ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៣)
ការប្រកបគ្នានៅក្នុងការជួបជុំលើកមុនរបស់យើង គឺអំពីទំនួលខុសត្រូវទីដប់មួយរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ និងកិច្ចការដែលពួកគេគួរតែធ្វើក្នុងការការពារតង្វាយ។ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើកិច្ចការអ្វីខ្លះក្នុងការការពារតង្វាយ? (កិច្ចការទីមួយគឺការពារតង្វាយទាំងនោះ។ ទីពីរគឺពិនិត្យមើលបញ្ជីគណនេយ្យ។ ទីបីគឺត្រូវតាមដាន ពិនិត្យមើល និងត្រួតពិនិត្យថាតើការចំណាយផ្សេងៗស្របតាមគោលការណ៍ដែរឬទេ។ ត្រូវតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយត្រូវតែរឹតត្បិតយ៉ាងតឹងរ៉ឹងចំពោះការចំណាយដែលគ្មានហេតុផល។ ជាការល្អបំផុតដែលត្រូវទប់ស្កាត់ការខ្ជះខ្ជាយ និងការចាយវាយខុសខ្ទង់ មុនពេលវាកើតឡើង។ ប្រសិនបើវាកើតឡើងរួចហើយ អ្នកដែលទទួលខុសត្រូវត្រូវតែតម្រូវឱ្យទទួលខុសត្រូវ។ មិនគួរត្រឹមតែចេញសេចក្ដីព្រមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវទាមទារសំណងទៀតផង។) ទាំងនោះគឺជាចំណុចគោលៗហើយ។ រឿងសំខាន់គឺការពារតង្វាយទាំងនោះ បន្ទាប់មកគឺពិនិត្យមើលបញ្ជីគណនេយ្យ ហើយបន្ទាប់ពីនោះ គឺត្រូវតាមដាន និងត្រួតពិនិត្យការចំណាយ និងប្រើប្រាស់ និងចំណាយតង្វាយទាំងនោះឱ្យបានត្រឹមត្រូវ។ បន្ទាប់ពីបានបញ្ចប់ការប្រកបគ្នារបស់យើងអំពីទំនួលខុសត្រូវទីដប់មួយរួចមក ឥឡូវនេះ មនុស្សមានការយល់ដឹង និងចំណេះដឹងដ៏ត្រឹមត្រូវអំពីតង្វាយ ហើយឥឡូវនេះ ពួកគេក៏ដឹងពីកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើក្នុងការការពារតង្វាយ ក៏ដូចជារបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើកិច្ចការនេះ និងអាកប្បកិរិយាជាក់លាក់របស់ពួកគេក្នុងការធ្វើកិច្ចការនេះផងដែរ។ មិនថាការប្រកបគ្នារបស់យើងគឺអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬអំពីអាកប្បកិរិយាផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ ហើយមិនថាវាជាការប្រកបគ្នាអំពីចំណុចវិជ្ជមាន ឬការលាតត្រដាងពីចំណុចអវិជ្ជមាននោះទេ គោលបំណងចម្បងរបស់វាគឺដើម្បីធ្វើឱ្យមនុស្សយល់ពីរបៀបធ្វើកិច្ចការការពារតង្វាយឱ្យបានត្រឹមត្រូវ និងរបៀបលុបបំបាត់ការអនុវត្តដែលគ្មានហេតុផលក្នុងការការពារ ការចំណាយ និងការបែងចែកតង្វាយ។ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ មិនថាពួកគេជាអ្នកដឹកនាំ និងអ្នកធ្វើការ ឬមិនមែននោះទេ គួរតែបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងការការពារតង្វាយ។ ដូច្នេះ តើនេះគឺជាទំនួលខុសត្រូវអ្វីទៅ? គឺត្រូវមើលការខុសត្រូវ និងរាយការណ៍ភ្លាមៗពីបញ្ហាណាមួយដែលបានរកឃើញ ពោលគឺ ត្រូវបំពេញមុខងារមើលការខុសត្រូវ និងរាយការណ៍។ សូមកុំគិតថា «ការការពារតង្វាយគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយមិនពាក់ព័ន្ធអ្វីនឹងពួកយើងដែលជាអ្នកជឿធម្មតានោះទេ»។ ទស្សនៈនេះគឺមិនត្រឹមត្រូវទេ។ ដោយសារមនុស្សបានយល់ពីសេចក្ដីពិតទាំងនេះហើយ ពួកគេគួរតែបំពេញទំនួលខុសត្រូវរបស់ខ្លួន។ ចំពោះបញ្ហាដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់បាន ឬសម្រាប់ចំណុចដែលមិនងាយស្រួលក្នុងការកំណត់បាន ប្រសិនបើមាននរណាម្នាក់រកឃើញបញ្ហាណាមួយដែលគ្មានហេតុផល ឬដែលរំលោភលើគោលការណ៍ក្នុងការការពារ ការបែងចែក និងការប្រើប្រាស់តង្វាយ ពួកគេគួរតែរាយការណ៍ពីបញ្ហាទាំងនេះទៅកាន់អ្នកដឹកនាំ និងអ្នកធ្វើការភ្លាមៗ ដើម្បីធានាបាននូវការការពារតង្វាយដែលសមហេតុផល ការប្រើប្រាស់តង្វាយដែលសមហេតុផល និងការបែងចែកតង្វាយដែលសមហេតុផល។ នេះគឺជាទំនួលខុសត្រូវរបស់រាស្ត្ររើសតាំងម្នាក់ៗរបស់ព្រះជាម្ចាស់។
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីមួយ)
ឥឡូវនេះ ដោយការប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់មួយបានបញ្ចប់ហើយ យើងបន្តទៅការប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់ពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតរឿងទាំងនោះ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនេះ និងរៀនសូត្រពីវា»។ តើទំនួលខុសត្រូវនេះមានខ្លឹមសារចម្បងអ្វីខ្លះ? ជាចម្បងគឺតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការដោះស្រាយមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗនៅក្នុងពួកជំនុំ ក៏ដូចជាបញ្ហាផ្សេងៗ ដែលបង្អាក់ រំខាន និងបំផ្លាញដល់សណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ពីអ្វីជាមុនសិន ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាព បំពេញទំនួលខុសត្រូវរបស់ខ្លួន និងបំពេញកិច្ចការនេះឱ្យបានល្អ? ទំនួលខុសត្រូវនេះគឺដើម្បី «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់» នេះគឺជាវិសាលភាពនៃកិច្ចការនេះ។ ជាមួយនឹងគោលដៅ និងវិសាលភាពមួយ វាកាន់តែច្បាស់ឡើងថាបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយ ហើយកិច្ចការ និងទំនួលខុសត្រូវអ្វីខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានរំពឹងទុកឱ្យធ្វើ។ នៅក្នុងទំនួលខុសត្រូវទីដប់ពីរ តើអ្វីជាសេចក្ដីតម្រូវចម្បងសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ? គឺត្រូវបញ្ឈប់ និងរឹតត្បិតមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កឱ្យមានការបង្អាក់ និងការរំខាន ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ ស្របពេលជាមួយគ្នានោះ ក៏ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរបស់ទាំងនោះ និងរៀនសូត្រពីវា។ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះជាមុន ដើម្បីធ្វើកិច្ចការនេះ? ប្រសិនបើអ្នកមើលឃើញមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ រំខាន និងបំផ្លាញដល់សណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ ប៉ុន្តែបែរជាគិតថាទាំងនេះមិនមែនជាបញ្ហាទេ នោះមានបញ្ហាហើយ។ នេះបង្ហាញថា អ្នកមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហានោះទេ ពោលគឺ មិនយល់ពីគ្រោះថ្នាក់ដែលការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំអាចនាំមកដល់កិច្ចការរបស់ពួកជំនុំ និងផលវិបាក និងផលប៉ះពាល់ដែលវាអាចមានទៅលើការចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះអាចនៅតែធ្វើកិច្ចការពួកជំនុំបានល្អដែរឬទេ? តើពួកគេអាចដោះស្រាយបញ្ហា និងធ្វើឱ្យអ្វីៗទៅជាធម្មតាវិញបានដែរឬទេ? (អត់ទេ។) ដូច្នេះ តើអ្វីទៅជាចំណុចគន្លឹះដែលត្រូវប្រកបគ្នានៅត្រង់នេះ? គឺថា មានតែតាមរយៈការយល់ដឹងពីគោលការណ៍សេចក្ដីពិតជាមុនសិនប៉ុណ្ណោះ ទើបអ្នកដឹកនាំ និងអ្នកធ្វើការអាចមើលធ្លុះដល់សារជាតិនៃបញ្ហាផ្សេងៗ និងដោះស្រាយបញ្ហាជាក់ស្ដែងផ្សេងៗប្រកបដោយប្រសិទ្ធភាពបាន។ ដើម្បីធ្វើកិច្ចការពួកជំនុំឱ្យបានល្អ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវដឹងជាមុនសិនថាតើបញ្ហាអ្វីខ្លះដែលកើតមានជាទូទៅនៅក្នុងកិច្ចការពួកជំនុំ។ បន្ទាប់មក ពួកគេត្រូវតែយល់ ពិចារណា និងវិនិច្ឆ័យពីលក្ខណៈនៃបញ្ហាដែលកើតឡើងឱ្យបានត្រឹមត្រូវ ថាតើវាប៉ះពាល់ដល់កិច្ចការពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំដែរឬទេ និងថាតើវាមានលក្ខណៈបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំដែរឬទេ។ នេះគឺជាបញ្ហាមួយដ៏សំខាន់បំផុតដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែយល់ជាមុនសិន។ លុះត្រាតែបានយល់ពីរឿងនេះហើយ ទើបអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពបាន ហើយអាច «បញ្ឈប់ និងរឹតត្បិតបញ្ហាទាំងនោះ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ» ដូចដែលបានរៀបរាប់នៅក្នុងទំនួលខុសត្រូវទីដប់ពីរ។ សរុបសេចក្ដីមក មុននឹងដោះស្រាយបញ្ហាមួយ អ្នកត្រូវតែយល់ជាមុនសិនថាបញ្ហានោះស្ថិតនៅត្រង់ណា តើសណ្ឋាន និងស្ថានភាពដែលពាក់ព័ន្ធមានអ្វីខ្លះ លក្ខណៈនៃបញ្ហានោះជាអ្វី តើវាធ្ងន់ធ្ងរប៉ុណ្ណា របៀបវែកញែក និងឈ្វេងយល់វា និងរបៀបអនុវត្តឱ្យបានត្រឹមត្រូវ។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវយល់ជាមុនសិន។ ដោយសារអ្នកដឹកនាំ និងអ្នកធ្វើការត្រូវយល់ពីរឿងទាំងនេះ ចូរយើងប្រកបគ្នាអំពីបញ្ហាទាំងនោះតាមទិដ្ឋភាពជាក់លាក់មួយចំនួន ដើម្បីឱ្យទាំងអ្នកដឹកនាំ និងអ្នកធ្វើការ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចយល់ពីរបៀបប្រឈមមុខនឹងបញ្ហាទាំងនេះនៅពេលវាកើតឡើង របៀបទាក់ទងវាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបប្រើគោលការណ៍សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ។ តាមរបៀបនេះ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការជួបប្រទះការលំបាកដែលពួកគេមិនអាចដោះស្រាយបាន រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់អាចប្រឈមមុខនឹងបញ្ហាទាំងនោះរួមគ្នា និងស្វែងរកសេចក្ដីពិតដើម្បីរកដំណោះស្រាយ ហើយនៅពេលជួបប្រទះបញ្ហានៃការបង្អាក់ និងការរំខាននៅក្នុងកិច្ចការពួកជំនុំ មនុស្សគ្រប់គ្នាអាចក្រោកឈរឡើងដើម្បីបញ្ឈប់ និងរឹតត្បិតបញ្ហាទាំងនោះ។ ស្របពេលជាមួយគ្នានោះ ចំពោះមនុស្ស និងបញ្ហាអវិជ្ជមាន ពួកគេអាចធ្វើការវែកញែកជាសាធារណៈ ការឈ្វេងយល់ និងការកំណត់លក្ខណៈ ដោយហេតុនេះអាចឱ្យបញ្ហាទាំងនេះត្រូវបានបញ្ឈប់ រឹតត្បិត និងដោះស្រាយដល់ឫសគល់របស់វាបាន។ បន្ទាប់មក ចូរយើងចាប់ផ្ដើមប្រកបគ្នាពីបញ្ហាដែលជាក់លាក់បំផុត។
មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
ដើម្បីកំណត់ពីបញ្ហាដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរចាប់ផ្ដើមពីផ្នែកណាខ្លះ? ពួកគេគួរចាប់ផ្ដើមដោយពិនិត្យមើលទៅក្នុងជីវិតពួកជំនុំ ដើម្បីរកឱ្យឃើញពីបញ្ហាទាំងនេះ។ តើអ្នកទាំងអស់គ្នាដឹងខ្លះៗទេថា តើបញ្ហាអ្វីខ្លះដែលជាធម្មតាកើតមានឡើងនៅក្នុងជីវិតពួកជំនុំ ដែលមានលក្ខណៈបង្អាក់ និងរំខាន? ទោះបីជានៅក្នុងពួកជំនុំមួយមានមនុស្សច្រើនប៉ុណ្ណាក៏ដោយ ក៏ប្រាកដជាមានមនុស្សមិនតិចនាក់ទេដែលនឹងបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ។ តើទង្វើនៃការបង្អាក់ និងការរំខានអ្វីខ្លះដែលអ្នករាល់គ្នាបានដឹង? (តែងតែនិយាយចាកប្រធានបទនៅពេលប្រកបគ្នាពីសេចក្ដីពិតនៅក្នុងការជួបជុំ ដោយមិនផ្ដោតជុំវិញបញ្ហាចម្បង។) (ហើយក៏តែងតែនិយាយពាក្យពេចន៍ និងគោលលទ្ធិជាទម្លាប់។) ការនិយាយចាកប្រធានបទនៅពេលប្រកបគ្នាពីសេចក្ដីពិត។ ឧទាហរណ៍ នៅពេលដែលអ្នកដទៃកំពុងប្រកបគ្នាអំពីរបៀបស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេនឹងនិយាយអំពីរបៀបមើលថែប្ដី (ឬប្រពន្ធ) និងកូនចៅរបស់ពួកគេឱ្យបានល្អ។ នៅពេលដែលអ្នកដទៃកំពុងប្រកបគ្នាអំពីរបៀបដែលការស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនគឺដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់ ពួកគេនឹងនិយាយអំពីរបៀបដែលការស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនគឺដើម្បីទទួលបានព្រះពរសម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន។ តើនេះមិនមែនជាការនិយាយចាកប្រធានបទទេឬ? (មែនហើយ។) ប្រសិនបើអ្នកមិនបង្អាក់ពួកគេទេ ពួកគេនឹងនិយាយមិនចេះចប់មិនចេះហើយឡើយ។ ប្រសិនបើអ្នករឹតត្បិតពួកគេ ពួកគេនឹងខឹង ហើយច្រឡោតតោតតូងដោយសារតែភាពអាម៉ាស់ ដោយហេតុនេះ ធ្វើឱ្យអាកប្បកិរិយាអាក្រក់របស់ពួកគេឈានទៅមុខមួយកម្រិតទៀត។ ដូច្នេះ បញ្ហានេះ គឺមានលក្ខណៈដល់កម្រិតនៃការបង្អាក់ និងការរំខាន ដែលធ្ងន់ធ្ងរណាស់។ ទោះបីជាការនិយាយចាកប្រធានបទនៅពេលប្រកបគ្នាពីសេចក្ដីពិតគឺជាបញ្ហាធម្មតាមួយក៏ដោយ បើនិយាយតាមសត្យានុម័ត ក៏វាអាចបង្អាក់ និងរំខានដល់ជីវិតរបស់ពួកជំនុំបានដែរ។ នេះគឺជាបញ្ហាទីមួយ។ ចំពោះបញ្ហាទីពីរ «ការនិយាយពាក្យពេចន៍ និងគោលលទ្ធិ» ថាតើករណីនេះរាប់ថាជាការបង្អាក់ និងការរំខានដែរឬទេ គឺអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃករណី។ មនុស្សមួយចំនួននិយាយពាក្យពេចន៍ និងគោលលទ្ធិ ដោយសារតែពួកគេខ្វះតថភាពនៃសេចក្ដីពិត។ នៅពេលដែលពួកគេហាមាត់និយាយភ្លាម គឺចេញមកសុទ្ធតែជាពាក្យពេចន៍ និងគោលលទ្ធិ គ្រាន់តែជាទ្រឹស្ដីទទេៗប៉ុណ្ណោះ។ ក៏ប៉ុន្តែ បំណងរបស់ពួកគេមិនមែនដើម្បីបំភាន់អ្នកដទៃ និងចង់បានការគោរពពីមនុស្សនោះទេ។ ជាមួយនឹងការរឹតត្បិត និងការទូន្មាន ពួកគេនឹងមានការស្គាល់ខ្លួនឯង ហើយបន្ទាប់មក ពួកគេនឹងនិយាយពាក្យពេចន៍ និងគោលលទ្ធិតិចជាងមុន ហើយពួកគេនឹងលែងរារាំងដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីទៀតឡើយ។ ករណីនេះមិនរាប់ថាជាការបង្អាក់ និងការរំខាននោះទេ។ ក៏ប៉ុន្តែ អស់អ្នកណាដែលនិយាយពាក្យពេចន៍ និងគោលលទ្ធិដោយចេតនា ក្នុងគោលបំណងបំភាន់អ្នកដទៃ ពួកគេធ្វើដូច្នេះ ទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា អ្វីដែលពួកគេនិយាយគឺជាពាក្យពេចន៍ និងគោលលទ្ធិក៏ដោយ។ គោលបំណងរបស់ពួកគេក្នុងការធ្វើបែបនេះគឺដើម្បីទទួលបានការគោរពពីអ្នកដទៃ ពួកគេចង់ទាក់ទាញមនុស្សឱ្យមកខាងពួកគេ ហើយបំភាន់ពួកគេ និងដណ្ដើមយកឋានៈ។ ករណីនេះគឺមានលក្ខណៈធ្ងន់ធ្ងរណាស់។ វាមានលក្ខណៈខុសគ្នាពីករណីគ្រាន់តែអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិបាន ដោយសារតែមិនយល់ពីសេចក្ដីពិត។ អាកប្បកិរិយាបែបនេះបង្កើតបានជាការបង្អាក់ និងការរំខាន។ មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កឱ្យមានការបង្អាក់ និងការរំខាននៅក្នុងជីវិតពួកជំនុំ គឺមាននៅគ្រប់ទីកន្លែង។ បញ្ហាទាំងនោះមិនមែនគ្រាន់តែជាបញ្ហាដូចជាការនិយាយពាក្យពេចន៍ និងគោលលទ្ធិ ឬការនិយាយចាកប្រធានបទនោះទេ។ តើមានបញ្ហាអ្វីផ្សេងទៀត? (ការបង្កើតបក្សពួក ការសាបព្រោះការបែកបាក់ និងការធ្វើឱ្យថមថយភាពវិជ្ជមានរបស់អ្នកដទៃ។) (ក៏មានផងដែរនូវការបញ្ចេញភាពអវិជ្ជមាន និងការបង្កបញ្ហា ហើយរំខានមនុស្សឥតឈប់ឈរ។) (នៅពេលដែលមនុស្សមួយចំនួនមានសញ្ញាណអំពីការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេផ្សព្វផ្សាយសញ្ញាណទាំងនេះ ហើយបញ្ចេញភាពអវិជ្ជមានរបស់ខ្លួន ដែលបណ្ដាលឱ្យអ្នកដទៃមានសញ្ញាណអំពីការរៀបចំចាត់ចែងការងារផងដែរ។) រឿងរ៉ាវទាំងនោះពិតជារាប់ថាជាការបង្អាក់ និងការរំខានមែន។ ការបង្កើតបក្សពួកគឺជារឿងមួយ ការសាបព្រោះការបែកបាក់គឺជារឿងមួយទៀត រួមជាមួយនឹងការធ្វើទុក្ខបុកម្នេញ និងការវាយប្រហារមនុស្ស ការផ្សព្វផ្សាយសញ្ញាណ ការបញ្ចេញភាពអវិជ្ជមាន ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងការដណ្ដើមយកឋានៈ ពោលគឺ ទាំងអស់នេះគឺជាការបង្អាក់ និងការរំខាន។ បញ្ហាទាំងនេះគឺមានលក្ខណៈធ្ងន់ធ្ងរជាងការនិយាយចាកប្រធានបទនៅពេលប្រកបគ្នាពីសេចក្ដីពិតទៅទៀត។ ក៏មានបញ្ហាមួយដែលទាក់ទងនឹងការបោះឆ្នោតផងដែរ។ តើបញ្ហាប្រភេទណាខ្លះដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលពាក់ព័ន្ធនឹងការបង្អាក់ និងការរំខាន? ឧទាហរណ៍ មានការលួចបន្លំសន្លឹកឆ្នោត ការសន្យាផ្ដល់អត្ថប្រយោជន៍ដើម្បីធានាបាននូវសន្លឹកឆ្នោតសម្រាប់ខ្លួនឯង។ នេះគឺជាវិធីមួយដើម្បីបំផ្លាញការបោះឆ្នោត។ និងសកម្មភាពលួចលាក់ ការធ្វើការលើគំនិតរបស់មនុស្សនៅពីក្រោយខ្នង ដើម្បីទាក់ទាញពួកគេឱ្យមកខាងអ្នក បំភាន់ពួកគេ និងធ្វើឱ្យពួកគេបោះឆ្នោតឱ្យអ្នក។ ទាំងនេះគឺជាបញ្ហាទាំងអស់ដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោត។ តើបញ្ហាទាំងនេះបង្កើតបានជាការបង្អាក់ និងការរំខានដែរឬទេ? (មែនហើយ។) បញ្ហាទាំងនេះត្រូវបានហៅជារួមថាជាការរំលោភលើគោលការណ៍នៃការបោះឆ្នោត។ បញ្ហាមួយទៀតគឺការនិយាយរឿងក្នុងគ្រួសារឥតប្រយោជន៍ ការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន និងការចាត់ចែងរឿងផ្ទាល់ខ្លួន។ នរណាម្នាក់អាចមកការជួបជុំដើម្បីរឿងទាំងនេះ មិនមែនដើម្បីយល់ពីសេចក្ដីពិត ឬប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែដើម្បីចាត់ចែងរឿងផ្ទាល់ខ្លួន។ តើបញ្ហាបែបនេះធ្ងន់ធ្ងរដែរឬទេ? (មែនហើយ។) វាក៏រាប់ថាជាការបង្អាក់ និងការរំខានផងដែរ។
