសមត្ថភាពការងារទេ អ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះឡើយ ហើយអ្នកគួរតែចុះចេញពីតំណែងទៅ។ ចូរគ្រាន់តែធ្វើការងារណាដែលត្រូវនឹងអ្នកចុះ កុំបង្កឱ្យមានការពន្យារពេលដល់ការងាររបស់ពួកជំនុំ និងការលូតលាស់ជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយសារតែគុណសម្បត្តិរបស់អ្នកក្នុងការបំពេញការងារអន់ពេកនោះឡើយ។ ប្រសិនបើអ្នកខ្វះវិចារណញ្ញាណនេះ អ្នកគឺជាមនុស្សអាត្មានិយម និងថោកទាប។ ប្រសិនបើអ្នកមានគុណសម្បត្តិធម្មតា ប៉ុន្តែចេះគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ អ្នកសុខចិត្តហ្វឹកហាត់ ហើយអ្នកមានអារម្មណ៍មិនប្រាកដថាអ្នកអាចធ្វើការងារបានល្អ នោះអ្នកគួរតែស្វែងរកមនុស្សពីរនាក់ដែលមានគុណសម្បត្តិល្អ ដើម្បីសហការការងារជាមួយអ្នក។ នេះគឺជាវិធីសាស្រ្តដ៏ល្អមួយ ហើយរាប់ថាជាការមានវិចារណញ្ញាណ។ ប្រសិនបើគុណសម្បត្តិរបស់អ្នកអន់ពេក ហើយអ្នកពិតជាគ្មានសមត្ថភាពក្នុងការទទួលបន្ទុកការងារនេះ ប៉ុន្តែនៅតែចង់បន្តកាន់តំណែងនេះ ហើយរីករាយនឹងផលប្រយោជន៍របស់វា នោះអ្នកគឺជាមនុស្សអាត្មានិយម និងថោកទាប។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ ពោលគឺនេះជារឿងសំខាន់បំផុត។ បើសូម្បីតែភាពជាមនុស្សនេះក៏គ្មានផង ច្បាស់ណាស់ ពួកគេមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានឡើយ ហើយទោះបីជាពួកគេធ្វើការងារបន្តិចបន្តួចក៏ដោយ ក៏ពួកគេនឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយ ដែលមានតែបង្កផលខូចខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងធ្វើឱ្យការងាររបស់ពួកជំនុំប្រឈមនឹងគ្រោះថ្នាក់ប៉ុណ្ណោះ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ប្រាកដណាស់ ពួកគេមិនត្រូវផ្ដាច់ការ ហើយរ៉ាប់រងការងារគ្រប់យ៉ាងតែម្នាក់ឯងនោះឡើយ ដែលការនេះនៅទីបំផុតនឹងនាំឱ្យបំពេញការងារមិនបានល្អ ហើយពន្យារពេលការងារទាំងអស់របស់ពួកជំនុំ ព្រមទាំងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ តើនោះមិនមែនជាអំពើរំលងដ៏ធំទេឬ? ហេតុដូច្នេះហើយ មនុស្សដែលមានគុណសម្បត្តិអន់ពេក ប្រាកដណាស់ មិនអាចធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការបានទេ។ អស់អ្នកដែលខ្វះដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងមិនអាចគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ក៏រឹតតែមិនអាចធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការបានដែរ ពោលគឺមិនអាចដាក់ឱ្យពួកគេទទួលខុសត្រូវលើកិច្ចការណាមួយបានឡើយ។ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ ការស្គាល់ខ្លួនឯងគឺជារឿងសំខាន់។ ប្រសិនបើអ្នកមិនអាចធ្វើការងារពិតប្រាកដបានទេ ប៉ុន្តែនៅតែចង់រ៉ាប់រងការងារគ្រប់យ៉ាងតែម្នាក់ឯងទៀត ហើយស្រឡាញ់ការរីករាយនឹងផលប្រយោជន៍នៃឋានៈ នេះគឺជានិយមន័យពិតប្រាកដនៃអ្នកដឹកនាំក្លែងក្លាយ ហើយអ្នកគួរតែត្រូវបានបណ្ដេញចេញ និងជម្រុះចោល។
បន្ទាប់ពីបានប្រកបគ្នាអំពីការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ ទាក់ទងនឹងការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់រួច តើឥឡូវនេះអ្នករាល់គ្នាមានមាគ៌ាអំពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រព្រឹត្ត និងអនុវត្តការរៀបចំចាត់ចែងការងារហើយឬនៅ? (មានហើយ។) តើមានការលំបាកអ្វីខ្លះដែរទេ? ក្នុងចំណោមកិច្ចការផ្សេងៗដែលបានគូសបញ្ជាក់នៅក្នុងការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលយើងបានប្រកបគ្នា មនុស្សមួយចំនួនអាចផ្ដោតតែលើទិដ្ឋភាពមួយ ឬពីរប៉ុណ្ណោះ ក្នុងពេលដែលអ្នកផ្សេងទៀត សូម្បីតែទិដ្ឋភាពមួយ ឬពីរ ក៏មិនអាចសម្រេចបានផង។ ចំពោះអ្នកដឹកនាំ និងអ្នកធ្វើការដែលអាចផ្ដោតលើទិដ្ឋភាពមួយ ឬពីរនៃការងារ ប្រសិនបើពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ ហើយក៏អាចរៀនតាមដានទិដ្ឋភាពផ្សេងទៀតនៃការងារបានដែរ នោះពួកគេជាទូទៅគឺស្របតាមស្ដង់ដារហើយ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេនៅត្រឹមតែកម្រិតនៃការអធិប្បាយគោលលទ្ធិ និងការរៀបចំការប្រជុំ ប៉ុន្តែមិនអាចធ្វើការងារជាក់លាក់បានទេ ហើយនៅពេលដែលត្រូវបានស្នើសុំឱ្យចូលរួមក្នុងការត្រួតពិនិត្យ និងតាមដានកិច្ចការជាក់លាក់ ពួកគេបែរជាមានការព្រួយបារម្ភ គ្មានផែនការ គ្មានជំហាន ឬមាគ៌ាអនុវត្ត មិនដឹងថាត្រូវធ្វើអ្វី នេះបង្ហាញពីគុណសម្បត្តិអន់ខ្សោយហើយ។ តើមនុស្សដែលមានគុណសម្បត្តិអន់ខ្សោយអាចអនុវត្តការរៀបចំចាត់ចែងការងារបានដែរឬទេ? (អត់ទេ)។ អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះគឺមិនស្របតាមស្ដង់ដារឡើយ។ តើអ្នករាល់គ្នាគួរតែដោះស្រាយជាមួយអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះដោយរបៀបណា? ចូរប្រាប់ពួកគេថា៖ «ការរៀបចំចាត់ចែងការងារត្រូវបានចេញរួចហើយ ហើយយើងមានការយល់ដឹងច្បាស់លាស់អំពីកិច្ចការដែលត្រូវធ្វើ និងគោលការណ៍ដែលត្រូវប្រកាន់ខ្ជាប់ ប៉ុន្តែអ្នកមិនដឹងថាត្រូវធ្វើអ្វី ហើយគ្មានមាគ៌ាអនុវត្តតាមនោះទេ។ ហើយអ្នកនៅតែថ្លើមធំប្រកបគ្នា និងអធិប្បាយដល់យើងទៀត។ អ្នកគួរតែចុះចេញពីតំណែងភ្លាមទៅ! អ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះទេ អ្នកមិនអាចបំពេញការទទួលខុសត្រូវនេះបានឡើយ។ ឆាប់ប្រគល់វាទៅឱ្យអ្នកដែលមានសមត្ថភាពភ្លាមទៅ! ឈប់ស្រែកពាក្យស្លោកនៅទីនេះទៀតទៅ គ្មាននរណាចង់ស្ដាប់ទេ!» តើនេះជាវិធីដោះស្រាយដែលសមរម្យដែរឬទេ? (មែនហើយ។) ប្រសិនបើអ្នកមិនអាចធ្វើការងារបានទេ តើការស្រែកពាក្យស្លោកដោយងងឹតងងល់មានប្រយោជន៍អ្វីទៅ! គ្រប់គ្នាអាចអានពាក្យពេចន៍នៅក្នុងការរៀបចំចាត់ចែងការងារបាន គ្រប់គ្នាអាចនិយាយពីគោលលទ្ធិបាន ពោលគឺគ្រប់យ៉ាងអាស្រ័យលើរបៀបដែលអ្នកធ្វើវាជាក់ស្ដែងប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចធ្វើវាបានទេ នោះអ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះឡើយ។ គ្មានកិច្ចការណាដែលងាយស្រួលដូចមួយបូកមួយស្មើនឹងពីរនោះទេ។ រាល់កិច្ចការទាំងអស់តម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការរៀបចំផែនការអនុវត្តជាក់លាក់នៅក្នុងវិសាលភាពនៃគោលការណ៍ ដោយផ្អែកលើស្ថានភាពជាក់លាក់។ ក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវតែចេះមើលការខុសត្រូវ ត្រួតពិនិត្យ និងតាមដាន រហូតដល់ការងារត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ បំពេញបានយ៉ាងពេញលេញនូវសេចក្តីតម្រូវនៃការរៀបចំចាត់ចែងការងារ ទទួលបានផលផ្លែ និងបង្កើតបានជាលទ្ធផល។ មានតែបែបនេះទេ ទើបពួកគេបានបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយមានតែបែបនេះទេ ទើបពួកគេស្របតាមស្ដង់ដារជាអ្នកដឹកនាំ និងអ្នកធ្វើការ។
ឥរិយាបថ និងការសម្ដែងចេញរបស់អ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងការរៀបចំចាត់ចែងការងារ
យើងទើបតែបានប្រកបគ្នាអំពីអ្វីដែលជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ទាក់ទងនឹងការរៀបចំចាត់ចែងការងារ។ បន្ទាប់មក យើងនឹងប្រកបគ្នាអំពីការសម្ដែងចេញអ្វីខ្លះដែលអ្នកដឹកនាំក្លែងក្លាយមាន។ នៅក្នុងចំណោមអ្នកដឹកនាំក្លែងក្លាយដែលអ្នករាល់គ្នាបានជួបប្រទះ តើពួកគេមានឥរិយាបថបែបណាចំពោះការរៀបចំចាត់ចែងការងារ? តើពួកគេបង្ហាញនូវសកម្មភាព និងការសម្ដែងចេញអ្វីខ្លះ? ជានិច្ចកាល តាមរយៈពាក្យពេចន៍នៃការរៀបចំចាត់ចែងការងារ អ្នកដឹកនាំក្លែងក្លាយយល់ដឹងពីអ្វីដែលគួរធ្វើ យល់ដឹងពីសេចក្ដីតម្រូវជាក់លាក់របស់ខាងលើ និងអ្វីដែលជាគម្រោងការងារជាក់លាក់ ប៉ុន្តែពួកគេមានការយល់ដឹងត្រឹមជាគោលលទ្ធិប៉ុណ្ណោះ។ ពួកគេនៅតែមិនយល់ ឬយល់ឃើញឱ្យបានដិតដល់នូវគោលការណ៍ បទដ្ឋាន និងមាគ៌ានៃការអនុវត្តជាក់លាក់សម្រាប់ការអនុវត្តការរៀបចំចាត់ចែងការងារនោះទេ។ បន្ទាប់ពីទទួលបានការរៀបចំចាត់ចែងការងាររួច ពួកគេក៏ធ្វើការបែបបង្គ្រប់កិច្ច ដោយប្រកបគ្នាអំពីរបៀបធ្វើការងារ របៀបចេញ និងអនុវត្តតាមការរៀបចំចាត់ចែងការងារ។ ក៏ប៉ុន្តែ មិនថាពួកគេប្រកបគ្នាច្រើនប៉ុនណាទេ វាគ្រាន់តែជាការយល់ដឹងតាមន័យត្រង់ និងតាមគោលលទ្ធិចំពោះការរៀបចំចាត់ចែងការងារប៉ុណ្ណោះ។ ចំណែកឯរបៀបអនុវត្តការរៀបចំចាត់ចែងការងារឱ្យបានជាក់លាក់ និងលទ្ធផលអ្វីខ្លះដែលអាចសម្រេចបាន ព្រមទាំងថាតើការអនុវត្តនឹងមានប្រសិទ្ធភាពយ៉ាងណា