ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីបួន)
មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
VIII. ការផ្សព្វផ្សាយសញ្ញាណ
ក. ការសម្ដែងចេញអំពីការផ្សព្វផ្សាយសញ្ញាណ
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីការទទួលខុសត្រូវទីដប់ពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ ចំពោះបញ្ហានៃការបង្អាក់ និងការរំខានផ្សេងៗដែលកើតឡើងនៅក្នុងជីវិតពួកជំនុំ យើងបានលើកឡើងចំនួនដប់មួយចំណុច។ លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំពីរ៖ ការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីប្រាំបី៖ ការផ្សព្វផ្សាយសញ្ញាណ។ ការផ្សព្វផ្សាយសញ្ញាណ ក៏កើតឡើងជារឿយៗដែរនៅក្នុងជីវិតពួកជំនុំ។ មនុស្សមួយចំនួន ដែលមិនទទួលយកសេចក្ដីពិតសោះ ជឿលើព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ហើយជារឿយៗពួកគេផ្សព្វផ្សាយសញ្ញាណខ្លះៗដើម្បីរំខានដល់ជីវិតពួកជំនុំ។ ពួកជំនុំត្រូវតែរឹតត្បិតទង្វើនេះ ហើយដោះស្រាយវា តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិតនៅក្នុងជីវិតពួកជំនុំ។ បើមើលតាមន័យត្រង់ នរណាក៏អាចឃើញដែរថា ការផ្សព្វផ្សាយសញ្ញាណមិនមែនជាទង្វើត្រឹមត្រូវឡើយ វាមិនមែនជារឿងវិជ្ជមានទេ តែជារឿងអវិជ្ជមាន។ ហេតុនេះ វាគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតនៅក្នុងជីវិតពួកជំនុំ។ មិនថាអ្នកដែលផ្សព្វផ្សាយសញ្ញាណជាមនុស្សប្រភេទណានោះទេ មិនថាពួកគេមានបំណងអ្វីឡើយ ទោះបីជាពួកគេផ្សព្វផ្សាយសញ្ញាណដោយចេតនា ឬដោយអចេតនាក្ដី ឱ្យតែពួកគេផ្សព្វផ្សាយសញ្ញាណ វានឹងបង្អាក់ និងរំខានដល់ជីវិតពួកជំនុំមិនខាន ដោយបង្កឱ្យមានផលប៉ះពាល់មិនល្អ។ ហេតុនេះ ត្រូវតែរឹតត្បិតបញ្ហានេះឱ្យបានមួយរយភាគរយ។ មិនថាមើលពីជ្រុងណានោះទេ ការផ្សព្វផ្សាយសញ្ញាណមិនអាចផ្ដល់ផលវិជ្ជមានដល់ការដេញតាមសេចក្ដីពិត ការដេញតាមការស្គាល់ព្រះជាម្ចាស់ ឬការចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់មនុស្សបានឡើយ វាមានតែបង្កការរំខាន និងការបំផ្លាញដល់រឿងទាំងនេះប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលមាននរណាម្នាក់ផ្សព្វផ្សាយសញ្ញាណនៅក្នុងជីវិតពួកជំនុំ មនុស្សគ្រប់គ្នា មិនថាជាអ្នកដឹកនាំពួកជំនុំ ឬបងប្អូនប្រុសស្រីឡើយ គួរតែចេះសម្គាល់ចំពោះរឿងនេះ ហើយចេញមុខជាបន្ទាន់ដើម្បីបញ្ឈប់ និងរឹតត្បិតបុគ្គលនោះ ជំនួសឱ្យការបណ្ដែតបណ្ដោយទាំងងងឹតងងល់ឱ្យពួកគេផ្សព្វផ្សាយសញ្ញាណ ដើម្បីបំភាន់ និងរំខានអ្នកដទៃ។ ចូរយើងប្រកបគ្នាជាមុនសិនថា តើពាក្យសម្ដីបែបណាខ្លះដែលចាត់ទុកជាការផ្សព្វផ្សាយសញ្ញាណ។ ដោយមានការចេះសម្គាល់នេះ មនុស្សអាចកំណត់និយមន័យបានយ៉ាងត្រឹមត្រូវថា អ្វីទៅជាការផ្សព្វផ្សាយសញ្ញាណ ហើយក៏អាចបញ្ឈប់ និងរឹតត្បិតវាបានយ៉ាងត្រឹមត្រូវផងដែរ ជំនួសឱ្យការធ្វើមិនដឹងមិនឮ និងការព្រងើយកន្តើយចំពោះរឿងនេះ។
១. ការផ្សព្វផ្សាយសញ្ញាណអំពីព្រះជាម្ចាស់
ការផ្សព្វផ្សាយសញ្ញាណគឺមានគោលដៅរបស់វា។ ជាដំបូង យើងត្រូវមើលថាតើវាសំដៅលើអ្នកណា ហើយសញ្ញាណអ្វីខ្លះដែលកំពុងត្រូវបានផ្សព្វផ្សាយ។ ការយល់អំពីចំណុចទាំងនេះ នឹងជួយឱ្យអ្នកដឹងថា តើពាក្យសម្ដីអ្វីខ្លះដែលមនុស្សនិយាយ និងទស្សនៈអ្វីខ្លះដែលមនុស្សផ្សព្វផ្សាយ គឺជាសញ្ញាណ។ ការដឹងថាពាក្យសម្ដីអ្វីខ្លះជាសញ្ញាណរបស់មនុស្ស និងទង្វើអ្វីខ្លះជាការផ្សព្វផ្សាយសញ្ញាណ នឹងធ្វើឱ្យមនុស្សអាចរឹតត្បិតការផ្សព្វផ្សាយសញ្ញាណបានកាន់តែត្រឹមត្រូវ និងកាន់តែចំគោលដៅ។ ជាដំបូង និងសំខាន់បំផុត ការផ្សព្វផ្សាយសញ្ញាណដ៏ធ្ងន់ធ្ងរបំផុត គឺពាក់ព័ន្ធនឹងគំនិត និងការយល់ច្រឡំរបស់មនុស្សចំពោះព្រះជាម្ចាស់។ នេះគឺជាប្រភេទដ៏ធំមួយ។ ការផ្សព្វផ្សាយទស្សនៈ និងពាក្យសម្ដីដែលមិនស្របតាមការពិត អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងអត្ថិភាពរបស់ព្រះជាម្ចាស់ សុទ្ធតែជាការផ្សព្វផ្សាយសញ្ញាណទាំងអស់។ នេះគឺជាសេចក្ដីថ្លែងជាទូទៅប៉ុណ្ណោះ។ បើនិយាយឱ្យចំ តើពាក្យសម្ដីបែបណាខ្លះ ជាការផ្សព្វផ្សាយសញ្ញាណ? ការផ្សព្វផ្សាយការយល់ច្រឡំចំពោះព្រះជាម្ចាស់ ការវិនិច្ឆ័យ និងការថ្កោលទោសចំពោះព្រះជាម្ចាស់ ហើយសូម្បីតែការប្រមាថទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាការផ្សព្វផ្សាយសញ្ញាណទាំងអស់។ និយាយឱ្យសាមញ្ញ ការផ្សព្វផ្សាយការយល់ដឹងអំពីព្រះជាម្ចាស់ដែលមិនស្របតាមតថភាព និងពាក្យសម្ដី ព្រមទាំងការបកស្រាយខុស ដែលមិនស្របតាមអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ សុទ្ធតែជាការផ្សព្វផ្សាយសញ្ញាណទាំងអស់។ ឧទាហរណ៍៖ នៅក្នុងជីវិតពួកជំនុំ មនុស្សមួយចំនួននិយាយជាញឹកញាប់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះជាម្ចាស់។ ពួកគេគ្មានការយល់ដឹងពិតប្រាកដអំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេសង្ស័យ និងយល់ច្រឡំជាញឹកញាប់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្ត ដោយមិនអាចចុះចូលនឹងបរិយាកាសនៃការរស់នៅ និងបរិយាកាសនៃការបំពេញភារកិច្ចដែលព្រះជាម្ចាស់ចាត់ចែងឱ្យពួកគេ ជាដើម។ បន្ទាប់មក ពួកគេក៏ផ្សព្វផ្សាយការយល់ច្រឡំរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងគំនិតរបស់ខ្លួនដែលមិនយល់ពីព្រះជាម្ចាស់។ សរុបមក គំនិតទាំងនេះមិនមែនជាការទទួលយក និងការចុះចូលចំពោះអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ក្នុងឋានៈជាមនុស្សដែលត្រូវបានបង្កើតមកនោះទេ ផ្ទុយទៅវិញ វាពោរពេញទៅដោយគំនិតប្រកាន់ផ្ទាល់ខ្លួន ការយល់ច្រឡំ និងសូម្បីតែការវិនិច្ឆ័យ និងការថ្កោលទោស។ បន្ទាប់ពីបានឮរឿងទាំងនេះហើយ មនុស្សក៏កើតមានការយល់ច្រឡំចំពោះព្រះជាម្ចាស់ និងមានចិត្តការពារខ្លួនចំពោះទ្រង់ ដែលនាំឱ្យបាត់បង់សេចក្ដីជំនឿពិតលើព្រះជាម្ចាស់ កុំថាឡើយមានការចុះចូលដ៏ពិតប្រាកដនោះ។
មនុស្សខ្លះគិតថា ការជឿលើព្រះជាម្ចាស់ គឺត្រូវតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ហើយថាប្រសិនបើពួកគេជួបប្រទះនឹងស្ថានការណ៍អ្វីមួយ ពួកគេគ្រាន់តែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្ទៀងព្រះកាណ៌សណ្ដាប់ ប្រទានព្រះគុណ និងព្រះពរដល់ពួកគេ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយសុខសាន្ត និងរលូនសម្រាប់ពួកគេ។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកព្រះគុណ ទទួលបានព្រះពរ និងសោយសុខនឹងសេចក្ដីសុខសាន្ត និងសេចក្ដីសប្បាយរីករាយ។ ដោយសារតែទស្សនៈទាំងនេះហើយ ទើបពួកគេលះបង់គ្រួសារ ឬឈប់ធ្វើការ ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយអាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃបាន។ ពួកគេជឿថា ឱ្យតែពួកគេលះបង់របស់ផ្សេងៗ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ស៊ូទ្រាំនឹងការលំបាក និងខិតខំធ្វើការ ដោយបង្ហាញអាកប្បកិរិយាល្អពិសេស នោះពួកគេនឹងទទួលបានព្រះពរ និងការពេញព្រះទ័យពីព្រះជាម្ចាស់ ហើយមិនថាពួកគេជួបប្រទះការលំបាកអ្វីនោះទេ ឱ្យតែពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ទ្រង់នឹងដោះស្រាយបញ្ហាទាំងនោះ ហើយបើកផ្លូវសម្រាប់ពួកគេនៅក្នុងគ្រប់កិច្ចការ។ នេះគឺជាទស្សនៈដែលមនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ប្រកាន់ខ្ជាប់។ មនុស្សមានអារម្មណ៍ថា ទស្សនៈនេះគឺសមហេតុផល និងត្រឹមត្រូវ។ ការដែលមនុស្សជាច្រើនអាចរក្សាសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់បានរាប់ឆ្នាំ ដោយមិនបោះបង់សេចក្ដីជំនឿចោល គឺទាក់ទងដោយផ្ទាល់ទៅនឹងទស្សនៈមួយនេះ។ ពួកគេគិតថា៖ «ខ្ញុំបានលះបង់យ៉ាងច្រើនដើម្បីព្រះជាម្ចាស់ អាកប្បកិរិយារបស់ខ្ញុំល្អណាស់ ហើយខ្ញុំមិនបានធ្វើអំពើអាក្រក់ណាមួយឡើយ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់ខ្ញុំមិនខាន។ ដោយសារតែខ្ញុំបានរងទុក្ខយ៉ាងខ្លាំង និងបានបង់ថ្លៃយ៉ាងធំសម្រាប់កិច្ចការនីមួយៗ ដោយធ្វើគ្រប់យ៉ាងស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយមិនបានធ្វើខុសអ្វីសោះ នោះព្រះជាម្ចាស់គួរតែប្រទានពរដល់ខ្ញុំ។ ទ្រង់គួរតែធានាថា អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនសម្រាប់ខ្ញុំ ហើយថាខ្ញុំតែងតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងចិត្ត ហើយរីករាយនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ តើនេះមិនមែនជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬអី? ពីទស្សនៈរបស់មនុស្ស មនុស្សសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់ និងទទួលបានផលប្រយោជន៍ ដូច្នេះវាសមហេតុផលណាស់ដែលត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់រឿងនេះ ហើយវាពិតជាស័ក្តិសមក្នុងការយកការរងទុក្ខនេះទៅដោះដូរនឹងព្រះពររបស់ព្រះជាម្ចាស់។ នេះគឺជាផ្នត់គំនិតនៃការដោះដូរជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពីទស្សនៈនៃសេចក្ដីពិត និងពីទស្សនៈរបស់ព្រះជាម្ចាស់វិញ រឿងនេះមិនស្របតាមគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ឬស្តង់ដារដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាល់តែសោះ។ វាគ្រាន់តែជាគំនិតបែបប៉ងប្រាថ្នាទាំងស្រុង ជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សសុទ្ធសាធអំពីការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ មិនថាវាពាក់ព័ន្ធនឹងការដោះដូរគ្នា ឬការទាមទារអ្វីមួយពីព្រះជាម្ចាស់ ឬមានសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះទេ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនបំពេញតាមគោលការណ៍ និងស្តង់ដាររបស់ព្រះជាម្ចាស់សម្រាប់ការប្រទានពរដល់មនុស្សដែរ។ ជាពិសេស គំនិត និងទស្សនៈនៃការដោះដូរគ្នានេះ ប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សមិនបានដឹងខ្លួនឡើយ។ នៅពេលអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របតាមសញ្ញាណរបស់មនុស្ស ពួកគេឆាប់មានការត្អូញត្អែរ និងការយល់ច្រឡំចំពោះទ្រង់នៅក្នុងចិត្តណាស់។ ពួកគេថែមទាំងមានអារម្មណ៍ថាខ្លួនរងភាពអយុត្តិធម៌ ហើយបន្ទាប់មកក៏ចាប់ផ្ដើមតវ៉ាជាមួយព្រះជាម្ចាស់ ហើយពួកគេថែមទាំងអាចវិនិច្ឆ័យ និងថ្កោលទោសទ្រង់ទៀតផង។ មិនថាមនុស្សមានសញ្ញាណ និងការយល់ច្រឡំអ្វីនោះទេ ពីទស្សនៈរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលធ្វើ ឬប្រព្រឹត្តចំពោះនរណាម្នាក់ ស្របតាមសញ្ញាណ ឬបំណងប្រាថ្នារបស់មនុស្សឡើយ។ ព្រះជាម្ចាស់តែងតែធ្វើអ្វីដែលទ្រង់សព្វព្រះទ័យនឹងធ្វើ ស្របតាមរបៀបរបស់ទ្រង់ផ្ទាល់ និងផ្អែកលើសារជាតិនិស្ស័យរបស់ទ្រង់ផ្ទាល់។ ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗ។ គ្មានអ្វីមួយដែលទ្រង់ធ្វើចំពោះមនុស្សម្នាក់ៗ ផ្អែកលើសញ្ញាណ ការស្រមើស្រមៃ ឬចំណូលចិត្តរបស់មនុស្សឡើយ នេះគឺជាទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលផ្ទុយនឹងសញ្ញាណរបស់មនុស្សខ្លាំងបំផុត។ នៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសមួយសម្រាប់មនុស្ស ដែលផ្ទុយទាំងស្រុងនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេបង្កើតបានជាសញ្ញាណ ការវិនិច្ឆ័យ និងការថ្កោលទោសប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្ត ហើយថែមទាំងអាចបដិសេធទ្រង់ទៀតផង។ តើព្រះជាម្ចាស់អាចបំពេញតម្រូវការរបស់ពួកគេនៅពេលនោះបានដែរឬទេ? ប្រាកដជាមិនបានឡើយ។ ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូររបៀបនៃការធ្វើការ និងបំណងព្រះហឫទ័យរបស់ទ្រង់ ស្របតាមសញ្ញាណរបស់មនុស្សឡើយ។ ចុះតើនរណាទៅដែលត្រូវផ្លាស់ប្ដូរនោះ? គឺមនុស្សហ្នឹងឯង។ មនុស្សត្រូវតែលះបង់សញ្ញាណរបស់ខ្លួនចោល ព្រមទាំងទទួលយក ចុះចូល និងដកពិសោធបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់ខ្លួន ជំនួសឱ្យការយកសញ្ញាណរបស់ខ្លួនទៅវាស់វែងអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីមើលថាតើវាត្រឹមត្រូវឬអត់នោះ។ នៅពេលដែលមនុស្សទទូចប្រកាន់ខ្ជាប់នូវសញ្ញាណរបស់ខ្លួន ពួកគេបង្កើតបានជាការទាស់ទទឹងនឹងព្រះជាម្ចាស់ រឿងនេះកើតឡើងដោយឯកឯង។ តើឫសគល់នៃការទាស់ទទឹងស្ថិតនៅត្រង់ណា? វាស្ថិតនៅត្រង់ថា អ្វីដែលមនុស្សមាននៅក្នុងចិត្តជាធម្មតា គឺជាសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេយ៉ាងពិតប្រាកដ មិនមែនជាសេចក្ដីពិតឡើយ។ ហេតុនេះ នៅពេលប្រឈមមុខនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស មនុស្សអាចប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើការវិនិច្ឆ័យទាស់នឹងទ្រង់។ នេះបញ្ជាក់ថា ជាមូលដ្ឋាន មនុស្សខ្វះដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ និស្ស័យពុករលួយរបស់ពួកគេនៅឆ្ងាយពីការត្រូវបានជម្រះណាស់ ហើយពួកគេរស់នៅស្របតាមនិស្ស័យពុករលួយរបស់ពួកគេជាសំខាន់។ ពួកគេនៅឆ្ងាយសែនឆ្ងាយពីការទទួលបានការសង្រ្គោះ។
នៅពេលដែលមនុស្សមានសញ្ញាណអំពីព្រះជាម្ចាស់ និងការទាស់ទទឹងនឹងទ្រង់នៅក្នុងចិត្ត អ្នកដែលមានមនសិការខ្លះ នឹងទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើទាំងទើសទាល់ ហើយព្យាយាមសម្របខ្លួនទៅនឹងបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ និងទទួលយកអធិបតេយ្យភាពរបស់ទ្រង់លើមនុស្ស។ ចំពោះថាតើមនុស្សអាចលះបង់សញ្ញាណបានប៉ុនណា និងដល់កម្រិតណានោះ គឺអាស្រ័យមួយផ្នែកលើគុណសម្បត្តិរបស់ពួកគេ និងមួយផ្នែកទៀតលើថាតើពួកគេទទួលយកសេចក្ដីពិត និងជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ។ មនុស្សមួយចំនួនប្រឈមមុខយ៉ាងសកម្មនឹងបរិយាកាសដែលព្រះជាម្ចាស់រៀបចំ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការស្វែងរក និងការប្រកបគ្នា ព្រមទាំងការរិះគិត។ បន្តិចម្ដងៗ ពួកគេទទួលបានការយល់ដឹងខ្លះៗអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីគ្រប់យ៉ាង ហើយដោយហេតុនេះ បង្កើនការចុះចូល និងសេចក្ដីជំនឿរបស់ពួកគេ។ ក៏ប៉ុន្តែ មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះបរិយាកាសបែបណានោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេវាយតម្លៃបរិយាកាសទាំងអស់ដែលព្រះជាម្ចាស់ចាត់ចែង ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ និងថាតើវាផ្ដល់ផលប្រយោជន៍ដល់ពួកគេដែរឬទេ។ ការពិចារណារបស់ពួកគេ តែងតែវិលវល់ជុំវិញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេតែងតែខ្វល់ថាតើពួកគេអាចទទួលបានផលប្រយោជន៍ធំប៉ុនណា តើផលប្រយោជន៍របស់ពួកគេអាចត្រូវបានបំពេញបានកម្រិតណា ទាក់ទងនឹងសម្ភារៈ ប្រាក់កាស និងការសោយសុខខាងសាច់ឈាម ហើយពួកគេតែងតែធ្វើការសម្រេចចិត្ត និងប្រព្រឹត្តចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់រៀបចំ ដោយផ្អែកលើកត្តាទាំងនេះ។ ហើយនៅទីបំផុត បន្ទាប់ពីប្រឹងគិតឡើងបែកខួរ ពួកគេជ្រើសរើសមិនចុះចូលនឹងបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំឡើយ ប៉ុន្តែបែរជាគេចវេះ និងជៀសវាងពីវាទៅវិញ។ ដោយសារតែការទាស់ទទឹង ការបដិសេធ និងការជៀសវាងរបស់ពួកគេ ពួកគេធ្វើឱ្យខ្លួនឯងឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បាត់បង់បទពិសោធជីវិត និងរងការខាតបង់ នាំមកនូវការឈឺចាប់ និងទុក្ខវេទនាដល់ចិត្តរបស់ពួកគេ។ ពួកគេកាន់តែប្រឆាំងនឹងបរិយាកាសបែបនេះ ពួកគេកាន់តែរងទុក្ខខ្លាំងឡើង។ នៅពេលដែលស្ថានការណ៍បែបនេះកើតឡើង សេចក្ដីជំនឿដ៏តិចតួចដែលពួកគេមានចំពោះព្រះជាម្ចាស់ ទីបំផុតត្រូវបំផ្លាញចោល។ នៅពេលនេះ សញ្ញាណដែលគ្របដណ្ដប់ចិត្តរបស់ពួកគេ សុទ្ធតែផុសឡើងព្រមៗគ្នាថា៖ «ខ្ញុំបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់យូរណាស់មកហើយ ប៉ុន្តែខ្ញុំមិននឹកស្មានថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះសោះ។ ព្រះជាម្ចាស់មិនយុត្តិធម៌ទេ ទ្រង់មិនស្រឡាញ់មនុស្សទេ! ព្រះជាម្ចាស់មានបន្ទូលថា អស់អ្នកណាដែលលះបង់ខ្លួនដើម្បីទ្រង់ដោយស្មោះ នឹងទទួលបានព្រះពរយ៉ាងបរិបូរណ៍មិនខាន។ ខ្ញុំបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះ ខ្ញុំបានលះបង់គ្រួសារ និងអាជីពរបស់ខ្ញុំ ស៊ូទ្រាំនឹងការលំបាក និងខិតខំធ្វើការ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានពរដល់ខ្ញុំយ៉ាងបរិបូរណ៍? តើព្រះពររបស់ព្រះជាម្ចាស់នៅឯណា? ហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ ឬមើលឃើញព្រះពរទាំងនោះ? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយមិនយុត្តិធម៌? ហេតុអ្វីបានជាព្រះជាម្ចាស់មិនរក្សាពាក្យសម្ដីរបស់ទ្រង់? មនុស្សនិយាយថា ព្រះជាម្ចាស់ស្មោះត្រង់ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ដឹងដូច្នេះ? មិនបាច់និយាយរឿងផ្សេងទេ គ្រាន់តែនៅក្នុងបរិយាកាសនេះ ខ្ញុំមិនមានអារម្មណ៍ថាព្រះជាម្ចាស់ស្មោះត្រង់សោះឡើយ!»។ ដោយសារតែមនុស្សមានសញ្ញាណ ពួកគេងាយនឹងចាញ់បោក និងរងការបំភាន់ដោយសញ្ញាណទាំងនោះណាស់។ សូម្បីតែនៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសសម្រាប់ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងសម្រាប់ការរីកចម្រើនជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេពិបាកនឹងទទួលយក ហើយពួកគេយល់ច្រឡំចំពោះព្រះជាម្ចាស់ដែរ។ ពួកគេគិតថា នេះមិនមែនជាព្រះពររបស់ព្រះជាម្ចាស់ទេ ហើយថាព្រះជាម្ចាស់មិនសព្វព្រះទ័យពួកគេ។ ពួកគេជឿថា ពួកគេបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះ ប៉ុន្តែព្រះជាម្ចាស់មិនបានបំពេញតាមការសន្យារបស់ទ្រង់ឡើយ។ មនុស្សទាំងនេះ ដែលមិនដេញតាមសេចក្ដីពិត ត្រូវបានបើកសម្ដែងយ៉ាងងាយតាមរយៈការល្បងលតែមួយនៃបរិយាកាសតូចតាចមួយចំនួន។ នៅពេលដែលពួកគេត្រូវបានបើកសម្ដែង ទីបំផុតពួកគេនិយាយនូវអ្វីដែលពួកគេចង់និយាយបំផុតថា៖ «ព្រះជាម្ចាស់មិនសុចរិតទេ។ ព្រះជាម្ចាស់មិនមែនជាព្រះដ៏ស្មោះត្រង់ទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កម្រនឹងសម្រេចណាស់។ ព្រះជាម្ចាស់មានបន្ទូលថា 'ព្រះជាម្ចាស់មានបន្ទូលយ៉ាងណា គឺមានន័យយ៉ាងនោះ អ្វីដែលទ្រង់មានបន្ទូល នឹងត្រូវសម្រេច ហើយអ្វីដែលទ្រង់ធ្វើ នឹងស្ថិតស្ថេរជារៀងរហូត'។ តើការសម្រេចតាមព្រះបន្ទូលទាំងនេះនៅឯណា? ហេតុអ្វីបានជាខ្ញុំមិនអាចមើលឃើញ ឬមានអារម្មណ៍ដឹងដូច្នេះ? មើលអ្នកនោះចុះ៖ តាំងពីជឿលើព្រះជាម្ចាស់មក នាងមិនបានបោះបង់ ឬលះបង់ដើម្បីព្រះជាម្ចាស់ច្រើនដូចខ្ញុំទេ ហើយនាងក៏មិនបានថ្វាយច្រើនដូចខ្ញុំដែរ។ ប៉ុន្តែកូនៗរបស់នាងបានចូលរៀននៅសាកលវិទ្យាល័យល្បីៗ ប្ដីរបស់នាងបានឡើងតំណែង អាជីវកម្មរបស់ពួកគេកំពុងរីកចម្រើន ហើយសូម្បីតែដំណាំរបស់ពួកគេក៏ទទួលបានទិន្នផលច្រើនជាងអ្នកដទៃដែរ។ ចុះខ្ញុំទទួលបានអ្វីខ្លះ? ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ!»។ ពាក្យសម្ដីទាំងនេះ គឺជាគំនិតពិតរបស់មនុស្សទាំងនេះ ជាបាវចនារបស់ពួកគេ។ ពួកគេពោរពេញទៅដោយសញ្ញាណទាំងនេះ ពោរពេញទៅដោយគំនិត និងទស្សនៈមិនសមហេតុផលទាំងនេះ និងពោរពេញទៅដោយការពិចារណាអំពីផលប្រយោជន៍ និងការដោះដូរគ្នា។ នេះជារបៀបដែលពួកគេយល់ និងយល់ឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដ៏ផ្ចិតផ្ចង់របស់ទ្រង់ នេះជារបៀបដែលពួកគេប្រព្រឹត្តចំពោះរឿងទាំងនេះ។ ហេតុនេះ នៅក្នុងបរិយាកាសដែលព្រះជាម្ចាស់រៀបចំយ៉ាងផ្ចិតផ្ចង់ម្ដងហើយម្ដងទៀត ពួកគេតែងតែវាស់វែង និងយល់ច្រឡំចំពោះព្រះជាម្ចាស់ដោយប្រើសញ្ញាណរបស់ខ្លួន ហើយតែងតែបរាជ័យ និងជំពប់ដួលជានិច្ច។ លើសពីនេះទៅទៀត ពួកគេតែងតែព្យាយាមផ្ទៀងផ្ទាត់ថា សញ្ញាណរបស់ពួកគេគឺត្រឹមត្រូវ។ នៅពេលដែលពួកគេជឿថា សញ្ញាណទាំងនេះត្រូវបានបញ្ជាក់ ហើយជាភស្តុតាងគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការវាយតម្លៃ វិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់តាមអំពើចិត្ត ពួកគេចាប់ផ្ដើមផ្សព្វផ្សាយសញ្ញាណ ព្រោះចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ញាណអំពីព្រះជាម្ចាស់។ តើមានអ្វីលាយឡំនៅក្នុងសញ្ញាណទាំងនេះ? គឺការត្អូញត្អែរ ការមិនពេញចិត្ត និងសេចក្ដីថ្នាំងថ្នាក់។ នៅពេលដែលពួកគេពោរពេញទៅដោយរឿងទាំងនេះ ពួកគេស្វែងរកឱកាសដើម្បីបញ្ចេញអារម្មណ៍។ ពួកគេសង្ឃឹមថានឹងរកឃើញមនុស្សមួយក្រុមដែលនឹងស្ដាប់ «ភាពអយុត្តិធម៌» ដែលពួកគេបានជួបប្រទះ ពួកគេចង់បញ្ចេញរឿងទាំងនេះទៅកាន់មនុស្សទាំងនេះ ហើយរៀបរាប់ប្រាប់ពួកគេអំពីអ្វីដែលហៅថាការប្រព្រឹត្តមិនយុត្តិធម៌ដែលពួកគេ «បានរងទុក្ខ»។ នេះជារបៀបដែលមនុស្សទាំងនេះផ្សព្វផ្សាយសញ្ញាណនៅក្នុងជីវិតពួកជំនុំ នេះជារបៀបដែលសញ្ញាណបែបនេះកើតឡើង។ ចិត្តរបស់មនុស្សទាំងនេះពោរពេញទៅដោយសេចក្ដីថ្នាំងថ្នាក់ ការផ្គើន និងការមិនពេញចិត្ត ព្រមទាំងការយល់ច្រឡំ និងការត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយថែមទាំងការវិនិច្ឆ័យ និងការថ្កោលទោសព្រះជាម្ចាស់ទៀតផង ដែលទីបំផុតនាំឱ្យចិត្តរបស់ពួកគេពោរពេញទៅដោយការប្រមាថ។ ពួកគេខ្លាចមិនទទួលបានព្រះពរ ដូច្នេះហើយមិនដាច់ចិត្តចាកចេញឡើយ ហេតុនេះ ពួកគេផ្សព្វផ្សាយការយល់ច្រឡំរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងការមិនពេញចិត្តរបស់ខ្លួនចំពោះទ្រង់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះទៅទៀត ពួកគេផ្សព្វផ្សាយការវិនិច្ឆ័យ និងការថ្កោលទោសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងការប្រមាថរបស់ខ្លួនចំពោះទ្រង់។ តើពួកគេប្រមាថអ្វីខ្លះ? ពួកគេប្រមាថព្រះជាម្ចាស់ ដោយនិយាយថា ទ្រង់មិនយុត្តិធម៌ចំពោះពួកគេ និងមិនផ្តល់ឱ្យពួកគេនូវការតបស្នងដែលសមរម្យ និងស្មើគ្នាសម្រាប់អ្វីដែលពួកគេបានធ្វើ។ ពួកគេវិនិច្ឆ័យព្រះជាម្ចាស់ ដោយសារមិនបានប្រទានព្រះគុណ និងព្រះពរដ៏អស្ចារ្យដល់ពួកគេ បន្ទាប់ពីការថ្វាយ និងការលះបង់របស់ពួកគេ។ ពួកគេមិនបានទទួលតម្រូវការខាងសាច់ឈាមទាំងនោះពីព្រះជាម្ចាស់ ដូចជាសម្ភារៈ ប្រាក់កាស និងអ្វីៗផ្សេងទៀត ដែលពួកគេសង្ឃឹមថានឹងទទួលបានឡើយ ហេតុនេះហើយបានជាចិត្តរបស់ពួកគេពោរពេញទៅដោយការត្អូញត្អែរ និងសេចក្ដីថ្នាំងថ្នាក់។ គោលបំណងរបស់ពួកគេក្នុងការផ្សព្វផ្សាយសញ្ញាណ ក្នុងទិដ្ឋភាពមួយ គឺដើម្បីបញ្ចេញកំហឹង និងស្វែងរកការសងសឹក ដោយហេតុនេះ ទទួលបានលំនឹងផ្លូវចិត្ត ហើយក្នុងទិដ្ឋភាពមួយទៀត គឺដើម្បីញុះញង់មនុស្សកាន់តែច្រើនឱ្យមានការយល់ច្រឡំ និងសញ្ញាណអំពីព្រះជាម្ចាស់ ដោយហេតុនេះ ធ្វើឱ្យមនុស្សទាំងនេះការពារខ្លួនចំពោះព្រះជាម្ចាស់ ដូចពួកគេដែរ។ ប្រសិនបើមនុស្សកាន់តែច្រើននិយាយថា៖ «យើងនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ» នោះពួកគេនឹងមានអារម្មណ៍ពេញចិត្តនៅក្នុងចិត្ត។ នេះគឺជាគោលបំណង និងមូលហេតុនៅពីក្រោយការផ្សព្វផ្សាយសញ្ញាណរបស់ពួកគេ។
