ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៧)
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីប្រធានបទស្ដីពីទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ពីមុន យើងបានប្រកបគ្នារហូតដល់ទំនួលខុសត្រូវទីដប់បួន ហើយនៅតែមានប្រធានបទរងមួយចំនួនទៀតនៅក្រោមទំនួលខុសត្រូវនេះ ដែលមិនទាន់បានប្រកបគ្នា។ មុននឹងយើងប្រកបគ្នា សូមរំលឹកឡើងវិញជាមុនសិនថា តើទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមានប៉ុន្មានចំណុច។ (មានដប់ប្រាំចំណុច។) សូមអានចំណុចទំនួលខុសត្រូវទាំងនោះចុះ។
(ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖
១. ចំណុចទីមួយ៖ ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
២. ចំណុចទីពីរ៖ ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ។
៣. ចំណុចទីបី៖ ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ។
៤. ចំណុចទីបួន៖ តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន។
៥. ចំណុចទីប្រាំ៖ ត្រូវយល់ និងក្ដាប់ឱ្យបានពីស្ថានការណ៍ និងវឌ្ឍនភាពនៃចំណុចការងារនីមួយៗ ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា កែតម្រូវសេចក្ដីវៀចវេ និងកែប្រែកំហុសក្នុងការងារ ដើម្បីឱ្យការងារនោះដំណើរការទៅដោយរលូន។
៦. ចំណុចទីប្រាំមួយ៖ លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៧. ចំណុចទីប្រាំពីរ៖ ចាត់ចែង និងប្រើមនុស្សក្នុងប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពលរបស់ពួកគេ។
៨. ចំណុចទីប្រាំបី៖ ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។
៩. ចំណុចទីប្រាំបួន៖ ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ។
១០. ចំណុចទីដប់៖ ថែរក្សាឱ្យបានល្អ និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប ហើយធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបានតិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ។
១១. ចំណុចទីដប់មួយ៖ ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានភាពជាមនុស្សស្របតាមស្ដង់ដារ ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ។
១២. ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា។
១៣. ចំណុចទីដប់បី៖ ការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីឱ្យពួកគេអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ និងអាចបោះបង់ពួកនោះចេញពីចិត្តបាន។
១៤. ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ។
១៥. ចំណុចទីដប់ប្រាំ៖ ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ ដើម្បីធានាថា ចំណុចការងារសំខាន់ៗជាច្រើនអាចដំណើរការទៅមុខតាមរបៀបរៀបរយ។)
តើអ្នករាល់គ្នាបានឮទំនួលខុសត្រូវទាំងដប់ប្រាំនេះបានច្បាស់ដែរឬទេ? (ច្បាស់ហើយ)។ ទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គឺ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចជម្រុះចោល ឬបណ្ដេញពួកគេចេញ»។ ដូច្នេះ តើអ្នកអាចស្គាល់មនុស្សអាក្រក់ប្រភេទផ្សេងៗដោយរបៀបណា? លក្ខខណ្ឌវិនិច្ឆ័យទីមួយ គឺផ្អែកលើគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់។ តើយើងបានបែងចែកគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ ជាប៉ុន្មានចំណុច? យើងបានបែងចែកវាជាប្រាំបួនចំណុច៖ ចំណុចទីមួយគឺ ដើម្បីបំពេញបំណងរបស់ខ្លួនក្នុងការក្លាយជាមន្ត្រី ទីពីរគឺ ដើម្បីស្វែងរកភេទផ្ទុយ ទីបីគឺ ដើម្បីគេចពីគ្រោះមហន្តរាយ ទីបួនគឺ ដើម្បីពាក់ព័ន្ធនឹងឱកាសនិយម ទីប្រាំគឺ ដើម្បីរស់នៅពឹងលើពួកជំនុំ ទីប្រាំមួយគឺ ដើម្បីស្វែងរកទីជម្រក ទីប្រាំពីរគឺ ដើម្បីស្វែងរកខ្នងបង្អែក ទីប្រាំបីគឺ ដើម្បីដេញតាមគោលបំណងខាងនយោបាយ និងទីប្រាំបួនគឺ ដើម្បីតាមដានពួកជំនុំ។ នេះគឺជាការស្គាល់ពីសារជាតិនៃមនុស្សប្រភេទផ្សេងៗ ដោយផ្អែកលើបំណងចិត្តនិងគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់។ លក្ខខណ្ឌវិនិច្ឆ័យទីពីរសម្រាប់ការស្គាល់មនុស្សប្រភេទផ្សេងៗដែលត្រូវបោសសម្អាតចេញ ឬបណ្ដេញចេញ គឺផ្អែកលើការបង្ហាញចេញនៃសារជាតិនៃភាពជាមនុស្សរបស់ពួកគេនៅក្នុងទិដ្ឋភាពផ្សេងៗ។ តើមានការបង្ហាញចេញប៉ុន្មានដែលពាក់ព័ន្ធនឹងលក្ខខណ្ឌវិនិច្ឆ័យនេះ? ទីមួយ ចូលចិត្តបំភ្លៃការពិត និងនិយាយកុហក ទីពីរ ចូលចិត្តកេងចំណេញ ទីបី ប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត ទីបួន មានទំនោរចង់សងសឹក ទីប្រាំ មិនចេះប្រយ័ត្នមាត់ ទីប្រាំមួយ គ្មានហេតុផល និងមានចេតនាបង្ករឿង ដោយគ្មានអ្នកណាម្នាក់ហ៊ានរករឿងពួកគេឡើយ ទីប្រាំពីរ ពាក់ព័ន្ធយ៉ាងជាប់លាប់ក្នុងសកម្មភាពខុសសីលធម៌ ទីប្រាំបី អាចក្បត់បានគ្រប់ពេល ទីប្រាំបួន អាចចាកចេញបានគ្រប់ពេល ទីដប់ រារែក ទីដប់មួយ កំសាក និងសង្ស័យច្រើន ទីដប់ពីរ ចូលចិត្តបង្កបញ្ហា ទីដប់បី មានប្រវត្តិស្មុគស្មាញ។ សរុបទាំងអស់ មានការបង្ហាញចេញដប់បីចំណុច។ ទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គឺ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចជម្រុះចោល ឬបណ្ដេញពួកគេចេញ»។ បញ្ហាដែលទាក់ទងនឹងលក្ខខណ្ឌវិនិច្ឆ័យទីមួយ គឺគោលបំណងនៃការជឿលើព្រះជាម្ចាស់ ត្រូវបានប្រកបគ្នារួចហើយ។ យើងក៏បានប្រកបគ្នារួចហើយដែរអំពីបញ្ហាប្រាំពីរចំណុចដំបូងនៃភាពជាមនុស្សរបស់ពួកគេ ដែលជាលក្ខខណ្ឌវិនិច្ឆ័យទីពីរ។ ថ្ងៃនេះ យើងនឹងចាប់ផ្ដើមប្រកបគ្នាពីការបង្ហាញចេញទីប្រាំបីនៃភាពជាមនុស្សរបស់ពួកគេគឺ៖ «អាចក្បត់បានគ្រប់ពេល»។
ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ (ផ្នែកទីប្រាំមួយ)
ស្ដងដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់
II. ផ្អែកលើភាពជាមនុស្សរបស់មនុស្សណាម្នាក់
ជ. អាចពាក់ព័ន្ធក្នុងទង្វើក្បត់បានគ្រប់ពេល
ចំពោះអស់អ្នកដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការដែលអាចក្បត់ពួកជំនុំបានគ្រប់ពេល តើអ្នករាល់គ្នាអាចស្គាល់មនុស្សប្រភេទនេះបានមែនទេ? តើបញ្ហារបស់មនុស្សទាំងនេះធ្ងន់ធ្ងរទេ? (ធ្ងន់ធ្ងរ។) មនុស្សមួយចំនួនក្បត់ពួកជំនុំ ដោយសារតែពួកគេកំសាក ចំណែកឯអ្នកខ្លះទៀតធ្វើបែបនេះ ដោយសារតែភាពជាមនុស្សដ៏អាក្រក់របស់ពួកគេ ឬបញ្ហាផ្សេងៗទៀត។ មិនថាដោយសារមូលហេតុអ្វីនោះទេ ការដែលមនុស្សប្រភេទនេះអាចក្បត់បងប្អូនប្រុសស្រី និងក្បត់ព្រះជាម្ចាស់បានគ្រប់ពេល បញ្ជាក់ថាពួកគេមិនអាចទុកចិត្តបានឡើយ។ ប្រសិនបើពួកគេក្ដាប់បានព័ត៌មានសំខាន់ៗមួយចំនួនអំពីពួកជំនុំ ឬព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី ដូចជាកន្លែងដែលបងប្អូនប្រុសស្រីរស់នៅ នរណាជាពួកអ្នកដឹកនាំពួកជំនុំ ពួកជំនុំពាក់ព័ន្ធនឹងកិច្ចការអ្វីខ្លះ ឬនរណាធ្វើការងារ និងភារកិច្ចសំខាន់ៗអ្វីខ្លះនោះ ពួកគេអាចនឹងបញ្ចេញព័ត៌មានទាំងនេះ នៅពេលមានគ្រោះថ្នាក់កើតឡើង ឬនៅក្នុងកាលៈទេសៈពិសេសណាមួយ ដោយក្បត់ពួកជំនុំ និងបងប្អូនប្រុសស្រី។ ហេតុផលមួយដែលពួកគេអាចធ្វើបែបនេះ គឺដើម្បីការពារខ្លួនឯង និងធានាសុវត្ថិភាពផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត ពួកគេអាចធ្វើបែបនេះដោយចេតនា ដោយមិនចាត់ទុកព័ត៌មាននេះជារឿងសំខាន់ ហើយអាចបញ្ចេញវា និងពាក់ព័ន្ធក្នុងទង្វើក្បត់បានគ្រប់ពេល ដើម្បីប្តូរយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍ មនុស្សមួយចំនួនត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន ហើយក្នុងអំឡុងពេលសួរចម្លើយ នាគដ៏ធំមានសម្បុរក្រហមគំរាមកំហែង លួងលោម ឬថែមទាំងប្រើទារុណកម្មដើម្បីបង្ខំឱ្យសារភាព ដោយប្រាប់មនុស្សទាំងនេះថា ប្រសិនបើពួកគេនិយាយ ពួកគេនឹងត្រូវបានដោះលែង ដូច្នេះពួកគេក៏ក្បត់ដោយប្រាប់ព័ត៌មានទាំងអស់ដែលពួកគេដឹងអំពីបងប្អូនប្រុសស្រី និងពួកជំនុំ ដើម្បីប្តូរយកសេរីភាពផ្ទាល់ខ្លួន។ មនុស្សប្រភេទនេះ គឺជាយូដាសសុទ្ធសាធ។ ចូរប្រាប់ខ្ញុំមើល៍ តើយើងគួរប្រព្រឹត្ត និងចាត់ការប្រភេទមនុស្សដែលជាយូដាសសុទ្ធសាធនេះដោយរបៀបណា? (មនុស្សប្រភេទនេះគួរតែត្រូវបានបណ្ដេញចេញជាបន្ទាន់ ហើយថែមទាំងត្រូវបណ្ដាសាទៀតផង។) ជាធម្មតា យូដាសសុទ្ធសាធទាំងនេះ មិនថាដោយចេតនា ឬអចេតនានោះទេ តែងតែស៊ើបសួរ ឬស្វែងយល់ពីស្ថានភាពមួយចំនួនរបស់ពួកជំនុំ ហើយចងចាំទុកក្នុងចិត្ត។ ក្រោយមក នៅពេលដែលពួកគេជួបប្រទះនឹងកាលៈទេសៈណាមួយ ហើយត្រូវបានចាប់ខ្លួន ពួកគេក៏សារភាពព័ត៌មាននេះ។ មើលពីខាងក្រៅ ការស៊ើបសួរ និងការស្វែងយល់របស់ពួកគេអំពីព័ត៌មានលម្អិតទាំងនេះ ប្រហែលជាជាមិនមែនក្នុងគោលបំណងសារភាពប្រាប់នាគដ៏ធំមានសម្បុរក្រហមដោយចេតនានោះទេ ប៉ុន្តែនៅពេលដែលពួកគេត្រូវបានចាប់ខ្លួន ពួកគេមិនអាចទប់ចិត្តបានឡើយ។ ជាលទ្ធផល ការសារភាពរបស់ពួកគេ នាំមកនូវផលវិបាកមិនល្អមួយចំនួនដល់ពួកជំនុំ។ ហេតុនេះ ការស៊ើបសួរ និងការស្វែងយល់តាមចិត្តចង់របស់ពួកគេអំពីព័ត៌មានលម្អិតទាំងនេះ មិនមែនជាលក្ខណៈនៃការជជែកលេង ឬការនិយាយឡេះឡោះធម្មតានោះទេ ផ្ទុយទៅវិញ ពួកគេកំពុងធ្វើបែបនេះដោយចេតនា និងមានគោលបំណងច្បាស់លាស់។ នេះជាការត្រួសត្រាយផ្លូវសម្រាប់ពួកគេ ដើម្បីក្លាយជាយូដាសនៅពេលក្រោយ។ តើបញ្ហារបស់មនុស្សដែលក្បត់ព័ត៌មានរបស់អ្នកដទៃតាមចិត្តចង់នេះ អាចដោះស្រាយបានដោយវិធីសាស្ត្រដូចជា ការប្រកបគ្នាពីសេចក្ដីពិត ឬការផ្តល់ការព្រមានដល់ពួកគេដែរទេ? (មិនបានទេ)។ ហេតុអ្វីបានជាមិនបាន? (ពីព្រោះមនុស្សប្រភេទនេះខ្វះមនសិការ និងវិចារណញ្ញាណ ហើយពួកគេនឹងមិនទទួលយកសេចក្ដីពិតឡើយ ដូច្នេះការប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេ គឺគ្មានប្រយោជន៍ទេ។) តើមនុស្សអាក្រក់ប្រភេទនេះ ដែលអាចធ្វើបាបអ្នកដទៃតាមចិត្តចង់ គួរត្រូវបានចាត់ការដោយរបៀបណា? មានដំណោះស្រាយតែមួយគត់ គឺត្រូវបោសសម្អាតពួកគេចេញ ពីព្រោះអ្វីដែលពួកគេបានធ្វើ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ឥរិយាបថបែបនេះ អាចត្រូវបានកំណត់ថាជាការក្បត់បងប្អូនប្រុសស្រី និងការក្បត់ពួកជំនុំ ដូច្នេះមនុស្សប្រភេទនេះត្រូវតែបោសសម្អាតចេញ ឬបណ្ដេញចេញ។ ទោះបីជាមនុស្សប្រភេទនេះមិនអាចកំណត់ថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីកំណត់ថាពួកគេជាមនុស្សអាក្រក់ ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំដែរ។ ហេតុនេះ ការបោសសម្អាតមនុស្សប្រភេទនេះចេញ គឺស្របតាមគោលការណ៍ទាំងស្រុង។ មនុស្សទាំងនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ពួកគេគ្រាន់តែចូលចិត្តស៊ើបសួរគ្រប់ទីកន្លែងអំពីព័ត៌មានលម្អិតរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងព័ត៌មានលម្អិតរបស់បងប្អូនប្រុសស្រីមួយចំនួនប៉ុណ្ណោះ។ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមិនបានយល់សេចក្ដីពិតច្រើនឡើយ ប៉ុន្តែពួកគេបានប្រមូលព័ត៌មានជាច្រើនពីក្រុមគ្រួសាររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ និងពីបងប្អូនប្រុសស្រី។ មិនថានិយាយដល់បងប្អូនប្រុសស្រីណាម្នាក់នោះទេ ពួកគេអាចនិយាយប្រាប់ពីព័ត៌មានលម្អិតមួយចំនួនរបស់បងប្អូនទាំងនោះ ដែលធ្វើឱ្យអ្នកដទៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះបីជាពួកគេមិនមែនជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការក៏ដោយ ក៏ពួកគេតែងតែចង់ដឹងស៊ើបសួរអំពីកិច្ចការផ្ទៃក្នុងមួយចំនួនរបស់ពួកជំនុំ ដូចជាការងាររដ្ឋបាល អ្នកទទួលខុសត្រូវតាមផ្នែកនានា និងការងារមួយចំនួនដែលទាក់ទងនឹងកិច្ចការខាងក្រៅ។ ពួកគេឧស្សាហ៍សួរថា តើនរណាបានទៅកន្លែងណាខ្លះដើម្បីបំពេញភារកិច្ចរបស់ពួកគេ និងពេលណាដែលពួកគេចាកចេញ តើនរណាត្រូវបានដំឡើងតំណែង តើនរណាត្រូវបានដកហូតតំណែង និងតើទិដ្ឋភាពមួយចំនួននៃកិច្ចការរបស់ពួកជំនុំដំណើរការយ៉ាងដូចម្តេច។ បន្ទាប់ពីសាកសួរអំពីរឿងទាំងនេះហើយ ពួកគេផ្សព្វផ្សាយព័ត៌មាននេះគ្រប់ទីកន្លែង។ អ្វីដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀតនោះគឺថា មនុស្សមួយចំនួនថែមទាំងកត់ត្រាព័ត៌មានដែលពួកគេបានប្រមូលបាន បន្ទាប់ពីស៊ើបសួររួច។ តើនេះមិនបង្ហាញថាពួកគេមានបំណងអាក្រក់ឬអី? (មែនហើយ។) នៅពេលកត់ត្រារឿងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ពួកគេចេះប្រើលេខកូដ ឬភាសាសម្ងាត់ ប៉ុន្តែនៅពេលកត់ត្រាព័ត៌មានរបស់អ្នកដទៃ ពួកគេមិនប្រើវិធីសាស្ត្រដែលបង្ហាញពីប្រាជ្ញាបន្តិចសោះឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែសរសេរឈ្មោះពិត រូបរាង អាយុ លេខទូរស័ព្ទ និងព័ត៌មានលម្អិតផ្សេងទៀតរបស់បងប្អូនប្រុសស្រី។ តើនេះមិនមែនមានន័យថាពួកគេមានបំណងចង់ក្បត់ទេឬអី? ពួកគេមានបំណងអាក្រក់ ហើយពិតជាមានបំណងចង់ក្បត់មែន។ នៅពេលមានរឿងគ្រោះថ្នាក់កើតឡើង ហើយប៉ូលិសរឹបអូសព័ត៌មានដែលពួកគេបានកត់ត្រាទុក ប៉ូលិសគ្រាន់តែគំរាមកំហែង និងបំភិតបំភ័យពួកគេ ដោយមិនចាំបាច់ប្រើទារុណកម្មផង ពួកគេក៏សារភាពគ្រប់យ៉ាងភ្លាមៗយ៉ាងលម្អិត ដោយមិនលាក់បាំងអ្វីសោះឡើយ។ ចំពោះរឿងដែលពួកគេភ្លេច ពួកគេថែមទាំងខំប្រឹងគិតដើម្បីចងចាំ ហើយនៅពេលដែលពួកគេនឹកឃើញអ្វីមួយ ពួកគេប្រាប់ប៉ូលិសភ្លាមៗ។ ពួកគេថែមទាំងនាំប៉ូលិសទៅកាន់ផ្ទះរបស់បងប្អូនប្រុសស្រី ទៅកាន់ផ្ទះរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ និងទៅកាន់កន្លែងស្នាក់នៅរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ ដើម្បីឱ្យគេចាប់ខ្លួនពួកគេ។ តើអ្នករាល់គ្នាមិនគិតថាមនុស្សប្រភេទនេះថោកទាបខ្លាំងណាស់ទេឬអី? (មែនហើយ។) មុនពេលពួកគេក្បត់អ្នកដទៃ ឥរិយាបថរបស់ពួកគេហាក់ដូចជាមិនមែនជាឥរិយាបថរបស់មនុស្សអាក្រក់ឡើយ ហើយកាន់តែមិនដូចជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទទៅទៀត វាអាចគ្រាន់តែជាការបង្ហាញចេញនៃមនុស្សពុករលួយធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលពួកគេត្រូវបានចាប់ខ្លួន ពួកគេអាចក្បត់បងប្អូនប្រុសស្រីណាម្នាក់បានយ៉ាងងាយ។ គ្រាន់តែការបង្ហាញចេញមួយនេះ ធ្វើឱ្យពួកគេថោកទាបជាងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទៅទៀត។ វាមិនមែនដោយសារតែពួកគេទ្រាំមិនបាន ហើយបញ្ចេញព័ត៌មានមិនសំខាន់បន្តិចបន្តួច នៅក្រោមការបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ដោយសារតែសាច់ឈាមរបស់ពួកគេខ្សោយពេក ហើយពួកគេមិនអាចទ្រាំទ្របានទៀតនោះទេ។ តែផ្ទុយទៅវិញ ពួកគេបញ្ចេញព័ត៌មានទាំងអស់ដែលពួកគេដឹងយ៉ាងសកម្ម និងដោយមិនខ្វល់ខ្វាយ ដោយមិនគិតពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រីឡើយ ហើយរឹតតែមិនគិតពីកិច្ចការរបស់ពួកជំនុំទៀត។ នេះពិតជាថោកទាបខ្លាំងណាស់! នេះគឺជាការបង្ហាញចេញមួយនៃប្រភេទមនុស្សដែលជាយូដាស។
នៅមានមនុស្សមួយប្រភេទទៀត ដែលចង់ប្ដឹងពួកជំនុំ និងបងប្អូនប្រុសស្រី គ្រាន់តែមានរឿងបន្តិចបន្តួច។ ឧទាហរណ៍ នៅពេលដែលពួកគេជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ជំងឺ ឬចោរកម្ម ពួកគេត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយពួកគេក៏ត្អូញត្អែរថា បងប្អូនប្រុសស្រីខ្វះសេចក្ដីស្រឡាញ់ និងមិនជួយដោះស្រាយបញ្ហារបស់ពួកគេ។ នេះធ្វើឱ្យពួកគេចង់ក្បត់ពួកជំនុំ និងបងប្អូនប្រុសស្រី។ មនុស្សមួយចំនួនប្រព្រឹត្តអំពើខុសឆ្គងដោយគ្មានកោតក្រែង ហើយត្រូវបានលួសកាត់ ហើយបងប្អូនប្រុសស្រីក៏នៅឱ្យឆ្ងាយពីពួកគេដែរ នេះធ្វើឱ្យពួកគេមានអារម្មណ៍ថា ដំណាក់របស់ព្រះជាម្ចាស់ខ្វះសេចក្ដីស្រឡាញ់ ដូច្នេះពួកគេក៏និយាយចេញមកភ្លាមថា៖ «អ្នករាល់គ្នាសុទ្ធតែមិនចូលចិត្តខ្ញុំ មែនទេ? អ្នករាល់គ្នាសុទ្ធតែមើលងាយខ្ញុំ មែនទេ? តើខ្ញុំពិតជាអាចទទួលបានព្រះពរពីការជឿលើព្រះជាម្ចាស់ទៀតដែរទេ? ប្រសិនបើខ្ញុំមិនទទួលបានព្រះពរទេ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នាទាំងអស់!» នេះគឺជាពាក្យដែលមនុស្សបែបនេះនិយាយញឹកញាប់បំផុត។ ហេតុអ្វីបានជាខ្ញុំនិយាយថា សេចក្ដីថ្លែងអះអាងនេះ «ប្រសិនបើខ្ញុំមិនទទួលបានព្រះពរទេ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នាទាំងអស់» គឺពួកគេតែងនិយាយញឹកញាប់បំផុត? គឺដោយសារតែសេចក្ដីថ្លែងអះអាងនេះ តំណាងឱ្យភាពជាមនុស្សរបស់ពួកគេ។ ឃ្លានេះមិនមែនជាអ្វីដែលពួកគេនិយាយគ្រាន់តែដើម្បីបញ្ចេញការស្អប់ខ្ពើមរបស់ពួកគេ បន្ទាប់ពីជួបប្រទះស្ថានភាពមិនពេញចិត្តជាច្រើន ឬដោយសារតែការអាក់អន់ចិត្តយ៉ាងជ្រាលជ្រៅនោះទេ ហើយវាក៏មិនមែនជាការផ្ទុះឡើងមួយឆាវដែរ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលបានបំពេញចិត្តរបស់ពួកគេ ហើយអាចបង្ហាញឱ្យឃើញគ្រប់ពេល។ វាគឺជាអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេជាយូរមកហើយ ហើយអាចផ្ទុះឡើងគ្រប់ពេល។ នេះតំណាងឱ្យភាពជាមនុស្សរបស់ពួកគេ។ ភាពជាមនុស្សរបស់ពួកគេគឺអន់ថយបែបនេះ គឺថាប្រសិនបើនរណាម្នាក់បង្ករឿង ឬធ្វើឱ្យពួកគេឈឺចាប់ ពួកគេអាចក្បត់មនុស្សនោះបានគ្រប់ពេល។ ប្រសិនបើនៅពេលបំពេញភារកិច្ចរបស់ពួកគេ ពួកគេបំពានលើការរៀបចំកិច្ចការ ឬគោលការណ៍ ហើយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ឬបងប្អូនប្រុសស្រីលួសកាត់ពួកគេបន្តិចបន្តួច ពួកគេក្លាយជាអាក់អន់ចិត្ត ខឹងសម្បារ និងមិនពេញចិត្ត ហើយបន្ទាប់មកពួកគេនិយាយពាក្យដូចជា «ខ្ញុំនឹងប្ដឹងអ្នករាល់គ្នា! ខ្ញុំដឹងថាអ្នករស់នៅឯណា ខ្ញុំដឹងឈ្មោះ និងត្រកូលរបស់អ្នក!» ប្រសិនបើអ្នកមិនលួងលោមមនុស្សប្រភេទនេះទេ ពួកគេពិតជាអាចក្បត់អ្នកមែន។ ពួកគេមិនមែនកំពុងព្យាយាមបំភ័យនរណាម្នាក់ទេ ហើយពួកគេក៏មិនមែនកំពុងនិយាយវានៅពេលកំពុងខឹងដែរ ប្រសិនបើនរណាម្នាក់ពិតជាធ្វើឱ្យពួកគេអាក់អន់ចិត្ត ឬធ្វើឱ្យពួកគេខឹងមែន ពួកគេពិតជាអាចក្បត់មនុស្សនោះបាន។ មនុស្សមួយចំនួននិយាយថា «ហេតុអ្វីត្រូវខ្លាចពួកគេ?» វាមិនមែនថាយើងខ្លាចពួកគេទេ។ យើងនឹងមិនខ្លាចការក្បត់របស់ពួកគេទេ ប្រសិនបើរឿងនេះកើតឡើងនៅក្នុងប្រទេសប្រជាធិបតេយ្យ និងសេរី។ ប៉ុន្តែនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ប្រសិនបើពួកគេពិតជាពាក់ព័ន្ធក្នុងទង្វើក្បត់មែន វាអាចបង្កបញ្ហាដល់បងប្អូនប្រុសស្រី និងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ប្រសិនបើបងប្អូនប្រុសស្រីពិតជាត្រូវបានចាប់ខ្លួនមែន នាគដ៏ធំមានសម្បុរក្រហមនឹងធ្វើឱ្យរឿងនេះក្លាយជារឿងធំ។ នៅពេលដែលពួកគេរកឃើញចន្លោះប្រហោង ពួកគេនឹងបន្តចាប់ខ្លួនមនុស្សមិនឈប់ឈរ។ ក្នុងករណីនោះ ជីវិតពួកជំនុំរបស់មនុស្សមួយចំនួនណាក៏ដោយនឹងរងផលប៉ះពាល់ ហើយការបំពេញភារកិច្ចជាធម្មតារបស់មនុស្សមួយចំនួនណាក៏ដោយនឹងរងផលប៉ះពាល់ដែរ។ តើទាំងនេះមិនមែនជាផលវិបាកធ្ងន់ធ្ងរទេឬអី? អ្នកត្រូវតែពិចារណារឿងទាំងនេះ! មនុស្សប្រភេទនេះតែងតែងង៉ក់ខឹងនៅពេលទាក់ទងជាមួយអ្នកដទៃ។ ប្រសិនបើនរណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត ឬលាតត្រដាងបញ្ហារបស់ពួកគេ និងធ្វើឱ្យពួកគេខឹង ពួកគេខឹងនឹងមនុស្សនោះ ហើយថែមទាំងអាចបដិសេធមិននិយាយជាមួយពួកគេជាច្រើនថ្ងៃ ហើយនៅពេលដែលអ្នកទៅរកពួកគេ ហើយសុំឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេ ពួកគេមិនអើពើនឹងសំណើនោះទេ។ វាមិនអាចទៅរួចទេក្នុងការរស់នៅចុះសម្រុងជាមួយមនុស្សប្រភេទនេះ។ តើពួកគេមិនមែនជាមនុស្សអាក្រក់ទេឬអី? នៅក្នុងក្រុមមនុស្ស អ្នកតែងតែឮមនុស្សអាក្រក់និយាយរឿងដូចជា៖ «បើមាននរណាម្នាក់ជំទាស់នឹងខ្ញុំ ខ្ញុំនឹងមិនលើកលែងឱ្យទេ! ខ្ញុំដឹងច្បាស់ថាអ្នករាល់គ្នារស់នៅឯណា ខ្ញុំថែមទាំងដឹងពណ៌វាំងននបង្អួចរបស់អ្នកទៀតផង។ ខ្ញុំដឹងច្បាស់ថាអ្នករាល់គ្នាជួបជុំគ្នានៅឯណា និងកន្លែងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរស់នៅ!» តើអ្នករាល់គ្នានឹងនិយាយថាមនុស្សប្រភេទនេះគឺជាបុគ្គលគ្រោះថ្នាក់មែនទេ? (មែនហើយ។) ពួកគេគឺជាយូដាសសុទ្ធសាធ។ ទោះបីជាអ្វីៗគ្រប់យ៉ាងធម្មតាក៏ដោយ ក៏ពួកគេនៅតែអាចព្យាយាមពាក់ព័ន្ធក្នុងទង្វើក្បត់ដែរ។ ហើយប្រសិនបើមានរឿងអាក្រក់កើតឡើង ពួកគេនឹងក្លាយជាមនុស្សដំបូងគេដែលចេញមុខមក ហើយក្លាយជាយូដាស។ ដូច្នេះ ប្រសិនបើមនុស្សប្រភេទនេះត្រូវបានរកឃើញនៅក្នុងពួកជំនុំ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើមនុស្សប្រភេទនេះមានការបង្ហាញចេញអ្វីផ្សេងទៀត? ឧទាហរណ៍ ក្នុងអំឡុងពេលជួបជុំ ដោយសារបងប្អូនប្រុសស្រីជួបគ្នាជាប្រចាំ វាមិនចាំបាច់មានការគួរសមគ្នាច្រើនឡើយ។ នៅពេលដល់ម៉ោង ពួកគេចាប់ផ្ដើមការជួបជុំ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត។ ប៉ុន្តែអស់អ្នកដែលងង៉ក់ ខឹងនៅពេលដែលពួកគេឃើញថាគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងពួកគេ ឬសួរសុខទុក្ខពួកគេ។ ពួកគេនិយាយទាំងកំហឹងថា «តើអ្នករាល់គ្នាសុទ្ធតែមើលងាយខ្ញុំមែនទេ? ហឹស! គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្វាគមន៍ខ្ញុំទេ មិនអីទេ ខ្ញុំមានវិធីចាត់ការអ្នករាល់គ្នា។ ខ្ញុំដឹងកន្លែងដែលពួកអ្នកដឹកនាំពួកជំនុំរស់នៅ ខ្ញុំដឹងថានរណាខ្លះក្នុងចំណោមអ្នករាល់គ្នាកំពុងបំពេញភារកិច្ចនៅឯណា និងការងារអ្វីដែលអ្នកកំពុងធ្វើ ខ្ញុំដឹងថានរណាកំពុងទទួលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឱ្យស្នាក់នៅ នរណាកំពុងថែរក្សាតង្វាយ នរណាទទួលខុសត្រូវលើការបោះពុម្ពសៀវភៅ និងនរណាទទួលខុសត្រូវលើការដឹកជញ្ជូនសៀវភៅទាំងនោះ។ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នាទាំងអស់! ខ្ញុំនឹងរាយការណ៍គ្រប់យ៉ាងអំពីពួកជំនុំប្រាប់ប៉ូលិស!» ប្រសិនបើមនុស្សប្រព្រឹត្តចំពោះពួកគេដោយការគោរពបំផុត អ្វីៗគ្រប់យ៉ាងនឹងមិនអីទេ។ ប៉ុន្តែនៅពេលដែលមាននរណាម្នាក់ធ្វើឱ្យពួកគេខឹង ឬបង្ករឿង វាច្បាស់ជាមានបញ្ហា គឺពួកគេនឹងស្វែងរកការសងសឹក និងការក្បត់។ នៅពេលណាដែលពួកគេជួបប្រទះអ្វីមួយដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត ឬមិនពេញចិត្ត ពួកគេនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រុសស្រី និងពួកអ្នកដឹកនាំពួកជំនុំ។ តើអ្នករាល់គ្នានឹងនិយាយថាមនុស្សប្រភេទនេះគួរឱ្យខ្លាច និងគ្រោះថ្នាក់មែនទេ? (ពួកគេគ្រោះថ្នាក់ណាស់)។ មនុស្សប្រភេទនេះគឺជាយូដាស ដែលអាចពាក់ព័ន្ធក្នុងទង្វើក្បត់បានគ្រប់ពេល។ ពួកគេគឺជាបុគ្គលគ្រោះថ្នាក់។
នៅមានការបង្ហាញចេញមួយទៀតរបស់មនុស្សដែលអាចពាក់ព័ន្ធក្នុងទង្វើក្បត់បានគ្រប់ពេល។ ឧទាហរណ៍ នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ចំនួនពួកជំនុំដែលបានបង្កើតឡើងនៅក្នុងខេត្ត និងក្រុងផ្សេងៗ ចំនួនមនុស្សនៅក្នុងពួកជំនុំនីមួយៗ នរណាជាពួកអ្នកដឹកនាំ និងកិច្ចការអ្វីដែលពួកជំនុំកំពុងធ្វើ រឿងទាំងនេះត្រូវតែរក្សាទុកជាសម្ងាត់បំផុត។ សូម្បីតែសមាជិកគ្រួសារ និងសាច់ញាតិដែលមិនជឿ ក៏ត្រូវតែប្រុងប្រយ័ត្នចំពោះពួកគេដែរ ហើយព័ត៌មាននេះមិនត្រូវបែកធ្លាយឡើយ ដើម្បីបង្ការកុំឱ្យមានបញ្ហានាពេលអនាគតដល់ពួកជំនុំ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលគ្រោះថ្នាក់ទាំងនេះដែលមានបំណងអាក្រក់ តែងតែព្យាយាមស៊ើបសួរអំពីរឿងបែបនេះ។ ប្រសិនបើបងប្អូនប្រុសស្រីបដិសេធមិនប្រាប់ពួកគេ ពួកគេមានអារម្មណ៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដឹងរឿងទាំងនេះ ចុះម៉េចបានជាមានតែខ្ញុំម្នាក់ដែលមិនដឹងអីសោះ? ហេតុអ្វីមិនប្រាប់ខ្ញុំ? តើអ្នករាល់គ្នាចាត់ទុកខ្ញុំជាអ្នកក្រៅ មិនមែនជាបងប្អូនប្រុសស្រីមែនទេ? បានហើយ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នា!» អ្នកឃើញទេ ក្នុងស្ថានភាពណាក៏ដោយ ក៏ពួកគេអាចប្ដឹងពួកជំនុំ និងបងប្អូនប្រុសស្រីបានដែរ។ គ្មាននរណាម្នាក់បានធ្វើឱ្យពួកគេអាក់អន់ចិត្តទេ ប៉ុន្តែសូម្បីតែការមិនពេញចិត្តបន្តិចបន្តួច ក៏ធ្វើឱ្យពួកគេចង់ប្ដឹងពួកជំនុំដែរ។ ឧទាហរណ៍ នៅពេលដែលសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានចែកចាយដល់បងប្អូនប្រុសស្រី មនុស្សគ្រប់គ្នាចាប់ផ្ដើមមើលយ៉ាងអន្ទះសាថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប៉ុន្មានជំពូកនៅក្នុងសៀវភៅនោះ មានប៉ុន្មានទំព័រ និងគុណភាពនៃការបោះពុម្ព។ ពួកគេទាំងអស់គ្នាសប្បាយចិត្ត និងរំភើបដែលបានកាន់សៀវភៅនៅក្នុងដៃ។ ប៉ុន្តែមនុស្សប្រភេទដែលជាយូដាសវិញ ពួកគេកំពុងគិតថា៖ «តើសៀវភៅនេះបោះពុម្ពនៅឯណា? តើការបោះពុម្ពមួយក្បាលអស់លុយប៉ុន្មាន? នរណាជាអ្នកទទួលខុសត្រូវលើការបោះពុម្ព? បន្ទាប់ពីបោះពុម្ពរួច នរណាជាអ្នកចាត់ចែងការដឹកជញ្ជូន? តើសៀវភៅទាំងនេះត្រូវបានដឹកជញ្ជូនមកពួកជំនុំរបស់យើងដោយរបៀបណា? តើសៀវភៅត្រូវបានរក្សាទុកនៅឯណា? នរណាជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាសៀវភៅទាំងនោះ?» ប្រធានបទទាំងនេះ គឺជាប្រធានបទរសើប។ ជាទូទៅ អ្នកដែលមានតម្រិះប្រកបដោយវិចារណញ្ញាណ និងអ្នកដែលមានភាពជាមនុស្ស នឹងមិនសាកសួរអំពីរឿងបែបនេះទេ ប៉ុន្តែបុគ្គលគ្រោះថ្នាក់ទាំងនេះដែលអាចពាក់ព័ន្ធក្នុងទង្វើក្បត់ ចង់ដឹងចង់ឮអំពីរឿងទាំងនេះណាស់។ ដូច្នេះ តើអ្នកគិតយ៉ាងណា តើអ្នកគួរប្រាប់ពួកគេទេ នៅពេលដែលពួកគេនៅតែបន្តសួរអំពីរឿងទាំងនេះ? (យើងមិនគួរប្រាប់ពួកគេទេ)។ ប្រសិនបើអ្នកប្រាប់ពួកគេ ពួកគេនឹងអាចទម្លាញព័ត៌មាននេះ និងពាក់ព័ន្ធក្នុងទង្វើក្បត់។ ហើយប្រសិនបើអ្នកមិនប្រាប់ពួកគេទេ ពួកគេនឹងមានពាក្យនិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនបានដឹងអំពីរឿងនេះអ៊ីចឹង? ដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌ទេ! ខ្ញុំជាសមាជិកនៃដំណាក់របស់ព្រះ ខ្ញុំមានសិទ្ធិទទួលបានព័ត៌មានអំពីបញ្ហាទាំងអស់! អ្នករាល់គ្នាប្រព្រឹត្ដចំពោះខ្ញុំដូចជាអ្នកខាងក្រៅ។ បានហើយ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នា!» ម្ដងទៀត ពួកគេចង់ប្ដឹងពួកជំនុំ។ តើពួកគេមិនមែនជាមនុស្សអាក្រក់ទេឬអី? ប្រសិនបើពួកគេពិតជាបានប្ដឹងពួកជំនុំប្រាប់ប៉ូលិសមែន តើវានឹងនាំមកនូវផលវិបាកអ្វីខ្លះ? តើបងប្អូនប្រុសស្រីនឹងមិនប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតទេឬអី ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន? លើសពីនេះទៅទៀត បន្ទាប់ពីប៉ូលិសបានចាប់ខ្លួន នេះនឹងបង្កការលំបាកយ៉ាងខ្លាំងដល់បងប្អូនប្រុសស្រី និងកិច្ចការរបស់ពួកជំនុំ។ វាក៏នឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងកម្រិតផ្សេងៗគ្នាដែរ។ អស់អ្នកដែលមិនចេះស្វែងរកសេចក្ដីពិត អាចក្លាយជាអវិជ្ជមាន ហើយថែមទាំងអាចឈប់ចូលរួមការជួបជុំទាំងស្រុងទៀតផង។ ពួកគេមិនបានពិចារណាពីរឿងនេះទាល់តែសោះ។ ដូច្នេះ តើពួកគេមានមនសិការ និងវិចារណញ្ញាណដែរឬទេ? មិនថាពួកជំនុំកំពុងធ្វើកិច្ចការអ្វីទេ ពួកគេតែងតែចង់ដឹងអំពីរឿងនោះមុនគេ។ ពួកគេសប្បាយចិត្ត តែនៅពេលដែលពួកគេដឹងគ្រប់យ៉ាងដែលកំពុងកើតឡើងនៅក្នុងពួកជំនុំ។ ប្រសិនបើមានរឿងសូម្បីតែមួយដែលពួកគេមិនត្រូវបានគេប្រាប់ ពួកគេមិនព្រមបណ្ដោយឱ្យវាកន្លងទៅទេ ហើយចង់ទៅប្ដឹងពួកជំនុំ ដែលអាចបង្កបញ្ហាធំ។ តើមនុស្សបែបនេះ ជាមនុស្សអាក្រក់ប្រភេទអ្វីទៅ? ពួកគេគឺជាអារក្ស! ប្រសិនបើអារក្សតែងតែខ្វល់ខ្វាយអំពីអ្វីមួយនៅក្នុងពួកជំនុំ វាមុខជាបង្កបញ្ហាជាក់ជាមិនខាន។ ឧទាហរណ៍ ប្រសិនបើមានបងប្អូនប្រុសស្រីមួយចំនួនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងថ្វាយតង្វាយច្រើន ពួកគេមិនដែលឈប់គិតអំពីរឿងនេះទេ ហើយសួរពួកគេថា «តើអ្នកបានថ្វាយប៉ុន្មាន?» ភាគីម្ខាងទៀតឆ្លើយថា «តើខ្ញុំអាចប្រាប់អ្នកពីរឿងនោះបានដោយរបៀបណា? អ្វីដែលដៃឆ្វេងធ្វើ ដៃស្តាំមិនគួរដឹងទេ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេ វាជារឿងសម្ងាត់!» ពួកគេឆ្លើយតបថា «សូម្បីតែរឿងហ្នឹងក៏ការសម្ងាត់ដែរឬ? អ្នកមិនទុកចិត្តខ្ញុំទេ។ អ្នកមិនរាប់ខ្ញុំជាបងប្អូនទេ!» នៅក្នុងចិត្តរបស់ពួកគេ ពួកគេអាក់អន់ចិត្តនឹងភាគីម្ខាងទៀត ហើយគិតថា «ហឹស អ្នកគិតថាអ្នកអស្ចារ្យណាស់ជាមួយនឹងតង្វាយដ៏ច្រើនរបស់អ្នក! អ្នកនឹងមិនប្រាប់ខ្ញុំថាអ្នកបានថ្វាយប៉ុន្មានទេ។ ខ្ញុំដឹងថាគ្រួសាររបស់អ្នកដំណើរការអាជីវកម្ម។ ប្រសិនបើអ្នកបង្ករឿងជាមួយនឹងខ្ញុំ ខ្ញុំនឹងប្ដឹងអ្នកពីបទជឿព្រះ ហើយអាជីវកម្មរបស់អ្នកនឹងបរាជ័យ! ពេលនោះ អ្នកនឹងមិនអាចថ្វាយសូម្បីតែមួយសេន!» អ្នកឃើញទេ ពួកគេចង់ទៅប្ដឹងមនុស្សម្ដងទៀត។ រាល់ពេលដែលមានរឿងតូចតាចដែលពួកគេមិនត្រូវបានគេប្រាប់ ពួកគេចង់ប្ដឹងពួកជំនុំ និងបងប្អូនប្រុសស្រី។ កន្លែងស្នាក់នៅរបស់បុគ្គលមួយចំនួនដែលបំពេញភារកិច្ចសំខាន់ៗ ត្រូវបានដឹងដោយមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ នេះមិនមែនជាការលាក់បាំងអ្វីមួយដោយចេតនាពីនរណាម្នាក់ ឬធ្វើអ្វីមួយដែលមិនគួរឱ្យទុកចិត្តនៅពីក្រោយខ្នងអ្នកដទៃនោះទេ វាគឺដោយសារតែបរិយាកាសគ្រោះថ្នាក់ពេក ហើយសម្រាប់ហេតុផលសុវត្ថិភាព ការរៀបចំបែបនេះគឺចាំបាច់។ នៅពេលដែលជនក្បត់នេះ យូដាសនេះ ឮថាគ្រួសារណាមួយកំពុងទទួលបងប្អូនប្រុសស្រីដែលធ្វើដំណើរមក ពួកគេគិតថានេះជារឿងដែលគួររាយការណ៍ ប្រហែលជាប៉ូលិសនឹងផ្តល់រង្វាន់ដល់ពួកគេទៀតផង! ពួកគេលបនៅពីក្រោយទ្វារដើម្បីលួចស្តាប់ ហើយបន្ទាប់ពីឮអ្វីមួយ ពួកគេខឹង៖ «អ្នករាល់គ្នាកំពុងពិភាក្សារឿងពួកជំនុំនៅពីក្រោយខ្នងខ្ញុំ ដោយមិនប្រាប់ខ្ញុំ។ អ្នកខ្លាចខ្ញុំក្បត់អ្នក ដូច្នេះអ្នកកំពុងប្រុងប្រយ័ត្នចំពោះខ្ញុំ និងលាក់បាំងរឿងពីខ្ញុំ មិនចាត់ទុកខ្ញុំជាផ្នែកមួយនៃដំណាក់របស់ព្រះ។ បានហើយ ខ្ញុំនឹងប្ដឹងអ្នករាល់គ្នា!» ម្ដងទៀត អ្នកឃើញទេ ពួកគេចង់ប្ដឹងអ្នកដទៃ។ តើអ្នកនឹងនិយាយថាមនុស្សនេះគឺជាបញ្ហាធំមែនទេ? (មែនហើយ។) ពួកគេជឿថាគ្រប់ស្ថានភាពទាំងអស់ដែលពាក់ព័ន្ធនឹងបងប្អូនប្រុសស្រី ឬពួកជំនុំ គួរតែត្រូវឱ្យមនុស្សគ្រប់គ្នាដឹង ហើយថាមនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានព័ត៌មាន ជាពិសេសគឺខ្លួនពួកគេផ្ទាល់។ ប្រសិនបើមានរឿងសូម្បីតែមួយដែលពួកគេមិនត្រូវបានគេប្រាប់ ពួកគេគំរាមប្ដឹងមនុស្ស។ ពួកគេតែងតែប្រើទង្វើនៃការប្ដឹងដើម្បីគំរាមកំហែងបងប្អូនប្រុសស្រី និងពួកអ្នកដឹកនាំពួកជំនុំ ដោយតែងតែប្រើវាដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សបែបនេះ គឺជាគ្រោះថ្នាក់ដ៏ធំដែលលាក់កំបាំងនៅក្នុងពួកជំនុំ ជាគ្រាប់បែកកំណត់ម៉ោង។ នៅពេលណាមួយ ពួកគេអាចនាំមកនូវគ្រោះថ្នាក់ និងមហន្តរាយដល់បងប្អូនប្រុសស្រី និងកិច្ចការរបស់ពួកជំនុំ។ នៅពេលដែលបុគ្គលបែបនេះត្រូវបានរកឃើញ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ មិនត្រូវអត់ឱនឱ្យពួកគេជាដាច់ខាត។
នៅក្នុងពួកជំនុំ ក៏មានមនុស្សមួយចំនួនដែលជាពួកយូដាសដែរ ហើយពួកគេតែងតែព្យាយាមសួរដេញដោលអំពីចំនួនប្រាក់ដែលដំណាក់របស់ព្រះជាម្ចាស់មាន និងថាតើនរណានៅក្នុងពួកជំនុំដែលថ្វាយតង្វាយច្រើនជាងគេ។ អ្នកឯទៀតនិយាយទៅកាន់ពួកគេថា៖ «រឿងនេះមិនអាចប្រាប់អ្នកបានទេ។ ការដឹងពីរឿងនេះ នឹងមិនផ្ដល់ផលប្រយោជន៍ដល់អ្នកឡើយ ហើយម្យ៉ាងទៀត រឿងនេះមិនមែនជារឿងដែលអ្នកគួរតែសួរដេញដោលនោះទេ»។ បន្ទាប់ពីបានឮដូច្នេះ ពួកគេក៏ប្រែជាប្រទូសរ៉ាយ ហើយនិយាយថា៖ «អ្នករាល់គ្នាសុទ្ធតែប្រយ័ត្នខ្លួនចំពោះខ្ញុំ មើលងាយខ្ញុំ មិនចាត់ទុកខ្ញុំជាបងប្អូនប្រុសស្រីឡើយ អ្នករាល់គ្នាទុកខ្ញុំដូចជាអ្នកក្រៅ។ ខ្ញុំដឹងថាប្រាក់របស់ពួកជំនុំត្រូវបានរក្សាទុកនៅផ្ទះរបស់នរណា។ ខ្ញុំនឹងរាយការណ៍ពីអ្នករាល់គ្នា ហើយឱ្យប៉ូលិសរឹបអូសយកប្រាក់ទាំងអស់នោះ ពេលនោះខ្ញុំនឹងដឹងថាមានប្រាក់ប៉ុន្មានមិនខាន!» រាល់ពេលមានរឿងអ្វីកើតឡើង ពួកគេចង់ក្បត់ ឬរាយការណ៍ពីអ្នកដទៃ ប៉ុន្ដែនៅពេលមានការរំខានដែលបង្កឡើងដោយពួកអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់នៅក្នុងពួកជំនុំ ពួកគេបែរជាមិនរាយការណ៍អ្វីទាំងអស់។ ឬ សូម្បីតែពេលដែលពួកគេឃើញពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទលួច ឬដណ្ដើមយកតង្វាយ ក៏ពួកគេមិនដែលលាតត្រដាង ឬរាយការណ៍ពីទង្វើទាំងនេះដែរ ហើយពួកគេក៏មិនជូនដំណឹងដល់ដំណាក់របស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនខ្វល់ខ្វាយនឹងរឿងបែបនេះទេ។ ប៉ុន្តែ ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់ធ្វើឱ្យពួកគេខឹង ធ្វើឱ្យពួកគេអាក់អន់ចិត្ត ឬមើលងាយពួកគេ នោះពួកគេនឹងទៅរាយការណ៍ពីបងប្អូនទាំងនោះមិនខាន។ ឬប្រសិនបើការរៀបចំកិច្ចការណាមួយរបស់ដំណាក់របស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់ពួកគេ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាបាក់មុខ ឬធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពលំបាក នោះពួកគេចាប់ផ្ដើមគិតថា៖ «ខ្ញុំនឹងរាយការណ៍ពីអ្នក! ខ្ញុំនឹងធ្វើឱ្យប្រាកដថាអ្នកបាត់បង់តំណែងជាអ្នកដឹកនាំពួកជំនុំ ខ្ញុំនឹងធ្វើឱ្យប្រាកដថាកិច្ចការរបស់ពួកជំនុំបរាជ័យ ខ្ញុំនឹងធ្វើឱ្យប្រាកដថាពួកជំនុំបែកបាក់!» ឃើញទេ? ពួកគេចង់រាយការណ៍ពីអ្នកដឹកនាំពួកជំនុំ សូម្បីតែរឿងបែបនេះ។ នៅក្នុងពួកជំនុំខ្លះ មានមនុស្សមួយចំនួនត្រូវបានជ្រើសរើស ដែលស័ក្តិសមសម្រាប់ការបំពេញភារកិច្ចនៅក្រៅប្រទេស ដោយសារកាលៈទេសៈគ្រួសារ និងផ្ទាល់ខ្លួនរបស់ពួកគេអំណោយផល ពួកគេបំពេញតាមលក្ខខណ្ឌតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបងប្អូនប្រុសស្រីទាំងអស់ក៏យល់ព្រម។ នៅពេលដែលពួកយូដាសទាំងនោះឃើញដូច្នេះ ពួកគេគិតថា៖ «រឿងល្អៗបែបនេះមិនដែលកើតឡើងចំពោះខ្ញុំសោះ។ ខ្ញុំគួរតែរាយការណ៍ពីអ្នករាល់គ្នា! ខ្ញុំនឹងប្រាប់ប៉ូលិសថា មានមនុស្សមួយចំនួននៅក្នុងពួកជំនុំរបស់យើង នឹងទៅបំពេញភារកិច្ចនៅក្រៅប្រទេស។ ខ្ញុំនឹងធ្វើឱ្យប្រាកដថាអ្នករាល់គ្នាមិនអាចចេញទៅក្រៅប្រទេសបាន។ ខ្ញុំនឹងឱ្យនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនអ្នករាល់គ្នា ឬឱ្យរដ្ឋាភិបាលឃ្លាំមើលអ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាអាចត្រឡប់ទៅផ្ទះវិញបាន!» ឱ្យតែបងប្អូនប្រុសស្រីមិនអាចទៅក្រៅប្រទេសបាន ពួកគេមានអារម្មណ៍ពេញចិត្តហើយ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើធម្មជាតិនៃទង្វើរបស់មនុស្សបែបនេះ មិនធ្ងន់ធ្ងរជាងទង្វើរបស់អ្នកដែលបង្អាក់ និងរំខានម្ដងម្កាលទេឬអី? (មែនហើយ។) មនុស្សប្រភេទនេះគឺជាបញ្ហាដ៏ធំ។ ពួកគេខ្វះចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយពួកគេមិនកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ មិនថាជាស្ថានភាព ឬហេតុផលអ្វីនោះទេ ឱ្យតែអ្វីៗមិនស្របតាមបំណងរបស់ពួកគេ ពួកគេចង់រាយការណ៍ពីពួកជំនុំ និងក្បត់បងប្អូនប្រុសស្រី ពួកគេគឺជាពួកអារក្ស! នៅពេលដែលពួកជំនុំរកឃើញមនុស្សបែបនេះ គួរតែបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្ការកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ។ ប្រសិនបើបរិយាកាសបច្ចុប្បន្នមិនអនុញ្ញាត ឬលក្ខខណ្ឌមិនទាន់អំណោយផលទេ នោះត្រូវតែឃ្លាំមើល មើលការខុសត្រូវ និងប្រយ័ត្នចំពោះពួកគេឱ្យបានតឹងរ៉ឹង។ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត បុគ្គលដែលមានគ្រោះថ្នាក់ដូចជាពួកគេនេះ មិនត្រូវអត់ឱនឱ្យដាច់ខាត ត្រូវបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញឱ្យបានឆាប់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ កុំរង់ចាំរហូតដល់ពួកគេក្បត់ពួកជំនុំ និងបង្កឱ្យមានផលវិបាក ទើបចាត់វិធានការឡើយ។ នៅពេលដែលពួកគេធ្វើដូច្នេះ ហើយនាំឱ្យមានផលវិបាកជាក់ស្ដែង នោះការខាតបង់នឹងមានទំហំធំធេងណាស់។ គ្មាននរណាដឹងថា នឹងមានបងប្អូនប្រុសស្រីប៉ុន្មាននាក់ដែលនឹងគ្មានផ្ទះត្រឡប់ទៅវិញ ឬថែមទាំងត្រូវគេចាប់ខ្លួន និងដាក់គុកផង។ បងប្អូនប្រុសស្រីជាច្រើនប្រហែលជាមិនអាចបំពេញភារកិច្ច ឬរស់នៅជីវិតពួកជំនុំបានទៀតទេ។ ផលវិបាកនឹងមិនអាចនឹកស្មានដល់ឡើយ។ ហេតុដូច្នេះហើយ ក្នុងនាមជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប្រសិនបើអ្នករកឃើញមនុស្សដែលជាពួកយូដាសនៅក្នុងពួកជំនុំ អ្នកត្រូវតែបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញឱ្យបានទាន់ពេលវេលា។ ក្នុងនាមជាបងប្អូនប្រុសស្រីម្នាក់ ប្រសិនបើអ្នករកឃើញមនុស្សបែបនេះ អ្នកត្រូវតែរាយការណ៍ពីពួកគេទៅកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់ពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រឿងនេះពាក់ព័ន្ធនឹងសុវត្ថិភាពរបស់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ ក៏ដូចជាសុវត្ថិភាពរបស់អ្នកផ្ទាល់ដែរ។ កុំគិតថា៖ «ពួកគេមិនទាន់បានប្រព្រឹត្តអំពើក្បត់ណាមួយជាក់ស្ដែងនៅឡើយទេ ដូច្នេះវាមិនមែនជារឿងធំដុំនោះទេ ពួកគេគ្រាន់តែនិយាយដោយសារកំហឹងមួយឆាវប៉ុណ្ណោះ»។ មនុស្សគ្រប់គ្នាតែងតែខឹង មនុស្សមួយចំនួននៅពេលខឹង យ៉ាងច្រើនពួកគេអាចនឹងនិយាយពាក្យអាក្រក់ៗខ្លះ ឆេវឆាវបន្តិចបន្តួច ឬមានភាពអវិជ្ជមានមួយរយៈប៉ុណ្ណោះ ប៉ុន្តែឱ្យតែពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ កោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្ត និងមានមនសិការ និងវិចារណញ្ញាណខ្លះ ព្រមទាំងមានព្រំដែនមូលដ្ឋានសម្រាប់ការប្រព្រឹត្តខ្លួន នោះពួកគេនឹងមិនធ្វើរឿងដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ មិនថាវាជាអ្វីក៏ដោយ។ ទោះជាយ៉ាងណា វាខុសគ្នាចំពោះអ្នកដែលជាពួកយូដាសពីកំណើត។ ពួកគេអាចរាយការណ៍ពីពួកជំនុំ និងបងប្អូនប្រុសស្រីបានភ្លាមៗនៅពេលមានរឿងបន្តិចបន្តួច ដោយតែងតែចង់ប្រើកម្លាំងរបស់សាតាំងដើម្បីគំរាមកំហែងបងប្អូនប្រុសស្រី និងពួកជំនុំ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ មនុស្សទាំងនេះចូលដៃជាមួយពួកអារក្សកំណាច ពួកគេគ្មានព្រំដែនមូលដ្ឋានឡើយនៅពេលនិយាយដល់ការប្រព្រឹត្តខ្លួន។ ហេតុដូច្នេះហើយ ទាំងពួកអ្នកដឹកនាំពួកជំនុំ និងបងប្អូនប្រុសស្រី ត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកដែលអាចរាយការណ៍ពីពួកជំនុំបានភ្លាមៗ។ ប្រសិនបើនរណាម្នាក់រកឃើញមនុស្សបែបនេះដែលគ្មានហេតុផល បង្កបញ្ហាតាមតែចិត្ត និងនិយាយមិនស្តាប់គ្នា ពួកគេគួរតែរាយការណ៍ពីអ្នកទាំងនោះទៅកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាបន្ទាន់ ហើយបន្ទាប់មកសង្កេតមើល និងមើលការខុសត្រូវពួកគេ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំរកឃើញមនុស្សបែបនេះ ពួកគេគួរតែរកផែនការដើម្បីចាត់ចែង និងដោះស្រាយស្ថានការណ៍នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេត្រូវតែការពារបងប្អូនប្រុសស្រី និងការពារជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំពីការបំផ្លាញ និងការរំខានដោយបុគ្គលបែបនេះ។ កុំសន្មតថា នៅពេលដែលមនុស្សបែបនេះនិយាយថាពួកគេនឹងរាយការណ៍ពីពួកជំនុំ ឬបងប្អូនប្រុសស្រី ថាវាគ្រាន់តែជាអ្វីដែលបាននិយាយចេញមកដោយសារកំហឹងមួយឆាវ រួចហើយក៏បន្ថយការប្រុងប្រយ័ត្នរបស់អ្នកនោះឡើយ។ តាមពិតទៅ ការដែលពួកគេនិយាយរឿងបែបនេះជារឿយៗ បញ្ជាក់ថា គំនិតនេះមាននៅក្នុងចិត្តរបស់ពួកគេរួចទៅហើយ។ ប្រសិនបើពួកគេគិតបែបនេះ ពួកគេអាចធ្វើវាបាន។ ជួនកាល បន្ទាប់ពីនិយាយថា «ខ្ញុំនឹងរាយការណ៍ពីអ្នក» ពួកគេប្រហែលជាមិនធ្វើតាមសម្ដីនោះទេ ប៉ុន្តែតើនរណាទៅដឹងថា ពេលណាពួកគេអាចនឹងធ្វើវាពិតមែននោះ។ នៅពេលដែលពួកគេធ្វើដូច្នេះ ផលវិបាកនឹងមិនអាចនឹកស្មានដល់ឡើយ។ ដូច្នេះ ប្រសិនបើអ្នកចាត់ទុកពាក្យសម្ដីរបស់ពួកគេដែលថា «ខ្ញុំនឹងរាយការណ៍ពីអ្នក» ថាគ្រាន់តែជាពាក្យសម្ដីដែលនិយាយចេញមកពេលមានកំហឹង នោះអ្នកពិតជាល្ងង់ខ្លៅ និងមិនចេះគិតហើយ។ អ្នកបានបរាជ័យក្នុងការមើលធ្លុះដល់សារជាតិនៃភាពជាមនុស្សរបស់ពួកគេតាមរយៈពាក្យសម្ដីទាំងនេះ ហើយនេះគឺជាកំហុសមួយ។ ពួកគេអាចនិយាយថា «ខ្ញុំនឹងរាយការណ៍ពីអ្នក» ដើម្បីគំរាមកំហែងអ្នកដទៃបានភ្លាមៗនៅពេលមានរឿងបន្តិចបន្តួច នេះដាច់ខាតមិនមែនជាពាក្យសម្ដីខឹងសម្បារធម្មតានោះទេ វាបង្ហាញថា ពួកគេមានធម្មជាតិជាយូដាស ហើយពួកគេខ្វះព្រំដែនមូលដ្ឋាននៅពេលនិយាយដល់ការប្រព្រឹត្តខ្លួន។ តើមនុស្សដែលគ្មានព្រំដែនមូលដ្ឋានចំពោះការប្រព្រឹត្តរបស់ខ្លួន គឺជាមនុស្សអប្រិយប្រភេទណាទៅ? គឺជាប្រភេទមនុស្សដែលគ្មានមនសិការ និងគ្មានវិចារណញ្ញាណ។ បើគ្មានមនសិការ ពួកគេអាចប្រព្រឹត្តអំពើអាក្រក់ណាមួយក៏បាន ហើយបើគ្មានវិចារណញ្ញាណ ពួកគេអាចធ្វើសកម្មភាពហួសពីព្រំដែននៃវិចារណញ្ញាណ ដោយធ្វើរឿងល្ងង់ខ្លៅគ្រប់បែបយ៉ាង។ វាអាចទៅរួចដែលថា បន្ទាប់ពីបានរាយការណ៍ពីពួកជំនុំ និងឃើញបងប្អូនប្រុសស្រីត្រូវបានចាប់ខ្លួន ហើយកិច្ចការរបស់ពួកជំនុំត្រូវបានបំផ្លាញ ពួកគេអាចនឹងស្រក់ទឹកភ្នែក និងសម្តែងការសោកស្ដាយ។ ប៉ុន្តែមនុស្សដែលគ្មានហេតុផល និងបង្កបញ្ហាតាមតែចិត្តទាំងនេះ ធ្វើសកម្មភាពដោយគ្មានវិចារណញ្ញាណឡើយ។ នៅពេលប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះនៅពេលអនាគត ពួកគេនឹងនៅតែរាយការណ៍ពីពួកជំនុំដដែល។ តើនេះមិនបានបង្ហាញពីបញ្ហាទាក់ទងនឹងធម្មជាតិរបស់ពួកគេទេឬ? នេះគឺជាសារជាតិធម្មជាតិរបស់ពួកគេយ៉ាងពិតប្រាកដ។ ពួកអ្នកដឹកនាំពួកជំនុំមួយចំនួននៅតែជឿថា អ្វីដែលពួកគេនិយាយ គ្រាន់តែជារឿងដែលនិយាយចេញមកដោយសារកំហឹងមួយឆាវប៉ុណ្ណោះ ហើយថាធម្មជាតិរបស់ពួកគេមិនអាក្រក់នោះទេ។ ពួកគេគិតថា នេះមិនមែនជាការបញ្ចេញឱ្យឃើញតាមធម្មជាតិនៃភាពជាមនុស្សរបស់ពួកគេ ហើយមិនតំណាងឱ្យភាពជាមនុស្សរបស់ពួកគេឡើយ។ តើទស្សនៈនេះខុសដែរឬទេ? (មែនហើយ)។ ទោះបីជាធម្មតាពួកគេមិនសូវបង្ហាញឥរិយាបថដែលបញ្ជាក់ពីចរិតអប្រិយក៏ដោយ ក៏ការពិតដែលថាពួកគេតែងតែនិយាយថាពួកគេនឹងរាយការណ៍ពីបងប្អូនប្រុសស្រី និងការពិតដែលថារឿងបន្តិចបន្តួចដែលធ្វើឱ្យពួកគេមិនពេញចិត្ត អាចនាំឱ្យពួកគេគិតដល់ការរាយការណ៍ពីអ្នកទាំងនោះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ចរិតលក្ខណៈរបស់ពួកគេគឺទាបថោក និងស្មោកគ្រោក ហើយថាពួកគេមិនមែនជាអ្នកដែលអាចទុកចិត្តបានឡើយ។ មនុស្សបែបនេះគ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ ពួកគេប្រព្រឹត្តខ្លួនតាមតែចិត្តរបស់ពួកគេ ដោយធ្វើអ្វីៗដែលពួកគេចង់ធ្វើដោយផ្អែកលើផលប្រយោជន៍ និងចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានព្រំដែននៃមនសិការឡើយ។ មនុស្សបែបនេះគួរតែត្រូវបានចាត់វិធានការដោយការបោសសម្អាតចេញ ហើយមិនចាំបាច់បង្ហាញការអត់ឱនចំពោះពួកគេទេ ពីព្រោះពួកគេមិនមែនជាកូនក្មេងឡើយ ពួកគេគឺជាមនុស្សពេញវ័យ ហើយគួរតែដឹងពីផលវិបាកនៃការរាយការណ៍ពីបងប្អូនប្រុសស្រី និងពួកជំនុំ។ ពួកគេដឹងយ៉ាងច្បាស់ថា នេះគឺជាចំណាត់ការដ៏ឃោរឃៅបំផុត និងមានប្រសិទ្ធភាពបំផុត។ ពួកគេចាត់ទុកវាជាអាវុធដ៏សំខាន់របស់ពួកគេ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីសងសឹកបងប្អូនប្រុសស្រី និងពួកជំនុំ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះមិនមែនជាពួកអារក្សកំណាចទេឬអី? (មែនហើយ)។ ដូច្នេះ ហេតុអ្វីបានជាត្រូវបង្ហាញការអត់ឱនចំពោះពួកអារក្សកំណាច? តើអ្នកត្រូវរង់ចាំរហូតដល់អ្នកឃើញពួកគេចង្អុលបង្ហាញបងប្អូនប្រុសស្រី និងគ្រួសារម្ចាស់ផ្ទះប្រាប់ទៅនាគដ៏ធំមានសម្បុរក្រហមដោយចំហសិន ទើបអ្នកទទួលស្គាល់ថាពួកគេជាពួកយូដាសឬ? នៅពេលដែលអ្នកឃើញការពិតទាំងនេះ ហើយកំណត់លក្ខណៈពួកគេ នោះវានឹងហួសពេលទៅហើយ។ តាមពិតទៅ សារជាតិធម្មជាតិរបស់ពួកគេត្រូវបានលាតត្រដាងរួចទៅហើយ នៅខណៈដែលពួកគេចាប់ផ្ដើមស្រែកថានឹងរាយការណ៍ពីពួកជំនុំ នៅពេលដែលពួកគេជួបប្រទះបញ្ហាមួយចំនួន។ កុំរង់ចាំរហូតដល់ពួកគេចាត់វិធានការ ទើបញែកដឹង និងបោសសម្អាតពួកគេចេញឡើយ វានឹងហួសពេលហើយ។ ប្រសិនបើគ្មាននរណាម្នាក់ មិនថាជាអ្នកដឹកនាំពួកជំនុំ ឬបងប្អូនប្រុសស្រី ធ្លាប់បានឮពួកគេនិយាយអំពីការរាយការណ៍ពីបងប្អូនប្រុសស្រី ហើយគ្មាននរណាម្នាក់ស្គាល់ពួកគេច្បាស់ ហើយនៅពេលដែលពួកគេត្រូវបាននរណាម្នាក់ធ្វើឱ្យខឹង ឬធ្វើឱ្យអាក់អន់ចិត្ត ពួកគេក៏រាយការណ៍ពីអ្នកទាំងនោះ ដែលធ្វើឱ្យបងប្អូនប្រុសស្រីគ្មានជម្រើសអ្វីក្រៅពីពួនសម្ងំ និងគេចចេញពីគ្រោះថ្នាក់ ហើយអ្នកខ្លះដែលកំពុងបំពេញភារកិច្ចត្រូវផ្លាស់ទីកន្លែងយ៉ាងប្រញាប់ប្រញាល់ នៅក្នុងកាលៈទេសៈបែបនេះ អ្នកមិនអាចបន្ទោសបងប្អូនប្រុសស្រីថាល្ងង់ខ្លៅ និងមិនអាចមើលពួកគេធ្លុះបានឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេតែងតែនិយាយថា ពួកគេនឹងរាយការណ៍ពីបងប្អូនប្រុសស្រី ហើយមនុស្សនៅតែមិនយកចិត្តទុកដាក់នឹងរឿងនេះ នោះពិតជាល្ងង់ខ្លៅមែនទែនហើយ។ បន្ទាប់ពីបានឮសេចក្ដីពិតជាច្រើនបែបនេះហើយ ពួកគេនៅតែមិនអាចញែកដឹងមនុស្សបាន តើពួកគេមិនមែនជាមនុស្សវង្វេងវង្វាន់ទេឬអី? (មែនហើយ)។ ចំពោះអ្នកដែលអាចក្លាយជាយូដាសនៅពេលណាក៏បាន កុំគិតថាអំពើក្បត់របស់ពួកគេ គឺដោយសារតែការយល់ដឹងសេចក្ដីពិតតិចតួច ឬដោយសារតែពួកគេបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលខ្លី ឬដោយសារតែហេតុផលផ្សេងទៀតឱ្យសោះ។ គ្មានហេតុផលណាមួយក្នុងចំណោមហេតុផលទាំងនេះជាមូលហេតុពិតប្រាកដឡើយ។ បើពិនិត្យទៅលើឫសគល់ គឺដោយសារតែចរិតលក្ខណៈរបស់ពួកគេថោកទាប ចំណែកឯជម្រៅចិត្តវិញ ពួកគេគឺជាមនុស្សអាក្រក់។ ការញែកដឹង និងការកំណត់លក្ខណៈពួកគេតាមរបៀបនេះ ហើយបន្ទាប់មកបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញក្នុងនាមជាមនុស្សអាក្រក់ គឺជារឿងត្រឹមត្រូវទាំងស្រុង។ ការធ្វើបែបនេះ ការពារបងប្អូនប្រុសស្រី ហើយក្នុងពេលជាមួយគ្នានេះ វាក៏ការពារកិច្ចការរបស់ពួកជំនុំពីការខូចខាតផងដែរ។ នេះគឺជាការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់ពួកជំនុំ។ ហេតុដូច្នេះហើយ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវតែការពារ និងមើលការខុសត្រូវមនុស្សបែបនេះជាបន្ទាន់ ហើយបន្ទាប់មកពួកគេគួរតែប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចញែកដឹងពួកគេ។ ពួកគេត្រូវតែខិតខំជម្រះមនុស្សបែបនេះចេញ មុនពេលដែលល្បិចកលរបស់ពួកគេទទួលបានជោគជ័យ ដើម្បីបង្ការកុំឱ្យមានបញ្ហាណាមួយដល់បងប្អូនប្រុសស្រី ឬពួកជំនុំ។ នេះគឺជាការញែកដឹង និងជាគោលការណ៍នៃការដោះស្រាយបញ្ហាដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែមាន នៅពេលប្រឈមមុខនឹងមនុស្សបែបនេះ ហើយវាគឺជាផ្លូវដែលពួកគេគួរតែអនុវត្តនៅក្នុងស្ថានភាពបែបនេះ។ តើនេះច្បាស់ដែរឬទេ? (ច្បាស់ហើយ)។ ជាការពិតណាស់ វាជាការល្អបំផុតក្នុងការដោះស្រាយជាមួយមនុស្សបែបនេះតាមរបៀបដ៏ឈ្លាសវៃ ដោយធានាថា ការបោសសម្អាតពួកគេចេញ មិននាំមកនូវបញ្ហានៅថ្ងៃក្រោយដល់ពួកជំនុំឡើយ។ ប្រសិនបើការដោះស្រាយគ្រោះថ្នាក់ដែលលាក់កំបាំងមួយ នាំឱ្យមានគ្រោះថ្នាក់កាន់តែច្រើននៅពេលក្រោយ នោះអ្នកដឹកនាំពួកជំនុំដែលធ្វើបែបនេះ គឺជាមនុស្សអសមត្ថភាពយ៉ាងខ្លាំង ហើយនៅឆ្ងាយពីស្តង់ដាខ្លាំងណាស់ ពួកគេមិនដឹងពីរបៀបធ្វើកិច្ចការទេ ហើយពួកគេខ្វះប្រាជ្ញា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹកនាំពួកជំនុំម្នាក់អាចដោះស្រាយគ្រោះថ្នាក់ដែលលាក់កំបាំងតាមរបៀបដែលជៀសវាងផលវិបាកអាក្រក់ ផ្ដល់ផលប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ ហើយថែមទាំងជួយបងប្អូនប្រុសស្រីឱ្យមានការរីកចម្រើនក្នុងការញែកដឹង នោះទើបជាការដឹងពីរបៀបធ្វើកិច្ចការយ៉ាងពិតប្រាកដ។ មានតែអ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទនេះប៉ុណ្ណោះ ដែលត្រូវតាមស្តង់ដា។
ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការជួបប្រទះមនុស្សដែលអាចក្បត់ពួកជំនុំ ប៉ុន្តែមិនអាចញែកដឹងពួកគេ ឬមិនដឹងថាពួកគេមានភាពជាមនុស្សបែបណា ឬថាតើពួកគេអាចនាំបញ្ហាអ្វីខ្លះដល់ពួកជំនុំ និងបងប្អូនប្រុសស្រី ដោយមិនច្បាស់លាស់អំពីរឿងទាំងអស់នេះនៅក្នុងចិត្ត ហើយពួកគេមិនដឹងថាគួរប្រព្រឹត្ត ឬដោះស្រាយជាមួយមនុស្សបែបនេះដោយរបៀបណា មិនដឹងពីរបៀបធ្វើកិច្ចការនេះ ឬសូម្បីតែមិនដឹងថានេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ ឬទោះបីជាពួកគេដឹងក៏ដោយ ប៉ុន្តែមិនចង់ធ្វើឱ្យមនុស្សបែបនេះអាក់អន់ចិត្ត ហើយគ្រាន់តែធ្វើមិនដឹងមិនឮចំពោះរឿងនេះ ដោយមិនបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញ តើនេះជាអ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទណា? (ជាអ្នកដឹកនាំក្លែងក្លាយ។) ពួកគេមិនត្រូវតាមស្ដង់ដាក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ម្យ៉ាង ពួកគេព្យាយាមជួយមនុស្សគ្រប់គ្នាដោយល្ងង់ខ្លៅ ដោយបង្ហាញសេចក្ដីស្រឡាញ់ និងការអត់ធ្មត់ចំពោះមនុស្សគ្រប់គ្នា ហើយចាត់ទុកពួកគេទាំងអស់គ្នាជាបងប្អូនប្រុសស្រី។ នេះគឺជាមនុស្សវង្វេងវង្វាន់ ជាអ្នកដឹកនាំក្លែងក្លាយ ឬអ្នកធ្វើការក្លែងក្លាយ។ លើសពីនេះទៅទៀត នៅពេលដែលពួកគេរកឃើញមនុស្សដែលជាពួកយូដាសនៅក្នុងពួកជំនុំ ពួកគេមិនធ្វើអ្វីសោះដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់។ ផ្ទុយទៅវិញ ពួកគេធ្វើមិនដឹងមិនឮ ដោយធ្វើពុតជាមិនកត់សម្គាល់អ្វីទាំងអស់។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ឱ្យតែឋានៈរបស់ខ្ញុំមិនត្រូវបានគំរាមកំហែង គឺមិនអីទេ។ ខ្ញុំមិនខ្វល់ពីកិច្ចការរបស់ពួកជំនុំ សុវត្ថិភាពរបស់បងប្អូនប្រុសស្រី ឬផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ឱ្យតែខ្ញុំកាន់តំណែងនេះ ហើយបានសោយសុខរាល់ថ្ងៃ នោះហើយគឺជាអ្វីដែលខ្ញុំត្រូវការ»។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ហើយនៅពេលដែលពួកគេឃើញបញ្ហា ពួកគេមិនដោះស្រាយឡើយ ពួកគេគ្រាន់តែសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេប៉ុណ្ណោះ។ តើនេះជាអ្នកដឹកនាំក្លែងក្លាយមែនទេ? (មែនហើយ)។ ឧទាហរណ៍ ឧបមាថាមនុស្សប្រភេទដែលអាចប្រព្រឹត្តអំពើក្បត់នៅពេលណាក៏បាន បាននឹងកំពុងធ្វើឫកធំនៅក្នុងពួកជំនុំអស់រយៈពេលជាយូរមកហើយ ដោយតែងតែគំរាមកំហែងថានឹងរាយការណ៍ពីពួកជំនុំ និងបងប្អូនប្រុសស្រី។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនឃើញបែបនេះ ប៉ុន្តែមិនធ្វើអ្វីសោះ។ សូម្បីតែនៅពេលដែលមាននរណាម្នាក់រាយការណ៍ពីបុគ្គលនេះ ហើយពួកអ្នកដឹកនាំថ្នាក់លើចាត់វិធានការចំពោះពួកគេដោយបោសសម្អាតពួកគេចេញ ក៏អ្នកដឹកនាំក្លែងក្លាយនៅតែមិនយកចិត្តទុកដាក់ ឬគិតអ្វីពីរឿងនេះដែរ។ ពួកគេគិតថា៖ «ទុកឱ្យពួកគេរាយការណ៍ពីនរណាក៏បានតាមចិត្តចុះ។ ឱ្យតែពួកគេមិនរាយការណ៍ពីខ្ញុំ ឬប៉ះពាល់ដល់តួនាទីរបស់ខ្ញុំជាអ្នកដឹកនាំពួកជំនុំ គឺមិនអីទេ»។ តើអ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទនេះ ជាអ្នកដឹកនាំ ឬអ្នកធ្វើការក្លែងក្លាយមែនទេ? (មែនហើយ)។ ពួកគេកាន់តំណែងគ្រាន់តែដើម្បីសោយសុខនឹងផលប្រយោជន៍ ដោយមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ដោយកត់សម្គាល់ឃើញនរណាម្នាក់ដែលអាចក្បត់បងប្អូនប្រុសស្រីនៅពេលណាក៏បាន ប៉ុន្តែមិនបានបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយគួរតែត្រូវបានបណ្ដេញចេញពីតួនាទីរបស់ពួកគេជាបន្ទាន់។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួន បន្ទាប់ពីត្រូវបានបណ្ដេញចេញ នៅតែមិនសុខចិត្ត។ ពួកគេនិយាយថា៖ «តើអ្នកមានសិទ្ធិអ្វីមកដកហូតតំណែងខ្ញុំ? តើគ្រាន់តែដោយសារតែខ្ញុំមិនបានបោសសម្អាតមនុស្សម្នាក់នោះចេញមែនទេ? តើបញ្ហាមិនត្រូវបានដោះស្រាយទេឬអី ប្រសិនបើអ្នករាល់គ្នាគ្រាន់តែបោសសម្អាតពួកគេចេញដោយខ្លួនឯងនោះ? ម្យ៉ាងទៀត ពួកគេគ្រាន់តែនិយាយថាពួកគេនឹងរាយការណ៍ពីបងប្អូនប្រុសស្រីប៉ុណ្ណោះ ពួកគេមិនទាន់បានធ្វើវាជាក់ស្ដែងផង។ ហើយពួកគេមិនបានបង្កបញ្ហាអ្វីដល់ពួកជំនុំទេ។ ហេតុអ្វីបានជាត្រូវចាត់វិធានការចំពោះពួកគេ?» ពួកគេថែមទាំងមានអារម្មណ៍ថា ខ្លួនរងអយុត្តិធម៌ទៀតផង។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ពួកគេគ្រាន់តែសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេប៉ុណ្ណោះ ហើយនៅពេលដែលយូដាសដ៏ច្បាស់ក្រឡែតបែបនេះលេចឡើងនៅក្នុងពួកជំនុំ ពួកគេមិនចាត់វិធានការ ឬបោសសម្អាតពួកគេចេញឡើយ។ បងប្អូនប្រុសស្រីមួយចំនួនរស់នៅក្នុងភាពភ័យខ្លាចជានិច្ច ដោយនិយាយថា៖ «មានយូដាសម្នាក់នៅក្នុងចំណោមពួកយើង ដែលតែងតែគំរាមកំហែងថានឹងរាយការណ៍ពីបងប្អូនប្រុសស្រី នេះពិតជាគ្រោះថ្នាក់ណាស់! តើពេលណាទើបមនុស្សម្នាក់នេះត្រូវបានបោសសម្អាតចេញ?» ពួកគេប្រាប់អ្នកដឹកនាំពួកជំនុំអំពីបញ្ហានេះជាច្រើនដង ប៉ុន្តែអ្នកដឹកនាំមិនដោះស្រាយឡើយ ផ្ទុយទៅវិញបែរជានិយាយថា៖ «មិនអីទេ។ វាគ្រាន់តែជាជម្លោះបុគ្គលប៉ុណ្ណោះ វាមិនពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ឬសុវត្ថិភាពរបស់បងប្អូនប្រុសស្រីឡើយ»។ ពួកគេមិនចាត់វិធានការចំពោះរឿងនេះទេ។ តើកិច្ចការតែមួយគត់ដែលពួកគេធ្វើ គឺជាអ្វី? ប្រភេទមួយ គឺជាកិច្ចការដែលអ្នកដឹកនាំថ្នាក់លើបានចាត់តាំងឱ្យពួកគេ ដែលពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើនោះទេ។ មួយប្រភេទទៀត គឺជាកិច្ចការដែលប្រសិនបើមិនធ្វើ វានឹងប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់ឋានៈរបស់ពួកគេ ក្នុងករណីនេះ ពួកគេធ្វើកិច្ចការមួយចំនួនដោយទើសទាល់ ដើម្បីឱ្យមើលទៅល្អ។ ប៉ុន្តែប្រសិនបើឋានៈរបស់ពួកគេមិនរងផលប៉ះពាល់ទេ ពួកគេគេចវេសពីការងារនៅគ្រប់ពេលដែលពួកគេអាចធ្វើទៅបាន។ តើនេះជាអ្នកដឹកនាំក្លែងក្លាយមែនទេ? (មែនហើយ)។ នៅពេលប្រឈមមុខនឹងបរិយាកាសជាក់លាក់ណាមួយ ឬការចាប់ខ្លួនពិតមែន ពួកគេគឺជាមនុស្សដំបូងគេដែលរត់គេចខ្លួន ដោយខ្វល់តែពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមិនខ្វល់ថាតើបងប្អូនប្រុសស្រីមានសុវត្ថិភាពឬអត់ឡើយ ហើយពួកគេមិនការពារកិច្ចការរបស់ពួកជំនុំ ឬផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ។ មិនថាពួកគេធ្វើអ្វីនោះទេ គឺសុទ្ធតែដើម្បីរក្សាឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ ឱ្យតែខាងលើមិនដកហូតតំណែងពួកគេ ហើយឱ្យតែនៅក្នុងការបោះឆ្នោតលើកក្រោយ បងប្អូនប្រុសស្រីនៅតែបោះឆ្នោតឱ្យពួកគេ ហើយពួកគេនៅតែបានធ្វើជាអ្នកដឹកនាំ ពួកគេនឹងធ្វើកិច្ចការខ្លះៗដោយទើសទាល់។ ប្រសិនបើអ្វីមួយដែលពួកគេធ្វើ អាចប៉ះពាល់ដល់របៀបដែលខាងលើមើលមកពួកគេ ដែលអាចបណ្តាលឱ្យខាងលើដកហូតតំណែងពួកគេ ឬប្រសិនបើសកម្មភាព និងការសម្ដែងចេញរបស់ពួកគេ អាចបណ្តាលឱ្យបងប្អូនប្រុសស្រីមានការយល់ឃើញមិនល្អចំពោះពួកគេ ហើយមិនបោះឆ្នោតឱ្យពួកគេម្ដងទៀត នោះពួកគេនឹងព្យាយាមស្រោចស្រង់មុខមាត់របស់ពួកគេ ដោយធ្វើកិច្ចការយ៉ាងហោចណាស់មួយចំនួនដែលនៅចំពោះមុខ។ តាមរបៀបនេះ ពួកគេអាចឆ្លើយតបចំពោះអ្នកដែលនៅខាងលើ និងខាងក្រោមពួកគេបាន គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេមិនអាចឆ្លើយតបបាន។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺគ្រាន់តែដើម្បីឱ្យគេមើលឃើញប៉ុណ្ណោះ។ ឱ្យតែពួកអ្នកដឹកនាំថ្នាក់លើមិនដកហូតតំណែងពួកគេ ហើយបងប្អូនប្រុសស្រីនៅតែបន្តគាំទ្រពួកគេ ពួកគេមានអារម្មណ៍ពេញចិត្តហើយ។ ក្នុងអំឡុងពេលកាន់តំណែងជាអ្នកដឹកនាំពួកជំនុំ ពួកគេមិនប្រព្រឹត្តអំពើអាក្រក់ធំដុំទេ ហើយមើលពីខាងក្រៅ ពួកគេហាក់ដូចជារវល់នឹងកិច្ចការជានិច្ច ប៉ុន្តែពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ ជាពិសេសនៅពេលដែលពួកគេឃើញមនុស្សអាក្រក់រំខានពួកជំនុំ ពួកគេមិនធ្វើអ្វីសោះ។ ពួកគេខ្លាចធ្វើឱ្យមនុស្សអាក្រក់ទាំងនេះអាក់អន់ចិត្ត ដូច្នេះពួកគេព្យាយាមលួងលោម និងចរចាជាមួយអ្នកទាំងនោះនៅរាល់ពេលតាមដែលអាចធ្វើទៅបាន ដោយស្វែងរកតែការរក្សាភាពចុះសម្រុងគ្នាប៉ុណ្ណោះ។ ពួកគេមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ សូម្បីតែមនុស្សទាំងនេះរំខានកិច្ចការរបស់ពួកជំនុំ ឬគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ពួកគេមិនធ្វើអ្វីដែរ។ នេះគឺជាអ្នកដឹកនាំក្លែងក្លាយយ៉ាងពិតប្រាកដ។
ចំពោះអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើកិច្ចការជាក់ស្ដែង ប្រសិនបើបងប្អូនប្រុសស្រីរំលឹកពួកគេម្ដងហើយម្ដងទៀត ដោយសុំឱ្យពួកគេដោះស្រាយបញ្ហា ហើយពួកគេនៅតែមិនធ្វើកិច្ចការជាក់ស្ដែង មិនដោះស្រាយបញ្ហាជាក់ស្ដែង និងមិនកែតម្រូវកំហុសទេ នោះអ្នករាល់គ្នាគួរតែរាយការណ៍រឿងនេះទៅខាងលើ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើមិនដោះស្រាយបញ្ហានេះទេ នោះអ្នករាល់គ្នាគួរតែគិតរកគ្រប់មធ្យោបាយដើម្បីដកអ្នកដឹកនាំក្លែងក្លាយទាំងនេះចេញ។ តាមពិតទៅ ខ្ញុំបាននិយាយពាក្យទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែភាគច្រើននៃអ្នកនៅខាងក្រោមគឺជាទាសករ ដែលសុខចិត្តរងការខាតបង់ផ្ទាល់ខ្លួនខ្លះ និងទ្រាំរងគ្រោះថ្នាក់ខ្លះ ជាជាងធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេតែងតែដើរផ្លូវកណ្ដាល ហើយធ្វើខ្លួនជាមនុស្សផ្គាប់ចិត្តគេ ដោយមិនដែលធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ។ តើការមិនធ្វើឱ្យមនុស្សអាក់អន់ចិត្ត ត្រូវបង់តម្លៃអ្វីខ្លះ? គឺការធ្វើឱ្យខូចខាតកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដែលបណ្តាលឱ្យផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត ហើយបងប្អូនប្រុសស្រីត្រូវបានរំខាន។ ប្រសិនបើមនុស្សអាក្រក់មិនត្រូវបានចាត់វិធានការទេ នោះអ្នកដែលកំពុងបំពេញភារកិច្ចជាច្រើននឹងរងផលប៉ះពាល់។ តើនេះមិនស្មើនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ រងផលប៉ះពាល់ទេឬអី? (មែនហើយ)។ នៅពេលដែលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងផលប៉ះពាល់ គ្មាននរណាម្នាក់មានអារម្មណ៍ខ្វល់ខ្វាយ ឬព្រួយបារម្ភឡើយ ដែលនេះជាមូលហេតុដែលខ្ញុំនិយាយថា មនុស្សភាគច្រើនកំពុងធ្វើឱ្យខូចខាតកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីរក្សាភាពចុះសម្រុងគ្នា និងទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ពួកគេជៀសវាងការធ្វើឱ្យពួកអ្នកដឹកនាំ និងបងប្អូនប្រុសស្រីអាក់អន់ចិត្ត ពួកគេមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ។ មនុស្សគ្រប់គ្នាធ្វើខ្លួនជាមនុស្សផ្គាប់ចិត្តគេ។ ផ្នត់គំនិតរបស់ពួកគេគឺ៖ «អ្នកល្អ ខ្ញុំល្អ មនុស្សគ្រប់គ្នាល្អ ព្រោះអី យើងជួបមុខគ្នារាល់ថ្ងៃ»។ ហើយតើលទ្ធផលគឺជាអ្វី? នេះអនុញ្ញាតឱ្យមនុស្សអាក្រក់កេងចំណេញពីស្ថានការណ៍នេះ ពួកគេធ្វើឫកធំជារឿយៗ ដោយធ្វើអ្វីៗតាមតែចិត្តរបស់ពួកគេ។ ដូច្នេះ ប្រសិនបើពួកអ្នកដឹកនាំពួកជំនុំមិនអាចពឹងពាក់បាន ហើយមិនបោសសម្អាតមនុស្សអាក្រក់ចេញទេ នោះបងប្អូនប្រុសស្រីត្រូវតែគិតរកគ្រប់មធ្យោបាយដើម្បីការពារខ្លួនឯង ពួកគេត្រូវតែជៀសវាង គេចចេញ និងនៅដោយឡែកពីមនុស្សអាក្រក់ នៅពេលដែលឃើញអ្នកទាំងនោះ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើយើងនៅដាច់ដោយឡែកពីពួកគេ ហើយពួកគេខឹង តើពួកគេនឹងមិនរាយការណ៍ពីពួកយើងម្ដងទៀតទេឬអី?» ប្រសិនបើពួកគេពិតជារាយការណ៍ពីអ្នកមែន តើអ្នកនឹងខ្លាចដែរឬទេ? (អត់ទេ។ នេះនឹងបើកសម្ដែងថាពួកគេជាមនុស្សអាក្រក់។) ប្រសិនបើពួកគេរាយការណ៍ពីអ្នកម្ដងទៀត វាកាន់តែបញ្ជាក់ថែមទៀតថា ពួកគេគឺជាពួកយូដាសពីកំណើត ជាពួកអារក្សដ៏អាក្រក់។ អ្នកមិនត្រូវខ្លាចពួកគេឡើយ។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្វាក់ភ្នែក ហើយមិនអាចមើលធ្លុះអ្វីៗ វង្វេងវង្វាន់ និងគ្មានប្រយោជន៍ ឬប្រសិនបើពួកគេរារែក មិនដែលធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដោយគ្រាន់តែសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ ដោយមិនធ្វើកិច្ចការជាក់ស្ដែង នោះបងប្អូនប្រុសស្រីមិនគួរដាក់ក្តីសង្ឃឹមលើពួកគេទៀតឡើយ។ ពួកគេត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយជាមួយមនុស្សអាក្រក់ និងកម្ចាត់ពួកយូដាសស្របតាមគោលការណ៍។ ពួកគេប្រហែលជាត្រូវផ្លាស់ប្តូរកន្លែងជួបជុំ ឬប្រើវិធីសាស្ត្រដ៏ឈ្លាសវៃដើម្បីបោសសម្អាតពួកគេចេញ ដើម្បីជៀសវាងការរំខានដោយមនុស្សទាំងនេះ។ ការធានានូវដំណើរការជាប្រក្រតីនៃជីវិតពួកជំនុំ និងដំណើរការទៅមុខជាប្រក្រតីនៃកិច្ចការទាំងអស់របស់ពួកជំនុំ គឺជារឿងសំខាន់បំផុត។ ប្រសិនបើអ្នកដឹកនាំពួកជំនុំម្នាក់ធ្វើកិច្ចការជាក់ស្ដែង មានគុណសម្បត្តិគ្រប់គ្រាន់ ហើយភាពជាមនុស្សរបស់ពួកគេក៏ល្អដែរនោះ ឱ្យតែពួកគេអនុវត្តកិច្ចការរបស់ពួកគេស្របតាមការរៀបចំការងារ មនុស្សគ្រប់គ្នាគួរតែស្ដាប់បង្គាប់ពួកគេ។ ប្រសិនបើពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ នោះមិនគួរពាក់ព័ន្ធ ឬពឹងពាក់លើពួកគេឡើយ។ នៅពេលនោះ បញ្ហាគួរតែត្រូវបានដោះស្រាយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត។ ប្រសិនបើអ្នកដឹកនាំត្រូវដកហូតតំណែង នោះពួកគេគួរតែត្រូវបានបណ្ដេញចេញ ប្រសិនបើចាំបាច់ត្រូវបោះឆ្នោតជ្រើសរើសសារជាថ្មី នោះត្រូវធ្វើចុះ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយនេះមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនការពារបរិយាកាសដែលបងប្អូនប្រុសស្រីបំពេញភារកិច្ច និងមិនខ្វល់ពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រីទេ នោះពួកគេមិនស្របតាមស្ដង់ដារឡើយ ពួកគេគ្មានសមត្ថភាព គ្រាន់តែជាសំរាមមួយដុំដ៏ធំដែលគ្មានមុខងារពិតប្រាកដ បងប្អូនប្រុសស្រីមិនគួរស្ដាប់ពួកគេ ឬត្រូវបានរឹតត្បិតដោយពួកគេឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការណាដែលមិនអាចបោសសម្អាតពួកយូដាសចេញនៅពេលដែលចាំបាច់ គឺជាពួកអ្នកដឹកនាំក្លែងក្លាយ និងពួកអ្នកធ្វើការក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយបែបនេះ គួរតែត្រូវបានចាត់វិធានការតាមរបៀបដែលបានរៀបរាប់ខាងលើ។ ប្រសិនបើពួកគេមិនត្រូវបានចាត់វិធានការជាបន្ទាន់ទេ បងប្អូនប្រុសស្រីទាំងអស់នឹងត្រូវបានក្បត់ដោយពួកយូដាស ហើយពួកជំនុំនឹងលែងមានទៀតហើយ។ នេះបញ្ចប់ការប្រកបគ្នារបស់យើងអំពីការសម្ដែងចេញទីប្រាំបី៖ «ការដែលអាចប្រព្រឹត្តអំពើក្បត់នៅពេលណាក៏បាន»។
ឈ. អាចចាកចេញបានគ្រប់ពេល
ការសម្ដែងចេញទីប្រាំបួនគឺ៖ «អាចចាកចេញបានគ្រប់ពេល»។ មនុស្សប្រភេទនេះដែលអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល មិនមែនជាមនុស្សដែលចាកចេញតែនៅពេលពួកគេជួបប្រទះនឹងស្ថានភាពពិសេសណាមួយ ឬនៅពេលពួកគេជួបប្រទះនឹងមហន្តរាយដ៏ធំសម្បើមដែលហួសពីអ្វីដែលមនុស្សធម្មតាអាចទ្រាំទ្របាន ដែលលើសពីដែនកំណត់របស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេអាចចាកចេញបានគ្រប់ពេល សូម្បីតែរឿងតូចមួយក៏អាចធ្វើឱ្យពួកគេចាកចេញបានដែរ សូម្បីតែរឿងតូចមួយក៏អាចធ្វើឱ្យពួកគេលែងចង់បំពេញភារកិច្ចរបស់ខ្លួនទៀត លែងចង់ជឿព្រះជាម្ចាស់ទៀត និងចង់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ដែរ។ មនុស្សប្រភេទនេះក៏ជាបញ្ហាគួរឱ្យឈឺក្បាលយ៉ាងខ្លាំងផងដែរ។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាល្អជាងពួកយូដាសបន្តិច ប៉ុន្តែពួកគេអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល និងគ្រប់ទីកន្លែង។ វាមិនប្រាកដឡើយ ថាតើពួកគេអាចក្បត់បងប្អូនប្រុសស្រីបានឬអត់នោះ។ តើអ្នករាល់គ្នាគិតថាមនុស្សប្រភេទនេះអាចទុកចិត្តបានដែរឬទេ? (ទេ)។ ដូច្នេះ តើពួកគេមានគោលការណ៍នៅក្នុងការប្រព្រឹត្តខ្លួនដែរទេ? តើពួកគេមានគ្រឹះក្នុងការជឿព្រះជាម្ចាស់ដែរទេ? (ទេ)។ តើពួកគេបង្ហាញសញ្ញាណាមួយនៃការជឿពិតប្រាកដដែរទេ? (ទេ)។ ចុះតើពួកគេជាមនុស្សប្រភេទណា? (ជាអ្នកមិនជឿ)។ ពួកគេជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន ហាក់ដូចជាអ្វីៗទាំងអស់គ្រាន់តែជារឿងលេងសើចអ៊ីចឹង។ ពួកគេប្រៀបដូចជាមនុស្សដែលមិនខ្វល់ខ្វាយនឹងកិច្ចការត្រឹមត្រូវ ដែលចេញទៅទិញទឹកស៊ីអ៊ីវ ហើយឃើញអ្នកលេងសៀក ឬអ្នកសម្ដែងតាមដងផ្លូវកំពុងបង្កើតទិដ្ឋភាពដ៏អ៊ូអរ ក៏រំភើបភ្លេចខ្លួន ហើយភ្លេចរឿងទិញទឹកស៊ីអ៊ីវ ដែលចុងក្រោយធ្វើឱ្យពន្យារពេលដល់កិច្ចការត្រឹមត្រូវ។ មនុស្សប្រភេទនេះមិនប្រកាន់ខ្ជាប់នឹងអ្វីមួយបានយូរឡើយ ពួកគេធ្វើអ្វីមួយមិនអស់ពីចិត្ត និងងាយប្រែប្រួល។ ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ក៏ផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេដែរ ពួកគេមានអារម្មណ៍ថាសប្បាយណាស់ក្នុងការជឿព្រះជាម្ចាស់ ប៉ុន្តែនៅពេលណាមួយដែលពួកគេលែងមានចំណាប់អារម្មណ៍លើរឿងនេះ ពួកគេនឹងចាកចេញភ្លាមៗដោយគ្មានការស្ទាក់ស្ទើរឡើយ។ អ្នកខ្លះដែលចាកចេញ ក៏ទៅធ្វើជំនួញភ្លាមៗ អ្នកខ្លះដេញតាមគន្លងអាជីពជាមន្ត្រី អ្នកខ្លះជាប់ជំពាក់រឿងស្នេហា ហើយរៀបចំខ្លួនរៀបការ ចំណែកអ្នកខ្លះដែលចង់មានបានឆាប់រហ័ស ក៏តម្រង់ទៅកាស៊ីណូតែម្ដង។ មនុស្សតែងនិយាយថា បើមិនបានឃើញនរណាម្នាក់រយៈពេលបីថ្ងៃ គួរតែមើលទៅអ្នកនោះដោយក្រសែភ្នែកថ្មី។ សម្រាប់អ្នកដែលអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល ប្រសិនបើអ្នកមិនបានឃើញពួកគេត្រឹមតែមួយថ្ងៃ ពេលអ្នកជួបពួកគេម្ដងទៀត ពួកគេប្រៀបដូចជាមនុស្សផ្សេងម្នាក់ទាំងស្រុងអ៊ីចឹង។ កាលពីម្សិលមិញ ពួកគេនៅតែស្លៀកពាក់សមរម្យ និងត្រឹមត្រូវ មើលទៅមានឥរិយាបថល្អ និងគួរឱ្យគោរព។ ពួកគេថែមទាំងបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ទាំងទឹកភ្នែកហូរស្រក់ចុះមក ដោយនិយាយថាពួកគេចង់លះបង់យុវវ័យ និងបង្ហូរឈាមរបស់ពួកគេសម្រាប់ព្រះជាម្ចាស់ ចង់ស្លាប់ដើម្បីព្រះជាម្ចាស់ ស្មោះត្រង់រហូតដល់ស្លាប់ និងចង់ចូលទៅក្នុងនគរព្រះ។ ពួកគេបានស្រែកពាក្យស្លោកដ៏ខ្ពង់ខ្ពស់បែបនេះ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏បានទៅកាស៊ីណូ។ កាលពីម្សិលមិញ ពួកគេសប្បាយចិត្តនឹងបំពេញភារកិច្ចរបស់ខ្លួន ហើយក្នុងអំឡុងពេលជួបជុំ ពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយទឹកមុខញញឹមស្រស់ស្រាយ និងពុះកញ្ជ្រោលដោយភាពរីករាយ ដល់ថ្នាក់យំស្រែកដោយទឹកភ្នែក។ ចុះហេតុអ្វីបានជាថ្ងៃនេះ ពួកគេរត់ទៅកាស៊ីណូទៅវិញ? ពួកគេលេងល្បែងរហូតដល់យប់ជ្រៅ ដោយមិនចង់ទៅផ្ទះ លេងសប្បាយយ៉ាងខ្លាំង និងពុះកញ្ជ្រោលដោយភាពរីករាយ។ កាលពីម្សិលមិញ ពួកគេនៅតែចូលរួមការជួបជុំ ប៉ុន្តែថ្ងៃនេះពួកគេបានរត់ទៅកាស៊ីណូទៅហើយ ដូច្នេះ តើការសម្ដែងចេញមួយណាទើបជាធាតុពិតរបស់ពួកគេ? (ការសម្ដែងចេញក្រោយនេះហើយ ទើបជាធាតុពិតរបស់ពួកគេ)។ ប្រសិនបើមនុស្សម្នាក់មិនយល់ពីសេចក្ដីពិតទេ ពួកគេពិតជាមិនអាចមើលធ្លុះថាតើបុគ្គលនេះជាមនុស្សបែបណាឡើយ។ ការសម្ដែងចេញទាំងពីរ ទាំងមុន និងបន្ទាប់ តាមពិតត្រូវបានបង្ហាញដោយមនុស្សតែម្នាក់ប៉ុណ្ណោះ ចុះហេតុអ្វីបានជាវាហាក់ដូចជាត្រូវបានបង្ហាញដោយមនុស្សពីរនាក់ផ្សេងគ្នាទៅវិញ? មនុស្សភាគច្រើន មិនអាចមើលធ្លុះមនុស្សបែបនេះបានឡើយ។ អ្នកឃើញថា ក្នុងនាមជាអ្នកជឿព្រះជាម្ចាស់ម្នាក់ ពួកគេតែងតែចូលរួមការជួបជុំ មិនប្រព្រឹត្តអំពើអាក្រក់ ហើយពិតជាអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពេលអង្គុយនៅមុខកុំព្យូទ័រ ពួកគេផ្តោតអារម្មណ៍ និងឧស្សាហ៍ព្យាយាម ធ្វើការយ៉ាងលំបាក និងដាក់ចិត្តដាក់ថ្លើមទៅក្នុងកិច្ចការនោះ។ អ្នកប្រហែលជាគិតថា ក្នុងនាមជាអ្នកដែលជឿព្រះជាម្ចាស់ ពួកគេមិនគួរលេងម៉ាជុងទេ មែនទេ? ប៉ុន្តែបន្ទាប់ពីមិនបានឃើញពួកគេត្រឹមតែមួយថ្ងៃ ពួកគេបានរត់ទៅកន្លែងលេងម៉ាជុង ឬកាស៊ីណូដើម្បីលេងល្បែងបាត់ទៅហើយ។ ហើយពួកគេជាអ្នកលេងម៉ាជុងដ៏ចំណានម្នាក់ ពួកគេមើលទៅមិនដូចជាមនុស្សដែលជឿព្រះជាម្ចាស់ទាល់តែសោះ! ពួកគេធ្វើឱ្យអ្នកស្រឡាំងកាំងទាំងស្រុង តើពួកគេជាអ្នកដែលជឿព្រះជាម្ចាស់ ឬជាអ្នកគ្មានជំនឿដែលលេងម៉ាជុង? តើពួកគេអាចផ្លាស់ប្ដូរតួនាទីលឿនយ៉ាងនេះដោយរបៀបណា? ដូច្នេះ ពេលពួកគេជឿព្រះជាម្ចាស់ តើពួកគេមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរទេ? (ទេ)។ ពួកគេជឿព្រះជាម្ចាស់គ្រាន់តែដើម្បីសប្បាយ និងកំដរពេលវេលាប៉ុណ្ណោះ ដើម្បីមើលថាតើការជឿព្រះជាម្ចាស់គឺជារឿងអ្វីឱ្យប្រាកដ ហើយថាតើវាអាចនាំមកនូវសេចក្ដីសុខដល់ជីវិតរបស់ពួកគេដែរឬអត់។ ប្រសិនបើពួកគេមិនសប្បាយចិត្តទេ ពួកគេអាចចាកចេញបានគ្រប់ពេល។ ពួកគេមិនដែលគ្រោងនឹងជឿអស់មួយជីវិតរបស់ពួកគេឡើយ ហើយពួកគេពិតជាមិនដែលគ្រោងនឹងបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់អស់មួយជីវិតរបស់ពួកគេនោះទេ។ ចុះតើពួកគេបានគ្រោងទុកអ្វីខ្លះទៅ? នៅក្នុងគំនិតរបស់ពួកគេ ប្រសិនបើពួកគេពិតជាត្រូវជឿព្រះជាម្ចាស់មែននោះ យ៉ាងហោចណាស់វាមិនត្រូវរារាំងសមត្ថភាពរបស់ពួកគេក្នុងការលេងសប្បាយ មិនត្រូវពាក់ព័ន្ធនឹងការធ្វើការងារអ្វីឡើយ ហើយនៅតែត្រូវធានាថាពួកគេអាចរស់នៅក្នុងជីវិតដ៏រីករាយ។ ប្រសិនបើពួកគេត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតជារៀងរាល់ថ្ងៃ នោះពួកគេនឹងមិនចាប់អារម្មណ៍ ឬមិនសប្បាយចិត្តឡើយ។ ពេលដែលពួកគេធុញទ្រាន់នឹងរឿងនេះ ពួកគេនឹងចាកចេញពីពួកជំនុំ ហើយរត់ត្រឡប់ទៅរកលោកីយ៍វិញ។ ពួកគេគិតថា៖ «ជីវិតមិនមែនជារឿងងាយស្រួលទេ ដូច្នេះ មនុស្សមិនគួរធ្វើបាបខ្លួនឯងឡើយ។ យើងត្រូវតែធ្វើជាម្ចាស់លើវាសនារបស់យើង ហើយមិនត្រូវធ្វើបាបសាច់ឈាមរបស់យើងឡើយ។ យើងត្រូវតែធានាថាយើងមានសេចក្ដីសុខរៀងរាល់ថ្ងៃ នោះទើបជាមធ្យោបាយតែមួយគត់ដើម្បីរស់នៅដោយសេរី។ ការជឿព្រះ មិនគួរធ្វើឡើងដោយរឹងត្អឹងពេកឡើយ។ មើលចុះថាតើខ្ញុំជាមនុស្សងាយៗប៉ុនណា កន្លែងណាមានសេចក្ដីសុខ ខ្ញុំនឹងទៅកន្លែងនោះ។ ប្រសិនបើខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំនឹងចាកចេញ។ ហេតុអ្វីខ្ញុំត្រូវធ្វើបាបខ្លួនឯង? ការដែលអាចចាកចេញបានគ្រប់ពេល គឺជាគោលការណ៍ខ្ពស់បំផុតរបស់ខ្ញុំសម្រាប់ការប្រព្រឹត្តខ្លួន ក្នុងនាមជា 'អ្នកជឿដែលសេរី' ការរស់នៅបែបនេះ គឺពិតជាមានផាសុកភាព និងគ្មានក្ដីខ្វល់ខ្វាយមែន!»