ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១១)
នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបួននៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «បញ្ជូនបន្ត ចេញផ្សាយ និងអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ផ្ដល់ការណែនាំ ផ្ដល់ការមើលការខុសត្រូវ និងផ្ដល់ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តកិច្ចការទាំងនោះ»។ យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបំពេញ និងកិច្ចការដែលពួកគេត្រូវតែធ្វើ ហើយយើងក៏បានវែកញែកអំពីឥរិយាបថមួយចំនួនរបស់ពួកអ្នកដឹកនាំក្លែងក្លាយផងដែរ។ ទោះបីជាយើងមិនបានប្រកបគ្នាអំពីចំណុចលម្អិតនៃរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវអនុវត្តការរៀបចំចាត់ចែងការងារនីមួយៗក៏ដោយ ក៏យើងបានប្រកបគ្នាអំពីចំណុចលម្អិតនៃគោលការណ៍សម្រាប់ការអនុវត្តការរៀបចំចាត់ចែងទាំងនោះ ក៏ដូចជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើដែរ។ តាមរយៈការប្រកបគ្នារបស់យើងអំពីចំណុចទីប្រាំបួន តើអ្នករាល់គ្នាបានទទួលនិយមន័យកាន់តែជាក់លាក់ និងត្រឹមត្រូវជាងមុនអំពីកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើដែរឬទេ? តើឥឡូវនេះអ្នករាល់គ្នាយល់ច្បាស់អំពីកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើហើយឬនៅ? រឿងចម្បងសម្រាប់ពួកគេ គឺត្រូវអនុវត្តកិច្ចការស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងការងារនៃដំណាក់របស់ទ្រង់។ ជាទូទៅគឺមានតែប៉ុណ្ណឹងឯង។ ឥឡូវនេះ យើងទាំងអស់គ្នាយល់ច្បាស់ហើយ។ កិច្ចការអ្វីដែលអ្នកដឹកនាំ ឬអ្នកធ្វើការត្រូវតែធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងអ្វីដែលជាទំនួលខុសត្រូវរបស់ពួកគេ គួរតែត្រូវបានប្រកបគ្នាយ៉ាងជាក់លាក់នៅក្នុងចំណុចទីប្រាំបួនរួចហើយ។ ជាទូទៅគឺគ្រប់ជ្រុងជ្រោយហើយ។ វិសាលភាពនៃទំនួលខុសត្រូវរបស់ពួកគេត្រូវបានកំណត់ ហើយកិច្ចការដែលពួកគេគួរតែធ្វើ ក៏ដូចជារបៀបដែលពួកគេគួរតែធ្វើវា ក៏បានរ៉ាយរ៉ាប់យ៉ាងច្បាស់ផងដែរ។ ប្រសិនបើមាននរណាម្នាក់នៅតែមិនដឹងពីរបៀបធ្វើកិច្ចការជាក់ស្ដែង ក្រោយពីបានរ៉ាយរ៉ាប់យ៉ាងច្បាស់ហើយ នោះគឺជាបញ្ហារបស់ពួកគេដែលមានគុណសម្បត្តិអន់។ ពួកគេគឺជាប្រភេទអ្នកដឹកនាំក្លែងក្លាយដែលមិនអាចធ្វើការបាន។ មានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀត ដែលរៀបចំកិច្ចការដោយគ្រាន់តែផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រើមនុស្សម្ដងម្នាក់នេះម្ដងម្នាក់នោះ ដែលបណ្ដាលឱ្យមានមនុស្សច្រើនធ្វើកិច្ចការតែមួយ និងមានភាពរញ៉េរញ៉ៃ។ កិច្ចការមិនត្រឹមតែធ្វើបានមិនល្អប៉ុណ្ណោះទេ តែពួកគេធ្វើឲ្យវារញ្ជួយរញ៉ៃទាំងស្រុង ដល់ថ្នាក់គ្មានផ្លូវទៅមុខទៀត។ ពួកអ្នកដឹកនាំក្លែងក្លាយនឹងមិនដែលអនុវត្តការរៀបចំចាត់ចែងការងារឡើយ កុំថាឡើយធ្វើកិច្ចការពិតប្រាកដ។ ពួកគេគ្រាន់តែធ្វើកិច្ចការដែលពួកគេចូលចិត្ត ដោយផ្ដោតតែលើកិច្ចការទូទៅប៉ុណ្ណោះ។ នៅពេលពួកគេធ្វើកិច្ចការ ពួកគេដឹងតែចេញបញ្ជា និងស្រែកពាក្យស្លោកគ្មានន័យ និងគោលលទ្ធិប៉ុណ្ណោះ។ ពួកគេមិនដែលតាមដានកិច្ចការឡើយ ហើយក៏មិនខ្វល់ថាវាមានប្រសិទ្ធភាពឬអត់ដែរ។ នេះគឺជាអ្នកដឹកនាំក្លែងក្លាយមួយប្រភេទ។ សរុបមក ទោះជានរណាម្នាក់មិនអាចធ្វើកិច្ចការពិតប្រាកដ ឬមិនធ្វើកិច្ចការពិតប្រាកដក្នុងនាមជាអ្នកដឹកនាំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើពួកគេមិនអាចបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យ ហើយប្រសិនបើពួកគេមិនអាចអនុវត្តកិច្ចការផ្សេងៗដែលបានរៀបចំចាត់ចែងដោយដំណាក់របស់ព្រះជាម្ចាស់បានទេ នោះពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។
ឥឡូវនេះ តាមរយៈការប្រកបគ្នារបស់យើងអំពីទំនួលខុសត្រូវទាំងប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ និងការលាតត្រដាងរបស់យើងអំពីរបៀបផ្សេងៗដែលអ្នកដឹកនាំក្លែងក្លាយសម្ដែងចេញ តើអ្នករាល់គ្នាបានទទួលចំណេះដឹង និងការយល់ដឹងជាមូលដ្ឋានខ្លះៗអំពីរបៀបបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (មែនហើយ។) បើអ៊ីចឹង តើអ្នករាល់គ្នាមើលឃើញថា កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ងាយស្រួលធ្វើដែរឬទេ? តើសេចក្ដីតម្រូវចំពោះមនុស្សខ្ពស់ដែរឬទេ? តើវាលើសលប់ដែរឬទេ? (វាមិនខ្ពស់ទេ វាសុទ្ធតែជាសេចក្ដីតម្រូវដែលយើងអាចបំពេញបាន។) តើមានអ្នកដឹកនាំ និងអ្នកធ្វើការដែលនិយាយថា «មានកិច្ចការ និងប្រភេទកិច្ចការច្រើនពេកហើយ ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើ។ អ្នកដឹកនាំឡើងឋានៈកាន់តែខ្ពស់ វិសាលភាពនៃកិច្ចការរបស់ពួកគេកាន់តែធំ ហើយកិច្ចការដែលពួកគេទទួលខុសត្រូវក៏កាន់តែច្រើនដែរ។ ដើម្បីធ្វើកិច្ចការនោះឱ្យបានល្អ និង អនុវត្តវាបានស្របតាមសេចក្ដីតម្រូវរបស់ខាងលើ យើងអាចនឹងស្លាប់ដោយសារការហត់នឿយ មែនទេ?» តើមាននរណាម្នាក់ដួលសន្លប់ដោយសារការហត់នឿយ ដោយសារបានធ្វើកិច្ចការជាក់ស្ដែងទាំងអស់បានល្អ ដោយសារបានអនុវត្តកិច្ចការគ្រប់មុខឱ្យបានដល់កម្រិតដែលគួរទៅដល់ ដែរឬទេ? (អត់ទេ។) តើមាននរណាម្នាក់ឈឺដោយសារការហត់នឿយដែរឬទេ? តើមាននរណាម្នាក់រវល់ខ្លាំងរហូតដល់គ្មានពេលហូបចុក ឬគេងដែរឬទេ? (អត់ទេ។) អ្នកខ្លះអាចនិយាយថា «ម៉េចក៏ថាអត់? មនុស្សខ្លះពិតជាហត់នឿយនឹងការធ្វើកិច្ចការពួកជំនុំមែន ដោយសារតែពួកគេមិនអាចហូបចុកទៀងទាត់ក្នុងរយៈពេលយូរ ឬមិនអាចធ្វើការ និងសម្រាកតាមរបៀបទៀងទាត់ ដោយមានតុល្យភាពរវាងការងារ និងការសម្រាក។ នៅទីបំផុតពួកគេក៏មានជំងឺដោយសារការហត់នឿយ»។ តើអ្នករាល់គ្នាធ្លាប់ឮពីស្ថានភាពបែបនេះកើតឡើងដែរឬទេ? (អត់ទេ។) តើមាននរណាម្នាក់ដែលក្រោយពីបានស្ដាប់ឮប្រការទីប្រាំបួន និងបានឃើញខ្លឹមសារជាក់លាក់នៃកិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក៏ដូចជាបទដ្ឋានដែលតម្រូវសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើកិច្ចការជាក់លាក់នេះ ហើយមានអារម្មណ៍ភ័យខ្លាច និងតក់ស្លុតដែរឬទេ? តើពួកគេមានអារម្មណ៍ថា «ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការមិនមែនជារឿងងាយស្រួលទេ។ បើគ្មានសុខភាពរាងកាយមាំមួន គុណសម្បត្តិល្អ ចិត្តទូលាយ និងថាមពល និងកម្លាំងអស្ចារ្យទេ តើអ្នកណាអាចធ្វើការងារនេះបានល្អទៅ?» តើមាននរណាម្នាក់មានគំនិតនេះដែរឬទេ? តើវាសមហេតុផលដែរឬទេ? (អត់ទេ។) តើអ្វីដែលធ្វើឱ្យវាមិនសមហេតុផល? ទីមួយ នៅពេលបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ មិនថាឋានៈរបស់ពួកគេជាអ្វី ហើយមិនថាទំនួលខុសត្រូវរបស់ពួកគេគ្រប់ជ្រុងជ្រោយ ឬសម្រាប់តែកិច្ចការតែមួយមុខនោះទេ អ្នកដឹកនាំ និងអ្នកធ្វើការ យ៉ាងហោចណាស់ត្រូវតែធ្វើកិច្ចការចម្បងរបស់ពួកគេឱ្យបានល្អ រួមជាមួយកិច្ចការបន្ថែមមួយ ឬពីរមុខទៀតយ៉ាងច្រើនបំផុត។ ទោះបីជាពួកគេត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការគ្រប់ជ្រុងជ្រោយក៏ដោយ ក៏វាមិនមានន័យថាពួកគេត្រូវតែតាមដាន ឬណែនាំគ្រប់ជ្រុងជ្រោយដែរ។ ពួកគេត្រូវតែផ្ដោតលើការទទួលខុសត្រូវលើកិច្ចការដែលសំខាន់បំផុត ឬយកចិត្តទុកដាក់ក្នុងពេលតែមួយទៅលើចំណុចខ្សោយនៅក្នុងកិច្ចការជាក់លាក់ណាមួយ។ មនុស្សខ្លះអាចពោរពេញដោយថាមពល មានស្មារតីទទួលខុសត្រូវខ្ពស់ និងមានគុណសម្បត្តិល្អ ហើយពួកគេមានសមត្ថភាពធ្វើកិច្ចការចម្រុះជាច្រើន ប៉ុន្តែកិច្ចការចម្បងរបស់ពួកគេភាគច្រើនគឺមានតែកិច្ចការមួយ ឬពីរមុខប៉ុណ្ណោះ។ ចំពោះកិច្ចការផ្សេងទៀត ពួកគេគ្រាន់តែត្រូវការពិនិត្យមើល ស៊ើបសួរអំពីវា និងព្យាយាមយល់ពីវា ហើយដោះស្រាយតែបញ្ហាណាដែលពួកគេបានរកឃើញប៉ុណ្ណោះ។ នោះជាផ្នែកមួយនៃកិច្ចការ។ ម្យ៉ាងទៀត ទោះបីជាពួកគេកំពុងទទួលខុសត្រូវលើកិច្ចការជាច្រើនព្រមៗគ្នាក៏ដោយ ក៏ពួកគេគ្រាន់តែត្រូវការពឹងផ្អែកលើអ្នកមើលការខុសត្រូវចម្បងដើម្បីធ្វើកិច្ចការទាំងនោះប៉ុណ្ណោះ។ អ្វីដែលពួកគេធ្វើគឺគ្រាន់តែមើលការខុសត្រូវកិច្ចការផ្សេងៗ ពិនិត្យមើល និងណែនាំកិច្ចការទាំងនោះប៉ុណ្ណោះ។ កិច្ចការចម្បងដែលពួកគេត្រូវធ្វើដោយខ្លួនឯងផ្ទាល់គឺនៅតែជាកិច្ចការតែមួយមុខដដែល។ ហើយតើការធ្វើកិច្ចការតែមួយមុខអាចធ្វើឱ្យនរណាម្នាក់ហត់នឿយដែរឬទេ? (អត់ទេ។) ប្រសិនបើគុណសម្បត្តិរបស់មនុស្សម្នាក់គ្រប់គ្រាន់ ហើយគំនិតរបស់ពួកគេវាងវៃ ពួកគេនឹងរៀបចំកិច្ចការដោយសមហេតុផល ទាក់ទងនឹងរបៀបបែងចែកពេលវេលា និងរបៀបធ្វើឱ្យវាមានប្រសិទ្ធភាព។ ពួកគេនឹងមិនរញ៉េរញ៉ៃ គ្មានរបៀបរបបឡើយ។ ពួកគេនឹងមើលទៅមិនសូវរវល់ទេ គឺពួកគេនឹងធ្វើការតាមលំដាប់លំដោយ ប៉ុន្តែ ការងារមិនមែនគ្មានប្រសិទ្ធភាពនោះទេ ហើយវានឹងទទួលបានលទ្ធផលល្អ។ នោះហើយជាមនុស្សដែលមានគុណសម្បត្តិ ដែលចេះបែងចែកកម្លាំងមនុស្ស និងពេលវេលាដោយសមហេតុផល។ មនុស្សដែលគ្មានគុណសម្បត្តិ ឬមានគុណសម្បត្តិអន់ គឺធ្វើកិច្ចការអ្វីក៏រញ៉េរញ៉ៃដែរ។ ពួកគេរវល់ណាស់រាល់ថ្ងៃ ប៉ុន្តែរវល់នឹងអ្វី ពួកគេខ្លួនឯងហ្នឹងក៏មិនដឹងថារវល់អ្វីផង។ ពួកគេគ្មានកាលវិភាគ គ្មានការយល់ដឹងពីពេលវេលា ពួកគេក្រោកពីព្រលឹម ហើយចូលគេងយប់ជ្រៅ ពួកគេមិនអាចហូបចុកទៀងពេល ប៉ុន្តែបើគិតពីប្រសិទ្ធភាពការងារ ពួកគេមិនបានធ្វើកិច្ចការពិតប្រាកដអ្វីសោះឡើយ។ តើនេះមិនមែនជាករណីនៃមនុស្សដែលមានគុណសម្បត្តិអន់ខ្លាំងទេឬ? (មែនហើយ។) មនុស្សប្រភេទនេះមើលទៅដូចជារវល់ចុះឡើងរាល់ថ្ងៃគ្មានពេលសម្រាក ប៉ុន្តែពួកគេមិនអាចចាប់ចំណុចស្នូលនៃកិច្ចការបាន ក៏មិនអាចបែងចែកថាមួយណាជាការងារបន្ទាន់ និងមួយណាអាចរង់ចាំបានដែរ ហើយពួកគេគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឡើយ។ ការនេះធ្វើឱ្យកិច្ចការយឺតយ៉ាវ។ ពួកគេក្តៅក្រហាយក្នុងចិត្ត ហើយឡើងដំបៅមាត់។ ទោះបីជាក្នុងករណីទាំងនេះក៏ដោយ ក៏ពួកគេមិនដួលសន្លប់ដោយសារការហត់នឿយដែរ។ មនុស្សដែលមានគុណសម្បត្តិអន់ អាចធ្វើការលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិទ្ធភាពការងាររបស់ពួកគេគឺអន់ជាងមនុស្សដែលមានគុណសម្បត្តិល្អឆ្ងាយណាស់។ ដូច្នេះ ពួកគេត្រូវតែរវល់មែនទេ? ពួកគេគួរតែរវល់ហើយ ពួកគេមិនអាចទទួលបានលទ្ធផលទេ ទោះបីជារវល់ក៏ដោយ។ ប្រសិនបើពួកគេមិនរវល់ទេ កិច្ចការនឹងត្រូវគាំងជាមិនខាន។ នេះគឺជាមនុស្សម្នាក់ដែលមានគុណសម្បត្តិអន់ខ្លាំង ដែលពួកគេមិនស័ក្តិសមនឹងធ្វើការងារ ឬទទួលយកការងារនោះឡើយ។ លើសពីនេះទៅទៀត មានកិច្ចការជាច្រើននៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយសេចក្ដីតម្រូវគឺតឹងរ៉ឹងបន្តិចដែរ បើនិយាយពីមនុស្ស និងពេលវេលា។ សម្រាប់មនុស្សភាគច្រើន នៅពេលដែលពួកគេរាងរវល់ គឺដោយសារតែពួកគេព្យាយាមធ្វើឱ្យបានល្អឥតខ្ចោះ និងទទួលបានលទ្ធផលល្អ ពីព្រោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់គឺខុសពីអាជីវកម្ម និងរោងចក្ររបស់លោកិយដែលមិនជឿ៖ ពួកទាំងនោះទាមទារផលប្រយោជន៍សេដ្ឋកិច្ច រីឯយើងវិញ យើងផ្ដោតលើលទ្ធផលនៃកិច្ចការ។ ប៉ុន្តែដោយសារមនុស្សភាគច្រើនមានគុណសម្បត្តិអន់ ធ្វើការគ្មានគោលការណ៍ និងគ្មានប្រសិទ្ធភាពខ្លាំង ទើបពួកគេត្រូវការពេលវេលាច្រើនជាងមុនដើម្បីបង្កើតលទ្ធផល។ តើឥឡូវនេះអ្នករាល់គ្នាភាគច្រើនលែងមានគំនិតអវិជ្ជមានអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទៀតហើយមែនទេ? រឿងមួយគឺប្រាកដណាស់៖ អ្នកដឹកនាំ និងអ្នកធ្វើការនឹងមិនហត់នឿយដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ដោយសារការធ្វើការស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ក្រៅពីកត្តាខាងក្រៅ និងកត្តាជាក់ស្ដែងទាំងនេះ មានរឿងមួយទៀតដែលអ្នកអាចប្រាកដក្នុងចិត្តបាន៖ ប្រសិនបើមនុស្សម្នាក់មានបន្ទុក និងមានគុណសម្បត្តិជាក់លាក់មួយ ហើយមិនមើលរំលងការពិតដែលថាមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះពេលដែលពួកគេជួបនឹងបញ្ហាខ្លះដែលពួកគេមិនអាចនឹកស្មានដល់ ឬទស្សន៍ទាយបាន និងជួបនឹងបញ្ហាខ្លះដែលពួកគេមិនធ្លាប់ឆ្លងកាត់ពីមុនមក ហើយគ្មានបទពិសោធន៍ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរំឭកពួកគេជានិច្ច ដោយបំភ្លឺ និងជួយពួកគេគ្រប់ពេលវេលា។ កិច្ចការរបស់ពួកជំនុំមិនមែនពឹងផ្អែកទាំងស្រុងទៅលើកម្លាំង ថាមពល និងបន្ទុករបស់មនុស្សដើម្បីសម្រេចបាននោះទេ មួយផ្នែកនៃកិច្ចការនោះត្រូវតែពឹងផ្អែកលើកិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូចដែលមនុស្សភាគច្រើនបានឆ្លងកាត់។ ដូច្នេះ ទោះមើលពីជ្រុងណាក៏ដោយ ការបំពេញទំនួលខុសត្រូវរបស់ពួកគេ គឺជាអ្វីមួយដែលអ្នកដឹកនាំ ឬអ្នកធ្វើការគួរតែសម្រេចបាន។ វាមិនមែនជាសេចក្ដីតម្រូវបន្ថែមសម្រាប់ពួកគេទេ។ នៅពេលដែលអ្នកមិនជឿធ្វើការនៅក្នុងលោកិយ ពួកគេធ្វើសកម្មភាពដោយផ្អែកលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺខុសគ្នា៖ មនុស្សម្នាក់មិនមែនគ្រាន់តែធ្វើវាដោយផ្អែកលើគុណសម្បត្តិរបស់ពួកគេនោះទេ ពួកគេក៏ត្រូវតែពឹងផ្អែកលើការយល់ដឹងរបស់ពួកគេអំពីគោលការណ៍សេចក្ដីពិតដែរ ប្រសិនបើពួកគេចង់សម្រេចបានលទ្ធផល។ ពេលខ្លះ ពួកគេក៏ត្រូវតែជួយគ្នាទៅវិញទៅមក និងសហការគ្នាយ៉ាងចុះសម្រុងផងដែរ ប្រសិនបើពួកគេចង់បំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ។ អ្នកខ្លះអាចសួរថា «តើការធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តម្រូវឱ្យយើង 'លះបង់កម្លាំងកាយចិត្តរហូតដល់ថ្ងៃស្លាប់' ដែរឬទេ? 'ដង្កូវនាងនារដូវផ្ការីក ត្បាញរហូតដល់ថ្ងៃវាស្លាប់' តើយើងត្រូវការសម្រេចបានដល់កម្រិតនោះដែរឬទេ? តើដំណាក់របស់ព្រះជាម្ចាស់នឹងបន្ដប្រើយើង រហូតទាល់តែយើងស្លាប់ដោយសារការហត់នឿយឬ?» តើនេះជាអ្វីដែលព្រះជាម្ចាស់តម្រូវចំពោះមនុស្សមែនទេ? (អត់ទេ។) ការប្រកបគ្នារបស់យើងអំពីសេចក្ដីតម្រូវសម្រាប់ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺគ្រាន់តែដើម្បីឱ្យមនុស្សយល់ច្បាស់ និងយល់ដឹងអំពីរបៀបសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ស្របតាមគោលការណ៍សេចក្ដីពិត និងវិធីសាស្ត្រការងារដែលទ្រង់តម្រូវ ដើម្បីឱ្យកិច្ចការរបស់ទ្រង់អាចដំណើរការទៅមុខដោយរៀបរយ និងមានប្រសិទ្ធភាព និងដើម្បីឱ្យព្រះបន្ទូល និងកិច្ចការរបស់ទ្រង់អាចសម្រេចបានលទ្ធផលល្អប្រសើរជាងមុននៅក្នុងរាស្ដ្ររើសតាំងរបស់ទ្រង់។ ម្យ៉ាងគឺអំពីការអភិវឌ្ឍ និងផ្សព្វផ្សាយកិច្ចការ ម្យ៉ាងទៀតគឺអំពីការធ្វើឱ្យព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់សម្រេចបាននូវប្រសិទ្ធផលដែលគួរតែមាន ទៅលើអស់អ្នកដែលដើរតាមទ្រង់។ ទាំងនេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ និងជាអ្វីដែលពួកគេត្រូវសម្រេចបាននៅក្នុងកិច្ចការរបស់ពួកគេ។
ចំណុចទីដប់៖ ថែរក្សាឱ្យបានល្អ និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប ហើយធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបានតិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីប្រការទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ថែរក្សាឱ្យបានល្អ និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប ហើយធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបានតិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ»។ ប្រការទីប្រាំបួនគឺជាសេចក្ដីតម្រូវដែលគ្រប់ជ្រុងជ្រោយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រការទីដប់គឺជាផ្នែកធំមួយទៀតនៃកិច្ចការ ដែលរួមបញ្ចូលនូវសេចក្ដីតម្រូវជាក់លាក់មួយទៀតសម្រាប់ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ផ្នែកនៃកិច្ចការនេះពាក់ព័ន្ធនឹងសម្ភារដែលជាកម្មសិទ្ធិរបស់ដំណាក់ព្រះជាម្ចាស់ ដែលមួយចំនួនត្រូវបានទិញដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ជីវិតរបស់មនុស្សដែលបំពេញភារកិច្ចពេញម៉ោង ហើយមួយចំនួនទៀតគឺជាគ្រឿងបរិក្ខារ សម្ភារផ្សេងៗដែលត្រូវបានទិញសម្រាប់កិច្ចការផ្សព្វផ្សាយដំណឹងល្អ។ ក៏មានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន និងរបស់របរមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ហើយដែលគួរតែត្រូវបានរក្សាទុកដោយដំណាក់របស់ព្រះជាម្ចាស់។ ទាំងនេះគឺជាសម្ភារដែលពាក់ព័ន្ធនឹងជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ សរុបទាំងអស់មានបីប្រភេទ៖ សម្ភារចាំបាច់សម្រាប់ជីវិត សម្ភារចាំបាច់សម្រាប់កិច្ចការ និងសម្ភារចាំបាច់សម្រាប់ជំនឿលើព្រះជាម្ចាស់។ ទោះបីជាសម្ភារទាំងនេះត្រូវបានទិញដោយដំណាក់របស់ព្រះជាម្ចាស់ ឬត្រូវបានថ្វាយដោយបងប្អូនប្រុសស្រីក៏ដោយ នៅពេលដែលវាក្លាយជាកម្មសិទ្ធិរបស់ដំណាក់ព្រះជាម្ចាស់ហើយ វាក៏ពាក់ព័ន្ធនឹងបញ្ហានៃការគ្រប់គ្រង និងការបែងចែកសម្ភារដោយអ្នកដឹកនាំ និងអ្នកធ្វើការដែរ។ ទោះបីជាបើមើលពីខាងក្រៅទៅ កិច្ចការនេះហាក់ដូចជាមិនសូវសំខាន់ បើប្រៀបធៀបទៅនឹងជីវិតពួកជំនុំ កិច្ចការរដ្ឋបាល ឬកិច្ចការជំនាញ ហើយមិនមែនជារឿងដែលត្រូវតែដាក់ក្នុងរបៀបវារៈក៏ដោយ វានៅតែជាកិច្ចការដ៏សំខាន់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ។ សម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់គឺពាក់ព័ន្ធនឹងកិច្ចការ ជីវិត ការសិក្សា និងរឿងរ៉ាវទាំងអស់របស់អ្នកបំពេញភារកិច្ចទាំងអស់ ដូច្នេះហើយ ការថែរក្សា និងការបែងចែកដោយសមហេតុផល គឺសំខាន់ណាស់ ហើយមិនត្រូវមើលរំលងឡើយ។
ការថែរក្សាឱ្យបានត្រឹមត្រូវ
ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ អ្វីដែលកាន់តែសំខាន់ជាងការធ្វើកិច្ចការរដ្ឋបាលរបស់ពួកជំនុំឱ្យបានល្អ និងធ្វើឱ្យជីវិតពួកជំនុំបានល្អ គឺការធ្វើកិច្ចការផ្សាយដំណឹងល្អឱ្យបានល្អ ក៏ដូចជាកិច្ចការផ្សេងៗដែលពាក់ព័ន្ធនឹងកិច្ចការនោះដែរ។ លើសពីនេះទៅទៀត សម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ក៏គួរតែត្រូវបានគ្រប់គ្រងយ៉ាងសមរម្យផងដែរ។ របស់ទាំងនេះគួរតែត្រូវបានថែរក្សាឱ្យបានល្អ កុំបណ្ដោយឱ្យវាឡើងដុះផ្សិត ឬសត្វល្អិតស៊ី ហើយកុំបណ្ដោយឱ្យមនុស្សកាន់កាប់វា ហាក់ដូចជាវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ដំណាក់របស់ព្រះជាម្ចាស់ក៏មានសេចក្ដីតម្រូវ និងជំហានជាក់លាក់សម្រាប់ការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើកិច្ចការនេះឱ្យបានល្អដែរ។ ពួកគេត្រូវចាប់ផ្ដើមដោយត្រួតពិនិត្យមើលថាតើមនុស្សដែលគ្រប់គ្រងសម្ភារទាំងនេះជាមនុស្សដែលស័ក្តិសម និងមានការទទួលខុសត្រូវដែរឬទេ ថាតើពួកគេចេះគ្រប់គ្រងរបស់ទាំងនោះដែរឬទេ ហើយថាតើពួកគេអាចបំពេញទំនួលខុសត្រូវរបស់ខ្លួនដោយយកចិត្តទុកដាក់ដែរឬទេ ហើយថាតើរបស់ទាំងនេះនឹងត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្នុងដៃរបស់ពួកគេដែរឬទេ។ នៅពេលរក្សាទុកគ្រាប់ធញ្ញជាតិ ជាពិសេសនៅរដូវវស្សា នៅពេលដែលខ្យល់សើម និងមានភ្លៀងធ្លាក់ខ្លាំង តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវពិនិត្យមើលថាតើកន្លែងស្តុកស្រូវមានសើមដែរទេ។ តើមនុស្សដែលគ្រប់គ្រងការនេះ មានបានពិនិត្យទាន់ពេលដែរឬទេ? បើគ្រាប់ធញ្ញជាតិសើម តើគេយកវាទៅហាលទេ? តើពួកគេគ្រប់គ្រងការទាំងនេះ ដូចទៅនឹងការគ្រប់គ្រងរបស់របរផ្ទាល់ខ្លួនដែរឬទេ? តើពួកគេមានភាពជាមនុស្សបែបនេះទេ? តើពួកគេមានភាពស្មោះត្រង់បែបនេះដែរទេ? ពួកគេត្រូវចាប់ផ្ដើមដោយធ្វើការត្រួតពិនិត្យទៅលើមនុស្សដែលគ្រប់គ្រងរបស់ទាំងនេះ ដើម្បីមើលថាតើភាពជាមនុស្សរបស់ពួកគេយ៉ាងដូចម្ដេច ហើយថាតើពួកគេមានមនសិការ និងមានសីលធម៌ល្អដែរឬទេ។ ប្រសិនបើមនុស្សម្នាក់ហាក់ដូចជាមានភាពជាមនុស្សល្អ និងចិត្តល្អ ហើយមនុស្សភាគច្រើនទៀតផ្ដល់មតិយោបល់ល្អអំពីពួកគេ ប៉ុន្តែអ្នកមិនដឹងថាតើពួកគេស័ក្តិសមនឹងគ្រប់គ្រងសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ តើពេលនោះត្រូវធ្វើដូចម្ដេច? អ្នកត្រូវតែតាមដាន ពិនិត្យមើល និងមើលការខុសត្រូវលើការទាំងនោះ។ អ្នកត្រូវតែសាកសួរអំពីរឿងរ៉ាវទាំងនោះក្រោយមួយរយៈពេល ដើម្បីមើលថាតើអ្នកមើលថែ បានបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរឬទេ។ ឧទាហរណ៍ ជាមួយនឹងគ្រាប់ធញ្ញជាតិ ការព្រួយបារម្ភធំបំផុតគឺសំណើម។ អ្នកមើលថែ គួរតែពិនិត្យមើលថាតើឃ្លាំងស្ងួតឬសើម ហើយថាតើអាចមានសត្វល្អិតនៅក្នុងគ្រាប់ធញ្ញជាតិដែរឬទេ ហើយពួកគេគួរតែស្វែងរកនរណាម្នាក់ដែលដឹងអំពីរឿងបែបនេះ ដើម្បីពិគ្រោះយោបល់ និងស្វែងយល់អំពីការអនុវត្តដែលអាចធានាថាគ្រាប់ធញ្ញជាតិនឹងមិនសើម និងដុះផ្សិត ឬត្រូវសត្វល្អិតស៊ីឡើយ។ នៅពេលដែលពួកគេបានរក្សាទុកគ្រាប់ធញ្ញជាតិហើយ ពួកគេគួរតែពិនិត្យមើលឃ្លាំងឱ្យបានញឹកញាប់ ឬបើកបង្អួចដើម្បីឱ្យមានខ្យល់ចេញចូល។ នោះទើបជាការបំពេញទំនួលខុសត្រូវរបស់ខ្លួនយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកមើលថែចាត់វិធានការធ្វើរឿងទាំងនេះដោយខ្លួនឯង ដោយមិនចាំបាច់មានការជំរុញ ឬរំឭកទេ នោះពួកគេគឺជាមនុស្សដែលគួរឱ្យទុកចិត្ត ដែលធ្វើឱ្យយើងអស់កង្វល់។ ចុះចំណែកមនុស្សដែលថែរក្សាគ្រឿងបរិក្ខារផ្សេងៗវិញ តើពួកគេស័ក្តិសមនឹងការងារនេះដែរឬទេ? អ្នកមិនទាន់ដឹងនៅឡើយទេ អ្នកត្រូវតែត្រួតពិនិត្យពួកគេផងដែរ។ តើគ្រឿងបរិក្ខារភាគច្រើន ដូចជាគ្រឿងអគ្គិសនី គ្រឿងសង្ហារិម ឧបករណ៍ផ្សេងៗជាដើម ត្រូវបានថែរក្សាដោយរបៀបណា ប្រសិនបើជាធម្មតាវាមិនត្រូវបានប្រើប្រាស់? តើអ្នកមើលថែ បានមើលថែ និងថែទាំវាដែរឬទេ? តើពួកគេធ្វើការត្រួតពិនិត្យជាប្រចាំលើគ្រឿងអគ្គិសនី ដោយដោតភ្លើង និងបញ្ឆេះវាឱ្យដំណើរការដែរឬទេ? តាមរយៈការសាកសួរ អ្នកអាចដឹងថាអ្នកមើលថែរបស់ទាំងនេះកំពុងធ្វើរឿងនេះជាប្រចាំ។ របស់ទាំងនោះអាចគ្រាន់តែត្រូវបានទុកចោលនៅទីនោះ ប៉ុន្តែគ្មានធូលីដីជាប់ឡើយ ដែលមានន័យថាមាននរណាម្នាក់មកមើលថែវាជាញឹកញាប់ អ្នកនឹងឃើញថាអ្នកមើលថែរបស់ទាំងនោះគឺពូកែមើលថែ ថាពួកគេកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន។ ពេលនោះអ្នកអាចអស់កង្វល់បាន។ ក៏មានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ មួយក្បាលៗគឺពិបាករកណាស់ ហើយលើសពីនេះទៅទៀត សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺសំខាន់ជាងរបស់អ្វីៗទាំងអស់សម្រាប់អ្នកជឿគ្រប់រូបលើព្រះជាម្ចាស់ គឺសំខាន់ជាងគ្រាប់ធញ្ញជាតិ គ្រឿងអគ្គិសនី ឬរបស់របរផ្សេងៗទៀត។ ដូច្នេះ ជាមួយនឹងរបស់ទាំងនេះ អ្នករាល់គ្នាកាន់តែត្រូវស្វែងរកមនុស្សដែលស័ក្តិសមដើម្បីគ្រប់គ្រងវា និងរកកន្លែងដែលស័ក្តិសមដើម្បីរក្សាទុកវា។ ការមានខ្យល់ចេញចូលបានល្អ ការមើលការខុសត្រូវ និងការត្រួតពិនិត្យគឺចាំបាច់ផងដែរ គឺមិនអាចបណ្ដោយឱ្យសៀវភៅឡើងសើម ឬត្រូវទឹក ឬត្រូវកណ្ដុរស៊ីឡើយ។ របស់ទាំងនេះត្រូវតែប្រុងប្រយ័ត្នទាំងអស់។ ដូច្នេះ តើមនុស្សដែលគ្រប់គ្រងរបស់របរបែបនេះស័ក្តិសមនឹងការងារនេះដែរឬទេ? អ្នកត្រូវតែត្រួតពិនិត្យរឿងនេះឱ្យបានញឹកញាប់ផងដែរ។ ប្រសិនបើអ្នកថែរក្សាមានភាពខ្ជិលច្រអូស ធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ នោះរបស់របរខ្លះនឹងត្រូវខូចខាត បើមិនដោយសារសំណើម និងដុះផ្សិតទេ ក៏ដោយសារសត្វល្អិតដែរ។ ទាំងនេះគឺជាការខាតបង់ទាំងអស់ ដែលបណ្ដាលមកពីការតាមដាន និងត្រួតពិនិត្យដែលធូររលុងពីសំណាក់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើអ្នកថែរក្សាបានមើលថែរបស់ទាំងនេះបានត្រឹមត្រូវ ទំនួលខុសត្រូវនេះរបស់អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានបំពេញហើយ។ ទោះបីជារបស់ទាំងនេះធំ ឬតូច ហើយទោះបីជាវាត្រូវបានប្រើប្រាស់ញឹកញាប់ឬអត់ក៏ដោយ ដរាបណាវាស្ថិតនៅក្នុងប្រភេទសម្ភារដែលជាកម្មសិទ្ធិរបស់ដំណាក់ព្រះជាម្ចាស់ នោះគួរតែត្រូវបានរៀបចំឱ្យមាននរណាម្នាក់គ្រប់គ្រងវា។ សម្ភារមួយគួរតែមានសុវត្ថិភាព ទោះបីជាវាជាប្រភេទអ្វី និងត្រូវបានរក្សាទុកនៅកន្លែងណាក៏ដោយ ហើយគួរតែធានាថានឹងគ្មានអ្វីខុសប្រក្រតីកើតឡើងចំពោះវាឡើយ។ នោះហើយគឺជាអ្វីដែលហៅថាស្មោះត្រង់ និងមានទំនួលខុសត្រូវ។ ប្រសិនបើរកឃើញថាមនុស្សម្នាក់ដែលមិនស័ក្តិសមគ្រប់គ្រងរបស់របរ តើត្រូវធ្វើដូចម្ដេច? ការចាត់តាំងភារកិច្ចរបស់ពួកគេត្រូវតែត្រូវបានកែសម្រួលភ្លាមៗ ហើយត្រូវរកនរណាម្នាក់មកជំនួសពួកគេ។ ឧទាហរណ៍ មនុស្សខ្លះជាមនុស្សខ្ជិលច្រអូស ចូលចិត្តតែស៊ី តែមិនចូលចិត្តធ្វើការ មិនទទួលខុសត្រូវ។ ពួកគេប្រព្រឹត្តចំពោះរបស់របររបស់ពួកជំនុំដោយព្រងើយកន្តើយ ហាក់ដូចជាវាជាទ្រព្យសម្បត្តិសាធារណៈ ដោយគិតថាវាមិនអីទេ ដរាបណាវាមិនបាត់បង់។ ចំពោះថាតើរបស់ទាំងនោះឡើងដុះផ្សិត ឬត្រូវសត្វល្អិតស៊ី ឬថាតើមានរបស់ណាមួយត្រូវបានខូចខាត ពួកគេមិនខ្វល់ ហើយក៏មិនសួរនាំដែរ។ នៅពេលណាដែលអ្នកសួរពួកគេ ពួកគេនិយាយថាពួកគេបានទៅពិនិត្យមើលវាហើយ ហើយអ្វីៗគឺមិនអីទេ។ តាមពិត ពួកគេមិនបានទៅពិនិត្យមើលរបស់ទាំងនោះអស់រយៈពេលជាយូរមកហើយ។ បន្ទាប់មក ថ្ងៃមួយមាននរណាម្នាក់បានរកឃើញថាគ្រាប់ធញ្ញជាតិបានដុះផ្សិតហើយ ហើយខ្សែភ្លើងនៅក្នុងគ្រឿងបរិក្ខារខ្លះត្រូវបានកណ្ដុរកាត់ ហើយសូម្បីតែសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានឡើងសើមខ្លាំង រហូតដល់អក្សរនៅក្នុងសៀវភៅនោះរលុប និងមើលមិនច្បាស់។ ការដែលដឹងអំពីរឿងទាំងនេះនៅពេលនោះ តើវាមិនយឺតពេលទេឬ? (មែនហើយ ការខូចខាតបានកើតឡើងរួចទៅហើយ។) នោះគឺជាលទ្ធផលនៃការគ្រប់គ្រងដែលមិនសមរម្យ។ បើអ៊ីចឹង តើមនុស្សដែលកំពុងគ្រប់គ្រងរបស់របរទាំងនោះ មិនស័ក្តិសមទេឬ? តើពួកគេមិនមែនជាមនុស្សដែលមានភាពជាមនុស្សអន់ និងគ្មានសីលធម៌ទេឬ? (មែនហើយ។) អ្នកមិនជឿនឹងហៅមនុស្សប្រភេទនេះថាគ្មានសីលធម៌ តើយើងនិយាយថាម៉េច? គឺថាមនុស្សនេះមានភាពជាមនុស្សអាក្រក់ ថាពួកគេមិនស្មោះត្រង់។ ពួកគេមិនអាចសូម្បីតែបំពេញទំនួលខុសត្រូវដ៏តូចនោះបានផង ពួកគេមិនអាចសូម្បីតែធ្វើអ្វីមួយដែលនរណាម្នាក់ដែលគ្រាន់តែខិតខំបន្តិចបន្តួច ដែលមានមនសិការ និងភាពជាមនុស្សបន្តិចបន្តួច អាចធ្វើបានផង។ តើពួកគេនៅតែជាអ្នកជឿលើព្រះជាម្ចាស់មែនទេ? សូម្បីតែអ្នកមិនជឿក៏មានទស្សនៈថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» មនុស្សនេះមិនបានបំពេញសូម្បីតែបទដ្ឋានសីលធម៌អប្បបរមារបស់អ្នកមិនជឿផង ដូច្នេះពួកគេពិតជាមិនស័ក្តិសមនឹងបម្រើជាអ្នកគ្រប់គ្រងសម្ភារឡើយ។ មនុស្សដែលមិនស័ក្តិសម ត្រូវតែត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយត្រូវរកអ្នកជំនួសដែលស័ក្តិសម។ ប្រសិនបើអ្នកមិនទុកចិត្តមនុស្សដែលគ្រប់គ្រងសម្ភាររបស់អ្នក ហើយអ្នកគ្មានពេលទៅពិនិត្យមើលដោយខ្លួនឯង ឬមិនអាចតាមដាន និងពិនិត្យមើល ដោយសារកាលៈទេសៈមួយចំនួន តើក្នុងករណីនោះត្រូវធ្វើដូចម្ដេច? អ្នកអាចឱ្យមនុស្សដែលគ្រប់គ្រងរបស់របរនោះសរសេរសំបុត្រធានា ដោយនិយាយថាប្រសិនបើមានការខូចខាតចំពោះសម្ភារដែលពួកគេគ្រប់គ្រង ពួកគេនឹងសងសំណងវិញ ឬថាពួកគេនឹងព្រមទទួលយកការពិន័យគ្រប់បែបយ៉ាងពីដំណាក់របស់ព្រះជាម្ចាស់។ វាត្រូវតែដោះស្រាយស្របតាមប្រព័ន្ធរដ្ឋបាល។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការអាចធ្វើការងាររបស់ពួកគេបានដល់កម្រិតនេះ ពួកគេនឹងបានបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។
សម្ភារណាមួយនៃដំណាក់របស់ព្រះជាម្ចាស់ ទោះបីជាវាធំ ឬតូច ថ្លៃ ឬថោក ទោះបីជាវាមានប្រយោជន៍សម្រាប់អ្នក ឬអត់ក៏ដោយ ប្រសិនបើអ្នកត្រូវបានគេចាត់តាំងឱ្យគ្រប់គ្រងវា នោះវាគឺជាទំនួលខុសត្រូវរបស់អ្នកហើយ។ កិច្ចការនេះស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដូច្នេះអ្នកគួរតែស្វែងរកមនុស្សដែលស័ក្តិសម និងកន្លែងដែលស័ក្តិសមដើម្បីថែរក្សាវាឱ្យបានសមរម្យ។ កុំបណ្ដោយឱ្យសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវខូចខាតឡើយ។ ឧទាហរណ៍ ក្នុងការថែរក្សាសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកដឹកនាំ ឬអ្នកធ្វើការបានរៀបចំមនុស្សដែលសមរម្យសម្រាប់កិច្ចការនេះហើយ ពួកគេនៅតែគួរសួរនាំពីពេលមួយទៅពេលមួយថា៖ «ថ្មីៗនេះមានសៀវភៅជាច្រើនត្រូវបានចែកចាយចេញ ប៉ុន្តែកុំធ្វេសប្រហែស ទោះបីជាសល់តិចក៏ដោយ។ ក្នុងការរក្សាសៀវភៅ រឿងសំខាន់គឺមិនត្រូវបណ្ដោយឱ្យវាឡើងសើម ឬត្រូវកម្ដៅថ្ងៃ ហើយមិនត្រូវបណ្ដោយឱ្យវាត្រូវគេសង្កត់ខូចទ្រង់ទ្រាយឡើយ»។ ពួកគេត្រូវតែសាកសួរ និងស៊ើបសួរពីពេលមួយទៅពេលមួយ។ ប្រសិនបើមានសៀវភៅថ្មីមកដល់ ពួកគេត្រូវតែសួរថា សៀវភៅទាំងនេះកំពុងត្រូវបានថែរក្សាយ៉ាងដូចម្តេច ថាតើអាចដាក់សៀវភៅទាំងអស់រួមគ្នានៅកន្លែងដាក់ពីមុនបានឬអត់ ហើយបើមិនអាចទេ ថាតើអ្នកថែរក្សា បានរកកន្លែងដាក់ថ្មីសម្រាប់សៀវភៅទាំងនេះឬនៅ ហើយតើកន្លែងនោះយ៉ាងម៉េចដែរ តើវាមានសុវត្ថិភាព និងស្ងួតដែរទេ តើសៀវភៅត្រូវបានរក្សាទុកបានល្អដែរទេ ហើយបើបារម្ភពីរឿងកណ្ដុរ តើត្រូវការចិញ្ចឹមឆ្មាដែរទេ។ រឿងទាំងអស់នេះ គឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ និងជាទំនួលខុសត្រូវដែលត្រូវបំពេញ។ កិច្ចការនេះអាចមើលទៅហាក់ដូចជាមិនសូវសំខាន់ ប៉ុន្តែវាក៏ជាកិច្ចការមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើជាប្រចាំដែរ។ កុំមើលស្រាលវា ត្រូវតែចាត់ទុកវាជារឿងសំខាន់។ របស់ទាំងនោះអាចជាទ្រព្យសម្បត្តិសាធារណៈ ហើយមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ ប៉ុន្តែវាត្រូវតែទទួលបានការថែរក្សាឱ្យបានល្អ ទោះបីជាវានឹងមានប្រយោជន៍សម្រាប់អ្នកនៅពេលអនាគតឬអត់ក៏ដោយ ហើយមិនថាវាជារបស់អ្នកសម្រាប់ប្រើប្រាស់ឬអត់ក៏ដោយ ការថែរក្សាវាឱ្យបានល្អគឺជាទំនួលខុសត្រូវរបស់អ្នក ជាកិច្ចការដែលស្ថិតលើអ្នក ហើយអ្នកមិនគួររកហេតុផល ឬលេសណាមួយដើម្បីរុញចោល ហើយមិនអើពើឡើយ។ ដរាបណាអ្វីមួយជាទំនួលខុសត្រូវរបស់អ្នក នោះវាគឺជារឿងដែលអ្នកគួរតែគ្រប់គ្រង ជាកិច្ចការដែលអ្នកគួរតែធ្វើ។ ចំពោះរឿងទាំងអស់នេះ អ្នកគួរស៊ើបសួរ និងព្យាយាមយល់ដឹង ឬចូលរួមដោយផ្ទាល់។ ប្រសិនបើអ្នកមានពេលទៅមើលដល់កន្លែងដោយផ្ទាល់ នោះពិតជាល្អប្រសើរជាង។ ប៉ុន្តែបើកាលៈទេសៈ និងលក្ខខណ្ឌមិនអំណោយផល ឬបើអ្នករវល់នឹងការងារពេក អ្នកនៅតែគួរស៊ើបសួរ និងសាកសួរអំពីវាឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងដើម្បីការពារសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ពីការខូចខាត ឬខ្ជះខ្ជាយគ្រប់បែបយ៉ាង។ ការធ្វើបែបនេះមានន័យថាអ្នកបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ។
ការបែងចែកឱ្យបានសមស្រប
ក្រៅពីការថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យមានសុវត្ថិភាព មានកិច្ចការដ៏សំខាន់មួយទៀតដែលត្រូវធ្វើគឺការបែងចែករបស់របរទាំងនោះដោយសមហេតុផល។ របស់របរទាំងអស់នេះគឺសម្រាប់ឱ្យមនុស្សប្រើប្រាស់។ របស់របរទាំងនេះសុទ្ធតែជារបស់ដែលមានប្រយោជន៍។ ដូច្នេះ គោលបំណងចម្បងក្នុងការថែរក្សារបស់របរទាំងនេះឱ្យមានសុវត្ថិភាព គឺដើម្បីឱ្យរបស់របរទាំងនោះអាចត្រូវបានប្រើប្រាស់ដោយសមហេតុផល។ មុននឹងយករបស់របរទាំងនេះទៅប្រើប្រាស់ដោយសមហេតុផល អ្នកដឹកនាំ និងអ្នកធ្វើការមានភារកិច្ចបែងចែករបស់ទាំងនោះដោយសមហេតុផល។ តើអ្វីទៅជាការបែងចែកដោយសមហេតុផល? ចំពោះបញ្ហាថាតើរបស់របរទាំងនេះគួរប្រគល់ឱ្យអ្នកណាប្រើប្រាស់នោះ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍ និងបទប្បញ្ញត្តិ។ គោលបំណងចម្បងនៃរបស់របរទាំងនេះ ទោះបីជាត្រូវបានថ្វាយដោយបងប្អូនប្រុសស្រី ឬត្រូវបានទិញដោយដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏មិនមែនដើម្បីស្តុកទុកសម្រាប់ផ្ដល់ជំនួយសង្គ្រោះ ឬធ្វើជាទានសម្រាប់កិច្ចការសុខុមាលភាពដែរ ផ្ទុយទៅវិញ របស់ទាំងនេះគឺសម្រាប់ឱ្យបងប្អូនប្រុសស្រីទាំងអស់ដែលបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោងបានប្រើប្រាស់។ ដូច្នេះ តើត្រូវបែងចែករបស់ទាំងនោះដោយរបៀបណា ហើយតើគោលការណ៍នៃការបែងចែកមានអ្វីខ្លះ នោះគឺជាទំនួលខុសត្រូវមួយទៀតដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបំពេញ នៅក្នុងការគ្រប់គ្រងរបស់របរផ្សេងៗរបស់ដំណាក់ព្រះជាម្ចាស់។ នៅត្រង់នេះ យើងបានលើកឡើងអំពីការបែងចែកដោយសមហេតុផល។ ក្នុងករណីនេះ «ភាពសមហេតុផល» គឺជាគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ។
I. ការបែងចែកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានសមស្រប
ជាដំបូង យើងនឹងនិយាយអំពីសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់។ រាល់ពេលដែលមានការចេញផ្សាយសៀវភៅថ្មីៗ ដំណាក់របស់ព្រះជាម្ចាស់មានតម្រូវការ និងបទប្បញ្ញត្តិតាមគោលការណ៍ ទាក់ទងនឹងថាតើគួរចែកសៀវភៅទាំងនោះឱ្យអ្នកណាខ្លះ។ នៅក្នុងក្រុមជំនុំ មានអ្នកដែលអាន និងអ្នកដែលមិនអាន ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានអ្នកដែលស្រឡាញ់ និងអ្នកដែលមិនស្រឡាញ់សេចក្ដីពិត ហើយក៏មានអ្នកដែលបំពេញភារកិច្ច និងអ្នកដែលមិនបំពេញភារកិច្ចដែរ។ ត្រូវតែមានការញែកដាច់ពីគ្នារវាងប្រភេទមនុស្សផ្សេងៗគ្នាទាំងនេះ។ ក៏មានសៀវភៅពិសេសៗមួយចំនួននៅក្នុងប្រភេទសៀវភៅសិក្សាផងដែរ ដូចជា សៀវភៅវេយ្យាករណ៍ វចនានុក្រម និងសៀវភៅជំនួយផ្សេងៗទៀត។ សៀវភៅទាំងអស់នេះត្រូវតែបែងចែកដោយអនុវត្តយ៉ាងតឹងរ៉ឹងតាមគោលការណ៍។ សៀវភៅទាំងនោះត្រូវតែប្រគល់ឱ្យអស់អ្នកដែលត្រូវការ ហើយមិនមែនសម្រាប់អ្នកដែលមិនត្រូវការនោះទេ។ ម្យ៉ាងទៀត ក៏មានសៀវភៅជំនួយមួយចំនួនដែលបានបោះពុម្ពក្នុងចំនួនតិចតួចផងដែរ។ ប្រសិនបើសៀវភៅទាំងនេះត្រូវបានចែកទៅឱ្យបុគ្គលម្នាក់ តើបុគ្គលនោះត្រូវមានការតម្រូវអ្វីខ្លះ? អ្នកអាចអានសៀវភៅទាំងនោះបាន ប៉ុន្តែកុំធ្វើឱ្យខូចខាត កុំទុកចោលពាសវាលពាសកាល ឬហែកក្រដាសចេញពីសៀវភៅទាំងនោះដោយគ្មានការពិចារណាឡើយ។ ហើយនៅពេលដែលអានចប់ ត្រូវតែប្រគល់សៀវភៅទាំងនោះត្រឡប់ទៅកន្លែងដើមវិញ។ ចំពោះសៀវភៅអំពីជំនឿលើព្រះជាម្ចាស់វិញ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបែងចែកសៀវភៅទាំងនោះដោយអនុវត្តយ៉ាងតឹងរ៉ឹងតាមការរៀបចំកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ ហើយពួកគេក៏ត្រូវតែធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានយល់ពីគោលការណ៍ទាំងនោះ និងអនុវត្តតាមគោលការណ៍ទាំងនោះដែរ។
II. ការបែងចែកឧបករណ៍ផ្សេងៗឱ្យបានសមស្រប
បន្ទាប់មកទៀត គឺរបៀបបែងចែកឧបករណ៍ផ្សេងៗ។ នេះគឺជាកិច្ចការមួយដែលសំខាន់ណាស់។ ការបែងចែកឧបករណ៍ផ្សេងៗគឺមានភាពតឹងរ៉ឹងជាងបន្តិច។ ឧបករណ៍ទាំងនោះរួមមាន គ្រឿងអេឡិចត្រូនិក ព្រមទាំងឧបករណ៍ដែលត្រូវការសម្រាប់ជំនាញផ្សេងៗ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការបែងចែករបស់ទាំងនេះ ពួកគេក៏ត្រូវតែមានគោលការណ៍ផងដែរ។ អស់អ្នកដែលត្រូវបានចែកឧបករណ៍ទាំងនោះឱ្យ ត្រូវតែជាមនុស្សដែលអាចដំណើរការឧបករណ៍ទាំងនោះបានយ៉ាងស្ទាត់ជំនាញ និងប្រើប្រាស់វាបានត្រឹមត្រូវ និងសមហេតុផល។ ប្រសិនបើអ្នកណាម្នាក់ជាអ្នកទើបតែរៀន ឬមិនចេះប្រើប្រាស់ឧបករណ៍នោះទាល់តែសោះ នោះមិនត្រូវចែកឧបករណ៍នោះឱ្យពួកគេឡើយ។ ជាពិសេស គឺគ្រឿងអេឡិចត្រូនិកល្អៗ និងទំនើបៗ ដូចជា កាមេរ៉ាទំនើបៗ និងកុំព្យូទ័រដែលមានតម្លៃថ្លៃ ព្រមទាំងឧបករណ៍ថតសំឡេង ឧបករណ៍ថតរូប ឬឧបករណ៍ដែលត្រូវការសម្រាប់ការកាត់តវីដេអូ។ ឧបករណ៍ដូចនេះរឹតតែមិនអាចចែកឱ្យមនុស្សបែបនោះបានឡើយ ដើម្បីការពារកុំឱ្យខូចខាត។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធានាថា អស់អ្នកដែលប្រើប្រាស់ឧបករណ៍ទាំងនោះ ទីមួយ គឺអាចឱ្យតម្លៃលើគ្រឿងម៉ាស៊ីន ហើយទីពីរ គឺអាចប្រើប្រាស់ និងថែទាំវាបានត្រឹមត្រូវ។ ឧទាហរណ៍ គ្រឿងម៉ាស៊ីនខ្លះ តាមបទប្បញ្ញត្តិរបស់វា គឺត្រូវតែឱ្យវាសម្រាកដប់នាទី បន្ទាប់ពីប្រើប្រាស់អស់រយៈពេលពីរម៉ោង ដើម្បីឱ្យវាត្រជាក់។ ប្រសិនបើវាមិនបានត្រជាក់ទេ នោះវានឹងធ្វើឱ្យម៉ាស៊ីនខូច និងកាត់បន្ថយអាយុកាលប្រើប្រាស់របស់វា។ មនុស្សដែលឱ្យតម្លៃលើគ្រឿងម៉ាស៊ីន នឹងប្រើប្រាស់វាដោយអនុវត្តយ៉ាងតឹងរ៉ឹងតាមការណែនាំពីការថែទាំ។ ទោះបីជាអ្នកមិនបានប្រាប់ក៏ដោយ ក៏ពួកគេនឹងអនុវត្តតាមដោយខ្លួនឯងដែរ ហើយប្រសិនបើអ្នកបានដាស់តឿនពួកគេ នោះពួកគេនឹងរឹតតែអនុវត្តបានតឹងរ៉ឹង និងត្រឹមត្រូវជាងនេះទៅទៀត។ មនុស្សបែបនេះគឺស័ក្តិសមនឹងប្រើប្រាស់គ្រឿងម៉ាស៊ីន ពួកគេស័ក្តិសមនឹងប្រើប្រាស់របស់ទំនើបៗ ពីព្រោះពួកគេចេះឱ្យតម្លៃលើគ្រឿងម៉ាស៊ីន ហើយពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងទៅតាមការណែនាំក្នុងការថែទាំ និងជួសជុលរបស់ទាំងនោះ។ មនុស្សបែបនេះ ដែលអាចស្រឡាញ់ថែរក្សាគ្រឿងម៉ាស៊ីន និងប្រើប្រាស់វាបានធម្មតា គឺជាអ្នកដែលស័ក្តិសមបំផុតសម្រាប់ការបែងចែក និងចែកចាយគ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែត្រួតពិនិត្យឱ្យបានត្រឹមត្រូវចំពោះបញ្ហានេះ។ ប្រសិនបើអ្នកណាម្នាក់អាចទទួលបានកុំព្យូទ័រទំនើបមួយគ្រឿងដោយគ្រាន់តែដាក់ពាក្យស្នើសុំដោយបញ្ជាក់ពីតម្រូវការរបស់ខ្លួន តើគោលការណ៍នោះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាមិនត្រឹមត្រូវត្រង់ណា? សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ការចែកចាយ និងបែងចែករបស់ទាំងនេះ មួយផ្នែកគួរតែផ្អែកលើកម្រិតជំនាញវិជ្ជាជីវៈរបស់បុគ្គលដែលទទួលបន្ទុកកិច្ចការនោះ ហើយមួយផ្នែកទៀត ពួកគេត្រូវតែផ្អែកលើកម្រិតដែលបុគ្គលនោះស្រឡាញ់គ្រឿងម៉ាស៊ីន ផ្អែកលើថាតើពួកគេមានភាពជាមនុស្សដែរឬទេ និងថាតើពួកគេឱ្យតម្លៃលើគ្រឿងម៉ាស៊ីននៅពេលដែលពួកគេប្រើប្រាស់វាដែរឬទេ។ ប្រសិនបើបុគ្គលនោះមិនចេះថែរក្សាគ្រឿងម៉ាស៊ីន ហើយមិនមានវិជ្ជាជីវៈស្ទាត់ជំនាញផង ហើយគ្រាន់តែចង់លេងនឹងគ្រឿងម៉ាស៊ីនដោយសារតែការចង់ដឹងចង់ឃើញ នោះពួកគេគួរតែត្រូវបានដាក់កំហិត និងហាមឃាត់មិនឱ្យប្រើប្រាស់វាឡើយ។ ពួកគេមិនស័ក្តិសមនឹងប្រើប្រាស់ និងថែរក្សាគ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់នោះទេ។ សម្រាប់អស់អ្នកដែលបំពេញភារកិច្ចធម្មតា គឺគ្រាន់តែចែកគ្រឿងម៉ាស៊ីនធម្មតាឱ្យពួកគេទៅបានហើយ។ ចំណែកអស់អ្នកដែលចេះជំនាញ មានភាពជាមនុស្សល្អ និងចេះប្រើប្រាស់ ចេះថែទាំ និងឱ្យតម្លៃលើគ្រឿងម៉ាស៊ីន ពួកគេអាចប្រើប្រាស់របស់ដែលមានគុណភាពខ្ពស់ជាងបាន ពីព្រោះពួកគេមានវិជ្ជាជីវៈ ស្ទាត់ជំនាញ ហើយពួកគេអាចប្រើប្រាស់គ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់បាន។ ប្រសិនបើអ្នកចែករបស់ដែលមានគុណភាពខ្ពស់ឱ្យមនុស្សច្រលំបល់ ឬមនុស្សមិនយកចិត្តទុកដាក់ នោះពួកគេនឹងធ្វើឱ្យគ្រឿងម៉ាស៊ីននោះខូចក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អ្នកផ្សេងទៀតនឹងមិនអាចប្រើប្រាស់វាបានទេ ហើយវាក៏មិនងាយស្រួលក្នុងការជួសជុលដែរ។ ការណ៍នេះមិនត្រឹមតែរារាំងដល់កិច្ចការរបស់ក្រុមជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខាតបង់របស់របរនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ តើអ្វីទៅជាអត្ថន័យបង្កប់នៅក្នុងរឿងនេះ? គឺថាមនុស្សបែបនេះមិនស័ក្តិសមនឹងប្រើប្រាស់គ្រឿងម៉ាស៊ីនល្អៗនោះទេ។ គ្រឿងម៉ាស៊ីនល្អៗត្រូវតែប្រគល់ឱ្យមនុស្សដែលមានភាពជាមនុស្ស និងអ្នកដែលចេះជំនាញរបស់ខ្លួន បានប្រើប្រាស់។ សម្រាប់អស់អ្នកដែលមិនមានវិជ្ជាជីវៈស្ទាត់ជំនាញ ហើយភាពជាមនុស្សរបស់ពួកគេក៏មិនល្អផងនោះ ការប្រើប្រាស់របស់ធម្មតាគឺល្អគ្រប់គ្រាន់ហើយ។ តើការបែងចែករបស់របរដូចនេះ សមហេតុផលដែរឬទេ? (សមហេតុផលហើយ។)
ចំពោះរបស់របរគ្រប់បែបយ៉ាង មនុស្សផ្សេងៗគ្នាមានរបៀបប្រព្រឹត្តចំពោះរបស់ទាំងនោះខុសៗគ្នា។ មនុស្សខ្លះទិញកុំព្យូទ័រទំនើបមួយគ្រឿង ហើយបន្ទាប់ពីប្រើអស់រយៈពេលពីរឆ្នាំ វានៅតែមើលទៅដូចថ្មី មិនដែលមានស្នាមម្រាមដៃនៅលើអេក្រង់ឡើយ ហើយក្ដារចុចគឺតែងតែស្អាតជានិច្ច គ្មានធូលីសូម្បីតែបន្តិច។ ផ្ទាំងអេក្រង់កុំព្យូទ័រក៏រៀបបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អដែរ ហើយឯកសារដែលបានរក្សាទុកនៅក្នុងកុំព្យូទ័រ គឺសុទ្ធតែមានការរៀបចំ និងច្បាស់លាស់ទាំងអស់។ ប្រសិនបើមាននរណាម្នាក់ប្រាប់ពួកគេថា អេក្រង់អាចនឹងឆាប់ខូច ប្រសិនបើប្រើប្រាស់វាយូរពេក នោះពួកគេនឹងសួរភ្លាមៗថា តើត្រូវការពារអេក្រង់ដោយរបៀបណាឱ្យបានល្អបំផុត។ របៀបណាក៏ដោយឱ្យតែល្អបំផុត ពួកគេនឹងធ្វើតាមរបៀបនោះ។ ប្រសិនបើមាននរណាម្នាក់ប្រាប់ពួកគេថា កុំព្យូទ័រត្រូវការសម្រាកបន្ទាប់ពីប្រើប្រាស់អស់រយៈពេលយូរ ហើយថាវានឹងដំណើរការមិនសូវល្អ ប្រសិនបើវាឡើងកម្ដៅខ្លាំងពេក ដែលធ្វើឱ្យប៉ះពាល់ដល់អាយុកាលរបស់គ្រឿងម៉ាស៊ីន នោះនៅពេលដែលពួកគេដឹងថា ពួកគេបានប្រើប្រាស់កុំព្យូទ័ររបស់ខ្លួនអស់រយៈពេលជាងពីរម៉ោង ពួកគេនឹងឈប់ប្រើភ្លាមដើម្បីឱ្យវាត្រជាក់។ ប្រសិនបើវាត្រជាក់យឺតដោយសារតែអាកាសធាតុក្ដៅពេក ពួកគេនឹងដាក់កង្ហារឱ្យបក់មកលើវា។ ពួកគេថែទាំគ្រឿងម៉ាស៊ីនដោយការយកចិត្តទុកដាក់ពិសេស ប្រៀបដូចជាកូនរបស់ខ្លួនអ៊ីចឹង។ ពួកគេយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាពិសេសនៅពេលដាក់វាចូលទៅក្នុងកាបូប ហើយនៅពេលដែលពួកគេដាក់វានៅលើតុ ពួកគេត្រូវតែសម្អាតផ្ទៃតុនោះ និងដាក់គ្រឿងម៉ាស៊ីនឱ្យបានត្រឹមត្រូវ។ តើនេះមិនមែនជាចំណុចខ្លាំងរបស់ពួកគេទេឬ? (មែនហើយ។) មនុស្សបែបនេះមិនត្រឹមតែស្រឡាញ់ថែរក្សាគ្រឿងម៉ាស៊ីនដោយខ្លួនឯងប៉ុណ្ណោះទេគឺពួកគេមានអារម្មណ៍រកាំចិត្តនៅពេលដែលពួកគេឃើញអ្នកដទៃបំផ្លាញ និងធ្វើឱ្យខូចខាតគ្រឿងម៉ាស៊ីន។ មនុស្សបែបនេះគឺស័ក្តិសមនឹងប្រើប្រាស់គ្រឿងម៉ាស៊ីនល្អៗ។ មនុស្សខ្លះដែលមានលុយ ក៏នឹងទិញកុំព្យូទ័រទំនើបៗដែរ តែពួកគេមិនឱ្យតម្លៃទាល់តែសោះនៅពេលដែលពួកគេបានយកវាទៅដល់ផ្ទះ។ ទោះបីជាមានធូលីច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនសម្អាតវាដែរ ហើយពួកគេធ្វើឱ្យវាកខ្វក់យ៉ាងខ្លាំង។ អ្នកផ្សេងទៀតប្រើគ្រឿងម៉ាស៊ីនរយៈពេលពីរឆ្នាំ ហើយវានៅតែមើលទៅដូចថ្មី រីឯមនុស្សទាំងនេះវិញ ប្រើគ្រឿងម៉ាស៊ីនរយៈពេលពីរខែ ប៉ុន្ដែវាហាក់ដូចជាត្រូវបានប្រើប្រាស់អស់រយៈពេលដប់ឆ្នាំអ៊ីចឹង។ ប្រសិនបើអ្នកប្រាប់ពួកគេថា គ្រឿងម៉ាស៊ីនត្រូវការការថែទាំ ពួកគេនឹងនិយាយថា៖ «តើថែទាំរបស់នោះដើម្បីអ្វីទៅ? គ្រឿងម៉ាស៊ីនគឺសម្រាប់បម្រើ និងបំពេញសេចក្ដីត្រូវការរបស់មនុស្ស។ បើវាខូច ទិញថ្មីទៅ!» ជាលទ្ធផល គ្រឿងម៉ាស៊ីននោះក៏ខូចក្នុងរយៈពេលមិនដល់ប្រាំមួយខែផង ដោយសារតែការប្រើប្រាស់មិនត្រឹមត្រូវ។ តើអ្នកគិតយ៉ាងណាចំពោះមនុស្សបែបនេះ? តើពួកគេស័ក្តិសមនឹងប្រើប្រាស់គ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់ដែរឬទេ? (មិនស័ក្តិសមទេ។) ទោះបីជាកុំព្យូទ័រដែលពួកគេទិញល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនបានគិតថានឹងស្រឡាញ់ថែរក្សាវាដែរ គឺពួកគេបោះវាចោលពាសវាលពាសកាល និងដាក់វាដោយមិនប្រុងប្រយ័ត្ន។ កុំព្យូទ័ររបស់ពួកគេខ្លះមានស្នាមឆ្កូត ខ្លះខូចដោយសារទឹក ខ្លះទៀតធ្លាក់ដីហើយបែក។ ពួកគេប្រើប្រាស់វាដោយគ្រោតគ្រាតណាស់។ មានអ្វីម្យ៉ាងខ្វះខាតនៅក្នុងភាពជាមនុស្សរបស់មនុស្សបែបនេះ។ តើអ្នករាល់គ្នាសុខចិត្តបែងចែកគ្រឿងម៉ាស៊ីនល្អៗឱ្យមនុស្សបែបនេះប្រើប្រាស់ដែរឬទេ? (មិនសុខចិត្តទេ។) មនុស្សខ្លះពាក់វ៉ែនតា ហើយកញ្ចក់វ៉ែនតាតែងតែត្រូវបានជូតយ៉ាងស្អាត ចំណែកឯកញ្ចក់វ៉ែនតារបស់មនុស្សផ្សេងទៀតវិញ មានផ្ទៃកខ្វក់ ដោយមានធូលីដី និងស្នាមម្រាមដៃជាដើមនៅលើនោះ។ តើពួកគេអាចប្រើប្រាស់វាទាំងបែបនោះបានដោយរបៀបណា? អស់អ្នកដែលចេះថែរក្សាវ៉ែនតារបស់ខ្លួន គឺមានការប្រុងប្រយ័ត្ននៅពេលដាក់វាចុះ ពួកគេមិនដែលទុកឱ្យកញ្ចក់វ៉ែនតាប៉ះនឹងផ្ទៃតុ ឬវត្ថុណាមួយឡើយ ហើយក៏មិនទុកឱ្យកញ្ចក់វ៉ែនតាមានស្នាមឆ្កូត ឬស្នាមសឹកណាមួយដែរ។ ជាពិសេស វ៉ែនតាគឺសំខាន់ណាស់សម្រាប់មនុស្សដែលមានបញ្ហាភ្នែកម្ញូប។ តើអ្នកនឹងប្រើប្រាស់វាដោយរបៀបណា ប្រសិនបើអ្នកធ្វើឱ្យកញ្ចក់វ៉ែនតាមានស្នាមឆ្កូត? មនុស្សខ្លះប្រើប្រាស់វ៉ែនតារបស់ខ្លួនដោយគ្រោតគ្រាត ហើយកញ្ចក់វ៉ែនតារបស់ពួកគេប្រែជាស្រអាប់ បន្ទាប់ពីពួកគេពាក់វាមួយរយៈខ្លីប៉ុណ្ណោះ។ នៅពេលដែលពួកគេពាក់វា ពួកគេមិនអាចមើលឃើញអ្វីបានច្បាស់នោះទេ បើមិនពាក់វិញ ប្រហែលជាល្អជាង។ ប៉ុន្តែ ពួកគេនៅតែគិតថា ការបន្តពាក់វាទាំងបែបនោះគឺមិនអីនោះទេ ហាក់ដូចជាគ្មានអ្វីខុសប្លែកអ៊ីចឹង។ ខ្ញុំឆ្ងល់ណាស់ចំពោះរឿងនេះ៖ តើគោលដៅរបស់ពួកគេក្នុងការពាក់វ៉ែនតាមិនមែនដើម្បីអាចមើលឃើញរបស់ផ្សេងៗបានកាន់តែច្បាស់ទេឬ? តើពួកគេអាចមើលឃើញអ្វីបានច្បាស់ទៅ បើកញ្ចក់វ៉ែនតារបស់ពួកគេឡើងស្រអាប់អស់ទៅហើយនោះ? តើទាំងនេះមិនមែនជាមនុស្សគ្រោតគ្រាតទេឬ? ពិតជាគ្រោតគ្រាតមែន! មានអ្វីម្យ៉ាងខ្វះខាតនៅក្នុងភាពជាមនុស្សរបស់មនុស្សដែលគ្រោតគ្រាតជ្រុលពេក។ ពួកគេមិនចេះថែរក្សារបស់របរ ហើយថែមទាំងមិនចេះស្រឡាញ់ថែរក្សារបស់ទាំងនោះទៀតផង។
ចំពោះគ្រឿងបរិក្ខា និងឧបករណ៍សំខាន់ៗនៃដំណាក់របស់ព្រះជាម្ចាស់ តើអ្នកដឹកនាំ និងអ្នកធ្វើការមានទំនួលខុសត្រូវអ្វីខ្លះ? នៅពេលបែងចែកឧបករណ៍បែបនេះ គឺត្រូវតែប្រគល់ឱ្យមនុស្សដែលសមរម្យ។ អស់អ្នកដែលប្រើប្រាស់ឧបករណ៍សំខាន់ៗ និងមានគុណភាពខ្ពស់បែបនេះ ត្រូវតែជាមនុស្សដែលចេះស្រឡាញ់ថែរក្សារបស់របរដាច់ខាត។ ពួកគេនឹងស្រឡាញ់ថែរក្សាវា ថែរក្សាវា និងថែទាំវា។ នៅពេលដែលរបស់នោះនៅក្នុងដៃរបស់ពួកគេ អ្នកអាចជឿជាក់បានថា ពួកគេនឹងមិនបំផ្លាញ ឬធ្វើឱ្យវាខូចខាតដោយចេតនា ឬដោយសារកត្តាផ្ទាល់ខ្លួន លើកលែងតែការធ្វេសប្រហែសមួយភ្លែត ឬការខ្វះខាតចំណេះដឹងទូទៅមួយចំនួន។ មនុស្សបែបនេះអាចប្រើប្រាស់ឧបករណ៍នេះបាន ជាឧបករណ៍ល្អៗដែលមានគុណភាពខ្ពស់អាចត្រូវបានបែងចែកឱ្យពួកគេប្រើបាន។ ចំពោះមនុស្សដែលគ្រោតគ្រាតពីធម្មជាតិក្នុងការប្រើប្រាស់របស់របរ គឺគ្រាន់តែចែករបស់ធម្មតាឱ្យពួកគេប្រើទៅបានហើយ។ ម្យ៉ាងទៀត អ្នកថែរក្សាឧបករណ៍ទាំងនេះ មានទំនួលខុសត្រូវក្នុងការកត់ត្រាទុកពីការប្រើប្រាស់របស់ទាំងនោះ៖ អ្នកណាបានយកអ្វី ហើយបានប្រើប្រាស់វារយៈពេលប៉ុណ្ណា ឬរបស់ណាមួយគឺសម្រាប់ឱ្យនរណាម្នាក់ប្រើប្រាស់ផ្តាច់មុខ ដែលប្រសិនបើវាខូចខាត បុគ្គលនោះត្រូវតែសងសំណងតាមតម្លៃរបស់វា។ ភាគីទាំងពីរត្រូវតែចុះហត្ថលេខាលើរឿងទាំងនេះ ដើម្បីឱ្យមានភាពយុត្តិធម៌ និងសមហេតុផលសម្រាប់មនុស្សគ្រប់គ្នា។ គ្រឿងម៉ាស៊ីន និងឧបករណ៍ត្រូវតែត្រូវបានថែរក្សាឱ្យបានល្អ ទោះបីជាការប្រើប្រាស់នោះជារយៈពេលខ្លី ឬរយៈពេលវែងក៏ដោយ។ អ្នកប្រើប្រាស់ត្រូវតែរៀនប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយប្រសិនបើវាដំណើរការមិនប្រក្រតី ត្រូវតែជួសជុលវាភ្លាមៗ។ កិច្ចការនេះកាន់តែធ្វើបានល្អិតល្អន់ប៉ុនណា កាន់តែល្អប៉ុណ្ណឹង។ ប្រសិនបើមានស្ថានភាពមួយកើតឡើងដែលរបបរបស់សាតាំងកំពុងចាប់ខ្លួនមនុស្ស នោះទំនួលខុសត្រូវស្នូលបំផុតរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវបែងចែកឧបករណ៍សំខាន់ៗទៅឱ្យមនុស្សដែលគួរឱ្យទុកចិត្ត និងអាចពឹងពាក់បាន។ នៅពេលដែលពួកគេបានប្រគល់វាឱ្យហើយ ពួកគេគួរតែផ្ដល់ដំបូន្មានខ្លះៗដល់បុគ្គលនោះ ដោយប្រាប់ពួកគេថា៖ «របស់ទាំងនេះគឺជារបស់មកពីដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ឱ្យអ្នកប្រើប្រាស់ក្នុងការបំពេញភារកិច្ចរបស់អ្នក។ របស់ទាំងនេះមិនមែនសម្រាប់លេងនោះទេ។ អ្នកគួរតែប្រើប្រាស់វាដោយសមហេតុផល និងថែរក្សាវាឱ្យបានល្អ។ កុំធ្វើឱ្យវាខូចខាត។ ដោយសារឧបករណ៍ទាំងនេះគឺត្រូវការសម្រាប់ការបំពេញភារកិច្ច ប្រសិនបើមានការខូចខាត ត្រូវតែបង់សំណងតាមតម្លៃរបស់វា។ ប្រសិនបើកិច្ចការត្រូវបានពន្យារពេលដោយសារតែឧបករណ៍ខូចខាត នោះគឺជាបញ្ហាដែលមានលក្ខណៈធ្ងន់ធ្ងរជាង ដែលមានន័យថា មានការរំខាន និងមានការបំផ្លិចបំផ្លាញដល់កិច្ចការនោះ។ ដូច្នេះ អ្នកត្រូវតែចេះប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទឱ្យបានត្រឹមត្រូវក្នុងការបំពេញភារកិច្ច។ អ្នកមិនត្រូវធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ដាច់ខាត។ ត្រូវតែចងចាំគោលការណ៍ទាំងនេះឱ្យបានច្បាស់៖ ចំពោះការប្រើប្រាស់ដោយសមហេតុផល និងការត្រួតពិនិត្យ ការជួសជុល និងការថែទាំជាប្រចាំ ប្រសិនបើមានអ្វីមួយដំណើរការមិនប្រក្រតី ត្រូវរាយការណ៍ភ្លាមៗ និងដាក់ពាក្យស្នើសុំជួសជុល»។ ដើម្បីធ្វើកិច្ចការនេះឱ្យបានល្អ មួយផ្នែក អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែដឹងពីគោលការណ៍នៃការបែងចែក និងការប្រើប្រាស់ ហើយមួយផ្នែកទៀត ពួកគេគួរតែធ្វើឱ្យអ្នកប្រើប្រាស់បានដឹងពីរបៀបធ្វើការថែទាំ និងថែរក្សា ហើយប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវដឹងពីរបៀបជួសជុល ជាដើម។ នេះគឺជាចំណេះដឹងមូលដ្ឋានដែលមនុស្សគួរតែយល់ដឹង និងគួរតែមាន ទាក់ទងនឹងការមើលថែ និងការប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទ។
អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបែងចែកឧបករណ៍ផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដោយសមហេតុផល។ ឧទាហរណ៍ ប្រសិនបើបុគ្គលិកធ្វើការម្នាក់ត្រូវការកុំព្យូទ័រមួយដែលមានមុខងារពេញលេញ អ្នកគួរតែបែងចែកមួយគ្រឿងឱ្យពួកគេ។ ប្រសិនបើពួកគេនិយាយថាមួយគ្រឿងមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែសួរពួកគេថាហេតុអ្វី ហើយអ្នកត្រូវតែសាកសួរ និងមើលថាតើអ្វីដែលពួកគេកំពុងនិយាយនោះជាការពិតដែរឬទេ។ កុំគ្រាន់តែផ្អែកលើពាក្យស្នើសុំរបស់ពួកគេ ហើយឱ្យកុំព្យូទ័រពួកគេតាមចំនួនដែលពួកគេស្នើសុំនោះឡើយ ដោយឱ្យពីរគ្រឿងប្រសិនបើពួកគេនិយាយថាមួយគ្រឿងមិនគ្រប់គ្រាន់ ហើយឱ្យបីគ្រឿងប្រសិនបើពួកគេនិយាយថាពីរគ្រឿងមិនគ្រប់គ្រាន់។ តើពេលនោះ អ្នកមិនមែនកំពុងបែងចែកកុំព្យូទ័រទាំងនោះប្រៀបដូចជាវាជារបស់លេងទេឬ? តើការណ៍នោះមិនមែនជាការធ្វើដោយទំនើងចិត្តគ្មានខ្វល់ខូចខាតទេឬអី? អ្នកគួរតែស៊ើបអង្កេតពីស្ថានភាពជាមុនសិន និងធ្វើការសម្រេចចិត្តដោយផ្អែកលើគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកមិនត្រូវអនុម័តពាក្យស្នើសុំគ្រប់ប្រភេទដោយអំពើចិត្តដាច់ខាត ដើម្បីការពារក្រែងលោមានមនុស្សខ្លះគ្រាន់តែដាក់ពាក្យស្នើសុំដោយមិនរើសមុខ ដោយយកលេសថាបំពេញភារកិច្ច។ ម្យ៉ាងទៀត មនុស្សខ្លះដែលធ្វើកិច្ចការសំខាន់ៗអាចត្រូវការកុំព្យូទ័រដែលមានកម្រិតខ្ពស់ជាង ប៉ុន្តែកុំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេ បែរជាមានកម្រិតទាបជាងទៅវិញ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែពិនិត្យមើលរឿងនេះភ្លាមៗផងដែរ និងបែងចែកឧបករណ៍ដោយសមហេតុផល។ ការផ្ដល់កុំព្យូទ័រ គួរតែត្រូវបានសម្រេចដោយផ្អែកលើលក្ខណៈនៃកិច្ចការរបស់បុគ្គលម្នាក់ និងតម្រូវការសម្រាប់កម្រិតរបស់កុំព្យូទ័រ។ ប្រសិនបើអ្នកណាម្នាក់គ្រាន់តែជាអ្នកដឹកនាំ ឬអ្នកធ្វើការធម្មតា ហើយពួកគេមិនធ្វើការងារផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ ឬការផលិតវីដេអូ ហើយគ្រាន់តែប្រើកុំព្យូទ័រដើម្បីធ្វើរឿងដូចជា ចូលអ៊ីនធឺណិត ស្រាវជ្រាវឯកសារ និងធ្វើការហៅទូរសព្ទ ហើយមិនត្រូវការកុំព្យូទ័រដែលមានកម្រិតខ្ពស់ នោះពួកគេប្រើរបស់ធម្មតាទៅគឺបានហើយ។ មនុស្សវ័យចំណាស់ខ្លះចេះតែប្រតិបត្តិការងាយៗដូចជា ការវាយអក្សរ ការចូលអ៊ីនធឺណិត និងការហៅទូរសព្ទប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការភ្លាម ពួកគេត្រូវបានចែកកុំព្យូទ័រទំនើបៗ។ តើការណ៍នេះសមហេតុផលដែរឬទេ? តើពួកគេមិនមែនកំពុងស្វែងរកឯកសិទ្ធិពិសេសទេឬ? តើពួកគេមិនមែនកំពុងរីករាយនឹងផលប្រយោជន៍នៃឋានៈទេឬ? (មែនហើយ។) តើឧបករណ៍ទំនើបៗ និងមានកម្រិតខ្ពស់បែបនេះត្រូវប្រើសម្រាប់ធ្វើអ្វី? គឺត្រូវប្រគល់ឱ្យបុគ្គលិកធ្វើការដែលពាក់ព័ន្ធ និងបុគ្គលិកជំនាញបានប្រើប្រាស់វិញ។ របស់ទាំងនោះមិនមែនសម្រាប់ឲ្យស៊ីគ្នាជាមួយនឹងឋានៈរបស់បុគ្គលម្នាក់នោះទេ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះជឿដោយខុសឆ្គងថា ពួកគេគួរតែទទួលបានសិទ្ធិប្រើប្រាស់ជាឯកសិទ្ធិលើរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់។ តើមានបទប្បញ្ញត្តិនោះ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? គ្មានទេ។ នៅពេលដែលមនុស្សខ្លះបានក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការភ្លាម ពួកគេត្រូវបានចែកភ្លាមៗនូវកុំព្យូទ័រ ទូរសព្ទដៃ និងកាសស្ដាប់ត្រចៀកដែលមានគុណភាពខ្ពស់ ពួកគេត្រូវបានបំពាក់ដោយឧបករណ៍ដែលមានគុណភាពខ្ពស់គ្រប់ប្រភេទ។ តើផលវិបាកនៃការណ៍នេះគឺជាអ្វី? តើការណ៍នេះពិតជាត្រូវបានធ្វើឡើងដើម្បីទទួលបានលទ្ធផលល្អនៅក្នុងកិច្ចការមែនទេ? តើមនុស្សទាំងនោះមិនមែនកំពុងតែលោភលន់នឹងការសប្បាយខាងសាច់ឈាមទេឬ? យ៉ាងណាមិញ តើអ្នកប្រើប្រាស់កុំព្យូទ័រដែលមានគុណភាពខ្ពស់ដើម្បីធ្វើអ្វី? តើអ្នកមិនមែនគ្រាន់តែធ្វើការជួបជុំតាមអ៊ីនធឺណិត និងអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិទេឬ? តើអ្នកចេះបង្ហោះវីដេអូ ឬអាចផលិតវីដេអូបានដែរឬទេ? តើអ្នកចេះថែរក្សាសុវត្ថិភាពបណ្ដាញ ឬអាចបង្កើតគេហទំព័របានដែរឬទេ? តើអ្នកចេះជំនាញទាំងនេះដែរឬទេ? ប្រសិនបើអ្នកមិនចេះទេ តើអ្នកមានប្រយោជន៍អ្វីនឹងប្រើកុំព្យូទ័រដែលមានគុណភាពខ្ពស់នោះ? តើនេះមិនមែនជារឿងដែលគួរឱ្យខ្ពើមរអើមទេឬ? (មែនហើយ។) ប្រសិនបើអ្នកមានលុយផ្ទាល់ខ្លួន គ្មាននរណាម្នាក់ខ្វល់ថាអ្នកទិញកុំព្យូទ័រចំនួនប៉ុន្មាននោះទេ ហើយគ្មាននរណាម្នាក់នឹងជ្រៀតជ្រែកឡើយ ទោះបីជាវាមានគុណភាពខ្ពស់ប៉ុណ្ណាក៏ដោយ។ ប៉ុន្ដែឥឡូវនេះ យើងកំពុងនិយាយអំពីរបៀបដែលរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវតែបែងចែកដោយសមហេតុផល។ តើ «ភាពសមហេតុផល» មានន័យដូចម្ដេច? នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការប្រើប្រាស់ឧបករណ៍ដែលមានគុណភាពខ្ពស់នៃដំណាក់របស់ព្រះជាម្ចាស់នេះ តើការណ៍នោះរាប់ថាជាការប្រើប្រាស់វា «ដោយសមហេតុផល» ដែរឬទេ? (មិនមែនទេ។) ពួកគេមិនចេះជំនាញ ឬមិនចេះធ្វើអ្វីទាំងអស់។ តើការមានកុំព្យូទ័រដែលមានគុណភាពខ្ពស់ធ្វើឱ្យពួកគេក្លាយជាមនុស្សមានកម្រិតខ្ពស់ដែរឬទេ? តើពួកគេកំពុងតែបង្អួតអីហ្នឹង? ដំណាក់របស់ព្រះជាម្ចាស់ គ្មានបទប្បញ្ញត្តិដែលផ្ដល់សិទ្ធិជាឯកសិទ្ធិក្នុងការប្រើប្រាស់ និងបែងចែករបស់របររបស់ខ្លួនទៅឱ្យអ្នកដឹកនាំ និងអ្នកធ្វើការនោះទេ ពួកគេគ្មានឯកសិទ្ធិពិសេសនោះទេ ហើយនេះក៏មិនមែនជាគោលការណ៍សមហេតុផលសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក្នុងការបែងចែករបស់របរដែរ។ គឺវាមិនសមហេតុផលទាល់តែសោះ។ នរណាម្នាក់អាចទិញរបស់ទាំងនេះដោយខ្លួនឯងបាន ប្រសិនបើពួកគេមានលទ្ធភាពទិញបាន ប្រសិនបើពួកគេគ្មានលទ្ធភាព ហើយត្រូវការឱ្យដំណាក់របស់ព្រះជាម្ចាស់បែងចែកឱ្យពួកគេ នោះការប្រើប្រាស់របស់ធម្មតាគឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ នេះគឺយុត្តិធម៌ និងសមហេតុផល។ អស់អ្នកដែលពិតជាចេះប្រើប្រាស់ឧបករណ៍ដែលមានគុណភាពខ្ពស់នេះ គឺជាបុគ្គលិកជំនាញដែលពាក់ព័ន្ធនឹងកិច្ចការនេះ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់គួរតែបែងចែកឧបករណ៍នេះឱ្យពួកគេ។ ទាំងនេះគឺជាគោលការណ៍មួយចំនួនដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែយល់ដឹង និងយល់ច្បាស់ ទាក់ទងនឹងការបែងចែករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់។ ដោយផ្អែកលើគោលការណ៍ទាំងនេះ ចូរពិនិត្យមើលម្ដងទៀត ដើម្បីមើលថាតើរបស់ទាំងនេះត្រូវបានបែងចែកដោយមិនសមហេតុផលនៅកន្លែងណាដែរឬទេ។ ប្រសិនបើមាន ចូរប្រញាប់កែតម្រូវវា។ បន្ទាប់ពីមនុស្សខ្លះក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេឃើញថា គ្មាននរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់កំពុងតែអែបអបពួកគេ គ្មាននរណាម្នាក់កំពុងតែចែករបស់ដែលមានគុណភាពខ្ពស់ឱ្យពួកគេ ហើយថាពួកគេនៅតែស្លៀកពាក់សម្លៀកបំពាក់ចាស់ៗរបស់ខ្លួន នៅតែប្រើប្រាស់កុំព្យូទ័រតូចធម្មតាបំផុតរបស់ខ្លួន ហើយថាដំណាក់របស់ព្រះជាម្ចាស់មិនបានបំពាក់ឱ្យពួកគេនូវរបស់ល្អមួយនោះទេ។ ដូច្នេះ ពួកគេទៅក្រុមហិរញ្ញវត្ថុ ហើយដាក់ពាក្យស្នើសុំទិញកុំព្យូទ័រមួយគ្រឿង។ តើការណ៍នេះសមហេតុផលដែរឬទេ? (មិនសមហេតុផលទេ។) ពួកគេនិយាយថា៖ «ប្រសិនបើអ្នកមិនផ្ដល់ឱ្យខ្ញុំទេ ខ្ញុំនឹងមិនបំពេញភារកិច្ចរបស់ខ្ញុំទេ។ ខ្ញុំនឹងរកឱកាសដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់ទិញកុំព្យូទ័រដែលមានគុណភាពខ្ពស់ជាងនេះ ម៉ូដែលថ្មីជាងនេះ និងលឿនជាងនេះឱ្យខ្ញុំ!» ពួកគេពិតជាហ៊ានបំពានពេកហើយ។ គ្មានអ្វីដែលពួកគេមិនហ៊ានធ្វើនោះទេ។ បន្ទាប់ពីមនុស្សទាំងនេះក្លាយជាអ្នកដឹកនាំ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ដូចជាផ្ទះរបស់ខ្លួនអ៊ីចឹង ដោយគិតថា៖ «លុយនៃដំណាក់របស់ព្រះជាម្ចាស់ក៏ជាលុយរបស់ខ្ញុំដែរ។ ខ្ញុំនឹងចាយវាទៅតាមតែចិត្តខ្ញុំចង់!» នេះគឺជាអ្វីមួយដែលពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើបាន។
III. ការបែងចែកគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ និងអាហារឱ្យបានសមស្រប