តើអ្វីជាបាវចនារបស់មនុស្សដែលផ្សព្វផ្សាយសញ្ញាណ? តើអ្វីជាពាក្យស្លោកដែលពួកគេតែងនិយាយជាញឹកញាប់? បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវខ្លះៗ និងមិនទទួលបានផលប្រយោជន៍ដែលពួកគេចង់បាន ពួកគេនិយាយប្រាប់ខ្លួនឯងនៅក្នុងចិត្តរាប់មិនអស់ថា «ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ»។ បន្ទាប់ពីនិយាយបែបនេះហើយ ពួកគេនៅតែមានអារម្មណ៍ថាមិនទាន់រំសាយកំហឹង ឬមិនទាន់សម្រេចគោលបំណងរបស់ខ្លួននៅឡើយទេ។ នៅពេលពួកគេចូលរួមការជួបជុំ មិនថាអ្នកដទៃប្រកបគ្នាអំពីអ្វីនោះទេ ពួកគេស្ដាប់មិនចូលឡើយ។ ពួកគេត្រូវតែនិយាយឃ្លានេះម្ដងទៀត ដោយនិយាយវាជាច្រើនដង ឬសូម្បីតែជាងដប់ដងក៏មាន។ «ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ» តើឃ្លានេះមិនមានអត្ថន័យជ្រាលជ្រៅទេឬអី? វាមានរឿងរ៉ាវនៅពីក្រោយឃ្លានេះ។ តើ «ការជឿ» របស់ពួកគេគឺជាអ្វី? តើពីមុនពួកគេជឿលើព្រះជាម្ចាស់ដែរឬទេ? តើការជឿពីមុនរបស់ពួកគេ ជាសេចក្ដីជំនឿពិតដែរឬទេ? តើវាមានការចុះចូលដែលមនុស្សដែលត្រូវបានបង្កើតមកគួរតែមានដែរឬទេ? (អត់ទេ។) គ្មានសោះឡើយ។ ពួកគេពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃអំពីព្រះជាម្ចាស់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ពួកគេពោរពេញទៅដោយការទាមទារ និងការចង់បានពីព្រះជាម្ចាស់ ដោយគ្មានការចុះចូលសូម្បីបន្តិចសោះឡើយ។ តើ «ការជឿ» របស់ពួកគេមានន័យដូចម្តេច? «ខ្ញុំជឿថា ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលមានអធិបតេយ្យភាពលើផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ ខ្ញុំជឿថា ព្រះជាម្ចាស់អាចការពារខ្ញុំមិនឱ្យគេធ្វើបាបបាន។ ខ្ញុំជឿថា ព្រះជាម្ចាស់អាចឱ្យខ្ញុំសោយសុខខាងសាច់ឈាម រស់នៅក្នុងជីវិតដ៏ល្អ និងសម្បូរសប្បាយ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយសុខសាន្ត និងសមបំណងសម្រាប់ខ្ញុំ។ ខ្ញុំជឿថា ព្រះជាម្ចាស់អាចឱ្យខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានព្រះពរដ៏អស្ចារ្យ ទទួលបានមួយជាមួយរយនៅជាតិបច្ចុប្បន្ននេះ និងទទួលបានជីវិតអស់កល្បជានិច្ចនៅបរលោក!» តើនេះជាការជឿមែនទេ? គ្មានការចុះចូលសូម្បីបន្តិចសោះនៅក្នុង «ការជឿ» ទាំងនេះ ហើយគ្មានចំណុចណាមួយដែលស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សឡើយ។ ការជឿទាំងនេះ កើតចេញពីទស្សនៈនៃផលប្រយោជន៍ផ្ទាល់ខ្លួនសុទ្ធសាធ។ ព្រះជាម្ចាស់សម្ដែងសេចក្ដីពិត និងធ្វើការបំផ្លាស់បំប្រែមនុស្ស។ តើមានពេលណាដែលព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា ទ្រង់នឹងធ្វើឱ្យមនុស្សរស់នៅក្នុងជីវិតដ៏មានសុភមង្គល រស់នៅខ្ពង់ខ្ពស់ជាងគេ ឬមានភាពរុងរឿង និងជោគជ័យ ប្រកបដោយអនាគតត្រចះត្រចង់នោះ? (មិនដែលទេ។) ចុះហេតុអ្វីបានជាពួកគេចាត់ទុក «ការជឿ» របស់ខ្លួនថាមានតម្លៃខ្លាំងម្ល៉េះ? ពួកគេថែមទាំងនិយាយថា ពួកគេនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ។ តើការជឿរបស់ពួកគេមានតម្លៃអ្វីទេ? តើព្រះជាម្ចាស់ទទួលយកវាដែរឬទេ? ពួកគេគ្មានតថភាពនៃសេចក្ដីពិតសូម្បីបន្តិច គ្មានការចុះចូលនឹងព្រះជាម្ចាស់សូម្បីបន្តិច ដោយគ្រាន់តែចង់ទទួលបានព្រះពរ ផលប្រយោជន៍ និងអត្ថប្រយោជន៍ពីព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេហៅរឿងនេះថាជាការជឿលើព្រះជាម្ចាស់។ តើនេះមិនមែនជាការប្រមាថទាស់នឹងព្រះជាម្ចាស់ទេឬអី? មនុស្សប្រភេទនេះពោរពេញទៅដោយសញ្ញាណ និងបំណងចង់បានព្រះពរ។ ពួកគេមិនដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់សោះឡើយ ហើយមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ គោលដៅ និងបំណងនៃអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីផលប្រយោជន៍នៃសាច់ឈាមរបស់ពួកគេសុទ្ធសាធ។ ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង និងចាត់ទុកអ្វីដែលហៅថាសេចក្ដីជំនឿលើព្រះជាម្ចាស់របស់ពួកគេ ថាមានតម្លៃពិសេស។ ប្រសិនបើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់មានតម្លៃ និងខ្ពង់ខ្ពស់ខ្លាំងម្ល៉េះ ចុះហេតុអ្វីនៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសតូចតាចមួយសម្រាប់អ្នក អ្នកមិនអាចយល់សេចក្ដីពិតពីវា ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកបាន? តើមានរឿងអ្វីកើតឡើង? នៅពេលដែលព្រះជាម្ចាស់ល្បងលសេចក្ដីជំនឿរបស់អ្នក តើអ្នកតបស្នងអ្វីទៅព្រះជាម្ចាស់វិញ? តើអាចទេថា ការយល់ច្រឡំ ការត្អូញត្អែរ និងការទាស់ទទឹង ដែលអ្នកតបស្នងទៅព្រះជាម្ចាស់វិញ គឺជាអ្វីដែលទ្រង់ចង់បាន? តើរឿងទាំងនេះស្របតាមសេចក្ដីពិតដែរឬទេ? ច្បាស់ណាស់ វាមិនស្របទេ។ ហេតុនេះ ការដែលមនុស្សទាំងនេះអាចផ្សព្វផ្សាយសញ្ញាណដោយចំហនៅក្នុងពួកជំនុំ បានបញ្ជាក់ពីរឿងមួយ៖ ពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ ហើយកាន់តែមិនជឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាងទៅទៀត ព្រះដែលពួកគេជឿ គឺមិនមានទាល់តែសោះ។ នៅពេលដែលមនុស្សទាំងនេះផ្សព្វផ្សាយសញ្ញាណដោយចំហ ដើម្បីបំភាន់ និងអូសទាញមនុស្សកាន់តែច្រើនឱ្យចូលរួមជាមួយពួកគេក្នុងការផ្គើន ថ្កោលទោស និងប្រមាថព្រះជាម្ចាស់ ពួកគេកំពុងប្រកាសជាសាធារណៈដោយមិនដឹងខ្លួនថា ពួកគេលែងជាអ្នកដើរតាមព្រះជាម្ចាស់ លែងជាអ្នកជឿ និងលែងជាមនុស្សដែលត្រូវបានបង្កើតមកនៅក្រោមការត្រួតត្រារបស់ព្រះអាទិករទៀតហើយ។ សញ្ញាណដែលពួកគេផ្សព្វផ្សាយ មិនមែនជាគំនិត ឬពាក្យសម្ដីសាមញ្ញនោះទេ ផ្ទុយទៅវិញ ពួកគេបានបង្កើតរបាំងដែលមិនអាចទម្លាយបានទាស់នឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេរួចទៅហើយ ហើយពួកគេបានកំណត់ក្នុងចិត្តថា ការប្រើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដើម្បីប្រព្រឹត្តចំពោះព្រះជាម្ចាស់ ដោះស្រាយទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ គឺជារឿងត្រឹមត្រូវ ហើយជារបៀបដែលពួកគេគួរអនុវត្ត។ នៅពេលដែលមនុស្សបែបនេះផ្សព្វផ្សាយសញ្ញាណដោយចំហនៅក្នុងជីវិតពួកជំនុំ តើគួរតែរឹតត្បិតពួកគេដែរឬទេ? ឬមួយដោយសារតែកម្ពស់របស់ពួកគេនៅទាប និងគ្រឹះរបស់ពួកគេនៅរាក់ តើគួរតែផ្ដល់សេរីភាពឱ្យពួកគេបញ្ចេញទស្សនៈរបស់ខ្លួន និងផ្ដល់ពេលវេលា ព្រមទាំងលំហគ្រប់គ្រាន់ដើម្បីឱ្យពួកគេប្រែចិត្តដែរឬទេ? តើវិធានការមួយណាដែលសមស្រប? (ការបញ្ឈប់ និងការរឹតត្បិតពួកគេ គឺសមស្រប។) ហេតុអ្វីបានជាការបញ្ឈប់ និងការរឹតត្បិតពួកគេ គឺសមស្រប? មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើអ្នករឹតត្បិតពួកគេ ហើយមិនឱ្យពួកគេនិយាយដោយសេរី ហើយពួកគេឈប់ជឿ និងឈប់ចូលរួមការជួបជុំ តើនេះមិនមែនជាការធ្វើបាបពួកគេទេឬអី? នោះពិតជាគួរឱ្យស្តាយណាស់!» «តើព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់ ជាជាងឱ្យមនុស្សម្នាក់រងសេចក្ដីវិនាសទេឬអី? សូម្បីតែកូនចៀមមួយក្បាលដែលបានបាត់ ក៏ត្រូវបានរកឃើញវិញដែរ បន្ទាប់ពីខិតខំរកកូនចៀមដែលបាត់នោះឃើញហើយ តើទ្រង់អាចបណ្ដោយឱ្យវាបាត់ម្ដងទៀតបានដែរឬទេ?» តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? (អត់ទេ។) ហេតុអ្វីបានជាវាមិនត្រឹមត្រូវ? (ពីព្រោះមនុស្សបែបនេះ មិនជឿលើព្រះជាម្ចាស់ដោយស្មោះទេ ពួកគេជឿលើព្រះជាម្ចាស់ដោយគ្រាន់តែសង្ឃឹមថានឹងទទួលបានព្រះពរប៉ុណ្ណោះ ហើយការជឿរបស់ពួកគេមានលាយឡំដោយភាពមិនបរិសុទ្ធ។) តើនរណាមិនមានភាពមិនបរិសុទ្ធខ្លះលាយឡំនៅក្នុងការជឿរបស់ពួកគេលើព្រះជាម្ចាស់នោះ? តើអ្នកគ្មានភាពមិនបរិសុទ្ធខ្លះទេឬអី? តើនេះជាហេតុផលសមរម្យដែរឬទេ? ចូរពិចារណាពាក្យសម្ដីរបស់មនុស្សបែបនេះ៖ «ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ»។ តើពាក្យទាំងនេះជាពាក្យបែបណា? តើវាមានភាពខុសគ្នាអ្វីដែរឬទេ រវាងពាក្យនេះ និងការប្រមាថរបស់អ្នកមិនជឿ របស់ពួកអារក្ស និងសាតាំង? (គ្មានទេ។) តើពាក្យនេះមានន័យដូចម្តេច? «ខ្ញុំលែងមានសេចក្ដីជំនឿលើព្រះជាម្ចាស់ទៀតហើយ។ កាលពីមុន ខ្ញុំបានជឿ និងដើរតាមព្រះជាម្ចាស់អស់ពីចិត្ត ប៉ុន្តែព្រះជាម្ចាស់មិនបានប្រទានពរដល់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ទ្រង់បានរៀបចំបរិយាកាសបែបនោះ ដើម្បីធ្វើឱ្យខ្ញុំលំបាក និងធ្វើឱ្យខ្ញុំជំពប់ដួល។ អ្វីដែលព្រះជាម្ចាស់មានបន្ទូល មិនត្រូវគ្នានឹងអ្វីដែលទ្រង់ធ្វើសោះឡើយ ដូច្នេះខ្ញុំលែងហ៊ានជឿលើព្រះជាម្ចាស់ទៀតហើយ! ពីមុនខ្ញុំល្ងង់ខ្លាំងណាស់។ ខ្ញុំបានបោះបង់ លះបង់ និងស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងដើម្បីព្រះជាម្ចាស់ ប៉ុន្តែមិនឃើញមានការការពារពីព្រះជាម្ចាស់សោះ នៅពេលដែលខ្ញុំត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ។ អាជីវកម្មគ្រួសាររបស់ខ្ញុំ ក៏មិនដំណើរការល្អដូចអ្នកដទៃដែរ ខ្ញុំរកប្រាក់មិនបានច្រើនដូចអ្នកដទៃទេ ហើយឪពុកម្ដាយរបស់ខ្ញុំនៅតែឈឺដដែល។ ខ្ញុំមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ តើព្រះជាម្ចាស់មិនបានមានបន្ទូលថា ទ្រង់នឹងប្រទានពរដល់មនុស្សយ៉ាងបរិបូរណ៍ទេឬអី? តើខ្ញុំទទួលបានព្រះពរអ្វីខ្លះពីព្រះជាម្ចាស់? ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានក្លាយជាការពិតសោះឡើយ ដូច្នេះខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ!»។ ពាក្យថា «ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ!» មានអត្ថន័យជាច្រើន។ វាពោរពេញទៅដោយការត្អូញត្អែរ ការមិនពេញចិត្ត និងការយល់ច្រឡំចំពោះព្រះជាម្ចាស់។ សរុបមក បន្ទាប់ពីពួកគេបានស៊ូទ្រាំនឹងការលំបាក និងលះបង់ដោយផ្នត់គំនិតនៃការគិតបែបប៉ងប្រាថ្នា ព្រះជាម្ចាស់មិនបានប្រទានពរដល់ពួកគេតាមការទាមទាររបស់ពួកគេឡើយ ហើយព្រះជាម្ចាស់ក៏មិនបានតបស្នង ឬផ្តល់រង្វាន់ដល់ពួកគេតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេដែរ ដូច្នេះពួកគេបានក្លាយជាមិនពេញចិត្ត និងពោរពេញទៅដោយសេចក្ដីថ្នាំងថ្នាក់ចំពោះព្រះជាម្ចាស់ ហើយគឺនៅក្នុងកាលៈទេសៈបែបនេះហើយ ដែលពួកគេបាននិយាយប្រយោគនេះ។ ប្រយោគនេះមិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ។ នៅពេលដែលពួកគេនិយាយវា ពួកគេបានបង្ហាញអាកប្បកិរិយា និងការសម្ដែងចេញជាច្រើនរួចទៅហើយ ហើយត្រូវបានបើកសម្ដែងរួចហើយ។ តើមានបញ្ហាអ្វីចំពោះទំនាក់ទំនងរបស់មនុស្សបែបនេះជាមួយព្រះជាម្ចាស់? តើអ្វីជាបញ្ហាធំបំផុតនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់? គឺត្រង់ថា ពួកគេមិនដែលចាត់ទុកខ្លួនឯងជាភាវៈដែលព្រះបានបង្កើតសោះឡើយ ហើយមិនដែលចាត់ទុកព្រះជាម្ចាស់ជាព្រះអាទិករដែលត្រូវថ្វាយបង្គំសូម្បីបន្តិច។ តាំងពីចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ពួកគេចាត់ទុកព្រះជាម្ចាស់ជាប្រភពនៃលុយកាក់ ជាកំណប់ទ្រព្យ ពួកគេចាត់ទុកទ្រង់ជាព្រះពោធិសត្វដើម្បីសង្គ្រោះពួកគេពីទុក្ខវេទនា និងគ្រោះមហន្តរាយ ហើយចាត់ទុកខ្លួនឯងជាអ្នកដើរតាមព្រះពោធិសត្វនេះ រូបព្រះនេះ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់គឺដូចជាការជឿលើព្រះពុទ្ធដែរ ដែលគ្រាន់តែញ៉ាំអាហារបួស សូត្រធម៌ និងឧស្សាហ៍ដុតធូប និងក្រាបថ្វាយបង្គំ ពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន។ ហេតុនេះ រឿងរ៉ាវទាំងអស់ដែលបានកើតឡើងបន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ បានកើតឡើងនៅក្នុងដែននៃសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។ ពួកគេមិនបានបង្ហាញការសម្ដែងចេញណាមួយរបស់ភាវៈដែលព្រះបានបង្កើត ដែលទទួលយកសេចក្ដីពិតពីព្រះអាទិករឡើយ ហើយពួកគេក៏មិនបានបង្ហាញការចុះចូលណាមួយ ដែលភាវៈដែលព្រះបានបង្កើតគួរតែមានចំពោះព្រះអាទិករដែរ មានតែការទាមទារឥតឈប់ឈរ ការគិតគូរពីផលប្រយោជន៍ឥតឈប់ឈរ និងការស្នើសុំឥតឈប់ឈរប៉ុណ្ណោះ។ រឿងទាំងអស់នេះ ទីបំផុតបាននាំឱ្យមានការបែកបាក់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់។ ទំនាក់ទំនងបែបនេះ គឺជាការដោះដូរគ្នា ហើយមិនអាចឈរមាំបានឡើយ។ វាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ មុនពេលដែលមនុស្សបែបនេះត្រូវបានបើកសម្ដែង។ ទោះបីជាពួកគេចូលរួមក្នុងជីវិតពួកជំនុំ មិនផ្សព្វផ្សាយសញ្ញាណ ហើយប្រកបគ្នាម្ដងម្កាលអំពីរបៀបដែលព្រះជាម្ចាស់បានដឹកនាំពួកគេ របៀបដែលព្រះជាម្ចាស់បានប្រទានពរដល់ពួកគេ អ្វីដែលពួកគេបានសោយសុខ និងអ្វីៗផ្សេងទៀតក៏ដោយ ក៏អ្វីដែលពួកគេនិយាយភាគច្រើន ពាក់ព័ន្ធនឹងព្រះគុណ ការសោយសុខ និងផលប្រយោជន៍ខាងសាច់ឈាមដែលពួកគេទទួលបានពីព្រះជាម្ចាស់ដែរ។ ការពិភាក្សាទាំងនេះ មិនពាក់ព័ន្ធនឹងសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេខ្វះតថភាពនៃសេចក្ដីពិតទាំងស្រុង។ នៅពេលដែលកាលៈទេសៈអំណោយផល ពួកគេបង្ហាញសេចក្ដីជំនឿលើព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់ចំពោះទ្រង់ ព្រមទាំងការអត់ឱន និងការអត់ធ្មត់ចំពោះអ្នកដទៃ ដើម្បីសម្រេចគោលដៅតែមួយគត់៖ គឺដើម្បីទទួលបានគ្រប់ទាំងព្រះពររបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ដកហូតព្រះគុណ ផលប្រយោជន៍ និងអត្ថប្រយោជន៍សម្ភារៈដែលពួកគេបានសោយសុខ សញ្ញាណរបស់ពួកគេត្រូវបានបើកសម្ដែង។ មនុស្សទាំងនេះ ដែលត្រូវបានជំរុញដោយផលប្រយោជន៍ផ្ទាល់ខ្លួន និងផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលពួកគេមិនទទួលបានអ្វីដែលពួកគេចង់បាន។ ពួកគេចាប់ផ្ដើមផ្សព្វផ្សាយសញ្ញាណដើម្បីបញ្ចេញការមិនពេញចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់ ខណៈពេលដែលព្យាយាមអូសទាញមនុស្សកាន់តែច្រើនឱ្យអាណិតអាសូរពួកគេ និងទទួលយកសញ្ញាណរបស់ពួកគេអំពីព្រះជាម្ចាស់។ តើគួរតែបញ្ឈប់ និងរឹតត្បិតមនុស្សបែបនេះដែរឬទេ? (គួរ។) ប្រធានបទ គំនិត និងទស្សនៈដែលពួកគេប្រកបគ្នា មិនឆ្លុះបញ្ចាំងពីការយល់ដឹងដ៏ត្រឹមត្រូវអំពីសេចក្ដីពិតឡើយ ហើយក៏មិនជួយមនុស្សឱ្យចុះចូលនឹងព្រះជាម្ចាស់ និងមានសេចក្ដីជំនឿពិតលើទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេដឹកនាំមនុស្សឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ បង្កឱ្យមានការយល់ច្រឡំ ការការពារខ្លួន និងសូម្បីតែការបដិសេធព្រះជាម្ចាស់ ហើយធ្វើឱ្យអ្នកដែលស្ដាប់សញ្ញាណដែលមនុស្សទាំងនេះផ្សព្វផ្សាយ ព្រមានខ្លួនឯងដោយស្ងៀមស្ងាត់ថា «ខ្ញុំនឹងលែងជឿលើព្រះជាម្ចាស់ទៀតហើយ» ដូចពួកគេដែរ។ នេះគឺជាការរំខានដែលមនុស្សបែបនេះបង្កឡើងដល់អ្នកដទៃតាមរយៈការផ្សព្វផ្សាយសញ្ញាណ។
២. ការផ្សព្វផ្សាយសញ្ញាណអំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់
មនុស្សទាំងនេះដែលផ្សព្វផ្សាយសញ្ញាណ ប្រើសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីវាស់វែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាស់វែងកិច្ចការរបស់ព្រះជាម្ចាស់ និងវាស់វែងសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេជឿលើព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់ពួកគេ មើលឃើញព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់ពួកគេ ហើយសង្កេត និងពិនិត្យពិច័យរាល់ពាក្យដែលព្រះជាម្ចាស់មានបន្ទូល រាល់កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងរាល់បរិយាកាសដែលព្រះជាម្ចាស់រៀបចំនៅក្នុងសញ្ញាណរបស់ពួកគេ។ នៅពេលដែលអ្វីដែលព្រះជាម្ចាស់ធ្វើ ស្របតាមសញ្ញាណរបស់ពួកគេ ពួកគេសរសើរតម្កើងព្រះជាម្ចាស់យ៉ាងខ្លាំងៗ ដោយនិយាយថា ព្រះជាម្ចាស់សុចរិត ព្រះជាម្ចាស់ស្មោះត្រង់ និងព្រះជាម្ចាស់បរិសុទ្ធ។ នៅពេលដែលអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របតាមសញ្ញាណរបស់ពួកគេ ហើយផលប្រយោជន៍របស់ពួកគេរងការខាតបង់យ៉ាងធ្ងន់ធ្ងរ និងពួកគេរងការឈឺចាប់យ៉ាងខ្លាំង ពួកគេចេញមុខមកបដិសេធព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល និងកិច្ចការដែលទ្រង់ធ្វើ។ ពួកគេថែមទាំងផ្សព្វផ្សាយសញ្ញាណដើម្បីញុះញង់មនុស្សកាន់តែច្រើនឱ្យយល់ច្រឡំ និងការពារខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ ដោយនិយាយថា៖ «កុំជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ងាយៗពេក ហើយក៏កុំអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ងាយៗពេកដែរ បើមិនដូច្នេះទេ ប្រសិនបើអ្នកត្រូវបានគេកេងចំណេញ និងរងការខាតបង់ គ្មាននរណាម្នាក់ទទួលខុសត្រូវឡើយ» ជាដើម។ ឧទាហរណ៍៖ ព្រះជាម្ចាស់មានបន្ទូលថា៖ «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះយ៉ាងហូរហៀរ» តើព្រះបន្ទូលទាំងនេះមិនមែនជាសេចក្ដីពិតទេឬអី? ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិតមួយរយភាគរយ។ វាមិនមានលាយឡំដោយភាពឆេវឆាវ ឬការបោកបញ្ឆោតឡើយ។ វាមិនមែនជាពាក្យកុហក ឬគំនិតដែលស្តាប់ទៅអស្ចារ្យនោះទេ ហើយកាន់តែមិនមែនជាទ្រឹស្ដីខាងវិញ្ញាណអ្វីមួយដែរ ពោលគឺជាសេចក្ដីពិត។ តើសារជាតិនៃព្រះបន្ទូលនៃសេចក្ដីពិតទាំងនេះគឺជាអ្វី? គឺថា អ្នកត្រូវតែមានចិត្តស្មោះ នៅពេលដែលអ្នកលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ តើ «ចិត្តស្មោះ» មានន័យដូចម្តេច? គឺការស្ម័គ្រចិត្ត និងគ្មានភាពមិនបរិសុទ្ធ មិនត្រូវបានជំរុញដោយប្រាក់កាស ឬកេរ្តិ៍ឈ្មោះ ហើយប្រាកដជាមិនមែនដើម្បីចេតនា បំណងប្រាថ្នា និងគោលដៅផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកលះបង់ខ្លួន មិនមែនដោយសារតែអ្នកត្រូវបានបង្ខំ ឬដោយសារតែអ្នកត្រូវបានញុះញង់ លួងលោម ឬអូសទាញនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាចេញមកពីខាងក្នុងខ្លួនអ្នក ដោយស្ម័គ្រចិត្ត វាកើតចេញពីមនសិការ និងវិចារណញ្ញាណ។ នេះហើយជាអត្ថន័យនៃការមានចិត្តស្មោះ។ បើនិយាយពីការស្ម័គ្រចិត្តក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នេះហើយជាអត្ថន័យនៃការមានចិត្តស្មោះ។ ចុះតើការមានចិត្តស្មោះ បង្ហាញឱ្យឃើញតាមរយៈការអនុវត្តជាក់ស្ដែងដោយរបៀបណា នៅពេលដែលអ្នកលះបង់ខ្លួនដើម្បីព្រះជាម្ចាស់? អ្នកមិនពាក់ព័ន្ធនឹងភាពក្លែងក្លាយ ឬការបោកប្រាស់ មិនប្រើល្បិចកលដើម្បីគេចវេះពីការងារ និងមិនធ្វើអ្វីៗឱ្យតែរួចពីដៃឡើយ។ អ្នកលះបង់អស់ពីចិត្ត និងគំនិត ដោយធ្វើអ្វីៗតាមដែលអ្នកអាចធ្វើបាន ជាដើម ពោលគឺមានសេចក្ដីលម្អិតច្រើនណាស់ដែលត្រូវលើកឡើងនៅទីនេះ! សរុបមក ការមានចិត្តស្មោះ រួមបញ្ចូលទាំងគោលការណ៍សេចក្ដីពិត។ មានស្តង់ដារ និងគោលការណ៍នៅពីក្រោយសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើខ្ញុំថ្វាយចិត្តស្មោះរបស់ខ្ញុំ និងប្រាក់សន្សំដ៏តិចតួចរបស់ខ្ញុំក្នុងការជឿលើព្រះជាម្ចាស់ តើខ្ញុំនឹងទទួលបានកាន់តែច្រើនដែរឬទេ? ប្រសិនបើខ្ញុំអាចទទួលបានកាន់តែច្រើន នោះវាពិតជាស័ក្តិសមណាស់ក្នុងការថ្វាយអ្វីៗគ្រប់យ៉ាង!» បន្ទាប់ពីបានថ្វាយហើយ ពួកគេឃើញថា ព្រះជាម្ចាស់មិនបានប្រទានពរដល់ពួកគេឡើយ ហើយក៏រិះគិតថា៖ «ប្រហែលជាខ្ញុំមិនទាន់បានថ្វាយគ្រប់គ្រាន់ទេ ដូច្នេះខ្ញុំនឹងថ្វាយបន្ថែមទៀត។ ខ្ញុំនឹងចេញទៅផ្សាយដំណឹងល្អ»។ នៅពេលដែលពួកគេជួបប្រទះការលំបាកក្នុងពេលផ្សាយដំណឹងល្អ ពួកគេអធិស្ឋាន។ ជួនកាល នៅពេលដែលពួកគេដាច់បាយ និងដេកមិនបានស្កប់ស្កល់ ពួកគេនៅតែបន្តអធិស្ឋានដដែល។ ពួកគេគិតថា៖ «ព្រះជាម្ចាស់មានបន្ទូលថា អស់អ្នកណាដែលលះបង់ដើម្បីព្រះជាម្ចាស់ដោយស្មោះស្ម័គ្រ នឹងទទួលបានពរជ័យយ៉ាងបរិបូរណ៍មិនខាន។ ប្រហែលជាចិត្តស្មោះរបស់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះខ្ញុំនឹងអធិស្ឋានបន្ថែមទៀត»។ តាមរយៈការអធិស្ឋាន ពួកគេទទួលបានសេចក្ដីជំនឿ ហើយមិនខ្លាចនឹងរងទុក្ខបន្តិចបន្តួចឡើយ។ ពួកគេចាប់ផ្ដើមឃើញលទ្ធផលជាក់ស្ដែងខ្លះចេញពីការផ្សាយដំណឹងល្អ ហើយពួកគេគិតថា៖ «ឥឡូវនេះ ខ្ញុំមានចិត្តស្មោះខ្លះហើយ។ ខ្ញុំនឹងប្រញាប់ទៅផ្ទះ ដើម្បីមើលថាតើជីវភាពគ្រួសាររបស់ខ្ញុំបានប្រសើរឡើងឬអត់ តើជំងឺកូនរបស់ខ្ញុំបានធូរស្បើយឬអត់ ហើយតើអាជីវកម្មគ្រួសារដំណើរការដោយរលូនឬអត់ តើមានព្រះពរពីព្រះជាម្ចាស់ឬអត់»។ តើនេះជាការលះបង់ដើម្បីព្រះជាម្ចាស់ដោយចិត្តស្មោះដែរឬទេ? (អត់ទេ។) តើនេះជាអ្វីទៅ? (ជាការដោះដូរគ្នា។) នេះគឺជាការធ្វើការដោះដូរគ្នាជាមួយព្រះជាម្ចាស់។ ពួកគេកំពុងប្រើវិធីសាស្ត្រផ្ទាល់ខ្លួន និងអ្វីដែលពួកគេចាត់ទុកថាជា «ចិត្តស្មោះ» ដោយផ្អែកលើសញ្ញាណរបស់ពួកគេ ដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ និងដើម្បីទទួលបានអ្វីដែលពួកគេចង់បានពីការនោះ។ ពួកគេបន្តប្រើ «ចិត្តស្មោះ» ដែលពួកគេយល់ ដើម្បីផ្ទៀងផ្ទាត់ព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានមានបន្ទូល ដោយបន្តស៊ើបរកមើលថា តើព្រះជាម្ចាស់មានបំណងចង់ធ្វើអ្វី តើទ្រង់បានធ្វើអ្វីខ្លះ និងមិនទាន់បានធ្វើអ្វីខ្លះ ហើយប៉ាន់ស្មានឥតឈប់ឈរថា តើព្រះជាម្ចាស់នឹងប្រទានពរដល់ពួកគេឬអត់ ហើយថាតើទ្រង់មានបំណងប្រទានពរដល់ពួកគេយ៉ាងបរិបូរណ៍ឬអត់។ ពួកគេគិតគូរឥតឈប់ឈរអំពីអ្វីដែលពួកគេបានថ្វាយ និងចំនួនដែលពួកគេគួរទទួលបាន ថាតើព្រះជាម្ចាស់បានប្រទានរបស់នោះដល់ពួកគេឬអត់ ហើយថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចឬអត់។ ពួកគេស្វែងរកមូលដ្ឋាននៃការពិតឥតឈប់ឈរ ដើម្បីយកមកសាកល្បងសេចក្ដីថ្លែងរបស់ព្រះជាម្ចាស់។ ខណៈពេលដែលលះបង់ដើម្បីព្រះជាម្ចាស់ ពួកគេតែងតែចង់ផ្ទៀងផ្ទាត់ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតឬអត់។ គោលបំណងរបស់ពួកគេ គឺដើម្បីមើលថាតើការលះបង់ដើម្បីព្រះជាម្ចាស់ អាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ឬអត់។ ពួកគេកំពុងល្បងលព្រះជាម្ចាស់ឥតឈប់ឈរ ដោយតែងតែចង់ឃើញព្រះពររបស់ព្រះជាម្ចាស់កើតមានដល់ខ្លួន ដើម្បីបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ នៅពេលដែលពួកគេឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនងាយនឹងសម្រេចដូចការស្រមើស្រមៃរបស់ពួកគេ ហើយពិបាកនឹងបញ្ជាក់ពីភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ សញ្ញាណរបស់ពួកគេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ ក្នុងពេលជាមួយគ្នានេះ ពួកគេចាប់ផ្ដើមជឿជាក់យ៉ាងមុតមាំថា មិនមែនគ្រប់ពាក្យដែលព្រះជាម្ចាស់មានបន្ទូល សុទ្ធតែជាសេចក្ដីពិតនោះទេ។ ដោយមានរឿងនេះលាក់ទុកនៅក្នុងចិត្ត ពួកគេចាប់ផ្ដើមសង្ស័យ និងចោទសួរព្រះជាម្ចាស់ ហើយតែងតែបង្កើតបានជាសញ្ញាណអំពីទ្រង់។ ពីមួយពេលទៅមួយពេល មនុស្សទាំងនេះ ដែលចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ញាណ បើកសម្ដែងសញ្ញាណខ្លះៗរបស់ខ្លួនអំពីព្រះជាម្ចាស់ ខណៈពេលរស់នៅក្នុងជីវិតពួកជំនុំ និងទាក់ទងជាមួយបងប្អូនប្រុសស្រី។ ពួកគេបង្កើតបានជាសញ្ញាណអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងប្រើសញ្ញាណរបស់ខ្លួនដើម្បីវាស់វែងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ចេះតែមិនស្របតាមសញ្ញាណរបស់ពួកគេ ហើយផ្ទុយទាំងស្រុងពីការរំពឹងទុករបស់ពួកគេ ពួកគេផ្សព្វផ្សាយសញ្ញាណរបស់ខ្លួន ដើម្បីបញ្ចេញការមិនពេញចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់។ ឧទាហរណ៍ ព្រះជាម្ចាស់មានបន្ទូលថា កិច្ចការរបស់ទ្រង់ជិតដល់ទីបញ្ចប់ហើយ ហើយមនុស្សគួរតែលះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមព្រះជាម្ចាស់ និងលះបង់ដើម្បីទ្រង់ សហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងលែងដេញតាមអនាគតនៅក្នុងលោកីយ៍ គ្រួសារដែលមានសុខដុមរមនា និងអ្វីៗបែបនេះផ្សេងទៀត។ បន្ទាប់ពីព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះរួច ព្រះជាម្ចាស់នៅតែបន្តធ្វើការងារជាច្រើនទៀត។ បី ប្រាំ ប្រាំពីរ ឬប្រាំបីឆ្នាំកន្លងផុតទៅ ហើយមនុស្សមួយចំនួនឃើញថា កិច្ចការរបស់ព្រះជាម្ចាស់នៅតែដំណើរការទៅមុខយ៉ាងរលូន ដោយគ្មានសញ្ញាណាមួយថា កិច្ចការរបស់ទ្រង់នឹងបញ្ចប់ ឬថាមហន្តរាយដ៏ធំសម្បើមជិតនឹងកើតឡើង ហើយអ្នកជឿទាំងអស់បានចូលទៅក្នុងទីជម្រកនោះទេ។ អស់អ្នកដែលប្រើសញ្ញាណរបស់ខ្លួនដើម្បីវាស់វែងកិច្ចការរបស់ព្រះជាម្ចាស់ ចង់ឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់បញ្ចប់ណាស់ ដើម្បីឱ្យអ្នកជឿអាចរួមចំណែកសោយសុខនឹងព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនធ្វើបែបនេះទេ។ ទ្រង់មិនសម្រេចរឿងនេះស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សឡើយ។ អ្នកដែលមិនអាចរង់ចាំបាន ក្លាយជាអន្ទះអន្ទែង ហើយចាប់ផ្ដើមមានគំនិតថា៖ «តើកិច្ចការរបស់ព្រះជាម្ចាស់មិនមែនជិតដល់ទីបញ្ចប់ហើយទេឬអី? តើវាមិនត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះទេឬអី? តើព្រះជាម្ចាស់មិនបានមានបន្ទូលថា មហន្តរាយដ៏ធំសម្បើមជិតនឹងកើតឡើងទេឬអី? ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់នៅតែធ្វើការងារច្រើនម្ល៉េះ? តើកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់នៅពេលណាឱ្យប្រាកដ? តើវានឹងចប់នៅពេលណា?» មនុស្សទាំងនេះមិនចាប់អារម្មណ៍សូម្បីតែបន្តិចចំពោះសេចក្ដីពិត ឬចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ពួកគេគ្មានចំណាប់អារម្មណ៍ក្នុងការអនុវត្តសេចក្ដីពិត ការចុះចូលនឹងព្រះជាម្ចាស់ ឬការគេចផុតពីឥទ្ធិពលរបស់សាតាំង ដើម្បីទទួលបានការសង្រ្គោះឡើយ។ ពួកគេចាប់អារម្មណ៍តែម្យ៉ាងគត់ និងជាពិសេសចំពោះរឿងដូចជា ថាតើកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់នៅពេលណា ថាតើលទ្ធផលរបស់ពួកគេនឹងទៅជាស្លាប់ ឬរស់ ថាតើពួកគេអាចចូលទៅក្នុងនគរព្រះដើម្បីសោយសុខនឹងព្រះពរនៅពេលណា និងថាតើទិដ្ឋភាពដ៏ស្រស់ស្អាតនៃនគរព្រះនឹងទៅជាយ៉ាងណា។ រឿងទាំងនេះគឺជាកង្វល់ដ៏ធំបំផុតរបស់ពួកគេ។ ហេតុនេះ បន្ទាប់ពីបានស៊ូទ្រាំអស់មួយរយៈ និងឃើញថាផ្ទៃមេឃ និងផែនដីនៅតែមិនផ្លាស់ប្ដូរ ហើយប្រទេសនានានៅក្នុងពិភពលោកនៅតែដំណើរការជាធម្មតា ពួកគេនិយាយថា៖ «តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះនឹងក្លាយជាការពិតនៅពេលណា? ខ្ញុំបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហេតុអ្វីបានជាវាមិនទាន់ក្លាយជាការពិតទៀត? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចក្លាយជាការពិតដែរឬទេ? តើព្រះជាម្ចាស់រក្សាពាក្យសម្ដីរបស់ទ្រង់ដែរឬទេ?»។ ដូច្នេះហើយ មនុស្សទាំងនេះអស់ភាពអត់ធ្មត់ ក្លាយជាអន្ទះអន្ទែង ហើយចាប់ផ្ដើមចង់ស្វែងរកឱកាសដើម្បីត្រឡប់ទៅក្នុងពិភពលោកវិញ ដើម្បីរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។
កិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ តែងតែហួសពីការស្រមើស្រមៃរបស់មនុស្ស ហើយតែងតែហួសពីសញ្ញាណរបស់មនុស្សជានិច្ច។ មិនថាមនុស្សព្យាយាមយ៉ាងណានោះទេ ពួកគេមិនអាចយល់ ឬវាស់វែងរឿងទាំងនេះបានឡើយ។ ពួកគេមិនដឹងច្បាស់ថា តើវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់គឺជាអ្វី ឬគោលដៅអ្វីដែលកិច្ចការនោះចង់សម្រេចឡើយ ដូច្នេះនៅទីបំផុត មនុស្សមួយចំនួនចាប់ផ្ដើមសង្ស័យថា៖ «តើពិតជាមានព្រះជាម្ចាស់មែនឬ? តើព្រះជាម្ចាស់នៅឯណាឱ្យប្រាកដ? ព្រះជាម្ចាស់នៅតែបន្តសម្ដែងសេចក្ដីពិត ប៉ុន្តែតើទ្រង់មិនសម្ដែងច្រើនពេកទេឬអី? តើព្រះជាម្ចាស់មិនបានមានបន្ទូលថា ទ្រង់នឹងនាំយើងចូលទៅក្នុងនគររបស់ទ្រង់ទេឬអី? តើយើងអាចចូលទៅក្នុងនគរស្ថានសួគ៌នៅពេលណា? ហេតុអ្វីបានជារឿងទាំងនេះមិនទាន់ក្លាយជាការពិត ឬមិនទាន់សម្រេច? តើត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀតឱ្យប្រាកដ? គេតែងតែនិយាយថា ថ្ងៃរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ ប៉ុន្តែពាក្យថា 'ជិតមកដល់' នេះ ត្រូវបានលើកឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហេតុអ្វីបានជាវានៅឆ្ងាយម្ល៉េះ ហើយហាក់ដូចជាគ្មានទីបញ្ចប់សោះ?» ពួកគេមិនត្រឹមតែគិតបែបនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយការសង្ស័យទាំងនេះនៅគ្រប់ទីកន្លែងទៀតផង។ តើបញ្ហានេះបង្ហាញពីអ្វី? ហេតុអ្វីបានជាពួកគេនៅតែមិនយល់សេចក្ដីពិតសោះ បន្ទាប់ពីបានស្ដាប់ការអធិប្បាយជាច្រើនមក? ហេតុអ្វីបានជាពួកគេតែងតែប្រើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់កិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីបានជាពួកគេមិនអាចមើលរឿងទាំងនេះ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើពួកគេអាចបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ និងកំណត់ផ្លូវទៅកាន់ការសង្រ្គោះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេយល់ទេថា ព្រះបន្ទូលទាំងអស់នេះដែលព្រះជាម្ចាស់មានបន្ទូល និងអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីសង្រ្គោះមនុស្ស? តើពួកគេយល់ទេថា មានតែតាមរយៈការទទួលបានសេចក្ដីពិត និងការទទួលបានការសង្រ្គោះប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានព្រះពរទាំងអស់ដែលព្រះជាម្ចាស់បានសន្យាដល់មនុស្សជាតិ? តាមរយៈអ្វីដែលពួកគេនិយាយ និងសញ្ញាណដែលពួកគេផ្សព្វផ្សាយ វាច្បាស់ណាស់ថា ពួកគេមិនយល់ជាមូលដ្ឋានថា តើព្រះជាម្ចាស់កំពុងធ្វើអ្វី ឬគោលបំណងដែលព្រះជាម្ចាស់ធ្វើការងារទាំងអស់នេះ និងថ្លែងព្រះបន្ទូលទាំងអស់នេះ គឺដើម្បីអ្វីឡើយ។ ពួកគេគ្រាន់តែជាពួកអ្នកមិនជឿប៉ុណ្ណោះ! បន្ទាប់ពីបានស្ដាប់ការអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ និងរស់នៅបន្លំៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ តើពួកគេទទួលបានអ្វីខ្លះ? ពួកគេមិនទាំងបានបញ្ជាក់ថា តើមានព្រះជាម្ចាស់មែនឬអត់ផង ពួកគេគ្មានចម្លើយច្បាស់លាស់ចំពោះរឿងនេះឡើយ។ តើពួកគេដើរតួនាទីអ្វីនៅក្នុងពួកជំនុំ? បន្ទាប់ពីបានបម្រើការអស់មួយរយៈ ដោយមិនទទួលបានព្រះពរ ពួកគេផ្សព្វផ្សាយសញ្ញាណដោយគ្មានការរឹតត្បិត ដើម្បីបំភាន់ និងរំខានអ្នកដទៃ។ រឿងដែលពួកគេនិយាយតាមចិត្តចង់ គឺជាការវិនិច្ឆ័យទាស់នឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ ពួកគេខ្លះនិយាយថា៖ «ពីមុន ខ្ញុំគិតថាកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់ក្នុងរយៈពេលបីទៅប្រាំឆ្នាំ ខ្ញុំមិននឹកស្មានថា វានៅតែមិនទាន់បញ្ចប់សោះនៅពេលនេះ បន្ទាប់ពីដប់ឆ្នាំបានកន្លងផុតទៅ។ តើកិច្ចការនេះនឹងបញ្ចប់នៅពេលណា? អត្ថបទទីបន្ទាល់ត្រូវបានសរសេរឥតឈប់ឈរ វីដេអូអំពីការសម្ដែងទំនុកបរិសុទ្ធ និងភាពយន្តត្រូវបានផលិតឥតឈប់ឈរ ដំណឹងល្អត្រូវបានផ្សព្វផ្សាយឥតឈប់ឈរ តើវានឹងបញ្ចប់នៅពេលណា?» ពួកគេថែមទាំងសួរអ្នកដទៃទៀតថា៖ «តើអ្នករាល់គ្នាមិនគិតដូចគ្នាទេឬអី? មិនថាអ្នករាល់គ្នាគិតយ៉ាងណាទេ នោះគឺជាអ្វីដែលខ្ញុំគិត។ ខ្ញុំជាមនុស្សស្មោះត្រង់ ខ្ញុំនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ មិនដូចមនុស្សមួយចំនួនដែលមិននិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្លួន ហើយលាក់ទុកទាំងអស់នោះទេ»។ ពួកគេពិតជា «ស្មោះត្រង់» ណាស់ ដែលហ៊ាននិយាយអ្វីៗទាំងអស់! អាក្រក់ជាងនេះទៅទៀត ពួកគេនិយាយថា៖ «ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់មិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ ខ្ញុំនឹងទៅរកការងារធ្វើ រកលុយ និងរស់នៅក្នុងជីវិតរបស់ខ្ញុំ។ អស់រយៈពេលជាច្រើនឆ្នាំនៃការជឿលើព្រះជាម្ចាស់នេះ ខ្ញុំបានខកខានអាហារឆ្ងាញ់ៗជាច្រើន កន្លែងកម្សាន្តជាច្រើន និងការសោយសុខខាងសម្ភារៈជាច្រើន! ប្រសិនបើខ្ញុំមិនបានជឿលើព្រះជាម្ចាស់ទេ ខ្ញុំប្រហែលជាបានរស់នៅក្នុងភូមិគ្រឹះ មានឡានជិះ និងថែមទាំងបានធ្វើដំណើរជុំវិញពិភពលោកជាច្រើនដងទៀតផង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គិតត្រឡប់ទៅវិញ ជីវិតដែលមិនជឿលើព្រះជាម្ចាស់គឺល្អណាស់ ខ្ញុំសប្បាយចិត្តណាស់។ ទោះបីជាវាមានភាពទទេស្អាតបន្តិចក៏ដោយ ក៏ខ្ញុំអាចសោយសុខនឹងការសប្បាយខាងសាច់ឈាម ហូបចុកឆ្ងាញ់ៗ និងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដោយគ្មានការរឹតត្បិតដែរ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំនៃការជឿលើព្រះជាម្ចាស់នេះ ខ្ញុំបានរងទុក្ខយ៉ាងច្រើន ហើយតឹងរ៉ឹងយ៉ាងខ្លាំងចំពោះខ្លួនឯង! ទោះបីជាខ្ញុំទទួលបានសេចក្ដីពិតបន្តិចបន្តួច និងមានអារម្មណ៍សុវត្ថិភាពក្នុងចិត្តជាងមុនបន្តិចក៏ដោយ ក៏សេចក្ដីពិតទាំងនេះមិនអាចជំនួសការសប្បាយខាងសាច់ឈាមទាំងនោះបានដែរ! ម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនដែលបញ្ចប់សោះ ហើយព្រះជាម្ចាស់មិនដែលលេចមកឱ្យមនុស្សឃើញឡើយ ដូច្នេះខ្ញុំមិនដែលមានអារម្មណ៍សុវត្ថិភាពពិតប្រាកដទេ។ គេនិយាយថា ការយល់ និងការទទួលបានសេចក្ដីពិត នាំមកនូវសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ប៉ុន្តែតើការមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរមានប្រយោជន៍អ្វី? ខ្ញុំនៅតែមិនបានសោយសុខខាងសាច់ឈាមដដែលហ្នឹង!» គំនិតទាំងនេះបានកើតឡើងនៅក្នុងចិត្តរបស់ពួកគេរាប់មិនអស់ ហើយពួកគេបាននិយាយប្រាប់ខ្លួនឯងជាច្រើនដង។ នៅពេលដែលពួកគេជឿថា សញ្ញាណរបស់ពួកគេមានហេតុផលគ្រប់គ្រាន់ដើម្បីឈរមាំ ហើយពួកគេមានអារម្មណ៍ថាពេលវេលាបានមកដល់ហើយ និងពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរិះគន់កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនអាចទប់ចិត្តមិនផ្សព្វផ្សាយពាក្យសម្ដី និងសញ្ញាណដែលបានដកស្រង់ខាងលើបានឡើយ។ ពួកគេផ្សព្វផ្សាយការមិនពេញចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់ ព្រមទាំងសញ្ញាណ និងការយល់ច្រឡំរបស់ខ្លួនអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយព្យាយាមបំភាន់មនុស្សកាន់តែច្រើនឱ្យយល់ច្រឡំចំពោះព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ ជាការពិតណាស់ ក៏មានមនុស្សមួយចំនួនដែលមានបំណងទុច្ចរិត ដែលចង់រារាំងមនុស្សកាន់តែច្រើនមិនឱ្យលះបង់ដើម្បីព្រះជាម្ចាស់ ដោយចង់ឱ្យពួកគេបោះបង់ភារកិច្ចបច្ចុប្បន្នរបស់ខ្លួន និងបដិសេធព្រះជាម្ចាស់។ ប្រសិនបើពួកជំនុំត្រូវរំសាយចោល សម្រាប់ពួកគេ វានឹងក្លាយជារឿងល្អបំផុត។ តើអ្វីជាគោលដៅរបស់ពួកគេ? «ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ អ្នករាល់គ្នាក៏កុំសង្ឃឹមថានឹងទទួលបានដែរ។ ខ្ញុំនឹងបង្កនូវភាពវឹកវរដល់អ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានសេចក្ដីពិត ឬព្រះពរដែលព្រះជាម្ចាស់បានសន្យា!» ដោយគ្មានសង្ឃឹមនឹងទទួលបានព្រះពរ ពួកគេអស់ភាពអត់ធ្មត់ក្នុងការរង់ចាំតទៅទៀត។ ប្រសិនបើពួកគេខ្លួនឯងមិនទទួលបានព្រះពរ ពួកគេក៏មិនចង់ឱ្យអ្នកដទៃទទួលបានព្រះពរដែរ។ ហេតុនេះ នៅពេលដែលពួកគេផ្សព្វផ្សាយសញ្ញាណ ក្នុងន័យមួយ ពួកគេកំពុងបញ្ចេញការមិនពេញចិត្តរបស់ខ្លួន ដោយត្អូញត្អែរថា គ្មានអ្វីអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សឡើយ ហើយថាវិធីសាស្ត្រនៃការធ្វើការរបស់ព្រះជាម្ចាស់ មិនគិតពីអារម្មណ៍របស់មនុស្សទេ។ ក្នុងពេលជាមួយគ្នានេះ ពួកគេចង់បំភាន់ និងអូសទាញមនុស្សកាន់តែច្រើនឱ្យយល់ច្រឡំ និងត្អូញត្អែរអំពីព្រះជាម្ចាស់ បង្កើតបានជាសញ្ញាណអំពីព្រះជាម្ចាស់ និងបាត់បង់សេចក្ដីជំនឿ។ ពួកគេចង់ឱ្យមនុស្សកាន់តែច្រើនបោះបង់ព្រះជាម្ចាស់ចោល ដោយសារតែការយល់ច្រឡំ និងសញ្ញាណរបស់ពួកគេអំពីទ្រង់ ដូចពួកគេដែរ។
ខ. របៀបប្រព្រឹត្តចំពោះមនុស្សដែលផ្សព្វផ្សាយសញ្ញាណ
តើនឹងមានផលវិបាកអ្វីខ្លះ នៅពេលដែលមាននរណាម្នាក់នៅក្នុងពួកជំនុំផ្សព្វផ្សាយសញ្ញាណ និងការមិនពេញចិត្តចំពោះព្រះជាម្ចាស់? តើវាប៉ះពាល់ដោយផ្ទាល់ដល់ផលផ្លែនៃជីវិតពួកជំនុំដែរឬទេ? តើវារំខានដល់ជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំជាប្រក្រតីដែរឬទេ? (រំខាន។) រឿងនេះប៉ះពាល់ដល់សេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ និងប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី។ ដូច្នេះ ត្រូវតែរឹតត្បិតចំពោះអស់អ្នកដែលផ្សព្វផ្សាយសញ្ញាណ។ ទោះបីជាពួកគេគ្រាន់តែនិយាយរឿងបែបនេះម្ដងម្កាលក៏ដោយ ក៏ត្រូវរឹតត្បិត និងចេះសម្គាល់ពួកគេដែរ។ ត្រូវមើលថាតើពួកគេមានភាពជាមនុស្សបែបណា ថាតើការផ្សព្វផ្សាយសញ្ញាណរបស់ពួកគេបណ្ដាលមកពីភាពអវិជ្ជមាន និងភាពទន់ខ្សោយមួយគ្រា ឬបណ្ដាលមកពីបញ្ហាពាក់ព័ន្ធនឹងសារជាតិធម្មជាតិរបស់ពួកគេ ពោលគឺថាតើពួកគេជាមនុស្សដែលតែងតែមិនដេញតាមសេចក្ដីពិត ហើយមានចេតនាផ្សព្វផ្សាយសញ្ញាណ ដើម្បីបំភាន់មនុស្សកាន់តែច្រើន ព្រមទាំងរំខាន និងបំផ្លាញជីវិតពួកជំនុំដែរឬទេ។ ប្រសិនបើវាគ្រាន់តែជាភាពអវិជ្ជមាន និងភាពទន់ខ្សោយមួយគ្រាទេនោះ ការជួយគាំទ្រដល់ពួកគេតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត គឺគ្រប់គ្រាន់ហើយ។ ប្រសិនបើពួកគេមិនស្ដាប់ដំបូន្មាន ហើយបន្តផ្សព្វផ្សាយសញ្ញាណ និងរំខានដល់ជីវិតពួកជំនុំ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកដទៃក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ដែលប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី នោះមានន័យថា ពួកគេគឺជាអ្នកបម្រើសាតាំង ហើយគួរតែត្រូវបានជម្រះចោលស្របតាមគោលការណ៍។ ហេតុអ្វីបានជាមិនផ្ដល់ឱកាសឱ្យពួកគេម្ដងទៀត? តើអ្នករាល់គ្នាគិតថា មនុស្សបែបនេះគឺជាពួកអ្នកមិនជឿមែនទេ? (មែនហើយ)។ មិនថាភាពជាមនុស្សរបស់ពួកគេបែបណាទេ មនុស្សបែបនេះគឺជាពួកអ្នកមិនជឿ។ ពួកអ្នកមិនជឿ គឺដូចជាស្រងែនៅក្នុងចំណោមស្រូវសាលីអ៊ីចឹង ពោលគឺគួរតែដកពួកគេចេញ។ ប្រសិនបើពួកគេគ្រាន់តែបង្ហាញលក្ខណៈមួយចំនួននៃពួកអ្នកមិនជឿ ហើយមិនបានបង្កការរំខាននៅក្នុងជីវិតពួកជំនុំ ព្រមទាំងនៅតែអាចបម្រើក្នុងនាមជាមិត្តភក្តិរបស់ពួកជំនុំ និងអាចបម្រើការបាន នោះមិនបាច់ខ្វល់ពីពួកគេទេ។ ប៉ុន្តែ អស់អ្នកដែលតែងតែផ្សព្វផ្សាយសញ្ញាណ តែងតែបញ្ចេញទស្សនៈ និងពាក្យសម្តីរបស់ពួកអ្នកមិនជឿ។ ពួកគេមិនមែនគ្រាន់តែនិយាយលេងៗនោះទេ គោលបំណងរបស់ពួកគេគឺដើម្បីញុះញង់ បំភាន់ និងអូសទាញមនុស្សកាន់តែច្រើនឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ បំណងរបស់ពួកគេគឺ៖ «ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ នោះខ្ញុំនឹងមិនជឿទៀតឡើយ។ អ្នករាល់គ្នាកុំសង្ឃឹមថានឹងទទួលបានព្រះពរឱ្យសោះ ហើយក៏មិនត្រូវជឿដែរ! ប្រសិនបើអ្នករាល់គ្នានៅតែបន្តជឿ ចុះបើអ្នករាល់គ្នាតស៊ូ ហើយទីបំផុតទទួលបានព្រះពរនៅថ្ងៃណាមួយនោះ តើវានឹងមិនធ្វើឱ្យខ្ញុំពិបាកទេឬអី? តើឱ្យខ្ញុំស្ងប់ចិត្តបានដោយរបៀបណា? មិនបានទេ។ ដើម្បីកុំឱ្យស្តាយក្រោយនៅថ្ងៃមុខ ខ្ញុំនឹងរំខានអ្នករាល់គ្នា ហើយធ្វើឱ្យសេចក្ដីជំនឿរបស់អ្នករង្គោះរង្គើ ធ្វើឱ្យអ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ ហើយចាកចេញពីពួកជំនុំជាមួយខ្ញុំ នោះទើបជាការល្អបំផុត»។ នេះគឺជាគោលបំណងរបស់ពួកគេ។ តើពួកអ្នកមិនជឿបែបនេះ មិនគួរត្រូវបានជម្រះចោលទេឬ? (គួរ។) គួរជម្រះពួកគេចោល។ ប្រសិនបើពួកអ្នកមិនជឿខ្លះឈប់ជឿ នោះពួកជំនុំគ្រាន់តែយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីពួកគេមកវិញ ហើយលុបឈ្មោះពួកគេចេញប៉ុណ្ណោះ។ មានពួកអ្នកមិនជឿផ្សេងទៀតដែលមានចំណាប់អារម្មណ៍ល្អខ្លះៗចំពោះការជឿលើព្រះជាម្ចាស់ និងចំពោះអ្នកជឿ។ ពួកគេមិនបានបំពេញតួនាទីវិជ្ជមាននៅក្នុងពួកជំនុំឡើយ ពួកគេគ្រាន់តែជួយការងារខ្លះៗម្ដងម្កាល ក្នុងនាមជាមិត្តភក្តិរបស់ពួកជំនុំប៉ុណ្ណោះ។ មនុស្សបែបនេះ ទោះបីជាពួកគេមិនដេញតាមសេចក្ដីពិត ឬប្រកបគ្នាអំពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនផ្សព្វផ្សាយសញ្ញាណ ឬរំខានដល់ជីវិតពួកជំនុំដែរ។ ឱ្យតែពួកគេអាចបម្រើការបានបន្តិចបន្តួច គួរតែអនុញ្ញាតឱ្យពួកគេបន្តនៅក្នុងពួកជំនុំ ហើយមិនចាំបាច់ជម្រះពួកគេចោលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះពួកអ្នកមិនជឿដែលតែងតែផ្សព្វផ្សាយសញ្ញាណ មិនគួរមានការប្រណីសន្ដោសដល់ពួកគេឡើយ។ ពួកគេផ្សព្វផ្សាយសញ្ញាណ និងការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់ ដោយរំខានដល់ជីវិតពួកជំនុំ និងបង្កជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។ ពួកអ្នកមិនជឿទាំងនេះ គឺជាអ្នកបម្រើសាតាំង។ ពួកគេមានសញ្ញាណ ប៉ុន្តែពួកគេមិនត្រឹមតែមិនស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយសញ្ញាណទាំងនោះប៉ុណ្ណោះទេ តែពួកគេថែមទាំងផ្សព្វផ្សាយសញ្ញាណរបស់ខ្លួនដើម្បីបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេក្បត់ព្រះជាម្ចាស់ ហើយចង់អូសទាញអ្នកដទៃពីរបីនាក់ទៀតឱ្យទៅរកសេចក្ដីវិនាសជាមួយពួកគេ។ គឺដោយសារតែចេតនាបែបនេះហើយ ទើបពួកគេរំខានដល់កិច្ចការរបស់ពួកជំនុំ។ តើព្រះជាម្ចាស់អាចលើកលែងទោសឱ្យពួកគេបានទេ? អត់ទេ មិនត្រូវទុកឱ្យពួកគេរួចខ្លួនឡើយ។ នេះមិនមែនជារឿងដែលត្រូវរឹតត្បិត ឬដាក់ពួកគេឱ្យនៅដាច់ដោយឡែកនោះទេ តែត្រូវបោសសម្អាតពួកគេចោល និងលុបឈ្មោះចេញជារៀងរហូត ដោយគ្មានការប្រណីសន្ដោសអ្វីបន្តិចសោះឡើយ!
នៅក្នុងពួកជំនុំ មានមនុស្សមួយចំនួនមិនដែលដេញតាមសេចក្ដីពិត ហើយមិនដែលយល់ពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្សឡើយ។ បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវខ្លះៗ ពួកគេចាប់ផ្ដើមមានការយល់ខុស ការទាស់ទទឹង និងការត្អូញត្អែរចំពោះព្រះជាម្ចាស់ ហើយពាក្យសម្ដីខ្លះដែលពួកគេនិយាយ និងរឿងខ្លះដែលពួកគេធ្វើ គឺសុទ្ធតែជាការផ្សព្វផ្សាយសញ្ញាណ។ សញ្ញាណដែលពួកគេផ្សព្វផ្សាយ មិនមែនគ្រាន់តែជាសេចក្ដីងាកចេញពីការស្វែងយល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ឬជាការយល់ខុសអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ។ សញ្ញាណខ្លះគឺធ្ងន់ធ្ងរជាងនេះទៅទៀត គឺការបដិសេធដោយផ្ទាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ពួកគេវិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់យ៉ាងដាច់អហង្ការ។ ហើយសញ្ញាណផ្សេងទៀតដែលពួកគេផ្សព្វផ្សាយ ថែមទាំងវាយប្រហារ និងប្រមាថព្រះជាម្ចាស់ជាចំហទៀតផង។ ពួកគេមិនមែនកំពុងវែកញែក ឬព្យាយាមស្វែងយល់ពីសេចក្ដីពុករលួយ និងការបះបោររបស់ខ្លួន ដោយចិត្តចុះចូល ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ឬជាអ្នកដើរតាមព្រះជាម្ចាស់នោះទេ ហើយពួកគេក៏មិនកំពុងទទួលយកសេចក្ដីពិត និងប្រកបគ្នាអំពីការយល់ដឹងរបស់ពួកគេចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងការស្វែងយល់របស់ពួកគេចំពោះព្រះរាជបំណងរបស់ទ្រង់ដែរ។ សញ្ញាណដែលពួកគេសម្ដែងចេញ គឺផ្ទុយស្រឡះពីការយល់ដឹងវិជ្ជមានទាំងនេះ។ នៅពេលអ្នកដទៃស្ដាប់ឮសញ្ញាណរបស់ពួកគេ មនុស្សទាំងនោះមិនទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់ឡើយ ហើយក៏មិនបង្កើតបាននូវសេចក្ដីជំនឿពិតប្រាកដដែរ ហើយជាការពិតណាស់ សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ក៏មិនកើនឡើងដែរ។ ផ្ទុយទៅវិញ សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រែជាស្រពេចស្រពិល ថយចុះ ឬបាត់បង់ទាំងស្រុងតែម្ដង។ ក្នុងពេលជាមួយគ្នានេះ និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ប្រែជាស្រពេចស្រពិលចំពោះពួកគេដែរ។ មនុស្សកាន់តែស្ដាប់សញ្ញាណដែលពួកគេផ្សព្វផ្សាយ ចិត្តរបស់ពួកគេកាន់តែច្របូកច្របល់ រហូតដល់ថ្នាក់ពួកគេមានអារម្មណ៍មិនច្បាស់ថា ហេតុអ្វីបានជាពួកគេគួរជឿលើព្រះជាម្ចាស់ទៀតផង ហើយពួកគេចាប់ផ្ដើមសង្ស័យថា តើពិតជាមានព្រះជាម្ចាស់មែនឬអត់។ ចំពោះរឿងដែលថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែរឬទេ តើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់អាចបន្សុទ្ធ និងសង្គ្រោះមនុស្សបានដែរឬទេ និងបញ្ហាផ្សេងៗទៀតនោះ រឿងទាំងនេះសុទ្ធតែប្រែជាស្រពេចស្រពិល និងគួរឱ្យសង្ស័យចំពោះពួកគេ។ នៅពេលដែលមនុស្សស្ដាប់ឮសញ្ញាណ និងការយល់ខុសដែលបុគ្គលបែបនេះផ្សព្វផ្សាយ ពួកគេចាប់ផ្ដើមសង្ស័យ និងប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ ពួកគេចាប់ផ្ដើមដាក់កំហិតព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន បង្កើតជាការយល់ខុស និងការត្អូញត្អែរទាស់នឹងព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយពីព្រះជាម្ចាស់នៅក្នុងចិត្តទៀតផង។ នេះគឺជាបញ្ហាដ៏ធំ។ នៅពេលដែលពួកគេមានគំនិត ទស្សនៈ ផែនការ និងបំណងអវិជ្ជមានទាំងនេះ វាច្បាស់ណាស់ថា ព័ត៌មាន និងពាក្យសម្ដីដែលពួកគេបានទទួលយក គឺមិនស្របតាមតម្រូវការនៃភាពជាមនុស្សធម្មតាឡើយ កុំថាឡើយស្របតាមសេចក្ដីពិតនោះ គឺច្បាស់ណាស់មួយរយភាគរយថា វាចេញមកពីសាតាំង។ មិនថាអ្នកដែលផ្សព្វផ្សាយសញ្ញាណមានចេតនា ឬបំណងអ្វី មិនថាពួកគេផ្សព្វផ្សាយពាក្យមិនពិត និងពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដោយចេតនា ឬអចេតនានោះទេ ឱ្យតែពួកគេបង្កផលប៉ះពាល់អាក្រក់នៅក្នុងពួកជំនុំ គឺគួរតែរឹតត្បិតពួកគេ។ ជាការពិតណាស់ ប្រសិនបើរកឃើញ និងសម្គាល់ដឹងមនុស្សបែបនេះនៅក្រៅជីវិតពួកជំនុំ ក៏គួរតែបញ្ឈប់ និងរឹតត្បិតពួកគេភ្លាមៗដែរ។ ប្រសិនបើអ្នកណាម្នាក់ដែលយល់ពីសេចក្ដីពិត អាចប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការយល់ដឹងរបស់ខ្លួន ដើម្បីបដិសេធ និងលាតត្រដាងអ្នកដែលផ្សព្វផ្សាយរឿងបែបនេះ ដោយជួយបងប្អូនប្រុសស្រីឱ្យចេះសម្គាល់ពួកគេ នោះរឹតតែប្រសើរ។ នេះគឺជាការធ្វើប្រយុទ្ធទាស់នឹងសាតាំង។ ប្រសិនបើអ្នកមានកម្ពស់មិនដល់ អ្នកគួរតែរៀនសម្គាល់ និងនៅឱ្យឆ្ងាយពីពួកគេ។ ប្រសិនបើអ្នកមានកម្ពស់ អ្នកគួរតែលាតត្រដាងពួកគេ។ តើអ្នករាល់គ្នាហ៊ានធ្វើបែបនេះដែរឬទេ? តើអ្នកដឹងពីរបៀបធ្វើដែរឬទេ? រឿងនេះបង្ហាញយ៉ាងច្បាស់បំផុតថា តើមនុស្សម្នាក់មានតថភាពនៃសេចក្ដីពិតដែរឬទេ។ នៅពេលដែលអ្នកជឿថ្មីមួយចំនួនបានឮសញ្ញាណ និងការយល់ខុសដែលមនុស្សបែបនេះផ្សព្វផ្សាយអំពីព្រះជាម្ចាស់ ពួកគេមានការភ្ញាក់ផ្អើល ហើយនិយាយថា៖ «តើមនុស្សដែលជឿលើព្រះជាម្ចាស់ អាចនិយាយបែបនេះបានដោយរបៀបណា?» ប្រសិនបើមនុស្សដែលគ្មានគ្រឹះរឹងមាំ បានឮសញ្ញាណ និងពាក្យមិនពិតទាំងនេះ តើពួកគេនឹងក្លាយជាអវិជ្ជមាន និងទន់ខ្សោយដែរឬទេ? តើពួកគេនឹងទទួលយកពាក្យមិនពិតទាំងនេះដែរឬទេ? តើពួកគេនឹងត្រូវគេបំភាន់ ហើយចាកចេញពីពួកជំនុំដែរឬទេ? រឿងទាំងនេះសុទ្ធតែអាចកើតឡើងបានទាំងអស់។ នៅពេលដែលអ្នកផ្សព្វផ្សាយសញ្ញាណនិយាយថា៖ «ខ្ញុំនឹងមិនជឿលើព្រះជាម្ចាស់ទៀតឡើយ» មិនថាពួកគេស្ថិតក្នុងសភាពបែបណានៅពេលនិយាយពាក្យនេះទេ វាបង្ហាញថា ពួកគេបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទាំងស្រុងហើយ ហើយគឺជាអ្នកមិនជឿ។ មិនថាពួកគេមានគោលបំណងអ្វីក្នុងការផ្សព្វផ្សាយពាក្យទាំងនេះទេ តើអ្នកអាចទទួលបានការស្អាងចិត្តណាមួយពីការស្ដាប់ពាក្យទាំងនេះដែរឬទេ? (អត់ទេ។) នៅពេលដែលអ្នកទន់ខ្សោយ ហើយបានឮពាក្យទាំងនេះ អ្នកអាចនឹងមានអារម្មណ៍ថា៖ «មនុស្សម្នាក់នេះមានការឈឺចាប់ដូចខ្ញុំដែរ។ នៅពេលដែលគេនិយាយអំពីសញ្ញាណរបស់គេ គឺហាក់ដូចជាគេកំពុងនិយាយជំនួសឱ្យគំនិតក្នុងជម្រៅចិត្តរបស់ខ្ញុំអ៊ីចឹងដែរ»។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដែលមានសេចក្ដីជំនឿបានឮពាក្យទាំងនេះ ពួកគេនឹងគិតថា៖ «នេះគឺជាការបះបោរយ៉ាងធ្ងន់ធ្ងរ! តើពាក្យបែបនេះអាចនិយាយចេញមកបានដោយរបៀបណា? តើនេះមិនមែនជាការប្រមាថព្រះជាម្ចាស់ទេឬអី? ខ្ញុំមិនហ៊ាននិយាយរឿងបែបនេះទេ ព្រោះវាប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់!» ការពិតដែលថាពួកគេអាចផ្សព្វផ្សាយសញ្ញាណទាំងនេះបាន បង្ហាញថា គំនិតទាំងនេះបានកើតមានជាយូរមកហើយ និងបានចាក់ឫសនៅក្នុងចិត្តរបស់ពួកគេរួចទៅហើយ។ ប្រសិនបើគំនិតបែបនេះទើបតែចាប់ផ្ដើមកកើត ហើយស្ថិតក្នុងដំណាក់កាលដុះពន្លកនៅឡើយ ហើយមិនទាន់ក្លាយជាសញ្ញាណពេញលេញទេនោះ ឱ្យតែមនុស្សម្នាក់មិននិយាយវាចេញមក ហើយមិនបានបំភាន់ ឬរំខានអ្នកដទៃ នេះបង្ហាញថា ពួកគេមានហេតុផលខ្លះដែរ។ ពួកគេអាចទប់មាត់របស់ខ្លួនបាន ហេតុនេះហើយអាចចៀសផុតពីផលវិបាកនៃការត្រូវបានជម្រះចោល។ ប៉ុន្តែ ប្រសិនបើពួកគេនិយាយចេញមក ហើយរំខានដល់ជីវិតពួកជំនុំ នោះមិនបាច់មានការប្រណីសន្ដោសចំពោះពួកគេទៀតឡើយ គឺគួរតែលាតត្រដាង និងជម្រះពួកគេចោល។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត និងខ្វះសមត្ថភាពក្នុងការយល់ដឹងសេចក្ដីពិត ងាយនឹងកើតមានសញ្ញាណជាញឹកញាប់ណាស់។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានសមត្ថភាពក្នុងការយល់ដឹង នឹងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់ខ្លួន ទោះបីជាវាកើតឡើងក៏ដោយ។ អស់អ្នកដែលផ្សព្វផ្សាយសញ្ញាណជាញឹកញាប់ ត្រូវបានបើកសម្ដែង និងជម្រុះចោលដោយកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិតសោះឡើយ និងមិនអាចទទួលយកសេចក្ដីពិតបានទេ។ ពួកគេសុទ្ធតែមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត។ នេះជារឿងដែលមិនបាច់សង្ស័យឡើយ។
នៅក្នុងជីវិតពួកជំនុំនៅតាមបណ្តាប្រទេស និងទីកន្លែងនានា បញ្ហានៃការផ្សព្វផ្សាយសញ្ញាណប្រាកដជាមាន ពីព្រោះមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត មាននៅគ្រប់ទីកន្លែង។ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត អស់អ្នកដែលមិនពេញចិត្តនឹងសេចក្ដីពិត អស់អ្នកដែលស្វែងរកការសោយសុខខាងសាច់ឈាម ព្រមទាំងពួកអ្នកមិនជឿ មនុស្សអាក្រក់ និងអ្នកផ្សេងទៀត ដោយសារតែពួកគេមិនដេញតាមសេចក្ដីពិត ពួកគេតែងតែមានសញ្ញាណអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអំពីព្រះអង្គដែលយកកំណើតជាមនុស្ស។ ចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ញាណ ពេញទៅដោយការស្រមើស្រមៃអំពីព្រះជាម្ចាស់ និងសេចក្ដីតម្រូវចំពោះទ្រង់ ហើយពួកគេមិនអាចស្វែងយល់ និងយល់ដឹងរាល់ពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយត្រឹមត្រូវឡើយ។ ពួកគេយល់ព្រះបន្ទូលទាំងនោះ ដោយផ្អែកលើសញ្ញាណ ចំណង់ចំណូលចិត្ត និងសូម្បីតែផ្អែកលើផលប្រយោជន៍ និងការខាតបង់ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ញាណផ្សេងៗ ការស្រមើស្រមៃ និងសេចក្ដីតម្រូវដែលគ្មានហេតុផលចំពោះព្រះជាម្ចាស់ ព្រមទាំងការយល់ខុស និងការវិនិច្ឆ័យផ្សេងៗអំពីព្រះជាម្ចាស់ ជាដើម។ ដូច្នេះ វាជារឿងធម្មតាទេដែលមនុស្សទាំងនេះផ្សព្វផ្សាយសញ្ញាណ នេះមិនមែនជារឿងថ្មីទេ។ ឱ្យតែមនុស្សបែបនេះនៅមាន ការផ្សព្វផ្សាយសញ្ញាណនឹងកើតឡើងពីមួយពេលទៅមួយពេល ហើយអាចកើតឡើងនៅពេលណាក៏បាន។ នៅពេលដែលអ្វីមួយដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ មិនស្របតាមសញ្ញាណ និងបំណងប្រាថ្នារបស់ពួកគេ ហើយនៅពេលដែលវាប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ពួកគេខឹងច្រឡោត ហើយចាប់ផ្ដើមនិយាយដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងតតាំងជាមួយព្រះជាម្ចាស់ ព្រមទាំងកិច្ចការរបស់ទ្រង់។ មនុស្សទាំងនេះតែងតែប្រឆាំងនឹងសេចក្ដីពិត និងព្រះជាម្ចាស់ ដោយវិភាគ និងពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេពិនិត្យពិច័យ និងត្រួតពិនិត្យភាពត្រឹមត្រូវនៃព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ឥតឈប់ឈរ ហើយពួកគេក៏ចង់ផ្ទៀងផ្ទាត់មើលថាតើសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ស្របតាមអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ដែរឬទេ។ នៅក្នុងដំណើរការនៃការផ្ទៀងផ្ទាត់របស់ពួកគេ ពួកគេពិបាកនឹងរកចម្លើយដែលត្រឹមត្រូវណាស់។ នៅក្នុងភ្នែករបស់ពួកគេ សូម្បីតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ពិបាកនឹងសម្រេច និងក្លាយជាការពិតណាស់ដែរ។ ហេតុនេះហើយ ពួកគេមានរឿងជាច្រើនត្រូវនិយាយ នៅពេលផ្សព្វផ្សាយសញ្ញាណ។ ពួកគេផ្សព្វផ្សាយសញ្ញាណរបស់ខ្លួន ដោយមិនរើសពេលវេលា ទីកន្លែង ឬបរិបទឡើយ។ នៅពេលណាដែលពួកគេមានអារម្មណ៍មិនពេញចិត្តនឹងព្រះជាម្ចាស់តាមរបៀបណាមួយ ពួកគេវាស់វែងរឿងរ៉ាវដោយប្រើសញ្ញាណរបស់ខ្លួន។ ប្រសិនបើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់ពួកគេទេ ពួកគេបញ្ចេញសញ្ញាណរបស់ខ្លួនយ៉ាងឆាប់រហ័ស។ យើងចាត់ទុកការបញ្ចេញមតិបែបនេះថាជាការផ្សព្វផ្សាយ។ ហេតុអ្វីបានជាហៅថា «ការផ្សព្វផ្សាយ»? ពីព្រោះអ្វីដែលពួកគេបញ្ចេញមក មិនមានឥទ្ធិពលវិជ្ជមានលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជីវិតពួកជំនុំ ឬកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបង្កជាការរំខាន ការបង្អាក់ និងការបំផ្លាញប៉ុណ្ណោះ។ ដូច្នេះ វាពិតជាត្រឹមត្រូវណាស់ក្នុងការហៅការនិយាយពាក្យសម្ដីបែបនេះថាជា «ការផ្សព្វផ្សាយ»។
បន្ទាប់ពីអ្នកទទួលបានការសម្គាល់ជាមូលដ្ឋានខ្លះៗអំពីបញ្ហានៃការផ្សព្វផ្សាយសញ្ញាណរួចមក អ្នកគួរតែចេះវែកញែក និងចេះសម្គាល់សញ្ញាណ និងពាក្យសម្ដីខុសឆ្គងផ្សេងៗរបស់មនុស្ស ដោយផ្អែកលើសេចក្ដីពិត ហើយបន្ទាប់មកចាត់ការ និងដោះស្រាយបញ្ហាទាំងនោះស្របតាមបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ជាការពិតណាស់ អ្នកដឹកនាំ និងអ្នកធ្វើការមានទំនួលខុសត្រូវដែលមិនអាចគេចវេះបានក្នុងការដោះស្រាយបញ្ហាបែបនេះ។ ក្នុងពេលជាមួយគ្នានេះ រាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នានេះហើយ ក៏មានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការលាតត្រដាង និងវែកញែកមនុស្សដែលផ្សព្វផ្សាយសញ្ញាណ ព្រមទាំងពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេផងដែរ។ ប្រសិនបើអ្នកគ្មានភាពក្លាហានក្នុងការបញ្ឈប់ ឬរឹតត្បិតពួកគេទេ អ្នកអាចប្រកបគ្នា និងជជែកដេញដោលជាមួយពួកគេ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលអ្នកយល់បាន។ តើការជជែកដេញដោលបែបនេះមានគោលបំណងអ្វី? គឺដើម្បីឱ្យអ្នកដែលមានកម្ពស់មិនដល់ និងមិនយល់ពីសេចក្ដីពិត អាចដឹងថាពាក្យសម្ដីរបស់អ្នកណាដែលស្របតាមសេចក្ដីពិត បន្ទាប់ពីពួកគេបានស្ដាប់ការជជែកដេញដោលនោះ ជាជាងត្រូវបានបំភាន់ទាំងស្រពេចស្រពិលដោយសញ្ញាណ និងពាក្យមិនពិតដែលមនុស្សមួយចំនួនផ្សព្វផ្សាយ។ នេះមានប្រយោជន៍សម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងសម្រាប់ជីវិតពួកជំនុំ។ នៅពេលដែលរកឃើញថាមាននរណាម្នាក់កំពុងនិយាយពាក្យដែលមិនស្របតាមសេចក្ដីពិត មិនថាជាសញ្ញាណរបស់មនុស្ស ឬពាក្យមិនពិតនោះទេ គួរតែមានការជជែកដេញដោល។ ការជជែកដេញដោលបែបនេះ ជួយស្អាងចិត្តមនុស្ស។ យ៉ាងហោចណាស់ បន្ទាប់ពីបានស្ដាប់ការជជែកដេញដោលទាំងនេះរួច អ្នកសង្កេតការណ៍អាចមើលឃើញយ៉ាងច្បាស់ថា ពាក្យសម្ដីរបស់អ្នកដែលផ្សព្វផ្សាយសញ្ញាណ ពិតជាសញ្ញាណមែន ហើយពួកគេអាចយល់ថា តើទិដ្ឋភាពណាខ្លះនៃសញ្ញាណទាំងនេះដែលមិនស្របតាមសេចក្ដីពិត តើសារជាតិនៃសញ្ញាណទាំងនោះគឺជាអ្វី ហេតុអ្វីបានជាវាមិនស្របតាមសេចក្ដីពិត ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាជាសញ្ញាណ ហេតុអ្វីបានជាមនុស្សដែលផ្សព្វផ្សាយសញ្ញាណទាំងនោះគួរតែត្រូវបានរឹតត្បិត ជាដើម។ ពួកគេអាចមានការយល់ឃើញត្រឹមត្រូវចំពោះរឿងទាំងនេះ ជាជាងត្រូវបានគេបំភាន់ និងលេងសើចទាំងស្រពេចស្រពិល។ ទោះបីជាសញ្ញាណដែលមនុស្សផ្សព្វផ្សាយ អាចបង្កការរំខាន និងការខូចខាតខ្លះៗដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដល់ជីវិតពួកជំនុំក៏ដោយ ក៏ការឆ្លងកាត់រឿងទាំងនេះ ពិតជាមិនមែនជារឿងអាក្រក់សម្រាប់មនុស្សនោះដែរ។ យ៉ាងហោចណាស់ វាជួយឱ្យពួកគេកាន់តែចេះសម្គាល់មើលឃើញថាធាតុពិតរបស់អ្នកដែលផ្សព្វផ្សាយសញ្ញាណគឺជាអ្វី មើលឃើញថាតើពួកគេបញ្ចេញនិស្ស័យអ្វីនៅពេលផ្សព្វផ្សាយសញ្ញាណ និងមើលឃើញពីភាពខុសគ្នារវាងសញ្ញាណដែលពួកគេផ្សព្វផ្សាយ និងសេចក្ដីពិត។ ម្យ៉ាង មនុស្សនឹងចេះសម្គាល់ពាក្យសម្ដីទាំងនេះ និងមានភាពស៊ាំនឹងពាក្យទាំងនោះ។ ម្យ៉ាងទៀត ពួកគេក៏នឹងចេះសម្គាល់ខ្លះៗចំពោះមនុស្សបែបនេះផងដែរ ហើយដឹងថាពាក្យសម្ដីបែបណាដែលនិយាយដោយពួកអ្នកមិនជឿ និងដោយអ្នកដែលមិនមានសេចក្ដីពិតសោះ ហើយតែងតែមានសញ្ញាណអំពីព្រះជាម្ចាស់ ព្រមទាំងដឹងទៀតថាសេចក្ដីជំនឿរបស់ពួកគេមិនពិតប្រាកដឡើយ។ យ៉ាងហោចណាស់ មនុស្សអាចទទួលបាននូវការចេះសម្គាល់បែបនេះ។ ជាការពិតណាស់ ប្រសិនបើអ្នកមិនទាន់ជួបប្រទះបញ្ហាទាំងនេះទេ កុំអធិស្ឋានដោយមិនប្រុងប្រយ័ត្ន ដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ សូមទ្រង់រៀបចំបរិយាកាសសម្រាប់ទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចមើលឃើញថា អ្វីទៅដែលហៅថា 'សញ្ញាណដែលមនុស្សផ្សព្វផ្សាយ'»។ ការឃើញការផ្សព្វផ្សាយសញ្ញាណ មិនមែនជារឿងលេងសើចទេ ហើយអាចធ្វើឱ្យអ្នកងាយនឹងត្រូវបានគេបំភាន់។ ហើយនៅពេលដែលរឿងទាំងនេះកើតឡើងមែន អ្នកគួរតែដោះស្រាយវាឱ្យបានត្រឹមត្រូវ។ កុំបណ្តោយឱ្យវាកន្លងផុតទៅ ឬគេចវេះពីវាឡើយ។ ចូរប្រឈមមុខនឹងវាឱ្យបានត្រឹមត្រូវ ហើយប្រឈមមុខនឹងបរិយាកាសនីមួយៗដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ដោយអាកប្បកិរិយាម៉ឺងម៉ាត់ និងហ្មត់ចត់។ នេះគឺជាអាកប្បកិរិយារបស់មនុស្សដែលដេញតាមសេចក្ដីពិតគួរតែមាន ដើម្បីទទួលបានសេចក្ដីពិត។ នៅពេលដែលអ្នកជួបប្រទះនរណាម្នាក់ដែលកំពុងផ្សព្វផ្សាយសញ្ញាណ អ្នកគួរតែរៀនអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ សូមទ្រង់គង់នៅជាមួយទូលបង្គំ សូមបំភ្លឺទូលបង្គំ និងដឹកនាំទូលបង្គំផង ដើម្បីឱ្យទូលបង្គំចេះសម្គាល់ពាក្យសម្ដីទាំងនេះ និងមនុស្សប្រភេទនេះ ហើយសូមជួយឱ្យទូលបង្គំអាចដឹងថាតើទូលបង្គំមានសញ្ញាណណាមួយរបស់មនុស្សទាំងនេះនៅក្នុងខ្លួនទូលបង្គំដែរឬទេ»។ បន្ទាប់មក ក្រោយពេលអធិស្ឋានរួច ចូរទៅឆ្លងកាត់រឿងនេះចុះ។ ជាការពិតណាស់ នេះក៏នឹងក្លាយជាពេលវេលាមួយដែលអ្នកត្រូវបានល្បងលទាក់ទងនឹងថាតើអ្នកយល់សេចក្ដីពិតបានច្រើនកម្រិតណា និងថាតើអ្នកមានកម្ពស់ខ្ពស់ប៉ុនណាដែរ។ នៅពេលដែលមាននរណាម្នាក់កំពុងផ្សព្វផ្សាយសញ្ញាណ ប្រសិនបើអ្នកស្ដាប់ឮ ហើយគ្មានប្រតិកម្ម ឬគំនិតអ្វីនៅក្នុងចិត្តសោះ តែបែរជាដូចវិទ្យុមួយគ្រឿង ដែលចាំតែទទួលយកសញ្ញាណអ្វីក៏ដោយដែលពួកគេបញ្ចេញ និងផ្សព្វផ្សាយ ដោយគ្មានការប្រឆាំង ឬសមត្ថភាពក្នុងការបដិសេធ ហើយរឹតតែគ្មានសមត្ថភាពក្នុងការសម្គាល់សញ្ញាណទាំងនោះទៀត តើនេះមិនមែនជាបញ្ហាធំទេឬអី? មនុស្សមួយចំនួន នៅពេលដែលពួកគេបានឮនរណាម្នាក់បញ្ចេញសញ្ញាណ ពួកគេមានអារម្មណ៍នៅក្នុងចិត្តថា អ្វីដែលគេកំពុងនិយាយនោះគឺខុស ហើយពួកគេចង់ប្រកបគ្នា និងជជែកដេញដោលជាមួយបុគ្គលនោះ ប៉ុន្តែពួកគេមិនដឹងពីរបៀបបញ្ចេញមតិឱ្យបានសមរម្យ ឬរបៀបដែលពួកគេគួរលាតត្រដាង និងវែកញែកបុគ្គលនោះឡើយ។ ពួកគេក៏ខ្លាចដែរថា ប្រសិនបើពួកគេមិនអាចតតាំងវិញឱ្យមានប្រសិទ្ធភាពទេ ពួកគេនឹងខ្មាសគេរហូតដល់មុខឡើងក្រហម ហើយនៅពេលដែលពួកគេចាញ់នៅទីបំផុត ពួកគេនឹងបាក់មុខ ហើយស្ថិតក្នុងស្ថានភាពដ៏គួរឱ្យអាម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មានអារម្មណ៍មិនចង់បណ្តោយឱ្យរឿងនេះកន្លងផុតទៅដោយគ្មានការជជែកដេញដោលដែរ ដោយគិតថា៖ «ខ្ញុំបានស្ដាប់ការអធិប្បាយជាច្រើន និងយល់បានច្រើនគួរសមដែរ ដូច្នេះ ហេតុអ្វីបានជាខ្ញុំខ្វះពាក្យសម្ដីដើម្បីបដិសេធពួកគេទៅវិញ? ខ្ញុំគ្មានសញ្ញាណអំពីព្រះជាម្ចាស់ទេ ហើយខ្ញុំមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ដូច្នេះ ហេតុអ្វីបានជាខ្ញុំមិនអាចពន្យល់រឿងរ៉ាវឱ្យបានច្បាស់លាស់ នៅពេលដល់ពេលដែលត្រូវបដិសេធពាក្យមិនពិតរបស់ពួកគេទៅវិញ?» ពួកគេមើលឃើញថា អ្នកដែលផ្សព្វផ្សាយសញ្ញាណនិយាយកាន់តែច្រើនឡើងៗ ដោយពាក្យសម្ដីរបស់ពួកគេកាន់តែធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើម ប៉ុន្តែពួកគេគ្រាន់តែមិនអាចបដិសេធ ឬវែកញែកពាក្យទាំងនោះបាន ហើយពួកគេមិនអាចក្រោកឈរឡើង និងលាតត្រដាងពួកគេបានឡើយ កុំថាឡើយឃាត់ពួកគេ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ខ្វល់ខ្វាយ និងព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងចិត្តនោះ។ មានតែនៅពេលនេះទេ ទើបពួកគេដឹងថា កម្ពស់របស់ពួកគេនៅទាបពេក ហើយឃើញថា ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត មិនទាន់បង្កើតបានជាទស្សនៈពេញលេញ និងត្រឹមត្រូវនៅឡើយទេ គឺគ្រាន់តែជាឃ្លាដាច់ៗពីគ្នា ជាពន្លឺ និងគំនិតរាយប៉ាយមួយចំនួនប៉ុណ្ណោះ ហើយមិនមែនជាចំណេះដឹងពិតប្រាកដអំពីសេចក្ដីពិតសោះឡើយ។ ពួកគេដឹងច្បាស់ណាស់ថា បុគ្គលនេះកំពុងផ្សព្វផ្សាយសញ្ញាណ និងបំភាន់មនុស្ស ហើយថាគេគឺជាអ្នកមិនជឿ ហើយពួកគេចង់លាតត្រដាងបុគ្គលនោះ និងបដិសេធទស្សនៈរបស់គេ គ្រាន់តែថាពួកគេខ្វះភាសាសមរម្យ និងមានអំណាចដើម្បីធ្វើដូច្នេះប៉ុណ្ណោះ។ ពួកគេអាចនិយាយបានត្រឹមថា៖ «អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺល្អ ហើយអ្នកត្រូវតែទទួលយកវា។ ព្រះជាម្ចាស់បរិសុទ្ធ និងគ្រប់លក្ខណ៍ ហើយទ្រង់មិនដូចអ្វីដែលអ្នកនិយាយសោះឡើយ។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយមនុស្សគឺជាភាវៈដែលត្រូវបានបង្កើតមក។ ពួកគេគួរតែចុះចូលនឹងព្រះជាម្ចាស់។ មនុស្សមិនខាតបង់ឡើយ ដោយការចុះចូលនឹងព្រះជាម្ចាស់»។ ពួកគេអាចបញ្ចេញបានត្រឹមទ្រឹស្ដីរាក់កំភែលទាំងនេះ ដែលមិនចំចំណុចសំខាន់សោះឡើយ។ បន្ទាប់ពីបានឆ្លងកាត់ព្រឹត្តិការណ៍ពិសេសនេះ ពួកគេដឹងថា កម្ពស់របស់ពួកគេនៅទាបពេក ហើយគិតថា៖ «ហេតុអ្វីបានជាខ្ញុំអសមត្ថភាពម្ល៉េះ? ជាធម្មតា ខ្ញុំអាចនិយាយអំពីគោលលទ្ធិធំៗបានយ៉ាងច្រើន ដោយនិយាយបានយ៉ាងស្ទាត់ជំនាញ ខ្ញុំអាចនិយាយបានមួយម៉ោងនៅក្នុងការជួបជុំដោយគ្មានបញ្ហាអ្វីសោះ ហើយសរសេរកំណត់ត្រាអធិប្បាយបានបីទៅប្រាំទំព័រ ដោយមិនបាច់គិតយូរ ដោយមានទំនុកចិត្តយ៉ាងខ្លាំងក្នុងរឿងនេះ។ ប៉ុន្តែ នៅពេលប្រឈមមុខនឹងនរណាម្នាក់ដែលផ្សព្វផ្សាយសញ្ញាណ វិនិច្ឆ័យ និងប្រមាថព្រះជាម្ចាស់បែបនេះ ហេតុអ្វីបានជាខ្ញុំគ្មានការប្រុងប្រយ័ត្ន គ្មានការឆ្លើយតបសោះអ៊ីចឹង? ហេតុអ្វីបានជាខ្ញុំមិនអាចផ្តល់ការលាតត្រដាង និងការបដិសេធដ៏មានអំណាចបាន?» តើពួកគេរកឃើញអ្វីខ្លះពីរឿងនេះ? តើមិនមែនពួកគេដឹងថា ពួកគេមិនយល់សេចក្ដីពិតទេឬអី? តើការដឹងបែបនេះ ជារឿងល្អ ឬជារឿងអាក្រក់? (ជារឿងល្អ។) ទីបំផុត ពួកគេរកឃើញកម្ពស់ជាក់ស្តែងរបស់ខ្លួន។ ប្រសិនបើពួកគេមិនបានជួបប្រទះនរណាម្នាក់ដែលផ្សព្វផ្សាយសញ្ញាណទេ ពួកគេប្រហែលជានៅតែគិតថា ពួកគេមានកម្ពស់ យល់សេចក្ដីពិត ចេះសម្គាល់ អាចមើលធ្លុះអ្វីៗគ្រប់យ៉ាង អាចអធិប្បាយគោលលទ្ធិខាងវិញ្ញាណផ្សេងៗ និងអាចប្រកបគ្នាបានខ្លះអំពីសេចក្ដីពិតនីមួយៗ ដោយភាពស្ទាត់ជំនាញយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងនរណាម្នាក់ដែលផ្សព្វផ្សាយសញ្ញាណ ទោះបីជាពួកគេដឹងថាវាខុសក៏ដោយ ក៏ពួកគេឃើញថាខ្លួនឯងអស់ផ្លូវ មិនអាចធ្វើអ្វីបាន ហើយបញ្ចប់ទៅដោយការបរាជ័យ។ តើនេះគួរឱ្យអាម៉ាស់ដែរឬទេ? តើវាជារឿងដែលមានសិរីល្អដែរឬទេ? (អត់ទេ។) ដូច្នេះ តើរឿងនេះគួរដោះស្រាយដោយរបៀបណា? ប្រសិនបើអ្នកមិនមានពាក្យត្រឹមត្រូវដើម្បីជជែកដេញដោលជាមួយពួកគេ ហើយអ្នកក៏ចង់ចៀសវាងការអាម៉ាស់ និងឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់របស់អ្នក ដើម្បីធ្វើឱ្យសាតាំងអាម៉ាស់ និងបរាជ័យទាំងស្រុង តើអ្នកគួរធ្វើដូចម្តេច? ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ៖ ប្រសិនបើអ្នកឃើញពួកគេផ្សព្វផ្សាយសញ្ញាណមិនឈប់ ហើយមនុស្សភាគច្រើនខ្វះការចេះសម្គាល់ និងទទួលឥទ្ធិពលពីពួកគេ ប៉ុន្តែអ្នកមិនអាចជជែកឈ្នះពួកគេទេ នោះដល់ពេលដែលត្រូវបញ្ចេញធម៌ក្ដៅហើយ ចូរគោះតុ ហើយនិយាយថា៖ «បិទមាត់ទៅ! តើអ្នកកំពុងនិយាយអំពីស្អីហ្នឹង? ខ្ញុំប្រហែលជាមិនអាចជជែកឈ្នះអ្នកទេ ប៉ុន្តែខ្ញុំដឹងថា អ្នកគឺជាអ្នកមិនជឿ! មើលអ្វីដែលអ្នកកំពុងនិយាយចុះ តើមានពាក្យមួយម៉ាត់ណាដែលស្របតាមសេចក្ដីពិតដែរឬទេ? អ្នកបានសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើអ្នកធ្លាប់និយាយពាក្យសរសើរ ឬធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់មួយម៉ាត់ដែរឬទេ? អ្នកមានការត្អូញត្អែរចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកពូកែ ឡើងទៅស្ថានសួគ៌ជាន់ទីបី ហើយនិយាយទៅកាន់ព្រះជាម្ចាស់ដោយផ្ទាល់ទៅ។ ឈប់បង្កការរំខាននៅទីនេះទៀតទៅ។ ឥឡូវនេះ ខ្ញុំបញ្ជាអ្នកជាផ្លូវការឱ្យបែរក្បាលចេញភ្លាមទៅ!» តើអ្នករាល់គ្នាហ៊ាននិយាយបែបនេះដែរឬទេ? តើនេះជាការឆេវឆាវដែរឬទេ? (ទេ មិនមែនទេ។) នេះគឺជាការប្រកាសដាក់សាតាំង។ គ្រាន់តែធ្វើបែបនេះទៅ។ ចូរប្រាប់ពួកគេថា៖ «ឆាប់បែរក្បាលចេញភ្លាមទៅ អាអ្នកមិនជឿ! ឯងបានសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងច្រើនដោយឥតប្រយោជន៍ អាមនុស្សគ្មានមនសិការ។ ឯងមិនសមជាមនុស្សទេ!» គ្រាន់តែពីរម៉ាត់ប៉ុណ្ណោះ៖ «ឆាប់បែរក្បាលចេញភ្លាមទៅ!» តើពាក្យនេះយ៉ាងម៉េចដែរ? វាមានអំណាច ប៉ុន្តែមិនអាចប្រើដោយមិនប្រុងប្រយ័ត្នបានទេ។ អ្នកមិនគួរនិយាយបែបនេះទៅកាន់បងប្អូនប្រុសស្រីដែលទើបនឹងជឿ ហើយមិនទាន់យល់សេចក្ដីពិតនៅឡើយទេ ប៉ុន្តែចំពោះពួកអ្នកមិនជឿ និងអ្នកបម្រើសាតាំង អ្នកអាចចេញបញ្ជាបែបនេះដោយមិនបាច់ប្រណីសន្ដោសឡើយ៖ «ទីនេះគឺជាដំណាក់របស់ព្រះជាម្ចាស់ ជាផ្ទះរបស់បងប្អូនប្រុសស្រីពិតប្រាកដ ជាផ្ទះរបស់អ្នកដែលដើរតាមព្រះជាម្ចាស់។ ទីនេះមិនមែនជាផ្ទះរបស់ពួកអារក្ស និងពួកសាតាំងទេ។ ពួកអារក្ស និងពួកសាតាំងមិនត្រូវនៅទីនេះទេ។ ឯងគឺជាអារក្ស និងជាសាតាំង ដូច្នេះ ឆាប់បែរក្បាលចេញភ្លាមទៅ!» តើនេះសមរម្យដែរឬទេ? (សមរម្យ)។ នេះមិនមែនជាវិធីសាស្ត្រល្អបំផុតនោះទេ ប៉ុន្តែដោយសារតែកម្ពស់របស់អ្នករាល់គ្នានៅទាប ដោយសារតែអ្នករាល់គ្នាគ្មានកម្ពស់គ្រប់គ្រាន់ដើម្បីតតាំងជាមួយសាតាំង ទើបខ្ញុំបង្រៀនអ្នករាល់គ្នានូវវិធីសាស្ត្រនេះ។ តាមពិតទៅ វាមិនមែនជាវិធីសាស្ត្រដ៏ល្អឥតខ្ចោះនោះទេ។ វិធីសាស្ត្រដ៏ល្អឥតខ្ចោះគឺថា ប្រសិនបើអ្នករាល់គ្នាយល់សេចក្ដីពិតជាច្រើន ហើយមានសេចក្ដីជំនឿពិត និងចំណេះដឹងពិតអំពីព្រះជាម្ចាស់ អ្នកអាចបដិសេធពួកគេបាន ហើយអ្នកបដិសេធពួកគេយ៉ាងចាស់ដៃ រហូតដល់ពួកគេមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង ដែលនៅទីបំផុតពួកគេនិយាយទៅកាន់មនុស្សគ្រប់គ្នាថា៖ «ខ្ញុំមិនអាចបន្តជឿទៀតទេ ខ្ញុំខ្មាសគេពេក មិនហ៊ានប្រឈមមុខនឹងអ្នករាល់គ្នាឡើយ។ ខ្ញុំគឺជាអារក្ស និងជាសាតាំង ខ្ញុំនឹងចាកចេញពីពួកជំនុំដោយខ្លួនឯង»។ ដោយសារអ្នករាល់គ្នាគ្មានសមត្ថភាពនេះនៅឡើយទេក្នុងពេលឥឡូវនេះ អ្នករាល់គ្នាគួរតែប្រព្រឹត្តចំពោះអ្នកដែលផ្សព្វផ្សាយសញ្ញាណជាញឹកញាប់ ស្របតាមវិធីសាស្ត្រដែលខ្ញុំបានបង្រៀនអ្នកចុះ។
ឥឡូវនេះ តើអ្នកដឹងពីរបៀបចាត់ការចំពោះអ្នកដែលតែងផ្សព្វផ្សាយសញ្ញាណជាញឹកញាប់នៅក្នុងពួកជំនុំហើយឬនៅ? តើឥឡូវនេះអ្នកចេះសម្គាល់មនុស្សដែលផ្សព្វផ្សាយសញ្ញាណដើម្បីបំភាន់មនុស្សបានហើយឬនៅ? (ចេះហើយ)។ តើពាក្យសម្ដីសំខាន់ៗប្រភេទណាខ្លះដែលជាការផ្សព្វផ្សាយសញ្ញាណ? មួយផ្នែកគឺសំដៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មួយផ្នែកទៀតសំដៅលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមួយផ្នែកទៀតសំដៅលើនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់។ ពាក្យសម្ដីទាំងនេះមានចាប់ពីកម្រិតស្រាល គឺការស្រមើស្រមៃ និងការបកស្រាយខុសអំពីព្រះជាម្ចាស់ រហូតដល់កម្រិតធ្ងន់ធ្ងរ ដូចជាការវិនិច្ឆ័យ ការថ្កោលទោស និងការប្រមាថព្រះជាម្ចាស់។ ក្រៅពីនេះ ក៏មានពាក្យសម្ដីអវិជ្ជមាន និងទាស់ទទឹងរបស់មនុស្សដែរ គឺការបញ្ចេញនូវការត្អូញត្អែរ ការរឹងទទឹង និងការមិនពេញចិត្តចំពោះព្រះជាម្ចាស់។ សរុបសេចក្ដីមក ពាក្យសម្ដីដែលផ្សព្វផ្សាយសញ្ញាណ សុទ្ធតែមានលក្ខណៈនៃការរឹងទទឹង ការវិនិច្ឆ័យ ការថ្កោលទោស និងការប្រមាថព្រះជាម្ចាស់ ហើយផលវិបាកដែលបង្កឡើង គឺធ្វើឱ្យមនុស្សមានការសង្ស័យ និងប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ យល់ខុស និងឃ្លាតឆ្ងាយពីទ្រង់ ហើយថែមទាំងបោះបង់ទ្រង់ចោលទៀតផង។ រឿងទាំងនេះគួរតែងាយស្រួលសម្គាល់ទេ។
គ. គោលការណ៍ និងមាគ៌ាដើម្បីដោះស្រាយសញ្ញាណ
ទាក់ទងនឹងការផ្សព្វផ្សាយសញ្ញាណនេះ នៅមានរឿងមួយចំនួនទៀតដែលត្រូវប្រកបគ្នា។ មនុស្សខ្លះនិយាយថា៖ «ចំពោះរឿងផ្សព្វផ្សាយសញ្ញាណនេះ យើងត្រូវតែអនុវត្តការលាតត្រដាង និងការវែកញែកនៅក្នុងជីវិតពួកជំនុំ ហើយត្រូវធ្វើការរឹតត្បិត។ ប៉ុន្តែ នៅក្នុងដំណើរនៃការជឿលើព្រះជាម្ចាស់ មនុស្សងាយនឹងកើតមានសញ្ញាណផ្សេងៗណាស់ ហើយនេះជារឿងដែលហួសពីការគ្រប់គ្រងរបស់ខ្លួន។ ដូច្នេះ ចំពោះសញ្ញាណវិញ តើមនុស្សគួរមានមាគ៌ានៃការអនុវត្តបែបណា ទើបអាចអនុវត្តបានត្រឹមត្រូវ មិនបង្កជាការរំខាន និងការបង្អាក់នៅក្នុងជីវិតពួកជំនុំ មិនបង្កផលប៉ះពាល់អាក្រក់ដល់អ្នកដទៃ ឬមិនធ្វើឱ្យជីវិតរបស់អ្នកដទៃរងការខាតបង់? តើត្រូវធ្វើដូចម្ដេចទើបសមរម្យ?» តើការដែលមនុស្សមានសញ្ញាណ មិនមែនជាការពិតទេឬអី? តើវាមិនមែនជារឿងដែលមិនអាចជៀសបានទេឬអី? (មែនហើយ)។ មនុស្សខ្លះនិយាយថា «មានតែអ្នកដែលមិនដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមានសញ្ញាណ»។ តើពាក្យនេះត្រឹមត្រូវដែរឬទេ? ពាក្យនេះត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ អ្នកដែលដេញតាមសេចក្ដីពិត ក៏អាចកើតមានសញ្ញាណចំពោះព្រះជាម្ចាស់ម្ដងម្កាលដែរ នៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពពិសេស ពីព្រោះមុនពេលដែលមនុស្សយល់ពីសេចក្ដីពិត និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយមុនពេលដែលពួកគេមានចំណេះដឹងអំពីព្រះជាម្ចាស់ ពួកគេនឹងកើតមានសញ្ញាណខ្លះអំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់។ សញ្ញាណទាំងនេះ គឺជាគំនិតខុសឆ្គងខ្លះៗរបស់មនុស្ស ដែលមិនស្របតាមសេចក្ដីពិត។ សញ្ញាណខ្លះអាចស្របតាមសីលធម៌ ទស្សនវិជ្ជា វប្បធម៌ប្រពៃណី ទ្រឹស្ដីចរិយាធម៌ ជាដើម ហើយមើលពីខាងក្រៅ គំនិតទាំងនេះហាក់ដូចជាត្រឹមត្រូវ។ ប៉ុន្តែ វាមិនស្របតាមសេចក្ដីពិតឡើយ ហើយថែមទាំងប្រឆាំងនឹងសេចក្ដីពិតទៀតផង។ នេះគឺជាការពិត។ តើមនុស្សគួរប្រឈមមុខនឹងសញ្ញាណទាំងនេះដោយរបៀបណា? មុនពេលមនុស្សដេញតាមសេចក្ដីពិត ពួកគេមានសញ្ញាណជាច្រើនជាប់នឹងខ្លួនរួចទៅហើយ។ នេះគឺជាសញ្ញាណពីកំណើត។ នៅក្នុងដំណើរការដែលមនុស្សដេញតាមសេចក្ដីពិត សញ្ញាណថ្មីៗជាច្រើននឹងកើតមាននៅក្នុងខ្លួនពួកគេ ដោយសារតែការផ្លាស់ប្ដូរមជ្ឈដ្ឋាន និងបរិបទផ្សេងៗ។ នេះគឺជាសញ្ញាណក្រោយកំណើត។ សញ្ញាណទាំងពីរប្រភេទនេះ គឺជាអ្វីដែលមនុស្សត្រូវប្រឈមមុខ នៅក្នុងដំណើរនៃការជឿលើព្រះជាម្ចាស់។ ដូច្នេះ តើមានដំណោះស្រាយដើម្បីដោះស្រាយសញ្ញាណដែរឬទេ? តើមានមាគ៌ានៃការអនុវត្តដែរឬទេ? មនុស្សខ្លះនិយាយថា៖ «រឿងនេះងាយស្រួលដោះស្រាយទេ។ យើងអាចបះបោរទាស់នឹងសញ្ញាណពីកំណើតរបស់យើង មិនចាំបាច់យកចិត្តទុកដាក់ចំពោះវាឡើយ។ យើងជឿជាក់ថា នៅក្នុងដំណើរការនៃការដេញតាមសេចក្ដីពិត សញ្ញាណទាំងនេះនឹងត្រូវបានដោះស្រាយ និងលុបបំបាត់បន្តិចម្ដងៗ នៅពេលដែលយើងយល់ពីសេចក្ដីពិត។ ចំពោះសញ្ញាណក្រោយកំណើតវិញ យើងពឹងអាស្រ័យលើព្រះជាម្ចាស់ដើម្បីដោះស្រាយ ហើយសញ្ញាណទាំងនោះក៏មិនត្រូវរឹតត្បិតយើងបានដែរ។ ហេតុនេះ មកទល់សព្វថ្ងៃនេះ យើងមិនទាន់បង្កើតជាសញ្ញាណនៅក្នុងចិត្ត ដែលអាចនាំឱ្យមានការទាស់ទទឹង ការថ្កោលទោស ឬការប្រមាថដល់ព្រះជាម្ចាស់ឡើយ»។ តើរបៀបនៃការអនុវត្តបែបនេះ របៀបនៃការប្រឈមមុខ និងការដោះស្រាយសញ្ញាណបែបនេះ យ៉ាងម៉េចដែរ? តើវាអាចដោះស្រាយសញ្ញាណបានដែរឬទេ? តើវាមានគុណវិបត្តិដែរឬទេ? តើអាកប្បកិរិយាបែបនេះចំពោះសញ្ញាណចាត់ទុកថាបុរេសកម្ម និងវិជ្ជមានដែរឬទេ? (ទេ/មិនសកម្មទេ)។ តើអាកប្បកិរិយានេះមានឥទ្ធិពលវិជ្ជមានណាមួយដល់មនុស្សដែរឬទេ? ប្រសិនបើអ្នកប្រើវិធីអកម្ម មិនអើពើនឹងសញ្ញាណទាំងនេះ ទុកវានៅកន្លែងដែលកំបាំងបំផុតក្នុងចិត្តរបស់អ្នក ទប់សង្កត់វា និងអធិស្ឋាននៅពេលណាដែលវាលេចឡើង រួចចាត់ទុកថាចាត់ការវារួច ដោយដោះស្រាយតាមរបៀបដដែលនៅពេលណាវាលេចឡើងម្ដងទៀត ហើយក្រោយមកក៏ឈប់គិតពីវា និងធ្វើដូចវាមិនមែនជាបញ្ហា ដោយជឿថា៖ «យ៉ាងណាក៏ដោយ ព្រះជាម្ចាស់ដែលខ្ញុំជឿ នៅតែជាព្រះជាម្ចាស់របស់ខ្ញុំ ខ្ញុំនៅតែជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមក ហើយព្រះជាម្ចាស់នៅតែជាព្រះអាទិកររបស់ខ្ញុំដដែល រឿងនេះមិនបានផ្លាស់ប្ដូរឡើយ។» តើនេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីដោះស្រាយសញ្ញាណមែនទេ? តើនេះសម្រេចបានលទ្ធផលវិជ្ជមានដែរឬទេ? តើការអនុវត្តបែបនេះ ដោះស្រាយសញ្ញាណពីឫសគល់បានទាំងស្រុងដែរឬទេ? ច្បាស់ណាស់ថា មិនបានទេ។ មិនថាសញ្ញាណទាំងនេះធំឬតូច ឬតិចឬច្រើនប៉ុនណានោះទេ ឱ្យតែវាមាននៅក្នុងចិត្តរបស់មនុស្ស វានឹងមានផលប៉ះពាល់អវិជ្ជមានខ្លះៗដល់ការចូលទៅក្នុងជីវិតរបស់ពួកគេ និងបង្កជាការរំខានដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់មិនខាន។ ជាពិសេស នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលពួកគេជួបប្រទះនឹងមជ្ឈដ្ឋានដែលពួកគេមិនអាចយកឈ្នះបាន នៅពេលដែលពួកគេមិនយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ គ្មានមាគ៌ានៃការអនុវត្ត និងមិនដឹងថាត្រូវបំពេញព្រះហឫទ័យព្រះជាម្ចាស់ដោយរបៀបណា ហើយនៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេគ្មានសង្ឃឹមនឹងទទួលបានសេចក្ដីសង្គ្រោះ ពេលនោះ សញ្ញាណទាំងនេះនឹងលេចឡើងយ៉ាងលឿននៅក្នុងពួកគេ ត្រួតត្រាគំនិតរបស់ពួកគេ ចូលកាន់កាប់ចិត្តរបស់ពួកគេ ហើយថែមទាំងអាចប៉ះពាល់ដល់ការនៅ ឬការចាកចេញរបស់ពួកគេ និងជះឥទ្ធិពលដល់ផ្លូវដែលពួកគេជ្រើសរើសទៀតផង។ ប្រហែលជាមានសញ្ញាណមួយដែលអ្នកមិនដែលខ្វល់ ហើយវាមិនដែលប៉ះពាល់ដល់អ្នក ឬផ្ដួលអ្នកឡើយ អ្នកតែងតែជឿថា អ្នកគឺជាម្ចាស់របស់វា ថាអ្នកអាចគ្រប់គ្រងវាបាន ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ការបរាជ័យណាមួយ ការដកហូតតំណែង ឬការជម្រុះចោល ឬការប្រៀនប្រដៅ និងការវាយផ្ចាលយ៉ាងធ្ងន់ធ្ងរពីព្រះជាម្ចាស់ ឬសូម្បីតែនៅពេលដែលអ្នកមានអារម្មណ៍ថា ហាក់ដូចជាអ្នកបានធ្លាក់ទៅក្នុងជង្ហុកធំ នៅពេលនោះ សញ្ញាណនោះលែងជារបស់បន្ទាប់បន្សំសម្រាប់អ្នកទៀតហើយ។ ទោះបីជាអ្នកមិនអើពើនឹងវាក៏ដោយ ក៏វាអាចរំខាន និងបំភាន់គំនិតរបស់អ្នក ថែមទាំងត្រួតត្រាគំនិត និងទស្សនៈរបស់អ្នក អាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ និងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ទៀតផង។ ប្រសិនបើអ្នកគ្មានវិធី ឬគោលការណ៍នៃការអនុវត្តសមរម្យ ដើម្បីដោះស្រាយសញ្ញាណទាំងនេះទេ ឬប្រសិនបើអ្នកគ្មានការយល់ដឹងច្បាស់លាស់អំពីវាទេ សញ្ញាណទាំងនេះនឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់អ្នក ឬជម្រើសបច្ចុប្បន្នរបស់អ្នកម្ដងម្កាល។ វាថែមទាំងអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ និងអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ទៀតផង។ ដូច្នេះ នៅពេលប្រឈមមុខនឹងសញ្ញាណផ្សេងៗដែលកើតឡើងនៅក្នុងបរិបទណាមួយ តើមនុស្សគួរប្រកាន់យកអាកប្បកិរិយា និងវិធីបែបណាដើម្បីប្រឈមមុខ និងដោះស្រាយវា ដើម្បីចៀសវាងគ្រោះថ្នាក់ និងសម្រេចបានលទ្ធផលវិជ្ជមាន? នេះគឺជាសំណួរដែលគួរតែប្រកបគ្នាឱ្យបានច្បាស់លាស់។
មនុស្សដែលរស់នៅក្នុងសាច់ឈាមមានសេរីភាពក្នុងការសម្រេចចិត្ត និងសេរីភាពក្នុងការគិត។ មិនថាពួកគេមានការអប់រំឬអត់ មិនថាគុណសម្បត្តិរបស់ពួកគេកម្រិតណា ឬពួកគេមានភេទអ្វីនោះទេ ឱ្យតែមនុស្សមានគំនិត ពួកគេនឹងកើតមានសញ្ញាណជាមិនខាន។ ប្រសិនបើសញ្ញាណមួយត្រួតត្រាលើនិស្ស័យពុករលួយរបស់អ្នក នោះអ្នកនឹងទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែសញ្ញាណនេះ។ ដូច្នេះ បញ្ហានៃការដែលមនុស្សមានសញ្ញាណនេះ ត្រូវតែដោះស្រាយ។ មិនមែនមានតែអ្នកដែលផ្សព្វផ្សាយសញ្ញាណប៉ុណ្ណោះទេ ដែលកើតមានសញ្ញាណនោះ គ្រាន់តែថាពួកគេផ្សព្វផ្សាយសញ្ញាណរបស់ខ្លួន ដោយប្រឆាំងនឹងព្រះជាម្ចាស់ដោយមិនគិតពីផលវិបាក និងផ្សព្វផ្សាយទស្សនៈ ព្រមទាំងការវិនិច្ឆ័យផ្សេងៗអំពីព្រះអង្គ។ ប៉ុន្តែ តើអ្នកដែលមិនផ្សព្វផ្សាយសញ្ញាណ គ្មានសញ្ញាណមែនទេ? មនុស្សគ្រប់គ្នាមានសញ្ញាណ ហើយនេះគឺជាការពិត។ ភាពខុសគ្នាគឺថា អ្នកដែលផ្សព្វផ្សាយសញ្ញាណដោយចេតនា មានសារជាតិធម្មជាតិដែលមិនពេញចិត្តនឹងសេចក្ដីពិតពីកំណើត។ ដោយសារតែពួកគេមិនទទួលយកសេចក្ដីពិត ហើយថែមទាំងជឿថាសញ្ញាណរបស់ពួកគេត្រឹមត្រូវ និងស្របតាមសេចក្ដីពិតទាំងស្រុង ប្រសិនបើសញ្ញាណរបស់ពួកគេទាស់នឹងសេចក្ដីពិត ពួកគេជ្រើសរើសយកសញ្ញាណរបស់ខ្លួន ជាជាងសេចក្ដីពិតហើយ។ នេះគឺជាកន្លែងដែលពួកគេបរាជ័យ និងជាមូលហេតុដែលពួកគេត្រូវបានរឹតត្បិត និងថ្កោលទោស។ ដូច្នេះ ហេតុអ្វីបានជាមនុស្សធម្មតាដែលមានភាពប្រក្រតី មិនត្រូវបានថ្កោលទោស នៅពេលដែលពួកគេកើតមានសញ្ញាណ? នេះគឺដោយសារតែពួកគេភាគច្រើននិយាយ និងធ្វើសកម្មភាពប្រកបដោយហេតុផល ហើយដឹងនៅក្នុងចិត្តថា សញ្ញាណរបស់មនុស្សមិនស្របតាមសេចក្ដីពិត ហើយមិនត្រឹមត្រូវឡើយ ហើយទោះបីជាពួកគេមិនអាចដោះស្រាយសញ្ញាណរបស់ខ្លួនបានភ្លាមៗក៏ដោយ ក៏ពួកគេសុខចិត្តបោះបង់វាចោលដែរ។ នៅពេលដែលពួកគេជ្រើសរើសទទួលយកសេចក្ដីពិត សញ្ញាណខាងក្នុងរបស់ពួកគេត្រូវបានជំនួស និងដោះស្រាយដោយសេចក្ដីពិត។ ពួកគេបោះចោលសញ្ញាណរបស់ខ្លួន ហើយលែងឱ្យសញ្ញាណទាំងនោះមានឥទ្ធិពល រឹតត្បិត ឬត្រួតត្រាពួកគេបានទៀតហើយ។ ដូច្នេះ មនុស្សទាំងនេះ ទោះបីជាពួកគេមានសញ្ញាណក៏ដោយ ក៏ពួកគេមិនផ្សព្វផ្សាយវាដែរ។ ពួកគេនៅតែអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតា ដើរតាមព្រះជាម្ចាស់ជាធម្មតា ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូលនឹងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេតែងតែទទួលស្គាល់ជានិច្ចថា ពួកគេគឺជាភាវៈដែលត្រូវបានបង្កើតមក ហើយព្រះជាម្ចាស់គឺជាព្រះអាទិករ។ មិនថាពួកគេមានសញ្ញាណអ្វីនៅក្នុងចិត្តនោះទេ ពួកគេអាចរក្សាទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់ រក្សាទំនាក់ទំនងរវាងភាវៈដែលត្រូវបានបង្កើតមក និងព្រះអាទិករ មិនបោះបង់ភារកិច្ចរបស់ខ្លួន មិនបោះបង់ព្រះនាមរបស់ព្រះជាម្ចាស់ ហើយសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់នៅតែមិនផ្លាស់ប្ដូរ។ ទោះបីជាយ៉ាងនេះក្ដី ប្រសិនបើសញ្ញាណមិនត្រូវបានដោះស្រាយសោះនោះទេ វានៅតែអាចបំផ្លាញមនុស្ស និងនាំពួកគេទៅរកសេចក្ដីវិនាសបានដដែល។ ហេតុនេះ យើងនៅតែត្រូវប្រកបគ្នាអំពីរបៀបដ៏ល្អបំផុត ដើម្បីប្រឈមមុខ និងដោះស្រាយសញ្ញាណ។
