ជំពូកទី ៦៣
អ្នកត្រូវតែយល់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ហើយលើសពីនេះទៅទៀត ត្រូវតែច្បាស់អំពីផ្លូវដែលអ្នកត្រូវដើរ។ កុំចាំឱ្យខ្ញុំញ៉ឹងត្រចៀកអ្នក ហើយប្រាប់អ្នកនូវរឿងជាច្រើននោះឡើយ។ ខ្ញុំជាព្រះជាម្ចាស់ដែលសង្កេតមើលជម្រៅដួងចិត្តរបស់មនុស្ស ហើយខ្ញុំស្គាល់នូវរាល់ទាំងចិត្ត និងគំនិតរបស់អ្នក។ លើសពីនេះទៅទៀត ខ្ញុំយល់ពីទង្វើ និងឥរិយាបថរបស់អ្នក ប៉ុន្តែតើទាំងអស់នេះមានសេចក្ដីសន្យារបស់ខ្ញុំទេ? តើពួកវាទាំងអស់នោះមានផ្ទុកនូវបំណងព្រះហឫទ័យរបស់ខ្ញុំទេ? តើអ្នកពិតជាធ្លាប់ស្វែងរករបស់ទាំងនេះពីមុនមកទេ? តើអ្នកពិតជាបានចំណាយពេលវេលាណាមួយលើបញ្ហានេះទេ? តើអ្នកពិតជាបានប្រឹងប្រែងមែនទេ? ខ្ញុំមិនមែនកំពុងតែរិះគន់អ្នកទេ។ អ្នករាល់គ្នាពិតជាមិនបានអើពើនឹងរឿងនេះទេ! អ្នកតែងតែមានការភាន់ច្រឡំ ហើយមិនអាចមើលឃើញអ្វីច្បាស់ទេ។ តើអ្នកដឹងថាបុព្វហេតុនេះបណ្តាលមកពីមូលហេតុអ្វីទេ? នោះគឺមកពីគំនិតរបស់អ្នករាល់គ្នាមិនច្បាស់ ហើយសញ្ញាណរបស់អ្នកបានចាក់ឫសយ៉ាងមាំ។ លើសពីនេះទៅទៀត អ្នកមិនបានយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ មនុស្សខ្លះនិយាយថា «តើទ្រង់អាចអះអាងយ៉ាងដូចម្តេចបានថាយើងខ្ញុំមិនបានយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យរបស់ទ្រង់? យើងខ្ញុំតែងតែព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ប៉ុន្តែយើងខ្ញុំមិនដែលយល់នោះឡើយ ដូច្នេះតើយើងខ្ញុំគួរធ្វើដូចម្ដេចទៅ? តើទ្រង់ពិតជាអាចមានបន្ទូលបានថាយើងខ្ញុំមិនប្រឹងប្រែងយ៉ាងដូចម្ដេចកើត?» ខ្ញុំសូមសួរអ្នកដូច្នេះថា៖ តើអ្នកហ៊ានអះអាងថាអ្នកពិតជាស្មោះត្រង់ចំពោះខ្ញុំឬទេ? ហើយតើអ្នកណាហ៊ាននិយាយថាពួកគេលះបង់ខ្លួនគេចំពោះខ្ញុំ ដោយស្មោះអស់ពីចិត្តនោះ? ខ្ញុំខ្លាចថាគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចនិយាយរឿងនេះបានឡើយ ព្រោះខ្ញុំមិនចាំបាច់មានបន្ទូលទេ គឺគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាមានជម្រើសផ្ទាល់ខ្លួន មានការចូលចិត្តផ្ទាល់ខ្លួន ហើយលើសពីនេះទៅទៀត គឺអ្នកមានបំណងរបស់ខ្លួនផ្ទាល់។ ចូរកុំបោកបញ្ឆោតឡើយ! ខ្ញុំបានយល់យ៉ាងច្បាស់អំពីជម្រៅដួងចិត្តរបស់អ្នករាល់គ្នាតាំងពីយូរយារមកហើយ។ តើខ្ញុំចាំបាច់នៅតែបញ្ជាក់ពីបញ្ហានេះឬ? អ្នកត្រូវតែពិនិត្យមើលឱ្យគ្រប់ជ្រុងជ្រោយ (ចិត្ត និងគំនិតរបស់អ្នក គ្រប់យ៉ាងដែលអ្នកនិយាយ គ្រប់ពាក្យសម្ដី គ្រប់បំណងប្រាថ្នា និងការលើកទឹកចិត្តដែលនៅពីក្រោយទង្វើគ្រប់យ៉ាងដែលអ្នកធ្វើ)។ តាមវិធីនេះ អ្នកនឹងយល់ដឹងអ្វីៗគ្រប់យ៉ាង។ លើសពីនេះទៅទៀត អ្នកនឹងអាចភ្ជាប់ខ្លួនឯងជាមួយសេចក្ដីពិតដ៏ពេញលេញ។
ប្រសិនបើខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីរឿងបែបនេះទេ អ្នករាល់គ្នានឹងនៅតែមានការភាន់ច្រឡំ ដោយមានក្តីប្រាថ្នាចង់បានការសប្បាយខាងលោកិយពេញមួយថ្ងៃ ព្រមទាំងគ្មានបំណងសម្ដែងការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំឡើយ។ ខ្ញុំតែងតែប្រើព្រះហស្ដជាទីស្រឡាញ់របស់ខ្ញុំ ដើម្បីជួយសង្រ្គោះអ្នករាល់គ្នាជានិច្ច។ តើអ្នករាល់គ្នាដឹងទេ? តើអ្នករាល់គ្នាបានដឹងហើយឬនៅ? ខ្ញុំស្រឡាញ់អ្នកដោយស្មោះ។ តើអ្នកហ៊ាននិយាយថាអ្នកស្រឡាញ់ខ្ញុំដោយស្មោះទេ? ចូរសួរខ្លួនឯងជារឿយៗដូច្នេះថា៖ តើអ្នកពិតជាអាចមកចំពោះព្រះភក្ត្រខ្ញុំ ដើម្បីថ្វាយគ្រប់ទាំងសកម្មភាពរបស់អ្នក ឱ្យខ្ញុំពិនិត្យមើលបានទេ? តើអ្នកពិតជាអាចឱ្យខ្ញុំពិនិត្យមើលរាល់សកម្មភាពរបស់អ្នកបានទេ? ខ្ញុំនិយាយថាអ្នកត្រូវបានធ្វើឱ្យខូចសីលធម៌ហើយ ហើយអ្នកក៏ចាប់ផ្តើមការការពារខ្លួនរបស់អ្នកដែរ។ ការជំនុំជម្រះរបស់ខ្ញុំកើតមានលើអ្នក។ ឥឡូវនេះ អ្នកគួរតែភ្ញាក់ដឹងខ្លួនចំពោះសេចក្ដីពិតហើយ! អ្វីដែលខ្ញុំមានព្រះបន្ទូល គឺជាសេចក្តីពិត។ ព្រះបន្ទូលរបស់ខ្ញុំចង្អុលបង្ហាញពីស្ថានភាពជាក់ស្តែងដែលនៅក្នុងខ្លួនឯង។ ឱ! មនុស្សជាតិអើយ! អ្នកពិបាកដោះស្រាយជាមួយណាស់។ មានតែពេលខ្ញុំចង្អុលបង្ហាញនូវស្ថានភាពជាក់ស្តែងរបស់អ្នកទេ ទើបអ្នកព្រមទទួលយកនូវព្រះបន្ទូលរបស់ខ្ញុំដោយស្មោះអស់ពីចិត្ត។ ប្រសិនបើខ្ញុំមិនបានធ្វើដូច្នេះទេ នោះអ្នករាល់គ្នានឹងតែងតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតដែលហួសសម័យរបស់អ្នក ហើយប្រកាន់ខ្ជាប់នូវរបៀបគិតរបស់អ្នក ដោយស្មានថាគ្មានអ្នកណាម្នាក់នៅលើផែនដីនេះឆ្លាតជាងអ្នកឡើយ។ ត្រង់ចំណុចនេះ តើអ្នកមិនមែនជាមនុស្សដែលរាប់ខ្លួនឯងជាសុចរិតទេឬអី? តើអ្នកមិនមែនបណ្ដោយខ្លួនឱ្យទៅជាមនុស្សដែលមានមោទនភាពលើខ្លួនឯងជ្រុល ពេញចិត្តខ្លួនឯង ក្អេងក្អាង និងអួតខ្លួនទេឬ? ឥឡូវនេះ អ្នកគួរតែទទួលស្គាល់រឿងនេះហើយ! នៅពេលនេះ អ្នកមិនគួរគិតថាខ្លួនឯងឆ្លាត ឬអស្ចារ្យនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែដឹងជានិច្ចអំពីចំណុចខ្វះខាត និងចំណុចខ្សោយរបស់ខ្លួនឯង។ តាមវិធីនេះ ការតាំងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ខ្ញុំនឹងមិនថមថយឡើយ ហើយផ្ទុយទៅវិញ អ្នកនឹងកាន់តែរឹងមាំឡើងៗ ហើយស្ថានភាពរបស់អ្នកនឹងកាន់តែប្រសើរឡើងថែមទៀត។ សំខាន់ជាងនេះទៅទៀត ជីវិតរបស់អ្នកនឹងរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។
នៅពេលដែលអ្នកយល់ពីព្រះហឫទ័យរបស់ខ្ញុំ អ្នកនឹងស្គាល់ខ្លួនឯង ដោយទទួលបាននូវការយល់ដឹងកាន់តែច្បាស់អំពីខ្ញុំ ហើយមានការរីកចម្រើនបន្ថែមទៀតនៅក្នុងភាពច្បាស់លាស់របស់អ្នកអំពីខ្ញុំ។ បច្ចុប្បន្ននេះ ប្រសិនបើមានអ្នកណាម្នាក់មិនអាចសម្រេចបាននូវភាពប្រាកដប្រជាអំពីខ្ញុំកៅសិបភាគរយទេ ហើយផ្ទុយទៅវិញនៅតែបន្តឡើងមួយនាទី ហើយមួយនាទីក្រោយមកធ្លាក់ចុះមកវិញ ម្ដងក្ដៅ ម្ដងត្រជាក់ នោះខ្ញុំសូមមានបន្ទូលប្រាប់ថាមនុស្សនោះគឺជាម្នាក់ដែលនឹងត្រូវបោះចោលជាប្រាកដ។ ដប់ភាគរយទៀតដែលនៅសល់ ស្ថិតនៅលើការបំភ្លឺ និងការធ្វើឱ្យយល់ច្បាស់របស់ខ្ញុំទាំងស្រុង ហើយតាមរយៈចំណុចទាំងនេះ មនុស្សអាចសម្រេចបាននូវភាពប្រាកដប្រជាមួយរយភាគរយអំពីខ្ញុំ។ ឥឡូវនេះ សព្វថ្ងៃនេះ គឺថាតើមានមនុស្សប៉ុន្មាននាក់ទៅដែលអាចសម្រេចបានការយល់ដឹងកម្រិតនេះនោះ? ខ្ញុំតែងតែបើកសម្ដែងនូវបំណងព្រះហឫទ័យរបស់ខ្ញុំដល់អ្នក និងអារម្មណ៍នៃជីវិតដែលមានជាប្រចាំនៅក្នុងខ្លួនឯង។ ដូច្នេះ ហេតុអ្វីបានជាអ្នកមិនធ្វើឱ្យស្របតាមព្រះវិញ្ញាណ? តើអ្នកខ្លាចធ្វើខុសមែនទេ? បើដូច្នេះ ហេតុអ្វីបានជាអ្នកមិនផ្តោតទៅលើការបណ្តុះបណ្តាល? ខ្ញុំសូមមានបន្ទូលប្រាប់អ្នកថា មនុស្សមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយគ្រាន់តែព្យាយាមម្តង ឬពីរដងបាននោះទេ។ ពួកគេត្រូវតែឆ្លងកាត់ដំណើរការមួយ។ ខ្ញុំបានចង្អុលបង្ហាញរឿងនេះជាច្រើនលើកច្រើនសារមកហើយ ដូច្នេះហេតុអ្វីបានជាអ្នកមិនអនុវត្តតាម? តើអ្នកមិនគិតថាអ្នកកំពុងតែមិនស្តាប់បង្គាប់ទេឬ? អ្នកចង់បញ្ចប់អ្វីៗគ្រប់យ៉ាងភ្លាមៗ ហើយមិនដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង ឬចំណាយពេលវេលាទៅលើអ្វីមួយម្ដងណាឡើយ។ អ្នកពិតជាមនុស្សល្ងីល្ងើមែន ហើយលើសពីនេះទៅទៀត អ្នកល្ងង់ខ្លៅណាស់!