ឥឡូវនេះ យើងបាននិយាយចប់អំពីផ្នែកឧបករណ៍ក្នុងការបែងចែករបស់របរផ្សេងៗដោយសមហេតុផលហើយ។ បន្ទាប់មកទៀតនេះ យើងនឹងនិយាយអំពីរឿងសម្រាប់ការរស់នៅប្រចាំថ្ងៃ ឧទាហរណ៍៖ គ្រាប់ធញ្ញជាតិ បន្លែ និងអាហារក្រៀម ព្រមទាំងគ្រឿងផ្សំចាំបាច់សម្រាប់ការចម្អិនអាហារ គ្រឿងឧបភោគបរិភោគផ្សេងៗ ជាដើម។ របស់របរទាំងនេះមិនត្រឹមតែត្រូវថែរក្សាដោយសមហេតុផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបែងចែកដោយសមហេតុផលផងដែរ។ ដូច្នេះ តើត្រូវបែងចែករបស់របរផ្សេងៗទាំងនេះដោយសមហេតុផលដោយរបៀបណា? ដំណាក់របស់ព្រះជាម្ចាស់មានស្ដង់ដារសម្រាប់អាហាររបស់ខ្លួន ហើយអស់អ្នកដែលគ្រប់គ្រងរបស់របរបែបនេះ គួរតែបែងចែកវាដោយសមហេតុផល ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្ដង់ដារទាំងនោះ។ ពួកគេមិនត្រូវឱ្យអាហារល្អៗច្រើនជាងទៅអស់អ្នកដែលស្និទ្ធស្នាលនឹងពួកគេនោះទេ។ ឧទាហរណ៍ ប្រសិនបើអង្ករដែលមានគុណភាពល្អ និងឆ្ងាញ់ត្រូវបានទិញ ឬប្រសិនបើផ្លែឈើ ឬសាច់ខ្លះត្រូវបានទិញម្ដងម្កាល ហើយអ្នកចែកវាច្រើនជាង ទៅឱ្យអ្នកណាដែលអ្នកមានទំនាក់ទំនងល្អជាមួយ ឬចែករបស់ល្អៗទាំងអស់ទៅឱ្យពួកគេ ដោយបញ្ជូនរបស់មិនល្អទៅឱ្យអ្នកផ្សេងនោះតើវាជាការបែងចែកដោយសមហេតុផលដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើ «ភាពសមហេតុផល» ត្រូវវាស់វែងដោយរបៀបណានៅត្រង់នេះ? តើការបែងចែករបស់របរដោយរបៀបណាទើបអាចចាត់ទុកថាសមហេតុផល? គឺការបែងចែកដោយស្មើភាព ស្របតាមគោលការណ៍ និងស្របតាមស្ដង់ដារដែលតម្រូវ ដែលដំណាក់របស់ព្រះជាម្ចាស់បានកំណត់សម្រាប់អាហារ ដោយចែកឱ្យតាមចំនួនដែលគួរតែចែកប៉ុណ្ណោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកស្និទ្ធស្នាលនឹងនរណាម្នាក់ អ្នកអាចឱ្យចំណែកផ្ទាល់ខ្លួនរបស់អ្នកទៅពួកគេបាន។ កុំយករបស់របស់អ្នកដទៃទៅធ្វើជាចិត្តល្អ ហើយកុំប្រើរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ដើម្បីបង្ហាញចិត្តទូលាយចំពោះអ្នកដទៃឡើយ ប្រសិនបើអ្នកចង់ធ្វើចិត្តទូលាយ ចូរធ្វើវាជាមួយនឹងរបស់ផ្ទាល់ខ្លួនរបស់អ្នក។ ចិត្តទូលាយមិនមែនជាគោលការណ៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ។ គោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ គឺការបែងចែកដោយសមហេតុផល។ ការចែកចាយរបស់របរចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគផ្សេងៗ គួរតែត្រូវបានធ្វើឡើងស្របតាមស្ដង់ដារដែលបានកំណត់ដោយដំណាក់របស់ព្រះជាម្ចាស់ មិនមែនដោយមិនរើសមុខនោះទេ។ ជាធម្មតា អ្នកដឹកនាំ និងអ្នកធ្វើការអាចត្រួតពិនិត្យ និងមើលថាតើមនុស្សដែលទទួលខុសត្រូវលើការចែកចាយរបស់របរបែបនេះមានចិត្តគំនិតត្រឹមត្រូវដែរឬទេ ថាតើការចែកចាយរបស់ពួកគេសមហេតុផលដែរឬទេ ថាតើការចែកចាយត្រូវបានធ្វើឡើងស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ ថាតើមនុស្សភាគច្រើនរាយការណ៍អំពីវាដោយរបៀបណា ថាតើពួកគេមានការត្អូញត្អែរណាមួយដែរឬទេ និងថាតើមនុស្សគ្រប់គ្នាត្រូវបានយកចិត្តទុកដាក់ដែរឬទេ។ តើត្រូវធ្វើដូចម្ដេចប្រសិនបើរបស់របរមានតិចតួចនៅពេលខ្លះ? តើវាត្រឹមត្រូវដែរឬទេដែលអ្នកដឹកនាំ និងអ្នកធ្វើការរក្សាទុកវាដើម្បីបរិភោគដោយខ្លួនឯង? អ្នកខ្លះអាចនិយាយថា៖ «អ្នកដឹកនាំ និងអ្នកធ្វើការមានឋានៈ និងកិត្យានុភាពខ្ពស់បំផុត ហើយជាធម្មតា ពួកគេគឺជាអ្នកដែលនិយាយច្រើនជាងគេមកកាន់យើង ដែលធ្វើឱ្យពួកគេស្ងួតក។ ប្រសិនបើមានរបស់ល្អៗណាមួយ ចូរយើងទុកវាឱ្យពួកគេបរិភោគចុះ»។ តើវាត្រឹមត្រូវដែរឬទេក្នុងការបែងចែករបស់របរដូចនេះ? (មិនត្រឹមត្រូវទេ របស់របរគួរតែត្រូវបានទុកសម្រាប់អស់អ្នកដែលពិតជាត្រូវការវា។) ប្រសិនបើផលិតផលថែទាំសុខភាពដែលមានតម្លៃថ្លៃខ្លះមានចំនួនតិចតួច តើគួរតែបែងចែកវាដោយរបៀបណា? គឺគួរតែបែងចែកទៅឱ្យអស់អ្នកដែលបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានរួមចំណែក។ មនុស្សទាំងនេះមានសុខភាពមិនល្អដោយសារតែអាយុរបស់ពួកគេ ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ខ្លួនដោយមនសិការ ហើយបងប្អូនប្រុសស្រីបានទទួលផលប្រយោជន៍យ៉ាងច្រើនពីពួកគេ។ មនុស្សទាំងនេះត្រូវការថែទាំ និងយកចិត្តទុកដាក់ចំពោះរាងកាយរបស់ពួកគេបន្តិច ហើយវាពិតជាត្រឹមត្រូវណាស់ដែលពួកគេត្រូវបានអនុញ្ញាតឱ្យបរិភោគ និងប្រើប្រាស់ផលិតផលថែទាំសុខភាពទាំងនោះ។ គ្មាននរណាម្នាក់គួរតែដណ្ដើមគ្នាអំពីរឿងការផ្គត់ផ្គង់ដែលខ្វះខាតនោះទេ។ នេះគឺជារបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបែងចែករបស់ទាំងនេះ។ តើការណ៍នេះសមហេតុផលដែរឬទេ? (មែនហើយ។) ដូច្នេះ តើការបែងចែកបែបនេះ មនុស្សភាគច្រើនមានការតវ៉ាដែរឬទេ? តើមាននរណាម្នាក់ដែលនិយាយថា៖ «ខ្ញុំប្រហែលជាមិនសូវចាស់ទេ ប៉ុន្តែខ្ញុំមានការងារច្រើនដែលត្រូវធ្វើ។ ខ្ញុំធ្វើការជាងប្រាំបីម៉ោងជារៀងរាល់ថ្ងៃ។ ការងាររបស់ខ្ញុំប្រហែលជាមិនសូវមានប្រសិទ្ធភាព ហើយខ្ញុំប្រហែលជាមិនបានធ្វើវាយូរឆ្នាំប៉ុន្មានទេ ប៉ុន្តែសុខភាពរបស់ខ្ញុំក៏មិនសូវល្អដែរនៅពេលខ្លះ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់មើលថែខ្ញុំ? នៅពេលដែលមានរបស់ល្អៗ មិនដែលដល់វេនខ្ញុំទទួលបានវាទេ ប៉ុន្តែនៅពេលដែលមានការងារត្រូវធ្វើ គឺតែងតែរកខ្ញុំឃើញហើយ»? តើមនុស្សបែបនេះគួរត្រូវបានចែកចំណែកឱ្យដែរឬទេ? ដោយសារពួកគេហ៊ានសុំបែបនេះ ចូរទុកខ្លះឱ្យពួកគេទៅ។ តើការណ៍នោះសមហេតុផលដែរឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើដូច្នេះដែរឬទេ? (មិនយល់ព្រមទេ។) ប្រសិនបើជាខ្ញុំវិញ ខ្ញុំនឹងយល់ព្រម។ ហេតុអ្វីបានជាត្រូវគិតគូរពីរឿងបែបនេះខ្លាំងម្ល៉េះ? មនុស្សមិនរស់នៅក្នុងជីវិតរបស់ខ្លួនដើម្បីការសប្បាយនោះទេ ពួកគេមិនរស់នៅដើម្បីបរិភោគ ផឹក និងសប្បាយរីករាយនោះទេ។ ហេតុអ្វីបានជាត្រូវដណ្ដើមគ្នារឿងបែបនេះ? ប្រសិនបើមាននរណាម្នាក់ពិតជាចង់ដណ្ដើមគ្នារឿងទាំងនោះ ហើយស្ថានភាពរបស់ពួកគេក៏សមរម្យខ្លះដែរ នោះចូរឱ្យពួកគេរីករាយនឹងរបស់ទាំងនោះបន្តិចទៅ។ ពួកគេនឹងបានទទួលអត្ថប្រយោជន៍ជាពិសេសមួយចំនួន ប៉ុន្តែអ្នកក៏មិនបានខាតបង់អ្វីទេ ដូច្នេះមិនចាំបាច់បារម្ភខ្លាំងប៉ុន្មានឡើយ។ ដូច្នេះ ឧបមាថាមាននរណាម្នាក់និយាយថា៖ «ហេតុអ្វីបានជាអ្នកមិនឱ្យខ្ញុំខ្លះ? សុខភាពរបស់ខ្ញុំក៏មិនសូវល្អដែរ ប្រសិនបើខ្ញុំពិតជាបានបរិភោគរបស់ល្អៗមែន ខ្ញុំនឹងអាចធ្វើកិច្ចការបានកាន់តែច្រើន និងខិតខំប្រឹងប្រែងកាន់តែច្រើនសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ នៅពេលដែលសុខភាពរបស់ខ្ញុំបានប្រសើរឡើង ហើយកិច្ចការរបស់ខ្ញុំនឹងមានប្រសិទ្ធភាពជាងមុន»។ ដោយសារពួកគេបានដាក់សំណើនេះមកហើយ កុំធ្វើឱ្យពួកគេខ្មាសអៀនដោយការបដិសេធវា ចូរចែកខ្លះទៅឱ្យពួកគេចុះ។ រីឯអ្នកផ្សេងទៀតមិនគួរគិតគូរពីរឿងនេះខ្លាំងពេកទេ។ ចូរធ្វើចិត្តឱ្យទូលាយជាងនេះបន្តិច។ តើជីវិតរបស់អ្នកមិនបន្តទៅមុខដូចធម្មតាទេឬ បើគ្មានរបស់ទាំងនោះ? អ្វីដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្ស គឺមិនខ្វះខាតនោះទេ គឺមានច្រើនលើសលប់ និងបរិបូរណ៍។ មិនចាំបាច់ដណ្ដើមគ្នារឿងរបស់របរនោះទេ។ ប្រសិនបើមានរបស់ពិសេសណាមួយ ហើយគ្មាននរណាម្នាក់មានអារម្មណ៍ថាពួកគេត្រូវការវា ឬថាពួកគេត្រូវការរីករាយនឹងវានោះទេ នោះវាគួរតែត្រូវបានប្រគល់ឱ្យមនុស្សប្រភេទណាដែលមនុស្សភាគច្រើនយល់ស្របថា ស័ក្តិសមបំផុតដើម្បីបរិភោគ។ យើងផ្ដោតសំខាន់លើភាពជាមនុស្ស និងការបែងចែករបស់របរដោយសមហេតុផល។ អស់អ្នកដែលទទួលបានរបស់ទាំងនេះ គួរតែទទួលយកវាពីព្រះជាម្ចាស់ និងអរព្រះគុណទ្រង់សម្រាប់ព្រះគុណរបស់ទ្រង់។ រីឯអ្នកផ្សេងទៀតមិនត្រូវដណ្ដើមគ្នានោះទេ។ ប្រសិនបើអ្នកធ្វើបែបនោះ នោះអ្នកគឺមិនសមហេតុផល អ្នកកំពុងបង្កបញ្ហាដោយចេតនា ហើយអ្នកកំពុងប្រព្រឹត្តដោយមិនសមរម្យ។ នេះហើយជាវិធីចាត់ចែងស្ថានភាពពិសេសបែបនេះ។ ទាំងស្ថានភាពពិសេស និងធម្មតា គឺមានគោលការណ៍ដែលត្រូវអនុវត្តតាម។ រឿងទាំងនេះមិនគួរដោះស្រាយដោយមិនរើសមុខនោះទេ ហើយក៏មិនគួរដោះស្រាយតាមទំនាក់ទំនងមនុស្សដែរ។ ប្រសិនបើថ្នាក់ដឹកនាំ និងអ្នកធ្វើការ បែងចែកឱ្យបានសមស្រប នោះពួកគេបានបំពេញនូវការទទួលខុសត្រូវរបស់ខ្លួនហើយ។
នៅក្នុងការបែងចែកគ្រឿងបរិក្ខារប្រើប្រាស់ និងអាហារប្រចាំថ្ងៃ អ្នកដឹកនាំ និងអ្នកធ្វើការក៏គួរតែធ្វើដូច្នេះដោយផ្អែកលើស្ថានភាពជាក់ស្ដែង ចំនួនមនុស្សជាក់ស្ដែង និងបរិមាណដែលត្រូវការជាក់ស្ដែង ដើម្បីបែងចែករបស់ទាំងនោះតាមរបៀបដែលសមស្របពិតប្រាកដ ក្នុងគោលបំណងមិនឱ្យរបស់ទាំងនោះខ្ជះខ្ជាយ ឬខូចខាតឡើយ។ នេះគឺជាទំនួលខុសត្រូវមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ។ ពេលខ្លះ នៅពេលដែលពួកគេមិនបានយល់ដឹងពីកាលៈទេសៈជាក់លាក់ ពួកគេអាចនឹងបែងចែករបស់ខ្លះៗស្របតាមគោលការណ៍មូលដ្ឋាន ហើយបានដឹងនៅពេលក្រោយ តាមរយៈមតិត្រឡប់របស់មនុស្សគ្រប់គ្នា និងការត្រួតពិនិត្យជាបន្តបន្ទាប់ ថាការបែងចែកនោះមិនសមស្រប ថាវាហាក់ធ្វើតាមបទប្បញ្ញត្តិបន្ដិច។ ក្នុងករណីនោះ ពួកគេត្រូវតែកែលម្អនៅពេលក្រោយ ដើម្បីចៀសវាងការកើតឡើងវិញនៃបញ្ហានោះ និងដើម្បីកាត់បន្ថយការខ្ជះខ្ជាយ និងការខាតបង់។ នោះហើយគឺជាការបំពេញទំនួលខុសត្រូវរបស់ពួកគេ។ ជាការពិតណាស់ ដើម្បីចៀសវាងការខូចខាត និងការខ្ជះខ្ជាយ មួយផ្នែក ពួកគេត្រូវតែពិគ្រោះយោបល់ឱ្យបានច្រើននៅពេលបែងចែករបស់របរ ហើយមួយផ្នែកទៀត ពួកគេក៏ត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងតាមគោលការណ៍ផងដែរ។ ការណ៍នេះគឺចាំបាច់ណាស់។ កុំចែករបស់របរដោយមិនបានគិតគូរច្បាស់លាស់ ដោយមិនផ្ដល់ឱ្យអស់អ្នកដែលពិតជាត្រូវការវា ដោយមិនផ្ដល់ឱ្យអស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះអស់ពីចិត្ត ដែលមានតថភាពនៃសេចក្ដីពិត ប៉ុន្តែបែរជាផ្ដល់វាជាពិសេសទៅឱ្យពួកមនុស្សអែបអប ដែលគ្មានការយល់ដឹងខាងវិញ្ញាណទៅវិញ។ តើការធ្វើដូច្នេះ ជាការប្រព្រឹត្តស្របតាមគោលការណ៍ដែរឬទេ? (មិនមែនទេ។) តើការធ្វើដូច្នេះមិនមែនជាការធ្វើអ្វីតាមតែអំពើចិត្តទេឬ? ការមិនប្រព្រឹត្តតាមគោលការណ៍ គឺមិនមែនជាការបំពេញទំនួលខុសត្រូវរបស់ខ្លួននោះទេ។ តើការបំពេញទំនួលខុសត្រូវរបស់ខ្លួន សំដៅលើអ្វី? វាមិនមែនជាការធ្វើទៅតាមទម្លាប់ដោយគ្មានចិត្ត ឬគ្រាន់តែគោរពតាមបទប្បញ្ញត្តិនោះទេ ហើយវាក៏មិនមែនមានន័យថាបានបំពេញដោយគ្រាន់តែធ្វើតាមជំហានដែលបានកំណត់នោះដែរ ផ្ទុយទៅវិញ វាគឺជាការប្រព្រឹត្តដោយការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងពិតប្រាកដតាមគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ ហើយក៏ត្រូវធានាថាមិនមានករណីខ្ជះខ្ជាយ ឬការខូចខាតណាមួយកើតឡើងចំពោះរបស់អ្វីក៏ដោយនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នោះហើយគឺជាអ្វីដែលហៅថា ការបំពេញទំនួលខុសត្រូវរបស់អ្នកយ៉ាងពិតប្រាកដ។ ឧទាហរណ៍ ក្នុងការចែកស៊ុតឱ្យមនុស្សប្រាំនាក់ អ្នកគួរតែឱ្យម្នាក់មួយគ្រាប់ក្នុងមួយថ្ងៃ ហើយចែកឱ្យពួកគេរៀងរាល់ដប់ថ្ងៃម្ដង ដូច្នេះអ្នកនឹងចែកឱ្យចំនួនហាសិបគ្រាប់គត់។ មួយផ្នែក អ្នកគួរតែចែកឱ្យពួកគេដូចនេះ ពីព្រោះវាជាចំនួនតិច ហើយងាយស្រួលក្នុងការថែរក្សា លើសពីនេះទៅទៀត វាជាបរិមាណដែលល្មមសម្រាប់ពួកគេបរិភោគ។ ការអនុវត្តដូចនេះ ស្របតាមស្ដង់ដារ និងការកំណត់ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ គឺពិតជាត្រឹមត្រូវណាស់ នេះគឺជាការប្រព្រឹត្តតាមគោលការណ៍។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការ ដោយខ្លាចមានការសាំញ៉ាំ បានចែកស៊ុតសម្រាប់រយៈពេលមួយរយថ្ងៃឱ្យពួកគេក្នុងពេលតែមួយ គឺចំនួនប្រាំរយគ្រាប់ តើការណ៍នោះសមរម្យដែរឬទេ? សូមប្រាប់មក តើស៊ុតហាសិបគ្រាប់ ឬប្រាំរយគ្រាប់ មួយណាងាយស្រួលដឹកជញ្ជូន និងថែរក្សាជាង? (ហាសិបគ្រាប់។) ចំនួនតិចជាង គឺងាយស្រួលដឹកជញ្ជូន និងថែរក្សាជាង។ មនុស្សខ្លះពិតជាបានចែកឱ្យក្នុងបរិមាណស្មើនឹងមួយរយថ្ងៃមែន ហើយជាលទ្ធផល ស៊ុតខ្លះបានបែកនៅតាមផ្លូវ ហើយខ្លះទៀតត្រូវបានសង្កត់បែកនៅពេលដែលពួកគេលើកដាក់នៅគោលដៅ។ ដោយសារការបែកបន្តិចម្ដងៗជាបន្ដបន្ទាប់ ធ្វើឱ្យស៊ុតមួយចំនួនត្រូវខូចខាត។ បន្ថែមពីលើនេះ នៅពេលដែលមនុស្សឃើញថាមានស៊ុតជាច្រើនត្រូវបានចែកឱ្យ ពួកគេនឹងខ្ជះខ្ជាយវាដោយមិនគិតខ្វល់ ដូច្នេះហើយ ពួកគេនឹងគ្មានស៊ុតបរិភោគមុនថ្ងៃនៃការដឹកជញ្ជូនមកលើកក្រោយឡើយ។ ដូច្នេះ នៅពេលដែលស៊ុតទាំងនេះបែក និងខូចខាត តើវាមិនមែនបណ្ដាលមកពីការធ្វេសប្រហែសក្នុងតួនាទីរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេឬ? (មែនហើយ។) ប្រសិនបើពួកគេសុំបន្ថែមទៀត តើអ្នកអាចឱ្យពួកគេដែរឬទេ? ស្របតាមគោលការណ៍ អ្នកមិនអាចឱ្យពួកគេបន្ថែមទៀត មុនថ្ងៃដែលបានកំណត់ទេ ប៉ុន្តែពួកគេមានអារម្មណ៍អន់ចិត្តនៅពេលដែលពួកគេគ្មានអ្វីបរិភោគ។ តើត្រូវធ្វើដូចម្ដេចចំពោះរឿងនេះ? នេះតម្រូវឱ្យមានការបែងចែកដោយសមស្រប។ នៅពេលបែងចែករបស់ទាំងនេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍នៃការបែងចែកដោយសមស្រប និងស្ដង់ដារដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ ដោយចែកឱ្យទាន់ពេលវេលា និងជាប្រចាំ។ ម្យ៉ាងទៀត ពួកគេត្រូវតែដឹងឱ្យបានឆាប់ថាតើមានករណីខ្ជះខ្ជាយដែរឬទេ ថាតើមានការដាក់ពាក្យស្នើសុំឡើងវិញ ឬការស្នើសុំរបស់របរដែលខ្វះខាតដោយសារតែការខ្ជះខ្ជាយដែរឬទេ និងថាតើមានករណីខ្ជះខ្ជាយចំពោះរបស់របរដែលបានចែកឱ្យ ដែលមនុស្សមិនចូលចិត្តដែរឬទេ។ ឧទាហរណ៍ សាច់ និងបន្លែត្រូវបានចែកឱ្យដូចគ្នា ហើយមនុស្សភាគច្រើនចូលចិត្តសាច់ ដូច្នេះពួកគេអាចនឹងបរិភោគវាអស់ក្នុងរយៈពេលបី ឬប្រាំថ្ងៃ ហើយបន្លែត្រូវបានទុកចោល។ បន្លែមិនអាចរក្សាទុកបានល្អទេ បន្លែខ្លះខូច និងរលួយបន្ទាប់ពីមួយរយៈ ដូច្នេះហើយវាក៏អស់មុនពេលដែលគេចែកបន្លែលើកក្រោយ។ ពេលនោះ អ្នកណាម្នាក់អាចនឹងដាក់ពាក្យស្នើសុំឡើងវិញ និងសុំបន្ថែមទៀត។ តើគួរតែឱ្យបន្ថែមទៀតដែរឬទេក្នុងករណីបែបនេះ? តើវាសមស្របដែរឬទេក្នុងការឱ្យពួកគេបន្ថែមទៀត? (មិនសមស្របទេ។) រីឯមនុស្សផ្សេងទៀតនឹងលួចបរិភោគសាច់ និងស៊ុតអស់ ហើយបរិភោគបន្លែទាំងអស់ដែលពួកគេចូលចិត្តអស់ដែរ ស្របពេលជាមួយគ្នានោះ ក៏លើកយកហេតុផល និងលេសគ្រប់បែបយ៉ាងដើម្បីមិនបរិភោគបន្លែដែលពួកគេមិនចូលចិត្ត។ នៅពេលដែលបន្លែប្រែជាពណ៌លឿង និងខូច ពួកគេនិយាយថាវាមិនអាចបរិភោគបាន ហើយនៅទីបំផុត ពួកគេយកវាទៅឱ្យជ្រូក និងមាន់ស៊ី ឬក៏គ្រាន់តែបោះវាចោល រួចហើយក៏សុំបន្ថែមទៀត។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការជួបប្រទះករណីបែបនេះ តើពួកគេត្រូវដោះស្រាយវាដោយរបៀបណា? ប្រសិនបើពួកគេនិយាយថា៖ «ខ្ញុំនឹងឱ្យអ្នករាល់គ្នាបន្ថែមទៀតនៅពេលក្រោយ ដោយឃើញថាវាមិនគ្រប់គ្រាន់ ខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នាបន្ថែមទៀត ដោយសារអ្នករាល់គ្នាបរិភោគច្រើន» តើការដោះស្រាយបែបនេះសមរម្យដែរឬទេ? តើការណ៍នោះមិនមែនជាការធ្វើដោយងងឹតងងល់ទេឬ? (មែនហើយ។) ហេតុអ្វីបានជាពួកគេងងឹតងងល់? (ពួកគេមិនយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដទេ មូលហេតុចម្បងដែលអាហារដែលពួកគេបានចែកឱ្យមិនគ្រប់គ្រាន់ គឺដោយសារតែវាត្រូវបានខ្ជះខ្ជាយ។) ពួកគេសម្រេចចិត្តទាំងប្រញាប់ប្រញាល់ដោយមិនបានយល់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដផង។ នៅកន្លែងភាគច្រើន មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដែលត្រូវបានចែកឱ្យស្របតាមការកំណត់នៃដំណាក់របស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាវាមិនដែលគ្រប់គ្រាន់ តែកន្លែងមួយនោះ? តើការណ៍នោះមិនត្រូវការការស៊ើបអង្កេតជាក់លាក់ទេឬ? ពួកគេត្រូវតែទៅដល់ទីកន្លែងនោះ ហើយសាកសួរដោយប្រុងប្រយ័ត្ន និងលម្អិតអំពីស្ថានភាព ដើម្បីមើលថាតើមានរឿងអ្វីកើតឡើង។ នៅទីបំផុត ក្រោយពីបានស្វែងយល់ហើយ ទើបដឹងថា អ្នកចម្អិនអាហារនៅកន្លែងនោះគឺជាមនុស្សអាក្រក់ និងគ្មានសីលធម៌ ដែលបានយកអាហារសម្រាប់មនុស្សទៅឱ្យមាន់ស៊ី ដោយខ្ជះខ្ជាយអាហារនៃដំណាក់របស់ព្រះជាម្ចាស់ដោយចេតនា។ ពួកគេពិតជារើសខ្លាំងណាស់ ហើយថែមទាំងលោភលន់ចំពោះអ្វីដែលពួកគេបរិភោគទៀតផង ហើយពួកគេចូលចិត្តតែបរិភោគអាហារឆ្ងាញ់ៗប៉ុណ្ណោះ។ ពួកគេនឹងមិនបរិភោគបន្លែទេនៅពេលដែលគ្មានសាច់ ហើយនៅពេលដែលមានសាច់ ពួកគេក៏មិនបរិភោគសូម្បីតែតៅហ៊ូផង។ នៅពេលដែលពួកគេទទួលបានស៊ុត ពួកគេបរិភោគវារាល់ពេលបាយ។ ពួកគេជ្រើសរើសតែអាហារឆ្ងាញ់ៗ ហើយមិនបរិភោគបន្លែធម្មតាណាមួយឡើយ ហើយក៏មិនខ្វល់ដែរប្រសិនបើវាខូច។ ក្រោយពីបានស្វែងយល់ហើយ ទើបដឹងថាអ្នកចម្អិនអាហារគឺជាមនុស្សអាក្រក់ ដូច្នេះតើពួកគេគួរតែ ទទួលបានរបស់របរដែលត្រូវចែកឱ្យបន្ថែមទៀតនៅពេលក្រោយដែរឬទេ? (មិនគួរទេ។) តើគ្រប់គ្រាន់ឬនៅ បើត្រឹមមិនឱ្យពួកគេបន្ថែមទៀត? តើបញ្ហានេះត្រូវដោះស្រាយដោយរបៀបណា នៅពេលដែលបានរកឃើញ? គឺត្រូវផ្លាស់ប្ដូរពួកគេចេញភ្លាម ត្រូវដោះដូរពួកគេចេញជាមួយនឹងនរណាម្នាក់ដែលមានភាពជាមនុស្សខ្លះ ដើម្បីទទួលយកភារកិច្ចនេះ។ ត្រូវរកឃើញ និងដោះស្រាយបញ្ហាឱ្យបានឆាប់ ហើយត្រូវជម្រុះចោលមនុស្សអាក្រក់បែបនេះ មនុស្សអន្ធពាលបែបនេះ។ អ្នកខ្លះអាចសួរថា៖ «ដោយសារពួកគេលែងចម្អិនអាហារទៀតហើយ តើអាចឱ្យពួកគេឱ្យមាន់ស៊ីជំនួសវិញបានទេ?» (មិនបានទេ។) ប្រសិនបើពួកគេឱ្យមាន់ស៊ី មាន់នឹងមិនពងទេ ប្រសិនបើពួកគេឱ្យជ្រូកស៊ី ជ្រូកនឹងស្គម។ ពួកគេឱ្យចំណីទៅសត្វអ្វីក៏មិនកើតដែរ។ មនុស្សបែបនេះត្រូវតែបញ្ជូនចេញ ពួកគេមិនស័ក្តិសមនឹងបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ បើឃើញមានបញ្ហាផ្សេងទៀតនៅពេលកំពុងបែងចែករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវតែដោះស្រាយភ្លាមៗដែរ។ តើអ្វីទៅជាគោលដៅនៃការដោះស្រាយបញ្ហាទាំងនេះ? គឺដើម្បីកាត់បន្ថយការខ្ជះខ្ជាយ និងការខូចខាតដែលកើតឡើងចំពោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកខ្លះអាចសួរថា៖ «ដើម្បីដោះស្រាយបញ្ហាទាំងនោះ ត្រូវមានមនុស្សម្នាក់ ទៅស៊ើបអង្កេតនៅផ្ទះបាយ។ តើទ្រង់មិនបានមានព្រះបន្ទូលទេឬថា អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្ទះបាយនោះ? ចុះហេតុអ្វីបានជាឥឡូវនេះពួកគេត្រូវបានអនុញ្ញាតឱ្យចូលទៅវិញ?» នោះគឺជាបញ្ហាពីរផ្សេងគ្នា។ ខ្ញុំមិនបាននិយាយថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅនោះទេ នោះគឺជាការវែកញែកអំពីអ្នកដឹកនាំ និងអ្នកធ្វើការដែលមិនចេះធ្វើការងារ មិនមានធ្វើអ្វី និងដើរចុះដើរឡើង រីករាយនឹងផលប្រយោជន៍នៃឋានៈ ដោយតែងតែទៅផ្ទះបាយដើម្បីរករបស់ឆ្ងាញ់ៗបរិភោគ។ ក្នុងករណីមួយនេះ ពួកគេទៅផ្ទះបាយដើម្បីដោះស្រាយបញ្ហា មិនមែនដើម្បីរករបស់ឆ្ងាញ់ៗបរិភោគនោះទេ។ ត្រូវទៅនៅពេលដែលអ្នកគួរទៅ ហើយកុំទៅនៅពេលដែលអ្នកមិនគួរទៅ។ អ្នកដឹកនាំ និងអ្នកធ្វើការ មានការងារជាច្រើនដែលត្រូវធ្វើ ហើយនេះគឺជាភារកិច្ចមួយរបស់ពួកគេ ហើយពួកគេអាចដឹងបញ្ហាជាក់លាក់ បាន លុះត្រាតែចូលទៅពិនិត្យដល់ក្នុងផ្ទះបាយ និងយល់ដឹងពីព័ត៌មានលម្អិត។ ប្រសិនបើអ្នកចម្អិនអាហារណាម្នាក់ត្រូវបានរកឃើញថាមិនសមរម្យ ពួកគេត្រូវតែត្រូវបានដកហូតតំណែងភ្លាមៗ និងជំនួសដោយនរណាម្នាក់ដែលសមរម្យវិញ។ ការធ្វើដូច្នេះធានាថា របស់របរដែលដំណាក់របស់ព្រះជាម្ចាស់បានចែកឱ្យ មិនត្រូវបានខ្ជះខ្ជាយ និងខូចខាត។ មិនថាខ្ញុំលើកឡើងបែបណាទេ សេចក្ដីតម្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺថាពួកគេត្រូវតែបំពេញទំនួលខុសត្រូវរបស់ខ្លួន ប្រសិនបើវាជារឿងរបស់អ្នកដែលត្រូវខ្វល់ខ្វាយ និងត្រូវធ្វើ នោះអ្នកត្រូវតែខ្វល់ខ្វាយពីវា និងធ្វើវាដាច់ខាត។ អ្នកត្រូវតែសង្កេតដោយភ្នែករបស់អ្នក