ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៧)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីប្រាំ)
មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
IX. ការបញ្ចេញភាពអវិជ្ជមាន
ថ្ងៃនេះ យើងបន្តការប្រកបគ្នារបស់យើងអំពីទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ ទាក់ទងនឹងការបង្អាក់ និងការរំខានផ្សេងៗដែលកើតឡើងនៅក្នុងជីវិតពួកជំនុំ លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបី គឺការផ្សព្វផ្សាយសញ្ញាណផ្សេងៗ ហើយថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីប្រាំបួន គឺការបញ្ចេញភាពអវិជ្ជមាន។ ការបញ្ចេញភាពអវិជ្ជមាន ក៏ជារឿងដែលគេឧស្សាហ៍ឮនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរ។ ដូចគ្នាដែរ ទង្វើ ឬសេចក្ដីថ្លែងនៃការបញ្ចេញភាពអវិជ្ជមាន ក៏គួរតែត្រូវបានរឹតត្បិត និងបញ្ឈប់ដែរ នៅពេលដែលវាកើតឡើងនៅក្នុងជីវិតពួកជំនុំ ពីព្រោះការបញ្ចេញភាពអវិជ្ជមាន មិនមែនជារឿងដែលធ្វើឱ្យមនុស្សបានស្អាងឡើងនោះទេ ផ្ទុយទៅវិញ វាប៉ះពាល់ រំខាន និងបង្កការខាតបង់ដល់មនុស្ស។ ហេតុដូច្នេះ ការបញ្ចេញភាពអវិជ្ជមាន គឺជារឿងអវិជ្ជមាន ដែលមានធម្មជាតិស្រដៀងគ្នាទៅនឹងអាកប្បកិរិយា ទង្វើ និងសេចក្ដីថ្លែងផ្សេងទៀតដែលរំខានដល់ជីវិតពួកជំនុំដែរ ហើយវាក៏អាចរំខានដល់មនុស្ស និងមានផលប៉ះពាល់អវិជ្ជមានផងដែរ។ គ្មាននរណាម្នាក់អាចធ្វើឱ្យអ្នកដទៃបានស្អាងឡើង ឬនាំផលប្រយោជន៍ឱ្យពួកគេ ដោយការបញ្ចេញភាពអវិជ្ជមាននោះឡើយ វាមានតែនាំមកនូវឥទ្ធិពលគ្រោះថ្នាក់ ហើយក៏អាចប៉ះពាល់ដល់ការបំពេញភារកិច្ចជាធម្មតារបស់មនុស្សផងដែរ។ ហេតុនេះ នៅពេលដែលការបញ្ចេញភាពអវិជ្ជមានកើតឡើងនៅក្នុងពួកជំនុំ វាគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតស្រដៀងគ្នានេះដែរ មិនត្រូវបណ្ដែតបណ្ដោយ ឬលើកទឹកចិត្តឡើយ។
ក. តើអ្វីទៅជាការបញ្ចេញភាពអវិជ្ជមាន
ជាដំបូង ចូរយើងក្រឡេកមើលថាតើការបញ្ចេញភាពអវិជ្ជមានគួរតែត្រូវបានស្វែងយល់ និងញែកដឹងដោយរបៀបណា។ តើយើងគួរញែកការបញ្ចេញភាពអវិជ្ជមានដោយរបៀបណា? តើពាក្យសម្ដី និងការបង្ហាញចេញរបស់មនុស្សបែបណាខ្លះ ដែលជាការបញ្ចេញភាពអវិជ្ជមាន? ជាបឋម ភាពអវិជ្ជមានដែលមនុស្សបញ្ចេញមក មិនមែនជារឿងវិជ្ជមានទេ វាគឺជាអ្វីមួយដែលអវិជ្ជមាន ដែលផ្ទុយនឹងសេចក្ដីពិត ហើយវាគឺជាអ្វីមួយដែលកើតចេញពីនិស្ស័យពុករលួយរបស់ពួកគេ។ ការមាននិស្ស័យពុករលួយ នាំឱ្យមានការលំបាកក្នុងការអនុវត្តសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់ ហើយដោយសារតែការលំបាកទាំងនេះ គំនិតអវិជ្ជមាន និងរឿងអវិជ្ជមានផ្សេងទៀត ត្រូវបានបើកសម្ដែងនៅក្នុងខ្លួនមនុស្ស។ រឿងទាំងនេះកើតឡើងនៅក្នុងបរិបទដែលពួកគេព្យាយាមអនុវត្តសេចក្ដីពិត ទាំងនេះគឺជាគំនិត និងទស្សនៈដែលប៉ះពាល់ និងរារាំងមនុស្ស នៅពេលដែលពួកគេព្យាយាមអនុវត្តសេចក្ដីពិត ហើយជារឿងអវិជ្ជមានទាំងស្រុង។ មិនថាគំនិត និងទស្សនៈអវិជ្ជមានទាំងនេះស្ដាប់ទៅស្របតាមសញ្ញាណរបស់មនុស្ស និងសមហេតុផលយ៉ាងណានោះទេ ក៏វាមិនមែនកើតចេញពីការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ហើយវាកាន់តែមិនមែនជាការយល់ដឹងតាមរយៈបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ផ្ទុយទៅវិញ វាកើតចេញពីគំនិតរបស់មនុស្ស ហើយមិនស្របតាមសេចក្ដីពិតទាល់តែសោះ។ ហេតុដូច្នេះ វាគឺជាទិដ្ឋភាពនៃភាពអវិជ្ជមាន ជារឿងអវិជ្ជមាន។ បំណងរបស់មនុស្សដែលបញ្ចេញភាពអវិជ្ជមាន គឺដើម្បីស្វែងរកហេតុផលខាងក្រៅជាច្រើន ចំពោះការបរាជ័យរបស់ពួកគេក្នុងការអនុវត្តសេចក្ដីពិត ដើម្បីទទួលបានការអាណិតអាសូរ និងការយល់ចិត្តពីអ្នកដទៃ។ ក្នុងកម្រិតផ្សេងៗគ្នា សេចក្ដីថ្លែងអវិជ្ជមានទាំងនេះ ជះឥទ្ធិពល និងធ្វើឱ្យចុះខ្សោយដល់គំនិតផ្ដួចផ្ដើមរបស់មនុស្សក្នុងការអនុវត្តសេចក្ដីពិត ហើយថែមទាំងអាចរារាំងមនុស្សជាច្រើនមិនឱ្យអនុវត្តសេចក្ដីពិតទៀតផង។ ផលវិបាក និងផលប៉ះពាល់អវិជ្ជមានទាំងនេះ ធ្វើឱ្យរឿងទាំងនេះកាន់តែសមនឹងត្រូវបានចាត់ទុកថាជារឿងអវិជ្ជមាន ដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមានភាពប្រទូសរ៉ាយទាំងស្រុងចំពោះសេចក្ដីពិត។ មនុស្សមួយចំនួនមិនអាចមើលធ្លុះដល់សារជាតិនៃភាពអវិជ្ជមានឡើយ ហើយគិតថា ភាពអវិជ្ជមានដែលកើតឡើងញឹកញាប់ គឺជារឿងធម្មតា ហើយថាវាមិនមានឥទ្ធិពលធំដុំលើការដេញតាមសេចក្ដីពិតរបស់មនុស្សនោះទេ។ របៀបគិតបែបនេះគឺខុសហើយ តាមពិតទៅ វាមានឥទ្ធិពលយ៉ាងខ្លាំង ហើយប្រសិនបើភាពអវិជ្ជមានរបស់នរណាម្នាក់ក្លាយជាច្រើនពេកសម្រាប់ខ្លួនឯងក្នុងការទ្រាំទ្រ នោះវាងាយនឹងនាំទៅរកអំពើក្បត់ណាស់។ ផលវិបាកដ៏គួរឱ្យភ័យខ្លាចនេះ គឺបណ្តាលមកពីភាពអវិជ្ជមាននេះឯង។ ដូច្នេះ តើការបញ្ចេញភាពអវិជ្ជមានគួរតែញែកដឹង និងស្វែងយល់ដោយរបៀបណា? និយាយឱ្យសាមញ្ញទៅ ការបញ្ចេញភាពអវិជ្ជមាន គឺបំភាន់មនុស្ស និងរារាំងពួកគេមិនឱ្យអនុវត្តសេចក្ដីពិត វាគឺជាការប្រើល្បិចកលទន់ៗ ប្រើវិធីសាស្ត្រដែលមើលទៅហាក់ដូចជាធម្មតា ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យពួកគេជំពប់ដួល។ តើនេះបង្កគ្រោះថ្នាក់ដល់ពួកគេដែរឬទេ? តាមពិតទៅ វាធ្វើឱ្យពួកគេខូចខាតយ៉ាងខ្លាំង។ ដូច្នេះហើយ ការបញ្ចេញភាពអវិជ្ជមាន គឺជាអ្វីមួយដែលអវិជ្ជមាន វាត្រូវបានព្រះជាម្ចាស់ថ្កោលទោស នេះគឺជាការបកស្រាយដ៏សាមញ្ញបំផុតអំពីការបញ្ចេញភាពអវិជ្ជមាន។ ដូច្នេះ តើធាតុផ្សំអវិជ្ជមាននៃការបញ្ចេញភាពអវិជ្ជមានគឺជាអ្វីឱ្យប្រាកដ? តើរឿងអ្វីខ្លះដែលអវិជ្ជមាន ហើយងាយនឹងមានផលប៉ះពាល់អាក្រក់លើមនុស្ស ព្រមទាំងបង្កការរំខាន និងគ្រោះថ្នាក់ដល់ជីវិតពួកជំនុំ? តើភាពអវិជ្ជមានរួមបញ្ចូលអ្វីខ្លះ? ប្រសិនបើមនុស្សមានការយល់ដឹងដ៏បរិសុទ្ធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពាក្យពេចន៍ដែលពួកគេយកមកប្រកបគ្នានឹងមានភាពអវិជ្ជមានដែរឬទេ? ប្រសិនបើមនុស្សមានអាកប្បកិរិយានៃការចុះចូលពិតប្រាកដចំពោះកាលៈទេសៈដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ នោះតើចំណេះដឹងរបស់ពួកគេអំពីកាលៈទេសៈទាំងនេះនឹងមានភាពអវិជ្ជមានដែរឬទេ? នៅពេលដែលពួកគេចែករំលែកចំណេះដឹងតាមរយៈបទពិសោធរបស់ពួកគេជាមួយអ្នករាល់គ្នា តើវានឹងមានភាពអវិជ្ជមានដែរឬទេ? ប្រាកដជាមិនមានទេ។ ចំពោះអ្វីៗដែលកើតឡើងនៅក្នុងពួកជំនុំ ឬនៅជុំវិញពួកគេ ប្រសិនបើមនុស្សអាចទទួលយកវាពីព្រះជាម្ចាស់ មានវិធីសាស្រ្តដ៏ត្រឹមត្រូវ និងអាចមានអាកប្បកិរិយានៃការស្វែងរក និងការចុះចូល នោះតើចំណេះដឹង ការយល់ដឹង និងបទពិសោធរបស់ពួកគេអំពីអ្វីដែលកើតឡើង នឹងមានភាពអវិជ្ជមានដែរឬទេ? (មិនមានទេ។) វានឹងមិនមានដាច់ខាត។ ដូច្នេះ បើមើលក្នុងទិដ្ឋភាពទាំងនេះ តើភាពអវិជ្ជមានគឺជាអ្វីឱ្យប្រាកដ? តើវាអាចត្រូវបានយល់ដោយរបៀបណា? តើភាពអវិជ្ជមានមិនមានផ្ទុករឿងដែលមានធម្មជាតិបែបនេះទេឬ ដូចជាការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត ការត្អូញត្អែរ និងការគុំកួនរបស់មនុស្ស? ករណីធ្ងន់ធ្ងរជាងនេះនៃភាពអវិជ្ជមាន ក៏រួមបញ្ចូលទាំងការទាស់ទទឹង ការប្រឆាំង និងសូម្បីតែការស្រែកប្រឆាំងផងដែរ។ ការនិយាយពាក្យសម្ដីដែលមានធាតុផ្សំទាំងនេះ អាចត្រូវបានកំណត់លក្ខណៈថាជាការបញ្ចេញភាពអវិជ្ជមាន។ ដូច្នេះ បើជំនុំជម្រះតាមការបង្ហាញចេញទាំងនេះ នៅពេលដែលមនុស្សម្នាក់បញ្ចេញភាពអវិជ្ជមាន តើមានការចុះចូលនឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេដែរឬទេ? ប្រាកដជាមិនមានទេ។ តើមានឆន្ទៈក្នុងការបះបោរប្រឆាំងនឹងសាច់ឈាម និងដោះស្រាយភាពអវិជ្ជមានរបស់ពួកគេដែរឬទេ? មិនមានទេ គឺគ្មានអ្វីក្រៅពីការទាស់ទទឹង ការបះបោរ និងការទាស់ប្រឆាំងឡើយ។ ប្រសិនបើចិត្តរបស់មនុស្សពោរពេញទៅដោយរឿងទាំងនេះ ប្រសិនបើចិត្តរបស់ពួកគេត្រូវបានរឿងអវិជ្ជមានទាំងនេះចូលកាន់កាប់ នោះវានឹងបង្កើតឱ្យមានការទាស់ទទឹង ការបះបោរ និងការប្រឆាំងចំពោះព្រះជាម្ចាស់។ ហើយប្រសិនបើបែបនេះមែន តើពួកគេនឹងនៅតែអាចអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ? ពួកគេនឹងមិនអាចទេ អ្វីទាំងអស់ដែលនឹងកើតឡើងគឺពួកគេនឹងក្លាយជាឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយកាន់តែមានភាពអវិជ្ជមានថែមទៀត ព្រមទាំងអាចសង្ស័យ បដិសេធ និងក្បត់ព្រះជាម្ចាស់ទៀតផង។ តើនេះមិនមែនជាគ្រោះថ្នាក់ទេឬ? នរណាក៏ដោយដែលឧស្សាហ៍មានភាពអវិជ្ជមាន គឺអាចបញ្ចេញភាពអវិជ្ជមានបាន ហើយការបញ្ចេញភាពអវិជ្ជមាន គឺការទាស់ប្រឆាំង និងបដិសេធព្រះជាម្ចាស់ ហេតុនេះ មនុស្សដែលឧស្សាហ៍បញ្ចេញភាពអវិជ្ជមាន ងាយនឹងក្បត់ព្រះជាម្ចាស់ និងចាកចេញពីទ្រង់បានគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។
បើជំនុំជម្រះតាមអត្ថន័យនៃពាក្យ «ភាពអវិជ្ជមាន» នៅពេលដែលមនុស្សម្នាក់ក្លាយជាអវិជ្ជមាន អារម្មណ៍របស់គេធ្លាក់ចូលទៅក្នុងសភាពទាបខ្លាំង ហើយគេចូលទៅក្នុងសភាពផ្លូវចិត្តដ៏អាក្រក់។ អារម្មណ៍របស់គេពោរពេញទៅដោយធាតុផ្សំអវិជ្ជមាន ពួកគេខ្វះអាកប្បកិរិយានៃការធ្វើឱ្យមានការរីកចម្រើនយ៉ាងសកម្ម និងការខិតខំឆ្ពោះទៅមុខ ហើយគេខ្វះការសហការ និងការស្វែងរកយ៉ាងសកម្ម និងវិជ្ជមាន លើសពីនេះទៅទៀត គេមិនបង្ហាញការចុះចូលដោយស្ម័គ្រចិត្តឡើយ ផ្ទុយទៅវិញ គឺបង្ហាញនូវអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ តើអារម្មណ៍អស់សង្ឃឹមតំណាងឱ្យអ្វី? តើវាតំណាងឱ្យទិដ្ឋភាពវិជ្ជមាននៃមនុស្សជាតិដែរឬទេ? តើវាតំណាងឱ្យការមានមនសិការ និងវិចារណញ្ញាណដែរឬទេ? តើវាតំណាងឱ្យការរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ ការរស់នៅក្នុងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិដែរឬទេ? (អត់ទេ។) ប្រសិនបើវាមិនតំណាងឱ្យរឿងវិជ្ជមានទាំងនេះទេ តើវាតំណាងឱ្យអ្វី? តើវាអាចតំណាងឱ្យការខ្វះសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ក៏ដូចជាការខ្វះការប្ដេជ្ញាចិត្ត និងការតាំងចិត្តក្នុងការដេញតាមសេចក្ដីពិត និងធ្វើឱ្យមានការរីកចម្រើនយ៉ាងសកម្មដែរឬទេ? តើវាអាចតំណាងឱ្យការមិនពេញចិត្តយ៉ាងខ្លាំង និងបញ្ហាក្នុងការយល់ដឹងពីស្ថានភាព និងការលំបាកបច្ចុប្បន្នរបស់ខ្លួន ព្រមទាំងការគ្មានឆន្ទៈទទួលយកការពិតនៃបច្ចុប្បន្នកាលដែរឬទេ? តើវាអាចតំណាងឱ្យស្ថានភាពមួយដែលចិត្តរបស់មនុស្សពោរពេញទៅដោយការមិនស្ដាប់បង្គាប់ បំណងចង់ប្រឆាំង និងបំណងចង់គេចចេញ និងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នដែរឬទេ? (មែនហើយ។) ទាំងនេះគឺជាសភាពដែលមនុស្សបង្ហាញចេញ នៅពេលដែលពួកគេប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្នដោយភាពអវិជ្ជមាន។ សរុបមក មិនថាយ៉ាងណា នៅពេលដែលមនុស្សមានភាពអវិជ្ជមាន ការមិនពេញចិត្តរបស់ពួកគេចំពោះស្ថានភាពបច្ចុប្បន្ន និងចំពោះអ្វីដែលព្រះជាម្ចាស់បានរៀបចំ គឺមិនស្មើនឹងរឿងសាមញ្ញដូចជាពួកគេគ្រាន់តែមានការយល់ច្រឡំ មិនយល់ មិនយល់ដឹងជ្រៅជ្រះ ឬមិនអាចមានបទពិសោធប៉ុណ្ណោះ។ ការមិនយល់ដឹងជ្រៅជ្រះ អាចជាបញ្ហានៃគុណសម្បត្តិ ឬពេលវេលា ដែលជាការបង្ហាញចេញធម្មតារបស់មនុស្សជាតិ។ ការមិនអាចមានបទពិសោធ ក៏អាចបណ្តាលមកពីហេតុផលខាងក្រៅមួយចំនួនដែរ ប៉ុន្តែរឿងទាំងនេះមិនត្រូវបានចាត់ទុកថាជារឿងអវិជ្ជមានទេ។ មនុស្សមួយចំនួនក៏មិនអាចមានបទពិសោធដែរ ប៉ុន្តែនៅពេលប្រឈមមុខនឹងរឿងដែលពួកគេមិនយល់ ឬមើលមិនធ្លុះ ឬរឿងដែលពួកគេមិនអាចយល់ដឹងជ្រៅជ្រះ ឬមានបទពិសោធ ពួកគេនឹងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ រង់ចាំការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់ ហើយស្វែងរក និងប្រកបគ្នាយ៉ាងសកម្មជាមួយអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនគឺខុសគ្នា ពួកគេមិនមានផ្លូវនៃការអនុវត្តទាំងនេះទេ ហើយពួកគេក៏មិនមានអាកប្បកិរិយាបែបនេះដែរ។ ជំនួសឱ្យការរង់ចាំ ការស្វះស្វែង ឬការស្វែងរកនរណាម្នាក់ដើម្បីប្រកបគ្នាជាមួយ ពួកគេបង្កើតការយល់ច្រឡំនៅក្នុងចិត្ត ដោយមានអារម្មណ៍ថា ព្រឹត្តិការណ៍ និងកាលៈទេសៈដែលពួកគេជួបប្រទះ មិនស្របតាមបំណងប្រាថ្នា ចំណូលចិត្ត ឬការស្រមើស្រមៃរបស់ពួកគេឡើយ ដោយហេតុនេះ នាំឱ្យមានការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត ការទាស់ទទឹង ការត្អូញត្អែរ ការប្រឆាំង ការស្រែកប្រឆាំង និងរឿងអវិជ្ជមានផ្សេងទៀត។ ដោយបានបង្កើតរឿងអវិជ្ជមានទាំងនេះហើយ ពួកគេមិនគិតច្រើនអំពីវាពេកទេ ហើយពួកគេក៏មិនមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងឆ្លុះបញ្ចាំង ដើម្បីទទួលបានចំណេះដឹងអំពីសភាព និងសេចក្ដីពុករលួយរបស់ពួកគេដែរ។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយបញ្ហានោះទេ ហើយកាន់តែមិនស្វែងរក និងប្រកបគ្នាជាមួយអ្នកដទៃទៅទៀត។ ផ្ទុយទៅវិញ ពួកគេទទូចថា អ្វីដែលពួកគេជឿគឺត្រឹមត្រូវ និងសុក្រឹត ដោយលាក់ទុកការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តនៅក្នុងចិត្តរបស់ពួកគេ ហើយបន្តជាប់នៅក្នុងអារម្មណ៍អវិជ្ជមាន។ នៅពេលជាប់នៅក្នុងអារម្មណ៍ទាំងនេះ ពួកគេប្រហែលជាអាចលាក់វាទុក និងទ្រាំទ្របានមួយថ្ងៃ ឬពីរថ្ងៃ ប៉ុន្តែក្នុងរយៈពេលយូរ រឿងជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងគំនិតរបស់ពួកគេ រួមទាំងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស សីលធម៌ និងគុណធម៌របស់មនុស្ស វប្បធម៌ ប្រពៃណី និងចំណេះដឹងរបស់មនុស្សជាដើម។ ពួកគេប្រើរឿងទាំងនេះដើម្បីវាស់វែង គណនា និងយល់ពីបញ្ហាដែលពួកគេប្រឈមមុខ ដោយជាប់នៅក្នុងសំណាញ់របស់សាតាំងទាំងស្រុង ហេតុនេះហើយ ក៏បង្កើតឱ្យមានសភាពនៃការមិនពេញចិត្ត និងការមិនស្ដាប់បង្គាប់ផ្សេងៗ។ ពីសភាពពុករលួយទាំងនេះ គំនិត និងទស្សនៈខុសឆ្គងផ្សេងៗក៏លេចឡើង ហើយនៅក្នុងចិត្តរបស់ពួកគេ រឿងអវិជ្ជមានទាំងនេះលែងអាចគ្រប់គ្រងបានទៀតហើយ។ បន្ទាប់មក ពួកគេស្វែងរកឱកាសដើម្បីបញ្ចេញ និងរំសាយរឿងទាំងនេះ។ នៅពេលដែលចិត្តរបស់ពួកគេពោរពេញទៅដោយភាពអវិជ្ជមាន តើពួកគេនិយាយថា៖ «ខ្ញុំពោរពេញទៅដោយរឿងអវិជ្ជមាននៅខាងក្នុង ខ្ញុំមិនគួរនិយាយផ្ដេសផ្ដាសទេ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ។ ប្រសិនបើខ្ញុំមានអារម្មថាចង់និយាយ ហើយមិនអាចទប់បានទេ ខ្ញុំនឹងនិយាយទៅកាន់ជញ្ជាំង ឬនិយាយទៅកាន់អ្វីមួយដែលមិនចេះស្តាប់ភាសាមនុស្ស» ដែរឬទេ? តើពួកគេមានចិត្តល្អក្នុងការធ្វើបែបនេះដែរឬទេ? (មិនមានទេ។) ចុះតើពួកគេធ្វើអ្វីវិញ? ពួកគេស្វែងរកឱកាសឱ្យមានអ្នកស្តាប់ ដើម្បីទទួលយកទស្សនៈ ពាក្យសម្ដី និងអារម្មណ៍អវិជ្ជមានរបស់ពួកគេ ដោយប្រើឱកាសនេះដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមានផ្សេងៗរបស់ពួកគេ ដូចជាការមិនពេញចិត្ត ការមិនស្ដាប់បង្គាប់ និងការគុំកួនចេញពីចិត្តរបស់ពួកគេ។ ពួកគេជឿថា ក្នុងអំឡុងពេលនៃជីវិតពួកជំនុំ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបញ្ចេញ ហើយជាឱកាសដ៏ល្អដើម្បីបញ្ចេញភាពអវិជ្ជមាន ការមិនពេញចិត្ត និងការមិនស្ដាប់បង្គាប់របស់ពួកគេ ពីព្រោះមានអ្នកស្តាប់ច្រើន ហើយពាក្យពេចន៍របស់ពួកគេអាចជះឥទ្ធិពលដល់អ្នកដទៃឱ្យក្លាយជាអវិជ្ជមាន និងនាំមកនូវផលវិបាកដ៏អាក្រក់ដល់កិច្ចការរបស់ពួកជំនុំ។ ជាការពិតណាស់ អ្នកដែលបញ្ចេញភាពអវិជ្ជមាន មិនអាចទប់ចិត្តបានទេ សូម្បីតែនៅពីក្រោយឆាកក៏ដោយ ពួកគេតែងតែបញ្ចេញពាក្យសម្ដីអវិជ្ជមានរបស់ពួកគេជានិច្ច។ នៅពេលដែលមិនសូវមានមនុស្សស្តាប់ពួកគេបញ្ចេញ ពួកគេយល់ថាវាមិនសូវរំភើបទេ ប៉ុន្តែនៅពេលដែលមនុស្សគ្រប់គ្នាជួបជុំគ្នា ពួកគេកាន់តែមានកម្លាំងចិត្ត។ បើជំនុះជម្រះតាមអារម្មណ៍ សភាព និងទិដ្ឋភាពផ្សេងទៀតនៃអ្នកដែលបញ្ចេញភាពអវិជ្ជមាន គោលបំណងរបស់ពួកគេមិនមែនដើម្បីជួយមនុស្សឱ្យយល់សេចក្ដីពិត មើលធ្លុះនូវអ្វីដែលពិត បំបាត់ការយល់ច្រឡំ ឬការសង្ស័យអំពីព្រះជាម្ចាស់ ស្គាល់ខ្លួនឯង និងសារជាតិពុករលួយរបស់ខ្លួន ឬដោះស្រាយបញ្ហានៃការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេឡើយ ដើម្បីកុំឱ្យពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ឬប្រឆាំងនឹងទ្រង់ ប៉ុន្តែបែរទៅចុះចូលនឹងទ្រង់វិញ។ គោលបំណងរបស់ពួកគេមានពីរយ៉ាងគឺ៖ ក្នុងទិដ្ឋភាពមួយ ពួកគេបញ្ចេញភាពអវិជ្ជមានដើម្បីបញ្ចេញអារម្មណ៍របស់ខ្លួនឯង ក្នុងទិដ្ឋភាពមួយទៀត ពួកគេមានបំណងទាញមនុស្សឱ្យបានកាន់តែច្រើនចូលទៅក្នុងភាពអវិជ្ជមាន និងចូលទៅក្នុងអន្ទាក់នៃការទាស់ទទឹង និងការស្រែកប្រឆាំងនឹងព្រះជាម្ចាស់ជាមួយពួកគេ។ ហេតុដូច្នេះ ទង្វើនៃការបញ្ចេញភាពអវិជ្ជមាន គួរតែត្រូវបានបញ្ឈប់ទាំងស្រុងនៅក្នុងជីវិតពួកជំនុំ។
ខ. សភាព និងការបង្ហាញផ្សេងៗរបស់មនុស្សដែលបញ្ចេញភាពអវិជ្ជមាន
១. ការបញ្ចេញភាពអវិជ្ជមាន ពេលកំពុងមានអារម្មណ៍មិនពេញចិត្តចំពោះការត្រូវបានដកហូតតំណែង
អារម្មណ៍ និងការបង្ហាញចេញនៃភាពអវិជ្ជមាន ជាមូលដ្ឋានគឺបែបនេះឯង។ បន្ទាប់ពីខ្ញុំបានប្រកបគ្នាអំពីរឿងទាំងនេះហើយ មនុស្សគួរតែប្រៀបធៀបខ្លួនឯងជាមួយនឹងរឿងទាំងនេះ ហើយមើលថាតើអាកប្បកិរិយា ពាក្យសម្ដី និងវិធីសាស្ត្រណាមួយរបស់ពួកគេនៅក្នុងជីវិតពិត ដែលជាការបញ្ចេញភាពអវិជ្ជមាន ហើយស្ថានភាពអ្វីដែលបណ្តាលឱ្យពួកគេធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន ដែលនាំឱ្យមានការបញ្ចេញភាពអវិជ្ជមាន។ ចូរប្រាប់ខ្ញុំមកមើល៍ ក្នុងកាលៈទេសៈធម្មតា តើស្ថានភាពអ្វីដែលបណ្តាលឱ្យមនុស្សមានភាពអវិជ្ជមាន? តើទម្រង់ទូទៅនៃភាពអវិជ្ជមានមានអ្វីខ្លះ? (នៅពេលដែលនរណាម្នាក់ត្រូវបានដកហូតតំណែង ឬនៅពេលដែលពួកគេត្រូវបានលួសកាត់ ពួកគេអាចនឹងបង្កើតភាពអវិជ្ជមានខ្លះនៅក្នុងចិត្ត។) ការត្រូវបានដកហូតតំណែង គឺជាស្ថានភាពមួយ ការត្រូវបានលួសកាត់ គឺជាស្ថានភាពមួយទៀត។ ហេតុអ្វីបានជាការត្រូវបានដកហូតតំណែង នាំឱ្យមានភាពអវិជ្ជមាន? (មនុស្សមួយចំនួន បន្ទាប់ពីត្រូវបានដកហូតតំណែង ពួកគេគ្មានការស្គាល់ខ្លួនឯងទេ ហើយគិតថា ឋានៈរបស់ពួកគេទេតើដែលនាំឱ្យពួកគេដួលរលំ។ បន្ទាប់មក ពួកគេនិយាយថា៖ «ឡើងកាន់តែខ្ពស់ ធ្លាក់មកវិញកាន់តែឈឺ» ដោយបញ្ចេញទស្សនៈអវិជ្ជមានមួយចំនួន។ ពួកគេមិនមានការយល់ដឹងដ៏បរិសុទ្ធអំពីការត្រូវបានដកហូតតំណែងទេ ពួកគេមានការមិនស្ដាប់បង្គាប់នៅក្នុងចិត្ត។) នៅខាងក្នុងចិត្តពួកគេ មានការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ត ដែលជាអារម្មណ៍អវិជ្ជមាន។ តើពួកគេត្អូញត្អែរដែរឬទេ? (ត្អូញត្អែរមែន។ ពួកគេមានអារម្មណ៍ថា ពួកគេបានស៊ូទ្រាំនឹងការលំបាក និងបានលះបង់ ដោយបានធ្វើការយ៉ាងនឿយហត់ជានិច្ច ប៉ុន្តែមិនទទួលបានផលល្អអ្វីសោះ ហើយបែរជានៅតែត្រូវបានដកហូតតំណែងទៅវិញ។ ដូច្នេះ ពួកគេនិយាយថា «ធ្វើជាអ្នកដឹកនាំពិបាកណាស់ នរណាធ្វើជាអ្នកដឹកនាំ គឺស៊យហើយ។ ចុងក្រោយ មនុស្សគ្រប់គ្នានឹងត្រូវដកហូតតំណែង។») ការផ្សព្វផ្សាយពាក្យសម្ដីទាំងនេះ គឺជាការបញ្ចេញភាពអវិជ្ជមាន។ ប្រសិនបើពួកគេគ្រាន់តែមិនស្ដាប់បង្គាប់ និងមិនពេញចិត្ត ប៉ុន្តែមិនផ្សព្វផ្សាយវាទេ នោះមិនទាន់ចាត់ទុកថាជាការបញ្ចេញភាពអវិជ្ជមាននៅឡើយទេ។ ប្រសិនបើពីការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ត បែរជាលេចចេញនូវអារម្មណ៍ត្អូញត្អែរបន្តិចម្ដងៗ ហើយពួកគេមិនទទួលស្គាល់ការពិតដែលថា ពួកគេមានគុណសម្បត្តិអន់ និងមិនអាចធ្វើការងារបាន ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមប្រកែកដោយប្រើតក្កវិជ្ជាវៀចវេររបស់ពួកគេ ដោយបង្កើតនូវសេចក្ដីថ្លែង ទស្សនៈ លេស ហេតុផល ការបកស្រាយ ការដោះសារគ្រប់ប្រភេទ និងអ្វីៗផ្សេងទៀត ខណៈពេលកំពុងប្រកែក នោះការនិយាយពាក្យសម្ដីប្រភេទនេះ គឺស្មើនឹងការបញ្ចេញភាពអវិជ្ជមានហើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួន ដែលត្រូវបានដកហូតតំណែងដោយសារមិនបានបំពេញកិច្ចការជាក់ស្តែង មានការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តនៅក្នុងចិត្ត ដោយគ្មានការចុះចូលទាល់តែសោះ ពួកគេតែងតែគិតថា៖ «ចាំមើលថានរណាអាចមកជំនួសតំណែងជាអ្នកដឹកនាំរបស់ខ្ញុំបាន។ អ្នកផ្សេងទៀតក៏មិនគ្រាន់បើជាងខ្ញុំដែរ បើខ្ញុំមិនអាចបំពេញកិច្ចការបាន ពួកគេក៏មិនអាចធ្វើបានដែរ!» តើអ្វីដែលធ្វើឱ្យពួកគេមិនស្ដាប់បង្គាប់? ពួកគេគិតថា គុណសម្បត្តិរបស់ពួកគេមិនអន់ទេ ហើយពួកគេបានធ្វើកិច្ចការជាច្រើន ដូច្នេះហេតុអ្វីបានជាពួកគេត្រូវបានដកហូតតំណែង? ទាំងនេះគឺជាគំនិតខាងក្នុងរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ពួកគេមិនឆ្លុះបញ្ចាំងដើម្បីស្គាល់ខ្លួនឯង និងមើលថាតើពួកគេពិតជាបានធ្វើកិច្ចការជាក់ស្តែងណាមួយដែរឬទេ តើពួកគេបានដោះស្រាយបញ្ហាជាក់ស្តែងបានប៉ុន្មាន ឬថាតើវាជាការពិតដែរឬទេដែលថាពួកគេបានធ្វើឱ្យកិច្ចការរបស់ពួកជំនុំជាប់គាំង។ ពួកគេកម្រនឹងពិចារណារឿងទាំងនេះណាស់។ ពួកគេមិនគិតថា បញ្ហាគឺមកពីពួកគេខ្វះតថភាពនៃសេចក្ដីពិត និងមិនអាចមើលធ្លុះរឿងរ៉ាវនោះទេ ផ្ទុយទៅវិញ ពួកគេជឿថា ដោយសារបានធ្វើកិច្ចការជាច្រើន ពួកគេមិនគួរត្រូវបានកំណត់លក្ខណៈថាជាពួកអ្នកដឹកនាំក្លែងក្លាយឡើយ។ នេះគឺជាហេតុផលចម្បងសម្រាប់ការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តរបស់ពួកគេ។ ពួកគេតែងតែគិតថា៖ «ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដោយក្រោកពីព្រលឹម និងចូលសម្រាកយប់ជ្រៅជារៀងរាល់ថ្ងៃ ដើម្បីនរណា? បន្ទាប់ពីជឿលើព្រះជាម្ចាស់ ខ្ញុំបានលះបង់គ្រួសាររបស់ខ្ញុំ បោះបង់អាជីពរបស់ខ្ញុំ ហើយថែមទាំងប្រថុយនឹងការត្រូវបានចាប់ខ្លួន និងជាប់គុកទៀតផង ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ តើខ្ញុំបានស៊ូទ្រាំនឹងការលំបាកខ្លាំងប៉ុនណាទៅ! ហើយឥឡូវនេះ ពួកគេនិយាយថាខ្ញុំមិនបានធ្វើកិច្ចការជាក់ស្តែង ហើយគ្រាន់តែដកហូតតំណែងខ្ញុំទៅវិញ នេះពិតជាអយុត្តិធម៌ណាស់! ទោះបីជាខ្ញុំគ្មានស្នាដៃអ្វីក៏ដោយ ក៏ខ្ញុំបានស៊ូទ្រាំនឹងការលំបាកដែរ បើមិនបានស៊ូទ្រាំនឹងការលំបាក ក៏បានហត់នឿយដែរ! ជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពរបស់ខ្ញុំក្នុងការលះបង់នៅក្នុងកិច្ចការរបស់ខ្ញុំ បើសូម្បីតែខ្ញុំក៏នៅតែត្រូវបានចាត់ទុកថាមិនត្រូវតាមស្ដង់ដា និងត្រូវបានដកហូតតំណែងដែរនោះ នោះខ្ញុំគិតថា ស្ទើរតែគ្មានអ្នកដឹកនាំណាម្នាក់ដែលត្រូវតាមស្ដង់ដាឡើយ!» តើពួកគេកំពុងបញ្ចេញភាពអវិជ្ជមានដោយការនិយាយពាក្យពេចន៍ទាំងនេះដែរឬទេ? តើមានឃ្លាណាមួយក្នុងចំណោមពាក្យពេចន៍ទាំងនោះ ដែលបង្ហាញពីការចុះចូលដែរឬទេ? តើមានសូម្បីតែតម្រុយនៃការចង់ស្វែងរកសេចក្ដីពិតបន្តិចដែរឬទេ? តើមានការឆ្លុះបញ្ចាំងខ្លួនឯងណាមួយដែរឬទេ ដូចជា «ពួកគេនិយាយថាកិច្ចការរបស់ខ្ញុំមិនត្រូវតាមស្ដង់ដាទេ ដូច្នេះតើខ្ញុំខ្វះខាតត្រង់ណាឱ្យប្រាកដទៅ? តើកិច្ចការជាក់ស្តែងអ្វីដែលខ្ញុំមិនបានបំពេញ? តើការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយអ្វីខ្លះដែលខ្ញុំបង្ហាញ?» តើពួកគេបានឆ្លុះបញ្ចាំងពីខ្លួនឯងតាមរបៀបនេះដែរឬទេ? (អត់ទេ។) ដូច្នេះ តើពាក្យពេចន៍ដែលពួកគេនិយាយមានធម្មជាតិអ្វី? តើពួកគេកំពុងត្អូញត្អែរមែនទេ? តើពួកគេកំពុងដោះសារឱ្យខ្លួនឯងមែនទេ? តើគោលបំណងរបស់ពួកគេក្នុងការដោះសារឱ្យខ្លួនឯងគឺជាអ្វី? តើមិនមែនដើម្បីទទួលបានការអាណិតអាសូរ និងការយល់ចិត្តពីមនុស្សទេឬ? តើពួកគេមិនចង់ឱ្យមនុស្សកាន់តែច្រើនមកការពារពួកគេ ដើម្បីត្អូញត្អែរអំពីភាពអយុត្តិធម៌ដែលពួកគេបានទទួលរងទេឬអី? (មែនហើយ។) ចុះតើពួកគេកំពុងស្រែកប្រឆាំងនឹងនរណា? តើពួកគេមិនមែនកំពុងតែប្រកែក និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? (មែនហើយ។) ពាក្យសម្ដីរបស់ពួកគេ គឺកំពុងត្អូញត្អែរអំពីព្រះជាម្ចាស់ ប្រឆាំងនឹងព្រះជាម្ចាស់។ ចិត្តរបស់ពួកគេពោរពេញទៅដោយការត្អូញត្អែរ ដោយការទាស់ទទឹង និងការបះបោរ។ មិនត្រឹមតែប៉ុណ្ណោះ ដោយការបញ្ចេញភាពអវិជ្ជមាន ពួកគេមានបំណងធ្វើឱ្យមនុស្សកាន់តែច្រើនយល់ពីពួកគេ អាណិតអាសូរពួកគេ និងធ្វើឱ្យមនុស្សកាន់តែច្រើនកើតមានភាពអវិជ្ជមានដូចពួកគេ ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនចិញ្ចឹមចិត្តត្អូញត្អែរ ទាស់ទទឹង និងប្រឆាំងនឹងព្រះជាម្ចាស់ ឬស្រែកប្រឆាំងនឹងទ្រង់ ដូចពួកគេដែរ។ តើពួកគេមិនមែនបញ្ចេញភាពអវិជ្ជមានដើម្បីសម្រេចគោលបំណងនេះទេឬ? គោលបំណងរបស់ពួកគេ គឺគ្រាន់តែចង់ឱ្យមនុស្សកាន់តែច្រើនដឹងអំពីអ្វីដែលគេហៅថាការពិតនៃរឿងរ៉ាវ និងធ្វើឱ្យអ្នកដទៃជឿថា ពួកគេត្រូវបានធ្វើបាប ថាអ្វីដែលពួកគេបានធ្វើគឺត្រឹមត្រូវ ថាពួកគេមិនគួរត្រូវបានដកហូតតំណែង ហើយថាការដកហូតតំណែងពួកគេគឺជាកំហុសមួយ ពួកគេចង់ឱ្យមនុស្សកាន់តែច្រើនមកការពារពួកគេ។ តាមរយៈរឿងនេះ ពួកគេសង្ឃឹមថានឹងស្តារមុខមាត់ ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញ។ ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ បន្ទាប់ពីត្រូវបានដកហូតតំណែង បញ្ចេញភាពអវិជ្ជមានបែបនេះ ដើម្បីឈ្នះការអាណិតអាសូរពីមនុស្ស។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង សារភាពកំហុសរបស់ខ្លួន ឬបង្ហាញវិប្បដិសារី និងការប្រែចិត្តពិតប្រាកដឡើយ។ ការពិតនេះបញ្ជាក់ថា ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយមិនទទួលយកវាទាល់តែសោះ។ ដូច្នេះ បន្ទាប់ពីត្រូវបានបើកសម្ដែង និងជម្រុះចោល ពួកគេមិនអាចស្គាល់ខ្លួនឯងតាមរយៈសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ គ្មាននរណាម្នាក់បានឃើញពួកគេបង្ហាញវិប្បដិសារី ឬមានការស្គាល់ខ្លួនឯងពិតប្រាកដឡើយ ហើយក៏គ្មាននរណាម្នាក់បានឃើញពួកគេបង្ហាញការប្រែចិត្តពិតប្រាកដដែរ។ ពួកគេហាក់ដូចជាមិនដែលទទួលបានចំណេះដឹងពីខ្លួនឯង ឬសារភាពកំហុសរបស់ពួកគេឡើយ។ បើជំនុះជម្រះតាមការពិតនេះ ការដកហូតតំណែងពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺសមស្របទាំងស្រុង ហើយមិនអយុត្តិធម៌ទាល់តែសោះ។ ដោយផ្អែកលើការខ្វះខាតទាំងស្រុងនៃការឆ្លុះបញ្ចាំង និងចំណេះដឹងពីខ្លួនឯងរបស់ពួកគេ ក៏ដូចជាការគ្មានវិប្បដិសារីទាល់តែសោះ វាច្បាស់ណាស់ថា និស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេគឺធ្ងន់ធ្ងរ ហើយថាពួកគេមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ។
ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួន បន្ទាប់ពីត្រូវបានដកហូតតំណែង មិនទទួលស្គាល់កំហុសរបស់ខ្លួនទាល់តែសោះ ហើយពួកគេក៏មិនស្វែងរកសេចក្ដីពិត ឬឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដែរ។ ពួកគេគ្មានចិត្ត ឬអាកប្បកិរិយានៃការចុះចូលសូម្បីបន្តិច។ ផ្ទុយទៅវិញ ពួកគេយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយត្អូញត្អែរថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះពួកគេដោយអយុត្តិធម៌ ដោយខំប្រឹងរកនឹកគ្រប់មធ្យោបាយរកលេស និងហេតុផលផ្សេងៗ ដើម្បីដោះសារ និងការពារខ្លួនឯង។ អ្នកខ្លះថែមទាំងនិយាយថា៖ «ពីមុន ខ្ញុំមិនដែលចង់ធ្វើជាអ្នកដឹកនាំទេ ព្រោះខ្ញុំដឹងថា វាជាការងារដ៏លំបាក។ បើអ្នកធ្វើបានល្អ អ្នកមិនទទួលបានរង្វាន់ទេ ហើយបើអ្នកធ្វើមិនបានល្អ អ្នកនឹងត្រូវបានដកហូតតំណែង ហើយក្លាយជាមនុស្សដែលមានឈ្មោះស្អុយ ត្រូវបានបងប្អូនប្រុសស្រីបដិសេធ ហើយត្រូវបាត់បង់មុខមាត់អស់រលីង។ តើមនុស្សម្នាក់អាចបង្ហាញមុខយ៉ាងដូចម្ដេច បន្ទាប់ពីជួបរឿងបែបនោះ? ដោយឥឡូវនេះខ្ញុំត្រូវបានដកហូតតំណែងហើយ ខ្ញុំកាន់តែជឿជាក់ថា ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ មិនមែនជារឿងងាយស្រួលទេ វាគឺជាការងារដ៏លំបាក និងហត់អត់អំពើ!» តើសេចក្ដីថ្លែងដែលថា «ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ គឺជាការងារដ៏លំបាក និងហត់អត់អំពើ» មានន័យដូចម្ដេច? តើមានបំណងចង់ស្វែងរកសេចក្ដីពិតណាមួយត្រូវបានបង្ហាញនៅត្រង់នេះដែរឬទេ? តើមិនមែនមកពីពួកគេចាប់ផ្ដើមស្អប់ការពិតដែលថា ដំណាក់របស់ព្រះជាម្ចាស់បានចាត់ចែងឱ្យពួកគេធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយឥឡូវនេះ ពួកគេកំពុងប្រើសេចក្ដីថ្លែងបែបនេះដើម្បីបំភាន់អ្នកដទៃទេឬ? (មែនហើយ។) តើសេចក្ដីថ្លែងនេះអាចនាំមកនូវផលវិបាកអ្វីខ្លះ? គំនិតរបស់មនុស្សភាគច្រើន ការគិត ការយល់ដឹងជ្រៅជ្រះ និងការយល់របស់ពួកគេអំពីបញ្ហានេះ នឹងរងឥទ្ធិពល និងរងការរំខានដោយពាក្យពេចន៍ទាំងនេះ។ នេះគឺជាផលវិបាកដែលការបញ្ចេញភាពអវិជ្ជមាននាំមកដល់មនុស្ស។ ឧទាហរណ៍ ប្រសិនបើអ្នកមិនមែនជាអ្នកដឹកនាំ ហើយអ្នកឮពាក្យនេះ អ្នកនឹងភ្ញាក់ផ្អើល ដោយគិតថា៖ «តើនេះមិនមែនជាការពិតទេឬ! ខ្ញុំមិនត្រូវឱ្យគេជ្រើសរើសជាអ្នកដឹកនាំឡើយ។ បើខ្ញុំត្រូវបានជ្រើសរើស ខ្ញុំនឹងត្រូវប្រញាប់រកហេតុផល និងលេសគ្រប់បែបយ៉ាងដើម្បីបដិសេធ។ ខ្ញុំនឹងនិយាយថា ខ្ញុំខ្វះគុណសម្បត្តិ ហើយមិនអាចធ្វើកិច្ចការបាន»។ អ្នកខ្លះដែលជាអ្នកដឹកនាំ ក៏រងផលប៉ះពាល់ដោយសេចក្ដីថ្លែងនេះដែរ ដោយគិតថា៖ «គួរឱ្យខ្លាចណាស់! តើខ្ញុំនឹងត្រូវប្រឈមមុខនឹងលទ្ធផលដូចពួកគេដែរឬទេនៅពេលអនាគត? បើអ្វីៗនឹងទៅជាបែបហ្នឹង ខ្ញុំបដិសេធដាច់ខាតមិនធ្វើជាអ្នកដឹកនាំឡើយ»។ តើអារម្មណ៍អវិជ្ជមាន និងសេចក្ដីថ្លែងអវិជ្ជមាននេះ រំខានដល់មនុស្សដែរឬទេ? ពួកវាបង្កការរំខានយ៉ាងច្បាស់។ មិនថាបុគ្គលនោះជានរណា ទោះបីជាពួកគេមានគុណសម្បត្តិល្អ ឬគុណសម្បត្តិអន់ក៏ដោយ នៅពេលដែលពួកគេឮពាក្យពេចន៍ទាំងនេះ ពួកគេនឹងទទួលយកវាដោយមិនដឹងខ្លួនជាមុនសិន ហើយពាក្យពេចន៍ទាំងនេះនឹងកាន់កាប់ទីតាំងសំខាន់នៅក្នុងគំនិតរបស់ពួកគេ និងប៉ះពាល់ដល់ពួកគេក្នុងកម្រិតផ្សេងៗគ្នា។ តើការរងផលប៉ះពាល់មានផលវិបាកអ្វីខ្លះ? មនុស្សភាគច្រើននឹងមិនអាចប្រព្រឹត្តចំពោះបញ្ហានៃការធ្វើជាអ្នកដឹកនាំ និងការត្រូវបានដកហូតតំណែងពីភាពជាអ្នកដឹកនាំបានត្រឹមត្រូវឡើយ ហើយពួកគេនឹងមិនមានអាកប្បកិរិយានៃការចុះចូលឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងមានចិត្តដែលតែងតែយល់ច្រឡំ និងប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ ពួកគេនឹងបង្កើតអារម្មណ៍អវិជ្ជមានទាក់ទងនឹងបញ្ហានេះ ហើយពួកគេនឹងមានភាពរសើប និងភ័យខ្លាចជាពិសេស នៅពេលដែលបញ្ហានេះត្រូវបានលើកឡើង។ នៅពេលដែលមនុស្សបង្ហាញអាកប្បកិរិយាទាំងនេះ តើពួកគេមិនបានធ្លាក់ចូលទៅក្នុងការល្បួង និងការបំភាន់របស់សាតាំងទេឬ? វាច្បាស់ណាស់ថា ពួកគេត្រូវបានបំភាន់ និងរំខានដោយមនុស្សដែលបញ្ចេញភាពអវិជ្ជមាន។ ដោយសារតែរឿងដែលត្រូវបានបញ្ចេញដោយមនុស្សដែលបញ្ចេញភាពអវិជ្ជមាន កើតចេញពីនិស្ស័យពុករលួយរបស់មនុស្ស និងមកពីសាតាំង ហើយដោយសារតែវាមិនមែនជាការយល់សេចក្ដីពិត ឬការយល់ដឹងតាមរយៈបទពិសោធដែលទទួលបានដោយការចុះចូលនឹងមជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំ ដូច្នេះ អស់អ្នកដែលឮរឿងទាំងនោះ ត្រូវបានរំខានក្នុងកម្រិតផ្សេងៗគ្នា។ ភាពអវិជ្ជមានដែលមនុស្សបញ្ចេញ បង្កឱ្យមានផលប៉ះពាល់ដ៏អាក្រក់ និងគួឱ្យរំខានដល់មនុស្សគ្រប់គ្នា។ អ្នកមួយចំនួនដែលស្វែងរកសេចក្ដីពិតយ៉ាងសកម្ម នឹងរងគ្រោះតិចតួច។ អ្នកផ្សេងទៀត ដែលគ្មានសមត្ថភាពទប់ទល់ទាល់តែសោះ មិនអាចជៀសផុតពីការរំខាន និងការរងគ្រោះយ៉ាងខ្លាំងឡើយ ទោះបីជាពួកគេដឹងថាពាក្យពេចន៍ទាំងនោះខុសក៏ដោយ។ មិនថាព្រះជាម្ចាស់មានបន្ទូលយ៉ាងណា មិនថាទ្រង់ប្រកបគ្នាយ៉ាងណាអំពីបញ្ហានេះ ឬមិនថាទ្រង់មានសេចក្ដីតម្រូវអ្វីខ្លះនោះទេ ពួកគេមិនអើពើនឹងអ្វីទាំងអស់នេះឡើយ ហើយផ្ទុយទៅវិញ បែរជាចងចាំពាក្យពេចន៍របស់អស់អ្នកដែលបញ្ចេញភាពអវិជ្ជមាន ដោយតែងតែព្រមានខ្លួនឯងមិនឱ្យបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេ ហាក់ដូចជាសេចក្ដីថ្លែងអវិជ្ជមានទាំងនេះ គឺជាឆត្រការពារ និងជាខែលរបស់ពួកគេអ៊ីចឹង។ មិនថាព្រះជាម្ចាស់មានបន្ទូលយ៉ាងណា ក៏ពួកគេមិនអាចបោះបង់ការប្រយ័ត្នប្រយែង និងការយល់ច្រឡំរបស់ពួកគេបានឡើយ។ មនុស្សទាំងនេះ ដែលគ្មានការចូលទៅក្នុងសេចក្ដីពិត ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដែលមិនយល់ពីតថភាពនៃសេចក្ដីពិត គ្មានការញែកដឹងចំពោះសេចក្ដីថ្លែងអវិជ្ជមានទាំងនេះទេ ហើយក៏គ្មានការទាស់ទទឹងនឹងសេចក្ដីថ្លែងទាំងនេះដែរ។ ចុងក្រោយ ពួកគេត្រូវបានរឹតត្បិត និងចងភ្ជាប់ដោយសេចក្ដីថ្លែងអវិជ្ជមានទាំងនេះ ហើយមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៀតទេ។ តើពួកគេមិនបានរងគ្រោះថ្នាក់ដោយសាររឿងនេះទេឬអី? តើពួកគេបានរងគ្រោះថ្នាក់ដល់កម្រិតណា? ពួកគេមិនអាចទទួលយក ឬយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ប៉ុន្តែបែរជាចាត់ទុកពាក្យពេចន៍អវិជ្ជមាន ពាក្យពេចន៍នៃការមិនពេញចិត្ត ការមិនស្ដាប់បង្គាប់ និងការត្អូញត្អែរដែលមនុស្សបានបញ្ចេញ ថាជារឿងវិជ្ជមានទៅវិញ ដោយចាត់ទុកពាក្យពេចន៍ទាំងនោះជាបាវចនាផ្ទាល់ខ្លួនដែលត្រូវរក្សាទុកក្នុងចិត្តយ៉ាងជិតស្និទ្ធ និងប្រើប្រាស់ពាក្យពេចន៍ទាំងនោះដើម្បីណែនាំជីវិតរបស់ពួកគេ ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ និងទាស់នឹងព្រះបន្ទូលរបស់ទ្រង់។ តើពួកគេមិនបានធ្លាក់ចូលទៅក្នុងសំណាញ់របស់សាតាំងទេឬ? (មែនហើយ។) មនុស្សទាំងនេះធ្លាក់ចូលទៅក្នុងសំណាញ់របស់សាតាំងដោយមិនដឹងខ្លួន ហើយពួកគេត្រូវបានសាតាំងចាប់យក។ សេចក្ដីថ្លែងអវិជ្ជមានដែលមនុស្សទាំងនេះបញ្ចេញអំពីបញ្ហាសាមញ្ញមួយ ដូចជាការត្រូវបានដកហូតតំណែង មានផលប៉ះពាល់យ៉ាងខ្លាំងលើអ្នកដទៃ។ រឿងនេះមានឫសគល់របស់វាគឺ៖ អស់អ្នកដែលទទួលយកសេចក្ដីថ្លែងអវិជ្ជមានទាំងនេះ ពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃរួចទៅហើយ ហើយថែមទាំងមានការយល់ច្រឡំ និងការប្រយ័ត្នប្រយែងមួយចំនួនទៀតផង អំពីការធ្វើជាអ្នកដឹកនាំ។ ទោះបីជាការយល់ច្រឡំ និងការប្រយ័ត្នប្រយែងទាំងនេះ មិនទាន់លេចចេញជារូបរាងពេញលេញនៅក្នុងគំនិតរបស់ពួកគេក៏ដោយ បន្ទាប់ពីបានឮសេចក្ដីថ្លែងអវិជ្ជមានទាំងនេះ ពួកគេកាន់តែជឿជាក់ថា ការប្រយ័ត្នប្រយែង និងការយល់ច្រឡំរបស់ពួកគេគឺត្រឹមត្រូវ ពួកគេមានអារម្មណ៍ថា ពួកគេកាន់តែមានហេតុផលដើម្បីជឿថា ការធ្វើជាអ្នកដឹកនាំ នាំមកនូវភាពអកុសលជាច្រើន និងមិនសូវមានរឿងល្អទេ ហើយថាពួកគេមិនគួរធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដាច់ខាត ដើម្បីជៀសវាងការត្រូវបានដកហូតតំណែង និងការត្រូវបានបដិសេធដោយសារប្រព្រឹត្តកំហុស។ តើពួកគេមិនត្រូវបានបំភាន់ និងរងឥទ្ធិពលទាំងស្រុងដោយអ្នកដែលបញ្ចេញភាពអវិជ្ជមានទេឬ? គ្រាន់តែសេចក្ដីថ្លែងអវិជ្ជមានដែលបញ្ចេញដោយមនុស្សម្នាក់ដែលត្រូវបានដកហូតតំណែង ក៏ដូចជាអារម្មណ៍នៃការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តរបស់ពួកគេ អាចបង្កឱ្យមានផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស។ តើអ្នករាល់គ្នាគិតយ៉ាងណា តើវាជាបញ្ហាធ្ងន់ធ្ងរដែរឬទេ ដែលអារម្មណ៍អវិជ្ជមានដែលមនុស្សបញ្ចេញ ពោរពេញទៅដោយបរិយាកាសនៃសេចក្ដីស្លាប់? (មែនហើយ វាធ្ងន់ធ្ងរ។) តើអ្វីដែលធ្វើឱ្យវាធ្ងន់ធ្ងរម្ល៉េះ? គឺត្រង់ថា វាតម្រូវយ៉ាងល្អឥតខ្ចោះតាមការប្រយ័ត្នប្រយែង និងការយល់ច្រឡំដ៏ជ្រាលជ្រៅរបស់មនុស្សចំពោះព្រះជាម្ចាស់ ខណៈពេលដែលឆ្លុះបញ្ចាំងពីសភាពនៃការយល់ច្រឡំ និងការសង្ស័យព្រះជាម្ចាស់របស់មនុស្ស ក៏ដូចជាអាកប្បកិរិយាខាងក្នុងរបស់ពួកគេចំពោះទ្រង់ផងដែរ។ ហេតុដូច្នេះ សេចក្ដីថ្លែងដែលផ្សព្វផ្សាយដោយអស់អ្នកដែលបញ្ចេញភាពអវិជ្ជមាន វាយចំចំណុចខ្សោយរបស់មនុស្ស ហើយមនុស្សទទួលយកសេចក្ដីថ្លែងទាំងនោះទាំងស្រុង ដោយធ្លាក់ចូលទៅក្នុងសំណាញ់របស់សាតាំងទាំងស្រុង រហូតដល់ពួកគេមិនអាចដោះខ្លួនបាន។ តើនេះជារឿងល្អ ឬជារឿងអាក្រក់? (ជារឿងអាក្រក់។) តើផលវិបាកនៃរឿងនេះគឺជាអ្វី? (វាធ្វើឱ្យមនុស្សក្បត់ព្រះជាម្ចាស់។) (វាធ្វើឱ្យមនុស្សប្រយ័ត្នប្រយែង និងយល់ច្រឡំចំពោះព្រះជាម្ចាស់ ក្លាយជាឃ្លាតឆ្ងាយពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេដោយអវិជ្ជមាន និងភ័យខ្លាចក្នុងការទទួលយកបេសកកម្មសំខាន់ៗ។ ពួកគេក្លាយជាពេញចិត្តនឹងការបំពេញភារកិច្ចធម្មតា ហើយដូច្នេះ ពួកគេបាត់បង់ឱកាសជាច្រើនដើម្បីត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។) តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? (មិនអាចទេ។)
ប៉ុលបានលើកឡើងនូវទស្សនៈជាច្រើន និងបានសរសេរសំបុត្រជាច្រើនកាលពីពីរពាន់ឆ្នាំមុន។ នៅក្នុងសំបុត្រទាំងនោះ គាត់បាននិយាយសេចក្ដីខុសទំនងជាច្រើន។ ដោយសារមនុស្សខ្វះការញែកដឹង អស់អ្នកដែលអានព្រះគម្ពីរក្នុងរយៈពេលពីរពាន់ឆ្នាំកន្លងមកនេះ ភាគច្រើនបានទទួលយកគំនិត និងទស្សនៈរបស់ប៉ុល ខណៈពេលដែលទុកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមួយឡែក ដោយមិនទទួលយកសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ឡើយ។ តើអស់អ្នកដែលទទួលយកគំនិត និងទស្សនៈរបស់ប៉ុល អាចមកចំពោះព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចទទួលយកព្រះបន្ទូលរបស់ទ្រង់បានដែរឬទេ? (មិនអាចទេ។) ប្រសិនបើពួកគេមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ តើពួកគេអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់ក្នុងនាមជាព្រះបានដែរឬទេ? (មិនអាចទេ។) នៅពេលដែលព្រះជាម្ចាស់យាងមកដល់ ហើយឈរនៅចំពោះមុខពួកគេ តើពួកគេអាចស្គាល់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចទទួលយកទ្រង់ជាព្រះ និងជាព្រះអម្ចាស់របស់ពួកគេបានដែរឬទេ? (មិនអាចទេ។) ហេតុអ្វីបានជាពួកគេមិនអាច? គំនិត និងទស្សនៈខុសទំនងរបស់ប៉ុល បានបំពេញចិត្តរបស់មនុស្ស ដោយបង្កើតបានជាទ្រឹស្ដី និងពាក្យសម្ដីគ្រប់ប្រភេទ។ នៅពេលដែលមនុស្សប្រើរឿងទាំងនេះដើម្បីវាស់វែងព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្ស នោះពួកគេលែងជាមនុស្សពុករលួយដែលសាមញ្ញធម្មតាទៀតហើយ ប៉ុន្តែឈរប្រឆាំងនឹងព្រះជាម្ចាស់ ដោយពិនិត្យពិច័យ និងវិភាគទ្រង់ ហើយក្លាយជាមានភាពប្រទូសរ៉ាយចំពោះទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបែបនេះបានដែរឬទេ? (មិនអាចទេ។) ប្រសិនបើព្រះជាម្ចាស់មិនសង្គ្រោះពួកគេទេ តើពួកគេនឹងនៅតែមានឱកាសទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? ការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានប្រទានឱកាសដល់មនុស្ស ប៉ុន្តែប្រសិនបើបន្ទាប់ពីការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ព្រះជាម្ចាស់ ផ្លូវដែលមនុស្សជ្រើសរើស គឺជាផ្លូវដែលដើរតាមប៉ុល តើឱកាសសម្រាប់សេចក្ដីសង្គ្រោះនេះនៅតែមានដែរឬទេ? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន និងជ្រើសរើស ដូច្នេះខ្ញុំស្ថិតនៅក្នុងតំបន់សុវត្ថិភាពរួចហើយ។ ខ្ញុំប្រាកដជានឹងត្រូវបានសង្គ្រោះ»។ តើពាក្យពេចន៍ទាំងនេះសមហេតុផលដែរឬទេ? តើការត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន និងជ្រើសរើស មានន័យដូចម្ដេច? វាមានន័យថា អ្នកបានក្លាយជាបេក្ខជនសម្រាប់សេចក្ដីសង្គ្រោះ ប៉ុន្តែថាតើអ្នកនឹងត្រូវបានសង្គ្រោះឬក៏អត់ គឺអាស្រ័យលើថាតើអ្នកដេញតាមបានល្អកម្រិតណា ហើយថាតើអ្នកបានជ្រើសរើសផ្លូវត្រឹមត្រូវដែរឬទេ។ តើបេក្ខជនទាំងអស់នឹងត្រូវបានជ្រើសរើស និងសង្គ្រោះនៅទីបំផុតមែនទេ? មិនមែនទេ។ ដូចគ្នានេះដែរ ប្រសិនបើមនុស្សទទួលយកអារម្មណ៍ ដូចជាការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត និងការត្អូញត្អែរ ឬពាក្យសម្ដី គំនិត និងទស្សនៈដែលសម្ដែងចេញដោយអស់អ្នកដែលបញ្ចេញភាពអវិជ្ជមាន ហើយចិត្តរបស់ពួកគេត្រូវបានបំពេញ និងកាន់កាប់ដោយរឿងអវិជ្ជមានទាំងនេះ នេះមិនបង្ហាញថាពួកគេគ្រាន់តែយល់ស្របបន្តិចបន្តួចនោះទេ គឺវាមានន័យថា ពួកគេទទួលយកវាទាំងស្រុង ហើយចង់រស់នៅតាមរឿងទាំងនេះ។ នៅពេលដែលមនុស្សរស់នៅស្របតាមរឿងអវិជ្ជមានទាំងនេះ តើទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ក្លាយជាអ្វី? វាប្រែទៅជាទំនាក់ទំនងដែលមានភាពប្រទូសរ៉ាយ។ វាមិនមែនជាទំនាក់ទំនងរវាងព្រះអាទិករ និងភាវៈដែលព្រះបានបង្កើតនោះទេ ហើយក៏មិនមែនជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សជាតិពុករលួយដែរ ហើយប្រាកដណាស់ថា មិនមែនជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងអស់អ្នកដែលទទួលបានសេចក្ដីសង្គ្រោះឡើយ។ ផ្ទុយទៅវិញ វាប្រែទៅជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងសាតាំង រវាងព្រះជាម្ចាស់ និងសត្រូវរបស់ទ្រង់។ ដូច្នេះ ថាតើមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះឬក៏អត់ ក្លាយជាសញ្ញាសួរ ក្លាយជារឿងមិនអាចដឹងបានទេ។ សេចក្ដីថ្លែងអវិជ្ជមានដែលធ្វើឡើងដោយអស់អ្នកដែលត្រូវបានដកហូតតំណែង ពោរពេញទៅដោយការត្អូញត្អែរ ការយល់ច្រឡំ ការដោះសារ និងការការពារខ្លួន។ ពួកគេថែមទាំងនិយាយរឿងមួយចំនួនដែលបំភាន់ និងទាញមនុស្សឱ្យទៅរកពួកគេទៀតផង។ បន្ទាប់ពីបានឮសេចក្ដីថ្លែងទាំងនេះ មនុស្សបង្កើតការយល់ច្រឡំ និងការប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ ហើយថែមទាំងដាក់គម្លាតខ្លួនឯងពីទ្រង់ និងបដិសេធទ្រង់នៅក្នុងចិត្តរបស់ពួកគេទៀតផង។ ហេតុនេះ នៅពេលដែលមនុស្សបែបនេះកំពុងបញ្ចេញភាពអវិជ្ជមាន ពួកគេគួរតែត្រូវបានរឹតត្បិត និងបញ្ឈប់ឱ្យទាន់ពេលវេលា។ អសមត្ថភាពរបស់ពួកគេក្នុងការទទួលយកស្ថានភាពដែលពួកគេជួបប្រទះពីព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ គឺជាបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេមិនគួរត្រូវបានអនុញ្ញាតឱ្យជះឥទ្ធិពលដល់អ្នកដទៃឡើយ។ ប្រសិនបើពួកគេមិនអាចទទួលយកវាបានទេ ចូរឱ្យពួកគេរំលាយ និងដោះស្រាយវាបន្តិចម្ដងៗចុះ។ ប៉ុន្តែប្រសិនបើពួកគេបញ្ចេញភាពអវិជ្ជមាន ហើយប៉ះពាល់ និងរំខានដល់ការចូលទៅក្នុងជាធម្មតារបស់អ្នកដទៃ ពួកគេត្រូវតែត្រូវបានបញ្ឈប់ និងរឹតត្បិតឱ្យទាន់ពេលវេលា។ ប្រសិនបើពួកគេមិនអាចត្រូវបានរឹតត្បិត ហើយពួកគេនៅតែបន្តបញ្ចេញភាពអវិជ្ជមានដើម្បីបំភាន់ និងទាញមនុស្សឱ្យទៅខាងពួកគេ នោះពួកគេគួរតែត្រូវបានបោសសម្អាតចេញជាបន្ទាន់។ ពួកគេមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តរំខានដល់ជីវិតពួកជំនុំនោះឡើយ។
២. ការបញ្ចេញភាពអវិជ្ជមាន ពេលកំពុងបដិសេធមិនទទួលយកការលួសកាត់
មានស្ថានភាពមួយទៀតដែលមនុស្សងាយនឹងបញ្ចេញភាពអវិជ្ជមាន៖ គឺនៅពេលដែលពួកគេប្រឈមមុខនឹងការលួសកាត់ ហើយមិនអាចទទួលយកពាក្យពេចន៍នៃការលួសកាត់ខ្លះបាន ពួកគេនឹងមានការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត និងការត្អូញត្អែរនៅក្នុងចិត្ត ហើយជួនកាលថែមទាំងមានអារម្មណ៍ថាទទួលរងភាពអយុត្តិធម៌ទៀតផង។ ពួកគេជឿថាមានរឿងអយុត្តិធម៌៖ «ហេតុអ្វីបានជាមិនអនុញ្ញាតឱ្យខ្ញុំបកស្រាយ ឬបញ្ជាក់ពីខ្លួនឯងឱ្យច្បាស់? ហេតុអ្វីបានជាបន្តលួសកាត់ខ្ញុំមិនឈប់ឈរដូច្នេះ?» តើមនុស្សទាំងនេះជាធម្មតាបញ្ចេញភាពអវិជ្ជមានប្រភេទណាខ្លះ? ពួកគេក៏ស្វែងរកហេតុផលដើម្បីដោះសា និងការពារខ្លួនឯងផងដែរ។ ជំនួសឱ្យការញែកដឹង ការប៉ះប៉ូវ ឬការកែខៃកំហុសរបស់ខ្លួន ពួកគេបែរជាប្រកែករកត្រូវ ដោយនិយាយរឿងដូចជា ហេតុអ្វីបានជាពួកគេធ្វើអ្វីមួយមិនបានល្អ មូលហេតុអ្វីដែលនៅពីក្រោយរឿងនោះ តើកត្តានិងលក្ខខណ្ឌខាងក្រៅមានអ្វីខ្លះ ហើយថាពួកគេមិនបានធ្វើវាដោយចេតនានោះទេ ជាដើម។ ពួកគេប្រើលេសទាំងនេះដើម្បីដោះសា និងការពារខ្លួន ដើម្បីសម្រេចគោលបំណងនៃការបដិសេធការលួសកាត់។ មនុស្សទាំងនេះមិនទទួលស្គាល់ថា ការលួសកាត់នោះត្រឹមត្រូវទេ ហើយពួកគេវិភាគហេតុការណ៍នៃការលួសកាត់នោះជាមួយមនុស្សដទៃជាច្រើនទៀត ដោយព្យាយាមបកស្រាយរឿងនេះឱ្យច្បាស់នៅចំពោះមុខមនុស្សគ្រប់គ្នា។ ពួកគេថែមទាំងផ្សព្វផ្សាយគំនិតដូចជា៖ «ការលួសកាត់ប្រភេទនេះនឹងធ្វើឱ្យមនុស្សបាក់ទឹកចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ គ្មាននរណាម្នាក់នឹងស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួនទៀតទេ។ មនុស្សនឹងមិនដឹងថាត្រូវឆ្ពោះទៅមុខយ៉ាងដូចម្ដេច ហើយនឹងគ្មានផ្លូវនៃការអនុវត្តឡើយ»។ ថែមទាំងមានមនុស្សមួយចំនួនដែលមើលពីខាងក្រៅ ពួកគេប្រកបគ្នាអំពីរបៀបដែលពួកគេទទួលយកការលួសកាត់ ប៉ុន្តែតាមពិតទៅ ពួកគេកំពុងប្រើការប្រកបគ្នានោះដើម្បីដោះសា និងការពារខ្លួនឯង ដោយធ្វើឱ្យមនុស្សកាន់តែច្រើនជឿថា ដំណាក់របស់ព្រះជាម្ចាស់មិនគិតពីអារម្មណ៍របស់មនុស្សទាល់តែសោះនៅក្នុងរបៀបដែលដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះពួកគេ ហើយថាសូម្បីតែកំហុសតូចតាចក៏អាចបណ្តាលឱ្យត្រូវបានលួសកាត់ដែរ។ អស់អ្នកដែលងាយនឹងបញ្ចេញភាពអវិជ្ជមាន មិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ សូម្បីតែនៅពេលប្រឈមមុខនឹងការលួសកាត់ ក៏ពួកគេមិនឆ្លុះបញ្ចាំងពីធម្មជាតិនៃកំហុសរបស់ខ្លួន ឬអ្វីដែលបណ្តាលឱ្យមានកំហុសទាំងនោះដែរ។ ពួកគេមិនវែកញែកបញ្ហាទាំងនេះទេ ប៉ុន្តែបែរជាប្រកែក ដោះសា និងការពារខ្លួនជានិច្ច។ មនុស្សមួយចំនួនថែមទាំងនិយាយថា៖ «នៅមុនពេលខ្ញុំត្រូវបានលួសកាត់ ខ្ញុំមានអារម្មណ៍ថាមានផ្លូវដើម្បីដើរតាម។ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានលួសកាត់ ខ្ញុំបានក្លាយជាវង្វេងវង្វាន់។ ខ្ញុំមិនដឹងថាត្រូវអនុវត្ត ឬត្រូវជឿលើព្រះជាម្ចាស់ដោយរបៀបណាទៀតទេ ហើយខ្ញុំមើលមិនឃើញផ្លូវឆ្ពោះទៅមុខឡើយ»។ ពួកគេក៏ប្រាប់អ្នកដទៃថា៖ «អ្នករាល់គ្នាត្រូវតែប្រយ័ត្នប្រយែងឱ្យមែនទែន កុំឱ្យត្រូវបានលួសកាត់ឱ្យសោះ វាឈឺចាប់ខ្លាំងណាស់ គឺដូចជាការបកស្បែកមួយជាន់ចេញអ៊ីចឹង។ ចូរកុំដើរតាមផ្លូវចាស់របស់ខ្ញុំ។ ចូរមើលថាតើខ្ញុំបានក្លាយជាអ្វីទៅហើយ បន្ទាប់ពីត្រូវបានលួសកាត់។ ខ្ញុំជាប់គាំង មិនអាចទៅមុខរួច ឬថយក្រោយបានឡើយ ខ្ញុំធ្វើអ្វីក៏មិនត្រូវដែរ!» តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវឬទេ? តើមានបញ្ហាអ្វីដែរឬទេចំពោះពាក្យពេចន៍ទាំងនេះ? (មាន។ ពួកគេកំពុងដោះសាឱ្យខ្លួនឯង និងប្រកែក ដោយនិយាយថាពួកគេមិនបានធ្វើអ្វីខុសឡើយ។) តើសារអ្វីដែលកំពុងត្រូវបានបញ្ជូនតាមរយៈការដោះសា និងការប្រកែកនេះ? (ពួកគេកំពុងនិយាយថា ដំណាក់របស់ព្រះជាម្ចាស់គឺខុសដែលបានលួសកាត់មនុស្ស។) មនុស្សមួយចំនួននិយាយថា៖ «នៅមុនពេលត្រូវបានលួសកាត់ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានផ្លូវដើម្បីដើរតាម ប៉ុន្តែបន្ទាប់ពីត្រូវបានលួសកាត់ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ»។ ហេតុអ្វីបានជាពួកគេមិនដឹងថាត្រូវធ្វើអ្វី បន្ទាប់ពីត្រូវបានលួសកាត់? តើអ្វីជាមូលហេតុនៃរឿងនេះ? (នៅពេលប្រឈមមុខនឹងការលួសកាត់ ពួកគេមិនទទួលយកសេចក្ដីពិត ឬព្យាយាមស្គាល់ខ្លួនឯងឡើយ។ ពួកគេមានសញ្ញាណខ្លះនៅក្នុងចិត្ត ហើយមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណទាំងនោះទេ។ នេះធ្វើឱ្យពួកគេគ្មានផ្លូវ។ ជំនួសឱ្យការស្វែងរកមូលហេតុនៅក្នុងខ្លួនឯង ពួកគេបែរជាអះអាងផ្ទុយពីនេះទៅវិញថា ការត្រូវបានលួសកាត់នោះហើយដែលបណ្តាលឱ្យពួកគេវង្វេងផ្លូវ។) តើនេះមិនមែនជាការចោទប្រកាន់ត្រឡប់ទៅវិញទេឬ? វាដូចជាការនិយាយថា៖ «អ្វីដែលខ្ញុំបានធ្វើ គឺស្របតាមគោលការណ៍ ប៉ុន្តែការដែលអ្នកលួសកាត់ខ្ញុំ បញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនអនុញ្ញាតឱ្យខ្ញុំដោះស្រាយបញ្ហាស្របតាមគោលការណ៍ទេ។ ដូច្នេះ តើខ្ញុំគួរអនុវត្តនៅពេលអនាគតដោយរបៀបណា?» នេះគឺជាអត្ថន័យរបស់មនុស្សដែលនិយាយពាក្យសម្ដីបែបនេះ។ តើពួកគេកំពុងទទួលយកការលួសកាត់ដែរឬទេ? តើពួកគេទទួលយកការពិតដែលថាពួកគេបានប្រព្រឹត្តកំហុសដែរឬទេ? (អត់ទេ។) តើសេចក្ដីថ្លែងនេះមិនមែនមានន័យថា ពួកគេចេះពីរបៀបប្រព្រឹត្តអំពើខុសឆ្គងដោយមិនគិតមុខក្រោយ ប៉ុន្តែនៅពេលត្រូវបានលួសកាត់ និងសុំឱ្យធ្វើសកម្មភាពស្របតាមគោលការណ៍ ពួកគេមិនដឹងថាត្រូវធ្វើ ហើយក្លាយជាវង្វេងវង្វាន់ទេឬ? (មែនហើយ។) ដូច្នេះ តើពីមុនមក ពួកគេធ្វើកិច្ចការដោយរបៀបណា? នៅពេលដែលនរណាម្នាក់ប្រឈមមុខនឹងការលួសកាត់ តើមិនមែនដោយសារតែពួកគេមិនបានធ្វើសកម្មភាពស្របតាមគោលការណ៍ទេឬ? (មែនហើយ។) ពួកគេប្រព្រឹត្តអំពើខុសឆ្គងដោយមិនគិតមុខក្រោយ មិនស្វែងរកសេចក្ដីពិត និងមិនធ្វើកិច្ចការស្របតាមគោលការណ៍ ឬតាមបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ដូច្នេះហើយទើបពួកគេទទួលការលួសកាត់។ គោលបំណងនៃការលួសកាត់ គឺដើម្បីឱ្យមនុស្សអាចស្វែងរកសេចក្ដីពិត និងធ្វើសកម្មភាពស្របតាមគោលការណ៍ ដើម្បីការពារពួកគេកុំឱ្យប្រព្រឹត្តអំពើខុសឆ្គងដោយមិនគិតមុខក្រោយម្ដងទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងការលួសកាត់ មនុស្សទាំងនោះនិយាយថា ពួកគេមិនដឹងថាត្រូវធ្វើសកម្មភាព ឬត្រូវអនុវត្តដោយរបៀបណាទៀតទេ តើពាក្យពេចន៍ទាំងនេះមានធាតុផ្សំនៃការស្គាល់ខ្លួនឯងដែរឬទេ? (មិនមានទេ។) ពួកគេគ្មានបំណងស្គាល់ខ្លួនឯង ឬស្វែងរកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបង្កប់ន័យថា៖ «ខ្ញុំធ្លាប់បំពេញភារកិច្ចបានយ៉ាងល្អ ប៉ុន្តែតាំងពីអ្នកបានលួសកាត់ខ្ញុំមក អ្នកបានធ្វើឱ្យគំនិតរបស់ខ្ញុំច្របូកច្របល់ និងធ្វើឱ្យរបៀបបំពេញភារកិច្ចរបស់ខ្ញុំវង្វេងវង្វាន់អស់។ ឥឡូវនេះ ការគិតរបស់ខ្ញុំលែងប្រក្រតីទៀតហើយ ហើយខ្ញុំក៏មិនម៉ឺងម៉ាត់ ឬមោះមុតដូចពីមុនដែរ ខ្ញុំមិនក្លាហានសោះ ហើយរឿងទាំងអស់នេះគឺដោយសារតែការលួសកាត់ហ្នឹងឯង។ តាំងពីខ្ញុំត្រូវបានលួសកាត់មក ចិត្តរបស់ខ្ញុំបានរងរបួសយ៉ាងជ្រាលជ្រៅ។ ដូច្នេះ ខ្ញុំត្រូវតែប្រាប់អ្នកដទៃឱ្យមានការប្រយ័ត្នប្រយែងឱ្យមែនទែន នៅពេលបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេមិនត្រូវបញ្ចេញឱ្យឃើញភាពខ្វះខាត ឬធ្វើឱ្យមានកំហុសឡើយ ប្រសិនបើពួកគេធ្វើឱ្យមានកំហុស ពួកគេនឹងត្រូវបានលួសកាត់ ហើយបន្ទាប់មកពួកគេនឹងក្លាយជាកំសាក និងបាត់បង់ភាពស្វាហាប់ដែលពួកគេធ្លាប់មានពីមុន។ ស្មារតីដ៏មោះមុតរបស់ពួកគេនឹងត្រូវថយចុះយ៉ាងខ្លាំង ហើយសេចក្ដីក្លាហាននៃយុវវ័យ និងបំណងប្រាថ្នាចង់លះបង់ឱ្យអស់ពីកម្លាំងកាយចិត្តនឹងរលាយបាត់អស់ ដោយបន្សល់ទុកឱ្យពួកគេនូវភាពកំសាកញី ខ្លាចសូម្បីតែស្រមោលខ្លួនឯង និងមានអារម្មណ៍ថា គ្មានអ្វីដែលពួកគេធ្វើគឺត្រឹមត្រូវឡើយ។ ពួកគេនឹងលែងមានអារម្មណ៍ថាមានវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចិត្តទៀតហើយ ហើយនឹងមានអារម្មណ៍ថាកាន់តែឃ្លាតឆ្ងាយពីទ្រង់។ សូម្បីតែការអធិដ្ឋាន និងការស្រែកអំពាវនាវរកព្រះជាម្ចាស់ ក៏ហាក់ដូចជាគ្មានការឆ្លើយតបដែរ។ ពួកគេនឹងមានអារម្មណ៍ថា ពួកគេគ្មានភាពរស់រវើក ភាពរីករាយ និងភាពគួរឱ្យស្រឡាញ់ដូចមុនទៀតទេ ហើយថែមទាំងចាប់ផ្ដើមមើលងាយខ្លួនឯងទៀតផង»។ តើពាក្យពេចន៍ទាំងនេះគឺជាពាក្យពេចន៍ចេញពីចិត្ត ដែលអ្នកមានបទពិសោធបានប្រកបគ្នាមែនទេ? តើពាក្យពេចន៍ទាំងនេះពិតដែរឬទេ? តើពាក្យពេចន៍ទាំងនេះធ្វើឱ្យស្អាងឡើង ឬផ្ដល់ផលប្រយោជន៍ដល់មនុស្សដែរឬទេ? តើនេះមិនមែនគ្រាន់តែជាការបំភ្លៃការពិតទេឬ? (មែនហើយ ពាក្យពេចន៍ទាំងនេះគឺខុសទំនងណាស់។) ពួកគេនិយាយថា៖ «ចូរកុំដើរតាមគន្លងរបស់ខ្ញុំ ឬដើរតាមផ្លូវចាស់របស់ខ្ញុំឱ្យសោះ! អ្នករាល់គ្នាឃើញថា ឥឡូវនេះខ្ញុំដូចជាមានឥរិយាបថល្អណាស់ ប៉ុន្តែតាមពិតទៅ ខ្ញុំគ្រាន់តែភ័យខ្លាចបន្ទាប់ពីការលួសកាត់នោះ ហើយមិនមានសេរីភាព និងសេចក្ដីរំដោះដូចពីមុនទៀតទេ»។ តើពាក្យពេចន៍ទាំងនេះមានផលប៉ះពាល់អ្វីខ្លះដល់អ្នកស្ដាប់? (ពាក្យពេចន៍ទាំងនេះធ្វើឱ្យមនុស្សកាន់តែមានចិត្តការពារខ្លួនចំពោះព្រះជាម្ចាស់ ដោយបណ្តាលឱ្យពួកគេធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដោយសារតែខ្លាចត្រូវបានលួសកាត់។) ពាក្យពេចន៍ទាំងនេះមានផលប៉ះពាល់អវិជ្ជមានបែបនេះឯង។ បន្ទាប់ពីបានឮបែបនេះហើយ មនុស្សនឹងគិតថា៖ «ពិតមែនហើយ! គ្រាន់តែការធ្វេសប្រហែសតូចមួយ អ្នកក៏ត្រូវគេលួសកាត់ដែរ គឺគ្មានអ្វីដែលអ្នកអាចធ្វើបានដើម្បីរារាំងរឿងនេះទេ! ហេតុអ្វីបានជាការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពិបាកខ្លាំងម្ល៉េះ? និយាយតែអំពីគោលការណ៍សេចក្ដីពិតជានិច្ច គឺវាពិតជាតឹងតែងណាស់! តើគ្រាន់តែរស់នៅក្នុងជីវិតសាមញ្ញ និងនឹងធឹងមួយមិនបានទេឬ? នោះមិនមែនជាការទាមទារខ្ពស់ ឬជាក្ដីសង្ឃឹមដែលហួសហេតុនោះទេ ប៉ុន្តែហេតុអ្វីបានជាពិបាកសម្រេចខ្លាំងម្ល៉េះ? ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំមិនត្រូវបានលួសកាត់ទៅចុះ។ ខ្ញុំជាមនុស្សកំសាកណាស់ ជាធម្មតា នៅពេលដែលមានមនុស្សសម្លឹងមើលខ្ញុំ ហើយនិយាយខ្លាំងៗដាក់ខ្ញុំ បេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតញាប់។ ប្រសិនបើខ្ញុំពិតជាប្រឈមមុខនឹងការលួសកាត់មែន ហើយពាក្យពេចន៍ទាំងនោះតឹងរ៉ឹងខ្លាំង ដោយវែកញែកការពិតបែបនោះ តើខ្ញុំអាចទ្រាំទ្របានដោយរបៀបណា? តើវានឹងមិនធ្វើឱ្យខ្ញុំយល់សប្តិអាក្រក់ទេឬ? គ្រប់គ្នានិយាយថា ការលួសកាត់គឺល្អ ប៉ុន្តែខ្ញុំមិនឃើញថាល្អត្រង់ណាផង។ តើម្នាក់នោះមិនមែនភ័យខ្លាចដោយសារវាទេឬ? ប្រសិនបើខ្ញុំត្រូវបានលួសកាត់ ខ្ញុំក៏មុខជាភ័យខ្លាចដែរហើយ»។ តើនេះមិនមែនជាផលប៉ះពាល់ដែលបណ្តាលមកពីពាក្យពេចន៍របស់អស់អ្នកដែលបញ្ចេញភាពអវិជ្ជមានទេឬ? តើផលប៉ះពាល់នេះវិជ្ជមាន ឬអវិជ្ជមាន? (អវិជ្ជមាន។) សេចក្ដីថ្លែងអវិជ្ជមានទាំងនេះ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អស់អ្នកដែលមានឆន្ទៈដេញតាមសេចក្ដីពិត! ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើអស់អ្នកដែលតែងតែបញ្ចេញភាពអវិជ្ជមាន និងផ្សព្វផ្សាយសេចក្ដីស្លាប់ គឺជាពួកអ្នកបម្រើសាតាំងមែនទេ? តើពួកគេគឺជាមនុស្សដែលរំខានដល់កិច្ចការរបស់ពួកជំនុំមែនទេ? (មែនហើយ។)
មនុស្សមួយចំនួនធ្វើស្របតាមអំពើចិត្ត និងបំពានគោលការណ៍។ បន្ទាប់ពីត្រូវបានលួសកាត់ ពួកគេមានអារម្មណ៍ថា ទោះជាខ្លួនបានខិតខំធ្វើការ និងលះបង់យ៉ាងនេះហើយ ក៏នៅតែត្រូវបានលួសកាត់ទៀត ដូច្នេះ ចិត្តរបស់ពួកគេពោរពេញដោយការមិនស្ដាប់បង្គាប់ ហើយពួកគេមិនទទួលយកការលាតត្រដាង ឬការវែកញែកឡើយ។ ពួកគេជឿថា ព្រះជាម្ចាស់មិនសុចរិត ហើយថាដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌ចំពោះពួកគេ នៅត្រង់ថា មនុស្សដែលមានទេពកោសល្យ និងមានប្រយោជន៍ដូចជាពួកគេ ដែលស៊ូទ្រាំនឹងការរងទុក្ខជាច្រើន និងលះបង់យ៉ាងខ្ពស់ បែរជាមិនត្រូវបានដំណាក់របស់ព្រះជាម្ចាស់សរសើរទៅវិញ ហើយថែមទាំងត្រូវបានលួសកាត់ទៀតផង។ ដោយសារតែការមិនស្ដាប់បង្គាប់ ទើបកើតមានការត្អូញត្អែរ ហើយពួកគេនឹងបញ្ចេញភាពអវិជ្ជមានថា៖ «តាមខ្ញុំមើលទៅ គ្មានអ្វីពិបាកជាងការជឿលើព្រះជាម្ចាស់ទេ គឺវាពិតជាពិបាកណាស់ក្នុងការទទួលបានព្រះពរខ្លះ និងរីករាយនឹងព្រះគុណបន្តិចបន្តួច។ ខ្ញុំបានលះបង់យ៉ាងខ្ពស់ ប៉ុន្តែខ្ញុំត្រូវបានលួសកាត់ ដោយសារតែធ្វើរឿងមួយមិនបានល្អ។ ប្រសិនបើមនុស្សដូចជាខ្ញុំមិនមានសមត្ថភាពធ្វើកិច្ចការ តើនរណាអាចមានសមត្ថភាពទៅ? តើព្រះជាម្ចាស់មិនសុចរិតទេឬ? ហេតុអ្វីបានជាខ្ញុំមើលមិនឃើញសេចក្ដីសុចរិតរបស់ទ្រង់សោះ? ម្ដេចបានជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ មិនស្របនឹងសញ្ញាណរបស់មនុស្សសោះដូច្នេះ?» ពួកគេមិនវែកញែកថា ពួកគេបានធ្វើអ្វីដែលផ្ទុយនឹងគោលការណ៍នោះទេ ឬថាពួកគេបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយអ្វីខ្លះឡើយ។ ពួកគេមិនត្រឹមតែគ្មានវិប្បដិសារី ឬការចុះចូលសូម្បីបន្តិចប៉ុណ្ណោះទេ តែពួកគេថែមទាំងជំនុំជម្រះ និងទាស់ទទឹងទាំងបើកចំហទៀតផង។ បន្ទាប់ពីបានឮពួកគេធ្វើសេចក្ដីថ្លែងបែបនេះ មនុស្សភាគច្រើនចាប់ផ្ដើមមានចិត្តអាណិតខ្លះៗចំពោះពួកគេ ហើយត្រូវបានពួកគេអូសទាញថា៖ «ពិតមែនហើយ! គេបានជឿលើព្រះជាម្ចាស់អស់រយៈពេលម្ភៃឆ្នាំមកហើយ ហើយនៅតែប្រឈមមុខនឹងការលួសកាត់បែបនេះទៀត។ ប្រសិនបើអ្នកដែលបានជឿអស់រយៈពេលម្ភៃឆ្នាំ មិនប្រាកដថាអាចត្រូវបានសង្គ្រោះផង នោះសម្រាប់មនុស្សដូចជាពួកយើង កាន់តែអស់សង្ឃឹមហើយ»។ តើពួកគេមិនត្រូវបានបំពុលទេឬ? នៅពេលដែលភាពអវិជ្ជមានត្រូវបានបញ្ចេញ នោះជាតិពុលត្រូវបានសាបព្រោះ ដូចជាគ្រាប់ពូជដែលបានដាំនៅក្នុងចិត្តរបស់មនុស្ស ដោយចាក់ឫស ដុះពន្លក ចេញផ្កា និងមានផ្លែនៅក្នុងចិត្តគំនិតរបស់ពួកគេ។ មុនពេលដឹងខ្លួន មនុស្សត្រូវបានបំពុលទៅហើយ ហើយការទាស់ទទឹង និងការត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់ ក៏កើតមាននៅក្នុងពួកគេ។ នៅពេលដែលមនុស្សទាំងនោះត្រូវបានលួសកាត់ ពួកគេក្លាយជាមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនពេញចិត្តនឹងរបៀបដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ចែងចំពោះពួកគេ។ ជំនួសឱ្យការមានអាកប្បកិរិយាប្រែចិត្ត និងសារភាពកំហុស ពួកគេបែរជាប្រកែក ដោះសា និងការពារខ្លួនទៅវិញ។ ពួកគេដើរផ្សព្វផ្សាយគ្រប់ទីកន្លែងថា ពួកគេបានស៊ូទ្រាំនឹងការលំបាកប៉ុនណា បានធ្វើកិច្ចការអ្វីខ្លះ និងបានបំពេញភារកិច្ចអ្វីខ្លះក្នុងរយៈពេលជាច្រើនឆ្នាំនៃសេចក្ដីជំនឿរបស់ពួកគេ ហើយថាជំនួសឱ្យការទទួលបានរង្វាន់នៅពេលនេះ ពួកគេបែរជាប្រឈមមុខនឹងការលួសកាត់ទៅវិញ។ ពួកគេមិនត្រឹមតែបរាជ័យក្នុងការទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួន និងកំហុសដែលពួកគេបានប្រព្រឹត្តតាមរយៈការលួសកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយគំនិតថា របៀបដែលដំណាក់របស់ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេគឺអយុត្តិធម៌ និងមិនសមហេតុផល ថាពួកគេមិនគួរត្រូវបានប្រព្រឹត្តដាក់បែបនេះទេ ហើយថាប្រសិនបើធ្វើដាក់ពួកគេបែបនេះ នោះព្រះជាម្ចាស់មិនសុចរិតឡើយ។ មូលហេតុដែលពួកគេបញ្ចេញភាពអវិជ្ជមាននេះ គឺដោយសារតែពួកគេមិនអាចទទួលយកការលួសកាត់ ឬការពិតដែលថាពួកគេបានប្រព្រឹត្តកំហុស ហើយពួកគេកាន់តែមិនទទួលយក ឬទទួលស្គាល់ការពិតដែលថា ពួកគេបានបង្កផលប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងដល់កិច្ចការរបស់ពួកជំនុំឡើយ។ ពួកគេជឿថា ពួកគេបានធ្វើត្រឹមត្រូវ ហើយថាគឺជាដំណាក់របស់ព្រះជាម្ចាស់ទេដែលខុស ដោយសារលួសកាត់ពួកគេ។ តាមរយៈការបញ្ចេញភាពអវិជ្ជមាន ពួកគេមានបំណងប្រាប់មនុស្សថា ដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌ទេ នៅក្នុងរបៀបប្រព្រឹត្តចំពោះមនុស្ស៖ នៅពេលដែលនរណាម្នាក់ប្រព្រឹត្តកំហុស ដំណាក់របស់ព្រះជាម្ចាស់នឹងយកកំហុសនោះមកធ្វើជាអាវុធប្រឆាំងនឹងពួកគេ ដោយតោងជាប់នឹងបញ្ហានេះ ហើយលួសកាត់ពួកគេយ៉ាងឃោរឃៅ រហូតដល់ពួកគេក្លាយជាខ្លាចរអា ហើយគិតថាពួកគេមិនបានរួមចំណែកអ្វីសោះ ដែលពួកគេលែងមានអ្នកណាមកគោរពបូជា លែងកោតសរសើរខ្លួនឯង និងលែងហ៊ានសុំរង្វាន់ពីព្រះជាម្ចាស់ទៀត នោះទើបដំណាក់របស់ព្រះជាម្ចាស់សម្រេចគោលបំណងរបស់ខ្លួន។ គោលបំណងរបស់ពួកគេក្នុងការបញ្ចេញភាពអវិជ្ជមាននេះ គឺដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនចេញមកការពារពួកគេ ដើម្បីឱ្យមនុស្សកាន់តែច្រើនយល់អំពី «សេចក្ដីពិតនៃរឿងរ៉ាវ» និងឱ្យឃើញថា ពួកគេបានស៊ូទ្រាំនឹងការរងទុក្ខខ្លាំងប៉ុនណា ក្នុងរយៈពេលជាច្រើនឆ្នាំនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ការរួមចំណែករបស់ពួកគេសំខាន់ប៉ុនណា ហើយពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កម្រិតណា និងថាពួកគេជាអ្នកជឿដែលមានបទពិសោធច្រើនប៉ុនណា។ ជាមួយគ្នានេះ ពួកគេចង់ឱ្យអ្នកដទៃឈរនៅខាងពួកគេ ដើម្បីរួមគ្នាប្រឆាំងនឹងបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ និងប្រឆាំងនឹងការលួសកាត់ដែលដំណាក់របស់ព្រះជាម្ចាស់បានធ្វើចំពោះពួកគេ។ តើនេះមិនមែនមានលក្ខណៈជាការអូសទាញមនុស្សឱ្យទៅខាងពួកគេទេឬ? (មែនហើយ។) គោលដៅរបស់ពួកគេក្នុងការបញ្ចេញភាពអវិជ្ជមានតាមរបៀបនេះ គឺដើម្បីអូសទាញមនុស្សឱ្យទៅខាងពួកគេ និងបំភាន់មនុស្សទាំងនោះ ហើយពួកគេរំខានដល់កិច្ចការរបស់ពួកជំនុំ ដើម្បីបញ្ចេញការគុំកួនរបស់ខ្លួន។ មិនថានៅទីបំផុតវាមានឥទ្ធិពលបែបណាទៅលើមនុស្ស នៅពេលដែលពួកគេបានបញ្ចេញភាពអវិជ្ជមានរួចនោះទេ ក៏ឥទ្ធិពល និងផលវិបាកគឺថា មនុស្សត្រូវបានបំភាន់ និងរំខាន ហើយពួកគេបានរងគ្រោះ។ វាមិនមែនជាការធ្វើឱ្យស្អាងឡើងនោះទេ។ វាគឺជាឥទ្ធិពលអវិជ្ជមាន។
នៅពេលដែលមនុស្សប្រឈមមុខនឹងការលួសកាត់ ជាទូទៅ ពួកគេបញ្ចេញភាពអវិជ្ជមានប្រភេទនេះឯង។ ពួកគេមិនអាចទទួលយកការលួសកាត់បានទេ ហើយនៅក្នុងចិត្តរបស់ពួកគេមានការមិនពេញចិត្ត និងមិនស្ដាប់បង្គាប់ ដោយមិនអាចទទួលយកការលួសកាត់នោះពីព្រះជាម្ចាស់បានឡើយ។ ការឆ្លើយតបដំបូងរបស់ពួកគេ មិនមែនជាការស្វែងរកសេចក្ដីពិតទាក់ទងនឹងការលួសកាត់នោះទេ ហើយក៏មិនមែនជាការឆ្លុះបញ្ចាំង ស្គាល់ និងវែកញែកខ្លួនឯងនោះដែរ ដើម្បីមើលថាពួកគេបានធ្វើអ្វីខុសឱ្យប្រាកដ ថាតើសកម្មភាពរបស់ពួកគេស្របតាមគោលការណ៍ដែរឬទេ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់លួសកាត់ពួកគេ និងថាតើការដែលពួកគេត្រូវបានប្រព្រឹត្តដាក់បែបនេះ គឺដោយសារតែការបញ្ចេញការគុំកួនផ្ទាល់ខ្លួន ឬក៏ដោយសារភាពយុត្តិធម៌ និងសមហេតុផលនោះឡើយ។ ការឆ្លើយតបដំបូងរបស់ពួកគេ មិនមែនជាការស្វែងរកចំណុចទាំងនេះទេ ផ្ទុយទៅវិញ ការឆ្លើយតបដំបូងរបស់ពួកគេ គឺអាងលើលក្ខណៈសម្បត្តិ ការស៊ូទ្រាំនឹងការលំបាក និងការលះបង់ខ្លួន ដើម្បីប្រឆាំងនឹងការលួសកាត់។ ក្នុងការធ្វើបែបនេះ អ្វីៗដែលកើតឡើងនៅក្នុងចិត្តរបស់ពួកគេ ប្រាកដជាអវិជ្ជមានទាំងអស់ ដោយគ្មានអ្វីវិជ្ជមានឡើយ។ ដូច្នេះ នៅពេលដែលពួកគេប្រកបគ្នាអំពីអារម្មណ៍ និងការយល់ដឹងរបស់ពួកគេ បន្ទាប់ពីត្រូវបានលួសកាត់ ពួកគេប្រាកដជាកំពុងបញ្ចេញភាពអវិជ្ជមាន និងផ្សព្វផ្សាយសញ្ញាណមិនខាន។ ការបញ្ចេញភាពអវិជ្ជមាន និងការផ្សព្វផ្សាយសញ្ញាណ គួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតឱ្យបានទាន់ពេល មិនត្រូវបណ្ដែតបណ្ដោយ និងមិនអើពើឡើយ។ រឿងអវិជ្ជមានទាំងនេះ នឹងរារាំង រំខាន និងបំផ្លាញដល់ការចូលទៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយវាមិនអាចដើរតួនាទីវិជ្ជមានបានទេ កុំថាឡើយអាចជួយបំផុសភាពស្មោះត្រង់របស់មនុស្សចំពោះព្រះជាម្ចាស់ ឬការបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់នោះ។ ហេតុដូច្នេះហើយ នៅពេលដែលមនុស្សបែបនេះបញ្ចេញភាពអវិជ្ជមាន ពួកគេកំពុងរំខានដល់ជីវិតពួកជំនុំ ហើយគួរតែត្រូវបានរឹតត្បិត។
៣. ការបញ្ចេញភាពអវិជ្ជមាន នៅពេលដែលកេរ្តិ៍ឈ្មោះ ឋានៈ និងផលប្រយោជន៍របស់ខ្លួនត្រូវបានប៉ះពាល់
ក្រៅពីការបញ្ចេញភាពអវិជ្ជមាន បន្ទាប់ពីត្រូវបានដកហូតតំណែង ឬត្រូវបានលួសកាត់ តើនៅក្នុងស្ថានភាពណាផ្សេងទៀតដែលមនុស្សបញ្ចេញភាពអវិជ្ជមាន? (នៅពេលដែលផលប្រយោជន៍របស់មនុស្សត្រូវបានប៉ះពាល់ ហើយពួកគេមានអារម្មណ៍ថាពួកគេបានខាតបង់។) (មនុស្សមួយចំនួនបានបំពេញភារកិច្ចរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅពេលដែលពួកគេធ្លាក់ខ្លួនឈឺ ឬមហន្តរាយកើតឡើងចំពោះគ្រួសាររបស់ពួកគេ ពួកគេនិយាយថា៖ «តើខ្ញុំទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ?») «ពាក្យស្លោក» ទូទៅរបស់ពួកអ្នកដែលតែងតែបញ្ចេញភាពអវិជ្ជមានគឺ៖ «តើខ្ញុំទទួលបានអ្វីខ្លះ?» តើមានស្ថានភាពអ្វីផ្សេងទៀតឬទេ? (មនុស្សមួយចំនួនមិនត្រឹមតែបរាជ័យក្នុងការសម្រេចលទ្ធផលនៅក្នុងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេតែងតែប្រព្រឹត្តកំហុស ដូច្នេះពួកគេនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់បំភ្លឺអ្នកដទៃ ប៉ុន្តែមិនបំភ្លឺខ្ញុំ? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រទានឱ្យពួកគេមានគុណសម្បត្តិល្អម្ល៉េះ ចំណែកឯគុណសម្បត្តិរបស់ខ្ញុំអន់យ៉ាងនេះ?» ជំនួសឱ្យការឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួនឯង ពួកគេបែរជាទម្លាក់ការទទួលខុសត្រូវទៅលើព្រះជាម្ចាស់ ដោយនិយាយថា ព្រះជាម្ចាស់មិនបានបំភ្លឺ ឬណែនាំពួកគេទេ ហើយបន្ទាប់មកពួកគេនៅតែបន្តត្អូញត្អែរអំពីព្រះជាម្ចាស់។) ពួកគេអះអាងថា ព្រះជាម្ចាស់មិនយុត្តិធម៌ ដោយសួរថា ហេតុអ្វីបានជាទ្រង់បំភ្លឺ និងប្រទានព្រះគុណដល់អ្នកដទៃ ប៉ុន្តែមិនប្រទានដល់ពួកគេ ដោយរអ៊ូរទាំថា ហេតុអ្វីបានជាពួកគេមិនសម្រេចលទ្ធផលនៅក្នុងភារកិច្ចរបស់ខ្លួន គឺពួកគេកំពុងត្អូញត្អែរហើយ។ ឧទាហរណ៍ដែលអ្នករាល់គ្នាបានលើកឡើងគឺល្អ។ មានអ្វីទៀតទេ? (មនុស្សមួយចំនួនពោរពេញដោយការគុំគួន នៅពេលដែលការចាត់តាំងភារកិច្ចរបស់ពួកគេត្រូវបានកែសម្រួល ដោយសួរថា ហេតុអ្វីបានជារឿងនេះកើតឡើង ហើយសង្ស័យថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការកំពុងកំណត់គោលដៅលើពួកគេ និងកំពុងធ្វើឱ្យពួកគេមានការលំបាក។) តើពួកគេមានអារម្មណ៍ថា ដំណាក់របស់ព្រះជាម្ចាស់មើលងាយពួកគេដែរឬទេ? (មែនហើយ។) មនុស្សមួយចំនួនដែលមិនធ្វើកិច្ចការជាក់ស្តែង ត្រូវបានដកហូតតំណែង និងជម្រុះចោល ហើយពួកគេមានអារម្មណ៍ថា កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេត្រូវបានខូចខាត។ ដើម្បីបញ្ចេញការមិនពេញចិត្តរបស់ខ្លួន ពួកគេតែងតែរអ៊ូរទាំនៅពីក្រោយខ្នងថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលខ្លី សមត្ថភាពនៃការយល់ដឹងរបស់ខ្ញុំមិនល្អទេ ហើយខ្ញុំមានគុណសម្បត្តិអន់។ ខ្ញុំមិនអាចប្រៀបផ្ទឹមនឹងអ្នកដទៃបានឡើយ។ ប្រសិនបើពួកគេនិយាយថាខ្ញុំមិនមានសមត្ថភាព នោះខ្ញុំប្រាកដជាមិនមានសមត្ថភាពហើយ!» មើលពីខាងក្រៅ ពួកគេកំពុងទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែតាមពិតទៅ ពួកគេកំពុងព្យាយាមដណ្ដើមយកផលប្រយោជន៍ដែលពួកគេបានបាត់បង់មកវិញ ដោយរអ៊ូរទាំមិនឈប់ និងនិយាយរឿងផ្សេងៗដើម្បីទទួលបានការអាណិតអាសូរពីមនុស្ស និងធ្វើឱ្យពួកគេមានអារម្មណ៍ថាដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌។ គ្រាន់តែផលប្រយោជន៍របស់ពួកគេត្រូវបានប៉ះពាល់ភ្លាម ពួកគេក្លាយជាស្ទាក់ស្ទើរ ហើយតែងតែសង្ឃឹមថានឹងស្ដារការខាតបង់របស់ខ្លួនមកវិញ និងទទួលបានសំណង។ ប្រសិនបើពួកគេមិនទទួលបានទេ ពួកគេបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយលែងដឹងថាត្រូវជឿលើទ្រង់ដោយរបៀបណាទៀតហើយ ដោយនិយាយរឿងដូចជា៖ «ខ្ញុំធ្លាប់គិតថា ការជឿលើព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយថាការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងពួកជំនុំ ប្រាកដជានាំមកនូវព្រះពរដ៏អស្ចារ្យ។ ខ្ញុំមិនដែលនឹកស្មានថា នឹងត្រូវបានដកហូតតំណែង និងជម្រុះចោល ហើយត្រូវអ្នកដទៃបដិសេធឡើយ។ នឹកស្មានមិនដល់សោះថា រឿងបែបនេះអាចកើតឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់! មិនមែនគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ ចាំបាច់ត្រូវតែជាមនុស្សល្អនោះទេ ហើយមិនមែនអ្វីៗទាំងអស់ដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើ សុទ្ធតែតំណាងឱ្យព្រះជាម្ចាស់ ឬយុត្តិធម៌នោះឡើយ»។ តើសេចក្ដីថ្លែងបែបនេះមានធម្មជាតិអ្វី? ពាក្យពេចន៍របស់ពួកគេ ទាំងដោយផ្ទាល់ និងដោយប្រយោល បង្កប់នូវការវាយប្រហារ។ ពួកគេបង្កប់នូវការជំនុះជម្រះ និងការទាស់ទទឹង។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាកំណត់គោលដៅលើអ្នកដឹកនាំណាម្នាក់ ឬពួកជំនុំ ប៉ុន្តែអ្វីដែលពួកគេពិតជាកំពុងតម្រង់ពាក្យពេចន៍ទាំងនេះទៅរកនៅក្នុងចិត្តរបស់ពួកគេ គឺជាព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងបញ្ញត្តិរដ្ឋបាល និងបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេកំពុងតែបញ្ចេញការគុំកួនរបស់ខ្លួនសុទ្ធសាធ។ ហេតុអ្វីបានជាពួកគេបញ្ចេញការគុំគួនរបស់ខ្លួន? ពួកគេមានអារម្មណ៍ថា ពួកគេបានរងការខាតបង់ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ថាអយុត្តិធម៌ និងមិនពេញចិត្ត ហើយពួកគេចង់ទាមទាររបស់ផ្សេងៗ និងទទួលបានសំណង។ ខណៈដែលភាពអវិជ្ជមានដែលត្រូវបានបញ្ចេញដោយមនុស្សបែបនេះ មិនបង្កការគំរាមកំហែងខ្លាំងដល់មនុស្សភាគច្រើន ប៉ុន្តែពាក្យពេចន៍ដ៏ស្អុយទាំងនេះ គឺដូចជាសត្វរុយ ឬសត្វសង្កែដែលគួរឱ្យរំខាន ដែលបង្កើតជាការរំខានកម្រិតមធ្យមដល់ចិត្តគំនិតរបស់មនុស្ស។ មនុស្សភាគច្រើនមានអារម្មណ៍ស្អប់ខ្ពើម និងមិនចូលចិត្ត នៅពេលដែលពួកគេបានឮពាក្យពេចន៍ទាំងនេះ ប៉ុន្តែជៀសមិនរួចទេដែលនឹងមានមនុស្សប្រភេទតែមួយដូចគ្នាទៅនឹងមនុស្សបែបនេះ ជាអស់អ្នកដែលមាននិស្ស័យ សារជាតិ និងចំណង់ចំណូលចិត្តដូចគ្នា ដែលជាមនុស្សមានសន្តានអាក្រក់ដូចគ្នាទៅនឹងមនុស្សទាំងនោះ ហើយដែលត្រូវបានអូសទាញ និងរំខានដោយពួកគេ។ វាជារឿងដែលជៀសមិនរួចឡើយ។ លើសពីនេះទៅទៀត មនុស្សមួយចំនួនដែលមានកម្ពស់ទាប ដែលខ្វះការញែកដឹង អាចត្រូវបានរំខានដោយពាក្យសម្ដីអវិជ្ជមានទាំងនេះ ហើយសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ អាចទទួលរងឥទ្ធិពល។ មនុស្សទាំងនេះមិនដឹងរួចទៅហើយថា ការជឿលើព្រះជាម្ចាស់គឺដើម្បីអ្វីឱ្យប្រាកដនោះទេ ហើយពួកគេមិនច្បាស់អំពីសេចក្ដីពិតនៃនិមិត្ត ហើយសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងសេចក្ដីពិតក៏អន់ដែរ។ នៅពេលដែលពួកគេបានឮសេចក្ដីថ្លែងអវិជ្ជមានទាំងនេះ ពួកគេទំនងជាទទួលយកវាដោយមិនដឹងខ្លួន ហើយដូច្នេះក៏ទទួលរងឥទ្ធិពលពីវា។ ពាក្យពេចន៍ទាំងនេះគឺជាថ្នាំពុល។ ពួកវាអាចត្រូវបានដាំនៅក្នុងចិត្តរបស់មនុស្សយ៉ាងងាយស្រួល។ នៅពេលដែលនរណាម្នាក់បានទទួលយកពាក្យសម្ដីអវិជ្ជមានទាំងនេះ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់សុំឱ្យពួកគេបំពេញភារកិច្ច ពួកគេឆ្លើយតបដោយការព្រងើយកន្តើយ។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់សុំឱ្យពួកគេសហការលើកិច្ចការណាមួយចំនួន ពួកគេធ្វើបែបលំៗ។ ពួកគេនឹងទទួលយកវា លុះត្រាតែពួកគេចង់ធ្វើ បើមិនដូច្នេះទេ ពួកគេនឹងមិនធ្វើឡើយ ដោយតែងតែមានហេតុផល និងលេសគ្រប់សព្វបែបយ៉ាង។ នៅមុនពេលពួកគេបានឮពាក្យសម្ដីអវិជ្ជមានទាំងនោះ ពួកគេមានភាពស្មោះត្រង់បន្តិចបន្តួចដែរនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយពួកគេមានអាកប្បកិរិយាវិជ្ជមាន និងសកម្មខ្លះៗដែរ នៅពេលបំពេញភារកិច្ចរបស់ខ្លួន។ ប៉ុន្តែបន្ទាប់ពីបានឮពាក្យសម្ដីអវិជ្ជមានទាំងនោះ ពួកគេប្រែជាព្រងើយកន្តើយ ហើយពួកគេក៏ត្រជាក់ស្រេបដាក់បងប្អូនប្រុសស្រីរបស់ខ្លួនដែរ។ ពួកគេមានការប្រុងប្រយ័ត្នចំពោះបងប្អូន។ នៅពេលដែលពួកជំនុំរៀបចំឱ្យពួកគេបំពេញភារកិច្ច ពួកគេចេះតែគេចវេះ និងរុញចេញម្ដងហើយម្ដងទៀត ដោយបង្ហាញភាពអសកម្មយ៉ាងខ្លាំង។ កាលពីមុន ពួកគេចូលរួមការជួបជុំទៀងទាត់ ប៉ុន្តែបន្ទាប់ពីបានឮពាក្យសម្ដីទាំងនោះ ការចូលរួមរបស់ពួកគេក្លាយជាជួនទៅជួនអត់ គឺពួកគេមកនៅពេលដែលពួកគេមានអារម្មណ៍ល្អ ប៉ុន្តែមិនមកទេនៅពេលដែលពួកគេមិនសប្បាយចិត្ត។ ប្រសិនបើមានរឿងមិនល្អកើតឡើងនៅផ្ទះ ពួកគេបារម្ភថាអាចនឹងមានមហន្តរាយកើតឡើង ដូច្នេះពួកគេចូលរួមការជួបជុំកាន់តែច្រើន និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន។ ប្រសិនបើពួកគេរំភើប សប្បាយចិត្ត និងរំជួលចិត្ត បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេថែមទាំងថ្វាយប្រាក់ខ្លះទៀតផង។ ប៉ុន្តែនៅពេលដែលអ្វីៗស្ងប់ស្ងាត់នៅផ្ទះ ពួកគេក៏ឈប់ចូលរួមការជួបជុំម្ដងទៀត។ នៅពេលដែលបងប្អូនប្រុសស្រីព្យាយាមប្រកបគ្នាជាមួយពួកគេ ដោយសង្ឃឹមថានឹងជួយគាំទ្រពួកគេ ពួកគេរកលេសដើម្បីបដិសេធ ហើយនៅពេលដែលបងប្អូនប្រុសស្រីទៅផ្ទះរបស់ពួកគេ ពួកគេមិនបើកទ្វារឱ្យទេ សូម្បីតែពេលពួកគេនៅផ្ទះច្បាស់ក្រឡែតក៏ដោយ។ តើមានរឿងអ្វីកើតឡើងនៅត្រង់នេះ? គឺពួកគេបានទទួលរងឥទ្ធិពលពីពាក្យសម្ដីអវិជ្ជមានទាំងនោះ ពួកគេត្រូវបានបំពុល និងជឿថា អ្នកជឿលើព្រះជាម្ចាស់មិនអាចទុកចិត្តបានឡើយ។ ដំបូងឡើយ ពួកគេទុកចិត្តមនុស្សទាំងនេះខ្លាំងណាស់ ហើយនៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះគឺជាបងប្អូនប្រុសស្រីរបស់ខ្ញុំ នេះគឺជាដំណាក់របស់ព្រះជាម្ចាស់ ពិតជាអស្ចារ្យណាស់!» ប៉ុន្តែបន្ទាប់ពីពួកគេបានឮពាក្យសម្ដីអវិជ្ជមានដែលត្រូវបានផ្សព្វផ្សាយដោយមនុស្សមួយចំនួន ពួកគេបានផ្លាស់ប្ដូរ។ តើពួកគេមិនទទួលរងឥទ្ធិពលទេឬ? តើការចូលទៅក្នុងជីវិតរបស់ពួកគេមិនត្រូវបានខូចខាតទេឬ? (មែនហើយ។) តើនរណាជាអ្នកជះឥទ្ធិពលលើពួកគេ? គឺមនុស្សដែលបញ្ចេញភាពអវិជ្ជមាន ជាអ្នកដែលនិយាយពាក្យសម្ដីទាំងនោះ។ ប្រសិនបើនរណាម្នាក់មិនទាន់បានចាក់គ្រឹះរឹងមាំនៅក្នុងផ្លូវពិត ឬមិនទាន់បានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់កម្រិតដែលពួកគេយល់សេចក្ដីពិតទេនោះ ពួកគេអាចទទួលរងឥទ្ធិពលពីរឿងអវិជ្ជមានយ៉ាងងាយស្រួល។ និងជាពិសេស អស់អ្នកដែលគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិត ប៉ុន្តែគ្រាន់តែមើលនិន្នាការ អង្កេតស្ថានការណ៍ និងមើលបាតុភូតខាងក្រៅ ពួកគេកាន់តែងាយនឹងត្រូវបានអូសទាញដោយពាក្យពេចន៍អវិជ្ជមាន។ ជាពិសេស នៅពេលដែលពួកគេបានឮមនុស្សនិយាយសេចក្ដីខុសទំនងដូចជា៖ «ដំណាក់របស់ព្រះជាម្ចាស់មិនប្រាកដថាយុត្តិធម៌ទេ ហើយមិនមែនអ្វីៗទាំងអស់ដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើ សុទ្ធតែវិជ្ជមាននោះឡើយ» នោះការប្រុងប្រយ័ត្នរបស់ពួកគេកាន់តែខ្លាំងឡើង។ សេចក្ដីថ្លែងដែលស្របតាមសេចក្ដីពិត មិនតែងតែងាយនឹងត្រូវបានទទួលយកភ្លាមៗនោះទេ ប៉ុន្តែសេចក្ដីថ្លែងអវិជ្ជមាន សេចក្ដីថ្លែងខុសទំនង សេចក្ដីថ្លែងដែលផ្ទុយនឹងសេចក្ដីពិត គឺងាយនឹងចាក់ឫសនៅក្នុងចិត្តរបស់មនុស្សណាស់ ហើយការដកវាចេញគឺមិនងាយស្រួលឡើយ។ វាពិតជាពិបាកណាស់សម្រាប់មនុស្សក្នុងការទទួលយកសេចក្ដីពិត ហើយងាយស្រួលណាស់សម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីខុសទំនង!