ឥឡូវនេះ ចូរយើងសរុបសេចក្ដីពីបញ្ហាផ្សេងៗនៃការបង្អាក់ និងការរំខានដែលកើតមានឡើងនៅក្នុងជីវិតពួកជំនុំ៖ ទីមួយ ការនិយាយចាកប្រធានបទជាញឹកញាប់នៅពេលប្រកបគ្នាពីសេចក្ដីពិត។ ទីពីរ ការនិយាយពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ។ ទីបី ការនិយាយរឿងក្នុងគ្រួសារឥតប្រយោជន៍ ការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន និងការចាត់ចែងរឿងផ្ទាល់ខ្លួន។ ទីបួន ការបង្កើតបក្សពួក។ ទីប្រាំ ការដណ្ដើមយកឋានៈ។ ទីប្រាំមួយ ការសាបព្រោះការបែកបាក់។ ទីប្រាំពីរ ការវាយប្រហារ និងការធ្វើទុក្ខបុកម្នេញមនុស្ស។ ទីប្រាំបី ការផ្សព្វផ្សាយសញ្ញាណ។ ទីប្រាំបួន ការបញ្ចេញភាពអវិជ្ជមាន។ ទីដប់ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងទីដប់មួយ ការរំលោភលើគោលការណ៍នៃការបោះឆ្នោត។ សរុបមានដប់មួយចំណុច។ ការសម្ដែងចេញទាំងដប់មួយនេះគឺជាបញ្ហានៃការបង្អាក់ និងការរំខានដែលកើតមានជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ។ នៅពេលរស់នៅក្នុងជីវិតពួកជំនុំ ប្រសិនបើបញ្ហាទាំងនេះកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែក្រោកឈរឡើង ហើយបញ្ឈប់ និងរឹតត្បិតបញ្ហាទាំងនោះ ហើយមិនត្រូវអនុញ្ញាតឱ្យវារីករាលដាលដោយគ្មានការត្រួតពិនិត្យឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចរឹតត្បិតបញ្ហាទាំងនោះបានទេ នោះបងប្អូនប្រុសស្រីទាំងអស់គួរតែរួមគ្នាដើម្បីរឹតត្បិតបញ្ហាទាំងនោះ។ ប្រសិនបើមនុស្សដែលពាក់ព័ន្ធមិនមានភាពជាមនុស្សអាក្រក់ ហើយមិនមែនបង្កការបង្អាក់ និងការរំខានដោយចេតនា ប៉ុន្តែគ្រាន់តែខ្វះការយល់ដឹងពីសេចក្ដីពិត គឺអាចជួយគាំទ្រពួកគេបានតាមរយៈការប្រកបគ្នាពីសេចក្ដីពិត។ ប្រសិនបើមនុស្សដែលបង្កការបង្អាក់ និងការរំខានជាមនុស្សអាក្រក់ ហើយករណីនោះមានលក្ខណៈស្រាល នោះការបង្អាក់ និងការរំខានរបស់ពួកគេគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតតាមរយៈការប្រកបគ្នា និងការលាតត្រដាង។ ប្រសិនបើពួកគេសុខចិត្តប្រែចិត្ត ហើយលែងនិយាយ ឬប្រព្រឹត្តតាមរបៀបដែលបង្កឱ្យមានការបង្អាក់ និងការរំខានទៀត សុខចិត្តធ្វើជាសមាជិកដែលតូចតាចបំផុតនៅក្នុងពួកជំនុំ អាចស្ដាប់បង្គាប់ និងចុះចូលដោយស្មោះត្រង់ ហើយធ្វើអ្វីក៏ដោយដែលពួកជំនុំរៀបចំ ព្រមទទួលយកការរឹតត្បិតដែលបានកំណត់ដោយបងប្អូនប្រុសស្រី នោះពួកគេអាចនៅក្នុងពួកជំនុំជាបណ្ដោះអាសន្នបាន។ ប៉ុន្តែប្រសិនបើពួកគេមិនព្រមទទួលយក ហើយបែរជាប្រឆាំង និងមានអរិភាពចំពោះមនុស្សភាគច្រើន នោះគួរតែអនុវត្តតាមជំហានទីពីរ ដែលជាការបោសសម្អាតពួកគេចេញ។ តើវិធីសាស្រ្តនេះសមរម្យដែរឬទេ? (មែនហើយ។)
I. និយាយចាកប្រធានជារឿយៗ នៅពេលប្រកបគ្នាពីសេចក្តីពិត
ឥឡូវនេះ យើងនឹងប្រកបគ្នាអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលកើតមានឡើងនៅក្នុងជីវិតពួកជំនុំ ដែលមានសារជាតិជាការបង្អាក់ និងការរំខាន។ ទីមួយក្នុងចំណោមនោះ គឺជាការនិយាយចាកប្រធានជារឿយៗ នៅពេលប្រកបគ្នាពីសេចក្ដីពិត។ តើការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត ត្រូវកំណត់ដោយរបៀបណា? តើយើងអាចដឹងឱ្យបានច្បាស់អំពីពាក្យពេចន៍នៃការប្រកបគ្នាដែលបាននិយាយចាកប្រធាននោះដោយរបៀបណា? តើអ្នករាល់គ្នាឧស្សាហ៍និយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិតដែរឬទេ? (មែនហើយ។) តើបញ្ហានេះត្រូវតែឈានដល់កម្រិតណា ទើបសារជាតិរបស់វាត្រូវបានចាត់ទុកថាជាការបង្អាក់ និងការរំខាន? ប្រសិនបើគ្រប់ករណីនៃការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត ត្រូវបានកំណត់លក្ខណៈថាជាការបង្អាក់ និងការរំខាន តើមនុស្សនឹងមិនខ្លាចក្នុងការនិយាយ ឬប្រកបគ្នានៅក្នុងជីវិតពួកជំនុំនាពេលអនាគតទេឬ? ហើយប្រសិនបើមនុស្សខ្លាចក្នុងការប្រកបគ្នា តើវាមិនមានន័យថា ពួកគេមិនបានដឹងពីបញ្ហានេះឱ្យបានច្បាស់លាស់ទេឬ? (មែនហើយ។) ដូច្នេះ នៅពេលដែលគេកំណត់បានយ៉ាងត្រឹមត្រូវថា តើការនិយាយចាកប្រធានបែបណាខ្លះនៅពេលប្រកបគ្នាពីសេចក្ដីពិត ដែលបង្កើតទៅជាការបង្អាក់ និងការរំខាន នោះមនុស្សភាគច្រើននឹងរួចផុតពីការដាក់កំហិតរបស់ពួកគេ។ ដោយឃើញថា អ្នករាល់គ្នានិយាយចាកប្រធានសូម្បីតែនៅក្នុងការសន្ទនាធម្មតា នោះការធ្វើដូច្នេះនៅពេលប្រកបគ្នាពីសេចក្ដីពិតគឺជារឿងដែលកាន់តែកើតមានជាញឹកញាប់ទៅទៀត។ ហេតុដូច្នេះហើយ វាចាំបាច់ណាស់ក្នុងការប្រកបគ្នាអំពីរឿងនេះឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យអ្នករាល់គ្នាទទួលរងការដាក់កំហិត។ កុំឱ្យការភ័យខ្លាចពីការនិយាយចាកប្រធាន និងការបង្កើតឱ្យមានការបង្អាក់ និងការរំខាន រារាំងអ្នកពីការនិយាយ ហើយធ្វើឱ្យអ្នកមិនហ៊ានប្រកបគ្នា បើទោះបីជាអ្នកមានចំណេះដឹងក៏ដោយ ឬនៅពេលដែលអ្នកចង់ប្រកបគ្នា វាជំរុញឱ្យអ្នកត្រូវពិចារណាជាមុនថា៖ «តើអ្វីដែលខ្ញុំចង់និយាយទាក់ទងនឹងប្រធានបទដែរឬទេ? តើវាចាកប្រធានដែរឬទេ? ខ្ញុំគួរតែព្រាង និងរៀបចំគំនិតរបស់ខ្ញុំជាមុនសិនមុននឹងនិយាយ រួចហើយធ្វើតាមការរៀបចំនោះ ដើម្បីកុំឱ្យខ្ញុំនិយាយចាកប្រធាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ប្រសិនបើខ្ញុំនិយាយចាកប្រធាន វានឹងមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ហើយនឹងធ្វើឱ្យខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនៃការជួបជុំ ដែលប៉ះពាល់ដល់ការយល់ដឹងពីសេចក្ដីពិតរបស់បងប្អូនប្រុសស្រី។ ហើយប្រសិនបើវាធ្ងន់ធ្ងរ វាថែមទាំងអាចបង្អាក់ និងរំខានដល់ជីវិតពួកជំនុំទៀតផង»។ ដូច្នេះ តើយើងគួរតែមើលបញ្ហានៃការនិយាយចាកប្រធាននេះដោយរបៀបណា? ទីមួយ យើងត្រូវពិចារណាថាតើការនិយាយចាកប្រធានផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រីដែរឬទេ ហើយបន្ទាប់មក យើងត្រូវតែមើលឱ្យបានច្បាស់ថា តើផលវិបាកនៃការនិយាយចាកប្រធានចំពោះជីវិតពួកជំនុំមានអ្វីខ្លះ។ តាមរបៀបនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ការនិយាយចាកប្រធានមិនមែនជាបញ្ហាតូចតាចនោះទេ។ ក្នុងករណីធ្ងន់ធ្ងរ វាថែមទាំងអាចបង្កើតជាការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំទៀតផង។ ឧបមាថា ចំពោះប្រធានបទណាមួយ អ្នកស្វែងរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយដើម្បីប្រកបគ្នាពីចំណេះដឹង និងការយល់ដឹងរបស់អ្នក ឬឧបមាថា ចំពោះប្រធានបទណាមួយ អ្នកប្រកបគ្នាអំពីចំណេះដឹងដែលអ្នកបានទទួល សេចក្ដីពិតដែលអ្នកបានយល់ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលអ្នកបានយល់ពីអ្វីមួយដែលអ្នកបានឆ្លងកាត់ ឬឧបមាថា ការប្រកបគ្នារបស់អ្នកលើប្រធានបទណាមួយមានលក្ខណៈវែងឆ្ងាយបន្តិច ហើយអ្នកមិនបានបង្ហាញពីខ្លួនឯងឱ្យបានច្បាស់លាស់អំពីវា ដោយនិយាយដដែលៗជាច្រើនលើកច្រើនសា តើក្នុងស្ថានភាពទាំងនេះ អ្នកកំពុងនិយាយចាកប្រធានដែរឬទេ? គ្មានករណីណាមួយក្នុងចំណោមករណីទាំងនេះត្រូវបានចាត់ទុកថាជាការនិយាយចាកប្រធានឡើយ។ ដូច្នេះ តើការនិយាយចាកប្រធានមានន័យដូចម្ដេច? ការនិយាយចាកប្រធានគឺនៅពេលដែលអ្វីដែលអ្នកនិយាយមានទំនាក់ទំនងតិចតួច ឬគ្មានទំនាក់ទំនងទាល់តែសោះជាមួយនឹងប្រធានបទនៃការប្រកបគ្នា នៅពេលដែលវាគ្រាន់តែជាការនិយាយរឿងរ៉ាវខាងក្រៅដែលគ្មានខ្លឹមសារ ហើយមិនបានស្អាងចិត្តមនុស្សទាល់តែសោះ។ នោះគឺជាការនិយាយចាកប្រធានទាំងស្រុងហើយ។ ឥឡូវនេះ ចូរយើងពិភាក្សាអំពីអ្វីដែលជាការបង្កឱ្យមានការបង្អាក់ និងការរំខាន។ នៅក្នុងករណីនៃការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត តើពាក្យសម្ដី និងអាកប្បកិរិយាបែបណាខ្លះដែលបង្កើតបានជាការបង្អាក់ និងការរំខាន? តើសារជាតិនៃបញ្ហានៅត្រង់នេះគឺជាអ្វី? តើការនិយាយចាកប្រធាន តាមសារជាតិរបស់វាបង្កើតបានជាការបង្អាក់ និងការរំខានដោយរបៀបណា? តើរឿងនេះមិនគួរយកមកប្រកបគ្នាទេឬ? នៅពេលដែលបានប្រកបគ្នាអំពីរឿងនេះរួចហើយ តើអ្នកនឹងយល់ពីអត្ថន័យនៃការនិយាយចាកប្រធានដែរឬទេ? (យល់។) ដូច្នេះ ចូរអ្នករាល់គ្នាឆ្លើយសំណួរនេះចុះ។ (នៅពេលដែលការប្រកបគ្នារបស់នរណាម្នាក់គឺអំពីប្រធានបទដែលគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិត ឧទាហរណ៍ ការជជែកឥតប្រយោជន៍ និងការនិយាយអំពីរឿងរ៉ាវក្នុងគ្រួសារ និងការពិភាក្សាអំពីរឿងដែលពាក់ព័ន្ធនឹងនិន្នាការសង្គមដែលរំខានដល់ចិត្តមនុស្ស ដែលរារាំងពួកគេកុំឱ្យមានភាពស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ និងការសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ការប្រកបគ្នានោះបាននិយាយចាកប្រធានហើយ។) តើមានចំណុចសំខាន់ៗប៉ុន្មានដែលបានលើកឡើង? (មួយគឺថា ប្រធានបទទាំងនោះមិនទាក់ទងនឹងសេចក្ដីពិតទេ។) នេះគឺជាចំណុចដ៏សំខាន់មួយ គឺការមិនទាក់ទងនឹងសេចក្ដីពិត។ ចំណុចមួយគឺជាការជជែកឥតប្រយោជន៍ និងការនិយាយរឿងក្នុងគ្រួសារ។ ចំណុចមួយទៀតគឺជាការនិយាយអំពីវប្បធម៌ប្រពៃណី គំនិតសីលធម៌របស់មនុស្ស និងអ្វីៗដែលមនុស្សចាត់ទុកថាថ្លៃថ្នូរ ហាក់ដូចជាវាជាសេចក្ដីពិត។ នេះគឺជាបញ្ហានៃការយល់ដឹងដែលវៀចវេរ អ្វីៗទាំងអស់នេះមិនទាក់ទងនឹងសេចក្ដីពិតទេ។ ឧទាហរណ៍ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលថា «យុវជនមិនគួរគ្មានគោលដៅទេ»។ នរណាម្នាក់ប្រកបគ្នាថា «តាំងពីបុរាណកាលមក វីរបុរសបានលេចឡើងក្នុងវ័យក្មេងរបស់ពួកគេ» ឬ «មហិច្ឆតាមិនត្រូវបានកំណត់ដោយអាយុទេ»។ ឬ នៅពេលដែលអ្នកនិយាយអំពីរបៀបកោតខ្លាចព្រះជាម្ចាស់ ពួកគេប្រកបគ្នាថា៖ «មានអាទិទេពមួយអង្គនៅពីលើអ្នកប្រហែលជិតមួយម៉ែត្រ» «នៅពេលមនុស្សធ្វើសកម្មភាព ឋានសួគ៌កំពុងមើល» «ប្រសិនបើអ្នកមានមនសិការជ្រះថ្លា អ្នកមិនចាំបាច់ខ្លាចខ្មោចគោះទ្វារទេ» ឬ «ចិត្តរបស់មនុស្សត្រូវតែផ្អៀងទៅរកសេចក្ដីល្អ»។ តើនេះមិនមែនជាការនិយាយចាកប្រធានទេឬ? តើពាក្យពេចន៍ទាំងនេះមិនទាក់ទងនឹងសេចក្ដីពិតទេឬ? តើពាក្យពេចន៍ទាំងនេះជាអ្វី? (ទស្សនវិជ្ជាសាតាំង។) វាជាទស្សនវិជ្ជាសាតាំង ហើយវាក៏ជាវប្បធម៌ប្រពៃណីរបស់ជនជាតិជាក់លាក់មួយផងដែរ។ ការបង្ហាញឱ្យឃើញដំបូងនៃការនិយាយចាកប្រធាន គឺនៅពេលដែលប្រធានបទដែលបាននិយាយមិនទាក់ទងនឹងសេចក្ដីពិត គឺនៅពេលដែលនរណាម្នាក់និយាយអំពីទស្សនវិជ្ជា និងទ្រឹស្ដីដែលអ្នកមិនជឿព្រះ ចាត់ទុកថាត្រឹមត្រូវ និងខ្ពង់ខ្ពស់ ហើយភ្ជាប់វាដោយបង្ខំទៅនឹងសេចក្ដីពិត។ នោះគឺជាការនិយាយចាកប្រធានហើយ។ ប្រធានបទគឺមិនទាក់ទងនឹងសេចក្ដីពិតទេ ការបង្ហាញឱ្យឃើញនេះគួរតែងាយយល់។ ការបង្ហាញឱ្យឃើញទីពីរគឺនៅពេលដែលប្រធានបទដែលបានពិភាក្សារំខានដល់គំនិតរបស់មនុស្ស។ នៅពេលដែលសេចក្ដីពិតមិនត្រូវបានប្រកបគ្នានៅក្នុងការជួបជុំ ហើយអ្វីដែលត្រូវបានប្រកបគ្នាគឺចំណេះដឹង ចំណេះវិជ្ជា ទស្សនវិជ្ជា និងច្បាប់ ឬបាតុភូតសង្គម និងទំនាក់ទំនងរវាងបុគ្គលដ៏ស្មុគស្មាញផ្សេងៗ នោះវារំខានដល់គំនិតរបស់មនុស្ស។ នេះគឺនៅពេលដែលនរណាម្នាក់ប្រកបគ្នាអំពីបញ្ហាដែលជាមូលដ្ឋានមិនពាក់ព័ន្ធនឹងសេចក្ដីពិត ហើយគ្មានអ្វីទាក់ទងនឹងសេចក្ដីពិតទាល់តែសោះ ហាក់ដូចជារឿងទាំងនោះជាសេចក្ដីពិត។ ការណ៍នេះបណ្តាលឱ្យមានការភាន់ច្រឡំនៅក្នុងគំនិតរបស់អ្នកដទៃ ហើយនៅពេលដែលពួកគេស្ដាប់ គំនិតរបស់ពួកគេចេញពីការប្រកបគ្នាពីសេចក្ដីពិតទៅរករឿងខាងក្រៅវិញ។ តើមនុស្សទាំងនេះមានអាកប្បកិរិយាយ៉ាងដូចម្ដេច? ពួកគេចាប់ផ្ដើមផ្ដោតលើចំណេះដឹង និងចំណេះវិជ្ជា។ ការរំខានដល់គំនិតរបស់មនុស្ស តាមសារជាតិរបស់វា គឺជារឿងធ្ងន់ធ្ងរមួយ។ ការបង្ហាញឱ្យឃើញទីបីគឺនៅពេលដែលប្រធានបទដែលបានពិភាក្សា បណ្ដាលឱ្យមនុស្សយល់ខុសពីព្រះជាម្ចាស់ ដែលនាំឱ្យមានការខ្វះភាពច្បាស់លាស់អំពីនិមិត្ត។ មនុស្សមួយចំនួនមិនសូវយល់ច្បាស់អំពីសេចក្ដីពិតដោយខ្លួនឯងទេ ប៉ុន្តែពួកគេចង់ធ្វើពុតថាពួកគេមានភាពច្បាស់លាស់ និងការយល់ដឹង។ ដូច្នេះ នៅពេលដែលពួកគេប្រកបគ្នាពីសេចក្ដីពិត ពួកគេបញ្ចូលគោលលទ្ធិដ៏ជ្រាលជ្រៅមួយចំនួនទៅក្នុងអ្វីដែលពួកគេនិយាយ ដោយលាយឡំគោលលទ្ធិសាសនាដែលពួកគេបានឮ និងយល់ចូលគ្នា ដោយនិយាយដោយគ្មានមូលដ្ឋាន និងហួសហេតុ។ បន្ទាប់ពីស្ដាប់ពួកគេហើយ មនុស្សបាត់បង់ភាពច្បាស់លាស់អំពីនិមិត្ត ពួកគេមិនដឹងថាតើសេចក្ដីពិតអ្វីដែលបុគ្គលនោះមានបំណងចង់ពិភាក្សានោះទេ។ កាលណាពួកគេកាន់តែស្ដាប់ ពួកគេកាន់តែច្របូកច្របល់ ហើយជំនឿរបស់ពួកគេលើព្រះជាម្ចាស់កាន់តែថយចុះ ហើយពួកគេថែមទាំងអាចកើតមានការយល់ខុសអំពីព្រះជាម្ចាស់ទៀតផង។ មនុស្សមិនត្រឹមតែចាកចេញពីការនិយាយនេះដោយគ្មានការយល់ដឹងពីសេចក្ដីពិតប៉ុណ្ណោះទេ គំនិតរបស់ពួកគេក៏ក្លាយជាច្របូកច្របល់ដែរ។ វាមានឥទ្ធិពលអវិជ្ជមាន។ នេះគឺជាអ្វីដែលកើតចេញពីការនិយាយចាកប្រធាន។
ការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត បង្ហាញឱ្យឃើញតាមវិធីជាច្រើន ហើយមួយៗក្នុងចំណោមនោះ តាមសារជាតិរបស់វា បង្កើតបានជាការរំខានដល់ការចូលទៅក្នុងជីវិតរបស់មនុស្ស។ នៅពេលដែលមនុស្សបានស្ដាប់ការប្រកបគ្នាបែបនេះហើយ ពួកគេមិនត្រឹមតែខ្វះការយល់ដឹងច្បាស់លាស់ពីសេចក្ដីពិត និងផ្លូវនៃការអនុវត្តឡើយ។ ផ្ទុយទៅវិញ គំនិតរបស់ពួកគេក្លាយជាច្របូកច្របល់ ពួកគេកាន់តែមិនច្បាស់អំពីសេចក្ដីពិត ហើយពួកគេក៏កើតមានការបកស្រាយខុស និងការយល់ដឹងខុសឆ្គងមួយចំនួនផងដែរ។ នេះគឺជាផលប៉ះពាល់ និងផលវិបាកអវិជ្ជមាន ដែលការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត មានចំពោះមនុស្ស។ ការបង្ហាញឱ្យឃើញទាំងបីនេះ មួយៗសុទ្ធតែមានសារជាតិធ្ងន់ធ្ងរណាស់។ ឧទាហរណ៍ ទីមួយគឺ «ប្រធានបទដែលបាននិយាយមិនទាក់ទងនឹងសេចក្ដីពិតទេ»។ ការនិយាយរឿងដែលមើលទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែមិនមែន និងការនាំយករឿងរបស់សាតាំង ដូចជាចំណេះដឹង ទស្សនវិជ្ជា ទ្រឹស្ដី វប្បធម៌ប្រពៃណីរបស់មនុស្ស និងពាក្យសម្ដីល្បីៗរបស់បុគ្គលល្បីល្បាញ ចូលមកក្នុងពួកជំនុំដើម្បីអធិប្បាយ និងវិភាគ ដោយឆ្លៀតឱកាសប្រកបគ្នាពីសេចក្ដីពិតដើម្បីបំភាន់មនុស្ស គឺបង្កើតបានជាការរំខានដល់ពួកគេ។ រឿងនេះមានសារជាតិធ្ងន់ធ្ងរណាស់។ ប្រសិនបើមនុស្សដែលមានការដឹងខុសត្រូវបានស្ដាប់ការប្រកបគ្នាបែបនេះ ពួកគេនឹងនិយាយថា «អ្វីដែលអ្នកកំពុងនិយាយគឺមិនត្រឹមត្រូវទេ វាមិនមែនជាសេចក្ដីពិតទេ។ អ្វីដែលអ្នកកំពុងនិយាយគឺអំពីអាកប្បកិរិយាខាងសីលធម៌ និងពាក្យសម្ដីដែលអ្នកមិនជឿព្រះគិតថាល្អ។ ទាំងនោះគឺជាគោលការណ៍របស់អ្នកមិនជឿព្រះសម្រាប់របៀបប្រព្រឹត្តខ្លួន និងដោះស្រាយជាមួយពិភពលោក ដែលជាមូលដ្ឋានមិនទាក់ទងនឹងសេចក្ដីពិតទាល់តែសោះ»។ ក៏ប៉ុន្តែ មនុស្សមួយចំនួនខ្វះការដឹងខុសត្រូវ ហើយនៅពេលដែលពួកគេបានឮទ្រឹស្ដីខុសឆ្គងទាំងនេះ ពួកគេថែមទាំងយល់ស្របតាម ហើយប្រកាន់ខ្ជាប់នឹងវាហាក់ដូចជាសេចក្ដីពិតទៀតផង។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនបញ្ឈប់ និងរឹតត្បិតរឿងនេះនៅពេលនោះទេ ប្រសិនបើពួកគេមិនប្រកបគ្នាអំពីវា និងវិភាគវាដើម្បីឱ្យមនុស្សទទួលបានការដឹងខុសត្រូវទេ នោះរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួនអាចនឹងត្រូវគេបំភាន់បាន។ តើផលវិបាកនៃការត្រូវគេបំភាន់មានអ្វីខ្លះ? ពួកគេនឹងជឿថា អ្វីៗដែលបានអធិប្បាយដោយមនុស្សល្បីៗនៃពិភពអ្នកមិនជឿ ដែលមនុស្សគិតថាត្រឹមត្រូវ ល្អ និងជ្រាលជ្រៅ ដូចជាសុភាសិតប្រជាប្រិយ និងពាក្យស្លោក និងទ្រឹស្ដីរបស់មនុស្សល្បីៗអំពីការប្រព្រឹត្តខ្លួន គឺសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយថាវាជាសេចក្ដីពិត ដូចគ្នានឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹងដែរ។ តើពួកគេមិនត្រូវបានគេបំភាន់ទេឬ? មើលពីខាងក្រៅ ហាក់ដូចជាពួកគេកំពុងប្រកបគ្នាពីសេចក្ដីពិតអ៊ីចឹង ប៉ុន្តែតាមពិតទៅ វាត្រូវបានលាយឡំជាមួយនឹងគំនិតមួយចំនួនរបស់មនុស្ស និងទស្សនវិជ្ជាបំភាន់មួយចំនួនរបស់សាតាំង ហើយនេះច្បាស់ណាស់ថាបង្កើតបានជាការរំខានដល់មនុស្ស។ ប្រសិនបើនរណាម្នាក់បំភាន់មនុស្សដោយយកទស្សនវិជ្ជាសាតាំង និងចំណេះដឹងមនុស្សមកធ្វើជាសេចក្ដីពិត នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែលាតត្រដាង និងវិភាគបញ្ហានោះ ដើម្បីឱ្យបងប្អូនប្រុសស្រីមានការដឹងខុសត្រូវកាន់តែខ្លាំងឡើង និងយល់ថាតើសេចក្ដីពិតពិតប្រាកដគឺជាអ្វី។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ។ ការបង្ហាញឱ្យឃើញទីពីរគឺ «ការរំខានដល់គំនិតរបស់មនុស្ស»។ មនុស្សមួយចំនួនតែងតែឆ្លៀតឱកាសប្រកបគ្នាពីសេចក្ដីពិត ដើម្បីនិយាយអំពីរឿងដែលមើលទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែមិនមែន ដោយលើកតម្កើងចំណេះដឹង ចំណេះវិជ្ជា អំណោយទាន និងទេពកោសល្យរបស់មនុស្ស។ ពួកគេក៏និយាយអំពីបទដ្ឋានសីលធម៌ វប្បធម៌ប្រពៃណី ជាដើមផងដែរ។ ពួកគេយករបស់ទាំងនេះដែលមកពីសាតាំងមកធ្វើជារបស់វិជ្ជមាន ធ្វើជាសេចក្ដីពិត ដែលនាំឱ្យមនុស្សជឿខុសថា របស់ទាំងនេះគួរតែត្រូវបានគាំទ្រ ត្រូវបានផ្សព្វផ្សាយ និងលើកតម្កើងនៅក្នុងពួកជំនុំ ត្រូវបានមនុស្សគ្រប់គ្នាប្រកាន់ខ្ជាប់ បណ្ដាលឱ្យមានការកើនឡើងនូវទ្រឹស្ដីខុសឆ្គង និងគោលលទ្ធិខុសឆ្គង ដែលមើលទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែមិនមែន នៅក្នុងគំនិតរបស់មនុស្ស ហើយធ្វើឱ្យគំនិតរបស់មនុស្សច្របូកច្របល់ និងធ្វើឱ្យពួកគេមានអារម្មណ៍អណ្ដែតអណ្ដូង ដោយមិនដឹងថាសេចក្ដីពិតពិតប្រាកដគឺជាអ្វី ឬមិនដឹងពីរបៀបអនុវត្តឱ្យបានត្រឹមត្រូវនៅពេលប្រឈមមុខនឹងបញ្ហា ឬផ្លូវណាមួយជាផ្លូវត្រឹមត្រូវ។ ការណ៍នេះធ្វើឱ្យចិត្តរបស់ពួកគេធ្លាក់ចូលទៅក្នុងភាពងងឹត។ នេះគឺជាផលវិបាកនៃការផ្សព្វផ្សាយគោលលទ្ធិខុសឆ្គង និងទ្រឹស្ដីខុសឆ្គងដើម្បីបំភាន់មនុស្ស។ ចំណែកឯការបង្ហាញឱ្យឃើញទីបីវិញ យើងនឹងមិនប្រកបគ្នាអំពីវាឱ្យបានលម្អិតទេ។ សរុបសេចក្ដីមក ការពិភាក្សាដែលចាកប្រធានមួយចំនួនពាក់ព័ន្ធនឹងចំណេះដឹង មួយចំនួនពាក់ព័ន្ធនឹងសញ្ញាណរបស់មនុស្ស ហើយមួយចំនួនពាក់ព័ន្ធនឹងអាកប្បកិរិយាល្អខាងសីលធម៌ ក្នុងចំណោមរឿងផ្សេងៗទៀត។ ប៉ុន្តែគ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះទាក់ទងនឹងសេចក្ដីពិតទេ គឺវាផ្ទុយនឹងសេចក្ដីពិតទាំងអស់។ ហេតុដូច្នេះហើយ នៅពេលដែលបញ្ហាទាំងនេះកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែបញ្ឈប់ និងរឹតត្បិតបញ្ហាទាំងនោះ។ ប្រសិនបើបន្ទាប់ពីបានស្ដាប់នរណាម្នាក់ប្រកបគ្នាហើយ មនុស្សមិនត្រឹមតែខ្វះភាពច្បាស់លាស់នៅក្នុងចិត្តអំពីសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំខានផងដែរ ដោយគំនិតដែលធ្លាប់តែច្បាស់លាស់របស់ពួកគេក្លាយជាច្របូកច្របល់ មិនដឹងពីរបៀបអនុវត្តឱ្យបានត្រឹមត្រូវ នោះការប្រកបគ្នារបស់បុគ្គលបែបនេះគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ ឧទាហរណ៍ នៅក្នុងការប្រកបគ្នារបស់ពួកគេអំពីសេចក្ដីពិតទាក់ទងនឹងភាពជាមនុស្សធម្មតា មនុស្សមួយចំនួននិយាយថា៖ «អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបំផុតនៅក្នុងភាពជាមនុស្សធម្មតា គឺសមត្ថភាពក្នុងការស៊ូទ្រាំនឹងការលំបាក មិនល្មោភចង់បានការសប្បាយខាងសាច់ឈាម ឬភាពស្រណុកស្រួល បោះបង់អាហារឆ្ងាញ់ មិនរីករាយនឹងអ្វីដែលខ្លួនគួររីករាយ ឬអ្វីដែលព្រះជាម្ចាស់បានរៀបចំ អាចបះបោរប្រឆាំងនឹងបំណងប្រាថ្នាខាងសាច់ឈាមទាំងនេះ រារាំងរាល់បំណងប្រាថ្នានៃសាច់ឈាម បង្រ្កាបរូបកាយរបស់ខ្លួន និងមិនឱ្យសាច់ឈាមបានសម្រេចតាមបំណងរបស់វាឡើយ។ ដូច្នេះ នៅពេលដែលអ្នកចង់គេងនៅពេលយប់ អ្នកត្រូវបះបោរប្រឆាំងនឹងសាច់ឈាម។ ប្រសិនបើអ្នកមិនអាចទេ អ្នកត្រូវរកវិធីដើម្បីរារាំងវា។ កាលណាការប្តេជ្ញាចិត្តរបស់អ្នកក្នុងការបះបោរប្រឆាំងនឹងសាច់ឈាមកាន់តែខ្លាំង ហើយកាលណាអ្នកបះបោរប្រឆាំងនឹងសាច់ឈាមកាន់តែច្រើន នោះការបង្ហាញឱ្យឃើញពីការអនុវត្តសេចក្ដីពិត និងភក្ដីភាពដែលអ្នកមានចំពោះព្រះជាម្ចាស់ ត្រូវបានបញ្ជាក់ឱ្យឃើញកាន់តែច្រើន។ ខ្ញុំគិតថា ការបង្ហាញឱ្យឃើញដ៏លេចធ្លោបំផុតនៃភាពជាមនុស្សធម្មតា ហើយជាអ្វីដែលគួរលើកស្ទួយជាងគេបំផុត គឺការបង្រ្កាបរូបកាយរបស់ខ្លួន ការបះបោរប្រឆាំងនឹងបំណងប្រាថ្នានៃសាច់ឈាម មិនល្មោភចង់បានភាពស្រណុកស្រួលខាងសាច់ឈាម និងការរីករាយនឹងសម្ភារៈដោយភាពសន្សំសំចៃ។ កាលណាអ្នកកាន់តែសន្សំសំចៃ នោះព្រះពរដែលអ្នកនឹងប្រមូលបាននៅក្នុងនគរស្ថានសួគ៌កាន់តែធំ»។ តើពាក្យសម្ដីទាំងនេះមិនស្ដាប់ទៅហាក់ដូចជាវិជ្ជមានទេឬ? តើមានកំហុសនៅក្នុងនោះទេ? បើវាស់វែងដោយតក្កវិជ្ជា គោលការណ៍ និងសញ្ញាណរបស់មនុស្ស ពាក្យសម្ដីទាំងនេះនឹងអាចទទួលយកបាននៅក្នុងក្រុមសាសនា ឬក្រុមសង្គមណាមួយ។ មនុស្សគ្រប់គ្នានឹងលើកមេដៃគាំទ្រ ហើយនិយាយថាអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ថាជំនឿរបស់ពួកគេល្អ និងបរិសុទ្ធ។ តើមិនមានមនុស្សមួយចំនួននៅក្នុងពួកជំនុំដែលជឿបែបនេះដែរទេឬ? បើវាស់វែងដោយសញ្ញាណរបស់មនុស្ស ពាក្យសម្ដីទាំងអស់នេះគឺត្រឹមត្រូវ តើអ្វីទៅដែលត្រឹមត្រូវអំពីវា? អ្នកខ្លះអាចនិយាយថា «ព្រះជាម្ចាស់ពិតជាសព្វព្រះហឫទ័យនឹងមនុស្សបែបនេះណាស់។ នោះក៏ជារបៀបរស់នៅដ៏ឈ្លាសវៃដែលទ្រង់រស់នៅដែរ»។ តើនេះមិនមែនជាសញ្ញាណរបស់មនុស្សទេឬ? មនុស្សមានសញ្ញាណបែបនេះ ដូច្នេះប្រសិនបើនរណាម្នាក់ពិតជាប្រកបគ្នាបែបនេះមែន តើវាមិនមែនគ្រាន់តែជាការស្របតាមសញ្ញាណរបស់មនុស្សភាគច្រើនទេឬ? (មែនហើយ។) នៅពេលដែលមនុស្សទទួលយកសញ្ញាណបែបនេះ តើពួកគេមិនយល់ស្របនឹងទស្សនៈរបស់បុគ្គលនោះទេឬ? នៅពេលដែលអ្នកបានយល់ស្រប និងទទួលយកទស្សនៈរបស់បុគ្គលនោះហើយ តើអ្នកមិនយល់ស្របនឹងសកម្មភាពរបស់ពួកគេទេឬ? តើអ្នកនឹងមិនព្យាយាមយកតម្រាប់តាមពួកគេទេឬ? ហើយនៅពេលដែលអ្នកអាចធ្វើបាន តើផ្លូវដែលអ្នកដើរតាម ផ្លូវនៃការអនុវត្តរបស់អ្នក នឹងមិនរឹងឆ្កឹងទេឬ? តើការរឹងឆ្កឹងមានន័យដូចម្ដេច? វាមានន័យថា អ្នកបានប្ដេជ្ញាចិត្តថាអ្នកនឹងប្រព្រឹត្ត និងអនុវត្តតាមរបៀបបែបនោះ។ ដោយសារអ្នកជឿនៅក្នុងចិត្តរបស់អ្នកថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សបែបនេះ ហើយសព្វព្រះហឫទ័យនៅពេលដែលអ្នកប្រព្រឹត្តបែបនេះ ថាមានតែតាមរយៈការធ្វើដូច្នេះទេ ទើបអ្នកអាចក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ជាមនុស្សដែលអាចចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានព្រះពរនៅស្ថានសួគ៌ ដែលមានគោលដៅល្អ អ្នកក៏សម្រេចចិត្តប្រព្រឹត្តតាមរបៀបនេះ។ នៅពេលដែលអ្នកធ្វើការសម្រេចចិត្តនេះ តើគំនិតរបស់អ្នកមិនត្រូវបានរំខាន និងបំភាន់ដោយគំនិត និងទស្សនៈបែបនេះរួចទៅហើយទេឬ? នេះគឺជាការពិត នេះគឺជាផលវិបាក។ គំនិតរបស់អ្នកត្រូវបានរំខាន ហើយអ្នកមិនទាំងដឹងខ្លួនផង។ ក៏មានបញ្ហាមួយទៀតនៅត្រង់នេះដែរ៖ នៅពេលដែលគំនិតរបស់អ្នកត្រូវបានខ្វិន និងរំខានដោយគំនិត និងទស្សនៈបែបនេះ តើអ្នកមិនបាត់បង់ភាពច្បាស់លាស់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេឬ? តើអ្នកមិនកើតមានការយល់ខុសអំពីព្រះជាម្ចាស់ ហើយឃ្លាតឆ្ងាយពីទ្រង់ទេឬ? តើនេះមិនបង្ហាញថាអ្នកមិនយល់ច្បាស់លាស់អំពីនិមិត្តទេឬ? ចូរគិតអំពីវាឱ្យបានច្បាស់លាស់៖ នៅពេលដែលអ្នកត្រូវបានបំភាន់ដោយគំនិត ឬទស្សនៈណាមួយដែលមនុស្សមើលឃើញថាត្រឹមត្រូវ ប៉ុន្តែវាខុសឆ្គង តើគំនិតរបស់អ្នកមិនត្រូវបានរំខានទេឬ? តើនិមិត្តនៅក្នុងចិត្តរបស់អ្នកនៅតែអាចច្បាស់លាស់បានទេនៅពេលនោះ? (អត់ទេ។) ដូច្នេះ តើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រឹមត្រូវ ឬជាការយល់ខុស? ច្បាស់ណាស់ វាគឺជាការយល់ខុស។ ដូច្នេះ តើអ្វីដែលអ្នកយល់ និងអ្វីដែលអ្នកជឿថាត្រឹមត្រូវ ពិតជាសេចក្ដីពិតមែនទេ? អត់ទេ វាមិនមែនទេ វាផ្ទុយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសេចក្ដីពិត ដោយប្រឆាំងនឹងព្រះបន្ទូលទាំងនោះ។ ហេតុដូច្នេះហើយ ការនិយាយចាកប្រធានបែបនេះនៅពេលប្រកបគ្នាពីសេចក្ដីពិត ពិតជាបង្កើតបានជាការរំខានដល់គំនិតរបស់មនុស្សមែន។ ដោយសារការនិយាយចាកប្រធាននេះបង្កើតបានជាការរំខានដ៏ធំបែបនេះដល់គំនិតរបស់មនុស្ស តើអាចនិយាយបានថាវាបង្កើតបានជាការបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? វាដឹកនាំមនុស្សឱ្យចូលទៅក្នុងសញ្ញាណ និងចូលទៅក្នុងទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង ដូច្នេះតើវាមិនទាញមនុស្សចេញពីព្រះវត្តមានរបស់ព្រះជាម្ចាស់ទេឬ? នៅពេលដែលមនុស្សយល់ខុសពីព្រះជាម្ចាស់ នៅពេលដែលពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយមិនអាចអនុវត្តតាមបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ទ្រង់បាន ប៉ុន្តែអនុវត្តជំនួសវិញតាមតក្កវិជ្ជារបស់សាតាំង និងសញ្ញាណរបស់មនុស្ស ពេលនោះ តើពួកគេនៅជិតព្រះជាម្ចាស់ជាង ឬនៅឆ្ងាយពីទ្រង់ជាង? (ពួកគេនៅឆ្ងាយពីទ្រង់ជាង។) ពួកគេនៅឆ្ងាយពីទ្រង់ជាង។ ដូច្នេះ តើការប្រកបគ្នាអំពីប្រធានបទបែបនេះមិនគួរត្រូវបានរឹតត្បិតក្នុងអំឡុងពេលជួបជុំទេឬ? (មែនហើយ។) សារជាតិនៃការនិយាយចាកប្រធានបែបនេះ គឺជាការរំខានដល់មនុស្ស ដូច្នេះត្រូវតែរឹតត្បិតវាយ៉ាងប្រាកដមែនហើយ។ ប្រសិនបើមិនបញ្ឈប់ និងរឹតត្បិតវាទេ នោះនឹងមានមនុស្សដែលច្របូកច្របល់មួយចំនួនដែលមានគុណសម្បត្តិអន់ និងស្ពឹកស្រពន់ ជាពិសេសអ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ នឹងយកតម្រាប់តាម និងធ្វើតាមបុគ្គលដែលនិយាយចាកប្រធានមិនខាន។ នេះគឺជាពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែក្រោកឈរឡើងភ្លាមៗដើម្បីបញ្ឈប់វា។ ពួកគេមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះបន្តនិយាយចាកប្រធានទៀតឡើយ។ ពួកគេមិនត្រូវបណ្ដោយឱ្យប្រធានបទនៃការប្រកបគ្នារបស់ពួកគេបំភាន់មនុស្សកាន់តែច្រើន និងរំខានដល់គំនិតរបស់មនុស្សកាន់តែច្រើនឡើយ។ នេះគឺជាទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ ជាមុខងារដែលពួកគេគួរតែបំពេញ។
ការប្រកបគ្នារបស់យើងអំពីប្រធានបទនៃការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិតគឺមានប៉ុណ្ណឹង។ បន្ទាប់មក យើងនឹងសង្ខេបថា តើបុគ្គលម្នាក់ត្រូវនិយាយចាកប្រធានដល់កម្រិតណា នៅក្នុងការប្រកបគ្នាពីសេចក្ដីពិតរបស់ពួកគេ និងត្រូវប្រកបគ្នាលើប្រធានបទអ្វីខ្លះ ដើម្បីឱ្យសារជាតិរបស់រឿងនេះត្រូវចាត់ទុកថាជាការបង្អាក់ និងការរំខាន។ ការនិយាយចាកប្រធានមួយចំនួនគឺជាក់ស្ដែងណាស់៖ នៅពេលនរណាម្នាក់និយាយចាកប្រធានទាំងស្រុង នៅពេលពួកគេចាប់ផ្ដើមជជែកឥតប្រយោជន៍ ឬពិភាក្សាអំពីរឿងក្នុងគ្រួសារ នោះគឺងាយស្រួលនឹងឈ្វេងយល់ណាស់។ ឧទាហរណ៍ នៅពេលដែលមនុស្សគ្រប់គ្នាកំពុងប្រកបគ្នាអំពីរបៀបបំពេញភារកិច្ចរបស់ខ្លួន នរណាម្នាក់អាចនឹងប្រកបគ្នាអំពីអតីតកាល «ដ៏រុងរឿង» របស់ពួកគេ ដោយនិយាយអំពីអំពើល្អដែលពួកគេបានធ្វើ ឬរបៀបដែលពួកគេបានជួយបងប្អូនប្រុសស្រីជាដើម។ គ្មាននរណាចង់ស្ដាប់រឿងនេះទេ ហើយកាលណាពួកគេស្ដាប់កាន់តែយូរ ពួកគេកាន់តែធុញទ្រាន់រហូតដល់ពួកគេព្រងើយកន្តើយនឹងបុគ្គលនោះ។ បន្ទាប់មក បុគ្គលនោះនឹងមានអារម្មណ៍ខ្មាសអៀន។ ដរាបណាមនុស្សភាគច្រើនអាចឈ្វេងយល់ពីបុគ្គលនេះបាន ពួកគេនឹងមិនអាចបន្តនិយាយបានឡើយ។ វាមិនត្រូវការការយល់ដឹងច្រើនពីសេចក្ដីពិត ដើម្បីអាចឈ្វេងយល់ពីការនិយាយចាកប្រធានប្រភេទនេះនោះទេ។ ការជជែកឥតប្រយោជន៍ ការនិយាយរឿងក្នុងគ្រួសារ ការលើកតម្កើងខ្លួនឯង ការសម្ញែងខ្លួនឯង និងការឆ្លៀតឱកាសពីប្រធានបទនៃការប្រកបគ្នាដើម្បីនិយាយអំពីអតីតកាល «ដ៏រុងរឿង» របស់ខ្លួន ការនិយាយចាកប្រធានប្រភេទនេះគឺងាយស្រួលនឹងឈ្វេងយល់ណាស់។ ជាទូទៅ វាមិនបង្កើតបានជាការរំខានច្រើនប៉ុន្មានទេ ពីព្រោះមនុស្សភាគច្រើនមានអារម្មណ៍ខ្ពើមរអើមនឹងរឿងបែបនេះ និងមិនចង់ស្ដាប់ឡើយ ហើយពួកគេដឹងថាបុគ្គលនោះកំពុងតែសម្ញែងខ្លួនឯង និងមិនមែនកំពុងប្រកបគ្នាពីសេចក្ដីពិតទេ គឺថាពួកគេបាននិយាយចាកប្រធានហើយ។ ក្រុមប្រហែលជាព្យាយាមមិនធ្វើឱ្យពួកគេអាម៉ាស់មុខភ្លាមៗនៅពេលពួកគេចាប់ផ្ដើមនិយាយឡើយ ប៉ុន្តែនៅពេលពួកគេនិយាយកាន់តែយូរ មនុស្សចាប់ផ្ដើមមានអារម្មណ៍ខ្ពើមរអើម ហើយមិនចង់ស្ដាប់ទៀតទេ ហើយមានអារម្មណ៍ថា វាជាការប្រសើរជាងក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង។ ប្រសិនបើបុគ្គលនោះនៅតែបន្តនិយាយ ពួកគេនឹងក្រោកឈរ ហើយចាកចេញមិនខាន។ នៅពេលដែលបុគ្គលនោះឃើញថាស្ថានការណ៍បានប្រែប្រួល ហើយថាពួកគេកំពុងធ្វើឱ្យខ្លួនឯងអាម៉ាស់ ពួកគេនឹងមិនបន្តនិយាយទៀតឡើយ។ តើការនិយាយចាកប្រធានបែបណា ដែលមានឥទ្ធិពលអវិជ្ជមានលើមនុស្សរួចទៅហើយ ប៉ុន្តែមនុស្សនៅតែមិនអាចមើលធ្លុះថាវាជារឿងអវិជ្ជមាន ហើយបែរជាចាត់ទុកខ្លឹមសារដែលចាកប្រធាននោះថាជាសេចក្ដីពិត ហើយផ្ចង់ចិត្តស្ដាប់ទៅវិញ? ការនិយាយចាកប្រធានប្រភេទនេះអាចបង្កើតបានជាការរំខានដល់មនុស្ស ហើយមនុស្សគួរតែមានការដឹងខុសត្រូវអំពីករណីបែបនេះ។ ចូរលើកឧទាហរណ៍អំពីការនិយាយចាកប្រធានប្រភេទនេះ។ (នៅពេលនរណាម្នាក់មិនបានឆ្លុះបញ្ចាំងពីខ្លួនឯងបន្ទាប់ពីត្រូវបានលួសកាត់ ប៉ុន្តែផ្ដោតការនិយាយរបស់ខ្លួនតែទៅលើភាពត្រឹមត្រូវ និងខុសឆ្គងនៃបញ្ហា វាធ្វើឱ្យគំនិតរបស់មនុស្សគ្រប់គ្នាច្របូកច្របល់។ ការណ៍នេះមិនត្រឹមតែធ្វើឱ្យមនុស្សមិនអាចមានការដឹងខុសត្រូវប៉ុណ្ណោះទេ ផ្ទុយទៅវិញ មនុស្សមានអារម្មណ៍ថាអ្វីដែលបុគ្គលនេះនិយាយគឺស្របតាមសេចក្ដីពិត និងត្រឹមត្រូវ។ ការណ៍នេះធ្វើឱ្យមនុស្សគ្រប់គ្នានៅខាងពួកគេ។) ក្រោមរូបភាពនៃការប្រកបគ្នាអំពីរបៀបទទួលយកការលួសកាត់ ពួកគេការពារខ្លួន និងបកស្រាយដោះសាឱ្យខ្លួនឯង ធ្វើឱ្យមនុស្សគិតថាពួកគេត្រូវបានលួសកាត់ដោយអយុត្តិធម៌ ធ្វើឱ្យមនុស្សនៅខាងពួកគេ និងអាណិតអាសូរពួកគេ ហើយលើសពីនេះទៅទៀត ធ្វើឱ្យមនុស្សកោតសរសើរពីសមត្ថភាពរបស់ពួកគេក្នុងការចុះចូល និងទទួលយកការលួសកាត់ក្រោមកាលៈទេសៈបែបនេះ។ ការណ៍នេះបំភាន់មនុស្ស វាគឺជាករណីនៃការនិយាយចាកប្រធានដោយចេតនា និងដោយគិតទុកជាមុន ដែលមិនត្រឹមតែធ្វើឱ្យអ្នកស្ដាប់មិនអាចចុះចូលនៅពេលប្រឈមមុខនឹងការលួសកាត់ ហើយមិនអាចទទួលយកការលួសកាត់ និងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែបែរជាធ្វើឱ្យពួកគេមានការប្រុងប្រយ័ត្ន និងប្រឆាំងនឹងការលួសកាត់ទៅវិញ។ ការប្រកបគ្នាបែបនេះ បរាជ័យក្នុងការជួយមនុស្សឱ្យយល់ពីសារៈសំខាន់នៃការលួសកាត់ របៀបដែលមនុស្សគួរតែមានឥរិយាបថត្រឹមត្រូវនៅពេលប្រឈមមុខនឹងការលួសកាត់ របៀបទទួលយកវា និងរបៀបអនុវត្ត។ ផ្ទុយទៅវិញ វាដឹកនាំមនុស្សឱ្យជ្រើសរើសវិធីមួយផ្សេងទៀតដើម្បីដោះស្រាយជាមួយការលួសកាត់ ជាវិធីមួយដែលមិនមែនជាការអនុវត្តសេចក្ដីពិត និងមិនមែនជាការប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត ប៉ុន្តែជាវិធីមួយដែលធ្វើឱ្យមនុស្សកាន់តែមានល្បិចកល។ ការប្រកបគ្នាបែបនេះមានគោលបំណងដើម្បីបំភាន់មនុស្ស។ ការនិយាយចាកប្រធាននៅពេលប្រកបគ្នាពីសេចក្ដីពិត គឺជាបញ្ហាមួយប្រភេទដែលកើតឡើងនៅក្នុងជីវិតពួកជំនុំ។ ប្រសិនបើបញ្ហាប្រភេទនេះឈានដល់កម្រិតនៃការបង្អាក់ និងការរំខាន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចេញមុខមកបញ្ឈប់ និងរឹតត្បិតវា ដោយប្រកបគ្នា និងវិភាគអំពីវា ដើម្បីឱ្យមនុស្សភាគច្រើនមានការដឹងខុសត្រូវកាន់តែខ្លាំងឡើង រៀនសូត្រពីបទពិសោធន៍ និងរៀនមេរៀន។
II. ការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ
ការបង្ហាញឱ្យឃើញទីពីរនៃមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កការបង្អាក់ និងការរំខាននៅក្នុងជីវិតពួកជំនុំ គឺនៅពេលដែលមនុស្សនិយាយពីពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ។ ជាធម្មតា មនុស្សភាគច្រើនអាចនិយាយពីពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ។ មនុស្សភាគច្រើនបានធ្វើបែបនេះ។ យើងគួរតែចាត់ទុកការកើតឡើងជាធម្មតានៃការដែលនរណាម្នាក់និយាយពីពាក្យពេចន៍ និងគោលលទ្ធិ ថាជាលទ្ធផលកើតចេញពីកម្ពស់តូចទាបរបស់បុគ្គលនោះ និងការខ្វះការយល់ដឹងពីសេចក្ដីពិត។ ដរាបណាពួកគេមិនប្រើពេលយូរពេក មិនធ្វើវាដោយចេតនា មិននិយាយផ្ដាច់មុខតែម្នាក់ឯង មិនទាមទារឱ្យគ្រប់គ្នាត្រាប្រណីឱ្យខ្លួននិយាយតាមអំពើចិត្ត មិនតម្រូវឱ្យគ្រប់គ្នាស្ដាប់ពួកគេ និងមិនបំភាន់អ្នកដទៃ ហើយព្យាយាមទទួលបានការគោរពពីពួកគេ នោះវាមិនមែនជាការបង្អាក់ ឬការរំខានឡើយ។ ដោយសារមនុស្សភាគច្រើនខ្វះតថភាពនៃសេចក្ដីពិត ការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ គឺជារឿងធម្មតាបំផុត។ ការនិយាយមិនសមរម្យខ្លះៗ គឺអាចលើកលែងបាន អាចអភ័យទោសឱ្យបាន ហើយមិនចាត់ទុកថាធ្ងន់ធ្ងរពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងមួយ នោះគឺនៅពេលដែលបុគ្គលដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិធ្វើដោយចេតនា។ តើពួកគេធ្វើអ្វីដោយចេតនា? វាមិនមែនជាការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិដែលពួកគេធ្វើដោយចេតនានោះទេ ពីព្រោះពួកគេក៏ខ្វះតថភាពនៃសេចក្ដីពិតដែរ។ សកម្មភាពរបស់ពួកគេ ដូចជាការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ការស្រែកពាក្យស្លោក និងការនិយាយអំពីទ្រឹស្ដី គឺដូចគ្នានឹងមនុស្សគ្រប់គ្នាដែរ។ ក៏ប៉ុន្តែ មានភាពខុសគ្នាមួយគឺ៖ នៅពេលដែលពួកគេនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ពួកគេតែងតែចង់ឱ្យអ្នកដទៃគោរព និងចង់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ ហើយជាមួយអស់អ្នកដែលដេញតាមសេចក្ដីពិត។ អ្វីដែលកាន់តែគ្មានហេតុផលទៀតនោះ គឺមិនថាពួកគេនិយាយអ្វី ឬនិយាយដោយរបៀបណានោះទេ គោលដៅរបស់ពួកគេគឺដើម្បីទាក់ទាញមនុស្សឱ្យមកខាងពួកគេ ដើម្បីបំភាន់ចិត្តមនុស្ស ទាំងអស់នេះគឺដើម្បីទទួលបានការគោរព។ តើអ្វីទៅជាគោលបំណងនៃការស្វែងរកការគោរព? ពួកគេប៉ងប្រាថ្នាចង់បានឋានៈ និងកិត្យានុភាពនៅក្នុងចិត្តរបស់មនុស្ស ចង់ក្លាយជាបុគ្គលលេចធ្លោ ឬជាអ្នកដឹកនាំនៅក្នុងចំណោមហ្វូងមនុស្ស ចង់ក្លាយជាមនុស្សអស្ចារ្យ ឬមិនធម្មតា ចង់ក្លាយជាបុគ្គលពិសេស ជាមនុស្សម្នាក់ដែលពាក្យសម្ដីមានសិទ្ធិអំណាច។ ស្ថានភាពនេះខុសពីការកើតឡើងជាធម្មតានៃការដែលមនុស្សនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ហើយបង្កើតជាការបង្អាក់ និងការរំខាន។ តើអ្វីទៅដែលធ្វើឱ្យមនុស្សទាំងនេះខុសប្លែកពីអស់អ្នកដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិតាមរបៀបដែលគេឃើញជាទូទៅនោះ? នោះគឺជាបំណងប្រាថ្នាឥតឈប់ឈររបស់ពួកគេក្នុងការនិយាយ។ ប្រសិនបើមានឱកាស ពួកគេនឹងនិយាយ។ ដរាបណាមានការប្រជុំ ឬមានមនុស្សមួយក្រុមជួបជុំគ្នា ដរាបណាពួកគេមានអ្នកស្ដាប់ ពួកគេនឹងនិយាយ ដោយមានបំណងប្រាថ្នាដ៏ខ្លាំងក្លាជាពិសេសក្នុងការធ្វើដូច្នេះ។ គោលបំណងរបស់ពួកគេក្នុងការនិយាយ មិនមែនដើម្បីចែករំលែកគំនិតក្នុងចិត្ត ផលប្រយោជន៍ បទពិសោធន៍ ការយល់ដឹង ឬការយល់ឃើញរបស់ពួកគេ ជាមួយបងប្អូនប្រុសស្រី ដើម្បីជួយឱ្យយល់ពីសេចក្ដីពិត ឬរកផ្លូវដើម្បីអនុវត្តវានោះទេ។ ផ្ទុយទៅវិញ គោលបំណងរបស់ពួកគេគឺដើម្បីឆ្លៀតឱកាសនិយាយពីគោលលទ្ធិ ដើម្បីសម្ញែងខ្លួន ដើម្បីឱ្យអ្នកដទៃដឹងថាពួកគេមានចំណេះវិជ្ជាជ្រៅជ្រះប៉ុណ្ណា ដើម្បីបង្ហាញថាពួកគេមានខួរក្បាល មានចំណេះដឹង និងការរៀនសូត្រ ឈរលើសពីមនុស្សធម្មតា។ ពួកគេចង់ឱ្យគេស្គាល់ថាជាបុគ្គលដែលមានសមត្ថភាព មិនមែនគ្រាន់តែជាមនុស្សសាមញ្ញនោះទេ។ ពួកគេចង់បានថា ពេលមានបញ្ហាណាមួយ មនុស្សគ្រប់គ្នាងាកមកពិគ្រោះយោបល់ជាមួយពួកគេ។ សម្រាប់បញ្ហាណាមួយនៅក្នុងពួកជំនុំ ឬការលំបាកណាមួយដែលបងប្អូនប្រុសស្រីប្រឈម ពួកគេចង់ក្លាយជាមនុស្សដំបូងគេដែលអ្នកដទៃនឹកឃើញដល់ ពួកគេចង់ឱ្យអ្នកដទៃមិនអាចធ្វើអ្វីបានដោយគ្មានពួកគេ ដូច្នេះ អ្នកទាំងនោះមិនហ៊ានដោះស្រាយបញ្ហាណាមួយដោយគ្មានពួកគេឡើយ ដោយគ្រប់គ្នារង់ចាំបញ្ជារបស់ពួកគេ។ នេះគឺជាឥទ្ធិពលដែលពួកគេចង់បាន។ គោលបំណងរបស់ពួកគេក្នុងការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ គឺដើម្បីដាក់អន្ទាក់ និងគ្រប់គ្រងមនុស្ស។ សម្រាប់ពួកគេ ការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ គ្រាន់តែជាវិធីសាស្ត្រ ជាមធ្យោបាយមួយប៉ុណ្ណោះ។ វាមិនមែនដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ទើបពួកគេនិយាយពីពាក្យពេចន៍ និងគោលលទ្ធិនោះទេ ប៉ុន្តែ តាមរយៈការធ្វើដូច្នេះ ពួកគេមានគោលបំណងធ្វើឱ្យមនុស្សកោតសរសើរពួកគេចេញពីចិត្ត គោរពកោតសរសើរពួកគេ ហើយថែមទាំងខ្លាចពួកគេទៀតផង ដោយស្ថិតក្រោមការកំហិត និងការគ្រប់គ្រងរបស់ពួកគេ។ ការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិប្រភេទនេះ គឺជាការបង្អាក់ និងការរំខាន។ នៅក្នុងជីវិតពួកជំនុំ បុគ្គលបែបនេះគួរតែត្រូវបានរឹតត្បិត ហើយអាកប្បកិរិយានៃការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិនេះ ក៏គួរតែត្រូវបានបញ្ឈប់ដែរ ដោយមិនត្រូវអនុញ្ញាតឱ្យបន្តដោយគ្មានការត្រួតពិនិត្យឡើយ។ អ្នកខ្លះអាចនិយាយថា៖ «មនុស្សបែបនេះគួរតែត្រូវបានរឹតត្បិត តើគួរតែឱ្យពួកគេមានឱកាសនិយាយដែរឬទេ?» បើនិយាយពីភាពយុត្តិធម៌ គឺអាចឱ្យពួកគេមានឱកាសនិយាយបាន ប៉ុន្តែនៅពេលដែលពួកគេត្រឡប់ទៅរកទម្លាប់ចាស់ក្នុងការបង្អួតបង្អរខ្លួន ដោយមហិច្ឆតារបស់ពួកគេហៀបនឹងផ្ទុះឡើងជាថ្មី នោះគួរតែបញ្ឈប់ពួកគេភ្លាមៗ ដើម្បីឱ្យពួកគេដឹងខ្លួន និងស្ងប់ចិត្ត។ តើគួរធ្វើដូចម្ដេច ប្រសិនបើពួកគេបង្អួតបង្អរខ្លួនជារឿយៗបែបនេះ ហើយមហិច្ឆតារបស់ពួកគេនៅតែត្រូវបានបង្ហាញឱ្យឃើញជាញឹកញាប់ ហើយបំណងប្រាថ្នារបស់ពួកគេពិបាកនឹងទប់ស្កាត់? គួរតែរឹតត្បិតពួកគេដោយផ្ទាល់ និងមិនឱ្យនិយាយតែម្ដង។ ប្រសិនបើគ្មាននរណាចង់ស្ដាប់ពួកគេនៅពេលពួកគេនិយាយ ហើយសូរសម្ដី អាកប្បកិរិយា ក្រសែភ្នែក និងកាយវិការរបស់ពួកគេ គួរឱ្យខ្ពើមរអើមសម្រាប់គ្រប់គ្នាដែលបានឮ និងបានឃើញ នោះវាជាបញ្ហាធ្ងន់ធ្ងរហើយ។ វាឈានដល់ចំណុចដែលគ្រប់គ្នាស្អប់ខ្ពើម។ តើមនុស្សបែបនេះ ដែលដើរតួជាមនុស្សបន្ទាប់បន្សំនៅក្នុងពួកជំនុំ មិនគួរចាកចេញពីឆាកទេឬ? ដល់ពេលដែលតួនាទីរបស់ពួកគេត្រូវបញ្ចប់ហើយ។ តើនោះមិនមានន័យថា ពួកគេបានបំពេញកិច្ចការបម្រើរបស់ពួកគេចប់ហើយទេឬ? តើគួរធ្វើដូចម្ដេចនៅពេលដែលពួកគេបានបំពេញកិច្ចការបម្រើចុងក្រោយរបស់ពួកគេហើយ? ពួកគេគួរតែត្រូវបានសម្អាតចេញ។ នៅពេលដែលពួកគេចាប់ផ្ដើមនិយាយភ្លាម គឺសុទ្ធតែជាពាក្យសម្ដីដដែលៗរបស់ពួកគេ ដែលការរឹតត្បិតក៏មិនអាចបញ្ឈប់បានដែរ។ មនុស្សគ្រប់គ្នាធុញទ្រាន់នឹងការស្ដាប់វាហើយ។ មុខមាត់ដ៏អាក្រក់របស់ពួកគេ ដែលជាមុខមាត់របស់សាតាំង របស់អារក្សកំណាច ក៏បានលេចចេញមក។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេត្រូវបានបោសសម្អាតចេញលឿនពេក មនុស្សភាគច្រើននឹងមានសញ្ញាណ ហើយមិនសុខចិត្តនៅក្នុងចិត្ត ហើយនឹងនិយាយថា៖ «ដំណាក់របស់ព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់ទេ បោសសម្អាតនរណាម្នាក់ចេញដោយមិនទាំងដាក់ឱ្យស្ថិតក្រោមការសង្កេតមើលផង ដោយមិនទុកឱកាសឱ្យពួកគេប្រែចិត្តសូម្បីតែបន្តិច។ ពួកគេគ្រាន់តែនិយាយពាក្យសម្ដីរបស់អ្នកក្រៅពីរបីម៉ាត់ បង្ហាញនិស្ស័យពុករលួយបន្តិចបន្តួច និងក្រអឺតក្រទមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែចេតនារបស់ពួកគេមិនអាក្រក់ទេ។ ការប្រព្រឹត្តចំពោះពួកគេបែបនេះ គឺអយុត្តិធម៌ណាស់»។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សភាគច្រើនអាចឈ្វេងយល់ និងមើលធ្លុះដល់សារជាតិនៃមនុស្សអាក្រក់បាន តើវាសមរម្យទេក្នុងការអនុញ្ញាតឱ្យមនុស្សអាក្រក់បែបនេះបន្តប្រព្រឹត្តអំពើខុសឆ្គងដោយមិនញញើត បង្កការបង្អាក់ និងការរំខាននៅក្នុងពួកជំនុំនោះ? (មិនសមរម្យទេ។) វាអយុត្តិធម៌ចំពោះបងប្អូនប្រុសស្រីទាំងអស់។ ក្នុងករណីបែបនេះ ការបោសសម្អាតពួកគេចេញ គឺជាការដោះស្រាយបញ្ហា។ នៅពេលដែលពួកគេបានបំពេញកិច្ចការបម្រើចុងក្រោយរបស់ខ្លួនហើយ ហើយមនុស្សភាគច្រើនមានការឈ្វេងយល់ពីពួកគេ នោះមនុស្សភាគច្រើននឹងគ្មានការជំទាស់ទេ នៅពេលដែលអ្នកបោសសម្អាតពួកគេចេញ ពួកគេនឹងមិនត្អូញត្អែរ ឬយល់ខុសពីព្រះជាម្ចាស់ឡើយ។ ប្រសិនបើនៅតែមានមនុស្សការពារពួកគេ អ្នកអាចនិយាយថា៖ «បុគ្គលនោះបានប្រព្រឹត្តអំពើអាក្រក់ជាច្រើននៅក្នុងពួកជំនុំ។ ពួកគេត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានបោសសម្អាតចេញ។ ប៉ុន្តែអ្នកនៅតែអាណិតអាសូរពួកគេខ្លាំងម្ល៉េះ អ្នកនៅតែនឹកឃើញពីសេចក្ដីសប្បុរសដែលពួកគេបានបង្ហាញចំពោះអ្នក ហើយមកការពារពួកគេ។ អ្នកមានមនោសញ្ចេតនាជ្រុលពេកហើយ ហើយអ្នកគ្មានគោលការណ៍ទាល់តែសោះ។ តើផលវិបាកនៃរឿងនេះជាអ្វី? គ្រាន់តែពួកគេជួយបន្តិចបន្តួច អ្នកក៏មិនអាចបំភ្លេចបានដែរ មិនថាពួកគេនិយាយអ្វី អ្នកក៏ស្ដាប់បង្គាប់ដោយស្មោះត្រង់ ដោយប្រាថ្នាចង់សងគុណពួកគេជានិច្ច។ ឥឡូវនេះ ពួកគេត្រូវបានបោសសម្អាតចេញហើយ។ តើអ្នកចង់ទៅរួមដំណើរជាមួយពួកគេដែរឬទេ? ប្រសិនបើអ្នកចង់ត្រូវបានបោសសម្អាតចេញដែរ នោះចូរឱ្យបានសម្រេចចុះ»។ តើនេះជាវិធីដោះស្រាយស្ថានការណ៍ដែលសមរម្យដែរឬទេ? ត្រង់ចំណុចនេះ គឺសមរម្យហើយ។ ប្រសិនបើមនុស្សបែបនេះនិយាយពីពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភាន់អ្នកដទៃជាប់ជានិច្ច ដោយរំខានមនុស្សរហូតទ្រាំមិនបាន ដល់ថ្នាក់ពួកគេមិនចង់មកប្រជុំទៀត តើនេះមិនមែនដោយសារតែអ្នកដឹកនាំ និងអ្នកធ្វើការស្ពឹកស្រពន់ និងគំនិតយឺតយ៉ាវ ខ្វះការឈ្វេងយល់ និងមិនអាចដោះស្រាយជាមួយមនុស្សទាំងនេះបានទាន់ពេលវេលាទេឬ? នេះគឺជាការមិនចេះធ្វើការងាររបស់ខ្លួន ជាការមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួន។
មកទល់ពេលនេះ មនុស្សភាគច្រើនមានការឈ្វេងយល់ខ្លះៗចំពោះពួកទទឹងនឹងព្រះគ្រីស្ទដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ។ លុះត្រាតែពួកគេបន្តឱនក្បាលចុះ ដរាបណាពួកគេងើយក្បាលឡើង ដោយសម្ដែងចេញយ៉ាងជាក់លាក់គ្រប់គ្រាន់តាមរបៀបផ្សេងៗ ហើយការសម្ដែងចេញផ្សេងៗរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីសម្គាល់ថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ នោះមិនគួរមានការយឺតយ៉ាវ ឬស្ទាក់ស្ទើរទៀតឡើយ។ ពួកគេគួរតែត្រូវបានរឹតត្បិត និងដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ។ ប្រសិនបើកិច្ចការបម្រើរបស់ពួកគេគ្មានតម្លៃទៀតទេ នោះពួកគេគួរតែត្រូវបានបោសសម្អាតចេញភ្លាមៗ។ វាងាយស្រួលក្នុងការឈ្វេងយល់ពួកទទឹងនឹងព្រះគ្រីស្ទដែលមានពុតបែបនេះ ដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ពីព្រោះមនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់។ គ្រាន់តែថា អាទទឹងនឹងព្រះគ្រីស្ទប្រភេទនេះតែងតែចង់បំភាន់មនុស្សដោយឆ្លៀតឱកាសនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការកាន់កាប់អំណាច។ នេះគឺជាវិធីមួយដែលពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងចេញ ហើយវាងាយស្រួលក្នុងការឈ្វេងយល់។ ប្រធានបទនេះត្រូវបានពិភាក្សាច្រើនគ្រប់គ្រាន់ហើយពីមុនមក ដូច្នេះវានឹងមិនត្រូវបានពន្យល់លម្អិតនៅទីនេះទេ។ សរុបសេចក្ដីមក អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះមនុស្សបែបនេះ ដោយយល់ដឹង និងក្តាប់ឱ្យបាននូវចលនា គំនិត និងទស្សនៈរបស់ពួកគេ ក៏ដូចជាផែនការ និងសកម្មភាពរបស់ពួកគេ និងពាក្យសម្ដីខុសឆ្គងដែលពួកគេផ្សព្វផ្សាយ ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ហើយដោះស្រាយជាមួយពួកគេឱ្យបានសមស្របភ្លាមៗ។ នេះគឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ យ៉ាងហោចណាស់ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែមានវិញ្ញាណមុតស្រួច និងចិត្តគំនិតល្អិតល្អន់នៅក្នុងកិច្ចការនេះ មិនមែនស្ពឹកស្រពន់ និងគំនិតយឺតនោះទេ។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទម្នាក់បំភាន់មនុស្សជាច្រើនដោយការនិយាយពីពាក្យពេចន៍ និងគោលលទ្ធិក្នុងអំឡុងពេលប្រជុំ ហើយអ្នកដឹកនាំពួកជំនុំនៅតែមិនស្គាល់ពួកគេថាជាអាទទឹងនឹងព្រះគ្រីស្ទ ហើយមិនអាចលាតត្រដាង និងដោះស្រាយជាមួយពួកគេបានទាន់ពេលវេលា នេះគឺជាការមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួន។ ប្រសិនបើមនុស្សជាច្រើនត្រូវបានបំភាន់ដោយពួកទទឹងនឹងព្រះគ្រីស្ទរួចហើយ ហើយពួកគេយល់ថាការប្រជុំគ្មានន័យ នៅពេលដែលពួកគេមិនអាចស្ដាប់ឮពួកទទឹងនឹងព្រះគ្រីស្ទនិយាយពីពាក្យពេចន៍ និងគោលលទ្ធិនៅទីនោះ ហើយដូច្នេះមិនព្រមចូលរួមប្រជុំ ឬថែមទាំងមិនព្រមហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់ការអធិប្បាយ ចូលចិត្តស្ដាប់ពួកទទឹងនឹងព្រះគ្រីស្ទអធិប្បាយ ប្រសិនបើអ្នកដឹកនាំពួកជំនុំទើបតែដឹងពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ហើយចាប់ផ្ដើមចាត់វិធានការ និងកែប្រែស្ថានការណ៍ នៅពេលដែលមនុស្សត្រូវបានបំភាន់ និងគ្រប់គ្រងដល់កម្រិតនេះដោយពួកទទឹងនឹងព្រះគ្រីស្ទ នេះនឹងបង្កឱ្យមានការយឺតយ៉ាវយ៉ាងខ្លាំង! ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននឹងរងការខូចខាត ដោយសារតែភាពស្ពឹកស្រពន់ និងគំនិតយឺតរបស់អ្នកដឹកនាំក្លែងក្លាយបែបនេះ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានវះកាត់ ឈ្វេងយល់ និងបោសសម្អាតចេញ មនុស្សមួយចំនួនអាចនឹងត្រូវបានបំភាន់ ហើយដើរតាមពួកគេ។ អ្នកខ្លះថែមទាំងអាចនិយាយថា «ប្រសិនបើអ្នកបោសសម្អាតពួកគេចេញ យើងនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ។ ប្រសិនបើអ្នកឱ្យពួកគេចាកចេញ យើងទាំងអស់គ្នានឹងចាកចេញដែរ!» ត្រង់ចំណុចនេះ វាបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អ្នកដឹកនាំពួកជំនុំមិនបានធ្វើកិច្ចការពិតប្រាកដអ្វីទាល់តែសោះ ដែលជាការមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងជីវិតពួកជំនុំ រឿងដំបូងដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ គឺក្តាប់ឱ្យបាននូវសណ្ឋាននៃបុគ្គលផ្សេងៗ។ ពួកគេត្រូវតែសង្កេត និងយល់ដឹងដោយយកចិត្តទុកដាក់ តាមរយៈការប្រាស្រ័យទាក់ទង ថាតើសមាជិកម្នាក់ៗនៃពួកជំនុំបានដើរតាមមាគ៌ាអ្វី និងមានសារជាតិនិស្ស័យបែបណា ហើយរកឱ្យឃើញ និងសម្គាល់ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ថាតើនរណាជាអ្នកកំពុងដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ និងនរណាមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក ពួកគេគួរតែផ្ដោតលើបុគ្គលទាំងនេះ យកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះពួកគេ ហើយយល់ដឹង និងក្តាប់ឱ្យបានភ្លាមៗនូវទស្សនៈ និងសេចក្ដីថ្លែងការណ៍ដែលពួកគេផ្សព្វផ្សាយ និងសកម្មភាពអ្វីខ្លះដែលពួកគេកំពុងត្រៀមអនុវត្ត។ នៅពេលដែលពួកគេចង់បំភាន់មនុស្ស និងដាក់អន្ទាក់ ហើយគ្រប់គ្រងពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែក្រោកឈរឡើងបញ្ឈប់ពួកគេយ៉ាងឆាប់រហ័ស ជាជាងរង់ចាំដោយអសកម្ម។ ប្រសិនបើអ្នករង់ចាំរហូតដល់ព្រះជាម្ចាស់បើកសម្ដែងពួកគេ ឬរហូតដល់បងប្អូនប្រុសស្រីត្រូវបានបំភាន់ ឬបងប្អូនប្រុសស្រីមានការយល់ដឹង និងការឈ្វេងយល់ពីពួកគេ មុននឹងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ នោះវានឹងធ្វើឱ្យបញ្ហាយឺតយ៉ាវទៅហើយ។ ហេតុដូច្នេះ ក្នុងការការពារខ្លួនពីពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចាត់វិធានការជាមុន ហើយត្រៀមខ្លួនទុកជាមុន។ ជំហានដំបូងគឺ លើកស្ទួយ និងបណ្ដុះបណ្ដាលអស់អ្នកដែលមានភាពទៀងត្រង់គួរសម និងអាចដេញតាមសេចក្ដីពិតបាន ពោលគឺ ស្រោចស្រព និងផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវដល់អស់អ្នកដែលដើរតួនាទីនាំមុខគេក្នុងកិច្ចការផ្សេងៗ និងបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជាបង្គោលនៅក្នុងពួកជំនុំ។ មានតែតាមរបៀបនេះទេ ទើបកិច្ចការផ្សេងៗរបស់ពួកជំនុំអាចដំណើរការទៅដោយរលូន និងគ្មានឧបសគ្គ ហើយការងារផ្សាយដំណឹងល្អអាចបន្តផ្សព្វផ្សាយបាន។ មិនថាជាអ្វីក៏ដោយ ប្រសិនបើកិច្ចការណាមួយខ្វះអ្នកដឹកនាំល្អ នោះវានឹងពិបាកអនុវត្តណាស់។ ការសម្ដែងចេញចម្បងនៃការប្រឆាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះជាម្ចាស់ គឺការបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យដើរតាមពួកគេ ដើម្បីបង្អាក់ និងរំខានគ្រប់កិច្ចការទាំងអស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងពួកជំនុំមួយ រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទមានបំណងធ្វើ គឺធ្វើបាបអស់អ្នកដែលមានស្មារតីយុត្តិធម៌ និងអស់អ្នកដែលដើរតួនាទីនាំមុខគេក្នុងកិច្ចការផ្សេងៗ។ ពួកគេទាក់ទាញអស់អ្នកដែលពួកគេអាចបំភាន់ និងគ្រប់គ្រងបាន ឱ្យមកខាងពួកគេ ហើយលាបពណ៌ ដាក់អន្ទាក់ និងផ្ដួលរំលំអស់អ្នកដែលពួកគេមិនអាចបំភាន់ ឬគ្រប់គ្រងបាន ហើយនៅទីបំផុតក៏បោសសម្អាតពួកគេចេញ។ ការណ៍នេះត្រួសត្រាយផ្លូវឱ្យពួកទទឹងនឹងព្រះគ្រីស្ទអាចគ្រប់គ្រងពួកជំនុំបាន។ ពួកគេផ្ដួលរំលំបុគ្គលសំខាន់ៗមួយចំនួនដែលអាចដេញតាមសេចក្ដីពិតជាមុនសិន មនុស្សភាគច្រើនដែលនៅសល់គឺជាមនុស្សដែលហូរតាមទឹក។ បន្ទាប់ពីនោះ វាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការដោះស្រាយដោយឡែកជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ។ បើគ្មានការសហការ និងជំនួយពីអស់អ្នកដែលដេញតាមសេចក្ដីពិតទេ អ្នកដឹកនាំ និងអ្នកធ្វើការគឺប្រៀបដូចជាកំពុងប្រយុទ្ធតែម្នាក់ឯងដោយគ្មានជំនួយអ៊ីចឹង។ អ្នកស្ថិតនៅក្នុងពន្លឺ ខណៈដែលពួកទទឹងនឹងព្រះគ្រីស្ទលាក់ខ្លួននៅក្នុងភាពងងឹត ត្រៀមខ្លួនវាយប្រហារដោយលួចលាក់ លាបពណ៌ ដាក់អន្ទាក់ និងនិយាយបង្កាច់បង្ខូចអ្នកគ្រប់ពេល ដោយផ្ដួលអ្នកចុះដល់ដីរហូតអ្នកមិនអាចក្រោកឡើងវិញបាន។ បន្ទាប់មក ពួកទទឹងនឹងព្រះគ្រីស្ទរកមនុស្សមកជាន់បន្ថែមពេលដួល ធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងអស់សង្ឃឹមទាំងស្រុង។ ហេតុដូច្នេះ វាពិបាកណាស់ក្នុងការដោះស្រាយបញ្ហានៃពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានហ្មត់ចត់ ប្រសិនបើអស់អ្នកដែលដេញតាមសេចក្ដីពិតមិនរួបរួមគ្នាប្រឆាំងនឹងពួកគេ។ នៅក្នុងជីវិតពួកជំនុំ រឿងដំបូងដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ គឺរក្សាសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ ដោយមានវត្តមានមនុស្សអាក្រក់ទាំងនេះដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះនឹងគ្មានលទ្ធផលល្អណាមួយកើតចេញពីជីវិតពួកជំនុំឡើយ វានឹងមិនងាយស្រួលក្នុងការដើរលើផ្លូវត្រូវនោះទេ ហើយមនុស្សភាគច្រើននឹងត្រូវបានរំខាន និងរងឥទ្ធិពលជាញឹកញាប់។ ហេតុដូច្នេះ ការរកឱ្យឃើញ ការយល់ដឹង ការក្តាប់ឱ្យបាន និងការកំណត់ឱ្យច្បាស់នូវមនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ និងអស់អ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាកិច្ចការដំបូង និងសំខាន់បំផុតសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវអនុវត្តទាក់ទងនឹងជីវិតពួកជំនុំ។ មានតែតាមរយៈការរឹតត្បិត ឬបោសសម្អាតមនុស្សទាំងនេះចេញទេ ទើបអាចរក្សាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំបាន។ ប្រសិនបើពួកគេមិនត្រូវបានរឹតត្បិត ហើយត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តដោយមិនញញើត និងបង្កការរំខាន នោះកិច្ចការផ្សេងៗរបស់ពួកជំនុំនឹងត្រូវជាប់គាំង។ ដោយសារមនុស្សភាគច្រើនខ្វះការឈ្វេងយល់ពីពួកគេ មិនអាចមើលធ្លុះដល់សារជាតិរបស់ពួកគេ ហើយថែមទាំងត្រូវបានរំខាន និងបំភាន់ដោយគំនិត និងទស្សនៈខុសឆ្គងផ្សេងៗរបស់ពួកគេផងនោះ វាពិបាកសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការដើរលើផ្លូវត្រូវ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៅក្នុងជីវិតពួកជំនុំណាស់។ ប្រសិនបើក្នុងអំឡុងពេលនេះ ជីវិតពួកជំនុំមានភាពធម្មតាណាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទទួលបានផលប្រយោជន៍ និងមានការរីកចម្រើនក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិត ហើយនៅទីបំផុតពួកគេមានការចូលទៅក្នុងជីវិតខ្លះៗ និងតថភាពនៃសេចក្ដីពិតបន្តិចបន្តួច ប៉ុន្តែបន្ទាប់មកពួកគេត្រូវបានបំភាន់ និងរំខានដោយពួកទទឹងនឹងព្រះគ្រីស្ទដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ នោះមិនត្រឹមតែពួកគេបាត់បង់ការយល់ដឹងដ៏បរិសុទ្ធ និងការយល់ដឹងពិតប្រាកដដែលពួកគេទើបតែទទួលបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលយកនូវគោលលទ្ធិខុសឆ្គង និងការយល់ខុសជាច្រើនទៀតផង ពោលគឺពួកគេនឹងក្លាយទៅជាងងឹតងងល់ម្ដងទៀតយ៉ាងឆាប់រហ័ស ដូចជាអ្នកចែវទូកដែលត្រូវបានចរន្តទឹកច្រានឱ្យត្រឡប់ទៅក្រោយវិញភ្លាមៗ នៅពេលដែលពួកគេឈប់ចែវ ដែលជារឿងពិបាកខ្លាំងណាស់។ ការដែលមនុស្សអាចមានការរីកចម្រើននៃជីវិតគឺមិនងាយស្រួលនោះទេ។ វាអាចចំណាយពេលជាច្រើនឆ្នាំ ទើបឃើញការរីកចម្រើនបន្តិចបន្តួច ដែលយឺតយ៉ាវខ្លាំងណាស់។ វាពិតជាពិបាកសម្រាប់មនុស្សក្នុងការទទួលបានកម្ពស់បន្តិចបន្តួចដែលពួកគេមាន ពោលគឺវាមិនមែនជារឿងងាយស្រួលក្នុងការទទួលបាននោះទេ។ តាមរយៈការបំភាន់ និងការរំខានរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការយល់ដឹងដ៏បរិសុទ្ធបន្តិចបន្តួចដែលមនុស្សមានក៏ត្រូវបាត់បង់ទៅ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺថា បន្ទាប់ពីការរំខានដោយសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សបានពោរពេញទៅដោយទស្សនវិជ្ជារបស់សាតាំង ឧបាយកល និងល្បិចកលរបស់សាតាំង និងថ្នាំពុលដែលសាតាំងបានបណ្ដុះនៅក្នុងខ្លួនពួកគេជាច្រើន។ របស់ទាំងនេះមិនត្រឹមតែមិនអាចធ្វើឱ្យមនុស្សស្គាល់ និងចុះចូលនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺបណ្ដាលឱ្យមនុស្សបង្កើតសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់ ហើយឃ្លាតឆ្ងាយពីទ្រង់ ធ្វើឱ្យនិស្ស័យពុករលួយរបស់មនុស្សកាន់តែធ្ងន់ធ្ងរឡើង ធ្វើឱ្យពួកគេកាន់តែអាចក្បត់ព្រះជាម្ចាស់ថែមទៀត។ ផលវិបាកនៃរឿងនេះគឺធ្ងន់ធ្ងរណាស់។ ចូរប្រាប់ខ្ញុំមក ដោយប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរបែបនេះ តើវាចាំបាច់ទេក្នុងការបញ្ឈប់ និងរឹតត្បិតអស់អ្នកដែលបំភាន់មនុស្សដោយពាក្យពេចន៍ និងគោលលទ្ធិនោះ? តើនេះមិនមែនជាកិច្ចការដ៏សំខាន់មួយដែលអ្នកដឹកនាំពួកជំនុំគួរតែអនុវត្តទេឬ? (មែនហើយ។) ហេតុដូច្នេះ ការរឹតត្បិតមនុស្សអាក្រក់ និងអ្នកមិនជឿ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ពួកជំនុំ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំគ្មានការឈ្វេងយល់ទេ។ ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចឡើយ»។ តាមពិត ដរាបណាអ្នកមានឆន្ទៈ សង្កេតដោយយកចិត្តទុកដាក់ ហើយពិនិត្យមើលចេតនា និងបំណងរបស់មនុស្សជានិច្ច នោះបន្តិចម្ដងៗ អ្នកនឹងមានការឈ្វេងយល់ហើយ។ អ្នកមិនជឿ និងមនុស្សអាក្រក់ទាំងនេះ នៅពេលដែលពួកគេបង្ហាញខ្លួនភ្លាម គឺពួកគេមានចេតនា និងបំណងរបស់ពួកគេផ្ទាល់ ដែលសុទ្ធតែមានគោលបំណងធ្វើឱ្យមនុស្សគោរពកោតសរសើរ និងលើកតម្កើងពួកគេ ហើយឱ្យមនុស្សស្ដាប់តាមអ្វីដែលពួកគេនិយាយ។ ប្រសិនបើអ្នកអាចមើលឃើញពីចេតនា និងបំណងរបស់ពួកគេ នេះគឺមានន័យថាមានការឈ្វេងយល់ខ្លះៗហើយ។ ប្រសិនបើអ្នកមិនប្រាកដ អ្នកអាចប្រកបគ្នាអំពីបញ្ហានេះជាមួយមនុស្សមួយចំនួនដែលយល់ពីសេចក្ដីពិតគួរសម។ ក្នុងអំឡុងពេលប្រកបគ្នា ម្យ៉ាង អ្នកអាចធ្វើការតាំងចិត្តតាមរយៈសេចក្ដីពិតដែលគ្រប់គ្នាបានយល់ និងភស្តុតាងជាក់ស្ដែងផ្សេងៗដែលបានក្តាប់ជាប់។ ម្យ៉ាងទៀត តាមរយៈការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់ និងពន្លឺដែលព្រះជាម្ចាស់បានប្រទានឱ្យក្នុងអំឡុងពេលប្រកបគ្នា អ្នកទទួលបានការបញ្ជាក់អំពីបញ្ហានេះ ដោយបញ្ជាក់ថាតើបុគ្គលនោះពិតជាអាទទឹងនឹងព្រះគ្រីស្ទមែនឬទេ ហើយថាតើពួកគេពិតជាមនុស្សដែលគួរតែត្រូវបានរឹតត្បិតមែនឬទេ។ តាមរយៈការប្រកបគ្នា ប្រសិនបើគ្រប់គ្នាទទួលបានការបញ្ជាក់ និងយល់ស្របជាឯកច្ឆន្ទ ដោយនិយាយថាបុគ្គលនេះពិតជាអាទទឹងនឹងព្រះគ្រីស្ទដែលគួរតែត្រូវបានរឹតត្បិតមែន បន្ទាប់ពីបានឯកភាពគ្នាជាមួយបងប្អូនប្រុសស្រី ហើយគ្រប់គ្នាបានឈានដល់ទស្សនៈរួមមួយ ជំហានបន្ទាប់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការគឺត្រូវដោះស្រាយ និងបោសសម្អាតបុគ្គលនេះចេញឱ្យបានឆាប់រហ័ស ស្របតាមគោលការណ៍សេចក្ដីពិត។ នេះគឺជាគោលការណ៍។ នៅពេលដែលមនុស្សយល់ពីគោលការណ៍នេះហើយ ពួកគេគួរតែធ្វើកិច្ចការពិតប្រាកដ ដែលមានន័យថាបំពេញការទទួលខុសត្រូវរបស់ខ្លួន និងមានភាពស្មោះត្រង់។ ការយល់ពីគោលការណ៍មិនមែនសម្រាប់យកទៅអធិប្បាយ ឬសម្រាប់បំពេញខួរក្បាលរបស់អ្នកនោះទេ ប៉ុន្តែគឺសម្រាប់អនុវត្តនៅក្នុងកិច្ចការពិតប្រាកដនៃភារកិច្ចរបស់អ្នក។ នៅក្នុងកិច្ចការពិតប្រាកដ ការយល់ពីគោលការណ៍អាចឱ្យអ្នកបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកបានកាន់តែប្រសើរ និងកាន់តែហ្មត់ចត់។ ដូច្នេះ នេះក៏ជាផ្នែកមួយនៃកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការផងដែរ។ ដើម្បីរក្សាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ និងអនុញ្ញាតឱ្យបងប្អូនប្រុសស្រីរស់នៅក្នុងជីវិតពួកជំនុំដោយធម្មតា ហើយចូលទៅក្នុងសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់តម្រូវ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិលេចខ្លួន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែជាមនុស្សដំបូងដែលក្រោកឈរឡើង ដើម្បីបញ្ឈប់ និងរឹតត្បិតពួកគេ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទដែលនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ វាមិនមែនជាការរឹតត្បិតពួកគេដោយគ្រាន់តែថាពួកគេបាននិយាយពាក្យខុសពីរបីម៉ាត់នោះទេ។ ប្រសិនបើការសង្កេតរយៈពេលយូរ ឬមតិយោបល់របស់មនុស្សភាគច្រើន និងការសម្ដែងចេញជាក់លាក់របស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីកំណត់ថាពួកគេពិតជាប្រភេទអាទទឹងនឹងព្រះគ្រីស្ទមែន នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែចេញមុខមកបញ្ឈប់ និងរឹតត្បិតពួកគេ ហើយមិនគួរអនុញ្ញាតឱ្យពួកគេបន្តដោយគ្មានការត្រួតពិនិត្យឡើយ។ ការបណ្ដែតបណ្ដោយពួកគេគឺស្មើនឹងការបណ្ដោយឱ្យពួកអារក្ស ពួកសាតាំង ពួកវិញ្ញាណអសោច និងពួកវិញ្ញាណអាក្រក់អុកឡុកនៅក្នុងពួកជំនុំ ដែលមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះកំពុងតែធ្វេសប្រហែសនឹងការទទួលខុសត្រូវរបស់ខ្លួន ដោយធ្វើការឱ្យសាតាំងជាពិសេសវិញ។ ការប្រកបគ្នាលើបញ្ហាប្រភេទទីពីរ ទាក់ទងនឹងការបង្អាក់ និងការរំខាននៅក្នុងជីវិតពួកជំនុំ ត្រូវបានបញ្ចប់ត្រឹមនេះ។
III. ការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួន
បន្ទាប់មក ចូរយើងប្រកបគ្នាអំពីបញ្ហាទីបី៖ ការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួន។ បញ្ហាទាំងនេះដែលមាននៅក្នុងចំណុចទីបី ដែលយើងនឹងលើកយកមកប្រកបគ្នានោះ ច្បាស់ណាស់ថាមិនគួរកើតមានឡើងនៅក្នុងជីវិតពួកជំនុំឡើយ។ នៅពេលរស់នៅក្នុងជីវិតពួកជំនុំ មនុស្សមកដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងប្រកបគ្នាអំពីទីបន្ទាល់តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការយល់ដឹងពីសេចក្ដីពិតផងដែរ។ ដូច្នេះ តើបញ្ហាដូចជាការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួននៅក្នុងជីវិតពួកជំនុំ គួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតដែរឬទេ? (មែនហើយ។) មនុស្សខ្លះនិយាយថា៖ «តើការសួរសុខទុក្ខគ្នាទៅវិញទៅមកមិនបានទេឬអី? ប្រសិនបើមនុស្សពីរនាក់មានភាពស្និទ្ធស្នាល និងស្គាល់គ្នារួចហើយ ហើយពួកគេបានជួបគ្នាក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ហើយជជែកគ្នាលេងបន្តិចបន្តួច តើការនោះគឺជាការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារដែរឬទេ? តើរឿងនេះក៏គួរតែត្រូវបានរឹតត្បិតដែរឬទេ?» តើចំណុចទីបីសំដៅលើបញ្ហាប្រភេទនេះឬ? (អត់ទេ។) ច្បាស់ណាស់ គឺមិនមែនទេ។ ប្រសិនបើសូម្បីតែការសួរសុខទុក្ខគ្នាដ៏សាមញ្ញ និងការប្រកបគ្នាដោយភាពគួរសមត្រូវបានរឹតត្បិតទៅហើយ នោះមនុស្សនឹងខ្លាចក្នុងការនិយាយស្ដី នៅពេលដែលពួកគេជួបគ្នានៅពេលក្រោយ។ បញ្ហាទីបីអំពីការនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួន ប្រហែលជាមានតែពាក្យបីឃ្លានេះប៉ុណ្ណោះ ប៉ុន្តែបញ្ហាដែលពាក្យទាំងនេះតំណាងឱ្យ មិនមែនជាការសួរសុខទុក្ខគ្នាដ៏គួរសម ឬការជជែកគ្នាលេងសាមញ្ញៗនោះទេ។ វាគឺជាអំពើអាក្រក់ដែលអាចបង្អាក់ រំខាន និងបំផ្លាញជីវិតពួកជំនុំ។ ដោយសារតែវាបង្កើតឱ្យមានការបង្អាក់ និងការរំខាន ទើបវាស័ក្តិសមនឹងយកមកប្រកបគ្នា។ តើគួរប្រកបគ្នាអំពីអ្វី? គឺបញ្ហាអ្វីខ្លះ ពាក្យសម្ដីអ្វីខ្លះដែលមនុស្សនិយាយ ទង្វើអ្វីខ្លះដែលពួកគេធ្វើ និងការនិយាយស្ដី អាកប្បកិរិយា និងឫកពារបស់មនុស្សបែបណា ដែលអាចឈានដល់កម្រិតនៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។ ចូរយើងពិភាក្សាឧទាហរណ៍ជាក់លាក់មួយចំនួន ដើម្បីមើលថាតើបញ្ហាទាំងនេះធ្ងន់ធ្ងរដែរឬទេ ថាតើវាបង្កើតឱ្យមានការបង្អាក់ និងការរំខានដែរឬទេ និងថាតើវាគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតដែរឬទេ។
នៅក្នុងជីវិតពួកជំនុំ មនុស្សមួយចំនួននិយាយជារឿយៗអំពីរឿងរ៉ាវឥតបានការក្នុងគ្រួសារ និងសញ្ញាណនិងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហាក់ដូចជារឿងទាំងនោះជាប្រធានបទចម្បងសម្រាប់ការពិភាក្សាអ៊ីចឹង។ នាងនិយាយថា៖ «ឥឡូវនេះសង្គមងងឹតណាស់ ការប្រាស្រ័យទាក់ទង និងរស់នៅក្នុងចំណោមអ្នកមិនជឿ គឺពិតជាហត់នឿយណាស់។ អ្នកមិនជឿអាចធ្វើអ្វីក៏បាន។ វាពិតជាមិនអាចទ្រាំបានឡើយ!» បន្ទាប់មក បងប្អូនប្រុសស្រីខ្លះនិយាយថា៖ «យើងជឿលើព្រះជាម្ចាស់ មិនថាយើងប្រឈមនឹងស្ថានភាពបែបណាទេ យើងត្រូវតែចេះឈ្វេងយល់ ហើយស្វែងរកសេចក្ដីពិត និងមាគ៌ានៃការអនុវត្ត។ ប្រសិនបើអ្នករស់នៅបែបនេះ អ្នកនឹងមិនមានអារម្មណ៍ហត់នឿយទេ»។ ប៉ុន្តែនាងនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ប៉ុន្តែវាមិនមែនជាដំណោះស្រាយគ្រប់យ៉ាងនោះទេ។ ខ្ញុំបានព្រួយបារម្ភថាប្ដីរបស់ខ្ញុំមានស្រី ហើយវាបានក្លាយជាការពិតមែន។ គាត់រកបានអ្នកផ្សេងដែលក្មេងជាង និងស្អាតជាងខ្ញុំ។ តើខ្ញុំគួររស់នៅបន្តទៅទៀតដោយរបៀបណា?» ដោយនិយាយឥតប្រយោជន៍បែបនេះ នាងក៏ចាប់ផ្ដើមយំសោក។ ការនិយាយរបស់នាងបែបនេះ បានដាស់រឿងរ៉ាវដ៏សោកសៅរបស់មនុស្សមួយចំនួនទៀត។ អ្នកខ្លះដែលមានស្ថានភាពដូចនាង ក៏ត្រូវរ៉ូវគ្នាជាមួយនាងភ្លាម ហើយចាប់ផ្ដើមជជែកគ្នាលេងនៅទីនោះតែម្ដង។ ក្នុងអំឡុងពេលនៃការជួបជុំរយៈពេលពីរម៉ោង នាងបានពិភាក្សាយ៉ាងល្អិតល្អន់អំពីរបៀបដែលនាង និងស្វាមីបានឈ្លោះប្រកែកគ្នា បន្ទាប់ពីគាត់មានស្រី របៀបដែលនាងព្យាយាមគិតរកវិធីផ្ទេរទ្រព្យសម្បត្តិរួមរបស់ពួកគេ របៀបដែលនាងបានពិគ្រោះជាមួយមេធាវី ដើម្បីចៀសវាងការខាតបង់បន្ទាប់ពីការលែងលះ ហើយបន្តបន្ទាប់ទៀត។ តើនេះជាប្រធានបទដែលគួរតែត្រូវបានពិភាក្សានៅក្នុងជីវិតពួកជំនុំដែរឬទេ? (អត់ទេ។) ប្រសិនបើកិច្ចការគ្រួសាររបស់អ្នកមិនទាន់ត្រូវបានដោះស្រាយរួចរាល់ ហើយវាធ្វើឱ្យអ្នកមិនអាចផ្ដោតចិត្តក្នុងការចូលរួមការជួបជុំទេ យកល្អកុំមកអី។ ទីកន្លែងជួបជុំរបស់ពួកជំនុំ មិនមែនជាកន្លែងសម្រាប់ឱ្យអ្នកបញ្ចេញទុក្ខកង្វល់ផ្ទាល់ខ្លួនរបស់អ្នកនោះទេ ហើយក៏មិនមែនសម្រាប់និយាយឥតប្រយោជន៍អំពីរឿងគ្រួសារនោះដែរ។ ប្រសិនបើអ្នកកំពុងប្រឈមនឹងការលំបាកនៅផ្ទះ ហើយអ្នកមិនចង់ជាប់ជំពាក់ ដាក់កំហិត ឬរឹតត្បិតដោយបញ្ហាទាំងនេះ ហើយអ្នកចង់ស្វែងរកសេចក្ដីពិតដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចង់បោះបង់ចោលនូវរឿងទាំងអស់នេះ នោះអ្នកអាចប្រកបគ្នាដោយសង្ខេបអំពីបញ្ហារបស់អ្នកក្នុងអំឡុងពេលជួបជុំ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីជួយអ្នកបាន។ ការនេះអាចជួយអ្នកឱ្យយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងក្លាយជាបុគ្គលរឹងមាំ មិនត្រូវបានដាក់កំហិតដោយបញ្ហាទាំងនេះ អាចចេញពីភាពអវិជ្ជមាន និងភាពទន់ខ្សោយ ហើយជ្រើសរើសមាគ៌ាដែលត្រឹមត្រូវ និងសមស្របបំផុតសម្រាប់អ្នក។ នេះគឺជាអ្វីដែលអ្នកគួរតែប្រកបគ្នា។ ក៏ប៉ុន្តែ ប្រសិនបើអ្នកនាំយករឿងរញ៉េរញ៉ៃទាំងនេះពីផ្ទះរបស់អ្នកចូលមកក្នុងជីវិតពួកជំនុំ ដើម្បីយកមកនិយាយរ៉ាយរ៉ាប់ និងអធិប្បាយ ហើយដោយសារតែការក្រែងចិត្ត មនុស្សភាគច្រើនមិនបញ្ឈប់ ឬនិយាយកាត់អ្នកទេ ប៉ុន្តែគ្រាន់តែព្យាយាមអត់ធ្មត់ និងបង្ខំខ្លួនឯងឱ្យស្ដាប់អ្នកនិយាយអំពីរឿងរញ៉េរញ៉ៃទាំងនេះ តើនេះសមរម្យដែរឬទេ? តើនេះជាការបង្ហាញសេចក្ដីស្រឡាញ់ឬ? តើនេះជាការអត់ឱន និងអត់ធ្មត់ឬ? អាកប្បកិរិយារបស់អ្នកនេះ បានបង្កការរំខានដល់ជីវិតពួកជំនុំរួចទៅហើយ។ តើអ្នកណាជាអ្នករងគ្រោះ? គឺរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ជាពិសេសនៅក្នុងបរិយាកាសនៃប្រទេសចិនដីគោក ដែលការជួបជុំមិនមែនជារឿងងាយស្រួល ហើយអ្នកជឿត្រូវតែលាក់ខ្លួនគ្រប់ទីកន្លែង ថែមទាំងត្រូវកំណត់ពេលទុកជាមុនផងនោះ ប្រសិនបើមាននរណាម្នាក់យករឿងរញ៉េរញ៉ៃក្នុងគ្រួសារទាំងអស់នេះមកនិយាយនៅកន្លែងជួបជុំដើម្បីឱ្យគ្រប់គ្នាបានស្ដាប់និងបញ្ចេញមតិ តើនេះសមរម្យដែរឬទេ? មនុស្សភាគច្រើនមកចូលរួមការជួបជុំដើម្បីយល់ពីសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់រឿងរញ៉េរញ៉ៃទាំងនេះ មិនមែនដើម្បីស្ដាប់អ្នកនិយាយឥតប្រយោជន៍អំពីរឿងគ្រួសារនោះទេ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំគ្មានអ្នកណាផ្សេងដែលជិតស្និទ្ធទេ ដូច្នេះបើខ្ញុំនិយាយប្រាប់បងប្អូនប្រុសស្រីអំពីរឿងទាំងនោះ តើវាខុសអី?» អ្នកអាចនិយាយអំពីរឿងទាំងនោះបាន ប៉ុន្តែត្រូវចេះគិតពីពេលវេលាផង។ នៅក្រៅម៉ោងជួបជុំ ដរាបណាភាគីម្ខាងទៀតសុខចិត្តស្ដាប់ អ្នកអាចនិយាយអំពីរឿងទាំងនោះបាន។ នោះគឺជាសេរីភាពរបស់អ្នក ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនរឹតត្បិតអ្នកឡើយ។ ក៏ប៉ុន្តែ ទីកន្លែង និងពេលវេលាដែលអ្នកជ្រើសរើសនិយាយអំពីរឿងបែបនេះឥឡូវនេះ គឺមិនត្រឹមត្រូវទេ។ នេះគឺនៅក្នុងជីវិតពួកជំនុំ ក្នុងអំឡុងពេលជួបជុំ ហើយការជជែកឥតឈប់ឈររបស់អ្នកអំពីរឿងគ្រួសារ បានរំខានបងប្អូនប្រុសស្រីជានិច្ច ហើយគួរតែត្រូវបានរឹតត្បិត។ តើនេះមិនមែនជាវិន័យទេឬ? នេះពិតជាវិន័យមែន។ ការមិនយល់ពីវិន័យ គឺជារឿងដែលមិនត្រឹមត្រូវទេ ព្រោះវាអាចនាំឱ្យមានការប្រព្រឹត្តដោយគ្មានហេតុផល និងរំខានអ្នកដទៃ។ អាកប្បកិរិយា ការនិយាយស្ដី និងឫកពាដែលបង្កការរំខាន គួរតែត្រូវបានរឹតត្បិត។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក៏ដូចជាទំនួលខុសត្រូវរបស់បងប្អូនប្រុសស្រីទាំងអស់ដែរ។ ជានិច្ចកាល មនុស្សខ្លះមិនសូវមានអ្វីប្រកបគ្នានៅក្នុងការជួបជុំទេ ប៉ុន្តែគ្រប់ពេលដែលមានបញ្ហាកើតឡើងនៅក្នុងជីវិតគ្រួសាររបស់ពួកគេ ពួកគេក៏យករឿងរញ៉េរញ៉ៃទាំងនេះមកនិយាយឱ្យអ្នកដទៃស្ដាប់។ តើអ្នកដទៃមានកាតព្វកិច្ចស្ដាប់ដែរឬទេ? តើពួកគេមានកាតព្វកិច្ចវិនិច្ឆ័យខុសត្រូវឱ្យអ្នកដែរឬទេ? ពួកគេគ្មានកាតព្វកិច្ចបែបនេះទេ។ រឿងទាំងនោះគឺជាកិច្ចការផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកគួរតែដោះស្រាយវាដោយខ្លួនឯង។ អ្នកមិនគួរនិយាយអំពីកិច្ចការផ្ទាល់ខ្លួនរបស់អ្នកក្នុងអំឡុងពេលជួបជុំនោះទេ។ នេះគឺផ្ទុយនឹងវិន័យ និងគ្មានហេតុផល ហើយអាកប្បកិរិយាបែបនេះគួរតែត្រូវបានរឹតត្បិត។
