ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)

នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តាមរយៈការប្រកបគ្នាអំពីចំណុចទីប្រាំ យើងបានវែកញែកពីការសម្ដែងចេញ និងសកម្មភាពមួយចំនួនរបស់អ្នកដឹកនាំក្លែងក្លាយ ហើយយើងបានបញ្ចប់ការប្រកបគ្នាអំពីចំណុចនេះហើយ។ ឥឡូវនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីប្រាំមួយ និងទីប្រាំពីរនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើចំណុចទាំងពីរនេះមានខ្លឹមសារជាក់លាក់អ្វីខ្លះ? (ចំណុចទីប្រាំមួយ៖ លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំណុចទីប្រាំពីរ៖ ចាត់ចែង និងប្រើមនុស្សក្នុងប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពលរបស់ពួកគេ។) ដូច្នេះ ចូរយើងវែកញែកពីសកម្មភាព និងការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ ដែលទាក់ទងនឹងចំណុចទាំងពីរនេះ។ ចំណុចទាំងពីរនេះស្ថិតនៅក្នុងប្រភេទតែមួយ ដែលពាក់ព័ន្ធនឹងការលើកស្ទួយ ការបណ្ដុះបណ្ដាល និងការប្រើប្រាស់មនុស្សគ្រប់ប្រភេទរបស់ពួកជំនុំ។ ជាដំបូង ចូរយើងប្រកបគ្នាអំពីគោលការណ៍របស់ដំណាក់របស់ព្រះជាម្ចាស់ ក្នុងការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ បើធ្វើដូច្នេះ តើអ្នករាល់គ្នាមិនអាចយល់ដឹងជាមូលដ្ឋានខ្លះៗអំពីគោលការណ៍ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកាន់ខ្ជាប់នៅពេលបំពេញកិច្ចការនេះទេឬ? អ្នករាល់គ្នាប្រហែលជាគិតថា៖ «ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ យើងតែងតែជួបប្រទះនឹងបញ្ហាទាំងនេះ យើងបានស្គាល់កិច្ចការនេះច្បាស់ និងមានបទពិសោធន៍ខ្លះៗហើយ ដូច្នេះ ទោះបីជាទ្រង់មិនបានមានបន្ទូលអ្វីបន្ថែមអំពីវាទៀតក៏ដោយ យើងយល់ច្បាស់អំពីវាហើយ ហើយទ្រង់មិនចាំបាច់ប្រកបគ្នាជាពិសេសអំពីវាបន្ថែមទៀតទេ»។ ដូច្នេះ តើមិនចាំបាច់ប្រកបគ្នាអំពីវាទេឬ? (យើងត្រូវការការប្រកបរបស់ទ្រង់អំពីវា។ យើងនៅតែមិនយល់ច្បាស់ពីគោលការណ៍ក្នុងរឿងនេះនៅឡើយទេ ហើយមានបុគ្គលមានទេពកោសល្យមួយចំនួនដែលយើងនៅតែមិនដឹងពីរបៀបញែកដឹងនៅឡើយទេ។) អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើននៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំងអំពីរបៀបបំពេញការងារនេះ ហើយកំពុងស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ពីវា និងមិនអាចយល់ច្បាស់ពីគោលការណ៍ត្រឹមត្រូវបានទេ ដូច្នេះ យើងនៅតែត្រូវការប្រកបគ្នាអំពីសេចក្ដីលម្អិត។

លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

សារៈសំខាន់នៃការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យគ្រប់ប្រភេទដោយដំណាក់របស់ព្រះជាម្ចាស់

ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ? តើការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ គឺដើម្បីចូលរួមក្នុងផ្នែកវិទ្យាសាស្ត្រ ការអប់រំ និងអក្សរសាស្ត្រមែនទេ? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់គួរតែបានដឹងរួចហើយថា នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យប្រភេទផ្សេងៗ ការធ្វើបែបនេះមិនមែនក្នុងគោលបំណងផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ណាមួយ និងបង្កើតអព្ភូតហេតុ ឬដើម្បីធ្វើការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្សជាតិឡើយ ហើយក៏រឹតតែមិនមែនដើម្បីរៀបចំផែនការណាមួយសម្រាប់អនាគតរបស់មនុស្សជាតិដែរ។ ដូច្នេះ តើហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ? តើអ្នករាល់គ្នាយល់ពីរឿងនេះឬទេ? (ដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ។) ដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ នេះគឺជាហេតុផលមួយ។ តើនៅមានអ្វីទៀត? (ដើម្បីឱ្យមនុស្សគ្រប់គ្នាដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់។) ត្រូវហើយ ចម្លើយនេះសមហេតុផល និងចំចំណុចណាស់។ គឺដើម្បីឱ្យមនុស្សកាន់តែច្រើនដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចម្លើយទាំងពីរដែលអ្នករាល់គ្នាបានផ្ដល់អម្បាញ់មិញគឺត្រឹមត្រូវ និងសុក្រឹត។ ការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទដោយដំណាក់របស់ព្រះជាម្ចាស់ គឺម្យ៉ាងពាក់ព័ន្ធនឹងការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយម្យ៉ាងទៀត វាពាក់ព័ន្ធនឹងការដេញតាម និងការចូលទៅក្នុងរបស់បុគ្គលម្នាក់ៗ។ ទាំងនេះគឺជាទិដ្ឋភាពធំៗទាំងពីរ។ បើនិយាយឱ្យជាក់លាក់ទៅ តើអ្វីជាសារៈសំខាន់នៃដំណាក់របស់ព្រះជាម្ចាស់ដែលលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ? ជាពិសេស តើបុគ្គលដែលត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលទាំងនេះ បំពេញកិច្ចការអ្វីខ្លះនៅក្នុងពួកជំនុំ? នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលបុគ្គលម្នាក់ឱ្យធ្វើជាប្រធានក្រុម អ្នកមើលការខុសត្រូវ ឬជាអ្នកដឹកនាំ ឬអ្នកធ្វើការរបស់ពួកជំនុំ តើពួកគេត្រូវបានតែងតាំងជាមន្ត្រីឬ? (ទេ។) ដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយ និងបណ្ដុះបណ្ដាលមនុស្ស ដើម្បីឱ្យពួកគេអាចទទួលខុសត្រូវលើគម្រោង ឬការងារជាក់លាក់នៅក្នុងកិច្ចការផ្សេងៗរបស់ពួកជំនុំ ដូចជា កិច្ចការផ្សាយដំណឹងល្អ កិច្ចការខាងអត្ថបទ ការងារផលិតភាពយន្ត កិច្ចការស្រោចស្រព ក៏ដូចជាកិច្ចការទូទៅមួយចំនួនជាដើម។ ដូច្នេះ តើពួកគេបំពេញការងារជាក់លាក់ទាំងនេះដោយរបៀបណា? គឺដោយការទទួលធ្វើកិច្ចការផ្សេងៗរបស់ពួកជំនុំ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គោលការណ៍សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយដោយហេតុនោះ គឺបំពេញភារកិច្ចរបស់ខ្លួនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត។ បើពិនិត្យលើការដែលមនុស្សទាំងនេះត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលដើម្បីទទួលខុសត្រូវលើកិច្ចការ វាមិនមែនជាការមានតំណែង ឬឋានៈផ្លូវការដែលធ្វើឱ្យពួកគេអាចបំពេញការងារបានល្អនោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវតែមានគុណសម្បត្តិជាក់លាក់មួយ ដើម្បីអាចទទួលខុសត្រូវលើការងារជាក់លាក់មួយ ពោលគឺ ទទួលខុសត្រូវលើអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យពួកគេធ្វើ ឬនិយាយម្យ៉ាងទៀត គឺជាភារកិច្ច និងកាតព្វកិច្ចដែលភ្ជាប់មកជាមួយនូវការទទួលខុសត្រូវ។ នេះគឺជាសារៈសំខាន់និងនិយមន័យជាក់លាក់នៃការលើកស្ទួយនិងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យប្រភេទផ្សេងៗ ដូចដែលបានរៀបរាប់នៅក្នុងចំណុចទីប្រាំមួយនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ហេតុដូច្នេះហើយ ក្នុងការលើកស្ទួយ និងបណ្ដុះបណ្ដាលមនុស្ស គោលបំណងរបស់ដំណាក់របស់ព្រះជាម្ចាស់គឺដើម្បីបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ ឱ្យបំពេញកិច្ចការផ្សេងៗរបស់ពួកជំនុំបានល្អ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់។ គឺដើម្បីធ្វើឱ្យមនុស្សទាំងនេះអាចទទួលខុសត្រូវលើកិច្ចការជាក់លាក់ផ្សេងៗរបស់ពួកជំនុំ។ ក្នុងពេលជាមួយគ្នានោះ ដំណាក់របស់ព្រះជាម្ចាស់បណ្ដុះបណ្ដាល និងហ្វឹកហាត់មនុស្សទាំងនេះ ដើម្បីឱ្យពួកគេរៀនពីរបៀបរំពឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងប្រព្រឹត្តតាមគោលការណ៍ ដោយដឹកនាំពួកគេឱ្យអនុវត្តសេចក្ដីពិត និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងធ្វើឱ្យពួកគេអាចមានបទពិសោធន៍ និងទីបន្ទាល់ពិតប្រាកដ បន្ទាប់ពីនោះ ពួកគេអាចដឹកនាំ ស្រោចស្រព និងផ្គត់ផ្គង់អ្នកដទៃ ហើយបំពេញកិច្ចការផ្សេងៗរបស់ពួកជំនុំបានល្អ ហើយក្នុងពេលជាមួយគ្នានោះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចត្រូវបានធ្វើឱ្យចុះចូលចំពោះព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបំពេញភារកិច្ចផ្សាយដំណឹងល្អ។ វិធីសាស្ត្រនៃការអនុវត្តសម្រាប់ការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យគ្រប់ប្រភេទ គឺម្យ៉ាង គឺដឹកនាំមនុស្សក្នុងការអនុវត្ត និងឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឱ្យបានស្គាល់ខ្លួនឯង បោះបង់និស្ស័យពុករលួយរបស់ខ្លួន និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ម្យ៉ាងទៀត គឺសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ក្នុងការប្រើប្រាស់បទពិសោធន៍ជាក់ស្ដែងផ្ទាល់ខ្លួនអំពីភាពស្មោះត្រង់ និងការចុះចូល ដើម្បីដឹកនាំ និងបណ្ដុះបណ្ដាលមនុស្សក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងធ្វើបន្ទាល់ដ៏មានឥទ្ធិពលថ្វាយព្រះជាម្ចាស់។ ទាំងនេះគឺជាមាគ៌ាអនុវត្តធំៗទាំងពីរសម្រាប់ការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យប្រភេទផ្សេងៗ។ នេះគឺជាកិច្ចការជាក់លាក់ដែលពាក់ព័ន្ធនឹងការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យប្រភេទផ្សេងៗ ហើយវាក៏ជាសារៈសំខាន់ពិតប្រាកដនៃការលើកស្ទួយ និងបណ្ដុះបណ្ដាលពួកគេផងដែរ។

លក្ខខណ្ឌវិនិច្ឆ័យចាំបាច់សម្រាប់ប្រភេទផ្សេងៗនៃមនុស្សមានទេពកោសល្យ ដែលទទួលការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលពីដំណាក់របស់ព្រះជាម្ចាស់

I. លក្ខខណ្ឌវិនិច្ឆ័យចាំបាច់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ និងអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ

តើ «អ្នកមានទេពកោសល្យជាច្រើនប្រភេទដែលត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលដោយពួកជំនុំ» សំដៅលើនរណាខ្លះ? តើវាគ្របដណ្ដប់លើវិសាលភាពអ្វីខ្លះ? ទីមួយគឺប្រភេទមនុស្សដែលអាចធ្វើជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ។ តើមានបទដ្ឋានតម្រូវអ្វីខ្លះសម្រាប់អ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ? មានចំណុចសំខាន់ៗបី។ ទីមួយ ពួកគេត្រូវតែមានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត។ មានតែអស់អ្នកណាដែលអាចយល់ដឹងពីសេចក្ដីពិតបានយ៉ាងសុទ្ធសាធ ដោយឥតវៀចវេរ និងអាចធ្វើការសន្និដ្ឋានដោយសមហេតុផលប៉ុណ្ណោះ ទើបជាមនុស្សដែលមានគុណសម្បត្តិល្អ។ មនុស្សដែលមានគុណសម្បត្តិល្អ យ៉ាងហោចណាស់ត្រូវតែមានការយល់ដឹងខាងវិញ្ញាណ ហើយអាចហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឯករាជ្យបាន។ នៅក្នុងដំណើរការនៃការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែអាចទទួលយកការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឯករាជ្យបាន ហើយស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងការលាយឡំនៃឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជានិស្ស័យពុករលួយរបស់ពួកគេ ប្រសិនបើពួកគេសម្រេចបានបទដ្ឋាននេះ វាមានន័យថា ពួកគេដឹងពីរបៀបឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះគឺជាការសម្ដែងចេញនៃគុណសម្បត្តិល្អ។ ទីពីរ ពួកគេត្រូវតែរែកបន្ទុកសម្រាប់កិច្ចការរបស់ពួកជំនុំ។ មនុស្សដែលពិតជារែកបន្ទុក មិនមែនគ្រាន់តែមានភាពខ្នះខ្នែងនោះទេ ពួកគេមានបទពិសោធជីវិតពិតប្រាកដ យល់ពីសេចក្ដីពិតមួយចំនួន ហើយពួកគេអាចមើលធ្លុះបញ្ហាមួយចំនួនបាន។ ពួកគេមើលឃើញថា នៅក្នុងកិច្ចការរបស់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មានការលំបាក និងបញ្ហាជាច្រើនដែលត្រូវការដោះស្រាយ។ ពួកគេមើលឃើញរឿងនេះនឹងភ្នែក ហើយចិត្តរបស់ពួកគេតែងតែព្រួយបារម្ភ នេះហើយគឺជាអ្វីដែលហៅថាការរែកបន្ទុកសម្រាប់កិច្ចការរបស់ពួកជំនុំ។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែមានគុណសម្បត្តិល្អ និងមានសមត្ថភាពយល់ដឹងពីសេចក្ដីពិត ប៉ុន្តែពួកគេខ្ជិលច្រអូស លោភលន់នឹងភាពសុខស្រួលខាងសាច់ឈាម មិនសុខចិត្តធ្វើកិច្ចការពិតប្រាកដ ហើយធ្វើការបន្តិចបន្តួចតែនៅពេលដែលខាងលើចេញបញ្ជាកំណត់ពេលឱ្យធ្វើចប់ នៅពេលដែលពួកគេមិនអាចគេចវេះពីការធ្វើវាបាន នោះគឺជាមនុស្សដែលមិនរែកបន្ទុក។ មនុស្សដែលមិនរែកបន្ទុក គឺជាមនុស្សដែលមិនស្វែងរកសេចក្ដីពិត ជាមនុស្សដែលគ្មានស្មារតីយុត្តិធម៌ និងជាមនុស្សឥតបានការដែលគិតតែពីស៊ីពេញមួយថ្ងៃ ដោយមិនបានគិតគូរឱ្យបានដិតដល់ពីអ្វីទាំងអស់។ ទីបី ពួកគេត្រូវតែមានសមត្ថភាពការងារ។ តើ «សមត្ថភាពការងារ» មានន័យដូចម្ដេច? និយាយឱ្យងាយយល់ វាមានន័យថា ពួកគេមិនត្រឹមតែអាចចាត់ចែងកិច្ចការ និងផ្ដល់ការណែនាំដល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចរកឃើញ និងដោះស្រាយបញ្ហាបានផងដែរ ដែលនេះហើយគឺជាអ្វីដែលហៅថាការមានសមត្ថភាពការងារ។ បន្ថែមពីនេះ ពួកគេក៏ត្រូវការជំនាញក្នុងការរៀបចំផងដែរ។ មនុស្សដែលមានជំនាញក្នុងការរៀបចំ គឺប៉ិនប្រសប់ជាពិសេសក្នុងការកៀរគរមនុស្សឱ្យមកជុំគ្នា រៀបចំ និងចាត់ចែងកិច្ចការ និងដោះស្រាយបញ្ហា ហើយនៅពេលរៀបចំកិច្ចការ និងដោះស្រាយបញ្ហា ពួកគេអាចធ្វើឱ្យមនុស្សជឿជាក់យ៉ាងពេញលេញ និងធ្វើឱ្យពួកគេស្ដាប់បង្គាប់ នេះហើយគឺជាអ្វីដែលហៅថាការមានជំនាញក្នុងការរៀបចំ។ អស់អ្នកណាដែលពិតជាមានសមត្ថភាពការងារ អាចបំពេញការងារជាក់លាក់ដែលបានរៀបចំដោយដំណាក់របស់ព្រះជាម្ចាស់ ហើយអាចធ្វើដូច្នេះបានយ៉ាងរហ័សនិងដាច់ខាត ដោយគ្មានភាពខ្ជីខ្ជាឡើយ ហើយលើសពីនេះទៅទៀត ពួកគេអាចបំពេញការងារផ្សេងៗបានយ៉ាងល្អ។ ទាំងនេះគឺជាបទដ្ឋានទាំងបីនៃដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ការបណ្ដុះបណ្ដាលអ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើមនុស្សម្នាក់បំពេញតាមបទដ្ឋានទាំងបីនេះ ពួកគេគឺជាបុគ្គលដែលមានទេពកោសល្យដ៏កម្រ ហើយគួរតែត្រូវបានលើកស្ទួយ បណ្ដុះបណ្ដាល និងហ្វឹកហាត់ភ្លាមៗ ហើយបន្ទាប់ពីបានហ្វឹកហាត់មួយរយៈ ពួកគេអាចទទួលខុសត្រូវលើកិច្ចការបាន។ អ្នកណាដែលមានគុណសម្បត្តិ រែកបន្ទុក និងមានសមត្ថភាពការងារ គឺមិនចាំបាច់ឱ្យអ្នកដទៃតែងតែព្រួយបារម្ភ មើលការខុសត្រូវ និងដាស់តឿនពួកគេក្នុងការងារនោះទេ។ ពួកគេមានគំនិតផ្ដួចផ្ដើម ពួកគេដឹងថាការងារណាគួរធ្វើនៅពេលណា ការងារណាត្រូវត្រួតពិនិត្យ និងមើលការខុសត្រូវ ហើយការងារណាដែលត្រូវការពិនិត្យយ៉ាងដិតដល់ ឬតាមដានយ៉ាងយកចិត្តទុកដាក់។ ពួកគេដឹងច្បាស់ពីរឿងទាំងនេះនៅក្នុងចិត្ត។ មនុស្សបែបនេះគឺអាចទុកចិត្តបាន និងគួរឱ្យជឿជាក់ក្នុងការងាររបស់ពួកគេ ហើយនឹងមិនមានបញ្ហាធំដុំកើតឡើងឡើយ។ ទោះបីជាមានបញ្ហាកើតឡើងក៏ដោយ ក៏វាជាបញ្ហាតូចតាចដែលមិនប៉ះពាល់ដល់រូបភាពជារួមដែរ ហើយព្រះជាម្ចាស់មិនចាំបាច់ព្រួយបារម្ភអំពីកិច្ចការដែលមនុស្សទាំងនេះធ្វើនោះទេ។ មានតែអស់អ្នកណាដែលអាចបំពេញការងារដោយឯករាជ្យបានពិតប្រាកដប៉ុណ្ណោះ ទើបពិតជាមានសមត្ថភាពការងារ។ អស់អ្នកណាដែលមិនអាចបំពេញការងារដោយឯករាជ្យបាន ហើយតែងតែត្រូវការអ្នកដទៃព្រួយបារម្ភ តាមដាន មើលការខុសត្រូវ ហើយថែមទាំងត្រូវដឹកដៃបង្រៀនពីអ្វីដែលត្រូវធ្វើ គឺជាប្រភេទមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ លទ្ធផលនៃការងារដែលមនុស្សមានគុណសម្បត្តិធម្មតាធ្វើ គឺពិតជាធម្មតា ហើយមនុស្សទាំងនេះត្រូវការអ្នកដទៃតាមដាន និងមើលការខុសត្រូវលើពួកគេ មុនពេលដែលពួកគេអាចធ្វើអ្វីមួយបាន។ ផ្ទុយទៅវិញ មនុស្សដែលមានគុណសម្បត្តិល្អ អាចបំពេញការងារដោយឯករាជ្យបាន បន្ទាប់ពីពួកគេត្រូវបានហ្វឹកហាត់មួយរយៈ ហើយរាល់ពេលដែលខាងលើបានផ្ដល់ការណែនាំដល់ពួកគេសម្រាប់កិច្ចការណាមួយ និងបានប្រកបគ្នាអំពីគោលការណ៍មួយចំនួន ពួកគេអាចយល់ច្បាស់ពីគោលការណ៍ទាំងនោះ អនុវត្តកិច្ចការស្របតាមគោលការណ៍ទាំងនោះ ហើយជាទូទៅគឺដើរតាមមាគ៌ាត្រឹមត្រូវ ដោយគ្មានការវៀចវេរ ឬចន្លោះប្រហោងធំដុំឡើយ ហើយសម្រេចបានលទ្ធផលដែលពួកគេគួរតែសម្រេចបាន នេះហើយគឺជាអ្វីដែលហៅថាការមានសមត្ថភាពការងារ។ ឧទាហរណ៍ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យមានការបោសសម្អាតពួកជំនុំ ហើយឱ្យញែកដឹងនិងបណ្ដេញពួកទទឹងនឹងព្រះ‌គ្រីស្ទ និងមនុស្សអាក្រក់ចេញពីពួកជំនុំ ហើយប្រភេទមនុស្សដែលមានសមត្ថភាពការងារ ជាទូទៅគឺមិនវៀចវេរឡើយ នៅពេលបំពេញភារកិច្ចនេះ។ នៅពេលដែលអាទទឹងនឹងព្រះ‌គ្រីស្ទម្នាក់បានលេចមុខឡើង យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលប្រហែលកន្លះឆ្នាំដែរ ទើបគេត្រូវបានបើកសម្ដែង និងបោសសម្អាតចេញ។ ក្នុងអំឡុងពេលនេះ អស់អ្នកណាដែលមានសមត្ថភាពការងារ អាចស្គាល់គេ ប្រកបគ្នាអំពីសេចក្តីពិតដើម្បីវែកញែកពីការសម្ដែងចេញរបស់អាទទឹងនឹងព្រះ‌គ្រីស្ទ និងជួយបងប្អូនប្រុសស្រីឱ្យមានការសម្គាល់គេ ហើយមិនត្រូវគេបំភាន់ ដោយហេតុនោះ ធ្វើឱ្យពួកគេអាចក្រោកឈរឡើងដើម្បីលាតត្រដាង និងបណ្ដេញអាទទឹងនឹងព្រះ‌គ្រីស្ទចេញជាមួយគ្នា។ នៅពេលដែលពួកទទឹងនឹងព្រះ‌គ្រីស្ទ ឬមនុស្សអាក្រក់លេចមុខឡើងនៅក្នុងវិសាលភាពកិច្ចការរបស់មនុស្សដែលមានសមត្ថភាពការងារ ជាទូទៅបងប្អូនប្រុសស្រីភាគច្រើនមិនត្រូវបានគេបំភាន់ ឬត្រូវទទួលរងឥទ្ធិពលឡើយ។ មានតែមនុស្សច្របូកច្របល់មួយចំនួន និងអស់អ្នកណាដែលមានគុណសម្បត្តិអន់បំផុតប៉ុណ្ណោះដែលត្រូវគេបំភាន់ ហើយនេះគឺជារឿងធម្មតា។ មនុស្សដែលមានគុណសម្បត្តិល្អ និងមានសមត្ថភាពការងារ អាចសម្រេចបានលទ្ធផលទាំងនេះនៅក្នុងការងាររបស់ពួកគេ ហើយមនុស្សបែបនេះគឺមានតថភាពនៃសេចក្ដីពិត និងស្របតាមស្ដង់ដារក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ។

នៅក្នុងចំណោមអ្នកមានទេពកោសល្យប្រភេទផ្សេងៗដែលខ្ញុំបានរៀបរាប់អម្បាញ់មិញ ប្រភេទទីមួយគឺអស់អ្នកណាដែលអាចធ្វើជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ។ សេចក្ដីតម្រូវទីមួយសម្រាប់ពួកគេ គឺពួកគេត្រូវតែមានសមត្ថភាព និងគុណសម្បត្តិក្នុងការយល់ដឹងពីសេចក្ដីពិត។ នេះគឺជាសេចក្ដីតម្រូវអប្បបរមា។ សេចក្ដីតម្រូវទីពីរគឺថា ពួកគេត្រូវតែរែកបន្ទុក នេះគឺមិនអាចខ្វះបានឡើយ។ មនុស្សមួយចំនួនយល់ដឹងពីសេចក្ដីពិតបានលឿនជាងមនុស្សធម្មតា មានការយល់ដឹងខាងវិញ្ញាណ មានគុណសម្បត្តិល្អ មានសមត្ថភាពការងារ ហើយបន្ទាប់ពីបានហ្វឹកហាត់មួយរយៈ ពួកគេពិតជាអាចបំពេញការងារដោយឯករាជ្យបាន។ ប៉ុន្តែមានបញ្ហាធ្ងន់ធ្ងរមួយចំពោះមនុស្សទាំងនេះ គឺពួកគេមិនរែកបន្ទុក។ ពួកគេចូលចិត្តស៊ីផឹក សប្បាយ និងដើរលេងផ្តេសផ្តាស។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងនឹងរឿងទាំងនេះ ប៉ុន្តែប្រសិនបើគេឱ្យពួកគេធ្វើកិច្ចការជាក់លាក់ណាមួយដែលតម្រូវឱ្យពួកគេរងទុក្ខលំបាក និងលះបង់ ហើយរឹតបន្តឹងខ្លួនឯងបន្តិច ពួកគេក៏ក្លាយជាគ្មានកម្លាំងកំហែង ហើយអះអាងថាពួកគេមានជំងឺ ឬការឈឺថ្កាត់ ហើយថាគ្រប់ផ្នែកនៃរាងកាយរបស់ពួកគេមានអារម្មណ៍មិនស្រួល។ ពួកគេគ្មានការរឹតបន្តឹង និងគ្មានវិន័យ ធ្វើអ្វីតាមតែអំពើចិត្ត រឹងរូស និងបណ្តែតបណ្តោយ។ ពួកគេហូប គេង និងសប្បាយនៅពេលណាដែលពួកគេចង់ ហើយធ្វើការខ្លះតែនៅពេលដែលពួកគេមានអារម្មណ៍ចង់ធ្វើប៉ុណ្ណោះ។ ប្រសិនបើការងារនោះពិបាក ឬនឿយហត់បន្តិច ពួកគេក៏បាត់បង់ចំណាប់អារម្មណ៍ ហើយលែងចង់បំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ តើនេះជាការរែកបន្ទុកឬ? (ទេ។) មនុស្សដែលខ្ជិលច្រអូស និងលោភលន់នឹងការសុខស្រួលខាងសាច់ឈាម មិនមែនជាមនុស្សដែលគួរតែត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលនោះទេ។ ក៏មានមនុស្សដែលគុណសម្បត្តិរបស់ពួកគេគឺលើសពីគ្រប់គ្រាន់សម្រាប់បំពេញការងារមួយ ប៉ុន្តែជាអកុសល ពួកគេមិនរែកបន្ទុក ពួកគេមិនចូលចិត្តទទួលខុសត្រូវ មិនចូលចិត្តបញ្ហា ហើយមិនចូលចិត្តព្រួយបារម្ភ។ ពួកគេមើលមិនឃើញការងារដែលត្រូវធ្វើ ហើយទោះបីជាពួកគេមើលឃើញក៏ដោយ ក៏ពួកគេមិនចង់ចាត់ចែងវាដែរ។ តើមនុស្សប្រភេទនេះជាបេក្ខជនសម្រាប់ការលើកស្ទួយ និងបណ្ដុះបណ្ដាលឬ? ពិតជាមិនមែនទេ មនុស្សត្រូវតែរែកបន្ទុក ទើបអាចត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលបាន។ ការរែកបន្ទុកក៏អាចត្រូវបានពិពណ៌នាថាជាការមានស្មារតីទទួលខុសត្រូវផងដែរ។ ការមានស្មារតីទទួលខុសត្រូវគឺពាក់ព័ន្ធច្រើនទៅនឹងភាពជាមនុស្ស។ ការរែកបន្ទុកគឺទាក់ទងនឹងបទដ្ឋានមួយដែលដំណាក់របស់ព្រះជាម្ចាស់ប្រើសម្រាប់វាស់វែងមនុស្ស។ អស់អ្នកណាដែលរែកបន្ទុក ហើយបន្ថែមពីនេះមានពីរយ៉ាងទៀត គឺសមត្ថភាពនិងគុណសម្បត្តិក្នុងការយល់ដឹងពីសេចក្ដីពិត និងសមត្ថភាពការងារ ពោលគឺជាប្រភេទមនុស្សដែលអាចត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាល ហើយមនុស្សប្រភេទនេះអាចធ្វើជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ។ ទាំងនេះគឺជាបទដ្ឋានដែលតម្រូវសម្រាប់ការលើកស្ទួយ និងបណ្ដុះបណ្ដាលមនុស្សឱ្យក្លាយជាអ្នកមើលការខុសត្រូវប្រភេទផ្សេងៗ ហើយមនុស្សដែលបំពេញតាមបទដ្ឋានទាំងនេះ គឺជាបេក្ខជនសម្រាប់ការលើកស្ទួយ និងបណ្ដុះបណ្ដាល។

II. លក្ខខណ្ឌវិនិច្ឆ័យចាំបាច់សម្រាប់មនុស្សមានទេពកោសល្យក្នុងអាជីពការងារផ្សេងៗ ដែលមានទេពកោសល្យ ឬអំណោយទានពិសេស

ក្រៅពីប្រភេទមនុស្សដែលអាចធ្វើជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ ប្រភេទមនុស្សមួយទៀតដែលអាចត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាល គឺអស់អ្នកណាដែលមានទេពកោសល្យ ឬអំណោយទានពិសេស ឬបានស្ទាត់ជំនាញវិជ្ជាជីវៈមួយចំនួន។ តើអ្វីទៅជាបទដ្ឋានដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវសម្រាប់ការបណ្ដុះបណ្ដាលមនុស្សបែបនេះឱ្យក្លាយជាប្រធានក្រុម? ជាដំបូង ត្រូវមើលភាពជាមនុស្សរបស់ពួកគេ ដរាបណាពួកគេស្រឡាញ់គួរសមដែរចំពោះអ្វីៗដែលវិជ្ជមាន ហើយមិនមែនជាមនុស្សអាក្រក់ នោះគឺគ្រប់គ្រាន់ហើយ។ មនុស្សមួយចំនួនប្រហែលជាសួរថា៖ «ហេតុអ្វីបានជាពួកគេមិនត្រូវបានតម្រូវឱ្យធ្វើជាអ្នកដែលស្វែងរកសេចក្ដីពិត?» ពីព្រោះប្រធានក្រុមមិនមែនជាអ្នកដឹកនាំ ឬអ្នកធ្វើការរបស់ពួកជំនុំ ហើយក៏មិនមែនជាអ្នកស្រោចស្រពដែរ ហើយការតម្រូវឱ្យពួកគេបំពេញតាមបទដ្ឋាននៃការស្វែងរកសេចក្ដីពិត នឹងក្លាយជាការទាមទារខ្ពស់ពេក ហើយមនុស្សភាគច្រើនមិនអាចសម្រេចបានឡើយ។ នេះមិនត្រូវបានតម្រូវចំពោះមនុស្សដែលបំពេញកិច្ចការទូទៅ ឬកិច្ចការជំនាញវិជ្ជាជីវៈជាក់លាក់នោះទេ ប្រសិនបើគេតម្រូវដូច្នេះ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះត្រូវតែបន្ទាបបទដ្ឋាន។ ដរាបណាមនុស្សយល់ពីវិជ្ជាជីវៈរបស់ខ្លួន និងមានសមត្ថភាពទទួលខុសត្រូវលើការងារ ហើយមិនប្រព្រឹត្តអំពើអាក្រក់ ឬបង្កការរំខានណាមួយ នោះគឺគ្រប់គ្រាន់ហើយ។ សម្រាប់មនុស្សទាំងនេះ ដែលមានឯកទេសក្នុងជំនាញនិងវិជ្ជាជីវៈមួយចំនួន និងមានចំណុចខ្លាំងខ្លះ ប្រសិនបើពួកគេនឹងបំពេញការងារដែលតម្រូវឱ្យមានការយល់ដឹងជំនាញខ្លះៗ និងទាក់ទងនឹងវិជ្ជាជីវៈរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដរាបណាបើនិយាយពីចរិតរបស់ពួកគេ គឺពួកគេជាមនុស្សគ្មានល្បិចកល និងទៀងត្រង់គ្រាន់បើ មិនអាក្រក់ មិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន អាចស៊ូទ្រាំនឹងការលំបាក និងសុខចិត្តលះបង់ នោះគឺគ្រប់គ្រាន់ហើយ។ ដូច្នេះ សេចក្ដីតម្រូវទីមួយសម្រាប់ការបណ្ដុះបណ្ដាលមនុស្សបែបនេះឱ្យធ្វើជាប្រធានក្រុម គឺពួកគេត្រូវតែស្រឡាញ់គួរសមដែរចំពោះអ្វីៗដែលវិជ្ជមាន ហើយបន្ថែមពីនេះ ពួកគេត្រូវតែអាចស៊ូទ្រាំនឹងការលំបាក និងលះបង់។ តើនៅមានអ្វីទៀត? (ពួកគេត្រូវតែមានចរិតទៀងត្រង់ មិនអាក្រក់ និងមិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន។) ចរិតរបស់ពួកគេត្រូវតែទៀងត្រង់គ្រាន់បើ មិនមែនជាមនុស្សអាក្រក់ ហើយមិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន។ មនុស្សមួយចំនួនប្រហែលជាសួរថា៖ «ដូច្នេះ តើសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងពីសេចក្ដីពិត អាចត្រូវបានចាត់ទុកថាខ្ពស់ឬទេ? បន្ទាប់ពីបានឮសេចក្ដីពិត តើពួកគេអាចភ្ញាក់រឭកចំពោះតថភាពនៃសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរឬទេ?» មិនចាំបាច់តម្រូវឱ្យមានទាំងអស់នេះទេ វាគ្រប់គ្រាន់ហើយក្នុងការតម្រូវឱ្យមនុស្សបែបនេះមិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន។ នៅពេលមនុស្សដែលមានការយល់ដឹងឥតវៀចវេរ បំពេញការងាររបស់ពួកគេ អត្ថប្រយោជន៍មួយគឺថា ពួកគេមិនងាយនឹងបង្កការរំខាន ឬធ្វើអ្វីដែលមិនសមហេតុផលឡើយ។ ឧទាហរណ៍ ដំណាក់របស់ព្រះជាម្ចាស់បានប្រកបគ្នាម្ដងហើយម្ដងទៀតអំពីគោលការណ៍ទាក់ទងនឹងពណ៌នៃសម្លៀកបំពាក់របស់អ្នកសម្ដែង ដែលគួរតែមានភាពថ្លៃថ្នូរ និងសមរម្យ ហើយមានពណ៌ចម្រុះជាជាងពណ៌តែមួយ។ ប៉ុន្តែនៅតែមានអស់អ្នកណាដែលមិនអាចយល់ពីអ្វីដែលគេប្រាប់ មិនយល់ពីអ្វីដែលពួកគេឮ គ្មានសមត្ថភាពក្នុងការយល់ដឹង និងមិនអាចស្គាល់គោលការណ៍នៅក្នុងសេចក្ដីតម្រូវទាំងនេះរបស់ដំណាក់របស់ព្រះជាម្ចាស់បាន ហើយនៅទីបំផុតពួកគេបានជ្រើសរើសសម្លៀកបំពាក់ដែលមានតែពណ៌ប្រផេះសុទ្ធ តើនេះមិនមែនជាការយល់ដឹងវៀចវេរទេឬ? (មែនហើយ។) នេះហើយគឺជាអ្វីដែលហៅថាការមានការយល់ដឹងវៀចវេរ។ តើអ្វីជាអត្ថន័យចម្បងនៃការស្រឡាញ់គួរសមចំពោះអ្វីៗដែលវិជ្ជមាន? (គឺការអាចទទួលយកសេចក្ដីពិតបាន។) ត្រូវហើយ។ វាមានន័យថា អាចទទួលយកពាក្យសម្ដី និងអ្វីៗដែលស្របតាមសេចក្ដីពិត ហើយអាចទទួលយក និងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត។ ទោះបីជាមនុស្សបែបនេះអាចអនុវត្តរឿងទាំងនេះបានឬមិនបានក៏ដោយ យ៉ាងហោចណាស់ នៅជ្រៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនត្រូវទាស់ទទឹង ឬស្អប់ខ្ពើមនឹងរឿងទាំងនោះឡើយ។ មនុស្សបែបនេះគឺជាមនុស្សល្អ ហើយបើនិយាយជាភាសាសាមញ្ញ អាចនិយាយបានថាពួកគេជាមនុស្សសមរម្យ។ តើអ្វីទៅជាលក្ខណៈរបស់មនុស្សសមរម្យ? ពួកគេមានអារម្មណ៍ស្អប់ខ្ពើម រអើម និងឆ្អើមចំពោះអំពើអាក្រក់ដែលអ្នកគ្មានជំនឿចូលចិត្តប្រព្រឹត្ត ក៏ដូចជាចំពោះនិន្នាការអាក្រក់ដែលអ្នកគ្មានជំនឿធ្វើតាម។ ឧទាហរណ៍ និន្នាការនៃពិភពដែលមិនជឿ គឺលើកតម្កើងកម្លាំងអាក្រក់ហើយស្ត្រីជាច្រើនស្វែងរកការរៀបការជាមួយអ្នកមាន ឬធ្វើជាស្រីកំណាន់របស់នរណាម្នាក់។ តើនេះមិនទុច្ចរិតទេឬ? មនុស្សដែលស្រឡាញ់សេចក្ដីពិត យល់ថារឿងទាំងនេះគួរឱ្យខ្ពើមរអើមជាពិសេស ហើយអ្នកខ្លះនិយាយថា៖ «ទោះបីជាខ្ញុំមិនអាចរកបាននរណាម្នាក់ដើម្បីរៀបការជាមួយ ទោះបីជាខ្ញុំស្លាប់ដោយសារភាពក្រីក្រក៏ដោយ ក៏ខ្ញុំនឹងមិនប្រព្រឹត្តដូចមនុស្សទាំងនោះដែរ» និយាយម្យ៉ាងទៀត គឺពួកគេមើលងាយ និងមើលថោកមនុស្សបែបនេះ។ លក្ខណៈមួយរបស់មនុស្សសមរម្យគឺថា ពួកគេយល់ថានិន្នាការអាក្រក់គឺគួរឱ្យស្អប់ខ្ពើម និងខ្ពើមរអើម ហើយមើលងាយអស់អ្នកណាដែលត្រូវជាប់ជំពាក់ដោយនិន្នាការបែបនេះ។ មនុស្សទាំងនេះទៀងត្រង់គ្រាន់បើ នៅពេលនិយាយដល់ការជឿលើព្រះជាម្ចាស់ និងការធ្វើជាមនុស្សល្អ ការដើរលើមាគ៌ាត្រឹមត្រូវ ការថ្វាយបង្គំព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ការគេចចេញពីនិន្នាការអាក្រក់ និងការគេចចេញពីអំពើអាក្រក់ទាំងអស់នៅក្នុងលោកិយ នៅក្នុងចិត្តពិតរបស់ពួកគេ ពួកគេមានអារម្មណ៍ថា នេះគឺជារឿងល្អ។ ទោះបីជាពួកគេអាចឈានទៅសម្រេចរឿងទាំងអស់នេះបានឬមិនបានក៏ដោយ ហើយទោះបីជាការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងដើរលើមាគ៌ាត្រឹមត្រូវមានទំហំធំប៉ុណ្ណាក៏ដោយ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចិត្តជ្រៅៗរបស់ពួកគេ ពួកគេប្រាថ្នាចង់រស់នៅក្នុងពន្លឺ និងប្រាថ្នាចង់នៅក្នុងកន្លែងមួយដែលសេចក្ដីសុចរិតមានអំណាច។ មនុស្សទៀងត្រង់បែបនេះ គឺជាប្រភេទដែលស្រឡាញ់គួរសមចំពោះអ្វីៗដែលវិជ្ជមាន។ អស់អ្នកណាដែលត្រូវលើកស្ទួយ និងបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់ យ៉ាងហោចណាស់ត្រូវតែមានចរិតលក្ខណៈនៃភាពជាមនុស្សដ៏ទៀងត្រង់ និងស្រឡាញ់អ្វីៗដែលវិជ្ជមាន។ នេះក៏ជាបទដ្ឋានតម្រូវទីមួយសម្រាប់ការលើកស្ទួយប្រភេទអ្នកមានទេពកោសល្យដែលមានជំនាញវិជ្ជាជីវៈ និងចំណុចខ្លាំងផងដែរ។ បទដ្ឋានទីពីរគឺថា មនុស្សបែបនេះត្រូវតែអាចស៊ូទ្រាំនឹងការលំបាក និងលះបង់បាន។ ពោលគឺ នៅពេលនិយាយដល់បុព្វហេតុ ឬការងារដែលពួកគេស្រឡាញ់ខ្លាំង ពួកគេអាចដាក់បំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេមួយឡែក ដាក់ការសប្បាយខាងសាច់ឈាម ឬការរស់នៅដ៏សុខស្រួលមួយឡែក ហើយថែមទាំងលះបង់អនាគតផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។ លើសពីនេះទៅទៀត ការលំបាកបន្តិចបន្តួច ឬមានអារម្មណ៍នឿយហត់ខ្លះ មិនមែនជារឿងធំដុំសម្រាប់ពួកគេឡើយ។ ដរាបណាពួកគេកំពុងធ្វើអ្វីមួយដែលមានអត្ថន័យ និងដែលពួកគេជឿថាត្រឹមត្រូវ នោះពួកគេលះបង់ការសប្បាយ និងផលប្រយោជន៍ខាងសាច់ឈាមដោយរីករាយ ឬយ៉ាងហោចណាស់ ក៏មានការប្ដេជ្ញាចិត្ត និងបំណងប្រាថ្នាចង់ធ្វើដូច្នេះដែរ។ មនុស្សមួយចំនួននិយាយថា៖ «ពេលខ្លះមនុស្សនោះនៅតែលោភលន់នឹងការសុខស្រួលខាងសាច់ឈាមដែរ ពេលខ្លះពួកគេចង់គេងឱ្យបានស្កប់ ឬចង់ញ៉ាំអាហារឆ្ងាញ់ៗ ហើយពេលខ្លះពួកគេចង់ចេញទៅដើរលេង ឬដើរផ្តេសផ្តាស ប៉ុន្តែភាគច្រើន ពួកគេអាចស៊ូទ្រាំនឹងការលំបាក និងលះបង់ វាគ្រាន់តែថាពេលខ្លះអារម្មណ៍របស់ពួកគេនាំឱ្យមានគំនិតបែបនោះប៉ុណ្ណោះ។ តើនេះអាចចាត់ទុកថាជាបញ្ហាដែរឬទេ?» មិនមែនទេ។ វាជាការទាមទារខ្ពស់ពេកហើយក្នុងការបង្គាប់ឱ្យពួកគេដាក់ការសប្បាយខាងសាច់ឈាមមួយឡែកទាំងស្រុង លើកលែងតែក្នុងកាលៈទេសៈពិសេស។ ជាទូទៅ នៅពេលដែលអ្នករាល់គ្នាប្រគល់ការងារឱ្យមនុស្សបែបនេះធ្វើ មិនថាវាជាការងារធំឬតូច ហើយមិនថាវាជាអ្វីដែលពួកគេចូលចិត្តធ្វើឬអត់ ហើយមិនថាតើការងារនោះលំបាកប៉ុណ្ណា ឬការលំបាកដែលពួកគេត្រូវស៊ូទ្រាំធំប៉ុណ្ណា ឬតម្លៃដែលពួកគេត្រូវបង់ជាអ្វីក៏ដោយ ដរាបណាអ្នកប្រគល់ការងារនោះឱ្យពួកគេ គេអាចទុកចិត្តបានថា ពួកគេនឹងធ្វើវាឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ទោះបីជាអ្នកមិនចាំបាច់ឃ្លាំមើល ឬមើលការខុសត្រូវពួកគេក៏ដោយ។ មនុស្សបែបនេះអាចស៊ូទ្រាំនឹងការលំបាក និងលះបង់ ហើយនេះគឺជាការសម្ដែងចេញមួយទៀតរបស់មនុស្សសមរម្យ។ តើការដែលអាចស៊ូទ្រាំនឹងការលំបាក និងលះបង់បាន មានន័យដូចម្ដេច? វាមានន័យថា មានភាពហ្មត់ចត់ យកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ហើយសុខចិត្តស៊ូទ្រាំនឹងការលំបាកគ្រប់យ៉ាង និងលះបង់គ្រប់យ៉ាង ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវ។ មនុស្សបែបនេះ នៅពេលនិយាយពីការបំពេញការងារ គឺពួកគេរក្សាពាក្យសន្យា និងគួរឱ្យទុកចិត្ត មិនដូចមនុស្សដែលល្មោភស៊ី និងខ្ជិលច្រអូស ចូលចិត្តការស្រណុកសុខស្រួល និងស្អប់ការងារ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះទេ។ មនុស្សទាំងនោះមិនរក្សាពាក្យសន្យា និយាយពាក្យកុហកជានិច្ចដើម្បីបោកបញ្ឆោត និងលួងលោមអ្នកដទៃ ហើយមិនស្ទាក់ស្ទើរក្នុងការនិយាយកុហក និងស្បថក្លែងក្លាយ ដើម្បីសម្រេចគោលដៅរបស់ពួកគេឡើយ។ ព្រះជាម្ចាស់នឹងមិនសង្គ្រោះមនុស្សទាំងនោះឡើយ។ ព្រះជាម្ចាស់ចូលចិត្តមនុស្សស្មោះត្រង់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលរក្សាពាក្យសម្ដី និងស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន ហើយមានតែអស់អ្នកណាដែលអាចស៊ូទ្រាំនឹងការលំបាក និងលះបង់ដើម្បីបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ការដែលអាចស៊ូទ្រាំនឹងការលំបាក និងលះបង់បាន គឺជាលក្ខណៈ និងការសម្ដែងចេញទីពីរ ដែលមនុស្សម្នាក់គួរតែមាន ដើម្បីត្រូវបានលើកស្ទួយ និងបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់។ បទដ្ឋានទីបីគឺ ការមិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន។ ពោលគឺ បន្ទាប់ពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យ៉ាងហោចណាស់ពួកគេអាចដឹងថាព្រះបន្ទូលនោះសំដៅលើអ្វី ពួកគេអាចយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល ហើយការយល់ដឹងរបស់ពួកគេមិនវៀចវេរ ឬមិនសមហេតុផលឡើយ។ ឧទាហរណ៍ ប្រសិនបើអ្នកនិយាយអំពីពណ៌ខៀវ ពួកគេនឹងមិនយល់ខុសថាជាពណ៌ខ្មៅទេ ហើយប្រសិនបើអ្នកនិយាយអំពីពណ៌ប្រផេះ ពួកគេនឹងមិនយល់ខុសថាជាពណ៌ស្វាយឡើយ។ នេះគឺជាកម្រិតអប្បបរមា។ ទោះបីជាពេលខ្លះការយល់ដឹងរបស់ពួកគេមានភាពវៀចវេរក៏ដោយ នៅពេលអ្នកដទៃចង្អុលបង្ហាញ ពួកគេអាចទទួលយកបាន ហើយប្រសិនបើពួកគេឃើញថាអ្នកផ្សេងមានការយល់ដឹងដ៏សុទ្ធសាធជាងខ្លួន ពួកគេក៏អាចសុខចិត្តទទួលយកដែរ មនុស្សប្រភេទនេះមានការយល់ដឹងដ៏សុទ្ធសាធ។ ទីបួន ពួកគេមិនត្រូវជាមនុស្សអាក្រក់ឡើយ។ តើរឿងនេះងាយយល់ទេ? ការមិនធ្វើជាមនុស្សអាក្រក់ មានន័យថា យ៉ាងហោចណាស់ត្រូវធ្វើរឿងមួយ នោះគឺ បន្ទាប់ពីមិនបានសម្រេចនូវអ្វីដែលដំណាក់របស់ព្រះជាម្ចាស់បានតម្រូវ ឬបានបំពានលើគោលការណ៍ និងបានធ្វើអ្វីមួយខុស មនុស្សបែបនេះត្រូវតែអាចទទួលយក និងចុះចូលនៅពេលត្រូវបានលួសកាត់ ដោយគ្មានការទាស់ទទឹង និងដោយមិនផ្សព្វផ្សាយភាពអវិជ្ជមាន ឬសញ្ញាណ។ បន្ថែមពីនេះ មិនថានៅក្នុងក្រុមណាក៏ដោយ ពួកគេអាចចុះសម្រុងជាមួយមនុស្សភាគច្រើន និងរស់នៅជាមួយពួកគេដោយសុខដុមរមនា។ ទោះបីជានរណាម្នាក់ធ្វើឱ្យពួកគេឈឺចាប់ដោយនិយាយពាក្យមិនល្អក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំបានដោយមិនប្រកាន់ ហើយប្រសិនបើនរណាម្នាក់ធ្វើបាបពួកគេ ពួកគេក៏មិនតបតអំពើអាក្រក់ដោយអំពើអាក្រក់ដែរ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគ្រាន់តែប្រើវិធីដ៏ឈ្លាសវៃដើម្បីរក្សាគម្លាត និងគេចចេញប៉ុណ្ណោះ។ ទោះបីជាបុគ្គលបែបនេះមិនទាន់ដល់កម្រិតជាមនុស្សស្មោះត្រង់ក៏ដោយ យ៉ាងហោចណាស់ពួកគេជាមនុស្សគ្មានល្បិចកលគ្រាន់បើ ហើយមិនប្រព្រឹត្តអំពើអាក្រក់ ហើយប្រសិនបើនរណាម្នាក់ធ្វើឱ្យពួកគេអាក់អន់ចិត្ត ពួកគេក៏មិនសងសឹក ឬធ្វើបាបអ្នកនោះ ហើយក៏មិនគាបសង្កត់អ្នកនោះដែរ។ លើសពីនេះទៅទៀត មនុស្សបែបនេះមិនព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ប្រព្រឹត្តប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់ ផ្សព្វផ្សាយសញ្ញាណអំពីព្រះជាម្ចាស់ ព្យាយាមជំនុំជម្រះទ្រង់ ឬធ្វើអ្វីដែលបង្អាក់ ឬបង្កការរំខានឡើយ។ ចំណុចទាំងបួនខាងលើ គឺជាលក្ខណៈវិនិច្ឆ័យមូលដ្ឋានសម្រាប់ការលើកស្ទួយ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យ ដែលមានចំណុចខ្លាំងខ្លះ និងយល់ដឹងពីជំនាញវិជ្ជាជីវៈមួយចំនួន។ ដរាបណាពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងបួននេះ ជាទូទៅ ពួកគេអាចរ៉ាប់រងភារកិច្ចជាក់លាក់ និងបំពេញការងារជាក់លាក់បានត្រឹមត្រូវ។