មនុស្សមួយចំនួនដែលមានភាពជាមនុស្សអាក្រក់ ផ្ដល់សារៈសំខាន់យ៉ាងខ្លាំងលើកិត្តិនាម កេរ្តិ៍ឈ្មោះ ការសោយសុខខាងសាច់ឈាម ព្រមទាំងទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅពេលដែលកេរ្តិ៍ឈ្មោះ ឋានៈ និងផលប្រយោជន៍ផ្ទាល់របស់ពួកគេទទួលរងការខាតបង់ ពួកគេមិនទទួលយករឿងនេះពីព្រះជាម្ចាស់ ឬទទួលយកមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេឡើយ ហើយពួកគេមិនអាចលះបង់របស់ទាំងនេះ និងមិនអាចមិនខ្វល់ពីការចំណេញ និងការខាតបង់ផ្ទាល់ខ្លួនបានទេ។ ផ្ទុយទៅវិញ ពួកគេប្រើឱកាសផ្សេងៗដើម្បីបញ្ចេញការមិនពេញចិត្ត និងការមិនស្ដាប់បង្គាប់ ហើយបញ្ចេញអារម្មណ៍អវិជ្ជមានរបស់ពួកគេ ដែលបណ្តាលឱ្យមនុស្សមួយចំនួនរងទុក្ខយ៉ាងខ្លាំងជាលទ្ធផល។ ហេតុដូច្នេះហើយ នៅពេលដែលមនុស្សបែបនេះបញ្ចេញភាពអវិជ្ជមាន អ្នកដឹកនាំពួកជំនុំត្រូវតែក្ដាប់បានស្ថានការណ៍ជាបន្ទាន់ ហើយបញ្ឈប់ និងរឹតត្បិតមនុស្សទាំងនោះឱ្យទាន់ពេលវេលា។ ជាការពិតណាស់ អ្នកដឹកនាំពួកជំនុំក៏គួរតែលាតត្រដាងមនុស្សទាំងនោះយ៉ាងសកម្ម ហើយប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីរបៀបញែកដឹងពីពួកគេ និងមូលហេតុដែលពួកគេនិយាយពាក្យសម្ដីអវិជ្ជមាន និងខុសទំនងទាំងនេះ ព្រមទាំងរបៀបប្រព្រឹត្ត និងញែកដឹងពីពាក្យទាំងនេះ ដើម្បីការពារខ្លួនកុំឱ្យត្រូវពួកគេបំភាន់ និងធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ វាចាំបាច់ត្រូវតែអាចញែកដឹង និងវែកញែកមនុស្សបែបនេះ ហើយតាមរយៈនោះ អាចជៀសវាង និងបដិសេធពួកគេ ហើយលែងត្រូវបានពួកគេបំភាន់ទៀត។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំពួកជំនុំគួរតែធ្វើ។ ជាការពិតណាស់ ប្រសិនបើបងប្អូនប្រុសស្រីសាមញ្ញ រកឃើញមនុស្សបែបនេះ ហើយញែកដឹងពីសារជាតិមនុស្សជាតិរបស់ពួកគេ ពួកគេក៏គួរតែនៅឱ្យឆ្ងាយពីមនុស្សទាំងនោះដែរ។ ប្រសិនបើអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទាស់ទទឹង ឬគ្មានកម្ពស់ដើម្បីគាំទ្រ ជួយ និងផ្លាស់ប្ដូរពួកគេ ហើយអ្នកមានអារម្មណ៍ថា អ្នកមិនអាចទប់ទល់នឹងពាក្យសម្ដីអវិជ្ជមានរបស់ពួកគេ និងពាក្យពេចន៍នៃការមិនពេញចិត្ត និងការមិនស្ដាប់បង្គាប់របស់ពួកគេបានទេ វិធីសាស្ត្រដ៏ល្អបំផុតគឺត្រូវនៅឱ្យឆ្ងាយ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នករឹងមាំខ្លាំង មានកម្ពស់ខ្លះ ហើយអាចអនុវត្តការញែកដឹង និងនៅតែមិនទទួលរងឥទ្ធិពល មិនថានរណាម្នាក់និយាយអ្វីក៏ដោយ ហើយមិនថាភាពអវិជ្ជមានដែលពួកគេបញ្ចេញមានកម្រិតធ្ងន់ធ្ងរប៉ុនណាក៏ដោយ ក៏វានឹងមិនផ្លាស់ប្ដូរសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ដែរ ថាអ្នកអាចញែកដឹងពីមនុស្សបែបនេះ ហើយថាអ្នកក៏អាចលាតត្រដាង និងបញ្ឈប់ពួកគេ នៅពេលដែលពួកគេបញ្ចេញភាពអវិជ្ជមាន នោះអ្នកមិនចាំបាច់ជៀសវាង ឬប្រុងប្រយ័ត្នចំពោះមនុស្សបែបនេះទេ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនមានកម្ពស់បែបនេះទេ នោះផ្លូវ និងគោលការណ៍ដើម្បីដោះស្រាយជាមួយមនុស្សបែបនេះ គឺត្រូវនៅឱ្យឆ្ងាយពីពួកគេ។ តើរឿងនេះងាយសម្រេចបានដែរឬទេ? (ងាយមែន។) មនុស្សមួយចំនួននិយាយថា៖ «តើខ្ញុំអាចអត់ឱនឱ្យពួកគេ ស៊ូទ្រាំនឹងពួកគេ និងអភ័យទោសឱ្យពួកគេបានដែរឬទេ?» នោះក៏មិនអីដែរ ហើយវាមិនខុសទេ ប៉ុន្តែវាមិនមែនជាការអនុវត្តដ៏សំខាន់បំផុត ឬល្អបំផុតនោះឡើយ។ ឧបមាថា អ្នកស៊ូទ្រាំ អត់ឱន និងបណ្ដែតបណ្ដោយពួកគេ ហើយនៅទីបំផុត អ្នកត្រូវបានពួកគេបំភាន់ និងត្រូវបានអូសទាញឱ្យទៅខាងពួកគេ។ ហើយឧបមាថា មិនថាដំណាក់របស់ព្រះជាម្ចាស់ផ្គត់ផ្គង់ និងគាំទ្រអ្នកយ៉ាងណាក៏ដោយ ក៏អ្នកមិនមានអារម្មណ៍ដឹងដែរ ឬថានៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកតែងតែត្រូវបានអូសទាញដោយគំនិត និងពាក្យសម្ដីរបស់ពួកគេ ហើយគ្រាន់តែអ្នកនឹកឃើញអ្វីមួយដែលពួកគេបាននិយាយ ចិត្តគំនិតរបស់អ្នកក៏ទទួលរងឥទ្ធិពល ហើយអ្នកមិនអាចបន្តអានបានឡើយ។ ហើយនៅពេលដែលបងប្អូនប្រុសស្រីប្រកបគ្នាស្ដីពីការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត ជាពិសេសនៅពេលដែលពួកគេប្រកបគ្នាអំពីការញែកដឹងពាក្យសម្ដីរបស់មនុស្សបែបនេះ អ្នកត្រូវបានអូសទាញ និងទទួលរងឥទ្ធិពលពីពាក្យរបស់ពួកគេម្ដងទៀត ដែលបណ្តាលឱ្យចិត្តគំនិតរបស់អ្នកច្របូកច្របល់។ ប្រសិនបើមានករណីនេះ នោះអ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សបែបនេះ។ ការអត់ឱន និងការស៊ូទ្រាំរបស់អ្នកនឹងគ្មានប្រសិទ្ធភាពឡើយ ហើយមិនមែនជាវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនពីមនុស្សបែបនេះទេ។ ឧបមាថា ការអត់ឱន និងការស៊ូទ្រាំរបស់អ្នក មិនមែនជាអាកប្បកិរិយាខាងក្រៅដែលក្លែងបន្លំទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកពិតជាមានកម្ពស់គ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងមនុស្សបែបនេះ។ មិនថាពួកគេនិយាយអ្វីក៏ដោយ ទោះបីជាអ្នកមិននិយាយស្តីក៏ដោយ ក៏អ្នកនៅតែអាចញែកដឹងពីពួកគេនៅក្នុងចិត្តរបស់អ្នកបានដែរ អ្នកអាចអនុវត្តការអត់ធ្មត់ចំពោះពួកគេ និងមិនអើពើនឹងពួកគេ ប៉ុន្តែពាក្យពេចន៍អវិជ្ជមាន ឬពាក្យពេចន៍នៃការយល់ច្រឡំ និងការត្អូញត្អែរអំពីព្រះជាម្ចាស់ណាមួយដែលពួកគេនិយាយ នឹងមិនប៉ះពាល់ដល់សេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់សូម្បីបន្តិច ហើយវាក៏នឹងមិនប៉ះពាល់ដល់ភាពស្មោះត្រង់របស់អ្នកក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឬការចុះចូលរបស់អ្នកចំពោះព្រះជាម្ចាស់ដែរ។ ក្នុងករណីនោះ អ្នកអាចអត់ឱន និងស៊ូទ្រាំនឹងពួកគេបាន។ តើអ្វីជាគោលការណ៍នៃការអនុវត្តការអត់ឱន និងការស៊ូទ្រាំ? គឺការមិនរងគ្រោះ។ ចូរមិនអើពើនឹងពួកគេ ទុកឱ្យពួកគេនិយាយអ្វីដែលពួកគេចង់និយាយចុះ យ៉ាងណាមិញ មនុស្សបែបនេះគ្រាន់តែជាមនុស្សរករឿងគ្មានហេតុផល ហើយពួកគេជាមនុស្សរឹងរូសឥតអៀនខ្មាស។ មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនទទួលយកដែរ ពួកគេជារបស់ពួកអារក្ស និងសាតាំង ហើយវាគ្មានប្រយោជន៍ទេក្នុងការប្រកបគ្នាជាមួយពួកគេ។ ហេតុដូច្នេះហើយ មុនពេលដែលដំណាក់របស់ព្រះជាម្ចាស់បោសសម្អាតចេញ និងដោះស្រាយជាមួយពួកគេ ប្រសិនបើអ្នកមានកម្ពស់ដើម្បីអត់ឱន និងស៊ូទ្រាំនឹងពួកគេដោយមិនរងគ្រោះ នោះគឺល្អបំផុតហើយ។ តើជាធម្មតាអ្នករាល់គ្នាអនុវត្តគោលការណ៍នៃការអត់ឱន និងការស៊ូទ្រាំនេះដែរឬទេ? អ្នកទ្រាំទ្រនឹងមនុស្សគ្រប់ប្រភេទ ប៉ុន្តែជួនកាលអ្នកមិនប្រយ័ត្ន ហើយត្រូវបានបំភាន់បន្តិចបន្តួច បន្ទាប់មកអ្នកដឹងខ្លួន មានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់ អធិដ្ឋានមួយថ្ងៃពីរ និងផ្លាស់ប្ដូរសភាពរបស់អ្នកវិញ ហើយអ្នកកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់។ ពេលវេលាភាគច្រើន អ្នកអាចមើលឃើញយ៉ាងច្បាស់ថា មនុស្សបែបនេះមិនល្អទេ ហើយថាពួកគេជារបស់ពួកអារក្ស។ ទោះបីជាអ្នកអាចទាក់ទងជាមួយពួកគេជាធម្មតាក៏ដោយ ក៏ក្នុងចិត្តរបស់អ្នកនៅឆ្ងាយ និងស្អប់ខ្ពើមពួកគេដែរ។ មិនថាពួកគេនិយាយអ្វី ឬបញ្ចេញពាក្យសម្ដី និងទស្សនៈអវិជ្ជមានអ្វីក៏ដោយ អ្នកធ្វើមិនដឹងមិនឮ ដោយមិនអើពើនឹងវា ហើយគិតថា៖ «អ្នកចង់និយាយអ្វីក៏និយាយទៅ។ ខ្ញុំអាចញែកដឹងពីអ្នកបាន។ ខ្ញុំគ្រាន់តែមិនសេពគប់ជាមួយមនុស្សដូចជាអ្នកប៉ុណ្ណោះ»។ តើនេះគឺជាគោលការណ៍ដែលអ្នករាល់គ្នាអនុវត្តតាមនៅពេលវេលាភាគច្រើន នៅពេលដោះស្រាយបញ្ហាបែបនេះមែនទេ? ការសម្រេចបាននូវចំណុចនេះក៏មិនអាក្រក់ដែរ វាមិនងាយស្រួលទេ ហើយតម្រូវឱ្យមានការយល់ដឹងពីសេចក្ដីពិតខ្លះៗ និងមានកម្ពស់កម្រិតណាមួយ។ ប្រសិនបើអ្នកមិនទាំងមានកម្ពស់កម្រិតនេះផងនោះ អ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទេ ហើយអ្នកនឹងមិនបំពេញភារកិច្ចរបស់អ្នកបានល្អឡើយ។
៤. ការបញ្ចេញភាពអវិជ្ជមាន នៅពេលដែលបំណងប្រាថ្នាទទួលបានព្រះពររបស់ខ្លួនត្រូវបានបំផ្លាញ
ការបញ្ចេញភាពអវិជ្ជមាននៅមានការបង្ហាញចេញមួយបែបទៀត។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើខ្ញុំទទួលបានអ្វីខ្លះ?» នៅពេលដែលមនុស្សប្រភេទនេះបញ្ចេញភាពអវិជ្ជមាន ពាក្យសម្ដីសំខាន់ដែលពួកគេនិយាយគឺ «តើខ្ញុំទទួលបានអ្វីខ្លះ?» ដែលមានន័យថា ពួកគេមិនទទួលបានអ្វីសោះឡើយ។ ពួកគេជឿថា វាពិតជាលំបាកខ្លាំងណាស់ក្នុងការទទួលបានផលប្រយោជន៍ ឬព្រះពរខ្លះៗពីដំណាក់របស់ព្រះជាម្ចាស់ ឬពីព្រះជាម្ចាស់ ក្នុងពេលដែលជឿលើទ្រង់ ហើយថាមនុស្សត្រូវតែផ្ដល់នូវសេចក្ដីស្រឡាញ់យ៉ាងធំធេង និងមានការស៊ូទ្រាំយ៉ាងខ្លាំង ហើយមិនត្រូវប្រញាប់ចង់បានលទ្ធផលលឿននោះទេ។ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងមនុស្ស លួសកាត់មនុស្ស បន្សុទ្ធមនុស្ស និងជម្រះសេចក្ដីពុករលួយរបស់មនុស្ស ពួកគេជឿថា នេះគ្រាន់តែជាវោហារសាស្រ្តពីរោះរណ្ដំដែលល្អមើលតែសម្បកក្រៅ ដែលមិនអាចជឿទុកចិត្តបានទាំងស្រុងឡើយ។ ពួកគេគិតថា ប្រសិនបើពួកគេអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងរងការខាតបង់យ៉ាងធំធេងជាមិនខាន។ ពួកគេគិតថា ការទទួលបានផលប្រយោជន៍ និងអត្ថប្រយោជន៍ ព្រមទាំងការសម្រេចបាននូវសេចក្ដីប្រាថ្នា និងក្តីបំណងរបស់ខ្លួន គឺជារឿងសំខាន់បំផុតគ្រប់ពេលវេលា ហើយថាតើពួកគេអនុវត្តសេចក្ដីពិតឬអត់នោះ មិនមែនជារឿងសំខាន់ទាល់តែសោះ។ ពួកគេជឿថា ឱ្យតែពួកគេមិនប្រព្រឹត្តអាក្រក់ នោះគឺគ្រប់គ្រាន់ហើយ ហើយពួកគេនឹងមិនត្រូវបានពួកជំនុំជម្រុះចោលឡើយ។ តើមនុស្សភាគច្រើនមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮពាក្យពេចន៍អវិជ្ជមានទាំងនេះ? តើពួកគេយល់ស្រប និងគាំទ្រពាក្យពេចន៍ទាំងនេះនៅក្នុងចិត្ត ឬក៏ពួកគេមានអារម្មណ៍មើលងាយចំពោះពាក្យពេចន៍ទាំងនេះ ហើយគិតថាមនុស្សទាំងនេះអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ទុច្ចរិត និងស្មោកគ្រោក ហើយអាចញែកដឹង លាតត្រដាង និងដាក់កំហិតពួកគេ ដោយបញ្ឈប់ពួកគេមិនឱ្យបន្តផ្សាយភាពអវិជ្ជមាន និងសេចក្ដីស្លាប់ទៀត? តើមនុស្សភាគច្រើនមានអារម្មណ៍ស្អប់ខ្ពើម និងថ្កោលទោសពាក្យពេចន៍អវិជ្ជមានបែបនេះ ឬក៏ពួកគេអាចត្រូវបានបំភាន់ដោយសារពាក្យពេចន៍ទាំងនោះ ហើយក្លាយជាអវិជ្ជមានដែរឬទេ? មនុស្សមួយចំនួន បន្ទាប់ពីបានឮពាក្យពេចន៍ទាំងនេះ និងឃើញថាខ្លួនឯងមានដៃទទេ ក៏គិតថា៖ «នេះមិនមែនជារឿងពិតទេឬ! ខ្ញុំក៏មិនទទួលបានអ្វីសោះដែរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំគ្រាន់តែទទួលបានអាហារបីពេលក្នុងមួយថ្ងៃ ខ្ញុំរវល់គ្រប់ពេល ហើយខ្ញុំពិតជាមិនទទួលបានអ្វីផ្សេងទៀតសោះ»។ តើអ្នករាល់គ្នាមានគំនិតបែបនេះដែរឬទេ? តើអ្នករាល់គ្នាមានអារម្មណ៍ដូចគ្នានេះដែរឬទេ? អស់អ្នកដែលយល់សេចក្ដីពិតនឹងនិយាយថា៖ «តើអ្នកមានន័យថាម៉េចដែលថាអ្នកមិនទទួលបានអ្វីសោះនោះ? ពួកយើងទទួលបានច្រើនណាស់ពីព្រះជាម្ចាស់! ពួកយើងបានយល់សេចក្ដីពិតជាច្រើន!» ប៉ុន្តែមនុស្សមួយចំនួនអាចនឹងមិនយល់ស្របជាមួយពួកគេ ដោយនិយាយថា៖ «ការនិយាយថាពួកយើងទទួលបាន ‹ច្រើនណាស់› ហាក់ដូចជាមិនសូវជាក់ស្ដែងទេ។ ពួកយើងគ្រាន់តែទទួលបានព្រះគុណបន្តិចបន្តួច ទទួលបានឱកាសខ្លះដើម្បីបំពេញភារកិច្ចរបស់ខ្លួន យល់គោលលទ្ធិមួយចំនួនអំពីរបៀបប្រព្រឹត្តខ្លួន បានជួប និងបានស្គាល់បងប្អូនប្រុសស្រីជាច្រើនមកពីកន្លែងផ្សេងៗគ្នា និងបានបើកទូលាយនូវការយល់ដឹងរបស់យើងបានច្រើន។ នេះរាប់ថាបានទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ»។ តើអ្នករាល់គ្នាស្ថិតនៅក្នុងចំណោមប្រភេទណាមួយនៃប្រភេទទាំងនេះ? មានមនុស្សនៅក្នុងគ្រប់ប្រភេទទាំងនេះ មែនទេ? (មែនហើយ។) យើងនឹងពិភាក្សារឿងនេះពីជ្រុងចំនួនពីរ។ ទីមួយ ចូរនិយាយអំពីថាតើមានរឿងអ្វីកើតឡើងចំពោះអស់អ្នកដែលតែងតែជឿលើព្រះជាម្ចាស់ ដើម្បីតែទទួលបានព្រះគុណ តើពួកគេជឿលើព្រះជាម្ចាស់ដើម្បីដេញតាមការទទួលបានសេចក្ដីពិត ដើម្បីឱ្យពួកគេអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? (អត់ទេ ពួកគេជឿដើម្បីតែទទួលបានព្រះពរ។) បើដូច្នេះ តើព្រះជាម្ចាស់បានប្រទានព្រះគុណ ការការពារ ការប្រោសប្រណី ការបំភ្លឺ និងការស្រាយបំភ្លឺដល់ពួកគេតិចតួចមែនទេ? (ព្រះជាម្ចាស់បានប្រទានរបស់ទាំងនេះដល់ពួកគេច្រើនណាស់។) អាចនិយាយបានថា មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ សុទ្ធតែបានទទួលការការពារពីព្រះជាម្ចាស់។ តើការការពាររបស់ព្រះជាម្ចាស់មានលក្ខណៈជាក់ស្ដែងដែរឬទេ? តើមានឧទាហរណ៍ជាក់ស្ដែងក្នុងជីវិតមួយចំនួនអំពីរឿងនេះដែរឬទេ? តើមនុស្សបានទទួលការការពារបែបណាខ្លះ? (ប្រភេទមួយដែលឃើញច្បាស់លាស់គួរសម គឺថាបន្ទាប់ពីជឿលើព្រះជាម្ចាស់ហើយ យើងលែងរងឥទ្ធិពលពីនិន្នាការដ៏ទុច្ចរិតរបស់ពិភពលោកទៀតហើយ។ យើងមិនធ្លាក់ទៅក្នុងភាពចុះអាប់ឱន ឬដេញតាមរបស់ដ៏ទុច្ចរិតទាំងនោះ ដូចជាការទៅក្លឹបកម្សាន្តរាត្រី ការជក់បារី ការផឹកស្រា និងអ្វីៗផ្សេងទៀតឡើយ។ យ៉ាងហោចណាស់ យើងមិនពាក់ព័ន្ធនឹងរបស់ទាំងនេះទេ ហើយខ្ញុំជឿថាយើងត្រូវបានការពារយ៉ាងខ្លាំងនៅក្នុងទិដ្ឋភាពនេះ។) នេះគឺជាទិដ្ឋភាពដ៏ជាក់ស្ដែងបំផុតមួយ ដែលមនុស្សអាចមើលឃើញ និងដកពិសោធដោយផ្ទាល់បាន។ ការមិនរងឥទ្ធិពល និងមិនត្រូវបានបំភាន់ដោយនិន្នាការដ៏ទុច្ចរិតរបស់ពិភពលោក ការរស់នៅដូចជាមនុស្ស និងការរស់នៅក្នុងភាពជាមនុស្សធម្មតាដែលមានលក្ខណៈជាមនុស្ស នេះគឺជាឧទាហរណ៍ និងជាភស្តុតាងជាក់ស្ដែងនៃការការពាររបស់ព្រះជាម្ចាស់។ តើមានទៀតទេ? (ការមិនត្រូវបានរំខានដោយវិញ្ញាណអាក្រក់ និងអាចរស់នៅក្រោមការការពាររបស់ព្រះជាម្ចាស់។) នេះក៏ជាឧទាហរណ៍ជាក់ស្ដែងមួយដែរ។ តើមនុស្សភាគច្រើនធ្លាប់មានបទពិសោធនេះដែរឬទេ? តើអ្នករាល់គ្នាអាចយល់ពីអត្ថន័យនៅក្នុងរឿងនេះបានដែរឬទេ? មនុស្សមួយចំនួននិយាយថា៖ «អ្នកគ្មានជំនឿក៏មិនត្រូវបានរំខានដោយវិញ្ញាណអាក្រក់ដែរ។ តើមានអ្នកគ្មានជំនឿប៉ុន្មាននាក់ទៅដែលត្រូវបានរំខានដោយវិញ្ញាណអាក្រក់នោះ?» តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? តើអ្នករាល់គ្នាមានអារម្មណ៍ថាសេចក្ដីថ្លែងនេះស្របទៅតាមការពិតដែរឬទេ? (មិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួនធំត្រូវបានរំខានដោយវិញ្ញាណអាក្រក់។ អ្នកខ្លះជួបប្រទះនឹងការដេកត្រូវខ្មោចសង្កត់ ហើយអ្នកខ្លះទៀតឮសំឡេងផ្សេងៗ។ ពួកគេមិនជឿលើព្រះជាម្ចាស់ទេ ហើយក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរ។ ពួកគេស្វែងរកការព្យាបាលនៅគ្រប់ទីកន្លែង ប៉ុន្តែមិនអាចព្យាបាលរឿងនេះបានឡើយ ពួកគេរស់នៅក្នុងភាពភ័យខ្លាច និងរន្ធត់ វាពិតជាឈឺចាប់ណាស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្ញុំបានជឿលើព្រះជាម្ចាស់តាំងពីកុមារភាពមក ខ្ញុំមិនដែលត្រូវបានរំខាន ឬរងទុក្ខតាមរបៀបនេះឡើយ។ ភាគច្រើន ចិត្តរបស់ខ្ញុំមានអារម្មណ៍ថានឹងនរ និងសុខសាន្តគួរសម។) អ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដ មិនមានការព្រួយបារម្ភនេះទេ។ យើងមិនបារម្ភអំពីការកើតជំងឺសរសៃប្រសាទ ឬអំពីការត្រូវបានរំខាន ឬចូលសណ្ឋិតដោយវិញ្ញាណអាក្រក់ឡើយ យើងមិនភ័យខ្លាចទេ ព្រោះយើងមានព្រះជាម្ចាស់។ មួយវិញទៀត នៅក្នុងជីវិតជាក់ស្ដែង អ្នកគ្មានជំនឿតែងតែនិយាយអំពីការទាយតាមទម្រង់មុខ ហុងស៊ុយ និងការទស្សន៍ទាយ ហើយនៅលោកខាងលិច ថែមទាំងមានហោរាសាស្ត្រទៀតផង។ មនុស្សមួយចំនួនថ្វាយបង្គំព្រះពុទ្ធរូបល្បីៗ វិញ្ញាណអាក្រក់ និងរូបព្រះ ហើយខ្លះទៀតមិនថ្វាយបង្គំទេ ប៉ុន្តែទោះបីជាពួកគេថ្វាយបង្គំឬអត់ក៏ដោយ ក៏ពួកគេសុទ្ធតែរងឥទ្ធិពល និងការដាក់កំហិតពីរបស់ទាំងនេះក្នុងកម្រិតណាមួយដែរ។ ឧទាហរណ៍៖ មុនពេលចេញពីផ្ទះ ពួកគេត្រូវប្រមើលមើលបន្តិចថា តើទិសណាមានលាភល្អ និងទិសណាអពមង្គល។ នៅពេលបើកហាង ពួកគេមើលថា តើត្រូវដាក់តុគិតលុយនៅទីតាំងណាទើបអាចរកលុយបាន និងទីតាំងណារកលុយមិនបាន តើត្រូវដាក់របស់អ្វីខ្លះនៅក្នុងហាង និងត្រូវថ្វាយបង្គំរូបព្រះអ្វីខ្លះដើម្បីនាំលាភ ហើយតើត្រូវដាក់របស់មួយចំនួននៅកន្លែងណា ដើម្បីកុំឱ្យឆុងហុងស៊ុយ។ នៅពេលរើផ្ទះ ពួកគេត្រូវតែមើលថាពេលវេលាណាដែលមានលាភល្អដើម្បីរើ ដើម្បីធានាថាគ្រួសារនឹងរុងរឿងនៅថ្ងៃអនាគត និងមិនមានរឿងអកុសលកើតឡើង ព្រមទាំងមើលថាពេលវេលាណាដែលអពមង្គល។ សូម្បីតែសិស្សក៏រងឥទ្ធិពលពីជំនឿទាំងនេះដែរ នៅពេលពួកគេប្រឡងចូលរៀន។ នៅថ្ងៃប្រឡង ពួកគេចៀសវាងនិយាយពាក្យពេចន៍ដែលបង្កប់ន័យថាធ្លាក់ ហើយត្រូវនិយាយពាក្យពេចន៍ដូចជា «ជាប់» និង «ជោគជ័យ» ជំនួសវិញ។ គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ចាប់តាំងពីកូនៗចូលរៀន រហូតដល់ឪពុកម្ដាយរស់នៅក្នុងជីវិតប្រចាំថ្ងៃ ការរកលុយ ការរើផ្ទះ ការរកការងារធ្វើ ព្រមទាំងអាពាហ៍ពិពាហ៍របស់កូនៗ និងអ្វីៗផ្សេងទៀត សុទ្ធតែរងឥទ្ធិពលពីអ្វីដែលគេហៅថា ហុងស៊ុយ និងជោគជតារាសី ក្នុងចំណោមគំនិតផ្សេងៗទៀត។ ដូច្នេះ នៅពេលដែលមនុស្សរងឥទ្ធិពលពីរបស់ទាំងនេះ តើពួកគេកំពុងត្រូវបានដាក់កំហិតដោយអ្វី? ពួកគេកំពុងត្រូវបានដាក់កំហិតដោយវិញ្ញាណអាក្រក់ របស់ទាំងនេះសុទ្ធតែត្រូវបានត្រួតត្រាដោយវិញ្ញាណអាក្រក់។ ចុះហេតុអ្វីបានជាមនុស្សថ្វាយបង្គំវិញ្ញាណអាក្រក់ទាំងនោះ? ហេតុអ្វីបានជាពួកគេរងឥទ្ធិពលពីរបស់ទាំងនេះ? ចំពោះរឿងដ៏សាមញ្ញដូចជាការរើផ្ទះ ហេតុអ្វីបានជាមនុស្សត្រូវតែសញ្ជឹងគិតជានិច្ចថា តើពេលវេលាណាដែលមានលាភល្អដើម្បីរើ និងពេលវេលាណាដែលអពមង្គល តើរបស់មានលាភល្អអ្វីដែលត្រូវរើមុនគេ និងរបស់មានលាភល្អអ្វីដែលមិនត្រូវរើ? ហេតុអ្វីបានជាពួកគេត្រូវតែគិតគូរពីរឿងទាំងនេះជានិច្ច? ពួកគេត្រូវតែគិតគូរពីរឿងទាំងនេះ ពីព្រោះប្រសិនបើពួកគេមិនគិតគូរទេ វិញ្ញាណអាក្រក់នឹងធ្វើការ ដោយធ្វើទុក្ខបុកម្នេញ និងធ្វើទារុណកម្មពួកគេ។ តើអ្នករាល់គ្នាមើលឃើញអ្វីពីរឿងទាំងនេះ? មនុស្សជាតិទាំងមូលរស់នៅក្រោមការត្រួតត្រារបស់ពួកអាក្រក់។ តើពួកអាក្រក់ជានរណា? ពួកអាក្រក់ធំៗគឺសាតាំង និងពួកអារក្ស ហើយពួកអាក្រក់តូចៗគឺជាវិញ្ញាណអាក្រក់នៅកន្លែងផ្សេងៗគ្នា ដែលត្រួតត្រាពូជសាសន៍ផ្សេងៗគ្នានៃមនុស្ស។ គ្រប់ទិដ្ឋភាពនៃជីវិតមនុស្ស ត្រូវបានដាក់កំហិត និងត្រួតត្រាដោយវិញ្ញាណអាក្រក់ទាំងនេះ។ សូម្បីតែនៅពេលសង់ផ្ទះ ក្នុងអំឡុងពេលលើកធ្នឹម មនុស្សព្យួរក្រណាត់ក្រហម និងដុតផាវដើម្បីឱ្យមានសិរីសួស្ដីបន្តិចបន្តួច ហើយកម្មករសំណង់សុទ្ធតែពាក់អាវក្រហម ដើម្បីនាំមកនូវការរកស៊ីមានបាន និងដើម្បីចៀសវាងគ្រោះថ្នាក់។ រឿងទាំងនេះសុទ្ធតែមានសេចក្ដីតម្រូវ និងការនិយាយតៗគ្នាជាក់លាក់មួយចំនួន ព្រមទាំងត្រណមផងដែរ ហើយពួកគេត្រូវតែជៀសវាងត្រណម និងធ្វើតាមការនិយាយតៗគ្នាទាំងនេះ។ ឧទាហរណ៍៖ មនុស្សមួយចំនួនតែងតែជួបប្រទះការលំបាក និងរឿងរ៉ាវមិនរលូនសម្រាប់ពួកគេ ពួកគេបាត់បង់ការងារ ប្រពន្ធរត់ចោល ហើយពួកគេគ្មានសល់អ្វីនៅក្នុងផ្ទះឡើយ។ ពួកគេមិនទាំងអាចសងប្រាក់កម្ចីទិញផ្ទះផង ហើយហាក់ដូចជាគ្មានអ្វីល្អសោះ។ ពួកគេមិនបានធ្វើអ្វីអាក្រក់ទេ ចុះហេតុអ្វីបានជារឿងទាំងនេះកើតឡើងចំពោះពួកគេ? ដោយគ្មានជម្រើសអ្វីផ្សេង ពួកគេក៏ងាកទៅថ្វាយបង្គំព្រះក្លែងក្លាយ និងវិញ្ញាណអាក្រក់ ឬប្រញាប់ស្វែងរកនរណាម្នាក់ដើម្បីមើលហុងស៊ុយឱ្យពួកគេ ដើម្បីកែរាសី ហើយបន្ទាប់ពីធ្វើដូច្នេះហើយ អ្វីៗក៏ចាប់ផ្ដើមល្អប្រសើរសម្រាប់ពួកគេបន្តិចម្ដងៗ។ ពីមុនពួកគេមិនបានជឿលើរឿងទាំងនេះទេ ប៉ុន្តែឥឡូវនេះ នៅពេលដែលមានបញ្ហាកើតឡើង ពួកគេថ្វាយបង្គំព្រះក្លែងក្លាយ និងវិញ្ញាណអាក្រក់ដោយស្មោះអស់ពីចិត្ត ហើយមុនពេលពួកគេធ្វើអ្វីមួយ ពួកគេត្រូវតែទៅសាកសួរគ្រូទាយ ឬទស្សន៍ទាយជាមុនសិន។ តើការរស់នៅបែបនេះហត់នឿយដែរឬទេ? (ហត់នឿយ។) វាពិតជាហត់នឿយណាស់! ទោះបីជាពួកគេចង់ក៏ដោយ ក៏ពួកគេមិនអាចរស់នៅដោយសេរី និងស្រួលចិត្ត ឬគេចផុតពីការដាក់កំហិតនៃការនិយាយតៗគ្នា និងច្បាប់ទម្លាប់ទាំងនេះបានឡើយ។ ប្រសិនបើពួកគេបំពានច្បាប់ទម្លាប់ទាំងនេះ វិញ្ញាណអាក្រក់នឹងធ្វើការ និងរំខានពួកគេ ហើយពួកគេត្រូវបានវិញ្ញាណអាក្រក់ទាំងនោះបង្ក្រាបដោយបង្ខំ និងត្រូវតែថ្វាយបង្គំពួកវាជារៀងរាល់ថ្ងៃ ដើម្បីឱ្យជីវិតរបស់ពួកគេដំណើរការទៅដោយរលូន។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលជឿលើព្រះជាម្ចាស់ មិនត្រូវបានដាក់កំហិតដោយអបិយជំនឿសក្តិភូមិទាំងនេះ ឬកិច្ចការរបស់វិញ្ញាណអាក្រក់ឡើយ។ ពួកគេអាចរើផ្ទះ ឬទៅណាមកណាបានតាមចិត្ត ដោយមិនចាំបាច់ជៀសវាងត្រណមអ្វីឡើយ។ នៅប្រទេសចិនដីគោក គណបក្សកុម្មុយនីស្តតែងតែគាបសង្កត់ និងធ្វើទុក្ខបុកម្នេញជំនឿសាសនា។ ប្រសិនបើអ្នកជឿម្នាក់លែងអាចរស់នៅកន្លែងណាមួយបាន ពួកគេត្រូវតែរើចេញជាបន្ទាន់ តើពួកគេត្រូវការរើសថ្ងៃ ឬម៉ោងមានលាភល្អសម្រាប់រឿងនេះ ឬថ្វាយបង្គំអ្វីមួយដែរឬទេ? មិនត្រូវការឡើយ។ ពួកគេអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ការពារពួកគេ។ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ គឺពួកគេមិនត្រូវបានដាក់កំហិតដោយរបស់ទាំងនេះឡើយ។ នៅពេលណាដែលពួកគេចង់ហូបអ្វីមួយ ឬចេញពីផ្ទះ តើពួកគេត្រូវការមើលប្រតិទិនហោរាសាស្រ្ត ឬមើលថាតើវាប៉ះត្រណមដែរឬទេ? មិនត្រូវការទេ ពួកគេអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សរស់នៅក្រោមការត្រួតត្រា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដោយមានការការពារ និងការណែនាំពីព្រះជាម្ចាស់ វិញ្ញាណអាក្រក់ និងវិញ្ញាណស្មោកគ្រោក ទាំងធំទាំងតូច ត្រូវបានផាត់ចេញឱ្យនៅឆ្ងាយ ពួកវាមិនហ៊ានធ្វើអ្វីចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់ឡើយ។ តើមនុស្សទាំងនេះមិនត្រូវបានការពារទេឬ? តើពួកគេមិនរស់នៅដោយសេរី និងសុខស្រួលទេឬ? (មែនហើយ។) តើព្រះគុណនេះធំធេងដែរឬទេ? (ធំធេង។) មិនថាអ្នកទទួលបានសេចក្ដីពិតហើយឬនៅនោះទេ ឱ្យតែអ្នកគឺជាមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះ អ្នកគឺជាមនុស្សដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន និងជ្រើសរើស ហើយនៅពេលដែលអ្នកមកចំពោះព្រះជាម្ចាស់ ទ្រង់ការពារអ្នកបែបនេះ ដោយអនុញ្ញាតឱ្យអ្នករីករាយនឹងព្រះគុណបែបនេះ។ នេះគឺជាព្រះគុណដ៏ធំធេងណាស់! សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក និងរាល់ការធ្វើដំណើររបស់អ្នក ត្រូវបានរក្សាឱ្យមានសុវត្ថិភាព និងមានការធានា ព្រះជាម្ចាស់ទទួលខុសត្រូវចំពោះរឿងទាំងនេះ និងការពារអ្នក ដូច្នេះ អ្នកមិនចាំបាច់បារម្ភឡើយ។ ភាគច្រើន មនុស្សមិនទាំងអធិដ្ឋាន ឬគិតនៅក្នុងចិត្តដោយដឹងខ្លួនថា៖ «ខ្ញុំនឹងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលសុំឱ្យព្រះជាម្ចាស់ការពារខ្ញុំ។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ ហើយគ្មានរឿងអាក្រក់កើតឡើង» នោះផង។ អ្នកមិនទាំងចាំបាច់អធិដ្ឋានផង។ ឱ្យតែអ្នកមានជំនឿសាមញ្ញនៅក្នុងចិត្តរបស់អ្នកថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់» នោះព្រះជាម្ចាស់នឹងធ្វើការ។ មនុស្សរីករាយនឹងព្រះគុណដ៏ធំធេងបែបនេះពីព្រះជាម្ចាស់ តើនេះទទួលបានតិចតួចមែនទេ? (វាគឺទទួលបានច្រើនណាស់។) ព្រះជាម្ចាស់គឺជាម្ចាស់តែមួយអង្គគត់នៅក្នុងពិភពលោក។ ជីវិតរបស់អ្នក និងអ្វីៗគ្រប់យ៉ាងដែលអ្នកមាន ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងព្រះហស្ដរបស់ម្ចាស់អង្គនេះ ចិត្តរបស់អ្នកមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ត នឹងនរ និងស្ងប់សុខ ហើយអ្នកមិនចាំបាច់បារម្ភអំពីអ្វីឡើយ។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុនណា ឬអ្នកយល់សេចក្ដីពិតច្រើនប៉ុនណានោះទេ អ្នកអាចប្រាកដក្នុងចិត្តទាំងស្រុងអំពីរឿងនេះ។ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់មានកន្លែងសម្រាប់ទ្រង់នៅក្នុងចិត្តរបស់ពួកគេ និងយល់សេចក្ដីពិត នោះវិញ្ញាណអាក្រក់មិនហ៊ានរំខាន បំផ្លាញ ឬចូលមកជិតពួកគេឡើយ។ ជាលទ្ធផល អ្នកជឿមិនចាំបាច់ចូលរួមក្នុងដំណើរការដែលមិនចាំបាច់ទាំងនោះឡើយ។ នេះគឺជាព្រះគុណដ៏ធំធេងណាស់ តើអ្នកនៅតែអាចនិយាយថា អ្នកមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់បានដោយរបៀបណា? តើអ្នកមិនខ្វះមនសិការទេឬ? ដោយមិនបាច់មើលអ្វីផ្សេងទៀត គ្រាន់តែអះអាងថាខ្លួនមិនទទួលបានអ្វីសោះតែមួយមុខ ក៏បង្ហាញពីការខ្វះមនសិការទាំងស្រុងរបស់មនុស្សម្នាក់នោះទៅហើយ ហើយវាបង្ហាញថាមនសិការរបស់គេគឺអាក្រក់ទាំងស្រុង មិនចាំបាច់និយាយអ្វីបន្ថែមទៀតអំពីផ្នែកដែលនៅសល់ឡើយ។
ព្រះជាម្ចាស់ប្រទានសេចក្ដីពិត និងជីវិតដល់មនុស្សដោយឥតគិតថ្លៃ ដោយផ្គត់ផ្គង់ព្រះបន្ទូលរបស់ទ្រង់ដល់មនុស្ស ដោយមិនទាមទារអ្វីមកវិញឡើយ។ ទោះបីជាមនុស្សអាចមានអារម្មណ៍ថាកម្ពស់របស់ពួកគេនៅមិនទាន់ដឹងក្ដីនៅឡើយ ថាពួកគេមិនទាន់យល់សេចក្ដីពិតបានច្រើន ហើយថាពួកគេមិនអាចសម្ដែងចេញឱ្យបានច្បាស់លាស់អំពីអ្វីបន្តិចបន្តួចដែលពួកគេយល់ក៏ដោយ ក៏គ្រាន់តែរបស់ទាំងនេះដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ព្រមទាំងព្រះហឫទ័យ និងសេចក្ដីស្រឡាញ់នេះ គឺជាព្រះគុណដ៏ធំធេងណាស់ទៅហើយ! ព្រះជាម្ចាស់បានប្រទានរបស់ដ៏មានតម្លៃបំផុតដល់មនុស្ស មនុស្សបានទទួលរបស់ដ៏មានតម្លៃបំផុតនៅក្នុងពិភពលោកពីព្រះជាម្ចាស់។ មិនថាអ្នកធ្លាប់មានអារម្មណ៍ដឹង ឬអត់នោះទេ ក៏ព្រះជាម្ចាស់បានប្រទានរបស់ទាំងនេះដល់មនុស្សរួចហើយ។ តើមនុស្សនៅមានអ្វីត្រូវត្អូញត្អែរទៀត? តើពួកគេសមនឹងទទួលបានរបស់ទាំងនេះដែរឬទេ? អស់អ្នកដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើស គឺជាមនុស្សដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោក។ អ្នកត្រូវបានព្រះជាម្ចាស់ជ្រើសរើស និងរើសតាំង អ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានសុភមង្គល និងសំណាងបំផុតនៅក្នុងពិភពលោក។ តើអ្នកអាចនិយាយថា អ្នកមិនទទួលបានអ្វីសោះបានដោយរបៀបណា? អ្នកបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានសុភមង្គល និងសំណាងបំផុត ដោយសារតែព្រះជាម្ចាស់បានជ្រើសរើស និងរើសតាំងអ្នក ហេតុដូច្នេះហើយ វិញ្ញាណអាក្រក់ និងវិញ្ញាណស្មោកគ្រោកមិនហ៊ានចូលមកជិតអ្នកឡើយ។ មនុស្សមួយចំនួនសួរថា៖ «តើនេះមានន័យថា ឋានៈ និងអត្តសញ្ញាណរបស់ខ្ញុំបានក្លាយជាខ្ពង់ខ្ពស់មែនទេ?» តើអាចនិយាយបែបនេះបានដែរឬទេ? មិនអាចទេ ពីព្រោះរឿងនេះកើតឡើងដោយសារតែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ មនុស្សទទួលបានច្រើនណាស់! គ្រាន់តែនៅក្នុងជីវិតនេះតែមួយមុខ មនុស្សទទួលបានច្រើនណាស់ទៅហើយ តើមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចម្ដេចទៅ ដើម្បីទទួលបានរបស់ទាំងអស់នេះ? អ្នកជឿលើព្រះជាម្ចាស់មួយចំនួនមិនដេញតាមសេចក្ដីពិតទាល់តែសោះ ហើយនៅតែបន្តនិយាយថា៖ «តើខ្ញុំទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ?» តើអ្នកមិនអាចរាប់ដោយខ្លួនឯងបានទេឬ? អ្នកដឹងនៅក្នុងចិត្តរបស់អ្នកហើយថា តើអ្នកយល់សេចក្ដីពិតដែរឬទេ អ្នកបានប្រព្រឹត្តអំពើអាក្រក់តិចជាងមុនកម្រិតណា ហើយលើសពីនេះទៅទៀត អ្នកដឹងនៅក្នុងចិត្តរបស់អ្នកហើយថា តើអ្នកបានរីករាយនឹងព្រះគុណច្រើនប៉ុនណា។ ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកច្បាស់លាស់អំពីចំណុចទាំងនេះ អ្នកនឹងមិននិយាយពាក្យសម្ដីដែលខ្វះមនសិការបែបនេះឡើយ។ អ្នកខ្លះក៏និយាយដែរថា៖ «ដំណាក់របស់ព្រះជាម្ចាស់ក៏ផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅដល់ខ្ញុំដែរ»។ តើនេះមិនមែនជារឿងតូចតាចទេឬ បើប្រៀបធៀបនឹងព្រះគុណ និងការការពាររបស់ព្រះជាម្ចាស់នោះ? តើនេះមិនមែនជារឿងមិនសមសូម្បីតែលើកយកមកនិយាយទេឬ? ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលមានមនសិការមានអារម្មណ៍ថា ទោះបីជាវាមិនសមនឹងលើកយកមកនិយាយក៏ដោយ ក៏វានៅតែជាផ្នែកមួយនៃព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ ព្រះគុណរបស់ព្រះជាម្ចាស់គឺមិនអាចវាស់វែងបានឡើយ ព្រះជាម្ចាស់បានប្រទានច្រើនណាស់ដល់មនុស្ស! ចំពោះរបស់របរខាងសម្ភារៈទាំងនោះវិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ ទ្រង់មិនទាំងរាប់របស់ទាំងនោះផង។