កូនៗរបស់អ្នកខ្លះចូលរៀននៅសាកលវិទ្យាល័យ ហើយពួកគេចាប់ផ្ដើមព្រួយបារម្ភអំពីអនាគតរបស់កូនៗ ដោយរកច្រកសម្រាប់ពួកគេ ដោយគិតឥតឈប់ឈរថា៖ «គ្រួសារយើងគ្មានមន្ត្រីរាជការទេ តើកូនប្រុសរបស់ខ្ញុំអាចរកការងារប្រភេទណាធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ? ចុះអនាគតរបស់គាត់វិញ? តើគាត់អាចចិញ្ចឹមខ្ញុំនៅពេលខ្ញុំចាស់ទៅបានទេ? ខ្ញុំត្រូវតែរកវិធីដើម្បីធានាថា គាត់មានការងារល្អធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា»។ នៅពេលចូលរួមការជួបជុំ ពួកគេនិយាយថា៖ «កូនប្រុសរបស់ខ្ញុំចេះស្ដាប់បង្គាប់ណាស់។ គាត់មិនត្រឹមតែគាំទ្រជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ចង់ជឿដែរ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ ក៏ប៉ុន្តែមានរឿងមួយ ទោះបីយើងជឿលើព្រះជាម្ចាស់ក៏ដោយ ក៏យើងនៅតែត្រូវរកស៊ីចិញ្ចឹមជីវិតដែរ មែនទេ? ខ្ញុំមិនដឹងថាគាត់នឹងអាចរកការងារប្រភេទណាធ្វើបានទេ បន្ទាប់ពីបញ្ចប់ការសិក្សា។ តើការងារអ្វីខ្លះដែលបានប្រាក់ខែខ្ពស់ឥឡូវនេះ? បងស្រីអើយ ខ្ញុំឮថាប្ដីរបស់អ្នកជាអ្នកគ្រប់គ្រង។ តើគាត់អាចជួយរកច្រកអីបានទេ? កូនប្រុសរបស់ខ្ញុំមានការអប់រំ គាត់មានការយល់ដឹងច្រើន គាត់មានគុណសម្បត្តិល្អជាងខ្ញុំ ហើយគាត់ពូកែខាងកុំព្យូទ័រ គាត់អាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នាពេលអនាគតបាន។ ប៉ុន្តែឥឡូវនេះ រឿងរកការងារធ្វើត្រូវតែដោះស្រាយជាមុនសិន វានឹងពិបាកសម្រាប់គាត់ ប្រសិនបើគាត់រកការងារធ្វើមិនបាន»។ រាល់ពេលដែលពួកគេមកចូលរួមការជួបជុំ ពួកគេតែងតែលើកយករឿងទាំងនេះមកនិយាយ ហើយការនិយាយនោះចេះតែបន្តឥតឈប់ឈរ។ ពួកគេមើលថាតើអ្នកណាអាចអាណិតអាសូរពួកគេ ហើយបន្ទាប់មកក៏ស្វែងរកការកសាងទំនាក់ទំនងជាមួយមនុស្សទាំងនោះ។ ក្នុងអំឡុងពេលជួបជុំ ពួកគេព្យាយាមចូលទៅជិតស្និទ្ធនឹងអ្នកទាំងនោះ ផ្គាប់ផ្គុនចិត្តពួកគេ ហើយថែមទាំងជូនអំណោយ ជួនកាលនាំយកអាហារឆ្ងាញ់ៗ ឬទិញរបស់តូចៗឱ្យពួកគេទៀតផង។ តើនេះមិនមែនជាការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងត្រួសត្រាយផ្លូវទេឬ? តើគោលបំណងនៃការត្រួសត្រាយផ្លូវគឺជាអ្វី? គឺដើម្បីប្រើប្រាស់អ្នកដទៃឱ្យដោះស្រាយកិច្ចការផ្ទាល់ខ្លួន ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលជួបជុំ ពួកគេមិនព្រមស្ដាប់បងប្អូនប្រុសស្រីដែលចែករំលែកទីបន្ទាល់នៃបទពិសោធន៍របស់ពួកគេទេ ពួកគេមិនអើពើនឹងកិច្ចការអ្វីក៏ដោយដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ចែងឱ្យពួកគេធ្វើ ហើយពួកគេមិនព្រមស្ដាប់បងប្អូនប្រុសស្រីដែលព្យាយាមជួយ និងណែនាំពួកគេអំពីស្ថានភាពរបស់ពួកគេឡើយ។ ពួកគេមានចិត្តខ្នះខ្នែងជាពិសេសតែចំពោះរឿងកូនប្រុសរបស់ពួកគេរកការងារធ្វើប៉ុណ្ណោះ ដោយនិយាយអំពីរឿងនេះឥតឈប់ឈរ។ ពួកគេមិនត្រឹមតែនិយាយប្រាប់អ្នកណាក៏ដោយដែលពួកគេបានឃើញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយក្នុងអំឡុងពេលជួបជុំទៀតផង។ សរុបមក ពួកគេយកចិត្តទុកដាក់ជាពិសេសចំពោះរឿងនេះ ហើយខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ នៅរាល់ការជួបជុំ ពួកគេត្រូវតែចំណាយពេលវេលារបស់បងប្អូនប្រុសស្រីមួយចំនួនដើម្បីនិយាយអំពីរឿងនេះ។ សូម្បីតែនៅពេលប្រកបគ្នាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏ពួកគេមិនភ្លេចនិយាយអំពីរឿងនេះដែរ ដោយនិយាយរហូតដល់គ្រប់គ្នាទ្រាំមិនបាន ហើយមានអារម្មណ៍ខ្ពើមរអើម ដោយមនុស្សភាគច្រើនមានអារម្មណ៍ក្រែងចិត្តពេកមិនហ៊ានបញ្ឈប់ពួកគេ។ នៅពេលនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញទំនួលខុសត្រូវរបស់ខ្លួន ហើយរឹតត្បិតពួកគេ ដោយនិយាយថា៖ «មនុស្សគ្រប់គ្នាបានដឹងពីស្ថានភាពរបស់អ្នកហើយ។ ប្រសិនបើបងប្អូនប្រុសស្រីណាម្នាក់សុខចិត្តជួយ នោះគឺជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកផ្សេងទៀតមិនសុខចិត្តជួយទេ អ្នកមិនគួរបង្ខំពួកគេទេ។ ការជួយកូនប្រុសរបស់អ្នករកការងារធ្វើ មិនមែនជាកាតព្វកិច្ច ឬទំនួលខុសត្រូវរបស់បងប្អូនប្រុសស្រីនោះទេ។ វាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ហើយមិនគួរយកពេលវេលាដ៏មានតម្លៃរបស់បងប្អូនប្រុសស្រីក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតនោះទេ។ កុំរំខានអ្នកដទៃដែលកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយការប្រកបគ្នាអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកឡើយ។ បន្ទាប់ពីការជួបជុំ អ្នកអាចនិយាយជាមួយនរណាដែលអ្នកចង់និយាយ ស្វែងរកជំនួយពីនរណាដែលអ្នកចង់បាន ប៉ុន្តែកុំប្រើប្រាស់ពេលវេលាជួបជុំដើម្បីនិយាយអំពីរឿងនេះ។ ការប្រើប្រាស់ពេលវេលាជួបជុំដើម្បីដោះស្រាយកិច្ចការផ្ទាល់ខ្លួន គឺមិនសមហេតុផល និងគួរឱ្យអាម៉ាស់។ វាគឺជាការបង្ហាញឱ្យឃើញពីការរំខានដល់ជីវិតពួកជំនុំ។ រឿងនេះគួរតែបញ្ឈប់ត្រឹមនេះ»។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ។
ក្នុងអំឡុងពេលជួបជុំ ស្ត្រីចំណាស់ខ្លះឃើញថាប្អូនស្រីវ័យក្មេងនៅក្នុងគ្រួសារម្ចាស់ផ្ទះមានរូបរាងស្អាតបាត ស្មោះត្រង់ ហើយជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ និងដេញតាមសេចក្ដីពិត ដូច្នេះពួកគេក៏ចាប់ចិត្តស្រឡាញ់ ហើយចង់បានប្អូនស្រីវ័យក្មេងទាំងនេះធ្វើជាកូនប្រសាស្រី។ ពួកគេមិនត្រឹមតែលើកយករឿងនេះមកនិយាយគ្រប់ពេលក្នុងអំឡុងពេលជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជាការអនុគ្រោះបន្តិចបន្តួច និងការយកចិត្តទុកដាក់ជាពិសេសដល់ប្អូនស្រីវ័យក្មេងរាល់ពេលដែលពួកគេមកចូលរួមការជួបជុំទៀតផង។ សូម្បីតែនៅពេលដែលប្អូនស្រីវ័យក្មេងមិនយល់ព្រមក៏ដោយ ក៏ពួកគេនៅតែរំអុក និងរំខានឥតឈប់ឈរ មិនព្រមបោះបង់ឡើយ។ តើពួកគេជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាមនុស្សថោកទាបទេឬ? ដោយឃើញថាពួកគេទាំងអស់គ្នាជាបងប្អូនស្រីនៅក្នុងជំនឿ មនុស្សភាគច្រើនអាចត្រឹមតែប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដើម្បីដោះស្រាយបញ្ហាទាំងនេះប៉ុណ្ណោះ។ ក៏ប៉ុន្តែ មនុស្សខ្លះខ្វះមនសិការ ខ្វះហេតុផល និងខ្វះការស្គាល់ខ្លួនឯង មានបំណងប្រាថ្នាផ្ទាល់ខ្លួនដ៏ធំសម្បើម ហើយចង់សម្រេចបំណងប្រាថ្នាដ៏អាត្មានិយមអ្វីដែលពួកគេមានឱ្យបានសម្រេច ដោយគ្មានអារម្មណ៍ខ្មាសអៀនអ្វីបន្តិចសោះ។ ដូច្នេះហើយ មនុស្សខ្លះក្លាយជាជនរងគ្រោះ និងមានអារម្មណ៍មិនស្រួលចិត្តក្នុងអំឡុងពេលជួបជុំ។ តើនេះមិនមែនជាការបង្កការរំខានដល់អ្នកដទៃទេឬ? តើគួរធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ? អ្នកដឹកនាំពួកជំនុំត្រូវតែចេញមុខរឹតត្បិត និងជម្រុះចោលនូវបញ្ហាប្រភេទនេះចេញពីជីវិតពួកជំនុំ និងពីក្នុងចំណោមបងប្អូនប្រុសស្រី។ លើសពីនេះទៅទៀត មនុស្សខ្លះនាំយកអារម្មណ៍គ្រប់បែបយ៉ាងមកកាន់ការជួបជុំ ដូចជាកូនប្រុសអកតញ្ញូ កូនប្រសាស្រីតែងតែយករបស់របរទៅផ្ទះឪពុកម្ដាយរបស់នាង ជម្លោះរវាងម្ដាយក្មេក និងកូនប្រសាស្រី...។ ពួកគេនិយាយអំពីរឿងរញ៉េរញ៉ៃទាំងនេះនៅរាល់ការជួបជុំ ដោយចាប់ផ្ដើមការត្អូញត្អែររបស់ពួកគេដោយ៖ «អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺជាការពិត។ មនុស្សជាតិឥឡូវនេះពិតជាពុករលួយណាស់! សូមមើលកូនប្រុស និងកូនប្រសាស្រីរបស់ខ្ញុំចុះ ពួកគេខ្វះមនសិការ ខ្វះហេតុផល។ នេះគឺជាការខ្វះភាពជាមនុស្ស ដែលព្រះជាម្ចាស់មានបន្ទូលអំពីពួកគេ ថែមទាំងអាក្រក់ជាងសត្វទៅទៀត។ សូម្បីតែកូនចៀមក៏ចេះលុតជង្គង់ពេលបៅដោះដែរ ប៉ុន្តែកូនប្រុសរបស់ខ្ញុំភ្លេចម្ដាយនៅពេលដែលគាត់មានប្រពន្ធ!» រាល់ពេលដែលពួកគេចូលរួមការជួបជុំ ពួកគេតែងតែបង្ហាញការត្អូញត្អែរទាំងនេះ។ ក៏មានមនុស្សដែលនៅពេលចូលរួមការជួបជុំ និយាយអំពីរឿងរ៉ាវនៅក្នុងក្រុមហ៊ុនរបស់ពួកគេដែរ ដូចជាអ្នកណាធ្វើការបានល្អ និងទទួលបានប្រាក់រង្វាន់ច្រើនជាងគេ អ្នកណានឹងត្រូវបានដំឡើងតំណែងនៅខែក្រោយ ខណៈដែលពួកគេគ្មានក្តីសង្ឃឹម អ្នកណាស្លៀកពាក់ស្អាតជាងគេ និងទិញរបស់ម៉ាកល្បីៗច្រើនជាងគេ អ្នកណាបានរៀបការជាមួយប្ដីអ្នកមាន...។ សម្រាប់អ្នកដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលយូរ និងមានគ្រឹះខ្លះហើយ ពួកគេមិនចង់ស្ដាប់ការនិយាយបែបនេះទេ ហើយមានអារម្មណ៍ខ្ពើមនឹងវា។ ក៏ប៉ុន្តែ អ្នកជឿថ្មីៗខ្លះ ដែលមិនទាន់បានចាក់គ្រឹះ ឬមិនទាន់មានការចាប់អារម្មណ៍លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់ថាប្រធានបទបែបនេះធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍ ដោយជឿថាពួកគេបានរកឃើញកន្លែងសម្រាប់ជជែកគ្នាលេង និងកសាងទំនាក់ទំនងផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលជួបជុំ ពួកគេនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមក ហើយបន្តិចម្ដងៗ មនុស្សទាំងពីរនាក់ក៏យល់ថាត្រូវចិត្តគ្នា ហើយបង្កើតបានជាទំនាក់ទំនងមួយ ដូច្នេះក៏វិវត្តទៅជាទំនាក់ទំនងផ្ទាល់ខ្លួន។ ទីកន្លែងជួបជុំបានក្លាយទៅជាទីកន្លែងសម្រាប់ការដោះដូរ ជាកន្លែងសម្រាប់មនុស្សជជែកគ្នាលេងឥតប្រយោជន៍ កសាងទំនាក់ទំនងផ្ទាល់ខ្លួន ធ្វើការចរចាជំនួញ និងធ្វើប្រតិបត្តិការអាជីវកម្ម។ បញ្ហាទាំងនេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែរកឃើញ ហើយបញ្ឈប់ឱ្យបានភ្លាមៗ។
មនុស្សខ្លះចូលរួមការជួបជុំក្នុងគោលបំណងស្វែងរកការងារល្អសម្រាប់ខ្លួនឯង អ្នកខ្លះដើម្បីជួយស្វាមីរបស់ពួកគេឱ្យបានឡើងតំណែង អ្នកខ្លះដើម្បីរកការងារល្អឱ្យកូនៗរបស់ពួកគេ ហើយអ្នកខ្លះទៀតដើម្បីទិញទំនិញបញ្ចុះតម្លៃ។ អ្នកផ្សេងទៀតមកដើម្បីស្វែងរកគ្រូពេទ្យឯកទេសល្អសម្រាប់អ្នកជំងឺនៅក្នុងគ្រួសាររបស់ពួកគេ ដោយមិនចាំបាច់ជូនអំណោយច្រើន។ សរុបមក អ្នកមិនជឿទាំងនេះដែលមិនដេញតាមសេចក្ដីពិត និងមានចេតនាលាក់កំបាំង យល់ថាពេលវេលានៃការជួបជុំក្នុងពួកជំនុំ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងដោះស្រាយកិច្ចការផ្ទាល់ខ្លួន។ ជាញឹកញាប់ ក្រោមរូបភាពនៃការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្គាល់ពិភពលោកដ៏អាក្រក់នេះ និងសារជាតិនៃមនុស្សជាតិដ៏ពុករលួយនេះ ពួកគេក៏លើកឡើងពីការលំបាកផ្ទាល់ខ្លួន និងបញ្ហាដែលពួកគេចង់ពិភាក្សា ហើយនៅទីបំផុតក៏បញ្ចេញឱ្យឃើញបន្តិចម្ដងៗនូវចេតនាអាត្មានិយមដែលលាក់កំបាំង និងកិច្ចការផ្ទាល់ខ្លួនដែលពួកគេមានបំណងចង់សម្រេច។ ពួកគេបញ្ចេញចេតនាផ្ទាល់ខ្លួនរបស់ពួកគេ ហើយធ្វើឱ្យអ្នកដទៃច្រឡំជឿថា ពួកគេកំពុងប្រឈមមុខនឹងការលំបាក ដោយស្នើឡើងថាគ្រប់គ្នាគួរតែបង្ហាញសេចក្ដីស្រឡាញ់ និងជួយពួកគេដោយគ្មានលក្ខខណ្ឌ និងដោយមិនរំពឹងអ្វីតបស្នងឡើយ។ ពួកគេយកឈ្មោះនៃការជឿលើព្រះជាម្ចាស់ដើម្បីឆ្លៀតយកប្រយោជន៍ពីចន្លោះប្រហោងគ្រប់បែបយ៉ាង ដោយស្វែងរកនៅក្នុងទីកន្លែងជួបជុំនូវមិត្តភក្តិដែលពួកគេចង់បាន និងអ្នកដែលអាចជួយសម្រេចកិច្ចការឱ្យពួកគេបាន។ អ្នកខ្លះដែលចង់ទិញរថយន្តក្នុងតម្លៃពិសេស ក៏ស៊ើបមើលក្នុងចំណោមបងប្អូនប្រុសស្រីថាតើមាននរណាម្នាក់ធ្វើការនៅកន្លែងលក់រថយន្ត ឬមានទំនាក់ទំនងជាមួយម្ចាស់កន្លែងលក់រថយន្តឬអត់។ នៅពេលដែលពួកគេបានកំណត់គោលដៅហើយ ពួកគេក៏ចាប់ផ្តើមធ្វើសកម្មភាព ដោយចូលទៅជិតស្និទ្ធ និងកសាងទំនាក់ទំនង។ ប្រសិនបើបុគ្គលនោះចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេទៅលេងផ្ទះរបស់បុគ្គលនោះជាញឹកញាប់ ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នា ហើយនៅឯការជួបជុំ ពួកគេអង្គុយជិតគ្នា ហើយដោះដូរព័ត៌មានទំនាក់ទំនង។ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមការវាយលុករបស់ខ្លួន ដោយប្ដេជ្ញាថាមិនបោះបង់ឡើយ រហូតដល់គោលបំណងរបស់ពួកគេបានសម្រេច។ ទាំងអស់នេះគឺជាបញ្ហាដែលកើតឡើងជាញឹកញាប់នៅក្នុងពួកជំនុំ និងក្នុងចំណោមមនុស្ស។ ប្រសិនបើបញ្ហាទាំងនេះកើតឡើងនៅក្នុងទីកន្លែងជួបជុំ និងក្នុងអំឡុងពេលជួបជុំ នោះតាមពិតទៅ វានឹងបង្កឱ្យមានការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ ដែលប៉ះពាល់ដល់ជីវិតពួកជំនុំ។ ប្រសិនបើពួកជំនុំមួយគ្មានជីវិតពួកជំនុំអស់រយៈពេលយូរ នោះពួកជំនុំនោះក្លាយជាក្រុមសង្គម ជាទីកន្លែងសម្រាប់ធ្វើការដោះដូរ ជាកន្លែងសម្រាប់កសាងទំនាក់ទំនងផ្ទាល់ខ្លួន ស្វែងរកប្រយោជន៍ដោយលួចលាក់ និងដោះស្រាយកិច្ចការផ្ទាល់ខ្លួន។ ធម្មជាតិនៃទីកន្លែងនេះបានផ្លាស់ប្ដូរ ហើយតើផលវិបាករបស់វាគឺជាអ្វី? យ៉ាងហោចណាស់ វាបណ្ដាលឱ្យមានការបាត់បង់ជីវិតពួកជំនុំ ដែលមានន័យថាការបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការអធិដ្ឋានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រី និងការយល់ដឹងពីសេចក្ដីពិត។ លើសពីនេះទៅទៀត អ្វីដែលសំខាន់បំផុតនោះ គឺវាបណ្ដាលឱ្យមានការបាត់បង់ឱកាសដ៏មានតម្លៃសម្រាប់ព្រះវិញ្ញាណបរិសុទ្ធក្នុងការធ្វើការ ដើម្បីបំភ្លឺមនុស្សឱ្យយល់ពីសេចក្ដីពិត។ ទាំងអស់នេះធ្វើឱ្យប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះ ដើម្បីជាប្រយោជន៍ និងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដើម្បីទទួលខុសត្រូវចំពោះជីវិតរបស់មនុស្សគ្រប់គ្នា វាចាំបាច់ណាស់ក្នុងការបញ្ឈប់ និងរឹតត្បិតបុគ្គលបែបនេះ នេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ។ ពិតណាស់ ប្រសិនបើបងប្អូនប្រុសស្រីធម្មតាអាចដឹងច្បាស់ពីមនុស្សទាំងនេះ និងសកម្មភាពរបស់ពួកគេ ពួកគេក៏គួរតែក្រោកឈរឡើងដើម្បីបដិសេធ ហើយនិយាយថា «ទេ» ទៅកាន់ពួកគេដែរ។ ជាពិសេសនៅពេលកំពុងរស់នៅក្នុងជីវិតពួកជំនុំ ដែលជាពេលវេលាដ៏សំខាន់បំផុតសម្រាប់មនុស្ស ប្រសិនបើមាននរណាម្នាក់រំលោភយកពេលវេលានៃការជួបជុំដើម្បីនិយាយ និងដោះស្រាយបញ្ហាទាំងនេះ បងប្អូនប្រុសស្រីមានសិទ្ធិមិនអើពើនឹងពួកគេ ហើយលើសពីនេះទៅទៀត មានសិទ្ធិបញ្ឈប់ និងបដិសេធរឿងបែបនេះ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) មនុស្សខ្លះគិតថាការដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើបែបនេះ គឺបង្ហាញពីការខ្វះទឹកចិត្ត។ តើទឹកចិត្តគឺជាភាពជាមនុស្សធម្មតាដែរឬទេ? តើទឹកចិត្តស្របតាមសេចក្ដីពិតដែរឬទេ? ប្រសិនបើអ្នកមានទឹកចិត្ត ហើយឆ្លៀតយកពេលវេលាជួបជុំសម្រាប់កិច្ចការផ្ទាល់ខ្លួនរបស់អ្នក ថែមទាំងធ្វើឱ្យមនុស្សភាគច្រើននៅកំដរ និងគាំទ្រអ្នក ដើម្បីសម្រេចគោលបំណងដោះស្រាយកិច្ចការផ្ទាល់ខ្លួនរបស់អ្នក ហើយរំខានដល់សណ្ដាប់ធ្នាប់ធម្មតារបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត ហើយបណ្ដាលឱ្យពួកគេបាត់បង់ពេលវេលាដ៏មានតម្លៃនេះ តើនេះយុត្តិធម៌សម្រាប់ពួកគេដែរឬទេ? តើនេះស្របតាមការមានទឹកចិត្តដែរឬទេ? នេះគឺជាវិធីសាស្រ្តដែលអមនុស្សធម៌ និងអសីលធម៌បំផុត ហើយមនុស្សគួរតែក្រោកឈរឡើង ហើយថ្កោលទោសវា។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការជាមនុស្សកំសាក និងគ្មានបានការ ហើយមិនអាចបញ្ឈប់ និងរឹតត្បិតអាកប្បកិរិយាបែបនេះបានភ្លាមៗ ដោយមិនធ្វើកិច្ចការពិតប្រាកដ នោះបងប្អូនប្រុសស្រីដែលមានស្មារតីយុត្តិធម៌គួរតែរួបរួមគ្នាដើម្បីទប់ស្កាត់អាកប្បកិរិយាបែបនេះ និងបរិយាកាសបែបនេះពីការរីករាលដាលនៅក្នុងពួកជំនុំ។ ប្រសិនបើអ្នកមិនចង់បាត់បង់ពេលវេលាដ៏មានតម្លៃសម្រាប់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត មិនចង់ឱ្យការចូលទៅក្នុងជីវិតរបស់អ្នកត្រូវបានរំខាន និងទទួលរងការខាតបង់ ដែលបំផ្លាញឱកាសនៃការសង្គ្រោះរបស់អ្នកទេ នោះអ្នកគួរតែក្រោកឈរឡើងដើម្បីបដិសេធ បញ្ឈប់ និងរឹតត្បិតព្រឹត្តិការណ៍ទាំងនេះ។ ការធ្វើបែបនេះគឺសមរម្យ ហើយស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកខ្លះមានអារម្មណ៍ក្រែងចិត្តក្នុងការធ្វើបែបនេះ អ្នកអាចក្រែងចិត្ត ប៉ុន្តែមនុស្សអាក្រក់មិនក្រែងចិត្តទេ។ ពួកគេហ៊ានឆ្លៀតយកពេលវេលាជួបជុំដ៏មានតម្លៃរបស់អ្នក គឺជាពេលវេលាសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងសម្រាប់ព្រះជាម្ចាស់បំភ្លឺអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ក្រែងចិត្តក្នុងការបដិសេធពួកគេ នោះអ្នកស័ក្តិសមនឹងទទួលរងការខាតបង់ដល់ជីវិតរបស់អ្នកហើយ! ប្រសិនបើអ្នកសុខចិត្តបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកសាតាំង ពួកអារក្ស និងអ្នកមិនជឿ ដោយផ្ដល់ជំនួយដល់ពួកគេ លះបង់ខ្លួនឯងដើម្បីអ្នកដទៃ និងមិនគោរពគោលការណ៍ តើអ្នកអាចបន្ទោសអ្នកណាបានចំពោះការខាតបង់ដល់ជីវិតរបស់អ្នក? ដូច្នេះ គ្រប់ករណីនៃការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការដោះស្រាយកិច្ចការផ្ទាល់ខ្លួន ត្រូវតែលុបបំបាត់ចោលទាំងស្រុងពីជីវិតពួកជំនុំ។ ប្រសិនបើមាននរណាម្នាក់នៅតែបន្តរឹងរូសតាមវិធីរបស់ខ្លួន ហើយទទូចចង់និយាយឥតប្រយោជន៍អំពីរឿងគ្រួសាររបស់ពួកគេ ជជែកគ្នាលេងឥតប្រយោជន៍ ដោះស្រាយកិច្ចការផ្ទាល់ខ្លួន ឬរកការងារ និងគូសង្សារឱ្យអ្នកដទៃក្នុងអំឡុងពេលជួបជុំ ដោយប្រើលេសផ្សេងៗដើម្បីចំណាយពេលវេលានេះ តើគួរដោះស្រាយជាមួយបុគ្គលបែបនេះដោយរបៀបណា? ទីមួយ ពួកគេគួរតែត្រូវបានបញ្ឈប់។ ប្រសិនបើពួកគេនៅតែមិនស្ដាប់ នោះការដាក់ឱ្យនៅដាច់ដោយឡែក និងការរឹតត្បិតគួរតែត្រូវបានអនុវត្ត។ ប្រសិនបើពួកគេនៅតែបន្តបង្កការរំខាននៅពីក្រោយខ្នង ដោយចូលទៅជិតស្និទ្ធនឹងនរណាក៏ដោយដែលពួកគេអាចធ្វើបាន និងរំខានដល់ជីវិតធម្មតារបស់បងប្អូនប្រុសស្រីនៅគ្រប់ទីកន្លែង នោះពួកគេគួរតែត្រូវបានបោសសម្អាតចេញ ហើយមិនត្រូវបានចាត់ទុកជាបងប្អូនប្រុសស្រីទៀតទេ។ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅក្នុងជីវិតពួកជំនុំ ហើយមិនស័ក្តិសមនឹងចូលរួមក្នុងការជួបជុំឡើយ។ មនុស្សបែបនេះគួរតែត្រូវបានរឹតត្បិត និងបដិសេធ។ ពិតណាស់ កិច្ចការនេះក៏ជាកិច្ចការដ៏សំខាន់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់ជាន់ថ្នាក់គួរតែធ្វើផងដែរ។ នៅពេលដែលបញ្ហា និងស្ថានភាពបែបនេះកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែជាមនុស្សដំបូងគេដែលក្រោកឈរឡើង ហើយបញ្ឈប់ពួកគេ។ តើអ្នកគួរបញ្ឈប់ពួកគេដោយរបៀបណា? អ្នកគួរតែនិយាយទៅកាន់ពួកគេថា៖ «តើអ្នកដឹងទេថាអាកប្បកិរិយារបស់អ្នកនេះ បានបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំរួចទៅហើយ? នេះគឺជាអ្វីដែលបងប្អូនប្រុសស្រីទាំងអស់មានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើម ហើយវាក៏ត្រូវបានព្រះជាម្ចាស់ថ្កោលទោសផងដែរ។ អ្នកគួរតែបញ្ឈប់អាកប្បកិរិយានេះ។ ប្រសិនបើអ្នកមិនស្ដាប់ការបញ្ចុះបញ្ចូល ហើយនៅតែបន្តរឹងរូសតាមផ្លូវរបស់ខ្លួនទៀត នោះជីវិតពួកជំនុំរបស់អ្នកនឹងត្រូវបានបញ្ឈប់ សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នកនឹងត្រូវបានដកហូត ហើយពួកជំនុំនឹងលែងទទួលស្គាល់អ្នកទៀតហើយ!» ពិតណាស់ ដោយសារតែកម្ពស់របស់ពួកគេនៅទាប និងខ្វះការយល់ដឹងពីសេចក្ដីពិត មនុស្សមួយចំនួនអាចនឹងជជែកគ្នាលេងអំពីរឿងគ្រួសារម្ដងម្កាល បង្កើតទំនាក់ទំនងជាមួយនរណាម្នាក់ ឬដោះស្រាយបញ្ហាតូចតាចខ្លះ ហើយស្ថានភាពមិនធ្ងន់ធ្ងរពេកទេ។ តើការនេះមិនអីទេឬ? (មិនអីទេ។) នៅក្នុងកាលៈទេសៈដែលមិនបង្កការរំខានណាមួយដល់គ្រប់គ្នា វាអាចទទួលយកបានសម្រាប់បងប្អូនប្រុសស្រីក្នុងការជួយគ្នាទៅវិញទៅមក និងបង្ហាញសេចក្ដីស្រឡាញ់បន្តិចបន្តួចចំពោះគ្នា។ ប៉ុន្តែតើយើងកំពុងប្រកបគ្នាអំពីអ្វី? គឺនៅពេលដែលអាកប្បកិរិយា និងសកម្មភាពបែបនេះបានបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំធម្មតារួចទៅហើយ ក្នុងករណីបែបនេះ អ្នកដែលពាក់ព័ន្ធគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ យើងមិនគួរអនុញ្ញាតឱ្យពួកគេបន្តបង្អាក់ និងរំខានដល់ជីវិតពួកជំនុំឡើយ។ ការចាត់វិធានការទាំងនេះគឺមានប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ មនុស្សខ្លះបង្ហាញអាកប្បកិរិយាស្រដៀងគ្នានេះដែរ ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរ ហើយមិនបង្កើតជាការបង្អាក់ និងការរំខានទេ។ វាគ្រាន់តែជាការប្រាស្រ័យទាក់ទងធម្មតាក្នុងចំណោមបងប្អូនប្រុសស្រី ការជួយគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ដើម្បីទទួលបានព័ត៌មានជាធម្មតា ឬការសាកសួរអំពីចំណេះដឹងទូទៅដែលខ្លួនមិនយល់ប៉ុណ្ណោះ។ ដរាបណាវាមិនរំលោភយកពេលវេលានៃការជួបជុំ ហើយដរាបណាភាគីទាំងពីរយល់ព្រម និងសុខចិត្តដោយមិនបង្ខិតបង្ខំគ្នា ហើយវាជាការប្រាស្រ័យទាក់ទងដែលស្ថិតនៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា នោះវាអាចអនុញ្ញាតបាន ហើយពួកជំនុំនឹងមិនរឹតត្បិតឡើយ។ ក៏ប៉ុន្តែមានរឿងតែមួយគត់គឺ៖ ប្រសិនបើការនិយាយស្ដី និងសកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់នរណាម្នាក់នៅក្នុងជីវិតពួកជំនុំ បង្កការយាយី ឬការរំខានដល់បងប្អូនប្រុសស្រី ហើយមនុស្សមួយចំនួនមានអារម្មណ៍ខ្ពើមរអើមនឹងរឿងនេះ ហើយបានបង្ហាញពីការមិនយល់ស្របរបស់ពួកគេ នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែចេញមុខដោះស្រាយបញ្ហានេះ។ ឬប្រសិនបើអ្នកផ្សេងទៀតបានរាយការណ៍ពីនរណាម្នាក់រួចហើយ ដោយបញ្ជាក់ថាបុគ្គលនេះមិនប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលជួបជុំទេ ប៉ុន្តែបែរជានិយាយឥតប្រយោជន៍អំពីរឿងគ្រួសាររបស់ពួកគេ និងកសាងទំនាក់ទំនងផ្ទាល់ខ្លួន ដោយចាត់ទុកទីកន្លែងជួបជុំជាទីកន្លែងសម្រាប់កសាងទំនាក់ទំនងផ្ទាល់ខ្លួន និងដោះស្រាយកិច្ចការផ្ទាល់ខ្លួន សុំឱ្យគេជួយ និងឆ្លៀតយកប្រយោជន៍ពីនរណាក៏ដោយដែលពួកគេអាចធ្វើបាន ហើយបញ្ជាក់ថាបុគ្គលនេះមានចរិតថោកទាប អាត្មានិយម គួរឱ្យស្អប់ខ្ពើម និងអប្រិយ ហើយមិនដេញតាមសេចក្ដីពិត ប៉ុន្តែស្វែងរកផលប្រយោជន៍គ្រប់ទីកន្លែង ដោយស្វែងរកឱកាសផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នោះបុគ្គលបែបនេះគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។
បុគ្គលខ្លះឆ្លៀតយកប្រយោជន៍ពីបងប្អូនប្រុសស្រីមួយចំនួនដែលមានទ្រព្យសម្បត្តិ និងមានឥទ្ធិពល ដើម្បីឱ្យជួយសម្រេចកិច្ចការឱ្យពួកគេ ហើយប្រសិនបើគេមិនធ្វើតាមសំណើរបស់ខ្លួនទេ ជារឿយៗ ពួកគេវិនិច្ឆ័យអ្នកទាំងនោះនៅពីក្រោយខ្នង ដោយអះអាងថាមនុស្សទាំងនេះខ្វះសេចក្ដីស្រឡាញ់ និងមិនមែនជាអ្នកជឿពិតប្រាកដ ថែមទាំងចង់រាយការណ៍ពីពួកគេទៀតផង។ តើអ្នករាល់គ្នាធ្លាប់ជួបបុគ្គលបែបនេះទេ? តើមនុស្សបែបនេះមិនគួរត្រូវបានដោះស្រាយទេឬ? នៅពេលប្រឈមនឹងស្ថានភាពបែបនេះ តើគួរធ្វើដូចម្ដេច? អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចេញមុខដោះស្រាយបញ្ហានេះ ដោយប្រព្រឹត្តតាមគោលការណ៍ ដើម្បីធានាថាបងប្អូនប្រុសស្រីមិនត្រូវបានរំខាន។ តើការដែលនរណាម្នាក់បដិសេធមិនជួយពួកគេ គឺខុសដែរឬទេ? តើការបដិសេធមិនជួយពួកគេ គឺស្មើនឹងការមិនអនុវត្តសេចក្ដីពិត ឬមិនមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) ថាតើត្រូវជួយនរណាម្នាក់ឬអត់ គឺជាសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមានសិទ្ធិក្នុងការជ្រើសរើស។ ដំណាក់របស់ព្រះជាម្ចាស់មិនបានកំណត់ថា បងប្អូនប្រុសស្រីត្រូវតែជួយគ្នាដោះស្រាយការលំបាកក្នុងគ្រួសារនៅក្នុងជីវិតពួកជំនុំនោះទេ។ ជីវិតពួកជំនុំមិនមែនជាកន្លែងសម្រាប់ដោះស្រាយបញ្ហាគ្រួសារទេ ប៉ុន្តែជាទីកន្លែងជួបជុំសម្រាប់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានការលូតលាស់ខាងឯជីវិត។ មនុស្សខ្លះប្រើប្រាស់ជីវិតពួកជំនុំដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ តើការនេះអាចនាំមកនូវផលវិបាកអ្វីខ្លះ? តើវាមិនប៉ះពាល់ដល់ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំពាក់ខ្លួនដោយសេចក្ដីពិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? បញ្ហាជីវិតផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗអាចត្រូវបានដោះស្រាយជាលក្ខណៈឯកជនជាមួយបងប្អូនប្រុសស្រីបាន មិនចាំបាច់នាំយករឿងទាំងនេះចូលមកក្នុងជីវិតពួកជំនុំដើម្បីដោះស្រាយនោះទេ។ គ្រប់គ្នាគួរតែដឹងថាផលវិបាកអ្វីខ្លះនឹងកើតឡើង នៅពេលដែលការដោះស្រាយកិច្ចការផ្ទាល់ខ្លួនរំខានដល់ការរស់នៅក្នុងជីវិតពួកជំនុំនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញបញ្ហាបែបនេះ ពួកគេគួរតែចេញមុខដោះស្រាយវា។ ពួកគេគួរតែការពារអ្នកដែលអាចបំពេញភារកិច្ចរបស់ខ្លួនជាធម្មតានៅក្នុងពួកជំនុំ ការពារអ្នកដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ រឹតត្បិតមនុស្សអាក្រក់ និងទប់ស្កាត់ពួកគេមិនឱ្យសម្រេចគោលបំណងរបស់ពួកគេ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ គួរតែមានការបែងចែកឱ្យបានច្បាស់លាស់ ទាក់ទងនឹងរបៀបដោះស្រាយករណីធម្មតានៃបញ្ហាទីបី តើការបង្ហាញឱ្យឃើញអ្វីខ្លះដែលមានលក្ខណៈ ឬកាលៈទេសៈធ្ងន់ធ្ងរ ហើយប្រភេទ និងការបង្ហាញឱ្យឃើញអ្វីខ្លះដែលបង្កើតជាការបង្អាក់ និងការរំខាន។ នៅពេលដែលភាពធ្ងន់ធ្ងរនៃកាលៈទេសៈត្រូវបានបែងចែកយ៉ាងច្បាស់លាស់ហើយ នោះវាគួរតែត្រូវបានដោះស្រាយទៅតាមលក្ខណៈរបស់វា។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវយល់ ហើយក៏ជាអ្វីដែលគ្រប់គ្នាគួរតែយល់ជ្រាបផងដែរ។
IV. ការបង្កើតបក្សពួក
ការសម្ដែងចេញទីបួននៃការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ គឺការបង្កើតបក្សពួក ដែលជារឿងដ៏ធ្ងន់ធ្ងរមួយ។ តើអាកប្បកិរិយាបែបណាខ្លះដែលចាត់ទុកថាជាការបង្កើតបក្សពួក? ប្រសិនបើមនុស្សពីរនាក់ដែលជឿលើព្រះជាម្ចាស់ បានជឿអស់រយៈពេលប្រហាក់ប្រហែលគ្នា មានអាយុប្រហាក់ប្រហែលគ្នា ស្ថានភាពគ្រួសារ ចំណូលចិត្ត បុគ្គលិកលក្ខណៈ និងអ្វីៗផ្សេងទៀតប្រហាក់ប្រហែលគ្នា ហើយពួកគេចុះសម្រុងនឹងគ្នាបានល្អ តែងតែអង្គុយជាមួយគ្នាក្នុងអំឡុងពេលប្រជុំ ហើយស្និទ្ធស្នាលនឹងគ្នា តើនេះរាប់ថាជាការបង្កើតបក្សពួកដែរឬទេ? (អត់ទេ។) នេះគឺជាបាតុភូតទូទៅមួយនៃអន្តរកម្មរវាងបុគ្គលធម្មតា ដែលមិនបង្កការរំខានណាមួយដល់អ្នកដទៃឡើយ។ ដូច្នេះ វាមិនត្រូវបានចាត់ទុកថាជាការបង្កើតបក្សពួកឡើយ។ ដូច្នេះ តើការបង្កើតបក្សពួកដែលបានលើកឡើងនៅទីនេះ សំដៅលើអ្វី? ឧទាហរណ៍ ក្នុងចំណោមបងប្អូនប្រុសស្រីប្រាំនាក់ដែលកំពុងជួបជុំគ្នា មានបីនាក់ជាអ្នកធ្វើការនៅទីក្រុង និងពីរនាក់ជាកសិករនៅជនបទ។ អ្នកធ្វើការនៅទីក្រុងទាំងបីនាក់នោះជារឿយៗនៅជាមួយគ្នា ដោយនិយាយអំពីជីវិតរស់នៅល្អប្រសើរជាងនៅទីក្រុង និងអាក្រក់ជាងនៅជនបទ ដែលជាកន្លែងមនុស្សខ្វះការអប់រំ ខ្វះការយល់ដឹងទូលំទូលាយ និងមារយាទ។ ពួកគេមើលងាយអ្នកជនបទ ដោយតែងតែនិយាយបែបមើលងាយទៅលើអ្នកជនបទទាំងពីរនាក់នោះ ដែលបន្ទាប់មកមានអារម្មណ៍អាក់អន់ចិត្ត និងចង់ប្រឆាំងនឹងពួកគេ ដោយនិយាយថា អ្នកទីក្រុងជាមនុស្សចិត្តកំណាញ់ និងគិតគូរយ៉ាងល្អិត ចំណែកឯអ្នកជនបទវិញជាមនុស្សចិត្តទូលាយ។ ក្នុងអំឡុងពេលប្រជុំ ពួកគេហាក់ដូចជាមិនដែលយល់ស្របគ្នាសោះ ដែលជារឿយៗនាំឱ្យមានជម្លោះ និងការជជែកវែកញែកដែលមិនចាំបាច់។ តើមនុស្សទាំងប្រាំនាក់នេះចុះសម្រុងគ្នាដោយសុខដុមរមនាដែរឬទេ? តើពួកគេរួបរួមគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេចុះសម្រុងនឹងគ្នាដែរឬទេ? (អត់ទេ។) នៅពេលដែលអ្នកទីក្រុងតែងតែនិយាយថា «ពួកយើងអ្នកទីក្រុង» ហើយអ្នកជនបទតែងតែនិយាយថា «ពួកយើងអ្នកជនបទ» តើពួកគេកំពុងធ្វើអ្វី? (បង្កើតបក្សពួក។) នេះគឺជាបញ្ហាទីបួនដែលយើងនឹងប្រកបគ្នាអំពី៖ ការបង្កើតបក្សពួក។ ទង្វើបង្កើតបក្សពួកបែបនេះ មានន័យថាជាការបង្កើតក្រុម និងបក្សពួក។ ការបង្កើតក្រុម បក្សពួក និងក្រុមផ្សេងទៀត ដោយផ្អែកលើតំបន់ លក្ខខណ្ឌសេដ្ឋកិច្ច និងវណ្ណៈសង្គម ក៏ដូចជាទស្សនៈខុសៗគ្នា គឺជាការបង្កើតបក្សពួក។ ទោះបីជាអ្នកណាជាអ្នកដឹកនាំបក្សពួកទាំងនេះក៏ដោយ ក៏នៅក្នុងពួកជំនុំ ការបង្កើតក្រុម និងបក្សពួកផ្សេងៗគ្នា និងការបង្កើតក្រុមដែលមិនចុះសម្រុងគ្នា គឺជាបាតុភូតនៃការបង្កើតបក្សពួកទាំងអស់។ នៅកន្លែងខ្លះ ពូជពង្សវង្សត្រកូលទាំងមូលជឿលើព្រះជាម្ចាស់ ហើយនៅទីតាំងប្រជុំមួយ ក្រៅពីមនុស្សពីរនាក់ដែលមាននាមត្រកូលខុសគ្នា អ្នកដែលនៅសល់គឺជាសមាជិកគ្រួសាររបស់ពួកគេផ្ទាល់។ គ្រួសារនេះក៏បង្កើតបានជាបក្សពួក ឬក្រុមមួយ ដែលធ្វើឱ្យមនុស្សពីរនាក់ដែលមាននាមត្រកូលខុសគ្នាក្លាយជាអ្នកក្រៅ។ ទោះបីជាអ្នកណានៅក្នុងគ្រួសារនេះប្រឈមនឹងបញ្ហាអ្វី ឬត្រូវបានលួសកាត់ក៏ដោយ ប្រសិនបើមានមនុស្សម្នាក់បញ្ចេញការត្អូញត្អែរ អ្នកដែលនៅសល់ក៏បន្ទរតាមដែរ។ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តផ្ទុយនឹងគោលការណ៍ អ្នកផ្សេងទៀតនឹងបិទបាំង និងលាក់បាំងសកម្មភាពរបស់ពួកគេ ដោយហាមមិនឱ្យនរណាម្នាក់លាតត្រដាងពួកគេឡើយ។ សូម្បីតែការលើកឡើងបន្តិចអំពីបញ្ហានេះមិនអាចទទួលយកបានផង ចុះទម្រាំតែការលួសកាត់ គឺមិនបានឡើយ។ តើបញ្ហានៅទីនេះគឺជាអ្វី? តើអ្នកអាចឈ្វេងយល់ដឹងដែរឬទេ? នៅពេលដែលសមាជិកគ្រួសារទាំងនេះជួបជុំគ្នា ពួកគេគ្រប់គ្នាហាក់ដូចជាគិត និងធ្វើសកម្មភាពដូចគ្នា ដោយចាំមើលខ្យល់បក់ទៅតាមទិសណា និងចាំស្ដាប់ការណែនាំពីមេបក្ស មុនពេលពួកគេនិយាយ។ ប្រសិនបើមេបក្សរបស់ពួកគេមានជំហរណាមួយ អ្នកផ្សេងទៀតនឹងធ្វើតាម ហើយគ្មាននរណាហ៊ានបង្ករឿង ឬបញ្ចេញមតិជំទាស់នឹងពួកគេឡើយ។ តើការកើតឡើងនៃបាតុភូតនេះនៅក្នុងជីវិតពួកជំនុំ មិនមែនជាការបង្អាក់ និងការរំខានដល់សណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំទេឬ? មនុស្សនៅក្នុងក្រុមនេះជាអ្នកបញ្ជាថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គណាដែលត្រូវហូប និងផឹកក្នុងអំឡុងពេលប្រជុំ ហើយមនុស្សគ្រប់គ្នាត្រូវតែស្ដាប់។ សូម្បីតែអ្នកដឹកនាំពួកជំនុំក៏ត្រូវតែទុកមុខឱ្យពួកគេ និងមិនអាចជំទាស់បានដែរ។ ពួកគេប្រកាសថា តើអ្នកណាគួរត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ និងអ្នកធ្វើការ ហើយអ្នកដឹកនាំពួកជំនុំត្រូវតែចាត់ទុកមតិរបស់ពួកគេថាសំខាន់បំផុត និងមិនត្រូវមើលស្រាលឡើយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេបន្តរើស «អ្នកមានទេពកោសល្យ» ដោយទាញអ្នកដែលនឹងស្ដាប់ពួកគេ អ្នកដែលពួកគេអាចទុកចិត្តបាន និងអ្នកដែលមានប្រយោជន៍សម្រាប់ពួកគេ ចូលទៅក្នុងក្រុមរបស់ពួកគេ ដើម្បីប្រើប្រាស់សម្រាប់គោលបំណងរបស់ក្រុម ដោយពង្រីកឥទ្ធិពលរបស់ពួកគេជាបន្តបន្ទាប់។ បក្សពួកនេះមានគោលបំណងគ្រប់គ្រងជីវិតពួកជំនុំ។ មេបក្សរបស់ពួកគេចង់គ្រប់គ្រងពួកជំនុំ។ ក្រុមនេះមានអំណាចយ៉ាងខ្លាំង។ ពួកគេរួមគ្នាជាធ្លុងមួយដើម្បីធ្វើសកម្មភាពនៅក្នុងពួកជំនុំ។ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងពួកជំនុំទេ ពួកគេចង់ចូលរួម។ អ្នកផ្សេងទៀតត្រូវតែមើលទឹកមុខរបស់ពួកគេ មុននឹងនិយាយ ឬចាត់ចែងអ្វីមួយ រហូតដល់ថ្នាក់ដែលខ្លឹមសារនៃការប្រជុំនីមួយៗសម្រាប់ការហូប និងផឹក ត្រូវតែអនុវត្តតាមការរៀបចំ និងបំណងប្រាថ្នារបស់ពួកគេទៀតផង។ សូម្បីតែអ្នកដឹកនាំពួកជំនុំចង់ធ្វើអ្វីមួយ ក៏ត្រូវពិគ្រោះយោបល់ និងស្ដាប់គំនិតរបស់ពួកគេជាមុនសិនដែរ។ បងប្អូនប្រុសស្រីភាគច្រើនត្រូវបានគ្រប់គ្រងដោយពួកគេ ហើយកិច្ចការជាច្រើនរបស់ពួកជំនុំក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេដែរ។ មនុស្សដែលបង្កើតបក្សពួកទាំងនេះ បង្កការបង្អាក់ និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំ។ តើបញ្ហានេះធ្ងន់ធ្ងរដែរឬទេ? តើសកម្មភាពទាំងនេះគួរតែត្រូវបានរឹតត្បិតដែរឬទេ? តើគួរតែត្រូវបានដោះស្រាយដែរឬទេ? មេបក្សនៃបក្សពួកទាំងនេះគួរតែត្រូវបានរឹតត្បិត និងសម្អាតចេញ ឬបណ្ដេញចេញ ចំណែកឯបុគ្គលច្របូកច្របល់ដែលដើរតាមដោយងងឹតងងល់ គួរតែត្រូវបានប្រកបគ្នា និងជួយជាមុនសិន។ ប្រសិនបើពួកគេមិនប្រែចិត្ត ឬកែខ្លួនទេ នោះត្រូវតែរឹតត្បិតពួកគេ។ កុំគួរសមនឹងពួកគេសោះឡើយ!