មនុស្សមួយចំនួនអាចសួរថា៖ «ហេតុអ្វីបានជាលក្ខណៈវិនិច្ឆ័យដែលអ្នកមានទេពកោសល្យគួរតែបំពេញដើម្បីបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល មិនរួមបញ្ចូលការយល់ពីសេចក្ដីពិត ការមានតថភាពនៃសេចក្ដីពិត និងការដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់? ហេតុអ្វីបានជាពួកវាទាំងនោះមិនរួមបញ្ចូលការដែលអាចស្គាល់ព្រះជាម្ចាស់ ការដែលអាចចុះចូលនឹងព្រះជាម្ចាស់ ការស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងការធ្វើជាភាវៈដែលព្រះបានបង្កើត ដែលត្រូវតាមស្ដង់ដាដូច្នេះ? តើចំណុចទាំងអស់នេះត្រូវបានបំភ្លេចចោលហើយមែនទេ?» ចូរប្រាប់ខ្ញុំមក ប្រសិនបើមនុស្សម្នាក់យល់ពីសេចក្ដីពិត និងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយអាចចុះចូលនឹងព្រះជាម្ចាស់ ព្រមទាំងស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ស្គាល់ព្រះជាម្ចាស់ មិនទាស់ទទឹងនឹងទ្រង់ និងជាភាវៈដែលព្រះបានបង្កើត ដែលត្រូវតាមស្ដង់ដា តើពួកគេនៅតែត្រូវបណ្ដុះបណ្ដាលទៀតដែរឬទេ? ប្រសិនបើពួកគេពិតជាសម្រេចបាននូវចំណុចទាំងអស់នេះមែន តើលទ្ធផលនៃការបណ្ដុះបណ្ដាលមិនត្រូវបានសម្រេចរួចទៅហើយទេឬ? (មែនហើយ។) ហេតុដូច្នេះហើយ លក្ខខណ្ឌតម្រូវសម្រាប់អ្នកមានទេពកោសល្យដើម្បីបានដំឡើងឋានៈ និងបណ្ដុះបណ្ដាល គឺមិនរួមបញ្ចូលលក្ខណៈវិនិច្ឆ័យទាំងនេះទេ។ ដោយសារតែបេក្ខជនត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលចេញពីចំណោមមនុស្សលោកដែលមិនយល់ពីសេចក្ដីពិត និងពោរពេញទៅដោយនិស្ស័យពុករលួយ ហេតុដូច្នេះ វាមិនអាចទៅរួចឡើយសម្រាប់បេក្ខជនទាំងឡាយដែលកំពុងត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល ក្នុងការមានតថភាពនៃសេចក្ដីពិតរួចជាស្រេច ឬក្នុងការចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុងរួចជាស្រេច កុំថាឡើយដល់ការស្មោះត្រង់ទាំងស្រុងចំពោះព្រះជាម្ចាស់រួចជាស្រេចនោះ ហើយពួកគេពិតជានៅកាន់តែឆ្ងាយពីការស្គាល់ព្រះជាម្ចាស់ និងការមានចិត្តកោតខ្លាចព្រះជាម្ចាស់។ លក្ខណៈវិនិច្ឆ័យដែលអ្នកមានទេពកោសល្យគ្រប់ប្រភេទគួរតែបំពេញមុនគេដើម្បីបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល គឺជាចំណុចដែលយើងទើបតែបានលើកឡើង ហើយចំណុចទាំងនេះគឺជាចំណុចដែលជាក់ស្ដែង និងជាក់លាក់បំផុត។ អ្នកដឹកនាំក្លែងក្លាយមួយចំនួននិយាយថា៖ «នៅទីនេះ យើងគ្មានអ្នកមានទេពកោសល្យណាម្នាក់ដែលអាចត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឡើយ។ អ្នកនេះមិនយល់ពីសេចក្ដីពិត អ្នកនោះធ្វើការងារដោយគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ អ្នកនោះមិនអាចទទួលយកការលួសកាត់បាន អ្នកនោះគ្មានភាពស្មោះត្រង់...» ហើយបន្តចង្អុលបង្ហាញកំហុសជាច្រើនសន្ធឹកសន្ធាប់។ តើអ្នកដឹកនាំក្លែងក្លាយទាំងនេះបង្កប់ន័យយ៉ាងដូចម្ដេច នៅពេលដែលពួកគេនិយាយបែបនេះ? វាហាក់ដូចជាថា មនុស្សទាំងនោះមិនអាចត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលបានទេ ដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត មិនមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅមិនទាន់មានតថភាពនៃសេចក្ដីពិត ។ល។ ចំណែកឯអ្នកដឹកនាំខ្លួនឯងវិញ អាចក្លាយជាអ្នកដឹកនាំបាន ដោយសារតែពួកគេមានបទពិសោធជាក់ស្ដែងខ្លះៗរួចទៅហើយ និងមានតថភាពនៃសេចក្ដីពិត។ តើនេះមិនមែនជាអ្វីដែលអ្នកដឹកនាំក្លែងក្លាយទាំងនោះចង់មានន័យទេឬអី? នៅក្នុងក្រសែភ្នែករបស់ពួកគេ គ្មាននរណាម្នាក់ល្អដូចពួកគេឡើយ ហើយក្រៅពីពួកគេ ក៏គ្មាននរណាម្នាក់ដែលស័ក្តិសមធ្វើជាអ្នកដឹកនាំដែរ។ នេះគឺជានិស្ស័យក្រអឺតក្រទមរបស់អ្នកដឹកនាំក្លែងក្លាយ នៅពេលនិយាយដល់ការដំឡើងឋានៈ និងបណ្ដុះបណ្ដាលមនុស្សដោយដំណាក់របស់ព្រះជាម្ចាស់ ពួកគេពោរពេញទៅដោយសញ្ញាណនិងការស្រមើស្រមៃ។

III. លក្ខខណ្ឌវិនិច្ឆ័យចាំបាច់សម្រាប់បុគ្គលិកផ្នែកកិច្ចការទូទៅ

ខ្ញុំទើបតែបានលើកឡើងអំពីមនុស្សពីរប្រភេទ ដែលដំណាក់របស់ព្រះជាម្ចាស់ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាល។ មួយប្រភេទគឺជាមនុស្សដែលអាចធ្វើជាអ្នកដឹកនាំនិងអ្នកធ្វើការ ហើយមួយប្រភេទទៀតគឺជាមនុស្សដែលអាចធ្វើការងារជំនាញផ្សេងៗ។ ក៏មានមនុស្សមួយប្រភេទទៀតដែរ។ គេមិនអាចនិយាយបានថា ពួកគេមានចំណុចខ្លាំងពិសេស ឬជំនាញវិជ្ជាជីវៈនោះទេ ហើយការងាររបស់ពួកគេក៏មិនពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាន់ខ្ពស់ណាមួយដែរ ពោលគឺ មនុស្សទាំងនេះបំពេញកិច្ចការទូទៅមួយចំនួននៅក្នុងពួកជំនុំ ដោយពួកគេចាត់ចែងកិច្ចការមួយចំនួនដែលនៅក្រៅពីកិច្ចការស្នូលរបស់ពួកជំនុំ។ ពួកគេគឺជាប្រភេទមនុស្សដែលបំពេញកិច្ចការទូទៅ។ តើដំណាក់របស់ព្រះជាម្ចាស់មានតម្រូវការចម្បងអ្វីខ្លះសម្រាប់មនុស្សបែបនេះ? តម្រូវការដែលសំខាន់បំផុតនោះគឺ ពួកគេអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនជួយអ្នកខាងក្រៅដោយធ្វើឱ្យខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់ និងមិនក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីផ្គាប់ផ្គុនសាតាំង។ គឺមានតែប៉ុណ្ណេះ។ ទោះបីជាពួកគេជាអ្នកពូកែខាងទំនាក់ទំនង ជាបុគ្គលឆ្នើមក្នុងសង្គម ឬជាអ្នកមានទេពកោសល្យពិសេសក៏ដោយ ក៏ពួកគេត្រូវតែអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ នៅពេលចាត់ចែងកិច្ចការខាងក្រៅសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ដែរ។ តើផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រួមបញ្ចូលអ្វីខ្លះ? គឺមានដូចជា ប្រាក់កាស សម្ភារៈ កិត្តិនាមនៃដំណាក់របស់ព្រះជាម្ចាស់ និងកិត្តិនាមរបស់ពួកជំនុំ ព្រមទាំងសុវត្ថិភាពរបស់បងប្អូនប្រុសស្រី។ ទិដ្ឋភាពនីមួយៗនេះគឺមានសារៈសំខាន់ណាស់។ អ្នកណាដែលអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បាន អ្នកនោះគឺជាអ្នកដែលមានភាពជាមនុស្សធម្មតា ជាអ្នកដែលទៀងត្រង់គ្រប់គ្រាន់ និងជាអ្នកដែលមានឆន្ទៈអនុវត្តសេចក្ដីពិត។ មនុស្សមួយចំនួនគ្មានការចេះពិចារណា ហើយនិយាយថា៖ «មានមនុស្សម្នាក់ដែលមានភាពជាមនុស្សអាក្រក់ ប៉ុន្តែគេអាចការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បាន»។ តើរឿងនោះអាចទៅរួចទេ? (ទេ។) តើមនុស្សអាក្រក់អាចការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដោយរបៀបណា? ពួកគេអាចការពារបានតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ហេតុដូច្នេះ ប្រសិនបើមនុស្សម្នាក់អាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដមែន នោះពួកគេច្បាស់ជាមានចរិតលក្ខណៈ និងភាពជាមនុស្សល្អជាក់ជាមិនខាន។ ប្រសិនបើមនុស្សម្នាក់ជួយអ្នកខាងក្រៅដោយធ្វើឱ្យខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់ នៅពេលដែលពួកគេធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយក្បត់ផលប្រយោជន៍របស់ដំណាក់នោះ ហើយមិនត្រឹមតែបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចនិងសម្ភារៈដ៏ធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមនៃដំណាក់របស់ព្រះជាម្ចាស់ និងកិត្តិនាមរបស់ពួកជំនុំទៀតផង តើពួកគេជាមនុស្សល្អដែរឬទេ? មនុស្សទាំងនេះពិតជាមិនមែនជាប្រភេទមនុស្សល្អនោះទេ។ ពួកគេមិនខ្វល់ថាដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ផ្នែកសម្ភារៈនិងហិរញ្ញវត្ថុធំប៉ុណ្ណានោះទេ អ្វីដែលសំខាន់បំផុតសម្រាប់ពួកគេគឺការទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯង និងការផ្គាប់ផ្គុនអ្នកមិនជឿ។ ពួកគេមិនត្រឹមតែផ្ញើអំណោយឱ្យអ្នកគ្មានជំនឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើសម្បទានជានិច្ចចំពោះអ្នកទាំងនោះក្នុងអំឡុងពេលចរចាទៀតផង ដោយពួកគេមិនដែលបានគិតដល់ការតស៊ូដើម្បីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ពួកគេបែរជាកុហកដំណាក់របស់ព្រះជាម្ចាស់ ដោយនិយាយថា ពួកគេបានសម្រេចកិច្ចការ និងការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច ដែលតាមពិតទៅ កិច្ចការរបស់ពួកជំនុំបានរងការខាតបង់រួចទៅហើយ ហើយដំណាក់របស់ព្រះជាម្ចាស់ត្រូវបានអ្នកមិនជឿឆ្លៀតឱកាសយកប្រៀបយ៉ាងខ្លាំង។ ប្រសិនបើមនុស្សម្នាក់អាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បានគ្រប់ជ្រុងជ្រោយ នៅពេលចាត់ចែងកិច្ចការខាងក្រៅ តើមនុស្សម្នាក់នេះជាមនុស្សល្អដែរឬទេ? (ជាមនុស្សល្អ។) ដូច្នេះ ប្រសិនបើមនុស្សប្រភេទនេះមិនមានសមត្ថភាពធ្វើកិច្ចការផ្សេងទៀតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយស័ក្តិសមតែសម្រាប់កិច្ចការទូទៅប្រភេទនេះ តើពួកគេគួរតែត្រូវបានដំឡើងឋានៈដោយដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (មែនហើយ។) ក្រៅពីមានសមត្ថភាពក្នុងការងារ និងអាចបំពេញការងាររបស់ខ្លួនស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ ពួកគេក៏អាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ ដូច្នេះ ពួកគេគឺស្របតាមស្ដង់ដារ ហើយមនុស្សបែបនេះគួរតែត្រូវបានដំឡើងឋានៈ។ ផ្ទុយទៅវិញ អស់អ្នកណាដែលបង្កការខូចខាតជានិច្ចដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដែលបង្កហានិភ័យជានិច្ចដល់សុវត្ថិភាពរបស់បងប្អូនប្រុសស្រី និងដែលបង្កផលប៉ះពាល់និងផលវិបាកអវិជ្ជមានជានិច្ចដល់កិត្តិនាមរបស់ដំណាក់របស់ព្រះជាម្ចាស់និងរបស់ពួកជំនុំ មនុស្សបែបនេះមិនត្រូវបានដំឡើងឋានៈឬបណ្ដុះបណ្ដាលឡើយ ហើយប្រសិនបើពួកគេត្រូវបានដំឡើងឋានៈនិងប្រើប្រាស់ ពួកគេត្រូវតែដកហូតតំណែងយ៉ាងឆាប់រហ័ស។ ក៏មានមនុស្សមួយចំនួនដែលតែងតែបង្កបញ្ហានៅពេលបំពេញការងាររបស់ខ្លួន ដូចជា ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរ ធ្វើឱ្យខូចការងារដែលពួកគេទទួលខុសត្រូវ ឬបង្កឱ្យមានទំនាស់ដែលនាំឱ្យមានការត្អូញត្អែរឥតឈប់ឈរ ហើយប្រសិនបើមានចំណុចខ្វះខាតណាមួយ ពួកគេក៏មិនចេះកែតម្រូវដែរ។ មនុស្សបែបនេះគឺជាមនុស្សដែលខ្សោយបញ្ញា ហើយក៏ជាអ្នកនាំសំណាងអាក្រក់ និងជាមនុស្សខ្ជះខ្ជាយផងដែរ។ ប្រសិនបើមនុស្សប្រភេទនេះក្លាយជាប្រធានក្រុម អ្នកមើលការខុសត្រូវ អ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេមិនត្រឹមតែត្រូវដកហូតតំណែងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបោសសម្អាតចេញពីពួកជំនុំទៀតផង។ នេះក៏ព្រោះថា មនុស្សប្រភេទនេះគឺជាអ្នកបង្កគ្រោះមហន្តរាយ និងជាអ្នកនាំសំណាងអាក្រក់។ ដរាបណាមានមនុស្សប្រភេទនេះម្នាក់ ឬពីរនាក់មានវត្តមាននៅក្នុងពួកជំនុំ នោះពួកជំនុំនឹងគ្មានសេចក្ដីសុខសាន្តឡើយ។ មនុស្សបែបនេះហាក់ដូចជាមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ឬមានជំងឺរាតត្បាត។ អ្នកណាដែលប៉ះពាល់ពួកគេនឹងជួបគ្រោះអាក្រក់ ដូច្នេះ មនុស្សប្រភេទនេះគួរតែត្រូវបានបោសសម្អាតចេញដោយមិនបង្អង់យូរ។ សូម្បីតែលក្ខណៈនៅលើផ្ទៃមុខរបស់មនុស្សទាំងនេះក៏ខុសប្រក្រតីដែរ ពោរពេញទៅដោយលក្ខណៈមានល្បិចកល ឬដូចអារក្ស ឬអាក្រក់អាក្រី ហើយអ្នកណាដែលប៉ះពាល់ពួកគេនឹងមានអារម្មណ៍ថា ហាក់ដូចជានឹងមានរឿងអាក្រក់កើតឡើង។ មនុស្សប្រភេទនេះត្រូវតែដកហូតតំណែង និងបោសសម្អាតចេញ ទើបអ្វីៗអាចដំណើរការទៅបានល្អសម្រាប់ពួកជំនុំ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សផ្សេងៗនៅក្នុងពួកជំនុំ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវគោលការណ៍ និងការប្រើប្រាស់ការចេះពិចារណា ដើម្បីអាចប្រព្រឹត្តស្របតាមគោលការណ៍បាន។ នៅក្នុងចំណោមមនុស្សប្រភេទផ្សេងៗដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល មានអ្នកដែលបម្រើការជាអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំ អ្នកដែលទទួលខុសត្រូវលើជំនាញផ្សេងៗនៅក្នុងពួកជំនុំ ហើយក៏មានអ្នកដែលចាត់ចែងកិច្ចការទូទៅសម្រាប់ពួកជំនុំផងដែរ។ លក្ខណៈវិនិច្ឆ័យផ្សេងៗដែលអ្នកមានទេពកោសល្យច្រើនប្រភេទនេះគួរតែមាន ក៏ត្រូវបានលើកយកមកប្រកបគ្នាយ៉ាងច្បាស់លាស់រួចហើយដែរ។ នៅពេលដែលអ្នករាល់គ្នាយល់ច្បាស់ពីគោលការណ៍អំពីរបៀបជ្រើសរើសអ្នកដឹកនាំនិងអ្នកធ្វើការ និងរបៀបដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្ស នោះកិច្ចការទាំងអស់របស់ពួកជំនុំនឹងចូលទៅកាន់មាគ៌ាត្រឹមត្រូវ។

មនុស្សមួយចំនួនអាចសួរថា៖ «ហេតុអ្វីបានជាមនុស្សទាំងនេះដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានហៅថាជាអ្នកមានទេពកោសល្យដូច្នេះ?» អ្នកមានទេពកោសល្យដែលយើងនិយាយដល់ សំដៅលើបេក្ខជនសម្រាប់ការដំឡើងឋានៈនិងការបណ្ដុះបណ្ដាល។ មានតម្រូវការខុសៗគ្នាសម្រាប់មនុស្សដែលអាចបំពេញភារកិច្ចខុសៗគ្នា ហើយដោយសារតែពួកគេកំពុងស្ថិតនៅក្នុងដំណើរការនៃការបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល ហេតុដូច្នេះហើយ វាពិតជាគ្រប់គ្រាន់ហើយដែលអ្នកដែលត្រូវបានហៅថាជាអ្នកមានទេពកោសល្យទាំងនេះ អាចបំពេញតាមលក្ខណៈវិនិច្ឆ័យដែលយើងទើបតែបានលើកឡើងនោះ។ វាមិនមែនជារឿងជាក់ស្ដែងទេក្នុងការរំពឹងថាមនុស្សទាំងនេះមានតថភាពនៃសេចក្ដីពិតរួចជាស្រេច អាចចុះចូលនិងស្មោះត្រង់រួចជាស្រេច ហើយអាចកោតខ្លាចព្រះជាម្ចាស់រួចជាស្រេចនោះ។ ហេតុដូច្នេះ អ្នកមានទេពកោសល្យដែលយើងនិយាយសំដៅនោះ គ្រាន់តែជាអស់អ្នកណាដែលមានគុណធម៌និងសេចក្ដីទៀងត្រង់មួយចំនួនដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរតែមាន និងមានគុណសម្បត្តិក្នុងការយល់ដឹងពីសេចក្ដីពិត ដោយសារតែចំណុចនេះហើយ ទើបពួកគេត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះមិនមែនមានន័យថា ពួកគេបានយល់ពីសេចក្ដីពិត និងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតរួចទៅហើយនោះទេ ហើយក៏មិនមែនមានន័យថា ពួកគេបានសម្រេចនូវការចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ បន្ទាប់ពីបានទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ និងរឿងផ្សេងៗទៀតដូចនេះដែរ។ ជាការពិតណាស់ ពាក្យថា «អ្នកមានទេពកោសល្យ» មិនមែនសំដៅលើអស់អ្នកណាដែលបានចូលរៀននៅសាកលវិទ្យាល័យ ឬបានបន្តការសិក្សាថ្នាក់បណ្ឌិត ឬមនុស្សដែលមានកំណើតក្នុងត្រកូលខ្ពង់ខ្ពស់ ឬមានឋានៈសង្គមខ្ពង់ខ្ពស់ ឬមនុស្សដែលមានសមត្ថភាព ឬអំណោយទានពិសេសនោះទេ ពោលគឺមិនមែនសំដៅលើមនុស្សទាំងនេះឡើយ។ ដោយសារតែពួកគេត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល មនុស្សមួយចំនួនដែលនឹងបំពេញកិច្ចការជំនាញ អាចនឹងមិនដែលបានធ្វើជំនាញនោះ ឬបានសិក្សាពីវានោះពីមុនមកទេ ប៉ុន្តែ ដរាបណាពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួននោះសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ហើយមានឆន្ទៈក្នុងការរៀនសូត្រ និងពូកែរៀនសូត្រនូវជំនាញជាក់លាក់ណាមួយ នោះដំណាក់របស់ព្រះជាម្ចាស់អាចដំឡើងឋានៈនិងបណ្ដុះបណ្ដាលពួកគេបាន។ តើខ្ញុំចង់មានន័យដូចម្ដេច? ខ្ញុំមិនមែនចង់មានន័យថា មនុស្សម្នាក់អាចត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលបាន លុះត្រាតែពួកគេពូកែពីធម្មជាតិលើជំនាញជាក់លាក់ណាមួយនោះទេ។ ផ្ទុយទៅវិញ គឺថា ប្រសិនបើពួកគេមានឆន្ទៈចង់រៀនសូត្រ និងមានលក្ខខណ្ឌ ឬសូម្បីតែគ្រាន់តែមានចំណេះដឹងមូលដ្ឋានខ្លះៗក្នុងជំនាញនេះ នោះពួកគេអាចត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលបាន នេះគឺជាគោលការណ៍។ នេះជាទីបញ្ចប់នៃការប្រកបរបស់យើងអំពីលក្ខណៈវិនិច្ឆ័យដែលអ្នកមានទេពកោសល្យផ្សេងៗដែលដំណាក់របស់ព្រះជាម្ចាស់ចង់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលគួរតែបំពេញ។

គោលបំណងនៃដំណាក់របស់ព្រះជាម្ចាស់ក្នុងការដំឡើងឋានៈ និងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ

បន្ទាប់មក យើងនឹងប្រកបគ្នាអំពីមូលហេតុដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ។ មនុស្សមួយចំនួនមិនសូវយល់ច្បាស់ពីរឿងនេះទេ ហើយគិតថា៖ «តើគ្រាន់តែដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងប្រើប្រាស់អ្នកមានទេពកោសល្យផ្សេងៗដោយផ្ទាល់តែម្ដងទៅ មិនគ្រប់គ្រាន់ទេឬ? ហេតុអ្វីបានជាចាំបាច់ត្រូវបណ្ដុះបណ្ដាលនិងហ្វឹកហាត់ពួកគេមួយរយៈពេល?» តើអ្នករាល់គ្នាយល់ពីរឿងនេះឬទេ? ជាដំបូង ចូរយើងនិយាយអំពីប្រភេទមនុស្សដែលក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការ។ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលអស់អ្នកណាដែលមានសមត្ថភាពយល់ដឹង អ្នកដែលមានបន្ទុកសម្រាប់ពួកជំនុំ និងអ្នកដែលមានសមត្ថភាពការងារ? គឺដោយសារតែទោះបីជាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្នែកគុណសម្បត្តិ និងបំពេញតាមលក្ខណៈវិនិច្ឆ័យក៏ដោយ ក៏ពួកគេនៅមិនទាន់មានបទពិសោធពិត និងមិនយល់ពីសេចក្ដីពិត កុំថាឡើយដល់ការចេះអនុវត្តសេចក្ដីពិត និងធ្វើអ្វីៗស្របតាមគោលការណ៍នោះ។ ពួកគេត្រូវទទួលការបណ្ដុះបណ្ដាលមួយរយៈពេល និងត្រូវទទួលការណែនាំ ហើយលុះត្រាតែពួកគេបានស្ទាត់ជំនាញលើគោលការណ៍នៃការបំពេញភារកិច្ចរបស់ខ្លួន និងមានបទពិសោធពិត ទើបអាចប្រើពួកគេជាផ្លូវការបាន។ ប្រសិនបើពួកគេដូចជាបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ ហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ការអធិប្បាយ រស់នៅក្នុងជីវិតពួកជំនុំ និងហ្វឹកហាត់ក្នុងការបំពេញភារកិច្ច ហើយត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលលុះត្រាតែជីវិតរបស់ពួកគេបានលូតលាស់ នោះការរីកចម្រើនរបស់ពួកគេនឹងយឺតពេកហើយ។ ក្នុងករណីនោះ តើត្រូវចំណាយពេលប៉ុន្មានឆ្នាំ ទើបពួកគេអាចស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ ប្រើ? តើការណ៍នេះនឹងមិនប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំទេឬ? ហេតុដូច្នេះ ដរាបណាមនុស្សម្នាក់មានសមត្ថភាពយល់ដឹងពីសេចក្ដីពិត មានសមត្ថភាពក្នុងការងារ និងមានបន្ទុក ពួកគេគួរតែត្រូវបានដំឡើងឋានៈ និងបណ្ដុះបណ្ដាល ហើយត្រូវបានស្នើសុំឱ្យហ្វឹកហាត់បំពេញភារកិច្ចជាអ្នកដឹកនាំ ឬអ្នកធ្វើការ និងត្រូវបានប្រគល់បន្ទុកឱ្យ។ ម្យ៉ាង វាធ្វើឱ្យពួកគេប្រើប្រាស់ចំណុចខ្លាំងរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ ម្យ៉ាងទៀត នៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពពិសេសៗ គឺចាំបាច់ត្រូវប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដើម្បីដោះស្រាយការលំបាករបស់ពួកគេ។ ពេលខ្លះ ពួកគេក៏ត្រូវទទួលការលួសកាត់ផងដែរ ហើយបើចាំបាច់ ពួកគេក៏ត្រូវទទួលការប្រៀនប្រដៅ និងត្រូវឆ្លងកាត់ការល្បងលនិងបន្សុទ្ធជាច្រើន ហើយស៊ូទ្រាំនឹងការរងទុក្ខជាច្រើនផងដែរ។ មានតែតាមរយៈការឆ្លងកាត់ការហ្វឹកហាត់ជាក់ស្ដែងបែបនេះប៉ុណ្ណោះ ទើបពួកគេអាចមានការរីកចម្រើនពិតប្រាកដ ហើយអាចយល់ពីសេចក្តីពិត និងស្ទាត់ជំនាញលើគោលការណ៍ជាបណ្តើរៗ ហើយបន្ទាប់មក អាចទទួលខុសត្រូវលើកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការបណ្ដុះបណ្ដាលនិងហ្វឹកហាត់អ្នកដឹកនាំនិងអ្នកធ្វើការតាមរបៀបនេះ នឹងបង្កើតលទ្ធផលល្អប្រសើរជាងមុន និងមានល្បឿនលឿនជាងមុន ដែលនេះគឺមានប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងរឹតតែមានប្រយោជន៍ដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពីព្រោះអ្នកដឹកនាំនិងអ្នកធ្វើការដែលមានបទពិសោធជាក់ស្ដែង អាចស្រោចស្រព និងផ្គត់ផ្គង់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដោយផ្ទាល់បាន។ នៅពេលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់ឱ្យធ្វើជាអ្នកដឹកនាំ គឺប្រគល់បន្ទុកកាន់តែធំដល់ពួកគេដើម្បីហ្វឹកហាត់ពួកគេ ដើម្បីធ្វើឱ្យពួកគេពឹងអាងលើព្រះជាម្ចាស់ និងដើម្បីធ្វើឱ្យពួកគេព្យាយាមឆ្ពោះទៅរកសេចក្ដីពិត មានតែពេលនោះទេ ទើបកម្ពស់របស់ពួកគេនឹងលូតលាស់ បានឆាប់រហ័សតាមដែលអាចធ្វើបាន។ កាលណាពួកគេទទួលបន្ទុកកាន់តែធំ ពួកគេស្ថិតក្រោមសម្ពាធកាន់តែច្រើន ហើយពួកគេកាន់តែត្រូវបង្ខំចិត្តឱ្យស្វែងរកសេចក្តីពិត និងពឹងអាងលើព្រះជាម្ចាស់។ ចុងក្រោយ ពួកគេនឹងអាចបំពេញការងាររបស់ខ្លួនបានត្រឹមត្រូវ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ម្ល៉ោះហើយពួកគេនឹងបោះជំហានលើផ្លូវដែលត្រឹមត្រូវនៃការទទួលបានសេចក្តីសង្រ្គោះ និងការប្រោសឱ្យគ្រប់លក្ខណ៍ ពោលគឺការណ៍នេះជាលទ្ធផលសម្រេចបាន នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្ស។ បើគ្មានការធ្វើកិច្ចការជាក់លាក់ទាំងនេះទេ ពួកគេនឹងមិនដឹងអំពីអ្វីដែលខ្លួនកំពុងខ្វះខាត ពួកគេនឹងមិនដឹងអំពីរបៀបធ្វើកិច្ចការស្របតាមគោលការណ៍នានា ហើយក៏មិនដឹងអំពីអត្ថន័យនៃការមានតថភាពនៃសេចក្តីពិតនោះដែរ។ ដូច្នេះ ការបំពេញកិច្ចការជាក់លាក់ជួយឱ្យពួកគេរកឃើញចំណុចខ្វះចន្លោះរបស់ខ្លួន ហើយមើលឃើញថា ក្រៅពីអំណោយទានរបស់ពួកគេ ពួកគេគ្មានតថភាពនៃសេចក្តីពិតសោះឡើយ ដោយធ្វើឱ្យពួកគេដឹងថា ពួកគេខ្សត់ខ្សោយនិងគួរឱ្យអាណិតកម្រិតណា ធ្វើឱ្យពួកគេដឹងថា ប្រសិនបើពួកគេមិនពឹងអាងលើព្រះជាម្ចាស់ និងមិនស្វែងរកសេចក្តីពិតទេ នោះពួកគេនឹងគ្មានសមត្ថភាពធ្វើការអ្វីបានឡើយ។ វាធ្វើឱ្យពួកគេស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយមើលឃើញយ៉ាងច្បាស់ថា ប្រសិនបើពួកគេមិនដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនិស្ស័យទេ ពួកគេនឹងមិនអាចមានគុណសម្បត្តិស័ក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើនោះទេ។ ទាំងអស់នេះគឺជាលទ្ធផលដែលត្រូវតែសម្រេចបាន នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវទទួលការបណ្ដុះបណ្ដាលនិងការហ្វឹកហ្វឹន។ មានតែតាមរយៈការយល់ដឹងពីទិដ្ឋភាពទាំងនេះប៉ុណ្ណោះ ទើបមនុស្សអាចដេញតាមសេចក្ដីពិតដោយជាក់ស្ដែង ប្រព្រឹត្តខ្លួនដោយមិនទាក់ទាញចំណាប់អារម្មណ៍ ធានាបានថានឹងលែងអួតអាងពីខ្លួនឯងនៅពេលបំពេញការងាររបស់ខ្លួន បន្តលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិតមួយជំហានម្ដងៗ។ នៅពេលដែលនរណាម្នាក់ត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ ពួកគេអាចរៀនពីរបៀបឈ្វេងយល់ពីសភាពរបស់មនុស្សផ្សេងៗគ្នា ហ្វឹកហាត់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយការលំបាករបស់មនុស្សផ្សេងៗគ្នា ព្រមទាំងជួយគាំទ្រនិងផ្គត់ផ្គង់មនុស្សប្រភេទផ្សេងៗគ្នា និងដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏ត្រូវតែហ្វឹកហាត់ ដោះស្រាយបញ្ហានិងការលំបាកផ្សេងៗដែលជួបប្រទះក្នុងអំឡុងពេលបំពេញការងារ និងរៀនពីរបៀបញែកនិងដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងពួកអ្នកមិនជឿប្រភេទផ្សេងៗ និងពីរបៀបបំពេញកិច្ចការបោសសម្អាតពួកជំនុំ។ ម្ល៉ោះហើយ បើប្រៀបធៀបជាមួយអ្នកដទៃ ពួកគេអាចជួបប្រទះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗកាន់តែច្រើន និងបរិយាកាសដែលរៀបចំឡើងដោយព្រះជាម្ចាស់កាន់តែច្រើន ហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិតកាន់តែច្រើន។ នេះគឺជាឱកាសមួយដើម្បីហ្វឹកហាត់ខ្លួនឯង មែនទេ? ឱកាសសម្រាប់ការហ្វឹកហាត់កាន់តែច្រើន បទពិសោធរបស់មនុស្សក៏កាន់តែសំបូរបែប ការយល់ដឹងរបស់ពួកគេក៏កាន់តែទូលំទូលាយ ហើយពួកគេក៏នឹងលូតលាស់កាន់តែឆាប់រហ័សដែរ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សមិនបំពេញកិច្ចការជាអ្នកដឹកនាំទេ អ្វីដែលពួកគេជួបប្រទះ និងឆ្លងកាត់នឹងបានត្រឹមតែជាផ្នែកនៃជីវិតផ្ទាល់ខ្លួន និងបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយអ្វីដែលពួកគេទទួលស្គាល់នឹងបានត្រឹមតែនិស្ស័យពុករលួយផ្ទាល់ខ្លួន និងសភាពផ្ទាល់ខ្លួនផ្សេងៗរបស់ពួកគេ ដែលទាំងអស់នេះគឺពាក់ព័ន្ធតែនឹងខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ ពួកគេនឹងជួបប្រទះមនុស្សកាន់តែច្រើន ព្រឹត្តិការណ៍កាន់តែច្រើន និងបរិយាកាសកាន់តែច្រើន ដែលជំរុញពួកគេឱ្យមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីស្វែងរកគោលការណ៍សេចក្ដីពិត។ សម្រាប់ពួកគេ មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងនេះ បានក្លាយទៅជាបន្ទុកមួយដោយមិនដឹងខ្លួន ហើយក៏បានបង្កើតលក្ខខណ្ឌដ៏ប្រសើរបំផុតដោយឯកឯងសម្រាប់ការចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់ពួកគេផងដែរ ដែលនេះគឺជារឿងល្អ។ ដូច្នេះ មនុស្សម្នាក់ដែលមានគុណសម្បត្តិ មានបន្ទុក និងមានសមត្ថភាពការងារ នឹងចូលបានយឺតក្នុងនាមជាអ្នកជឿធម្មតា ហើយលឿនជាងក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ តើការចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានលឿនឬយឺត មួយណាជារឿងល្អសម្រាប់មនុស្ស? (លឿន។) ហេតុដូច្នេះ នៅពេលនិយាយដល់មនុស្សដែលមានគុណសម្បត្តិ មានបន្ទុក និងមានសមត្ថភាពការងារ ដំណាក់របស់ព្រះជាម្ចាស់ធ្វើការលើកលែងដោយដំឡើងឋានៈមនុស្សបែបនេះ លុះត្រាតែពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិត ហើយមិនព្យាយាមស្វែងរកសេចក្ដីពិត ក្នុងករណីនេះ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនបង្ខំពួកគេឡើយ។ ដរាបណាមនុស្សម្នាក់មានមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់ បំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយមានឆន្ទៈដេញតាមសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ នោះដំណាក់របស់ព្រះជាម្ចាស់ច្បាស់ជានឹងដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេ ផ្ដល់ឱកាសឱ្យពួកគេហ្វឹកហាត់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយផ្ដល់លទ្ធភាពឱ្យពួកគេរៀនធ្វើកិច្ចការរបស់ពួកជំនុំ រៀនញែកដឹងពីមនុស្ស ហើយរៀនដោះស្រាយបញ្ហាផ្សេងៗទាំងអស់នៅក្នុងពួកជំនុំ និងរៀនបំពេញការងារផ្សេងៗស្របតាមការរៀបចំចាត់ចែងកិច្ចការ។ ក្នុងអំឡុងពេលនៃការហ្វឹកហាត់ ប្រសិនបើមនុស្សអាចទទួលយកសេចក្ដីពិត និងទទួលយកការលួសកាត់ អាចចុះចូលនឹងការចាត់ចែងនិងរៀបចំរបស់ព្រះជាម្ចាស់ អាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាផ្សេងៗ និងរៀនប្រព្រឹត្តចំពោះមនុស្សគ្រប់ប្រភេទ ព្រមទាំងចេះញែកនិងដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នោះពួកគេអាចយល់ច្បាស់នូវគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធ ហើយអាចយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពបាន ដែលទាំងនេះគឺជារឿងដែលអ្នកជឿធម្មតាមិនអាចមានបទពិសោធ ឬទទួលបានឡើយ។ ដូច្នេះ បើគិតតាមទស្សនៈនេះ តើការដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈ និងបណ្ដុះបណ្ដាលនរណាម្នាក់ គឺជារឿងល្អ ឬរឿងអាក្រក់? តើវាជាប្រយោជន៍ដល់ពួកគេ ឬជាការលំបាកដែលត្រូវបានបង្ខំឱ្យធ្វើ? គឺវាជាប្រយោជន៍ដល់ពួកគេ។ ពិតណាស់ នៅពេលដែលមនុស្សមួយចំនួនទើបតែត្រូវបានដំឡើងឋានៈ ពួកគេមិនដឹងថាពួកគេគួរធ្វើកិច្ចការអ្វីខ្លះ ឬត្រូវធ្វើដោយរបៀបណានោះទេ ហើយមានអារម្មណ៍ច្របូកច្របល់បន្តិចបន្តួច។ នេះគឺជារឿងធម្មតាទេ តើមាននរណាដែលកើតមកចេះធ្វើអ្វីៗគ្រប់យ៉ាងនោះ? ប្រសិនបើអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន អ្នកច្បាស់ជា មនុស្សដែលក្រអឺតក្រទមនិងអួតខ្លួនហួសហេតុពេក ហើយនឹងមិនចុះញ៉មនឹងនរណាម្នាក់ឡើយ ក្នុងករណីនោះ តើអ្នកនៅតែអាចទទួលយកសេចក្ដីពិតបានទេ? ប្រសិនបើអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន តើអ្នកនៅតែពឹងផ្អែកលើព្រះជាម្ចាស់ និងសម្លឹងទៅទ្រង់ដែរឬទេ? តើអ្នកនៅតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានៃសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? អ្នកច្បាស់ជាមិនធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកនឹងមានភាពក្រអឺតក្រទមនិងអួតខ្លួនហួសហេតុ ហើយដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកនឹងប្រយុទ្ធដណ្ដើមអំណាចនិងឋានៈ ហើយមិនចុះចាញ់នរណាម្នាក់ឡើយ ហើយអ្នកនឹងបំភាន់ និងដាក់អន្ទាក់មនុស្ស ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ក្នុងករណីនោះ តើអ្នកនៅតែអាចត្រូវបានដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់បានទេ? ប្រសិនបើអ្នកដឹងថា អ្នកមានចំណុចខ្វះខាតជាច្រើន អ្នកគួរតែរៀនស្ដាប់បង្គាប់ និងចុះចូល ហើយបំពេញកិច្ចការផ្សេងៗឱ្យបានល្អស្របតាមតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ ការណ៍នេះនឹងអនុញ្ញាតឱ្យអ្នកឈានបន្តិចម្តងៗទៅដល់ចំណុចមួយដែលអ្នកអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបមួយដែលស្របតាមស្ដង់ដា។ ប៉ុន្តែមនុស្សភាគច្រើនមិនអាចធ្វើរឿងសាមញ្ញដូចជាការស្ដាប់បង្គាប់និងការចុះចូលបានទេ ដូច្នេះ ពួកគេមិនគួរស្ដីបន្ទោសដំណាក់របស់ព្រះជាម្ចាស់ដែលមិនបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលពួកគេឡើយ។ ដោយសារតែអ្នកគ្មានសមត្ថភាពស្ដាប់បង្គាប់ ដោយសារសូម្បីតែការស្ដាប់បង្គាប់ក៏អ្នកធ្វើមិនបានផង តើដំណាក់របស់ព្រះជាម្ចាស់ហ៊ានដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកដែរឬទេ? (អត់ទេ។) ហេតុអ្វីមិនហ៊ាន? ការប្រើប្រាស់អ្នកគឺប្រថុយប្រថានពេក មានបញ្ហាច្រើនពេក និងគួរឱ្យព្រួយបារម្ភពេក! ពីព្រោះប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់អ្នក អ្នកអាចនឹងត្រួតត្រាមនុស្ស ហើយដឹកនាំពួកគេទៅកាន់មាគ៌ានៃសេចក្តីទុច្ចរិត នោះហើយជាមូលហេតុដែលវាប្រថុយប្រថានខ្លាំង។ ប្រសិនបើប្រើអ្នក អ្នកអាចនឹងប្រព្រឹត្តអំពើខុសឆ្គងដោយមិនគិតពិចារណា និងធ្វើឱ្យកិច្ចការមានភាពរញ៉េរញ៉ៃទាំងស្រុង ហើយដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវដកហូតតំណែងអ្នក ហើយត្រូវសម្អាតរាល់ភាពរញ៉េរញ៉ៃទាំងអស់ជំនួសអ្នក នោះហើយជាមូលហេតុដែលវាមានបញ្ហាច្រើនពេក។ ហើយប្រសិនបើប្រើអ្នក អ្នកនឹងមិនចេះធ្វើកិច្ចការណាមួយ ហើយអ្នកនឹងធ្វើការដោយគ្មានប្រសិទ្ធភាពសោះឡើយ។ ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកនឹងត្រូវការឱ្យខាងលើដាស់តឿន មើលការខុសត្រូវ និងតាមដាន ដែលខាងលើនឹងត្រូវធ្វើអន្តរាគមន៍នៅក្នុងគ្រប់បញ្ហាទាំងអស់ ដូច្នេះ ហេតុអ្វីគួរតែប្រើអ្នក? អ្នកគួរឱ្យព្រួយបារម្ភពេក! មនុស្សប្រភេទនេះគឺដាច់ខាតមិនអាចប្រើបានឡើយ។ ទោះបីជាពួកគេត្រូវបានបណ្ដុះបណ្ដាលក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ដែរ ហើយថែមទាំងនឹងបង្កបញ្ហាជាច្រើន និងប៉ះពាល់ដល់ការបណ្ដុះបណ្ដាលអ្នកដទៃទៀតផង តើការធ្វើដូច្នេះមិនមែននាំឱ្យខាតច្រើនជាងចំណេញទេឬ? (មែនហើយ។)