។ តើមនុស្សប្រភេទនេះ តែងតែច្រៀងបទចម្រៀងបែបណា? «កុំសួរខ្ញុំថាខ្ញុំមកពីណា ស្រុកកំណើតរបស់ខ្ញុំនៅឆ្ងាយណាស់»។ ចុះបើមិនអ៊ីចឹងទេ តើពួកគេច្រៀងបទអ្វីទៀត? «ហេតុអ្វីមិនរស់នៅឱ្យមានសេរីភាពម្ដងទៅ?»។ ពេលពួកគេមានអារម្មណ៍ថាវាគួរឱ្យធុញ ឬលែងសប្បាយទៀតហើយ ពួកគេក៏ចាកចេញយ៉ាងលឿន ដោយគិតថា៖ «ហេតុអ្វីត្រូវនៅទ្រឹងមួយកន្លែង ខណៈដែលពិភពលោកនេះមានរឿងជាច្រើនទៀតដែលត្រូវមើលនោះ?»។ តើមានពាក្យសម្ដីល្បីៗអ្វីផ្សេងទៀតដែលពួកគេប្រើ? «ហេតុអ្វីត្រូវបោះបង់ព្រៃទាំងមូល ដើម្បីតែដើមឈើមួយដើម?»។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើមនុស្សប្រភេទនេះមានជំនឿពិតប្រាកដដែរទេ? (ទេ ពួកគេគឺជាអ្នកមិនជឿ)។ នៅពេលនិយាយដល់អ្នកមិនជឿ ដោយសារតែយើងកំពុងនិយាយអំពីរបៀបដែលបញ្ហារបស់ពួកគេសុទ្ធតែជាបញ្ហានៃភាពជាមនុស្ស ដូច្នេះ តើភាពជាមនុស្សរបស់មនុស្សបែបនេះ មានបញ្ហាអ្វីឱ្យប្រាកដទៅ? តើអ្នករាល់គ្នាគិតថាមនុស្សប្រភេទនេះធ្លាប់ពិចារណាលើសំណួរដូចជា ថាតើមនុស្សគួរប្រព្រឹត្តខ្លួនបែបណា គួរដើរលើផ្លូវណា ឬគួរមានទស្សនៈជីវិត និងគុណតម្លៃបែបណានៅពេលពួកគេរស់នៅដែរឬទេ? (ទេ)។ ដូច្នេះ តើបញ្ហានៃភាពជាមនុស្សរបស់មនុស្សប្រភេទនេះ គឺជាអ្វីទៅ? (មនុស្សប្រភេទនេះ ខ្វះមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា ពួកគេមិនពិចារណាលើសំណួរបែបនេះឡើយ)។ នោះជារឿងប្រាកដណាស់។ លើសពីនេះទៅទៀត បើនិយាយឱ្យចំទៅ មនុស្សប្រភេទនេះគ្មានព្រលឹងឡើយ ពួកគេគ្រាន់តែជាសាកសពដើរបានប៉ុណ្ណោះ។ ពួកគេគ្មានសេចក្ដីតម្រូវសម្រាប់ខ្លួនឯងទាក់ទងនឹងរបៀបប្រព្រឹត្តខ្លួន ឬផ្លូវដែលខ្លួនគួរដើរឡើយ ហើយពួកគេក៏មិនពិចារណាពីរឿងទាំងនេះដែរ។ មូលហេតុដែលពួកគេមិនពិចារណាពីរឿងទាំងនេះ គឺដោយសារតែទោះបីជានៅខាងក្រៅ ពួកគេមានរូបរាងជាមនុស្សក៏ដោយ ក៏សារជាតិរបស់ពួកគេពិតប្រាកដ គឺជាសាកសពដើរបាន និងជាសំបកទទេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ មានអាកប្បកិរិយារស់នៅបែបបណ្ដែតបណ្ដោយប៉ុណ្ណោះ ទាក់ទងនឹងបញ្ហានៃជីវិត និងការរស់រានមានជីវិតរបស់មនុស្ស។ បើនិយាយឱ្យច្បាស់ទៅ «ការរស់នៅបណ្ដែតបណ្ដោយ» មានន័យថា គ្រាន់តែរស់នៅដោយរញ៉េរញ៉ៃ និងរង់ចាំតែសេចក្ដីស្លាប់ មិនរៀនសូត្រ និងនៅតែល្ងង់ខ្លៅ ចំណាយពេលរាល់ថ្ងៃរបស់ពួកគេដើម្បីតែហូប ផឹក និងលេងសប្បាយប៉ុណ្ណោះ។ ពួកគេទៅកន្លែងណាដែលមានសេចក្ដីសុខ ហើយអ្វីក៏ដោយដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាសប្បាយ និងរីករាយ និងមានផាសុកភាពខាងសាច់ឈាម គឺជាអ្វីដែលពួកគេនឹងធ្វើ។ ប៉ុន្តែពួកគេនឹងគេចវេះ និងនៅឱ្យឆ្ងាយពីអ្វីៗដែលបណ្ដាលឱ្យសាច់ឈាមរបស់ពួកគេរងទុក្ខ ឬនាំមកនូវការឈឺចាប់ខាងក្នុង ពួកគេគ្រាន់តែមិនចង់ឱ្យសាច់ឈាមរបស់ពួកគេស៊ូទ្រាំនឹងទុក្ខលំបាកឡើយ។ ទោះជាយ៉ាងណា ក៏មានមនុស្សមួយចំនួនដែលឆ្លងកាត់ជីវិតតាមរយៈការស៊ូទ្រាំនឹងទុក្ខលំបាក។ ឬតាមរយៈការឆ្លងកាត់ និងដកបទពិសោធពីរឿងរ៉ាវផ្សេងៗ ពួកគេធ្វើឱ្យជីវិតរបស់ពួកគេមិនទទេ ហើយពួកគេអាចទទួលបានអ្វីមួយពីវា។ នៅទីបញ្ចប់ ពួកគេឈានដល់ការសន្និដ្ឋានថា តើផ្លូវណាដែលគេគួរដើរ និងតើគេគួរធ្វើជាមនុស្សប្រភេទណា។ តាមរយៈបទពិសោធជីវិត ពួកគេទទួលបានអ្វីៗជាច្រើន។ ម្យ៉ាង ពួកគេអាចមើលធ្លុះមនុស្សមួយចំនួន លើសពីនេះ ពួកគេអាចសន្និដ្ឋានបានថា តើគោលការណ៍ និងវិធីសាស្ត្រអ្វីខ្លះដែលមនុស្សម្នាក់គួរប្រើដើម្បីប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ និងថាតើមនុស្សម្នាក់គួររស់នៅពេញមួយជីវិតរបស់ពួកគេដោយរបៀបណា។ ទោះបីជាអ្វីដែលពួកគេសន្និដ្ឋាន បញ្ចប់ទៅដោយស្របតាមសេចក្ដីពិត ឬផ្ទុយនឹងសេចក្ដីពិតក៏ដោយ យ៉ាងហោចណាស់ ក៏ពួកគេបានគិតគូរពីវាដែរ។ ផ្ទុយទៅវិញ អស់អ្នកដែលអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល គឺគ្មានចំណាប់អារម្មណ៍ក្នុងការដេញតាមសេចក្ដីពិត ឬបំពេញភារកិច្ចរបស់ខ្លួនក្នុងការជឿព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកឱកាសដើម្បីបំពេញបំណងប្រាថ្នាកាមគុណ និងចំណូលចិត្តរបស់ពួកគេ ហើយមិនដែលចង់ខិតខំរៀនសូត្រជំនាញវិជ្ជាជីវៈមួយដោយយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ឬរស់នៅប្រកបដោយអត្ថន័យឡើយ។ ពួកគេគ្រាន់តែចង់ធ្វើដូចជាអ្នកគ្មានជំនឿ ដែលសប្បាយ និងរីករាយជារៀងរាល់ថ្ងៃ។ ដូច្នេះ ទោះពួកគេទៅទីណា ពួកគេស្វែងរកភាពសប្បាយរីករាយ និងការកម្សាន្ត គ្រាន់តែដើម្បីបំពេញចំណាប់អារម្មណ៍ និងការចង់ដឹងចង់ឃើញរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើពួកគេត្រូវបន្តបំពេញភារកិច្ចតែមួយ ពួកគេនឹងបាត់បង់ចំណាប់អារម្មណ៍ ហើយលែងមានកម្លាំងចិត្តក្នុងការបន្តធ្វើវាទៀត។ សម្រាប់មនុស្សប្រភេទនេះ អាកប្បកិរិយារបស់ពួកគេចំពោះជីវិត គឺគ្រាន់តែរស់នៅទៅតាមសំណាងប៉ុណ្ណោះ។ មើលពីសំបកក្រៅ ហាក់ដូចជាពួកគេរស់នៅយ៉ាងមានសេរីភាព និងងាយៗ ដោយមិនប្រកាន់រឿងរ៉ាវជាមួយអ្នកដទៃឡើយ។ ពួកគេមើលទៅរីករាយ និងគ្មានក្ដីខ្វល់ខ្វាយជារៀងរាល់ថ្ងៃ ហើយអាចសម្របខ្លួនទៅនឹងកាលៈទេសៈ ទោះពួកគេទៅទីណាក៏ដោយ។ មនុស្សខ្លះ សូម្បីតែមើលទៅដូចជាមិនខ្វល់ពីទម្លាប់សង្គម ឬច្បាប់នៃទំនាក់ទំនងរវាងមនុស្សក្ដី ក៏ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាពួកគេពិសេស ហើយលើសពីមនុស្សធម្មតាទូទៅ។ ប៉ុន្តែតាមពិត សារជាតិរបស់ពួកគេ គឺជាសាកសពដែលដើរបាន ជាវត្ថុដែលគ្មានព្រលឹង។ អ្នកដែលជឿព្រះជាម្ចាស់ ប៉ុន្តែអាចចាកចេញពីពួកជំនុំបានគ្រប់ពេល មិនដែលប្រកាន់ខ្ជាប់នឹងអ្វីដែលពួកគេធ្វើបានយូរ ពួកគេអាចរក្សាបានត្រឹមតែភាពរំភើបមួយឆាវប៉ុណ្ណោះ។ ប៉ុន្តែមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ គឺខុសពីនេះ។ មិនថាពួកគេកំពុងបំពេញភារកិច្ចអ្វីនោះទេ ពួកគេរៀនសូត្រវាដោយយកចិត្តទុកដាក់ និងខិតខំធ្វើវាឱ្យបានល្អ។ ពួកគេអាចសម្រេចបាននូវអ្វីមួយ និងបង្កើតគុណតម្លៃមួយចំនួនបាន។ ម្យ៉ាង ពួកគេអាចទទួលបានការទទួលស្គាល់ពីអ្នកជុំវិញខ្លួន ហើយនៅពេលតែមួយ ពួកគេអាចមានអារម្មណ៍ជឿជាក់នៅក្នុងចិត្ត ដោយឃើញថាពួកគេមានសមត្ថភាពធ្វើអ្វីមួយបាន និងជាមនុស្សដែលមានប្រយោជន៍ មិនមែនជាមនុស្សគ្មានតម្លៃឡើយ។ នេះគឺជាកម្រិតអប្បបរមា ដែលមនុស្សមានមនសិការ និងមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា អាចសម្រេចបាន។ ប៉ុន្តែសម្រាប់អ្នកដែលរស់នៅបណ្ដែតបណ្ដោយវិញ ពួកគេមិនដែលគិតពីរឿងទាំងនេះឡើយ។ ទោះពួកគេទៅទីណា ក៏មានតែការហូប ផឹក និងលេងសប្បាយប៉ុណ្ណោះ។ មើលពីខាងក្រៅ ហាក់ដូចជាពួកគេរស់នៅយ៉ាងមានសេរីភាព និងស្រួលខ្លួនណាស់ ប៉ុន្តែតាមពិត មនុស្សបែបនេះគ្មានការគិតនៅក្នុងខួរក្បាលរបស់ពួកគេឡើយ។ ក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេមិនដែលយកចិត្តទុកដាក់ឡើយ ពួកគេតែងតែធ្វើឱ្យតែរួចពីដៃ និងជំរុញដោយភាពរំភើបមួយឆាវ ដោយមិនដែលសម្រេចបានអ្វីឡើយ។ ពួកគេចង់រស់រញ៉េរញ៉ៃពេញមួយជីវិតរបស់ពួកគេ ហើយទោះពួកគេទៅទីណា ពួកគេនាំយកអាកប្បកិរិយាបែបនេះទៅជាមួយ សូម្បីតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ក៏មិនលើកលែងដែរ។ អ្នកប្រហែលជាឃើញថាក្នុងអំឡុងពេលណាមួយ ហាក់ដូចជាពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ ប៉ុន្តែមិនថាអ្នកណាបង្ហាញពីបញ្ហារបស់ពួកគេ ឬប្រាប់ពួកគេពីរបៀបធ្វើអ្វីមួយក៏ដោយ ពួកគេមិនដែលយកចិត្តទុកដាក់ និងមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្រាន់តែធ្វើកិច្ចការតាមតែអ្វីដែលពួកគេចង់ធ្វើប៉ុណ្ណោះ ដរាបណាពួកគេសប្បាយ នោះគឺគ្រប់គ្រាន់សម្រាប់ពួកគេហើយ។ ហើយប្រសិនបើពួកគេមិនសប្បាយទេ ពួកគេនឹងចេញទៅលេងសប្បាយ ដោយមិនស្ដាប់ដំបូន្មានរបស់អ្នកណាឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនដែលគ្រោងនឹងជឿព្រះក្នុងរយៈពេលយូរឡើយ»។ ប្រសិនបើនរណាម្នាក់លួសកាត់ពួកគេ ពួកគេអាចចាកចេញភ្លាមៗ។ នេះគឺជាការសម្ដែងចេញមួយក្នុងចំណោមការសម្ដែងចេញរបស់មនុស្សដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល។
អស់អ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល មានការសម្ដែងចេញមួយប្រភេទទៀត។ មនុស្សខ្លះ មិនថាពួកគេបានជឿព្រះជាម្ចាស់ប៉ុន្មានឆ្នាំ មិនថាពួកគេមើលទៅហាក់ដូចជាមានគ្រឹះ ឬអត់ ហើយមិនថាពួកគេធ្លាប់បានបំពេញភារកិច្ចអ្វីពីមុនមកនោះទេ ពេលដែលពួកគេជួបប្រទះនឹងកាលៈទេសៈពិសេសណាមួយដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេអាចនឹងបាត់មុខឈឹងតែម្ដង។ គ្រប់ពេលវេលា អ្នកដទៃអាចនឹងបាត់បង់ការទាក់ទងជាមួយពួកគេ ហើយលែងឃើញពួកគេនៅក្នុងពួកជំនុំទៀត ដោយមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះពួកគេឡើយ។ មនុស្សខ្លះ ពេលដែលពួកគេជួបមនុស្សភេទផ្ទុយដែលព្យាយាមលួងលោមពួកគេ ពួកគេក៏ឈប់បំពេញភារកិច្ចរបស់ខ្លួន ហើយចេញទៅណាត់ជួបគ្នា ដោយមិនអាចទាក់ទងបានទាំងស្រុង។ ក៏មានអ្នកខ្លះទៀតដែលកូនៗរបស់ពួកគេដល់វ័យរៀបការ ហើយពួកគេក៏រវល់រៀបចំការរៀបការសម្រាប់កូនៗរបស់ពួកគេ ដោយលែងបំពេញភារកិច្ចរបស់ខ្លួន និងលែងចូលរួមការជួបជុំទៀត។ មិនថាអ្នកណាទៅរកពួកគេទេ គឺសុទ្ធតែត្រូវពួកគេបិទទ្វារមិនទទួលឡើយ។ មនុស្សខ្លះ ពេលដែលឪពុកម្ដាយ ឬប្ដីប្រពន្ធរបស់ពួកគេឈឺ និងចូលសម្រាកនៅមន្ទីរពេទ្យ ឬពេលដែលមានរឿងធំដុំកើតឡើង ឬមានគ្រោះមហន្តរាយដែលនឹកស្មានមិនដល់កើតឡើងនៅផ្ទះ ប្រសិនបើពួកគេជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដ ពួកគេនឹងផ្ដល់ការពន្យល់ ដោយនិយាយថា៖ «ថ្មីៗនេះមានរឿងខ្លះនៅផ្ទះដែលខ្ញុំត្រូវចាត់ចែង ដូច្នេះ ខ្ញុំមិនអាចចូលរួមការជួបជុំបានទេ។ ខ្ញុំត្រូវសុំច្បាប់ឈប់សម្រាក ហើយប្រសិនបើអ្នករាល់គ្នាអាចរកអ្នកដែលស័ក្ដិសមបាន សូមឱ្យពួកគេមកទទួលបន្ទុកភារកិច្ចរបស់ខ្ញុំជាបណ្ដោះអាសន្នសិនទៅ មិនត្រូវពន្យាពេលឡើយ»។ យ៉ាងហោចណាស់ ពួកគេនឹងប្រាប់ដំណឹង និងពន្យល់ពីហេតុផលខ្លះៗដែរ។ ប៉ុន្តែអ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល បានផ្ដាច់ទំនាក់ទំនងជាមួយពួកជំនុំដោយមិននិយាយមួយម៉ាត់ ហើយមិនថាបងប្អូនប្រុសស្រីព្យាយាមយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទាក់ទងអ្នកទាំងនោះបានឡើយ។ មិនមែនថាទាក់ទងពួកគេមិនបាននោះទេ វិធីសាស្ត្រណាមួយក៏អាចទាក់ទងពួកគេបានដែរ ប៉ុន្តែពួកគេគ្រាន់តែមិនចង់ទាក់ទង ឬឆ្លើយតបទៅកាន់បងប្អូនប្រុសស្រីប៉ុណ្ណោះ។ ពួកគេនិយាយថា៖ «ហេតុអ្វីខ្ញុំត្រូវទាក់ទងជាមួយអ្នក? ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំដោយស្ម័គ្រចិត្ត ខ្ញុំមិនទទួលបានប្រាក់កម្រៃពីរឿងនេះទេ។ បើខ្ញុំចង់ចេញ ខ្ញុំនឹងចេញហើយ! បើមានរឿងអ្វីកើតឡើងនៅផ្ទះ នោះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំគ្មានកាតព្វកិច្ចត្រូវប្រាប់អ្នកទេ ហើយអ្នកក៏គ្មានសិទ្ធិដឹងដែរ!»។ មនុស្សខ្លះចាកចេញអស់មួយខែ ឬពីរខែ ហើយបន្ទាប់មកក៏ត្រឡប់មករាយការណ៍វិញដោយមិនទាំងមានអារម្មណ៍ខ្មាសអៀនសោះ ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង។ អ្នកខ្លះទៀតចាកចេញអស់រយៈពេលពីរ ឬបីឆ្នាំ ហើយមិនអាចទាក់ទងបានទាំងស្រុង។ មនុស្សនៅក្នុងពួកជំនុំ ដោយមិនដឹងពីស្ថានភាព ក៏គិតថា ដោយសារតែបុគ្គលនេះបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាមិនអាចទៅរួចទេដែលពួកគេនឹងចាកចេញពីពួកជំនុំនោះ។ ពួកគេសន្មតថាច្បាស់ជាមានរឿងនឹកស្មានមិនដល់ណាមួយកើតឡើង ហើយបារម្ភថាតើពួកគេត្រូវបានចាប់ខ្លួនដោយគណបក្សកុម្មុយនីស្តចិន។ តាមពិតទៅ គឺគ្រាន់តែបុគ្គលនោះមិនចង់ជឿព្រះជាម្ចាស់ទៀត ហើយបានចាកចេញដោយមិនបានជូនដំណឹងដល់បងប្អូនប្រុសស្រីប៉ុណ្ណោះ។ មនុស្សខ្លះចាកចេញប្រហែលដប់ថ្ងៃ ហើយបន្ទាប់មកក៏ត្រឡប់មកវិញ នេះមិនមែនមានន័យថាពួកគេឈប់ជឿនោះទេ។ មនុស្សខ្លះចាកចេញ ហើយបាត់មុខអស់រយៈពេលពីរ ឬបីឆ្នាំ តើអ្នករាល់គ្នាអាចនិយាយថាពួកគេឈប់ជឿដែរទេ? (មែនហើយ)។ ពួកគេពិតជាបានឈប់ជឿមែន ហើយពួកគេគួរតែត្រូវបានលុបឈ្មោះចេញ។ នេះមិនមែនជាការចាកចេញធម្មតានោះទេ ពួកគេបានឈប់ជឿហើយ។ តាមទស្សនៈរបស់មនុស្ស នេះហៅថាលែងជឿទៀតហើយ។ តើព្រះជាម្ចាស់ទតមើលរឿងនេះយ៉ាងដូចម្ដេច? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះហៅថាការបដិសេធព្រះជាម្ចាស់ ការមិនដើរតាមព្រះជាម្ចាស់ ហើយវាគឺជាការបោះបង់ចោលព្រះជាម្ចាស់។ ប៉ុន្តែតាមទស្សនៈរបស់ពួកគេវិញ ពួកគេគិតថា៖ «ខ្ញុំមិនបានបោះបង់ចោលព្រះទេ ខ្ញុំនៅតែជឿព្រះនៅក្នុងចិត្តរបស់ខ្ញុំ!»។ ឃើញទេ? ពួកគេគ្រាន់តែនិយាយឱ្យតែរួចពីមាត់យ៉ាងងាយៗប៉ុណ្ណោះ។ ក៏មានអ្នកខ្លះទៀតដែលឈប់ចូលរួមការជួបជុំ និងឈប់បំពេញភារកិច្ចរបស់ខ្លួន គ្រាន់តែដោយសារតែពួកគេមានអារម្មណ៍មិនល្អ ឬមានអារម្មណ៍តូចចិត្តនៅខាងក្នុងចិត្ត ដោយសារតែពួកគេគិតថាការបំពេញភារកិច្ចរបស់ខ្លួនគឺពិបាក និងនឿយហត់ពេក ឬដោយសារតែពួកគេត្រូវបានគេលួសកាត់បន្តិចបន្តួច។ ពួកគេចាកចេញដោយមិនទាំងពន្យល់អ្វីទាំងអស់អំពីកិច្ចការដែលពួកគេមាននៅក្នុងដៃ ដោយនិយាយថា៖ «កុំឱ្យអ្នកណាទាក់ទងមកខ្ញុំឱ្យសោះ។ ខ្ញុំមិនសប្បាយចិត្តទេ ហើយខ្ញុំមិនចង់ជឿទៀតទេ!»។ ពេលដែលពួកគេតូចចិត្ត វាអាចអូសបន្លាយរយៈពេលមួយឆ្នាំ ឬច្រើនជាងនោះ។ កំហឹងរបស់ពួកគេពិតជាមិនធម្មតាមែន ពួកគេមិនអាចរំសាយកំហឹងបានទេអស់រយៈពេលប្រហែលមួយឆ្នាំ! មនុស្សខ្លះទទួលយកការងារជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំ ប៉ុន្តែពួកគេមិនត្រឹមតែមិនអាចធ្វើការងារនេះឱ្យបានល្អប៉ុណ្ណោះទេ ពួកគេថែមទាំងប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើន ដែលនាំមកនូវការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ក្រោយមក បងប្អូនប្រុសស្រីមិនបោះឆ្នោតឱ្យពួកគេទេ ហើយថែមទាំងញែកដឹង និងលាតត្រដាងពួកគេនៅក្នុងការប្រកបគ្នាទៀតផង។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមគិតថា៖ «តើនេះជាវគ្គរិះគន់ប្រឆាំងនឹងខ្ញុំឬ? ខ្ញុំគ្រាន់តែធ្វើកិច្ចការមិនបានល្អប៉ុណ្ណោះ តើវាពិតជារឿងធំដុំដល់ថ្នាក់នេះមែនទេ? ហេតុអ្វីបានជាពួកគេប្រកបគ្នា និងលាតត្រដាងខ្ញុំបែបនេះ? អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ជួបការអាម៉ាស់បែបនេះទេ! មុនពេលខ្ញុំជឿព្រះ ខ្ញុំតែងតែជាអ្នកស្ដីបន្ទោសអ្នកដទៃ មិនដែលមានអ្នកណាស្ដីបន្ទោសខ្ញុំឡើយ។ តើខ្ញុំធ្លាប់រងទុក្ខលំបាកបែបនេះពីអង្កាល់? អ្នករាល់គ្នាសុទ្ធតែរករឿងខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់មុខ។ ខ្ញុំមិនជឿទៀតទេ!»។ គ្រាន់តែបែបនេះសោះ ពួកគេក៏ឈប់ជឿតែម្ដង។ អ្នកដែលនិយាយបែបនេះមិនមែនមានតែមនុស្សវ័យក្មេងនោះទេ អ្នកខ្លះគឺជាអ្នកដែលបានជឿព្រះជាម្ចាស់អស់រយៈពេលប្រាំបី ឬដប់ឆ្នាំ ហើយមានអាយុខ្ទង់សែសិប ឬហាសិបឆ្នាំទៅហើយ ប៉ុន្តែពួកគេក៏អាចនិយាយរឿងបែបនេះបានដែរនៅពេលដែលពួកគេមិនសប្បាយចិត្ត។ តើមនុស្សបែបនេះ មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរទេ? តើពួកគេចាត់ទុកការជឿព្រះជាម្ចាស់ ជារឿងសំខាន់បំផុតនៅក្នុងជីវិតដែរទេ? វាជារឿងធម្មតាទេដែលមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយបន្តិចបន្តួចនៅពេលត្រូវបានគេលួសកាត់ ឬនៅពេលជួបប្រទះនឹងមហន្តរាយ ឬការបរាជ័យ ប៉ុន្តែរឿងទាំងនេះ មិនគួរធ្វើឱ្យមនុស្សម្នាក់មិនជឿព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះ មិនមែនជាអ្នកជឿព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ។ អ្នកជឿព្រះជាម្ចាស់ដោយស្មោះត្រង់ អាចប្រកាន់ខ្ជាប់នូវជំនឿរបស់ពួកគេ សូម្បីតែនៅពេលដែលពួកគេត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញក៏ដោយ មានតែអ្នកទាំងនេះទេដែលជាមនុស្សមានទីបន្ទាល់។ មនុស្សខ្លះ ពេលជួបប្រទះនឹងគ្រោះធម្មជាតិបន្តិចបន្តួច ប្រសិនបើបងប្អូនប្រុសស្រីមិនបានដឹងពីរឿងនេះ ឬដឹងរាងយឺតពេលបន្តិច ហើយមិនបានជួយពួកគេទាន់ពេលវេលា ពួកគេក៏ចាប់ផ្ដើមគិតថា៖ «ខ្ញុំកំពុងប្រឈមមុខនឹងការលំបាក ប៉ុន្ដែគ្មានអ្នកណាយកចិត្តទុកដាក់នឹងខ្ញុំសោះ។ ដូច្នេះ ពួកគេមើលងាយខ្ញុំហើយ! ការជឿព្រះ គឺគ្មានន័យទេ។ ខ្ញុំមិនជឿទៀតទេ!»។ គ្រាន់តែដោយសារតែរឿងតូចតាចបែបនេះសោះ ពួកគេអាចឈប់ជឿព្រះជាម្ចាស់បាន។ នេះគឺជាការសម្ដែងចេញមួយក្នុងចំណោមការសម្ដែងចេញរបស់មនុស្សដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល។
មានស្ថានភាពមួយទៀតសម្រាប់អ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល។ គណបក្សកុម្មុយនីស្តចិន ដើម្បីទាញយកពួកគេមកខាងខ្លួន បានផ្ដល់ការងារល្អមួយដល់ពួកគេ ដោយនិយាយទៅកាន់ពួកគេថា៖ «អ្នកមិនទទួលបានអ្វីសោះពីការជឿព្រះ។ តើអ្នកអាចមានអនាគតអ្វីទៅ? យើងបានរកការងារឱ្យអ្នកនៅក្រុមហ៊ុនបរទេសមួយ ដែលមានប្រាក់ខែខ្ពស់ អត្ថប្រយោជន៍ល្អ និងមានធានារ៉ាប់រងការងារ។ ការជឿព្រះ គឺគ្មានអនាគតសម្រាប់អ្នកទេ ស៊ូទៅធ្វើការ រកលុយ និងរស់នៅឱ្យបានស្រួលវិញល្អជាង»។ ចុងក្រោយ ពួកគេក៏ចាកចេញពីពួកជំនុំ ហើយទៅធ្វើការ។ មានគេនិយាយថា៖ «កាលពីម្សិលមិញ បុគ្គលនេះនៅតែបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំនៅឡើយទេ។ ហេតុអ្វីបានជាថ្ងៃនេះ ពួកគេរៀបចំអីវ៉ាន់ ហើយចាកចេញទៅ?»។ ពួកគេទៅធ្វើការ និងរកលុយ ពួកគេលែងជឿព្រះជាម្ចាស់ទៀតហើយ។ ពួកគេចាកចេញដោយមិននិយាយមួយម៉ាត់ ហើយចាប់ពីពេលនោះមក ពួកគេចែកផ្លូវពីបងប្អូនប្រុសស្រី ក្លាយជាមនុស្សដែលដើរលើផ្លូវផ្សេងគ្នា។ ពួកគេចង់ដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ចង់ឡើងបុណ្យស័ក្តិ និងលេចធ្លោ ហើយពួកគេលែងជឿព្រះជាម្ចាស់ទៀតហើយ។ ក៏មានមនុស្សដែលនៅពេលកំពុងផ្សាយដំណឹងល្អ បានជួបអ្នកដែលខ្លួនចូលចិត្ត ក៏ចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកនោះ ហើយចេញទៅរស់នៅជាមួយគ្នា។ ពួកគេមិនត្រឹមតែឈប់បំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឈប់ជឿព្រះជាម្ចាស់ទៀតផង។ ឪពុកម្ដាយរបស់ពួកគេនៅផ្ទះនៅតែមិនដឹងរឿង ដោយគិតថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តាមពិតទៅ ពួកគេបានបាត់មុខឈឹងតាំងពីយូរណាស់មកហើយ នរណាទៅដឹង ពេលនេះពួកគេប្រហែលជាមានកូនបាត់ទៅហើយក៏ថាបាន។ ការបំពេញភារកិច្ចរបស់ខ្លួន គឺជារឿងសំខាន់ណាស់ ប៉ុន្តែពួកគេអាចបោះបង់ចោលសូម្បីតែកិច្ចការដ៏សំខាន់ ដូចជាការផ្សាយដំណឹងល្អនេះបាន។ ពេលពួកគេជួបអ្នកដែលខ្លួនចូលចិត្ត ឬអ្នកដែលចូលចិត្តពួកគេ គ្រាន់តែពាក្យសម្ដីលួងលោម និងបញ្ចុះបញ្ចូលសាមញ្ញៗពីរបីម៉ាត់ពីអ្នកនោះ គឺគ្រប់គ្រាន់នឹងទាញពួកគេចេញបាត់ទៅហើយ។ ពួកគេពិតជាផ្ទេសផ្ដាស និងធ្វេសប្រហែសណាស់ ដោយអាចចាកចេញពីព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មិនថាមនុស្សបែបនេះបានជឿព្រះជាម្ចាស់ប៉ុន្មានឆ្នាំ ឬបានស្ដាប់សេចក្ដីអធិប្បាយប៉ុន្មានដងនោះទេ ពួកគេនៅតែមិនយល់ពីសេចក្ដីពិតសូម្បីតែបន្តិចសោះឡើយ។ សម្រាប់ពួកគេ ការជឿព្រះជាម្ចាស់ គឺជារឿងមិនសំខាន់ទាល់តែសោះ ហើយការបំពេញភារកិច្ចរបស់ខ្លួនក៏មិនសំខាន់ដែរ ដោយសារតែចង់ទទួលបានព្រះពរ ទើបពួកគេមានអារម្មណ៍ថាគ្មានជម្រើសអ្វីក្រៅពីធ្វើរឿងទាំងនេះ។ ពេលមានរឿងផ្ទាល់ខ្លួន ឬបញ្ហាគ្រួសារភ្លាម ពួកគេអាចចាកចេញយ៉ាងងាយៗបែបនេះតែម្ដង។ ពេលពួកគេជួបប្រទះនឹងគ្រោះធម្មជាតិបន្តិចបន្តួច ពួកគេអាចឈប់ជឿយ៉ាងងាយៗបែបនេះតែម្ដង។ អ្វីក៏ដោយក៏អាចរំខានដល់ជំនឿរបស់ពួកគេលើព្រះជាម្ចាស់បានដែរ រឿងអ្វីក៏អាចបណ្ដាលឱ្យពួកគេក្លាយជាអវិជ្ជមាន និងបោះបង់ភារកិច្ចរបស់ខ្លួនបានដែរ។ តើពួកគេជាមនុស្សប្រភេទណា? សំណួរនេះពិតជាស័ក្ដិសមនឹងការត្រិះរិះពិចារណាយ៉ាងស៊ីជម្រៅមែន!