ទិដ្ឋភាពមួយនៃស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ គឺការពារមនុស្ស ហើយទិដ្ឋភាពមួយទៀត គឺដឹកនាំពួកគេទៅកាន់ផ្លូវនៃសេចក្ដីសង្គ្រោះ ដើម្បីឱ្យពួកគេអាចត្រូវបានសង្គ្រោះ។ មនុស្សបានរីករាយនឹងបំណងព្រះហឫទ័យនេះរបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ហើយព្រះជាម្ចាស់បានប្រទានព្រះគុណដ៏បរិបូរដល់ពួកគេ! បន្ថែមពីលើនេះ មានរឿងមួយដែលសំខាន់បំផុត៖ សេចក្ដីពិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ពោលគឺព្រះបន្ទូលដែលគ្មាននរណាម្នាក់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ឬនៅក្នុងយុគសម័យណាមួយ ធ្លាប់បានឮ ឬបានទទួលឡើយ។ មិនថាព្រះជាម្ចាស់បានបង្កើតមនុស្សជាតិប៉ុន្មានដងនោះទេ ទ្រង់មិនដែលធ្វើកិច្ចការនេះ ឬមានព្រះបន្ទូលទាំងនេះឡើយ។ គ្រប់ទាំងអាថ៌កំបាំងដែលទាក់ទងនឹងមនុស្សជាតិ អ្វីដែលមនុស្សអាចទទួលយកបាន អាចយល់បាន និងអាចដឹងបាន ព្រះជាម្ចាស់បានប្រាប់អ្នករាល់គ្នាទាំងអស់។ តើអាថ៌កំបាំងទាំងនេះ សេចក្ដីពិតទាំងនេះ អាចវាស់វែងដោយចំនួនណាមួយបានដែរឬទេ? វាមិនអាចវាស់វែងបានឡើយ មនុស្សមិនអាចសោយសុខនឹងរបស់ទាំងនេះអស់ឡើយ ទោះជាច្រើនជាតិក៏ដោយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? វាគឺដោយសារតែព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានរបស់មនុស្ស ហើយព្រះបន្ទូលទាំងនេះអាចស្ថិតស្ថេរអស់កល្បជានិច្ច។ ប្រសិនបើអ្នកពិតជាមានសំណាងគ្រប់គ្រាន់ក្នុងការរស់រាន និងរស់នៅអស់កល្បជានិច្ចមែន នោះព្រះបន្ទូល និងសេចក្ដីពិតទាំងនេះដែលមកពីព្រះជាម្ចាស់ អាចផ្គត់ផ្គង់អ្នកអស់កល្បជានិច្ច។ តើអស់កល្បជានិច្ចមានន័យដូចម្ដេច? វាមានន័យថា មិនត្រូវបានកំណត់ដោយពេលវេលា វាមានន័យថាគ្មានព្រំដែន។ ប្រសិនបើយើងបកស្រាយតាមន័យត្រង់ វាមានន័យថាគ្មានទីបញ្ចប់ គឺរស់នៅជារៀងរហូត ដូចជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ ព្រះបន្ទូល និងសេចក្ដីពិតទាំងនេះដែលមកពីព្រះជាម្ចាស់ អាចស្ថិតស្ថេររហូតដល់ពេលនោះ។ «ពេលនោះ» គឺជាគំនិត និងនិយមន័យនៃពេលវេលាដែលត្រូវបានសម្ដែងចេញនៅក្នុងភាសាមនុស្ស ប៉ុន្តែតាមពិត វាមានន័យថាគ្មានកំណត់។ ចូរប្រាប់ខ្ញុំមកមើល៍ តើតម្លៃនៃព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់ ធំធេងដែរឬទេ? វាធំធេងខ្លាំងណាស់! ប្រសិនបើអ្នកមិនដេញតាមព្រះបន្ទូលទាំងនេះទេ នោះគឺជាការខាតបង់របស់អ្នក គឺអ្នកល្ងង់ខ្លៅហើយ។ ប៉ុន្តែ ប្រសិនបើអ្នកដេញតាមព្រះបន្ទូលទាំងនេះ ព្រះបន្ទូលទាំងនេះមានតម្លៃសម្រាប់អ្នក ដែលលើសពីមួយជាតិនេះទៅទៀត វាបន្តចូលទៅក្នុងភាពអស់កល្បជានិច្ច។ ព្រះបន្ទូលទាំងនេះនឹងមានអានុភាព និងមានប្រយោជន៍សម្រាប់អ្នកជានិច្ច ហើយព្រះបន្ទូលទាំងនេះនឹងមានតម្លៃ និងអត្ថន័យជារៀងរហូត ដោយផ្គត់ផ្គង់អ្នកអស់កល្បជានិច្ច។ ប្រសិនបើអ្នកយល់ព្រះបន្ទូលទាំងនេះ ទទួលបានព្រះបន្ទូលទាំងនេះ និងរស់នៅតាមព្រះបន្ទូលទាំងនេះ អ្នកនឹងអាចរស់នៅអស់កល្បជានិច្ច។ និយាយឱ្យសាមញ្ញទៅ អ្នកនឹងរស់នៅជារៀងរហូតដោយមិនភ្លក់រសជាតិនៃសេចក្ដីស្លាប់ឡើយ។ តើនេះមិនមែនជារឿងដែលមនុស្សស្រមៃចង់បានទេឬ? យុគសម័យរាប់មិនអស់នឹងកន្លងផុតទៅ មនុស្សរាប់មិនអស់នឹងស្លាប់ទៅ ប៉ុន្តែអ្នកនឹងនៅតែរស់រានមានជីវិតដដែល។ តើអ្នកនឹងរស់រានមានជីវិតដោយមធ្យោបាយណា? គឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈសេចក្ដីពិត ដែលអ្នកនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅបែបនេះបន្តទៀត។ តើអ្នកនឹងធ្វើអ្វីជាមួយជីវិតដ៏បន្តបន្ទាប់នេះ? អ្នកមានការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ការដឹកនាំរបស់ព្រះជាម្ចាស់ ហើយអ្នកក៏មានបេសកកម្មមួយដែរ។ តើបេសកកម្មរបស់អ្នកគឺជាអ្វី? តាមរយៈការដែលអ្នករស់នៅតាមព្រះបន្ទូលរបស់ទ្រង់ ព្រះជាម្ចាស់ចង់ឱ្យអ្នកលើកតម្កើងសិរីល្អទ្រង់ និងធ្វើជាទីបន្ទាល់របស់ទ្រង់។ នេះគឺជាតម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តម្លៃ និងសារៈសំខាន់នៃសេចក្ដីពិត និងព្រះបន្ទូលដែលមនុស្សឮ មកទាក់ទង និងឆ្លងកាត់បទពិសោធនៅក្នុងយុគសម័យនេះ នឹងស្ថិតស្ថេរអស់កល្បជានិច្ច។ ហេតុអ្វីបានជាវានឹងស្ថិតស្ថេរអស់កល្បជានិច្ច? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ មិនមែនជាទេវវិទ្យា ទ្រឹស្ដី ពាក្យស្លោក ឬជាប្រភេទនៃចំណេះដឹងឡើយ ប៉ុន្តែជាព្រះបន្ទូលនៃជីវិត។ ឱ្យតែអ្នកទទួលបានព្រះបន្ទូលទាំងនេះ រស់នៅតាមព្រះបន្ទូលទាំងនេះ និងរស់រានដោយសារព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យអ្នកបន្តរស់នៅ ហើយមិនឱ្យអ្នកស្លាប់ឡើយ។ នោះគឺថា ទ្រង់នឹងមិនបំផ្លាញអ្នក ឬដកយកជីវិតរបស់អ្នកឡើយ ទ្រង់នឹងឱ្យអ្នកបន្តរស់នៅ។ តើនេះមិនមែនជាព្រះពរដ៏ធំធេងទេឬ? (មែនហើយ វាធំធេងណាស់។) តាមរយៈព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់ចង់ឱ្យអ្នកភ្លក់រសជាតិជាមុននៃព្រះពរនេះនៅក្នុងជីវិតនេះ និងទទួលបានវានៅក្នុងបរលោក។ នេះគឺជាសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ដោយពិចារណាលើសេចក្ដីសន្យាដ៏ធំធេងដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ តើមនុស្សទទួលបានច្រើនដែរឬទេ? (ច្រើន។) ព្រះជាម្ចាស់បានប្រទានសេចក្ដីសន្យាដ៏ធំធេងបែបនេះចំពោះមនុស្សជាតិ ដោយធ្វើឱ្យមនុស្សទាំងអស់បានដឹង។ ទ្រង់បានប្រាប់អ្នកអំពីរឿងនេះ ដោយអនុញ្ញាតឱ្យអ្នកមកយកវាដោយសេរី។ អ្នកមិនចាំបាច់លះបង់ជីវិតរបស់អ្នក ឬប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់អ្នកឡើយ អ្នកគ្រាន់តែត្រូវស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងព្រះរាជបំណងរបស់ទ្រង់ប៉ុណ្ណោះ នោះអ្នកអាចទទួលបានសេចក្ដីសន្យានេះពីព្រះជាម្ចាស់ហើយ។ តើព្រះជាម្ចាស់មិនបានប្រទានយ៉ាងច្រើនដល់មនុស្សជាតិទេឬ? បច្ចុប្បន្ននេះ អ្នកកំពុងស្ថិតនៅលើផ្លូវដើម្បីទទួលបានសេចក្ដីសន្យានេះ៖ ទោះបីជាអ្នកមិនទាន់ទទួលបានវាទាំងស្រុងក៏ដោយ តើអ្នកទទួលបានតិចតួចមែនទេ? ដោយក្រឡេកមើលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ មនុស្សទទួលបានច្រើនណាស់។ ពួកគេទទួលបានផលប្រយោជន៍យ៉ាងសំខាន់ ពួកគេមិនបានខាតបង់ ឬរងការខាតបង់អ្វីទាល់តែសោះ។ ពួកគេគ្រាន់តែចំណាយពេលបន្តិចបន្តួចប៉ុណ្ណោះ ហើយសាច់ឈាមរបស់ពួកគេប្រហែលជាបានស៊ូទ្រាំនឹងការនឿយហត់ខ្លះ។ ពួកគេប្រហែលជាបានលះបង់សេចក្ដីសុខក្នុងគ្រួសារខ្លះ ចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាខាងសាច់ឈាមផ្ទាល់ខ្លួនខ្លះ បានបោះបង់ចោលនូវគោលបំណង ចំណាប់អារម្មណ៍ និងបំណងប្រាថ្នាផ្ទាល់ខ្លួនខ្លះ។ល។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងការយល់សេចក្ដីពិត ការទទួលបានសេចក្ដីសង្គ្រោះ និងការទទួលបានសេចក្ដីសន្យារបស់ព្រះជាម្ចាស់ អនាគត គោលដៅ និងគោលបំណងផ្ទាល់ខ្លួនទាំងអស់នោះ មិនសមនឹងលើកយកមកនិយាយឡើយ ពីព្រោះរបស់ទាំងនោះអាចដឹកនាំអ្នកទៅកាន់នរកតែប៉ុណ្ណោះ ហើយព្រះជាម្ចាស់នឹងមិនប្រទានសេចក្ដីសន្យារបស់ទ្រង់ដល់អ្នកសម្រាប់របស់ទាំងនោះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សចំណាយពេលវេលាក្នុងកម្រិតកំណត់មួយ ដែលជាតម្លៃដែលពួកគេស្ម័គ្រចិត្ត និងមានលទ្ធភាពលះបង់ ទីបំផុតពួកគេមកយល់សេចក្ដីពិត និងក្ដាប់បានអាថ៌កំបាំងខ្លះៗ គោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួន សារជាតិ និងឫសគល់មួយចំនួននៃព្រឹត្តិការណ៍ និងរបស់សព្វសារពើ។ល។ ដែលមនុស្សជាតិមិនបានយល់តាំងពីការបង្កើតរបស់ព្រះជាម្ចាស់មកម្ល៉េះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា ពួកគេទទួលបានចំណេះដឹងខ្លះអំពីព្រះជាម្ចាស់ និងអាចកោតខ្លាចទ្រង់។ ដោយទទួលបានរបស់ទាំងអស់នេះ តើវាសមនឹងតម្លៃដែលត្រូវលះបង់បែបនេះដែរឬទេ? តើមនុស្សមានការត្អូញត្អែរអ្វីខ្លះ? ហេតុអ្វីបានជាពួកគេនៅតែនិយាយថា ពួកគេមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់? តើមនសិការរបស់ពួកគេមិនបានក្លាយជាខូចអស់ទាំងស្រុងទេឬ? អ្នកទទួលបានច្រើនណាស់ ហើយអ្នកនៅតែមិនពេញចិត្តដដែល។ តើអ្នកចង់បានអ្វីទៀត? តើអ្នកនឹងពេញចិត្តដែរឬទេ ប្រសិនបើអ្នកត្រូវបានតែងតាំងជាប្រធានាធិបតី ឬជាមហាសេដ្ឋីនោះ? ប្រសិនបើព្រះជាម្ចាស់ប្រទានរបស់ទាំងនោះដល់អ្នក នោះអ្នកនឹងមិនត្រូវបានព្រះជាម្ចាស់រើសតាំងឡើយ។ ព្រះជាម្ចាស់មិនចង់បានមនុស្សបែបនេះទេ។
មនុស្សតែងតែនិយាយថា ពួកគេមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់ ដែលបង្ហាញថាពួកគេខ្វះមនសិការ ខ្វះសមត្ថភាពណាមួយក្នុងការយល់សេចក្ដីពិត មិនដេញតាមសេចក្ដីពិត និងមានចរិតលក្ខណៈថោកទាបបំផុត។ មនុស្សបែបនេះគ្មានការយល់ដឹងដ៏បរិសុទ្ធអំពីអ្វីដែលព្រះជាម្ចាស់ធ្វើ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស និងអ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ក្នុងចំណោមរឿងផ្សេងៗទៀតឡើយ។ ទីបំផុត នៅពេលមានរឿងកើតឡើងដែលធ្វើឱ្យពួកគេមិនសប្បាយចិត្តបន្តិចបន្តួច កំហឹងយ៉ាងសន្ធោសន្ធៅដែលពួកគេបានលាក់ទុក ក៏ផ្ទុះឡើងភ្លាមៗថា៖ «តើខ្ញុំទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់? សាច់ឈាមរបស់ខ្ញុំបានរងទុក្ខខ្លាំងណាស់។ ខ្ញុំបានបំពេញភារកិច្ចអ្វីក៏ដោយដែលពួកជំនុំបានចាត់តាំងឱ្យខ្ញុំ។ មិនថាលំបាក ឬហត់នឿយយ៉ាងណានោះទេ ខ្ញុំមិនដែលត្អូញត្អែរឡើយ មិនថាការលំបាកធំធេងយ៉ាងណានោះទេ ខ្ញុំមិនដែលនិយាយអ្វីឡើយ។ ខ្ញុំមិនដែលធ្វើការទាមទារអ្វីពីដំណាក់របស់ព្រះជាម្ចាស់ទេ។ ជាមួយនឹងសេចក្ដីស្រឡាញ់ដ៏ធំធេង និងភាពស្មោះត្រង់ដ៏ធំធេងរបស់ខ្ញុំ តើខ្ញុំទទួលបានអ្វីខ្លះ? ប្រសិនបើសូម្បីតែខ្ញុំក៏មិនទទួលបានអ្វីសោះ នោះអ្នកផ្សេងទៀតកាន់តែគ្មានសង្ឃឹមថានឹងទទួលបានអ្វីឡើយ!» ន័យបង្កប់គឺ៖ «អ្នករាល់គ្នាមិនបានថ្វាយច្រើនដូចខ្ញុំទេ អ្នករាល់គ្នាមិនបានលះបង់ដូចខ្ញុំទេ ប្រសិនបើសូម្បីតែខ្ញុំក៏មិនទទួលបានអ្វីសោះ តើអ្នករាល់គ្នាអាចទទួលបានអ្វីទៅ? អ្នករាល់គ្នាត្រូវតែប្រយ័ត្ន ចូរកុំល្ងង់ខ្លៅអី!» តើមនុស្សបែបនេះមិនខ្វះមនសិការទេឬ? មនុស្សដែលគ្មានមនសិការ តែងតែនិយាយពាក្យពេចន៍ល្ងង់ខ្លៅ និងរឹងរូស។ ពួកគេមិនអាចយល់សេចក្ដីពិតសូម្បីតែមួយ ក្នុងចំណោមសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ឬយល់ពីរឿងរ៉ាវ និងសេចក្ដីថ្លែងវិជ្ជមាន និងបរិសុទ្ធជាច្រើនឡើយ ផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេថា៖ «ខ្ញុំស៊ូទ្រាំនឹងការលំបាក និងលះបង់ដើម្បីព្រះជាម្ចាស់ ដូច្នេះ ព្រះជាម្ចាស់ត្រូវតែប្រទានពរដល់ខ្ញុំ និងត្រូវតែអនុញ្ញាតឱ្យខ្ញុំទទួលបានច្រើនជាងអ្នកដទៃ។ បើមិនដូច្នោះទេ ខ្ញុំនឹងបញ្ចេញកំហឹង ខ្ញុំនឹងផ្ទុះកំហឹង ខ្ញុំនឹងជេរប្រទេច! អ្វីក៏ដោយដែលខ្ញុំចង់បាន ព្រះជាម្ចាស់ត្រូវតែប្រទានដល់ខ្ញុំ ហើយប្រសិនបើខ្ញុំមិនទទួលបានវាទេ នោះព្រះជាម្ចាស់មិនសុចរិតឡើយ ហើយខ្ញុំនឹងនិយាយថា ខ្ញុំមិនទទួលបានអ្វីសោះ នេះគឺជាការនិយាយការពិតសុទ្ធសាធ!» តើពួកគេមិនខ្វះភាពជាមនុស្សទេឬ? ពាក្យពេចន៍របស់មនុស្សដែលខ្វះភាពជាមនុស្ស ប្រាកដជាមិនសមហេតុផលឡើយ កុំថាឡើយស្របតាមសេចក្ដីពិត សេចក្ដីពិតគឺជារឿងដែលខ្ពស់ពេកសម្រាប់ពួកគេ។ ពាក្យពេចន៍ដែលមនុស្សម្នាក់និយាយ ត្រូវតែជាសំណើត្រឹមត្រូវ ជាសេចក្ដីថ្លែងត្រឹមត្រូវ មិនមែនជាការជជែកវែកញែកដែលវៀចវេរឡើយ ពាក្យសម្ដីទាំងនោះត្រូវតែសមហេតុផល មិនថានរណាជាអ្នកស្ដាប់ ឬនរណាជាអ្នកវាយតម្លៃពាក្យសម្ដីទាំងនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យពេចន៍ និងទង្វើរបស់មនុស្សដែលមានភាពជាមនុស្សអន់ មិនសមហេតុផលឡើយ។ នៅពេលដែលពួកគេទ្រគោះបោះបោក និងបញ្ចេញការត្អូញត្អែររបស់ខ្លួន មនុស្សមួយចំនួនគិតថា៖ «ហេតុអ្វីបានជាពួកគេនិយាយថា ពួកគេមិនទទួលបានអ្វីសោះ? តើអាចថាដំណាក់របស់ព្រះជាម្ចាស់បានធ្វើខុសចំពោះពួកគេក្នុងរឿងណាមួយដែរឬទេ? តើអាចថាទង្វើមួយចំនួននៃដំណាក់របស់ព្រះជាម្ចាស់ មិនស្របតាមគោលការណ៍ និងមិនអាចយកមកបើកបង្ហាញបានដែរឬទេ? ជាធម្មតា បុគ្គលនោះហាក់ដូចជាមានសមត្ថភាពស៊ូទ្រាំនឹងការលំបាក និងលះបង់គួរសម ប៉ុន្តែថ្ងៃនេះ ពួកគេបានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយនិយាយថាពួកគេមិនទទួលបានអ្វីសោះ វាហាក់ដូចជាពួកគេពិតជាមិនទទួលបានអ្វីសោះមែន។ តើនេះមិនមែនជាការរករឿងឱ្យមនុស្សស្លូតខឹងទេឬ? បើអ៊ីចឹង ខ្ញុំត្រូវតែប្រយ័ត្នហើយ ខ្ញុំមិនគួរស៊ូទ្រាំនឹងការលំបាកបែបនេះ ឬលះបង់បែបនេះដូចដែលខ្ញុំធ្លាប់ធ្វើពីមុន នៅពេលបំពេញភារកិច្ចរបស់ខ្ញុំឡើយ!» នេះជារបៀបដែលមនុស្សវង្វេងវង្វាន់មួយចំនួនដែលខ្វះការញែកដឹង ក្លាយជារងឥទ្ធិពល។
សម្រាប់មនុស្សដែលតែងតែបញ្ចេញភាពអវិជ្ជមាន ប្រសិនបើពួកគេពិតជាមានទស្សនៈ ឬគំនិតដែលត្រូវសម្ដែងចេញមែន ចូរឱ្យពួកគេនិយាយជាមុនសិន ហើយលាតត្រដាងទស្សនៈរបស់ពួកគេ។ បន្ទាប់ពីពួកគេបាននិយាយរួច មនុស្សគ្រប់គ្នានឹងយល់ថា៖ «ពួកគេមានអារម្មណ៍ថា តម្លៃដែលពួកគេបានលះបង់ មិនសមនឹងអ្វីដែលពួកគេទទួលបានឡើយ។ ពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានផលប្រយោជន៍អ្វីសោះ ហើយថាពួកគេបានរងការខាតបង់ ដូច្នេះ ពួកគេកាន់តែគ្មានឆន្ទៈ។ ពួកគេកំពុងត្អូញត្អែរអំពីព្រះជាម្ចាស់ ដោយសង្ឃឹមថានឹងតថ្លៃជាមួយព្រះជាម្ចាស់ ទាមទារព្រះគុណ និងផលប្រយោជន៍!» តើមនុស្សធម្មតាអាចញែកដឹងមនុស្សបែបនេះបានដែរឬទេ នៅពេលដែលពួកគេបានឮមនុស្សនោះនិយាយ? នៅពេលដែលមនុស្សគ្រប់គ្នាអាចញែកដឹងពួកគេ ចូរនិយាយទៅកាន់មនុស្សនោះថា៖ «តើអ្នកនិយាយចប់ហើយឬនៅ? ប្រសិនបើអ្នកគ្មានអ្វីត្រូវនិយាយទៀតទេ ចូរបិទមាត់ទៅ បើមិនដូច្នោះទេ អ្នកនឹងធ្វើឱ្យខ្លួនឯងលក់មុខមិនខាន។ ប្រសិនបើធម្មជាតិដ៏ទុច្ចរិតរបស់អ្នកត្រូវបានលាតត្រដាងនៅចំពោះមុខមនុស្សគ្រប់គ្នា ហើយមិនត្រូវបានទប់ស្កាត់ទាន់ពេលវេលាទេ វានឹងបង្កឱ្យមានការខឹងសម្បាជាសាធារណៈ។ នៅពេលដែលមនុស្សគ្រប់គ្នាលាតត្រដាង និងបដិសេធអ្នក វានឹងហួសពេលក្នុងការសោកស្ដាយហើយ»។ ចូរព្រមានពួកគេតាមរបៀបនេះ ហើយតាមរយៈការធ្វើបែបនេះ អ្នកនឹងបានដាក់កំហិតពួកគេ។ ឬអ្នកក៏អាចនិយាយថា៖ «ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកបានខាតបង់ អ្នកមិនចាំបាច់ជឿលើព្រះជាម្ចាស់ទេ។ អ្នកមានអារម្មណ៍ថាអ្នកមិនទទួលបានអ្វីសោះ ដូច្នេះ តើអ្នកចង់ទទួលបានអ្វីឱ្យប្រាកដ? ប្រសិនបើវាជាការរកស៊ីមានបាន និងក្លាយជាអ្នកមាន ឬការកាន់តំណែងខ្ពស់ នោះខ្ញុំសុំទោសផង ប៉ុន្តែរបស់ទាំងនេះមិនមែនជារបស់ដែលមនុស្សម្នាក់អាចទទួលបាន ដោយគ្រាន់តែពួកគេចង់បាននោះទេ របស់ទាំងនេះគឺជារឿងដែលព្រះជាម្ចាស់បានកំណត់ទុក។ ការលេចមករបស់ព្រះជាម្ចាស់ និងកិច្ចការនៃការសង្គ្រោះមនុស្សរបស់ទ្រង់ មិនមែនជាការប្រទានរបស់ទាំងនេះដល់មនុស្សឡើយ។ ចូរទៅកន្លែងណាដែលអ្នកអាចទទួលបានរបស់ទាំងនោះចុះ ដំណាក់របស់ព្រះជាម្ចាស់មិនមែនជាពិភពលោកទេ ដំណាក់របស់ព្រះជាម្ចាស់មិនអាចបំពេញចិត្តពួកអារក្ស និងពួកសាតាំងបានឡើយ។ អ្នកមិនគួរទាមទាររបស់បែបនេះពីដំណាក់របស់ព្រះជាម្ចាស់ ឬពីបងប្អូនប្រុសស្រីឡើយ ប្រសិនបើអ្នកហ៊ានសុំរបស់ទាំងនេះពីព្រះជាម្ចាស់ នោះអ្នកនឹងប្រមាថដល់និស្ស័យរបស់ទ្រង់ និងធ្វើឱ្យទ្រង់ខ្ញាល់មិនខាន។ នេះគឺដោយសារតែព្រះជាម្ចាស់បានប្រទានព្រះគុណយ៉ាងច្រើនដល់មនុស្ស ហើយទ្រង់បានប្រទានសេចក្ដីពិតកាន់តែច្រើនថែមទៀតដល់មនុស្ស ដើម្បីធ្វើជាជីវិតរបស់ពួកគេ។ ការដែលអ្នកមិនចាត់ទុកការទទួលបានសេចក្ដីពិតថាជារបស់មានតម្លៃ គឺជាភាពល្ងង់ខ្លៅ និងអវិជ្ជារបស់អ្នក»។ មនុស្សគ្រប់គ្នាស្តីបន្ទោស និងលួសកាត់ពួកគេបែបនេះ។ តើអ្នកគិតយ៉ាងណាចំពោះការអនុវត្តនេះ? ឬអ្នកអាចនិយាយថា៖ «ដំណាក់របស់ព្រះជាម្ចាស់មិនជំពាក់អ្វីអ្នកឡើយ។ ការលះបង់ខ្លួនរបស់អ្នកដើម្បីព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នក សុទ្ធតែធ្វើឡើងដោយស្ម័គ្រចិត្ត។ តើអ្នកដឹងទេថា អ្នកបានរីករាយនឹងព្រះគុណច្រើនប៉ុនណាពីព្រះជាម្ចាស់ ចាប់តាំងពីអ្នកបានចាប់ផ្ដើមជឿលើទ្រង់ និងបំពេញភារកិច្ចមក? ប្រសិនបើអ្នកមានមនសិការបន្តិចនោះ អ្នកមិនគួរប្រាប់ព្រះជាម្ចាស់ថា អ្នកមិនទទួលបានអ្វីសោះឡើយ អ្នកគួរតែមកចំពោះព្រះជាម្ចាស់ ហើយទទួលស្គាល់បញ្ហារបស់ខ្លួន។ ប្រសិនបើអ្នកពិតជាជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺជាសេចក្ដីពិត ហើយព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត នោះអ្នកមិនគួរនិយាយបែបនោះទេ អ្នកមិនគួរត្អូញត្អែរឡើយ។ អាកប្បកិរិយាបច្ចុប្បន្នរបស់អ្នក មិនមែនជាអាកប្បកិរិយាដែលអ្នកជឿលើព្រះជាម្ចាស់គួរមានឡើយ ហើយក៏មិនមែនជាអាកប្បកិរិយាដែលអ្នកស្វែងរកសេចក្ដីពិតគួរមានដែរ។ អ្នកកំពុងព្យាយាមបះបោរ ព្យាយាមរើកកាយរឿងចាស់ជាមួយព្រះជាម្ចាស់! អ្នកកំពុងព្យាយាមបែកផ្លូវជាមួយព្រះជាម្ចាស់ ព្យាយាមទូទាត់បញ្ជី! ប៉ុន្តែព្រះជាម្ចាស់មិនជំពាក់អ្វីអ្នកឡើយ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏មិនជំពាក់អ្វីអ្នកដែរ។ ប្រសិនបើអ្នកនឹងទូទាត់បញ្ជីជាមួយដំណាក់របស់ព្រះជាម្ចាស់ នោះចូរប្រញាប់ចាកចេញពីដំណាក់របស់ទ្រង់ទៅ។ ចូរកុំមកពាក់ព័ន្ធជាមួយដំណាក់របស់ព្រះជាម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកនឹងរករឿងឱ្យទ្រង់ក្រោធ ហើយទ្រង់នឹងវាយផ្ដួលអ្នកមិនខាន។ នោះនឹងមិនមែនជាលទ្ធផលល្អឡើយ។ ប្រសិនបើអ្នកមានមនសិការ ឬវិចារណញ្ញាណខ្លះ អ្នកគួរតែស្ងប់ចិត្តដើម្បីអធិដ្ឋាន និងស្វែងរក ដើម្បីមើលថាតើមានអ្វីខុសចំពោះទស្សនៈនៅពីក្រោយការដេញតាមរបស់អ្នក នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ដែរឬទេ ហើយថាតើផ្លូវដែលអ្នកកំពុងដើរ គឺជាផ្លូវដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកដើរដែរឬទេ។ អ្នកមានការទាមទារមិនសមហេតុផលជាច្រើនចំពោះព្រះជាម្ចាស់ មានការគុំកួនយ៉ាងខ្លាំង នេះបង្ហាញថាមានអ្វីមួយខុសចំពោះការដេញតាមរបស់អ្នក។ អ្នកមិនបានសន្សំការគុំកួនយ៉ាងជ្រាលជ្រៅបែបនេះត្រឹមតែមួយថ្ងៃឬពីរថ្ងៃឡើយ វាបានកើនឡើងជាយូរមកហើយ។ ឬប្រហែលជាអ្នកបានមកចំពោះព្រះជាម្ចាស់ ដោយមានទស្សនៈខុសនៅក្នុងចិត្ត តាំងពីអ្នកចាប់ផ្ដើមជឿលើទ្រង់មកម៉្លេះ ហើយអ្វីក៏ដោយដែលទ្រង់បានមានបន្ទូល អ្នកបានស្ពឹកស្រពន់ ហើយជាលទ្ធផល អ្នកមិនមានអារម្មណ៍ថាមានវិប្បដិសារី ឬជំពាក់គុណអ្វីទាល់តែសោះ។ ប្រហែលជានោះហើយជាអ្វីដែលនាំឱ្យមានរឿងរ៉ាវដូចសព្វថ្ងៃនេះ។ អ្នកគួរតែប្រញាប់សារភាព និងប្រែចិត្ត នៅមានពេលដើម្បីប្រែចិត្ត។ ប្រសិនបើអ្នកមិនប្រែចិត្តទេ ហើយបន្តប្រព្រឹត្តអាក្រក់ និងបញ្ចេញភាពអវិជ្ជមាន នោះអ្នកនឹងក្លាយជាអារក្ស ជាអាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់បោសសម្អាតអ្នកចេញ អ្នកនឹងលែងមានឱកាសទទួលបានសេចក្ដីសង្គ្រោះទៀតហើយ អ្វីដែលត្រូវបានថ្កោលទោសដោយដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបានថ្កោលទោសដោយព្រះជាម្ចាស់ដែរ។ យើងកំពុងផ្ដល់ការព្រមាននេះដល់អ្នក ដោយពិចារណាលើសមត្ថភាពរបស់អ្នកក្នុងការស៊ូទ្រាំនឹងការលំបាក និងលះបង់ក្នុងរយៈពេលជាច្រើនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់។ យើងកំពុងផ្ដល់ឱកាសឱ្យអ្នក។ ប្រសិនបើអ្នកទទូចលើផ្លូវផ្ទាល់ខ្លួនរបស់អ្នក និងបដិសេធមិនស្ដាប់ដំបូន្មាន ហើយដំណាក់របស់ព្រះជាម្ចាស់សម្រេចចិត្តបោសសម្អាតអ្នកចេញ នោះអ្នកនឹងលែងជាបងប្អូនប្រុសស្រីទៀតហើយ។ អ្នកនឹងគ្មានសង្ឃឹមសោះក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ នៅពេលដែលពេលវេលានោះមកដល់ អ្នកពិតជានឹងមិនទទួលបានអ្វីសោះ។ ចូរកុំសោកស្ដាយឱ្យសោះនៅពេលនោះ។ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកនៅពេលនេះ គឺត្រូវបង្វែរគំនិត ទស្សនៈ និងទិសដៅនៃការដេញតាមរបស់អ្នក។ ចូរកុំតែងតែស្វែងរកដើម្បីទទួលបានអ្វីមួយទៀតឡើយ។ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរមើលថាតើអ្នកអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងបានកម្រិតណា អំពីអ្វីដែលព្រះជាម្ចាស់លាតត្រដាងអំពីនិស្ស័យពុករលួយរបស់មនុស្ស។ តើអ្នកបានដោះស្រាយបញ្ហាដែលអ្នកអាចរកឃើញនៅក្នុងខ្លួនអ្នក ជាបញ្ហាដែលអ្នកអាចមើលឃើញយ៉ាងច្បាស់ហើយឬនៅ? តើអ្នកបានទទួលស្គាល់ការបះបោរប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ហើយឬនៅ? តើអ្នកបានដោះស្រាយវាហើយឬនៅ? បញ្ហាធំបំផុតដែលអ្នកប្រឈមមុខនៅពេលនេះ គឺតែងតែចង់ទូទាត់បញ្ជីជាមួយព្រះជាម្ចាស់ តើនេះជាបញ្ហាអ្វី? តើនេះមិនមែនជាបញ្ហាដែលត្រូវដោះស្រាយទេឬ? អ្នកតែងតែជឿលើព្រះជាម្ចាស់ដោយមានបំណងមួយចំនួន ដោយមានគំនិតចង់ធ្វើការដោះដូរ អ្នកតែងតែប្រញាប់ចង់បានព្រះពរ ដោយសង្ឃឹមថានឹងយកការខិតខំ ការលះបង់ខ្លួន និងការរងទុក្ខខាងសាច់ឈាម ទៅប្តូរយកព្រះពរនៃនគរស្ថានសួគ៌ តើនេះមិនមែនជាចរិតចោរទេឬ? ហេតុអ្វីបានជាអ្នកមិនមើលថាតើព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្សប្រភេទណា តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សគឺជាអ្វី តើព្រះជាម្ចាស់បានមានព្រះបន្ទូលអ្វីខ្លះទៅកាន់មនុស្ស និងតើមនុស្សត្រូវសម្រេចបានអ្វីខ្លះដើម្បីទទួលបានសេចក្ដីសន្យារបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកពិតជាជឿលើព្រះជាម្ចាស់ និងពិតជាចង់ទទួលបានសេចក្ដីសង្គ្រោះមែននោះ ចូរកុំព្យាយាមទទួលបានអ្វីមួយពីព្រះជាម្ចាស់ជានិច្ចឡើយ។ អ្នកត្រូវមើលថាតើអ្នកបានអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនប៉ុនណា ហើយថាតើអ្នកគឺជាមនុស្សដែលធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ។ ការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការអនុវត្ត និងរស់នៅស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត មិនមែនគ្រាន់តែរងទុក្ខខាងសាច់ឈាមបន្តិចបន្តួច និងលះបង់បន្តិចបន្តួចប៉ុណ្ណោះទេ។ និស្ស័យពុករលួយរបស់អ្នកមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ហើយរាល់តម្លៃដែលអ្នកលះបង់ និងរាល់ការលំបាកដែលអ្នកឆ្លងកាត់ សុទ្ធតែមានបំណងនៅពីក្រោយ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងរឿងនេះទេ ទ្រង់មិនចង់បានតម្លៃបែបនេះឡើយ។ ប្រសិនបើអ្នកទទូចចង់ទូទាត់បញ្ជីជាមួយព្រះជាម្ចាស់ ប្រសិនបើអ្នកទទូចចង់ជជែកវែកញែក និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ នោះអ្នកកំពុងប្រមាថដល់និស្ស័យរបស់ទ្រង់ ហើយទ្រង់នឹងបំពេញបំណងអ្នក ចុះទៅនរកដើម្បីរងការដាក់ទោស។ នេះគឺជាកម្មផលសម្រាប់ការប្រព្រឹត្តអាក្រក់។ អ្នកបានរីករាយនឹងព្រះពរ និងព្រះគុណជាច្រើនពីព្រះជាម្ចាស់ ហើយទ្រង់បានប្រទានឱ្យអ្នកនូវការប្រព្រឹត្តខាងសម្ភារៈពិសេសមួយចំនួន។ អ្នកបានទទួលនូវអ្វីដែលអ្នកគួរទទួលបានរួចហើយ តើអ្នកចង់បានអ្វីទៀតពីព្រះជាម្ចាស់?» ប្រសិនបើអ្នកប្រកបគ្នានូវពាក្យពេចន៍ទាំងនេះ តើអារម្មណ៍នៃការត្អូញត្អែររបស់មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបន្តិចបន្តួច នឹងមិនថយចុះបន្តិចទេឬ នៅពេលដែលបានឮពាក្យពេចន៍ទាំងនេះ? តើពាក្យពេចន៍ទាំងនេះជាការយល់ដឹងដ៏បរិសុទ្ធដែលស្របតាមសេចក្ដីពិតដែរឬទេ? (មែនហើយ។) ប្រសិនបើមនុស្សម្នាក់មានភាពជាមនុស្ស និងវិចារណញ្ញាណ ពួកគេអាចយល់ និងទទួលយកពាក្យពេចន៍ទាំងនេះបាន។ មានតែអស់អ្នកដែលគ្មានភាពជាមនុស្ស អស់អ្នកដែលគ្មានមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះ ដែលនឹងគិតថាពាក្យពេចន៍ទាំងនេះកំពុងព្យាយាមបោកបញ្ឆោតពួកគេ ថាពាក្យពេចន៍ទាំងនេះគឺជាវោហារសាស្រ្តពីរោះស្ដាប់ ដែលមិនគួរឱ្យជឿ ហើយថាពាក្យពេចន៍ទាំងនេះមិនមានប្រយោជន៍ជាក់ស្តែងដូចព្រះគុណដែលមើលឃើញ ឬព្រះពរខាងសម្ភារៈឡើយ។ ដូច្នេះ មុនពេលពួកគេឃើញផលប្រយោជន៍ជាក់ស្តែងទាំងនោះ អ្វីក៏ដោយដែលអ្នកនិយាយគឺគ្មានប្រយោជន៍ទេ ពួកគេនឹងមិនទទួលយកឡើយ។ ពួកគេប្រហែលជាមិនប្រឆាំងនៅចំពោះមុខអ្នកទេ ប៉ុន្តែនៅពីក្រោយខ្នងរបស់អ្នក ពួកគេនឹងនៅតែបន្តទាស់ទទឹងនៅក្នុងចិត្ត ដោយបញ្ចេញភាពអវិជ្ជមានម្ដងម្កាល បង្អួតពីការចូលរួមចំណែករបស់ខ្លួន រាប់ការលំបាកដែលពួកគេបានស៊ូទ្រាំ ព្រមទាំងរបៀបដែលដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះពួកគេ របៀបដែលពួកគេស៊ូទ្រាំនឹងដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែទុករឿងទាំងនេះនៅក្នុងចិត្ត។ អ្វីក៏ដោយដែលកើតឡើងចំពោះពួកគេ ឱ្យតែពួកគេមិនទទួលបានអ្វីដែលពួកគេចង់បាន នោះភាពជាសត្វតិរិច្ឆានរបស់ពួកគេនឹងផ្ទុះឡើង ពួកគេនឹងផ្ទុះកំហឹង ដោយលាតត្រដាងឥរិយាបថដ៏អាម៉ាស់របស់ពួកគេ ហើយពួកគេនឹងបញ្ចេញភាពអវិជ្ជមាន។ តើអ្នកគួរតែនៅព្យាយាមបញ្ចុះបញ្ចូលមនុស្សបែបនេះទៀតដែរឬទេ? ប្រសិនបើបន្ទាប់ពីការដាស់តឿនដ៏សាមញ្ញមួយ ពួកគេនៅតែបង្ហាញចរិតលក្ខណៈដដែល បញ្ហាចាស់របស់ពួកគេត្រឡប់មកវិញ ហើយសន្ដានអារក្សរបស់ពួកគេផ្ទុះឡើងម្ដងទៀត តើគួរធ្វើដូចម្តេច? នោះគឺជាពេលដែលត្រូវដាក់កំហិតហើយ។ ចូរកុំទុកឱកាសឱ្យពួកគេប្រែចិត្តឡើយ។ ពួកគេប្រៀបដូចជាមនុស្សកែមិនឡើង ពួកគេគឺជាពួកល្ងង់ខ្លៅ និងរឹងរូស។ តើពួកគេជា «ពួកល្ងង់ខ្លៅ និងរឹងរូស» នៅក្នុងន័យណា? នៅក្នុងន័យដែលថាពួកគេមិនទទួលយកផ្លូវដ៏បរិសុទ្ធ និងមិនទទួលយកអ្វីដែលវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលយកការជជែកវែកញែកដែលវៀចវេរ ជំនឿខុសឆ្គង និងភាពខុសទំនង ដោយប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេក្នុងការទទួលបានផលប្រយោជន៍ជាក់ស្តែង ការកេងចំណេញ និងការមិនរងការខាតបង់។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណានោះទេ ពួកគេតែងតែនិយាយថា៖ «នោះសុទ្ធតែជាពាក្យពីរោះស្ដាប់ប៉ុណ្ណោះ។ អ្នកណាក៏ចេះនិយាយពាក្យពីរោះពីរបីម៉ាត់ដែរ។ ប្រសិនបើអ្នកខាតបង់ អ្នកនឹងមិននិយាយបែបនោះទេ»។ ពួកគេប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវទស្សនៈបែបនេះ ហើយនៅពេលដែលមានរឿងមិនសប្បាយចិត្តកើតឡើង ឬពួកគេខាតបង់ ពួកគេមានអារម្មណ៍ថាពួកគេមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់ ហើយពួកគេនឹងបញ្ចេញភាពអវិជ្ជមានម្ដងទៀត។ តើគួរផ្ដល់ឱកាសឱ្យពួកគេទៀតដែរឬទេ? គ្មានឱកាសទៀតទេ។ ប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អទេ ដោយរំខានអ្នកដទៃជំនួសវិញ ចូរបញ្ឈប់ និងដាក់កំហិតពួកគេភ្លាមៗ។ ចូរកុំអនុញ្ញាតឱ្យពួកគេនិយាយដោយសេរី។ ប្រសិនបើពួកគេបន្តផ្សាយភាពអវិជ្ជមាន និងរំខានអ្នកដទៃ ចូរកុំបង្ហាញការគួរសមចំពោះពួកគេទៀតឡើយ។ ចូរជម្រះពួកគេចេញជាបន្ទាន់។ នេះមិនមែនជាការគ្មានសេចក្ដីស្រឡាញ់ទេ មែនទេ? (មិនមែនទេ។) សេចក្ដីពិតត្រូវបានពន្យល់យ៉ាងក្បោះក្បាយដល់ពួកគេនៅក្នុងការប្រកបគ្នា ប៉ុន្តែពួកគេមិនអាចទទួលយកបានឡើយ មិនថាវាត្រូវបានប្រកបគ្នាយ៉ាងណាក៏ដោយ តើនេះបង្ហាញពីអ្វី? មើលពីសម្បកក្រៅ មនុស្សនេះហាក់ដូចជាអ្នកមិនជឿ ប៉ុន្តែតាមសារជាតិ ពួកគេគឺជាអារក្ស។ ពួកគេបានមកដំណាក់របស់ព្រះជាម្ចាស់ដើម្បីសុំព្រះគុណ និងព្រះពរពីព្រះជាម្ចាស់ ដើម្បីទទួលបានផលប្រយោជន៍ ហើយពួកគេនឹងមិនឈប់ឡើយ ទាល់តែពួកគេទទួលបានរបស់ទាំងនោះ។ ប្រសិនបើពួកគេមិនទទួលបានផលប្រយោជន៍អ្វីសោះ បន្ទាប់ពីជឿបានមួយរយៈ និស្ស័យបែបសាតាំងរបស់ពួកគេនឹងផ្ទុះឡើង ពួកគេនឹងបញ្ចេញការមិនពេញចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ ប្រព្រឹត្តអំពើអាក្រក់ និងបង្កឱ្យមានការរំខាន។ នេះគឺជាអារក្ស។ ការរងទុក្ខ និងការលះបង់ខ្លួនបន្តិចបន្តួចដែលពួកគេបានធ្វើ តាមពិតមិនមែនជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ វាជាការធ្វើការដោះដូរសុទ្ធសាធ ជាការទទួលបានផលប្រយោជន៍ និងព្រះពរសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលមានរឿងកើតឡើងចំពោះអស់អ្នកដែលតែងតែចង់ទទួលបានអ្វីមួយពីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយពួកគេមានភាពអវិជ្ជមាន និងទន់ខ្សោយ ពួកគេតែងតែនិយាយថា៖ «ខ្ញុំមិនទទួលបានអ្វីសោះពីការជឿលើព្រះជាម្ចាស់»។ បន្ទាប់មក ពួកគេបោះបង់ចោល ហើយចាប់ផ្ដើមប្រព្រឹត្តផ្តេសផ្តាស ស្វែងរកការសងសឹក និងតែងតែបញ្ចេញភាពអវិជ្ជមាន ដើម្បីបញ្ចេញអារម្មណ៍មិនពេញចិត្តរបស់ពួកគេ។ យើងបានប្រកបគ្នារួចហើយអំពីរបៀបប្រព្រឹត្តចំពោះមនុស្សបែបនេះគឺ៖ ពួកគេគួរតែត្រូវបានដោះស្រាយស្របតាមគោលការណ៍។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិត និងធានាថាពួកគេនឹងមិនបង្កឱ្យមានការរំខានបន្ថែមទៀតនៅថ្ងៃអនាគតទេ ពួកគេអាចត្រូវបានផ្ដល់ឱកាសម្ដងទៀតដើម្បីស្នាក់នៅក្នុងពួកជំនុំ។ ប្រសិនបើពួកគេតែងតែមានបំណងរំខាន និងបំផ្លាញកិច្ចការ និងជីវិតរបស់ពួកជំនុំ ចូរជម្រះពួកគេចេញទៅ។ នេះគឺដើម្បីការពារកិច្ចការរបស់ពួកជំនុំ និងធានាថារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ អាចរស់នៅក្នុងជីវិតពួកជំនុំដោយមិនមានការរំខាន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ហើយវិធីសាស្ត្រនេះត្រូវបានអនុវត្តដោយផ្អែកលើគោលការណ៍នេះ។ វាសមស្របហើយ។