និងប្រើត្រចៀករបស់អ្នកដើម្បីស្ដាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលមនុស្សគ្រប់ប្រភេទនិយាយ ហើយជាការពិតណាស់ អ្នកក៏ត្រូវតែរៀនក្នុងចិត្តដើម្បីមានមតិ មានគំនិត និងមានការញែកដឹងអំពីរឿងរ៉ាវគ្រប់បែបយ៉ាងផងដែរ ហើយចំណុចសំខាន់មួយទៀតគឺ ការយកគោលការណ៍ដាក់ក្នុងចិត្ត ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យអនុវត្តតាម ហើយមិនត្រូវផ្លាស់ប្ដូរពីគោលការណ៍ទាំងនោះនៅពេលណាមួយឡើយ។ ទោះបីជាអ្នកកំពុងធ្វើការងារអ្វីក៏ដោយ អ្នកត្រូវតែយល់ជាមុនសិនថាតើគោលការណ៍ និងបទប្បញ្ញត្តិដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវនោះមានអ្វីខ្លះ។ មុនពេលដែលអ្នកចាប់ផ្ដើមធ្វើការ អ្នកត្រូវតែសួរខ្លួនឯងពីរបីដងទៀតនូវសំណួរដូចជា៖ តើខ្ញុំយល់ច្បាស់ពីគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវដែរឬទេ? តើគួរតែធ្វើការនេះដោយរបៀបណា ប្រសិនបើវាត្រូវធ្វើស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់? តើគួរតែធ្វើវាដោយរបៀបណាស្របតាមគោលការណ៍ក្នុងកាលៈទេសៈពិសេស? តើវាត្រូវដោះស្រាយដោយរបៀបណាក្នុងកាលៈទេសៈធម្មតា? អ្នកត្រូវតែសួរខ្លួនឯងបន្ថែមទៀតនូវសំណួរទាំងនេះ និងសំណួរផ្សេងទៀតបែបនេះដាច់ខាត មុនពេលដែលអ្នកចាប់ផ្ដើមធ្វើការ ហើយត្រូវអធិដ្ឋានបន្ថែមទៀតនៅចំពោះព្រះជាម្ចាស់។ មួយផ្នែកគឺការពិនិត្យខ្លួនឯង ហើយមួយផ្នែកទៀតគឺការទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់។ ការធ្វើដូច្នេះជួយដល់អ្នកដឹកនាំ និង អ្នកធ្វើការ ឱ្យធ្វើកំហុសតិចជាងមុន ហើយវៀចវេរតិចជាងមុនក្នុងកិច្ចការរបស់ពួកគេ ដោយកាត់បន្ថយការខ្ជះខ្ជាយរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ និងកាត់បន្ថយការខាតបង់ដែលកើតឡើងចំពោះដំណាក់របស់ទ្រង់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា ការធ្វើដូច្នេះគឺប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយបំពេញទំនួលខុសត្រូវទាំងនោះ។ នោះហើយគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើយ៉ាងពិតប្រាកដ។ នេះគឺជាសេចក្ដីតម្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ការថែរក្សា និងការបែងចែករបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ មិនមែនជាកិច្ចការស្មុគស្មាញនោះទេ។ មួយផ្នែក វាគឺជាបញ្ហារបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវយល់ច្បាស់ពីគោលការណ៍ដោយខ្លួនឯង ហើយមួយផ្នែកទៀតនោះគឺថា អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែប្រកបគ្នាអំពីគោលការណ៍ទាំងនេះបន្ថែមទៀតទៅកាន់អ្នកដែលទទួលខុសត្រូវលើការគ្រប់គ្រងរបស់របរផ្សេងៗ ត្រូវតាមដានរឿងរ៉ាវបន្ថែមទៀត និងព្យាយាមយល់ដឹងពីរឿងរ៉ាវបន្ថែមទៀត និងស៊ើបអង្កេតបន្ថែមទៀតអំពីស្ថានភាពនៃការគ្រប់គ្រង ស្របពេលជាមួយគ្នានោះ ក៏ត្រូវប្រកបគ្នាបន្ថែមទៀតជាមួយអ្នកមើលការខុសត្រូវការបែងចែករបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេយល់ច្បាស់ពីគោលការណ៍ទាំងនេះកាន់តែហ្មត់ចត់។ ជាការពិតណាស់ អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវតែសាកសួរ និងសួរជាបន្តបន្ទាប់ផងដែរថា តើមនុស្សទាំងនោះបែងចែក និងចែករបស់របរដោយរបៀបណា ហើយថាតើមានកាលៈទេសៈពិសេសណាមួយដែរឬទេ ឧទាហរណ៍ ថាតើអ្នកមើលការខុសត្រូវកំពុងបែងចែករបស់របរស្របតាមគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវក្នុងរដូវផ្សេងៗគ្នា នៅពេលផ្សេងៗគ្នា និងក្នុងករណីដែលមនុស្សប្រភេទផ្សេងៗគ្នាមានតម្រូវការផ្សេងៗគ្នាដែរឬទេ។ គោលដៅក្នុងការធ្វើដូច្នេះ គឺដើម្បីឱ្យរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់អាចបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ត្រូវបានប្រើប្រាស់យ៉ាងសមស្របបំផុត និងត្រូវបានថែរក្សាយ៉ាងល្អបំផុត ដោយមានការថែទាំដ៏ល្អបំផុតតាមដែលអាចធ្វើបាន នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។
ការគ្រប់គ្រងសម្ភារៈនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អ គឺជាទំនួលខុសត្រូវរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប
បន្ទាប់ពីបានយល់ដឹងពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ តើអ្នករាល់គ្នាក៏បានយល់ដឹងពីគោលការណ៍ដែលបងប្អូនប្រុសស្រីគ្រប់ៗរូបគួរតែចាប់យក នៅពេលចាត់ចែងរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? អ្នករាល់គ្នាប្រហែលជាមិនមែនជាអ្នកដឹកនាំ និងអ្នកធ្វើការនោះទេ ប៉ុន្តែអ្នកក៏គួរតែបំពេញទំនួលខុសត្រូវក្នុងការមើលការខុសត្រូវ។ នេះគឺជាសិទ្ធិរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ចំពោះរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជា សៀវភៅ និងឧបករណ៍គ្រប់ប្រភេទ អាហារ ភេសជ្ជៈ និងរបស់របរប្រចាំថ្ងៃ ជាដើម មនុស្សគ្រប់គ្នាត្រូវតែចាត់ចែងរបស់ទាំងនោះដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ មនុស្សគ្រប់គ្នាក៏គួរតែធ្វើការត្រួតពិនិត្យ ជួសជុល និងថែទាំជាប្រចាំចំពោះរបស់ផ្សេងៗដែលពួកគេកំពុងប្រើប្រាស់ ហើយពួកគេគួរតែប្រើប្រាស់វាដោយសមស្រប កុំឱ្យរបស់ទាំងនោះខូចខាត និងខ្ជះខ្ជាយនៅក្នុងដៃរបស់អ្នក ឬបោះចោលវាដោយមិនរើសមុខឡើយ។ អ្នកខ្លះនិយាយថា៖ «របស់នេះមិនមែនជារបស់ខ្ញុំឯណា។ ខ្ញុំមិនបានទិញវាដោយលុយរបស់ខ្ញុំទេ។ ដំណាក់របស់ព្រះជាម្ចាស់បានចែកវាឱ្យខ្ញុំ វាជាទ្រព្យសម្បត្តិសាធារណៈ។ ខ្ញុំមិនចាំបាច់ខ្វល់ថាពេលណាត្រូវថែទាំ និងជួសជុលវា ឬកន្លែងណាដែលត្រូវរក្សាទុកវានោះទេ។ ខ្ញុំមិនអាចយកវាទៅជាមួយខ្ញុំគ្រប់ទីកន្លែង ហាក់ដូចជាខ្ញុំបានដណ្ដើមយកវាមកនោះទេ»។ តើគំនិតនេះសមហេតុផលទេ? តើវាមិនមែនជាការអាត្មានិយម និងខ្វះភាពជាមនុស្សទេឬ? (មែនហើយ។) ដូច្នេះ តើគោលការណ៍អ្វីខ្លះដែលគួរតែអនុវត្តតាម ក្នុងការប្រើប្រាស់របស់របរនៃដំណាក់របស់ព្រះជាម្ចាស់? ប្រសិនបើរបស់អ្វីមួយត្រូវបានបែងចែកឱ្យអ្នកប្រើប្រាស់ នោះវាជាទំនួលខុសត្រូវរបស់អ្នកក្នុងការជួសជុល និងថែរក្សាវា នៅពេលដែលអ្នកកំពុងប្រើប្រាស់វា។ អ្នកត្រូវទទួលខុសត្រូវទាំងស្រុង ដោយមិនចាំបាច់មានការដាស់តឿន ឬការត្រួតពិនិត្យពីអ្នកផ្សេង អ្នកគួរតែចាត់ចែង ស្រឡាញ់ថែរក្សា និងការពាររបស់ទាំងនោះ ប្រៀបដូចជាវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកអ៊ីចឹង។ នោះហើយគឺជាអ្វីដែលហៅថា ការមានភាពជាមនុស្ស។ ទោះបីជារបស់នោះស្ថិតក្នុងស្ថានភាពបែបណានៅពេលដែលវាត្រូវបានចែកឱ្យអ្នកក៏ដោយ នៅពេលដែលអ្នកលែងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វាទៀត ឬប្រើប្រាស់វារួចរាល់ អ្នកគួរតែប្រគល់វាឱ្យទៅអ្នកដែលថែរក្សាវិញទាំងនៅសភាពដើម មិនឱ្យមានការខូចខាត។ នេះហៅថា ការមានវិចារណញ្ញាណ នេះគឺជាអ្វីមួយដែលគួរតែមាននៅក្នុងភាពជាមនុស្ស។ អ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ ថាអ្នកមានមនសិការ និងវិចារណញ្ញាណ ថាអ្នកស្រឡាញ់សេចក្ដីពិត ដេញតាមសេចក្ដីពិត និងចុះចូលនឹងសេចក្ដីពិត ប៉ុន្តែប្រសិនបើអ្នកមិនមានសូម្បីតែភាពជាមនុស្សតែបន្ដិចដែលអ្នកគួរតែមាន ក្នុងការប្រព្រឹត្តចំពោះរបស់របរមួយ តើអ្នកអាចនិយាយអំពីការស្រឡាញ់សេចក្ដីពិត ឬការអនុវត្តវាបានដោយរបៀបណា? តើការណ៍នោះមិនមែនជារឿងគ្មានខ្លឹមសារទេឬ? ប្រសិនបើអ្នកមិនអាចបំពេញសូម្បីតែទំនួលខុសត្រូវដែលអ្នកគួរតែមាន ក្នុងការប្រព្រឹត្តចំពោះរបស់របរមួយ នោះមានន័យថា ភាពជាមនុស្សរបស់អ្នកមិនល្អទេ ជាទូទៅគេហៅថា «ការខ្វះភាពជាមនុស្ស»។ លើសពីនេះទៅទៀត ទោះបីជាអ្នកប្រើប្រាស់របស់ផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណាក៏ដោយ ទោះបីជាអ្នកប្រព្រឹត្តចំពោះវាដោយភាពគ្រោតគ្រាត ឬប្រុងប្រយ័ត្នក៏ដោយ នោះគឺជាសិទ្ធិរបស់អ្នក។ គ្មាននរណាម្នាក់នឹងជ្រៀតជ្រែកឡើយ។ ប៉ុន្តែ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍សម្រាប់ការប្រើប្រាស់របស់របររបស់ខ្លួន។ គោលការណ៍ទាំងនេះសុទ្ធតែមានមូលដ្ឋាននៅក្នុងមនសិការ និងវិចារណញ្ញាណ ហើយទោះបីជាគោលការណ៍ទាំងនោះប្រហែលជាមិនឈានដល់កម្រិតនៃសេចក្ដីពិតក៏ដោយ យ៉ាងហោចណាស់ក៏វាស្របតាមស្ដង់ដារសម្រាប់ភាពជាមនុស្សដែរ។ ប្រសិនបើអ្នកមិនអាចបំពេញសូម្បីតែស្ដង់ដារសម្រាប់ភាពជាមនុស្សនេះ ប្រសិនបើអ្នកមិនអាចសូម្បីតែប្រព្រឹត្ត និងប្រើប្រាស់ឧបករណ៍ និងគ្រឿងបរិក្ខារដែលដំណាក់របស់ព្រះជាម្ចាស់ចែកឱ្យអ្នកបានត្រឹមត្រូវ នោះមិនថាអ្នកអាចយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬអត់ទេ វាជាបញ្ហាមួយដែលគួរឲ្យសង្ស័យហើយ។ ដូច្នេះ នៅពេលដែលនិយាយអំពីការប្រព្រឹត្តរបស់អ្នកចំពោះរបស់ទាំងនេះ អ្នកមានសិទ្ធិប្រើប្រាស់វា ហើយជារឿងធម្មតា អ្នកក៏មានទំនួលខុសត្រូវក្នុងការជួសជុល ថែទាំ និងថែរក្សាវាផងដែរ។ អ្នកត្រូវតែចាត់ទុករឿងទាំងនេះជារឿងសំខាន់។ ប្រសិនបើអ្នក ដូចជាពួកអ្នកគ្មានជំនឿដែរ និយាយថា៖ «ម៉េចក៏ម៉េចទៅ វាមិនមែនជារបស់ខ្ញុំទេ។ ខ្ញុំមិនបានទិញវាដោយលុយរបស់ខ្ញុំទេ។ ប្រសិនបើរបស់សាធារណៈត្រូវខូច វាខូចហើយ ទិញថ្មីទៅ ឬជួសជុលវាក្នុងករណីវាខូចខ្លាំង។ យ៉ាងណាក៏ដោយ ខ្ញុំដូចជាមិនបានខាតបង់អ្វីទេ»។ ប្រសិនបើអ្នកគិតបែបនោះ នោះគឺជាបញ្ហាហើយ អ្នកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ហើយ។ អ្នកមិនមានចរិតលក្ខណៈត្រង់ទេ ហើយចិត្តរបស់អ្នកក៏មិនត្រង់ដែរ។ ការប្រើប្រាស់របស់របរផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ប៉ុន្តែប្រព្រឹត្តចំពោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ថាមិនសំខាន់ មិនយកចិត្តទុកដាក់ស្រឡាញ់ថែរក្សាវា តើគេមិនមែនជាមនុស្សដែលមានចិត្តមិនត្រង់ទេឬ? តើព្រះជាម្ចាស់ស្រឡាញ់មនុស្សដែលមានចិត្តមិនត្រង់ដែរឬទេ? (មិនស្រឡាញ់ទេ។) ចូរប្រាប់មក តើព្រះជាម្ចាស់ពិនិត្យពិច័យមនុស្សដែលមានចិត្តមិនត្រង់ដែរឬទេ? (ទ្រង់ពិនិត្យពិច័យ។) ព្រះជាម្ចាស់ពិនិត្យពិច័យអស់អ្នកដែលមានចិត្តត្រង់ និងអស់អ្នកដែលមានចិត្តមិនត្រង់ដូចគ្នា។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ តើត្រូវធ្វើដូចម្ដេចប្រសិនបើអ្នកដឹងខ្លួនថាអ្នកកំពុងគិតបែបនោះ? តើត្រូវព្រងើយកន្តើយនឹងវាឬ? តើត្រូវទុកវាចោលដោយមិនបានត្រួតពិនិត្យឬ? តើត្រូវមិនខ្វល់ពីវាឬ? «អ្វីដែលខ្ញុំគិតគឺជារឿងរបស់ខ្ញុំ។ តើអ្នកជានរណាបានជាមកជ្រៀតជ្រែកក្នុងរឿងនេះ? ប្រសិនបើអ្នកឱ្យខ្ញុំប្រើប្រាស់របស់អ្វីមួយ នោះខ្ញុំមានសិទ្ធិប្រើប្រាស់វា ហើយទោះក្នុងករណីណាក៏ដោយ វានឹងមិនអីទេ ប្រសិនបើខ្ញុំគ្រាន់តែមិនធ្វើឱ្យគ្រឿងម៉ាស៊ីនបែកបាក់។ ហេតុអ្វីបានជាអ្នកធ្វើការទាមទារខ្ពស់ និងច្រើនបែបនេះ?» តើការគិតបែបនេះ សមដែរឬទេ? (មិនសមទេ។) គឺ «ខ្វះភាពជាមនុស្ស»។ ប្រសិនបើអ្នកមានគំនិតបែបនេះ អ្នកត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ហើយនិយាយថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមាននិស្ស័យពុករលួយ ហើយភាពជាមនុស្សរបស់ទូលបង្គំក៏មិនល្អដែរ។ ទូលបង្គំធ្លាប់គិតថា ទូលបង្គំជាមនុស្សខ្ពង់ខ្ពស់ និងមានកិត្តិយសណាស់ ថាទូលបង្គំមានសេចក្ដីថ្លៃថ្នូរ ទូលបង្គំមិនបានគិតថា របស់តូចតាចនេះនឹងបើកសម្ដែងទូលបង្គំទេ៖ ទូលបង្គំមានបំណងប្រាថ្នាអាត្មានិយម ចិត្តរបស់ទូលបង្គំមិនត្រង់ទេ ទូលបង្គំមានគោលដៅតូចតាចផ្ទាល់ខ្លួន។ ទូលបង្គំសុខចិត្តទទួលយកការពិនិត្យពិច័យ និងសេចក្ដីប្រៀនប្រដៅរបស់ទ្រង់ ហើយទូលបង្គំសុខចិត្តកែប្រែខ្លួនឯង»។ អ្នកត្រូវតែអធិដ្ឋាន និងប្រែចិត្តនៅចំពោះព្រះជាម្ចាស់ ហើយឱ្យទ្រង់ពិនិត្យពិច័យអ្នក។ នៅពេលដែលអ្នកបានទទួលយកការស្ទង់មើលរបស់ទ្រង់ហើយ តើអ្នកគួរតែកែប្រែខ្លួនឯងដោយរបៀបណា? អ្នកនឹងនិយាយថា៖ «វាជាការគ្មានសីលធម៌ដែលគិតដូចដែលខ្ញុំធ្លាប់គិតពីមុននោះ នោះគឺជាការគិតរបស់ពួកអ្នកគ្មានជំនឿ របស់ពួកអ្នកមិនជឿ។ ខ្ញុំមិនអាចគិតបែបនោះទៀតទេ។ ខ្ញុំមិនត្រូវដើរតាមផ្លូវនោះទេ។ ខ្ញុំគឺជាអ្នកជឿលើព្រះជាម្ចាស់ ខ្ញុំត្រូវការធ្វើជាមនុស្សម្នាក់ដែលមានភាពជាមនុស្ស និងសេចក្ដីថ្លៃថ្នូរ ខ្ញុំត្រូវការធ្វើរឿងដែលព្រះជាម្ចាស់ស្រឡាញ់។ ខ្ញុំត្រូវការផ្លាស់ប្ដូរវិធីប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនរបស់ខ្ញុំនៅពេលអនាគត។ ខ្ញុំត្រូវតែឱ្យវាសម្រាកនៅពេលដែលវាគួរតែសម្រាក ជួសជុលវាតាមតម្រូវការ និងថែទាំវាតាមតម្រូវការ។ ខ្ញុំត្រូវតែសម្អាតវាឱ្យបានញឹកញាប់ និងត្រួតពិនិត្យគ្រឿងបន្លាស់ផ្សេងៗរបស់វាជាប្រចាំ ដើម្បីធានាបាននូវការប្រើប្រាស់ធម្មតារបស់វា។ ហើយខ្ញុំនឹងសម្អាតភ្លាមៗនៅពេលដែលខ្ញុំប្រើប្រាស់វារួចរាល់ ហើយយកវាត្រឡប់ទៅរក្សាទុកដោយសុវត្ថិភាពវិញ ដើម្បីកុំឱ្យមនុស្សដែលមិនពាក់ព័ន្ធមកប៉ះពាល់វា»។ ហើយបន្ទាប់មក នៅពេលដែលអ្នកប្រើប្រាស់គ្រឿងម៉ាស៊ីនម្ដងទៀតនៅពេលអនាគត អ្នកនឹងមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាពិសេស។ ទស្សនៈរបស់អ្នកនឹងផ្លាស់ប្ដូរជានិច្ច ហើយវិធីរបស់អ្នកនឹងប្រសើរឡើង ដោយងាកចេញពីគំនិត និងសកម្មភាពអាត្មានិយម គួរឱ្យស្អប់ខ្ពើមពីមុនរបស់អ្នក ឆ្ពោះទៅរកអារម្មណ៍នៃការទទួលខុសត្រូវ ចិត្តគំនិតក្នុងការយកចិត្តទុកដាក់ចំពោះរបស់របរ និងចិត្តគំនិតក្នុងការទទួលខុសត្រូវ។ ការផ្លាស់ប្ដូរនៅក្នុងការគិតរបស់អ្នក គឺជាការចាប់ផ្ដើមនៃការកែប្រែខ្លួនឯងយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកយកគំនិតទាំងនោះទៅអនុវត្តជាក់ស្ដែង នោះទង្វើរបស់អ្នកក៏ចាប់ផ្ដើមផ្លាស់ប្ដូរដែរ។ គឺនៅពេលដែលវាឈានដល់កម្រិតនេះហើយ ដែលព្រះជាម្ចាស់ទតឃើញថា អ្នកពិតជាកំពុងតែកែប្រែ និងប្រែចិត្ត ការកែប្រែ និងការផ្លាស់ប្ដូរដែលអ្នកធ្វើនេះ នឹងពិតជាអាចទទួលយកបានចំពោះព្រះជាម្ចាស់។ នេះគឺជាការអនុវត្តសេចក្ដីពិត។ តើអ្វីទៅជាអ្វីដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតដែលមនុស្សម្នាក់ត្រូវតែមាន ក្នុងការអនុវត្តសេចក្ដីពិត? គឺមនសិការ និងវិចារណញ្ញាណដែលមនុស្សគួរតែមាន។ ហើយតើមនុស្សអាត្មានិយម គួរឱ្យស្អប់ខ្ពើម មានមនសិការនិងវិចារណញ្ញាណដែរឬទេ? (គ្មានទេ។) បើនិយាយតាមគោលលទ្ធិ អ្នកប្រហែលជាដឹងហើយថា អ្នកមិនអាចទុករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ចោលពាសវាលពាសកាល ឬធ្វើឱ្យខូចខាត និងខ្ជះខ្ជាយវា ឬមិនទទួលខុសត្រូវចំពោះវាបានទេ ប៉ុន្តែតើអាកប្បកិរិយារបស់អ្នកនៅក្នុងចិត្ត និងគំនិតរបស់អ្នកគឺជាអ្វី? «តើមានប្រយោជន៍អ្វីក្នុងការខ្វល់ខ្វាយពីរឿងទាំងនោះ? របស់នោះមិនមែនជារបស់ខ្ញុំឯណា»។ ការគិតបែបនេះនឹងគ្រប់គ្រងឥរិយាបថរបស់អ្នក ហើយតើគោលលទ្ធិដែលអ្នកដឹងនោះនឹងមានប្រយោជន៍អ្វីដែរឬទេនៅពេលនោះ? គ្មានទេ វានឹងគ្រាន់តែក្លាយជាគោលលទ្ធិដែលគ្មានប្រយោជន៍អ្វីសោះ។ លុះត្រាតែការគិត និងទស្សនៈរបស់អ្នកបានកែប្រែ ហើយអ្នកបានកែប្រែ និងប្រែចិត្តយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់ ទើបឥរិយាបថ និងសកម្មភាពជាក់ស្ដែងរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរ។ ពេលនោះហើយ ទើបអ្វីដែលអ្នកបានសម្តែងចេញមក នឹងចាប់ផ្ដើមមានភាពជាមនុស្ស នោះហើយគឺជាពេលដែលអ្នកនឹងចាប់ផ្ដើមចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ បញ្ហាតូចតាចបែបនេះ បើកសម្ដែងឱ្យឃើញពីភាពជាមនុស្សរបស់មនុស្សម្នាក់ ក៏ដូចជាថាតើមនុស្សនោះពិតជាស្រឡាញ់សេចក្ដីពិតដែរឬទេ។
ការគ្រប់គ្រងរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបំពេញ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់ៗរូប គួរតែរួមគ្នាត្រួតពិនិត្យ ជួយ និងសហការគ្នាអស់ពីចិត្ត។ នេះគឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែធ្វើជាគំរូ។ ពួកគេគួរតែចាប់ផ្ដើមពីខ្លួនឯង លុះត្រាតែពួកគេធ្វើបានល្អដោយខ្លួនឯង ទើបស័ក្តិសមនឹងត្រួតពិនិត្យអ្នកដទៃ និងដើម្បីវាយតម្លៃថាតើអ្វីដែលអ្នកដទៃធ្វើនោះសមរម្យ និងស្របតាមគោលការណ៍ដែរឬទេ។ នេះគឺជាបញ្ហាមួយដែលពាក់ព័ន្ធនឹងមនុស្សគ្រប់គ្នា រឿងតូចតាចនោះបង្ហាញពីភាពជាមនុស្សរបស់មនុស្សម្នាក់ៗ ក៏ដូចជាអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើកិច្ចការនេះឱ្យបានល្អ និងដោយភាពស្វាហាប់បំផុត ស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយបងប្អូនប្រុសស្រីធម្មតាគ្រប់ៗរូប ក៏គួរតែប្រព្រឹត្តចំពោះបញ្ហានេះដោយភាពតឹងរ៉ឹង និងការប្រុងប្រយ័ត្នផងដែរ។ អ្នកត្រូវតែពិនិត្យពិច័យខ្លួនឯងឱ្យបានញឹកញាប់ ពិនិត្យពិច័យថាតើមានបញ្ហានៅក្នុងភាពជាមនុស្ស និងការគិតរបស់អ្នកដែរឬទេ ហើយតើអ្នកមានអាកប្បកិរិយាបែបណា។ នៅពេលដែលអ្នកបានរកឃើញថាមានបញ្ហាជាមួយនឹងអាកប្បកិរិយា និងការគិតរបស់អ្នកអ្នកគួរតែអធិដ្ឋាន និងកែប្រែខ្លួនឯងភ្លាមៗ ហើយនៅពេលគ្រប់គ្រង ឬប្រើប្រាស់របស់នៃដំណាក់របស់ព្រះជាម្ចាស់ មួយផ្នែក អ្នកគួរតែព្យាយាមមិនឱ្យមនសិការស្ដីបន្ទោស ឬខ្វះមិនដល់សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយមួយផ្នែកទៀត គឺដើម្បីឱ្យអ្នកដទៃកោតសរសើរ និងឱ្យពួកគេទទួលស្គាល់នូវអ្វីដែលអ្នកធ្វើ ព្រមទាំងនិយាយថាអ្នកមានភាពជាមនុស្ស ដែលគ្រប់គ្នាអាចមើលឃើញ។ អ្វីដែលសំខាន់បំផុតនោះគឺ មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៅពេលធ្វើការនេះ។ នេះគឺជាកាតព្វកិច្ចដែលមនុស្សគ្រប់គ្នាត្រូវបំពេញ ហើយសមាជិកគ្រប់រូបនៃដំណាក់របស់ព្រះជាម្ចាស់ក៏ត្រូវតែធ្វើឱ្យបានដែរ។ វាមិនមែនគ្រាន់តែជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការនោះទេ។
ឥឡូវនេះ តើអ្នករាល់គ្នាបានយល់ច្បាស់ជាមូលដ្ឋានជាងមុនឬទេ អំពីចំណុចទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ? បន្ទាប់ពីបានយល់ដឹងពីគោលការណ៍ហើយ មនុស្សគួរតែយកចិត្តទុកដាក់ និងល្អិតល្អន់ជាងមុនក្នុងការធ្វើកិច្ចការនេះ ហើយពួកគេគួរតែមានភាពខ្វល់ខ្វាយជាងមុនទៀតចំពោះវា ហើយមិនត្រូវខ្ជិលច្រអូសឡើយ ជាទូទៅ ពួកគេនឹងអាចកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់បាន ហើយការពាររបស់ទាំងនោះមិនឱ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់។ រឿងនេះគួរតែធ្វើបាន។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាងាយស្រួលសម្រេចបាន? ទាំងនេះជារឿងរ៉ាវដែលមនុស្សគ្រប់គ្នា អាចជួបប្រទះក្នុងជីវិតប្រចាំថ្ងៃនៅផ្ទះ។ វាជាការងាយស្រួលក្នុងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរបស់របរនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះ ប្រសិនបើអ្នកថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ប្រៀបដូចជារបស់របរផ្ទាល់ខ្លួនរបស់អ្នក ស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ទ្រង់ បែងចែកវាដោយសមស្រប ហើយអាចកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយ ហើយមិនឱ្យមនុស្សអាក្រក់កាន់កាប់យកវាបាន នោះអ្នកនឹងបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ។ តាមធម្មជាតិរបស់វា កិច្ចការនេះហាក់ដូចជាកិច្ចការទូទៅមួយ។ ហេតុអ្វីបានជាយើងហៅវាថាកិច្ចការទូទៅ? គឺវាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់របរ។ ត្រូវគ្រប់គ្រង និងបែងចែកវាឱ្យបានល្អ ហើយអ្នកនឹងបានបំពេញទំនួលខុសត្រូវរបស់អ្នកហើយ។ ម្យ៉ាងទៀត គោលការណ៍នៃកិច្ចការនេះគឺសាមញ្ញណាស់ វាពាក់ព័ន្ធតែនឹងគោលការណ៍តែមួយប៉ុណ្ណោះ ហើយវាមិនពាក់ព័ន្ធនឹងសេចក្ដីពិតដែលស្មុគស្មាញនោះទេ។ ដរាបណាមនុស្សម្នាក់មានបន្ទុក និងមានចេតនាត្រឹមត្រូវ ពួកគេអាចធ្វើកិច្ចការនេះបានល្អ ដោយមិនចាំបាច់យល់ពីសេចក្ដីពិតច្រើនពេក ហើយដោយមិនចាំបាច់មានអ្នកណាប្រកបសេចក្ដីពិតច្រើនជាមួយពួកគេនោះទេ។ ដូច្នេះហើយ កិច្ចការនេះគឺជាកិច្ចការតែមួយ ហើយវាគឺជាកិច្ចការទូទៅមួយ។ វាគឺជាកិច្ចការដែលងាយស្រួលសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើ។ ដរាបណាអ្នករាល់គ្នាឧស្សាហ៍ព្យាយាមបន្តិច សួរសំណួរបន្ថែម ស្រាវជ្រាវបន្ថែម យកចិត្តទុកដាក់បន្ថែម និងមានចិត្តគំនិតត្រឹមត្រូវ នោះអ្នករាល់គ្នាអាចធ្វើវាបាន។ វាមិនស្មុគស្មាញទាល់តែសោះ។ យើងបានបញ្ចប់ការប្រកបរបស់យើងអំពីចំណុចទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ។ គឺវាសាមញ្ញបែបនេះឯង។
