ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៦)

ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងអំពីការសម្ដែងចេញផ្សេងៗនៃអ្នកដឹកនាំក្លែងក្លាយ។ កាលប្រជុំលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំមួយនៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើមាតិកាសំខាន់នៃចំណុចនេះគឺជាអ្វីដែរ? (ចំណុចទីប្រាំមួយគឺ«លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»)។ លើកមុន យើងបានប្រកបគ្នាជាចម្បងអំពីគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការលើកស្ទួយ និងការបណ្ដុះបណ្ដាលមនុស្ស ព្រមទាំង អំពីមូលហេតុដែលដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលមនុស្ស។ យើងក៏បានវែកញែកពីបញ្ហាដែលមានជាមួយនឹងពួកអ្នកដឹកនាំក្លែងក្លាយផងដែរ នៅពេលនិយាយពីការលើកស្ទួយ និងការបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផ្សេងៗ។ ដូច្នេះ តើអ្វីទៅជាការសម្ដែងចេញជាចម្បងរបស់អ្នកដឹកនាំក្លែងក្លាយនៅក្នុងចំណុចទាំងពីរនេះ? ហេតុអ្វីបានជាយើងនិយាយថា ពួកគេជាអ្នកដឹកនាំក្លែងក្លាយ? មានទិដ្ឋភាពសំខាន់ៗចំនួនពីរ។ ទិដ្ឋភាពមួយគឺថា អ្នកដឹកនាំក្លែងក្លាយមិនយល់ពីគោលការណ៍សម្រាប់ការលើកស្ទួយ ការបណ្ដុះបណ្ដាល និងការប្រើមនុស្សតាមប្រភេទផ្សេងៗគ្នានោះទេ ហើយពួកគេក៏មិនស្វែងរកគោលការណ៍ទាំងនេះដែរ។ ពួកគេមិនដឹងថាគុណសម្បត្តិសំខាន់ៗណាខ្លះដែលមនុស្សត្រូវមាន ឬលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗអ្វីខ្លះដែលត្រូវបំពេញ ដើម្បីក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះទេ។ ជាលទ្ធផល ពួកគេប្រើមនុស្សដោយគ្មានការពិចារណាផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផ្ទាល់។ បញ្ហាធ្ងន់ធ្ងរមួយទៀតគឺថា បន្ទាប់ពីលើកស្ទួយ បណ្ដុះបណ្ដាល និងប្រើមនុស្សទាំងនេះរួច ពួកគេមិនបានតាមដាន ឬពិនិត្យមើលកិច្ចការរបស់ពួកគេទេ ហើយក៏មិនស្វែងយល់ថាតើពួកគេកំពុងធ្វើបានល្អប៉ុនណា ឬថាតើពួកគេកំពុងធ្វើកិច្ចការជាក់ស្ដែងឬយ៉ាងណា ឬថាតើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានដែរឬទេ ឬថាតើអត្តចរិតរបស់ពួកគេបែបណា ឬថាតើភារកិច្ចដែលមនុស្សទាំងនេះកំពុងធ្វើស័ក្ដិសមនឹងពួកគេដែរឬទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់ថាតើមនុស្សដែលពួកគេលើកស្ទួយ បណ្ដុះបណ្ដាល និងប្រើនោះ ស្របតាមស្ដង់ដារ និងគោលការណ៍ដែរឬយ៉ាងណាឡើយ ពោលគឺពួកគេមិនដែលពិនិត្យមើលរឿងទាំងនេះទេ។ អ្នកដឹកនាំក្លែងក្លាយគិតថា វាគ្រាន់តែជារឿងនៃការលើកស្ទួយមនុស្ស រៀបចំកិច្ចការឱ្យពួកគេធ្វើ ហើយក៏គ្មានអ្វីទៀតនោះទេ ហើយបន្ទាប់មក ការទទួលខុសត្រូវរបស់ពួកគេក៏បានបំពេញរួចរាល់។ នេះជារបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើកិច្ចការរបស់ពួកគេ ហើយនេះក៏ជាឥរិយាបថ និងទស្សនៈរបស់ពួកគេ នៅពេលពួកគេធ្វើការដែរ។ ដូច្នេះ តើការសម្ដែងចេញជាចម្បងទាំងពីររបស់អ្នកដឹកនាំក្លែងក្លាយនេះ អាចបញ្ជាក់បានដែរឬទេថា ពួកគេមិនបានបំពេញ និងមិនអាចបំពេញភារកិច្ចរបស់ពួកគេ នៅពេលនិយាយពីការលើកស្ទួយ ការបណ្ដុះបណ្ដាល និងការប្រើមនុស្សនោះ? (មែនហើយ)។ អ្នកដឹកនាំក្លែងក្លាយមិនពិនិត្យមើលកិច្ចការ ឬសង្កេតមើលមនុស្សប្រភេទផ្សេងៗគ្នានោះទេ ហើយរឹតតែមិនល្អិតល្អន់ឡើយ នៅពេលទាក់ទងនឹងសេចក្ដីពិត និងគោលការណ៍ ដោយប្រៀបធៀបនឹងការសម្ដែងចេញ និងសណ្ឋាននៃមនុស្សប្រភេទផ្សេងៗគ្នាទៅនឹងសេចក្ដីពិតដែលពួកគេយល់ និងគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់នោះទេ។ ពួកគេក៏មិនអាចញែកដឹងថា តើភាពជាមនុស្ស និងចំណុចខ្លាំងនៃមនុស្សប្រភេទផ្សេងៗគ្នា ស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើមនុស្សដែរឬយ៉ាងណានោះដែរ។ សម្រាប់ហេតុផលទាំងនេះ ពួកគេមានភាពច្របូកច្របល់ និងខ្ជីខ្ជាខ្លាំងក្នុងការលើកស្ទួយ និងប្រើមនុស្ស និងការរៀបចំកិច្ចការឱ្យពួកគេ ហើយអ្វីៗទាំងអស់ដែលពួកគេធ្វើគឺគ្រាន់តែធ្វើបង្គ្រប់កិច្ច និងធ្វើកិច្ចការបែបសំបកក្រៅដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ បើបែបនេះមែន ប្រសិនបើគេឱ្យអ្នកដឹកនាំក្លែងក្លាយប្រើមនុស្សប្រភេទផ្សេងៗគ្នាដោយសមហេតុផល និងយ៉ាងប៉ិនប្រសប់ ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ តើពួកគេអាចសម្រេចការនេះបានដែរឬទេ? (ទេ មិនអាចទេ)។ ចូរយើងទុកមួយឡែកសិនថាតើគុណសម្បត្តិរបស់អ្នកដឹកនាំក្លែងក្លាយបែបណានោះ។ ដោយគ្រាន់តែមើលលើឥរិយាបថរបស់ពួកគេចំពោះកិច្ចការ ព្រមទាំងរបៀប និងវិធីសាស្រ្តរបស់ពួកគេក្នុងការធ្វើកិច្ចការ និងការពិតដែលថាពួកគេមិនធ្វើកិច្ចការជាក់ស្ដែងអ្វីសោះ ប៉ុន្តែដោះស្រាយតែកិច្ចការទូទៅ និងធ្វើកិច្ចការបែបសំបកក្រៅបន្តិចបន្តួចដែលធ្វើឱ្យពួកគេលេចមុខមាត់ និងការពិតដែលថាពួកគេមិនធ្វើកិច្ចការនៃការផ្ដល់សេចក្តីពិតដល់មនុស្សទាល់តែសោះ ហើយក៏មិនដឹងពីរបៀបប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាដែរ ទាំងអស់នេះគឺគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើកិច្ចការជាក់ស្ដែងរបស់ពួកជំនុំបានឡើយ។ ដោយគ្រាន់តែផ្អែកលើការពិតដែលថា អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង ឬទាក់ទងយ៉ាងស៊ីជម្រៅជាមួយបងប្អូនប្រុសស្រីដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង តែផ្ទុយទៅវិញ បែរជាធ្វើឫកពារខ្ពង់ខ្ពស់ និងបង្គាប់បញ្ជានោះ គេអាចបញ្ជាក់បានថា ពួកគេគ្មានសមត្ថភាពក្នុងការបំពេញគ្រប់ទិដ្ឋភាពនៃកិច្ចការពួកជំនុំឱ្យបានល្អ ដើម្បីលើកស្ទួយ និងបណ្ដុះបណ្ដាលមនុស្សសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ឡើយ។

ចំណុចទីប្រាំពីរ៖ បែងចែក និងប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នាដោយសមហេតុផល ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីឱ្យម្នាក់ៗបានប្រើប្រាស់ឱ្យអស់ពីសមត្ថភាព (ភាគមួយ)

ការប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នាដោយសមហេតុផល ដោយផ្អែកលើភាពជាមនុស្ស

តើការយល់ដឹងរបស់អ្នករាល់គ្នាអំពីរបៀបរៀបចំ និងប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នា យ៉ាងដូចម្ដេចដែរ? (ដំណាក់របស់ព្រះជាម្ចាស់មានស្ដង់ដារតម្រូវផ្សេងៗគ្នាសម្រាប់មនុស្សប្រភេទផ្សេងៗដែលត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាល ហើយមនុស្សគួរតែត្រូវបានលើកស្ទួយ និងប្រើប្រាស់ស្របតាមគោលការណ៍ និងស្ដង់ដាររបស់ដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការលើកស្ទួយមនុស្ស។ ប្រសិនបើមនុស្សខ្លះស័ក្ដិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ នោះពួកគេគួរតែត្រូវបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកគ្រប់គ្រង។ ប្រសិនបើមនុស្សខ្លះមានចំណុចខ្លាំងផ្នែកជំនាញក្នុងវិស័យណាមួយ នោះភារកិច្ចដែលពួកគេធ្វើគួរតែត្រូវបានរៀបចំស្របតាមចំណុចខ្លាំងនៃផ្នែកជំនាញរបស់ពួកគេ ដើម្បីឱ្យពួកគេត្រូវបានបែងចែក និងប្រើប្រាស់ដោយសមហេតុផល)។ តើមាននរណាមានអ្វីបន្ថែមទេ? (រឿងមួយទៀតគឺការវាស់វែងមនុស្សដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ។ ប្រសិនបើភាពជាមនុស្សរបស់នរណាម្នាក់ល្អបង្គួរ ហើយពួកគេស្រឡាញ់សេចក្ដីពិត ហើយពួកគេមានសមត្ថភាពក្នុងការយល់ដឹង នោះពួកគេគឺជាបេក្ខជនសម្រាប់ការលើកស្ទួយ និងការបណ្ដុះបណ្ដាលហើយ។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេមធ្យម ប៉ុន្តែពួកគេមានចំណុចខ្លាំង ហើយអាចធ្វើភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងធ្វើការបម្រើបាន នោះមនុស្សប្រភេទនេះក៏អាចត្រូវបានចាត់តាំងឱ្យធ្វើភារកិច្ចសមរម្យមួយដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេដែរ ដើម្បីឱ្យពួកគេត្រូវបានប្រើប្រាស់ឱ្យអស់ពីសមត្ថភាព។ ប្រសិនបើពួកគេជាមនុស្សដែលមានភាពជាមនុស្សអាក្រក់បង្គួរ ហើយអាចបង្កការបង្អាក់ និងការរំខាន នោះការឱ្យពួកគេបំពេញភារកិច្ចនឹងនាំបញ្ហា ច្រើនជាងបានការ ដូច្នេះវាមិនសមរម្យទេក្នុងការរៀបចំឱ្យពួកគេធ្វើភារកិច្ច)។ ប្រសិនបើមនុស្សត្រូវបានបែងចែកដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ ដូច្នេះ ដរាបណាពួកគេមិនមែនជាមនុស្សអាក្រក់ មិនបង្កការបង្អាក់ ឬការរំខាន ហើយអាចធ្វើភារកិច្ចបាន នោះពួកគេស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើប្រាស់មនុស្ស។ ប្រភេទមនុស្សមួយទៀតដែលមិនអាចប្រើប្រាស់បាន ក្រៅពីមនុស្សអាក្រក់ និងវិញ្ញាណអាក្រក់ គឺអ្នកដែលមានសតិបញ្ញាខ្សោយ ពោលគឺអ្នកដែលមិនសម្រេចបានអ្វីសោះ អ្នកដែលមិនអាចធ្វើអ្វីបានសម្រេច គ្មានសមត្ថភាពរៀនជំនាញ មិនអាចដោះស្រាយកិច្ចការទូទៅធម្មតាបាន អ្នកដែលមិនអាចសូម្បីតែធ្វើការងារប្រើកម្លាំងបាន ពោលគឺមនុស្សដែលមានសតិបញ្ញាខ្សោយ និងភាពជាមនុស្សមិនគ្រប់គ្រាន់ គឺមិនអាចយកមកប្រើប្រាស់បានឡើយ។ តើមនុស្សណាខ្លះដែលស្ថិតក្នុងប្រភេទនៃអ្នកដែលមានសតិបញ្ញាខ្សោយនេះ? អ្នកដែលមិនយល់ភាសាមនុស្ស អ្នកដែលខ្វះការយល់ដឹងដ៏បរិសុទ្ធ អ្នកដែលតែងតែយល់ខុស ធ្វើខុស និងផ្ដល់ចម្លើយមិនពាក់ព័ន្ធនឹងសំណួរ ហើយអ្នកដែលស្ថិតក្នុងប្រភេទដូចជាមនុស្សល្ងង់ខ្លៅ ឬមនុស្សខ្សោយសតិបញ្ញា ទាំងនេះសុទ្ធតែជាមនុស្សដែលមានសតិបញ្ញាខ្សោយ។ បន្ទាប់មក មានមនុស្សមួយចំនួនដែលចម្លែកខ្លាំង ហើយយល់រឿងគ្រប់យ៉ាងខុសពីមនុស្សធម្មតា ពួកគេក៏មានបញ្ហាខាងបញ្ញាដែរ។ តើសតិបញ្ញាខ្សោយ រាប់បញ្ចូលទាំងការគ្មានសមត្ថភាពរៀនអ្វីទាំងអស់ដែរឬទេ? (មែនហើយ រាប់បញ្ចូលដែរ)។ ដូច្នេះ តើការគ្មានសមត្ថភាពរៀនពីរបៀបសរសេរសំណេរ រាប់ថាជាសតិបញ្ញាខ្សោយដែរឬទេ? (ទេ មិនរាប់ទេ)។ មនុស្សប្រភេទនេះមិនរាប់បញ្ចូលទេ។ ឧទាហរណ៍ ការរៀនពីរបៀបច្រៀង និងរាំ ការរៀនជំនាញកុំព្យូទ័រ ឬការរៀនភាសាបរទេស ការគ្មានសមត្ថភាពរៀនរឿងទាំងនេះ មិនរាប់ថាជាសតិបញ្ញាខ្សោយទេ។ ដូច្នេះ តើការមិនអាចរៀនអ្វីខ្លះ ដែលបង្ហាញពីសតិបញ្ញាខ្សោយ? ឧទាហរណ៍ មនុស្សខ្លះមានចំណេះដឹងបន្តិចបន្តួច ប៉ុន្តែគ្មានសមត្ថភាពរៀនពីរបៀបរៀបចំភាសារបស់ពួកគេ នៅពេលជជែកជាមួយអ្នកដទៃ។ ដូច្នេះ តើមនុស្សប្រភេទនេះអាចប្រកបសេចក្ដីពិត អធិដ្ឋាន និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជាធម្មតាបានទេ នៅពេលពួកគេជឿលើព្រះជាម្ចាស់នោះ? (ទេ មិនអាចទេ)។ នៅពេលពួកគេមានគំនិតក្នុងចិត្ត ឬនៅពេលពួកគេស្ថិតក្នុងសណ្ឋានណាមួយ ហើយពួកគេចង់បើកចិត្ត និងនិយាយជាមួយមនុស្សអំពីវា ហើយស្វែងរកផ្លូវទៅកាន់ដំណោះស្រាយ នោះពួកគេបន្តសញ្ជឹងគិតអស់ជាច្រើនថ្ងៃ ហើយមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណា ឬត្រូវសម្ដែងចេញដោយរបៀបណានោះទេ។ ពេលពួកគេនិយាយភ្លាម ពួកគេក៏ប្រែជាភ័ន្តច្រឡំ ហើយនិយាយលែងកើត។ ហាក់ដូចជាមាត់បញ្ជាមិនបាន ហើយគំនិតក៏រវើរវាយដែរ។ ឧទាហរណ៍ អ្នកប្រាប់ពួកគេថា «ថ្ងៃនេះអាកាសធាតុល្អ ហើយព្រះអាទិត្យកំពុងរះ» ហើយពួកគេនឹងឆ្លើយថា «ម្សិលមិញមេឃភ្លៀង ហើយមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនោះ»។ ការសន្ទនារបស់ពួកគេមិនស៊ីសង្វាក់គ្នាទេ។ តើមនុស្សប្រភេទនេះមានសតិបញ្ញាខ្សោយដែរឬទេ? (មែនហើយ គឺអ៊ីចឹងហើយ)។ ឧទាហរណ៍ ប្រសិនបើពួកគេឈឺក្បាល ហើយអ្នករាល់គ្នាសួរពួកគេថាមានរឿងអ្វី ពួកគេនឹងនិយាយថា ចិត្តរបស់ពួកគេមិនសូវស្រួលសោះ។ ចម្លើយនេះមិនត្រូវនឹងសំណួរទេ មែនទេ? (មែនហើយ គឺអ៊ីចឹងហើយ)។ នេះគឺជាការខ្វះខាតបញ្ញាខ្លាំងពេកហើយ។ មានមនុស្សជាច្រើនដូចនេះ។ តើអ្នករាល់គ្នាអាចផ្ដល់ឧទាហរណ៍បានទេ? (មនុស្សខ្លះតែងតែនិយាយក្រៅប្រធានបទ នៅពេលឆ្លើយសំណួរ ពួកគេគ្រាន់តែមិនអាចយល់ពីអ្វីដែលអ្នកដទៃកំពុងសួរពួកគេ)។ ការនិយាយក្រៅប្រធានបទជាញឹកញាប់ នេះគឺជាសតិបញ្ញាខ្សោយ។ បន្ទាប់មក មានមនុស្សដែលមិនចេះបែងចែករវាងអ្នកខាងក្នុង និងអ្នកខាងក្រៅ នៅពេលពួកគេកំពុងនិយាយ ហើយពេលខ្លះនិយាយបញ្ចេញអាថ៌កំបាំងខ្លួនឯងនៅពេលនិយាយ ដោយមិនទាំងដឹងខ្លួនផង នេះក៏ជាសតិបញ្ញាខ្សោយដែរ។ ឧទាហរណ៍ បងប្អូនប្រុសស្រីខ្លះរស់នៅជាមួយសមាជិកគ្រួសារដែលមិនជឿ ដែលសួរពួកគេថា «តើព្រះរបស់អ្នករាល់គ្នាប្រាប់ឱ្យអ្នករាល់គ្នាធ្វើអ្វី?» ពួកគេឆ្លើយថា៖ «ព្រះជាម្ចាស់ដែលយើងជឿគឺល្អណាស់។ ទ្រង់បង្រៀនយើងឱ្យធ្វើជាមនុស្សស្មោះត្រង់ ហើយថាយើងមិនត្រូវបានអនុញ្ញាតឱ្យកុហកនរណាម្នាក់ឡើយ ហើយត្រូវតែនិយាយដោយស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា»។ បើមើលពីសំបកក្រៅ វាហាក់ដូចជាពួកគេកំពុងធ្វើបន្ទាល់អំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើ កំពុងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងធ្វើឱ្យអ្នកស្ដាប់មានចំណាប់អារម្មណ៍ល្អចំពោះអ្នកជឿ ហើយទុកចិត្តពួកគេ ប៉ុន្តែតើនេះពិតជាករណីនេះមែនទេ? តើពួកអ្នកមិនជឿនឹងនិយាយអ្វី នៅពេលពួកគេឮបែបនេះ? ពួកគេនឹងនិយាយថា «ដោយសារព្រះរបស់អ្នករាល់គ្នាបានសុំឱ្យអ្នករាល់គ្នាធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ ចូរប្រាប់យើងដោយស្មោះត្រង់មក៖ តើពួកជំនុំរបស់អ្នករាល់គ្នាមានលុយប៉ុន្មាន? តើនរណាផ្ដល់តង្វាយច្រើនជាងគេ? តើនរណាជាអ្នកដឹកនាំពួកជំនុំរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាមានកន្លែងប្រជុំប៉ុន្មាន?» អ្នកនឹងស្រឡាំងកាំងដោយសាររឿងនោះ មែនទេ? តើមនុស្សបែបនេះមិនមែនជាមនុស្សមិនគ្រប់ទឹកទេឬ? ហេតុអ្វីបានជាអ្នកនិយាយទៅកាន់ពួកអារក្ស និងពួកអ្នកមិនជឿអំពីការធ្វើជាមនុស្សស្មោះត្រង់? តាមការពិត អ្នកមិនប្រាកដថាស្មោះត្រង់ប៉ុនណានៅចំពោះព្រះជាម្ចាស់នោះទេ។ ដូច្នេះ តើអ្នកមិនមែនកំពុងបញ្ចេញអាថ៌កំបាំងខ្លួនឯងទេឬ ដោយយករឿងនេះជារឿងធំដុំខ្លាំងជាមួយពួកអ្នកមិនជឿនោះ? តើនេះមិនមែនជាការជីករណ្ដៅ និងដាក់អន្ទាក់សម្រាប់ខ្លួនឯងទេឬ? តើអ្នកមិនមែនជាមនុស្សល្ងង់ខ្លៅទេឬ? នៅពេលបើកចិត្តរបស់អ្នក ឬនិយាយដោយស្មោះត្រង់ទៅកាន់នរណាម្នាក់ អ្នកត្រូវតែគិតពិចារណាថា តើអ្នកកំពុងនិយាយជាមួយនរណា បើវាជាអារក្ស ឬជាសាតាំង តើអ្នកអាចប្រាប់ពួកគេពីអ្វីដែលកំពុងកើតឡើងពិតប្រាកដបានដែរឬទេ? ដូច្នេះ នៅពេលនិយាយពីមនុស្សប្រភេទនេះ ចាំបាច់ត្រូវអនុវត្តការធ្វើជាមនុស្ស «ឆ្លាតដូចពស់ ហើយស្លូតបូតដូចសត្វព្រាប» នេះគឺជាការបង្រៀនរបស់ព្រះជាម្ចាស់ដល់មនុស្សជាតិ។ មនុស្សល្ងង់ខ្លៅមិនដឹងថាត្រូវធ្វើបែបនេះទេ។ ពួកគេគ្រាន់តែដឹងពីការប្រកាន់ខ្ជាប់នឹងបទបញ្ញត្តិ ហើយនិយាយរឿងដូចជា «ពួកយើងជាអ្នកជឿគឺស្មោះត្រង់ណាស់ យើងមិនបោកប្រាស់នរណាម្នាក់ទេ។ មើលអ្នករាល់គ្នាជាអ្នកមិនជឿវិញ អ្នករាល់គ្នាពោរពេញដោយការកុហក រីឯពួកយើងវិញ សុទ្ធតែនិយាយដោយស្មោះត្រង់»។ ហើយបន្ទាប់ពីពួកគេបាននិយាយដោយស្មោះត្រង់ហើយ នោះមនុស្សក៏យកឥទ្ធិពលនោះដើម្បីប្រើប្រាស់ប្រឆាំងនឹងពួកគេ។ តើនេះមិនមែនពួកគេមិនចេះបែងចែករវាងអ្នកខាងក្នុង និងអ្នកខាងក្រៅទេឬ? តើនេះមិនមែនជាការអត់គ្រប់ទឹកទេឬ? ពួកគេយល់ពីគោលលទ្ធិខ្លះៗ ប៉ុន្តែមិនដឹងពីរបៀបអនុវត្តវាទេ។ ពួកគេស្រែកពាក្យស្លោកខ្លះៗ ហើយបន្ទាប់មកពួកគេមានអារម្មណ៍ថា ពួកគេពិតជាមានភាពខាងវិញ្ញាណណាស់ ហើយគិតថាពួកគេយល់ពីសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត ហើយពួកគេបង្អួតគ្រប់ទីកន្លែង ប៉ុន្តែនៅទីបំផុត ពួកសាតាំង និងពួកអារក្សឆ្លៀតឱកាសនេះ ហើយប្រើវាប្រឆាំងនឹងពួកគេ។ នេះគឺជាសតិបញ្ញាខ្សោយ។

យើងទើបតែបាននិយាយអំពីមនុស្សបីបួនប្រភេទដែលមានសតិបញ្ញាខ្សោយ។ ប្រភេទមួយគឺអ្នកដែលមិនយល់ភាសាមនុស្ស ហើយអ្នកដែលមិនយល់ និងមិនចាប់បានចំណុចស្នូល និងចំណុចគន្លឹះនៃពាក្យសម្ដីរបស់អ្នកដទៃ។ ប្រភេទមួយទៀតគឺមនុស្សល្ងង់ខ្លៅ ដែលមិនអាចសម្រេចអ្វីបាន ហើយអ្នកដែលមិនអាចចាប់បានគោលការណ៍ ឬចំណុចគន្លឹះ ទោះបីជាពួកគេធ្វើវាយ៉ាងណាក៏ដោយ។ មនុស្សមួយប្រភេទទៀតគឺជាមនុស្សដែលមានគំនិតជ្រុលនិយម និងមិនសមហេតុផលលើគ្រប់រឿងទាំងអស់។ មនុស្សមួយប្រភេទទៀតគឺអ្នកដែលគ្មានសមត្ថភាពរៀនអ្វីទាំងអស់ ហើយអ្នកដែលសូម្បីតែគ្មានសមត្ថភាពរៀនពីរបៀបនិយាយ ឬជជែក ឬពីរបៀបបញ្ចេញគំនិត និងទស្សនៈរបស់ពួកគេឱ្យបានច្បាស់លាស់ ដើម្បីឱ្យអ្នកដទៃអាចយល់បាន។ ទោះបីជាពួកគេចេះអក្សរខ្លះៗក៏ដោយ ក៏ពួកគេមិនអាចរៀបចំភាសារបស់ពួកគេនៅក្នុងខួរក្បាលរបស់ពួកគេ ឬនិយាយឱ្យបានច្បាស់លាស់ ហើយក៏មិនអាចបញ្ចេញទស្សនៈត្រឹមត្រូវ ឬសម្រេចអ្វីបានដែរ។ ទាំងនេះសុទ្ធតែជាមនុស្សដែលមានសតិបញ្ញាខ្សោយ។ មិនថាពួកគេរៀនសិប្បកម្ម ឬជំនាញអ្វីក៏ដោយ ក៏ពួកគេតែងតែមិនអាចចាប់បានគោលការណ៍ និងច្បាប់ដែរ។ ទោះបីជាពួកគេធ្វើសិប្បកម្ម ឬជំនាញបានល្អម្ដងម្កាលក៏ដោយ ក៏វាកើតឡើងដោយចៃដន្យដែរ។ ពួកគេមិនដឹងថា ហេតុអ្វីបានជាពួកគេធ្វើវាបានល្អនោះទេ។ លើកក្រោយដែលពួកគេធ្វើវាមិនបានល្អ ពួកគេក៏មិនដឹងថាហេតុអ្វីបានជាវាដូច្នេះដែរ។ ពួកគេគ្មានសមត្ថភាពរៀនអ្វី ឬក្លាយជាអ្នកស្ទាត់ជំនាញក្នុងរឿងនោះឡើយ។ បើគេឱ្យពួកគេរៀនសិប្បកម្ម ឬជំនាញបច្ចេកទេសណាមួយ មិនថាពួកគេចំណាយពេលរៀនវាអស់រយៈពេលប៉ុន្មាននោះទេ ពួកគេនឹងចាប់បានតែទ្រឹស្ដីប៉ុណ្ណោះ។ ពួកគេបានស្ដាប់ធម្មទេសនាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនបានយល់ពីសេចក្ដីពិតទេ។ បើឱ្យពួកគេយកពាក្យសម្ដីទាំងនេះ និងសេចក្ដីថ្លែងការណ៍ជាក់លាក់ទាំងនេះ ដែលដំណាក់របស់ព្រះជាម្ចាស់តែងតែប្រកបគ្នា ហើយប្រែក្លាយវាទៅជាគោលការណ៍ និងជាផ្លូវនៃការអនុវត្ត នោះពួកគេនឹងគ្មានសមត្ថភាពធ្វើដូច្នេះបានទេ ទោះបីជាពួកគេប្រឹងស្ទើរក្ស័យជីវិតក៏ដោយ ហើយទោះបីជាបង្រៀនពួកគេយ៉ាងណាក៏ដោយ។ នេះបញ្ជាក់ថា មនុស្សទាំងនេះមានសតិបញ្ញាខ្សោយ។ មនុស្សខ្លះសម្រេចបានលទ្ធផលដូចគ្នាពីការធ្វើអ្វីមួយនៅអាយុ ៥០ ឬ ៦០ ឆ្នាំ ដូចដែលពួកគេបានធ្វើនៅអាយុ ៣០ ឆ្នាំដែរ ដោយមិនមានការរីកចម្រើនអ្វីសោះ។ ពួកគេមិនបានរៀនអ្វីមួយឱ្យបានជោគជ័យក្នុងមួយជីវិតរបស់ពួកគេឡើយ។ ពួកគេមិនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេទេ ពួកគេយកចិត្តទុកដាក់ខ្លាំង និងខិតខំប្រឹងប្រែង ប៉ុន្តែពួកគេមិនបានជោគជ័យក្នុងការរៀនអ្វីទាំងអស់។ នេះបង្ហាញថា ពួកគេមានសតិបញ្ញាខ្សោយ។ ដោយផ្អែកលើអ្វីដែលយើងបានប្រកបគ្នា វិសាលភាពនៃអ្វីដែលត្រូវបានចាត់ទុកថាជាសតិបញ្ញាខ្សោយ បានក្លាយជាទូលំទូលាយជាងមុន មែនទេ? តើអ្នករាល់គ្នាផ្ទាល់នឹងរាប់ថាជាអ្នកមានសតិបញ្ញាខ្សោយដែរឬទេ? (មែនហើយ)។ បន្តិចបន្តួច ច្រើនក្ដីតិចក្ដី។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? មនុស្សភាគច្រើនបានស្ដាប់ធម្មទេសនាអស់រយៈពេលប្រាំឆ្នាំ ប៉ុន្តែពួកគេនៅតែមិនយល់ថាអ្វីជាសេចក្ដីពិត ឬអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ហើយមនុស្សខ្លះបានស្ដាប់ធម្មទេសនាអស់រយៈពេល ១០ ឆ្នាំ ឬសូម្បីតែ ២០ ឬ ៣០ ឆ្នាំ ហើយនៅតែមិនយល់ថាអ្វីជាតថភាពនៃសេចក្ដីពិត និងអ្វីជាពាក្យពេចន៍ និងគោលលទ្ធិទេ មាត់របស់ពួកគេពោរពេញដោយគោលលទ្ធិ ហើយចេះតែពោលឥតឈប់ឈរយ៉ាងស្ទាត់ជំនាញ នេះគឺជាបញ្ហាជាមួយនឹងបញ្ញារបស់ពួកគេហើយ។ ដោយទុកការយល់ដឹងអំពីសេចក្ដីពិតមួយឡែកសិន ចូរយើងនិយាយថា មនុស្សបង្ហាញការសម្ដែងចេញដូចខាងក្រោមចំពោះរឿងខាងក្រៅមួយចំនួន និងបញ្ហាសាមញ្ញញាណក្នុងជីវិតមនុស្ស៖ មិនថាពួកគេបានធ្វើអ្វីមួយអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ស្ថានភាព សណ្ឋាន និងការយល់ដឹងរបស់ពួកគេនៅតែដដែលដូចពេលដែលពួកគេចាប់ផ្ដើមរៀនវាដំបូងដែរ ហើយមិនថាគេណែនាំ បង្រៀនពួកគេយ៉ាងណា ឬពួកគេអនុវត្តយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនមានការរីកចម្រើនអ្វីដែរ។ នេះគឺជាសតិបញ្ញាខ្សោយ។

ការជ្រើសរើស និងការប្រើប្រាស់មនុស្សដោយផ្អែកលើថាតើពួកគេមានភាពជាមនុស្សឬអត់ គឺស្របតាមគោលការណ៍។ ដូច្នេះ ចូរប្រាប់ខ្ញុំមក តើយើងគួរតែបណ្ដុះបណ្ដាល និងប្រើប្រាស់មនុស្សដែលមានភាពជាមនុស្សអន់ មានសតិបញ្ញាខ្សោយ ឬមានកិច្ចការរបស់វិញ្ញាណអាក្រក់ដែរឬទេ? ការណ៍នោះមិនអាចធ្វើបានជាដាច់ខាត។ ក្រៅពីមនុស្សជាច្រើនប្រភេទនេះដែលមិនអនុលោមតាមគោលការណ៍របស់ដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើប្រាស់មនុស្ស មនុស្សដទៃទៀតភាគច្រើនអាចត្រូវបានប្រើប្រាស់ដោយសមហេតុផលដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ។ សម្រាប់អ្នកដែលមានភាពជាមនុស្សមធ្យម ដែលមិនអាចហៅថាអាក្រក់ ឬល្អបាន ពួកគេអាចគ្រាន់តែជាសមាជិកក្រុមធម្មតាបានហើយ។ សម្រាប់អ្នកដែលមានភាពជាមនុស្សល្អបង្គួរ ដែលមានតម្រិះប្រកបដោយវិចារណញាណបង្គួរ និងមានសតិសម្បជញ្ញៈ ដែលស្រឡាញ់អ្វីៗដែលវិជ្ជមាន ដែលទៀងត្រង់ជាពិសេស មានស្មារតីយុត្តិធម៌ និងអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បាន គេអាចផ្ដោតការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងការប្រើប្រាស់មនុស្សទាំងនេះបាន។ ចំពោះថាតើត្រូវបណ្ដុះបណ្ដាល និងប្រើប្រាស់ពួកគេជាអ្នកដឹកនាំ ឬជាប្រធានក្រុម ឬដើម្បីធ្វើកិច្ចការសំខាន់ៗមួយចំនួន នេះគឺអាស្រ័យលើគុណសម្បត្តិ និងចំណុចខ្លាំងរបស់ពួកគេ។ នេះគឺជាការថ្លឹងថ្លែងពីរបៀបប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នាដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ។

ការប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នាដោយសមហេតុផល ដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ

ចូរយើងនិយាយបន្ថែមទៀតអំពីរបៀបប្រើប្រាស់មនុស្សប្រភេទផ្សេងៗគ្នាដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ។ ក្រៅពីគុណសម្បត្តិ មនុស្សខ្លះក៏មានជំនាញវិជ្ជាជីវៈមួយចំនួនដែលពួកគេពូកែផងដែរ។ តើពាក្យ «ចំណុចខ្លាំង» មានន័យដូចម្ដេច? (ការមានជំនាញក្នុងវិស័យឯកទេស ដូចជាអាចនិពន្ធបទភ្លេង លេងឧបករណ៍តន្ត្រី ឬគូររូប)។ ការយល់ដឹងពីទ្រឹស្ដីតន្ត្រី សិល្បៈ ហើយក៏មានការរាំ និងការតែងនិពន្ធផងដែរ ទាំងនេះសុទ្ធតែជាចំណុចខ្លាំង។ ការសម្ដែង និងការដឹកនាំរឿង គឺជាចំណុចខ្លាំងដែលទាក់ទងនឹងការផលិតភាពយន្ត ការបកប្រែគឺជាចំណុចខ្លាំងផ្នែកភាសា ហើយការផលិតវីដេអូ និងបច្ចេកទេសពិសេស ក៏ជាចំណុចខ្លាំងនៅក្នុងវិស័យជាក់លាក់ផងដែរ។ នៅពេលយើងនិយាយអំពីចំណុចខ្លាំង យើងកំពុងសំដៅទៅលើជំនាញវិជ្ជាជីវៈដែលទាក់ទងនឹងកិច្ចការស្នូលរបស់ពួកជំនុំ។ មនុស្សខ្លះមានកម្រិតជំនាញជាមូលដ្ឋានរួចហើយ ហើយមនុស្សខ្លះសិក្សារឿងទាំងនេះបន្ទាប់ពីបានមកដល់ដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់មានជំនាញជាមូលដ្ឋាន ប៉ុន្តែភាពជាមនុស្សរបស់ពួកគេមិនបានដល់ស្ដង់ដារ ហើយពួកគេជាម្នាក់ក្នុងចំណោមអ្នកដែលមានសតិបញ្ញាខ្សោយ ជាមនុស្សអាក្រក់ ឬជាវិញ្ញាណអាក្រក់ នោះពួកគេមិនអាចត្រូវបានប្រើប្រាស់បានទេ។ ប្រសិនបើភាពជាមនុស្សរបស់បុគ្គលនោះបានដល់ស្ដង់ដារ ហើយពួកគេមានចំណុចខ្លាំងដែលដំណាក់របស់ព្រះជាម្ចាស់ត្រូវការ នោះពួកគេអាចត្រូវបានលើកស្ទួយ បណ្ដុះបណ្ដាល និងប្រើប្រាស់ ដោយត្រូវបានចាត់តាំងទៅក្រុមដែលស័ក្ដិសមនឹងចំណុចខ្លាំងរបស់ពួកគេ ឬដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈដែលពួកគេមាន ហើយចាប់ផ្ដើមធ្វើការភ្លាមៗ។ មនុស្សខ្លះមិនទាន់មានចំណុចខ្លាំងផ្នែកវិជ្ជាជីវៈនៅឡើយទេ ប៉ុន្តែមានឆន្ទៈក្នុងការរៀន ហើយឆាប់ចាប់បានណាស់។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេបានដល់ស្ដង់ដារ នោះដំណាក់របស់ព្រះជាម្ចាស់អាចបណ្ដុះបណ្ដាលពួកគេ និងបង្កើតលក្ខខណ្ឌឱ្យពួកគេរៀនបាន ហើយមនុស្សបែបនេះក៏អាចត្រូវបានប្រើប្រាស់ផងដែរ។ សរុបសេចក្ដីមក ការចាត់តាំងភារកិច្ចគឺផ្អែកលើគុណសម្បត្តិ និងចំណុចខ្លាំងរបស់មនុស្ស ហើយតាមដែលអាចធ្វើទៅបាន មនុស្សដែលមានចំណុចខ្លាំងផ្សេងៗគ្នាគួរតែត្រូវបានរៀបចំឱ្យធ្វើការនៅក្នុងវិស័យជំនាញរបស់ពួកគេផ្ទាល់ ដើម្បីឱ្យពួកគេអាចបញ្ចេញចំណុចខ្លាំងទាំងនេះបាន។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់លែងត្រូវការចំណុចខ្លាំងរបស់ពួកគេ នោះពួកគេអាចត្រូវបានរៀបចំឱ្យធ្វើអ្វីក៏ដោយដែលពួកគេមានសមត្ថភាពធ្វើ ដោយផ្អែកលើគុណសម្បត្តិ និងភាពជាមនុស្សរបស់ពួកគេ។ នេះហៅថា ការប្រើប្រាស់មនុស្សដោយសមហេតុផល។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់នៅតែត្រូវការចំណុចខ្លាំងរបស់ពួកគេ ពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យបន្តធ្វើភារកិច្ចរបស់ពួកគេនៅក្នុងវិស័យនេះ ហើយមិនអាចត្រូវបានផ្ទេរដោយគ្មានគោលការណ៍បានទេ លុះត្រាតែមានមនុស្សច្រើនពេកដែលធ្វើការនៅក្នុងវិជ្ជាជីវៈនេះ ក្នុងករណីនោះ ចំនួនមនុស្សគួរតែត្រូវបានកាត់បន្ថយទៅតាមស្ថានភាព ដោយការចាត់តាំងជាថ្មីដល់អ្នកដែលមានសមត្ថភាពទាបជាងគេក្នុងវិជ្ជាជីវៈរបស់ពួកគេទៅធ្វើភារកិច្ចផ្សេងទៀត។ នេះគឺជាការប្រើប្រាស់មនុស្សដោយសមហេតុផល។

មានមនុស្សប្រភេទមួយដែលមិនមានជំនាញពិសេសអ្វីទេ ពួកគេអាចសរសេរសំណេរបានបន្តិចបន្តួច ពួកគេអាចច្រៀងត្រូវភ្លេង ហើយរៀនពីរបៀបធ្វើអ្វីៗបាន ប៉ុន្តែពួកគេមិនមែនជាអ្នកដែលពូកែបំផុតក្នុងរឿងទាំងនេះទេ។ តើពួកគេពូកែអ្វីជាងគេ? ពួកគេមានគុណសម្បត្តិបន្តិចបន្តួច ពួកគេមានស្មារតីយុត្តិធម៌បង្គួរ ហើយពួកគេមានការយល់ដឹងខ្លះៗពីរបៀបវិនិច្ឆ័យ និងប្រើប្រាស់មនុស្ស។ លើសពីនេះទៅទៀត អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ពួកគេមានជំនាញក្នុងការរៀបចំ។ បើអ្នកឱ្យកិច្ចការ ឬការងារដល់មនុស្សបែបនេះ ពួកគេអាចរៀបចំមនុស្សឱ្យធ្វើវាបាន។ ក្នុងពេលជាមួយគ្នានេះ ពួកគេមានសមត្ថភាពក្នុងការងារ ពោលគឺបើអ្នកឱ្យការងារដល់ពួកគេ ពួកគេមានសមត្ថភាពធ្វើវាឱ្យបានល្អ និងបញ្ចប់វា។ ពួកគេមានផែនការក្នុងចិត្ត ដែលមានជំហាន និងរចនាសម្ព័ន្ធ។ ពួកគេដឹងពីរបៀបប្រើប្រាស់មនុស្ស របៀបបែងចែកពេលវេលា និងអ្នកណាដែលត្រូវប្រើសម្រាប់កិច្ចការនេះ។ ប្រសិនបើមានបញ្ហាកើតឡើង ពួកគេដឹងពីរបៀបពិភាក្សាដំណោះស្រាយជាមួយមនុស្សគ្រប់គ្នា។ ពួកគេដឹងពីរបៀបថ្លឹងថ្លែង និងដោះស្រាយរឿងទាំងអស់នេះ។ មនុស្សប្រភេទនេះមិនត្រឹមតែមានសមត្ថភាពក្នុងការងារប៉ុណ្ណោះទេ ពួកគេក៏និយាយបានល្អបង្គួរដែរ។ ពាក្យសម្ដីរបស់ពួកគេច្បាស់លាស់ និងមានសណ្ដាប់ធ្នាប់ ហើយពួកគេមិនធ្វើឱ្យមនុស្សច្របូកច្របល់ឡើយ។ នៅពេលពួកគេបានចាត់តាំងកិច្ចការហើយ មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ និងដឹងថា ម្នាក់ៗគួរធ្វើអ្វី។ គ្មាននរណាម្នាក់ខ្ជិលច្រអូសទេ ហើយគ្មានការមើលរំលងក្នុងការងារឡើយ។ ការពន្យល់របស់ពួកគេអំពីព័ត៌មានលម្អិតនៃការងារក៏ច្បាស់លាស់ និងមានសណ្ដាប់ធ្នាប់បង្គួរដែរ ហើយជាពិសេសសម្រាប់បញ្ហាដែលស្មុគស្មាញ ពួកគេផ្ដល់ការវិភាគ ការប្រកបគ្នា និងរាយបញ្ជីព័ត៌មានលម្អិត ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ពីបញ្ហា ដឹងពីរបៀបធ្វើការងារ និងដឹងពីរបៀបបន្តទៅមុខ។ លើសពីនេះទៅទៀត ពួកគេក៏អាចប្រកបគ្នាអំពីរបៀបនៃការប្រព្រឹត្តដែលអាចមានកំហុស វិធីសាស្រ្តនៃការងារអ្វីខ្លះដែលនឹងប៉ះពាល់ដល់ប្រសិទ្ធភាព អ្វីដែលមនុស្សគួរយកចិត្តទុកដាក់ក្នុងដំណើរការនៃការងាររបស់ពួកគេ ។ល។ ពោលគឺ ពួកគេគិតច្រើនជាងអ្នកដទៃ មុនពេលពួកគេចាប់ផ្ដើមធ្វើការ ពួកគេគិតបានលម្អិតជាង មានភាពប្រាកដនិយមជាង និងគ្រប់ជ្រុងជ្រោយជាងអ្នកដទៃ។ ក្នុងទិដ្ឋភាពមួយ ពួកគេចេះគិតគូរ ហើយក្នុងទិដ្ឋភាពមួយទៀត ពួកគេពូកែវោហារស័ព្ទ។ ការដែលចេះគិតគូរមានន័យថា ពួកគេធ្វើរឿងដោយមានរបៀបរៀបរយ មានជំហាន និងស្របតាមផែនការ ហើយប្រកបដោយភាពច្បាស់លាស់បំផុត។ ការដែលពូកែវោហារស័ព្ទមានន័យថា ពួកគេអាចប្រើភាសាដើម្បីបញ្ចេញគំនិត ផែនការ និងការគណនាក្នុងចិត្តរបស់ពួកគេ បានយ៉ាងច្បាស់លាស់ និងអាចយល់បាន ហើយថាពួកគេដឹងពីរបៀបនិយាយដោយសាមញ្ញ និងសង្ខេប ដើម្បីឱ្យអ្នកស្ដាប់របស់ពួកគេមិនច្របូកច្របល់។ ជាពិសេសពួកគេសម្ដែងចេញដោយខ្លួនឯងជាភាសាដែលច្បាស់លាស់ ត្រឹមត្រូវ ពិត និងសមរម្យ។ នេះហើយជាអ្វីដែលមានន័យថា ពូកែវោហារស័ព្ទ។ មនុស្សប្រភេទនេះពូកែវោហារស័ព្ទ ពួកគេមានសមត្ថភាពក្នុងការងារ ជំនាញក្នុងការរៀបចំ ហើយលើសពីនេះទៅទៀត ពួកគេមានស្មារតីទទួលខុសត្រូវ និងមានស្មារតីយុត្តិធម៌បង្គួរ។ ពួកគេមិនមែនជាមនុស្សដែលចេះតែផ្គាប់ចិត្តគេ ឬជាអ្នកសម្របសម្រួលមិនដឹងខុសត្រូវទេ។ នៅពេលពួកគេឃើញមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ឬមនុស្សល្ងង់ខ្លៅ និងមនុស្សឥតបានការដែលមិនយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវរបស់ខ្លួន ហើយធ្វើឫកពារមិនគួរឪ្យទុកចិត្ត ពួកគេក៏ខឹងសម្បា មិនពេញចិត្ត ហើយពួកគេអាចដោះស្រាយ និងចាត់ការបញ្ហាទាំងនេះភ្លាមៗ ហើយការពារកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ការមានស្មារតីទទួលខុសត្រូវ និងស្មារតីយុត្តិធម៌ តើការបង្ហាញឱ្យឃើញទាំងនេះមិនមែនជាលក្ខណៈពិសេសដែលលេចធ្លោនៃភាពជាមនុស្សរបស់មនុស្សប្រភេទនេះទេឬ? (គឺមែនហើយ)។ មនុស្សប្រភេទនេះប្រហែលជាមិនពូកែក្នុងការប្រាស្រ័យទាក់ទងសង្គម ឬប្រហែលជាមិនប៉ិនប្រសប់ក្នុងជំនាញវិជ្ជាជីវៈជាក់លាក់ណាមួយទេ ប៉ុន្តែប្រសិនបើពួកគេមានលក្ខណៈដែលខ្ញុំទើបតែបានពិពណ៌នា ពួកគេអាចត្រូវបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំ និងអ្នកធ្វើការបាន។ លក្ខណៈទាំងនេះក៏ជាចំណុចខ្លាំងរបស់ពួកគេដែរ ពោលគឺពួកគេពូកែវោហារស័ព្ទ មានសមត្ថភាពក្នុងការងារ ជំនាញក្នុងការរៀបចំ និងមានស្មារតីយុត្តិធម៌បង្គួរ។ ការមានស្មារតីយុត្តិធម៌គឺសំខាន់បំផុត។ តើមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទមានស្មារតីយុត្តិធម៌ដែរឬទេ? (ទេ ពួកគេគ្មានទេ)។ ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិទុច្ចរិត វាមិនអាចទៅរួចទេដែលពួកគេមានស្មារតីយុត្តិធម៌។ រឿងសំខាន់បំផុតមួយទៀតគឺថា មនុស្សប្រភេទនេះមានការយល់ដឹងខាងវិញ្ញាណ និងសមត្ថភាពក្នុងការយល់ពីសេចក្ដីពិត។ នេះគឺទាក់ទងនឹងគុណសម្បត្តិរបស់ពួកគេ។ ចំណុចខ្លាំងរបស់មនុស្សប្រភេទនេះ សំដៅទៅលើលក្ខណៈនៃភាពជាមនុស្ស និងទេពកោសល្យទាំងនោះដែលខ្ញុំបានលើកឡើងអម្បាញ់មិញ បូករួមទាំងស្ដង់ដារបីយ៉ាងគឺ ការមានសមត្ថភាពក្នុងការយល់ពីសេចក្ដីពិត ការទទួលបន្ទុកសម្រាប់ពួកជំនុំ និងការមានសមត្ថភាពក្នុងការងារ។ មនុស្សបែបនេះអាចត្រូវបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំបាន គ្មានបញ្ហាអ្វីជាមួយរឿងនោះទេ។ ក្រៅពីការចេះគិតគូរ និងគុណសម្បត្តិ អ្នកដឹកនាំត្រូវតែមានសមត្ថភាពក្នុងការយល់ពីសេចក្ដីពិត ហើយមានជំនាញក្នុងការរៀបចំ និងមានសមត្ថភាពការងារនៅក្នុងការងាររបស់ពួកគេ ព្រមទាំងមានវោហារស័ព្ទផងដែរ។ មនុស្សខ្លះមានគុណសម្បត្តិល្អណាស់ ពួកគេមានការយល់ដឹងខាងវិញ្ញាណ ប៉ុន្តែនៅពេលប្រកបគ្នានៅពេលប្រជុំ ការនិយាយរបស់ពួកគេទៅជារញ៉េរញ៉ៃទាំងស្រុង ពួកគេខ្វះសមត្ថភាពក្នុងការរៀបចំសម្តីរបស់ពួកគេទាំងស្រុង ហើយអ្វីដែលពួកគេនិយាយគឺគ្មានតក្កវិជ្ជាអ្វីទាំងអស់។ តើមនុស្សបែបនេះអាចត្រូវបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំបានដែរឬទេ? (ទេ មិនអាចទេ)។ មនុស្សខ្លះអាចនិយាយជាមួយមនុស្សចំនួនតិចតួចបាន។ ពួកគេអាចប្រកបគ្នាអំពីសណ្ឋាន ទស្សនៈ និងការយល់ដឹងខ្លះៗអំពីសេចក្ដីពិត ហើយពួកគេអាចគាំទ្រ ផ្គត់ផ្គង់ និងជួយអ្នកដទៃបាន ប៉ុន្តែនៅជុំវិញមនុស្សច្រើន ពួកគេមិនហ៊ាននិយាយទេ ហើយមានអារម្មណ៍ភ័យខ្លាច ហើយថែមទាំងអាចភ័យរហូតដល់យំទៀតផង។ តើមនុស្សបែបនេះអាចត្រូវបានបណ្ដុះបណ្ដាលបានដែរឬទេ? សម្រាប់មនុស្សប្រភេទដែលមានភាពជាមនុស្សដែលខ្សោយ និងកំសាកបង្គួរ ហើយជាមនុស្សដែលងាយភ័យខ្លាចពេលឡើងលើឆាក ប្រសិនបើពួកគេមានភាពជាមនុស្ស មានចំណុចខ្លាំង និងសមត្ថភាពក្នុងការយល់ដឹងដើម្បីធ្វើជាអ្នកដឹកនាំ នោះពួកគេអាចត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាប្រធានក្រុម ឬជាអ្នកដឹកនាំពួកជំនុំបាន។ ដំបូងគ្រាន់តែបណ្ដុះបណ្ដាល និងបំពាក់បំប៉នពួកគេ បន្ទាប់ពីពួកគេបានឆ្លងកាត់បទពិសោធន៍មួយរយៈ ពួកគេនឹងទទួលបានការយល់ដឹង ហើយដោយហេតុនោះ ក៏កាន់តែក្លាហានបន្តិច ហើយនឹងលែងខ្លាចក្នុងការនិយាយ ឬខ្លាចរអាឆាកទៀតហើយ។ សរុបសេចក្ដីមក នៅពេលនិយាយពីអ្នកដែលមានលក្ខណៈនៃភាពជាមនុស្ស និងចំណុចខ្លាំងដែលយើងទើបតែបានប្រកបគ្នា ពួកគេអាចត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកដឹកនាំបាន ដរាបណាភាពជាមនុស្សរបស់ពួកគេបានដល់ស្ដង់ដារ។ ដូចដែលយើងបាននិយាយកាលពីលើកមុន ដើម្បីឱ្យនរណាម្នាក់ត្រូវបានបណ្ដុះបណ្ដាលជាអ្នកដឹកនាំ ពួកគេមិនចាំបាច់ទាល់តែយល់ពីសេចក្ដីពិតទាំងអស់ អាចចុះចូលនឹងព្រះជាម្ចាស់ មានចិត្តកោតខ្លាចព្រះជាម្ចាស់ជាដើម នោះទេ។ វាមិនចាំបាច់ជាដាច់ខាតដើម្បីបំពេញតាមលក្ខខណ្ឌទាំងនេះទេ។ ប្រសិនបើនរណាម្នាក់មានគុណសម្បត្តិជាក់លាក់ណាមួយ មានការយល់ដឹងខាងវិញ្ញាណ ហើយអាចទទួលយកសេចក្ដីពិតបាន នោះពួកគេអាចត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាល។ តើនេះមិនមែនជាការប្រើប្រាស់មនុស្សដោយសមហេតុផលទេឬ? (ពិតមែនហើយ)។ លក្ខខណ្ឌដែលសំខាន់បំផុតគឺថាតើភាពជាមនុស្សរបស់បុគ្គលនោះបានដល់ស្ដង់ដារឬអត់។