នៅក្នុងជីវិតពួកជំនុំ តើមានអ្នកណាផ្សេងទៀតដែលងាយនឹងបញ្ចេញភាពអវិជ្ជមាន? មនុស្សមួយចំនួនបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានលទ្ធផល ហើយតែងតែបង្កកំហុស។ ពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ ប៉ុន្តែតែងតែមានអារម្មណ៍ថា ព្រះជាម្ចាស់មិនសុចរិត ឬមិនយុត្តិធម៌ ថាព្រះជាម្ចាស់តែងតែប្រោសប្រណីដល់អ្នកដទៃ តែមិនប្រោសប្រណីដល់ពួកគេ ថាព្រះជាម្ចាស់មើលងាយពួកគេ និងមិនដែលបំភ្លឺពួកគេឡើយ ហើយនោះជាមូលហេតុដែលការបំពេញភារកិច្ចរបស់ពួកគេមិនដែលទទួលបានលទ្ធផលសោះ ហើយពួកគេមិនដែលសម្រេចបានគោលដៅរបស់ខ្លួនក្នុងការលេចធ្លោ និងត្រូវបានកោតសរសើរឡើយ។ ពួកគេចាប់ផ្ដើមមានការត្អូញត្អែរអំពីព្រះជាម្ចាស់នៅក្នុងចិត្ត ហើយនៅពេលពួកគេមានចិត្តបែបនេះ ពួកគេក៏ចាប់ផ្ដើមច្រណែន ស្អប់ខ្ពើម និងស្អប់អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់។ តើមនុស្សប្រភេទនេះមានភាពជាមនុស្សបែបណា? តើពួកគេមិនមែនជាមនុស្សចិត្តចង្អៀតទេឬ? ហើយក្រៅពីនេះ តើពួកគេមិនមែនបរាជ័យក្នុងការយល់ដឹងពីរបៀបដេញតាមសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ទេឬ? ពួកគេមិនយល់ថាការជឿលើព្រះជាម្ចាស់គឺជាអ្វីឡើយ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ច គឺដូចជាសិស្សប្រឡងចូលសាកលវិទ្យាល័យអ៊ីចឹង ដែលតែងតែត្រូវការប្រៀបធៀបពិន្ទុ និងចំណាត់ថ្នាក់។ ដូច្នេះ ពួកគេផ្ដល់សារៈសំខាន់យ៉ាងខ្លាំងទៅលើរឿងទាំងនេះ។ តើនេះមិនមែនជាសភាពរបស់ពួកគេទេឬ? ជាដំបូង តាមទស្សនៈនៃការយល់ដឹងសេចក្ដីពិត តើមនុស្សបែបនេះមានការយល់ដឹងខាងវិញ្ញាណដែរឬទេ? ពួកគេគ្មានទេ ហើយពួកគេមិនយល់ថា ការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិតគឺជាអ្វីឡើយ។ ម្យ៉ាងគឺ ពួកគេផ្ដល់សារៈសំខាន់យ៉ាងខ្លាំងលើចំណាត់ថ្នាក់របស់ពួកគេនៅក្នុងចំណោមអ្នកដទៃ។ ម្យ៉ាងទៀតគឺ ពួកគេតែងតែប្រើវិធីដាក់ពិន្ទុ ដើម្បីវាយតម្លៃថាតើអ្នកដទៃបំពេញភារកិច្ចបានល្អកម្រិតណា និងខ្លួនឯងធ្វើបានល្អកម្រិតណា ហាក់ដូចជាពួកគេកំពុងវាយតម្លៃសិស្សនៅសាលាអ៊ីចឹង ដោយវាស់វែងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេតាមវិធីនេះ។ តើមិនមានអ្វីខុសទេឬចំពោះរឿងនេះ? បន្ថែមពីលើនេះ តើរបៀបដែលពួកគេខិតខំបំពេញភារកិច្ចរបស់ខ្លួន មិនខុសទេឬ? តើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួន ដោយប្រើការខិតខំដូចជាការរៀនសូត្រ និងការប្រឡងទេឬ? (មែនហើយ។) ហេតុអ្វីបានជាយើងនិយាយបែបនេះ? តើមនុស្សបែបនេះយល់ពីរបៀបស្វែងរកគោលការណ៍ នៅពេលជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? តើពួកគេអាចស្វែងរកគោលការណ៍ដែរឬទេ? ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេមិនដឹងពីរបៀបស្វែងរកគោលការណ៍ឡើយ។ របៀបដែលមនុស្សគួរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ របៀបប្រកបគ្នាអំពីសេចក្ដីពិត និងរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ គឺពួកគេមិនយល់ពីរឿងទាំងនេះទេ ហើយពួកគេក៏មិនខ្វល់ពីរឿងទាំងនេះដែរ។ ពួកគេគ្រាន់តែដឹងថា ពួកគេត្រូវស្វែងរកគោលការណ៍ និងប្រព្រឹត្តស្របតាមគោលការណ៍ទាំងនោះប៉ុណ្ណោះ ប៉ុន្តែចំពោះអ្វីដែលគោលការណ៍បានចែង អ្វីដែលព្រះជាម្ចាស់តម្រូវ ឬរបៀបដែលអ្នកដទៃប្រព្រឹត្តស្របតាមគោលការណ៍ គឺពួកគេខ្វះការយល់ដឹង។ ពួកគេមិនយល់ទាល់តែសោះ។ ហើយក្នុងទិដ្ឋភាពម្យ៉ាងទៀត តើពួកគេអាចវាយតម្លៃការបំពេញភារកិច្ច ដោយផ្អែកលើស្ដង់ដារបស់ព្រះជាម្ចាស់សម្រាប់វាស់វែងថាតើការបំពេញភារកិច្ចរបស់មនុស្សត្រូវតាមស្ដង់ដាដែរឬទេ និងគោលការណ៍ដែលទ្រង់តម្រូវពីមនុស្សក្នុងការបំពេញភារកិច្ចរបស់ពួកគេដែរឬទេ? តើពួកគេអាចយល់រឿងទាំងនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នារបស់បងប្អូនប្រុសស្រីបានដែរឬទេ? ជាដំបូង ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនយល់ពីរឿងរ៉ាវនៃការបំពេញភារកិច្ចដែរ។ បន្ទាប់ពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ច ពួកគេរិះគិតថា៖ «កាលខ្ញុំនៅរៀន ខ្ញុំបានរកឃើញក្បួនមួយគឺ៖ ឱ្យតែមានឆន្ទៈខិតខំប្រឹងប្រែង និងរៀនសូត្រឱ្យបានច្រើន នោះនឹងអាចទទួលបានពិន្ទុខ្ពស់។ ដូច្នេះ ខ្ញុំនឹងធ្វើបែបនេះដូចគ្នា នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ខ្ញុំនឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន និងអធិដ្ឋានឱ្យបានច្រើន។ ខណៈពេលដែលអ្នកដទៃកំពុងជជែកលេង ឬហូបបាយ ខ្ញុំនឹងរៀនទំនុកបរិសុទ្ធ និងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យចាំ។ ដោយការខិតខំបែបនេះ ព្រះជាម្ចាស់ច្បាស់ជានឹងប្រទានព្រះពរដល់ខ្ញុំ ដោយយល់ដល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ និងភាពព្យាយាមរបស់ខ្ញុំ ហើយការបំពេញភារកិច្ចរបស់ខ្ញុំប្រាកដជានឹងមានផ្លែផ្កាមិនខាន។ ខ្ញុំច្បាស់ជាទទួលបានពិន្ទុខ្ពស់នៅក្នុងចំណោមអ្នកដទៃ ហើយខ្ញុំនឹងត្រូវបានគេឱ្យតម្លៃ និងដំឡើងឋានៈ»។ ប៉ុន្តែ ទោះបីជាធ្វើបែបនេះក៏ដោយ ក៏ពួកគេនៅតែមិនអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនបានដែរ៖ «ហេតុអ្វីបានជាខ្ញុំនៅតែមានប្រសិទ្ធភាពតិចជាងអ្នកដទៃ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំអ៊ីចឹង? តើធ្វើម៉េចទើបខ្ញុំនឹងត្រូវបានដំឡើងឋានៈ ឬត្រូវបានគេប្រើប្រាស់ក្នុងកិច្ចការសំខាន់ៗបាន? តើនេះមិនមានន័យថាគ្មានសង្ឃឹមទេឬ? ខ្ញុំកើតមកជាមនុស្សដែលចង់ឈ្នះ មិនសុខចិត្តនៅពីក្រោយគេឡើយ។ កាលនៅរៀន ខ្ញុំមានចរិតបែបហ្នឹង ហើយឥឡូវនេះ នៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ខ្ញុំក៏នៅតែបែបហ្នឹងដែរ។ អ្នកណាដែលពូកែជាងខ្ញុំ ខ្ញុំប្ដេជ្ញាវ៉ាដាច់ពួកគេឱ្យបាន។ ខ្ញុំនឹងមិនឈប់ឡើយ ទាល់តែខ្ញុំធ្វើបាន!» ពួកគេជឿថា ឱ្យតែមានវិធីសាស្ត្រ និងរបៀបត្រឹមត្រូវ គឺគ្រាន់តែយកការខិតខំប្រឹងប្រែងរៀនសូត្រមកប្រើក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន និងរៀនទំនុកបរិសុទ្ធឱ្យបានច្រើន មិននិយាយរឿងឥតប្រយោជន៍ មិនផ្តោតលើការតែងខ្លួន គេងតិច និងសប្បាយនឹងខ្លួនឯងឱ្យតិច បង្រ្កាបរូបកាយ និងមិនសោយសុខក្នុងសេចក្ដីស្រណុកខាងសាច់ឈាម នោះពួកគេនឹងអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេប្រាកដជាទទួលបានលទ្ធផលក្នុងការបំពេញភារកិច្ចមិនខាន។ ប៉ុន្តែ អ្វីៗតែងតែផ្ទុយពីការរំពឹងទុករបស់ពួកគេជានិច្ច៖ «ហេតុអ្វីបានជាខ្ញុំនៅតែប្រព្រឹត្តកំហុសជានិច្ចក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយហេតុអ្វីបានជាខ្ញុំនៅតែធ្វើមិនបានល្អដូចអ្នកដទៃអ៊ីចឹង? អ្នកដទៃធ្វើកិច្ចការបានលឿននិងល្អ ហើយអ្នកដឹកនាំតែងតែសរសើរ និងឱ្យតម្លៃពួកគេ។ ខ្ញុំបានទ្រាំទ្រនឹងការរងទុក្ខ និងការលំបាកជាច្រើន។ ហេតុអ្វីបានជាខ្ញុំនៅតែមិនទទួលបានលទ្ធផលអ៊ីចឹង?» នៅពេលពួកគេរិះគិតអំពីរឿងនេះ ទីបំផុតពួកគេក៏មានការរកឃើញដ៏សំខាន់មួយគឺ៖ «តាមពិត ព្រះជាម្ចាស់មិនសុចរិតសោះ។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ ហើយទើបតែពេលនេះទេដែលខ្ញុំមើលឃើញរឿងនេះ! ព្រះជាម្ចាស់ប្រោសប្រណីដល់អ្នកណាដែលទ្រង់ចង់ប្រោសប្រណី។ ដូច្នេះតើហេតុអ្វីបានជាទ្រង់មិនសព្វព្រះទ័យនឹងប្រោសប្រណីដល់ខ្ញុំ? តើមកពីខ្ញុំល្ងង់ មកពីខ្ញុំមិនចេះនិយាយបញ្ជោរ និងគ្មានវោហារប៉ិនប្រសប់ ឬមកពីខ្ញុំមិនសូវវាងវៃមែនទេ? ឬមួយមកពីខ្ញុំមានរូបរាងសាមញ្ញពេក ហើយខ្ញុំមិនសូវមានការអប់រំ? នេះគឺព្រះជាម្ចាស់កំពុងបើកសម្ដែងខ្ញុំហើយមែនទេ? ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនណាស់ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រោសប្រណីដល់ខ្ញុំ តែបែរជាបើកសម្ដែងខ្ញុំទៅវិញ?» នៅពេលពួកគេគិតអំពីរឿងនេះ ពួកគេក៏ក្លាយជាអវិជ្ជមាន៖ «ខ្ញុំមិនចង់បំពេញភារកិច្ចទៀតទេ។ ខ្ញុំមិនទទួលបានព្រះពរពីព្រះជាម្ចាស់ទេ ខណៈពេលបំពេញភារកិច្ច ហើយខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ប៉ុន្តែទ្រង់មិនបានបំភ្លឺខ្ញុំឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា ព្រះជាម្ចាស់ប្រោសប្រណីដល់អ្នកណាដែលទ្រង់ចង់ប្រោសប្រណី និងមានមេត្តាករុណាដល់អ្នកណាដែលទ្រង់ចង់មេត្តា។ ខ្ញុំមិនមែនជាមនុស្សដែលព្រះជាម្ចាស់មានមេត្តាករុណា ឬប្រោសប្រណីឡើយ។ ហេតុអ្វីបានជាខ្ញុំត្រូវរងការធ្វើបាបបែបនេះ?» ពួកគេកាន់តែគិត ពួកគេកាន់តែក្លាយជាអវិជ្ជមាន ហើយពួកគេរឹតតែមានអារម្មណ៍ថាគ្មានផ្លូវឆ្ពោះទៅមុខឡើយ។ ពួកគេមានអារម្មណ៍ថប់ដង្ហើមដោយសារការត្អូញត្អែររបស់ខ្លួន ហើយពួកគេលែងចង់បំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ ហើយនៅពេលបំពេញភារកិច្ច ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ទោះបីជាអ្នកដទៃប្រកបគ្នាអំពីគោលការណ៍យ៉ាងណាក៏ដោយ ក៏ពួកគេស្តាប់មិនចូលដែរ។ គ្មានប្រតិកម្មអ្វីនៅក្នុងខ្លួនពួកគេឡើយ។ នៅពេលពួកគេស្ថិតក្នុងស្ថានភាពបែបនេះ តើពួកគេមានការចូលទៅក្នុងជីវិតដែរឬទេ? តើពួកគេមានភាពស្មោះត្រង់ខ្លះក្នុងការបំពេញភារកិច្ចដែរឬទេ? គ្មានទៀតទេ ហើយការខិតខំ និងភាពឧស្សាហ៍បន្តិចបន្តួចដែលពួកគេធ្លាប់មានពីមុនមក ក៏បាត់អស់ដែរ។ ដូច្នេះ តើមានអ្វីនៅសល់នៅក្នុងចិត្តរបស់ពួកគេ? «ខ្ញុំគ្រាន់តែធ្វើទៅតាមដំណើរ និងចាំគិតតាមក្រោយប៉ុណ្ណោះ។ ព្រះជាម្ចាស់អាចនឹងបើកសម្ដែង និងជម្រុះខ្ញុំចោលនៅថ្ងៃណាមួយមិនខាន ដោយបោះបង់ខ្ញុំចោល។ នៅពេលថ្ងៃនោះមកដល់ គឺថ្ងៃដែលខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ច ខ្ញុំនឹងមិនធ្វើវាឡើយ។ ខ្ញុំដឹងថាខ្ញុំមិនល្អគ្រប់គ្រាន់ទេ។ ព្រះជាម្ចាស់ប្រហែលជាមិនទាន់ជម្រុះខ្ញុំចោលនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថាទ្រង់មិនសព្វព្រះទ័យនឹងខ្ញុំឡើយ។ វាគ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ ទម្រាំដល់ពេលដែលខ្ញុំត្រូវបានជម្រុះចោល»។ គំនិត និងទស្សនៈទាំងនេះកើតឡើងនៅក្នុងចិត្តរបស់ពួកគេ ហើយនៅពេលពួកគេទាក់ទងជាមួយអ្នកដទៃ ពាក្យសម្ដីបែបនេះតែងតែរបូតចេញមកម្ដងម្កាល៖ «បន្តជឿឱ្យស្មោះអស់ពីចិត្តទៅ អ្នករាល់គ្នា។ សេចក្ដីជំនឿ និងការបំពេញភារកិច្ចរបស់អ្នករាល់គ្នា ប្រាកដជាទទួលបានព្រះពរពីព្រះជាម្ចាស់មិនខាន។ ខ្ញុំអស់សង្ឃឹមហើយ។ ខ្ញុំអស់ផ្លូវដើរហើយ។ មិនថាខ្ញុំឧស្សាហ៍ ឬខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងនរណាម្នាក់ហើយ ទោះបីជាពួកគេខិតខំប្រឹងប្រែងប៉ុនណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ខ្ញុំបំពេញភារកិច្ចដោយខិតខំប្រឹងប្រែងតាមសមត្ថភាពរបស់ខ្ញុំ។ ប្រសិនបើការខិតខំរបស់ខ្ញុំក្លាយជាអសារបង់ នោះគ្មានអ្វីត្រូវធ្វើទៀតទេ។ តើព្រះជាម្ចាស់អាចបង្ខំមនុស្សឱ្យធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ពួកគេបានដែរឬទេ? ព្រះជាម្ចាស់មិនអាចបង្ខំត្រីឱ្យរស់នៅលើគោកបានទេ!» តើពាក្យសម្ដីទាំងនេះមានន័យដូចម្តេច? អត្ថន័យបង្កប់គឺ៖ «ខ្ញុំគឺបែបហ្នឹងឯង។ មិនថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបណាទេ នេះនឹងនៅតែជាអាកប្បកិរិយារបស់ខ្ញុំ»។ ចូរប្រាប់ខ្ញុំមកមើល ហេតុអ្វីបានជាមនុស្សដែលមានអាកប្បកិរិយា និងបំណងបែបនេះ នៅតែចង់ទទួលបានព្រះពរពីព្រះជាម្ចាស់ទៀត? តើសភាព និងអាកប្បកិរិយានេះដែលពួកគេបានបង្កើតឡើង អាចជះឥទ្ធិពលដល់អ្នកដទៃដែរឬទេ? ពួកគេអាចមានឥទ្ធិពលអវិជ្ជមាន និងអាក្រក់យ៉ាងងាយ ដោយដឹកនាំអ្នកដទៃឱ្យធ្លាក់ទៅក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយ។ តើនេះមិនមែនជាការបំភាន់ និងប៉ះពាល់ដល់អ្នកដទៃទេឬ? មនុស្សដែលមានកម្រិតនៃភាពអវិជ្ជមានបែបនេះគឺជាពួកអារក្ស មិនអ៊ីចឹងទេឬ? ពួកអារក្សមិនដែលស្រឡាញ់សេចក្ដីពិតឡើយ។
មនុស្សមួយចំនួនមិនបញ្ចេញភាពអវិជ្ជមានរបស់ខ្លួនដោយការនិយាយវែងអន្លាយនោះទេ គឺពួកគេគ្រាន់តែនិយាយប៉ុន្មានឃ្លាប៉ុណ្ណោះថា៖ «អ្នករាល់គ្នាសុទ្ធតែពូកែជាងខ្ញុំ។ អ្នករាល់គ្នាសុទ្ធតែទទួលបានព្រះពរយ៉ាងច្រើន។ ខ្ញុំអស់សង្ឃឹមហើយ។ មិនថាខ្ញុំខិតខំព្យាយាមយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ខ្ញុំគ្មានសង្ឃឹមថានឹងទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ»។ ទោះបីជាពាក្យពេចន៍ទាំងនេះសាមញ្ញ និងហាក់ដូចជាគ្មានបញ្ហាអ្វី ដោយស្តាប់ទៅហាក់ដូចជាពួកគេកំពុងពិនិត្យពិច័យខ្លួនឯង វែកញែកខ្លួនឯង និងទទួលស្គាល់ការពិត ដូចជាគុណសម្បត្តិអន់ និងចំណុចខ្វះខាតរបស់ខ្លួនក៏ដោយ តែតាមពិតទៅ ពួកគេកំពុងបញ្ចេញភាពអវិជ្ជមានដែលមើលមិនឃើញ។ ពាក្យពេចន៍ទាំងនេះមានបង្កប់នូវការឌីដង និងការចំអក ព្រមទាំងការទាស់ទទឹង ហើយជាការពិតណាស់ លើសពីនេះទៅទៀត ពាក្យពេចន៍ទាំងនេះមានបង្កប់នូវការមិនពេញចិត្តចំពោះព្រះជាម្ចាស់ រួមជាមួយនឹងអារម្មណ៍អវិជ្ជមាន និងស្រងូតស្រងាត់។ ពាក្យពេចន៍អវិជ្ជមានទាំងនេះអាចនឹងតិចតួច ប៉ុន្តែអារម្មណ៍នេះ គឺដូចជាជំងឺឆ្លងអ៊ីចឹង ដែលអាចប៉ះពាល់ដល់អ្នកដទៃបាន។ ទោះបីជាពួកគេមិននិយាយយ៉ាងច្បាស់លាស់ថា៖ «ខ្ញុំលែងចង់បំពេញភារកិច្ចទៀតហើយ ខ្ញុំគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ ហើយអ្នករាល់គ្នាក៏សុទ្ធតែស្ថិតក្នុងគ្រោះថ្នាក់ដែរ» ក៏ដោយ ក៏ពួកគេបញ្ជូនសញ្ញាមួយដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថា ប្រសិនបើបុគ្គលនេះ ទោះបីជាខិតខំយ៉ាងណាក៏ដោយ ក៏គ្មានសង្ឃឹមទទួលបានការសង្គ្រោះដែរនោះ នោះអស់អ្នកដែលមិនព្យាយាម គឺកាន់តែគ្មានសង្ឃឹមទៅទៀត។ ដោយការបញ្ជូនសញ្ញានេះ ពួកគេកំពុងប្រាប់មនុស្សគ្រប់គ្នាថា៖ «ក្តីសង្ឃឹមគឺសំខាន់ណាស់។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានក្តីសង្ឃឹមដល់អ្នកទេ ប្រសិនបើព្រះជាម្ចាស់មិនប្រទានព្រះពរដល់អ្នកទេ នោះមិនថាអ្នកខិតខំប្រឹងប្រែងប៉ុនណាក៏ដោយ ក៏វាសុទ្ធតែអសារបង់ដែរ»។ បន្ទាប់ពីមនុស្សភាគច្រើនទទួលយកសញ្ញានេះហើយ សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់នៅក្នុងជម្រៅចិត្ត នឹងថយចុះដោយចៀសមិនរួច ហើយភក្ដីភាព និងភាពស្មោះត្រង់ដែលពួកគេគួរតែបង្ហាញនៅពេលបំពេញភារកិច្ច ក៏ត្រូវថយចុះយ៉ាងខ្លាំងដែរ។ ទោះបីជាពួកគេបញ្ចេញភាពអវិជ្ជមាននេះ ដោយគ្មានចេតនាច្បាស់លាស់ក្នុងការបំភាន់ ឬទាញមនុស្សទៅខាងខ្លួនក៏ដោយ ក៏អារម្មណ៍អវិជ្ជមាននេះប៉ះពាល់យ៉ាងឆាប់រហ័សដល់អ្នកដទៃ ដោយធ្វើឱ្យពួកគេមានអារម្មណ៍ថាមានវិបត្តិ ដោយមានអារម្មណ៍ថាការខិតខំរបស់ពួកគេងាយនឹងក្លាយជាអសារបង់ណាស់។ វាធ្វើឱ្យមនុស្សរស់នៅក្នុងអារម្មណ៍របស់ខ្លួន ដោយប្រើអារម្មណ៍ដើម្បីប៉ាន់ស្មានអំពីព្រះជាម្ចាស់ ហើយវិភាគ និងពិនិត្យពិច័យអាកប្បកិរិយា និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ដោយផ្អែកលើការលេចមកខាងក្រៅ។ នៅពេលដែលអារម្មណ៍អវិជ្ជមាននេះត្រូវបានបញ្ជូនទៅអ្នកដទៃ ពួកគេនឹងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដោយចៀសមិនរួច ហើយយល់ច្រឡំ និងសង្ស័យចំពោះអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល ដោយលែងជឿលើព្រះបន្ទូលរបស់ទ្រង់ទៀតហើយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេលែងមានចិត្តស្មោះចំពោះភារកិច្ចរបស់ខ្លួនទៀតហើយ។ ពួកគេគ្មានឆន្ទៈលះបង់ និងគ្មានឆន្ទៈក្នុងការមានភាពស្មោះត្រង់អ្វីឡើយ។ នេះគឺជាផលប៉ះពាល់នៃពាក្យសម្ដីអវិជ្ជមានទាំងនេះមកលើមនុស្ស។ តើផលវិបាកនៃផលប៉ះពាល់នេះគឺជាអ្វី? បន្ទាប់ពីបានឮពាក្យពេចន៍ទាំងនេះហើយ មនុស្សមិនទទួលបានការធ្វើឱ្យស្អាងឡើងឡើយ ហើយពួកគេរឹតតែមិនសម្រេចបាននូវការស្គាល់ខ្លួនឯង រកឃើញចំណុចខ្វះខាតរបស់ខ្លួន ឬអាចអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ឡើយ ពោលគឺពួកគេមិនទទួលបានលទ្ធផលវិជ្ជមានទាំងនេះសោះ។ ផ្ទុយទៅវិញ ផលប៉ះពាល់នេះធ្វើឱ្យមនុស្សកាន់តែក្លាយជាអវិជ្ជមាន គិតចង់បោះបង់ការដេញតាមសេចក្ដីពិត និងលែងមានការតាំងចិត្តក្នុងភារកិច្ចរបស់ខ្លួនទៀតហើយ។ ហេតុអ្វីបានជាពួកគេបាត់បង់សេចក្ដីជំនឿ? (ពួកគេមានអារម្មណ៍ថា ពួកគេគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ។) ត្រូវហើយ អ្នកបានទទួលយកសារនេះ ហើយមានអារម្មណ៍ថាអ្នកគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ ដូច្នេះ អ្នកគ្មានឆន្ទៈខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់អ្នកឡើយ។ ឥរិយាបថនេះបង្ហាញថា អ្នកមិនមែនកំពុងដេញតាមសេចក្ដីពិតដោយស្មោះត្រង់នោះទេ ប៉ុន្តែតែងតែជំនុំជម្រះថាតើព្រះជាម្ចាស់សព្វព្រះទ័យនឹងអ្នកដែរឬទេ ថាតើអ្នកមានសង្ឃឹមទទួលបានការសង្គ្រោះដែរឬទេ និងថាតើព្រះជាម្ចាស់សព្វព្រះទ័យនឹងការបំពេញភារកិច្ចរបស់អ្នកដែរឬទេ ដោយផ្អែកលើអារម្មណ៍ មនោសញ្ចេតនា និងការប៉ាន់ស្មាន។ នៅពេលដែលមនុស្សជំនុំជម្រះរឿងទាំងនេះដោយផ្អែកលើការប៉ាន់ស្មាន ពួកគេមិនសូវមានកម្លាំងចិត្តក្នុងការអនុវត្តសេចក្ដីពិតឡើយ។ ហេតុអ្វីបានជាបែបនេះ? តើមនុស្សអាចជំនុំជម្រះព្រះជាម្ចាស់ដោយសុក្រឹតដែរឬទេ នៅពេលដែលពួកគេជំនុំជម្រះទ្រង់ដោយផ្អែកលើការប៉ាន់ស្មាននោះ? តើមនុស្សអាចធ្វើការប៉ាន់ស្មានអំពីគ្រប់ទាំងគំនិត និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដោយសុក្រឹតដែរឬទេ? (មិនអាចទេ។) គំនិតរបស់មនុស្សពោរពេញទៅដោយសេចក្ដីបញ្ឆោត ការដោះដូរ ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ តក្កវិជ្ជារបស់សាតាំង និងអ្វីៗផ្សេងទៀត។ តើការដែលមនុស្សធ្វើការប៉ាន់ស្មានអំពីព្រះជាម្ចាស់ដោយផ្អែកលើរឿងទាំងនេះ មានផលវិបាកអ្វីខ្លះ? វានាំឱ្យមានការសង្ស័យលើព្រះជាម្ចាស់ ការឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងសូម្បីតែការបាត់បង់សេចក្ដីជំនឿទាំងស្រុងលើព្រះជាម្ចាស់ទៀតផង។ នៅពេលដែលមនុស្សម្នាក់បាត់បង់សេចក្ដីជំនឿទាំងស្រុងលើព្រះជាម្ចាស់ សញ្ញាសួរដ៏ធំមួយនឹងកើតមាននៅក្នុងចិត្តរបស់ពួកគេដោយចៀសមិនរួច ថាតើព្រះជាម្ចាស់ពិតជាមានមែនឬអត់។ នៅពេលនោះ ជីវិតជាអ្នកជឿលើព្រះជាម្ចាស់របស់ពួកគេនឹងត្រូវបញ្ចប់ ហើយពួកគេនឹងត្រូវវិនាសទាំងស្រុង។ បន្ថែមលើនេះ តើវាត្រឹមត្រូវដែរឬទេ ដែលមនុស្សធ្វើការប៉ាន់ស្មានអំពីព្រះជាម្ចាស់? តើនេះជាអាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើត គួរមានចំពោះព្រះអាទិករដែរឬទេ? ច្បាស់ណាស់ថា មិនមែនទេ។ មនុស្សមិនគួរធ្វើការប៉ាន់ស្មានអំពីព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនគួរស្មានអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ឬគំនិតរបស់ទ្រង់ចំពោះមនុស្សដែរ។ រឿងនេះគឺខុសតាំងពីដើមមកម្ល៉េះ។ មនុស្សបានប្រកាន់យកទស្សនៈ និងជំហរមិនត្រឹមត្រូវហើយ។
មនុស្សមិនគួរប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយការប៉ាន់ស្មាន ការស្មាន ការសង្ស័យ ឬមន្ទិលឡើយ ហើយពួកគេក៏មិនគួរជំនុំជម្រះទ្រង់ដោយផ្អែកលើគំនិត និងទស្សនៈរបស់មនុស្ស ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ ឬចំណេះដឹងការសិក្សារបស់មនុស្សដែរ។ ដូច្នេះ តើមនុស្សគួរប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយរបៀបណា? ជាដំបូង មនុស្សគួរជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស បំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ សេចក្ដីស្រឡាញ់ និងសម្អប់របស់ទ្រង់ចំពោះមនុស្ស និងការចាត់ចែង ព្រះតម្រិះ និងគំនិតរបស់ទ្រង់ចំពោះមនុស្សគ្រប់ប្រភេទ និងអ្វីៗផ្សេងទៀត មិនត្រូវការការស្មានរបស់អ្នកឡើយ។ រឿងទាំងនេះមានការពន្យល់ច្បាស់លាស់ និងអត្ថន័យច្បាស់លាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកគ្រាន់តែត្រូវជឿ ស្វែងរក ហើយបន្ទាប់មកអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺសាមញ្ញបែបហ្នឹងឯង។ ព្រះជាម្ចាស់មិនសុំឱ្យអ្នកជំនុំជម្រះនូវអ្វីដែលទ្រង់មានបំណងព្រះហឫទ័យចង់ធ្វើចំពោះអ្នក ឬរបៀបដែលទ្រង់ទតមើលមកអ្នក ដោយផ្អែកលើអារម្មណ៍ឡើយ។ ដូច្នេះ អ្នកគិតថាអ្នកគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ តើនេះជាអារម្មណ៍ ឬជាការពិត? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងបែបនេះដែរឬទេ? (មិនបានចែងទេ។) ចុះតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថាដូចម្តេច? ព្រះជាម្ចាស់ប្រាប់មនុស្សពីរបៀបស្វែងរកសេចក្ដីពិតដើម្បីដំណោះស្រាយ និងរកឃើញផ្លូវដើម្បីអនុវត្តសេចក្ដីពិត នៅពេលណាដែលពួកគេជួបប្រទះបញ្ហា ឬបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ។ នេះបញ្ជាក់ពីរឿងមួយគឺ៖ វាជាការពិតដែលព្រះជាម្ចាស់ចង់សង្គ្រោះមនុស្ស និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ពួកគេ។ ព្រះជាម្ចាស់មិនកំពុងបោកបញ្ឆោតអ្នកទេ ហើយនេះមិនមែនជាពាក្យសម្ដីទទេសូន្យឡើយ។ អ្នកគិតថាអ្នកគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ ប៉ុន្តែនោះគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្ន ជាអារម្មណ៍ដែលកើតឡើងក្រោមមជ្ឈដ្ឋានជាក់លាក់មួយប៉ុណ្ណោះ។ អារម្មណ៍របស់អ្នកមិនតំណាងឱ្យព្រះរាជបំណង ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ រឹតតែមិនតំណាងឱ្យព្រះតម្រិះរបស់ទ្រង់ទៅទៀត ហើយវាក៏មិនតំណាងឱ្យសេចក្ដីពិតដែរ។ ហេតុដូច្នេះ ប្រសិនបើអ្នករស់នៅដោយផ្អែកលើអារម្មណ៍នេះ ប្រសិនបើអ្នកធ្វើការប៉ាន់ស្មានអំពីព្រះជាម្ចាស់ដោយផ្អែកលើអារម្មណ៍នេះ ដោយប្រើអារម្មណ៍របស់អ្នកដើម្បីជំនួសព្រះរាជបំណងរបស់ព្រះជាម្ចាស់ នោះអ្នកខុសធ្ងន់ហើយ ហើយបានធ្លាក់ចូលក្នុងអន្ទាក់របស់សាតាំងហើយ។ តើមនុស្សគួរធ្វើដូចម្តេចក្នុងស្ថានភាពនេះ? ចូរកុំពឹងផ្អែកលើអារម្មណ៍។ មនុស្សមួយចំនួននិយាយថា៖ «បើមិនឱ្យយើងពឹងផ្អែកលើអារម្មណ៍ តើគួរពឹងផ្អែកលើអ្វី?» ការពឹងផ្អែកលើអ្វីដែលជារបស់អ្នក គឺគ្មានប្រយោជន៍ឡើយ។ អារម្មណ៍របស់មនុស្សមិនតំណាងឱ្យសេចក្ដីពិតទេ។ តើអ្នកណាទៅដឹងថាអារម្មណ៍របស់អ្នកបង្កើតឡើងដោយរបៀបណា ឬវាពិតជាមកពីណានោះ ប្រសិនបើវាកើតឡើងដោយសារការបំភាន់របស់សាតាំង នោះវាជាបញ្ហាហើយ។ យ៉ាងណាក៏ដោយ មិនថាអារម្មណ៍នោះកើតឡើងដោយរបៀបណានោះទេ ក៏វាមិនតំណាងឱ្យសេចក្ដីពិតដែរ។ អារម្មណ៍ និងញាណដឹងរបស់មនុស្សកាន់តែខ្លាំង ពួកគេកាន់តែត្រូវការស្វែងរកសេចក្ដីពិត ចូលមកចំពោះព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ អារម្មណ៍របស់មនុស្ស និងការពិត ព្រមទាំងសេចក្ដីពិត គឺជារឿងពីរផ្សេងគ្នា។ តើអារម្មណ៍អាចផ្ដល់សេចក្ដីពិតដល់អ្នកបានដែរឬទេ? តើវាអាចនាំផ្លូវនៃការអនុវត្តមកឱ្យអ្នកបានដែរឬទេ? មិនអាចទេ។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានតែសេចក្ដីពិតប៉ុណ្ណោះ ដែលអាចនាំផ្លូវនៃការអនុវត្តមកឱ្យអ្នកបាន អាចនាំមកនូវចំណុចរបត់សម្រាប់អ្នក និងបើកផ្លូវចេញឱ្យអ្នកបាន។ ហេតុដូច្នេះ អ្វីដែលអ្នកគួរអនុវត្ត មិនមែនជាការស្វែងរកអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកទេ អារម្មណ៍របស់អ្នកមិនសំខាន់ឡើយ។ អ្វីដែលអ្នកគួរធ្វើ គឺចូលមកចំពោះព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីពិត ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ អ្នកកាន់តែពឹងផ្អែកលើអារម្មណ៍ នោះអ្នកកាន់តែរកមិនឃើញផ្លូវឆ្ពោះទៅមុខ អ្នកកាន់តែធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន ហើយអ្នកកាន់តែជឿថា ព្រះជាម្ចាស់មិនយុត្តិធម៌ ថាព្រះជាម្ចាស់មិនបានប្រទានព្រះពរដល់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទុកអារម្មណ៍ទាំងនេះមួយឡែក ដើម្បីស្វែងរកគោលការណ៍សេចក្ដីពិត ដើម្បីមើលថាតើទង្វើណាខ្លះនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក បានបំពានលើគោលការណ៍សេចក្ដីពិត ទង្វើណាខ្លះត្រូវបានធ្វើឡើងតាមអំពើចិត្តរបស់អ្នក ហើយមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតទាល់តែសោះ នោះនៅក្នុងដំណើរការនៃការស្វែងរក អ្នកនឹងរកឃើញថា អ្នកតាមអំពើចិត្តខ្លួនឯងច្រើនខ្លាំងពេក មានការស្រមើស្រមៃច្រើនពេក។ គ្រាន់តែប្រើភាពស្មោះអស់ពីដួងចិត្តបន្តិចនេះ អ្នកនឹងរកឃើញបញ្ហាជាច្រើនគឺ៖ «ខ្ញុំបះបោរពេកហើយ តាមតែអំពើចិត្តពេកហើយ ក្រអឺតក្រទមពេកហើយ! មិនមែនខ្ញុំគ្មានសង្ឃឹមទទួលបានការសង្គ្រោះនោះទេ អារម្មណ៍របស់ខ្ញុំមិនត្រឹមត្រូវទេ។ វាគឺមកពីខ្ញុំមិនបានយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគឺមកពីខ្ញុំមិនបានអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ ខ្ញុំតែងតែត្អូញត្អែរថា ព្រះជាម្ចាស់មិនប្រទានព្រះពរដល់ខ្ញុំ មិនណែនាំខ្ញុំ និងលំអៀង ប៉ុន្តែតាមពិត ខ្ញុំមិនបានទទួលស្គាល់ថា ខ្ញុំធ្វើឱ្យតែរួចពីដៃ តាមតែអំពើចិត្ត និងធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ខ្លួន នេះជាកំហុសរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះជាម្ចាស់មិនមានសេចក្ដីលំអៀងទេ។ នៅពេលដែលមនុស្សមិនស្វែងរកសេចក្ដីពិត ឬមិនចូលមកចំពោះព្រះជាម្ចាស់ ការដែលព្រះជាម្ចាស់មិនដកហូតសិទ្ធិក្នុងការបំពេញភារកិច្ចរបស់ពួកគេ គឺទ្រង់ល្អចំពោះពួកគេណាស់ទៅហើយ។ ព្រះជាម្ចាស់អត់ឱនខ្លាំងណាស់ទៅហើយចំពោះរឿងនេះ។ ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍ថាពោរពេញដោយការត្អូញត្អែរ ថែមទាំងប្រកួតប្រជែង និងប្រកែកតវ៉ាជាមួយព្រះជាម្ចាស់ទៀតផង។ ពីមុន ខ្ញុំគិតថាខ្ញុំល្អណាស់ទៅហើយ ប៉ុន្តែឥឡូវនេះ ខ្ញុំឃើញថាវាមិនពិតទាល់តែសោះ។ អ្វីដែលខ្ញុំបានធ្វើ គឺមិនផ្អែកលើគោលការណ៍ឡើយ។ ការដែលព្រះជាម្ចាស់មិនបានប្រៀនប្រដៅខ្ញុំ គឺជាព្រះគុណរបស់ទ្រង់ ទ្រង់បានយល់ដល់កម្ពស់ដ៏តូចទាបរបស់ខ្ញុំ!» តាមរយៈការស្វែងរកបែបនេះ អ្នកនឹងយល់សេចក្ដីពិតមួយចំនួន ហើយអាចចាប់ផ្ដើមអនុវត្តយ៉ាងសកម្មស្របតាមគោលការណ៍សេចក្ដីពិត។ បន្តិចម្ដងៗ អ្នកនឹងមានអារម្មណ៍ថា អ្នកមានគោលការណ៍ខ្លះៗក្នុងការប្រព្រឹត្តខ្លួន និងក្នុងការបំពេញភារកិច្ចរបស់អ្នក។ នៅពេលនោះ តើអ្នកនឹងមិនមានអារម្មណ៍ថាសុខសាន្តនៅក្នុងមនសិការរបស់អ្នកខ្លាំងជាងមុនទេឬ? «ពីមុន ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានសង្ឃឹមទទួលបានការសង្គ្រោះទេ ប៉ុន្តែឥឡូវនេះ ហេតុអ្វីបានជាអារម្មណ៍នេះ ការយល់ដឹងនេះ កាន់តែរសាត់ទៅៗអ៊ីចឹង? តើសភាពនេះបានផ្លាស់ប្ដូរដោយរបៀបណា? ពីមុន ខ្ញុំគិតថាខ្ញុំគ្មានសង្ឃឹមទេ តើនោះមិនមែនគ្រាន់តែជាភាពអវិជ្ជមាន និងការទាស់ទទឹង ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? ខ្ញុំបះបោរខ្លាំងពេកហើយ!» បន្ទាប់ពីបានចុះចូលហើយ ដោយមិនដឹងខ្លួន នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក អ្នកនឹងចាប់ផ្ដើមយល់ពីគោលការណ៍មួយចំនួន ហើយអ្នកនឹងលែងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៀតហើយ។ អ្នកនឹងគ្រាន់តែផ្តោតលើរបៀបចៀសវាងការធ្វើឱ្យតែរួចពីដៃ និងរបៀបបំពេញភារកិច្ចរបស់អ្នកស្របតាមគោលការណ៍ប៉ុណ្ណោះ។ ដោយមិនដឹងខ្លួន អ្នកនឹងលែងមានអារម្មណ៍ថាអ្នកមិនអាចត្រូវបានសង្គ្រោះទៀតហើយ ហើយអ្នកនឹងលែងជាប់នៅក្នុងសភាពអវិជ្ជមាននោះទៀតហើយ។ អ្នកនឹងបំពេញភារកិច្ចរបស់អ្នកស្របតាមគោលការណ៍ ហើយមានអារម្មណ៍ថា ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានក្លាយជាប្រក្រតីហើយ។ នៅពេលអ្នកមានអារម្មណ៍បែបនេះ អ្នកនឹងគិតថា៖ «ព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំទេ។ ខ្ញុំអាចមានអារម្មណ៍ដឹងពីវត្តមានរបស់ព្រះជាម្ចាស់ ហើយខ្ញុំអាចមានអារម្មណ៍ដឹងពីការណែនាំ និងព្រះពររបស់ព្រះជាម្ចាស់ នៅពេលខ្ញុំស្វែងរកព្រះជាម្ចាស់ ខណៈពេលបំពេញភារកិច្ចរបស់ខ្ញុំ។ ទីបំផុត ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកដទៃ ហើយក៏ប្រទានព្រះពរដល់ខ្ញុំដែរ ហើយថាព្រះជាម្ចាស់មិនមានសេចក្ដីលំអៀងទេ។ ហាក់ដូចជាខ្ញុំនៅតែមានសង្ឃឹមទទួលបានការសង្គ្រោះ។ តាមពិត ផ្លូវដែលខ្ញុំដើរពីមុនមកគឺខុសសោះ។ ខ្ញុំតែងតែធ្វើឱ្យតែរួចពីដៃ និងប្រព្រឹត្តកំហុសដែលធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំថែមទាំងគិតថាខ្ញុំមិនអីទេ ដោយរស់នៅក្នុងពិភពដ៏តូចរបស់ខ្លួន និងកោតសរសើរខ្លួនឯង។ ឥឡូវនេះ ខ្ញុំឃើញថា ការធ្វើបែបនេះគឺជាកំហុសដ៏ធំ! ការរស់នៅទាំងស្រុងក្នុងសភាពនៃការស្រែកប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់ មិនឆ្ងល់ទេដែលខ្ញុំមិនទទួលបានការបំភ្លឺពីព្រះជាម្ចាស់។ តើខ្ញុំអាចទទួលបានការបំភ្លឺពីព្រះជាម្ចាស់ដោយរបៀបណា ប្រសិនបើខ្ញុំមិនប្រព្រឹត្តស្របតាមគោលការណ៍ផងនោះ?» អ្នកមើលចុះ វិធីនៃការអនុវត្តពីរយ៉ាងដែលខុសគ្នាទាំងស្រុង វិធីនៃការដោះស្រាយគំនិតរបស់ខ្លួនពីរយ៉ាងដែលខុសគ្នាទាំងស្រុង ទីបំផុតនាំឱ្យមានលទ្ធផលខុសគ្នា។
