ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៦)
ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ (ផ្នែកទីប្រាំ)
ឥរិយាបថដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែមានចំពោះកិច្ចការបោសសម្អាតពួកជំនុំ
ក្នុងឆ្នាំនេះ យើងបានប្រកបគ្នាជាបន្ដបន្ទាប់អំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ និងការសម្ដែងចេញរបស់មនុស្សគ្រប់ប្រភេទដែលពាក់ព័ន្ធ។ ប្រធានបទនៃការប្រកបគ្នាកាន់តែមានភាពលម្អិត និងជាក់លាក់ឡើងៗ ដោយពាក់ព័ន្ធនឹងបញ្ហាផ្សេងៗរបស់មនុស្សគ្រប់ប្រភេទ ហើយការប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់របស់មនុស្សទាំងនេះ និងការចាត់ពួកគេចូលជាប្រភេទផ្សេងៗ ក៏មានភាពជាក់លាក់ និងច្បាស់លាស់ខ្លាំងណាស់ដែរ។ បញ្ហាលម្អិតទាំងនេះត្រូវបានប្រកបគ្នាកាន់តែជាក់លាក់ និងកាន់តែច្បាស់លាស់ប៉ុណ្ណា នោះវាកាន់តែគួរផ្ដល់ជំនួយ និងការណែនាំជាវិជ្ជមានសម្រាប់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយវាកាន់តែគួរផ្ដល់ការណែនាំ និងជំនួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើការ និងបំពេញភារកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មិនថាការប្រកបគ្នាត្រូវបានធ្វើឡើងដោយរបៀបណាទេ មិនថាការប្រកបគ្នានោះមានភាពជាក់លាក់កម្រិតណាទេ ក៏អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួននៅតែមិនច្បាស់លាស់អំពីរបៀបចាត់ចែង និងដោះស្រាយចំពោះមនុស្ស និងបញ្ហាគ្រប់ប្រភេទនៅក្នុងពួកជំនុំដដែល។ បញ្ហារបស់មនុស្សគ្រប់ប្រភេទត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់បែបនេះហើយ ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួននៅតែមិនអាចញែកដឹងថាត្រូវមើលមនុស្សប្រភេទផ្សេងៗ និងប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្ដេចទេ។ ពួកគេនៅតែមិនអាចអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត ហើយក៏មិនអាចប្រើសេចក្ដីពិតដើម្បីចាត់ចែងមនុស្ស និងបញ្ហាគ្រប់ប្រភេទនៅក្នុងពួកជំនុំបានដែរ។ តើនេះមកពីហេតុផលអ្វី? មនុស្សបែបនេះខ្វះតថភាពនៃសេចក្ដីពិត។ តាមរយៈការប្រកបគ្នាអំពីការសម្ដែងចេញរបស់មនុស្សគ្រប់ប្រភេទ មនុស្សគួរតែមានការស្គាល់ជាមូលដ្ឋាន និងធ្វើការរៀបចំដោយសមហេតុផល សម្រាប់អ្នកនៅក្នុងពួកជំនុំដែលបំពេញភារកិច្ច និងអ្នកដែលមិនបំពេញភារកិច្ច អ្នកដែលដេញតាមសេចក្ដីពិត និងអ្នកដែលមិនដេញតាម អ្នកដែលស្ដាប់បង្គាប់ និងចុះចូល និងអ្នកដែលបង្កការបង្អាក់ និងការរំខាន។ ទោះយ៉ាងណាក៏ដោយ បើមើលទៅលើស្ថានភាពរបស់មនុស្សគ្រប់ប្រភេទនៅក្នុងពួកជំនុំ មានតែមនុស្សអាក្រក់ដែលឃើញច្បាស់ប៉ុណ្ណោះដែលត្រូវបានបោសសម្អាតចេញ ខណៈដែលអ្នកមិនជឿជាច្រើន នៅមិនទាន់ត្រូវបានជម្រះចោលឱ្យអស់នៅឡើយទេ។ នៅក្នុងកិច្ចការនៃការបោសសម្អាតពួកជំនុំ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបោសសម្អាតមនុស្សអាក្រក់ និងអ្នកមិនជឿចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនគួរធ្វើដោយអកម្ម ដោយធ្វើជាមនុស្សផ្គាប់ចិត្តគេ ឬគិតថា គ្រាន់តែបោសសម្អាតមនុស្សអាក្រក់ដែលឃើញច្បាស់ចេញ គឺចាត់ទុកថាអ្វីៗគ្រប់យ៉ាងបានដោះស្រាយរួចរាល់ និងល្អប្រសើរហើយនោះទេ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែពិនិត្យមើលកិច្ចការរបស់ក្រុមនីមួយៗដោយសកម្ម ផ្ទៀងផ្ទាត់ស្ថានភាពរបស់សមាជិកក្រុមនីមួយៗ ថាតើមានអ្នកមិនជឿណាខ្លះនៅទីនោះគ្រាន់តែដើម្បីបង្គ្រប់ចំនួន ឬមានអ្នកមិនជឿណាខ្លះដែលកំពុងផ្សព្វផ្សាយភាពអវិជ្ជមាន និងសញ្ញាណដើម្បីរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយនៅពេលរកឃើញ មនុស្សទាំងនេះហើយ គួរតែលាតត្រដាង និងបោសសម្អាតពួកគេចេញឱ្យអស់។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ ពួកគេមិនគួរអកម្ម មិនគួររង់ចាំបទបញ្ជា និងការជំរុញពីខាងលើទើបធ្វើសកម្មភាពនោះទេ ហើយក៏មិនគួរធ្វើតែបន្តិចបន្តួច នៅពេលបងប្អូនប្រុសស្រីទាំងអស់ស្នើសុំនោះដែរ។ នៅក្នុងកិច្ចការរបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះទ្រង់។ វិធីដ៏ល្អបំផុតសម្រាប់ពួកគេក្នុងការប្រព្រឹត្ត គឺស្គាល់ និងដោះស្រាយបញ្ហាដោយសកម្ម។ ពួកគេមិនត្រូវនៅតែអកម្មឡើយ ជាពិសេសនៅពេលដែលពួកគេមានព្រះបន្ទូល និងការប្រកបគ្នានាពេលបច្ចុប្បន្នទាំងនេះ ដើម្បីធ្វើជាមូលដ្ឋាន។ ផ្ទុយទៅវិញ ពួកគេគួរតែផ្ដើមគំនិតដោះស្រាយបញ្ហា និងការលំបាកជាក់ស្ដែងឱ្យបានសព្វគ្រប់ ដោយការប្រកបគ្នាអំពីសេចក្ដីពិត និងធ្វើកិច្ចការរបស់ពួកគេឱ្យបានត្រឹមត្រូវតាមដែលពួកគេគួរធ្វើ។ ពួកគេគួរតែតាមដានវឌ្ឍនភាពនៃកិច្ចការឱ្យបានទាន់ពេល និងយ៉ាងសកម្ម មិនរង់ចាំតែបទបញ្ជា និងការជំរុញពីខាងលើជានិច្ច មុនពេលពួកគេធ្វើសកម្មភាពទាំងស្ទាក់ស្ទើរចិត្តនោះទេ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការតែងតែមានភាពអវិជ្ជមាន និងអកម្ម ហើយមិនធ្វើការងារជាក់ស្ដែងទេ ពួកគេមិនស័ក្តិសមក្នុងការបម្រើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ហើយគួរតែត្រូវបានដកហូតតំណែង និងកែសម្រួលការចាត់តាំងភារកិច្ចរបស់ពួកគេ។ ឥឡូវនេះ មានអ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនដែលមានភាពអកម្មខ្លាំងណាស់នៅក្នុងកិច្ចការរបស់ពួកគេ។ ពួកគេធ្វើកិច្ចការតែបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់ពីខាងលើចេញបទបញ្ជា និងជំរុញពួកគេ បើមិនដូច្នេះទេ ពួកគេមិនប្រឹងធ្វើកិច្ចការ និងពន្យារពេល។ ការងារនៅក្នុងពួកជំនុំមួយចំនួនមានភាពច្របូកច្របល់ខ្លាំងណាស់ មនុស្សមួយចំនួនដែលបំពេញភារកិច្ចនៅទីនោះ មិនប្រឹងធ្វើកិច្ចការ និងធ្វើឱ្យតែរួចពីដៃខ្លាំងណាស់ ហើយមិនទទួលបានលទ្ធផលជាក់ស្ដែងអ្វីឡើយ។ បញ្ហាទាំងនេះធ្ងន់ធ្ងររួចទៅហើយ និងមានសភាពអាក្រក់ណាស់ ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការនៃពួកជំនុំទាំងនោះ នៅតែប្រព្រឹត្តដូចជាមន្ត្រី និងចៅហ្វាយនាយដដែល។ ពួកគេមិនត្រឹមតែមិនអាចធ្វើការងារជាក់ស្ដែងណាមួយបានប៉ុណ្ណោះទេ ពួកគេមិនអាចរកឃើញ ឬដោះស្រាយបញ្ហាបានឡើយ។ ការនេះធ្វើឱ្យកិច្ចការរបស់ពួកជំនុំគាំងដំណើរ និងបណ្តាលឱ្យកិច្ចការនោះនៅទ្រឹង។ នៅកន្លែងណាដែលកិច្ចការរបស់ពួកជំនុំមានភាពរញ៉េរញ៉ៃខ្លាំង និងគ្មានសណ្ដាប់ធ្នាប់ នៅទីនោះប្រាកដជាមានអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទកំពុងកាន់អំណាចហើយ។ នៅក្នុងគ្រប់ពួកជំនុំដែលអ្នកដឹកនាំក្លែងក្លាយកាន់អំណាច កិច្ចការរបស់ពួកជំនុំគឺរញ៉េរញ៉ៃ និងច្របូកច្របល់ទាំងស្រុង នេះជារឿងដែលមិនបាច់សង្ស័យឡើយ។ ឧទាហរណ៍៖ បញ្ហាជាច្រើននៅក្នុងពួកជំនុំនៅអាមេរិក ត្រូវបានរកឃើញដោយផ្ទាល់ត្រចៀក ឬផ្ទាល់ភ្នែករបស់ខ្ញុំ។ បញ្ហាភាគច្រើនដែលខ្ញុំបានឃើញ ត្រូវបានដោះស្រាយនៅនឹងកន្លែង ចំណែកបញ្ហាមួយចំនួនទៀត ខ្ញុំបានឱ្យអ្នកដឹកនាំនៃពួកជំនុំនៅអាមេរិកដោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការភាគច្រើនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវបានធ្វើឡើងដោយអកម្មយ៉ាងខ្លាំង ដោយការតាមដានមានភាពយឺតយ៉ាវពេក និងប្រសិទ្ធភាពទាបពេក ខណៈដែលកិច្ចការប្រចាំថ្ងៃភាគច្រើនរបស់ពួកគេ ត្រូវបានធ្វើតែបន្ទាប់ពីមានបទបញ្ជា និងការជំរុញពីខាងលើប៉ុណ្ណោះ។ បន្ទាប់ពីខាងលើរៀបចំកិច្ចការរួច ពួកគេនឹងរវល់មួយរយៈ ប៉ុន្តែនៅពេលកិច្ចការតិចតួចនោះធ្វើរួចហើយ ពួកគេមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតទេ ពីព្រោះពួកគេមិនយល់ថា ភារកិច្ចអ្វីខ្លះដែលពួកគេគួរតែបំពេញនោះទេ។ ពួកគេមិនដែលច្បាស់លាស់ឡើយអំពីកិច្ចការដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលពួកគេគួរតែអនុវត្តនោះទេ នៅក្នុងក្រសែភ្នែករបស់ពួកគេ គឺគ្មានកិច្ចការដែលត្រូវធ្វើឡើយ។ តើមានរឿងអ្វីកើតឡើង នៅពេលដែលមនុស្សមិនគិតថាមានកិច្ចការដែលត្រូវធ្វើនោះ? (ពួកគេមិនទទួលបន្ទុក។) បើនិយាយឱ្យចំទៅ ពួកគេមិនទទួលបន្ទុកទេ ពួកគេថែមទាំងខ្ជិលច្រអូស និងលោភលន់ចង់បានភាពសុខស្រួល ឆ្លៀតពេលសម្រាកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយព្យាយាមគេចវេះពីកិច្ចការបន្ថែមណាមួយ។ មនុស្សខ្ជិលទាំងនេះ តែងតែគិតថា៖ «ហេតុអ្វីបានជាខ្ញុំគួរខ្វល់ខ្វាយច្រើនម្ល៉េះ? ការខ្វល់ខ្វាយច្រើនពេក នឹងធ្វើឱ្យខ្ញុំឆាប់ចាស់ប៉ុណ្ណោះ។ តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍អ្វីពីការធ្វើបែបនោះ និងពីការរត់រវល់ច្រើន ហើយធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងយ៉ាងនេះ? តើនឹងទៅជាយ៉ាងណា ប្រសិនបើខ្ញុំអស់កម្លាំង ហើយធ្លាក់ខ្លួនឈឺ? ខ្ញុំគ្មានលុយបង់ថ្លៃព្យាបាលទេ។ ហើយតើនរណានឹងមើលថែខ្ញុំ នៅពេលខ្ញុំចាស់ទៅ?» មនុស្សខ្ជិលទាំងនេះ គឺអកម្ម និងអន់ថយបែបនេះឯង។ ពួកគេគ្មានសេចក្ដីពិតសូម្បីតែបន្តិច ហើយមិនអាចមើលឃើញអ្វីច្បាស់លាស់ឡើយ។ ពួកគេច្បាស់ជាក្រុមមនុស្សវង្វេង តើមែនទេ? ពួកគេសុទ្ធតែជាមនុស្សវង្វេង ពួកគេមិនដឹងអំពីសេចក្ដីពិត ហើយគ្មានចំណាប់អារម្មណ៍លើសេចក្ដីពិតឡើយ ដូច្នេះ តើពួកគេអាចទទួលបានការសង្គ្រោះដោយរបៀបណា? ហេតុអ្វីបានជាមនុស្សតែងតែគ្មានវិន័យ និងខ្ជិលច្រអូស ហាក់ដូចជាពួកគេជាសាកសពរស់ដូច្នេះ? រឿងនេះទាក់ទងនឹងបញ្ហាធម្មជាតិរបស់ពួកគេ។ នៅក្នុងធម្មជាតិរបស់មនុស្ស មានភាពខ្ជិលច្រអូសមួយប្រភេទ។ មិនថាពួកគេកំពុងធ្វើកិច្ចការអ្វីនោះទេ ពួកគេតែងតែត្រូវការនរណាម្នាក់ដើម្បីមើលការខុសត្រូវ និងជំរុញពួកគេ។ ជួនកាល មនុស្សចេះគិតគូរដល់សាច់ឈាម លោភចង់បានភាពសុខស្រួលខាងសាច់ឈាម ហើយតែងតែទុកផ្លូវក្រោយខ្លះសម្រាប់ខ្លួនឯង មនុស្សទាំងនេះពោរពេញទៅដោយចេតនាបែបអារក្ស និងឧបាយកលបោកបញ្ឆោត ពួកគេពិតជាមិនល្អសោះឡើយ។ មិនថាពួកគេកំពុងធ្វើភារកិច្ចសំខាន់អ្វីនោះទេ ពួកគេតែងតែធ្វើមិនអស់ពីសមត្ថភាពរបស់ខ្លួនឡើយ។ ពួកគេគ្មានការទទួលខុសត្រូវ និងគ្មានភាពស្មោះត្រង់ទេ។ ថ្ងៃនេះ ខ្ញុំបាននិយាយរឿងទាំងនេះ ដើម្បីរំឮកអ្នករាល់គ្នាកុំឱ្យអកម្មក្នុងកិច្ចការ។ អ្នករាល់គ្នាត្រូវតែអាចអនុវត្តតាមអ្វីដែលខ្ញុំនិយាយ។ ប្រសិនបើខ្ញុំទៅកាន់ពួកជំនុំផ្សេងៗ ហើយរកឃើញ ឬឃើញថា អ្នករាល់គ្នាបានធ្វើកិច្ចការជាច្រើន ថាអ្នកបានធ្វើការយ៉ាងមានប្រសិទ្ធភាព ហើយថាការងារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ថាវាបានឈានដល់កម្រិតមួយដែលគួរឱ្យពេញចិត្ត ហើយមនុស្សគ្រប់គ្នាបានខិតខំអស់ពីសមត្ថភាពរបស់ខ្លួន នោះខ្ញុំនឹងពេញចិត្តជាខ្លាំង។ ប្រសិនបើខ្ញុំទៅកាន់ពួកជំនុំផ្សេងៗ ហើយឃើញថា វឌ្ឍនភាពនៃការងារគ្រប់ទិដ្ឋភាពមានភាពយឺតយ៉ាវ ដែលបញ្ជាក់ថា អ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នកមិនបានល្អ ហើយមិនបានតាមទាន់ល្បឿនធម្មតានៃការផ្សាយដំណឹងល្អទេ តើអ្នករាល់គ្នាគិតថា អារម្មណ៍របស់ខ្ញុំនៅពេលនោះនឹងទៅជាយ៉ាងណា? តើខ្ញុំនៅតែសប្បាយចិត្តនឹងជួបអ្នករាល់គ្នាដែរទេ? (អត់ទេ)។ ខ្ញុំនឹងមិនសប្បាយចិត្តទេ។ កិច្ចការនេះត្រូវបានផ្ទុកផ្ដាក់ឱ្យអ្នករាល់គ្នាហើយ ហើយខ្ញុំបាននិយាយអ្វីៗគ្រប់យ៉ាងដែលត្រូវនិយាយរួចហើយដែរ គោលការណ៍ជាក់លាក់នៃការអនុវត្ត និងផ្លូវ ក៏បានប្រាប់ដល់អ្នករាល់គ្នារួចហើយដែរ។ ប៉ុន្តែ អ្នករាល់គ្នាធ្វើមិនធ្វើសកម្មភាព មិនធ្វើកិច្ចការ ដោយគ្រាន់តែរង់ចាំឱ្យខ្ញុំមកមើលការខុសត្រូវ និងជំរុញអ្នករាល់គ្នាដោយផ្ទាល់ លួសកាត់អ្នករាល់គ្នា ឬថែមទាំងបញ្ជាឱ្យអ្នករាល់គ្នាធ្វើសកម្មភាពប៉ុណ្ណោះ។ តើបញ្ហានៅទីនេះជាអ្វី? តើរឿងនេះមិនគួរត្រូវបានវែកញែកទេឬ? នៅពេលដែលអ្នកមិនធ្វើកិច្ចការដែលច្បាស់ណាស់ថាគួរតែធ្វើ ប៉ុន្ដែមិនអាចរ៉ាប់រងធ្វើបាន តើខ្ញុំអាចមានឥរិយាបថល្អចំពោះអ្នករាល់គ្នាបានដែរទេ? (អត់ទេ។) ហេតុអ្វីបានជាខ្ញុំមិនអាចមានឥរិយាបថល្អចំពោះអ្នក? (ព្រោះយើងខ្ញុំ គ្មានការទទួលខុសត្រូវខ្លាំងពេកក្នុងការបំពេញភារកិច្ចរបស់ពួកយើង។) ពីព្រោះអ្នករាល់គ្នាមិនបំពេញភារកិច្ចរបស់អ្នកដោយអស់ពីចិត្ត និងកម្លាំងរបស់អ្នកទេ ប៉ុន្តែគ្រាន់តែធ្វើវាឱ្យតែរួចពីដៃប៉ុណ្ណោះ។ មនុស្សម្នាក់ដែលមានស្មោះត្រង់នៅក្នុងភារកិច្ចរបស់ខ្លួន យ៉ាងហោចណាស់គួរតែប្រឹងអស់ពីកម្លាំងរបស់ខ្លួន ប៉ុន្តែអ្នករាល់គ្នាវិញ មិនទាំងអាចសម្រេចបានចំណុចនេះផង អ្នករាល់គ្នាខ្វះខាតច្រើនពេកហើយ! មិនមែនថាមកពីគុណសម្បត្តិរបស់អ្នករាល់គ្នាមិនគ្រប់គ្រាន់នោះទេ គឺមកពីផ្នត់គំនិតរបស់អ្នករាល់គ្នាមិនត្រឹមត្រូវ ហើយអ្នករាល់គ្នាគ្មានការទទួលខុសត្រូវ។ មានរឿងមិនសមហេតុផលមួយចំនួននៅក្នុងចិត្តរបស់អ្នករាល់គ្នា ដែលរារាំងអ្នករាល់គ្នាមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន។ លើសពីនេះ ផ្នត់គំនិតនៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ រារាំងអ្នករាល់គ្នាមិនឱ្យអនុវត្តកិច្ចការនៃការបោសសម្អាតពួកជំនុំ។ តើអ្នករាល់គ្នាដឹងទេថា សារៈសំខាន់នៃការបោសសម្អាតពួកជំនុំ គឺជាអ្វីទេ? ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បោសសម្អាតពួកជំនុំ? តើអ្វីទៅជាផលវិបាកនៃការមិនបោសសម្អាតពួកជំនុំ? អ្នករាល់គ្នាមិនច្បាស់លាស់អំពីបញ្ហាទាំងនេះទេ ហើយមិនស្វែងរកសេចក្ដីពិតទៀត ដែលបញ្ជាក់ថា អ្នករាល់គ្នាមិនចេះគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ អ្នករាល់គ្នាសុខចិត្តធ្វើកិច្ចការធម្មតាៗ និងសាមញ្ញៗមួយចំនួនដែលជាការងារក្នុងតួនាទីរបស់ខ្លួន ហើយគេចវេះពីកិច្ចការពិសេស ជាពិសេសកិច្ចការដែលអាចធ្វើឱ្យអ្នកដទៃទាស់ចិត្ត។ អ្នករាល់គ្នាសុទ្ធតែចូលចិត្តប្រគល់កិច្ចការទាំងនេះទៅឱ្យអ្នកផ្សេង។ តើនេះមិនមែនជារបៀបដែលអ្នករាល់គ្នាគិតទេឬ? តើនេះមិនមែនជាបញ្ហាដែលគួរតែត្រូវបានដោះស្រាយទេឬ? អ្នករាល់គ្នាតែងតែនិយាយថា៖ «គុណសម្បត្តិរបស់ខ្ញុំខ្សោយ ការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិតមានកម្រិត ហើយខ្ញុំមិនមានបទពិសោធធ្វើកិច្ចការគ្រប់គ្រាន់ទេ។ ខ្ញុំមិនដែលធ្វើជាអ្នកដឹកនាំពួកជំនុំទេ ហើយខ្ញុំក៏មិនដែលធ្វើកិច្ចការបោសសម្អាតពួកជំនុំដែរ»។ តើនេះមិនមែនជាការរកលេសទេឬ? កិច្ចការនៃការបោសសម្អាតពួកជំនុំ ត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់រួចហើយ។ ការបោសសម្អាតពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងអ្នកមិនជឿចេញ គឺជារឿងសាមញ្ញណាស់។ តើគោលការណ៍ពីរបីចំណុចនោះ ពិតជាពិបាកយល់ណាស់មែនទេ? ប្រសិនបើបញ្ហាសាមញ្ញបែបនេះត្រូវបានពន្យល់យ៉ាងច្បាស់លាស់បែបនេះហើយ មនុស្សនៅតែមិនយល់ទៀត តើវាបង្ហាញពីអ្វី? វាបង្ហាញថា គុណសម្បត្តិរបស់ពួកគេខ្សោយពេក រហូតមិនអាចស្ដាប់ភាសាមនុស្សបាន ឬពួកគេគ្រាន់តែជាមនុស្សចោលម្សៀតដែលមិនយកចិត្តទុកដាក់លើកិច្ចការត្រឹមត្រូវ។ នៅក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការ ប្រាកដជាមានអ្នកខ្លះដែលមានគុណសម្បត្តិខ្សោយ ហើយប្រាកដជាមានមនុស្សផ្គាប់ចិត្តអ្នកដទៃ ដែលមិនធ្វើកិច្ចការជាក់ស្ដែង ហើយក៏ប្រាកដជាមានមនុស្សចោលម្សៀតមួយចំនួនដែលមិនអើពើនឹងកិច្ចការត្រឹមត្រូវ និងប្រព្រឹត្តអំពើខុសឆ្គងដោយមិនខ្វល់ខ្វាយផងដែរ ដែលស្ថានភាពទាំងអស់នេះសុទ្ធតែមាន។ ជាដំបូង មនុស្សចោលម្សៀតដែលមិនអើពើនឹងកិច្ចការត្រឹមត្រូវទាំងនេះ ត្រូវតែត្រូវបានបោសសម្អាតចេញ។ អ្នកណាដែលអាចធ្វើកិច្ចការជាក់ស្ដែងបាន គួរតែត្រូវបានប្រើប្រាស់ ចំណែកមនុស្សផ្គាប់ចិត្តគេដែលធ្វើជាអ្នកដឹកនាំ គួរតែត្រូវបានដកហូតតំណែងជាដាច់ខាត ហើយមនុស្សដែលមានគុណសម្បត្តិខ្សោយដែលអាចយល់ភាសាមនុស្សបាន និងអាចធ្វើការងារជាក់ស្ដែងខ្លះបាន គួរតែត្រូវបានរក្សាទុកឱ្យនៅ។ បញ្ហាទាំងនេះគួរតែត្រូវបានដោះស្រាយតាមរបៀបនេះ។ ប្រសិនបើបន្ទាប់ពីព្រះជាម្ចាស់បានប្រកបគ្នារួចហើយ អ្នកអាចមើលឃើញយ៉ាងច្បាស់នូវបញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំ ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែដោះស្រាយ នោះអ្នកគួរតែដោះស្រាយវាភ្លាមៗដោយមិនពន្យារពេលទៀតឡើយ។ អ្នកគួរតែអាចផ្ដើមគំនិតធ្វើសកម្មភាពដោយមិនចាំបាច់រង់ចាំឱ្យខាងលើចាត់តាំងភារកិច្ច ឬចេញបទបញ្ជាដោយផ្ទាល់ឡើយ។ មិនថាមានបញ្ហាអ្វីកើតឡើងនោះទេ បញ្ហាទាំងនោះគួរតែត្រូវបានដោះស្រាយមុនពេលវាប៉ះពាល់ដល់កិច្ចការ។ មុនពេលដែលខាងលើចាប់ផ្ដើមស៊ើបអង្កេតបញ្ហា អ្នកគួរតែបានរាយការណ៍រួចហើយអំពីការយល់ឃើញរបស់អ្នកចំពោះបញ្ហាទាំងនោះ និងដំណោះស្រាយរបស់អ្នកចំពោះបញ្ហា គោលការណ៍សម្រាប់ការចាត់ចែងបញ្ហាទាំងនោះ និងលទ្ធផលបន្ទាប់ពីដោះស្រាយបញ្ហាទាំងនោះរួច។ បើធ្វើបានដូច្នេះ តើល្អយ៉ាងណាទៅ! ដូច្នេះ តើខាងលើនៅតែមិនពេញចិត្តនឹងអ្នកទៀតឬ? ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ ប្រសិនបើអ្នកតែងតែមើលមិនឃើញកិច្ចការដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក ឬទោះបីជាអ្នកមានការយល់ដឹង ឬគំនិតខ្លះក៏ដោយ ប៉ុន្តែនៅតែពន្យារពេល និងមិនធ្វើសកម្មភាព ដោយតែងតែរង់ចាំឱ្យខាងលើរៀបចំកិច្ចការសម្រាប់អ្នក តើនេះមិនមែនជាការធ្វេសប្រហែសក្នុងទំនួលខុសត្រូវទេឬអី? (មែនហើយ)។ នេះគឺជាការធ្វេសប្រហែសក្នុងទំនួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ! អ្នកបានបាត់បង់ឥរិយាបថ និងទំនួលខុសត្រូវដែលមកជាមួយតួនាទីជាអ្នកដឹកនាំ ឬអ្នកធ្វើការ ក្នុងការប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន។ នៅក្នុងការងាររបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអនុវត្តតាមសេចក្ដីតម្រូវរបស់ខាងលើឱ្យបានដិតដល់ អ្វីក៏ដោយដែលខាងលើបានប្រកបគ្នា នោះគឺជាអ្វីដែលអ្នកគួរតែអនុវត្ត ដោយធ្វើសកម្មភាព និងអនុវត្តយ៉ាងឆាប់រហ័ស នៅពេលដែលអ្នកបានយល់ហើយ។ ការដោះស្រាយបញ្ហាដោយសេចក្ដីពិត គឺជាទំនួលខុសត្រូវដ៏សំខាន់បំផុតរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយអ្នកមិនគួររង់ចាំដោយអកម្មឱ្យខាងលើរៀបចំការងារ មុនពេលធ្វើអ្វីមួយនោះទេ។ ប្រសិនបើអ្នកតែងតែរង់ចាំដោយអកម្ម នោះអ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ អ្នកមិនអាចរ៉ាប់រងការងារនេះបានទេ ហើយអ្វីដែលសមហេតុផលបំផុត គឺទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួន និង លាលែងពីតំណែង។
ការសម្ដែងចេញ និងលទ្ធផលនៃមនុស្សបីប្រភេទ ដែលជឿលើព្រះជាម្ចាស់
I. អ្នកធ្វើការដោយកម្លាំង
ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការមានសរុបចំនួនដប់ប្រាំ ហើយយើងបានប្រកបគ្នារហូតដល់ចំណុចទីដប់បួនរួចហើយ។ បញ្ហានៅក្នុងពួកជំនុំដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវដោះស្រាយ ក៏ដូចជាបញ្ហារបស់មនុស្សគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ត្រូវបានប្រកបគ្នារហូតដល់ប្រហែលប៉ែតសិបទៅកៅសិបភាគរយហើយ។ ទាំងនេះសុទ្ធតែជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវរ៉ាប់រង និងជាបញ្ហាដែលពួកគេត្រូវដោះស្រាយ។ រឿងនេះពាក់ព័ន្ធនឹងបញ្ហាជាច្រើន។ ក្នុងទិដ្ឋភាពមួយ វាពាក់ព័ន្ធនឹងទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរបំពេញ ក្នុងទិដ្ឋភាពមួយទៀត វាក៏ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗរបស់មនុស្សគ្រប់ប្រភេទនៅក្នុងពួកជំនុំផងដែរ។ ទោះបីជាប្រធានបទនៃការប្រកបគ្នារបស់យើងក្នុងអំឡុងពេលនេះ គឺនិយាយអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ និងការលាតត្រដាងអ្នកដឹកនាំក្លែងក្លាយក៏ដោយ ក៏យើងបានប្រកបគ្នាជាច្រើនអំពីបញ្ហារបស់មនុស្សប្រភេទផ្សេងៗ និងសភាពព្រមទាំងសារជាតិរបស់មនុស្សប្រភេទផ្សេងៗ ដែលត្រូវបានប៉ះពាល់ដោយប្រធានបទនេះផងដែរ។ ជាការពិតណាស់ ខ្លឹមសារជាក់លាក់នេះ មានឥទ្ធិពលផ្សេងៗគ្នាលើមនុស្សគ្រប់ប្រភេទដែលដើរតាមព្រះជាម្ចាស់នៅក្នុងពួកជំនុំ។ ក្នុងចំណោមពួកគេ មានមនុស្សមួយប្រភេទដែលទោះបីជាបានឮការប្រកបគ្នាទាំងអស់នេះហើយក៏ដោយ ក៏នៅតែប្រកាន់ខ្ជាប់នូវឥរិយាបថថា៖ «ខ្ញុំមានភាពជាមនុស្សល្អ ខ្ញុំជឿលើព្រះជាម្ចាស់ពិតប្រាកដ ខ្ញុំសុខចិត្តលះបង់អ្វីៗនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ហើយខ្ញុំសុខចិត្តបង់ថ្លៃ និងស៊ូទ្រាំនឹងការលំបាកដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ»។ ពួកគេមិនខ្វល់អំពីសភាពផ្សេងៗរបស់មនុស្សគ្រប់ប្រភេទ សេចក្ដីពិតដែលពាក់ព័ន្ធនឹងសភាពផ្សេងៗ ឬគោលការណ៍សេចក្ដីពិតដែលមនុស្សគួរយល់ ដែលត្រូវបានប្រកបគ្នាក្នុងអំឡុងពេលនេះឡើយ។ តើនេះមិនមែនជាមនុស្សមួយប្រភេទទេឬ? តើមនុស្សប្រភេទនេះមិនមែនជាតំណាងយ៉ាងច្បាស់ទេឬ? (មែនហើយ។) មនុស្សប្រភេទនេះ តែងតែប្រកាន់ខ្ជាប់នូវទស្សនៈមួយជាក់លាក់។ តើទស្សនៈនេះផ្សំឡើងពីអ្វីជាចម្បង? ចំណុចទាំងបីដែលខ្ញុំទើបតែបានលើកឡើង៖ ទីមួយ ពួកគេជឿថាភាពជាមនុស្សរបស់ពួកគេមិនអាក្រក់ទេ ហើយថែមទាំងជឿថាវាល្អទៀតផង។ ទីពីរ ពួកគេគិតថាពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ មានន័យថាពួកគេជឿយ៉ាងពិតប្រាកដលើវត្តមានរបស់ព្រះជាម្ចាស់ និងលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗទាំងអស់ ដោយជឿថាវាសនារបស់មនុស្សត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ថាវាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដែលនេះជាការបកស្រាយក្នុងន័យទូលាយនៃពាក្យ «ជឿលើព្រះជាម្ចាស់ពិតប្រាកដ»។ ទីបី ពួកគេជឿថាពួកគេអាចលះបង់អ្វីៗនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ចំណុចទាំងបីនេះអាចនិយាយបានថា ជាធាតុផ្សំមូលដ្ឋានបំផុត ចម្បងបំផុត និងជាស្នូលបំផុត ដែលមនុស្សទាំងនេះប្រកាន់ខ្ជាប់នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ជាការពិតណាស់ រឿងទាំងនេះក៏អាចចាត់ទុកថាជាទុនរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ព្រមទាំងជាគោលដៅដែលពួកគេដេញតាម និងជាកម្លាំងជំរុញចិត្ត និងទិសដៅរបស់ពួកគេក្នុងការប្រព្រឹត្តផងដែរ។ ពួកគេជឿថា ការមានចំណុចទាំងបីនេះ ធ្វើឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លក្ខខណ្ឌមូលដ្ឋានទាំងបីនៃការទទួលបានសេចក្ដីសង្គ្រោះ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ និងសព្វព្រះហឫទ័យ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ ការមានចំណុចទាំងបីនេះ គ្រាន់តែបង្ហាញថា ពួកគេមានភាពជាមនុស្សបន្តិចបន្តួចប៉ុណ្ណោះ។ តើគ្រាន់តែមានភាពជាមនុស្សបន្តិចបន្តួច អាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរឬទេ? ដាច់ខាតគឺមិនអាចទេ ព្រះជាម្ចាស់សព្វហឫព្រះទ័យចំពោះអស់អ្នកដែលកោតខ្លាចទ្រង់ និងគេចចេញពីសេចក្ដីអាក្រក់។ ចំណុចទាំងបីនេះមិនត្រូវតាមស្ដង់ដានៃតថភាពនៃសេចក្ដីពិតទេ ពួកវាគ្រាន់តែជាស្ដង់ដាទាំងបីសម្រាប់ការធ្វើជាអ្នកធ្វើការដោយកម្លាំងប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំនឹងប្រកបគ្នាអំពីសេចក្ដីលម្អិតនៃចំណុចទាំងបីនេះ ដើម្បីធ្វើឱ្យអ្នករាល់គ្នាយល់ច្បាស់។ ចំណុចទីមួយគឺការមានភាពជាមនុស្សល្អ។ ពួកគេជឿថា ការមិនប្រព្រឹត្តអំពើអាក្រក់ ការមិនបង្កការបង្អាក់ និងការរំខាន និងការមិនបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ហើយ ហើយថាការនេះមានន័យថាពួកគេអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តស្របតាមគោលការណ៍។ ចំណុចទីពីរគឺ «ការជឿលើព្រះជាម្ចាស់ពិតប្រាកដ»។ សម្រាប់ពួកគេ អ្វីដែលពួកគេហៅថា «ការជឿលើព្រះជាម្ចាស់ពិតប្រាកដ» មានន័យថាមិនដែលសង្ស័យលើវត្តមានរបស់ព្រះជាម្ចាស់ ឬការពិតនៃអធិបតេយ្យភាពរបស់ទ្រង់លើអ្វីៗទាំងអស់ឡើយ ហើយជឿថាវាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដែលពួកគេគិតថានឹងអាចឱ្យពួកគេដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ពួកគេជឿថា ឱ្យតែពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ ពួកគេនឹងទទួលបានការសព្វព្រះទ័យពីទ្រង់។ ហេតុដូច្នេះហើយ មិនថាព្រះជាម្ចាស់ដឹកនាំ ឬធ្វើសកម្មភាពយ៉ាងណា ឬពួកគេជួបប្រទះអ្វីក៏ដោយ ពួកគេនិយាយថា៖ «គ្រាន់តែស្រឡាញ់ព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ ចុះចូលនឹងព្រះជាម្ចាស់ទៅ»។ វិធីសាស្ត្រដោះស្រាយបញ្ហារបស់ពួកគេគឺសាមញ្ញពេកហើយ តើពាក្យទូលំទូលាយបែបនេះអាចដោះស្រាយបញ្ហាអ្វីបានទៅ? ចំណុចទីបីគឺ ការអាចលះបង់អ្វីៗនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងការអាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ តើពួកគេយកចំណុចនេះទៅអនុវត្តដោយរបៀបណា? ដោយសារតែពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នៅពេលដែលមានតម្រូវការនៅក្នុងកិច្ចការរបស់ពួកជំនុំ ឬនៅពេលដែលពួកគេមានអារម្មណ៍ថាព្រះជាម្ចាស់មានព្រះហឫទ័យបន្ទាន់ ពួកគេអាចលះបង់គ្រួសារ អាពាហ៍ពិពាហ៍ និងអាជីពរបស់ពួកគេយ៉ាងសកម្ម ទុកការរំពឹងទុកខាងលោកីយ៍របស់ពួកគេមួយឡែក ហើយដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេដោយការប្ដេជ្ញាចិត្តមិនរាថយ មិនដែលស្តាយក្រោយឡើយ។ ពួកគេអាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃសម្រាប់ភារកិច្ចណាក៏ដោយដែលដំណាក់របស់ព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេ ទោះបីជាវាមានន័យថាហូបតិច និងដេកតិចក៏ដោយ។ មិនថាស្ថានភាពរស់នៅលំបាកយ៉ាងណា ឬសូម្បីតែនៅក្នុងបរិយាកាសមិនអំណោយផលមួយចំនួនក៏ដោយ ក៏ពួកគេនៅតែអាចតស៊ូក្នុងការបំពេញភារកិច្ចរបស់ពួកគេបានដដែល។ ក្រៅពីចំណុចទាំងបីនេះ ការអនុវត្តទិដ្ឋភាពផ្សេងៗទៀតដែលទាក់ទងនឹងសេចក្ដីពិត ហាក់ដូចជាមិនពាក់ព័ន្ធនឹងពួកគេឡើយ។ ពួកគេធ្វើអ្វីដែលពួកគេយល់ថាល្អ ឬត្រឹមត្រូវ។ ចំពោះគោលការណ៍ផ្សេងៗនៃការអនុវត្តដែលព្រះជាម្ចាស់បានប្រាប់ដល់មនុស្ស ក៏ដូចជាសភាព ការសម្ដែងចេញ និងសារជាតិនៃនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សដែលព្រះជាម្ចាស់បានលាតត្រដាង ពួកគេគិតថា គ្រាន់តែដឹងបន្តិចបន្តួច ឬមិនដឹងទាល់តែសោះក៏មិនអីដែរសម្រាប់ពួកគេ។ ពួកគេមានអារម្មណ៍ថា មិនចាំបាច់ស្វែងរកគោលការណ៍ផ្សេងៗយ៉ាងជាក់លាក់ និងល្អិតល្អន់ ដើម្បីពិនិត្យមើលសេចក្ដីពុករលួយរបស់ខ្លួនឯង និងបំពេញបន្ថែមចំណុចខ្វះខាតរបស់ពួកគេ ហើយក៏មិនមានអារម្មណ៍ថាចាំបាច់ត្រូវចូលរួមការជួបជុំជាញឹកញាប់ ដើម្បីស្ដាប់អ្នកដទៃប្រកបគ្នាអំពីទីបន្ទាល់តាមរយៈបទពិសោធផ្សេងៗរបស់ពួកគេ ហើយបន្ទាប់មកសម្រេចបាននូវការផ្លាស់ប្ដូរខ្លួនឯង និងអ្វីៗផ្សេងទៀតនោះឡើយ។ ការជឿលើព្រះជាម្ចាស់តាមរបៀបនេះ ពួកគេមានអារម្មណ៍ថា វាស្មុគស្មាញពេក វាមិនចាំបាច់ទេ។ ពួកគេដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ ដោយការយល់ដឹងសើៗអំពីជំនឿលើព្រះជាម្ចាស់ និងការផ្លាស់ប្ដូរនិស្ស័យ រួមជាមួយនឹងសញ្ញាណ និងការស្រមើស្រមៃផ្សេងៗអំពីកិច្ចការរបស់ព្រះជាម្ចាស់។ តើមនុស្សប្រភេទនេះ មិនមែនជាតំណាងយ៉ាងច្បាស់ទេឬ? (មែនហើយ)។ ពួកគេកំណត់សេចក្ដីតម្រូវជាមូលដ្ឋានបំផុតមួយសម្រាប់ខ្លួនឯង ហើយមានឥរិយាបថជាមូលដ្ឋានបំផុតចំពោះការជឿលើព្រះជាម្ចាស់។ ក្រៅពីនេះ ពួកគេមិនអើពើនឹងសេចក្ដីពិត ការជំនុំជម្រះ និងការលាតត្រដាងរបស់ព្រះជាម្ចាស់ ការត្រូវបានលួសកាត់ ព្រមទាំងនិស្ស័យពុករលួយផ្សេងៗរបស់មនុស្ស និងសភាព ការសម្ដែងចេញផ្សេងៗទៀតជាដើម។ ពួកគេមិនដែលពិចារណា ឬត្រិះរិះអំពីបញ្ហាទាំងនេះឡើយ។ នោះគឺថា មនុស្សទាំងនេះចាត់ទុកខ្លួនឯងថាមានភាពជាមនុស្សល្អ ជាមនុស្សល្អ និងជឿលើព្រះជាម្ចាស់ពិតប្រាកដ ហើយក៏ទទួលស្គាល់ថាមនុស្សមាននិស្ស័យពុករលួយ ពួកគេមិនអើពើនឹងសភាព និងការសម្ដែងចេញជាក់លាក់នៃនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សដែលព្រះជាម្ចាស់បានលាតត្រដាងឡើយ ដោយមិនខិតខំប្រឹងប្រែងពិនិត្យអង្កេតឱ្យស៊ីជម្រៅនូវរឿងទាំងនេះទេ។ តើនេះមិនមែនជាមនុស្សមួយប្រភេទទេឬ? តើទស្សនៈ និងការសម្ដែងចេញជាក់លាក់របស់មនុស្សប្រភេទនេះនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមែនជាតំណាងយ៉ាងច្បាស់ទេឬ? (មែនហើយ)។ ដោយពិចារណាលើទស្សនៈរបស់មនុស្សទាំងនេះអំពីការជឿលើព្រះជាម្ចាស់ ការយល់ដឹងរបស់ពួកគេអំពីការទទួលបានសេចក្ដីសង្គ្រោះ និងឥរិយាបថរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងនិស្ស័យពុករលួយផ្សេងៗរបស់មនុស្ស តើមនុស្សទាំងនេះគួរត្រូវបានចាត់ចូលទៅក្នុងប្រភេទអ្វី? (អ្នកដែលមានជំនឿច្របូកច្របល់ ដែលមិនដេញតាមសេចក្ដីពិត។) នេះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ តើមនុស្សទាំងនេះគួរត្រូវបានចាត់ថ្នាក់យ៉ាងដូចម្ដេចឱ្យពិតប្រាកដ? តើមានមនុស្សបែបនេះច្រើនទេនៅក្នុងពួកជំនុំ? (មានច្រើន)។ នៅពេលណាដែលបញ្ហាជាក់លាក់ត្រូវបានពិភាក្សា ហើយសេចក្ដីពិតដែលពាក់ព័ន្ធត្រូវបានប្រកបគ្នា ពួកគេចាប់ផ្ដើមមានអារម្មណ៍ងងុយដេក ងងុយ ឬក៏ច្របូកច្របល់ ដោយមិនបង្ហាញចំណាប់អារម្មណ៍អ្វីឡើយ។ ប្រសិនបើពួកគេត្រូវបានចាត់តាំងការងារ ឬភារកិច្ចណាមួយ ពួកគេមូរដៃអាវឡើង ហើយចាប់ផ្ដើមធ្វើវា ដោយមិនខ្លាចការលំបាក ឬការនឿយហត់ឡើយ។ ពួកគេគិតថា ប្រសិនបើការជឿលើព្រះជាម្ចាស់ដូចជាការធ្វើការងារបែបនេះ នោះពួកគេនឹងមានកម្លាំងចិត្ត។ នៅពេលដល់ពេលត្រូវស៊ូទ្រាំនឹងការលំបាក បង់ថ្លៃ និងប្រឹងប្រែងក្នុងកិច្ចការ ពួកគេបង្ហាញភាពម៉ឺងម៉ាត់ពិតប្រាកដ។ ប៉ុន្តែ តើភាពម៉ឺងម៉ាត់ និងភាពក្លៀវក្លាដ៏ពិតប្រាកដនេះ ដូចគ្នានឹងការមានភាពស្មោះត្រង់ដែរទេ? តើវាជាការសម្ដែងចេញដែលមនុស្សម្នាក់គួរមាន បន្ទាប់ពីយល់អំពីគោលការណ៍សេចក្ដីពិតឬ? (ទេ)។ តាមរយៈការប្រកបគ្នារបស់ខ្ញុំ តើអ្នករាល់គ្នាអាចមើលឃើញថា មនុស្សទាំងនេះគួរត្រូវបានចាត់ថ្នាក់ចូលទៅក្នុងប្រភេទអ្វីដែរ? (អ្នកធ្វើការដោយកម្លាំង។) ត្រឹមត្រូវហើយ។ មនុស្សទាំងនេះគឺជាអ្នកធ្វើការដោយកម្លាំង ហើយនេះជារបៀបដែលអ្នកធ្វើការដោយកម្លាំង ជឿលើព្រះជាម្ចាស់។
យើងបានចាប់ផ្ដើមដោយការប្រកបគ្នាអំពីសារជាតិធម្មជាតិ និងការសម្ដែងចេញផ្សេងៗនៃពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងការសម្ដែងចេញផ្សេងៗនៃអស់អ្នកដែលមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដឡើយ។ ឥឡូវនេះ យើងកំពុងប្រកបគ្នាអំពីការសម្ដែងចេញរបស់មនុស្សប្រភេទផ្សេងៗ ដែលជាប់ពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ទោះបីជាប្រធានបទដែលបានប្រកបគ្នា គឺនិយាយអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយក៏ដោយ ក៏បញ្ហា និងការសម្ដែងចេញជាក់លាក់ដែលពាក់ព័ន្ធនឹងចំណុចនីមួយៗ សុទ្ធតែទាក់ទងនឹងនិស្ស័យពុករលួយរបស់មនុស្សជាតិពុករលួយ ព្រមទាំងសភាព និងការសម្ដែងចេញផ្សេងៗដែលកើតឡើងនៅក្រោមការត្រួតត្រានៃនិស្ស័យពុករលួយផងដែរ។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ មានចំនួនតែតិចតូចក៏ដោយ ក៏និស្ស័យរបស់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងសភាព និងការសម្ដែងចេញផ្សេងៗរបស់ពួកគេ មាននៅក្នុងមនុស្សគ្រប់រូបក្នុងកម្រិតផ្សេងៗគ្នា។ ឥឡូវនេះ ដោយសារបញ្ហាទាំងនេះត្រូវបានប្រកបគ្នាយ៉ាងលម្អិតបែបនេះហើយ អស់អ្នកដែលដេញតាមសេចក្ដីពិត នឹងមានផ្លូវ និងទិសដៅកាន់តែច្រើន ហើយមានគោលដៅកាន់តែច្បាស់លាស់ក្នុងការដេញតាមសេចក្ដីពិត អនុវត្តសេចក្ដីពិត យល់ដឹងអំពីគោលការណ៍សេចក្ដីពិត និងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ នេះគឺជារឿងល្អសម្រាប់ពួកគេ និងជាជារឿងដែលគួរឱ្យរីករាយ។ និយាយម្យ៉ាងទៀត ពួកគេកំពុងចាប់ផ្ដើមដំណាក់កាលថ្មីមួយនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ពួកគេលែងរស់នៅក្រោមបទប្បញ្ញត្តិ ពិធីបែបសាសនា ឬពាក្យពេចន៍ និងគោលលទ្ធិ និងពាក្យស្លោកទៀតហើយ។ ផ្ទុយទៅវិញ ពួកគេមានទិសដៅ និងគោលដៅជាក់លាក់ជាងមុនសម្រាប់ការអនុវត្ត ហើយជាការពិតណាស់ មានគោលការណ៍ជាក់លាក់ជាងមុនសម្រាប់ការអនុវត្តតាម។ របៀបអនុវត្តនៅក្រោមស្ថានភាពជាក់លាក់ និងអ្វីដែលជាគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធ ឬសភាព និងសេចក្ដីពុករលួយអ្វីខ្លះដែលមនុស្សមាន ហើយនិងរបៀបដែលពួកគេគួរត្រូវបានប្រព្រឹត្ត ព្រមទាំងរបៀបស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺខ្លឹមសារទាំងនេះភាគច្រើនត្រូវបានប៉ះពាល់ដោយប្រធានបទសំខាន់ៗទាំងពីរដែលបានប្រកបគ្នា គឺអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ។ សម្រាប់អស់អ្នកដែលដេញតាមសេចក្ដីពិត កាលណាសេចក្ដីពិតត្រូវបានប្រកបគ្នាកាន់តែជាក់លាក់ នោះពួកគេកាន់តែមានផ្លូវសម្រាប់ការអនុវត្ត។ កាលណាសេចក្ដីពិតត្រូវបានប្រកបគ្នាកាន់តែជាក់លាក់ នោះចិត្តរបស់មនុស្សកាន់តែភ្លឺស្វាង និងកាន់តែច្បាស់ឡើង ពួកគេកាន់តែអាចស្គាល់ និងយល់ពីខ្លួនឯង ហើយកាន់តែដឹងអំពីអ្វីដែលពួកគេគួរចូលទៅក្នុងនៅពេលបន្ទាប់ និងបញ្ហាអ្វីដែលពួកគេត្រូវដោះស្រាយនៅពេលបន្ទាប់។ ចំពោះប្រភេទមនុស្សដែលត្រូវបានលើកឡើងថាជាអ្នកធ្វើការដោយកម្លាំងនៅពេលនេះ បន្ទាប់ពីយើងបានប្រកបគ្នាយ៉ាងទូលំទូលាយអំពីសភាពផ្សេងៗដែលកើតចេញពីនិស្ស័យពុករលួយរបស់មនុស្សជាតិ និងបញ្ហានៃសេចក្ដីពុករលួយផ្សេងៗដែលត្រូវដោះស្រាយហើយ ពួកគេនៅតែមិនមានការផ្លាស់ប្ដូរដដែល។ តើការនៅតែមិនមានការផ្លាស់ប្ដូរមានន័យដូចម្ដេច? វាមានន័យថា ពួកគេនៅតែមិនច្បាស់លាស់ និងមិនអាចក្ដាប់បាននូវការដេញតាមសេចក្ដីពិត និងផ្លូវនៃសេចក្ដីសង្គ្រោះដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ បន្ទាប់ពីការសម្ដែងចេញ និងបញ្ហាសំខាន់ៗជាច្រើនត្រូវបានប្រកបគ្នារួចហើយ ពួកគេនៅតែគិតថា៖ «ខ្ញុំមានភាពជាមនុស្សល្អ ខ្ញុំជឿលើព្រះជាម្ចាស់ពិតប្រាកដ ខ្ញុំសុខចិត្តលះបង់អ្វីៗនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ហើយខ្ញុំសុខចិត្តបង់ថ្លៃ និងស៊ូទ្រាំនឹងការលំបាកដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ នេះគឺគ្រប់គ្រាន់ហើយ»។ នៅពេលប្រឈមមុខនឹងស្ថានភាព ពួកគេមិនពិនិត្យមើលខ្លួនឯង ឬប្រៀបធៀបខ្លួនឯងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែបែរជាព្យាយាមដោះស្រាយបញ្ហាដោយផ្អែកលើភាពល្អរបស់មនុស្សផ្ទាល់ខ្លួន ឬមនសិការ និងវិចារណញ្ញាណបន្តិចបន្តួចដែលពួកគេមានតែប៉ុណ្ណោះ។ ជាការពិតណាស់ មនុស្សមួយចំនួនពឹងផ្អែកលើការទប់ចិត្ត និងការអត់ធ្មត់ ដោយស៊ូទ្រាំម្ដងហើយម្ដងទៀត ខណៈពេលដែលអ្នកផ្សេងទៀតពឹងផ្អែកលើទស្សនៈវិជ្ជាសម្រាប់កិច្ចការក្នុងលោកីយ៍ ដោយធ្វើឱ្យបញ្ហាធំទៅជាតូច ហើយបន្ទាប់មកធ្វើឱ្យបញ្ហាតូចទៅជាគ្មានបញ្ហា។ គោលដៅដែលពួកគេដេញតាមគឺ៖ «នៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ប្រសិនបើខ្ញុំនៅតែនៅក្នុងពួកជំនុំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ដោយមិនត្រូវបានជម្រះចោល នោះគឺគ្រប់គ្រាន់ហើយ។ ថាតើខ្ញុំមានការយល់ដឹងពិតប្រាកដអំពីខ្លួនឯងឬអត់ ថាតើនិស្ស័យពុករលួយរបស់ខ្ញុំត្រូវបានដោះស្រាយឬអត់ ថាតើខ្ញុំមានការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ឬអត់ ថាតើខ្ញុំជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ឬអត់ នោះគឺជាបញ្ហាតូចតាច មិនសមនឹងលើកយកមកនិយាយទេ។ អ្នកធ្វើឱ្យរឿងគ្រប់យ៉ាងក្លាយជារឿងធំ ដោយប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងលម្អិតបែបនេះ សូម្បីបញ្ហាតូចតាចបំផុតក៏លើកមកប្រកបគ្នាឥតចប់ឥតហើយ ដោយតែងតែឱ្យពួកយើងញែកដឹង ខ្ញុំគ្រាន់តែមិនចង់ស្ដាប់ការប្រកបគ្នាអំពីសេចក្ដីពិតទាំងនេះទេ ខ្ញុំគ្មានចំណាប់អារម្មណ៍ទាល់តែសោះ។ នៅពេលថ្ងៃរបស់ព្រះជាម្ចាស់មកដល់ តើវានឹងអស្ចារ្យប៉ុនណាទៅ ប្រសិនបើយើងអាចចូលទៅក្នុងនគរព្រះដោយផ្ទាល់តែម្ដង!» ទោះបីជាការពិតដែលថាការអត់ធ្មត់របស់មនុស្សគ្រប់រូបមានដែនកំណត់ក៏ដោយ ក៏ការអត់ធ្មត់របស់មនុស្សបែបនេះ ហាក់ដូចជាគ្មានដែនកំណត់ឡើយ។ តើហេតុអ្វី? គឺដោយសារតែពួកគេជឿថាពួកគេមានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់ពិតប្រាកដ មានសមត្ថភាពលះបង់អ្វីៗក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ និងមានឆន្ទៈបង់ថ្លៃ និងស៊ូទ្រាំនឹងការលំបាកដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ នៅពេលប្រឈមមុខនឹងអ្វីមួយ ពួកគេមានដំណោះស្រាយផ្ទាល់ខ្លួន ដោយនៅតែអាចបំពេញភារកិច្ចរបស់ពួកគេយ៉ាងម៉ឺងម៉ាត់ និងឈរនៅឱ្យជាប់នៅទីបំផុត។ ទោះជាយ៉ាងណាក៏ដោយ មិនថាពួកគេតស៊ូក្នុងការបំពេញភារកិច្ចរបស់ពួកគេយ៉ាងណា ឬពួកគេប្រើមធ្យោបាយណាដើម្បីស៊ូទ្រាំរហូតដល់ទីបញ្ចប់ ដោយមិនគិតពីកម្លាំងចិត្តរបស់ពួកគេនោះទេ ប៉ុន្ដែមានរឿងមួយដែលប្រាកដគឺ៖ ពួកគេមិនមានការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដែលយល់ពីនិស្ស័យពុករលួយរបស់ពួកគេដែរ។ និយាយឱ្យចំទៅ មនុស្សទាំងនេះមិនទទួលស្គាល់ថាមានសេចក្ដីពុករលួយទេ ហើយពួកគេក៏មិនទទួលស្គាល់សភាព និងបញ្ហាផ្សេងៗដែលកើតចេញពីនិស្ស័យពុករលួយរបស់មនុស្សដែលព្រះជាម្ចាស់បានលាតត្រដាងដែរ។ ទោះបីពេលខ្លះ ពួកគេផ្ទៀងផ្ទាត់ខ្លួនឯងជាមួយនឹងសភាព និងបញ្ហាទាំងនេះក៏ដោយ ក៏ពួកគេប្រព្រឹត្តចំពោះវាដោយការធ្វើព្រងើយ ដោយនិយាយថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែពុករលួយដូចគ្នា។ សារជាតិធម្មជាតិនៃមនុស្សទាំងអស់ គឺជាសារជាតិរបស់អារក្ស និងសាតាំង យើងទាំងអស់គ្នាគឺជាសត្រូវរបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ប៉ុន្តែ ឱ្យតែមនុស្សម្នាក់តស៊ូក្នុងការបំពេញភារកិច្ចរបស់ពួកគេ ព្រះជាម្ចាស់ប្រាកដជាសព្វព្រះហឫទ័យចំពោះពួកគេ ហើយអស់អ្នកដែលតស៊ូរហូតដល់ទីបញ្ចប់ នឹងក្លាយជាអ្នកឈ្នះ»។ បើវិនិច្ឆ័យតាមទស្សនៈរបស់ពួកគេ ពួកគេមានភាពស្វាហាប់ណាស់នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប៉ុន្តែនៅពេលនិយាយដល់ការចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ ពួកគេនៅស្ងៀម ដោយមិនអាចនិយាយសូម្បីមួយម៉ាត់។ នៅពេលដល់វេលាត្រូវប្រកបគ្នាអំពីសេចក្ដីពិតនៅក្នុងការជួបជុំ ពួកគេមានអារម្មណ៍ងងុយដេក ហើយមិនអាចទទួលយកបានឡើយ។ ប្រសិនបើអ្នកសួរពួកគេថា៖ «តើអ្នកទទួលបទពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់អ្នកជារៀងរាល់ថ្ងៃដោយរបៀបណា?» ពួកគេនិយាយថា៖ «អ្វីក៏ដោយដែលពួកជំនុំរៀបចំឱ្យខ្ញុំធ្វើ ខ្ញុំក៏ធ្វើ។ តើរឿងនេះត្រូវការទទួលពិសោធដែរឬ?» ពួកគេហាក់ដូចជាមិនយល់សោះ។ ប្រសិនបើអ្នកសួរពួកគេទៀតថា៖ «តើអ្នកមានសេចក្ដីពុករលួយណាមួយត្រូវបានបញ្ចេញឱ្យឃើញដែរឬទេ? តើអ្នកស្គាល់ខ្លួនឯងដោយរបៀបណា?» ពួកគេនិយាយថា៖ «ខ្ញុំគ្រាន់តែចុះចូលនឹងព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ តើអាចមានបញ្ហាអ្វីទៅ?» ការគិតរបស់ពួកគេគឺសាមញ្ញបែបនេះឯង។ នេះគឺជាទស្សនៈរបស់ពួកគេ៖ «ការជឿលើព្រះជាម្ចាស់គួរតែបែបនេះ។ ហេតុអ្វីត្រូវខ្វល់ខ្វាយនឹងបញ្ហាតូចតាចច្រើនម្ល៉េះ? អ្នករាល់គ្នាកំពុងធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញពេកហើយ!» ហេតុដូច្នេះហើយ នៅពេលពួកគេបំពេញភារកិច្ច និងអនុវត្តកិច្ចការ ពួកគេមិនដែលស្វែងរកគោលការណ៍សេចក្ដីពិតឡើយ ប៉ុន្តែបែរជាធ្វើសកម្មភាពដោយផ្អែកលើចេតនាល្អ និងភាពក្លៀវក្លាទៅវិញ។ និយាយឱ្យចំទៅ ពួកគេប្រព្រឹត្តនៅក្រោមការត្រួតត្រានៃមនសិការ និងវិចារណញ្ញាណ ដោយគិតថា៖ «ខ្ញុំបានរងទុក្ខ និងបង់ថ្លៃយ៉ាងខ្លាំងរួចទៅហើយ ខ្ញុំបានអនុវត្តសេចក្ដីពិត និងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងច្រើនរួចហើយ កុំទាមទារពីខ្ញុំទៀតអី។ ខ្ញុំល្អហើយ ខ្ញុំជាមនុស្សល្អ ហើយខ្ញុំជឿលើព្រះជាម្ចាស់ពិតប្រាកដ»។ ជាការពិតណាស់ មានពេលខ្លះដែលមនុស្សទាំងនេះមិនអាចទប់ចិត្តមិនបញ្ចេញកំហឹងបាន ហើយបន្ទាប់មកធាតុពិតរបស់ពួកគេត្រូវបានលាតត្រដាង។ ពួកគេអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិជាច្រើន ប៉ុន្តែខ្វះកម្ពស់ពិតប្រាកដណាមួយ និយាយម្យ៉ាងទៀត ពួកគេគ្មានជីវិតទេ។ តើការគ្មានជីវិតសំដៅលើអ្វីឱ្យជាក់លាក់? (ពួកគេគ្មានសេចក្ដីពិត។) តើការគ្មានសេចក្ដីពិត កើតឡើងដោយរបៀបណា? (ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយពួកគេក៏មិនដេញតាមសេចក្ដីពិតដែរ។) តាមពិត វាមិនទាន់ដល់កម្រិតថា ពួកគេស្រឡាញ់សេចក្ដីពិតឬអត់នោះទេ បើនិយាយឱ្យចំទៅ គឺពួកគេមិនទទួលយកសេចក្ដីពិតទេ។ អ្នកខ្លះអាចនិយាយថា៖ «ហេតុដូចម្ដេចបានជាទ្រង់មានព្រះបន្ទូលថាពួកគេមិនទទួលយកសេចក្ដីពិត? ពួកគេស៊ូទ្រាំនឹងការលំបាកខ្លាំងណាស់ និងបង់ថ្លៃយ៉ាងធំដើម្បីបំពេញភារកិច្ចរបស់ពួកគេ ដោយធ្វើការយ៉ាងលំបាកជារៀងរាល់ថ្ងៃតាំងពីព្រលឹមទល់ព្រលប់ តើហេតុដូចម្ដេចបានជាទ្រង់មានព្រះបន្ទូលថាពួកគេគ្មានសេចក្ដីពិត?» តើការនិយាយបែបនេះជាការចោទប្រកាន់ខុសលើពួកគេដែរទេ? ប៉ុន្តែ ប្រសិនបើអ្នកមើលទៅមនុស្សទាំងនេះ នៅពីក្រោយការរងទុក្ខ និងការបង់ថ្លៃរបស់ពួកគេ តើអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃគោលការណ៍សេចក្ដីពិតដែរទេ? តើពួកគេស្វែងរកគោលការណ៍នៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើដែរទេ? តើពួកគេមកចំពោះព្រះជាម្ចាស់ដោយចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយធ្វើអ្វីៗស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ដែរទេ? ទេ វាសុទ្ធតែជាទង្វើរបស់មនុស្ស ជាការទប់ចិត្តរបស់មនុស្សប៉ុណ្ណោះ។ តើការសម្ដែងចេញដ៏សំខាន់បំផុត ដែលបង្ហាញថាពួកគេមិនទទួលយកសេចក្ដីពិត គីជាអ្វី? គឺថា មុនពេលធ្វើអ្វីមួយ ពួកគេមិនដែលស្វែងរកសេចក្ដីពិតយ៉ាងសកម្មឡើយ ហើយពួកគេក៏មិនដែលត្រិះរិះយ៉ាងហ្មត់ចត់ថាអ្វីទៅជាគោលការណ៍នៃសេចក្ដីពិត រួចហើយអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះដែរ។ តើពួកគេមានគំនិត និងឥរិយាបថបែបនេះដែរទេ? តើឥរិយាបថរបស់ពួកគេចំពោះការសម្ដែងចេញផ្សេងៗនៃនិស្ស័យពុករលួយរបស់មនុស្សជាតិដែលព្រះជាម្ចាស់បានលាតត្រដាង គឺជាអ្វី? តើពួកគេទទួលយកព្រះបន្ទូលទាំងនេះដែរទេ? តើពួកគេទទួលស្គាល់ថាព្រះបន្ទូលទាំងនេះគឺជាការពិតដែរទេ? តើពួកគេទទួលស្គាល់ថាការសម្ដែងចេញជាក់លាក់ទាំងនេះ គឺជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយដែរទេ? ពួកគេអាចងក់ក្បាលយល់ព្រម ឬទទួលស្គាល់វាគ្រាន់តែសំបកក្រៅ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនទទួលយកវាទេ ពួកគេមិនអើពើនឹងវា។ តើការមិនអើពើ មានន័យដូចម្ដេច? ជាក់ស្ដែង វាមានន័យថាមិនទទួលយក គ្មានឥរិយាបថច្បាស់លាស់ និងគ្មានការតយុទ្ធ ឬការប្រឆាំងដែលឃើញច្បាស់ ប៉ុន្តែប្រកាន់យកឥរិយាបថនៃការធ្វើព្រងើយចំពោះព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ការនិយាយថា «ការធ្វើព្រងើយ» គឺជារឿងអរូបីបន្តិច ជាក់ស្ដែង គឺពួកគេគិតថា៖ «អ្នកនិយាយថាមនុស្សមានភាពក្រអឺតក្រទម និងបោកបញ្ឆោត ប៉ុន្តែតើនរណាមិនបោកបញ្ឆោតនោះ? តើនរណាមិនមានល្បិចកលបន្តិចបន្តួចនោះ? តើនរណាមិនបង្ហាញភាពក្រអឺតក្រទម ឬភាពវាយឫកខ្លះនោះ? តើវាជារឿងធំដុំអ្វីទៅ? ឱ្យតែមនុស្សម្នាក់អាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃបាន នោះគឺគ្រប់គ្រាន់ហើយ»។ តើនេះមិនមែនជាឥរិយាបថ និងការសម្ដែងចេញជាក់លាក់នៃការមិនទទួលយកទេឬ? (មែនហើយ។) នេះគឺជាការមិនទទួលយកសេចក្ដីពិត។ ឥរិយាបថរបស់ពួកគេចំពោះព្រះបន្ទូលនៃការជំនុំជម្រះ និងការលាតត្រដាងរបស់ព្រះជាម្ចាស់ គឺជាការមើលស្រាល និងការមិនទទួលយក។ ដូច្នេះ នៅពេលនិយាយដល់ការវាយតម្លៃ និងការរំឮកដែលបងប្អូនប្រុសស្រីផ្ដល់ឱ្យពួកគេ ហើយសូម្បីតែការចង្អុលបង្ហាញ និងជំនួយដែលបងប្អូនប្រុសស្រីផ្ដល់ឱ្យសម្រាប់និស្ស័យពុករលួយរបស់ពួកគេ តើពួកគេអាចទទួលយករបស់ទាំងនេះបានដែរឬទេ? (ទេ។) ដូច្នេះ ចូរប្រាប់ខ្ញុំមក តើការសម្ដែងចេញជាក់លាក់របស់ពួកគេ មានអ្វីខ្លះ? ហេតុអ្វីបានជាពួកគេមិនអាចទទួលយករបស់ទាំងនេះ? តើអ្នកមានភស្តុតាងអ្វីដែលហ៊ាននិយាយបែបនេះ? ឧទាហរណ៍ នៅពេលដែលអ្នកនិយាយទៅកាន់ពួកគេថា៖ «អ្នកមិនអាចបំពេញភារកិច្ចរបស់អ្នកដោយធ្វេសប្រហែសបែបនេះទេ នេះគឺជាការធ្វើឱ្យតែរួចពីដៃ» តើការសម្ដែងចេញអ្វីខ្លះរបស់ពួកគេដែលបញ្ជាក់ថាពួកគេមិនទទួលយកសេចក្ដីពិត? (ពួកគេនឹងនិយាយថា៖ «ខ្ញុំបានដាក់ចិត្តធ្វើវាហើយ។ ខ្ញុំបានរងទុក្ខ និងបង់ថ្លៃរួចហើយ។ តើអ្នកអាចនិយាយថាខ្ញុំធ្វើឱ្យតែរួចពីដៃយ៉ាងដូចម្ដេច?») នេះគឺជាការដែលពួកគេដោះសារឱ្យខ្លួនឯង។ តើពេលខ្លះពួកគេនឹងរកលេសដែរឬ? ទោះបីជាពួកគេទទួលស្គាល់នៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែគិតថា៖ «ខ្ញុំបានធ្វើឱ្យតែរួចពីដៃ ហើយចុះយ៉ាងម៉េច? តើនរណាមិនមានថ្ងៃដែលខ្លួនធ្វើមិនបានល្អនោះ? តើនរណាដែលមិនជួបប្រទះអារម្មណ៍ធម្មតានោះ? ប៉ុន្តែ ខ្ញុំមិនអាចទទួលស្គាល់ថាបានធ្វើឱ្យតែរួចពីដៃទេ ខ្ញុំត្រូវស្វែងរកលេសដើម្បីបិទបាំងវា។ ខ្ញុំមិនអាចឱ្យបាក់មុខបានទេ»។ ដូច្នេះ ពួកគេស្វែងរកហេតុផល និងលេសជាច្រើនមកប្រកែកការពារខ្លួនដោយវោហារស័ព្ទ មិនទទួលស្គាល់ការពិតដែលថាពួកគេបានធ្វើឱ្យតែរួចពីដៃ មិនទទួលស្គាល់បញ្ហាផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងរឿងនេះ ហើយក៏មិនទទួលយកការចង្អុលបង្ហាញពីអ្នកដទៃដែរ។ នេះគឺជាការសម្ដែងចេញជាក់លាក់នៃការមិនទទួលយកសេចក្ដីពិត។ នៅពេលមិនប្រឈមមុខនឹងស្ថានភាពជាក់ស្តែង ពួកគេចាត់ទុកខ្លួនឯងថាជា «ជាមនុស្សល្អម្នាក់ ដែលជឿលើព្រះជាម្ចាស់ដោយពិតប្រាកដ»។ ប៉ុន្តែ នៅពេលប្រឈមមុខនឹងស្ថានភាព ទោះបីជាពួកគេមិនអាចប្រើរឿងនេះធ្វើជាខែលការពារទៀតក៏ដោយ ក៏ពួកគេនៅតែស្វែងរកហេតុផលគ្រប់គ្រាន់ដើម្បីដោះសារ និងការពារខ្លួន បិទបាំងបញ្ហា បញ្ចប់វា ហើយបន្ទាប់មកបន្តមើលឃើញខ្លួនឯងថាជា «មនុស្សល្អ មានភាពជាមនុស្សល្អ ដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ និងមានសមត្ថភាពលះបង់ ហើយមានសមត្ថភាពស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ពួកគេ»។ និយាយឱ្យចំទៅ ការសម្ដែងចេញ និងសារជាតិរបស់មនុស្សបែបនេះ គឺជាការសម្ដែងចេញ និងសារជាតិរបស់អ្នកធ្វើការដោយកម្លាំង។ ក្រុមនេះមានចំនួនច្រើនគួរសមនៅក្នុងពួកជំនុំ។ មិនថាពួកគេមានចំនួនប៉ុនណាទេ នៅទីបំផុត ប្រសិនបើបុគ្គលទាំងនេះពិតជាអាចរងទុក្ខ និងបង់ថ្លៃ ហើយស៊ូទ្រាំ និងតស៊ូរហូតដល់ទីបញ្ចប់ ដោយមិនប្រព្រឹត្តអំពើរំលងធំដុំណាមួយ ដោយមិនបំពានបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ឬប្រមាថនិស្ស័យរបស់ទ្រង់ នោះពួកគេគឺជាអ្នកធ្វើការដោយកម្លាំងដ៏ស្មោះត្រង់ ជាអ្នកធ្វើការដែលអាចនៅសេសសល់បាន។ នេះគឺជាព្រះពរដ៏ធំធេងណាស់! ពួកគេមិនដេញតាមសេចក្ដីពិត ហើយពួកគេក៏មិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ឬធ្វើជាបន្ទាល់ចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ដូច្នេះការទទួលបានព្រះពរនេះ គឺល្អណាស់ទៅហើយ។ តើមនុស្សម្នាក់អាចរំពឹងថានឹងទទួលបានអ្វី ដោយមិនដេញតាមសេចក្ដីពិតនោះ? ការធ្វើជាអ្នកធ្វើការដ៏ស្មោះត្រង់ម្នាក់ គឺមិនអាក្រក់ទេ។ មនុស្សមួយចំនួនសួរថា៖ «តើបុគ្គលទាំងនេះអាចក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់បានដែរទេ?» បាន។ លទ្ធភាពតែមួយគត់គឺ ប្រសិនបើបុគ្គលទាំងនេះ ដោយផ្អែកលើសមត្ថភាពក្នុងការលះបង់ និងរងទុក្ខ អាចទទួលយកសេចក្ដីពិត ទទួលស្គាល់ និងប្រឈមមុខនឹងសេចក្ដីពុករលួយរបស់ខ្លួនយ៉ាងត្រឹមត្រូវ ហើយបន្ទាប់មកស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា ដោយមិនធ្វើសកម្មភាពដោយផ្អែកលើភាពល្អរបស់មនុស្ស ឬការទប់ចិត្ត ការអត់ធ្មត់ និងការតស៊ូរបស់មនុស្សទេ ប៉ុន្តែអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត ដើម្បីឱ្យនៅទីបំផុត និស្ស័យរបស់ពួកគេអាចមានការផ្លាស់ប្ដូរខ្លះ នោះពួកគេមានឱកាសខ្លះក្នុងការក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណា ប្រសិនបើការប្រព្រឹត្ត និងអាកប្បកិរិយារបស់ពួកគេមិនទាក់ទងនឹងការផ្លាស់ប្ដូរនិស្ស័យ មិនទាក់ទងនឹងការទទួលយកសេចក្ដីពិត និងការទទួលបានសេចក្ដីសង្គ្រោះទេ នោះឱកាសរបស់ពួកគេក្នុងការក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺសូន្យ នេះគឺជាការពិត។ តើអ្វីទៅជាគោលការណ៍សម្រាប់ប្រព្រឹត្តចំពោះអ្នកធ្វើការដ៏ស្មោះត្រង់? គឺត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយមនុស្សទាំងនេះឱ្យក្លាយជាមនុស្សដែលមានការយល់ដឹងច្បាស់លាស់។ តើអ្វីទៅជាគោលបំណងនៃការធ្វើឱ្យពួកគេមានការយល់ដឹងច្បាស់លាស់? គឺដើម្បីការពារពួកគេកុំឱ្យយល់សប្តិទាំងថ្ងៃ។ មនុស្សមួយចំនួនអាចសួរថា៖ «តើ "យល់សប្តិទាំងថ្ងៃ" សំដៅលើអ្វី?» គឺនៅពេលដែលមនុស្សចាត់ទុកខ្លួនឯងថាជា «អ្នកដែលមានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់ពិតប្រាកដ និងមានសមត្ថភាពលះបង់ និងមានឆន្ទៈបង់ថ្លៃ» ហើយបន្ទាប់មករំពឹងថានឹងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ ដែលជារឿងមិនអាចទៅរួចទេ។ ត្រូវតែធ្វើឱ្យពួកគេយល់ច្បាស់ថា ការប្រកាន់ខ្ជាប់នូវទស្សនៈដែលថា «ការមានភាពជាមនុស្សល្អ ការជឿលើព្រះជាម្ចាស់ពិតប្រាកដ និងការមានសមត្ថភាពលះបង់ និងឆន្ទៈបង់ថ្លៃ អាចនាំឱ្យទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់» គឺជាកំហុស និងជារឿងល្ងង់ខ្លៅ។ ត្រូវតែបញ្ជាក់ឱ្យច្បាស់ប្រាប់ពួកគេថា ការមានគុណសម្បត្តិទាំងនេះ មិនមានន័យថាមនុស្សម្នាក់បានបោះបង់ចោលនិស្ស័យពុករលួយរបស់ពួកគេទេ ហើយអាកប្បកិរិយាល្អបន្តិចបន្តួចក៏មិនមានន័យថាមនុស្សម្នាក់អាចត្រូវបានសង្គ្រោះដែរ កាន់តែមិនមានន័យថាមនុស្សម្នាក់ទទួលបានសេចក្ដីពិតឡើយ ហើយថាទស្សនៈរបស់ពួកគេគឺមិនសមហេតុផល គួរឱ្យអស់សំណើច និងមិនស៊ីសង្វាក់គ្នា ហើយមិនចុះសម្រុងទាល់តែសោះជាមួយនឹងសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ។ សម្រាប់មនុស្សទាំងនេះដែលប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវសញ្ញាណសាសនា ពួកគេគួរតែត្រូវបានជួយ ចូរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេ។ ប្រសិនបើពួកគេនៅតែមិនអាចទទួលយកសេចក្ដីពិត ហើយមិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនទទួលបានការបំភ្លឺ និងមិនបង្ហាញចេតនាស្វែងរកដដែល នោះមិនចាំបាច់បង្ខំពួកគេទេ។ ពួកគេអាចបម្រើត្រឹមជាអ្នកធ្វើការដោយកម្លាំងរហូតដល់ទីបញ្ចប់ប៉ុណ្ណោះ។
II. រាស្ត្ររបស់ព្រះជាម្ចាស់
