ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៤)

តើយើងបានប្រកបគ្នាអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការអស់រយៈពេលប៉ុន្មានហើយ? (បួនខែកន្លះហើយ។) បន្ទាប់ពីបានប្រកបគ្នាអំពីរឿងនេះអស់រយៈពេលយ៉ាងយូរបែបនេះមក ឥឡូវតើអ្នករាល់គ្នាយល់កាន់តែច្បាស់ខ្លះទេអំពីកិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើនោះ? (បាទ/ចាស ពួកយើងយល់កាន់តែច្បាស់ខ្លះហើយ។) វាគួរតែច្បាស់ជាងពីមុនហើយ។ ការប្រកបគ្នារបស់ខ្ញុំគឺជាក់លាក់ និងច្បាស់លាស់ណាស់ ប្រសិនបើនរណាម្នាក់នៅតែមិនយល់ទៀត នោះមានន័យថា ពួកគេមានបញ្ញាខ្សោយហើយ មែនទេ? (មែនហើយ។) បើមើលទៅពេលនេះ តើអ្នកគិតថា វាងាយស្រួលទេក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដ៏ល្អម្នាក់? (មិនងាយស្រួលទេ។) តើត្រូវការលក្ខណៈសម្បត្តិអ្វីខ្លះ? (គេត្រូវមានគុណសម្បត្តិ និងភាពជាមនុស្សដែលចាំបាច់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងតថភាពនៃសេចក្ដីពិត និងស្មារតីទទួលខុសត្រូវ។) យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវមានមនសិការ ហេតុផល និងភាពស្មោះត្រង់ ហើយបន្ទាប់មកគឺគុណសម្បត្តិ និងសមត្ថភាពការងារ។ នៅពេលដែលមនុស្សម្នាក់មានលក្ខណៈសម្បត្តិទាំងអស់នេះ គេអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដ៏ល្អម្នាក់ និងបំពេញការទទួលខុសត្រូវរបស់ខ្លួនបានហើយ។

ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីពីរ)

នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីដប់ពីរនៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ នៅក្នុងចំណុចនេះ ជាដំបូង យើងបានប្រកបគ្នាជាសំខាន់អំពីថាតើមានមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវអ្វីខ្លះដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការចង់បញ្ឈប់ និងរឹតត្បិតមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កការរំខាន និងការបង្អាក់នៅក្នុងពួកជំនុំ ហើយចង់បំពេញកិច្ចការនេះឱ្យបានល្អ ពួកគេត្រូវតែដឹង និងស្វែងយល់ជាមុនសិនថា តើមានមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវអ្វីខ្លះដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ បន្ទាប់ពីនោះ ពួកគេត្រូវយកចំណុចទាំងនេះទៅផ្ទៀងផ្ទាត់ជាមួយមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវនៅក្នុងកិច្ចការពួកជំនុំ និងជីវិតពួកជំនុំជាក់ស្ដែង ហើយបន្ទាប់មកអនុវត្តកិច្ចការផ្សេងៗ ដូចជាការបញ្ឈប់ និងការរឹតត្បិតពួកគេជាដើម។ នេះគឺជាសេចក្ដីតម្រូវសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ នៅក្នុងការជួបជុំលើកមុនរបស់ពួកយើង យើងបានប្រកបគ្នាអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗមួយចំនួនដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ ដោយចាប់ផ្ដើមពីចំណុចដែលពាក់ព័ន្ធនឹងជីវិតពួកជំនុំ។ យើងក៏បានចាត់ថ្នាក់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវនៅក្នុងជីវិតពួកជំនុំដែលមានលក្ខណៈបង្កការរំខាន និងការបង្អាក់ដល់ជីវិតពួកជំនុំផងដែរ។ តើមានបញ្ហាសរុបទាំងអស់ចំនួនប៉ុន្មាន? (សរុបមានដប់មួយ។ ទីមួយ ការនិយាយចាកប្រធានបទជារឿយៗ នៅពេលប្រកបគ្នាពីសេចក្ដីពិត។ ទីពីរ ការនិយាយពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ។ ទីបី ការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួន។ ទីបួន ការបង្កើតបក្ខពួក។ ទីប្រាំ ការដណ្ដើមឋានៈ។ ទីប្រាំមួយ ការញុះញង់ឱ្យបែកបាក់។ ទីប្រាំពីរ ការវាយប្រហារ និងការធ្វើបាបមនុស្ស។ ទីប្រាំបី ការផ្សព្វផ្សាយសញ្ញាណ។ ទីប្រាំបួន ការបញ្ចេញភាពអវិជ្ជមាន។ ទីដប់ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ និងទីដប់មួយ ការបំពានគោលការណ៍បោះឆ្នោត។) បញ្ហាទីប្រាំមួយគឺ ការញុះញង់ឱ្យបែកបាក់ ដែលមានលក្ខណៈបង្កការរំខាន និងការបង្អាក់ ប៉ុន្តែបើប្រៀបធៀបទៅនឹងអំពើអាក្រក់ផ្សេងទៀត វាគឺជាបញ្ហាតូចតាចទេ។ ប្ដូរវាទៅជា «ការមានទំនាក់ទំនងមិនត្រឹមត្រូវ» វិញ ហើយលក្ខណៈនៃរឿងនេះគឺធ្ងន់ធ្ងរជាងលក្ខណៈនៃការញុះញង់ឱ្យបែកបាក់ទៅទៀត។ បញ្ហាទីប្រាំពីរគឺ ការវាយប្រហារ និងការធ្វើបាបមនុស្ស។ ប្ដូរវាទៅជា «ការវាយប្រហារគ្នាទៅវិញទៅមក និងការឈ្លោះទាស់ទែងគ្នា» វិញ តើលក្ខណៈនៃរឿងនេះមិនធ្ងន់ធ្ងរជាង ហើយជាក់លាក់ និងសមស្របជាងទេឬ? (បាទ/ចាស។) ការវាយប្រហារគ្នាទៅវិញទៅមក និងការឈ្លោះទាស់ទែងគ្នា គឺជាប្រភេទបញ្ហាដែលកើតឡើងជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ ដែលពាក់ព័ន្ធនឹងការរំខាន និងការបង្អាក់។ ការកែប្រែបញ្ហាទាំងពីរនេះតាមរបៀបនេះ ធ្វើឱ្យវាសមស្របជាងមុន និងកាន់តែឆ្លុះបញ្ចាំងពីបញ្ហាដែលកើតឡើងនៅក្នុងជីវិតពួកជំនុំ។ បញ្ហាទីដប់មួយគឺ ការបំពានគោលការណ៍បោះឆ្នោត។ ប្ដូរវាទៅជា «ការប្រើឧបាយកលគ្រប់គ្រង និងការបង្អាក់ការបោះឆ្នោត» វិញ។ នេះគ្រាន់តែជាការផ្លាស់ប្ដូរពាក្យពេចន៍ប៉ុណ្ណោះ សារជាតិរបស់វានៅដដែល គ្រាន់តែកម្រិតរបស់វាធ្ងន់ធ្ងរជាងមុន ពោលគឺវាពាក់ព័ន្ធកាន់តែខ្លាំងទៅនឹងលក្ខណៈនៃការបង្កការរំខាន និងការបង្អាក់។

មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ

V. ការដណ្ដើមឋានៈ

លើកមុន យើងបានប្រកបគ្នាមកដល់ចំណុចទីបួន គឺការបង្កើតបក្ខពួក។ លើកនេះ យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីប្រាំ គឺការដណ្ដើមឋានៈ។ រឿងការដណ្ដើមឋានៈនេះ គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ ហើយវាជារឿងដែលមនុស្សមើលឃើញជាញឹកញាប់។ តើសភាព អាកប្បកិរិយា និងការសម្ដែងចេញណាខ្លះ ដែលចាត់ចូលក្នុងការដណ្ដើមឋានៈ? តើការសម្ដែងចេញនៃការដណ្ដើមឋានៈបែបណាខ្លះ ដែលចាត់ចូលក្នុងបញ្ហានៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ? មិនថាយើងប្រកបគ្នាអំពីបញ្ហាណា ឬប្រភេទណានោះទេ វាត្រូវតែពាក់ព័ន្ធនឹងអ្វីដែលបានថ្លែងនៅក្នុងចំណុចទីដប់ពីរអំពី «មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ»។ វាត្រូវតែឈានដល់កម្រិតនៃការបង្អាក់ និងការរំខាន ហើយវាត្រូវតែពាក់ព័ន្ធនឹងលក្ខណៈនេះ ទើបវាស័ក្តិសមនឹងយកមកប្រកបគ្នា និងធ្វើការវែកញែក។ តើការសម្ដែងចេញនៃការដណ្ដើមឋានៈបែបណាខ្លះ ដែលពាក់ព័ន្ធនឹងលក្ខណៈនៃការបង្អាក់ និងការរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់? អ្វីដែលឃើញជាញឹកញាប់បំផុត គឺការដណ្ដើមឋានៈជាមួយអ្នកដឹកនាំពួកជំនុំ ដែលការសម្ដែងចេញជាសំខាន់ គឺការចាប់កំហុស និងកំហុសឆ្គងរបស់អ្នកដឹកនាំ ដើម្បីបន្តុះបង្អាប់ និងថ្កោលទោសពួកគេ ហើយមានបំណងលាតត្រដាងពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេ ព្រមទាំងគុណវិបត្តិ និងភាពខ្វះខាតនៅក្នុងភាពជាមនុស្ស និងគុណសម្បត្តិរបស់ពួកគេ ជាពិសេសគឺនៅពេលនិយាយដល់សេចក្ដីវៀចវេរ និងកំហុសដែលពួកគេបានធ្វើនៅក្នុងកិច្ចការរបស់ខ្លួន ឬនៅពេលដោះស្រាយជាមួយមនុស្ស។ នេះគឺជាការសម្ដែងចេញនៃការដណ្ដើមឋានៈជាមួយអ្នកដឹកនាំពួកជំនុំ ដែលឃើញមានជាញឹកញាប់បំផុត និងច្បាស់ក្រឡែតបំផុត។ លើសពីនេះ មិនថាអ្នកដឹកនាំពួកជំនុំធ្វើការងារបានល្អកម្រិតណា ថាតើពួកគេធ្វើតាមគោលការណ៍ឬអត់ ឬថាតើភាពជាមនុស្សរបស់ពួកគេមានបញ្ហាឬអត់នោះទេ មនុស្សទាំងនេះមិនខ្វល់ឡើយ គឺពួកគេគ្រាន់តែប្រឆាំងនឹងអ្នកដឹកនាំទាំងនេះប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេប្រឆាំង? គឺដោយសារតែពួកគេក៏ចង់ធ្វើជាអ្នកដឹកនាំពួកជំនុំដែរ។ នេះគឺជាមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ ដូច្នេះហើយទើបពួកគេប្រឆាំងនោះ។ មិនថាអ្នកដឹកនាំពួកជំនុំធ្វើការ ឬដោះស្រាយបញ្ហាតាមរបៀបណានោះទេ មនុស្សទាំងនេះតែងតែចាប់កំហុសពួកគេ វិនិច្ឆ័យ និងថ្កោលទោសពួកគេ ហើយថែមទាំងបំប៉ោងរឿងតូចឱ្យទៅជាធំ បំភ្លៃការពិត និងបំផ្លើសរឿងរ៉ាវហួសហេតុទៀតផង។ ពួកគេមិនប្រើស្ដង់ដារដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីវាស់វែងថាតើអ្នកដឹកនាំទាំងនេះធ្វើតាមគោលការណ៍ឬអត់ ថាតើពួកគេជាមនុស្សត្រឹមត្រូវឬអត់ ថាតើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់ និងថាតើពួកគេមានមនសិការ និងហេតុផលឬអត់នោះទេ។ ពួកគេមិនវាយតម្លៃអ្នកដឹកនាំស្របតាមគោលការណ៍ទាំងនេះឡើយ។ ផ្ទុយទៅវិញ ដោយផ្អែកលើចេតនា និងគោលបំណងផ្ទាល់ខ្លួន ពួកគេចេះតែរកមើលកំហុស និងប្រឌិតរឿង ដោយស្វែងរកចំណុចដើម្បីចាប់ថ្នាក់អ្នកដឹកនាំ ឬអ្នកធ្វើការ ផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅពីក្រោយខ្នងអំពីការដែលអ្នកដឹកនាំធ្វើរឿងមិនស្របតាមសេចក្ដីពិត ឬលាតត្រដាងចំណុចខ្សោយរបស់ពួកគេ។ ឧទាហរណ៍ ពួកគេអាចនិយាយថា៖ «អ្នកដឹកនាំឈ្មោះនេះធ្លាប់ធ្វើខុសម្ដង ហើយត្រូវបានខាងលើលួសកាត់ ប៉ុន្តែអ្នករាល់គ្នាគ្មាននរណាម្នាក់ដឹងរឿងនេះទេ។ ឃើញទេ ពួកគេពូកែធ្វើពុតណាស់!» ពួកគេមិនពិចារណា និងខ្វល់ថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់នេះ ជាមុខសញ្ញាសម្រាប់ការបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់ ឬថាតើពួកគេស្របតាមស្ដង់ដារជាអ្នកដឹកនាំ ឬអ្នកធ្វើការឬអត់នោះទេ គឺពួកគេចេះតែបន្តវិនិច្ឆ័យអ្នកដឹកនាំ បំភ្លៃការពិត និងលួចលេងល្បិចប្រឆាំងនឹងអ្នកដឹកនាំនៅពីក្រោយខ្នងប៉ុណ្ណោះ។ ហើយតើពួកគេធ្វើរឿងទាំងនេះដើម្បីអ្វី? តើមិនមែនដើម្បីដណ្ដើមឋានៈទេឬអី? គ្រប់ពាក្យដែលពួកគេនិយាយ និងគ្រប់រឿងដែលពួកគេធ្វើ សុទ្ធតែមានគោលបំណង។ ពួកគេមិនគិតគូរដល់កិច្ចការរបស់ពួកជំនុំទេ ហើយការវាយតម្លៃរបស់ពួកគេចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ គឺមិនផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ ហើយកាន់តែមិនផ្អែកលើការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់ ឬគោលការណ៍ដែលព្រះជាម្ចាស់តម្រូវពីមនុស្សទៅទៀត តែគឺផ្អែកលើចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ ពួកគេជំទាស់នឹងអ្វីៗគ្រប់យ៉ាងដែលអ្នកដឹកនាំ ឬអ្នកធ្វើការនិយាយ ហើយបន្ទាប់មកផ្ដល់នូវ «ការយល់ឃើញ» ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការនិយាយនោះ ស្របតាមសេចក្ដីពិតកម្រិតណាទេ ពួកគេមិនទទួលយកសូម្បីបន្តិចសោះឡើយ។ ពួកគេច្រានចោលអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការនិយាយ ហើយលើកឡើងនូវមតិយោបល់ផ្សេងរបស់ខ្លួន។ ជាពិសេស នៅពេលដែលអ្នកដឹកនាំ ឬអ្នកធ្វើការបើកចំហ និងលាតត្រដាងពីខ្លួនឯង ដោយនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេមានអារម្មណ៍កាន់តែត្រេកអរ ហើយគិតថាពួកគេរកឃើញឱកាសហើយ។ តើឱកាសអ្វី? គឺឱកាសដើម្បីបន្តុះបង្អាប់អ្នកដឹកនាំ ឬអ្នកធ្វើការនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា អ្នកដឹកនាំ ឬអ្នកធ្វើការនេះមានគុណសម្បត្តិអន់ ថាពួកគេក៏ចេះទន់ខ្សោយ ថាពួកគេក៏ជាមនុស្សពុករលួយ ថាពួកគេក៏ធ្វើខុសជារឿយៗនៅក្នុងរឿងដែលពួកគេធ្វើ ហើយថាពួកគេមិនគ្រាន់បើជាងអ្នកណាឡើយ។ នេះគឺជាឱកាសរបស់ពួកគេក្នុងការស្វែងរកកំហុសដើម្បីចាប់ថ្នាក់អ្នកដឹកនាំ ឬអ្នកធ្វើការនោះ ជាឱកាសរបស់ពួកគេក្នុងការញុះញង់មនុស្សគ្រប់គ្នាឱ្យថ្កោលទោស ផ្ដួលរំលំ និងវាយឱ្យដួលអ្នកដឹកនាំ ឬអ្នកធ្វើការនោះ។ ហើយបំណងនៅពីក្រោយអាកប្បកិរិយា និងសកម្មភាពទាំងនេះ គ្មានអ្វីក្រៅពីការដណ្ដើមឋានៈឡើយ។ ប្រសិនបើអនុវត្តតាមគោលការណ៍នៃការបោះឆ្នោត និងគោលការណ៍នៃការបណ្ដុះបណ្ដាល និងការប្រើប្រាស់មនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈធម្មតា បុគ្គលបែបនេះនឹងមិនត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ នេះជារឿងដែលពួកគេបានមើលធ្លុះ និងយល់យ៉ាងច្បាស់ ដូច្នេះពួកគេប្រើគ្រប់មធ្យោបាយដើម្បីវាយប្រហារ និងថ្កោលទោសអ្នកដឹកនាំ និងអ្នកធ្វើការ។ មិនថាអ្នកណាធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទេ គេគ្រាន់តែប្រឆាំងនឹងអ្នកទាំងនោះ ហើយតែងតែរកមើលកំហុស និងនិយាយរិះគន់ដោយមិនទទួលខុសត្រូវអំពីពួកគេប៉ុណ្ណោះ។ ទោះបីជាទង្វើ ឬពាក្យសម្ដីរបស់អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះគ្មានបញ្ហាអ្វីសោះក៏ដោយ ក៏ពួកគេតែងតែរកកំហុសអ្នកទាំងនេះឃើញដែរ។ តាមពិតទៅ បញ្ហាដែលពួកគេលើកឡើងទាំងនោះ មិនមែនជាបញ្ហាពាក់ព័ន្ធនឹងគោលការណ៍ទេ តែជារឿងកំប៉ិកកំប៉ុកសុទ្ធសាធ។ ចុះហេតុអ្វីបានជាពួកគេនៅតែប្រកាន់រឿងតូចតាចទាំងនេះ? ហេតុអ្វីបានជាពួកគេអាចវិនិច្ឆ័យ និងថ្កោសទោសអ្នកដឹកនាំ និងអ្នកធ្វើការជាចំហចំពោះរឿងបែបនេះ? ពួកគេមានគោលបំណងតែមួយគត់ គឺដើម្បីដណ្ដើមអំណាច និងឋានៈ។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងណានោះទេ ពួកគេមិនដែលយកការសម្ដែងចេញទាំងនេះមកផ្ទៀងផ្ទាត់នឹងខ្លួនឯងឡើយ តែបែរជាយកទៅផ្ទៀងផ្ទាត់ទាំងស្រុងនឹងអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ទៅវិញ។ នៅពេលដែលពួកគេផ្ទៀងផ្ទាត់ត្រូវ ពួកគេគិតថា៖ «ឥឡូវនេះ ខ្ញុំមានភស្តុតាងហើយ។ នៅទីបំផុត ខ្ញុំរកឃើញចំណុចដើម្បីចាប់ថ្នាក់ពួកគេ និងទទួលបានឱកាសល្អហើយ»។ បន្ទាប់មក ពួកគេកាន់តែគ្មានការអត់ធ្មត់ក្នុងការលាតត្រដាង វិនិច្ឆ័យ វាយតម្លៃ និងថ្កោលទោសរាល់អ្វីៗដែលអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះធ្វើ។ បញ្ហាមួយចំនួនដែលពួកគេលើកឡើង អាចមើលទៅហាក់ដូចជាមានបញ្ហាបន្តិចបន្តួចនៅសំបកក្រៅ ប៉ុន្តែនៅពេលវាស់វែងតាមគោលការណ៍ វាមិនមែនជាបញ្ហាធំដុំទេ។ ចុះហេតុអ្វីបានជាពួកគេលើកយកបញ្ហាទាំងនោះមកនិយាយ? គ្មានមូលហេតុអ្វីផ្សេងក្រៅពីដើម្បីលាតត្រដាងអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ដោយមានគោលបំណងថ្កោលទោស និងវាយពួកគេឱ្យដួល។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានវាយប្រហាររហូតដល់មានភាពអវិជ្ជមាន អង្វរសុំក្តីមេត្តា និងចុះញ៉មនឹងពួកគេ ប្រសិនបើបងប្អូនប្រុសស្រីឃើញថា អ្នកដឹកនាំទាំងនេះតែងតែអវិជ្ជមាន និងទន់ខ្សោយ ហើយថាពួកគេធ្វើខុសជាញឹកញាប់ នៅពេលបំពេញកិច្ចការ ហើយលែងបោះឆ្នោតឱ្យពួកគេធ្វើជាអ្នកដឹកនាំទៀត ប្រសិនបើបងប្អូនប្រុសស្រីលែងស្ដាប់ដោយយកចិត្តទុកដាក់ នៅពេលដែលអ្នកដឹកនាំទាំងនេះប្រកបគ្នាពីសេចក្ដីពិត ហើយប្រសិនបើមនុស្សលែងសហការយ៉ាងសកម្ម និងយ៉ាងយកចិត្តទុកដាក់ នៅពេលដែលអ្នកដឹកនាំទាំងនេះកំពុងអនុវត្តការងារ នោះអ្នកដែលដណ្ដើមឋានៈនឹងសប្បាយចិត្ត ហើយពួកគេនឹងមានឱកាសដើម្បីឆ្លៀតកេងចំណេញ។ នេះគឺជាសេណារីយ៉ូដែលពួកគេចង់ឃើញបំផុត និងជាអ្វីដែលពួកគេសង្ឃឹមថានឹងកើតឡើងបំផុត។ តើពួកគេមានគោលបំណងអ្វីក្នុងការធ្វើរឿងទាំងអស់នេះ? មិនមែនដើម្បីជួយមនុស្សឱ្យយល់ពីសេចក្ដីពិត និងចេះឈ្វេងយល់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទទេ ហើយក៏មិនមែនដើម្បីដឹកនាំមនុស្សមកចំពោះព្រះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ពួកគេគឺវាយឱ្យដួល និងផ្ដួលរំលំអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីឱ្យមនុស្សគ្រប់គ្នាមើលឃើញថា ពួកគេគឺជាបេក្ខជនដ៏ស័ក្តិសមបំផុតសម្រាប់ធ្វើជាអ្នកដឹកនាំ។ នៅពេលនេះ គោលបំណងរបស់ពួកគេនឹងបានសម្រេច ហើយពួកគេគ្រាន់តែរង់ចាំឱ្យបងប្អូនប្រុសស្រីស្នើឈ្មោះពួកគេជាអ្នកដឹកនាំប៉ុណ្ណោះ។ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរឬទេ? តើពួកគេមាននិស្ស័យបែបណាដែរ? បុគ្គលទាំងនេះមាននិស្ស័យកាចសាហាវ ពួកគេមិនស្រឡាញ់សេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនអនុវត្តសេចក្ដីពិតដែរ គឺពួកគេគ្រាន់តែចង់កាន់អំណាចប៉ុណ្ណោះ។ ចុះចំពោះអ្នកដែលយល់សេចក្ដីពិតខ្លះៗ និងចេះឈ្វេងយល់ខ្លះៗវិញ តើពួកគេសុខចិត្តឱ្យមនុស្សបែបនេះកាន់អំណាចដែរឬទេ? តើពួកគេសុខចិត្តធ្លាក់ក្រោមអំណាចរបស់មនុស្សបែបនេះដែរឬទេ? (មិនសុខចិត្តទេ។) ហេតុអ្វីមិនសុខចិត្ត? ប្រសិនបើមនុស្សភាគច្រើនអាចមើលឃើញយ៉ាងច្បាស់ពីសារជាតិធម្មជាតិនៃបុគ្គលបែបនេះ តើពួកគេនៅតែបោះឆ្នោតឱ្យអ្នកទាំងនោះធ្វើជាអ្នកដឹកនាំទៀតទេ? (ទេ/អត់ទេ។) ពួកគេនឹងមិនបោះឆ្នោតឱ្យទេ លើកលែងតែមនុស្សគ្រប់គ្នាទើបតែបានជួប ហើយមិនសូវស្គាល់គ្នាច្បាស់។ ប៉ុន្តែនៅពេលដែលពួកគេស្គាល់ច្បាស់ និងមើលឃើញច្បាស់ថា បុគ្គលណាមានគុណសម្បត្តិអន់ និងសុញគំនិត បុគ្គលណាជាមនុស្សអាក្រក់ដែលមាននិស្ស័យកាចសាហាវ និងបោកបញ្ឆោត បុគ្គលណាខ្នះខ្នែងដណ្ដើមឋានៈ និងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បុគ្គលណាអាចដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ជាដើម នៅពេលដែលពួកគេក្តាប់បាននូវសារជាតិធម្មជាតិ និងប្រភេទនៃមនុស្សផ្សេងៗ នោះការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនឹងមានភាពត្រឹមត្រូវគួរសម និងស្របតាមគោលការណ៍ហើយ។

តើមនុស្សភាគច្រើនសុខចិត្តបោះឆ្នោតជ្រើសរើសមនុស្សម្នាក់ដែលតែងតែដណ្ដើមឋានៈធ្វើជាអ្នកដឹកនាំ ឬជ្រើសរើសមនុស្សម្នាក់ដែលមានគុណសម្បត្តិ និងសមត្ថភាពការងារមធ្យម ប៉ុន្តែឧស្សាហ៍ព្យាយាម និងធ្វើការងារយ៉ាងខ្ជាប់ខ្ជួនធ្វើជាអ្នកដឹកនាំ? នៅពេលដែលមិនទាន់ច្បាស់ថា តើចរិតលក្ខណៈរបស់បុគ្គលទាំងពីរនេះបែបណា សារជាតិធម្មជាតិរបស់ពួកគេជាអ្វី ឬពួកគេដើរតាមផ្លូវណា តើមនុស្សភាគច្រើនសុខចិត្តជ្រើសរើសអ្នកណាធ្វើជាអ្នកដឹកនាំ? (ទីពីរ គឺអ្នកដែលធ្វើការងារយ៉ាងខ្ជាប់ខ្ជួន។) មនុស្សភាគច្រើននឹងជ្រើសរើសទីពីរ។ ការសម្ដែងចេញរបស់អស់អ្នកដែលតែងតែដណ្ដើមឋានៈ គឺជាភស្តុតាងបញ្ជាក់ពីភាពជាមនុស្ស និងសារជាតិរបស់ពួកគេ។ តើមនុស្សភាគច្រើនមិនអាចមើលធ្លុះ និងចេះឈ្វេងយល់ពីការសម្ដែងចេញរបស់ពួកគេបានទេឬ? មនុស្សនឹងនិយាយថា៖ «ម្នាក់នេះតែងតែបង្កការលំបាកដល់អ្នកដឹកនាំពួកជំនុំ។ គាត់មានមហិច្ឆតាចង់បានឋានៈជាអ្នកដឹកនាំពួកជំនុំ គាត់ចង់ជំនួសតំណែងជាអ្នកដឹកនាំ។ ចាប់តាំងពីអ្នកនោះត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំមក គាត់តែងតែតាមព្យាបាទ ហើយមិនពេញចិត្តនឹងអ្នកដឹកនាំនោះជានិច្ច។ គាត់តែងតែនិយាយតបតទៅអ្នកដឹកនាំវិញ ហើយតែងតែរកមើលកំហុសចំពោះអ្វីដែលអ្នកដឹកនាំធ្វើ ដោយចាប់កំហុសគ្រប់យ៉ាងដែលគាត់អាចចាប់បាន ហើយគាត់ក៏វិនិច្ឆ័យ និងលាតត្រដាងចំណុចខ្វះខាតរបស់អ្នកដឹកនាំនៅពីក្រោយខ្នងដែរ។ ជាពិសេសនៅក្នុងការជួបជុំ ឬនៅពេលប្រកបគ្នាពីការងារ ប្រសិនបើអ្នកដឹកនាំនិយាយមិនច្បាស់មួយពេល គាត់ក៏ដណ្ដើមនិយាយ ដោយបង្ហាញការមិនអត់ធ្មត់យ៉ាងខ្លាំង។ គាត់ថែមទាំងមើលងាយអ្នកដឹកនាំ និយាយបញ្ឈឺ និយាយដៀមដាម និងសើចចំអកឱ្យអ្នកដឹកនាំទៀតផង។ គាត់ធ្វើឱ្យអ្នកដឹកនាំពិបាកគ្រប់រឿង និងធ្វើឱ្យអ្នកដឹកនាំអាម៉ាស់មុខ»។ ជាមួយនឹងអាកប្បកិរិយាទាំងនេះដែលត្រូវបានលាតត្រដាងនៅចំពោះមុខមនុស្សគ្រប់គ្នា តើមនុស្សភាគច្រើននឹងចេះឈ្វេងយល់ពីបុគ្គលនេះបានដែរឬទេ? (បាទ/ចាស។) បើដូច្នេះ តើការធ្វើបែបនេះមានប្រយោជន៍ដល់ការដណ្ដើមតំណែងជាអ្នកដឹកនាំរបស់គាត់ដែរឬទេ? ប្រាកដជាគ្មានប្រយោជន៍ទេ។ តើមនុស្សដែលដណ្ដើមឋានៈទាំងនេះឆ្លាត ឬល្ងង់? ច្បាស់ណាស់ ពួកគេជាមនុស្សល្ងីល្ងើ ជាមនុស្សល្ងង់ខ្លៅ។ មានបញ្ហាធ្ងន់ធ្ងរមួយទៀត៖ បុគ្គលទាំងនេះគឺជាពួកអារក្ស ហើយធម្មជាតិរបស់ពួកគេគឺមិនអាចកែប្រែបានឡើយ! បំណងប្រាថ្នាចង់បានអំណាច និងឋានៈរបស់ពួកគេ គឺមិនអាចទប់ចិត្តបានឡើយ រហូតដល់ថ្នាក់ពួកគេបាត់បង់សតិ ដែលនេះមិនមែនជាអ្វីដែលភាពជាមនុស្សធម្មតាមាននោះទេ។ បំណងប្រាថ្នានេះលើសពីព្រំដែននៃហេតុផល និងមនសិការនៃភាពជាមនុស្សធម្មតា ដោយឈានដល់កម្រិតមួយដែលហ៊ានធ្វើគ្រប់បែបយ៉ាង។ មនុស្សទាំងនេះនឹងធ្វើបែបនេះដោយមិនរើសពេលវេលា ទីកន្លែង ឬបរិបទឡើយ ដោយមិនគិតពីផលវិបាក ហើយកាន់តែមិនគិតដល់ផលប៉ះពាល់នៃទង្វើរបស់ពួកគេទៅទៀត។ ទាំងនេះគឺជាការសម្ដែងចេញ និងវិធីសាស្ត្រដែលឃើញជាញឹកញាប់បំផុតរបស់អស់អ្នកដែលដណ្ដើមឋានៈ។ រាល់ពេលដែលមានការជួបជុំ ឬការប្រកបគ្នាពីការងារ ឱ្យតែមនុស្សគ្រប់គ្នាជួបជុំគ្នាភ្លាម បុគ្គលទាំងនេះបង្កការរំខានដូចជាសត្វរុយដ៏គួរឱ្យរំខាន ដោយបំផ្លាញជីវិតពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតានៃការប្រកបគ្នាពីសេចក្ដីពិត។ អាកប្បកិរិយា និងវិធីសាស្ត្របែបនេះ មានលក្ខណៈបង្កការបង្អាក់ និងការរំខានដល់រឿងទាំងនោះ។ តើបុគ្គលបែបនេះមិនគួរត្រូវបានរឹតត្បិតទេឬ? ក្នុងករណីធ្ងន់ធ្ងរ តើពួកគេមិនគួរត្រូវបានបោសសម្អាត ឬបណ្ដេញចេញទេឬ? (បាទ/ចាស។) ពេលខ្លះ ការពឹងផ្អែកតែម្យ៉ាងលើកម្លាំងរបស់អ្នកដឹកនាំពួកជំនុំដើម្បីរឹតត្បិតមនុស្សអាក្រក់ អាចជាការខិតខំដែលទន់ខ្សោយ និងឯកោរបន្តិច ប្រសិនបើបងប្អូនប្រុសស្រីអាចរួបរួមជាមួយអ្នកដឹកនាំពួកជំនុំក្នុងការបញ្ឈប់ និងរឹតត្បិតបុគ្គលអាក្រក់បែបនេះ បន្ទាប់ពីបានមើលឃើញយ៉ាងច្បាស់ពីភាពធ្ងន់ធ្ងរនៃការបង្អាក់ និងការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ និងបានឈ្វេងយល់យ៉ាងច្បាស់ពីសារជាតិរបស់ពួកគេ តើនេះនឹងមិនមានប្រសិទ្ធភាពជាងទេឬ? (បាទ/ចាស។) ប្រសិនបើមាននរណាម្នាក់និយាយថា៖ «ការរឹតត្បិតមនុស្សអាក្រក់ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ វាមិនពាក់ព័ន្ធនឹងយើងដែលជាអ្នកជឿធម្មតាទេ។ យើងមិនខ្វល់នឹងរឿងនេះទេ! មនុស្សអាក្រក់ដណ្ដើមឋានៈជាមួយអ្នកដឹកនាំពួកជំនុំ ពួកគេដណ្ដើមឋានៈជាមួយអ្នកដែលមានឋានៈ។ យើងគ្មានឋានៈទេ ពួកគេមិនមែនកំពុងព្យាយាមដណ្ដើមយកអ្វីពីយើងឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនប៉ះពាល់ដល់យើងទេ។ ទុកឱ្យពួកគេដណ្ដើមគ្នាតាមចិត្តចុះ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំមានសមត្ថភាព ពួកគេគួរតែរឹតត្បិតមនុស្សទាំងនោះ បើមិនដូច្នោះទេ ពួកគេគួរតែឈប់រំខានមនុស្សទាំងនោះទៅ។ តើរឿងនេះពាក់ព័ន្ធអ្វីនឹងយើងដែរ?» តើទស្សនៈនេះល្អដែរឬទេ? (ទេ/មិនល្អទេ។) ហេតុអ្វីបានជាមិនល្អ? (ពួកគេមិនថែរក្សាសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។) បើនិយាយឱ្យកាន់តែសមស្រប តើសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំសំដៅលើអ្វី? តើវាមិនមែនសំដៅលើជីវិតពួកជំនុំធម្មតាទេឬ? (បាទ/ចាស។) រឿងនេះពាក់ព័ន្ធនឹងជីវិតពួកជំនុំដែលធម្មតា និងមានសណ្ដាប់ធ្នាប់ ពោលគឺពាក់ព័ន្ធនឹងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមានសណ្ដាប់ធ្នាប់ ដែលមានន័យថា មនុស្សអាចអានអធិដ្ឋានអាន និងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចែករំលែកបទពិសោធផ្ទាល់ខ្លួន នៅក្នុងជីវិតពួកជំនុំដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ ព្រះជាម្ចាស់គង់នៅ និងដឹកនាំ ហើយក្នុងពេលជាមួយគ្នានោះ ក៏ទទួលបានការបំភ្លឺ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ និងទទួលបានពន្លឺផងដែរ។ នេះគឺជាអ្វីដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែទទួលបាននៅក្នុងជីវិតពួកជំនុំ។ ប្រសិនបើមនុស្សមួយចំនួនបំផ្លាញសណ្ដាប់ធ្នាប់ធម្មតានេះ នោះគួរតែបញ្ឈប់ និងរឹតត្បិតពួកគេស្របតាមគោលការណ៍ ហើយមិនគួរអត់ឱនឱ្យពួកគេឡើយ។ នេះមិនត្រឹមតែជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អស់អ្នកដែលយល់សេចក្ដីពិត និងមានការឈ្វេងយល់ផងដែរ។ ជាការពិតណាស់ វាជាការល្អបំផុត ប្រសិនបើអ្នកដឹកនាំពួកជំនុំអាចដឹកនាំមុខក្នុងកិច្ចការនេះ ដោយប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីលក្ខណៈនៃទង្វើរបស់បុគ្គលទាំងនេះ ថាពួកគេជាមនុស្សប្រភេទណាដោយផ្អែកលើការសម្ដែងចេញរបស់ពួកគេ និងរបៀបដែលបងប្អូនប្រុសស្រីគួរតែចេះឈ្វេងយល់ និងមើលធ្លុះបុគ្គលបែបនេះ។ ប្រសិនបើមនុស្សអាក្រក់ទាំងនេះមិនត្រូវបានរឹតត្បិត ហើយបងប្អូនប្រុសស្រីសុទ្ធតែរងការរំខាន ការបំភាន់ និងការបោកបញ្ឆោតពីពួកគេ ហើយអ្នកដឹកនាំពួកជំនុំបែរជាត្រូវគេធ្វើឱ្យឯកោជំនួសឱ្យមនុស្សអាក្រក់ទាំងនោះទៅវិញ នោះពួកជំនុំនេះនឹងគាំងដំណើរការ ហើយប្រាកដជាធ្លាក់ទៅក្នុងភាពច្របូកច្របល់មិនខាន។ តើជីវិតពួកជំនុំធម្មតាអាចបន្តទៅមុខទៀតក្នុងកាលៈទេសៈបែបនេះបានដែរឬទេ? ប្រសិនបើមិនអាចបន្តទៅមុខទៀតបាន តើការជួបជុំរបស់ពួកជំនុំនឹងនៅតែមានផលដែរឬទេ? តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅតែទទួលបានផលពីការជួបជុំបែបនេះដែរឬទេ? ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនទទួលបានអ្វីសោះពីការជួបជុំទាំងនោះ តើការជួបជុំបែបនេះត្រូវបានព្រះជាម្ចាស់ប្រទានពរ ឬត្រូវបានទ្រង់ស្អប់ខ្ពើម? ជាការពិតណាស់ គឺត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ ការជួបជុំដែលគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងគ្មានការប្រទានពរពីព្រះជាម្ចាស់ មិនអាចចាត់ទុកជាជីវិតពួកជំនុំទៀតឡើយ តែផ្ទុយទៅវិញ វាបានក្លាយជាការប្រជុំនៃក្រុមសង្គមមួយ។ តើមាននរណាម្នាក់ចូលចិត្តជីវិតពួកជំនុំដែលគ្មានសណ្ដាប់ធ្នាប់ដែរឬទេ? តើវាមានការស្អាងចិត្ត ឬមានប្រយោជន៍សម្រាប់នរណាម្នាក់ដែរឬទេ? (ទេ/អត់ទេ។) ប្រសិនបើក្នុងអំឡុងពេលនេះ អ្នកមិនទទួលបានអ្វីសោះទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់អ្នកពីការជួបជុំណាមួយ នោះពេលវេលានេះគ្មានតម្លៃ ឬអត្ថន័យអ្វីសម្រាប់អ្នកឡើយ។ អ្នកបានចំណាយពេលវេលានេះចោលទទេៗ។ តើនេះមិនមានន័យថា ការចូលទៅក្នុងជីវិតរបស់អ្នកបានខាតបង់ទេឬ? (បាទ/ចាស។) ប្រសិនបើនៅក្នុងការជួបជុំមួយ មានមនុស្សអាក្រក់ដណ្ដើមឋានៈ ហើយឈ្លោះប្រកែក និងជជែកដេញដោលជាមួយអ្នកដឹកនាំពួកជំនុំ ហើយជាលទ្ធផល នៅទីបំផុត មនុស្សមានអារម្មណ៍រសាប់រសល់ ដោយការជួបជុំទាំងមូលពោរពេញទៅដោយបរិយាកាសអាប់អួរ និងពោរពេញទៅដោយថាមពលអាក្រក់របស់សាតាំង ហើយប្រសិនបើក្រៅពីការជជែកវែកញែកលើប្រធានបទថាអ្នកណាខុសអ្នកណាត្រូវ គ្មាននរណាម្នាក់មកចំពោះព្រះដើម្បីអធិដ្ឋាន និងស្វែងរកសេចក្ដីពិត ហើយគ្មាននរណាធ្វើតាមគោលការណ៍ទេនោះ បន្ទាប់ពីការជួបជុំបែបនេះ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងកើនឡើង ឬថយចុះ? តើអ្នកនឹងបានយល់ និងទទួលបានកាន់តែច្រើនទាក់ទងនឹងសេចក្ដីពិត ឬក៏គំនិតរបស់អ្នកនឹងត្រូវបានរំខានដោយការឈ្លោះប្រកែកគ្នា ដោយអ្នកមិនទទួលបានអ្វីសោះ? ពេលខ្លះ អ្នកអាចគិតថា៖ «ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សជឿលើព្រះជាម្ចាស់ទេ។ តើការជឿលើព្រះជាម្ចាស់មានន័យអ្វី? តើមនុស្សទាំងនេះអាចប្រព្រឹត្តបែបនេះបានដោយរបៀបណា? តើពួកគេនៅតែជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ?» ដោយសារតែការរំខានតែមួយលើកពីសំណាក់ពួកសាតាំង និងពួកអារក្សកំណាច ដួងចិត្តរបស់មនុស្សប្រែជារសាប់រសល់ និងល្អក់កករ។ ពួកគេមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់គឺគ្មានន័យ ហើយមិនដឹងពីតម្លៃនៃការជឿលើព្រះជាម្ចាស់ឡើយ ហើយចិត្តគំនិតរបស់ពួកគេប្រែជាបែកខ្ញែក។ ប្រសិនបើមនុស្សគ្រប់គ្នាចេះយកចិត្តទុកដាក់ គិតគូរ និងរវៀសរវៃជាពិសេសចំពោះរឿងបែបនេះ ជាជាងមានភាពស្ពឹកស្រពន់ និងយឺតយ៉ាវ នោះនៅពេលដែលមនុស្សអាក្រក់និយាយ ឬធ្វើរឿងផ្សេងៗជាញឹកញាប់នៅក្នុងជីវិតពួកជំនុំដើម្បីដណ្ដើមឋានៈ មនុស្សភាគច្រើននឹងដឹងយ៉ាងឆាប់រហ័សថា មានបញ្ហាដែលត្រូវដោះស្រាយ។ ពួកគេនឹងចេះឈ្វេងយល់យ៉ាងលឿនថា នរណាជាអ្នកប្រើឧបាយកលគ្រប់គ្រងស្ថានការណ៍ទាំងនេះ ហើយថាតើសារជាតិនិស្ស័យរបស់ពួកគេជាអ្វី ពួកគេនឹងដឹងយ៉ាងឆាប់រហ័សពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ហើយអាចបញ្ឈប់ និងរឹតត្បិតមនុស្សអាក្រក់ក្នុងរយៈពេលដ៏ខ្លី ដោយបោសសម្អាតពួកគេចេញពីពួកជំនុំ និងរារាំងពួកគេមិនឱ្យបន្តរំខាន និងដាក់កំហិតមនុស្សនៅក្នុងពួកជំនុំឡើយ។ តើនេះនឹងមិនមានប្រយោជន៍ និងមានការស្អាងចិត្តសម្រាប់មនុស្សភាគច្រើនទេឬ? (បាទ/ចាស។)