តើអ្នករាល់គ្នាគិតថា មួយណាដែលងាយស្រួលដោះស្រាយជាង៖ តើជាសញ្ញាណពីកំណើតដែលមនុស្សមានតាំងពីមុនពេលជឿលើព្រះជាម្ចាស់ ឬក៏ជាសញ្ញាណដែលមនុស្សបង្កើតឡើងនៅក្នុងមជ្ឈដ្ឋាន និងបរិបទពិសេស បន្ទាប់ពីពួកគេមកជឿលើព្រះជាម្ចាស់? (សញ្ញាណពីកំណើតងាយស្រួលដោះស្រាយជាង។) ការស្រមើស្រមៃ និងសញ្ញាណដែលមនុស្សមានចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេទើបតែចាប់ផ្ដើមជឿលើទ្រង់ គឺងាយស្រួលដោះស្រាយជាង ចំណែកឯសញ្ញាណដែលពួកគេបង្កើតឡើង នៅពេលដែលពួកគេដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់ បន្ទាប់ពីបានមកជឿលើទ្រង់ គឺមិនងាយស្រួលដោះស្រាយឡើយ នេះគឺជាការលើកឡើងតាមបែបទ្រឹស្ដី ប៉ុន្តែនៅទីបំផុត វាមិនស្របតាមការពិតឡើយ។ តើ «តាមបែបទ្រឹស្ដី» មានន័យដូចម្ដេច? វាមានន័យថា ការសន្និដ្ឋានបែបនេះ ត្រូវបានមនុស្សទាញយកមកដោយផ្អែកលើទស្សនវិជ្ជា និងតក្កវិជ្ជា។ បន្ទាប់ពីមនុស្សទើបតែចាប់ផ្ដើមជឿលើព្រះជាម្ចាស់ និងយល់សេចក្ដីពិតអំពីនិមិត្ត សញ្ញាណខ្លះរបស់ពួកគេត្រូវបានបោះបង់ចោល និងត្រូវបានដោះស្រាយ។ តាមពិតទៅ ការដោះស្រាយនេះសម្រេចបានត្រឹមតែកម្រិតគោលលទ្ធិប៉ុណ្ណោះ។ វាហាក់ដូចជាសញ្ញាណទាំងនេះត្រូវបានដោះស្រាយរួចហើយអ៊ីចឹង ប៉ុន្តែសញ្ញាណជាច្រើនដែលមនុស្សបង្កើតឡើង ខណៈពេលកំពុងដើរតាមព្រះជាម្ចាស់ គឺទាក់ទងនឹងសញ្ញាណពីកំណើតរបស់ពួកគេ។ តាមទ្រឹស្ដី ក្នុងចំណោមសញ្ញាណទាំងពីរប្រភេទនេះ សញ្ញាណពីកំណើតងាយស្រួលដោះស្រាយជាង ប៉ុន្តែតាមការពិត ឱ្យតែមនុស្សអាចទទួលយកសេចក្ដីពិត និងស្រឡាញ់អ្វីៗដែលវិជ្ជមាន ហើយឱ្យតែពួកគេឈានដល់ការយល់ដឹងអំពីសេចក្ដីពិត សញ្ញាណទាំងពីរប្រភេទនេះ សុទ្ធតែងាយស្រួលដោះស្រាយ។ ឧទាហរណ៍ អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយថា សញ្ញាណពីកំណើតងាយស្រួលដោះស្រាយជាង ប៉ុន្តែអ្នកអាចនឹងជួបប្រទះមនុស្សមួយចំនួនដែលមានការយល់ដឹងខុសឆ្គង ដែលរឹងទទឹងខ្លាំង និងប្រកាន់ខ្ជាប់នូវចំណុចលម្អិតដែលមិនសំខាន់ ដែលស្រាវជ្រាវក្នុងព្រះគម្ពីរ សៀវភៅល្បីៗខាងវិញ្ញាណ និងការបកស្រាយរបស់អ្នកបកស្រាយព្រះគម្ពីរ។ មនុស្សទាំងនេះយកអ្វីដែលពួកគេរកឃើញមកនិយាយដដែលៗប្រាប់អ្នក ហើយមិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលយកដែរ។ ពួកគេមិនអាចទទួលយកសេចក្ដីបង្រៀនដ៏សុទ្ធសាធ សេចក្ដីពិត ឬពាក្យពេចន៍ដែលត្រឹមត្រូវឡើយ។ ពួកគេមិនទទួលយកសេចក្ដីទាំងនេះទេ នៅពេលដែលពួកគេស្ដាប់ឮ។ ម្យ៉ាង គឺមានបញ្ហាជាមួយនឹងសមត្ថភាពក្នុងការយល់ដឹងរបស់ពួកគេ ហើយម្យ៉ាងទៀត គឺពួកគេមិនស្រឡាញ់អ្វីៗដែលវិជ្ជមាន ឬសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកគេចូលចិត្តរឹងទទឹង និងប្រកាន់ខ្ជាប់នូវចំណុចលម្អិតដែលមិនសំខាន់ ហើយលេងល្បែងពាក្យសម្ដី និងចូលចិត្តទ្រឹស្ដី ព្រមទាំងទេវវិទ្យា។ តើមនុស្សបែបនេះអាចបោះចោលសញ្ញាណរបស់ខ្លួនបានដែរឬទេ? (មិនអាចទេ។) បើវិនិច្ឆ័យតាមការពិត តាមនិស្ស័យ និងចំណង់ចំណូលចិត្តរបស់មនុស្សបែបនេះ ពួកគេមិនអាចទទួលយកសេចក្ដីពិតបានឡើយ។ តាមពិតទៅ សញ្ញាណដំបូងរបស់មនុស្សគឺរាក់កំផែល និងនៅតែពីសំបកក្រៅប៉ុណ្ណោះ វាពិតជាងាយស្រួលដោះស្រាយណាស់។ ប្រសិនបើមនុស្សម្នាក់មានការគិតប្រក្រតី និងសមត្ថភាពក្នុងការយល់ដឹងប្រក្រតី នៅពេលដែលអ្នកប្រកបគ្នាជាមួយពួកគេអំពីសេចក្ដីពិតទាក់ទងនឹងនិមិត្ត ឱ្យតែពួកគេយល់ នោះពួកគេអាចបោះចោលសញ្ញាណរបស់ខ្លួនបានយ៉ាងងាយ។ ប៉ុន្តែ មានមនុស្សមួយប្រភេទដែលគ្មានការគិតប្រក្រតី មិនអាចយល់សេចក្ដីពិត និងមិនទទួលយកសេចក្ដីពិត។ តើមនុស្សបែបនេះអាចបោះចោលសញ្ញាណរបស់ខ្លួនបានដែរឬទេ? (មិនអាចទេ។) ហេតុដូច្នេះ សញ្ញាណរបស់មនុស្សបែបនេះពិបាកនឹងដោះស្រាយណាស់។ ប្រសិនបើមនុស្សម្នាក់មានវិចារណញ្ញាណប្រក្រតី និងអាចទទួលយកសេចក្ដីពិតបាន នោះមិនថាពួកគេបង្កើតសញ្ញាណអ្វីក៏ដោយអំពីព្រះជាម្ចាស់ បន្ទាប់ពីជឿលើព្រះជាម្ចាស់ ហើយមិនថាសញ្ញាណទាំងនេះកើតឡើងនៅក្នុងមជ្ឈដ្ឋាន ឬបរិបទណានោះទេ ពួកគេមិនប្រកែកតវ៉ាជាមួយព្រះជាម្ចាស់ឡើយ។ ពួកគេនិយាយថា៖ «ខ្ញុំគឺជាមនុស្ស ខ្ញុំមាននិស្ស័យពុករលួយ ការគិតនិងសកម្មភាពរបស់ខ្ញុំអាចខុស។ ព្រះជាម្ចាស់គឺជាសេចក្ដីពិត ព្រះជាម្ចាស់មិនដែលខុសឡើយ។ មិនថាគំនិតរបស់ខ្ញុំសមហេតុផលយ៉ាងណានោះទេ វានៅតែជាគំនិតរបស់មនុស្ស វាចេញមកពីមនុស្ស ហើយមិនមែនជាសេចក្ដីពិតឡើយ។ ប្រសិនបើវាផ្ទុយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិត នោះគំនិតទាំងនេះ ទោះបីជាសមហេតុផលយ៉ាងណាក៏ដោយ ក៏នៅតែខុសដដែល»។ ពួកគេប្រហែលជាមិនដឹងច្បាស់ថា សញ្ញាណទាំងនេះខុសនៅត្រង់ណាទេនៅពេលឥឡូវនេះ ដូច្នេះតើពួកគេអនុវត្តដោយរបៀបណា? ពួកគេអនុវត្តការចុះចូល មិនរឹងទទឹង និងមិនប្រកាន់ខ្ជាប់នូវចំណុចលម្អិតមួយចំនួន ហើយបោះចោលរឿងនេះ ដោយជឿថា នៅថ្ងៃណាមួយ ព្រះជាម្ចាស់នឹងបើកសម្ដែងរឿងនេះមិនខាន។ មានអ្នកសួរពួកគេថា៖ «ចុះបើព្រះជាម្ចាស់មិនបើកសម្ដែងរឿងនេះវិញ?» ពួកគេឆ្លើយថា៖ «អ៊ីចឹង ខ្ញុំនឹងចុះចូលជារៀងរហូត។ ព្រះជាម្ចាស់មិនដែលខុសឡើយ ហើយអ្វីដែលព្រះជាម្ចាស់ធ្វើក៏មិនដែលខុសដែរ។ ប្រសិនបើអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របតាមសញ្ញាណរបស់មនុស្ស នោះមិនមែនមានន័យថា ព្រះជាម្ចាស់ខុសនោះទេ ប៉ុន្តែគឺមកពីមនុស្សមិនអាចយល់ ឬស្វែងយល់ពីវាបាន។ ហេតុដូច្នេះ អ្វីដែលមនុស្សគួរធ្វើបំផុតគឺមិនមែនពិនិត្យពិច័យ មិនមែននៅវិលវល់ក្នុងសញ្ញាណរបស់ខ្លួន ហើយមិនមែនប្រើសញ្ញាណរបស់ខ្លួនដើម្បីចាប់កំហុសព្រះជាម្ចាស់ ដោយប្រើសញ្ញាណរបស់ខ្លួនជាហេតុផល និងជាលេសដើម្បីមិនចុះចូលនឹងព្រះជាម្ចាស់ និងដើម្បីទាស់ទទឹងនឹងទ្រង់ឡើយ»។ នេះជារបៀបដែលពួកគេប្រព្រឹត្តចំពោះសញ្ញាណរបស់ខ្លួន។ តើការអនុវត្តបែបនេះ ជាការអនុវត្តសេចក្ដីពិតដែរឬទេ? នេះគឺពិតជាការអនុវត្តសេចក្ដីពិតមែន។ នៅពេលដែលពួកគេកើតមានសញ្ញាណ ពួកគេមិនយកព្រះជាម្ចាស់មកផ្ទៀងផ្ទាត់នឹងសញ្ញាណទាំងនោះ ឬប្រើសញ្ញាណទាំងនោះដើម្បីពិនិត្យពិច័យព្រះជាម្ចាស់ ដើម្បីបញ្ជាក់ថាតើព្រះជាម្ចាស់ជាការពិត ឬថាតើទ្រង់មានពិតឬអត់នោះទេ។ ផ្ទុយទៅវិញ ពួកគេបោះចោលសញ្ញាណរបស់ខ្លួន ហើយខិតខំទទួលយកសេចក្ដីពិត និងស្គាល់ព្រះជាម្ចាស់។ ទោះបីជាពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចស្គាល់ទ្រង់បានដដែល។ ចុះតើពួកគេធ្វើដូចម្ដេចទៅ? ពួកគេនៅតែចុះចូលដដែល។ ពួកគេនិយាយថា៖ «ព្រះជាម្ចាស់មិនដែលខុសឡើយ។ ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលសម្ដែងចេញសេចក្ដីពិត។ ព្រះជាម្ចាស់គឺជាប្រភពនៃសេចក្ដីពិត»។ ជាដំបូង ពួកគេដាក់ព្រះជាម្ចាស់នៅក្នុងឋានៈជាព្រះ ហើយដាក់ខ្លួនពួកគេនៅក្នុងឋានៈជាសត្វលោកដែលព្រះបានបង្កើតមក នៅពេលដោះស្រាយសញ្ញាណទាំងនេះ។ ហេតុដូច្នេះ ទោះបីជាពួកគេមិនទាន់បានបោះចោលសញ្ញាណរបស់ខ្លួន ឬដោះស្រាយវាក៏ដោយ ក៏អាកប្បកិរិយានៃការចុះចូលរបស់ពួកគេចំពោះព្រះជាម្ចាស់ មិនផ្លាស់ប្ដូរដែរ។ អាកប្បកិរិយានេះការពារពួកគេ ដោយអនុញ្ញាតឱ្យពួកគេនៅតែត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ថាជាសត្វលោកដែលព្រះបានបង្កើតមក នៅចំពោះទ្រង់។ ដូច្នេះ តើសញ្ញាណរបស់មនុស្សបែបនេះងាយស្រួលដោះស្រាយដែរឬទេ? (ងាយស្រួល។) តើការណ៍នេះសម្រេចបានដោយរបៀបណា? ឧបមាថា ពួកគេនិយាយបែបនេះនៅពេលជួបប្រទះនឹងស្ថានភាពណាមួយ៖ «ការនិយាយថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺជាសេចក្ដីពិត និងត្រឹមត្រូវ ហើយថាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា និងមិនអាចប្រព្រឹត្តខុសបាន តើការនិយាយនេះមិនមែនមិនត្រឹមត្រូវទេឬ? ទោះបីជាគេនិយាយថា ព្រះជាម្ចាស់មិនអាចប្រព្រឹត្តខុសក៏ដោយ ក៏នេះគ្រាន់តែជាការលើកឡើងតាមបែបទ្រឹស្ដីប៉ុណ្ណោះ។ តាមពិតទៅ មានរឿងខ្លះដែលព្រះជាម្ចាស់ធ្វើ គឺមិនគិតគូរដល់មនុស្ស និងមិនស្របតាមអារម្មណ៍របស់មនុស្សឡើយ។ ខ្ញុំគិតថារឿងនេះមិនសូវត្រឹមត្រូវទេ។ ចំពោះរឿងដែលមិនសូវត្រឹមត្រូវ ខ្ញុំមិនចាំបាច់ចុះចូលឬទទួលយកឡើយ មែនទេ? ទោះបីជាខ្ញុំមិនបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណរបស់ទ្រង់ក៏ដោយ ប៉ុន្តែសញ្ញាណដែលខ្ញុំមាននៅពេលនេះ បានធ្វើឱ្យខ្ញុំបើកភ្នែកកាន់តែភ្លឺ និងមានការយល់ដឹងកាន់តែប្រសើរអំពីព្រះជាម្ចាស់ គឺថា ព្រះជាម្ចាស់ក៏ធ្វើរឿងខ្លះខុស ហើយក៏មានពេលខ្លះដែលទ្រង់ធ្វើខុសដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនជឿឡើយ នៅពេលដែលគេនិយាយថា ព្រះជាម្ចាស់សុចរិត គ្រប់លក្ខណ៍ និងបរិសុទ្ធនោះ។ ខ្ញុំនឹងដាក់សញ្ញាសួរតូចមួយចំពោះការលើកឡើងទាំងនេះ។ ទោះបីជាព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយខ្ញុំអាចទទួលយកអធិបតេយ្យភាពរបស់ទ្រង់ក៏ដោយ ប៉ុន្តែនៅពេលអនាគត ខ្ញុំត្រូវទទួលយកដោយចេះជ្រើសរើស ហើយមិនអាចចុះចូលទាំងមិនដឹងអី និងទាំងងងឹតងងល់នោះឡើយ។ ចុះបើខ្ញុំចុះចូលខុសវិញ? តើខ្ញុំមិនខាតបង់ទេឬ? ខ្ញុំមិនអាចធ្វើជាមនុស្សដែលចុះចូលទាំងល្ងិតល្ងង់បានឡើយ»។ ប្រសិនបើពួកគេប្រព្រឹត្តចំពោះសញ្ញាណ និងចំពោះព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបនេះ តើពួកគេអាចបោះចោលសញ្ញាណរបស់ខ្លួនបានដោយងាយដែរឬទេ? តើការអនុវត្តបែបនេះ ជាការអនុវត្តសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើទំនាក់ទំនងរវាងពួកគេនិងព្រះជាម្ចាស់ មិនមានបញ្ហាទេឬ? តើពួកគេមិនមែនកំពុងតែពិនិត្យពិច័យព្រះជាម្ចាស់ជាប់ជានិច្ចទេឬ? ព្រះជាម្ចាស់បានក្លាយជាកម្មវត្ថុនៃការពិនិត្យពិច័យរបស់ពួកគេ ជាជាងម្ចាស់ដែលត្រួតត្រាលើវាសនារបស់ពួកគេ។ ទោះបីជាពួកគេទទួលស្គាល់ថា ពួកគេគឺជាសត្វលោកដែលព្រះបានបង្កើតមក នៅក្រោមការត្រួតត្រារបស់ព្រះអាទិករក៏ដោយ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើ មិនមែនជាការបំពេញភារកិច្ច និងកាតព្វកិច្ចរបស់សត្វលោកដែលព្រះបានបង្កើតមកឡើយ។ ពួកគេមិនប្រព្រឹត្តចំពោះព្រះអាទិករ ដោយឈរលើឋានៈដើមរបស់ខ្លួនជាសត្វលោកដែលព្រះបានបង្កើតមកឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងឈរនៅខាងប្រឆាំងនឹងព្រះអាទិករ ដោយពិនិត្យពិច័យព្រះអាទិករ និងវិភាគសកម្មភាព ព្រមទាំងអាកប្បកិរិយារបស់ព្រះអាទិករ ដោយជ្រើសរើសថាតើត្រូវចុះចូលនិងទទួលយកឬអត់ ដោយផ្អែកលើការយល់ឃើញរបស់ខ្លួន។ តើអាកប្បកិរិយា និងរបៀបនៃការអនុវត្តបែបនេះ គឺជាការបង្ហាញចេញដែលមនុស្សដែលទទួលយកសេចក្ដីពិតគួរតែមានដែរឬទេ? តើសញ្ញាណរបស់ពួកគេអាចដោះស្រាយបានដែរឬទេ? (ទេ មិនអាចដោះស្រាយបានទេ។) សញ្ញាណទាំងនោះមិនអាចដោះស្រាយបានឡើយ។ នេះគឺដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ត្រូវបានធ្វើឱ្យវៀចវេរ។ វាមិនមែនជាទំនាក់ទំនងប្រក្រតីឡើយ ហើយវាមិនមែនជាទំនាក់ទំនងរវាងសត្វលោកដែលព្រះបានបង្កើតមក និងព្រះអាទិករនោះទេ។ ពួកគេចាត់ទុកព្រះជាម្ចាស់ជាកម្មវត្ថុនៃការពិនិត្យពិច័យ ដោយពិនិត្យពិច័យទ្រង់ជាប់ជានិច្ច។ ពួកគេទទួលយកអ្វីដែលពួកគេគិតថាត្រឹមត្រូវនិងល្អ ប៉ុន្តែពួកគេទាស់ទទឹងនៅក្នុងចិត្ត និងតវ៉ាជាមួយព្រះជាម្ចាស់ ចំពោះអ្វីដែលមិនស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ឬចំណង់ចំណូលចិត្តរបស់មនុស្ស ហើយក្លាយជាឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ តើមនុស្សបែបនេះ ជាអ្នកដែលទទួលយកសេចក្ដីពិតដែរឬទេ? មើលពីខាងក្រៅ នៅក្នុងពេលដែលគ្មានហេតុការណ៍អ្វីកើតឡើង និងគ្មានសញ្ញាណណាមួយអំពីព្រះជាម្ចាស់ ពួកគេអាចចុះចូលនឹងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងបាន។ ប៉ុន្តែនៅពេលដែលពួកគេកើតមានសញ្ញាណ ការចុះចូលរបស់ពួកគេក៏រលាយបាត់ វាបាត់ស្រមោលឈឹង ហើយមិនអាចអនុវត្តបានឡើយ។ តើនេះមានរឿងអ្វីកើតឡើង? ច្បាស់ណាស់ថា ពួកគេមិនមែនជាមនុស្សដែលអនុវត្តសេចក្ដីពិតឡើយ។ ពួកគេមិនទទួលយកព្រះជាម្ចាស់ថាជាប្រភពនៃសេចក្ដីពិត ឬថាជាសេចក្ដីពិតផ្ទាល់ឡើយ។ វាពិបាកណាស់សម្រាប់មនុស្សដែលមិនទទួលយកសេចក្ដីពិត ក្នុងការបោះចោល ឬដោះស្រាយសញ្ញាណរបស់ខ្លួន មិនថាសញ្ញាណទាំងនោះកើតឡើងនៅពេលណានោះទេ។
តាមរយៈខ្លឹមសារដែលបានប្រកបគ្នាខាងលើ តើអ្នករាល់គ្នាគិតថា សញ្ញាណមួយណាដែលងាយស្រួលដោះស្រាយជាង? នេះអាស្រ័យលើស្ថានភាពដែរ។ សម្រាប់អ្នកដែលអាចទទួលយកសេចក្ដីពិត ដែលមានហេតុផល និងជាមនុស្សដែលត្រឹមត្រូវ សញ្ញាណរបស់ពួកគេងាយស្រួលដោះស្រាយ មិនថាសញ្ញាណទាំងនោះលេចឡើងនៅពេលណានោះទេ។ សម្រាប់អ្នកដែលមិនអាចទទួលយកសេចក្ដីពិត សញ្ញាណរបស់ពួកគេពិបាកនឹងដោះស្រាយ មិនថាសញ្ញាណទាំងនោះកើតឡើងនៅពេលណានោះទេ។ មនុស្សខ្លះបានជឿលើព្រះជាម្ចាស់អស់រយៈពេលម្ភៃ ឬសាមសិបឆ្នាំហើយ ហើយសូម្បីតែពេលនេះ អ្វីដែលពួកគេនិយាយ គ្មានមួយណាស្របតាមសេចក្ដីពិតឡើយ វាសុទ្ធតែជាពាក្យពេចន៍ និងគោលលទ្ធិ ព្រមទាំងសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ពួកគេមិនយល់សេចក្ដីពិតសោះឡើយ តើពួកគេអាចបោះចោលសញ្ញាណរបស់ខ្លួនបានដែរឬទេ នៅពេលដែលវាលេចឡើង? រឿងនេះពិបាកនិយាយណាស់។ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទេ ពួកគេនឹងមិនអាចបោះចោលសញ្ញាណរបស់ខ្លួនបានឡើយ។ ការដែលមនុស្សមានសញ្ញាណ ជារឿងដែលជៀសមិនរួចឡើយ។ គំនិតរបស់មនុស្សគ្រប់រូប អាចបង្កើតសញ្ញាណផ្សេងៗបានគ្រប់ពេល មិនថាសញ្ញាណពីកំណើត ឬសញ្ញាណក្រោយកំណើតឡើយ។ មានសញ្ញាណនៅក្នុងចិត្តរបស់មនុស្សគ្រប់រូប មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះទេ។ ដូច្នេះ តើគួរធ្វើដូចម្ដេច? តើបញ្ហានេះមិនអាចដោះស្រាយបានទេឬអី? វាអាចដោះស្រាយបាន មានគោលការណ៍មួយចំនួនដែលត្រូវចងចាំ។ គោលការណ៍ទាំងនេះសំខាន់ណាស់។ នៅពេលដែលអ្នកជួបប្រទះនឹងស្ថានភាពបែបនេះ ចូរអនុវត្តតាមគោលការណ៍ទាំងនេះចុះ។ បន្ទាប់ពីអនុវត្តបានមួយរយៈ អ្នកនឹងឃើញលទ្ធផល ហើយអ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ នៅពេលដែលសញ្ញាណលេចឡើង មិនថាសញ្ញាណនោះជាអ្វីទេ ជាដំបូង ចូរត្រិះរិះ និងវិភាគនៅក្នុងចិត្តរបស់អ្នកថា តើការគិតបែបនេះត្រឹមត្រូវដែរឬទេ។ ប្រសិនបើអ្នកមានអារម្មណ៍ច្បាស់ថា ការគិតបែបនេះមិនត្រឹមត្រូវ និងខុសឆ្គង ហើយថាវាប្រមាថដល់ព្រះជាម្ចាស់ នោះត្រូវអធិស្ឋានភ្លាម ដោយសុំឱ្យព្រះជាម្ចាស់បំភ្លឺ និងណែនាំអ្នកឱ្យស្គាល់ពីសារជាតិនៃបញ្ហានេះ ហើយបន្ទាប់ពីនោះ ចូរពិភាក្សាអំពីការយល់ដឹងរបស់អ្នកនៅក្នុងការជួបជុំ។ ក្នុងពេលស្វែងយល់ និងដកពិសោធរឿងទាំងនេះ ត្រូវផ្ដោតលើការដោះស្រាយសញ្ញាណរបស់អ្នក។ ប្រសិនបើការអនុវត្តតាមរបៀបនេះមិនទទួលបានលទ្ធផលច្បាស់លាស់ទេ អ្នកគួរតែប្រកបគ្នាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ជាមួយអ្នកដែលយល់សេចក្ដីពិត ដោយខិតខំស្វែងរកជំនួយពីអ្នកដទៃ និងដំណោះស្រាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបទពិសោធរបស់អ្នក អ្នកនឹងផ្ទៀងផ្ទាត់បន្តិចម្ដងៗថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ហើយអ្នកនឹងទទួលបានលទ្ធផលយ៉ាងអស្ចារ្យ ទាក់ទងនឹងបញ្ហានៃការដោះស្រាយសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។ ដោយការទទួលយក និងការដកពិសោធព្រះបន្ទូល និងកិច្ចការបែបនេះពីព្រះជាម្ចាស់ នៅទីបំផុត អ្នកនឹងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយមានចំណេះដឹងខ្លះៗអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដែលអាចឱ្យអ្នកបោះចោល និងដោះស្រាយសញ្ញាណរបស់អ្នកបាន។ អ្នកនឹងលែងយល់ច្រឡំ ឬប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ទៀតហើយ ហើយអ្នកក៏នឹងមិនទាមទារដោយគ្មានសមហេតុផលទៀតដែរ។ នេះគឺសម្រាប់សញ្ញាណដែលងាយស្រួលដោះស្រាយ។ ប៉ុន្តែ មានសញ្ញាណមួយប្រភេទទៀត ដែលពិបាកសម្រាប់មនុស្សក្នុងការយល់ និងដោះស្រាយ។ ចំពោះសញ្ញាណដែលពិបាកដោះស្រាយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់៖ កុំបញ្ចេញ ឬផ្សព្វផ្សាយវាឱ្យសោះ ពីព្រោះការបញ្ចេញសញ្ញាណបែបនេះ មិនផ្ដល់ផលល្អដល់អ្នកដទៃឡើយ។ វាគឺជាការពិតនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ ប្រសិនបើអ្នកយល់ពីលក្ខណៈ និងផលវិបាកនៃការផ្សព្វផ្សាយសញ្ញាណ នោះយកល្អ អ្នកគួរតែថ្លឹងថ្លែងរឿងនេះដោយខ្លួនឯងឱ្យបានច្បាស់លាស់ ហើយចៀសវាងការនិយាយផ្ដេសផ្ដាស។ ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំមានអារម្មណ៍ពិបាកទ្រាំណាស់ក្នុងការលាក់ទុកពាក្យសម្ដីនៅក្នុងចិត្ត នៅក្នុងពួកជំនុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្ទើរតែផ្ទុះទៅហើយ» នោះអ្នកនៅតែគួរពិចារណាថា តើការផ្សព្វផ្សាយសញ្ញាណទាំងនេះ ពិតជាមានប្រយោជន៍ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើវាមិនមានប្រយោជន៍ ហើយអាចនាំឱ្យអ្នកដទៃមានសញ្ញាណអំពីព្រះជាម្ចាស់ ឬថែមទាំងទាស់ទទឹង និងវិនិច្ឆ័យព្រះជាម្ចាស់ទៀតនោះ តើអ្នកមិនមែនកំពុងតែធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រងគ្រោះថ្នាក់ទេឬអី? អ្នកកំពុងតែធ្វើឱ្យមនុស្សរងគ្រោះថ្នាក់ ហើយវាគ្មានខុសអ្វីពីការរីករាលដាលនៃជំងឺរាតត្បាតឡើយ។ ប្រសិនបើអ្នកពិតជាមានហេតុផលមែន អ្នកសុខចិត្តទ្រាំឈឺចាប់ម្នាក់ឯង ប្រសើរជាងផ្សព្វផ្សាយសញ្ញាណ និងធ្វើឱ្យអ្នកដទៃរងគ្រោះថ្នាក់។ ទោះបីជាយ៉ាងនេះក្ដី ប្រសិនបើអ្នកយល់ថា វាពិតជាឈឺចាប់ណាស់ក្នុងការលាក់ទុកពាក្យសម្ដីរបស់អ្នក នោះអ្នកគួរតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ តើវាមិនមែនជារឿងល្អទេឬអី? ប្រសិនបើអ្នកវិនិច្ឆ័យ និងយល់ច្រឡំចំពោះព្រះជាម្ចាស់ ដោយសារសញ្ញាណរបស់អ្នក សូម្បីតែនៅពេលដែលអ្នកអធិស្ឋានទៅកាន់ទ្រង់ក៏ដោយ នោះអ្នកគ្រាន់តែនាំរឿងដាក់ខ្លួនប៉ុណ្ណោះ។ អ្នកគួរតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់បែបនេះថា៖ «ព្រះជាម្ចាស់អើយ ខ្ញុំមានគំនិតទាំងនេះ ហើយខ្ញុំចង់បោះចោលវា ប៉ុន្តែខ្ញុំធ្វើមិនបានទេ។ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ និងបើកសម្ដែងឱ្យខ្ញុំឃើញតាមរយៈមជ្ឈដ្ឋានផ្សេងៗផងចុះ ហើយសូមឱ្យខ្ញុំទទួលស្គាល់ថា សញ្ញាណរបស់ខ្ញុំគឺខុស។ មិនថាព្រះអង្គប្រៀនប្រដៅខ្ញុំដោយរបៀបណាទេ ខ្ញុំសុខចិត្តទទួលយកទាំងអស់»។ ចិត្តគំនិតបែបនេះគឺត្រឹមត្រូវហើយ។ បន្ទាប់ពីអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយចិត្តគំនិតបែបនេះ តើអ្នកមិនមានអារម្មណ៍ថាលែងសូវតឹងទ្រូងជាងមុនទេឬអី? ប្រសិនបើអ្នកបន្តអធិស្ឋាន និងស្វែងរក ដោយទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះជាម្ចាស់ នោះអ្នកយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកប្រែជាភ្លឺស្វាង អ្នកនឹងលែងមានអារម្មណ៍តឹងទ្រូងទៀតហើយ។ តើបញ្ហានេះនឹងមិនត្រូវបានដោះស្រាយទេឬអី? សញ្ញាណ ការទាស់ទទឹង និងទង្វើបះបោររបស់អ្នកចំពោះព្រះជាម្ចាស់ នឹងរលាយបាត់ស្ទើរតែទាំងអស់។ យ៉ាងហោចណាស់ អ្នកនឹងមិនមានអារម្មណ៍ថា ចាំបាច់ត្រូវបញ្ចេញវាឡើយ។ ប្រសិនបើធ្វើបែបនេះហើយ នៅតែមិនបានផល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយទាំងស្រុងទេ ចូររកនរណាម្នាក់ដែលមានបទពិសោធ ដើម្បីជួយអ្នកដោះស្រាយសញ្ញាណរបស់អ្នក។ ចូរឱ្យពួកគេរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ដែលទាក់ទងនឹងការដោះស្រាយសញ្ញាណដែលអ្នកមាន ហើយអានអត្ថបទទាំងនោះរាប់សិប ឬរាប់រយដង ប្រហែលជាសញ្ញាណរបស់អ្នកនឹងត្រូវបានដោះស្រាយទាំងស្រុងមិនខាន។ មនុស្សខ្លះអាចនិយាយថា៖ «ប្រសិនបើខ្ញុំបញ្ចេញសញ្ញាណនៅក្នុងការជួបជុំជាមួយបងប្អូនប្រុសស្រី នោះគឺជាការផ្សព្វផ្សាយសញ្ញាណហើយ ដូច្នេះខ្ញុំមិនអាចធ្វើបែបនោះទេ។ ប៉ុន្តែ វាពិតជាពិបាកទ្រាំណាស់ក្នុងការលាក់ទុកវានៅក្នុងចិត្ត។ តើខ្ញុំអាចនិយាយរឿងនេះជាមួយគ្រួសាររបស់ខ្ញុំបានទេ?» ប្រសិនបើសមាជិកគ្រួសាររបស់អ្នកក៏ជាបងប្អូនរួមជំនឿដែរនោះ ការបញ្ចេញសញ្ញាណទាំងនេះនៅចំពោះមុខពួកគេ ក៏នឹងរំខានដល់ពួកគេដែរ។ តើការធ្វើបែបនេះសមរម្យដែរឬទេ? (ទេ/មិនសមរម្យទេ។) ប្រសិនបើអ្វីដែលអ្នកនិយាយ នឹងមានផលប៉ះពាល់អាក្រក់ដល់អ្នកដទៃ ដោយធ្វើឱ្យពួកគេរងគ្រោះថ្នាក់ និងបំភាន់ពួកគេ នោះអ្នកដាច់ខាតមិនត្រូវនិយាយវាឡើយ។ ផ្ទុយទៅវិញ ត្រូវអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហានេះ។ ឱ្យតែអ្នកអធិស្ឋាន ហើយហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តដ៏ស្មោះសរ ដោយចិត្តដែលស្រេកឃ្លានសេចក្ដីសុចរិត នោះសញ្ញាណរបស់អ្នកអាចដោះស្រាយបានហើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសេចក្ដីពិតដ៏ពេញលេញ ព្រះបន្ទូលអាចដោះស្រាយរាល់បញ្ហាទាំងអស់។ វាគ្រាន់តែអាស្រ័យលើថាតើអ្នកអាចទទួលយកសេចក្ដីពិត និងសុខចិត្តអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ ហើយថាតើអ្នកអាចបោះចោលសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានដែរឬទេ។ ប្រសិនបើអ្នកជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសេចក្ដីពិតដ៏ពេញលេញ នោះអ្នកគួរតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា នៅពេលដែលវាកើតឡើង។ ប្រសិនបើបន្ទាប់ពីអធិស្ឋានបានមួយរយៈ អ្នកនៅតែមិនមានអារម្មណ៍ថា ព្រះជាម្ចាស់បំភ្លឺ ហើយមិនទាន់ទទួលបានព្រះបន្ទូលច្បាស់លាស់ពីព្រះជាម្ចាស់អំពីអ្វីដែលត្រូវធ្វើ ប៉ុន្តែដោយមិនដឹងខ្លួន សញ្ញាណរបស់អ្នកលែងប៉ះពាល់ដល់អ្នកពីខាងក្នុង លែងរំខានដល់ជីវិតរបស់អ្នក រសាយបាត់បន្តិចម្ដងៗ មិនប៉ះពាល់ដល់ទំនាក់ទំនងជាធម្មតារបស់អ្នកជាមួយព្រះជាម្ចាស់ ហើយជាការពិតណាស់ មិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកទេ នោះជាទូទៅ តើសញ្ញាណនេះមិនត្រូវបានដោះស្រាយទេឬអី? (មែនហើយ។) នេះគឺជាមាគ៌ានៃការអនុវត្ត។
អ្នកណាដែលមិនយល់សេចក្ដីពិតត្រូវតែចងចាំជាមុនសិនថា នៅពេលដែលពួកគេមានសញ្ញាណ ពួកគេគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណទាំងនោះ។ ពួកគេមិនត្រូវដើរផ្សព្វផ្សាយសញ្ញាណទាំងនោះ ឬនិយាយផ្ដេសផ្ដាស ដោយពោលថា៖ «ខ្ញុំមានសេរីភាពក្នុងការបញ្ចេញមតិ។ យ៉ាងណាមិញ មាត់ជារបស់ខ្ញុំ ខ្ញុំចង់និយាយអ្វីក៏បាន និយាយទៅកាន់អ្នកណាក៏បាន និងនិយាយក្នុងកាលៈទេសៈណាក៏បានដែរតាមដែលខ្ញុំចង់» នោះឡើយ។ ការនិយាយបែបនេះ គឺខុសហើយ។ ពាក្យសម្ដីល្អៗ ឬត្រឹមត្រូវខ្លះ នៅពេលនិយាយចេញមក មិនប្រាកដថាអាចផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃឡើយ ប៉ុន្តែពាក្យសម្ដីដែលជាសញ្ញាណ ឬជាសេចក្ដីល្បួងរបស់សាតាំង នៅពេលនិយាយចេញមក អាចបណ្ដាលឱ្យមានផលវិបាកដែលមិនអាចប៉ាន់ស្មានបាន។ យោងតាមផលវិបាកទាំងនេះ ប្រសិនបើអ្នកមានសញ្ញាណដែលអ្នកទទូចចង់សម្តែងចេញមក ហើយអ្នកមានអារម្មណ៍ថា ការធ្វើបែបនេះធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងសប្បាយចិត្ត នោះទង្វើរបស់អ្នកនឹងត្រូវកំណត់លក្ខណៈថាជាអំពើអាក្រក់ ហើយព្រះជាម្ចាស់នឹងកត់ត្រាទង្វើទាំងនោះទុកទាស់នឹងអ្នក។ ហេតុអ្វីបានជាទង្វើទាំងនោះនឹងត្រូវកត់ត្រាទុកទាស់នឹងអ្នក? គេបានប្រាប់អ្នកអំពីវិធីសាស្ត្រ ផ្លូវ និងគោលការណ៍នៃការអនុវត្តជាវិជ្ជមានជាច្រើន ប៉ុន្តែអ្នកមិនបានជ្រើសរើសយកចំណុចទាំងនោះទេ ផ្ទុយទៅវិញ អ្នកបែរជាជ្រើសរើសផ្លូវដែលនាំមកនូវគ្រោះថ្នាក់ដល់មនុស្សទៅវិញ ពោល នេះគឺជាចេតនារបស់អ្នក មែនទេ? ដូច្នេះ តើវាហួសហេតុពេកទេឬ ដែលហៅទង្វើរបស់អ្នកថាជាអំពើអាក្រក់នោះ? (ទេ មិនហួសហេតុទេ)។ អ្នកអាចជ្រើសរើសដោះស្រាយបញ្ហានេះដោយខ្លួនឯងបានទាំងស្រុង តាមរយៈបទពិសោធ និងតាមរយៈការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងការស្វែងរក ជាជាងការបញ្ចេញសញ្ញាណរបស់អ្នកមកដើម្បីរំខាន និងបំភាន់អ្នកដទៃ។ នេះគឺជាផ្លូវដែលមនុស្សដែលមានមនសិការ និងវិចារណញ្ញាណគួរតែជ្រើសរើស។ ចុះហេតុអ្វីបានជាអ្នកមិនជ្រើសរើសផ្លូវនេះ? ហេតុអ្វីបានជាជ្រើសរើសផ្លូវដែលធ្វើឱ្យខូចខាត និងធ្វើឱ្យឈឺចាប់ដល់អ្នកដទៃ? តើនេះមិនមែនជាអ្វីដែលសាតាំងនឹងធ្វើទេឬ? មនុស្សអាក្រក់ធ្វើរឿងដែលនាំឱ្យខូចខាតដល់អ្នកដទៃ និងខ្លួនឯង។ ប្រសិនបើអ្នកធ្វើរឿងបែបនេះដែរ តើព្រះជាម្ចាស់ស្អប់ទង្វើនេះដែរឬទេ? (មែនហើយ ស្អប់)។ ទោះបីជាព្រះជាម្ចាស់មិនថ្កោលទោសសញ្ញាណរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែស្វែងរកសេចក្ដីពិតដោយខ្លួនឯង ដើម្បីដោះស្រាយសញ្ញាណរបស់អ្នក ហើយអ្នកត្រូវតែមានផ្លូវដើម្បីអនុវត្តសេចក្ដីពិតដែរ។ ប្រសិនបើរបៀបដោះស្រាយជាមួយសញ្ញាណរបស់អ្នកគឺការដើរផ្សព្វផ្សាយសញ្ញាណទាំងនោះដើម្បីមានចេតនាបំភាន់ និងធ្វើឱ្យខូចខាតដល់អ្នកដទៃ ដោយរំខានដល់ជីវិតពួកជំនុំ និងការចូលទៅក្នុងជីវិត ព្រមទាំងសភាពប្រក្រតីរបស់បងប្អូនប្រុសស្រី ដូច្នេះទង្វើរបស់អ្នកគឺជាអំពើអាក្រក់ហើយ។ នៅពេលជួបប្រទះស្ថានភាពបែបនេះ តើគេគួរធ្វើការជ្រើសរើសបែបណា? អ្នកដែលមានភាពជាមនុស្ស ដែលដេញតាមសេចក្ដីពិត នឹងមិនជ្រើសរើសផ្លូវដែលបំភាន់ និងធ្វើឱ្យខូចខាតដល់អ្នកដទៃឡើយ។ ពួកគេនឹងជ្រើសរើសអនុវត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍បែបបុរេសកម្ម និងវិជ្ជមាន ចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងស្វែងរកសេចក្ដីពិត ហើយសុំឱ្យព្រះជាម្ចាស់ជួយដោះស្រាយបញ្ហានេះ។ មនុស្សខ្លះនិយាយថា៖ «នៅពេលខ្ញុំសុំឱ្យព្រះជាម្ចាស់ជួយខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា ជំនួយរបស់ទ្រង់គឺជាអ្វីដែលមិនអាចចាប់កាន់បាន និងមើលមិនឃើញ។ តើខ្ញុំអាចជ្រើសរើសស្វែងរកជំនួយពីមនុស្សជំនួសវិញបានទេ?» បាន អ្នកអាចជ្រើសរើសនរណាម្នាក់ដែលយល់សេចក្ដីពិតច្រើនជាងអ្នក និងមានកម្ពស់ខ្ពស់ជាងអ្នក ជានរណាម្នាក់ដែលអ្នកជឿថាអាចដោះស្រាយបញ្ហារបស់អ្នកបាន ដោយមិនត្រូវបានរំខាន និងទទួលឥទ្ធិពលពីសញ្ញាណរបស់អ្នក រហូតដល់ថ្នាក់ក្លាយជាខ្សោយ ជានរណាម្នាក់ដែលធ្លាប់មានបទពិសោធចំពោះបញ្ហាស្រដៀងគ្នានេះ និងអាចប្រាប់អ្នកពីរបៀបដោះស្រាយបញ្ហាទាំងនោះ ពោលគឺផ្លូវនេះក៏សមរម្យដែរ។ ប្រសិនបើអ្នកជ្រើសរើសនរណាម្នាក់ដែលជាធម្មតាតែងតែវង្វេងវង្វាន់ និងមិនអាចមើលធ្លុះអ្វីសោះ ហើយនៅពេលឮអំពីបញ្ហានេះ ពួកគេបង្កឱ្យមានភាពឈូឆរភ្លាមៗ ចង់ដើរផ្សព្វផ្សាយសញ្ញាណទាំងនោះគ្រប់ទីកន្លែង និងបង្កឱ្យមានការរំខាន ហើយចង់ឈប់ជឿ នោះទង្វើរបស់អ្នកនឹងរំខានដល់ជីវិតពួកជំនុំដោយអចេតនាហើយ។ ដូច្នេះ តើទង្វើរបស់អ្នកនឹងមិនត្រូវបានកំណត់លក្ខណៈថាជាអំពើអាក្រក់ទេឬ? (មែនហើយ កំណត់លក្ខណៈថាជាអំពើអាក្រក់)។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់របៀបដែលអ្នកគួរដោះស្រាយសញ្ញាណ អ្នកត្រូវតែប្រុងប្រយ័ត្ន និងប្រយ័ត្នប្រយែង អ្នកមិនត្រូវធ្វើសកម្មភាពដោយវង្វេងវង្វាន់ ឬឆេវឆាវឡើយ ហើយអ្នកដាច់ខាតមិនត្រូវចាត់ទុកសញ្ញាណថាជាសេចក្ដីពិតឡើយ ពោលគឺមិនថាគំនិតរបស់មនុស្សត្រឹមត្រូវកម្រិតណានោះទេ វាមិនមែនជាសេចក្ដីពិតឡើយ។ តាមរបៀបនេះ អ្នកនឹងមានអារម្មណ៍ស្ងប់ចិត្តជាងមុន ហើយសញ្ញាណរបស់អ្នកនឹងមិនអាចបង្កបញ្ហាអ្វីបានឡើយ។ ការមានសញ្ញាណមិនមែនជាអ្វីដែលគួរឱ្យខ្លាចនោះទេ ឱ្យតែអ្នកស្វែងរកសេចក្ដីពិត សញ្ញាណទាំងនោះនឹងត្រូវបានដោះស្រាយនៅទីបំផុត។ មនុស្សខ្លះនិយាយថា៖ «ប៉ុន្តែ សញ្ញាណមិនងាយដោះស្រាយនោះទេ»។ សញ្ញាណខ្លះពិតជាពិបាកដោះស្រាយមែន ដូច្នេះតើគួរធ្វើដូចម្ដេច? គឺងាយស្រួលទេ។ សញ្ញាណខ្លះមិនដែលត្រូវបានដោះស្រាយឡើយនៅក្នុងការគិត និងចិត្តគំនិតរបស់មនុស្សមួយចំនួន។ នេះគឺជាការពិតទៅហើយ ប៉ុន្តែមិនថាសញ្ញាណពិបាកដោះស្រាយកម្រិតណានោះទេ វានៅតែមិនមែនជាសេចក្ដីពិតដដែល។ ដរាបណាអ្នកយល់ពីចំណុចនេះ នោះបញ្ហានេះងាយស្រួលដោះស្រាយទេ។ នៅទីនេះ មានការពិតមួយដែលខ្ញុំត្រូវប្រាប់អ្នករាល់គ្នា៖ ព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សគ្រប់គ្នាយល់ទាំងស្រុង ឬចាប់បានយ៉ាងច្បាស់នូវអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើនោះទេ ទ្រង់មិនតម្រូវឱ្យមនុស្សគ្រប់គ្នាដឹងពីសេចក្ដីពិតនៅក្នុងរឿងនោះ ឬដឹងថាហេតុអ្វីបានជាទ្រង់ធ្វើបែបនោះឡើយ។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់មានបំណងប្រាថ្នាទេ ទ្រង់មិនតម្រូវស្តង់ដារទាំងនេះពីមនុស្សឡើយ។ ប្រសិនបើគុណសម្បត្តិរបស់អ្នកល្អគ្រប់គ្រាន់ នោះកម្រិតនៃការយល់ដឹងណាក៏ដោយដែលអ្នកសម្រេចបានគឺល្អហើយ ពោលគឺ គ្រាន់តែខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នកចុះ។ ប្រសិនបើអ្នកមិនអាចយល់បាន នៅពេលអ្នកកាន់តែចាស់ទៅ ហើយបទពិសោធរបស់អ្នកចេះតែរីកចម្រើនកាន់តែជ្រៅទៅៗ ហើយអ្នកប្រមូលបានបទពិសោធកាន់តែច្រើន នោះការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតក៏នឹងកាន់តែជ្រៅទៅៗជាលំដាប់ដែរ ហើយសញ្ញាណរបស់អ្នកនឹងថយចុះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនគ្មានសមត្ថភាពយល់ដឹងពីបញ្ហាពិសេសមួយចំនួនឡើយ ហើយមិនដែលយល់ពីបញ្ហាទាំងនោះទេ។ តើព្រះជាម្ចាស់បង្ខំឱ្យពួកគេយល់ពីបញ្ហាទាំងនេះដែរឬទេ? ទ្រង់មិនបង្ខំទេ។ ព្រះជាម្ចាស់មិនបណ្តុះការយល់ដឹងទៅក្នុងពួកគេដោយបង្ខំឡើយ។ ឧទាហរណ៍៖ នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក មានអាថ៌កំបាំងជាច្រើនដែលមនុស្សចង់ដឹង ប៉ុន្តែមិនអាចដឹងបាន។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់គ្រាន់តែផ្ដោតលើការសម្ដែងចេញនូវសេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សប៉ុណ្ណោះ។ ទ្រង់កម្រនឹងលើកឡើងអំពីបញ្ហាផ្សេងៗណាស់ ហើយទោះបីជាទ្រង់លើកឡើងម្ដងម្កាលក៏ដោយ ក៏ទ្រង់លើកឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនដែលពន្យល់រឿងទាំងនេះប្រាប់មនុស្សឱ្យបានក្បោះក្បាយឡើយ។ ហេតុអ្វីមិនពន្យល់? ពីព្រោះមនុស្សមិនចាំបាច់យល់ពីរឿងទាំងនេះទេ។ នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើលើមនុស្ស ម៉្យាង ទ្រង់បើកសម្ដែងពីសារជាតិនិស្ស័យរបស់ទ្រង់។ ម៉្យាងទៀត ព្រះជាម្ចាស់មានព្រះតម្រិះរបស់ទ្រង់ ផែនការរបស់ទ្រង់ ប្រភព និងគោលដៅសម្រាប់កិច្ចការដែលទ្រង់ធ្វើ របៀប និងវិធីសាស្ត្រដែលទ្រង់ប្រើដើម្បីធ្វើការលើមនុស្សផ្សេងៗគ្នា របៀប និងវិធីសាស្ត្រដែលទ្រង់កាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ និងអ្វីៗជាច្រើនទៀត។ ព្រះជាម្ចាស់មិនដែលមានបន្ទូលថា មនុស្សត្រូវតែយល់ និងចូលទៅក្នុងសេចក្ដីពិតទាំងអស់ ទើបអាចចាត់ទុកថាបានសង្គ្រោះនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដាខ្លាំងពេក! របៀបនៃការប្រព្រឹត្ត ការមានព្រះបន្ទូល ការធ្វើការ និងការកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើរបស់ទ្រង់ បើកសម្ដែងពីនិស្ស័យ សារជាតិ អត្តសញ្ញាណរបស់ទ្រង់ និងអ្វីៗជាច្រើនទៀតដោយឯកឯង។ ទោះបីជាព្រះជាម្ចាស់បើកសម្ដែងពីសព្វសារពើទាំងនេះដែលទ្រង់មាន និងលក្ខណៈទាំងនេះរបស់ទ្រង់ដោយឯកឯងក៏ដោយ ក៏ទ្រង់មិនទាមទារឱ្យមនុស្សយល់ ឬចាប់បានទាំងអស់នោះដែរ។ នេះគឺដោយសារតែព្រះជាម្ចាស់ តែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់មានគ្រប់ព្រះចេស្ដា ចំណែកឯមនុស្សជាតិដែលព្រះបានបង្កើតវិញគឺតូចទាប និងខ្វះអំណាចទាំងស្រុង។ មានគម្លាតខុសគ្នាឆ្ងាយដូចមេឃនិងដី រវាងមនុស្ស និងព្រះជាម្ចាស់! ហេតុដូច្នេះហើយ វាជារឿងធម្មតាណាស់ដែលមនុស្ស បង្កើតសញ្ញាណ និងការស្រមើស្រមៃខ្លះៗអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នឹងរឿងនេះទេ ប៉ុន្តែអ្នកតែងតែចាត់ទុករឿងនេះជារឿងធ្ងន់ធ្ងរ ហើយប្រកាន់ខ្ជាប់នឹងរឿងនេះយ៉ាងរឹងរូស។ វិធីសាស្ត្រនេះនឹងមិនមានប្រសិទ្ធភាពទេ។ ប្រសិនបើអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិត និងមានគុណសម្បត្តិខ្ពស់ ដរាបណាអ្នកយល់សេចក្ដីពិត និងមានការស្គាល់ព្រះជាម្ចាស់ពិតប្រាកដ នោះសញ្ញាណ និងការស្រមើស្រមៃទាំងនេះនឹងត្រូវបានដោះស្រាយដោយឯកឯង។ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយមិនថាអ្នកណាប្រកបគ្នាពីសេចក្ដីពិតជាមួយអ្នកនោះទេ អ្នកមិនទទួលយក ហើយតែងតែតោងជាប់នូវសញ្ញាណរបស់អ្នក តើផលវិបាកនៃរឿងនេះនឹងទៅជាយ៉ាងណា? ផលវិបាកគឺថា ទោះបីជាអ្នកឈានដល់ទីបញ្ចប់នៃជីវិតរបស់អ្នក ឬដល់ចំណុចដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុងក៏ដោយ ក៏អ្នកនឹងមិនទទួលបានសេចក្ដីពិតដែរ ផ្ទុយទៅវិញ អ្នកនឹងត្រូវបានសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក ដឹកនាំទៅរកសេចក្ដីស្លាប់។ ទោះបីជាអ្នកឃើញរូបកាយខាងវិញ្ញាណរបស់ព្រះជាម្ចាស់លេចមកក៏ដោយ ក៏អ្នកនៅតែមិនអាចដោះស្រាយសញ្ញាណ និងការស្រមើស្រមៃរបស់អ្នកអំពីព្រះជាម្ចាស់បានដដែល។ តើព្រះជាម្ចាស់នឹងប្រាប់អ្នកអំពីការពិតទាំងអស់ និងអ្វីដែលពិត ដោយសារតែអ្នកមិនអាចដោះស្រាយសញ្ញាណទាំងនេះបានឬ? ម៉្យាង វាគ្មានការចាំបាច់ដែលទ្រង់ត្រូវធ្វើបែបនោះទេ ហើយម៉្យាងទៀត មានការពិតមួយ គឺថាខួរក្បាល និងចិត្តគំនិតរបស់មនុស្សគ្មានសមត្ថភាពធំធេងដែលចាំបាច់ដើម្បីទទួលយករបស់ទាំងនេះទេ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើគឺហួសពីការស្រមើស្រមៃរបស់មនុស្ស និងហួសពីអ្វីៗទាំងអស់។ បើប្រៀបធៀបទៅនឹងរបស់សព្វសារពើ មនុស្សគឺប្រៀបដូចជាគ្រាប់ខ្សាច់មួយគ្រាប់នៅលើឆ្នេរខ្សាច់។ ការពិពណ៌នានេះគឺកៀកនឹងការពិត ហើយអាចត្រូវបានចាត់ទុកថាសមរម្យ។ ទោះបីជាព្រះជាម្ចាស់ចង់ប្រាប់អ្នកគ្រប់យ៉ាងក៏ដោយ តើអ្នកមានសមត្ថភាពទទួលយកទាំងអស់បានដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកទាំងអស់បាន? ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលកាន់តែច្រើន ខ្ញុំអាចយល់កាន់តែច្រើន និងទទួលបានកាន់តែច្រើន។ ក្នុងករណីនោះ ខ្ញុំនឹងទទួលបានការអនុគ្រោះពិសេស!» នោះគឺជាការយល់សប្តិទាំងថ្ងៃហើយ អ្នកកំពុងប៉ាន់ស្មានសមត្ថភាពខ្លួនឯងខ្ពស់ពេកហើយ។ ការពិតមិនមែនដូច្នោះទេ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ រឿងដែលទ្រង់ប្រាប់អ្នក សុទ្ធតែជារឿងសាមញ្ញ និងច្បាស់ៗបំផុត គឺជារឿងដែលមនុស្សអាចយល់ដឹងបាន។ តាមពិតទៅ មានរឿងជាច្រើនដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូលប្រាប់ ពីព្រោះមនុស្សមិនអាចយល់ដឹងបាន។ ហេតុដូច្នេះហើយ វាជារឿងធម្មតាណាស់ដែលសញ្ញាណខ្លះរបស់អ្នកមិនអាចដោះស្រាយបាននៅទីបំផុត។ រឿងដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកយល់ និងចង់ប្រាប់អ្នក ឬដែលអ្នកអាចទទួល និងយល់ដឹងបាន អ្នកនឹងយល់។ ចំពោះរឿងដែលអ្នកមិនអាចទទួល ឬយល់ដឹងបាន ដែលភ្នែកសាច់ឈាមរបស់អ្នកមិនអាចមើលធ្លុះបាន ទោះបីជាព្រះជាម្ចាស់ប្រាប់អ្នកក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ និងខាតកម្លាំងទទេដែរ។ ជាលទ្ធផល ព្រះជាម្ចាស់មិនប្រាប់អ្នកពីរឿងទាំងនេះទេ។ ចំពោះសញ្ញាណបែបនេះ ទោះបីជាដល់ពេលដែលអ្នកស្លាប់ ឬដល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ក៏ដោយ ក៏អ្នកនៅតែមិនយល់ តើរឿងនេះប៉ះពាល់ដល់អ្វីខ្លះ? តើវាប៉ះពាល់ដល់ការចុះចូលរបស់អ្នកចំពោះព្រះជាម្ចាស់ដែរឬទេ? តើវាប៉ះពាល់ដល់ការទទួលតួនាទីជាភាវៈដែលព្រះបង្កើតដែរឬទេ? តើវាប៉ះពាល់ដល់ការស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់របស់អ្នកដែរឬទេ? ប្រសិនបើអ្នកមិនត្រូវបានរងផលប៉ះពាល់ក្នុងផ្លូវណាមួយនៃផ្លូវទាំងនេះទេ នោះអ្នកនឹងត្រូវបានសង្គ្រោះហើយ។ ដូច្នេះ តើសញ្ញាណប្រភេទនេះនៅតែត្រូវការដោះស្រាយទៀតដែរឬទេ? មិនត្រូវការទេ។ នេះគឺជាសញ្ញាណប្រភេទចុងក្រោយ ជាប្រភេទដែលមិនអាចដោះស្រាយបាន សូម្បីតែនៅពេលស្លាប់ក៏ដោយ។ មនុស្សខ្លះនិយាយថា៖ «ឱ ព្រះជាម្ចាស់អើយ ខ្ញុំនៅតែមិនយល់ពីកិច្ចការនេះដែលព្រះអង្គបានធ្វើ ព្រះបន្ទូលទាំងនេះដែលព្រះអង្គបានមានព្រះបន្ទូល និងបរិយាកាសនេះដែលព្រះអង្គបានរៀបចំដដែល។ តើព្រះអង្គអាចប្រាប់ខ្ញុំមុនពេលខ្ញុំស្លាប់បានទេ ដើម្បីឱ្យខ្ញុំអាចស្លាប់ដោយអស់ចិត្ត?» ព្រះជាម្ចាស់មិនអើពើនឹងសំណើបែបនេះទេ។ អ្នកអាចទៅដោយអស់ចិត្តចុះ អ្នកនឹងយល់គ្រប់យ៉ាងនៅក្នុងពិភពខាងវិញ្ញាណ។