តើអ្វីទៅជាការបង្កើតបក្សពួក? តើចំណុចនេះងាយយល់ដែរឬទេ? ប្រសិនបើមនុស្សម្នាក់លើកឡើងពីបញ្ហាមួយ ហើយមានមនុស្សជាច្រើននាក់ទៀតឯកភាពតាមមតិរបស់គាត់ តើការនោះរាប់ថាជាការបង្កើតបក្សពួកដែរឬទេ? (អត់ទេ។) ប្រសិនបើបងប្អូនប្រុសស្រីខ្លះ ដែលមានបន្ទុក និងស្មារតីយុត្តិធម៌ខ្លាំងជាង អំពាវនាវឱ្យអ្នកដទៃចូលរួមជាមួយពួកគេក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយ ឬដើម្បីសម្រេចបានលទ្ធផលក្នុងការប្រជុំ និងអាចយល់ពីសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់លើប្រធានបទដ៏សំខាន់មួយ ប្រសិនបើពួកគេដឹកនាំមនុស្សគ្រប់គ្នាក្នុងការប្រកបគ្នា ហើយមនុស្សគ្រប់គ្នាធ្វើតាមគំនិតរបស់ពួកគេក្នុងការប្រកបគ្នា និងអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើនេះរាប់ថាជាការបង្កើតបក្សពួកដែរឬទេ? (អត់ទេ។) នៅក្នុងពួកជំនុំ តើមនុស្សណាខ្លះដែលងាយនឹងបង្កើតបក្សពួក? តើអាកប្បកិរិយាបែបណាខ្លះដែលចាត់ទុកថាជាការបង្កើតបក្សពួក? (មនុស្សជាច្រើននាក់បិទបាំង និងបណ្ដោយឱ្យគ្នាទៅវិញទៅមក ឬចូលរួមក្នុងសេចក្ដីច្រណែន និងការឈ្លោះប្រកែកគ្នា ដែលទាំងអស់នេះបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ពោលគឺនេះហើយជាការបង្កើតបក្សពួកនោះ។) នេះគឺជាទិដ្ឋភាពមួយ។ តើអ្វីទៅជាចំណុចគន្លឹះនៅត្រង់នេះ? ការបិទបាំង និងការបណ្ដោយឱ្យគ្នាទៅវិញទៅមក នាំឱ្យមានការបង្អាក់ និងការរំខាន។ ដោយដឹងថាការធ្វើអ្វីមួយគឺខុស ហើយមិនស្របតាមគោលការណ៍សេចក្ដីពិត ប៉ុន្តែនៅតែបន្តមានចេតនាលាក់បាំង ជជែកវែកញែករកហេតុផលការពារខ្លួន និងមិននិយាយការពិត សុខចិត្តធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារមុខមាត់ និងឋានៈរបស់ខ្លួន និងបិទបាំងឱ្យអស់អ្នកដែលធ្វើអាក្រក់ និងបង្កការបង្អាក់ និងការរំខាន ទោះបីជាត្រូវក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ពោលគឺនេះហើយជាការបង្កើតបក្សពួក។ សេណារីយ៉ូមួយទៀតគឺការញុះញង់ និងអូសទាញមនុស្សឱ្យរួមគ្នាប្រឆាំងទាស់នឹងការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់។ រឿងនេះធ្ងន់ធ្ងរណាស់ ហើយវាក៏ជាទម្រង់មួយនៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំផងដែរ។ តើអ្វីទៅជាគោលបំណងចម្បងនៃការបង្កើតបក្សពួក? គឺដើម្បីគ្រប់គ្រងពួកជំនុំ និងគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។
មានការបង្កើតបក្សពួកមួយប្រភេទទៀត គឺការនិយាយយកចិត្តមនុស្ស ដើម្បីទាក់ទាញបុគ្គលផ្សេងៗ។ បើមើលពីខាងក្រៅ ហាក់ដូចជាមនុស្សគ្រប់គ្នានៅក្នុងក្រុមប្រភេទនេះអាចនិយាយដោយសេរី និងបញ្ចេញមតិរៀងៗខ្លួនបាន។ ក៏ប៉ុន្តែ ដោយមើលលើលទ្ធផលចុងក្រោយ អ្នកអាចឃើញថា តាមពិតទៅ ពួកគេកំពុងតែស្ដាប់តាមសម្ដីរបស់បុគ្គលម្នាក់ដែលបុគ្គលនោះគឺជាត្រីវិស័យរបស់ពួកគេ។ ដូច្នេះ តើបុគ្គលនោះទាក់ទាញអ្នកដទៃឱ្យមកខាងខ្លួនដោយរបៀបណា? ពួកគេមើលថា តើអ្នកណាដែលពួកគេអាចទាក់ទាញបាន និងអ្នកណាដែលងាយនឹងទាក់ទាញ ហើយពួកគេធ្វើអំពើល្អតូចៗ និងផ្ដល់ជំនួយប្រកបដោយក្ដីស្រឡាញ់បន្តិចបន្តួចដល់ពួកគេ។ បន្ទាប់មក ពួកគេលបស៊ើបពីចិត្តគំនិតរបស់បុគ្គលនោះ ដោយស្វែងយល់ពីអ្វីដែលគេចូលចិត្ត របៀបដែលគេចូលចិត្តនិយាយ បុគ្គលិកលក្ខណៈ និងចំណូលចិត្តរបស់គេ។ ក្នុងពេលជាមួយគ្នានេះ ពួកគេយល់ស្របជារឿយៗជាមួយបុគ្គលនោះក្នុងការសន្ទនា ដើម្បីទទួលបានការទុកចិត្តរបស់គេ ហើយនៅទីបំផុត ពួកគេ «ផ្លាស់ប្ដូរ» ការគិតរបស់បុគ្គលនោះបន្តិចម្ដងៗ ដែលធ្វើឱ្យគេចូលក្នុងបក្សពួករបស់ខ្លួន និងក្លាយជាសមាជិកក្នុងក្រុមរបស់ខ្លួនដោយមិនដឹងខ្លួន។ ជាទូទៅ ការនិយាយយកចិត្តមនុស្សដើម្បីទាក់ទាញពួកគេ គឺជាវិធីសាស្រ្តដ៏ទន់ភ្លន់មួយ វាពោរពេញទៅដោយ «ភាពកក់ក្ដៅពីមនុស្ស» ហើយវាមានប្រសិទ្ធភាពណាស់។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់បង្ហាញសេចក្ដីស្រឡាញ់ជាប្រចាំដល់បុគ្គលម្នាក់ទៀត យល់ស្របជាមួយគេក្នុងការសន្ទនា និងបង្ហាញការយោគយល់ និងការអត់ឱនចំពោះគេ បុគ្គលនោះនឹងមានចំណាប់អារម្មណ៍ល្អចំពោះពួកគេដោយមិនដឹងខ្លួន ហើយចូលកាន់តែជិតពួកគេ ហើយបន្ទាប់មកនឹងត្រូវបានបញ្ចូលជាបក្សពួករបស់ពួកគេ។ តើក្រុម និងបក្សពួកបែបនេះមានឥទ្ធិពលនៅក្នុងស្ថានភាពអ្វីខ្លះ? នៅពេលណាបក្សពួកដ៏ស្មោះស្ម័គ្រម្នាក់របស់ពួកគេត្រូវបានលាតត្រដាង មានអារម្មណ៍ថាអយុត្តិធម៌ ឬផលប្រយោជន៍ ឋានៈ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវបានរំខាន ឬខូចខាតដោយអ្វីមួយ ឬនរណាម្នាក់នៅក្រៅបក្សពួករបស់ពួកគេ មនុស្សប្រភេទនេះនឹងក្រោកឈរឡើងនិយាយការពារពួកគេ ដោយតយុទ្ធដើម្បីផលប្រយោជន៍ និងសិទ្ធិរបស់ពួកគេ។ នេះហើយជាការបង្កើតបក្សពួករបស់ពួកគេ។ ការបង្កើតបក្សពួកពីរប្រភេទដែលជាក់ស្ដែងគឺ ការបិទបាំងមនុស្ស និងការបណ្ដោយឱ្យពួកគេ ព្រមទាំងការប្រឆាំងរួមគ្នា។ ក៏ប៉ុន្តែ ការបង្កើតបក្សពួកតាមរយៈការនិយាយយកចិត្ត ហាក់ដូចជាមិនមានកម្លាំងខ្លាំងដូចពីរប្រភេទដែលបានរៀបរាប់ខាងលើនេះទេ ហើយសមាជិកនៃបក្សពួកបែបនេះ ជានិច្ចកាលមិនត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងពួកជំនុំឡើយ។ ប៉ុន្តែនៅពេលដល់ពេលដែលមនុស្សត្រូវធ្វើការជ្រើសរើស ត្រូវមានជំហរច្បាស់លាស់ បក្សពួកបែបនេះនឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់។ ឧទាហរណ៍ ប្រសិនបើមេបក្សនិយាយថា អ្នកដឹកនាំពួកជំនុំម្នាក់មានគុណសម្បត្តិ នោះអ្នកដើរតាមរបស់ពួកគេនឹងលើកឡើងភ្លាមៗនូវឧទាហរណ៍ជាច្រើនអំពីរបៀបដែលអ្នកដឹកនាំនោះបង្ហាញពីគុណសម្បត្តិនេះ។ ប្រសិនបើមេបក្សនិយាយថា អ្នកដឹកនាំពួកជំនុំខ្វះសមត្ថភាពការងារ មានគុណសម្បត្តិអន់ និងមានភាពជាមនុស្សមិនល្អ សមាជិកផ្សេងទៀតនឹងធ្វើតាម ដោយនិយាយអំពីរបៀបដែលអ្នកដឹកនាំពួកជំនុំនោះគ្មានសមត្ថភាព របៀបដែលពួកគេមិនអាចប្រកបគ្នាអំពីសេចក្ដីពិតបាន របៀបដែលពួកគេនិយាយពាក្យពេចន៍ និងគោលលទ្ធិ ហើយពួកគេនឹងនិយាយថា មនុស្សគ្រប់គ្នាគួរតែជ្រើសរើសមនុស្សដែលត្រឹមត្រូវវិញ។ នេះគឺជាប្រភេទនៃបក្សពួកដែលមើលមិនឃើញ។ ទោះបីជាពួកគេមិនចេញមុខជាសាធារណៈដើម្បីដណ្ដើមអំណាច និងគ្រប់គ្រងមនុស្សនៅក្នុងពួកជំនុំក៏ដោយ ក៏មានកម្លាំងដែលមើលមិនឃើញមួយនៅក្នុងបក្សពួក និងក្រុមបែបនេះ ដែលគ្រប់គ្រងជីវិតពួកជំនុំ និងសណ្ដាប់ធ្នាប់របស់ពួកជំនុំ។ នេះគឺជាទម្រង់នៃការបង្កើតបក្សពួកដែលលាក់កំបាំង និងគួរឱ្យខ្លាចជាង។ ក្រៅពីស្ថានភាពនៃការបង្កើតបក្សពួកពីរប្រភេទដែលងាយនឹងសម្គាល់បាន ដែលបានរៀបរាប់ពីមុន ដែលជាបញ្ហាដែលអ្នកដឹកនាំពួកជំនុំគួរតែដោះស្រាយ ការបង្កើតបក្សពួកដែលលាក់កំបាំងនេះ គឺជាបញ្ហាដែលអ្នកដឹកនាំពួកជំនុំរឹតតែត្រូវដោះស្រាយ និងចាត់ការ។ តើពួកគេគួរតែដោះស្រាយបញ្ហានេះដោយរបៀបណា? ពួកគេត្រូវតែដោះស្រាយដោយផ្ទាល់ជាមួយមេបក្សនៃក្រុមប្រភេទនេះ តាមរយៈការប្រកបគ្នា។ ហេតុអ្វីបានជាត្រូវផ្ដោតលើការប្រកបគ្នាជាមួយមេបក្សនេះជាមុន? បើមើលពីខាងក្រៅ ហាក់ដូចជាសមាជិកនៃបក្សពួកបែបនេះមិនត្រូវបានគ្រប់គ្រងដោយនរណាម្នាក់ទេ ប៉ុន្តែតាមពិតទៅ ពួកគេទាំងអស់គ្នាដឹងយ៉ាងច្បាស់នៅក្នុងចិត្តថា តើពួកគេស្ដាប់បង្គាប់អ្នកណា ហើយក៏ចង់ស្ដាប់បង្គាប់បុគ្គលនោះដែរ។ ដូច្នេះ អ្នកដែលពួកគេលើកតម្កើង និងដែលគ្រប់គ្រងពួកគេ គួរតែត្រូវបានចាត់ការ និងដោះស្រាយ ហើយសេចក្ដីពិតគួរតែត្រូវបានប្រកបគ្នាជាមួយពួកគេ ដើម្បីឱ្យពួកគេយល់ពីធម្មជាតិនៃសកម្មភាពរបស់ពួកគេ។ ទោះបីជាមេបក្សនោះ អាចមិនបានប្រឆាំងដោយចំហចំពោះដំណាក់របស់ព្រះជាម្ចាស់ ឬស្រែកតវ៉ាប្រឆាំងនឹងអ្នកដឹកនាំក៏ដោយ ក៏ពួកគេគ្រប់គ្រងសិទ្ធិក្នុងការនិយាយរបស់មនុស្សទាំងនេះ គ្រប់គ្រងគំនិត ទស្សនៈ និងផ្លូវដែលពួកគេដើរតាមដែរ។ ពួកគេគឺជាអាទទឹងនឹងព្រះគ្រីស្ទដែលលាក់កំបាំង។ ត្រូវតែរកឱ្យឃើញបុគ្គលបែបនេះ បន្ទាប់មកត្រូវសម្គាល់ និងវែកញែក។ ប្រសិនបើពួកគេមិនប្រែចិត្តទេ គួរតែរឹតត្បិត និងដាក់ពួកគេឱ្យនៅដាច់ដោយឡែក។ បន្ទាប់មក ត្រូវធ្វើការស៊ើបអង្កេតលើសមាជិកម្នាក់ៗរបស់ពួកគេ ដើម្បីមើលថា តើអ្នកណាក្នុងចំណោមពួកគេជាមនុស្សប្រភេទដូចគ្នា។ ជាដំបូង ត្រូវញែកបុគ្គលទាំងនេះចេញ រួចហើយប្រកបគ្នាជាមួយបុគ្គលច្របូកច្របល់ ដែលមឹះៗ កំសាក និងវង្វេង។ ប្រសិនបើពួកគេអាចប្រែចិត្ត និងលះបង់ការដើរតាមអាទទឹងនឹងព្រះគ្រីស្ទ ពួកគេអាចនៅក្នុងពួកជំនុំបាន។ បើមិនដូច្នោះទេ ពួកគេគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ តើនេះជាវិធីសាស្រ្តដែលសមរម្យដែរឬទេ? (សមរម្យ។) តើបាតុភូតនេះមាននៅក្នុងពួកជំនុំដែរឬទេ? តើបញ្ហាបែបនេះគួរតែត្រូវបានដោះស្រាយដែរឬទេ? (ត្រូវតែដោះស្រាយ។) ហេតុអ្វីបានជាវាគួរតែត្រូវបានដោះស្រាយ? ចាប់តាំងពីដំណាក់របស់ព្រះជាម្ចាស់បានចាប់ផ្ដើមផ្សាយដំណឹងល្អមក កម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទមាននៅគ្រប់ទីកន្លែងនៅក្នុងជីវិតពួកជំនុំ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើនត្រូវបានរងប៉ះពាល់ ត្រូវបានដាក់កំហិត ឬត្រូវបានគ្រប់គ្រងដោយកម្លាំងទាំងនេះក្នុងកម្រិតផ្សេងៗគ្នា។ នៅពេលណាដែលមនុស្សទាំងនេះនិយាយ ឬធ្វើសកម្មភាព ពួកគេមិនស្ថិតនៅក្នុងស្ថានភាពនៃសេរីភាព និងការរំដោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវបានគេអូសទាញ រងឥទ្ធិពល គ្រប់គ្រង និងជាប់ចំណងដោយគំនិត និងទស្សនៈរបស់បុគ្គលមួយចំនួន។ មនុស្សទាំងនេះមានអារម្មណ៍ថាត្រូវបង្ខំឱ្យនិយាយ និងធ្វើសកម្មភាពតាមរបៀបជាក់លាក់។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ ពួកគេព្រួយបារម្ភ និងខ្លាចទទួលរងនូវផលវិបាកដែលកើតឡើង។ តើការនេះមិនបានប៉ះពាល់ និងរំខានដល់ជីវិតពួកជំនុំទេឬ? តើនេះជាការសម្ដែងចេញនៃជីវិតពួកជំនុំធម្មតាដែរឬទេ? (អត់ទេ។) ជីវិតពួកជំនុំប្រភេទនេះមិនមែនជាសណ្ដាប់ធ្នាប់ធម្មតាទេ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយមនុស្សអាក្រក់។ ដរាបណាមនុស្សអាក្រក់កាន់អំណាចនៅក្នុងពួកជំនុំ នោះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតដែលគ្រប់គ្រងនៅទីនោះឡើយ។ អ្នកដឹកនាំ អ្នកធ្វើការ និងបងប្អូនប្រុសស្រីដែលយល់ពីសេចក្ដីពិត នឹងត្រូវគេជិះជាន់។ ពួកជំនុំបែបនេះគឺជាពួកជំនុំដែលត្រូវបានគ្រប់គ្រងដោយកម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទ។ នេះក៏ជាបញ្ហា និងបាតុភូតមួយដែលកិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំត្រូវបានបង្អាក់ និងរំខាន ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែដោះស្រាយ និងចាត់ការ។ មនុស្សមួយចំនួនដែលនៅក្នុងក្រុមរបស់អាទទឹងនឹងព្រះគ្រីស្ទ ខ្លាចបាត់បង់ទំនុកចិត្តពីក្រុមរបស់ពួកគេ ខ្លាចបាត់បង់អ្នកគាំទ្រ ខ្លាចបាត់បង់មិត្តភក្តិ គ្មានការគាំទ្រនៅពេលត្រូវការ ជាដើម។ ដូច្នេះ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីបន្តតោងទាមនៅក្នុងក្រុមនោះ។ តើស្ថានភាពនេះមិនធ្ងន់ធ្ងរទេឬ? តើវាមិនគួរត្រូវបានដោះស្រាយទេឬ? (ត្រូវតែដោះស្រាយ។) នៅពេលដែលស្ថានភាពបែបនេះកើតឡើងនៅក្នុងពួកជំនុំ តើមនុស្សភាគច្រើនមានអារម្មណ៍ដឹងដែរឬទេ? តើមនុស្សភាគច្រើនសម្គាល់ដឹងដែរឬទេ? មនុស្សមួយចំនួនត្រូវបានគ្រប់គ្រងដោយនរណាម្នាក់ដោយមិនដឹងខ្លួន ពួកគេតែងតែត្រូវធ្វើតាមគំនិត និងទស្សនៈ សម្ដី និងសកម្មភាព ការបង្រៀនរបស់បុគ្គលនោះ ហើយពួកគេខ្លាចក្នុងការនិយាយថា «ទេ» ខ្លាចក្នុងការប្រឆាំងនឹងបុគ្គលនោះ ហើយថែមទាំងត្រូវធ្វើពុតជាងក់ក្បាលយល់ស្រប និងញញឹមដោយមិនស្មោះត្រង់នៅពេលបុគ្គលនោះនិយាយ ដោយខ្លាចធ្វើឱ្យបុគ្គលនោះអាក់អន់ចិត្តទៀតផង។ តើមានស្ថានភាពបែបនេះដែរឬទេ? តើអ្វីទៅជាបញ្ហាដែលគួរតែត្រូវបានដោះស្រាយនៅទីនេះ? អ្នកដឹកនាំពួកជំនុំគួរតែដោះស្រាយ និងចាត់ការមេបក្សអាទទឹងនឹងព្រះគ្រីស្ទនោះ ដែលមានសមត្ថភាពគ្រប់គ្រង និងបំភាន់អ្នកដទៃ។ ជាដំបូង ពួកគេគួរតែប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីឱ្យមនុស្សភាគច្រើនអាចសម្គាល់អាទទឹងនឹងព្រះគ្រីស្ទនេះបាន បន្ទាប់មករឹតត្បិតលើអាទទឹងនឹងព្រះគ្រីស្ទនោះផ្ទាល់។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទមិនប្រែចិត្តទេ គួរតែសម្អាតពួកគេចេញភ្លាមៗ ដើម្បីកុំឱ្យពួកគេបន្តរំខានដល់សណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។
សរុបមក នៅក្នុងជីវិតពួកជំនុំធម្មតា បងប្អូនប្រុសស្រីគួរតែអាចប្រកបគ្នាដោយសេរី និងគ្មានការរឹតត្បិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាអំពីការយល់ឃើញ ការយល់ដឹង បទពិសោធន៍ និងការលំបាកផ្ទាល់ខ្លួនរបស់ពួកគេ។ ជាការពិតណាស់ ពួកគេក៏គួរតែមានសិទ្ធិក្នុងការផ្ដល់យោបល់ រិះគន់ និងលាតត្រដាងនូវសកម្មភាពណាមួយរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលបំពានលើគោលការណ៍ ព្រមទាំងមានសិទ្ធិក្នុងការផ្ដល់ជំនួយ និងដំបូន្មានផងដែរ។ ទាំងអស់នេះគួរតែមានសេរីភាព ហើយទិដ្ឋភាពទាំងអស់នេះគួរតែជារឿងធម្មតា។ ពួកគេមិនគួរត្រូវបានគ្រប់គ្រងដោយបុគ្គលណាម្នាក់ ដែលនាំឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរឹតត្បិតឡើយ។ នោះមិនមែនជាជីវិតពួកជំនុំធម្មតាទេ។ ដំណាក់របស់ព្រះជាម្ចាស់មានសេចក្ដីតម្រូវ បទបញ្ញត្តិ និងគោលការណ៍អំពីរបៀបដែលបងប្អូនប្រុសស្រីគួរតែនិយាយស្ដី និងប្រព្រឹត្តខ្លួន និងរបៀបដែលពួកគេគួរតែបង្កើតទំនាក់ទំនងរវាងបុគ្គលធម្មតានៅក្នុងជីវិតពួកជំនុំ ជាដើម ហើយរឿងទាំងនេះមិនត្រូវបានកំណត់ដោយបុគ្គលណាម្នាក់ឡើយ។ នៅពេលដែលបងប្អូនប្រុសស្រីធ្វើអ្វីមួយ ពួកគេមិនចាំបាច់មើលទឹកមុខរបស់បុគ្គលណាម្នាក់ឡើយ ពួកគេមិនចាំបាច់ធ្វើតាមបញ្ជារបស់បុគ្គលណាម្នាក់ ឬត្រូវបានរឹតត្បិតដោយបុគ្គលណាម្នាក់ឡើយ។ គ្មាននរណាម្នាក់គួរធ្វើជាអ្នកបង្ហាញទិសដៅ ឬអ្នកកាន់ចង្កូតឡើយ។ វត្ថុតែមួយគត់ដែលអាចផ្ដល់ទិសដៅបានគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីពិត។ ដូច្នេះ អ្វីដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែប្រកាន់ខ្ជាប់គឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងគោលការណ៍នៃការប្រកបគ្នាអំពីសេចក្ដីពិតនៅពេលប្រជុំ។ ប្រសិនបើអ្នកតែងតែត្រូវបានរឹតត្បិតដោយបុគ្គលម្នាក់ទៀត តែងតែចាំមើលទឹកមុខគេ ហើយលែងហ៊ាននិយាយបន្តនៅពេលដែលអ្នកឃើញទឹកមុខមិនពេញចិត្ត ឬមុខក្រញូវរបស់គេ ប្រសិនបើអ្នកតែងតែត្រូវបានរឹតត្បិតដោយបុគ្គលនោះនៅពេលកំពុងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអំពីការយល់ដឹងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក តែងតែរងអារម្មណ៍រឹតត្បិត មិនអាចប្រព្រឹត្តតាមគោលការណ៍សេចក្ដីពិតបាន ហើយប្រសិនបើសម្ដី រូបរាង ទឹកមុខ សំឡេង និងសម្ដីគំរាមកំហែងរបស់បុគ្គលនោះចងរឹតអ្នកជានិច្ច នោះអ្នកកំពុងតែត្រូវបានគ្រប់គ្រងនៅក្នុងបក្សពួកមួយដែលដឹកនាំដោយបុគ្គលនេះហើយ។ នេះគឺជាបញ្ហាហើយ។ នេះមិនមែនជាជីវិតពួកជំនុំទេ ប៉ុន្តែជាជីវិតនៃបក្សពួកមួយដែលគ្រប់គ្រងដោយអាទទឹងនឹងព្រះគ្រីស្ទ។ ចំពោះបញ្ហាប្រភេទនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចេញមុខមកដោះស្រាយ ហើយបងប្អូនប្រុសស្រីក៏មានកាតព្វកិច្ច និងសិទ្ធិក្នុងការការពារសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំផងដែរ។ អស់អ្នកដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ ជាពិសេសអស់អ្នកដែលបង្កើតបក្សពួក និងចង់គ្រប់គ្រងពួកជំនុំ គួរតែត្រូវបានបញ្ឈប់ លាតត្រដាង និងវែកញែកឱ្យឃើញពីសារជាតិពិត ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមានការឈ្វេងយល់ដឹង និងមើលធ្លុះដល់សារជាតិនៃបញ្ហា ដែលជាការប៉ុនប៉ងបង្កើតនគរឯករាជ្យមួយ។ ពួកជំនុំមិនអនុញ្ញាតឱ្យមានការបង្កើតបក្សពួក និងការបំបែកបំបាក់ពួកជំនុំដោយហេតុផលណាមួយឡើយ។ ឧទាហរណ៍ ការបែងចែកជាក្រុមដោយផ្អែកលើអត្តសញ្ញាណ និងឋានៈសង្គម សង្កាត់ តំបន់ ឬនិកាយសាសនា ឬការបែងចែកជាក្រុមដោយផ្អែកលើកម្រិតនៃការអប់រំ ទ្រព្យសម្បត្តិ ពូជសាសន៍ និងពណ៌សម្បុរ ជាដើម ទាំងអស់នេះគឺប្រឆាំងនឹងគោលការណ៍សេចក្ដីពិត ហើយមិនគួរកើតមាននៅក្នុងពួកជំនុំឡើយ។ មិនថាគេប្រើលេសអ្វីក្នុងការបែងចែកមនុស្សជាឋានានុក្រម ឋានៈ បក្សពួក និងក្រុមតូចៗនោះទេ វានឹងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ ហើយវាជាបញ្ហាដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែដោះស្រាយភ្លាមៗ។ សរុបសេចក្ដីមក ទោះបីជាហេតុផលនៃការបែងចែកមនុស្សជាបក្សពួក ក្រុម ឬក្រុមតូចៗយ៉ាងណាក៏ដោយ ប្រសិនបើពួកគេប្រមូលបានកម្លាំងជាក់លាក់មួយ ហើយពួកគេបង្កជាការរំខានដល់កិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំ ពួកគេគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ ប្រសិនបើពួកគេមិនព្រមស្ដាប់តាមទេ មនុស្សអាក្រក់ទាំងនេះអាចត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងសម្អាតចេញ។ ការចាត់ការបញ្ហាទាំងនេះក៏ជាផ្នែកមួយនៃកិច្ចការ និងទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញផងដែរ។ ដូច្នេះ តើអ្វីដែលត្រូវយល់នៅទីនេះ? គឺថានៅពេលដែលមនុស្សមួយចំនួនបានបង្កើតជាកម្លាំងនៅក្នុងពួកជំនុំ ហើយមានសមត្ថភាពប្រជែង និងប្រឆាំងនឹងអ្នកដឹកនាំពួកជំនុំ កិច្ចការរបស់ពួកជំនុំ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានសមត្ថភាពរំខាន និងបំផ្លាញសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ អាកប្បកិរិយា ការសម្ដែងចេញ និងស្ថានភាពបែបនេះគួរតែត្រូវបានរឹតត្បិត និងចាត់ការភ្លាមៗ។ ការបង្កើតបក្សពួក មិនមែនអាស្រ័យលើចំនួនមនុស្សច្រើនឬតិចនោះទេ។ ប្រសិនបើមនុស្សពីរនាក់ចុះសម្រុងនឹងគ្នាបានល្អ ហើយមិនបង្កការរំខានណាមួយដល់ពួកជំនុំទេ នោះមិនចាំបាច់លូកដៃឡើយ។ ក៏ប៉ុន្តែ នៅពេលដែលពួកគេចាប់ផ្ដើមបង្កការរំខាន និងបង្កើតជាកម្លាំងមួយដើម្បីគ្រប់គ្រងពួកជំនុំ បុគ្គលទាំងនេះគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិត។ ប្រសិនបើពួកគេមិនប្រែចិត្តទេ គួរតែសម្អាត ឬបណ្ដេញពួកគេចេញភ្លាមៗ។ នេះគឺជាគោលការណ៍។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១