មនុស្សមួយចំនួន បន្ទាប់ពីបានស្ដាប់ពាក្យសម្ដីរបស់ខ្ញុំហើយ ក៏មានអារម្មណ៍ថា ពួកគេបានបំពេញលក្ខខណ្ឌក្នុងការធ្វើជាអ្នកដឹកនាំរួចទៅហើយ ហើយគួរតែត្រូវបានដំឡើងតំណែង។ នេះគឺជាការយល់ខុសរបស់ពួកគេ មែនទេ? តើការធ្វើជាអ្នកដឹកនាំ គឺជារឿងដ៏សាមញ្ញបែបនេះឬ? ពួកគេគិតថា៖ «ខ្ញុំជាមនុស្សមានរបៀបរបបណាស់ ខ្ញុំមានសមត្ថភាពក្នុងការរៀបចំ ហើយខ្ញុំពូកែវោហារស័ព្ទ ដោយខ្ញុំអាចពន្យល់បញ្ហាដែលស្មុគស្មាញបំផុតឱ្យបានច្បាស់លាស់ ដូច្នេះ ហេតុអ្វីបានជាក្រុមជំនុំមិនដំឡើងតំណែងខ្ញុំ? ហេតុអ្វីបានជាបងប្អូនប្រុសស្រីមិនជ្រើសរើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំ? ហេតុអ្វីបានជាថ្នាក់លើមើលមិនឃើញថាខ្ញុំជាមនុស្សមានទេពកោសល្យដូច្នេះ?» កុំបារម្ភអី។ ប្រសិនបើអ្នកពិតជាបានបំពេញលក្ខខណ្ឌក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការមែន នោះមិនយូរមិនឆាប់ អ្នកនឹងត្រូវបានដំឡើងតំណែង ហើយត្រូវបានអនុញ្ញាតឱ្យបំពាក់បំប៉នខ្លួនឯង។ អ្វីដែលសំខាន់នៅពេលនេះគឺ អ្នកត្រូវតែបំពាក់បំប៉នខ្លួនឯងឱ្យបានច្រើនក្នុងការអនុវត្តសេចក្ដីពិត និងចាត់ចែងកិច្ចការស្របតាមគោលការណ៍ ព្រមទាំងជួយអ្នកដទៃយ៉ាងសកម្ម និងដោះស្រាយបញ្ហាជាក់ស្ដែងសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មើលឃើញថា អ្នកមានគុណសម្បត្តិល្អ និងអាចដោះស្រាយបញ្ហាជាក់ស្ដែងបាន នោះពួកគេនឹងណែនាំអ្នក និងជ្រើសតាំងអ្នក។ ប្រសិនបើអ្នកគ្មានគំនិតផ្ដួចផ្ដើមធ្វើកិច្ចការជាក់ស្ដែងខ្លះ ហើយគ្រាន់តែរង់ចាំថ្ងៃដែលអ្នកត្រូវបានជ្រើសតាំងជាអ្នកដឹកនាំភ្លាមៗ ឬត្រូវបានដំឡើងតំណែងជាពិសេសដោយថ្នាក់លើទេ នោះគឺជារឿងដែលមិនអាចកើតឡើងបានឡើយ។ អ្នកត្រូវតែធ្វើកិច្ចការជាក់ស្ដែងខ្លះដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញ។ នៅពេលដែលមនុស្សគ្រប់គ្នាបានឃើញពីចំណុចខ្លាំងរបស់អ្នកដោយផ្ទាល់ភ្នែកហើយ និងមានអារម្មណ៍ថាអ្នកគឺជាមនុស្សម្នាក់ដែលគួរតែត្រូវបានដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់ នោះពួកគេនឹងណែនាំអ្នក និងជ្រើសតាំងអ្នកដោយឯកឯង។ ប្រសិនបើនៅពេលនេះ អ្នកមានអារម្មណ៍ថាអ្នកស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំ ប៉ុន្តែគ្មាននរណាម្នាក់បានជ្រើសតាំងអ្នក ហើយដំណាក់របស់ព្រះជាម្ចាស់ក៏មិនបានដំឡើងតំណែងអ្នកដែរ តើហេតុអ្វីបានជាដូច្នេះ? មានរឿងមួយដែលប្រាកដណាស់គឺ៖ អ្នកមិនទាន់ត្រូវបានគេទទួលស្គាល់នៅក្នុងក្រសែភ្នែករបស់បងប្អូនប្រុសស្រីនៅឡើយទេ។ ប្រហែលជាមកពីភាពជាមនុស្សរបស់អ្នក ប្រហែលជាមកពីការស្វែងរករបស់អ្នក ឬប្រហែលជាមកពីចំណុចខ្លាំង ឬគុណសម្បត្តិរបស់អ្នក។ ប្រសិនបើបងប្អូនប្រុសស្រីមិនទទួលស្គាល់ ឬយល់ព្រមចំពោះទិដ្ឋភាពណាមួយក្នុងចំណោមទិដ្ឋភាពទាំងនេះទេ ពួកគេនឹងមិនជ្រើសតាំងអ្នក ឬណែនាំអ្នកឡើយ។ ដូច្នេះ អ្នកត្រូវតែបន្តប្រឹងប្រែងធ្វើការ បន្តស្វែងរក និងបំពាក់បំប៉នខ្លួនឯង ហើយនៅពេលដែលអ្នកយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ និងអាចចាត់ចែងកិច្ចការស្របតាមគោលការណ៍បាន នោះមនុស្សនឹងណែនាំអ្នក និងជ្រើសតាំងអ្នកដោយឯកឯង។ នេះគឺជារឿងដែលនឹងកើតឡើងដោយឯកឯង នៅពេលដែលលក្ខខណ្ឌគ្រប់គ្រាន់។ មិនចាំបាច់ទន្ទឹងរង់ចាំធ្វើជាអ្នកដឹកនាំ ឬគិតអំពីវគ្រប់ពេលវេលានោះទេ នេះគឺជាបំណងប្រាថ្នាដ៏ហួសហេតុ។ អ្នកគួរតែមានចិត្តធម្មតា ធ្វើជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត ចេះគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយរៀនធ្វើជាមនុស្សដែលចេះចុះចូល និងចេះអត់ធ្មត់។ អ្នកមិនអាចស្វែងរកការធ្វើជាអ្នកដឹកនាំទាំងងងឹតងងល់បានឡើយ។ នោះគឺជាមហិច្ឆតា ហើយវាមិនមែនជាផ្លូវដែលត្រឹមត្រូវនោះទេ។ អ្នកមិនគួរមាននូវមហិច្ឆតា និងបំណងប្រាថ្នានេះគ្រប់ពេលវេលានោះទេ។ ទោះបីជាអ្នកពិតជាមានគុណសម្បត្តិក៏ដោយ ក៏អ្នកត្រូវតែរង់ចាំរហូតដល់អ្នកចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ ទើបអ្នកអាចមានសមត្ថភាពក្នុងការបម្រើការជាអ្នកដឹកនាំ ឬអ្នកធ្វើការបាន។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិត ហើយមិនដឹងពីរបៀបអនុវត្តសេចក្ដីពិតទេ នោះទោះបីជាអ្នកត្រូវបានជ្រើសតាំងឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការក៏ដោយ ក៏អ្នកនឹងមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានឡើយ ហើយនឹងត្រូវដកហូតពីតំណែង និងផាត់ចោល ដែលនេះគឺជារឿងមួយដែលកើតឡើងជាញឹកញាប់។ ប្រសិនបើអ្នកគិតថាខ្លួនអ្នកស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំ មានទេពកោសល្យ គុណសម្បត្តិ និងភាពជាមនុស្សសម្រាប់ការដឹកនាំ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់មិនបានដំឡើងតំណែងអ្នក ហើយបងប្អូនប្រុសស្រីក៏មិនបានជ្រើសតាំងអ្នកដែរ តើអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា? នៅត្រង់នេះមានផ្លូវមួយសម្រាប់ការអនុវត្តដែលអ្នកអាចធ្វើតាមបាន។ អ្នកត្រូវតែស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់។ ចូរពិនិត្យមើលថា តើមកពីអ្នកមានបញ្ហាជាមួយនឹងភាពជាមនុស្សរបស់អ្នក ឬមកពីការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយផ្នែកណាមួយរបស់អ្នកដែលធ្វើឱ្យមនុស្សស្អប់ខ្ពើម ឬថាតើមកពីអ្នកគ្មានតថភាពនៃសេចក្ដីពិត ហើយមិនគួរឱ្យអ្នកដទៃជឿជាក់ ឬមកពីការបំពេញភារកិច្ចរបស់អ្នកមិនបានល្អ។ អ្នកត្រូវតែឆ្លុះបញ្ចាំងពីគ្រប់រឿងទាំងអស់នេះ ហើយពិនិត្យមើលថាតើអ្នកខ្វះខាតត្រង់ចំណុចណាឱ្យពិតប្រាកដ។ បន្ទាប់ពីអ្នកបានឆ្លុះបញ្ចាំងមួយរយៈ ហើយរកឃើញថាបញ្ហារបស់អ្នកនៅត្រង់ណាហើយ អ្នកត្រូវតែស្វែងរកសេចក្ដីពិតជាបន្ទាន់ដើម្បីដោះស្រាយវា ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិត ព្រមទាំងព្យាយាមឱ្យមានការផ្លាស់ប្ដូរ និងរីកចម្រើន ដើម្បីឱ្យអ្នកដែលនៅជុំវិញអ្នកបានឃើញ ពួកគេនឹងនិយាយថា៖ «មួយរយៈនេះ គាត់ល្អជាងមុនឆ្ងាយណាស់។ គាត់ធ្វើការងារយ៉ាងម៉ត់ចត់ ហើយយកចិត្តទុកដាក់លើកិច្ចការជំនាញរបស់គាត់ ព្រមទាំងផ្ដោតជាពិសេសលើគោលការណ៍សេចក្ដីពិត។ គាត់មិនធ្វើអ្វីៗដោយច្រឡោត ឬបង្គ្រប់កិច្ចនោះទេ ហើយគាត់យកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់គាត់ច្រើនជាងមុន។ គាត់ធ្លាប់ចូលចិត្តនិយាយអួតអាងម្ដងម្កាល ហើយបង្អួតខ្លួនឯងជានិច្ច ប៉ុន្តែឥឡូវនេះ គាត់រាបសារជាងមុនឆ្ងាយណាស់ ហើយលែងក្រអឺតក្រទមទៀតហើយ។ ទោះបីជាគាត់អាចធ្វើរឿងខ្លះបានក៏ដោយ ក៏គាត់មិនអួតអាងដែរ ហើយនៅពេលដែលគាត់ធ្វើអ្វីមួយរួចរាល់ គាត់តែងតែឆ្លុះបញ្ចាំងពីវាម្ដងហើយម្ដងទៀត ដោយខ្លាចធ្វើអ្វីមួយខុស។ គាត់ធ្វើអ្វីៗដោយប្រុងប្រយ័ត្នជាងមុនឆ្ងាយណាស់ ហើយមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអ្វីដែលសំខាន់បំផុតនោះគឺ គាត់អាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាខ្លះបាន។ ពិតណាស់ គាត់បានរីកចម្រើនហើយ»។ មនុស្សដែលនៅជុំវិញអ្នក ដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកមួយរយៈ បានរកឃើញថាអ្នកបានឆ្លងកាត់ការផ្លាស់ប្ដូរ និងការរីកចម្រើនយ៉ាងច្បាស់លាស់ ទាំងនៅក្នុងជីវិតជាមនុស្ស ការប្រព្រឹត្តខ្លួន និងការចាត់ចែងកិច្ចការ ទាំងនៅក្នុងឥរិយាបថរបស់អ្នកចំពោះការងារ និងនៅក្នុងការប្រព្រឹត្តរបស់អ្នកចំពោះគោលការណ៍សេចក្ដីពិតក៏ដូចគ្នា នោះអ្នកប្រឹងប្រែងច្រើនជាងមុន ហើយមានភាពម៉ត់ចត់នៅក្នុងពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នក។ បងប្អូនប្រុសស្រីមើលឃើញរឿងទាំងអស់នេះ ហើយដក់ជាប់ក្នុងចិត្ត។ ប្រហែលជានៅពេលនោះ អ្នកនឹងអាចឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតលើកក្រោយ ហើយអ្នកនឹងមានសង្ឃឹមថានឹងត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ។ ប្រសិនបើអ្នកពិតជាអាចបំពេញភារកិច្ចដ៏សំខាន់ខ្លះបាន អ្នកនឹងទទួលបានព្រះពរពីព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាមានបន្ទុក និងមានស្មារតីទទួលខុសត្រូវបែបនេះ ហើយប្រាថ្នាចង់ទទួលបន្ទុក នោះចូរប្រញាប់ប្រញាល់បំពាក់បំប៉នខ្លួនឯងចុះ។ ចូរផ្ដោតលើការអនុវត្តសេចក្ដីពិត ហើយធ្វើសកម្មភាពដោយមានគោលការណ៍។ នៅពេលដែលអ្នកមានបទពិសោធន៍ជីវិត ហើយអាចសរសេរអត្ថបទនៃទីបន្ទាល់បាន នោះអ្នកនឹងបានរីកចម្រើនយ៉ាងពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បាន នោះអ្នកពិតជានឹងអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការលើអ្នក នោះមានន័យថា ព្រះជាម្ចាស់ពេញចិត្តអ្នកហើយ ហើយដោយមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នក ឱកាសរបស់អ្នកនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះ អ្នកប្រហែលជាមានបន្ទុកហើយ ប៉ុន្តែកម្ពស់របស់អ្នកមិនគ្រប់គ្រាន់ ហើយបទពិសោធន៍ជីវិតរបស់អ្នកនៅរាក់ពេក ដូច្នេះ ទោះបីជាអ្នកបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏អ្នកងាយនឹងដួលដែរ។ អ្នកត្រូវតែស្វែងរកច្រកចូលទៅក្នុងជីវិត ដោះស្រាយបំណងប្រាថ្នាដ៏ហួសហេតុរបស់អ្នកជាមុនសិន ធ្វើជាអ្នកដើរតាមដោយសុខចិត្ត ហើយចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដោយគ្មានការត្អូញត្អែរចំពោះអ្វីក៏ដោយដែលទ្រង់ចាត់ចែង ឬរៀបចំឡើយ។ នៅពេលដែលអ្នកមានខ្នាតកម្ពស់នេះ ឱកាសរបស់អ្នកនឹងមកដល់។ ការដែលអ្នកប្រាថ្នាចង់ទទួលបន្ទុកធ្ងន់ ការដែលអ្នកមានបន្ទុកនេះ គឺជារឿងល្អ។ វាបង្ហាញថាអ្នកមានចិត្តសកម្មដែលស្វែងរកការរីកចម្រើន ហើយថាអ្នកចង់គិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះមិនមែនជាមហិច្ឆតាទេ ប៉ុន្តែជាបន្ទុកដ៏ពិតប្រាកដមួយ។ វាគឺជាការទទួលខុសត្រូវរបស់អស់អ្នកដែលដេញតាមសេចក្ដីពិត និងជាគោលបំណងនៃការស្វែងរករបស់ពួកគេ។ អ្នកគ្មានចិត្តគិតតែពីខ្លួនឯង ហើយមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែគឺដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យទ្រង់ ដែលនេះគឺជារឿងដែលព្រះជាម្ចាស់ប្រទានពរច្រើនបំផុត ហើយទ្រង់នឹងធ្វើការចាត់ចែងដ៏សមរម្យសម្រាប់អ្នក។ សម្រាប់ពេលនេះ អ្នកគ្រាន់តែខ្វល់ខ្វាយពីការស្វែងរកច្រកចូលទៅក្នុងជីវិត បំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវជាមុនសិន ហើយបន្ទាប់មកសរសេរអត្ថបទទីបន្ទាល់ពីបទពិសោធន៍ខ្លះៗដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ប្រសិនបើទីបន្ទាល់របស់អ្នកពិត និងជាក់ស្ដែង នោះមនុស្សដែលអានវានឹងកោតសរសើរអ្នក និងចូលចិត្តអ្នក ហើយនឹងសុខចិត្តប្រាស្រ័យទាក់ទងជាមួយអ្នក និងណែនាំអ្នក ដូច្នេះ ឱកាសរបស់អ្នកនឹងមកដល់។ ហេតុដូច្នេះហើយ អ្នកត្រូវតែបំពាក់ខ្លួនអ្នកជាមួយនឹងសេចក្ដីពិតជាដាច់ខាត មុនពេលឱកាសមកដល់។ ដំបូងត្រូវមានបទពិសោធន៍ជាក់ស្ដែង ហើយបន្ទាប់មកអ្នកនឹងមានទីបន្ទាល់ដ៏ពិតប្រាកដដោយឯកឯង។ លទ្ធផលនៃភារកិច្ចរបស់អ្នកនឹងកាន់តែប្រសើរឡើងៗ ហើយនៅពេលនោះ អ្នកនឹងមិនអាចលាក់ខ្លួនបានឡើយ ទោះបីជាអ្នកចង់ក៏ដោយ ហើយបងប្អូនប្រុសស្រីដែលនៅជុំវិញអ្នកនឹងផ្តល់អនុសាសន៍អំពីអ្នក។ នោះក៏ព្រោះតែមនុស្សដែលមានតថភាពនៃសេចក្ដីពិត គឺមិនត្រឹមតែត្រូវការដោយដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានត្រូវការដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ មនុស្សគ្រប់គ្នាចូលចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានតថភាពនៃសេចក្ដីពិត ហើយមនុស្សគ្រប់គ្នាចូលចិត្តសេពគប់ជាមួយមិត្តភក្តិដែលមានតថភាពនៃសេចក្ដីពិត។ ប្រសិនបើអ្នកមានបទពិសោធន៍ដល់កម្រិតនេះ ហើយមនុស្សគ្រប់គ្នាឃើញថាអ្នកមានទីបន្ទាល់ដ៏ពិតប្រាកដ និងទទួលស្គាល់ថាអ្នកមានតថភាពនៃសេចក្ដីពិត នោះអ្នកនឹងមិនអាចគេចផុតពីការក្លាយជាអ្នកដឹកនាំបានឡើយ ទោះបីជាអ្នកចង់ក៏ដោយ ហើយបងប្អូនប្រុសស្រីនឹងទទូចសុំឱ្យជ្រើសតាំងអ្នក។ តើមិនមែនដូច្នោះទេឬ? នៅពេលដែលកូនប្រុសខ្ជះខ្ជាយងាកក្រោយ ហើយវិលត្រឡប់មករកព្រះជាម្ចាស់វិញ នោះព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យ រីករាយ និងបានធូរស្បើយនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ក្នុងនាមជាមនុស្សម្នាក់ដែលមានតថភាពនៃសេចក្ដីពិត តើអ្នកអាចមិនត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ដោយរបៀបណា? នោះគឺជារឿងដែលមិនអាចទៅរួចឡើយ។ ព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺដើម្បីទទួលបានមនុស្សកាន់តែច្រើនដែលអាចធ្វើបន្ទាល់ថ្វាយទ្រង់។ គឺដើម្បីធ្វើ ឪ្យអ្នកដែលស្រឡាញ់ទ្រង់បានគ្រប់លក្ខណ៍ និងដើម្បីធ្វើឲ្យបានពេញខ្នាតនូវមនុស្សមួយក្រុម ដែលមានចិត្តគំនិតតែមួយជាមួយទ្រង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ហេតុដូច្នេះហើយ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អស់អ្នកដែលស្វែងរកសេចក្ដីពិតមានអនាគតដ៏អស្ចារ្យ ហើយអនាគតរបស់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តគឺគ្មានដែនកំណត់ឡើយ។ មនុស្សគ្រប់គ្នាគួរតែយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់។ វាពិតជារឿងវិជ្ជមានមួយដែលមានបន្ទុកនេះ ហើយវាគឺជារឿងដែលអ្នកដែលមានមនសិការ និងវិចារណញ្ញាណគួរតែមាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចាំបាច់អាចទទួលបន្ទុកធ្ងន់បាននោះទេ។ តើភាពខុសគ្នានេះមកពីណា? មិនថាអ្នកមានចំណុចខ្លាំង ឬសមត្ថភាពអ្វី ហើយមិនថាកម្រិតបញ្ញារបស់អ្នកខ្ពស់ប៉ុនណាក៏ដោយ អ្វីដែលសំខាន់បំផុតនោះគឺការដេញតាមរបស់អ្នក និងផ្លូវដែលអ្នកដើរ។ ប្រសិនបើភាពជាមនុស្សរបស់អ្នកបានដល់ស្តង់ដារ ហើយអ្នកមានគុណសម្បត្តិជាក់លាក់ ប៉ុន្តែអ្នកមិនមែនជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតទេ ហើយអ្នកគ្រាន់តែមានភាពជាមនុស្សល្អ និងមានស្មារតីនៃបន្ទុកខ្លះ តើអ្នកអាចធ្វើកិច្ចការដឹកនាំរបស់ក្រុមជំនុំបានល្អដែរឬទេ? តើអ្នកធានាថាអ្នកអាចដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិតបានដែរឬទេ? ប្រសិនបើអ្នកមិនអាចធានាបានទេ នោះអ្នកនៅតែគ្មានសមត្ថភាពក្នុងការងាររបស់អ្នកដដែល។ ទោះបីអ្នកត្រូវបានជ្រើសតាំង ឬចាត់តាំងឪ្យធ្វើជាអ្នកដឹកនាំក៏ដោយ អ្នកនៅតែគ្មានសមត្ថភាពធ្វើកិច្ចការនោះដដែល ដូច្នេះតើវាមានប្រយោជន៍អ្វីទៅ? ទោះបីជាវាអាចផ្គាប់ចិត្តចិត្តចង់បានមុខមាត់របស់អ្នកក៏ដោយ វានឹងធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រី និងបង្អាក់កិច្ចការរបស់ក្រុមជំនុំ។ ប្រសិនបើអ្នកបំពេញលក្ខខណ្ឌក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយអ្នកគឺជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិត ហើយអ្នកក៏មានទីបន្ទាល់ពីបទពិសោធន៍ខ្លះដែរ នោះអ្នកពិតជានឹងអាចធ្វើកិច្ចការដឹកនាំបានល្អជាក់ជាមិនខាន ពីព្រោះអ្នកមានទីបន្ទាល់ពីបទពិសោធន៍ អ្នកគឺជាមនុស្សម្នាក់ដែលយល់ពីសេចក្ដីពិត ហើយអាចទទួលបន្ទុកធ្ងន់នៃការធ្វើជាអ្នកដឹកនាំក្រុមជំនុំបាន។ ការដែលភាពជាមនុស្សរបស់អ្នកបានគ្រប់គ្រាន់ ហើយអ្នកក៏មានចំណុចខ្លាំងជាក់លាក់ដែរ គឺគ្រាន់តែជាលក្ខខណ្ឌមូលដ្ឋានសម្រាប់ការត្រូវបានដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់ដោយដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែថាតើអ្នកអាចធ្វើកិច្ចការដឹកនាំបានល្អឬអត់ គឺអាស្រ័យលើថាតើអ្នកមានបទពិសោធន៍ជាក់ស្ដែង និងតថភាពនៃសេចក្ដីពិតដែរឬទេ ដែលនេះគឺជារឿងដែលសំខាន់បំផុត។ មនុស្សមួយចំនួនគឺជាមនុស្សត្រឹមត្រូវ ហើយដេញតាមសេចក្ដីពិត ប៉ុន្តែពួកគេបានជឿត្រឹមតែបីទៅប្រាំឆ្នាំប៉ុណ្ណោះ ហើយគ្មានបទពិសោធន៍ជាក់ស្ដែងទេ។ តើមនុស្សបែបនេះអាចធ្វើកិច្ចការដឹកនាំរបស់ក្រុមជំនុំបានល្អដែរឬទេ? ខ្ញុំខ្លាចថា ប្រហែលជាពួកគេនឹងគ្មានសមត្ថភាពក្នុងការងារនោះទេ។ តើពួកគេខ្វះខាតត្រង់ណា? ពួកគេខ្វះបទពិសោធន៍ជាក់ស្ដែង ហើយមិនទាន់បានយល់ពីសេចក្ដីពិតនៅឡើយទេ។ ទោះបីជាពួកគេអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិជាច្រើនក៏ដោយ ក៏នៅតែមិនអាចសម្រេចបាននូវលទ្ធផលនៃការដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិតបានដែរ។ ហេតុដូច្នេះហើយ ពួកគេនៅតែគ្មានសមត្ថភាពក្នុងការងារដឹកនាំ ហើយត្រូវការបន្តបំពាក់បំប៉នខ្លួនឯងដើម្បីសម្រេចបាននូវការយល់ដឹងពីសេចក្ដីពិត និងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ឧទាហរណ៍ មនុស្សម្នាក់ដែលភាពជាមនុស្សរបស់គាត់បានគ្រប់គ្រាន់ ហើយជាមនុស្សស្មោះត្រង់គួរសម ហើយកម្រនឹងនិយាយកុហក និងបោកបញ្ឆោត ហើយដែលបំពេញភារកិច្ចរបស់ខ្លួនដោយមិនបង្កការបង្អាក់ ឬការរំខាន ប៉ុន្តែជាអ្នកដែលខ្សោយក្នុងការស្វែងរកសេចក្ដីពិត តើមនុស្សបែបនេះអាចត្រូវបានបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានដែរឬទេ? នេះគឺជារឿងដែលពិបាកណាស់។ តើមនុស្សម្នាក់ដែលបំពេញលក្ខខណ្ឌសម្រាប់ការត្រូវបានដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់ ប៉ុន្តែដែលមិនដេញតាមសេចក្ដីពិត នឹងអាចក្លាយជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតបានដែរឬទេ ប្រសិនបើពួកគេត្រូវបានដំឡើងតំណែងឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ? តើពួកគេនឹងអាចចាប់ផ្ដើមដេញតាមសេចក្ដីពិតបានដែរឬទេ? តើពួកគេនឹងអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬទេ បន្ទាប់ពីធ្វើការជាអ្នកដឹកនាំ ឬអ្នកធ្វើការមួយរយៈ? នោះគឺជារឿងដែលមិនអាចទៅរួចឡើយ។ មិនថាមនុស្សម្នាក់បំពេញលក្ខខណ្ឌអ្វីក៏ដោយ ដរាបណាពួកគេមិនមែនជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតទេ ពួកគេមិនអាចត្រូវបានជ្រើសតាំង ឬដំឡើងតំណែងជាអ្នកដឹកនាំ ឬអ្នកធ្វើការបានជាដាច់ខាត។ ប្រសិនបើមនុស្សម្នាក់មានភាពជាមនុស្ស និងគុណសម្បត្តិបានដល់ស្តង់ដារ ហើយក៏អាចទទួលយកសេចក្ដីពិត និងឆ្លងកាត់ការផ្លាស់ប្ដូរខ្លះដែរ នោះពួកគេអាចត្រូវបានដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់ ហើយជាលទ្ធផល ពួកគេនឹងទទួលបានឱកាសដើម្បីបំពាក់បំប៉នខ្លួនឯង ចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងដើរនៅលើផ្លូវទៅកាន់សេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍។ ហេតុដូច្នេះហើយ មិនថាដំណាក់របស់ព្រះជាម្ចាស់ដំឡើងតំណែងនរណាឱ្យធ្វើជាអ្នកដឹកនាំ អ្នកធ្វើការ ឬអ្នកត្រួតពិនិត្យក៏ដោយ គោលបំណងគឺមិនមែនដើម្បីផ្គាប់ចិត្តបំណងប្រាថ្នា និងមហិច្ឆតាផ្ទាល់ខ្លួនរបស់អ្នក ហើយក៏មិនមែនដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកដែរ ប៉ុន្តែគឺដើម្បីឱ្យអ្នកអាចដើរនៅលើផ្លូវនៃសេចក្ដីសង្គ្រោះ និងក្លាយជាមនុស្សម្នាក់ដែលបានគ្រប់លក្ខណ៍។

ចំពោះអស់អ្នកដែលមានបញ្ញាមិនសូវពេញលេញ ពួកគេក៏មានចិត្តចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អដែរ ហើយចង់ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេខ្វះប្រាជ្ញា មិនដឹងពីរបៀបធ្វើសកម្មភាពស្របតាមគោលការណ៍ ហើយមិនអាចមើលធ្លុះបញ្ហាណាមួយបានឡើយ។ នៅពេលណាមួយ ពួកគេជួបប្រទះនឹងការល្បួង ហើយធ្លាក់ចូលទៅក្នុងវា ហើយជាលទ្ធផល ពួកគេក្បត់ផលប្រយោជន៍របស់ក្រុមជំនុំ ក្បត់បងប្អូនប្រុសស្រី និងនាំមកនូវការខូចខាតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ តើយើងគួរដោះស្រាយ និងចាត់ទុកមនុស្សប្រភេទនេះដែលជាមនុស្សល្ងង់ខ្លៅ និងមានបញ្ញាមិនគ្រប់គ្រាន់ដោយរបៀបណា? ចំពោះមនុស្សល្ងង់ខ្លៅដែលខ្វះការយល់ដឹងខាងវិញ្ញាណ និងមានបញ្ញាមិនគ្រប់គ្រាន់បែបនេះ ពួកគេគ្រប់គ្នាគួរតែត្រូវបានដកចេញពីភារកិច្ច និងកែតម្រូវការចាត់តាំងភារកិច្ចរបស់ពួកគេ ហើយគ្មាននរណាម្នាក់អាចប្រើប្រាស់បានឡើយ។ ប្រសិនបើមនុស្សបែបនេះត្រូវបានប្រើប្រាស់ ពួកគេអាចនាំមកនូវបញ្ហាដល់កិច្ចការរបស់ក្រុមជំនុំគ្រប់ពេលវេលា ដែលមានមេរៀនជាច្រើនដូចនេះ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលខាងក្រៅមានលក្ខណៈជាមនុស្សខ្លះ ប៉ុន្តែពួកគេមិនអាចប្រកបគ្នាអំពីតថភាពនៃសេចក្ដីពិតណាមួយបានឡើយ។ ពួកគេបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំហើយ ប៉ុន្តែពួកគេនៅតែស្ថិតក្នុងសភាពបែបនេះដដែល។ ឫសគល់នៃបញ្ហានេះគួរតែត្រូវបានមើលឱ្យឃើញច្បាស់។ នេះគឺជាបញ្ហានៃគុណសម្បត្តិដែលអន់ខ្លាំងបំផុត និងការខ្វះការយល់ដឹងខាងវិញ្ញាណ។ មនុស្សបែបនេះនឹងមិនផ្លាស់ប្ដូរឡើយ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ហើយមិនបានរីកចម្រើនគួរឱ្យកត់សម្គាល់ឡើយ ទោះបីជាបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនក៏ដោយ។ ពួកគេអាចត្រឹមតែទុកមួយឡែក ដើម្បីធ្វើការបម្រើតាមវិធីតិចតួចណាក៏ដោយដែលពួកគេអាចធ្វើបាន។ តើនេះជាវិធីដោះស្រាយដ៏ល្អសម្រាប់ពួកគេមែនទេ? (មែនហើយ ល្អ)។ មនុស្សមួយចំនួនដែលមានបញ្ញាមិនគ្រប់គ្រាន់ និងគ្មានចំណុចខ្លាំង មិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះ ទោះបីជាបានអានព្រះបន្ទូលរបស់ទ្រង់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ហើយមិនយល់ពីសេចក្ដីអធិប្បាយ ទោះបីជាបានស្ដាប់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ តើការចែកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់មនុស្សបែបនេះនៅតែមានប្រយោជន៍ដែរឬទេ? (ទេ គ្មានប្រយោជន៍ទេ)។ សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនគួរត្រូវបានចែកដល់មនុស្សដែលមានបញ្ញាមិនគ្រប់គ្រាន់នោះទេ ពីព្រោះការធ្វើដូច្នេះគឺឥតប្រយោជន៍ ហើយស្មើនឹងការខ្ជះខ្ជាយ ហើយសៀវភៅណាដែលបានចែកដល់ពួកគេគួរតែត្រូវបានប្រមូលយកមកវិញភ្លាមៗ។ នេះមិនមែនដើម្បីដកហូតសិទ្ធិរបស់ពួកគេក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺដោយសារតែពួកគេខ្វះបញ្ញា។ ទោះបីជាមនុស្សបែបនេះរស់នៅក្នុងជីវិតក្រុមជំនុំក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានដែរ ហើយក៏មិនអាចបំពេញភារកិច្ចបានដែរ។ មនុស្សបែបនេះគឺជាមនុស្សសំរាម មែនទេ? អ្នករាល់គ្នាគួរតែដឹងពីរបៀបចាត់ចែងសំរាម។ មនុស្សមួយចំនួនមើលទៅខាងក្រៅដូចជាមនុស្សគ្មានល្បិច ប៉ុន្តែបញ្ញារបស់ពួកគេអន់ខ្លាំងបំផុត រហូតដល់ពួកគេមិនអាចធ្វើការងារកម្លាំងណាមួយបានត្រឹមត្រូវផង ហើយពួកគេធ្វើឱ្យខូចគ្រប់រឿងដែលពួកគេធ្វើ។ ប្រសិនបើគេឱ្យពួកគេធ្វើការងារអ្វីមួយ ពួកគេប្រាកដជាធ្វើឱ្យខូចអ្វីមួយជាមិនខាន ដូច្នេះមនុស្សបែបនេះមិនអាចប្រើប្រាស់បានទេ។ ប្រសិនបើអ្នកឱ្យពួកគេដងទឹកមួយធុង ពួកគេនឹងធ្វើឱ្យកំពប់ប្រេងមួយដប។ ប្រសិនបើអ្នកឱ្យពួកគេលាងចានគោមមួយ ពួកគេនឹងធ្វើឱ្យបែកចានសំប៉ែតមួយ។ ប្រសិនបើអ្នកឱ្យពួកគេធ្វើម្ហូប ពួកគេនឹងធ្វើច្រើនពេក ឬតិចពេក ឬក៏ប្រៃពេក ឬសាបពេក។ ពួកគេពិតជាដាក់ចិត្តធ្វើការមែន ប៉ុន្តែទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចធ្វើវាបានល្អដែរ ហើយពួកគេថែមទាំងមិនអាចធ្វើការងារដែលប្រើកម្លាំងបានល្អផង។ តើមនុស្សបែបនេះអាចប្រើប្រាស់បានដែរឬទេ? (ទេ)។ ដូច្នេះ ប្រសិនបើពួកគេមិនអាចប្រើប្រាស់បាន តើគួរឱ្យពួកគេធ្វើអ្វី? តើវាមានន័យថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យជឿលើព្រះជាម្ចាស់ ហើយថាដំណាក់របស់ព្រះជាម្ចាស់មិនចង់បានពួកគេទេឬ? ទេ មិនមែនដូច្នោះទេ។ គ្រាន់តែកុំឱ្យពួកគេបំពេញភារកិច្ច។ ប្រសិនបើពួកគេមិនធ្វើរឿងដែលស្ថិតនៅក្នុងវិសាលភាពនៃជីវិតមនុស្សធម្មតាបានត្រឹមត្រូវ ដែលរួមមានរឿងសាមញ្ញៗប្រចាំថ្ងៃ និងកិច្ចការជាប្រចាំនៃជីវិតប្រចាំថ្ងៃ ឬពួកគេគ្មានសមត្ថភាពធ្វើរឿងទាំងនេះទេ នោះពួកគេមិនស័ក្តិសមនឹងបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។

ទោះបីជាមនុស្សមួយចំនួនគ្មានភាពជាមនុស្សល្អ ឬទេពកោសល្យពិសេសណាមួយ ហើយក៏មិនអាចបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំបានដែរ ក៏ពួកគេនៅតែអាចធ្វើការងារកម្លាំងខ្លះបានដែរ។ ឧទាហរណ៍ ការចិញ្ចឹមមាន់និងទា ការចិញ្ចឹមជ្រូក និងការមើលថែចៀម គឺជាការងារដែលពួកគេអាចធ្វើបានល្អ។ ប្រសិនបើអ្នកប្រគល់ការងារសាមញ្ញមួយឱ្យពួកគេ ពួកគេអាចធ្វើវាបានល្អ ដរាបណាពួកគេដាក់ចិត្តធ្វើវា ហើយដូច្នេះ មនុស្សបែបនេះអាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ ទោះបីជាវាជាការងារតែមួយមុខ និងសាមញ្ញក៏ដោយ ក៏ពួកគេអាចដាក់ចិត្តធ្វើវា និងបំពេញការទទួលខុសត្រូវ ហើយពួកគេក៏អាចតម្រូវខ្លួនឯងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតដែរ។ មិនថាការងារនោះធំឬតូច ឬសំខាន់ឬមិនសំខាន់ក៏ដោយ សរុបមក ពួកគេអាចធ្វើការងារតែមួយមុខដែលបានប្រគល់ឱ្យពួកគេបានល្អ។ ពួកគេមិនត្រឹមតែអាចចិញ្ចឹមមាន់បានល្អដើម្បីឱ្យវាពងបានធម្មតាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចការពារមាន់មិនឱ្យឆ្កែព្រៃពាំយកទៅបាត់ដែរ។ ប្រសិនបើពួកគេឮសំឡេងឆ្កែព្រៃលូ ពួកគេនឹងប្រាប់អ្នកដឹកនាំរបស់ពួកគេភ្លាមៗ ដោយព្យាយាមបញ្ចៀសមិនឱ្យមានការខុសឆ្គងណាមួយនៅក្នុងការបំពេញការងារ និងភារកិច្ចដែលដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេឡើយ។ ប្រសិនបើពួកគេធ្វើការបែបនេះ នោះពួកគេគឺមានការលះបង់គួរសម ហើយនេះចាត់ទុកថាជាការដែលអាចបំពេញការទទួលខុសត្រូវរបស់ពួកគេ និងធ្វើការងារបានល្អ។ ចំពោះរឿងផ្សេងៗទៀត ដូចជាជីវិតផ្ទាល់ខ្លួន របៀបប្រព្រឹត្តខ្លួន និងការដោះស្រាយបញ្ហា គឺពួកគេមានចំណុចខ្វះខាតខ្លះ។ ឧទាហរណ៍ ពួកគេមិនដឹងពីរបៀបប្រាស្រ័យទាក់ទង និងជជែកជាមួយអ្នកដទៃ ឬពីរបៀបប្រកបគ្នាអំពីសភាពរបស់ពួកគេជាមួយអ្នកដទៃ ហើយពេលខ្លះឆាប់មួរម៉ៅ។ តើនេះចាត់ទុកថាជាបញ្ហាដែរឬទេ? តើវាមិនអីទេឬដែលមិនប្រើពួកគេដោយសារបញ្ហាទាំងនេះនោះ(ទេ មិនអីទេ)។ មនុស្សមួយចំនួនមានអនាម័យផ្ទាល់ខ្លួនមិនល្អ ពួកគេមិនកក់សក់យ៉ាងហោចណាស់ដប់ថ្ងៃ ហើយជាទូទៅពួកគេមានក្លិនមិនល្អ។ អ្នកផ្សេងទៀតធ្វើឱ្យមានសំឡេងខ្លាំងៗពេលកំពុងហូបចុក និងផឹក ខណៈពេលដែលអ្នកនៅជុំវិញពួកគេកំពុងសម្រាក ហើយក៏មានសំឡេងខ្លាំងៗនៅពេលផ្សេងទៀតដែរ ដូចជានៅពេលដើរ បិទទ្វារ និងនិយាយស្ដី ដែលពួកគេគ្មានការអប់រំ និងគ្មានមារយាទ។ តើមនុស្សបែបនេះគួរត្រូវបានដោះស្រាយដោយរបៀបណា? មនុស្សគ្រប់គ្នាត្រូវតែចេះយោគយល់ ជួយនិងគាំទ្រពួកគេដោយចិត្តស្រឡាញ់ ប្រកបគ្នាជាមួយពួកគេអំពីន័យនៃភាពជាមនុស្សធម្មតា ហើយអនុញ្ញាតឱ្យពួកគេផ្លាស់ប្ដូរបន្តិចម្ដងៗ។ ដោយសារអ្នករាល់គ្នានៅជាមួយគ្នា អ្នកត្រូវតែរៀនសម្របសម្រួលគ្នាទៅវិញទៅមក។ មនុស្សបែបនេះអាចប្រើប្រាស់បាន ដរាបណាពួកគេអាចធ្វើការងាររបស់ពួកគេបានត្រឹមត្រូវ និងទទួលខុសត្រូវលើការងារនោះ ហើយមិនធ្វើអ្វីដែលបង្កការបង្អាក់ និងការរំខាន។ មនុស្សមួយចំនួនឆ្លាត មានគុណសម្បត្តិល្អ និងធ្វើការដោយឧស្សាហ៍ព្យាយាម ហើយពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេ និងធ្វើបានល្អក្នុងការងារដែលបានប្រគល់ឱ្យពួកគេ ដូច្នេះពួកគេអាចត្រូវបានបណ្ដុះបណ្ដាល និងប្រើប្រាស់។ ប៉ុន្តែមនុស្សមួយចំនួនមានគុណសម្បត្តិអន់ខ្លាំងបំផុត រហូតដល់ពួកគេមិនអាចធ្វើការងារតែមួយមុខបានល្អផង។ ពួកគេអាចត្រឹមតែចិញ្ចឹមមាន់បានគ្រាន់បើប៉ុណ្ណោះ ប៉ុន្តែប្រសិនបើពួកគេត្រូវចិញ្ចឹមទា និងក្ងានផងដែរ ពួកគេនឹងច្របូកច្របល់ ហើយមិនដឹងពីរបៀបធ្វើវាឡើយ។ មិនមែនថាពួកគេមិនចង់ធ្វើវាឱ្យបានល្អនោះទេ ប៉ុន្តែគុណសម្បត្តិរបស់ពួកគេអន់ពេក។ សមត្ថភាពខួរក្បាលរបស់ពួកគេមានកម្រិត ពួកគេចេះតែធ្វើការងារមួយមុខប៉ុណ្ណោះ ហើយប្រសិនបើឱ្យពួកគេធ្វើការងារមួយមុខទៀត វាលើសពីសមត្ថភាពរបស់ពួកគេហើយ។ ពួកគេមិនដឹងពីរបៀបរៀបចំផែនការទេ ដូច្នេះពួកគេគ្រាន់តែធ្វើឱ្យខូចការប៉ុណ្ណោះ។ មនុស្សបែបនេះគឺស័ក្តិសមសម្រាប់តែធ្វើការងារម្ដងមួយមុខប៉ុណ្ណោះ។ កុំប្រគល់ការងារច្រើនមុខឱ្យពួកគេ ពីព្រោះពួកគេនឹងគ្មានសមត្ថភាពទទួលខុសត្រូវលើការងារទាំងនោះឡើយ។ កុំគិតថាប្រសិនបើពួកគេអាចធ្វើការងារមួយបានល្អ ពួកគេប្រាកដជាអាចធ្វើការងារពីរឬបីបានដែរ នេះមិនប្រាកដថាដូច្នោះទេ ហើយវាអាស្រ័យលើគុណសម្បត្តិរបស់ពួកគេ។ ចូរឱ្យពួកគេសាកល្បងធ្វើការងារពីរមុខសិន។ ប្រសិនបើពួកគេមានគុណសម្បត្តិល្អ ហើយអាចទទួលខុសត្រូវវាបាន នោះអ្នកអាចរៀបចំឱ្យពួកគេតាមរបៀបនេះ។ ប្រសិនបើពួកគេមិនអាចធ្វើការងារពីរមុខព្រមគ្នាបានល្អ ហើយធ្វើឱ្យខូចការ នោះ មានន័យថាវាលើសពីគុណសម្បត្តិរបស់ពួកគេហើយ ដូច្នេះអ្នកត្រូវតែដកការងារទីពីររបស់ពួកគេចេញភ្លាមៗ។ នេះក៏ព្រោះតែតាមរយៈការសង្កេត និងការសាកល្បង អ្នកបានរកឃើញថាពួកគេគឺស័ក្តិសមសម្រាប់តែធ្វើការងារម្ដងមួយមុខប៉ុណ្ណោះ ជាជាងការធ្វើការងារច្រើនមុខដែលស្មុគស្មាញ ហើយថាពួកគេគ្មានគុណសម្បត្តិសម្រាប់រឿងនេះទេ។ មនុស្សមួយចំនួនឆ្លាតគួរសម និងមានគុណសម្បត្តិល្អគួរសម ហើយប្រសិនបើអ្នកប្រគល់ការងារច្រើនមុខឱ្យពួកគេធ្វើ ពួកគេអាចធ្វើវាបានល្អ។ ឧទាហរណ៍ ប្រសិនបើអ្នកឱ្យពួកគេធ្វើម្ហូប ចិញ្ចឹមកូនមាន់ និងគ្រប់គ្រងសួនបន្លែ ពួកគេអាចរៀបចំអាហារបានទាន់ពេលរាល់ថ្ងៃ ព្រមទាំងគ្រប់គ្រងសួនបន្លែនៅពេលទំនេរ ស្រោចទឹក និងដកស្មៅក្នុងសួនបានភ្លាមៗ ហើយចិញ្ចឹមកូនមាន់បានទាន់ពេល។ មនុស្សមួយចំនួនអាចនិយាយថា៖ «ដោយសារពួកគេមានគុណសម្បត្តិនេះ ចូរឱ្យពួកគេទទួលខុសត្រូវលើកិច្ចការរបស់ក្រុមជំនុំ និងធ្វើជាអ្នកដឹកនាំក្រុមជំនុំផងដែរ»។ តើដូច្នោះបានដែរឬទេ? ទោះបីជាពួកគេមានសមត្ថភាពទទួលខុសត្រូវលើការងារប្រើកម្លាំង និងកិច្ចការប្រចាំថ្ងៃខ្លះក៏ដោយ នៅពេលនិយាយដល់ការធ្វើជាអ្នកដឹកនាំក្រុមជំនុំ នោះតម្រូវឱ្យមានការវាយតម្លៃដោយឡែក។ វាមិនមែនជារឿងដែលអាចវាស់វែងដោយផ្អែកលើការដែលពួកគេធ្វើការងារសាមញ្ញៗខាងក្រៅទាំងនេះបានទេ។ នោះក៏ព្រោះតែការធ្វើជាអ្នកដឹកនាំក្រុមជំនុំមិនមែនជាការងារប្រើកម្លាំងទេ វាត្រូវតែវាស់វែងដោយគោលការណ៍នៃការដឹកនាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សម្នាក់នេះមានគុណសម្បត្តិ និងទេពកោសល្យក្នុងការធ្វើជាអ្នកដឹកនាំក្រុមជំនុំ ហើយភាពជាមនុស្សរបស់ពួកគេល្អគួរសម វានឹងមិនសមរម្យទេដែលអ្នកប្រគល់ឱ្យពួកគេធ្វើការងារខាងក្រៅ នោះហៅថាការប្រើមនុស្សខុស។ យ៉ាងច្រើនបំផុត អ្នកដឹកនាំក្រុមជំនុំអាចធ្វើការងារបន្ទាប់បន្សំមួយមុខទៀតដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ ហើយយកចិត្តទុកដាក់នឹងវាបន្តិចបន្តួចនៅពេលណាដែលពួកគេមិនរវល់ ដែលនេះនឹងមិនធ្វើឱ្យពួកគេអស់កម្លាំងឡើយ។ នៅពេលនិយាយដល់កិច្ចការតូចតាចប្រចាំថ្ងៃ និងការងារប្រើកម្លាំងទាំងនេះ មនុស្សអាចធ្វើវាបានច្រើនតាមដែលពួកគេអាចធ្វើបាន។ តើមាននរណាម្នាក់ដែលអាចទទួលខុសត្រូវលើការងារទាំងអស់នោះបានដែរឬទេ? តើមាននរណាម្នាក់ដែលមានគុណសម្បត្តិបែបនេះដែរឬទេ? (ទេ)។ ប្រហែលជាគុណសម្បត្តិ និងសមត្ថភាពរបស់ពួកគេគ្រប់គ្រាន់ហើយ ប៉ុន្តែមានរឿងមួយដែលពួកគេនឹងគ្មានគ្រប់គ្រាន់នោះទេ គឺថាមពល។ មនុស្សគឺមិនអមតៈទេ ថាមពលរបស់ពួកគេមានកម្រិត ហើយចំនួនការងារដែលពួកគេអាចទទួលខុសត្រូវក៏មានកម្រិតដែរ។ មនុស្សដែលមានថាមពលខ្លាំងអាចធ្វើការបានរហូតដល់ ១២ ម៉ោងក្នុងមួយថ្ងៃ រីឯមនុស្សដែលមានថាមពលមធ្យមអាចធ្វើការបានធម្មតា ៨ ម៉ោង ហើយមនុស្សដែលមានថាមពលខ្សោយអាចធ្វើការបានត្រឹមតែ ៤ ឬ ៥ ម៉ោងប៉ុណ្ណោះ។ ហេតុដូច្នេះហើយ មិនថាអ្នកប្រើប្រាស់មនុស្សម្នាក់ឱ្យធ្វើការងារប្រើកម្លាំង កិច្ចការដឹកនាំក្រុមជំនុំ ឬការងារដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈក៏ដោយ អ្នកត្រូវតែពិចារណាថាតើពួកគេស័ក្តិសមបំផុតនឹងអ្វី ហើយបន្ទាប់ពីប្រគល់ការងារដែលសមស្របបំផុតឱ្យពួកគេហើយ ប្រសិនបើពួកគេមិនអាចធ្វើវាបានទេ ចូរប្រគល់ឱ្យពួកគេនូវអ្វីផ្សេងទៀត។ ប្រសិនបើអ្នកមិនប្រគល់ការងារឱ្យពួកគេស្របតាមអ្វីដែលពួកគេស័ក្តិសមបំផុតក្នុងការធ្វើទេ នេះគឺជាកំហុសនៅក្នុងរបៀបដែលអ្នកប្រើប្រាស់មនុស្ស។ ចំពោះមនុស្សទាំងឡាយណាដែលមិនអាចត្រូវបានផ្ដល់អាទិភាពសម្រាប់ការដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់ ទោះបីជាពួកគេត្រូវបានស្នើសុំឱ្យធ្វើការងារប្រើកម្លាំងក៏ដោយ ក៏ពួកគេត្រូវតែត្រូវបានចាត់តាំងឱ្យធ្វើការងារទាំងនេះដោយផ្អែកលើគុណសម្បត្តិ និងសមត្ថភាពរបស់ពួកគេដែរ។ ប្រសិនបើ ក្នុងពេលជាមួយគ្នាដែលពួកគេធ្វើការងារដែលបានចាត់តាំងមួយមុខរបស់ពួកគេបានល្អ ពួកគេនៅតែអាចធ្វើការងារផ្សេងទៀតបាន នោះពួកគេអាចត្រូវបានស្នើសុំឱ្យធ្វើការងារប្រើកម្លាំងផ្សេងទៀតពីរបីមុខក្រៅម៉ោង ដរាបណាវាមិនប៉ះពាល់ដល់ការងារចម្បងរបស់ពួកគេ។ មនុស្សមួយចំនួនមានកម្លាំងកាយមាំមួន ហើយអាចធ្វើការងារបីមុខបន្តបន្ទាប់គ្នាបាន។ បន្ទាប់ពីបញ្ចប់ការងារមួយមុខហើយ ពួកគេនៅមានកម្លាំងគ្រប់គ្រាន់ ហើយពួកគេទំនេរភាគច្រើន។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយគឺភ្នែកងងឹត ហើយមិនចេះបែងចែកការងារ ហើយមិនបានដឹងថានេះជាបញ្ហាទេ ដូច្នេះពួកគេចាត់តាំងមនុស្សទាំងនោះឱ្យធ្វើការងារតែមួយមុខប៉ុណ្ណោះ ដែលនេះគឺជាកំហុសមួយ។

អម្បាញ់មិញនេះ ខ្ញុំបាននិយាយអំពីមនុស្សដែលមានបញ្ញាមិនគ្រប់គ្រាន់ ដែលគ្មានជំនាញពិសេស ហើយអាចត្រឹមតែធ្វើការងារប្រើកម្លាំងប៉ុណ្ណោះ។ ក៏មានមនុស្សដែលមានជំងឺ ហើយមិនអាចសូម្បីតែធ្វើការងារប្រើកម្លាំងបានដែរ ហើយដែលឈឺក្បាល ឈឺក្រពះ ឬឈឺខ្នង នៅពេលណាដែលពួកគេធ្វើអ្វីមួយដែលប្រើកម្លាំងបន្តិចបន្តួច។ តើគួរធ្វើដូចម្ដេចចំពោះការចាត់តាំងភារកិច្ចដល់មនុស្សប្រភេទនេះ ប្រសិនបើពួកគេស័ក្តិសមនឹងបំពេញភារកិច្ច? គេត្រូវតែពិនិត្យមើលទិដ្ឋភាពផ្សេងៗ ដូចជាស្ថានភាពសុខភាពរបស់ពួកគេ ហើយក៏ភាពជាមនុស្ស និងគុណសម្បត្តិរបស់ពួកគេដែរ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាតើពួកគេស័ក្តិសមនឹងបំពេញភារកិច្ចអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើសុខភាពរបស់ពួកគេអន់ខ្លាំង រហូតដល់ពួកគេមិនអាចធ្វើការងារអ្វីបាន ហើយត្រូវសម្រាកបន្ទាប់ពីធ្វើការមួយរយៈ ហើយក៏ត្រូវការនរណាម្នាក់មើលថែដែរ ប្រសិនបើពួកគេមិនអាចបំពេញភារកិច្ចបានត្រឹមត្រូវដោយខ្លួនឯង ហើយត្រូវចាត់តាំងនរណាម្នាក់ឱ្យមើលថែពួកគេ នោះគឺពិតជាមិនសមតម្លៃសោះឡើយ។ មនុស្សបែបនេះមិនស័ក្តិសមនឹងបំពេញភារកិច្ចទេ ដូច្នេះចូរឱ្យពួកគេទៅផ្ទះ ហើយសម្រាកព្យាបាលចុះ។ ទោះជាអ្នកធ្វើអ្វីក៏ដោយ កុំប្រើប្រាស់នរណាម្នាក់ដែលឈឺធ្ងន់ធ្ងរ រហូតដល់ខ្យល់បក់មួយវឹបអាចធ្វើឱ្យពួកគេដួលបានឡើយ។ ប្រសិនបើសុខភាពរបស់ពួកគេមិនអន់ពេកទេ ហើយគ្រាន់តែថាពួកគេឈឺក្រពះប្រសិនបើពួកគេហូបខុស ឬពួកគេឈឺក្បាលប្រសិនបើពួកគេប្រើខួរក្បាលច្រើនពេក ដូច្នេះពួកគេអាចត្រឹមតែធ្វើការតិចជាងមនុស្សធម្មតាបីឬបួនម៉ោង ឬធ្វើការបានពាក់កណ្ដាលនៃការងាររបស់មនុស្សធម្មតា នោះមនុស្សបែបនេះនៅតែអាចប្រើប្រាស់បាន ដរាបណាពួកគេបំពេញលក្ខខណ្ឌផ្សេងទៀត។ លុះត្រាតែពួកគេលើកឡើងដោយខ្លួនឯង ហើយនិយាយថា៖ «សុខភាពរបស់ខ្ញុំអន់ពេកមិនអាចទ្រាំទ្រនឹងការលំបាកនេះបានទេ។ ខ្ញុំចង់ទៅផ្ទះដើម្បីសម្រាកព្យាបាល។ នៅពេលដែលខ្ញុំជាសះស្បើយ ខ្ញុំនឹងត្រឡប់មកបំពេញភារកិច្ចរបស់ខ្ញុំវិញ» ពេលនោះ ចូរយល់ព្រមភ្លាមៗ ហើយកុំព្យាយាមនិយាយបញ្ចុះបញ្ចូលពួកគេឡើយ។ វានឹងគ្មានប្រសិទ្ធភាពទេ ទោះបីជាអ្នកធ្វើវាក៏ដោយ។ មានពាក្យមួយពោលថា៖ «ផ្លែឈើដែលបង្ខំឱ្យទុំគឺវាជូរ»។ ជំនឿ ការប្ដេជ្ញាចិត្ត និងការដេញតាមរបស់មនុស្សគ្រប់គ្នាគឺខុសៗគ្នា។ មនុស្សមួយចំនួនអាចនិយាយថា៖ «តើមិនមែនគ្រាន់តែថាពេលខ្លះពួកគេមានអារម្មណ៍មិនស្រួលខ្លួនបន្តិចបន្តួច និងខ្សោយកម្លាំងបន្តិចបន្តួចទេឬ? មនុស្សអាចមានអារម្មណ៍មិនស្រួលខ្លួនប្រសិនបើពួកគេហូបខុស ប៉ុន្តែពីរថ្ងៃបន្ទាប់ ពួកគេនឹងបានធូរស្បើយហើយ។ តើចាំបាច់ឱ្យពួកគេទៅផ្ទះ ហើយសម្រាកព្យាបាលដែរឬទេ? តើការឈឺក្បាល និងវិលមុខរបស់ពួកគេនឹងមិនបាត់ទៅវិញទេឬ បន្ទាប់ពីបានគេងលក់ស្កប់ស្កល់មួយយប់? តើពេលនោះពួកគេមិនអាចធ្វើការធម្មតាបានទេឬ? តើវាជារឿងធំដុំអី?» វាប្រហែលជាមិនមែនជារឿងធំដុំសម្រាប់អ្នកទេ ប៉ុន្តែមនុស្សមួយចំនួនគឺខុសពីអ្នកដទៃ បើនិយាយពីកម្រិតដែលពួកគេស្រឡាញ់សាច់ឈាមរបស់ពួកគេ ហើយមនុស្សមួយចំនួនពិតជាមានបញ្ហាសុខភាពមែន។ ក្នុងករណីបែបនេះ ប្រសិនបើពួកគេដាក់សំណើសុំត្រឡប់ទៅផ្ទះដើម្បីសម្រាក និងព្យាបាល ក្រុមជំនុំគួរតែយល់ព្រមជាបន្ទាន់ កុំទាមទារពីពួកគេ កុំធ្វើឱ្យពួកគេពិបាក ហើយជាពិសេស កុំព្យាយាមនិយាយបញ្ចុះបញ្ចូលពួកគេឡើយ។ អ្នកដឹកនាំក្លែងក្លាយមួយចំនួនតែងតែនិយាយបញ្ចុះបញ្ចូលមនុស្សបែបនេះ ដោយនិយាយថា៖ «ចូរមើលថាតើកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់កម្រិតណាហើយនៅពេលនេះ។ គ្រោះមហន្តរាយកាន់តែធំទៅៗ ព្រះចន្ទពណ៌ឈាមទាំងបួនបានលេចចេញមកហើយ ហើយឥឡូវនេះ ជំងឺរាតត្បាតគឺរីករាលដាលខ្លាំង រហូតដល់អ្នកមិនជឿគ្មានផ្លូវរស់រានមានជីវិតឡើយ! អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ កំពុងបំពេញភារកិច្ចរបស់អ្នក និងទទួលព្រះគុណរបស់ព្រះជាម្ចាស់ អ្នកនឹងមិនប្រឈមនឹងគ្រោះថ្នាក់ ហើយអ្នកក៏អាចទទួលបានសេចក្ដីពិត និងជីវិតដែរ ដែលនោះគឺជាព្រះពរដ៏អស្ចារ្យណាស់! បញ្ហាតូចតាចដែលអ្នកមាននេះគឺគ្មានអ្វីសោះ។ អ្នកត្រូវតែយកឈ្នះវា ហើយអធិដ្ឋានដល់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជានឹងប្រោសអ្នកឱ្យជាសះស្បើយជាក់ជាមិនខាន។ គ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ រៀនចម្រៀងពីរបីបទទៀត ហើយជំងឺរបស់អ្នកនឹងបានធូរស្បើយដោយឯកឯង ប្រសិនបើអ្នកមិនគិតពីវា។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានចែងថា « ដើម្បីរស់នៅក្នុងជំងឺគឺត្រូវតែឈឺ» ទេឬ? ឥឡូវនេះ អ្នកកំពុងរស់នៅក្នុងជំងឺ។ ប្រសិនបើអ្នកនៅតែគិតអំពីរឿងឈឺ នោះជំងឺនឹងកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមិនគិតពីវាទេ នោះជំងឺរបស់អ្នកនឹងបាត់ទៅវិញ មែនទេ? តាមរបៀបនោះ អ្នកនឹងរីកចម្រើនក្នុងជំនឿ ហើយអ្នកនឹងមិនចង់ទៅផ្ទះដើម្បីសម្រាកទេ។ ការដែលអ្នកទៅផ្ទះដើម្បីសម្រាក គឺហៅថាការស្រឡាញ់ការស្រណុកសុខស្រួលខាងសាច់ឈាម»។ កុំព្យាយាមនិយាយបញ្ចុះបញ្ចូលពួកគេ គឺជារឿងល្ងង់ខ្លៅណាស់ដែលធ្វើដូច្នេះ។ ពួកគេមិនអាចសូម្បីតែតស៊ូឆ្លងកាត់ការមិនស្រួលខ្លួនបណ្ដោះអាសន្នបន្តិចបន្តួច ហើយគ្រាន់តែចង់ទៅផ្ទះដើម្បីសម្រាក ហើយមិនអាចសូម្បីតែឆ្លងផុតការលំបាកតូចតាច ដែលបញ្ជាក់ថាពួកគេមិនបានបំពេញភារកិច្ចរបស់ពួកគេដោយស្មោះអស់ពីចិត្តនោះទេ។ តាមពិតទៅ មនុស្សប្រភេទនេះគ្មានបំណងបំពេញភារកិច្ចរបស់ពួកគេក្នុងរយៈពេលវែងនោះទេ ពួកគេមិនធ្វើវាដោយចិត្តស្មោះសរណាមួយឡើយ មិនសុខចិត្តបង់ថ្លៃ ហើយឥឡូវនេះ ពួកគេទីបំផុតបានរកឃើញឱកាស និងលេសដើម្បីដោះខ្លួនឱ្យរួចស្រឡះ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងត្រេកអរដែលពួកគេឆ្លាតណាស់ ហើយថាជំងឺនេះបានមកដល់ត្រូវពេលល្អ។ ដូច្នេះ ទោះជាអ្នកធ្វើអ្វីក៏ដោយ កុំឃាត់ឱ្យពួកគេនៅ។ ពួកគេនឹងស្អប់នរណាម្នាក់ដែលព្យាយាមឃាត់ឱ្យពួកគេនៅ ហើយពួកគេនឹងដាក់បណ្ដាសាក្នុងចិត្តចំពោះនរណាម្នាក់ដែលព្យាយាមនិយាយបញ្ចុះបញ្ចូលពួកគេ។ តើអ្នកមិនយល់ពីរឿងនេះទេឬ? ពិតណាស់ មនុស្សមួយចំនួនពិតជាឈឺមែន ហើយឈឺមកជាយូរហើយ ហើយខ្លាចថាប្រសិនបើពួកគេនៅតែបន្តទៀត ជីវិតរបស់ពួកគេនឹងមានគ្រោះថ្នាក់។ ពួកគេមិនចង់នាំមកនូវបញ្ហាណាមួយដល់ដំណាក់របស់ព្រះជាម្ចាស់ ឬប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកដទៃឡើយ។ ពួកគេមានអារម្មណ៍ថា នៅពេលដែលសុខភាពរបស់ពួកគេទ្រុឌទ្រោម ពួកគេនឹងត្រូវពឹងផ្អែកលើបងប្អូនប្រុសស្រីដើម្បីមើលថែពួកគេ ហើយពួកគេមានអារម្មណ៍មិនល្អដែលធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់មើលថែពួកគេ ដូច្នេះដោយឈ្លាសវៃ ពួកគេក៏សុំច្បាប់ដោយខ្លួនឯង។ តើស្ថានភាពនេះគួរដោះស្រាយដោយរបៀបណា? ដូចគ្នាដែរ គឺដោយឱ្យពួកគេទៅផ្ទះ ហើយសម្រាកដោយគ្មានការបង្អង់យូរ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្លាចបញ្ហាទេ គឺគ្រាន់តែមិនចង់បង្ខំមនុស្សឱ្យធ្វើអ្វីមួយផ្ទុយពីឆន្ទៈរបស់ពួកគេប៉ុណ្ណោះ។ លើសពីនេះទៅទៀត មនុស្សគ្រប់គ្នាមានការលំបាកផ្ទាល់ខ្លួន និងពិតប្រាកដខ្លះ។ មនុស្សដែលរស់នៅក្នុងសាច់ឈាមសុទ្ធតែឈឺ ហើយជំងឺខាងសាច់ឈាមគឺជាបញ្ហាដែលមាននៅក្នុងការពិត យើងគោរពការពិត។ មនុស្សមួយចំនួនពិតជាមិនអាចបំពេញភារកិច្ចរបស់ពួកគេបានទេ ដោយសារតែមានសុខភាពឈឺធ្ងន់ធ្ងរ ហើយប្រសិនបើពួកគេត្រូវការឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ភាពងាយស្រួលដល់ពួកគេ ឬពួកគេត្រូវការឱ្យបងប្អូនប្រុសស្រីផ្ដល់ឱសថ ឬផ្ដល់ការណែនាំអំពីការព្យាបាលខ្លះ ដំណាក់របស់ព្រះជាម្ចាស់នឹងរីករាយក្នុងការផ្ដល់របស់ទាំងនេះ។ ប្រសិនបើពួកគេមិនចង់បង្កការលំបាកដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេមានប្រាក់ មធ្យោបាយ និងលទ្ធភាពដើម្បីទៅព្យាបាលជំងឺរបស់ពួកគេ នោះក៏មិនអីដែរ។ សរុបមក ប្រសិនបើគឺដោយសារតែសុខភាពរបស់ពួកគេមិនអនុញ្ញាតឱ្យពួកគេបន្តបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬបន្តត្រូវបានបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេអាចដាក់សំណើដោយសមហេតុផលបាន ហើយដំណាក់របស់ព្រះជាម្ចាស់នឹងយល់ព្រមភ្លាមៗ។ គ្មាននរណាម្នាក់គួរនិយាយបញ្ចុះបញ្ចូលពួកគេ ឬដាក់ការទាមទារឡើយ ព្រោះនោះគឺមិនសមរម្យ និងគ្មានតម្រិះប្រកបដោយវិចារណញាណ។ ទាំងនេះគឺជាការរៀបចំដែលត្រូវបានធ្វើឡើងសម្រាប់មនុស្សប្រភេទនេះ។

របៀបប្រព្រឹត្តចំពោះប្រភេទមនុស្សពិសេសមួយចំនួន

I. របៀបប្រព្រឹត្តចំពោះមនុស្សដែលមិនចូលរួមបំពេញកិច្ចការរបស់ខ្លួនឱ្យបានត្រឹមត្រូវ

មនុស្សមួយចំនួនមានភាពជាមនុស្សល្អបង្គួរ ពួកគេមានចំណុចខ្លាំង និងមានប្រាជ្ញាឈ្លាសវៃ ការនិយាយស្ដីរបស់ពួកគេក៏ធម្មតា ជាទូទៅពួកគេមានសុទិដ្ឋិនិយមណាស់ ហើយពួកគេសកម្មណាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេមានចំណុចខ្វះខាតមួយ នោះគឺពួកគេមានមនោសញ្ចេតនាខ្លាំង។ នៅពេលដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងក្រុមជំនុំ ពួកគេតែងតែនឹករឭកដល់គ្រួសារ និងសាច់ញាតិរបស់ពួកគេជានិច្ច ឬក៏ពួកគេតែងតែគិតអំពីការហូបអាហារឆ្ងាញ់ៗនៅឯស្រុកកំណើតរបស់ពួកគេ ហើយការដែលមិនអាចហូបបានធ្វើឱ្យពួកគេឈឺចាប់ ដែលជាហេតុប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេ។ មានមនុស្សមួយប្រភេទទៀត ដែលចូលចិត្តរស់នៅតែម្នាក់ឯងក្នុងកន្លែងមួយ ដោយមានគម្លាតផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលពួកគេនៅជាមួយបងប្អូនប្រុសស្រី ពួកគេមានអារម្មណ៍ថា ចង្វាក់នៃការងារគឺលឿនពេក ហើយថាពួកគេគ្មានគម្លាតរស់នៅផ្ទាល់ខ្លួន។ ពួកគេមានអារម្មណ៍ថាមានសម្ពាធជានិច្ច ហើយតែងតែមានអារម្មណ៍ថាមានការរឹតត្បិត និងមិនស្រណុកសុខស្រួលក្នុងការរស់នៅជាមួយបងប្អូនប្រុសស្រី។ ពួកគេតែងតែចង់ធ្វើអ្វីតាមតែអំពើចិត្ត និងមានសេរីភាពក្នុងការបណ្ដោយខ្លួន។ ពួកគេមិនចង់បំពេញភារកិច្ចរបស់ខ្លួនរួមគ្នាជាមួយអ្នករាល់គ្នាផ្សេងទៀតឡើយ ហើយពួកគេតែងតែគិតអំពីការត្រឡប់ទៅផ្ទះវិញជានិច្ច។ ពួកគេតែងតែយល់ថា ការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់គឺជារឿងមិនគួរឱ្យរីករាយ។ ទោះបីជាបងប្អូនប្រុសស្រីងាយស្រួលចុះសម្រុងជាមួយ ហើយគ្មាននរណាម្នាក់ធ្វើបាបពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមានការលំបាកខ្លះដែរក្នុងការអនុវត្តតាមកាលវិភាគការងារ និងការសម្រាក បន្ទាប់ពីមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកនៅពេលព្រឹក ពួកគេចង់គេងបន្ត ប៉ុន្តែពួកគេមានអារម្មណ៍ខ្មាសអៀនក្នុងការធ្វើដូច្នេះ ហើយនៅពេលដែលអ្នកផ្សេងទៀតកំពុងសម្រាកនៅពេលយប់ ពួកគេមិនចង់ចូលគេងទេ ហើយតែងតែចង់ធ្វើអ្វីមួយដែលពួកគេចាប់អារម្មណ៍។ ពេលខ្លះមានអ្វីមួយជាពិសេសដែលពួកគេពិតជាចង់ហូប ប៉ុន្តែវាមិនមាននៅក្នុងអាហារដ្ឋានទេ ហើយពួកគេខ្មាសអៀនពេកក្នុងការស្នើសុំវា។ ពេលខ្លះពួកគេចង់ដើរលេង ប៉ុន្តែគ្មាននរណាម្នាក់ផ្សេងទៀតសុំធ្វើរឿងនេះទេ ដូច្នេះពួកគេមិនហ៊ានបណ្ដោយខ្លួនឡើយ។ ពួកគេតែងតែប្រយ័ត្នប្រយែង និងប្រុងប្រយ័ត្ន ហើយខ្លាចគេសើចចំអក មើលងាយ ឬហៅថាដូចកូនក្មេង។ ប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ ពេលខ្លះពួកគេត្រូវបានគេលួសកាត់។ ពួកគេមានអារម្មណ៍ថាជារៀងរាល់ថ្ងៃ ពួកគេរស់នៅទាំងភ័យខ្លាច ដូចជាកំពុងដើរលើទឹកកកស្ដើង ហើយពួកគេពិតជាមិនសប្បាយចិត្តឡើយ។ ពួកគេគិតថា៖ «ខ្ញុំចាំបានថានៅពេលដែលខ្ញុំនៅផ្ទះ ខ្ញុំគឺជាកូនតូចសំណព្វរបស់គ្រួសារ មានសេរីភាពនិងគ្មានការបង្ខិតបង្ខំ ដូចជាទេវតាតូចមួយ។ ខ្ញុំសប្បាយចិត្តណាស់! ឥឡូវនេះ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហេតុអ្វីបានជាស្រមោលពីមុនរបស់ខ្ញុំបានបាត់អស់ដូច្នេះ? ខ្ញុំមិនអាចធ្វើអ្វីតាមតែចិត្តខ្ញុំចង់បានទៀតទេ ដូចដែលខ្ញុំធ្លាប់ធ្វើពីមុន» ដូច្នេះហើយ ពួកគេមិនចង់រស់នៅក្នុងជីវិតបែបនេះទេ។ ប៉ុន្តែពួកគេមិនហ៊ានប្រាប់រឿងនេះដល់អ្នកដឹកនាំរបស់ពួកគេទេ ហើយពួកគេតែងតែនិយាយរអ៊ូរទាំពីគំនិតទាំងនេះដល់មនុស្សដែលនៅជុំវិញពួកគេ ពួកគេតែងតែនឹកផ្ទះ ហើយលួចយំនៅលើគ្រែនៅពេលយប់។ តើគួរធ្វើដូចម្ដេចចំពោះមនុស្សប្រភេទនេះ? នរណាក៏ដោយដែលដឹងអំពីរឿងនេះ គួរតែរាយការណ៍អំពីរឿងនេះដោយគ្មានការបង្អង់យូរ អ្នកដឹកនាំគួរតែបញ្ជាក់ឱ្យច្បាស់ភ្លាមៗថាតើរឿងដែលបានរាយការណ៍នោះពិតឬមិនពិត ហើយប្រសិនបើពិតមែន នោះគេអាចអនុញ្ញាតឱ្យបុគ្គលនោះត្រឡប់ទៅផ្ទះវិញបាន។ ពួកគេកំពុងតែបរិភោគអាហារ ភេសជ្ជៈ និងការទទួលរាក់ទាក់នៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន ហើយតែងតែមានអារម្មណ៍មួរម៉ៅ មានអារម្មណ៍ថាអាក់អន់ចិត្ត និងមិនសប្បាយចិត្ត ដូច្នេះ ចូរឱ្យពួកគេចាកចេញទៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មនុស្សប្រភេទនេះមិនមែនមានអារម្មណ៍បែបនេះបណ្ដោះអាសន្ន ហើយបន្ទាប់មកដោះស្រាយវាដោយការគិតគូរពីបញ្ហានោះទេ នោះមិនមែនជាស្ថានភាពរបស់ពួកគេឡើយ។ ឆន្ទៈផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួនគឺដើម្បីបំពេញភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួន ហើយទោះបីជាពួកគេនឹកផ្ទះក៏ដោយ ក៏ពួកគេដឹងថាបញ្ហានេះជាបញ្ហាអ្វីដែរ ហើយពួកគេអាចស្វែងរកសេចក្ដីពិត និងដោះស្រាយវាបាន។ ចំពោះមនុស្សទាំងនេះ មិនចាំបាច់ឱ្យពួកគេចាកចេញ ឬបារម្ភពីពួកគេឡើយ។ ស្ថានភាពដែលយើងកំពុងនិយាយគឺនៅពេលដែលមនុស្សដែលមានអាយុខ្ទង់ ៣០ ឆ្នាំ នៅតែប្រព្រឹត្តដូចកូនក្មេង ដោយមិនដែលធំដឹងក្ដីសោះ ហើយតែងតែមិននឹងនរជានិច្ច។ ពួកគេធ្វើតែអ្វីដែលគេឱ្យពួកគេធ្វើប៉ុណ្ណោះ ហើយនៅពេលដែលពួកគេគ្មានអ្វីធ្វើ ពួកគេគិតអំពីការលេងសប្បាយ និងការជជែកគ្នាលេងពីប្រធានបទដែលមិនពាក់ព័ន្ធ ហើយមិនដែលចង់យកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ពួកគេឡើយ។ ពួកអ្នកមិនជឿនិយាយអំពីការឈរជើងបានរឹងមាំនៅអាយុ ៣០ ឆ្នាំ។ ការឈរជើងបានរឹងមាំមានន័យថា ការយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន ការដែលអាចទទួលខុសត្រូវលើការងារ និងផ្គត់ផ្គង់ខ្លួនឯងបាន ការដែលដឹងថាត្រូវយកចិត្តទុកដាក់លើកិច្ចការជាដុំកំភួនរបស់ខ្លួន ការដែលចំណាយពេលតិចក្នុងការលេងសប្បាយ និងការដែលមិនបង្អាក់ការងារដែលជាដុំកំភួនរបស់ខ្លួន។ តើ «ការប្រព្រឹត្តដូចកូនក្មេង» មានន័យដូចម្ដេច? គឺពួកគេគ្មានសមត្ថភាពទទួលខុសត្រូវលើការងារដែលជាដុំកំភួនណាមួយ តែងតែចង់ទុកឱ្យចិត្តរបស់ពួកគេរវើរវាយ ហើយតែងតែចង់ដើរលេង ដើរគ្មានទិសដៅ លេងសប្បាយផ្ដេសផ្ដាស ហូបអាហារសម្រន់ មើលរឿងភាគ ជជែកគ្នាលេងពីរឿងដែលមិនពាក់ព័ន្ធ លេងហ្គេម និងស្វែងរកតាមអ៊ីនធឺណិតអំពីរឿងចម្លែកៗ និងរឿងរ៉ាវមិនធម្មតា។ ពួកគេមិនដែលចង់ចូលរួមការប្រជុំឡើយ តែងតែចង់ដេកនៅពេលណាដែលមានការប្រជុំ ចង់ដេកភ្លាមៗនៅពេលដែលពួកគេមានអារម្មណ៍ងងុយដេក ហើយចង់ហូបភ្លាមៗនៅពេលដែលពួកគេមានអារម្មណ៍ឃ្លាន ព្រមទាំងធ្វើតាមតែអំពើចិត្ត និងមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន។ មនុស្សបែបនេះមិនអាចនិយាយបានថាមានភាពជាមនុស្សអាក្រក់នោះទេ គឺគ្រាន់តែថាពួកគេមិនដែលធំដឹងក្ដី ហើយតែងតែមិនទាន់ចាស់ទុំជានិច្ច។ ពួកគេបែបនេះនៅអាយុ ៣០ ឆ្នាំ ហើយពួកគេនៅតែបែបនេះនៅអាយុ ៤០ ឆ្នាំ ពួកគេគ្មានសមត្ថភាពផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេសុំចាកចេញ ហើយលែងចង់បំពេញភារកិច្ចរបស់ខ្លួនទៀត តើគួរដោះស្រាយរឿងនេះដោយរបៀបណា? ដំណាក់របស់ព្រះជាម្ចាស់មិនឃាត់ឱ្យពួកគេនៅទេ។ អ្នកគួរតែឆ្លើយតបទៅពួកគេភ្លាមៗ ឱ្យពួកគេចាកចេញភ្លាមៗ ហើយត្រឡប់ទៅក្នុងចំណោមពួកអ្នកមិនជឿវិញ ហើយប្រាប់ពួកគេដាច់ខាតកុំឱ្យនិយាយថាពួកគេជឿលើព្រះជាម្ចាស់។ តើមនុស្សដែលមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនអាចទទួលបានសេចក្ដីពិតបានដែរឬទេ? ប្រសិនបើអ្នករំពឹងថាពួកគេនឹងមានភាពចាស់ទុំខាងឯភាពជាមនុស្សរបស់ពួកគេ ហើយនឹងមកយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន តាមរយៈការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យមានសមត្ថភាពទទួលខុសត្រូវលើកិច្ចការដ៏សំខាន់មួយ ហើយបន្ទាប់មកយល់ និងអនុវត្តសេចក្ដីពិត ហើយរស់នៅឱ្យមានលក្ខណៈជាមនុស្ស អ្នកពិតជាមិនគួរពឹងផ្អែកលើវាដាច់ខាត។ អ្នកនឹងឃើញមនុស្សបែបនេះនៅក្នុងក្រុមណាមួយ។ ពួកអ្នកមិនជឿមានឈ្មោះហៅក្រៅសម្រាប់មនុស្សប្រភេទនេះថា «មនុស្សធំចិត្តក្មេង»។ មនុស្សបែបនេះអាចឈានដល់អាយុ ៦០ ឆ្នាំ ដោយមិនដែលបានយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនឡើយ។ ពួកគេនិយាយស្ដី និងចាត់ចែងរឿងរ៉ាវដោយមិនត្រឹមត្រូវ ពួកគេតែងតែសើចសប្បាយ និយាយលេងសើច និងលោតចុះលោតឡើង ពួកគេមិនធ្វើអ្វីដោយយកចិត្តទុកដាក់ឡើយ ហើយពួកគេយកចិត្តទុកដាក់ជាពិសេសទៅលើការលេងសប្បាយ។ ដំណាក់របស់ព្រះជាម្ចាស់មិនអាចប្រើប្រាស់មនុស្សបែបនេះបានទេ។