ប្រសិនបើអ្នករាល់គ្នាជួបប្រទះនឹងស្ថានការណ៍ដែលមនុស្សអាក្រក់ដណ្ដើមឋានៈ តើអ្នកនឹងដោះស្រាយស្ថានការណ៍ទាំងនោះដោយរបៀបណា? តើទស្សនៈរបស់មនុស្សភាគច្រើនគឺជាអ្វី? (យើងនឹងបញ្ឈប់ទង្វើនេះ។) គ្រាន់តែបញ្ឈប់ឬ? តើអ្នកនឹងបញ្ឈប់វាដោយរបៀបណា? តើអ្នកនឹងហាមឃាត់ពួកគេមិនឱ្យនិយាយ ឬក៏និយាយថា៖ «យើងមិនចូលចិត្តអ្វីដែលអ្នកនិយាយទេ ដូច្នេះចូរនិយាយឱ្យតិចជាងមុននៅក្នុងការជួបជុំលើកក្រោយ!» តើការធ្វើបែបនេះមានប្រសិទ្ធភាពដែរឬទេ? តើពួកគេនឹងស្ដាប់អ្នកដែរឬទេ? (ទេ/អត់ទេ។) បើដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? អ្នកត្រូវលាតត្រដាង និងវែកញែកឱ្យបានសព្វគ្រប់អំពីចេតនា ការជំរុញចិត្ត និងសារជាតិធម្មជាតិរបស់ពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីចេះឈ្វេងយល់ និងប្រុងប្រយ័ត្នចំពោះមនុស្សបែបនេះ និងលក្ខណៈនៃទង្វើរបស់ពួកគេ ជាជាងធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយគ្រាន់តែរង់ចាំឱ្យអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំលាតត្រដាងមនុស្សអាក្រក់សិន ទើបអ្នកបញ្ចេញជំហរ ហើយនិយាយថា៖ «មិនគួរអនុញ្ញាតឱ្យពួកគេចូលរួមការជួបជុំទៀតឡើយ»។ តើការធ្វើជាមនុស្សផ្គាប់ចិត្តគេល្អដែរឬទេ? (ទេ មិនល្អទេ។) នៅពេលប្រឈមមុខនឹងស្ថានការណ៍បែបនេះ តើមនុស្សភាគច្រើនមិនសុខចិត្តគេចវេះ និងដើរវាងរឿងទាំងនេះ ជាជាងប៉ះទង្គិចជាមួយមនុស្សអាក្រក់ទាំងនោះ ដើម្បីកុំឱ្យពួកគេធ្វើឱ្យមនុស្សអាក្រក់ទាំងនោះអាក់អន់ចិត្ត និងធ្វើឱ្យពិបាកមើលមុខគ្នានៅពេលក្រោយទេឬអី? តើមនុស្សភាគច្រើនមិនប្រកាន់ខ្ជាប់នូវគោលការណ៍សម្រាប់ការប្រព្រឹត្តខាងលោកីយ៍នៃការធ្វើជាមនុស្សផ្គាប់ចិត្តគេទេឬអី? (បាទ/ចាស។) បើដូច្នេះ នោះជាបញ្ហាហើយ។ ឧបមាថា ប៉ែតសិបភាគរយនៃមនុស្សនៅក្នុងពួកជំនុំគឺជាមនុស្សផ្គាប់ចិត្តគេ ហើយនៅពេលដែលពួកគេឃើញបុគ្គលអាក្រក់បែបនេះដណ្ដើមឋានៈ ដណ្ដើមភាពមានប្រៀប និងដណ្ដើមតំណែងជាអ្នកដឹកនាំនៅក្នុងជីវិតពួកជំនុំ គ្មាននរណាម្នាក់ក្រោកឈរឡើងដើម្បីបញ្ឈប់ ឬរឹតត្បិតពួកគេឡើយ ដោយមនុស្សភាគច្រើនប្រកាន់យកទស្សនៈដូចតទៅ៖ «បញ្ហាកាន់តែតិច កាន់តែប្រសើរ។ ខ្ញុំមិនអាចទៅបង្ករឿងជាមួយពួកគេបានទេ ដូច្នេះតើវានឹងមិនប្រសើរទេឬដែលខ្ញុំត្រូវគេចចេញពីពួកគេ? ខ្ញុំគ្រាន់តែដើរវាងពួកគេទៅ នោះចប់រឿងហើយ។ ទុកឱ្យពួកគេដណ្ដើមគ្នាចុះ ដល់ពេលកំណត់ ព្រះជាម្ចាស់នឹងដាក់ទោសពួកគេហើយ។ តើរឿងនេះពាក់ព័ន្ធអ្វីនឹងខ្ញុំ!» នៅក្នុងកាលៈទេសៈបែបនេះ តើជីវិតពួកជំនុំនៅតែអាចមានផលដែរឬទេ? មនុស្សភាគច្រើនខ្ជិលច្រអូស និងពឹងផ្អែកលើគេ។ នៅពេលដែលអ្នកដឹកនាំពួកជំនុំត្រូវបានបោះឆ្នោតជ្រើសរើសរួចហើយ ពួកគេចាត់ទុកថាកិច្ចការរបស់ពួកគេចប់សព្វគ្រប់ហើយ ហើយពួកគេគ្រាន់តែរង់ចាំឱ្យអ្នកដឹកនាំពួកជំនុំធ្វើអ្វីៗគ្រប់យ៉ាងប៉ុណ្ណោះ។ ប្រសិនបើអ្នកសួរពួកគេថា តើសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានចែកជូននៅក្នុងពួកជំនុំរបស់ពួកគេហើយឬនៅ តើមានការបង្អាក់ ឬការរំខានណាមួយដល់ជីវិតពួកជំនុំដែរឬទេ ឬតើមាននរណាម្នាក់តែងតែនិយាយពាក្យពេចន៍ និងគោលលទ្ធិ ឬដណ្ដើមឋានៈជាមួយអ្នកដឹកនាំដែរឬទេ ពួកគេនិយាយថា៖ «អ្នកដឹកនាំពួកជំនុំដឹងរឿងទាំងនេះច្បាស់ណាស់។ ខ្ញុំមិនដឹងរឿងទាំងនេះទេ ហើយក៏មិនចាំបាច់ខ្វល់ដែរ។ អ្នកដឹកនាំនឹងដោះស្រាយរឿងទាំងនោះនៅពេលកំណត់»។ ពួកគេមិនខ្វល់ខ្វាយ ឬសាកសួរអំពីអ្វីទាំងអស់ ពួកគេមិនដឹងអំពីអ្វីទាំងអស់ ហើយពួកគេមិនដឹង ឬមិនខ្វល់អំពីមនុស្ស ព្រឹត្តិការណ៍ ឬរឿងរ៉ាវណាមួយដែលពាក់ព័ន្ធនឹងជីវិតពួកជំនុំ ដែលពួកគេគួរតែដឹងនោះឡើយ។ នៅពេលនិយាយដល់អ្វីដែលមនុស្សអាក្រក់ទាំងនេះដែលលេចមុខនៅក្នុងពួកជំនុំនិយាយ និងធ្វើ នៅពេលដែលពួកគេកំពុងដណ្ដើមឋានៈ ក៏ដូចជាការរំខាន និងផលប៉ះពាល់ដែលពួកគេបង្កឡើងចំពោះជីវិតពួកជំនុំ ពួកគេបែរជាព្រងើយកន្តើយទាំងស្រុងចំពោះរឿងនេះ ហើយពួកគេមិនស៊ើបអង្កេត ឬសាកសួរអំពីរឿងទាំងនេះឡើយ។ បន្ទាប់ពីអ្វីៗកន្លងផុតទៅ ប្រសិនបើអ្នកសួរពួកគេថា តើពួកគេទទួលបានការឈ្វេងយល់ខ្លះដែរឬទេ តើពួកគេចេះឈ្វេងយល់ពីមនុស្សអាក្រក់បានដែរឬទេ ហើយថាតើការសម្ដែងចេញរបស់មនុស្សអាក្រក់មានអ្វីខ្លះ ពួកគេមិនអាចនិយាយអ្វីបានឡើយ ក្រៅពី៖ «ទៅសួរអ្នកដឹកនាំពួកជំនុំទៅ ពួកគេដឹងគ្រប់យ៉ាង»។ តើមនុស្សបែបនេះមិនមែនជាទាសករទេឬអី? ពួកគេគឺជាទាសករ ពួកគេកំសាក និងគ្មានបានការ ហើយរស់នៅក្នុងជីវិតដ៏ថោកទាប។ ស្ថានការណ៍ដែលមនុស្សអាក្រក់កំពុងដណ្ដើមឋានៈ ទាមទារឱ្យមានការចេះឈ្វេងយល់ ការចាត់ការ និងការដោះស្រាយ។ នេះមិនមែនជាការទទួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំតែម្នាក់ឯងទេ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់សុទ្ធតែមានចំណែកក្នុងការទទួលខុសត្រូវនេះ។ អ្នកដឹកនាំភាគច្រើនយល់ពីសេចក្ដីពិតច្រើនជាងមនុស្សធម្មតាបន្តិច ពួកគេមានការប្រុងប្រយ័ត្នចំពោះបញ្ហាទាំងនេះ ហើយអាចមើលឃើញពីគោលបំណង និងសារជាតិនៃទង្វើរបស់មនុស្សទាំងនេះ។ ក្នុងពេលជាមួយគ្នានោះ មនុស្សភាគច្រើនក៏គួរតែរៀនមេរៀន និងបង្កើនការឈ្វេងយល់ជាក់ស្ដែងផងដែរ ហើយរួបរួមគ្នាដោយមានគំនិតតែមួយជាមួយអ្នកនៅក្នុងពួកជំនុំដែលមានស្មារតីយុត្តិធម៌ យល់ និងដេញតាមសេចក្ដីពិត ដើម្បីចាត់វិធានការសមស្របប្រឆាំងនឹងបុគ្គលអាក្រក់ទាំងនេះ ដែលរំខាន និងបង្អាក់ដល់ជីវិតពួកជំនុំ។ ពួកគេគួរតែដាក់មនុស្សអាក្រក់ឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតពួកគេចេញ ជាជាងឈរមើលដោយមិនធ្វើអ្វីសោះ ហើយគ្រាន់តែស្ដាប់ការប្រកបគ្នាបន្តិចបន្តួច បើកទូលាយទស្សនៈវិស័យរបស់ខ្លួនបានបន្តិច និងមានការយល់ដឹងខ្លះៗនៅក្នុងចិត្តអំពីបញ្ហានេះ នៅពេលប្រឈមមុខនឹងបញ្ហាទាំងនេះ ហើយបន្ទាប់មកចាត់ទុកថាកិច្ចការរបស់ខ្លួនចប់សព្វគ្រប់នោះទេ។ នេះគឺដោយសារតែជីវិតពួកជំនុំមិនមែនជារឿងដែលពាក់ព័ន្ធតែជាមួយអ្នកដឹកនាំពួកជំនុំប៉ុណ្ណោះទេ ហើយការរស់នៅក្នុងជីវិតពួកជំនុំដ៏ល្អ និងការថែរក្សាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំប៉ុណ្ណោះទេ តែវាទាមទារឱ្យមានការខិតខំរួមគ្នាពីមនុស្សគ្រប់រូបដែលក្រោកឈរឡើងដើម្បីថែរក្សាវា។

មនុស្សដែលដណ្ដើមឋានៈ ដែលជាប្រភេទមនុស្សដែលបានលើកឡើងនៅក្នុងបញ្ហាទីប្រាំ លេចមុខជារឿយៗនៅក្នុងជីវិតពួកជំនុំ។ ការសម្ដែងចេញដ៏ច្បាស់បំផុតរបស់ពួកគេ គឺការដណ្ដើមឋានៈជាមួយអ្នកដឹកនាំពួកជំនុំ បន្ទាប់មកគឺការដណ្ដើមឋានៈជាមួយអ្នកដែលមានគុណសម្បត្តិល្អ និងយល់សេចក្ដីពិតដោយភាពបរិសុទ្ធគួរសម អ្នកដែលមានការយល់ដឹងខាងវិញ្ញាណ និងអ្នកដែលយល់គោលការណ៍សេចក្ដីពិតនៅក្នុងចំណោមបងប្អូនប្រុសស្រី ដោយពួកគេតតាំងជាញឹកញាប់ជាមួយបុគ្គលទាំងនេះ។ មនុស្សទាំងនេះជារឿយៗប្រកបគ្នាពីការយល់ដឹង និងពន្លឺដ៏បរិសុទ្ធមួយចំនួននៅក្នុងជីវិតពួកជំនុំ ដោយចែករំលែកបទពិសោធផ្ទាល់ខ្លួនដែលមានតម្លៃ និងផ្តល់នូវការយល់ដឹងជាក់ស្ដែង។ ការណ៍នេះជួយ និងស្អាងចិត្តបងប្អូនប្រុសស្រីយ៉ាងខ្លាំង។ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នារបស់ពួកគេរួច បងប្អូនប្រុសស្រីមានផ្លូវដើរ ដោយដឹងពីរបៀបអនុវត្ត និងមានបទពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ ពួកគេក៏កោតសរសើរ និងឱ្យតម្លៃចំពោះអ្នកដែលមានការយល់ដឹងដ៏បរិសុទ្ធអំពីសេចក្ដីពិត និងមានបទពិសោធជាក់ស្ដែងផងដែរ។ ដូច្នេះ ពួកគេមានទំនោរឱ្យតម្លៃខ្ពស់ដល់បុគ្គលទាំងនេះ និងចូលទៅកាន់តែជិតពួកគេ។ ការលេចឡើងនៃរឿងវិជ្ជមានទាំងនេះដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងជីវិតពួកជំនុំ គឺជាអ្វីដែលអ្នកដណ្ដើមឋានៈមិនចង់ឃើញបំផុត។ រាល់ពេលដែលពួកគេឃើញនរណាម្នាក់ប្រកបគ្នាអំពីបទពិសោធជាក់ស្ដែង ពួកគេមានអារម្មណ៍មិនស្រួលចិត្ត និងច្រណែន ហើយប្រែជាមានអារម្មណ៍ទាស់ចិត្តជាខ្លាំង។ នៅក្នុងភាពទាស់ចិត្តរបស់ពួកគេ ពួកគេបង្ហាញអាកប្បកិរិយាប្រឆាំង មើលងាយ និងមិនពេញចិត្ត ដោយរិះគិតនៅក្នុងចិត្តជារឿយៗពីរបៀបធ្វើឱ្យអ្នកដែលមានបទពិសោធជាក់ស្ដែង និងយល់សេចក្ដីពិតទាំងនោះមើលទៅល្ងីល្ងើ ក៏ដូចជាធ្វើឱ្យបងប្អូនប្រុសស្រីមើលឃើញចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ពួកគេ ដើម្បីកុំឱ្យគេកោតសរសើរ ឬចូលទៅជិតពួកគេទៀត។ ហេតុនេះ អ្នកដែលដណ្ដើមឋានៈប្រាកដជានិយាយពាក្យខ្លះ និងធ្វើសកម្មភាពខ្លះមិនខាន។ ពួកគេវាយប្រហារ និងផាត់ចេញអ្នកដែលចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ និងអ្នកដែលការប្រកបគ្នាពីសេចក្ដីពិតជាញឹកញាប់របស់ពួកគេ ផ្គត់ផ្គង់ និងជួយដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ពួកគេច្រើនតែយកប្រៀបលើបុគ្គលវិជ្ជមាន និងលាតត្រដាងចំណុចខ្វះខាតរបស់ពួកគេ ដោយមានគោលបំណងធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយពីអ្នកដែលប្រកបគ្នាជាញឹកញាប់អំពីសេចក្ដីពិត និងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធទាំងអស់នោះ។ សរុបសេចក្ដីមក អ្នកដែលដណ្ដើមឋានៈ គឺជាបុគ្គលអវិជ្ជមានដែលជ្រៀតចូលក្នុងពួកជំនុំ និងដើរតួជាអ្នកបម្រើសាតាំង។

មានបងស្រីម្នាក់ ដែលបានប្រព្រឹត្តកំហុសក្នុងទំនាក់ទំនងស្នេហារបស់គាត់ មុនពេលជឿលើព្រះជាម្ចាស់ គាត់បានប្រែចិត្តបន្ទាប់ពីក្លាយជាអ្នកជឿ ហើយមិនដែលធ្វើខុសបែបនេះទៀតទេ។ គាត់មានវិប្បដិសារីយ៉ាងខ្លាំងចំពោះអំពើរំលងពីអតីតកាលរបស់គាត់ ដូច្នេះគាត់ក៏បានបើកចំហ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី។ តើគោលបំណង និងគោលការណ៍នៃការបើកចំហ និងការប្រកបគ្នាគឺជាអ្វី? គឺដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលុបបំបាត់របាំងនៅក្នុងចិត្តរវាងបងប្អូនប្រុសស្រី។ បងប្អូនប្រុសស្រីភាគច្រើន បន្ទាប់ពីយល់សេចក្ដីពិតហើយ អាចបើកចំហ និងប្រកបគ្នាអំពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្លួន និងអំពើរំលងពីអតីតកាល ព្រមទាំងបង្ហាញការដឹងគុណ និងការសរសើរចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផងដែរ។ តើការបើកចំហ និងការប្រកបគ្នាបែបនេះត្រឹមត្រូវដែរឬទេ? (បាទ/ចាស។) បន្ទាប់ពីយល់សេចក្ដីពិតហើយ បងប្អូនប្រុសស្រីភាគច្រើនអាចបើកចំហ និងប្រកបគ្នាតាមរបៀបនេះ តើនេះចាត់ទុកជាបញ្ហាដែរឬទេ? (ទេ/អត់ទេ។) ជារឿងធម្មតាទេដែលមនុស្សធ្លាប់ធ្វើខុសខ្លះៗនៅក្នុងទំនាក់ទំនងស្នេហា ឬក្នុងទិដ្ឋភាពផ្សេងទៀត មុនពេលមកជឿលើព្រះជាម្ចាស់។ មនុស្សខ្លះអាចនិយាយអំពីកំហុសទាំងនេះបាន ចំណែកឯអ្នកខ្លះទៀតលាក់បាំង និងក្លែងបន្លំខ្លួនឯង ហើយមិនថាអ្នកដទៃអនុវត្តការបើកចំហ និងលាតត្រដាងខ្លួនឯងយ៉ាងណានោះទេ ពួកគេមិននិយាយអ្វីសោះឡើយ។ ពួកគេជឿថា កំហុសទាំងនេះជារឿងដែលមិនអាចឱ្យគេដឹងពីអតីតកាលរបស់ពួកគេ ដែលពួកគេមិនអាចឱ្យនរណាម្នាក់ដឹងបានឡើយ ក្រែងលោបាត់បង់កេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សខ្លះយល់ឃើញខុសពីនេះ។ ពួកគេជឿថា ដោយសារពួកគេបានមកជឿលើព្រះជាម្ចាស់ និងបានទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពួកគេគួរតែបើកចំហ និងប្រកបគ្នានៅពេលនេះអំពីទង្វើខុសឆ្គងពីអតីតកាល និងផ្លូវខុសដែលពួកគេបានដើរ ហើយយកវាចេញមកវែកញែក ហើយថាទាំងនេះគ្រាន់តែជារឿងដែលពួកគេបានឆ្លងកាត់ក្នុងនាមជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយប៉ុណ្ណោះ។ ឥឡូវនេះ ពួកគេអាចបើកចំហ លាតត្រដាងខ្លួនឯង និងប្រកបគ្នាបាន។ មិនថាដើម្បីសរុបសេចក្ដីអំពីអតីតកាល ឬដើម្បីបញ្ចប់រឿងអតីតកាលនោះទេ ការដែលមនុស្សទាំងនេះអាចធ្វើបែបនេះបាន បញ្ជាក់ថា តើអាកប្បកិរិយារបស់ពួកគេចំពោះការអនុវត្តសេចក្ដីពិតបែបណា៖ ពួកគេសុខចិត្តអនុវត្តសេចក្ដីពិត ហើយពួកគេមានឆន្ទៈក្នុងការអនុវត្តវា។ របៀបអនុវត្តជាក់លាក់ គឺអាស្រ័យលើការយល់ដឹង និងការតាំងចិត្តរបស់បុគ្គលម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ ការបើកចំហ និងការលាតត្រដាងខ្លួនឯង ប្រាកដជាមិនមែនជាកំហុសទេ ហើយកាន់តែមិនមែនជាអំពើបាបទៅទៀត។ វាមិនគួរត្រូវបានគេប្រើជាឈ្នាន់ ដើម្បីចាប់កំហុសនរណាម្នាក់ឡើយ ហើយកាន់តែមិនគួរក្លាយជាភស្តុតាងដែលអ្នកផ្សេងយកមកវាយប្រហារពួកគេទៅទៀត។ មនុស្សភាគច្រើនអាចប្រព្រឹត្តចំពោះរឿងនេះបានយ៉ាងត្រឹមត្រូវ ពោលគឺការយល់ដឹងរបស់ពួកគេចំពោះរឿងនេះគឺបរិសុទ្ធ និងស្របតាមគោលការណ៍សេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលអាក្រក់មានចេតនាមិនត្រឹមត្រូវ ពួកគេទទូចចង់ចាប់កំហុសមនុស្ស ដើម្បីសើចចំអកឱ្យគេ យកគេមកលេងសើច និងវិនិច្ឆ័យគេ។ អំពើអាក្រក់បែបនេះគឺច្បាស់ក្រឡែតណាស់។ អស់អ្នកដែលអាចលាតត្រដាងខ្លួនឯង បើកចំហ និងប្រកបគ្នាអំពីសេចក្ដីពុករលួយរបស់ខ្លួន និងផ្លូវខុសដែលពួកគេបានដើរ គឺជាអ្នកដែលមានចិត្តស្រេកឃ្លានសេចក្ដីសុចរិត នៅក្នុងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាលទ្ធផល នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេទទួលបានការយល់ដឹង និងការយល់ឃើញជាក់ស្ដែងខ្លះៗដោយមិនដឹងខ្លួន។ ការយល់ដឹង និងការយល់ឃើញជាក់ស្ដែងទាំងនេះ ជួយឱ្យពួកគេរកឃើញផ្លូវដើម្បីអនុវត្ត នៅពេលជួបការលំបាក និងស្ថានការណ៍គ្រប់បែបយ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ដែលនាំឱ្យមានការយល់ដឹងពីបទពិសោធពិតប្រាកដខ្លះៗអំពីសេចក្ដីពិត។ ការប្រកបគ្នាអំពីការយល់ដឹងពីបទពិសោធពិតប្រាកដទាំងនេះ មានការស្អាងចិត្ត និងមានប្រយោជន៍ដល់អ្នកដទៃ។ បងប្អូនប្រុសស្រីនឹងមើលមកបុគ្គលទាំងនេះដោយការកោតសរសើរ និងការគោរព ដោយនិយាយថា៖ «បទពិសោធជាក់ស្ដែងរបស់អ្នកពិតជាអស្ចារ្យណាស់។ បន្ទាប់ពីបានស្ដាប់រឿងទាំងនេះហើយ ខ្ញុំអាចយល់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ ខ្ញុំឃើញថារបៀបអនុវត្តរបស់អ្នកគឺត្រឹមត្រូវ និងទទួលបានការប្រទានពរពីព្រះជាម្ចាស់។ ខ្ញុំក៏សុខចិត្តលះបង់សញ្ញាណ និងបុរេវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយទម្លាក់ចោលបន្ទុករបស់ខ្ញុំដែរ។ ខ្ញុំចង់អនុវត្តសេចក្ដីពិតដោយសាមញ្ញ និងទទួលការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់ដូចជាអ្នកដែរ។ ផ្លូវនេះគឺជាផ្លូវដ៏ត្រឹមត្រូវ»។ តើការសម្ដែងចេញទាំងនេះមិនមែនជារឿងធម្មតាទេឬ? តើវាមិនមែនជារឿងត្រឹមត្រូវទេឬ ដែលទំនាក់ទំនងបែបនេះកើតឡើងក្នុងចំណោមបងប្អូនប្រុសស្រី? នេះគឺជាប្រភេទនៃទំនាក់ទំនងរវាងបុគ្គល ដែលខុសពីប្រភេទដែលឃើញមានក្នុងចំណោមអ្នកដែលមិនជឿលើព្រះជាម្ចាស់។ វាគឺជាទំនាក់ទំនងដែលព្រះជាម្ចាស់ពេញព្រះទ័យ និងសព្វព្រះទ័យចង់ឃើញ។ ទាល់តែមានទំនាក់ទំនងធម្មតាបែបនេះក្នុងចំណោមបងប្អូនប្រុសស្រី ទើបជីវិតពួកជំនុំអាចមានភាពធម្មតាបាន។ ទោះជាយ៉ាងណាក៏ដោយ តែងតែមានមនុស្សអាក្រក់មួយចំនួន ឬអ្នកដែលមានចេតនាអាក្រក់ ក្រោកឈរឡើងដើម្បីវាយប្រហារ បន្តុះបង្អាប់ និងផាត់ចេញអ្នកដែលមានបទពិសោធជាក់ស្ដែង អ្នកដែលស្រេកឃ្លានសេចក្ដីពិត និងអ្នកដែលកោតសរសើរ និងឱ្យតម្លៃចំពោះមនុស្សដែលមានបទពិសោធជានិច្ច។ ហេតុអ្វីបានជាពួកគេវាយប្រហារបុគ្គលទាំងនេះ? គោលបំណងរបស់ពួកគេគឺគ្មានអ្វីក្រៅពីដើម្បីដណ្ដើមឋានៈណាមួយនៅក្នុងពួកជំនុំឡើយ។ ដោយសារពួកគេមិនស្រឡាញ់សេចក្ដីពិត និងមិនដេញតាមសេចក្ដីពិត ពួកគេធ្វើពុតជាអ្នកដេញតាមសេចក្ដីពិត ដោយប្រឌិតបទពិសោធក្លែងក្លាយ ដើម្បីបំភាន់មនុស្សគ្រប់គ្នា និងធ្វើឱ្យគេកោតសរសើរ។ នេះគឺជាការប្រើប្រាស់វិធីសាស្ត្ររបស់សាតាំងក្នុងការបំភាន់ និងគ្រប់គ្រងមនុស្ស ដើម្បីទទួលបានឋានៈ និងអំណាចដែលពួកគេចង់បាន។ ហេតុការណ៍បែបនេះកើតឡើងជាញឹកញាប់នៅក្នុងពួកជំនុំនៅគ្រប់ទីកន្លែង ហើយមនុស្សគ្រប់គ្នាអាចមើលឃើញ។ ប្រសិនបើអ្នករាល់គ្នាឃើញថា បងប្អូនប្រុសស្រីខ្លះមានតថភាពនៃសេចក្ដីពិតខ្លះៗ អាចប្រកបគ្នាពីការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធពិតប្រាកដនៅក្នុងការជួបជុំ និងទទួលបានការកោតសរសើរពីមនុស្សជាច្រើន ប៉ុន្តែដោយសារមូលហេតុខ្លះ ពួកគេត្រូវបានវាយប្រហារ សងសឹក និងធ្វើឱ្យធ្លាក់ក្នុងទុក្ខវេទនាដោយមនុស្សមួយចំនួន នោះអ្នករាល់គ្នាគួរតែប្រុងប្រយ័ត្ន ហើយចេះឈ្វេងយល់ថាតើមនុស្សប្រភេទណាដែលធ្វើទង្វើនេះ។ ហេតុអ្វីបានជាអ្នកដែលដេញតាមសេចក្ដីពិត ជារឿយៗត្រូវគេវាយប្រហារ និងផាត់ចេញ? តើមានរឿងអ្វីកើតឡើងឱ្យពិតប្រាកដ? រឿងនេះប្រាកដជាមានបញ្ហាហើយ។

នៅក្នុងជីវិតពួកជំនុំ គួរតែយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះអ្នកដែលតែងតែចាំចាប់កំហុសអ្នកដឹកនាំ និងអ្នកធ្វើការ។ លើសពីនេះទៀត មនុស្សមួយចំនួនតែងតែសើចចំអក និយាយដៀមដាម ឬវាយប្រហារអ្នកដែលដេញតាមសេចក្ដីពិតគួរសម និងស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បុគ្គលអវិជ្ជមានទាំងនេះ ក៏គួរតែត្រូវបានតាមដាន និងឃ្លាំមើលយ៉ាងដិតដល់ផងដែរ ដើម្បីមើលថាតើពួកគេនឹងធ្វើសកម្មភាពអ្វីបន្តទៀត។ ក្នុងពេលចូលរួមនៅក្នុងជីវិតពួកជំនុំ ប្រសិនបើនរណាម្នាក់អាចលាតត្រដាងចំណុចខ្សោយរបស់អ្នកដឹកនាំពួកជំនុំ ឬវាយប្រហារបុគ្គលដែលមានតថភាពនៃសេចក្ដីពិត ដោយគ្មានមូលហេតុត្រឹមត្រូវ នោះប្រាកដជាមានបញ្ហា និងមានហេតុផលនៅពីក្រោយរឿងនេះមិនខាន។ រឿងនេះច្បាស់ជាមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។ បងប្អូនប្រុសស្រីគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបុគ្គលបែបនេះ ពីព្រោះនេះមិនមែនជាបញ្ហាតូចតាចឡើយ។ ជួនកាល ក្រោយពេលទើបតែបានស្ដាប់ទីបន្ទាល់អំពីបទពិសោធជាក់ស្ដែង និងមានអារម្មណ៍រីករាយពេញក្នុងចិត្ត ឬក្រោយពេលទើបតែទទួលបានពន្លឺ និងការយល់ដឹងបន្តិចបន្តួច ស្រាប់តែត្រូវរងការរំខានឱ្យមានចិត្តគំនិតច្របូកច្របល់ ដោយសារពាក្យសម្ដីបំភាន់ពីរបីម៉ាត់របស់មនុស្សអាក្រក់ ធ្វើឱ្យបាត់បង់អ្វីៗទាំងអស់។ ទើបតែបានកសាងសេចក្ដីជំនឿបន្តិចបន្តួចសោះ ក៏ត្រូវមនុស្សអាក្រក់រំខានឱ្យត្រឡប់ទៅសភាពដើមវិញ។ ទើបតែចាប់ផ្ដើមមានចិត្តស្រេកឃ្លានបានបន្តិចចំពោះសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងមានការតាំងចិត្តអនុវត្តសេចក្ដីពិតបន្តិចបន្តួចសោះ ក៏ត្រូវមនុស្សអាក្រក់រំខានធ្វើឱ្យបាក់ទឹកចិត្ត និងអស់កម្លាំងចិត្ត ហើយចង់ប្រញាប់ចាកចេញពីទីកន្លែងដែលមានជម្លោះនេះ។ តើផលវិបាកទាំងនេះធ្ងន់ធ្ងរដែរឬទេ? គឺធ្ងន់ធ្ងរណាស់។ ដូច្នេះ នៅក្នុងពួកជំនុំ ប្រសិនបើមាននរណាម្នាក់ដែលតែងតែបង្កជម្លោះដោយសារតែរឿងអ្វីមួយមិនស្របតាមបំណងរបស់ខ្លួន ដោយប្រកែកគ្នាថាអ្នកណាត្រូវ ជជែកវែកញែករកខុសត្រូវ និងថែមទាំងប្រកួតប្រជែងថាអ្នកណាខ្ពស់អ្នកណាទាប នោះគួរតែយកចិត្តទុកដាក់ចំពោះបុគ្គលបែបនេះហើយ។ ចូរមើលថាតើពួកគេដើរតួនាទីអ្វីនៅក្នុងពួកជំនុំ និងនាំមកនូវផលវិបាកអ្វីខ្លះ ហើយតាមរយៈការណ៍នេះ នោះអ្នកនឹងអាចមើលធ្លុះថាតើសារជាតិធម្មជាតិរបស់ពួកគេគឺជាអ្វីមិនខាន។

នៅក្នុងជីវិតពួកជំនុំ មានការសម្ដែងចេញនៃការដណ្ដើមឋានៈមួយប្រភេទទៀត ដែលពាក់ព័ន្ធនឹងការបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ និងការងាររបស់ពួកជំនុំ។ ឧទាហរណ៍ ជួនកាលនៅពេលដែលបងប្អូនប្រុសស្រីកំពុងប្រកបគ្នាអំពីបញ្ហាមួយជាមួយគ្នា ការប្រកបគ្នារបស់មនុស្សគ្រប់គ្នាមានពន្លឺខ្លះៗ ហើយកាន់តែប្រកបគ្នា គោលការណ៍សេចក្ដីពិតកាន់តែច្បាស់ និងកាន់តែភ្លឺស្វាង ហើយផ្លូវនៃការអនុវត្តក៏ឆាប់បានយល់ដែរ។ ប៉ុន្តែ មាននរណាម្នាក់ស្រាប់តែលើកឡើងនូវ «គំនិតដ៏អស្ចារ្យ» មួយ ឬសំណើរបស់ពួកគេ ដោយធ្វើឱ្យដាច់ចង្វាក់នៃការប្រកបគ្នា ហើយបង្វែរប្រធានបទទៅរឿងផ្សេង ដោយទុកឱ្យការប្រកបគ្នាអំពីប្រធានបទសំខាន់នោះនៅមិនទាន់ចប់សព្វគ្រប់។ មើលពីខាងក្រៅ ហាក់ដូចជាពួកគេមិនបានបង្កការរំខានឡើយ ហើយកាន់តែមិនបានរារាំងអ្នកដទៃពីការប្រកបគ្នាអំពីសេចក្ដីពិតទៅទៀត ប៉ុន្តែពួកគេមិនបានជ្រើសរើសពេលវេលាសមស្របដើម្បីលើកឡើងពីប្រធានបទនេះទេ។ នៅពេលដែលគេស៊កបញ្ហាថ្មីចូលមកដើម្បីប្រកបគ្នា និងពិភាក្សានៅក្នុងពេលដ៏សំខាន់ ដែលគេកំពុងប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា នោះបញ្ហាមុនក៏ត្រូវបានកាត់ផ្ដាច់ មុនពេលត្រូវបានដោះស្រាយទាំងស្រុង។ តើនេះមិនមែនជាការបោះបង់ចោលកិច្ចការនៅពាក់កណ្ដាលទីទេឬ? តើនេះមិនមែនជាការពន្យារដល់ការដោះស្រាយបញ្ហាទេឬ? មិនត្រឹមតែបញ្ហាមិនត្រូវបានដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិតក៏ត្រូវបានពន្យារផងដែរ។ តើមនុស្សដែលមានហេតុផល អាចធ្វើបែបនេះបានដែរឬទេ? តើវាហួសហេតុពេកទេក្នុងការនិយាយថា រឿងបែបនេះបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ? ខ្ញុំគិតថា មិនហួសហេតុទាល់តែសោះ។ ការរំខានដល់ការជួបជុំបែបនេះ នៅពេលដែលគេកំពុងប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា តើនេះមិនមែនជាការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំដោយចេតនាទេឬ? ប្រសិនបើនរណាម្នាក់តែងតែលូកដៃចូលរំខាននៅពេលដ៏សំខាន់ ដែលគេកំពុងប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ប្រសិនបើពួកគេតែងតែព្យាយាមកាត់ផ្ដាច់រឿងរ៉ាវ នោះនេះមិនមែនជាបញ្ហានៃការគ្មានហេតុផលនោះទេ តែវាគឺជាការរំខានដល់ការជួបជុំដោយចេតនា ខណៈពេលដែលគេកំពុងប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា វាគឺជាអំពើអាក្រក់នៃការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំសុទ្ធសាធ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ប៉ុណ្ណោះដែលធ្វើបែបនេះ មានតែមនុស្សដែលស្អប់សេចក្ដីពិតប៉ុណ្ណោះដែលធ្វើបែបនេះ។ មិនថានៅក្នុងបរិបទ ឬកាលៈទេសៈបែបណានោះទេ មនុស្សបែបនេះតែងតែបញ្ចេញនូវ «គំនិតដ៏អស្ចារ្យ» របស់ពួកគេជានិច្ច ពួកគេតែងតែចង់ឱ្យគេមើលមកខ្លួន ចង់ក្លាយជាចំណុចនៃការចាប់អារម្មណ៍។ មិនថាប្រធានបទដែលមនុស្សកំពុងប្រកបគ្នានោះសំខាន់ និងចាំបាច់យ៉ាងណានោះទេ ពួកគេតែងតែលូកដៃចូលរំខាន ដើម្បីបង្វែរការចាប់អារម្មណ៍របស់មនុស្ស និងនិយាយពាក្យខ្ពស់ៗ ដោយចង់ឱ្យគេឃើញថាខ្លួនប្លែកពីគេ។ តើពួកគេកំពុងតែលេងល្បិចអ្វី? តើពួកគេមិនមែនកំពុងដណ្ដើមឋានៈទេឬ? ពួកគេចង់គ្រប់គ្រងស្ថានការណ៍។ ពួកគេមិនចង់ឱ្យមនុស្សមានការយល់ដឹងកាន់តែច្រើន និងភាពច្បាស់លាស់កាន់តែខ្លាំងចំពោះសេចក្ដីពិតឡើយ។ អ្វីដែលពួកគេខ្វល់ខ្វាយបំផុតនោះគឺ ធ្វើឱ្យមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ ស្ដាប់តាម និងស្ដាប់បង្គាប់ពួកគេ ហើយឱ្យមនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលពួកគេនិយាយ។ នេះច្បាស់ណាស់ថាជាការដណ្ដើមឋានៈ។ ចំពោះមនុស្សមួយចំនួន មិនថាពួកគេធ្វើការងារអ្វីនោះទេ នៅពេលដែលអ្នកសុំឱ្យពួកគេប្រកបគ្នាអំពីគំនិត និងផែនការជាក់លាក់សម្រាប់ការអនុវត្តអ្វីមួយ ព្រមទាំងជំហានជាក់លាក់ដើម្បីអនុវត្តរឿងទាំងនោះឱ្យបានលម្អិត ពួកគេមិនអាចរកនឹកអ្វីឃើញឡើយ។ ប៉ុន្តែ ពួកគេចូលចិត្តនិយាយពាក្យខ្ពស់ៗ មើលទៅហាក់ប្លែកខុសពីធម្មតា និងធ្វើអ្វីមួយដែលថ្មី ហើយអស្ចារ្យ។ មិនថាស្ថានការណ៍នៅចំពោះមុខគឺជាអ្វីនោះទេ ឱ្យតែពួកគេនឹកឃើញគំនិតថ្មីសន្លាងភ្លាម ពួកគេបង្ហាញវាហាក់ដូចជាទទួលបានការបំផុសគំនិត ដោយស្នើឡើងទាំងប្រញាប់ប្រញាល់ឱ្យអ្នកដទៃទទួលយក និងយល់ព្រម ដោយគ្មានការពិចារណាឱ្យបានដិតដល់ឡើយ។ ប៉ុន្តែ នៅទីបំផុត នៅពេលដែលគេសុំឱ្យពិភាក្សាអំពីផ្លូវអនុវត្តជាក់លាក់ ពួកគេបែរជានិយាយមិនចេញទៅវិញ។ ពួកគេខ្វះសមត្ថភាព ប៉ុន្តែនៅតែចង់សម្ញែង ដោយតែងតែមានបំណងចង់ទាញការចាប់អារម្មណ៍ជានិច្ច។ ពួកគេមិនសុខចិត្តនៅក្រោមបង្គាប់គេឡើយ ពួកគេមិនចង់ធ្វើគ្រាន់តែជាអ្នកដើរតាមធម្មតាម្នាក់ប៉ុណ្ណោះទេ។ ពួកគេតែងតែខ្លាចអ្នកដទៃមើលងាយពួកគេ ហើយពួកគេតែងតែចង់ឱ្យគេចាប់អារម្មណ៍លើខ្លួនជានិច្ច។ ដូច្នេះ ពួកគេតែងតែនិយាយពាក្យខ្ពស់ៗ ដើម្បីទាញការចាប់អារម្មណ៍ជានិច្ច។ តើមានរឿងអ្វីបានជាចេះតែធ្វើបែបនេះ? នៅពេលដែលមានគំនិតមួយលេចឡើងក្នុងចិត្តរបស់ពួកគេ ពួកគេចាត់ទុកដោយងងឹតងងល់ថាវាល្អ និងសមនឹងយកទៅអនុវត្ត ដោយមិនបានពិចារណា ឬមុនពេលដែលគំនិតនោះបានគិតគូរចប់សព្វគ្រប់ឡើយ។ នៅពេលដែលពួកគេបង្ហាញគំនិតនេះទាំងប្រញាប់ប្រញាល់ អ្នកដទៃមិនយល់ទេ ហើយជាធម្មតា ក៏លើកជាសំណួរខ្លះៗ។ ដោយមិនអាចឆ្លើយបាន ពួកគេនៅតែទទូចថាគំនិតរបស់ខ្លួនត្រឹមត្រូវ ហើយថាមនុស្សគ្រប់គ្នាគួរតែទទួលយកវា។ តើនេះជានិស្ស័យបែបណា? តើការទទូចដោយគ្មានមូលដ្ឋានលើទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ នឹងនាំមកនូវផលវិបាកអ្វីខ្លះ? តើវាមានប្រយោជន៍ ឬរំខានដល់ការងាររបស់ពួកជំនុំ? តើវាមានប្រយោជន៍ ឬមានផលអាក្រក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់? ពួកគេអាចនិយាយបែបនេះដោយគ្មានស្មារតីទទួលខុសត្រូវសោះ តើគោលបំណងរបស់ពួកគេគឺជាអ្វី? គឺគ្រាន់តែដើម្បីឱ្យគេចាប់អារម្មណ៍លើខ្លួនប៉ុណ្ណោះ។ ពួកគេខ្លាចថាអ្នកដទៃមិនដឹងថាពួកគេមាន «គំនិតដ៏អស្ចារ្យ» បែបនេះ មិនដឹងថាពួកគេមានគុណសម្បត្តិ មានបញ្ញា និងសមត្ថភាព។ ពួកគេខិតខំដើម្បីឱ្យគេទទួលស្គាល់បែបនេះ ដើម្បីធ្វើឱ្យមនុស្សភាគច្រើនឱ្យតម្លៃពួកគេខ្ពស់។ តើមានអ្វីកើតឡើងនៅទីបំផុត? ពួកគេផ្ដល់យោបល់ទាំងប្រញាប់ប្រញាល់ ហើយដំបូងឡើយ អ្នកដទៃគិតថាពួកគេពិតជាមានសមត្ថភាពខ្លះមែន មានអ្វីដែលពិតប្រាកដ។ ប៉ុន្តែ នៅពេលពេលវេលាកន្លងផុតទៅ វាប្រែជាច្បាស់ថា ពួកគេគ្រាន់តែជាមនុស្សល្ងីល្ងើ ដែលខ្វះចំណេះដឹង ឬជំនាញពិតប្រាកដ ប៉ុន្តែតែងតែចង់ធ្វើជាអ្នកសម្រេចជានិច្ច។ នេះគឺជាការដណ្ដើមឋានៈ។ ដោយគ្មានសមត្ថភាពពិតប្រាកដ ពួកគេនៅតែចង់កាច់ចង្កូត។ ពួកគេតែងតែនិយាយពាក្យខ្ពស់ៗ ដោយមិនបង្ហាញផែនការជាក់លាក់ណាមួយឡើយ ហើយខ្វះផ្លូវនៃការអនុវត្តជាក់លាក់។ តើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើមនុស្សបែបនេះត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើនោះ? វាប្រាកដជានាំឱ្យមានការបង្អាក់កិច្ចការមិនខាន។ ហេតុអ្វីបានជាពួកគេតែងតែស្វែងរកការដណ្ដើមឋានៈ និងកាន់អំណាច នៅពេលដែលពួកគេមិនអាចសម្រេចអ្វីបានសោះដូច្នេះ? ពួកគេគ្រាន់តែជាមនុស្សល្ងីល្ងើដែលមិនគ្រប់ទឹកប៉ុណ្ណោះ។ បើនិយាយឱ្យសមរម្យជាងនេះទៅទៀត គឺពួកគេគ្មានហេតុផលសោះតែម្ដង។ ក្នុងចំណោមអ្នកមិនជឿ មានមនុស្សបែបនេះច្រើនណាស់ ដែលពូកែតែនិយាយ តែគ្មានសកម្មភាព។ មនុស្សភាគច្រើនអាចមើលធ្លុះបន្តិចបន្តួចអំពីមនុស្សប្រភេទនេះ។ ប្រសិនបើនរណាម្នាក់តែងតែនិយាយពាក្យខ្ពស់ៗ និងចង់ឱ្យគេឃើញថាខ្លួនចេះច្នៃប្រឌិត នោះគួរតែប្រុងប្រយ័ត្ន ដើម្បីកុំឱ្យចាញ់បោកពួកគេ។ ប្រសិនបើពិតជាមាននរណាម្នាក់ដែលមានគំនិតដ៏ស៊ីជម្រៅ ដែលអាចបង្ហាញផែនការជាក់លាក់ផងនោះ ទាល់តែវាអាចធ្វើទៅបាន ទើបអាចទទួលយកបាន។ ប្រសិនបើពួកគេគ្រាន់តែនិយាយពាក្យខ្ពស់ៗ ដោយមិនបង្ហាញផែនការជាក់លាក់ទេនោះ គួរតែប្រុងប្រយ័ត្នចំពោះពួកគេឱ្យមែនទែន។ គួរតែធ្វើការប្រកបគ្នា ដើម្បីកំណត់ថាតើមានផ្លូវដែលអាចអនុវត្តបានសម្រាប់គំនិតរបស់ពួកគេដែរឬទេ។ ប្រសិនបើមនុស្សភាគច្រើនយល់ថាគំនិតរបស់ពួកគេអាចធ្វើទៅបាន និងមានផ្លូវនៃការអនុវត្ត នោះគួរតែសាកល្បងមួយរយៈសិន ដើម្បីមើលថាតើលទ្ធផលយ៉ាងណា មុននឹងធ្វើការសម្រេចចិត្ត។

មិនថាពួកជំនុំប្រកបគ្នាអំពីសេចក្ដីពិតលើទិដ្ឋភាពណា ឬដោះស្រាយបញ្ហាអ្វីនោះទេ មនុស្សគ្រប់ប្រភេទនឹងលាតត្រដាងខ្លួនមិនខាន។ ក្រោយពេលទាក់ទងគ្នាអស់រយៈពេលជាយូរមក គេអាចមើលឃើញថា អ្នកណាស្រឡាញ់ និងអាចទទួលយកសេចក្ដីពិតយ៉ាងពិតប្រាកដ ហើយអ្នកណាជាអ្នកបង្អាក់ និងរំខាន ដោយមិនយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវ។ តើអ្នករាល់គ្នាគិតថា អ្នកដែលចូលចិត្តនិយាយពាក្យខ្ពស់ៗ និងបង្ហាញគំនិតថ្មីប្លែក អាចទទួលយកសេចក្ដីពិត និងចាប់ផ្ដើមដើរលើផ្លូវត្រូវនៃការជឿលើព្រះជាម្ចាស់បានដែរឬទេ? ខ្ញុំគិតថា មិនងាយស្រួលទេសម្រាប់ពួកគេក្នុងការធ្វើបែបនេះ។ តើមនុស្សទាំងនេះដើរតួនាទីអ្វីនៅក្នុងជីវិតពួកជំនុំ? តើការដែលពួកគេតែងតែនិយាយពាក្យខ្ពស់ៗ និងមិនយកចិត្តទុកដាក់ចំពោះកិច្ចការត្រឹមត្រូវ នាំមកនូវផលវិបាកអ្វីខ្លះ? ដូចដែលមនុស្សភាគច្រើនអាចមើលឃើញ វាបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ ហើយប្រសិនបើរឿងនេះនៅតែបន្ត វានឹងធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យឺតយ៉ាវក្នុងការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងតថភាព។ ទោះបីជាអ្នកដែលចូលចិត្តនិយាយពាក្យខ្ពស់ៗ មិនមែនសុទ្ធតែជាមនុស្សអាក្រក់ក៏ដោយ ក៏ផលវិបាកនៃទង្វើរបស់ពួកគេ គឺមានផលអាក្រក់យ៉ាងខ្លាំងដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ ទង្វើរបស់ពួកគេក៏ពន្យារ និងប៉ះពាល់ដល់ការងាររបស់ពួកជំនុំផងដែរ។ ដូច្នេះ តើបញ្ហានេះគួរដោះស្រាយដោយរបៀបណា? តើមនុស្សដែលចូលចិត្តនិយាយពាក្យខ្ពស់ៗ និងបង្ហាញគំនិតថ្មីប្លែក គួរត្រូវបានចាត់ចែងដោយរបៀបណាទើបសមរម្យ? វិធីទីមួយគឺ៖ ប្រសិនបើពួកគេចូលចិត្តនិយាយពាក្យខ្ពស់ៗ និងតែងតែមានមតិយោបល់ ចូរឱ្យពួកគេនិយាយជាមុនសិន ហើយបន្ទាប់មកប្រើការឈ្វេងយល់។ មិនថានរណាទេ មនុស្សគ្រប់គ្នាមានសេរីភាពក្នុងការនិយាយ និងបញ្ចេញមតិយោបល់ មិនគួរមាននរណាម្នាក់រារាំងរឿងនេះឡើយ។ នរណាក៏ដោយដែលពិតជាមានគំនិត និងការយល់ដឹងប្រកបដោយប្រាជ្ញា គួរតែត្រូវបានអនុញ្ញាតឱ្យនិយាយ និងបកស្រាយឱ្យបានច្បាស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានឃើញ ហើយបន្ទាប់មកធ្វើការប្រកបគ្នា និងពិភាក្សាគ្នា ដើម្បីមើលថាតើវាត្រឹមត្រូវឬអត់ ស្របតាមគោលការណ៍សេចក្ដីពិតឬអត់ និងថាតើមានផ្នែកណាមួយដែលអាចទទួលយកបានឬអត់។ ប្រសិនបើវាសមនឹងរៀនសូត្រតាម ហើយអាចទទួលបានអត្ថប្រយោជន៍ខ្លះពីវា នោះជារឿងល្អហើយ។ ប្រសិនបើក្រោយពីការប្រកបគ្នា និងពិភាក្សាគ្នា គេកំណត់ថាអ្វីដែលពួកគេនិយាយនោះគ្មានតម្លៃ និងមិនគួរអនុវត្តតាមទេ នោះគួរតែបោះបង់វាចោលទៅ។ ដោយការអនុវត្តបែបនេះ មនុស្សគ្រប់គ្នានឹងមានការឈ្វេងយល់កាន់តែច្រើន។ នៅពេលណាដែលមានរឿងអ្វីកើតឡើង ពួកគេទាំងអស់គ្នានឹងចេះពីរបៀបពិចារណាលើរឿងនេះ ហើយពួកគេនឹងយល់ពីមនុស្សផ្សេងៗកាន់តែច្បាស់។ ការអនុវត្តបែបនេះមានប្រយោជន៍សម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងមិននាំមកនូវការរំខានដល់ការងាររបស់ពួកជំនុំឡើយ។ របៀបនៃការអនុវត្តនេះគឺត្រឹមត្រូវ។ វិធីទីពីរគឺ៖ នៅពេលដែលអ្វីដែលគេនិយាយនោះគ្មានតម្លៃ ហើយគ្មានអត្ថប្រយោជន៍អ្វីដែលនឹងទទួលបានពីវា ទោះបីជាយកវាទៅប្រកបគ្នា និងពិភាក្សាក៏ដោយ នោះសំណើបែបនេះគួរតែត្រូវបានបដិសេធដោយផ្ទាល់ ហើយមិនចាំបាច់មានការប្រកបគ្នា ឬពិភាក្សាអ្វីឡើយ។ ប្រសិនបើមនុស្សម្នាក់នៅតែបន្តលើកឡើងនូវបញ្ហាដែលគ្មានតម្លៃ និង «គំនិតដ៏អស្ចារ្យ» បែបនេះ ដោយធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ធុញទ្រាន់ និងមិនចង់ស្ដាប់ពួកគេ តើមនុស្សបែបនេះមិនគួរត្រូវបានរឹតត្បិតទេឬ? យកល្អគួរតែណែនាំពួកគេឱ្យមានហេតុផលជាងនេះ ឱ្យជៀសវាងការនិយាយអ្វីដែលមិនគួរនិយាយ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ។ ប្រសិនបើមនុស្សនេះខ្វះហេតុផល ហើយទទូចចង់បន្តធ្វើបែបនេះ ដោយបង្កការរំខានដល់ជីវិតពួកជំនុំ និងធ្វើឱ្យមនុស្សគ្រប់គ្នាធុញទ្រាន់ជាខ្លាំង រហូតដល់ថ្នាក់ខឹងសម្បាផងនោះ ពួកគេគឺជាមនុស្សអាក្រក់ដែលរំខានដល់ជីវិតពួកជំនុំហើយ។ ត្រូវតែដោះស្រាយជាមួយពួកគេស្របតាមគោលការណ៍សម្រាប់ការបោសសម្អាតពួកជំនុំនៃដំណាក់របស់ព្រះជាម្ចាស់ គឺត្រូវបោសសម្អាតពួកគេចេញពីពួកជំនុំ នេះទើបសមរម្យ។ ចូរប្រាប់ខ្ញុំមក តើអ្នកដែលចូលចិត្តនិយាយពាក្យខ្ពស់ៗភាគច្រើន ជាមនុស្សប្រភេទណា? តើពួកគេជាប្រភេទមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់ដែរឬទេ? ប្រាកដជាមិនមែនទេ។ បើដូច្នេះ តើពួកគេមានគោលបំណង និងចេតនាអ្វីក្នុងការបង្កការរំខានដល់ជីវិតពួកជំនុំបែបនេះ? រឿងនេះទាមទារឱ្យមានការឈ្វេងយល់។ ប្រសិនបើមនុស្សគ្រប់គ្នាមានការយល់ដឹងគ្រប់គ្រាន់អំពីមនុស្សបែបនេះរួចហើយ ដោយដឹងថាពួកគេខ្វះបញ្ញា ខ្វះគុណសម្បត្តិ និងហេតុផល ថាពួកគេគ្រាន់តែជាមនុស្សល្ងីល្ងើប៉ុណ្ណោះ នោះវិធីដោះស្រាយដ៏សមរម្យបំផុតនៅពេលដែលពួកគេបញ្ចេញនូវ «គំនិតដ៏អស្ចារ្យ» របស់ពួកគេ គឺត្រូវបញ្ឈប់ និងរឹតត្បិតពួកគេ ដោយឱ្យពួកគេនៅស្ងៀម។ ប្រសិនបើពួកគេទទូចចង់និយាយ ចង់បង្កការរំខានដល់ជីវិតពួកជំនុំទៀត នោះគួរតែបោសសម្អាតពួកគេចេញពីពួកជំនុំ ដើម្បីជៀសវាងបញ្ហានៅថ្ងៃក្រោយ។ មានមនុស្សខ្លះនិយាយថា «តើនេះមិនមែនជាការកាត់ផ្ដាច់ឱកាសនៃការទទួលការសង្គ្រោះរបស់ពួកគេទេឬ?» ពាក្យនេះគឺខុសហើយ។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបែបនេះបានដែរឬទេ? តើមនុស្សដែលមាននិស្ស័យបែបនេះ អាចទទួលយកសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចទទួលការសង្គ្រោះបានដែរឬទេ បើមិនទទួលយកសេចក្ដីពិតសោះ? តើវាមិនល្ងង់ខ្លៅ និងល្ងីល្ងើខ្លាំងពេកទេឬ ដែលមើលមិនធ្លុះសូម្បីតែរឿងបែបនេះនោះ? មិនថាយ៉ាងណា អ្នកដែលតែងតែបង្កការរំខានដល់ជីវិតពួកជំនុំ គឺជាមនុស្សអាក្រក់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ។ ការទុកមនុស្សដែលព្រះជាម្ចាស់មិនសង្គ្រោះឱ្យនៅក្នុងពួកជំនុំ តើនេះមិនមែនជាការមានចេតនាធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើមនុស្សដែលអាណិតមនុស្សអាក្រក់បែបនេះ ពិតជាមានសេចក្ដីស្រឡាញ់មែនឬ? ខ្ញុំគិតថាមិនមែនទេ នោះគឺជាសេចក្ដីស្រឡាញ់ក្លែងក្លាយ។ ការពិតគឺថា ពួកគេមានបំណងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ដូច្នេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែប្រុងប្រយ័ត្នចំពោះអ្នកណាដែលការពារមនុស្សអាក្រក់ ដើម្បីកុំឱ្យចាញ់បោកពាក្យសម្ដីរបស់អារក្សដែលចេញពីពួកគេ។ អ្នកខ្លះដែលចូលចិត្តនិយាយពាក្យខ្ពស់ៗ ទោះបីជាពួកគេមើលទៅមិនដូចជាមនុស្សអាក្រក់ និងមិនប្រព្រឹត្តអំពើអាក្រក់ជាក់ស្ដែងក៏ដោយ ក៏ពួកគេអាចបង្កការរំខានដល់ជីវិតពួកជំនុំ ដោយការតែងតែនិយាយពាក្យខ្ពស់ៗរបស់ពួកគេដែរ។ យ៉ាងហោចណាស់ មនុស្សទាំងនេះគឺជាមនុស្សឡប់ៗ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ? តើមនុស្សឡប់ៗអាចទទួលការសង្គ្រោះបានដែរឬទេ? ប្រាកដជាមិនបានទេ។ ប្រសិនបើមនុស្សឡប់ៗតែងតែរំខានដល់ជីវិតពួកជំនុំ ក៏គួរតែបោសសម្អាតពួកគេចេញពីពួកជំនុំផងដែរ។ មនុស្សឡប់ៗមិនទទួលយកសេចក្ដីពិតទេ ពួកគេរឹងទទឹងមិនព្រមប្រែចិត្តឡើយ ហើយចុងបញ្ចប់របស់ពួកគេគឺដូចគ្នានឹងមនុស្សអាក្រក់ដែរ។ មិនថាជាមនុស្សអាក្រក់ ឬមនុស្សឡប់ៗទេ ប្រសិនបើពួកគេតែងតែបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ មិនស្ដាប់ការដាស់តឿន ហើយនិយាយមិនឈប់ដូចជាឡានខូចហ្វ្រាំង តើនេះមិនមែនជាសញ្ញានៃហេតុផលមិនប្រក្រតីទេឬ? តើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើមនុស្សឡប់ៗបែបនេះនៅតែបន្តរំខានដល់ពួកជំនុំតាមរបៀបនេះក្នុងរយៈពេលយូរ? លើសពីនេះទៅទៀត តើពួកគេអាចកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដបានដែរឬទេ? តើព្រះជាម្ចាស់សង្គ្រោះមនុស្សឡប់ៗដែលមានហេតុផលមិនប្រក្រតីបែបនេះដែរឬទេ? នៅពេលដែលយល់សំណួរទាំងនេះច្បាស់ នោះគេនឹងដឹងច្បាស់ពីរបៀបដោះស្រាយយ៉ាងត្រឹមត្រូវជាមួយបុគ្គលបែបនេះមិនខាន។ ប្រាកដណាស់ មនុស្សឡប់ៗមិនស្រឡាញ់សេចក្ដីពិតទេ ហើយសេចក្ដីពិតគឺហួសពីសមត្ថភាពរបស់ពួកគេ។ មនុស្សឡប់ៗមិនអាចយល់ភាសាមនុស្សទេ អាចនិយាយបានថា មនុស្សឡប់ៗខ្វះភាពជាមនុស្សធម្មតា ហើយជាមនុស្សឆ្កួតពាក់កណ្ដាល តាមពិតទៅ ពួកគេគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ប៉ុណ្ណោះ។ តើមនុស្សឡប់ៗអាចបម្រើការបានល្អដែរឬទេ? គេអាចនិយាយបានយ៉ាងប្រាកដថា ពួកគេមិនទាំងអាចបម្រើការស្របតាមស្ដង់ដារផង ដោយសារតែហេតុផលរបស់ពួកគេមិនល្អ ពួកគេគឺជាមនុស្សដែលមិនដឹងខ្យល់អ្វីសោះ។ ប្រសិនបើនរណាម្នាក់ចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សឡប់ៗ ចូរឱ្យពួកគេគាំទ្រមនុស្សឡប់ៗចុះ។ ឥរិយាបថនៃដំណាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សឡប់ៗ គឺត្រូវតែបោសសម្អាតពួកគេចេញ។ អ្នកណាដែលមិនទទួលយកសេចក្ដីពិតសោះ អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ដោយតែងតែធ្វើវាឱ្យតែរួចពីដៃ អ្នកនោះគួរតែត្រូវបានរឹតត្បិត ប្រសិនបើពួកគេតែងតែបង្កការរំខានដល់ជីវិតពួកជំនុំ។ ប្រសិនបើពួកគេខ្លះមានអារម្មណ៍ស្ដាយក្រោយ ហើយព្រមប្រែចិត្ត គួរតែផ្ដល់ឱកាសឱ្យពួកគេ។ អ្នកដែលគេមិនទាន់អាចមើលធ្លុះសារជាតិបាន គួរតែត្រូវបានរក្សាទុកនៅក្នុងពួកជំនុំជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រួតពិនិត្យពួកគេ សង្កេតមើលពួកគេ និងមានការឈ្វេងយល់កាន់តែច្រើន។ ប្រសិនបើមានអ្នកដែលតែងតែបង្អាក់ និងរំខាន ហើយទោះបីជាត្រូវបានលួសកាត់ក៏ដោយ ក៏នៅតែរឹងទទឹងមិនព្រមប្រែចិត្ត ដោយបន្តដណ្ដើមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ វាយប្រហារ និងកម្ចាត់បុគ្គលវិជ្ជមាន ជាពិសេសវាយប្រហារអ្នកដែលដេញតាមសេចក្ដីពិត និងអាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ និងអ្នកដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់ និងបំពេញភារកិច្ចរបស់ខ្លួន នោះបុគ្គលទាំងនេះគឺជាមនុស្សអាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេគឺជាពួកអត់ជំនឿ។ ចំពោះមនុស្សបែបនេះ មិនមែនគ្រាន់តែបញ្ឈប់ និងរឹតត្បិតពួកគេប៉ុណ្ណោះទេ ពួកគេគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំជាបន្ទាន់ ដើម្បីជៀសវាងបញ្ហានៅថ្ងៃក្រោយ។ របៀបនៃការអនុវត្តនេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង។

ទាំងនេះគឺជាការសម្ដែងចេញផ្សេងៗនៃការដណ្ដើមឋានៈ ចាប់ពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ធ្ងរ។ ការសម្ដែងចេញកម្រិតស្រាល សំដៅជាចម្បងទៅលើការសើចចំអកដាក់អ្នកដឹកនាំ និងអ្នកធ្វើការដោយពាក្យសម្ដីអាក្រក់ ការចាំចាប់កំហុស និងការវាយប្រហារភាពបុរេសកម្មរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដោយមានគោលបំណងចង់បំផ្លាញ និងធ្វើឱ្យពួកគេខូចឈ្មោះ។ ការសម្ដែងចេញដ៏ធ្ងន់ធ្ងរបំផុត គឺការប្រឆាំងនឹងអ្នកដឹកនាំ និងអ្នកធ្វើការដោយផ្ទាល់ និងជាចំហ ការចាប់ចំណុចខ្សោយរបស់ពួកគេមកវិនិច្ឆ័យ ថ្កោលទោស វាយប្រហារ និងផាត់ចេញ ហើយបន្ទាប់មកធ្វើឱ្យអ្នកដឹកនាំនៅឯកោ និងបង្ខំឱ្យពួកគេទទួលកំហុស និងលាលែងពីតំណែង ដើម្បីដណ្ដើមយកឋានៈរបស់ពួកគេ។ ទាំងនេះគឺជាបញ្ហានៃការបង្អាក់ និងរំខានដ៏ធ្ងន់ធ្ងរបំផុតដែលកើតឡើងនៅក្នុងជីវិតពួកជំនុំ។ អ្នកដែលស្រែកឡូឡាប្រឆាំងនឹងអ្នកដឹកនាំ ឬអ្នកធ្វើការជាចំហ និងដណ្ដើមឋានៈជាមួយពួកគេ គឺជាអ្នកដែលរំខានដល់ការងាររបស់ពួកជំនុំ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេគឺជាមនុស្សអាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនត្រឹមតែត្រូវបញ្ឈប់ និងរឹតត្បិតពួកគេប៉ុណ្ណោះទេ ប្រសិនបើស្ថានការណ៍ធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវបោសសម្អាតចេញ ឬបណ្ដេញពួកគេចេញ នោះគួរតែដោះស្រាយជាមួយពួកគេស្របតាមគោលការណ៍។ ក៏មានការសម្ដែងចេញនៃការដណ្ដើមឋានៈមួយប្រភេទទៀតដែរ គឺការផាត់ចេញ និងវាយប្រហារមនុស្សដែលដេញតាមសេចក្ដីពិតគួរសមនៅក្នុងពួកជំនុំ។ ដោយសារមនុស្សដែលដេញតាមសេចក្ដីពិតមានការយល់ដឹងបរិសុទ្ធ ហើយពួកគេមានបទពិសោធ និងចំណេះដឹងពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេតែងតែប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាក្នុងចំណោមបងប្អូនប្រុសស្រី ហេតុដូច្នេះ ជួយស្អាងចិត្តរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ទទួលបានកេរ្តិ៍ឈ្មោះបន្តិចម្ដងៗនៅក្នុងពួកជំនុំ ទើបមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះកើតចិត្តច្រណែន និងប្រឆាំងពួកគេ ហើយពួកគេចង់កម្ចាត់ និងវាយប្រហារអ្នកទាំងនោះ។ ឥរិយាបថណាក៏ដោយដែលជាការវាយប្រហារ ឬកម្ចាត់មនុស្សដែលដេញតាមសេចក្ដីពិត គឺបង្កើតបានជាការបង្អាក់ និងរំខានដល់ជីវិតពួកជំនុំដោយផ្ទាល់។ មនុស្សមួយចំនួនប្រហែលជាមិនតម្រង់គោលដៅលើអ្នកដឹកនាំពួកជំនុំដោយផ្ទាល់ទេ ប៉ុន្តែពួកគេមានការស្អប់ខ្ពើម និងមើលងាយជាពិសេសចំពោះមនុស្សនៅក្នុងពួកជំនុំដែលយល់សេចក្ដីពិត និងមានបទពិសោធជាក់ស្ដែង។ ពួកគេក៏កម្ចាត់ និងគាបសង្កត់មនុស្សបែបនេះផងដែរ ដោយតែងតែសើចចំអក និងនិយាយដៀមដាមដាក់ពួកគេ ថែមទាំងជីកអន្លង់ដាក់ពួកគេ និងគិតកលល្បិចធ្វើបាបពួកគេជាដើម។ ទោះបីជាបញ្ហាបែបនេះមានកម្រិតស្រាលជាងការដណ្ដើមឋានៈជាមួយអ្នកដឹកនាំពួកជំនុំ បើនិយាយពីសារជាតិ និងកាលៈទេសៈក៏ដោយ ក៏វានៅតែបង្កើតបានជាការបង្អាក់ និងរំខានដល់ជីវិតពួកជំនុំដែរ ហើយគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ ប្រសិនបើបងប្អូនប្រុសស្រីភាគច្រើននៅក្នុងពួកជំនុំរងផលប៉ះពាល់ ហើយតែងតែធ្លាក់ទៅក្នុងភាពអវិជ្ជមាន និងទន់ខ្សោយ ប្រសិនបើបញ្ហានាំឱ្យមានផលវិបាកបែបនេះ នោះវាគឺជាការបង្អាក់ និងរំខានហើយ។ មនុស្សអាក្រក់ប្រភេទដែលបង្កការបង្អាក់ និងរំខាន មិនគួរត្រឹមតែត្រូវបានរឹតត្បិតប៉ុណ្ណោះទេ ប៉ុន្តែគួរតែបញ្ជូនពួកគេទៅក្រុម «ខ» ដើម្បីនៅដាច់ដោយឡែក និងពិនិត្យពិច័យខ្លួនឯងផងដែរ បើមិនដូច្នោះទេ ត្រូវបោសសម្អាតចេញ។ អ្នកដែលប្រព្រឹត្តសកម្មភាពដែលមានសារជាតិនៃការបង្កការបង្អាក់ និងរំខាន គឺជាមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ជាប្រចាំ។ គួរតែធ្វើការបែងចែករវាងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ជាញឹកញាប់ និងអ្នកដែលប្រព្រឹត្តអំពើអាក្រក់ម្ដងម្កាល នៅក្នុងរបៀបនៃការចាត់ចែងពួកគេ។ អ្នកដែលប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ចំណែកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ម្ដងម្កាល គឺជាអ្នកដែលមានភាពជាមនុស្សមិនល្អ។ ប្រសិនបើមនុស្សពីរនាក់ឈ្លោះប្រកែកគ្នា ឬមានជម្លោះនឹងគ្នាម្ដងម្កាល ដោយសារតែបុគ្គលិកលក្ខណៈមិនចុះសម្រុងគ្នា ឬដោយសារតែពួកគេមានទស្សនៈខុសគ្នានៅពេលធ្វើការងារ ឬដោយសារតែពួកគេមានរបៀបនិយាយខុសគ្នា ប៉ុន្តែជីវិតពួកជំនុំមិនរងផលប៉ះពាល់ទេ នោះវាមិនមានសារជាតិនៃការបង្កការបង្អាក់ និងរំខានឡើយ។ វាខុសពីមនុស្សអាក្រក់ដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ។ អ្វីៗទាំងអស់ដែលមានសារជាតិនៃការបង្កការបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ ដែលយើងបាននិយាយមកនេះ គឺជាការសម្ដែងចេញនៃការប្រព្រឹត្តអំពើអាក្រក់ដោយមនុស្សអាក្រក់។ នៅពេលដែលមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់ គឺវាជាទម្លាប់។ អ្វីដែលមនុស្សអាក្រក់ស្អប់បំផុត គឺមនុស្សដែលដេញតាមសេចក្ដីពិត។ នៅពេលដែលពួកគេឃើញថានរណាម្នាក់ដែលដេញតាមសេចក្ដីពិត អាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធផ្ទាល់ខ្លួន ហើយទទួលបានការកោតសរសើរជាពិសេសពីអ្នកដទៃ ពួកគេកើតចិត្តច្រណែន ស្អប់ និងភ្នែករបស់ពួកគេឆេះដោយកំហឹង។ នរណាក៏ដោយដែលឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង នរណាក៏ដោយដែលចែករំលែកបទពិសោធជាក់ស្ដែងរបស់ខ្លួន និងនរណាក៏ដោយដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នឹងត្រូវរងការសើចចំអក ការបង្ខូចកេរ្តិ៍ឈ្មោះ ការគាបសង្កត់ ការតាមកម្ចាត់ ការវិនិច្ឆ័យ និងថែមទាំងការបៀតបៀនពីមនុស្សអាក្រក់ទាំងនេះទៀតផង។ ពួកគេតែងតែប្រព្រឹត្តតាមរបៀបនេះជានិច្ច។ ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ល្អជាងខ្លួនឡើយ ហើយពួកគេមិនអាចទ្រាំមើលមនុស្សដែលល្អជាងពួកគេបានទេ។ នៅពេលដែលពួកគេឃើញនរណាម្នាក់ល្អជាងខ្លួន ពួកគេកើតចិត្តច្រណែន ខឹងសម្បា ក្ដៅក្រហាយ និងគិតចង់ធ្វើបាប ព្រមទាំងធ្វើទុក្ខបុកម្នេញអ្នកទាំងនោះ។ មនុស្សបែបនេះបានបង្កឱ្យមានការបង្អាក់ និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ និងសណ្ដាប់ធ្នាប់របស់ពួកជំនុំ ហើយអ្នកដឹកនាំ និងអ្នកធ្វើការ គួរតែសហការគ្នាជាមួយបងប្អូនប្រុសស្រី ក្នុងការលាតត្រដាង បញ្ឈប់ និងរឹតត្បិតបុគ្គលបែបនេះ។ ប្រសិនបើមិនអាចរឹតត្បិតពួកគេបាន ហើយពួកគេមិនប្រែចិត្ត ឬផ្លាស់ប្ដូរទង្វើរបស់ខ្លួន បន្ទាប់ពីបានប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេរួចហើយទេ នោះពួកគេគឺជាមនុស្សអាក្រក់ ហើយមនុស្សអាក្រក់គួរតែត្រូវបានវាយតម្លៃ និងចាត់ការតាមគោលការណ៍សម្រាប់ការបោសសម្អាតពួកជំនុំនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើតាមរយៈការប្រកបគ្នា អ្នកដឹកនាំ និងអ្នកធ្វើការឈានដល់ការឯកភាពគ្នា ហើយកំណត់ថា នេះគឺជាទង្វើរបស់មនុស្សអាក្រក់ដែលរំខានដល់ពួកជំនុំ នោះបញ្ហានេះគួរតែត្រូវបានដោះស្រាយស្របតាមគោលការណ៍សេចក្ដីពិតគឺ៖ ត្រូវបោសសម្អាតបុគ្គលនោះចេញពីពួកជំនុំ។ មិនគួរមានការអត់ឱនតទៅទៀតឡើយ ចំពោះមនុស្សអាក្រក់បែបនេះដែលរំខានដល់ជីវិតពួកជំនុំ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការបានដឹងច្បាស់ថា នេះគឺជាទង្វើរបស់មនុស្សអាក្រក់ដែលបង្កការរំខាន ប៉ុន្តែពួកគេនៅតែធ្វើពើជាមិនដឹង និងអត់ឱនឱ្យមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខាន នោះពួកគេមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនប្រុសស្រីឡើយ ហើយពួកគេមិនមានភក្ដីភាពចំពោះព្រះជាម្ចាស់ និងចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ។

មនុស្សខ្លះមើលទៅហាក់ដូចជាល្អនៅពេលសង្កេតមើលពីរូបរាងខាងក្រៅ ប៉ុន្តែតាមពិតទៅ កម្រិតបញ្ញារបស់ពួកគេគឺដូចជាមនុស្សល្ងីល្ងើ។ ពួកគេនិយាយ និងធ្វើសកម្មភាពដោយមិនយល់ពីអ្វីដែលសមរម្យ ដោយខ្វះវិចារណញាណនៃភាពជាមនុស្សធម្មតា។ មនុស្សបែបនេះក៏ចូលចិត្តដណ្ដើមឋានៈ និងកេរ្តិ៍ឈ្មោះ ប្រជែងដើម្បីធ្វើជាអ្នកសម្រេច និងប្រកួតប្រជែងដើម្បីឱ្យទទួលបានការគោរពឱ្យតម្លៃខ្ពស់ពីអ្នកដទៃផងដែរ។ នៅក្នុងជីវិតពួកជំនុំ ពួកគេតែងតែលើកឡើងនូវទស្សនៈ និងអំណះអំណាងដែលមើលទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែតាមពិតគឺខុសឆ្គង ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការឱ្យតម្លៃខ្ពស់ពីមនុស្សភាគច្រើន ដោយរំខានដល់គំនិតរបស់មនុស្ស រំខានដល់ការយល់ដឹង និងការស្គាល់ដ៏ត្រឹមត្រូវរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរំខានដល់ការយល់ដឹងជាវិជ្ជមានរបស់ពួកគេអំពីអ្វីៗគ្រប់យ៉ាង។ នៅពេលដែលអ្នកដទៃកំពុងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអំពីការយល់ដឹងដ៏បរិសុទ្ធរបស់ពួកគេ មនុស្សទាំងនេះតែងតែលេចមុខឡើងដូចជាត្លុក ដើម្បីទាញការចាប់អារម្មណ៍លើខ្លួន និងដើម្បីដណ្ដើមការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា ដោយតែងតែចង់បង្ហាញបងប្អូនប្រុសស្រីថា ពួកគេមានល្បិចមួយឬពីរ ហើយថាពួកគេមានចំណេះដឹងជ្រៅជ្រះ មានការយល់ដឹងខ្ពស់ និងចេះដឹងច្រើនជាដើម។ ទោះបីជាពួកគេមិនទាន់មានគោលដៅច្បាស់លាស់ថានឹងតម្រង់គោលដៅលើអ្នកដឹកនាំណាម្នាក់ ឬដណ្ដើមតំណែងរបស់អ្នកដឹកនាំណាម្នាក់ក៏ដោយ ក៏បំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេធំធេងណាស់ រហូតដល់ពាក្យសម្ដី និងសកម្មភាពរបស់ពួកគេបានបង្កការរំខានដល់ជីវិតពួកជំនុំ ដូច្នេះគួរតែរឹតត្បិតពួកគេស្របតាមភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងសារជាតិនៃរឿងនេះដែរ។ យកល្អគួរតែប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេជាមុនសិន ដើម្បីណែនាំពួកគេឱ្យបានត្រឹមត្រូវ និងផ្ដល់ទិសដៅសម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេ ដោយអនុញ្ញាតឱ្យពួកគេកែខ្លួន និងយល់ពីរបៀបរស់នៅតាមធម្មតាក្នុងជីវិតពួកជំនុំ របៀបទាក់ទងជាមួយអ្នកដទៃ របៀបឈរនៅក្នុងទីតាំងសមរម្យរបស់ខ្លួន និងរបៀបមានហេតុផល។ ប្រសិនបើវាបណ្ដាលមកពីពួកគេនៅក្មេងខ្ចី ខ្វះការយល់ដឹង និងមានភាពក្រអឺតក្រទមបែបក្មេងខ្ចី ហើយប្រសិនបើពួកគេបានកែប្រែចិត្តគំនិតក្រោយពីការប្រកបគ្នាជាច្រើនដង ដោយដឹងថាទង្វើពីមុនរបស់ពួកគេគឺខុស គួរឱ្យអាម៉ាស់ ធ្វើឱ្យមនុស្សគ្រប់គ្នាស្អប់ខ្ពើម និងនាំបញ្ហាដល់មនុស្សគ្រប់គ្នា ហើយពួកគេបានបង្ហាញការសុំទោស និងការស្ដាយក្រោយចំពោះរឿងនេះ នោះមិនចាំបាច់ប្រកាន់ទោសពួកគេទេ ពោលគឺអាចជួយពួកគេដោយសេចក្ដីស្រឡាញ់ទៅបានហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទង្វើខុសឆ្គងរបស់ពួកគេដែលរំខានដល់មនុស្សគ្រប់គ្នា មិនមែនបណ្ដាលមកពីភាពក្រអឺតក្រទមបែបក្មេងខ្ចី ឬកង្វះការយល់ដឹងអំពីសេចក្ដីពិតទេ ប៉ុន្តែត្រូវបានជំរុញដោយចេតនាលាក់កំបាំង ហើយពួកគេនៅតែបន្តឥរិយាបថរបស់ខ្លួន ទោះបីជាមានការហាមឃាត់ជាច្រើនដងក៏ដោយ ហើយលើសពីនេះទៅទៀត ប្រសិនបើពួកគេត្រូវបានលួសកាត់ ហើយបងប្អូនប្រុសស្រីបានប្រកបគ្នាជាមួយពួកគេអំពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ពោលគឺពួកគេបានទទួលការប្រកបគ្នា និងជំនួយទាំងពីទិដ្ឋភាពអវិជ្ជមាន និងវិជ្ជមាន ប៉ុន្តែពួកគេនៅតែមិនអាចស្គាល់សារជាតិធម្មជាតិរបស់ខ្លួន មិនអាចមើលឃើញការរំខានដែលទង្វើទាំងនេះបង្កដល់អ្នកដទៃ និងផលវិបាកដ៏ធ្ងន់ធ្ងររបស់វា ហើយនៅតែបន្តបង្កការរំខាន និងការបង្អាក់ដោយអនុវត្តសកម្មភាពដដែលៗទាំងនេះនៅពេលណាដែលពួកគេមានឱកាសទៀត នោះក្នុងករណីនេះ វិធានការតឹងរ៉ឹងជាងនេះគឺជារឿងចាំបាច់។ ប្រសិនបើផ្ដល់ឱកាសគ្រប់គ្រាន់ដើម្បីកែប្រែចិត្តគំនិតហើយ ពួកគេមិនឆ្លុះបញ្ចាំង ឬព្យាយាមស្គាល់ខ្លួនឯងសោះ ហើយមិនថាគេប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនយល់ និងមិនដឹងពីរបៀបប្រព្រឹត្តដោយសមហេតុផល និងស្របតាមគោលការណ៍ដែរ ផ្ទុយទៅវិញ ពួកគេនៅតែប្រកាន់ខ្ជាប់នូវរបៀបធ្វើការរបស់ខ្លួនយ៉ាងរឹងរូស នោះមានបញ្ហាជាមួយមនុស្សទាំងនេះហើយ។ យ៉ាងហោចណាស់ តាមទស្សនៈនៃហេតុផល ពួកគេខ្វះហេតុផលនៃមនុស្សធម្មតា។ នេះគឺជាការមើលពីសំបកក្រៅ។ ប្រសិនបើមើលក្នុងន័យសារជាតិវិញ មិនថាគេប្រកបគ្នាជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចស្គាល់ភាពធ្ងន់ធ្ងរនៃបញ្ហានេះ ហើយពួកគេក៏មិនអាចរកឃើញទីតាំងសមរម្យរបស់ខ្លួនដែរ ពួកគេក៏មិនអាចទទួលយកការប្រកបគ្នា និងជំនួយ ឬព្យាយាមអនុវត្តតាមផ្លូវដែលបងប្អូនប្រុសស្រីបានប្រកបគ្នាដែរ ប្រសិនបើពួកគេមិនអាចសម្រេចបានសូម្បីតែរឿងទាំងនេះ នោះបញ្ហារបស់ពួកគេមិនមែនគ្រាន់តែជាការខ្វះហេតុផលប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាជាមួយភាពជាមនុស្សរបស់ពួកគេ។ ទោះបីជាពួកគេមើលទៅហាក់ដូចជាបង្កការបង្អាក់ និងរំខានដោយអចេតនាក៏ដោយ ក៏ទង្វើទាំងនេះប្រាកដជាមិនមែនគ្មានចេតនានោះទេ ផ្ទុយទៅវិញ វាត្រូវបានធ្វើឡើងដោយមានគោលបំណង និងចេតនា។ ដោយទុកមួយឡែកសិនថាតើចេតនា ឬគោលបំណងរបស់បុគ្គលទាំងនេះអាចជាអ្វី ប្រសិនបើអ្វីដែលពួកគេនិយាយ និងធ្វើ បង្កការបង្អាក់ និងរំខានយ៉ាងធ្ងន់ធ្ងរដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងជីវិតពួកជំនុំ ដោយនាំឱ្យមនុស្សជាច្រើនមិនទទួលបានអ្វីសោះពីការរស់នៅក្នុងជីវិតពួកជំនុំ រហូតដល់ថ្នាក់អ្នកដទៃមិនចង់ជួបជុំ ដោយសារតែវត្តមានរបស់ពួកគេ ឬនៅពេលណាដែលពួកគេនិយាយ មនុស្សធុញទ្រាន់ និងចង់ចាកចេញ នោះសារជាតិនៃបញ្ហានេះក្លាយជាធ្ងន់ធ្ងរហើយ។ តើគួរចាត់ការមនុស្សបែបនេះដោយរបៀបណា? ប្រសិនបើពួកគេនៅតែបន្តធ្វើរឿងទាំងនេះ ទោះបីជាទទួលការប្រកបគ្នា និងជំនួយជាច្រើនលើកច្រើនសា និងទទួលឱកាសដើម្បីកែប្រែចិត្តគំនិតក៏ដោយ នោះបញ្ហាគឺជាសារជាតិធម្មជាតិរបស់ពួកគេតែម្ដង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ និងអាចទទួលយកសេចក្ដីពិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមានបំណងផ្សេង។ ដោយមើលទៅលើសារជាតិធម្មជាតិរបស់ពួកគេ ការបង្អាក់ និងរំខានដែលពួកគេបង្កដល់ជីវិតពួកជំនុំ ប្រាកដជាមិនមែនអចេតនានោះទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សទាំងនេះមានគោលបំណង និងចេតនា។ ប្រសិនបើមនុស្សបែបនេះទទួលបានឱកាសបន្ថែមទៀត តើវាមានយុត្តិធម៌ដែរឬទេសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលកំពុងរស់នៅក្នុងជីវិតពួកជំនុំជាធម្មតា? (ទេ មិនយុត្តិធម៌ទេ។) បញ្ហារបស់បុគ្គលបែបនេះត្រូវបានបើកសម្ដែងដល់កម្រិតនេះហើយ ប្រសិនបើពួកគេនៅតែទទួលបានឱកាសដើម្បីរង់ចាំការកែប្រែចិត្តគំនិតរបស់ពួកគេ លទ្ធផលចុងក្រោយគឺថា ពួកគេនឹងប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើន ដោយនាំមនុស្សកាន់តែច្រើនឱ្យធ្លាក់ទៅក្នុងភាពអវិជ្ជមាន ទន់ខ្សោយ និងគ្មានផ្លូវចេញ តើនរណានឹងសងការខាតបង់នេះ? ដូច្នេះ ប្រសិនបើបុគ្គលទាំងនេះទទួលបានការប្រកបគ្នា និងជំនួយដោយក្ដីស្រឡាញ់ ឬមានចំណាត់ការដើម្បីបញ្ឈប់ និងរឹតត្បិតពួកគេហើយ ប៉ុន្តែពួកគេនៅតែមិនផ្លាស់ប្ដូរផ្លូវចាស់របស់ខ្លួន ហើយនៅតែបន្តឥរិយាបថដើមរបស់ខ្លួនទៀត នោះគួរតែចាត់ការពួកគេស្របតាមគោលការណ៍៖ ក្នុងករណីស្រាល គួរតែដាក់ពួកគេឱ្យនៅដាច់ដោយឡែក ហើយក្នុងករណីធ្ងន់ធ្ងរ គួរតែបោសសម្អាតពួកគេចេញពីពួកជំនុំ។ តើគោលការណ៍នេះយ៉ាងម៉េចដែរ? តើវាជាការវាយប្រហារនរណាម្នាក់ដោយគ្មានមេត្តា ដោយមិនផ្ដល់ឱកាសឱ្យពួកគេកែប្រែចិត្តគំនិតមែនទេ? ឬជាការសម្រេចចិត្តតាមអំពើចិត្ត ដោយមិនប្រើការឈ្វេងយល់ណាមួយ និងដោយមិនយល់ច្បាស់ថាតើសារជាតិធម្មជាតិរបស់ពួកគេពិតជាអ្វីមែនទេ? (ទេ មិនមែនទេ។) ប្រសិនបើទោះបីជាត្រូវបានផ្ដល់ការប្រកបគ្នា និងជំនួយ និងត្រូវបានផ្ដល់ឱកាសដើម្បីកែប្រែចិត្តគំនិតក៏ដោយ ក៏ផ្លូវ និងនិស្ស័យរបស់មនុស្សទាំងនេះមិនបានផ្លាស់ប្ដូរទាល់តែសោះ ហើយពួកគេក៏មិនកែប្រែចិត្តគំនិតដែរ ដោយនៅតែរក្សាសភាពដូចពីមុនដដែល ដោយភាពខុសគ្នានៅត្រង់ថា អ្វីដែលពួកគេធ្លាប់ធ្វើដោយបើកចំហ និងយ៉ាងច្បាស់ ឥឡូវនេះពួកគេធ្វើដោយលួចលាក់ និងសម្ងាត់ ប៉ុន្តែការរំខាន និងការបង្អាក់នៅតែដដែល នោះពួកជំនុំមិនអាចទុកពួកគេទៀតទេ។ មនុស្សបែបនេះមិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ វត្តមានរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបង្កការរំខាន និងការបង្អាក់ប៉ុណ្ណោះ ហើយពួកគេគឺជាអ្នកបម្រើសាតាំង មិនមែនជាបងប្អូនប្រុសស្រីទេ។ ប្រសិនបើអ្នកតែងតែចាត់ទុកពួកគេជាបងប្អូនប្រុសស្រី ដោយបន្តគាំទ្រ និងជួយពួកគេ ព្រមទាំងប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេ ហើយវាបញ្ចប់ទៅដោយការខ្ជះខ្ជាយការខិតខំយ៉ាងច្រើនដោយគ្មានផ្លែផ្កាអ្វីសោះ តើនេះមិនមែនជាការឆោតល្ងង់ទេឬ? វាលើសពីឆោតល្ងង់ទៅទៀត វាគឺជាការល្ងីល្ងើ ល្ងីល្ងើបំផុត!

ប្រសិនបើមើលទៅលើសារជាតិនៃបញ្ហា ការសម្ដែងចេញផ្សេងៗ និងប្រភេទនៃមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងការដណ្ដើមឋានៈ ជាមូលដ្ឋានអាចបែងចែកជាបីប្រភេទនេះ។ ការដណ្ដើមឋានៈគឺជាបញ្ហាទូទៅនៅក្នុងជីវិតពួកជំនុំ ដែលលេចឡើងនៅក្នុងចំណោមក្រុមមនុស្សផ្សេងៗគ្នា និងនៅក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតពួកជំនុំ។ ចំពោះអ្នកដែលដណ្ដើមឋានៈ ក្នុងករណីស្រាល គួរតែផ្ដល់ឱ្យពួកគេនូវការប្រកបគ្នាពីសេចក្ដីពិតឱ្យបានច្រើន ដើម្បីគាំទ្រ និងជួយពួកគេ ដើម្បីឱ្យពួកគេអាចយល់សេចក្ដីពិត និងផ្ដល់ឱកាសឱ្យពួកគេកែប្រែចិត្តគំនិត។ ប្រសិនបើករណីធ្ងន់ធ្ងរ គួរតែតាមដានពួកគេយ៉ាងដិតដល់ ហើយនៅពេលដែលរកឃើញភ្លាមថាពួកគេនិយាយ ឬធ្វើសកម្មភាពក្នុងបំណងសម្រេចបាននូវចេតនា ឬគោលដៅណាមួយ គួរតែបញ្ឈប់ និងរឹតត្បិតពួកគេភ្លាមៗ។ ប្រសិនបើករណីកាន់តែធ្ងន់ធ្ងរជាងនេះ គួរតែចាត់ការ និងដោះស្រាយជាមួយពួកគេស្របតាមគោលការណ៍របស់ពួកជំនុំសម្រាប់ការបោសសម្អាត និងការបណ្ដេញមនុស្សចេញ។ នេះគឺជាការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ នៅពេលដែលមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងការដណ្ដើមឋានៈទាំងនេះ លេចឡើងនៅក្នុងជីវិតពួកជំនុំ។ ជាការពិតណាស់ វាក៏តម្រូវឱ្យបងប្អូនប្រុសស្រីទាំងអស់ចេញមុខ និងសហការជាមួយអ្នកដឹកនាំ និងអ្នកធ្វើការលើកិច្ចការនេះដែរ ដោយរួមគ្នារឹតត្បិតឥរិយាបថ និងសកម្មភាពផ្សេងៗរបស់មនុស្សអាក្រក់ដែលបង្កការបង្អាក់ និងរំខាន ដើម្បីធានាថាលែងមានការបង្អាក់ ឬរំខានដោយមនុស្សអាក្រក់នៅក្នុងជីវិតពួកជំនុំទៀត ដោយខិតខំធានាថា រាល់ពេលនៃជីវិតពួកជំនុំ ត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ពោរពេញដោយសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ និងវត្តមានរបស់ព្រះជាម្ចាស់ និងមានព្រះពរ និងការដឹកនាំរបស់ព្រះជាម្ចាស់ និងដើម្បីធានាថា រាល់ការជួបជុំគឺជាពេលវេលានៃការរីករាយ និងការទទួលបានផល។ នេះគឺជាប្រភេទជីវិតពួកជំនុំដ៏ល្អបំផុត ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទតឃើញ។ ការធ្វើកិច្ចការនេះគឺមានភាពស្មុគស្មាញគួរសមសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ដោយសារវាពាក់ព័ន្ធនឹងទំនាក់ទំនងរវាងបុគ្គល ហើយវាពាក់ព័ន្ធនឹងមុខមាត់ និងផលប្រយោជន៍របស់មនុស្ស ហើយក៏ពាក់ព័ន្ធនឹងកម្រិតនៃការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិតដែរ ដែលធ្វើឱ្យវាមានការលំបាកកាន់តែខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបញ្ហាកើតឡើង កុំគេចវេះពីវា ហើយកុំមើលស្រាលរឿងធំថាជារឿងតូច ហើយចុងក្រោយទុកឱ្យបញ្ហាទាំងនោះបន្តកើតឡើងដោយមិនបានដោះស្រាយ ហើយក៏មិនគួរដោះស្រាយដោយប្រើទស្សនវិជ្ជានៃការរស់នៅក្នុងលោកីយ៍ដែរ ដោយបិទភ្នែកម្ខាងបើកភ្នែកម្ខាងចំពោះរឿងទាំងនោះ។ លើសពីនេះទៅទៀត កុំធ្វើជាមនុស្សផ្គាប់ចិត្តគេ ប៉ុន្តែត្រូវប្រព្រឹត្តចំពោះមនុស្សប្រភេទផ្សេងៗដែលដណ្ដើមឋានៈ ស្របតាមគោលការណ៍សេចក្ដីពិតវិញ។ តើការប្រកបគ្នានេះច្បាស់លាស់ដែរឬទេ? (ច្បាស់លាស់។) ដូច្នេះ សូមបញ្ចប់ការប្រកបគ្នារបស់យើងអំពីបញ្ហាទីប្រាំហើយ។