តើអ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល គឺជាមនុស្សប្រភេទណា? ប្រភេទទីមួយ គឺជាមនុស្សគ្មានការគិតគូរ គ្មានគំនិត និងជាមនុស្សវង្វេងវង្វាន់ ដែលមិនដឹងថាហេតុអ្វីបានជាពួកគេជឿព្រះជាម្ចាស់ឡើយ មិនថាពួកគេបានជឿអស់ប៉ុន្មានឆ្នាំក៏ដោយ។ ពួកគេមិនដឹងទាល់តែសោះថា ការជឿព្រះជាម្ចាស់គឺជារឿងអ្វីឱ្យប្រាកដ។ ប្រភេទមួយទៀត គឺជាអ្នកមិនជឿ ដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយមិនយល់ពីអត្ថន័យ ឬគុណតម្លៃនៃការជឿព្រះជាម្ចាស់ឡើយ។ សម្រាប់ពួកគេ ការស្ដាប់សេចក្ដីអធិប្បាយ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺប្រៀបដូចជាការសិក្សាទ្រឹស្ដីសាសនា ឬការរៀនចំណេះដឹងវិជ្ជាជីវៈខ្លះៗអ៊ីចឹង ពេលដែលពួកគេយល់ និងអាចនិយាយអំពីវាបាន ពួកគេចាត់ទុកថាវាចប់សព្វគ្រប់ហើយ។ ពួកគេមិនដែលយកវាទៅអនុវត្តឡើយ។ សម្រាប់ពួកគេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាទ្រឹស្ដីមួយប្រភេទ ជាពាក្យស្លោកមួយ ហើយមិនអាចក្លាយជាជីវិតរបស់ពួកគេបានឡើយ។ ដូច្នេះ សម្រាប់មនុស្សទាំងនេះ អ្វីៗដែលពាក់ព័ន្ធនឹងការជឿព្រះជាម្ចាស់ គឺមិនធ្វើឱ្យពួកគេចាប់អារម្មណ៍ឡើយ។ រឿងរ៉ាវដូចជាការបំពេញភារកិច្ចរបស់ខ្លួន ការដេញតាមសេចក្ដីពិត ការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការជួបជុំជាមួយបងប្អូនប្រុសស្រី និងការរស់នៅជីវិតពួកជំនុំជាមួយគ្នាជាដើម មិនមានភាពទាក់ទាញសម្រាប់ពួកគេឡើយ ហើយគ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ដែលនាំមកនូវសេចក្ដីសុខ និងភាពរំភើបដល់ពួកគេ ដូចដែលការហូប ផឹក និងលេងសប្បាយ បានឡើយ។ ម្យ៉ាងវិញទៀត អ្នកជឿព្រះជាម្ចាស់ដោយស្មោះត្រង់ មានអារម្មណ៍ថាការបាននៅជាមួយបងប្អូនប្រុសស្រីដើម្បីប្រកបគ្នាអំពីសេចក្ដីពិត ឬរស់នៅជីវិតពួកជំនុំ អាចនាំឱ្យពួកគេទទួលបានអត្ថប្រយោជន៍ និងផលចំណេញជានិច្ច។ ទោះបីជាពេលខ្លះពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ និងការបៀតបៀន ឬប្រថុយប្រថានក្នុងការផ្សាយដំណឹងល្អ និងស៊ូទ្រាំនឹងទុក្ខលំបាកខ្លះៗក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែទទួលបានការយល់ដឹងពីសេចក្ដីពិត និងសម្រេចបាននូវលទ្ធផលនៃការស្គាល់ព្រះជាម្ចាស់ តាមរយៈការស៊ូទ្រាំនឹងទុក្ខលំបាក និងការលះបង់ ហើយទុក្ខលំបាក និងការលះបង់នេះ នាំមកនូវការផ្លាស់ប្រែនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ។ បន្ទាប់ពីថ្លឹងថ្លែង និងវាយតម្លៃលើរឿងទាំងអស់នេះ ពួកគេមានអារម្មណ៍ថាការជឿព្រះជាម្ចាស់គឺជារឿងល្អ ហើយការដែលអាចយល់ពីសេចក្ដីពិត គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ចិត្តរបស់ពួកគេកាន់តែផ្សារភ្ជាប់យ៉ាងពិសេសជាមួយនឹងពួកជំនុំ ហើយពួកគេមិនដែលគិតចង់ចាកចេញពីជីវិតពួកជំនុំឡើយ។ ប្រសិនបើពួកគេឃើញបុគ្គលមួយចំនួនត្រូវបានបញ្ជូនទៅក្រុម «ខ» ឬត្រូវបានដាក់ឱ្យនៅឯកោ ឬត្រូវបានបោសសម្អាតចេញដោយពួកជំនុំ ដោយសារតែការរំខានដល់កិច្ចការរបស់ពួកជំនុំ អស់អ្នកដែលជឿព្រះជាម្ចាស់ដោយស្មោះត្រង់ មានអារម្មណ៍ឈឺចាប់បន្តិចនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតថា៖ «ខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានខ្ជាប់ខ្ជួន។ ខ្ញុំដាច់ខាតមិនអាចត្រូវបានគេបោសសម្អាតចេញឡើយ។ ការត្រូវបានគេបោសសម្អាតចេញ គឺស្មើនឹងការត្រូវបានគេដាក់ទោស ដែលមានន័យថាលទ្ធផលគឺត្រូវធ្លាក់នរក! ចុះបើអ៊ីចឹង តើការរស់នៅមានន័យអ្វីទៅ?»។ មនុស្សភាគច្រើនខ្លាចការចាកចេញពីពួកជំនុំ ពួកគេមានអារម្មណ៍ថាពេលដែលពួកគេចាកចេញពីពួកជំនុំ និងចាកចេញពីព្រះជាម្ចាស់ ពួកគេនឹងមិនអាចបន្តរស់នៅបានទៀត ហើយអ្វីៗនឹងត្រូវបញ្ចប់។ ប៉ុន្តែអ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល ចាត់ទុកការចាកចេញពីពួកជំនុំជារឿងធម្មតាណាស់ ដូចជាការឈប់ពីការងារមួយទៅរកការងារមួយទៀតអញ្ចឹង។ ពួកគេមិនដែលមានអារម្មណ៍ទុក្ខព្រួយ ឬរងការឈឺចាប់ណាមួយនៅក្នុងចិត្តឡើយ។ តើអ្នករាល់គ្នាគិតថា អ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល មានមនសិការ ឬវិចារណញ្ញាណដែរទេ? មនុស្សបែបនេះ ពិតជាមិនអាចជឿទុកចិត្តបានឡើយ! ការបំពេញភារកិច្ចរបស់មនុស្សខ្លះ គឺមិនត្រូវតាមស្ដង់ដាទេ ហើយពួកគេតែងតែប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើន ដែលនាំមកនូវការបង្អាក់ និងការរំខានដល់ការងាររបស់ពួកជំនុំ។ បន្ទាប់មក ពួកជំនុំក៏បញ្ឈប់ពួកគេមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន ហើយបញ្ជូនពួកគេទៅពួកជំនុំធម្មតាវិញ។ ដូច្នេះ តើលទ្ធផលទៅជាយ៉ាងណា? ត្រឹមតែថ្ងៃបន្ទាប់ ពួកគេធ្វើខ្លួនដូចជាមនុស្សផ្សេងម្នាក់ទាំងស្រុង ដោយចាប់ផ្ដើមជីវិតថ្មីតែម្ដង។ អ្នកខ្លះចាប់ផ្ដើមមានសេ្នហា និងរៀបការ អ្នកខ្លះចាប់ផ្ដើមរកការងារធ្វើ អ្នកខ្លះទៀតចេញទៅរៀននៅមហាវិទ្យាល័យ ហើយអ្នកខ្លះទៀតទាក់ទងមិត្តចាស់ៗវិញ បង្កើតបណ្ដាញទំនាក់ទំនង និងស្វែងរកឱកាសដើម្បីមានបាន។ មនុស្សទាំងនេះបានលាយឡំចូលទៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយយ៉ាងលឿន ដោយបាត់ខ្លួនចូលទៅក្នុងហ្វូងមនុស្សដ៏ច្រើន វាពិតជាកើតឡើងលឿនយ៉ាងនេះមែន។ បងប្អូនប្រុសស្រីខ្លះ បន្ទាប់ពីត្រូវបានបញ្ជូនទៅពួកជំនុំធម្មតាវិញដោយសារតែលទ្ធផលមិនល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេឆ្លងកាត់ការឈឺចាប់មួយរយៈ ប៉ុន្តែអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងទទួលស្គាល់បញ្ហារបស់ខ្លួន ដោយបង្ហាញពីអាកប្បកិរិយាចង់ប្រែចិត្តខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល គ្រាន់តែពួកគេជួបប្រទះនឹងការលំបាកខ្លះៗ ពួកគេលែងចង់បំពេញភារកិច្ចរបស់ខ្លួនទៀត ហើយក៏ចាកចេញពីពួកជំនុំនៅថ្ងៃបន្ទាប់ ដោយត្រឡប់ទៅរកជីវិតជាអ្នកគ្មានជំនឿវិញ។ ពួកគេមិនមានអារម្មណ៍ឈឺចាប់ទាល់តែសោះ ហើយថែមទាំងគិតថា៖ «តើការជឿព្រះមានអ្វីល្អទៅ? អ្នកតែងតែត្រូវគេចំអក និងមួលបង្កាច់ ហើយឯងថែមទាំងងាយនឹងត្រូវគេចាប់ខ្លួន និងដាក់គុកទៀតផង។ ប្រសិនបើនាគដ៏ធំមានសម្បុរក្រហមវាយខ្ញុំរហូតដល់ស្លាប់ តើជីវិតរបស់ខ្ញុំមិនអសារបង់ទេឬ? ខ្ញុំបានស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងច្រើនក្នុងការជឿព្រះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែតើខ្ញុំទទួលបានអ្វីខ្លះទៅ? ប្រសិនបើខ្ញុំមិនបានជឿព្រះទេ ម្ល៉េះសមពេលនេះខ្ញុំក្លាយជាមន្ត្រី រកលុយបាន និងកំពុងរស់នៅប្រកបដោយកិត្តិយសបាត់ទៅហើយ! ពេលជឿព្រះរហូតមកដល់ពេលនេះ ខ្ញុំថែមទាំងមានអារម្មណ៍ស្ដាយក្រោយទៀតផង ប្រសិនបើខ្ញុំដឹងថាវានឹងទៅជាបែបនេះ ខ្ញុំច្បាស់ជាចាកចេញតាំងពីយូរណាស់មកហើយ! តើការយល់ពីសេចក្ដីពិតមានប្រយោជន៍អ្វីទៅ? តើការយល់ដឹងនោះអាចជួយឱ្យឯងមានបាយហូប ឬបង់ថ្លៃចំណាយផ្សេងៗបានដែរទេ?»។ ឃើញទេ? ពួកគេមិនត្រឹមតែគ្មានការស្ដាយក្រោយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានអារម្មណ៍ថាសំណាងទៀតផង ដែលអាចចាកចេញពីពួកជំនុំបាន។ តើនេះមិនមែនជាការលាតត្រដាងពីមុខមាត់ពិតរបស់ពួកគេក្នុងនាមជាអ្នកមិនជឿទេឬអី? (មែនហើយ)។
មនុស្សខ្លះមានទម្លាប់ធ្វើឱ្យតែរួចពីដៃ និងប្រព្រឹត្តអំពើអាក្រក់ដោយមិនគិតគូរក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ បន្ទាប់ពីត្រូវបានពួកជំនុំបោសសម្អាតចេញហើយ ពេលពួកគេឃើញបងប្អូនប្រុសស្រី ពួកគេសម្លឹងមើលអ្នកទាំងនោះហាក់បីដូចជាសត្រូវ។ សូម្បីតែពេលបងប្អូនប្រុសស្រីព្យាយាមនិយាយជាមួយពួកគេដោយក្ដីសប្បុរសក៏ដោយ ក៏ពួកគេមិនអើពើ និងមើលអ្នកទាំងនោះដោយក្ដីស្អប់ខ្ពើម ដោយនិយាយថា៖ «អ្នករាល់គ្នានេះហើយ ដែលបានបោសសម្អាតខ្ញុំចេញពីពួកជំនុំ។ មើលខ្ញុំឥឡូវនេះចុះ! ខ្ញុំរស់នៅបានប្រសើរជាងអ្នករាល់គ្នាទៅទៀត! ឥឡូវនេះ ខ្ញុំពាក់សុទ្ធតែមាស និងប្រាក់ ខ្ញុំគឺជាមនុស្សមានមុខមាត់! ខ្ញុំកំពុងរស់នៅក្នុងលោកីយ៍នេះយ៉ាងសុខស្រួល ហើយមើលចុះ អ្នករាល់គ្នាដុនដាប និងនឿយហត់យ៉ាងណាក្នុងការជឿលើព្រះជាម្ចាស់! អ្នករាល់គ្នាតែងតែដេញតាមដើម្បីទទួលបានសេចក្ដីពិតជានិច្ច ប៉ុន្តែខ្ញុំមិនគិតថាអ្នករាល់គ្នាឆ្លាតជាងខ្ញុំប៉ុន្មានទេ! តើការទទួលបានសេចក្ដីពិត មានអ្វីល្អទៅ? តើវាអាចហូបដូចជាអាហារ ឬចាយដូចជាលុយបានដែរទេ? ទោះបីខ្ញុំមិនដេញតាមសេចក្ដីពិតក៏ដោយ ក៏ខ្ញុំនៅតែរស់នៅបានយ៉ាងល្អដែរ តើមែនទេ? វាជាសំណាងល្អរបស់ខ្ញុំ ដែលអ្នករាល់គ្នាបានបោសសម្អាតខ្ញុំចេញ ខ្ញុំគួរតែអរគុណអ្នករាល់គ្នាចំពោះរឿងនេះ!»។ តាមរយៈពាក្យសម្ដីរបស់ពួកគេ វាបញ្ជាក់ឱ្យឃើញច្បាស់ថា ពួកគេគឺជាអ្នកមិនជឿ ហើយពេលពួកគេបំពេញភារកិច្ច នោះបានបើកសម្ដែងពួកគេជាមនុស្សបែបណា។ តើអ្នកគ្មានជំនឿម្នាក់ដែលគ្រាន់តែជឿលើព្រះជាម្ចាស់ដោយបបូរមាត់ អាចបំពេញភារកិច្ចរបស់ខ្លួនដោយស្ម័គ្រចិត្តបានដែរទេ? ការបំពេញភារកិច្ចរបស់ខ្លួន មានន័យថាជាការបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចដោយមិនទទួលបានប្រាក់ឈ្នួល ឬរកប្រាក់ចំណេញនោះទេ។ ពួកគេចាត់ទុករឿងនេះថាជាការខាតបង់ ដូច្នេះហើយទើបពួកគេមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ធាតុពិតរបស់ពួកគេក្នុងនាមជាអ្នកមិនជឿ ត្រូវបានលាតត្រដាងតាមរបៀបនេះ។ នេះគឺជារបៀបដែលកិច្ចការរបស់ព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោលពួកអ្នកមិនជឿ។ មនុស្សខ្លះតែងតែមានអាកប្បកិរិយាធ្វើឱ្យតែរួចពីដៃ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ដោយគ្រាន់តែបណ្ដែតបណ្ដោយឱ្យកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ ឱ្យតែពួកគេទទួលបានឱកាសរកលុយ ឬទទួលបានការឡើងតំណែងនៅក្នុងលោកីយ៍ ពួកគេអាចចាកចេញពីពួកជំនុំនៅពេលណាក៏បាន ពីព្រោះពួកគេតែងតែមានចេតនានេះនៅក្នុងចិត្តជានិច្ច។ ប្រសិនបើពួកគេត្រូវបានផ្ទេរទៅកាន់ពួកជំនុំធម្មតា ដោយសារតែពួកគេមានទម្លាប់ធ្វើឱ្យតែរួចពីដៃ និងប្រព្រឹត្តអំពើអាក្រក់ដោយមិនគិតគូរនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន នោះពួកគេមិនត្រឹមតែមិនឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងគិតថា៖ «ការដែលអ្នកជម្រះខ្ញុំចេញពីពួកជំនុំបំពេញភារកិច្ចពេញម៉ោង គឺជាការខាតបង់សម្រាប់អ្នក និងជាចំណេញសម្រាប់ខ្ញុំ»។ ពួកគេថែមទាំងមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់ទៀតផង។ តើមនុស្សបែបនេះ មិនមែនជាអ្នកមិនជឿទេឬអី? ចូរប្រាប់ខ្ញុំមក សម្រាប់ពួកអ្នកមិនជឿទាំងនោះដែលត្រូវបានជម្រះចេញ ដោយសារតែពួកគេបានបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងធ្ងន់ធ្ងរតាមរយៈអំពើអាក្រក់ដែលប្រព្រឹត្ដិដោយមិនគិតគូររបស់ពួកគេ តើការដែលដំណាក់របស់ព្រះជាម្ចាស់ជម្រះពួកគេចេញបែបនេះ ស្របតាមគោលការណ៍ដែរទេ? (មែនហើយ)។ វាស្របតាមគោលការណ៍ទាំងស្រុង នេះមិនមែនជាការធ្វើខុសចំពោះពួកគេសូម្បីតែបន្តិចឡើយ។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងចំពោះការបំពេញភារកិច្ចរបស់ខ្លួន គឺបែបហ្នឹងឯង ដែលពួកគេអាចបោះបង់ និងក្បត់ទ្រង់ ព្រមទាំងភារកិច្ចរបស់ខ្លួននៅពេលណាក៏បាន។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា នៅក្នុងចិត្តរបស់ពួកគេ គឺគ្មានចំណាប់អារម្មណ៍ទាល់តែសោះចំពោះរឿងវិជ្ជមាន។ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ក៏ប៉ុន្តែ គ្មានសេចក្ដីពិតនៃការជឿលើព្រះជាម្ចាស់ ឬទីបន្ទាល់តាមរយៈបទពិសោធរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ណាមួយ អាចចងចិត្តរបស់ពួកគេបានឡើយ។ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ដែលធ្វើឱ្យពួកគេចាប់អារម្មណ៍ ប៉ះពាល់ចិត្តពួកគេ ឬធ្វើឱ្យពួកគេមានអារម្មណ៍ជាប់ជំពាក់នោះទេ។ នេះគឺជាសារជាតិមនុស្សជាតិរបស់ពួកគេ ដែលមានន័យថា ពួកគេគ្មានចំណាប់អារម្មណ៍ទាល់តែសោះចំពោះរឿងវិជ្ជមាន។ ដូច្នេះ តើពួកគេចាប់អារម្មណ៍លើអ្វីទៅ? ពួកគេចាប់អារម្មណ៍លើការហូបចុក ការផឹកស៊ី និងការសប្បាយ ចំពោះការរីករាយខាងសាច់ឈាម ចំពោះនិន្នាការដ៏អាក្រក់ និងចំពោះទស្សនៈវិជ្ជារបស់សាតាំង។ ពួកគេចាប់អារម្មណ៍ជាពិសេសលើរឿងអវិជ្ជមានទាំងអស់នៅក្នុងសង្គម មានតែសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេមិនចាប់អារម្មណ៍។ នោះហើយជាមូលហេតុដែលពួកគេអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល។ ពួកគេគ្មានចំណាប់អារម្មណ៍ទាល់តែសោះក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាញឹកញាប់ ឬប្រកបគ្នាអំពីសេចក្ដីពិតជាញឹកញាប់ ក្នុងអំឡុងពេលនៃការជួបជុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនពេញចិត្តជាពិសេសចំពោះការបំពេញភារកិច្ច ហើយថែមទាំងគិតថា អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន សុទ្ធតែជាមនុស្សល្ងង់ទៀតផង។ តើនេះគឺជាផ្នត់គំនិតបែបណា ហើយជាមនុស្សជាតិបែបណាទៅ? ពួកគេគ្មានចំណាប់អារម្មណ៍លើសេចក្ដីពិត ឬលើសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សឡើយ ហើយពួកគេក៏គ្មាននឹកអាល័យទាល់តែសោះចំពោះជីវិតពួកជំនុំ។ ទោះបីជាពួកគេមិនបានវិនិច្ឆ័យ ឬថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចំហក៏ដោយ ក៏ពួកគេបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនយល់ពីសេចក្ដីពិតសូម្បីតែបន្តិចសោះ ដែលនេះបង្ហាញយ៉ាងច្បាស់ថាមានបញ្ហាហើយ។ គ្មាននរណាម្នាក់ដែលមិនពេញចិត្តទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាននោះទេ។ ដរាបណាអ្នកមិនចូលចិត្តរឿងវិជ្ជមាន អ្នកនឹងចាប់អារម្មណ៍ជាពិសេសលើរឿងអវិជ្ជមាន។ ប្រសិនបើអ្នកចាប់អារម្មណ៍ជាពិសេសលើរឿងអវិជ្ជមាន នោះអ្នកច្បាស់ជាមិនចាប់អារម្មណ៍លើរឿងវិជ្ជមានឡើយ។ មនុស្សប្រភេទនេះគ្មានចំណាប់អារម្មណ៍ទាល់តែសោះចំពោះរឿងវិជ្ជមាន ដូច្នេះ គ្មានអ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលពួកគេមានមានចិត្តនឹកអាល័យ គ្មានអ្វីដែលពួកគេចូលចិត្ត ឬប្រាថ្នាចង់បានឡើយ។ និន្នាការដ៏អាក្រក់នៃលោកីយ៍ លុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ការធ្វើជាមន្ត្រី ការក្លាយជាអ្នកមាន និងលទ្ធិខុសឆ្គង ព្រមទាំងសេចក្ដីខុសទំនងដ៏ពេញនិយមផ្សេងៗ គឺជាអ្វីដែលពួកគេចាប់អារម្មណ៍បំផុត។ ចិត្តរបស់ពួកគេ គឺផ្ដោតលើលោកីយ៍ មិនមែនលើដំណាក់របស់ព្រះជាម្ចាស់ឡើយ នោះហើយជាមូលហេតុដែលពួកគេអាចចាកចេញបានគ្រប់ពេល។ ការចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ និងការចាកចេញពីជីវិតពួកជំនុំ មិនបាននាំឱ្យពួកគេមានការស្ដាយក្រោយ គ្មានសេចក្ដីសោកសង្រេង ឬការឈឺចាប់ឡើយ ផ្ទុយទៅវិញ វាគឺជាការធូរស្បើយទាំងស្រុង។ ពួកគេគិតក្នុងចិត្តថា៖ «ទីបំផុត ខ្ញុំមិនចាំបាច់ស្ដាប់សេចក្ដីអធិប្បាយ ឬការប្រកបគ្នាអំពីសេចក្ដីពិតរាល់ថ្ងៃទៀតហើយ ខ្ញុំលែងត្រូវរឹតត្បិតដោយរឿងទាំងនេះទៀតហើយ។ ឥឡូវនេះ ខ្ញុំអាចដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដេញតាមលុយកាក់ ដេញតាមស្រីស្អាត និងដេញតាមអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងក្លាហាន។ ទីបំផុត ខ្ញុំអាចកុហក និងបោកប្រាស់អ្នកដទៃយ៉ាងក្លាហាន អាចអនុវត្តល្បិចកល និងផែនការអាក្រក់ ព្រមទាំងប្រើល្បិចទុច្ចរិតគ្រប់ប្រភេទដោយមិនបាច់បារម្ភ។ ខ្ញុំអាចប្រើមធ្យោបាយណាមួយក៏បានដើម្បីទាក់ទងជាមួយមនុស្ស!»។ ការស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នាអំពីសេចក្ដីពិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាការឈឺចាប់សម្រាប់ពួកគេ ហើយការចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ មានអារម្មណ៍ថាដូចជាការធូរស្បើយ។ នេះមានន័យថា រឿងវិជ្ជមានទាំងនេះមិនមែនជាអ្វីដែលចិត្តរបស់ពួកគេត្រូវការនោះទេ។ អ្វីដែលពួកគេត្រូវការ គឺជារឿងទាំងអស់នៃលោកីយ៍ និងសង្គម។ តាមរយៈចំណុចនេះ វាច្បាស់ណាស់ថា មូលហេតុដែលពួកគេបានចាកចេញពីពួកជំនុំ គឺទាក់ទងដោយផ្ទាល់ទៅនឹងការដេញតាម និងចំណូលចិត្តរបស់ពួកគេ។
តើសារជាតិធម្មជាតិរបស់មនុស្សទាំងនេះ ដែលអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ពេល គឺជាអ្វីទៅ? តើពេលនេះ អ្នករាល់គ្នាមើលឃើញថាវាជាអ្វីដែរឬទេ? (មែនហើយ។ ពួកគេគឺជា មនុស្សប្រភេទអ្នកមិនជឿ។ មនុស្សទាំងនេះភាគច្រើនគឺជាសត្វតិរច្ឆានចាប់ជាតិ ពួកគេសុទ្ធតែជាមនុស្សវង្វេងស្មារតីដែលគ្មានខួរក្បាល ឬគំនិតឡើយ។) ត្រឹមត្រូវហើយ។ ពួកគេមិនយល់ពីបញ្ហានៃសេចក្ដីជំនឿឡើយ។ ពួកគេមិនយល់ថាតើជីវិតមនុស្សពិតជាមានន័យយ៉ាងណា តើមនុស្សគួរដើរលើផ្លូវបែបណា តើរឿងអ្វីដែលធ្វើទៅមានន័យបំផុត តើគោលការណ៍នៃការអនុវត្តអ្វីខ្លះដែលគួរប្រកាន់ខ្ជាប់នៅពេលនិយាយដល់ការប្រព្រឹត្តខ្លួន និងរឿងផ្សេងៗទៀតជាដើម ហើយពួកគេក៏មិនចង់ស្វែងរកសេចក្ដីពិតដើម្បីយល់ពីរឿងទាំងនេះដែរ។ តើពួកគេចូលចិត្តដេញតាមអ្វីទៅ? ពេញមួយថ្ងៃ ចិត្តគំនិតរបស់ពួកគេវិលវល់តែពីរឿងថាតើពួកគេអាចធ្វើអ្វីបានខ្លះដើម្បីទទួលបានផលប្រយោជន៍ និងទទួលបានជីវិតដែលល្អប្រសើរជាងអ្នកដទៃ។ មនុស្សខ្លះចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ក្នុងពេលដែលពួកគេកំពុងធ្វើការនៅក្នុងលោកីយ៍។ ប៉ុន្តែ ឱ្យតែពួកគេត្រូវបានឡើងតំណែងជាអ្នកមើលការខុសត្រូវ ឬជាអ្នកគ្រប់គ្រង ឬក្លាយជាថៅកែ ពួកគេក៏ឈប់ជឿតែម្ដង។ ពេលបងប្អូនប្រុសស្រីទាក់ទងទៅពួកគេ ពួកគេនិយាយថា៖ «ឥឡូវនេះ ខ្ញុំគឺជាមនុស្សដែលមានឋានៈ និងកេរ្តិ៍ឈ្មោះ មានមុខមាត់ក្នុងសង្គម។ ការជឿលើព្រះជាមួយអ្នករាល់គ្នា គឺជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់។ អ្នករាល់គ្នាគួរតែនៅឱ្យឆ្ងាយពីខ្ញុំ ហើយកុំមកតាមរកខ្ញុំទៀត! អ្នករាល់គ្នាអាចលុបឈ្មោះខ្ញុំចោល ឬបណ្ដេញខ្ញុំចេញក៏បាន បើអ្នករាល់គ្នាចង់។ ទោះជាយ៉ាងណាក៏ដោយ ការជឿលើព្រះរបស់ខ្ញុំគឺចប់ត្រឹមហ្នឹងហើយ ហើយខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយអ្នករាល់គ្នាទៀតទេ!»។ ឃើញទេថាតើពួកគេនិយាយអ្វីខ្លះ? តើពួកគេជាមនុស្សប្រភេទណាទៅ? តើអ្នករាល់គ្នានៅតែទាក់ទងទៅពួកគេទៀតឬទេ? (ទេ)។ ពួកគេបាននិយាយយ៉ាងត្រង់ៗបែបនេះទៅហើយ ក៏ប៉ុន្តែ ពួកអ្នកដឹកនាំពួកជំនុំខ្លះនៅតែមានអារម្មណ៍ស្ដាយក្រោយនៅពេលឃើញពួកគេចាកចេញ ហើយបានទាក់ទងទៅពួកគេជាច្រើនលើកច្រើនសាដើម្បីបញ្ចុះបញ្ចូលពួកគេថា៖ «អ្នកមានគុណសម្បត្តិល្អណាស់ ហើយអ្នកថែមទាំងធ្លាប់ធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការទៀតផង។ គឺដោយសារតែអ្នកមិនបានដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកត្រូវបានដកហូតតំណែង។ ប្រសិនបើអ្នកដេញតាមសេចក្ដីពិតដោយឧស្សាហ៍ព្យាយាម អ្នកច្បាស់ជានឹងត្រូវបានសង្គ្រោះ ហើយនៅថ្ងៃអនាគត អ្នកច្បាស់ជាក្លាយជាសសរស្ដម្ភ ជាបង្អែកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាមិនខាន!»។ ពួកអ្នកដឹកនាំកាន់តែនិយាយរឿងទាំងនេះប៉ុនណា វាកាន់តែធ្វើឱ្យភាគីម្ខាងទៀតមិនពេញចិត្តប៉ុននោះ។ អ្នកដឹកនាំពួកជំនុំខ្លះ គឺជាមនុស្សវង្វេងស្មារតី និងខ្វះការវែកញែក។ បុគ្គលនេះត្រូវបានឡើងតំណែងនៅក្នុងលោកីយ៍ ក៏ប៉ុន្តែ ពួកអ្នកដឹកនាំទាំងនេះនៅតែច្រណែនពួកគេ និងចង់បង្កើតទំនាក់ទំនងជាមួយពួកគេទៀត តើនេះមិនបង្ហាញពីការមិនចេះឱ្យតម្លៃខ្លួនឯងទេឬអី? មនុស្សដែលយល់ពីសេចក្ដីពិត អាចមើលឃើញបញ្ហានេះយ៉ាងច្បាស់៖ ការឡើងតំណែងនៅក្នុងសង្គម មិនមែនជាសញ្ញាល្អនោះទេ វាមិនមែនជាផ្លូវត្រូវដែលមនុស្សម្នាក់គួរដើរឡើយ! មនុស្សខ្លះឈប់ជឿលើព្រះជាម្ចាស់ភ្លាមៗ ឱ្យតែពួកគេទទួលបានឋានៈបន្តិចបន្តួចនៅក្នុងសង្គម នេះគ្រាន់តែបើកសម្ដែងពួកគេ និងបញ្ជាក់ថា ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះ ឬស្រឡាញ់សេចក្ដីពិតនោះទេ។ ប្រសិនបើពួកគេជាអ្នកជឿដ៏ស្មោះត្រង់ ទោះបីជាពួកគេត្រូវបានឡើងតំណែង និងមានអនាគតភ្លឺស្វាងនៅក្នុងសង្គមក៏ដោយ ក៏ពួកគេនៅតែមិនចាកចេញពីព្រះជាម្ចាស់ដែរ។ ឥឡូវនេះ ដោយសារពួកគេបានក្បត់ព្រះជាម្ចាស់ទៅហើយ តើពួកជំនុំមានភាពចាំបាច់ក្នុងការទាក់ទង និងប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេទៀតឬ? គឺមិនចាំបាច់នោះទេ ពីព្រោះពួកគេត្រូវបានបើកសម្ដែងថាជាអ្នកមិនជឿរួចទៅហើយ។ តាមរយៈការមិនជឿលើព្រះជាម្ចាស់ ពួកគេគឺជាអ្នកដែលខាតបង់ដោយខ្លួនឯង ពួកគេគ្រាន់តែមិនមានព្រះពរប៉ុណ្ណោះ។ ពួកគេគ្រាន់តែជាមនុស្សដ៏គួរឱ្យសង្វេគប៉ុណ្ណោះ ប្រសិនបើអ្នកនៅតែទទូចទាញពួកគេឱ្យមកជឿលើព្រះជាម្ចាស់ទៀត តើនោះមិនមែនជាភាពល្ងង់ខ្លៅទេឬអី? អ្នកកាន់តែព្យាយាមទាញពួកគេបែបនេះ ពួកគេកាន់តែមើលងាយអ្នក។ ពួកគេគិតថា អស់អ្នកដែលជឿលើព្រះជាម្ចាស់ សុទ្ធតែជាមនុស្សដែលមានឋានៈសង្គមទាប និងជាអ្នកដែលខ្វះគុណសម្បត្តិ។ នោះហើយជាមូលហេតុដែលពួកគេមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតជាពិសេស ដោយសម្លឹងមើលមនុស្សគ្រប់គ្នាដោយក្ដីមើលងាយ។ ប្រសិនបើនរណាម្នាក់បង្ហាញការព្រួយបារម្ភ ឬយកចិត្តទុកដាក់ចំពោះពួកគេ ពួកគេចាត់ទុកថាវាជាការព្យាយាមបញ្ចើចបញ្ចើពួកគេ។ តើនេះគឺជាផ្នត់គំនិតបែបណាទៅ? វាគឺជាការមិនអាចមើលបងប្អូនប្រុសស្រីបានត្រឹមត្រូវ។ តើពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះដែរទេ? នៅពេលជួបប្រទះមនុស្សប្រភេទនេះ អ្នកគួរតែបដិសេធពួកគេ។ ឱ្យតែពួកគេនិយាយថា៖ «ឥឡូវនេះ ខ្ញុំគឺជាអ្នកមើលការខុសត្រូវជាន់ខ្ពស់។ កុំមកតាមរកខ្ញុំទៀត។ ប្រសិនបើអ្នកនៅតែបន្តទាក់ទងមកខ្ញុំ ខ្ញុំនឹងបែរមកទាស់នឹងអ្នករាល់គ្នា! ជាពិសេស កុំមកក្រុមហ៊ុនរបស់ខ្ញុំ ហើយធ្វើឱ្យខ្ញុំខ្មាសគេឱ្យសោះ ខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយមនុស្សដែលជឿលើព្រះទេ!» ពេលដែលពួកគេនិយាយពាក្យទាំងនេះ អ្នករាល់គ្នាគួរតែចាកចេញភ្លាមៗ លុបឈ្មោះពួកគេចោល ហើយកុំពាក់ព័ន្ធជាមួយមនុស្សបែបនេះទៀតឱ្យសោះ។ ពួកគេខ្លាចថាយើងនឹងកេងចំណេញពីភាពជោគជ័យរបស់ពួកគេ ដូច្នេះហើយ យើងចាំបាច់ត្រូវមានការស្គាល់ខ្លួនឯងខ្លះ។ ពួកគេកំពុងតែរីកចម្រើន និងឡើងទៅកាន់កម្រិតកាន់តែខ្ពស់ ពួកគេមិនមែនជាមនុស្សក្នុងកម្រិតរបស់យើងឡើយ។ យើងគ្រាន់តែជាមនុស្សសាមញ្ញ ជាមនុស្សនៅបាតសង្គមប៉ុណ្ណោះ។ យើងមិនគួរព្យាយាមបង្កើតទំនាក់ទំនងជាមួយពួកគេឡើយ កុំបន្ទាបខ្លួនឯងបែបនេះអី! ក៏មានមនុស្សខ្លះដែលមានវ័យចាស់ដែលកូនៗរបស់ពួកគេទិញផ្ទះដ៏ប្រណីតនៅក្នុងទីក្រុងផងដែរ។ បន្ទាប់ពីផ្លាស់ចូលទៅនៅ ពួកគេក៏បាត់មុខពីបងប្អូនប្រុសស្រី ដោយនិយាយថា៖ «កុំមកតាមរកខ្ញុំទៀត។ អ្នករាល់គ្នាសុទ្ធតែមកពីជនបទ។ ប្រសិនបើអ្នករាល់គ្នាមកតាមរកខ្ញុំ គេនឹងគិតថាខ្ញុំក៏មកពីជនបទដែរ ថាខ្ញុំមានសាច់ញាតិនៅជនបទ។ វានឹងអាម៉ាស់យ៉ាងណាទៅ! តើអ្នកដឹងទេថាកូនប្រុសរបស់ខ្ញុំជាមនុស្សបែបណា? គេគឺជាសេដ្ឋី គេគឺជាអ្នកមាន ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាសាធារណៈ! ប្រសិនបើអ្នករាល់គ្នានៅតែទាក់ទងជាមួយខ្ញុំ តើវាមិនមែនជាការធ្វើឱ្យកូនប្រុសរបស់ខ្ញុំអាម៉ាស់មុខទេឬអី? ដូច្នេះ ទៅថ្ងៃមុខ កុំមករកខ្ញុំទៀត!»។ ឱ្យតែពួកគេនិយាយពាក្យទាំងនេះ គ្រាន់តែឆ្លើយតបទៅវិញថា៖ «ដោយសារតែនេះគឺជាអាកប្បកិរិយារបស់អ្នក យើងយល់ហើយ។ អ៊ីចឹង យើងសូមជូនពរឱ្យអ្នកមានសុភមង្គល និងក្ដីអំណរ!»។ នៅពេលនោះ ប្រសិនបើអ្នកនិយាយតែមួយម៉ាត់ទៀត អ្នកនឹងមើលទៅដូចជាមនុស្សល្ងង់ និងទាបថោកជាមិនខាន។ គ្រាន់តែចាកចេញភ្លាមៗ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ កុំព្យាយាមបញ្ចុះបញ្ចូលពួកអ្នកមិនជឿដោយបង្ខំឱ្យសោះ នោះគ្រាន់តែជាអាកប្បកិរិយាល្ងង់ខ្លៅប៉ុណ្ណោះ។ តើអ្នកយល់ទេ? (យល់ហើយ)។ តើមនុស្សខ្លះអាចល្ងង់ដល់កម្រិតណាទៅ? ពួកគេនិយាយថា៖ «កូនប្រុសរបស់បុគ្គលនោះគឺជាអ្នកមាន ជាសេដ្ឋីដែលមានឋានៈនៅក្នុងសង្គម។ គេថែមទាំងមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលទៀតផង។ ប្រសិនបើយើងបញ្ចុះបញ្ចូលពួកគេឱ្យបន្តជឿលើព្រះជាម្ចាស់ គ្រួសាររបស់ពួកគេថែមទាំងអាចទទួលបងប្អូនប្រុសស្រីបានទៀតផង!»។ តើគំនិតនេះ ស្ដាប់ទៅយ៉ាងម៉េចដែរ? ប្រសិនបើអ្នកគិតអំពីវាពីទស្សនៈនៃការគិតគូរដល់កិច្ចការរបស់ពួកជំនុំ ការគិតគូរដល់បងប្អូនប្រុសស្រី និងការគិតគូរពីសុវត្ថិភាព វាគឺស័ក្តិសមឥតខ្ចោះ។ ប៉ុន្តែ អ្នកត្រូវមើលថាតើពួកគេជឿលើព្រះជាម្ចាស់ដោយស្មោះឬអត់។ ប្រសិនបើពួកគេមិនសុខចិត្តជឿលើព្រះជាម្ចាស់ និងមិនចូលចិត្តទាក់ទងជាមួយបងប្អូនប្រុសស្រី ក៏ប៉ុន្តែ អ្នកនៅតែចង់បញ្ចុះបញ្ចូលពួកគេឱ្យជឿលើព្រះជាម្ចាស់ តើនោះមិនមែនជាភាពល្ងង់ខ្លៅទេឬអី? កុំធ្វើរឿងដែលបង្ហាញពីការមិនចេះឱ្យតម្លៃខ្លួនឯង។ យើងមានការការពាររបស់ព្រះជាម្ចាស់ និងការណែនាំរបស់ព្រះជាម្ចាស់ក្នុងការជឿលើព្រះជាម្ចាស់។ មិនថាយើងរស់នៅក្នុងមជ្ឈដ្ឋានបែបណានោះទេ អ្វីៗទាំងអស់គឺស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ មិនថាយើងស៊ូទ្រាំនឹងការរងទុក្ខបែបណានោះទេ យើងគួររស់នៅដោយមានសេចក្ដីថ្លៃថ្នូរ។ មនុស្សខ្លះថែមទាំងច្រណែនបុគ្គលនេះដែលបានចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ ដោយនិយាយថាពួកគេមានសមត្ថភាព តើទស្សនៈនេះត្រឹមត្រូវដែរទេ? តើយើងគួរមើលឃើញបញ្ហានេះដោយរបៀបណា? ពេលដែលពួកគេផ្លាស់ចូលទៅរស់នៅក្នុងផ្ទះធំ ពួកគេក៏ឈប់ជឿលើព្រះជាម្ចាស់។ នៅក្នុងសង្គម ពួកគេមានឋានៈ និងមុខមាត់ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមើលងាយបងប្អូនប្រុសស្រី ដោយចាត់ទុកអ្នកទាំងនោះថាជាមនុស្សនៅបាតសង្គម ដែលមិនស័ក្តិសមនឹងប្រាស្រ័យទាក់ទងជាមួយពួកគេឡើយ។ ដូច្នេះ យើងគួរតែមានការស្គាល់ខ្លួនឯង ហើយមិនត្រូវព្យាយាមបង្កើតទំនាក់ទំនងជាមួយមនុស្សបែបនេះ ឬទៅបញ្ចើចបញ្ចើពួកគេឡើយ តើមែនទេ? (មែនហើយ)។