បន្ទាប់ពីបានប្រកបគ្នាអំពីការសម្ដែងចេញរបស់អ្នកធ្វើការដោយកម្លាំងដែលស្មោះត្រង់រួចហើយ ចូរយើងនិយាយអំពីការសម្ដែងចេញរបស់មនុស្សមួយប្រភេទទៀត។ បន្ទាប់ពីបានឮការការលាតត្រដាង និងការជំនុំជម្រះផ្សេងៗរបស់ព្រះជាម្ចាស់អំពីនិស្ស័យពុករលួយរបស់មនុស្សគ្រប់ប្រភេទ បុគ្គលទាំងនេះចាប់ផ្តើមយកមកប្រៀបធៀបនឹងខ្លួនឯង ហើយគិតអំពីការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ខ្លួនកន្លងមក ព្រមទាំងអាកប្បកិរិយាផ្សេងៗដែលខ្លួនមានចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត ក្រោមការត្រួតត្រានៃនិស្ស័យពុករលួយរបស់ខ្លួន។ ពួកគេចាប់ផ្ដើមឆ្លុះបញ្ចាំង និងស្គាល់ការសម្ដែងចេញផ្សេងៗរបស់ខ្លួន ផ្ទៀងផ្ទាត់ខ្លួនឯងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិនិត្យពិច័យអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន និងពិនិត្យពិច័យសេចក្ដីពុករលួយផ្សេងៗដែលពួកគេបញ្ចេញឱ្យឃើញនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន និងនៅកណ្ដាលចំណោមមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំ។ ពួកគេពិនិត្យពិច័យ និងស្គាល់ខ្លួនឯងតាមរយៈចំណុចលម្អិតនីមួយៗ ខណៈពេលដែលព្យាយាមទទួលយកការជំនុំជម្រះ ការលាតត្រដាង និងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ តើបុគ្គលទាំងនេះប្រសើរជាងអ្នកធ្វើការដោយកម្លាំងត្រង់ចំណុចណាខ្លះ? ពួកគេអាចទទួលយកសេចក្ដីពិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រប់ទាំងនិស្ស័យពុករលួយដែលព្រះជាម្ចាស់បានលាតត្រដាង យ៉ាងសកម្ម និងវិជ្ជមាន។ ទោះបីជាពេលខ្លះ ពួកគេអាចមានភាពអវិជ្ជមាន គេចវេះ ឬថែមទាំងគិតចង់បោះបង់ចោលក៏ដោយ ប៉ុន្ដែទោះជាយ៉ាងណា ពួកគេនៅតែមានកម្លាំងជំរុញចិត្តមួយដើម្បីធ្វើឱ្យខ្លួនឯងទទួលយកសេចក្ដីពិតដែរ។ តើកម្លាំងជំរុញចិត្តនេះជាអ្វី? គឺបែបនេះ៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរមនុស្សបាន។ ដរាបណាមនុស្សម្នាក់ទទួលយកសេចក្ដីពិត បញ្ហាទាំងអស់នេះ និងនិស្ស័យពុករលួយទាំងអស់នេះអាចដោះស្រាយបាន ហើយមនុស្សម្នាក់នោះអាចត្រូវបានសង្គ្រោះដែរ។ ប្រសិនបើខ្ញុំចង់ទទួលបានសេចក្ដីសង្គ្រោះ ខ្ញុំត្រូវតែសហការជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលយកសេចក្ដីពិត»។ ឧទាហរណ៍៖ នៅពេលបានឮសេចក្ដីពិតអំពីការធ្វើជាមនុស្សស្មោះត្រង់ អ្នកខ្លះចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមើលឃើញកាន់តែច្បាស់អំពីសេចក្ដីបោកបញ្ឆោត និងល្បិចកលដែលពួកគេបានប្រព្រឹត្ត ព្រមទាំងទិដ្ឋភាពដ៏ពិសពុល និងទុច្ចរិតរបស់ពួកគេ។ ពួកគេនឹកឃើញដល់ការកុហក និងវិធីបោកប្រាស់ពីអតីតកាលរបស់ពួកគេ ដែលនៅសេសសល់ក្នុងចិត្ត ឬការចងចាំរបស់ពួកគេ ដែលលេចឡើងម្ដងហើយម្ដងទៀតនៅក្នុងគំនិតរបស់ពួកគេ ដូចជាឈុតឆាកនៅក្នុងភាពយន្ត ដែលធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែអាម៉ាស់ ឈឺចាប់ និងសោកសៅខ្លាំងឡើង។ បន្ទាប់ពីការពិនិត្យពិច័យខ្លួនឯង និងការឆ្លុះបញ្ចាំងខ្លួនឯងជាប់លាប់ ពួកគេមានអារម្មណ៍ដូចជាឧក្រិដ្ឋជន ពួកគេក៏ទន់ដៃទន់ជើងភ្លាមៗ ហើយមិនអាចក្រោកឈរបានឡើយ។ ពួកគេមានអារម្មណ៍ថា ពួកគេមិនមែនជាមនុស្សល្អទេ គឺជាមនុស្សអាក្រក់ ហើយគិតថាពិតជាសំណាងណាស់ដែលពួកគេមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយផ្ទាល់ ដែលនេះពិតជាការគេចផុតពីគ្រោះថ្នាក់ទាំងប្រផិតប្រផើយមែន! បន្ទាប់មក ពួកគេចាប់ផ្ដើមភ្ញាក់ខ្លួនឡើង ដោយមិនសុខចិត្តបរាជ័យក្នុងនាមជាមនុស្សបែបនេះឡើយ ហើយតាំងចិត្តថា៖ «ខ្ញុំត្រូវតែចាប់ផ្ដើមសារជាថ្មី និងធ្វើជាមនុស្សស្មោះត្រង់ បើមិនដូច្នោះទេ ខ្ញុំមិនអាចព្រះជាម្ចាស់សង្គ្រោះឡើយ។ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ខ្ញុំត្រូវតែជាមនុស្សស្មោះត្រង់។ ខ្ញុំដាច់ខាតមិនអាចបោះបង់ចោលនៅពេលនេះបានទេ!» មិនថាមនុស្សទាំងនេះទទួលយកសេចក្ដីពិតនៅពេលមុន ឬពេលក្រោយនោះទេ ហើយទោះបីជាការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មានកម្រិតជ្រៅ ឬរាក់ក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជាការមើលងាយឡើយ ហើយកាន់តែមិនមែនជាការមិនពេញចិត្ត ឬការទាស់ទទឹងដែរ។ ផ្ទុយទៅវិញ ពួកគេទទួលស្គាល់ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងសកម្ម ហើយបន្ទាប់មក ពួកគេតែងតែត្រៀមខ្លួនជាស្រេចដើម្បីយកព្រះបន្ទូលទាំងនោះទៅអនុវត្ត។ នៅពេលពួកគេប្រព្រឹត្ត ឬបំពេញភារកិច្ចរបស់ខ្លួន ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកប្រព្រឹត្តដោយដឹងខ្លួនស្របតាមគោលការណ៍ទាំងនេះ។ ទោះបីជាពេលខ្លះ ពួកគេមិនអាចរកឃើញគោលការណ៍ជាក់លាក់ ឬចាប់យកទិសដៅបានក៏ដោយ ក៏ចេតនារបស់ពួកគេ គឺដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីធ្វើវាឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍សេចក្ដីពិត។ ភាពជាមនុស្សរបស់មនុស្សទាំងនេះ និងភាពជាមនុស្សរបស់អ្នកធ្វើការដោយកម្លាំង គឺភាគច្រើនដូចគ្នា គ្មានការបែងចែកថាខ្ពស់ ទាប ឬថ្លៃថ្នូរ និងទាបថោកឡើយ។ ជាការពិតណាស់ មនុស្សជាច្រើននៅក្នុងចំណោមមនុស្សប្រភេទនេះ ចាត់ទុកខ្លួនឯងថា «មានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានសមត្ថភាពក្នុងការលះបង់ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ម្នាក់ ព្រមទាំងមានឆន្ទៈក្នុងការបង់ថ្លៃ និងស៊ូទ្រាំនឹងការលំបាកដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ»។ ប៉ុន្តែ តើអ្វីទៅជាភាពខុសគ្នារវាងមនុស្សទាំងនេះ និងអ្នកធ្វើការដោយកម្លាំង? បន្ទាប់ពីពួកគេឮព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការលាតត្រដាងមនុស្ស អាកប្បកិរិយារបស់ពួកគេគឺមិនព្រងើយកន្តើយ មិនគេចវេះឡើយ ប៉ុន្តែគឺទទួលយកយ៉ាងសកម្ម និងយ៉ាងស្មោះអស់ពីចិត្ត។ សូម្បីតែនៅពេលពួកគេមានអារម្មណ៍ពិបាកចិត្ត និងអស់សង្ឃឹមបន្ទាប់ពីបានឮព្រះបន្ទូលទាំងនេះ ដោយថែមទាំងបង្ហាញកំហឹងចំពោះការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្លួនក៏ដោយ ក៏នៅទីបំផុត ពួកគេនៅតែអាចប្រឈមមុខនឹងព្រះបន្ទូលទាំងនោះយ៉ាងត្រឹមត្រូវ ទទួលយកយ៉ាងសកម្ម និងអនុវត្ត ព្រមទាំងចូលទៅក្នុងព្រះបន្ទូលទាំងនោះយ៉ាងសកម្មដដែល។ តើនេះមិនចាត់ទុកជាមនុស្សមួយប្រភេទដែរទេឬអី? (មែនហើយ)។ តើមនុស្សទាំងនេះ មិនមែនជាតំណាងក្នុងកម្រិតណាមួយទេឬ? (មែនហើយ)។ តើមនុស្សទាំងនេះ មានច្រើនដែរឬទេ? (មិនច្រើនទេ)។ ទោះបីជាបច្ចុប្បន្ននេះមិនមានច្រើនក៏ដោយ ក៏នៅតែមានសេចក្ដីសង្ឃឹមថាចំនួនរបស់ពួកគេនឹងកើនឡើងដែរ។ ដូច្នេះ តើមនុស្សទាំងនេះគួរត្រូវបានចាត់ថ្នាក់ចូលក្នុងប្រភេទមួយណា? តើការសម្ដែងចេញជាក់លាក់ទាំងនេះ អាចបញ្ជាក់បានទេថា មនុស្សទាំងនេះស្រឡាញ់សេចក្ដីពិត និងអាចទទួលយកសេចក្ដីពិតបានទេ? (មែនហើយ)។ ពួកគេអាចធ្វើបាន។ ទោះបីជាមនុស្សមួយចំនួនដែលមានសមត្ថភាពក្នុងការយល់ដឹងខ្សោយ ទទួលយកសេចក្ដីពិតយឺតជាងគេបន្តិចក៏ដោយ ក៏នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេទទួលយកសេចក្ដីពិត និងមានផ្នត់គំនិតនៃការចូលទៅក្នុងសេចក្ដីពិតយ៉ាងសកម្មដែរ។ រាល់ពេលដែលនរណាម្នាក់ប្រកបគ្នាអំពីពន្លឺថ្មី ឬផ្លូវសម្រាប់ការអនុវត្តដែលស្របតាមគោលការណ៍សេចក្ដីពិត ភ្នែករបស់ពួកគេភ្លឺឡើង ចិត្តរបស់ពួកគេភ្លឺស្វាង ហើយពួកគេមានអារម្មណ៍រីករាយ ដោយគិតថា៖ «ទីបំផុត មាននរណាម្នាក់បានប្រកបគ្នាអំពីពន្លឺនេះហើយ។ នេះគឺជាអ្វីដែលខ្ញុំខ្វះខាត»។ ពួកគេតែងតែអាចចាប់យល់អ្វីដែលពួកគេកំពុងខ្វះខាត ដើម្បីទទួលបានពន្លឺ និងការបំភ្លឺដែលពួកគេត្រូវការជាបន្ទាន់ និងខ្វះខាត ហើយដើម្បីស្វែងរកគោលការណ៍សេចក្ដីពិតដែលពួកគេត្រូវការ ពីការយល់ដឹងតាមរយៈបទពិសោធដ៏ពិតប្រាកដដែលបងប្អូនប្រុសស្រីបានប្រកបគ្នា។ ផ្អែកលើការសម្ដែងចេញជាក់លាក់ទាំងនេះ តើចិត្តរបស់ពួកគេមិនប្រាថ្នាចង់បានសេចក្ដីពិតទេឬអី? (មែនហើយ។) ប្រសិនបើយើងនិយាយថាមនុស្សទាំងនេះស្រឡាញ់សេចក្ដីពិត នោះសេចក្ដីថ្លែងនេះមិនសូវមានលក្ខណៈសត្យានុម័ត ឬត្រឹមត្រូវនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើការសម្ដែងចេញជាក់លាក់របស់ពួកគេ មនុស្សទាំងនេះពិតជាប្រាថ្នាចង់បានសេចក្ដីពិតមែន។ តើការប្រាថ្នាចង់បាននេះមកពីណា? វាចេញមកពីក្តីសង្ឃឹមរបស់ពួកគេក្នុងការដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន ក្តីសង្ឃឹមរបស់ពួកគេក្នុងការដោះស្រាយបញ្ហា និងការលំបាកផ្សេងៗដែលពួកគេជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ និងសេចក្តីសង្ឃឹមរបស់ពួកគេក្នុងការធ្វើឱ្យមានការរីកចម្រើននៅក្នុងសេចក្ដីពិត ដើម្បីចូលទៅកាន់តែជ្រៅ ព្រមទាំងសេចក្តីសង្ឃឹមរបស់ពួកគេក្នុងការអាចប្រព្រឹត្តដោយមានគោលការណ៍យ៉ាងពិតប្រាកដ ដើម្បីអនុវត្តដោយមានផ្លូវ ដើម្បីទទួលស្គាល់កាន់តែត្រឹមត្រូវចេញពីការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ពួកគេ ថាតើសារជាតិនៃនិស្ស័យពុករលួយរបស់ពួកគេគឺជាអ្វី ហើយត្រូវដោះស្រាយ និងបោះបង់វាចោលដោយរបៀបណា។ ទោះបីជាមនុស្សទាំងនេះរស់នៅក្នុងនិស្ស័យពុករលួយជារឿយៗ ដូចជាការដណ្ដើមឋានៈ ការទទូចរឹងរូសតាមផ្លូវរបស់ខ្លួនឯង និងការរាប់ខ្លួនឯងជាសុចរិត ក្រអឺតក្រទម បោកបញ្ឆោត ឬសូម្បីតែរឹងទទឹងក៏ដោយ ក៏តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ជាប់លាប់ បញ្ហាដ៏ច្បាស់ក្រឡែតទាំងនេះនឹងត្រូវបានពិនិត្យពិច័យ និងសម្គាល់ឃើញបន្តិចម្ដងៗ។ បន្ទាប់មក ពួកគេអាចទទួលស្គាល់ចំណុចទាំងនេះថាជាបញ្ហា ជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ មិនស្របតាមសេចក្ដីពិត និងជាអ្វីដែលព្រះជាម្ចាស់ស្អប់។ បន្ទាប់ពីបានដឹងខ្លួនអំពីនិស្ស័យពុករលួយរបស់ខ្លួនហើយ ពួកគេកាន់តែប្រាថ្នាចង់ដោះស្រាយ និងបោះបង់វាចោលថែមទៀត។ នេះគឺជាប្រភពមួយនៃការប្រាថ្នាចង់បានសេចក្ដីពិតរបស់ពួកគេ។ និយាយម្យ៉ាងទៀត ពួកគេមានតម្រូវការក្នុងការដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មានចិត្តគំនិតបន្ទាន់ក្នុងការបោះបង់និស្ស័យពុករលួយរបស់ខ្លួនចោល។ ក្នុងពេលជាមួយគ្នានេះ មិនថាពួកគេរកឃើញថាពួកគេបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយបែបណានោះទេ ឬមិនថាពួកគេជួបប្រទះបញ្ហា ឬការលំបាកអ្វីនោះទេ ពួកគេកាន់តែចង់ស្វែងរកចម្លើយដ៏ត្រឹមត្រូវនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចង់យល់ពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស និងថាតើគួរប្រើសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ការសម្ដែងចេញជាក់លាក់ និងប្រភពនៃការប្រាថ្នាចង់បានសេចក្ដីពិតរបស់ពួកគេ គឺបែបនេះឯង។ តើនេះជាសេចក្ដីថ្លែងដែលមានលក្ខណៈសត្យានុម័តដែរឬទេ? (មែនហើយ)។ មិនអាចនិយាយបានថាមនុស្សទាំងនេះស្រឡាញ់សេចក្ដីពិតទេ។ ប្រសិនបើពួកគេស្រឡាញ់សេចក្ដីពិត ពួកគេនឹងមានភាពសកម្មខ្លាំង ហើយការសម្ដែងចេញផ្សេងៗរបស់ពួកគេនឹងកាន់តែមានភាពវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើការសម្ដែងចេញផ្សេងៗរបស់មនុស្សទាំងនេះ និងកម្ពស់ជាក់ស្តែងរបស់ពួកគេ ពួកគេមិនទាន់ឈានដល់កម្រិតនៃការស្រឡាញ់សេចក្ដីពិតនៅឡើយទេ គឺគ្រាន់តែប្រាថ្នាចង់បានសេចក្ដីពិតប៉ុណ្ណោះ។ សេចក្ដីថ្លែងនេះគឺមានលក្ខណៈសត្យានុម័តណាស់ទៅហើយ។ ដូច្នេះ ដោយក្រឡេកមើលការសម្ដែងចេញផ្សេងៗរបស់មនុស្សទាំងនេះ តើពួកគេគួរត្រូវបានចាត់ថ្នាក់ចូលក្នុងប្រភេទមួយណា? បើនិយាយឱ្យចំទៅ មនុស្សទាំងនេះស្ថិតនៅក្នុងប្រភេទជារាស្ដ្ររបស់ព្រះជាម្ចាស់។ ការអះអាងនេះមានមូលដ្ឋាន។ តើជាមូលដ្ឋាននោះជាអ្វី? និស្ស័យពុករលួយរបស់មនុស្សទាំងនេះ គឺដូចគ្នានឹងនិស្ស័យរបស់អ្នកដទៃដែរ។ បើនិយាយពីភាពជាមនុស្សវិញ មិនអាចនិយាយបានថា ភាពជាមនុស្សរបស់ពួកគេល្អនោះទេ ហើយក៏មិនអាចនិយាយបានថា ពួកគេគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ ភាគច្រើននៃពួកគេមានភាពជាមនុស្សមធ្យម។ តើ «មធ្យម» មានន័យដូចម្តេចនៅទីនេះ? វាមានន័យថា មានមនសិការ និងវិចារណញ្ញាណក្នុងកម្រិតមួយ។ ប៉ុន្តែ នេះមិនមែនជាទិដ្ឋភាពសំខាន់បំផុតនោះទេ។ តើអ្វីដែលសំខាន់បំផុត? គឺថា បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ បន្ទាប់ពីបានឮអំពីនិស្ស័យពុករលួយរបស់មនុស្សគ្រប់ប្រភេទ ដែលត្រូវបានលាតត្រដាងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនព្រងើយកន្តើយឡើយ ប៉ុន្តែមានការរំជួលចិត្ត ហើយនឹងធ្វើសកម្មភាព។ តើការធ្វើសកម្មភាពមានន័យដូចម្តេច? វាមានន័យថា បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ និងសេចក្ដីពិតទាំងនេះ ពួកគេលែងសុខចិត្តរស់នៅក្នុងនិស្ស័យពុករលួយទៀត ហើយលែងបន្តរបៀបរស់នៅពីមុនរបស់ពួកគេទៀតហើយ។ ផ្ទុយទៅវិញ ពួកគេខិតខំផ្លាស់ប្ដូរគំនិត ទស្សនៈ និងរបៀបរស់នៅ ព្រមទាំងបែបបទនៃជីវិតផ្សេងៗដែលពួកគេធ្លាប់ពឹងផ្អែកពីមុនមក។ ក្នុងពេលជាមួយគ្នានេះ ពួកគេស្វែងរកសេចក្ដីពិតយ៉ាងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងនៅក្នុងកាលៈទេសៈផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំឡើង ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋាន និងជាគោលការណ៍សម្រាប់ការអនុវត្ត ជាជាងការធ្វើអ្វីដោយឥតបើគិត និងតាមអំពើចិត្ត។ តាមរយៈភាពជាមនុស្ស គុណសម្បត្តិ អាកប្បកិរិយា និងទស្សនៈរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត មនុស្សទាំងនេះគឺជាមនុស្សដែលព្រះជាម្ចាស់មានបំណងសង្គ្រោះយ៉ាងពិតប្រាកដ។ ពួកគេមានសង្ឃឹមច្រើនក្នុងការបោះបង់និស្ស័យពុករលួយរបស់ខ្លួនចោល និងទទួលបានសេចក្ដីសង្រ្គោះ ជាងអ្នកធ្វើការដោយកម្លាំង។ មានតែអស់អ្នកដែលទទួលយកសេចក្ដីពិត និងអាចបោះបង់និស្ស័យពុករលួយរបស់ខ្លួនចោល ដើម្បីទទួលបានសេចក្ដីសង្រ្គោះប៉ុណ្ណោះ ទើបត្រូវបានចាត់ទុកថាជារាស្ដ្ររបស់ព្រះជាម្ចាស់។ តើនិយមន័យនេះ មិនសមស្របណាស់ទេឬអី? (មែនហើយ)។ វាសមស្របបំផុត។ ការទទួលបានសេចក្ដីសង្រ្គោះ មិនមែនគ្រាន់តែជាការខិតខំប្រឹងប្រែងបន្តិចបន្តួច និងបង់ថ្លៃបន្តិចបន្តួច ដើម្បីអាចនៅសេសសល់ ហើយបន្ទាប់មកអ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់នោះទេ។ តើឋានៈរបស់អស់អ្នកដែលអាចទទួលបានសេចក្ដីសង្រ្គោះ គឺជាអ្វី? វាគឺជាឋានៈមួយដែលតាមរយៈការទទួលយក និងការទទួលបទពិសោធព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យពុករលួយរបស់ពួកគេត្រូវបានដោះស្រាយ។ នៅក្នុងដំណើរការនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ យល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯង និងមានបទពិសោធជាក់ស្តែង និងច្បាស់លាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បាន គឺពួកគេអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ តើពួកគេធ្វើបន្ទាល់អំពីទិដ្ឋភាពណាខ្លះរបស់ព្រះជាម្ចាស់? ពួកគេធ្វើបន្ទាល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងថាព្រះជាម្ចាស់គឺជាព្រះអាទិករ។ នេះគឺជាអ្វីដែលអាចសម្ដែងចេញនៅក្នុងមនុស្សម្នាក់ បន្ទាប់ពីទទួលបានសេចក្ដីសង្គ្រោះ។ ហេតុអ្វីបានជាមនុស្សអាចសម្រេចបានលទ្ធផលទាំងនេះ បន្ទាប់ពីទទួលបានសេចក្ដីសង្រ្គោះ? វាមិនមែនដោយសារតែពួកគេចាត់ទុកខ្លួនឯងថា «មានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានសមត្ថភាពក្នុងការលះបង់ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ម្នាក់ ព្រមទាំងមានឆន្ទៈក្នុងការបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ» ទើបពួកគេសម្រេចបានបែបនេះនោះទេ។ មូលហេតុតែមួយគត់ ហើយជាចំណុចសំខាន់បំផុតនោះ គឺថា ពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាជីវិតរបស់ខ្លួន អាចអនុវត្តសេចក្ដីពិតដើម្បីបោះបង់និស្ស័យពុករលួយរបស់ខ្លួនចោល ទុករបៀបរស់នៅ និងទស្សនៈនៃការរស់នៅចាស់ៗពីដើមរបស់ពួកគេមួយឡែក ហើយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាជីវិតថ្មីរបស់ខ្លួន។ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានដើម្បីប្រព្រឹត្តខ្លួន ធ្វើកិច្ចការ ដើរតាមព្រះជាម្ចាស់ ចុះចូលនឹងព្រះជាម្ចាស់ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់។ នេះគឺជាលទ្ធផលដែលអាចសម្រេចបាននៅក្នុងមនុស្សបែបនេះ។ តើអ្វីជាទិដ្ឋភាពសំខាន់បំផុតសម្រាប់ការទទួលបានសេចក្ដីសង្គ្រោះ? (គឺការអាចទទួលយកសេចក្ដីពិត)។ ត្រឹមត្រូវហើយ។ ការអាចទទួលយកសេចក្ដីពិត គឺជាគន្លឹះ។
មនុស្សខ្លះនិយាយថា៖ «ប្រសិនបើខ្ញុំលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដល់ទីបញ្ចប់ តើព្រះជាម្ចាស់នឹងប្រទានពរដ៏ធំដល់ខ្ញុំដែរទេ?» ប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិត ប៉ុន្តែនៅតែអាចបន្តដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់ ធ្វើការដោយកម្លាំងរហូតដល់ទីបញ្ចប់ ដែលក្នុងអំឡុងពេលនោះ គ្មានអំពើរំលងធ្ងន់ធ្ងរ ហើយអ្នកមិនប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ នោះ នៅក្នុងកាលៈទេសៈបែបនេះ ព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាអ្នកធ្វើការដោយកម្លាំងដ៏ស្មោះត្រង់ម្នាក់ ដែលអាចនៅសល់បាន។ មនុស្សខ្លះសួរថា៖ «តើការដែលនៅសល់ គឺជាព្រះពរបែបណាទៅ?» វាមិនមែនជាព្រះពរតូចតាចទេ! ប្រសិនបើមានឱកាស និងលទ្ធភាព អ្នកអាចនឹងឃើញរូបអង្គពិតរបស់ព្រះជាម្ចាស់ ហើយរឿងនេះអាស្រ័យលើអ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យបន្ទាប់។ ប្រសិនបើមានឱកាសបាននៅសល់ និងរស់នៅបានពីរបីទសវត្សរ៍ទៀត នោះព្រះពរនេះគឺធំធេងណាស់។ តើព្រះពរនេះបានមកដោយរបៀបណា? វាសម្រេចបានតាមរយៈការធ្វើការដោយកម្លាំងយ៉ាងស្មោះត្រង់ ខណៈពេលដែលប្រកាន់ខ្ជាប់នូវទស្សនៈថា៖ «ខ្ញុំមានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានសមត្ថភាពក្នុងការលះបង់ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ម្នាក់ ព្រមទាំងមានឆន្ទៈក្នុងការបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ»។ តើអ្នកធ្វើការដោយកម្លាំងមិនគួរចេះស្កប់ស្កល់ទេឬអី? (មែនហើយ)។ ពួកគេគួរតែស្កប់ស្កល់ក្នុងការទទួលបានព្រះពរនេះ។ អ្នកមិនទាំងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង ប៉ុន្តែដោយសារព្រះជាម្ចាស់ទតឃើញភាពស្មោះត្រង់របស់អ្នក និងសមត្ថភាពក្នុងការធ្វើការដោយកម្លាំងរហូតដល់ទីបញ្ចប់ ដោយមិនរត់ចោលក្នុងអំឡុងពេលនេះ ដោយមិនប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ឬបំពានបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ ដោយមិនប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ នោះទ្រង់ប្រទានព្រះពរ និងព្រះគុណនេះដល់អ្នក។ ចាប់តាំងពីការបង្កើតមនុស្សជាតិមក នេះគឺជាអំណោយដ៏អស្ចារ្យបំផុតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សពុករលួយ ដែលគ្រាន់តែបានធ្វើការដោយកម្លាំងយ៉ាងស្មោះត្រង់ ប៉ុន្តែមិនទទួលបានសេចក្ដីសង្គ្រោះ។ អ្នកគ្រាន់តែបានខិតខំប្រឹងប្រែងបន្តិចបន្តួចប៉ុណ្ណោះ ហើយអ្នកមិនទាំងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង ការដែលអាចទទួលបានព្រះពរដ៏ធំបែបនេះ គឺល្អណាស់ទៅហើយ នេះគឺជាព្រះគុណដ៏ធំធេងរបស់ព្រះជាម្ចាស់។ ប្រភេទមួយទៀត គឺរាស្ដ្ររបស់ព្រះជាម្ចាស់ដែលយើងទើបតែបាននិយាយ។ ព្រះពរដែលរាស្ដ្ររបស់ព្រះជាម្ចាស់ទទួលបាន គឺពិតជាធំជាងព្រះពរដែលអ្នកធ្វើការដោយកម្លាំងទទួលបានទៅទៀត។ ចុះតើព្រះពររបស់រាស្ដ្ររបស់ព្រះជាម្ចាស់គឺជាអ្វី? ជាការពិតណាស់ វាមិនមែនសាមញ្ញត្រឹមតែអាចនៅសេសសល់ ឬមានឱកាសឃើញរូបអង្គពិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ។ មានព្រះពរច្រើនជាងនេះឆ្ងាយណាស់ ប៉ុន្តែយើងនឹងមិនពិភាក្សាអំពីរឿងនេះនៅទីនេះទេ។ ការនិយាយអំពីរឿងនោះមិនមែនជារឿងជាក់ស្តែងទេ ហើយម្យ៉ាងទៀត ទោះបីជាខ្ញុំប្រាប់អ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នានឹងមិនយល់ ឬមិនអាចទទួលបានព្រះពរទាំងនោះនៅពេលនេះដែរ។ រាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលព្រះជាម្ចាស់មានបំណងសង្គ្រោះ ហើយនៅក្នុងចំណោមមនុស្សជាតិទាំងអស់ ពួកគេទទួលបានព្រះពរធំបំផុត នេះមិនមែនជាការនិយាយបំផ្លើសឡើយ។ ហេតុអ្វីបានជាដូច្នោះ? ពីព្រោះ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ រាស្ដ្ររបស់ព្រះជាម្ចាស់ តាមរយៈការអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការអាចចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត និងជាគោលការណ៍សម្រាប់ការរស់នៅរបស់ពួកគេ និងតាមរយៈការធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់ពួកគេ ពួកគេបានបោះបង់និស្ស័យពុករលួយរបស់សាតាំងចោល និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយធ្វើបន្ទាល់យ៉ាងរឹងមាំ និងលាន់កងរំពងថ្វាយព្រះជាម្ចាស់។ ពួកគេអាចប្រើអ្វីដែលពួកគេអាចរស់នៅតាម និងអាចប្រើជីវិតរបស់ពួកគេ ដើម្បីវាយបក និងធ្វើឱ្យសាតាំងអាម៉ាស់មុខ អាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ ដោយនាំមកនូវសិរីល្អថ្វាយព្រះជាម្ចាស់។ ហេតុដូច្នេះហើយ រាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលព្រះជាម្ចាស់មានបំណងសង្គ្រោះ និងជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ។ មនុស្សខ្លះនិយាយថា៖ «ដោយសារបុគ្គលទាំងនេះអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាជីវិតរបស់ពួកគេ រស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ តើការនេះធ្វើឱ្យពួកគេក្លាយជាកូនស្ងួនភ្ងាដែលព្រះជាម្ចាស់សព្វព្រះទ័យដែរឬ?» អ្នកគិតច្រើនពេកហើយ គ្រាន់តែបានធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ម្នាក់ គឺល្អណាស់ទៅហើយ។ ប្រសិនបើព្រះជាម្ចាស់ហៅអ្នកថាជាបុត្ររបស់ទ្រង់ កូនរបស់ទ្រង់ ឬកូនស្ងួនភ្ងារបស់ទ្រង់ នោះជារឿងរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនថាពេលណានោះទេ អ្នកមិនត្រូវអះអាងដោយខ្លួនឯងថាជាកូនស្ងួនភ្ងារបស់ព្រះជាម្ចាស់ បុត្ររបស់ព្រះជាម្ចាស់ ឬជាសំណព្វចិត្តរបស់ព្រះជាម្ចាស់ឡើយ។ កុំអះអាងបែបនេះអំពីខ្លួនឯង ហើយកុំចាត់ទុកខ្លួនឯងបែបនេះដែរ។ អ្នកគឺជាភាវៈដែលព្រះបានបង្កើត នេះទើបត្រឹមត្រូវ។ ទោះបីជាថ្ងៃណាមួយ អ្នកត្រូវបានរាប់បញ្ចូលថាជារាស្ដ្ររបស់ព្រះជាម្ចាស់ ឬអ្នកបានឈានជើងចូលទៅក្នុងផ្លូវនៃការទទួលបានសេចក្ដីសង្គ្រោះហើយក៏ដោយ ក៏អ្នកនៅតែគ្រាន់តែជាភាវៈដែលព្រះបានបង្កើតប៉ុណ្ណោះ។ ប្រសិនបើអ្នកគិតតាមរបៀបនេះ នោះបញ្ជាក់ថា ផ្លូវដែលអ្នកកំពុងដើរ គឺជាផ្លូវដ៏ត្រឹមត្រូវ។ ប្រសិនបើអ្នកតែងតែស្វែងរកចង់ធ្វើជាកូនស្ងួនភ្ងារបស់ព្រះជាម្ចាស់ ចង់ឱ្យព្រះជាម្ចាស់ស្រឡាញ់ ចង់ឱ្យព្រះជាម្ចាស់សព្វព្រះទ័យ នោះផ្លូវដែលអ្នកកំពុងដើរ គឺជាផ្លូវខុសហើយ ផ្លូវនេះមិននាំទៅណាទេ ហើយអ្នកមិនគួរមានគំនិតស្រមើស្រមៃបែបនេះឡើយ។ មិនថាព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលបែបនេះ ឬផ្ដល់ការសន្យាបែបនេះដល់មនុស្សឬអត់នោះទេ អ្នកមិនគួរចាត់ទុកខ្លួនឯងតាមរបៀបនេះឡើយ វាមិនមែនជាអ្វីដែលអ្នកគួរព្យាយាមចង់បាននោះទេ។ ការបានធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ម្នាក់ គឺល្អគ្រប់គ្រាន់ហើយ រាស្ដ្ររបស់ព្រះជាម្ចាស់ គឺត្រូវតាមស្ដង់ដាក្នុងនាមជាភាវៈដែលព្រះបានបង្កើតរួចហើយ គ្រាន់តែគួរឱ្យសោកស្ដាយដែលអ្នកមិនទាន់ទៅដល់ចំណុចនោះនៅឡើយ។ ដូច្នេះ កុំដេញតាមរបស់ដែលស្រពេចស្រពិល មិនពិត និងទទេស្អាតទាំងនោះអី។ ការដែលអាចដេញតាមដើម្បីទទួលបានសេចក្ដីសង្គ្រោះ ក្នុងកម្រិតណាមួយ គឺបានឈានជើងចូលទៅក្នុងផ្លូវនៃការទទួលបានសេចក្ដីសង្គ្រោះរួចទៅហើយ។ លក្ខណៈចម្បងរបស់រាស្ដ្ររបស់ព្រះជាម្ចាស់គឺថា ពួកគេអាចទទួលយកសេចក្ដីពិត និងបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត។ នៅក្នុងដំណើរការនៃការទទួលបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងការដេញតាមសេចក្ដីសង្គ្រោះ និស្ស័យពុករលួយ គំនិតចាស់ៗ និងសភាពអវិជ្ជមាន ព្រមទាំងការសម្ដែងចេញផ្សេងៗដែលទាក់ទងនឹងនិស្ស័យពុករលួយរបស់ពួកគេ អាចត្រូវបានដោះស្រាយ បោះបង់ចោល និងផ្លាស់ប្ដូរក្នុងកម្រិតផ្សេងៗគ្នា។ បន្ទាប់មក ពួកគេអាចរស់នៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ក្នុងការធ្វើជាមនុស្សស្មោះត្រង់ មនុស្សដែលយល់ពីគោលការណ៍សេចក្ដីពិត មនុស្សដែលមានភាពស្មោះត្រង់ និងការចុះចូល និងមនុស្សដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ចំពោះរបៀបធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ម្នាក់ដែលត្រូវតាមស្ដង់ដា និងបំពេញតាមខ្នាតគំរូ យើងនឹងមិនលម្អិតអំពីរឿងនេះនៅទីនេះទេ វាមិនមែនជាប្រធានបទនៃការប្រកបគ្នារបស់យើងនៅថ្ងៃនេះឡើយ។
III. កម្មករស៊ីឈ្នួល
