លែងធ្វើជាមនុស្សអួតតទៅទៀត

11-11-2021

ខ្ញុំចាំបានថា កាលពីឆ្នាំ ២០១៨ នៅក្នុងក្រុមជំនុំ ខ្ញុំមានភារកិច្ចផ្សាយដំណឹងល្អ ហើយក្រោយមកខ្ញុំត្រូវបានចាត់ឱ្យទទួលខុសត្រូវលើការងារនោះ។ ខ្ញុំអាចមើលឃើញបញ្ហា និងកំហុសរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ពួកគេ ហើយអាចដោះស្រាយបញ្ហាតាមរយៈការប្រកប ដូច្នេះបងប្អូនគ្រប់គ្នាសប្បាយចិត្តជាមួយខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានស្នាដៃ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯង ហើយគិតថាខ្ញុំល្អជាងបងប្អូនឯទៀតៗ។ ខ្ញុំទប់ មិនអួតមិនបាន។ ខ្ញុំបានគិតថា “ខ្ញុំផ្តល់យោបល់ និងដោះស្រាយបញ្ហារបស់បងប្អូន ហើយបងប្អូនគ្រប់គ្នាមានចំណាប់អារម្មណ៍ល្អចំពោះខ្ញុំ។ បើខ្ញុំជួយគេច្រើនជាងនេះ ខ្ញុំនឹងធ្វើឱ្យខ្លួនឯងមើលទៅ មានសមត្ថភាពជាងពួកគេ។ នោះពួកគេនឹងកោតសរសើរខ្ញុំកាន់តែច្រើន”។ នៅថ្ងៃមួយមានការជួបជុំមួយបងប្រុសលូបាននិយាយថា គាត់បានជួបជាមួយមិត្តរួមការងារដែលជាអ្នកកាន់សាសនាម្នាក់ ខណៈពេលគាត់កំពុងផ្សាយដំណឹងល្អ។ គាត់ជាគ្រូអធិប្បាយអស់រយៈពេលជាង ២០ ឆ្នាំហើយ។ គាត់គឺជាអ្នកជឿដ៏ពិតប្រាកដម្នាក់ ប៉ុន្តែគាត់មានសញ្ញាណខាងសាសនាខ្លាំង។ បងប្រុសលូបានធ្វើការប្រកបជាមួយគាត់ ប៉ុន្តែគាត់មិនបានទទួលយកដំណឹងល្អទេ ហើយឥឡូវនេះបងលូមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំបានគិតក្នុងចិត្តថា “បុរសម្នាក់នេះគឺជាអ្នកជឿពិតម្នាក់និងចង់ស្តាប់អំពីការប្រកប។ អ្នកបរាជ័យធ្វើឲ្យគាត់ប្រែចិត្ត ព្រោះអ្នកមិនបានប្រកបអំពីសេចក្តីពិតឱ្យបានច្បាស់លាស់គ្រប់គ្រាន់។ ខ្ញុំធ្លាប់ជួបរឿងប្រភេទនេះពីមុន ដូច្នេះនេះគឺជាឱកាសរបស់ខ្ញុំដើម្បីប្រាប់អ្នកទាំងអស់គ្នាអំពីរឿងនេះ” ។ ខ្ញុំបាននិយាយទៅកាន់ពួកគេថា “ខ្ញុំមិនឃើញការលំបាកនៅចំណុចនេះទេ។ អ្នកត្រូវផ្តោតលើចំណុចសំខាន់ និងការប្រកបគ្នាឱ្យបានច្បាស់លាស់។ បើគាត់សុខចិត្តស្តាប់ ហើយអ្នកដោះស្រាយបញ្ហារបស់គាត់ តើគាត់មិនអាចទទួលយកដោយរបៀបណា? ចាង ដែលជាមិត្តរួមការងារ ធ្លាប់មានសញ្ញាណជាច្រើន ដូច្នេះខ្ញុំបានបដិសេធសញ្ញាណដ៏ខ្លាំងបំផុតរបស់គាត់តាមរយៈការប្រកប