សម្រាប់អស់អ្នកដែលអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់នៅពេលណាក៏បាន មិនថាពួកគេជាអ្នកមិនជឿ ឬគ្រាន់តែជាមនុស្សខ្ជិលច្រអូស មិនថាពួកគេជឿលើព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ ឬដើម្បីគេចពីមហន្ដរាយនោះទេ ទោះក្នុងស្ថានភាពណាក៏ដោយ ឱ្យតែពួកគេអាចចាកចេញពីដំណាក់របស់ព្រះជាម្ចាស់នៅពេលណាក៏បាន ហើយបន្ទាប់ពីចាកចេញ ពួកគេមានការមិនពេញចិត្តនឹងបងប្អូនប្រុសស្រីដែលទាក់ទងទៅពួកគេ ហើយរឹតតែមិនពេញចិត្តនឹងជំនួយ និងការគាំទ្ររបស់បងប្អូនប្រុសស្រី ដោយបង្ហាញភាពប្រទូសរ៉ាយចំពោះនរណាម្នាក់ដែលប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ នោះគឺមិនចាំបាច់ខ្វល់ខ្វាយពីមនុស្សបែបនេះឡើយ។ ប្រសិនបើរកឃើញអ្នកមិនជឿប្រភេទនេះ ពួកគេគួរតែត្រូវបានលាតត្រដាង និងបោសសម្អាតចេញឱ្យបានទាន់ពេលវេលា។ មនុស្សខ្លះប្រហែលជាមិនស្រឡាញ់សេចក្ដីពិតទេ ប៉ុន្តែពួកគេចូលចិត្តធ្វើជាមនុស្សល្អ និងរីករាយនឹងការរស់នៅជាមួយបងប្អូនប្រុសស្រី វាធ្វើឱ្យពួកគេមានអារម្មណ៍ល្អ ហើយលើសពីនេះទៅទៀត ពួកគេអាចគេចផុតពីការដែលត្រូវគេធ្វើបាប។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងថាពួកគេជឿលើព្រះដ៏ពិត ហើយសុខចិត្តខិតខំធ្វើកិច្ចការដោយកម្លាំង។ ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន តើអ្នករាល់គ្នាគិតថាពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? (មែនហើយ)។ ប្រសិនបើពួកគេសុខចិត្តធ្វើការដោយកម្លាំង ហើយមិនរំខាន ឬបង្អាក់ទេ នោះពួកគេអាចបន្តធ្វើការដោយកម្លាំងបាន។ ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ ពួកគេលែងស្ម័គ្រចិត្តធ្វើការដោយកម្លាំង ហើយចង់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ ដោយនិយាយថា៖ «ខ្ញុំនឹងចេញទៅក្រៅដើម្បីព្យាយាមរកជោគជ័យនៅក្នុងលោកីយ៍។ ខ្ញុំនឹងមិនជឿលើព្រះជាមួយអ្នករាល់គ្នាទៀតទេ។ នៅទីនេះគ្មានអ្វីសប្បាយទេ ហើយពេលខ្លះ នៅពេលដែលខ្ញុំធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវបានគេលួសកាត់។ ការនៅទីនេះពិតជាលំបាកណាស់ ខ្ញុំចង់ចាកចេញហើយ»។ តើយើងគួរតែបញ្ចុះបញ្ចូលបុគ្គលបែបនេះឱ្យនៅបន្តដែរឬទេ? (អត់ទេ)។ យើងអាចសួរពួកគេតែមួយសំណួរប៉ុណ្ណោះថា៖ «តើអ្នកបានគិតគូរច្បាស់លាស់ហើយឬនៅ?» ប្រសិនបើពួកគេនិយាយថា៖ «ខ្ញុំបានគិតពីរឿងនេះយូរហើយ» អ្នកអាចនិយាយថា៖ «អ៊ីចឹង យើងសូមជូនពរឱ្យអ្នកជួបតែសេចក្ដីសុខ។ សូមថែរក្សាខ្លួន លាហើយ!» តើវិធីសាស្ត្រនេះល្អដែរទេ? (ល្អហើយ)។ តើអ្នករាល់គ្នាគិតថាពួកគេជាមនុស្សប្រភេទណាទៅ? ពួកគេគឺជាប្រភេទមនុស្សដែលគិតថាខ្លួនឯងអស្ចារ្យជាងមនុស្សធម្មតា ហើយដែលស្អប់ខ្ពើមលោកីយ៍ និងរបៀបរបបរបស់វា ដោយតែងតែសូត្រកំណាព្យរបស់មនុស្សល្បីៗ ដូចជា៖ «ខ្ញុំបក់ដៃអាវរបស់ខ្ញុំ ដោយមិនយកសូម្បីតែពពកមួយដុំទៅជាមួយឡើយ»។ ពួកគេគិតថាពួកគេរក្សាខ្លួនឱ្យបរិសុទ្ធ ហើយមិនសមចូលគ្នានឹងលោកីយ៍នេះទេ ហើយពួកគេចង់ស្វែងរកការលួងលោមខ្លះៗតាមរយៈការជឿលើព្រះជាម្ចាស់។ ពួកគេតែងតែចាត់ទុកខ្លួនឯងថាជាមនុស្សអស្ចារ្យ ប៉ុន្តែតាមការពិត ពួកគេគឺជាមនុស្សសាមញ្ញបំផុត ដែលរស់នៅដើម្បីតែការហូប ការផឹក និងការសប្បាយប៉ុណ្ណោះ។ ពួកគេគ្មានគំនិតពិតប្រាកដ និងគ្មានការដេញតាមពិតប្រាកដឡើយ។ ពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សខ្ពង់ខ្ពស់ ហាក់បីដូចជាគ្មាននរណាម្នាក់អាចយល់ពីគំនិតរបស់ពួកគេ ឬអាចប្រៀបផ្ទឹមនឹងរបៀបគិតរបស់ពួកគេបានឡើយ។ ពួកគេចាត់ទុកថាកម្រិតនៃការគិតរបស់ពួកគេគឺខ្ពស់ជាងមនុស្សទូទៅ ដោយនិយាយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សធម្មតា ប៉ុន្តែមើលមកខ្ញុំចុះ ខ្ញុំគឺខុសពីគេ។ ប្រសិនបើអ្នកសួរខ្ញុំថាខ្ញុំមកពីណា ខ្ញុំនឹងប្រាប់អ្នកថា ស្រុកកំណើតរបស់ខ្ញុំគឺនៅឆ្ងាយណាស់»។ តើពួកគេបានប្រាប់អ្នកទេថាពួកគេមកពីណា? តើអ្នកដឹងទេថាកន្លែងដែលហៅថា «នៅឆ្ងាយណាស់» នេះគឺនៅឯណា? មនុស្សដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល គឺពិតជាមនុស្សប្រភេទនេះឯង។ ពួកគេមានអារម្មណ៍ថាគ្មានកន្លែងណាអាចបំពេញចិត្តពួកគេបានឡើយ ហើយតែងតែគិតអំពីរឿងដែលមិនប្រាកដប្រជា ស្រពេចស្រពិល និងជាការស្រមើស្រមៃ។ ពួកគេមិនផ្ដោតលើតថភាពជាក់ស្ដែងទេ ហើយមិនយល់ថាជីវិតមនុស្សមានន័យយ៉ាងណា ឬថាតើមនុស្សគួរជ្រើសរើសផ្លូវណាឡើយ។ ពួកគេមិនយល់ពីរឿងទាំងនេះទេ ពួកគេគ្រាន់តែជាមនុស្សចម្លែកប៉ុណ្ណោះ។ ប្រសិនបើមនុស្សប្រភេទនេះបានសម្រេចចិត្តចាកចេញពីពួកជំនុំ ហើយនិយាយថាពួកគេបានគិតគូរពីរឿងនេះយូរហើយ នោះមិនចាំបាច់បញ្ចុះបញ្ចូលពួកគេឱ្យនៅបន្តឡើយ។ កុំនិយាយសូម្បីតែមួយម៉ាត់ទៀត គ្រាន់តែលុបឈ្មោះពួកគេចោលទៅ គឺចប់ហើយ។ នេះគឺជារបៀបដែលយើងគួរចាត់ចែងមនុស្សបែបនេះ វាស្របតាមគោលការណ៍នៃការប្រព្រឹត្តចំពោះមនុស្ស។ ប្រកបគ្នាអំពីអស់អ្នកដែលអាចចាកចេញពីពួកជំនុំបានគ្រប់ពេល គឺបញ្ចប់ត្រឹមនេះ។
ញ. មានចិត្តងាករេ
ការសម្ដែងចេញទីដប់គឺ៖ «មានចិត្តងាករេ»។ តើមនុស្សដែលមានចិត្តងាករេ បង្ហាញការសម្ដែងចេញជាក់លាក់អ្វីខ្លះ? ជាដំបូង ការសង្ស័យដ៏ធំបំផុតដែលមនុស្សទាំងនេះមានអំពីការជឿលើព្រះជាម្ចាស់គឺ៖ «តើព្រះ ពិតជាមានមែនឬ? តើមានពិភពខាងវិញ្ញាណដែរទេ? តើមាននរកដែរទេ? តើព្រះបន្ទូលទាំងនេះដែលព្រះបានថ្លែង គឺជាសេចក្ដីពិតឬ? មនុស្សម្នានិយាយថា បុគ្គលនេះគឺជាព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែខ្ញុំមិនបានឃើញទិដ្ឋភាពណាមួយដែលធ្វើឱ្យទ្រង់មើលទៅដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ! ដូច្នេះ តើព្រះវិញ្ញាណរបស់ព្រះ ស្ថិតនៅឯណាឱ្យពិតប្រាកដ? តើព្រះពិតជាមានមែន ឬក៏អត់?»។ ពួកគេមិនដែលរកចម្លើយចំពោះសំណួរទាំងនេះ ឱ្យបានច្បាស់លាស់ឡើយ។ ពួកគេឃើញថា មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ហើយក៏គិតថា៖ «ព្រះជាម្ចាស់ច្បាស់ជាមានមែន។ ទ្រង់ប្រហែលជាមានមែន។ ខ្ញុំសង្ឃឹមថាទ្រង់មានមែន។ ទោះជាយ៉ាងណាក៏ដោយ ការជឿលើព្រះជាម្ចាស់មិនបានធ្វើឱ្យខ្ញុំខាតបង់អ្វីឡើយ ហើយក៏គ្មាននរណាម្នាក់ធ្វើបាបខ្ញុំដែរ។ ខ្ញុំធ្លាប់ឮថា ការបំពេញភារកិច្ចអាចនាំមកនូវព្រះពរ និងគោលដៅដ៏ល្អមួយ ហើយនឹងធ្វើឱ្យខ្ញុំមិនស្លាប់នៅថ្ងៃអនាគត។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំនឹងគ្រាន់តែជឿតាមគេ ហើយជឿប៉ុណ្ណោះ»។ បន្ទាប់ពីជឿបានមួយរយៈ ពួកគេឃើញថាមនុស្សមួយចំនួនជួបប្រទះនឹងការល្បងល និងទុក្ខលំបាក ហើយពួកគេក៏ចាប់ផ្ដើមរិះគិតថា៖ «តើការជឿលើព្រះជាម្ចាស់ មិនមែននាំមកនូវព្រះពរទេឬអី? មនុស្សខ្លះមានជំងឺធ្ងន់ធ្ងរ ហើយក៏ស្លាប់ទៅ មនុស្សខ្លះត្រូវនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន និងបៀតបៀនរហូតដល់ស្លាប់ ហើយអ្នកខ្លះទៀតមានជំងឺ ឬមានគ្រោះមហន្តរាយធ្លាក់មកលើគ្រួសាររបស់ពួកគេ ខណៈពេលកំពុងបំពេញភារកិច្ច។ ហេតុអ្វីបានជាព្រះមិនការពារពួកគេ? ដូច្នេះ តើព្រះពិតជាមានមែន ឬក៏អត់? ប្រសិនបើទ្រង់មានមែន រឿងទាំងនេះមិនគួរកើតឡើងឡើយ!»។ មនុស្សដែលមានបំណងល្អមួយចំនួនប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដោយនិយាយថា៖ «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយជោគវាសនារបស់មនុស្សត្រូវបានចាត់ចែងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ មនុស្សគួរតែទទួលយករឿងទាំងនេះពីព្រះជាម្ចាស់ ហើយប្រគល់ខ្លួនឯងទៅចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែល្អ»។ ពេលឮបែបនេះ បុគ្គលដែលមានចិត្តងាករេទាំងនេះនិយាយថា៖ «ខ្ញុំមិនឃើញថាវាល្អត្រង់ណាផង! ការរងគ្រោះមហន្តរាយ តើវាល្អឬ? ការមានជំងឺធ្ងន់ធ្ងរ ឬជំងឺដែលមើលមិនជា តើវាល្អឬ? ការស្លាប់បាត់បង់ជីវិត គឺរឹតតែអាក្រក់ទៅទៀត។ តើព្រះមានមែន ឬក៏អត់? ខ្ញុំមិនដឹងទេ»។ ពួកគេតែងតែពោរពេញដោយការសង្ស័យអំពីព្រះជាម្ចាស់ជានិច្ច។ នៅពេលដែលពួកគេឃើញមនុស្សជាច្រើនកំពុងបំពេញភារកិច្ច កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កាន់តែពង្រីកធំឡើងៗ ហើយពួកជំនុំកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់ច្បាស់ជាមានមែន។ ជាពិសេស នៅពេលដែលពួកគេឮបងប្អូនប្រុសស្រីធ្វើបន្ទាល់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះជាម្ចាស់បានបង្ហាញ និងអំពីព្រះគុណដែលពួកគេទទួលបានពីព្រះជាម្ចាស់ បុគ្គលដែលមានចិត្តងាករេទាំងនេះមានអារម្មណ៍កាន់តែខ្លាំងថា៖ «ព្រះជាម្ចាស់ពិតជាមានមែន! ទោះបីជាមនុស្សមិនអាចមើលឃើញព្រះវិញ្ញាណរបស់ព្រះក្ដី ក៏ព្រះបន្ទូលដែលព្រះដែលយកកំណើតជាមនុស្សបានថ្លែង ត្រូវបានមនុស្សឮដែរ ហើយខ្ញុំក៏ធ្លាប់ឮមនុស្សជាច្រើនប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះ និងដកពិសោធពីព្រះបន្ទូលរបស់ព្រះផងដែរ។ ដូច្នេះ ព្រះច្បាស់ជាមានមែន!»។ នៅពេលដែលពួកជំនុំកំពុងរីកចម្រើន អ្វីៗដំណើរការទៅយ៉ាងរលូនសម្រាប់ពួកជំនុំ ពួកជំនុំកំពុងលូតលាស់ ហើយកិច្ចការរបស់ពួកជំនុំកាន់តែពង្រីកធំឡើងៗ ហើយជាពិសេសនៅពេលដែលបងប្អូនប្រុសស្រីជួបប្រទះនឹងកាលៈទេសៈពិសេស និងរឿងរ៉ាវពិសេសមួយចំនួន ហើយបានឃើញការការពារ អធិបតេយ្យភាព និងការដឹកនាំរបស់ព្រះជាម្ចាស់តាមរយៈរឿងទាំងនេះ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់មានមែន ហើយព្រះជាម្ចាស់ពិតជាល្អមែន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមួយរយៈក្រោយមក ពួកគេអាចនឹងជួបប្រទះនឹងការខកចិត្ត និងដំណាក់កាលលំបាក អ្នកខ្លះអាចនឹងជួបប្រទះនឹងភាពបរាជ័យ និងឧបសគ្គ ឬដំណាក់របស់ព្រះជាម្ចាស់អាចនឹងជម្រុះមនុស្សមួយភាគចោល។ រឿងទាំងនេះ ជាពិសេសរឿងចុងក្រោយ គឺផ្ទុយយ៉ាងខ្លាំងពីសញ្ញាណរបស់ពួកគេ ហើយហួសពីការរំពឹងទុករបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា៖ «ប្រសិនបើព្រះជាម្ចាស់មានមែន តើរឿងទាំងនេះអាចកើតឡើងបានដោយរបៀបណា? រឿងទាំងនេះ មិនគួរកើតឡើងឡើយ! វាជារឿងធម្មតាទេ ដែលរឿងទាំងនេះកើតឡើងក្នុងចំណោមអ្នកគ្មានជំនឿ ប៉ុន្តែតើវាអាចកើតឡើងនៅក្នុងដំណាក់របស់ព្រះបានដោយរបៀបណាទៅ? ប្រសិនបើព្រះមានមែន ទ្រង់គួរតែដោះស្រាយរឿងទាំងនេះ ហើយទប់ស្កាត់មិនឱ្យរឿងទាំងនេះកើតឡើងឡើយ ពីព្រោះទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា មានសិទ្ធិអំណាច និងមានព្រះចេស្ដា! តើព្រះពិតជាមានមែន ឬក៏អត់? មនុស្សមិនអាចមើលឃើញព្រះវិញ្ញាណរបស់ព្រះឡើយ។ ចំណែកឯព្រះបន្ទូលដែលព្រះដែលយកកំណើតជាមនុស្សបានមានបន្ទូលចេញមក មនុស្សគ្រប់គ្នាសុទ្ធតែនិយាយថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត ជាផ្លូវ ហើយថាព្រះបន្ទូលទាំងនោះអាចជាជីវិតរបស់មនុស្ស។ ប៉ុន្តែ ហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិតសោះអ៊ីចឹង? ខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលយ៉ាងយូរមកហើយ ប៉ុន្តែជីវិតរបស់ខ្ញុំមិនបានផ្លាស់ប្រែទាល់តែសោះ! ខ្ញុំបានរងទុក្ខយ៉ាងច្រើន តើខ្ញុំទទួលបានអ្វីខ្លះទៅ?»។ ពួកគេចាប់ផ្ដើមមានការសង្ស័យអំពីព្រះជាម្ចាស់ ហើយភាពក្លៀវក្លារបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏ថយចុះ និងសាបរលាបទៅ។ បន្ទាប់មក ពួកគេគិតចង់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីទៅធ្វើការ និងរកលុយ ដើម្បីរស់នៅប្រកបដោយជីវិតសមរម្យមួយ គំនិតទាំងនេះក៏ចាប់ផ្ដើមផុសឡើងជានិច្ច។ ពួកគេគិតក្នុងចិត្តថា៖ «ប្រសិនបើព្រះដែលខ្ញុំជឿមិនមែនជាព្រះដ៏ពិតទេ នោះការដែលខ្ញុំមិនបានធ្វើការ ឬរកលុយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងពេលដែលជឿលើព្រះជាម្ចាស់ នឹងក្លាយជាការខាតបង់ដ៏ធំមួយមិនខាន! ទេ ការគិតបែបនេះ គឺខុសហើយ។ ខ្ញុំនៅតែត្រូវជឿឱ្យបានត្រឹមត្រូវ។ ខ្ញុំធ្លាប់ឮគេនិយាយថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន នឹងធ្វើឱ្យមនុស្សម្នាក់អាចយល់ពីសេចក្ដីពិត ដោះស្រាយរាល់បញ្ហាទាំងអស់ និងលែងទន់ខ្សោយទៀត។ ប៉ុន្តែ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះហើយ តែនៅតែមិនយល់ពីសេចក្ដីពិតដដែល។ ហេតុអ្វីបានជាខ្ញុំនៅតែមានអារម្មណ៍អវិជ្ជមាន? ហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំគ្មានកម្លាំងកំហែងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំសោះអ៊ីចឹង? ព្រះមិនកំពុងធ្វើការនៅក្នុងខ្ញុំទេ! ខ្ញុំមានការលំបាកជាច្រើន ប៉ុន្តែព្រះជាម្ចាស់មិនបានបើកផ្លូវចេញខ្ញុំទេ។ ដូច្នេះ តើព្រះពិតជាមានមែន ឬក៏អត់? ប្រសិនបើនេះគឺជាផ្លូវពិត ព្រះគួរតែប្រទានពរដល់មនុស្សដែលបំពេញភារកិច្ចរបស់ខ្លួន ឱ្យមានសេចក្ដីសុខសាន្ត ភាពរលូន និងភាពប្រក្រតី។ ដូច្នេះ ហេតុអ្វីបានជានៅតែមានការលំបាកដ៏ធំបែបនេះ ក្នុងការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ច? ទោះបីជាខ្ញុំដឹងថា ពិភពសាសនាបានធ្លាក់ចុះ ហើយការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការចូលទៅក្នុងយុគសម័យនៃនគរព្រះក៏ដោយ ហេតុអ្វីបានជាខ្ញុំមិនបានឃើញពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការសោះអ៊ីចឹង?»។ តើមនុស្សទាំងនេះ ជាមនុស្សប្រភេទណា? ពួកគេគឺជាមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនយល់ពីសេចក្ដីពិតឡើយ។ ទោះបីជាមានការប្រកបគ្នាអំពីសេចក្ដីពិតច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចចាប់យល់ពីអត្ថន័យនៃសេចក្ដីពិតនោះបានដែរ។ ពួកគេតែងតែមើលឃើញរឿងរ៉ាវនានាដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ហើយតែងតែពោរពេញដោយការសង្ស័យអំពីព្រះជាម្ចាស់ជានិច្ច។ តើមនុស្សបែបនេះ អាចយល់ពីសេចក្ដីពិតបានដោយរបៀបណាទៅ? មនុស្សខ្លះឃើញថា ការផ្សាយដំណឹងល្អគឺមានការលំបាកខ្លាំងណាស់ ដូច្នេះពួកគេគិតថា៖ «ប្រសិនបើនេះជាផ្លូវពិតមែន នោះព្រះវិញ្ញាណបរិសុទ្ធមុខជាធ្វើការយ៉ាងខ្លាំងក្លាមិនខាន។ ទោះបងប្អូនប្រុសស្រីទៅផ្សាយដំណឹងល្អនៅទីណាក៏ដោយ ក៏អ្វីៗនឹងប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានឧបសគ្គរារាំងឡើយ។ លើសពីនេះទៅទៀត មន្ត្រីរដ្ឋាភិបាលក៏នឹងចាប់ផ្ដើមជឿ ហើយបើកភ្លើងខៀវចំពោះគ្រប់កិច្ចការទាំងអស់ផងដែរ។ នេះទើបពិតជាទង្វើរបស់ព្រះដ៏ពិតមែន។ ប៉ុន្តែ ពេលនេះ បើមើលតាមការពិត វាពុំមែនជារឿងបែបនេះទាល់តែសោះ។ មិនត្រឹមតែប្រធានាធិបតី និងមន្ត្រីនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកដែលមិនជឿលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនគាំទ្រដល់ការជឿលើព្រះជាម្ចាស់ផងដែរ។ នៅក្នុងប្រទេសមួយចំនួន រដ្ឋាភិបាលថែមទាំងបៀតបៀនអ្នកជឿ និងរារាំងមនុស្សមិនឱ្យជឿលើព្រះទៀតផង។ ដូច្នេះ តើព្រះដែលយើងជឿ ពិតជាព្រះដ៏ពិតមែនឬ? ខ្ញុំមិនដឹងទេ ពិបាកនិយាយណាស់»។ នៅក្នុងចិត្តរបស់ពួកគេតែងតែមានសញ្ញាសួរដ៏ធំមួយជានិច្ច។ រាល់ពេលដែលពួកគេឮដំណឹងអ្វីមួយ ពួកគេមានអារម្មណ៍ហាក់ដូចជាមាន «ការរញ្ជួយដី» ដែលឥទ្ធិពលរបស់វាមិនធំពេក ហើយក៏មិនតូចពេករហូតដល់មើលមិនឃើញដែរ ដែលធ្វើឱ្យពួកគេមានចិត្តងាករេ។ មនុស្សខ្លះនិយាយថា៖ «តើមកពីពួកគេទើបតែជឿលើព្រះជាម្ចាស់បានរយៈពេលខ្លីឬ ទើបបានជាពួកគេតែងតែមានចិត្តងាករេបែបនេះ?»។ វាមិនមែនបែបនេះទេ មនុស្សខ្លះបានជឿអស់រយៈពេលបីឆ្នាំ ប្រាំឆ្នាំ ឬសូម្បីតែជាងដប់ឆ្នាំទៅហើយ។ តើនេះចាត់ទុកជារយៈពេលខ្លីឬ? ប្រសិនបើនរណាម្នាក់បានជឿអស់រយៈពេលបី ឬប្រាំឆ្នាំ ក្នុងអំឡុងពេលនៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ វាមិនត្រូវចាត់ទុកថាយូរនោះទេ ពីព្រោះពួកគេមិនបានឮសូរសៀង និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយឡើយ ពួកគេគ្រាន់តែយល់បានបន្តិចបន្តួចនូវចំណេះដឹងព្រះគម្ពីរ និងទ្រឹស្ដីខាងវិញ្ញាណចេញពីព្រះគម្ពីរ និងចេញពីសេចក្ដីអធិប្បាយរបស់មនុស្សប៉ុណ្ណោះ។ អ្វីដែលពួកគេទទួលបាន គឺតិចតួចខ្លាំងណាស់។ វាខុសគ្នា នៅពេលដែលនរណាម្នាក់ទទួលយកកិច្ចការនៃដំណាក់កាលបច្ចុប្បន្ននេះ ដរាបណាពួកគេបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់បានរយៈពេលបីឆ្នាំ នោះអ្វីដែលពួកគេដកពិសោធ យល់ដឹង និងទទួលបាន គឺលើសពីអ្វីដែលនរណាម្នាក់អាចទទួលបានពីការជឿលើព្រះអម្ចាស់អស់រយៈពេលម្ភៃ ឬសាមសិបឆ្នាំ ឬសូម្បីតែមួយជីវិត នៅក្នុងយុគសម័យនៃព្រះគុណទៅទៀត។ ប៉ុន្តែ មនុស្សដែលមានចិត្តងាករេទាំងនេះ សូម្បីតែបន្ទាប់ពីជឿបានបី ប្រាំ ឬលើសជាងដប់ឆ្នាំក៏ដោយ ក៏នៅតែមិនអាចកំណត់បានថា តើកិច្ចការដំណាក់កាលនេះត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ឬក៏អត់នោះទេ ហើយពួកគេថែមទាំងមានការសង្ស័យអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើអ្នកយល់ថា មនុស្សបែបនេះគួរឱ្យធុញទ្រាន់ខ្លាំងណាស់មែនទេ? តើពួកគេមានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតដែរឬទេ? (អត់ទេ)។ តើពួកគេមានរបៀបគិតនៃភាពជាមនុស្សធម្មតាដែរឬទេ? (អត់ទេ)។ ពួកគេមិនអាចយល់ពីសេចក្ដីពិតឡើយ។ មិនថាមានស្ថានភាពអ្វីកើតឡើងនៅក្នុងពួកជំនុំនោះទេ វាអាចធ្វើឱ្យពួកគេមានចិត្តងាករេជានិច្ច ពោលគឺសញ្ញាសួរនៅក្នុងចិត្តរបស់ពួកគេ តែងតែបង្កឱ្យមាន «ការរញ្ជួយដី» សម្រាប់ពួកគេជានិច្ច។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទបង្កការរំខាននៅក្នុងពួកជំនុំ ហើយមនុស្សមួយចំនួនត្រូវបានបំភាន់ ឬប្រសិនបើនរណាម្នាក់ដែលពួកគេគោរពសរសើរ ធ្វើរឿងអ្វីមួយដែលពួកគេនឹកស្មានមិនដល់ ដូចជាការលួចដង្វាយ ឬការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយត្រូវគេបោសសម្អាតចេញ នោះវាធ្វើឱ្យចិត្តរបស់ពួកគេងាករេ ហើយពួកគេក៏ចាប់ផ្ដើមសង្ស័យលើព្រះជាម្ចាស់ថា៖ «តើនេះមិនមែនជាចរន្ដនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? ចុះហេតុអ្វីបានជារឿងដែលគ្មានច្បាប់ទម្លាប់បែបនេះ អាចកើតឡើងនៅក្នុងពួកជំនុំបាន? តើព្រះអាចអនុញ្ញាតឱ្យមានការលេចឡើងនូវពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់បានដោយរបៀបណា? តើនេះពិតជាផ្លូវពិតមែនឬ?»។ រាល់រឿងរ៉ាវដែលកើតឡើងនៅក្នុងពួកជំនុំ ដែលផ្ទុយពីសញ្ញាណរបស់ពួកគេ សុទ្ធតែធ្វើឱ្យពួកគេកើតមានការសង្ស័យ និងចាប់ផ្ដើមចោទសួរថា តើនេះគឺជាផ្លូវពិតឬអត់ តើវាជាកិច្ចការរបស់ព្រះជាម្ចាស់ឬអត់ ហើយតើព្រះជាម្ចាស់ពិតជាមានមែនឬអត់។ ពួកគេគ្រាន់តែមិនស្វែងរកសេចក្ដីពិត ដើម្បីមើលឃើញបញ្ហានេះឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ត្រឹមចំណុចនេះមួយ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា តាំងពីដើមរហូតដល់ចប់ ជាមូលដ្ឋាន ពួកគេមិនដែលជឿថាកិច្ចការនៃដំណាក់កាលនេះត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ឡើយ។ តាំងពីដើមរហូតដល់ចប់ ពួកគេមិនដែលដឹងថា សេចក្ដីពិតគឺជាអ្វីឡើយ ហើយក៏មិនដឹងថាហេតុអ្វីបានជាព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតនោះដែរ។ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលយ៉ាងច្រើន និងបានធ្វើកិច្ចការយ៉ាងច្រើនណាស់ អ្វីៗទាំងអស់នេះគឺជាទង្វើរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនបានផ្ទៀងផ្ទាត់ និងមានភាពប្រាកដប្រជាអំពីរឿងនេះ ប៉ុន្តែពួកគេបដិសេធមិនព្រមមើលបញ្ហានានា ដោយផ្អែកលើរឿងទាំងនេះឡើយ។ ពួកគេតែងតែប្រើប្រាស់ទស្សនៈរបស់មនុស្ស និងការគិតរបស់មនុស្សដើម្បីធ្វើការវិនិច្ឆ័យ ពួកគេទុកចិត្តលើខ្លួនឯងខ្លាំងពេកហើយ។ នៅពេលដែលមានចន្លោះប្រហោង ឬសេចក្ដីវៀចវេរមួយចំនួននៅក្នុងកិច្ចការរបស់ពួកជំនុំ ឬនៅក្នុងជីវិតពួកជំនុំ ឬនៅពេលដែលពួកជំនុំត្រូវបានរដ្ឋាភិបាលគាបសង្កត់ និងបៀតបៀន ពួកគេក៏ចាប់ផ្ដើមចោទសួរម្ដងទៀតថា៖ «តើនេះពិតជាផ្លូវពិតមែនឬ?»។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយលេចឡើងនៅក្នុងពួកជំនុំ ពួកគេក៏ចាប់ផ្ដើមចោទសួរផងដែរ។ ពួកគេនិយាយថា៖ «ចូរមើលគ្រូគង្វាល និងពួកចាស់ទុំទាំងនោះនៅក្នុងពួកជំនុំសាសនាចុះ ពួកគេពិតជាស្រឡាញ់ព្រះអម្ចាស់យ៉ាងពិតប្រាកដ ហើយក៏គ្មានបញ្ហាពួកទទឹងនឹងព្រះគ្រីស្ទណាមួយកើតឡើងនៅក្នុងពួកជំនុំរបស់ពួកគេដែរ។ នោះទើបជាផ្លូវពិត។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាមាននៅទីនេះគឺជាផ្លូវពិត ហេតុអ្វីបានជារឿងទាំងនេះនៅតែកើតឡើងអ៊ីចឹង?»។ នេះជារបៀបដែលពួកគេធ្វើការប្រៀបធៀប។ ចុះតើមនុស្សល្ងីល្ងើខ្លះទៀត ធ្វើការប្រៀបធៀបដោយរបៀបណា? ពួកគេនិយាយថា៖ «ចូរមើលមនុស្សដែលជឿលើព្រះជាម្ចាស់នៅក្នុងពួកជំនុំអត្តាភិបាលបីទាំងនោះចុះ ពួកគេមានការអនុម័តពីរដ្ឋ ហើយរដ្ឋថែមទាំងចេញវិញ្ញាបនបត្រឱ្យពួកគេ និងផ្ដល់ដីឱ្យពួកគេសាងសង់ព្រះវិហារទៀតផង។ អ្វីៗសុទ្ធតែត្រឹមត្រូវតាមច្បាប់ និងស្របច្បាប់ទាំងអស់។ តើអ្នករាល់គ្នាមានពួកជំនុំសាធារណៈដែរឬទេ? តើពួកជំនុំរបស់អ្នករាល់គ្នាបានចុះបញ្ជីដែរទេ? រដ្ឋថែមទាំងចាត់តាំងគ្រូគង្វាលឱ្យទៅពួកជំនុំអត្តាភិបាលបីទៀតផង ហើយគ្រូគង្វាលទាំងនោះសុទ្ធតែមានអាជ្ញាប័ណ្ណ។ តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់អ្នករាល់គ្នាមានអាជ្ញាប័ណ្ណដែរឬទេ? រដ្ឋមិនអនុញ្ញាតឱ្យអ្នករាល់គ្នាជឿលើព្រះជាម្ចាស់ឡើយ រដ្ឋចាប់ខ្លួន និងបៀតបៀនអ្នករាល់គ្នា។ អ្នករាល់គ្នាសូម្បីតែទីកន្លែងជួបជុំច្បាស់លាស់មួយក៏គ្មានផង អ្នករាល់គ្នាតែងតែជួបជុំគ្នាដោយលួចលាក់ជានិច្ច។ តើនេះពិតជាផ្លូវពិតមែនឬ? ប្រសិនបើនេះជាផ្លូវពិតមែន ហេតុអ្វីបានជាអ្នកតែងតែជួបជុំគ្នា និងបំពេញភារកិច្ចរបស់អ្នកក្នុងលក្ខណៈលួចលាក់បែបនេះ?»។ សូម្បីតែរឿងនេះ ក៏ពួកគេមើលមិនយល់ដែរ។ ស្ថានភាពណាមួយក៏អាចធ្វើឱ្យពួកគេមានចិត្តងាករេ និងកើតមានការសង្ស័យអំពីព្រះជាម្ចាស់បានដែរ។ ប្រាប់ខ្ញុំមកមើល តើមនុស្សបែបនេះអាចឈរមាំមួនដែរទេ? (អត់ទេ)។ ទោះបីជាមើលពីសំបកក្រៅ ពួកគេមិនទាន់ចាកចេញពីពួកជំនុំក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងបាត់ទៅហើយ។ ពួកគេមិនដែលប្រាកដប្រជាអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញឡើយ ហើយពួកគេតែងតែជឿពាក់កណ្ដាល សង្ស័យពាក់កណ្ដាលជានិច្ច ដែលរឿងនេះធ្វើឱ្យពួកគេមិនអាចមានសេចក្ដីជំនឿពិតប្រាកដបានឡើយ។ ពួកគេមិនអាចមើលឃើញថា រាល់ការបៀតបៀន ការគាបសង្កត់ និងការចាប់ខ្លួនទាំងអស់ដែលបានកើតឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ គឺសុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយសុទ្ធតែស្ថិតនៅក្រោមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ ទើបពួកគេមានសញ្ញាណ ហើយអាចចោទសួរថា តើព្រះជាម្ចាស់អាចមានអធិបតេយ្យភាពលើរបស់សព្វសារពើបានដែរទេ។ ពួកគេតែងតែជឿថា រាល់កិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ គឺសុទ្ធតែធ្វើឡើងដោយមនុស្ស ដោយមិនអាចមើលឃើញទង្វើរបស់ព្រះជាម្ចាស់សូម្បីតែបន្តិចសោះឡើយ។ តើពួកគេមិនមែនជាអ្នកមិនជឿទេឬអី? ប្រសិនបើបុគ្គលបែបនេះទើបតែជឿបានប្រាំមួយខែ ឬមួយឆ្នាំ ហើយមិនទាន់យល់ច្បាស់ពីសេចក្ដីពិតផ្សេងៗទេ នោះវាជារឿងដែលអាចយល់បាន ដែលពួកគេមានការសង្ស័យ និងមានចិត្តងាករេ នៅពេលដែលពួកគេឃើញរឿងរ៉ាវដែលផ្ទុយពីសញ្ញាណរបស់ពួកគេ។ ប៉ុន្តែ មនុស្សខ្លះបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ បានស្ដាប់សេចក្ដីអធិប្បាយយ៉ាងច្រើន និងទទួលបានការប្រកបគ្នាអំពីសេចក្ដីពិត នៅពេលជួបប្រទះនឹងការលំបាក។ នៅពេលនោះ ពួកគេយល់ពីអ្វីដែលពួកគេបានឮតាមបែបគោលលទ្ធិ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក នៅពេលប្រឈមមុខនឹងបញ្ហាម្ដងទៀត ពួកគេនៅតែចោទសួរព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ដដែល។ នេះបង្ហាញថា មនុស្សបែបនេះគ្មានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតឡើយ ខ្វះការគិតនៃភាពជាមនុស្សធម្មតា ហើយមិនត្រូវតាមស្ដង់ដានៃការធ្វើជាមនុស្សនោះទេ។