តើអ្នករាល់គ្នាគិតថា «មនុស្សធំចិត្តក្មេង» ទាំងនេះអាក្រក់ដែរឬទេ? តើពួកគេជាមនុស្សអាក្រក់មែនទេ? (ទេ)។ ពួកគេមួយចំនួនមិនមែនជាមនុស្សអាក្រក់ទេ ពួកគេជាមនុស្សសាមញ្ញណាស់ ហើយមិនអាក្រក់ទេ។ ពួកគេមួយចំនួនមានចិត្តល្អណាស់ ហើយសុខចិត្តជួយអ្នកដទៃ។ ប៉ុន្តែពួកគេទាំងអស់គ្នាមានចំណុចខ្វះខាតមួយ គឺពួកគេធ្វើតាមតែអំពើចិត្ត ចូលចិត្តលេងសប្បាយ និងមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន។ ឧទាហរណ៍ ឧបមាថាបន្ទាប់ពីស្ត្រីម្នាក់បានរៀបការរួច នាងមិនរៀនធ្វើការងារផ្ទះណាមួយឡើយ។ នាងធ្វើម្ហូបតែនៅពេលដែលនាងសប្បាយចិត្តប៉ុណ្ណោះ ប៉ុន្តែមិនធ្វើនៅពេលដែលនាងមិនសប្បាយចិត្តទេ គឺត្រូវតែមានគេលួងលោមគ្រប់ពេលវេលា។ ប្រសិនបើនរណាម្នាក់ចង់ឱ្យនាងធ្វើអ្វីមួយ ពួកគេត្រូវតែចរចាជាមួយនាង ហើយត្រូវតែមានគេចាំមើលនាងទៀតផង។ នាងតែងតែចូលចិត្តស្លៀកពាក់តែងខ្លួនឱ្យបានស្អាតបាត ដើម្បីនាងអាចចេញទៅក្រៅទិញទំនិញ ទិញសម្លៀកបំពាក់ និងគ្រឿងសម្អាង ហើយទៅកែសម្ផស្ស។ នៅពេលដែលនាងត្រឡប់មកផ្ទះវិញ នាងមិនធ្វើការងារផ្ទះសូម្បីតែមួយមុខ ហើយចង់តែលេងបៀរ និងលេងល្បែងមាចុង។ ប្រសិនបើអ្នកសួរនាងថាតើស្ពៃក្ដោបមួយផោនថ្លៃប៉ុន្មាន នាងមិនដឹងទេ។ ប្រសិនបើអ្នកសួរនាងថាតើនាងនឹងហូបអ្វីនៅថ្ងៃស្អែក នាងក៏មិនដឹងដែរ ហើយប្រសិនបើអ្នកឱ្យនាងធ្វើម្ហូបអ្វីមួយ នោះនាងធ្វើឱ្យខូចការអស់។ ដូច្នេះ តើនាងស្ទាត់ជំនាញបំផុតខាងអ្វី? នាងស្ទាត់ជំនាញបំផុតលើរឿងដូចជា ដឹងថាភោជនីយដ្ឋានណាមួយមានអាហារឆ្ងាញ់ជាងគេ ហាងណាមួយមានសម្លៀកបំពាក់ទាន់សម័យបំផុត និងហាងណាមួយលក់គ្រឿងសម្អាងដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព ប៉ុន្តែនាងមិនយល់ ឬរៀនពីរឿងផ្សេងទៀត ដូចជារបៀបរស់នៅប្រចាំថ្ងៃ ឬជំនាញដែលតម្រូវឱ្យមាននៅក្នុងជីវិតជាមនុស្សធម្មតានោះទេ។ តើនាងមិនរៀនរឿងទាំងនេះដោយសារតែនាងមានគុណសម្បត្តិមិនគ្រប់គ្រាន់មែនទេ? ទេ មិនមែនដូច្នោះទេ។ ដោយវិនិច្ឆ័យពីរឿងដែលនាងស្ទាត់ជំនាញ នាងមានគុណសម្បត្តិ ប៉ុន្តែនាងមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនឡើយ។ ដរាបណានាងមានលុយចាយវាយ នាងនឹងចេញទៅក្រៅហូបអាហារនៅភោជនីយដ្ឋាន ហើយទិញគ្រឿងសម្អាង និងសម្លៀកបំពាក់។ ប្រសិនបើនៅផ្ទះខ្វះឆ្នាំង និងចាន ហើយគេឱ្យនាងទៅទិញខ្លះ នាងនឹងនិយាយថា៖ «នៅខាងក្រៅមានអាហារឆ្ងាញ់ៗលក់ច្រើនណាស់ តើខ្ញុំត្រូវការទិញរបស់ទាំងអស់នោះដើម្បីអ្វី?» ប្រសិនបើម៉ាស៊ីនបូមធូលីនៅផ្ទះខូច ហើយគេប្រាប់ឱ្យនាងផ្អាកការទិញសម្លៀកបំពាក់មួយកំប្លេ ដើម្បីសន្សំលុយទិញម៉ាស៊ីនថ្មី នាងនឹងនិយាយថា៖ «នៅពេលដែលខ្ញុំរកលុយបាននៅថ្ងៃអនាគត ខ្ញុំនឹងគ្រាន់តែជួលអ្នកបម្រើតាមផ្ទះឱ្យសម្អាតផ្ទះបានហើយ ដូច្នេះមិនចាំបាច់ទិញម៉ាស៊ីនបូមធូលីទេ»។ ជាធម្មតា ប្រសិនបើនាងមិនលេងហ្គេម ឬលេងល្បែងមាចុងទេ នោះនាងកំពុងទិញសម្លៀកបំពាក់ទាន់សម័យ ហើយនាងមិនដែលសម្អាតផ្ទះឡើយ។ នេះគឺមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន មែនទេ? បន្ទាប់មក មានបុរសមួយចំនួនដែលពេលពួកគេរកប្រាក់បានភ្លាម ពួកគេយកទៅទិញឡាន ឬក៏យកទៅលេងល្បែងចាញ់អស់។ ប្រសិនបើមានរបស់អ្វីមួយខូចនៅផ្ទះ ពួកគេមិនជួសជុលវាទេ។ ពួកគេមិនរស់នៅតាមរបៀបត្រឹមត្រូវឡើយ។ នៅក្នុងផ្ទះរបស់ពួកគេ ទូទឹកកករបស់ពួកគេខូច ហើយម៉ាស៊ីនបោកខោអាវរបស់ពួកគេក៏ខូចដែរ លូស្ទះ ហើយដំបូលលេចជ្រាបទឹកនៅពេលដែលមេឃភ្លៀង ហើយពួកគេមិនជួសជុលរបស់ទាំងនេះអស់រយៈពេលយ៉ាងយូរ។ តើអ្នកគិតយ៉ាងណាចំពោះបុរសបែបនេះ? ពួកគេមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនឡើយ។ ទោះជាបុរសឬស្ត្រីក៏ដោយ ដំណាក់របស់ព្រះជាម្ចាស់មិនអាចប្រើប្រាស់មនុស្សប្រភេទដែលធ្វើតាមតែអំពើចិត្តខ្លាំងពេក និងមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនបានទេ។

មនុស្សមួយចំនួនមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនក្នុងនាមជាឪពុកម្ដាយទេ ហើយពួកគេមិនបានមើលថែរក្សាកូនៗរបស់ខ្លួនបានត្រឹមត្រូវឡើយ។ ជាលទ្ធផល កូនៗរបស់ពួកគេត្រូវរលាកទឹកក្ដៅ ឬរងរបួសប៉ះទង្គិចនិងរលាត់ដាច់ស្បែក។ កូនៗខ្លះត្រូវបាក់ច្រមុះ អ្នកផ្សេងទៀតរលាកគូទនឹងចង្ក្រាន ហើយអ្នកផ្សេងទៀតរលាកបំពង់កបន្ទាប់ពីបានផឹកទឹកក្ដៅ។ មនុស្សប្រភេទនេះមិនយកចិត្តទុកដាក់លើអ្វីដែលពួកគេធ្វើនោះទេ ហើយពួកគេគ្មានសមត្ថភាពធ្វើអ្វីបានត្រឹមត្រូវឡើយ។ ពួកគេមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន ពួកគេធ្វើខ្លួនឡេះឡោះ ពួកគេធ្វើតាមតែអំពើចិត្ត និងចូលចិត្តលេងសប្បាយ ហើយពួកគេគ្មានសមត្ថភាពទទួលខុសត្រូវលើការទទួលខុសត្រូវដែលមនុស្សម្នាក់គួរតែមានឡើយ។ ក្នុងនាមជាឪពុកម្ដាយ ពួកគេមិនអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបានទេ ហើយពួកគេធ្វេសប្រហែសឡើយ។ ដូច្នេះ តើមនុស្សបែបនេះអាចទទួលខុសត្រូវលើការទទួលខុសត្រូវដែលមនុស្សធម្មតាគួរតែមាន នៅពេលបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? ទេ មិនអាចដាច់ខាត។ មនុស្សដែលមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនមិនអាចប្រើប្រាស់បានទេ។ ប្រសិនបើពួកគេនិយាយថាពួកគេមិនចង់បំពេញភារកិច្ចរបស់ខ្លួនទៀតទេ ហើយសុំត្រឡប់ទៅផ្ទះវិញ នោះគ្រាន់តែឱ្យពួកគេចាកចេញទៅភ្លាមៗ។ គ្មាននរណាម្នាក់គួរតែបង្ខំ ឬជំរុញឱ្យពួកគេនៅឡើយ ពីព្រោះនេះគឺជាបញ្ហាដែលពាក់ព័ន្ធនឹងធម្មជាតិរបស់ពួកគេ វាមិនមែនជាការបង្ហាញចេញម្ដងម្កាលនិងបណ្ដោះអាសន្ននោះទេ។ មនុស្សទាំងនេះពោរពេញទៅដោយការស្រមើស្រមៃនៅពេលដែលពួកគេចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេបានគិតថា ការបំពេញភារកិច្ច និងការដើរតាមព្រះជាម្ចាស់ គឺប្រៀបដូចជាការចូលមកក្នុងសួនច្បារអេដែន ប្រៀបដូចជានៅក្នុងដែនដីកាណានដ៏ល្អ។ ជីវិតដែលពួកគេបានស្រមៃគឺអស្ចារ្យ ដោយមានរបស់ឆ្ងាញ់ៗសម្រាប់ហូបចុកនិងផឹកពេញមួយថ្ងៃ មានសេរីភាព និងគ្មានការរឹតត្បិត ហើយគ្មានការងារអ្វីត្រូវធ្វើទាល់តែសោះ។ ពួកគេចង់រស់នៅក្នុងជីវិតដែលគ្មានកង្វល់និងស្រណុកសុខស្រួល ប៉ុន្តែវាប្រែទៅជាខុសគ្នាទាំងស្រុងពីអ្វីដែលពួកគេបានស្រមៃ។ មនុស្សទាំងនេះបានឆ្លងកាត់បទពិសោធន៍គ្រប់គ្រាន់ហើយ ហើយពួកគេមានអារម្មណ៍ថាវាគួរឱ្យធុញ និងគ្មានន័យនៅទីនេះ ហើយចង់ចាកចេញ ដូច្នេះ ចូរឱ្យពួកគេចាកចេញទៅដោយគ្មានការបង្អង់យូរ ដំណាក់របស់ព្រះជាម្ចាស់មិនឃាត់មនុស្សទាំងនេះឱ្យនៅទេ។ ដំណាក់របស់ព្រះជាម្ចាស់មិនបង្ខំមនុស្សទេ ហើយអ្នករាល់គ្នាក៏មិនគួរធ្វើដូច្នេះដែរ។ នេះគឺជាការអនុវត្តសេចក្ដីពិត និងការប្រព្រឹត្តស្របតាមគោលការណ៍។ អ្នកត្រូវតែធ្វើរឿងដែលស្របតាមគោលការណ៍សេចក្ដីពិត អ្នកត្រូវតែជាមនុស្សម្នាក់ដែលយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ជាមនុស្សមានប្រាជ្ញា កុំធ្វើជាមនុស្សមិនចេះគិត ឬជាមនុស្សដែលផ្គាប់ចិត្តគេដោយមិនរើសមុខ។ ចូរចាត់ចែងមនុស្សប្រភេទដែលមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួនតាមរបៀបនេះ តើនេះអាចចាត់ទុកថាជាការគ្មានសេចក្ដីស្រឡាញ់ ឬមិនផ្ដល់ឱកាសឱ្យមនុស្សប្រែចិត្តដែរឬទេ? (ទេ មិនអាចទេ)។ ព្រះជាម្ចាស់មានភាពយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា ហើយដំណាក់របស់ព្រះជាម្ចាស់មានសិទ្ធិដំឡើងតំណែង បណ្ដុះបណ្ដាល និងប្រើប្រាស់អ្នក។ ប្រសិនបើអ្នកមិនសុខចិត្តបំពេញភារកិច្ចរបស់អ្នក ហើយអ្នកសុំចាកចេញពីក្រុមជំនុំ នោះគឺជាការជ្រើសរើសដោយសេរីរបស់អ្នក ដូច្នេះ ក្រុមជំនុំគួរតែយល់ព្រមតាមសំណើរបស់អ្នក គឺមិនបង្ខំអ្នកដាច់ខាត។ នេះគឺស្របតាមសីលធម៌ ស្របតាមភាពជាមនុស្ស ហើយពិតណាស់ វាគឺស្របជាពិសេសជាមួយនឹងគោលការណ៍សេចក្ដីពិត។ ការធ្វើបែបនេះគឺត្រឹមត្រូវណាស់! ប្រសិនបើមាននរណាម្នាក់បំពេញភារកិច្ចរបស់ខ្លួនមួយរយៈ ហើយយល់ថាវាហត់នឿយ និងលំបាក ហើយមិនសប្បាយចិត្តនឹងធ្វើវាទៀតទេ ហើយជាលទ្ធផល ចង់បោះបង់ចោលភារកិច្ចរបស់ខ្លួន ហើយឈប់ជឿលើព្រះជាម្ចាស់ នោះខ្ញុំនឹងផ្ដល់ឱ្យអ្នកនូវចម្លើយយ៉ាងច្បាស់លាស់ចំពោះរឿងនេះនៅថ្ងៃនេះ នោះគឺថា ដំណាក់របស់ព្រះជាម្ចាស់នឹងយល់ព្រមចំពោះរឿងនេះ ហើយនឹងមិនបង្ខំអ្នកឱ្យនៅ ឬធ្វើឱ្យអ្នកពិបាកឡើយ។ គ្មានស្ថានភាពលំបាកចំពោះរឿងនេះទេ ហើយអ្នកមិនចាំបាច់មានអារម្មណ៍ថាអ្នកស្ថិតក្នុងស្ថានភាពលំបាក ឬថាអ្នកបានបាក់មុខឡើយ។ វារឹតតែមិនមែនជាបញ្ហាសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ទេ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏មិនដាក់ការទាមទារណាមួយលើអ្នកដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកចង់ចាកចេញ នោះដំណាក់របស់ព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នក ឬរារាំងផ្លូវអ្នកឡើយ ពីព្រោះនេះគឺជាផ្លូវដែលអ្នកបានជ្រើសរើស ហើយដំណាក់របស់ព្រះជាម្ចាស់អាចត្រឹមតែបំពេញតាមការទាមទាររបស់អ្នកប៉ុណ្ណោះ។ តើនេះជាវិធានការដ៏ត្រឹមត្រូវដែរឬទេ? (មែនហើយ។)

អម្បាញ់មិញនេះ ខ្ញុំបានរៀបរាប់ពីស្ថានភាពជាច្រើនដែលមនុស្សមិនយកចិត្តទុកដាក់លើការងារដែលជាដុំកំភួនរបស់ខ្លួន។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនបង្ខំមនុស្សទាំងនេះទេ។ ប្រសិនបើពួកគេមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន ឬមានការលំបាកផ្ទាល់ខ្លួនខ្លះ ហើយស្នើសុំមិនបំពេញភារកិច្ចទៀតទេ នោះដំណាក់របស់ព្រះជាម្ចាស់នឹងយល់ព្រម។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនប្រើប្រាស់ពួកគេទៀតឡើយ ហើយក៏នឹងមិនឱ្យពួកគេបំពេញភារកិច្ចដែរ។ នេះគឺជារបៀបដែលមនុស្សបែបនេះត្រូវបានចាត់ចែង ហើយវាគឺជាវិធានការដ៏សមរម្យទាំងស្រុង។