ក្រៅពីអ្នកធ្វើការដោយកម្លាំង និងរាស្ដ្ររបស់ព្រះជាម្ចាស់ នៅមានបុគ្គលមួយប្រភេទទៀត ដែលគួរឱ្យអាណិតបំផុតនៅក្នុងចំណោមអ្នកដែលព្រះជាម្ចាស់បានរើសតាំង។ បន្ទាប់ពីបានឮសេចក្ដីពិតផ្សេងៗដែលព្រះជាម្ចាស់បានសម្ដែងចេញ និងព្រះបន្ទូលផ្សេងៗនៃការលាតត្រដាងរបស់ទ្រង់ចំពោះមនុស្សជាតិ ឥរិយាបថរបស់ពួកគេ អ្វីដែលពួកគេរស់នៅតាម និងការដេញតាមរបស់ពួកគេ គឺមិនបង្ហាញការផ្លាស់ប្ដូរសោះឡើយ។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាទេ ពួកគេនៅតែព្រងើយកន្តើយថា៖ «ខ្ញុំមិនចង់ផ្លាស់ប្ដូរទេ។ ខ្ញុំចង់រស់នៅតាមរបៀបណា ខ្ញុំនឹងរស់នៅតាមរបៀបនោះ ហើយគ្មាននរណាម្នាក់អាចត្រួតត្រាខ្ញុំបានឡើយ។ អ្នកចង់ធ្វើអ្វី ក៏ធ្វើទៅ ខ្ញុំមិនខ្វល់ទេ! ឥឡូវនេះ ខ្ញុំមិនសប្បាយចិត្តទេ ដូច្នេះកុំមានអ្នកណាមករករឿងខ្ញុំឱ្យសោះ។ បើហ៊ានតែមករករឿង ខ្ញុំនឹងមិនគួរសមដាក់ទេ!» ពួកគេមិនចាត់ទុកខ្លួនឯងដោយអាកប្បកិរិយា ឬទស្សនៈដ៏ច្បាស់លាស់ថា «ខ្ញុំមានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានសមត្ថភាពក្នុងការលះបង់ ព្រមទាំងមានឆន្ទៈក្នុងការស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃ» នោះទេ ប៉ុន្តែពួកគេបង្ហាញអាកប្បកិរិយាមួយយ៉ាងច្បាស់លាស់ជាងនេះនៅក្នុងចំណោមបងប្អូនប្រុសស្រី។ តើអាកប្បកិរិយានេះ គឺជាអ្វី? គឺថា៖ «ខ្ញុំចង់ធ្វើអ្វី ខ្ញុំនឹងធ្វើហ្នឹង។ កុំមានអ្នកណាមកជំរុញខ្ញុំឱ្យទទួលយកសេចក្ដីពិត ហើយកុំមានអ្នកណាមកព្យាយាមផ្លាស់ប្ដូរខ្ញុំឱ្យសោះ។ អ្នកណាដែលព្យាយាមជំរុញខ្ញុំឱ្យទទួលយកសេចក្ដីពិត គឺគ្រាន់តែរកទុក្ខដាក់ខ្លួនប៉ុណ្ណោះ ហើយបើមានអ្នកណាព្យាយាមលួសកាត់ខ្ញុំ ខ្ញុំនឹងតតាំងវិញឱ្យស្លាប់រស់!» ពួកគេគ្មានចំណាប់អារម្មណ៍សូម្បីបន្តិចសោះចំពោះប្រយោគណាមួយដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ ហើយក៏គ្មានចំណាប់អារម្មណ៍ចំពោះកិច្ចការដែលព្រះជាម្ចាស់ធ្វើដែរ។ ជាការពិតណាស់ ចំពោះនិស្ស័យពុករលួយរបស់មនុស្ស និងគោលការណ៍នៃការធ្វើកិច្ចការ ព្រមទាំងអាកប្បកិរិយាដែលមនុស្សគួរមានចំពោះព្រះជាម្ចាស់ និងគោលការណ៍ដែលគួរអនុវត្តតាមនៅក្នុងទំនាក់ទំនងរវាងមនុស្ស ដែលបងប្អូនប្រុសស្រីលើកឡើងក្នុងពេលជួបជុំ ឬក្នុងពេលកំពុងបំពេញភារកិច្ច ពួកគេចាត់ទុករឿងទាំងនោះដោយអាកប្បកិរិយាមើលងាយ។ បុគ្គលខ្លះបំពេញភារកិច្ច ប៉ុន្តែពួកគេមិនខ្វល់ទាល់តែសោះពីគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ ដោយធ្វើអ្វីៗតាមតែពួកគេបានគ្រោងទុកប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីអ្នកប្រកបគ្នាអំពីគោលការណ៍ជាមួយពួកគេចប់ ពួកគេយល់ព្រមនៅចំពោះមុខអ្នក ប៉ុន្តែក្រោយមកបែរជាចាប់ផ្ដើមប្រព្រឹត្តដោយឥតបើគិត និងតាមអំពើចិត្ត ដោយបង្ហាញទិដ្ឋភាពជាអារក្សរបស់ពួកគេចេញមក។ ក៏មានបុគ្គលខ្លះដែលមើលទៅហាក់ដូចជាមនុស្សថ្លៃថ្នូរនៅខាងក្រៅ ប៉ុន្តែនៅពេលដែលអ្នកនិយាយ ឬជជែកជាមួយពួកគេ ទស្សនៈរបស់ពួកគេមិនត្រឹមត្រូវ សំនៀងរបស់ពួកគេមិនត្រឹមត្រូវ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា និស្ស័យរបស់ពួកគេមិនត្រឹមត្រូវ ដែលធ្វើឱ្យមិនអាចជជែកគ្នាជាមួយពួកគេបានឡើយ។ នៅពេលអ្នកសួរពួកគេថា៖ «តើព្រះជាម្ចាស់មានវត្តមាននៅក្នុងពិភពលោកនេះដែរឬទេ?» ពួកគេនិយាយថា៖ «ខ្ញុំមិនដឹងទេ»។ អ្នកនិយាយថា៖ «រឿងនេះគួរតែធ្វើតាមរបៀបនេះ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ពួកគេឆ្លើយតបថា៖ «តើអ្នកយល់ថាខ្ញុំមិនគួរឱ្យចូលចិត្តមែនទេ? តើអ្នកកំពុងចង់រករឿងខ្ញុំមែនទេ? តើអ្នកកំពុងព្យាយាមបណ្ដេញខ្ញុំចេញមែនទេ?» អ្នកនិយាយថា៖ «ការធ្វើបែបនេះ គឺជាការផ្សាយសញ្ញាណ និងការបញ្ចេញភាពអវិជ្ជមាន ដែលអាចបណ្ដាលឱ្យអ្នកជឿថ្មីមួយចំនួនជំពប់ដួល។ យើងត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់របស់ដំណាក់របស់ព្រះជាម្ចាស់ ហើយយើងត្រូវតែច្បាស់លាស់អំពីគោលការណ៍ដែលគួរអនុវត្តតាមនៅក្នុងប្រាស្រ័យទាក់ទង និងការសេពគប់រវាងមនុស្ស។ ប្រសិនបើអ្វីដែលនិយាយ និងធ្វើ មិនអាចជួយស្ថាបនា ឬជួយអ្នកដទៃបានទេ យ៉ាងហោចណាស់ ក៏មិនគួរបង្កផលប៉ះពាល់អវិជ្ជមានដល់អ្នកដទៃដែរ។ នេះគឺជាវិចារណញ្ញាណដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមាន»។ ពួកគេនិយាយថា៖ «មកនិយាយជាមួយខ្ញុំអំពីភាពជាមនុស្សធម្មតា មកប្រដៅខ្ញុំអំពីច្បាប់ទម្លាប់ តើអ្នកគិតថាខ្លួនឯងជាអ្នកណា? តើមានអ្វីខុសដែលខ្ញុំបញ្ចេញភាពអវិជ្ជមាន? សម្រាប់អ្នកជឿថ្មីម្នាក់ដែលជំពប់ដួល គឺបាត់អ្នកជឿថ្មីម្នាក់ដែរ មិនបាច់ឱ្យខ្ញុំធុញទ្រាន់នឹងការឃើញមុខពួកគេ!» ការនិយាយអំពីច្បាប់ទម្លាប់ជាមួយពួកគេ គឺគ្មានប្រយោជន៍ទេ ហើយការពិភាក្សាអំពីភាពជាមនុស្សក៏ឥតប្រយោជន៍ដែរ។ ចុះការប្រកបគ្នាអំពីសេចក្ដីពិត ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ? ពួកគេក៏មិនស្ដាប់ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ គ្មាននរណាម្នាក់ហ៊ានរិះគន់ពួកគេទេ គ្មាននរណាម្នាក់ហ៊ានរំខាន ឬរករឿងពួកគេឡើយ។ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរទេ? (មាន)។ នៅក្នុងចំណោមអស់អ្នកដែលត្រូវបានបោសសម្អាតចេញ ពិតជាមានបុគ្គលបែបនេះមែន។ តើមនុស្សទាំងនេះជាអ្នកធ្វើការដោយកម្លាំង ជារាស្ដ្ររបស់ព្រះជាម្ចាស់ ឬជាអ្វី? (ពួកគេគឺជាមនុស្សដែលត្រូវបានជម្រុះចោល។) ហេតុអ្វីបានជាពួកគេត្រូវបានជម្រុះចោល? (ដោយសារមិនទទួលយកសេចក្ដីពិត ដោយសារមិនពេញចិត្តនឹងសេចក្ដីពិត។) នេះគឺជាសារជាតិនៃបញ្ហា។ ចុះហេតុអ្វីបានជាពួកគេមិនទទួលយកសេចក្ដីពិត? ហេតុអ្វីបានជាពួកគេមិនពេញចិត្តនឹងសេចក្ដីពិត? តើអ្វីជាឫសគល់នៃបញ្ហា? (សារជាតិរបស់មនុស្សទាំងនេះ គឺជាសារជាតិរបស់អ្នកមិនជឿ។) ត្រឹមត្រូវហើយ សារជាតិរបស់ពួកគេ គឺជាសារជាតិរបស់អ្នកមិនជឿ។ មានអ្នកមិនជឿច្រើនណាស់នៅក្នុងពួកជំនុំ ប៉ុន្តែតើអ្នកមិនជឿទាំងអស់សុទ្ធតែបែបនេះមែនទេ? (ទេ)។ បុគ្គលទាំងនេះ ដែលខ្វះសូម្បីតែសីលធម៌ និងការអប់រំជាមូលដ្ឋានបំផុតរបស់មនុស្ស តើពួកគេត្រូវបានជម្រុះចោលដោយគ្រាន់តែសារតែពួកគេជាអ្នកមិនជឿមែនទេ? ហេតុអ្វីបានជាពួកគេត្រូវបានជម្រុះចោល? តាមឫសគល់ វាគឺជាបញ្ហានៃភាពជាមនុស្ស មនុស្សទាំងនេះមានភាពជាមនុស្សអាក្រក់ និងព្យាបាទ។ បើនិយាយឱ្យចំទៅ ពួកគេខ្វះភាពជាមនុស្ស។ ដោយសារពួកគេខ្វះភាពជាមនុស្ស តើពួកគេជាអ្វីទៅ? ពួកគេគឺជាមនុស្សដែលមានធម្មជាតិជាអារក្ស។ តើមនុស្សដែលមានធម្មជាតិជាអារក្ស អាចប្រៀបធៀបនឹងសត្វតិរច្ឆានបានដោយរបៀបណា? ខ្ញុំគិតថា ពួកគេអាក្រក់ជាងសត្វតិរច្ឆានទៅទៀត សត្វតិរច្ឆានខ្លះអាចចេះស្ដាប់បង្គាប់ និងជៀសវាងការធ្វើខុស។ ឧទាហរណ៍៖ ឆ្កែអាចជាសត្វល្អណាស់ ឆ្កែខ្លះពិតជាធ្វើជាសត្វចិញ្ចឹមដ៏ល្អមែនទែន ដោយចុះសម្រុងជាមួយមនុស្សបានយ៉ាងល្អ! ពួកវាចេះស្ដាប់បង្គាប់ និងចេះដឹងខុសត្រូវជាពិសេស ដោយយល់គ្រប់យ៉ាងដែលមនុស្សនិយាយ ហើយពួកវាស័ក្តិសមនឹងចិញ្ចឹមនៅក្នុងផ្ទះ។ ឆ្កែបែបនេះគឺល្អជាងមនុស្សដែលមិនចេះស្ដាប់បង្គាប់ទៅទៀត។ មានមនុស្សជាច្រើនដែលអាក្រក់ជាងឆ្កែល្អៗទៅទៀត។ បើដូច្នេះ តើពួកគេនៅតែជាមនុស្សឬ? ទេ ពួកគេមិនមែនជាមនុស្សទេ ពួកគេមិនមែនជាមនុស្សឡើយ។ មនុស្សជាច្រើនមិនយល់ភាសាមនុស្សទេ ដូច្នេះគ្មានវិធីប្រាស្រ័យទាក់ទងជាមួយពួកគេបានឡើយ។ ពួកគេមិនទទួលយកសេចក្ដីពិតទេ មិនថាគេប្រកបគ្នាអំពីសេចក្ដីពិតនោះយ៉ាងណាក៏ដោយ។ ពួកគេត្អូញត្អែរនៅពេលត្រូវបានលួសកាត់ ហើយនៅពេលពួកគេត្រូវបានជម្រុះចោល ពួកគេផ្ទុះកំហឹងជេរប្រមាថដោយពាក្យសម្ដីស្មោកគ្រោក ដោយមិនបង្ហាញការផ្លាស់ប្ដូរសោះឡើយ មិនថាពួកគេបានជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ តើមនុស្សបែបនេះនៅតែអាចត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតដែរឬទេ? (ទេ)។ ពួកគេមិនអាចឱ្យស្នាក់នៅបានទេ។ តើបុគ្គលបែបនេះគួរត្រូវបានចាត់ថ្នាក់ចូលក្នុងប្រភេទមួយណា? ជាដំបូង តើបុគ្គលទាំងនេះគួរត្រូវបានចាត់ថ្នាក់ចូលក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរទេ? (ទេ)។ ប្រសិនបើពួកគេមិនស្ថិតនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេ តើពួកគេគួរត្រូវបានដាក់ចូលក្នុងប្រភេទមួយណា? ការមិនស្ថិតនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ តើរឿងនេះគួរត្រូវបានបកស្រាយដោយរបៀបណា? វាមានន័យថា តាមទស្សនៈនៃភាពជាមនុស្សដែលពួកគេបង្ហាញ និងរស់នៅ វាមិនមែនជារឿងសាមញ្ញត្រឹមតែជាអ្នកមិនជឿនោះទេ សារជាតិរបស់ពួកគេមិនមែនជាមនុស្សឡើយ។ មានមនុស្សជាច្រើនដែលជាអ្នកមិនជឿ តើពួកគេទាំងអស់សុទ្ធតែអាក្រក់ និងព្យាបាទដូចជាបុគ្គលទាំងនេះដែរទេ? អត់ទេ។ សូម្បីតែនៅក្នុងចំណោមអ្នកដែលមិនជឿ ក៏មិនមែនគ្រប់គ្នាសុទ្ធតែអាក្រក់ដល់ថ្នាក់ហ្នឹងដែរ មនុស្សខ្លះមានស្ដង់ដាសីលធម៌ជាមូលដ្ឋានបំផុត។ ចុះបុគ្គលទាំងនេះវិញ? ពួកគេខ្វះសូម្បីតែសីលធម៌ និងការអប់រំជាមូលដ្ឋានបំផុត ដែលសូម្បីអ្នកមិនជឿក៏មាន អ្វីដែលពួកគេបញ្ចេញឱ្យឃើញ និងអ្វីដែលពួកគេសម្ដែងចេញ បើនិយាយឱ្យចំទៅ គឺមិនបំពេញតាមស្ដង់ដានៃសីលធម៌របស់មនុស្សឡើយ។ សារជាតិរបស់មនុស្សទាំងនេះ គឺជាភាពជាអារក្ស។ ដូច្នេះ តាមទស្សនៈនៃសារជាតិរបស់ពួកគេ តើព្រះជាម្ចាស់សង្គ្រោះពួកគេដែរទេ? (ទេ)។ ព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ។ ហើយហេតុអ្វីបានជាដូច្នោះ? ពីព្រោះភាពជាមនុស្សរបស់ពួកគេគឺអាក្រក់ និងព្យាបាទ មានធម្មជាតិជាអារក្ស ហើយហេតុនេះហើយបានជាពួកគេមិនពេញចិត្តនឹងសេចក្ដីពិត និងទាស់ទទឹងនឹងសេចក្ដីពិត។ តាមពិតទៅ ការនិយាយបែបនេះ គឺជាការលើកតម្កើងពួកគេហើយ បើនិយាយឱ្យចំទៅ បុគ្គលទាំងនេះមិនពេញចិត្ត និងស្អប់រឿងវិជ្ជមាន ពួកគេមិនទាន់ឈានដល់កម្រិតនៃការមិនពេញចិត្តនឹងសេចក្ដីពិត និងមិនទទួលយកសេចក្ដីពិតនោះផង។ ពួកគេមិនពេញចិត្ត ស្អប់ និងទាស់ទទឹង សូម្បីតែរឿងវិជ្ជមានជាមូលដ្ឋានបំផុត សូម្បីតែច្បាប់ទម្លាប់ដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរអនុវត្តតាម និងការអប់រំដែលពួកគេគួរមាន ក៏សុទ្ធតែជារឿងដែលពួកគេស្អប់ខ្ពើមដែរ។ តើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ? (ពួកគេមិនទាន់ដល់កម្រិតនោះទេ។) ត្រូវហើយ ពួកគេមិនទាន់ដល់កម្រិតនោះទេ ពួកគេមិនមែនសូម្បីតែជាអ្នកធ្វើការដោយកម្លាំងផង។ មនុស្សខ្លះនិយាយថា៖ «ដោយសារពួកគេមិនមែនសូម្បីតែជាអ្នកធ្វើការដោយកម្លាំងផង តើពួកគេត្រូវបានចាត់ទុកជាអ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? តើពួកគេបានចូលមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដោយរបៀបណា?» ប្រសិនបើយើងត្រូវពន្យល់អំពីពួកគេ ដើម្បីដាក់ពួកគេចូលទៅក្នុងប្រភេទមួយ បើនិយាយឱ្យចំទៅ បុគ្គលទាំងនេះគឺដូចជាអ្នកស៊ីឈ្នួល ឬកម្មករបណ្ដោះអាសន្នដែលត្រូវបាននាំយកមកពីក្នុងចំណោមអ្នកដែលមិនជំនឿ។ តើអត្ថន័យនេះច្បាស់លាស់ដែរឬទេ? នេះគឺជាប្រភេទរបស់ពួកគេ ក៏ដូចជាតួនាទីដែលពួកគេបំពេញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនមែនសូម្បីតែជាអ្នកធ្វើការដោយកម្លាំងផង ខ្ញុំមិនចាត់ទុកពួកគេជាអ្នកធ្វើការដោយកម្លាំងទេ ពួកគេមិនស័ក្តិសមឡើយ! អ្នកធ្វើការដោយកម្លាំងមានលក្ខណៈដូចជា មានភាពជាមនុស្សល្អ ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានឆន្ទៈក្នុងការបង់ថ្លៃ ព្រមទាំងមានសមត្ថភាពក្នុងការស៊ូទ្រាំនឹងការលំបាក ហើយពួកគេរស់នៅតាមរឿងទាំងនេះ។ បុគ្គលទាំងនេះខ្វះសូម្បីតែគុណសម្បត្តិទាំងនេះ ដូច្នេះការចាត់ថ្នាក់ពួកគេជាអ្នកស៊ីឈ្នួល ក៏ជាការបង្ហាញពីភាពសេចក្ដីសប្បុរសដល់ពួកគេ និងគួរសមខ្លាំងណាស់ទៅហើយ។ តើការធ្វើជាអ្នកស៊ីឈ្នួល ឬកម្មករបណ្ដោះអាសន្នមានន័យដូចម្តេច? វាមានន័យថា ដោយសារតម្រូវការពិសេសក្នុងអំឡុងពេលជាក់លាក់ ដំណាក់របស់ព្រះជាម្ចាស់នាំយកបុគ្គលមួយចំនួនដែលមិនពាក់ព័ន្ធនឹងការទទួលបានសេចក្ដីសង្គ្រោះ ដើម្បីបំពេញកិច្ចការមួយចំនួន។ បន្ទាប់ពីកិច្ចការទាំងនេះត្រូវបានបញ្ចប់ ធាតុពិតរបស់បុគ្គលទាំងនេះត្រូវបាន បង្ហាញចេញ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានរងទុក្ខគ្រប់គ្រាន់ហើយពីការប្រាស្រ័យទាក់ទងជាមួយពួកគេ ដោយធុញទ្រាន់នឹងពួកគេដល់កម្រិតមួយដែលទ្រាំលែងបាន ហើយក៏ទទួលបានការញែកដឹងគ្រប់គ្រាន់អំពីពួកគេផងដែរ។ នៅក្នុងកាលៈទេសៈបែបនេះ បុគ្គលទាំងនេះគួរតែត្រូវបានបោសសម្អាតចេញ។ នេះគឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់ការធ្វើបែបនេះ។ តើអម្បាញ់មិញនេះ បានពន្យល់ច្បាស់លាស់ហើយឬនៅថា បុគ្គលទាំងនេះមានប្រភពមកពីណា? (ច្បាស់ហើយ)។ ពួកគេគឺជាអ្នកស៊ីឈ្នួលដែលមិនពាក់ព័ន្ធនឹងការទទួលបានសេចក្ដីសង្គ្រោះ ដែលត្រូវបាននាំយកមកក្នុងអំឡុងពេលពិសេសនៃកិច្ចការរបស់ពួកជំនុំ។ បន្ទាប់ពីបានធ្វើការងារកំប៉ិកកំប៉ុក និងធ្វើការដោយកម្លាំងអស់មួយរយៈ បុគ្គលទាំងនេះប្រព្រឹត្តអំពើខុសឆ្គងដោយឥតបើគិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបង្កឱ្យមានការបង្អាក់ និងការរំខានជាច្រើន។ តួនាទីដែលពួកគេបំពេញ គឺជាតួអង្គអវិជ្ជមាន។ ពួកគេឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវមុខមាត់ពិតរបស់សាតាំង និងពួកអារក្ស រំខានដល់កិច្ចការរបស់ពួកជំនុំ និងបំផ្លាញសណ្តាប់ធ្នាប់នៃជីវិតពួកជំនុំ។ បើនិយាយឱ្យកាន់តែច្បាស់ អាចនិយាយបានថា បុគ្គលទាំងនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍របស់ ដំណាក់របស់ព្រះជាម្ចាស់ ដូចជាការធ្វើឱ្យខូចខាតបរិក្ខារ គ្រឿងម៉ាស៊ីន របស់របរមានតម្លៃជាច្រើនរបស់ដំណាក់របស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត។ អាចនិយាយបានថា ទង្វើ និងឥរិយាបថរបស់បុគ្គលទាំងនេះ បានបង្កឱ្យមានកំហឹងជាទូទៅ។ ជាការពិតណាស់ ពួកគេក៏បានធ្វើឱ្យមនុស្សកាន់តែច្រើនរៀនមេរៀន និងទទួលបានការញែកដឹង ដើម្បីរៀនថាអ្វីទៅជាអារក្ស និងអ្វីទៅដែលមានន័យថាខ្វះភាពជាមនុស្ស និងដើម្បីមើលឃើញយ៉ាងច្បាស់នូវមុខមាត់ពិតរបស់អ្នកមិនជឿ។ ពួកគេបានធ្វើឱ្យមនុស្សមើលឃើញតាមរបៀបដ៏ច្បាស់លាស់ និងជាក់ស្តែងជាងមុនថា តើគំនិត និងទស្សនៈរបស់អ្នកមិនជឿគឺជាអ្វី តើពួកគេដេញតាមអ្វី តើនៅក្នុងជម្រៅចិត្តរបស់ពួកគេប្រាថ្នាចង់បានអ្វី តើពួកគេអាកប្បកិរិយាបែបណាចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត និងមានអាកប្បកិរិយាបែបណាចចំពោះភារកិច្ចរបស់ពួកគេ និងចំពោះរឿងវិជ្ជមាន ហើយថែមទាំងអាកប្បកិរិយាដែលបុគ្គលទាំងនេះមានចំពោះបទប្បញ្ញត្តិមួយចំនួនដែលដំណាក់របស់ព្រះជាម្ចាស់បានបង្កើតឡើងជាដើម។ នៅពេលដែលវាជាក់លាក់ដល់កម្រិតនេះ របៀបដែលបុគ្គលទាំងនេះរស់នៅតាម បង្ហាញភាពជាមនុស្សរបស់ពួកគេ សារជាតិមនុស្សជាតិរបស់ពួកគេ និងអ្វីដែលពួកគេដេញតាម សុទ្ធតែត្រូវបានលាតត្រដាងយ៉ាងពេញលេញ។ ការរក្សាបុគ្គលទាំងនេះនៅក្នុងពួកជំនុំតទៅទៀត ហាក់ដូចជាមិនចាំបាច់ឡើយ វានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងមិនផ្ដល់ផលប្រយោជន៍ដល់ពួកគេទាល់តែសោះ។ នេះគឺជាពេលវេលាដែលពួកគេត្រូវចាកចេញ។ ដូច្នេះ ប្រសិនបើយើងនិយាយថា ដំណាក់របស់ព្រះជាម្ចាស់បានផ្តល់ពេលវេលា និងឱកាសគ្រប់គ្រាន់ដល់ពួកគេដើម្បីទទួលយកសេចក្ដីពិត និងថ្វាយបង្គំព្រះជាម្ចាស់ តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ)។ ចុះតើគួរនិយាយបែបណាវិញ? ដំណាក់របស់ព្រះជាម្ចាស់បានផ្តល់ឱកាសជាច្រើន និងពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីកែប្រែចិត្តគំនិត ប៉ុន្តែលទ្ធផលចុងក្រោយបង្ហាញចេញនូវការពិតមួយថា៖ អារក្សនៅតែជាអារក្សគ្រប់ពេលវេលា ហើយមិនអាចផ្លាស់ប្ដូរបានឡើយ។ នេះគឺជាការពិត។ តើអាចទៅរួចទេក្នុងការធ្វើឱ្យនាគដ៏ធំមានសម្បុរក្រហមទទួលស្គាល់ឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់? ដើម្បីធ្វើឱ្យមនុស្សដែលមានធម្មជាតិជាអារក្សទាំងនេះផ្លាស់ប្ដូរ និងអនុវត្តតាមច្បាប់ទម្លាប់ខ្លះ តើអាចសម្រេចបានដែរឬទេ? (មិនអាចទេ)។ ពួកគេមិនអាចសម្រេចបានឡើយ។ ការផ្តល់ឱកាសឱ្យពួកគេ មិនមែនដើម្បីឱ្យពួកគេទទួលយកសេចក្ដីពិត ទទួលស្គាល់កិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតនោះទេ ប៉ុន្តែដើម្បីផ្តល់ឱកាសឱ្យពួកគេកែប្រែចិត្តគំនិត។ ប្រសិនបើមានសញ្ញាសូម្បីបន្តិចថាពួកគេបានកែប្រែចិត្តគំនិត លទ្ធផលចុងក្រោយរបស់ពួកគេអាចនឹងផ្លាស់ប្ដូរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះមិនដឹងថាអ្វីល្អសម្រាប់ពួកគេឡើយ ធម្មជាតិជាអារក្សរបស់ពួកគេនឹងនៅតែបែបហ្នឹងជានិច្ច។ មិនថាផ្ដល់ពេលវេលា ឬផ្ដល់ឱកាសប៉ុន្មានដល់ពួកគេនោះទេ អ្វីដែលពួកគេរស់នៅតាម និងសារជាតិរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ នេះគឺជាការពិត។ ដូច្នេះហើយ វិធីចុងក្រោយដើម្បីដោះស្រាយជាមួយមនុស្សទាំងនេះ គឺត្រូវដកហូតភារកិច្ចរបស់ពួកគេ ធ្វើឱ្យពួកគេចាកចេញពីពួកជំនុំ និងធានាថាពួកគេលែងមានខ្សែចំណង ឬការជាប់ពាក់ព័ន្ធជាមួយដំណាក់របស់ព្រះជាម្ចាស់ទៀតឡើយ។ តើមានបុគ្គលដែលនឹងស្ទាក់ស្ទើរក្នុងការឃើញពួកគេចាកចេញ និងអាណិតពួកគេ ដោយនិយាយថា៖ «មនុស្សទាំងនេះនៅក្មេងនៅឡើយទេ ប្រសិនបើផ្តល់ពេលវេលាឱ្យ ពួកគេនឹងក្លាយជាមនុស្សល្អណាស់។ ពួកគេមានគុណសម្បត្តិល្អបែបនេះ ពួកគេមានអំណោយទាន និងទេពកោសល្យខ្លាំងបែបនេះ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិតបាន មិនដឹងល្អខ្លាំងយ៉ាងណាទេ! ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់អាចមានសេចក្ដីស្រឡាញ់ និងការអត់ឱនជាងនេះ ហើយផ្តល់ឱកាសឱ្យពួកគេប្រែចិត្តកាន់តែច្រើន នៅពេលពួកគេចាស់ទៅ ប្រហែលជាលទ្ធផលចុងក្រោយអាចនឹងខុសគ្នាក៏ថាបាន»? តើមនុស្សប្រភេទណាដែលគិតបែបនេះ? (មនុស្សល្ងីល្ងើ មនុស្សវង្វេង។) ត្រឹមត្រូវហើយ។ ពួកគេសុទ្ធតែជាមនុស្សល្ងីល្ងើ មនុស្សវង្វេង គឺជាមនុស្សចោលម្សៀត! ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះទេ ហើយដំណាក់របស់ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យពួកគេស្នាក់នៅឡើយ។ តើមានអ្វីត្រូវអាណិតពួកគេទៅ? ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងមិនសង្គ្រោះមនុស្សបែបនេះទេ ប៉ុន្តែអ្នកបែរជាស្នើឱ្យផ្តល់ឱកាសឱ្យពួកគេប្រែចិត្តទៅវិញ។ តើអ្នកអាចសង្គ្រោះមនុស្សបានដែរឬទេ? តើនេះមិនមែនជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេឬអី? តើអ្នកកំពុងព្យាយាមធ្វើឱ្យអ្នកដទៃគិតថា អ្នកមានសេចក្ដីស្រឡាញ់ជាងព្រះជាម្ចាស់មែនទេ? តើអ្នកមានតថភាពនៃសេចក្ដីពិតដែរទេ? តើអ្នកអាចមើលធ្លុះសារជាតិរបស់មនុស្សម្នាក់បានដែរឬទេ? តើនរណាដែលអាចសង្គ្រោះមនុស្សបាន ព្រះជាម្ចាស់ ឬរូបអ្នក? ហ៊ានប្រឆាំងទាស់នឹងព្រះជាម្ចាស់ បែបនេះគឺក្រអឺតក្រទមពេកហើយ រាប់ខ្លួនឯងជាសុចរិតពេកហើយ និងខ្វះវិចារណញ្ញាណពេកហើយ តើមិនអ៊ីចឹងទេឬអី? តើនេះមិនមែនជាការបះបោរដ៏ធំទេឬអី? តើនេះមិនមែនជាសាតាំង និងវិញ្ញាណអាក្រក់ចាប់ជាតិទេឬអី ដែលតែងតែរីករាយក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់? អ្នកមិនជឿដែលបានលើកឡើងអម្បាញ់មិញនេះ គឺអន់ជាងសត្វតិរច្ឆានទៅទៀត។ ទោះបីជាគេប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាទេ ក៏គ្មានប្រយោជន៍ឡើយ សូម្បីតែការលួសកាត់ពួកគេ ក៏ឥតប្រយោជន៍ដែរ។ អាចនិយាយបានថា ពួកគេមានធម្មជាតិរបស់សាតាំង ហើយនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ផ្តល់ឱកាសឱ្យបក្ខពួកសាតាំងប្រែចិត្ត ចូរឱ្យពួកគេផ្គត់ផ្គង់មនុស្សបែបនេះចុះ យើងនឹងចាំមើលថាតើពួកគេពិតជាមានសេចក្ដីស្រឡាញ់មែនឬអត់។ អ្នកមិនជឿទាំងនោះដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ គឺជាមនុស្សអាក្រក់បំផុតនៅក្នុងពួកជំនុំ ពួកគេសុទ្ធតែដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ និងមិនអាចទទួលបានការសង្រ្គោះឡើយ។ មិនថាកាលពីអតីតកាល ឬបច្ចុប្បន្ននេះទេ ការដែលពួកជំនុំប្រព្រឹត្តចំពោះពួកគេ គឺសមស្របបំផុតហើយ ពួកជំនុំបានបង្ហាញការអត់ធ្មត់ និងការអត់ឱនយ៉ាងខ្លាំងចំពោះពួកគេ ហើយបានផ្តល់ឱកាសគ្រប់គ្រាន់ដល់ពួកគេ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនបានផ្លាស់ប្ដូរសោះឡើយ ថែមទាំងកាន់តែខ្លាំងដៃជាងមុនទៀតផង។ នៅដើមដំបូង នៅពេលដែលមនុស្សទាំងនេះមកជឿលើព្រះជាម្ចាស់ជាមួយនឹងសញ្ញាណ ការស្រមើស្រមៃ និងបំណងប្រាថ្នាចង់បានព្រះពររបស់ពួកគេ ពួកគេអាចទប់ចិត្តបានខ្លះ ដោយបំពេញភារកិច្ចរបស់ខ្លួនដោយមានភាពក្លៀវក្លា និងចិត្តខ្នះខ្នែងខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត នៅពេលដែលពួកគេឃើញថា «ការជឿលើព្រះជាម្ចាស់មានន័យថា ជាការដេញតាមសេចក្ដីពិត ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងការចុះចូលនឹងព្រះជាម្ចាស់ ហើយមានតែប៉ុណ្ណឹងទេ» អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត ព្រមទាំងធាតុពិតរបស់ពួកគេ ត្រូវបានលាតត្រដាងទាំងស្រុង។ តើអ្វីទៅដែលត្រូវបានលាតត្រដាង? ពួកគេមិនត្រឹមតែខ្វះភាពជាមនុស្ស មនសិការ និងវិចារណញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងកាចសាហាវ ទុច្ចរិត និងព្រៃផ្សៃបំផុតទៀតផង។ ពួកគេមើលងាយព្រះជាម្ចាស់ និងសេចក្ដីពិត ហើយថែមទាំងប្រព្រឹត្តចំពោះសេចក្ដីតម្រូវ និងច្បាប់ទម្លាប់របស់ដំណាក់របស់ព្រះជាម្ចាស់ និងបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ដោយការប្រទូសរ៉ាយ និងការផ្គើន។ ការសម្ដែងចេញរបស់ពួកគេទាំងនេះ បានធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កាន់តែស្អប់ខ្ពើម និងជិនឆ្អន់ចំពោះពួកគេ ហើយក៏បានធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់ជម្រះពួកគេចេញកាន់តែលឿនផងដែរ ដែលនៅទីបំផុត កំណត់យ៉ាងឆាប់រហ័សថាតើពួកគេត្រូវស្នាក់នៅ ឬចាកចេញ ដោយសម្រេចលទ្ធផល និងវាសនារបស់ពួកគេ។ លទ្ធផល និងវាសនារបស់ពួកគេ គឺពួកគេជាអ្នករកបានដោយខ្លួនឯង វាមិនមែនកើតឡើងដោយសារតែការញុះញង់ ឬការអុជអាលរបស់នរណាម្នាក់ឡើយ ឬដោយសារតែនរណាម្នាក់បង្ខំ ឬល្បួងមនុស្សទាំងនេះឡើយ ហើយច្បាស់ណាស់ វាមិនមែនកើតឡើងដោយសារតែកាលៈទេសៈសត្យានុម័តនោះដែរ។ លទ្ធផល និងវាសនារបស់ពួកគេ គឺពួកគេបង្កឡើងដោយខ្លួនឯង វាកើតឡើងដោយសារតែជម្រើសរបស់ពួកគេផ្ទាល់ និងត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ និងផ្លូវដែលពួកគេបានដើរ។ លទ្ធផល និងវាសនារបស់មនុស្សទាំងនេះ ត្រូវបានកំណត់រួចហើយ នៅពេលដែលពួកគេត្រូវបានបោសសម្អាតចេញពីជួរនៃអ្នកដែលកំពុងបំពេញភារកិច្ច នោះពួកគេលែងជាអ្នកធ្វើការដោយកម្លាំងទៀតហើយ។ អ្នកអាចស្រមៃបានយ៉ាងច្បាស់ថា តើពួកគេនឹងមានវាសនាបែបណា វាមិនសមនឹងលើកយកមកនិយាយនៅទីនេះទេ ដ្បិតពួកគេមិនស័ក្តិសមឡើយ។
នៅពេលនិយាយដល់ប្រភេទមនុស្សដែលត្រូវបានបើកសម្ដែង និងជម្រុះចោល ការសម្ដែងចេញនូវអំពើអាក្រក់ផ្សេងៗរបស់ពួកគេ ព្រមទាំងពាក្យសម្ដី និងការនិយាយស្ដីដ៏ព្យាបាទដែលពួកគេបញ្ចេញឱ្យឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ គឺមើលឃើញយ៉ាងច្បាស់។ ប៉ុន្តែ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ គ្មានសមត្ថភាពក្នុងការញែកដឹងពីអត្តសញ្ញាណពិតរបស់មនុស្សអាក្រក់ទាំងនេះ ឬមើលធ្លុះដល់សារជាតិធម្មជាតិរបស់ពួកគេឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះ ហាក់ដូចជាមិនដឹងថា អ្នកទាំងនោះគឺជាមនុស្សអាក្រក់ និងជាអ្នកមិនជឿឡើយ ហេតុនេះ ពួកគេគ្មានផែនការក្នុងការជម្រះអ្នកទាំងនោះចេញពីពួកជំនុំ ឬដោះស្រាយជាមួយពួកគេឱ្យបានសមរម្យនោះទេ។ នេះគឺជាការធ្វេសប្រហែសដ៏ធ្ងន់ធ្ងរចំពោះការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមពួកគេជាអ្នកដឹកនាំ និងអ្នកធ្វើការ។ ពួកគេបើកភ្នែកមើលយ៉ាងម៉ក់ៗ ខណៈដែលមនុស្សដែលមានធម្មជាតិជាអារក្សទាំងនេះ មិនគោរពតាមច្បាប់ទម្លាប់ណាមួយនៃដំណាក់របស់ព្រះជាម្ចាស់ ដោយពួកគេធ្វើអ្វីតាមតែអំពើចិត្ត ព្រមទាំងរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំយ៉ាងគឃ្លើន។ ពួកគេថែមទាំងបណ្ដោយឱ្យមនុស្សទាំងនេះធ្វើសកម្មភាពយ៉ាងគឃ្លើន និងឥតញញើត ប្រព្រឹត្តអំពើឥតច្បាប់ទម្លាប់ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ក្រោមលេសនៃការបំពេញភារកិច្ចរបស់ពួកគេទៀតផង។ ការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មានច្រើនរឿងណាស់៖ ការធ្វើឱ្យខូចគ្រឿងម៉ាស៊ីន និងបរិក្ខារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ការធ្វើឱ្យខូចឧបករណ៍ និងសម្ភារការិយាល័យផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ថែមទាំងខ្ជះខ្ជាយតង្វាយរបស់ព្រះជាម្ចាស់តាមតែអំពើចិត្តរបស់ពួកគេ និងរឿងជាច្រើនទៀត។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺថា ពួកគេផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងផ្សេងៗយ៉ាងគឃ្លើន ដោយបង្កជាការរំខានយ៉ាងខ្លាំង រហូតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចបំពេញភារកិច្ចរបស់ពួកគេដោយសុខសាន្ដបាន ដែលជាការរំខានដែលធ្វើឱ្យមនុស្សដែលទន់ខ្សោយ និងអវិជ្ជមាន បោះបង់ភារកិច្ចរបស់ពួកគេ ហើយបាត់បង់សេចក្ដីជំនឿក្នុងការដើរតាមព្រះជាម្ចាស់។ មនុស្សអាក្រក់ទាំងនេះធ្វើរឿងអាក្រក់ទាំងអស់នេះ ពួកគេប្រព្រឹត្តអំពើអាក្រក់ទាំងអស់នេះ ដែលរំខាន និងបង្អាក់កិច្ចការរបស់ពួកជំនុំ ព្រមទាំងនាំគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ក៏ប៉ុន្តែ អ្នកដឹកនាំ និងអ្នកធ្វើការបែរជាធ្វើមិនដឹងមិនឮទៅវិញ។ អ្នកខ្លះថែមទាំងនិយាយថា៖ «ខ្ញុំមិនបានដឹងទេ មិនដែលមាននរណាម្នាក់ប្រាប់ខ្ញុំឡើយ!» ក្រុមសត្វតិរច្ឆាន និងអារក្សទាំងនោះ បានបង្ក វិនាសកម្ម ដោយបង្កភាពវឹកវរនៅក្នុងពួកជំនុំ ក៏ប៉ុន្តែ អ្នកដឹកនាំ និងអ្នកធ្វើការ បែរជាមិនបានដឹង និងមិនបានចាប់អារម្មណ៍ពីរឿងនេះទាល់តែសោះ! តើពួកគេមិនមែនជាមនុស្សចោលម្សៀតទេឬអី? តើចិត្តរបស់ពួកគេនៅឯណា? តើពួកគេកំពុងធ្វើអ្វី? តើពួកគេមិនមែនគ្រាន់តែនិយាយរឿងឥតប្រយោជន៍ទេឬអី? តើពួកគេមិនមែនកំពុងព្រងើយកន្តើយនឹងការងារត្រឹមត្រូវរបស់ពួកគេទេឬអី? រាល់ថ្ងៃដែលអ្នកដឹកនាំក្លែងក្លាយបែបនេះនៅកាន់តំណែង គឺជាមួយថ្ងៃទៀតសម្រាប់មនុស្សអាក្រក់គ្រប់ប្រភេទរំខានពួកជំនុំយ៉ាងគឃ្លើន និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ គឺដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនបំពេញការទទួលខុសត្រូវរបស់ខ្លួនហ្នឹងហើយ ទើបបានជាក្រុមសត្វតិរច្ឆានទាំងនោះដើរហើរអត់ប្រយោជន៍ពេញមួយថ្ងៃ ដោយមិនបំពេញភារកិច្ចណាមួយ ឬធ្វើតាមច្បាប់ទម្លាប់ណាមួយឡើយ ដោយតោងស៊ីដំណាក់របស់ព្រះជាម្ចាស់ និងសោយសុខនឹងផលប្រយោជន៍សម្ភារ ព្រមទាំងសុខុមាលភាពផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់យ៉ាងសេរី ពួកគេថែមទាំងរំខានដល់កិច្ចការរបស់ពួកជំនុំដោយចេតនា ដោយធ្វើឱ្យខូចគ្រឿងម៉ាស៊ីន និងបរិក្ខារនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ នេះជារបៀបដែលពួកគេប្រព្រឹត្ត ក៏ប៉ុន្តែ ពួកគេនៅតែរំពឹងថានឹងបានរស់នៅយ៉ាងស្រណុកសុខស្រួល និងធ្វើអ្វីតាមតែចិត្តពួកគេចង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់មករំខាន ឬរករឿងពួកគេឡើយ។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ក៏ប៉ុន្តែ អ្នកដឹកនាំ និងអ្នកធ្វើការបែរជាទុកវាចោល ដោយមិនដោះស្រាយវា ទោះបីជាអ្នកដទៃបានរាយការណ៍អំពីវាក៏ដោយ តើពួកគេមិនមែនជាមនុស្សឥតបានការដែលមិនធ្វើការងារពិតប្រាកដទេឬអី? តើនេះមិនមែនជាការធ្វេសប្រហែសដ៏ធ្ងន់ធ្ងរចំពោះការទទួលខុសត្រូវទេឬអី? (មែនហើយ)។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនបានដោះស្រាយបញ្ហានេះទេ ពីព្រោះខ្ញុំរវល់នឹងការងារផ្សេង។ ខ្ញុំគ្រាន់តែរកពេលធ្វើវាមិនបានប៉ុណ្ណោះ!» តើពាក្យសម្ដីទាំងនេះសមហេតុផលដែរទេ? តើអ្នករវល់នឹងរឿងអ្វីឱ្យប្រាកដទៅ ប្រសិនបើអ្នកមិនដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះនោះ? តើរឿងដែលអ្នកកំពុងរវល់នោះមានតម្លៃដែរទេ? តើអ្នកអាចចាត់អាទិភាពនៃកិច្ចការរបស់អ្នកបានដែរទេ? ទោះជារវល់នឹងកិច្ចការយ៉ាងណាក៏ដោយ តើការដោះស្រាយបញ្ហា មិនគួរចាត់ជាអាទិភាពទេឬអី? ការយល់ដឹង និងការដោះស្រាយយ៉ាងទាន់ពេលវេលាជាមួយមនុស្សប្រភេទផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើអ្នកទុកបញ្ហាពិតប្រាកដមួយឡែក ហើយរវល់តែនឹងរឿងផ្សេង តើអ្នកកំពុងធ្វើកិច្ចការពិតប្រាកដដែរទេ? ប្រសិនបើអ្នករកឃើញបញ្ហាមួយ ឬមាននរណាម្នាក់រាយការណ៍បញ្ហាប្រាប់អ្នក អ្នកគួរតែទុកកិច្ចការនៅនឹងដៃមួយឡែកសិន ហើយចុះទៅដល់ទីតាំងផ្ទាល់ភ្លាមៗ ដើម្បីមើលថាតើប្រភពនៃបញ្ហាគឺជាអ្វី។ ប្រសិនបើមានមនុស្សអាក្រក់ណាម្នាក់ដែលកំពុងរំខាន និងបង្អាក់កិច្ចការរបស់ពួកជំនុំ អ្នកគួរតែជម្រះមនុស្សអាក្រក់នោះចេញជាមុនសិន។ បន្ទាប់ពីនោះ ការដោះស្រាយបញ្ហាផ្សេងៗទៀតនឹងមានភាពងាយស្រួលហើយ។ ប្រសិនបើអ្នករកឃើញបញ្ហា ហើយមិនដោះស្រាយវា ដោយអះអាងថាអ្នករវល់ពេក នោះតើអ្នកមិនមែនគ្រាន់តែរត់ខ្វែងដៃខ្វែងជើងដោយគ្មានប្រយោជន៍ទេឬអី? ចុះតើអ្នកកំពុងរវល់ខ្លាំងនឹងរឿងអ្វីទៅ? តើវាជាកិច្ចការពិតប្រាកដឬ? តើអ្នកអាចពន្យល់វាឱ្យបានច្បាស់ដែរទេ? តើហេតុផល និងលេសរបស់អ្នកសមហេតុផលដែរទេ? ហេតុអ្វីបានជាអ្នកចាត់ទុកការដោះស្រាយបញ្ហាជារឿងមិនសំខាន់? ហេតុអ្វីបានជាអ្នកមិនដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា? ហេតុអ្វីបានជាអ្នករកលេស និងគេចវេះពីរឿងផ្សេងៗ ដោយនិយាយថាអ្នករវល់ពេក មិនអាចចាត់ចែងរឿងទាំងនោះបានឬ? តើនេះមិនមែនជាការគ្មានការទទួលខុសត្រូវទេឬអី? ក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងពួកជំនុំ ការមិនដាក់អាទិភាពលើការដោះស្រាយបញ្ហា ការរវល់តែនឹងរឿងកំប៉ិកកំប៉ុកផ្សេងៗ ការមិនស្គាល់ពីអត្ថិភាពនៃបញ្ហាសំខាន់ៗ ការមិនអាចបែងចែកភាពសំខាន់ និងភាពបន្ទាន់នៅក្នុងកិច្ចការ និងមិនអាចក្ដាប់ចំណុចសំខាន់ៗឱ្យបាន ទាំងនេះគឺជាការសម្ដែងចេញនូវគុណសម្បត្តិដ៏ខ្សោយបំផុត ហើយបុគ្គលបែបនេះ គឺជាមនុស្សវង្វេងវង្វាន់។ មិនថាអ្នកបានធ្វើជាអ្នកដឹកនាំប៉ុន្មានឆ្នាំក៏ដោយ ក៏អ្នកនៅតែមិនអាចបំពេញកិច្ចការរបស់ពួកជំនុំឱ្យបានល្អដែរ។ អ្នកគួរតែទទួលស្គាល់ការទទួលខុសត្រូវ ហើយលាលែងពីតំណែង។ ប្រសិនបើអ្នកដឹកនាំម្នាក់មានគុណសម្បត្តិខ្សោយហួសហេតុពេក នោះទោះបីមានការបណ្ដុះបណ្ដាលយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ពួកគេច្បាស់ជាគ្មានសមត្ថភាពក្នុងការសម្រេចកិច្ចការណាមួយឡើយ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ដែលត្រូវតែដកហូតតំណែង និងកែសម្រួលការចាត់តាំងភារកិច្ចរបស់ពួកគេ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ តើមានផលវិបាកអ្វីខ្លះ? បើនិយាយឱ្យចំទៅ អ្វីគ្រប់យ៉ាងដែលអ្នកដឹកនាំក្លែងក្លាយធ្វើ គឺនាំមកនូវការខាតបង់ច្រើនផ្នែកដល់ពួកជំនុំ។ ម្យ៉ាងគឺ កិច្ចការដ៏សំខាន់របស់ពួកជំនុំមិនត្រូវបានធ្វើបានល្អឡើយ ដែលរារាំងដោយផ្ទាល់ដល់ប្រសិទ្ធភាពនៃកិច្ចការផ្សេងៗរបស់ពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ វាក៏បង្កគ្រោះថ្នាក់ និងមានឥទ្ធិពលដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ វាធ្វើឱ្យប៉ះពាល់ដល់ការផ្សាយដំណឹងល្អអំពីនគរព្រះ។ ផលវិបាកទាំងនេះសុទ្ធតែទាក់ទងដោយផ្ទាល់ទៅនឹងការដែលអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការពិតប្រាកដ។ បើនិយាយឱ្យកាន់តែច្បាស់ទៅ រឿងទាំងអស់នេះគឺបណ្ដាលមកពីអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការពិតប្រាកដ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀតអាចចូលរួមធ្វើកិច្ចការពិតប្រាកដខ្លះៗយ៉ាងសកម្ម ដោយពន្លឿនកិច្ចការ និងកាត់បន្ថយពេលវេលាក្នុងការដោះស្រាយបញ្ហា តើការខាតបង់ផ្សេងៗដែលអ្នកដឹកនាំក្លែងក្លាយបានបង្កដល់ដំណាក់របស់ព្រះជាម្ចាស់ មិនត្រូវបានកាត់បន្ថយខ្លះទេឬអី? យ៉ាងហោចណាស់ ការខាតបង់ទាំងនោះអាចត្រូវបានកាត់បន្ថយ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់មិនតម្រូវឱ្យអ្នកដោះស្រាយបញ្ហាភ្លាមៗនៅពេលដែលវាកើតឡើងក៏ដោយ យ៉ាងហោចណាស់ នៅពេលដែលបញ្ហាត្រូវបានរាយការណ៍ អ្នកគួរតែចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះភ្លាមៗ៖ សាកសួរពីស្ថានភាពពីបងប្អូនប្រុសស្រី ព្រមទាំងពិភាក្សា និងប្រកបគ្នាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀតអំពីរបៀបដោះស្រាយបញ្ហាទាំងនោះ។ ប្រសិនបើបញ្ហានោះធ្ងន់ធ្ងរ ហើយអ្នកមិនដឹងពីរបៀបដោះស្រាយវាទេ អ្នកគួរតែរាយការណ៍វាទៅថ្នាក់លើជាបន្ទាន់ និងស្វែងរកដំណោះស្រាយ។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់គួរតែសម្រេចឱ្យបាន។ ប៉ុន្តែ បញ្ហាបច្ចុប្បន្នគឺថា អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះ ទោះបីពួកគេមិនអាចដោះស្រាយបញ្ហាបានក៏ដោយ ក៏ពួកគេមិនរាយការណ៍ទៅថ្នាក់លើដែរ។ ពួកគេខ្លាចរាយការណ៍ទៅថ្នាក់លើខ្លាំងណាស់ ដោយខ្លាចលាតត្រដាងពីភាពអសមត្ថភាពរបស់ខ្លួន គុណសម្បត្តិដ៏ខ្សោយហួសហេតុ និងអសមត្ថភាពក្នុងការធ្វើកិច្ចការពិតប្រាកដបាន ពួកគេបារម្ភថាខ្លួននឹងត្រូវគេដកហូតតំណែង។ ក៏ប៉ុន្តែ ពួកគេមិនផ្ដួចផ្ដើមគំនិតធ្វើកិច្ចការឡើយ ពួកគេល្ងង់ខ្លៅ និងស្ពឹកស្រពន់ ហើយយឺតយ៉ាវក្នុងការធ្វើសកម្មភាព។ ដោយគ្មានផ្លូវក្នុងការដោះស្រាយបញ្ហា ពួកគេគ្រាន់តែធ្វើការឱ្យតែរួចពីដៃ ដែលនាំឱ្យមានការកកកុញនូវបញ្ហាដែលមិនទាន់បានដោះស្រាយច្រើនពេក ហេតុនេះ វាផ្ដល់ឱកាសដល់មនុស្សអាក្រក់។ នៅពេលនេះ ដោយឃើញថាអ្នកដឹកនាំក្លែងក្លាយគឺជាមនុស្សឥតបានការ មនុស្សអាក្រក់ និងអ្នកដែលមានមហិច្ឆិតាទាំងនោះ ក៏ឆ្លៀតឱកាសប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើន ធ្វើឱ្យពួកជំនុំធ្លាក់ចូលទៅក្នុងភាពវឹកវរ និងគ្មានសណ្ដាប់ធ្នាប់ ដោយធ្វើឱ្យកិច្ចការគ្រប់ផ្នែកត្រូវជាប់គាំង។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយគួរតែទទួលខុសត្រូវចម្បងក៏ដោយ ក៏អ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀតមិនបានបំពេញការទទួលខុសត្រូវរបស់ពួកគេដែរ។ តើនេះមិនមែនជាការធ្វេសប្រហែសដ៏ធ្ងន់ធ្ងរចំពោះការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេឬអី? តាមពិតទៅ បញ្ហាភាគច្រើនដែលកើតឡើងនៅក្នុងពួកជំនុំ គឺទាក់ទងដោយផ្ទាល់ទៅនឹងការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ និងអ្នកមិនជឿ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចកំណត់បានឫសគល់នៃបញ្ហាឱ្យបានទាន់ពេលវេលាទេ មិនអាចរកឃើញមេខ្លោងដែលបង្កបញ្ហាទេ ហើយតែងតែស្វែងរកហេតុផលនៅកន្លែងផ្សេង នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបានឡើយ ហើយបញ្ហានានានឹងបន្តកើតមាននាពេលអនាគត។ ប្រសិនបើអ្នកបង្កបញ្ហា ឬអ្នកដែលបង្កើតបញ្ហាពីក្រោយខ្នងត្រូវបានចាប់ខ្លួន និងតម្រូវឱ្យទទួលខុសត្រូវដោយផ្ទាល់ នោះរបៀបដោះស្រាយបញ្ហាបែបនេះគឺមានប្រសិទ្ធភាពបំផុត។ យ៉ាងហោចណាស់ វាធានាថាអ្នកមិនជឿ និងមនុស្សអាក្រក់ទាំងនោះ មិនហ៊ានបន្តធ្វើអ្វីតាមតែអំពើចិត្ត ព្រមទាំងបង្អាក់ និងរំខានទៀតឡើយ។ តើនេះមិនមែនជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែសម្រេចឱ្យបានទេឬអី? (មែនហើយ)។ គេអាចនិយាយយ៉ាងច្បាស់ថា មូលហេតុចម្បងដែលបញ្ហារបស់ពួកជំនុំកាន់តែមានចំនួនកើនឡើង ហើយមិនត្រូវបានដោះស្រាយឱ្យបានទាន់ពេលវេលា គឺដោយសារតែការគ្មានការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬដោយសារតែអ្នកដឹកនាំក្លែងក្លាយខ្វះតថភាពនៃសេចក្ដីពិត និងមិនអាចធ្វើកិច្ចការពិតប្រាកដបាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពួកជំនុំបានទេ នោះពួកគេច្បាស់ជាមិនអាចបំពេញកិច្ចការដែលជាកាតព្វកិច្ចតាមឋានៈរបស់ខ្លួនបានឡើយ។ មានស្ថានភាព និងហេតុផលមួយចំនួនដែលត្រូវតែយល់ឱ្យបានច្បាស់នៅទីនេះ៖ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការគឺជាអ្នកថ្មីថ្មោងដែលគ្មានបទពិសោធ ពួកគេគួរតែត្រូវបានជួយដោយអត់ធ្មត់ ដឹកនាំឱ្យដោះស្រាយបញ្ហា ហើយនៅក្នុងដំណើរការនៃការដោះស្រាយបញ្ហា ត្រូវរៀនសូត្រពីរឿងខ្លះៗ និងក្ដាប់គោលការណ៍សេចក្ដីពិតឱ្យបាន។ តាមរបៀបនេះ ពួកគេនឹងរៀនដោះស្រាយបញ្ហាបន្តិចម្ដងៗ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនមែនជាមនុស្សដែលត្រឹមត្រូវទេ ដោយបដិសេធទាំងស្រុងមិនព្រមទទួលយកសេចក្ដីពិត ហើយបែរជាប្រើទស្សនៈ និងវិធីសាស្ត្ររបស់អ្នកគ្មានជំនឿដើម្បីដោះស្រាយបញ្ហាទៅវិញ នោះការនេះគឺមិនស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ មនុស្សបែបនេះមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការឡើយ ហើយគួរតែត្រូវបានដកហូតតំណែង និងជម្រុះចោលឱ្យបានទាន់ពេលវេលា បន្ទាប់មក គួរតែរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែលស័ក្តិសម។ មានតែវិធីសាស្រ្តនេះប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបានយ៉ាងហ្មត់ចត់។ ការធ្វើជាអ្នកដឹកនាំពួកជំនុំ មិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយវាជៀសមិនរួចឡើយដែលបញ្ហាខ្លះមិនអាចដោះស្រាយបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់មានវិចារណញ្ញាណ នៅពេលប្រឈមមុខនឹងបញ្ហាដែលខ្លួនមិនអាចដោះស្រាយបាន គេមិនគួរបិទបាំង ឬលាក់ទុកបញ្ហា ហើយមិនអើពើនឹងបញ្ហាទាំងនោះឡើយ។ ផ្ទុយទៅវិញ គេគួរតែពិគ្រោះជាមួយមនុស្សមួយចំនួនដែលយល់ពីសេចក្ដីពិត ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ដែលអាចដោះស្រាយបញ្ហាបានចិតសិបទៅប៉ែតសិបភាគរយ ហើយយ៉ាងហោចណាស់ក៏អាចបង្ការបញ្ហាធំៗមិនឱ្យកើតឡើងជាបណ្ដោះអាសន្នដែរ។ នេះគឺជាផ្លូវដែលអាចអនុវត្តបាន។ ប្រសិនបើបញ្ហាទាំងនោះពិតជាមិនអាចដោះស្រាយបានមែន នោះគេគួរតែស្វែងរកដំណោះស្រាយពីខាងលើ ដែលនេះគឺជាជម្រើសដ៏ឈ្លាសវៃ។ ប្រសិនបើ ដោយសារតែអ្នកខ្លាចបាត់បង់មុខមាត់ ឬខ្លាចថាខាងលើនឹងលួសកាត់អ្នកចំពោះភាពអសមត្ថភាពរបស់អ្នក ហើយអ្នកលាក់បាំង និងមិនរាយការណ៍ពីបញ្ហាទាំងនោះ នេះគឺជាការអសកម្មទាំងស្រុងហើយ។ ប្រសិនបើអ្នកធ្វើខ្លួនដូចជាមនុស្សល្ងីល្ងើដែលស្ពឹកស្រពន់ និងល្ងង់ខ្លៅ ដោយមិនដឹងថាត្រូវធ្វើអ្វី នោះនឹងពន្យាពេលកិច្ចការទាំងនេះ។ ស្ថានភាពបែបនេះងាយនឹងផ្ដល់ឱកាសដល់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ដោយអនុញ្ញាតឱ្យពួកគេឆ្លៀតឱកាសពីភាពវឹកវរដើម្បីធ្វើសកម្មភាព។ ហេតុអ្វីបានជានិយាយថា ពួកគេឆ្លៀតឱកាសពីភាពវឹកវរដើម្បីធ្វើសកម្មភាព? ពីព្រោះពួកគេកំពុងរង់ចាំឱកាសនេះឯង។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចចាត់ចែងបញ្ហាណាមួយបាន ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កំពុងមានអារម្មណ៍ថប់បារម្ភ និងមិនស្ងប់ចិត្ត ព្រមទាំងបានបាត់បង់ទំនុកចិត្តលើពួកគេទៅហើយនោះ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ កំពុងសម្លឹងរកមើលការកេងចំណេញពីចន្លោះប្រហោងនេះ។ ពួកគេគិតថា ពួកជំនុំកំពុងស្ថិតក្នុងស្ថានភាពដែលគ្មានការដឹកនាំ ឬការគ្រប់គ្រង។ ពួកគេចង់យកឱកាសនេះដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កោតសរសើរពួកគេ គាំទ្រពួកគេ និងជឿថា បើប្រៀបធៀបទៅនឹងអ្នកដឹកនាំ និងអ្នកធ្វើការ ពួកគេមានគុណសម្បត្តិល្អជាង ពួកគេមានសមត្ថភាពដោះស្រាយបញ្ហា និងដឹកនាំរកផ្លូវចេញបានល្អជាង ហើយអាចស្រោចស្រង់ស្ថានការណ៍ក្នុងចំណោមភាពវឹកវរបានល្អជាង។ តើនេះមិនមែនជាអ្វីដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទចង់ធ្វើបំផុតទេឬ? នៅពេលនេះ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការគ្មានអំណាច ហើយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទងើបឡើង ហើយដោះស្រាយបញ្ហា ថែមទាំងដឹកនាំរកផ្លូវចេញទៀតនោះ តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងជឿនរណា? ជាការពិតណាស់ ពួកគេនឹងជឿលើមនុស្សអាក្រក់ និងកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា អ្នកដឹកនាំ និងអ្នកធ្វើការគឺជាមនុស្សឥតបានការ ហើយមិនសម្រេចបានអ្វីសោះ ដោយបរាជ័យនៅក្នុងគ្រាសំខាន់ៗ។ តើមនុស្សបែបនេះនៅតែស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការទៀតទេ? ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទខ្វះតថភាពនៃសេចក្ដីពិត និងមិនអាចធ្វើកិច្ចការពិតប្រាកដបានក៏ដោយ ក៏ពួកគេទាំងអស់សុទ្ធតែមានអំណោយទានខ្លះៗក្នុងកម្រិតផ្សេងៗគ្នាដែរ ហើយមានភាពឈ្លាសវៃជាងចំពោះរឿងខាងក្រៅ ដែលនេះជាចំណុចអំណោយផលរបស់ពួកគេដោយពិតប្រាកដ ហើយក៏ជារបៀបដែលពួកគេអាចបំភាន់មនុស្សបានផងដែរ។ ប៉ុន្តែ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការ តើពួកគេពិតជាអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដែរទេ? តើពួកគេពិតជាអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរទេ? ច្បាស់ជាមិនអាចឡើយ។ ទោះបីជាពួកគេមានអំណោយទានខ្លះៗ និងមានវោហារស័ព្ទក៏ដោយ ក៏ពួកគេខ្វះតថភាពនៃសេចក្ដីពិតទាំងស្រុងដែរ។ តើពួកគេស័ក្តិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំដែរទេ? មិនស័ក្តិសមសោះឡើយ! នេះគឺជារឿងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមើលឱ្យធ្លុះ ពួកគេមិនត្រូវចាញ់បោក ឬត្រូវបំភាន់ដោយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទជាដាច់ខាត។ អ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ មិនដេញតាមសេចក្ដីពិតទាល់តែសោះ ហើយក៏មិនមានតថភាពនៃសេចក្ដីពិតសូម្បីតែបន្តិចផងដែរ។ ដូច្នេះ ចូរប្រាប់ខ្ញុំមក តើពួកគេអាចនិយាយអ្វីមួយប្រកបដោយមនសិការ និងវិចារណញ្ញាណ ដូចជាថា៖ «ទោះបីជាពួកជំនុំគ្មានអ្នកទទួលខុសត្រូវនៅពេលនេះក៏ដោយ ក៏យើងត្រូវតែធ្វើសកម្មភាពដោយគំនិតផ្ដួចផ្ដើមរបស់យើងផ្ទាល់ដែរ។ បទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ មិនអាចបំពានបានឡើយ គោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវ ក៏មិនអាចផ្លាស់ប្ដូរបានដែរ។ យើងគួរតែធ្វើអ្វីដែលយើងគួរធ្វើ មនុស្សគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់នូវភារកិច្ចដែលពួកគេគួរធ្វើ បំពេញការទទួលខុសត្រូវរបស់ខ្លួន និងមិនត្រូវបង្អាក់សណ្ដាប់ធ្នាប់ឡើយ» បានទេ? តើពួកគេអាចនិយាយរឿងបែបនេះបានដែរទេ? (អត់ទេ)។ ច្បាស់ជាមិនអាចឡើយ! តើអ្នកមិនជឿ និងមនុស្សអាក្រក់ទាំងនេះ នឹងធ្វើសកម្មភាពអ្វីខ្លះ? បើគ្មានការមើលការខុសត្រូវ និងការត្រួតពិនិត្យ ពួកគេសូម្បីតែភារកិច្ចរបស់ខ្លួនក៏មិនបំពេញផង ដោយសង្ងំសុខនឹងការហូបចុក ផឹកស៊ី លេងសើច និងសប្បាយ និយាយរឿងឥតប្រយោជន៍ និយាយលេងសើច និងថែមទាំងញ៉ែញ៉ងគ្នាទៀតផង។ អ្នកខ្លះចំណាយពេលពេញមួយយប់មើលវីដេអូនៃពិភពដែលមិនជឿ បន្ទាប់មកក៏យកលេសថាបាននៅយប់ជ្រៅបំពេញភារកិច្ច ដើម្បីគេចវេះ និងដេកច្រើនហួសហេតុ។ ទាំងនេះគឺជាសកម្មភាពរបស់មនុស្សអាក្រក់ ជាអ្នកដែលជារបស់ពួកអារក្ស។ នៅពេលដែលពួកគេប្រព្រឹត្តអំពើអាក្រក់ទាំងនេះ តើពួកគេមានអារម្មណ៍ខុសឆ្គងដែរទេ? តើពួកគេនឹងមានមនសិការភ្លាមៗ ហើយផ្ដួចផ្ដើមគំនិតបំពេញការទទួលខុសត្រូវខ្លះៗជាមនុស្ស ព្រមទាំងធ្វើអ្វីមួយដែលមានប្រយោជន៍សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំ និងបងប្អូនប្រុសស្រីឬ? ច្បាស់ជាមិនអាចទេ។ នៅពេលមានអ្នកមើល ពួកគេធ្វើកិច្ចការខ្លះៗដោយបង្ខំចិត្ត ដើម្បីឱ្យគេមើលទៅខ្លួនថាល្អ គ្រាន់តែបានរស់ដោយមានអ្វីហូបប៉ុណ្ណោះ។ នេះគឺជារឿងតែមួយគត់ដែលពួកគេអាចធ្វើបាន ក្រៅពីនេះ មនុស្សទាំងនេះគ្មានចំណុចល្អសូម្បីតែមួយ។ ដូច្នេះ តើមានប្រយោជន៍អ្វីដែលមនុស្សទាំងនេះស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះ? គឺគ្មានប្រយោជន៍ទាល់តែសោះ។ មនុស្សបែបនេះគឺជារបស់លើស ហើយត្រូវតែជម្រះចេញ។
តើអ្នកវាស់ស្ទង់ថាតើនរណាម្នាក់ស្រឡាញ់សេចក្ដីពិតដោយរបៀបណា? ចូរឱ្យខ្ញុំលើកឧទាហរណ៍មួយប្រាប់អ្នករាល់គ្នាដើម្បីឱ្យបានយល់។ មនុស្សមួយចំនួនប្រកបវិជ្ជាជីវៈមួយ ហើយកាលណាពួកគេរៀនកាន់តែច្រើន នោះពួកគេកាន់តែសិក្សាបានខ្ពស់ និងយល់ដឹងកាន់តែច្បាស់ នោះពួកគេកាន់តែស្ម័គ្រចិត្តប្រកបវិជ្ជាជីវៈនោះ ហើយកាន់តែមិនចង់បោះបង់វិជ្ជាជីវៈនោះឡើយ។ តើនេះជាការសម្ដែងចេញបែបណា? តើនេះមានន័យថា ពួកគេពិតជាចូលចិត្តវិជ្ជាជីវៈនេះមែនទេ? (មែនហើយ)។ ទោះបីជាពួកគេរងទុក្ខលំបាកយ៉ាងណាក៏ដោយ ទោះបីជាត្រូវលះបង់យ៉ាងណាក៏ដោយ ទោះបីជាពួកគេខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្តប្រកបវិជ្ជាជីវៈនេះដោយគ្មានការស្ដាយក្រោយ និងដោយមិនរួញរាឡើយ។ នេះគឺជាការចូលចិត្តពិតប្រាកដ ជាការចូលចិត្តយ៉ាងជ្រាលជ្រៅចេញពីបេះដូង។ ឧបមាថា មាននរណាម្នាក់ដែលអះអាងថាខ្លួនចូលចិត្តកិច្ចការណាមួយ ប៉ុន្តែពេលរៀនជំនាញវិជ្ជាជីវៈ គាត់មិនសុខចិត្តទ្រាំទុក្ខលំបាក ឬលះបង់នោះទេ ហើយនៅពេលដែលមានបញ្ហាជាច្រើនកើតឡើងនៅកន្លែងធ្វើការ ក៏ពួកគេមិនស្វែងរកដំណោះស្រាយដែរ ដោយខ្លាចមានរឿងសាំញ៉ាំ ហើយថែមទាំងតែងតែមានអារម្មណ៍ថា ការប្រកបវិជ្ជាជីវៈនេះគឺជារឿងរំខាន ឬជាបន្ទុកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវិជ្ជាជីវៈ មិនមែនជារឿងងាយស្រួលនោះទេ ហើយដោយគិតពីផលប្រយោជន៍ខាងសម្ភារដែលវិជ្ជាជីវៈនេះអាចផ្ដល់ឱ្យ បុគ្គលនេះក៏ប្រកបវិជ្ជាជីវៈនេះទាំងបង្ខំចិត្ត ប៉ុន្តែគេនឹងមិនអាចក្លាយជាមនុស្សឆ្នើមនៅក្នុងវិជ្ជាជីវៈនេះឡើយ។ ដូច្នេះ តើពួកគេពិតជាចូលចិត្តវិជ្ជាជីវៈនេះមែនទេ? (អត់ទេ)។ ជាក់ស្ដែង ពួកគេមិនចូលចិត្តឡើយ។ មានមនុស្សមួយប្រភេទទៀត ជាមនុស្សដែលនិយាយតែតាមមាត់ថាចូលចិត្តវិជ្ជាជីវៈណាមួយ ហើយក៏ប្រកបវិជ្ជាជីវៈនោះ ប៉ុន្តែមិនដែលរងទុក្ខលំបាក ឬលះបង់ដើម្បីរៀនសូត្រជំនាញវិជ្ជាជីវៈឱ្យបានល្អឡើយ។ ពួកគេថែមទាំងអាចកើតមានការស្អប់ខ្ពើម ឬការមិនពេញចិត្តចំពោះវិជ្ជាជីវៈនេះនៅក្នុងដំណើរការនៃការរៀនសូត្រ ដោយកាន់តែមិនចង់រៀនសូត្រខ្លាំងឡើងៗ។ នៅពេលដែលការមិនពេញចិត្តរបស់ពួកគេឈានដល់កម្រិតណាមួយ ពួកគេក៏ផ្លាស់ប្ដូរអាជីព ហើយបន្ទាប់មក ពួកគេមិនចង់លើកឡើងពីដំណើរការ សាច់រឿង ឬរឿងរ៉ាវផ្សេងៗទៀតកាលពីពេលដែលពួកគេកំពុងប្រកបវិជ្ជាជីវៈនោះឡើយ។ តើមនុស្សបែបនេះ ចូលចិត្តវិជ្ជាជីវៈនេះពិតប្រាកដមែនទេ? (អត់ទេ)។ ពួកគេមិនចូលចិត្តវាឡើយ។ ពួកគេអាចបោះបង់វិជ្ជាជីវៈនេះយ៉ាងងាយស្រួល ហើយពួកគេអាចស្អប់ខ្ពើមវា ថែមទាំងផ្លាស់ប្ដូរអាជីពទៀតផង ដែលនេះបញ្ជាក់ថា ពួកគេមិនចូលចិត្តវិជ្ជាជីវៈនេះពិតប្រាកដឡើយ។ មូលហេតុដែលពួកគេអាចបោះបង់វិជ្ជាជីវៈនេះបាន គឺដោយសារតែបន្ទាប់ពីបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងការលះបង់យ៉ាងច្រើនរួចមក វិជ្ជាជីវៈនេះមិនអាចឱ្យពួកគេរស់នៅក្នុងជីវិតដ៏ស្ដុកស្ដម្ភដូចដែលពួកគេប្រាថ្នាចង់បាន ឬទទួលបានការផ្គត់ផ្គង់សម្ភារដ៏ល្អឡើយ។ ពួកគេប្រែជាមិនពេញចិត្ត និងដាក់បណ្ដាសាវិជ្ជាជីវៈនេះនៅក្នុងចិត្តរបស់ពួកគេ ថែមទាំងហាមឃាត់អ្នកដទៃមិនឱ្យនិយាយពីវា ដោយខ្លួនឯងក៏លែងលើកឡើងពីវាទៀតដែរ ហើយថែមទាំងមានអារម្មណ៍អាម៉ាស់ដែលពីមុនធ្លាប់បានប្រកបវិជ្ជាជីវៈនេះ និងចាត់ទុកវាជាបំណងប្រាថ្នារបស់ខ្លួន ព្រមទាំងជាគោលដៅខ្ពស់បំផុតដែលត្រូវដេញតាមក្នុងជីវិតទៀតផង។ ដោយពិចារណាលើកម្រិតដែលពួកគេអាចមិនពេញចិត្តនឹងវិជ្ជាជីវៈនេះ តើការសម្ដែងចេញនូវការចូលចិត្តវិជ្ជាជីវៈនេះតាំងពីដំបូងរបស់ពួកគេ គឺជារឿងពិតប្រាកដដែរទេ? (អត់ទេ)។ មានមនុស្សតែមួយប្រភេទប៉ុណ្ណោះដែលចូលចិត្តវិជ្ជាជីវៈនេះពិតប្រាកដ មិនថាវិជ្ជាជីវៈនេះអាចផ្ដល់ឱ្យពួកគេនូវជីវិតសម្ភារដ៏ល្អ ឬផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ឬក៏អត់នោះទេ ហើយទោះបីជាពួកគេជួបប្រទះនឹងការលំបាកប៉ុន្មាន ឬរងទុក្ខវេទនាប៉ុន្មាននៅក្នុងវិជ្ជាជីវៈនេះក៏ដោយ ក៏ពួកគេអាចតស៊ូក្នុងវិជ្ជាជីវៈនេះដោយមិនរួញរា រហូតដល់ទីបញ្ចប់ដែរ។ នេះហើយគឺជាការចូលចិត្តពិតប្រាកដ។ រឿងនេះក៏ដូចគ្នាដែរ ចំពោះការដែលថាតើបុគ្គលណាម្នាក់ស្រឡាញ់សេចក្ដីពិតឬអត់។ ប្រសិនបើអ្នកពិតជាស្រឡាញ់រឿងវិជ្ជមាន ដោយវិវឌ្ឍពីការស្រឡាញ់រឿងវិជ្ជមានទៅជាការស្រឡាញ់សេចក្ដីពិត នោះមិនថាអ្នកជួបប្រទះនឹងស្ថានភាពបែបណាក៏ដោយ ក៏អ្នកនឹងតស៊ូក្នុងការស្វែងរក និងដេញតាមសេចក្ដីពិត ដោយមិនផ្លាស់ប្ដូរគោលដៅជីវិតរបស់អ្នកឡើយ។ ប្រសិនបើអ្នកអាចបោះបង់ការជឿលើព្រះជាម្ចាស់យ៉ាងងាយៗ ហើយលះបង់មាគ៌ានៃសេចក្ដីសង្គ្រោះ នេះមិនមែនជាការស្រឡាញ់សេចក្ដីពិតពិតប្រាកដឡើយ។ ចំណែកឯអ្នកដែលមិនដេញតាមសេចក្ដីពិត ប៉ុន្តែក៏មិនបោះបង់ចោលដែរនោះ មានហេតុផលតែមួយគត់សម្រាប់ការតស៊ូរបស់ពួកគេគឺ៖ ពួកគេគិតថា ដរាបណាមានសង្ឃឹមតិចតួចសម្រាប់លទ្ធផល និងគោលដៅដ៏ល្អ ព្រមទាំងអនាគតដ៏ល្អ នោះវាស័ក្តិសមនឹងការផ្សងសំណាងហើយ ហើយពួកគេគួរតែកាន់ខ្ជាប់រហូតដល់ទីបញ្ចប់។ ពួកគេជឿថា ការតស៊ូនេះគឺជារឿងចាំបាច់ ស្របពេលដែលគ្រោះមហន្តរាយកំពុងតែកើនឡើង ហើយគ្មានកន្លែងណាផ្សេងត្រូវទៅ ដូច្នេះ ពួកគេសុខចិត្តតស៊ូនៅទីនេះ ហើយសាកល្បងផ្សងសំណាងរបស់ខ្លួនទៅ។ តើមនុស្សបែបនេះ មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតសូម្បីតែបន្តិចនៅក្នុងចិត្តរបស់ពួកគេដែរទេ? (អត់ទេ)។ ពួកគេគ្មានឡើយ។ នៅពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូង មនុស្សទាំងនេះក៏និយាយពីការស្អប់លោកីយ៍ ការស្អប់សាតាំង ការស្អប់រឿងអវិជ្ជមាន ការស្រឡាញ់រឿងវិជ្ជមាន និងការប្រាថ្នាចង់បានពន្លឺផងដែរ។ ប៉ុន្តែ តើពួកគេមានអាកប្បកិរិយាបែបណានៅពេលដែលពួកគេឈានជើងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ចូលទៅក្នុងពួកជំនុំនោះ? តើពួកគេមានអាកប្បកិរិយាបែបណានៅពេលដែលពួកគេដឹងថាពួកគេគឺជាអ្នកធ្វើការដោយកម្លាំង នៅពេលដែលពួកគេដឹងថា ទង្វើ អាកប្បកិរិយា និងធម្មជាតិរបស់ពួកគេ មិនជាទីសព្វព្រះទ័យដល់ព្រះជាម្ចាស់នោះ? តើពួកគេបង្ហាញចេញនូវអាកប្បកិរិយាប្រភេទណាខ្លះ? គេអាចនិយាយបានថា នៅពេលដែលពួកគេដឹង មានអារម្មណ៍ ឬគិតថា ខ្លួនលែងទទួលបានការសព្វព្រះទ័យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតហើយ ថាខ្លួននឹងត្រូវជម្រុះចោល នោះអ្នកខ្លះក៏ជ្រើសរើសចាកចេញ។ អ្នកខ្លះទៀត ទោះបីជាពួកគេស្នាក់នៅក្នុងពួកជំនុំទាំងទើសទាល់ក៏ដោយ ក៏ពួកគេបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងភាពអស់សង្ឃឹម ហើយទីបំផុតក៏ត្រូវបង្ខំចិត្តចាកចេញ។ មនុស្សបែបនេះមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ នៅពេលដែលបំណងប្រាថ្នាចង់បានព្រះពររបស់ពួកគេត្រូវរលាយបាត់ ពួកគេអាចក្បត់ព្រះជាម្ចាស់ ហើយងាកចេញពីព្រះអង្គ។ ការសម្ដែងចេញផ្សេងៗទាំងនេះ បង្ហាញពីអាកប្បកិរិយារបស់មនុស្សផ្សេងៗគ្នាចំពោះសេចក្ដីពិត។
IV. លទ្ធផលផ្សេងៗគ្នារបស់មនុស្សទាំងបីប្រភេទនេះ