ប្រសិនបើពួកគេជ្រើសរើសមនុស្សមួយចំនួនដើម្បីធ្វើការងារ ឬជ្រើសរើសផែនការណាមួយដើម្បីអនុវត្ត ឬថាតើគោលដៅ និងលទ្ធផលដែលតម្រូវដោយការរៀបចំចាត់ចែងការងារអាចសម្រេចបានឬអត់ ពួកគេមិនដឹង និងមិនច្បាស់អំពីទិដ្ឋភាពទាំងនេះឡើយ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយអនុវត្តការរៀបចំចាត់ចែងការងារ ជានិច្ចកាល ពួកគេគ្រាន់តែរៀបចំការប្រជុំដើម្បីអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ចាត់ចែងការងារ រៀបរាប់ពីសេចក្ដីតម្រូវមួយចំនួនរបស់ព្រះជាម្ចាស់ រួចហើយឱ្យមនុស្សគ្រប់គ្នាបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេចាត់ទុកការនេះថាជាការបំពេញការងាររបស់ខ្លួន។ ពួកគេជឿជាក់ថា ឱ្យតែពួកគេបានចាត់ចែងការងារ ចាត់តាំងនរណាម្នាក់ឱ្យទទួលខុសត្រូវ និងបានរៀបរាប់ពីលទ្ធផលដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ នោះពួកគេបានបំពេញការទទួលខុសត្រូវរបស់ខ្លួនហើយ។ បន្ទាប់មក ពួកគេមានអារម្មណ៍ធូរស្រាលទាំងស្រុង ហាក់ដូចជាការងារនោះបានសម្រេចហើយ។ ពួកគេមិនដឹងទាល់តែសោះថា ពេលណាត្រូវត្រួតពិនិត្យការងារ ថាមានបញ្ហា និងការលំបាកអ្វីខ្លះដែលអាចកើតឡើង ហើយថាមានបញ្ហាណាខ្លះដែលថ្នាក់ក្រោមរបស់ពួកគេអាចដោះស្រាយ និងមិនអាចដោះស្រាយបានឡើយ។ ពួកគេក៏មិនដឹងដែរថា មានកិច្ចការសំខាន់ៗណាខ្លះដែលពួកគេត្រូវតាមដាន និងផ្ដល់ការណែនាំនោះឡើយ។ ឧទាហរណ៍ ជំហានសំខាន់ៗដូចជាការមើលការខុសត្រូវ ការជំរុញ និងការត្រួតពិនិត្យ មិនដែលមានក្នុងគំនិតរបស់អ្នកដឹកនាំក្លែងក្លាយឡើយ។ អ្នកដឹកនាំក្លែងក្លាយដែលគ្រាន់បើជាងនេះបន្តិច ដែលមានសតិសម្បជញ្ញៈខ្លះ ហើយមិនចង់ស៊ីចុកដោយឥតគិតថ្លៃ ជឿថាពួកគេគួរតែធ្វើការងារខ្លះ។ ពួកគេនឹងទៅសួរសុខទុក្ខពួកជំនុំ ហើយសួរបងប្អូនប្រុសស្រីថាតើពួកគេមានបញ្ហាអ្វីដែរឬទេ។ បុគ្គលម្នាក់ប្រាប់ពួកគេថា៖ «បងប្អូនប្រុសស្រីយើងមានទំនាស់ជារឿយៗ នៅពេលដែលយើងជុំគ្នា។ នៅពេលដែលយើងមានគំនិតខុសគ្នា យើងឈ្លោះប្រកែកគ្នាមិនចេះចប់ ហើយបង្ហាញនូវភាពឆេវឆាវ»។ អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «រឿងនេះងាយស្រួលដោះស្រាយទេ» រួចហើយក៏រៀបចំការជួបជុំមួយ ដែលពួកគេប្រកបគ្នាថា៖ «មនុស្សគួរតែរៀនពីការអត់ធ្មត់ និងការអត់ធន់។ មនុស្សគួរតែរៀនបន្ទាបខ្លួន មិនត្រូវក្រអឺតក្រទម និងរៀនពីការចុះចូល។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នរណាក៏ដោយដែលបញ្ចេញនូវនិស្ស័យពុករលួយ គួរតែឆ្លុះបញ្ចាំងពីខ្លួនឯង និងទទួលយកការលួសកាត់ មិនមែនរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួននោះទេ»។ បន្ទាប់ពីពួកគេបានប្រកបគ្នាអំពីគោលលទ្ធិទាំងនេះរួច ពួកគេក៏និយាយថា៖ «អ្នករាល់គ្នាអាចដោះស្រាយបញ្ហាដែលនៅសេសសល់ដោយខ្លួនឯងបាន។ ខ្ញុំមិនសូវជំនាញខាងបញ្ហាបច្ចេកទេសទេ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានរៀបចំការប្រជុំនេះសម្រាប់អ្នករាល់គ្នារួចហើយ។ អ្នករាល់គ្នាគ្រាន់តែធ្វើការងារតាមដែលអ្នកគិតថាសមរម្យចុះ។ ចំណុចគន្លឹះ និងសំខាន់គឺត្រូវស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយមិនត្រូវប្រកាន់ខ្ជាប់នូវគំនិតផ្ទាល់ខ្លួនរបស់អ្នកឡើយ»។ បន្ទាប់ពីបានស្ដាប់រួច មនុស្សក៏រិះគិត ហើយនិយាយថា៖ «បញ្ហារបស់យើងមិនត្រឹមតែជាការបើកសម្ដែងនូវសេចក្ដីពុករលួយ ភាពឆេវឆាវ និងបំណងប្រាថ្នាអាត្មានិយមនោះទេ ប៉ុន្តែក៏ដោយសារតែយើងមិនប្រាកដ និងមិនច្បាស់លាស់អំពីបញ្ហាបច្ចេកទេសមួយចំនួន ហើយមិនដឹងពីរបៀបប្រព្រឹត្តឱ្យស្របតាមគោលការណ៍ផងដែរ។ បញ្ហានេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ!» អ្នកដឹកនាំក្លែងក្លាយឆ្លើយតបថា៖ «ចូរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនទៅ។ នៅពេលដែលនិស្ស័យពុករលួយដែលអ្នកបើកសម្ដែងត្រូវបានដោះស្រាយហើយ បញ្ហាទាំងនេះក៏នឹងត្រូវបានដោះស្រាយផងដែរ»។ ការងារដែលអ្នកដឹកនាំក្លែងក្លាយជំនាញបំផុត គឺជាការអធិប្បាយគោលលទ្ធិ និងការស្រែកពាក្យស្លោក។ ពួកគេមិនបានប្រមើលមើលពីបញ្ហាដែលកើតឡើងជាញឹកញាប់ដែលអាចកើតមាននៅក្នុងការងារនោះទេ។ នៅពេលដែលមាននរណាម្នាក់លើកឡើងពីបញ្ហាណាមួយ ពួកគេមានដំណោះស្រាយតែមួយគត់ គឺពន្យល់ដោយប្រើពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ បន្ទាប់មកផ្ដល់ការដាស់តឿន ឬដំបូន្មានខ្លះៗ ហើយចាត់ទុកថាវាចប់ហើយ។ ពួកគេមិនអាចបង្កើតផែនការជាក់លាក់ណាមួយបានទេ ហើយក៏មិនអាចផ្ដល់ការណែនាំ និងជំនួយដែលត្រឹមត្រូវនោះដែរ។ តើការងាររបស់អ្នកដឹកនាំក្លែងក្លាយមិនសាមញ្ញ និងងាយស្រួលទេឬ? មិនថាពួកគេទៅទីណាទេ ពួកគេគ្រាន់តែអធិប្បាយ ដោយផ្ដោតជាចម្បងលើការនិយាយគោលលទ្ធិ និងការស្រែកពាក្យស្លោកប៉ុណ្ណោះ។ ស្ថានភាពនេះគឺជារឿងធម្មតាណាស់ក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការ តើមែនទេ? ពួកគេមិនអាចអនុវត្តការងារជាក់លាក់បានទេ ហើយមិនដឹងពីរបៀបចាត់ចែង អនុវត្ត ឬតាមដានការរៀបចំចាត់ចែងការងារដែលត្រូវបានចេញនោះឡើយ។ ពួកគេមិនដឹងថាការទទួលខុសត្រូវលើការងាររបស់ពួកគេគឺជាអ្វី ឬកិច្ចការអ្វីខ្លះដែលពួកគេគួរតែបំពេញនោះទេ។ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើការងារជាក់លាក់ ពួកគេគ្រាន់តែស្រែកពាក្យស្លោកប៉ុណ្ណោះ។ នៅពេលដែលមាននរណាម្នាក់លើកឡើងពីបញ្ហាណាមួយ ពួកគេឆ្លៀតឱកាសនោះដើម្បីចាប់ផ្ដើមអធិប្បាយ។ ប្រសិនបើមានបញ្ហាសំខាន់ណាមួយត្រូវបានលើកឡើង ដែលពួកគេមិនអាចដោះស្រាយបាន ពួកគេក៏ងាកទៅរកការលួសកាត់ និងការស្ដីបន្ទោសមនុស្ស។ ពួកគេគ្មានដំណោះស្រាយផ្សេងទៀតទេ ហើយមិនអាចដោះស្រាយបញ្ហា និងសេចក្ដីវៀចវេរដែលកើតឡើងនៅក្នុងការងារបានទាល់តែសោះ។ នេះគឺជាលក្ខណៈចម្បងមួយរបស់អ្នកដឹកនាំក្លែងក្លាយ។ ក៏មានអ្នកដឹកនាំក្លែងក្លាយផងដែរ ដែលត្រូវបានស្នើសុំឱ្យអនុវត្តការរៀបចំចាត់ចែងការងារមួយ ហើយត្រួតពិនិត្យមើលថាមានការលំបាកអ្វីខ្លះកើតឡើងនៅពេលដែលការងារកំពុងត្រូវបានអនុវត្ត ប្រសិនបើពួកគេអាចដោះស្រាយការលំបាកទាំងនោះបាន ពួកគេគួរតែដោះស្រាយជាបន្ទាន់។ ប្រសិនបើមិនអាចដោះស្រាយបានទេ ពួកគេអាចប្រមូលសំណួរមួយចំនួន ហើយស្វែងរកដំណោះស្រាយពីថ្នាក់លើ ហើយខាងលើនឹងដោះស្រាយបញ្ហាទាំងនោះ។ ប៉ុន្តែអ្វីដែលកើតឡើងនោះគឺថា នៅពេលដែលពួកគេចុះទៅដល់ទីកន្លែងដើម្បីចូលរួមក្នុងការងារនេះ ពួកគេកោះប្រជុំមនុស្សគ្រប់គ្នាពេញមួយថ្ងៃ ហើយក្រៅពីរកឃើញថាអ្នកណាមានទំនាស់ជាមួយអ្នកណា អ្នកណាតែងតែឈ្លោះប្រកែកជាមួយអ្នកណា អ្នកណាមានភាពជាមនុស្សអន់ខ្លាំង អ្នកណាមានការយល់ដឹងខុសឆ្គង អ្នកណាដែលក្រអឺតក្រទម ហើយតែងតែប្រកាន់ខ្ជាប់នូវគំនិតផ្ទាល់ខ្លួន អ្នកណាដែលលោភលន់ខាងការស៊ីចុក ហើយខ្ជិលច្រអូស អ្នកណាដែលស្រដៀងនឹងអ្នកមិនជឿ និងអ្នកណាជាមនុស្សអាក្រក់ ពួកគេមិនអាចកំណត់នូវបញ្ហា ឬការលំបាកណាមួយដែលកើតឡើងក្នុងការអនុវត្តការងារនោះទេ ហើយក៏មិនអាចមើលឃើញបញ្ហាទាំងនេះនោះដែរ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះអាចបំពេញការងាររបស់ពួកគេបានដែរឬទេ? (អត់ទេ)។ តើបញ្ហាស្ថិតនៅត្រង់ណា? (គុណសម្បត្តិរបស់ពួកគេអន់ពេក ពួកគេគ្មានសមត្ថភាពឈ្វេងយល់ ហើយមិនអាចកំណត់បញ្ហាបានទេ។) តើមានអ្នកដឹកនាំបែបនេះប៉ុន្មាននាក់នៅជុំវិញអ្នករាល់គ្នា? តើអ្នកដឹកនាំរបស់អ្នករាល់គ្នាអាចកំណត់បញ្ហាបានដែរឬទេ? ប្រសិនបើការរៀបចំចាត់ចែងការងារមួយត្រូវបានចេញ ហើយអ្នកដឹកនាំ និងអ្នកធ្វើការគ្រាន់តែស្រែកពាក្យស្លោក និងអធិប្បាយ ដោយគ្មានផែនការ ឬជំហានជាក់លាក់ណាមួយដើម្បីអនុវត្តការរៀបចំចាត់ចែងការងារនោះ ទាំងមិនដឹងពីរបៀបធ្វើការងារទេ ការងារនោះមិនអាចត្រូវអនុវត្តបានឡើយ។ តាមជាក់ស្ដែង វាត្រូវបានចាត់ទុកជាមោឃៈ។ គន្លឹះនៃថាតើការរៀបចំចាត់ចែងការងារមួយត្រូវបានអនុវត្តល្អប៉ុនណានៅក្នុងពួកជំនុំ និងមានប្រសិទ្ធភាពប៉ុនណា នោះគឺស្ថិតនៅលើថាតើអ្នកដឹកនាំ និងអ្នកធ្វើការអាចធ្វើការងារពិតប្រាកដបានដែរឬអត់។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមានគុណសម្បត្តិល្អ មានសមត្ថភាពការងារ និងភក្ដីភាព នោះការរៀបចំចាត់ចែងការងារនឹងត្រូវបានអនុវត្តបានយ៉ាងល្អ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមានគុណសម្បត្តិអន់ខ្សោយ ធ្វើការបែបបង្គ្រប់កិច្ច និងខ្វះសមត្ថភាពការងារ នោះទោះបីជាពួកជំនុំមានអ្នកដែលមានទេពកោសល្យនៅក្នុងផ្នែកនៃការងារនោះ ឬទោះបីជាបងប្អូនប្រុសស្រីមានឆន្ទៈក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចអនុវត្តការរៀបចំចាត់ចែងការងារនោះបានទេ រឹតតែមិនសម្រេចលទ្ធផលណាមួយបាននោះដែរ។