VI. ការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ

បញ្ហាទីប្រាំមួយដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ គឺការបង្កើតទំនាក់ទំនងមិនត្រឹមត្រូវ។ ឱ្យតែមនុស្សទាក់ទងគ្នា ហើយអាចជួបជុំគ្នាបាន នោះនឹងមានជីវិតសហគមន៍ ហើយទំនាក់ទំនងផ្សេងៗនឹងកើតចេញពីរឿងនេះ។ ដូច្នេះ តើទំនាក់ទំនងណាខ្លះដែលត្រឹមត្រូវ ហើយទំនាក់ទំនងណាខ្លះដែលមិនត្រឹមត្រូវ? ចូរយើងនិយាយអំពីថាតើអ្វីជាទំនាក់ទំនងត្រឹមត្រូវជាមុនសិន ហើយបន្ទាប់មកចាំប្រកបគ្នាអំពីទំនាក់ទំនងមិនត្រឹមត្រូវ។ នៅពេលបងប្អូនប្រុសស្រីជួប និងសាកសួរសុខទុក្ខគ្នា ពួកគេអាចនិយាយពាក្យដូចជា៖ «តើថ្មីៗនេះ អ្នកសុខទុក្ខយ៉ាងណាដែរ? តើអ្នកមានសុខភាពល្អទេ? តើកូនរបស់អ្នកនឹងចូលរៀនវិទ្យាល័យនៅឆ្នាំក្រោយមែនទេ? តើជំនួញរបស់គ្រួសារអ្នកយ៉ាងណាដែរ?» តើការសាកសួរសុខទុក្ខគ្នាទៅវិញទៅមកបែបនេះ ចាត់ទុកជាទំនាក់ទំនងត្រឹមត្រូវដែរឬទេ? (មែន។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? ពីព្រោះនៅពេលដែលមនុស្សពីរនាក់ដែលមិនបានជួបគ្នាអស់រយៈពេលជាយូរមកហើយ បានជួបគ្នាដោយចៃដន្យ ការនិយាយពាក្យសាកសួរសុខទុក្ខពីរបីម៉ាត់ គឺជាមារយាទមូលដ្ឋានបំផុត ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការសាកសួរសុខទុក្ខជាមូលដ្ឋានបំផុតដែរ។ ទាំងនេះសុទ្ធតែជាពាក្យសម្ដី ទង្វើ និងប្រធានបទពាក់ព័ន្ធដែលមនុស្សលើកយកមកនិយាយនៅក្នុងក្របខ័ណ្ឌនៃភាពជាមនុស្សធម្មតា។ បើមើលតាមការសន្ទនារបស់ពួកគេមកទល់ពេលនេះ គេអាចឃើញច្បាស់ថា ទំនាក់ទំនងរបស់ពួកគេគឺត្រឹមត្រូវណាស់។ ការសន្ទនារបស់ពួកគេគឺផ្អែកលើទាំងមារយាទ និងភាពជាមនុស្សធម្មតា ហើយចេញពីចំណុចទាំងពីរនេះ គេអាចកំណត់បានថា ទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលកំពុងជជែកគ្នានេះ គឺត្រឹមត្រូវ ដែលតំណាងឱ្យទំនាក់ទំនងរវាងមនុស្សធម្មតាមួយ។ ប្រសិនបើមនុស្សពីរនាក់ស្គាល់គ្នាជិតស្និទ្ធខ្លាំង ប៉ុន្តែនៅពេលពួកគេជួបគ្នា ពួកគេទាំងពីរធ្វើមុខក្រញូវដាក់គ្នា និងមិននិយាយរកគ្នា ហើយនៅពេលពួកគេមើលមុខគ្នា ភ្នែករបស់ពួកគេពោរពេញដោយភាពប្រទូសរ៉ាយ តើទំនាក់ទំនងនេះធម្មតាដែរឬទេ? (ទេ វាមិនធម្មតាទេ។) ហេតុអ្វីបានជាវាមិនធម្មតា? តើគួរកំណត់និយមន័យវាឱ្យច្បាស់លាស់ដោយរបៀបណា? នៅពេលមនុស្សពីរនាក់ជួបគ្នា ប៉ុន្តែមិនសាកសួរសុខទុក្ខគ្នា ឬសូម្បីតែនិយាយថា «សួស្ដី» ក៏មិននិយាយផង ហើយកុំថាឡើយដល់ការចូលរួមក្នុងការជជែក និងការសន្ទនាគ្នាជាធម្មតានោះ វាច្បាស់យ៉ាងណាស់ថា ការសម្ដែងចេញរបស់ពួកគេ មិនឆ្លុះបញ្ចាំងពីអ្វីដែលគេរំពឹងទុកពីភាពជាមនុស្សធម្មតានោះទេ។ ទំនាក់ទំនងរបស់ពួកគេមិនមែនជាទំនាក់ទំនងរវាងមនុស្សដែលធម្មតានោះទេ។ វាមានភាពវៀចវេរខ្លះៗ ប៉ុន្តែវានៅតែមិនទាន់ចាត់ទុកជាទំនាក់ទំនងមិនត្រឹមត្រូវនៅឡើយទេ គឺនៅមានគម្លាតខ្លះពីទំនាក់ទំនងបែបនោះ។ ជារួម ប្រសិនបើទំនាក់ទំនងរវាងមនុស្សត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃភាពជាមនុស្សធម្មតា ដែលបុគ្គលម្នាក់ៗអាចទាក់ទង និងសេពគប់គ្នាបានតាមធម្មតា និងស្របតាមគោលការណ៍ ព្រមទាំងជួយ គាំទ្រ និងផ្គត់ផ្គង់គ្នាទៅវិញទៅមក នេះសុទ្ធតែបង្ហាញអំពីទំនាក់ទំនងត្រឹមត្រូវរវាងមនុស្ស។ នេះមានន័យថា ជាការដោះស្រាយកិច្ចការតាមបែបបទការងារ មិនមែនពាក់ព័ន្ធនឹងការដោះដូរ ហើយគ្មានផលប្រយោជន៍ជាប់ជំពាក់គ្នា ជាពិសេសគ្មានការស្អប់ ហើយសកម្មភាពទាំងនោះមិនត្រូវបានជំរុញដោយបំណងប្រាថ្នានៃសាច់ឈាមឡើយ។ ទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃទំនាក់ទំនងត្រឹមត្រូវ។ តើវិសាលភាពនេះមិនទូលំទូលាយទេឬអី? ទំនាក់ទំនងធម្មតារវាងមនុស្ស ពាក់ព័ន្ធនឹងការសន្ទនា និងការប្រាស្រ័យទាក់ទងនៅក្នុងក្របខ័ណ្ឌនៃភាពជាមនុស្សធម្មតា ការទាក់ទង និងការសេពគប់ជាមួយអ្នកដទៃ និងការធ្វើការជាមួយគ្នាដោយផ្អែកលើមនសិការ និងហេតុផលនៃភាពជាមនុស្សធម្មតា។ នៅកម្រិតខ្ពស់ជាងនេះ វាពាក់ព័ន្ធនឹងការទាក់ទង និងការសេពគប់ស្របតាមគោលការណ៍សេចក្ដីពិត។ នេះជានិយមន័យទូទៅនៃទំនាក់ទំនងរវាងមនុស្សដែលត្រឹមត្រូវ។ ការសាកសួរសុខទុក្ខគ្នានៅពេលជួបគ្នា គឺជាទម្រង់នៃការទាក់ទងគ្នាដ៏ធម្មតាបំផុត។ ការដែលអាចសាកសួរសុខទុក្ខ និងជជែកគ្នាបានតាមធម្មតា ដោយមិនវាយឫក មិនធ្វើពុតជាស្និទ្ធស្នាល មិនធ្វើឫកធំ និយាយដោយមិនគាបសង្កត់អ្នកដទៃ ឬលើកតម្កើងខ្លួនឯង ការនិយាយ និងការប្រាស្រ័យទាក់ទងតាមធម្មតា នេះជារបៀបដែលអ្នកដែលមានភាពជាមនុស្សធម្មតាគួរនិយាយ និងប្រាស្រ័យទាក់ទង ហើយវាជាមធ្យោបាយជាមូលដ្ឋាននៃការទាក់ទងគ្នានៅក្នុងទំនាក់ទំនងធម្មតារវាងមនុស្ស។ យ៉ាងហោចណាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមានមនសិការ និងហេតុផល ហើយទាក់ទង សេពគប់ និងធ្វើការជាមួយអ្នកដទៃ ស្របតាមគោលការណ៍ និងស្តង់ដារដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ នេះគឺជាមធ្យោបាយដ៏ល្អបំផុត។ ការនេះអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ដូច្នេះ តើគោលការណ៍សេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវមានអ្វីខ្លះ? គឺថាមនុស្សចេះយោគយល់ដល់អ្នកដទៃ នៅពេលដែលពួកគេទន់ខ្សោយ និងអវិជ្ជមាន ដោយចេះគិតគូរដល់ការឈឺចាប់ និងការលំបាករបស់ពួកគេ ហើយបន្ទាប់មកសួរនាំអំពីរឿងទាំងនេះ ផ្ដល់ជំនួយ និងការគាំទ្រ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ដើម្បីជួយពួកគេដោះស្រាយបញ្ហារបស់ខ្លួន ដោយធ្វើឱ្យពួកគេយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈប់ទន់ខ្សោយ ហើយនាំពួកគេមកចំពោះព្រះជាម្ចាស់។ តើរបៀបនៃការអនុវត្តបែបនេះមិនស្របតាមគោលការណ៍ទេឬអី? ការអនុវត្តតាមរបៀបនេះ គឺស្របតាមគោលការណ៍សេចក្ដីពិត។ ជាការពិតណាស់ ទំនាក់ទំនងប្រភេទនេះរឹតតែស្របតាមគោលការណ៍សេចក្ដីពិតទៅទៀត។ នៅពេលដែលមនុស្សមានចេតនាបង្កការរំខាន និងការបង្អាក់ ឬមានចេតនាបំពេញភារកិច្ចរបស់ខ្លួនដោយការបង្គ្រប់កិច្ច ប្រសិនបើអ្នកឃើញបែបនេះ ហើយអាចចង្អុលបង្ហាញរឿងទាំងនេះប្រាប់ពួកគេ ស្ដីបន្ទោសពួកគេ និងជួយពួកគេស្របតាមគោលការណ៍ នោះការនេះគឺស្របតាមគោលការណ៍សេចក្ដីពិតហើយ។ ប្រសិនបើអ្នកធ្វើមិនដឹងមិនឮ ឬបណ្ដែតបណ្ដោយតាមអាកប្បកិរិយារបស់ពួកគេ ហើយបិទបាំងឱ្យពួកគេ ថែមទាំងហ៊ាននិយាយពាក្យល្អៗដើម្បីសរសើរ និងលើកតម្កើងពួកគេទៀតនោះ របៀបនៃការទាក់ទងជាមួយមនុស្ស ការដោះស្រាយ និងការចាត់ចែងបញ្ហាទាំងនេះ ច្បាស់ជាផ្ទុយនឹងគោលការណ៍សេចក្ដីពិតហើយ និងគ្មានមូលដ្ឋាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ របៀបនៃការទាក់ទងជាមួយមនុស្ស និងការដោះស្រាយបញ្ហាទាំងនេះ ច្បាស់ជាមិនត្រឹមត្រូវទេ ហើយរឿងនេះពិតជាមិនងាយរកឃើញឡើយ ប្រសិនបើមិនវែកញែក និងឈ្វេងយល់ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ។ មនុស្សដែលមិនយល់សេចក្ដីពិត ទំនងជានឹងមិនអាចសម្គាល់បញ្ហាទាំងនេះបានឡើយ ហើយទោះបីជាពួកគេទទួលស្គាល់ថា នេះជាបញ្ហាក៏ដោយ ក៏មិនងាយស្រួលសម្រាប់ពួកគេក្នុងការដោះស្រាយវាដែរ។ យើងតែងនិយាយជារឿយៗថា មនុស្សជាតិដែលពុករលួយ សុទ្ធតែរស់នៅតាមនិស្ស័យរបស់សាតាំង ហើយការសម្ដែងចេញទាំងនេះ គឺជាភស្តុតាងនៃរឿងនោះឯង។ ឥឡូវនេះ តើអ្នកមើលឃើញរឿងនេះច្បាស់ដែរឬទេ?

ចំណុចសំខាន់នៃការប្រកបគ្នានៅថ្ងៃនេះ គឺដើម្បីលាតត្រដាងការសម្ដែងចេញនៃទំនាក់ទំនងមិនត្រឹមត្រូវបួនប្រភេទ ដែលបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ។ តើអ្នកណាខ្លះដែលបង្កើតទំនាក់ទំនងមិនត្រឹមត្រូវនៅក្នុងពួកជំនុំ? តើទំនាក់ទំនងមិនត្រឹមត្រូវសំដៅលើអ្វីឱ្យពិតប្រាកដ? តើបញ្ហាអ្វីខ្លះដែលពាក់ព័ន្ធនឹងការបង្កើតទំនាក់ទំនងមិនត្រឹមត្រូវ? ដោយសារប្រធានបទសំខាន់នៃការប្រកបគ្នារបស់យើងទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗជាច្រើន ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ ដូច្នេះការពិភាក្សាអំពីទំនាក់ទំនងមិនត្រឹមត្រូវនេះ គឺកំណត់ត្រឹមតែទំនាក់ទំនងណាដែលបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំប៉ុណ្ណោះ។ យើងមិនមែនចាត់ទុកទំនាក់ទំនងមិនត្រឹមត្រូវគ្រប់ប្រភេទទាំងអស់ថាដូចៗគ្នានោះទេ ហើយបញ្ហានៅក្រៅជីវិតពួកជំនុំមិនមែនជាកង្វល់របស់យើងទេ។ អ្នកត្រូវយល់អំពីរឿងនេះឱ្យបានត្រឹមត្រូវ ដោយមិនមានការវៀចវេរឡើយ។ ដូច្នេះ នៅពេលនិយាយដល់ការបង្កើតទំនាក់ទំនងមិនត្រឹមត្រូវ តើមានរឿងអ្វីខ្លះ ហើយតើទំនាក់ទំនងអ្វីខ្លះរវាងមនុស្សដែលមិនត្រឹមត្រូវ? តើទំនាក់ទំនងមិនត្រឹមត្រូវណាខ្លះដែលបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ និងដល់មនុស្សភាគច្រើន? តើបញ្ហាទាំងនេះសមនឹងលើកមកប្រកបគ្នាដែរឬទេ? (សម។) បញ្ហាទាំងនេះគឺជាបញ្ហាដែលត្រូវតែបកស្រាយឱ្យបានច្បាស់លាស់នៅក្នុងការប្រកបគ្នារបស់យើង។

ក. ទំនាក់ទំនងមិនត្រឹមត្រូវ​រវាងភេទផ្សេងគ្នា

នៅក្នុងជីវិតពួកជំនុំ តើទំនាក់ទំនងមិនត្រឹមត្រូវប្រភេទណាដែលឃើញមានជាញឹកញាប់បំផុត ងាយយល់បំផុត និងងាយកំណត់លក្ខណៈបំផុត? (គឺទំនាក់ទំនងរវាងប្រុសនិងស្រី។) នេះគឺជាទិដ្ឋភាពដំបូងគេដែលមនុស្សនឹកឃើញ នៅពេលពួកគេគិតដល់ទំនាក់ទំនងមិនត្រឹមត្រូវ។ មនុស្សខ្លះ ឱ្យតែនៅកន្លែងដែលមានមនុស្សច្រើន តែងតែចែចង់ភេទផ្ទុយគ្នាជានិច្ច។ ពួកគេធ្វើកាយវិការ និងទឹកមុខបែបចែចង់ និយាយស្ដីដោយទឹកមុខ និងកាយវិការដ៏រស់រវើក និងចូលចិត្តអួតបង្ហាញ។ បើប្រើពាក្យមិនសមរម្យ គឺការបញ្ចេញភាពទាក់ទាញខាងផ្លូវភេទ។ ពួកគេចូលចិត្តសម្ដែងធ្វើជាអ្នកឆ្លាតវៃ កំប្លុកកំប្លែង រ៉ូមែនទិក ជាសុភាពបុរស ជាវីរបុរស មានភាពទាក់ទាញ និងចេះដឹងច្រើនជាដើម នៅចំពោះមុខភេទផ្ទុយ។ ពួកគេចូលចិត្តអួតបង្ហាញខ្លាំងណាស់។ ហេតុអ្វីបានជាពួកគេអួតបង្ហាញ? មិនមែនដើម្បីដណ្ដើមឋានៈទេ តែដើម្បីទាក់ទាញភេទផ្ទុយ។ កាលណាមានភេទផ្ទុយចាប់អារម្មណ៍លើពួកគេកាន់តែច្រើន ដោយសម្លឹងមើលពួកគេដោយក្ដីគោរព កោតសរសើរ និងស្ញប់ស្ញែង ពួកគេកាន់តែរំភើប និងមានកម្លាំងចិត្ត។ ដោយសារពួកគេចំណាយពេលយូរក្នុងការរស់នៅក្នុងជីវិតពួកជំនុំ និងបានទាក់ទងមនុស្សកាន់តែច្រើន ពួកគេក៏កំណត់គោលដៅលើបុគ្គលមួយចំនួនតូច ដោយចែចង់ និងលួចផ្ញើភ្នែកដាក់ភេទផ្ទុយគ្នាខ្លះ ហើយជាញឹកញាប់ ពួកគេនិយាយស្ដីក្នុងលក្ខណៈឱ្យដៃ ថែមទាំងមានលាយឡំនឹងការបៀតបៀនផ្លូវភេទបន្តិចបន្តួចផង។ តើទំនាក់ទំនងរវាងមនុស្សបែបនេះ ត្រឹមត្រូវដែរឬទេ? (អត់ទេ។) នេះចាត់ចូលជាការបង្កើតទំនាក់ទំនងមិនត្រឹមត្រូវហើយ។ បុគ្គលបែបនេះ ថែមទាំងប្រើពេលវេលានៃការជួបជុំដើម្បីអួតបង្ហាញទៀតផង ដោយនិយាយស្ដី ដើម្បីឱ្យមើលទៅឃើញថាជាអ្នកឆ្លាតវៃ និងមានមន្តស្នេហ៍ជាពិសេស នៅចំពោះមុខមនុស្សដែលពួកគេចូលចិត្ត ឬចាប់អារម្មណ៍ ដោយធ្វើកាយវិការ និងភ្នែកបែបចែចង់ បញ្ចេញទឹកមុខរីករាយ និងរំភើប ថែមទាំងបញ្ចេញកាយវិការបែបអួតអាងទៀតផង តើទាំងអស់នេះមានបំណងដើម្បីអ្វី? គឺដើម្បីល្បួងភេទផ្ទុយឱ្យបង្កើតទំនាក់ទំនងមិនត្រឹមត្រូវ។ ទោះបីជាបងប្អូនប្រុសស្រីជាច្រើនមានការស្អប់ខ្ពើមចំពោះទង្វើនេះ ហើយទោះបីជាមានការដាស់តឿនជាច្រើនពីមនុស្សដែលនៅជុំវិញពួកគេក៏ដោយ ក៏ពួកគេនៅតែមិនឈប់ ហើយនៅតែបន្តការល្បួងយ៉ាងផ្ដេសផ្ដាសរបស់ខ្លួនដដែល។ ប្រសិនបើទំនាក់ទំនងមិនត្រឹមត្រូវបែបនេះ ពាក់ព័ន្ធតែមនុស្សពីរនាក់ចែចង់គ្នានៅក្រៅជីវិតពួកជំនុំ ហើយមិនប៉ះពាល់ដល់ជីវិតពួកជំនុំ ឬកិច្ចការរបស់ពួកជំនុំទេ នោះរឿងនេះអាចទុកមួយឡែកសិនបាន។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដែលបង្កើតទំនាក់ទំនងមិនត្រឹមត្រូវ តែងតែប្រព្រឹត្តបែបនេះនៅក្នុងជីវិតពួកជំនុំ ហើយបង្កការរំខានដល់អ្នកដទៃ នោះពួកគេគួរតែត្រូវបានព្រមាន និងរឹតត្បិត។ ប្រសិនបើពួកគេនៅតែមិនកែប្រែ ទោះបីជាមានការដាស់តឿនជាច្រើនលើកច្រើនសាក៏ដោយ ហើយបានរំខានដល់ជីវិតពួកជំនុំយ៉ាងធ្ងន់ធ្ងរនោះ ពួកគេគួរតែត្រូវបានជម្រះចេញពីពួកជំនុំ តាមរយៈការបោះឆ្នោតដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើវិធីដោះស្រាយបែបនេះសមស្របដែរឬទេ? (សមស្រប។) ប្រសិនបើគ្រាន់តែជាយុវវ័យដែលមានការណាត់ជួបស្នេហាធម្មតា ពួកគេក៏គួរតែចេះសង្រួមឥរិយាបថក្នុងអំឡុងពេលជួបជុំគ្នាដែរ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ។ ពួកជំនុំគឺជាកន្លែងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ អានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងជីវិតពួកជំនុំ។ មនោសញ្ចេតនាផ្ទាល់ខ្លួន មិនគួរត្រូវបាននាំចូលមកក្នុងជីវិតពួកជំនុំ ដើម្បីរំខានអ្នកដទៃឡើយ។ ប្រសិនបើវាបង្កការរំខានដល់អ្នកដទៃ ប៉ះពាល់ដល់អារម្មណ៍អ្នកដទៃក្នុងអំឡុងពេលជួបជុំ ប៉ះពាល់ដល់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នកដទៃ ដោយធ្វើឱ្យមនុស្សកាន់តែច្រើនបែកអារម្មណ៍ និងត្រូវបានរំខាន នោះទំនាក់ទំនងបែបនេះ ត្រូវបានចាត់ទុកជាទំនាក់ទំនងមិនត្រឹមត្រូវហើយ។ សូម្បីតែការណាត់ជួបស្នេហាត្រឹមត្រូវក៏ដោយ ប្រសិនបើវាបង្កការរំខានដល់អ្នកដទៃ ក៏នឹងត្រូវចាត់ទុកជាទំនាក់ទំនងមិនត្រឹមត្រូវដែរ ចុះទម្រាំតែការចែចង់ភេទផ្ទុយក្រៅពីការណាត់ជួបស្នេហានោះទៅទៀត។ ហេតុនេះ ប្រសិនបើនរណាម្នាក់ ពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវនៅក្នុងជីវិតពួកជំនុំ មិនគួរបិទភ្នែកនៅស្ងៀម ឬបណ្ដែតបណ្ដោយចំពោះពួកគេឡើយ ប៉ុន្តែគួរតែព្រមាន រឹតត្បិត និងថែមទាំងបោសសម្អាតពួកគេចេញស្របតាមគោលការណ៍ទៀតផង។ នេះគឺជាការងារដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែអនុវត្ត។ ប្រសិនបើរកឃើញថា មាននរណាម្នាក់ពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ ហើយបានបង្កការរំខានដល់មនុស្សភាគច្រើននៅក្នុងពួកជំនុំ ដោយវត្តមានរបស់ពួកគេធ្វើឱ្យអ្នកដទៃបែកអារម្មណ៍ និងធ្លាក់ចូលទៅក្នុងគំនិតនៃតណ្ហា ថែមទាំងបណ្ដាលឱ្យគ្រួសារខ្លះបែកបាក់ និងបណ្ដាលឱ្យអ្នកជឿថ្មីខ្លះបាត់បង់ចំណាប់អារម្មណ៍លើការជួបជុំ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសូម្បីតែបាត់បង់ចំណាប់អារម្មណ៍លើជំនឿផ្ទាល់ខ្លួន ហើយបែរជាចាប់ចិត្តស្រឡាញ់បុគ្គលដែលពួកគេពេញចិត្តកាន់តែខ្លាំង ដោយចង់រត់តាមគ្នា និងរស់នៅជាមួយគ្នា ហើយបោះបង់ជំនឿរបស់ពួកគេចោល ប្រសិនបើស្ថានភាពធ្ងន់ធ្ងរដល់កម្រិតនេះហើយ ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការមិនយកចិត្តទុកដាក់លើរឿងនេះ ដោយគិតថាវាគ្រាន់តែជាតណ្ហារបស់មនុស្សដែលកំពុងរុកកួន ថាវាមិនមែនជារឿងធំដុំ ហើយជារឿងដែលមនុស្សទូទៅតែងតែធ្វើ ដោយមិនទទួលស្គាល់ភាពធ្ងន់ធ្ងរនៃបញ្ហានេះ ឬមិនបានដឹងថាបញ្ហានេះអាចវិវឌ្ឍទៅដល់កម្រិតណាឡើយ បែរជាធ្វើមិនដឹងមិនឮ ដោយមានប្រតិកម្មស្ពឹកស្រពន់ និងយឺតយ៉ាវយ៉ាងខ្លាំងចំពោះបញ្ហាបែបនេះ ដែលចុងក្រោយបង្កផលប៉ះពាល់មិនល្អដល់មនុស្សភាគច្រើននៅក្នុងពួកជំនុំ នោះលក្ខណៈនៃហេតុការណ៍ទាំងនេះ ចាត់ចូលជាការបង្អាក់ និងការរំខានដ៏ធ្ងន់ធ្ងរហើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាចាត់ចូលជាការបង្អាក់ និងការរំខានដ៏ធ្ងន់ធ្ងរ? ពីព្រោះហេតុការណ៍ទាំងនេះរំខាន និងបំផ្លាញសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ។ ហេតុនេះ នៅពេលដែលបុគ្គលបែបនេះលេចឡើងនៅក្នុងពួកជំនុំ គួរតែរឹតត្បិតពួកគេ ទោះបីជាពួកគេមានគ្នាតិច ឬច្រើនក៏ដោយ ដោយធានាថាគ្រប់ករណីទាំងអស់ត្រូវបានដោះស្រាយ ហើយប្រសិនបើស្ថានភាពធ្ងន់ធ្ងរ ត្រូវតែដាក់ពួកគេឱ្យនៅដាច់ដោយឡែក។ ប្រសិនបើការដាក់ឱ្យនៅដាច់ដោយឡែកមិនមានប្រសិទ្ធភាព ហើយពួកគេនៅតែបន្តល្បួងភេទផ្ទុយ រំខានដល់ជីវិតពួកជំនុំ និងបំផ្លាញសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំទៀត នោះគួរតែបោ​សសម្អាតពួកគេចេញពីពួកជំនុំស្របតាមគោលការណ៍។ តើវិធីដោះស្រាយបែបនេះសមស្របដែរឬទេ? (សមស្រប។) ផលប៉ះពាល់នៃបញ្ហាបែបនេះមកលើជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំ គឺអាក្រក់បំផុត។ បញ្ហាទាំងនេះប្រៀបដូចជាជំងឺរាតត្បាត ហើយត្រូវតែកម្ចាត់ចោល។

អស់អ្នកដែលមាននិន្នាការចង់ល្បួងភេទផ្ទុយ តែងតែធ្វើបែបនេះនៅគ្រប់កន្លែងដែលពួកគេទៅ ដោយមិនចេះនឿយហត់ក្នុងការធ្វើទង្វើបែបនេះឡើយ។ គោលដៅសម្រាប់ការល្បួង និងការយាយីរបស់ពួកគេ គឺជាញឹកញាប់ជាបុគ្គលវ័យក្មេង និងស្រស់ស្អាត ប៉ុន្តែជួនកាលក៏ពាក់ព័ន្ធនឹងមនុស្សវ័យកណ្ដាលផងដែរ គឺឱ្យតែនរណាដែលពួកគេពេញចិត្ត ពួកគេនឹងស្វែងរកឱកាសដើម្បីល្បួងអ្នកនោះភ្លាម។ ប្រសិនបើពួកគេមានបំណងល្បួងអ្នកដទៃ មនុស្សមួយចំនួនមិនអាចទប់ទល់នឹងសេចក្ដីល្បួងនេះបានឡើយ ហើយនឹងត្រូវចាញ់បោកគេ ដែលងាយនឹងឈានទៅរកទំនាក់ទំនងមិនត្រឹមត្រូវ។ ដោយសារកម្ពស់របស់មនុស្សនៅទាបពេក ហើយពួកគេខ្វះសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ព្រមទាំងខ្វះការយល់ដឹងអំពីសេចក្ដីពិតផងនោះ តើពួកគេអាចយកឈ្នះលើការល្បួងទាំងនេះ និងទប់ទល់នឹងសេចក្ដីល្បួងបែបនេះបានដោយរបៀបណា? កម្ពស់របស់មនុស្សនៅទាបពេក។ ពួកគេពិតជាទន់ខ្សោយ និងគ្មានកម្លាំងនៅពេលប្រឈមមុខនឹងការល្បួង និងការទាក់ទាញទាំងនេះ។ វាពិបាកណាស់សម្រាប់ពួកគេក្នុងការមិនទទួលរងឥទ្ធិពល។ មានអ្នកដឹកនាំប្រុសម្នាក់ដែលប៉ុនប៉ងល្បួងស្ត្រីស្អាតៗឱ្យតែគាត់បានឃើញ។ ជួនកាល ល្បួងតែម្នាក់មិនគ្រាន់ទេ គាត់អាចល្បួងស្ត្រីបីឬបួននាក់ ដោយធ្វើឱ្យពួកគេទាំងអស់គ្នាវង្វេងវង្វាន់នឹងគាត់ រហូតដល់ថ្នាក់បាយមិននឹក ទឹកមិនស្រេក ដេកមិនលក់ ហើយថែមទាំងលែងចង់បំពេញភារកិច្ចរបស់ពួកគេទៀតផង។ «មន្តស្នេហ៍» របស់បុរសម្នាក់នេះគឺបែបហ្នឹងឯង។ ប្រសិនបើគាត់គ្រាន់តែទាក់ទងជាមួយមនុស្សតាមរបៀបធម្មតា ដោយមិនព្យាយាមល្បួងពួកគេដោយចេតនាទេនោះ ឥទ្ធិពលរបស់គាត់មុខជាមិនធំទូលាយដល់ម្ល៉េះទេ។ ទាល់តែពេលគាត់សម្ដែង និងល្បួងអ្នកដទៃដោយចេតនា ទើបមនុស្សកាន់តែច្រើនឡើងៗចាញ់បោក ដោយបង្កើនចំនួនអ្នកដែលត្រូវបានល្បួងឱ្យមានទំនាក់ទំនងមិនត្រឹមត្រូវជាមួយគាត់។ មនុស្សគ្មានសមត្ថភាពក្នុងការទប់ទល់ ហើយបានធ្លាក់ចូលទៅក្នុងការល្បួងទាំងនេះ។ នេះគឺជា «មន្តស្នេហ៍» នៃតណ្ហា។ អ្វីដែលគាត់បានធ្វើ បានបង្កើតជាការល្បួង ការទាក់ទាញ និងការរំខានសម្រាប់ភាគីទាំងសងខាង។ បុរសម្នាក់ល្បួងស្ត្រីច្រើននាក់ក្នុងពេលតែមួយ តើចិត្តរបស់គាត់ច្របូកច្របល់ដែរឬទេ? តើត្រូវយកចិត្តទុកដាក់ស្ត្រីណាមុនគេ ត្រូវបំពេញចិត្តស្ត្រីណាមុនគេ តើគាត់មិនហត់នឿយផ្លូវចិត្តទេឬអី? (ហត់។) ប្រសិនបើហត់នឿយខ្លាំងម្ល៉េះ ហេតុអ្វីបានជាគាត់នៅតែបន្តប្រព្រឹត្តបែបនេះ? នេះគឺជាសេចក្ដីអាក្រក់ នេះគឺជាធាតុពិតរបស់វា នេះគឺជាធម្មជាតិរបស់គាត់។ នៅពេលដែលជនរងគ្រោះត្រូវបានល្បួង និងធ្លាក់ចូលក្នុងការល្បួងហើយ តើវាងាយស្រួលទេសម្រាប់ពួកគេក្នុងការគេចចេញពីការល្បួងនោះ? គ្រាន់តែជាប់ក្នុងការល្បួងភ្លាម វានឹងពិបាកក្នុងការគេចចេញណាស់។ ការហូបចុក ការដេក ការដើរ ការបំពេញភារកិច្ច មិនថាពួកគេធ្វើអ្វីនោះទេ ចិត្តគំនិតរបស់ពួកគេពោរពេញដោយការគិតអំពីបុគ្គលម្នាក់នេះ ដួងចិត្តរបស់ពួកគេត្រូវបុគ្គលម្នាក់នេះកាន់កាប់ទាំងស្រុង។ ការរំខានបែបនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់! អ្វីដែលកើតឡើងបន្ទាប់ គឺការគិតជានិច្ចអំពីរបៀបផ្គាប់ចិត្តបុគ្គលម្នាក់នេះ របៀបទៅស្និទ្ធស្នាលនឹងគេ របៀបយកឈ្នះចិត្តគេ របៀបគ្រប់គ្រងគេតែម្នាក់ឯង របៀបប្រកួតប្រជែង និងដណ្ដើមជាមួយគូប្រជែងផ្សេងទៀត។ តើទាំងនេះមិនមែនជាផលវិបាកនៃការត្រូវបានរំខានទេឬអី? តើវាងាយស្រួលទេក្នុងការគេចចេញពីស្ថានភាពបែបនេះ? (មិនងាយស្រួលទេ។) ផលវិបាកនឹងក្លាយជាធ្ងន់ធ្ងរ។ នៅពេលនេះ តើចិត្តរបស់មនុស្សម្នាក់អាចនៅស្ងប់ស្ងាត់ចំពោះព្រះជាម្ចាស់បានទៀតទេ? នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេនៅតែអាចក្រេបជញ្ជក់បានទៀតទេ? តើពួកគេនៅតែអាចទទួលបានពន្លឺទៀតទេ? ក្នុងអំឡុងពេលជួបជុំ តើពួកគេនៅតែមានអារម្មណ៍ចង់ពិចារណា និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចង់ស្ដាប់អ្នកដទៃចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតទេ? ពួកគេនឹងមិនអាចទេ។ ចិត្តរបស់ពួកគេនឹងពោរពេញទៅដោយតណ្ហា និងបុគ្គលដែលពួកគេគោរពបូជា ដោយគ្មានរឿងត្រឹមត្រូវអ្វីសោះឡើយ សូម្បីតែព្រះជាម្ចាស់ក៏បាត់ចេញពីដួងចិត្តរបស់ពួកគេដែរ។ អ្វីដែលកើតឡើងបន្ទាប់គឺ ការរិះគិតអំពីរបៀបមានស្នេហា របៀបធ្វើជារ៉ូមែនទិកជាដើម ហើយបំណងចង់ជឿលើព្រះជាម្ចាស់ គឺបាត់បង់ទាំងស្រុង។ តើផលវិបាកទាំងនេះល្អដែរឬទេ? តើនេះជាអ្វីដែលមនុស្សចង់ឃើញមែនទេ? (អត់ទេ។) តើផលវិបាកនៃការត្រូវបានល្បួង និងការធ្លាក់ចូលក្នុងការល្បួង ជារឿងដែលមនុស្សអាចបង្ការបានដែរឬទេ? តើមនុស្សអាចគ្រប់គ្រងផលវិបាកទាំងនេះបានទេ? តើវាអាចអាស្រ័យលើពួកគេក្នុងការសម្រេចចិត្តបានទេ? តើពួកគេអាចឈានដល់កម្រិតមួយ ដែលអាចបញ្ឈប់បានដែរឬទេ នៅពេលដែលចិត្តពួកគេចង់? គ្មាននរណាម្នាក់អាចធ្វើបានឡើយ។ នេះគឺជាផលវិបាកនៃការរំខាន ដែលបង្កឡើងដោយទំនាក់ទំនងមិនត្រឹមត្រូវបែបនេះមកលើមនុស្ស។ នៅពេលដែលគ្មានព្រះជាម្ចាស់នៅក្នុងចិត្ត ហើយមនុស្សលែងចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត តើផលវិបាកជាអ្វី? តើនៅមានសង្ឃឹមនឹងទទួលបានសេចក្ដីសង្រ្គោះទៀតទេ? សេចក្ដីសង្ឃឹមសម្រាប់សេចក្ដីសង្រ្គោះនឹងក្លាយជាសូន្យ។ អ្វីៗគ្រប់យ៉ាងត្រូវបានបាត់បង់។ គោលលទ្ធិដ៏តិចតួចដែលធ្លាប់បានយល់ពីមុន ការប្ដេជ្ញាចិត្ត និងការតាំងចិត្តក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបំណងចង់ទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានបោះបង់ចោលទាំងអស់ នេះហើយគឺជាផលវិបាក។ មនុស្សដកខ្លួនឆ្ងាយពីព្រះជាម្ចាស់ និងបដិសេធទ្រង់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេក៏ត្រូវបានព្រះជាម្ចាស់បដិសេធផងដែរ។ ផលវិបាកនេះ មិនមែនជារឿងដែលអ្នកជឿ និងដើរតាមព្រះជាម្ចាស់ណាម្នាក់ចង់ឃើញឡើយ ហើយវាក៏មិនមែនជាការពិតដែលអ្នកដើរតាមព្រះជាម្ចាស់ណាម្នាក់អាចទទួលយកបានដែរ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងការល្បួងបែបនេះ ហើយជាប់នៅក្នុងជង្ហុកនៃទំនាក់ទំនងមិនត្រឹមត្រូវ ពួកគេពិបាកនឹងដកខ្លួនណាស់ ហើយរឹតតែមិនអាចគ្រប់គ្រងខ្លួនឯងបានទៅទៀត។ ហេតុនេះ ទំនាក់ទំនងមិនត្រឹមត្រូវបែបនេះ គួរតែត្រូវបានរឹតត្បិត។ ក្នុងករណីធ្ងន់ធ្ងរ ចំពោះអ្នកដែលរំខាន និងយាយីភេទផ្ទុយជាប្រចាំ គួរតែបោសសម្អាតពួកគេចេញពីពួកជំនុំជាបន្ទាន់ និងឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យពួកគេរំខានដល់ជីវិតពួកជំនុំ ហើយរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺដើម្បីការពារកុំឱ្យមនុស្សកាន់តែច្រើនជាប់អន្ទាក់នៃការល្បួង។ តើវិធីដោះស្រាយបែបនេះសមហេតុផលដែរឬទេ? (សមហេតុផល។)