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីលក្ខណៈនៃមនុស្សបីប្រភេទ៖ អ្នកធ្វើការដោយកម្លាំង អ្នកស៊ីឈ្នួល និងរាស្ដ្ររបស់ព្រះជាម្ចាស់។ ចេញពីលក្ខណៈរបស់ពួកគេ វាច្បាស់ណាស់ថា លទ្ធផលចុងក្រោយរបស់ពួកគេមិនត្រូវបានកំណត់ដោយបរិយាកាស ឬលក្ខខណ្ឌសត្យានុម័តឡើយ ប៉ុន្តែត្រូវបានកំណត់ដោយការដេញតាម និងសារជាតិធម្មជាតិរបស់ពួកគេផ្ទាល់។ ជាការពិតណាស់ បើនិយាយតាមការពិតទៅ គឺព្រះជាម្ចាស់ហើយដែលកំណត់វាសនារបស់មនុស្ស ប៉ុន្តែព្រះជាម្ចាស់ធ្វើការកំណត់ទាំងនេះដោយផ្អែកលើថាតើមនុស្សស្រឡាញ់សេចក្ដីពិត ឬអត់ និងថាតើពួកគេអាចទទួលយកសេចក្ដីពិតបាន ឬអត់។ អ្នកធ្វើការដោយកម្លាំង ក៏អះអាងថាពួកគេស្រឡាញ់សេចក្ដីពិត និងរឿងវិជ្ជមានដែរ ប៉ុន្តែនៅទីបញ្ចប់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ សញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេអំពីព្រះជាម្ចាស់ ការទាមទារហួសហេតុរបស់ពួកគេចំពោះព្រះជាម្ចាស់ និងការក្បត់របស់ពួកគេចំពោះព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្ដូរដដែល។ នេះគឺដោយសារតែ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ ពួកគេនឹងមិនដែលបានដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេឡើយ។ ឫសគល់នៃការដែលពួកគេមិនដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន គឺដោយសារតែពួកគេមិនទទួលយកសេចក្ដីពិតជាមូលដ្ឋានឡើយ។ ទោះបីជាពួកគេមានបំណងប្រាថ្នាចង់ចុះចូលនឹងព្រះជាម្ចាស់ក៏ដោយ ក៏អ្វីដែលពួកគេសម្ដែងចេញយ៉ាងពិតប្រាកដ គឺគ្រាន់តែជាសមត្ថភាពក្នុងការលះបង់ និងភាពស្ម័គ្រចិត្តក្នុងការបង់ថ្លៃប៉ុណ្ណោះ ដោយមិនដែលស្វែងរកគោលការណ៍សេចក្ដីពិត ឬមាគ៌ានៃការចុះចូលនឹងព្រះជាម្ចាស់ឡើយ។ លទ្ធផលចុងក្រោយគឺថា ទោះបីជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ ក៏ពួកគេមិនមានចំណេះដឹងព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេនៅតែអាចក្បត់ព្រះជាម្ចាស់ ហើយបញ្ចេញសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីព្រះអង្គ ព្រមទាំងការទាមទារមិនសមហេតុផលរបស់ពួកគេចំពោះព្រះអង្គ នៅចំពោះមុខមនុស្សដទៃ និងសាតាំង។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ពួកគេនៅតែចាត់ទុកខ្លួនឯងថា «មានភាពជាមនុស្សល្អ ពិតជាជឿលើព្រះជាម្ចាស់ អាចលះបង់ និងរងទុក្ខលំបាក ហើយច្បាស់ជាអាចទទួលបានសេចក្ដីសង្គ្រោះ» ហើយចំពោះរឿងនេះ ពួកគេមានអារម្មណ៍សុខសាន្ដក្នុងចិត្ត។ តាមពិតទៅ ពួកគេតែងតែដើរលើផ្លូវរបស់អ្នកធ្វើការដោយកម្លាំង ដោយមិនដេញតាមសេចក្ដីពិតទាល់តែសោះ ហេតុនេះ ពួកគេតែងតែរក្សាអត្តសញ្ញាណជាអ្នកធ្វើការដោយកម្លាំងជានិច្ច។ ចំណែកឯមនុស្សមួយប្រភេទទៀត គឺអ្នកស៊ីឈ្នួល យើងនឹងមិនពិភាក្សាពីពួកគេទេ។ មនុស្សមួយប្រភេទទៀត គឺរាស្ដ្ររបស់ព្រះជាម្ចាស់ ដែលយើងទើបតែបានលើកឡើង។ នៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់ ពួកគេក៏ដូចជាអ្នកធ្វើការដោយកម្លាំងដែរ គឺលះបង់ខ្លួនដើម្បីព្រះអង្គ ថ្វាយពេលវេលា និងកម្លាំងកាយចិត្តរបស់ពួកគេ ថែមទាំងយុវវ័យរបស់ពួកគេទៀតផង ហើយរងទុក្ខវេទនាយ៉ាងច្រើន ព្រមទាំងបង់ថ្លៃយ៉ាងច្រើន។ នេះគឺដូចគ្នាទៅនឹងអ្នកធ្វើការដោយកម្លាំងដែរ។ ចុះតើមានអ្វីខុសគ្នាទៅ? ភាពខុសគ្នាគឺនៅត្រង់ថា នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ សញ្ញាណ ការស្រមើស្រមៃ និងការទាមទារហួសហេតុជាច្រើនរបស់ពួកគេចំពោះព្រះជាម្ចាស់ នឹងត្រូវបានដោះស្រាយ។ ការសម្ដែងចេញ សភាព និងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយដែលទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងច្បាស់ក្រឡែតនៅក្នុងនិស្ស័យពុករលួយរបស់ពួកគេ នឹងត្រូវបានបោះបង់ចោល។ ចំណុចដែលមិនទាន់ត្រូវបានដោះស្រាយ នឹងរលាយបាត់នៅពេលដែលពួកគេយល់ពីសេចក្ដីពិតបន្តិចម្ដងៗតាមរយៈបទពិសោធ។ ទោះបីជានិស្ស័យពុករលួយរបស់ពួកគេនឹងមិនត្រូវបានបោះបង់ចោលទាំងស្រុងក៏ដោយ ក៏និស្ស័យនៃជីវិតរបស់ពួកគេនឹងមានការផ្លាស់ប្ដូរខ្លះៗដែរ។ ភាគច្រើន ពួកគេនឹងអាចអនុវត្តតាមគោលការណ៍សេចក្ដីពិតដែលពួកគេយល់ ហើយការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេនឹងមានការថយចុះយ៉ាងខ្លាំង។ ទោះបីជាវាមិនមែនមានន័យថា ពួកគេនឹងមិនបញ្ចេញវាឱ្យឃើញនៅក្នុងបរិយាកាសណាមួយក៏ដោយ ក៏មនុស្សទាំងនេះនឹងបំពេញតាមតម្រូវការជាមូលដ្ឋានមួយដែរ៖ ពួកគេនឹងបំពេញតាមតម្រូវការរបស់ព្រះជាម្ចាស់ដែលឱ្យពួកគេធ្វើជាមនុស្សស្មោះត្រង់ ពួកគេនឹងក្លាយជាមនុស្សស្មោះត្រង់ជាមូលដ្ឋាន។ លើសពីនេះទៅទៀត នៅពេលដែលមនុស្សទាំងនេះបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ឬប្រព្រឹត្តអំពើរំលង ឬមានសញ្ញាណ និងការបះបោរទាស់នឹងព្រះជាម្ចាស់ មិនថាពួកគេធ្វើនៅក្នុងបរិយាកាសបែបណាក៏ដោយ ក៏ពួកគេនឹងមានអាកប្បកិរិយាប្រែចិត្តដែរ។ ហើយមានចំណុចមួយទៀតដែលសំខាន់បំផុត៖ មិនថាព្រះជាម្ចាស់ចាត់វិធានការជាក់លាក់បែបណា និងធ្វើសកម្មភាពបែបណានៅក្នុងកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយក៏ដោយ មិនថាព្រះអង្គមានព្រះរាជបំណងធ្វើអ្វីនៅថ្ងៃអនាគតក៏ដោយ មិនថាព្រះអង្គនឹងរៀបចំវាសនារបស់មនុស្សជាតិយ៉ាងណាក៏ដោយ ហើយមិនថាពួកគេផ្ទាល់នឹងរស់នៅក្នុងបរិយាកាសដែលព្រះអង្គរៀបចំយ៉ាងណាក៏ដោយ ក៏ពួកគេទាំងអស់គ្នានឹងមានដួងចិត្តដែលចុះចូល និងអាកប្បកិរិយាចុះចូល ដោយគ្មានជម្រើសផ្ទាល់ខ្លួន និងគ្មានផែនការ ព្រមទាំងការរៀបចំផ្ទាល់ខ្លួនឡើយ។ ដោយសារតែការសម្ដែងចេញជារឿងវិជ្ជមានផ្សេងៗទាំងនេះ ពួកគេនឹងក្លាយជាប្រភេទមនុស្សដែលព្រះជាម្ចាស់តម្រូវរួចទៅហើយ ជាអ្នកដែលដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ដែលមានន័យថាកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ទោះបីជាពួកគេនៅតែឆ្ងាយពីស្ដង់ដាពិតប្រាកដដែលថា «កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងធ្វើជាមនុស្សគ្រប់លក្ខណ៍» ដូចដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ក៏នៅពេលដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកលើពួកគេ ពួកគេនឹងអាចស្វែងរក និងចុះចូលបាន ដែលនេះគឺគ្រប់គ្រាន់ហើយ។ ពួកគេនឹងគ្មានការត្អូញត្អែរឡើយ ពួកគេនឹងត្រឹមតែរង់ចាំ និងចុះចូលប៉ុណ្ណោះ។ ទោះបីជាស្ថានភាពបច្ចុប្បន្នរបស់អ្នករាល់គ្នានៅតែឆ្ងាយពីលទ្ធផលបែបនេះ ហើយសម្រាប់អ្នកខ្លះ វាហាក់ដូចជាឆ្ងាយសន្លឹម និងមិនអាចឈានដល់ក៏ដោយ ប៉ុន្ដែប្រសិនបើអ្នកអាចទទួលយកសេចក្ដីពិត និងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាគោលការណ៍ និងជាមូលដ្ឋានសម្រាប់អត្ថិភាពរបស់អ្នក នោះចូរជឿថា ថ្ងៃណាមួយ អ្នក ឬអ្នករាល់គ្នាទាំងអស់គ្នា នឹងលែងនៅឆ្ងាយពីការក្លាយជារាស្ដ្រពិតប្រាកដរបស់ព្រះជាម្ចាស់ដែលព្រះអង្គស្រឡាញ់ទៀតហើយ ចូរជឿថា ថ្ងៃនោះគឺខិតជិតមកដល់ហើយ។ មិនថាបច្ចុប្បន្នវាត្រូវបានទាយទុក ឬខិតជិតមកដល់នោះទេ លទ្ធផលចុងក្រោយមិនមែនជាការស្រមើស្រមៃក្នុងករណីណាមួយឡើយ ប៉ុន្តែជាការពិតដែលហៀបនឹងលេចចេញជារូបរាង និងត្រូវបានបំពេញ។ ថាតើការពិតនេះនឹងត្រូវបានបំពេញលើនរណាឱ្យប្រាកដ ថាតើវានឹងត្រូវបានបំពេញលើមនុស្សណា គឺអាស្រ័យលើរបៀបដែលអ្នករាល់គ្នាពិតជាដេញតាមសេចក្ដីពិត។ និយាយម្យ៉ាងទៀត មិនថាអ្នកពិតជាស្រឡាញ់សេចក្ដីពិតដល់កម្រិតដែលអ្នកអាចដេញតាម និងអនុវត្តវា ឬអ្នកគ្រាន់តែមានសេចក្ដីស្រឡាញ់បន្តិចបន្តួចចំពោះសេចក្ដីពិត ប៉ុន្តែមិនអាចទទួលយក និងអនុវត្តវាបានទាំងស្រុងនោះទេ លទ្ធផលចុងក្រោយនឹងផ្ដល់ចម្លើយដល់អ្នក។ បានហើយ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងលើប្រធានបទនេះត្រឹមនេះចុះ។
ស្ដង់ដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់
II. ផ្អែកលើភាពជាមនុស្សរបស់មនុស្សណាម្នាក់
បន្ទាប់មកទៀត យើងបន្តប្រកបគ្នាអំពីការទទួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ៖ «ត្រូវឆាប់ញែកដឹង រួចបោសសម្អាតចេញ ឬបណ្ដេញចេញនូវមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទ»។ ស្ដង់ដាសម្រាប់ការញែកដឹងមនុស្សអាក្រក់គ្រប់ប្រភេទ ត្រូវបានបែងចែកជាបីប្រភេទធំៗ។ ពីមុនមក យើងបានប្រកបគ្នាអំពីគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ រួចហើយក៏បានបន្តនិយាយអំពីភាពជាមនុស្សរបស់ពួកគេ។ ទាក់ទងនឹងភាពជាមនុស្សរបស់មនុស្សម្នាក់ យើងក៏បានចាត់ថ្នាក់ការសម្ដែងចេញផ្សេងៗគ្នាជាច្រើនផងដែរ។ តើការសម្ដែងចេញមួយចំនួនដែលយើងបានប្រកបគ្នារួចហើយនោះ មានអ្វីខ្លះ? សូមអានវា។ (ចំណុចទីពីរសម្រាប់ការញែកដឹងមនុស្សអាក្រក់គ្រប់ប្រភេទ គឺពាក់ព័ន្ធនឹងភាពជាមនុស្សរបស់មនុស្សម្នាក់។ ក. ចូលចិត្តបំភ្លៃការពិត និងនិយាយកុហក ខ. ចូលចិត្តកេងចំណេញ គ. ប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត ឃ. មានទំនោរចង់សងសឹក ង. មិនចេះប្រយ័ត្នមាត់។) យើងបានប្រកបគ្នារហូតដល់ចំណុចទីប្រាំ អំពីការមិនចេះប្រយ័ត្នមាត់របស់ពួកគេ។ មិនថាយើងកំពុងប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់នៃភាពជាមនុស្ស ឬអំពីរឿងផ្សេងទៀតនោះទេ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា វានឹងមានឥទ្ធិពលខុសៗគ្នាទៅលើប្រភេទមនុស្សខុសៗគ្នា។ អស់អ្នកដែលដេញតាមសេចក្ដីពិត បន្ទាប់ពីបានស្ដាប់រួច ពួកគេនឹងផ្ដោតលើការពិនិត្យពិច័យខ្លួនឯង។ ពួកគេនឹងថ្លឹងថ្លែងខ្លួនឯងធៀបនឹងការប្រកបគ្នារបស់ខ្ញុំ ហើយមានការចូលទៅក្នុងយ៉ាងសកម្ម និងវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត ដូចជាពួកអ្នកធ្វើការដោយកម្លាំង ពួកគេគ្រាន់តែស្ដាប់ ហើយក៏ចប់តែប៉ុណ្ណោះ។ ពួកគេមិនទុកវាក្នុងចិត្ត ឬយកចិត្តទុកដាក់ក្នុងការស្ដាប់ឡើយ។ ជួនកាល ពួកគេថែមទាំងអាចដេកលក់ ក្នុងពេលកំពុងស្ដាប់សេចក្ដីអធិប្បាយទៀតផង។ ពួកគេមិនអាចទទួលយកវាបានទេ ហើយថែមទាំងគិតថា៖ «តើការស្ដាប់រឿងកំប៉ិកកំប៉ុកទាំងនេះមានប្រយោជន៍អ្វីទៅ? វាខាតពេលណាស់ ខ្ញុំនៅមិនទាន់បានបញ្ចប់ការងារដែលខ្ញុំមាននៅក្នុងដៃផង!» ពួកគេតែងតែខ្វល់ខ្វាយអំពីកិច្ចការដែលតម្រូវឱ្យពុះពារធ្វើការធ្ងន់។ ពួកគេមានភាពក្លៀវក្លា និងលះបង់ជាពិសេសចំពោះការពុះពារធ្វើការធ្ងន់ ដោយបង្ហាញពីភាពស្មោះត្រង់ ប៉ុន្តែពួកគេគ្រាន់តែមិនអាចប្រមូលកម្លាំងចិត្តសម្រាប់បញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិតបានឡើយ។ នេះបើកសម្ដែងយ៉ាងច្បាស់ថា មនុស្សបែបនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិតឡើយ ពួកគេស្កប់ស្កល់ត្រឹមតែការពុះពារធ្វើការធ្ងន់ប៉ុណ្ណោះ។ មានមនុស្សមួយក្រុមទៀត ដែលរក្សាអាកប្បកិរិយាដដែល មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ៖ «ខ្ញុំគ្រាន់តែទាស់ទទឹង និងប្រឆាំងប៉ុណ្ណោះ។ ទោះបីអ្នកចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ហើយលាតត្រដាងពីការសម្ដែងចេញ ការបញ្ចេញឱ្យឃើញ និងនិស្ស័យរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមិនយកចិត្តទុកដាក់ ឬចាត់ទុកវាជារឿងសំខាន់ដែរ។ ចុះបើអ្នកដទៃដឹងថាខ្ញុំកំពុងត្រូវបានគេលាតត្រដាង តើវាយ៉ាងម៉េចដែរ?» ពួកគេគ្រាន់តែបន្តបះបោរ និងប្រឆាំងយ៉ាងឥតអៀនខ្មាស ដែលនេះគឺជារឿងមិនអាចសង្គ្រោះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការសម្ដែងចេញរបស់ប្រភេទមនុស្សខុសៗគ្នា គឺអាចសម្គាល់ដឹងបាន។ សេចក្ដីពិត មិនថាសម្រាប់អ្នកដែលដេញតាមវា អ្នកដែលស្ម័គ្រចិត្តធ្វើការដោយកម្លាំងតែមិនស្រឡាញ់វា ឬអ្នកដែលស្អប់ខ្ពើម និងមិនពេញចិត្តនឹងសេចក្ដីពិតនោះទេ គឺដើរតួជាដាវមុខពីរ និងជាថ្មសាកមាស។ វាអាចវាស់ស្ទង់ពីអាកប្បកិរិយារបស់មនុស្សចំពោះសេចក្ដីពិត ហើយក៏អាចវាស់ស្ទង់ពីផ្លូវដែលពួកគេកំពុងដើរផងដែរ។
ច. គ្មានហេតុផល និងមានចេតនាបង្ករឿង ដោយគ្មានអ្នកណាម្នាក់ហ៊ានរករឿងពួកគេឡើយ
ពីមុន យើងបានប្រកបគ្នាអំពីការញែកដឹងពីការសម្ដែងចេញទាំងប្រាំរបស់មនុស្សអាក្រក់ផ្សេងៗគ្នា។ ថ្ងៃនេះ យើងបន្តប្រកបគ្នាអំពីចំណុចទីប្រាំមួយ។ ចំណុចទីប្រាំមួយនេះ ក៏ជាការសម្ដែងចេញនៃប្រភេទមនុស្សអាក្រក់មួយប្រភេទផងដែរ ឬនិយាយម្យ៉ាងទៀតថា ទោះបីជាមនុស្សទូទៅមិនចាត់ទុកប្រភេទនេះថាជាមនុស្សអាក្រក់ក៏ដោយ ក៏គ្រប់គ្នានៅតែមិនចូលចិត្តពួកគេដែរ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែមនុស្សទាំងនេះខ្វះមនសិការ និងវិចារណញ្ញាណ ខ្វះភាពជាមនុស្សធម្មតា ហើយការប្រាស្រ័យទាក់ទងជាមួយពួកគេ គឺពិតជារំខាន និងលំបាកខ្លាំងណាស់ ដែលធ្វើឱ្យមនុស្សមានការស្អប់ខ្ពើម។ តើការសម្ដែងចេញជាក់លាក់របស់មនុស្សទាំងនេះមានលក្ខណៈបែបណាខ្លះ? គឺការគ្មានហេតុផល និងមានចេតនាបង្ករឿង ដល់ថ្នាក់គ្មាននរណាម្នាក់ហ៊ានទៅប៉ះពាល់ពួកគេឡើយ។ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរទេ? ទោះបីជាមិនមានច្រើនក៏ដោយ ក៏ច្បាស់ជាមានដែរ។ ហើយតើការសម្ដែងចេញជាក់លាក់របស់ពួកគេមានអ្វីខ្លះ? ក្រោមកាលៈទេសៈធម្មតា មនុស្សទាំងនេះអាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងប្រក្រតី និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងធម្មតា។ អ្នកនឹងមិនឃើញនិស្ស័យកាចសាហាវពីពួកគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទង្វើរបស់ពួកគេផ្ទុយនឹងគោលការណ៍សេចក្ដីពិត ហើយពួកគេត្រូវបានលួសកាត់ ពួកគេនឹងផ្ទុះកំហឹងឡើង ដោយបដិសេធសេចក្ដីពិតទាំងស្រុង ព្រមទាំងរកលេសដោះសារយ៉ាងប៉ិនប្រសប់សម្រាប់ខ្លួនឯង។ ភ្លាមៗនោះ អ្នកក៏ដឹងថា ពួកគេប្រៀបដូចជាសត្វកាំប្រមាដែលមានបន្លាពេញខ្លួន ជាសត្វខ្លាដែលមិនអាចប៉ះពាល់បាន។ អ្នកគិតថា៖ «ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាក់នេះអស់រយៈពេលយ៉ាងយូរ ដោយគិតថាពួកគេមានភាពជាមនុស្សល្អ មានការយល់ដឹង និងងាយស្រួលនិយាយជាមួយ ដោយជឿថាពួកគេអាចទទួលយកសេចក្ដីពិតបាន។ ខ្ញុំនឹកស្មានមិនដល់សោះថា ពួកគេគឺជាមនុស្សដែលគ្មានហេតុផល និងរករឿងដោយចេតនាបែបនេះសោះ។ ទៅថ្ងៃមុខ ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើនជាងនេះ ក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ កាត់បន្ថយការទាក់ទងគ្នាបើមិនចាំបាច់ និងរក្សាគម្លាត ដើម្បីជៀសវាងការប៉ះពាល់ពួកគេ»។ តើអ្នករាល់គ្នាធ្លាប់ឃើញមនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿងបែបនេះដែរឬទេ? ជាទូទៅ អស់អ្នកដែលស្គាល់ពួកគេ ដឹងថាពួកគេកាចប៉ុនណា ហើយនិយាយទៅកាន់ពួកគេដោយភាពគួរសម និងប្រុងប្រយ័ត្នជាពិសេស។ ជាពិសេស នៅពេលដែលអ្នកនិយាយទៅកាន់ពួកគេ អ្នកដាច់ខាតមិនត្រូវនិយាយប៉ះពាល់ពួកគេឡើយ បើមិនដូច្នេះទេ វានឹងបណ្ដាលឱ្យមានបញ្ហាមិនចេះចប់មិនចេះហើយជាមួយពួកគេជាមិនខាន។ មនុស្សខ្លះនិយាយថា៖ «តើមនុស្សឈ្លើយទាំងនេះជានរណាឱ្យប្រាកដទៅ? ពួកយើងមិនទាន់ធ្លាប់ជួបពួកគេនៅឡើយទេ»។ ក្នុងករណីនោះ យើងពិតជាត្រូវនិយាយអំពីរឿងនេះមែន។ ឧទាហរណ៍៖ ខណៈពេលដែលបងប្អូនប្រុសស្រីកំពុងប្រកបគ្នាអំពីបទពិសោធរបស់ពួកគេ នៅពេលដែលអ្នកខ្លះលើកឡើងពីសភាពពុករលួយ ឬការលំបាកផ្ទាល់ខ្លួនរបស់ពួកគេ វាជារឿងដែលជៀសមិនរួចទេដែលអ្នកដទៃនឹងមានការយល់ចិត្ត ដោយសារតែធ្លាប់មានបទពិសោធ ឬអារម្មណ៍ស្រដៀងគ្នា។ នេះគឺជារឿងធម្មតាណាស់។ បន្ទាប់ពីបានស្ដាប់រួច មនុស្សម្នាក់អាចនឹងគិតថា៖ «ខ្ញុំក៏ធ្លាប់មានបទពិសោធបែបនេះដែរ ដូច្នេះ ចូរយើងប្រកបគ្នាអំពីប្រធានបទនេះជាមួយគ្នាចុះ។ ខ្ញុំចង់ឮថា តើអ្នកបានឆ្លងកាត់វាដោយរបៀបណា។ ប្រសិនបើការប្រកបគ្នារបស់អ្នកមានពន្លឺ ហើយវាពាក់ព័ន្ធនឹងបញ្ហាដែលខ្ញុំមាន នោះខ្ញុំនឹងទទួលយកវា ហើយអនុវត្តតាមបទពិសោធ និងផ្លូវរបស់អ្នក ដើម្បីមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណា»។ មានមនុស្សតែមួយប្រភេទប៉ុណ្ណោះ ដែលនៅពេលឮអ្នកដទៃប្រកបគ្នាអំពីការស្គាល់ខ្លួនឯង និងលាតត្រដាងពីសេចក្ដីពុករលួយ ព្រមទាំងភាពអាក្រក់របស់ពួកគេ បែរជាជឿថា នេះគឺជាការលាតត្រដាង និងជំនុំជម្រះគាត់ដោយប្រយោលទៅវិញ ហើយក៏ទប់ចិត្តមិនបាន វាយតុ និងផ្ទុះកំហឹងឡើងថា៖ «តើនរណាដែលគ្មានសេចក្ដីពុករលួយនោះ? តើមានអ្នកណាខ្លះដែលអាចគេចផុតពីបញ្ហាទាំងនេះទៅ? តាមដែលខ្ញុំមើលឃើញ សេចក្ដីពុករលួយរបស់អ្នករាល់គ្នា គឺអាក្រក់ជាងខ្ញុំទៅទៀត! តើអ្នករាល់គ្នាមានសិទ្ធិអ្វីមកសំដៅលើខ្ញុំ មកលាតត្រដាងខ្ញុំនោះ? តាមដែលខ្ញុំមើលឃើញ អ្នករាល់គ្នាគ្រាន់តែចង់ធ្វើបាបខ្ញុំ ចង់ផាត់ខ្ញុំចោលប៉ុណ្ណោះ! តើមិនមែនដោយសារតែខ្ញុំមកពីជនបទ ហើយមិនចេះនិយាយពាក្យពីរោះៗដើម្បីបញ្ចោរអ្នករាល់គ្នាទេឬអី? តើមិនមែនដោយសារតែការអប់រំរបស់ខ្ញុំមិនខ្ពស់ដូចអ្នករាល់គ្នាទេឬអី? សូម្បីតែព្រះក៏មិនមើលងាយខ្ញុំផង ចុះទម្រាំអ្នករាល់គ្នា តើមានសិទ្ធិអ្វីមកមើលងាយខ្ញុំ!» អ្នកដទៃនិយាយថា៖ «នេះគឺជាការប្រកបគ្នាធម្មតាទេ មិនមែនសំដៅលើអ្នកឡើយ។ តើនិស្ស័យពុករលួយរបស់មនុស្សគ្រប់គ្នាមិនដូចគ្នាទេឬអី? នៅពេលដែលនរណាម្នាក់កំពុងប្រកបគ្នាអំពីប្រធានបទណាមួយ ហើយលើកឡើងពីសភាពពុករលួយរបស់ខ្លួន វាជារឿងដែលជៀសមិនរួចទេ ដែលអ្នកដទៃនឹងឃើញថាខ្លួនឯងស្ថិតក្នុងសភាពស្រដៀងគ្នានេះដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានសភាពដូចគ្នា អ្នកក៏អាចប្រកបគ្នាអំពីបទពិសោធរបស់អ្នកបានដែរ»។ គាត់ក៏ឆ្លើយតបវិញថា៖ «អ៊ីចឹងឬ? ខ្ញុំអាចទ្រាំនឹងការប្រកបគ្នាបែបនេះពីមនុស្សម្នាក់បាន ប៉ុន្តែហេតុអ្វីបានជាអ្នករាល់គ្នាពីរឬបីនាក់ រួមដៃគ្នាមកធ្វើបាបខ្ញុំដូច្នេះ? តើអ្នកគិតថាខ្ញុំងាយនឹងឱ្យគេជិះជាន់មែនទេ?» តើពាក្យសម្ដីរបស់គាត់មិនកាន់តែហួសហេតុទេឬ ពេលដែលគាត់កាន់តែនិយាយនោះ? (មែនហើយ)។ តើមនុស្សបែបនេះមានវិចារណញ្ញាណដែរឬទេ ក្នុងការនិយាយពាក្យទាំងនេះ? (ទេ)។ ប្រសិនបើអ្នកពិតជាគិតថា ប្រធានបទនៃការប្រកបគ្នារបស់អ្នកដទៃគឺសំដៅលើអ្នកមែននោះ អ្នកអាចពិភាក្សា ឬប្រកបគ្នាអំពីប្រធានបទនេះបាន។ អ្នកអាចសួរដោយផ្ទាល់ថាតើវាសំដៅលើអ្នកឬអត់ ជាជាងទាញយកប្រវត្តិរបស់អ្នកដែលជាកសិករ កម្រិតវប្បធម៌ទាបរបស់អ្នក ឬការដែលគេមើលងាយអ្នក មកពាក់ព័ន្ធនោះ។ តើការនិយាយរឿងទាំងនោះ មានប្រយោជន៍អ្វីទៅ? តើនោះមិនមែនជាការនិយាយប៉ប៉ាច់ប៉ប៉ោចអំពីខុសនិងត្រូវទេឬអី? តើនោះមិនមែនជាការគ្មានហេតុផល និងមានចេតនាបង្ករឿងទេឬអី? (មែនហើយ)។ តើអ្នករាល់គ្នាមិនគិតថាមនុស្សបែបនេះគួរឱ្យខ្លាចទេឬអី? (មែនហើយ)។ បន្ទាប់ពីគាត់បានបង្ករឿងបែបនេះរួចមក គ្រប់គ្នាដឹងថាគាត់ជាមនុស្សប្រភេទណា ហើយនៅពេលប្រកបគ្នាក្នុងការជួបជុំលើកក្រោយៗ ពួកគេតែងតែត្រូវនិយាយដោយប្រុងប្រយ័ត្ន និងសង្កេតមើលទឹកមុខរបស់គាត់ជានិច្ច។ ប្រសិនបើទឹកមុខរបស់គាត់ប្រែជាស្រងូតស្រងាត់ អ្នកដទៃនឹងស្ទាក់ស្ទើរក្នុងការនិយាយ ហើយគ្រប់គ្នាមានអារម្មណ៍ថាតានតឹង ក្នុងអំឡុងពេលប្រកបគ្នានៅឯការជួបជុំ។ តើនេះមិនមែនជាការរឹតត្បិត និងការរំខាន ដែលបណ្ដាលមកពីការគ្មានហេតុផល និងមានចេតនាបង្ករឿងរបស់គាត់ទេឬអី? (មែនហើយ)។ អស់អ្នកដែលគ្មានហេតុផល និងមានចេតនាបង្ករឿង គឺសុទ្ធតែជាមនុស្សដែលមិនអាចនិយាយហេតុផលជាមួយបានទេ។ បុគ្គលបែបនេះនឹងមិនទទួលយកសេចក្ដីពិតឡើយ ហើយក៏មិនអាចត្រូវបានសង្គ្រោះដែរ។
ប្រភេទមនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿងនេះ មានការសម្ដែងចេញមួយទៀត។ មនុស្សខ្លះតែងតែនិយាយក្នុងអំឡុងពេលជួបជុំថា៖ «ខ្ញុំមិនអាចធ្វើការឱ្យតែរួចពីដៃទៀតទេ។ ខ្ញុំត្រូវតែផ្ដោតលើការអនុវត្តសេចក្ដីពិត ខ្ញុំត្រូវតែដេញតាមភាពគ្រប់លក្ខណ៍។ តាមធម្មជាតិ ខ្ញុំតែងតែខិតខំធ្វើឱ្យបានល្អប្រសើរ។ ទោះខ្ញុំធ្វើអ្វីក៏ដោយ ក៏ត្រូវតែធ្វើវាឱ្យបានល្អដែរ»។ ពួកគេនិយាយបានតែមាត់ប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ពួកគេនៅតែធ្វើការឱ្យតែរួចពីដៃដដែល នៅពេលដែលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយភារកិច្ចដែលពួកគេធ្វើនោះមានបញ្ហាជាច្រើន ដែលនៅឆ្ងាយពីការសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ នៅពេលដែលអ្នកដឹកនាំចង្អុលបង្ហាញពីបញ្ហានៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយលួសកាត់ពួកគេ ពួកគេក៏ខឹងភ្លាមៗ ដោយនិយាយថា៖ «ខ្ញុំដឹងហើយ។ អ្នករាល់គ្នាសុទ្ធតែវិនិច្ឆ័យខ្ញុំពីក្រោយខ្នង ដោយនិយាយថាជំនាញវិជ្ជាជីវៈរបស់ខ្ញុំខ្សោយ។ តើមិនមែនដោយសារតែអ្នករាល់គ្នាមើលងាយខ្ញុំទេឬអី? វាគ្រាន់តែជាកំហុសតូចមួយប៉ុណ្ណោះ។ តើចាំបាច់ត្រូវលួសកាត់ខ្ញុំបែបនេះដែរឬទេ? ម្យ៉ាងទៀត តើនរណាដែលមិនធ្លាប់ធ្វើខុសនោះ? ការដែលនិយាយថាខ្ញុំធ្វើការឱ្យតែរួចពីដៃនោះ ចុះពីមុន អ្នកមិនធ្លាប់ធ្វើការឱ្យតែរួចពីដៃទេឬអី? តើអ្នកមានសិទ្ធិអ្វីមកទិតៀនខ្ញុំ? បើគ្មានការសហការពីខ្ញុំទេ តើក្នុងចំណោមអ្នករាល់គ្នា មាននរណាអាចរ៉ាប់រងកិច្ចការនេះបាន?» តើអ្នកគិតយ៉ាងណាដែរចំពោះមនុស្សបែបនេះ? ទោះពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនអនុញ្ញាតឱ្យអ្នកដទៃចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ពួកគេ ឬផ្ដល់យោបល់ឡើយ សូម្បីតែការលួសកាត់ដ៏ត្រឹមត្រូវ ក៏ពួកគេមិនទទួលយកដែរ។ ទោះជានរណានិយាយក៏ដោយ ក៏ពួកគេទាស់ទទឹង និងប្រឆាំងនឹងអ្នកនោះ ដោយនិយាយពាក្យដែលគ្មានហេតុផល ថែមទាំងនិយាយថា ពួកគេត្រូវបានគេមើលងាយ ឬថាពួកគេត្រូវបានគេធ្វើបាបដោយសារតែនៅម្នាក់ឯង និងគ្មានអំណាច ឬរឿងផ្សេងៗទៀត។ តើនេះមិនមែនជាការទំនើង គ្មានហេតុផល និងមានចេតនាបង្ករឿងទេឬអី? ថែមទាំងមានមនុស្សខ្លះ បន្ទាប់ពីត្រូវបានគេលួសកាត់ហើយ ក៏បោះបង់ភារកិច្ចរបស់ខ្លួនចោល៖ «ខ្ញុំលែងធ្វើកិច្ចការនេះទៀតហើយ។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន អញ្ជើញធ្វើចុះ។ ចាំមើលថាតើអ្នករាល់គ្នានៅតែអាចបន្តកិច្ចការនេះបានឬអត់ បើគ្មានខ្ញុំនោះ!» បងប្អូនប្រុសស្រីព្យាយាមបញ្ចុះបញ្ចូលពួកគេ ប៉ុន្តែពួកគេមិនស្ដាប់ឡើយ។ សូម្បីតែពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកដែរ ពួកគេចាប់ផ្ដើមវាយឫក និងបោះបង់ភារកិច្ចរបស់ខ្លួន។ ក្នុងអំឡុងពេលជួបជុំ ពួកគេធ្វើមុខក្រញូវ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនប្រកបគ្នាដែរ ដោយតែងតែមកដល់ក្រោយគេជានិច្ច ហើយត្រឡប់ទៅវិញមុនគេ។ នៅពេលពួកគេចាកចេញ ពួកគេដើរជាន់ជើងខ្លាំងៗ និងបិទទ្វារក្ដាំង ហើយមនុស្សភាគច្រើនមិនដឹងថាត្រូវដោះស្រាយជាមួយពួកគេយ៉ាងដូចម្ដេចឡើយ។ នៅពេលមានរឿងកើតឡើងចំពោះមនុស្សបែបនេះ ពួកគេនិយាយអំណះអំណាងខុសទំនង និងពាក្យឥតបានការ ពួកគេរករឿង និងថែមទាំងគប់របស់របរ ដោយមិនស្ដាប់ហេតុផលទាល់តែសោះ។ អ្នកខ្លះមានការសម្ដែងចេញកាន់តែធ្ងន់ធ្ងរទៅទៀត ប្រសិនបើបងប្អូនប្រុសស្រីមិនស្វាគមន៍ពួកគេទេ ពួកគេនឹងមិនសប្បាយចិត្ត ហើយឆ្លៀតឱកាសក្នុងអំឡុងពេលជួបជុំដើម្បីយំឡូឡាថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាសុទ្ធតែមើលងាយខ្ញុំ។ ក្នុងអំឡុងពេលជួបជុំ អ្នករាល់គ្នាគ្រាន់តែផ្ដោតលើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះ និងពិភាក្សាអំពីការយល់ដឹងតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ខ្វល់ពីខ្ញុំទេ គ្មាននរណាម្នាក់ញញឹមដាក់ខ្ញុំឡើយ ហើយក៏គ្មាននរណាម្នាក់ជូនដំណើរខ្ញុំពេលខ្ញុំត្រឡប់ទៅវិញដែរ។ តើអ្នកជាអ្នកជឿប្រភេទណាទៅ? អ្នកពិតជាខ្វះភាពជាមនុស្សមែន!» ពួកគេបង្ករឿងបែបនេះនៅក្នុងពួកជំនុំ។ ពួកគេខឹងសម្បារសូម្បីតែចំពោះរឿងកំប៉ិកកំប៉ុក ដោយបញ្ចេញនូវការថ្នាំងថ្នាក់ទាំងអស់ដែលពួកគេបានសន្សំទុក។ ច្បាស់ណាស់ ពួកគេកំពុងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ពួកគេ ប៉ុន្តែពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្គាល់ខ្លួនឯងឡើយ ហើយពួកគេក៏គ្មានបំណងចង់ដេញតាមការផ្លាស់ប្ដូរ ឬសេចក្ដីពិតដែរ។ ផ្ទុយទៅវិញ ពួកគេរករឿងអ្នកដទៃ ដោយរកលេសផ្សេងៗដើម្បីលួងលោមចិត្តខ្លួនឯង ហើយខណៈពេលដែលពួកគេធ្វើបែបនេះ ពួកគេស្វែងរកឱកាសដើម្បីបញ្ចេញការថ្នាំងថ្នាក់របស់ពួកគេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ពួកគេមានបំណងធ្វើឱ្យមនុស្សកាន់តែច្រើនកត់សម្គាល់ និងខ្លាចពួកគេ ដើម្បីទទួលបានកិត្យានុភាព និងការចាប់អារម្មណ៍ក្នុងចំណោមមនុស្ស។ មនុស្សបែបនេះពិតជាបង្កបញ្ហាខ្លាំងណាស់! ទោះពួកគេនិយាយអ្វីក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ាននិយាយថា «ទេ» ឡើយ គ្មាននរណាម្នាក់ហ៊ានវាយតម្លៃពួកគេផ្ដេសផ្ដាសទេ ហើយក៏គ្មាននរណាម្នាក់ហ៊ានបើកចំហចិត្ត និងប្រកបគ្នាជាមួយពួកគេដែរ។ សូម្បីតែពេលសង្កេតឃើញកំហុសឆ្គង និងនិស្ស័យពុករលួយមួយចំនួននៅក្នុងពួកគេក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានចង្អុលបង្ហាញប្រាប់ដែរ។ ក្នុងអំឡុងពេលជួបជុំ នៅពេលដែលគ្រប់គ្នាប្រកបគ្នាអំពីបទពិសោធផ្ទាល់ខ្លួន និងការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេតែងតែប្រុងប្រយ័ត្នជៀសវាងមនុស្សម្នាក់នេះ ដែលប្រៀបដូចជា «សំបុកឱម៉ាល់» ដោយខ្លាចធ្វើឱ្យពួកគេខឹង និងបង្កបញ្ហា។ មនុស្សខ្លះបញ្ចេញកំហឹងក្នុងអំឡុងពេលជួបជុំ បន្ទាប់ពីមានអារម្មណ៍ថាត្រូវបានគេធ្វើបាប ឬជួបរឿងមិនសប្បាយចិត្តនៅផ្ទះ ឬនៅកន្លែងធ្វើការ។ ច្បាស់ណាស់ ពួកគេកំពុងចាត់ទុកបងប្អូនប្រុសស្រីជាកន្លែងបញ្ចេញកំហឹង និងជាទីរងកំហឹងរបស់ពួកគេ។ នៅពេលដែលពួកគេមិនសប្បាយចិត្ត ពួកគេនិយាយអំណះអំណាងខុសទំនង យំ និងខឹងរករឿង។ តើមាននរណាហ៊ានប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេទៅនៅពេលនោះ? ប្រសិនបើមានការប្រកបគ្នាជាមួយពួកគេ ហើយពាក្យសម្ដីណាមួយចៃដន្យទៅប៉ះចំចំណុចរសើបរបស់ពួកគេ ពួកគេនឹងគំរាមធ្វើអត្តឃាត។ នោះវានឹងកាន់តែមានបញ្ហាធំមិនខាន។ ជាមួយមនុស្សបែបនេះ ការប្រកបគ្នាធម្មតាមិនបានទេ ការសន្ទនាធម្មតាក៏មិនបាន រាក់ទាក់ពេក ឬព្រងើយកន្តើយពេកក៏មិនបាន ជៀសវាងពួកគេក៏មិនបាន ជិតស្និទ្ធពេកក៏មិនបាន ហើយប្រសិនបើបងប្អូនប្រុសស្រីមិនបង្ហាញក្ដីរីករាយឱ្យស៊ីគ្នានឹងក្ដីរីករាយរបស់ពួកគេទេ នោះក៏មិនបានដែរ ហើយនៅពេលដែលមនុស្សទាំងនេះជួបប្រទះនឹងការលំបាកណាមួយ ប្រសិនបើបងប្អូនប្រុសស្រីមិនអាចចូលរួមសោកសៅឱ្យស៊ីគ្នានឹងទុក្ខព្រួយរបស់ពួកគេទេ នោះក៏មិនបានដែរ។ គ្មានអ្វីមួយអាចធ្វើឱ្យពួកគេពេញចិត្តបានឡើយ។ ទោះធ្វើអ្វីក៏ដោយ ក៏អាចធ្វើឱ្យពួកគេទើសចិត្ត និងខឹងសម្បារបានដែរ។ ទោះជាគេប្រព្រឹត្តចំពោះពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលពេញចិត្តឡើយ។ សូម្បីតែសេចក្ដីអធិប្បាយ និងការប្រកបគ្នារបស់ខ្ញុំអំពីសភាពរបស់មនុស្សមួយចំនួន ក៏អាចធ្វើឱ្យពួកគេខឹងបានដែរ។ តើវាធ្វើឱ្យពួកគេខឹងដោយរបៀបណា? ពួកគេគិតថា៖ «តើនេះមិនមែនជាការលាតត្រដាងខ្ញុំទេឬអី? អ្នកមិនធ្លាប់ទាំងបានប្រាស្រ័យទាក់ទងជាមួយខ្ញុំផង ហើយខ្ញុំក៏មិនបានប្រាប់អ្នកពីរឿងអ្វីដែលខ្ញុំបានធ្វើដោយស្ងាត់ៗដែរ។ តើអ្នកអាចដឹងដោយរបៀបណា? ច្បាស់ជាមាននរណាម្នាក់យករឿងទៅប្រាប់ហើយ។ ខ្ញុំត្រូវតែរកឱ្យឃើញថា តើនរណាដែលបានទាក់ទងជាមួយអ្នក នរណាដែលបានយករឿងទៅប្រាប់ នរណាដែលបានរាយការណ៍ពីខ្ញុំ ខ្ញុំនឹងមិនលើកលែងឱ្យទេ!» ប្រភេទមនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿងនេះ អាចមានគំនិតវៀចវេរចំពោះរឿងអ្វីគ្រប់យ៉ាង ហើយមិនអាចប្រព្រឹត្តចំពោះរឿងអ្វីមួយបានត្រឹមត្រូវឡើយ។ ពួកគេគឺហួសពីការនិយាយហេតុផលទៅហើយ! ពួកគេគ្មានតម្រិះប្រកបដោយវិចារណញាណទាល់តែសោះ ចំណែកឯការទទួលយកសេចក្ដីពិត គឺរឹតតែមិនអាចទៅរួច។ ការដែលពួកគេស្នាក់នៅក្នុងពួកជំនុំ មិនផ្ដល់ប្រយោជន៍អ្វីឡើយ គឺមានតែបង្កការខូចខាតប៉ុណ្ណោះ។ ពួកគេគ្រាន់តែជាឧបសគ្គ ជាបន្ទុកដែលគួរតែត្រូវរលាស់ចោលឱ្យបានលឿន ពួកគេគួរតែត្រូវបានជម្រះចេញភ្លាមៗ!