ការងាររបស់អ្នកដឹកនាំក្លែងក្លាយ ត្រូវបានកម្រិតត្រឹមអ្វីដែលមនុស្សអាចមើលឃើញពីសំបកក្រៅប៉ុណ្ណោះ។ ទោះបីជានៅពេលដែលពួកគេអនុវត្តការរៀបចំចាត់ចែងការងារក៏ដោយ ក៏វាគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយគ្មានការតាមដាន ឬការត្រួតពិនិត្យណាមួយជាបន្តបន្ទាប់ទាល់តែសោះ។ ការងាររបស់ពួកគេស្ថិតនៅត្រឹមកម្រិតនៃការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។ វាគ្មានកម្លាំងពិតប្រាកដនៅពីក្រោយទេ ហើយមិនសម្រេចបានលទ្ធផលណាមួយឡើយ។ ឧទាហរណ៍ ទាក់ទងនឹងការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ បន្ទាប់ពីទទួលបានការរៀបចំចាត់ចែងការងារនេះរួច អ្នកដឹកនាំក្លែងក្លាយបានកោះប្រជុំមនុស្សដើម្បីប្រកបគ្នា និងឆ្លើយសំណួរផ្សេងៗដែលពួកគេមានអំពីការរៀបចំចាត់ចែងការងារដែលពួកគេមិនយល់។ បន្ទាប់ពីពួកគេបានអធិប្បាយគោលលទ្ធិចប់ ហើយមនុស្សហាក់ដូចជាយល់ អ្នកដឹកនាំក្លែងក្លាយក៏គិតថា៖ «ការងារត្រូវបានចាត់ចែងរួចហើយ ដូច្នេះតើខ្ញុំគួរធ្វើអ្វីទៅ? ដោយសារដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍ ខ្ញុំក៏ត្រូវតែសរសេរដែរ។ ប្រសិនបើខ្ញុំមិនសរសេរទេ តើមនុស្សនឹងមិនមើលស្រាលខ្ញុំក្នុងនាមជាអ្នកដឹកនាំដែរឬទេ?» ពួកគេរិះគិតនៅផ្ទះអំពីអ្វីដែលត្រូវសរសេរ ហើយបន្ទាប់ពីមួយថ្ងៃកន្លងផុតទៅ ពួកគេនៅតែមិនទាន់បានសរសេរអ្វីទាំងអស់។ ពួកគេគិតថា៖ «ការសរសេរអត្ថបទគឺពិតជាពិបាកណាស់។ ជាធម្មតា ខ្ញុំមានអារម្មណ៍ថាខ្ញុំមានបទពិសោធន៍ ប៉ុន្តែហេតុអ្វីបានជាវាបាត់ទៅវិញ នៅពេលដែលខ្ញុំចាប់ផ្ដើមសរសេរ? តើបទពិសោធន៍ទាំងនោះបាត់ទៅណាអស់ហើយ? អត់ទេ ខ្ញុំពិតជាមានបទពិសោធន៍មែន វាគ្រាន់តែថារបៀបសរសេរធ្វើឱ្យខ្ញុំទាល់គំនិតប៉ុណ្ណោះ។ ខ្ញុំបានចេញទៅក្រៅ ហើយប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនពេក ដែលការណ៍នេះកំពុងតែធ្វើឱ្យខ្ញុំបែកអារម្មណ៍ ពិបាកនឹងផ្ចង់អារម្មណ៍។ ខ្ញុំមិនអាចប្រកបគ្នា និងពិភាក្សាការងារជាមួយមនុស្សរហូតបានទេ។ បើមិនដូច្នេះទេ គំនិតខ្ញុំនឹងបន្តរវើរវាយ ហើយខ្ញុំនឹងមិនអាចសរសេរអត្ថបទបានឡើយ។ ខ្ញុំត្រូវការពេលវេលាស្ងប់ស្ងាត់ខ្លះ ដើម្បីគិតឱ្យបានល្អិតល្អន់អំពីរបៀបសរសេរវាឱ្យបានត្រឹមត្រូវ មុនពេលដែលខ្ញុំអាចសរសេរបាន»។ ពួកគេបានធ្វើឱ្យការសរសេរអត្ថបទក្លាយជាកិច្ចការចម្បងរបស់ពួកគេ ហើយចាត់ទុកការងារដែលអ្នកដឹកនាំ ឬអ្នកធ្វើការគួរតែធ្វើ ជាកិច្ចការបន្ទាប់បន្សំ។ ពួកគេចំណាយពេលពេញមួយថ្ងៃសរសេរអត្ថបទនៅផ្ទះ ដោយមិនយកចិត្តទុកដាក់ចំពោះការអនុវត្តការងារ ហើយមិនបានស្វែងយល់ ឬក្ដាប់ឱ្យបានថាមានមនុស្សប៉ុន្មាននាក់នៅក្នុងពួកជំនុំផ្សេងៗដែលអាចសរសេរអត្ថបទបាន ឬថាតើមានមនុស្សដែលសមរម្យដើម្បីណែនាំ និងត្រួតពិនិត្យការងារនោះទេ ពោលគឺពួកគេមិនដឹងទាល់តែសោះអំពីរឿងទាំងនេះ។ មួយខែបានកន្លងផុតទៅ ហើយមិនត្រឹមតែពួកគេមិនបានសរសេរអត្ថបទដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនដឹងថាការងារនេះកំពុងដំណើរការយ៉ាងដូចម្ដេចនៅក្នុងពួកជំនុំដែរ។ តើបញ្ហានៅទីនេះគឺជាអ្វី? បន្ទាប់ពីការរៀបចំចាត់ចែងការងារត្រូវបានចេញ អ្នកដឹកនាំពួកជំនុំមួយចំនួនដែលមានគុណសម្បត្តិអន់ខ្សោយ មិនដឹងពីរបៀបធ្វើការងារពិតប្រាកដនោះទេ។ ដូចបុគ្គលនេះអ៊ីចឹង ពួកគេគ្រាន់តែអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ហើយស្រែកពាក្យស្លោក រួចក៏ចប់។ មិនថាបងប្អូនប្រុសស្រីមានឆន្ទៈក្នុងការសរសេរឬអត់នោះទេ គឺមិនសំខាន់ចំពោះពួកគេឡើយ អ្នកដឹកនាំមិនបានជំរុញ ឬណែនាំពួកគេឡើយ ហើយរឹតតែមិនបានកែតម្រូវពួកគេទៀតផង។ ហើយអ្នកដឹកនាំក្លែងក្លាយក៏មិនខ្វល់ខ្វាយពីអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះដែរ។ បងប្អូនប្រុសស្រីខ្លះសរសេរអត្ថបទមួយប្រភេទ ហើយខ្លះទៀតសរសេរប្រភេទមួយទៀត ប៉ុន្តែគ្មាននរណាម្នាក់ត្រួតពិនិត្យថាតើអ្វីដែលពួកគេសរសេរនោះមានភាពជាក់ស្ដែង និងស្របតាមគោលការណ៍ដែរឬទេ។ បងប្អូនប្រុសស្រីមិនយល់ពីគោលការណ៍ ហើយក៏មិនដឹងថាត្រូវសួរនរណាដែរ ពួកគេគ្រាន់តែសរសេរដោយសារតែគេប្រាប់ឱ្យធ្វើដូច្នេះ ពួកគេស្ដាប់បង្គាប់តាមការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់។ ក៏មានអ្នកខ្លះដែលមានបទពិសោធន៍ ប៉ុន្តែខ្វះការអប់រំផងដែរ មនុស្សទាំងនេះគ្មាននរណាម្នាក់ជួយពួកគេកែសម្រួលអត្ថបទរបស់ពួកគេទេ ហើយក៏គ្មាននរណាម្នាក់រៀបចំចាត់ចែងរឿងនេះដែរ។ បញ្ហាគ្រប់ប្រភេទបានកើតឡើង ហើយតើអ្នកដឹកនាំ និងអ្នកធ្វើការនៅឯណា? តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុង «សម្ងំ» សរសេរអត្ថបទ! អ្នកដឹកនាំក្លែងក្លាយមិនដឹងថាពួកគេគួរតែរវល់នឹងអ្វី ឬកិច្ចការអ្វីខ្លះដែលពួកគេគួរតែបំពេញនោះទេ។ ការរៀបចំចាត់ចែងការងារត្រូវបានអនុវត្តនៅក្នុងពួកជំនុំតាមវិធីផ្សេងៗគ្នាជាច្រើន ដោយមានការប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ហើយពួកគេមិនបានសាកសួរអំពីរឿងណាមួយក្នុងចំណោមនោះឡើយ។ នៅពេលដែលបងប្អូនប្រុសស្រីជួបប្រទះបញ្ហាផ្សេងៗនៅពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ ហើយរាយការណ៍បញ្ហាទាំងនេះទៅកាន់ពួកគេ ពួកគេក៏មិនបានដោះស្រាយវាដែរ។ ជាលទ្ធផល បញ្ហា និងការលំបាកជាច្រើនបានគរដូចភ្នំ ហើយអត្ថបទទីបន្ទាល់អំពីបទពិសោធន៍គ្រប់ប្រភេទក៏បានប្រមូលផ្ដុំផងដែរ ដោយគ្មាននរណាម្នាក់កែសម្រួល ពិនិត្យមើល ឬត្រួតពិនិត្យវាឡើយ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនបានតាមដាន ឬត្រួតពិនិត្យបញ្ហាទាំងនេះទេ ហើយបងប្អូនប្រុសស្រីក៏មិនអាចរកពួកគេឃើញដែរ នៅពេលដែលពួកគេមានបញ្ហា។ អ្នកដឹកនាំក្លែងក្លាយមិនបានដឹងថាការងារនេះគឺជាការទទួលខុសត្រូវរបស់ពួកគេ ហើយថាពួកគេគួរតែតាមដានការងារនេះនោះទេ។ តើពួកគេមិនមែនជាមនុស្សឥតបានការទេឬ? (មែនហើយ។)
របៀបដែលអ្នកដឹកនាំ ឬអ្នកធ្វើការអនុវត្តការងារ ព្រមទាំងប្រសិទ្ធភាព និងលទ្ធផលនៃការងាររបស់ពួកគេ សុទ្ធតែសាកល្បងថាតើពួកគេស្របតាមស្ដង់ដារដែរឬទេ។ ការនេះក៏សាកល្បងភាពជាមនុស្ស គុណសម្បត្តិ និងសមត្ថភាពការងាររបស់ពួកគេ ហើយថាតើពួកគេមានបន្ទុកដែរឬអត់។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយទទួលបានការរៀបចំចាត់ចែងការងារមួយ ពួកគេចាត់ទុកថាវាបានសម្រេចហើយ បន្ទាប់ពីបានប្រកបគ្នាអំពីវា។ ពួកគេមិនបានចូលរួម មើលការខុសត្រូវ ជំរុញ ឬត្រួតពិនិត្យការអនុវត្តនោះទេ ហើយក៏មិនបានតាមដានវានោះដែរ។ ពួកគេមិនយល់ថាកិច្ចការទាំងនេះគឺជាអ្វីដែលពួកគេគួរតែធ្វើនោះទេ ពួកគេមិនយល់ថាកិច្ចការទាំងនេះគឺជាការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការនោះឡើយ។ ពួកគេជឿថាការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ គឺគ្រាន់តែតម្រូវឱ្យចេះអធិប្បាយប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សមិនដឹងការទេឬ? តើមនុស្សមិនដឹងការអាចស្របតាមស្ដង់ដារជាអ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? (អត់ទេ)។ ពួកគេមិនអាចស្របតាមស្ដង់ដារជាអ្នកដឹកនាំ និងអ្នកធ្វើការបានទេ ប៉ុន្តែពួកគេគិតថាពួកគេពិតជាល្អណាស់ ហើយជឿថាពួកគេអាចធ្វើការងារបាន។ តើពួកគេមិនមែនជាមនុស្សខ្វះសតិបញ្ញាទេឬ? ពួកគេមិនអាចសូម្បីតែអនុវត្តកិច្ចការដ៏សាមញ្ញបែបនេះ ដូចជាការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍បានផង។ នេះគឺជាកិច្ចការមួយដែលងាយស្រួលបំផុត ពោលគឺគ្រាន់តែប្រមូលអ្នកដែលមានគុណសម្បត្តិល្អ និងបទពិសោធន៍ជីវិត ដើម្បីសរសេរអត្ថបទទីបន្ទាល់ រួចហើយតាមដាន និងផ្ដល់ការណែនាំប៉ុណ្ណោះ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមានគុណសម្បត្តិមធ្យម និងកម្រិតការអប់រំទាប ហើយមិនពូកែខាងការងារអត្ថបទទេ ប៉ុន្តែពួកគេអាចចាត់តាំងមនុស្សដែលសមរម្យឱ្យទទួលខុសត្រូវបាន។ តាមរបៀបនេះ ពួកគេនៅតែអាចធ្វើការងារពិតប្រាកដបានខ្លះ។ ប្រសិនបើពួកគេមិនដឹងសូម្បីតែថាត្រូវចាត់តាំងមនុស្សប្រភេទណាឱ្យទទួលខុសត្រូវ និងធ្វើការត្រួតពិនិត្យបានផង នោះពួកគេមិនអាចធ្វើការងារបានទេ ហើយពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ មនុស្សខ្លះនិយាយថា៖ «អ្នកដឹកនាំក្លែងក្លាយប្រហែលជាមិនអាចធ្វើការងារអត្ថបទបានទេ ដោយសារតែគុណសម្បត្តិអន់ខ្សោយ និងការអប់រំទាប ប៉ុន្តែពួកគេគួរតែអាចធ្វើការងារផ្សេងទៀតបាន»។ តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? (អត់ទេ)។ ហេតុអ្វីបានជាវាមិនត្រឹមត្រូវ? (ការងារសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធន៍គឺជាកិច្ចការសាមញ្ញមួយ។ ប្រសិនបើពួកគេមិនអាចពន្យល់វាឱ្យបានច្បាស់លាស់ ឬអនុវត្តការងារនោះបានទេ នោះពួកគេពិតជាមិនអាចដោះស្រាយកិច្ចការផ្សេងទៀតបានឡើយ។ ពួកគេមិនដឹងពីរបៀបធ្វើ ឬតាមដានការងារនោះទេ។) នេះបង្ហាញថាគុណសម្បត្តិរបស់ពួកគេអន់ពេកហើយ។ ពួកគេគឺជាមនុស្សមិនដឹងការ។ ពួកគេគិតថាការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការគឺដូចជាការធ្វើជាមន្ត្រីរបស់នាគដ៏ធំមានសម្បុរក្រហមដែរ៖ ដរាបណាពួកគេចេះបញ្ជោរ និយាយក្អេងក្អាង ស្រែកពាក្យស្លោក និងចេះកេងបន្លំ ដោយបោកបញ្ឆោតថ្នាក់លើរបស់ពួកគេ ហើយចេះលាក់បាំងរឿងពីថ្នាក់ក្រោម នោះពួកគេអាចរក្សាតំណែងរបស់ខ្លួន ហើយបើកប្រាក់ខែពីរដ្ឋាភិបាលបាន។ ពួកគេមិនយល់ថាទិដ្ឋភាពសំខាន់បំផុតនៃការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ គឺជាការរៀនធ្វើការងារពិតប្រាកដនោះទេ។ ពួកគេស្រមៃថាការងាររបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺសាមញ្ញណាស់។ ជាលទ្ធផល ពួកគេមិនធ្វើការងារពិតប្រាកដណាមួយឡើយ ហើយក៏ក្លាយជាអ្នកដឹកនាំក្លែងក្លាយ។
តើអ្នកដឹកនាំក្លែងក្លាយមានការសម្ដែងចេញជាក់លាក់អ្វីខ្លះទៀត? តើអ្នកដឹកនាំក្លែងក្លាយអាចមើលធ្លុះ និងក្តាប់បាននូវគោលការណ៍ និងស្ដង់ដារដែលតម្រូវនៅក្នុងការរៀបចំចាត់ចែងការងារដែរឬទេ? (អត់ទេ) ហេតុអ្វីបានជាពួកគេធ្វើមិនបាន? ពួកគេមិនអាចមើលធ្លុះថាកិច្ចការនេះមានគោលការណ៍អ្វីខ្លះ ហើយពួកគេក៏មិនអាចត្រួតពិនិត្យវាឱ្យបានច្បាស់លាស់នោះដែរ។ នៅពេលមានស្ថានភាពពិសេសៗកើតឡើងក្នុងអំឡុងពេលនៃការអនុវត្តកិច្ចការជាក់លាក់ ពួកគេមិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះទេ។ នៅពេលបងប្អូនប្រុសស្រីសួរពួកគេថាត្រូវធ្វើដូចម្ដេចនៅក្នុងស្ថានភាពណាមួយនោះ ពួកគេក៏ច្របូកច្របល់៖ «រឿងនេះមិនបានចែងនៅក្នុងការរៀបចំចាត់ចែងការងារផង តើឱ្យខ្ញុំដឹងពីរបៀបដោះស្រាយវាដោយរបៀបណា?» ប្រសិនបើអ្នកមិនដឹង តើអ្នកអាចអនុវត្តកិច្ចការនេះដោយរបៀបណា? អ្នកមិនទាំងដឹងផង ប៉ុន្តែនៅតែសុំឱ្យអ្នកដទៃអនុវត្តវាទៀត តើរឿងនេះពិតប្រាកដដែរឬទេ? តើរឿងនេះសមហេតុផលដែរឬទេ? នៅពេលអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយអនុវត្តការរៀបចំចាត់ចែងការងារ ម្យ៉ាងគឺពួកគេគ្មានគំនិតអំពីជំហាន និងផែនការសម្រាប់ការអនុវត្តការរៀបចំចាត់ចែងការងារនោះទេ។ ម្យ៉ាងទៀត នៅពេលជួបបញ្ហា ពួកគេមិនអាចធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ដោយយោងតាមគោលការណ៍ដែលតម្រូវដោយការរៀបចំចាត់ចែងការងារបានទេ។ ហេតុដូច្នេះ នៅពេលបញ្ហាច្រើនរាប់មិនអស់គ្រប់ប្រភេទកើតឡើងក្នុងអំឡុងពេលនៃការអនុវត្តការរៀបចំចាត់ចែងការងារ ពួកគេពុំអាចដោះស្រាយបញ្ហាទាំងនោះបានទាល់តែសោះ។ ដោយសារនៅដំណាក់កាលដំបូង អ្នកដឹកនាំក្លែងក្លាយមិនអាចកំណត់ ឬប្រមើលមើលពីបញ្ហានានា ហើយក៏មិនអាចប្រកបគ្នាទុកជាមុនបាន ហើយនៅដំណាក់កាលក្រោយៗ នៅពេលមានបញ្ហាកើតឡើង ពួកគេមិនអាចដោះស្រាយវាបានទេ គឺបានត្រឹមតែអធិប្បាយគោលលទ្ធិឥតន័យ និងអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹងប៉ុណ្ណោះ ជាហេតុធ្វើឱ្យបញ្ហានានាចេះតែកើតឡើងដដែលៗ និងបន្តកើតមាន ដែលនាំឱ្យកិច្ចការខ្លះមានភាពយឺតយ៉ាវក្នុងការអនុវត្ត ហើយកិច្ចការផ្សេងទៀតមិនត្រូវបានអនុវត្តក្នុងកម្រិតគ្រប់គ្រាន់នោះទេ។ ឧទាហរណ៍ ទាក់ទងនឹងការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់សម្រាប់ការបោសសម្អាត និងការបណ្ដេញមនុស្សចេញ នៅពេលអ្នកដឹកនាំក្លែងក្លាយអនុវត្តកិច្ចការនេះ ពួកគេបោសសម្អាតតែមនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ និងវិញ្ញាណអាក្រក់ជាក់ស្ដែង ដែលបង្កការបង្អាក់ និងការរំខាន ព្រមទាំងពួកអ្នកមិនជឿ ដែលបងប្អូនប្រុសស្រីទាំងអស់ស្អប់ខ្ពើម និងខ្ពើមរអើមប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅមានមនុស្សមួយចំនួនទៀតដែលគួរតែត្រូវបានបោសសម្អាតចេញ ពោលគឺមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទដែលលាក់កំបាំង ពុតត្បុត និងមានល្បិចកល។ បងប្អូនប្រុសស្រីមិនអាចមើលធ្លុះពួកគេបានទេ ហើយអ្នកដឹកនាំក្លែងក្លាយក៏មិនអាចមើលធ្លុះបានដែរ។ តាមពិត យោងតាមការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ មនុស្សទាំងនេះបានឈានដល់កម្រិតដែលត្រូវបោសសម្អាតចេញរួចទៅហើយ។ ក៏ប៉ុន្តែ ដោយសារអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពួកគេបាន ពួកគេនៅតែចាត់ទុកមនុស្សទាំងនេះថាជាមនុស្សល្អ ហើយថែមទាំងដំឡើងឋានៈ បណ្ដុះបណ្ដាល និងប្រើប្រាស់ពួកគេសម្រាប់កិច្ចការសំខាន់ៗ ដោយអនុញ្ញាតឱ្យពួកគេកាន់អំណាច និងកាន់កាប់តំណែងការងារសំខាន់ៗនៅក្នុងពួកជំនុំទៀតផង។ ដូច្នេះ តើការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ដើម្បីបោសសម្អាត និងបណ្ដេញមនុស្សចេញ អាចត្រូវបានអនុវត្តដែរឬទេ? តើបញ្ហានានាអាចត្រូវបានដោះស្រាយយ៉ាងហ្មត់ចត់ដែរឬទេ? តើការងារផ្សាយដំណឹងល្អអាចដំណើរការជាធម្មតាបានដែរឬទេ? ជាក់ស្ដែងណាស់ ការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់មិនអាចត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បានទេ ហើយកិច្ចការសំខាន់ៗជាច្រើនក៏មិនអាចធ្វើបានល្អដែរ។ ដោយសារមនុស្សដែលអ្នកដឹកនាំក្លែងក្លាយប្រើប្រាស់ គឺគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ ហើយថែមទាំងអាចប្រព្រឹត្តអំពើអាក្រក់ទៀតផង ការណ៍នេះរារាំងកិច្ចការផ្សេងៗរបស់ពួកជំនុំមិនឱ្យអនុវត្តបានល្អ។ អ្នកដឹកនាំក្លែងក្លាយប្រើប្រាស់មនុស្សអាក្រក់ទាំងនេះ ដោយឱ្យពួកគេបំពេញភារកិច្ចសំខាន់ៗ និងកាន់ការងារសំខាន់ៗនៅក្នុងពួកជំនុំ ដោយថែមទាំងអនុញ្ញាតឱ្យមនុស្សអាក្រក់ទាំងនេះគ្រប់គ្រងតង្វាយទៀតផង។ តើការណ៍នេះនឹងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំដែរឬទេ? តើវានឹងបណ្ដាលឱ្យមានការបាត់បង់តង្វាយរបស់ព្រះជាម្ចាស់ដែរឬទេ? (មែនហើយ) នេះគឺជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ។ ដោយសារអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សទាំងនេះ មិនអាចត្រួតពិនិត្យពួកគេបាន ហើយបណ្ដោយឱ្យមនុស្សអាក្រក់ទាំងនេះកាន់ការងារសំខាន់ៗ ទើបកិច្ចការទាំងនោះត្រូវខូចការទាំងស្រុង។ នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ មនុស្សអាក្រក់ទាំងនេះតែងតែប្រព្រឹត្តបែបបង្គ្រប់កិច្ច បោកបញ្ឆោតថ្នាក់លើ និងលាក់បាំងរឿងរ៉ាវពីថ្នាក់ក្រោម ហើយមិនធ្វើការងារពិតប្រាកដឡើយ។ ពួកគេមានចេតនាធ្វេសប្រហែស បំភាន់មនុស្ស និងប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពួកគេបានទេ ហើយទម្រាំពួកគេរកឃើញបញ្ហានានា គ្រោះមហន្តរាយដ៏ធំមួយបានកើតឡើងរួចទៅហើយ។ ឧទាហរណ៍ នៅតំបន់ឃុំគ្រងនៃខេត្តហឺណាន មនុស្សអាក្រក់មួយចំនួនដែលបានក្លាយជាអ្នកដឹកនាំ បានប្រើប្រាស់មធ្យោបាយដ៏គួរឱ្យស្អប់ខ្ពើមផ្សេងៗដើម្បីលួចយកតង្វាយរបស់ព្រះជាម្ចាស់។ ពួកគេបានលួចយកក្នុងចំនួនដ៏ច្រើន ហើយចំនួនទាំងនេះមិនត្រូវបានយកមកវិញឡើយ។ តើរឿងនេះពាក់ព័ន្ធនឹងការដែលអ្នកដឹកនាំ និងអ្នកធ្វើការជ្រើសរើស និងប្រើប្រាស់មនុស្សខុសដែរឬទេ? (ពាក់ព័ន្ធ។) យោងតាមការរៀបចំចាត់ចែងការងារ ប្រសិនបើមិនអាចមើលធ្លុះមនុស្សដែលបានជ្រើសរើសទេ ដំបូង អាចចាត់តាំងពួកគេឱ្យកាន់ការងារសាមញ្ញសិន ហើយបន្ទាប់មកត្រូវតាមដានការងាររបស់ពួកគេ និងសង្កេតមើលពួកគេក្នុងរយៈពេលមួយ។ មនុស្សដែលមិនអាចមើលធ្លុះបាន គឺដាច់ខាតមិនត្រូវចាត់តាំងឱ្យកាន់ការងារសំខាន់ណាមួយឡើយ ជាពិសេសការងារដែលប្រឈមនឹងហានិភ័យ។ មានតែបន្ទាប់ពីការសង្កេតរយៈពេលវែង និងការមើលធ្លុះពីសារជាតិរបស់ពួកគេប៉ុណ្ណោះ ទើបគួរសម្រេចចិត្តពីរបៀបប្រព្រឹត្ត និងដោះស្រាយជាមួយពួកគេ។ អ្នកដឹកនាំក្លែងក្លាយមិនធ្វើការស្របតាមការរៀបចំចាត់ចែងការងារទេ ហើយក៏មិនអាចក្តាប់បាននូវគោលការណ៍នោះដែរ។ លើសពីនេះទៅទៀត ពួកគេមិនអាចមើលធ្លុះមនុស្ស