II. របៀបប្រព្រឹត្តចំពោះពួកយូដាស

មានមនុស្សមួយចំនួនដែលកំសាកខ្លាំងណាស់ ហើយនៅពេលណាដែលពួកគេឮថាបងប្អូនប្រុសស្រីម្នាក់ត្រូវបានចាប់ខ្លួន ពួកគេភ័យខ្លាចយ៉ាងខ្លាំងថានឹងត្រូវបានគេចាប់ខ្លួនដែរ។ វាច្បាស់ណាស់ថា ប្រសិនបើពួកគេត្រូវបានចាប់ខ្លួនមែន នោះមានគ្រោះថ្នាក់ដែលពួកគេនឹងក្បត់ក្រុមជំនុំ។ តើមនុស្សបែបនេះគួរត្រូវបានចាត់ចែងដោយរបៀបណា? តើមនុស្សទាំងនេះស័ក្តិសមនឹងបំពេញភារកិច្ចសំខាន់ៗខ្លះដែរឬទេ? (ទេ មិនស័ក្តិសមទេ)។ មនុស្សមួយចំនួនអាចនិយាយថា៖ «តើអ្នកណាអាចធានាបានថាខ្លួនឯងនឹងមិនក្លាយជាយូដាស?» គ្មាននរណាម្នាក់អាចធានាបានថាខ្លួនឯងនឹងមិនក្លាយជាយូដាសឡើយ ប្រសិនបើពួកគេត្រូវបានគេធ្វើទារុណកម្ម។ ដូច្នេះ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនប្រើប្រាស់មនុស្សកំសាកដែលអាចក្លាយជាយូដាស? ពីព្រោះមនុស្សដែលកំសាកខ្លាំងអាចនឹងត្រូវចាប់ខ្លួន និងក្បត់គ្រប់ពេលវេលា។ ប្រសិនបើមនុស្សបែបនេះត្រូវបានប្រើប្រាស់ឱ្យបំពេញភារកិច្ចសំខាន់មួយ នោះទំនងខ្លាំងណាស់ថារឿងរ៉ាវនឹងខុសប្រក្រតី។ នេះគឺជាគោលការណ៍មួយដែលត្រូវតែយល់ នៅពេលជ្រើសរើស និងប្រើប្រាស់មនុស្សនៅក្នុងបរិយាកាសដ៏គ្រោះថ្នាក់នៃប្រទេសចិនដីគោក។ នៅត្រង់នេះមានកាលៈទេសៈពិសេសមួយ នោះគឺមនុស្សមួយចំនួនត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងអូសបន្លាយពេល ដែលធ្វើឱ្យជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ហើយនៅទីបំផុត ពួកគេពិតជាមិនអាចទ្រាំទ្របានទៀតទេ ដូច្នេះពួកគេបានក្លាយជាយូដាសដោយសារតែភាពទន់ខ្សោយ ហើយបានក្បត់នឹងអ្វីដែលមិនសំខាន់មួយចំនួន។ គ្មាននរណាម្នាក់អាចមើលធ្លុះមនុស្សបែបនេះបានឡើយ ហើយមនុស្សទាំងនេះនៅតែអាចប្រើប្រាស់បាន។ ប៉ុន្តែបន្ទាប់មក មានមនុស្សដែលបានរៀបចំផ្លូវចេញរួចជាស្រេចសម្រាប់ខ្លួនឯង មុនពេលត្រូវបានចាប់ខ្លួន។ ពួកគេបានគិតយ៉ាងយូរ និងដិតដល់អំពីរបៀបធានាឱ្យមានការដោះលែងភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើទារុណកម្មណាមួយឡើយ ទីមួយ ការជៀសវាងការធ្វើទារុណកម្ម ទីពីរ ការជៀសវាងការកាត់ទោស និងទីបី ការជៀសវាងការជាប់ពន្ធនាគារ។ នេះគឺជារបៀបដែលពួកគេគិត។ ពួកគេគ្មានការប្ដេជ្ញាចិត្តថាសុខចិត្តរងទុក្ខ ឬជាប់ពន្ធនាគារ ជាជាងក្លាយជាយូដាសនោះទេ។ ពួកគេអាចនឹងក្បត់ ទោះបីជាមិនត្រូវបានគេធ្វើទារុណកម្មក៏ដោយ ដូច្នេះ តើអាចនិយាយបានថាពួកគេគឺជាយូដាសរួចទៅហើយ មុនពេលពួកគេត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារដែរឬទេ? (មែនហើយ)។ ទាំងនេះគឺជាយូដាសពិតប្រាកដ។ តើក្រុមជំនុំហ៊ានប្រើប្រាស់មនុស្សប្រភេទនេះដែរឬទេ? (ទេ មិនហ៊ានទេ)។ ប្រសិនបើអាចសម្គាល់ពួកគេបាន នោះដាច់ខាតមិនត្រូវបណ្ដុះបណ្ដាល និងប្រើប្រាស់ឡើយ។ តើមនុស្សទាំងនេះជាធម្មតាសម្ដែងចេញមកដោយរបៀបណា? ពួកគេកំសាកខ្លាំងណាស់។ នៅពេលដែលមានអ្វីមួយខុសប្រក្រតីភ្លាម ពួកគេគេចវេះពីការទទួលខុសត្រូវរបស់ពួកគេភ្លាមៗ ហើយនៅពេលណាដែលពួកគេជួបប្រទះនឹងហានិភ័យបន្តិចបន្តួច ពួកគេបោះបង់ចោលភារកិច្ចរបស់ពួកគេ ហើយរត់គេចខ្លួន។ រាល់ពេលដែលពួកគេឮថាបរិយាកាសបានក្លាយជាគ្រោះថ្នាក់ ពួកគេរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួន គ្មាននរណាម្នាក់អាចរកពួកគេឃើញទេ ហើយពួកគេមិនរក្សាទំនាក់ទំនងជាមួយនរណាម្នាក់ឡើយ។ ការលាក់ខ្លួនគឺជាការងារដែលពួកគេធ្វើបានយ៉ាងស្ទាត់ជំនាញ។ ពួកគេមិនខ្វល់ពីការលំបាកអ្វីក៏ដោយដែលកិច្ចការរបស់ក្រុមជំនុំកំពុងជួបប្រទះនោះទេ ហើយពួកគេមានសមត្ថភាពអាចទុកមួយឡែកនូវកិច្ចការសំខាន់ៗគ្រប់បែបយ៉ាង ពួកគេចាត់ទុកសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេសំខាន់ជាងអ្វីៗទាំងអស់។ លើសពីនេះទៅទៀត នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ ពួកគេនឹងឱ្យអ្នកដទៃចេញមុខ និងទទួលយកហានិភ័យនៅពេលណាដែលមានរឿងអ្វីមួយកើតឡើង ខណៈដែលពួកគេការពារខ្លួនឯង។ មិនថាពួកគេធ្វើឱ្យអ្នកដទៃប្រឈមនឹងគ្រោះថ្នាក់ប៉ុនណាទេ ពួកគេមានអារម្មណ៍ថាវាស័ក្តិសម និងត្រឹមត្រូវក្នុងការធ្វើរឿងនេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងទៀត នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ ពួកគេមិនប្រញាប់ប្រញាល់ចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីអធិដ្ឋានទេ ហើយក៏មិនប្រញាប់ប្រញាល់រៀបចំសម្រាប់ការផ្លាស់ទីបងប្អូនប្រុសស្រី ឬទ្រព្យសម្បត្តិរបស់ក្រុមជំនុំដែលអាចនឹងស្ថិតក្នុងគ្រោះថ្នាក់ដែរ។ ផ្ទុយទៅវិញ ពួកគេគិតយ៉ាងខ្លាំងជាមុនអំពីរបៀបរត់គេច របៀបលាក់ខ្លួន និងរបៀបដោះខ្លួនឱ្យរួចផុតពីគ្រោះថ្នាក់។ ពួកគេថែមទាំងមានផែនការរត់គេចខ្លួនដែលបានរៀបចំទុករួចរាល់ហើយថា នឹងក្បត់នរណាមុនគេប្រសិនបើពួកគេត្រូវបានចាប់ខ្លួនមែន ធ្វើដូចម្ដេចដើម្បីជៀសវាងការធ្វើទារុណកម្ម ធ្វើដូចម្ដេចដើម្បីជៀសវាងការកាត់ទោសឱ្យជាប់ពន្ធនាគារ និងធ្វើដូចម្ដេចដើម្បីគេចផុតពីសេចក្ដីទុក្ខលំបាក។ នៅពេលណាដែលពួកគេជួបប្រទះនឹងសេចក្ដីទុក្ខលំបាកប្រភេទណាមួយ ពួកគេភ័យខ្លាចដល់ស្លាប់ ហើយគ្មានជំនឿសូម្បីតែបន្តិច។ តើមនុស្សប្រភេទនេះមិនមែនជាមនុស្សគ្រោះថ្នាក់ទេឬ? ប្រសិនបើពួកគេត្រូវបានស្នើសុំឱ្យបំពេញការងារដ៏គ្រោះថ្នាក់ ពួកគេរអ៊ូរទាំអំពីរឿងនេះមិនឈប់ ពួកគេមានអារម្មណ៍ភ័យខ្លាច ហើយតែងតែគិតអំពីការរត់គេចខ្លួន ហើយមិនសុខចិត្តទទួលធ្វើវាឡើយ។ មនុស្សប្រភេទនេះបង្ហាញសញ្ញានៃការជាយូដាសរួចទៅហើយ ទោះបីជាមុនពេលពួកគេត្រូវបានចាប់ខ្លួនក៏ដោយ។ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនមែន វាប្រាកដមួយរយភាគរយថាពួកគេនឹងក្បត់ក្រុមជំនុំ។ នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេពិតជាសកម្មណាស់នៅក្នុងគ្រប់រឿងដែលធ្វើឱ្យពួកគេចេញមុខចេញមាត់ ដោយមិនធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យ។ ប៉ុន្តែនៅពេលនិយាយដល់ការទទួលយកហានិភ័យ ពួកគេដកថយ ហើយប្រសិនបើអ្នកស្នើសុំឱ្យពួកគេធ្វើអ្វីមួយដែលប្រថុយប្រថាន ពួកគេនឹងមិនធ្វើវាទេ ពួកគេគ្រាន់តែមិនព្រមទទួលខុសត្រូវឡើយ។ នៅពេលដែលពួកគេឮពីគ្រោះថ្នាក់នៅកន្លែងណាមួយ ឧទាហរណ៍ថា នាគដ៏ធំមានសម្បុរក្រហមកំពុងធ្វើការចាប់ខ្លួន ឬថាអ្នកជឿមួយចំនួនត្រូវបានចាប់ខ្លួន នោះពួកគេឈប់ចូលរួមការប្រជុំ ពួកគេឈប់ទាក់ទងជាមួយបងប្អូនប្រុសស្រី ហើយគ្មាននរណាម្នាក់អាចរកពួកគេឃើញឡើយ។ ពួកគេលេចមុខមកវិញនៅពេលដែលពាក្យចចាមអារ៉ាមបានស្ងប់ស្ងាត់ ហើយអ្វីៗគ្រប់យ៉ាងល្អប្រសើរឡើងវិញ។ តើមនុស្សប្រភេទនេះអាចទុកចិត្តបានដែរឬទេ? តើពួកគេអាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? ពួកគេគ្មានសូម្បីតែការប្ដេជ្ញាចិត្ត ឬបំណងប្រាថ្នាថានឹងមិនក្លាយជាយូដាសផង។ ពួកគេគឺគ្រាន់តែជាមនុស្សកំសាក មនុស្សកម្សោយ និងមនុស្សគ្មានបានការប៉ុណ្ណោះ។ មនុស្សប្រភេទនេះមានលក្ខណៈពិសេសច្បាស់លាស់មួយ នោះគឺមិនថាពួកគេមានចំណុចខ្លាំង និងសមត្ថភាពអ្វីក៏ដោយ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់ពួកគេ ពួកគេនឹងមិនលះបង់ខ្លួនគេទាំងស្រុងដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើមកពីពួកគេមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដោយសារតែពួកគេគ្មានសមត្ថភាពធ្វើដូច្នេះមែនទេ? ទេ មិនមែនដូច្នោះទេ ទោះបីជាពួកគេមានសមត្ថភាពនេះក៏ដោយ ក៏ពួកគេនឹងមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ ពួកគេគឺជាយូដាសពិតប្រាកដ។ នៅពេលណាដែលពួកគេត្រូវការទាក់ទងជាមួយពួកអ្នកមិនជឿក្នុងអំឡុងពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេរក្សាទំនាក់ទំនងល្អជាមួយពួកគេ ហើយធានាថាពួកអ្នកមិនជឿរក្សាការគោរព ការឱ្យតម្លៃ និងការកោតសរសើរចំពោះពួកគេ។ ដូច្នេះ តើអ្វីជាតម្លៃដែលពួកគេទទួលបានរបស់ទាំងអស់នេះ? នោះគឺការក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីដោះដូរនឹងសិរីល្អ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សប្រភេទនេះគឺកំសាកជាពិសេស ទោះបីជាមុនពេលត្រូវបានចាប់ខ្លួនក៏ដោយ ហើយបន្ទាប់ពីត្រូវបានចាប់ខ្លួន ពួកគេប្រាកដមួយរយភាគរយថានឹងក្បត់។ ដំណាក់របស់ព្រះជាម្ចាស់មិនអាចប្រើប្រាស់មនុស្សបែបនេះ ដែលជាយូដាស បានដាច់ខាត ហើយត្រូវតែផាត់ចោលពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំពោះមនុស្សប្រភេទដូចយូដាស ទោះបីជានៅខាងក្រៅ ពួកគេហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ក៏ដោយ ក៏តាមពិតពួកគេគឺជាមនុស្សដែលមានសេចក្ដីទៀងត្រង់ទាបបំផុត និងមានចរិតអន់ថោកបំផុត។ មិនថាពួកគេស្ដាប់ការអធិប្បាយ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ ហើយពួកគេក៏មិនមានអារម្មណ៍ថា ការបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់គឺជារឿងដែលគួរឱ្យអាម៉ាស់បំផុត ទុច្ចរិតបំផុត និងព្យាបាទបំផុតនោះដែរ។ ពួកគេសុខចិត្តចេញមុខចំពោះរឿងដែលធ្វើឱ្យពួកគេមានមនុស្សចាប់អារម្មណ៍ ប៉ុន្តែចំពោះរឿងដែលមានហានិភ័យ ឬពិបាកដោះស្រាយ ពួកគេទុកឱ្យអ្នកដទៃទទួលខុសត្រូវ និងដោះស្រាយវា។ តើពួកគេជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីទៀងត្រង់ទាបបំផុតទេឬ? មនុស្សមួយចំនួនទិញរបស់របរសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងការធ្វើដូច្នេះ ពួកគេគួរតែគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយមានភាពយុត្តិធម៌ និងសមហេតុផល។ ក៏ប៉ុន្តែ មនុស្សប្រភេទដូចយូដាស មិនត្រឹមតែមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេជួយពួកអ្នកមិនជឿដោយចំណាយផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ហើយបំពេញតាមការទាមទាររបស់ពួកអ្នកមិនជឿគ្រប់ឱកាស ហើយសុខចិត្តឱ្យផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ត្រូវខូចខាត ដើម្បីជួយឱ្យពួកគេផ្គាប់ចិត្តពួកអ្នកមិនជឿ។ នេះហៅថា ស៊ីបាយបោកឆ្នាំង ពិតជាគ្មានគុណធម៌សោះឡើយ! តើនេះមិនមែនជាការមានភាពជាមនុស្សដ៏គួរឱ្យស្អប់ខ្ពើមទេឬ? នេះគឺមិនប្រសើរជាងការដែលយូដាសបានក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់គាត់ប៉ុន្មាននោះទេ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ប្រគល់ឱ្យពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេមិនគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលគេឱ្យទៅទិញអ្វីមួយ ពួកគេមិនដែលដើរសួរគេសួរឯង និងប្រៀបធៀបតម្លៃ គុណភាព និងសេវាកម្មក្រោយការលក់របស់អ្នកផ្គត់ផ្គង់ជាច្រើនឡើយ ហើយបន្ទាប់មកថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវជម្រើស និងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគេជៀសវាងការលក់កោរ សន្សំប្រាក់ខ្លះសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ និងការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ពីការខូចខាត ពួកគេមិនដែលធ្វើដូច្នេះឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីណាម្នាក់ណែនាំថាជាការល្អបំផុតដែលត្រូវដើរសួរគេសួរឯង ពួកគេនិយាយថា៖ «មិនចាំបាច់ដើរសួរគេសួរឯងទេ អ្នកផ្គត់ផ្គង់បាននិយាយថាទំនិញរបស់ពួកគេល្អបំផុតហើយ»។ នៅពេលដែលបងប្អូនប្រុសស្រីសួរពួកគេថា៖ «ដូច្នេះ តើអ្នកអាចចរចាតម្លៃជាមួយពួកគេបានទេ?» ពួកគេឆ្លើយថា៖ «ហេតុអ្វីត្រូវចរចាតម្លៃ? ពួកគេបានប្រាប់ខ្ញុំរួចហើយថាតម្លៃប៉ុណ្ណឹង ហើយប្រសិនបើខ្ញុំចាប់ផ្ដើមតថ្លៃជាមួយពួកគេ នោះប្រាកដជាគួរឱ្យខ្មាសគេណាស់ ហើយវានឹងហាក់ដូចជាយើងគ្មានលុយ។ ដំណាក់របស់ព្រះជាម្ចាស់មានទ្រព្យសម្បត្តិច្រើន មែនទេ?» មិនថារបស់អ្វីមួយថ្លៃប៉ុណ្ណា ឬគុណភាពបែបណានោះទេ ដរាបណាពួកគេយល់ថាសមរម្យ ពួកគេនឹងឱ្យនរណាម្នាក់ទិញវាភ្លាមៗ ហើយនឹងរិះគន់ ស្ដីបន្ទោស ហើយថែមទាំងថ្កោលទោសនរណាក៏ដោយដែលពន្យារពេលក្នុងការទិញ។ គ្មាននរណាម្នាក់ហ៊ាននិយាយថា «បដិសេធ» នៅចំពោះមុខពួកគេឡើយ ហើយគ្មាននរណាម្នាក់ហ៊ានលើកឡើងនូវយោបល់ណាមួយឡើយ។ ទោះបីជាពួកគេកំពុងធ្វើកិច្ចការធំដុំ ឬរត់ការតូចតាចសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ តើគោលការណ៍របស់ពួកគេជាអ្វី? «ដំណាក់របស់ព្រះជាម្ចាស់គ្រាន់តែត្រូវការបង់លុយប៉ុណ្ណោះ ហើយថាតើផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ខូចខាតឬអត់ គឺមិនពាក់ព័ន្ធនឹងខ្ញុំទេ។ ខ្ញុំធ្វើការបែបហ្នឹងហើយ! ខ្ញុំត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយពួកអ្នកមិនជឿ។ អ្វីក៏ដោយដែលពួកអ្នកមិនជឿនិយាយគឺត្រឹមត្រូវ ហើយខ្ញុំនឹងយល់ស្របតាម។ ខ្ញុំនឹងមិនចាត់ចែងកិច្ចការស្របតាមការតម្រូវរបស់ដំណាក់របស់ព្រះជាម្ចាស់ទេ។ បើអ្នកចង់ប្រើខ្ញុំ ក៏ប្រើទៅ បើមិនចង់ប្រើទេ ក៏ហីទៅ វាស្រេចតែអ្នកទេ។ ខ្ញុំបែបហ្នឹងហើយ!» តើនេះមិនមែនជាធម្មជាតិបែបអារក្សទេឬ? មនុស្សបែបនេះគឺជាពួកអ្នកមិនជឿ ហើយក៏ជាអ្នកដែលគ្មានជំនឿពិតប្រាកដដែរ។ តើពួកគេអាចត្រូវបានប្រើប្រាស់ដើម្បីចាត់ចែងកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សប្រភេទនេះមានការអប់រំខ្លះ មានចំណុចខ្លាំង និងសមត្ថភាពខាងក្រៅខ្លះ ហើយពូកែនិយាយ ហើយអាចចាត់ចែងកិច្ចការខ្លះបាន។ ប៉ុន្តែមិនថាកិច្ចការអ្វីដែលពួកគេចាត់ចែងសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេតែងតែធ្វើវាដោយមិនប្រុងប្រយ័ត្ន និងតាមអំពើចិត្ត ដែលបណ្ដាលឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេក៏បោកបញ្ឆោតដំណាក់របស់ព្រះជាម្ចាស់ឥតឈប់ឈរ និងលាក់បាំងពីស្ថានភាពពិតនៃកិច្ចការ ហើយនៅពេលដែលពួកគេបានធ្វើឱ្យរឿងរ៉ាវរញ៉េរញ៉ៃហើយ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែរៀបចំនរណាម្នាក់ឱ្យមកសម្អាតភាពរញ៉េរញ៉ៃរបស់ពួកគេ។ នេះគឺជាឧទាហរណ៍ជាក់ស្ដែងនៃការឃុបឃិតជាមួយអ្នកខាងក្រៅដើម្បីក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ តើនេះខុសពីការដែលយូដាសបានក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់គាត់យ៉ាងដូចម្ដេច? នៅពេលដែលមនុស្សប្រភេទនេះត្រូវបានប្រើប្រាស់ឱ្យបំពេញភារកិច្ច មិនត្រឹមតែពួកគេមិនបានបម្រើការដល់ដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបែរជាក្លាយជាអ្នកបំផ្លាញទ្រព្យសម្បត្តិ និងជាមនុស្សចង្រៃទៅវិញ។ ពួកគេមិនទាំងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកបម្រើការផង ពួកគេគឺជាមនុស្សថោកទាប សុទ្ធសាធ! មនុស្សបែបនេះគឺជាអ្នកបម្រើសាតាំង និងជាពូជពង្សនៃនាគដ៏ធំមានសម្បុរក្រហមពិតប្រាកដ ហើយនៅពេលដែលពួកគេត្រូវបានបើកសម្ដែង ពួកគេគួរតែត្រូវបានសម្អាត និងផាត់ចោលភ្លាមៗ។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ និងជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនអាចបំពេញសូម្បីតែការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ផង តើពួកគេនៅមានសតិសម្បជញ្ញៈ និងហេតុផលដែរឬទេ? ពួកគេថែមទាំងអន់ជាងឆ្កែយាមផ្ទះទៅទៀត

មនុស្សប្រភេទដូចយូដាស គ្មានពាក្យ «យូដាស» បិទនៅលើថ្ងាសរបស់ពួកគេទេ ប៉ុន្តែសកម្មភាព និងអាកប្បកិរិយារបស់ពួកគេមានលក្ខណៈដូចគ្នាបេះបិទទៅនឹងយូដាសដែរ ហើយអ្នកដាច់ខាតមិនត្រូវប្រើប្រាស់មនុស្សប្រភេទនេះឡើយ។ តើ «ដាច់ខាតមិនត្រូវប្រើប្រាស់» មានន័យដូចម្ដេច? វាមានន័យថា ដាច់ខាតមិនត្រូវទុកចិត្តពួកគេឱ្យទទួលខុសត្រូវលើកិច្ចការសំខាន់ៗឡើយ។ ប្រសិនបើវាជារឿងតូចតាចដែលមិនប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ នោះអាចប្រើប្រាស់ពួកគេជាបណ្ដោះអាសន្នបាន ប៉ុន្តែមនុស្សប្រភេទនេះពិតជាមិនស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើប្រាស់មនុស្សឡើយ ពីព្រោះពួកគេកើតមកជាយូដាស ហើយពួកគេអាក្រក់ពីកំណើត។ សរុបសេចក្ដីមក មនុស្សទាំងនេះគឺជាមនុស្សគ្រោះថ្នាក់ ហើយដាច់ខាតមិនត្រូវប្រើប្រាស់ឡើយ។ កាលណាអ្នកប្រើប្រាស់មនុស្សប្រភេទនេះកាន់តែយូរ អ្នកនឹងកាន់តែមានអារម្មណ៍មិនស្រណុកចិត្ត ហើយវានឹងបន្សល់ទុកនូវបញ្ហាកាន់តែច្រើននៅពេលអនាគត។ ដូច្នេះ ប្រសិនបើអ្នកបានមើលឃើញយ៉ាងច្បាស់ហើយថា ពួកគេគឺជាមនុស្សប្រភេទដូចយូដាស នោះអ្នកដាច់ខាតមិនគួរប្រើប្រាស់ពួកគេឡើយ ទាំងអស់នេះគឺជាការពិត។ តើការប្រព្រឹត្តបែបនេះចំពោះពួកគេសមរម្យដែរឬទេ? មនុស្សមួយចំនួនអាចនិយាយថា៖ «ការប្រព្រឹត្តបែបនេះចំពោះពួកគេគឺគ្មានសេចក្ដីស្រឡាញ់សោះ។ ពួកគេមិនទាន់បានក្បត់នរណាម្នាក់ផង តើពួកគេអាចជាយូដាសបានដោយរបៀបណា?» តើអ្នកត្រូវការរង់ចាំឱ្យពួកគេក្បត់នរណាម្នាក់សិនឬ? តើយូដាសបានសម្ដែងចេញមកដោយរបៀបណា? តើមានសញ្ញាណាមួយដែលថាគាត់ហៀបនឹងក្បត់ព្រះអម្ចាស់ដែរឬទេ? (មែនហើយ គាត់បានលួចលុយពីកាបូបលុយរបស់ព្រះអម្ចាស់យេស៊ូវ)។ មនុស្សដែលក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឥតឈប់ឈរ មានលក្ខណៈដូចគ្នាទៅនឹងយូដាស ដែលបានលួចលុយពីកាបូបលុយដែរ។ នៅពេលដែលមនុស្សបែបនេះត្រូវបានចាប់ខ្លួន ពួកគេនឹងចូលរួមក្បត់ ហើយប្រគល់អ្វីៗគ្រប់យ៉ាងដែលពួកគេដឹង ឱ្យទៅសាតាំង ដោយមិនលាក់បាំងអ្វីទាំងអស់។ មនុស្សប្រភេទនេះមានសារជាតិនៃយូដាស។ សារជាតិរបស់ពួកគេត្រូវបានបើកសម្ដែង និងលាតត្រដាងយ៉ាងច្បាស់ហើយ ប្រសិនបើអ្នកនៅតែប្រើប្រាស់ពួកគេ តើអ្នកមិនមែនកំពុងរកបញ្ហាដាក់ខ្លួនទេឬ? តើនេះមិនមែនជាការធ្វើឪ្យខូចខាតដំណាក់របស់ព្រះជាម្ចាស់ដោយចេតនាទេឬ? មនុស្សមួយចំនួននិយាយដោយបើកចំហថា៖ «ប្រសិនបើនរណាម្នាក់លួសកាត់ខ្ញុំ ឬប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយដែលខូចខាតដល់ផលប្រយោជន៍របស់ខ្ញុំ ឬធ្វើឱ្យខូចការរបស់ខ្ញុំ ខ្ញុំនឹងធ្វើឱ្យអ្នកនោះវេទនាមិនខាន!» មនុស្សប្រភេទនេះរឹតតែមិនបាច់និយាយដល់ទេ គឺមានសារជាតិនៃយូដាសតែម្ដង វាច្បាស់ក្រឡែតហើយ ពួកគេផ្ទាល់ប្រាប់អ្នកដទៃថាពួកគេគឺជាយូដាស ដូច្នេះ មនុស្សប្រភេទនេះដាច់ខាតមិនអាចប្រើប្រាស់បានឡើយ។

III. របៀបប្រព្រឹត្តចំពោះពួកមិត្ត​នៃពួកជំនុំ

មានមនុស្សមួយប្រភេទទៀត ដែលមិនអាចចាត់ទុកថាជាមនុស្សល្អ ឬ អាក្រក់បានទេ ហើយជាអ្នកជឿត្រឹមតែឈ្មោះប៉ុណ្ណោះ។ ប្រសិនបើអ្នកសុំឱ្យពួកគេធ្វើអ្វីមួយម្ដងម្កាល ពួកគេអាចធ្វើបាន ប៉ុន្តែពួកគេនឹងមិនបំពេញភារកិច្ចរបស់ខ្លួនដោយខ្លួនឯងទេ ប្រសិនបើអ្នកមិនរៀបចំឱ្យពួកគេ។ នៅពេលណាដែលពួកគេទំនេរ ពួកគេចូលរួមការប្រជុំ ប៉ុន្តែនៅពេលទំនេរផ្ទាល់ខ្លួនរបស់ពួកគេ គេមិនដឹងថា តើពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ រៀនទំនុកតម្កើង ឬអធិដ្ឋានដែរឬទេ។ ក៏ប៉ុន្តែ ពួកគេមានភាពរួសរាយរាក់ទាក់បង្គួរចំពោះដំណាក់របស់ព្រះជាម្ចាស់ និងក្រុមជំនុំ។ តើភាពរួសរាយរាក់ទាក់បង្គួរមានន័យដូចម្ដេច? វាមានន័យថា ប្រសិនបើបងប្អូនប្រុសស្រីសុំឱ្យពួកគេធ្វើអ្វីមួយ ពួកគេនឹងយល់ព្រមធ្វើ ដោយឃើញថាជាអ្នកជឿដូចគ្នា ពួកគេអាចជួយធ្វើកិច្ចការមួយចំនួនបាន ទៅតាមសមត្ថភាពរបស់ពួកគេ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេត្រូវបាន​សុំឱ្យចំណាយកម្លាំងច្រើន ឬលះបង់អ្វីមួយ នោះពួកគេដាច់ខាតនឹងមិនធ្វើឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីណាម្នាក់មានការលំបាក ហើយត្រូវការឱ្យពួកគេជួយ ដូចជាការជួយមើលផ្ទះម្ដងម្កាល ធ្វើម្ហូបមួយពេល ឬជួយកិច្ចការតូចតាចខ្លះៗម្ដងម្កាល ឬក៏បុគ្គលនោះចេះភាសាបរទេស ហើយអាចជួយបងប្អូនប្រុសស្រីអានសំបុត្របាន ពួកគេអាចជួយធ្វើរឿងប្រភេទនេះបាន ហើយមានភាពរួសរាយរាក់ទាក់បង្គួរ។ ជាធម្មតា ពួកគេចុះសម្រុងជាមួយអ្នកដទៃបានល្អ ហើយមិនចេះប្រកាន់ខឹងនឹងអ្នកដទៃទេ ប៉ុន្តែពួកគេមិនចូលរួមការប្រជុំជាទៀងទាត់ និងមិនសុំបំពេញភារកិច្ចឡើយ ហើយក៏មិនបាច់និយាយដល់ការទទួលខុសត្រូវលើកិច្ចការសំខាន់ៗ ឬកិច្ចការគ្រោះថ្នាក់នោះដែរ។ ប្រសិនបើអ្នកសុំឱ្យពួកគេធ្វើកិច្ចការគ្រោះថ្នាក់ ពួកគេប្រាកដជានឹងបដិសេធអ្នក ដោយនិយាយថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីសុខសាន្ត ដូច្នេះ តើខ្ញុំអាចធ្វើកិច្ចការគ្រោះថ្នាក់បានដោយរបៀបណា? តើនោះមិនមែនជាការរកបញ្ហាដាក់ខ្លួនឯងទេឬ? ខ្ញុំដាច់ខាតមិនអាចធ្វើបានទេ!» ប៉ុន្តែប្រសិនបើបងប្អូនប្រុសស្រី ឬក្រុមជំនុំសុំឱ្យពួកគេធ្វើអ្វីមួយដែលតូចតាច ពួកគេអាចជួយធ្វើបង្គ្រប់កិច្ចបាន ដូចជាមិត្តភក្តិអ៊ីចឹង។ ការចេញកម្លាំង និងការជួយបែបនេះ មិនអាចហៅថាជាការបំពេញភារកិច្ចបានទេ ហើយក៏មិនអាចហៅថាជាការប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតដែរ ហើយរឹតតែមិនអាចហៅថាជាការអនុវត្តសេចក្ដីពិតទៀតផង វាគ្រាន់តែជាករណីដែលពួកគេមានចំណាប់អារម្មណ៍ល្អចំពោះអ្នកជឿលើព្រះជាម្ចាស់ និងមានភាពរួសរាយរាក់ទាក់បង្គួរចំពោះពួកគេ ហើយអាចលូកដៃជួយបាន ប្រសិនបើនរណាម្នាក់ត្រូវការជំនួយ។ តើមនុស្សប្រភេទនេះមានឈ្មោះហៅថាយ៉ាងដូចម្ដេច? ដំណាក់របស់ព្រះជាម្ចាស់ហៅពួកគេថាជា «មិត្តក្រុមជំនុំ»។ តើមនុស្សប្រភេទដែលជា «មិត្តក្រុមជំនុំ» គួរត្រូវបានប្រព្រឹត្តចំពោះដោយរបៀបណា? ប្រសិនបើពួកគេមានគុណសម្បត្តិ និងចំណុចខ្លាំងខ្លះ ហើយអាចជួយក្រុមជំនុំចាត់ចែងកិច្ចការខាងក្រៅខ្លះបាន នោះពួកគេក៏ជាអ្នកស៊ីឈ្នួល និងជាមិត្តភក្តិរបស់ក្រុមជំនុំដែរ។ គឺដោយសារតែមនុស្សប្រភេទនេះមិនរាប់ថាជាអ្នកជឿលើព្រះជាម្ចាស់ទេ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏មិនទទួលស្គាល់ពួកគេដែរ។ ហើយប្រសិនបើពួកគេមិនត្រូវបានទទួលស្គាល់ដោយដំណាក់របស់ព្រះជាម្ចាស់ទេ តើព្រះជាម្ចាស់អាចទទួលស្គាល់ពួកគេថាជាអ្នកជឿបានដែរឬទេ? (មិនអាចទេ)។ ដូច្នេះ ដាច់ខាតកុំសុំឱ្យមនុស្សប្រភេទនេះចូលរួមក្នុងជួរនៃអ្នកដែលបំពេញភារកិច្ចពេញម៉ោងឡើយ។ មានអ្នកខ្លះនិយាយថា៖ «មនុស្សមួយចំនួន នៅពេលដែលពួកគេចាប់ផ្ដើមជឿដំបូង ពួកគេមានជំនឿតិចតួច ហើយចង់ត្រឹមតែជា «មិត្តក្រុមជំនុំ» ប៉ុណ្ណោះ។ ពួកគេមិនយល់ពីរឿងជាច្រើនអំពីការជឿលើព្រះជាម្ចាស់ទេ ដូច្នេះ តើពួកគេអាចព្រមបំពេញភារកិច្ចបានដោយរបៀបណា? តើពួកគេអាចស្ម័គ្រចិត្តលះបង់ខ្លួនគេទាំងស្រុងបានដោយរបៀបណា?» យើងមិនមែនកំពុងនិយាយអំពីមនុស្សដែលបានជឿលើព្រះជាម្ចាស់រយៈពេលបីទៅប្រាំខែ ឬរហូតដល់មួយឆ្នាំនោះទេ ប៉ុន្តែគឺមនុស្សដែលបានជឿលើព្រះជាម្ចាស់ត្រឹមតែឈ្មោះអស់រយៈពេលជាងបីឆ្នាំ ឬសូម្បីតែប្រាំ ឬដប់ឆ្នាំ។ មិនថាមនុស្សបែបនេះទទួលស្គាល់ដោយមាត់របស់ពួកគេថា ព្រះជាម្ចាស់គឺជាព្រះដ៏ពិតតែមួយអង្គ ហើយថាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាក្រុមជំនុំពិតយ៉ាងណាក៏ដោយ ក៏វាមិនបានបញ្ជាក់ថាពួកគេគឺជាអ្នកជឿពិតប្រាកដដែរ។ ដោយផ្អែកលើការសម្ដែងចេញផ្សេងៗរបស់មនុស្សប្រភេទនេះ និងរបៀបនៃជំនឿរបស់ពួកគេ យើងហៅពួកគេថាជាមិត្តក្រុមជំនុំ។ កុំប្រព្រឹត្តចំពោះពួកគេដូចជាបងប្អូនប្រុសស្រី ពួកគេមិនមែនជាបងប្អូនប្រុសស្រីទេ។ កុំឱ្យមនុស្សបែបនេះចូលរួមក្នុងពួកជំនុំបំពេញភារកិច្ចពេញម៉ោង ហើយកុំឱ្យពួកគេចូលរួមក្នុងជួរនៃអ្នកដែលបំពេញភារកិច្ចពេញម៉ោង ដំណាក់របស់ព្រះជាម្ចាស់មិនប្រើប្រាស់មនុស្សបែបនេះទេ។ អ្នកខ្លះអាចនិយាយថា៖ «តើអ្នកមានការរើសអើងចំពោះមនុស្សប្រភេទនេះមែនទេ? ទោះបីជាពួកគេហាក់ដូចជាមិនក្ដៅមិនត្រជាក់នៅខាងក្រៅក៏ដោយ ក៏តាមពិតពួកគេមានចិត្តខ្នះខ្នែងណាស់នៅខាងក្នុង»។ វាមិនអាចទៅរួចទេដែលអ្នកជឿដ៏ស្មោះត្រង់បានជឿលើព្រះជាម្ចាស់អស់រយៈពេលប្រាំ ឬដប់ឆ្នាំហើយនៅតែមិនក្ដៅមិនត្រជាក់ អាកប្បកិរិយារបស់មនុស្សប្រភេទនេះបានបើកសម្ដែងយ៉ាងពេញលេញរួចហើយថា ពួកគេគឺជាអ្នកគ្មានជំនឿពិត ជាមនុស្សនៅក្រៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាពួកអ្នកមិនជឿ។ ប្រសិនបើអ្នកនៅតែហៅពួកគេថាជាបងប្អូនប្រុសស្រី ហើយនៅតែនិយាយថាពួកគេត្រូវបានប្រព្រឹត្តចំពោះដោយអយុត្តិធម៌ នោះគ្រាន់តែជាសញ្ញាណ និងអារម្មណ៍របស់អ្នកតែប៉ុណ្ណោះ។