តើអ្នករាល់គ្នាមិនដឹងទេឬថា ខ្ញុំតែងតែមានបន្ទូលអំពីរឿងជាច្រើន ដោយមិនប្រើព្រះបន្ទូលចំៗ? ហេតុអ្វីបានជាអ្នកនៅតែល្ងង់ នៅតែស្ពឹក ហើយនៅតែមិនឆ្លាតដូច្នេះ? អ្នកគួរតែពិនិត្យមើលខ្លួនឯងឱ្យកាន់តែច្បាស់ថែមទៀត ហើយប្រសិនបើមានអ្វីដែលអ្នកមិនយល់ អ្នកគួរតែមកនៅចំពោះព្រះភក្រ្តខ្ញុំឱ្យបានញឹកញាប់។ ខ្ញុំសូមប្រាប់អ្នកទៅចុះថា៖ គោលបំណងរបស់ខ្ញុំដែលមានបន្ទួលបែបនេះ ឬបែបនោះ គឺដើម្បីនាំអ្នករាល់គ្នាមកនៅចំពោះព្រះភក្ត្រខ្ញុំ។ អស់រយៈពេលយូរយ៉ាងនេះហើយ ហេតុអ្វីបានជាអ្នករាល់គ្នានៅតែមិនដឹងរឿងនេះ? តើដោយសារតែព្រះបន្ទូលរបស់ខ្ញុំឬ ទើបបានធ្វើឱ្យអ្នករាល់គ្នាយល់ច្រឡំទាំងស្រុង? ឬមួយក៏មកពីអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំទេ? នៅពេលអ្នករាល់គ្នាអានព្រះបន្ទូលរបស់ខ្ញុំ អ្នកទទួលបានការយល់ដឹងដ៏ល្អអំពីខ្លួនឯង ហើយអ្នកបន្តនិយាយថាអ្នកជំពាក់ខ្ញុំ និងមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំបានឡើយ។ ចុះក្រោយមកទៀត តើនឹងទៅជាយ៉ាងណា? វាហាក់ដូចជាអ្នកគ្មានអ្វីដែលត្រូវធ្វើជាមួយនឹងរឿងទាំងនេះឡើយ គឺដូចជាអ្នកមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ទេ។ តើអ្នកមិនមែនកំពុងតែទទួលព័ត៌មានលឿនពេក ដោយមិនបានទុកពេលវេលាឱ្យខ្លួនឯង ដើម្បីស្វែងយល់ពីវាទេឬអី? នៅពេលដែលអ្នករីករាយនឹងព្រះបន្ទូលរបស់ខ្ញុំ វាប្រៀបបានទៅនឹងអ្នកគ្រាន់តែកំពុងគយគន់មើលបុប្ផាបានតែមួយភ្លែតប៉ុណ្ណោះនៅពេលអ្នកជិះសេះ។ អ្នកមិនដែលព្យាយាមស្វែងយល់ឱ្យបានច្បាស់អំពីព្រះបន្ទូលរបស់ខ្ញុំ ថាតើខ្ញុំមានបំណងព្រះហឫទ័យយ៉ាងណានោះទេ។ នេះហើយជាចរិតរបស់មុនស្ស៖ ពួកគេតែងតែចូលចិត្តបង្ហាញថាខ្លួនឯងបន្ទាបខ្លួន។ មនុស្សបែបនេះគឺជាប្រភេទមនុស្សដែលគួរឱ្យស្អប់បំផុត។ នៅពេលពួកគេបានប្រកបគ្នាជាមួយអ្នកដទៃ ពួកគេតែងតែចូលចិត្តចែករំលែកចំណេះដឹងរបស់ខ្លួន នៅចំពោះមុខមនុស្សដទៃទៀត ធ្វើឱ្យអ្នកផ្សេងទៀតឃើញថាពួកគេជាមនុស្សដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ខ្ញុំ ដែលការពិត ពួកគេគឺជាមនុស្សល្ងង់ខ្លៅបំផុត។ (ពួកគេមិនប្រកបអំពីការយល់ឃើញពិត ឬចំណេះដឹងពិតរបស់ពួកគេអំពីខ្ញុំ ជាមួយនឹងបងប្អូនរបស់ខ្លួនឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបង្ហាញឱ្យឃើញអំពីខ្លួនពួកគេ និងបង្អួតខ្លួននៅចំពោះមុខមនុស្សផ្សេងទៀតប៉ុណ្ណោះ។ ខ្ញុំស្អប់មនុស្សបែបនេះខ្លាំងណាស់ ព្រោះពួកគេបង្ខូចព្រះនាម និងបង្អាប់បង្អោនខ្ញុំ។)
ខ្ញុំតែងធ្វើឱ្យមានការឫទ្ធបារមីដ៏ធំបំផុតរបស់ខ្ញុំស្តែងចេញមកយ៉ាងច្បាស់នៅក្នុងខ្លួនរាល់គ្នា។ តើអ្នករាល់គ្នាមិនបានឃើញការអស្ចារ្យទាំងនោះទេឬ? អ្វីដែលគេហៅថា «ការពិត» នោះ ត្រូវបានបង្ហាញឱ្យឃើញដោយអ្នកណាដែលស្រឡាញ់ខ្ញុំដោយស្មោះ។ តើអ្នករាល់គ្នាមិនបានឃើញវាទេ? តើនេះមិនមែនជាភ័ស្តុតាងល្អបំផុត ដែលធ្វើឱ្យអ្នករាល់គ្នាអាចស្គាល់ខ្ញុំទេឬ? តើវាមិនបានធ្វើជាស្មរបន្ទាល់យ៉ាងប្រសើរសម្រាប់ខ្ញុំទេឬ? ក៏ប៉ុន្តែ អ្នករាល់គ្នាមិនទទួលស្គាល់វាទេ។ ចូរប្រាប់ខ្ញុំមក៖ តើអ្នកណារស់នៅក្នុងភាពជាក់ស្ដែងនៅលើផែនដីដែលគ្មានសណ្តាប់ធ្នាប់ ដែលកខ្វក់ ស្មោកគ្រោក ហើយត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះ? តើមនុស្សទាំងអស់មិនពុករលួយ ហើយឥតខ្លឹមសារទេឬ? ក្នុងករណីណាក៏ដោយ បន្ទូលរបស់ខ្ញុំបានទៅដល់ចំណុចកំពូលរបស់ពួកគេហើយ។ គ្មានព្រះបន្ទូលណាដែលងាយយល់ជាងព្រះបន្ទូលទាំងនេះទេ។ សូម្បីតែមនុស្សល្ងង់ម្នាក់ក៏អាចអានបន្ទូលរបស់ខ្ញុំ ហើយយល់ព្រះបន្ទូលទាំងនោះដែរ ដូច្នេះ តើនេះមិនមែនដោយសារតែអ្នករាល់គ្នាមិនបានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទេឬ?