ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៩)

ចំណុចទីដប់ប្រាំ៖ ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ ដើម្បីធានាថា ចំណុចការងារសំខាន់ៗជាច្រើនអាចដំណើរការទៅមុខតាមរបៀបរៀបរយ

តើលើកមុន យើងបានប្រកបគ្នាដល់ត្រឹមណាហើយ នៅក្នុងប្រធានបទស្ដីអំពីភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ? (លើកមុន យើងបានប្រកបគ្នាជាចម្បងអំពីលក្ខណៈបីចុងក្រោយ នៅក្នុងភារកិច្ចទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលទាក់ទងនឹងការវែកញែកមនុស្សប្រភេទផ្សេងៗដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ។ លក្ខណៈទាំងបីនេះគឺ៖ កំសាក និងសង្ស័យ មានទំនោរបង្កបញ្ហា និងមានសាវតារស្មុគស្មាញ)។ កាលពីលើកមុន យើងបានប្រកបគ្នាចប់សព្វគ្រប់ហើយ អំពីប្រធានបទបីចុងក្រោយនៃភារកិច្ចទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដូច្នេះថ្ងៃនេះ យើងនឹងមកប្រកបគ្នាអំពីភារកិច្ចទីដប់ប្រាំវិញម្ដង។ តើភារកិច្ចទីដប់ប្រាំគឺជាអ្វី? (ចំណុចទីដប់ប្រាំ៖ ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ ដើម្បីធានាថា ចំណុចការងារសំខាន់ៗជាច្រើនអាចដំណើរការទៅមុខតាមរបៀបរៀបរយ)។ «ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ»។ ការទទួលខុសត្រូវនេះពាក់ព័ន្ធនឹងផ្នែកមួយផ្សេងទៀតនៃភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយវាក៏ជាការងារជាក់លាក់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអនុវត្តឱ្យបានល្អផងដែរ។ តើការងារនេះពាក់ព័ន្ធនឹងអ្វី? (វាពាក់ព័ន្ធនឹងការការពារសុវត្ថិភាពរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់)។ វាពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ តើប្រធានបទនេះមិនមែនជួបប្រទះញឹកញាប់ទេឬ នៅក្នុងការងារពួកជំនុំ? តើអ្នករាល់គ្នាមិនសូវស្គាល់ប្រធានបទនេះមែនទេ? (មិនសូវស្គាល់ទេ)។ ប្រធានបទនេះមិនមែនបងប្អូនប្រុសស្រីជនជាតិចិនមិនសូវស្គាល់នោះទេ ពីព្រោះនៅក្នុងបរិយាកាសសង្គមចិន អ្នកជឿត្រូវបានគេបៀតបៀន និងចាប់ខ្លួន ហើយពួកគេត្រូវការការធានាសុវត្ថិភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងនៅក្នុងគ្រប់ផ្នែកនៃជីវិត។ ហេតុដូច្នេះហើយបានជាការងារនេះស្ថិតនៅក្នុងវិសាលភាពនៃភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ វាមិនមែនជារឿងដែលអាចធ្វើក៏បាន មិនធ្វើក៏បាននោះទេ។ មិនថាប្រទេសនោះមានសេរីភាពខាងជំនឿសាសនាឬអត់នោះទេ ការរៀបចំចាត់ចែងកន្លែងឱ្យបានត្រឹមត្រូវសម្រាប់បុគ្គលិកដែលបំពេញភារកិច្ចសំខាន់ៗផ្សេងៗ គឺជាកិច្ចការជាក់លាក់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអនុវត្ត។ គ្រាន់តែថាចំណុចសំខាន់ ឬសេចក្ដីតម្រូវជាក់លាក់នៃកិច្ចការនេះអាចមានភាពខុសគ្នាខ្លះ ប៉ុន្តែជាមូលដ្ឋាន វាសុទ្ធតែពាក់ព័ន្ធនឹងថាតើបងប្អូនប្រុសស្រីអាចបំពេញភារកិច្ចរបស់ពួកគេដោយសុវត្ថិភាព និងមានការធានាដែរឬអត់ ហើយថាតើលទ្ធផលនៃការបំពេញភារកិច្ចរបស់ពួកគេអាចត្រូវបានធានាដែរឬអត់។ដូច្នេះ កុំមើលរំលងការងារនេះ ឬចាត់ទុកថាវាមិនពាក់ព័ន្ធនឹងអ្នក ដោយសារតែអ្នករស់នៅក្នុងប្រទេសប្រជាធិបតេយ្យឱ្យសោះ។ មិនថាអ្នករស់នៅក្នុងប្រទេសដែលមានរបបដឹកនាំបែបណានោះទេ ឬថាតើអ្នកជឿរងការបៀតបៀននៅទីនោះឬអត់នោះទេ កិច្ចការនេះស្ថិតនៅក្នុងវិសាលភាពនៃភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយវាគឺជាការងារដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអនុវត្ត គ្មានអ្នកណាម្នាក់ត្រូវបានលើកលែងឡើយ ហើយវាមិនគួរត្រូវបានចាត់ទុកថាជាកិច្ចការ «បន្ថែម» នោះទេ។ ដូច្នេះថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីបញ្ហាផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងប្រធានបទនេះ។

វិសាលភាពនៃបុគ្គលិកកាន់ការងារសំខាន់

ជាដំបូង ចូរយើងក្រឡេកមើលថាតើ «បុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ» ដែលបានលើកឡើងនៅក្នុងភារកិច្ចទីដប់ប្រាំ មានន័យដូចម្ដេច។ តើនេះមិនមែនជាប្រធានបទដែលយើងគួរប្រកបគ្នាទេឬ? (មែន)។ ដូច្នេះ តើ «បុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ» សំដៅទៅលើអ្វី? ចូរយើងកំណត់វិសាលភាពនៃគោលដៅ ការងារនេះជាមុនសិន។ តើនរណាអាចនិយាយអំពីរឿងនេះបាន? (បុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ រួមមានបងប្អូនប្រុសស្រីនៅក្នុងក្រុមវីដេអូ ក្រុមផលិតភាពយន្ត ក្រុមកែសម្រួលអត្ថបទ និងក្រុមទំនុកបរិសុទ្ធ និងពួកអ្នកដែលបំពេញភារកិច្ចសំខាន់ៗផ្សេងទៀត។ បន្ថែមលើនេះ ក៏រួមបញ្ចូលទាំងបងប្អូនប្រុសស្រីមួយចំនួនដែលដើរតួនាទីសំខាន់នៅក្នុងចំណុចការងារសំខាន់ៗផ្សេងៗ ក៏ដូចជាអ្នកមើលការខុសត្រូវនៃក្រុមនីមួយៗផងដែរ)។ តើនរណាទៀតចង់បន្ថែមលើចំណុចនេះ? (វាក៏រួមបញ្ចូលទាំងអ្នកដឹកនាំ និងអ្នកធ្វើការផងដែរ)។ អ្នកដឹកនាំ និងអ្នកធ្វើការ ពិតជាត្រូវតែទទួលបានការការពារឱ្យបានល្អ។ តើមាននរណាទៀត? (ក៏មានបុគ្គលិកសំខាន់ៗដែលដោះស្រាយកិច្ចការទូទៅផងដែរ ដូចជាបុគ្គលិកផ្នែកហិរញ្ញវត្ថុជាដើម)។ (ហើយបងប្អូនប្រុសស្រីដែលត្រូវបាន តាមចាប់ខ្លួន ឬជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ប៉ូលិស ដោយសារតែពួកគេជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ច ក៏ត្រូវការការការពារផងដែរ)។ នេះគឺជាប្រភេទមួយទៀត ហើយវាគឺជាក្រុមពិសេសមួយ។ ចូរយើងសរុបមកវិញថាមានប៉ុន្មានប្រភេទ។ ប្រភេទទីមួយ រួមមានអ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រភេទទីពីរ រួមមានបុគ្គលិកដែលមិនអាចខ្វះបានសម្រាប់ចំណុចការងារផ្សេងៗនៅក្នុងដំណាក់ របស់ព្រះជាម្ចាស់ ជាពិសេសគឺប្រធានក្រុម និងអ្នកមើលការខុសត្រូវលើ ចំណុចការងារផ្សេងៗ និងបុគ្គលិកដែលមានគុណសម្បត្តិល្អ មានការយល់ដឹងខាងវិញ្ញាណ និងមានសមត្ថភាពចាប់យកគោលការណ៍ ហើយអាចរ៉ាប់រងការងារសំខាន់ៗដោយឯករាជ្យបាន។ មានបុគ្គលិកជាច្រើនប្រភេទដែលដោះស្រាយចំណុចការងារផ្សេងៗ ដូចជាអ្នកធ្វើកិច្ចការ ខាងអត្ថបទ កិច្ចការខាងទំនុកបរិសុទ្ធ កិច្ចការខាងផលិតភាពយន្តជាដើម ព្រមទាំង អ្នកដែលផ្សាយដំណឹងល្អ ធ្វើបន្ទាល់ ឬបម្រើការជាប្រធានផ្នែកផ្សាយដំណឹងល្អ និងអ្នកផ្សេងទៀត។ បន្ថែមលើនេះទៀត វាក៏រួមបញ្ចូលទាំងបុគ្គលិកដែលដោះស្រាយកិច្ចការហិរញ្ញវត្ថុ កិច្ចការថែរក្សា និងកិច្ចការខាងក្រៅផងដែរ។ បុគ្គលទាំងនេះដើរតួនាទីជាជំនួយ នៅក្នុងការងាររបស់ពួកជំនុំ ហើយមិនអាចខ្វះបានឡើយ ពួកគេទាំងអស់ត្រូវបានរាប់បញ្ចូលជាផ្នែកមួយនៃបុគ្គលិកដែលដោះស្រាយកិច្ចការផ្សេងៗ។ នេះ គឺជាប្រភេទធំទីពីរ។ ប្រភេទធំទីបី រួមមានអ្នកដែលចូលរួមក្នុងកិច្ចការគ្រោះថ្នាក់របស់ពួកជំនុំ។ ជាពិសេស នៅក្នុងប្រទេសដែលមានរបបផ្តាច់ការ ដែលគ្មានសេរីភាពខាងជំនឿសាសនា មានចំណុចការងារខ្លះដែលគ្រោះថ្នាក់ខ្លាំង ដូចជាការបោះពុម្ពសៀវភៅ ការដឹកជញ្ជូនសៀវភៅ ការថែរក្សាទ្រព្យសម្បត្តិពួកជំនុំ ក៏ដូចជាការទទួលភ្ញៀវ និងការរៀបចំកន្លែងសម្រាប់បុគ្គលិកដែលបំពេញភារកិច្ចសំខាន់ៗ។ តើនរណាទៀតដែលត្រូវបានរាប់បញ្ចូល? (ក៏មានបុគ្គលិកកិច្ចការទូទៅមួយចំនួនដែលបញ្ជូនព័ត៌មានទៅខាងក្រៅ ភារកិច្ចដែលពួកគេធ្វើ ក៏មានគ្រោះថ្នាក់គួរសមដែរ)។ បុគ្គលទាំងនេះក៏ត្រូវបានរាប់បញ្ចូលទៅ ក្នុងកិច្ចការគ្រោះថ្នាក់ដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះច្បាស់ជាមិនមែនធ្វើការងារនេះតែម្ដងម្កាលនោះទេ ផ្ទុយទៅវិញ ពួកគេជំនាញក្នុងការធ្វើ កិច្ចការដ៏សំខាន់ និងគ្រោះថ្នាក់ទាំងនេះ ដូចជាការបញ្ជូនព័ត៌មាន ការបែងចែកការងារ ការចែកចាយវីដេអូ ភាពយន្ត ឬខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយទាំងអស់របស់ដំណាក់ ព្រះជាម្ចាស់ជាដើម។ នៅក្នុងប្រទេសផ្ដាច់ការដែលគ្មានសេរីភាពខាងជំនឿសាសនា អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែដឹងច្បាស់ថា តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ណាខ្លះកំពុងបំពេញភារកិច្ចសំខាន់ៗ និងរ៉ាប់រងការងារគ្រោះថ្នាក់។ សរុបមក បុគ្គលទាំងនេះក៏ជាប្រភេទមួយនៃបុគ្គលិកធ្វើការសំខាន់ៗដែរ ហើយអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះសុវត្ថិភាពរបស់ពួកគេ មិនត្រូវមើលរំលងការនេះឡើយ។ នេះគឺជាប្រភេទទីបី។ ប្រភេទទីបួន គឺជាក្រុមមួយទៀតដែលមិនអាចខ្វះបាននៅក្នុងកិច្ចការ ពួកជំនុំ។ បុគ្គលទាំងនេះមានជំនាញ និងអំណោយទានពិសេស ដូចជាពូកែខាងផ្សាយដំណឹងល្អ អធិប្បាយ ស្រោចស្រពពួកជំនុំ ឬទទួលខុសត្រូវក្នុងការរៀបចំចំណុចការងារជាក់លាក់ណាមួយ។ បុគ្គលទាំងនេះអាចជាអ្នកដឹកនាំ និងអ្នកធ្វើការ អ្នកមើលការខុសត្រូវសម្រាប់ចំណុចការងារផ្សេងៗ ឬមនុស្សដែលចូលរួមក្នុងកិច្ចការគ្រោះថ្នាក់។ បើគ្មានមនុស្សបែបនេះទេ នោះនឹងមានចន្លោះប្រហោងនៅក្នុងការងារសំខាន់ដែលពួកគេដោះស្រាយ ហើយគ្មានអ្នកណា ម្នាក់ផ្សេងទៀតអាចមកជំនួសតួនាទីរបស់ពួកគេបានឡើយ។ ហេតុដូច្នេះហើយបានជាបុគ្គលទាំងនេះគួរតែត្រូវបានការពារ និងត្រូវបានធានានូវសុវត្ថិភាពរបស់ពួកគេ។ នេះគឺជាប្រភេទមនុស្សមួយ។ ប្រភេទមួយទៀត គឺអ្នកដែលនៅក្នុងប្រទេសដែលមានការបៀតបៀនសាសនា ដែលត្រូវបានគេតាមចាប់ខ្លួន ឬជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ប៉ូលិស ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ មិនថាវិសាលភាពនៃដីកានោះធំប៉ុណ្ណា ឬកិច្ចការ ជាក់លាក់ដែលពួកគេអនុវត្តនៅក្នុងពួកជំនុំជាអ្វីនោះទេ ឱ្យតែពួកគេត្រូវបានតាមចាប់ខ្លួនដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងដោយព្រោះការ បំពេញភារកិច្ចរបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែរកវិធីការពារពួកគេ ដោយរៀបចំឱ្យពួកគេស្នាក់នៅទីតាំងដែលមានសុវត្ថិភាពសមរម្យ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ក្នុងចំណោមប្រទេសទាំងអស់ដែលបៀតបៀនជំនឿសាសនា ការបៀតបៀនរបស់ចិន គឺធ្ងន់ធ្ងរជាងគេ។ នៅតាមខេត្ត និងតំបន់ផ្សេងៗទូទាំងប្រទេសចិន មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ឬត្រូវបានតាមចាប់ ដោយមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។ មានប្រទេសស្រដៀងគ្នាមួយចំនួននៅទូទាំងពិភពលោក និងនៅគ្រប់ទ្វីប ដែលបៀតបៀនជំនឿសាសនាដូចប្រទេសចិនដែរ ហើយនៅក្នុងប្រទេសទាំងនេះ ក៏មានអ្នកដែលប្រឈមនឹងការបៀតបៀន និងមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារតែបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ចំពោះអ្នកដែលត្រូវបាន បៀតបៀន និងមិនអាចត្រឡប់ទៅផ្ទះវិញបាន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែរៀបចំឱ្យពួកគេចូលទៅក្នុងពួកជំនុំបំពេញភារកិច្ចពេញម៉ោង ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែតាំងទីលំនៅឱ្យពួកគេ នៅក្នុងបរិយាកាសដែលមានសុវត្ថិភាពជាង ស្របតាមលក្ខខណ្ឌក្នុងតំបន់ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបាន។ នេះគឺជាចំណុចការងារអាទិភាពដែលត្រូវតែធ្វើឱ្យបានល្អ។ បុគ្គលទាំងនេះដែលត្រូវបានចាប់ខ្លួន ឬត្រូវបានតាមចាប់ បង្កើតបានជាប្រភេទទីប្រាំនៃបុគ្គលិកដែលត្រូវការការការពារ។ មានប្រភេទមួយទៀតក្នុងចំណោមបុគ្គលិកដែលដោះស្រាយចំណុចកិច្ចការ សំខាន់ៗផ្សេងៗ ដែលមានលក្ខណៈពិសេស។ បុគ្គលទាំងនេះបច្ចុប្បន្នប្រហែលជាមិនមែនជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយក៏មិនបានចូលរួមក្នុងការងារគ្រោះថ្នាក់ដែរ ប៉ុន្តែពីមុនមក ពួកគេបានបំពេញភារកិច្ចជាច្រើន ហើយកិច្ចការរបស់ពួកគេបានគ្របដណ្ដប់លើផ្នែកជាច្រើន។ ពួកគេស្គាល់គ្រួសារទទួលភ្ញៀវ ជាច្រើន ហើយក៏ដឹងអំពីបុគ្គលិកមួយចំនួនដែលកំពុងបំពេញភារកិច្ចសំខាន់ៗផងដែរ។ ហេតុដូច្នេះហើយ ប្រសិនបើបុគ្គលបែបនេះត្រូវបានចាប់ខ្លួន នោះវាក៏នឹងនាំមកនូវមហន្តរាយដល់កិច្ចការរបស់ពួកជំនុំដែរ។ បុគ្គលទាំងនេះគួរតែត្រូវបានហៅថា «អ្នកដែលដឹងរឿង» ហើយពួកគេក៏គួរតែត្រូវបានរាប់បញ្ចូលក្នុងចំណោមបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែធានាសុវត្ថិភាពរបស់ពួកគេ ក្នុងគោលបំណងការពារសុវត្ថិភាពរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ និងធានាថាការងាររបស់ពួកជំនុំអាចដំណើរការជាធម្មតា។ ជាពិសេស បុគ្គលខ្លះនៅក្នុងប្រភេទ នេះ គឺធ្វេសប្រហែសណាស់ ពួកគេមិនចេះប្រយ័ត្នប្រយែង ហើយពួកគេមិនសូវមាន ប្រាជ្ញាប៉ុន្មានទេ។ ពួកគេតែងតែមានទំនោរធ្វើតាមចិត្តក្លៀវក្លា ដោយធ្វើសកម្មភាពនៅខាងក្រៅដោយមិនគិតមុខក្រោយ។ដោយសារមិនដែលត្រូវបានចាប់ខ្លួន ឬត្រូវបាន ធ្វើទារុណកម្ម ពួកគេមិនដឹងពីគ្រោះថ្នាក់ដែលពាក់ព័ន្ធ និងផលវិបាកដែលអាចកើតមាន ប្រសិនបើមានអ្វីខុសឆ្គងកើតឡើងឡើយ ហើយពួកគេកាន់តែមិនយល់ថា តើផលវិបាកទាំងនោះនឹងធ្ងន់ធ្ងរប៉ុណ្ណា ទៅទៀតផង។ ដោយសារពួកគេជឿថា ពួកគេគ្រាន់តែជឿលើព្រះជាម្ចាស់ មិនបានធ្វើអ្វីអាក្រក់ ពួកគេមិនខ្លាចអ្វីទាំងអស់។ ជាលទ្ធផល បន្ទាប់ពីធ្វើការនៅមូលដ្ឋានបានមួយរយៈ ពួកគេអាចនឹងក្លាយជាបុគ្គលដែលមានគេស្គាល់ច្រើន ហើយស្ថិតក្រោមការឃ្លាំមើលរបស់រដ្ឋាភិបាលទៀតផង។ តើនោះមិនបង្កជាគ្រោះថ្នាក់ទេឬ? នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន ប្រសិនបើពួកគេមិនអាចទ្រាំទ្រនឹងការសួរចម្លើយដោយប្រើទារុណកម្មបានទេ ពួកគេអាចនឹងក្លាយជាមនុស្សដូចយូដាស ដោយលក់បងប្អូនប្រុសស្រី។ រឿងនេះនឹងនាំមកនូវការខាតបង់យ៉ាងធំធេងដល់ពួកជំនុំ និងធ្វើឱ្យបងប្អូនប្រុសស្រីផ្សេងទៀតជាប់ពាក់ព័ន្ធ ដោយដាក់ពួកគេឱ្យប្រឈមនឹងហានិភ័យនៃការចាប់ខ្លួន និងជាប់គុក ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណុចការងារផ្សេងៗរបស់ពួកជំនុំ។ ហេតុដូច្នេះហើយ ពួកជំនុំក៏គួរតែផ្ដល់អាទិភាព ចំពោះការការពារបុគ្គលបែបនេះដែរ។ ប្រសិនបើរកមិនឃើញកន្លែងដែលមានសុវត្ថិភាពនៅក្នុងមូលដ្ឋានដើម្បីលាក់ពួកគេទេ ពួកជំនុំគួរតែបញ្ជូនពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពជាង នៅកន្លែងផ្សេង ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ នេះគឺជាប្រភេទមនុស្សមួយទៀត។ ដោយសារតែលក្ខខណ្ឌពិសេសនៃស្ថានភាពរបស់ពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវរៀបចំចាត់ចែងកន្លែងឱ្យពួកគេ ដូច្នេះ ពួកគេក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទដែរ។ តើសរុបទៅមានមនុស្សប៉ុន្មានប្រភេទ? (ប្រាំមួយប្រភេទ។ ប្រភេទទីមួយ គឺអ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រភេទទីពីរ រួមមានបុគ្គលិកដែលមិនអាចខ្វះបាន ដែលដោះស្រាយចំណុចការងារផ្សេងៗនៅក្នុងដំណាក់របស់ ព្រះជាម្ចាស់ គឺអ្នកមើលការខុសត្រូវ ប្រធានក្រុម ប្រធានផ្នែកផ្សាយដំណឹងល្អ និងអ្នកដែលអាចទទួលបន្ទុកកិច្ចការបាន។ ប្រភេទទីបី គឺបុគ្គលិកដែលចូលរួមក្នុងការងារគ្រោះថ្នាក់របស់ពួកជំនុំ។ ប្រភេទទីបួន គឺអ្នកដែលមានជំនាញ និងអំណោយទានពិសេស។ ប្រភេទទីប្រាំ រួមមានមនុស្សដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ ប៉ូលិស អ្នកដែលកំពុងត្រូវបានតាមចាប់ខ្លួន និងអ្នកដែលត្រូវបានចេញ ដីកាតាមចាប់ខ្លួន។ ប្រភេទទីប្រាំមួយ គឺអ្នកដឹងរឿង)។ យើងបានរៀបរាប់រួចហើយពី បុគ្គលិកសំខាន់ៗទាំងអស់ដែលពាក់ព័ន្ធនឹងចំណុចការងារផ្សេងៗហើយ ប៉ុន្តែមានប្រភេទមួយទៀតដែលត្រូវបន្ថែម៖ ប្រសិនបើមានបងប្អូនប្រុសស្រីណានៅក្នុងពួកជំនុំ ដោយសារតែចេញទៅក្រៅដើម្បីបំពេញភារកិច្ចរបស់ខ្លួន ត្រូវបានចាប់ខ្លួន ឬប្រឈមមុខនឹងស្ថានការណ៍ដែលមិននឹកស្មានដល់ផ្សេងទៀត មិនអាចមើលថែកូនៗដែលមិនទាន់គ្រប់អាយុរបស់ខ្លួន បាន នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែរៀបចំឱ្យកូនៗទាំងនេះស្នាក់នៅក្នុងគ្រួសារដែលសមរម្យ ដើម្បីឱ្យពួកគេមានផ្លូវរស់នៅផង។ នេះក៏ជាចំណុចការងារពិសេសមួយដែរ។ ទោះបីជាចំណុចការងារនេះមិនពាក់ព័ន្ធនឹងការងាររបស់ពួកជំនុំ ហើយវាកើតឡើងតែពីកាលៈទេសៈពិសេសក៏ដោយ ក៏អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលខុសត្រូវក្នុងការរៀបចំកន្លែងស្នាក់នៅសមរម្យសម្រាប់កូនៗដែលមិនទាន់គ្រប់អាយុទាំងនេះដែរ។ ប្រសិនបើពួកគេគ្មានសាច់ញាតិសមរម្យ ឬប្រសិនបើសាច់ញាតិរបស់ពួកគេជាអ្នកមិនជឿ ហើយមិនព្រមទទួលយកពួកគេទេ នោះពួកជំនុំគួរតែទទួលយកពួកគេ។ ពួកជំនុំមិនត្រឹមតែគួររៀបចំគ្រួសារទទួលភ្ញៀវដែលសមរម្យសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចាត់តាំងបងប្អូនប្រុសស្រីឱ្យទទួលខុសត្រូវក្នុងការមើលថែពួកគេផងដែរ។ នៅពេលដែលកន្លែងស្នាក់នៅសមរម្យត្រូវបានរៀបចំសម្រាប់ពួកគេរួចរាល់ហើយ ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ នោះពិតជាប្រសើរណាស់ ហើយនៅពេលដែលពួកគេពេញវ័យ ពួកគេអាចបំពេញភារកិច្ចនៅក្នុងពួកជំនុំបាន។ ប្រសិនបើពួកគេមិនជឿលើព្រះជាម្ចាស់ទេ នោះនៅពេលដែលពួកគេពេញវ័យ ហើយចូលក្នុងសង្គម ពួកគេនឹងលែងពាក់ព័ន្ធនឹងពួកជំនុំទៀតហើយ ហើយការទទួលខុសត្រូវរបស់យើងនឹងត្រូវបានបំពេញចប់សព្វគ្រប់។ យើងនឹងមិនចាំបាច់ខ្វល់ខ្វាយពីរឿង របស់ពួកគេលើសពីចំណុចនោះទៀតទេ។ តើបែបនេះសមរម្យដែរឬទេ? (សមរម្យ)។ ទោះបីជាការងារនេះមិនពាក់ព័ន្ធនឹងចំណុចការងារផ្សេងៗរបស់ពួកជំនុំក៏ដោយ ក៏វានៅតែគួរត្រូវបានរាប់បញ្ចូលនៅក្នុងវិសាលភាពនៃភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ។ ប្រសិនបើមានកូនៗរបស់អ្នកដែលកំពុងបំពេញភារកិច្ចនៅក្នុងពួកជំនុំត្រូវការកន្លែងស្នាក់នៅ អ្នកដឹកនាំ និងអ្នកធ្វើការមិនអាចមិនអើពើនឹងរឿងនេះបានឡើយ លើកលែងតែពួកគេមិនដឹងពីស្ថានភាពនេះប៉ុណ្ណោះ។ ប្រសិនបើពួកគេដឹងអំពីរឿងនេះ ពួកគេគួរតែសាកសួរ ដោះស្រាយ និងទទួលយកការទទួលខុសត្រូវនេះ ដើម្បីរៀបចំកន្លែងស្នាក់នៅសមរម្យសម្រាប់កូនៗទាំងនោះ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែធានាថា បងប្អូនប្រុសស្រីដែលកំពុងបំពេញភារកិច្ច ជាពិសេសអ្នកដែលកំពុងរ៉ាប់រងការងារសំខាន់ៗ អស់កង្វល់នៅពេលនិយាយដល់រឿងនេះ។ ការអនុវត្តចំណុចការងារនេះឱ្យបានល្អ មិនមែនជារឿងពិបាកទេ មែនទេ? (ទេ មិនពិបាកទេ)។ យ៉ាងហោចណាស់មានបុគ្គលិកធ្វើការសំខាន់ៗចំនួនប្រាំមួយប្រភេទ។ ប្រភេទទីប្រាំពីរ គឺជាប្រភេទបន្ថែម វាតំណាងឱ្យប្រភេទកាលៈទេសៈពិសេសបំផុតមួយ។ បុគ្គលិកផ្សេងៗដែលបានរៀបរាប់នៅក្នុងប្រភេទទាំងប្រាំមួយដំបូង អាចមិនមានគ្រប់ប្រភេទនៅក្នុងតំបន់ថែទាំ ឬប្រទេសនីមួយៗទេ។ ទោះជាយ៉ាងណាក៏ដោយ មិនថាប្រទេសណាក៏ដោយ ការការពារអ្នកដឹកនាំ និងអ្នកធ្វើការ និងអ្នកដែលបំពេញភារកិច្ចសំខាន់ៗ គឺជាចំណុចការងារដ៏សំខាន់ចាំបាច់ណាស់។ នេះគឺជាចំណុចការងារមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំទាំងអស់ត្រូវតែយកចិត្តទុកដាក់ ហើយវាគឺជាការទទួលខុសត្រូវដែលពួកគេត្រូវតែបំពេញឱ្យបានល្អ។

ការការពារបុគ្គលិកកាន់ការងារសំខាន់ពីការជ្រៀតជ្រែកពីពិភពខាងក្រៅ

I. លក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពសម្រាប់គ្រួសារម្ចាស់ផ្ទះ

ឥឡូវនេះ យើងបានបញ្ជាក់ច្បាស់ហើយថា បុគ្គលិកធ្វើការសំខាន់ៗជាអ្នកណាខ្លះ ដូច្នេះ ចូរយើងក្រឡេកមើលការងារជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើវិញម្ដង គឺការការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ។ ដូច្នេះ តើការងារជាក់លាក់អ្វីខ្លះដែលត្រូវធ្វើ ដើម្បីការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានចាត់ទុកថាបានបំពេញការទទួលខុសត្រូវរបស់ពួកគេ? នៅពេលនិយាយដល់ការអនុវត្តការងារជាក់លាក់ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមានអារម្មណ៍ថា ពួកគេស្ថិតក្នុងស្ថានភាពអល់អែកដោយអេះក្បាល និងមានអារម្មណ៍តឹងចិត្ត ដោយមិនច្បាស់ថាត្រូវធ្វើដូចម្ដេចឡើយ។ មានគោលការណ៍សំខាន់មួយក្នុងការរៀបចំចាត់ចែងកន្លែងសម្រាប់បុគ្គលិកធ្វើការសំខាន់ៗទាំងនេះ៖ ពួកគេត្រូវតែត្រូវបានការពារពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ មិនថាបុគ្គលិកធ្វើការសំខាន់ៗត្រូវបានដាក់ឱ្យស្នាក់នៅក្នុងផ្ទះទទួលភ្ញៀវរបស់បងប្អូនប្រុសស្រី ឬនៅក្នុងផ្ទះជួលនោះទេ ចំណុចសំខាន់គឺថា សុវត្ថិភាពរបស់ពួកគេត្រូវតែត្រូវបានធានា។ ការធានាសុវត្ថិភាពរបស់ពួកគេមានន័យថា ការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើអ្វីខ្លះ ដើម្បីការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ? វាទាមទារឱ្យមានការរៀបចំចាត់ចែងកន្លែងសម្រាប់អ្នកដែលកំពុងបំពេញភារកិច្ចសំខាន់ៗ នៅក្នុងទីតាំងដែលសមស្រប។ ចូរយើងក្រឡេកមើលរឿងនេះពីទិដ្ឋភាពពីរ៖ មួយគឺបរិយាកាសខាងក្នុងនៃគ្រួសារទទួលភ្ញៀវ និងមួយទៀតគឺបរិយាកាសខាងក្រៅ។ ចំពោះបរិយាកាសខាងក្នុង ជាដំបូង អ្នកទទួលភ្ញៀវត្រូវតែជាអ្នកជឿពិតប្រាកដ សុខចិត្តទទួលភ្ញៀវ អាចរក្សាការសម្ងាត់ ប្រព្រឹត្តដោយប្រុងប្រយ័ត្ន និងដោះស្រាយជាមួយពិភពខាងក្រៅដោយប្រាជ្ញា។ ប្រសិនបើមានស្ថានការណ៍ពិសេសណាមួយកើតឡើង ពួកគេគួរតែដឹងពីរបៀបឆ្លើយតបចំពោះស្ថានការណ៍នោះ ពួកគេគួរតែអាចដោះស្រាយ និងចាត់ចែងវាដោយសកម្ម ជាជាងអកម្ម។ បន្ថែមលើនេះ ពួកគេគួរតែមានកេរ្តិ៍ឈ្មោះល្អនៅក្នុងមូលដ្ឋាន ឬប្រហែលជាមានកិត្តិយស និងបណ្ដាញទំនាក់ទំនងខ្លះនៅក្នុងមូលដ្ឋាន។ ទោះបីជាពួកគេខ្វះឥទ្ធិពលក៏ដោយ យ៉ាងហោចណាស់ពួកគេគួរតែជាមនុស្សដែលចេះដាក់ខ្លួន និងរស់នៅក្នុងជីវិតថ្លៃថ្នូរ ហើយមិនដែលបង្កបញ្ហា ឬទាក់ទាញបុគ្គលមិនស្មោះត្រង់មកផ្ទះរបស់ខ្លួនឡើយ។ ពួកគេមិនគួរមានមិត្តភក្តិដែលជួបជុំគ្នាដើម្បីលេងល្បែងស៊ីសង ឬផឹកស៊ីឡើយ។ បន្ថែមលើនេះ ទំនាក់ទំនងរបស់ពួកគេជាមួយពិភពខាងក្រៅ និងជាមួយអ្នកជិតខាងរបស់ពួកគេ គួរតែមានលក្ខណៈធម្មតា។ ពួកគេមិនគួរជាប់ពាក់ព័ន្ធនឹងជម្លោះណាមួយជុំវិញរឿងបំណុលឡើយ ហើយពួកគេមិនគួរមានជម្លោះជាមួយអ្នកជិតខាងរបស់ខ្លួនឡើយ។ និយាយម្យ៉ាងទៀត បរិយាកាសផ្ទះទទួលភ្ញៀវរបស់ពួកគេគួរតែស្ងប់ស្ងាត់ អ្នកទទួលភ្ញៀវគួរតែមានទំនាក់ទំនងមិនស្មុគស្មាញ ហើយមិនគួរមានអ្នកខាងក្រៅច្រើនមកផ្ទះរបស់ពួកគេ ដើម្បីបង្កការរំខានឡើយ គ្រប់ផ្នែកទាំងអស់គួរតែសមស្រប។ លើសពីនេះទៅទៀត កូនៗ ឬសាច់ញាតិរបស់អ្នកទទួលភ្ញៀវគួរតែគាំទ្រជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ឬយ៉ាងហោចណាស់មិនប្រឆាំងនឹងការទទួលបងប្អូនប្រុសស្រីរបស់ខ្លួនជាភ្ញៀវ ហើយប្រាកដណាស់ថាមិនដើរនិយាយអំពីរឿងទាំងនេះដោយមិនគិតមុខក្រោយនោះឡើយ។ អ្នកខ្លះអាចនិយាយថា «វាមិនងាយស្រួលទេក្នុងការស្វែងរកគ្រួសារទទួលភ្ញៀវដែលបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់នេះ!» នេះមានន័យថា សំដៅទៅលើការស្វែងរកកន្លែងដែលសមស្របល្មម ភាពល្អឥតខ្ចោះដាច់ខាតមិនត្រូវបានទាមទារឡើយ។ យ៉ាងហោចណាស់ បរិយាកាសរស់នៅគួរតែសមស្រប ស្ងប់ស្ងាត់ និងគ្មានការជ្រៀតជ្រែកពីខាងក្រៅ ដែលបំពេញតាមតម្រូវការនៃការការពារបុគ្គលិកធ្វើការសំខាន់ៗពីការជ្រៀតជ្រែកពីពិភពខាងក្រៅ។ នៅក្នុងគ្រួសារទទួលភ្ញៀវខ្លះ ទោះបីជាមិនមែនសមាជិកគ្រួសារទាំងអស់សុទ្ធតែជាអ្នកជឿក៏ដោយ ក៏អ្នកទទួលភ្ញៀវមានកិត្តិយសនៅក្នុងគ្រួសារ និងជាអ្នកសម្រេចចិត្តដែរ។ កូនៗ ឬសាច់ញាតិដែលមិនជឿរបស់ពួកគេ មិនហ៊ានជ្រៀតជ្រែកក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយក៏មិនហ៊ានជ្រៀតជ្រែកក្នុងការទទួលបងប្អូនប្រុសស្រីរបស់ពួកគេជាភ្ញៀវឡើយ ទោះបីជាពួកគេមិនយល់ស្របក្នុងចិត្តក៏ដោយ ក៏ពួកគេមិនហ៊ានចែករំលែកព័ត៌មាននេះទៅកាន់មនុស្សនៅខាងក្រៅគ្រួសារដែរ។ ប្រសិនបើមានរឿងអ្វីកើតឡើងពិតមែន ពួកគេថែមទាំងអាចជួយផ្ដល់ការការពារទៀតផង។ តាមរបៀបនេះ បងប្អូនប្រុសស្រីដែលស្នាក់នៅក្នុងផ្ទះទទួលភ្ញៀវនេះ ក៏អាចនៅដោយមិនរងផលប៉ះពាល់ពីការជ្រៀតជ្រែកពីពិភពខាងក្រៅដែរ។ ក្នុងករណីខ្លះ អ្នកទទួលភ្ញៀវមានចិត្តកំសាក ដោយខ្លាចថាកូនៗរបស់ពួកគេអាចនឹងលាតត្រដាងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ខ្លាចថាអ្នកជិតខាងរបស់ពួកគេអាចនឹងដឹងអំពីជំនឿរបស់ពួកគេ ហើយរាយការណ៍ពីពួកគេ ជាពិសេសខ្លាចថាមានរឿងមិនស្រួលកើតឡើង ហើយពួកគេនឹងត្រូវចាប់ខ្លួន។ នៅពេលដែលពួកគេចាប់ផ្ដើមទទួលភ្ញៀវដែលជាបងប្អូនប្រុសស្រី ពួកគេភ័យព្រួយជារៀងរាល់ថ្ងៃ ដោយមិនអាចញ៉ាំបាយនៅពេលថ្ងៃ ឬដេកលក់នៅពេលយប់ គឺពួកគេចំណាយពេលពេញមួយថ្ងៃទាំងបារម្ភ និងភ័យខ្លាច ដូចជាចោរអ៊ីចឹង។ នៅពេលណាដែលពួកគេឮថាមានរឿងអ្វីកើតឡើង ដូចជារដ្ឋាភិបាលគ្រោងនឹងពិនិត្យសៀវភៅគ្រួសារ ឬមន្ត្រីរដ្ឋាភិបាលមកផ្ទះរបស់ពួកគេដើម្បីធ្វើអ្វីមួយក្រោមលេសផ្សេងៗ ពួកគេភ័យខ្លាចយ៉ាងខ្លាំង ហើយតែងតែចង់ឱ្យបងប្អូនប្រុសស្រីចាកចេញភ្លាមៗ ដើម្បីកុំឱ្យខ្លួនពួកគេជាប់ពាក់ព័ន្ធ។ នៅពេលដែលបងប្អូនប្រុសស្រីឃើញបែបនេះ ពួកគេគួរតែផ្លាស់ប្ដូរទីតាំងភ្លាមៗ ព្រោះកន្លែងបែបនេះមិនសមស្របសម្រាប់ការទទួលភ្ញៀវទេ វាអាចប្រើជាកន្លែងឈប់សម្រាកបណ្ដោះអាសន្នបានតែពីរបីថ្ងៃប៉ុណ្ណោះ។ ប្រសិនបើកូនៗ សាច់ញាតិ ឬមិត្តភក្តិរបស់គ្រួសារទទួលភ្ញៀវគឺជាមនុស្សអាក្រក់ ដែលនៅពេលដឹងថាអ្នកទទួលភ្ញៀវកំពុងទទួលអ្នកជឿ អាចនឹងមកបង្កការរំខាន ឬថែមទាំងប្រគល់បងប្អូនប្រុសស្រីទៅឱ្យប៉ូលិសទៀតនោះ នោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ គ្រួសារទទួលភ្ញៀវបែបនេះ មិនស្របសម្រាប់ការស្នាក់នៅឡើយ។ ឪពុកម្ដាយខ្លះធ្វើខ្លួនដូចជាទាសករនៅចំពោះមុខកូនៗរបស់ខ្លួន ពួកគេអាចនិយាយថា «មិនអីទេ កូនៗរបស់ខ្ញុំស្ដាប់ខ្ញុំ» ប៉ុន្តែតាមពិតទៅ ការស្ដាប់បង្គាប់របស់កូនៗពួកគេ អាស្រ័យលើស្ថានការណ៍។ នៅពេលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន កូនៗនឹងមិនស្ដាប់ពួកគេឡើយ។ បុគ្គលបែបនេះនឹងមិនហ៊ានឱ្យកូនៗរបស់ខ្លួនដឹងថា ពួកគេកំពុងទទួលភ្ញៀវដែលជាបងប្អូនប្រុសស្រីឡើយ។ ប្រសិនបើកូនៗ ឬសាច់ញាតិរបស់ពួកគេបានដឹង ពួកគេប្រាកដជានឹងបណ្ដេញបងប្អូនប្រុសស្រីចេញមិនខាន ហើយអ្នកទទួលភ្ញៀវនឹងមិនអាចឃាត់ពួកគេបានឡើយ ពួកគេមិនមានសិទ្ធិសម្រេចចុងក្រោយនៅក្នុងគ្រួសាររបស់ពួកគេឡើយ។ បុគ្គលបែបនេះមិនស័ក្ដិសមសម្រាប់ការទទួលភ្ញៀវទេ ពួកគេអាចមានបំណងចង់ទទួល ប៉ុន្តែខ្វះភាពក្លាហានក្នុងការទទួលភ្ញៀវ។ តើមនុស្សកំសាកពិតជាហ៊ានទទួលភ្ញៀវមែនឬ? ប្រសិនបើអ្នកមិនអាចធានាសុវត្ថិភាពរបស់បងប្អូនប្រុសស្រីបានទេ នោះអ្នកមិនស័ក្ដិសមសម្រាប់ភារកិច្ចនេះទេ អ្នកមិនគួរស្ម័គ្រចិត្តធ្វើវា ហើយអ្នកមិនគួរផ្ដល់ការសន្យាខ្យល់ដល់អ្នកដឹកនាំ និងអ្នកធ្វើការឡើយ ហើយអ្នកក៏មិនគួរទទួលយកភារកិច្ចនេះដែរ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការរៀបចំចាត់ចែងកន្លែងឱ្យបងប្អូនប្រុសស្រីស្នាក់នៅក្នុងគ្រួសារទទួលភ្ញៀវបែបនេះ តើអ្នករាល់គ្នាគិតថាត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ)។ វាពិតជាមិនត្រឹមត្រូវទាល់តែសោះ។ កុំរុញបងប្អូនប្រុសស្រីចូលទៅក្នុងមាត់ខ្លាឱ្យសោះ។ តាមពិតទៅ បងប្អូនប្រុសស្រីអាចនឹងមានសុវត្ថិភាពណាស់នៅពេលរស់នៅកន្លែងផ្សេង ប្រសិនបើអ្នករៀបចំឱ្យពួកគេស្នាក់នៅក្នុងផ្ទះរបស់បុគ្គលនេះ ដែលកូនៗ ឬសាច់ញាតិជាអ្នកមិនជឿ ហើយពួកគេអាចរាយការណ៍ពីបងប្អូន និងប្រគល់ពួកគេទៅឱ្យប៉ូលិស ភ្លាមៗនៅពេលដែលពួកគេដឹងថាមានអ្នកជឿកំពុងស្នាក់នៅទីនោះ ដែលធ្វើឱ្យជីវិតរបស់ពួកគេមានគ្រោះថ្នាក់ តើអ្នកទទួលភ្ញៀវនោះមិនមានទុក្ខទោសទេឬ? ប្រសិនបើអ្នកទទួលភ្ញៀវហ៊ានប្រថុយជីវិតដើម្បីការពារបងប្អូនប្រុសស្រីនៅក្នុងស្ថានការណ៍បែបនេះ ហើយអាចធានាសុវត្ថិភាពរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ហើយប្រសិនបើពួកគេតែងតែបង្ហាញប្រាជ្ញាគួរឱ្យកត់សម្គាល់ នោះគ្រួសារទទួលភ្ញៀវនេះអាចនៅតែជាជម្រើសដ៏សមស្រប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេមិនហ៊ានប្រថុយជីវិតដើម្បីការពារបងប្អូនប្រុសស្រីទេ ហើយនៅពេលដែលអ្នកមិនជឿនៅក្នុងគ្រួសាររបស់ពួកគេគំរាមរាយការណ៍ពីបងប្អូនប្រុសស្រី និងប្រគល់ពួកគេទៅឱ្យប៉ូលិស ពួកគេគ្មានដំណោះស្រាយ ហើយគ្រាន់តែរួញក្បាលចូលក្នុងស្នូកដូចអណ្ដើក ដោយមិនការពារបងប្អូនប្រុសស្រី ហើយបណ្ដោយឱ្យអ្នកមិនជឿប្រគល់បងប្អូនទៅឱ្យប៉ូលិស នោះគ្រួសារនេះមិនសមស្របសម្រាប់ការទទួលភ្ញៀវទេ។ ប្រសិនបើបងប្អូនប្រុសស្រីស្នាក់នៅទីនោះជាបណ្ដោះអាសន្នតែពីរបីថ្ងៃ ហើយបន្ទាប់មកផ្លាស់ប្ដូរទីតាំងភ្លាមៗទៅកាន់កន្លែងសមស្រប ពេលដែលរកឃើញ នោះគ្រាន់តែអាចទទួលយកបានត្រឹមមួយគ្រាប៉ុណ្ណោះ។ វានឹងមិនត្រឹមត្រូវទេក្នុងការស្នាក់នៅរយៈពេលយូរនៅក្នុងផ្ទះបែបនេះ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ យ៉ាងហោចណាស់ អ្នកទទួលភ្ញៀវត្រូវតែអាចការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រីបាន នេះគឺជាសេចក្ដីតម្រូវមួយសម្រាប់អ្នកទទួលភ្ញៀវ។ ដើម្បីឱ្យអ្នកដែលកំពុងបំពេញភារកិច្ច ជៀសផុតពីការជ្រៀតជ្រែកពីពិភពខាងក្រៅបាន ទីមួយ បរិយាកាសរស់នៅរបស់ពួកគេត្រូវតែសមរម្យ បន្ថែមលើនេះ គុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកទទួលភ្ញៀវក៏ត្រូវតែសមស្របនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ដែរ ពោលគឺពួកគេត្រូវតែអាចការពារបុគ្គលិកធ្វើការសំខាន់ៗពីការជ្រៀតជ្រែកពីពិភពខាងក្រៅ។ លុះត្រាតែពួកគេអាចសម្រេចរឿងនេះបាន ទើបអ្នកដឹកនាំ និងអ្នកធ្វើការអាចរៀបចំឱ្យបុគ្គលិកធ្វើការសំខាន់ៗស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ប្រសិនបើអ្នកទទួលភ្ញៀវមានជំនឿតិច ហើយគ្មានសមត្ថភាព និងទន់ជ្រាយ មិនអាចសម្រេចការនៅក្នុងផ្ទះរបស់ខ្លួនឯងបាន ហើយកូនៗ ឬសាច់ញាតិដែលមិនជឿរបស់ពួកគេ អាចមកចាត់ចែងលើពួកគេបាន នោះវាពិតជាមានបញ្ហាហើយ។ កន្លែងបែបនេះពិតជាមិនសមស្របសម្រាប់ការទទួលភ្ញៀវឡើយ។ ទោះបីជាផ្ទះនោះធំ មានបន្ទប់ច្រើន មានបរិយាកាសដែលមានផាសុកភាព និងមានលក្ខខណ្ឌល្អយ៉ាងណាក៏ដោយ ក៏វានៅតែមិនសមរម្យសម្រាប់ការទទួលភ្ញៀវដែរ។ គ្រាន់តែបរិយាកាសរស់នៅសមស្របតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកទទួលភ្ញៀវក៏ត្រូវតែសមស្របដែរ។ ចំណុចសំខាន់នៅទីនេះគឺថា ជាដំបូង អ្នកទទួលភ្ញៀវត្រូវតែអាចធានាថា បុគ្គលិកដែលកំពុងបំពេញភារកិច្ចដែលពួកគេកំពុងទទួលភ្ញៀវនោះ ត្រូវបានការពារពីការជ្រៀតជ្រែកពីពិភពខាងក្រៅ។ បន្ទាប់មក ទើបបរិយាកាសរស់នៅគួរត្រូវបានយកមកពិចារណា។ បរិយាកាសមិនសូវល្អបន្តិចបន្តួច នៅតែអាចទទួលយកបាន មិនថាជាកន្លែងតូចជាងមុន អ៊ីនធឺណិតមិនសូវល្អ អាហារសាមញ្ញជាងមុន ឬការប្រើប្រាស់ទឹកមិនសូវងាយស្រួលក៏ដោយ។ ឱ្យតែអ្នកទទួលភ្ញៀវសមស្រប អាចឆ្លើយតបនឹងគ្រោះថ្នាក់នៅពេលវាកើតឡើង អាចចាត់ចែងស្ថានការណ៍ស្មុគស្មាញផ្សេងៗ និងជាពិសេសអាចដោះស្រាយកាលៈទេសៈពិសេសណាមួយដែលអាចកើតឡើងបានយ៉ាងត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រី នោះពួកគេស្របតាមស្ដង់ដារជាអ្នកទទួលភ្ញៀវហើយ។ សេចក្ដីតម្រូវរបស់យើងសម្រាប់បរិយាកាសរស់នៅរបស់គ្រួសារទទួលភ្ញៀវមិនខ្ពស់ទេ អ្វីដែលសំខាន់បំផុតនោះគឺថា វាអាចធានាសុវត្ថិភាពបាន។ មិនចាំបាច់និយាយលម្អិតលើចំណុចនេះទេ"។

II. លក្ខខណ្ឌតម្រូវផ្នែកបរិស្ថានសម្រាប់កន្លែងស្នាក់នៅ

ចំពោះបរិស្ថានខាងក្រៅដែលនៅ​ជុំវិញ​លំនៅឋានរបស់គ្រួសារទទួលភ្ញៀវ ថាតើវាមានសុវត្ថិភាពឬអត់ គឺជាចំណុចទីមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែពិចារណា។ មិនថាលក្ខខណ្ឌរបស់គ្រួសារទទួលភ្ញៀវយ៉ាងណានោះទេ ឬ ថាតើលំនៅឋាននោះជាផ្ទះរបស់បងប្អូនប្រុសស្រី ឬជាផ្ទះជួលក្ដី គឺចាំបាច់ត្រូវពិចារណាថាតើ បរិស្ថានខាងក្រៅនៃលំនៅឋាននោះមានសុវត្ថិភាពឬអត់។ នេះគឺជាចំណុចសំខាន់បំផុត។ ជាដំបូង វាសមស្របតែក្នុងករណីដែលជំនឿលើព្រះជាម្ចាស់របស់គ្រួសារទទួលភ្ញៀវនេះ មិនសូវមានគេដឹង ហើយមិនមានកំណត់ត្រាអំពីជំនឿរបស់ពួកគេនៅការិយាល័យសន្តិសុខសាធារណៈប៉ុណ្ណោះ។ ប្រសិនបើកាលពីមុន នៅពេលដែលបងប្អូនប្រុសស្រីជួបជុំគ្នានៅទីនោះ ហើយអ្នកជិតខាងរាយការណ៍រឿងនេះទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានដឹងរួចហើយថា គ្រួសារនេះតែងតែមានការជួបជុំគ្នាជាមួយមនុស្សប្លែកមុខ នោះទីតាំងនេះមិនសមស្របសម្រាប់ការទទួលភ្ញៀវឡើយ។ ប្រសិនបើជួលវិញ ក៏មិនសមស្របនឹងជួលផ្ទះរបស់គ្រួសារប្រភេទនេះដែរ។ នេះគឺជាទិដ្ឋភាពមួយ។ លើសពីនេះ នៅកន្លែងខ្លះ សន្តិសុខសាធារណៈគឺខ្សោយ ដោយមានករណីប្លន់ ករណីឃាតកម្ម និងករណីផ្សេងៗទៀតកើតឡើងជាញឹកញាប់។ អ្នករស់នៅទីនោះក៏ជាបុគ្គលដែលមានប្រវត្តិស្មុគស្មាញដែរ ហើយប៉ូលិសតែងតែទៅទីនោះដើម្បីពិនិត្យសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងស៊ើបអង្កេតជនសង្ស័យដែលប្រព្រឹត្តបទឧក្រិដ្ឋ និងរឿងផ្សេងៗទៀត។ ប្រាប់ខ្ញុំមើល៍ ប្រសិនបើអ្នក ស្នាក់នៅកន្លែងបែបនេះ តើអ្នក មិនរងការរំខានជាញឹកញាប់ទេឬអី? (មែនហើយ រងការរំខានជាញឹកញាប់)។ កន្លែងបែបនេះក៏មិនសមស្របសម្រាប់ការរស់នៅដែរ។ ប៉ូលិសមកគោះទ្វាររៀងរាល់ពីរបីថ្ងៃម្ដង ដោយនិយាយថា មានចោរកម្ម ឬមានឃាតកម្មនៅក្បែរៗនោះ ហើយស្នើសុំកិច្ចសហការក្នុងការស៊ើបអង្កេត ដោយប្រាប់មនុស្សឱ្យរាយការណ៍ភ្លាមៗ ប្រសិនបើពួកគេឃើញជនល្មើស។ ប៉ូលិសតែងតែមកគោះទ្វារដោយយកលេសគ្រប់ប្រភេទទាំងអស់ ដោយអះអាងថាដើម្បីស៊ើបអង្កេតសំណុំរឿង ប៉ុន្តែតាមពិតទៅ ពួកគេកំពុងតែពិនិត្យរកអ្នកក្រៅ និងមនុស្សប្លែកមុខ ពោលគឺនិយាយឱ្យចំទៅ ពួកគេកំពុងស្វែងរកមនុស្សដែលជឿលើព្រះជាម្ចាស់។ តើអ្នក មានអារម្មណ៍ថាមានសន្តិសុខដែរឬទេ ក្នុងការស្នាក់នៅក្នុងផ្ទះទទួលភ្ញៀវបែបនេះ? (ទេ)។ មិនបាច់សង្ស័យទេ អ្នកមុខជាភ័យបារម្ភនៅមិនសុខ ពេញមួយថ្ងៃមិនខាន។ ទោះបីជាហេតុការណ៍ឧក្រិដ្ឋកម្មនៅខាងក្រៅទាំងនេះ មិនពាក់ព័ន្ធនឹងគ្រួសារទទួលភ្ញៀវក៏ដោយ ក៏អ្នក នៅតែមិនមានអារម្មណ៍ស្ងប់ចិត្តដែរ។ ការរស់នៅក្នុងបរិស្ថានបែបនេះជារឿយៗធ្វើឱ្យអ្នកមានអារម្មណ៍ថា សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកស្ថិតក្រោមការគំរាមកំហែង។ នរណាទៅដឹងថា ថ្ងៃណាមួយ នៅពេលឃើញបងប្អូនប្រុសស្រី ប៉ូលិសប្រហែលជាចាប់ផ្ដើមសាកសួរមនុស្សប្លែកមុខទាំងនេះ រួចចុងក្រោយក៏ចាប់ខ្លួនពួកគេទៅ។ តើអ្នកនឹងមិននិយាយថា នេះគឺជាស្ថានភាពដ៏គួរឱ្យភ័យខ្លាចទេឬអី? (មែនហើយគួរឱ្យភ័យខ្លាច)។ លើសពីនេះ ជនជាតិចិនភាគច្រើនខ្វះការយល់ដឹងអំពីសន្តិសុខ។ ឱ្យតែឮនរណាម្នាក់គោះទ្វារ ពួកគេក៏ទៅបើកទ្វារភ្លាម ហើយជាធម្មតា ពួកគេក៏មិនចាក់សោទ្វារដែរ ដែលនេះងាយនឹងបង្កឱ្យមានហេតុការណ៍អាក្រក់កើតឡើងណាស់។ នៅក្នុងបណ្ដាប្រទេសលោកខាងលិចដែលមានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ លំនៅឋានឯកជនត្រូវបានចាត់ទុកថាជា ដែនឯកជន។ ប្រសិនបើអ្នកក្រៅចូលក្នុងដែនឯកជនដោយគ្មានការអនុញ្ញាត នោះត្រូវបានចាត់ទុកថាខុសច្បាប់ ហើយអ្នកដែលរស់នៅទីនោះនឹងហៅប៉ូលិស។ ដូច្នេះអ្នកដែលចូលដោយគ្មានការអនុញ្ញាតនោះ ត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់។ ហេតុដូច្នេះហើយ ប្រសិនបើមានមនុស្សចម្លែកមកគោះទ្វារ អ្នកមិនចាំបាច់បើកទ្វារទេ អ្នកអាចបដិសេធបាន។ ទោះបីជាមាន នរណាបានណាត់ពេលមកលេងអ្នកក៏ដោយ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ឬបានប្ដូរចិត្តវិញ នោះអ្នកនៅតែមិនចាំបាច់បើកទ្វារទេ។ អ្នកអាចណាត់ពេលជាមួយពួកគេម្ដងទៀតបាន។ ប្រជាជននៅក្នុងបណ្ដាប្រទេសលោកខាងលិចមានសិទ្ធិនេះ ពួកគេមានការយល់ដឹងផ្លូវច្បាប់នេះ។ ក៏ប៉ុន្តែ ជនជាតិចិនខ្វះការយល់ដឹងផ្លូវច្បាប់នេះ។ រាល់ពេលដែលពួកគេឮសំឡេងគោះទ្វារ ពួកគេប្រញាប់ទៅបើកទ្វារភ្លាម។ នេះបង្ហាញពីការខ្វះការប្រុងប្រយ័ត្ន ខ្វះការយល់ដឹងអំពីការការពារខ្លួន និងមិនសូវយល់ដឹងអំពីច្បាប់ដែលពាក់ព័ន្ធ។ នេះគឺដោយសារតែប្រទេសចិនជារបបផ្ដាច់ការ ដោយមានការគ្រប់គ្រងដោយបក្សតែមួយដែលនៅពីលើច្បាប់ ដែលប្រព័ន្ធច្បាប់របស់ប្រទេសនេះគ្រាន់តែជារូបភាពខាងក្រៅ ប៉ុណ្ណោះ។ នាគដ៏ធំមានសម្បុរក្រហម ធ្វើសកម្មភាពដោយមិនខ្វល់ពីច្បាប់ទម្លាប់ទាល់តែសោះនៅក្នុងប្រទេសចិន ដោយប្រព្រឹត្តអំពើទុច្ចរិតយ៉ាងកម្រោល ហើយប្រជាជនគ្មានសិទ្ធិមនុស្សអ្វីទាំងអស់។ ជនជាតិចិនមិនយកចិត្តទុកដាក់លើសិទ្ធិមនុស្សទេ ហើយពួកគេក៏មិនបានបណ្ដុះស្មារតីក្នុងការគោរពតាមច្បាប់វិន័យ និងការអនុលោមតាមច្បាប់ដែរ។ ជាពិសេស ពួកគេខ្វះការយល់ដឹងអំពីការការពារខ្លួន ហើយមនុស្សភាគច្រើនមិនចេះប្រើប្រាស់ច្បាប់ដើម្បីការពារខ្លួនឡើយ។ ជាលទ្ធផល គ្មានការធានាសុវត្ថិភាពឡើយ។ សរុបសេចក្ដីមក នៅកន្លែងណាដែលមានសន្តិសុខសាធារណៈខ្សោយ អ្នករស់នៅមានប្រវត្តិ និងអត្តសញ្ញាណស្មុគស្មាញ មានការចុះត្រួតពិនិត្យញឹកញាប់ ឬមានហេតុការណ៍ករណីព្រហ្មទណ្ឌផ្សេងៗកើតឡើងញឹកញាប់ គឺងាយនឹងធ្វើឱ្យមនុស្សរងផលប៉ះពាល់ដោយសារការរំខានពីពិភពខាងក្រៅណាស់។ កន្លែងបែបនេះមិនសមស្របសម្រាប់ការស្នាក់នៅឡើយ។ នេះគឺជាកត្តាសន្តិសុខសាធារណៈដែលត្រូវពិចារណា នៅពេលរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើការសំខាន់ៗ។

បរិស្ថានរស់នៅសម្រាប់អ្នកណាដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្ន។ ល្អបំផុតគឺត្រូវចៀសវាងទីប្រជុំជនដែលមានមនុស្សអ៊ូអរ និងតំបន់គ្រោះថ្នាក់។ តើកន្លែងណាខ្លះដែលយើងចាត់ទុកថាជាទីប្រជុំជនដែលមានមនុស្សអ៊ូអរ? កន្លែងទាំងនេះរួមមាន កន្លែងដែលនៅក្បែរផ្លូវរថភ្លើង ផ្លូវធំ ផ្លូវបំបែក និងផ្សារជាដើម។ ជាពិសេសនៅតាមបណ្តោយខ្សែផ្លូវរថភ្លើងធំៗ ដែលមានរថភ្លើងរាប់មិនអស់ឆ្លងកាត់ជារៀងរាល់ថ្ងៃ ហើយ កម្រាលនៃផ្ទះដែលនៅក្បែរនោះ រង្គើនៅរាល់ពេលដែលរថភ្លើងឆ្លងកាត់ម្ដងៗ។ នៅក្នុងបរិស្ថានបែបនេះ គឺមិនអាចរកភាពស្ងប់ស្ងាត់បានទាល់តែសោះ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។ លើសពីនេះ មនុស្សមួយចំនួនដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅឆ្ងាយពីផ្ទះ រស់នៅដោយមានការភ័យបារម្ភជានិច្ច ហើយ ដួងចិត្តរបស់ពួកគេមិនស្ថិតក្នុងស្ថានភាពល្អឡើយ ដែលធ្វើឱ្យកន្លែងបែបនេះកាន់តែមិនសមស្របសម្រាប់ពួកគេរស់នៅឡើយ។ ប្រសិនបើការងារខ្លះត្រូវការ បរិស្ថានស្ងប់ស្ងាត់ ដូចជាការងារថតសំឡេង ឬការងារខាងអត្ថបទ យ៉ាងហោចណាស់ត្រូវតែគ្មានការរំខានដោយសំឡេង ហើយសុវត្ថិភាពក៏ត្រូវតែធានាផងដែរ នេះទើបជាការប្រសើរ។ ប្រសិនបើគ្មានកន្លែងដែលមានសុវត្ថិភាពទាំងស្រុងទេ ត្រូវតែស្វែងរកកន្លែងដែលមានសុវត្ថិភាពសមរម្យ។ ក្នុងករណីនេះ មានសំឡេងរំខានបន្តិចបន្តួចក៏អាចទទួលយកបានដែរ ហើយយើងមិនគួរកំណត់សេចក្ដីតម្រូវខ្ពស់ពេកនោះទេ ឱ្យតែ បរិស្ថានរស់នៅមានសុវត្ថិភាព គឺគ្រប់គ្រាន់ហើយ។ លើសពីនេះ ប្រសិនបើផ្ទះនោះស្ថិតនៅក្នុងតំបន់ដែលមានចរាចរណ៍មមាញឹក ដូចជានៅជិតបង្គោលភ្លើងចរាចរណ៍ ឬផ្លូវបំបែក នោះនឹងមានអ្នកថ្មើរជើង និងយានជំនិះរាប់មិនអស់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ផ្ទះបែបនេះត្រូវបានបើកចំហឱ្យអ្នកដំណើរជាច្រើនមើលឃើញ ហើយគ្រាន់តែក្រឡេកមើលមួយភ្លែត អ្នកដែលធ្វើដំណើរឆ្លងកាត់ អាចមើលឃើញមនុស្សនៅខាងក្នុងយ៉ាងងាយ។ ជាពិសេសនៅពេលបើកភ្លើងនៅពេលយប់ ស្ថានភាពនៅខាងក្នុងផ្ទះអាចមើលឃើញយ៉ាងច្បាស់។ តើអ្នក និយាយថា ផ្ទះបែបនេះនៅតែអាចទទួលយកបានសម្រាប់ការស្នាក់នៅដែរឬទេ? តើបរិស្ថាននេះសមស្របដែរឬទេ? (ទេ មិនសមស្របទេ)។ វាពិតជាមិនសមស្របមែន។ មនុស្សដែលស្នាក់នៅកន្លែងបែបនេះរងការរំខានជាញឹកញាប់ ដោយឧស្សាហ៍ឃើញមនុស្សប្លែកមុខសង្កេតមើលពួកគេ។ នៅពេលដែលភ្នែករបស់ពួកគេ ប្រសព្វជាមួយភ្នែករបស់មនុស្សប្លែកមុខ ពួកគេមានអារម្មណ៍ភ្ញាក់ព្រើត ដោយមានអារម្មណ៍មិនស្ងប់ចិត្តជារៀងរាល់ថ្ងៃ ហើយការតែងតែមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានគេឃ្លាំមើល នរណាទៅដឹងថា ប្រហែលជាមាននរណាម្នាក់នៅពីក្រោយខ្នង កំពុងចង្អុលបង្ហាញ និងបញ្ជាក៏មិនដឹង។ តើអ្នកគិតថា មនុស្សម្នាក់អាចមានអារម្មណ៍សុខស្រួលដែរឬទេ ក្នុងការរស់នៅក្នុងបរិស្ថានបែបនេះ? ម្យ៉ាងទៀត ផ្ទះខ្លះមានគុណភាពអន់ ដោយមានប្រព័ន្ធកាត់បន្ថយសំឡេងមិនសូវល្អ ដូច្នេះនៅពេលនិយាយខ្លាំងៗ ឬចាក់ទំនុកបរិសុទ្ធនៅខាងក្នុង មនុស្សនៅខាងក្រៅអាចឮអ្វីៗគ្រប់យ៉ាង។ លើសពីនេះ ផ្ទះខ្លះស្ថិតនៅចំណុចខ្ពស់បំផុតនៅក្នុងសហគមន៍ ដែលក្នុងករណីនេះ មិនត្រឹមតែងាយនឹងត្រូវរន្ទះបាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកជិតខាងនៅជុំវិញ អាចមើលឃើញបងប្អូនប្រុសស្រី រាល់ពេលដែលពួកគេចេញមកក្រៅទៀតផង។ វាមិនងាយស្រួល សម្រាប់ពួកគេ សូម្បីតែត្រូវបើកបង្អួចម្ដងម្កាលដើម្បីឱ្យខ្យល់ចេញចូល ឬដើម្បីឱ្យត្រជាក់ក៏ដោយ។ បង្អួចត្រូវតែបិទឱ្យជិត ដោយបិទវាំងនន ដូច្នេះពន្លឺមិនអាចចូលបានឡើយ ហើយការចេញទៅក្រៅដើម្បីដើរហើរ ក៏កាន់តែមិនងាយស្រួលដែរ។ តែងតែមានការព្រួយបារម្ភអំពីការដែលមនុស្សនៅខាងក្រៅសង្កេតមើល និងចាប់អារម្មណ៍។ ទោះបីជាបងប្អូនប្រុសស្រីមិនចេញចូលព្រមគ្នាក៏ដោយ រាល់ពេលដែលមាននរណាម្នាក់ចូល ឬចេញ មនុស្សនៅខាងក្រៅអាចមើលឃើញយ៉ាងច្បាស់។ នៅទីបំផុត ពួកគេនឹងដឹងត្រួសៗថា មានមនុស្សប្លែកមុខ ប៉ុន្មាននាក់រស់នៅក្នុងផ្ទះនេះ។ តើអ្នករាល់គ្នាយល់ថា សុវត្ថិភាពរបស់មនុស្សនៅតែអាចធានាបានដែរឬទេ ក្នុងការស្នាក់នៅទីនេះ? (ទេ មិនអាចទេ)។ មនុស្សខ្លះគិតថា «ពេលវេលាភាគច្រើន យើងនឹងបំពេញភារកិច្ចតែនៅក្នុងផ្ទះ ហើយទោះបីជាយើងចេញទៅក្រៅក៏ដោយ ក៏យើងប្ដូរវេនគ្នាដែរ គឺមិនចេញទៅក្រៅព្រមគ្នានោះទេ។ ដោយការអនុវត្តតាមរបៀបនេះ អ្នកជិតខាងនៅជុំវិញនឹងមិនដឹងរឿងអ្វីឡើយ»។ ប៉ុន្តែ ទោះបីជា អ្នកចេញទៅក្រៅដោយប្ដូរវេនគ្នាក៏ដោយ ក៏វានៅតែបង្កបញ្ហាដដែល ប្រសិនបើមាននរណាម្នាក់ចាប់អារម្មណ៍ថា អ្នកគឺជាមនុស្សប្លែកមុខ។ អ្នកគ្មានជំនឿជាច្រើន មិនមានជីវិតរស់នៅល្អប៉ុន្មានទេ ប៉ុន្តែពួកគេចូលចិត្ត សង្កេតមើល និងចង់ដឹងចង់ឮរឿងរបស់អ្នកដទៃជាពិសេស។ អ្នកខ្លះថែមទាំងអាចប្រើកែវយឹតដើម្បីលបយកការណ៍ពីអ្នក ដោយឃ្លាំមើលអ្វីដែលអ្នកធ្វើនៅខាងក្នុងទៀតផង។ ប្រសិនបើពួកគេរកឃើញថា អ្នកជឿកំពុងជួបជុំគ្នា ពួកគេប្រញាប់ទៅរាយការណ៍ប្រាប់រដ្ឋាភិបាលដើម្បីបាន រង្វាន់។ នៅពេលដែលមនុស្សបែបនេះបាន ដៅមុខសញ្ញាមកលើអ្នកហើយ តើនេះមិនមែនជាស្ថានភាពគ្រោះថ្នាក់ទេឬអី? (មែនហើយ ជាស្ថានភាពគ្រោះថ្នាក់)។ នៅពេលដែលពួកគេបានដៅមុខសញ្ញាមកលើអ្នកហើយ តើអាចមានរឿងល្អកើតឡើងដែរឬទេ? អ្នកប្រាកដជាត្រូវគេចាប់ខ្លួនមិនខាន! មិនថានៅប្រទេស ឬតំបន់ណានោះទេ មិនដែលខ្វះអ្នកចូលចិត្តចេះដឹងរឿងគេឡើយ។ ទោះបីជាពួកគេមិនទទួលបានប្រាក់មួយសេនសម្រាប់ការតាមដានអ្នកក៏ដោយ ក៏ពួកគេពេញចិត្តនឹងធ្វើវាដែរ ពោលគឺ ពួកគេថែមទាំងសុខចិត្តចំណាយប្រាក់ផ្ទាល់ខ្លួន និងពន្យារពេលការងាររបស់ខ្លួន ដើម្បីចំណាយពេលឃ្លាំមើលទៀតផង។ ហើយប្រសិនបើមានរង្វាន់សម្រាប់ការរាយការណ៍អំពីអ្នក ពួកគេនឹងកាន់តែចង់ធ្វើវាថែមទៀត។ ជាពិសេសនៅក្នុងរបបផ្ដាច់ការដូចជាប្រទេសចិន មានមនុស្សច្រើនណាស់ដែលតាមដាន អ្នកដែលជឿលើព្រះជាម្ចាស់។ ដោយសារពួកគេមិនពេញចិត្តនឹងសេចក្ដីពិត និងមានអារម្មណ៍មិនពេញចិត្ត ចំពោះអ្នកដែលជឿលើព្រះជាម្ចាស់ គ្រាន់តែពួកគេរកឃើញថាអ្នកជឿទាក់ទងគ្នា ឬជួបជុំគ្នាភ្លាម ពួកគេក៏រាយការណ៍រឿងនេះភ្លាម។ ប្រសិនបើមាន រង្វាន់សម្រាប់ការរាយការណ៍ ពួកគេពេញចិត្តនឹងធ្វើវាដោយមិនចេះនឿយហត់ឡើយ។ តើនេះមិនងាយនឹងនាំបញ្ហាដល់ពួកជំនុំទេឬអី? (មែនហើយ​ងាយ)។ ប្រសិនបើអ្នកត្រូវបានគេរំខានតាមរបៀបនេះ តើនេះមិនមែនមកពីអ្នកដឹកនាំ និងអ្នកធ្វើការមិនបានរៀបចំការចាត់ទីតាំងឱ្យបានល្អទេឬអី? ប្រសិនបើទីតាំង និងបរិស្ថានសម្រាប់ការដាក់អ្នកធ្វើការសំខាន់ៗមិនសមស្រប ដោយសារតែអ្នកដឹកនាំ និងអ្នកធ្វើការមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទេ នោះនេះគឺជាផលវិបាកដែលកើតឡើង។ ប្រសិនបើកន្លែងដែលរស់នៅទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេក នោះវាងាយនឹងនាំឱ្យមានរឿងមិនល្អកើតឡើងណាស់។ នៅពេលដែលមានរឿងមិនល្អកើតឡើង ហើយទើបតែពេលនោះ អ្នកដឹងថាកន្លែងនេះមិនសមស្របសម្រាប់ការស្នាក់នៅទេ នោះវាហួសពេលទៅហើយ។ ហេតុដូច្នេះហើយ ការជ្រើសរើសទីតាំងស្នាក់នៅដែលសមស្របសម្រាប់អ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ក៏ជាកិច្ចការសំខាន់មួយដែរ ហើយការជ្រើសរើសមិនល្អអាចនាំឱ្យមានគ្រោះថ្នាក់បានយ៉ាងងាយ។

III. របៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការ គួរ​ធ្វើការងាររៀបចំទីលំនៅសម្រាប់បុគ្គលិក

ចំពោះបរិយាកាសរស់នៅសម្រាប់អ្នកធ្វើការសំខាន់ៗ មិនថាជាបរិយាកាសខាងក្នុង ឬខាងក្រៅនោះទេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែពិចារណាលើគ្រប់ទិដ្ឋភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ពួកគេមិនគួរមានគំនិតសាមញ្ញពេកទេ ដោយតែងតែសន្មតថា ប្រសិនបើយើងមិនទាក់ទងជាមួយពិភពខាងក្រៅ នោះនឹងគ្មានរឿងអ្វីកើតឡើងឡើយ។ សង្គមសព្វថ្ងៃនេះស្មុគស្មាញខ្លាំងណាស់ ដែលពោរពេញទៅដោយពួកអារក្សគ្រប់ប្រភេទ ហើយមិនថានៅកន្លែងណានោះទេ តែងតែមានអ្នកចូលចិត្តចេះដឹងរឿងគេនៅក្បែរៗ ដើម្បីឃ្លាំមើល អ្នកជានិច្ច ដែលធ្វើឱ្យអ្នក មិនអាចគេចផុតពីការពិនិត្យពិច័យរបស់ពួកគេបានឡើយ។ អ្នក ប្រហែលជាគិតថា «ខ្ញុំ មិនបានប្រព្រឹត្តខុសច្បាប់ ឬធ្វើរឿងអ្វីអាក្រក់ ដោយការដែលជឿលើព្រះជាម្ចាស់នោះទេ ខ្ញុំគ្រាន់តែបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ គួរតែគ្មានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ មែនទេ?» ប៉ុន្តែ ការពិតមិនសាមញ្ញដូចដែលអ្នកគិតនោះទេ។ ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិន ចំណាយកម្លាំងមនុស្ស និងធនធានច្រើនម្ល៉េះ ដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ និងគាបសង្កត់ពួកជំនុំរបស់ព្រះជាម្ចាស់? តើអ្នកអាច យល់ពីហេតុផលនៃរឿងនេះបានទេ? អ្នក នឹងមិនអាចយល់បានឡើយ។ តើអ្នក អាចមើលធ្លុះដល់ធម្មជាតិរបស់ពួកអារក្ស និងពួកសាតាំងបានកម្រិតណា? អ្នក យល់ដឹងតិចតួចណាស់អំពីពួកអារក្ស និងពួកសាតាំង។ សង្គមនេះស្មុគស្មាញខ្លាំងណាស់ ហើយពួកអារក្ស និងពួកសាតាំង គឺជាពួកអាមនុស្សថោកទាប ដែលប្រព្រឹត្តអំពើអាក្រក់។ អ្វីដែលពួកគេចង់បានបំផុត គឺការចាប់ខ្លួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ប្រសិនបើអ្នក តែងតែចាត់ទុកពួកសាតាំងថាជាមនុស្សធម្មតា នោះអ្នក ពិតជាល្ងង់ខ្លៅណាស់។ នេះបង្ហាញថា អ្នក មិនទាន់មើលធ្លុះដល់ភាពអាក្រក់នៃសង្គមនេះទេ ហើយអ្នក ប្រាកដជាមិនទាន់មើលធ្លុះដល់ភាពគួរឱ្យស្អប់ខ្ពើមរបស់ពួកអារក្ស និងពួកសាតាំងនៅឡើយទេ។ ហេតុដូច្នេះហើយ ដើម្បីឱ្យអ្នកដឹកនាំ និងអ្នកធ្វើការបំពេញកិច្ចការរបស់ពួកជំនុំបានល្អ ពួកគេត្រូវតែធានាសុវត្ថិភាពដល់អ្នកដែលកំពុងបំពេញភារកិច្ច នេះគឺជាចំណុចសំខាន់បំផុត។ នៅក្នុងប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងបែបផ្ដាច់ការ ដែលគ្មានសេរីភាពនៃជំនឿ ការធានាសុវត្ថិភាពដល់អ្នកដែលកំពុងបំពេញភារកិច្ច គឺពិតជាលំបាកណាស់។ យ៉ាងណាមិញ មិនថា វាមានការលំបាកយ៉ាងណានោះទេ ទីតាំងស្នាក់នៅដែលសមស្របត្រូវតែត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ មិនត្រូវមានការធ្វេសប្រហែសចំពោះរឿងនេះឡើយ។ ការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ធ្លាប់បានរួមបញ្ចូលប្រកបគ្នាអំពីរឿងទាំងនេះរួចមកហើយ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធានាថា បងប្អូនប្រុសស្រីអាចបំពេញភារកិច្ចរបស់ពួកគេដោយគ្មានការរំខាន និងគ្មានការជ្រៀតជ្រែកពីពិភពខាងក្រៅ ឱ្យតែពួកគេយកចិត្តទុកដាក់ ពួកគេអាចធ្វើរឿងនេះបានហើយ។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺនៅពេលដែលពួកគេធ្វើឱ្យតែរួចពីដៃ និងមិនទទួលខុសត្រូវ ដោយគិតតែពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលដែលមិនខ្វល់ពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រី។ នេះធ្វើឱ្យមិនអាចបំពេញកិច្ចការរបស់ពួកជំនុំបានល្អឡើយ។ ប្រសិនបើដោយសារតែការធ្វេសប្រហែស ការខ្វះការយកចិត្តទុកដាក់ ការមិនទទួលខុសត្រូវ ឬការភ័យខ្លាចចំពោះបរិយាកាស និងបញ្ហារបស់អ្នក ធ្វើឱ្យអ្នក បរាជ័យក្នុងការធ្វើរឿងទាំងនេះ ដែលបណ្ដាលឱ្យមានការចាប់ខ្លួន អ្នកធ្វើការ ដែលបំពេញភារកិច្ចសំខាន់ៗ និងគំរាមកំហែងដល់អាយុជីវិតរបស់បងប្អូនប្រុសស្រី ព្រមទាំងបង្អាក់កិច្ចការរបស់ពួកជំនុំ និងនាំមកនូវគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី នោះក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ អ្នក គួរតែទទួលខុសត្រូវ។ ការទទួលខុសត្រូវនេះ មិនអាចដោះស្រាយបានដោយគ្រាន់តែចំណាយប្រាក់ខ្លះជាសំណង ឬដោយការអធិដ្ឋានលន់តួបាបនោះទេ វាមិនមែនជារឿងសាមញ្ញបែបនេះឡើយ។ ដូច្នេះ តើអ្វីទៅជាសារជាតិនៃរឿងនេះ? វាគឺជាស្នាមប្រឡាក់ដែលមិនអាចលុបបាន ជាអំពើរំលងដ៏អស់កល្បជានិច្ច អ្នកត្រូវបានកត់ត្រាទុកជាកំហុសហើយ។ «ការកត់ត្រាទុកជាកំហុស» នេះ មិនមែនបង្ហាញពីកំហុសធម្មតានោះទេ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ វាគឺជាអំពើរំលង។ ប្រសិនបើអំពើរំលងរបស់អ្នក មានច្រើនពេក ដោយធ្លាប់បានប្រព្រឹត្តអំពើរំលងកាលពីអតីតកាល នៅតែប្រព្រឹត្តវានៅថ្ងៃនេះ ហើយបន្ទាប់មកប្រព្រឹត្តវាកាន់តែច្រើនទៀតនៅពេលអនាគត ដោយមានអំពើរំលងធំៗជាច្រើនបញ្ចូលគ្នា នោះអ្នក នឹងរង សេចក្ដីវិនាស និងសេចក្ដីហិនវិនាស។ ព្រះជាម្ចាស់នឹងលែងសង្គ្រោះអ្នក ទៀតហើយ ហើយជំនឿរបស់អ្នកលើព្រះជាម្ចាស់ នឹងក្លាយជាអសារបង់។ អ្នកមិនត្រឹមតែ នឹងគ្មានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែ អ្នកថែមទាំងនឹងប្រឈមមុខនឹងការដាក់ទោសទៀតផង។ ហេតុដូច្នេះហើយ វាពិតជាសំខាន់ណាស់ដែលអ្នកដឹកនាំ និងអ្នកធ្វើការបំពេញកិច្ចការរបស់ពួកគេស្របតាមគោលការណ៍! តើអ្នកបានចងចាំរឿងនេះហើយឬនៅ? (ចាស/បាទ បានចងចាំហើយ)។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញការទទួលខុសត្រូវរបស់ខ្លួន ហើយមិនថាបរិយាកាសអាក្រក់ ឬគ្រោះថ្នាក់យ៉ាងណានោះទេ ពួកគេត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ស្របតាមលក្ខខណ្ឌក្នុងតំបន់ ដើម្បីការពារសុវត្ថិភាពរបស់ អ្នកធ្វើការសំខាន់ៗ និងរៀបចំកន្លែងស្នាក់នៅសម្រាប់ ពួកគេឱ្យបានសមរម្យ។ គោលបំណងគឺដើម្បីធានាថា កិច្ចការរបស់ពួកជំនុំអាចដំណើរការទៅបានជាធម្មតា។

ដើម្បីឱ្យអ្នកដឹកនាំ និងអ្នកធ្វើការធានាថា កន្លែងដែលបានរៀបចំសម្រាប់អ្នកធ្វើការសំខាន់ៗ មិនមានការរំខានពីពិភពខាងក្រៅ ក្រៅពីមានសេចក្ដីតម្រូវ និងគោលការណ៍សម្រាប់លំនៅឋាន និងបរិយាកាសរបស់វាហើយ ក៏មានសេចក្ដីតម្រូវ និងគោលការណ៍សម្រាប់ទិដ្ឋភាពផ្សេងៗនៃស្ថានភាពរបស់គ្រួសារទទួលភ្ញៀវផងដែរ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញគ្រួសារទទួលភ្ញៀវដែលមានសក្ដានុពល ពួកគេគួរតែសាកសួរជាមុនសិនថា តើបរិយាកាស និងលក្ខខណ្ឌរបស់គ្រួសារនោះយ៉ាងម៉េចដែរ ស្ថានភាពសមាជិកគ្រួសារយ៉ាងណា ថាតើពួកគេមានជម្លោះជាមួយអ្នកដទៃ មានគូសត្រូវ មានជាប់ជំពាក់វាក់វិនជាមួយរដ្ឋាភិបាល ថាតើពួកគេឧស្សាហ៍មានរឿងក្ដីក្ដាំនៅតុលាការ ឬមានទំនាក់ទំនងសង្គមស្មុគស្មាញដែរឬទេ និងរឿងផ្សេងៗទៀត។ ស្ថានភាពមូលដ្ឋានទាំងអស់នេះ គួរតែត្រូវបានសាកសួរ និងស្វែងយល់ឱ្យបានច្បាស់លាស់។ ប្រសិនបើម្ចាស់ផ្ទះ ឬកូនៗរបស់ពួកគេ និងសមាជិកគ្រួសារផ្សេងទៀត មានទំនាក់ទំនងសង្គមស្មុគស្មាញ ហើយគ្រួសារនេះមានភាពមិនចុះសម្រុងគ្នាមិនចេះចប់មិនចេះហើយ ដោយឧស្សាហ៍មានមនុស្សគួរឱ្យសង្ស័យ មកបង្កបញ្ហា ឬមកទារបំណុល ឬទទួលបានសំបុត្រគំរាមកំហែងពីចោរ ឬពួកប្លន់ ព្រមទាំងដីកាកោះហៅពីរដ្ឋាភិបាល ឬតុលាការ នោះរឿងទាំងនេះសុទ្ធតែជារឿងដែលនាំឱ្យមានបញ្ហាខ្លាំងណាស់។ ប្រសិនបើអ្នកកំពុងជួបជុំគ្នា ឬបំពេញភារកិច្ចនៅក្នុងផ្ទះនេះ តើនេះមិនមែនជាការរំខានទេឬអី? ហេតុដូច្នេះហើយ នៅពេលដែលអ្នករកឃើញគ្រួសារទទួលភ្ញៀវនេះ អ្នក គួរតែសាកសួរ និងស្វែងយល់អំពីស្ថានភាពមូលដ្ឋានរបស់ពួកគេជាមុនសិន។ វាជាការប្រសើរណាស់ ប្រសិនបើគ្មានបញ្ហាទាំងនេះទេ ប៉ុន្តែប្រសិនបើមាន ហើយបច្ចុប្បន្ននេះ អ្នក រកមិនឃើញកន្លែងដែលសមស្របជាងនេះទេ នោះត្រូវពិចារណាថាតើម្ចាស់ផ្ទះអាចដោះស្រាយបញ្ហាទាំងនេះបានល្អដែរឬទេ។ ប្រសិនបើម្ចាស់ផ្ទះមិនអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ហើយមិនអាចកម្ចាត់បញ្ហាច្របូកច្របល់ទាំងនេះបានទេ នោះផ្ទះនេះមិនសមស្របសម្រាប់ទទួលបងប្អូនប្រុសស្រីឡើយ ព្រោះការរស់នៅទីនេះ មានន័យថា ពួកគេអាចរងការរំខានពីពិភពខាងក្រៅ និងពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅខាងក្រៅ គ្រប់ពេលវេលា។ បរិយាកាសទាំងនេះ មិនមែនតម្រង់គោលដៅដោយផ្ទាល់ទៅលើអ្នកដែលជឿលើព្រះជាម្ចាស់នោះទេ។ យ៉ាងណាមិញ អ្នកជឿគឺជាក្រុមដែលងាយរងគ្រោះថ្នាក់លើសពីធម្មតា នៅក្នុងប្រទេសដែលមានការធ្វើទុក្ខបុកម្នេញលើសាសនា ហើយលើសពីនេះទៅទៀត បន្ទាប់ពីរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយការឃោសនា លាងខួរក្បាល បង្កើតពាក្យចចាមអារ៉ាម និងបរិហារកេរ្តិ៍មក នោះអ្នកមិនជឿមិនត្រឹមតែមិនយល់ពីអ្នកដែលជឿលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជឿលើវោហាសាស្ត្ររបស់បក្សកុម្មុយនីស្តចិនទៀតផង ដោយបង្កើតឱ្យមានការស្អប់ និងភាពប្រទូសរ៉ាយជាពិសេសចំពោះអ្នកជឿ។ ហេតុដូច្នេះហើយ ប្រសិនបើពួកគេដឹងថា គ្រួសារណាមួយកំពុងទទួលភ្ញៀវដែលជាអ្នកជឿ នោះវានឹងក្លាយជាគ្រោះថ្នាក់ខ្លាំងណាស់ ទាំងចំពោះគ្រួសារទទួលភ្ញៀវ និងចំពោះបងប្អូនប្រុសស្រី។ នៅពេលដែលបងប្អូនប្រុសស្រីរស់នៅក្នុងបរិយាកាសបែបនេះ មិនត្រឹមតែពួកគេរងការជ្រៀតជ្រែតជាញឹកញាប់ប៉ុណ្ណោះទេ ប៉ុន្តែសុវត្ថិភាពរបស់ពួកគេក៏មិនអាចធានាបានដែរ។ ដូច្នេះ ហេតុអ្វីបានជានៅតែបន្តឱ្យពួកគេរស់នៅទីនោះទៀត? ច្បាស់ណាស់ វាជាកន្លែងដ៏គ្រោះថ្នាក់ វាមិនសមស្របសម្រាប់ការរស់នៅឡើយ ពួកគេគួរតែត្រូវបានផ្លាស់ទីជាបន្ទាន់។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរគ្រាន់តែរៀបចំកន្លែងស្នាក់នៅឱ្យបងប្អូនប្រុសស្រី រួចហើយឈប់ខ្វល់ខ្វាយពីបញ្ហា ដោយគិតថា «ឱ្យតែមានកន្លែងសម្រាប់ពួកគេហូប និងដេក ដែលអាចជ្រកបាំង ពីភ្លៀងខ្យល់បានទៅ គឺបានហើយ។ ឱ្យតែពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបាន គឺគ្មានបញ្ហាទេ។ តើយើងទៅរកកន្លែងសមស្របច្រើនម្ល៉េះមកពីណា?» នេះគឺជាការមិនទទួលខុសត្រូវខ្លាំងណាស់! ប្រសិនបើគ្មានកន្លែងសមស្របនៅពេលនោះទេ ពួកគេអាចស្នាក់នៅទីនោះជាបណ្ដោះអាសន្នសិនបាន ប៉ុន្តែអ្នក គួរតែស្វែងរកទីតាំងដែលសមស្របជាបន្ទាន់ ដើម្បីផ្លាស់ទីពួកគេទៅឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន កុំចាត់ទុកកន្លែងនេះជាកន្លែងស្នាក់នៅរយៈពេលវែងឱ្យសោះ។

អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមិនធ្វើការងារជាក់ស្ដែងទេ។ ពួកគេរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើការ សំខាន់ៗនៅកន្លែងណាមួយ សាកសួរអំពីស្ថានភាពហូបចុក និងការសម្រាក ហើយសួរថាតើមានអ្នកមិនជឿណាម្នាក់តាមឃ្លាំមើលពួកគេដែរឬទេ។ ពេលឮថា មិនមានអ្វីខុសប្រក្រតីក្នុងរយៈពេលមួយថ្ងៃពីរថ្ងៃនេះ ពួកគេក៏លែងខ្វល់ពីរឿងនេះទៀត ដោយមិនទៅសាកសួរពួកគេម្ដងទៀតឡើយ អស់រយៈពេល កន្លះឆ្នាំ ឬយូរជាងនេះ។ ពួកគេជឿថា ពួកគេបានរៀបចំកន្លែងស្នាក់នៅបានល្អ និងបានបំពេញការទទួលខុសត្រូវរបស់ខ្លួនហើយ ដោយចាត់ទុកថាអ្វីៗចប់សព្វគ្រប់ហើយ។ ចំពោះរឿងថាតើបរិយាកាសនោះនឹងរងការជ្រៀតជ្រែត នៅពេលក្រោយ ឬថាតើមានហានិភ័យសុវត្ថិភាពដែលអាចកើតមានឬអត់នោះ ពួកគេមិនយកចិត្តទុកដាក់ទៀតទេ។ តើរឿងនេះសមស្របដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនសមស្រប? (បន្ទាប់ពីរៀបចំកន្លែងស្នាក់នៅហើយ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែតាមដាន។ ប្រសិនបើពួកគេមិនតាមដាន ហើយបងប្អូនប្រុសស្រីជួបប្រទះនឹងស្ថានភាពគ្រោះថ្នាក់ ហើយមិនអាចផ្លាស់ទីបាន នោះពួកគេអាចនឹងត្រូវគេចាប់ខ្លួនមិនខាន)។ ប៉ុន្តែ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះគិតថា «អ្នករាល់គ្នា សុទ្ធតែជាមនុស្សពេញវ័យអស់ហើយ តើចាំបាច់ឱ្យខ្ញុំតាមដានទៀតមែនទេ? តើអ្នក មើលមិនឃើញទេឬអី ថាមានគ្រោះថ្នាក់? ប្រសិនបើអ្នក មើលមិនឃើញទេ នោះខួរក្បាលរបស់អ្នក មុខជាមិនដំណើរការទេ! ប្រសិនបើអ្នក សម្គាល់ឃើញគ្រោះថ្នាក់ គ្រាន់តែផ្លាស់ទីដោយខ្លួនឯងទៅ តើចាំបាច់ឱ្យខ្ញុំប្រាប់អ្នក ទៀតមែនទេ?» ពួកគេលើកហេតុផលតាមរបៀបនេះ។ តើ អ្នករាល់គ្នាគិតថាហេតុផលនេះសមដែរឬទេ? (ទេ មិនសមទេ)។ ហេតុអ្វីបានជាមិនសម? (ពីព្រោះការធានាសុវត្ថិភាពដល់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ វាគឺជាការងារដែលរួមបញ្ចូលនៅក្នុងតួនាទីរបស់ពួកគេ ដែលពួកគេគួរតែអនុវត្ត)។ ពួកគេមិនចាត់ទុកកិច្ចការនេះជាផ្នែកមួយនៃការងារដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើនោះទេ ពួកគេគិតថា វាគ្រាន់តែជាការជួយបងប្អូនប្រុសស្រី ដូចជាការយកគំរូតាម ឡី ហ្វឹង ក្នុងការធ្វើអំពើល្អប៉ុណ្ណោះ។ ពួកគេក៏មិនបានចាត់ទុកថា ការធ្វើបែបនេះគឺជាការការពារកិច្ចការរបស់ពួកជំនុំនោះដែរ ប៉ុន្តែបែរជាមើលឃើញថា វាគ្រាន់តែជាការរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើការ ដែលមិនពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំទៅវិញ។ តើ អ្នកមិនយល់ថា នេះជារឿងល្ងង់ខ្លៅទេឬអី? តើមនុស្សប្រភេទណាទៅដែលគិតបែបនេះ? (គឺមនុស្សដែលគ្មានស្មារតីការទទួលខុសត្រូវ)។ ពួកអ្នកដឹកនាំក្លែងក្លាយដែលខ្ជិលច្រអូស គ្មានភក្ដីភាព និងមិនទទួលខុសត្រូវ គិតបែបនេះឯង។ ពួកគេមិនការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីរៀបចំកន្លែងសម្រាប់បងប្អូនប្រុសស្រីហើយ ពួកគេគិតថា «ខ្ញុំបានរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នករាល់គ្នា នៅទីតាំងដ៏ល្អបែបនេះ ខ្ញុំបានធ្វើគុណបំណាច់ដ៏ធំធេងណាស់ចំពោះអ្នករាល់គ្នា!» ពួកគេមិនបានមើលឃើញថា នេះគឺជាការការពារកិច្ចការរបស់ពួកជំនុំឡើយ។ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ ប្រសិនបើអ្នក មិនរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើការ សំខាន់ៗឱ្យបានត្រឹមត្រូវ និងមិនធានាសុវត្ថិភាពរបស់ពួកគេឱ្យបានមានប្រសិទ្ធភាពទេនោះ ប្រសិនបើពួកគេជួបប្រទះនឹងគ្រោះថ្នាក់ ហើយមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតាបាន តើកិច្ចការរបស់ពួកជំនុំនឹងមិនត្រូវបានពន្យាពេលទេឬអី? អ្នកត្រូវតែរៀបចំកន្លែងស្នាក់នៅសម្រាប់ពួកគេឱ្យបានត្រឹមត្រូវ ជាមុនសិន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ទើបពួកគេអាចបន្តធ្វើការជាធម្មតាបាន។ ប៉ុន្តែ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនោះមិនគិតបែបនេះទេ ពួកគេយកមនុស្សទាំងនេះទៅទម្លាក់ចោលនៅទីតាំងមួយ រួចព្រងើយកន្តើយនឹងពួកគេ ហើយមិនទៅសាកសួរពួកគេអស់រយៈពេលយ៉ាងយូរ។ នៅពេលដែលមានស្ថានភាពគ្រោះថ្នាក់កើតឡើង ហើយពួកគេទាក់ទងអ្នកដឹកនាំរបស់ខ្លួនមិនបាន ពួកគេគ្មានជម្រើសអ្វីក្រៅពីផ្លាស់ទីដោយខ្លួនឯងឡើយ។ ទម្រាំតែអ្នកដឹកនាំរបស់ពួកគេដឹងរឿង ហើយទៅពិនិត្យមើលនៅទីបំផុត មនុស្សទាំងនោះបានទៅបាត់យូរហើយ ហើយអ្នកដឹកនាំមិនដឹងថាពួកគេទៅទីណាឡើយ។ តើនេះជាមនុស្សប្រភេទណា? តើនេះជាអ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទណា? គឺជាអ្នកដឹកនាំក្លែងក្លាយ។ ជាពិសេសចំពោះបងប្អូនប្រុសស្រីដែលមកពីតំបន់ផ្សេង ហើយមិនស៊ាំនឹងបរិយាកាសក្នុងតំបន់ អ្នកដឹកនាំ និងអ្នកធ្វើការ រឹតតែត្រូវទៅសួរសុខទុក្ខ និងតាមដានពួកគេឱ្យបានទៀងទាត់។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរសន្មត់ថា គ្រាន់តែរៀបចំកន្លែងស្នាក់នៅឱ្យពួកគេម្ដង គឺដោះស្រាយអ្វីៗគ្រប់យ៉ាងបានជារៀងរហូតនោះទេ តាមពិតទៅ ការងារនេះនៅមិនទាន់ចប់សព្វគ្រប់ឡើយ។ ពួកគេត្រូវទៅសួរសុខទុក្ខ និងតាមដានអ្នកទាំងនោះ ឱ្យបានញឹកញាប់។ ប្រសិនបើមិនងាយស្រួលសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការចេញមុខនៅទីតាំងនោះទេ ពួកគេគួរតែចាត់អ្នកផ្សេងឱ្យទៅមើល។ យ៉ាងហោចណាស់ ពួកគេត្រូវតែតាមដានកិច្ចការនេះ ដោយវាយតម្លៃបរិយាកាសរស់នៅរបស់អ្នកធ្វើការ សំខាន់ៗទាំងនេះ ដោយពិនិត្យមើលថាតើមានគ្រោះថ្នាក់ ឬមានអ្វីខុសប្រក្រតី ឬថាតើមានស្ថានភាពពិសេសណាមួយបានកើតឡើង ហើយថាតើចាំបាច់ត្រូវផ្លាស់ទីដែរឬទេ។ រឿងទាំងអស់នេះត្រូវតែស្វែងយល់ និងតាមដាន។ ប្រសិនបើក្នុងរយៈពេលខ្លី កន្លែងនេះហាក់ដូចជាសមស្របបំផុត នោះមិនអីទេ ប៉ុន្តែមួយរយៈក្រោយមក ពួកគេគួរតែត្រឡប់ទៅពិនិត្យមើលបរិយាកាស និងសុវត្ថិភាពរបស់អ្នកទាំងនោះ ហើយថាតើអ្នកទាំងនោះមានអាហារ និងសម្ភារប្រើប្រាស់គ្រប់គ្រាន់ដែរឬទេ ព័ត៌មានលម្អិតទាំងអស់នេះគួរតែត្រូវបានសាកសួរ។ វាអាចទៅរួចដែលអ្នកដឹកនាំ និងអ្នកធ្វើការប្រហែលជាមិនយល់ពីការងាររបស់ អ្នកធ្វើការ សំខាន់ៗ ក្នុងករណីនេះ ពួកគេមិនគួរលូកដៃក្នុងទិដ្ឋភាពនោះទេ ប៉ុន្តែការរៀបចំកន្លែងស្នាក់នៅសម្រាប់ពួកគេឱ្យបានសមរម្យ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ការមិនបានធ្វើបែបនេះ គឺជាការមិនបំពេញការទទួលខុសត្រូវរបស់ពួកគេ ហើយបង្ហាញថាពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើការងារជាក់ស្ដែង។ ជាពិសេសចំពោះបងប្អូនប្រុសស្រីដែលមកពីតំបន់ផ្សេង ពួកគេ រឹតតែ ត្រូវការការយកចិត្តទុកដាក់យ៉ាងដិតដល់បន្ថែមទៀត ហើយមិនគួរត្រូវបានប្រព្រឹត្តដាក់ដោយធ្វេសប្រហែសឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែទៅសាកសួរពួកគេមួយរយៈម្ដង ដោយមើលថាតើពួកគេមានការលំបាកអ្វីដែលត្រូវការដោះស្រាយដែរឬទេ ហើយថាតើមានបញ្ហា ឬស្ថានភាពពិសេសណាមួយនៅក្នុងបរិយាកាសដែលពួកគេកំពុងបំពេញភារកិច្ចក្នុងអំឡុងពេលនេះដែរឬទេ ឧទាហរណ៍ ថាតើមានសកម្មភាពខុសប្រក្រតីណាមួយដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលមូលដ្ឋាន គណៈកម្មាធិការសង្កាត់ ឬប៉ុស្តិ៍ប៉ូលិសដែរឬទេ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែសាកសួរអំពីកិច្ចការទាំងនេះ ដើម្បីឱ្យពួកគេទទួលបានព័ត៌មានច្បាស់។ បន្ទាប់មក អ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបគ្នាជាមួយម្ចាស់ផ្ទះអំពីគោលការណ៍ និងផ្លូវនៃការអនុវត្តសម្រាប់ការទទួលភ្ញៀវ និងការការពារអ្នកដែលកំពុងបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីឱ្យម្ចាស់ផ្ទះយល់ច្បាស់អំពីគោលការណ៍ និងផ្លូវនៃការអនុវត្តទាំងនេះ។ នេះនៅមិនទាន់ចប់រឿងទេ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចុះសួរសុខទុក្ខ និងសាកសួរអំពីស្ថានភាពរបស់គ្រួសារទទួលភ្ញៀវពីមួយពេលទៅមួយពេលផងដែរ។ បញ្ហាណាមួយដែលពួកគេរកឃើញ គួរតែត្រូវបានដោះស្រាយឱ្យទាន់ពេលវេលា ដើម្បីធានាថាគ្មានបញ្ហាកើតឡើង។ ទាល់តែធ្វើបែបនេះ ទើបការងារពិតជាធ្វើបានល្អ។ ប្រសិនបើម្ចាស់ផ្ទះជួបការលំបាកក្នុងការទទួលភ្ញៀវ ដូចជាកង្វះខាតផ្នែកហិរញ្ញវត្ថុ ឬខ្វះប្រាជ្ញា ដែលធ្វើឱ្យពួកគេមិនអាចឆ្លើយតប ឬដោះស្រាយស្ថានភាពដែលកើតឡើងបាន នោះអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែជួយដោះស្រាយបញ្ហាទាំងនេះ។ ខាតផ្នែកហិរញ្ញវត្ថុគឺងាយស្រួលដោះស្រាយទេ ដំណាក់របស់ព្រះជាម្ចាស់អាចចេញថវិកា សម្រាប់ការទទួលភ្ញៀវ ចំណែកឯគ្រួសារទទួលភ្ញៀវគ្រាន់តែចេញកម្លាំងកាយគឺបានហើយ។ ប្រសិនបើម្ចាស់ផ្ទះខ្វះប្រាជ្ញា នេះគឺជាបញ្ហាធំ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែពន្យល់ឱ្យច្បាស់អំពីប្រាជ្ញាដែលចាំបាច់ និងគោលការណ៍នៃការអនុវត្តមួយចំនួនទាក់ទងនឹងផ្នែកនេះ។ ប្រសិនបើម្ចាស់ផ្ទះនៅតែសមត្ថភាពមិនដល់ នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែស្វែងរកបងប្អូនប្រុសស្រីដែលមានប្រាជ្ញានៅក្បែរនោះ ដើម្បីសហការជាមួយម្ចាស់ផ្ទះក្នុងការអនុវត្តការងារនេះឱ្យបានល្អ។ ប្រសិនបើបញ្ហាស្ថិតនៅលើម្ចាស់ផ្ទះផ្ទាល់ ដូចជាមានចិត្តកំសាក ឬខ្លាចត្រូវគេចាប់ខ្លួន នោះអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបសេចក្ដីពិតដើម្បីផ្ដល់ការជួយជ្រោមជ្រែង និងជំនួយ ដោយប្រកបគ្នាអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងតម្លៃ និងសារៈសំខាន់ នៃការបំពេញភារកិច្ចនេះ។ ប្រសិនបើវាជាបញ្ហាទាក់ទងនឹងបរិយាកាសសត្យានុម័ត នោះមិនត្រូវពន្យារពេល ឬចេះតែបណ្ដោយតាមឡើយ ហើយរឹតតែមិនត្រូវប្រព្រឹត្តដោយធ្វេសប្រហែសទៀតផង គឺត្រូវតែដោះស្រាយភ្លាមៗ។ ឧទាហរណ៍ ប្រសិនបើមានគេកត់សម្គាល់កន្លែងនេះរួចហើយ ដោយមានមនុស្សចម្លែកដែលគួរឱ្យសង្ស័យ ចេញចូលជាញឹកញាប់នៅក្នុងតំបន់នោះ ហើយអាចមាននរណាម្នាក់កំពុងឃ្លាំមើលទីតាំងនោះ នោះវាបង្កជាហានិភ័យហើយ។ ដូច្នេះ ចូរផ្លាស់ទីបងប្អូនប្រុសស្រីភ្លាម ការរង់ចាំរហូតដល់មានរឿងកើតឡើង នឹងហួសពេលមិនខាន។ ប្រសិនបើស្ថានភាពនេះមានលក្ខណៈ បណ្ដោះអាសន្ន ហើយគ្រាន់តែជានីតិវិធីជាប្រចាំធម្មតា នោះវានៅតែអាចទ្រាំដោះស្រាយបានទាំងប្រផិតប្រផើយ៖ ឱ្យបងប្អូនប្រុសស្រីចាកចេញជាបណ្ដោះអាសន្ន ដើម្បីគេចចេញមួយថ្ងៃ ឬពីរថ្ងៃសិន ហើយពួកគេអាចត្រឡប់មកវិញនៅពេលក្រោយ។ ប្រសិនបើមានគេកត់សម្គាល់រួចហើយ នោះការស្នាក់នៅទីនោះលែងជាជម្រើសទៀតហើយ ហើយចាំបាច់ត្រូវផ្លាស់ទីជាអចិន្ត្រៃយ៍។ នេះគឺជាបញ្ហាលម្អិតមួយចំនួនដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវដោះស្រាយនៅក្នុងការងារនេះ។ ការងារនេះមិនមែនគ្រាន់តែដាក់មនុស្សពីរបីនាក់នៅទីតាំងមួយដែលមានអាហារ និងជម្រក ហើយចាត់ទុកថាចប់សព្វគ្រប់នោះទេ គឺមានព័ត៌មានលម្អិតជាច្រើនពាក់ព័ន្ធ។ ជាពិសេសនៅក្នុងប្រទេសដូចជាប្រទេសចិន ដែលបរិយាកាសមានភាពប្រទូសរ៉ាយខ្លាំង និងមានការធ្វើទុក្ខបុកម្នេញលើសាសនាយ៉ាងធ្ងន់ធ្ងរ អ្នកដឹកនាំ និងអ្នកធ្វើការ រឹតតែត្រូវយកចិត្តទុកដាក់ជាពិសេស និងឃ្លាំមើលយ៉ាងដិតដល់នូវបរិយាកាសរស់នៅ និងបញ្ហាសុវត្ថិភាពរបស់អ្នកធ្វើការសំខាន់ៗ។ ពួកគេមិនអាចធ្វេសប្រហែសបានឡើយ។ គ្រប់ទិដ្ឋភាពនៃការងារជាក់លាក់ត្រូវតែធ្វើឱ្យបានល្អ ដើម្បីធានាថាសុវត្ថិភាពរបស់អ្នកធ្វើការ សំខាន់ៗទាំងនេះត្រូវបានធានា ហើយពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្ងប់ចិត្ត។ តាមរបៀបនេះ ទើបការងារបានសម្រេចទៅយ៉ាងល្អប្រសើរ។ នេះគឺជាការងារដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើទាក់ទងនឹងគ្រួសារទទួលភ្ញៀវ ហើយមានព័ត៌មានលម្អិតជាច្រើនពាក់ព័ន្ធនៅទីនេះ។

អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ បន្ទាប់ពីរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកធ្វើការ សំខាន់ៗមួយចំនួននៅផ្ទះទទួលភ្ញៀវដែលសមស្របរួចហើយ ពួកគេមិនខ្វល់ពីអ្នកទាំងនោះឡើយ ហើយមិនបន្តតាមដានស្ថានភាពរបស់គ្រួសារទទួលភ្ញៀវទេ។ ពួកគេនិយាយថា៖ «ខ្ញុំរវល់នឹងកិច្ចការរបស់ពួកជំនុំជារៀងរាល់ថ្ងៃ តើខ្ញុំមានពេលឯណាទៅសួរសុខទុក្ខមនុស្សទាំងនេះ? ម្យ៉ាងទៀត នៅមានការងារផ្សេងទៀតជាច្រើន ហើយវាក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ។ ការបំពេញការងាររបស់យើងមិនងាយស្រួលទេ!» ពួកគេចេះតែសង្កត់ធ្ងន់លើហេតុផលសត្យានុម័ត ប៉ុន្តែពួកគេមិនចង់បំពេញការទទួលខុសត្រូវរបស់ខ្លួនឡើយ។ តើ អ្នករាល់គ្នាគិតយ៉ាងណាដែរ តើការលើកឡើងរបស់ពួកគេនេះសមហេតុផលដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនសមហេតុផល? (តាមពិតទៅ ការធ្វើការងារនេះមិនតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការចំណាយពេល និងកម្លាំងច្រើនពេកទេ។ ពួកគេអាច ឆ្លៀតចូលទៅសួរសុខទុក្ខអ្នកទាំងនោះនៅពេលចេញទៅក្រៅ។ ហើយប្រសិនបើពួកគេគ្មានពេល ពួកគេក៏អាចចាត់បងប្អូនប្រុសស្រីនៅក្បែរនោះឱ្យទៅសួរសុខទុក្ខជំនួសបានដែរ)។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការចង់ធ្វើការងារនេះឱ្យបានល្អ ទោះបីជាការងារស្នូលរបស់ពួកគេធ្វើឱ្យពួកគេរវល់បន្តិចក៏ដោយ ក៏ពួកគេនៅតែឆ្លៀតពេលដើម្បីយកចិត្តទុកដាក់លើការងារនេះដែរ។ ប្រសិនបើពួកគេគ្មានពេលទៅដោយខ្លួនឯងទេ ពួកគេអាចចាត់អ្នកផ្សេងឱ្យទៅ។ មិនថាពួកគេចាត់អ្នកផ្សេង ឬទៅដោយខ្លួនឯងនោះទេ សរុបមក ការងារនេះស្ថិតនៅក្នុងដែនការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ការធ្វើការងារនេះឱ្យបានល្អ គឺជាការទទួលខុសត្រូវដ៏សំខាន់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយមិនអាចមើលរំលងបានឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការរវល់ពេក ហើយគ្មានពេលដោយខ្លួនឯង ហើយពួកគេក៏មិនចាត់អ្នកផ្សេងឱ្យទៅដែរ នោះនឹងគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះរឿងនេះឡើយ។ ប្រសិនបើមានរឿងអ្វីកើតឡើង នេះគឺជាការមិនបំពេញការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ។ ដើម្បីការពារអ្នកដែលកំពុងបំពេញភារកិច្ចសំខាន់ៗ មិនឱ្យរងការរំខានពីពិភពខាងក្រៅ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែពិចារណាលើគ្រប់ផ្នែកនៃបញ្ហា ដោយធានាឱ្យបានជាអតិបរមាថា ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្ងប់ចិត្ត និងអនុវត្តការងារនៅក្នុងដៃរបស់ខ្លួនបានយ៉ាងមានរបៀបរៀបរយ។ ប្រសិនបើអ្នកធ្វើការសំខាន់ៗត្រូវបានការពារបានល្អ នោះវាស្មើនឹងការការពារការងារសំខាន់នោះដែរ។ នៅពេលដែល អ្នកធ្វើការសំខាន់ៗអាចធ្វើការបានជាធម្មតា នោះការងារសំខាន់ក៏អាចដំណើរការទៅបានយ៉ាងមានរបៀបរៀបរយដែរ។ ហេតុដូច្នេះហើយ គោលបំណងដែលអ្នកដឹកនាំ និងអ្នកធ្វើការការពារអ្នកធ្វើការសំខាន់ៗ តាមពិតទៅគឺដើម្បីការពារការងារសំខាន់ៗនីមួយៗ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការខ្លះនិយាយថា «អ្នក កំពុងបំពេញភារកិច្ចសំខាន់ ហើយសុំឱ្យខ្ញុំការពារអ្នក ប៉ុន្តែខ្ញុំស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ ហើយខ្ញុំក៏មិនមានសុវត្ថិភាពដែរ។ ខ្ញុំមិនទាំងអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនផង តើខ្ញុំអាចការពារ អ្នករាល់គ្នាបានដោយរបៀបណា?» តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ)។ តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះមានការយល់ដឹងបែបណា? (ការយល់ដឹងរបស់ពួកគេខ្សោយណាស់ មនុស្សបែបនេះអាត្មានិយម ហើយងាយនឹងបំផ្លើសខុសទំនង)។ ពួកគេគឺជាបុគ្គលដែលងាយនឹងបំផ្លើសខុសទំនងមានគំនិតលំអៀង។ តើបុគ្គលដែលងាយនឹងបំផ្លើសខុសទំនង ខ្វះតម្រិះប្រកបដោយវិចារណញាណមែនទេ? (មែនហើយ)។ ប្រសិនបើបងប្អូនប្រុសស្រីទាំងនេះមិនមែនកំពុងបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ប៉ុន្តែបែរជាកំពុងធ្វើការ និងរស់នៅក្នុងពិភពលោកវិញ តើពួកគេនៅតែត្រូវការឱ្យការពារដែរឬទេ? ដោយសារតែពួកគេកំពុងធ្វើកិច្ចការរបស់ពួកជំនុំ និងបំពេញភារកិច្ចសំខាន់ៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយដោយសារតែប្រសិនបើពួកគេត្រូវបានចាប់ខ្លួន ពួកគេអាចនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ឬត្រូវគេវាយដំរហូតដល់របួស ឬពិការ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំ ទើប អ្នកធ្វើការសំខាន់ៗត្រូវតែទទួលបានការការពារឱ្យបានល្អ។ មានតែតាមរបៀបនេះទេ ទើបកិច្ចការរបស់ពួកជំនុំអាចដំណើរការទៅបានយ៉ាងមានរបៀបរៀបរយ។ ប្រសិនបើពួកគេនៅក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលមានសេរីភាពនៃជំនឿសាសនា ហើយអ្នកដែលជឿលើព្រះជាម្ចាស់មិនត្រូវបានធ្វើទុក្ខបុកម្នេញ នោះការងារនេះនឹងទៅជាសាមញ្ញសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ ជាមូលដ្ឋាន ពួកគេគ្រាន់តែត្រូវការស្វែងរកផ្ទះដែលសមស្រប ហើយរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកដែលបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ប៉ុណ្ណោះ។ យ៉ាងច្រើនបំផុត ពួកគេគ្រាន់តែត្រូវការសួរថា តើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេក្នុងពេលថ្មីៗនេះយ៉ាងម៉េចដែរ ហើយថាតើបរិយាកាសរស់នៅមានបំពានបទប្បញ្ញត្តិណាមួយរបស់រដ្ឋាភិបាលដែរឬទេ។ ប្រសិនបើមានការបំពាន ចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថាបញ្ហាគឺជាអ្វី ព្រមទាំងត្រូវកែតម្រូវ និងដោះស្រាយដោយរបៀបណាផង។ ប្រសិនបើគ្មានការបំពានទេ ប៉ុន្តែរដ្ឋាភិបាលកំពុងបង្កបញ្ហា ឬមានមនុស្សអាក្រក់ ឬបុគ្គលមិនស្គាល់អត្តសញ្ញាណមកយាយី នោះចាំបាច់ត្រូវពិគ្រោះជាមួយមេធាវី ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ។ នៅក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យដែលមានសេរីភាពមួយចំនួន យ៉ាងច្រើនបំផុតគឺត្រូវការតែការងារប្រភេទនេះប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងរបបផ្ដាច់ការដែលគ្មានសេរីភាពនៃជំនឿសាសនា សេចក្ដីតម្រូវសម្រាប់បរិយាកាស និងលក្ខខណ្ឌរបស់គ្រួសារទទួលភ្ញៀវ ត្រូវតែតឹងរ៉ឹងជាងមុន ហើយការងារកាន់តែច្រើន ព្រមទាំងការងារលម្អិតបន្ថែមទៀត ចាំបាច់ត្រូវធ្វើពាក់ព័ន្ធនឹងសុវត្ថិភាពផងដែរ។ ជាការពិតណាស់ ការលំបាកដែលពាក់ព័ន្ធនឹងការងារបែបនេះ ក៏កាន់តែធំដែរ។ ចំពោះការងារការពារអ្នកធ្វើការ សំខាន់ៗពីការជ្រៀតជ្រែត នៃពិភពខាងក្រៅ ប្រសិនបើគ្រប់ទិដ្ឋភាពនៃបរិយាកាសត្រូវបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ នោះការជ្រៀតជ្រែត ដែលកើតចេញពីបរិយាកាសនឹងត្រូវបានកាត់បន្ថយបានខ្លះ។ ប្រសិនបើទាំងបរិយាកាសខាងក្រៅ និងបរិយាកាសខាងក្នុងត្រូវបានយកមកពិចារណាទាំងស្រុង នោះផ្លូវដែលប្រាកដនិយម និងអាចអនុវត្តបាន នឹងអាចរកឃើញ។ តាមរបៀបនេះ បរិយាកាសអាចត្រូវបានកែលម្អក្នុងកម្រិតណាមួយ ហើយការជ្រៀតជ្រែកអាចត្រូវបានកាត់បន្ថយ។ វិធីសាស្ត្រនេះគឺ សមស្របជាង។

ការរក្សាសុវត្ថិភាពសម្រាប់បុគ្គលិកកាន់ការងារសំខាន់

I. របៀបធានាសុវត្ថិភាពដល់​រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅតាម​បណ្ដាប្រទេសដែលមានការ​ធ្វើទុក្ខបុកម្នេញលើសេចក្តីជំនឿ

ទំនួលខុសត្រូវទីដប់ប្រាំរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ជាដំបូងគឺត្រូវការពារបុគ្គលិកកាន់ការងារសំខាន់ៗ ដោយការពារពួកគេពីការជ្រៀតជ្រែកនៃមជ្ឈដ្ឋានខាងក្រៅ បន្ថែមពីនេះ អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវតែធានាសុវត្ថិភាពរបស់អ្នកទាំងនេះផងដែរ។ សេចក្ដីតម្រូវសម្រាប់ការធានាសុវត្ថិភាពរបស់ពួកគេ គឺកាន់តែតឹងរ៉ឹងជាងនេះទៅទៀត។ ចូរយើងក្រឡេកមើលជាមុនសិនថា តើទិដ្ឋភាពណាខ្លះដែលពាក់ព័ន្ធនឹងសុវត្ថិភាព តើបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពអ្វីខ្លះ ដែលអ្នករាល់គ្នាអាចគិតឃើញ? ដើម្បីធានាសុវត្ថិភាពរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ ជាចាំបាច់ត្រូវធានាជាមុនសិនថា ពួកគេមិនរងផលប៉ះពាល់ពីការជ្រៀតជ្រែកនៃមជ្ឈដ្ឋានខាងក្រៅឡើយ នេះគឺជាកម្រិតទាបបំផុតដែលត្រូវតែសម្រេចឱ្យបាន ហើយមានតែនៅលើមូលដ្ឋាននេះប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពរបស់ពួកគេបាននៅទីបំផុត។ សុវត្ថិភាពដែលយើងកំពុងនិយាយនៅទីនេះ គឺគ្រាន់តែមានន័យថា អាចធានាថាអ្នកដែលបំពេញភារកិច្ចរបស់ខ្លួន មិនត្រូវបានរំខាន ឬចាប់ខ្លួន ហើយអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតា។ វាគឺសាមញ្ញបែបហ្នឹងឯង។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចធានាថា អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន នឹងត្រូវបានការពារពីការជ្រៀតជ្រែក និងការចាប់ខ្លួនទេ នោះគ្មានផ្លូវនឹងធានាសុវត្ថិភាពរបស់ពួកគេបានឡើយ។ ចូរគិតអំពីចំណុចនេះមើល៍ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរយកចិត្តទុកដាក់លើរឿងអ្វីខ្លះ ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិកកាន់ការងារសំខាន់ៗ? ទីមួយ ពួកគេត្រូវតែរៀបចំបុគ្គលិកកាន់ការងារសំខាន់ៗ ឱ្យស្នាក់នៅក្នុងកន្លែងមួយដ៏សមរម្យ។ តើកន្លែងសមរម្យ មានន័យដូចម្ដេច? វាត្រូវតែបំពេញតាមលក្ខខណ្ឌយ៉ាងហោចណាស់ចំនួនពីរ។ ទីមួយ កន្លែងនេះត្រូវតែគ្មានការជ្រៀតជ្រែកណាមួយពីមជ្ឈដ្ឋានជុំវិញឡើយ។ ទីពីរ វាត្រូវតែមិនទាក់ទាញចំណាប់អារម្មណ៍ឡើយ មានតែបងប្អូនប្រុសស្រីក្នុងតំបន់ពីរបីនាក់ប៉ុណ្ណោះដែលដឹងថា គ្រួសារនេះជឿលើព្រះជាម្ចាស់ និងទទួលភ្ញៀវ ចំណែកឯអ្នកផ្សេងទៀតគឺមិនដឹងឡើយ។ មានតែកន្លែងបែបនេះទេ ទើបស័ក្ដិសមសម្រាប់ទទួលអ្នកដែលបំពេញភារកិច្ចសំខាន់ៗ។ បន្ទាប់ពីបុគ្គលិកកាន់ការងារសំខាន់ៗទាំងនេះចូលមកស្នាក់នៅ ព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ និងស្រុកកំណើតរបស់មនុស្សម្នាក់ៗ ព្រមទាំងស្ថានភាពជាក់លាក់ ដូចជាប្រភេទនៃកិច្ចការពួកជំនុំដែលពួកគេធ្វើ និងថាតើពួកគេធ្លាប់ត្រូវបានចាប់ខ្លួនពីមុនមក ឬត្រូវបានរដ្ឋាភិបាលតាមចាប់ខ្លួនឬអត់នោះ មិនគួរត្រូវបានបញ្ចេញឱ្យអ្នកដទៃដឹងដោយមិនប្រយ័ត្នឡើយ។ មានមនុស្សកាន់តែតិចដែលដឹង គឺកាន់តែល្អ។ ដោយសារតែកម្ពស់របស់មនុស្សនៅតូចទាបពេក ហើយមិនប្រាកដទេថា តើពួកគេអាចឈរមាំបានឬអត់ ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ ដូច្នេះពួកគេគួរតែមានការស្គាល់ខ្លួនឯង និងចៀសវាងការសាកសួរព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រីដោយមិនប្រយ័ត្ន ដើម្បីចៀសវាងការនាំបញ្ហាមកដាក់ខ្លួននៅថ្ងៃក្រោយ។ គោលការណ៍ និងប្រាជ្ញានៅក្នុងទិដ្ឋភាពនេះ គួរតែត្រូវបានប្រកបគ្នាជាញឹកញាប់ ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ចំណុចទាំងនេះ។ នេះមិនត្រឹមតែមានប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រយោជន៍ដល់បុគ្គលម្នាក់ៗផងដែរ។ ហេតុដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែណែនាំបងប្អូនប្រុសស្រីនៃគ្រួសារទទួលភ្ញៀវ ឱ្យចេះរក្សាមាត់រក្សាក និងកុំបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ ទៅឱ្យបងប្អូនប្រុសស្រីដទៃទៀត ឬទៅឱ្យសមាជិកគ្រួសាររបស់ខ្លួនដែលមិនជឿឡើយ។ តើចាំបាច់ត្រូវធ្វើកិច្ចការនេះដែរឬទេ? (ចាំបាច់។) បងប្អូនប្រុសស្រីនៃគ្រួសារទទួលភ្ញៀវខ្លះ មិនចេះរក្សាមាត់រក្សាកឡើយ។ ឧទាហរណ៍៖ មានអ្នកណាម្នាក់បានទទួលអ្នកដឹកនាំ និងអ្នកធ្វើការពីរបីនាក់ ហើយពួកគេបានដឹងច្បាស់អំពីស្ថានភាពផ្ទាល់ខ្លួន ប្រវត្តិគ្រួសារ និងភារកិច្ចដែលអ្នកទាំងនោះកំពុងបំពេញ។ បន្ទាប់មក ពួកគេបាននិយាយទៅកាន់កូនៗរបស់ខ្លួនថា៖ «មើលចុះ គេមានអាយុស្មើនឹងកូនឯងដែរ។ គេបានជឿលើព្រះជាម្ចាស់អស់រយៈពេលដប់ឆ្នាំមកហើយ ហើយថែមទាំងបានឈប់ធ្វើការដើម្បីបំពេញភារកិច្ចរបស់គេទៀតផង។ គេធ្លាប់ធ្វើការនៅក្នុងស្ថាប័នរដ្ឋាភិបាលនៅទីក្រុងនេះទីក្រុងនោះ ដោយមានប្រាក់ចំណូលរាប់ម៉ឺនយ័នក្នុងមួយឆ្នាំ!» អ្នកឃើញទេ ហាក់ដូចជាពួកគេគ្រាន់តែនិយាយលេងធម្មតាប៉ុណ្ណោះ តែពួកគេបានបញ្ចេញស្ថានភាពរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗទាំងនេះ ទៅឱ្យសមាជិកគ្រួសារដែលមិនជឿរបស់ខ្លួនបានដឹង។ ថែមទាំងមានអ្នកខ្លះទៀត ដែលនៅពេលទទួលបងប្អូនប្រុសស្រីដែលធ្លាប់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពីមុនមក ក៏ប្រាប់សមាជិកគ្រួសាររបស់ពួកគេថា៖ «មើលចុះ គេបានជាប់គុកអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនដែលក្លាយជាយូដាសឡើយ។ បន្ទាប់ពីត្រូវបានដោះលែង គេបន្តបំពេញភារកិច្ចរបស់ខ្លួនដដែល។ ឥឡូវនេះ រដ្ឋាភិបាលចង់ចាប់ខ្លួនគេម្ដងទៀត ដូច្នេះគេមិនអាចត្រឡប់ទៅផ្ទះដើម្បីជួបជុំជាមួយគ្រួសារបានទេ ទោះជាយ៉ាងនេះក្ដី ក៏គេមិនអវិជ្ជមានដែរ។ ឃើញទេថា សេចក្ដីជំនឿរបស់គេធំធេងប៉ុនណា? ហេតុអ្វីបានជាឯងមិនអាចជឿឱ្យបានត្រឹមត្រូវ?» តាមរបៀបនេះ ពួកគេបានបញ្ចេញព័ត៌មានសំខាន់ៗអំពីបងប្អូនប្រុសស្រីដោយមិនប្រយ័ត្ន តាមរបៀបនៃការអប់រំកូនៗរបស់ពួកគេ។ តើនេះអាចនាំឱ្យមានបញ្ហានៅថ្ងៃក្រោយដែរឬទេ? (អាច។) តើនេះជាបញ្ហាដែរឬទេ? (ជាបញ្ហាមែន។) ប្រសិនបើគ្មានអ្វីកើតឡើងដោយសាររឿងនេះទេ នោះមិនអីទេ ប៉ុន្តែនៅពេលដែលនាគដ៏ធំមានសម្បុរក្រហមធ្វើការចាប់ខ្លួន សមាជិកគ្រួសារដែលមិនជឿរបស់ពួកគេ គឺជាមនុស្សដំបូងគេដែលចេញមុខមក ហើយរាយការណ៍អំពីបងប្អូនប្រុសស្រីថា៖ «លោកប៉ូលិស! ឈ្មោះនេះឈ្មោះនោះគឺជាអ្នកដឹកនាំ គឺគាត់ហ្នឹងហើយដែលលោកតាមចាប់ខ្លួន»។ បន្ទាប់មក មនុស្សដែលត្រូវបានគេក្បត់នោះ ក៏ត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន និងវាយដំស្ទើរតែស្លាប់ ហើយមិនដឹងថាតើពួកគេនឹងអាចបន្តបំពេញភារកិច្ចរបស់ខ្លួន ឬរស់នៅក្នុងជីវិតធម្មតាបានទៀតឬអត់នោះទេ។ នេះគឺជាផលវិបាកនៃការក្បត់។ តើនេះមិនមែនបណ្ដាលមកពីការនិយាយស្ដីដោយមិនប្រយ័ត្នរបស់អ្នកទទួលភ្ញៀវទេឬ? (មែនហើយ។) ប្រសិនបើបុគ្គលិកកាន់ការងារសំខាន់ៗប្រឈមនឹងហានិភ័យសុវត្ថិភាពបែបនេះ តើនេះមិនមែនមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការមិនបានបំពេញការងាររបស់ខ្លួនឱ្យបានដិតដល់ទេឬ? (មែនហើយ។) អ្នកទទួលភ្ញៀវគិតថា៖ «សមាជិកគ្រួសាររបស់យើងសុទ្ធតែជាមនុស្សល្អ ពួកគេនឹងមិនក្បត់អ្នកទេ។ ពួកគេគាំទ្រការជឿលើព្រះជាម្ចាស់ ពួកគេថែមទាំងទិញបន្លែ និងសាច់នៅពេលអ្នករាល់គ្នាមកទៀតផង!» ពួកគេចាត់ទុកសមាជិកគ្រួសារដែលមិនជឿ ហាក់ដូចជាបងប្អូនប្រុសស្រីដែរ ដោយមិនអាចមើលធ្លុះថា គ្រួសាររបស់ពួកគេអាចធ្វើអ្វីបានខ្លះ ឬថាតើផលវិបាកនឹងធ្ងន់ធ្ងរប៉ុនណា ប្រសិនបើពួកគេក្បត់បងប្អូនប្រុសស្រីនោះ។ ពួកគេក៏ចូលចិត្តសួរដេញដោលខ្លាំងណាស់ដែរ អំពីស្ថានភាពរបស់បងប្អូនប្រុសស្រី ដោយសួរថា៖ «តើអ្នកបានបំពេញភារកិច្ចនេះប៉ុន្មានឆ្នាំហើយ? តើអ្នកធ្លាប់បំពេញភារកិច្ចគ្រោះថ្នាក់ដែរឬទេ? តើអ្នកល្បីឈ្មោះក្នុងតំបន់ថាជាអ្នកដែលជឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកធ្លាប់ត្រូវបានគេចាប់ខ្លួនដែរឬទេ?» ជាពិសេសនៅពេលនិយាយដល់អ្នកដែលត្រូវបានគេតាមចាប់ខ្លួន ឬមានប្រវត្តិនៅប៉ូលិសដោយសារតែការជឿលើព្រះជាម្ចាស់ ហើយកំពុងផ្សាយដំណឹងល្អនៅក្នុងតំបន់ ឬប្រទេសផ្សេង អ្នកទទួលភ្ញៀវតែងតែសួរនាំអំពីព័ត៌មានរបស់ពួកគេ ដោយសួរថា៖ «អ្នកត្រូវបានគេតាមចាប់ខ្លួនឬ? តើជាដីកាតាមចាប់ខ្លួនក្នុងតំបន់ ថ្នាក់ខេត្ត ឬថ្នាក់ជាតិ?» «អ្នកមានប្រវត្តិនៅប៉ូលិស តើអ្នកត្រូវបានគេចាប់ខ្លួនប៉ុន្មានដងដែរ? តើអ្នកត្រូវបានកាត់ទោសឱ្យជាប់គុកប៉ុន្មានឆ្នាំ?» ពួកគេសួរអំពីរឿងទាំងនេះយ៉ាងលម្អិតបំផុត។ បងប្អូនប្រុសស្រីដែលស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ឃើញថាពួកគេមានចិត្តក្លៀវក្លាក្នុងការទទួលភ្ញៀវ ហើយថាពួកគេមិនមែនជាមនុស្សអាក្រក់ទេ។ ប្រសិនបើពួកគេមិនប្រាប់ព័ត៌មាននេះទេ ពួកគេមានអារម្មណ៍ថា ហាក់ដូចជាមិនសូវគួរសមសោះ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ទើសទាល់។ មនុស្សខ្លះមានអារម្មណ៍ថាត្រូវបង្ខំចិត្តនិយាយរឿងខ្លះៗ ហើយបន្ទាប់ពីនិយាយរួច ជួនកាលវានាំឱ្យមានផលវិបាកធ្ងន់ធ្ងរដែលមិនអាចចៀសរួច។ ហេតុដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែណែនាំអ្នកទទួលភ្ញៀវដោយផ្ទាល់ថា៖ «មានច្បាប់ទម្លាប់ពីរបីដែលអ្នកត្រូវតែអនុវត្តតាម នៅពេលទទួលបងប្អូនប្រុសស្រី។ ចូរកុំសួរដេញដោល ឬសួរសំណួរផ្ដេសផ្ដាស ការដឹងរឿងរបស់ពួកគេច្រើនពេក នឹងមិនផ្ដល់ផលប្រយោជន៍ដល់អ្នកទេ។ ប្រសិនបើមានរឿងអ្វីកើតឡើង ហើយអ្នកមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបានទេ អ្នកអាចនឹងក្លាយជាយូដាសនៅទីបំផុត។ ក្នុងករណីនោះ ព័ត៌មានដែលអ្នកបានដឹង និងបានក្ដាប់ជាប់នោះ ជាមូលដ្ឋានដែលត្រួសត្រាយផ្លូវឱ្យអ្នកក្លាយជាយូដាស។ ប្រសិនបើរឿងនោះកើតឡើង វានឹងបន្សល់ទុកនូវវិប្បដិសារីអស់មួយជីវិតដល់អ្នក ហើយនៅទីបំផុត អ្នកនឹងប្រឈមមុខនឹងការដាក់ទោស។ ប្រសិនបើអ្នកមិនដឹងព័ត៌មានលម្អិតទាំងនេះទេ អ្នកនឹងមិនក្លាយជាយូដាសឡើយ។ ដូច្នេះ អ្នកមិនត្រូវសួរដេញដោល ឬព្យាយាមស្វែងយល់អំពីរឿងទាំងនេះជាដាច់ខាត។ ការមិនដឹង គឺការពារអ្នក ហើយមិនប៉ះពាល់ដល់ការទទួលភ្ញៀវរបស់អ្នក ឬការទទួលបានសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់របស់អ្នកឡើយ។ វាជាការល្អបំផុត ប្រសិនបើអ្នកមិនដឹង។ អ្នកដឹងច្បាស់ហើយថា បងប្អូនប្រុសស្រីទាំងនេះមកទីនេះដើម្បីបំពេញភារកិច្ចរបស់ពួកគេ ហើយថាពួកគេមិនមែនជាមនុស្សអាក្រក់ ឬជាមនុស្សកំណាចឡើយ ដូច្នេះមិនចាំបាច់សួរដេញដោលអ្វីទៀតទេ។ ការបំពេញភារកិច្ចទទួលភ្ញៀវរបស់អ្នកគឺជាអ្វីដែលសំខាន់បំផុត ហើយការធានាសុវត្ថិភាពរបស់ពួកគេគឺគ្រប់គ្រាន់ហើយ»។ នេះគឺជាកិច្ចការមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែធ្វើ។ បន្ថែមពីនេះ ចំពោះអ្នកជឿក្នុងតំបន់ដែលខ្វះគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ខ្លួន និងជាអ្នកជឿតែឈ្មោះ អ្នកដែលមាត់ដាច ហើយងាយនឹងសួរដេញដោល អ្នកដែលរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងអ្នកដែលពួនសម្ងំភ្លាមៗដូចជាអណ្ដើកលឹបក្បាលចូលក្នុងស្នូកនៅពេលមានបញ្ហាកើតឡើង ហើយថែមទាំងអាចក្បត់ពួកជំនុំ និងក្លាយជាយូដាសទៀតនោះ គឺដាច់ខាតមិនត្រូវអនុញ្ញាតឱ្យដឹងថា គ្រួសារទទួលភ្ញៀវកំពុងទទួលបងប្អូនប្រុសស្រីឡើយ។ ប្រសិនបើត្រូវការបងប្អូនប្រុសស្រីខ្លះ ដើម្បីជួយក្នុងកិច្ចការទទួលបុគ្គលិកកាន់ការងារសំខាន់ៗ នោះគួរតែជ្រើសរើសតែអ្នកដែលមានគ្រឹះនៅក្នុងការជឿលើព្រះជាម្ចាស់ និងមានប្រាជ្ញាប៉ុណ្ណោះ ដើម្បីសហការ។ អ្នកដែលគ្មានគ្រឹះ ឬគ្មានប្រាជ្ញា គឺដាច់ខាតមិនស័ក្ដិសមឡើយ។ ដូច្នេះ តើគួរផ្ដល់ជំនួយដោយរបៀបណាឱ្យប្រាកដ? បងប្អូនប្រុសស្រីនៃគ្រួសារទទួលភ្ញៀវ ផ្ដោតលើការទទួលភ្ញៀវនៅផ្ទះរបស់ពួកគេ ចំណែកឯបងប្អូនប្រុសស្រីក្នុងតំបន់ដែលមានប្រាជ្ញា និងសេចក្ដីជំនឿ ជួយពីខាងក្រៅដោយការជួយបិទបាំង និងការពារមជ្ឈដ្ឋានជុំវិញ។ ពួកគេគួរតែសេពគប់ជាមួយមនុស្សដែលមានឥទ្ធិពល តាមដានឱ្យទាន់នូវគោលនយោបាយរបស់រដ្ឋាភិបាល និន្នាការ និងប្រតិបត្តិការដែលអាចកើតមាន ហើយជូនដំណឹងដល់បងប្អូនប្រុសស្រីនៃគ្រួសារទទួលភ្ញៀវឱ្យទាន់ពេលវេលា។ តាមរបៀបនេះ ប្រសិនបើរដ្ឋាភិបាលចាប់ផ្ដើមប្រតិបត្តិការចាប់ខ្លួនណាមួយ នោះវិធានការការពារអាចធ្វើឡើងបានទាន់ពេលវេលា ហើយនឹងនៅមានពេលសម្រាប់ការជម្លៀស និងការផ្លាស់ប្ដូរទីកន្លែង ឬការលាក់ខ្លួន ដោយចៀសវាងគ្រោះថ្នាក់បាន។ មានតែតាមរបៀបនេះប៉ុណ្ណោះ ទើបសុវត្ថិភាពរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ អាចធានាបានជាមូលដ្ឋាន។ សរុបសេចក្ដីមក វាមិនមែនជារឿងត្រឹមត្រូវទេ ដែលអ្នកដឹកនាំ និងអ្នកធ្វើការចាត់ចែងកិច្ចការនេះដោយផ្នត់គំនិតសាមញ្ញពេកនោះ ការគិតឱ្យបានស៊ីជម្រៅនៅក្នុងរឿងនេះ គឺតែងតែប្រសើរជាងការគិតសាមញ្ញៗ ពីព្រោះបញ្ហាសុវត្ថិភាពមិនអាចមើលរំលងបានឡើយ ប្រសិនបើមានអ្វីខុសឆ្គងកើតឡើង វានឹងមិនមែនជាបញ្ហាតូចតាចឡើយ!