តើយើងគួរប្រព្រឹត្តចំពោះមនុស្សប្រភេទដែលជាមិត្តក្រុមជំនុំដោយរបៀបណា? ពួកគេមានចិត្តល្អ ហើយសុខចិត្តជួយចាត់ចែងកិច្ចការមួយចំនួនតូច។ ប្រសិនបើមានត្រូវការពួកគេ អ្នកអាចផ្ដល់ឱកាសឱ្យពួកគេចាត់ចែងកិច្ចការមួយចំនួនតូចបាន។ ប្រសិនបើពួកគេអាចធ្វើអ្វីមួយបាន ចូរឱ្យពួកគេធ្វើចុះ។ ចំពោះរឿងដែលពួកគេធ្វើមិនបានល្អ ហើយថែមទាំងអាចធ្វើឱ្យខូចការទៀតផង ដាច់ខាតកុំប្រគល់កិច្ចការបែបនេះឱ្យពួកគេ ដើម្បីជៀសវាងការបង្កើតបញ្ហា អ្នកមិនអាចអនុញ្ញាតឱ្យបំណងល្អរបស់ពួកគេមកបង្ខិតបង្ខំអ្នកបានឡើយ។ ពួកគេមិនយល់ពីសេចក្ដីពិតទេ ហើយពួកគេក៏មិនយល់ពីគោលការណ៍ដែរ។ ប្រសិនបើមានកិច្ចការខាងក្រៅដែលពួកគេអាចចាត់ចែងបាន ចូរឱ្យពួកគេធ្វើចុះ។ ប៉ុន្តែដាច់ខាតកុំឱ្យពួកគេចាត់ចែងកិច្ចការធំដុំដែលប៉ះពាល់ដល់កិច្ចការរបស់ក្រុមជំនុំឡើយ ក្នុងករណីបែបនេះ បំណងល្អ និងការជួយដោយខ្នះខ្នែងរបស់ពួកគេគួរតែត្រូវបានបដិសេធ។ នៅពេលដែលអ្នកជួបមនុស្សប្រភេទនេះ ចូរគ្រាន់តែទាក់ទងពួកគេជាលក្ខណៈសាមញ្ញៗបានហើយ កុំប្រាកដប្រជានឹងពួកគេឱ្យសោះ។ ហេតុអ្វីបានជាអ្នកមិនគួរប្រាកដប្រជានឹងពួកគេ? ពីព្រោះពួកគេគ្រាន់តែជាមិត្តក្រុមជំនុំប៉ុណ្ណោះ ហើយពួកគេមិនមែនជាបងប្អូនប្រុសស្រីទាល់តែសោះ។ តើមនុស្សបែបនេះស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើប្រាស់មនុស្សដែរឬទេ? (ទេ ពួកគេមិនស្របទេ)។ ដូច្នេះ ប្រសិនបើមនុស្សប្រភេទនេះមិនចូលរួមការប្រជុំ មិនស្ដាប់ការអធិប្បាយ ឬមិនបំពេញភារកិច្ចទេ នោះមិនចាំបាច់អញ្ជើញពួកគេឡើយ។ ប្រសិនបើពួកគេមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនអធិដ្ឋាន ប្រសិនបើពួកគេមិនស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលណាដែលមានរឿងអ្វីកើតឡើងចំពោះពួកគេ ហើយប្រសិនបើពួកគេមិនសុខចិត្តទាក់ទងជាមួយបងប្អូនប្រុសស្រីទេ នោះមិនចាំបាច់គាំទ្រ ឬជួយពួកគេឡើយ។ សរុបមកមានតែពាក្យប្រាំម៉ាត់ទេ គឺកុំខ្វល់ពីពួកគេ។ កុំប្រាកដប្រាជានឹងមនុស្សប្រភេទដែលជាមិត្តក្រុមជំនុំ និងជាក្រុមអ្នកមិនជឿ ហើយកុំខ្វល់ពីពួកគេ។ មិនចាំបាច់ខ្វល់ខ្វាយពីពួកគេ ហើយក៏មិនចាំបាច់សួរសុខទុក្ខពួកគេដែរ។ ហេតុអ្វីមិនសួរសុខទុក្ខពួកគេ? តើការសួរសុខទុក្ខមនុស្សដែលមិនពាក់ព័ន្ធនឹងយើងមានប្រយោជន៍អ្វី? វាមិនមែនជារឿងឥតប្រយោជន៍ទេឬ? តើអ្នករាល់គ្នាចង់ខ្វល់ពីមនុស្សប្រភេទនេះដែរឬទេ? ប្រហែលជាអ្នករាល់គ្នាចូលចិត្តធ្វើជាអ្នកដឹងរឿងគេ ហើយចង់ខ្វល់ខ្វាយ ហើយឆ្ងល់ថា៖ «តើពួកគេសុខទុក្ខយ៉ាងណាហើយឥឡូវនេះ? តើពួកគេរៀបការហើយឬនៅ? តើពួកគេសុខសប្បាយទេ? តើពួកគេកំពុងធ្វើការអ្វីឥឡូវនេះ?» មិនថាពួកគេយ៉ាងណានោះទេ វាមិនពាក់ព័ន្ធនឹងអ្នកឡើយ។ តើការខ្វល់ខ្វាយអំពីរឿងនោះមានប្រយោជន៍អ្វី? កុំខ្វល់ពីពួកគេ ហើយក៏កុំបញ្ចេញមតិយោបល់ពីពួកគេដែរ។ មនុស្សមួយចំនួនចូលចិត្តបញ្ចេញមតិយោបល់ ដូចជា៖ «អ្នកឃើញទេ? ពួកគេមិនជឿលើព្រះជាម្ចាស់បានត្រឹមត្រូវទេ ពួកគេរស់នៅដោយគ្មានកម្លាំងចិត្ត និងហត់នឿយជារៀងរាល់ថ្ងៃ ហើយពួកគេមើលទៅហត់នឿយ និងអស់កម្លាំងគ្រប់ពេលវេលា» ឬ «អ្នកឃើញទេ? ពួកគេមិនជឿលើព្រះជាម្ចាស់បានត្រឹមត្រូវទេ ដូច្នេះពួកគេគ្មានសេចក្ដីសុខសាន្តទេ ហើយមានរឿងអាក្រក់កើតឡើងនៅក្នុងគ្រួសាររបស់ពួកគេទៀតហើយ»។ ទាំងអស់នេះគឺជារឿងឥតបានការ ហើយវាមិនសំខាន់ទេ។ របៀបដែលពួកគេរស់នៅក្នុងជីវិត និងដើរតាមផ្លូវរបស់ពួកគេ គឺមិនពាក់ព័ន្ធនឹងអ្នកឡើយ។ កុំនិយាយពីពួកគេឱ្យសោះ អ្នកមិនមែនដើរលើផ្លូវតែមួយជាមួយពួកគេទេ។ អ្នកលះបង់ខ្លួនដោយស្មោះត្រង់ដើម្បីព្រះជាម្ចាស់ និងបំពេញភារកិច្ចពេញម៉ោង អ្នកគ្រាន់តែចង់ដេញតាមដើម្បីទទួលបានសេចក្ដីពិត និងសម្រេចបាននូវសេចក្ដីសង្គ្រោះ ហើយមិនថាព្រះជាម្ចាស់មានព្រះបន្ទូលអ្វីក៏ដោយ អ្នកចង់ខិតខំអស់ពីសមត្ថភាពដើម្បីបំពេញតាមព្រះហឫទ័យទ្រង់ រីឯមនុស្សទាំងនោះគ្មានចំណុចទាំងនេះនៅក្នុងចិត្តរបស់ពួកគេទេ។ នៅពេលដែលអ្នកឃើញនិន្នាការអាក្រក់ អ្នកមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមនឹងវា ហើយអ្នកមានអារម្មណ៍ថា គ្មានសេចក្ដីសុខសុភមង្គលក្នុងការរស់នៅក្នុងលោកិយនេះទេ ហើយអាចរកឃើញសេចក្ដីសុខសុភមង្គលបានតែតាមរយៈការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ចំណែកឯពួកគេវិញគឺផ្ទុយពីអ្នកទាំងស្រុង៖ នេះបញ្ជាក់ថា ពួកគេមិនមែនដើរលើផ្លូវតែមួយជាមួយអ្នកទេ។ គោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការចាត់ចែងមនុស្សប្រភេទនេះគឺថា ប្រសិនបើពួកគេសុខចិត្តជួយ ដំណាក់របស់ព្រះជាម្ចាស់អាចផ្ដល់ឱកាសឱ្យពួកគេបាន ដរាបណាគ្មានបន្សល់ទុកបញ្ហាអ្វីនៅពេលក្រោយ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការពួកគេទាល់តែសោះ ហើយពួកគេនៅតែសុខចិត្តជួយ នោះជាការល្អបំផុតដែលត្រូវបដិសេធដោយសុភាព កុំបង្កើតបញ្ហាសម្រាប់ខ្លួនឯង។ អ្នកជឿប្រកបគ្នាអំពីសេចក្ដីពិតជារៀងរាល់ថ្ងៃ និងទទួលយកការលួសកាត់ ប៉ុន្តែនៅតែអាចធ្វើអ្វីៗដោយបង្គ្រប់កិច្ចបាន ដូច្នេះ តើមិត្តក្រុមជំនុំអាចចាត់ចែងកិច្ចការបានត្រឹមត្រូវដោយគ្មានសំណងអ្វីតបស្នងដែរឬទេ? (ទេ មិនអាចទេ)។ អ្នក​ទាំង​អស់​គ្នា​ប្រាប់​មក​មើល៍ តើនេះជាការគិតអាក្រក់ពីមនុស្សមែនទេ? តើនេះជាការមើលមនុស្សក្នុងផ្លូវអវិជ្ជមានជ្រុលពេកមែនទេ? (ទេ មិនមែនទេ)។ នេះគឺជាការនិយាយដោយផ្អែកលើការពិត ដោយផ្អែកលើសារជាតិរបស់មនុស្ស។ កុំល្ងង់ខ្លៅ កុំល្ងង់ ហើយកុំធ្វើរឿងឆ្កួតៗ។ អ្នកជឿនៅតែត្រូវឆ្លងកាត់ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាល សេចក្ដីប្រៀនប្រដៅដ៏តឹងរ៉ឹង ការវាយផ្ចាល និងការលាតត្រដាង មុនពេលការបំពេញភារកិច្ចរបស់ពួកគេអាចស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ មិត្តក្រុមជំនុំ ឬអ្នកមិនជឿ មិនទទួលយកសេចក្ដីពិតណាមួយទាល់តែសោះ ហើយអ្វីៗដែលពួកគេគិតគឺមានតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដូច្នេះ តើនឹងមានលទ្ធផលល្អអ្វីកើតចេញពីការដែលពួកគេចាត់ចែងកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ឬសម្រាប់បងប្អូនប្រុសស្រី? វាមិនអាចទៅរួចទាល់តែសោះ។ វាពិតជាសមរម្យណាស់ដែលមិនខ្វល់ពីមនុស្សប្រភេទនេះ មែនទេ? (មែនហើយ)។ តើ «មិនខ្វល់ពីពួកគេ» មានន័យដូចម្ដេច? វាមានន័យថា ដំណាក់របស់ព្រះជាម្ចាស់មិនចាត់ទុកពួកគេថាជាអ្នកជឿទេ។ ពួកគេអាចជឿលើព្រះជាម្ចាស់តាមតែចិត្តពួកគេចង់បាន ប៉ុន្តែការងារ និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនពាក់ព័ន្ធនឹងពួកគេទាល់តែសោះ។ ពួកគេសុខចិត្តជួយ ប៉ុន្តែយើងត្រូវតែថ្លឹងថ្លែង និងពិចារណាថាតើពួកគេស័ក្តិសមនឹងធ្វើវាដែរឬទេ ហើយប្រសិនបើពួកគេមិនស័ក្តិសមទេ យើងមិនអាចផ្ដល់ឱកាសនេះឱ្យពួកគេបានទេ។ អ្នក​ទាំង​អស់​គ្នា​ប្រាប់​មក​មើល៍ តើការប្រព្រឹត្តបែបនេះស្របតាមគោលការណ៍ដែរឬទេ? តើយើងមានសិទ្ធិប្រព្រឹត្តចំពោះមនុស្សបែបនេះដែរឬទេ? ពិត​ជា​មាន​មែន

IV. របៀបប្រព្រឹត្តចំពោះមនុស្សដែលត្រូវបានបណ្ដេញចេញ

មានមនុស្សមួយប្រភេទទៀត គឺអ្នកដែលត្រូវបានដកចេញ។ តើយើងគួរប្រព្រឹត្តចំពោះពួកគេដោយរបៀបណា? ចំពោះមនុស្សដែលត្រូវបានដកចេញ មិនថាដោយសារតែពួកគេគ្មានសមត្ថភាពធ្វើកិច្ចការពិតប្រាកដ ហើយត្រូវបានចាត់ទុកថាជាអ្នកដឹកនាំក្លែងក្លាយ ឬដោយសារតែពួកគេដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ចាំបាច់ត្រូវបែងចែកមនុស្សទាំងនេះទៅកិច្ចការផ្សេងទៀតឱ្យបានសមហេតុផល និងរៀបចំឱ្យពួកគេបានសមរម្យដែរ។ ប្រសិនបើពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទដែលបានធ្វើអំពើអាក្រក់ជាច្រើន នោះពិតណាស់ពួកគេគួរតែត្រូវបានបណ្ដេញចេញ។ ប្រសិនបើពួកគេមិនបានធ្វើអំពើអាក្រក់ជាច្រើន ប៉ុន្តែមានសារជាតិជាអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានកំណត់លក្ខណៈថាជាអ្នកទទឹងនឹងព្រះគ្រីស្ទ នោះដរាបណាពួកគេនៅតែអាចបម្រើការខ្លះៗបាន ដោយមិនបង្កការបង្អាក់ ឬការរំខានទេ នោះមិនចាំបាច់បណ្ដេញពួកគេចេញទេ ចូរឱ្យពួកគេបន្តបម្រើការ ហើយផ្ដល់ឱកាសឱ្យពួកគេប្រែចិត្ត។ ចំពោះករណីអ្នកដឹកនាំក្លែងក្លាយដែលត្រូវបានដកចេញ ចូររៀបចំឱ្យពួកគេបំពេញកិច្ចការផ្សេង ដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ និងភារកិច្ចដែលពួកគេស័ក្តិសមនឹងធ្វើ ប៉ុន្តែពួកគេលែងត្រូវបានអនុញ្ញាតឱ្យបម្រើការជាអ្នកដឹកនាំក្រុមជំនុំទៀតហើយ។ ចំពោះករណីអ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវបានដកចេញ ដោយសារតែគុណសម្បត្តិរបស់ពួកគេខ្សោយខ្លាំង ហើយពួកគេគ្មានសមត្ថភាពធ្វើកិច្ចការណាមួយ ក៏ត្រូវរៀបចំឱ្យពួកគេបំពេញកិច្ចការផ្សេង ដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ និងភារកិច្ចដែលពួកគេស័ក្តិសមនឹងធ្វើដែរ ប៉ុន្តែពួកគេមិនអាចត្រូវបានដំឡើងតំណែងជាអ្នកដឹកនាំ ឬអ្នកធ្វើការទៀតទេ។ ហេតុអ្វីមិនអាច? ពួកគេត្រូវបានសាកល្បងរួចហើយ។ ពួកគេត្រូវបានបើកសម្ដែង ហើយវាច្បាស់ណាស់ថា គុណសម្បត្តិ និងសមត្ថភាពការងាររបស់មនុស្សបែបនេះ ធ្វើឱ្យពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំទេ។ ប្រសិនបើពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំទេ តើពួកគេមិនអាចបំពេញភារកិច្ចផ្សេងទៀតបានទេឬ? មិនប្រាកដនោះទេ។ គុណសម្បត្តិខ្សោយរបស់ពួកគេធ្វើឱ្យពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំទេ ប៉ុន្តែពួកគេអាចបំពេញភារកិច្ចផ្សេងទៀតបាន។ បន្ទាប់ពីមនុស្សបែបនេះត្រូវបានដកចេញ ពួកគេអាចធ្វើអ្វីក៏ដោយដែលពួកគេស័ក្តិសមនឹងធ្វើ។ មិនគួរដកសិទ្ធិពួកគេក្នុងការបំពេញភារកិច្ចឡើយ។ ពួកគេនៅតែអាចត្រូវបានប្រើប្រាស់ម្ដងទៀតបាន នៅពេលដែលខ្នាតកម្ពស់របស់ពួកគេបានលូតលាស់នៅពេលអនាគត។ អ្នកខ្លះត្រូវបានដកចេញ ដោយសារតែពួកគេនៅក្មេង ហើយគ្មានបទពិសោធន៍ជីវិត ហើយក៏ខ្វះបទពិសោធន៍ការងារដែរ ដូច្នេះពួកគេគ្មានសមត្ថភាពទទួលខុសត្រូវលើកិច្ចការ ហើយនៅទីបំផុតក៏ត្រូវបានដកចេញ។ ក្នុងការដកមនុស្សប្រភេទនេះចេញ មានការបន្ធូរបន្ថយខ្លះ។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេស្របតាមស្ដង់ដារ ហើយគុណសម្បត្តិរបស់ពួកគេគ្រប់គ្រាន់ ពួកគេអាចត្រូវបានប្រើប្រាស់បន្ទាប់ពីត្រូវបានបញ្ចុះតំណែង ឬក៏ពួកគេអាចត្រូវបានដាក់ឱ្យធ្វើកិច្ចការផ្សេងទៀតដែលស័ក្តិសមសម្រាប់ពួកគេ។ នៅពេលដែលការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតមានភាពច្បាស់លាស់ ហើយពួកគេបានប្រឡូកខ្លះៗ និងមានបទពិសោធន៍អំពីកិច្ចការរបស់ក្រុមជំនុំ មនុស្សបែបនេះនៅតែអាចត្រូវបានដំឡើងតំណែង និងបណ្ដុះបណ្ដាលម្ដងទៀតបាន ដោយផ្អែកលើគុណសម្បត្តិរបស់ពួកគេ។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេស្របតាមស្ដង់ដារ ប៉ុន្តែគុណសម្បត្តិរបស់ពួកគេខ្សោយខ្លាំង នោះគ្មានតម្លៃអ្វីទាល់តែសោះក្នុងការបណ្ដុះបណ្ដាលពួកគេ ហើយពួកគេដាច់ខាតមិនអាចត្រូវបានបណ្ដុះបណ្ដាល ឬរក្សាទុកឱ្យបម្រើការឡើយ។

នៅក្នុងចំណោមអ្នកដែលត្រូវបានបណ្ដេញចេញ មានមនុស្សពីរប្រភេទដែលដាច់ខាតមិនអាចត្រូវបានដំឡើងតំណែង និងបណ្ដុះបណ្ដាលម្ដងទៀតបានឡើយ។ មួយប្រភេទគឺពួកទទឹងនឹងព្រះគ្រីស្ទ ហើយមួយប្រភេទទៀតគឺអស់អ្នកដែលមានគុណសម្បត្តិទាបពេក។ បន្ទាប់មក មានមនុស្សមួយចំនួនដែលមិនត្រូវបានចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែគ្រាន់តែមានភាពជាមនុស្សអន់ថយ អាត្មានិយម និងបោកបញ្ឆោត ហើយមួយចំនួននៃមនុស្សទាំងនេះគឺខ្ជិលច្រអូស លោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម និងមិនអាចស៊ូទ្រាំនឹងការលំបាកបានឡើយ។ ទោះបីជាមនុស្សបែបនេះមានគុណសម្បត្តិល្អលើសលប់ក៏ដោយ ក៏ពួកគេមិនអាចត្រូវបានដំឡើងតំណែងម្ដងទៀតបានដែរ។ ប្រសិនបើពួកគេមានគុណសម្បត្តិបន្តិចបន្តួច នោះចូរឱ្យពួកគេធ្វើអ្វីក៏ដោយដែលពួកគេអាចធ្វើបាន ដរាបណាមានការរៀបចំសមស្របសម្រាប់រឿងនោះ។ សរុបមក កុំដំឡើងតំណែងពួកគេឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ ក្រៅពីមានគុណសម្បត្តិ និងសមត្ថភាពការងារ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ពីសេចក្ដីពិត មានបន្ទុកសម្រាប់ក្រុមជំនុំ អាចតស៊ូនឹងការងារលំបាក ហើយពួកគេត្រូវតែឧស្សាហ៍ព្យាយាម និងមិនខ្ជិលច្រអូស។ លើសពីនេះទៅទៀត ពួកគេត្រូវតែជាមនុស្សដែលទៀងត្រង់ និងសុចរិតត្រឹមត្រូវសមរម្យ។ អ្នកមិនអាចជ្រើសរើសមនុស្សដែលបោកបញ្ឆោតជាដាច់ខាត។ អស់អ្នកណាដែលវៀចវេរ និងបោកបញ្ឆោតខ្លាំងពេក តែងតែរកកលល្បិចប្រឆាំងនឹងបងប្អូនប្រុសស្រី អ្នកដឹកនាំថ្នាក់លើរបស់ពួកគេ និងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេចំណាយពេលមួយថ្ងៃៗគិតតែអំពីគំនិតទុច្ចរិត។ នៅពេលដោះស្រាយជាមួយមនុស្សបែបនេះ អ្នកត្រូវតែស្មានជានិច្ចនូវអ្វីដែលពួកគេកំពុងគិតពិតប្រាកដ អ្នកត្រូវតែសាកសួរជានិច្ចថា តើពួកគេកំពុងធ្វើអ្វីពិតប្រាកដនាពេលថ្មីៗនេះ ហើយអ្នកត្រូវតែឃ្លាំមើលពួកគេជានិច្ច។ បើប្រើពួកគេវិញ គឺនឿយហត់ ហើយក៏ពិបាកចិត្តខ្លាំងណាស់ដែរ។ ប្រសិនបើមនុស្សប្រភេទនេះត្រូវបានដំឡើងតំណែងឱ្យបំពេញភារកិច្ច ទោះបីជាពួកគេយល់ពីគោលលទ្ធិបន្តិចបន្តួចក៏ដោយ ក៏ពួកគេនឹងមិនអនុវត្តគោលលទ្ធិទាំងនោះដែរ ហើយពួកគេនឹងរំពឹងទុកនូវផលប្រយោជន៍ និងផលចំណេញសម្រាប់រាល់ការងារដែលពួកគេធ្វើ។ បើប្រើមនុស្សបែបនេះ គឺនាំតែពិបាកចិត្ត ហើយមានបញ្ហាច្រើនណាស់ ដូច្នេះមនុស្សបែបនេះមិនអាចត្រូវបានដំឡើងតំណែងបានទេ។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់ពួកទទឹងនឹងព្រះគ្រីស្ទ អស់អ្នកណាដែលមានគុណសម្បត្តិអន់ថយលើសលប់ អស់អ្នកណាដែលមានភាពជាមនុស្សអាក្រក់ អស់អ្នកណាដែលខ្ជិលច្រអូស លោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម និងមិនអាចស៊ូទ្រាំនឹងការលំបាកបាន និងអស់អ្នកណាដែលវៀចវេរ និងបោកបញ្ឆោតយ៉ាងខ្លាំង នៅពេលដែលមនុស្សប្រភេទនេះត្រូវបានបើកសម្តែង និងបណ្ដេញចេញ បន្ទាប់ពីត្រូវបានប្រើរួចហើយ ចូរកុំដំឡើងតំណែងពួកគេជាលើកទីពីរឡើយ។ ចូរកុំប្រើពួកគេដោយខុសឆ្គងម្ដងទៀត បន្ទាប់ពីពួកគេត្រូវបានគេមើលធ្លុះហើយ។ អ្នកខ្លះអាចនិយាយថា៖ «បុគ្គលនេះពីមុនត្រូវបានកំណត់លក្ខណៈថា ជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ យើងបានកត់សម្គាល់ឃើញថា ពួកគេបានបំពេញការងារបានយ៉ាងល្អមួយរយៈ ឥឡូវនេះ ពួកគេអាចប្រាស្រ័យទាក់ទងជាធម្មតាជាមួយបងប្អូនប្រុសស្រី ហើយលែងដាក់កំហិតលើអ្នកដទៃទៀតហើយ។ តើពួកគេអាចត្រូវបានដំឡើងតំណែងបានទេ?» កុំប្រញាប់ប្រញាល់ធ្វើដូច្នេះឱ្យសោះ នៅពេលដែលពួកគេត្រូវបានដំឡើងតំណែង និងទទួលបានឋានៈ នោះធម្មជាតិជាអ្នកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេនឹងត្រូវបានលាតត្រដាងចេញមក។ អ្នកផ្សេងទៀតអាចនិយាយថា៖ «ពីមុន គុណសម្បត្តិរបស់បុគ្គលនេះគឺអន់ខ្សោយលើសលប់ នៅពេលដែលពួកគេត្រូវបានស្នើសុំឱ្យមើលការខុសត្រូវការងាររបស់មនុស្សពីរនាក់ ពួកគេមិនដឹងពីរបៀបបែងចែកភារកិច្ចទេ ហើយប្រសិនបើរឿងពីរបានកើតឡើងក្នុងពេលតែមួយ ពួកគេមិនដឹងពីរបៀបរៀបចំឱ្យបានសមហេតុផលទេ។ ឥឡូវនេះពួកគេមានអាយុច្រើនបន្តិចហើយ ពួកគេនឹងធ្វើរឿងទាំងនេះបានប្រសើរជាងមុនមែនទេ?» តើការអះអាងនេះអាចយកជាការបានទេ? (ទេ មិនអាចយកជាការបានទេ)។ នៅពេលដែលរឿងពីរបានកើតឡើងក្នុងពេលតែមួយ បុគ្គលនោះទៅជាភ្លាវ ហើយមិនដឹងពីរបៀបដោះស្រាយវាទេ។ ពួកគេមិនអាចមើលធ្លុះនរណាម្នាក់ ឬអ្វីមួយបានឡើយ។ គុណសម្បត្តិរបស់ពួកគេគឺអន់ខ្សោយណាស់ រហូតដល់ថ្នាក់ពួកគេគ្មានសមត្ថភាពការងារ ឬសមត្ថភាពក្នុងការយល់ដឹងឡើយ។ មនុស្សបែបនេះដាច់ខាតមិនអាចត្រូវបានដំឡើងតំណែងជាអ្នកដឹកនាំម្ដងទៀតបានទេ។ នេះមិនមែនជារឿងអាយុច្រើន ឬតិចនោះទេ។ មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយនឹងនៅតែមានគុណសម្បត្តិអន់ខ្សោយដដែល នៅពេលដែលពួកគេមានអាយុប៉ែតសិបឆ្នាំ។ វាមិនដូចដែលមនុស្សស្រមៃនោះទេថា នៅពេលដែលនរណាម្នាក់កាន់តែចាស់ ហើយទទួលបានបទពិសោធកាន់តែច្រើន ពួកគេអាចយល់គ្រប់យ៉ាងបាន ពោលគឺវាមិនមែនដូច្នោះទេ។ ពួកគេនឹងគ្រាន់តែមានបទពិសោធខ្លះៗក្នុងជីវិតប៉ុណ្ណោះ ប៉ុន្តែបទពិសោធក្នុងជីវិតមិនស្មើនឹងគុណសម្បត្តិទេ។ មិនថាមនុស្សម្នាក់ឆ្លងកាត់រឿងរ៉ាវប៉ុន្មាន ឬរៀនមេរៀនប៉ុន្មានក៏ដោយ វាមិនមានន័យថាគុណសម្បត្តិរបស់ពួកគេនឹងប្រសើរឡើងនោះទេ។

ប្រសិនបើភាពជាមនុស្សរបស់នរណាម្នាក់អាត្មានិយមពេក បោកបញ្ឆោតពេក និងទុច្ចរិតពេក ហើយពួកគេពោរពេញទៅដោយកលល្បិចពិសពុល ហើយគិតតែពីខ្លួនឯង តើមនុស្សប្រភេទនេះអាចផ្លាស់ប្ដូរបានដែរឬទេ? ពួកគេត្រូវបានបណ្ដេញចេញដោយសារហេតុផលទាំងនេះ។ ឥឡូវនេះ ដប់ឆ្នាំបានកន្លងផុតទៅ ហើយពួកគេបានស្ដាប់ការអធិប្បាយជាច្រើន តើភាពជាមនុស្សរបស់ពួកគេលែងអាត្មានិយម វៀចវេរ និងបោកបញ្ឆោតទៀតហើយមែនទេ? ខ្ញុំសូមប្រាប់អ្នកថា៖ មនុស្សប្រភេទនេះនឹងមិនផ្លាស់ប្ដូរឡើយ ពួកគេនឹងនៅតែដដែល ទោះម្ភៃឆ្នាំទៀតក៏ដោយ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកជួបពួកគេម្ដងទៀតក្នុងរយៈពេលម្ភៃឆ្នាំ ហើយសួរពួកគេថា តើពួកគេនៅតែអាត្មានិយម និងបោកបញ្ឆោតដដែលឬយ៉ាងណា នោះពួកគេនឹងសារភាពដោយខ្លួនឯងទៀតផង។ ហេតុអ្វីបានជាមនុស្សដែលមានភាពជាមនុស្សអន់ថយមិនផ្លាស់ប្ដូរ? តើពួកគេអាចផ្លាស់ប្ដូរបានទេ? បើឧបមាថាពួកគេអាចផ្លាស់ប្ដូរបាន តើអ្វីទៅដែលត្រូវជាមូលដ្ឋាន និងលក្ខខណ្ឌដើម្បីឱ្យរឿងនោះកើតឡើង? គឺពួកគេត្រូវតែអាចទទួលយកសេចក្ដីពិតបាន។ មនុស្សដែលមានភាពជាមនុស្សអន់ថយមិនទទួលយកសេចក្ដីពិតទេ ហើយនៅក្នុងចិត្ត ពួកគេមើលងាយ ស្អប់ខ្ពើម សើចចំអក និងស្អប់អ្វីដែលល្អត្រឹមត្រូវ គឺពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ។ ដូច្នេះ មិនថារយៈពេលប៉ុន្មានឆ្នាំបានកន្លងផុតទៅក៏ដោយ ចូរកុំដំឡើងតំណែងពួកគេ ពីព្រោះពួកគេគ្មានសមត្ថភាពផ្លាស់ប្ដូរឡើយ។ វាអាចទៅរួចដែលថាក្នុងរយៈពេលម្ភៃឆ្នាំ ពួកគេនឹងរៀនចេះធ្វើខ្លួនកាន់តែក្រឡេចក្រឡុច ហើយកាន់តែពូកែនិយាយពាក្យពីរោះៗ និងពាក្យដែលបោកបញ្ឆោតអ្នកដទៃ។ ប៉ុន្តែ ប្រសិនបើអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំងនេះ ហើយសង្កេតមើលសកម្មភាពរបស់ពួកគេ អ្នកនឹងរកឃើញនូវការពិតមួយ នោះគឺថាពួកគេមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច។ អ្នកគិតថា បន្ទាប់ពីច្រើនឆ្នាំបានកន្លងផុតទៅ ហើយពួកគេបានស្ដាប់ការអធិប្បាយជាច្រើន និងបានបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អស់រយៈពេលយ៉ាងយូរ ពួកគេគួរតែបានផ្លាស់ប្ដូរហើយ ពោលគឺអ្នកគិតខុសហើយ! ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុអ្វី? ពួកគេបានស្ដាប់ការអធិប្បាយជាច្រើន និងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ប៉ុន្តែពួកគេមិនទទួលយក ឬអនុវត្តសូម្បីតែមួយប្រយោគឡើយ ដូច្នេះពួកគេមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយក៏គ្មានផ្លូវអាចផ្លាស់ប្ដូរបានដែរ។ នៅពេលដែលមនុស្សបែបនេះត្រូវបានបើកសម្តែង និងដកចេញពីតំណែង ពួកគេមិនអាចត្រូវបានប្រើប្រាស់ម្ដងទៀតបានឡើយ ហើយប្រសិនបើអ្នកប្រើប្រាស់ពួកគេ នោះអ្នកកំពុងតែធ្វើឱ្យខូចខាតដល់ដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីហើយ។ ប្រសិនបើអ្នកមិនប្រាកដទេ ចូរគ្រាន់តែសង្កេតមើលរបៀបដែលពួកគេប្រព្រឹត្ត ហើយមើលថាតើពួកគេការពារផលប្រយោជន៍របស់អ្នកណា នៅពេលប្រឈមមុខនឹងរឿងដែលនាំឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ះទង្គិចជាមួយផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេដាច់ខាតនឹងមិនលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយខំប្រឹងអស់ពីសមត្ថភាពដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ បើមើលពីទិដ្ឋភាពនេះ ពួកគេមិនគួរឱ្យទុកចិត្តទេ ហើយពួកគេមិនស័ក្តិសមនឹងត្រូវបានដំឡើងតំណែង និងប្រើប្រាស់ដោយដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នោះហើយជាមូលហេតុដែលមនុស្សបែបនេះមុខតែមិនអាចត្រូវបានប្រើប្រាស់ឡើយ។ តើមនុស្សដែលមិនទទួលយកសេចក្ដីពិតអាចផ្លាស់ប្ដូរបានទៀតទេ? វាមិនអាចទៅរួចទេ ហើយនោះគឺជាការយល់សប្ដិទាំងថ្ងៃហើយ!