ឥរិយាបថ និងការសម្ដែងចេញរបស់អ្នកដឹកនាំក្លែងក្លាយ ទាក់ទងនឹងសម្ភារៈនៅដំណាក់របស់ព្រះជាម្ចាស់
ឥឡូវនេះ អ្នករាល់គ្នាបានយល់ដឹងពីទំនួលខុសត្រូវនេះរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ ទាក់ទងនឹងរឿងនេះ យើងនឹងបន្តវែកញែកអំពីការសម្ដែងចេញដែលអ្នកដឹកនាំក្លែងក្លាយបង្ហាញនៅពេលដែលពួកគេបំពេញកិច្ចការនេះ និងអំពីអ្វីដែលពួកគេធ្វើ ដែលមានន័យថា ពួកគេអាចត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ។ ទីមួយ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយធ្វើកិច្ចការនេះ ពួកគេមិនមានសមត្ថភាពក្នុងការថែរក្សារបស់របរផ្សេងៗឱ្យបានត្រឹមត្រូវឡើយ។ នៅពេលនិយាយអំពីរបស់របរគ្រប់ប្រភេទ ការថែរក្សា គឺជាចំណុចដំបូងនៃកិច្ចការដ៏សំខាន់។ អ្នកដឹកនាំក្លែងក្លាយគឺរញ៉េរញ៉ៃក្នុងការគ្រប់យ៉ាងដែលពួកគេធ្វើ។ ក្រៅពីការជាប់គាំងក្នុងភាពច្របូកច្របល់នៅពេលនិយាយអំពីសេចក្ដីពិត និងគោលការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងវា ពួកគេក៏រញ៉េរញ៉ៃដូចគ្នានៅពេលដែលនិយាយអំពីការថែរក្សារបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនដឹងថាត្រូវស្វែងរកមនុស្សប្រភេទណាដើម្បីគ្រប់គ្រងរបស់ទាំងនោះ ឬពីរបៀបដែលគួរតែថែរក្សារបស់ទាំងនោះឡើយ។ ពួកគេគ្មានគោលដៅច្បាស់លាស់ និងគ្មានផែនការជាក់លាក់ ហើយរឹតតែមិនមានជំហានលម្អិតសម្រាប់ការធ្វើកិច្ចការនេះទៀតផង។ ប្រសិនបើមាននរណាម្នាក់សុខចិត្តទទួលបន្ទុក គេអាចថែរក្សារបស់របរទាំងនេះបាន។ ប្រសិនបើគ្មានទេ អ្នកដឹកនាំក្លែងក្លាយ ទុកឱ្យរបស់របរទាំងនេះចោលដោយមិនខ្វល់។ ពួកគេមិនស្វែងរកមនុស្សដែលសមរម្យដើម្បីថែរក្សារបស់ទាំងនោះ ឬកន្លែងដែលសមរម្យដើម្បីរក្សាទុកវាឡើយ ហើយរឹតតែមិនមានការប្រកបអំពីគោលការណ៍ជាក់លាក់នៃការថែរក្សារបស់ទាំងនោះទៀតផង។ ស្របពេលជាមួយគ្នានេះ ពួកគេមិនធ្វើការរៀបចំសម្រាប់ការដាក់ ការជួសជុល និងការថែទាំនាពេលអនាគតនៃរបស់របរទាំងនេះឡើយ។ អ្នកដឹកនាំក្លែងក្លាយខ្លះ ថែមទាំងមិនដឹងអ្វីទាំងអស់ទាក់ទងនឹងរបស់របរអ្វីខ្លះដែលដំណាក់របស់ព្រះជាម្ចាស់មាន។ ពួកគេមិនខ្វល់ ហើយពួកគេក៏មិនសួរអំពីរឿងនេះដែរ។ ឧទាហរណ៍ សូមនិយាយថា ដំណាក់របស់ព្រះជាម្ចាស់បានបោះពុម្ពសៀវភៅថ្មីៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីចែកចាយរួច សៀវភៅនៅសល់ប៉ុន្មានក្បាល នរណាជាអ្នកត្រូវរៀបចំរក្សាទុកវា វាត្រូវរក្សាទុកយ៉ាងណា ហើយវាត្រូវរក្សាទុកនៅកន្លែងត្រឹមត្រូវឬអត់ អ្នកដឹកនាំក្លែងក្លាយនឹងមិនដឹងពីរឿងទាំងនេះសោះឡើយ ហើយពួកគេក៏នឹងមិនសួរ ឬសាកសួរអំពីរឿងទាំងនោះដែរ។ ហេតុអ្វីបានជាពួកគេមិនសាកសួរ? ពួកគេគិតថា ការថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់គឺជារឿងតូចតាច ថាពួកគេគឺជាអ្នកដឹកនាំ ជាអ្នកដែលធ្វើរឿងសំខាន់ៗ ដែលអធិប្បាយតែមួយមុខប៉ុណ្ណោះ។ ពួកគេមិនយកចិត្តទុកដាក់ទាល់តែសោះចំពោះ «រឿងតូចតាច» ទាំងនេះ ប៉ុន្តែប្រគល់វាឱ្យមនុស្សដែលមិនយល់អ្វីទាំងអស់ធ្វើ ហើយពួកគេមិនខ្វល់ថាវាត្រូវបានគេធ្វើបានល្អ ឬអាក្រក់នោះទេ។ ដូច្នេះហើយ ពួកគេមិនចាត់ទុកកិច្ចការនៃការថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ជារឿងសំខាន់ទាល់តែសោះ។ នេះគឺជាហេតុផលមួយ។ មូលហេតុមួយទៀតគឺថា អ្នកដឹកនាំក្លែងក្លាយខ្លះគឺជាមនុស្សច្របូកច្របល់ គំនិតរបស់ពួកគេគឺរញ៉េរញ៉ៃ។ ពួកគេមិនមានការគិតគូរធម្មតា ឬការយល់ដឹងអំពីការថែរក្សា និងការពាររបស់របរទេ ហើយពួកគេក៏គ្មាននីតិវិធី ឬវិធីណាមួយអំពីរបៀបថែរក្សា និងការពាររបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ ពួកគេមិនដឹងថាមានរបស់របរទាំងនេះប៉ុន្មានដែលបានខូចខាតនោះទេ ហើយពួកគេក៏មិនដឹងថាមានករណីខ្ជះខ្ជាយនោះដែរ។ នៅពេលដែលរបស់ខ្លះត្រូវបានយកដោយមនុស្សអាក្រក់ អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «ទុកវាចោលទៅ ទោះក្នុងករណីណាក៏ដោយ អ្វីៗទាំងអស់គឺនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់»។ របស់របរសំខាន់ៗខ្លះត្រូវបានប្រើប្រាស់ដោយបុគ្គលម្នាក់ៗដោយគ្មានការយល់ព្រមពីនរណាម្នាក់ មនុស្សទាំងនោះយករបស់ទាំងនេះ ហើយអ្នកផ្សេងទៀតមិនអាចប្រើប្រាស់វានៅក្នុងការងាររបស់ពួកគេបានទេ ហើយគ្មាននរណាម្នាក់ហ៊ានសុំវាត្រឡប់មកវិញនោះទេ។ អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «គ្មានបញ្ហាធំដុំអីទេ។ ទិញថ្មីទៅ។ ពួកគេបានយករបស់នោះហើយ ដូច្នេះឱ្យពួកគេប្រើប្រាស់វាសិនទៅ។ វាគ្រាន់តែជារបស់មួយប៉ុណ្ណោះ វានៅតែដដែលទោះបីជានរណាប្រើប្រាស់វាក៏ដោយ។ ប្រសិនបើពួកគេមិនប្រើប្រាស់វាដោយសមស្រប នោះគឺជារឿងរវាងពួកគេ និងព្រះជាម្ចាស់។ មិនចាំបាច់ឱ្យយើងជ្រៀតជ្រែកនោះទេ»។ ចូរមើលពីរបៀបដែលពួកគេអធិប្បាយគោលលទ្ធិខ្ពង់ខ្ពស់ដើម្បី «ដោះស្រាយ» បញ្ហានោះ ដោយធ្វើរឿងធំឱ្យទៅជារឿងតូច ហើយរឿងតូចឱ្យទៅជាគ្មានរឿងអ្វីសោះ។ អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញទំនួលខុសត្រូវណាមួយរបស់ពួកគេឡើយ ដែលទាក់ទងនឹងការថែរក្សារបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនខ្វល់ ឬសួរអំពីរឿងនេះទេ ហើយពួកគេក៏មិនដោះស្រាយ ឬចាត់ចែងបញ្ហាណាមួយដែរ។ ទោះបីជាខាងលើពិនិត្យមើលកិច្ចការរបស់ពួកគេក៏ដោយ ក៏ពួកគេគ្រាន់តែនិយាយគេចវេះដើម្បីឱ្យរួចពីមាត់ទៅ។
បងប្អូនប្រុសស្រីខ្លះទិញឧបករណ៍ សម្លៀកបំពាក់ និងថ្នាំសង្កូវសម្រាប់ឱ្យដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់ ហើយនៅពេលដែលអ្នកដឹកនាំក្លែងក្លាយឃើញរបស់របរទាំងនោះ ពួកគេនឹងរើសយកសម្លៀកបំពាក់ ស្បែកជើង និងកាបូបល្អៗសម្រាប់ខ្លួនឯង ហើយអនុញ្ញាតឱ្យអ្នកផ្សេងយកតែរបស់ដែលនៅសល់ដែលខ្លួនឯងមិនត្រូវការប៉ុណ្ណោះ។ នៅពេលដែលមនុស្សល្ងង់ខ្លៅដែលពួកគេដឹកនាំបានឃើញការណ៍នេះ ពួកគេនិយាយថា៖ «អ្នកដឹកនាំរបស់យើងបានរើសយកអ្វីដែលគាត់ចង់បានហើយ ឥឡូវនេះដល់វេនយើងហើយ។ នៅពេលដែលយើងរើសរួច យើងនឹងបោះចោលរបស់ដែលគ្មានតម្លៃដែលនៅសល់ទៅឱ្យបងប្អូនប្រុសស្រីនៅក្រោមយើង»។ របស់ទាំងនេះធ្លាក់ទៅក្នុងដៃរបស់អ្នកណា គឺជារបស់អ្នកនោះហើយ ហើយរបស់ដែលនៅសល់ដែលគ្មាននរណាចូលចិត្ត ត្រូវបានទុកចោល ហើយគ្មាននរណាម្នាក់ថែរក្សាវាឡើយ។ ដូច្នេះហើយ របស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់មានកន្លែងសម្រាប់ថែរក្សាតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាមិនត្រូវបានថែរក្សាទាល់តែសោះ កន្លែងទាំងនោះគឺជាគំនរសំរាម ដោយគ្មាននរណាម្នាក់គ្រប់គ្រងវាទាល់តែសោះ។ ពួកគេគ្រាន់តែបោះរបស់របរនៅកន្លែងណាមួយ ហើយទុកឱ្យវាគរលើគ្នា។ មានសម្លៀកបំពាក់ ស្បែកជើង និងស្រោមជើង ថ្នាំសង្កូវ និងគ្រឿងអេឡិចត្រូនិក ព្រមទាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍ផ្ទះបាយ វាគឺរញ៉េរញ៉ៃ មានរបស់របរគ្មានប្រយោជន៍គ្រប់ប្រភេទនៅក្នុងនោះ ហើយសូម្បីតែអាហារសម្រាប់មនុស្ស និងអាហារសម្រាប់ឆ្កែក៏ដាក់នៅលាយឡំជាមួយគ្នាដែរ។ ប្រសិនបើអ្នកសួរថាតើនរណាជាអ្នកគ្រប់គ្រងរបស់ទាំងនេះ ហើយថាតើពួកគេបានរៀបដាក់ម្ដុំៗតាមលំដាប់ដែរឬទេ ឬថាតើមានការណែនាំសម្រាប់របស់ទាំងនេះ ហើយថាតើវាត្រូវការថែរក្សាដោយរបៀបណា ឬប្រសិនបើរបស់ទាំងនេះមិនត្រូវការសម្រាប់ការងារនៃដំណាក់របស់ព្រះជាម្ចាស់ទេ ថាតើបងប្អូនប្រុសស្រីត្រូវការវាដែរឬទេ គ្មាននរណាម្នាក់ដឹងចម្លើយនោះទេ។ វាជារឿងធម្មតាណាស់ដែលបងប្អូនប្រុសស្រីមិនដឹង ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការក៏គ្មានចម្លើយចំពោះសំណួរណាមួយក្នុងចំណោមសំណួរទាំងនេះដែរ ពួកគេគេចវេះពីទំនួលខុសត្រូវទាំងស្រុងចំពោះរឿងទាំងនេះ ដោយនិយាយថា «ខ្ញុំមិនដឹងទេ» ឬ «មាននរណាម្នាក់កំពុងតែចាត់ចែងរឿងនោះហើយ» ដោយហេតុនេះក៏និយាយគេចវេះអ្នកចេញដើម្បីឱ្យរួចពីមាត់ទៅ ហើយបោកបញ្ឆោតដំណាក់របស់ព្រះជាម្ចាស់។ ការណ៍នេះធ្វើឱ្យបញ្ហាទាំងនេះនៅតែមិនអាចដោះស្រាយបាន។ វាមិនពិបាកសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការស្វែងរកមនុស្សដែលសមរម្យដើម្បីគ្រប់គ្រងរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់នោះទេ មែនទេ? អ្នកដឹកនាំក្លែងក្លាយមិនទាំងធ្វើការងារសាមញ្ញក្នុងការស្វែងរកនរណាម្នាក់ដែលស្មោះត្រង់ដើម្បីថែរក្សារបស់ទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីកត់ត្រាឱ្យបានល្អ និងតម្រៀបវាឱ្យបានល្អផង។ ដូច្នេះ តើពួកគេធ្វើអ្វីទៅ? នៅពេលដែលបងប្អូនប្រុសស្រីបានថ្វាយសម្លៀកបំពាក់ ឬរបស់របរចាំបាច់ប្រចាំថ្ងៃដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកដឹកនាំក្លែងក្លាយឃើញរបស់របរទាំងនេះ ពួកគេក៏រោមព័ទ្ធជុំវិញរបស់ទាំងនោះ ដូចជាហ្វូងឆ្កែចចកដែលស្រេកឃ្លានកំពុងតែដណ្ដើមគ្នាស៊ីសាច់អ៊ីចឹង។ ពួកគេសាកល្បងសម្លៀកបំពាក់ណាក៏ដោយដែលសមនឹងពួកគេម្ដងហើយម្ដងទៀត ដោយរើសរបស់សម្រាប់ខ្លួនឯងមិនចេះចប់។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ទិញគ្រឿងម៉ាស៊ីន និងឧបករណ៍សំខាន់ៗ និងថ្លៃៗផ្សេងៗ ពួកគេក៏ប្រញាប់ប្រញាល់រើសយករបស់ល្អៗសម្រាប់ខ្លួនឯងជាមុនសិន។ ហេតុអ្វីបានជាពួកគេរើសយករបស់ល្អៗ? ពួកគេគិតថា ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេមានសិទ្ធិពិសេសក្នុងការប្រើប្រាស់របស់របរនៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ចែកអ្វីក៏ដោយ ពួកគេតែងតែរើសយករបស់ល្អបំផុតជាមុនសិន។ នេះគឺជារបៀបដែលពួកគេប្រព្រឹត្តចំពោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់។ តើនេះជាការធ្វើការងារមែនទេ? តើនេះមិនមែនជាការសម្ដែងចេញរបស់អ្នកដឹកនាំក្លែងក្លាយទេឬ? នៅពេលដែលទាក់ទងនឹងកាលបរិច្ឆេទផុតកំណត់ ដូចជា អាហារ និងថ្នាំសង្កូវជាដើម អ្នកដឹកនាំក្លែងក្លាយគឺមិនខ្វល់ពីវាទាល់តែសោះ។ ពួកគេមិនស្វែងរកបុគ្គលិកដែលសមរម្យដើម្បីគ្រប់គ្រងវា ហើយក៏មិនប្រាប់បុគ្គលិកថា៖ «របស់ខ្លះក្នុងចំណោមរបស់ទាំងនេះមានកាលបរិច្ឆេទផុតកំណត់ ដូច្នេះចូរកត់ត្រាវាភ្លាមៗ។ ចូរប្រញាប់បែងចែកវាទៅឱ្យបងប្អូនប្រុសស្រីមុនកាលបរិច្ឆេទផុតកំណត់របស់វា ដើម្បីឱ្យវាត្រូវបានប្រើប្រាស់ដោយសមស្រប កុំរង់ចាំឱ្យវាផុតកំណត់ កុំឱ្យវាខ្ជះខ្ជាយ»។ អ្នកដឹកនាំក្លែងក្លាយមិនដែលធ្វើរឿងទាំងនេះឡើយ។ នៅពេលដែលរបស់អ្វីមួយផុតកំណត់ ពួកគេគ្រាន់តែបោះវាចោល។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការបំពេញការងារនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និយាយឱ្យតឹងរ៉ឹងទៅ ពួកគេគួរតែជាអ្នកចាត់ចែងដំណាក់របស់ព្រះជាម្ចាស់។ រឿងដំបូងដែលពួកគេគួរតែធ្វើគឺ ថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អដោយសមស្រប ដោយឃ្លាំមើលយ៉ាងម៉ឺងម៉ាត់ និងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវចំពោះបញ្ហានេះ។ នេះក៏ជាចំណុចមូលដ្ឋានមួយនៃការងារនៃដំណាក់របស់ព្រះជាម្ចាស់ដែរ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើសូម្បីតែកិច្ចការមូលដ្ឋានបែបនេះបានផង។ តើពួកគេច្របូកច្របល់ មានគុណសម្បត្តិមិនល្អ និងល្ងង់ខ្លៅ ឬក៏ចិត្តរបស់ពួកគេមិនត្រង់? ប្រសិនបើពួកគេល្ងង់ខ្លៅ និងច្របូកច្របល់ តើពួកគេដឹងពីរបៀបរើសរបស់ល្អៗសម្រាប់ខ្លួនឯងដោយរបៀបណា? ហេតុអ្វីបានជាពួកគេមិនព្រមលះបង់របស់របរខ្លួនឯង ឬឲ្យវាទៅអ្នកដទៃដោយមិនយកចិត្តទុកដាក់? ហេតុអ្វីបានជាពួកគេមិនធ្វើឱ្យរបស់របស់ខ្លួនឯងខូចដោយធ្វេសប្រហែស ឬបំផ្លាញវា? ហើយហេតុអ្វីបានជានេះជាអាកប្បកិរិយារបស់ពួកគេចំពោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់? ច្បាស់ណាស់ ពួកគេខ្វះសីលធម៌ ហើយចិត្តរបស់ពួកគេក៏មិនត្រង់ដែរ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការបានទទួលឋានៈ ហើយវិសាលភាពការងារកាន់តែធំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេក៏មានសិទ្ធិពិសេសក្នុងការចូលទៅកាន់របស់របរផ្សេងៗ និងទ្រព្យសម្បត្តិសាធារណៈនៃដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេគឺជាអ្នកដែលដឹងច្បាស់បំផុតអំពីរឿងទាំងនេះ។ ប៉ុន្តែពួកគេបែរជាព្រងើយកន្តើយនឹងវា មិនថែរក្សាវាឱ្យបានត្រឹមត្រូវ ហើយបើអ្នកណាចង់ប្រើឬយក ក៏ឱ្យគេយកទៅ បើអ្នកណាចង់ថែទាំ ក៏ឱ្យគេថែទាំទៅ ហើយប្រសិនបើនរណាម្នាក់មិនមានចិត្តខ្វល់ខ្វាយពីវា និងមិនទទួលខុសត្រូវ ពួកគេក៏មិនខ្វល់ដែរ ហើយទោះបីជាពួកគេបានដឹងថានរណាម្នាក់មានបញ្ហាក៏ដោយ ក៏ពួកគេមិនដោះស្រាយវាដែរ។ ទាំងនេះគឺជាអ្នកដឹកនាំក្លែងក្លាយ។ ត្រង់ចំណុចនេះ យើងបានសន្និដ្ឋានថា អ្នកដឹកនាំក្លែងក្លាយ ក្រៅពីមានគុណសម្បត្តិមិនល្អ និងមិនមានបន្ទុក ក៏មានចិត្តមិនត្រង់ និងមានចរិតលក្ខណៈមិនល្អផងដែរ។ ដោយសារអ្នកដឹកនាំទាំងនេះមានគុណសម្បត្តិមិនល្អ និងខ្វះសមត្ថភាពក្នុងការយល់ដឹង បើពួកគេធ្វើការងារដែលពាក់ព័ន្ធនឹងសេចក្ដីពិត និងការចូលទៅក្នុងជីវិតមិនបានល្អ នោះជារឿងដែលអាចយល់បាន។ ហើយដោយសារពួកគេមានគុណសម្បត្តិមិនល្អ និងគ្មានសមត្ថភាពក្នុងការងារ បើពួកគេធ្វើការងារដែលពាក់ព័ន្ធនឹងរដ្ឋបាលមិនបានល្អ ក៏ជារឿងដែលអាចអត់ឱនឱ្យបានដែរ។ ប៉ុន្តែការដែលពួកគេមិនអាចសូម្បីតែបំពេញការងារដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ដែលជាការងារតិចតួចបំផុត និងសាមញ្ញបំផុត បង្ហាញពីអ្វីមួយកាន់តែច្បាស់ជាងនេះទៅទៀត៖ សម្រាប់អ្នកដឹកនាំក្លែងក្លាយខ្លះ បញ្ហារបស់ពួកគេមិនមែនសាមញ្ញត្រឹមតែការមានគុណសម្បត្តិមិនល្អ និងមិនមានបន្ទុកនោះទេ លើសពីនេះទៅទៀត ពួកគេមានចរិតលក្ខណៈទាបជាពិសេស និងមានភាពជាមនុស្សមិនល្អ។ តាមរយៈការប្រកបរបស់យើងអំពីទំនួលខុសត្រូវទីដប់របស់អ្នកដឹកនាំ និងអ្នកធ្វើការ ការសម្ដែងចេញមួយទៀតរបស់អ្នកដឹកនាំក្លែងក្លាយត្រូវបានបើកសម្ដែងឱ្យឃើញ៖ ពួកគេមិនត្រឹមតែមានគុណសម្បត្តិមិនល្អ គ្មានបន្ទុក ហើយសម្ងំយកសុខខាងសាច់ឈាមប៉ុណ្ណោះទេ ពួកគេក៏មានចរិតលក្ខណៈមិនល្អ ហើយចិត្តរបស់ពួកគេក៏មិនត្រង់ដែរ។ របស់ដែលមិនមែនជារបស់ពួកគេ គឺមិនមែនជាកង្វល់របស់ពួកគេទេ ពួកគេមិនទាំងថែរក្សាវាផង។ អ្នកត្រូវបានតែងតាំងជាអ្នកចាត់ចែងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកបែរជារមិលគុណ ហើយអ្នកមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ស្របពេលដែលរស់នៅដោយសារវា អ្នកបោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ទៅម្ខាងដោយមិនខ្វល់ ហាក់ដូចជាវាជារបស់អ្នកខាងក្រៅអ៊ីចឹង ហើយអ្នកមិនថែរក្សាវា ហើយអ្នកគិតថាវាមិនមែនជារឿងធំដុំនោះទេ។ នេះមិនមែនជាការខកខានក្នុងការបំពេញទំនួលខុសត្រូវរបស់អ្នកនោះទេ វាគឺជាបញ្ហាជាមួយនឹងភាពជាមនុស្សរបស់អ្នក វាគឺជាការខ្វះសីលធម៌យ៉ាងខ្លាំង! ការថែរក្សារបស់ដែលពួកគេគួរតែថែរក្សាដោយមិនបានល្អ ឬមិនថែរក្សាវា បង្ហាញថា អ្នកដឹកនាំក្លែងក្លាយគ្មានភាពជាមនុស្ស ហើយចិត្តរបស់ពួកគេក៏មិនត្រង់ដែរ។ ពួកគេមិនអាចសូម្បីតែថែរក្សារបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អផង ដូច្នេះប្រសិនបើពួកគេត្រូវបែងចែកវា តើពួកគេអាចធ្វើដូច្នេះដោយសមស្របបានដែរឬទេ? ពួកគេរឹតតែខ្វះខាតក្នុងការប្រព្រឹត្តតាមគោលការណ៍ទៅទៀត។ ពួកគេឃើញរបស់នៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានបោះចោលដោយមិនខ្វល់ខ្វាយ ខូចខាត និងខ្ជះខ្ជាយ ដោយគ្មាននរណាម្នាក់ល្អនៅទីនោះដើម្បីគ្រប់គ្រងវា ហើយពួកគេដឹងយ៉ាងច្បាស់នៅក្នុងចិត្តរបស់ពួកគេថា ការធ្វើដូច្នេះគឺមិនត្រឹមត្រូវទេ ប៉ុន្តែពួកគេនៅតែមិនដោះស្រាយរឿងនេះ។ នោះគឺជាការមានចិត្តមិនត្រង់។ តើមនុស្សអន្ធពាលទាំងនោះ ដែលចិត្តរបស់គេមិនត្រង់ អាចបែងចែករបស់របរផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដោយសមស្របបានដែរឬទេ? ពួកគេរឹតតែមិនអាចធ្វើដូច្នេះបានទេ ប្រសិនបើអ្នករាល់គ្នាឱ្យពួកគេបែងចែករបស់ទាំងនោះ ពួកគេនឹងធ្វើរឿងដែលរឹតតែខ្វះសីលធម៌ទៅទៀត។
នៅក្នុងពួកជំនុំកសិដ្ឋានមួយដែលចិញ្ចឹមឆ្កែ អ្នកដែលទទួលខុសត្រូវក្នុងការចិញ្ចឹមឆ្កែ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនឆ្កែដែលទើបនឹងកើត។ ពួកគេខ្លាចថាកូនឆ្កែនឹងមិនទទួលបានជីវជាតិដែលវាត្រូវការ ដូច្នេះពួកគេបានស្នើសុំស៊ុតមាន់សរីរាង្គឱ្យកូនឆ្កែស៊ី។ អ្នកដឹកនាំក្លែងក្លាយនៅទីនោះបានយល់ព្រមភ្លាមៗចំពោះសំណើនេះ។ ពួកគេមិនបានគិតអំពីភាពខ្វះខាតនៃស៊ុតមាន់សរីរាង្គប៉ុនណានោះទេ។ សូម្បីតែមនុស្សក៏មិនមានគ្រប់គ្រាន់សម្រាប់បរិភោគផង ចុះហេតុអ្វីបានជាពួកគេឱ្យវាទៅឆ្កែស៊ីទៅវិញ? តើនេះមិនមែនជារបៀបដោះស្រាយបញ្ហាដែលមិនសមទំនងទេឬអី? តើធម្មជាតិនៃឥរិយាបថរបស់អ្នកដឹកនាំក្លែងក្លាយនោះជាអ្វី? តើយើងគួរកំណត់លក្ខណៈឥរិយាបថនេះយ៉ាងដូចម្ដេច? តើការអនុវត្តរបស់អ្នកដឹកនាំក្លែងក្លាយនោះ មិនសមទំនងទេឬអី? អ្វីដែលអ្នកដឹកនាំក្លែងក្លាយនោះនិយាយគ្រប់ពេល រាល់ពេលដែលពួកគេហើបមាត់ គឺជាគោលលទ្ធិដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់មនុស្ស ប៉ុន្តែតាមពិត ពួកគេមិនយល់សូម្បីតែបន្តិចអំពីគោលការណ៍សេចក្ដីពិតឡើយ ដូច្នេះហើយ នៅពេលមានរឿងអ្វីកើតឡើង ពួកគេចាត់ចែង និងដោះស្រាយវាដោយយោងតាមការស្រមើស្រមៃ ចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់មនុស្ស ហើយនៅទីបំផុតពួកគេបានធ្វើរឿងដ៏គួរឱ្យខ្ពើមរអើមដូចជាការឱ្យស៊ុតមាន់សរីរាង្គទៅឆ្កែស៊ីនេះអ៊ីចឹង។ តើការបែងចែករបស់របររបស់ដំណាក់ព្រះជាម្ចាស់ដោយអ្នកដឹកនាំក្លែងក្លាយបែបនេះ អាចត្រូវបានចាត់ទុកថាសមហេតុផលដែរឬទេ? (ទេ។) ហេតុអ្វីបានជាពួកគេមិនអាចសម្រេចបាននូវការបែងចែកដែលសមហេតុផល? បើមើលពីខាងក្រៅទៅ ហាក់ដូចជាអ្នកដឹកនាំក្លែងក្លាយបានលូកដៃ យកចិត្តទុកដាក់ និងតាមដានសូម្បីតែបញ្ហាដ៏តូចតាចនេះ ហើយថាពួកគេមានហេតុផល និងមូលដ្ឋានគ្រប់គ្រាន់ដើម្បីគាំទ្រសំណើនេះ ប៉ុន្តែតើពួកគេបានប្រព្រឹត្តស្របតាមគោលការណ៍ដែរឬទេ? តើពួកគេបានប្រព្រឹត្តស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ។ ដូច្នេះ បើមើលពីធម្មជាតិនៃសកម្មភាពរបស់ពួកគេនេះ តើវាជាអំពើល្អ ឬជាអំពើអាក្រក់? តើវាជាការបំពេញទំនួលខុសត្រូវរបស់ពួកគេ ឬជាការខកខានក្នុងការបំពេញភារកិច្ច? វាគឺជាការខកខានក្នុងការបំពេញភារកិច្ច វាគឺជាការគ្មានគោលការណ៍ វាគឺជាការធ្វើការអាក្រក់ផ្តេសផ្តាស! តាមរយៈបញ្ហានេះ តើអ្នកមើលឃើញសារជាតិនៃភាពជាមនុស្សរបស់អ្នកដឹកនាំក្លែងក្លាយនេះជាអ្វីទៅ? តើវាមិនមែនជាការយល់ដឹងដែលវៀចវេរ និងការអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ទេឬ? អ្វីដែលពួកគេនិយាយគ្រប់ម៉ាត់គឺជាគោលលទ្ធិដែលត្រឹមត្រូវ ហើយស្ដាប់ទៅហាក់ដូចជាគ្មានឃ្លាណាមួយខុសនោះទេ ប៉ុន្តែតាមពិត វាគឺវៀចវេរ។ មនុស្សបែបនេះគឺជាអ្នកខាងវិញ្ញាណក្លែងក្លាយ និងមានការយល់ដឹងដែលវៀចវេរ។ ពួកគេគឺជាពួកមនុស្សឥតបានការដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ យើងបានលើកឡើងអម្បាញ់មិញថា ភាពជាមនុស្សរបស់ពួកអ្នកដឹកនាំក្លែងក្លាយគឺថា ពួកគេមានចរិតលក្ខណៈទាបថោក និងមានចិត្តមិនត្រង់។ ពួកគេខ្វះគោលការណ៍ នៅពេលដែលត្រូវបែងចែករបស់របរនៃដំណាក់ព្រះជាម្ចាស់ ហើយពួកគេបែងចែកវាទាំងងងឹតងងល់ ដែលបើកសម្ដែងថាអ្នកដឹកនាំក្លែងក្លាយ គឺមានការយល់ដឹងដែលវៀចវេរ និងអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ហើយថាពួកគេប្រព្រឹត្តដោយគ្មានគោលការណ៍ឡើយ ពោលគឺពួកគេគ្រាន់តែធ្វើសកម្មភាពទាំងងងឹតងងល់ និងតាមតែអំពើចិត្តប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយ បើមើលពីខាងក្រៅហាក់ដូចជាមានចិត្តល្អ និងសប្បុរសណាស់ តាមពិត នេះគឺជាចិត្តល្អក្លែងក្លាយ និងសេចក្ដីសប្បុរសក្លែងក្លាយ។ ឧទាហរណ៍ នៅពេលដែលឆ្កែញីមួយក្បាលបានបង្កើតកូន អ្នកចិញ្ចឹមឆ្កែបាននិយាយថា ពួកគេគួរតែយកភួយថ្មីដែលទុកសម្រាប់មនុស្ស ដើម្បីឱ្យឆ្កែប្រើ។ ពេលនោះមានម្នាក់បាននិយាយថា «គួរឱ្យស្ដាយណាស់ដែលយកភួយថ្មីឱ្យឆ្កែប្រើ យកល្អគួរតែឱ្យវាទៅបងប្អូនប្រុសស្រីវិញ ហើយយកភួយចាស់ដែលយើងដូរចេញឱ្យសត្វប្រើ»។ តើអ្នកគិតយ៉ាងណាចំពោះសំណើនេះ? ការបែងចែករបស់ថ្មីឱ្យមនុស្ស និងរបស់ចាស់ឱ្យសត្វ គឺពិតជាសមហេតុផលណាស់។ នេះគឺជាគោលការណ៍ នេះគឺជាការបែងចែកដែលសមហេតុផល។ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយរឿងបែបនេះដោយរបៀបណា នៅពេលដែលពួកគេជួបប្រទះ? បន្ទាប់ពីបានឮបែបនេះ អ្នកដឹកនាំក្លែងក្លាយនៅទីនោះបានពិចារណាថា «សត្វមិនដែលបានប្រើរបស់ថ្មីទេ។ ពួកវាតែងតែប្រើរបស់កខ្វក់ចាស់ៗ។ រីឯពួកយើងជាមនុស្សតែងតែបានប្រើរបស់ថ្មី។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមានបន្ទូលថា ពេលខ្លះពួកយើងអន់ជាងជ្រូក ឬឆ្កែផង។ ដូច្នេះ កុំដណ្ដើមរបស់របរជាមួយជ្រូក និងឆ្កែឡើយ។ នោះគឺជាការខ្វះភាពជាមនុស្ស»។ ដូច្នេះហើយ ពួកគេក៏បានយកភួយថ្មីនោះទៅឱ្យសត្វទាំងនោះប្រើ។ មនុស្សនៅទីនោះប្រហែលជាមិនបានខាតបង់អ្វីដោយសារការប្រើរបស់ចាស់នោះទេ ប៉ុន្តែរបៀបដែលរឿងនេះត្រូវបានដោះស្រាយ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបញ្ហានេះ។ តើអ្នកដឹកនាំក្លែងក្លាយបានដើរតួនាទីអ្វីនៅក្នុងបញ្ហានេះ? តើអ្នករាល់គ្នាអាចនិយាយបានទេថា មនុស្សធម្មតាអាចធ្វើរឿងបែបនេះបាន? (អត់ទេ។) បើដូច្នេះ តើជាមនុស្សប្រភេទណាទៅ ដែលបណ្ដោយឱ្យការដោះស្រាយរឿងរ៉ាវឈានដល់ចំណុចនេះ? (ជាប្រភេទមនុស្សខុសទំនងដែលខ្វះវិចារណញ្ញាណ ឬការគិតរបស់មនុស្សធម្មតា។) ចម្លើយទាំងនេះគឺត្រឹមត្រូវទាំងអស់ មនុស្សទាំងនោះគ្មានតម្លៃសោះ។ នៅពេលដែលមនុស្សធម្មតាជួបប្រទះរឿងបែបនេះ ពួកគេដឹងពីរបៀបដោះស្រាយវាដោយសមហេតុផល ប៉ុន្តែពួកអ្នកដឹកនាំក្លែងក្លាយដែលបន្លំខ្លួនថាជាមនុស្សខាងវិញ្ញាណ និងមានការយល់ដឹងវៀចវេរ គឺមិនដឹងពីរបៀបដោះស្រាយវាទេ។ របៀបដោះស្រាយរបស់ពួកគេ ក៏ហាក់មានមូលដ្ឋាន និងហាក់ស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ និងត្រូវបានគាំទ្រដោយហេតុផលសមរម្យ និងគ្រប់គ្រាន់ដែរ ប៉ុន្តែនៅពេលដែលមនុស្សស្ដាប់ឮហើយ វាធ្វើឲ្យគេសើចមិនកើត យំមិនចេញ ហើយគួរឲ្យអស់សំណើចជាទីបំផុត។ ហេតុអ្វីបានជាពួកគេមិនអាចយល់សូម្បីតែរឿងដ៏សាមញ្ញ និងច្បាស់លាស់បែបនេះ? ហេតុអ្វីបានជាពួកគេដោះស្រាយវាតាមរបៀបដែលវៀចវេរបែបនេះ? វាពិតជាគួរឱ្យស្អប់ខ្ពើម។ ប្រសិនបើអ្នកឱ្យពួកគេធ្វើជាអ្នកចាត់ចែង ពួកគេនឹងឱ្យឆ្កែចាប់កណ្ដុរ ឱ្យឆ្មាយាមផ្ទះ និងឱ្យជ្រូកដេកលើគ្រែមិនខាន ពោលគឺអ្វីៗនឹងច្របូកច្របល់អស់មិនខាន។ តើអ្នកដឹកនាំក្លែងក្លាយមានសមត្ថភាពចាត់ចែងសម្ភារៈផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដោយសមហេតុផលដែរឬទេ? (អត់ទេ។) ពួកគេគឺជាប្រភេទមនុស្សប្លែកពីគេ ជាមនុស្សភ្លីភ្លើ និងជាប្រភេទមនុស្សខុសទំនង។ ក្រៅពីអ្នកដឹកនាំក្លែងក្លាយទាំងនោះដែលមានការយល់ដឹងវៀចវេរជាខ្លាំង និងមានចិត្តមិនត្រង់ អ្នកដឹកនាំក្លែងក្លាយភាគច្រើនក៏ធ្វើឱ្យកិច្ចការប្រភេទនេះរញ៉េរញ៉ៃ និងច្របូកច្របល់ដែរ ទោះបីជាពួកគេមានគុណសម្បត្តិបន្តិចបន្តួច និងមិនមានការយល់ដឹងដែលវៀចវេរក៏ដោយ។ ពួកគេមិនអាចបំពេញសូម្បីតែទំនួលខុសត្រូវតិចតួចបំផុតដែលពួកគេគួរតែធ្វើបានផង។ ដូច្នេះ នៅពេលដែលអ្នកសួរពួកគេអំពីកិច្ចការនេះ ចម្លើយរបស់ពួកគេគឺតែងតែដូចគ្នាថា «អ្នកនេះ អ្នកនោះកំពុងធ្វើវា។ អ្នកនេះ អ្នកនោះដឹង។ ប្រសិនបើអ្នកមានសំណួរអ្វី ខ្ញុំត្រូវតែទៅសួរអ្នកនេះ អ្នកនោះសិន»។ ហើយបន្ទាប់ពីនោះមក ក៏បាត់ដំណឹងសូន្យឈឹង។ នេះគឺជាការសម្ដែងចេញដែលអ្នកដឹកនាំក្លែងក្លាយបង្ហាញ នៅពេលដែលពួកគេកំពុងធ្វើកិច្ចការនេះ។
នៅពេលនិយាយអំពីកិច្ចការនៃការបែងចែកសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនអាចធ្វើកិច្ចការនេះស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ពួកគេថែមទាំងបណ្ដោយឱ្យអារម្មណ៍ផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាផ្ទាល់ខ្លួនជាច្រើនរបស់ពួកគេ ព្រមទាំងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ លាយឡំជាមួយកិច្ចការនេះទៀតផង។ ពួកគេធ្វើឱ្យកិច្ចការនេះរញ៉េរញ៉ៃ និងច្របូកច្របល់ ដោយគ្មានគោលការណ៍អ្វីបន្តិចសោះឡើយ។ ដូច្នេះ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយម្នាក់ គ្រប់គ្រងសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ជារឿយៗវាកើតឡើងនៅក្នុងស្ថានភាពដែលគ្មាននរណាដឹងថាកំពុងមានអ្វីកើតឡើង ថាមានរបស់ខ្លះត្រូវបានខូចខាត ខ្ជះខ្ជាយដោយគ្មានហេតុផល ឬរបស់ទាំងនោះបាត់បង់ ហើយចំនួនមិនត្រូវគ្នា។ បុគ្គលមួយចំនួនយករបស់ផ្សេងទៀតទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនបានចុះបញ្ជី ឬរាយការណ៍អំពីរឿងនេះឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចសូម្បីតែគ្រប់គ្រងកិច្ចការទូទៅដ៏សាមញ្ញបែបនេះបានល្អផង។ ពួកគេធ្វើឱ្យកិច្ចការនេះរញ៉េរញ៉ៃ ប៉ុន្តែពួកគេនៅតែមានអារម្មណ៍ស្រួលចិត្ត ដោយពួកគេគិតថាបានធ្វើកិច្ចការជាច្រើនហើយ។ អ្នកដឹកនាំក្លែងក្លាយមិនដែលធ្វើការត្រួតពិនិត្យ ថែទាំ និងរក្សាសម្ភារៈផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ជាប្រចាំឡើយ។ នៅក្នុងចិត្ត ពួកគេមិនខ្វល់ខ្វាយបន្តិចសោះអំពីសម្ភារទាំងនេះ។ ឧបមាថាអ្នកសួរពួកគេថា «តើមាននរណាម្នាក់ថែទាំ និងរក្សាជាប្រចាំនូវគ្រឿងបរិក្ខារទាំងនេះដែរឬទេ? តើមានករណីខ្ជះខ្ជាយណាមួយក្នុងការទិញគ្រឿងបន្លាស់នៅពេលជួសជុលវាដែរឬទេ? ឬមាននរណាម្នាក់ចាយលើស ឬត្រូវគេកោរដែរឬទេ? តើមាននរណាម្នាក់ត្រូវទទួលខុសត្រូវ បន្ទាប់ពីមានឧប្បត្តិហេតុទាំងនោះដែរឬទេ? តើមាននរណាម្នាក់ត្រូវទទួលពិន័យ ឬព្រមានដែរឬទេ?» អ្នកដឹកនាំក្លែងក្លាយនឹងមិនដឹង ឬមិនខ្វល់ពីអ្វីទាំងអស់នេះឡើយ។ មិនថាលុយត្រូវចាយមិនត្រឹមត្រូវនៅពេលទិញរបស់របរសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ មិនថាមាននរណាម្នាក់ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងរបស់ទាំងនោះបន្ទាប់ពីបានទិញរួច មិនថារបស់របរដែលបានទិញគឺសមរម្យ ហើយមិនថាគេអាចប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដែរឬទេ ហើយបើមិនដូច្នេះទេ មិនថាវាត្រូវបានបង្វិលសងវិញ ឬដោះដូរក្នុងរយៈពេលកំណត់ដែរទេ ពួកគេមិនដឹងអំពីអ្វីទាំងអស់នេះឡើយ។ ពួកគេគឺជាមនុស្សឡប់ គឺមិនដឹងអ្វីទាំងអស់។ រឿងតែមួយគត់ដែលអ្នកដឹកនាំក្លែងក្លាយគិត គឺរបៀបផ្សព្វផ្សាយគោលលទ្ធិនៅពេលជួបជុំ ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃពួកគេ។ ពួកគេគ្មានសមត្ថភាពធ្វើការទាក់ទងនឹងបញ្ហាជាក់លាក់នៃការគ្រប់គ្រងសម្ភារ ហើយពួកគេក៏គ្មានអាកប្បកិរិយាណាមួយចំពោះរឿងនេះដែរ។ ពួកគេមិនដឹងថានេះជាកិច្ចការដែលពួកគេគួរធ្វើ ហើយក៏មិនដឹងពីរបៀបធ្វើវាដែរ។ ទស្សនៈដែលអ្នកដឹកនាំក្លែងក្លាយមានចំពោះសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ គឺថាវាជារបស់មនុស្សគ្រប់គ្នា ដូច្នេះនរណាក៏ដោយដែលចង់ប្រើអ្វីមួយ អាចប្រើបាន ហើយនរណាក៏ដោយដែលត្រូវការអ្វីមួយ អាចយកវា ឬដាក់ពាក្យស្នើសុំពីថ្នាក់លើបាន គឺថានេះជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ហើយសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ មិនគួរស្ថិតនៅក្រោមការគ្រប់គ្រង ឬការត្រួតត្រារបស់បុគ្គលណាម្នាក់ឡើយ។ ដូច្នេះ ប្រសិនបើនរណាម្នាក់ធ្វើឱ្យខូច ឬធ្វើឱ្យបាត់ម៉ាស៊ីន ពួកគេមិនខ្វល់ទេ ហើយប្រសិនបើនរណាម្នាក់ដាក់ពាក្យស្នើសុំទិញអ្វីមួយ ពួកគេក៏មិនខ្វល់ថាវាថ្លៃ ឬថោកដែរ។ តាមពិត ដំណាក់របស់ព្រះជាម្ចាស់ មានបទបញ្ញត្តិសម្រាប់រឿងទាំងនេះ។ ដរាបណាអ្នកដឹកនាំ និងអ្នកធ្វើការបំពេញការទទួលខុសត្រូវរបស់ពួកគេ ហើយអនុវត្តការត្រួតពិនិត្យត្រឹមត្រូវស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ ការខាតបង់ និងការខ្ជះខ្ជាយបែបនេះទាំងអស់ អាចត្រូវបានជៀសវាង។ ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនទាំងធ្វើកិច្ចការដ៏សាមញ្ញបំផុតនេះដែលអាចការពារការខាតបង់បានផង។ តើពួកគេមិនមែនគ្រាន់តែស៊ីបាយរបស់ដំណាក់នៃព្រះជាម្ចាស់ទទេៗទេឬ? តើពួកគេមិនមែនស៊ីចាយទទេៗទេឬ? តើនេះមិនមែនជាការសម្ដែងចេញជាក់លាក់នៃ «ភាពក្លែងក្លាយ» របស់អ្នកដឹកនាំក្លែងក្លាយទេឬ? តើអ្នករាល់គ្នានឹងដោះស្រាយជាមួយអ្នកដឹកនាំបែបនេះដោយរបៀបណា ប្រសិនបើអ្នករាល់គ្នាបានជួបម្នាក់? (ដោយដកហូតតំណែងពួកគេ។) គ្រាន់តែដកហូតតំណែង ហើយចប់ហើយមែនទេ? តើអ្នករាល់គ្នាមិនចាំបាច់ប្រៀនប្រដៅពួកគេទេឬ? «ម៉ាស៊ីននោះគេដាក់នៅទីនោះ ហើយវាឡើងសើម ហើយគ្មាននរណាម្នាក់ពិនិត្យមើលវាអស់ជាច្រើនថ្ងៃ។ មិនដឹងថាភ្លើងនៅប្រើបានឬអត់ ឬថាតើកណ្ដុរបានស៊ីខ្សែភ្លើងឬអត់នោះទេ។ ហេតុអ្វីបានជាអ្នកមិនខ្វល់ខ្វាយពីរឿងទាំងនេះ? កុំព្យូទ័រដែលខ្ញុំប្រើគឺខូច ហើយត្រូវការជួសជុល។ វានឹងពន្យារពេលកិច្ចការប្រសិនបើមិនបានជួសជុល។ ប៉ុន្តែខ្ញុំបានដាក់ពាក្យស្នើសុំពីអ្នកជាច្រើនដងហើយ ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់? តើអ្នករវល់ផ្ដេសផ្ដាសធ្វើអ្វីពេញមួយថ្ងៃ ដូចជាមាន់ត្រូវគេកាត់ក្បាលអ៊ីចឹង? នៅពេលដែលគេពឹងផ្អែកលើអ្នកដឹកនាំដូចជាអ្នកដើម្បីធ្វើកិច្ចការ អ្នកធ្វើឱ្យកិច្ចការទាំងអស់យឺតពេល ហើយម៉ាស៊ីន និងសម្ភារទាំងអស់ត្រូវបំផ្លាញដោយដៃរបស់អ្នក។ អ្នកមិនមើលថែ ឬគ្រប់គ្រងសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ទេ។ អ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ ចុះចេញពីតំណែងឱ្យលឿនទៅ!» តើវាត្រឹមត្រូវដែរឬទេក្នុងការប្រៀនប្រដៅពួកគេបែបនេះ? (មែនហើយ ត្រឹមត្រូវ។) តើមនុស្សម្នាក់ដែលហ៊ានប្រៀនប្រដៅអ្នកដឹកនាំ និងអ្នកធ្វើការមានអ្វីខ្លះ? ដំបូង ពួកគេត្រូវតែក្លាហាន ហើយពួកគេត្រូវតែមានស្មារតីយុត្តិធម៌។ អ្នកខ្លះអាចនិយាយថា «ខ្ញុំមិនហ៊ានប្រៀនប្រដៅអ្នកដឹកនាំ និងអ្នកធ្វើការទេ។ ពួកគេជាមន្ត្រី ហើយខ្ញុំគ្រាន់តែជាទាហានម្នាក់ ឋានៈរបស់ខ្ញុំទាបជាងពួកគេឆ្ងាយណាស់។ ពួកគេមានសេចក្ដីពិត ហើយពួកគេអាចចែកចាយសេចក្ដីអធិប្បាយបាន។ ខ្ញុំមិនពូកែអ្វីទាំងអស់ ហើយគ្មានឋានៈអ្វីដើម្បីប្រៀនប្រដៅពួកគេទេ»។ តើនេះមិនមែនជាតក្កវិជ្ជារបស់មនុស្សបាតផ្សារទេឬ? (មែនហើយ។) ដូច្នេះ តើអ្នករាល់គ្នានឹងប្រៀនប្រដៅអ្នកដឹកនាំប្រភេទនេះដោយរបៀបណា? «ប្រសិនបើអ្នកអាចធ្វើកិច្ចការនេះបាន ដូច្នេះចូរព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវា ហើយធ្វើវាស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ អ្វីក៏ដោយដែលអ្នករៀបចំឱ្យពួកយើងធ្វើ ពួកយើងនឹងស្ដាប់បង្គាប់។ ប៉ុន្តែប្រសិនបើអ្នកមិនព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើកិច្ចការនេះ ប្រសិនបើអ្នកមិនធ្វើវាស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ អ្នកកុំសង្ឃឹមថាពួកយើងនឹងស្ដាប់អ្នកឱ្យសោះ! លើសពីនេះទៅទៀត ប្រសិនបើអ្នកមិនធ្វើកិច្ចការជាក់ស្តែងណាមួយទេ ពួកយើងមានសិទ្ធិដកអ្នកចេញពីតំណែង ហើយបោសសម្អាតអ្នកចេញ! បើអ្នកចង់ធ្វើបាបអ្នកណាម្នាក់ ត្រូវធ្វើបាបខ្លួនឯង តែកុំធ្វើបាបយើងទាំងអស់គ្នា»។ តើអ្នករាល់គ្នាហ៊ានប្រៀនប្រដៅពួកគេបែបនេះដែរឬទេ? (ហ៊ាន។) ឥឡូវនេះអ្នករាល់គ្នានិយាយអ៊ីចឹង តើអ្នករាល់គ្នាពិតជាហ៊ានធ្វើមែនទេ នៅពេលដល់ពេលត្រូវធ្វើវា? ជាទូទៅ ជាមួយនឹងរឿងដែលប៉ះពាល់ដល់គោលការណ៍សេចក្ដីពិត និងបញ្ហាសំខាន់ៗ អ្នកមិនហ៊ាននិយាយផ្ដេសផ្ដាសទេ ដោយខ្លាចថាការខ្វះការយល់ដឹង និងភាពច្បាស់លាស់ក្នុងការនិយាយ អាចមានន័យថាអ្នកកំពុងតែវិនិច្ឆ័យអ្នកដឹកនាំ និងអ្នកធ្វើការ ហើយបង្កឱ្យមានការរំខាន។ ប៉ុន្តែអ្នកគួរតែមានសមត្ថភាពក្នុងការមានការយល់ដឹងទៅលើបញ្ហានៃការគ្រប់គ្រងសម្ភារ។ អ្នកគួរតែរៀនឱ្យចេះញែកខុសត្រូវនៅក្នុងបញ្ហានេះ ហើយយល់ច្បាស់ពីគោលការណ៍របស់វា។
មានបុរសម្នាក់ដែលទទួលបន្ទុកផ្នែកសម្លៀកបំពាក់នៅក្នុងក្រុមផលិតខ្សែភាពយន្តមួយ។ គាត់ធ្វើអ្វីៗដោយគ្មានវិន័យ ហើយតែងតែលួចលាក់កិបកេងរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ជានិច្ច។ នៅពេលដែលគាត់ចាកចេញពីក្រុមផលិតខ្សែភាពយន្ត គាត់បានយករបស់មួយចំនួនទៅជាមួយគាត់ ហើយការត្រួតពិនិត្យគណនីនៅពេលក្រោយបានបង្ហាញថា ចំនួនទឹកប្រាក់ជាច្រើនដែលគាត់បានទទួលគឺមិនត្រូវគ្នានឹងបញ្ជីទេ។ លើសពីនេះទៅទៀត ទោះបីជាគាត់មិនបានធ្វើការក៏ដោយ ក៏គាត់មានលុយដែរ ហើយគាត់ក៏បានទិញរបស់របរល្អៗថ្លៃៗជាច្រើនផងដែរ។ មនុស្សជាច្រើនបានសរសើរអែបអបគាត់ នៅពេលដែលគាត់នៅក្នុងក្រុមផលិតខ្សែភាពយន្ត ហើយពួកគេទាំងអស់គ្នាចង់បង្កើតទំនាក់ទំនងល្អជាមួយគាត់ ដើម្បី ពេលដែលពួកគេត្រូវការសម្លៀកបំពាក់ ពួកគេគ្រាន់តែសុំ ហើយគាត់នឹងឱ្យពួកគេខ្លះ។ ប្រសិនបើអ្នកណាមិនត្រូវគ្នាជាមួយគាត់ គាត់នឹងមិនឱ្យសូម្បីតែសម្លៀកបំពាក់ដែលពួកគេគួរតែទទួលបាន។ តើនេះជាបញ្ហាអ្វី? វាគឺជាបញ្ហាជាមួយបុគ្គលិកគ្រប់គ្រង។ ផ្នែកមួយនៃបញ្ហាគឺថា គាត់បានកិបកេងរបស់ទាំងនេះដើម្បីខ្លួនឯង។ ផ្នែកមួយទៀតគឺថា គាត់មិនបានបែងចែករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ ស្របតាមគោលការណ៍ទេ ប៉ុន្តែផ្ទុយទៅវិញ គាត់ធ្វើតាមអារម្មណ៍ ឆន្ទៈផ្ទាល់ខ្លួន និងទំនាក់ទំនងរបស់គាត់។ យោងតាមគោលការណ៍ បុគ្គលនេះគួរតែត្រូវបានជម្រះចេញ។ នេះគឺជាបញ្ហាច្បាស់លាស់។ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនបានធ្វើដូច្នេះទេ ប៉ុន្តែបានចាត់ទុកគាត់ថាជាមនុស្សល្អ ហើយបានចាត់ចែងឱ្យគាត់ទៅកន្លែងផ្សេងទៀតដើម្បីបំពេញភារកិច្ចរបស់គាត់។ តើនេះមិនមែនជាការបន្ថែមកំហុសលើកំហុសទេឬអី? តើអ្នកគិតយ៉ាងណាចំពោះការចាត់ចែងកិច្ចការបែបនេះ? តើវាស្របតាមគោលការណ៍ដែរទេ? តើអ្នកដឹកនាំនេះបានបំពេញការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើដែរឬទេ? (ទេ។) ទុកមួយឡែកសិននូវអ្វីដែលជាអត្ថប្រយោជន៍ដែលអ្នកដឹកនាំអាចទទួលបានពីការដោះស្រាយជាមួយបុគ្គលនោះតាមរបៀបនេះ។ បើវិនិច្ឆ័យតែទៅលើរបៀបដែលពួកគេបានដោះស្រាយបញ្ហានោះ តើអ្វីជាធម្មជាតិនៃរឿងនេះ? វាគឺជាបញ្ហានៃការការពារមនុស្សអាក្រក់ដោយផ្អែកលើអារម្មណ៍ ហើយមិនដោះស្រាយជាមួយគាត់ ស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ ដើម្បីភ្ជាប់រឿងនោះជាមួយប្រការទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ តើកំហុសអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការប្រភេទនេះបានធ្វើនៅក្នុងការចាត់ចែងចំពោះសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់? តើអ្នកដឹកនាំនេះ បានបំពេញទំនួលខុសត្រូវរបស់ពួកគេដែរឬទេ? តើការដោះស្រាយបញ្ហារបស់ពួកគេ ផ្អែកលើការការពាររបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ពិតជាមិនមែនទេ។ ពួកគេមិនបានចាត់ទុករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ជារឿងសំខាន់ទេ ថែមទាំងធ្វើមិនដឹងមិនឮ ដោយពួកគេបណ្ដោយឱ្យរបស់របរទាំងនេះត្រូវបានបំផ្លាញ ឬយកតាមអំពើចិត្តដោយមនុស្សអាក្រក់។ តើពួកគេនឹងដោះស្រាយបែបអ៊ីចឹងទេ ប្រសិនបើរបស់របរផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានខូចខាត ឬត្រូវបានអ្នកដទៃយកទៅធ្វើជារបស់ខ្លួន? ទេ ពេលនោះពួកគេនឹងគិតអំពីការសងសឹក និងសំណងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនដោះស្រាយរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់តាមរបៀបនោះ? ពួកគេថែមទាំងបាននិយាយថា «គាត់អាចយករបស់របរខ្លះបាន បើគាត់ចង់ ត្បិតអីគាត់យកមិនច្រើនប៉ុន្មានទេ។ គាត់អាចកិបកេងរបស់ទាំងនេះបន្តិចបន្តួចបាន បើគាត់ចង់។ តើអ្នកណាទៅដែលគ្មានចិត្តលោភធ្វើរឿងអ៊ីចឹងសូម្បីតែបន្តិចនោះ? តើវាសំខាន់ទេ បើគាត់កិបកេងតិចតួចអ៊ីចឹង? វាក៏មិនមែនមានន័យថាអ្នកដទៃទទួលបានចំណែកតិចជាងមុននោះដែរ»។ តើនេះជាអាកប្បកិរិយាបែបណា? តើនេះជាអាកប្បកិរិយាដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើចំពោះរបស់របរនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ។) តើនេះមិនមែនជាការរមិលគុណចំពោះអ្នកដែលចិញ្ចឹមពួកគេទេឬ? ហើយនៅទីបំផុត តើពួកគេបានលើកហេតុផលអ្វី? «ឱ្យគាត់កិបកេងរបស់ទាំងនោះទៅ មិនចាំបាច់ឱ្យយើងទូទាត់ជាមួយគាត់ទេ។ ត្រឹមថវិកា និងរបស់របរតិចតួចប៉ុណ្នឹង វាអស់ប៉ុន្មានទៅ? ពួកទទឹងនឹងព្រះគ្រីស្ទកិបកេងច្រើនជាងនោះទៅទៀត។ ការកិបកេងរបស់គាត់ចំពោះរបស់របរទាំងនោះ គឺជារឿងរវាងគាត់ និងព្រះជាម្ចាស់។ វាជារឿងរបស់គាត់ដែលនឹងត្រូវទទួលខុសត្រូវចំពោះព្រះជាម្ចាស់ នៅពេលដែលវេលានោះមកដល់។ វាមិនពាក់ព័ន្ធអ្វីជាមួយយើងទេ»។ តើអ្នករាល់គ្នាមានគំនិត និងអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮអ្នកដឹកនាំនិយាយបែបនេះ? នរណាក៏ដោយដែលមានស្មារតីយុត្តិធម៌ ដែលមានមនសិការដឹងខុសត្រូវខ្លះៗ នឹងយំនៅក្នុងចិត្តនៅពេលឮពាក្យទាំងនេះ ហើយពួកគេនឹងមានអារម្មណ៍ខ្ទេចខ្ទាំ និងខកចិត្ត ទោះបីជាពួកគេគ្រាន់តែជាអ្នកដើរតាមធម្មតាម្នាក់ក៏ដោយ កុំថាឡើយពួកគេជាអ្នកដឹកនាំ ឬអ្នកធ្វើការ! អ្នកដឹកនាំក្លែងក្លាយប្រភេទនេះទទួលបានព្រះគុណ និងការការពាររបស់ព្រះជាម្ចាស់ជាច្រើន និងសេចក្ដីពិតរបស់ទ្រង់ជាច្រើន ប៉ុន្តែពួកគេនៅតែមានអាកប្បកិរិយាឈាមត្រជាក់បែបនេះចំពោះរបស់របរនៃដំណាក់របស់ទ្រង់។ តើពួកគេមានភាពជាមនុស្សដែរឬទេ? តើពួកគេស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដែរឬទេ? (ទេ។) នៅពេលដែលមនុស្សបែបនេះត្រូវបានដកហូតតំណែង តើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅពេលអនាគតដែរឬទេ? (ទេ ភាពជាមនុស្សរបស់ពួកគេគឺអន់។) តើភាពជាមនុស្សដ៏អន់របស់ពួកគេសម្ដែងចេញយ៉ាងដូចម្ដេច? (តាមរយៈការដែលពួកគេមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។) តើសកម្មភាពជាក់លាក់អ្វីដែលពួកគេមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់? តើអ្វីជាសារជាតិនៅពីក្រោយការសម្ដែងចេញបែបនេះ? មនុស្សបែបនេះមានចិត្តមិនត្រង់ ហើយមានចរិតលក្ខណៈទាបថោក។ ពួកគេនិយាយពីរោះណាស់ ប៉ុន្តែពួកគេមិនធ្វើអ្វីដែលពិតប្រាកដសោះ។ មនុស្សបែបនេះដាច់ខាតមិនត្រូវធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ។ អស់អ្នកណាដែលមានចិត្តមិនត្រង់ មិនមែនជាអ្នកស្រឡាញ់សេចក្ដីពិតទេ ប៉ុន្តែគឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ អស់អ្នកណាដែលមានចិត្តមិនត្រង់ មិនបានគិតគូរដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់សោះឡើយ ហើយប្រាកដណាស់ពួកគេមិនការពារកិច្ចការរបស់ពួកជំនុំ ឬផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។