តើគួរចាត់ចែងមនុស្សដែលមានចិត្តងាករេដោយរបៀបណា? បើនិយាយពីភាពជាមនុស្ស មនុស្សទាំងនេះមិនទាន់ដល់កម្រិតជាមនុស្សអាក្រក់ឡើយ ប៉ុន្តែពួកគេពិតជាប្រភេទមនុស្សដែលគួរឱ្យធុញទ្រាន់មែន ពីព្រោះពួកគេខ្វះសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត ហើយមិនមានការគិតនៃភាពជាមនុស្សធម្មតាទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ពួកគេមិនទាំងអាចបញ្ជាក់ពីសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានសម្ដែងចេញផង ហើយពួកគេក៏មិនដឹងថា តើព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិត ឬក៏ជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ និងជាកិច្ចការរបស់ព្រះជាម្ចាស់ដែរឬអត់នោះទេ។ បើវិនិច្ឆ័យមើលលើសមត្ថភាពក្នុងការយល់ដឹងរបស់ពួកគេ តើពួកគេជាមនុស្សប្រភេទណា? ការនិយាយថាពួកគេជាអ្នកមិនជឿ គឺត្រឹមត្រូវហើយ ហើយការនិយាយថាពួកគេជាមនុស្សវង្វេងវង្វាន់ ក៏ត្រឹមត្រូវដែរ។ ទោះបីជាមនុស្សប្រភេទនេះមិនបានប្រព្រឹត្តអំពើអាក្រក់ណាមួយឱ្យឃើញច្បាស់ ហើយមិនទាន់ដល់កម្រិតជាមនុស្សអាក្រក់ក៏ដោយ ដោយសារតែពួកគេវង្វេងវង្វាន់ដល់កម្រិតនេះ ហើយអាចធ្វើរឿងជាច្រើនដែលបង្អាក់ និងរំខាន តើពួកគេមិនមែនជាមនុស្សគ្មានបានការទេឬអី? (មែនហើយ)។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់យូរប៉ុណ្ណា ឬបានស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុណ្ណានោះទេ ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ ពួកគេមិនទាំងអាចបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ ឬអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានផង។ តើនេះជាគុណសម្បត្តិប្រភេទណាទៅ? មនុស្សទាំងនេះគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតទាល់តែសោះ។ ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិអន់បំផុត ឬអ្នកអាចនិយាយបានថា ពួកគេគ្មានគុណសម្បត្តិសោះតែម្ដង ពួកគេគឺជាមនុស្សគ្មានបានការដែលគ្មានខួរក្បាល។ ប្រាប់ខ្ញុំមកមើល តើមនុស្សគ្មានបានការអាចបំពេញភារកិច្ចអ្វីបានទៅ? (ពួកគេមិនអាចបំពេញភារកិច្ចអ្វីបានឡើយ)។ ពួកគេមិនអាចបំពេញភារកិច្ចអ្វីបានឡើយ ហើយតែងតែមានការសង្ស័យ និងមានចិត្តងាករេជានិច្ច។ ដូច្នេះ តើមនុស្សបែបនេះគួរត្រូវបានប្រព្រឹត្ត និងចាត់ចែងដោយរបៀបណា? វិធីដ៏ស័ក្តិសមបំផុតក្នុងការចាត់ចែងមនុស្សបែបនេះ គឺមិនត្រូវអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចណាមួយឡើយ។ ទោះបីពួកគេស្នើសុំបំពេញភារកិច្ចក៏ដោយ ក៏មិនគួរអនុញ្ញាតឱ្យពួកគេធ្វើដែរ។ ហេតុអ្វីបានជាមិនអនុញ្ញាត? ពីព្រោះនៅពេលដែលមនុស្សបែបនេះចាប់ផ្ដើមបំពេញភារកិច្ច ជាពិសេសនៅពេលដែលពួកគេបានស៊ូទ្រាំនឹងទុក្ខលំបាក និងបានលះបង់តម្លៃខ្លះៗ មិនយូរមិនឆាប់ ពួកគេមុខជាចង់ទូទាត់បញ្ជីជាមួយដំណាក់របស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន ឬប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ឬភយន្តរាយដែលបង្កឡើងដោយមនុស្ស ពួកគេនឹងស្ដាយក្រោយដែលបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេនឹងរអ៊ូរទាំយ៉ាងខ្លាំង ហើយដើរនិយាយប្រាប់គេឯងដោយពាក្យសម្ដីដូចជា៖ «ខ្ញុំបានរងទុក្ខយ៉ាងច្រើនសម្រាប់កិច្ចការរបស់ពួកជំនុំ និងសម្រាប់ការបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានហូបអាហារតិចជាងមុន ដេកបានតិចជាងមុន និងរកលុយបានតិចជាងមុនច្រើនណាស់។ ប្រសិនបើខ្ញុំមិនបានបំពេញភារកិច្ចទេ ម្ល៉េះសមខ្ញុំអាចយកលុយដែលខ្ញុំរកបានទៅដាក់ក្នុងធនាគារ ហើយវានឹងទទួលបានការប្រាក់បាត់ទៅហើយ! ខ្ញុំបានប្រថុយប្រថានយ៉ាងច្រើនណាស់ តើការប្រថុយប្រថានក្នុងមួយម៉ោងមានតម្លៃប៉ុន្មានទៅ? តើថ្លៃពលកម្មមានចំនួនប៉ុន្មាន?»។ ពួកគេនឹងព្យាយាមទូទាត់បញ្ជីហិរញ្ញវត្ថុជាមួយដំណាក់របស់ព្រះជាម្ចាស់ ហើយថែមទាំងគំរាមថា ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនសងសំណងដល់ពួកគេទេ ពួកគេនឹងប្ដឹងពីដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ តើការអនុញ្ញាតឱ្យមនុស្សបែបនេះបំពេញភារកិច្ច មិននាំមកនូវបញ្ហាគ្មានទីបញ្ចប់ទេឬអី? ការដោះស្រាយជាមួយបុគ្គលថោកទាបបែបនេះ នឹងនាំទៅរកភាពស្មុគស្មាញដែលមិនអាចដោះស្រាយបានឡើយ។ មិនថាពួកគេចាត់ចែងរឿងរ៉ាវប៉ុន្មានសម្រាប់ពួកជំនុំនោះទេ ពួកគេតែងតែកត់ត្រាទុកនៅក្នុងចិត្តរបស់ពួកគេ ដោយកត់ត្រារាល់បញ្ជីនីមួយៗយ៉ាងច្បាស់លាស់។ ទោះបីជាពួកគេធ្វើអ្វីសម្រាប់ពួកជំនុំក៏ដោយ ក៏ពួកគេមិនដែលធ្វើវាដោយស្ម័គ្រចិត្តឡើយ។ ដោយសារតែពួកគេមិនស្ម័គ្រចិត្ត ទើបពួកគេចង់ទូទាត់បញ្ជី។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ ឬជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ឬថាកិច្ចការរបស់ព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបានឡើយ។ ដូច្នេះ តើត្រូវមានរង្វាន់ប្រភេទណា ទើបធ្វើឱ្យពួកគេមានអារម្មណ៍ថាពេញចិត្ត ជាមួយនឹងការលះបង់តម្លៃខ្លះៗ ការរងទុក្ខបន្តិចបន្តួច ការបំពេញភារកិច្ចខ្លះៗ និងការចំណាយធនធានមនុស្ស និងសម្ភារៈមួយចំនួន សម្រាប់អ្វីដែលហៅថាព្រះ ដែលពួកគេស្រមើស្រមៃនៅក្នុងចិត្តរបស់ពួកគេនោះ? ប្រសិនបើពួកគេមិនទទួលបានអ្វីមកវិញទេ តើពួកគេនឹងពេញចិត្តដែរឬទេ? ប្រសិនបើថ្ងៃណាមួយ ពួកគេដឹងថាពួកគេត្រូវបានគេជម្រុះចោល ដោយសារតែមិនបានដេញតាមសេចក្ដីពិត តើនឹងមានផលវិបាកអ្វីខ្លះកើតឡើង? ពួកគេនឹងគិតថា ដំណាក់របស់ព្រះជាម្ចាស់បានបោកបញ្ឆោតពួកគេ ថាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបានបោកបញ្ឆោតពួកគេ ហើយថាពួកគេត្រូវបានគេលាក់បាំងមិនឱ្យដឹងរឿង និងបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់។ បន្ទាប់មក ពួកគេនឹងមករករឿងដំណាក់របស់ព្រះជាម្ចាស់ ហើយទាមទារសំណង ដោយអូសបន្លាយរឿងរ៉ាវមិនចេះចប់។ តើអ្នកគិតថា ដំណាក់របស់ព្រះជាម្ចាស់ចង់ពាក់ព័ន្ធជាមួយមនុស្សបែបនេះដែរឬទេ? ដំណាក់របស់ព្រះជាម្ចាស់ ដាច់ខាតមិនធ្វើរឿងល្ងង់ខ្លៅបែបនេះឡើយ! រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តការទទួលខុសត្រូវនៃភាវៈដែលព្រះបានបង្កើត នេះគឺជាជម្រើសរបស់ពួកគេទាំងស្រុង ហើយជារឿងដែលពួកគេស្ម័គ្រចិត្តធ្វើ។ ដំណាក់របស់ព្រះជាម្ចាស់ មិនដែលបង្ខិតបង្ខំ ឬគាបសង្កត់នរណាម្នាក់ឡើយ។ ប៉ុន្តែ នៅពេលដែលអ្នកមិនជឿចាប់ផ្ដើមបំពេញភារកិច្ច នោះវាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលបញ្ហាកើតឡើង។ នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ពួកគេច្បាស់ជាចាប់ផ្ដើមរអ៊ូរទាំ និងត្អូញត្អែរ ដោយនិយាយទៅកាន់អ្នកដទៃថា៖ «អ្នករាល់គ្នានិយាយបានល្អណាស់ ហើយបានបោកប្រាស់ខ្ញុំ ដោយនិយាយថា ការជឿលើព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យខ្ញុំទទួលបានសេចក្ដីពិត និងជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាននិយាយថា នឹងមានពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំដែលបំភាន់មនុស្ស មានមនុស្សអាក្រក់ដែលបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ ឬថាពួកជំនុំនឹងបោសសម្អាត ឬបណ្ដេញមនុស្សចេញឡើយ។ អ្នករាល់គ្នាមិនដែលប្រាប់ខ្ញុំថា រឿងទាំងអស់នេះនឹងកើតឡើងនៅក្នុងពួកជំនុំឡើយ!»។ ពួកគេថែមទាំងអាចងាកមកចោទប្រកាន់អ្នកវិញ ដោយនិយាយថា៖ «អ្នកមិនដែលពន្យល់រឿងទាំងនេះ ប្រាប់ខ្ញុំឱ្យបានច្បាស់លាស់ឡើយ។ ខ្ញុំគ្រាន់តែដើរតាមអ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ។ ជាលទ្ធផល ពេលនេះខ្ញុំគ្មានអនាគតនៅក្នុងលោកីយ៍នេះទេ អ្នករាល់គ្នាបានរារាំងខ្ញុំមិនឱ្យរកលុយបានច្រើន។ អ្នករាល់គ្នាត្រូវតែសងសំណងចំពោះការខាតបង់របស់ខ្ញុំ!»។ តើអ្នកមិនមានអារម្មណ៍ថា គួរឱ្យខ្ពើមរអើមទេឬ នៅពេលដែលពួកគេចាប់ផ្ដើមទូទាត់បញ្ជីជាមួយអ្នក? តើអ្នកសុខចិត្តពាក់ព័ន្ធជាមួយពួកគេដែរឬទេ? (អត់ទេ)។ តើនរណាអាចពន្យល់រឿងរ៉ាវឱ្យបានច្បាស់លាស់ដល់មនុស្សបែបនេះបានទៅ? ពួកគេមិនទទួលយកសេចក្ដីពិត ពួកគេមិនអាចមើលឃើញអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេមិនអាចញាណដឹងពីអត្ថិភាពរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធរបស់ពួកគេឡើយ។ ប្រាប់ខ្ញុំមកមើល តើនរណាអាចបញ្ជ្រាបការពិតនេះចូលទៅក្នុងគំនិតរបស់ពួកគេបានទៅ? គ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ពួកគេគ្មានសមត្ថភាពក្នុងការទទួលយកសេចក្ដីពិតឡើយ ដូច្នេះ ការឱ្យពួកគេដេញតាមសេចក្ដីពិត គឺជារឿងដែលធ្វើឱ្យពួកគេជួបការលំបាកយ៉ាងខ្លាំង វាប្រៀបដូចជាការដាក់ពួកគេក្នុងស្ថានភាពដ៏លំបាកមួយអ៊ីចឹង ការធ្វើបែបនេះគឺជារឿងមិនប្រាកដប្រជាទាល់តែសោះ។ ពួកគេជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីទទួលបានព្រះពរប៉ុណ្ណោះ។ ឱ្យតែពួកគេបំពេញភារកិច្ចបានបន្តិចបន្តួច ពួកគេក៏ទាមទាររង្វាន់ភ្លាម។ ប្រសិនបើពួកគេមិនទទួលបានអ្វីដែលពួកគេចង់បានទេ ពួកគេនឹងចាប់ផ្ដើមជេរប្រមាថថា៖ «ខ្ញុំត្រូវបានគេបោកប្រាស់ និងបន្លំហើយ! អ្នករាល់គ្នាសុទ្ធតែជាជនបោកប្រាស់!»។ ប្រាប់ខ្ញុំមកមើល តើអ្នករាល់គ្នាចង់រងការជេរប្រមាថបែបនេះដែរឬទេ? (អត់ទេ)។ តើនរណាបានបោកប្រាស់ពួកគេ? តើមិនមែនមកពីពួកគេខ្លួនឯងមានមហិច្ឆិតា និងបំណងប្រាថ្នា ហើយចង់ទទួលបានព្រះពរទេឬអី? តើពួកគេមិនបានជឿលើព្រះជាម្ចាស់ ក្នុងគោលបំណងចង់ទទួលបានព្រះពរទេឬអី? ពេលនេះពួកគេមិនទទួលបានព្រះពរទេ ប៉ុន្តែតើមិនមែនដោយសារតែពួកគេមិនដេញតាមសេចក្ដីពិតទេឬអី? តើនេះមិនមែនជាបញ្ហារបស់ពួកគេខ្លួនឯងទេឬអី? ពួកគេមិនទាំងជឿលើព្រះជាម្ចាស់ផង ប៉ុន្តែពួកគេនៅតែចង់ទទួលបានព្រះពរពីព្រះជាម្ចាស់ តើការទទួលបានព្រះពរអាចងាយស្រួលបែបនេះបានដោយរបៀបណាទៅ? តើរឿងទាំងនេះមិនត្រូវបានពន្យល់ប្រាប់ពួកគេឱ្យបានច្បាស់លាស់ តាំងពីយូរយារណាស់មកហើយ មុនពេលពួកគេចាប់ផ្ដើមបំពេញភារកិច្ចទេឬអី? (មែនហើយ)។ ប៉ុន្តែ តើអ្នកអាចនិយាយហេតុផលជាមួយពួកគេបានដែរឬទេ? អ្នកមិនអាចទេ ពួកគេនឹងគ្រាន់តែនិយាយថា អ្នកបានបោកប្រាស់ពួកគេប៉ុណ្ណោះ។ ប្រាប់ខ្ញុំមកមើល នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនថាបងប្អូនប្រុសស្រីបានជឿលើព្រះជាម្ចាស់យូរប៉ុណ្ណានោះទេ តើមាននរណាម្នាក់ក្នុងចំណោមពួកគេ ដែលមិនកំពុងបំពេញភារកិច្ចដោយស្ម័គ្រចិត្តដែរឬទេ? ទោះបីជាមានករណីកម្រមួយចំនួន ដែលកូនៗមិនជឿលើព្រះជាម្ចាស់ ហើយត្រូវបានឪពុកម្ដាយ ឬសាច់ញាតិរបស់ពួកគេបង្ខំឱ្យជឿ និងបំពេញភារកិច្ចក៏ដោយ ក៏ករណីទាំងនេះនៅតែមានតិចតួចខ្លាំងណាស់។ ទោះបីជាឪពុកម្ដាយរបស់អ្នកបង្ខំអ្នកក៏ដោយ ក៏វាដើម្បីសេចក្ដីល្អរបស់អ្នកផ្ទាល់ដែរ អ្នកគួរតែយល់ពីរឿងនោះ។ ប៉ុន្តែ នោះគឺជាគ្រួសាររបស់អ្នកដែលបង្ខំអ្នក ចំណែកឯបងប្អូនប្រុសស្រីនៃដំណាក់របស់ព្រះជាម្ចាស់ មិនបានបង្ខំអ្នក ឬគាបសង្កត់អ្នកឡើយ។ ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ច គឺជាការស្ម័គ្រចិត្តទាំងស្រុង។ ពេលនេះ អ្នកណាក៏ដោយដែលចង់ចាកចេញ គឺអាចធ្វើបាន ទ្វារនៃដំណាក់របស់ព្រះជាម្ចាស់តែងតែបើកចំហជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកចាកចេញហើយ ការត្រឡប់មកវិញនឹងមិនងាយស្រួលនោះទេ។ អ្នកដែលបំពេញភារកិច្ចពេញម៉ោងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ មិនមែនចេះតែទទួលយកនរណាម្នាក់ផ្ដេសផ្ដាសឡើយ។ មានស្ដង់ដាដែលតម្រូវ និងមានគោលការណ៍ ហើយមានតែអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះ ទើបអាចស្នាក់នៅក្នុងពួកជំនុំបំពេញភារកិច្ចពេញម៉ោងបាន។ មនុស្សដែលមានចិត្តងាករេ គិតថា៖ «អ្នករាល់គ្នាមិនបានពន្យល់រឿងដ៏សំខាន់បែបនេះ ប្រាប់ខ្ញុំឱ្យបានច្បាស់លាស់ឡើយ។ នៅពេលនោះ ខ្ញុំបំពេញភារកិច្ច គឺដោយសារតែខ្ញុំមានការភាន់ច្រឡំប៉ុណ្ណោះ»។ តើមានរឿងអ្វីដែលមិនបានពន្យល់ឱ្យបានច្បាស់លាស់ទៅ? បងប្អូនប្រុសស្រីប្រកបគ្នាអំពីសេចក្ដីពិតជាមួយគ្នាជារៀងរាល់ថ្ងៃ ក្នុងពេលកំពុងបំពេញភារកិច្ច ប្រសិនបើមនុស្សទាំងនេះមិនយល់ទេ នោះគឺដោយសារតែពួកគេវង្វេងវង្វាន់ និងខ្វាក់ភ្នែកហើយ។ ពួកគេមិនអាចបន្ទោសនរណាម្នាក់ផ្សេងទៀតចំពោះរឿងនោះបានឡើយ។ ប៉ុន្តែ ពួកគេនឹងមិននិយាយហេតុផលជាមួយអ្នកអំពីរឿងនេះទេ ពួកគេគ្រាន់តែមានអារម្មណ៍ថា ពួកគេបានខាតបង់យ៉ាងធំធេង ហើយចង់ទូទាត់បញ្ជី និងឈ្លោះប្រកែកជាមួយដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលគ្មានវិចារណញ្ញាណ និងគួរឱ្យខ្ពើមរអើមខ្លាំងណាស់ទេឬអី? ដូច្នេះ នៅពេលដែលអ្នករាល់គ្នាដឹងពីធាតុពិតរបស់មនុស្សបែបនេះ ហើយមើលឃើញយ៉ាងច្បាស់ថា ពួកគេជាមនុស្សវង្វេងវង្វាន់ គ្មានប្រយោជន៍ទាល់តែសោះ មិនអាចបំពេញភារកិច្ចអ្វីបាន ហើយតែងតែផ្ដោតលើការទទួលបានព្រះពរ ដោយចិត្តរបស់ពួកគេពោរពេញទៅដោយការគិតចង់ទទួលបានព្រះពរ ហើយថាអ្វីដែលពួកគេដឹង គឺមានតែការបំពេញភារកិច្ចអាចនាំមកនូវព្រះពរ សេចក្ដីសង្គ្រោះ ការចូលទៅក្នុងនគរព្រះ និងភាពអមតៈ ហើយពួកគេដឹងត្រឹមតែពាក្យប៉ុន្មានម៉ាត់នេះប៉ុណ្ណោះ ដោយមិនយល់អ្វីផ្សេងទៀតឡើយ ពោលគឺមិនដឹងថាសេចក្ដីពិតគឺជាអ្វី ត្រូវអនុវត្តសេចក្ដីពិតដោយរបៀបណា ឬត្រូវចុះចូលនឹងព្រះជាម្ចាស់ដោយរបៀបណា ដូច្នេះ ទោះបីជាពួកគេចង់បំពេញភារកិច្ច ឬស្នើសុំបំពេញភារកិច្ចក៏ដោយ តើអាចរៀបចំឱ្យពួកគេបំពេញបានដែរទេ? (អត់ទេ)។
តាមពិតទៅ មនុស្សដែលមានចិត្ដងាករេ ទោះពេលដែលពួកគេសុខសុវត្ថិភាពក៏ដោយ ក៏នៅតែមានការសង្ស័យ និងតែងតែពិនិត្យអង្កេតជានិច្ច។ ពេលពួកគេជួបនឹងការបៀតបៀន និងការចាប់ខ្លួន ពួកគេក៏ចាប់ផ្ដើមមានចិត្ដងាករេ។ នេះបង្ហាញថា នៅក្នុងជំនឿជាទូទៅរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេមិនមានសេចក្ដីជំនឿពិតប្រាកដឡើយ។ នៅពេលមានកាលៈទេសៈកើតឡើង សភាពពិតរបស់ពួកគេក៏ត្រូវបានបើកសម្ដែង។ នេះបង្ហាញថា ពួកគេមិនដែលប្រាកដប្រជាអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយតែងតែចោទសួរ និងពិនិត្យអង្កេតជានិច្ច។ ហេតុអ្វីបានជាពួកគេមិនចាកចេញពីពួកជំនុំ? ពួកគេគិតថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានរងទុក្ខលំបាកយ៉ាងច្រើន។ ប្រសិនបើខ្ញុំចាកចេញនៅពេលនេះដោយមិនទទួលបានផលប្រយោជន៍អ្វីសោះ តើនោះមិនមែនជាការខាតបង់ទេឬ? តើការរងទុក្ខទាំងអស់នោះ មិនមែនឥតប្រយោជន៍ទេឬ?» នេះគឺជាអ្វីដែលពួកគេគិត។ អ្នកប្រហែលជាគិតថា ពួកគេប្រាកដប្រជា ថាពួកគេមានសេចក្ដីជំនឿ ថាពួកគេយល់ពីសេចក្ដីពិត ប៉ុន្តែតាមពិតទៅ ពួកគេមិនមាននោះទេ។ ពួកគេនៅតែសង្ស័យ នៅតែពិនិត្យអង្កេតដដែល។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគ្រាន់តែចង់ឃើញថាតើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ពិតជារីកចម្រើនមែនឬអត់ ថាតើកិច្ចការនីមួយៗហុចផ្លែផ្កាឬទេ ហើយថាតើវាមានឥទ្ធិពលយ៉ាងធំធេងដល់ពិភពលោកឬទេ។ អ្វីដែលពួកគេចង់ដឹងជាពិសេសនោះ គឺរឿងរ៉ាវដូចខាងក្រោម៖ តើការផ្សាយដំណឹងល្អរបស់ពួកជំនុំនៅតាមប្រទេសនានាមានដំណើរការយ៉ាងដូចម្ដេច? តើវាមានទំហំ និងឥទ្ធិពលឬទេ? តើចលនានេះ មានការទទួលស្គាល់ពីអន្តរជាតិដែរទេ? តើមានមនុស្សល្បីៗ ឬបុគ្គលមានឥទ្ធិពលណាម្នាក់បានទទួលយកកិច្ចការដំណាក់កាលនេះដែរទេ? តើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានទទួលស្គាល់ ឬយល់ព្រមដោយអង្គការសហប្រជាជាតិដែរទេ? តើវាមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសនានាដែរទេ? តើពាក្យសុំសិទ្ធិជ្រកកោននយោបាយរបស់បងប្អូនប្រុសស្រីនៅតាមបណ្ដាប្រទេសនានា ត្រូវបានគេអនុម័តដែរទេ? ទាំងនេះគឺជាប្រភេទរឿងរ៉ាវដែលមនុស្សបែបនេះតែងតែខ្វល់ខ្វាយ ហើយនេះគឺជាការសម្ដែងចេញយ៉ាងច្បាស់អំពីការមានចិត្តងាករេរបស់ពួកគេ។ ពេលពួកគេឃើញថា ដំណាក់របស់ព្រះជាម្ចាស់មានអំណាច ហើយកិច្ចការផ្សាយដំណឹងល្អបានរីកសាយភាយ ពួកគេមានអារម្មណ៍ថាសំណាងល្អដែលពួកគេមិនបានចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេលែងសង្ស័យលើព្រះជាម្ចាស់ទៀត។ ប៉ុន្តែ នៅពេលណាដែលពួកគេឃើញថា កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កំពុងត្រូវបានរំខាន រារាំង ឬបំផ្លាញ ថាការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រីក៏កំពុងរងផលប៉ះពាល់ ហើយថាពួកជំនុំកំពុងត្រូវពិភពលោកមិនរាប់បញ្ចូល និងបដិសេធ ពួកគេក៏ចាប់ផ្ដើមគិតចង់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់។ ពួកគេតែងតែចោទសួរថា៖ «តើព្រះពិតជាមានអធិបតេយ្យភាពលើរឿងទាំងអស់នេះមែនឬ? ហេតុអ្វីបានជាខ្ញុំមិនអាចមើលឃើញពីសព្វានុភាពរបស់ព្រះ? តើព្រះបន្ទូលរបស់ព្រះ ពិតជាសេចក្ដីពិតមែនឬ? តើព្រះបន្ទូលទាំងនោះពិតជាអាចជម្រះ និងសង្គ្រោះមនុស្សបានមែនឬ?» ពួកគេមិនដែលអាចមើលធ្លុះរឿងរ៉ាវទាំងនេះបានឡើយ ហើយនៅតែបន្តចោទសួរអំពីរឿងទាំងនេះ ពីព្រោះពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាទេ ពួកគេក៏មិនអាចទាញសេចក្ដីសន្និដ្ឋានអំពីរឿងទាំងអស់នេះបានឡើយ។ ជាលទ្ធផល ពួកគេតែងតែសួរនាំគេឯង ដោយប្រាថ្នាចង់មានត្រចៀកដែលអាចស្ដាប់ឮរឿងរ៉ាវនៅឆ្ងាយខ្លាំង និងមានភ្នែកដែលអាចមើលឃើញចម្ងាយមួយពាន់ម៉ាយល៍ ដើម្បីឱ្យពួកគេអាចដឹង និងទទួលបានដំណឹងអំពីអ្វីដែលកំពុងកើតឡើងនៅទីឆ្ងាយ។ ពេលនោះ ពួកគេអាចសម្រេចចិត្តជាមុនបានថា តើពួកគេគួរបន្ដនៅ ឬគួរចាកចេញ។ តើមនុស្សបែបនេះ មិនល្ងង់ខ្លៅទេឬ? (មែនហើយ)។ តើមនុស្សប្រភេទនេះ មិនកំពុងរស់នៅក្នុងជីវិតដ៏នឿយហត់ទេឬ? (មែនហើយ)។ ពួកគេមិនមានការគិតនៃភាពជាមនុស្សធម្មតាទេ ហើយពួកគេក៏មិនយល់ពីសេចក្ដីពិតដែរ។ កាលណារឿងរ៉ាវកើតឡើងកាន់តែច្រើន ពួកគេកាន់តែចំឡំបល់ និងវង្វេងវង្វាន់។ ពួកគេមិនដឹងពីរបៀបវែកញែករឿងរ៉ាវទាំងនេះ ឬរបៀបកំណត់លក្ខណៈរបស់វាឡើយ ហើយពួកគេច្បាស់ជាមិនដឹងពីរបៀបញែកដឹងខុសនិងត្រូវនៅក្នុងរឿងរ៉ាវទាំងនេះ ឬត្រូវរៀនមេរៀនពីវាដោយរបៀបណា ហើយបន្ទាប់មកស្វែងរកគោលការណ៍នៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនដឹងថាត្រូវធ្វើរឿងទាំងនេះដោយរបៀបណាទេ។ ដូច្នេះ តើពួកគេធ្វើអ្វីទៅ? ឧទាហរណ៍៖ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់លេចឡើងនៅក្នុងពួកជំនុំ ហើយបំភាន់មនុស្ស ពួកគេចាប់ផ្ដើមងឿងឆ្ងល់ថា៖ «តើនរណាត្រូវ ហើយនរណាខុសឱ្យប្រាកដ? តើផ្លូវនេះពិតជាត្រឹមត្រូវមែនឬ? តើខ្ញុំនឹងទទួលបានព្រះពរដែរទេ ប្រសិនបើខ្ញុំបន្តជឿរហូតដល់ទីបញ្ចប់? ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ តើការរងទុក្ខនេះ ពិតជាមានតម្លៃដែរទេ? តើខ្ញុំគួរតែបន្តបំពេញភារកិច្ចរបស់ខ្ញុំទៀតទេ?» ពួកគេពិចារណាគ្រប់យ៉ាងពីទស្សនៈនៃផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចយល់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលនៅចំពោះមុខពួកគេឡើយ ដោយមើលទៅហាក់ដូចជាឆ្គាំឆ្គងខ្លាំងណាស់។ ពួកគេខ្វះគំនិត និងទស្សនៈត្រឹមត្រូវ ហើយចង់ឈរនៅខាងក្រៅសង្កេតមើល ដើម្បីមើលថាតើរឿងរ៉ាវនឹងទៅជាយ៉ាងណា។ ពេលមើលទៅពួកគេ អ្នកមានអារម្មណ៍ថាពួកគេទាំងគួរឱ្យអាណិត និងគួរឱ្យអស់សំណើច។ នៅពេលដែលគ្មានរឿងអ្វីកើតឡើង ពួកគេមានឥរិយាបថធម្មតាណាស់ ប៉ុន្តែពេលមានរឿងធំដុំកើតឡើងភ្លាម ពួកគេមិនដឹងថាគួរមើលរឿងនេះពីជំហរមួយណាឡើយ ហើយអ្វីដែលពួកគេនិយាយ គឺឆ្លុះបញ្ចាំងពីគំនិត និងទស្សនៈរបស់អ្នកគ្មានជំនឿ។ បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានបញ្ចប់ គេមិនអាចមើលឃើញថាពួកគេទទួលបានអ្វីពីវាឡើយ។ តើមនុស្សបែបនេះ មិនល្ងង់ខ្លៅខ្លាំងណាស់ទេឬ? (មែនហើយ)។ នេះហើយជាឥរិយាបថរបស់មនុស្សល្ងង់ខ្លៅ។ ដូច្នេះ តើគោលការណ៍សម្រាប់ចាត់ចែងមនុស្សប្រភេទនេះ មានអ្វីខ្លះ? ផ្អែកលើការសម្ដែងចេញរបស់ពួកគេ ពួកគេមិនអាចចាត់ទុកថាជាមនុស្សបោកបញ្ឆោត និងទុច្ចរិតខ្លាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរមួយ គឺមនុស្សទាំងនេះគ្មានគំនិត គ្មានព្រលឹង និងមិនអាចមើលធ្លុះអ្វីបានទាំងអស់។ ទោះមានរឿងអ្វីកើតឡើងនៅជុំវិញពួកគេក៏ដោយ ក៏ធ្វើឱ្យពួកគេវង្វេងវង្វាន់ មិនដឹងថាត្រូវទុកចិត្តនរណា ត្រូវពឹងផ្អែកលើនរណា ឬត្រូវមើលបញ្ហានេះដោយរបៀបណា ឬត្រូវចាប់ផ្ដើមដោះស្រាយពីកន្លែងណាឡើយ គឺពួកគេគ្រាន់តែស្ថិតក្នុងសភាពភ័យស្លន់ស្លោប៉ុណ្ណោះ។ បន្ទាប់ពីការភ័យស្លន់ស្លោរបស់ពួកគេ ពួកគេអាចនឹងមានការសង្ស័យ ឬពួកគេអាចនឹងស្ងប់ចិត្តមួយរយៈ ប៉ុន្តែទម្លាប់មានចិត្តងាករេរបស់ពួកគេ នៅតែមិនផ្លាស់ប្ដូរដដែល។ តាមការសម្ដែងចេញរបស់ពួកគេ ដោយសារពួកគេមិនអាចចាត់ថ្នាក់ជាមនុស្សអាក្រក់បាន ប្រសិនបើបច្ចុប្បន្នពួកគេអាចបំពេញភារកិច្ចបានតិចតួច ហើយស្ម័គ្រចិត្តធ្វើការដោយកម្លាំង ពួកគេអាចត្រូវបានអនុញ្ញាតឱ្យបន្តបំពេញភារកិច្ចរបស់ពួកគេទៀត។ ទោះជាយ៉ាងណាក៏ដោយ នេះគឺផ្អែកលើមូលដ្ឋានដែលថា យ៉ាងហោចណាស់ការបំពេញភារកិច្ចរបស់ពួកគេទទួលបានលទ្ធផលខ្លះៗដែរ។ ប្រសិនបើពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយតែងតែធ្វើឱ្យតែរួចពីដៃ នោះពួកគេគួរតែត្រូវបានបញ្ជូនទៅផ្ទះវិញ។ ទោះជាយ៉ាងណា ប្រសិនបើពួកគេស្ម័គ្រចិត្តកែប្រែកំហុសរបស់ពួកគេ នោះពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងបន្តបំពេញភារកិច្ចរបស់ពួកគេទៀត។ ពួកគេគួរតែត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចណាមួយដែលស័ក្ដិសមនឹងពួកគេ។ ប្រសិនបើពួកគេមិនអាចបំពេញភារកិច្ចណាមួយបាន ហើយពួកគេគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ នោះពួកគេគួរតែត្រូវបានបញ្ជូនទៅកន្លែងណាមួយដែលស័ក្ដិសមនឹងពួកគេ។ ក្នុងករណីនេះ វាមិនអាចអាស្រ័យលើថាតើពួកគេត្រៀមខ្លួនរួចរាល់ និងស្ម័គ្រចិត្តធ្វើការដោយកម្លាំងទៀតនោះទេ។ តើរបៀបដោះស្រាយរឿងរ៉ាវបែបនេះ មិនងាយស្រួលទេឬ? (មែនហើយ)។