ហើយពួកគេប្រើប្រាស់មនុស្សខុស។ ការណ៍នេះនាំឱ្យមានការខាតបង់ទាំងនៅក្នុងកិច្ចការរបស់ពួកជំនុំ និងតង្វាយរបស់ព្រះជាម្ចាស់។ នេះគឺជាភយន្តរាយដែលបង្កឡើងដោយអ្នកដឹកនាំក្លែងក្លាយ។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់មនុស្សអាក្រក់ដោយចេតនា រីឯអ្នកដឹកនាំក្លែងក្លាយវិញមានគំនិតមិនច្បាស់លាស់ មើលមនុស្សមិនធ្លុះ ហើយក៏មិនមើលធ្លុះសារជាតិនៃបញ្ហាដែលពួកគេរកឃើញនោះដែរ។ ពួកគេប្រើប្រាស់ និងចាត់តាំងមនុស្សដោយផ្អែកលើតែអារម្មណ៍របស់ពួកគេប៉ុណ្ណោះ។ មនុស្សភាគច្រើនដែលអ្នកដឹកនាំក្លែងក្លាយចាត់តាំងគឺមិនស័ក្ដិសមទេ។ ពួកគេបង្កការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ដោយមានផលវិបាកដូចគ្នាបេះបិទទៅនឹងផលវិបាកនៃពួកទទឹងនឹងព្រះគ្រីស្ទដែលប្រើប្រាស់មនុស្សអាក្រក់ដោយចេតនា។ អ្នកដឹកនាំក្លែងក្លាយ ដែលមានគុណសម្បត្តិអន់ខ្សោយ និងគ្មានសមត្ថភាពធ្វើការ ក៏នាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរផងដែរ មែនទេ? (មែនហើយ) ដូច្នេះ កុំគិតថាមានតែពួកទទឹងនឹងព្រះគ្រីស្ទទេដែលបំពានការរៀបចំចាត់ចែងការងារ អ្នកដឹកនាំក្លែងក្លាយក៏អាចបំពានការរៀបចំចាត់ចែងការងារបានផងដែរ។ ទោះបីជាវាមិនមែនជាចេតនាក៏ដោយ ក៏នៅទីបំផុត លក្ខណៈរបស់វាគឺនៅតែជាការបំពានលើការរៀបចំចាត់ចែងការងារដដែល។ អ្នកដឹកនាំក្លែងក្លាយ ដោយសារតែមិនយល់ពីគោលការណ៍សេចក្ដីពិត និងមិនអាចមើលធ្លុះមនុស្ស ឬបញ្ហាផ្សេងៗ ទើបនៅទីបំផុតពួកគេបំពានការរៀបចំចាត់ចែងការងារ ហើយមិនអាចបំពេញកិច្ចការជាក់ស្ដែងបាន។ ការណ៍នេះធ្វើឱ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ និងបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ធម្មជាតិ និងផលវិបាកនៃសកម្មភាពរបស់ពួកគេគឺដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលធ្វើកិច្ចការដែរ គឺសុទ្ធតែបង្កការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ និងធ្វើឱ្យប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។
នៅពេលធ្វើការ និងអនុវត្តការរៀបចំចាត់ចែងការងារ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការដោយបង្គ្រប់កិច្ច ហើយធ្វើឱ្យអ្វីៗរញ៉េរញ៉ៃទាំងស្រុង។ ពួកគេរាប់ខ្លួនឯងជាសុចរិត ហើយមិនដែលស្វែងរក ឬប្រកបគ្នាឡើយ ដោយគិតយ៉ាងល្ងង់ខ្លៅថា ពួកគេមានគុណសម្បត្តិល្អ ពួកគេហ៊ានធ្វើសកម្មភាព ហើយអាចនិយាយដោយមានវោហារស័ព្ទ។ ដោយសារបងប្អូនប្រុសស្រីបោះឆ្នោតឱ្យពួកគេ ឬដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេជាបណ្ដោះអាសន្ន ពួកគេគិតថា ពួកគេស្របតាមស្ដង់ដារជាអ្នកដឹកនាំ ហើយអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបាន។ ពួកគេមិនបានដឹងសោះឡើយថា ពួកគេគ្មានអ្វីសោះ ហើយមិនអាចបំពេញការទទួលខុសត្រូវណាមួយរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានឡើយ។ ពួកគេមិនដឹងពីភាពខ្វះខាតរបស់ខ្លួនឯងឡើយ ពួកគេគ្រាន់តែហ៊ានធ្វើអ្វីៗដោយគ្មានភាពខ្មាសអៀនប៉ុណ្ណោះ។ ជាលទ្ធផល បន្ទាប់ពីការរៀបចំចាត់ចែងការងារផ្សេងៗត្រូវបានចេញផ្សាយ ពួកគេមិនអាចអនុវត្តការរៀបចំចាត់ចែងការងារណាមួយបានឡើយ ដោយយោងតាមសេចក្ដីតម្រូវពីថ្នាក់លើ។ រាល់ការរៀបចំចាត់ចែងការងារដែលពួកគេចាត់ចែង សុទ្ធតែបញ្ចប់ទៅដោយភាពរញ៉េរញ៉ៃទាំងស្រុង និងច្របូកច្របល់បំផុត។ ការអនុវត្តកិច្ចការរដ្ឋបាលរបស់ពួកគេគឺអន់ខ្សោយ។ ពួកគេមិនច្បាស់លាស់អំពីចំនួនអ្នកជឿថ្មីដែលទទួលបានតាមរយៈការផ្សាយដំណឹងល្អ របៀបបង្កើតពួកជំនុំ ជ្រើសរើសអ្នកដឹកនាំ និងគ្រូជំនួយ និងរបៀបប្រព្រឹត្តជីវិតក្នុងពួកជំនុំឡើយ។ ចំពោះអ្នកណាដែលមានលទ្ធផលច្រើនជាងគេក្នុងការទទួលបន្ទុកការងារផ្សាយដំណឹងល្អ អ្នកណាធ្វើបន្ទាល់ប្រកបដោយប្រសិទ្ធភាពបំផុត អ្នកណាដែលសមបំផុតក្នុងការស្រោចស្រពពួកជំនុំ ប្រធានក្រុមណាខ្លះដែលគួរត្រូវបានកែសម្រួលការចាត់តាំងភារកិច្ច ឬត្រូវបានបណ្ដេញចេញដោយសារតែគ្មានការទទួលខុសត្រូវ និងរបៀបដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងទិដ្ឋភាពជាក់លាក់នៃកិច្ចការ អ្នកដឹកនាំក្លែងក្លាយមិនច្បាស់អំពីកិច្ចការជាក់លាក់ទាំងអស់នេះទេ ហើយពួកគេធ្វើឱ្យកិច្ចការរបស់ពួកគេរញ៉េរញ៉ៃទាំងស្រុង។ ចំពោះកិច្ចការជំនាញផ្សេងៗនៅក្នុងពួកជំនុំ ដែលតម្រូវឱ្យមានជំនាញបច្ចេកទេសកម្រិតខ្ពស់ អ្នកដឹកនាំក្លែងក្លាយក៏ធ្វើឱ្យកិច្ចការទាំងនោះរញ៉េរញ៉ៃទាំងស្រុងដែរ។ ពួកគេមិនដឹងថាត្រូវអនុវត្តកិច្ចការទាំងនេះដោយរបៀបណាទេ។ ទោះបីជាពួកគេចង់សួរនាំអំពីកិច្ចការទាំងនោះក៏ដោយ ក៏ពួកគេមិនដឹងពីរបៀបធ្វើដែរ។ ពួកគេចង់សួរថ្នាក់លើពីរបៀបចាប់ផ្ដើមកិច្ចការទាំងនេះ ប៉ុន្តែពួកគេមិនទាំងដឹងពីរបៀបរៀបចំសំណួររបស់ពួកគេផង។ ជាលទ្ធផល កិច្ចការនោះមិនអាចធ្វើទៅបានទេ។ សូម្បីតែកិច្ចការងាយៗនៃការគ្រប់គ្រងទ្រព្យសម្បត្តិដែលតម្រូវដោយការរៀបចំចាត់ចែងការងារ ពោលគឺការចាត់តាំងមនុស្សដែលស័ក្ដិសមដើម្បីការពារ និងបែងចែកទ្រព្យសម្បត្តិ និងការបង្កើតប្រព័ន្ធផ្សេងៗ ក៏ជាអ្វីដែលអ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបានដែរ។ ពួកគេធ្វើឱ្យវារញ៉េរញ៉ៃទាំងស្រុង។ អ្នកដឹកនាំក្លែងក្លាយគឺច្របូកច្របល់បំផុតចំពោះរាល់កិច្ចការដែលពួកគេចាត់ចែង។ នៅពេលត្រូវបានសួរថា តើពួកគេបានអនុវត្តការរៀបចំចាត់ចែងការងារហើយឬនៅ ពួកគេមានមោទនភាព ហើយនិយាយដោយជឿជាក់ថា៖ «មែនហើយ ខ្ញុំបានអនុវត្តហើយ។ មនុស្សគ្រប់គ្នាមានការរៀបចំចាត់ចែងការងារមួយច្បាប់ ហើយមនុស្សគ្រប់គ្នាដឹងពីកិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ»។ ប្រសិនបើអ្នកសួរពួកគេថា តើពួកគេបានធ្វើវាដោយរបៀបណា ដោយឱ្យពន្យល់ពីជំហានការងារជាក់លាក់ កិច្ចការណាខ្លះដែលបានធ្វើមិនសូវបានល្អ កិច្ចការណាខ្លះដែលបានធ្វើដោយរលូនជាង តើកិច្ចការនីមួយៗត្រូវបានធ្វើបានត្រឹមត្រូវដែរឬទេ កិច្ចការណាខ្លះដែលត្រូវការការតាមដាន និងការត្រួតពិនិត្យជាបន្តបន្ទាប់ ហើយតើមានបញ្ហាណាមួយត្រូវបានរកឃើញបន្ទាប់ពីការត្រួតពិនិត្យដែរឬទេ ពួកគេមិនដឹងអ្វីទាំងអស់អំពីរឿងរ៉ាវទាំងនេះឡើយ។ អ្នកដឹកនាំក្លែងក្លាយមួយចំនួន ចាប់តាំងពីបានក្លាយជាអ្នកដឹកនាំមក មិនទាំងដឹងថាតើកិច្ចការអ្វីខ្លះដែលពួកគេត្រូវបានតម្រូវឱ្យធ្វើ ឬអ្វីទៅជាវិសាលភាពនៃការទទួលខុសត្រូវរបស់ពួកគេផង។ តើរឿងនេះមិនរឹតតែបង្កបញ្ហាច្រើនជាងនេះទេឬ? តើអ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើននាពេលបច្ចុប្បន្ននេះ មានបញ្ហានេះក្នុងកម្រិតខុសៗគ្នាដែរឬទេ? (មែនហើយ)
លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការសាកល្បងថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានលក្ខណៈសម្បត្តិត្រូវតាមស្ដង់ដាឬអត់
តាមរយៈការប្រកបគ្នានៅថ្ងៃនេះ តើអ្នករាល់គ្នាឥឡូវនេះមានការយល់ដឹងកាន់តែច្បាស់អំពីការទទួលខុសត្រូវដែលអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវគួរតែបំពេញដែរឬទេ? តើអ្នកមានតម្រុយខ្លះៗនៅក្នុងចិត្តដែរឬទេ? តើការយល់ដឹងរបស់អ្នកអំពីតួនាទីរបស់អ្នកដឹកនាំ និងអ្នកធ្វើការកាន់តែត្រឹមត្រូវដែរឬទេ? (មែនហើយ។) ម្យ៉ាង អ្នកដឹកនាំ និងអ្នកធ្វើការបានទទួលការយល់ដឹងខ្លះៗអំពីកិច្ចការណាដែលពួកគេគួរតែបំពេញ។ ម្យ៉ាងទៀត អ្នកផ្សេងទៀតទាំងអស់ឥឡូវនេះមានមាគ៌ាខ្លះៗដើម្បីឈ្វេងយល់ថាតើអ្នកដឹកនាំ ឬអ្នកធ្វើការស្របតាមស្ដង់ដារដែរឬទេ។ ដោយយោងតាមសេចក្ដីតម្រូវនៃការទទួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ តើអ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើនស្របតាមស្ដង់ដារដែរឬទេ? (អត់ទេ។) ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការណាខ្លះអាចក្លាយជាអ្នកដែលស្របតាមស្ដង់ដារបាន ហើយអ្នកណាខ្លះមិនអាច? អស់អ្នកដែលមានគុណសម្បត្តិដែលស្របតាមស្ដង់ដារ មានបទពិសោធន៍ជាក់ស្ដែងខ្លះៗ មានគោលការណ៍ខ្លះៗក្នុងការចាត់ចែងរឿងរ៉ាវ និងមានបន្ទុកសម្រាប់កិច្ចការរបស់ពួកជំនុំ អាចក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដារបាន បន្ទាប់ពីរយៈពេលនៃការបណ្ដុះបណ្ដាលមួយ។ ក៏ប៉ុន្តែ អស់អ្នកដែលមានគុណសម្បត្តិអន់ខ្សោយ និងគ្មានសមត្ថភាពក្នុងការយល់ដឹង ដែលមិនអាចក្តាប់បាននូវគោលការណ៍ ទោះបីជាមានការប្រកបគ្នាអំពីសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏មិនអាចក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដារបានដែរ ហើយអាចត្រឹមតែត្រូវបានជម្រុះចោលប៉ុណ្ណោះ។ ហេតុដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលស្របតាមស្ដង់ដារ ហើយចង់ឱ្យគេជ្រើសរើសខ្លួនធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ អ្នកគួរតែវាយតម្លៃជាមុនសិនថាតើគុណសម្បត្តិរបស់អ្នកគ្រប់គ្រាន់ដែរឬទេ។ តើអ្នកអាចវាយតម្លៃរឿងនេះដោយរបៀបណា? គឺដោយមើលថាតើអ្នកអាចអនុវត្តការរៀបចំចាត់ចែងការងារបានដែរឬទេ។ ចូរយកការរៀបចំចាត់ចែងការងារថ្មីមួយមកអាន ហើយសាកល្បងខ្លួនអ្នកមើលថាតើអ្នកមានជំហាន និងផែនការសម្រាប់ការអនុវត្តជំហានទាំងនោះដែរឬទេ។ ប្រសិនបើអ្នកមានគំនិត និងផែនការ ហើយដឹងពីរបៀបអនុវត្តវា នោះអ្នកគួរតែទទួលយកកិច្ចការនោះជាភារកិច្ចដែលអ្នកត្រូវតែបំពេញ នៅពេលដែលបងប្អូនប្រុសស្រីជ្រើសរើសអ្នក។ ក៏ប៉ុន្តែ ប្រសិនបើបន្ទាប់ពីអានការរៀបចំចាត់ចែងការងាររួច គំនិតរបស់អ្នកនៅទទេ អ្នកមិនអាចមើលធ្លុះបានទាល់តែសោះថា តើអ្នកណាដែលសមបំផុតដែលត្រូវចាត់តាំងឱ្យទទួលបន្ទុកកិច្ចការនោះ ហើយលើសពីនេះទៅទៀត អ្នកមិនអាចមើលធ្លុះពីរបៀបអនុវត្តជាពិសេសនូវកិច្ចការផ្សេងៗរបស់ពួកជំនុំបានឡើយ ហើយក៏មិនដឹងពីរបៀបប្រកបគ្នា មើលការខុសត្រូវ ត្រួតពិនិត្យ និងតាមដានដែរ ហើយអ្នកគ្មានជំហាន ឬផែនការសម្រាប់ការអនុវត្តនៅក្នុងគំនិតរបស់អ្នកទេ ប៉ុន្តែបងប្អូនប្រុសស្រីមួយចំនួនយល់ខុសថា អ្នកមានទេពកោសល្យខ្លាំងណាស់ និងស័ក្ដិសមដើម្បីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ តើអ្នកគួរតែមានអាកប្បកិរិយាបែបណាដែរ? អ្នកគួរតែនិយាយថា៖ «សូមអរគុណចំពោះការសរសើររបស់អ្នក ប៉ុន្តែតាមពិតខ្ញុំមិនមានទេពកោសល្យច្រើនទេ។ ខ្ញុំមិនមែនជាមនុស្សដែលស័ក្តិសមទេ អ្នកបានវាយតម្លៃខ្ញុំខុសហើយ។ ប្រសិនបើអ្នកជ្រើសរើសខ្ញុំជាអ្នកដឹកនាំ វានឹងធ្វើឱ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ។ ខ្ញុំស្គាល់កម្ពស់របស់ខ្ញុំ ខ្ញុំមិនទាំងដឹងពីរបៀបអនុវត្តការរៀបចំចាត់ចែងការងារដ៏ងាយស្រួលមួយផង ខ្ញុំមិនដឹងថាតើត្រូវចាប់ផ្ដើមពីកន្លែងណា ហើយក៏មិនដឹងអ្វីដែរ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ កិច្ចការរបស់ពួកជំនុំមិនអាចធ្វើបានល្អឡើយ។ ទោះបីជាថ្នាក់លើបានតែងតាំងខ្ញុំក៏ដោយ ក៏ខ្ញុំមិនអាចធ្វើវាបានដែរ។ ខ្ញុំពិតជាមិនស័ក្តិសមសម្រាប់តួនាទីនេះទេ»។ តើអ្នកគិតយ៉ាងណាចំពោះការសារភាពបែបនេះ? វិធីសាស្រ្តនេះបង្ហាញពីហេតុផល។ មនុស្សដែលនិយាយបែបនេះមានហេតុផលច្រើនជាងអ្នកដឹកនាំក្លែងក្លាយឆ្ងាយណាស់។ អ្នកដឹកនាំក្លែងក្លាយមិនអាចនិយាយអ្វីដែលមានហេតុផលច្រើនបែបនេះបានឡើយ។ អ្នកដឹកនាំក្លែងក្លាយគិតថា៖ «ខ្ញុំត្រូវបានជ្រើសរើស ដូច្នេះខ្ញុំគួរតែជាអ្នកដឹកនាំ។ ហេតុអ្វីបានជាខ្ញុំមិនគួរធ្វើ? ខ្ញុំមានទេពកោសល្យ ដូច្នេះខ្ញុំស័ក្តិសមនឹងទទួលបានវា។ តើការមិនអាចអនុវត្តការរៀបចំចាត់ចែងការងារ គឺជាបញ្ហាមែនទេ? តើមាននរណាកើតមកចេះធ្វើវាទៅ? តើវាមិនមែនជាអ្វីដែលខ្ញុំអាចរៀនបានទេឬ? ដរាបណាខ្ញុំអាចអធិប្បាយបាន នោះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំមានការយល់ដឹងខាងវិញ្ញាណ ខ្ញុំស្គាល់ និងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចប្រកបគ្នាបាន ហើយខ្ញុំអាចរកឃើញមាគ៌ានៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំស្ទាត់ជំនាញក្នុងការដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស និងសណ្ឋានផ្សេងៗ។ ការអនុវត្តការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់មិនមែនជារឿងធំដុំទេ។ តើវាមិនមែនគ្រាន់តែជាការងារគ្រប់គ្រងផ្នែករដ្ឋបាលទេឬ? ខ្ញុំបានសិក្សាការគ្រប់គ្រងផ្នែករដ្ឋបាលពីមុនមក ដូច្នេះកិច្ចការបន្តិចបន្តួចរបស់ដំណាក់ព្រះជាម្ចាស់នេះគ្មានបញ្ហាសម្រាប់ខ្ញុំទេ!» តើមនុស្សបែបនេះមិនស្ថិតក្នុងគ្រោះថ្នាក់ទេឬ? (មែនហើយ) តើគ្រោះថ្នាក់នោះស្ថិតនៅត្រង់ណា? តើអ្នករាល់គ្នាអាចមើលធ្លុះបញ្ហានេះបានទេ? (ពួកគេមិនអាចធ្វើការបាន ហើយនឹងបង្អាក់ និងរំខានដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងបងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់យឺតយ៉ាវទៀតផង។) តើវាគ្រាន់តែជាការបង្កគ្រោះថ្នាក់មែនទេ? តើផលវិបាកចុងក្រោយគឺត្រឹមតែប៉ុណ្ណឹងមែនទេ? ប្រសិនបើវាគ្រាន់តែជារឿងនេះ វានៅតែអាចកែតម្រូវបាន។ បញ្ហាសំខាន់គឺថា ប្រសិនបើអ្នកដឹកនាំក្លែងក្លាយបន្តនៅក្នុងតួនាទីរបស់ពួកគេរយៈពេលយូរ ពួកគេនឹងដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយនៅទីបំផុតនឹងក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់។ តើអ្នកគិតថាការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការគឺងាយស្រួលណាស់មែនទេ? ជាមួយនឹងឋានៈ គឺមានការល្បួង ហើយជាមួយនឹងការល្បួង គឺមានគ្រោះថ្នាក់។ តើគ្រោះថ្នាក់នេះជាអ្វី? វាគឺជាលទ្ធភាពនៃការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ផលវិបាកដ៏អាក្រក់បំផុតនៃការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាការក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់។
មនុស្សមួយចំនួននិយាយថា៖ «អ្នកដឹកនាំក្លែងក្លាយមួយចំនួនគ្រាន់តែមានគុណសម្បត្តិអន់ខ្សោយបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែភាពជាមនុស្សរបស់ពួកគេមិនអាក្រក់ទេ។ តើពួកគេអាចដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ?» តើអ្នកណាថាការមានភាពជាមនុស្សដែលមិនអាក្រក់ មានន័យថាពួកគេនឹងមិនដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើពួកគេត្រូវតែអាក្រក់ដល់កម្រិតណា ទើបត្រូវបានចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទ? តើអ្នកអាចមើលធ្លុះរឿងនេះបានទេ? ប្រសិនបើអ្នកដឹកនាំក្លែងក្លាយបន្តកាន់តួនាទីរបស់ខ្លួនរយៈពេលយូរ ពួកគេបានចាប់ផ្ដើមដើរលើមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយ។ តើមានគម្លាតរវាងការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់ដែរឬទេ? (អត់ទេ។) ចូរគិតត្រឡប់ទៅក្រោយ៖ តើអ្នកដឹកនាំក្លែងក្លាយទាំងនោះកំពុងដើរតាមមាគ៌ាអ្វី? អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់លាក់ទេ ហើយក៏មិនមានសមត្ថភាពធ្វើកិច្ចការជាក់លាក់ដែរ ប៉ុន្តែពួកគេនៅតែចង់ឈរនៅក្នុងតំណែងខ្ពស់ដើម្បីបង្រៀនអ្នកដទៃ និងធ្វើឱ្យមនុស្សស្ដាប់បង្គាប់ និងចុះចូលនឹងពួកគេ។ តើនេះជាការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទមែនទេ? តើផលវិបាកនៃការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? (ពួកគេក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយឯកឯង។) ទោះបីជាអ្នកដឹកនាំក្លែងក្លាយមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់ពីកំណើតក៏ដោយ ប្រសិនបើពួកគេដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទរយៈពេលយូរ ដោយគ្មានការមើលការខុសត្រូវ ឬនរណាម្នាក់រាយការណ៍ និងបណ្ដេញពួកគេចេញទេ តើពួកគេអាចដណ្ដើមអំណាច និងបង្កើតនគរឯករាជ្យបានទេ? (បាន។) នៅពេលនោះ តើពួកគេមិនបានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដូច្នេះ អ្នករាល់គ្នាឃើញទេ តើតួនាទីរបស់អ្នកដឹកនាំក្លែងក្លាយមិនគ្រោះថ្នាក់ទេឬ? (មែនហើយ។) ការធ្វើជាអ្នកដឹកនាំក្លែងក្លាយគឺគ្រោះថ្នាក់ខ្លាំងណាស់ទៅហើយ។ ទោះបីជាបច្ចុប្បន្ននេះយើងកំពុងវែកញែកអំពីអ្នកដឹកនាំក្លែងក្លាយ ហើយមិនបានលើកឡើងពីពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏មានទំនាក់ទំនងរវាងសារជាតិនៃអ្នកទាំងពីរនេះដែរ។ តាមពិត អ្នកដឹកនាំក្លែងក្លាយកំពុងដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ការដើរតាមមាគ៌ានេះនឹងនាំពួកគេឱ្យក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយឯកឯង ដែលត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។ នៅពេលនោះ គឺមិនចាំបាច់មើលសារជាតិនៃភាពជាមនុស្សរបស់ពួកគេទេ គឺគ្រាន់តែមាគ៌ារបស់ពួកគេប៉ុណ្ណោះ ក៏អាចកំណត់ថាតើពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទបានផងដែរ។ ចូរពិចារណាអំពីអ្នកដឹកនាំក្លែងក្លាយទាំងនោះដែលត្រូវបានបណ្ដេញចេញ។ ប្រសិនបើពួកគេមិនត្រូវបានបណ្ដេញចេញទាន់ពេលវេលាទេ នោះដោយវិនិច្ឆ័យលើសារជាតិរបស់ពួកគេតាមរយៈរបៀបដែលពួកគេប្រព្រឹត្ត និងអ្វីដែលពួកគេបានបើកបង្ហាញក្នុងអំឡុងពេលកាន់តំណែងរបស់ពួកគេ តើនៅទីបំផុតពួកគេនឹងដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើពួកគេនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តាមពិត មនុស្សមួយចំនួនបានបង្ហាញសញ្ញានៃរឿងនេះរួចទៅហើយ ហើយគឺដំណាក់របស់ព្រះជាម្ចាស់ហើយដែលបានបណ្ដេញពួកគេចេញភ្លាមៗ។ ប្រសិនបើពួកគេមិនត្រូវបានបណ្ដេញចេញទេ ពួកគេនឹងចាប់ផ្ដើមរស់នៅដោយពឹងផ្អែកលើពួកជំនុំ និងបោកបញ្ឆោតមនុស្ស។ ពួកគេនឹងចាប់ផ្ដើមធ្វើខ្លួនដូចជាមន្ត្រី ឬចៅហ្វាយនាយនៅក្នុងតំណែងខ្ពស់ ដោយធ្វើជាចៅហ្វាយនាយគេ និងចេញបញ្ជា ដោយធ្វើឱ្យអ្នកដទៃចុះចូលនឹងពួកគេ ហាក់ដូចជាពួកគេជាព្រះជាម្ចាស់អ៊ីចឹង។ ពួកគេថែមទាំងនឹងអះអាងថា ត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ និងជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ទៀតផង។ តើរឿងនោះមិនបង្កបញ្ហាទេឬ? ដូច្នេះ តើយើងគួរមើល និងកំណត់លក្ខណៈសណ្ឋាន និងការសម្ដែងចេញរបស់អ្នកដឹកនាំក្លែងក្លាយបែបនេះដោយរបៀបណា? ពួកគេអាចត្រូវបានកំណត់លក្ខណៈជាបឋមថាជាមនុស្សមានពុត ជាមនុស្សដែលរស់នៅដោយពឹងផ្អែកលើពួកជំនុំ ជាពួកផារិស៊ី។ ហើយតើនឹងមានអ្វីកើតឡើង ប្រសិនបើរឿងនេះបន្តវិវត្តទៅមុខទៀត? ទោះបីជាអ្នកដឹកនាំក្លែងក្លាយអាចមិនកាចសាហាវ ឬអាក្រក់ដូចពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ហើយទោះបីជានៅខាងក្រៅ ពួកគេអាចហាក់ដូចជាមានសមត្ថភាពស៊ូទ្រាំនឹងការលំបាក និងធ្វើការងារធ្ងន់ក៏ដោយ ដោយជួយអ្នកដទៃគ្រប់ពេល ហើយមានសមត្ថភាពអត់ធ្មត់ និងយោគយល់ដល់មនុស្ស ដូចជាពួកផារិស៊ីដែលបានធ្វើដំណើរគ្រប់ទិសទីដើម្បីអធិប្បាយ និងធ្វើការអ៊ីចឹង តើនៅទីបំផុតវាមានសារៈសំខាន់អ្វីទៅ? ប្រសិនបើពួកគេមិនអាចអនុវត្តកិច្ចការតែមួយបានទេ តើសកម្មភាព និងអាកប្បកិរិយារបស់ពួកគេខុសពីពួកផារិស៊ីយ៉ាងដូចម្ដេច? តើការប្រព្រឹត្តរបស់ពួកគេសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏ពួកគេកំពុងតែតតាំង និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់? ជាក់ស្ដែងណាស់ ពួកគេកំពុងតែតតាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងរារាំងដំណើរការធម្មតានៃកិច្ចការផ្សេងៗរបស់ពួកជំនុំ។ តើនេះមិនខុសពីអាកប្បកិរិយារបស់ពួកផារិស៊ី និងគ្រូគង្វាល និងចាស់ទុំទាំងនោះនៅក្នុងពិភពសាសនាទេឬ? អ្នកដឹកនាំក្លែងក្លាយគឺដូចជាពួកគេអ៊ីចឹង។ ដូច្នេះ តើយើងគួរកំណត់លក្ខណៈពួកគេដោយរបៀបណា? តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកដឹកនាំក្លែងក្លាយបន្តធ្វើដូច្នេះ? ពួកគេមិនត្រឹមតែនឹងបរាជ័យក្នុងការអនុវត្តការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងចាប់ផ្ដើមបរិហារ រិះគន់ វិនិច្ឆ័យ ថ្កោលទោស និងធ្វើរឿងផ្សេងៗទៀតចំពោះការរៀបចំចាត់ចែងទាំងនេះទៀតផង ពោលគឺអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទជាបន្តបន្ទាប់នឹងលេចចេញមក។ ពួកគេមិនត្រឹមតែបរាជ័យក្នុងការអនុវត្តការរៀបចំចាត់ចែងការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងរកលេសផ្សេងៗដើម្បីតតាំង និងរារាំងការអនុវត្តរបស់វាទៀតផង។ នេះមិនមែនជាការសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែជាការរារាំង និងការរំខានដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ នេះគឺជាការដែលពួកគេប្រើប្រាស់សញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងអំណាច និងឋានៈដែលបានផ្ដល់ឱ្យពួកគេដោយដំណាក់របស់ព្រះជាម្ចាស់ ដើម្បីរារាំងការអនុវត្តការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់។ តើនេះមិនមែនជាសារជាតិនៃបញ្ហាទេឬ? (មែនហើយ។) អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង ហើយមិនអាចអនុវត្តកិច្ចការផ្សេងៗដែលបានចាត់ចែងដោយថ្នាក់លើបានទេ ប៉ុន្តែពួកគេនៅតែអះអាងពីឋានៈរបស់ពួកគេដើម្បីអធិប្បាយដល់មនុស្ស ដោយមានអារម្មណ៍ថា ពួកគេគឺជាប្រមុខ ជាមេដឹកនាំនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ការណ៍នេះធ្វើឱ្យពួកគេក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយ ដែលជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ តើការកំណត់លក្ខណៈមនុស្សបែបនេះត្រឹមត្រូវដែរឬទេ? វាត្រឹមត្រូវបំផុត ដោយគ្មានកំហុសឆ្គងអ្វីឡើយ! នេះមិនមែនជាការវែកញែកបែបឡូហ្ស៊ិកទេ ប៉ុន្តែជាការកំណត់លក្ខណៈដោយផ្អែកលើសារជាតិរបស់ពួកគេ។ អស់អ្នកដែលមិនអាចអនុវត្តការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់បាន គឺជាអ្នកដឹកនាំក្លែងក្លាយ ហើយអស់អ្នកដែលមិនអនុវត្តការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ ក៏ជាអ្នកដឹកនាំក្លែងក្លាយដែរ។ មុនពេលពួកគេត្រូវបានបើកបង្ហាញថាជាពួកផារិស៊ី ពួកគេអាចត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ។ ក៏ប៉ុន្តែ ចាប់ពីពេលដែលពួកគេក្លាយជាពួកផារិស៊ី ហើយរស់នៅដោយពឹងផ្អែកលើពួកជំនុំ ពឹងផ្អែកលើ «ស្នាដៃពីអតីតកាល» របស់ពួកគេ ហើយកាន់កាប់តំណែងដោយមិនអនុវត្តការរៀបចំចាត់ចែងការងារ ឬធ្វើកិច្ចការជាក់លាក់ ក្លាយជាឧបសគ្គដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ មនុស្សបែបនេះគួរតែត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកកំណត់ដោយរបៀបណាថាតើនរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ ឬជាអ្នកទទឹងនឹងព្រះគ្រីស្ទ? អ្នកដឹកនាំក្លែងក្លាយត្រូវបានកំណត់លក្ខណៈដោយផ្អែកលើថាតើពួកគេអាចអនុវត្តការរៀបចំចាត់ចែងការងារ និងធ្វើកិច្ចការជាក់ស្ដែងបានដែរឬទេ។ អស់អ្នកដែលមិនអនុវត្តការរៀបចំចាត់ចែងការងារ និងមិនធ្វើកិច្ចការជាក់ស្ដែង គឺជាអ្នកដឹកនាំក្លែងក្លាយ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេដឹងថាពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ហើយមិនអាចអនុវត្តការរៀបចំចាត់ចែងការងារពីថ្នាក់លើបាន ប៉ុន្តែនៅតែចង់អះអាងពីឋានៈរបស់ពួកគេដើម្បីអធិប្បាយ និងស្រែកពាក្យស្លោកដើម្បីទាក់ទាញចិត្តមនុស្ស ហើយព្រងើយកន្តើយនឹងការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ ហើយរំពឹងថាដំណាក់របស់ព្រះជាម្ចាស់ ដោយពិចារណាលើការពិតដែលថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានរងទុក្ខសម្រាប់កិច្ចការរបស់ពួកជំនុំអស់រយៈពេលជាច្រើនឆ្នាំ នឹងរក្សាពួកគេទុកដើម្បីឱ្យពួកគេអាចរស់នៅដោយពឹងផ្អែកលើពួកជំនុំ និងទាញយកផលប្រយោជន៍ពីដំណាក់របស់ព្រះជាម្ចាស់ជាផ្ទះសម្រាប់ពេលចូលនិវត្តន៍ បន្តបំភាន់បងប្អូនប្រុសស្រី សូម្បីតែស្វែងរកអំណាចក្នុងការបញ្ចេញមតិណែនាំ និងសិទ្ធិអំណាចក្នុងការសម្រេចចិត្ត នោះមនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះជារបៀបដែលអ្នកកំណត់ថាតើនរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ ឬជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ តើគោលការណ៍ និងស្ដង់ដារសម្រាប់ការកំណត់លក្ខណៈនេះច្បាស់លាស់ដែរឬទេ? (ច្បាស់។)
ការទទួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺពាក់ព័ន្ធជាចម្បងនឹងការរៀបចំចាត់ចែងការងារ។ ថាតើអ្នកដឹកនាំ ឬអ្នកធ្វើការអនុវត្តការរៀបចំចាត់ចែងការងារបានឬអត់ នោះគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់សាកល្បងថាតើពួកគេស្របតាមស្ដង់ដារដែរឬទេ។ ការវាយតម្លៃថាតើអ្នកដឹកនាំ និងអ្នកធ្វើការជាអ្នកពិត ឬក្លែងក្លាយ ដោយផ្អែកលើថាតើពួកគេអនុវត្តកិច្ចការរបស់ពួកជំនុំតាមការរៀបចំចាត់ចែងការងារដែរឬទេ គឺជាវិធីសាស្ត្រដែលត្រឹមត្រូវបំផុត។ ការប្រើប្រាស់អាកប្បកិរិយារបស់ពួកគេចំពោះការរៀបចំចាត់ចែងការងារ ដើម្បីវែកញែក និងវិភាគអំពីអ្នកដឹកនាំក្លែងក្លាយ និងដើម្បីកំណត់ថាតើពួកគេជាអ្នកដឹកនាំក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ គឺពិតជាយុត្តិធម៌ណាស់។ ការវាយតម្លៃអ្នកដឹកនាំ និងអ្នកធ្វើការ ដោយផ្អែកលើរបៀបដែលពួកគេអនុវត្តការរៀបចំចាត់ចែងការងារ ថាតើពួកគេអាចអនុវត្តការរៀបចំចាត់ចែងការងារបានដែរឬទេ និងប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការអនុវត្តរបស់ពួកគេ គឺជារឿងត្រឹមត្រូវ និងសមហេតុផលសម្រាប់អ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់។ នេះមិនមែនធ្វើឡើងដោយចេតនាដើម្បីធ្វើឱ្យមានការលំបាកដល់នរណាម្នាក់ឡើយ។ តើអ្នករាល់គ្នាអាចវែកញែកបានទេថា អ្នកដឹកនាំក្លែងក្លាយមួយចំនួនមិនអនុវត្តការរៀបចំចាត់ចែងការងារ ហើយនៅទីបំផុតក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ? តើការអះអាងនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) ហេតុអ្វីបានជាវាត្រឹមត្រូវ? (ពីព្រោះអ្នកដឹកនាំក្លែងក្លាយមិនអនុវត្តការរៀបចំចាត់ចែងការងារ ហើយកាន់តំណែងដើម្បីបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ នេះមានន័យថា ពួកគេបានចាប់ផ្ដើមដើរលើមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយ។) នេះគឺជាបាតុភូត។ តើអ្វីទៅជាសារជាតិនៃបញ្ហានេះ? ការមិនអនុវត្តការរៀបចំចាត់ចែងការងារ គឺកំពុងតែតតាំងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងទ្រង់។ តើការប្រឆាំងនឹងព្រះជាម្ចាស់មានន័យដូចម្ដេច? អស់អ្នកដែលដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ ដោយឈរនៅទល់មុខនឹងទ្រង់ដោយផ្ទាល់។ ប្រសិនបើម្នាក់នោះគ្រាន់តែជាអ្នកដឹកនាំក្លែងក្លាយ ពួកគេគ្រាន់តែមិនដឹងពីរបៀបធ្វើការ ឬអនុវត្តការរៀបចំចាត់ចែងការងារប៉ុណ្ណោះ ពួកគេមិនមែនកំពុងតែតតាំងនឹងព្រះជាម្ចាស់ដោយចេតនានោះទេ។ ក៏ប៉ុន្តែ លក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺមានលក្ខណៈធ្ងន់ធ្ងរជាងអ្នកដឹកនាំក្លែងក្លាយឆ្ងាយណាស់។ អ្នកដឹកនាំក្លែងក្លាយមួយចំនួនបានដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទជាយូរមកហើយ។ បុគ្គលទាំងនេះចាប់ផ្ដើមដោយមិនធ្វើកិច្ចការជាក់ស្ដែង និងមិនអនុវត្តការរៀបចំចាត់ចែងការងារទេ។ បន្ទាប់ពីធ្វើជាអ្នកដឹកនាំអស់រយៈពេលជាយូរ ហើយអាចអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ពួកគេមានអារម្មណ៍ថា តំណែងរបស់ពួកគេមានស្ថិរភាព ថាពួកគេមានដើមទុន ហើយថាពួកគេបានទទួលកិត្យានុភាពក្នុងចំណោមមនុស្ស។ បន្ទាប់មក ពួកគេហ៊ានចាប់ផ្ដើមធ្វើអ្វីៗតាមតែចិត្តចង់ និងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេតែងតែវាយតម្លៃខ្លួនឯងខ្ពស់ពេក ដោយជឿថាពួកគេបានទទួលកិត្យានុភាពក្នុងចំណោមបងប្អូនប្រុសស្រី ថាពាក្យសម្ដីរបស់ពួកគេមានទម្ងន់ ហើយហេតុដូច្នេះ ពួកគេគួរតែមានអំណាចគ្រប់គ្រងលើការបញ្ចេញមតិ និងសិទ្ធិអំណាចក្នុងការសម្រេចចិត្តនៅក្នុងគ្រប់ការណ៍ទាំងអស់។ ពួកគេគិតថាមនុស្សគួរតែស្ដាប់តាមពួកគេ មនុស្សគួរតែទុកមុខឱ្យពួកគេ ប្រសិនបើពួកគេធ្វើឱ្យខ្លួនឯងអាម៉ាស់នៅពេលកំពុងធ្វើអ្វីមួយ ឬនិយាយភ្លាំងភ្លាត់ ដំណាក់របស់ព្រះជាម្ចាស់ក៏គួរតែធ្វើដូច្នេះដែរ។ ដំណាក់របស់ព្រះជាម្ចាស់គួរតែពិគ្រោះយោបល់ជាមួយពួកគេចំពោះបញ្ហាណាមួយដែលកើតឡើង ហើយផ្ដល់ចំណែកនៃរបស់ល្អៗដល់ពួកគេ ហើយពួកគេគួរតែទទួលបានផលប្រយោជន៍ប្រសើរជាង និងការសរសើរខ្ពស់ជាងអ្នកដទៃ។ ពួកគេគិតថា ព្រះជាម្ចាស់ក៏គួរតែចាត់ទុកពួកគេខុសពីគេដែរ។ ដោយសារតែគុណសម្បត្តិ និងឧត្តមភាពដែលពួកគេយល់ឃើញទាំងនេះ ពួកគេជឿថា ដំណាក់របស់ព្រះជាម្ចាស់មិនគួរលួសកាត់ពួកគេ ឬបើកបង្ហាញនិស្ស័យពុករលួយរបស់ពួកគេនៅចំពោះមុខអ្នកដទៃដោយងាយៗនោះទេ ហើយរឹតតែមិនគួរបណ្ដេញពួកគេចេញដោយមិនបានគិតគូរដល់អារម្មណ៍របស់ពួកគេសោះឡើយ។ មនុស្សបែបនេះគឺស្ថិតក្នុងគ្រោះថ្នាក់។ ពួកគេកំពុងតែពឹងផ្អែកលើ «ស្នាដៃពីអតីតកាល» របស់ពួកគេ។ ពួកគេគឺជាពួកផារិស៊ី ហើយបានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយ។ តើការណ៍នេះមិនមែនត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេទេឬ? ប្រសិនបើនរណាម្នាក់ដេញតាមសេចក្ដីពិត ហើយមានតថភាពនៃសេចក្ដីពិត តើពួកគេនឹងធ្វើការទាមទារដែលគ្មានហេតុផលបែបនេះចំពោះដំណាក់របស់ព្រះជាម្ចាស់ និងចំពោះព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) មានមនុស្សមួយប្រភេទ ដែលបន្ទាប់ពីធ្វើការអស់រយៈពេលជាយូរមក មានអារម្មណ៍ថាខ្លួនបានទទួលឋានៈ និងមានដើមទុន ហើយដូច្នេះក៏បង្កើតគំនិត និងអារម្មណ៍នៃឧត្តមភាពប្រភេទនេះឡើង។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? គឺជាមនុស្សម្នាក់ដែលមានសារជាតិនៃអ្នកទទឹងនឹងព្រះគ្រីស្ទ។ ដោយសារតែពួកគេមិនដេញតាមសេចក្ដីពិត ហើយដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេគឺក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ដោយធ្វើការទាមទារដែលគ្មានហេតុផលគ្រប់បែបយ៉ាងចំពោះព្រះជាម្ចាស់ និងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេពឹងផ្អែកលើ «ស្នាដៃពីអតីតកាល» របស់ពួកគេ រស់នៅដោយពឹងផ្អែកលើពួកជំនុំ តោងជាប់នឹងឋានៈរបស់ពួកគេ ហើយនៅទីបំផុតក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់។ នេះគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទតាមក្បួនខ្នាត។ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរឬទេ? នរណាក៏ដោយដែលមានមោទនភាពចំពោះខ្លួនឯងថាជាមនុស្សខាងវិញ្ញាណ គឺស្ថិតនៅក្នុងប្រភេទនេះ។ ច្បាស់ណាស់ ពួកគេគឺគ្មានតម្លៃ ហើយមិនអាចធ្វើកិច្ចការជាក់លាក់ណាមួយបានទេ ប៉ុន្តែនៅតែចាត់ទុកខ្លួនឯងថាជាអ្នកខាងវិញ្ញាណ ពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សដែលព្រះជាម្ចាស់ទតឃើញដោយពេញព្រះហឫទ័យ និងជាគោលដៅនៃការធ្វើឱ្យគ្រប់លក្ខណ៍របស់ទ្រង់។ ពួកគេជឿថា ពួកគេគឺជាបុត្រាជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ជាអ្នកមានជ័យជំនះ។ តើមនុស្សបែបនេះកំពុងដើរតាមមាគ៌ាអ្វី? តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតមែនទេ? តើពួកគេជាមនុស្សដែលចុះចូលនឹងសេចក្ដីពិតមែនទេ? តើពួកគេជាមនុស្សដែលចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់មែនទេ? ពិតជាមិនមែនទេ មិនមែនសោះឡើយ។ ពួកគេគឺជាមនុស្សដែលដេញតាមឋានៈ កេរ្តិ៍ឈ្មោះ និងព្រះពរ ហើយដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលមនុស្សបែបនេះកាន់តំណែងអស់រយៈពេលជាយូរ ដោយបម្រើការជាអ្នកដឹកនាំក្លែងក្លាយអស់រយៈពេលជាយូរ ពួកគេនឹងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយជៀសមិនរួច។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាឧបសគ្គដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ ពួកគេមិនអាចធ្វើការតាមការរៀបចំចាត់ចែងការងារបានជាដាច់ខាត ហើយពួកគេក៏មិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬធ្វើអ្វីៗតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានជាដាច់ខាតផងដែរ។ លើសពីនេះទៅទៀត ពួកគេមិនអាចបោះបង់ឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ពួកគេ ដើម្បីធ្វើកិច្ចការរបស់ពួកជំនុំបានជាដាច់ខាត ពីព្រោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។
ការប្រកបគ្នាអំពីការទទួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺផ្តោតជាចម្បងលើការអនុវត្តការរៀបចំចាត់ចែងការងារ។ ថាតើអ្នកដឹកនាំ ឬអ្នកធ្វើការស្របតាមស្ដង់ដារ និងបំពេញការទទួលខុសត្រូវរបស់ខ្លួនបានឬអត់ នោះគឺត្រូវបានកំណត់ជាចម្បងដោយរបៀបដែលពួកគេអនុវត្តការរៀបចំចាត់ចែងការងារ និងលទ្ធផលនៃការអនុវត្តទាំងនេះ។ ជាការពិតណាស់ ស្ដង់ដារនេះក៏ត្រូវបានប្រើប្រាស់ដើម្បីបើកបង្ហាញអ្នកដឹកនាំក្លែងក្លាយ និងមាគ៌ាដែលពួកគេដើរតាម ព្រមទាំងផលវិបាកដែលពួកគេនាំមកដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ រាល់ការកំណត់ ការវិនិច្ឆ័យ និងការកំណត់លក្ខណៈចុងក្រោយទាំងអស់នេះ គឺផ្អែកលើការអនុវត្តការរៀបចំចាត់ចែងការងាររបស់អ្នកដឹកនាំក្លែងក្លាយ។ ការអនុវត្តការរៀបចំចាត់ចែងការងារគឺជាកិច្ចការចម្បងមួយ ដូច្នេះ ការកំណត់ថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ស្របតាមស្ដង់ដារដែរឬអត់ ដោយផ្អែកលើការអនុវត្តការរៀបចំចាត់ចែងការងាររបស់ពួកគេ គឺពិតជាជាក់ស្ដែង និងជាមូលដ្ឋានគ្រឹះបំផុត។ លើសពីនេះទៅទៀត ការតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់រូបគោរពតាមស្ដង់ដារនេះ គឺពិតជាសមហេតុផល និងត្រឹមត្រូវបំផុត ដោយគ្មានការលាយឡំអ្វីឡើយ។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១