មនុស្សមិនអាចរស់នៅដោយផ្អែកលើអារម្មណ៍របស់ខ្លួននៅក្នុងជំនឿលើព្រះជាម្ចាស់បានឡើយ។ អារម្មណ៍របស់មនុស្សគ្រាន់តែជាអារម្មណ៍មួយឆាវប៉ុណ្ណោះ តើវាមានអ្វីពាក់ព័ន្ធនឹងលទ្ធផលរបស់ពួកគេដែរឬទេ? តើវាមានអ្វីពាក់ព័ន្ធនឹងការពិតដែរឬទេ? (គ្មានទេ។) នៅពេលដែលមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ នៅពេលដែលពួកគេរស់នៅក្នុងសភាពចិត្តនៃការយល់ច្រឡំចំពោះព្រះជាម្ចាស់ ឬទាស់ទទឹង ប្រយុទ្ធប្រឆាំង និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់ នោះពួកគេបានចាកចេញពីការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទាំងស្រុងហើយ ហើយលែងមានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សរស់នៅក្នុងសភាពបែបនេះ ពួកគេចៀសមិនរួចពីការរស់នៅដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ គំនិតតូចតាចខ្លះអាចធ្វើឱ្យពួកគេពិបាកចិត្តរហូតដល់បាយមិនបាន ដេកក៏មិនលក់ ពាក្យសម្ដីមិនបានគិតរបស់នរណាម្នាក់អាចធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការស្មាន និងភាពងឿងឆ្ងល់ ហើយសូម្បីតែសុបិនអាក្រក់មួយ ក៏អាចធ្វើឱ្យពួកគេមានភាពអវិជ្ជមាន និងបណ្ដាលឱ្យពួកគេយល់ច្រឡំចំពោះព្រះជាម្ចាស់បានដែរ។ នៅពេលដែលវដ្ដដ៏អាក្រក់បែបនេះបានកើតឡើង មនុស្សកំណត់ថា វាចប់ហើយសម្រាប់ពួកគេ ថាពួកគេបានបាត់បង់ក្ដីសង្ឃឹមទាំងអស់ក្នុងការត្រូវបានសង្គ្រោះ ថាពួកគេត្រូវបានព្រះជាម្ចាស់លះបង់ចោល ហើយថាព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេឡើយ។ ពួកគេកាន់តែគិតរបៀបនេះ ហើយពួកគេកាន់តែមានអារម្មណ៍បែបនេះ នោះពួកគេកាន់តែធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន។ មូលហេតុពិតប្រាកដដែលមនុស្សមានអារម្មណ៍ទាំងនេះ គឺដោយសារតែពួកគេមិនស្វែងរកសេចក្ដីពិត ឬមិនអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ មនុស្សមិនស្វែងរកសេចក្ដីពិត មិនអនុវត្តសេចក្ដីពិត ហើយតែងតែធ្វើតាមចិត្តខ្លួនឯង ដោយរស់នៅកណ្តាលល្បិចកលកំប៉ិកកំប៉ុករបស់ខ្លួន។ ពួកគេចំណាយពេលរាល់ថ្ងៃដើម្បីប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងប្រកួតប្រជែងជាមួយពួកគេ ដោយច្រណែន និងស្អប់អ្នកណាដែលពួកគេគិតថាពូកែជាងខ្លួន ហើយឌឺដង និងចំអកឡកឡឺយដាក់អ្នកណាដែលពួកគេគិតថាអន់ជាងខ្លួន ដោយរស់នៅក្នុងនិស្ស័យរបស់សាតាំង មិនធ្វើអ្វីស្របតាមគោលការណ៍សេចក្ដីពិត និងបដិសេធមិនទទួលយកដំបូន្មានរបស់នរណាម្នាក់ឡើយ។ ទីបំផុត រឿងនេះនាំឱ្យពួកគេបង្កើតបានជាការយល់ឃើញខុស ការស្មាន និងការជំនុំជម្រះគ្រប់បែបយ៉ាង ហើយពួកគេធ្វើឱ្យខ្លួនឯងខ្វល់ខ្វាយជានិច្ច។ ហើយតើពួកគេមិនសមនឹងទទួលបែបនេះទេឬ? ផ្លែផ្កាដ៏ជូរចត់បែបនេះ អាចទទួលដោយខ្លួនឯងតែប៉ុណ្ណោះ ហើយពួកគេពិតជាសមនឹងទទួលវាណាស់។ តើអ្វីបណ្ដាលឱ្យមានរឿងទាំងអស់នេះ? វាគឺដោយសារតែមនុស្សមិនស្វែងរកសេចក្ដីពិត ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេក ពួកគេតែងតែធ្វើស្របតាមគំនិតផ្ទាល់ខ្លួន ពួកគេតែងតែអួតសម្ញែង និងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ពួកគេតែងតែព្យាយាមធ្វើឱ្យខ្លួនឯងលេចធ្លោ ពួកគេតែងតែលើកសំណើមិនសមហេតុផលចំពោះព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត គឺរឿងទាំងអស់នេះបណ្ដាលឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់បន្តិចម្ដងៗ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងបំពានសេចក្ដីពិតម្ដងហើយម្ដងទៀត។ ទីបំផុត ពួកគេធ្វើឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត និងភាពអវិជ្ជមាន។ ហើយនៅពេលបែបនោះ មនុស្សមិនមានការយល់ដឹងពិតប្រាកដអំពីការបះបោរ និងការប្រឆាំងរបស់ខ្លួនឡើយ រឹតតែមិនអាចទៅរួចសម្រាប់ពួកគេក្នុងការប្រព្រឹត្តចំពោះរឿងទាំងនេះដោយអាកប្បកិរិយាត្រឹមត្រូវបានទៅទៀត។ ផ្ទុយទៅវិញ ពួកគេត្អូញត្អែរអំពីព្រះជាម្ចាស់ យល់ច្រឡំចំពោះព្រះជាម្ចាស់ និងធ្វើការប៉ាន់ស្មានអំពីទ្រង់។ នៅពេលរឿងនេះកើតឡើង ទីបំផុតមនុស្សដឹងថា សេចក្ដីពុករលួយរបស់ពួកគេគឺជ្រៅណាស់ ហើយថាពួកគេមានបញ្ហាច្រើនពេក ដូច្នេះ ពួកគេកំណត់ថា ពួកគេគឺជាប្រភេទមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយពួកគេចៀសមិនរួចពីការធ្លាក់ចូលទៅក្នុងភាពអវិជ្ជមានឡើយ ដោយមិនអាចដកខ្លួនចេញបានទេ។ អ្វីដែលពួកគេជឿគឺ៖ «ព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធខ្ញុំ ព្រះជាម្ចាស់មិនចង់បានខ្ញុំទេ។ ខ្ញុំបះបោរពេកហើយ ខ្ញុំសមនឹងទទួលវាហើយ ព្រះជាម្ចាស់ប្រាកដជានឹងមិនសង្គ្រោះខ្ញុំទៀតទេ»។ ពួកគេជឿថារឿងទាំងនេះសុទ្ធតែជាការពិត។ ពួកគេកំណត់ការស្មាននៅក្នុងចិត្តរបស់ពួកគេថាជាការពិត។ មិនថាអ្នកណាប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏គ្មានប្រយោជន៍ដែរ ពួកគេមិនទទួលយកឡើយ។ ពួកគេគិតថា៖ «ព្រះជាម្ចាស់នឹងមិនប្រទានព្រះពរដល់ខ្ញុំទេ ទ្រង់នឹងមិនសង្គ្រោះខ្ញុំទេ ដូច្នេះ តើការជឿលើព្រះជាម្ចាស់មានន័យអ្វីទៅ?» នៅពេលដែលផ្លូវនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់បានមកដល់ចំណុចនេះ តើមនុស្សនៅតែអាចជឿបានដែរឬទេ? មិនអាចទេ។ ហេតុអ្វីបានជាពួកគេលែងអាចបន្តទៅមុខទៀតបាន? មានការពិតមួយនៅត្រង់នេះ។ នៅពេលដែលភាពអវិជ្ជមានរបស់មនុស្សឈានដល់ចំណុចជាក់លាក់មួយដែលចិត្តរបស់ពួកគេពោរពេញទៅដោយការទាស់ទទឹង និងការត្អូញត្អែរ ហើយពួកគេចង់កាត់ផ្ដាច់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ឱ្យដាច់ស្រេច នោះវាលែងជារឿងសាមញ្ញត្រឹមតែថា ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ មិនចុះចូលនឹងព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិត និងមិនទទួលយកសេចក្ដីពិតទៀតហើយ។ ផ្ទុយទៅវិញ តើវាជាអ្វី? នៅក្នុងចិត្តរបស់ពួកគេ ពួកគេជ្រើសរើសបោះបង់សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់យ៉ាងសកម្ម។ ពួកគេគិតថា វាគួរឱ្យខ្មាសណាស់ក្នុងការរង់ចាំឱ្យគេជម្រុះចោលដោយអសកម្ម ហើយថាការជ្រើសរើសបោះបង់ចោលគឺមានសេចក្ដីថ្លៃថ្នូរជាង ដូច្នេះ ពួកគេក៏ចាប់ផ្ដើមបោះបង់ឱកាសរបស់ខ្លួន ដោយបញ្ចប់រឿងនានាដោយខ្លួនឯង។ ពួកគេថ្កោលទោសសេចក្ដីជំនឿលើព្រះជាម្ចាស់ថាជារឿងមិនល្អ ពួកគេថ្កោលទោសសេចក្ដីពិតថាមិនអាចផ្លាស់ប្ដូរមនុស្សបាន ហើយពួកគេថ្កោលទោសព្រះជាម្ចាស់ថាមិនសុចរិត ដោយត្អូញត្អែរអំពីការដែលទ្រង់មិនសង្គ្រោះពួកគេ៖ «ខ្ញុំឧស្សាហ៍ណាស់ ខ្ញុំរងទុក្ខលំបាកច្រើនជាងអ្នកដទៃ ហើយលះបង់ច្រើនជាងអ្នកផ្សេងទៀតទៅទៀត ខ្ញុំបំពេញភារកិច្ចដោយស្មោះត្រង់ ប៉ុន្តែព្រះជាម្ចាស់នៅតែមិនប្រទានព្រះពរដល់ខ្ញុំ។ ឥឡូវនេះ ខ្ញុំឃើញច្បាស់ហើយថា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងខ្ញុំទេ ថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយមិនស្មើភាពគ្នាឡើយ»។ ពួកគេហ៊ានប្រែក្លាយការសង្ស័យរបស់ខ្លួនចំពោះព្រះជាម្ចាស់ ទៅជាការថ្កោលទោសព្រះជាម្ចាស់ និងការប្រមាថទាស់នឹងទ្រង់។ នៅពេលដែលការពិតនេះកើតឡើង តើពួកគេអាចបន្តនៅលើផ្លូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់បានដែរឬទេ? ដោយសារតែពួកគេបះបោរទាស់នឹងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនទទួលយកសេចក្ដីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ នោះពួកគេត្រូវវិនាសហើយ។ តើវាមិនមែនជារឿងគ្មានហេតុផលទេឬ ដែលមនុស្សម្នាក់បោះបង់ព្រះជាម្ចាស់ដោយគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន ហើយបន្ទាប់មកត្អូញត្អែរថា ព្រះជាម្ចាស់មិនប្រទានព្រះពរដល់ពួកគេ ឬមិនបង្ហាញព្រះគុណដល់ពួកគេនោះ? មនុស្សគ្រប់គ្នាជ្រើសរើសផ្លូវផ្ទាល់ខ្លួន ហើយដើរលើផ្លូវនោះដោយខ្លួនឯង គ្មាននរណាម្នាក់អាចធ្វើរឿងនេះជំនួសពួកគេបានឡើយ។ គឺអ្នកខ្លួនឯងទេដែលបានជ្រើសរើសផ្លូវទាល់ គឺអ្នកខ្លួនឯងទេដែលបានបោះបង់ព្រះជាម្ចាស់ និងបដិសេធទ្រង់។ តាំងពីដើមរហូតដល់ចប់ ព្រះជាម្ចាស់មិនដែលមានបន្ទូលថា ទ្រង់មិនចង់បានអ្នក ឬថាទ្រង់បានបោះបង់អ្នកចោល ឬថាទ្រង់បដិសេធមិនសង្គ្រោះអ្នកឡើយ។ គឺអ្នកខ្លួនឯងទេដែលបានដាក់កំហិតព្រះជាម្ចាស់ ដោយផ្អែកលើការស្មានរបស់អ្នក។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដមែន ហើយអ្នកនឹងនៅតែជឿលើព្រះជាម្ចាស់ ទោះបីជាទ្រង់មិនចង់បានអ្នកក៏ដោយ ហើយអ្នកនឹងនៅតែជឿលើព្រះជាម្ចាស់ និងបន្តអានព្រះបន្ទូលរបស់ទ្រង់ ហើយនៅតែទទួលយកសេចក្ដីពិត និងបំពេញភារកិច្ចរបស់អ្នកជាធម្មតា ទោះបីជាទ្រង់ស្អប់ខ្ពើមអ្នកក៏ដោយ នោះតើអ្នកណាអាចរឹតត្បិត ឬបញ្ឈប់អ្នកបាន? តើនេះមិនមែនសុទ្ធតែអាស្រ័យលើជម្រើស និងការដេញតាមរបស់អ្នកផ្ទាល់ទេឬ? អ្នកខ្លួនឯងខ្វះសេចក្ដីជំនឿ តែបែរជាងាកទៅត្អូញត្អែរអំពីព្រះជាម្ចាស់ទៅវិញ។ នេះគឺជាការគ្មានហេតុផលហើយ។ អ្នកមិនថែរក្សាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ ហើយទទូចចង់បំផ្លាញវា។ នៅពេលដែលមានស្នាមប្រេះហើយ តើវាអាចស្តារឡើងវិញបានដែរឬទេ? កញ្ចក់ដែលបែកហើយ គឺពិបាកនឹងយកមកផ្គុំគ្នាវិញណាស់ ហើយទោះបីជាយកមកផ្គុំគ្នាវិញក៏ដោយ ក៏ស្នាមប្រេះនឹងនៅតែមានដដែល។ ឥឡូវនេះ ដោយសារទំនាក់ទំនងបានបែកបាក់ហើយ វាមិនអាចស្តារឱ្យដូចសភាពដើមវិញបានឡើយ។ ហេតុនេះ មិនថាពួកគេជួបប្រទះមជ្ឈដ្ឋានបែបណានោះទេ នៅក្នុងដំណើរនៃការជឿលើព្រះជាម្ចាស់ មនុស្សគួររៀនចុះចូល ហើយពួកគេគួរស្វែងរកសេចក្ដីពិត មានតែបែបនោះទេទើបពួកគេអាចឈរមាំបាន។ ប្រសិនបើអ្នកចង់ដើរតាមព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់នៃផ្លូវ វាសំខាន់ណាស់ក្នុងការដេញតាមសេចក្ដីពិត។ មិនថានៅក្នុងការបំពេញភារកិច្ច ឬធ្វើអ្វីផ្សេងទៀតទេ ការយល់ដឹងពីគោលការណ៍សេចក្ដីពិត និងការអនុវត្ត ព្រមទាំងការប្រតិបត្តិគោលការណ៍ទាំងនោះ គឺជារឿងសំខាន់ណាស់ ពីព្រោះគឺតាមរយៈដំណើរការនៃការយល់ដឹងសេចក្ដីពិត និងការអនុវត្តស្របតាមគោលការណ៍សេចក្ដីពិតនេះហើយ ដែលអ្នកមកស្គាល់ព្រះជាម្ចាស់ យល់ពីព្រះជាម្ចាស់ យល់ដឹងជ្រៅជ្រះពីព្រះជាម្ចាស់ និងក្ដាប់បាននូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលអនុញ្ញាតឱ្យអ្នកក្លាយជាចុះសម្រុងជាមួយទ្រង់ និងទទួលបានការយល់ដឹង ព្រមទាំងការទទួលយកសារជាតិរបស់ទ្រង់។ ប្រសិនបើអ្នកមិនយកគោលការណ៍សេចក្ដីពិតទៅអនុវត្ត ហើយគ្រាន់តែធ្វើសកម្មភាព ឬបំពេញភារកិច្ចតាមអំពើចិត្តរបស់ខ្លួន នោះអ្នកនឹងមិនអាចស្គាល់សេចក្ដីពិតបានឡើយ។ តើការដែលមិនដែលស្គាល់សេចក្ដីពិត មានន័យដូចម្តេច? វាមានន័យថា អ្នកនឹងមិនដែលស្គាល់អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្វីៗទាំងអស់ សេចក្ដីតម្រូវរបស់ទ្រង់ ឬព្រះតម្រិះរបស់ទ្រង់ឡើយ ហើយអ្នកនឹងកាន់តែមិនអាចស្គាល់និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងកិច្ចការរបស់ទ្រង់បានទៅទៀត។ ប្រសិនបើអ្នកបរាជ័យក្នុងការស្គាល់ការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងនេះ នោះការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ នឹងត្រូវបានកម្រិតត្រឹមតែការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្សជារៀងរហូត។ វានឹងស្ថិតនៅក្នុងពិភពនៃការស្រមើស្រមៃ និងសញ្ញាណ ហើយនឹងមិនស្របទៅតាមសារជាតិ និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ឡើយ។ តាមរបៀបនេះ អ្នកនឹងមិនអាចសម្រេចបាននូវការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ឡើយ។
នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន មនុស្សតែងតែជួបប្រទះនូវសភាពអវិជ្ជមាន និងបះបោរ។ ប្រសិនបើពួកគេអាចស្វែងរកសេចក្ដីពិត និងប្រើប្រាស់គោលការណ៍សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនេះ នោះអារម្មណ៍អវិជ្ជមានរបស់ពួកគេនឹងមិនប្រែទៅជាការរអ៊ូរទាំ ការទាស់ទទឹង ការប្រឆាំង ការស្រែកប្រឆាំង ឬសូម្បីតែការប្រមាថឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សដោះស្រាយរឿងទាំងនេះដោយពឹងផ្អែកតែលើភាពឆ្លាតវៃបន្តិចបន្តួចរបស់ខ្លួន លើការទប់ចិត្តរបស់មនុស្ស ការខិតខំប្រឹងប្រែងរបស់មនុស្ស ភាពឧស្សាហ៍ព្យាយាម ការលត់ដំរូបកាយ និងវិធីសាស្ត្រផ្សេងៗទៀតបែបនេះ នោះមិនយូរមិនឆាប់ ការស្រមើស្រមៃ ការជំនុំជម្រះ និងការស្មានរបស់មនុស្សទាំងនេះ នឹងក្លាយទៅជាការរអ៊ូរទាំ ការប្រឆាំង ការទាស់ទទឹង ការស្រែកប្រឆាំង និងសូម្បីតែការប្រមាថដល់ព្រះជាម្ចាស់ជាមិនខាន។ នៅពេលដែលមនុស្សជាប់ផុងនៅក្នុងអារម្មណ៍អវិជ្ជមានបែបនេះ ពួកគេងាយនឹងបង្កើតឱ្យមានការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត និងការរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់ ក្នុងចំណោមអារម្មណ៍ ឬគំនិតផ្សេងៗទៀតបែបនេះ។ នៅពេលដែលគំនិតទាំងនេះកកកុញនៅក្នុងខ្លួនមនុស្សយូរៗទៅ ហើយពួកគេនៅតែមិនស្វែងរកសេចក្ដីពិត ឬមិនប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយវាទេ នោះការមិនស្ដាប់បង្គាប់ ការមិនពេញចិត្ត និងការរអ៊ូរទាំរបស់ពួកគេ នឹងប្រែទៅជាការប្រឆាំង។ ពួកគេនឹងប្រព្រឹត្តឥរិយាបថបះបោរ ដូចជាការបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ឬការរំខាន និងការបំផ្លាញកិច្ចការរបស់ពួកជំនុំដោយចេតនា ក្នុងចំណោមឥរិយាបថអវិជ្ជមានផ្សេងៗទៀត ដើម្បីសម្ដែងចេញនូវការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តរបស់ពួកគេ ហើយតាមរយៈនេះ ពួកគេសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការប្រឆាំងនឹងព្រះជាម្ចាស់។ មនុស្សមួយចំនួនបំផ្លាញ និងរំខានដល់ការបំពេញភារកិច្ចរបស់អ្នកដទៃ។ អត្ថន័យនៅពីក្រោយសកម្មភាពរបស់ពួកគេគឺ៖ «ប្រសិនបើខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានទេ ឬប្រសិនបើព្រះជាម្ចាស់មិនប្រទានព្រះពរដល់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំទេ ខ្ញុំនឹងធ្វើឱ្យប្រាកដថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អឡើយ!» ហើយបន្ទាប់មក ពួកគេក៏ចាប់ផ្ដើមបង្កការរំខាន។ មនុស្សមួយចំនួនធ្វើបែបនេះតាមរយៈពាក្យពេចន៍ ចំណែកឯអ្នកដទៃទៀតប្រើសកម្មភាពមួយចំនួន។ តើអ្នកដែលរំខានអ្នកដទៃដោយសកម្មភាពរបស់ពួកគេ អាចនឹងធ្វើរឿងអ្វីខ្លះ? ឧទាហរណ៍៖ ពួកគេអាចនឹងលុបឯកសារចេញពីកុំព្យូទ័ររបស់អ្នកដទៃដោយចេតនា ដើម្បីធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃភារកិច្ចរបស់អ្នកទាំងនោះ ឬពួកគេអាចនឹងរំខានដល់ការជួបជុំតាមអនឡាញដោយចេតនា។ នេះគឺជាពួកអារក្ស និងពួកសាតាំងដែលកំពុងរំខានមនុស្ស។ មនុស្សមិនយល់ទេថា៖ «តើមនុស្សដែលមានអាយុប៉ុណ្ណេះទៅហើយ អាចធ្វើរឿងដ៏ស្មោកគ្រោកបែបនេះបានដោយរបៀបណា? យ៉ាងណាក៏ពួកគេមិនមែនជាក្មេងជំទង់នោះដែរ ម្ដេចបានជាពួកគេនៅតែអាចលេងសើចបែបនេះទៀត?» តាមពិតទៅ មនុស្សដែលមានអាយុខ្ទង់សាមសិប សែសិប ហាសិប ឬហុកសិបឆ្នាំ ក៏អាចធ្វើរឿងទាំងនេះបានដែរ។ ឥរិយាបថផ្សេងៗទាំងនេះ គឺជារឿងដែលនឹកស្មានមិនដល់ឡើយ។ ទាំងនេះមិនមែនជាសកម្មភាពរបស់មនុស្សដែលមានមនសិការ និងវិចារណញ្ញាណនោះទេ ប៉ុន្តែជាសកម្មភាពរបស់ពួកអារក្ស និងពួកសាតាំង។ ដោយឃើញថាអ្នកដទៃមិនរងផលប៉ះពាល់ ហើយគោលដៅរបស់ពួកគេមិនបានសម្រេច នោះបុគ្គលបែបនេះនឹងបញ្ចេញភាពអវិជ្ជមាន និងបង្កការរំខានអំឡុងពេលវេលាដែលមនុស្សជាច្រើនមានវត្តមាន ឬក្នុងអំឡុងពេលនៃការជួបជុំ។ នៅពេលដែលពួកគេចាប់ផ្ដើមបញ្ចេញការមិនពេញចិត្តរបស់ខ្លួនតាមរយៈសកម្មភាព ស្ថានភាពក៏ក្លាយជាពិបាកគ្រប់គ្រងទៅហើយ។ វាពិបាកខ្លាំងណាស់ក្នុងការទប់ស្កាត់ពួកគេ ហើយប្រសិនបើស្ថានភាពនៅតែបន្តវិវឌ្ឍទៅមុខ វាមានតែអាចរាលដាលខ្លាំង ក្លាយជាមានលក្ខណៈធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែបង្កការរំខានដោយសកម្មភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដោយប្រើភាសាគំរោះគំរើយ និងពោរពេញដោយការជំនុំជម្រះ ដើម្បីរំខានអ្នកដទៃ ខណៈដែលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនទៀតផង។ មិនថាពួកគេសម្រេចបានគោលដៅរបស់ខ្លួនឬអត់នោះទេ ក៏បន្ទាប់មក ពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរ។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬរៀនទំនុកបរិសុទ្ធឡើយ ហើយពួកគេបដិសេធមិនអានសៀវភៅណាមួយដែលទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតនោះទេ។ តើពួកគេធ្វើអ្វីខ្លះនៅផ្ទះ? ពួកគេអានប្រលោមលោក មើលរឿងភាគទូរទស្សន៍ រៀនបច្ចេកទេសធ្វើម្ហូប រៀនពីការតុបតែងមុខ និងការធ្វើម៉ូដសក់...។ ក្នុងអំឡុងពេលនៃការជួបជុំ ពួកគេមិនប្រកបគ្នាពីការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនប្រកបគ្នាពីរបៀបដោះស្រាយនិស្ស័យពុករលួយ និងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយដែរ។ នៅពេលដែលអ្នកដទៃប្រកបគ្នា ពួកគេដណ្ដើមការសន្ទនាដោយចេតនា កាត់សម្ដីអ្នកដែលកំពុងនិយាយ បង្វែរប្រធានបទដោយចេតនា និងធ្វើរឿងផ្សេងៗទៀត ដោយតែងតែនិយាយរឿងដែលបំផ្លាញ និងរំខានជានិច្ច។ ហេតុអ្វីបានជាពួកគេប្រព្រឹត្តបែបនេះ? មូលហេតុគឺស្ថិតនៅត្រង់ជំនឿរបស់ពួកគេដែលថា ពួកគេគ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ ដែលធ្វើឱ្យពួកគេបោះបង់ចោល និងចាប់ផ្ដើមប្រព្រឹត្តផ្ដេសផ្ដាស។ ពួកគេសម្លឹងរកមើលដៃគូពីរបីនាក់ មុនពេលពួកគេត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញពីពួកជំនុំ ពោលគឺប្រសិនបើពួកគេមិនអាចទទួលបានព្រះពរទេ ពួកគេនឹងធ្វើឱ្យប្រាកដថា អ្នកដទៃក៏មិនអាចទទួលបានដូចគ្នា។ ហេតុអ្វីបានជាពួកគេគិតបែបនេះ? ពួកគេជឿថា ព្រះជាម្ចាស់ដែលពួកគេមានសេចក្ដីជំនឿលើ មិនដូចជាព្រះជាម្ចាស់ដែលពួកគេបានស្រមើស្រមៃកាលពីដំបូងឡើយ។ ទ្រង់មិនស្រឡាញ់មនុស្សដូចដែលពួកគេបានស្រមើស្រមៃនោះទេ ហើយក៏មិនសុចរិតដូចការគិតរបស់ពួកគេដែរ ហើយទ្រង់ពិតជាមិនមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សដូចដែលពួកគេបានស្រមើស្រមៃឡើយ។ ព្រះជាម្ចាស់ស្រឡាញ់អ្នកដទៃ ប៉ុន្តែមិនស្រឡាញ់ពួកគេទេ។ ព្រះជាម្ចាស់សង្គ្រោះអ្នកដទៃ ប៉ុន្តែមិនសង្គ្រោះពួកគេទេ។ ឥឡូវនេះ ដោយសារពួកគេមើលមិនឃើញក្ដីសង្ឃឹមសម្រាប់ខ្លួនឯង និងមានអារម្មណ៍ថាពួកគេមិនអាចត្រូវបានសង្គ្រោះ ពួកគេក៏បោះបង់ចោល ហើយចាប់ផ្ដើមប្រព្រឹត្តផ្ដេសផ្ដាស។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏ចង់ឱ្យអ្នកដទៃឃើញថា ដោយសារតែពួកគេគ្មានសង្ឃឹម នោះអ្នកដទៃក៏គ្មានសង្ឃឹមដូចគ្នាដែរ ហើយពួកគេស្កប់ចិត្ត លុះត្រាតែពួកគេបានធ្វើឱ្យមនុស្សគ្រប់គ្នាបោះបង់សេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ និងដកខ្លួនចេញពីជំនឿរបស់ពួកគេ។ គោលដៅរបស់ពួកគេក្នុងការធ្វើបែបនេះគឺ៖ «ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរនៃនគរស្ថានសួគ៌ទេ អ្នករាល់គ្នាកុំសូម្បីតែស្រមៃថាទទួលបានព្រះពរទាំងនេះឱ្យសោះ!» តើបុគ្គលបែបនេះជាមនុស្សថោកទាបប្រភេទណាទៅ? តើពួកគេមិនមែនជាអារក្សទេឬ? ពួកគេគឺជាអារក្ស ដែលកំពុងឆ្ពោះទៅរកនរក ដែលថែមទាំងហាមឃាត់អ្នកដទៃមិនឱ្យជឿលើព្រះជាម្ចាស់ និងមិនឱ្យចូលទៅក្នុងនគរស្ថានសួគ៌ទៀតផង គឺពួកគេកំពុងដើរតម្រង់ទៅរកផ្លូវទាល់ហើយ! អ្នកណាដែលមានមនសិការបន្តិចបន្តួច និងមានចិត្តកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួច មិនគួរប្រព្រឹត្តបែបនេះឡើយ ប្រសិនបើពួកគេពិតជាប្រព្រឹត្តអំពើអាក្រក់ដ៏ធំធេងមែន ហើយត្រូវបានបើកសម្ដែង ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេលែងមានសង្ឃឹមទៀតហើយនោះ ពួកគេនឹងនៅតែមានបំណងជួយអ្នកដទៃឱ្យជោគជ័យ ដោយទុកឱ្យអ្នកដទៃជឿលើព្រះជាម្ចាស់យ៉ាងស្មោះស្ម័គ្រ និងមិនធ្វើតាមគំរូរបស់ពួកគេឡើយ។ ពួកគេអាចនឹងនិយាយថា៖ «ខ្ញុំខ្សោយពេកហើយ បំណងប្រាថ្នាខាងសាច់ឈាមរបស់ខ្ញុំមានកម្លាំងខ្លាំង ហើយខ្ញុំងប់ងល់នឹងលោកីយ៍នេះខ្លាំងពេក។ នេះគឺជាកំហុសរបស់ខ្ញុំផ្ទាល់ ខ្ញុំសមនឹងទទួលរងរឿងនេះហើយ! អ្នករាល់គ្នាបន្តធ្វើជាអ្នកជឿដ៏ស្មោះស្ម័គ្រចុះ ចូរកុំរងឥទ្ធិពលពីខ្ញុំអី។ ក្នុងអំឡុងពេលនៃការជួបជុំ ខ្ញុំនឹងចាំយាមមើល ហើយប្រសិនបើប៉ូលិសរបស់នាគដ៏ធំមានសម្បុរក្រហមចូលមកក្នុងភូមិ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាឱ្យដឹង»។ អ្នកណាដែលមានភាពជាមនុស្សសូម្បីតែបន្តិចបន្តួច យ៉ាងហោចណាស់ក៏គួរតែធ្វើបានប៉ុណ្ណេះដែរ ហើយពួកគេមិនគួររំខានដល់ការដេញតាមសេចក្ដីពិតរបស់អ្នកដទៃឡើយ។ ប៉ុន្តែ អ្នកដែលគ្មានភាពជាមនុស្ស នៅពេលដែលរឿងរ៉ាវមិនប្រព្រឹត្តទៅតាមបំណងរបស់ពួកគេ ឬនៅពេលដែលពួកគេឃើញបងប្អូនប្រុសស្រីមើលងាយពួកគេ និងថយចេញឆ្ងាយពីពួកគេ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់បានបើកសម្ដែង និងជម្រុះពួកគេចោលហើយ ថាពួកគេគ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ។ នៅពេលដែលពួកគេមានគំនិត និងការគិតបែបនេះ ពួកគេក៏បោះបង់ចោល ហើយចាប់ផ្ដើមប្រព្រឹត្តផ្ដេសផ្ដាស ដោយបញ្ចេញភាពអវិជ្ជមាន និងរំខានដល់ជីវិតពួកជំនុំដោយគ្មានការអៀនខ្មាស។ តើមនុស្សប្រភេទណាដែលធ្វើបែបនេះ? តើពួកគេមិនមែនជាពួកអារក្សទេឬ? (មែនហើយ។) តើមនុស្សគួរតែបង្ហាញការគួរសមចំពោះអស់អ្នកដែលជាពួកអារក្សដែរឬទេ? (មិនគួរទេ។) ដូច្នេះ តើរឿងនេះគួរត្រូវបានដោះស្រាយដោយរបៀបណា? អ្នកនិយាយថា៖ «អ្នកមកចូលរួមការជួបជុំ ប៉ុន្តែមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនទទួលយកសេចក្ដីពិតដែរ។ ចុះតើអ្នកមកទីនេះដើម្បីអ្វី? ដើម្បីបង្កការរំខាន តើមែនទេ? អ្នកគិតថាអ្នកគ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ តាមពិតទៅ ពួកយើងក៏មិនមានអារម្មណ៍ថាពួកយើងមានសង្ឃឹមច្រើនដែរ ប៉ុន្តែពួកយើងខិតខំប្រឹងប្រែង។ ពួកយើងជឿថា ព្រះជាម្ចាស់មិនលម្អៀងទេ ថាទ្រង់គួរឱ្យទុកចិត្តបាន ថាព្រះហឫទ័យរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្ស គឺស្មោះត្រង់ ហើយថាព្រះហឫទ័យរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ។ ដរាបណានៅមានសង្ឃឹមសូម្បីតែបន្តិចបន្តួចក្ដី ក៏ពួកយើងនឹងមិនបោះបង់ចោលដែរ។ ពួកយើងនឹងមិនអវិជ្ជមានជានិច្ច និងមិនយល់ខុសលើព្រះជាម្ចាស់ដូចជាអ្នកឡើយ។ អ្នកកំពុងតែយល់សប្តិហើយ ប្រសិនបើអ្នកគិតថាអ្នកអាចរំខានពួកយើង ឬរារាំងពួកយើងបាននោះ! ប្រសិនបើអ្នកនៅតែរឹងរូស បន្តជឿតាមរបៀបនេះ ហើយនៅតែមានបំណងព្យាបាទចង់រំខានពួកយើងទៀត នោះកុំបន្ទោសពួកយើងថាឈ្លើយដាក់អ្នកឱ្យសោះ។ ចាប់ពីថ្ងៃនេះតទៅ អ្នកត្រូវបានបោសសម្អាតចេញហើយ គ្មានកន្លែងសម្រាប់អ្នកនៅក្នុងពួកជំនុំទៀតទេ។ ឥឡូវនេះ ចេញឱ្យឆ្ងាយទៅ!» តាមរបៀបនេះ តើបញ្ហាមិនត្រូវបានដោះស្រាយហើយទេឬ? វាសាមញ្ញណាស់ គ្រាន់តែនិយាយពីរបីម៉ាត់ នោះពួកគេត្រូវបានជម្រះចេញបាត់ទៅហើយ។ វាជារឿងងាយស្រួលធ្វើណាស់! ហេតុអ្វីបានជាត្រូវដោះស្រាយតាមរបៀបនេះ? ពីព្រោះសារជាតិធម្មជាតិរបស់មនុស្សបែបនេះមិនអាចផ្លាស់ប្ដូរបានឡើយ ពួកគេនឹងមិនទទួលយកសេចក្ដីពិតទេ។ ពួកគេគិតថាពួកគេគ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលបែបនេះទេ ហើយបងប្អូនប្រុសស្រីក៏មិនបាននិយាយបែបនេះដែរ ប៉ុន្តែពួកគេបែរជាប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខានតាមរបៀបនេះទៅវិញ។ តើពួកគេនឹងធ្វើអ្វី ប្រសិនបើថ្ងៃណាមួយ ពួកគេពិតជាត្រូវបានបណ្ដេញចេញ ដោយសារតែការប្រព្រឹត្តអំពើអាក្រក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំមែននោះ ឬប្រសិនបើព្រះជាម្ចាស់ប្រៀនប្រដៅពួកគេ ដោយសារតែពួកគេមិនដេញតាមសេចក្ដីពិតនោះ? តើពួកគេអាចក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដែរឬទេ តើពួកគេអាចសងសឹកដែរឬទេ? វាអាចទៅរួចណាស់! វាជារឿងល្អហើយ ដែលមនុស្សបែបនេះត្រូវបានបើកសម្ដែង មុនពេលពួកគេអាចប្រព្រឹត្តទង្វើខុសឆ្គងណាមួយបានសម្រេច ឬប្រព្រឹត្តអំពើអាក្រក់ដ៏ធំធេងណាមួយនោះ។ នេះគឺជាទង្វើរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានបើកសម្ដែងពួកគេហើយ។ ឥឡូវនេះ ការជម្រះពួកគេចេញ គឺជារឿងត្រឹមត្រូវហើយ អ្នកដទៃមិនទាន់រងការខាតបង់ណាមួយនៅឡើយទេ។ ការដោះស្រាយតាមរបៀបនេះ គឺទាន់ពេលវេលា និងស័ក្តិសមបំផុត មនុស្សគ្រប់គ្នាទទួលបានការញែកដឹង ហើយមនុស្សអាក្រក់ត្រូវបានដោះស្រាយ។ តួនាទីរបស់ពួកគេក្នុងនាមជាតួអង្គបន្ទាប់បន្សំ ត្រូវបានបំពេញយ៉ាងគ្រប់គ្រាន់ហើយ។