តើអ្នករាល់គ្នាអាចញែកដឹងពីមនុស្សដែលមានចិត្តងាករេបានដែរទេ? តើមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាដែរទេ? កាលពីមុន មានមនុស្សមួយចំនួនត្រូវបានជម្រះចេញពីពួកជំនុំ។ ឧបមាថាមានម្នាក់ក្នុងចំណោមពួកគេនិយាយបែបនេះថា៖ «ខ្ញុំបានកែប្រែខ្លួនទៅជាល្អប្រសើរហើយ។ ខ្ញុំលែងមានចិត្តងាករេទៀតហើយ។ ពីមុន ខ្ញុំតែងតែមានចិត្តងាករេចំពោះផ្លូវពិត ពីព្រោះនៅពេលដែលដំណាក់របស់ព្រះទើបតែចាប់ផ្ដើមកិច្ចការរបស់ខ្លួននៅក្រៅប្រទេស អ្វីៗគឺពិតជាលំបាកខ្លាំងណាស់។ នៅពេលនោះ វាមានការលំបាកយ៉ាងខ្លាំងសម្រាប់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំក្នុងការផ្សាយដំណឹងល្អ ហើយមានមនុស្សតិចតួចណាស់នៅក្រៅប្រទេសដែលបានទទួលយកផ្លូវពិត។ លើសពីនេះទៅទៀត មើលទៅហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះសម្រាប់ការរីកសាយភាយនៃកិច្ចការផ្សាយដំណឹងល្អ។ ហេតុដូច្នេះហើយ ទើបខ្ញុំតែងតែមានការសង្ស័យចំពោះកិច្ចការរបស់ព្រះនៅពេលនោះ។ ឥឡូវនេះ ដោយសារខ្ញុំឃើញថាកិច្ចការផ្សាយដំណឹងល្អនៃដំណាក់របស់ព្រះកំពុងរីកសាយភាយ កិច្ចការផ្សេងៗកំពុងមានភាពប្រសើរឡើង និងហុចផ្លែផ្កា ហើយពួកជំនុំនៅតាមបណ្ដាប្រទេសនានាកំពុងតែរីកចម្រើនកាន់តែខ្លាំង ខ្ញុំលែងមានការសង្ស័យ ឬមានចិត្តងាករេទៀតហើយ។ សូមអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំផង។ សូមកុំចាត់ទុកខ្ញុំក្នុងចំណោមពួកអ្នកដែលត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញឡើយ!» តើការផ្ដល់ឱកាសដល់មនុស្សបែបនេះ គឺជារឿងត្រឹមត្រូវដែរឬទេ? (អត់ទេ)។ ហេតុអ្វីមិនត្រឹមត្រូវ? (ពាក្យសម្ដីរបស់ពួកគេ គឺមិនពិតទេ។ ពួកគេគ្រាន់តែចង់តោងទាមពួកជំនុំម្ដងទៀតប៉ុណ្ណោះ ពីព្រោះពួកគេឃើញថាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កំពុងមាននិន្នាការឆ្ពោះទៅរកការរីកសាយភាយ ហើយថាវាទទួលបានអំណាច។ ប៉ុន្តែ នៅពេលណាដែលមានរឿងអ្វីមួយកើតឡើងដែលផ្ទុយនឹងសញ្ញាណរបស់ពួកគេ ពួកគេនឹងមានចិត្តងាករេម្ដងទៀតជាមិនខាន)។ តើអ្នករាល់គ្នាមើលធ្លុះរឿងនេះហើយឬនៅ? (មើលធ្លុះហើយ)។ មនុស្សខ្លះកើតមកជាអ្នកមានចិត្តងាករេតែម្ដង។ ថ្ងៃនេះខ្យល់បក់ទៅទិសមួយ ពួកគេក៏ធ្វើតាមទិសនោះ ថ្ងៃស្អែកខ្យល់បក់ទៅទិសមួយទៀត ពួកគេក៏ធ្វើតាមទិសនោះដែរ សូម្បីតែពេលគ្មានខ្យល់បក់ ក៏ពួកគេនៅតែមានចិត្តងាករេដោយខ្លួនឯងដែរ។ មនុស្សបែបនេះមិនមានសមត្ថភាពគិតពិចារណាដែលមនុស្សធម្មតាគួរ មានទេ ដូច្នេះ ពួកគេមិនត្រូវតាមស្ដង់ដានៃការធ្វើជាមនុស្សនោះទេ។ តើនេះត្រឹមត្រូវដែរឬទេ? (មែនហើយ)។ ប្រសិនបើមនុស្សណាម្នាក់មានសមត្ថភាពគិតពិចារណានៃមនុស្សធម្មតា និងមានសមត្ថភាពក្នុងការយល់ដឹងដែលមនុស្សគួរតែមាន ពួកគេនឹងឃើញថា ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ហើយអាចបញ្ជាក់បានថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ ពួកគេឃើញកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ព្រមទាំងទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យសេចក្ដីជំនឿរបស់ពួកគេកាន់តែរឹងមាំ ហើយថាមពលរបស់ពួកគេក្នុងការបំពេញភារកិច្ចក៏កើនឡើងដែរ។ តើរឿងទាំងនេះ អាចសម្រេចបានដោយកិច្ចការរបស់មនុស្សដែរទេ? អ្នកដែលមិនមានសមត្ថភាពគិតពិចារណាជាមនុស្ស ទោះបីជាអ្នកពន្យល់រឿងទាំងនេះប្រាប់ពួកគេឱ្យបានច្បាស់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបញ្ជាក់បានថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេខ្វះសមត្ថភាពក្នុងការធ្វើការវិនិច្ឆ័យនោះ។ មិនថាពេលនេះព្រះជាម្ចាស់កំពុងធ្វើកិច្ចការយ៉ាងអស្ចារ្យប៉ុនណាទេ មិនថាទ្រង់មានព្រះបន្ទូលច្រើនប៉ុនណា មិនថាមានមនុស្សច្រើនប៉ុនណាដើរតាមទ្រង់ មិនថាមានមនុស្សច្រើនប៉ុន្មាននាក់ជឿជាក់ថានេះជាកិច្ចការរបស់ព្រះជាម្ចាស់ ឬមិនថាមានមនុស្សប៉ុន្មាននាក់ជឿជាក់ថា ជោគវាសនារបស់មនុស្សជាតិស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយថាព្រះជាម្ចាស់គឺជាព្រះអាទិករក៏ដោយ ក៏រឿងទាំងអស់នេះមិនសំខាន់សម្រាប់ពួកគេឡើយ។ ដូច្នេះ តើអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេ? ពួកគេត្រូវការឃើញព្រះជាម្ចាស់ពីស្ថានសួគ៌លេចមកឱ្យពួកគេឃើញដោយផ្ទាល់ភ្នែក ហើយពួកគេក៏ត្រូវការឃើញព្រះជាម្ចាស់បើកព្រះឱស្ឋ និងមានព្រះបន្ទូល ឃើញទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដោយផ្ទាល់ព្រះហស្តទ្រង់ និងធ្វើទីសម្គាល់ និងការអស្ចារ្យដោយផ្ទាល់ ហើយនៅពេលដែលទ្រង់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់ត្រូវតែបន្លឺឡើងដូចជាផ្គរលាន់។ មានតែពេលនោះទេ ទើបពួកគេជឿលើព្រះជាម្ចាស់។ ពួកគេគឺដូចជាថូម៉ាសអ៊ីចឹង ទោះបីជាព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលច្រើនប៉ុនណាក៏ដោយ ទោះបីជាទ្រង់សម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ឬទោះបីជាទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យច្រើនប៉ុនណាក្នុងអំឡុងពេលដែលទ្រង់គង់នៅលើផែនដីក៏ដោយ ក៏រឿងទាំងអស់នោះមិនសំខាន់សម្រាប់ថូម៉ាសឡើយ។ អ្វីដែលសំខាន់នោះគឺថា តើការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវបន្ទាប់ពីសុគត គឺជាការពិត ឬក៏អត់។ តើគាត់បានបញ្ជាក់រឿងនេះដោយរបៀបណា? គាត់បានទាមទារពីព្រះអម្ចាស់យេស៊ូវថា៖ «សូមលាតដៃលោកមក ហើយឱ្យខ្ញុំមើលស្នាមដែកគោល។ ប្រសិនបើលោកពិតជាព្រះអម្ចាស់យេស៊ូវដែលបានរស់ឡើងវិញមែន នោះនឹងមានស្នាមដែកគោលនៅលើដៃលោក ហើយពេលនោះ ខ្ញុំនឹងទទួលស្គាល់លោកថាជាព្រះអម្ចាស់យេស៊ូវ។ ប្រសិនបើខ្ញុំមិនអាចស្ទាបដឹងពីស្នាមដែកគោលនៅលើដៃលោកទេ នោះខ្ញុំនឹងមិនទទួលស្គាល់លោកថាជាព្រះអម្ចាស់យេស៊ូវឡើយ ហើយខ្ញុំក៏មិនទទួលស្គាល់លោកថាជាព្រះដែរ»។ តើគាត់មិនមែនជាមនុស្សល្ងង់ខ្លៅទេឬ? (មែនហើយ)។ មនុស្សបែបនេះ ជឿតែលើការពិតដែលពួកគេអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកគេ និងជឿលើការស្រមើស្រមៃ និងវិចារណញ្ញាណរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ ទោះបីជាពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ព្រះជាម្ចាស់ និងឃើញការងើបឡើង ការលូតលាស់ និងភាពរីកចម្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនជឿថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនអាចមើលឃើញពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ពួកគេមិនអាចមើលឃើញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនអាចវែកញែកដឹងពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬលទ្ធផលដែលព្រះបន្ទូលទាំងនោះអាចសម្រេចបាននៅក្នុងមនុស្សដែរ។ ពួកគេមិនអាចមើលឃើញ ឬញែកដឹងរឿងទាំងនេះបានឡើយ។ ពួកគេសង្ឃឹមតែលើរឿងមួយគត់៖ «អ្នកត្រូវតែនិយាយពីស្ថានសួគ៌ដោយសំឡេងដូចជាផ្គរលាន់ ដោយប្រកាសថា អ្នកគឺជាអ្នកបង្កើត។ អ្នកក៏ត្រូវតែធ្វើទីសម្គាល់ និងការអស្ចារ្យ ហើយបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដោយផ្ទាល់ដៃ ដើម្បីបង្ហាញពីអំណាចដ៏អស្ចារ្យរបស់អ្នក។ ពេលនោះ ខ្ញុំនឹងជឿថាអ្នកគឺជាព្រះ ខ្ញុំនឹងទទួលស្គាល់អ្នកថាជាព្រះ»។ តើព្រះជាម្ចាស់ឱ្យតម្លៃលើការទទួលស្គាល់បែបនេះដែរទេ? តើទ្រង់ឱ្យតម្លៃលើជំនឿបែបនេះដែរទេ? (អត់ទេ)។ តើព្រះជាម្ចាស់ត្រូវការការទទួលស្គាល់របស់អ្នក ទើបអាចជាព្រះជាម្ចាស់ឬ? តើទ្រង់ត្រូវការការយល់ព្រមរបស់អ្នកឬ? ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើនណាស់ មានមនុស្សជាច្រើនបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ហើយមានទីបន្ទាល់តាមរយៈបទពិសោធយ៉ាងច្រើនណាស់ដែរ ដែលជាទីបន្ទាល់ដ៏លើសលប់ជាងជំនាន់មុនៗទាំងអស់ ប៉ុន្តែអ្នកនៅតែមិនអាចបញ្ជាក់បានថា តើវាជាការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ឬក៏អត់។ អ្នកមិនជឿ ឬទទួលស្គាល់ការពិតដែលព្រះជាម្ចាស់បានសម្រេចរួចហើយនោះទេ ហើយក៏មិនជឿ ឬទទួលស្គាល់ការសម្រេចនៃសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ តើអ្នកជាស្អីគេទៅ? អ្នកមិនមែនជាមនុស្សផង អ្នកគឺជាមនុស្សល្ងង់ខ្លៅ! ប៉ុន្តែ អ្នកនៅតែចង់ទទួលបានព្រះពរពីព្រះជាម្ចាស់ទៀត គ្មានផ្លូវទេ! អ្នកគ្រាន់តែកំពុងយល់សប្តិប៉ុណ្ណោះ! អ្នកសង្ស័យ និងបដិសេធព្រះជាម្ចាស់គ្រប់ជំហាន ដោយតែងតែចង់សើចចំអកចំពោះសំណាងអាក្រក់នៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកមិនដែលទទួលស្គាល់ ឬជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនដែលទទួលស្គាល់ ជឿលើ ឬទទួលយកព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយ សេចក្ដីសន្យារបស់ព្រះជាម្ចាស់ គឺពិតជាមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ ហើយអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ មនុស្សខ្លះនិយាយថា៖ «ប៉ុន្តែ ពួកគេនៅកំពុងតែបំពេញភារកិច្ចរបស់ពួកគេតើ។ តើពួកគេមិនទទួលបានអ្វីសោះយ៉ាងម៉េចទៅ?» ដូច្នេះ ពួកយើងត្រូវតែច្បាស់លាស់អំពីគោលបំណងរបស់ពួកគេក្នុងការបំពេញភារកិច្ច ថាតើពួកគេធ្វើវាសម្រាប់នរណា ហើយតើពួកគេអនុវត្តតាមគោលការណ៍អ្វីខ្លះនៅពេលបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើអ្នកមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះទោះបីជាអ្នកបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏អ្នកគ្រាន់តែធ្វើការដោយកម្លាំងប៉ុណ្ណោះ វាមិនមែនជាការចុះចូលពិតប្រាកដទេ។ ព្រះជាម្ចាស់មិនទទួលស្គាល់អ្វីដែលអ្នកធ្វើ ថាជាការបំពេញភារកិច្ចរបស់អ្នកឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគ្មានអ្វីលើសជាងមនុស្សស្លាប់ដែលគ្មានវិញ្ញាណនោះទេ។ មនុស្សស្លាប់នៅតែសង្ឃឹមចង់បានព្រះពរ តើនេះមិនមែនគ្រាន់តែជាការគិតស្រមើស្រមៃទេឬ? ការដែលអ្នកអាចបំពេញភារកិច្ចបានបន្តិចបន្តួចនោះ គឺដោយសារតែអ្នកមានបំណងចង់ទទួលបានព្រះពរប៉ុណ្ណោះ។ ហើយអ្នកតែងតែសង្ស័យ តែងតែវិនិច្ឆ័យ ថ្កោលទោស បដិសេធព្រះជាម្ចាស់នៅក្នុងចិត្តជាប់ជានិច្ច ព្រមទាំងវិនិច្ឆ័យ និងបដិសេធព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ នេះធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលជាសត្រូវរបស់ព្រះជាម្ចាស់។ តើមនុស្សដែលជាសត្រូវរបស់ព្រះជាម្ចាស់ អាចត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតដែរទេ? (មិនអាចទេ)។ អ្នកតាំងខ្លួនជាសត្រូវរបស់ព្រះជាម្ចាស់គ្រប់ជំហាន ដោយលួចពិនិត្យអង្កេតទ្រង់ និងកិច្ចការរបស់ទ្រង់ពីក្នុងទីងងឹត លួចស្រែកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក វិនិច្ឆ័យ និងថ្កោលទោសទ្រង់ ព្រមទាំងវិនិច្ឆ័យ និងថ្កោលទោសព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ ប្រសិនបើនេះមិនមែនជាការធ្វើជាសត្រូវរបស់ព្រះជាម្ចាស់ទេ តើវាជាអ្វីទៅវិញ? នេះគឺជាការធ្វើជាសត្រូវរបស់ព្រះជាម្ចាស់យ៉ាងចំហ។ ហើយអ្នកមិនមែនកំពុងធ្វើជាសត្រូវរបស់ព្រះជាម្ចាស់នៅក្នុងពិភពដែលមិនជឿឡើយ គឺអ្នកកំពុងធ្វើបែបនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នេះគឺរឹតតែមិនអាចអត់ទោសឱ្យបានទៅទៀត!
មនុស្សដែលមានចិត្តងាករេទាំងនេះ មិនថាយើងមើលទៅលើសារជាតិនៃភាពជាមនុស្សរបស់ពួកគេ ឬការសម្ដែងចេញរបស់ពួកគេនោះទេ គឺពួកគេមិនទទួលយកសេចក្ដីពិត ហើយក៏មិនទទួលយកព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេខ្វល់ខ្វាយតែពីរឿងថា តើពួកគេអាចទទួលបានព្រះពរ ឬក៏អត់ប៉ុណ្ណោះ។ ពួកគេមិនដែលប្រាកដប្រជាអំពីព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ឡើយ ដោយតែងតែពិនិត្យអង្កេតពីក្រោយខ្នង ព្រមទាំងមានចិត្តងាករេ និងសង្ស័យជានិច្ច។ ពួកគេដើរតាមព្រះជាម្ចាស់បណ្ដើរ ពិនិត្យអង្កេតបណ្ដើរ ដើរៗឈប់ៗ ឈប់ៗដើរៗ។ មនុស្សទាំងនេះពិតជាគួរឱ្យធុញទ្រាន់ណាស់! ជាពិសេសនៅពេលនេះ ដោយសារពួកជំនុំឧស្សាហ៍ជម្រះមនុស្សចេញ ពួកគេតែងតែភ័យព្រួយជានិច្ច ដោយគិតថា៖ «ខ្ញុំតែងតែមានចិត្តងាករេជានិច្ច។ ប្រហែលជាថ្ងៃណាមួយមានគេកត់សម្គាល់ឃើញ ហើយខ្ញុំនឹងត្រូវបានគេដកចេញពីពួកជំនុំមិនខាន។ ខ្ញុំមិនអាចបណ្ដោយឱ្យការសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំចំពោះព្រះ លេចធ្លាយចេញក្រៅបានឡើយ។ ខ្ញុំមិនអាចនិយាយរឿងនេះប្រាប់នរណាម្នាក់បានទេ»។ ដូច្នេះ ពួកគេលួចពិនិត្យអង្កេតពីក្រោយខ្នង ហើយពួកគេមិនខ្លាចការបញ្ចេញឱ្យឃើញរបស់ព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ផង កុំថាឡើយដល់ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់នោះ។ មនុស្សទាំងនេះតែងតែឮបងប្អូនប្រុសស្រីប្រកបគ្នាអំពីរបៀបដែលព្រះជាម្ចាស់បានដឹកនាំ និងប្រៀនប្រដៅពួកគេ របៀបដែលទ្រង់បើកសម្ដែង និងសង្គ្រោះមនុស្ស ព្រមទាំងប្រទានព្រះគុណ និងព្រះពរដល់ពួកគេ និងរបៀបដែលនៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់ ពួកគេបានជួបប្រទះនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងអ្វីដែលពួកគេបានទទួលអារម្មណ៍ បានឃើញ ឬបានយល់ដឹង និងរឿងរ៉ាវផ្សេងៗទៀត។ ពេលពួកគេឮបងប្អូនប្រុសស្រីប្រកបគ្នាអំពីការយល់ដឹងតាមរយៈបទពិសោធទាំងនេះ ពួកគេគិតក្នុងចិត្តថា៖ «តើបទពិសោធដែលអ្នករាល់គ្នាកំពុងនិយាយនោះ គ្រាន់តែជាការស្រមើស្រមៃរបស់អ្នករាល់គ្នាទេឬ? តើទាំងនេះគ្រាន់តែជាអារម្មណ៍របស់មនុស្សទេឬ? ហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ចំពោះរឿងទាំងនោះសោះអ៊ីចឹង? ជាពិសេសអ្នកដែលសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ ខ្ញុំមិនស្គាល់ពួកគេទេ ហើយខ្ញុំក៏មិនបានឃើញថា ពួកគេសម្រេចបាននូវរឿងទាំងនេះតាមរយៈបទពិសោធទាំងនេះដោយរបៀបណាដែរ។ ថាតើពួកគេពិតជាមានតថភាពនៃសេចក្ដីពិតឬក៏អត់នោះ គឺនៅមិនទាន់ប្រាកដនៅឡើយទេ!» មនុស្សល្ងង់ខ្លៅមួយចំនួននៅតែពិនិត្យអង្កេត និងចោទសួរពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយមិនអាចមើលឃើញថាតើតថភាពនៃសេចក្ដីពិតអ្វីខ្លះដែលមាននៅក្នុងអត្ថបទទីបន្ទាល់តាមរយៈបទពិសោធដែលសរសេរដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយព្យាយាមស្វែងរកលេស និងមូលដ្ឋានសម្រាប់ភាពមានចិត្តងាករេ និងការខ្វះសេចក្ដីជំនឿរបស់ពួកគេផ្ទាល់។ ពួកគេគិតថា ដោយសារតែពួកគេកំពុងមានចិត្តងាករេ អ្នកដទៃក៏ច្បាស់ជាកំពុងមានចិត្តងាករេដូចគ្នា។ ប្រសិនបើមាននរណាម្នាក់មិនដែលមានចិត្តងាករេ មិនមានការសង្ស័យ ហើយការប្រកបគ្នាជាទូទៅរបស់ពួកគេអំពីសេចក្ដីពិតតែងតែមានភាពជាក់ស្ដែងជានិច្ច ហើយមិនថាពួកគេជួបប្រទះនឹងបញ្ហាអ្វីក៏ដោយ ក៏ពួកគេអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះបាន នោះមនុស្សល្ងង់ខ្លៅទាំងនេះមានអារម្មណ៍ថាមានគម្លាត និងមិនស្រួលនៅក្នុងចិត្តរបស់ពួកគេ។ ពេលពួកគេមានអារម្មណ៍មិនស្រួល តើពួកគេស្វែងរកការធូរស្បើយដោយរបៀបណា? ពួកគេស្វែងរកនរណាម្នាក់ដែលដូចជាពួកគេដែរ ដោយព្យាយាមស្វែងរកមនុស្សដែលមានគំនិតដូចគ្នា។ ពេលពួកគេឃើញនរណាម្នាក់មានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ ពួកគេក៏បង្ហើបពីគំនិតរបស់ពួកគេផ្ទាល់ដើម្បីស្ទាបស្ទង់មើល ដោយនិយាយថា៖ «ជួនកាល ខ្ញុំក៏មានអារម្មណ៍អវិជ្ជមានដែរ។ ពេលខ្ញុំមានអារម្មណ៍អវិជ្ជមាន ខ្ញុំដឹងថាខ្ញុំមិនគួរធ្វើបែបនោះទេ ប៉ុន្តែជួនកាល ខ្ញុំសង្ស័យថាតើព្រះពិតជាមានមែនឬក៏អត់»។ ប្រសិនបើអ្នកម្ខាងទៀតមិនឆ្លើយតបនឹងពួកគេ ហើយពួកគេឃើញថាបុគ្គលនោះគ្រាន់តែមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ ប៉ុន្តែមិនមានការសង្ស័យលើព្រះជាម្ចាស់ទេ ពួកគេនឹងនិយាយអ្វីផ្សេងទៀតដែលមិនស្មោះត្រង់ ដើម្បីទៅសាកល្បងនរណាម្នាក់ផ្សេងទៀតថា៖ «តើអ្នកគិតថាខ្ញុំកើតអីទៅ? ខ្ញុំជឿលើព្រះធម្មតាទេ ប៉ុន្តែហេតុអ្វីបានជាខ្ញុំតែងតែមានការសង្ស័យលើព្រះជានិច្ចអ៊ីចឹង? តើនេះមិនមែនជាការបះបោរទេឬ? វាមិនគួរទៅជាបែបនេះសោះ!» ពួកគេនិយាយបែបនេះ គឺដើម្បីតែយកចិត្តអ្នកម្ខាងទៀត និងដើម្បីសាកល្បងពួកគេប៉ុណ្ណោះ។ ពួកគេសង្ឃឹមយ៉ាងមុតមាំថា អ្នកដទៃក៏ចោទសួរព្រះជាម្ចាស់ដូចជាពួកគេដែរ ព្រោះវានឹងធ្វើឱ្យពួកគេសប្បាយចិត្ត! ប្រសិនបើពួកគេរកឃើញនរណាម្នាក់ផ្សេងទៀតដែលតែងតែសង្ស័យលើព្រះជាម្ចាស់ និងតែងតែមានសញ្ញាណចំពោះទ្រង់ជានិច្ច ពួកគេមានអារម្មណ៍ថាសំណាងដែលបានរកឃើញមនុស្សដែលមានគំនិតដូចគ្នា។ អ្នកទាំងពីរ ដែលមានផ្នត់គំនិតស្មោកគ្រោកដូចគ្នា តែងតែនិយាយប្រាប់រឿងក្នុងចិត្តគ្នាទៅវិញទៅមក។ កាលណាពួកគេនិយាយគ្នាកាន់តែច្រើន ពួកគេកាន់តែរសាត់ឆ្ងាយពីព្រះជាម្ចាស់។ កាលណាពួកគេនិយាយគ្នាកាន់តែច្រើន ពួកគេកាន់តែមិនចង់បំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេកាន់តែមិនចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថែមទាំងចង់ឈប់ចូលរួមក្នុងជីវិតពួកជំនុំទៀតផង។ បន្តិចម្ដងៗ អ្នកទាំងពីរក៏ចេញទៅធ្វើការនៅឯពិភពលោកខាងក្រៅ ដោយតោងទាមគ្នាដូចជាដៃគូដែលមិនអាចបំបែកចេញពីគ្នាបាន ហើយត្រកងគ្នាដើរចេញទៅជាមួយគ្នា។ ពេលពួកគេចាកចេញ ពួកគេមិនទាំងយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីតែមួយក្បាលទៅជាមួយផង។ មានគេសួរពួកគេថា៖ «តើអ្នកឈប់ជឿលើព្រះជាម្ចាស់ហើយឬ?» ហើយពួកគេឆ្លើយថា៖ «ទេ ខ្ញុំជឿតើ»។ ពួកគេនៅតែរឹងទទឹងបដិសេធដដែល។ អ្នកម្ខាងទៀតសួរថា៖ «ចុះហេតុអ្វីបានជាអ្នកមិនយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាមួយផង?» ហើយពួកគេឆ្លើយថា៖ «សៀវភៅទាំងនោះធ្ងន់ណាស់ ហើយខ្ញុំគ្មានកន្លែងទុកវាទេ»។ គ្រប់ម៉ាត់ដែលពួកគេនិយាយ គឺគ្រាន់តែដើម្បីដោះសារឱ្យរួចខ្លួនពីអ្នកម្ខាងទៀតប៉ុណ្ណោះ។ តាមពិតទៅ ពួកគេគ្រាន់តែត្រៀមខ្លួនត្រឡប់ទៅរកលោកីយ៍វិញ រកការងារធ្វើ និងរស់នៅតាមជីវិតរបស់ពួកគេប៉ុណ្ណោះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាការប្រាកដថា៖ មនុស្សប្រភេទនេះគឺជាអ្នកមិនជឿ ហើយនេះនឹងក្លាយជាលទ្ធផលចុងក្រោយរបស់ពួកគេ នេះហើយជាលក្ខណៈពិតរបស់ពួកគេ។ ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នឹងមិនស្ថិតស្ថេរបានយូរទេ។ ដរាបណាពួកគេរកឃើញនរណាម្នាក់ដែលពួកគេចូលចិត្ត នរណាម្នាក់ដែលពួកគេអាចចែករំលែកគំនិតក្នុងចិត្តរបស់ពួកគេបាន ពួកគេគិតថា៖ «ទីបំផុត ខ្ញុំបានរកឃើញអ្នកដែលអាចគាំទ្រខ្ញុំ ជាអ្នកដែលអាចពឹងផ្អែកបានហើយ។ តោះទៅ! ការជឿលើព្រះ គឺគួរឱ្យធុញណាស់។ ទោះយ៉ាងណាក៏ដោយ នៅលើលោកនេះ គ្មានព្រះទេ»។ ការចាត់ទុកអ្វីដែលមិនកើតមាន ថាជារឿងពិត នោះជារឿងដែលពិបាកទ្រាំណាស់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ពិតជាលំបាកខ្លាំងណាស់!» ពួកគេចាកចេញ និងឈប់ជឿដោយខ្លួនឯង ហើយថែមទាំងប្រាប់បងប្អូនប្រុសស្រីកុំឱ្យតាមរកពួកគេទៀត ដោយនិយាយថា៖ «ពួកយើងចេញទៅធ្វើការហើយ។ កុំទូរស័ព្ទមកពួកយើងទៀតអី ប្រយ័ត្នពួកយើងប្ដឹងប៉ូលិស!» មនុស្សល្ងង់ខ្លៅទាំងពីរនាក់នេះ ដែលជាសត្វលាដ៏ល្ងង់ខ្លៅមួយគូ បានចាកចេញទៅយ៉ាងដូច្នេះឯង។ ខ្ញុំនិយាយថា ទៅបាត់ក៏ល្អដែរ វាជួយកាត់បន្ថយភាពលំបាកដល់ដំណាក់របស់ព្រះជាម្ចាស់ក្នុងការបណ្ដេញចេញ ឬបោសសម្អាតពួកគេចេញ។ ប្រាប់ខ្ញុំមក តើចាំបាច់ត្រូវប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្សប្រភេទនេះ ដើម្បីគាំទ្រ និងជួយពួកគេឬ? តើមានភាពចាំបាច់ក្នុងការនិយាយហេតុផល និងបញ្ចុះបញ្ចូលពួកគេឬ? (មិនចាំបាច់ទេ)។ ប្រសិនបើអ្នករាល់គ្នាព្យាយាមបញ្ចុះបញ្ចូលពួកគេ នោះអ្នករាល់គ្នាកំពុងតែល្ងង់ខ្លៅខ្លាំងណាស់។ មនុស្សប្រភេទនេះ គឺជាអ្នកមិនជឿដល់ឆ្អឹងតែម្ដង ពួកគេគឺជាសាកសពដើរបាន និងជាមនុស្សល្ងង់ខ្លៅដែលគ្មានខួរក្បាល។ ប្រសិនបើអ្នកព្យាយាមបញ្ចុះបញ្ចូលពួកគេ នោះអ្នកក៏ល្ងង់ខ្លៅដែរ។ អ្នកគួរតែប្រញាប់លាពួកគេដោយក្ដីរីករាយជាមួយមនុស្សប្រភេទនេះ ហើយមិនចាំបាច់តាមរកពួកគេនៅពេលក្រោយឡើយ។ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនជឿលើព្រះជាម្ចាស់ទៀតទេ ហើយថាប្រសិនបើអ្នកទូរស័ព្ទទៅពួកគេម្ដងទៀត ពួកគេនឹងប្ដឹងប៉ូលិសចាប់អ្នកមិនខាន។ ប្រសិនបើអ្នកនៅតែព្យាយាមទាក់ទងពួកគេ តើអ្នកមិនមែនកំពុងតែស្វែងរកបញ្ហាដាក់ខ្លួនទេឬអី? ប្រសិនបើពួកគេពិតជាប្ដឹងប៉ូលិស ហើយចោទប្រកាន់អ្នកពីបទរំខានពួកគេ តើវានឹងបង្កើតបានជាកេរ្តិ៍ឈ្មោះល្អដែរទេ ប្រសិនបើរឿងនេះលេចឮសាយភាយចេញទៅ? (អត់ទេ)។ អ្នកដាច់ខាតមិនត្រូវធ្វើរឿងដ៏ល្ងង់ខ្លៅបែបនេះឡើយ! បណ្ដោយពួកគេទៅតាមដំណើរចុះ ហើយទុកឱ្យពួកគេចាកចេញទៅដោយស្ងាត់ៗ នេះគឺជាវិធីសាស្ត្រដ៏ល្អប្រសើរជាង! មនុស្សម្នាក់ៗដើរតាមផ្លូវរៀងៗខ្លួន ផ្លូវរបស់មនុស្សម្នាក់ៗក៏ត្រូវបានកំណត់ដោយសារជាតិរបស់ខ្លួនដែរ។ ពួកគេមិនមែនជាអ្នកទទួលបានព្រះពរឡើយ ជីវិតរបស់ពួកគេគ្រាន់តែជាជីវិតរលួយ និងគ្មានតម្លៃប៉ុណ្ណោះ។ ព្រះពរដ៏ធំធេងបែបនេះ គឺហួសពីសមត្ថភាពរបស់ពួកគេក្នុងការទទួលមរតក ឬសោយសុខ ពួកគេគ្រាន់តែគ្មានសំណាងដើម្បីទទួលវាប៉ុណ្ណោះ។ ការទទួលយកការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលយកសេចក្ដីពិតជាជីវិត គឺជាព្រះពរដ៏ធំបំផុតនៅក្នុងចក្រវាលទាំងមូល និងក្នុងចំណោមមនុស្សជាតិទាំងអស់។ អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន គឺជាអ្នកដែលទទួលបានព្រះពរ ហើយអ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន គឺគ្រាន់តែមិនមានព្រះពរនេះប៉ុណ្ណោះ។ ថ្ងៃណាមួយ អស់អ្នកដែលបានទទួលយកសេចក្ដីពិត នឹងរស់រានមានជីវិតឆ្លងកាត់ភយន្តរាយដ៏ធំសម្បើម ហើយទទួលបានព្រះពរយ៉ាងធំធេង ចំណែកឯអ្នកដែលមិនបានទទួលយកសេចក្ដីពិត នឹងត្រូវវិនាសនៅក្នុងភយន្តរាយទាំងនោះ និងរងគ្រោះមហន្តរាយ ដែលដល់ពេលនោះ ទោះស្ដាយក្រោយក៏យឺតពេលទៅហើយ។ ទោះបីជាឥឡូវនេះអ្នកទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត មិនទទួលយកសេចក្ដីពិត និងមិនចូលទៅក្នុងសេចក្ដីពិតទេ នោះអ្នកនៅតែមិនទទួលបានព្រះពរបែបនេះឡើយ! តើអ្នកគិតថាព្រះពរនេះ អាចទទួលបានយ៉ាងងាយស្រួលបែបនេះឬ? នេះគឺជាព្រះពរដែលមិនធ្លាប់មានតាំងពីកំណើតនៃកាលវេលាមកម្ល៉េះ ហើយនឹងមិនមានម្ដងទៀតឡើយ តើអាចអនុញ្ញាតឱ្យអ្នកទទួលបានវាយ៉ាងងាយស្រួលបែបនេះដោយរបៀបណាទៅ? ព្រះជាម្ចាស់បានសន្យាផ្ដល់ព្រះពរបែបនេះដល់មនុស្សជាតិ ប៉ុន្តែវាមិនមែនជារឿងដែលមនុស្សធម្មតាអាចទទួលបានឡើយ។ ព្រះពរនេះ គឺសម្រាប់អ្នកដែលត្រូវបានព្រះជាម្ចាស់រើសតាំង ហើយវាមិនអាចទៅរួចទេដែលសត្វលាដ៏ល្ងង់ខ្លៅ សាកសពដើរបានណាមួយ មនុស្សថោកទាបណាមួយ ឬជនពាលណាមួយ ត្រូវបានរើសតាំងនោះ។ ព្រះជាម្ចាស់អនុវត្តកិច្ចការបីដំណាក់កាលដើម្បីសង្គ្រោះមនុស្សជាតិ ហើយនៅទីបំផុត ទ្រង់នឹងបង្កើតក្រុមអ្នកឈ្នះមួយក្រុម ដោយអនុញ្ញាតឱ្យមនុស្សទាំងនេះក្លាយជាម្ចាស់លើរបស់សព្វសារពើ និងក្លាយជាមនុស្សជាតិថ្មីមួយ។ តើព្រះពរនេះសម្រាប់មនុស្សជាតិ មានភាពធំធេងប៉ុនណាទៅ! តើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយដំណាក់កាលនេះ បានដំណើរការអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ? (ជាងសាមសិបឆ្នាំ)។ គ្រាន់តែមើលទៅលើរយៈពេលជាងសាមសិបឆ្នាំនេះ គេអាចមើលឃើញថាព្រះជាម្ចាស់បានលះបង់តម្លៃប៉ុនណា និងបានធ្វើកិច្ចការច្រើនប៉ុនណា ដូច្នេះ វាច្បាស់ណាស់ថាតើមនុស្សជាតិដែលព្រះជាម្ចាស់ទទួលបាននៅទីបំផុត នឹងមានតម្លៃយ៉ាងក្រៃលែង និងមានភាពថ្លៃថ្នូរយ៉ាងឧត្តុង្គឧត្តមកម្រិតណា ហើយថាមនុស្សជាតិគឺមានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់! ដូច្នេះ តើអ្នករាល់គ្នាមានសំណាងប៉ុនណាទៅ នេះគឺជាព្រះពរដ៏ធំធេងណាស់សម្រាប់អ្នករាល់គ្នា! ហេតុដូច្នេះហើយ សម្រាប់មនុស្សមួយចំនួនដែលនៅតែមានចិត្តងាករេនៅចំណុចនេះ ពួកគេពិតជាមិនទទួលបានព្រះពរឡើយ! ទោះបីជាពួកគេមិនមានចិត្តងាករេ និងបានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដើរតាមក៏ដោយ ប្រសិនបើពួកគេមិនដេញតាមសេចក្ដីពិតទេ នោះពួកគេនៅតែមិនទទួលបានព្រះពរនេះដដែល។ ដូច្នេះ អ្នកដែលទទួលបានព្រះពរនេះនៅទីបំផុត មិនមែនជាមនុស្សធម្មតាឡើយ ពួកគេគឺជាអស់អ្នកដែលព្រះជាម្ចាស់បានចម្រាញ់យ៉ាងតឹងរ៉ឹង និងម្ដងហើយម្ដងទៀត ព្រមទាំងបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ពួកគេគឺជាអ្នកដែលអាចត្រូវបានឈ្នះបានមកវិញដោយព្រះជាម្ចាស់នៅទីបំផុត។
ការសម្ដែងចេញចម្បងរបស់អ្នកដែលមានចិត្តងាករេ គឺពិតជាបញ្ហាទាំងនេះឯង។ ទោះជាយ៉ាងណាក៏ដោយ មិនថាលទ្ធផលចុងក្រោយរបស់ពួកគេអាចទៅជាយ៉ាងណានោះទេ នៅពេលដែលមនុស្សបែបនេះត្រូវបានរកឃើញនៅក្នុងពួកជំនុំ ពួកគេគួរតែត្រូវបានចាត់ចែងទៅតាមគោលការណ៍។ ពួកគេមិនគួរត្រូវបានចាត់ទុកជាបងប្អូនប្រុសស្រីឡើយ។ ប្រសិនបើពួកគេមានអារម្មណ៍វិជ្ជមានចំពោះការជឿលើព្រះជាម្ចាស់ ឬពួកគេអាចជួយបញ្ចេញកម្លាំងខ្លះៗ និងស្ម័គ្រចិត្តធ្វើការដោយកម្លាំងខ្លះៗ យ៉ាងច្រើនបំផុតពួកគេត្រឹមតែជាមិត្តភក្ដិពួកជំនុំប៉ុណ្ណោះ ហើយមិនអាចចាត់ទុកជាបងប្អូនប្រុសស្រីបានឡើយ។ ដូច្នេះ ទោះបីជាពួកគេយកឈ្មោះថ្មី ដូចជា «ការចុះចូល» ឬ «ភាពស្មោះត្រង់» ក៏ដោយ ក៏អ្នកនៅតែមិនគួរហៅពួកគេថាជាបងប្អូនប្រុសស្រីដែរ ការហៅពួកគេតាមឈ្មោះថ្មីរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនុស្សបែបនេះ មិនស័ក្ដិសមធ្វើជាបងប្អូនប្រុសស្រីឡើយ។ តើឥឡូវនេះ អ្នកយល់ហើយឬនៅ? (យល់ហើយ)។ ដូច្នេះ ឥឡូវនេះ អ្នកមានគោលការណ៍សម្រាប់ចាត់ចែងមនុស្សប្រភេទនេះហើយ មែនទេ? (មែនហើយ)។ ការប្រកបគ្នានៅថ្ងៃនេះ មានតែប៉ុណ្ណឹងឯង។ លាហើយ!
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