នៅប្រទេសចិន ការជឿលើព្រះជាម្ចាស់បណ្ដាលឱ្យមានការគាបសង្កត់ និងការបៀតបៀនដោយនាគដ៏ធំមានសម្បុរក្រហម ហើយមានមនុស្សជាច្រើនដែលត្រូវបានគេតាមចាប់ខ្លួន និងមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សខ្លះ នៅពេលត្រូវបានគេបៀតបៀន និងមិនអាចត្រឡប់ទៅផ្ទះវិញបាន បែរជាជឿថាពួកគេមានគុណបំណាច់ ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ពួកគេរស់នៅជាមួយគ្រួសារទទួលភ្ញៀវ ហើយពួកគេមិនត្រឹមតែឱ្យគេបម្រើខ្លួនប៉ុណ្ណោះទេ ប្រសិនបើមានរឿងអ្វីមួយមិនសមតាមបំណងរបស់ពួកគេសូម្បីតែបន្តិច ឬពួកគេចាប់ផ្ដើមនឹកផ្ទះ ពួកគេចាប់ផ្ដើមរករឿង ហើយអ្នកដទៃត្រូវតែលួងលោម និងអត់ធ្មត់នឹងពួកគេ។ តើមនុស្សបែបនេះមិនមែនជាមនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿងទេឬអី? មានមនុស្សជាច្រើនត្រូវបានគេបៀតបៀន ហើយគ្រួសារទទួលភ្ញៀវក៏មិនមានច្រើនដែរ។ គឺដោយសារតែក្ដីស្រឡាញ់ហើយ ទើបបងប្អូនប្រុសស្រី ទទួលភ្ញៀវដែលមិនអាចត្រឡប់ទៅផ្ទះវិញបានទាំងនោះ។ ពួកគេជួយមិនឱ្យអ្នកទាំងនោះដេកតាមផ្លូវ និងអនុញ្ញាតឱ្យពួកគេរស់នៅក្នុងផ្ទះរបស់ខ្លួន។ តើនេះមិនមែនជាព្រះគុណរបស់ព្រះជាម្ចាស់ទេឬអី? ប៉ុន្តែ អ្នកខ្លះមិនត្រឹមតែមិនដឹងគុណចំពោះព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងមើលមិនឃើញពីក្ដីស្រឡាញ់របស់បងប្អូនប្រុសស្រីទៀតផង។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថារងទុក្ខ ហើយថែមទាំងរអ៊ូរទាំ និងធ្វើខ្លួនទំនើងទៀតផង។ តាមពិតទៅ លក្ខខណ្ឌរស់នៅក្នុងផ្ទះរបស់បងប្អូនប្រុសស្រី គឺរាងប្រសើរជាងនៅក្នុងផ្ទះរបស់ខ្លួនឯងបន្ដិចផង។ ជាពិសេស ទាក់ទងនឹងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួន ការស្នាក់នៅក្នុងផ្ទះរបស់បងប្អូនប្រុសស្រី គឺរឹតតែប្រសើរជាងការស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឯងទៅទៀត ហើយការមានបងប្អូនប្រុសស្រីដើម្បីសហការគ្នាយ៉ាងចុះសម្រុង គឺតែងតែប្រសើរជាងការនៅម្នាក់ឯងឆ្ងាយណាស់។ ទោះបីជាលក្ខខណ្ឌរស់នៅក្នុងតំបន់ខ្លះមានការខ្វះខាតបន្តិចបន្តួចក៏ដោយ ក៏វានៅតែស្ថិតក្នុងកម្រិតជីវភាពមធ្យមដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ ពួកគេអាចរស់នៅជាមួយបងប្អូនប្រុសស្រី អាចជួបជុំគ្នា ហើយហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាញឹកញាប់ អាចយល់ពីសេចក្ដីពិតកាន់តែច្រើន និងដឹងថាគោលដៅនៃការដេញតាមរបស់ពួកគេគឺជាអ្វី។ ដូច្នេះ អស់អ្នកដែលដេញតាមសេចក្ដីពិត អាចលះបង់តម្លៃនោះ និងឆ្លងកាត់ការរងទុក្ខនោះបាន។ មនុស្សភាគច្រើនមានអាកប្បកិរិយាត្រឹមត្រូវចំពោះរឿងនេះ ពួកគេអាចទទួលយកវាពីព្រះជាម្ចាស់ ដោយដឹងថាការរងទុក្ខនោះគឺមានតម្លៃ ហើយវាជារឿងដែលពួកគេត្រូវឆ្លងកាត់។ ពួកគេអាចប្រព្រឹត្តចំពោះវាបានយ៉ាងត្រឹមត្រូវ។ ប៉ុន្តែ មនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿង និងទំនើងមួយចំនួន ពិតជាមិនអាចយល់ពីរឿងរ៉ាវតាមរបៀបនេះបានឡើយ។ ពួកគេប្រហែលជាអាចទ្រាំនឹងការមិនអាចត្រឡប់ទៅផ្ទះវិញបានត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីពីរសប្ដាហ៍ ពួកគេប្រែជាមួម៉ៅ ហើយនៅពេលដល់មួយឬពីរខែ ពួកគេក៏ធ្វើខ្លួនទំនើង ដោយនិយាយថា៖ «ហេតុអ្វីបានជាគ្រួសាររបស់អ្នករាល់គ្នាអាចនៅជុំគ្នាយ៉ាងសប្បាយរីករាយ ចំណែកខ្ញុំមិនអាចត្រឡប់ទៅផ្ទះរបស់ខ្ញុំបាន? ហេតុអ្វីបានជាខ្ញុំគ្មានសេរីភាព ខណៈពេលដែលអ្នករាល់គ្នាអាចចេញចូលបានតាមចិត្តនោះ?» អ្នកដទៃឆ្លើយតបវិញថា៖ «តើវាមិនមែនបណ្ដាលមកពីការបៀតបៀនពីនាគដ៏ធំមានសម្បុរក្រហមទេឬអី? ក្នុងនាមជាអ្នកដើរតាមព្រះជាម្ចាស់ តើវាមិនមែនជារឿងត្រឹមត្រូវទេឬ ដែលយើងត្រូវស៊ូទ្រាំនឹងការរងទុក្ខបែបនេះ? តើការរងទុក្ខបន្តិចបន្តួចនេះមានបញ្ហាអ្វីធំដុំទៅ? ក្នុងកាលៈទេសៈបែបនេះ តើមានអ្វីដែលត្រូវរើសច្រើននោះ? ប្រសិនបើអ្នកដទៃអាចស៊ូទ្រាំនឹងការរងទុក្ខនេះបាន ហេតុអ្វីបានជាអ្នកមិនអាចធ្វើបាន?» អស់អ្នកដែលគ្មានហេតុផល និងមានចេតនាបង្ករឿង មិនចង់រងទុក្ខទាល់តែសោះ។ ប្រសិនបើពួកគេត្រូវបានគេចាប់ខ្លួន និងដាក់គុក ពួកគេច្បាស់ជាក្លាយជាយូដាសមិនខាន។ តើការរស់នៅជាមួយគ្រួសារទទួលភ្ញៀវ មានការរងទុក្ខប៉ុនណាទៅ? ទីមួយ ម្ហូបអាហារនៅតែជាអាហាររបស់មនុស្សដដែល ទីពីរ គ្មាននរណាម្នាក់ធ្វើបាបអ្នកឡើយ ហើយទីបី គ្មាននរណាម្នាក់ជិះជាន់អ្នកទេ។ វាគ្រាន់តែថា អ្នកមិនអាចត្រឡប់ទៅផ្ទះ និងជួបជុំគ្រួសាររបស់អ្នកវិញបានប៉ុណ្ណោះ ហើយការរងទុក្ខបន្តិចបន្តួចនេះ គឺពិតជាមិនអាចទទួលយកបានឡើយ សម្រាប់មនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿង។ នៅពេលអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេ ពួកគេបដិសេធមិនទទួលយកវាទេ តែបែរជានិយាយរឿងដូចជា៖ «កុំមកបង្រៀនខ្ញុំអំពីគោលលទ្ធិធំដុំទាំងនោះអី។ ខ្ញុំយល់មិនតិចជាងអ្នកទេ ខ្ញុំដឹងទាំងអស់ហ្នឹង! គ្រាន់តែប្រាប់ខ្ញុំមក តើពេលណាទើបខ្ញុំអាចត្រឡប់ទៅផ្ទះវិញបាន? តើពេលណាទើបនាគដ៏ធំមានសម្បុរក្រហមឈប់តាមដានផ្ទះរបស់ខ្ញុំ? តើពេលណាទើបខ្ញុំអាចត្រឡប់ទៅផ្ទះវិញបាន ដោយមិនមាននាគដ៏ធំមានសម្បុរក្រហមតាមចាប់ខ្លួនខ្ញុំ? ប្រសិនបើខ្ញុំមិនដឹងថាពេលណាខ្ញុំអាចត្រឡប់ទៅផ្ទះវិញបានទេ នោះខ្ញុំសុខចិត្តស្លាប់ប្រសើរជាង!» ពួកគេរករឿងម្ដងទៀត ហើយនៅពេលពួកគេបន្តធ្វើបែបនេះ ពួកគេអង្គុយផ្ទាល់ដី ធាក់ជើងចុះឡើង ហើយកាន់តែធាក់ ពួកគេកាន់តែខឹង ហើយពួកគេក៏ផ្ទុះកំហឹងយ៉ាងទំនើង ព្រមទាំងយំឡូឡាទៀតផង។ អ្នកដទៃនិយាយថា៖ «សូមបន្ថយសំឡេងរបស់អ្នកបន្តិចទៅ។ ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះ ហើយអ្នកជិតខាងឮ ដោយដឹងថាមានអ្នកក្រៅមករស់នៅទីនេះ នោះគេនឹងលាតត្រដាងពួកយើងមិនខាន មែនទេ?» ពួកគេឆ្លើយតបថា៖ «ខ្ញុំមិនខ្វល់ទេ ខ្ញុំគ្រាន់តែចង់រករឿង! អ្នករាល់គ្នាអាចត្រឡប់ទៅផ្ទះវិញបាន ប៉ុន្តែខ្ញុំមិនអាចទេ។ វាមិនយុត្តិធម៌ទេ! ខ្ញុំនឹងរករឿងរហូតដល់អ្នករាល់គ្នាមិនអាចត្រឡប់ទៅផ្ទះវិញបានដូចជាខ្ញុំដែរ!» ការផ្ទុះកំហឹងយ៉ាងទំនើងរបស់ពួកគេមិនថមថយឡើយ ហើយគំនុំរបស់ពួកគេក៏លេចឡើង គ្មាននរណាម្នាក់អាចនិយាយហេតុផលឱ្យពួកគេយល់បានទេ គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលពួកគេបានឡើយ។ នៅពេលអារម្មណ៍របស់ពួកគេបានធូរស្រាលបន្តិច ពួកគេក៏ស្ងាត់ ហើយឈប់រករឿង។ ប៉ុន្តែនរណាទៅដឹង ថ្ងៃណាមួយ ពួកគេអាចនឹងធ្វើខ្លួនទំនើងម្ដងទៀត ហើយរករឿង៖ ពួកគេគ្រាន់តែចង់ចេញទៅដើរលេង និងមានសេរីភាព ហើយនិយាយខ្លាំងៗនៅក្នុងផ្ទះ ពួកគេតែងតែរៀបចំផែនការដើម្បីត្រឡប់ទៅផ្ទះវិញជានិច្ច។ បងប្អូនប្រុសស្រីព្រមានពួកគេថា៖ «ការត្រឡប់ទៅផ្ទះវិញគឺប្រថុយប្រថានណាស់ មានប៉ូលិសកំពុងតាមឃ្លាំមើល និងត្រួតពិនិត្យនៅទីនោះ»។ ពួកគេឆ្លើយតបថា៖ «ខ្ញុំមិនខ្វល់ទេ ខ្ញុំចង់ត្រឡប់ទៅវិញ! បើគេចាប់ខ្ញុំ ក៏ចាប់ទៅ! មានរឿងអ្វីធំដុំទៅ? យ៉ាងអាក្រក់បំផុត ខ្ញុំគ្រាន់តែក្លាយជាយូដាសម្នាក់ប៉ុណ្ណោះ!» តើនេះមិនមែនជាភាពឆ្កួតលីលាទេឬអី? (មែនហើយ)។ ពួកគេនិយាយយ៉ាងចំហថា ពួកគេសុខចិត្តធ្វើជាយូដាស។ តើនរណាហ៊ានទទួលភ្ញៀវដូចជាពួកគេទៅ? តើមាននរណាចង់ទទួលយូដាសជាភ្ញៀវ ដែរទេ? (ទេ)។ តើបុគ្គលបែបនេះជាអ្នកជឿលើព្រះជាម្ចាស់ដែរទេ? បងប្អូនប្រុសស្រីទទួលពួកគេជាភ្ញៀវ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេមានការខ្វះខាតបន្តិចបន្តួច នោះអាចអត់ឱនឱ្យបាន ការមិនដេញតាមសេចក្ដីពិត ក៏អាចអត់ឱនឱ្យបានដែរ។ ប៉ុន្តែ ពួកគេអាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ដោយក្បត់ពួកជំនុំ និងក្លាយជាយូដាស ហើយដោយហេតុនេះ ធ្វើឱ្យមនុស្សជាច្រើនមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ឬបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងប្រក្រតី តើនរណាអាចរ៉ាប់រងការស្ដីបន្ទោសចំពោះផលវិបាកទាំងនេះបានទៅ? តើអ្នកហ៊ានទទួលសត្រូវប្រភេទនេះដែរទេ? តើការទទួលពួកគេជាភ្ញៀវ មិនមែនគ្រាន់តែជាការនាំបញ្ហាមកដាក់ខ្លួនទេឬអី?
មនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿង គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះនៅពេលពួកគេធ្វើសកម្មភាព ដោយធ្វើអ្វីក៏ដោយឱ្យតែពួកគេសប្បាយចិត្ត។ ពាក្យសម្ដីរបស់ពួកគេគ្មានអ្វីក្រៅពីអំណះអំណាងខុសទំនង និងសេចក្ដីខុសឆ្គងឡើយ ហើយពួកគេមិនស្ដាប់ហេតុផលទាល់តែសោះ។ និស្ស័យកាចសាហាវរបស់ពួកគេគឺពោរពេញហូរហៀរ។ គ្មាននរណាហ៊ានសេពគប់ជាមួយពួកគេទេ ហើយក៏គ្មាននរណាម្នាក់សុខចិត្តប្រកបគ្នាជាមួយពួកគេពីសេចក្តីពិតដែរ ព្រោះខ្លាចនាំគ្រោះដាក់ខ្លួន។ ពេលអ្នកដទៃនិយាយត្រង់ៗជាមួយពួកគេ ពួកគេតែងតែស្ថិតនៅក្នុងភាពភ័យព្រួយ ដោយខ្លាចថា ប្រសិនបើពួកគេនិយាយពាក្យណាមួយដែលធ្វើឱ្យពួកនោះមិនពេញចិត្ត ឬមិនស្របតាមការចង់បានរបស់ពួកគេ អ្នកទាំងនោះនឹងយកពាក្យនោះមកចោទប្រកាន់ពួកគេទាំងកំរោលមិនខាន។ តើមនុស្សបែបនេះមិនមែនជាមនុស្សអាក្រក់ទេឬអី? តើពួកគេមិនមែនជាពួកអារក្សរស់ទេឬអី? មនុស្សទាំងឡាយណាដែលមាននិស្ស័យកាចសាហាវ និងគ្មានហេតុផល គឺសុទ្ធតែជាពួកអារក្សរស់។ ហើយនៅពេលនរណាម្នាក់ទាក់ទងជាមួយអារក្សរស់ អ្នកនោះអាចនាំគ្រោះដាក់ខ្លួនបាន បើមានការធ្វេសប្រហែសតែបន្តិច។ ប្រសិនបើពួកអារក្សរស់ទាំងនេះ មានវត្តមាននៅក្នុងពួកជំនុំ តើវាមិនបង្កបញ្ហាធំទៅហើយទេ? (នឹងបង្កបញ្ហាមិនខាន)។ បន្ទាប់ពីពួកអារក្សរស់ទាំងនេះបញ្ចេញអារម្មណ៍ឆេវឆាវ និងជះកំហឹងរបស់ខ្លួនរួចហើយ ពួកគេអាចនិយាយដូចមនុស្សបានមួយសន្ទុះ រួចក៏សុំអភ័យទោស ប៉ុន្តែបន្ទាប់ពីនោះទៅ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ នរណាទៅដឹងថា ពេលណាដែលពួកគេនឹងមានអារម្មណ៍មួម៉ៅទៀត ហើយពួកគេនឹងបញ្ចេញអារម្មណ៍ឆេវឆាវ ទាំងនិយាយហេតុផលខុសទំនងរបស់ពួកគេទៀតទៅ។ គោលដៅនៃការខឹងរករឿង និងការបញ្ចេញកំហឹងរបស់ពួកគេគឺខុសៗគ្នានៅរាល់ពេល ហើយប្រភព និងប្រវត្តិរឿងរ៉ាវនៃការបញ្ចេញកំហឹងរបស់ពួកគេក៏ដូចគ្នាដែរ។ ពោលគឺ រឿងអ្វីក៏អាចធ្វើឱ្យពួកគេផ្ទុះកំហឹងបានដែរ រឿងអ្វីក៏អាចធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្តបានដែរ ហើយរឿងអ្វីក៏អាចធ្វើឱ្យពួកគេប្រតិកម្មដោយការខឹងរករឿង និងអាកប្បកិរិយាទំនើងបានដែរ។ គួរឱ្យខ្លាចណាស់! គួរឱ្យរំខានណាស់! មនុស្សអាក្រក់ដែលវង្វេងស្មារតីទាំងនេះ អាចនឹងបាត់បង់សតិនៅពេលណាក៏បាន គ្មាននរណាម្នាក់ដឹងថាពួកគេមានសមត្ថភាពធ្វើអ្វីខ្លះឡើយ។ ខ្ញុំមានការស្អប់ខ្ពើមបំផុតចំពោះមនុស្សបែបនេះ។ ពួកគេម្នាក់ៗគួរតែត្រូវបានជម្រះចេញ ពួកគេទាំងអស់ត្រូវតែបោសសម្អាតចេញ។ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយពួកគេឡើយ។ ពួកគេមានគំនិតច្របូកច្របល់ និងមាននិស្ស័យសាហាវយង់ឃ្នង ពួកគេពោរពេញដោយអំណះអំណាងខុសទំនង និងពាក្យរបស់អារក្ស ហើយនៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេបញ្ចេញកំហឹងអំពីរឿងទាំងនោះតាមរបៀបឆាប់ខឹង។ អ្នកខ្លះយំនៅពេលពួកគេបញ្ចេញកំហឹង អ្នកខ្លះស្រែកឡូឡា អ្នកខ្លះជាក់ជើងខ្លាំងៗ ហើយថែមទាំងមានអ្នកខ្លះគ្រវីក្បាល និងគ្រវីដៃជើងទៀតផង។ ពួកគេគ្រាន់តែជាសត្វតិរច្ឆានប៉ុណ្ណោះ មិនមែនជាមនុស្សឡើយ។ ចុងភៅខ្លះគប់ឆ្នាំង និងចានពាសពេញកន្លែងនៅពេលពួកគេខឹង អ្នកខ្លះទៀតដែលចិញ្ចឹមជ្រូក ឬឆ្កែ ក៏ទាត់ និងវាយសត្វទាំងនេះនៅពេលពួកគេខឹង ដោយបញ្ចេញកំហឹងទាំងអស់របស់ពួកគេទៅលើសត្វទាំងនោះ។ បុគ្គលទាំងនេះ មិនថាមានរឿងអ្វីកើតឡើងទេ តែងតែប្រតិកម្មដោយកំហឹងជានិច្ច ពួកគេមិនរំងាប់អារម្មណ៍ខ្លួនឯងដើម្បីឆ្លុះបញ្ចាំង ឬទទួលយកវាពីព្រះជាម្ចាស់ឡើយ។ ពួកគេមិនអធិស្ឋាន ឬស្វែងរកសេចក្ដីពិតទេ ហើយក៏មិនស្វែងរកការប្រកបគ្នាជាមួយអ្នកដទៃដែរ។ នៅពេលពួកគេគ្មានជម្រើស ពួកគេស៊ូទ្រាំ នៅពេលពួកគេមិនព្រមស៊ូទ្រាំ ពួកគេក៏ឆ្កួតឡប់ ដោយនិយាយអំណះអំណាងខុសទំនង ចោទប្រកាន់ និងថ្កោលទោសអ្នកដទៃ។ ពួកគេតែងតែនិយាយរឿងដូចជា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាសុទ្ធតែមានការអប់រំ ហើយមើលងាយខ្ញុំ» «ខ្ញុំដឹងថាគ្រួសាររបស់អ្នករាល់គ្នាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយអ្នករាល់គ្នាមើលងាយខ្ញុំដោយសារតែខ្ញុំក្រ» ឬ «ខ្ញុំដឹងថាអ្នករាល់គ្នាមើលងាយខ្ញុំដោយសារតែខ្ញុំខ្វះមូលដ្ឋានគ្រឹះនៅក្នុងជំនឿរបស់ខ្ញុំ ហើយអ្នករាល់គ្នាមើលងាយខ្ញុំដោយសារតែខ្ញុំមិនដេញតាមសេចក្ដីពិត»។ ទោះបីជាដឹងយ៉ាងច្បាស់ពីបញ្ហាជាច្រើនរបស់ខ្លួនឯងក៏ដោយ ក៏ពួកគេមិនដែលស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះឡើយ ហើយក៏មិនពិភាក្សាអំពីការស្គាល់ខ្លួនឯង នៅក្នុងការប្រកបគ្នារបស់ពួកគេជាមួយអ្នកដទៃដែរ។ នៅពេលបញ្ហារបស់ពួកគេត្រូវបានលើកឡើង ពួកគេបង្វែរសាច់រឿង និងធ្វើការចោទប្រកាន់ត្រឡប់វិញទាំងខុសឆ្គង ដោយរុញបញ្ហា និងការទទួលខុសត្រូវទាំងអស់ទៅឱ្យអ្នកដទៃ ហើយថែមទាំងត្អូញត្អែរថា មូលហេតុដែលពួកគេប្រព្រឹត្តបែបនេះ គឺដោយសារតែអ្នកដទៃធ្វើបាបពួកគេ។ វាហាក់ដូចជាការខឹងរករឿង និងការបង្កបញ្ហាដោយគ្មានហេតុផលរបស់ពួកគេ គឺបណ្ដាលមកពីអ្នកដទៃ ហាក់ដូចជាអ្នកដទៃទាំងអស់ដែលជាអ្នកខុស ចំណែកពួកគេវិញ គ្រាន់តែគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើបែបនេះ ហើយពួកគេកំពុងការពារខ្លួនឯងយ៉ាងត្រឹមត្រូវ។ រាល់ពេលដែលពួកគេមិនពេញចិត្ត ពួកគេចាប់ផ្ដើមបញ្ចេញការថ្នាំងថ្នាក់របស់ពួកគេ និងនិយាយពាក្យឥតបានការ ដោយប្រកាន់ខ្ជាប់នូវអំណះអំណាងខុសទំនងរបស់ពួកគេ ហាក់ដូចជាអ្នកដទៃទាំងអស់សុទ្ធតែខុស ហាក់ដូចជាពួកគេគឺជាមនុស្សល្អតែម្នាក់គត់ ហើយអ្នកដទៃទាំងអស់សុទ្ធតែជាមនុស្សអាក្រក់។ មិនថាពួកគេខឹងរករឿង ឬនិយាយអំណះអំណាងខុសទំនងកម្រិតណាក៏ដោយ ក៏ពួកគេទាមទារឱ្យគេនិយាយល្អពីពួកគេដែរ។ សូម្បីតែពេលពួកគេធ្វើខុស ក៏ពួកគេហាមឃាត់មិនឱ្យអ្នកដទៃលាតត្រដាង ឬរិះគន់ពួកគេដែរ។ ប្រសិនបើអ្នកចង្អុលបង្ហាញសូម្បីតែបញ្ហាបន្តិចបន្តួចរបស់ពួកគេ ពួកគេនឹងទាញអ្នកឱ្យជាប់ពាក់ព័ន្ធក្នុងជម្លោះមិនចេះចប់មិនចេះហើយ ហើយពេលនោះ អ្នកកុំសង្ឃឹមថានឹងអាចរស់នៅដោយសុខសាន្តឱ្យសោះ។ តើនេះជាមនុស្សប្រភេទណាទៅ? នេះគឺជាមនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿង ហើយអស់អ្នកដែលធ្វើបែបនេះ គឺជាមនុស្សអាក្រក់។
មនុស្សដែលគ្មានហេតុផល និងមានចេតនាបង្ករឿង ជាទូទៅប្រហែលជាមិនប្រព្រឹត្តអំពើក្បត់ ឬអំពើអាក្រក់ធំដុំណាមួយឡើយ ប៉ុន្តែនៅពេលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ កេរ្តិ៍ឈ្មោះ ឬសេចក្ដីថ្លៃថ្នូររបស់ពួកគេ ពួកគេក៏ផ្ទុះកំហឹងភ្លាមៗ ខឹងរករឿង ធ្វើខ្លួនយ៉ាងទំនើង និងថែមទាំងគំរាមធ្វើអត្តឃាតទៀតផង។ ប្រាប់ខ្ញុំមក ប្រសិនបើមនុស្សដែលឆ្កួតលីលា និងឈ្លើយគ្មានហេតុផលបែបនេះលេចឡើងនៅក្នុងគ្រួសារមួយ តើគ្រួសារទាំងមូលមិនរងទុក្ខទេឬអី? ពេលនោះ គ្រួសារនោះនឹងធ្លាក់ចូលក្នុងភាពវឹកវរ ពោរពេញដោយការយំសោក និងស្រែកឡូឡា ដែលធ្វើឱ្យរស់នៅមិនសុខឡើយ។ ពួកជំនុំខ្លះមានមនុស្សបែបនេះ ទោះបីជាវាមិនស្ដែងចេញឱ្យឃើញនៅពេលដែលអ្វីៗមានភាពប្រក្រតីក៏ដោយ ក៏អ្នកមិនដឹងថាពេលណាពួកគេអាចនឹងផ្ទុះកំហឹង និងបញ្ចេញឱ្យឃើញពីខ្លួនពួកគេឡើយ។ ការបង្ហាញចេញចម្បងរបស់មនុស្សបែបនេះរួមមាន ការខឹងរករឿង ការនិយាយអំណះអំណាងខុសទំនង និងការជេរប្រទេចជាសាធារណៈ ជាដើម។ សូម្បីតែអាកប្បកិរិយាទាំងនេះកើតឡើងត្រឹមតែម្ដងក្នុងមួយខែ ឬរៀងរាល់កន្លះឆ្នាំម្ដងក៏ដោយ ក៏វាបណ្ដាលឱ្យមានសេចក្ដីទុក្ខព្រួយ និងការលំបាកយ៉ាងខ្លាំង ដោយនាំមកនូវការរំខានក្នុងកម្រិតផ្សេងៗដល់ជីវិតពួកជំនុំរបស់មនុស្សភាគច្រើន។ ប្រសិនបើវាពិតជាត្រូវបានបញ្ជាក់ថាមាននរណាម្នាក់ស្ថិតក្នុងប្រភេទនេះមែន ពួកគេគួរតែត្រូវបានដោះស្រាយភ្លាមៗ ហើយបោសសម្អាតចេញពីពួកជំនុំ។ អ្នកខ្លះអាចនឹងនិយាយថា៖ «មនុស្សទាំងនេះមិនបានធ្វើអំពើអាក្រក់អ្វីទេ។ ពួកគេមិនអាចចាត់ទុកថាជាមនុស្សអាក្រក់ឡើយ យើងគួរតែអត់ឱន និងអត់ធ្មត់ចំពោះពួកគេ»។ ប្រាប់ខ្ញុំមក តើការមិនដោះស្រាយជាមួយមនុស្សបែបនេះ អាចទទួលយកបានដែរឬទេ? (ទេ មិនអាចទទួលយកបានទេ)។ ហេតុអ្វីបានជាមិនបាន? (ពីព្រោះទង្វើរបស់ពួកគេបណ្ដាលឱ្យមានបញ្ហា និងការរំខានយ៉ាងខ្លាំងដល់មនុស្សភាគច្រើន ហើយក៏បណ្ដាលឱ្យមានការរំខានដល់ជីវិតពួកជំនុំផងដែរ)។ ដោយផ្អែកលើលទ្ធផលនេះ វាច្បាស់ណាស់ថា អស់អ្នកដែលរំខានដល់ជីវិតពួកជំនុំ ទោះបីជាពួកគេមិនមែនជាមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏មិនគួរឱ្យបន្តនៅក្នុងពួកជំនុំដែរ។ នោះក៏ព្រោះតែមនុស្សបែបនេះមិនស្រឡាញ់សេចក្ដីពិតទេ តែបែរជាមិនពេញចិត្តនឹងវាទៅវិញ ហើយមិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ ឬស្ដាប់សេចក្ដីអធិប្បាយប៉ុន្មានដងក៏ដោយ ក៏ពួកគេនឹងមិនទទួលយកសេចក្ដីពិតដែរ។ នៅពេលដែលពួកគេធ្វើរឿងអាក្រក់ណាមួយ ហើយត្រូវបានគេលួសកាត់ ពួកគេក៏ខឹងរករឿង និងនិយាយឥតបានការ។ សូម្បីតែពេលមាននរណាម្នាក់ប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេ ក៏ពួកគេមិនទទួលយកវាដែរ។ គ្មាននរណាម្នាក់អាចនិយាយហេតុផលជាមួយពួកគេបានឡើយ។ សូម្បីតែពេលខ្ញុំប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេ ក៏មើលពីសំបកក្រៅពួកគេអាចនឹងនៅស្ងៀមស្ងាត់ ប៉ុន្តែមិនទទួលយកវានៅក្នុងចិត្តឡើយ។ នៅពេលប្រឈមមុខនឹងស្ថានភាពជាក់ស្ដែង ពួកគេនៅតែប្រព្រឹត្តដូចដែលពួកគេធ្លាប់ធ្វើជានិច្ច។ ពួកគេមិនស្ដាប់ព្រះបន្ទូលរបស់ខ្ញុំទេ ដូច្នេះ ពួកគេរឹតតែមិនទទួលយកដំបូន្មានរបស់អ្នករាល់គ្នាទៅទៀត។ ទោះបីជាមនុស្សទាំងនេះប្រហែលជាមិនប្រព្រឹត្តអំពើអាក្រក់ធំដុំក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច។ បើមើលទៅលើសារជាតិធម្មជាតិរបស់ពួកគេ ពួកគេមិនត្រឹមតែខ្វះមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គ្មានហេតុផល និងមានចេតនាបង្ករឿង និងមិនស្ដាប់ហេតុផលទាល់តែសោះ។ តើមនុស្សបែបនេះអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែរទេ? ពិតជាមិនអាចទេ! អស់អ្នកដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ គឺជាអ្នកមិនជឿ ពួកគេគឺជាអ្នកបម្រើសាតាំង។ នៅពេលមានរឿងមិនសមតាមបំណងរបស់ពួកគេ ពួកគេខឹងរករឿង ទទូចនិយាយអំណះអំណាងខុសទំនង និងមិនស្ដាប់សេចក្ដីពិតឡើយ មិនថាមានការប្រកបគ្នាអំពីវាយ៉ាងណាក៏ដោយ។ មនុស្សបែបនេះគឺគ្មានហេតុផល និងមានចេតនាបង្ករឿង ពួកគេសុទ្ធសឹងតែជាអារក្ស និងវិញ្ញាណអាក្រក់ ពួកគេអាក្រក់ជាងសត្វតិរច្ឆានទៅទៀត! ពួកគេគឺជាមនុស្សវិកលចរិតដែលគ្មានតម្រិះប្រកបដោយវិចារណញាណ ហើយមិនអាចមានការប្រែចិត្តពិតប្រាកដឡើយ។ កាលណាពួកគេស្នាក់នៅក្នុងពួកជំនុំកាន់តែយូរ ពួកគេកាន់តែមានសញ្ញាណអំពីព្រះជាម្ចាស់កាន់តែច្រើន ពួកគេកាន់តែទាមទារដោយគ្មានហេតុផលពីដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេកាន់តែបង្កការរំខាន និងការខូចខាតដល់ជីវិតពួកជំនុំ។ នេះប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដំណើរការប្រក្រតីនៃកិច្ចការពួកជំនុំ។ ការខូចខាតដែលពួកគេបង្កចំពោះកិច្ចការពួកជំនុំ គឺមិនតិចជាងការបំផ្លាញរបស់មនុស្សអាក្រក់ឡើយ ពួកគេគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំតាំងពីដើម។ មនុស្សខ្លះនិយាយថា៖ «តើពួកគេមិនមែនគ្រាន់តែធ្វើខ្លួនទំនើងបន្តិចបន្តួចទេឬអី? ពួកគេមិនទាន់ឈានដល់ចំណុចដែលក្លាយជាមនុស្សអាក្រក់ឡើយ ដូច្នេះ តើវាមិនប្រសើរជាងទេឬ ដែលយើងប្រព្រឹត្តចំពោះពួកគេដោយក្ដីស្រឡាញ់នោះ? ប្រសិនបើយើងទុកពួកគេ ប្រហែលជាពួកគេអាចផ្លាស់ប្ដូរ និងត្រូវបានសង្គ្រោះ»។ ខ្ញុំប្រាប់អ្នកថា វាមិនអាចទៅរួចទេ! គ្មានពាក្យថា «ប្រហែលជា» ឡើយ មនុស្សទាំងនេះពិតជាមិនអាចត្រូវបានសង្គ្រោះសោះឡើយ។ នោះក៏ព្រោះតែពួកគេមិនអាចយល់ពីសេចក្ដីពិត រឹតតែមិនអាចទទួលយកវាបាន ពួកគេខ្វះមនសិការ និងវិចារណញ្ញាណ ដំណើរការនៃការគិតរបស់ពួកគេគឺមិនប្រក្រតី ហើយពួកគេថែមទាំងខ្វះសុភវិនិច្ឆ័យមូលដ្ឋានបំផុតដែលតម្រូវសម្រាប់ការប្រព្រឹត្តខ្លួនទៀតផង។ ពួកគេគឺជាមនុស្សដែលគ្មានតម្រិះប្រកបដោយវិចារណញាណ។ ព្រះជាម្ចាស់ពិតជាមិនសង្គ្រោះមនុស្សបែបនេះឡើយ។ សូម្បីតែអ្នកដែលមានការគិតប្រក្រតីជាងនេះបន្តិច និងមានគុណសម្បត្តិល្អជាង ក៏មិនអាចត្រូវបានសង្គ្រោះដែរ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ចុះទម្រាំអ្នកដែលគ្មានតម្រិះប្រកបដោយវិចារណញាណនោះ។ ការដែលនៅតែប្រព្រឹត្តចំពោះមនុស្សបែបនេះដោយសេចក្ដីស្រឡាញ់ និងនៅតែមានសង្ឃឹមលើពួកគេ តើនោះមិនមែនជាការល្ងង់ខ្លៅ និងងងឹតងងល់ពេកទេឬអី? ខ្ញុំកំពុងប្រាប់អ្នករាល់គ្នានៅពេលនេះថា៖ ការជម្រះអស់អ្នកដែលគ្មានហេតុផល និងមានចេតនាបង្ករឿង និងមិនស្ដាប់ហេតុផលចេញពីពួកជំនុំ គឺជារឿងត្រឹមត្រូវទាំងស្រុង។ វាជាការកាត់ផ្ដាច់ចេញពីឫសគល់នៃការយាយីរបស់ពួកគេចំពោះពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ប្រសិនបើមានមនុស្សគ្មានហេតុផលបែបនេះនៅក្នុងពួកជំនុំណាមួយ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែរាយការណ៍ពីពួកគេ ហើយនៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទទួលបានរបាយការណ៍បែបនេះ ពួកគេគួរតែដោះស្រាយវាភ្លាមៗ។ នេះគឺជាគោលការណ៍សម្រាប់ការដោះស្រាយជាមួយប្រភេទមនុស្សទីប្រាំមួយ ពោលគឺអស់អ្នកដែលគ្មានហេតុផល និងមានចេតនាបង្ករឿង។
ឆ. ពាក់ព័ន្ធយ៉ាងជាប់លាប់ក្នុងសកម្មភាពខុសសីលធម៌