នៅក្នុងកិច្ចការនៃការធានាសុវត្ថិភាពដល់បុគ្គលិកកាន់ការងារសំខាន់ៗ ក៏នៅមានស្ថានភាពជាក់លាក់នានាដែលត្រូវយកចិត្តទុកដាក់ផងដែរ។ មនុស្សខ្លះបំពេញភារកិច្ចដែលមានហានិភ័យ ដូចជាការដឹកជញ្ជូនសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបញ្ជូនការណែនាំកិច្ចការ ឬការដោះស្រាយបញ្ហាប​ន្ទាប់ពីបែកការណ៍នៅតំបន់ដែលមានគ្រោះថ្នាក់។ អ្នកដែលធ្វើកិច្ចការគ្រោះថ្នាក់បែបនេះ ដាច់ខាតមិនត្រូវរស់នៅជាមួយអ្នកដែលបំពេញភារកិច្ចសំខាន់ៗឡើយ ហើយក៏មិនគួរឱ្យពួកគេដឹងថាបុគ្គលទាំងនោះរស់នៅទីណា ឬគ្រួសារណាទទួលពួកគេដែរ។ នេះគឺដោយសារតែអ្នកដែលធ្វើកិច្ចការគ្រោះថ្នាក់ ប្រឈមនឹងហានិភ័យនៃការដែលត្រូវបានគេតាមដាន និងចាប់ខ្លួនគ្រប់ពេលវេលា។ ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន និងរងទារុណកម្ម ពួកគេអាចនឹងក្បត់ពួកជំនុំ ដែលជាហេតុធ្វើឱ្យពាក់ព័ន្ធដល់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ និងគ្រួសារទទួលភ្ញៀវដែរ។ តើនេះមិនមែនពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេឬ? ប្រសិនបើបុគ្គលិកបំពេញភារកិច្ចសំខាន់ៗខ្លះ ចេញទៅក្រៅដើម្បីដោះស្រាយកិច្ចការ ហើយបានព្រមព្រៀងថានឹងត្រឡប់មកវិញក្នុងរយៈពេលបីថ្ងៃ ប៉ុន្តែពួកគេមិនបានត្រឡប់មកវិញទេបន្ទាប់ពីបីថ្ងៃនោះ តើអ្នករាល់គ្នានិយាយថា ស្ថានភាពនេះមានគ្រោះថ្នាក់ដែរឬទេ? តើបុគ្គលិកបំពេញភារកិច្ចផ្សេងទៀតគួរតែជម្លៀសចេញដែរឬទេ? (មែនហើយ។) ក្នុងករណីបែបនេះ ការជម្លៀសចេញជាបន្ទាន់គឺជាការចាំបាច់ មិនត្រូវបង្អែបង្អង់ និងមិនត្រូវប្រថុយឡើយ គឺពួកគេមិនត្រូវមានផ្នត់គំនិតអាងសំណាងនោះទេ។ មនុស្សខ្លះខ្ជិល យល់ថាវាជារឿងរំខាន ហើយស្ទាក់ស្ទើរមិនចង់ជម្លៀសចេញ ដោយនិយាយថា៖ «ចាំមួយថ្ងៃទៀតមានខុសទាស់អី? ប្រហែលជាពួកគេគ្រាន់តែយឺតយ៉ាវ ដោយសារស្ថានភាពពិសេសណាមួយទេដឹង»។ ការរង់ចាំមួយថ្ងៃទៀត គ្រាន់តែបង្កើនគ្រោះថ្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកជម្លៀសចេញ ហើយគ្មានរឿងអ្វីកើតឡើង អ្នកអាចត្រឡប់មកវិញបានជានិច្ច ហើយនោះមិនមែនជាកំហុសទេ។ ប៉ុន្តែប្រសិនបើអ្នកមិនជម្លៀសចេញ ហើយរង់ចាំមួយថ្ងៃទៀត ហេតុការណ៍អាក្រក់អាចនឹងកើតឡើង ហើយនៅពេលវាកើតឡើងមែន នោះវាយឺតពេលនឹងសោកស្ដាយហើយ។ ហេតុដូច្នេះហើយ ប្រសិនបើបងប្អូនប្រុសស្រីដែលបានចេញទៅក្រៅដើម្បីដោះស្រាយកិច្ចការ មិនត្រឡប់មកវិញក្នុងពេលវេលាដែលបានព្រមព្រៀងគ្នាទេ នោះអាចទៅរួចដែលថា មានរឿងអ្វីមួយខុសប្រក្រតីកើតឡើងហើយ។ ដើម្បីការពារក្រែងលោមានរឿងអ្វីកើតឡើង បងប្អូនប្រុសស្រីដែលពាក់ព័ន្ធគួរតែជម្លៀសចេញជាបន្ទាន់ ហើយផ្លាស់ទៅកន្លែងដែលមានសុវត្ថិភាពសមរម្យ។ នៅពេលរកឃើញកន្លែងសមរម្យហើយ ពួកគេអាចបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតាវិញបាន ដោយមិនយឺតពេលពេកឡើយ។ ស្ថានភាពមួយទៀត គឺនៅពេលដែលបុគ្គលនៅក្នុងពួកជំនុំក្នុងតំបន់ ដែលទទួលខុសត្រូវលើកិច្ចការរៀបចំកន្លែងស្នាក់នៅសម្រាប់បងប្អូនប្រុសស្រីដែលបំពេញភារកិច្ចរបស់ខ្លួន ត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន។ តើគួរធ្វើដូចម្ដេចក្នុងករណីបែបនេះ? (ផ្លាស់ទីបុគ្គលិកកាន់ការងារសំខាន់ៗជាបន្ទាន់។) អាទិភាពទីមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវប្ដូរទីកន្លែងបុគ្គលិកកាន់ការងារសំខាន់ៗទាំងនេះជាបន្ទាន់ ទៅកាន់កន្លែងដែលមានសុវត្ថិភាពសមរម្យ។ អ្វីដែលសំខាន់បំផុតគឺថា សុវត្ថិភាពរបស់ពួកគេត្រូវតែធានាឱ្យបាន។ ពួកគេមិនគួរត្រូវបានដាក់ឱ្យប្រឈមនឹងហានិភ័យណាមួយឡើយ។ បន្ទាប់ពីប្ដូរទីកន្លែងពួកគេរួចរាល់ហើយ ទើបកិច្ចការបន្តបន្ទាប់អាចអនុវត្តបាន។ មនុស្សល្ងីល្ងើមួយចំនួនតែងតែមានគំនិតអាងសំណាងថា៖ «ឈ្មោះនេះឈ្មោះនោះត្រូវបានចាប់ខ្លួន ប៉ុន្តែមិនអីទេ សេចក្ដីជំនឿរបស់គេរឹងមាំណាស់ ហើយគេតែងតែរឹងមាំជានិច្ចនៅក្នុងកាលៈទេសៈលំបាក។ គេនឹងមិនក្បត់ជាដាច់ខាត។ ដូច្នេះ ខ្ញុំហ៊ានធានាថា គ្មានគ្រោះថ្នាក់អ្វីទាល់តែសោះ គឺមិនចាំបាច់ឱ្យនរណាម្នាក់ប្ដូរទីកន្លែងឡើយ»។ តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ក៏មានមនុស្សដែលនិយាយដែរថា៖ «ទោះបីជាគេក្បត់មែនក៏ដោយ ក៏គេនឹងក្បត់ដោយចេះរើសមុខដែរ គឺគេនឹងក្បត់តែព័ត៌មានអំពីបញ្ហាមិនសំខាន់ប៉ុណ្ណោះ ដែលប្រាកដជានឹងមិនប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នករាល់គ្នាឡើយ»។ តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ពាក្យពេចន៍ទាំងនេះមិនសមហេតុផលទេ! តើមនុស្សអាចមើលធ្លុះមនុស្សបានដែរឬទេ? ទោះបីជាបុគ្គលនោះមានកម្ពស់ខ្ពស់ក៏ដោយ ក៏យើងគួរចៀសវាងនិយាយដោយជឿជាក់ពេកដែរ ព្រោះគ្មាននរណាម្នាក់អាចទទួលខុសត្រូវចំពោះផលវិបាកបានឡើយ ប្រសិនបើមានរឿងអ្វីខុសឆ្គងកើតឡើងមែននោះ។ តើត្រូវការកិច្ចការអ្វីផ្សេងទៀត ដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិកបំពេញភារកិច្ចសំខាន់ៗ? នៅពេលពួកគេចាប់ផ្ដើមភារកិច្ចរបស់ខ្លួន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបគ្នាឱ្យបានច្បាស់លាស់អំពីគោលការណ៍សេចក្ដីពិតដែលទាក់ទងនឹងការបំពេញភារកិច្ចរបស់ពួកគេ ព្រមទាំងថាតើត្រូវអនុវត្តគោលការណ៍ និងប្រាជ្ញាអ្វីខ្លះ នៅពេលមានស្ថានការណ៍កើតឡើង។ បន្ថែមពីនេះ នៅពេលពួកគេចេញទៅក្រៅដើម្បីបំពេញភារកិច្ចរបស់ខ្លួន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចាត់តាំងមនុស្សម្នាក់ ឬពីរនាក់ដែលមានបទពិសោធក្នុងសង្គម និងមានប្រាជ្ញា ឱ្យ សហការជាមួយពួកគេ។ មានតែវិធីសាស្ត្រនេះប៉ុណ្ណោះ ទើបមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ការអនុវត្តតាមរបៀបនេះ ម៉្យាងគឺអាចការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេបាន។ ម្យ៉ាងទៀត វាអាចជួយពួកគេដោះស្រាយបញ្ហាមួយចំនួន ដែលពួកគេមិនអាចដោះស្រាយបានដោយខ្លួនឯង។ នេះនឹងការពារបញ្ហាមួយចំនួន និងធានាថា អ្នកដែលចេញទៅក្រៅដើម្បីបំពេញភារកិច្ចរបស់ខ្លួន អាចអនុវត្តកិច្ចការរបស់ពួកគេបានជាធម្មតា។ សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ការធានាសុវត្ថិភាពរបស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់មួយ ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលគ្មានសេរីភាពនៃជំនឿ។ ដើម្បីធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានល្អ អាទិភាពទីមួយគឺត្រូវធានាសុវត្ថិភាពរបស់បុគ្គលិកដែលបំពេញភារកិច្ចរបស់ខ្លួន មិនថាពួកគេកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ ឬចេញទៅក្រៅដើម្បីបំពេញភារកិច្ចនោះទេ។ មានតែអ្នកដឹកនាំ និងអ្នកធ្វើការដែលអាចចាត់ចែងកិច្ចការសុវត្ថិភាពបានល្អប៉ុណ្ណោះ ទើបស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើ។ អ្នកដែលមិនអាចធ្វើកិច្ចការនេះបាន គឺជាមនុស្សដែលមានភាពជាមនុស្សមិនទាន់ចាស់ទុំ ហើយខ្វះការយល់ដឹង និងប្រាជ្ញា។ វានឹងពិបាកសម្រាប់ពួកគេ ក្នុងការក្លាយជាមនុស្សដែលស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើណាស់។

II. របៀបធានាសុវត្ថិភាពដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅតាមបណ្ដាប្រទេសនៅបរទេស

ក. ដំណើរការស្នើសុំភាពស្របច្បាប់ដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់

ក្នុងការធ្វើកិច្ចការពួកជំនុំនៅតាមបណ្ដាប្រទេសនានានៅក្រៅប្រទេស អាទិភាពទីមួយគឺត្រូវរៀបចំកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវ សម្រាប់បុគ្គលិកដែលបំពេញភារកិច្ចរបស់ខ្លួន ដោយធានាសុវត្ថិភាពរបស់ពួកគេ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតា។ រឿងសំខាន់មួយទៀតគឺការដោះស្រាយបញ្ហាសិទ្ធិស្នាក់នៅស្របច្បាប់ ដែលត្រូវតែយកចិត្តទុកដាក់ភ្លាមៗ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មកដល់ប្រទេសថ្មីមួយ។ ប្រសិនបើគ្មានសិទ្ធិស្នាក់នៅស្របច្បាប់ ឬប្រសិនបើការស្នាក់នៅរបស់ពួកគេមិនស្របច្បាប់ទេ នោះតែងតែមានហានិភ័យនៃការត្រូវបានបញ្ជូនត្រឡប់ទៅវិញជានិច្ច ទោះបីជាបរិយាកាសរស់នៅរបស់ពួកគេល្អយ៉ាងណាក៏ដោយ។ បុគ្គលដែលមានការស្នាក់នៅមិនស្របច្បាប់ ត្រូវបានចាត់ទុកថាជាអ្នកស្នាក់នៅខុសច្បាប់ ហើយសុវត្ថិភាពរបស់មនុស្សទាំងនេះគឺមានហានិភ័យ។ បើគ្មានការធានាសុវត្ថិភាពទេ ពួកគេមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានយូរអង្វែងឡើយ។ ហេតុដូច្នេះហើយ នៅក្នុងប្រទេសក្រៅ ការរៀបចំកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវ សម្រាប់បុគ្គលិកដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាកិច្ចការទីមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ នៅពេលរៀបចំកន្លែងស្នាក់នៅរបស់ពួកគេបានត្រឹមត្រូវហើយ ជំហានបន្ទាប់គឺត្រូវរៀបចំឱ្យពួកគេចាប់ផ្ដើមរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់របស់ពួកគេ។ នៅក្នុងប្រទេសណាក៏ដោយ យ៉ាងហោចណាស់ គោលដៅក្នុងការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់ គួរតែធ្វើឱ្យបងប្អូនប្រុសស្រីអាចស្នាក់នៅទីនោះដោយស្របច្បាប់។ នេះក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ ក្នុងការធានាសុវត្ថិភាពដល់បុគ្គលិកធ្វើការសំខាន់ៗ។ ដើម្បីសម្រេចបានការស្នាក់នៅស្របច្បាប់ សេចក្ដីតម្រូវទីមួយគឺថា សិទ្ធិស្នាក់នៅរបស់បុគ្គលម្នាក់ត្រូវតែស្របច្បាប់ ពួកគេមិនអាចស្នាក់នៅកន្លែងណាមួយដោយខុសច្បាប់បានឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីរៀបចំកន្លែងស្នាក់នៅសម្រាប់បងប្អូនប្រុសស្រី ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលសម្រាប់ការស្នាក់នៅស្របច្បាប់។ អ្នកដឹកនាំ និងអ្នកធ្វើការអាចចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការរៀបចំកន្លែងស្នាក់នៅនេះ ឬតាមដានកិច្ចការនេះ។ ប្រសិនបើមានបញ្ហាដែលពួកគេមិនអាចមើលធ្លុះ ពួកគេគួរតែស្វែងរកការណែនាំពីអ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើជាបន្ទាន់។ ក្នុងករណីដែលគ្មានកាលៈទេសៈពិសេសទេ ពួកគេគួរតែអនុវត្តតាមច្បាប់ទម្លាប់ពីមុនរបស់ពួកជំនុំ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវសាកសួរព័ត៌មានម្ដងម្កាល ហើយប្រសិនបើពួកគេដឹងថា នរណាម្នាក់មានបញ្ហាជាមួយនឹងសិទ្ធិស្នាក់នៅស្របច្បាប់របស់ខ្លួន ឬមានកាលៈទេសៈពិសេសណាមួយ ពួកគេគួរតែរៀបចំឱ្យបុគ្គលិកដោះស្រាយកិច្ចការខាងក្រៅ មកដោះស្រាយបញ្ហានៃការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ជាការពិតណាស់ ជំហានដំបូងគឺត្រូវស្វែងរកមេធាវីជំនាញពីរបីនាក់ ដើម្បីដោះស្រាយការរត់ការនេះ។ ក្នុងការជួលមេធាវី ត្រូវតែមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការចាញ់បោកគេ មិនត្រូវជួលមេធាវីក្លែងក្លាយ ឬអ្នកដែលមិនមានជំនាញក្នុងការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់ឡើយ។ ជាដំបូង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែពិចារណាលើផ្នែក ទាំងនេះដែលទាក់ទងនឹងការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់ ហើយបញ្ហាទាំងនេះត្រូវតែរៀបចំឱ្យបានល្អ។ កិច្ចការនេះក៏ជាផ្នែកមួយនៃការការពារបុគ្គលិកធ្វើការសំខាន់ៗ និងធានាសុវត្ថិភាពរបស់ពួកគេដែរ ដូច្នេះនៅពេលធ្វើកិច្ចការនេះ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវឈរឱបដៃមើលឡើយ។ មនុស្សខ្លះនិយាយថា៖ «ការរៀបចំកន្លែងស្នាក់នៅសម្រាប់បុគ្គលិកដែលបំពេញភារកិច្ច គឺជាកិច្ចការរបស់គេដំណាក់នៃព្រះជាម្ចាស់ យើងគ្រាន់តែត្រូវធ្វើវា បន្ទាប់ពីទទួលបានការចាត់ចែងដោយផ្ទាល់ពីថ្នាក់លើប៉ុណ្ណោះ។ ប្រសិនបើថ្នាក់លើមិនចាត់ចែងទេ យើងមិនចាំបាច់ខ្វល់ពីវាឡើយ ហើយទោះបីជាមានរឿងអ្វីខុសឆ្គងកើតឡើងក៏ដោយ ក៏វាមិនពាក់ព័ន្ធនឹងយើងដែរ។ ម្យ៉ាងទៀត ប្រទេសនីមួយៗមានបទប្បញ្ញត្តិផ្សេងៗគ្នាស្ដីពីអន្តោប្រវេសន៍ និងសិទ្ធិស្នាក់នៅស្របច្បាប់ យើងមិនអាចដោះស្រាយបញ្ហាដ៏ធំបែបនេះបានទេ! មនុស្សគ្រប់គ្នាត្រូវពឹងលើខ្លួនឯង ហើយសង្ឃឹមលើអ្វីដែលល្អបំផុតប៉ុណ្ណោះ បើពួកគេអាចស្នាក់នៅក្នុងប្រទេសមួយបាន ពួកគេស្នាក់នៅ បើមិនអាចទេ ពួកគេត្រឡប់ទៅវិញ»។ តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ)។ តើអ្នកគិតយ៉ាងណាចំពោះអាកប្បកិរិយានេះ? (វាជាអាកប្បកិរិយាដែលគ្មានការទទួលខុសត្រូវ)។ ក្នុងន័យមួយ វាជាការមិនទទួលខុសត្រូវ ក្នុងន័យមួយទៀត វាគឺជាការបង្ហាញឱ្យឃើញថា អ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារជាក់ស្ដែង និងជាការគេចវេះពីការទទួលខុសត្រូវ។ សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ការរៀបចំកន្លែងស្នាក់នៅសម្រាប់បុគ្គលិកធ្វើការសំខាន់ៗនៅក្រៅប្រទេស ក៏ជាកិច្ចការមួយដ៏សំខាន់ដែរ។ នៅពេលរៀបចំកន្លែងស្នាក់នៅសម្រាប់ពួកគេបានត្រឹមត្រូវហើយ ហើយពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតា ជំហានបន្ទាប់ភ្លាមៗនោះ គឺត្រូវរៀបចំឱ្យបុគ្គលិកដោះស្រាយកិច្ចការខាងក្រៅ ណែនាំពួកគេក្នុងការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់របស់ពួកគេ។ ជាពិសេសនៅពេលមានស្ថានភាពពិសេសកើតឡើងក្នុងអំឡុងពេលរត់ការ ដែលបងប្អូនប្រុសស្រីមិនអាចដោះស្រាយបាន អ្នកដឹកនាំ និងអ្នកធ្វើការគួរតែគិតរកវិធីដោះស្រាយ ហើយមិនត្រូវព្រងើយកន្តើយនឹងបញ្ហានេះឡើយ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើងជាមួយនឹងការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់ វាមិនមែនជាបញ្ហាតូចតាចទេ ហើយគួរតែត្រូវបានដោះស្រាយឱ្យបានឆាប់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ កុំពន្យារពេល អ្វីដែលអាចធ្វើបាននៅថ្ងៃនេះ មិនគួរទុកដល់ថ្ងៃស្អែកឡើយ ការទុកដល់ថ្ងៃស្អែកអាចនាំឱ្យមានផលវិបាកដែលអាក្រក់ហួសពីការស្មាន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការធ្វេសប្រហែស និងមិនបំពេញការទទួលខុសត្រូវរបស់ខ្លួន ដោយមិនចាត់ទុកបញ្ហានេះជាបន្ទាន់ និងពន្យារពេលពេលវេលាដ៏ល្អបំផុតសម្រាប់ការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់ ដែលបណ្ដាលឱ្យបុគ្គលិកដែលបំពេញភារកិច្ច មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានជាធម្មតាទេ តើនរណាជាអ្នកទទួលខុសត្រូវ? បុគ្គលទាំងនេះបានដាក់សំណើរបស់ពួកគេទៅកាន់អ្នកដឹកនាំពួកជំនុំ និងបុគ្គលិករត់ការ ហើយអ្នកដឹកនាំ និងអ្នកធ្វើការបានដឹង ប៉ុន្តែដោយសារតែពួកគេមិនបានយកចិត្តទុកដាក់លើបញ្ហានេះ ឬបានរកលេសមិនដោះស្រាយ ទើបការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់របស់បុគ្គលិកធ្វើការសំខាន់ៗមួយចំនួនត្រូវបានពន្យារពេល ដែលបានប៉ះពាល់ដល់កិច្ចការសំខាន់ៗមួយចំនួនរបស់ពួកជំនុំក្នុងកម្រិតណាមួយ។ ដូច្នេះ តើអ្នករាល់គ្នាគិតថានរណាគួរទទួលខុសត្រូវចំពោះរឿងនេះ? (អ្នកដឹកនាំ និងអ្នកធ្វើការ។) ដំណាក់របស់ព្រះជាម្ចាស់បានសង្កត់ធ្ងន់លើបញ្ហានេះម្ដងហើយម្ដងទៀត។ មិនមែនថាអ្នកដឹកនាំ និងអ្នកធ្វើការមិនដឹងរឿងអំពីរឿងនេះទេ ហើយក៏មិនមែនថាពួកគេមិនបានទទួលដំណឹង ឬខ្វះការយល់ដឹងដែរ ផ្ទុយទៅវិញ ពួកគេដឹងអំពីរឿងនេះ ប៉ុន្តែមិនយកចិត្តទុកដាក់។ ឱ្យតែមិនពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់ពួកគេ ឱ្យតែជារឿងរបស់អ្នកដទៃ ពួកគេពន្យារពេលតាមដែលអាចធ្វើទៅបាន ដែលនៅទីបំផុតធ្វើឱ្យយឺតយ៉ាវដល់បញ្ហាដ៏សំខាន់ ដូចជាការរត់ការសុំសិទ្ធិស្នាក់នៅស្របច្បាប់នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលមានផលវិបាកកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលខុសត្រូវ។ ការទទួលខុសត្រូវនេះមិនមែនគ្រាន់តែជាការនិយាយតែមាត់ទេ ប្រសិនបើវាប៉ះពាល់ដល់កិច្ចការពួកជំនុំ ជាពិសេសកិច្ចការសំខាន់របស់ដំណាក់ព្រះជាម្ចាស់ នោះការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺធំធេងណាស់។ យ៉ាងហោចណាស់ ពួកគេនឹងត្រូវបានព្រះជាម្ចាស់កត់ត្រាទុកជាកំហុស វានឹងក្លាយជាអំពើរំលង នោះហើយជាផលវិបាក។ ប្រសិនបើវាជារឿងដែលអ្នកត្រូវធ្វើ ជារឿងនៅក្នុងដែននៃការទទួលខុសត្រូវរបស់អ្នក ហើយអ្នកមិនធ្វើ ឬព្រងើយកន្តើយ ឬពន្យារពេលដោយសារហេតុផលផ្ទាល់ខ្លួនណាមួយនោះ នោះអ្នកត្រូវតែទទួលខុសត្រូវ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចទេ ខ្ញុំទាល់ច្រកហើយ។» ប៉ុន្តែតើអ្នកបានយកចិត្តទុកដាក់ និងស្វែងរកពីអ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើភ្លាមៗដែរឬទេ? អ្នកខ្លះទៀតនិយាយថា ពួកគេភ្លេចដោយសាររវល់នឹងការងារផ្សេង។ ទោះបីជាពួកគេពិតជាភ្លេចដោយសាររវល់មែន តើពួកគេអាចបន្តភ្លេចបានយ៉ាងដូចម្តេច បន្ទាប់ពីមានគេលើកឡើង និងរំលឹកពួកគេម្ដងហើយម្ដងទៀតនោះ? តើនេះបញ្ជាក់ពីបញ្ហាអ្វី? (ពួកគេមិនបានទុករឿងរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រីនៅក្នុងចិត្តឡើយ ពួកគេគ្មានបន្ទុកសោះឡើយ។) ការដែលពួកគេអាចភ្លេចរឿងសំខាន់បែបនេះ បង្ហាញថាពួកគេខ្វះស្មារតីទទួលខុសត្រូវ និងមិនគួរឱ្យទុកចិត្ត។ អ្នកអាចភ្លេចរឿងសំខាន់ដូចជាការរត់ការសុំសិទ្ធិស្នាក់នៅរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ តើអ្នកនឹងភ្លេចការរត់ការសុំសិទ្ធិស្នាក់នៅរបស់ខ្លួនឯងដែរឬទេ? ប្រសិនបើអ្នកមិនភ្លេចរឿងផ្ទាល់ខ្លួន ប៉ុន្តែអាចភ្លេចរឿងរបស់អ្នកដទៃ នោះបញ្ជាក់ថាអ្នកមានចរិតមិនល្អ ខ្វះសេចក្ដីស្រឡាញ់ ហើយអាត្មានិយម និងថោកទាប។ អ្នកបានរត់ការសុំសិទ្ធិស្នាក់នៅរបស់ខ្លួនឯងរួចរាល់ហើយ ប៉ុន្តែអ្នកចាត់ទុកការរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រី ជារឿងតូចតាចធម្មតា ឬថែមទាំងព្រងើយកន្តើយទាំងស្រុង ហើយនៅទីបំផុតពន្យារពេលការរត់ការសុំសិទ្ធិស្នាក់នៅរបស់ពួកគេ ដែលជារឿងសំខាន់នេះ។ តើអ្នកអាចទទួលខុសត្រូវចំពោះរឿងនោះបានទេ? តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ មិនមែនខ្វះមនសិការ និងហេតុផលទាំងស្រុងទេឬអី? ពួកគេអាត្មានិយម និងថោកទាបណាស់! ពួកគេគិតតែពីខ្លួនឯង និងមិនខ្វល់ពីអ្នកដទៃឡើយ តើនេះបញ្ជាក់ពីបញ្ហាអ្វី? តើពួកគេមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬអី? (មែនហើយ)។ សារជាតិនៃបញ្ហារបស់ពួកគេត្រូវបានលាតត្រដាងទាំងស្រុង។ ពួកគេគ្រាន់តែមិនចង់ខ្វល់ពីការរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះ ពួកគេយល់ថាវាជារឿងរំខាន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «តើការរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រី ពាក់ព័ន្ធអ្វីនឹងខ្ញុំ?» នេះគឺជាអាកប្បកិរិយាដែលពួកគេប្រព្រឹត្តចំពោះរឿងរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រី ដែលនៅទីបំផុតពន្យារពេលរឿងដ៏សំខាន់នេះ ទាំងធ្វើឱ្យប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី និងប៉ះពាល់ដល់កិច្ចការពួកជំនុំទៀតផង។ តើអ្នកនិយាយថា អ្នកដឹកនាំក្លែងក្លាយបែបនេះ សមនឹងទទួលការដាក់ទោសដែរឬទេ? (មែនហើយ)។ ពួកគេគួរតែទទួលខុសត្រូវ ព្រោះវាជាចេតនា វាមិនមែនជាការពន្យារពេលដោយអចេតនា ដែលបណ្ដាលមកពីកត្តាខាងក្រៅនោះទេ។ ប្រសិនបើមានគ្រោះធម្មជាតិ ដូចជាការរញ្ជួយដី ទឹកជំនន់ ឬព្រឹត្តិការណ៍នយោបាយធំដុំណាមួយ ដែលកាត់ផ្ដាច់ការដឹកជញ្ជូន និងការទំនាក់ទំនង ដែលធ្វើឱ្យមិនអាចដោះស្រាយបញ្ហាទាំងនេះបាន នោះជារឿងដែលអាចយល់បាន។ ប៉ុន្តែប្រសិនបើគ្មានព្រឹត្តិការណ៍ទាំងនេះកើតឡើងទេ ហើយពួកគេនៅតែភ្លេច ឬព្រងើយកន្តើយនឹងការរត់ការសុំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រី ដោយពន្យារពេលរឿងដ៏សំខាន់បែបនេះ ពោលគឺសិទ្ធិស្នាក់នៅរបស់បុគ្គលទាំងនេះ នោះអ្នកដឹកនាំ ឬអ្នកធ្វើការបែបនេះ គឺធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន។ ពួកគេនឹងត្រូវបានកត់ត្រាទុកជាកំហុស និងត្រូវទទួលខុសត្រូវ។ តើអ្នកយល់ទេ? (យល់)។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ អ្នកមានការទទួលខុសត្រូវក្នុងការធ្វើកិច្ចការដែលអ្នកគួរធ្វើ។ ចំពោះអ្វីៗទាំងអស់នៅក្នុងដែនការទទួលខុសត្រូវរបស់អ្នក អ្នកត្រូវតែដោះស្រាយ និងបញ្ចប់វាឱ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ដំណាក់ព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើអ្នកមានចេតនាគេចវេះមិនធ្វើ ឬពន្យារពេល នេះគឺជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់អ្នក ហើយការធ្វេសប្រហែសនេះគឺជាអំពើរំលង។ ប្រសិនបើអ្នកមានចេតនាពន្យារពេលរឿងណាមួយ ហើយមិនដោះស្រាយវាទេ កំហុសរបស់អ្នកនឹងក្លាយជាអំពើរំលងនៅទីបំផុត ហើយអ្នកនឹងត្រូវបានព្រះជាម្ចាស់កត់ត្រាទុកជាកំហុស។ អ្នកនឹងត្រូវទទួលខុសត្រូវចំពោះរឿងនេះ។

នៅតាមបណ្ដាប្រទេសនានានៅបរទេស ប្រសិនបើមានបញ្ហាខ្លះៗពាក់ព័ន្ធនឹងសិទ្ធិស្នាក់នៅស្របច្បាប់របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬប្រសិនបើអ្នកជិតខាង ឬជនចម្លែកដាក់ពាក្យបណ្ដឹងអំពីពួកគេ ឬរាយការណ៍ពីពួកគេ ពួកគេអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ពីការដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញ។ ក៏មានករណីខ្លះដែល រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ខ្លះនៅក្នុងប្រទេសនានានៅបរទេសត្រូវបានឃាត់ខ្លួន និងដាក់ទោស ឬចាប់ខ្លួន និងដាក់ពន្ធនាគារដោយរដ្ឋាភិបាលនៃប្រទេសមួយចំនួន ដោយផ្អែកលើបទចោទប្រកាន់ដែលប្រឌិតឡើង។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការដឹងអំពីរឿងនេះ ពួកគេមិនគួរធ្វើខ្លួនដូចជាអណ្ដើកដែលលាក់ខ្លួន នៅក្នុងស្នូកឡើយ។ ពួកគេគួរតែដោះស្រាយបញ្ហានេះភ្លាមៗ ដោយមានគោលដៅចុងក្រោយគឺធានាសុវត្ថិភាពដល់បងប្អូនប្រុសស្រី មិនត្រូវបណ្ដោយឱ្យពួកគេធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការខ្វល់តែពីការរៀបចំកិច្ចការរបស់ពួកជំនុំ ប៉ុន្តែមិនយកចិត្តទុកដាក់លើបញ្ហានៃការរៀបចំសិទ្ធិស្នាក់នៅរបស់បងប្អូនប្រុសស្រី ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីត្រូវបានចាប់ខ្លួន ឬត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយសារខ្វះសិទ្ធិស្នាក់នៅទេ តើនេះជាផលវិបាកអ្វីទៅ? តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ មិនបានបំផ្លាញឱកាសរបស់បងប្អូនប្រុសស្រីក្នុងការបំពេញភារកិច្ចរបស់ខ្លួនទេឬអី? តើនេះមិនប៉ះពាល់ដោយផ្ទាល់ដល់កិច្ចការរបស់ពួកជំនុំទេឬអី? នោះលក្ខណៈនៃបញ្ហានេះគឺធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនធ្លាប់ដោះស្រាយបញ្ហានេះពីមុនមកទេ ពួកគេអាចស្វែងរកនរណាម្នាក់ក្នុងចំណោមបងប្អូនប្រុសស្រីដែលមានជំនាញក្នុងការដោះស្រាយកិច្ចការខាងក្រៅ ដើម្បីពិគ្រោះជាមួយមេធាវីក្នុងការដោះស្រាយបញ្ហានេះ ដោយខិតខំសម្រេចឱ្យបាននូវគោលដៅនៃការការពារបងប្អូនប្រុសស្រី និងការពារសុវត្ថិភាពរបស់បុគ្គលិកធ្វើការសំខាន់ៗ។ នេះក៏ជាការងារដ៏សំខាន់មួយដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអនុវត្តនៅបរទេសដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នងតំបន់ ត្រូវតែផ្ដើមគំនិតដោះស្រាយបញ្ហានេះ។ ក្រៅពីការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រីនៅក្នុងតំបន់ ពួកគេកាន់តែត្រូវការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រីជាជនបរទេសថែមទៀត មានតែតាមរបៀបនេះទេ ទើបមានការធានាចំពោះកិច្ចការរបស់ពួកជំនុំ។ នេះគឺជាការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងប្រទេសនីមួយៗគប្បីបំពេញចំពោះបងប្អូនប្រុសស្រីនៅក្នុងតំបន់ និងបុគ្គលិកធ្វើការសំខាន់ៗជាជនបរទេស។ ពួកគេមិនគួរឈរឱប ដៃមើលឡើយ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះនិយាយថា៖ «ពួកគេគឺជាបងប្អូនប្រុសស្រីជាជនបរទេស ហើយយើងមិនសូវស្គាល់ពួកគេទេ គ្មានទំនាក់ទំនងផ្ទាល់ខ្លួនរវាងពួកយើងឡើយ។ ដំណាក់របស់ព្រះជាម្ចាស់បានចាត់ពួកគេមក ដើម្បីផ្សាយដំណឹងល្អនៅទីនេះ តើវាពាក់ព័ន្ធអ្វីនឹងយើង? រឿងហេតុនេះគឺជាអ្វីដែលពួកគេនាំមកដាក់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនបានសាកសួរអំពីស្ថានភាពឱ្យបានច្បាស់លាស់ទេ មុនពេលមកដល់ ហើយមិនបានដោះស្រាយបញ្ហាទាំងនេះឱ្យបានល្អឡើយ។ យើងគ្មានផ្លូវនឹងលូកដៃក្នុងរឿងហេតុនេះទេ តើនរណាទៅដឹងថា រដ្ឋាភិបាលនឹងធ្វើអ្វីដាក់ពួកគេនោះ»។ ពួកគេគ្រាន់តែប្រើលេសផ្សេងៗដើម្បីគេចវេះ និងជៀសវាងពីបញ្ហាទាំងនេះ ហើយមិនព្យាយាមរកវិធីដើម្បីចេញមុខដោះស្រាយឡើយ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនចេញមុខដោះស្រាយបញ្ហាទាំងនេះទេ ហើយក្នុងពេលជាមួយគ្នានោះ បងប្អូនប្រុសស្រីគ្មានផ្លូវដោះស្រាយបញ្ហាទាំងនោះទេ នោះបញ្ហានឹងកើតឡើងជាមិនខាន។ អ្នកដឹកនាំ និងអ្នកធ្វើការមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បីការពារបងប្អូនប្រុសស្រីឡើយ នេះគឺជាការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ពួកគេ)។ ភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវបំពេញរាល់ការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគប្បីបំពេញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ វិសាលភាពនៃគេហដ្ឋានរបស់ព្រះជាម្ចាស់ មិនត្រូវបានកំណត់ត្រឹមតែនៅក្នុងតំបន់ ភូមិភាគណាមួយក្នុងតំបន់ ឬប្រទេសណាមួយឡើយ។ ដំណាក់របស់ព្រះជាម្ចាស់គ្មានព្រំដែនប្រទេស គ្មានការកំណត់ភូមិភាគឡើយ។ តើមានការកំណត់ពូជសាសន៍ក្នុងការដែលព្រះជាម្ចាស់រើសតាំងមនុស្ស និងសង្គ្រោះមនុស្សដែរឬទេ? (គ្មានទេ)។ តើមានការកំណត់សញ្ជាតិ ឬភូមិភាគដែរឬទេ? (ក៏គ្មានដែរ)។ គឺគ្មានទេ។ នេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ ហេតុនេះ គោលការណ៍នេះគឺជាសេចក្ដីពិត! មិនថាបងប្អូនប្រុសស្រីមកពីប្រទេសណានោះទេ ពួកគេសុទ្ធតែជឿលើព្រះតែមួយអង្គ ដើរតាមព្រះតែមួយអង្គ ហើយក៏ហូប និងផឹកសេចក្ដីពិតដែលព្រះតែមួយអង្គបានប្រកបជាមួយ និងផ្គត់ផ្គង់ដែរ។ ពួកគេមានបទពិសោធចំពោះកិច្ចការដែលព្រះតែមួយអង្គធ្វើ ហើយ ថ្វាយបង្គំព្រះតែមួយអង្គ។ មិនថាមានពណ៌សម្បុរ ឬពូជសាសន៍អ្វីនោះទេ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅចំពោះព្រះជាម្ចាស់ ពួកគេគឺតែមួយ គឺពួកគេជាគ្រួសារតែមួយ។ ដោយសារពួកគេជាគ្រួសារតែមួយ មិនគួរមានការបែងចែកក្នុងចំណោមពួកគេឡើយ មិនគួរមានការកំណត់ពូជសាសន៍ ឬភូមិភាគឡើយ។ មិនគួរមានការបែងចែកថា «អ្នកជាជនជាតិអាស៊ី ខ្ញុំជាជនជាតិអឺរ៉ុប» ឬ «អ្នកជាជនជាតិស្បែកស ខ្ញុំជាជនជាតិស្បែកពណ៌» នោះទេ គឺមិនគួរមានការបែងចែកទាំងនេះឡើយ។ ប្រសិនបើអ្នកនៅតែធ្វើការបែងចែកទាំងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះច្បាស់ណាស់ថា អ្នកមិនចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ជាដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយមិនចាត់ទុកខ្លួនឯងជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ នៅពេលដែលបងប្អូនប្រុសស្រីជាជនបរទេសជួបប្រទះនឹងបញ្ហា ដូចជាការបញ្ជូនត្រឡប់ទៅវិញ ឬការចាប់ខ្លួនដោយខុសច្បាប់ មិនថាពួកគេមកពីកន្លែងណា មិនថាពួកគេមានសញ្ជាតិអ្វី ឬមានពណ៌សម្បុរអ្វីនោះទេ ពួកគេគឺជាបងប្អូនប្រុសស្រី។ ដោយសារពួកគេគឺជាបងប្អូនប្រុសស្រី នៅពេលដែលពួកគេប្រឈមមុខនឹងបញ្ហា អ្នកដឹកនាំ និងអ្នកធ្វើការក្នុងតំបន់ គួរតែចេញមុខ និងដោះស្រាយបញ្ហានេះដោយបំពេញភារកិច្ចរបស់ខ្លួន ហើយមិនគួរធ្វើការបែងចែកក្នុងចំណោមមនុស្សឡើយ។ ការនេះស្របតាមគោលការណ៍ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយគឺជាសេចក្ដីពិតដែលមនុស្សគប្បីអនុវត្ត។