នៅក្នុងចំណុចទីដប់ពីរនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងកិច្ចការនីមួយៗ ដើម្បីធានាថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅក្នុងជីវិតពួកជំនុំជាធម្មតា ដោយការពារបងប្អូនប្រុសស្រីពីការរំខាន ឬការបង្អាក់ណាមួយនៅក្នុងជីវិតពួកជំនុំ។ នេះមានន័យថា ជាការការពារបងប្អូនប្រុសស្រីទាំងអស់ដែលអាចរស់នៅក្នុងជីវិតពួកជំនុំជាធម្មតា។ តើត្រូវការពារអ្វីទៅ? បងប្អូនប្រុសស្រីគួរតែត្រូវបានការពារ ដើម្បីឱ្យពួកគេអាចមកចំពោះព្រះជាម្ចាស់ដោយចិត្តស្ងប់ក្នុងអំឡុងពេលជួបជុំ និងអានអធិដ្ឋាន ព្រមទាំងចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេចក្ដីស្ងប់សុខ។ ក្នុងពេលជាមួយគ្នានេះដែរ បងប្អូនប្រុសស្រីគួរតែអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយរួមចិត្តតែមួយ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្វែងរកការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះជាម្ចាស់ ទទួលបានវត្តមានរបស់ព្រះជាម្ចាស់ និងទទួលបានព្រះពរ ព្រមទាំងការដឹកនាំរបស់ព្រះជាម្ចាស់។ នេះគឺជាផលប្រយោជន៍ដ៏ធំបំផុត និងសំខាន់បំផុតរបស់បងប្អូនប្រុសស្រីទាំងអស់ ហើយវាពិតជាសំខាន់ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ វាពាក់ព័ន្ធនឹងថាតើពួកគេអាចទទួលបានសេចក្ដីសង្រ្គោះដែរឬទេ និងថាតើពួកគេអាចមានគោលដៅល្អដែរឬទេ។ ហេតុនេះ ចាំបាច់ត្រូវតែរឹតត្បិត ដាក់ឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតចោលយ៉ាងល្អិតល្អន់អស់អ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវនៅក្នុងពួកជំនុំ។ ជាពិសេស អស់អ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងរវាងប្រុសនិងស្រី ត្រូវតែមើលខុសត្រូវលើពួកគេឱ្យបានតឹងរ៉ឹង។ តើការមើលខុសត្រូវមានន័យដូចម្ដេច? ប្រសិនបើត្រឹមជាករណីស្រាល គួរតែលាតត្រដាង និងលួសកាត់ ហើយត្រូវបញ្ឈប់ និងរឹតត្បិតពួកគេជាបន្ទាន់ ព្រមទាំងការពារមិនឱ្យប៉ះពាល់ដល់អ្នកដទៃ។ ប្រសិនបើជាករណីធ្ងន់ធ្ងរ ចាំបាច់ត្រូវចាត់វិធានការឱ្យបានដាច់ណាត់ និងដោយមិនស្ទាក់ស្ទើរ ហើយគួរតែបោសសម្អាតពួកគេចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យពួកគេរំខានដល់មនុស្សកាន់តែច្រើន។ ប្រសិនបើពួកគេចង់បង្កការរំខាន ចូរឱ្យពួកគេទៅធ្វើនៅខាងក្រៅក្នុងពិភពលោកចុះ ដោយរំខានអ្នកណាដែលពួកគេចង់រំខានចុះ។ សរុបសេចក្ដីមក បងប្អូនប្រុសស្រីទាំងអស់នៅក្នុងជីវិតពួកជំនុំ ដែលដេញតាមសេចក្ដីពិត មិនគួរត្រូវបានរំខានដោយពួកគេឡើយ។ នេះគឺជាគោលការណ៍ និងគោលដៅចម្បងសម្រាប់កិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលពាក់ព័ន្ធនឹងទំនួលខុសត្រូវទីដប់ពីរនេះ។

ខ. ទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា

ចំពោះបញ្ហានៃទំនាក់ទំនងមិនត្រឹមត្រូវ អ្វីដែលយើងបានប្រកបគ្នាជាចម្បងនៅពេលអម្បាញ់មិញនេះ គឺការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវរវាងបុរសនិងស្ត្រី។ ដែលពាក់ព័ន្ធនឹងការល្បួង ការទាក់ទាញ ការអួតបង្ហាញ និងការចែចង់ភេទផ្ទុយគ្នា ការចូលទៅរកគេមុន និងព្យាយាមចង់ស្និទ្ធស្នាលជាមួយគេ ហើយជាញឹកញាប់មានចេតនា ឬអចេតនាក្នុងការចង់ទៅអង្គុយជិតគេនៅពេលមានការជួបជុំ។ លើសពីនេះ មិនមែនល្បួងតែម្នាក់ទេ ប៉ុន្តែប្ដូរទៅម្នាក់ទៀត ប្រសិនបើការល្បួងលើកទីមួយមិនបានសម្រេច ដែលធ្វើឱ្យសមាជិកភេទផ្ទុយគ្នាជាច្រើននៅក្នុងពួកជំនុំត្រូវបានគេបៀតបៀន នោះបញ្ហានេះបានក្លាយជាធ្ងន់ធ្ងរហើយ។ ការណ៍នេះរាប់បញ្ចូលជាទំនាក់ទំនងមិនត្រឹមត្រូវរវាងបុរសនិងស្ត្រី។ ក្រៅពីទំនាក់ទំនងជាមួយភេទផ្ទុយគ្នា ក៏មានទំនាក់ទំនងមិនត្រឹមត្រូវខ្លះនៅក្នុងចំណោមមនុស្សដែលមានភេទដូចគ្នាដែរ។ ប្រសិនបើមនុស្សពីរនាក់ដែលមានភេទដូចគ្នា មានទំនាក់ទំនងល្អនឹងគ្នាខ្លាំង ស្គាល់គ្នាជាយូរមកហើយ និងស្និទ្ធស្នាលនឹងគ្នាខ្លាំង នោះវាជារឿងត្រឹមត្រូវហើយដែលពួកគេទាក់ទងគ្នាជាញឹកញាប់។ ក៏ប៉ុន្តែ នៅពេលដែលវាឈានដល់ការមានទំនាក់ទំនងនៃតណ្ហាខាងសាច់ឈាម ទំនាក់ទំនងបែបនេះក៏គួរតែត្រូវបានចាត់ទុកថាជាទំនាក់ទំនងមិនត្រឹមត្រូវដែរ។ ប្រសិនបើនៅក្នុងចំណោមមនុស្សពីរនាក់ដែលមានភេទដូចគ្នា មានការប៉ះពាល់រាងកាយជាញឹកញាប់ សូម្បីតែដល់កម្រិតដែលពួកគេឧស្សាហ៍ប្រើពាក្យសម្ដីដែលមានលក្ខណៈចែចង់ដាក់គ្នាទៅវិញទៅមក ហើយអ្នកទាំងពីរនោះ គេអាចនឹងឃើញថាឧស្សាហ៍ឱបស្មាគ្នា ឬបង្ហាញអាកប្បកិរិយា និងការសម្ដែងចេញកាន់តែច្បាស់ នោះយូរៗទៅ មនុស្សគ្រប់គ្នានឹងមើលឃើញថា៖ «អ្នកទាំងពីរនេះមិនមែនកំពុងជួយគ្នា ឬមានអត្តចរិតចុះសម្រុងគ្នានោះទេ ពួកគេមិនមែនកំពុងទាក់ទងគ្នានៅក្នុងដែនកំណត់នៃភាពជាមនុស្សធម្មតាឡើយ។ នេះគឺជាការស្រឡាញ់ភេទដូចគ្នាហើយ!» ឥឡូវនេះ មនុស្សភាគច្រើនយល់ថា ការស្រឡាញ់ភេទដូចគ្នា គឺជាទំនាក់ទំនងមិនត្រឹមត្រូវ ដែលមានសារជាតិកាន់តែធ្ងន់ធ្ងរ និងមិនត្រឹមត្រូវជាងទំនាក់ទំនងរវាងភេទផ្ទុយគ្នាទៅទៀត។ ប្រសិនបើមានទំនាក់ទំនងបែបនេះនៅក្នុងពួកជំនុំ វាអាចឆ្លងរាលដាលដូចជាជំងឺអាសន្នរោគ ដែលនាំឱ្យមនុស្សមួយចំនួនធ្លាក់ទៅក្នុងការល្បួង និងការទាក់ទាញបែបនេះ។ មនុស្សខ្លះនិយាយថា ពួកគេធ្លាប់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នាកាលពីអតីតកាល ប៉ុន្តែមិនមែនធ្វើឡើងដោយស្ម័គ្រចិត្តនោះទេ។ ដោយទុកមួយឡែកសិនថាតើពួកគេពិតជាអ្នកស្រឡាញ់ភេទដូចគ្នា ឬថាតើពួកគេមាននិន្នាការផ្លូវភេទបែបណានោះទេ ប្រសិនបើពួកគេអាចធ្លាក់ទៅក្នុងការល្បួងបែបនេះនៅក្រោមការទាក់ទាញ មិនថាដោយស្ម័គ្រចិត្ត ឬបណ្ដោយតាមនោះទេ អ្វីដែលសំខាន់បំផុត រឿងនេះបានរំខានដល់ពួកគេ។ បើវិនិច្ឆ័យតាមការអះអាងរបស់ពួកគេដែលថា ពួកគេមិនបានធ្វើវាដោយស្ម័គ្រចិត្ត នោះពួកគេគឺជាជនរងគ្រោះ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកស្រឡាញ់ភេទដូចគ្នា ល្បួង និងទាក់ទាញអ្នកដទៃដែលមានភេទដូចគ្នា នោះអ្នកដែលត្រូវបានគេទាក់ទាញ ទោះបីមិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ ក៏អាចក្លាយជាអ្នកស្រឡាញ់ភេទដូចគ្នាបានដែរ បន្ទាប់ពីត្រូវបានគេទាក់ទាញរួច។ តើនេះមិនមែនជាស្ថានភាពដ៏គ្រោះថ្នាក់ទេឬអី? ហេតុអ្វីបានជានិយាយថា មនុស្សបែបនេះគឺជាអ្នកស្រឡាញ់ភេទដូចគ្នា? បុគ្គលស្រឡាញ់ភេទផ្ទុយគ្នា ដែលល្បួងមនុស្សជាច្រើន គឺស្ថិតនៅក្នុងប្រភេទនៃភាពសហាយស្មន់ ដែលចាត់ទុកជាទំនាក់ទំនងមិនត្រឹមត្រូវ។ ដូច្នេះ នៅពេលដែលមនុស្សមានភេទដូចគ្នាពីរនាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ និងចុះសម្រុងគ្នា កាន់ដៃគ្នា និងឱបគ្នា ដែលជារឿងធម្មតាសោះ តើវាអាចឈានដល់ការកំណត់ថាពួកគេជាអ្នកស្រឡាញ់ភេទដូចគ្នាបានដោយរបៀបណា? គឺនៅត្រង់ទំនាក់ទំនងផ្លូវភេទរវាងពួកគេ នៅពេលដែលទំនាក់ទំនងកម្រិតនេះកើតឡើង វាក្លាយជាការស្រឡាញ់ភេទដូចគ្នាហើយ។ នៅពេលដែលពួកគេដាក់ដៃលើស្មាគ្នា ឱបកគ្នា ឬឱបចង្កេះគ្នា នេះមិនមែនជាការប៉ះពាល់រាងកាយធម្មតារវាងបុគ្គលដែលមានភេទដូចគ្នានោះទេ ផ្ទុយទៅវិញ វាគឺជាការប៉ះពាល់រាងកាយដែលជំរុញដោយតណ្ហា ដែលខុសគ្នាត្រង់សារជាតិ ហើយដូច្នេះ វាធ្លាក់ចូលទៅក្នុងប្រភេទនៃទំនាក់ទំនងមិនត្រឹមត្រូវ។ ចំពោះមនុស្សភាគច្រើននៅក្នុងពួកជំនុំ តើការឃើញអ្នកស្រឡាញ់ភេទដូចគ្នាបែបនេះ ជាការស្អាងចិត្តដែរឬទេ? (អត់ទេ មិនទទួលបានការស្អាងចិត្តទេ។) តើមនុស្សភាគច្រើនមានអារម្មណ៍ថាត្រូវបានរំខានដែរឬទេ បន្ទាប់ពីបានឃើញបែបនេះ? ប្រសិនបើអ្នកមិនបានដឹងអំពីស្ថានភាពនេះ ហើយពួកគេមកឱបក ឬឱបចង្កេះអ្នក ឬថែមទាំងថើបមុខអ្នកទៀត តើអ្នកមានអារម្មណ៍ថាត្រូវបានរំខានដែរឬទេ? (រំខាន។) បន្ទាប់ពីមានអារម្មណ៍ថាត្រូវបានរំខាន តើអ្នកមានអារម្មណ៍ស្រួលចិត្ត ឬមិនស្រួលចិត្ត? (ខ្ញុំនឹងមានអារម្មណ៍ថាខ្ពើមរអើម។) ដូច្នេះ តើនឹងមានអារម្មណ៍ថាបានប្រព្រឹត្តអំពើបាបដែរឬទេ? ប្រសិនបើអ្នកមិនយល់ច្បាស់ថាតើសារជាតិនៃបញ្ហាបែបនេះគឺជាអ្វី ហើយបុគ្គលម្នាក់ដែលមានភេទដូចគ្នា គ្រាន់តែប៉ះ ឬពាល់រាងកាយអ្នក ដោយមិនបានគិតអ្វីច្រើនអំពីរឿងនេះនៅពេលខាងមុខ នោះវាមិនមានបញ្ហាអ្វីធំដុំទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគិតអំពីវា ហើយនៅតែបន្តគិត ហើយបន្ទាប់មកអ្នកមិនអាចបំភ្លេចបុគ្គលនេះបាន ដូចដែលមនុស្សម្នាក់អាចនឹងអាឡោះអាល័យចំពោះភេទផ្ទុយគ្នាដែរ មិនថាអ្នកជំទាស់នឹងសតិសម្បជញ្ញៈបែបស្រមើស្រមៃរបស់អ្នកឬអត់នោះទេ ការលេចឡើងនៃគំនិតបែបនេះនៅក្នុងខ្លួនអ្នក បញ្ជាក់ថាអ្នកត្រូវបានរំខានរួចទៅហើយ តើមែនទេ? ហេតុដូច្នេះហើយ សារជាតិនៃទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ដែលជាប្រភេទនៃទំនាក់ទំនងមិនត្រឹមត្រូវនេះ គឺធ្ងន់ធ្ងរជាងខ្លាំងណាស់។ មនុស្សមួយចំនួនមើលមិនឃើញពីភាពខុសគ្នារវាងភាពសហាយស្មន់នៅក្នុងចំណោមអ្នកស្រឡាញ់ភេទផ្ទុយគ្នា និងការស្រឡាញ់ភេទដូចគ្នានោះទេ ហើយចាត់ទុកបញ្ហាទាំងពីរនេះថាស្មើគ្នា។ តាមពិតទៅ បញ្ហានៃការស្រឡាញ់ភេទដូចគ្នា គឺធ្ងន់ធ្ងរជាងបញ្ហានៃភាពសហាយស្មន់នៅក្នុងចំណោមអ្នកស្រឡាញ់ភេទផ្ទុយគ្នាខ្លាំងណាស់។

ប្រសិនបើបុគ្គលដែលពាក់ព័ន្ធក្នុងទំនាក់ទំនងស្រឡាញ់ភេទដូចគ្នាលេចឡើងនៅក្នុងពួកជំនុំ ហើយមិនត្រូវបានរឹតត្បិតទេនោះ ពួកគេបង្កជាការគំរាមកំហែង និងបង្កការរំខានដល់មនុស្សគ្រប់គ្នា។ តើការរំខានបែបណាទៅ? មនុស្សភាគច្រើនមើលមិនឃើញបញ្ហាអ្វីទេចំពោះភាពជាមនុស្សរបស់ពួកគេនៅពេលទាក់ទងជាមួយពួកគេពីខាងក្រៅ ប៉ុន្តែការទាក់ទងគ្នាយូរទៅ ធ្វើឱ្យគំនិតរបស់ពួកគេល្អក់កករ ហើយចិត្តរបស់ពួកគេប្រែជាងងឹត។ ពួកគេបាត់បង់ភាពរំភើបក្នុងការជឿលើព្រះជាម្ចាស់ ហើយដោយមិនបានជួបប្រទះបញ្ហាពិសេសណាមួយសោះ ពួកគេបែរជាមិនចង់ជឿលើព្រះជាម្ចាស់ លែងចាប់អារម្មណ៍ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានអារម្មណ៍ថាកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់នៅក្នុងចិត្ត ហើយចាប់ផ្ដើមមានគំនិតអាក្រក់ក្នុងការបោះបង់ចោលជំនឿរបស់ខ្លួន។ ហេតុដូច្នេះហើយ ទំនាក់ទំនងស្រឡាញ់ភេទដូចគ្នាដែលមិនត្រឹមត្រូវបែបនេះនៅក្នុងពួកជំនុំ មិនត្រឹមគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលប្រព្រឹត្តបែបនេះ ក៏គួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំជាបន្ទាន់ផងដែរ។ នេះគឺជាគោលការណ៍ដាច់ខាត។ នៅពេលដែលរកឃើញបុគ្គលបែបនេះ មិនថាពួកគេបំពេញភារកិច្ចអ្វី ឬមានឋានៈអ្វីនោះទេ ត្រូវតែបោសសម្អាតពួកគេចេញពីពួកជំនុំជាបន្ទាន់ ដោយគ្មានការលើកលែងឡើយ! នេះគឺជាបទប្បញ្ញត្តិរបស់ពួកជំនុំ។ ហេតុអ្វីបានជាមានបទប្បញ្ញត្តិនេះ? គឺមានមូលដ្ឋានច្បាស់លាស់។ ព្រះជាម្ចាស់បានបង្កើតមនុស្សមកជាប្រុស និងស្រី។ បន្ទាប់ពីបង្កើតអ័ដាមមក ដៃគូរបស់គាត់គឺអេវ៉ា មិនមែនអ័ដាមម្នាក់ទៀតទេ។ ការចាត់វិធានការបែបនេះចំពោះអ្នកដែលប្រព្រឹត្តទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា គឺផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាពិតជាត្រឹមត្រូវណាស់។ មនុស្សខ្លះអាចនឹងនិយាយថា៖ «ហេតុអ្វីបានជាមិនផ្ដល់ឱកាសឱ្យមនុស្សទាំងនេះប្រែចិត្ត? ពួកគេនៅក្មេង តើមិនគួរអនុញ្ញាតឱ្យពួកគេធ្វើរឿងផ្ដេសផ្ដាសខ្លះទេឬអី?» អត់ទេ! រឿងផ្ដេសផ្ដាសផ្សេងទៀត អាចនឹងត្រូវបានដោះស្រាយតាមរបៀបផ្សេងគ្នា អាស្រ័យលើកាលៈទេសៈ និងសារជាតិ ប៉ុន្តែរឿងផ្ដេសផ្ដាសមួយនេះ មិនមែនជារឿងផ្ដេសផ្ដាសធម្មតាដាច់ខាត។ វាដាច់ខាតមិនអាចលើកលែងបានឡើយ ហើយនរណាក៏ដោយដែលប្រព្រឹត្តអំពើបែបនេះនៅក្នុងពួកជំនុំ ត្រូវតែបោសសម្អាតអ្នកនោះចេញជាបន្ទាន់! ប្រសិនបើពួកជំនុំទាំងមូលសុទ្ធតែជាអ្នកស្រឡាញ់ភេទដូចគ្នា នោះត្រូវបោសសម្អាតពួកគេទាំងអស់ចេញ។ មិនចង់បានពួកជំនុំបែបនេះឡើយ សូម្បីតែមួយក៏មិនចង់បានដែរ! នេះគឺជាគោលការណ៍។ អ្នកខ្លះនិយាយថា៖ «មនុស្សខ្លះមានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នាជាមួយមនុស្សតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានល្បួងអ្នកដទៃ ឬចាប់ផ្ដើមរំខាននរណាម្នាក់ផ្សេងទៀតឡើយ។ តើគួរចាត់ការ និងបោសសម្អាតបុគ្គលបែបនេះចេញដែរឬទេ?» ប្រសិនបើពួកគេពិតជាអ្នកស្រឡាញ់ភេទដូចគ្នាមែន ការអនុញ្ញាតឱ្យពួកគេបន្តនៅក្នុងពួកជំនុំ គឺប្រៀបដូចជាការដាក់គ្រាប់បែកកំណត់ម៉ោងនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អ៊ីចឹង វានឹងផ្ទុះនៅពេលណាមួយមិនខាន។ ទោះបីជាពួកគេមិនបានរំខាន ល្បួង ឬបៀតបៀនបុគ្គលដែលមានភេទដូចគ្នាណាមួយក៏ដោយ នោះមិនមែនមានន័យថា ពួកគេនឹងមិនធ្វើបែបនេះនៅពេលអនាគតនោះទេ។ វាអាចមកពីពួកគេមិនទាន់រកឃើញនរណាម្នាក់ដែលពួកគេពេញចិត្ត នរណាម្នាក់ដែលពួកគេចូលចិត្ត ឬពេលវេលាមិនទាន់មកដល់ ហើយមនុស្សគ្រប់គ្នានៅមិនទាន់សូវស្គាល់គ្នា និងយល់ពីគ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលដែលពេលវេលាមកដល់ និងស័ក្តិសមសម្រាប់មនុស្សបែបនេះ ពួកគេនឹងចាប់ផ្ដើមធ្វើសកម្មភាពហើយ។ ហេតុដូច្នេះហើយ បុគ្គលបែបនេះដាច់ខាតមិនត្រូវលើកលែង ឬអនុញ្ញាតឱ្យបន្តនៅក្នុងពួកជំនុំឡើយ ព្រោះពួកគេខុសពីធម្មជាតិ និងមិនមែនជាមនុស្សឡើយ។ ពួកជំនុំមិនចង់បានមនុស្សបែបនេះទេ។ ការចាត់ការចំពោះអ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវបែបនេះតាមរបៀបនេះ គឺមិនខុស ឬហួសហេតុពេកទេ។ ក៏ប៉ុន្តែ មនុស្សខ្លះនិយាយថា៖ «អ្នកស្រឡាញ់ភេទដូចគ្នាខ្លះ មើលទៅហាក់ដូចជាល្អណាស់ ពួកគេមិនបានធ្វើអ្វីអាក្រក់ទេ ពួកគេគោរពច្បាប់ និងបទប្បញ្ញត្តិ គោរពចាស់ស្រឡាញ់ក្មេង តែងតែធ្វើអំពើល្អ ខ្លះថែមទាំងមានអំណោយទាន និងជំនាញ ហើយខ្លះទៀតមានចិត្តទូលាយ និងចូលចិត្តជួយគេនៅក្នុងពួកជំនុំជាពិសេស។ យើងគួរតែអនុញ្ញាតឱ្យពួកគេបន្តនៅក្នុងពួកជំនុំ»។ តើគំនិតនេះត្រឹមត្រូវដែរឬទេ? (អត់ទេ។) មិនថាគំនិតរបស់អ្នកត្រឹមត្រូវ ឬខុសនោះទេ អ្នកត្រូវតែអាចមើលធ្លុះពីសារជាតិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ គោលការណ៍នៃការអនុវត្តរបស់ពួកជំនុំចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា គឺត្រូវបោសសម្អាតពួកគេចេញ។ នេះគឺជាបញ្ញត្តិរដ្ឋបាល ដែលគ្មាននរណាម្នាក់អាចបំពានបានឡើយ មនុស្សគ្រប់គ្នាត្រូវតែអនុវត្តតាមគោលការណ៍នេះ។

ការសម្ដែងចេញនៃទំនាក់ទំនងមិនត្រឹមត្រូវទាំងពីរប្រភេទនេះ ដែលយើងទើបតែបានប្រកបគ្នាអម្បាញ់មិញ គឺជាអ្វីដែលងាយស្រួលបំផុតសម្រាប់មនុស្សក្នុងការសម្គាល់ មើលធ្លុះ និងកំណត់លក្ខណៈ។ ចំពោះអ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវបែបនេះ ម្យ៉ាង អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែបំពេញការទទួលខុសត្រូវរបស់ខ្លួន ដោយប្រើវិធានការនានា ដូចជាការបញ្ឈប់ ការរឹតត្បិត ការដាក់ឱ្យនៅដាច់ដោយឡែក និងការបោសសម្អាតចេញជាដើម ដើម្បីចាត់ការពួកគេ។ ម្យ៉ាងវិញទៀត បងប្អូនប្រុសស្រីក៏គួរតែចេះសម្គាល់ និងនៅឱ្យឆ្ងាយពីអ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវទាំងពីរប្រភេទនេះដែរ ដើម្បីជៀសវាងកុំឱ្យគេទាក់ទាញ និងធ្លាក់ទៅក្នុងការល្បួង ដែលអាចប៉ះពាល់ដល់ការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិតរបស់ពួកគេ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ នៅពេលដែលជាប់នៅក្នុងការល្បួងហើយ គឺពិបាកនឹងដកខ្លួនចេញណាស់។ មនុស្សភាគច្រើនគួរតែចេះសម្គាល់មនុស្សទាំងពីរប្រភេទនេះ។ កុំធ្វើដូចជារបៀបដែលមនុស្សនៅក្នុងសង្គមប្រព្រឹត្ត ដោយធ្វើពុតជាមើលមិនឃើញថាអ្នកណាចែចង់អ្នកណា ដោយខ្វះទស្សនៈ ឬជំហរត្រឹមត្រូវចំពោះអ្នកដែលប្រព្រឹត្តភាពសហាយស្មន់ ហើយអាចទាក់ទងជាធម្មតាជាមួយបុគ្គលបែបនេះ ដរាបណាផលប្រយោជន៍ផ្ទាល់ខ្លួនមិនពាក់ព័ន្ធ ដោយនិយាយស្ដីដូចធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ។ តើមនុស្សបែបនេះមានគោលការណ៍ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃដែរឬទេ? គឺគ្មានទាល់តែសោះ។ អ្នកមិនជឿទាំងអស់រស់នៅដោយពឹងផ្អែកលើទស្សនវិជ្ជាសម្រាប់ការរស់នៅ ដោយខិតខំមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ ដើម្បីការពារខ្លួនឯង ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់គឺខុសគ្នាដាច់ស្រឡះពីសង្គមដែលមិនជឿ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សេចក្ដីពិតកាន់អំណាច។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃដោយផ្អែកលើគោលការណ៍សេចក្ដីពិត។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់កំពុងទទួលយក និងបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិត ហើយប្រើប្រាស់សេចក្ដីពិត ដើម្បីសម្គាល់ និងប្រព្រឹត្តចំពោះអ្នកដទៃ មិនត្រឹមតែដើម្បីរក្សាជីវិតពួកជំនុំ និងការពារបងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺដើម្បីការពារខ្លួនពីទុក្ខវេទនានៃការល្បួង និងជៀសវាងកុំឱ្យគេទាក់ទាញឱ្យធ្លាក់ទៅក្នុងការល្បួង។ កាលណាអ្នកចេះសម្គាល់ និងនៅឱ្យឆ្ងាយពីបុគ្គលបែបនេះបានកាន់តែឆាប់ នោះអ្នកនឹងកាន់តែអាចនៅឱ្យឆ្ងាយពីការល្បួង និងទទួលបានការការពារ។ នេះជារបៀបដែលអ្នកគួរប្រព្រឹត្តចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ។ នេះគឺស្របតាមគោលការណ៍សេចក្ដីពិត និងស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។

គ. ទំនាក់ទំនងមិនត្រឹមត្រូវនៃ​ផលប្រយោជន៍ផ្ទាល់ខ្លួន

ទំនាក់ទំនងមិនត្រឹមត្រូវមួយប្រភេទទៀត គឺទំនាក់ទំនងនៃផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សធ្វើរឿងដូចជាការបញ្ជោរ ការលើកជើង ការសរសើរ និងការផ្គាប់ចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍។ ការនាំយកការប្រព្រឹត្តដ៏វៀចវេរ និងបរិយាកាសអាក្រក់បែបនេះចូលទៅក្នុងជីវិតពួកជំនុំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដទៃដែលកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយស្ងប់ស្ងាត់ ឬស្ដាប់បទពិសោធដែលបានចែករំលែក។ នៅពេលដែលទំនាក់ទំនងនៃផលប្រយោជន៍ផ្ទាល់ខ្លួនកើតមានឡើង បុគ្គលដែលពាក់ព័ន្ធនឹងនិយាយ ឬធ្វើរឿងដែលផ្ទុយពីចិត្តរបស់ខ្លួនជាញឹកញាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍ ប្រសិនបើម្នាក់ឃើញថាម្នាក់ទៀតអាចផ្ដល់ប្រយោជន៍ដល់មុខរបរ ឬមានប្រយោជន៍សម្រាប់គេតាមរបៀបណាមួយ គេអាចនឹងជ្រើសរើសអ្នកនោះធ្វើជាអ្នកដឹកនាំ ស្នើឈ្មោះអ្នកនោះឱ្យកាន់ភារកិច្ចជាក់លាក់ណាមួយ ឬយល់ស្របតាមអ្វីដែលអ្នកនោះនិយាយ ដោយអះអាងថាវាត្រឹមត្រូវ ដោយមិនខ្វល់ថាតើវាស្របតាមសេចក្ដីពិតឬអត់នោះទេ ដើម្បីយកចិត្តគេ។ ដើម្បីយកចិត្តពួកគេ គេធ្វើរឿងជាច្រើនដែលមិនស្របតាមគោលការណ៍ និងផ្ទុយពីសេចក្ដីពិត ដែលបង្កការរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការសម្គាល់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ និងការចូលទៅក្នុងសេចក្ដីពិត។ គេនិយាយថាអ្វីដែលខុស និងបំភ្លៃ ថាជាត្រូវ និយាយថាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ថាស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ជាដើម ដោយហេតុនេះហើយ វាបង្កការរំខានដល់គំនិតរបស់មនុស្ស និងទិសដៅ ព្រមទាំងគោលដៅដ៏ត្រឹមត្រូវនៃការដេញតាមរបស់ពួកគេ។ អាកប្បកិរិយាទាំងអស់នេះ កើតចេញពីការរក្សាទំនាក់ទំនងនៃផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ដើម្បីការពារ និងរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេអាចនិយាយផ្ទុយពីមនសិការរបស់ខ្លួន និងធ្វើសកម្មភាពផ្ទុយពីគោលការណ៍។ អ្វីដែលពួកគេនិយាយ និងធ្វើ បង្កការរំខាន និងការបំផ្លិចបំផ្លាញដល់ជីវិតពួកជំនុំ ដែលនៅទីបំផុតនាំឱ្យមនុស្សកាន់តែច្រើនមិនអាចប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចែករំលែកបទពិសោធផ្ទាល់ខ្លួន តាមរបៀបធម្មតា និងមានសណ្ដាប់ធ្នាប់បានឡើយ ហើយជាលទ្ធផល វាបណ្ដាលឱ្យមានការខាតបង់ដល់ការ​ចូល​ទៅ​ក្នុងជីវិតរបស់មនុស្ស។ នៅពេលដែលមនុស្សប្រកបគ្នាអំពីការយល់ដឹងតាមរយៈបទពិសោធផ្ទាល់ខ្លួន ជារឿយៗ ពួកគេជួបប្រទះការរំខានពីទំនាក់ទំនងនៃផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្ស។ ខ្លះជាការរំខានតាមរយៈពាក្យសម្ដី ខ្លះជាការរំខានតាមរយៈអាកប្បកិរិយា និងខ្លះទៀតពាក់ព័ន្ធនឹងគោលដៅ និងទិសដៅ។ មនុស្សត្រូវបានបង្អាក់ជាញឹកញាប់ នៅពេលប្រកបគ្នាអំពីសេចក្ដីពិត និងអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបាននាំឱ្យនិយាយខុសប្រធានបទជាញឹកញាប់ និងត្រូវបានប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នាជាញឹកញាប់។ ហេតុដូច្នេះហើយ អ្នកដែលពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវនៃផលប្រយោជន៍ផ្ទាល់ខ្លួន និងអាកប្បកិរិយាដែលពាក់ព័ន្ធ គួរតែត្រូវបានរឹតត្បិត។ អ្នកដឹកនាំពួកជំនុំដែលប្រឈមមុខនឹងបញ្ហាទាំងនេះ មិនគួរធ្វើជាមើលមិនឃើញឡើយ ហើយពួកគេដាច់ខាតមិនគួរបណ្ដោយឱ្យមានអំពើអាក្រក់បែបនេះ ដោយអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងនៅក្នុងជីវិតពួកជំនុំឡើយ។ ផ្ទុយទៅវិញ ពួកគេគួរតែមានការប្រុងប្រយ័ត្ន និងរវៀសរវៃ ហើយបញ្ឈប់ និងរឹតត្បិតរឿងទាំងនេះជាបន្ទាន់។

ការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវនៃផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាអ្វីដែលកើតឡើងជាញឹកញាប់នៅក្នុងពួកជំនុំ។ ឧទាហរណ៍ ប្រសិនបើមាននរណាម្នាក់មានបំណងឈរឈ្មោះបោះឆ្នោតធ្វើជាអ្នកដឹកនាំពួកជំនុំនៅអាណត្តិក្រោយ គេអាចនឹងអូសទាញមនុស្សមួយក្រុម ហើយបង្ហើបប្រាប់គំនិតរបស់ខ្លួនដល់ពួកគេ។ មនុស្សទាំងនេះមិនល្ងង់ទេ ពួកគេនិយាយបញ្ឆិតប្រាប់គេថា៖ «ប្រសិនបើយើងបោះឆ្នោតឱ្យអ្នក តើអ្នកនឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ពួកយើង?» ដូច្នេះ ទំនាក់ទំនងដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើងនៅក្នុងចំណោមពួកគេ។ ដើម្បីការពារផលប្រយោជន៍របស់ពួកគេ ជារឿយៗ ពួកគេមានជំហរដូចគ្នាចំពោះបញ្ហានានានៅពេលមានការជួបជុំ។ ដោយអ្នកដទៃមិនបានជ្រាប ឬមិនដឹងពីប្រវត្តិរឿងរ៉ាវ ពួកគេតែងនិយាយថាបុគ្គលនោះល្អយ៉ាងណា ថាអ្វីដែលម្នាក់នោះធ្វើ គឺជាកិច្ចការដែលព្រះជាម្ចាស់អនុញ្ញាត និងប្រទានពរ ថាគេបានថ្វាយតង្វាយ ហើយថ្វាយប៉ុន្មាន ហើយគេបានចូលរួមចំណែកអ្វីខ្លះដល់ដំណាក់របស់ព្រះជាម្ចាស់ ដោយតែងតែលើកជើង និងសរសើរគ្នាទៅវិញទៅមក។ នៅក្នុងជីវិតពួកជំនុំ ពួកគេតែងបញ្ចេញរឿងទាំងនេះ ដើម្បីបម្រើដល់ការព្រមព្រៀងដែលពួកគេបានធ្វើកាលពីមុន និងដើម្បីការពារផលប្រយោជន៍របស់ពួកគេទៅវិញទៅមក។ ឧទាហរណ៍ មនុស្សម្នាក់អាចនិយាយថា៖ «ប្រសិនបើអ្នកបោះឆ្នោតឱ្យខ្ញុំធ្វើជាអ្នកដឹកនាំ នៅពេលខ្ញុំបានតំណែងហើយ ខ្ញុំនឹងឱ្យអ្នកធ្វើជាប្រធានក្រុម»។ តើពួកគេទាំងអស់គ្នាមិនមែនកំពុងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេឬអី? ដើម្បីសម្រេចផលប្រយោជន៍របស់ខ្លួន តើពួកគេមិនចាំបាច់ត្រូវនិយាយពាក្យមួយចំនួន ឬធ្វើសកម្មភាពមួយចំនួនទេឬអី? ដូច្នេះ ពួកគេបង្ហាញការសម្ដែងចេញផ្សេងៗគ្នានៅពេលមានការជួបជុំ ដែលសុទ្ធតែមានបំណងការពារកិច្ចព្រមព្រៀងដែលពួកគេបានធ្វើកាលពីមុន និងផលប្រយោជន៍ដែលពាក់ព័ន្ធ។ មុនពេលសម្រេចគោលដៅរបស់ខ្លួន ភាគច្រើននៃអ្វីដែលពួកគេធ្វើ គឺសុទ្ធតែធ្វើឡើងដើម្បីផលប្រយោជន៍។ ដូច្នេះ តើចេតនា និងគោលបំណងនៅពីក្រោយអ្វីដែលពួកគេនិយាយ និងធ្វើ មិនមែនមិនត្រឹមត្រូវខ្លាំងទេឬអី? តើទំនាក់ទំនងដែលបានបង្កើតឡើងនៅក្នុងចំណោមពួកគេ មិនមែនជាទំនាក់ទំនងមិនត្រឹមត្រូវទេឬអី? តើទំនាក់ទំនងមិនត្រឹមត្រូវបែបនេះនៅក្នុងពួកជំនុំ មិនគួរត្រូវបានរឹតត្បិតទេឬ? មនុស្សខ្លះនិយាយថា៖ «តើយើងអាចរឹតត្បិតវាដោយរបៀបណា ប្រសិនបើវាមិនត្រូវបានរកឃើញនោះ?» រឿងបែបនេះ លុះត្រាតែមិនបានធ្វើសោះ ទើបមិនដឹង ប៉ុន្តែឱ្យតែបានធ្វើ គឺអាចរកឃើញ និងត្រូវបានលាតត្រដាងមិនខាន។ ប្រសិនបើមនុស្សប្រកបគ្នាអំពីសេចក្ដីពិត និងការយល់ដឹង ព្រមទាំងបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងត្រឹមត្រូវ ដោយមិនលាយឡំអ្វីដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិត មនុស្សគ្រប់គ្នាអាចស្ដាប់ដឹងរឿងនេះ។ ប្រសិនបើមានការលាយឡំ មនុស្សក៏អាចសម្គាល់ដឹងដែរ។ ហេតុដូច្នេះហើយ នៅក្នុងពួកជំនុំ ទំនាក់ទំនងដោះដូរគ្នាផ្សេងៗដែលកើតឡើងដើម្បីការពារផលប្រយោជន៍ទៅវិញទៅមក ក៏គួរតែត្រូវបានរឹតត្បិតដែរ។ យ៉ាងហោចណាស់ គួរតែព្រមាន និងប្រកបគ្នាជាមួយអ្នកដែលពាក់ព័ន្ធ ដោយឱ្យពួកគេទទួលស្គាល់បញ្ហារបស់ខ្លួន និងយល់ពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការពាក់ព័ន្ធក្នុងសកម្មភាពបែបនេះ ព្រមទាំងធ្វើឱ្យបងប្អូនប្រុសស្រីចេះសម្គាល់សារជាតិនៃបញ្ហាទាំងនេះបានផងដែរ។ តើសកម្មភាពបែបនេះមានផលប៉ះពាល់អ្វីខ្លះដល់មនុស្សភាគច្រើន? វាធ្វើឱ្យមនុស្សគិតថា មិនសូវមានភាពខុសគ្នាប៉ុន្មានទេរវាងពួកជំនុំ និងសង្គម ដែលកន្លែងទាំងពីរនេះសុទ្ធតែជាកន្លែងដែលមនុស្សគ្រប់គ្នាកេងប្រវ័ញ្ចគ្នាទៅវិញទៅមក ហើយមនុស្សធ្វើការដោះដូរគ្នាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ អាកប្បកិរិយានេះមិនមែនជាការរំខានកម្រិតមធ្យមនោះទេ ប៉ុន្តែវាបង្កជាការរំខានដ៏ធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ។ ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សម្នាក់ដែលតែងតែអូសទាញមនុស្សឱ្យបោះឆ្នោតឱ្យខ្លួន ដោយប្រើមធ្យោបាយមិនប្រក្រតីដើម្បីប្រើឧបាយកលក្នុងការបោះឆ្នោត និងទទួលបានតំណែងជាអ្នកដឹកនាំ គឺជាមនុស្សល្អដែរឬទេ? ច្បាស់ណាស់ អ្នកដឹកនាំដែលត្រូវបានជ្រើសរើសតាមរបៀបនេះ មិនមែនជាមនុស្សល្អទេ។ តើបងប្អូនប្រុសស្រីដែលធ្លាក់ទៅក្នុងដៃរបស់ពួកគេ អាចរំពឹងថានឹងមានរឿងល្អដែរឬទេ? ប្រសិនបើមនុស្សម្នាក់ក្លាយជាអ្នកដឹកនាំតាមរយៈមធ្យោបាយមិនប្រក្រតី ជាជាងត្រូវបានជ្រើសរើសដោយផ្អែកលើគោលការណ៍ នោះអ្នកដឹកនាំបែបនេះប្រាកដជាមិនមែនជាមនុស្សល្អឡើយ។ ប្រសិនបើអនុញ្ញាតឱ្យពួកគេដឹកនាំ នោះស្មើនឹងការប្រគល់បងប្អូនប្រុសស្រីទៅឱ្យមនុស្សអាក្រក់ ទៅឱ្យអាទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែត ដោយមនុស្សភាគច្រើនត្រូវបានប្រគល់ទៅក្នុងដៃរបស់សាតាំង។ នៅក្នុងស្ថានភាពបែបនេះ ផលផ្លែនៃជីវិតពួកជំនុំរបស់ពួកគេ នឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់។ នេះគឺជាប្រភេទនៃទំនាក់ទំនងមិនត្រឹមត្រូវដែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។ មិនថានៅក្នុងចំណោមក្រុម ឬបុគ្គលនោះទេ ឱ្យតែទំនាក់ទំនងរវាងមនុស្សពាក់ព័ន្ធនឹងផលប្រយោជន៍ នោះសកម្មភាពរបស់ពួកគេនឹងលំអៀងទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងអនុវត្តតាមគោលការណ៍ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ហើយ។ ទំនាក់ទំនងបែបនេះមិនបានបង្កើតឡើងនៅលើមូលដ្ឋាននៃមនសិការ និងហេតុផលនៃភាពជាមនុស្សធម្មតានោះទេ ប៉ុន្តែផ្ទុយពីមនសិការ និងហេតុផល ហើយកាន់តែផ្ទុយពីគោលការណ៍សេចក្ដីពិតទៅទៀត។ អ្វីដែលពួកគេនិយាយ ធ្វើ និងបង្ហាញ រួមជាមួយនឹងចេតនា គោលបំណង កម្លាំងជំរុញ ប្រភព និងអ្វីៗផ្សេងទៀតរបស់ពួកគេ សុទ្ធតែត្រូវបានជំរុញដោយផលប្រយោជន៍។ ដូច្នេះ ទំនាក់ទំនងទាំងនេះអាចត្រូវបានកំណត់ថាជាទំនាក់ទំនងមិនត្រឹមត្រូវ។ ដោយសារតែការកើតឡើងនៃទំនាក់ទំនងបែបនេះ រំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការរស់នៅក្នុងជីវិតពួកជំនុំ ដែលធ្វើឱ្យមនុស្សភាគច្រើនពិបាកនឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតដោយស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ នោះទំនាក់ទំនងមិនត្រឹមត្រូវបែបនេះគួរតែត្រូវបានរឹតត្បិតនៅក្នុងពួកជំនុំ។ ចំពោះករណីដែលធ្ងន់ធ្ងរ និងជាអាកប្បកិរិយារបស់មនុស្សអាក្រក់ គួរតែមានការព្រមាន ហើយប្រសិនបើអ្នកដែលពាក់ព័ន្ធមិនព្រមប្រែចិត្តទោះជាយ៉ាងណាក៏ដោយ នោះគួរតែបោសសម្អាតពួកគេចេញពីពួកជំនុំ។

ឃ. ការស្អប់គ្នារវាងបុគ្គលនិងបុគ្គល

ទំនាក់ទំនងរវាងបុគ្គលដែលមិនត្រឹមត្រូវមានការសម្ដែងចេញផ្សេងៗគ្នា។ ការសម្ដែងចេញមួយក្នុងចំណោមនោះ គឺការស្អប់គ្នា។ ឧទាហរណ៍ ការប៉ះទង្គិច ឬជម្លោះអាចកើតឡើងនៅក្នុងគ្រួសារ រវាងម្ដាយក្មេក និងកូនប្រសាស្រី រវាងបងប្អូនថ្លៃស្រី ឬរវាងបងប្អូនប្រុស ឬអាចកើតឡើងរវាងអ្នកជិតខាង។ ពេលខ្លះ រឿងនេះថែមទាំងវិវត្តទៅជាការស្អប់គ្នា ហើយដូចជាសត្រូវនឹងគ្នា មនុស្សទាំងនេះមិនអាចសហការ ឬធ្វើការជាមួយគ្នាបានឡើយ រហូតដល់ថ្នាក់ពួកគេមិនអាចសូម្បីតែមើលមុខគ្នា ហើយឈ្លោះប្រកែក និងទាស់ទែងគ្នា រាល់ពេលដែលពួកគេជួបគ្នាទៀតផង។ នៅពេលដែលពួកគេឃើញគ្នានៅក្នុងពេលជួបជុំ ចិត្តរបស់ពួកគេក៏ពោរពេញទៅដោយការស្អប់ ហើយពួកគេមិនអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឆ្លុះបញ្ចាំង ព្រមទាំងស្គាល់ខ្លួនឯងបានឡើយ ហើយពួកគេច្បាស់ជាមិនអាចលះបង់គំនិតប្រកាន់ និងការស្អប់របស់ពួកគេ ដើម្បីមានការជួបជុំជាធម្មតាបានទេ។ ផ្ទុយទៅវិញ ឱ្យតែពេលពួកគេជួបគ្នា ពួកគេឈ្លោះប្រកែក និងប៉ះទង្គិចគ្នា ពួកគេហែកកេរ្តិ៍គ្នា និងវាយប្រហារគ្នាទៅវិញទៅមក ហើយថែមទាំងជេរប្រមាថគ្នាទៀតផង ដែលបង្កផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះគឺជាពួកអត់ជំនឿ ពួកគេគឺជាអ្នកមិនជឿ។ ចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ និងស្រឡាញ់សេចក្ដីពិត មិនថាមានរឿងអ្វីកើតឡើង ឬពួកគេមានជម្លោះជាមួយនរណា ឬពួកគេមានគំនិតប្រកាន់ចំពោះនរណានោះទេ ពួកគេអាចស្វែងរកសេចក្ដីពិត ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ព្រមទាំងដោះស្រាយបញ្ហាស្របតាមគោលការណ៍សេចក្ដីពិត។ ប្រសិនបើពួកគេបានធ្វើអ្វីមួយខុស និងមានកំហុសចំពោះនរណាម្នាក់ ពួកគេអាចសុំទោស និងទទួលស្គាល់កំហុសរបស់ខ្លួនជាមុន។ ពួកគេដាច់ខាតនឹងមិនបង្កជម្លោះ ឬបង្ករឿងនៅកន្លែងជួបជុំឡើយ។ វាពិតជាមិនសមនឹងសេចក្ដីថ្លៃថ្នូររបស់ពួកបរិសុទ្ធទាល់តែសោះ ក្នុងការចូលរួមក្នុងជម្លោះ និងបង្កភាពវឹកវរនៅក្នុងពួកជំនុំ។ អាកប្បកិរិយាបែបនេះ នាំភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរដល់ព្រះជាម្ចាស់។ មនុស្សដែលប្រព្រឹត្តបែបនេះ ខ្វះភាពជាមនុស្ស មនសិការ និងហេតុផលយ៉ាងខ្លាំង។ ពួកគេដាច់ខាតមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ បញ្ហានេះកើតឡើងជាញឹកញាប់នៅក្នុងចំណោមអ្នកជឿថ្មី។ ដោយសារតែអ្នកជឿថ្មីមិនយល់ពីសេចក្ដីពិត ហើយនិស្ស័យពុករលួយរបស់ពួកគេមិនទាន់ត្រូវបានបន្សុទ្ធ នោះវាងាយស្រួលណាស់សម្រាប់ពួកគេក្នុងការចូលរួមក្នុងជម្លោះលើរឿងជាច្រើន ហើយថែមទាំងបណ្ដោយឱ្យសេចក្ដីឆាប់ខឹងរបស់ពួកគេផ្ទុះឡើង និងនាំខ្លួនឯងចូលទៅក្នុងការឈ្លោះទាស់ទែងគ្នា។ ប្រសិនបើនិស្ស័យពុករលួយទាំងនេះមិនត្រូវបានដោះស្រាយទេ មនុស្សនឹងរក្សាការស្អប់នៅក្នុងចិត្ត ហើយសូម្បីតែនៅពេលរស់នៅក្នុងជីវិតពួកជំនុំ ក៏ពួកគេនៅតែចូលរួមក្នុងជម្លោះមិនចេះចប់ ដោយសេចក្ដីឆាប់ខឹង និងការស្អប់នេះដែរ។ រឿងនេះជះឥទ្ធិពលដល់ជីវិតពួកជំនុំ ដោយប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការសរសើរតម្កើងព្រះជាម្ចាស់ និងការចែករំលែកការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាក៏ជះឥទ្ធិពលដោយផ្ទាល់ដល់ការ​ចូល​ទៅ​ក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ អ្នកជឿថ្មីខ្លះងាយនឹងធ្លាក់ទៅក្នុងជម្លោះ ដោយសារតែការមិនចុះសម្រុងគ្នាលើរឿងតូចតាច។ ឧទាហរណ៍ មុនពេលការជួបជុំចាប់ផ្ដើម អ្នកខ្លះអាចចង់ច្រៀងទំនុកបរិសុទ្ធមួយ ចំណែកឯអ្នកផ្សេងទៀតចង់ច្រៀងទំនុកបរិសុទ្ធមួយផ្សេងទៀត សូម្បីតែរឿងកំប៉ិកកំប៉ុកបែបនេះ ក៏ងាយនឹងនាំឱ្យមានជម្លោះដែរ។ ស្រដៀងគ្នានេះដែរ មតិខុសគ្នាលើរឿងណាមួយ ពេលខ្លះអាចប្រែទៅជាការជជែកវែកញែកយ៉ាងឆាប់រហ័ស ហើយសូម្បីតែការធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដោយសារតែការខ្វះការគិតពិចារណាក្នុងការនិយាយ ក៏អាចបង្កជាជម្លោះបានដែរ។ ហេតុការណ៍បែបនេះកើតឡើងជាញឹកញាប់នៅក្នុងចំណោមអ្នកជឿថ្មី។ នៅពេលដែលជម្លោះកើតឡើងក្នុងអំឡុងពេលជួបជុំ វារំខានដល់ជីវិតពួកជំនុំដោយជៀសមិនរួច។ តើនេះមិនមែនរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរទេឬអី? អ្នកដែលចូលចិត្តឈ្លោះប្រកែក និងជជែករកខុសត្រូវ គឺជាអ្នកដែលងាយរំខានដល់ជីវិតពួកជំនុំបំផុត។ ពួកគេខ្វល់តែពីការបំពេញអំនួត និងមុខមាត់ផ្ទាល់ខ្លួន ដោយមិនគិតពីផលប្រយោជន៍នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ដោយការប្រព្រឹត្តបែបនេះ តើពួកគេមិនបង្កការរំខានដល់ជីវិតពួកជំនុំទេឬអី? (បាទ/ចាស បង្ក។) ពួកជំនុំគឺជាកន្លែងដែលបងប្អូនប្រុសស្រីជួបជុំគ្នា ដើម្បីហូប ផឹក និងរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាកន្លែងសម្រាប់ការចុះចូល និងការថ្វាយបង្គំព្រះជាម្ចាស់។ វាដាច់ខាតមិនមែនជាកន្លែងសម្រាប់បញ្ចេញកំហឹងផ្ទាល់ខ្លួនឡើយ ហើយច្បាស់ណាស់មិនមែនជាកន្លែងសម្រាប់ឈ្លោះប្រកែក ឬជជែករកខុសត្រូវនោះទេ។ នៅពេលដែលមនុស្សបែបនេះបង្កការរំខានតាមរបៀបនេះ តើវានាំឱ្យមានផលវិបាកអ្វីខ្លះ? វាបណ្ដាលឱ្យគ្មានសេចក្ដីរីករាយនៅក្នុងពេលជួបជុំដោយផ្ទាល់ វាធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចទទួលបានការកសាងជីវិត ហើយថែមទាំងធ្វើឱ្យមនុស្សភាគច្រើនមិនអាចរកបានសេចក្ដីស្ងប់ ដោយរងទុក្ខវេទនានិយាយមិនចេញ។ យូរៗទៅ អ្នកខ្លះក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយថែមទាំងមិនចង់ចូលរួមការជួបជុំទៀតផង។ ស្ថានភាពនេះកើតឡើងជាញឹកញាប់នៅក្នុងពួកជំនុំភាគច្រើន ហើយជារឿងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ធ្លាប់បានជួបប្រទះ។ ដូច្នេះ តើបញ្ហានៃការឈ្លោះប្រកែក និងការទាស់ទែងគ្នាជាញឹកញាប់នៅពេលជួបជុំ គួរតែត្រូវបានដោះស្រាយដោយរបៀបណា? គួរតែជ្រើសរើសអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនអត្ថបទដែលពាក់ព័ន្ធនឹងបញ្ហានេះ ហើយអានជាមួយគ្នាជាច្រើនដងក្នុងអំឡុងពេលជួបជុំ បន្ទាប់មក មនុស្សគ្រប់គ្នាគួរតែប្រកបគ្នាអំពីសេចក្ដីពិត ដោយចែករំលែកការយល់ដឹងរបស់ពួកគេ។ វិធីសាស្ត្រនេះអាចទទួលបានលទ្ធផលខ្លះ។ មិនត្រឹមតែអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នាអាចស្គាល់អំពើរំលងរបស់ខ្លួន និងមានវិប្បដិសារីប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែអ្នកមើល ក៏អាចឆ្លុះបញ្ចាំងថាតើពួកគេបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ខ្លួននៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរឬទេ និងថាតើពួកគេអាចឈ្លោះប្រកែកជាមួយអ្នកដទៃដែរឬទេ តាមរបៀបនេះ អ្នកមើលក៏អាចស្គាល់ខ្លួនឯងបានដែរ។ មិនថាមនុស្សម្នាក់ពាក់ព័ន្ធនឹងជម្លោះឬអត់នោះទេ បន្ទាប់ពីអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនអត្ថបទ ជាច្រើនដងរួចមក ពួកគេអាចស្គាល់និស្ស័យពុករលួយរបស់ខ្លួន និងឃើញថា ការរស់នៅតាមនិស្ស័យពុករលួយ ពិតជាមានន័យថា ខ្វះមនសិការ និងហេតុផល ហើយគ្មានភាពជាមនុស្សសូម្បីបន្តិចសោះ។ ផលផ្លែនៃការរស់នៅក្នុងជីវិតពួកជំនុំតាមរបៀបនេះ គឺមិនអាក្រក់ទេ មែនទេ? ទោះបីជាអាចមានជម្លោះនៅពេលចាប់ផ្ដើមការជួបជុំក៏ដោយ ប្រសិនបើបន្ទាប់ពីនោះ មនុស្សគ្រប់គ្នាអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង ដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិត និងប្រែចិត្តយ៉ាងពិតប្រាកដ ប្រសិនបើលទ្ធផលទាំងនេះអាចសម្រេចបាន នោះនេះគឺជាជីវិតពួកជំនុំធម្មតាហើយ។ ហេតុដូច្នេះហើយ អ្វីក៏ដោយដែលកើតឡើងក្នុងអំឡុងពេលជួបជុំ មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ។ ឱ្យតែមនុស្សគ្រប់គ្នារួមចិត្តគំនិតគ្នាដើម្បីស្វែងរកសេចក្ដីពិត និងអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធជាច្រើនអត្ថបទជាមួយគ្នាពីរបីដង ទោះបីជាបញ្ហាមិនអាចដោះស្រាយបានទាំងស្រុងក៏ដោយ ក៏មនុស្សនឹងអាចមើលធ្លុះបញ្ហាទាំងនោះបានខ្លះៗ និងមានការចេះសម្គាល់ខ្លះដែរ នោះមនុស្សគ្រប់គ្នានឹងទទួលបានប្រយោជន៍ពីរឿងនេះ។ តើអ្នករាល់គ្នានិយាយថា ជីវិតពួកជំនុំបែបនេះកម្ររកបានមែនទេ? នេះគឺជាការប្ដូររឿងអាក្រក់ឱ្យទៅជារឿងល្អ វាហាក់ដូចជាទុក្ខក្លាយជាលាភដែរ។ ក៏ប៉ុន្តែ រឿងនេះមិនគួរនាំឱ្យមនុស្សគាំទ្រគំនិតដែលថា ជម្លោះ និងការជជែកវែកញែក គឺជាអ្វីដែលគួរឱ្យចង់បាននៅក្នុងជីវិតពួកជំនុំនោះទេ។ រឿងនេះដាច់ខាតមិនអាចគាំទ្របានឡើយ។ ជម្លោះ និងការជជែកវែកញែក អាចនាំឱ្យមានការផ្ទុះឡើងនូវសេចក្ដីឆាប់ខឹង និងការប៉ះទង្គិចគ្នាបានយ៉ាងងាយ ដែលជារឿងអាក្រក់សម្រាប់មនុស្សគ្រប់គ្នា និងបង្កទុក្ខវេទនាផ្ទាល់ខ្លួនដល់អ្នកដែលពាក់ព័ន្ធ។ ហេតុដូច្នេះហើយ ការស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា គឺជាវិធីសាស្ត្រដ៏ល្អបំផុត ហើយការយល់ពីសេចក្ដីពិត អាចការពារហេតុការណ៍ស្រដៀងគ្នានេះមិនឱ្យកើតឡើងនៅពេលអនាគតបានយ៉ាងមានប្រសិទ្ធភាព។ បុគ្គលដែលមានប្រាជ្ញា គួរតែប្រកាន់យកអាកប្បកិរិយាអត់ធ្មត់ និងអត់ឱន នៅពេលដែលមានការប៉ះទង្គិច និងការប៉ះពារគ្នាកើតឡើង។ ដោយសារតែពួកគេក៏មាននិស្ស័យពុករលួយ និងងាយធ្វើឱ្យអ្នកដទៃឈឺចាប់ដែរ នៅពេលដែលពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ខ្លួន ពួកគេគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាបន្ទាន់ និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ តាមរបៀបនេះ នៅពេលដល់ម៉ោងជួបជុំ ការថ្នាំងថ្នាក់ និងការស្អប់ផ្ទាល់ខ្លួនបានរលាយបាត់អស់ ដែលនាំឱ្យមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្ត និងធ្វើឱ្យកាន់តែងាយស្រួលក្នុងការចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រីដោយមេត្រីភាព ដែលនាំឱ្យមានការសហការគ្នាដោយចុះសម្រុង។ នៅពេលដែលនរណាម្នាក់ឃើញបងប្អូនប្រុសស្រីបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ខ្លួន ពួកគេគួរតែផ្ដល់ជំនួយដោយក្ដីស្រឡាញ់ មិនមែនវិនិច្ឆ័យ ថ្កោលទោស ឬបដិសេធពួកគេឡើយ។ វាអាចកើតឡើងដែលបញ្ហាមិនត្រូវបានដោះស្រាយ បន្ទាប់ពីការជួយមួយឬពីរដង ប៉ុន្តែការអត់ធ្មត់ និងការអត់ឱននៅតែត្រូវការជាចាំបាច់។ ឱ្យតែពួកគេមិនរំខានដល់ជីវិតពួកជំនុំ ឬមានចេតនាធ្វើអាក្រក់ទេ គួរតែប្រព្រឹត្តចំពោះពួកគេដោយការអត់ធ្មត់ និងការអត់ឱនរហូតដល់ទីបញ្ចប់ ពោលគឺនឹងមានថ្ងៃណាមួយដែលពួកគេភ្ញាក់រលឹកមិនខាន។ ប្រសិនបើមនុស្សម្នាក់មានភាពជាមនុស្សអាក្រក់ ហើយបដិសេធរាល់ជំនួយ ដោយមិនទទួលយកសេចក្ដីពិត ទោះបីជាត្រូវបានប្រកបយ៉ាងណាក៏ដោយ នោះពួកគេមិនមែនជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ ហើយចាំបាច់ត្រូវនៅឱ្យឆ្ងាយពីបុគ្គលបែបនេះ។ ប្រសិនបើពួកគេរំខានដល់ជីវិតពួកជំនុំម្ដងហើយម្ដងទៀត គួរតែប្រព្រឹត្ត និងចាត់ការពួកគេតាមគោលការណ៍។ ប្រសិនបើពួកគេមិនមែនជាមនុស្សអាក្រក់ ប៉ុន្តែគ្រាន់តែឧស្សាហ៍បញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ខ្លួន ដោយស្អប់ខ្លួនឯង ប៉ុន្តែមានអារម្មណ៍ថាមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលនោះ បុគ្គលបែបនេះគួរតែត្រូវបានជួយដោយក្ដីស្រឡាញ់ ជួយពួកគេឱ្យយល់ពីសេចក្ដីពិត និងចេះសម្គាល់ ព្រមទាំងទទួលស្គាល់ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្លួន តាមរបៀបនេះ ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេនឹងថយចុះបន្តិចម្ដងៗ។ ប្រសិនបើបងប្អូនប្រុសស្រីគ្រាន់តែរងផលប៉ះពាល់ម្ដងម្កាលដោយសារមនុស្សទាំងនេះ នោះអាចយោគយល់បាន។ ឱ្យតែគ្មានបញ្ហាធំដុំចំពោះភាពជាមនុស្សរបស់ពួកគេ ហើយពួកគេមិនមែនជាមនុស្សវៀចវេរ ឬមនុស្សអាក្រក់ទេ នោះគួរតែជួយជ្រោមជ្រែងពួកគេតាមរយៈការប្រកបគ្នាពីសេចក្ដីពិត។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិត គួរតែប្រព្រឹត្តចំពោះពួកគេដោយក្ដីស្រឡាញ់។ ក៏ប៉ុន្តែ ប្រសិនបើពួកគេបដិសេធមិនព្រមប្រែចិត្ត ហើយប៉ះពាល់អាក្រក់ដល់ជីវិតពួកជំនុំក្នុងរយៈពេលយូរ អ្នកដឹកនាំពួកជំនុំគួរតែព្រមាន និងរឹតត្បិត។ ប្រសិនបើពួកគេនៅតែបន្តបដិសេធមិនទទួលយកសេចក្ដីពិត បុគ្គលបែបនេះគឺជាមនុស្សអាក្រក់។ មនុស្សអាក្រក់មិនអាចចុះសម្រុងជាមួយនរណាបានឡើយ ពួកគេគឺជាមនុស្សខូច និងជាពួកអារក្ស។ ការរក្សាពួកគេទុកនៅក្នុងពួកជំនុំ នឹងបង្កតែការបង្អាក់ និងការរំខានប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អ្នកដែលបដិសេធមិនព្រមផ្លាស់ប្ដូរ ទោះបីជាមានការដាស់តឿនម្ដងហើយម្ដងទៀតក៏ដោយ គួរតែត្រូវបានចាត់ការដូចជាមនុស្សអាក្រក់ និងបោសសម្អាតចេញពីពួកជំនុំ។ នរណាក៏ដោយដែលឧស្សាហ៍រំខានដល់ជីវិតពួកជំនុំ និងការ​ចូល​ទៅ​ក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គឺជាពួកអត់ជំនឿ និងជាមនុស្សអាក្រក់ ហើយត្រូវតែបោសសម្អាតពួកគេចេញពីពួកជំនុំ។ មិនថាបុគ្គលនោះជានរណា ឬពួកគេបានប្រព្រឹត្តបែបណាកាលពីអតីតកាលនោះទេ ប្រសិនបើពួកគេឧស្សាហ៍រំខានដល់កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ បដិសេធមិនទទួលការលួសកាត់ និងតែងតែការពារខ្លួនឯងដោយហេតុផលមិនត្រឹមត្រូវ ត្រូវតែបោសសម្អាតពួកគេចេញពីពួកជំនុំ។ វិធីសាស្ត្រនេះគឺដើម្បីរក្សាដំណើរការជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំ និងការពារផលប្រយោជន៍នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងស្រុង ដែលស្របតាមគោលការណ៍សេចក្ដីពិត និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ទាំងស្រុង។ ការ​ចូល​ទៅ​ក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ មិនគួរត្រូវបានប៉ះពាល់ដោយសារជម្លោះ និងការបង្ករឿងដោយគ្មានហេតុផលរបស់បុគ្គលអាក្រក់មួយចំនួនឡើយ ពោលគឺវាមិនស័ក្ដិសមទេ ហើយក៏មិនយុត្តិធម៌ចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។