ប្រភេទទីប្រាំពីរ គឺជាពួកអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ ដែលជាក្រុមមនុស្សដែលគេតែងតែលើកឡើងជារឿយៗ។ ទោះបីជាការសម្ដែងចេញនៃភាពជាមនុស្សរបស់ពួកគេ មិនសូវជាអាក្រក់ដូចជាការបង្កជម្លោះ ឬការប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខានក៏ដោយ ក៏ពួកគេមានភាពដូចគ្នាមួយ គឺតែងតែមានបញ្ហា និងរឿងរ៉ាវកើតឡើងជានិច្ចនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សភេទផ្ទុយ។ មិនថាមានឱកាស ឬអត់ទេ បញ្ហាបែបនេះតែងតែកើតឡើងចំពោះពួកគេជានិច្ច ហើយប្រសិនបើគ្មានឱកាសទេ ពួកគេនឹងបង្កើតឱកាស ដើម្បីឱ្យ «រឿងរ៉ាវ» បែបនេះកើតឡើងទាល់តែបាន។ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ មិនថាភាគីម្ខាងទៀតជានរណា ឬនៅឆ្ងាយពីពួកគេកម្រិតណាក៏ដោយ រឿងរ៉ាវបែបនេះតែងតែកើតឡើងចំពោះពួកគេម្ដងម្កាល។ តើជារឿងរ៉ាវបែបណាទៅ? ពួកគេទាក់ទងស្នេហាជាមួយនរណាម្នាក់ ឬតែងតែចង់ចូលទៅជិតនរណាម្នាក់ ឬមានមនោសញ្ចេតនាជាមួយនរណាម្នាក់ ឬដាក់ចិត្តលើនរណាម្នាក់ជាដើម។ ពួកគេតែងតែមិនអាចរស់នៅឱ្យបានប្រក្រតី និងមិនអាចបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រក្រតីបានឡើយ ដោយទទួលរងឥទ្ធិពលពីចំណង់តណ្ហាជានិច្ច។ ពោលគឺ នៅក្នុងស្ថានភាពធម្មតា ដែលមនុស្សប្រក្រតីមិនគួរចូលទៅពាក់ព័ន្ធនឹងរឿងបែបនេះទេ តែពួកគេបែរជាចូលពាក់ព័ន្ធជាញឹកញាប់ទៅវិញ។ ពួកគេមិនត្រូវការកាលៈទេសៈពិសេសណាមួយ ឬនរណាម្នាក់ដើម្បីបង្កើតឱកាសសម្រាប់ពួកគេឡើយ ហេតុការណ៍ទាំងនេះគ្រាន់តែកើតឡើងតាមធម្មជាតិប៉ុណ្ណោះ។ បន្ទាប់ពីហេតុការណ៍បែបនេះកើតឡើង មិនថាមានផលវិបាកយ៉ាងណានោះទេ តែងតែមានមនុស្សមួយក្រុម ឬបុគ្គលណាម្នាក់ត្រូវបង់ថ្លៃចំពោះរឿងនេះជានិច្ច។ តើពួកគេត្រូវបង់ថ្លៃអ្វីខ្លះ? ការបំពេញភារកិច្ចរបស់ពួកគេត្រូវរងផលប៉ះពាល់ កិច្ចការពួកជំនុំត្រូវបានពន្យារពេល និងបង្អាក់ យុវជនខ្លះត្រូវរងការរំខាន ហើយធ្លាក់ចូលទៅក្នុងការល្បួង ព្រមទាំងបាត់បង់ចំណាប់អារម្មណ៍ក្នុងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួន ហើយមនុស្សខ្លះថែមទាំងបាត់បង់ភារកិច្ចរបស់ខ្លួន ឬបោះបង់ភារកិច្ចចោលទៀតផង។ មនុស្សដែលពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ គឺពិតជានាំបញ្ហាខ្លាំងណាស់។ ជារឿយៗ តែងតែមានមនុស្សភេទផ្ទុយមកចោមរោមពួកគេ ចូលទៅជិតពួកគេ ញ៉ែញងពួកគេ ហើយថែមទាំងលេងសើចបែបស្នេហាជាមួយពួកគេទៀតផង។ ទោះបីជាគ្មានបញ្ហាធ្ងន់ធ្ងរណាមួយដែលពាក់ព័ន្ធនឹងសារជាតិកើតឡើងក៏ដោយ ក៏ពួកគេរំខានយ៉ាងធ្ងន់ធ្ងរដល់សភាពប្រក្រតីរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនដែរ។ គ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេតែងតែនាំបញ្ហា និងការរំខានដល់អ្នកដទៃ ដល់កិច្ចការ និងដល់ពួកជំនុំ ថែមទាំងលួងលោមមនុស្សភេទផ្ទុយដែលពួកគេចាប់អារម្មណ៍នៅរាល់ឱកាស ហើយបង្កើតទំនាក់ទំនងជាមួយអ្នកទាំងនោះទៀតផង។ នេះគឺជារឿងដែលគួរឱ្យធុញទ្រាន់ខ្លាំងពេកហើយ។ នៅពេលដែលពួកគេលង់ស្រឡាញ់នរណាម្នាក់ បុគ្គលនោះក៏ត្រូវវេទនាដែរ ដោយមិនអាចជឿលើព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រក្រតីទៀតឡើយ។ ផលវិបាក គឺមិនអាចនឹកស្មានដល់ឡើយ។ បុគ្គលនោះមិនអាចនៅដោយមិនទាក់ទង ឬមិនជួបមុខអ្នកដែលលួងលោមខ្លួននោះឡើយ ហើយខណៈពេលដែលពួកគេកំពុងរវល់បំពេញភារកិច្ចរបស់ខ្លួន ពួកគេក៏មិនអាចរៀបការ ឬសាងគ្រួសារបានដែរ ហើយទំនាក់ទំនងនោះនៅតែមិនអាចកាត់ផ្ដាច់បានដដែល។ តើមានអ្វីកើតឡើងនៅទីបំផុត? ពួកគេចាប់ផ្ដើមរងទុក្ខយ៉ាងខ្លាំង ប្រកបដោយការឈឺចាប់យ៉ាងក្រៃលែង! ប្រសិនបើពួកគេទ្រាំទ្ររហូតដល់ពួកគេត្រូវបានដាក់ទោសនៅក្នុងគ្រោះមហន្តរាយ នោះអ្វីៗគឺចប់សព្វគ្រប់សម្រាប់ពួកគេហើយ ក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានការសង្គ្រោះ ត្រូវរលាយបាត់អស់។ មនុស្សខ្លះប្រមាថម្ដង ហើយមិនព្រមប្រែចិត្តនៅពេលដែលពួកគេត្រូវបានលួសកាត់ឡើយ ប៉ុន្តែបែរជាប្រមាថជាលើកទីពីរ ឬសូម្បីតែលើកទីបី ដោយមានទំនាក់ទំនងស្នេហាបីឬបួនដងក្នុងរយៈពេលពីរឬបីឆ្នាំ ដែលនេះបង្កើតបានជាការរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដល់ជីវិតពួកជំនុំ ហើយវាធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្អប់ខ្ពើមពួកគេ។ នេះបន្សល់ទុកនូវស្នាមប្រឡាក់លើពួកគេ ដែលធ្វើឱ្យពួកគេស្ដាយក្រោយអស់មួយជីវិត។
មនុស្សខ្លះ ដោយសារតែពួកគេមានរូបរាងស្រស់ស្អាតបន្តិចបន្តួច និងមានភាពទាក់ទាញ ព្រមទាំងមានអំណោយទាន និងទេពកោសល្យខ្លះៗ ឬបានទទួលខុសត្រូវលើកិច្ចការសំខាន់ៗខ្លះ ពួកគេតែងតែមានមនុស្សភេទផ្ទុយមករោមពួកគេដូចជារុយ។ អ្នកខ្លះបម្រើអាហារដល់ពួកគេ អ្នកខ្លះរៀបចំកន្លែងដេកឱ្យពួកគេ អ្នកខ្លះបោកគក់ខោអាវឱ្យពួកគេ អ្នកខ្លះទិញអាហារបំប៉នសុខភាព និងគ្រឿងសម្អាងឱ្យពួកគេ ព្រមទាំងជូនអំណោយតូចតាចដល់ពួកគេ និងមានរឿងជាច្រើនទៀត។ ពួកគេទទួលយកទាំងអស់ ទាំងដឹងក្នុងចិត្តថា អាកប្បកិរិយាបែបនេះពីអ្នកដទៃគឺជារឿងមិនសមរម្យ ប៉ុន្តែពួកគេមិនដែលបដិសេធឡើយ ដោយលួងលោមមនុស្សភេទផ្ទុយជាច្រើននាក់ក្នុងពេលតែមួយ។ មនុស្សទាំងនោះដណ្ដើមគ្នាដើម្បីបានឱកាសបម្រើពួកគេ ដោយប្រកួតប្រជែង និងច្រណែនឈ្នានីសគ្នាទៅវិញទៅមក ខណៈពេលដែលបុគ្គលពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌នោះ រីករាយនឹងអារម្មណ៍នេះ ដោយជឿជាក់ថាខ្លួនឯងមានមន្តស្នេហ៍ខ្លាំងណាស់។ តាមការពិត រឿងរ៉ាវរវាងបុរសនិងស្ត្រី គឺមនុស្សពេញវ័យយល់ច្បាស់ណាស់ ហើយសូម្បីតែក្មេងមិនទាន់គ្រប់អាយុខ្លះក៏យល់ពីរឿងទាំងនេះដែរ មានតែមនុស្សល្ងីល្ងើ អ្នកមានពិការភាពផ្នែកបញ្ញា ឬអ្នកមានជំងឺផ្លូវចិត្តប៉ុណ្ណោះ ដែលមិនយល់ពីរឿងទាំងនេះ។ ហេតុអ្វីបានជាមនុស្សទាំងនេះប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីបម្រើ និងផ្គាប់ចិត្តមនុស្សភេទផ្ទុយបែបនេះ? គឺសុទ្ធតែដោយសារតែចង់លួងលោម តើមែនទេ? មិនចាំបាច់និយាយឱ្យច្បាស់នោះទេ គ្រប់គ្នាដឹងពីអ្វីដែលកំពុងកើតឡើងហើយ។ វាជារឿងដែលមនុស្សដឹងច្បាស់ណាស់ ជារឿងដែលមិនសមរម្យយ៉ាងច្បាស់ក្រឡែត ប៉ុន្តែបុគ្គលនោះមិនបដិសេធឡើយ តែបែរជាបណ្ដោយតាមដោយស្ងៀមស្ងាត់ទៅវិញ តើនេះហៅថាអ្វីទៅ? នេះហៅថា ការញ៉ែញង។ ពួកគេដឹងថា វាគឺជាការលួងលោមរវាងបុរសនិងស្ត្រី ប៉ុន្តែដើម្បីទទួលបានភាពរំភើបដែលកើតចេញពីការបំពេញចំណង់តណ្ហានៃសាច់ឈាម ពួកគេមិនចង់បដិសេធឡើយ។ ពួកគេមានអារម្មណ៍ថា អារម្មណ៍នេះគឺជាការសោយសុខមួយប្រភេទ ជាការសោយសុខដែលប្រសើរជាងអាហារដ៏ឆ្ងាញ់ពិសាណាមួយនៅលើលោកទៅទៀត ដូច្នេះហើយទើបពួកគេមិនបដិសេធ។ នៅពេលដែលសាមីខ្លួនមិនបដិសេធ អ្នកដែលលួងលោមពួកគេកាន់តែសប្បាយចិត្ត ដោយគិតថាខ្លួនឯងគឺជាអ្នកដែលបុគ្គលនោះចូលចិត្ត ហើយក៏រីករាយនឹងស្ថានភាពនេះនៅក្នុងចិត្ត។ ចំណែកឯបុគ្គលនោះវិញគិតថា ដរាបណាគ្មានទំនាក់ទំនងស៊ីជម្រៅណាមួយកើតឡើងទេ វាមិនចាត់ទុកជារឿងធ្ងន់ធ្ងរឡើយ ការខុសសីលធម៌ក្នុងចំណោមអ្នកគ្មានជំនឿ គឺអាក្រក់ជាងនេះឆ្ងាយណាស់ ហើយថារឿងនេះ យ៉ាងច្រើនបំផុតចាត់ទុកត្រឹមតែជាការលួងលោមប៉ុណ្ណោះ ដែលស្រដៀងនឹងការទាក់ទងស្នេហាធម្មតាដែរ។ ប៉ុន្តែ តើការទាក់ទងស្នេហា គួរតែបែបនេះឬ? ថ្ងៃនេះជាមួយម្នាក់ ថ្ងៃស្អែកជាមួយម្នាក់ទៀត ដោយចេះតែទាក់ទងស្នេហា និងលួងលោមគេមិនចេះចប់មិនចេះហើយជាមួយនរណាក៏ដោយ។ គ្រប់ទីកន្លែងដែលពួកគេទៅ បុគ្គលខុសសីលធម៌បែបនេះ តែងតែគិតជាចម្បងលើការបញ្ចេញចំណង់តណ្ហារបស់ពួកគេ ការអួតបង្ហាញ និងការដើរលួងលោមគេ។ កាលណាពួកគេលួងលោមមនុស្សបានកាន់តែច្រើន ពួកគេកាន់តែមានអារម្មណ៍សប្បាយចិត្ត។ តើមានអ្វីកើតឡើងនៅទីបញ្ចប់? បន្ទាប់ពីអួតបង្ហាញម្ដងហើយម្ដងទៀត បងប្អូនប្រុសស្រីខ្លះក៏ញែកដឹងពីអាកប្បកិរិយារបស់ពួកគេ ហើយរួមគ្នាសរសេរលិខិតទៅកាន់អ្នកដឹកនាំថ្នាក់លើ។ ការស៊ើបអង្កេតបានបញ្ជាក់ថាជារឿងពិត ហើយបុគ្គលខុសសីលធម៌នោះក៏ត្រូវបានជម្រះចេញពីពួកជំនុំ។ ឃើញទេថាមានអ្វីកើតឡើង? តើផ្លូវនៃការជឿលើព្រះជាម្ចាស់របស់ពួកគេ មិនត្រូវបញ្ចប់ត្រឹមនេះទេឬអី? លទ្ធផលរបស់ពួកគេត្រូវបានបើកសម្ដែងហើយ។ ទង្វើ និងអាកប្បកិរិយារបស់ពួកគេ ដែលមនុស្សមិនអាចទ្រាំទ្របាន គឺកាន់តែគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ទៅទៀត។ អាកប្បកិរិយាដែលមនុស្សទាំងនេះបានសម្ដែងចេញ មិនតំណាងឱ្យទំនាក់ទំនងត្រឹមត្រូវរវាងមនុស្សនិងមនុស្សឡើយ ហើយវាក៏មិនឆ្លុះបញ្ចាំងពីតម្រូវការរបស់មនុស្សប្រក្រតីដែរ។ ទង្វើរបស់ពួកគេអាចពណ៌នាដោយពាក្យតែមួយម៉ាត់គត់ គឺ៖ «ការខុសសីលធម៌»។ តើការខុសសីលធម៌សំដៅលើអ្វី? វាមានន័យថា ការមានទំនាក់ទំនងយ៉ាងគឃ្លើនជាមួយមនុស្សភេទផ្ទុយ ការលួងលោមអ្នកដទៃតាមតែអំពើចិត្តដោយគ្មានការទទួលខុសត្រូវ ព្រមទាំងការលួងលោម និងការបៀតបៀនសមាជិកភេទផ្ទុយ។ វាគឺជាការលេងសើចជាមួយនឹងចំណង់តណ្ហា ហើយធ្វើបែបនេះដោយមិនគិតពីការខាតបង់ ឬផលវិបាកឡើយ។ ប្រសិនបើនៅទីបំផុត មាននរណាម្នាក់ធ្លាក់ក្នុងអន្ទាក់ ហើយទាក់ទងញ៉ែញងជាមួយពួកគេ នោះពួកគេបែរជាបដិសេធមិនទទួលស្គាល់វាទៅវិញ ដោយនិយាយថា៖ «ខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ តើអ្នកយកជាការមែនទែនឬ? ខ្ញុំមិនមានបំណងបែបនេះមែនទែនទេ អ្នកគិតច្រើនពេកហើយ»។ តើនេះមិនមែនជាអារក្សល្បួងមនុស្សទេឬអី? បន្ទាប់ពីល្បួងមនុស្សម្នាក់រួច ពួកគេស្វែងរកគោលដៅបន្ទាប់របស់ពួកគេ ដោយលួងលោមអ្នកដទៃទៀត។ ពួកគេអាក្រក់ និងទុច្ចរិតខ្លាំងណាស់! បន្ទាប់ពីល្បួងនរណាម្នាក់រួច ពួកគេបដិសេធមិនទទួលស្គាល់វាឡើយ។ ប្រសិនបើនរណាម្នាក់ត្រូវបានបំភាន់ដោយបុគ្គលបែបនេះ ហើយត្រូវជាប់ជំពាក់ តើវាមិនគួរឱ្យខ្ពើមរអើមទេឬអី? (មែនហើយ។) តើមនុស្សដែលលួងលោមអ្នកដទៃយ៉ាងគឃ្លើន គួរឱ្យស្អប់ដែរឬទេ? (មែនហើយ។) ដំណាក់របស់ព្រះជាម្ចាស់បានថ្លែងតាំងពីដើមដំបូងមកថា ប្រសិនបើបុគ្គលណាម្នាក់ឈានដល់អាយុរៀបការ ហើយជាមនុស្សពេញវ័យ ដំណាក់របស់ព្រះជាម្ចាស់មិនប្រឆាំងនឹងការទាក់ទងស្នេហាធម្មតារបស់ពួកគេ ឬការរៀបការ និងការរស់នៅជាមួយគ្នាជាប្រក្រតីរបស់ពួកគេឡើយ ហើយក៏អនុញ្ញាតឱ្យពួកគេ និងផ្ដល់សេរីភាពដល់ពួកគេក្នុងការធ្វើរឿងនោះ។ ទោះជាយ៉ាងណាក៏ដោយ មានលក្ខខណ្ឌមួយចំនួន៖ ការពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ គឺមិនត្រូវបានអនុញ្ញាតឡើយ ការលួងលោម និងការញ៉ែញងយ៉ាងគឃ្លើន ព្រមទាំងការបៀតបៀនមនុស្សភេទផ្ទុយផ្ដេសផ្ដាស ក៏មិនត្រូវបានអនុញ្ញាតដែរ។ ដំណាក់របស់ព្រះជាម្ចាស់មិនរឹតត្បិតការទាក់ទងស្នេហាទេ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការលួងលោមយ៉ាងគឃ្លើនឡើយ។ តើការល្បួងយ៉ាងគឃ្លើនមានន័យដូចម្ដេច? វាមានន័យថា ការបៀតបៀនសមាជិកភេទផ្ទុយណាក៏ដោយ ហើយបន្ទាប់ពីធ្វើដូច្នេះរួច ក៏មិនព្រមទទួលស្គាល់ថាពួកគេបានធ្វើដូច្នេះឡើយ។ មនុស្សដែលពួកគេបៀតបៀន មិនមែនជាស្នេហាពិតរបស់ពួកគេទេ ពួកគេមិនមានបំណងចង់មានទំនាក់ទំនងយូរអង្វែង ឬរៀបការឡើយ ប៉ុន្តែគ្រាន់តែចង់លួងលោម ចង់លេងសើចជាមួយភាគីម្ខាងទៀត ចង់ស្វែងរកភាពសប្បាយរីករាយពីពួកគេ ចង់ស្វែងរកភាពរំភើប ចង់ពាក់ព័ន្ធជាមួយដៃគូជាច្រើន និងធ្វើខ្លួនដូចមនុស្សល្មោភកាម។ នេះហៅថាការខុសសីលធម៌។ នៅក្នុងពួកជំនុំ ការខុសសីលធម៌មិនត្រូវបានអនុញ្ញាតឡើយ ហើយប្រសិនបើវាកើតឡើង អ្នកដែលពាក់ព័ន្ធគួរតែត្រូវបានចាត់វិធានការស្របតាមគោលការណ៍នៃការបោសសម្អាតមនុស្សចេញ។ ជាការពិតណាស់ នៅក្នុងក្រុមផ្សាយដំណឹងល្អ កាលៈទេសៈបែបនេះមិនត្រូវអនុញ្ញាតឱ្យកើតឡើងចំពោះអ្នកដែលផ្សាយដំណឹងល្អឡើយ មិនថាពួកគេមកពីពួកជំនុំបំពេញភារកិច្ចពេញម៉ោង ឬមកពីពួកជំនុំធម្មតានោះទេ។ ប្រសិនបើនរណាម្នាក់ប្រើលេសនៃការផ្សាយដំណឹងល្អ ដើម្បីលួងលោមអ្នកដទៃយ៉ាងគឃ្លើន ដោយជ្រើសរើសតែសមាជិកភេទផ្ទុយដើម្បីសហការជាមួយ ឬផ្សាយដំណឹងល្អតែចំពោះមនុស្សភេទផ្ទុយ ដើម្បីឆ្លៀតឱកាសមានទំនាក់ទំនងមិនសមរម្យ នោះវាគឺជាការបង្អាក់ និងរំខានដល់កិច្ចការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវតែជម្រះមនុស្សបែបនេះចេញជាបន្ទាន់។
ដើម្បីស្វែងរកសមាជិកភេទផ្ទុយ និងពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ មនុស្សខ្លះមិនខ្វល់ពីអាយុ និងគ្មានកម្រិតអាយុឡើយ។ ពួកគេគ្រាន់តែព្យាយាមលួងលោមមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចសោះឡើយ។ អ្នកខ្លះមិនត្រឹមតែបំពេញចំណង់តណ្ហានៃសាច់ឈាមរបស់ពួកគេ ក្នុងការលួងលោមមនុស្សភេទផ្ទុយប៉ុណ្ណោះទេ ពួកគេថែមទាំងទាមទារឱ្យភាគីម្ខាងទៀតចេញថ្លៃចំណាយប្រចាំថ្ងៃរបស់ពួកគេ ទិញរបស់របរឱ្យពួកគេជាដើម។ ប្រសិនបើអ្នករាល់គ្នារកឃើញមនុស្សបែបនេះ ឬមាននរណាម្នាក់រាយការណ៍ពីរឿងរ៉ាវបែបនេះ ពួកគេគួរតែត្រូវបានចាត់វិធានការជាបន្ទាន់។ ដំណោះស្រាយតែមួយគត់ គឺត្រូវបោសសម្អាតមនុស្សទាំងនេះចេញ គឺបោសសម្អាតពួកគេចេញជារៀងរហូត។ នេះគឺដោយសារតែ សម្រាប់មនុស្សដែលមានបញ្ហាបែបនេះ វាមិនមែនជាបញ្ហាបណ្ដោះអាសន្នសោះឡើយ។ នេះគឺជារឿងពិតជាពិសេសសម្រាប់អ្នកដែលបានរៀបការរួច ទោះបីជាមានប្ដីឬប្រពន្ធនៅផ្ទះក៏ដោយ ក៏ពួកគេនៅតែផ្តោតគោលដៅជាពិសេសទៅលើមនុស្សភេទផ្ទុយ ដោយយកលេសនៃការផ្សាយដំណឹងល្អ។ ពួកគេស្វែងរកមនុស្សគ្រប់ប្រភេទ មិនថាអ្នកមាន ឬអ្នកក្រឡើយ ហើយប្រសិនបើពួកគេរកឃើញនរណាម្នាក់ដែលពួកគេពេញចិត្ត ពួកគេថែមទាំងអាចរត់តាមគ្នា ដោយលែងផ្សាយដំណឹងល្អទៀតផង ពោលគឺលែងជឿលើព្រះជាម្ចាស់តែម្ដង។ ប្រសិនបើមនុស្សបែបនេះអាចត្រូវបានរកឃើញទាន់ពេលវេលា ពួកគេគួរតែត្រូវបានបោសសម្អាតចេញពីជួរអ្នកផ្សាយដំណឹងល្អយ៉ាងឆាប់រហ័ស និងជារៀងរហូត ដោយមិនផ្ដល់ឱកាសឱ្យពួកគេម្ដងទៀតឡើយ ហើយក៏មិនចាំបាច់មានការតាមដានបន្តទៀតដែរ។ តើអ្នកយល់ទេ? អ្នកខ្លះនិយាយថា៖ «សម្រាប់មនុស្សខ្លះ ជីវិតគឺលំបាកណាស់។ ប្រសិនបើពួកគេលួងលោមមនុស្សភេទផ្ទុយណាម្នាក់ដើម្បីសាងគ្រួសារ ហើយបុគ្គលនោះអាចជឿលើព្រះជាម្ចាស់ និងផ្គត់ផ្គង់ពួកគេ តើវាមិនមែនជាស្ថានភាពដែលចំណេញទាំងសងខាងទេឬអី?» ខ្ញុំប្រាប់អ្នកថា មនុស្សបែបនេះចាំបាច់ត្រូវតែបោសសម្អាតចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពួកគេមិនមែនចង់បានជីវិតគ្រួសារទាល់តែសោះ ប៉ុន្តែគឺដើម្បីពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌។ ហេតុអ្វីបានជាខ្ញុំប្រាកដយ៉ាងនេះ? ប្រសិនបើពួកគេមិនមែនជាប្រភេទមនុស្សដែលពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ទេ នោះបន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ ពួកគេមុខជាមិនបន្តទង្វើបែបនេះដាច់ខាត ហើយនឹងចាត់ទុកទង្វើទាំងនោះថាជារឿងគួរឱ្យខ្ពើមរអើម ជាពិសេសប្រសិនបើពួកគេបានរៀបការរួច។ និន្នាការនៅទូទាំងពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន គឺពោរពេញដោយអំពើខុសសីលធម៌ និងទុច្ចរិត មនុស្សបណ្ដោយតាមចំណង់តណ្ហារបស់ពួកគេ ហើយប្រកួតប្រជែងគ្នាថាតើនរណាអាចលួងលោមមនុស្សភេទផ្ទុយបានច្រើនជាងគេ ដោយមិនចាំបាច់មានការទប់ចិត្តឡើយ ពីព្រោះសង្គមនេះ និងមនុស្សជាតិនេះ មិនថ្កោលទោស ឬចំអកឡកឡឺយចំពោះទង្វើទាំងនេះឡើយ។ ដូច្នេះ មនុស្សគិតថា ប្រសិនបើពួកគេអាចរកលុយបានតាមរយៈការពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ និងការលក់ខ្លួនរបស់ពួកគេ នោះមានន័យថាពួកគេមានជំនាញ ឬសមត្ថភាព។ ពួកគេចាត់ទុកវាជារឿងដែលគួរឱ្យមានមោទនភាព។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ ទស្សនៈរបស់មនុស្សលើរឿងទាំងនេះ បានផ្លាស់ប្ដូរទាំងស្រុង។ ពួកគេរកឃើញផ្លូវដ៏ត្រឹមត្រូវក្នុងការដោះស្រាយជាមួយនឹងចំណង់តណ្ហានៃសាច់ឈាម ដែលជាបឋម និងសំខាន់បំផុត គឺទាមទារឱ្យមានការទប់ចិត្ត។ តើមនុស្សម្នាក់អាចទប់ចិត្តដោយរបៀបណា? មនុស្សត្រូវស្គាល់ពីភាពអាម៉ាស់ និងមានអារម្មណ៍អាម៉ាស់។ នោះហើយដែលហៅថា ភាពជាមនុស្សធម្មតា។ មនុស្សគ្រប់រូបសុទ្ធតែមានចំណង់តណ្ហា ប៉ុន្តែមនុស្សត្រូវចេះទប់ចិត្តខ្លួនឯង ត្រូវមានស្មារតីនៃភាពអាម៉ាស់។ ទោះបីជាពួកគេមានគំនិតបែបនេះខ្លះក៏ដោយ ក៏ពួកគេគួរតែទប់ចិត្តខ្លួនឯងដែរ ពីព្រោះពួកគេជឿលើព្រះជាម្ចាស់ ហើយមានមនសិការ និងវិចារណញ្ញាណ។ ពួកគេដាច់ខាតមិនត្រូវធ្វើតាមគំនិតមិនត្រឹមត្រូវនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយរឹតតែមិនត្រូវបណ្ដោយតាមគំនិតទាំងនោះទៀតផង។ ពួកគេគួរតែស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ទោះបីជាពួកគេជាអ្នកជឿថ្មីដែលមិនយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេនៅតែគួរវាស់ស្ទង់ខ្លួនឯងធៀបនឹងស្ដង់ដាជាមូលដ្ឋានបំផុតនៃសីលធម៌របស់មនុស្សដែរ។ ប្រសិនបើអ្នកខ្វះសូម្បីតែការទប់ចិត្តកម្រិតនេះ នោះអ្នកខ្វះភាពជាមនុស្សធម្មតា ព្រមទាំងមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាហើយ។ សត្វគ្រប់ប្រភេទទាំងអស់សុទ្ធតែគោរពតាមសណ្ដាប់ធ្នាប់ជាក់លាក់ណាមួយ និងធ្វើតាមច្បាប់ទម្លាប់ពាក់ព័ន្ធនឹងរឿងនេះ ដោយមិនប្រព្រឹត្តយ៉ាងគឃ្លើនឡើយ ក្នុងនាមជាមនុស្ស ពួកគេរឹតតែមិនគួរប្រព្រឹត្តយ៉ាងគឃ្លើន ហើយគួរតែមានការទប់ចិត្តកាន់តែខ្លាំងជាងនេះទៅទៀត។ ប្រសិនបើអ្នកខ្វះសូម្បីតែការទប់ចិត្ត និងការគ្រប់គ្រងខ្លួនឯងកម្រិតនេះ តើអ្នកអាចសង្ឃឹមថានឹងស្វែងរក និងអនុវត្តសេចក្ដីពិតដោយរបៀបណា? ប្រសិនបើអ្នកមិនអាចដោះស្រាយសូម្បីតែចំណង់តណ្ហាដ៏ទុច្ចរិតរបស់ខ្លួនឯងបាន តើអ្នកអាចដោះស្រាយនិស្ស័យពុករលួយរបស់អ្នកដោយរបៀបណា? ធម្មជាតិនៃការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់របស់អ្នក មុខជារឹតតែមិនអាចដោះស្រាយបានទៅទៀត តើមែនទេ? (មែនហើយ។) ប្រសិនបើអ្នកមិនអាចសូម្បីតែដោះស្រាយចំណង់តណ្ហានៃសាច់ឈាមបាន នោះតើអ្នកអាចសង្ឃឹមថានឹងដោះស្រាយនិស្ស័យពុករលួយរបស់អ្នកដោយរបៀបណា? កុំសង្ឃឹមឡើយ។ អ្នកនឹងមិនអាចសម្រេចវាបានឡើយ។
មនុស្សខ្លះតែងតែស្វែងរកឱកាសដើម្បីទាក់ទងស្នេហា ខណៈពេលកំពុងផ្សាយដំណឹងល្អ ហើយរឿងរ៉ាវបែបនេះកើតឡើងជាញឹកញាប់។ អ្នកដែលតែងតែទាក់ទងស្នេហាជាទម្លាប់ ខណៈពេលដែលព្រងើយកន្តើយនឹងភារកិច្ចត្រឹមត្រូវរបស់ខ្លួន ត្រូវបានបោសសម្អាតចេញ និងចាត់វិធានការ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើរំលងម្ដងម្កាល ត្រូវបានព្រមាន។ នៅពេលដែលបុគ្គលដែលមាននិស្ស័យទុច្ចរិតទាំងនេះ រកឃើញកាលៈទេសៈស័ក្តិសម និងជួបនរណាម្នាក់ដែលពួកគេចាត់ទុកថាជាគូស្នេហ៍ ពួកគេក៏ធ្លាក់ចូលទៅក្នុងការល្បួង។ បំណងរបស់ពួកគេក្នុងការទទួលបានព្រះពរតាមរយៈការជឿលើព្រះជាម្ចាស់ ក៏រលាយបាត់ទៅក្នុងចំណង់តណ្ហាដ៏ទុច្ចរិតរបស់ពួកគេ។ ដរាបណាពួកគេចាប់ផ្ដើមមានទំនាក់ទំនងស្នេហា ពួកគេព្រងើយកន្តើយនឹងរឿងផ្សេងៗទាំងអស់ ថែមទាំងបោះបង់ចោលបំណងរបស់ពួកគេក្នុងការទទួលបានព្រះពរ ហើយដេញតាមតែសេចក្ដីសុខនៃសាច់ឈាមប៉ុណ្ណោះ។ បន្ទាប់ពីប្រមាថមួយឬពីរដង ពួកគេប្រហែលជាមានអារម្មណ៍បន្ទោសខ្លួនឯង និងទុក្ខព្រួយបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីបីឬបួនដង វាបានក្លាយទៅជាអំពើខុសសីលធម៌។ នៅពេលដែលអំពើខុសសីលធម៌កើតមាន ពួកគេលែងមានអារម្មណ៍បន្ទោសខ្លួនឯង ឬមានទុក្ខព្រួយទៀតហើយ ពីព្រោះស្រទាប់នៃភាពអាម៉ាស់ ដែលជាព្រំដែនសីលធម៌ចុងក្រោយនៃភាពជាមនុស្សរបស់បុគ្គលម្នាក់ ត្រូវបានបំពានរួចបាត់ទៅហើយ។ ពួកគេលែងចាត់ទុកការខុសសីលធម៌ជារឿងគួរឱ្យអាម៉ាស់ទៀតហើយ ដូច្នេះក៏បន្តប្រព្រឹត្តវាទៀត។ អ្នកដែលអាចបន្តពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌បាន គឺបណ្ដោយតាមចំណង់តណ្ហារបស់ពួកគេយ៉ាងខ្លាំង ដោយមិនបង្ហាញការទប់ចិត្តបន្តិចសោះឡើយ។ បុគ្គលបែបនេះមិនត្រូវបានអនុញ្ញាតឱ្យនៅក្នុងពួកជំនុំឡើយ ហើយត្រូវតែត្រូវបានជម្រះចេញ កុំបណ្ដោយតាមពួកគេ ឬបង្កើតលេសណាមួយដើម្បីរក្សាពួកគេទុកឱ្យសោះ។ ដំណាក់របស់ព្រះជាម្ចាស់ មិនខ្វះមនុស្សដើម្បីផ្សាយដំណឹងល្អទេ ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការអ្នកត្រេកត្រអាលនឹងតណ្ហាបែបនេះដើម្បីមកបង្គ្រប់ចំនួននោះទេ ពីព្រោះនេះនាំភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរដល់ព្រះនាមព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់រាយការណ៍ ឬប្រសិនបើអ្នកផ្ទាល់បានរកឃើញបុគ្គលបែបនេះនៅក្នុងក្រុមផ្សាយដំណឹងល្អ អ្នកគួរតែដឹងថាត្រូវធ្វើអ្វីហើយ។ ប្រសិនបើអ្នកជឿថ្មីខ្លះមានបញ្ហានេះ នោះអ្នករាល់គ្នាគួរតែប្រកបគ្នាអំពីសេចក្ដីពិតពាក់ព័ន្ធនឹងបញ្ហានេះជាមុនសិន ដោយឱ្យគ្រប់គ្នាដឹងថាតើគោលការណ៍ និងអាកប្បកិរិយារបស់ពួកជំនុំចំពោះអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពខុសសីលធម៌ គឺយ៉ាងដូចម្ដេច។ យ៉ាងហោចណាស់ ពួកគេគួរតែត្រូវបានផ្ដល់ការព្រមានជាបឋម ដើម្បីបង្ការកុំឱ្យពួកគេធ្លាក់ចូលទៅក្នុងរឿងនេះ និងកុំឱ្យប្រើប្រាស់ការផ្សាយដំណឹងល្អជាឱកាសដើម្បីប្រព្រឹត្តទង្វើបែបនេះ ដែលនៅទីបំផុត បែរជាបន្ទោសអ្នកទទួលខុសត្រូវ ឬពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ថាមិនបានប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធជាមុនទៅវិញ។ ហេតុដូច្នេះហើយ មុនពេលរឿងរ៉ាវបែបនេះកើតឡើង មុនពេលមនុស្សខ្លះដឹងពីអាកប្បកិរិយារបស់ដំណាក់របស់ព្រះជាម្ចាស់ចំពោះបុគ្គល និងបញ្ហាបែបនេះ នៅពេលដែលមនុស្សមិនទាន់ច្បាស់លាស់អំពីបញ្ហាទាំងនេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែប្រកបគ្នាអំពីគោលការណ៍ទាំងនេះដល់ពួកគេឱ្យបានច្បាស់លាស់ និងក្បោះក្បាយ ដើម្បីឱ្យពួកគេដឹងថា តើបញ្ហាទាំងនេះស្ថិតក្នុងអាកប្បកិរិយា និងធម្មជាតិប្រភេទណា ហើយតើអាកប្បកិរិយារបស់ដំណាក់របស់ព្រះជាម្ចាស់ចំពោះបញ្ហា និងបុគ្គលបែបនេះ គឺយ៉ាងដូចម្ដេច។ បន្ទាប់ពីគោលការណ៍ទាំងនេះត្រូវបានប្រកបគ្នាយ៉ាងហ្មត់ចត់រួចហើយ ប្រសិនបើពួកគេនៅតែប្រកាន់ខ្ជាប់តាមផ្លូវរបស់ខ្លួន និងទទូចប្រព្រឹត្តតាមរបៀបរបស់ពួកគេ ទោះបីជាដឹងពីគោលការណ៍ទាំងនេះក៏ដោយ នោះពួកគេត្រូវតែត្រូវបានចាត់វិធានការ និងចាត់ការ ហើយពួកគេត្រូវតែត្រូវបានបោសសម្អាតចេញ។ ប្រសិនបើបុគ្គលបែបនេះលេចឡើងនៅក្នុងពួកជំនុំ ដោយជារឿយៗតែងតែបង្ករឿងរ៉ាវតាមរយៈការលួងលោមអ្នកដទៃ ឬញឹកញាប់តែងតែបង្កការបៀតបៀនដល់មនុស្សភេទផ្ទុយ នោះពួកគេច្បាស់ជាមានបញ្ហាហើយ។ ទោះបីជាមិនទាន់មានបញ្ហាស៊ីជម្រៅណាមួយកើតឡើងក៏ដោយ ក៏ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែព្រមាន និងចាត់វិធានការលើបុគ្គលទាំងនេះ ឬដកពួកគេចេញពីកន្លែងដែលមនុស្សបំពេញភារកិច្ចរបស់ខ្លួនដែរ ក្នុងករណីធ្ងន់ធ្ងរ ពួកគេគួរតែត្រូវបានបោសសម្អាតចេញដោយផ្ទាល់តែម្ដង។ នេះជាការបញ្ចប់ការប្រកបគ្នារបស់យើង ពាក់ព័ន្ធនឹងទិដ្ឋភាពទីប្រាំពីរនៃការសម្ដែងចេញនូវភាពជាមនុស្សរបស់មនុស្ស។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១