បច្ចុប្បន្ននេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើនមកពីប្រទេសចិន កំពុងធ្វើដំណើរទៅកាន់បណ្ដាប្រទេសនានានៅបរទេស ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ បន្ទាប់ពីពួកគេមកដល់ប្រទេសទាំងនេះហើយ រឿងដំបូងដែលពួកគេត្រូវធ្វើ គឺត្រូវរៀបចំសិទ្ធិស្នាក់នៅស្របច្បាប់របស់ពួកគេជាមុនសិន ទើបពួកគេអាចធ្វើការដោយស្ងប់ចិត្តបាន។ ការរៀបចំសិទ្ធិស្នាក់នៅស្របច្បាប់ មិនមែនជារឿងសាមញ្ញទេ វាទាមទារឱ្យមានការសហការពីមនុស្សនៅក្នុងពួកជំនុំក្នុងតំបន់។ អ្នកទទួលខុសត្រូវពួកជំនុំនៅក្នុងបណ្ដាប្រទេសនានា គួរតែស្វែងរកបងប្អូនប្រុសស្រីមួយចំនួនដែលយល់ដឹងអំពីគោលនយោបាយ និងច្បាប់នៃប្រទេសរបស់ខ្លួន ដើម្បីជួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលមកពីប្រទេសចិន ក្នុងការដោះស្រាយបញ្ហានៃការរៀបចំសិទ្ធិស្នាក់នៅស្របច្បាប់នេះ។ ការដោះស្រាយបញ្ហានេះ គឺមានសារៈសំខាន់បំផុត។ អ្នកដឹកនាំ និងអ្នកធ្វើការនៃពួកជំនុំតាមបណ្ដាប្រទេសនានា គួរតែខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធ្វើកិច្ចការនេះ ព្រោះមានតែការដោះស្រាយបញ្ហាសិទ្ធិស្នាក់នៅស្របច្បាប់របស់មនុស្សឱ្យបានរួចរាល់ប៉ុណ្ណោះ ទើបកិច្ចការរបស់ពួកជំនុំអាចដំណើរការទៅបានជាធម្មតា បើពុំនោះទេ កិច្ចការរបស់ពួកជំនុំនឹងរងផលប៉ះពាល់ជាមិនខាន។ អ្នកទទួលខុសត្រូវពួកជំនុំនៅក្នុងបណ្ដាប្រទេសនានា គួរតែត្រៀមមនុស្សដែលមានសមត្ថភាពចាត់ចែងរឿងបែបនេះឱ្យហើយ។ ការធ្វើបែបនេះ ផ្ដល់ផលប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ ហើយក៏ជាការបង្ហាញពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះអាចនិយាយថា៖ «ពួកយើងមិនដែលដោះស្រាយរឿងបែបនេះទេ ហើយពួកយើងក៏មិនដឹងថាត្រូវធ្វើដូចម្តេចដែរ»។ ក្នុងស្ថានភាពនេះ ពួកគេគួរតែស្វែងរកមនុស្សដែលយល់ដឹងអំពីកិច្ចការប្រភេទនេះ។ ក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសនីមួយៗ មានអ្នកដែលមានការអប់រំ និងចំណេះដឹង ហើយក៏មានអ្នកដែលយល់ដឹងអំពីច្បាប់ និងគោលនយោបាយជាតិផងដែរ។ សម្រាប់ពួកគេ ការចាត់ចែងរឿងទាំងនេះ គ្រាន់តែត្រូវការការពិគ្រោះយោបល់បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីរកផ្លូវឃើញ តើមិនអ៊ីចឹងទេឬអី? ក្នុងការចាត់ចែងរឿងប្រភេទនេះ អ្នកមិនគួរអសកម្ម និងមិនធ្វើអ្វីសោះនោះទេ ប្រសិនបើអ្នកមិនយល់ត្រង់ណា អ្នកគួរតែរកមេធាវីដើម្បីពិគ្រោះយោបល់។ ឱ្យតែរកឃើញមេធាវីដែលមានជំនាញពាក់ព័ន្ធ នោះនឹងមានផ្លូវដោយឯកឯងហើយ។ យើងប្រហែលជាមិនយល់រឿងនេះ ប៉ុន្តែមេធាវីនឹងយល់។ ការមានចិត្តដែលចេះស្វែងរក គឺជាអាកប្បកិរិយាដ៏ត្រឹមត្រូវ ការមានចិត្តដែលចេះស្វែងរក គឺជាការបង្ហាញពីការមានស្មារតីទទួលខុសត្រូវ។ ប្រសិនបើមានការលំបាកខ្លះៗកើតឡើង អ្នកគួរតែអធិដ្ឋាន ស្វែងរក និងប្រកបគ្នាដោយមានចិត្តគំនិតតែមួយ ហើយបន្ទាប់ពីរកឃើញគោលការណ៍ និងផ្លូវដើម្បីដោះស្រាយបញ្ហាហើយ អ្នកគួរតែដោះស្រាយវាឱ្យបានដាច់ស្រេច។ មានតែពេលនោះទេ ទើបកិច្ចការរបស់ពួកជំនុំអាចដំណើរការទៅបានដោយរលូន។ ប្រសិនបើនៅពេលរកឃើញបញ្ហា អ្នកដឹកនាំ និងអ្នកធ្វើការអាចស្វែងយល់អំពីវា តាមដានវា និងដោះស្រាយវាបានទាន់ពេលវេលា តើពួកគេមិនមែនជាអ្នកដឹកនាំ និងអ្នកធ្វើការដែលមានការទទួលខុសត្រូវទេឬអី? (មែនហើយ)។ អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ មិនត្រឹមតែមានស្មារតីទទួលខុសត្រូវប៉ុណ្ណោះទេ គឺថែមទាំងអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាទៀតផង ដែលមានន័យថា ពួកគេមានសង្ឃឹមក្នុងការក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដារ។ មិនថាការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតមានកម្រិតណានោះទេ ប្រសិនបើពួកគេផ្ដោតលើការដោះស្រាយបញ្ហា នោះពួកគេអាចធ្វើកិច្ចការជាក់ស្ដែងបានហើយ។ យ៉ាងហោចណាស់ ពួកគេអាចសម្រេចបាននូវការកាត់បន្ថយកំហុស ឬមិនមានកំហុសសោះ ហើយទោះបីជាពួកគេមានកំហុសខ្លះក៏ដោយ ក៏ពួកគេអាចកែតម្រូវបានទាន់ពេលវេលា ដើម្បីស្រោចស្រង់ការខាតបង់ខ្លះមកវិញ ដោយសម្រេចបាននូវគោលដៅនៃការការពារកិច្ចកានៃដំណាក់របស់ព្រះជាម្ចាស់នៅទីបំផុតបានដែរ។ តើអ្នករាល់គ្នាគិតថា ការបំពេញការទទួលខុសត្រូវនេះពិបាកដែរឬទេ? (មិនពិបាកទេ)។ តាមពិតទៅ វាមិនពិបាកទេ វាអាស្រ័យលើថាតើមនុស្សមានភក្ដីភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ ហើយថាតើពួកគេអាចបំពេញការទទួលខុសត្រូវក្នុងការងាររបស់ខ្លួនបានដែរឬទេ។ អ្នកគ្រាន់តែត្រូវការគិតគូរខ្លះ ចំណាយពេលបន្តិច និងបញ្ចេញកម្លាំងខ្លះប៉ុណ្ណោះ វាមិនតម្រូវឱ្យអ្នកចំណាយប្រាក់ ឬប្រថុយប្រថានឡើយ។ អ្នកគ្រាន់តែត្រូវការចេញមុខជួយដោះស្រាយបញ្ហា និងចាត់ចែងកិច្ចការឱ្យបានល្អ ហើយតាមរបៀបនេះ អ្នកអាចក្លាយជាមនុស្សដែលស្របតាមស្ដង់ដារ។ ដូច្នេះ នេះមិនមែនជារឿងពិបាកទេ ហើយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ វាគួរតែងាយស្រួលក្នុងការសម្រេចបាន។ ប៉ុន្តែ មានមនុស្សខ្លះដែលមិនអាចសម្រេចបានសូម្បីតែរឿងដ៏ងាយស្រួលបែបនេះ ហើយច្បាស់ណាស់ថា នេះមិនមែនដោយសារតែខ្វះគុណសម្បត្តិ ឬសមត្ថភាព ឬដោយសារលក្ខខណ្ឌ ឬបរិយាកាសមិនអំណោយផលនោះទេ ប៉ុន្តែគឺដោយសារតែពួកគេមិនព្រមធ្វើវា។ នៅពេលមានស្ថានភាពពិសេសកើតឡើង ដែលពាក់ព័ន្ធនឹងសិទ្ធិស្នាក់នៅស្របច្បាប់ ឬការស្នាក់នៅរបស់បុគ្គលិកធ្វើការសំខាន់ៗ ឬបញ្ហាទាក់ទងនឹងការចាត់ចែងកន្លែងឱ្យពួកគេ អ្នកដឹកនាំ និងអ្នកធ្វើការមានការទទួលខុសត្រូវក្នុងការធ្វើកិច្ចការនេះ។ មិនថាអ្នកកំពុងចាត់ចែងកន្លែងឱ្យនរណា ឬពួកគេមានសញ្ជាតិ ឬពូជសាសន៍អ្វីនោះទេ អ្វីដែលអ្នកត្រូវធ្វើ គឺទទួលយកកិច្ចការនេះពីព្រះជាម្ចាស់។ កិច្ចការនេះត្រូវបានព្រះជាម្ចាស់ប្រគល់ឱ្យអ្នក វាគឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នក ព្រមទាំងជាបេសកកម្មរបស់អ្នកផងដែរ។ កិច្ចការដែលអ្នកទទួលយកនេះ គឺមកពីព្រះជាម្ចាស់ មិនមែនមកពីមនុស្សណាម្នាក់ឡើយ ដូច្នេះអ្នកមិនគួរខ្វល់ថា មនុស្សដែលអ្នកកំពុងចាត់ចែងកន្លែងឱ្យនោះជានរណាឡើយ។ មនុស្សខ្លះអាចនឹងនិយាយថា៖ «ការការពារបងប្អូនប្រុសស្រីក្នុង តំបន់ គឺអាចទទួលយកបាន ប៉ុន្តែវាមិនមែនជារឿងរបស់យើងទេ ប្រសិនបើបងប្អូនប្រុសស្រីជាជនបរទេសមកទីនេះ»។ តើមនុស្សដែលនិយាយបែបនេះ មានស្មារតីទទួលខុសត្រូវ ឬមានភាពជាមនុស្សដែរឬទេ? (ពួកគេគ្មានទេ)។ ពួកគេចាត់ទុកបងប្អូនប្រុសស្រីក្នុង តំបន់ថាជាបងប្អូន ប៉ុន្តែមិនចាត់ទុកបងប្អូនប្រុសស្រីជាជនបរទេសថាជាបងប្អូនឡើយ តើនេះសមហេតុផលដែរឬទេ? (មិនសមហេតុផលទេ)។ តើនេះស្របតាមសេចក្ដីពិតដែរឬទេ? (មិនស្របទេ)។ ហេតុអ្វីបានជាមិនស្របតាមសេចក្ដីពិត? (អ្នកដឹកនាំក្លែងក្លាយមិនគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ពួកគេមិនអើពើនឹងបងប្អូនប្រុសស្រីជាជនបរទេស ហើយមិនចេញមុខដោះស្រាយបញ្ហាឡើយ នៅពេលមានបញ្ហាកើតឡើង ពួកគេមិនការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ)។ អ្នកដឹកនាំក្លែងក្លាយគេចវេះពីការទទួលខុសត្រូវដោយប្រើលេសផ្សេងៗ ហើយមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ ពួកគេអះអាងថា ពួកគេសុខចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងសុខចិត្តអនុវត្តសេចក្ដីពិត ប៉ុន្តែនៅពេលជួបប្រទះនឹងរឿងសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំពិតមែន ពួកគេបែរជាពួនសម្ងំទៅវិញ។ នេះគឺជាការមិនទទួលខុសត្រូវ។ ចំពោះបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងការការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រីនៅបរទេស អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា ដោយចាត់ទុកវាជាការទទួលខុសត្រូវ និងជាភារកិច្ចដែលត្រូវបំពេញ។ ពួកគេមិនគួរប្រើលេសដើម្បីគេចវេះឡើយ ហើយក៏មិនគួរបណ្ដោយឱ្យការធ្វេសប្រហែសរបស់ខ្លួនចំពោះកិច្ចការនេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។

ខ. ផ្ដល់ចំណេះដឹងផ្លូវច្បាប់ជាមូលដ្ឋានដល់បងប្អូនប្រុសស្រីគ្រប់រូប

តើមានផ្នែក អ្វីផ្សេងទៀតនៃការងារដែលទាក់ទងនឹងសុវត្ថិភាពរបស់បងប្អូនប្រុសស្រីនៅបរទេស ដែលអ្នករាល់គ្នាអាចគិតឃើញ? (នៅក្នុងប្រទេសនានានៅបរទេស អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវតែផ្ដល់ចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានខ្លះៗដល់បងប្អូនប្រុសស្រីទាំងអស់ដែរ ដើម្បីឱ្យពួកគេមានការយល់ដឹងអំពីច្បាប់ និងជៀសវាងការចូលរួមក្នុងសកម្មភាពដែលបំពានច្បាប់)។ អ្នកដឹកនាំ និងអ្នកធ្វើការ គួរតែផ្ដល់ចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន និងការយល់ដឹងអំពីបទប្បញ្ញត្តិផ្សេងៗរបស់រដ្ឋាភិបាល ដល់បងប្អូនប្រុសស្រីទាំងអស់។ ពួកគេគួរតែស្វែងយល់បន្ថែមអំពីផ្នែកទាំងនេះពីបងប្អូនប្រុសស្រីក្នុង តំបន់នៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅ ដូចជាគោលនយោបាយអន្តោប្រវេសន៍ និងគោលនយោបាយដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ហើយបន្ទាប់មក រៀបចំបងប្អូនប្រុសស្រីឱ្យសិក្សាអំពីរឿងទាំងនេះ ដើម្បីឱ្យពួកគេអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលជាតិយ៉ាងតឹងរ៉ឹង និងជៀសវាងការធ្វើអ្វីមួយដែលបំពានច្បាប់។ ជាពិសេស រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលមកពីប្រទេសចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងបែបផ្ដាច់ការអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺខ្វះចំណេះដឹងផ្នែកច្បាប់ និងមិនយល់ពីសារៈសំខាន់នៃច្បាប់ឡើយ។ ជាលទ្ធផល ពួកគេធ្វើអ្វីៗតាមតែចិត្ត និងធ្វេសប្រហែស ដូចជាមនុស្សគ្មានអរិយធម៌អីចឹង។ នៅពេលពួកគេមករស់នៅបរទេស ពួកគេហាក់ដូចជាល្ងង់ខ្លៅណាស់ ហើយតែងតែធ្វើរឿងដែលបង្ហាញពីការខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់។ ឧទាហរណ៍ នៅក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិចមួយចំនួន គេរក្សាសណ្ដាប់ធ្នាប់សង្គមបានល្អណាស់ ដោយមានបទប្បញ្ញត្តិហាមឃាត់មិនឱ្យមានសំឡេងរំខានចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៨ ព្រឹក ពោលគឺមិនអនុញ្ញាតឱ្យមានសំឡេងដូចជាឆ្កែព្រុស ឬសំឡេងម៉ាស៊ីនសំណង់ឡើយ។ ប្រសិនបើនរណាម្នាក់បំពានបទប្បញ្ញត្តិទាំងនេះ ហើយត្រូវបានគេរាយការណ៍ នោះប៉ូលិសនឹងចាត់ការ។ នៅក្នុងប្រទេសចិនដីគោក គ្មាននរណាម្នាក់គ្រប់គ្រងរឿងទាំងនេះទេ ទីណាក៏ដោយឱ្យតែមានមនុស្សរស់នៅ ទីនោះនឹងមានសំឡេងឡូឡាអ៊ូអរតាមចិត្ត ដោយមានសំឡេងតន្ត្រីខ្លាំងៗ ការរាំរែក ការផឹកស៊ី និងការជប់លៀង ហើយគ្មាននរណាម្នាក់ចូលមកអន្តរាគមន៍ឡើយ។ ប្រសិនបើមាននរណាព្យាយាមលូកដៃ អ្នកនោះអាចប្រឈមមុខនឹងការសងសឹក ដូច្នេះ ប្រជាជនចិនគ្មានជម្រើសអ្វីក្រៅពីទ្រាំឡើយ។ បណ្ដាប្រទេសលោកខាងលិចគឺខុសគ្នា មនុស្សគ្រប់រូបត្រូវបានការពារដោយច្បាប់។ ប្រសិនបើឆ្កែរបស់អ្នកឧស្សាហ៍ព្រុសនៅកណ្ដាលយប់ ដោយរំខានដល់ការសម្រាករបស់អ្នកជិតខាងរបស់អ្នក នោះពួកគេនឹងដាក់ពាក្យបណ្ដឹងទាស់នឹងអ្នក។ អ្វីដែលអ្នកកំពុងធ្វើ គឺប៉ះពាល់ដល់ជីវិតរស់នៅធម្មតារបស់អ្នកដទៃ អ្នកបានបំពានបទប្បញ្ញត្តិច្បាប់ ហេតុនេះ វាជារឿងត្រឹមត្រូវហើយដែលពួកគេប្រើច្បាប់ជាអាវុធដើម្បីដាក់ពាក្យបណ្ដឹងទាស់នឹងអ្នក។ ក៏មានមនុស្សដែលបន្តការងារសំណង់រហូតដល់ម៉ោង ១១ ឬ ១២ យប់ដែរ ដែលប៉ះពាល់ដល់ការសម្រាករបស់អ្នកជិតខាងរបស់ពួកគេ និងបណ្ដាលឱ្យមានការប្ដឹងផ្ដល់ផងដែរ។ បន្ទាប់មក ប៉ូលិសក៏មកចេញលិខិតផាកពិន័យ និងព្រមានពួកគេមិនឱ្យធ្វើឱ្យមានសំឡេងរំខានក្នុងអំឡុងពេលដែលបានកំណត់។ មនុស្សខ្លះថែមទាំងខ្វះការយល់ដឹងអំពីអនាម័យបរិស្ថានទៀតផង ដោយចោលសំរាមពាសវាលពាសកាល និងទុកសំរាមរាយប៉ាយពេញផ្លូវ។ បណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច មានសណ្ដាប់ធ្នាប់ណាស់។ អ្នករស់នៅទីនោះមានពេលវេលាកំណត់សម្រាប់ការចោលសំរាម ហើយឡានដឹកសំរាមមកប្រមូលសំរាមនៅថ្ងៃដែលបានកំណត់។ បន្ទាប់ពីប្រមូលរួច ផ្លូវថ្នល់នៅតែស្អាតដដែល។ អ្នកដែលមិនយល់រឿងនេះ អាចនឹងចោលសំរាមពាសវាលពាសកាល ដែលនេះក៏ចាត់ទុកថាជាការបំពានបទប្បញ្ញត្តិដែរ។ ការនេះប៉ះពាល់ដល់អនាម័យសាធារណៈ និងសោភ័ណភាពទីក្រុង ដូច្នេះ អាចនឹងមានការដាក់ពាក្យបណ្ដឹង ទាស់នឹងពួកគេ។ ជនជាតិចិនដែលមិនធ្វើតាមច្បាប់ទម្លាប់ តែងតែត្រូវបានគេប្ដឹងនៅពេលរស់នៅបរទេស។ បន្ទាប់ពីត្រូវបានគេរាយការណ៍ជាច្រើនដងមក ពួកគេមានគំនិត មិនល្អចំពោះជនជាតិលោកខាងលិច ដោយនិយាយថា៖ «ជនជាតិលោកខាងលិចចូលចិត្តតែប្ដឹងផ្ដល់ ពួកគេប្ដឹងសូម្បីតែរឿងតូចតាច»។ ខ្ញុំនិយាយថា៖ «ពួកគេបានដាក់ពាក្យបណ្ដឹងទាស់នឹងអ្នកចំពោះរឿងជាច្រើន ហើយអ្នកមិនបានឆ្លុះបញ្ចាំងពី ខ្លួនឯងឡើងទេ តែបែរជាបន្ទោសពួកគេចំពោះការដាក់ពាក្យបណ្ដឹងទៅវិញ។ ចុះតើពួកគេធ្វើត្រូវទេដែលដាក់ពាក្យបណ្ដឹងនោះ? តើរឿងដែលអ្នកបានធ្វើនោះ ត្រូវឬខុស?» ពួកគេធ្វើត្រូវទាំងស្រុងហើយដែលដាក់ពាក្យបណ្ដឹងទាំងនោះ អ្នកបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ និងប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគេ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនគួរដាក់ពាក្យបណ្ដឹងទាស់នឹងអ្នក? ការធ្វើបែបនេះគឺដើម្បីការពារសណ្ដាប់ធ្នាប់សង្គម និងបង្ហាញថា ប្រទេសនេះត្រូវបានគ្រប់គ្រងដោយច្បាប់ មនុស្សគ្រប់រូបត្រូវបានការពារដោយច្បាប់ ហើយច្បាប់នៅក្នុងប្រទេសនេះមិនមែនសម្រាប់តែតាំងលម្អទេ មនុស្សគ្រប់រូបអាចប្រើច្បាប់ជាអាវុធដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេកំពុងដាក់ពាក្យបណ្ដឹងទាស់នឹងអ្នក ដោយសារតែអ្នកមិនយល់អំពីច្បាប់ និងបានបំពានបទប្បញ្ញត្តិក្នុង តំបន់។ អ្នកគួរតែស្វែងយល់អំពីបទប្បញ្ញត្តិក្នុង តំបន់ជាមុនសិន ហើយប្រព្រឹត្តតាមច្បាប់ និងបទប្បញ្ញត្តិ បន្ទាប់មក តើអ្នកគិតថាពួកគេនៅតែដាក់ពាក្យបណ្ដឹងទាស់នឹងអ្នកទៀតដែរឬទេ? (ពួកគេនឹងមិនដាក់ពាក្យបណ្ដឹងទៀតទេ)។ ចុះហេតុអ្វីបានជាជនជាតិចិនមិនដែលដាក់ពាក្យបណ្ដឹង ទោះបីជាបញ្ហានោះធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ? (ពួកគេត្រូវបានរដ្ឋាភិបាលគាបសង្កត់យូរពេកហើយ។ ពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទេ។ ជនជាតិចិនក៏គ្មានគំនិតក្នុងការការពារសិទ្ធិរបស់ខ្លួនដែរ)។ ប្រទេសចិនមិនមែនជាប្រទេសដែលគ្រប់គ្រងដោយច្បាប់ទេ។ ប្រទេសនេះមិនត្រូវបានគ្រប់គ្រងស្របតាមច្បាប់ឡើយ។ ច្បាប់របស់ប្រទេសចិនគឺគ្រាន់តែសម្រាប់តាំងលម្អប៉ុណ្ណោះ ហើយការដាក់ពាក្យបណ្ដឹងនៅទីនោះគឺគ្មានប្រយោជន៍ទេ។ ប្រសិនបើអ្នកដាក់ពាក្យបណ្ដឹង ហើយភាគីម្ខាងទៀតមានអំណាច និងឥទ្ធិពល ពួកគេអាចនឹងតាមរករឿងអ្នក។ ប្រសិនបើអ្នកគ្មានឥទ្ធិពលទេ អ្នកមិនទាំងហ៊ានដាក់ពាក្យបណ្ដឹងផង ការដាក់ពាក្យបណ្ដឹងអាចនាំទុក្ខទោសដល់ខ្លួនអ្នកយ៉ាងងាយ។ ដូច្នេះ នៅពេលដែលជនជាតិចិនជួបប្រទះនឹងការបៀតបៀន ជាពិសេសក្នុងករណីដែលមានអ្នកណាម្នាក់ត្រូវបានគេសម្លាប់ មិនថាការស្លាប់នោះអយុត្តិធម៌យ៉ាងណាទេ រឿងនោះត្រូវបានដោះស្រាយជាឯកជនយ៉ាងសាមញ្ញ ឱ្យតែជនបង្ក ឱ្យលុយខ្លះទៅ គឺចប់ហើយ។ ហេតុអ្វីបានជាសមាជិកគ្រួសាររបស់ជនរងគ្រោះមិនប្ដឹង? ពួកគេដឹងថាប្ដឹងទៅក៏មិនឈ្នះដែរ ត្រូវអស់លុយច្រើន ហើយនៅតែមិនទទួលបានយុត្តិធម៌ ឯជនបង្ក ក៏មិនត្រូវបានផ្តន្ទាទោសតាមច្បាប់ដែរ ដូច្នេះពួកគេជ្រើសរើសមិនប្ដឹង ហើយដោះស្រាយគ្នាវិញ។ ច្បាប់របស់ប្រទេសចិនគឺគ្រាន់តែសម្រាប់តាំងលម្អប៉ុណ្ណោះ ប្រទេសចិនមិនមែនជាប្រទេសដែលគ្រប់គ្រងដោយច្បាប់ទេ គ្មានកន្លែងរកយុត្តិធម៌ឡើយ។ ការប្ដឹងផ្ដល់គឺគ្មានប្រយោជន៍ទេ។ ដូច្នេះ មិនថាជនជាតិចិនជួបប្រទះនឹងរឿងខុសច្បាប់អ្វីទេ ពួកគេមិនហ៊ានប្ដឹងទេ។ នេះមកពីបក្សកុម្មុយនីស្តធ្វើតែរឿងអាក្រក់ មិនអាចនិយាយហេតុផលបាន ហើយមិនគ្រប់គ្រងតាមច្បាប់។ នៅប្រទេសចិន ឱ្យតែជាប្រជារាស្ត្រសាមញ្ញ មិនថាជួបរឿងធំប៉ុនណាទេ ក្នុងភ្នែកបក្សកុម្មុយនីស្តមិនចាត់ទុកជារឿងធំដុំទេ គ្មាននរណារវីរវល់ឡើយ។ រឿងដូចជាការប៉ះពាល់ដល់ការសម្រាករបស់អ្នកដទៃ ឬសូម្បីតែរឿងលួច ឆក់ ប្លន់ ក៏បក្សកុម្មុយនីស្តមិនចាត់ទុកជារឿងដែរ។ ប៉ុន្តែ នៅបណ្ដាប្រទេសលោកខាងលិចវិញគឺខុសគ្នា។ លោកខាងលិចមានប្រព័ន្ធប្រជាធិបតេយ្យ និងជាសង្គមដែលគ្រប់គ្រងដោយច្បាប់ ឱ្យតែប៉ះពាល់ដល់ការសម្រាករបស់គេ គេនឹងប្ដឹង ហើយប៉ូលិសនឹងមកសួរនាំ និងដោះស្រាយបញ្ហា។ ជនជាតិលោកខាងលិចមានការយល់ដឹងអំពីច្បាប់នេះ ហើយមិនធ្វើរឿងល្ងង់ខ្លៅបែបនេះទេ មានតែអ្នកមកពីក្រៅដែលមិនយល់ច្បាប់ទម្លាប់ទេដែលធ្វើរឿងល្ងង់ខ្លៅទាំងនេះ។ ពេលជនជាតិចិនមករស់នៅបរទេស ដំបូងៗ តែងតែត្រូវបានគេប្ដឹង។ យូរៗទៅ ពួកគេក៏ដឹងពីច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ ហើយលែងហ៊ានធ្វើរឿងខុសច្បាប់ ឬរំខានអ្នកដទៃទៀតហើយ។ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការគួររៀបចំបងប្អូនប្រុសស្រីឱ្យស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិផ្សេងៗនៃប្រទេសដែលខ្លួនរស់នៅ។ មិនថាចង់ធ្វើអ្វីទេ ត្រូវពិគ្រោះច្បាប់ជាមុនសិន សូម្បីតែចិញ្ចឹមមាន់ ឬជ្រូកក្នុងទីធ្លាផ្ទះខ្លួនឯង ក៏ត្រូវពិនិត្យមើលបទប្បញ្ញត្តិរបស់រដ្ឋាភិបាលជាមុនដែរ។ គេអាចស្រាវជ្រាវតាមអ៊ីនធឺណិត ឬសួរនាំបងប្អូនប្រុសស្រីក្នុង តំបន់ នោះនឹងរកឃើញចម្លើយត្រឹមត្រូវ។ ចំពោះរឿងគ្រប់យ៉ាងនៅបណ្ដាប្រទេសលោកខាងលិច រដ្ឋាភិបាលមានបទប្បញ្ញត្តិជាក់លាក់។ ឧទាហរណ៍ ផ្នែកសំណង់ មានបទប្បញ្ញត្តិថាតើព្រីភ្លើងត្រូវខ្ពស់ពីកម្រាលប៉ុន្មាន ហើយព្រីនីមួយៗត្រូវឃ្លាតពីគ្នាឆ្ងាយប៉ុន្មាន។ ក៏មានស្តង់ដារជាក់លាក់សម្រាប់កម្រាស់បង្កាន់ដៃជណ្ដើរ និងគម្លាតចន្លោះកូនបង្កាន់ដៃជណ្ដើរដែរ។ ជំហាននីមួយៗនៃការសាងសង់ ត្រូវបានត្រួតពិនិត្យដោយបុគ្គលិករដ្ឋាភិបាល ដូច្នេះករណីសំណង់ខុសច្បាប់ ឬសំណង់អនាធិបតេយ្យគឺកម្រមានណាស់។ ប្រសិនបើអ្នករស់នៅចង់សង់ផ្ទះ រោងដាក់ឧបករណ៍ ឬឃ្លាំងតូចមួយក្នុងទីធ្លារបស់ខ្លួន ពួកគេត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាល។ ប្រសិនបើចង់ចិញ្ចឹមមាន់ឬទា មានបទប្បញ្ញត្តិថាតើទ្រុងត្រូវនៅឆ្ងាយពីដីអ្នកជិតខាងប៉ុណ្ណា។ ទោះបីជាអ្នកដឹកនាំ និងអ្នកធ្វើការមិនយល់ពីច្បាប់ និងបទប្បញ្ញត្តិទាំងនេះក៏ដោយ ប្រសិនបើកិច្ចការពួកជំនុំពាក់ព័ន្ធនឹងរឿងទាំងនេះ នោះអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់។ ពួកគេគួរពិគ្រោះច្បាប់ និងបទប្បញ្ញត្តិរដ្ឋាភិបាលក្នុងតំបន់ជាមុនសិន ការយល់ច្បាស់ពីរឿងទាំងនេះមានប្រយោជន៍ដល់ការបំពេញភារកិច្ចរបស់យើង។ ទោះបីជារឿងផ្លូវច្បាប់មិនពាក់ព័ន្ធផ្ទាល់នឹងកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំក៏ដោយ ការផ្តល់ចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានដល់មនុស្សគ្រប់គ្នាគឺនៅតែមានប្រយោជន៍។ យ៉ាងហោចណាស់ ពួកគេអាចទទួលបានចំណេះដឹងខ្លះ យល់ច្បាប់ទម្លាប់ខ្លះ រៀន រស់នៅឱ្យបានត្រឹមត្រូវ និងទទួលបាននូវគុណតម្លៃសមជាមនុស្ស។ លើសពីនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរប្រកបគ្នាជាមួយអ្នកទទួលខុសត្រូវកិច្ចការខាងក្រៅ ជួយពួកគេឱ្យបង្កើនការយល់ដឹងអំពីច្បាប់។ ចំពោះរឿងតូចតាច មិនចាំបាច់ពិគ្រោះជាមួយមេធាវីទេ ពួកគេគ្រាន់តែត្រូវយល់ពីបទប្បញ្ញត្តិក្នុងតំបន់ ហើយអនុវត្តតាមយ៉ាងតឹងរ៉ឹងទៅបានហើយ។ ប៉ុន្តែចំពោះរឿងធំដុំ ពួកគេគួរពិគ្រោះជាមួយមេធាវី ដើម្បីស្វែងយល់ពីច្បាប់ក្នុង តំបន់។ សរុបមក មិនថាធ្វើអ្វីទេ គ្រប់សកម្មភាពត្រូវតែស្របតាមច្បាប់ និងបទប្បញ្ញត្តិ។ ការអនុវត្តតាមរបៀបនេះមួយរយៈ នឹងធ្វើឱ្យមនុស្សអាចយល់ដឹងពីសារៈសំខាន់នៃការគោរពច្បាប់ និងបទប្បញ្ញត្តិ ហើយពួកគេនឹងធ្វើតាមច្បាប់ទម្លាប់នៅពេលធ្វើអ្វីមួយ។ នេះក៏មានប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំដែរ។