ប្រសិនបើមនុស្សអាក្រក់ឧស្សាហ៍បង្កការរំខាននៅក្នុងពួកជំនុំ ដែលនាំឱ្យជីវិតពួកជំនុំគ្មានប្រសិទ្ធភាព នោះដំណោះស្រាយដ៏ល្អបំផុត គឺត្រូវចាត់ថ្នាក់មនុស្ស និងបែងចែកការជួបជុំជាក្រុមផ្សេងៗគ្នា៖ ការជួបប្រជុំសម្រាប់អស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ការជួបប្រជុំសម្រាប់អស់អ្នកដែលចង់ដេញតាមសេចក្ដីពិត ប៉ុន្តែមិនបំពេញភារកិច្ចរបស់ខ្លួន និងការជួបប្រជុំសម្រាប់អស់អ្នកដែលចូលចិត្តបង្កការបង្អាក់ និងការរំខាន និយាយដើមគេ ព្រមទាំងវិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃ។ តាមរបៀបនេះ មនុស្សនៅក្នុងពួកជំនុំ អាចត្រូវបានបែងចែកជាបីក្រុមធំៗ ដែលអាចនិយាយបានថា ជាការបែងចែកមនុស្សគ្រប់គ្នាតាមប្រភេទរបស់ពួកគេ ដូច្នេះ ធានាថាការជួបជុំមិនមានការរំខានគ្នាទៅវិញទៅមកឡើយ។ មនុស្សដែលមានភាពជាមនុស្សអាក្រក់ មិនថាពួកគេប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែងយ៉ាងណានោះទេ នឹងមិនប៉ះពាល់ដល់អ្នកដទៃឡើយ ប៉ុន្តែធ្វើឱ្យខូចខាតដល់តែខ្លួនឯងប៉ុណ្ណោះ។ មនុស្សខ្លះមាននិស្ស័យកាចសាហាវ។ ប្រសិនបើនរណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យពួកគេឈឺចាប់ ឬអាក់អន់ចិត្ត ពួកគេនឹងស្អប់បុគ្គលនោះ ហើយរកវិធីដើម្បីវាយប្រហារ និងសងសឹកពួកគេ។ មិនថាប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេបែបណា ឬលួសកាត់ពួកគេយ៉ាងណានោះទេ ពួកគេមិនទទួលយកឡើយ។ ពួកគេសុខចិត្តស្លាប់ ជាជាងប្រែចិត្ត ហើយបន្តរំខានដល់ជីវិតពួកជំនុំ។ នេះបញ្ជាក់ថា ពួកគេគឺជាមនុស្សអាក្រក់។ យើងមិនអាចបន្តអត់ឱនចំពោះមនុស្សអាក្រក់ប្រភេទនេះបានឡើយ។ គួរតែបោសសម្អាតពួកគេចេញពីពួកជំនុំ ស្របតាមគោលការណ៍សេចក្ដីពិត។ នេះគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះឱ្យបានហ្មត់ចត់។ មិនថាពួកគេបានធ្វើខុសអ្វី ឬបានធ្វើរឿងអាក្រក់អ្វីនោះទេ មនុស្សដែលមាននិស្ស័យកាចសាហាវទាំងនោះ នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់លាតត្រដាង ឬលួសកាត់ពួកគេបានឡើយ។ ប្រសិនបើនរណាម្នាក់លាតត្រដាង និងធ្វើឱ្យពួកគេអាក់អន់ចិត្ត ពួកគេនឹងខឹងសម្បា សងសឹក និងមិនបញ្ចប់រឿងនោះឡើយ។ ពួកគេគ្មានការអត់ធ្មត់ និងការអត់ឱនចំពោះអ្នកដទៃឡើយ ហើយមិនចេះយោគយល់ចំពោះពួកគេទេ។ តើការប្រព្រឹត្តខ្លួនរបស់ពួកគេផ្អែកលើគោលការណ៍អ្វី? «ខ្ញុំសុខចិត្តក្បត់គេ ជាជាងឲ្យគេក្បត់ខ្ញុំ»។ មានន័យថា ពួកគេមិនអត់ឱនចំពោះការត្រូវបាននរណាម្នាក់ធ្វើឱ្យអាក់អន់ចិត្តឡើយ។ តើនេះមិនមែនជាតក្កវិជ្ជារបស់មនុស្សអាក្រក់ទេឬអី? នេះគឺជាតក្កវិជ្ជារបស់មនុស្សអាក្រក់យ៉ាងពិតប្រាកដ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតធ្វើឱ្យពួកគេអាក់អន់ចិត្តឡើយ។ ចំពោះពួកគេ វាជារឿងមិនអាចទទួលយកបានឡើយចំពោះនរណាម្នាក់ដែលប៉ះពាល់ពួកគេ សូម្បីតែបន្តិច ក៏មិនបានដែរ ហើយពួកគេស្អប់នរណាក៏ដោយដែលធ្វើបែបនេះ។ ពួកគេនឹងបន្តតាមយាយីបុគ្គលនោះ ហើយមិនបញ្ចប់រឿងនោះឡើយ។ នោះហើយជាសារជាតិរបស់មនុស្សអាក្រក់។ អ្នកគួរតែដាក់មនុស្សអាក្រក់ឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតពួកគេចេញភ្លាមៗ នៅពេលដែលអ្នករកឃើញថាពួកគេមានសារជាតិជាមនុស្សអាក្រក់ មុនពេលដែលពួកគេអាចធ្វើអំពើអាក្រក់ធំដុំណាមួយ។ នេះនឹងកាត់បន្ថយការខូចខាតដែលពួកគេបង្កឡើង។ នេះគឺជាជម្រើសដ៏ឈ្លាសវៃ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការ រង់ចាំរហូតដល់មនុស្សអាក្រក់បង្កជាមហន្តរាយណាមួយ ទើបចាត់ការពួកគេ នោះពួកគេមានភាពមិនសកម្មហើយ។ នេះនឹងបញ្ជាក់ថា អ្នកដឹកនាំ និងអ្នកធ្វើការល្ងង់ខ្លៅណាស់ ហើយគ្មានគោលការណ៍ក្នុងការធ្វើសកម្មភាពរបស់ខ្លួនឡើយ។ មានអ្នកដឹកនាំ និងអ្នកធ្វើការខ្លះ ដែលល្ងង់ខ្លៅ និងមិនដឹងអីបែបនេះឯង។ ពួកគេទទូចចង់រង់ចាំរហូតដល់ពួកគេមានភស្តុតាងជាក់លាក់ ទើបចាត់ការមនុស្សអាក្រក់ ព្រោះពួកគេគិតថា នោះគឺជាវិធីតែមួយគត់ដែលធ្វើឱ្យចិត្តរបស់ពួកគេស្ងប់។ ប៉ុន្តែតាមពិតទៅ អ្នកមិនត្រូវការភស្តុតាងជាក់លាក់ ដើម្បីប្រាកដថានរណាម្នាក់ជាមនុស្សអាក្រក់នោះទេ។ អ្នកអាចដឹងបានតាមរយៈពាក្យសម្ដី និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលដែលអ្នកប្រាកដថាពួកគេជាមនុស្សអាក្រក់ អ្នកអាចចាប់ផ្ដើមដោយការរឹតត្បិត ឬដាក់ពួកគេឱ្យនៅដាច់ដោយឡែក។ នេះនឹងធានាថា ទាំងកិច្ចការរបស់ពួកជំនុំ និងការ​ចូល​ទៅ​ក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនរងការខូចខាតឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ មិនចេះសម្គាល់ថានរណាជាមនុស្សអាក្រក់ឡើយ ហើយពួកគេក៏មិនអាចចាត់ការមនុស្សអាក្រក់បានទាន់ពេលវេលាដែរ។ ជាលទ្ធផល កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំរងផលប៉ះពាល់ ហើយការ​ចូល​ទៅ​ក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះ។ នេះគឺល្ងង់ខ្លៅណាស់។ នេះជារបៀបដែលអ្នកដឹកនាំក្លែងក្លាយអនុវត្តការងារ។ ម្យ៉ាង ពួកគេខ្វះការចេះសម្គាល់ ហើយម្យ៉ាងទៀត ពួកគេគឺជាមនុស្សផ្គាប់ចិត្តគេ ដែលខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ នៅពេលបម្រើជាអ្នកដឹកនាំ ទីមួយ មនុស្សបែបនេះមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ ហើយទីពីរ ពួកគេធ្វើឱ្យខូចខាតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចសូម្បីតែដោះស្រាយបញ្ហានៃការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់បានទាន់ពេលវេលាផង ហើយក៏មិនអាចការពារបងប្អូនប្រុសស្រីបានដែរ មនុស្សបែបនេះមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ។ ចូរប្រាប់ខ្ញុំមើល៍ ប្រសិនបើមនុស្សម្នាក់ត្រូវបានកំណត់លក្ខណៈថាជាមនុស្សអាក្រក់ តើនៅចាំបាច់ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីជួយពួកគេទៀតដែរឬទេ? (អត់ទេ។) មិនចាំបាច់ផ្ដល់ឱកាសឱ្យពួកគេទេ។ មនុស្សខ្លះមាន «ក្ដីស្រឡាញ់» ធំធេងពេក ដោយតែងតែផ្ដល់ឱកាសឱ្យមនុស្សអាក្រក់ប្រែចិត្ត ប៉ុន្តែតើនេះអាចសម្រេចលទ្ធផលអ្វីបានដែរឬទេ? តើនេះស្របតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកធ្លាប់ឃើញមនុស្សអាក្រក់ណាម្នាក់ ដែលអាចប្រែចិត្តយ៉ាងពិតប្រាកដដែរឬទេ? គ្មាននរណាម្នាក់ធ្លាប់ឃើញរឿងនោះទេ។ ការសង្ឃឹមថាមនុស្សអាក្រក់នឹងប្រែចិត្ត គឺប្រៀបដូចជាការអាណិតអាសូរពស់ពិសអ៊ីចឹង គឺប្រៀបដូចជាការអាណិតអាសូរសត្វសាហាវ។ នេះគឺដោយសារតែផ្អែកលើសារជាតិរបស់មនុស្សអាក្រក់ គឺអាចកំណត់បានថា មនុស្សអាក្រក់នឹងមិនស្រឡាញ់អ្វីដែលវិជ្ជមាន នឹងមិនទទួលយកសេចក្ដីពិត ហើយនឹងមិនប្រែចិត្តឡើយ។ អ្នកនឹងរកមិនឃើញពាក្យ «ការប្រែចិត្ត» នៅក្នុងវចនានុក្រមរបស់ពួកគេឡើយ។ មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតទៅកាន់ពួកគេយ៉ាងណានោះទេ ពួកគេនឹងមិនបោះបង់បំណង និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេឡើយ ហើយពួកគេនឹងរកហេតុផល និងលេសផ្សេងៗដើម្បីការពារខ្លួន ហើយគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលពួកគេបានឡើយ។ ប្រសិនបើពួកគេខាតបង់ វាជារឿងដែលពួកគេមិនអាចទ្រាំទ្របានឡើយ ហើយពួកគេនឹងរំខានអ្នកដទៃឥតឈប់អំពីរឿងនោះ។ តើមនុស្សបែបនេះ ដែលមិនសុខចិត្តខាតបង់សូម្បីបន្តិចបន្តួច អាចប្រែចិត្តយ៉ាងពិតប្រាកដដោយរបៀបណា? មនុស្សដែលអាត្មានិយមខ្លាំងបំផុត គឺជាអ្នកដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួនលើសអ្វីៗទាំងអស់ ពួកគេគឺជាមនុស្សអាក្រក់ ហើយពួកគេនឹងមិនប្រែចិត្តឡើយ។ ប្រសិនបើអ្នកបានដឹងយ៉ាងច្បាស់ថាបុគ្គលបែបនេះគឺជាមនុស្សអាក្រក់ ហើយអ្នកនៅតែផ្ដល់ឱកាសឱ្យពួកគេប្រែចិត្តទៀត តើនេះមិនមែនល្ងង់ខ្លៅទេឬអី? នេះគឺស្មើនឹងការយកពស់កកមកដាក់ក្នុងទ្រូងរបស់អ្នកដើម្បីឱ្យវាកក់ក្ដៅ ហើយបន្ទាប់មកត្រូវវាចឹក។ មានតែមនុស្សល្ងង់ទេដែលធ្វើរឿងល្ងង់បែបនេះ។ នៅក្នុងពួកជំនុំ ការដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្អប់មនុស្សអាក្រក់ គឺជាបាតុភូតធម្មតា ព្រោះមនុស្សអាក្រក់ខ្វះភាពជាមនុស្ស និងតែងតែធ្វើរឿងអសីលធម៌។ ការស្អប់មនុស្សអាក្រក់ គឺជាផ្នត់គំនិតត្រឹមត្រូវ។ វាគឺជាផ្នែកមួយនៃអ្វីដែលមនុស្សគួរមាននៅក្នុងភាពជាមនុស្សធម្មតារបស់ពួកគេ។

ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សដែលគ្មានក្ដីស្រឡាញ់សោះចំពោះបងប្អូនប្រុសស្រី គឺជាមនុស្សប្រភេទណា? ហេតុអ្វីបានជាពួកគេគ្មានសូម្បីតែបន្តិចនៃទំនាក់ទំនងរវាងបុគ្គលតាមធម្មតាជាមួយបងប្អូនប្រុសស្រី? មនុស្សប្រភេទនេះ មិនថាពួកគេទាក់ទងជាមួយនរណានោះទេ ពួកគេភ្ជាប់ការទាក់ទងទាំងនេះទៅនឹងផលប្រយោជន៍ និងការដោះដូរតែប៉ុណ្ណោះ។ ប្រសិនបើគ្មានពាក់ព័ន្ធនឹងផលប្រយោជន៍ ឬការដោះដូរទេ ពួកគេនឹងមិនរវីរវល់ជាមួយមនុស្សឡើយ។ តើមនុស្សប្រភេទនេះមិនមែនជាមនុស្សអាក្រក់ទេឬអី? មនុស្សខ្លះមិនដេញតាមសេចក្ដីពិតទេ ហើយរស់នៅដោយផ្អែកលើអារម្មណ៍តែប៉ុណ្ណោះ។ នរណាក៏ដោយដែលប្រព្រឹត្តល្អចំពោះពួកគេ ពួកគេចូលទៅជិត ហើយនរណាក៏ដោយដែលជួយពួកគេ ពួកគេចាត់ទុកថាជាមនុស្សល្អ។ មនុស្សបែបនេះក៏គ្មានទំនាក់ទំនងរវាងបុគ្គលតាមធម្មតាដែរ។ ពួកគេរស់នៅដោយផ្អែកលើអារម្មណ៍តែប៉ុណ្ណោះ ដូច្នេះ តើពួកគេអាចប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីដោយយុត្តិធម៌ និងត្រឹមត្រូវដែរឬទេ? នេះគឺដាច់ខាតមិនអាចទៅរួចឡើយ។ ហេតុដូច្នេះហើយ នរណាក៏ដោយដែលគ្មានទំនាក់ទំនងរវាងបុគ្គលតាមធម្មតាជាមួយបងប្អូនប្រុសស្រី ឬជាមួយអ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ គឺជាមនុស្សដែលគ្មានមនសិការ និងហេតុផល គឺជាមនុស្សដែលគ្មានភាពជាមនុស្សធម្មតា ហើយច្បាស់ណាស់មិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតឡើយ។ បុគ្គលទាំងនេះមិនខុសពីពួកមនុស្សថោកទាបនៅក្នុងចំណោមអ្នកមិនជឿឡើយ។ ពួកគេទាក់ទងជាមួយនរណាក៏ដោយដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយមិនអើពើចំពោះអ្នកដែលមិនផ្ដល់ផលប្រយោជន៍ដល់ពួកគេ។ លើសពីនេះ នៅពេលដែលពួកគេឃើញនរណាម្នាក់ដេញតាមសេចក្ដីពិត ឬនរណាម្នាក់ដែលអាចចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ ជាមនុស្សដែលអ្នករាល់គ្នាគោរព និងចូលចិត្ត ពួកគេកើតចិត្តច្រណែន និងស្អប់ ហើយព្យាយាមគ្រប់មធ្យោបាយដើម្បីចាប់កំហុស ដើម្បីវិនិច្ឆ័យ និងថ្កោលទោសអ្នកដែលដេញតាមសេចក្ដីពិតទាំងនេះ។ តើនេះមិនមែនជាអ្វីដែលមនុស្សអាក្រក់ធ្វើទេឬអី? មនុស្សបែបនេះខ្វះមនសិការ និងហេតុផល ពួកគេអាក្រក់ជាងសត្វតិរច្ឆានទៅទៀត។ ពួកគេមិនអាចប្រព្រឹត្តចំពោះមនុស្សបានត្រឹមត្រូវឡើយ មិនអាចចុះសម្រុងជាមួយអ្នកដទៃបានជាធម្មតាឡើយ មិនអាចកសាងទំនាក់ទំនងរវាងបុគ្គលតាមធម្មតាជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានឡើយ ហើយថែមទាំងអាចស្អប់អ្នកដែលដេញតាមសេចក្ដីពិតទៀតផង។ មនុស្សបែបនេះច្បាស់ជាមានអារម្មណ៍កណ្ដោចកណ្ដែង និងឯកោខ្លាំងនៅក្នុងចិត្ត ដោយតែងតែត្អូញត្អែរដាក់ស្ថានសួគ៌ និងអ្នកដទៃ។ តើពួកគេមានសេចក្ដីអំណរ ឬអត្ថន័យអ្វីខ្លះក្នុងការរស់នៅ? មនុស្សទាំងនេះមាននិស្ស័យកាចសាហាវ ហើយមិនថាពួកគេទាក់ទងជាមួយនរណានោះទេ ពួកគេអាចបង្កើតជាការស្អប់ព្រោះតែរឿងតូចតាច ដោយថ្កោលទោស និងសងសឹកពួកគេ ដែលនាំឱ្យមានគ្រោះមហន្តរាយដល់ពួកគេ។ បុគ្គលអាក្រក់បែបនេះ គឺជាពួកអារក្សសុទ្ធសាធ ដែលនាំមកនូវគ្រោះមហន្តរាយដល់ពួកជំនុំរាល់ពេលដែលពួកគេស្ថិតនៅ។ ប្រសិនបើពួកគេស្ថិតនៅរយៈពេលយូរ នោះគ្រោះមហន្តរាយនឹងមិនចេះចប់មិនចេះហើយឡើយ។ មានតែការបោសសម្អាតពួកគេចេញពីពួកជំនុំប៉ុណ្ណោះ ទើបអាចបញ្ចៀសគ្រោះមហន្តរាយបាន។ បន្ថែមលើនេះ មានអ្នកដែលមើលទៅពីខាងក្រៅហាក់ដូចជាមានកម្រិតវប្បធម៌ខ្ពស់ ប៉ុន្តែមានចំណូលចិត្តពិសេសចំពោះផលប្រយោជន៍។ ដូច្នេះ ការជឿលើព្រះជាម្ចាស់របស់ពួកគេ ក៏ដើម្បីដេញតាមផលប្រយោជន៍ដែរ។ ប្រសិនបើពួកគេមិនបានកេងចំណេញខ្លះក្នុងរយៈពេលមួយ មុខរបស់ពួកគេប្រែជាស្រអាប់ដោយភាពក្រៀមក្រំ ហាក់ដូចជានរណាម្នាក់ជំពាក់លុយពួកគេយ៉ាងច្រើនអ៊ីចឹង។ នរណាក៏ដោយដែលឃើញមុខដ៏ក្រញូវ និងអស់សង្ឃឹមរបស់ពួកគេ គឺរងផលប៉ះពាល់ខាងផ្លូវអារម្មណ៍ភ្លាមៗ។ តើអ្នករាល់គ្នាគិតថា មុខបែបនេះនឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះ ប្រសិនបើវាលេចឡើងនៅក្នុងជីវិតពួកជំនុំ? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើន ច្បាស់ជាមានអារម្មណ៍មិនស្រួលនៅពេលឃើញវា ហើយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាពីសេចក្ដីពិតរបស់ពួកគេ នឹងត្រូវបានរំខាន និងរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានចាក់គ្រឹះនៅក្នុងផ្លូវពិត ការដែលឧស្សាហ៍ឃើញមុខដ៏ក្រៀមក្រំជានិច្ចនេះនៅក្នុងជីវិតពួកជំនុំ នឹងងាយរងផលប៉ះពាល់ខ្លាំងណាស់! ពួកជំនុំគួរតែមានមនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយច្រើន ដែលនិយាយសាមញ្ញ និងបើកចំហ និងមនុស្សដែលមានចិត្តពោរពេញដោយសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ហើយមានវិញ្ញាណដែលមានសេរីភាព និងការដោះលែង។ នេះនឹងធ្វើឱ្យជីវិតពួកជំនុំមានភាពរីករាយ។ ពួកមុខស្អុយដែលក្រៀមក្រំជានិច្ចទាំងនោះ គួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅផ្ទះ និងកែតម្រូវផ្នត់គំនិតរបស់ខ្លួន មុនពេលមកចូលរួមការជួបជុំ។ តាមរបៀបនេះ ពួកគេនឹងមានអារម្មណ៍ល្អ ហើយពួកគេនឹងទទួលបានអ្វីមួយពីការជួបជុំ។ បន្ថែមលើនេះ វាក៏នឹងផ្ដល់ប្រយោជន៍ដល់អ្នកដទៃដែរ យ៉ាងហោចណាស់ ពួកគេនឹងមិនត្រូវបានរំខានឡើយ។ ដើម្បីធានាថារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅក្នុងជីវិតពួកជំនុំជាធម្មតា អ្នកដឹកនាំ និងអ្នកធ្វើការគួរតែរៀនប្រកបគ្នាពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ ប្រសិនបើនរណាម្នាក់មកចូលរួមការជួបជុំជាមួយនឹងមុខក្រៀមក្រំ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែឈានជើងទៅមុខ ហើយសួរថា៖ «តើអ្នកត្រូវការជំនួយទេ?» នេះហៅថាការជួយអ្នកដទៃដោយក្ដីស្រឡាញ់យ៉ាងសកម្ម។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការឃើញនរណាម្នាក់មានបញ្ហា ហើយមិនអើពើ ដោយជៀសវាង និងដើរចេញពី «ពួកមុខស្អុយ» ទាំងនោះ ដោយមិនប្រកបគ្នាពីសេចក្ដីពិតដើម្បីឱ្យពួកគេមានអារម្មណ៍ល្អឡើងវិញទេ នោះពួកគេមិនមែនកំពុងធ្វើកិច្ចការជាក់ស្ដែងឡើយ។ ដើម្បីធ្វើកិច្ចការរបស់ពួកជំនុំឱ្យមានប្រសិទ្ធភាព ជាដំបូង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែរៀនធ្វើជាអ្នកជំនិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដូចជាអ្វីដែលអ្នកមិនជឿហៅថា មន្ត្រីដែលយកចិត្តទុកដាក់អ៊ីចឹង។ មនុស្សខ្លះមិនចង់ដើរតួនាទីបែបនេះទេ ដោយតែងតែចូលចិត្តធ្វើជាអ្នកឈរមើល តើពួកគេអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យរស់នៅក្នុងជីវិតពួកជំនុំដ៏ល្អតាមរបៀបនេះបានដោយរបៀបណា? តាមពិតទៅ ថាតើមនុស្សម្នាក់មានបញ្ហានៅក្នុងចិត្តឬអត់ គឺអាចមើលឃើញខ្លះៗតាមរយៈការបង្ហាញទឹកមុខរបស់ពួកគេ។ ប្រសិនបើមុខរបស់នរណាម្នាក់ក្រៀមក្រំជានិច្ច នោះប្រាកដជាមានន័យថា ចិត្តរបស់ពួកគេងងឹត ដោយគ្មានពន្លឺសូម្បីបន្តិច។ ប្រសិនបើពួកគេលិចលង់នៅក្នុងជម្លោះរកខុសត្រូវពេញមួយថ្ងៃ តើមុខរបស់ពួកគេនៅតែអាចមានស្នាមញញឹមបានដែរឬទេ? មុខរបស់មនុស្សទាំងនេះ តែងតែត្រូវបានគ្របដណ្ដប់ដោយពពកខ្មៅ ដោយគ្មានពន្លឺថ្ងៃសូម្បីមួយពេល ហើយរឿងនេះក៏ប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេដែរ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការយឺតយ៉ាវក្នុងការដោះស្រាយ និងកែតម្រូវបញ្ហានេះ ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីរងការរំខានឥតឈប់ឈរ និងទុក្ខវេទនានិយាយមិនចេញ នោះបញ្ជាក់ថា អ្នកដឹកនាំ និងអ្នកធ្វើការគ្មានសមត្ថភាពបំពេញកិច្ចការជាក់ស្ដែង មិនអាចដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិត ហើយគ្មានតម្លៃទាល់តែសោះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការយល់ពីសេចក្ដីពិត និងអាចកំណត់បញ្ហារបស់បងប្អូនប្រុសស្រី ព្រមទាំងអាចផ្ដល់ការគាំទ្រ និងជំនួយទាន់ពេលវេលា មិនត្រឹមតែអាចជួយដោះស្រាយបញ្ហារបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយមនុស្សឱ្យយល់ពីគោលការណ៍សេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនបានទៀតផង នោះការបំពេញភារកិច្ច និងការចាត់ចែងកិច្ចការរបស់ពួកគេនឹងមានប្រសិទ្ធភាព ហើយកិច្ចការរបស់ពួកជំនុំនឹងមិនរងផលប៉ះពាល់ឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់ និងដោះស្រាយបញ្ហាបានទាន់ពេលវេលាទេ នោះវានឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់ និងចាត់ការបញ្ហា ដែលបណ្ដាលឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងរារាំងការ​ចូល​ទៅ​ក្នុង​ជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានទេ តើពួកគេមិនបានធ្វើឱ្យព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ព្រះអង្គខកព្រះទ័យ និងខកចិត្តទេឬអី? តើពួកគេមិនខ្វះគោលការណ៍ក្នុងការចាត់ចែងកិច្ចការទេឬអី? ការចាត់ការបញ្ហាភ្លាមៗ និងដោយមិនស្ទាក់ស្ទើរ បន្ទាប់ពីបានមើលធ្លុះដល់សារជាតិរបស់វា នេះហៅថាការបំពេញការទទួលខុសត្រូវ និងមានភក្ដីភាព ហើយនេះគឺជាការបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលស្របតាមស្ដង់ដារ។

ប្រធានបទនៃការប្រកបគ្នានៅថ្ងៃនេះ គឺជាបញ្ហាទីប្រាំមួយ គឺការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ។ បញ្ហាប្រភេទនេះដែលលេចឡើងនៅក្នុងជីវិតពួកជំនុំ ជាមូលដ្ឋានមានដូចជា៖ ទំនាក់ទំនងមិនត្រឹមត្រូវរវាងប្រុសនិងស្រី ទំនាក់ទំនងភេទដូចគ្នា ទំនាក់ទំនងនៃផលប្រយោជន៍ផ្ទាល់ខ្លួន និងការស្អប់គ្នារវាងបុគ្គល និងបុគ្គល។ មិនថាជាទំនាក់ទំនងដែលផ្អែកលើតណ្ហាខាងសាច់ឈាម ផលប្រយោជន៍ខាងសាច់ឈាម ឬការជាប់ជំពាក់មនោសញ្ចេតនាខាងសាច់ឈាមនោះទេ ទំនាក់ទំនងទាំងអស់នេះសុទ្ធតែធ្លាក់ចូលទៅក្នុងប្រភេទនៃទំនាក់ទំនងមិនត្រឹមត្រូវ ព្រោះវាហួសពីដែនកំណត់នៃមនសិការ និងហេតុផលនៃភាពជាមនុស្សធម្មតា។ វត្តមាននៃទំនាក់ទំនងមិនត្រឹមត្រូវទាំងនេះ អាចរំខានដល់មនុស្សក្នុងកម្រិតណាមួយ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺថា វារំខានដល់ការ​ចូល​ទៅ​ក្នុងជីវិតរបស់មនុស្ស ការដេញតាមសេចក្ដីពិតរបស់ពួកគេ និងការដេញតាមការស្គាល់ព្រះជាម្ចាស់របស់ពួកគេ។ ទំនាក់ទំនងមិនត្រឹមត្រូវផ្សេងៗទាំងនេះ មិនបានកើតចេញពីមនសិការ ឬហេតុផលឡើយ ហើយវាផ្ទុយពីភាពជាមនុស្សធម្មតា។ វាពិបាកណាស់សម្រាប់មនុស្សក្នុងការទទួលយក និងអនុវត្តសេចក្ដីពិត នៅពេលដែលពួកគេរស់នៅក្នុងទំនាក់ទំនងមិនប្រក្រតីទាំងនេះ ហើយរឿងនេះក៏រំខានដល់ពួកគេក្នុងការរស់នៅក្នុងជីវិតពួកជំនុំ និងការដេញតាមការរីកចម្រើនក្នុងជីវិត ព្រមទាំងសណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំផងដែរ។ រឿងនេះនាំឱ្យមានផលប៉ះពាល់មិនល្អដល់ការ​ចូល​ទៅ​ក្នុង​ជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងអាចធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំផងដែរ។ ដោយសារតែរឿងទាំងអស់នេះ វាសំខាន់ណាស់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវកំណត់ និងចាត់ការបញ្ហាទាំងនេះជាបន្ទាន់។

ចំពោះទំនាក់ទំនងមិនត្រឹមត្រូវ យើងបានរៀបរាប់ពីស្ថានភាពផ្សេងៗ និងបានចាត់ថ្នាក់វារួចហើយ។ តើអ្នករាល់គ្នាអាចលើកឧទាហរណ៍ខ្លះៗ ដើម្បីអនុវត្តការចេះសម្គាល់បានដែរឬទេ? តើអ្វីទៅជាគោលបំណងនៃការរៀនសម្គាល់? គឺដើម្បីឱ្យអ្នករាល់គ្នាចេះសម្គាល់ និងកំណត់និយមន័យសារជាតិនៃមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ ដើម្បីធ្វើការវិនិច្ឆ័យបានត្រឹមត្រូវ ហើយបន្ទាប់មកប្រព្រឹត្តចំពោះអ្វីៗទាំងនោះស្របតាមគោលការណ៍។ នេះគឺជាលទ្ធផលចុងក្រោយ។ តើមាននរណាម្នាក់ធ្លាប់និយាយថា៖ «អ្នកនិយាយពេញមួយថ្ងៃអំពីរឿងរ៉ាវខុសត្រូវទាំងនេះ និងបញ្ហាក្នុងជីវិតរស់នៅទាំងនេះ ពួកយើងមិនចង់ស្ដាប់រឿងទាំងនេះទៀតទេ ពួកយើងមិនទាំងចង់មកចូលរួមការជួបជុំទៀតផង។ តើអ្នកមិនគួរប្រកបគ្នាពីសេចក្ដីពិតទេឬអី? ហេតុអ្វីបានជាតែងតែនិយាយអំពីស្ថានភាពទាំងនេះទៅវិញ?» តើអ្នករាល់គ្នាធ្លាប់កត់សម្គាល់ឃើញមនុស្សបែបនេះដែរឬទេ? តើពួកគេជាមនុស្សប្រភេទណា? (គឺជាមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ។) យើងប្រកបគ្នាតាមរបៀបនេះ ប៉ុន្តែពួកគេនៅតែមិនអាចយល់ពីសេចក្ដីពិតដដែល ពួកគេមិនមានកម្រិតបញ្ញារបស់មនុស្សធម្មតាទេ មនុស្សបែបនេះគឺគ្មានបានការទាល់តែសោះ។ តើគួរតែឱ្យមនុស្សដែលមានកម្រិតបញ្ញាមិនស្មើនឹងមនុស្ស មកស្ដាប់ការអធិប្បាយទៀតដែរឬទេ? ប្រហែលជាពួកគេនឹងលើកឡើងថា៖ «ការជួបជុំតែងតែនិយាយអំពីការប្រកបគ្នាពីសេចក្ដីពិត តែងតែនិយាយអំពីការអនុវត្តសេចក្ដីពិត ខ្ញុំធុញទ្រាន់នឹងការស្ដាប់រឿងនេះណាស់។ ខ្ញុំមិនចង់មកចូលរួមការជួបជុំទៀតទេ»។ ប្រសិនបើពួកគេពិតជាមានទស្សនៈបែបនេះមែន នោះពួកគេគឺជាអ្នកដែលប្រឆាំងនឹងសេចក្ដីពិតហើយ។ ចំពោះមនុស្សបែបនេះ ដំណាក់របស់ព្រះជាម្ចាស់មិនបង្ខំឱ្យពួកគេចូលរួមទេ ត្រូវឱ្យពួកគេចេញទៅឱ្យបានឆាប់។ ប្រសិនបើពួកគេខ្លួនឯងមិនចង់មកចូលរួមការជួបជុំ ហើយមិនទទួលយកអ្វីដែលបានពិភាក្សានៅទីនោះ យើងមិនបង្ខំទេ យើងមិនចង់បង្កការលំបាកដល់ពួកគេឡើយ។ មនុស្សបែបនេះ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់មួយជីវិតក៏ដោយ ក៏ពួកគេនឹងមិនយល់ពីសេចក្ដីពិត ហើយនឹងមិនចូលទៅក្នុងតថភាពដែរ វាគឺជាការខាតបង់កម្លាំងទទេៗ។ ប្រសិនបើពួកគេចូលចិត្តស្ដាប់ចំណេះដឹងខាងសាសនវិទ្យា នោះអនុញ្ញាតឱ្យពួកគេទៅសិក្សាចំណេះដឹងខាងសាសនវិទ្យាចុះ។ នឹងមានថ្ងៃណាមួយ នៅពេលដែលពួកគេមិនទទួលបានសេចក្ដីពិតធ្វើជាជីវិត ពួកគេនឹងសោកស្ដាយមិនខាន។

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៣)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៥)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