ជាមូលដ្ឋាន ទាំងនេះគឺជាសភាព និងការបង្ហាញចេញផ្សេងៗរបស់មនុស្សដែលបញ្ចេញភាពអវិជ្ជមាន។ នៅពេលដែលបំណងប្រាថ្នារបស់ពួកគេក្នុងការដេញតាមឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មិនត្រូវបានបំពេញ នៅពេលដែលព្រះជាម្ចាស់ធ្វើរឿងដែលផ្ទុយពីសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ជារឿងដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកគេ នោះពួកគេជាប់អន្ទាក់ក្នុងអារម្មណ៍នៃការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ត។ ហើយនៅពេលដែលពួកគេមានអារម្មណ៍ទាំងនេះ ចិត្តគំនិតរបស់ពួកគេចាប់ផ្ដើមបង្កើតនូវលេស មូលហេតុ ការដោះសា ការការពារខ្លួន និងគំនិតនៃការរអ៊ូរទាំផ្សេងៗទៀត។ នៅពេលនេះ ពួកគេមិនសរសើរតម្កើងព្រះជាម្ចាស់ ឬចុះចូលនឹងទ្រង់ឡើយ ហើយពួកគេរឹតតែមិនស្វែងរកសេចក្ដីពិតដើម្បីស្គាល់ខ្លួនឯងទៀតផង ផ្ទុយទៅវិញ ពួកគេប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់ ដោយប្រើប្រាស់សញ្ញាណ ការស្រមើស្រមៃ គំនិត និងទស្សនៈ ឬភាពតក់ក្រហល់របស់ពួកគេ។ ចុះតើពួកគេប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់ដោយរបៀបណា? ពួកគេផ្សាយពីអារម្មណ៍នៃការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តរបស់ពួកគេ ដោយប្រើប្រាស់រឿងនេះដើម្បីបញ្ជាក់ពីគំនិត និងទស្សនៈរបស់ពួកគេឱ្យព្រះជាម្ចាស់បានជ្រាប ដោយព្យាយាមធ្វើឱ្យព្រះជាម្ចាស់ប្រព្រឹត្តតាមឆន្ទៈ និងការទាមទាររបស់ពួកគេ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ ទាល់តែបែបនេះ ទើបអារម្មណ៍របស់ពួកគេបានស្ងប់។ ជាពិសេស ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតជាច្រើន ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្ស ដើម្បីបន្សុទ្ធនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីសង្គ្រោះមនុស្សចេញពីឥទ្ធិពលរបស់សាតាំង ហើយនរណាទៅដឹងទៅថា តើក្ដីស្រមៃរបស់មនុស្សប៉ុន្មាននាក់នៃការទទួលបានព្រះពរ ត្រូវបានរារាំងដោយសេចក្ដីពិតទាំងនេះ ដែលបំផ្លាញការស្រមើស្រមៃនៃការត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ ដែលពួកគេសង្ឃឹមចង់បានទាំងយប់ទាំងថ្ងៃនោះ។ ពួកគេចង់ធ្វើគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើបាន ដើម្បីផ្លាស់ប្ដូរស្ថានការណ៍ ប៉ុន្តែពួកគេគ្មានអំណាចឡើយ ពួកគេអាចត្រឹមតែធ្លាក់ចូលទៅក្នុងមហន្តរាយ ជាមួយនឹងភាពអវិជ្ជមាន និងការគុំគួនប៉ុណ្ណោះ។ ពួកគេមិនស្ដាប់បង្គាប់ចំពោះរឿងទាំងអស់នេះដែលព្រះជាម្ចាស់បានចាត់ចែងឡើយ ពីព្រោះអ្វីដែលព្រះជាម្ចាស់ធ្វើ គឺប៉ះទង្គិចនឹងសញ្ញាណ ផលប្រយោជន៍ និងការគិតរបស់ពួកគេ។ ជាពិសេស នៅពេលដែលពួកជំនុំធ្វើកិច្ចការនៃការបោសសម្អាត និងជម្រុះមនុស្សជាច្រើនចោល មនុស្សទាំងនេះគិតថា ព្រះជាម្ចាស់មិនសង្គ្រោះពួកគេទេ ថាទ្រង់បានស្អប់ខ្ពើមនិងបដិសេធពួកគេ ថាពួកគេត្រូវបានប្រព្រឹត្តដាក់ដោយអយុត្តិធម៌ ដូច្នេះហើយ ពួកគេនឹងរួបរួមគ្នាដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ ពួកគេនឹងបដិសេធថាព្រះជាម្ចាស់គឺជាសេចក្ដីពិត បដិសេធអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយបដិសេធនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ជាការពិតណាស់ ពួកគេក៏នឹងបដិសេធការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើផងដែរ។ ចុះតើពួកគេបដិសេធរឿងទាំងអស់នេះតាមមធ្យោបាយអ្វី? គឺតាមរយៈការប្រឆាំង និងការទាស់ទទឹង។ អត្ថន័យបង្កប់គឺ៖ «អ្វីដែលព្រះជាម្ចាស់ធ្វើ គឺផ្ទុយនឹងសញ្ញាណរបស់ខ្ញុំ ដូច្នេះហើយ ខ្ញុំមិនចុះចូលទេ ខ្ញុំមិនជឿថាទ្រង់គឺជាសេចក្ដីពិតឡើយ។ ខ្ញុំនឹងស្រែកប្រឆាំងនឹងទ្រង់ ហើយនឹងផ្សាយរឿងទាំងនេះនៅក្នុងពួកជំនុំ និងក្នុងចំណោមមនុស្ស! ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំចង់និយាយ ហើយខ្ញុំមិនខ្វល់ពីផលវិបាកនោះទេ។ ខ្ញុំមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ទ្រង់មិនអាចបិទមាត់ខ្ញុំបានទេ ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំចង់និយាយ។ តើទ្រង់អាចធ្វើអ្វីបាន?» នៅពេលដែលមនុស្សទាំងនេះទទូចចង់បញ្ចេញគំនិត និងទស្សនៈខុសឆ្គងរបស់ពួកគេ តើពួកគេកំពុងនិយាយអំពីការយល់ដឹងរបស់ពួកគេផ្ទាល់ឬ? តើពួកគេកំពុងប្រកបគ្នាអំពីសេចក្ដីពិតឬ? គឺមិនមែនទាល់តែសោះ។ ពួកគេកំពុងផ្សាយភាពអវិជ្ជមាន ពួកគេកំពុងបញ្ចេញនូវជំនឿខុសឆ្គង និងភាពខុសទំនង។ ពួកគេមិនកំពុងព្យាយាមស្គាល់ពីសេចក្ដីពុករលួយរបស់ខ្លួន ឬលាតត្រដាងវាឡើយ ពួកគេមិនកំពុងលាតត្រដាងពីរឿងដែលពួកគេបានធ្វើ ដែលផ្ទុយនឹងសេចក្ដីពិតនោះទេ ហើយពួកគេក៏មិនកំពុងលាតត្រដាងពីកំហុសដែលពួកគេបានធ្វើនោះដែរ។ ផ្ទុយទៅវិញ ពួកគេកំពុងខិតខំអស់ពីសមត្ថភាពដើម្បីរកហេតុផល និងការពារកំហុសរបស់ពួកគេ ដើម្បីបញ្ជាក់ថាពួកគេត្រឹមត្រូវ ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏កំពុងទាញសេចក្ដីសន្និដ្ឋានដ៏មិនសមហេតុផល ហើយបញ្ចេញទស្សនៈអវិជ្ជមាន និងវៀចវេរ ព្រមទាំងអំណះអំណាងដែលបំភ្លៃ និងជំនឿខុសឆ្គងផងដែរ។ ផលប៉ះពាល់ទៅលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ គឺការបំភាន់ និងការរំខានដល់ពួកគេ វាថែមទាំងអាចធ្វើឱ្យមនុស្សមួយចំនួនធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន និងច្របូកច្របល់ទៀតផង។ ទាំងនេះសុទ្ធតែជាផលប៉ះពាល់អវិជ្ជមាន និងការរំខានដែលបង្កឡើងដោយមនុស្សដែលបញ្ចេញភាពអវិជ្ជមាន។ ហេតុដូច្នេះហើយ អ្នកដែលបញ្ចេញភាពអវិជ្ជមាន គួរតែត្រូវបានរឹតត្បិត រួមជាមួយនឹងពាក្យសម្ដី និងឥរិយាបថរបស់ពួកគេ ពួកគេមិនគួរត្រូវបានបណ្ដោយ ឬអនុញ្ញាតឡើយ។ ពួកជំនុំគួរតែមានវិធីសាស្ត្រ និងគោលការណ៍ដ៏ស័ក្តិសម ដើម្បីដោះស្រាយជាមួយមនុស្សទាំងនេះ។ រឿងម៉្យាង គឺបងប្អូនប្រុសស្រីគួរតែញែកដឹងមនុស្សទាំងនេះ និងសម្ដីអវិជ្ជមានរបស់ពួកគេ។ រឿងម៉្យាងទៀត គឺនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹង ពួកជំនុំគួរតែបោសសម្អាតចេញ ឬបណ្ដេញបុគ្គលទាំងនេះចេញភ្លាមៗ ស្របតាមគោលការណ៍សេចក្ដីពិត ដើម្បីការពារកុំឱ្យមនុស្សកាន់តែច្រើនរងឥទ្ធិពល និងរងការរំខាន។ នេះគឺជាការបញ្ចប់នៃការប្រកបគ្នារបស់យើង អំពីទិដ្ឋភាពផ្សេងៗនៃការបញ្ចេញភាពអវិជ្ជមាន។
គ. គោលការណ៍ និងមាគ៌ា ដើម្បីដោះស្រាយភាពអវិជ្ជមាន
មនុស្សមានធម្មជាតិបែបសាតាំង ដោយរស់នៅតាមនិស្ស័យបែបសាតាំង ទើបវាពិបាកនឹងជៀសវាងសភាពអវិជ្ជមាន។ ជាពិសេសនៅពេលដែលមនុស្សមិនយល់សេចក្ដីពិត ភាពអវិជ្ជមានក្លាយជារឿងដែលកើតឡើងជាញឹកញាប់។ មនុស្សគ្រប់គ្នាមានពេលដែលកើតមានភាពអវិជ្ជមាន ខ្លះញឹកញាប់ ខ្លះមិនសូវញឹកញាប់ ខ្លះមានរយៈពេលយូរ និងខ្លះមានរយៈពេលខ្លី។ កម្ពស់របស់មនុស្សខុសគ្នា ហើយសភាពនៃភាពអវិជ្ជមានរបស់ពួកគេក៏ខុសគ្នាដែរ។ អ្នកដែលមានកម្ពស់ខ្ពស់ គ្រាន់តែមានភាពអវិជ្ជមានខ្លះៗប៉ុណ្ណោះនៅពេលប្រឈមមុខនឹងការល្បងល ចំណែកឯអ្នកដែលមានកម្ពស់ទាប ដែលនៅតែមិនយល់សេចក្ដីពិត គឺមិនអាចញែកដឹងបានឡើយនៅពេលដែលអ្នកដទៃផ្សាយសញ្ញាណខ្លះ ឬនិយាយរឿងមិនសមហេតុផល ពួកគេអាចត្រូវបានរំខាន រងឥទ្ធិពល និងក្លាយជាអវិជ្ជមាន។ បញ្ហាណាមួយដែលកើតឡើង អាចនាំឱ្យពួកគេមានភាពអវិជ្ជមាន សូម្បីតែរឿងកំប៉ិកកំប៉ុកដែលមិនគួរលើកយកមកនិយាយក៏ដោយ។ តើបញ្ហានៃភាពអវិជ្ជមានញឹកញាប់នេះ គួរដោះស្រាយដោយរបៀបណា? ប្រសិនបើមនុស្សម្នាក់មិនដឹងពីរបៀបស្វែងរកសេចក្ដីពិត មិនដឹងពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទេ នោះវាក្លាយជាបញ្ហាខ្លាំងណាស់ ពួកគេអាចពឹងផ្អែកតែលើការគាំទ្រ និងជំនួយរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះ។ ប្រសិនបើគ្មាននរណាម្នាក់អាចជួយបាន ឬប្រសិនបើពួកគេមិនទទួលយកជំនួយទេ ពួកគេអាចនឹងនៅតែអវិជ្ជមានរហូតដល់ថ្នាក់មិនអាចងើបឡើងវិញបាន ហើយថែមទាំងអាចឈប់ជឿទៀតផង។ ចូរមើលចុះ វាពិតជាគ្រោះថ្នាក់ណាស់សម្រាប់មនុស្សម្នាក់ដែលតែងតែមានសញ្ញាណ និងងាយនឹងក្លាយជាអវិជ្ជមាន។ មិនថាគេប្រកបសេចក្ដីពិតទៅកាន់មនុស្សបែបនេះយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលយកដែរ ដោយតែងតែប្រកាន់ខ្ជាប់ថា សញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនគឺត្រឹមត្រូវ ពួកគេគឺជាមនុស្សដែលពិបាកដោះស្រាយបំផុត។ ទោះបីជាអ្នកមានភាពអវិជ្ជមានកម្រិតណាក៏ដោយ អ្នកគួរតែយល់នៅក្នុងចិត្តរបស់អ្នកថា ការមានសញ្ញាណ មិនមែនមានន័យថា សញ្ញាណទាំងនោះស្របនឹងសេចក្ដីពិតនោះទេ វាមានន័យថា មានបញ្ហានៅក្នុងការយល់ដឹងរបស់អ្នក។ ប្រសិនបើអ្នកមានវិចារណញ្ញាណខ្លះ អ្នកមិនគួរផ្សាយសញ្ញាណទាំងនេះទេ នេះគឺជាចំណុចអប្បបរមាដែលមនុស្សគួរប្រកាន់ខ្ជាប់។ ប្រសិនបើអ្នកមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួច ហើយអាចទទួលស្គាល់ថា អ្នកគឺជាអ្នកដើរតាមព្រះជាម្ចាស់ អ្នកគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់អ្នក ចុះចូលនឹងសេចក្ដីពិត និងជៀសវាងបង្កឱ្យមានការបង្អាក់ និងការរំខាន។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបាន ហើយទទូចចង់ផ្សាយសញ្ញាណ នោះអ្នកបានបាត់បង់វិចារណញ្ញាណរបស់អ្នកហើយ អ្នកមិនប្រក្រតីខាងផ្លូវចិត្ត ត្រូវអារក្សចូលខ្លួន និងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ ដោយត្រូវបានពួកអារក្សគ្រប់គ្រង អ្នកនិយាយចេញមក និងផ្សាយសញ្ញាណទាំងនេះ មិនថាមានរឿងអ្វីក៏ដោយ គឺជៀសមិនរួចឡើយ នេះជាកិច្ចការរបស់វិញ្ញាណអាក្រក់។ ប្រសិនបើអ្នកមានមនសិការ និងវិចារណញ្ញាណខ្លះ អ្នកគួរតែអាចធ្វើបែបនេះបានគឺ៖ មិនផ្សាយសញ្ញាណ និងមិនរំខានបងប្អូនប្រុសស្រី។ សូម្បីតែនៅពេលអ្នកក្លាយជាអវិជ្ជមានក៏ដោយ ក៏អ្នកមិនគួរធ្វើអ្វីដែលប៉ះពាល់ដល់បងប្អូនប្រុសស្រីដែរ អ្នកគួរតែបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទៅបានហើយ ធ្វើអ្វីដែលអ្នកគួរធ្វើឱ្យបានត្រឹមត្រូវ និងធានាថា អ្នកមិនអាចបន្ទោសខ្លួនឯងបាន នេះគឺជាស្ដង់ដាអប្បបរមាសម្រាប់ការប្រព្រឹត្តខ្លួន។ សូម្បីតែនៅពេលអ្នកមានភាពអវិជ្ជមានម្ដងម្កាល ប៉ុន្តែមិនបានធ្វើអ្វីដែលហួសព្រំដែនក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនប្រកាន់ចំពោះភាពអវិជ្ជមានរបស់អ្នកដែរ។ ឱ្យតែអ្នកមានមនសិការ និងវិចារណញ្ញាណ អាចអធិដ្ឋានទៅកាន់ និងពឹងអាងលើព្រះជាម្ចាស់ ព្រមទាំងស្វែងរកសេចក្ដីពិត នោះនៅទីបំផុត អ្នកនឹងយល់សេចក្ដីពិត ហើយកែប្រែខ្លួនឯងបាន។ ប្រសិនបើអ្នកប្រឈមមុខនឹងព្រឹត្តិការណ៍សំខាន់ៗ ដូចជាត្រូវបានដកហូតតំណែង និងជម្រុះចោល ដោយសារតែមិនបានធ្វើកិច្ចការជាក់ស្ដែងក្នុងនាមជាអ្នកដឹកនាំ ហើយអ្នកមានអារម្មណ៍ថា គ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះ ហើយក្លាយជាអវិជ្ជមាន គឺអវិជ្ជមានខ្លាំងពេករហូតដល់ថ្នាក់អ្នកមិនអាចងើបឡើងវិញបាន ដោយមានអារម្មណ៍ថា ហាក់ដូចជាអ្នកត្រូវបានថ្កោលទោស និងដាក់បណ្ដាសា ហើយអ្នកកើតមានការយល់ច្រឡំ និងការត្អូញត្អែរចំពោះព្រះជាម្ចាស់ តើអ្នកគួរធ្វើដូចម្ដេច? រឿងនេះងាយស្រួលដោះស្រាយណាស់៖ ចូរស្វែងរកមនុស្សមួយចំនួនដែលយល់សេចក្ដីពិត ដើម្បីប្រកបគ្នា និងស្វែងរកជាមួយគ្នា ហើយនិយាយអ្វីនៅក្នុងចិត្តរបស់អ្នកចេញមកប្រាប់មនុស្សទាំងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ចូរមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋានដោយពិតត្រង់អំពីភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក ព្រមទាំងរឿងមួយចំនួនដែលអ្នកមិនយល់ និងមិនអាចយកឈ្នះបាន ម្ដងមួយៗ ចូរប្រកបគ្នាជាមួយព្រះជាម្ចាស់ កុំលាក់បាំងអ្វីឡើយ។ ប្រសិនបើមានរឿងដែលមិនអាចនិយាយបាន ដែលអ្នកមិនអាចសម្ដែងចេញប្រាប់អ្នកដទៃ វារឹតតែចាំបាច់ដែលអ្នកត្រូវមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន។ មនុស្សមួយចំនួនសួរថា៖ «តើការនិយាយប្រាប់ព្រះជាម្ចាស់អំពីរឿងនេះ មិននាំឱ្យមានការថ្កោលទោសទេឬ?» តើអ្នកមិនបានធ្វើរឿងជាច្រើនដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងសមនឹងទទួលការថ្កោលទោសរបស់ទ្រង់រួចទៅហើយទេឬ? ហេតុអ្វីត្រូវខ្វល់ខ្វាយអំពីរឿងមួយបន្ថែមទៀតនេះទៅវិញ? តើអ្នកគិតថា ប្រសិនបើអ្នកមិននិយាយអំពីរឿងនេះ ព្រះជាម្ចាស់នឹងមិនជ្រាបឬ? ព្រះជាម្ចាស់ជ្រាបគ្រប់យ៉ាងដែលអ្នកគិត។ អ្នកគួរតែប្រកបគ្នាជាមួយព្រះជាម្ចាស់ដោយបើកចំហ ដោយនិយាយអ្វីនៅក្នុងចិត្តរបស់អ្នកចេញមក ដោយទូលថ្វាយទ្រង់អំពីបញ្ហា និងសភាពរបស់អ្នកដោយពិតត្រង់។ ភាពទន់ខ្សោយ ទង្វើបះបោរ និងសូម្បីតែការត្អូញត្អែររបស់អ្នក សុទ្ធតែអាចទូលប្រាប់ព្រះជាម្ចាស់បានទាំងអស់ សូម្បីតែអ្នកចង់រំសាយអារម្មណ៍ក៏ដោយ ក៏មិនអីដែរ ព្រះជាម្ចាស់នឹងមិនថ្កោលទោសរឿងនេះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនថ្កោលទោសរឿងនេះ? ព្រះជាម្ចាស់ជ្រាបពីកម្ពស់របស់មនុស្ស ទោះបីជាអ្នកមិននិយាយជាមួយទ្រង់ក៏ដោយ ក៏ទ្រង់នៅតែជ្រាបពីកម្ពស់របស់អ្នកដែរ។ តាមរយៈការនិយាយជាមួយព្រះជាម្ចាស់ ក្នុងទិដ្ឋភាពមួយ នេះគឺជាឱកាសរបស់អ្នកក្នុងការលាតត្រដាងខ្លួនឯង និងបើកចំហចំពោះព្រះជាម្ចាស់។ ក្នុងទិដ្ឋភាពមួយទៀត វាក៏បង្ហាញពីអាកប្បកិរិយានៃការចុះចូលរបស់អ្នកចំពោះព្រះជាម្ចាស់ដែរ យ៉ាងហោចណាស់ អ្នកកំពុងឱ្យព្រះជាម្ចាស់ទតឃើញថា ចិត្តរបស់អ្នកមិនបានបិទដាក់ទ្រង់ឡើយ អ្នកគ្រាន់តែទន់ខ្សោយ គ្មានកម្ពស់គ្រប់គ្រាន់ដើម្បីយកឈ្នះរឿងនេះតែប៉ុណ្ណោះ។ អ្នកមិនមានបំណងប្រឆាំងឡើយ អាកប្បកិរិយារបស់អ្នកគឺការចុះចូល គ្រាន់តែថាកម្ពស់របស់អ្នកនៅតូចទាបពេក ហើយអ្នកមិនអាចទ្រាំទ្រនឹងរឿងនេះបាន។ នៅពេលដែលអ្នកបើកចំហចិត្តរបស់អ្នកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយអាចទូលប្រាប់ទ្រង់ពីគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក ទោះបីជាអ្វីដែលអ្នកនិយាយអាចមានភាពទន់ខ្សោយ និងការត្អូញត្អែរ ហើយជាពិសេសគឺរឿងអវិជ្ជមានជាច្រើនក៏ដោយ ក៏មានរឿងមួយដែលត្រឹមត្រូវនៅក្នុងការណ៍នេះគឺ៖ អ្នកទទួលស្គាល់ថា អ្នកមាននិស្ស័យពុករលួយ អ្នកទទួលស្គាល់ថា អ្នកគឺជាភាវៈដែលព្រះបានបង្កើត អ្នកមិនបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះអាទិករឡើយ ហើយអ្នកក៏មិនបដិសេធដែរថា ទំនាក់ទំនងរវាងអ្នក និងព្រះជាម្ចាស់ គឺជាទំនាក់ទំនងរវាងភាវៈដែលព្រះបានបង្កើត និងព្រះអាទិករ។ អ្នកផ្ទុកផ្ដាក់នូវរឿងដែលអ្នកយល់ថាពិបាកយកឈ្នះបំផុត រឿងដែលធ្វើឱ្យអ្នកទន់ខ្សោយបំផុត ទៅលើព្រះជាម្ចាស់ ហើយអ្នកទូលប្រាប់ព្រះជាម្ចាស់អំពីអារម្មណ៍នៅក្នុងចិត្តរបស់អ្នកទាំងអស់ នេះបង្ហាញពីអាកប្បកិរិយារបស់អ្នក។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ម្ដងហើយ ប៉ុន្តែវាមិនបានដោះស្រាយភាពអវិជ្ជមានរបស់ខ្ញុំទេ។ ខ្ញុំនៅតែមិនអាចយកឈ្នះវាបាន»។ មិនអីទេ អ្នកគ្រាន់តែត្រូវស្វែងរកសេចក្ដីពិតយ៉ាងអស់ពីចិត្តប៉ុណ្ណោះ។ មិនថាអ្នកយល់បានកម្រិតណាទេ ព្រះជាម្ចាស់នឹងធ្វើឱ្យអ្នករឹងមាំបន្តិចម្ដងៗ ហើយអ្នកនឹងលែងទន់ខ្សោយដូចកាលពីដំបូងទៀតហើយ។ មិនថាអ្នកមានភាពទន់ខ្សោយ និងភាពអវិជ្ជមានកម្រិតណា ឬអ្នកមានការត្អូញត្អែរ និងអារម្មណ៍អវិជ្ជមានច្រើនប៉ុនណានោះទេ ចូរនិយាយជាមួយព្រះជាម្ចាស់ កុំចាត់ទុកព្រះជាម្ចាស់ជាអ្នកក្រៅឡើយ។ ទោះបីជាអ្នកអាចលាក់បាំងរឿងរ៉ាវពីអ្នកណាក៏ដោយ ក៏មិនត្រូវលាក់បាំងអ្វីពីព្រះជាម្ចាស់ដែរ ពីព្រោះព្រះជាម្ចាស់គឺជាទីពឹងតែមួយគត់របស់អ្នក ហើយក៏ជាសេចក្ដីសង្គ្រោះតែមួយគត់របស់អ្នកដែរ។ មានតែការមកចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន ការពឹងអាងលើមនុស្សគឺគ្មានប្រយោជន៍ឡើយ។ ហេតុនេះ នៅពេលប្រឈមមុខនឹងភាពអវិជ្ជមាន និងភាពទន់ខ្សោយ អស់អ្នកដែលមកចំពោះព្រះជាម្ចាស់ និងពឹងអាងលើទ្រង់ គឺជាអ្នកដែលឆ្លាតបំផុត។ មានតែមនុស្សល្ងង់ខ្លៅ និងរឹងរូសប៉ុណ្ណោះ ដែលនៅពេលប្រឈមមុខនឹងព្រឹត្តិការណ៍សំខាន់ៗ និងធ្ងន់ធ្ងរ ហើយត្រូវការនិយាយពាក្យក្នុងចិត្តទៅកាន់ព្រះជាម្ចាស់ បែរជាដើរចេញ និងគេចពីព្រះជាម្ចាស់កាន់តែខ្លាំងទៅវិញ ដោយគិតគូរតែក្នុងចិត្តរបស់ខ្លួនឯង។ ហើយតើលទ្ធផលនៃការគិតគូរទាំងអស់នេះគឺជាអ្វី? ភាពអវិជ្ជមាន និងការត្អូញត្អែររបស់ពួកគេ ប្រែទៅជាការប្រឆាំង ហើយការប្រឆាំងប្រែទៅជាការទាស់ប្រឆាំង និងការស្រែកប្រឆាំងនឹងព្រះជាម្ចាស់ មនុស្សទាំងនេះក្លាយជាមិនអាចផ្សះផ្សាជាមួយព្រះជាម្ចាស់បានទាល់តែសោះ ហើយទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកប្រឈមមុខនឹងភាពអវិជ្ជមាន និងភាពទន់ខ្សោយបែបនេះ ប្រសិនបើអ្នកអាចជ្រើសរើសនៅតែមកចំពោះព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីពិត និងជ្រើសរើសចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយអ្នកប្រកាន់យកអាកប្បកិរិយាចុះចូលយ៉ាងពិតប្រាកដ នោះដោយឃើញថា អ្នកនៅតែចង់ចុះចូលនឹងទ្រង់យ៉ាងស្មោះត្រង់ សូម្បីតែនៅពេលដែលអ្នកអវិជ្ជមាន និងទន់ខ្សោយក៏ដោយ ក៏ព្រះជាម្ចាស់នឹងជ្រាបពីរបៀបណែនាំអ្នក ដោយនាំអ្នកចេញពីភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។ បន្ទាប់ពីមានបទពិសោធទាំងនេះហើយ អ្នកនឹងបង្កើតបាននូវសេចក្ដីជំនឿពិតលើព្រះជាម្ចាស់។ អ្នកនឹងមានអារម្មណ៍ថា មិនថាអ្នកប្រឈមមុខនឹងការលំបាកអ្វីនោះទេ ឱ្យតែអ្នកស្វែងរកព្រះជាម្ចាស់ និងរង់ចាំទ្រង់ ទ្រង់នឹងរៀបចំផ្លូវចេញសម្រាប់អ្នកទាំងដែលអ្នកមិនដឹងខ្លួន ដោយអនុញ្ញាតឱ្យអ្នកឃើញថា ទាំងដែលអ្នកមិនបានដឹងខ្លួនផង ស្ថានភាពក៏បានផ្លាស់ប្ដូរ ដោយធ្វើឱ្យអ្នកលែងទន់ខ្សោយទៀតហើយ ប៉ុន្តែរឹងមាំវិញ និងបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់។ នៅពេលដែលអ្នកឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនេះ អ្នកនឹងមានអារម្មណ៍ថា ភាពទន់ខ្សោយរបស់អ្នកនៅពេលនោះ គឺក្មេងខ្ចីខ្លាំងណាស់។ តាមពិតទៅ មនុស្សគឺក្មេងខ្ចីបែបនេះឯង ហើយប្រសិនបើគ្មានការគាំទ្រពីព្រះជាម្ចាស់ទេ ពួកគេនឹងមិនអាចចាស់ទុំពីភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់ពួកគេបានឡើយ។ មានតែតាមរយៈការទទួលយក និងការចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ នៅក្នុងដំណើរការនៃការដកពិសោធរឿងទាំងនេះ ការប្រឈមមុខនឹងការពិតទាំងនេះដោយវិជ្ជមាន និងយ៉ាងសកម្ម ការស្វែងរកគោលការណ៍ ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការលែងគេចវេះ ឬឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឬការលែងបះបោរទាស់នឹងព្រះជាម្ចាស់ទៀតហើយ ប៉ុន្តែក្លាយជាចុះចូលកាន់តែខ្លាំងឡើង ដោយមានការបះបោរកាន់តែតិចទៅៗ ក្លាយជាកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ និងកាន់តែអាចចុះចូលនឹងព្រះជាម្ចាស់ មានតែតាមរយៈការដកពិសោធបែបនេះប៉ុណ្ណោះ ទើបជីវិតរបស់មនុស្សម្នាក់លូតលាស់ និងចាស់ទុំបន្តិចម្ដងៗ ដោយលូតលាស់ពេញលេញទៅជាកម្ពស់របស់មនុស្សពេញវ័យ។
តើគួរប្រព្រឹត្តចំពោះ និងដោះស្រាយសភាពអវិជ្ជមានដោយរបៀបណា? ភាពអវិជ្ជមានមិនមែនជារឿងដែលគួរឱ្យខ្លាចនោះទេ ចំណុចសំខាន់គឺត្រូវមានវិចារណញ្ញាណ។ តើវាមិនងាយស្រួលទេឬ សម្រាប់មនុស្សម្នាក់ក្នុងការប្រព្រឹត្តល្ងង់ខ្លៅ នៅពេលពួកគេមានភាពអវិជ្ជមានជាប់ជានិច្ចនោះ? នៅពេលដែលមនុស្សម្នាក់មានភាពអវិជ្ជមាន ពួកគេមានតែត្អូញត្អែរ ឬបោះបង់ខ្លួនឯងចោល ហើយនិយាយស្តី និងប្រព្រឹត្តដោយគ្មានវិចារណញ្ញាណសោះ តើនេះមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេទេឬ? ប្រសិនបើមនុស្សម្នាក់អាចធ្លាក់ក្នុងសេចក្ដីអស់សង្ឃឹម និងខ្ជិលច្រអូសនៅក្នុងភាពអវិជ្ជមាន តើនេះមិនមែនជាការក្បត់ព្រះជាម្ចាស់ទេឬ? ភាពអវិជ្ជមានធ្ងន់ធ្ងរ គឺប្រៀបដូចជាមានជំងឺផ្លូវចិត្តអ៊ីចឹង វាស្រដៀងគ្នានឹងការត្រូវអារក្សចូលខ្លួនដែរ គឺខ្វះវិចារណញ្ញាណ។ ការមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយ ពិតជាគ្រោះថ្នាក់ណាស់។ នៅពេលដែលមនុស្សមានភាពអវិជ្ជមាន ប្រសិនបើពួកគេខ្វះចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង នោះពួកគេនឹងងាយបាត់បង់វិចារណញ្ញាណណាស់ ពួកគេនឹងដើរផ្សាយភាពអវិជ្ជមាន ការមិនពេញចិត្ត និងសញ្ញាណរបស់ពួកគេ។ នេះគឺជាការមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងងាយបំផុត ដែលជាផលវិបាកដ៏គួរឱ្យខ្លាចហួសពីការគិត ហើយពួកគេអាចនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធយ៉ាងពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សម្នាក់នៅក្នុងភាពអវិជ្ជមានរបស់ខ្លួន អាចស្វែងរកសេចក្ដីពិត រក្សាចិត្តដែលកោតខ្លាចព្រះជាម្ចាស់ មិននិយាយពាក្យសម្ដីអវិជ្ជមាន ក៏មិនផ្សាយភាពអវិជ្ជមាន និងសញ្ញាណរបស់ខ្លួន ហើយរក្សាសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ និងអាកប្បកិរិយាចុះចូលចំពោះទ្រង់ នោះមនុស្សបែបនេះអាចងើបចេញពីភាពអវិជ្ជមានបានយ៉ាងងាយ។ មនុស្សគ្រប់គ្នាមានពេលដែលមានភាពអវិជ្ជមាន គ្រាន់តែថាវាខុសគ្នានៅត្រង់កម្រិតធ្ងន់ឬស្រាល រយៈពេលយូរឬឆាប់ និងហេតុផលប៉ុណ្ណោះ។ មនុស្សមួយចំនួនជាទូទៅមិនមានភាពអវិជ្ជមានទេ ប៉ុន្តែក្លាយជាអវិជ្ជមាននៅពេលដែលពួកគេប្រឈមមុខនឹងបរាជ័យ ឬជំពប់ជើងដួលក្នុងរឿងអ្វីមួយ ចំណែកឯអ្នកផ្សេងទៀតអាចក្លាយជាអវិជ្ជមានដោយសារតែរឿងកំប៉ិកកំប៉ុក ទោះបីជាវាគ្រាន់តែជាពាក្យសម្ដីរបស់នរណាម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ពួកគេក៏ដោយ។ ហើយអ្នកខ្លះក្លាយជាអវិជ្ជមានដោយសារតែកាលៈទេសៈមិនអំណោយផលបន្តិចបន្តួច។ តើមនុស្សបែបនេះយល់ពីរបៀបរស់នៅដែរឬទេ? តើពួកគេមានការយល់ដឹងស៊ីជម្រៅដែរឬទេ? តើពួកគេមានចិត្តទូលាយ និងសន្តានចិត្តទូលាយដូចមនុស្សប្រក្រតីដែរឬទេ? មិនមានទេ។ មិនថាកាលៈទេសៈបែបណាឡើយ ឱ្យតែមនុស្សម្នាក់រស់នៅក្នុងនិស្ស័យពុករលួយរបស់ខ្លួន ពួកគេនឹងធ្លាក់ចូលក្នុងសភាពអវិជ្ជមានមួយចំនួនជាញឹកញាប់។ ជាការពិតណាស់ ប្រសិនបើមនុស្សម្នាក់យល់សេចក្ដីពិត និងអាចមើលធ្លុះរឿងរ៉ាវ សភាពអវិជ្ជមានរបស់ពួកគេនឹងកាន់តែតិចទៅៗ ហើយភាពអវិជ្ជមានរបស់ពួកគេនឹងរលាយបាត់បន្តិចម្ដងៗ នៅពេលដែលកម្ពស់របស់ពួកគេលូតលាស់ រហូតដល់រលាយបាត់ទាំងស្រុងនៅទីបំផុត។ អ្នកដែលមិនស្រឡាញ់សេចក្ដីពិត ដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ នឹងមានអារម្មណ៍អវិជ្ជមាន សភាពអវិជ្ជមាន ព្រមទាំងគំនិត និងអាកប្បកិរិយាអវិជ្ជមានកាន់តែច្រើនឡើងៗ ដែលនឹងកាន់តែធ្ងន់ធ្ងរទៅៗនៅពេលដែលវាកាន់តែគរឡើង ហើយនៅពេលដែលរឿងទាំងនេះគ្របសង្កត់ពួកគេ ពួកគេនឹងមិនអាចងើបឡើងវិញបានឡើយ ដែលនេះគឺគ្រោះថ្នាក់ខ្លាំងណាស់។ ហេតុដូច្នេះហើយ ការដោះស្រាយភាពអវិជ្ជមានឱ្យបានទាន់ពេលវេលា គឺសំខាន់ណាស់។ ដើម្បីដោះស្រាយភាពអវិជ្ជមាន មនុស្សម្នាក់ត្រូវតែស្វែងរកសេចក្ដីពិតយ៉ាងសកម្ម ការអាន និងការសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលរក្សាសភាពស្ងប់ស្ងាត់នៅចំពោះវត្តមានរបស់ទ្រង់ នឹងនាំឱ្យទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ ដែលអនុញ្ញាតឱ្យមនុស្សម្នាក់យល់សេចក្ដីពិត និងមើលធ្លុះសារជាតិនៃភាពអវិជ្ជមាន ហេតុនេះហើយទើបដោះស្រាយបញ្ហានៃភាពអវិជ្ជមានបាន។ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវសញ្ញាណ និងវិចារណញ្ញាណផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកពិតជាល្ងង់ខ្លៅខ្លាំងណាស់ ហើយអ្នកនឹងស្លាប់ដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់អ្នក។ មិនថាយ៉ាងណាក៏ដោយ ការដោះស្រាយភាពអវិជ្ជមានគួរតែធ្វើឡើងយ៉ាងសកម្ម មិនមែនអកម្មឡើយ។ មនុស្សមួយចំនួនគិតថា នៅពេលដែលភាពអវិជ្ជមានកើតឡើង ពួកគេគ្រាន់តែមិនអើពើនឹងវាទៅបានហើយ នៅពេលដែលពួកគេមានអារម្មណ៍សប្បាយចិត្តឡើងវិញ ភាពអវិជ្ជមានរបស់ពួកគេនឹងប្រែទៅជាក្ដីអំណរដោយឯកឯង។ នេះគឺជាការស្រមើស្រមៃ ប្រសិនបើគ្មានការស្វែងរក ឬការទទួលយកសេចក្ដីពិតទេ ភាពអវិជ្ជមាននឹងមិនរលាយបាត់ដោយខ្លួនឯងឡើយ។ ទោះបីជាអ្នកភ្លេចវា ហើយមិនមានអារម្មណ៍អ្វីសោះនៅក្នុងចិត្តរបស់អ្នកក៏ដោយ ក៏មិនមែនមានន័យថា ឫសគល់នៃភាពអវិជ្ជមានរបស់អ្នកត្រូវបានដោះស្រាយដែរ។ នៅពេលដែលកាលៈទេសៈត្រឹមត្រូវកើតឡើង វានឹងផ្ទុះឡើងម្ដងទៀត ដែលជារឿងកើតឡើងជាញឹកញាប់។ ប្រសិនបើមនុស្សម្នាក់ឆ្លាត និងមានវិចារណញ្ញាណ ពួកគេគួរតែស្វែងរកសេចក្ដីពិតភ្លាមៗនៅពេលដែលភាពអវិជ្ជមានកើតឡើង ហើយប្រើវិធីសាស្ត្រនៃការទទួលយកសេចក្ដីពិតដើម្បីដោះស្រាយវា ហេតុនេះទើបដោះស្រាយបញ្ហានៃភាពអវិជ្ជមានពីឫសគល់បាន។ អស់អ្នកដែលឧស្សាហ៍មានភាពអវិជ្ជមាន គឺបែបនេះដោយសារតែពួកគេមិនអាចទទួលយកសេចក្ដីពិត។ ប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិតទេ ភាពអវិជ្ជមាននឹងតោងអ្នកជាប់ដូចជាអារក្ស ធ្វើឱ្យអ្នកអវិជ្ជមានជារៀងរហូត បណ្តាលឱ្យអ្នកកើតមានអារម្មណ៍នៃការមិនស្តាប់បង្គាប់ ការមិនពេញចិត្ត និងការត្អូញត្អែរចំពោះព្រះជាម្ចាស់ រហូតដល់អ្នករកឃើញថាខ្លួនឯងកំពុងទាស់ប្រឆាំង ប្រយុទ្ធប្រឆាំង និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់ នោះហើយជាពេលដែលអ្នកឈានដល់ទីបញ្ចប់ ហើយមុខមាត់ដ៏អាក្រក់របស់អ្នកនឹងត្រូវលាតត្រដាង។ មនុស្សចាប់ផ្តើមលាតត្រដាងអ្នក វែកញែកអ្នក និងកំណត់លក្ខណៈអ្នក ហើយទើបតែពេលនេះ នៅពេលប្រឈមមុខនឹងការពិតដ៏អាក្រក់ ទើបទឹកភ្នែករបស់អ្នកចាប់ផ្តើមហូរ នេះហើយជាពេលដែលអ្នកដួលរលំ ហើយចាប់ផ្តើមគក់ទ្រូងដោយអស់សង្ឃឹម អ្នកចាំតែទទួលការដាក់ទោសរបស់ព្រះជាម្ចាស់ចុះ! ភាពអវិជ្ជមានមិនត្រឹមតែធ្វើឱ្យមនុស្សទន់ខ្សោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យពួកគេត្អូញត្អែរអំពីព្រះជាម្ចាស់ ជំនុំជម្រះព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហើយថែមទាំងប្រយុទ្ធប្រឆាំង និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ហេតុដូច្នេះហើយ ប្រសិនបើការដោះស្រាយភាពអវិជ្ជមានរបស់នរណាម្នាក់ត្រូវបានពន្យារពេល នៅពេលដែលពួកគេបញ្ចេញពាក្យពេចន៍ប្រមាថ និងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ នោះផលវិបាកគឺធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកធ្លាក់ក្នុងភាពអវិជ្ជមាន និងមានការត្អូញត្អែរដោយសារតែព្រឹត្តិការណ៍មួយ ឃ្លាមួយ ឬគំនិត ឬទស្សនៈមួយ នេះបង្ហាញថា ការយល់ដឹងរបស់អ្នកអំពីរឿងនេះគឺវៀចវេរ ហើយអ្នកមានសញ្ញាណ និងការស្រមើស្រមៃអំពីវា ទស្សនៈរបស់អ្នកអំពីរឿងនេះពិតជាមិនស្របទៅតាមសេចក្ដីពិតឡើយ។ នៅចំណុចនេះ អ្នកត្រូវស្វែងរកសេចក្ដីពិត និងប្រឈមមុខនឹងវាឱ្យបានត្រឹមត្រូវ ដោយខិតខំកែតម្រូវសញ្ញាណ និងគំនិតខុសឆ្គងទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនអនុញ្ញាតឱ្យខ្លួនឯងត្រូវបានសញ្ញាណទាំងនេះចងភ្ជាប់ និងនាំឱ្យវង្វេង ទៅក្នុងសភាពនៃការមិនស្តាប់បង្គាប់ ការមិនពេញចិត្ត និងការត្អូញត្អែរចំពោះព្រះជាម្ចាស់ឡើយ។ ការដោះស្រាយភាពអវិជ្ជមានឱ្យបានទាន់ពេលវេលាគឺសំខាន់ណាស់ ហើយការដោះស្រាយវាឱ្យបានទាំងស្រុងក៏សំខាន់ខ្លាំងណាស់ដែរ។ ជាការពិតណាស់ វិធីដ៏ល្អបំផុតដើម្បីដោះស្រាយភាពអវិជ្ជមាន គឺការស្វែងរកសេចក្ដីពិត អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន និងមកចំពោះព្រះជាម្ចាស់ដើម្បីស្វែងរកការបំភ្លឺរបស់ទ្រង់។ ជួនកាល អ្នកអាចនឹងមិនអាចកែប្រែគំនិត និងទស្សនៈរបស់អ្នកជាបណ្ដោះអាសន្ន ប៉ុន្តែយ៉ាងហោចណាស់ អ្នកគួរតែដឹងថាខ្លួនខុស ហើយថាគំនិតរបស់អ្នកទាំងនេះគឺវៀចវេរ។ តាមរបៀបនេះ លទ្ធផលដ៏តិចតួចបំផុតគឺថា គំនិត និងទស្សនៈខុសឆ្គងទាំងនេះនឹងមិនប៉ះពាល់ដល់ភាពស្មោះត្រង់របស់អ្នកក្នុងការបំពេញភារកិច្ច នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ ហើយនឹងមិនប៉ះពាល់ដល់ការដែលអ្នកមកចំពោះព្រះជាម្ចាស់ ដើម្បីបើកចំហចិត្ត និងអធិដ្ឋានឡើយ យ៉ាងហោចណាស់ នេះគឺជាលទ្ធផលដែលត្រូវតែសម្រេចឱ្យបាន។ នៅពេលដែលអ្នកលិចលង់ក្នុងភាពអវិជ្ជមាន ហើយមិនស្តាប់បង្គាប់ និងមិនពេញចិត្ត ហើយអ្នកមានការត្អូញត្អែរចំពោះព្រះជាម្ចាស់ ប៉ុន្តែមិនចង់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយ ដោយគិតថាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់គឺប្រក្រតី ខណៈដែលតាមពិតទៅ ចិត្តរបស់អ្នកនៅឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកលែងចង់អានព្រះបន្ទូលរបស់ទ្រង់ ឬអធិដ្ឋានទៀតហើយ តើបញ្ហាមិនបានក្លាយជាធ្ងន់ធ្ងរទេឬ? អ្នកនិយាយថា៖ «មិនថាខ្ញុំមានភាពអវិជ្ជមានកម្រិតណាទេ ការបំពេញភារកិច្ចរបស់ខ្ញុំមិនត្រូវបានរារាំងឡើយ ហើយខ្ញុំមិនបានបោះបង់កិច្ចការរបស់ខ្ញុំទេ។ ខ្ញុំមានភាពស្មោះត្រង់!» តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវដែរឬទេ? ប្រសិនបើអ្នកឧស្សាហ៍មានភាពអវិជ្ជមាន វាមិនមែនជាបញ្ហានៃនិស្ស័យពុករលួយនោះទេ គឺមានបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀត៖ អ្នកមានសញ្ញាណអំពីព្រះជាម្ចាស់ យល់ច្រឡំចំពោះទ្រង់ និងបានបង្កើតរបាំងរវាងខ្លួនអ្នក និងព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយរឿងនេះទេ វានឹងគ្រោះថ្នាក់ខ្លាំងណាស់។ តើមនុស្សម្នាក់អាចធានាថា ពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់រហូតដល់ទីបញ្ចប់ និងមិនធ្វើឱ្យតែរួចពីដៃបានដោយរបៀបណា ប្រសិនបើពួកគេឧស្សាហ៍មានភាពអវិជ្ជមាននោះ? តើភាពអវិជ្ជមានអាចបាត់ទៅវិញ ឬរលាយបាត់ដោយឯកឯងបានដែរឬទេ ប្រសិនបើវាមិនត្រូវបានដោះស្រាយនោះ? ប្រសិនបើមនុស្សម្នាក់មិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលាទេ ភាពអវិជ្ជមាននឹងបន្តរីកធំឡើង ហើយកាន់តែអាក្រក់ទៅៗប៉ុណ្ណោះ។ ផលវិបាកដែលវាបង្កឡើង នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណោះ។ វានឹងមិនរីកធំឡើងក្នុងទិសដៅវិជ្ជមានដាច់ខាត មានតែរីកធំឡើងក្នុងទិសដៅអាក្រក់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នៅពេលដែលភាពអវិជ្ជមានកើតឡើង អ្នកត្រូវតែស្វែងរកសេចក្ដីពិតយ៉ាងឆាប់រហ័សដើម្បីដោះស្រាយវា មានតែការណ៍នេះទេទើបធានាថា អ្នកអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ។ ការដោះស្រាយភាពអវិជ្ជមានគឺសំខាន់ណាស់ ហើយវាមិនអាចពន្យារពេលបានឡើយ!
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១