គ. គោលការណ៍ដែលត្រូវអនុវត្តតាម នៅពេលបញ្ជូនមនុស្សទៅផ្សាយដំណឹងល្អ

ចំពោះការការពារសុវត្ថិភាពរបស់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ នៅមានការងារមួយផ្នែកទៀតដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវយកចិត្តទុកដាក់ គឺត្រូវការពារសុវត្ថិភាពរបស់អ្នកដែលចេញទៅក្រៅដើម្បីបំពេញភារកិច្ច។ តើគួរអនុវត្តតាមគោលការណ៍អ្វីខ្លះ នៅពេលចាត់មនុស្សឱ្យចេញទៅក្រៅ និងបំពេញភារកិច្ច? ទីមួយ គួរពិចារណាលើអាយុ និងភេទរបស់មនុស្ស ក៏ដូចជាការយល់ដឹង និងបទពិសោធជីវិតរបស់ពួកគេដែរ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវធ្វើការបែបវង្វេងវង្វាន់ ឬខ្ជីខ្ជាចំពោះរឿងនេះឡើយ។ ឧទាហរណ៍ ប្រសិនបើអ្នកចាត់អ្នកធ្វើការខាងផ្សាយដំណឹងល្អ ឱ្យទៅផ្សាយដំណឹងល្អនៅកន្លែងដែលមិនធ្លាប់ស្គាល់ តើមនុស្សបែបណាដែលស័ក្តិសមនឹងចាត់ឱ្យទៅ? (គឺមនុស្សដែលមានការយល់ដឹង និងមានប្រាជ្ញាខ្លះ)។ ប្រសិនបើពួកជំនុំមួយមិនសូវមានមនុស្សស័ក្តិសម ហើយភាគច្រើនជាយុវជនដែលខ្វះបទពិសោធជីវិត និងការយល់ដឹង ដែលមិនដឹងពីរបៀបដោះស្រាយស្ថានការណ៍ ជាពិសេសបញ្ហាដែលស្មុគស្មាញ នៅពេលពួកគេជួបប្រទះ ហើយជាអ្នកដែលនិយាយស្តីគ្មានគោលការណ៍ និងខ្វះប្រាជ្ញា នោះពួកគេនឹងមិនអាចធ្វើកិច្ចការបានឡើយ។ ប្រសិនបើចាត់មនុស្សបែបនេះឱ្យទៅ ពួកគេមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទំនងជានឹងធ្វើឱ្យប៉ះពាល់ និងពន្យារពេលកិច្ចការទៀតផង។ ដូច្នេះ នៅពេលចាត់មនុស្សឱ្យចេញទៅក្រៅ និងបំពេញភារកិច្ច ចាំបាច់ត្រូវជ្រើសរើសអ្នកដែលមានភាពជាមនុស្សចាស់ទុំ និងមានប្រាជ្ញា ទើបមនុស្សបែបនេះស័ក្តិសម។ ប្រសិនបើមិនមានមនុស្សស័ក្តិសមគ្រប់គ្រាន់ទេ នោះត្រូវឱ្យយុវជនសហការជាមួយមនុស្សចាស់ ដើម្បីចេញទៅបំពេញភារកិច្ចរបស់ខ្លួន។ ឧទាហរណ៍ ឧបមាថាមានបងប្អូនស្រីវ័យក្មេងម្នាក់អាយុប្រហែល ២៥ ឬ ២៦ ឆ្នាំ ទោះបីជាគាត់បានជឿលើព្រះជាម្ចាស់យូរមកហើយ មានជំនឿ និងកម្រិតវិញ្ញាណ ហើយបានបំពេញភារកិច្ចអស់រយៈពេលជាយូរមកហើយក៏ដោយ ក៏គាត់មិនដឹងពីរបៀបរក្សាសុវត្ថិភាពខ្លួនឯងដែរ ប្រសិនបើត្រូវចាត់ឱ្យទៅបំពេញភារកិច្ចរបស់ខ្លួននៅកន្លែងដែលមិនធ្លាប់ស្គាល់នោះ។ ក្នុងករណីបែបនេះ ចាំបាច់ត្រូវរកបងប្អូនប្រុសឬស្រីក្នុង តំបន់ដែលមានបទពិសោធក្នុងសង្គម ដើម្បីសហការជាមួយគាត់ក្នុងការបំពេញភារកិច្ច។ ជាការពិតណាស់ ប្រសិនបើទីតាំងនៃភារកិច្ចគឺជាតំបន់ដែលធ្លាប់ស្គាល់ ឬជាកន្លែងដែលមានពួកជំនុំរួចស្រេចហើយនោះ បងប្អូនប្រុសស្រីវ័យក្មេងអាចទៅបាន។ យ៉ាងណាមិញ ប្រសិនបើមនុស្សត្រូវទៅកន្លែងដែលមិនធ្លាប់ស្គាល់ ជាពិសេសកន្លែងដែលមានសន្តិសុខសាធារណៈមិនល្អ ដើម្បីផ្សាយដំណឹងល្អ ឬធ្វើកិច្ចការផ្សេងទៀត នោះត្រូវតែគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ មិនថាពួកគេចាត់នរណាឱ្យចេញទៅក្រៅ និងធ្វើកិច្ចការនោះទេ សុវត្ថិភាពគឺជារឿងទីមួយដែលត្រូវពិចារណា។ ប្រសិនបើមិនច្បាស់ថា អ្នកដែលនឹងទទួលដំណឹងល្អគឺជាមនុស្សប្រភេទណា ឬថាតើមនុស្សទាំងនេះអាចនឹងធ្វើរឿងមិនសមរម្យឬអត់នោះទេ នោះគួរតែមានការប្រុងប្រយ័ត្ននៅពេលចាត់មនុស្សឱ្យទៅផ្សាយដំណឹងល្អ។ កាលពីមុន ខ្ញុំបានឮថាអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួន តែងតែចាត់បងប្អូនស្រីវ័យក្មេង ដែលមានអាយុប្រហែល ១៨ ឬ ១៩ ឆ្នាំ ឬអាយុជាង ២០ ឆ្នាំ ឱ្យទៅកន្លែងដែលមិនធ្លាប់ស្គាល់ ដើម្បីផ្សាយដំណឹងល្អ ហើយតាមដំណឹងថា មានរឿងហេតុមិនល្អមួយចំនួនបានកើតឡើង។ មិនថាមានរឿងអ្វីកើតឡើងពិតប្រាកដនោះទេ នៅទីបំផុត វាពាក់ព័ន្ធនឹងការដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនៅពេលធ្វើកិច្ចការ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយកកត្តាទាំងនេះមកពិចារណានៅក្នុងកិច្ចការរបស់ខ្លួន ហើយមិនគួរចាត់បងប្អូនស្រី ឬបងប្អូនប្រុសដែលក្មេងពេក ឱ្យទៅកន្លែងដែលមិនធ្លាប់ស្គាល់ និងមានគ្រោះថ្នាក់ ដើម្បីបំពេញភារកិច្ចដោយឥតខ្វល់នោះឡើយ។ មានអ្នកដឹកនាំម្នាក់ដែលធ្លាប់បានរៀបចំបងប្អូនស្រីពីរនាក់ អាយុ ១៨ ឬ ១៩ ឆ្នាំ ឱ្យទៅផ្សាយដំណឹងល្អ។ នៅពេលដែលមាននរណាម្នាក់និយាយថា ពួកគេក្មេងពេក និងមិនស័ក្តិសមសម្រាប់កិច្ចការនេះទេ អ្នកដឹកនាំនោះក៏រកបានបងប្អូនស្រីអាយុ ២១ ឆ្នាំម្នាក់ឱ្យទៅជំនួសវិញ ដោយគិតថា៖ «អ្នកឯងថា ១៩ ឆ្នាំក្មេងពេក ដូច្នេះខ្ញុំរកបានអ្នកអាយុ ២១ ឆ្នាំហើយ។ នេះចាស់ជាងហើយ តើមែនទេ?» តើគុណសម្បត្តិរបស់អ្នកដឹកនាំរូបនេះយ៉ាងម៉េចដែរ? គាត់គឺជាមនុស្សដែលមានទំនោរទៅរកការបំផ្លឹសខុសទំនង តើមែនទេ? (មែនហើយ)។ មានអាយុបងអ្នក ១៩ ឆ្នាំតែពីរឆ្នាំប៉ុណ្ណោះ តើគាត់អាចមានបទពិសោធជីវិតដែរឬទេ? តើគាត់អាចមានបទពិសោធក្នុងសង្គមដែរឬទេ? នៅពេលប្រឈមមុខនឹងការលំបាក ឬស្ថានភាពគ្រោះថ្នាក់ តើគាត់អាចនឹងយំដែរឬទេ? ទោះបីជាគាត់មានអាយុបងពីរឆ្នាំក៏ដោយ បើនិយាយពីអាយុវិញ គាត់នៅក្មេងពេក ហើយមិនមានសមត្ថភាពទទួលយកកិច្ចការនេះទេ។ យ៉ាងហោចណាស់ ចាំបាច់ត្រូវរកបងប្អូនប្រុសឬស្រីដែលមានអាយុខ្ទង់ ៣០ ឬ ៤០ ឆ្នាំ ឬខ្ទង់ ៥០ ឬ ៦០ ឆ្នាំ ព្រោះពួកគេមានអាយុច្រើន និងមានបទពិសោធក្នុងសង្គម។ នៅពេលជួបប្រទះស្ថានការណ៍ ពួកគេមានប្រាជ្ញាក្នុងការដោះស្រាយ ដោយការពារមិនឱ្យមានស្ថានភាពគ្រោះថ្នាក់ណាមួយកើតឡើងឡើយ។ មនុស្សវ័យក្មេងមិនទាន់បានឃើញ ឬឆ្លងកាត់រឿងរ៉ាវច្រើនទេ ហើយមិនដឹងពីរបៀបដោះស្រាយឡើយ។ នៅពេលជួបប្រទះនឹងគ្រោះថ្នាក់ ពួកគេមិនអាចសូម្បីតែដឹង ដែលធ្វើឱ្យងាយនឹងធ្វើឱ្យមានឧប្បត្តិហេតុកើតឡើង។ មនុស្សដែលមានអាយុច្រើន ដោយសារបានឃើញភាពអាក្រក់នៅក្នុងសង្គមនេះ និងមនុស្សជាតិនេះច្រើនជាង ពួកគេតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្ស។ ដោយផ្អែកលើបទពិសោធក្នុងសង្គម និងចំណេះដឹងពីជីវិតជាក់ស្តែងរបស់ពួកគេ ពួកគេអាចធ្វើការវិនិច្ឆ័យសមហេតុផលមួយចំនួនអំពីថាតើគ្រោះថ្នាក់បែបណាអាចកើតឡើងនៅក្នុងស្ថានភាពខ្លះ កម្រិតនៃគ្រោះថ្នាក់ខ្ពស់ប៉ុណ្ណា បុគ្គលណាជាមនុស្សអាក្រក់ និងថាតើមនុស្សមួយចំនួនអាចធ្វើរឿងអ្វីខ្លះ។ នៅពេលជួបប្រទះនឹងស្ថានភាពគ្រោះថ្នាក់ ពួកគេក៏មានប្រាជ្ញាដើម្បីការគេចចេញពីគ្រោះថ្នាក់ដែរ។ ផ្ទុយទៅវិញ មនុស្សវ័យក្មេងខ្វះបទពិសោធ។ នៅពេលជួបប្រទះនឹងស្ថានការណ៍ ពួកគេមិនអាចមើលឃើញពីផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតមានបានឡើយ។ ដូច្នេះ នៅពេលនិយាយដល់បញ្ហាសុវត្ថិភាព មនុស្សដែលមានអាយុច្រើន គិតគូរបានគ្រប់ជ្រុងជ្រោយជាងមនុស្សវ័យក្មេង។ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការរៀបចំមនុស្សឱ្យចេញទៅក្រៅ និងបំពេញភារកិច្ច ពួកគេគួរតែពិចារណាលើលក្ខខណ្ឌក្នុងតំបន់ ហើយរៀបចំមនុស្សដែលមានអាយុច្រើនបន្តិច ដែលមានប្រាជ្ញា និងបទពិសោធខ្លះ ឱ្យសហការជាមួយមនុស្សវ័យក្មេងដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយចំពោះរឿងទាំងនេះ។

មិនថាកិច្ចការពួកជំនុំត្រូវបានធ្វើឡើងនៅក្នុងប្រទេសណានោះទេ ការធានាសុវត្ថិភាពរបស់អ្នកបំពេញភារកិច្ច គឺជាកិច្ចការមួយដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែយកចិត្តទុកដាក់ខ្ពស់។ មិនថាចាត់នរណាឱ្យទៅធ្វើកិច្ចការណានោះទេ ពួកគេត្រូវតែមានគុណសម្បត្តិជាក់លាក់ និងមានសមត្ថភាពខ្លះដើម្បីអាចបំពេញកិច្ចការនោះបាន ហើយដើម្បីអាចធានាសុវត្ថិភាពរបស់ពួកគេបាន ជាពិសេស នៅក្នុងតំបន់ ឬប្រទេសដែលមានសន្តិសុខសាធារណៈមិនល្អ គឺរឹតតែត្រូវធ្វើបែបនេះ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែចាត់ទុកសុវត្ថិភាពរបស់អ្នកបំពេញភារកិច្ចជាអាទិភាពចម្បង ដោយមិនត្រូវធ្វេសប្រហែសមិនយកចិត្តទុកដាក់ឡើយ។ មនុស្សមួយចំនួននិយាយថា៖ «មិនអីទេ។ អ្វីដែលយើងកំពុងធ្វើ គឺការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពោលគឺយើងមានការការពាររបស់ព្រះជាម្ចាស់ ដូច្នេះគ្មាននរណាម្នាក់នឹងស្លាប់ឡើយ។ តើអាចមានរឿងអ្វីកើតឡើងទៅ?» តើការដែលពួកគេនិយាយបែបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ការនិយាយបែបនេះ គឺមិនទទួលខុសត្រូវ ហើយទស្សនៈនេះក៏ឃ្លាតឆ្ងាយពីតថភាពខ្លាំងណាស់ដែរ។) មនុស្សគួរតែខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញការទទួលខុសត្រូវដែលខ្លួនអាចបំពេញបាន និងយកចិត្តទុកដាក់លើអ្វីដែលខ្លួនអាចពិចារណាបាន ពួកគេមិនត្រូវល្បងលព្រះជាម្ចាស់ ឬយកសុវត្ថិភាពរបស់បងប្អូនប្រុសស្រីទៅប្រថុយប្រថានឡើយ។ ព្រះជាម្ចាស់អាចការពារមនុស្សបាន ប៉ុន្តែប្រសិនបើអ្នកមិនពិចារណាលើបញ្ហាដែលអ្នកអាចពិចារណាបាន ហើយអ្នកយកសុវត្ថិភាពរបស់បងប្អូនប្រុសស្រីទៅភ្នាល់ដើម្បីល្បងលព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងបើកសម្ដែងអ្នកមិនខាន គឺថា​ តើនរណាប្រើឱ្យអ្នកល្ងង់ខ្លៅយ៉ាងនេះ ដោយធ្វើរឿងល្ងីល្ងើបែបនេះ! ហេតុដូច្នេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនត្រូវប្រើពាក្យសម្ដីបែបនេះធ្វើជាលេស ដើម្បីធ្វើរឿងដែលមិនទទួលខុសត្រូវឡើយ។ ការធានាសុវត្ថិភាពរបស់អ្នកបំពេញភារកិច្ច គឺជាការទទួលខុសត្រូវរបស់អ្នក ហើយអ្នកគួរតែបំពេញការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលអ្នកបានយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចពិចារណាបាន និងអាចធ្វើបានរួចហើយ នោះចំពោះអ្វីដែលអ្នកមិនបានពិចារណាវិញ ថាតើព្រះជាម្ចាស់នឹងធ្វើកិច្ចការត្រង់ចំណុចនោះដោយរបៀបណា នោះគឺជារឿងរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយមិនជាប់ពាក់ព័ន្ធនឹងអ្នកឡើយ។ មនុស្សមួយចំនួនរុញការទទួលខុសត្រូវទាំងអស់ទៅឱ្យព្រះជាម្ចាស់តាមតែអំពើចិត្តដោយនិយាយថា៖ «ព្រះជាម្ចាស់ទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់មនុស្ស យើងមិនចាំបាច់ខ្លាចឡើយ យើងចង់ផ្សាយតាមរបៀបណាក៏បានដែរ។ នៅចំពោះព្រះជាម្ចាស់ អ្វីៗទាំងអស់គឺមានសេរីភាព និងសេចក្ដីរំដោះ យើងមិនចាំបាច់ខ្វល់ខ្វាយពីរឿងទាំងនោះទេ!» តើសេចក្ដីថ្លែងបែបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) យោងតាមសេចក្តីថ្លែងបែបនេះ មនុស្សមិនចាំបាច់ស្វែងរកគោលការណ៍ទេនៅពេលរឿងរ៉ាវកើតឡើង ប្រសិនបើដូច្នោះមែន តើសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ មានប្រយោជន៍អ្វីទៅ? វានឹងគ្មានប្រយោជន៍ឡើយ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ដើម្បីបង្រៀនមនុស្សដោយការអត់ធ្មត់ និងផ្ចិតផ្ចង់ ក្នុងគោលបំណងឱ្យរាស្ដ្ររើសតាំងរបស់ទ្រង់បានដឹងពីរបៀបរស់រាន របៀបដេញតាមសេចក្ដីពិត និងរបៀបប្រព្រឹត្តខ្លួននៅក្នុងពិភពលោកដ៏អាក្រក់ និងក្នុងចំណោមមនុស្សជាតិដ៏អាក្រក់នេះ ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនមែនដើម្បីឱ្យអ្នកទៅល្បងលព្រះជាម្ចាស់ឡើយ ហើយក៏មិនមែនឱ្យអ្នកធ្វើអ្វីតាមតែចិត្តចង់ ដោយស្របតាមពាក្យពេចន៍ និងគោលលទ្ធិ និងគ្មានគោលការណ៍នោះដែរ។ ដើម្បីឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបំពេញកិច្ចការនៃការផ្សាយដំណឹងល្អបានល្អ ជាដំបូងបំផុត ពួកគេត្រូវតែធានាសុវត្ថិភាពរបស់មនុស្សជាមុនសិន។ ដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវតែស្វែងយល់ និងក្តាប់បាននូវកាលៈទេសៈជាក់លាក់របស់អ្នកបំពេញភារកិច្ចជាមុនសិន រួចចាត់មនុស្សដែលស័ក្តិសមឱ្យទៅ ហើយក៏ត្រូវយល់ពីអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពផ្សេងៗ ដើម្បីធានាសុវត្ថិភាពរបស់មនុស្សផងដែរ។ ប្រសិនបើទីកន្លែងណាមួយមានភាពវឹកវរខ្លាំង គ្មាននរណាម្នាក់មានអ្នកស្គាល់គ្នានៅទីនោះ ហើយសុវត្ថិភាពរបស់អ្នកណាក៏ដោយដែលទៅផ្សាយដំណឹងល្អនៅទីនោះមិនអាចធានាបានទេ នោះកុំចាត់មនុស្សឱ្យទៅទីនោះជាបណ្ដោះអាសន្នសិន កុំប្រថុយនឹងគ្រោះថ្នាក់នេះ ហើយកុំធ្វើការលះបង់ដែលមិនចាំបាច់។ មិនថាភារកិច្ចណាកំពុងត្រូវបានបំពេញ ឬកិច្ចការណាត្រូវបានធ្វើនោះទេ វាមិនចាំបាច់ឱ្យអ្នកទៅប្រឡូកក្នុងពិភពលោក ឬប្រថុយជីវិតរបស់អ្នកឡើយ ហើយក៏មិនចាំបាច់ឱ្យអ្នកយកសុវត្ថិភាព ឬជីវិតរបស់អ្នកទៅភ្នាល់ដែរ។ ជាការពិតណាស់ នៅក្នុងមជ្ឈដ្ឋាននៃប្រទេសចិន ការប្រថុយគ្រោះថ្នាក់ដើម្បីបំពេញភារកិច្ច គឺជៀសមិនរួចឡើយ។ រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញអ្នកដែលជឿលើព្រះជាម្ចាស់ ហើយទោះបីជាដឹងច្បាស់ថាមានគ្រោះថ្នាក់ក៏ដោយ ក៏អ្នកនៅតែត្រូវជឿលើព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់អ្នកដែរ អ្នកមិនអាចបោះបង់ភារកិច្ចរបស់អ្នកបានទេ ហើយគ្មានកិច្ចការណាមួយអាចបញ្ឈប់បានឡើយ។ ស្ថានភាពនៅក្នុងបណ្ដាប្រទេសនៅក្រៅប្រទេសគឺសុទ្ធតែខុសគ្នា គឺថាប្រទេសខ្លះជាប្រទេសផ្ដាច់ការស្រដៀងនឹងប្រទេសចិនដែរ ខណៈដែលប្រទេសផ្សេងទៀតមានប្រព័ន្ធប្រជាធិបតេយ្យ។ នៅក្នុងបណ្តាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យ កិច្ចការនៃការផ្សាយដំណឹងល្អអាចដំណើរការទៅបានយ៉ាងរលូន ហើយកិច្ចការផ្សេងៗក៏អាចអនុវត្តទៅយ៉ាងរលូនជាងមុនផងដែរ។ ប៉ុន្តែ នៅក្នុងបណ្តាប្រទេសមួយចំនួនដែលមានលក្ខណៈផ្ដាច់ការ ប្រជាជននៅទីនោះខ្វះការចេះដឹងផង និងអន់ថយផង ហើយក៏មិនងាយស្រួលសម្រាប់ពួកគេក្នុងការទទួលយកផ្លូវពិតដែរ។ នៅពេលផ្សាយដំណឹងល្អដល់ពួកគេ មិនត្រឹមតែពួកគេមិនពិនិត្យសួរនាំប៉ុណ្ណោះទេ តែពួកគេថែមទាំងអាចថ្កោលទោសទាំងងងឹតងងុល ហើយអាចថែមទាំងរាយការណ៍ស្ថានភាពនេះទៅប៉ូលិសទៀតផង។ ក្នុងករណីបែបនេះ ចូរកុំចាត់មនុស្សឱ្យទៅផ្សាយដំណឹងល្អនៅទីនោះអី ផ្ទុយទៅវិញ ចូរជ្រើសរើសកន្លែងដែលអាចធានាសុវត្ថិភាពបាន ដើម្បីអនុវត្តកិច្ចការវិញ។ ទាំងនេះសុទ្ធតែជារឿងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរពិចារណាឱ្យបានហ្មត់ចត់។ ឧទាហរណ៍៖ នៅក្នុងប្រទេសដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬឥណ្ឌា ដែលមានប្រវត្តិសាសនាដ៏ស្មុគស្មាញ និកាយសាសនាមួយចំនួនមានឥទ្ធិពលយ៉ាងខ្លាំង និងត្រួតត្រាសង្គមទាំងមូល រហូតដល់ថ្នាក់សូម្បីតែរដ្ឋាភិបាលក៏ចុះញ៉មនឹងឥទ្ធិពលនៃសាសនាទាំងនេះដែរ។ នៅក្នុងប្រទេសបែបនេះ មិនត្រូវចាត់មនុស្សបន្ថែមឱ្យទៅផ្សាយដំណឹងល្អនៅទីនោះឡើយ គឺឱ្យតែពួកជំនុំនៅតាមតំបន់ផ្សាយដំណឹងល្អទៅ បានហើយ។ នៅក្នុងប្រទេសខ្លះ ស្ថានភាពមានភាពខុសប្លែកគ្នានៅតាមបណ្តារដ្ឋ ឬខេត្តផ្សេងៗ ហើយច្បាប់ និងបទប្បញ្ញត្តិនៅតាមតំបន់ ក៏ខុសពីច្បាប់ និងបទប្បញ្ញត្តិថ្នាក់ជាតិដែរ។ ឧទាហរណ៍៖ តំបន់ជាក់លាក់មួយចំនួនមានប្រវត្តិសាសនាពិសេស ហើយនៅក្នុងតំបន់ទាំងនោះ សាសនា និងរដ្ឋ គឺជាធ្លុងតែមួយ។ ក្នុងករណីខ្លះ មេដឹកនាំសាសនាថែមទាំងមានអំណាចធំជាងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានទៅទៀត ហើយអាចបំពានគោលនយោបាយថ្នាក់ជាតិមួយចំនួនដោយបើកចំហបាន។ ប្រសិនបើអ្នកផ្សាយដំណឹងល្អនៅក្នុងតំបន់បែបនេះ នោះនឹងមានហានិភ័យសុវត្ថិភាពដែលអាចកើតមានមិនខាន។ ហានិភ័យដែលអាចកើតមានទាំងនេះ មិនកម្រិតត្រឹមការបង្កើតពាក្យចចាមអារ៉ាមអំពីអ្នក ឬការបណ្ដេញអ្នកចេញប៉ុណ្ណោះទេ គឺពួកគេថែមទាំងអាចចាប់ខ្លួនអ្នក ឃុំខ្លួនអ្នកនៅក្នុងគុកដោយគ្មានការចោទប្រកាន់ ហើយថែមទាំងធ្វើទារុណកម្មអ្នក ធ្វើឱ្យអ្នកពិការ ឬសម្លាប់អ្នកទៀតផង ហើយរដ្ឋាភិបាលនឹងមិនធ្វើអន្តរាគមន៍ឡើយ។ តាមពិតទៅ ពួកអ្នកដឹកនាំនៃនិកាយសាសនាភាគច្រើន ស្អប់សាសនាដែលមកពីខាងក្រៅណាស់។ ដោយសារតែឥទ្ធិពលរបស់ពួកគេធំធេងពេក ហើយពួកគេមិនត្រូវបានរឹតត្បិតដោយច្បាប់ទាល់តែសោះ ទើបគ្មាននរណាម្នាក់ហ៊ានឱ្យពួកគេទទួលខុសត្រូវឡើយ មិនថាពួកគេធ្វើទុក្ខបុកម្នេញអ្នកធ្វើការខាងផ្សាយដំណឹងល្អយ៉ាងសាហាវឃោរឃៅកម្រិតណាក៏ដោយ ហើយសូម្បីតែមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន ក៏គ្មានឆន្ទៈប៉ះពាល់ពួកគេដែរ។ នៅពេលអ្នកចាប់ផ្ដើមផ្សាយដំណឹងល្អនៅក្នុងទឹកដីរបស់ពួកគេ ពួកគេអាចធ្វើបាបអ្នកតាមតែអំពើចិត្តរបស់ពួកគេ។ ហេតុដូច្នេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែមានការប្រុងប្រយ័ត្នជាពិសេស នៅពេលចាត់មនុស្សឱ្យទៅផ្សាយដំណឹងល្អនៅកន្លែងណាមួយ។ ជាដំបូង ពួកគេត្រូវតែអង្កេតស្រាវជ្រាវ និងស្វែងយល់ស្ថានភាពនៅកន្លែងនោះ ពោលថាតើមានសេរីភាពនៃជំនឿដែរឬទេ ថាតើកម្លាំងសាសនាមានអំណាចខ្លាំងកម្រិតណា ហើយថាតើនឹងមានផលវិបាកអ្វីខ្លះកើតឡើង ប្រសិនបើមានគេរាយការណ៍អំពីអ្នកដែលផ្សាយដំណឹងល្អនៅទីនោះ។ បញ្ហាទាំងនេះត្រូវតែយល់ឱ្យបានច្បាស់សិន មុននឹងសម្រេចចិត្តថាតើគួរចាត់មនុស្សឱ្យទៅទីនោះឬអត់។ ប្រសិនបើក្រោយពីបានស្វែងយល់អំពីកន្លែងណាមួយ ហើយកំណត់ថាវាមិនស័ក្តិសមសម្រាប់ការផ្សាយដំណឹងល្អទេ នោះគឺមិនអនុញ្ញាតឱ្យនរណាម្នាក់ចាត់មនុស្សឱ្យទៅផ្សាយដំណឹងល្អនៅទីនោះឡើយ។ នេះក៏ជាផ្នែកមួយនៃកិច្ចការដែលគួរធ្វើ ដើម្បីធានាសុវត្ថិភាពរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អផងដែរ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនមានការយល់ដឹងដែលវៀចវេរ ហើយនិយាយថា៖ «មិនអីទេ ព្រះជាម្ចាស់នឹងការពារយើង។ ឧបសគ្គកាន់តែលំបាក នោះយើងកាន់តែត្រូវប្រឈមមុខ។ មានមនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់នៅកន្លែងនោះ ដូច្នេះហេតុអ្វីបានជាយើងមិនគួរទៅផ្សាយដំណឹងល្អនៅទីនោះទៅ?» មានអ្នកប្រាប់ពួកគេថា៖ «មានគុកឯកជននៅទីនោះ។ ប្រសិនបើយើងទៅផ្សាយដំណឹងល្អនៅទីនោះ មិនត្រឹមតែយើងនឹងត្រូវគេឃុំខ្លួនប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងអាចស្លាប់នៅទីនោះទៀតផង។ យើងមិនអាចទៅបានទេ!» ពួកអ្នកដឹកនាំក្លែងក្លាយដ៏ល្ងង់ខ្លៅទាំងនោះ គិតអំពីរឿងនេះថា៖ «នាគដ៏ធំមានសម្បុរក្រហមមានគុកច្រើនណាស់ ប៉ុន្តែយើងមិនខ្លាចវាទេ ចុះហេតុអ្វីបានជាយើងគួរខ្លាចគុកឯកជនមួយចំនួននៅទីនោះទៅវិញ? គុកអាចឃុំរូបកាយរបស់យើងបាន ប៉ុន្តែមិនអាចឃុំដួងចិត្តរបស់យើងបានឡើយ! កុំខ្លាចអី ទៅចុះ!» បន្ទាប់មក ពួកគេក៏ចាត់មនុស្សឱ្យទៅជាបន្តបន្ទាប់ ហើយនៅទីបំផុត គ្មាននរណាម្នាក់ត្រឡប់មកវិញឡើយ ពួកគេសុទ្ធតែត្រូវបានឃុំខ្លួន។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនោះក៏ស្រឡាំងកាំង។ តើនេះជាបញ្ហាអ្វី? (ពួកអ្នកដឹកនាំក្លែងក្លាយបែបនេះ គឺជាមនុស្សល្ងីល្ងើ។) ពួកអ្នកដឹកនាំក្លែងក្លាយបែបនេះ គឺជាមនុស្សចោលម្សៀត ពួកគេមិនទទួលខុសត្រូវឡើយ ដោយបញ្ជូនមនុស្សឱ្យទៅចូលមាត់ច្រកនៃគ្រោះថ្នាក់។ ហេតុអ្វីបានជាពួកគេមិនទៅដោយខ្លួនឯង? ដោយសារពួកគេមិនខ្លាចគ្រោះថ្នាក់ នោះពួកគេគួរតែទៅមុនគេ។ ប្រសិនបើពួកគេទៅ ហើយត្រឡប់មកវិញដោយសុវត្ថិភាព និងទទួលបានមនុស្ស នោះអ្នកផ្សេងទៀតក៏អាចទៅតាមក្រោយបានដែរ។ មិនថាយ៉ាងណាក៏ដោយ សុវត្ថិភាពរបស់មនុស្សត្រូវតែធានាឱ្យបាន ក្នុងការផ្សាយដំណឹងល្អ។ ដាច់ខាតមិនត្រូវប្រថុយប្រថាននៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ និងមិនស័ក្តិសមសម្រាប់ការផ្សាយដំណឹងល្អឡើយ។ កុំសន្មតថា កន្លែងណាក៏ដោយដែលនៅក្រៅចិនដីគោក សុទ្ធតែមានសុវត្ថិភាពឱ្យសោះ នេះគឺជាការយល់ឃើញខុស និងជាការយល់ដឹងដែលវៀចវេរ។ មានតែមនុស្សល្ងង់ខ្លៅប៉ុណ្ណោះដែលគិតបែបនេះ មនុស្សបែបនេះយល់ដឹងតិចតួចពេកហើយអំពីពិភពលោកនេះ! ចូរកុំសន្មតថា ដោយសារតែប្រទេសលោកខាងលិចភាគច្រើនមានសេរីភាពនៃជំនឿ ហើយមានមនុស្សច្រើនគួរសមដែលជឿលើព្រះអម្ចាស់ នោះអ្នកអាចផ្សាយដំណឹងល្អដោយបើកចំហ និងសម្ដែងបញ្ចេញសេចក្តីថ្លែងផ្សេងៗដោយបើកចំហ ដើម្បីលាតត្រដាងថាពិភពសាសនាខ្មៅងងឹត និងអាក្រក់យ៉ាងណានោះឡើយ គឺថាប្រសិនបើអ្នកធ្វើបែបនេះ ផលវិបាកនឹងមិនអាចស្រមៃដល់ឡើយ។ អ្នកត្រូវតែយល់ថា នៅពេលផ្សាយដំណឹងល្អ មិនថាចំពោះអ្នកកាន់សាសនា ឬទៅកាន់អ្នកគ្មានជំនឿនោះទេ អ្នកកំពុងប្រឈមមុខជាមួយមនុស្សជាតិដែលពុករលួយ មនុស្សជាតិដែលទាស់ទទឹងព្រះជាម្ចាស់។ ចូរកុំគិតអំពីបញ្ហានេះដោយភាពងាយស្រួលពេកឡើយ។

ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការចង់ធានាសុវត្ថិភាពរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ ពួកគេត្រូវពិចារណាគ្រប់ទិដ្ឋភាពនៃបញ្ហានេះឱ្យបានម៉ត់ចត់ ហើយក្នុងករណីដែលមានបញ្ហាណាមួយកើតឡើង គឺត្រូវដោះស្រាយវាជាបន្ទាន់ ហើយបន្ទាប់មក ត្រូវសរុបសេចក្ដីពីបទពិសោធ និងមេរៀន ដើម្បីស្វែងរកគោលការណ៍ និងផ្លូវនៃការអនុវត្ត ដោយកំណត់ពីរបៀបអនុវត្តទៅថ្ងៃមុខ ពោលគឺថា នេះក៏ជាកិច្ចការដ៏សំខាន់មួយដែលត្រូវធ្វើផងដែរ។ មានរឿងខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនបានពិចារណា ឬជួបប្រទះពីមុនមក ក្រោយពេលបញ្ហាកើតឡើង ពួកគេគួរតែសរុបសេចក្ដីថា៖ «តើយើងគួរតែទៅកន្លែងបែបនោះទៀតឬទេ? តើរបៀបបញ្ជូនមនុស្សបែបនេះត្រឹមត្រូវដែរឬទេ? តើយើងគួរកែសម្រួលផែនការ យុទ្ធសាស្ត្រ ឬទិសដៅសម្រាប់ជំហានបន្ទាប់ក្នុងការផ្សាយដំណឹងល្អ ឬធ្វើកិច្ចការសំខាន់ៗផ្សេងទៀតដែរឬទេ?» នៅក្នុងដំណើរការនៃការសរុបសេចក្ដីជាបន្តបន្ទាប់ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែកំណត់បន្តិចម្ដងៗនូវវិធីសាស្រ្ត និងគោលការណ៍នៃកិច្ចការ ដើម្បីឱ្យពួកគេកាន់តែធ្វើកិច្ចការ វាកាន់តែមានភាពជាក់លាក់ ហើយកាន់តែឈានដល់ស្ដង់ដាដែលបានរំពឹងទុក ដោយមានហេតុការណ៍ចៃដន្យកើតឡើងកាន់តែតិច ឬគ្មានហេតុការណ៍ចៃដន្យកើតឡើងទាល់តែសោះ ឬរហូតដល់ថ្នាក់មិនធ្វើឱ្យអ្នកធ្វើកិច្ចការសំខាន់ៗប្រថុយនឹងហានិភ័យណាមួយឡើយ។ ដើម្បីសម្រេចបានលទ្ធផលនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែសរុបសេចក្ដីពីបទពិសោធឱ្យបានញឹកញាប់ និងទទួលបានការយល់ដឹងអំពីមជ្ឈដ្ឋាន និងស្ថានភាពផ្សេងៗដែលប្រឈមមុខនៅក្នុងតំបន់នានា នៅពេលផ្សាយដំណឹងល្អ។ ព័ត៌មានដែលពួកគេទទួលបានកាន់តែច្រើន និងកាន់តែត្រឹមត្រូវ នោះគោលការណ៍ និងផែនការសម្រាប់ការដោះស្រាយបញ្ហាក៏កាន់តែត្រឹមត្រូវដែរ ដែលនៅទីបំផុត នឹងសម្រេចបានលទ្ធផលនៃការធានាសុវត្ថិភាពរបស់មនុស្ស។ តាមរបៀបនេះ ទើបអាចធានាបានថា កិច្ចការនៃការផ្សាយដំណឹងល្អដំណើរការទៅប្រកបដោយរបៀបរៀបរយ។

III. របៀបដោះស្រាយជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ ដែលមិនយកចិត្តទុកដាក់ចំពោះកិច្ចការសុវត្ថិភាព

អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមានគុណសម្បត្តិអន់ និងខ្វះស្មារតីទទួលខុសត្រូវ ពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ ហើយក៏ខ្ជិលធ្វើកិច្ចការជាក់ស្ដែងពេកដែរ។ នៅក្នុងតំបន់ដែលពួកគេទទួលខុសត្រូវ អ្នកដែលបំពេញភារកិច្ចសំខាន់ៗ តែងតែជួបប្រទះហានិភ័យសុវត្ថិភាព ដែលតម្រូវឱ្យពួកគេរើចេញ ឬផ្លាស់ប្ដូរទីកន្លែង ធ្វើឱ្យពួកគេមិនអាចបំពេញភារកិច្ចដោយសេចក្ដីសុខសាន្តក្នុងចិត្តបានឡើយ។ សូម្បីតែរឿងដែលមិនគួរកើតឡើង ក៏កើតឡើងជាញឹកញាប់ដែរ។ ឧទាហរណ៍ អ្នកដឹកនាំ ឬអ្នកធ្វើការមួយចំនួនរកបានផ្ទះមួយសម្រាប់ទទួលភ្ញៀវ ដែលស្ថិតនៅក្នុងតំបន់ទំនាប។ នៅពេលដែលគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដោយខ្លាចផ្ទះលិចទឹក បងប្អូនប្រុសស្រីដែលស្នាក់នៅទីនោះ ត្រូវរើចេញជាមុន ពោលគឺត្រូវរើទាំងសម្ភារៈការងារ ឆ្នាំង ខ្ទះ និងអ្វីៗផ្សេងទៀត ដោយរើរយៈពេលពីរថ្ងៃជាប់ៗគ្នា។ ការនេះធ្វើឱ្យមនុស្សគ្រប់គ្នាអស់កម្លាំងល្ហិតល្ហៃយ៉ាងខ្លាំង ដោយឱនក្បាលចុះទាំងអស់សង្ឃឹម។ ពួកគេនិយាយថា៖ «យើងរើចេញរាល់ពីរបីថ្ងៃម្ដង គឺតែងតែរត់ជានិច្ច។ តើពេលណាទើបចប់ទៅ? តើយើងមិនអាចរកផ្ទះដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ដែលយើងអាចបំពេញភារកិច្ចរបស់យើងជាធម្មតាបានទេឬ?» អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ មិនអាចសូម្បីតែរ៉ាប់រងកិច្ចការបន្តិចបន្តួចនេះបានផង បងប្អូនប្រុសស្រីដែលនៅក្រោមការដឹកនាំរបស់ពួកគេ មិនអាចហូបចុក ឬដេកពួនបានស្រួលឡើយ ហើយក៏គ្មានកន្លែងស្នាក់នៅសមរម្យដែរ។ ស្ថានភាពរស់នៅរបស់ពួកគេ គឺបណ្ដោះអាសន្នជានិច្ច ដោយមនុស្សគ្រប់គ្នាត្រៀមខ្លួនរួចជាស្រេចដើម្បីរត់គេចពីមហន្តរាយគ្រប់ពេលវេលា។ ពេលពួកគេប្រើប្រាស់របស់របរប្រចាំថ្ងៃរួច ពួកគេប្រញាប់ប្រមូលទុកដាក់ភ្លាម ដោយសារស្ថានភាពនៃការត្រួតពិនិត្យសៀវភៅស្នាក់នៅ អាចនឹងត្រូវប្រកាសឡើងគ្រប់ពេល។ តាមពិតទៅ មនុស្សគ្រប់គ្នាដឹងថា នេះមានន័យថា ជាការត្រួតពិនិត្យរកអ្នកដែលជឿលើព្រះជាម្ចាស់ ដូច្នេះពួកគេត្រូវតែត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរទីកន្លែងគ្រប់ពេលវេលា។ ជាលទ្ធផល អ្នកដែលបំពេញភារកិច្ច តែងតែភ័យខ្លាច និងមានអារម្មណ៍ថា គ្មានសុវត្ថិភាពទាល់តែសោះ។ តើនេះមិនប៉ះពាល់ដល់លទ្ធផលនៃភារកិច្ចរបស់ពួកគេទេឬអី? តើនេះមិនទាក់ទងនឹងកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការកំពុងធ្វើទេឬអី? (ទាក់ទង។) តើពួកគេធ្វើកិច្ចការនេះដោយរបៀបណា? (ពួកគេធ្វើមិនបានល្អទេ មិនបានបំពេញការទទួលខុសត្រូវរបស់ពួកគេឡើយ។) អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមិនទទួលខុសត្រូវ និងខ្វះការតាំងចិត្ត។ ពួកគេផ្ទាល់មិនមានស្ដង់ដាខ្ពស់សម្រាប់លក្ខខណ្ឌរស់នៅទេ ឱ្យតែមានកន្លែងសម្រាប់ជ្រកខ្យល់ និងភ្លៀង គឺគ្រប់គ្រាន់ហើយ។ ដូច្នេះ ពួកគេក៏មិនខិតខំអស់ពីសមត្ថភាព ដើម្បីស្វែងរកកន្លែងដែលមានសុវត្ថិភាព និងមានស្ថិរភាពសម្រាប់បងប្អូនប្រុសស្រីស្នាក់នៅដែរ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះមានគុណសម្បត្តិអន់ ពួកគេមិនដឹងថាមជ្ឈដ្ឋានបែបណាដែលស្ងប់ស្ងាត់ និងស័ក្តិសមសម្រាប់ការរស់នៅ ឬស័ក្តិសមសម្រាប់បងប្អូនប្រុសស្រីបំពេញភារកិច្ចឡើយ។ ពួកគេជួលផ្ទះនៅតំបន់ទំនាបដែលគ្មាននរណាម្នាក់ចង់ជួល ហើយបន្ទាប់ពីបងប្អូនប្រុសស្រីរើចូលបានពីរបីថ្ងៃ ពួកគេក៏កើតត្រអក រមាស់ពេញខ្លួនតែម្តង។ តើមានរឿងអ្វីកើតឡើង? ផ្ទះនោះសើមខ្លាំងពេក ដោយមានទឹកជ្រាបចេញពីឥដ្ឋ។ តើមាននរណាអាចរស់នៅកន្លែងបែបនេះបាន? អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ សូម្បីតែដោះស្រាយបញ្ហានេះក៏មិនបានផង ពួកគេមិនអាចរកផ្ទះដែលស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបានឡើយ តើនេះជាគុណសម្បត្តិបែបណាទៅ? អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនទៀត ជួលផ្ទះដែលលិចទឹកភ្លៀងជាប្រចាំ មានខ្យល់ចូល គ្មានការការពារសំឡេង ឬគ្មានអ៊ីនធឺណិត ទឹក ឬភ្លើង ពោល តើមាននរណាអាចរស់នៅទីនោះបាន? ពួកគេមិនអើពើនឹងផ្ទះល្អៗ ហើយទទូចចង់ជួលផ្ទះដែលខ្វះខាតទាំងនេះ តើនេះមិនបង្កជាឧបសគ្គទេឬអី? ទោះបីជាបងប្អូនប្រុសស្រីមិនមែនរស់នៅហាលខ្យល់ហាលភ្លៀងនៅខាងក្រៅក៏ដោយ ក៏ផ្ទះនោះមិនមានសម្ភារៈបរិក្ខារជាមូលដ្ឋានជាច្រើនដែរ ពួកគេរស់នៅក្នុងតង់ ប្រសើរជាងនេះផង។ ទោះបីជាបងប្អូនប្រុសស្រីភាគច្រើនស៊ាំថ្នឹកនឹងការលំបាក ហើយមានអារម្មណ៍ថា ការស៊ូទ្រាំនឹងកម្រិតនៃការលំបាកនេះ មិនមែនជារឿងធ្ងន់ធ្ងរ ហើយពួកគេអាចទ្រាំទ្របានក៏ដោយ តើការដែលត្រូវរងការធ្វើបាបបែបនេះរៀងរាល់ពីរបីថ្ងៃម្ដង មិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេទេឬអី? ដូច្នេះ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមានគុណសម្បត្តិអន់ និងខ្វះស្មារតីទទួលខុសត្រូវ ពួកគេមិនអាចរ៉ាប់រងកិច្ចការនេះបានទេ គឺពួកគេគួរតែលាលែងពីតំណែងជាបន្ទាន់ ហើយណែនាំនរណាម្នាក់ដែលអាចធ្វើកិច្ចការនេះបានល្អឱ្យមកទទួលតំណែងជំនួស ដើម្បីកុំឱ្យពួកគេប៉ះពាល់ដល់ជីវិត និងការបំពេញភារកិច្ចរបស់អ្នកធ្វើកិច្ចការសំខាន់ៗភាគច្រើន។ ការរៀបចំកន្លែងស្នាក់នៅសម្រាប់អ្នកដែលបំពេញភារកិច្ចសំខាន់ៗ មិនតម្រូវឱ្យពិចារណាគ្រប់ទិដ្ឋភាពទាំងអស់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ មជ្ឈដ្ឋានរស់នៅជាមូលដ្ឋានត្រូវតែធានាឱ្យបាន។ លុះត្រាតែមានការធានាអះអាងក្នុងរឿងនេះ ទើបកិច្ចការរបស់ពួកជំនុំមិនរងផលប៉ះពាល់។ តើកិច្ចការនេះងាយស្រួលធ្វើដែរឬទេ? (ងាយស្រួល។) គ្រាន់តែនិយាយថាងាយស្រួលធ្វើ គឺសាមញ្ញណាស់ ប៉ុន្តែប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការជាមនុស្សភាន់ច្រឡំ ដែលមានគុណសម្បត្តិអន់ និងខ្វះស្មារតីទទួលខុសត្រូវ ពួកគេពិតជាមិនអាចធ្វើបានឡើយ។ នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចធ្វើកិច្ចការនេះបាន ឬមិនអាចធ្វើបានល្អ មនុស្សជាច្រើននឹងរងផលវិបាក ដោយរស់នៅរាល់ថ្ងៃដូចជាពួកគេកំពុងរត់គេចពីទុរភិក្ស ពោលគឺថា តើពួកគេអាចបំពេញភារកិច្ចបែបនេះដោយរបៀបណា? អ្នកដឹកនាំក្លែងក្លាយខ្លះមិនយល់ពីគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែនៅតែចូលចិត្តចេញមុខមាត់។ ពួកគេមិនអាចធ្វើកិច្ចការបានល្អទេ ប៉ុន្តែបដិសេធមិនព្រមចុះចេញពីតំណែង ដោយតោងជាប់នឹងតំណែងរបស់ពួកគេ ហើយមិនព្រមចាកចេញឡើយ។ តើគួរដោះស្រាយជាមួយអ្នកដឹកនាំបែបនេះដោយរបៀបណា? (ពួកគេគួរតែត្រូវបានដកហូតតំណែង។) ការដកហូតតំណែងពួកគេគឺងាយស្រួលទេ បញ្ហាគឺថាតើមាននរណាម្នាក់ដែលប្រសើរជាងនេះ ដើម្បីមកទទួលកិច្ចការរបស់ពួកគេដែរឬទេ។ ប្រសិនបើគ្មានទេ តើអ្នករាល់គ្នាអាចរ៉ាប់រងកិច្ចការនេះបានដែរឬទេ? តើអ្នកអាចធានាបានទេថា អ្នកធ្វើកិច្ចការសំខាន់ៗមានមជ្ឈដ្ឋានរស់នៅដែលមានស្ថិរភាព? ប្រសិនបើមនុស្សម្នាក់មិនអាចដោះស្រាយបានទេ តើអ្នករាល់គ្នាបីឬប្រាំនាក់ អាចសហការគ្នាដើម្បីរ៉ាប់រងកិច្ចការនេះបានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាក៏មិនអាចចាត់ចែងកិច្ចការនេះបានដែរ ប្រសិនបើអ្នកមិនអាចធ្វើសូម្បីតែកិច្ចការដ៏សាមញ្ញបែបនេះ ដោយមិនអាចធានាសូម្បីតែមជ្ឈដ្ឋានរស់នៅជាមូលដ្ឋាន នោះអ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការលំបាក និងទុក្ខវេទនាបន្ថែមទៀតជាបណ្ដោះអាសន្នសិន។ ប្រសិនបើអ្នកនៅតែអាចតស៊ូក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយព្រះជាម្ចាស់ទតឃើញថា ការប្ដេជ្ញាចិត្តរបស់អ្នករាល់គ្នាក្នុងការស៊ូទ្រាំនឹងការលំបាកគឺរឹងមាំគ្រប់គ្រាន់ ហើយទ្រង់ចាត់នរណាម្នាក់ដែលចាត់ចែងកិច្ចការដោយអាចទុកចិត្តបាន និងដែលអាចដោះស្រាយបញ្ហាបានឱ្យមកធ្វើកិច្ចការ នោះថ្ងៃនៃការរងទុក្ខរបស់អ្នករាល់គ្នានឹងបញ្ចប់ ហើយជំនួសមកវិញដោយពេលវេលាល្អៗ។ ប្រសិនបើគ្មាននរណាម្នាក់បែបនេះមកដោះស្រាយបញ្ហាទាំងនេះទេ នោះអ្នករាល់គ្នាត្រូវតែទទួលយកវាសនារបស់ខ្លួន អ្នករាល់គ្នាត្រូវបានកំណត់ឱ្យស៊ូទ្រាំនឹងការលំបាក អ្នកត្រូវតែស៊ូទ្រាំនឹងវា អ្នកត្រូវតែសម្រួលចិត្តរបស់អ្នក ហើយស៊ូទ្រាំនឹងវា។ តាមពិតទៅ ការស៊ូទ្រាំនឹងការលំបាកបន្តិចបន្តួចនេះគឺមានតម្លៃគ្រប់គ្រាន់ វាប្រសើរជាងជាប់គុក និងរងទារុណកម្មទៅទៀត។ យ៉ាងហោចណាស់ អ្នកមិនត្រូវបានគេធ្វើទារុណកម្ម ឬសួរចម្លើយឡើយ អ្នកនៅតែអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំពេញភារកិច្ចរបស់អ្នក និងរស់នៅក្នុងជីវិតពួកជំនុំជាមួយបងប្អូនប្រុសស្រីបាន។ ទោះបីជាមានការភ័យខ្លាច ឧបសគ្គ និងភាពរដិបរដុបខ្លះៗ ហើយអ្នកត្រូវផ្លាស់ប្ដូរទីកន្លែងញឹកញាប់ក៏ដោយ ក៏នេះនៅតែជាបទពិសោធដ៏អស្ចារ្យនៅក្នុងជីវិតរបស់អ្នក ដែលអ្នកអាចរៀនមេរៀននានា និងទទួលបានអ្វីមួយពីវា។ តើនេះមិនល្អទេឬអី? (ល្អ។) មនុស្សគួរតែមានការប្ដេជ្ញាចិត្តក្នុងការស៊ូទ្រាំនឹងការលំបាក ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងតាមព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកពិតជាមិនអាចស៊ូទ្រាំនឹងការលំបាកនេះបានទេ អ្នកអាចអធិដ្ឋានយ៉ាងអស់ពីចិត្តទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ សូមទ្រង់ទតមើលមកពួកទូលបង្គំដែលកំពុងរងទុក្ខនេះផង តើពួកទូលបង្គំគួរឱ្យអាណិតយ៉ាងណា! ពួកទូលបង្គំដើរតាមទ្រង់ដោយគ្មានការត្អូញត្អែរ ឬការសោកស្ដាយឡើយ! សូមទ្រង់បញ្ចប់ជីវិតនៃការលំបាកនេះផង ដោយយល់ដល់ភក្ដីភាពដ៏ឥតងាករេរបស់ពួកទូលបង្គំចំពោះទ្រង់! សូមទ្រង់ចាត់អ្នកដឹកនាំ ឬអ្នកធ្វើការដែលស័ក្តិសមម្នាក់ ឱ្យមករកកន្លែងស្នាក់នៅដែលស័ក្តិសមសម្រាប់ពួកទូលបង្គំផង! ពួកទូលបង្គំរស់នៅហាលខ្យល់ហាលភ្លៀងជានិច្ច ដោយផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយជារៀងរាល់ថ្ងៃ ហើយពួកទូលបង្គំមិនដឹងថា រឿងនេះនឹងបន្តដល់ពេលណាឡើយ។ ពួកទូលបង្គំមិនចង់រសាត់អណ្តែតគ្មានកន្លែងស្នាក់នៅទៀតទេ សូមរកកន្លែងស្នាក់នៅដែលមានស្ថិរភាពសម្រាប់ពួកទូលបង្គំផង!» តើការអធិដ្ឋានតាមរបៀបនេះ សមរម្យដែរឬទេ? អ្នកអាចអធិដ្ឋានតាមរបៀបនេះបាន ដោយផ្អែកលើតម្រូវការនៃមជ្ឈដ្ឋាន អ្នកគួរតែអធិដ្ឋានតាមរបៀបនេះ។

ការរងទុក្ខលំបាក នៅពេលមើលពីជ្រុងមួយទៀត ក៏មិនមែនជារឿងអាក្រក់ដែរ ការរងទុក្ខលំបាកខ្លះអាចលត់ដំឆន្ទៈរបស់អ្នកបាន។ តើការលត់ដំឆន្ទៈរបស់អ្នកមានន័យដូចម្ដេច? គឺមានន័យថា តាមរយៈការរងទុក្ខលំបាកនេះឥតឈប់ឈរ អ្នកនឹងទៅជាស្ពឹកចំពោះវា ហើយលែងដឹងថា វាជាការរងទុក្ខលំបាកទៀតហើយ មិនថាអ្នករងទុក្ខលំបាកខ្លាំងប៉ុនណាទេ អ្នកលែងមានអារម្មណ៍ថាឈឺចាប់ទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលជួបប្រទះរឿងរ៉ាវ អ្នកត្រូវរៀនមេរៀនខ្លះ ទទួលបានការយល់ដឹងខ្លះ និងរៀនពីរបៀបវែកញែកមនុស្ស។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់មានគុណសម្បត្តិអន់ខ្លាំង ហើយមិនអាចសូម្បីតែធ្វើកិច្ចការនៃការរៀបចំកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវផង តើពួកគេអាចផ្គត់ផ្គង់ និងដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដោយរបៀបណា? មនុស្សបែបនេះមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនមែនគ្មានប្រាក់ជួលផ្ទះនោះទេ ហើយក៏មិនចង់ឃើញបងប្អូនប្រុសស្រីគ្មានកន្លែងស្នាក់នៅពិតប្រាកដជានិច្ចដែរ។ ដំណាក់របស់ព្រះជាម្ចាស់មិនគាំទ្រឱ្យមនុស្សរងទុក្ខលំបាកជានិច្ច ឬរស់នៅក្នុងជីវិតលំបាករាល់ថ្ងៃនោះទេ ប៉ុន្តែជាការពិតណាស់ មនុស្សក៏មិនអាចគេចវេះពីការលំបាកនោះដែរ។ ប៉ុន្តែ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចសូម្បីតែចាត់ចែងកិច្ចការនៃការរៀបចំកន្លែងស្នាក់នៅ ហើយការធ្វើអ្វីដែលត្រឹមត្រូវពិតជាការលំបាកសម្រាប់ពួកគេមែននោះ តើមានអ្វីដែលពួកគេត្រូវអួតទៀត? ពួកគេម្នាក់ៗមើលទៅសមរម្យ មានសញ្ញាបត្រ និងជាមនុស្សមានឋានៈ ប៉ុន្តែការចាត់ចែងរឿងតូចតាចនេះ បែរជាពិបាកខ្លាំងសម្រាប់ពួកគេទៅវិញ។ ក្នុងករណីនោះ គ្មានវិធីណាផ្សេងទេ អ្នកអាចត្រឹមតែទទួលយកពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាការរងទុក្ខលំបាកដែលមនុស្សគួរតែស៊ូទ្រាំ អ្នកគួរតែអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងតាមព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាការត្រឹមត្រូវ។ ប្រហែលជាថ្ងៃណាមួយ ការរងទុក្ខលំបាកនេះនឹងត្រូវបានជំនួសដោយពេលវេលាល្អៗ ហើយជីវិតបែបនេះនឹងមិនបន្តទៀតឡើយ។ មិនថាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានបែបណានោះទេ អ្នកគួរតែរក្សាអាកប្បកិរិយានៃការចុះចូល និងជៀសវាងការត្អូញត្អែរ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មិនអាចទុកចិត្តបាន ហើយមិនធ្វើកិច្ចការបានល្អ កុំឱ្យរឿងនេះប៉ះពាល់ដល់ចិត្តស្មោះ និងភក្ដីភាពរបស់អ្នកចំពោះព្រះជាម្ចាស់ឡើយ ហើយកុំឱ្យវាប៉ះពាល់ដល់ការចុះចូលរបស់អ្នកចំពោះព្រះជាម្ចាស់ និងអាកប្បកិរិយានៃការចុះចូលចំពោះព្រះជាម្ចាស់ឱ្យសោះ។ តាមរបៀបនេះ អ្នកនឹងបានឈរមាំនៅក្នុងរឿងនេះ។ អ្នកដឹកនាំ និងអ្នកធ្វើការ គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ប្រសិនបើពួកគេមានគុណសម្បត្តិអន់ ហើយមិនអាចធ្វើកិច្ចការបាន ឬប្រសិនបើពួកគេជាអ្នកដឹកនាំក្លែងក្លាយដែលមិនបំពេញការទទួលខុសត្រូវរបស់ខ្លួន នោះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនពាក់ព័ន្ធនឹងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ មិនមែនដំណាក់របស់ព្រះជាម្ចាស់ទេដែលបានណែនាំឱ្យពួកគេធ្វើបែបនេះ គឺគ្រាន់តែថា ពួកគេត្រូវបានបើកសម្តែង ដោយសារតែការមិនទទួលខុសត្រូវរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនអាចបញ្ចប់កិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេបានទេ ដូច្នេះមានតែត្រូវដកហូតតំណែង និងជម្រុះចោលប៉ុណ្ណោះ។ នៅក្នុងកាលៈទេសៈបែបនេះ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស៊ូទ្រាំនឹងការរងទុក្ខលំបាកនេះ ពួកគេត្រូវតែទទួលយកវាពីព្រះជាម្ចាស់ និងអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងតាមព្រះហឫទ័យរបស់ទ្រង់។ ទោះបីជាអ្នកដឹកនាំ និងអ្នកធ្វើការធ្វើកិច្ចការមិនបានល្អ ឬពួកគេមានបញ្ហាអ្វីក៏ដោយ ក៏ការពិតដែលថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត គឺមិនផ្លាស់ប្ដូរជារៀងរហូត។ ការដែលអ្នកដើរតាមព្រះជាម្ចាស់ ចុះចូលនឹងព្រះជាម្ចាស់ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនគួរផ្លាស់ប្ដូរឡើយ។ ទាំងនេះគឺជាសេចក្ដីពិតដ៏អស់កល្បជានិច្ច។ ក្នុងពេលបំពេញភារកិច្ចរបស់អ្នក មិនថារឿងមិនគាប់ចិត្តអ្វីកើតឡើងនោះទេ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ និងរៀនមេរៀនពីក្នុងរឿងនោះ។ អ្នកគួរតែធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានទៅកាន់ទ្រង់ និងមិនត្រូវបណ្ដោយឱ្យខ្លួនឯងរងឥទ្ធិពលពីពិភពខាងក្រៅឡើយ។ អ្នកត្រូវរៀនសម្របខ្លួនទៅនឹងមជ្ឈដ្ឋានផ្សេងៗ និងរៀនពិសោធកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់មជ្ឈដ្ឋានទាំងអស់។ មានតែតាមរបៀបនេះទេ ទើបអ្នកអាចសម្រេចបាននូវការចូលទៅក្នុងជីវិត។ មនុស្សខ្លះមានកម្ពស់នៅតូច នៅពេលមានការរងទុក្ខកើតឡើង ពួកគេត្អូញត្អែរ និងព្រួយបារម្ភ ដោយមានអារម្មណ៍ពិបាកចិត្ត និងបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ពោលគឺ នេះពិតជាល្ងង់ខ្លៅ និងអវិជ្ជាខ្លាំងណាស់! អ្នកដឹកនាំ និងអ្នកធ្វើការដែលមិនធ្វើកិច្ចការជាក់ស្ដែង ត្រូវបានបើកសម្តែង និងជម្រុះចោល ប៉ុន្តែតើរឿងនោះពាក់ព័ន្ធអ្វីនឹងអ្នក? ហេតុអ្វីបានជាអ្នកក្លាយជាអវិជ្ជមាន និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដោយគ្រាន់តែពួកគេរៀបចំអ្វីៗមិនសមរម្យដូច្នេះ? តើនេះមិនមែនជាទង្វើដ៏មហាបះបោរទេឬអី? (មែនហើយ។) នៅពេលមនុស្សធ្វើខុស អ្នកអាចវែកញែក និងបដិសេធពួកគេបាន ប៉ុន្តែកុំបដិសេធព្រះជាម្ចាស់ ឬបដិសេធសេចក្ដីពិតឡើយ។ សេចក្ដីពិតមិនខុសទេ ព្រះជាម្ចាស់មិនខុសទេ។ បំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ មិនមែនចង់ឱ្យមនុស្សស៊ូទ្រាំនឹងការរងទុក្ខបែបនេះទេ ប៉ុន្តែសម្រាប់មនុស្សជាតិពុករលួយ ការស៊ូទ្រាំនឹងការរងទុក្ខលំបាកខ្លះ ជាការពិត គឺចាំបាច់ណាស់។ ការស៊ូទ្រាំនឹងការរងទុក្ខលំបាកបន្តិចបន្តួច មានប្រយោជន៍ចំពោះអ្នក ប្រយោជន៍នោះគឺថា អ្នករៀនមេរៀន និងរៀនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ ប្រសិនបើអ្នកអាចស៊ូទ្រាំនឹងការរងទុក្ខលំបាកផ្សេងៗបាន អ្នកទទួលបានភាពស៊ូទ្រាំខ្លះ ហើយអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន នៅក្នុងគ្រប់មជ្ឈដ្ឋានទាំងអស់។ ការដែលអាចស៊ូទ្រាំនឹងការរងទុក្ខលំបាក លត់ដំឆន្ទៈរបស់អ្នកក្នុងការចុះចូលនឹងព្រះជាម្ចាស់។ នេះគឺជាបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ និងជាលទ្ធផលដែលព្រះជាម្ចាស់ចង់ឃើញនៅក្នុងអ្នក។ ប្រសិនបើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយធ្វើ និងអនុវត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនបោះបង់ព្រះជាម្ចាស់ មិនថាអ្នកជួបប្រទះមនុស្ស ឬមជ្ឈដ្ឋានបែបណានោះទេ ហើយប្រសិនបើអ្នកអាចរៀនអនុវត្តសេចក្ដីពិត មានការចុះចូលចំពោះព្រះជាម្ចាស់ មានការយល់ដឹង និងអាកប្បកិរិយាត្រឹមត្រូវ រក្សាសេចក្ដីជំនឿដែលមិនផ្លាស់ប្ដូរលើព្រះជាម្ចាស់ និងមិនត្អូញត្អែរអំពីព្រះជាម្ចាស់ ឬឃ្លាតឆ្ងាយពីទ្រង់នៅក្នុងចិត្តរបស់អ្នក មិនថាសាច់ឈាមរបស់អ្នករងទុក្ខខ្លាំងប៉ុនណាក៏ដោយ នោះអ្នកមានកម្ពស់ហើយ។

អ្នកដឹកនាំ និងអ្នកធ្វើការត្រូវការពារសុវត្ថិភាពរបស់អ្នកបំពេញភារកិច្ចសំខាន់ៗឱ្យបានល្អ ដើម្បីបញ្ចៀសពួកគេពីការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ។ កិច្ចការនេះពាក់ព័ន្ធចំណុចលម្អិតៗជាច្រើន។ ម្យ៉ាង អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយល់ពីរបៀបអនុវត្តកិច្ចការលម្អិតទាំងនេះឱ្យបានជាក់លាក់។ បន្ថែមពីនេះទៀត នៅពេលជួបប្រទះស្ថានភាពពិសេសមួយចំនួន ពួកគេត្រូវធ្វើការជំនុំជម្រះឱ្យបានត្រឹមត្រូវ រួចស្វែងរកគោលការណ៍ដែលសមស្រប និងបង្កើតផែនការដោះស្រាយជាក់លាក់ សម្រាប់ការដោះស្រាយស្ថានភាពនានា។ គោលបំណងចុងក្រោយ គឺដើម្បីធានាសុវត្ថិភាពរបស់អ្នកធ្វើកិច្ចការសំខាន់ៗគ្រប់ផ្នែក។ មានតែតាមរបៀបនេះទេ ទើបអាចធានាបានថា កិច្ចការនៃការផ្សាយដំណឹងល្អដំណើរការទៅប្រកបដោយរបៀបរៀបរយ។ ការប្រកាន់ខ្ជាប់នូវគោលការណ៍នេះគឺត្រឹមត្រូវហើយ នេះគឺជាគោលដៅ និងជាគោលការណ៍របស់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើកិច្ចការនេះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការប្រកាន់ខ្ជាប់នូវគោលដៅ និងគោលការណ៍នេះបានយ៉ាងត្រឹមត្រូវ នោះពួកគេគឺត្រូវតាមស្ដង់ដាជាមូលដ្ឋានក្នុងការធ្វើកិច្ចការនេះហើយ។ តើមានបញ្ហាអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងកិច្ចការនេះ? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនដែលធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការពីមុនមកទេ ហើយក៏មិនដែលជួបប្រទះរឿងបែបនេះដែរ។ ខ្ញុំមិនដឹងថាខ្ញុំគួរធ្វើអ្វីនៅក្នុងកិច្ចការនេះទេ ហើយខ្ញុំមិនដឹងថាត្រូវធ្វើវាដោយរបៀបណាឡើយ។ ដូច្នេះ ខ្ញុំមិនចាំបាច់ធ្វើវាទេ ពោលគឺ នរណាខ្វល់ថាអ្នកមានសុវត្ថិភាពឬអត់នោះ? អ្នករាល់គ្នាដោះស្រាយដោយខ្លួនឯងទៅ»។ តើវាជារឿងទទួលយកបានដែរឬទេ ដែលពួកគេគ្រាន់តែរលាស់ដៃចោលបែបនេះ? (មិនបានទេ។) អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ គួរតែត្រូវបានដកចេញពីតំណែង។ ប្រសិនបើអ្នកមិនធ្វើកិច្ចការជាក់ស្ដែងទេ តើអ្នកមានប្រយោជន៍អ្វី? តើយើងទុកអ្នកគ្រាន់តែដើម្បីលម្អ ដោយសារតែអ្នកមើលទៅល្អមែនទេ? អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ ត្រូវតែដកហូតតំណែង និងជម្រុះចោល គឺមិនត្រូវអនុញ្ញាតឱ្យពួកគេកាន់កាប់តំណែងដោយមិនធ្វើកិច្ចការអ្វីសោះឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែងទេ ពោលគឺ តើពួកគេគ្មានមនសិការ និងវិចារណញ្ញាណមែនទេ? ប្រសិនបើពួកគេពិតជាមានមនសិការ និងវិចារណញ្ញាណមែន នៅពេលមានបញ្ហាកើតឡើង ហេតុអ្វីបានជាពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា? គ្មាននរណាម្នាក់កើតមកចេះសព្វគ្រប់នោះទេ មនុស្សគ្រប់គ្នារៀនបណ្ដើរធ្វើបណ្ដើរ។ ប្រសិនបើអ្នកអាចស្វែងរកសេចក្ដីពិត អ្នកនឹងរកឃើញវិធីដើម្បីធ្វើកិច្ចការឱ្យបានល្អ។ ប្រសិនបើអ្នកមានស្មារតីទទួលខុសត្រូវ អ្នកនឹងគិតរកវិធីដើម្បីធ្វើកិច្ចការឱ្យបានល្អ។ ការធ្វើកិច្ចការដឹកនាំ តាមពិតមិនពិបាកទេ ឱ្យតែមនុស្សអាចស្វែងរកសេចក្ដីពិត នោះងាយស្រួលនឹងធ្វើកិច្ចការឱ្យបានល្អហើយ។ បន្ថែមពីនេះទៀត អ្នកដឹកនាំ និងអ្នកធ្វើការសុទ្ធតែមានដៃគូសហការ ឱ្យតែមនុស្សពីរ ឬបីនាក់មានចិត្តគំនិតតែមួយ នោះកិច្ចការអ្វីក៏ងាយស្រួលសម្រេចដែរ។ បច្ចុប្បន្ននេះ អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនកំពុងបណ្តុះបណ្តាល គឺពួកគេកំពុងបណ្តុះបណ្តាលក្នុងការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ហា។ មកដល់ចំណុចនេះ យ៉ាងហោចណាស់ មានអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួន មានសមត្ថភាពក្នុងកិច្ចការដឹកនាំ ហើយមានសមត្ថភាពពេញលេញក្នុងការធ្វើកិច្ចការនៃការផ្សាយដំណឹងល្អឱ្យបានល្អ មែនទេ? (មែនហើយ។) ដូច្នេះ ថ្ងៃនេះយើងប្រកបគ្នាតែត្រឹមនេះចុះ។ ជម្រាបលា!

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៨)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