ដោយសារតែពួកគេមិនដែលត្រូវបានដំឡើងឋានៈ ឬប្រើប្រាស់ដោយដំណាក់របស់ព្រះជាម្ចាស់ មនុស្សមួយចំនួនក៏ចាប់ផ្តើមកើតមានគំនិត ហើយនិយាយថា៖ «ហេតុអ្វីបានជាខាងលើមិនដែលចាប់អារម្មណ៍ខ្ញុំសោះដូច្នេះ? ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនដែលដំឡើងឋានៈនិងបណ្ដុះបណ្ដាលខ្ញុំសោះដូច្នេះ? វាមិនយុត្តិធម៌ទេ!» ជាដំបូង អ្នកគួរតែថ្លឹងថ្លែងថា តើអ្នកអាចស្ដាប់បង្គាប់ និងអាចចុះចូលនឹងការរៀបចំរបស់ដំណាក់ព្រះជាម្ចាស់បានដែរឬទេ។ ទីពីរ អ្នកគួរតែថ្លឹងថ្លែងថា តើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងបីដែលតម្រូវឱ្យដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សឱ្យក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ ដូចជា៖ អាចយល់ដឹងសេចក្ដីពិត មានបន្ទុក និងមានសមត្ថភាពការងារ។ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ នោះមិនយូរមិនឆាប់ អ្នកនឹងមានឱកាសបានដំឡើងឋានៈ បណ្ដុះបណ្ដាល និងប្រើប្រាស់។ ដ្បិតដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈអ្នក នោះគឺមានរឿងនានាដែលត្រូវបានតម្រូវពីអ្នក។ ចុះតើរឿងទាំងនោះជាអ្វី? អ្នកចាំបាច់ត្រូវប្រព្រឹត្តស្របតាមគោលការណ៍និងលក្ខខណ្ឌតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកត្រូវតែធ្វើអ្វីដែលបានស្នើសុំ និងតាមរបៀបដែលបានស្នើសុំ ដើម្បីបណ្ដុះបណ្ដាលអ្នកឱ្យរៀនប្រព្រឹត្តតាមគោលការណ៍ជាមុនសិន ហើយរៀនស្វែងរកនិងចុះចូលចំពោះសេចក្ដីពិត ព្រមទាំងរៀនសហការគ្នាដោយសុខដុមរមនា។ ក្នុងអំឡុងពេលដែលអ្នកទទួលបានការបណ្ដុះបណ្ដាល ពេលខ្លះដំណាក់របស់ព្រះជាម្ចាស់នឹងលួសកាត់អ្នក ពេលខ្លះនឹងស្ដីបន្ទោសអ្នកយ៉ាងខ្លាំង ពេលខ្លះនឹងសាកសួរពីការវិវត្តនៃកិច្ចការរបស់អ្នក ពេលខ្លះនឹងសួរអ្នកឱ្យបានច្បាស់លាស់ថាកិច្ចការកំពុងដំណើរការយ៉ាងដូចម្ដេច ហើយនឹងត្រួតពិនិត្យកិច្ចការរបស់អ្នក ចំណែកពេលខ្លះទៀត នឹងសាកល្បងមើលថាតើអ្នកមានទស្សនៈបែបណាចំពោះរឿងអ្វីមួយ។ គោលបំណងនៃការសាកល្បងទាំងនេះគឺមិនមែនដើម្បីធ្វើឱ្យអ្នកលំបាកនោះទេ ប៉ុន្តែដើម្បីធ្វើឱ្យអ្នកយល់ក្នុងបញ្ហាទាំងនេះថាតើព្រះជាម្ចាស់មានបំណងព្រះហឫទ័យបែបណា និងតើអ្នកគួរតែមានអាកប្បកិរិយានិងគោលការណ៍អ្វីខ្លះ។ ដំណាក់របស់ព្រះជាម្ចាស់ធ្វើបែបនេះដើម្បីហ្វឹកហាត់អ្នក និងដើម្បីឱ្យអ្នកបានអនុវត្ត។ ហើយអ្វីទៅជាគោលបំណងនិងគោលដៅនៃការហ្វឹកហាត់មនុស្ស? គឺដើម្បីផ្ដល់លទ្ធភាពឱ្យពួកគេយល់ពីសេចក្ដីពិត។ គោលបំណងនៃការយល់ពីសេចក្ដីពិតគឺដើម្បីឱ្យមនុស្សអាចចុះចូលនឹងសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍ អាចរក្សាជំហររបស់ខ្លួន និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ហើយនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតផ្សេងៗ និងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួន។ ដំណាក់របស់ព្រះជាម្ចាស់ហ្វឹកហាត់អ្នកដឹកនាំ និងអ្នកធ្វើការតាមរបៀបនេះ។ ដរាបណាអ្នកដឹកនាំ និងអ្នកធ្វើការយល់ពីសេចក្ដីពិត នោះមានសង្ឃឹមថា ពួកគេនឹងអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យយល់ពីសេចក្ដីពិតបាន។ អ្នកដឹកនាំនិងអ្នកធ្វើការយល់ពីសេចក្ដីពិតបានច្រើនប៉ុនណា មនុស្សដែលពួកគេដឹកនាំក៏មានសង្ឃឹមថានឹងយល់ពីសេចក្ដីពិតបានច្រើនប៉ុណ្ណោះដែរ។ នៅពេលដែលអ្នកដឹកនាំនិងអ្នកធ្វើការក្តាប់បាននូវគោលការណ៍សេចក្ដីពិតនៅក្នុងការងាររបស់ខ្លួន អស់អ្នកដែលពួកគេដឹកនាំក៏អាចក្តាប់បាននូវគោលការណ៍ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៅក្នុងការងាររបស់ខ្លួនផងដែរ។ ហេតុដូច្នេះ អ្នកដឹកនាំនិងអ្នកធ្វើការដែលឆ្លងកាត់ការហ្វឹកហាត់ ត្រូវតែមានគុណសម្បត្តិល្អជាងមនុស្សដទៃ។ ពួកគេត្រូវបានធ្វើឱ្យយល់ពីគោលការណ៍សេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតជាមុន បន្ទាប់មក ពួកគេដឹកនាំមនុស្សកាន់តែច្រើនឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងយល់ពីគោលការណ៍សេចក្ដីពិត។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះវិធីសាស្ត្របែបនេះ? (ល្អ។) មនុស្សបែបនេះអាចមិនមានការអប់រំខ្ពស់ ឬពូកែវោហារសាស្ត្រ ឬយល់ដឹងច្រើនអំពីបច្ចេកវិទ្យា ឬព្រឹត្តិការណ៍បច្ចុប្បន្ន និងនយោបាយនោះទេ។ ពួកគេអាចនឹងមិនសូវស្ទាត់ជំនាញក្នុងជំនាញណាមួយឡើយ។ ប៉ុន្តែ ពួកគេអាចយល់ពីសេចក្ដីពិត ហើយបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចអនុវត្តនិងទទួលបានបទពិសោធពីព្រះបន្ទូលទាំងនោះ ហើយអាចរកឃើញគោលការណ៍សេចក្ដីពិត ហើយអាចដឹកនាំមនុស្សកាន់តែច្រើនឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកាន់ខ្ជាប់តាមគោលការណ៍សេចក្ដីពិត។ នេះហើយគឺជាអ្វីដែលយើងចង់មានន័យ នៅពេលដែលយើងនិយាយអំពីប្រភេទអ្នកមានទេពកោសល្យដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យបម្រើការជាអ្នកដឹកនាំ។ តើការណ៍នេះមិនជាក់ស្តែងទេឬ? (អត់ទេ។) មនុស្សមួយចំនួនអាចសួរថា៖ «អ្នកនិយាយពីមនុស្សមានទេពកោសល្យ ដូច្នេះតើពួកគេជាបុគ្គលឆ្នើមក្នុងសង្គមមែនទេ? តើពួកគេត្រូវតែធ្លាប់ដំណើរការអាជីវកម្មណាមួយ ឬជាប្រភេទនាយកប្រតិបត្តិ ឬសហគ្រិននៅក្នុងសង្គមខាងក្រៅមែនទេ?, តើពួកគេជារដ្ឋបុរសដែលមានប្រវត្តិខាងនយោបាយ ឬជាអ្នកមានទេពកោសល្យខាងជំនួញ ឬជាអ្នកមានទេពកោសល្យក្នុងរង្វង់សិល្បៈនិងអក្សរសាស្ត្រមែនទេ? តើពួកគេជាមនុស្សដែលមានអំណោយទានពិសេសមែនទេ?» អ្នកមានទេពកោសល្យដែលគេ និយាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺខុសពីអស់អ្នកមានទេពកោសល្យនៅក្នុងលោកីយ៍។ តើពាក្យថា «អ្នកមានទេពកោសល្យ» ដែលយើងនិយាយនេះមានន័យដូចម្ដេច? គឺមានន័យថា អាចយល់ពីសេចក្ដីពិត អាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត ចេះញែកដឹងមនុស្សប្រភេទផ្សេងៗ ចេះដោះស្រាយស្ថានភាពនិងការលំបាកផ្សេងៗដែលមនុស្សបានជួបប្រទះ និងមានទស្សនៈនិងអាកប្បកិរិយាត្រឹមត្រូវនៅពេលជួបប្រទះបញ្ហា ព្រមទាំងទស្សនៈនិងអាកប្បកិរិយាដែលអ្នកជឿនិងដើរតាមព្រះជាម្ចាស់គួរតែមាន។ វាមិនមែនសំដៅលើមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ ឬមនុស្សមានពុត ឬមនុស្សដែលនិយាយពាក្យពេចន៍ខ្ពង់ខ្ពស់ និងប្រើវោហារសាស្ត្រនោះទេ។ ផ្ទុយទៅវិញ គឺសំដៅលើមនុស្សដែលមានតថភាពនៃសេចក្ដីពិត។ នេះហើយគឺជាអត្ថន័យនៃ «អ្នកមានទេពកោសល្យ»។ តើនេះគ្មានន័យខ្លឹមសារទេឬ? (អត់ទេ។) តើលក្ខណៈវិនិច្ឆ័យទាំងឡាយដែលដំណាក់របស់ព្រះជាម្ចាស់ដាក់ចេញសម្រាប់អ្នកមានទេពកោសល្យប្រភេទនេះ ដែលខ្លួនដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំនិងអ្នកធ្វើការ មិនជាក់ស្ដែងណាស់ទេឬ? (មែនហើយ។) ជាក់ស្ដែងបំផុត! បេក្ខជនបែបនេះមិនតម្រូវឱ្យមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែ យ៉ាងហោចណាស់ពួកគេត្រូវតែមានគុណសម្បត្តិក្នុងការយល់ដឹងពីសេចក្ដីពិត។ មនុស្សមួយចំនួនអាចនិយាយថា៖ «ប្រសិនបើពួកគេមិនតម្រូវឱ្យមានសញ្ញាបត្រខ្ពស់ទេ តើមិនចេះអក្សរក៏បានដែរមែនទេ?» ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនអាចទៅរួចឡើយ បើគ្មានការអប់រំខ្លះ។ ពួកគេត្រូវការយល់ពីពាក្យពេចន៍ដែលបានសរសេរ ប៉ុន្តែពួកគេមិនត្រូវការសញ្ញាបត្រខ្ពស់នោះទេ។ អស់អ្នកដែលត្រូវបានដំឡើងឋានៈនៅក្នុងដំណាក់របស់ព្រះជាម្ចាស់រួមមាន អ្នកដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យ អ្នកដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ និងអ្នកដែលបានបញ្ចប់ថ្នាក់បណ្ឌិត ដូច្នេះ គឺគ្មានការដាក់កម្រិតលើកម្រិតវប្បធម៌ឡើយ។ លើសពីនេះទៅទៀត ក៏គ្មានការដាក់កម្រិតលើឋានៈសង្គមរបស់បុគ្គលណាម្នាក់ដែរ។ ចាប់ពីកសិករនិងបញ្ញវន្ត រហូតដល់អ្នកជំនួញនិងមេផ្ទះ គឺស្វាគមន៍ មនុស្សគ្រប់ប្រភេទទាំងអស់។ ក្រៅពីគ្មានការដាក់កម្រិតលើកម្រិតវប្បធម៌និងឋានៈសង្គម លក្ខណៈវិនិច្ឆ័យចាំបាច់គឺជាចំណុចមួយចំនួនដែលខ្ញុំបានលើកឡើង។ តើការណ៍នេះសមហេតុផលដែរឬទេ? (មែនហើយ។) សមហេតុផលបំផុត! ឥឡូវនេះ តើអ្នកយល់ច្បាស់ជាងមុនបន្តិចដែរទេ អំពីអ្វីដែលខ្ញុំចង់សំដៅលើពាក្យថា «អ្នកមានទេពកោសល្យដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល»? (មែនហើយ។) មនុស្សដែលបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួននេះដូចជា អាចយល់ដឹង សេចក្ដីពិត មានបន្ទុក និងមានសមត្ថភាពការងារ គឺជាបេក្ខជនសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលពីដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ ពួកគេគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ។ ចំណែកឯរឿងផ្សេងទៀតដូចជា ការអប់រំ ប្រវត្តិគ្រួសារ ឋានៈសង្គម រូបរាងខាងក្រៅ ជាដើម គឺតម្រូវការមិនខ្ពស់ប៉ុន្មានទេ។ នេះគឺពាក់ព័ន្ធនឹងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សឱ្យធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ។

យើងទើបតែបានពិភាក្សារួចហើយអំពីលក្ខណៈវិនិច្ឆ័យមួយចំនួនដែលមនុស្សមានទេពកោសល្យ ជំនាញ ឬវិជ្ជាជីវៈគួរតែបំពេញ ដើម្បីបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល គឺថា ពួកគេគួរតែស្រឡាញ់អ្វីៗដែលវិជ្ជមាន និងអាចទទួលយកសេចក្ដីពិតបាន មិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន អាចបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ រងទុក្ខលំបាកនិងលះបង់ដោយគ្មានការត្អូញត្អែរ ហើយយ៉ាងហោចណាស់ក៏មិនប្រព្រឹត្តអំពើអាក្រក់ដែរ ដូច្នេះលក្ខណៈវិនិច្ឆ័យមួយចំនួនទាំងនេះគឺចាំបាច់ណាស់សម្រាប់មនុស្សទាំងនេះ។ ដូច្នេះ តើអ្វីទៅជាគោលបំណងនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សទាំងនេះ? ដូចគ្នាដែរគឺថា នៅពេលណាដែលមនុស្សទាំងនេះជួបប្រទះបញ្ហានៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន និងធ្វើកិច្ចការជាក់លាក់ ពួកគេអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ ហើយអាចប្រព្រឹត្តស្របតាមគោលការណ៍បាន។ នៅក្នុងដំណើរការអនុវត្តការចូលទៅក្នុង ពួកគេត្រូវបានបណ្ដុះបណ្ដាល និងកែតម្រូវឱ្យត្រូវតាមស្តង់ដាដោយមិនដឹងខ្លួន ហើយអនុវត្ត បោះបង់ចោលនូវចេតនាផ្ទាល់ខ្លួនរបស់ពួកគេ កែតម្រូវទស្សនៈមនុស្សលោកិយដែលខុសឆ្គងនិងមិនសមហេតុផលរបស់ពួកគេ បោះបង់ចោលគំនិតក្មេងខ្ចីមួយចំនួន និងបោះបង់ចោលគំនិតបុរេនិច្ឆ័យ សញ្ញាណ និងការស្រមើស្រមៃទាក់ទងនឹងជំនឿលើព្រះជាម្ចាស់ ។ល។ ជាការពិតណាស់ ទោះជាយ៉ាងណា ដំណើរការអនុវត្តនេះគឺដើម្បីឱ្យមនុស្សអាចយល់ពីសេចក្ដីពិតបន្តិចម្ដងៗ រៀនចុះចូល និងរៀនចូលទៅក្នុងតថភាពនៃសេចក្ដីពិតផ្សេងៗ។ នៅក្នុងដំណើរការរៀនសូត្រ ពួកគេចេះស្ទាត់គោលការណ៍សេចក្ដីពិតបន្តិចម្ដងៗ ដឹងថាអ្វីទៅជាការជឿលើព្រះជាម្ចាស់ អ្វីទៅជាការអនុវត្តសេចក្ដីពិត និងអ្វីទៅជាការបំពេញភារកិច្ចរបស់ខ្លួន ហើយនៅទីបំផុត ពួកគេយល់បន្តិចម្ដងៗថា ពួកគេគួរធ្វើអ្វីដើម្បីបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលត្រូវតាមស្តង់ដា ពួកគេគួរធ្វើដូចម្តេចខ្លះក្នុងនាមជាអ្នកជឿម្នាក់ ។ល។ ទាំងនេះគឺជាអ្វីៗទាំងអស់ដែលមនុស្សចូលទៅក្នុងបន្តិចម្ដងៗ បន្ទាប់ពីពួកគេត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ ដំណើរការនៃការចូលទៅក្នុងបន្តិចម្ដងៗរបស់មនុស្ស គឺជាដំណើរការទទួលការបណ្ដុះបណ្ដាល ហើយតាមពិត ដំណើរការទទួលការបណ្ដុះបណ្ដាលគឺជាដំណើរការដែលមនុស្សអនុវត្តការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប៉ុន្តែ ប្រសិនបើអ្នកមិនត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលទេ ហើយអ្នកគ្រាន់តែធ្វើជាអ្នកជឿធម្មតាម្នាក់ដែលចូលរួមការប្រជុំ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត ឬរៀនទំនុកតម្កើង នោះតាមរយៈការជឿលើព្រះជាម្ចាស់បែបនេះ អ្នកមិនមែនកំពុងបំពេញភារកិច្ចរបស់អ្នកយ៉ាងពិតប្រាកដក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះទេ ដូច្នេះ អ្នកនៅឆ្ងាយពីការបំពេញភារកិច្ចរបស់អ្នកតាមរបៀបដែលត្រូវតាមស្តង់ដា។ អ្នកមិនទាំងច្បាស់ផងថាតើគោលការណ៍អ្វីខ្លះដែលអ្នកគួរតែក្តាប់បានក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយអាចនិយាយបានតែគោលលទ្ធិ និងពាក្យស្លោកខ្លះៗប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អ្នកមិនទាន់បានចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៅឡើយទេ ហើយការចូលទៅក្នុងជីវិតរបស់អ្នកគឺយឺតយ៉ាវ។ ដូចគ្នាដែរ គោលបំណងនិងគោលដៅនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សទាំងឡាយដែលប្រកបកិច្ចការវិជ្ជាជីវៈ គឺដើម្បីឱ្យពួកគេចូលទៅក្នុងតថភាពនៃសេចក្ដីពិតកាន់តែឆាប់រហ័ស និងយល់ច្បាស់គោលការណ៍សេចក្ដីពិតបានកាន់តែប្រសើរនិងត្រឹមត្រូវ។ អស់អ្នកណាដែលអាចក្តាប់បានគោលការណ៍សេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ទាំងនេះគឺជាមនុស្សមានទេពកោសល្យដែលត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ តើមនុស្សមានទេពកោសល្យប្រភេទនេះសំដៅលើអ្វី? គឺសំដៅលើអស់អ្នកណាដែល ដោយផ្អែកលើការស្រឡាញ់អ្វីៗដែលវិជ្ជមាន ហើយអាចរងទុក្ខលំបាកនិងលះបង់ មិនវៀចវេរក្នុងការយល់ដឹងរបស់ខ្លួន និងមិនមែនជាមនុស្សអាក្រក់ បានសម្រេចការយល់ដឹងពីគោលការណ៍សេចក្ដីពិត និងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយអាចចុះចូលនឹងព្រះជាម្ចាស់ និងការរៀបចំរបស់ដំណាក់ព្រះជាម្ចាស់បាន ហើយមានចិត្តកោតខ្លាចព្រះជាម្ចាស់ខ្លះៗ។ នេះគឺជាមនុស្សមានទេពកោសល្យប្រភេទទីពីរដែលខ្ញុំនិយាយ។ លក្ខខណ្ឌតម្រូវសម្រាប់ពួកគេក៏ជាក់ស្ដែងដែរ គឺជាក់លាក់គ្រប់គ្រាន់ និងមិនមែនអរូបី។ ដូច្នេះ តើមនុស្សមានទេពកោសល្យប្រភេទនេះទាល់តែជាបុគ្គលឆ្នើមក្នុងសង្គម មានបទពិសោធក្នុងសង្គម មានកម្រិតវប្បធម៌ជាក់លាក់ និងមានឋានៈក្នុងសង្គមជាក់លាក់ឬ? (អត់ទេ។) ដំណាក់របស់ព្រះជាម្ចាស់មិនដែលតម្រូវឱ្យមនុស្សមានឋានៈក្នុងសង្គម កេរ្តិ៍ឈ្មោះ កម្រិតវប្បធម៌ ឬចំណេះដឹងខ្ពង់ខ្ពស់ទេ ពោលគឺមិនតម្រូវឱ្យមានអ្វីៗទាំងនេះឡើយ។ នៅពេលដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្ស ដំណាក់របស់ព្រះជាម្ចាស់មិនមើលថារូបរាងខាងក្រៅរបស់ពួកគេអាក្រក់ឬស្អាតយ៉ាងណានោះទេ។ ក្រៅពីមិនដំឡើងឋានៈប្រភេទមនុស្សដែលហាក់ដូចជាអ្នកគ្មានជំនឿ ឬជាមនុស្សដែលមានរូបរាងអាក្រក់គួរឱ្យខ្ពើម ឬមានរូបរាងទុច្ចរិត លក្ខខណៈវិនិច្ឆ័យផ្សេងទៀតគឺដូចខ្ញុំទើបបានលើកឡើង ពោលគឺសុទ្ធសឹងតែជាលក្ខណៈវិនិច្ឆ័យជាក់ស្ដែងបំផុត។ នៅពេលដែលពួកអ្នកគ្មានជំនឿដំឡើងឋានៈនរណាម្នាក់ ពួកគេតែងមើលរូបរាង របស់បុគ្គលនោះមុនគេ។ បុរសត្រូវតែសង្ហាដូចមន្ត្រី ហើយស្ត្រីត្រូវតែស្អាតដូចទេពអប្សរ។ លើសពីនេះទៅទៀត ពួកគេក៏ប្រៀបធៀបកម្រិតវប្បធម៌ ឋានៈក្នុងសង្គម ប្រវត្តិគ្រួសារ និងឧបាយកលរបស់មនុស្សផងដែរ។ ប្រសិនបើអ្នកមានកម្រិតវប្បធម៌ខ្ពស់ ប៉ុន្តែគ្មានឧបាយកល នោះក៏មិនកើតដែរ អ្នកនឹងមិនត្រូវបានដំឡើងឋានៈឡើយ ហើយក៏គ្មាននរណាគេឱ្យតម្លៃអ្នកដែរ។ ប្រសិនបើអ្នកមានកម្រិតវប្បធម៌ខ្ពស់ និងទេពកោសល្យពិតប្រាកដ ប៉ុន្តែរូបរាងមិនសូវស្អាតបាត មានកម្ពស់ទាប ហើយមិនចេះនិយាយបញ្ជោរ ឬចូលជិតចៅហ្វាយនាយរបស់អ្នកទេ នោះអ្នកនឹងមិនត្រូវបានដំឡើងឋានៈឬបណ្ដុះបណ្ដាលពេញមួយជីវិតរបស់អ្នកទេ ហើយក៏គ្មាននរណាគេមើលឃើញអ្នកដែរ។ ហេតុដូច្នេះ ពួកអ្នកគ្មានជំនឿតែងពោលពាក្យមួយឃ្លាថា៖ «មានសេះលឿនជាច្រើន ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចស្គាល់ពួកវា»។ តើពាក្យនេះអាចយកជាការបានទេនៅក្នុងដំណាក់ព្រះជាម្ចាស់? (អត់ទេ។) ដូច្នេះ តើពាក្យមួយឃ្លាថា «មាសសុទ្ធគង់តែនឹងភ្លឺចែងចាំងនៅទីបំផុត» អាចយកជាការបានទេ? តើវាសមហេតុផលទេ? (ទេ។) មនុស្សដែលមានចិត្តអំនួត និងមិនព្រមចុះចូលនឹងនរណា តែងតែនិយាយបែបនេះ។ ប្រាថ្នាចង់ភ្លឺត្រចះត្រចង់ជានិច្ច គឺជាមហិច្ឆតារបស់មនុស្ស។ អ្នកមានទេពកោសល្យគ្រប់ប្រភេទដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល មិនមែនជាមាសទេ ពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែលយើងនិយាយ គ្រាន់តែជារបៀបនិយាយមួយប៉ុណ្ណោះ។ តាមពិតទៅ នេះគឺសំដៅលើការលើកតម្កើងដោយព្រះជាម្ចាស់។ តើអ្នកដែលជាភាវៈដែលព្រះបានបង្កើត គឺជាមាសនៅចំពោះព្រះអាទិករឬ? អ្នកគ្រាន់តែជាធូលីដីប៉ុណ្ណោះ អ្នកប្រៀបមិនបាននឹងទង់ដែង ឬដែកផង។ ហេតុអ្វីបានជាខ្ញុំនិយាយថា អ្នកជាធូលីដី មិនមែនជាមាស? នៅក្នុងខ្លួនមនុស្ស គឺគ្មានអ្វីដែលគួរឱ្យសរសើរទេ។ អ្នកប្រហែលជាសួរថា៖ «តើអ្វីដែលព្រះអង្គមិនផ្ទុយស្រឡះទៅហើយទេ? តើព្រះអង្គមិនមែនទើបតែមានបន្ទូលថា នរណាក៏អាចទទួលបានការដំឡើងឋានៈដែរ ឱ្យតែពួកគេបំពេញលក្ខណវិនិច្ឆ័យនៃការស្រឡាញ់អ្វីៗដែលវិជ្ជមាន ពិតដែរទេ?» ក្នុងនាមជាមនុស្សម្នាក់ តើអ្នកមិនគួរស្រឡាញ់អ្វីៗដែលវិជ្ជមានទេឬ? ប្រសិនបើអ្នកស្រឡាញ់អ្វីៗដែលវិជ្ជមានខ្លះ តើការណ៍នោះធ្វើឱ្យអ្នកក្លាយជាមាសដែរទេ? តើការណ៍នោះធ្វើឱ្យអ្នកភ្លឺត្រចះត្រចង់ដែរទេ? ប្រសិនបើអ្នកស្រឡាញ់អ្វីៗដែលវិជ្ជមានខ្លះ តើវាមានន័យថាអ្នកមានសេចក្ដីពិតដែរទេ? មានតែតាមរយៈការមានសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចភ្លឺត្រចះត្រចង់បាន។ ប្រសិនបើអ្នកគ្មានសេចក្ដីពិតទេ តើអាចនិយាយថាអ្នកមានពន្លឺបានដោយរបៀបណា? ការពិតគឺថា ភាវៈដែលព្រះបានបង្កើតមិនយល់ពីសេចក្ដីពិតណាមួយទេ។ ការមានភាពជាមនុស្សខ្លះៗ ព្រមទាំងសមត្ថភាព និងគុណសម្បត្តិខ្លះៗដើម្បីយល់ពីសេចក្ដីពិត មិនមែនមានន័យថា មនុស្សម្នាក់មានសេចក្ដីពិតពីកំណើតនោះទេ។ មនុស្សគ្មានសេចក្ដីពិតទេ ហើយទោះបីជាភាពជាមនុស្សរបស់ពួកគេមានលក្ខណៈសុចរិត ឬមានចិត្តល្អក៏ដោយ ក៏អ្វីៗទាំងនេះមិនមែនជាសេចក្ដីពិតដែរ គឺគ្រាន់តែជាគុណសម្បត្តិដែលភាពជាមនុស្សធម្មតាគួរតែមានប៉ុណ្ណោះ។ ហេតុដូច្នេះហើយ កុំនិយាយពីការភ្លឺត្រចះត្រចង់។ ដូច្នេះ តើនៅពេលណាទើបមនុស្សម្នាក់អាចភ្លឺត្រចះត្រចង់តិចតួច? នៅពេលដែលពួកគេអាចពោលពាក្យរបស់លោកយ៉ូបបានថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១) នោះហើយគឺជាពេលដែលគេអាចនិយាយបានថាពួកគេមានពន្លឺបន្តិចបន្តួច និងរស់នៅក្នុងពន្លឺ។ នៅពេលដែលអ្នកអាចប្រើតថភាពនៃសេចក្ដីពិតដែលអ្នកមាន និងសេចក្ដីពិតដែលអ្នកយល់ ដើម្បីផ្គត់ផ្គង់ គាំទ្រ និងដឹកនាំអ្នកដទៃ ដែលតាមរយៈនេះ អាចនាំពួកគេនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ព្រមទាំងចុះចូលនឹងព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ នៅពេលនោះហើយ ទើបអ្នកអាចភ្លឺត្រចះត្រចង់តិចតួចបាន។

មនុស្សមានទេពកោសល្យគ្រប់ប្រភេទ ដែលដំណាក់ព្រះជាម្ចាស់បណ្ដុះបណ្ដាល មិនមែនជាអ្នកដែលមានអំណោយទានលើសពីធម្មជាតិនោះទេ។ ពួកគេគ្រាន់តែជាមនុស្សធម្មតាដែលពុករលួយប៉ុណ្ណោះ។ ដរាបណាពួកគេអាចទទួលយកសេចក្ដីពិត ស្ដាប់បង្គាប់ និងចុះចូល ហើយមានគុណសម្បត្តិជាក់លាក់មួយ នោះដំណាក់របស់ព្រះជាម្ចាស់នឹងអនុគ្រោះដោយការដំឡើងឋានៈនិងបណ្ដុះបណ្ដាលពួកគេ។ នៅពេលដែលខ្ញុំនិយាយអំពីការអនុគ្រោះដល់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្ស នេះមានន័យថាជាការលើកតម្កើងដោយព្រះជាម្ចាស់ ជាការផ្ដល់ឱកាសដល់អ្នកដើម្បីបានមកនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកការបណ្ដុះបណ្ដាលនិងហ្វឹកហាត់ពីព្រះជាម្ចាស់ ដើម្បីឱ្យក្នុងអំឡុងពេលនេះ អ្នកអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់ និងអាចក្តាប់បាននូវគោលការណ៍សេចក្ដីពិតយ៉ាងត្រឹមត្រូវ បំពេញភារកិច្ចរបស់អ្នកតាមរបៀបដែលត្រូវតាមស្តង់ដា និងរស់នៅដោយមានលក្ខណៈជាមនុស្ស។ នេះហើយគឺជាអត្ថន័យនៃពាក្យ «មនុស្សមានទេពកោសល្យ» នៅក្នុងដំណាក់ព្រះជាម្ចាស់។ មនុស្សបែបនេះមិនមែនជាមនុស្សធំដុំអ្វីបន្តិចឡើយ ពួកគេគ្រាន់តែយល់ពីសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត ហើយអាចបំពេញភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់និងទទួលខុសត្រូវ ហើយមានភាពស្មោះត្រង់បន្តិចបន្តួច និងអាចលះបង់បន្តិចបន្តួច ហើយមិនប្រព្រឹត្តអំពើសេ្រចតែនឹងចិត្តផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេតែប៉ុណ្ណោះ។ ក្នុងការអនុគ្រោះដល់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សដែលអាចបំពេញលក្ខណៈវិនិច្ឆ័យទាំងនេះបាន ព្រមទាំងការហ្វឹកហាត់ពួកគេ តើវាសមរម្យដែរឬទេដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើបែបនេះ? តើវាមានប្រយោជន៍ដល់មនុស្សដែរឬទេ? វាពិតជាមានប្រយោជន៍ក្រៃលែងដល់មនុស្ស! ដូចជាអ្នកជឿដទៃទៀតដែរ អស់អ្នកដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល ក៏ជឿលើព្រះជាម្ចាស់ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ការអធិប្បាយ និងបំពេញភារកិច្ចរបស់ខ្លួនដែរ ប៉ុន្តែបើប្រៀបធៀបជាមួយអ្នកជឿដទៃទៀត ពួកគេរីកចម្រើនលឿនជាង និងទទួលប្រយោជន៍ច្រើនជាង។ តើអ្នករាល់គ្នាចង់ទទួលប្រយោជន៍ច្រើន ឬទទួលប្រយោជន៍ត្រឹមតែបន្តិចបន្តួច? (ទទួលប្រយោជន៍ច្រើន។) មនុស្សភាគច្រើនមានបំណងប្រាថ្នានេះ នេះមានន័យថាពួកគេស្រឡាញ់អ្វីៗដែលវិជ្ជមាន។ ពេលខ្លះ ខ្ញុំប្រកបគ្នាជាមួយក្រុមមួយចំនួនអំពីការចូលទៅក្នុងជីវិត ហើយមានមនុស្សជាច្រើនបានទៅចូលរួមស្ដាប់ ដែលនេះបង្ហាញថា មនុស្សភាគច្រើនស្រេកឃ្លានសេចក្ដីពិត និងមានឆន្ទៈចង់យល់ពីសេចក្ដីពិតឱ្យបានកាន់តែច្រើន ហើយក៏មានឆន្ទៈចង់ចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ។ កាលពីដំបូង ខ្ញុំបានប្រកបគ្នាជាមួយមនុស្សមួយចំនួន ហើយពួកគេពិតជាស្ពឹកស្រពន់ណាស់។ ខ្ញុំបាននិយាយយ៉ាងយូរ ប៉ុន្តែពួកគេមិនបានឆ្លើយតបទេ ឬសូម្បីតែស្នាមញញឹមបន្តិចក៏មិនបង្ហាញដែរ។ បន្ទាប់ពីខ្ញុំបានទាក់ទងជាមួយពួកគេអស់រយៈពេលមួយឆ្នាំ ឬពីរឆ្នាំ មនុស្សភាគច្រើនមានទឹកមុខធម្មតាជាងមុន និងមានការឆ្លើយតប ហើយយូរៗទៅ ការឆ្លើយតបរបស់ពួកគេក៏កាន់តែលឿនជាងមុនបន្តិច។ ពោលគឺ ពួកគេបានប្រែក្លាយពីមនុស្សស្លាប់ទៅជាមនុស្សរស់ ហើយវិញ្ញាណរបស់ពួកគេបានភ្ញាក់រឭកឡើង។ តើការណ៍នេះសម្រេចបានដោយរបៀបណា? ប្រសិនបើមនុស្សមិនយល់ពីសេចក្ដីពិតទេ នោះទោះបីជាពួកគេស្រឡាញ់អ្វីៗដែលវិជ្ជមានខ្លាំងប៉ុនណា ឬឆ្លាតវ័យប៉ុនណាក៏ដោយ ក៏ពួកគេនៅតែជាមនុស្សស្លាប់ដដែល។ មនុស្សមួយចំនួនល្ងង់ខ្លៅ និងខ្សោយប្រាជ្ញានៅគ្រាដំបូង គ្មាននរណានៅក្នុងលោកិយឱ្យតម្លៃពួកគេខ្ពស់ទេ ហើយពួកគេមិនសូវមានចំណេះដឹង ការយល់ដឹងរបស់ពួកគេទៀតសោតក៏មិនសូវទូលំទូលាយដែរ។ ប៉ុន្តែបន្ទាប់ពីពួកគេបានជឿលើព្រះជាម្ចាស់ ពួកគេអាចយល់ពីសេចក្ដីពិតជាច្រើន និងមើលឃើញរឿងជាច្រើនយ៉ាងច្បាស់ ហើយបន្ទាប់មក សម្ដែងចេញនូវលក្ខណៈជាមនុស្ស ដូច្នេះ ក៏ក្លាយជាមនុស្សរស់។ តើ «មនុស្សរស់» មានន័យដូចម្ដេច? វាមិនមែនមានន័យថាតើរូបកាយរបស់អ្នករស់ឬស្លាប់ ឬរូបកាយរបស់អ្នកអាចកម្រើកឬដកដង្ហើមបានឬអត់នោះទេ ប៉ុន្តែថាតើវិញ្ញាណរបស់អ្នកមានការដឹង និងងាយទទួលដឹងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែរឬអត់។ មនុស្សរស់មានការឆ្លើយតបចំពោះសេចក្ដីពិត និងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានវិញ្ញាណដឹង មានមាគ៌ា មានផែនការ និងមានគោលដៅ។ មនុស្សស្លាប់គ្មានការបង្ហាញទាំងនេះទេ។ ដូច្នេះ ប្រសិនបើដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់ បុគ្គលនេះនឹងទទួលប្រយោជន៍ច្រើនជាងអ្នកដទៃ។ ដូច្នេះ តើមនុស្សដែលមិនបំពេញលក្ខណៈវិនិច្ឆ័យទាំងនេះ និងមិនទទួលការដំឡើងឋានៈឬបណ្ដុះបណ្ដាល អាចទទួលប្រយោជន៍គ្រប់គ្រាន់ដោយរបៀបណា? តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតយ៉ាងរហ័សដោយរបៀបណា? ទាល់តែពួកគេរៀនអនុវត្តនិងឆ្លងកាត់បទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រេចការយល់ដឹងសេចក្ដីពិតជាច្រើន ព្រមទាំងអាចអនុវត្តសេចក្ដីពិតដើម្បីញែកដឹងពីមនុស្ស និងដោះស្រាយបញ្ហាបាន ទើបពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិត។