ព្រះជាម្ចាស់មានស្តង់ដារផ្ទាល់ខ្លួនរបស់ទ្រង់សម្រាប់ការសង្គ្រោះមនុស្ស។ ស្តង់ដារនេះមិនផ្អែកលើថា តើអ្នកបានដោះស្រាយសញ្ញាណរបស់អ្នកបានល្អកម្រិតណា ឬអ្នកបានលះបង់សញ្ញាណទាំងនោះបានប៉ុន្មាននោះទេ។ ផ្ទុយទៅវិញ វាផ្អែកលើថា តើអ្នកកោតខ្លាចព្រះជាម្ចាស់កម្រិតណា និងអ្នកចុះចូលចំពោះទ្រង់កម្រិតណា តើអ្នកកោតខ្លាច និងចុះចូលចំពោះទ្រង់ដោយស្មោះត្រង់ដែរឬទេ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានអត្ថន័យ ហើយមិនថាវាជារឿងងាយស្រួលសម្រាប់អ្នកក្នុងការទទួលយក ឬពិបាកសម្រាប់អ្នកក្នុងការទទួលយក និងទំនងជាបង្កឱ្យមានសញ្ញាណនៅក្នុងអ្នកក៏ដោយ ក៏អត្តសញ្ញាណរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរដោយសារតែរឿងនេះដែរ។ ទ្រង់នឹងនៅតែជាព្រះអាទិករជានិច្ច ហើយអ្នកនឹងនៅតែជាសត្តនិករជានិច្ច។ ប្រសិនបើអ្នកអាចមិនត្រូវបានកម្រិតដោយសញ្ញាណណាមួយ ហើយនៅតែរក្សាទំនាក់ទំនងជាសត្តនិករ និងព្រះអាទិករជាមួយព្រះជាម្ចាស់ នោះអ្នកគឺជាសត្តនិករពិតប្រាកដរបស់ព្រះជាម្ចាស់ហើយ។ ប្រសិនបើអ្នកអាចមិនទទួលឥទ្ធិពល ឬមិនត្រូវបានរំខានដោយសញ្ញាណណាមួយ ហើយមានសមត្ថភាពចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដចេញពីជម្រៅចិត្តរបស់អ្នក ហើយប្រសិនបើអ្នកអាចទុកសញ្ញាណមួយឡែក និងមិនត្រូវបានរឹតត្បិតដោយសញ្ញាណទាំងនោះ ដោយមិនគិតថាការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតរាក់ ឬជ្រៅឡើយ ដោយជឿជាក់តែម្យ៉ាងថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ផ្លូវ និងជីវិត ថាព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ជារៀងរហូត ហើយថាអ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនដែលខុសឡើយ នោះអ្នកអាចត្រូវបានសង្គ្រោះហើយ។ តាមពិតទៅ កម្ពស់របស់មនុស្សម្នាក់ៗមានកម្រិត។ តើខួរក្បាលរបស់មនុស្សអាចផ្ទុករបស់បានប៉ុន្មានទៅ? តើពួកគេអាចវាស់ស្ទង់ព្រះជាម្ចាស់បានដែរឬទេ? នោះគឺជាការគិតរវើរវាយហើយ! កុំភ្លេចថា៖ មនុស្សនឹងនៅតែជាទារកជានិច្ចនៅចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកគិតថាខ្លួនឯងឆ្លាត ប្រសិនបើអ្នកតែងតែព្យាយាមធ្វើខ្លួនឆ្លាត ហើយព្យាយាមស្វែងយល់គ្រប់យ៉ាង ដោយគិតថា៖ «ប្រសិនបើខ្ញុំមិនអាចយល់បានទេ នោះខ្ញុំមិនអាចទទួលស្គាល់ថាព្រះអង្គគឺជាព្រះរបស់ខ្ញុំឡើយ ខ្ញុំមិនអាចទទួលយកថាព្រះអង្គគឺជាព្រះរបស់ខ្ញុំឡើយ ខ្ញុំមិនអាចទទួលស្គាល់ថាព្រះអង្គគឺជាព្រះអាទិករឡើយ។ ប្រសិនបើព្រះអង្គមិនដោះស្រាយសញ្ញាណរបស់ខ្ញុំទេ ព្រះអង្គកុំសង្ឃឹមឡើយ បើគិតថាខ្ញុំនឹងទទួលស្គាល់ថាព្រះអង្គគឺជាព្រះ ថាខ្ញុំនឹងទទួលយកអធិបតេយ្យភាពរបស់ព្រះអង្គ និងថាខ្ញុំនឹងចុះចូលចំពោះព្រះអង្គនោះ» នោះរឿងនេះនឹងមានបញ្ហាហើយ។ តើមានបញ្ហាយ៉ាងដូចម្ដេច? ព្រះជាម្ចាស់មិនប្រកែកជាមួយអ្នកអំពីរឿងបែបនេះទេ។ ចំពោះមនុស្ស ទ្រង់នឹងនៅតែជាបែបនេះជានិច្ច៖ ប្រសិនបើអ្នកមិនទទួលយកថាព្រះជាម្ចាស់គឺជាព្រះរបស់អ្នកទេ ទ្រង់នឹងមិនទទួលយកថាអ្នកគឺជាសត្តនិករម្នាក់របស់ទ្រង់ឡើយ។ នៅពេលដែលព្រះជាម្ចាស់មិនទទួលយកថាអ្នកគឺជាសត្តនិករម្នាក់របស់ទ្រង់ ការផ្លាស់ប្ដូរមួយនឹងកើតឡើងនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ ដោយសារតែអាកប្បកិរិយារបស់អ្នកចំពោះទ្រង់។ ប្រសិនបើអ្នកមិនអាចចុះចូលចំពោះព្រះជាម្ចាស់ និងមិនអាចទទួលយកអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើទេ នោះនឹងមានការផ្លាស់ប្ដូរនៅក្នុងអត្តសញ្ញាណរបស់អ្នក។ តើអ្នកនៅតែជាសត្តនិករទៀតដែរឬទេ? ព្រះជាម្ចាស់មិនទទួលស្គាល់អ្នកទេ វាគ្មានប្រយោជន៍អ្វីក្នុងការប្រកែកឡើយ។ ហើយប្រសិនបើអ្នកមិនមែនជាសត្តនិករ ហើយព្រះជាម្ចាស់មិនត្រូវការអ្នក តើអ្នកនៅតែមានសង្ឃឹមនឹងទទួលបានសេចក្ដីសង្គ្រោះទៀតដែរឬទេ? (ទេ គ្មានទេ)។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនចាត់ទុកអ្នកជាសត្តនិករ? អ្នកមិនអាចបំពេញការទទួលខុសត្រូវ និងភារកិច្ចដែលសត្តនិករគួរតែបំពេញ ហើយអ្នកមិនប្រព្រឹត្តចំពោះព្រះអាទិករ ពីជំហរជាសត្តនិករឡើយ។ ដូច្នេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្ដេច? តើទ្រង់នឹងមើលមកអ្នកយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នឹងមិនមើលមកអ្នកជាសត្តនិករដែលពេញលក្ខណៈឡើយ ប៉ុន្តែជាមនុស្សថោកទាប ជាអារក្ស និងជាសាតាំង។ តើអ្នកមិនបានគិតថាខ្លួនឯងឆ្លាតទេឬ? ហេតុអ្វីបានជាអ្នកធ្វើឱ្យខ្លួនឯងក្លាយជាអារក្ស និងជាសាតាំងទៅវិញ? នេះមិនមែនឆ្លាតទេ គឺល្ងង់។ តើព្រះបន្ទូលទាំងនេះជួយឱ្យមនុស្សយល់អំពីអ្វី? គឺថាមនុស្សត្រូវតែប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់។ ទោះបីជាអ្នកមានហេតុផលសម្រាប់សញ្ញាណរបស់អ្នកក៏ដោយ កុំគិតថាអ្នកមានសេចក្ដីពិត ហើយថាអ្នកមានដើមទុនដើម្បីស្រែកតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់ និងដាក់កំហិតទ្រង់ឱ្យសោះ។ មិនថាអ្នកធ្វើអ្វីនោះទេ កុំធ្វើបែបនោះឱ្យសោះ។ នៅពេលដែលអ្នកបាត់បង់អត្តសញ្ញាណជាសត្តនិកររបស់អ្នក អ្នកនឹងត្រូវបំផ្លាញហើយ នេះមិនមែនជារឿងលេងសើចទេ។ គឺដោយសារតែ នៅពេលដែលមនុស្សមានសញ្ញាណ ពួកគេប្រកាន់យកវិធីសាស្ត្រផ្សេងៗគ្នា និងជ្រើសរើសដំណោះស្រាយផ្សេងៗគ្នា ទើបលទ្ធផលខុសគ្នាទាំងស្រុងបែបនេះ។
តើអ្នករាល់គ្នាមានគោលការណ៍សម្រាប់របៀបអនុវត្តទាក់ទងនឹងសញ្ញាណដែរឬទេ? តើគោលការណ៍ទាំងនេះការពារអ្នករាល់គ្នា ដើម្បីឱ្យអ្នកអាចប្រព្រឹត្តខ្លួនជាសត្តនិករបានយ៉ាងត្រឹមត្រូវដែរឬទេ? តើផ្លូវនេះល្អដែរឬទេ? (ល្អ)។ បើដូច្នេះ ចូរសង្ខេបផ្លូវនេះមក។ (ប្រសិនបើវាជាសញ្ញាណដែលងាយស្រួលដោះស្រាយ យើងត្រូវតែអធិដ្ឋាន និងស្វែងរក ដោយស្វែងរកសេចក្ដីពិតដែលវែកញែកសញ្ញាណប្រភេទនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយើងក៏អាចប្រកបគ្នាជាមួយបងប្អូនប្រុសស្រីដែលយល់ពីសេចក្ដីពិតបានដែរ។ តាមរបៀបនេះ យើងនឹងអាចមើលធ្លុះទិដ្ឋភាពខុសឆ្គងនៃសញ្ញាណនោះ ហើយដោះស្រាយវាបាន។ ក៏មានសញ្ញាណខ្លះដែលមិនងាយស្រួលដោះស្រាយដែរ ប៉ុន្តែយើងមិនត្រូវប្រកាន់ខ្ជាប់នឹងសញ្ញាណទាំងនោះឡើយ។ យើងត្រូវតែមានអាកប្បកិរិយាទទួលយកសេចក្ដីពិត និងចុះចូលចំពោះព្រះជាម្ចាស់ ដោយដឹងថាយើងគឺជាសត្តនិករ ហើយថាអ្វីដែលព្រះជាម្ចាស់ធ្វើ គឺពិតជាត្រឹមត្រូវ គ្រាន់តែថាយើងមិនទាន់ដឹងពីរឿងនេះប៉ុណ្ណោះ។ មិនថាយើងយល់ ឬមិនយល់នោះទេ យើងមិនអាចដើរផ្សព្វផ្សាយសញ្ញាណបានឡើយ។ យើងគួរតែរៀនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកឱ្យបានញឹកញាប់ ហើយបន្តិចម្ដងៗ សញ្ញាណទាំងនេះក៏អាចត្រូវបានដោះស្រាយដែរ។ ស្ថានភាពទីបី គឺថាសញ្ញាណខ្លះអាចនឹងនៅតែមិនត្រូវបានដោះស្រាយនៅទីបំផុត។ ក្នុងករណីបែបនេះ ឱ្យតែយើងមិនត្រូវបានរឹតត្បិតដោយសញ្ញាណទាំងនេះ ហើយមិនដើរផ្សព្វផ្សាយសញ្ញាណទាំងនេះ នោះមិនអីទេ។ ទោះបីជាសញ្ញាណទាំងនេះមិនត្រូវបានដោះស្រាយនៅទីបំផុតក៏ដោយ ឱ្យតែយើងមិនប្រកាន់ខ្ជាប់នឹងសញ្ញាណទាំងនេះ ហើយមិនប្រព្រឹត្តអំពើអាក្រក់ដោយសារតែសញ្ញាណទាំងនេះ នោះព្រះជាម្ចាស់នឹងមិនថ្កោលទោសយើងឡើយ ហើយវានឹងមិនប៉ះពាល់ដល់សេចក្ដីសង្គ្រោះរបស់យើងទេ)។ តើមានគោលការណ៍សរុបចំនួនប៉ុន្មាន? (បី)។ មានគោលការណ៍សរុបចំនួនបី។ អ្នករាល់គ្នាបានកត់ត្រាទុកទាំងអស់ហើយ មែនទេ? នៅពេលដែលអ្នកយល់សេចក្ដីពិត និងចាប់បានគោលការណ៍ នោះសញ្ញាណរបស់អ្នកនឹងត្រូវបានដោះស្រាយដោយឯកឯង។ អ្នកមិនត្រូវបណ្ដោយឱ្យសញ្ញាណរារាំង ឬធ្វើឱ្យអ្នកជំពប់ជើងដួលឡើយ។ ចូរដោះស្រាយសញ្ញាណដែលអាចដោះស្រាយបានឱ្យអស់ពីសមត្ថភាព ហើយចំពោះសញ្ញាណដែលមិនអាចដោះស្រាយបានជាបណ្ដោះអាសន្ន យ៉ាងហោចណាស់កុំបណ្ដោយឱ្យសញ្ញាណទាំងនោះជះឥទ្ធិពលលើអ្នកឱ្យសោះ។ សញ្ញាណទាំងនោះមិនគួររារាំងការបំពេញភារកិច្ចរបស់អ្នកឡើយ ហើយក៏មិនគួរជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ដែរ។ កម្រិតអប្បបរមារបស់អ្នក គឺយ៉ាងហោចណាស់មិនត្រូវដើរផ្សព្វផ្សាយសញ្ញាណ មិនប្រព្រឹត្តអំពើអាក្រក់ មិនបង្កឱ្យមានការបង្អាក់ ឬការរំខាន ហើយមិនត្រូវធ្វើជាអ្នកបម្រើរបស់សាតាំង ឬជាភ្នាក់ងាររបស់សាតាំងឡើយ។ មិនថាអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុនណានោះទេ ប្រសិនបើសញ្ញាណខ្លះអាចដោះស្រាយបានត្រឹមតែសើៗ និងមិនអាចដោះស្រាយបានទាំងស្រុងទេ នោះមិនបាច់ខ្វល់ពីសញ្ញាណទាំងនោះឡើយ។ កុំបណ្ដោយឱ្យសញ្ញាណជះឥទ្ធិពលលើការដេញតាមសេចក្ដីពិត ឬការចូលទៅក្នុងជីវិតរបស់អ្នកឱ្យសោះ។ ចូរស្ទាត់ជំនាញគោលការណ៍ទាំងនេះ ហើយនៅក្នុងកាលៈទេសៈធម្មតា អ្នកនឹងត្រូវបានការពារ។ ប្រសិនបើអ្នកជាមនុស្សដែលទទួលយកសេចក្ដីពិត ស្រឡាញ់អ្វីៗដែលវិជ្ជមាន មិនមែនជាមនុស្សអាក្រក់ មិនចង់បង្កការបង្អាក់ ឬការរំខាន ហើយមិនមានចេតនាបង្កការបង្អាក់ និងការរំខានទេ នោះនៅពេលដែលអ្នកជួបប្រទះបញ្ហានៃការកើតមានសញ្ញាណជាធម្មតា អ្នកនឹងត្រូវបានការពារជាទូទៅ។ គោលការណ៍នៃការអនុវត្តជាមូលដ្ឋានបំផុតគឺ៖ ប្រសិនបើសញ្ញាណមួយលេចឡើង ហើយពិបាកដោះស្រាយ កុំប្រញាប់ប្រព្រឹត្តតាមសញ្ញាណនោះឱ្យសោះ។ ជាដំបូង ចូររង់ចាំ និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណនោះ ដោយជឿជាក់ថាអ្វីដែលព្រះជាម្ចាស់ធ្វើ មិនអាចខុសឡើយ។ ចូរចងចាំគោលការណ៍នេះ។ បន្ថែមលើនេះ កុំទុកភារកិច្ចរបស់អ្នកចោល ឬបណ្ដោយឱ្យសញ្ញាណជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នកឱ្យសោះ។ ប្រសិនបើអ្នកមានសញ្ញាណ ហើយគិតថា៖ «ខ្ញុំនឹងធ្វើភារកិច្ចនេះឱ្យតែរួចពីដៃទៅបានហើយ ខ្ញុំកំពុងមានអារម្មណ៍មិនល្អ ដូច្នេះខ្ញុំនឹងមិនធ្វើការឱ្យបានល្អសម្រាប់អ្នកទេ!» នេះមិនល្អទេ។ នៅពេលដែលអាកប្បកិរិយារបស់អ្នកប្រែជាអវិជ្ជមាន និងធ្វើឱ្យតែរួចពីដៃ នោះវានឹងក្លាយជាបញ្ហាហើយ នេះគឺជាសញ្ញាណដែលកំពុងរើបម្រះនៅក្នុងអ្នក។ នៅពេលដែលសញ្ញាណរើបម្រះនៅក្នុងអ្នក ហើយជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក នោះមានន័យថា មកដល់ចំណុចនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ពិតជាបានផ្លាស់ប្ដូររួចទៅហើយ។ សញ្ញាណខ្លះអាចជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក ដែលជាបញ្ហាធ្ងន់ធ្ងរ ហើយត្រូវតែដោះស្រាយសញ្ញាណទាំងនោះជាបន្ទាន់។ សញ្ញាណផ្សេងទៀតមិនជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក ឬទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ទេ ដូច្នេះសញ្ញាណទាំងនោះមិនមែនជាបញ្ហាធំដុំឡើយ។ ប្រសិនបើសញ្ញាណដែលអ្នកមាន អាចជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក ដោយបណ្ដាលឱ្យអ្នកសង្ស័យលើព្រះជាម្ចាស់ មិនបំពេញភារកិច្ចរបស់អ្នកដោយឧស្សាហ៍ព្យាយាម ហើយថែមទាំងមានអារម្មណ៍ថានឹងគ្មានផលវិបាកចំពោះការមិនបំពេញភារកិច្ចរបស់អ្នកទៀតផង និងគ្មានការភ័យខ្លាច ឬចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ នោះរឿងនេះគ្រោះថ្នាក់ហើយ។ នេះមានន័យថា អ្នកនឹងធ្លាក់ទៅក្នុងការល្បួង ហើយត្រូវបានសាតាំងបោកបញ្ឆោត និងចាប់យក។ អាកប្បកិរិយារបស់អ្នកចំពោះសញ្ញាណរបស់អ្នក និងជម្រើសដែលអ្នកធ្វើ គឺសំខាន់ណាស់។ មិនថាអាចដោះស្រាយសញ្ញាណបានឬអត់ ហើយមិនថាអាចដោះស្រាយបានកម្រិតណានោះទេ ទំនាក់ទំនងជាប្រក្រតីរវាងអ្នក និងព្រះជាម្ចាស់ មិនត្រូវផ្លាស់ប្ដូរឡើយ។ ម៉្យាង អ្នកគួរតែអាចចុះចូលចំពោះគ្រប់បរិយាកាសដែលព្រះជាម្ចាស់បានចាត់ចែង ហើយអះអាងថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រឹមត្រូវ និងមានអត្ថន័យ ហើយការយល់ដឹងនេះ និងទិដ្ឋភាពនៃសេចក្ដីពិតនេះ មិនគួរផ្លាស់ប្ដូរសម្រាប់អ្នកឡើយ។ ម៉្យាងទៀត អ្នកមិនត្រូវទុកភារកិច្ចដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់អ្នកចោលឡើយ អ្នកមិនត្រូវដោះបន្ទុកនេះចេញពីខ្លួនឯងទេ។ ប្រសិនបើនៅខាងក្នុង ឬខាងក្រៅ អ្នកគ្មានការទាស់ទទឹង ការប្រឆាំង ឬការបះបោរចំពោះព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់នឹងឃើញតែការចុះចូលរបស់អ្នកប៉ុណ្ណោះ ហើយឃើញថាអ្នកកំពុងរង់ចាំ។ អ្នកប្រហែលជានៅតែមានសញ្ញាណ ប៉ុន្តែព្រះជាម្ចាស់មិនឃើញការបះបោររបស់អ្នកទេ។ ដោយសារតែគ្មានការបះបោរ និងការទាស់ទទឹងនៅក្នុងអ្នក ព្រះជាម្ចាស់នៅតែចាត់ទុកអ្នកជាសត្តនិករម្នាក់របស់ទ្រង់ដដែល។ ផ្ទុយទៅវិញ ប្រសិនបើចិត្តរបស់អ្នកពោរពេញដោយការត្អូញត្អែរ និងការប្រឆាំង អ្នកកំពុងស្វែងរកឱកាសដើម្បីសងសឹក ហើយមិនចង់បំពេញភារកិច្ចរបស់អ្នក ដោយចង់ដោះបន្ទុកនេះចេញពីខ្លួនឯងជំនួសវិញ រហូតដល់ថ្នាក់នៅក្នុងចិត្តរបស់អ្នក មានការត្អូញត្អែរគ្រប់បែបយ៉ាងអំពីព្រះជាម្ចាស់ ហើយការសម្ដែងចេញនៃការប្រឆាំង និងការថ្នាំងថ្នាក់មួយចំនួនត្រូវបានបើកសម្ដែងនៅក្នុងដំណើរការនៃការបំពេញភារកិច្ច នោះនៅពេលនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានផ្លាស់ប្ដូរយ៉ាងខ្លាំងរួចទៅហើយ។ អ្នកបានប្ដូរចេញពីជំហរជាសត្តនិកររបស់អ្នករួចហើយ អ្នកលែងជាសត្តនិករទៀតហើយ ប៉ុន្តែបានក្លាយជាភ្នាក់ងារសម្រាប់ពួកអារក្ស និងសាតាំង ដូច្នេះព្រះជាម្ចាស់នឹងមិនបង្ហាញសេចក្ដីសប្បុរសណាមួយដល់អ្នកឡើយ។ នៅពេលដែលនរណាម្នាក់ឈានដល់ចំណុចនេះ ពួកគេកំពុងចូលទៅជិតតំបន់គ្រោះថ្នាក់ហើយ។ ទោះបីជាព្រះជាម្ចាស់មិនធ្វើអ្វីសោះក៏ដោយ ក៏ពួកគេនឹងមិនអាចឈរមាំនៅក្នុងពួកជំនុំបានដែរ។ ហេតុដូច្នេះហើយ នៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងបញ្ហាដូចជាការដោះស្រាយសញ្ញាណ មនុស្សត្រូវតែប្រុងប្រយ័ត្នដើម្បីចៀសវាងការធ្វើរឿងដែលប្រមាថដល់ព្រះជាម្ចាស់ ឬដែលត្រូវបានព្រះជាម្ចាស់ថ្កោលទោស ឬដែលធ្វើឱ្យឈឺចាប់ ឬធ្វើឱ្យខូចខាតដល់អ្នកដទៃ។ នេះគឺជាគោលការណ៍។
បញ្ហាដែលមនុស្សមានសញ្ញាណអំពីព្រះជាម្ចាស់ មិនមែនជារឿងតូចតាចទេ! វាសំខាន់ណាស់សម្រាប់មនុស្សក្នុងការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ ប៉ុន្តែអ្វីដែលជះឥទ្ធិពលខ្លាំងបំផុតដល់ទំនាក់ទំនងនេះ គឺសញ្ញាណរបស់មនុស្ស។ មានតែនៅពេលដែលសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ត្រូវបានដោះស្រាយប៉ុណ្ណោះ ទើបទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់អាចរក្សាបាន។ បច្ចុប្បន្ននេះ មនុស្សជាច្រើនមានបញ្ហាធ្ងន់ធ្ងរមួយ។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំទេ ទោះបីជាពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខ និងបង់ថ្លៃនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ក៏សញ្ញាណរបស់ពួកគេមិនអាចដោះស្រាយបានទាំងស្រុងដែរ។ រឿងនេះជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងជះឥទ្ធិពលដោយផ្ទាល់ដល់សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ និងការចុះចូលរបស់ពួកគេចំពោះទ្រង់។ ហេតុដូច្នេះហើយ មិនថាមនុស្សមានសញ្ញាណអ្វីខ្លះអំពីព្រះជាម្ចាស់ទេ នេះគឺជារឿងធ្ងន់ធ្ងរដែលមិនត្រូវមើលរំលងឡើយ។ សញ្ញាណប្រៀបដូចជាជញ្ជាំងមួយ វាផ្ដាច់ទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់ ដោយធ្វើឱ្យពួកគេលែងពាក់ព័ន្ធនឹងកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់។ ដូច្នេះ ការដែលមនុស្សមានសញ្ញាណអំពីព្រះជាម្ចាស់ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចមិនអើពើបានឡើយ! ប្រសិនបើមនុស្សមានសញ្ញាណ ហើយមិនអាចស្វែងរកសេចក្ដីពិត និងដោះស្រាយសញ្ញាណទាំងនោះបានទាន់ពេលវេលាទេ រឿងនេះអាចបង្កឱ្យមានភាពអវិជ្ជមាន ការទាស់ទទឹងនឹងព្រះជាម្ចាស់ និងសូម្បីតែការប្រទូសរ៉ាយចំពោះទ្រង់យ៉ាងងាយ។ ពេលនោះ តើពួកគេនៅតែអាចទទួលយកសេចក្ដីពិតបានទៀតដែរឬទេ? ការចូលទៅក្នុងជីវិតរបស់ពួកគេនឹងគាំងនៅមួយកន្លែង។ ផ្លូវនៃការដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់ គឺមិនរាបស្មើ និងរដិបរដុប។ ដោយសារតែមនុស្សមាននិស្ស័យពុករលួយ ពួកគេអាចដើរវាងផ្លូវជាច្រើន ហើយពួកគេអាចនឹងមានសញ្ញាណនៅក្នុងស្ថានភាពណាមួយ។ ប្រសិនបើសញ្ញាណទាំងនេះមិនត្រូវបានដោះស្រាយដោយការស្វែងរកសេចក្ដីពិតទេ មនុស្សអាចបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងទាស់ទទឹងនឹងទ្រង់ ដោយដើរលើផ្លូវនៃការប្រទូសរ៉ាយចំពោះទ្រង់។ នៅពេលដែលមនុស្សដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាគិតថានៅសល់ឱកាសនៃការសង្គ្រោះសម្រាប់ពួកគេទៀតដែរឬទេ? វាមិនងាយស្រួលដោះស្រាយទេនៅចំណុចនោះ ហើយនឹងគ្មានឱកាសនៅសល់ឡើយ។ ហេតុដូច្នេះហើយ មុនពេលព្រះជាម្ចាស់បដិសេធមិនទទួលស្គាល់អ្នកជាសត្តនិកររបស់ទ្រង់ អ្នកគួរតែរៀនពីរបៀបធ្វើជាសត្តនិកររបស់ព្រះជាម្ចាស់។ កុំព្យាយាមពិនិត្យពិច័យព្រះអាទិករ ឬព្យាយាមស្វែងរកវិធីដើម្បីបញ្ជាក់ និងផ្ទៀងផ្ទាត់ថាព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះអាទិករឱ្យសោះ។ នេះមិនមែនជាកាតព្វកិច្ច ឬការទទួលខុសត្រូវរបស់អ្នកទេ។ អ្វីដែលអ្នកគួរតែគិត និងពិចារណានៅក្នុងចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ គឺរបៀបបំពេញភារកិច្ចរបស់អ្នក និងក្លាយជាសត្តនិករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាជាងរបៀបបញ្ជាក់ថាតើព្រះជាម្ចាស់គឺជាព្រះអាទិករឬអត់ ថាតើទ្រង់ពិតជាព្រះជាម្ចាស់ឬអត់ ឬពិនិត្យពិច័យអ្វីដែលព្រះជាម្ចាស់បានធ្វើ និងថាតើការប្រព្រឹត្តរបស់ទ្រង់ត្រឹមត្រូវឬអត់នោះទេ។ រឿងទាំងនេះមិនមែនជាអ្វីដែលអ្នកគួរពិនិត្យពិច័យឡើយ។
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១