កិច្ចការមូលដ្ឋានដំបូងគេរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវតែធ្វើ គឺត្រូវមើលការខុសត្រូវឱ្យបានត្រឹមត្រូវលើសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ដោយធ្វើការត្រួតពិនិត្យ និងការពារដំណាក់របស់ព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ ដោយមិនបណ្ដោយឱ្យរបស់របរណាមួយខូចខាត ខ្ជះខ្ជាយ ឬធ្លាក់ក្នុងដៃមនុស្សអាក្រក់ឡើយ។ នេះគឺជាកម្រិតអប្បបរមាដែលពួកគេគួរតែធ្វើ។ ពេលអ្នកត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការ ដំណាក់របស់ព្រះជាម្ចាស់ចាត់ទុកអ្នកថាជាអ្នកមើលការខុសត្រូវ អ្នកគឺជាអ្នកគ្រប់គ្រងម្នាក់ ហើយភារកិច្ចដែលអ្នកទទួលខុសត្រូវគឺធ្ងន់ជាងអ្នកដទៃ។ អ្នកមានទំនួលខុសត្រូវដ៏ធំធេង។ នោះហើយជាមូលហេតុដែលអាកប្បកិរិយារបស់អ្នកគ្រប់បែបយ៉ាង សកម្មភាពរបស់អ្នកគ្រប់បែបយ៉ាង ផែនការរបស់អ្នកគ្រប់បែបយ៉ាងក្នុងការគ្រប់គ្រងបញ្ហា និងវិធីសាស្ត្ររបស់អ្នកគ្រប់បែបយ៉ាងក្នុងការដោះស្រាយបញ្ហា គឺសុទ្ធតែពាក់ព័ន្ធនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនទាំងគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬយកវាមកដាក់ក្នុងចិត្តទេ អ្នកមិនស័ក្តិសមធ្វើជាអ្នកមើលការខុសត្រូវនៃដំណាក់របស់ទ្រង់ឡើយ។ តើនេះជាមនុស្សប្រភេទណា? ហេតុអ្វីបានជាពួកគេមិនស័ក្តិសមធ្វើជាអ្នកចាត់ចែងដំណាក់របស់ព្រះជាម្ចាស់? ក្នុងចំណោមអ្នកដឹកនាំក្លែងក្លាយ មានអ្នកខ្លះដែលមិនត្រឹមតែមានគុណសម្បត្តិអន់នោះទេ បញ្ហាចម្បងរបស់ពួកគេគឺថា ពួកគេគ្មានបន្ទុក។ ពួកគេមិនដឹងពីរបៀបធ្វើការ ប៉ុន្តែពួកគេមិនស្វែងរកសេចក្ដីពិត ហើយពួកគេមិនមានសមត្ថភាពបំពេញសូម្បីតែទំនួលខុសត្រូវតិចតួចបំផុតដែលអ្នកចាត់ចែងគួរតែមាន។ ពួកគេគ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ នេះក៏ព្រោះតែចិត្តរបស់ពួកគេមិនត្រង់ ពួកគេមានចរិតលក្ខណៈទាបថោក ហើយពួកគេអាត្មានិយម និងថោកទាប។ ពួកគេមិនការពារកិច្ចការរបស់ពួកជំនុំទាល់តែសោះ ប៉ុន្តែជារឿយៗធ្វើឱ្យខូចខាត និងក្បត់នឹងផលប្រយោជន៍របស់ពួកជំនុំ ផ្គាប់ចិត្តមនុស្ស និងរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ ទោះបីជាត្រូវធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ពួកជំនុំក៏ដោយ។ ពួកគេបណ្ដោយឱ្យសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានខូចខាត ខ្ជះខ្ជាយ បាត់បង់ ឬត្រូវបានធ្លាក់ក្នុងដៃមនុស្សអាក្រក់ទៀតផង ហើយពួកគេមិនខ្វល់ខ្វាយពីរឿងនេះទាល់តែសោះ ឬមានអារម្មណ៍ជំពាក់ ឬមានទោសកំហុសបន្តិចសោះឡើយ។ ដូច្នេះ នៅពេលដែលត្រូវជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការ ដោយមើលលើចំនុចនេះពីទស្សនវិស័យនៃភាពជាមនុស្ស តើមូលដ្ឋានគ្រឹះសំខាន់បំផុតដែលពួកគេគួរតែមានគឺអ្វី? ពួកគេត្រូវតែមានមនសិការ និងស្មារតីយុត្តិធម៌ ហើយបំណងរបស់ពួកគេគួរតែត្រឹមត្រូវ។ ភាពជាមនុស្សរបស់ពួកគេត្រូវតែត្រឹមត្រូវតាមបទដ្ឋានជាមុនសិន។ មិនថាពួកគេមានសមត្ថភាពធ្វើការប៉ុណ្ណា ឬមានគុណសម្បត្តិនៅកម្រិតណានោះទេ មនុស្សប្រភេទនោះនឹងត្រូវតាមស្តង់ដាជាអ្នកចាត់ចែង ប្រសិនបើពួកគេបម្រើជាអ្នកមើលការខុសត្រូវ។ យ៉ាងហោចណាស់ ពួកគេនឹងអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍រួមរបស់បងប្អូនប្រុសស្រី។ ពួកគេដាច់ខាតនឹងមិនលក់ផលប្រយោជន៍របស់បងប្អូនប្រុសស្រី ហើយក៏មិនលក់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីជិតនឹងរងការខូចខាត ឬបាត់បង់ ពួកគេនឹងគិតអំពីវាជាមុន ហើយពួកគេនឹងក្លាយជាអ្នកដំបូងដែលឈានជើងចេញមក ហើយការពារផលប្រយោជន៍ទាំងនោះ ទោះបីជាការធ្វើដូច្នេះនឹងប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ឬតម្រូវឱ្យពួកគេបង់តម្លៃ ឬរងទុក្ខក៏ដោយ។ ទាំងនេះគឺជារឿងទាំងអស់ដែលមនុស្សដែលមានមនសិការ និងមានវិចារណញ្ញាណអាចធ្វើបាន។ អ្នកដឹកនាំ និងអ្នកធ្វើការក្លែងក្លាយខ្លះ ប្រញាប់រកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួននៅពេលដែលពួកគេប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ ប៉ុន្តែជាមួយនឹងរបស់របរសំខាន់ៗនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជាសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទូរសព្ទដៃ កុំព្យូទ័រ ជាដើម ពួកគេមិនខ្វល់ខ្វាយ ឬសួរនាំពីវាឡើយ។ ប្រសិនបើពួកគេព្រួយបារម្ភថាការដែលពួកគេត្រូវចាប់ខ្លួននឹងប៉ះពាល់ដល់ស្ថានភាពទូទៅនៃកិច្ចការរបស់ពួកជំនុំ នោះពួកគេអាចចាត់អ្នកដទៃឱ្យដោះស្រាយរឿងទាំងនេះបាន ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយទាំងនេះលាក់ខ្លួនគ្រាន់តែដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេភ័យខ្លាចជាខ្លាំង ហើយដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ពួកគេមិនធ្វើអ្វីដែលពួកគេអាចធ្វើបាននោះទេ។ ដូច្នេះហើយ មានករណីជាច្រើនដែលការធ្វេសប្រហែស ការអសកម្ម និងការគ្មានទំនួលខុសត្រូវរបស់អ្នកដឹកនាំក្លែងក្លាយ បណ្ដាលឱ្យសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ និងតង្វាយដល់ព្រះជាម្ចាស់ ត្រូវបានប្លន់ និងយកដោយនាគដ៏ធំមានសម្បុរក្រហម នៅពេលដែលស្ថានភាពគ្រោះថ្នាក់កើតឡើង ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលស្ថានភាពទាំងនោះទើបតែកើតឡើងនៅក្នុងពួកជំនុំ ការគិតដំបូងរបស់អ្នកដឹកនាំ និងអ្នកធ្វើការគួរតែជាការដាក់គ្រឿងបរិក្ខារ និងសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់នៅកន្លែងដែលសមរម្យ ដើម្បីប្រគល់វាទៅឱ្យមនុស្សដែលសមស្រប ដើម្បីធ្វើការគ្រប់គ្រង។ ដាច់ខាតមិនត្រូវបណ្ដោយឱ្យនាគដ៏ធំមានសម្បុរក្រហមយករបស់របរទាំងនោះទៅបានឡើយ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនដែលគិតពីរឿងបែបនេះទេ។ ពួកគេមិនដែលដាក់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាចម្បងឡើយ ផ្ទុយទៅវិញ ពួកគេដាក់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេជាចម្បង។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការពិតប្រាកដ ជារឿយៗបណ្ដាលឱ្យរបស់របរសំខាន់ៗផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់រងការបាត់បង់ ឬខូចខាត។ តើនេះមិនមែនជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកដឹកនាំក្លែងក្លាយទេឬ? (មែនហើយ។)
ទាក់ទងនឹងប្រការទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ តើអ្វីជាការសម្ដែងចេញចម្បងរបស់អ្នកដឹកនាំក្លែងក្លាយដែលយើងកំពុងលាតត្រដាង? អាកប្បកិរិយារបស់អ្នកដឹកនាំក្លែងក្លាយចំពោះសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ គឺការព្រងើយកន្តើយ និងមិនអើពើ។ ពួកគេមិនធ្វើតាមគោលការណ៍ទេ ប៉ុន្តែបែងចែករបស់ទាំងនោះដោយអំពើចិត្ត ដោយផ្អែកលើការស្រមើស្រមៃ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលពួកគេកំពុងគ្រប់គ្រង សម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ ជារឿយៗរងការខូចខាត និងខ្ជះខ្ជាយមិនថាតិចឬច្រើន ដែលបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាការសម្ដែងចេញចម្បងរបស់អ្នកដឹកនាំក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចគ្រប់គ្រងសូម្បីតែកិច្ចការទូទៅតែមួយដ៏សាមញ្ញបំផុតនេះបានផង។ ពួកគេមិនអាចសូម្បីតែធ្វើវា ឬធ្វើវាឱ្យបានល្អផង បើដូច្នេះ តើពួកគេអាចធ្វើអ្វីបានទៅ? ដូច្នេះ នៅពេលដែលអ្នករាល់គ្នាឃើញមនុស្សបែបនេះធ្វើជាអ្នកដឹកនាំ អ្នករាល់គ្នាអាចត្រួតពិនិត្យ និងមើលការខុសត្រូវការងាររបស់ពួកគេបាន។ ប្រសិនបើពួកគេធ្វើឱ្យកិច្ចការទូទៅតែមួយនេះរញ៉េរញ៉ៃ ដោយមិនធ្វើសូម្បីតែអ្វីដែលពួកគេអាចធ្វើបាន ហើយមិនស្វែងរកមនុស្សសមស្របផ្សេងទៀតឱ្យធ្វើវា នៅពេលដែលពួកគេគ្មានពេល នោះអ្នកដឹកនាំបែបនេះត្រូវតែដកហូតតំណែងភ្លាមៗ។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនប្រើពួកគេទៀតឡើយ។ តើការធ្វើដូច្នេះសមរម្យទេ? (សមរម្យហើយ។) ហេតុអ្វី? មនុស្សម្នាក់ដែលមានចិត្តមិនត្រង់ ដែលការយល់ដឹងវៀចវេរ ហើយដែលប្រព្រឹត្តតែតាមអារម្មណ៍ ព្រមទាំងមហិច្ឆិតា និងបំណងប្រាថ្នាដ៏អាត្មានិយម និងថោកទាបរបស់ខ្លួន គឺជាមនុស្សដែលមិនអាចទុកចិត្តបានឡើយ។ តើមនុស្សដែលមិនគួរឱ្យទុកចិត្តអាចធ្វើកិច្ចការអ្វីបានល្អទៅ? តើពួកគេអាចបំពេញភារកិច្ចអ្វីបានល្អទៅ? តើពួកគេមានសមត្ថភាពបំពេញភារកិច្ចដោយភាពស្មោះត្រង់ដែរឬទេ? (អត់ទេ។)
តាមរយៈការប្រកបគ្នានៅថ្ងៃនេះអំពីប្រការទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ តើខ្ញុំមិនបានបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍ និងបទដ្ឋានមួយទៀតដែលតម្រូវសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការទេឬ? អ្វីដែលពាក់ព័ន្ធនៅទីនេះ មិនមែនជាបញ្ហានៃគុណសម្បត្តិទេ ហើយក៏មិនមែនជាបញ្ហានៃសមត្ថភាពធ្វើការដែរ ប៉ុន្តែជាបញ្ហានៃភាពជាមនុស្ស។ ចូរអង្កេតមនុស្សដែលកំពុងបម្រើជាអ្នកដឹកនាំ និងអ្នកធ្វើការ ឬអស់អ្នកណាដែលពួកជំនុំកំពុងបណ្ដុះបណ្ដាល ហើយមើលថាតើមាននរណាម្នាក់ក្នុងចំណោមពួកគេដែលមានភាពជាមនុស្សអន់ និងមានចិត្តមិនត្រង់ ដែលភាពជាមនុស្សរបស់ពួកគេគឺដូចគ្នាទៅនឹងអ្នកដឹកនាំក្លែងក្លាយដែលបានវែកញែកនៅក្នុងប្រការទីដប់។ ប្រសិនបើអ្នកពិតជាបានរកឃើញអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះមែន អ្នកត្រូវតែដកហូតតំណែង ហើយត្រូវតែចងចាំថាកុំជ្រើសរើសមនុស្សបែបនេះជាអ្នកដឹកនាំឱ្យសោះ ហើយកុំបណ្ដុះបណ្ដាលមនុស្សបែបនេះឱ្យធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឱ្យសោះ។ ប្រសិនបើអ្នកខ្លះមិនយល់ពីលក្ខណៈសម្បត្តិនៃភាពជាមនុស្សរបស់មនុស្សទាំងនោះ ហើយជ្រើសរើសពួកគេ ត្រូវរាយការណ៍ភ្លាមៗ។ កុំឱ្យឱកាសពួកគេឱ្យធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ។ មនុស្សទាំងនោះមិនក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដើម្បីធ្វើកិច្ចការពិតប្រាកដទេ ប៉ុន្តែដើម្បីបំផ្លាញកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំ សម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវខូចខាតអស់ជាមិនខាន។ តើអ្នករាល់គ្នាព្រមឃើញលទ្ធផលបែបនេះទេ? (ទេ។) ដូច្នេះ តើអ្នករាល់គ្នាគួរប្រព្រឹត្តជាមួយមនុស្សបែបនេះដោយរបៀបណា? ប្រសិនបើពួកគេកំពុងបម្រើជាអ្នកដឹកនាំ ចូររាយការណ៍ ហើយដកពួកគេចេញពីតំណែង។ ប្រសិនបើពួកគេមិនមែនជាអ្នកដឹកនាំ ប្រសិនបើពួកគេមិនទាន់ត្រូវបានជ្រើសរើសទេ ដូច្នេះចូរប្រាប់គ្រប់គ្នាថា៖ «មនុស្សនេះមិនល្អទេ។ ដាច់ខាតកុំជ្រើសរើសគេឱ្យសោះ វានឹងនាំឱ្យខូចប្រយោជន៍ដល់ពួកជំនុំ»។ ហើយប្រសិនបើមនុស្សត្រូវបានគេបោកបញ្ឆោត និងនាំឱ្យវង្វេងទៅជ្រើសរើសពួកគេ អ្នកត្រូវតែប្រាប់គ្រប់គ្នាភ្លាមៗថា៖ «យើងបានធ្វើអ្វីមួយខុសនៅថ្ងៃនេះ។ យើងបានជ្រើសរើសនរណាម្នាក់ដែលមានភាពជាមនុស្សអន់ ដែលមានចិត្តមិនត្រង់ ធ្វើជាអ្នកដឹកនាំរបស់យើង។ ឥឡូវ ការដែលយើងបានធ្វើបែបនេះ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវរងការបាត់បង់ និងខូចខាត។ យើងត្រូវតែដកពួកគេចេញពីតំណែងភ្លាមៗ ដើម្បីការពារផលប្រយោជន៍ និងសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ពីការខូចខាត។ យើងមិនត្រូវបណ្ដោយឱ្យឧបាយកលរបស់ពួកគេបានសម្រេចឡើយ»។ តើការធ្វើបែបនេះសមរម្យដែរឬទេ? (មែនហើយ។)
អ្នកដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំ និងអ្នកធ្វើការ គឺតម្រូវឱ្យមានគុណសម្បត្តិ និងសមត្ថភាពធ្វើការ។ ឥឡូវនេះក៏មានសេចក្ដីតម្រូវសម្រាប់លក្ខណៈសម្បត្តិនៃភាពជាមនុស្សរបស់ពួកគេដែរ។ តើអ្នករាល់គ្នាថាម៉េចដែរ តើមនុស្សភាគច្រើនមិនបានបំពេញលក្ខខណ្ឌសម្រាប់ធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការទេឬ? តើមួយណាក្នុងចំណោមបីនេះដែលសំខាន់បំផុត? (ភាពជាមនុស្ស។) ហើយទីពីរ? (សមត្ថភាពធ្វើការ។) បន្ទាប់មកទៀត? (ថាតើពួកគេមានគុណសម្បត្តិឬអត់។) លំដាប់នោះគឺត្រឹមត្រូវប្រាកដហើយ។ នៅពេលដែលអ្នករាល់គ្នាជ្រើសរើសអ្នកដឹកនាំនៅពេលអនាគត ចូរវាយតម្លៃពួកគេស្របតាមលំដាប់នេះ។ មនុស្សខ្លះនិយាយថា «លំដាប់នេះមានបញ្ហា។ ឧបមាថាភាពជាមនុស្សមកមុនគេ ហើយមានមនុស្សខ្លះដែលមានភាពជាមនុស្សល្អ ប៉ុន្តែមានគុណសម្បត្តិអន់ពេក ហើយប្រសិនបើពួកគេត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ពួកគេនឹងមិនអាចធ្វើកិច្ចការពិតប្រាកដណាមួយបានទេ បើអ៊ីចឹង តើវាមិនអីទេឬ បើមើលតែលើភាពជាមនុស្សរបស់មនុស្ស?» ភាពជាមនុស្សរបស់មនុស្សគឺសំខាន់បំផុត ហើយវាជារឿងដំបូងដែលអ្នកគួរតែមើល ប៉ុន្តែវាមិនមែនជារឿងតែមួយគត់ដែលត្រូវពិចារណានៅពេលជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការនោះទេ។ ប្រសិនបើភាពជាមនុស្សរបស់មនុស្សម្នាក់ត្រូវតាមស្ដង់ដាហើយ បន្ទាប់មកត្រូវមើលសមត្ថភាពធ្វើការរបស់ពួកគេ។ ប្រសិនបើពួកគេខ្វះសមត្ថភាពធ្វើការ ហើយមិនអាចធ្វើកិច្ចការពិតប្រាកដណាមួយបានទេ អ្នកអាចឱ្យពួកគេទទួលខុសត្រូវលើកិច្ចការដែលមិនលើសពីសមត្ថភាពរបស់ពួកគេពេក។ ប្រសិនបើពួកគេមានភាពជាមនុស្សល្អ និងអាចទទួលបន្ទុកការងារ ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ ជាមនុស្សគួរឱ្យទុកចិត្ត ហើយដំណាក់របស់ព្រះជាម្ចាស់អាចប្រើពួកគេដោយមិនបាច់បារម្ភ ហើយពួកគេជួយស្អាង ជួយ និងមានប្រយោជន៍ដល់បងប្អូនប្រុសស្រីភាគច្រើន នោះពួកគេគឺត្រូវតាមស្ដង់ដាហើយ។ ប្រសិនបើគុណសម្បត្តិរបស់ពួកគេអន់ ហើយពួកគេខ្វះសមត្ថភាពធ្វើការ ឬប្រសិនបើពួកគេមានសមត្ថភាពធ្វើការត្រឹមតែកម្រិតមធ្យម ឱ្យពួកគេធ្វើកិច្ចការសាមញ្ញៗ ឬកិច្ចការតែមួយមុខទៅ។ ប្រសិនបើពួកគេមានគុណសម្បត្តិល្អ និងសមត្ថភាពធ្វើការខ្លាំង ពួកគេអាចធ្វើកិច្ចការសំខាន់ៗ ឬកិច្ចការផ្សេងៗគ្នាជាច្រើន។ តើអ្នកមិនអាចសូម្បីតែចាត់ចែងបែបនេះបានទេឬ? ប្រសិនបើពួកគេមានភាពជាមនុស្សអន់ ហើយចិត្តរបស់ពួកគេមិនត្រង់ នោះទោះបីជាសមត្ថភាពធ្វើការរបស់ពួកគេខ្លាំងប៉ុណ្ណាក៏ដោយ តើពួកគេនឹងអាចធ្វើការងារបានល្អដែរឬទេ? (ទេ។) ប្រសិនបើពួកគេគ្រប់គ្រងក្រុមហ៊ុន ឬបុគ្គលិកមួយចំនួន វាប្រហែលជាមិនមែនជាបញ្ហាទេ ប៉ុន្តែតើបញ្ហាអ្វីខ្លះនឹងកើតឡើង ប្រសិនបើពួកគេត្រូវបានគេឱ្យគ្រប់គ្រងសម្ភារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់? ជាដំបូង ពួកគេដាច់ខាតនឹងមិនគ្រប់គ្រងរបស់របរទាំងនោះ ឬដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចិត្តរបស់ពួកគេមិនត្រង់ ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយគ្មានអ្វីក្រៅពីល្បិចកលនៅក្នុងចិត្តរបស់ពួកគេឡើយ គ្មានអ្វីក្រៅពីគំនិត និងការគិតដ៏ទុច្ចរិតនោះទេ ដូច្នេះនៅពេលណាដែលពួកគេធ្វើសកម្មភាព ពួកគេធ្វើតាមចំណង់ចំណូលចិត្ត និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនផ្អែកលើគោលការណ៍សេចក្ដីពិត ក៏មិនផ្អែកលើភាពយុត្តិធម៌ដែរ។ ពួកគេគិតតែពីអ្វីដែលពួកគេត្រូវខាតបង់ ឬចំណេញ ហើយមិនបានគិតគូរដល់គោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ឡើយ ដូច្នេះហើយ ពួកគេត្រូវតែបរាជ័យនៅក្នុងកិច្ចការជាអ្នកដឹកនាំ និងអ្នកធ្វើការជាមិនខាន។ តើរឿងនេះត្រូវបានកំណត់ដោយអ្វី? គឺដោយលក្ខណៈសម្បត្តិនៃភាពជាមនុស្សរបស់ពួកគេ។ វាមិនមែនកំណត់លើសមត្ថភាពធ្វើការរបស់ពួកគេទេ។ ដូច្នេះហើយ នៅពេលថ្លឹងថ្លែងថាតើនរណាម្នាក់ខ្ពង់ខ្ពស់ ឬទាបថោក ហើយថាតើពួកគេត្រូវតាមបទដ្ឋាននៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែរអត់នោះ ជាដំបូងត្រូវមើលភាពជាមនុស្សរបស់ពួកគេ៖ ប្រសិនបើភាពជាមនុស្សរបស់ពួកគេអាចទុកចិត្តបាន និងត្រូវតាមស្ដង់ដា បន្ទាប់មកត្រូវពិចារណាថាតើពួកគេមានសមត្ថភាពធ្វើការ និងមានបន្ទុកដែរឬអត់ រួចហើយទើបពិចារណាលើទិដ្ឋភាពផ្សេងទៀត។
នេះគឺជាប្រការទីដប់នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ខ្លឹមសារដែលបានវែកញែកនៅក្នុងប្រការទីដប់អំពីការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយគឺមានប្រហែលជាប៉ុណ្ណឹង។ គេអាចមើលឃើញតាមរយៈអាកប្បកិរិយា និងការសម្ដែងចេញដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះសម្ភារនៃដំណាក់របស់ព្រះជាម្ចាស់ថា ពួកគេភាគច្រើនខ្វះមនសិការ និងវិចារណញ្ញាណ ថាភាពជាមនុស្សរបស់ពួកគេអន់ពេក ហើយមិនទទួលខុសត្រូវ។ អាចនិយាយបានថា ចិត្តរបស់ពួកគេមិនត្រង់។ តើឥឡូវនេះយើងមិនមានភស្តុតាងមួយទៀតដែលអាចប្រើដើម្បីកំណត់ថានរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយទេឬ? អ្នកដឹកនាំក្លែងក្លាយខ្លះមិនអាចធ្វើការបានទេ ដោយសារតែគុណសម្បត្តិរបស់ពួកគេអន់ ហើយដោយសារតែពួកគេងងឹតងងល់ ហើយមិនយល់ពីស្ថានការពិតប្រាកដ។ អ្នកខ្លះទៀតមិនធ្វើកិច្ចការពិតប្រាកដទេ ដោយសារតែចិត្តរបស់ពួកគេមិនត្រង់ ហើយពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខប៉ុណ្ណោះ។ ពួកគេមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មិនខ្វល់ថារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រស់ ឬស្លាប់ដែរ។ ត្រូវដកហូតតំណែង និងជម្រុះចោល អ្នកដឹកនាំក្លែងក្លាយគ្រប់ប្រភេទឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យមានការយឺតការដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងការធ្វើឱ្យខូចខាតដល់រាស្ដ្ររើសតាំងរបស់ទ្រង់។
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១