ចំពោះមនុស្សដែលខ្ជិលច្រអូស លោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម និងមិនអាចស៊ូទ្រាំនឹងការលំបាកសូម្បីតែបន្តិចបន្តួ ពួកគេរឹតតែគ្មានសមត្ថភាពផ្លាស់ប្ដូរទៅទៀត។ ក្នុងអំឡុងពេលដែលពួកគេធ្វើជាអ្នកដឹកនាំ ពួកគេមិនរងទុក្ខលំបាកអ្វីឡើយ ពួកគេមិនស៊ូទ្រាំសូម្បីតែការលំបាកដែលបងប្អូនប្រុសស្រីធម្មតាអាចស៊ូទ្រាំបានផង។ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ គឺធ្វើការប្រជុំ និងអធិប្បាយគោលលទ្ធិខ្លះៗ រួចហើយក៏ចូលដេកដើម្បីថែទាំខ្លួនឯងឱ្យបានល្អ។ ប្រសិនបើនៅពេលយប់ ពួកគេចូលដេកយឺតបន្តិច ក៏ពួកគេនៅតែដេកលក់យ៉ាងស្កប់ស្កល់ដែរនៅពេលព្រឹក នៅពេលដែលបងប្អូនប្រុសស្រីកំពុងក្រោកពីដំណេក។ ពួកគេមិនសុខចិត្តនឿយហត់បន្តិចបន្តួច ឬរវល់បន្តិចបន្តួច ឬស៊ូទ្រាំនឹងការលំបាកបន្តិចបន្តួចឡើយ។ ពួកគេមិនលះបង់តម្លៃអ្វីឡើយ ហើយក៏មិនធ្វើការងារពិតប្រាកដអ្វីដែរ។ គ្រប់ទីកន្លែងដែលពួកគេទៅ នៅពេលដែលពួកគេឃើញអាហារ និងភេសជ្ជៈឆ្ងាញ់ៗភ្លាម ពួកគេសប្បាយចិត្តខ្លាំងរហូតដល់ភ្លេចអស់ការងារ ហើយពួកគេមិនទៅណាឡើយ គឺនៅតែទីនោះដើម្បីហូបចុក និងសប្បាយរីករាយ ដោយមិនធ្វើការងារអ្វីទាំងអស់។ ពួកគេមិនស្ដាប់នៅពេលដែលពួកគេត្រូវបានលួសកាត់ដោយថ្នាក់លើ ហើយក៏មិនទទួលយកការរំឭក និងការលាតត្រដាងពីបងប្អូនប្រុសស្រីដែរ។ ពួកគេជ្រើសរើសរស់នៅក្នុងជីវិតតាមរបៀបដែលស្រណុកស្រួលបំផុតតាមដែលអាចធ្វើបាន ដោយមិនលះបង់តម្លៃអ្វី និងដោយមិនបំពេញការទទួលខុសត្រូវ ឬបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយ ពួកគេក្លាយជាមនុស្សគ្មានបានការ។ តើមនុស្សបែបនេះមានសមត្ថភាពផ្លាស់ប្ដូរដែរឬទេ? មនុស្សប្រភេទនេះខ្ជិលច្រអូសពេកហើយ លោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម ពួកគេមិនអាចផ្លាស់ប្ដូរបានទេ។ ឥឡូវយ៉ាងម៉េច ទៅថ្ងៃមុខក៏នៅតែយ៉ាងហ្នឹង។ មនុស្សមួយចំនួនអាចនិយាយថា៖ «បុគ្គលនោះបានផ្លាស់ប្ដូរហើយ មួយរយៈនេះពួកគេបានប្រឹងប្រែងធ្វើការងាររបស់ពួកគេយ៉ាងខ្លាំង»។ ចូរកុំប្រញាប់ប្រញាល់ធ្វើដូច្នេះឱ្យសោះ។ ប្រសិនបើអ្នកដំឡើងតំណែងពួកគេឱ្យធ្វើជាអ្នកដឹកនាំ ពួកគេនឹងចេញចរិតចាស់វិញ គឺពួកគេបែបហ្នឹងឯង។ ពួកគេគឺដូចជាអ្នកលេងល្បែងអ៊ីចឹង ដែលនៅពេលអស់លុយ នឹងបន្តលេងល្បែង ទោះបីជាត្រូវខ្ចីលុយ លក់ផ្ទះ ឬសូម្បីតែលក់ប្រពន្ធកូនក៏ដោយ។ ប្រសិនបើពួកគេមិនបានលេងល្បែងនាពេលថ្មីៗនេះទេ វាអាចមកពីកាស៊ីណូបានបិទទ្វារ ហើយគ្មានកន្លែងលេងល្បែង ឬក៏ដោយសារមិត្តភក្តិលេងល្បែងរបស់ពួកគេទាំងអស់ត្រូវបានចាប់ខ្លួន ហើយគ្មាននរណាម្នាក់លេងល្បែងជាមួយពួកគេទៀតទេ ឬក៏ដោយសារពួកគេបានលក់របស់ទាំងអស់ដែលអាចលក់បាន ហើយគ្មានលុយសល់សម្រាប់លេងល្បែង។ នៅពេលដែលពួកគេមានលុយនៅក្នុងដៃ ពួកគេនឹងចាប់ផ្ដើមលេងល្បែងម្ដងទៀត ហើយនឹងមិនអាចឈប់បានឡើយ គឺពួកគេបែបហ្នឹងឯង។ ដូចគ្នាដែរ អស់អ្នកណាដែលខ្ជិលច្រអូស និងលោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម ក៏គ្មានសមត្ថភាពផ្លាស់ប្ដូរដែរ។ នៅពេលដែលពួកគេទទួលបានឋានៈខ្លះ ពួកគេនឹងត្រឡប់ទៅរកសភាពដើមរបស់ពួកគេវិញភ្លាមៗ ហើយសារជាតិពិតរបស់ពួកគេនឹងត្រូវបានលាតត្រដាង។ នៅពេលដែលពួកគេគ្មានឋានៈ គ្មាននរណាម្នាក់ឱ្យតម្លៃពួកគេ ហើយគ្មាននរណាម្នាក់បម្រើពួកគេទេ ហើយប្រសិនបើពួកគេមិនធ្វើអ្វីសោះ នោះពួកគេគួរតែត្រូវបានជម្រុះចោល ពីព្រោះក្រុមជំនុំមិនចិញ្ចឹមអ្នកនៅទំនេរទេ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើការងារខ្លះៗដោយបង្ខំចិត្តឡើយ។ ពួកគេធ្វើការងារខុសពីអ្នកដទៃ។ អ្នកដទៃធ្វើការងារដោយស្ម័គ្រចិត្ត រីឯពួកគេវិញធ្វើដោយបង្ខំចិត្ត។ ទោះបីជាខាងក្រៅគ្មានអ្វីខុសគ្នាក៏ដោយ ក៏នៅក្នុងសារជាតិមានភាពខុសគ្នាដែរ។ នៅពេលដែលអ្នកដទៃមានឋានៈ ពួកគេធ្វើអ្វីដែលពួកគេគួរតែធ្វើ ហើយអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបាន។ រីឯមនុស្សទាំងនេះវិញ នៅពេលដែលពួកគេមានឋានៈ ពួកគេឆ្លៀតឱកាសដើម្បីបណ្ដោយខ្លួនតាមផលប្រយោជន៍នៃឋានៈរបស់ពួកគេ ហើយមិនធ្វើការងារអ្វីឡើយ ហើយសារជាតិធម្មជាតិនៃភាពខ្ជិលច្រអូស និងការលោភលន់នឹងភាពសុខស្រួលរបស់ពួកគេក៏ត្រូវបានលាតត្រដាងចេញមក។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះនឹងមិនផ្លាស់ប្ដូរឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយនៅពេលដែលពួកគេត្រូវបានបើកសម្តែង និងបណ្ដេញចេញ មនុស្សបែបនេះមិនគួរត្រូវបានដំឡើងតំណែង និងប្រើប្រាស់ម្ដងទៀតជាដាច់ខាត ដែលនេះគឺជាគោលការណ៍។

នៅពេលនិយាយអំពីមនុស្សដែលមានស្ថានភាពខុសៗគ្នា ទាំងនេះគឺជាគោលការណ៍សម្រាប់ការដំឡើងតំណែង និងការប្រើពួកគេ។ ស្ដង់ដាអប្បបរមាគឺថា ពួកគេអាចចេញកម្លាំង និងបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន ដោយមិនបង្កការរំខាន។ បើបានដូច្នេះ ពួកគេអាចបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ ប្រសិនបើពួកគេមិនអាចបំពេញបានសូម្បីតែស្ដង់ដាអប្បបរមានេះ នោះមិនថាភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេដូចបែបណាក៏ដោយ ក៏ពួកគេមិនសមនឹងបំពេញភារកិច្ចឡើយ ហើយមនុស្សប្រភេទនេះគួរតែត្រូវបានជម្រុះចោលចេញពីជួរនៃអ្នកដែលបំពេញភារកិច្ច។ ប្រសិនបើភាពជាមនុស្សរបស់បុគ្គលម្នាក់គឺព្យាបាទ ហើយស្មើនឹងពួកទទឹងនឹងព្រះគ្រីស្ទ នោះនៅពេលដែលវាត្រូវបានបញ្ជាក់ថាពួកគេគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនប្រើពួកគេជាដាច់ខាត ហើយក៏មិនដំឡើងតំណែង ឬបណ្ដុះបណ្ដាលពួកគេដែរ។ មនុស្សមួយចំនួនអាចនិយាយថា៖ «តើឱ្យពួកគេបម្រើការបានទេ?» វាអាស្រ័យលើស្ថានភាព។ ប្រសិនបើការបម្រើការរបស់ពួកគេអាចមានឥទ្ធិពលអវិជ្ជមាន ហើយនាំមកនូវផលវិបាកអាក្រក់ដល់ដំណាក់របស់ព្រះជាម្ចាស់ នោះដំណាក់របស់ព្រះជាម្ចាស់នឹងមិនផ្ដល់ឱកាសឱ្យពួកគេបម្រើការសូម្បីតែបន្តិចឡើយ។ ប្រសិនបើពួកគេដឹងថាខ្លួនឯងគឺជាមនុស្សអាក្រក់ ឬជាអ្នកទទឹងនឹងព្រះគ្រីស្ទដែលត្រូវបានបណ្ដេញចេញ ប៉ុន្តែពួកគេសុខចិត្តបម្រើការ ហើយនឹងធ្វើអ្វីៗតាមដែលពួកជំនុំរៀបចំឱ្យពួកគេធ្វើ ហើយអាចបម្រើការដោយស្លូតបូត ដោយមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ណាមួយរបស់ដំណាក់របស់ព្រះជាម្ចាស់ នោះក្នុងករណីនោះ ពួកគេអាចត្រូវបានរក្សាទុក។ ប្រសិនបើពួកគេមិនអាចសូម្បីតែបម្រើការបានត្រឹមត្រូវ ហើយការបម្រើរបស់ពួកគេនាំមកនូវគ្រោះថ្នាក់ច្រើនជាងផលល្អ នោះពួកគេនឹងគ្មានសូម្បីតែឱកាសដើម្បីបម្រើការឡើយ ហើយទោះបីជាពួកគេបម្រើការក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់នៅតែមិនប្រើពួកគេដែរ ពីព្រោះពួកគេគ្មានសូម្បីតែលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបំពេញតាមលក្ខខណ្ឌសម្រាប់ការបម្រើការឡើយ។ ដូច្នេះ មនុស្សប្រភេទនេះមិនគួរត្រឡប់មកវិញទេ។ ចូរឱ្យពួកគេទៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ មនុស្សមួយចំនួនអាចនិយាយថា៖ «ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនប្រើខ្ញុំទេ នោះខ្ញុំនឹងផ្សាយដំណឹងល្អដោយខ្លួនឯង ហើយខ្ញុំនឹងប្រគល់មនុស្សដែលខ្ញុំទទួលបានតាមរយៈការផ្សាយដំណឹងល្អទៅឱ្យដំណាក់របស់ព្រះជាម្ចាស់»។ តើធ្វើដូច្នេះបានទេ? (បាន)។ អ្នកខ្លះអាចនិយាយថា៖ «អ្នកមិនប្រើបុគ្គលនោះសូម្បីតែដើម្បីបម្រើការផង ដូច្នេះតើផ្អែកលើមូលដ្ឋានអ្វីដែលពួកគេគួរតែប្រគល់មនុស្សដែលពួកគេទទួលបានតាមរយៈការផ្សាយដំណឹងល្អទៅឱ្យអ្នក? តើផ្អែកលើមូលដ្ឋានអ្វីដែលពួកគេគួរតែផ្សាយដំណឹងល្អសម្រាប់អ្នក?» ដំណាក់របស់ព្រះជាម្ចាស់មិនប្រើពួកគេដោយសារទិដ្ឋភាពផ្សេងៗ។ មួយគឺថា ពួកគេមិនអនុលោមតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើមនុស្សទេ។ មួយទៀតគឺថា ដំណាក់របស់ព្រះជាម្ចាស់មិនហ៊ានប្រើ មនុស្សប្រភេទនេះទេ ពីព្រោះនៅពេលដែលពួកគេត្រូវបានប្រើ វានឹងមានបញ្ហាមិនចេះចប់។ ដូច្នេះ តើយើងគួរពន្យល់ពីបញ្ហានៃការដែលពួកគេសុខចិត្តផ្សាយដំណឹងល្អនេះដោយរបៀបណា? អ្វីដែលពួកគេធ្វើបន្ទាល់នៅក្នុងការផ្សាយដំណឹងល្អគឺព្រះជាម្ចាស់ ហើយគឺដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ទើបពួកគេអាចទទួលបានមនុស្ស។ ទោះបីជាមនុស្សទាំងនេះត្រូវបានទទួលតាមរយៈការផ្សាយដំណឹងល្អរបស់បុគ្គលនោះក៏ដោយ ក៏នេះមិនរាប់ថាជាគុណបំណាច់របស់ពួកគេដែរ។ យ៉ាងល្អបំផុត វាគ្រាន់តែជាការបំពេញការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាមនុស្សម្នាក់ប៉ុណ្ណោះ។ មិនថាអ្នកជាអ្នកទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ ឬថាតើអ្នកត្រូវបានជម្រុះចោល ឬបណ្ដេញចេញក៏ដោយ ការបំពេញការទទួលខុសត្រូវរបស់អ្នកក្នុងនាមជាមនុស្សម្នាក់ គឺជាអ្វីដែលអ្នកគួរតែធ្វើ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាជាអ្វីដែលអ្នកគួរតែធ្វើ? អ្នកបានទទួលការផ្គត់ផ្គង់នូវសេចក្ដីពិតដ៏អស្ចារ្យបែបនេះពីព្រះជាម្ចាស់ ហើយនេះក៏ជាឈាមពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដំណាក់របស់ព្រះជាម្ចាស់បានស្រោចស្រពអ្នក និងបានផ្គត់ផ្គង់អ្នកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែតើព្រះជាម្ចាស់ទាមទារអ្វីពីអ្នកដែរឬទេ? ទេ។ សៀវភៅផ្សេងៗទាំងអស់ដែលបានចែកដោយដំណាក់របស់ព្រះជាម្ចាស់គឺឥតគិតថ្លៃ គ្មាននរណាម្នាក់ត្រូវចំណាយសូម្បីតែមួយសេនឡើយ។ ដូចគ្នាដែរ ផ្លូវពិតនៃជីវិតអស់កល្បជានិច្ច និងព្រះបន្ទូលនៃជីវិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគឺឥតគិតថ្លៃ ហើយសេចក្តីអធិប្បាយ និងការប្រកបគ្នានៃដំណាក់របស់ព្រះជាម្ចាស់គឺសុទ្ធតែឥតគិតថ្លៃសម្រាប់ឱ្យមនុស្សស្ដាប់។ ហេតុដូច្នេះហើយ មិនថាអ្នកជាមនុស្សធម្មតា ឬជាសមាជិកនៃក្រុមពិសេសណាមួយទេ អ្នកបានទទួលសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ដោយឥតគិតថ្លៃ ដូច្នេះវាពិតជាត្រឹមត្រូវណាស់ដែលអ្នកគួរតែផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដំណឹងល្អរបស់ព្រះជាម្ចាស់ដល់មនុស្ស ហើយនាំមនុស្សមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ មែនទេ? ព្រះជាម្ចាស់បានប្រទានសេចក្ដីពិតទាំងអស់ដល់មនុស្សជាតិ។ តើអ្នកណាអាចមានលទ្ធភាពសងនូវសេចក្ដីស្រឡាញ់ដ៏ធំធេងបែបនេះបានទៅ? ព្រះគុណរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជីវិតរបស់ព្រះជាម្ចាស់គឺមិនអាចកាត់ថ្លៃបាន ហើយគ្មានមនុស្សណាម្នាក់អាចមានលទ្ធភាពសងបានឡើយ! តើជីវិតរបស់មនុស្សមានតម្លៃដល់ម្ល៉ឹងឬ? តើវាអាចមានតម្លៃស្មើនឹងសេចក្ដីពិតបានដែរឬទេ? ហេតុដូច្នេះហើយ គ្មាននរណាម្នាក់អាចមានលទ្ធភាពសងនូវសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះជាម្ចាស់បានឡើយ ហើយនោះរួមបញ្ចូលទាំងអស់អ្នកណាដែលត្រូវបានជម្រុះចោល បណ្ដេញចេញ និងដកចេញដោយពួកជំនុំផងដែរ ពួកគេក៏មិនមែនជាករណីលើកលែងដែរ។ ដរាបណាអ្នកមានសតិសម្បជញ្ញៈ ញាណនិងភាពជាមនុស្សខ្លះ នោះមិនថាដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នកយ៉ាងណាក៏ដោយ អ្នកគួរតែបំពេញកាតព្វកិច្ចរបស់អ្នកដើម្បីផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់។ នេះគឺជាទំនួលខុសត្រូវដែលមនុស្សគេចមិនផុតឡើយ។ ហេតុដូច្នេះហើយ មិនថាអ្នកផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដំណឹងល្អរបស់ទ្រង់ដល់មនុស្សប៉ុន្មាននាក់ ឬទទួលបានមនុស្សប៉ុន្មាននាក់ក៏ដោយ នេះគ្មានអ្វីដែលត្រូវសរសើរអ្នកនោះទេ។ ព្រះជាម្ចាស់បានសម្ដែងចេញសេចក្ដីពិតជាច្រើន ប៉ុន្តែអ្នកមិនស្ដាប់ ឬទទួលយកសេចក្ដីពិតទាំងនោះទេ។ ពិតណាស់ ការបម្រើការបន្តិចបន្តួច និងការផ្សាយដំណឹងល្អដល់អ្នកដទៃ គឺជាអ្វីដែលអ្នកគួរតែធ្វើ មែនទេ? ដោយសារអ្នកបានមកដល់ចំណុចនេះហើយនៅថ្ងៃនេះ តើអ្នកមិនគួរស្តាយក្រោយទេឬ? តើអ្នកមិនគួរស្វែងរកឱកាសដើម្បីសងនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទេឬ? អ្នកពិតជាគួរតែធ្វើណាស់! ដំណាក់របស់ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាល ហើយការជម្រុះចោលមនុស្ស ការបណ្ដេញពួកគេចេញ និងការដកពួកគេចេញ គឺជារឿងដែលត្រូវបានធ្វើឡើងស្របតាមបញ្ញត្តិរដ្ឋបាល និងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ការធ្វើរឿងទាំងនេះគឺត្រឹមត្រូវហើយ។ មនុស្សមួយចំនួនអាចនិយាយថា «វាគួរឱ្យអាម៉ាស់បន្តិចដែរក្នុងការទទួលយកមនុស្សដែលទទួលបានតាមរយៈការផ្សាយដំណឹងល្អរបស់អស់អ្នកដែលត្រូវបានជម្រុះចោល ឬបណ្ដេញចេញ ចូលមកក្នុង ពួកជំនុំ»។ តាមការពិតជាក់ស្តែង នេះគឺជាភារកិច្ចដែលមនុស្សគួរតែធ្វើ ហើយគ្មានអ្វីដែលគួរឱ្យអាម៉ាស់នោះទេ។ មនុស្សទាំងអស់គឺជាភាវៈដែលបានបង្កើតមក។ ទោះបីជាអ្នករាល់គ្នាត្រូវបានជម្រុះចោល ឬបណ្ដេញចេញ ត្រូវបានថ្កោលទោសថាជាមនុស្សអាក្រក់ ឬជាអ្នកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកគឺជាគោលដៅ ដែលត្រូវដកចេញក៏ដោយ តើអ្នកមិនមែននៅតែជាភាវៈដែលបានបង្កើតមកទេឬ? នៅពេលដែលអ្នកត្រូវបានជម្រុះចោល តើព្រះជាម្ចាស់មិនមែននៅតែជាព្រះជាម្ចាស់របស់អ្នកទេឬ? តើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកកាន់អ្នក និងអ្វីៗដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់អ្នកត្រូវបានលុបចោលតែម្ដងឬ? តើរបស់ទាំងនោះលែងមានទៀតហើយឬ? របស់ទាំងនោះនៅតែមាន គ្រាន់តែថាអ្នកមិនបានឱ្យតម្លៃវាប៉ុណ្ណោះ។ មនុស្សទាំងអស់ដែលបានប្រែចិត្ត មិនថានរណាជាអ្នកនាំឱ្យពួកគេប្រែចិត្តក៏ដោយ គឺជាភាវៈដែលបានបង្កើតមក ហើយពួកគេគួរតែចុះចូលនៅចំពោះព្រះភ័ក្ត្រព្រះអាទិករ។ ហេតុដូច្នេះហើយ ប្រសិនបើមនុស្សទាំងនេះដែលត្រូវបានជម្រុះចោល ឬបណ្ដេញចេញ សុខចិត្តផ្សាយដំណឹងល្អ យើងនឹងមិនដាក់កំហិតលើពួកគេទេ ប៉ុន្តែមិនថាពួកគេផ្សាយដោយរបៀបណាក៏ដោយ គោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើមនុស្ស និងបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់គឺមិនអាចផ្លាស់ប្ដូរបានឡើយ ហើយរឿងនេះនឹងមិនផ្លាស់ប្ដូរជារៀងរហូតទៅ។

នៅក្នុងចំណោមមនុស្សប្រភេទនេះជាច្រើនដែលត្រូវបានបណ្តេញចោល ភាគច្រើនមិនទំនងជាស្តាយក្រោយពិតប្រាកដទេ ហើយពួកគេដាច់ខាតមិនត្រូវបានប្រើម្ដងទៀតឡើយ។ មានតែមនុស្សមួយប្រភេទប៉ុណ្ណោះដែលអាចមានឱកាសដំឡើងតំណែង និងអាចត្រូវបានប្រើវិញ។ នោះគឺអស់អ្នកណាដែលត្រូវបានបណ្តេញចោល ឬ ដែលការចាត់ភារកិច្ចរបស់ពួកគេត្រូវបានកែសម្រួលដោយសារតែពួកគេខ្វះបទពិសោធការងារ ហើយមិនអាចបំពេញការងារបានជាបណ្ដោះអាសន្ន។ មនុស្សប្រភេទនេះមានគុណសម្បត្តិគ្រប់គ្រាន់ ហើយគ្មានបញ្ហាធំដុំអ្វីជាមួយនឹងភាពជាមនុស្សរបស់ពួកគេទេ ពួកគេគ្រាន់តែមានចំណុចខ្វះខាត គុណវិបត្តិ ឬទម្លាប់អាក្រក់តូចតាចដែលបានមកពីគ្រួសាររបស់ពួកគេប៉ុណ្ណោះ។ អ្វីទាំងអស់នេះមិនមែនជាបញ្ហាធំដុំនោះទេ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ត្រូវការពួកគេ ពួកគេអាចត្រូវបានដំឡើងតំណែង និងប្រើម្ដងទៀតនៅពេលដែលត្រឹមត្រូវ នេះគឺសមហេតុផលហើយ ពីព្រោះពួកគេមិនមែនជាមនុស្សអាក្រក់ទេ ហើយពួកគេនឹងមិនក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ គុណសម្បត្តិរបស់ពួកគេគឺគ្រប់គ្រាន់ហើយ គ្រាន់តែថាពួកគេមិនបានធ្វើការងារយូរ ហើយគ្មានបទពិសោធ ដូច្នេះពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ដែលនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ប្រសិនបើពួកគេត្រូវបានបណ្តេញចោលដោយសារហេតុផលទាំងនេះ នោះពួកគេមានលទ្ធភាពអភិវឌ្ឍនៅពេលអនាគត ហើយពួកគេអាចផ្លាស់ប្ដូរបាន។ ដរាបណានរណាម្នាក់មានសមត្ថភាពការងារ មានគុណសម្បត្តិ ហើយភាពជាមនុស្សរបស់ពួកគេស្របតាមស្ដង់ដា នោះក្នុងអំឡុងពេលដែលពួកគេឆ្លងកាត់បទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន មនុស្សប្រភេទនេះនឹងផ្លាស់ប្ដូរបន្តិចម្ដងៗ ភាពជាមនុស្សរបស់ពួកគេនឹងផ្លាស់ប្ដូរ ពួកគេនឹងមានការលូតលាស់ក្នុងការចូលទៅក្នុងជីវិត នឹងមានការផ្លាស់ប្ដូរស្របគ្នាមួយចំនួននៅក្នុងនិស្ស័យរបស់ពួកគេ ហើយនឹងមានការរីកចម្រើនខ្លះៗក្នុងការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត។ ដោយអាស្រ័យលើបរិយាកាស ភារកិច្ចដែលពួកគេធ្វើ និងការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងផ្លាស់ប្ដូរ និងលូតលាស់ក្នុងកម្រិតខុសៗគ្នា ដូច្នេះ អាចនិយាយបានថា មនុស្សប្រភេទនេះគឺត្រូវបានដំឡើងតំណែង និងប្រើ។ ជាទូទៅ ទាំងនេះគឺជាគោលការណ៍សម្រាប់ការដំឡើងតំណែង និងប្រើម្ដងទៀតនូវមនុស្សជាច្រើនប្រភេទដែលត្រូវបានបណ្តេញចោលពីមុន។

ចំណុចទីប្រាំពីរនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺ «ចាត់ចែង និងប្រើមនុស្សក្នុងប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពលរបស់ពួកគេ»។ នៅក្នុងការប្រកបគ្នារបស់យើងអម្បាញ់មិញនេះ អត្ថន័យនៃការប្រើមនុស្សឱ្យត្រូវចំសក្ដានុពលរបស់ពួកគេត្រូវបានពន្យល់យ៉ាងច្បាស់ហើយ។ ដរាបណាមានតម្លៃសូម្បីតែបន្តិចបន្តួចក្នុងការបណ្ដុះបណ្ដាលនរណាម្នាក់ ហើយភាពជាមនុស្សរបស់ពួកគេស្របតាមស្ដង់ដា នោះដំណាក់របស់ព្រះជាម្ចាស់នឹងផ្ដល់ឱកាសឱ្យពួកគេ។ ដរាបណានរណាម្នាក់ស្វែងរកសេចក្ដីពិត និងស្រឡាញ់អ្វីដែលល្អត្រឹមត្រូវ នោះដំណាក់របស់ព្រះជាម្ចាស់នឹងមិនបោះបង់ចោលពួកគេ ឬដកពួកគេចេញដោយងាយៗនោះទេ។ ដរាបណាភាពជាមនុស្ស និងគុណសម្បត្តិរបស់អ្នកស្របតាមស្ដង់ដាដែលខ្ញុំបានប្រកបគ្នាអម្បាញ់មិញនេះ ដំណាក់របស់ព្រះជាម្ចាស់ប្រាកដជាមានកន្លែងសម្រាប់ឱ្យអ្នកបំពេញភារកិច្ច ហើយប្រាកដជានឹងប្រើអ្នកដោយសមស្រប និងផ្ដល់ឱ្យអ្នករាល់គ្នានូវកន្លែងគ្រប់គ្រាន់ដើម្បីបញ្ចេញសមត្ថភាពរបស់អ្នក។ សរុបមក ប្រសិនបើអ្នកមានចំណុចខ្លាំង និងជំនាញក្នុងវិជ្ជាជីវៈណាមួយដែលត្រូវការសម្រាប់កិច្ចការរបស់ពួកជំនុំ នោះដំណាក់របស់ព្រះជាម្ចាស់ប្រាកដជានឹងឱ្យអ្នកបំពេញភារកិច្ចដែលសមស្រប។ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាគ្មានការប្ដេជ្ញាចិត្ត ឬឆន្ទៈ ហើយមិនចង់ខិតខំប្រឹងប្រែងឡើង នោះគ្រាន់តែធ្វើអ្វីក៏ដោយដែលអ្នកអាចធ្វើបាន ធ្វើភារកិច្ចខ្លះៗដែលស្ថិតក្នុងសមត្ថភាពរបស់អ្នក ជាការស្រេចទៅហើយ។ ប្រសិនបើអ្នក មានការប្ដេជ្ញាចិត្ត ហើយអ្នកនិយាយថា «ខ្ញុំចង់យល់ និងទទួលបានសេចក្ដីពិតកាន់តែច្រើន ហើយឈានជើងចូលទៅក្នុងផ្លូវទៅកាន់សេចក្ដីសង្គ្រោះឱ្យបានឆាប់តាមដែលអាចធ្វើបាន និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ខ្ញុំពេញចិត្តនឹងគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ ពេញចិត្តនឹងទទួលបន្ទុកធ្ងន់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ រងទុក្ខលំបាកច្រើនជាងអ្នកដទៃ ជំរុញខ្លួនឯងឱ្យប្រឹងប្រែង និងលះបង់ច្រើនជាងអ្នកដទៃ» ហើយប្រសិនបើអ្នកមានភាពសមស្របគ្រប់បែបយ៉ាង ប៉ុន្តែនៅតែគ្មាននរណាម្នាក់ណែនាំអ្នក នោះអ្នកក៏អាចជំរុញខ្លួនឯងឱ្យទៅមុខបានដែរ។ តើវាមិនសមហេតុផលទេឬ? សរុបសេចក្ដីមក ទាំងនេះគឺជាគោលការណ៍ទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការប្រើ មនុស្សគ្រប់ប្រភេទ ហើយគោលដៅគឺគ្មានអ្វីក្រៅពីដើម្បីឱ្យមនុស្សអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ។ តើអ្វីទៅជាការសម្ដែងចេញនៃការចូលទៅក្នុងតថភាពនៃសេចក្ដីពិត? គឺការយល់ពីសេចក្ដីពិត ការយល់ពីគោលការណ៍សេចក្ដីពិតនៅពេលធ្វើការងារផ្សេងៗគ្រប់បែបយ៉ាង និងការដែលអាចអនុវត្តសេចក្ដីពិតដែលត្រូវគ្នានៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្ស ព្រឹត្តិការណ៍ និងរបស់គ្រប់ប្រភេទនៅក្នុងជីវិតប្រចាំថ្ងៃ ជាជាងពេលមានរឿងអ្វីកើតឡើង ក៏ទៅជាច្របូកច្របល់មិនដឹងធ្វើអ្វី នេះហើយគឺជាគោលដៅ។ ដោយមានគោលដៅដែលបានកំណត់នេះហើយ ចូរអ្នករាល់គ្នាគួរតែព្យាយាមឆ្ពោះទៅរកវាទៅ!

ការប្រកបគ្នារបស់យើងអំពីចំណុចទីប្រាំពីរនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺចប់ត្រឹមនេះ។ មនុស្សមួយចំនួនអាចនិយាយថា «អ្នកមិនទាន់បានប្រកបគ្នាចប់ទេ អ្នកមិនទាន់បានលាតត្រដាងអ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងចំណុចនេះផង»។ ខ្ញុំនឹងតបថាមិនចាំបាច់លាតត្រដាងពួកគេទេ។ ក្នុងហេតុផលមួយ អ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ ហើយគ្មានសមត្ថភាពធ្វើការងារពិតប្រាកដ។ ក្នុងហេតុផលមួយទៀត ពួកគេគ្មានសតិសម្បជញ្ញៈ និងញាណ មិនទទួលយកបន្ទុក មិនដាក់ចិត្តធ្វើការទាល់តែសោះ ហើយមិនអាចសូម្បីតែធ្វើរឿងងាយៗមួយចំនួនបានល្អផង។ នៅពេលណាដែលពួកគេជួបប្រទះបញ្ហាស្មុគស្មាញ ឬបញ្ហាដែលទាក់ទងនឹងគោលការណ៍សេចក្ដីពិត ពួកគេមិនអាចបែងចែកវាបានទាល់តែសោះ ហើយរឹតតែមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាបានទៀត។ ដូច្នេះ មិនចាំបាច់លាតត្រដាងពួកគេទេ។ ទោះបីជាត្រូវបានលាតត្រដាងក៏ដោយ ក៏ពួកគេនឹងមិនទទួលយកដែរ ហើយវានឹងទៅជាការខាតទឹកមាត់ទទេ។ លើសពីនេះទៅទៀត ការនិយាយអំពីអ្វីដែលពួកគេបានធ្វើនឹងធ្វើឱ្យមានអារម្មណ៍ស្អប់គ្នា ហើយធ្វើឱ្យមនុស្សខឹងឡើងក្ដៅក្រហាយនៅក្នុងចិត្ត។ ការចាត់តាំងការងារដ៏សំខាន់បែបនេះទៅឱ្យអ្នកដឹកនាំក្លែងក្លាយទាំងនេះ គឺជាកំហុសឆ្គងក្នុងការប្រើមនុស្ស។ គ្រាន់តែធ្វើការមិនកើត ក៏ធ្វើឱ្យពួកគេមានអារម្មណ៍ថាគ្មានបានការរួចទៅហើយ ហើយប្រសិនបើពួកគេត្រូវបានលាតត្រដាង និងពិនិត្យពិច័យទៀត ពួកគេនឹងរឹតតែឈឺចិត្តខ្លាំងឡើង។ ដូច្នេះ ចូរឱ្យអ្នកដឹកនាំក្លែងក្លាយទាំងនេះផ្ទៀងផ្ទាត់នឹងខ្លួនឯង និងពិនិត្យពិច័យលើបញ្ហារបស់ខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើបានទៅចុះ។ ប្រសិនបើអ្នកអាចរកឃើញបញ្ហារបស់អ្នក ចូរមើលថាតើអ្នកអាចកែលម្អនៅពេលអនាគតបានដែរឬទេ? ប្រសិនបើអ្នកមិនអាចរកឃើញទេ នោះអ្នកត្រូវតែបន្តពិនិត្យពិច័យទៀត ហើយអ្នកក៏អាចសុំឱ្យមនុស្សនៅជុំវិញអ្នកជួយអ្នកវិភាគ និង ដោះស្រាយវាបានដែរ។ ប្រសិនបើអ្នកដទៃបានប្រកបគ្នាជាមួយអ្នក ហើយអ្នកបានដាក់ចិត្តធ្វើវា ប៉ុន្តែនៅតែមិនអាចរកឃើញបញ្ហារបស់ខ្លួនឯង ហើយនៅតែមិនដឹងពីរបៀបស្គាល់ ឬដោះស្រាយបញ្ហាទាំងនោះ នោះអ្នកពិតជាអ្នកដឹកនាំក្លែងក្លាយមែន ហើយគួរតែត្រូវបានដកចេញ។

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