អ្នកខ្លះនិយាយថា៖ «ដោយសារដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ ហើយអនុញ្ញាតឱ្យពួកគេចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមតែអាចធ្វើបាន តើការណ៍នោះមិនមែនមានន័យថា មនុស្សដែលគ្មានទេពកោសល្យមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេឬ?» តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ គឺខុសហើយ។) ដូច្នេះ បន្ទាប់ពីបានប្រកបគ្នាលើប្រធានបទនេះ តើវាបានធ្វើឱ្យមនុស្សមួយចំនួនរំភើបចិត្ត ខណៈដែលធ្វើឱ្យអ្នកផ្សេងទៀតធ្លាក់ទឹកចិត្ត និងខកចិត្តដែរឬទេ? មនុស្សម្នាក់គួរតែមើលរឿងនេះតាមរបៀបនេះ៖ អស់អ្នកណាដែលទទួលការដំឡើងឋានៈនិងបណ្ដុះបណ្ដាល មិនគួរមានមោទនភាពទេ។ អ្នកគ្មានអ្វីដែលត្រូវអួតអាងទេ នេះគឺជាព្រះគុណនិងព្រះពររបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកកាន់តែច្រើន ទ្រង់ក៏តម្រូវឱ្យអ្នកលះបង់ខ្លួនឯងកាន់តែច្រើនដែរ។ ប្រសិនបើដំណាក់ព្រះជាម្ចាស់អនុគ្រោះដោយការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នក នោះមានន័យថា អ្នកត្រូវតែលះបង់កាន់តែខ្ពស់។ ប្រសិនបើអ្នកអាចរងទុក្ខលំបាកនេះបាន នោះប្រាកដជាអ្នកនឹងទទួលប្រយោជន៍កាន់តែច្រើន។ ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំមិនមានឆន្ទៈរងទុក្ខលំបាកនេះទេ» នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយក៏មិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ដែរ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំចង់ទទួលបានអ្វីៗទាំងនោះ ប៉ុន្តែខ្ញុំគិតថាខ្ញុំមិនអាចទេ ពីព្រោះដំណាក់ព្រះជាម្ចាស់នឹងមិនអនុគ្រោះដោយការដំឡើងឋានៈនិងបណ្ដុះបណ្ដាលខ្ញុំទេ។ ខ្ញុំមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យទេ»។ វាមិនជាបញ្ហាទេ ប្រសិនបើអ្នកមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ។ ដរាបណាអ្នកស្វែងរកសេចក្ដីពិត និងខិតខំប្រឹងប្រែងដើម្បីវា នោះព្រះជាម្ចាស់នឹងមិនប្រព្រឹត្តដាក់អ្នកដោយអយុត្តិធម៌ឡើយ។ មនុស្សទាំងនេះដែលទទួលការដំឡើងឋានៈនិងបណ្ដុះបណ្ដាល គ្រាន់តែអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឆាប់ជាងមុន ដោយសារតែគុណសម្បត្តិរបស់ពួកគេ និងដោយសារតែលក្ខណៈវិនិច្ឆ័យផ្សេងៗរបស់ពួកគេ។ ក៏ប៉ុន្តែ ការចូលទៅក្នុងបានឆាប់ជាងមុននេះ មិនមែនមានន័យថា ពួកគេគឺជាមនុស្សតែមួយគត់ដែលអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាននោះទេ។ វាគ្រាន់តែមានន័យថា ពួកគេអាចកាន់តែឆាប់ទទួលប្រយោជន៍ច្រើនបន្តិច ហើយក៏អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតកាន់តែឆាប់បន្តិចដែរ។ អស់អ្នកដែលមិនទទួលការដំឡើងឋានៈ នឹងយឺតជាងពួកគេបន្តិច ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាននោះទេ។ នរណាម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឬអត់ គឺអាស្រ័យលើការដេញតាមរបស់ពួកគេ។ មនុស្សទាំងឡាយដែលទទួលការដំឡើងឋានៈនិងបណ្ដុះបណ្ដាល អាចក្តាប់បាននូវគោលការណ៍សេចក្ដីពិតបានកាន់តែលឿន និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានកាន់តែលឿន ក្នុងអំឡុងពេលនៃដំណើរការបណ្ដុះបណ្ដាល ដែលមានប្រយោជន៍ដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ ហេតុដូច្នេះ វាជាការត្រឹមត្រូវដែលដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សដែលឃើញមានគុណសម្បត្តិល្អ និងស្រឡាញ់សេចក្ដីពិត។ ប្រសិនបើនរណាម្នាក់អាចរកឃើញមនុស្សទាំងនេះ ហើយដំឡើងឋានៈនិងបណ្ដុះបណ្ដាលពួកគេ ដោយមិនច្រណែនឈ្នានីសពួកគេ ឬគាបសង្កត់ពួកគេទេ ប៉ុន្តែបែរជាផ្ដល់ការយកចិត្តទុកដាក់ដល់ពួកគេទៅវិញនោះ ពួកគេកំពុងមានការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ហើយ។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមួយចំនួនមានចិត្តឈ្នានីស ហើយបារម្ភថាមនុស្សទាំងនេះពូកែជាងពួកគេ និងលើសពួកគេ ដូច្នេះពួកគេក៏ផាត់ចោល និងគាបសង្កត់ពួកគេ នេះគឺជាអំពើអាក្រក់យ៉ាងច្បាស់ ហើយជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើ។ មានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចវាយប្រហារ និងផាត់ចោលបងប្អូនប្រុសស្រីបាន។

ការយល់ដឹង និងអាកប្បកិរិយាដែលមនុស្សគួរមានទាក់ទងនឹងការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្សដោយដំណាក់របស់ព្រះជាម្ចាស់

អ្វីដែលយើងទើបតែបានប្រកបគ្នា គឺជាគោលបំណងរបស់ដំណាក់ព្រះជាម្ចាស់ក្នុងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ។ មិនថាអស់អ្នកណាដែលត្រូវបានជ្រើសរើសដើម្បីដំឡើងឋានៈនិងបណ្ដុះបណ្ដាល ធ្វើកិច្ចការប្រភេទណានោះទេ ទោះបីជាកិច្ចការបច្ចេកទេស កិច្ចការធម្មតា ឬកិច្ចការទូទៅរបស់ពួកជំនុំក៏ដោយ សរុបមកគឺសុទ្ធតែដើម្បីឱ្យពួកគេអាចយល់ពីគោលការណ៍សេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន ហើយដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលត្រូវតាមស្តង់ដាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះហើយគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយពិតណាស់ វាក៏ជាអ្វីដែលចាំបាច់សម្រាប់កិច្ចការរបស់ពួកជំនុំផងដែរ។ តើឥឡូវនេះ អ្នកយល់ពីសារៈសំខាន់អំពីការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទរបស់ដំណាក់ព្រះជាម្ចាស់ហើយឬនៅ? តើនៅមានការយល់ខុសណាមួយទៀតទេ? (ទេ។) អ្នកខ្លះនិយាយថា៖ «ឥឡូវនេះ បុគ្គលនេះត្រូវបានដំឡើងឋានៈឱ្យធ្វើជាអ្នកដឹកនាំហើយ និងមានឋានៈហើយ ពួកគេលែងជាមនុស្សធម្មតាទៀតហើយ»។ តើការនិយាយបែបនេះត្រូវឬខុស? (ខុសហើយ។) អ្នកផ្សេងទៀតប្រហែលជានិយាយថា៖ «អស់អ្នកណាដែលក្លាយជាអ្នកដឹកនាំមានឋានៈ ប៉ុន្តែនៅពេលឡើងដល់កំពូលគឺឯកោណាស់។ អ្នកឡើងកាន់តែខ្ពស់ អ្នកនឹងធ្លាក់កាន់តែធ្ងន់!» តើការនិយាយបែបនេះត្រូវ ឬខុស? ខុសយ៉ាងច្បាស់។ តើពាក្យមួយឃ្លាថា៖ «អ្នកឡើងកាន់តែខ្ពស់ អ្នកនឹងធ្លាក់កាន់តែធ្ងន់» សំដៅលើមនុស្សប្រភេទណា? សំដៅលើមនុស្សដែលមានមហិច្ឆតា និងបំណងប្រាថ្នា គឺសំដៅលើពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលអស់អ្នកដែលដេញតាមសេចក្ដីពិតក្លាយជាអ្នកដឹកនាំ នោះមិនមែនជាការឡើងខ្ពស់ទេ ពោលគឺព្រះជាម្ចាស់អនុគ្រោះដោយលើកតម្កើងពួកគេ ហើយគឺជាព្រះពររបស់ព្រះជាម្ចាស់ដែលប្រទានបន្ទុកនេះដល់ពួកគេ និងអនុញ្ញាតឱ្យពួកគេធ្វើកិច្ចការដឹកនាំ។ «អ្នកឡើងកាន់តែខ្ពស់ អ្នកនឹងធ្លាក់កាន់តែធ្ងន់» គឺជាការសន្និដ្ឋានមួយដែលពួកអ្នកគ្មានជំនឿបានធ្វើឡើង ហើយវារៀបរាប់ពីផលវិបាកនៃពួកអ្នកគ្មានជំនឿដែលដេញតាមអាជីពជាមន្ត្រីរាជការ។ ក្រុមអ្នកមិនជឿទាំងនោះគ្មានការវិនិច្ឆ័យទេ ហើយអនុវត្តពាក្យនេះទៅលើមនុស្សវិជ្ជមាន ដែលជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។ អ្នកផ្សេងទៀតប្រហែលជានិយាយថា៖ «គាត់កើតនៅតំបន់ជនបទ ហើយឥឡូវនេះគាត់បានក្លាយជាអ្នកដឹកនាំពួកជំនុំ ពោលគឺជាសត្វហង្សដែលហើរខ្ពស់ ចេញពីទីទាប»។ តើការនិយាយបែបនេះត្រូវឬខុស? ទាំងនេះគឺជាពាក្យរបស់អារក្សរបស់ពួកអ្នកគ្មានជំនឿ ហើយមិនអាចអនុវត្តទៅលើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បានទេ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ប្រទានព្រះពរដល់អស់អ្នកណាដែលដេញតាមសេចក្ដីពិត អស់អ្នកណាដែលស្មោះត្រង់ អស់អ្នកណាដែលមានចិត្តសប្បុរស និងអស់អ្នកណាដែលការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលមនុស្សទាំងនេះយល់ពីសេចក្ដីពិត និងទទួលបានកម្ពស់ខ្លះហើយ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបានដំឡើងឋានៈ ដើម្បីបណ្ដុះបណ្ដាលនិងអនុវត្ត ដើម្បីជំនួសអស់អ្នកណាដែលជាអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សវិជ្ជមានដែលបានឆ្លងកាត់ការល្បងល និងការសាកល្បងជាច្រើន ហើយដែលបានការពារកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ជាប់ជានិច្ច គឺជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយវានឹងមិនសមរម្យទេ ប្រសិនបើប្រើពាក្យរបស់អារក្សរបស់ពួកអ្នកគ្មានជំនឿដើម្បីរៀបរាប់ពីមនុស្សទាំងនេះ។ ហេតុដូច្នេះហើយ អស់អ្នកណាដែលតែងតែប្រើពាក្យរបស់អារក្សរបស់ពួកអ្នកគ្មានជំនឿដើម្បីរៀបរាប់ពីកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងដើម្បីសម្ដែងចេញនូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ គឺជាមនុស្សដែលមិនយល់ពីសេចក្ដីពិត និងជាអ្នកដែលមានទស្សនៈមិនសមហេតុផលលើអ្វីៗ។ ទស្សនៈរបស់ពួកគេលើអ្វីៗ មិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយនៅតែជាទស្សនៈរបស់ពួកអ្នកគ្មានជំនឿដដែល ហើយពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបានទទួលសេចក្ដីពិតណាមួយសោះឡើយ ហើយនៅតែមិនអាចមើលឃើញអ្វីៗស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ដូច្នេះហើយ មនុស្សទាំងនេះគឺជាអ្នកមិនជឿ និងជាអ្នកគ្មានជំនឿ។ នៅពេលដែលនរណាម្នាក់ត្រូវបានដំឡើងឋានៈឱ្យបម្រើការជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬពួកគេត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកមើលការខុសត្រូវលើកិច្ចការបច្ចេកទេសប្រភេទណាមួយ នេះគ្មានអ្វីក្រៅពីការដែលដំណាក់របស់ព្រះជាម្ចាស់ផ្ទុកផ្ដាក់បន្ទុកដល់ពួកគេនោះទេ។ វាគឺជាការផ្ទុកផ្ដាក់ ជាការទទួលខុសត្រូវ ហើយពិតណាស់ វាក៏ជាភារកិច្ចពិសេស ជាឱកាសពិសេស ហើយក៏ជាការលើកតម្កើងវិសេសដែរ ពោលគឺគ្មានអ្វីដែលគួរឱ្យសរសើរចំពោះពួកគេឡើយ។ នៅពេលដែលនរណាម្នាក់ត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្តាល គឺមិនមានន័យថាពួកគេមានតំណែងឬឋានៈពិសេសនៅក្នុងដំណាក់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចរីករាយនឹងការប្រព្រឹត្តចំពោះនិងការអនុគ្រោះជាពិសេសឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីពួកគេត្រូវបានដំណាក់ព្រះជាម្ចាស់លើកតម្កើងយ៉ាងពិសេស ពួកគេត្រូវបានផ្ដល់លក្ខខណ្ឌដ៏ល្អប្រសើរដើម្បីទទួលការបណ្ដុះបណ្ដាលពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីអនុវត្តការធ្វើកិច្ចការពួកជំនុំដ៏សំខាន់មួយចំនួន ហើយទន្ទឹមគ្នានោះ ដំណាក់របស់ព្រះជាម្ចាស់នឹងមានស្ដង់ដាតម្រូវជាចាំបាច់កាន់តែខ្ពស់សម្រាប់បុគ្គលនេះ ដែលការណ៍នេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេ។ នៅពេលដែលមនុស្សម្នាក់ត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលនៅក្នុងដំណាក់ព្រះជាម្ចាស់ នោះមានន័យថា ពួកគេនឹងត្រូវស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវតឹងរ៉ឹង និងទទួលបានការមើលខុសត្រូវយ៉ាងដិតដល់។ ដំណាក់ព្រះជាម្ចាស់នឹងត្រួតពិនិត្យ មើលការខុសត្រូវ និងជំរុញកិច្ចការដែលពួកគេធ្វើយ៉ាងតឹងរ៉ឹង ហើយនឹងយល់ដឹង និងយកចិត្តទុកដាក់ចំពោះការចូលទៅក្នុងជីវិតរបស់ពួកគេ។ តាមទស្សនៈទាំងនេះ តើមនុស្សដែលដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល រីករាយនឹងការប្រព្រឹត្តជាពិសេស ឋានៈពិសេស និងតំណែងពិសេសដែរឬទេ? ពិតជាអត់ទេ ហើយពួកគេរឹតតែមិនរីករាយនឹងមុខតំណែងពិសេសណាមួយឡើយ។ សម្រាប់មនុស្សដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល ប្រសិនបើពួកគេមានអារម្មណ៍ថាពួកគេមានដើមទុនដោយសារការបំពេញភារកិច្ចរបស់ខ្លួនបានផលខ្លះ ដូច្នេះក៏នៅទ្រឹង និងឈប់ស្វែងរកសេចក្ដីពិត នោះពួកគេនឹងជួបគ្រោះថ្នាក់នៅពេលដែលពួកគេជួបប្រទះការល្បងល និងទុក្ខវេទនា។ ប្រសិនបើកម្ពស់របស់មនុស្សតូចពេក ពួកគេទំនងជាមិនអាចឈររឹងមាំបានឡើយ។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើនរណាម្នាក់ត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ នោះពួកគេក៏មានតំណែង។ ទោះបីជាពួកគេមិនមែនជាពួកកូនប្រុសច្បងក៏ដោយ ក៏យ៉ាងហោចណាស់ពួកគេមានសង្ឃឹមថានឹងក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំមិនដែលបានដំឡើងឋានៈឬបណ្ដុះបណ្ដាលទេ ដូច្នេះ តើខ្ញុំគ្មានសង្ឃឹមថានឹងក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ទេឬ?» ការគិតបែបនេះគឺខុសហើយ។ ដើម្បីក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ អ្នកត្រូវតែមានបទពិសោធន៍ជីវិត ហើយអ្នកត្រូវតែជាមនុស្សម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់។ មិនថាអ្នកជាអ្នកដឹកនាំ អ្នកធ្វើការ ឬជាអ្នកដើរតាមធម្មតានោះទេ នរណាក៏ដោយដែលមានតថភាពនៃសេចក្ដីពិត គឺជារាស្ត្ររបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកគឺជាអ្នកដឹកនាំ ឬអ្នកធ្វើការក៏ដោយ ប្រសិនបើអ្នកខ្វះតថភាពនៃសេចក្ដីពិត អ្នកនៅតែជាអ្នកធ្វើការដោយកម្លាំងដដែល។ តាមពិតទៅ គឺគ្មានអ្វីពិសេសអំពីមនុស្សដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលនោះទេ។ រឿងតែមួយគត់ដែលខុសពីអ្នកដទៃគឺ ពួកគេមានបរិយាកាសអំណោយផលជាង ឱកាសអំណោយផលជាង និង លក្ខខណ្ឌល្អប្រសើរជាង ដើម្បីធ្វើកិច្ចការជាក់លាក់ពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត។ ទោះបីជាកិច្ចការភាគច្រើនដែលអ្នកធ្វើពាក់ព័ន្ធនឹងវិជ្ជាជីវៈជាក់លាក់ណាមួយក៏ដោយ ប្រសិនបើគ្មានគោលការណ៍សេចក្ដីពិតដើម្បីកែតម្រូវឱ្យត្រូវតាមស្តង់ដា និងត្រួតពិនិត្យទេ នោះភារកិច្ចដែលអ្នកបំពេញនឹងមិនស្របតាមគោលការណ៍ឡើយ ហើយការបំពេញភារកិច្ចរបស់អ្នកគ្រាន់តែធ្វើការដោយកម្លាំងប៉ុណ្ណោះ ហើយអ្នកពិតជានឹងមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឡើយ។ តើលក្ខខណ្ឌតម្រូវរបស់ដំណាក់ព្រះជាម្ចាស់សម្រាប់មនុស្សមានទេពកោសល្យផ្សេងៗដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលមានអ្វីខ្លះ? ដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល យ៉ាងហោចណាស់ពួកគេត្រូវតែជាមនុស្សដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ ជាមនុស្សដែលអាចទទួលយកសេចក្ដីពិតបាន ជាមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងជាមនុស្សដែលអាចចុះចូលនឹងការចាត់ចែងនិងរៀបចំរបស់ព្រះជាម្ចាស់បាន ហើយយ៉ាងហោចណាស់ ពួកគេត្រូវតែអាចទទួលយក និងចុះចូលបាន នៅពេលដែលពួកគេប្រឈមមុខនឹងការលួសកាត់។ ផលដែលសម្រេចបានដោយមនុស្សដែលឆ្លងកាត់ការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនដោយដំណាក់ព្រះជាម្ចាស់ គឺមិនមែនពួកគេអាចក្លាយជាមន្ត្រី ឬចៅហ្វាយនាយ ឬដឹកនាំគេនោះទេ ហើយក៏មិនមែនពួកគេអាចផ្ដល់ដំបូន្មានដល់មនុស្សអំពីរបៀបគិតនោះដែរ ហើយពិតណាស់ រឹតតែមិនមែនពួកគេមានជំនាញវិជ្ជាជីវៈប្រសើរជាង ឬមានកម្រិតការអប់រំខ្ពស់ជាង ឬមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ឬពួកគេអាចត្រូវបានប្រៀបធៀបជាមួយអស់អ្នកណាដែលល្បីល្បាញនៅក្នុងលោកិយខាងជំនាញវិជ្ជាជីវៈ ឬស្នាដៃនយោបាយរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ផលដែលសម្រេចបានគឺ ពួកគេយល់ពីសេចក្ដីពិត និងសម្ដែងចេញនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ នៅពេលដែលពួកគេហ្វឹកហ្វឺន ពួកគេអាចយល់ពីសេចក្ដីពិត និងក្តាប់បាននូវគោលការណ៍សេចក្ដីពិត ហើយដឹងកាន់តែច្បាស់ថាជំនឿលើព្រះជាម្ចាស់ជាអ្វីពិតប្រាកដ ហើយដើរតាមព្រះជាម្ចាស់ដូចម្តេច ដូច្នេះ នេះមានប្រយោជន៍ក្រៃលែងសម្រាប់អស់អ្នកណាដែលស្វែងរកសេចក្ដីពិត ដើម្បីសម្រេចបាននូវភាពគ្រប់លក្ខណ៍។ នេះគឺជាផលនិងស្ដង់ដាដែលដំណាក់ព្រះជាម្ចាស់ប្រាថ្នាចង់សម្រេចបានក្នុងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ ហើយវាក៏ជាផលដ៏ធំបំផុតដែលអស់អ្នកណាដែលត្រូវបានដំឡើងឋានៈនិងប្រើប្រាស់ ទទួលបានផងដែរ។

អ្នកខ្លះបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវគ្រាន់បើ ហើយត្រូវបានរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់យល់ស្រប ដូច្នេះពួកគេត្រូវបានពួកជំនុំបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ បន្ទាប់ពីទទួលបានឋានៈ ពួកគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងលេចធ្លោជាងគេ ហើយគិតថា «ហេតុអ្វីបានជាដំណាក់ ព្រះជាម្ចាស់សម្រេចចិត្តជ្រើសរើសយកខ្ញុំ? តើមិនមែនដោយសារតែខ្ញុំពូកែជាងអ្នករាល់គ្នាទេឬ?» តើនេះមិនដូចជាពាក្យសម្ដីរបស់ក្មេងទេឬ? គឺក្មេងខ្ចី គួរឱ្យអស់សំណើច និងមិនដឹងក្ដី។ តាមពិតទៅ អ្នកមិនបានប្រសើរជាងអ្នកដទៃសូម្បីតែបន្តិចឡើយ។ គឺគ្រាន់តែថា អ្នកបានបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីទទួលការបណ្ដុះបណ្ដាលពីដំណាក់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ការដែលអ្នកអាចរ៉ាប់រងការទទួលខុសត្រូវនេះបានឬអត់ អាចបំពេញភារកិច្ចនេះបានល្អ ឬអាចបំពេញការផ្ទុកផ្តាក់នេះបានឬអត់ គឺជារឿងមួយផ្សេងទៀត។ នៅពេលនរណាម្នាក់ត្រូវបានបងប្អូនប្រុសស្រីជ្រើសតាំងឱ្យធ្វើជាអ្នកដឹកនាំ ឬត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈឱ្យធ្វើកិច្ចការណាមួយ ឬបំពេញភារកិច្ចណាមួយ នេះមិនមែនមានន័យថា ពួកគេមានឋានៈឬតំណែងពិសេស ឬសេចក្ដីពិតដែលពួកគេយល់គឺជ្រៅជាង និងច្រើនជាងអ្នកដទៃនោះទេ។ រឹតតែមិនមែនមានន័យថា បុគ្គលនេះអាចចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងមិនក្បត់ទ្រង់ឡើយ។ ជាការពិត វាក៏មិនមែនមានន័យថា ពួកគេស្គាល់ព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ដែរ។ តាមពិតទៅ ពួកគេមិនបានសម្រេចអ្វីទាំងអស់នេះទេ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល គ្រាន់តែជាការដំឡើងឋានៈនិងបណ្ដុះបណ្ដាលតាមន័យធម្មតាប៉ុណ្ណោះ ហើយមិនស្មើនឹងការដែលពួកគេត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន និងយល់ឃើញថាស័ក្ដិសមនោះទេ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលរបស់ពួកគេ គ្រាន់តែមានន័យថា ពួកគេត្រូវបានដំឡើងឋានៈ ហើយរង់ចាំការបណ្ដុះបណ្ដាល។ ហើយលទ្ធផលចុងក្រោយនៃការបណ្ដុះបណ្ដាលនេះ គឺអាស្រ័យលើការស្វែងរកសេចក្ដីពិតរបស់បុគ្គលនេះ និសមត្ថភាពរបស់ពួកគេក្នុងការជ្រើសរើសមាគ៌ាស្វែងរកសេចក្ដីពិត។ ដូច្នេះ នៅពេលដែលនរណាម្នាក់នៅក្នុងពួកជំនុំត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ ពួកគេគ្រាន់តែត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលតាមន័យធម្មតាប៉ុណ្ណោះ។ ពុំមែនមានន័យថា ពួកគេត្រូវតាមស្ដង់ដា និងមានសមត្ថភាពរួចរាល់ជាអ្នកដឹកនាំ ពួកគេអាចមានសមត្ថភាពរួចរាល់ក្នុងការបំពេញកិច្ចការដឹកនាំ និងអាចធ្វើកិច្ចការជាក់ស្ដែងបាននោះទេ ពោលគឹមិនមែនដូច្នោះទេ។ មនុស្សភាគច្រើនមិនអាចមើលធ្លុះរឿងទាំងនេះទេ ហើយដោយផ្អែកលើការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេវាយតម្លៃខ្ពស់លើអស់អ្នកណាដែលត្រូវបានដំឡើងឋានៈ។ នេះគឺជាកំហុសឆ្គងមួយ។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ តើអស់អ្នកណាដែលត្រូវបានដំឡើងឋានៈ ពិតជាមានតថភាពនៃសេចក្ដីពិតមែនទេ? មិនប្រាកដទេ។ តើពួកគេអាចអនុវត្តការរៀបចំកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់បានទេ? មិនប្រាកដទេ។ តើពួកគេមានការទទួលខុសត្រូវទេ? តើពួកគេស្មោះត្រង់ទេ? តើពួកគេអាចចុះចូលបានទេ? នៅពេលដែលពួកគេជួបប្រទះបញ្ហា តើពួកគេអាចស្វែងរកសេចក្ដីពិតបានទេ? ទាំងអស់នេះគឺមិនដឹងឡើយ។ តើមនុស្សទាំងនេះមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ? ហើយតើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេធំប៉ុនណា? តើពួកគេអាចជៀសវាងការធ្វើតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេបានទេ នៅពេលដែលពួកគេធ្វើអ្វីមួយ? តើពួកគេអាចស្វែងរកព្រះជាម្ចាស់បានទេ? ក្នុងអំឡុងពេលដែលពួកគេបំពេញការងារដឹកនាំ តើពួកគេអាចមកនៅចំពោះព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ? តើពួកគេអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ? ពួកគេពិតជាមិនអាចធ្វើរឿងបែបនេះបានទេ។ ពួកគេមិនបានទទួលការបណ្ដុះបណ្ដាល ហើយពួកគេមិនមានបទពិសោធន៍គ្រប់គ្រាន់ទេ ដូច្នេះពួកគេមិនអាចធ្វើរឿងទាំងនេះបានទេ។ នេះហើយជាមូលហេតុដែលការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់ មិនមែនមានន័យថាពួកគេយល់ពីសេចក្ដីពិតរួចហើយនោះទេ ហើយក៏មិនមែនមានន័យថា ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលស្របតាមស្តង់ដារួចហើយដែរ។ ដូច្នេះ តើអ្វីទៅជាគោលបំណងនិងសារៈសំខាន់នៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់? គឺបុគ្គលនេះត្រូវបានដំឡើងឋានៈក្នុងនាមបុគ្គលម្នាក់ ដើម្បីឱ្យពួកគេអនុវត្ត និងដើម្បីឱ្យពួកគេទទួលការស្រោចស្រពនិងហ្វឹកហាត់ជាពិសេស ដូច្នេះអាចឱ្យពួកគេយល់ពីគោលការណ៍សេចក្ដីពិត និងគោលការណ៍ មធ្យោបាយ និងវិធីសាស្ត្រធ្វើកិច្ចការនិងដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងរបៀបដោះស្រាយនិងប្រព្រឹត្តចំពោះបរិយាកាសនិងមនុស្សប្រភេទផ្សេងៗដែលពួកគេជួបប្រទះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតាមរបៀបដែលការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់។ ដោយវិនិច្ឆ័យផ្អែកលើចំណុចទាំងនេះ តើមនុស្សមានទេពកោសល្យដែលត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើកិច្ចការរបស់ពួកគេ និងបំពេញភារកិច្ចរបស់ពួកគេបានល្អ ក្នុងអំឡុងពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ឬមុនពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរឬទេ? ពិតណាស់ គឺមិនអាចទេ។ ដូច្នេះ វាមិនអាចជៀសផុតទេ ក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាល មនុស្សទាំងនេះនឹងឆ្លងកាត់ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាល ការលាតត្រដាង ថែមទាំងការដកហូតតំណែងទៀតផង។ នេះជារឿងធម្មតាទេ នេះជាការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺន។ មនុស្សមិនត្រូវមានការរំពឹងទុកខ្ពស់ ឬការទាមទារមិនជាក់ស្ដែងណាមួយចំពោះអស់អ្នកណាដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឡើយ។ ការណ៍នោះនឹងមិនសមហេតុផល ហើយក៏មិនយុត្តិធម៌ចំពោះពួកគេដែរ។ អ្នករាល់គ្នាអាចមើលការខុសត្រូវលើកិច្ចការរបស់ពួកគេបាន។ ប្រសិនបើអ្នករកឃើញបញ្ហា ឬអ្វីដែលបំពានលើគោលការណ៍នៅក្នុងដំណើរការកិច្ចការរបស់ពួកគេ អ្នកអាចលើកឡើងពីបញ្ហានោះ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនេះបាន។ អ្វីដែលអ្នកមិនគួរធ្វើគឺ វិនិច្ឆ័យ កាត់ទោស វាយប្រហារ ឬផាត់ពួកគេចេញ ពីព្រោះពួកគេគ្រាន់តែស្ថិតនៅក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាលប៉ុណ្ណោះ ហើយមិនគួរត្រូវបានចាត់ទុកជាមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឡើយ រឹតតែមិនគួរចាត់ទុកជាមនុស្សគ្មានគុណវិបត្តិ ឬជាមនុស្សដែលមានតថភាពនៃសេចក្ដីពិតនោះទេ។ ដូចអ្នករាល់គ្នាដែរ ពួកគេគ្រាន់តែស្ថិតនៅក្នុងអំឡុងពេលនៃការហ្វឹកហ្វឺនប៉ុណ្ណោះ។ ភាពខុសគ្នាគឺថា ពួកគេរ៉ាប់រងកិច្ចការ និងការទទួលខុសត្រូវច្រើនជាងមនុស្សធម្មតា។ ពួកគេមានការទទួលខុសត្រូវ និងកាតព្វកិច្ចក្នុងការធ្វើកិច្ចការច្រើនជាងមុន។ ពួកគេត្រូវបង់តម្លៃកាន់តែច្រើន រងទុក្ខលំបាកកាន់តែច្រើន ប្រឹងប្រែងផ្នែកស្មារតីកាន់តែច្រើន ដោះស្រាយបញ្ហាកាន់តែច្រើន ស៊ូទ្រាំនឹងការស្ដីបន្ទោសពីមនុស្សកាន់តែច្រើន ហើយពិតណាស់ ពួកគេក៏ត្រូវខិតខំប្រឹងប្រែងកាន់តែច្រើនដែរ ហើយបើប្រៀបធៀបជាមួយមនុស្សធម្មតាដែលបំពេញភារកិច្ច ពួកគេត្រូវគេងតិចជាងមុនបន្តិច សប្បាយនឹងរបស់ល្អៗតិចជាងមុនបន្តិច និងមិននិយាយដើមគេច្រើននោះទេ។ នេះគឺជាអ្វីដែលពិសេសអំពីពួកគេ។ ក្រៅពីនេះ ពួកគេគឺដូចជាអ្នកផ្សេងទៀតដែរ។ តើការដែលខ្ញុំនិយាយនេះមានន័យដូចម្តេច? គឺដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា ពួកគេត្រូវតែប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះមនុស្សមានទេពកោសល្យប្រភេទផ្សេងៗដែលបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនត្រូវទាមទារខ្លាំងពេកចំពោះមនុស្សទាំងនេះទេ ហើយពិតណាស់ ពួកគេក៏មិនត្រូវមានទស្សនៈមិនប្រាកដនិយមចំពោះពួកគេនោះដែរ។ ការវាយតម្លៃខ្ពស់ និងការគោរពឱ្យតម្លៃពួកគេខ្លាំងពេក គឺជាភាពល្ងង់ខ្លៅ។ ការទាមទារខ្លាំងពេកចំពោះពួកគេគឺជារឿងអមនុស្សធម៌ និងមិនប្រាកដនិយម។ ដូច្នេះ តើអ្វីជាមធ្យោបាយសមហេតុផលបំផុតក្នុងការប្រព្រឹត្តចំពោះពួកគេ? ត្រូវចាត់ទុកពួកគេជាមនុស្សធម្មតា ហើយនៅពេលដែលអ្នកត្រូវការស្វែងរកនរណាម្នាក់ទាក់ទងនឹងបញ្ហាណាមួយ ត្រូវប្រកបជាមួយពួកគេ ហើយរៀនសូត្រពីចំណុចខ្លាំងគ្នាទៅវិញទៅមក និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូបគឺត្រូវមើលការខុសត្រូវលើអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីដឹងថាតើពួកគេកំពុងធ្វើកិច្ចការពិតប្រាកដដែរឬអត់ ហើយអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានដែរឬអត់។ ទាំងនេះគឺជាស្ដង់ដានិងគោលការណ៍សម្រាប់វាស់វែងថាតើអ្នកដឹកនាំ ឬអ្នកធ្វើការត្រូវតាមស្តង់ដាដែរឬអត់។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់មានសមត្ថភាពចាត់ចែងនិងដោះស្រាយបញ្ហាទូទៅបាន នោះពួកគេមានសមត្ថភាពហើយ។ ប៉ុន្តែប្រសិនបើពួកគេមិនទាំងអាចចាត់ចែងនិងដោះស្រាយបញ្ហាធម្មតាផង នោះពួកគេមិនស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ ហើយត្រូវតែដកពួកគេចេញពីតំណែងយ៉ាងឆាប់រហ័ស។ ត្រូវតែជ្រើសរើសនរណាម្នាក់ផ្សេងទៀត ហើយកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់មិនត្រូវពន្យារពេលឡើយ។ ការពន្យារកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ ធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងនិងអ្នកដទៃ មិនល្អសម្រាប់នរណាម្នាក់ឡើយ។

មនុស្សមួយចំនួនត្រូវបានពួកជំនុំដំឡើងឋានៈនិងបណ្ដុះបណ្ដាល ដោយទទួលបានឱកាសល្អក្នុងការហ្វឹកហាត់។ នេះគឺជារឿងល្អ។ អាចនិយាយបានថា ពួកគេត្រូវបានព្រះជាម្ចាស់លើកស្ទួយ និងប្រទានព្រះគុណ។ ដូច្នេះ តើពួកគេគួរតែបំពេញភារកិច្ចរបស់ខ្លួនដោយរបៀបណា? គោលការណ៍ទីមួយដែលពួកគេគួរតែគោរពតាមគឺត្រូវយល់ពីសេចក្ដីពិត ពោលគឺ នៅពេលពួកគេមិនយល់ពីសេចក្ដីពិត ពួកគេត្រូវតែស្វែងរកសេចក្ដីពិត ហើយប្រសិនបើពួកគេនៅតែមិនយល់បន្ទាប់ពីបានស្វែងរកដោយខ្លួនឯង ពួកគេអាចស្វែងរកនរណាម្នាក់ដែលយល់ពីសេចក្ដីពិតឱ្យមកប្រកបនិងស្វែងរកជាមួយគ្នា ដែលធ្វើឱ្យការដោះស្រាយបញ្ហាបានកាន់តែលឿននិងទាន់ពេលវេលា។ ប្រសិនបើអ្នកផ្ដោតតែលើការចំណាយពេលច្រើនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តែម្នាក់ឯង និងចំណាយពេលច្រើនរិះគិតពីព្រះបន្ទូលទាំងនេះដើម្បីសម្រេចបានការយល់ដឹងពីសេចក្ដីពិត និងដោះស្រាយបញ្ហា នោះវាយឺតយ៉ាវពេកហើយ ដូចសុភាសិតមួយឃ្លាពោលថា៖ «ទឹកឆ្ងាយពន្លត់ភ្លើងជិតមិនបាន»។ ប្រសិនបើពេលនិយាយដល់សេចក្ដីពិត អ្នកចង់មានការរីកចម្រើនលឿន នោះអ្នកត្រូវតែរៀនពីរបៀបសហការចុះសម្រុងជាមួយអ្នកដទៃ និងចេះសួរសំណួរឱ្យបានច្រើន ហើយស្វែងរកឱ្យបានច្រើន។ មានតែពេលនោះទេ ទើបជីវិតរបស់អ្នកនឹងលូតលាស់យ៉ាងឆាប់រហ័ស ហើយអ្នកនឹងអាចដោះស្រាយបញ្ហាបានភ្លាមៗ ដោយមិនបង្អែបង្អង់កិច្ចការណាមួយឡើយ។ ដោយសារតែអ្នកទើបតែត្រូវបានដំឡើងឋានៈ និងកំពុងស្ថិតនៅក្នុងអំឡុងពេលសាកល្បងនៅឡើយ ហើយមិនទាន់យល់ពិតប្រាកដពីសេចក្ដីពិត ឬមានតថភាពនៃសេចក្ដីពិតនៅឡើយទេ ពោលគឺ ដោយសារតែអ្នកនៅខ្វះកម្ពស់នេះ សូមកុំគិតថា ការដំឡើងឋានៈរបស់អ្នកមានន័យថាអ្នកមានតថភាពនៃសេចក្ដីពិតនោះឡើយ គឺមិនដូច្នោះឡើយ។ ព្រោះតែអ្នកមានស្មារតីទទួលបន្ទុកចំពោះកិច្ចការ និងមានគុណសម្បត្តិជាអ្នកដឹកនាំប៉ុណ្ណោះ ទើបអ្នកត្រូវបានជ្រើសរើសសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ អ្នកគួរតែមានវិចារណញ្ញាណនេះ។ បន្ទាប់ពីបានដំឡើងឋានៈ និងក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ ប្រសិនបើអ្នកចាប់ផ្ដើមអះអាងពីឋានៈរបស់អ្នក ហើយជឿថាអ្នកគឺជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត ហើយទោះបងប្អូនប្រុសស្រីមានបញ្ហាអ្វីក៏ដោយ ប្រសិនបើអ្នកធ្វើពុតជាយល់ និងជាអ្នកខាងវិញ្ញាណនោះ ការណ៍នេះគឺជាទង្វើល្ងង់ខ្លៅ ហើយជាទង្វើដូចគ្នានឹងពួកផារិស៊ីពុតត្បុតដែរ។ អ្នកត្រូវតែនិយាយ និងប្រព្រឹត្តដោយស្មោះត្រង់។ នៅពេលអ្នកមិនយល់ អ្នកអាចសួរអ្នកដទៃ ឬស្វែងរកការប្រកបគ្នាពីខាងលើ ពោលគឺគ្មានអ្វីគួរឱ្យអាម៉ាស់ចំពោះរឿងទាំងអស់នេះឡើយ។ ទោះបីជាអ្នកមិនសួរក៏ដោយ ក៏ខាងលើនៅតែដឹងពីកម្ពស់ពិតរបស់អ្នក ហើយនឹងដឹងថាអ្នកគ្មានតថភាពនៃសេចក្ដីពិតដែរ។ ការស្វែងរក និងការប្រកបគ្នា គឺជាអ្វីដែលអ្នកគួរតែធ្វើ។ នេះគឺជាវិចារណញ្ញាណដែលគួរតែមាននៅក្នុងភាពជាមនុស្សធម្មតា និងជាគោលការណ៍ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកាន់ខ្ជាប់។ វាមិនមែនជារឿងដែលត្រូវខ្មាសអៀននោះទេ។ នៅពេលដែលអ្នកធ្វើជាអ្នកដឹកនាំហើយ ប្រសិនបើអ្នកគិតថាគួរឱ្យខ្មាសអៀនណាស់ដែលមិនយល់ពីគោលការណ៍ ឬចេះតែសួរនាំអ្នកដទៃ ឬខាងលើ ហើយអ្នកខ្លាចអ្នកដទៃមើលងាយអ្នក ម្ល៉ោះហើយអ្នកក៏ចាប់ផ្ដើមសម្ដែង ធ្វើពុតជាយល់គ្រប់យ៉ាង ដឹងគ្រប់រឿង មានសមត្ថភាពការងារ អាចធ្វើកិច្ចការពួកជំនុំគ្រប់យ៉ាងបាន ហើយមិនត្រូវការនរណាម្នាក់រំឭក ឬប្រកបគ្នាជាមួយអ្នក ឬផ្គត់ផ្គង់ ឬគាំទ្រអ្នកទេនោះ ការណ៍នេះគឺគ្រោះថ្នាក់ណាស់ ហើយអ្នកគឺក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកហើយ ខ្វះវិចារណញ្ញាណខ្លាំងពេកហើយ។ អ្នកមិនទាំងដឹងពីកម្រិតខ្លួនឯងផង តើនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សមានគំនិតច្របូកច្របល់ទៅហើយទេ? មនុស្សបែបនេះ តាមពិតមិនឆ្លើយតបនឹងលក្ខណវិនិច្ឆ័យសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដោយដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយមិនយូរមិនឆាប់ ពួកគេនឹងត្រូវបានដកហូតតំណែង និងជម្រុះចោល។ ដូច្នេះហើយ រាល់អ្នកដឹកនាំ ឬអ្នកធ្វើការដែលទើបតែត្រូវបានដំឡើងឋានៈ គួរតែដឹងច្បាស់ថា ពួកគេគ្មានតថភាពនៃសេចក្ដីពិតទេ ពួកគេគួរតែមានការស្គាល់ខ្លួនឯងនេះ។ ឥឡូវនេះ អ្នកគឺជាអ្នកដឹកនាំ ឬអ្នកធ្វើការ មិនមែនដោយសារតែព្រះជាម្ចាស់បានតែងតាំងអ្នកនោះទេ ប៉ុន្តែដោយសារតែអ្នកត្រូវបានដំឡើងឋានៈដោយអ្នកដឹកនាំ និងអ្នកធ្វើការដទៃទៀត ឬត្រូវបានជ្រើសតាំងដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះមិនមែនមានន័យថា អ្នកមានតថភាពនៃសេចក្ដីពិត និងកម្ពស់ពិតនោះទេ។ នៅពេលអ្នកយល់ពីរឿងនេះ អ្នកនឹងមានវិចារណញ្ញាណបន្តិចបន្តួច ជាវិចារណញ្ញាណដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែមាន។ តើអ្នកយល់ហើយឬនៅ? (យល់ហើយ។) ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើកិច្ចការយ៉ាងដូចម្ដេច? តើគួរអនុវត្តការសហការចុះសម្រុងដោយរបៀបណា? នៅពេលជួបប្រទះបញ្ហា តើគួរស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយដោយរបៀបណា? រឿងទាំងនេះត្រូវតែយល់ឱ្យបានច្បាស់។ ប្រសិនបើនិស្ស័យពុករលួយត្រូវបានបង្ហាញចេញមក ចូរស្វែងរកសេចក្ដីពិត ហើយដោះស្រាយវាឱ្យបានឆាប់រហ័ស។ ប្រសិនបើវាមិនត្រូវបានដោះស្រាយឱ្យទាន់ពេលវេលា ហើយប៉ះពាល់ដល់កិច្ចការរបស់អ្នកនោះ នេះគឺជាបញ្ហាហើយ។ ប្រសិនបើអ្នកមិនសូវយល់ច្បាស់ពីចំណេះដឹងផ្នែកជំនាញ អ្នកក៏គួរតែប្រញាប់រៀនសូត្រដោយមិនបង្អង់យូរដែរ។ ដោយសារតែភារកិច្ចមួយចំនួនពាក់ព័ន្ធនឹងចំណេះដឹងផ្នែកវិជ្ជាជីវៈ ប្រសិនបើអ្នកយល់តែពីសេចក្ដីពិត ដោយមិនចេះជំនាញវិជ្ជាជីវៈណាមួយទេ នោះវាក៏នឹងប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដែរ។ យ៉ាងហោចណាស់ អ្នកត្រូវតែចេះ និងយល់ដឹងពីចំណេះដឹងផ្នែកវិជ្ជាជីវៈជាមូលដ្ឋានខ្លះៗ ដើម្បីឱ្យអ្នកអាចមានប្រសិទ្ធភាពក្នុងការតាមដាន និងដឹកនាំកិច្ចការរបស់អ្នកដទៃ។ ប្រសិនបើអ្នកស្ទាត់ជំនាញតែក្នុងវិជ្ជាជីវៈ ប៉ុន្តែមិនយល់ពីសេចក្ដីពិតទេ នោះក៏នឹងមានចំណុចខ្វះខាតនៅក្នុងកិច្ចការរបស់អ្នកដូចគ្នាដែរ ដូច្នេះអ្នកក៏នឹងត្រូវដេញតាមសេចក្តីពិត និងសហការជាមួយមនុស្សដែលយល់ពីសេចក្ដីពិត ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ។ គ្រាន់តែដោយសារតែអ្នកមានភាពស្ទាត់ជំនាញក្នុងវិជ្ជាជីវៈ ឬផ្នែកចំណេះដឹងណាមួយ វាមិនមែនមានន័យថា អ្នកអាចធ្វើកិច្ចការស្របតាមគោលការណ៍បាននោះទេ ដូច្នេះជារឿងចាំបាច់ណាស់ក្នុងការស្វែងរកការប្រកបគ្នាជាមួយមនុស្សដែលយល់ពីសេចក្ដីពិត នេះគឺជាគោលការណ៍មួយដែលអ្នករាល់គ្នាគួរតែគោរពតាម។ ទោះអ្នកធ្វើអ្វីក៏ដោយ អ្នកមិនត្រូវធ្វើពុតឡើយ។ អ្នកកំពុងស្ថិតនៅក្នុងអំឡុងពេលនៃការហ្វឹកហាត់និងបណ្ដុះបណ្ដាល ហើយអ្នកមាននិស្ស័យពុករលួយ ហើយអ្នកមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ចូរប្រាប់ខ្ញុំមក តើព្រះជាម្ចាស់ជ្រាបពីរឿងទាំងនេះទេ? (បាទ ដឹងហើយ។) ដូច្នេះ តើអ្នកមិនមើលទៅល្ងង់ខ្លៅទេឬ ប្រសិនបើអ្នកធ្វើពុតនោះ? តើអ្នករាល់គ្នាចង់ធ្វើជាមនុស្សល្ងង់ខ្លៅទេ? (ទេ យើងមិនចង់ទេ។) ប្រសិនបើអ្នកមិនចង់ធ្វើជាមនុស្សល្ងង់ខ្លៅទេ តើអ្នកគួរតែធ្វើជាមនុស្សប្រភេទណា? ចូរធ្វើជាមនុស្សដែលមានវិចារណញ្ញាណ ជាមនុស្សដែលអាចស្វែងរកសេចក្ដីពិតដោយចិត្តសុភាពរាបសា និងអាចទទួលយកសេចក្ដីពិតបាន។ កុំធ្វើពុត កុំធ្វើជាពួកផារិស៊ីមានពុត។ អ្វីដែលអ្នកដឹង គឺគ្រាន់តែជាចំណេះដឹងផ្នែកវិជ្ជាជីវៈខ្លះៗប៉ុណ្ណោះ វាមិនមែនជាគោលការណ៍សេចក្ដីពិតទេ។ អ្នកត្រូវតែរកវិធីដើម្បីប្រើប្រាស់ចំណុចខ្លាំងផ្នែកវិជ្ជាជីវៈរបស់អ្នកឱ្យបានសមរម្យ និងយកចំណេះដឹង និងការរៀនសូត្រដែលអ្នកទទួលបានមកប្រើប្រាស់ ដោយផ្អែកលើការយល់ដឹងពីគោលការណ៍សេចក្ដីពិត។ តើនេះមិនមែនជាគោលការណ៍ទេឬ? តើនេះមិនមែនជាមាគ៌ានៃការអនុវត្តទេឬ? នៅពេលដែលអ្នករៀនធ្វើបែបនេះ អ្នកនឹងមានមាគ៌ាមួយដើម្បីដើរតាម ហើយអ្នកនឹងអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន។ ទោះអ្នកធ្វើអ្វីក៏ដោយ កុំរឹងរូស ហើយកុំធ្វើពុត។ ការរឹងរូស និងការធ្វើពុត មិនមែនជារបៀបប្រព្រឹត្តប្រកបដោយវិចារណញ្ញាណនោះទេ។ ផ្ទុយទៅវិញ វាគឺជារបៀបប្រព្រឹត្តដែលល្ងង់ខ្លៅបំផុត។ មនុស្សដែលរស់នៅតាមនិស្ស័យពុករលួយរបស់ពួកគេ គឺជាមនុស្សដែលល្ងង់ខ្លៅបំផុត។ មានតែអស់អ្នកដែលស្វែងរកសេចក្ដីពិត និងចាត់ចែងកិច្ចការស្របតាមគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបជាមនុស្សឆ្លាតបំផុត។

តាមរយៈការប្រកបគ្នានេះ តើឥឡូវនេះអ្នករាល់គ្នាមានការយល់ដឹង និងទស្សនៈត្រឹមត្រូវទាក់ទងនឹងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទដោយដំណាក់របស់ព្រះជាម្ចាស់ហើយឬនៅ? (បាទ។) ដ្បិតអ្នកមានទស្សនៈត្រឹមត្រូវលើរឿងនេះហើយ តើអ្នកអាចមានឥរិយាបថត្រឹមត្រូវចំពោះមនុស្សទាំងនេះបានទេ? អ្នកត្រូវតែមានឥរិយាបថត្រឹមត្រូវចំពោះចំណុចខ្លាំងរបស់ពួកគេ ក៏ដូចជាចំណុចខ្វះខាត និងភាពខ្វះចន្លោះដែលពួកគេមានទាក់ទងនឹងភាពជាមនុស្ស កិច្ចការ វិជ្ជាជីវៈ និងទិដ្ឋភាពផ្សេងៗទៀត ពោលគឺត្រូវតែមានឥរិយាបទត្រឹមត្រូវចំពោះរឿងទាំងអស់នេះ។ លើសពីនេះទៅទៀត ទោះបីជាអ្នកត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឱ្យធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬជាបុគ្គលមានទេពកោសល្យក្នុងវិជ្ជាជីវៈផ្សេងៗក៏ដោយ ក៏អ្នកទាំងអស់គ្នាជាមនុស្សសាមញ្ញ អ្នកទាំងអស់គ្នាត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយគ្មាននរណាម្នាក់យល់ពីសេចក្ដីពិតឡើយ។ ដូច្នេះ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគួរក្លែងបន្លំ ឬបិទបាំងខ្លួនឯងឡើយ ផ្ទុយទៅវិញ អ្នកគួរតែរៀនបើកចិត្តខ្លួនឯងឱ្យទូលាយក្នុងការប្រកបគ្នា។ ប្រសិនបើអ្នកមិនយល់ នោះត្រូវទទួលស្គាល់ថាអ្នកមិនយល់។ ប្រសិនបើអ្នកមិនចេះធ្វើអ្វីមួយ នោះត្រូវទទួលស្គាល់ថាអ្នកមិនចេះធ្វើវា។ ទោះបីជាមានបញ្ហា ឬការលំបាកអ្វីកើតឡើងក៏ដោយ អ្នកគ្រប់គ្នាគួរតែប្រកបគ្នា និងស្វែងរកសេចក្ដីពិតរួមគ្នា ដើម្បីរកដំណោះស្រាយ។ នៅចំពោះមុខសេចក្ដីពិត មនុស្សគ្រប់គ្នាគឺដូចជាទារក គ្រប់គ្នាគឺក្រីក្រ គួរឱ្យអាណិត និងខ្វះខាតគ្រប់យ៉ាង។ អ្វីដែលមនុស្សត្រូវធ្វើគឺត្រូវចុះចូលនៅចំពោះមុខសេចក្ដីពិត មានចិត្តបន្ទាបខ្លួន និងស្រេកឃ្លានចង់បាន ហើយស្វែងរកនិងទទួលយកសេចក្ដីពិត រួចហើយអនុវត្តសេចក្ដីពិត និងសម្រេចចុះចូលនឹងព្រះជាម្ចាស់។ តាមរយៈការធ្វើបែបនេះ មនុស្សអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន នៅពេលបំពេញភារកិច្ចរបស់ពួកគេ និងនៅក្នុងជីវិតពិតរបស់ពួកគេ។ មនុស្សគ្រប់គ្នាគឺស្មើភាពគ្នានៅចំពោះមុខសេចក្ដីពិត។ អស់អ្នកដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល មិនមែនល្អជាងអ្នកដទៃប៉ុន្មាននោះទេ។ មនុស្សគ្រប់គ្នាបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងរយៈពេលប្រហាក់ប្រហែលគ្នា។ អស់អ្នកដែលមិនត្រូវបានដំឡើងឋានៈឬបណ្ដុះបណ្ដាល ក៏គួរតែដេញតាមសេចក្ដីពិតដែរ នៅពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ។ គ្មាននរណាម្នាក់អាចដកសិទ្ធិអ្នកដទៃក្នុងការដេញតាមសេចក្ដីពិតបានឡើយ។ មនុស្សមួយចំនួនមានចិត្តកាន់តែខ្នះខ្នែងក្នុងការដេញតាមសេចក្ដីពិត និងមានគុណសម្បត្តិខ្លះ ដូច្នេះពួកគេត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ នេះគឺដោយសារតែតម្រូវការនៃកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍បែបនេះសម្រាប់ការដំឡើងឋានៈនិងប្រើប្រាស់មនុស្ស? ដោយសារតែមានភាពខុសប្លែកគ្នានៅក្នុងគុណសម្បត្តិ និងចរិតលក្ខណៈរបស់មនុស្ស ហើយមនុស្សម្នាក់ៗជ្រើសរើសមាគ៌ាផ្សេងៗគ្នា នេះនាំឱ្យមានលទ្ធផលខុសៗគ្នានៅក្នុងជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ អស់អ្នកដែលដេញតាមសេចក្ដីពិត ត្រូវបានសង្គ្រោះ និងក្លាយជារាស្ដ្រនៃនគរព្រះ រីឯអស់អ្នកដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ មិនស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ត្រូវបានជម្រុះចោល។ ដំណាក់របស់ព្រះជាម្ចាស់បណ្ដុះបណ្ដាល និងប្រើប្រាស់មនុស្សដោយផ្អែកលើថាតើពួកគេដេញតាមសេចក្ដីពិត និងស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរឬអត់។ តើមានការបែងចែកឋានានុក្រមនៃមនុស្សផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? សម្រាប់ពេលនេះ មិនមានឋានានុក្រមទេ បើនិយាយពីមុខតំណែង តម្លៃ ឋានៈ ឬតួនាទីរបស់មនុស្សផ្សេងៗ។ យ៉ាងហោចណាស់ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើការដើម្បីសង្គ្រោះ និងដឹកនាំមនុស្ស មិនមានភាពខុសប្លែកគ្នារវាងឋានៈ មុខតំណែង តម្លៃ ឬឋានន្តរសក្តិរបស់មនុស្សផ្សេងៗឡើយ។ រឿងតែមួយគត់ដែលខុសគ្នាគឺការបែងចែកកិច្ចការ និងតួនាទីភារកិច្ចដែលបានបំពេញ។ ជាការពិតណាស់ ក្នុងអំឡុងពេលនេះ មនុស្សមួយចំនួនត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលជាពិសេសដើម្បីធ្វើកិច្ចការពិសេសមួយចំនួន រីឯមនុស្សមួយចំនួនទៀតមិនទទួលបានឱកាសបែបនេះទេ ដោយសារហេតុផលផ្សេងៗ ដូចជាបញ្ហាគុណសម្បត្តិ ឬបរិយាកាសគ្រួសារជាដើម។ ប៉ុន្តែ តើព្រះជាម្ចាស់មិនសង្គ្រោះអស់អ្នកដែលមិនបានទទួលឱកាសបែបនេះទេឬ? វាមិនមែនដូច្នោះទេ។ តើតម្លៃ និងមុខតំណែងរបស់ពួកគេទាបជាងអ្នកដទៃឬ? មិនមែនទេ។ មនុស្សគ្រប់គ្នាគឺស្មើភាពគ្នានៅចំពោះមុខសេចក្ដីពិត មនុស្សគ្រប់គ្នាមានឱកាសដេញតាម និងទទួលបានសេចក្ដីពិត ហើយព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយយុត្តិធម៌ និងសមហេតុផល។ តើពេលណាទើបមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់នៅក្នុងមុខតំណែង តម្លៃ និងឋានៈរបស់មនុស្ស? គឺនៅពេលដែលមនុស្សមកដល់ចុងបញ្ចប់នៃមាគ៌ារបស់ពួកគេ ហើយកិច្ចការរបស់ព្រះជាម្ចាស់ទៀតសោតក៏បានបញ្ចប់ និងនៅពេលដែលមានការសន្និដ្ឋានចុងក្រោយមួយទៅលើអាកប្បកិរិយា និងទស្សនៈដែលមនុស្សម្នាក់ៗបានបង្ហាញចេញនៅក្នុងដំណើរការនៃការដេញតាមសេចក្ដីសង្គ្រោះ និងក្នុងពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជាទៅលើការបង្ហាញចេញ និងអាកប្បកិរិយាផ្សេងៗរបស់ពួកគេចំពោះព្រះជាម្ចាស់។ ពោលគឺ នៅពេលណាមានកំណត់ត្រាពេញលេញនៅក្នុងសៀវភៅកំណត់ហេតុរបស់ព្រះជាម្ចាស់ ដោយសារតែលទ្ធផលនិងគោលដៅរបស់មនុស្សខុសៗគ្នា ពេលនោះទើបមានភាពខុសប្លែកគ្នានៅក្នុងតម្លៃ មុខតំណែង និងឋានៈរបស់ពួកគេ។ ទាល់តែដល់ពេលនោះទើបអាចមើលឃើញត្រួសៗ និងវាយតម្លៃរឿងទាំងអស់នេះបានត្រឹមប្រហាក់ប្រហែល ចំណែកពេលនេះ មនុស្សគ្រប់គ្នាសុទ្ធតែដូចគ្នា។ តើអ្នកយល់ហើយឬនៅ? តើអ្នករាល់គ្នារង់ចាំថ្ងៃនោះទេ? តើអ្នកទន្ទឹងរង់ចាំវាផង ភ័យខ្លាចវាផងដែរឬទេ? អ្វីដែលអ្នកទន្ទឹងរង់ចាំនោះគឺថា នៅថ្ងៃនោះ ទីបំផុតនឹងមានលទ្ធផល ហើយទីបំផុតអ្នកនឹងទៅដល់ថ្ងៃនោះ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ ហើយអ្វីដែលអ្នកខ្លាចនោះគឺថា អ្នកមិនបានដើរលើមាគ៌ាបានត្រឹមត្រូវទេ ហើយអ្នកនឹងដួលតាមផ្លូវ បរាជ័យ ហើយលទ្ធផលចុងក្រោយគឺមិនគួរជាទីពេញចិត្ត ធ្ងន់ធ្ងរជាងអ្វីដែលអ្នកស្រមៃនិងរំពឹងទុកទៅទៀត ពោលគឺគួរឱ្យសោកសៅ ឈឺចាប់ និងខកចិត្តពិតមែន! កុំគិតវែងឆ្ងាយពេក ការគិតវែងឆ្ងាយពេកគឺមិនជាក់ស្ដែងទេ។ ដំបូងត្រូវមើលអ្វីដែលនៅចំពោះមុខអ្នក ដើរលើផ្លូវនៅក្រោមបាតជើងរបស់អ្នកឱ្យបានត្រឹមត្រូវ ធ្វើកិច្ចការនៅក្នុងដៃឱ្យបានល្អ និងបំពេញភារកិច្ចនិងការទទួលខុសត្រូវដែលព្រះជាម្ចាស់បានប្រគល់ឱ្យអ្នក។ នេះគឺជាអ្វីដែលសំខាន់បំផុត និងចាំបាច់បំផុត។ ចូរយល់ពីសេចក្ដីពិត និងគោលការណ៍សម្រាប់ការបំពេញភារកិច្ចរបស់អ្នកដែលគួរតែយល់នៅពេលនេះ ហើយប្រកបគ្នាអំពីរឿងទាំងនោះរហូតដល់វាច្បាស់ក្រឡែត ដើម្បីឱ្យអ្នកចាប់យល់យ៉ាងច្បាស់ ហើយអ្នកដឹងយ៉ាងច្បាស់លាស់និងត្រឹមត្រូវថាគោលការណ៍អ្វីខ្លះនៅក្នុងកិច្ចការទាំងអស់ដែលអ្នកធ្វើ ហើយធានាថាអ្នកមិនបំពានគោលការណ៍ ឬងាកចេញពីគោលការណ៍ ឬបង្កការបង្អាក់ឬរំខាន ឬធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ទាំងអស់នេះសុទ្ធតែជាអ្វីដែលអ្នករាល់គ្នាគួរតែចូលទៅក្នុងនៅពេលនេះ។ យើងមិនចាំបាច់និយាយអំពីរឿងអ្វីដែលនៅឆ្ងាយជាងនេះទេ ហើយក៏មិនចាំបាច់ឱ្យអ្នករាល់គ្នាសួរ ឬគិតអំពីវាដែរ។ ការគិតឆ្ងាយពេកគឺគ្មានប្រយោជន៍ទេ នោះមិនមែនជាអ្វីដែលអ្នកគួរគិតនោះទេ។ អ្នកខ្លះអាចសួរថា៖ «ហេតុអ្វីបានជាយើងមិនគួរគិតអំពីវា? ឥឡូវនេះ ស្ថានភាពគ្រោះមហន្តរាយមានសភាពធ្ងន់ធ្ងរណាស់ តើមិនមែនដល់ពេលដែលយើងត្រូវគិតអំពីរឿងនេះទេឬ?» តើដល់ពេលហើយឬ? តើការពិតដែលថាគ្រោះមហន្តរាយធ្ងន់ធ្ងរ ប៉ះពាល់ដល់ការចូលទៅក្នុងសេចក្ដីពិតរបស់អ្នកដែរឬទេ? (ទេ មិនប៉ះពាល់ទេ។) ស្ថានភាពគ្រោះមហន្តរាយមានសភាពធ្ងន់ធ្ងរណាស់ ប៉ុន្តែតើមានពេលណាដែលខ្ញុំប្រជុំ ឬទេសនាជាពិសេសអំពីគ្រោះមហន្តរាយនោះទេ? ខ្ញុំមិនដែលផ្ដោតលើបញ្ហាគ្រោះមហន្តរាយទេ ខ្ញុំតែងតែនិយាយតែពីសេចក្ដីពិត ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ពីសេចក្ដីពិត និងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយដើម្បីឱ្យអ្នករាល់គ្នាយល់ពីរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងរបៀបចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ សព្វថ្ងៃនេះ មនុស្សមួយចំនួនមិនទាំងយល់ថាអ្វីជាតថភាពនៃសេចក្ដីពិត និងអ្វីជាគោលលទ្ធិនោះទេ។ ពួកគេគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិដដែលៗ និងពាក្យសំដីទទេៗរាល់ថ្ងៃ ប៉ុន្តែពួកគេមានអារម្មណ៍ថាពួកគេបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយ។ ខ្ញុំព្រួយបារម្ភជំនួសពួកគេ ប៉ុន្តែពួកគេមិនព្រួយបារម្ភពីខ្លួនឯងសោះ។ ពួកគេនៅតែគិតអំពីរឿងឆ្ងាយៗទាំងនោះនាពេលអនាគត ការគិតអំពីរឿងទាំងនោះមិនមែនជារឿងជាក់ស្ដែងទេ។

គោលបំណងនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ មិនមែនដើម្បីប្រែក្លាយពួកគេឱ្យទៅជាមនុស្សសកម្មនោះទេ ហើយក៏មិនមែនដើម្បីរៀបចំផែនការឱ្យពួកគេក្លាយជាសសរស្តម្ភណាមួយនាពេលអនាគតដែរ ប៉ុន្តែបើប្រៀបធៀបទៅគឺ ដើម្បីផ្ដល់ឱកាសដល់មនុស្សមួយចំនួនដែលដេញតាមសេចក្ដីពិតច្រើនជាង និងឆ្លើយតបនឹងលក្ខណវិនិច្ឆ័យសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ដើម្បីបានហ្វឹកហាត់នៅក្នុងបរិយាកាសសមរម្យ និងក្រោមលក្ខខណ្ឌអំណោយផលជាងមុន។ រឿងដែលសំខាន់បំផុតនោះគឺថា ពួកគេអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ តើនេះមិនមែនជាអ្វីដែលមនុស្សគួរតែសម្រេចបានតាមរយៈការជឿលើព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាអ្វីដែលមនុស្សគួរតែទទួលបានតាមរយៈការជឿលើព្រះជាម្ចាស់ទេឬ? ដើម្បីចូលទៅក្នុងតថភាពនៃសេចក្តីពិត តើអ្វីជាចំណុចសំខាន់ដែលអ្នករាល់គ្នាគួរដេញតាមនៅពេលនេះ? តើអ្នករាល់គ្នាមានផែនការ ឬជំហានដើម្បីអនុវត្តដែរឬទេ? ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវគន្លឹះមួយដែលសាមញ្ញ ងាយស្រួល និងឆាប់រហ័ស។ និយាយដោយសាមញ្ញទៅ ការចូលទៅកាន់តថភាពនៃសេចក្តីពិត តាមពិតគឺជាការអនុវត្តសេចក្ដីពិតនោះឯង។ ដើម្បីអនុវត្តសេចក្ដីពិត ជាដំបូងចាំបាច់ត្រូវដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួនសិន។ តើអ្វីជាចំណុចចាប់ផ្ដើមដែលលឿនបំផុតសម្រាប់ការដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន? សម្រាប់អ្នករាល់គ្នា វិធីដែលសាមញ្ញបំផុត លឿនបំផុត និងគ្មានបញ្ហាច្រើនបំផុតគឺ ដំបូងត្រូវដោះស្រាយបញ្ហាបំពេញភារកិច្ចឱ្យតែរួចពីដៃ រួចដោះស្រាយនិស្ស័យពុករលួយរបស់អ្នកមួយជំហានម្ដងៗ។ តើអាចត្រូវការពេលប៉ុន្មានសម្រាប់អ្នករាល់គ្នាដើម្បីដោះស្រាយវា? តើអ្នកមានផែនការទេ? មនុស្សភាគច្រើនគ្មានផែនការទេ ពួកគេគ្រាន់តែគិតពិចារណានៅក្នុងចិត្ត ដោយមិនដឹងថាពេលណាត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការទេ។ ទោះបីជាពួកគេដឹងថាពួកគេបំពេញភារកិច្ចឱ្យតែរួចពីដៃក៏ដោយ ក៏ពួកគេមិនចាប់ផ្ដើមដោះស្រាយវា ហើយមិនមានដំណោះស្រាយជាក់លាក់ណាមួយដែរ។ ការខ្ជិលច្រអូសក្នុងការបំពេញភារកិច្ច មិនល្អិតល្អន់ គ្មានការទទួលខុសត្រូវ និងមិនយកចិត្តទុកដាក់ សរុបមក ទាំងអស់នេះគឺសុទ្ធតែជាការបង្ហាញចេញនៃការបំពេញភារកិច្ចឱ្យតែរួចពីដៃ។ ជំហានទីមួយគឺត្រូវដោះស្រាយបញ្ហាបំពេញភារកិច្ចឱ្យតែរួចពីដៃ។ ជំហានទីពីរគឺត្រូវដោះស្រាយបញ្ហានៃការប្រព្រឹត្តតាមបំណងចិត្តរបស់ខ្លួន។ ចំណែកឯរឿងផ្សេងទៀត ដូចជាការនិយាយមិនទៀងត្រង់ម្ដងម្កាល ឬការបង្ហាញចេញនូវនិស្ស័យបញ្ឆោត ឬក្រអឺតក្រទម សូមកុំខ្វល់ខ្វាយពីរឿងទាំងនោះសម្រាប់ពេលនេះ។ តើការដោះស្រាយបញ្ហាបំពេញភារកិច្ចឱ្យតែរួចពីដៃ និងការប្រព្រឹត្តតាមបំណងចិត្តខ្លួនជាមុនសិន មិនមែនជារឿងកាន់តែជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាពទេឬ? តើបញ្ហាទាំងពីរនេះមិនមែនជាបញ្ហាដែលងាយស្រួលរកឃើញបំផុតទេឬ? តើវាមិនងាយស្រួលដោះស្រាយទេឬ? (បាទ។) តើអ្នកដឹងខ្លួនទេ នៅពេលដែលអ្នកបំពេញភារកិច្ចឱ្យតែរួចពីដៃនោះ? តើអ្នកដឹងខ្លួនទេ នៅពេលដែលអ្នកគិតចង់ខ្ជិលនោះ? តើអ្នកដឹងខ្លួនទេ នៅពេលដែលអ្នកគិតចង់ប្រើល្បិច ឬមានល្បិចកល ហើយបម្រើខ្លួនឯងតាមរយៈល្បិចកលនោះ? (មែនហើយ។) ប្រសិនបើអ្នកដឹងខ្លួន នោះងាយស្រួលដោះស្រាយហើយ។ ចូរចាប់ផ្ដើមដោយដោះស្រាយបញ្ហាដែលអ្នកអាចរកឃើញបានដោយងាយ និងដែលអ្នកដឹងនៅក្នុងចិត្ត។ ការបំពេញភារកិច្ចឱ្យតែរួចពីដៃ គឺជាបញ្ហាជាក់ច្បាស់និងទូទៅ ប៉ុន្តែវាក៏ជាបញ្ហារ៉ាំរ៉ៃមួយដែលពិបាកដោះស្រាយណាស់ដែរ។ នៅពេលបំពេញភារកិច្ច មនុស្សម្នាក់ត្រូវតែរៀនយកចិត្តទុកដាក់ ម៉ត់ចត់ ល្អិតល្អន់ និងមានការទទួលខុសត្រូវ ហើយត្រូវធ្វើវាដោយភាពជាក់ស្ដែង និងមួយជំហានម្ដងៗ។ មនុស្សម្នាក់ត្រូវតែប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចនោះឱ្យបានល្អ រហូតដល់ពួកគេពេញចិត្តនឹងការអនុវត្តរបស់ពួកគេ។ ប្រសិនបើមនុស្សម្នាក់មិនយល់ពីសេចក្ដីពិតទេ ពួកគេគួរតែស្វែងរកគោលការណ៍ ហើយប្រព្រឹត្តស្របតាមគោលការណ៍ទាំងនោះ និងតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ពួកគេគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតដោយសុទ្ធចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយមិនត្រូវធ្វើវាឱ្យតែរួចពីដៃទេ។ មានតែតាមរយៈការអនុវត្តបែបនេះទេ ទើបមនុស្សម្នាក់អាចមានអារម្មណ៍សុខសាន្តនៅក្នុងចិត្ត ដោយគ្មានសតិសម្បជញ្ញៈស្ដីបន្ទោសពួកគេ។ តើការបំពេញភារកិច្ចឱ្យតែរួចពីដៃ ងាយស្រួលដោះស្រាយទេ? ដរាបណាអ្នកមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ អ្នកអាចដោះស្រាយវាបាន។ ជាដំបូង អ្នកត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំចាប់ផ្ដើមបំពេញភារកិច្ចរបស់ទូលបង្គំហើយ។ ប្រសិនបើទូលបង្គំបំពេញភារកិច្ចឱ្យតែរួចពីដៃ សូមទ្រង់ប្រៀនប្រដៅទូលបង្គំ និងស្ដីបន្ទោសទូលបង្គំក្នុងចិត្តផង។ ទូលបង្គំក៏សូមឱ្យទ្រង់ដឹកនាំទូលបង្គំឱ្យបំពេញភារកិច្ចរបស់ទូលបង្គំបានល្អ និងមិនបំពេញភារកិច្ចឱ្យតែរួចពីដៃដែរ»។ ចូរអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ ហើយមើលថាតើត្រូវចំណាយពេលយូរប៉ុនណា ដើម្បីដោះស្រាយបញ្ហាបំពេញភារកិច្ចឱ្យតែរួចពីដៃរបស់អ្នក បន្ថយសភាពធ្វើឱ្យតែរួចពីដៃរបស់អ្នក កាត់បន្ថយភាពលាយឡំនៅក្នុងភារកិច្ចរបស់អ្នក កែលម្អលទ្ធផលពិតប្រាកដរបស់អ្នក និងបង្កើនប្រសិទ្ធភាពរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើការបំពេញភារកិច្ចរបស់ខ្លួនដោយមិនឱ្យតែរួចពីដៃ ជាអ្វីដែលអ្នកអាចសម្រេចបានដោយពឹងផ្អែកលើខ្លួនឯងឬ? នៅពេលដែលអ្នកបំពេញភារកិច្ចឱ្យតែរួចពីដៃ តើអ្នកអាចគ្រប់គ្រងវាបានទេ? (វាមិនងាយស្រួលទេ។) ដូច្នេះ នោះជារឿងលំបាកហើយ។ ប្រសិនបើវាពិតជាពិបាកសម្រាប់អ្នកក្នុងការគ្រប់គ្រងរឿងនេះមែន នោះអ្នករាល់គ្នាមានបញ្ហាធំណាស់! ដូច្នេះ តើរឿងអ្វីខ្លះដែលអ្នករាល់គ្នាអាចធ្វើមិនឱ្យតែរួចពីដៃ? មនុស្សមួយចំនួនយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្វីដែលពួកគេបរិភោគ។ ប្រសិនបើអាហារមួយពេលមិនត្រូវមាត់ពួកគេទេ ពួកគេនឹងគ្មានអារម្មណ៍ល្អពេញមួយថ្ងៃ។ ស្ត្រីមួយចំនួនចូលចិត្តតុបតែងខ្លួន និងផាត់មុខ។ សរសៃសក់មួយសរសៃក៏មិនអាចគេចផុតពីការសង្កេតរបស់ពួកគេដែរ។ មនុស្សមួយចំនួនពូកែរកស៊ី។ ពួកគេគិតគូរយ៉ាងល្អិតល្អន់គ្រប់កាក់គ្រប់សេន។ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តដោយអាកប្បកិរិយាយកចិត្តទុកដាក់បែបនេះ អ្នកអាចជៀសវាងការបំពេញភារកិច្ចឱ្យតែរួចពីដៃបាន។ ជាដំបូង ចូរដោះស្រាយបញ្ហាបំពេញភារកិច្ចឱ្យតែរួចពីដៃ បន្ទាប់មក ចូរដោះស្រាយបញ្ហានៃការប្រព្រឹត្តតាមបំណងចិត្តរបស់ខ្លួន។ ការប្រព្រឹត្តតាមបំណងចិត្តរបស់ខ្លួន គឺជាបញ្ហាទូទៅមួយ ហើយវាក៏ជាបញ្ហាមួយទៀតដែលមនុស្សអាចរកឃើញនៅក្នុងខ្លួនឯងបានដោយងាយដែរ។ ដោយគ្រាន់តែឆ្លុះបញ្ចាំងខ្លួនឯងបន្តិច មនុស្សម្នាក់អាចដឹងថាពួកគេប្រព្រឹត្តតាមបំណងចិត្តរបស់ខ្លួន ដែលវាមិនស្របនឹងគោលការណ៍សេចក្ដីពិតឡើយ។ បញ្ហាដែលមនុស្សអាចដឹងបាន គឺងាយស្រួលដោះស្រាយ។ ដំបូង ចូរកំណត់ខ្លួនឯងជាមុនសិនចំពោះការដោះស្រាយបញ្ហាទាំងពីរនេះ ទីមួយគឺការដោះស្រាយបញ្ហាការធ្វើឱ្យតែរួចពីដៃ ហើយទីពីរគឺដោះស្រាយបញ្ហាការប្រព្រឹត្តតាមបំណងចិត្តរបស់ខ្លួន។ ចូរព្យាយាមប្រឹងប្រែងក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ដើម្បីសម្រេចលទ្ធផល មិនធ្វើឱ្យតែរួចពីដៃ និងមិនធ្វើសកម្មភាពដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក ឬមានភាពលាយឡំក្នុងបំណងផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងកិច្ចការអ្វីមួយដែលអ្នកធ្វើ។ នៅពេលដែលបញ្ហាទាំងពីរនេះត្រូវបានដោះស្រាយ នោះអ្នករាល់គ្នានឹងមិននៅឆ្ងាយពីការបំពេញភារកិច្ចតាមរបៀបដែលស្របតាមស្តង់ដា។ ហើយប្រសិនបើអ្នករាល់គ្នាមិនអាចដោះស្រាយបញ្ហាទាំងនេះបាន នោះអ្នករាល់គ្នាក៏នៅតែនៅឆ្ងាយពីការចុះចូលនឹងព្រះជាម្ចាស់ ឬពីការមានការគិតគូរដល់ព្រះរាជបំណងរបស់ទ្រង់ដដែល។ អ្នកពិតជាមិនទាន់ចាប់ផ្ដើមយល់ពីរឿងនេះសោះ។

យើងទើបតែបានប្រកបគ្នាអំពីលក្ខណវិនិច្ឆ័យ និងគោលបំណងនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់គ្រប់ប្រភេទ ក៏ដូចជាអំពីការយល់ដឹងនិងទស្សនៈដែលមនុស្សម្នាក់គួរតែមានទាក់ទងនឹងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទពីដំណាក់របស់ព្រះជាម្ចាស់។ ទិដ្ឋភាពមួយទៀតគឺអាកប្បកិរិយា និងរបៀបប្រព្រឹត្តដែលបុគ្គលម្នាក់គួរតែមានចំពោះមនុស្សមានទេពកោសល្យគ្រប់ប្រភេទដែលត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ ទាំងនេះគឺជាបញ្ហាមួយចំនួនដែលគួរតែត្រូវបានប្រកបគ្នានៅក្នុងចំណុចទីប្រាំមួយ។ ដូច្នេះ បន្ទាប់មក ជាពិសេសទាក់ទងនឹងចំណុចទីប្រាំមួយ ចូរយើងលាតត្រដាង និងវែកញែកថាតើអ្នកដឹកនាំក្លែងក្លាយបំពេញកិច្ចការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទដោយរបៀបណា។ នេះគឺជាខ្លឹមសារចម្បងដែលយើងនឹងប្រកបគ្នា។

អាកប្បកិរិយា និងការសម្តែងចេញរបស់អ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យគ្រប់ប្រភេទ

អ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិត ហើយក៏មិនស្វែងរកសេចក្ដីពិតដែរ។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់កិច្ចការដ៏សំខាន់នៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់គ្រប់ប្រភេទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេក៏ធ្វើឱ្យរញ៉េរញ៉ៃនិងច្របូកច្របល់ ហើយមិនអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ ដោយសារតែពួកគេមិនយល់ពីលក្ខណវិនិច្ឆ័យ រឹតតែមិនយល់ព្រះបំណងរបស់ព្រះជាម្ចាស់ទាក់ទងនឹងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ច្រើនប្រភេទ ហើយពួកគេក៏មិនយល់ពីអត្ថន័យនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ច្រើនប្រភេទដែរនោះ វាពិតជាពិបាកឱ្យពួកគេធ្វើកិច្ចការនេះឱ្យស្របតាមស្ដង់ដានិងគោលការណ៍ណាស់។ មនុស្ស «មានទេពកោសល្យ» ច្រើនប្រភេទដែលអ្នកដឹកនាំក្លែងក្លាយបណ្ដុះបណ្ដាលក្នុងពេលអនុវត្តកិច្ចការរបស់ពួកគេ គឺពិតជាមានគ្រប់បែបយ៉ាងទាំងអស់។ ជំនួសឱ្យការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអ្នកទេពកោសល្យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ច្រើនប្រភេទ អ្នកដឹកនាំក្លែងក្លាយបែរជាដំឡើងឋានៈមនុស្សដែលមិនគួរត្រូវដំឡើងឋានៈនិងបណ្ដុះបណ្ដាលទាល់តែសោះ ឱ្យបម្រើការជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយអនុញ្ញាតឱ្យមនុស្សទាំងនេះរស់នៅពឹងលើពួកជំនុំ និងខ្ជះខ្ជាយតង្វាយរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយទាំងអស់ធ្វើរឿងបែបនេះ បណ្ដាលឱ្យមនុស្សមួយចំនួនដែលដេញតាមសេចក្ដីពិត និងមានស្មារតីយុត្តិធម៌ ត្រូវគេជាន់ឈ្លី ហើយមិនត្រូវបានដំឡើងឋានៈនិងប្រើប្រាស់ឡើយ។ ផ្ទុយទៅវិញ អស់អ្នកដែលជាមនុស្សគ្មានបានការ បែរជាក្លាយជាមនុស្សមានទេពកោសល្យសន្មត នៅក្នុងកែវភ្នែករបស់អ្នកដឹកនាំក្លែងក្លាយទាំងនេះទៅវិញ ហើយត្រូវបានពួកគេដំឡើងឋានៈនិងបណ្ដុះបណ្ដាល។ ដូច្នេះ តើអ្វីទៅជាការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយនៅពេលធ្វើកិច្ចការនេះ? ឧទាហរណ៍ ឧបមាថា ដោយសារតែតម្រូវការនៃកិច្ចការរបស់ខ្លួន ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែស្វែងរកមនុស្សមួយចំនួនដើម្បីចាត់ចែងកិច្ចការខាងក្រៅ។ ដូច្នេះ តើគួរតែស្វែងរកមនុស្សប្រភេទណា? ខ្ញុំទើបតែបានរៀបរាប់លក្ខណវិនិច្ឆ័យមួយចំនួនដូចជា មានសមត្ថភាពការងារ អាចបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ និងអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បាន។ តើអ្នកដឹកនាំក្លែងក្លាយដឹងពីគោលការណ៍ទាំងនេះទេ? ច្បាស់ណាស់ ពួកគេមិនដឹងទេ ដូច្នេះ តើពួកគេស្វែងរកមនុស្សដើម្បីចាត់ចែងកិច្ចការខាងក្រៅដោយរបៀបណា? ពួកគេគិតក្នុងចិត្តថា៖ «តើនរណាអាចចាត់ចែងកិច្ចការខាងក្រៅបាន? បងស្រីម្នាក់មានប្រាជ្ញាវាងវៃ មានប្រតិកម្មរហ័ស ពូកែនិយាយ និងចេះដោះស្រាយជាមួយមនុស្ស។ ភ្នែករបស់គាត់ក្រឡេកចុះឡើងពោរពេញដោយល្បិចកលនៅពេលគាត់និយាយ ហើយមនុស្សធម្មតាមិនអាចយល់ពីគាត់បានទេ។ គាត់ប្រហែលជាមិនសូវសមជាអ្នកដឹកនាំពួកជំនុំទេ ប៉ុន្តែគាត់អាចនឹងពូកែចាត់ចែងកិច្ចការខាងក្រៅ ដូច្នេះខ្ញុំនឹងជ្រើសរើសគាត់។ គ្រាន់តែថាកម្រិតការសិក្សារបស់គាត់ទាបបន្តិច ខ្ញុំបារម្ភថាអ្នកមិនជឿនឹងមើលងាយគាត់ ដូច្នេះខ្ញុំនឹងរកនិស្សិតបញ្ចប់សាកលវិទ្យាល័យម្នាក់ ដែលធ្លាប់ធ្វើជាប្រធានសមាគមនិស្សិត មកសហការជាមួយគាត់។ មនុស្សម្នាក់នេះឆ្លាតគួរសម ប៉ុន្តែមានបទពិសោធក្នុងសង្គមតិច ហើយក៏មិនស្គាល់ពិភពខាងក្រៅច្រើននោះដែរ ដូច្នេះគាត់អាចរៀនសូត្រពីដៃគូរបស់គាត់បាន។ ក្នុងចំណោមមនុស្សពីរនាក់នេះ ម្នាក់មានកម្រិតការសិក្សាទាប និងម្នាក់ទៀតមានការសិក្សាខ្ពស់ ម្នាក់មានបទពិសោធក្នុងសង្គម និងម្នាក់ទៀតគ្មានបទពិសោធ ដូច្នេះ ពួកគេស័ក្តិសមនឹងសហការគ្នាណាស់ មែនទេ?» ម្នាក់ពូកែវោហារស័ព្ទ ពូកែនិយាយ មានប្រាជ្ញាវាងវៃ និងជាមនុស្សពូកែចុះចំណោមក្នុងសង្គម។ រាល់ពេលដែលគាត់ប្រាស្រ័យទាក់ទងជាមួយអ្នកគ្មានជំនឿ ពួកគេមិនអាចសម្គាល់ដឹងថាគាត់ជាអ្នកជឿបានទេ។ ម្នាក់ទៀតមានការសិក្សាខ្ពស់ និងមានឋានៈក្នុងសង្គម។ រាល់ពេលដែលគាត់ប្រាស្រ័យទាក់ទងជាមួយអ្នកគ្មានជំនឿ ពួកគេមិនមើលងាយគាត់ឡើយ។ តើអ្នកគិតយ៉ាងណាចំពោះគោលការណ៍ទាំងពីរនេះ ដែលអ្នកដឹកនាំក្លែងក្លាយជ្រើសរើសមនុស្ស? អ្នកដឹកនាំក្លែងក្លាយជឿថា ដរាបណានរណាម្នាក់ពូកែវោហារស័ព្ទ មានប្រាជ្ញាវាងវៃ និងមានប្រតិកម្មរហ័ស ពួកគេអាចចាត់ចែងកិច្ចការទូទៅសម្រាប់ដំណាក់របស់ព្រះជាម្ចាស់បាន។ តើនេះជាវិធីសមរម្យដើម្បីជ្រើសរើសមនុស្សទេ? (ទេ។) តើវាមិនសមរម្យត្រង់ណា? (មនុស្សបែបនេះជាញឹកញាប់មានល្បិចកលណាស់។ ទោះបីជាពួកគេអាចប្រើទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ជាមួយអ្នកដទៃ និងរលូនក្នុងការទាក់ទងនឹងមនុស្សក៏ដោយ ក៏ពួកគេប្រហែលជាមិនអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បានដែរ។) ត្រូវហើយ។ រឿងដែលសំខាន់បំផុតនោះគឺថា ទោះបីជាមនុស្សម្នាក់ចាត់ចែងកិច្ចការអ្វីសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ យ៉ាងហោចណាស់ពួកគេត្រូវតែទៀងត្រង់ និងអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បាន។ តើការមានអណ្ដាតគន្លាស់ និងអាចនិយាយរហូតដល់មនុស្សស្លាប់រស់ឡើងវិញបាន មានន័យថាពួកគេអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បានទេ? តើការមានប្រាជ្ញាវាងវៃ ពូកែវោហារស័ព្ទ និងពូកែនិយាយ មានន័យថាពួកគេអាចការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់បានទេ? (ទេ មិនមែនទេ។) ទោះបីជាពួកគេស្បថស្បែក៏ដោយ ក៏គ្មានប្រយោជន៍ដែរ ហើយរឹងរឹតតែគ្មានន័យអ្វីទៀត ប្រសិនបើអ្នកដាក់ការទាមទារលើពួកគេ។ ពួកគេត្រូវតែមានចរិតលក្ខណៈនោះ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនស៊ើបអង្កេតរឿងទាំងនេះទេ ពួកគេគ្រាន់តែមើលថាតើនរណាមានបទពិសោធក្នុងសង្គម នរណាមានល្បិចកល វាងវៃ ពូកែវោហារស័ព្ទ និងពូកែនិយាយ នរណាចេះសម្របតាមកាលៈទេសៈ ហើយនរណាដូច សត្វបង្គួយខាមីលៀន និងជាមនុស្សពូកែចុះចំណោមក្នុងសង្គម។ ពួកគេគិតថាមនុស្សបែបនេះអាចចាត់ចែងកិច្ចការទូទៅនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ តើនេះមិនមែនជាកំហុសទេឬ? នេះគឺជាកំហុសមួយបើនិយាយពីគោលការណ៍និងស្ដង់ដាសម្រាប់ការជ្រើសរើសមនុស្ស។ ការពិតគឺថា មនុស្សប្រភេទនេះមានអណ្ដាតចេះតែគន្លាស់ប៉ុណ្ណោះ៖ ទោះបីជាពួកគេប្រាស្រ័យទាក់ទងជាមួយនរណាក៏ដោយ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយគឺជាការកុហក ហើយពួកគេមិនអាចផ្លាស់ប្ដូរបានទេ ទោះបីជាពួកគេស្បថស្បែប៉ុន្មានដងក៏ដោយ។ នៅពេលធ្វើកិច្ចការ ពួកគេការពារតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយជាពិសេសនៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ ពួកគេការពារខ្លួនឯងជាមុនសិន ហើយមិនដែលគិតពីផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ម្ដងណាឡើយ។ ដរាបណាពួកគេមានទំនាក់ទំនងល្អជាមួយអ្នកមិនជឿ នោះគឺគ្រប់គ្រាន់សម្រាប់ពួកគេហើយ។ ចំណែកផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ត្រូវបានខូចខាតឬអត់ ពួកគេមិនខ្វល់ឡើយ។ សុវត្ថិភាពរបស់បងប្អូនប្រុសស្រីក៏មិនមែនជារឿងដែលពួកគេយកមកពិចារណាដែរ ហើយពួកគេក៏មិនខ្វល់ថាតើព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើឱ្យអាប់មុខដែរឬអត់នោះទេ ពួកគេគ្រាន់តែមើលថែតែប្រយោជន៍ផ្ទាល់ប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សប្រភេទនេះទេ ហើយគិតថាពួកគេស័ក្តិសមបំផុតក្នុងការចាត់ចែងកិច្ចការខាងក្រៅសម្រាប់ដំណាក់របស់ព្រះជាម្ចាស់។ តើនេះមិនមែនជាការល្ងង់ខ្លៅទេឬ? ពួកគេលក់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនទាំងដឹងផង ហើយថែមទាំងប្រគល់ភារកិច្ចសំខាន់ៗឱ្យពួកគេ និងពឹងផ្អែកលើពួកគេគ្រប់យ៉ាងទៀតផង។ តើនេះមិនមែនជាភាពល្ងង់ខ្លៅបំផុតទេឬ? តើមនុស្សដែលពូកែវោហារស័ព្ទ ពូកែនិយាយ និងវាងវៃ ជាមនុស្សដែលមានចេតនាទៀងត្រង់ដែរឬទេ? ប្រសិនបើអ្នកមិនធ្លាប់ទាក់ទងជាមួយពួកគេ ឬសង្កេតមើលពួកគេដោយប្រុងប្រយ័ត្នទេ អ្នកនឹងមិនដឹងឡើយ។ នៅពេលដែលអ្នកទាក់ទង និងចាត់ចែងកិច្ចការជាមួយពួកគេ ចូរគ្រាន់តែមើលថាតើអ្វីដែលពួកគេនិយាយស្របនឹងអ្វីដែលពួកគេធ្វើដែរឬទេ។ រឿងនេះអាចសាកល្បងតាមរយៈព្រឹត្តិការណ៍មួយ។ ឧទាហរណ៍ ឧបមាថាអ្នកកំពុងរើរបស់របរ។ នៅពេលដែលពួកគេឃើញបែបនេះ ពួកគេនឹងមិនជួយអ្នកទេ។ ទាល់តែអ្នកធ្វើការរួចរាល់ ទើបពួកគេមករួចនិយាយថា៖ «ហេតុអ្វីបានជាអ្នកធ្វើការងារហត់នឿយបែបនេះតែម្នាក់ឯង? ម្ល៉េះសមខ្ញុំបានជួយអ្នកហើយ ទោះបីជាខ្ញុំរវល់យ៉ាងណាក៏ដោយ ឱ្យតែអ្នកបានប្រាប់ខ្ញុំ។ អ្នកមើលទៅហត់នឿយណាស់។ ចាំខ្ញុំចម្អិនអាហារឱ្យអ្នកពេលក្រោយ អ្នកមិនចាំបាច់ធ្វើវានៅថ្ងៃនេះទេ»។ បន្ទាប់ពីនិយាយដូច្នេះហើយ ពួកគេក៏ទៅបាត់។ អ្នកហត់នឿយខ្លាំងណាស់ ប៉ុន្តែអ្នកនៅតែត្រូវចម្អិនអាហារ។ បន្ទាប់មក នៅពេលដែលអ្នកចម្អិនអាហាររួច ពួកគេក៏មកបរិភោគរួច ថែមទាំងនិយាយថា៖ «ហេតុអ្វីបានជាអ្នកមិនហៅខ្ញុំ នៅពេលដែលអ្នកជិតចាប់ផ្ដើមចម្អិនអាហារ? អ្នកហត់នឿយខ្លាំងណាស់ ប៉ុន្តែអ្នកនៅតែចម្អិនអាហារឱ្យខ្ញុំ ម្តេចនឹងសមទៅ? ដោយសារតែអ្នកធ្វើវារួច ខ្ញុំនឹងបរិភោគវា។ ចាំខ្ញុំចម្អិនអាហារពេលក្រោយ ហើយហៅខ្ញុំ រាល់ពេលដែលអ្នកមានការងារអ្វីដែលត្រូវធ្វើនាពេលខាងមុខ»។ ព្រឹត្តិការណ៍តែមួយនេះគឺគ្រប់គ្រាន់ក្នុងការមើលធ្លុះពួកគេ។ ពួកគេពូកែនិយាយណាស់ វាងវៃ និងចេះនិយាយ។ ពួកគេចេះរបៀបសម្ដែងឱ្យសមនឹងកាលៈទេសៈ ហើយអ្វីដែលពួកគេតែងតែធ្វើគឺនិយាយតែរឿងល្អៗ ដោយមិនដែលធ្វើការងារពិតប្រាកដណាមួយឡើយ។ តើមនុស្សបែបនេះទុកចិត្តបានទេ? ប្រសិនបើអ្នកស្នើឱ្យពួកគេចាត់ចែងកិច្ចការទូទៅរបស់ដំណាក់របស់ព្រះជាម្ចាស់ តើពួកគេអាចការពារផលប្រយោជន៍ដំណាក់ព្រះបានទេ? តើពួកគេអាចរក្សាកេរ្តិ៍ឈ្មោះរបស់ពួកជំនុំ និងការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រីបានទេ? (ទេ។) តើទ្រព្យសម្បត្តិរបស់ដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍ដំណាក់ព្រះទាំងអស់ជាអាទិភាពទីមួយរបស់ពួកគេទេ? មិនដូច្នោះទាល់តែសោះ។ ភ្នែកនិងគំនិតរបស់អ្នកដឹកនាំក្លែងក្លាយគឺងងឹតងងល់ចំពោះបញ្ហាដែលងាយរកឃើញបែបនេះ ពួកគេមិនអាចមើលឃើញវាឡើយ។ ផ្ទុយទៅវិញ ពួកគេអាចនិយាយតែពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ នរណាជាទីសព្វព្រះទ័យរបស់ព្រះជាម្ចាស់ ហើយនរណាមិនជាទីសព្វព្រះទ័យរបស់ព្រះជាម្ចាស់ នរណាស្រឡាញ់សេចក្ដីពិត ហើយនរណាមិនស្រឡាញ់សេចក្ដីពិត មនុស្សប្រភេទណាដែលមានមូលដ្ឋានគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ ហើយមនុស្សប្រភេទណាដែលគ្មានមូលដ្ឋានគ្រឹះ មនុស្សប្រភេទណាដែលស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងមនុស្សប្រភេទណាដែលមិនស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺ ពួកគេនិយាយអំពីរឿងទាំងនេះដោយសមហេតុផល និងមានតក្កវិជ្ជា ហើយពួកគេមើលទៅហាក់ដូចជាយល់វាពិតប្រាកដណាស់ ប៉ុន្តែវាសុទ្ធតែជាពាក្យសម្តីទទេៗ និងគោលលទ្ធិប៉ុណ្ណោះ។ រាល់ពេលដែលគេស្នើឱ្យពួកគេញែកដឹងពីមនុស្ស ភ្នែក និងគំនិតរបស់ពួកគេគឺងងឹតងងល់។ ពួកគេមិនចេះមើលចិត្តមនុស្សឡើយ។ ទោះបីជាពួកគេប្រាស្រ័យទាក់ទងជាមួយមនុស្សប្រភេទនេះយូរប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែមិនអាចមើលធ្លុះពួកគេដែរ ហើយថែមទាំងប្រគល់ការងារសំខាន់ឱ្យពួកគេទៀតផង។

ការដែលអ្នកដឹកនាំក្លែងក្លាយប្រើប្រាស់មនុស្សខុស វាជារឿងគួរឱ្យស្អប់ខ្ពើមណាស់ទៅហើយ ចុះទម្រាំពួកគេបន្ថែមអំពើអាក្រក់លើរឿងនេះ ដោយធ្វើរឿងដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀតនោះ។ ឧទាហរណ៍ថា អ្នកដឹកនាំក្លែងក្លាយម្នាក់បានប្រើមនុស្សម្នាក់ខុស។ មនុស្សម្នាក់នេះ មិនស័ក្តិសមនឹងធ្វើជាអ្នកមើលការខុសត្រូវទាល់តែសោះ ហើយក៏មិនស្របតាមលក្ខណវិនិច្ឆ័យរបស់ដំណាក់ព្រះជាម្ចាស់សម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនៅតែទទូចចង់ប្រើគេ ហើយមិនដែលពិនិត្យមើលកិច្ចការរបស់មនុស្សនេះឡើយ ដោយជឿថា៖ «កុំសង្ស័យអ្នកដែលខ្លួនប្រើ ហើយកុំប្រើអ្នកដែលខ្លួនសង្ស័យ។ ដោយសារតែខ្ញុំបានជ្រើសរើសអ្នក និងដំឡើងឋានៈដល់អ្នក នោះអ្នកអាចធ្វើកិច្ចការនេះបានល្អ ដូច្នេះចូរធ្វើកិច្ចការនេះចុះ តាមដែលអ្នកយល់ឃើញថាសមរម្យ។ ខ្ញុំនឹងគាំទ្រអ្នក ទោះបីជាអ្នកធ្វើអ្វីក៏ដោយ ហើយគ្មានប្រយោជន៍ទេដែលអ្នកណាមកជំទាស់នឹងរឿងនេះ!» ពួកគេបានប្រើមនុស្សខុសហើយ ប៉ុន្តែពួកគេបែរជាបន្តធ្វើខុសរហូតដល់ទីបំផុតទៅវិញ ម្តេចក៏ពួកគេជឿជាក់លើខ្លួនឯងដល់ម្លឹង។ អ្នកដឹកនាំក្លែងក្លាយសុទ្ធតែជាមនុស្សខ្វាក់ភ្នែក។ ពួកគេមើលមិនឃើញបញ្ហាអ្វីទាល់តែសោះ ពួកគេមិនអាចបែងចែកបានទេថានរណាជាមនុស្សអាក្រក់ ឬជាអ្នកមិនជឿ ហើយមិនថានរណាដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ ពួកគេមិនមានការដឹងខ្លួនទាល់តែសោះពីវា ថែមទាំងចេះតែប្រគល់កិច្ចការសំខាន់ៗទៅឱ្យមនុស្សមានគំនិតច្របូកច្របល់ទៀតផង។ អ្នកដឹកនាំក្លែងក្លាយមានទំនុកចិត្តលើនរណាដែលពួកគេដំឡើងឋានៈយ៉ាងខ្លាំង ហើយចេះតែប្រគល់កិច្ចការសំខាន់ៗទៅឱ្យពួកគេ។ ជាលទ្ធផល មនុស្សទាំងនោះធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្សាយដំណឹងល្អ និងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយថែមទាំងធ្វើពុតជាមិនដឹងអ្វីទាំងអស់អំពីបញ្ហានេះ។ ខាងលើសួរពួកគេថា៖ «តើមនុស្សដែលអ្នកបានដំឡើងឋានៈនោះ ធ្វើកិច្ចការយ៉ាងម៉េចដែរ? តើពួកគេស័ក្តិសមនឹងធ្វើកិច្ចការនេះដែរឬទេ? តើពួកគេការពារកិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ដែរឬទេ? នៅពេលសំខាន់ៗ តើពួកគេនឹងការពារខ្លួនឯង ឬពួកគេនឹងការពារកិច្ចការរបស់ពួកជំនុំ?» អ្នកដឹកនាំក្លែងក្លាយទាំងនេះឆ្លើយតបថា៖ «ពួកគេបានស្បថថានឹងការពារកិច្ចការរបស់ពួកជំនុំ។ ម្យ៉ាងទៀត ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេល២០ឆ្នាំមកហើយ។ តើពួកគេអាចការពារខ្លួនឯង និងក្បត់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ដោយរបៀបណា? ពួកគេប្រហែលជានឹងការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ហើយ»។ ខាងលើឆ្លើយតបថា៖ «តើពាក្យដែលអ្នកនិយាយ ត្រឹមត្រូវដែរឬទេ? តើអ្នកបានពិនិត្យមើលកិច្ចការរបស់ពួកគេហើយឬនៅ?» អ្នកដឹកនាំក្លែងក្លាយទាំងនេះឆ្លើយតបថា៖ «ខ្ញុំមិនបានពិនិត្យមើលកិច្ចការរបស់ពួកគេទេ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេមិនឱ្យការពារផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ឱ្យពួកគេ ការពារកិច្ចការរបស់ពួកជំនុំ ហើយពួកគេក៏បានសន្យានឹងខ្ញុំ»។ តើការដែលគេសន្យានឹងអ្នក មានប្រយោជន៍អ្វីទៅ? សូម្បីតែពាក្យសម្បថដែលគេបានស្បថនៅចំពោះព្រះជាម្ចាស់ ក៏គេធ្វើមិនបានផង។ តើអ្នកគិតថា ដោយសារតែគេបានសន្យានឹងអ្នក នោះវាធានាបានហើយឬ? តើគេប្រាកដជាអាចធ្វើបានតាមអ្វីដែលគេបានសន្យាមែនឬ? ដោយសារតែអ្នកមិនបានពិនិត្យមើលកិច្ចការរបស់គេ តើអ្នកដឹងដោយរបៀបណាថា គេគឺជាមនុស្សដែលការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់នោះ? ហេតុអ្វីបានជាអ្នកជឿជាក់លើខ្លួនឯងខ្លាំងម្ល៉េះ? តើអ្នកដឹកនាំក្លែងក្លាយបែបនេះ មិនមែនជាមនុស្សចោលម្សៀតទេឬ? ការប្រើមនុស្សខុស ពួកគេបានសាងកំហុសដ៏ធំមួយរួចទៅហើយ ហើយបន្ទាប់មក ពួកគេបែរជាធ្វើឱ្យកំហុសកាន់តែធ្ងន់ធ្ងរឡើង ដោយមិនដែលសាកសួរ ស្វែងយល់ ឬពិនិត្យមើលកិច្ចការរបស់មនុស្សនេះឡើយ ហើយថែមទាំងមិនមើលការខុសត្រូវ ឬសង្កេតមើលវាទៀតផង។ អ្វីដែលពួកគេធ្វើ គឺចេះតែបណ្ដែតបណ្ដោយឱ្យមនុស្សនេះធ្វើរឿងផ្ដេសផ្ដាស និងប្រព្រឹត្តទង្វើខុសឆ្គង។ នេះហើយជារបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើកិច្ចការ។ នៅពេលណាដែលមានកិច្ចការណាមួយខ្វះមនុស្ស អ្នកដឹកនាំក្លែងក្លាយចេះតែរៀបចំឱ្យនរណាម្នាក់ទទួលខុសត្រូវលើកិច្ចការនោះដោយមិនខ្វល់ខ្វាយ រួចក៏ចប់រឿង។ ពួកគេមិនដែលពិនិត្យមើលកិច្ចការ ឬចុះទៅទីតាំងផ្ទាល់ដើម្បីទាក់ទងជាមួយមនុស្សនោះ សង្កេតមើលពួកគេ និងព្យាយាមស្វែងយល់ពីពួកគេឱ្យបានច្រើនជាងនេះឡើយ។ នៅកន្លែងខ្លះ បរិយាកាសមិនអំណោយផលក្នុងការជួប និងចំណាយពេលជាមួយមនុស្សនោះទេ ប៉ុន្តែអ្នកត្រូវសាកសួរអំពីកិច្ចការរបស់ពួកគេ ហើយស៊ើបសួរដោយប្រយោលអំពីអ្វីដែលពួកគេកំពុងធ្វើ និងរបៀបដែលពួកគេកំពុងធ្វើវា ពោលគឺអ្នកអាចសួរទៅកាន់បងប្អូនប្រុសស្រី ឬនរណាម្នាក់ដែលស្និទ្ធស្នាលនឹងពួកគេ។ តើរឿងនេះមិនអាចធ្វើបានទេឬអី? ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនទាំងខ្វល់នឹងសួរសំណួរអ្វីផង នេះគឺដោយសារតែពួកគេជឿជាក់លើខ្លួនឯងពេក។ នៅក្នុងកិច្ចការរបស់ខ្លួន ពួកគេគ្រាន់តែដឹកនាំការជួបជុំ និងអធិប្បាយអំពីគោលលទ្ធិប៉ុណ្ណោះ ហើយនៅពេលការជួបជុំចប់ ហើយកិច្ចការត្រូវបានចាត់ចែងរួចរាល់ ពួកគេមិនធ្វើអ្វីផ្សេងទៀតឡើយ ពួកគេមិនបន្តតាមដាន ឬស្វែងយល់ថាតើមនុស្សដែលពួកគេបានជ្រើសរើសនោះ អាចធ្វើកិច្ចការជាក់ស្ដែងបានឬអត់នោះទេ។ ពីដំបូង អ្នកមិនបានស្គាល់ពីបុគ្គលនោះមែន ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិ ការសម្តែងឱ្យឃើញពីខាងក្រៅ និងភាពស្វាហាប់របស់ពួកគេ អ្នកយល់ថាពួកគេស័ក្ដិសមនឹងការងារនេះ ហើយអ្នកក៏បានប្រើពួកគេ ដូច្នេះ គ្មានអ្វីខុសនោះទេ ព្រោះថាគ្មាននរណាម្នាក់ដឹងឡើយថាមនុស្សនឹងទៅជាយ៉ាងណា។ ប៉ុន្តែ បន្ទាប់ពីដំឡើងឋានៈពួកគេរួច តើអ្នកមិនគួរតាមដាននិងពិនិត្យមើលទេថាពួកគេធ្វើកិច្ចការពិតប្រាកដដែរឬអត់ ពួកគេធ្វើការដួចម្តេច ហើយពួកគេបានធ្វើការបែបបង្គ្រប់កិច្ច ពូកែគេចវេស ឬធ្វេសប្រហែសដែរឬអត់? នេះគឺពិតជាកិច្ចការដែលអ្នកគួរតែធ្វើ ប៉ុន្តែអ្នកមិនធ្វើអ្វីសោះ អ្នកគ្មានការទទួលខុសត្រូវសោះឡើយ។ អ្នកជាអ្នកដឹកនាំក្លែងក្លាយ ហើយអ្នកគួរតែត្រូវបានដកហូតតំណែង និងជម្រុះចោល។

អ្នកដឹកនាំក្លែងក្លាយបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ ពោលគឺបន្ទាប់ពីពួកគេបានដំឡើងឋានៈមនុស្សហើយ ពួកគេពន្យល់ពីកិច្ចការប្រាប់មនុស្សទាំងនោះ បន្ទាប់មកក៏អធិប្បាយពីគោលលទ្ធិបន្តិចបន្តួច និយាយពាក្យលើកទឹកចិត្តពីរបីម៉ាត់ រួចក៏បញ្ចប់តែត្រឹមហ្នឹង ដោយមិនដែលតាមដាន ឬចូលរួមក្នុងកិច្ចការជាក់លាក់ឡើយ។ ប្រសិនបើអ្នកនិយាយថា អ្នកមានគុណសម្បត្តិខ្សោយ និងខ្វះការយល់ដឹងស៊ីជម្រៅពីមនុស្ស នោះអ្នកអាចតាមដាន និងស្វែងយល់ពីរបៀបដែលកិច្ចការជាក់លាក់កំពុងដំណើរការ ហើយអ្នកអាចក្តាប់ស្ថានភាពទាំងស្រុងបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំក្លែងក្លាយមិនតាមដាន និងស្វែងយល់ថាតើកិច្ចការកំពុងដំណើរការយ៉ាងណាទាល់តែសោះ។ លើកយកការបោះពុម្ពសៀវភៅជាឧទាហរណ៍ចុះ ដែលនេះជាកិច្ចការជាក់លាក់មួយ។ អ្នកដឹកនាំក្លែងក្លាយម្នាក់បានចាត់តាំងនរណាម្នាក់ឱ្យទទួលខុសត្រូវលើកិច្ចការនេះ ប៉ុន្តែមិនបានពិនិត្យមើលគេសូម្បីតែម្ដងក្នុងរយៈពេលកន្លះឆ្នាំ។ ជាលទ្ធផល ក្រោយរយៈពេលប្រាំមួយខែមក សៀវភៅដែលបានបោះពុម្ពទាំងអស់សុទ្ធតែខូចគុណភាព គឺពិតជារញ៉េរញ៉ៃមែនទែន! អ្នកដឹកនាំក្លែងក្លាយគឺបែបនេះឯង ពួកគេមិនធ្វើកិច្ចការជាក់លាក់អ្វីទាល់តែសោះ។ តើអ្នកគួរធ្វើអ្វី ប្រសិនបើអ្នកកំពុងរៀបចំបោះពុម្ពសៀវភៅមួយក្បាល? ជាដំបូង អ្នកត្រូវចាត់ចែងអ្នកមើលការខុសត្រូវដែលសមរម្យម្នាក់ ហើយបន្ទាប់មកត្រូវមើលការខុសត្រូវ និងពិនិត្យមើលថាតើពួកគេធ្វើកិច្ចការបានល្អកម្រិតណា ហើយថាតើពួកគេអាចនឹងធ្វើឱ្យមានភាពរញ៉េរញ៉ៃដែរឬទេ។ អ្នកត្រូវតែមើលការខុសត្រូវ និងតាមដានកិច្ចការនោះ ហើយដោះស្រាយបញ្ហាដោយផ្ទាល់ ប្រសិនបើអ្នករកឃើញបញ្ហាណាមួយ មានតែការធ្វើបែបនេះទេ ទើបអាចធានាថាមិនមានបញ្ហាកើតឡើង។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនធ្វើបែបនេះទេ។ ពួកគេគិតថា ការទទួលខុសត្រូវរបស់ពួកគេ គឺគ្រាន់តែអធិប្បាយពីគោលលទ្ធិប្រាប់មនុស្ស និងធ្វើឱ្យមនុស្សយល់ពីគោលលទ្ធិប៉ុណ្ណោះ ហើយថាដរាបណាមនុស្សយល់ពីគោលលទ្ធិ បញ្ហាអាចត្រូវបានដោះស្រាយ។ ដូច្នេះ ពួកគេយកចិត្តទុកដាក់តែលើការអធិប្បាយគោលលទ្ធិ និងស្រែកពាក្យស្លោកប៉ុណ្ណោះ ហើយមិនចូលរួមក្នុងកិច្ចការជាក់លាក់ឡើយ។ ចំពោះអ្នកដឹកនាំក្លែងក្លាយ ពួកគេគិតថា ការចូលរួមក្នុងកិច្ចការជាក់លាក់មិនមែនជារឿងរបស់ពួកគេទេ ហើយវាគួរតែជារឿងរបស់អ្នកនៅក្រោមបង្គាប់របស់ពួកគេ។ ដូច្នេះ តើពួកគេខ្លួនឯងធ្វើអ្វី? ពួកគេបញ្ជាសភាពការណ៍ទាំងមូលពីខាងលើ ហើយក្លាយជាមន្ត្រីគ្មានប្រសិទ្ធភាព។ មិនថាកិច្ចការនោះជាអ្វីទេ ពួកគេមិនមានវត្តមាន ឬចូលរួមក្នុងកិច្ចការនោះឡើយ។ បន្ទាប់ពីប្រាប់មនុស្សអំពីគោលការណ៍ហើយ ប្រសិនបើគេសួរអំពីបញ្ហាលម្អិត ឬផ្លូវអនុវត្តជាក់លាក់ ពួកគេនឹងនិយាយថា៖ «កិច្ចការជាក់លាក់គឺអាស្រ័យលើអ្នករាល់គ្នា ខ្ញុំមិនយល់អំពីរឿងទាំងនេះទេ»។ ដូច្នេះ ពួកគេមិនដឹងថាអ្នកនៅក្រោមបង្គាប់ពួកគេធ្វើកិច្ចការដោយរបៀបណានោះទេ។ អ្នកដឹកនាំក្លែងក្លាយ មិនដឹងរឿងទាំងអស់នេះទេថា តើអ្នកមើលការខុសត្រូវមានសមត្ថភាពអាចរ៉ាប់រងលើកិច្ចការដែរឬអត់ ឬតើភាពជាមនុស្សរបស់ពួកគេបែបណាដែរ ឬតើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬអត់ ឬតើពួកគេមានទំនួលខុសត្រូវ បំពេញភារកិច្ចរបស់ខ្លួនដែរឬអត់ ឬតើពួកគេធ្វើការឱ្យតែរួចពីដៃ ឬប្រព្រឹត្តអំពើអាក្រក់តាមតែអំពើចិត្ត ឬតើមានការពន្យារកិច្ចការដែរឬអត់ ។ល។ ពួកគេបានត្រឹមតែដើរអែអង់ ដូចជាមន្ត្រីចាំកាន់តែប៊ិកមកពីពិភពដែលមិនជឿប៉ុណ្ណោះ មិនធ្វើកិច្ចការជាក់ស្តែងអ្វីឡើយ។ នៅក្នុងពួកជំនុំដែលពួកគេធ្វើការ អ្នកដឹកនាំក្លែងក្លាយមិនដឹងឡើយនៅពេលដែលអ្នកមើលការខុសត្រូវខ្លះបានធ្វើឱ្យកិច្ចការជាប់គាំង ឬនៅពេលដែលអ្នកមើលការខុសត្រូវខ្លះកំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ឬនៅពេលដែលអ្នកមើលការខុសត្រូវខ្លះមិនយកចិត្តទុកដាក់នឹងភារកិច្ចត្រឹមត្រូវរបស់ខ្លួន ហើយបែរជាចំណាយពេលរាល់ថ្ងៃស៊ីផឹកសប្បាយ ហើយពួកគេថែមទាំងធ្វើជាមើលមិនឃើញទៀតផង នៅពេលដែលអ្នកមើលការខុសត្រូវខ្លះមានគុណសម្បត្តិអន់ខ្សោយខ្លាំង មានការយល់ដឹងវៀចវេរ និងមិនអាចធ្វើកិច្ចការបានទាល់តែសោះ។ អ្នកដឹកនាំក្លែងក្លាយបែបនេះគឺបានតែសំបកក្រៅប៉ុណ្ណោះ ពួកគេជាអ្នកដឹកនាំតែឈ្មោះ ហើយពួកគេមិនធ្វើកិច្ចការជាសាច់ការណាមួយរបស់អ្នកដឹកនាំឡើយ។ ខាងក្រៅ អ្នកដឹកនាំក្លែងក្លាយទាំងនេះ ហាក់ដូចជាមានកិរិយាមារយាទល្អណាស់។ ពួកគេចាត់តាំងអ្នកមើលការខុសត្រូវសម្រាប់កិច្ចការនីមួយៗ កោះហៅមនុស្សទាំងនេះឱ្យជួបជុំគ្នាម្តងម្កាល ហើយចំណាយពេលដែលនៅសល់នៅមួយកន្លែងដើម្បីធ្វើការចំណាយពេលខាងវិញ្ញាណ អធិស្ឋាន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់សេចក្ដីអធិប្បាយ រៀនទំនុកបរិសុទ្ធ និងសរសេរសេចក្ដីអធិប្បាយផ្ទាល់ខ្លួន។ មានអ្នកដឹកនាំក្លែងក្លាយខ្លះ មិនទាំងចេញពីបន្ទប់ពេញមួយសប្ដាហ៍ផង។ ក៏មានអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើអ្វីសោះ ក្រៅពីដឹកនាំការជួបជុំតាមអនឡាញ មិនដែលទៅកន្លែងធ្វើការដើម្បីស្វែងយល់ពីស្ថានភាពឡើយ។ បងប្អូនប្រុសស្រីមិនឃើញពួកគេផ្ទាល់ក្នុងរយៈពេលយូរ ហើយមិនដឹងទាល់តែសោះថា បទពិសោធជីវិត ឬកម្ពស់របស់អ្នកដឹកនាំក្លែងក្លាយបែបណានោះទេ។ ក្នុងអំឡុងពេលនៃការជួបជុំ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែចាត់ចែងកិច្ចការទូទៅមួយចំនួនប៉ុណ្ណោះ ប៉ុន្តែពួកគេមិនខ្វល់ មិនសួរ និងមិនចង់ដឹងពីបញ្ហាទាំងឡាយដូចជា៖ តើអ្នកមើលការខុសត្រូវម្នាក់ៗកំពុងធ្វើអ្វីឱ្យប្រាកដ តើមនុស្សដែលពួកគេបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលសមស្របនឹងកិច្ចការដែលបានប្រគល់ឱ្យឬអត់ តើអាកប្បកិរិយារបស់មនុស្សទាំងនេះក្នុងការបំពេញភារកិច្ចរបស់ពួកគេបែបណា តើពួកគេយកចិត្តទុកដាក់ និងម៉ត់ចត់ក្នុងការងារឬអត់ តើពួកគេមានភាពអវិជ្ជមាន និងធ្វើការឱ្យតែរួចពីដៃឬអត់ តើមនុស្សទាំងនេះកំពុងដើរតាមផ្លូវត្រូវ ឬតើពួកគេជាមនុស្សដែលត្រឹមត្រូវឬអត់នោះឡើយ។ តើបញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរដែរឬទេ? (ធ្ងន់ធ្ងរ។)

ដំណាក់របស់ព្រះជាម្ចាស់ត្រូវការមនុស្សមានទេពកោសល្យមួយចំនួនដែលយល់ពីវិជ្ជាជីវៈជាក់លាក់ និងដែលមានជំនាញជាក់លាក់ ហើយដំណាក់ព្រះជាម្ចាស់នឹងបណ្ដុះបណ្ដាលមនុស្សទាំងនេះឱ្យរៀនជំនាញវិជ្ជាជីវៈទាំងនោះ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចនៅក្នុងដំណាក់ព្រះជាម្ចាស់បាន។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំក្លែងក្លាយស្វែងរកមនុស្សប្រភេទណា? ពួកគេប្រមូលយុវជនទាំងអស់ដែលធ្លាប់ចូលសាកលវិទ្យាល័យ និងបានដើរតាមឪពុកម្ដាយរបស់ខ្លួនមកជឿលើព្រះជាម្ចាស់ ហើយពួកគេសម្លឹងមើលថានរណាដែលពូកែនិយាយ និងចូលចិត្តធ្វើខ្លួនឱ្យលេចធ្លោជាងគេ រួចនិយាយទៅកាន់យុវជនទាំងនោះថា៖ «ដំណាក់ព្រះជាម្ចាស់ចង់បណ្ដុះបណ្ដាលអ្នករាល់គ្នា អ្នករាល់គ្នាគឺជាកងទ័ពបម្រុង និងជាកម្លាំងថ្មី»។ បន្ទាប់មក ពួកគេក៏ចាត់តាំងមនុស្សទាំងនេះឱ្យបំពេញភារកិច្ច។ តាមការពិតទៅ មនុស្សទាំងនេះមិនដែលបានបំពេញភារកិច្ចឡើយ ពួកគេខ្វះបទពិសោធផ្សេងៗ ហើយពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយពេញចិត្ត និងចូលចិត្តពួកគេ ដូច្នេះពួកគេក៏ចាប់ផ្ដើមបណ្ដុះបណ្ដាលមនុស្សទាំងនេះ។ ពួកគេចាត់តាំងមនុស្សទាំងនេះឱ្យបំពេញភារកិច្ច ផ្អែកលើជំនាញដែលសក្តិសមនឹងការរៀនសូត្ររបស់ពួកគេ។ ខ្លះត្រូវបានចាត់តាំងឱ្យធ្វើការងារខាងអត្ថបទ ខ្លះត្រូវបានចាត់តាំងឱ្យផលិតភាពយន្ត ខ្លះត្រូវបានចាត់តាំងឱ្យផលិតវីដេអូ និងខ្លះត្រូវបានចាត់តាំងឱ្យធ្វើជាតួសម្ដែង។ ចំពោះអ្នកដឹកនាំក្លែងក្លាយ ឱ្យតែមនុស្សទាំងនេះមានភារកិច្ចត្រូវបំពេញ នោះគឺគ្រប់គ្រាន់ហើយ។ អ្នកដឹកនាំក្លែងក្លាយមិនស្រាវជ្រាវថាតើមនុស្សទាំងនេះស្រឡាញ់សេចក្ដីពិត ឬតើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ ហើយក៏មិនពិនិត្យមើលថាតើមនុស្សទាំងនេះកំពុងដេញតាមអ្វី ឬតើគោលដៅរបស់ពួកគេជាអ្វីនោះទេ។ នៅទីបញ្ចប់ តើមានរឿងអ្វីកើតឡើង? មនុស្សទាំងនោះមួយចំនួនត្រូវបានជម្រុះចោល។ នេះគឺដោយសារតែពួកគេជាមនុស្សដែលបណ្តោយខ្លូន និងមិនចេះទប់ចិត្ត ហើយពួកគេដេញតាមនិន្នាការលោកិយ ចំណាយពេលរាល់ថ្ងៃតែងខ្លួន និងចែចង់គ្នាផ្ដេសផ្ដាសជាមួយអ្នកដទៃ ព្រមទាំងគ្មានច្បាប់ទម្លាប់ ឬគ្មានកិរិយាមារយាទអ្វីទាល់តែសោះ ដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ពួកគេគឺជាអ្នកមិនជឿ និងជាអ្នកគ្មានជំនឿ។ ពួកគេមិនយកចិត្តទុកដាក់នឹងការងារត្រឹមត្រូវរបស់ខ្លួនឡើយ ពេលកំពុងបំពេញភារកិច្ច ហើយពួកគេធ្វើអ្វីៗគ្រប់យ៉ាងឱ្យតែរួចពីដៃ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមើលមិនឃើញរឿងនេះទាល់តែសោះ។ តើអ្នកដឹកនាំក្លែងក្លាយមិនមែនជាមនុស្សខ្វាក់ភ្នែកទេឬអី? (មែនហើយ។) តើអ្វីទៅដែលបណ្ដាលឱ្យពួកគេខ្វាក់ភ្នែកបែបនេះ? តើវាមិនមែនដោយសារតែអ្នកដឹកនាំក្លែងក្លាយខ្វាក់ប្រាជ្ញាទេឬអី? ការខ្វាក់ភ្នែក និងការខ្វាក់ប្រាជ្ញា គឺជាលក្ខណៈពីររបស់អ្នកដឹកនាំក្លែងក្លាយ។ ទោះបីជាភ្នែករបស់ពួកគេបើកធំៗក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនអាចយល់អ្វី ឬមើលធ្លុះនរណាម្នាក់ឡើយ ពោលគឺភ្នែករបស់ពួកគេខ្វាក់។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគ្មានការញែកដឹង ឬទស្សនៈចំពោះនរណាម្នាក់ ឬអ្វីមួយឡើយ ហើយមិនថាពួកគេឃើញអ្វីនោះទេ ពួកគេគ្មានសមត្ថភាពក្នុងការវែកញែកត្រូវខុសឡើយ ហើយពួកគេគ្មានអាកប្បកិរិយា គ្មានមតិយោបល់ និងគ្មានការកំណត់និយមន័យ ដូច្នេះហើយ នេះគឺជាករណីដ៏ធ្ងន់ធ្ងរនៃការខ្វាក់ប្រាជ្ញា។ អ្នកដឹកនាំក្លែងក្លាយសុទ្ធតែជាមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងឧស្សាហ៍ស្ដាប់ការអធិប្បាយ ដូច្នេះហេតុអ្វីបានជាពួកគេមិនអាចកំណត់អត្តសញ្ញាណអ្នកមិនជឿទាំងនោះបាន? នេះគឺជាភស្តុតាងបន្ថែមទៀតដែលបញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិខ្សោយខ្លាំង ពួកគេមិនមានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតឡើយ ហើយទោះបីជាពួកគេស្ដាប់សេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ ហើយពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ពួកគេខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា ហើយពួកគេពិតជាគ្មានសមត្ថភាពក្នុងការបែងចែកមនុស្សឡើយ។ តើពួកគេអាចស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងពួកជំនុំដោយរបៀបណា? ពួកគេជឿថា អ្នកដែលពូកែនិយាយ គឺជាបុគ្គលមានទេពកោសល្យ ហើយអ្នកដែលអាចច្រៀងនិងរាំ ក៏ជាបុគ្គលមានទេពកោសល្យដែរ។ នៅពេលដែលពួកគេឃើញមនុស្សពាក់វ៉ែនតា ឬមនុស្សដែលបានរៀននៅសាកលវិទ្យាល័យ ពួកគេគិតថាមនុស្សទាំងនោះថាជាបុគ្គលមានទេពកោសល្យ ហើយនៅពេលដែលពួកគេឃើញមនុស្សមានឋានៈក្នុងសង្គម មនុស្សមានទ្រព្យសម្បត្តិ មនុស្សដែលចេះធ្វើជំនួញនិងប្រព្រឹត្តអំពើបោកប្រាស់ និងមនុស្សដែលធ្វើការងារសំខាន់ៗចំនួននៅក្នុងសង្គម អ្នកដឹកនាំក្លែងក្លាយគិតថា ពួកគេគឺជាបុគ្គលមានទេពកោសល្យ។ ពួកគេជឿថា ដំណាក់ព្រះជាម្ចាស់គួរតែបណ្ដុះបណ្ដាលមនុស្សប្រភេទទាំងនេះ។ ពួកគេមិនមើលចរិតលក្ខណៈរបស់មនុស្សទាំងនេះ ឬថាតើជំនឿរបស់ពួកគេលើព្រះជាម្ចាស់មានមូលដ្ឋានគ្រឹះឬអត់ ហើយពួកគេកាន់តែមិនមើលអាកប្បកិរិយាដែលមនុស្សទាំងនេះប្រព្រឹត្តចំពោះព្រះជាម្ចាស់និងសេចក្ដីពិតឡើយ។ ពួកគេគ្រាន់តែមើលឋានៈសង្គម និងប្រវត្តិរូបរបស់មនុស្សប៉ុណ្ណោះ។ ការដែលអ្នកដឹកនាំក្លែងក្លាយមើលមនុស្សនិងអ្វីៗបែបនេះ តើមិនមែនជារឿងខុសទំនងទេឬ? អ្នកដឹកនាំក្លែងក្លាយមើលមនុស្សនិងអ្វីៗដូចគ្នានឹងអ្នកគ្មានជំនឿដែរ ទស្សនៈរបស់ពួកគេគឺជាទស្សនៈដែលអ្នកគ្មានជំនឿមានចំពោះរឿងរ៉ាវ។ នេះគឺគ្រប់គ្រាន់បញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយមិនមែនជាមនុស្សដែលស្រឡាញ់និងយល់សេចក្ដីពិតឡើយ ហើយពួកគេគ្មានការញែកដឹងទាល់តែសោះ។ តើពួកគេមិនមែនរាក់កំផែលខ្លាំងណាស់ទេឬ? ពួកគេពិតជាខ្វាក់មែន ខ្វាក់ខ្លាំងណាស់!

កាលពីមុន ខ្ញុំបានជួបអ្នកដឹកនាំក្លែងក្លាយម្នាក់ដែលតែងតែនិយាយ និងសើចនៅពេលដែលខ្ញុំជជែកជាមួយគេ ប៉ុន្តែនៅពេលដែលខ្ញុំសួរគេអំពីកិច្ចការ រំពេចនោះគេក៏សម្លឹងមើលទៅណាក៏មិនដឹង ទាំងស្ពឹកស្រពន់និងមិនដឹងអី ហើយមិនឆ្លើយតបចំពោះអ្វីដែលខ្ញុំបាននិយាយទៅកាន់គេឡើយ។ មនុស្សម្នាក់នេះមានគុណសម្បត្តិខ្សោយពេក ដែលមិនអាចឱ្យគេប្រើប្រាស់បានឡើយ។ គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយ គេមិនយល់ពីអ្វីដែលខ្ញុំបានប្រាប់គេ ហើយមិនអាចអនុវត្តតាមឡើយ។ មិនថាខ្ញុំបាននិយាយជាមួយគេអំពីអ្វីក៏ដោយ គេតែងតែនិយាយថា៖ «ខ្ញុំបានដឹកនាំការជួបជុំ ហើយខ្ញុំបានពិនិត្យមើលកិច្ចការកាលពីប៉ុន្មានថ្ងៃមុន»។ ខ្ញុំបាននិយាយថា៖ «តើអ្នកគ្មានកិច្ចការអ្វីផ្សេងក្រៅពីដឹកនាំការជួបជុំទេឬ? មានកិច្ចការជាច្រើនដែលត្រូវធ្វើនៅក្នុងពួកជំនុំ ហេតុអ្វីបានជាអ្នកមិនរកអ្វីផ្សេងទៀតធ្វើ?» គេបាននិយាយថា៖ «តើការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ មិនមែនគ្រាន់តែទាក់ទងនឹងការដឹកនាំការជួបជុំទេឬ? គ្មានអ្វីដែលត្រូវធ្វើក្រៅពីដឹកនាំការជួបជុំនោះទេ ខ្ញុំមិនចេះធ្វើអ្វីផ្សេងទៀតឡើយ!» នេះបង្ហាញថា គេត្រូវបានកំណត់ឱ្យក្លាយជាអ្នកដឹកនាំក្លែងក្លាយរួចទៅហើយ នៅពេលដែលគេទទួលយកតួនាទីនោះ ហើយគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានឡើយ ព្រោះគុណសម្បត្តិរបស់គេខ្សោយខ្លាំងពេក! គុណសម្បត្តិខ្សោយខ្លាំងពេក នាំឱ្យខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា។ តើការខ្វាក់ភ្នែកមានន័យដូចម្តេច? វាមានន័យថា មិនថាមនុស្សម្នាក់ឃើញអ្វីនោះទេ ពួកគេមិនអាចមើលឃើញបញ្ហាជាក់លាក់បានឡើយ ដូច្នេះភ្នែករបស់ពួកគេគ្មានប្រយោជន៍អ្វីនោះទេ។ តើការខ្វាក់ប្រាជ្ញាមានន័យដូចម្តេច? វាមានន័យថា មិនថារឿងអ្វីកើតឡើងនោះទេ មនុស្សម្នាក់មិនដឹង និងមើលមិនធ្លុះពីបញ្ហានៅក្នុងនោះ ហើយពួកគេមិនអាចមើលឃើញថាសារជាតិនៃបញ្ហាស្ថិតនៅត្រង់ណាឡើយ នេះហើយជាអត្ថន័យនៃការខ្វាក់ប្រាជ្ញា។ ប្រសិនបើមនុស្សម្នាក់ខ្វាក់ប្រាជ្ញា នោះពួកគេចប់ទាំងស្រុង។ អ្នកដឹកនាំក្លែងក្លាយ គឺជាមនុស្សខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញាបែបនេះឯង។ តើអ្នករាល់គ្នាគិតថាថា អ្នកដឹកនាំក្លែងក្លាយមានអារម្មណ៍អន់ចិត្តដែរឬទេ នៅពេលដែលពួកគេឮពាក្យទាំងនេះ? ពួកគេគិតថា៖ «ភ្នែករបស់ខ្ញុំធំគ្រាន់បើដែរ ប៉ុន្តែព្រះអង្គបែរជាមានព្រះបន្ទូលថាខ្ញុំខ្វាក់ភ្នែក។ ហើយខ្ញុំមានចេតនាល្អនៅក្នុងចិត្តគំនិត ប៉ុន្តែព្រះអង្គបែរជាមានព្រះបន្ទូលថាខ្ញុំខ្វាក់ប្រាជ្ញា។ តើការកំណត់និយមន័យរបស់ព្រះអង្គ មិនសូវត្រឹមត្រូវទេ មែនទេ? ហេតុអ្វីមិនគ្រាន់តែហៅខ្ញុំថាជាអ្នកដឹកនាំក្លែងក្លាយទៅ? ហេតុអ្វីបន្ថែមថា ខ្ញុំខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញាដែរនោះ?» ប្រសិនបើខ្ញុំមិនបាននិយាយបែបនោះទេ ដោយវិនិច្ឆ័យតាមគុណសម្បត្តិរបស់អ្នកដឹកនាំក្លែងក្លាយ តើពួកគេអាចដឹងថាពួកគេមានគុណសម្បត្តិខ្សោយដែរឬទេ? (ទេ ពួកគេមិនអាចដឹងទេ។) តើការនិយាយថា អ្នកដឹកនាំក្លែងក្លាយទាំងនេះខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា មិនមែនពន្យល់ពីបញ្ហានេះបានយ៉ាងល្អឥតខ្ចោះទេឬអី? ឧទាហរណ៍ ឧបមាថាមានពួកទទឹងនឹងព្រះគ្រីស្ទម្នាក់កំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួននៅក្នុងពួកជំនុំ។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «មនុស្សនេះមានសមត្ថភាពណាស់។ គេធ្លាប់ជាសាស្រ្តាចារ្យសាកលវិទ្យាល័យ ហើយគេនិយាយបានច្បាស់លាស់ មានរបៀបរៀបរយ និងពូកែនិយាយ។ លើសពីនេះទៅទៀត គេមិនចេះភ័យទេ មិនថាមានអ្នកស្ដាប់ច្រើនប៉ុនណាក៏ដោយ»។ វាច្បាស់ដូចថ្ងៃរះអ៊ីចឹងថា មនុស្សដែលពួកគេនិយាយដល់នោះគឺជាពួកផារិស៊ី ដែលកំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនៅតែសរសើរពួកគេ។ តើនេះមិនមែនជាការខ្វាក់ភ្នែកទេឬអី? (មែនហើយ។) ប្រសិនបើនរណាម្នាក់កំពុងច្រៀងខុសចង្វាក់ ហើយអ្នកមិនបានឮ តើអាចចាត់ទុកថាជាការខ្វាក់ភ្នែកបានដែរឬទេ? (ទេ។) នោះគឺជាបញ្ហាវិជ្ជាជីវៈ មិនមែនជាបញ្ហាគុណសម្បត្តិនោះទេ។ ប៉ុន្តែបន្ទាប់ពីពួកគេបានស្ដាប់សេចក្ដីពិតជាច្រើនរួចមក អ្នកដឹកនាំក្លែងក្លាយមិនទាំងអាចបែងចែកបានថាពួកទទឹងនឹងព្រះគ្រីស្ទជាអ្វីផង ហើយពួកគេមិនអាចបែងចែកបានទេថាតើភាពជាមនុស្សរបស់បុគ្គលម្នាក់ល្អឬអាក្រក់ ឬតើនរណាម្នាក់ជាបេក្ខជនសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលពីដំណាក់ព្រះជាម្ចាស់ ឬតើនរណាម្នាក់ជាអ្នកមិនជឿ ឬតើមនុស្សនោះជឿលើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តដែរឬអត់ ហើយពួកគេមិនអាចបែងចែកបានទេថាតើនរណាម្នាក់ស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនផងនោះ ដូច្នេះតើពួកគេទទួលបានអ្វីខ្លះពីការស្ដាប់ការអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ? ពួកគេមិនទទួលបានសេចក្ដីពិតអ្វីឡើយ ដែលមានន័យថា ពួកគេគឺជាពួកខ្វាក់ល្ងីល្ងើ។ នេះហើយជាកម្រិតនៃភាពខ្វាក់របស់អ្នកដឹកនាំក្លែងក្លាយ។ ពួកគេជឿថា ការងារចម្បងរបស់អ្នកដឹកនាំគឺត្រូវចេះអធិប្បាយ និងត្រូវអធិប្បាយឱ្យបានពីរឬបីម៉ោង ហើយថាដរាបណាពួកគេអាចនិយាយពីពាក្យពេចន៍និងគោលលទ្ធិ អាចស្រែកពាក្យស្លោក និងបំផុសគំនិតមនុស្ស នោះពួកគេស្របតាមស្តង់ដាក្នុងនាមជាអ្នកដឹកនាំហើយ ពួកគេអាចរ៉ាប់រងកិច្ចការ ពួកគេមានតថភាពនៃសេចក្ដីពិត ហើយព្រះជាម្ចាស់ពេញព្រះទ័យនឹងពួកគេ។ តើនេះគឺជាតក្កវិជ្ជាប្រភេទណាទៅ? ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិត និងមានគុណសម្បត្តិខ្សោយពេក ព្រមទាំងខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា ពួកគេគ្មានសមត្ថភាពទាល់តែសោះក្នុងការបែងចែកមនុស្សប្រភេទផ្សេងៗ ហើយមិនអាចមើលធ្លុះមនុស្សប្រភេទផ្សេងៗឡើយ។ ដូច្នេះ តើពួកគេអាចប្រើប្រាស់មនុស្សប្រភេទផ្សេងៗបានសមហេតុផលបានដែរឬទេ? (ទេ។) ពួកគេមានយុទ្ធសាស្ត្រតែមួយគត់៖ អ្នកដែលធ្លាប់ធ្វើជាគ្រូបង្រៀន ត្រូវបានចាត់តាំងឱ្យអធិប្បាយ អ្នកដែលធ្លាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មបរទេស ត្រូវបានចាត់តាំងឱ្យចាត់ចែងកិច្ចការទូទៅ អ្នកដែលអាចនិយាយភាសាអង់គ្លេសបាន ត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកបកប្រែ ហើយអ្នកណាដែលពូកែនិយាយ និងមុខក្រាស់ ត្រូវបានចាត់តាំងឱ្យផ្សាយដំណឹងល្អ។ អ្នកដែលកំសាក ត្រូវបានចាត់តាំងឱ្យសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ នៅឯផ្ទះ អ្នកដែលហ៊ាននិងចូលចិត្តសម្ដែង ត្រូវបានតែងតាំងជាតួសម្ដែង ហើយអ្នកដែលចង់ធ្វើជាមន្ត្រី ត្រូវបានតែងតាំងជាអ្នកដឹកនាំ ឬនាយក។ នេះហើយជារបៀបដែលអ្នកដឹកនាំក្លែងក្លាយប្រើប្រាស់មនុស្ស គ្មានគោលការណ៍អ្វីទាល់តែសោះ។

នៅក្នុងវិសាលភាពការងារដែលអ្នកដឹកនាំក្លែងក្លាយទទួលខុសត្រូវ ជារឿយៗមានមនុស្សមួយចំនួនដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ និងបំពេញតាមលក្ខណវិនិច្ឆ័យសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល តែបែរជាត្រូវបានកប់បាត់ទៅវិញ។ មនុស្សទាំងនេះ ខ្លះផ្សាយដំណឹងល្អ ហើយខ្លះត្រូវបានចាត់តាំងឱ្យធ្វើភារកិច្ចរៀបចំទទួលភ្ញៀវ។ ការពិតគឺថា ពួកគេសុទ្ធតែមានគុណសម្បត្តិ និងយល់សេចក្ដីពិតខ្លះៗ ហើយស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាលជាអ្នកដឹកនាំ និងអ្នកធ្វើការ គ្រាន់តែថាពួកគេមិនចូលចិត្តអួតបង្ហាញខ្លួន ឬធ្វើខ្លួនឱ្យលេចធ្លោជាងគេប៉ុណ្ណោះ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនអើពើនឹងមនុស្សទាំងនេះទាល់តែសោះ។ ពួកគេមិនទាក់ទងជាមួយ ឬសាកសួរអំពីមនុស្សទាំងនេះឡើយ ហើយពួកគេមិនដែលបណ្ដុះបណ្ដាលបុគ្គលមានទេពកោសល្យសម្រាប់ដំណាក់ព្រះជាម្ចាស់ឡើយ។ ពួកគេផ្តោតអារម្មណ៍តែលើការអូសទាញអស់អ្នកដែលចូលចិត្តអែបអបពួកគេប៉ុណ្ណោះ ដើម្បីបំពេញបំណងប្រាថ្នាដ៏អាត្មានិយមរបស់ខ្លួន។ ជាលទ្ធផល មនុស្សដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ មិនត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាលឡើយ ផ្ទុយទៅវិញ អ្នកដែលចូលចិត្តធ្វើខ្លួនឱ្យលេចធ្លោ អ្នកដែលពូកែនិយាយ អ្នកដែលចេះអែបអបគេ និងអ្នកដែលចូលចិត្តកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ បែរជាត្រូវបានដំឡើងឋានៈទាំងអស់ ហើយសូម្បីតែអ្នកដែលធ្លាប់ធ្វើជាមន្ត្រី ជាប្រធានក្រុមហ៊ុន ឬអ្នកដែលធ្លាប់រៀនពីការគ្រប់គ្រងក្រុមហ៊ុននៅក្នុងសង្គម ក៏ត្រូវបានចាត់តាំងឱ្យកាន់តំណែងសំខាន់ៗដែរ។ មិនថាមនុស្សទាំងនោះជាអ្នកជឿពិតប្រាកដឬអត់ ឬថាតើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់នោះទេ យ៉ាងណាក៏ដោយ ពួកគេគឺជាមនុស្សដែលត្រូវបានដំឡើងតំណែង និងប្រើប្រាស់នៅក្នុងវិសាលភាពការងារដែលអ្នកដឹកនាំក្លែងក្លាយទទួលខុសត្រូវ។ តើនេះជាការប្រើប្រាស់មនុស្សស្របតាមគោលការណ៍ដែរឬទេ? តើការដែលអ្នកដឹកនាំក្លែងក្លាយដំឡើងឋានៈតែមនុស្សបែបនេះ មិនដូចជាសង្គមដែលមិនជឿសុទ្ធសាធទេឬអី? ក្នុងអំឡុងពេលដែលអ្នកដឹកនាំក្លែងក្លាយកំពុងធ្វើការ អ្នកដែលអាចធ្វើការជាក់ស្ដែងនៅពេលបំពេញភារកិច្ច អ្នកដែលមានស្មារតីយុត្តិធម៌ និងអ្នកដែលស្រឡាញ់សេចក្ដីពិត និងស្រឡាញ់អ្វីៗដែលវិជ្ជមាន មិនត្រូវបានដំឡើងឋានៈ ឬបណ្ដុះបណ្ដាលឡើយ ហើយពួកគេពិបាកនឹងទទួលបានឱកាសបណ្ដុះបណ្ដាលណាស់។ ផ្ទុយទៅវិញ គឺអ្នកដែលពូកែនិយាយ អ្នកដែលចូលចិត្តអួតបង្ហាញខ្លួន និងចេះអែបអបគេ ព្រមទាំងអ្នកដែលចូលចិត្តកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈទៅវិញទេ ដែលត្រូវបានចាត់តាំងឱ្យកាន់តំណែងសំខាន់ៗ។ មនុស្សទាំងនោះហាក់ដូចជាឆ្លាតគ្រាន់បើ ប៉ុន្តែតាមពិតទៅ ពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងឡើយ មានគុណសម្បត្តិអន់ខ្លាំង និងភាពជាមនុស្សមិនល្អ ពួកគេគ្មានបន្ទុកពិតប្រាកដចំពោះភារកិច្ចរបស់ខ្លួនឡើយ ហើយពួកគេមិនស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាលទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ គឺពួកគេនេះហើយដែលកាន់កាប់តំណែងជាអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំ។ លទ្ធផល កិច្ចការជាច្រើនរបស់ពួកជំនុំ មិនអាចចាប់ផ្ដើមដំណើរការយ៉ាងរលូនទាន់ពេលវេលា ឬមានភាពវិវឌ្ឍយឺត ហើយការរៀបចំកិច្ចការរបស់ ដំណាក់ព្រះជាម្ចាស់ ត្រូវការពេលយូរពេកទម្រាំនឹងអនុវត្តបាន។ ទាំងនេះគឺជាផលប៉ះពាល់ និងផលវិបាកដែលត្រូវបានបង្កឡើងទៅលើកិច្ចការរបស់ពួកជំនុំ ដោយការដែលអ្នកដឹកនាំក្លែងក្លាយប្រើប្រាស់មនុស្សមិនបានត្រឹមត្រូវ។

អ្នកដឹកនាំក្លែងក្លាយភាគច្រើនមានគុណសម្បត្តិខ្សោយ។ ទោះបីជាពួកគេហាក់ដូចជាពូកែនិយាយក៏ដោយ ប៉ុន្តែពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ រហូតដល់ថ្នាក់ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ពួកគេខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា ពួកគេមិនអាចមើលធ្លុះបញ្ហាអ្វីឡើយ ហើយមិនយល់ពីសេចក្ដីពិតទាល់តែសោះ ដែលនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ។ ពួកគេនៅតែមានបញ្ហាមួយទៀត ដែលធ្ងន់ធ្ងរជាងនេះ គឺនៅពេលពួកគេបានយល់ និងចេះស្ទាត់នូវពាក្យពេចន៍ និងគោលលទ្ធិមួយចំនួនតូច ហើយអាចស្រែកបញ្ចេញនូវពាក្យស្លោកមួយចំនួនតូច នោះពួកគេគិតថា ពួកគមានតថភាពនៃសេចក្ដីពិត។ ដូច្នេះ កិច្ចការអ្វីក៏ដោយដែលពួកគេធ្វើ ហើយនរណាក៏ដោយដែលពួកគេជ្រើសរើសយកមកប្រើប្រាស់ គឺពួកគេមិនស្វែងរកគោលការណ៍សេចក្តីពិត ហើយពួកគេមិនប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេកាន់តែមិនគោរពតាមការរៀបចំកិច្ចការនិងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេមានទំនុកចិត្តខ្លាំងណាស់ ពួកគេតែងតែជឿថាគំនិតរបស់ខ្លួនត្រូវ ហើយធ្វើអ្វីៗតាមតែចិត្តចង់។ ជាលទ្ធផល នៅពេលពួកគេជួបការលំបាក ឬកាលៈទេសៈពិសេសណាមួយ ពួកគេទ័លគំនិត។ លើសពីនេះទៅទៀត ពួកគេច្រើនតែយល់ខុសថា ដោយសារតែពួកគេបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងដំណាក់ព្រះជាម្ចាស់ និងមានបទពិសោធគ្រប់គ្រាន់ក្នុងការបម្រើជាអ្នកដឹកនាំនៅទីនោះ ពួកគេដឹងពីរបៀបធ្វើឱ្យកិច្ចការរបស់ពួកជំនុំដំណើរការ និងរីកចម្រើន។ ពួកគេហាក់ដូចជាយល់អំពីរឿងទាំងនេះ ប៉ុន្តែតាមពិតទៅ ពួកគេមិនចេះធ្វើកិច្ចការអ្វីទាល់តែសោះ។ ពួកគេធ្វើកិច្ចការរបស់ពួកជំនុំតាមរបៀបដែលពួកគេពេញចិត្ត ដោយធ្វើតាមសញ្ញាណនិងការស្រមើស្រមៃរបស់ខ្លួន តាមបទពិសោធនិងទម្លាប់របស់ខ្លួន និងតាមបទប្បញ្ញត្តិរបស់ខ្លួន។ ទង្វើនេះធ្វើឱ្យកិច្ចការផ្សេងៗរបស់ពួកជំនុំរញ៉េរញ៉ៃនិងច្របូកច្របល់ ហើយរារាំងកិច្ចការទាំងនោះមិនឱ្យមានលទ្ធផលពិតប្រាកដ។ ប្រសិនបើមានមនុស្សមួយចំនួននៅក្នុងក្រុមដែលយល់ពីសេចក្ដីពិត និងអាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះ ពួកគេអាចរក្សាភាពប្រក្រតីនៃកិច្ចការរបស់ក្រុមនោះបាន។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនពាក់ព័ន្ធអ្វីទាល់តែសោះជាមួយអ្នកដឹកនាំក្លែងក្លាយរបស់ពួកគេ។ មូលហេតុដែលកិច្ចការអាចធ្វើទៅបានល្អ គឺដោយសារតែមានមនុស្សល្អមួយចំនួននៅក្នុងក្រុម ដែលអាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះ និងរក្សាកិច្ចការឱ្យដើរលើផ្លូវត្រូវ វាមិនមែនមានន័យថា អ្នកដឹកនាំក្លែងក្លាយរបស់ពួកគេបានធ្វើកិច្ចការជាក់ស្ដែងនោះទេ។ គ្មានកិច្ចការណាមួយអាចធ្វើទៅបានទេ បើគ្មានមនុស្សល្អមួយចំនួនបែបនេះទទួលខុសត្រូវ។ អ្នកដឹកនាំក្លែងក្លាយគឺមិនអាចធ្វើការងាររបស់ខ្លួនបានឡើយ ហើយពួកគេគ្មានមុខងារអ្វីទាល់តែសោះ។ ហេតុអ្វីបានជាអ្នកដឹកនាំក្លែងក្លាយធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ? ហេតុផលទីមួយគឺ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិត ពួកគេមិនអាចប្រកបអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាឡើយ ហើយពួកគេមិនស្វែងរកវិធីដោះស្រាយបញ្ហាទេ ដែលនាំឱ្យបញ្ហាកាន់តែគរឡើង និងធ្វើឱ្យកិច្ចការរបស់ពួកជំនុំជាប់គាំង។ ហេតុផលទីពីរគឺ អ្នកដឹកនាំក្លែងក្លាយជាមនុស្សខ្វាក់ ហើយពួកគេមិនអាចកំណត់អត្តសញ្ញាណបុគ្គលមានទេពកោសល្យឡើយ។ ពួកគេមិនអាចកែសម្រួលអ្នកមើលការខុសត្រូវក្រុមឱ្យបានសមរម្យទេ ដែលបណ្ដាលឱ្យកិច្ចការមួយចំនួនគ្មានមនុស្សសមរម្យទទួលខុសត្រូវ ធ្វើឱ្យកិច្ចការនោះជាប់គាំង។ ហេតុផលទីបីគឺ អ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តខ្លួនដូចជាមន្ត្រីពេក។ ពួកគេមិនមើលការខុសត្រូវ ឬចង្អុលបង្ហាញលើកិច្ចការឡើយ ហើយនៅកន្លែងណាដែលមានចំណុចខ្សោយនៅក្នុងកិច្ចការ ពួកគេមិនត្រៀមខ្លួនចូលរួមយ៉ាងសកម្ម ឬផ្ដល់ការណែនាំនៅក្នុងកិច្ចការជាក់លាក់ឡើយ។ ឧទាហរណ៍ យើងអាចនិយាយថា ចំពោះការងារជាក់លាក់មួយចំនួន មនុស្សមួយចំនួនដែលកំពុងបំពេញកិច្ចការនោះ គឺជាអ្នកជឿថ្មី ដែលគ្មានមូលដ្ឋានគ្រឹះច្រើនទេ ពួកគេមិនយល់សេចក្ដីពិត និងមិនសូវថ្នឹកនឹងវិស័យនៃកិច្ចការនោះ ព្រមទាំងមិនទាន់ចាប់យល់ច្បាស់ពីគោលការណ៍នានានៃកិច្ចការនោះឡើយ។ ដោយខ្វាក់ភ្នែក មេដឹកនាំក្លែងក្លាយមិនអាចមើលឃើញបញ្ហាទាំងនេះទេ។ ពួកគេជឿថាវាមិនអីទេ ដរាបណានរណាម្នាក់កំពុងតែធ្វើកិច្ចការ នោះមិនខ្វល់ថាវាសម្រេចបានល្អ ឬមិនល្អនោះឡើយ។ ពួកគេមិនដឹងថា នៅកន្លែងណាដែលមានចំណុចខ្សោយនៅក្នុងកិច្ចការរបស់ពួកជំនុំ ពួកគេគួរតែតាមដាន ធ្វើការពិនិត្យ និងផ្ដល់ការចង្អុលបង្ហាញ ហើយពួកគេគួរតែចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហា និងជួយគាំទ្រដល់អ្នកដែលកំពុងបំពេញភារកិច្ច រហូតទាល់តែពួកគេយល់ពីសេចក្ដីពិត អាចធ្វើតាមគោលការណ៍ និងចូលទៅក្នុងផ្លូវត្រូវ។ មានតែពេលនេះទេ ទើបពួកគេមិនចាំបាច់ព្រួយបារម្ភខ្លាំងពេក។ អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការតាមរបៀបនេះឡើយ។ នៅពេលដែលពួកគេឃើញមានមនុស្សធ្វើកិច្ចការហើយ ពួកគេលែងខ្វល់ពីកិច្ចការនោះទៀត។ ពួកគេមិនសាកសួរអ្វីឡើយ មិនថាកិច្ចការនោះដំណើរការទៅយ៉ាងណាក៏ដោយ។ នៅកន្លែងណាដែលមានចំណុចខ្សោយនៅក្នុងកិច្ចការ ឬមានអ្នកមើលការខុសត្រូវដែលមានគុណសម្បត្តិខ្សោយ ពួកគេមិនផ្ដល់ការណែនាំផ្ទាល់ចំពោះកិច្ចការឡើយ ហើយពួកគេមិនចូលរួមក្នុងកិច្ចការនោះដោយខ្លួនឯងទេ។ ហើយនៅពេលដែលអ្នកមើលការខុសត្រូវម្នាក់អាចទទួលបន្ទុកការងារបាន អ្នកដឹកនាំក្លែងក្លាយកាន់តែមិនពិនិត្យមើលរឿងរ៉ាវ ឬផ្ដល់ការចង្អុលបង្ហាញដោយផ្ទាល់ទៅទៀត។ ពួកគេគ្រាន់តែសម្ងំសុខ ហើយទោះបីជាមាននរណាម្នាក់រាយការណ៍ពីបញ្ហាក៏ដោយ ក៏ពួកគេមិនសួរនាំអំពីបញ្ហានោះដែរ ព្រោះពួកគេគិតថាគ្មានការចាំបាច់ឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់លាក់ទាំងនេះណាមួយឡើយ។ សរុបសេចក្ដីមក អ្នកដឹកនាំក្លែងក្លាយគឺជាពួកមនុស្សអាប់ឱនដែលមិនធ្វើកិច្ចការជាក់ស្ដែងសូម្បីបន្តិចឡើយ។ ពួកគេជឿថា ចំពោះកិច្ចការណាក៏ដោយ ឱ្យតែមាននរណាម្នាក់ទទួលខុសត្រូវ ហើយមានគ្នាគ្រប់ដៃដើម្បីបំពេញកិច្ចការនោះ គឺសម្រេចរួចរាល់។ ពួកគេគិតថា អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែដឹកនាំការជួបជុំម្ដងម្កាល ហើយសាកសួរប្រសិនបើមានបញ្ហាកើតឡើង។ ពេលធ្វើបែបនេះហើយ អ្នកដឹកនាំក្លែងក្លាយនៅតែជឿថា ពួកគេកំពុងធ្វើការបានល្អ ហើយពេញចិត្តនឹងខ្លួនឯងយ៉ាងខ្លាំងទៀត។ ពួកគេគិតថា៖ «គ្មានបញ្ហាអ្វីចំពោះកិច្ចការណាមួយឡើយ។ បុគ្គលិកទាំងអស់សុទ្ធតែត្រូវបានរៀបចំរួចទាំងស្រុង ហើយអ្នកមើលការខុសត្រូវក៏មានដែរ។ ខ្ញុំពូកែចំពោះកិច្ចការនេះ ខ្ញុំពិតជាមានទេពកោសល្យម៉្លេះ!» តើនេះមិនមែនជារឿងអាម៉ាសទេឬ? ពួកគេខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញាណាស់ ដល់ថ្នាក់ពួកគេមិនអាចមើលឃើញកិច្ចការណាមួយដែលត្រូវបំពេញនោះទេ ហើយពួកគេមិនអាចរកឃើញបញ្ហាណាមួយឡើយ។ នៅកន្លែងខ្លះ កិច្ចការបានឈប់ដំណើរការ ប៉ុន្តែពួកគេនៅទីនោះយ៉ាងពេញចិត្ត ដោយគិតថា៖ «បងប្អូនប្រុសស្រីសុទ្ធតែជាក្មេងៗ ពួកគេគឺជាកម្លាំងថ្មីទាំងអស់។ ពួកគេបំពេញភារកិច្ចយ៉ាងស្វាហាប់ ពួកគេប្រាកដជាអាចធ្វើកិច្ចការបានល្អ»។ តាមការពិត យុវជនទាំងនេះគឺជាអ្នកថ្មីថ្មោង ដែលគ្មានការយល់ដឹងអំពីជំនាញវិជ្ជាជីវៈអ្វីឡើយ។ ពួកគេត្រូវតែរៀនបណ្ដើរ ធ្វើបណ្ដើរ។ អាចនិយាយបានថា ពួកគេមិនទាន់ចេះធ្វើកិច្ចការអ្វីឡើយ៖ អ្នកខ្លះអាចយល់បានបន្តិចបន្តួច ប៉ុន្តែមិនមែនជាអ្នកជំនាញឡើយ ហើយពួកគេមិនយល់ពីគោលការណ៍ទេ ហើយនៅពេលដែលពួកគេធ្វើកិច្ចការរួចរាល់ វាទាមទារឱ្យមានការកែតម្រូវម្ដងហើយម្ដងទៀត ឬថែមទាំងត្រូវធ្វើឡើងវិញជាញឹកញាប់ទៀតផង។ ក៏មានយុវជនមួយចំនួនដែលមិនទាន់ទទួលការហ្វឹកហាត់ ហើយមិនធ្លាប់ឆ្លងកាត់ការលួសកាត់។ ពួកគេថោកទាប និងខ្ជិលច្រអូសខ្លាំងណាស់ ហើយលោភលន់ចង់បានភាពស្រណុកសុខស្រួល។ ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ហើយនៅពេលដែលពួកគេរងទុក្ខបន្តិចបន្តួច ពួកគេរអ៊ូរទាំមិនឈប់។ ពួកគេភាគច្រើនគឺជាពួកកំហូចដែលធ្វើការឱ្យតែរួចពីដៃ និងលោភលន់ចង់បានភាពស្រណុកសុខស្រួល។ ចំពោះយុវជនប្រភេទនេះ អ្នកត្រូវតែឧស្សាហ៍ប្រកបជាមួយពួកគេអំពីសេចក្ដីពិត ហើយលើសពីនេះទៅទៀត អ្នកត្រូវតែលួសកាត់ពួកគេ។ យុវជនទាំងនេះត្រូវតែមាននណារម្នាក់ទទួលខុសត្រូវលើពួកគេ និងឃ្លាំមើលពួកគេ។ ត្រូវតែមានអ្នកដឹកនាំ ឬអ្នកធ្វើការនៅទីនោះ ដើម្បីទទួលខុសត្រូវផ្ទាល់ចំពោះការងាររបស់ពួកគេ ហើយផ្ដល់ការមើលការខុសត្រូវ និងការចង្អុលបង្ហាញដោយផ្ទាល់។ មានតែពេលនោះទេ ទើបការងាររបស់ពួកគេអាចបង្កើតផលបានខ្លះ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការចាកចេញពីកន្លែងធ្វើការ ហើយមិនយកចិត្តទុកដាក់នឹងកិច្ចការ ឬសាកសួរអំពីវាទេនោះ មនុស្សទាំងនេះនឹងបែកខ្ញែកគ្នារបាត់របាយ ហើយការបំពេញភារកិច្ចរបស់ពួកគេនឹងគ្មានផលផ្លែអ្វីទាល់តែសោះ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយគ្មានការយល់ដឹងអំពីរឿងនេះឡើយ។ ពួកគេចាត់ទុកមនុស្សគ្រប់គ្នាថាជាបងប្អូនប្រុសស្រី ជាមនុស្សដែលចេះស្ដាប់បង្គាប់ និងចុះចូល ដូច្នេះពួកគេមានទំនុកចិត្តយ៉ាងខ្លាំងលើមនុស្សទាំងនោះ ហើយចាត់តាំងការងារឱ្យពួកគេ រួចលែងខ្វល់ពីពួកគេទៀត នេះគឺជាភស្តុតាងដ៏ល្អបំផុតដែលបង្ហាញថា អ្នកដឹកនាំក្លែងក្លាយខ្វាក់ភ្នែក និងខ្វាក់ប្រាជ្ញា។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិតទាល់តែសោះ មិនអាចមើលឃើញបញ្ហាច្បាស់លាស់ឡើយ ហើយមិនមានសមត្ថភាពក្នុងការរកឃើញបញ្ហាណាមួយឡើយ ប៉ុន្តែបែរជាគិតថាពួកគេកំពុងធ្វើការបានល្អទៅវិញ។ តើពួកគេចំណាយពេលរាល់ថ្ងៃគិតអំពីអ្វី? ពួកគេគិតអំពីរបៀបធ្វើខ្លួនដូចជាមន្ត្រី និងរីករាយនឹងផលប្រយោជន៍នៃឋានៈ។ អ្នកដឹកនាំក្លែងក្លាយ គឺដូចជាមនុស្សដែលមិនចេះគិតអ៊ីចឹង ពួកគេមិនគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់សូម្បីតែបន្តិច។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងឡើយ ប៉ុន្តែពួកគេរង់ចាំឱ្យដំណាក់របស់ព្រះជាម្ចាស់សរសើរ និងដំឡើងឋានៈពួកគេ។ ពួកគេពិតជាមិនចេះខ្មាសគេមែន!

អ្នកដឹកនាំក្លែងក្លាយគ្មានបានការទាល់តែសោះក្នុងការបំពេញកិច្ចការរបស់ខ្លួន ហើយគ្មានចំណុចណាមួយគួរឱ្យសរសើរឡើយ។ ពួកគេមិនអាចក្ដាប់បានគោលការណ៍ទាក់ទងនឹងទិដ្ឋភាពជារួមឡើយ កុំថាឡើយដល់គោលការណ៍ទាក់ទងនឹងកិច្ចការលម្អិតជាក់លាក់នោះ។ ឧទាហរណ៍៖ មនុស្សខ្លះមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ប៉ុន្តែមានភាពជាមនុស្សអន់ខ្លាំង ចំណែកឯអ្នកខ្លះទៀតគ្មានបញ្ហាអ្វីខាងភាពជាមនុស្សទេ ប៉ុន្តែបែរជាមានគុណសម្បត្តិអន់ និងសមត្ថភាពវិជ្ជាជីវៈអន់ទៅវិញ។ ចំពោះរបៀបដែលត្រូវប្រើប្រាស់ និងចាត់តាំងមនុស្សទាំងនេះដោយសមហេតុផលវិញ អ្នកដឹកនាំក្លែងក្លាយកាន់តែមិនដឹងអំពីបញ្ហាដែលកាន់តែជាក់លាក់ និងកាន់តែលម្អិតទាំងនេះទៅទៀត។ ដូច្នេះ រាល់ពេលសួរអ្នកដឹកនាំក្លែងក្លាយថាតើពួកគេបានរកឃើញនរណាម្នាក់ដែលមានគុណសម្បត្តិល្អសមរម្យ ដែលអាចយកមកបណ្ដុះបណ្ដាលបានឬអត់នោះ ពួកគេតែងតែនិយាយថា ពួកគេមិនទាន់រកឃើញនរណាម្នាក់នៅឡើយទេ។ អ្នកដឹកនាំក្លែងក្លាយងងឹតភ្នែកដល់ថ្នាក់ហ្នឹងទៅហើយ តើពួកគេអាចរកឃើញនរណាម្នាក់បានដោយរបៀបណា? ប្រសិនបើអ្នកសួរពួកគេថា បងស្រីនេះបងស្រីនោះមានលក្ខណៈបែបណា ពួកគេនឹងនិយាយថា គាត់លោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម។ បើសួរពួកគេថា បងប្រុសម្នាក់នេះមានលក្ខណៈបែបណាវិញ ពួកគេនឹងនិយាយថា គាត់តែងមានភាពអវិជ្ជមាន។ បើសួរពួកគេថា អ្នកផ្សេងទៀតមានលក្ខណៈបែបណា ពួកគេនឹងប្រាប់អ្នកថា អ្នកនោះមិនបានជឿលើព្រះជាម្ចាស់យូរទេ ហើយខ្វះមូលដ្ឋានគ្រឹះ។ នៅក្នុងភ្នែករបស់ពួកគេ គ្មាននរណាម្នាក់អាចយកជាការបានឡើយ។ ពួកគេសម្លឹងមើលតែកំហុស ចំណុចខ្វះខាត និងអំពើរំលងរបស់អ្នកដទៃប៉ុណ្ណោះ។ ពួកគេមិនអាចមើលថាតើមនុស្សម្នាក់នោះស្របតាមគោលការណ៍នៃដំណាក់ព្រះជាម្ចាស់ សម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរឬអត់ ឬតើពួកគេជាបេក្ខជនល្អសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរឬអត់នោះទេ។ ពួកគេមើលមិនដឹងឡើយថា នរណាពិតជាស័ក្តិសមសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ប៉ុន្តែពួកគេបែរជាខ្នះខ្នែងរួសរាន់ដំឡើងឋានៈអស់អ្នកដែលមិនបំពេញតាមសេចក្ដីតម្រូវនិងគោលការណ៍របស់ដំណាក់ព្រះជាម្ចាស់ទៅវិញ។ ពួកគេដំឡើងឋានៈស្ត្រីអ្នកមាន បុរសស្ដុកស្ដម្ភ ព្រមទាំងកូនប្រុសស្រីនៃគ្រួសារអ្នកមានទាំងអស់នៅក្នុងពួកជំនុំ ក៏ដូចជាអ្នកដែលធ្លាប់ធ្វើជាមន្ត្រីនៅក្នុងលោកីយ៍ខាងក្រៅ អ្នកដែលពូកែវោហារ និងអ្នកដែលចេះបោកប្រាស់ និងបោកបញ្ឆោតទៀតផង និយាយឱ្យខ្លីទៅ ពួកគេដំឡើងឋានៈនរណាដែលល្បីល្បាញនិងមានមុខមាត់ក្នុងលោកីយ៍ និងនរណាដែលចង់ឱ្យគេចាប់អារម្មណ៍លើខ្លួន។ ពួកគេជឿថា មានតែមនុស្សទាំងនេះប៉ុណ្ណោះទើបជាមនុស្សមានទេពកោសល្យ ហើយពួកគេមិនមើលឃើញ ឬដំឡើងឋានៈមនុស្សសូម្បីតែម្នាក់ដែលពិតជាមានសមត្ថភាពយល់ដឹង និងអាចទទួលយកសេចក្ដីពិតនោះឡើយ។ ចំពោះអ្នកដឹកនាំក្លែងក្លាយ ការផ្ដល់មនុស្សមានទេពកោសល្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពិតប្រាកដម្នាក់សម្រាប់ដំណាក់ព្រះជាម្ចាស់ គឺរឹតតែពិបាកជាងឱ្យពួកគេឡើងឋានព្រះចន្ទទៅទៀត។ ឧទាហរណ៍ ឧបមាថា បច្ចុប្បន្ននេះដំណាក់របស់ព្រះជាម្ចាស់ត្រូវការមនុស្សមានទេពកោសល្យសម្រាប់ការងារផ្នែកអត្ថបទ ហើយមានបុគ្គលបែបនេះម្នាក់នៅក្នុងពួកជំនុំដែលអ្នកដឹកនាំក្លែងក្លាយម្នាក់ទទួលខុសត្រូវ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយនោះមិនណែនាំឈ្មោះបុគ្គលនោះឡើយ។ នៅពេលសួរអ្នកដឹកនាំក្លែងក្លាយថា ហេតុអ្វីបានជាមិនលើកដំឡើងឋានៈឬបណ្ដុះបណ្ដាលបុគ្គលនោះ គេនិយាយថា៖ «បុគ្គលនោះធ្លាប់បានប្រព្រឹត្តអំពើអានាចារពីរដងកាលនៅរៀនសាកលវិទ្យាល័យ ប៉ុន្តែមិនបានធ្វើបែបនេះទៀតទេ ចាប់តាំងពីបានរៀបការរួចមក។ ខ្ញុំមិនដឹងថា តើគួរដំឡើងឋានៈគេឬអត់នោះទេ»។ តើនេះជាសម្តីបែបណាទៅ? តើអ្នកអាចធានាបានទេថា អ្នកមានលុយមានអំណាចដែលអ្នកលើកដំឡើងឋានៈទាំងនោះ មិនដែលប្រព្រឹត្តអំពើអនាចារសោះនោះ? តើមនុស្សទាំងនោះមិនប្រព្រឹត្តអំពើនេះច្រើនជាងនេះទៅទៀតទេឬអី? ម្តេចក៏អ្នកមើលមិនឃើញរឿងនេះទៅវិញ? អ្នកដឹកនាំក្លែងក្លាយ ពូកែធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណណាស់ ដោយធ្វើសម្តែងថាខ្លួនយល់ពីគោលការណ៍ខ្លះៗ ហើយរកលេសដើម្បីបង្ហាញភាពត្រឹមត្រូវក្នុងការមិនដំឡើងឋានៈអស់អ្នកដែលគួរតែត្រូវបានដំឡើងឋានៈ និងបណ្ដុះបណ្ដាល។ នៅក្នុងភ្នែករបស់ពួកគេ មនុស្សគ្រប់គ្នាគឺមិនដល់ពួកគេឡើយ។ តើចុងក្រោយមានរឿងអ្វីកើតឡើង? តើ «ពួកវរជន» និង «មនុស្សមានទេពកោសល្យ» ដែលអ្នកដឹកនាំក្លែងក្លាយបានដំឡើងឋានៈ អាចឈរមាំបានដែរឬទេ? យើងមិនមែននិយាយថា មនុស្សទាំងនេះប្រាកដជាមិនមែន មនុស្សល្អនោះទេ។ អ្វីដែលយើងកំពុងតែលាតត្រដាងជាសំខាន់នោះគឺថា គោលការណ៍របស់អ្នកដឹកនាំក្លែងក្លាយសម្រាប់របៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្ស គឺប្រើសញ្ញាណរបស់មនុស្សជាខ្នាតវាស់វែង ជាជាងប្រើសេចក្ដីពិត ហើយគោលការណ៍របស់ពួកគេសម្រាប់ការដំឡើងឋានៈ និងបណ្ដុះបណ្ដាលមនុស្ស គឺធ្វើតាមសញ្ញាណ ការស្រមៃ និងការចូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ហើយតាមទស្សនៈរបស់អ្នកគ្មានជំនឿទាំងស្រុង ជាជាងប្រើស្តង់ដាតម្រូវជាចាំបាច់នៃដំណាក់របស់ព្រះជាម្ចាស់ជាខ្នាតវាស់វែង។ ហេតុអ្វីបានជាអ្នកដឹកនាំក្លែងក្លាយអាចធ្វើបែបនេះបាន? ដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបពួកគេអាចដំឡើងឋានៈអស់អ្នកដែលមិនបំពេញតាមសេចក្ដីតម្រូវរបស់ដំណាក់ព្រះជាម្ចាស់សោះ ផ្ដោតលើការបណ្ដុះបណ្ដាលអ្នកទាំងនោះ និងអនុញ្ញាតឱ្យអ្នកទាំងនោះកាន់ការងារសំខាន់ៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នេះហើយជាកិច្ចការដែលអ្នកដឹកនាំក្លែងក្លាយធ្វើ។ ចូរមើលអ្នកដឹកនាំក្លែងក្លាយនៅជុំវិញអ្នកចុះ តើនេះមិនមែនជារបៀបដែលពួកគេធ្វើការ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃទេឬ?

មានទស្សនៈជាក់លាក់មួយដែលឧស្សាហ៍ត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងអ្នកដឹកនាំក្លែងក្លាយ៖ ពួកគេគិតថា អ្នកដែលមានចំណេះដឹង អ្នកដែលមានឋានៈ និងអ្នកដែលធ្លាប់ធ្វើជាមន្ត្រីនៅក្នុងពិភពលោកខាងក្រៅ គឺសុទ្ធតែជាមនុស្សមានទេពកោសល្យ ហើយថា មនុស្សបែបនេះគួរតែត្រូវបានដំណាក់របស់ព្រះជាម្ចាស់បណ្ដុះបណ្ដាល និងប្រើប្រាស់ បន្ទាប់ពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់។ ពួកគេពិតជាវាយតម្លៃខ្ពស់ និងគោរពបូជាមនុស្សទាំងនោះណាស់ សូម្បីតែចាត់ទុកអ្នកទាំងនោះដូចជាញាតិសន្តាន និងសមាជិកគ្រួសាររបស់ខ្លួនទៀតផង។ នៅពេលពួកគេណែនាំមនុស្សទាំងនេះដល់អ្នកដទៃ ពួកគេតែងតែនិយាយថា កាលនៅក្នុងពិភពខាងក្រៅ អ្នកទាំងនោះធ្លាប់ធ្វើជាថៅកែក្រុមហ៊ុនណាមួយ ជាអ្នកដឹកនាំស្ថាប័នរដ្ឋ្ឋាភិបាលណាមួយ ជាអ្នកនិពន្ធនាយកកាសែតណាមួយ ឬជានាយកនៃនាយកដ្ឋានសន្តិសុខសាធារណៈ ឬក៏ពួកគេនិយាយអំពីភាពមានទ្រព្យស្តុកស្តម្ភរបស់មនុស្សទាំងនោះ។ អ្នកដឹកនាំក្លែងក្លាយឱ្យតម្លៃខ្ពស់ជាពិសេសចំពោះមនុស្សបែបនេះ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើអ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិដែរឬទេ? តើនេះមិនមែនថា ពួកគេធ្វើពុតថាខ្លួនស៊ប់ខាងវិញ្ញាណ និងមិនអាចមើលរឿងរ៉ាវធ្លុះទេឬ? អ្នកដឹកនាំក្លែងក្លាយគិតថា ដោយសារមនុស្សទាំងនេះគឺជាមនុស្សមានទេពកោសល្យនៅក្នុងសង្គម នោះដំណាក់ព្រះជាម្ចាស់គួរតែបណ្ដុះបណ្ដាលពួកគេ ហើយផ្ដល់តួនាទីសំខាន់ឱ្យពួកគេបំពេញ នៅពេលដែលពួកគេមកទីនេះ។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សទាំងនេះគ្មានក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ ហើយគ្មានមនសិការ និងវិចារណញ្ញាណ តើពួកគេអាចត្រូវបានដំណាក់របស់ព្រះជាម្ចាស់បណ្ដុះបណ្ដាល និងផ្ដល់តួនាទីសំខាន់បានដែរឬទេ? ពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការបណ្ដុះបណ្ដាលឡើយ។ ការពិតដែលថាពួកគេគឺជាបុគ្គលមានទេពកោសល្យក្នុងចំណោមអ្នកគ្មានជំនឿ មិនមែនមានន័យថា ពួកគេគឺជាមនុស្សមានទេពកោសល្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយទាំងនេះចូលចិត្តធ្វើជាមន្ត្រី ហើយពួកគេគោរពបូជាជាពិសេសចំពោះអ្នកដទៃណាដែលធ្លាប់ជាមន្ត្រី។ នៅពេលណាដែលពួកគេឃើញមនុស្សដែលធ្លាប់ជាមន្ត្រី ឬមានឋានៈនៅក្នុងពិភពខាងក្រៅ ពួកគេបង្ហាញឫកពារឱនលំទោន និងអែបអបយ៉ាងខ្លាំងចំពោះអ្នកទាំងនោះ ប្រៀបដូចជាទាសករនៅចំពោះមុខចៅហ្វាយនាយដូច្នោះដែរ ពួកគេចង់ហៅអ្នកទាំងនោះថាជាម្តាយ ជាពុក ឬជាបងស្រីបងប្រុសយ៉ាងខ្លាំងបំផុត ហើយពួកគេក៏ចង់ដំឡើងឋានៈមនុស្សទាំងនេះឱ្យធ្វើជាអ្នកដឹកនាំ ឬជាអ្នកធ្វើការនៅក្នុងពួកជំនុំដែរ។ ចូរប្រាប់ខ្ញុំមកមើល តើមនុស្សទាំងនេះគឺជាអ្នកដែលដេញតាមសេចក្ដីពិតដែរឬទេ? តើការដែលពួកគេមានឋានៈបន្តិចបន្តួច និងមានកេរ្តិ៍ឈ្មោះខ្លះៗនៅក្នុងពិភពខាងក្រៅ មានន័យថាពួកគេស័ក្តិសមនឹងបម្រើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើពួកគេមិនយល់សេចក្ដីពិត ហើយពេញទៅដោយនិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុ តើពួកគេស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ការដំឡើងឋានៈមនុស្សដោយគ្រាន់តែផ្ដោតលើឋានៈនិងកេរ្តិ៍ឈ្មោះរបស់គេ ហើយមិនអើពើនឹងចរិតលក្ខណៈរបស់គេនោះ តើវាស្របតាមគោលការណ៍ដែរឬទេ? តើអ្នកដឹកនាំក្លែងក្លាយដឹងទេថា តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទណា តើទ្រង់ដំឡើងឋានៈ និងប្រើប្រាស់មនុស្សប្រភេទណា? ការរៀបចំចាត់ចែងកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសាហើយថា មនុស្សនឹងត្រូវទទួលបានការដំឡើងឋានៈ និងបណ្ដុះបណ្ដាល ត្រូវស្របតាមស្ដង់ដាចំនួនបី៖ ទីមួយ ពួកគេត្រូវតែមានភាពជាមនុស្ស មនសិការ និងវិចារណញ្ញាណ។ ទីពីរ ពួកគេត្រូវតែជាអ្នកដែលស្រឡាញ់សេចក្ដីពិត និងអាចទទួលយកសេចក្ដីពិតបាន។ និងទីបី ពួកគេត្រូវតែមានកម្រិតជាក់លាក់ណាមួយនៃគុណសម្បត្តិ និងមានសមត្ថភាពការងារ។ មានតែអស់អ្នកដែលបំពេញតាមស្ដង់ដាទាំងបីនេះទេ ទើបអាចត្រូវបានដំឡើងឋានៈ និងបណ្ដុះបណ្ដាល ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជន និងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ការដែលគ្រាន់តែមានគុណសម្បត្តិនិងទេពកោសល្យ គឺមិនគ្រប់គ្រាន់សោះឡើយ។ ចរិតលក្ខណៈគឺអាទិភាពចម្បង ហើយបន្ទាប់មក គឺការដែលអាចទទួលយកសេចក្ដីពិតបាន ចំណុចទាំងពីរនេះគឺជាស្ដង់ដាដ៏សំខាន់បំផុត។ ប្រសិនបើដំឡើងឋានៈមនុស្សអាក្រក់ដែលគ្មានចិត្តស្រឡាញ់សេចក្ដីពិត នោះនឹងនាំមកនូវផលលំបាកជាមហន្តរាយ ដូច្នេះ អស់អ្នកដែលខ្វះភាពជាមនុស្ស គឺមិនអនុញ្ញាតឱ្យទទួលការដំឡើងឋានៈជាដាច់ខាត។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនអើពើនឹងសេចក្ដីតម្រូវរបស់ដំណាក់ព្រះជាម្ចាស់ឡើយ។ នៅពេលជ្រើសរើស និងប្រើប្រាស់មនុស្ស ពួកគេតែងតែផ្ដោតថា តើមនុស្សនោះមានឋានៈនៅក្នុងសង្គមដែរឬទេ តើពួកគេមានប្រវត្តិ និងតំណែងអ្វីខ្លះ តើពួកគេបានទទួលការអប់រំកម្រិតខ្ពស់ឬទេ ហើយតើកេរ្តិ៍ឈ្មោះរបស់ពួកគេនៅក្នុងសង្គមខ្ពស់កម្រិតណា ទិដ្ឋភាពទាំងនេះគឺជាអ្វីដែលពួកគេផ្ដោតជាសំខាន់ នៅពេលដំឡើងឋានៈ និងបណ្ដុះបណ្ដាលមនុស្ស។ តើការធ្វើបែបនេះស្របតាមគោលការណ៍ដែលបានចែងដោយដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើការធ្វើបែបនេះស្របតាមសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកដែលមានឋានៈនៅក្នុងសង្គមទាំងនោះគឺជាអ្នកណា? អាចនិយាយបានថា ពួកគេសុទ្ធតែជាមនុស្សដែលដណ្ដើមអំណាច និងឋានៈតាមគ្រប់មធ្យោបាយ ហើយថា ពួកគេគឺជាកម្មសិទ្ធិសាតាំង។ ប្រសិនបើពួកគេកាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើដំណាក់របស់ព្រះជាម្ចាស់នឹងនៅតែជាពួកជំនុំរបស់ព្រះជាម្ចាស់ទៀតដែរឬទេ? តើអ្វីទៅជាគោលបំណងរបស់អ្នកដឹកនាំក្លែងក្លាយក្នុងការដំឡើងឋានៈមនុស្ស ដែលជាកម្មសិទ្ធិសាតាំង ឱ្យធ្វើជាអ្នកដឹកនាំ? តើការប្រព្រឹត្តបែបនេះ ស្របតាមគោលការណ៍របស់ដំណាក់ព្រះជាម្ចាស់សម្រាប់ការបណ្ដុះបណ្ដាលនិងប្រើប្រាស់មនុស្សដែរឬទេ? តើនេះមិនមែនជាការរំខាននិងបំផ្លាញកិច្ចការរបស់ពួកជំនុំយ៉ាងបើកចំហទេឬ? ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សដោយគ្មានគោលការណ៍ពីសំណាក់អ្នកដឹកនាំក្លែងក្លាយ គឺជាអ្វីដែលបង្កឱ្យមានការបង្អាក់និងរំខានដ៏ធំបំផុតដល់កិច្ចការរបស់ពួកជំនុំ ហើយគឺជាទង្វើទាស់ទទឹងនឹងព្រះជាម្ចាស់។

អ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ខ្លាំង ហើយគ្មានសមត្ថភាពយល់ដឹងសេចក្ដីពិតឡើយ។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណា ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនកម្រិតណានោះទេ ក៏ពួកគេនៅតែមិនអាចយល់ដឹងយ៉ាងបរិសុទ្ធ ឬយល់ពីសេចក្ដីពិតឡើយ ហើយមិនថាពួកគេបានអធិប្បាយគោលលទ្ធិអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេមិនយល់ពីអ្វីដែលខ្លួនកំពុងនិយាយដែរ វាសុទ្ធតែជាសម្តីឥតខ្លឹមសារ ហើយរកដើមរកចុងមិនឃើញសោះឡើយ! ពួកគេអាចចងចាំ និងទេសនាអំពីគោលលទ្ធិបានបន្តិចបន្តួច ដូច្នេះពួកគេគិតថាខ្លួនមានតថភាពនៃសេចក្ដីពិត ប៉ុន្តែអ្វីដែលពួកគេធ្វើគឺគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ មនុស្សទាំងនេះគឺជាពួកផារិស៊ីជាតួយ៉ាង។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាឧស្សាហ៍ទេសនាប្រាប់មនុស្ស និងនិយាយពាក្យពីរោះៗ ហាក់ដូចជាពួកគេយល់ពីសេចក្ដីពិតអ៊ីចឹង ប៉ុន្តែអ្វីដែលពួកគេធ្វើគឺផ្ទុយស្រឡះពីសេចក្ដីពិត និងប៉ះទង្គិចនឹងសេចក្ដីពិត។ ពួកគេថែមទាំងអះអាងថា ខ្លួនកំពុងបម្រើព្រះជាម្ចាស់ និងកំពុងបំពេញកិច្ចការរបស់ពួកជំនុំ តែតាមពិតទៅ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺប្រទូសរ៉ាយនឹងព្រះជាម្ចាស់ទាំងស្រុង។ អ្នកដឹកនាំក្លែងក្លាយមិនដែលដំឡើងឋានៈមនុស្សមានទេពកោសល្យ ដែលមានប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេមិនអើពើ និងងងឹតភ្នែកចំពោះមនុស្សស្មោះត្រង់គួរសមដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ ពួកគេដំឡើងឋានៈនិងបណ្ដុះបណ្ដាលអស់អ្នកដែលពូកែអែបអប អ្នកដែលក្រឡេចក្រឡុច និងបោកបញ្ឆោត ព្រមទាំងអ្នកដែលមានមហិច្ឆតា និងបំណងប្រាថ្នា ឱ្យទទួលយកកិច្ចការនៅក្នុងពួកជំនុំ។ លទ្ធផលនៃរឿងទាំងអស់នេះគឺ នៅពេលដែលមនុស្សទាំងនោះបានធ្វើការអស់មួយរយៈមក កិច្ចការផ្សេងៗរបស់ពួកជំនុំក៏ត្រូវជាប់គាំង និងឈានចូលដល់ស្ថានភាពស្ទើរតែលែងដំណើរការទាំងស្រុង ដូច្នេះហើយ កិច្ចការរបស់ពួកជំនុំត្រូវវិនាសនៅក្នុងដៃរបស់អ្នកដឹកនាំក្លែងក្លាយទាំងនេះ។ តើប្រភេទមនុស្សដែលជាអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនគួរឱ្យស្អប់ខ្ពើមទេឬ? តើពួកគេគួរត្រូវបានដកហូតតំណែងដែរឬទេ? ពួកគេត្រូវតែត្រូវបានដកហូតតំណែង! ការពន្យារពេលមួយថ្ងៃ គឺប៉ះពាល់ដល់ការងាររបស់ពួកជំនុំមួយថ្ងៃ។ អ្នកដឹកនាំក្លែងក្លាយខ្លះ ទោះបីជាពួកគេដឹងថាខ្លួនគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្ដែងក៏ដោយ ក៏មិនព្រមលាលែងពីតំណែងដោយស្ម័គ្រចិត្តដែរ ហើយពួកគេឈ្លក់វង្វេងនឹងផលប្រយោជន៍នៃឋានៈជានិច្ច រហូតដល់ថ្នាក់ហ៊ានធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំទៀតផង។ តើមនុស្សទាំងនេះមានវិចារណញ្ញាណសូម្បីតែបន្តិចដែរឬទេ? អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពយល់ដឹង ឬទេពកោសល្យពិតប្រាកដ និងចំណេះដឹងពិតជាក់ស្តែងឡើយ ហើយមិនមែនជាអ្នកដែលដេញតាមសេចក្ដីពិតទេ ពួកគេថែមទាំងលោភលន់ចង់បានផលប្រយោជន៍នៃឋានៈទៀតផង ពួកគេគឺជាមនុស្សឥតអៀនខ្មាស ដូច្នេះហើយ ដាច់ខាតមិនត្រូវដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេឡើយ។ ប្រសិនបើអ្នកគិតថាគុណសម្បត្តិរបស់អ្នកអន់ខ្សោយខ្លាំង ហើយអ្នកគ្មានសមត្ថភាពបែងចែកខុសត្រូវ និងគ្មានសមត្ថភាពយល់ដឹងសេចក្ដីពិតទេនោះ មិនថាអ្នកធ្វើអ្វីក៏ដោយ កុំបណ្ដែតបណ្ដោយតាមមហិច្ឆិតានិងបំណងប្រាថ្នារបស់អ្នកឡើយ ហើយកុំរិះរកវិធីស្វះស្វែងដើម្បីក្លាយជាមន្ត្រីណាមួយនៅក្នុងពួកជំនុំ ដើម្បីក្លាយជាអ្នកដឹកនាំពួកជំនុំឱ្យសោះ ការធ្វើជាអ្នកដឹកនាំមិនមែនងាយស្រួលនោះទេ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ ហើយគ្មានក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទេ នោះនៅពេលអ្នកក្លាយជាអ្នកដឹកនាំភ្លាម អ្នកនឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ ឬជាអ្នកដឹកនាំក្លែងក្លាយមិនខាន។ ទាំងពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ សុទ្ធតែជាមនុស្សគ្មានមនសិការ និងវិចារណញ្ញាណ ហើយជាមនុស្សដែលអាចប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ពិតមែនតែអាច និយាយបានថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកអារក្ស និងពួកសាតាំងក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនមែនជាមនុស្សល្អដែរ យ៉ាងហោចណាស់ ពួកគេគឺជាមនុស្សឥតអៀនខ្មាសយ៉ាងមុខក្រាស់ គ្មានមនសិការ និងវិចារណញ្ញាណឡើយ។ តើមានកិត្តិយសអ្វីក្នុងការធ្វើជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានដកហូតតំណែងនោះ? វាជារឿងគួរឱ្យអាម៉ាស់ ជាស្លាកស្នាម ហើយគ្មានកិត្តិយសអ្វីទាល់តែសោះ។ ប្រសិនបើអ្នកមានស្មារតីទទួលបន្ទុកចំពោះកិច្ចការពួកជំនុំ ហើយចង់ចូលរួមក្នុងកិច្ចការនោះ នេះជារឿងល្អ ប៉ុន្តែអ្នកត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងថាតើអ្នកយល់ពីសេចក្ដីពិតដែរឬទេ តើអ្នកអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានដែរឬទេ តើអ្នកអាចចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ ហើយតើអ្នកអាចអនុវត្តកិច្ចការពួកជំនុំបានយ៉ាងត្រឹមត្រូវតាមការរៀបចំចាត់ចែងកិច្ចការដែរឬទេ។ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ អ្នកអាចចូលរួមឈរឈ្មោះជាអ្នកដឹកនាំ ឬអ្នកធ្វើការបាន។ ខ្ញុំនិយាយបែបនេះគឺចង់មានន័យថា យ៉ាងហោចណាស់ មនុស្សត្រូវតែមានការស្គាល់ខ្លួនឯង។ ដំបូង ត្រូវមើលថាតើអ្នកអាចញែកដឹងពីមនុស្សដែរឬទេ តើអ្នកអាចយល់សេចក្ដីពិត និងបំពេញកិច្ចការតាមគោលការណ៍ដែរឬទេ។ ប្រសិនបើអ្នកបំពេញតាមសេចក្ដីតម្រូវទាំងនេះ នោះអ្នកស័ក្តិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការហើយ។ ប្រសិនបើអ្នកមិនអាចវាយតម្លៃខ្លួនឯងបានទេ អ្នកអាចសួរមនុស្សនៅជុំវិញដែលស្គាល់អ្នកច្បាស់ ឬស្និទ្ធស្នាលនឹងអ្នក។ ប្រសិនបើពួកគេនិយាយថា អ្នកមានគុណសម្បត្តិមិនគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំទេ ហើយថាគ្រាន់តែធ្វើការងារបច្ចុប្បន្នរបស់អ្នកឱ្យបានល្អគឺល្អគ្រប់គ្រាន់ណាស់ទៅហើយនោះ អ្នកគួរតែឆាប់ស្គាល់ខ្លួនឯង។ ដោយសារអ្នកមានគុណសម្បត្តិអន់ ចូរកុំចំណាយពេលទាំងអស់របស់អ្នកចង់ធ្វើជាអ្នកដឹកនាំអី គឺគ្រាន់តែធ្វើអ្វីដែលអ្នកអាចធ្វើបាន បំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយប្រាកដប្រជា ដើម្បីឱ្យអ្នកអាចមានចិត្តស្ងប់។ នេះក៏ជារឿងល្អដែរ។ ហើយប្រសិនបើអ្នកមានសមត្ថភាពធ្វើជាអ្នកដឹកនាំ ប្រសិនបើអ្នកពិតជាមានគុណសម្បត្តិ និងទេពកោសល្យបែបនេះមែន ប្រសិនបើអ្នកមានសមត្ថភាពការងារ និងមានស្មារតីទទួលបន្ទុក នោះអ្នកគឺជាប្រភេទមនុស្សមានទេពកោសល្យ ដែលដំណាក់របស់ព្រះជាម្ចាស់កំពុងខ្វះខាត ហើយអ្នកប្រាកដជានឹងត្រូវបានដំឡើងឋានៈ និងបណ្ដុះបណ្ដាលមិនខាន ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានពេលវេលារបស់ព្រះជាម្ចាស់។ បំណងប្រាថ្នានេះ គឺបំណងប្រាថ្នាចង់ត្រូវបានការដំឡើងឋានៈ មិនមែនជាមហិច្ឆិតាទេ ប៉ុន្តែអ្នកត្រូវតែមានគុណសម្បត្តិ និងបំពេញតាមលក្ខណវិនិច្ឆ័យ ដើម្បីធ្វើជាអ្នកដឹកនាំ។ ប្រសិនបើអ្នកមានគុណសម្បត្តិអន់ ប៉ុន្តែនៅតែចំណាយពេលទាំងអស់របស់អ្នកចង់ធ្វើជាអ្នកដឹកនាំ ឬចង់ទទួលយកកិច្ចការសំខាន់ណាមួយ ឬទទួលខុសត្រូវលើការងាររួម ឬចង់ធ្វើអ្វីមួយដែលអនុញ្ញាតឱ្យអ្នកធ្វើខ្លួនឱ្យលេចធ្លោនោះ ខ្ញុំប្រាប់អ្នកថា៖ នេះគឺជាមហិច្ឆិតា។ មហិច្ឆិតាអាចនាំមកនូវមហន្តរាយ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ននឹងវា។ មនុស្សទាំងអស់សុទ្ធតែមានបំណងប្រាថ្នាចង់រីកចម្រើន ហើយសុទ្ធតែមានឆន្ទៈខិតខំឆ្ពោះទៅរកសេចក្ដីពិត ដែលនេះមិនមែនជាបញ្ហានោះទេ។ មនុស្សខ្លះមានគុណសម្បត្តិ បំពេញតាមលក្ខណវិនិច្ឆ័យធ្វើជាអ្នកដឹកនាំ ហើយអាចខិតខំឆ្ពោះទៅរកសេចក្ដីពិតបាន ហើយនេះជារឿងល្អ។ អ្នកផ្សេងទៀតមិនមានគុណសម្បត្តិទេ ដូច្នេះពួកគេគួរតែប្រកាន់ខ្ជាប់ភារកិច្ចរបស់ខ្លួន ដោយបំពេញភារកិច្ចដែលនៅចំពោះមុខពួកគេឱ្យបានត្រឹមត្រូវ និងធ្វើវាស្របតាមគោលការណ៍ ហើយស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ពួកគេ ការធ្វើបែបនេះគឺប្រសើរជាង មានសុវត្ថិភាពជាង និងជាក់ស្តែងជាង។

អស់អ្នកដែលត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ និងអ្នកធ្វើការ ឬត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល មិនគួរមានគំនិតស្រមើស្រមៃ ដោយមានអារម្មណ៍ថា៖ «បងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំចេញពីចំណោមមនុស្សជាច្រើន ដំណាក់របស់ព្រះជាម្ចាស់បានដំឡើងឋានៈខ្ញុំ ដូច្នេះខ្ញុំពិតជាមានទេពកោសល្យខ្លះមែន ហើយខ្ញុំពូកែជាងមនុស្សធម្មតា មាសសុទ្ធគង់តែបញ្ចេញពន្លឺនៅទីបំផុតជាមិនខាន» នោះឡើយ។ តើការគិតបែបនេះល្អដែរឬទេ? តើនេះមិនមែនជាការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយទេឬ? (មែនហើយ។) ការត្រូវបានដំឡើងឋានៈនិងបណ្ដុះបណ្ដាល គឺជារឿងល្អ និងជាឱកាសល្អ ប៉ុន្តែការដែលអ្នកអាចដើរលើផ្លូវនេះបានល្អឬអត់នោះ គឺអាស្រ័យថាតើអ្នកប្រព្រឹត្តចំពោះឱកាសនេះដូចម្តេច ហើយតើអ្នកចេះឱ្យតម្លៃវាដែរឬទេ។ ព្រះជាម្ចាស់បានប្រទានឱកាសនេះដល់អ្នក ប៉ុន្តែវាមិនមានន័យថា អ្នកពិតជាពូកែជាងអ្នកផ្សេងទៀតនោះទេ វាអាចថា គុណសម្បត្តិរបស់អ្នកល្អជាងអ្នកដទៃបន្តិច ឬថាអ្នកមានអំណោយទានខ្លះ ប៉ុន្តែពិបាកនិយាយណាស់ថា តើការចូលទៅក្នុងជីវិតរបស់អ្នកមានលក្ខណៈបែបណា ហើយតើអ្នកមានតថភាពនៃសេចក្ដីពិតដែរឬទេ ពីព្រោះនិស្ស័យពុករលួយរបស់មនុស្សគ្រប់គ្នាគឺដូចតែគ្នា ហើយអ្នកក៏ជាសមាជិកម្នាក់នៃពូជអំបូរមនុស្សដែលពុករលួយដែរ។ ប្រសិនបើអ្នកអាចទទួលស្គាល់ចំណុចនេះបាន អ្នកនឹងអាចប្រព្រឹត្តខ្លួនត្រឹមត្រូវចំពោះការដំឡើងឋានៈនិងបណ្ដុះបណ្ដាលរបស់អ្នកពីសំណាក់ដំណាក់ព្រះជាម្ចាស់។ អ្នកមិនគួរចាត់ទុកខ្លួនឯងជាមនុស្សមានទេពកោសល្យឡើយ ហើយក៏មិនគួរគិតថា អ្នកមានតថភាពនៃសេចក្ដីពិតដែរ។ គ្រាន់តែដោយសារអ្នកមានគុណសម្បត្តិបន្តិចបន្តួច និងអាចខិតខំស្វែងរកសេចក្ដីពិតបាន ទើបអ្នកទទួលបានឱកាសហ្វឹកហាត់ខ្លួនឯង។ នេះគឺជាដំណាក់កាលសាកល្បង ហើយវាមិនទាន់ប្រាកដនៅឡើយទេថា តើអ្នកពិតជាអ្នកដែលដេញតាមសេចក្ដីពិត ឬតើអ្នកស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាលដែរឬទេ។ ពិបាកនិយាយណាស់ថា តើអ្នកនឹងអាចឈរជើងបានរឹងមាំឬអត់ បន្ទាប់ពីឆ្លងកាត់ការសាកល្បងក្នុងអំឡុងពេលនេះ។ អាចថា ការដែលរក្សាទុកអ្នកឱ្យបន្តទទួលការបណ្ដុះបណ្ដាល ឬការជម្រុះអ្នកចោល គឺសុទ្ធតែអាស្រ័យលើកម្រិតនៃការខិតខំប្រឹងប្រែងរបស់អ្នក។ ការដំឡើងឋានៈមនុស្សឱ្យធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ គឺមានន័យបែបនេះឯង ហើយអ្នកគួរតែយល់អំពីរឿងនេះ។ ការដែលអ្នកគិតថាខ្លួនឯងជាមនុស្សមានទេពកោសល្យ ជារឿងឥតប្រយោជន៍។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនដំឡើងឋានៈ និងបណ្ដុះបណ្ដាលអ្នកទេ នោះអ្នកគ្មានអ្វីទាំងអស់។ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយមិនសុខចិត្តឱ្យដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់ទេ នោះអ្នកមិនអាចសម្រេចអ្វីបានឡើយ។ ប្រសិនបើអ្នកនិយាយថា «ដំណាក់របស់ព្រះជាម្ចាស់មិនប្រើខ្ញុំទេ ខ្ញុំនឹងចេញទៅក្នុងសង្គមវិញ» បើអីចឹង ចូរចេញទៅក្នុងសង្គម ហើយសាកល្បងមើលទៅ ចង់ដឹងថាតើនរណានឹងដំឡើងឋានៈអ្នក ហើយតើអ្នកអាចសម្រេចបានអ្វីខ្លះ។ ខ្ញុំនិយាយបែបនេះ គឺចង់ប្រាប់អ្នករាល់គ្នាថា អ្នកត្រូវតែមានការយល់ដឹង និងការប្រព្រឹត្តដ៏ត្រឹមត្រូវចំពោះការដំឡើងឋានៈនិងបណ្ដុះបណ្ដាលរបស់អ្នករាល់គ្នាពីសំណាក់ដំណាក់ព្រះជាម្ចាស់។ អស់អ្នកដែលមានគុណសម្បត្តិអន់ឬមធ្យម ហើយមិនអាចបំពេញតាមស្ដង់ដាតម្រូវសម្រាប់ការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនៅក្នុងដំណាក់ព្រះជាម្ចាស់ គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយស្ដាប់បង្គាប់ និងយ៉ាងខ្ជាប់ខ្ជួនទៅបានហើយ។ ដរាបណាអ្នកបំពេញភារកិច្ចរបស់អ្នកដោយអស់ពីចិត្តពីថ្លើម ព្រះជាម្ចាស់នឹងមិនប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ឡើយ។ ដូច្នេះ កុំដណ្ដើមប្រជែងគ្នារឿងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលអី ប៉ុន្តែក៏កុំបដិសេធវាដែរ ទុកឱ្យគ្រប់យ៉ាងប្រព្រឹត្តទៅតាមដំណើរធម្មជាតិចុះ។ ម៉្យាង អ្នកត្រូវតែចុះចូលនឹងការរៀបចំរបស់ដំណាក់ព្រះជាម្ចាស់ ម៉្យាងវិញទៀត អ្នកត្រូវតែមានដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ នេះគឺជាផ្លូវដ៏ត្រឹមត្រូវ។ តើការធ្វើបែបនេះសាមញ្ញទេ? (សាមញ្ញ។) ការដែលមនុស្សមានគុណសម្បត្តិអន់ខ្សោយធ្វើជាអ្នកដឹកនាំ តើមានប្រយោជន៍ដែរឬទេ? នៅទីបំផុត នៅពេលដែលពួកគេត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានជម្រុះចោល តើពួកគេនឹងមានអារម្មណ៍បែបណាចំពោះរឿងនេះ? តើវាជាអ្វីដែលអ្នករាល់គ្នាចង់បានដែរឬទេ? (ទេ។) អ្នកនឹងមានងារជា «អ្នកដឹកនាំក្លែងក្លាយ» ជាប់នឹងខ្លួនអ្នកជានិច្ច ហើយមិនថាអ្នកទៅទីណាទេ មនុស្សនឹងនិយាយថា «បុគ្គលម្នាក់នេះធ្លាប់ធ្វើជាអ្នកដឹកនាំក្លែងក្លាយ»។ តើនោះជារឿងល្អ ឬជារឿងអាក្រក់? វាមិនមែនជារឿងល្អទេ ហើយក៏មិនមែនជារឿងគួរឱ្យមោទនៈនោះដែរ។ មនុស្សត្រូវតែមានការយល់ដឹង និងអាកប្បកិរិយាត្រឹមត្រូវចំពោះការដំឡើងឋានៈ និងការបណ្ដុះបណ្ដាល។ នៅក្នុងរឿងទាំងនេះ ពួកគេត្រូវតែស្វែងរកសេចក្ដីពិត ហើយមិនត្រូវធ្វើតាមបំណងចិត្តផ្ទាល់ខ្លួន ឬមានមហិច្ឆតា និងបំណងប្រាថ្នាឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានគុណសម្បត្តិល្អ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់មិនដែលដំឡើងឋានៈអ្នក ហើយក៏គ្មានផែនការបណ្ដុះបណ្ដាលអ្នកដែរនោះ កុំអាក់អន់ចិត្ត ឬចាប់ផ្ដើមរអ៊ូរទាំអី គ្រាន់តែផ្ដោតលើការដេញតាមសេចក្ដីពិត ហើយខិតខំទៅមុខចុះ។ នៅពេលដែលអ្នកមានកម្ពស់ខ្លះ ហើយអាចធ្វើកិច្ចការជាក់ស្តែងបាន រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងជ្រើសរើសអ្នកធ្វើជាអ្នកដឹកនាំ ដោយឯកឯង។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានគុណសម្បត្តិអន់ខ្សោយ ហើយថាអ្នកគ្មានឱកាសទទួលបានដំឡើងឋានៈឬបណ្ដុះបណ្ដាលទេ ហើយមហិច្ឆិតារបស់អ្នកមិនអាចសម្រេចបាន តើនេះមិនមែនជារឿងល្អទេឬ? នេះជាការការពារដល់អ្នក! ដោយសារអ្នកមានគុណសម្បត្តិអន់ ប្រសិនបើអ្នកជួបមនុស្សច្របូកច្របល់ងងឹតងងល់មួយក្រុមដែលជ្រើសរើសអ្នកធ្វើជាអ្នកដឹកនាំរបស់ពួកគេ តើអ្នកនឹងមិនកំពុងតែដើរលើរងើកភ្លើងទៅហើយទេឬ? អ្នកគ្មានសមត្ថភាពធ្វើការងារអ្វីបានឡើយ ហើយភ្នែកនិងចិត្តរបស់អ្នកទៀតសោតក៏ងងឹតងងល់ដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែជាការបង្អាក់ គ្រប់សកម្មភាពរបស់អ្នក សុទ្ធតែជាការប្រព្រឹត្តអំពើអាក្រក់។ យកល្អ អ្នកគួរតែបំពេញ ភារកិច្ចបច្ចុប្បន្នរបស់អ្នកឱ្យបានល្អប្រសើរ យ៉ាងហោចណាស់ អ្នកនឹងមិនធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ ហើយវាប្រសើរជាងការធ្វើជាអ្នកដឹកនាំក្លែងក្លាយ និងក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីក្រោយខ្នង។ ក្នុងនាមជាមនុស្ស អ្នកត្រូវតែចេះប្រមាណខ្លួនឯង អ្នកត្រូវតែមានការស្គាល់ខ្លួនឯងខ្លះ ប្រសិនបើអ្នកធ្វើដូច្នេះបាន នោះអ្នកនឹងអាចចៀសវាងការដើរខុសផ្លូវ និងការបង្កើតកំហុសធ្ងន់ធ្ងរបាន។

តើអ្នករាល់គ្នាចង់ធ្វើជាអ្នកដឹកនាំក្លែងក្លាយ ឬចង់ធ្វើជាអ្នកដើរតាមធម្មតា? (ចង់ធ្វើជាអ្នកដើរតាមធម្មតា។) ប្រសិនបើបងប្អូនប្រុសស្រីជ្រើសតាំងអ្នក ចូរអ្នកសាកល្បងធ្វើវាទៅ ប្រហែលជាការយល់ឃើញរបស់ពួកគេចំពោះអ្នក អាចសុក្រឹតជាងអារម្មណ៍ផ្ទាល់របស់អ្នកចំពោះខ្លួនឯងទៅទៀត។ ប្រសិនបើបងប្អូនប្រុសស្រីគិតថាអ្នកអាចធ្វើបាន នោះអ្នកគួរតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ប្រសិនបើអ្នកពិតជាបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែនៅតែបរាជ័យក្នុងកិច្ចការ ហើយចិត្តរបស់អ្នកអន្ទះអន្ទែងដោយក្តីបារម្ភរហូតដល់ថ្នាក់ហូបមិនបាន ដេកមិនលក់ ហើយអ្នកមិនដឹងសោះថាត្រូវធ្វើដូចម្ដេចទើបត្រឹមត្រូវ នោះឈប់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទៅ វាពិបាកសម្រាប់អ្នកពេកហើយ។ ប្រសិនបើអ្នកនៅតែបន្តធ្វើទៀត អ្នកទំនងជានឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយ ដូច្នេះ អ្នកគួរតែសរសេរលិខិតលាលែងពីតំណែងជាបន្ទាន់ ដោយប្រកាសថា៖ «ដោយសារខ្ញុំមានគុណសម្បត្តិអន់ខ្សោយ ហើយគ្មានសមត្ថភាពធ្វើការងារជាក់ស្តែង ប្រសិនបើខ្ញុំបន្តធ្វើជាអ្នកដឹកនាំទៀត មិនយូរប៉ុន្មានទេ ខ្ញុំប្រាកដជានឹងក្លាយទៅជាអ្នកដឹកនាំក្លែងក្លាយជាមិនខាន ដូច្នេះ ខ្ញុំស្នើសុំលាលែងពីតំណែង និងសុខចិត្តលះបង់តំណែងនេះ»។ នេះគឺជាទង្វើដ៏ឈ្លាសវៃបំផុត ហើយជារឿងសមរម្យបំផុតដែលត្រូវធ្វើ! វាគឺជាតម្រិះប្រកបដោយវិចារណញ្ញាណ ហើយប្រសើរជាងការកាន់កាប់តំណែង និងធ្វើជាអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើអ្នកដឹងច្បាស់ថា អ្នកមានគុណសម្បត្តិអន់ខ្សោយ និងមិនអាចធ្វើជាអ្នកដឹកនាំបាន ប៉ុន្តែបែរជាមិនដាច់ចិត្តបោះបង់ឋានៈ ហើយនិយាយប្រាប់ខ្លួនឯងថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើរឿងនេះបាន? តើនរណាអាចផ្ដល់ជំនួយដល់ខ្ញុំ? តើវាអស្ចារ្យប៉ុនណាទៅ ប្រសិនបើខ្ញុំអាចរក្សាតំណែងជាអ្នកដឹកនាំរបស់ខ្ញុំ ហើយមានអ្នកផ្សេងទៀតរៀបចំផែនការ និងយុទ្ធសាស្ត្រទាំងអស់ជំនួសខ្ញុំនោះ! ឥឡូវនេះ គ្មាននរណាម្នាក់ស័ក្តិសមមកជំនួសកន្លែងខ្ញុំទេ ដូច្នេះខ្ញុំអាចបន្តធ្វើជាអ្នកដឹកនាំ ហើយសោយសុខនឹងតំណែងនេះរាល់ថ្ងៃដែលខ្ញុំបំពេញការងារ ទោះបីជាខ្ញុំធ្វើការមិនកើតក៏ដោយ ក៏ខ្ញុំនៅតែជាអ្នកដឹកនាំដែរ ហើយការធ្វើជាអ្នកដឹកនាំ គឺប្រសើរជាងធ្វើជាបងប្អូនប្រុសស្រីធម្មតា។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនដកហូតតំណែងខ្ញុំ ហើយបងប្អូនប្រុសស្រីមិនដកខ្ញុំចេញទេ នោះខ្ញុំនឹងមិនលាលែងពីតំណែងឡើយ»។ តើនេះសមរម្យដែរឬទេ? (ទេ។) ហេតុអ្វីបានជាវាមិនសមរម្យ? (វាមិនសមហេតុផលទេ ប្រសិនបើខ្ញុំគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្តែង ប៉ុន្តែខ្ញុំមិនលាលែងពីតំណែង នេះនឹងគ្រាន់តែពន្យារកិច្ចការរបស់ពួកជំនុំប៉ុណ្ណោះ។) ការធ្វើបែបនេះ ពន្យារពេលកិច្ចការរបស់ពួកជំនុំ វាធ្វើបាបអ្នកដទៃ និងធ្វើបាបខ្លួនឯង។ តើអ្នកដឹងទេថា ការធ្វើជាអ្នកដឹកនាំមានន័យដូចម្តេច? មានន័យថា អ្នកមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការចូលទៅក្នុងជីវិតរបស់មនុស្សជាច្រើន ហើយការដឹកនាំរបស់អ្នក ក៏មានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងរបៀបដែលពួកគេដើរលើផ្លូវដែលនៅខាងមុខពួកគេផងដែរ។ ប្រសិនបើអ្នកដឹកនាំបានល្អ ហើយនាំពួកគេទៅក្នុងផ្លូវដ៏ត្រឹមត្រូវ នោះពួកគេនឹងអាចបោះជំហានលើផ្លូវដ៏ត្រឹមត្រូវបាន។ ប្រសិនបើអ្នកដឹកនាំមិនបានល្អ ហើយនាំពួកគេធ្លាក់ប្រឡាយ ហើយពួកគេក្លាយជាពួកផារិស៊ីដូចជាអ្នកដែរ នោះអំពើបាបរបស់អ្នកធំធេងណាស់! ហើយបន្ទាប់ពីអ្នកប្រព្រឹត្តអំពើបាបដ៏ធំធេងនេះហើយ តើរឿងនេះនឹងចប់ត្រឹមហ្នឹងឬ? វានឹងត្រូវបានព្រះជាម្ចាស់កត់ត្រាទុក! អ្នកដឹងយ៉ាងច្បាស់ថា គុណសម្បត្តិរបស់អ្នកអន់ខ្សោយ អ្នកជាអ្នកដឹកនាំក្លែងក្លាយ និងគ្មានសមត្ថភាពធ្វើការងារជាក់ស្តែង ប៉ុន្តែអ្នកមិនទទួលស្គាល់កំហុស និងលាលែងពីតំណែងនោះទេ បែរជាក្រាញននៀលកាន់តំណែងយ៉ាងមុខក្រាស់ ហើយមិនព្រមលះបង់តំណែងឱ្យអ្នកផ្សេងទៅវិញ។ នេះគឺជាអំពើបាប ហើយព្រះជាម្ចាស់នឹងកត់ត្រាទុក។ ហើយតើការកត់ត្រាទុករបស់ព្រះជាម្ចាស់ ល្អឬអាក្រក់សម្រាប់អ្នកនៅពេលអនាគត? អ្នកនឹងមានបញ្ហាហើយ! ខ្ញុំប្រាប់អ្នកនូវការពិតចុះ៖ ព្រះជាម្ចាស់កត់ត្រាទុកនូវរឿងបែបនេះសម្រាប់មនុស្សម្នាក់ៗ ហើយរឿងនីមួយៗត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់។ ប្រសិនបើមានរឿងដ៏ធ្ងន់ធ្ងរបែបនេះកើតឡើងនៅលើផ្លូវទៅកាន់សេចក្ដីសង្គ្រោះរបស់អ្នក នោះផលប៉ះពាល់ចំពោះអ្នកនឹងធំធេងណាស់! មិនថាអ្នកធ្វើអ្វីក៏ដោយ ចូរកុំដើរតាមផ្លូវនេះ ហើយកុំធ្វើជាមនុស្សប្រភេទនេះឱ្យសោះ។

យើងបានប្រកបគ្នាសង្ខេបខ្លះៗអំពីការអនុវត្ត និងការសម្ដែងចេញរបស់អ្នកដឹកនាំក្លែងក្លាយ ទាក់ទងនឹងការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យប្រភេទផ្សេងៗ។ សរុបសេចក្ដីមក មនុស្សប្រភេទជាអ្នកដឹកនាំក្លែងក្លាយ មិនធ្វើការងារជាក់ស្តែង ហើយគ្មានសមត្ថភាពធ្វើការងារជាក់ស្តែងឡើយ។ គុណសម្បត្តិរបស់ពួកគេអន់ខ្សោយ ភ្នែកនិងចិត្តរបស់ពួកគេងងឹតងងល់ ពួកគេគ្មានសមត្ថភាពរកឃើញបញ្ហា ហើយក៏មិនអាចមើលធ្លុះមនុស្សប្រភេទផ្សេងៗដែរ ដូច្នេះ ពួកគេមិនអាចរែកពុនការងារដ៏សំខាន់នៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យប្រភេទផ្សេងៗបានឡើយ។ ហេតុនេះ ពួកគេគ្មានផ្លូវធ្វើការងាររបស់ពួកជំនុំឱ្យបានល្អទេ ហើយនឹងបង្កការលំបាកជាច្រើនដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ដោយពិចារណាលើកត្តាទាំងនេះ គឺច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយមិនស័ក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំឡើយ។ នៅមានអ្នកដឹកនាំក្លែងក្លាយផ្សេងទៀត ដែលមិនធ្វើការងារជាក់លាក់របស់ពួកជំនុំ ហើយមិនទាក់ទងជាមួយអ្នកមើលការខុសត្រូវលើការងារជាក់លាក់ ដូច្នេះពួកគេមិនដឹងថា មនុស្សមានទេពកោសល្យណាមានសមត្ថភាពធ្វើការងារអ្វី ឬនរណាស័ក្តិសមនឹងការងារអ្វី ហើយក៏មិនដឹងថា តើការធ្វើការរបស់ពួកគេស្របតាមគោលការណ៍ដែរឬទេ។ ហេតុនេះ ពួកគេមិនអាចដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យបានឡើយ។ ចុះតើមនុស្សបែបនេះ អាចធ្វើការងាររបស់ពួកជំនុំឱ្យបានល្អដោយរបៀបណា? មូលហេតុចម្បងដែលអ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើការងារជាក់ស្តែងបាន គឺដោយសារគុណសម្បត្តិរបស់ពួកគេអន់ខ្សោយ ពួកគេមើលមិនធ្លុះអ្វីសោះ ហើយមិនដឹងថាអ្វីជាការងារជាក់ស្តែងឡើយ។ នេះនាំឱ្យការងាររបស់ពួកជំនុំស្ថិតក្នុងស្ថានភាពនៅទ្រឹងឬជាប់គាំងជាញឹកញាប់។ រឿងទាំងនេះទាក់ទងដោយផ្ទាល់នឹងការបរាជ័យរបស់អ្នកដឹកនាំក្លែងក្លាយក្នុងការធ្វើការងារជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាក់របស់ព្រះជាម្ចាស់បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសាថា មនុស្សអាក្រក់ និងពួកអ្នកមិនជឿ ត្រូវតែជម្រះចេញ ហើយអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយ ត្រូវតែដកហូតតំណែង។ ហេតុអ្វីត្រូវតែជម្រះមនុស្សអាក្រក់ និងពួកអ្នកមិនជឿផ្សេងៗចេញ? ដោយសារតែបន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមក មនុស្សទាំងនេះនៅតែមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយបានឈានដល់ចំណុចដែលពួកគេលែងមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះទៀតហើយ។ ហើយហេតុអ្វីត្រូវដកហូតតំណែងអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយទាំងអស់? ដោយសារតែពួកគេមិនធ្វើការងារជាក់ស្តែង ហើយមិនដែលដំឡើងឋានៈឬបណ្ដុះបណ្ដាលអស់អ្នកដែលដេញតាមសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែធ្វើកិច្ចការដែលគ្មានប្រយោជន៍ប៉ុណ្ណោះ។ នេះបណ្តាលឱ្យការងាររបស់ពួកជំនុំធ្លាក់ទៅក្នុងភាពច្របូកច្របល់ និងភាពជាប់គាំង ដោយបញ្ហាដែលមានស្រាប់នៅតែបន្តអូសបន្លាយ មិនត្រូវបានដោះស្រាយ ហើយវាក៏ធ្វើឱ្យការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យឺតយ៉ាវផងដែរ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយទាំងអស់នេះ ត្រូវបានដកហូតតំណែង ហើយប្រសិនបើមនុស្សអាក្រក់ និងពួកអ្នកមិនជឿទាំងអស់នេះដែលរំខានដល់ពួកជំនុំ ត្រូវបានបោសសម្អាតចេញ នោះកិច្ចការរបស់ពួកជំនុំនឹងដំណើរការដោយរលូនជាមិនខាន ជីវិតរបស់ពួកជំនុំនឹងរីកចម្រើនកាន់តែល្អប្រសើរជាមិនខាន ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងអាចហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ពួកគេបានតាមធម្មតា ព្រមទាំងចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់។ នេះគឺជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឃើញ។

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៦)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