ហើយបន្ទាប់មក បន្តទៅផ្នែកបន្ទាប់មួយទៀត។ គាត់បានទទួលយកដំណឹងល្អនៅទីបញ្ចប់។ អ្នកត្រូវតែប្រកបឲ្យបានយ៉ាងច្បាស់លាស់ នៅពេលថ្លែងទីបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់»។ បន្ទាប់មកខ្ញុំបានប្រាប់ពួកគេអំពីបញ្ហាទាំងអស់ដល់មនុស្សម្នា ដែលខ្ញុំបានអធិប្បាយជូន។ របៀបដែលខ្ញុំប្រកប ដើម្បីដោះស្រាយបញ្ហាពួកគេ និងរបៀបដែលពួកគេបានទទួលយកដំណឹងល្អ។ ខ្ញុំបានរំលឹកឡើងវិញនូវបទពិសោធន៍ទាំងនេះដោយលម្អិត ហើយធានាថាខ្ញុំបានរាប់បញ្ចូលអ្វីគ្រប់យ៉ាង ដើម្បីពួកគេទាំងអស់គ្នាដឹងថាខ្ញុំមានសមត្ថភាពប៉ុនណា។ ក្រោយមក មនុស្សគ្រប់គ្នាសរសើរខ្ញុំ ហើយបងស្រីម្នាក់បាននិយាយថា "អ្នកពិតជានិយាយចំចំណុចមែន។ ហេតុអ្វីបានជាខ្ញុំនឹកមិនឃើញពីចំណុចនេះ?" ខ្ញុំបាននិយាយថាទាំងអស់នេះគឺជាការដឹកនាំរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងចិត្ត ខ្ញុំមានអារម្មណ៍រីករាយណាស់។ ពេលខ្លះនៅពេលយើងកំពុងពិភាក្សាការងារ ខ្ញុំក៏ពិចារណា អំពីអ្វីដែលត្រូវនិយាយ ដើម្បីធ្វើឱ្យអ្នករាល់គ្នាគិតថាខ្ញុំកំពុងពិចារណា និងវិភាគយ៉ាងលម្អិត ថាខ្ញុំមានគុណសម្បត្តិ មានភាពវៃឆ្លាត និងល្អជាងអ្នកដទៃ នៅពេលដល់វេនខ្ញុំផ្តល់យោបល់ ខ្ញុំនឹងនិយាយមិនឈប់ ហើយបបូរមាត់ខ្ញុំតែងពោលពាក្យ“ ខ្ញុំ” ជានិច្ច។ "ខ្ញុំគិតថាបែបនេះ" និង "ខ្ញុំបានដោះស្រាយបែបនោះ" "ខ្ញុំ ខ្ញុំ ខ្ញុំ .... " ខ្ញុំនឹងរាយបញ្ជីទ្រឹស្តី និងគំនិតរបស់ខ្ញុំហើយវិភាគពួកវាឱ្យបានលម្អិត។ យូរៗទៅ អ្នកផ្សេងទៀតចាប់ផ្តើមពឹងផ្អែកលើខ្ញុំ ដូច្នេះពួកគេមិនដឹងត្រូវស្វែងរកគោលការណ៍របៀបណា នៅពេលមានបញ្ហាកើតឡើង។ ពេលពិភាក្សាការងារ ពេលខ្លះពួកគេសុំឱ្យខ្ញុំនិយាយមុនគេ មុននឹងពួកគេបន្ថែមរឿងខ្លះដោយខ្លួនឯង។ ពេលខ្លះមានគំនិតមួយលេចឡើងក្នុងចិត្តខ្ញុំ៖ "បើខ្ញុំបន្តបែបនេះ តើមនុស្សនឹងគោរពស្រឡាញ់រូបខ្ញុំជ្រុលទេ?" ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា“ ខ្ញុំមិនបានបង្ខំឱ្យនរណាម្នាក់ស្តាប់ខ្ញុំទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ពីទស្សនៈរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ ការធ្វើជាមនុស្សសកម្ម គឺជាវិធីសាស្រ្តវិជ្ជមាន និងមានការទទួលខុសត្រូវ”។ ខ្ញុំមិនបានគិតច្រើនទេ ហើយគ្រាន់តែបន្តទៅមុខទៀត។

ក្រោយមកយើងបានជួបការលំបាកជាច្រើនក្នុងការផ្សព្វផ្សាយដំណឹងល្អ ហើយបងប្អូនប្រុសស្រីមានការខកចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរ។ ខ្ញុំចង់បើកចំហពីអារម្មណ៍របស់ខ្ញុំជាមួយអ្នករាល់គ្នា ប៉ុន្តែខ្ញុំជាអ្នកទទួលខុសត្រូវ ដូចនេះបើខ្ញុំមានភាពអវិជ្ជមានពេក តើខ្ញុំនឹងមិនត្រូវគេមើលឃើញថាទន់ខ្សោយទេឬ? តើអ្នកផ្សេងទៀតគិតយ៉ាងណាចំពោះខ្ញុំ បើពួកគេដឹងថាកម្ពស់របស់ខ្ញុំទន់ទាបខ្លាំងយ៉ាងនេះ? តើចំណាប់អារម្មណ៍ល្អរបស់ពួកគេចំពោះខ្ញុំ នឹងមិនត្រូវបានបំផ្លាញទេឬ? ខ្ញុំនឹកឆ្ងល់ថា, បើខ្ញុំនិយាយអំពីភាពវិជ្ជមាន ហើយដឹកនាំបងប្អូនគ្រប់គ្នាតាមបែបវិជ្ជមាន តើនេះនឹងមិនធ្វើឱ្យបងប្អូនគ្រប់គ្នាមានការលើកទឹកចិត្តទេឬ?” ដូច្នេះនៅក្នុងការប្រកបទាំងអស់ ខ្ញុំបានផ្តោតលើរបៀបដែលខ្ញុំប្រឈមមុខនឹងបញ្ហា ដែលខ្ញុំបានជួបដោយភាពវិជ្ជមាន របៀបដែលខ្ញុំបានពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីឆ្លងផុតទុក្ខលំបាក និងរបៀបដែលខ្ញុំក្រោកឡើងដើម្បីប្រឈមជាមួយបញ្ហា។ គ្រប់គ្នាគិតថា ខ្ញុំមានកម្ពស់ភាពខ្ពង់ខ្ពស់ ហើយអាចដោះស្រាយបញ្ហាបាន។ ពួកគេទាំងអស់គ្នាកោតសរសើរខ្ញុំ។ ពេលខ្លះ នៅពេលពិភាក្សាការងារជាមួយបងប្អូនឯទៀតៗ ខ្ញុំចង់បង្ហាញថា ខ្ញុំមានសម្ពាធនៅក្នុងភារកិច្ចរបស់ខ្ញុំ បង្ហាញថាខ្ញុំរវល់ណាស់ ខ្ញុំស្ទើរតែគ្មានពេលញ៉ាំបាយ ឬសម្រាក ដូច្នេះពួកគេអាចដឹងថា ខ្ញុំរងទុក្ខប៉ុនណា។ ពេលជួបជុំគ្នា ខ្ញុំមិនបានសញ្ជឹងគិតពីព្រះបន្ទូលព្រះជាម្ចាស់ ឬឆ្លុះបញ្ចាំងពីខ្លួនឯងទេ ប៉ុន្តែគិតតែពីវិធីណាដែលធ្វើឱ្យគ្រប់គ្នាគិតថា ការប្រកបរបស់ខ្ញុំមានភាពជ្រាលជ្រៅ និងសំខាន់ប៉ុណ្ណោះ។ ដោយមិនដឹងខ្លួន ខ្ញុំបានអធិប្បាយអំពីគោលលទ្ធិដែលក្រអឺតក្រទម មួយចំនួន ហើយខ្ញុំពិតជាត្រេកអរដែលបានឃើញការយល់ព្រមពីអ្នកដទៃ។ សន្សឹមៗ មនុស្សមួយចំនួនចាប់ផ្តើមសួរខ្ញុំមុនគេ នៅពេលដែលពួកគេមានបញ្ហានៅក្នុងភារកិច្ចរៀងៗខ្លួន។ ទោះបីជាពួកគេអាចដោះស្រាយវាបាន ដោយគ្រាន់តែប្រើការគិតបន្តិចក៏ដោយ ពួកគេនៅតែចង់បានមតិខ្ញុំជាមុន។ ពួកគេប្រាប់ខ្ញុំអំពីសភាព និងគំនិតនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយខ្ញុំពិតជារីករាយណាស់ដែលដឹងថាពួកគេទុកចិត្តខ្ញុំ។ យូរៗទៅ ខ្ញុំហាក់ដូចជារវល់ណាស់ ប៉ុន្តែខ្ញុំមិនអាចទទួលអារម្មណ៍នៃការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ នៅពេលពិភាក្សាការងារជាមួយបងប្អូនឯទៀតៗ រាល់យោបល់របស់ខ្ញុំគ្មានប្រយោជន៍ទេ ហើយខ្ញុំមិនអាចមើលឃើញសូម្បីតែបញ្ហាដ៏ច្បាស់បំផុតនៅក្នុងការងាររបស់យើង។ ទីបំផុតខ្ញុំដឹងថា ខ្ញុំស្ថិតក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច។ ភាពក្រអឺតក្រទមរបស់ខ្ញុំបានបាត់ អស់។ ខ្ញុំធ្លាប់គិតថា ខ្ញុំជាមនុស្សដែលទទួលបានកោតសរសើរខ្ពស់ ប៉ុន្តែភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សឆ្កួត ដោយគ្មានអ្វីត្រូវអួតទៀត។ មានភាពងងឹត និងការឈឺចាប់ជាច្រើននៅក្នុងវិញ្ញាណរបស់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំកំពុងនិយាយជាមួយបងប្រុសពីរនាក់ ហើយពេលនោះបងស៊ូនិយាយថា “ខ្ញុំស្គាល់អ្នកមួយរយៈហើយ អ្នកតែងតែលើកតម្កើងខ្លួនឯង និងអួតអាង។ អ្នកស្ទើរតែមិនដែលនិយាយពីសេចក្ដីពុករលួយ ឬកំហុសរបស់អ្នកក្នុងការប្រកបទេ ប៉ុន្តែភាគច្រើននិយាយពីចំណុចល្អរបស់អ្នក ដែលនាំឱ្យខ្ញុំគិតថា អ្នកជាមនុស្សអស្ចារ្យនិងគោរពសរសើរអ្នក។ ពេលមានបញ្ហាក្នុងការងាររបស់ខ្ញុំ អ្នកមិនប្រកបលើគោលការណ៍នៃសេចក្តីពិតទេ ប៉ុន្តែអ្នកគ្រាន់តែនិយាយអំពីអ្វីដែលអ្នកបានធ្វើ និងរបៀបដែលអ្នកដោះស្រាយបញ្ហា ដូច្នេះខ្ញុំគិតថា អ្នកពិតជាអស្ចារ្យហើយប្រសើរជាងពួកយើង …”។ ខ្ញុំពិតជាមិនអាចទទួលយករឿងនេះពីបងស៊ូទេ ជាពិសេសនៅពេលគាត់និយាយ ថាខ្ញុំតែងតែលើកតម្កើងខ្លួនឯង និងអួត។ ពាក្យទាំងនេះបានលឺសូរខ្ទរនៅក្នុងត្រចៀករបស់ខ្ញុំ។ ទោះបីខ្ញុំមិនឈ្លោះប្រកែកក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ចង់តទល់នឹងអ្វីដែលគាត់បាននិយាយ។ ខ្ញុំគិតថា "ខ្ញុំមិនដែលសុំឱ្យអ្នកគោរពស្រលាញ់ខ្ញុំទេ។ តើខ្ញុំពិតជាអាក្រក់ដូចអ្នកនិយាយមែនឬ?" ខ្ញុំមិនអាចទទួលយកបានទេ ដូច្នេះខ្ញុំបានសួរបងប្រុសម្នាក់ទៀតថាគាត់គិតយ៉ាងម៉េច។ ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ដែលគាត់ក៏និយាយថា “អ្នកមិនដែលនិយាយអំពីសេចក្ដីពុករលួយ ឬកំហុសរបស់អ្នកទេ។ ខ្ញុំមិនយល់ពីអ្នកទៀតទេ”។ រឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែអាក្រក់។ "ម៉េចបានជាគាត់និយាយថាគាត់មិនយល់ពីខ្ញុំទៀត? តើខ្ញុំពិបាកយល់យ៉ាងនេះឬ?” ខ្ញុំពិតជាចង់និយាយអ្វីមួយ ដើម្បីបានសេចក្តីថ្លៃថ្នូរមកវិញ ប៉ុន្តែពេលឃើញពួកគាត់ទាំងពីរលួសកាត់ ហើយដោះស្រាយជាមួយខ្ញុំដូចនេះ ខ្ញុំដឹងថា ប្រាកដជាមានហេតុផលអ្វីម្យ៉ាងហើយ។ ប្រសិនបើអ្វីដែលពួកគាត់និយាយគឺជាការពិតនោះ ខ្ញុំពិតជាមានបញ្ហាហើយ!

មិនបង្អង់យូរខ្ញុំក៏ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយលាតត្រដាងពីមនុស្សដែលលើកតម្កើង និងថ្លែងទីបន្ទាល់ចំពោះតែខ្លួនឯង។ ខ្ញុំក៏អានបទគម្ពីរ៖ «ការលើកសរសើរ និងការធ្វើទីបន្ទាល់ចំពោះខ្លួនឯង ការសម្ញែងខ្លួន ការព្យាយាមធ្វើឱ្យមនុស្សសរសើរពួកគេ គឺមនុស្សជាតិពុករលួយអាចធ្វើរឿងទាំងនេះ។ នេះជារបៀបដែលមនុស្សប្រតិកម្មតាមសភាវគតិ នៅពេលដែលពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិបែបសាតាំងរបស់ពួកគេ ហើយវាជារឿងទូទៅសម្រាប់មនុស្សជាតិពុករលួយទាំងអស់។ តើមនុស្សតែងតែលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯងដោយវិធីណា? ធ្វើដូចម្ដេចទើបពួកគេសម្រេចបាននូវគោលបំណងនេះ? វិធីមួយគឺធ្វើទីបន្ទាល់ចំពោះកម្រិតដែលពួកគេរងទុក្ខ ចំនួនកិច្ចការដែលពួកគេបានធ្វើ និងពួកគេលះបង់ខ្លួនច្រើនប៉ុនណា។ មានន័យថា ពួកគេប្រើប្រាស់របស់ទាំងនេះជារូបិយប័ណ្ណ ដែលពួកគេលើកសរសើរខ្លួនឯង ដែលផ្ដល់ឱ្យពួកគេនូវទីកន្លែងកាន់តែសុវត្ថិភាព កាន់តែរឹងមាំ និងកាន់តែខ្ពស់ជាងមុននៅក្នុងគំនិតរបស់មនុស្ស ដើម្បីឱ្យមនុស្សកាន់តែច្រើនផ្ដល់តម្លៃ សរសើរ គោរព និងថែមទាំងលើកតម្កើង ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងដើរតាមពួកគេទៀតផង។ នោះជាឥទ្ធិពលចុងក្រោយ។ តើអ្វីៗដែលពួកគេធ្វើដើម្បីសម្រេចបានគោលបំណងនេះ ដូចជាការលើកសរសើរ និងការធ្វើទីបន្ទាល់ចំពោះខ្លួនឯងទាំងអស់របស់ពួកគេ សមហេតុផលឬទេ? ពួកវាមិនសមហេតុផលឡើយ។ ពួកវាហួសពីព្រំដែននៃភាពសមហេតុផល។ មនុស្សទាំងនេះគ្មានភាពអាម៉ាស់ឡើយ៖ ពួកគេធ្វើទីបន្ទាល់យ៉ាងឥតក្រែងរអែងចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ព្រះជាម្ចាស់ និងចំពោះកម្រិតដែលពួកគេបានរងទុក្ខសម្រាប់ទ្រង់។ ពួកគេថែមទាំងសម្ញែងអំណោយទាន ទេពកោសល្យ បទពិសោធន៍ និងជំនាញពិសេសរបស់ពួកគេ ឬវិធីសាស្ដ្រដ៏ឆ្លាតវៃរបស់ពួកគេក្នុងការប្រព្រឹត្តខ្លួន និងមធ្យោបាយដែលពួកគេប្រើដើម្បីលេងសើចជាមួយមនុស្ស។ វិធីសាស្ត្ររបស់ពួកគេក្នុងការលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង គឺដើម្បីសម្ញែងខ្លួន និងមើលងាយអ្នកដទៃ។ ពួកគេក៏លាក់លៀម និងបិទបាំងខ្លួនឯងផងដែរ ដោយលាក់បាំងភាពទន់ខ្សោយ ចំណុចខ្វះខាត និងបរាជ័យរបស់ពួកគេមិនឱ្យមនុស្សឃើញ ដើម្បីឱ្យមនុស្សគ្រាន់តែឃើញភាពលេចធ្លោររបស់ពួកគេប៉ុណ្ណោះ។ ពួកគេថែមទាំងមិនហ៊ានប្រាប់មនុស្សដទៃទៀតផង នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន។ ពួកគេខ្វះភាពក្លាហានក្នុងការបើកចំហ និងធ្វើការប្រកបគ្នាជាមួយមនុស្ស ហើយនៅពេលដែលពួកគេធ្វើអ្វីមួយខុស ពួកគេធ្វើអស់លទ្ធភាពក្នុងការលាក់បាំងវា ឬបិទបាំងវា។ ពួកគេមិនដែលលើកឡើងពីគ្រោះថ្នាក់ដែលពួកគេបានបង្កចំពោះដំណាក់របស់ព្រះជាម្ចាស់ឡើយ អំឡុងពេលបំពេញភារកិច្ចរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេចូលរួមចំណែកបន្តិចបន្តួច ឬសម្រេចបានជោគជ័យបន្តិចបន្តួចមួយចំនួន ពួកគេប្រញាប់អួតសម្ញែង។ ពួកគេមិនអាចរង់ចាំឱ្យពិភពលោកទាំងមូលដឹងថា ពួកគេមានសមត្ថភាពបែបណា ពួកគេមានគុណសម្បត្តិខ្ពស់បែបណា ពួកគេលេចធ្លោរបែបណា និងប្រសើរជាងមនុស្សធម្មតាបែបណាឡើយ។ តើនេះមិនមែនជារបៀបក្នុងការលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯងទេឬ? តើការលើកសរសើរ និងការធ្វើទីបន្ទាល់ចំពោះខ្លួនអ្នក នៅក្នុងព្រំដែនដ៏សមហេតុផលរបស់មនុស្សធម្មតាឬទេ? អត់ទេ។ ដូច្នេះ នៅពេលដែលមនុស្សធ្វើបែបនេះ តើជាធម្មតា និស្ស័យអ្វីដែលត្រូវបានបើកសម្ដែង? ភាពក្រអឺតក្រទមជាការបើកបង្ហាញដ៏ចម្បងមួយ បន្ទាប់មកការបោកបញ្ឆោត ដែលពាក់ព័ន្ធនឹងការធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យមនុស្សដទៃផ្ដល់តម្លៃខ្ពស់ដល់ពួកគេ។ រឿងរ៉ាវរបស់ពួកគេគឺបិទជិតទាំងស្រុង។ ពាក្យសម្ដីរបស់ពួកគេច្បាស់ជាមានការជំរុញចិត្ត និងល្បិចកល ហើយពួកគេបានរកឃើញវិធីក្នុងការលាក់បាំងតថភាពដែលពួកគេអួតសម្ញែង ប៉ុន្តែលទ្ធផលនៃអ្វីដែលពួកគេនិយាយគឺថា មនុស្សនៅតែត្រូវបានធ្វើឱ្យមានអារម្មណ៍ថា ពួកគេប្រសើរជាងអ្នកដទៃ ថាគ្មាននរណាម្នាក់ស្មើពួកគេ ថាអ្នកផ្សេងទៀតនៅក្រោមពួកគេ។ ហើយតើលទ្ធផលនេះ មិនសម្រេចបានតាមរយៈមធ្យោបាយលួចលាក់ទេឬ? តើនិស្ស័យអ្វីនៅត្រង់ចំណុចស្នូលនៃមធ្យោបាយបែបនេះ? ហើយតើមានសមាសធាតុនៃសេចក្ដីអាក្រក់ឬទេ? នេះគឺជានិស្ស័យអាក្រក់មួយប្រភេទ។ វាអាចត្រូវបានឃើញថា មធ្យោបាយដែលពួកគេប្រើប្រាស់ទាំងអស់នេះ ត្រូវបានដឹកនាំដោយនិស្ស័យដ៏បោកបញ្ឆោត ដូច្នេះហេតុអ្វីបានជាខ្ញុំនិយាយថាវាអាក្រក់? តើរឿងនេះមានទំនាក់ទំនងអ្វីជាមួយសេចក្ដីអាក្រក់? តើអ្នករាល់គ្នាគិតដូចម្ដេច៖ តើពួកគេអាចបើកចំហអំពីគោលបំណងរបស់ពួកគេ ក្នុងការលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯងឬទេ? (ទេ។) តែងតែមានបំណងចិត្តនៅក្នុងចិត្តដ៏ជ្រៅរបស់ពួកគេ ហើយអ្វីដែលពួកគេនិយាយ និងធ្វើ គឺដើម្បីជួយដល់បំណងចិត្តនោះ ដូច្នេះហើយ គោលបំណង និងការជំរុញចិត្តនៅក្នុងចិត្តដ៏ជ្រៅរបស់ពួកគេ ព្រមទាំងអ្វីដែលពួកគេនិយាយ និងធ្វើ គឺត្រូវបានលាក់ទុកយ៉ាងសម្ងាត់។ ឧទាហរណ៍ ពួកគេនឹងប្រើប្រាស់ការណែនាំខុស ឬវិធីសាស្ត្រវៀចវេរដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ។ តើជាធម្មជាតិដ៏អាថ៌កំបាំងបែបនេះ មិនលាក់ពុតទេឬ? ហើយតើការលាក់ពុតបែបនេះ មិនអាចត្រូវបានហៅថាអំពើអាក្រក់ទេឬ? ពិតណាស់ វាអាចត្រូវបានហៅថាអំពើអាក្រក់ ហើយវាធ្ងន់ធ្ងរជាងការបោកបញ្ឆោតទៅទៀត» («ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំត្រូវប្រព្រឹត្តក្នុងភារកិច្ចរបស់ខ្ញុំ៖ នៅពេលបងប្អូនប្រុសស្រីមានបញ្ហា ខ្ញុំបានធ្វើដូចជាខ្ញុំបានប្រកប និងជួយពួកគេ ហើយនិយាយពីរបៀបដែលខ្ញុំដោះស្រាយបញ្ហា ដើម្បីលើកតម្កើងសមត្ថភាពរបស់ខ្ញុំនៅក្នុងការងារ ហើយធ្វើឱ្យបងប្អូនគ្រប់គ្នាគិតថា ខ្ញុំមានសមត្ថភាពច្រើនជាងពួកគេ។ នៅពេលពិភាក្សាការងារ ពាក្យដំបូងចេញពីមាត់ខ្ញុំគឺ“ ខ្ញុំ” ដើម្បីលើកបង្ហាញខ្លួនខ្ញុំ ធ្វើឱ្យពួកគេគិតថាខ្ញុំដឹងអ្វីៗទាំងអស់ ដូច្នេះពួកគេនឹងគោរពស្រលាញ់ខ្ញុំ។ ខ្ញុំលាក់ភាពអវិជ្ជមាន និងសេចក្តីពុករលួយរបស់ខ្ញុំពីអ្នកដទៃ។ ខ្ញុំមិនដែលពិភាក្សាពីការលំបាកផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយមិនសូវបានវិភាគល្អិតល្អន់អំពីនិស្ស័យពុករលួយរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំបាននិយាយពីចំណុចវិជ្ជមានដើម្បីលាក់កំហុសរបស់ខ្ញុំ ដើម្បីធ្វើឱ្យអ្នកដទៃគិតថាខ្ញុំមានភាពខ្ពង់ខ្ពស់ ហើយគោរពសរសើរខ្ញុំ។ ខ្ញុំតែងតែនិយាយអំពីរបៀបដែលខ្ញុំរងទុក្ខក្នុងភារកិច្ចរបស់ខ្ញុំ និងថាតើវាលំបាកប៉ុនណា ដូច្នេះពួកគេនឹងដឹងថាខ្ញុំបានប្តូរផ្តាច់ចំពោះភារកិច្ចរបស់ខ្ញុំយ៉ាងណាខ្លះ។ ហើយនៅពេលជួបប្រជុំគ្នា វាច្បាស់ណាស់ថា ខ្ញុំមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនយល់ពីខ្លួនឯងឡើយ ប៉ុន្តែខ្ញុំនិយាយមិនឈប់ ដោយប្រឌិតថាខ្ញុំស្គាល់ខ្លួនឯងច្បាស់ ដូច្នេះអ្នកដទៃនឹងកោតសរសើរខ្ញុំកាន់តែខ្លាំង។ ដើម្បីបន្តរីករាយជាមួយការគោរពនិងការស្រលាញ់របស់ពួកគេ ខ្ញុំបានបន្តនិយាយ និងធ្វើអ្វីដែលមើលទៅត្រឹមត្រូវ តាមការពិត ខ្ញុំកំពុងសម្ញែង និងអួតខ្លួនឯង បណ្តាលឱ្យដួងចិត្តរបស់អ្នកដទៃឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ តើឥរិយាបថរបស់ខ្ញុំមិនមែនបណ្តាលមកពីនិស្ស័យអាក្រក់ ដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? អ្វីក៏ដោយដែលខ្ញុំបានធ្វើ ឬរបៀបដែលខ្ញុំបានបង្ហាញការលះបង់ខ្លួនឯងយ៉ាងណានោះទេ គោលដៅរបស់ខ្ញុំ គឺមិនមែនដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អឡើយ។ ខ្ញុំបានធ្វើអស់ពីលទ្ធភាពដើម្បីពង្រឹងឋានៈរបស់ខ្ញុំ ធ្វើឱ្យអ្នកដទៃគោរពសរសើរខ្ញុំ។ ខ្ញុំបានកំពុងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទីបំផុតខ្ញុំបានដឹងអំពីគ្រោះថ្នាក់របស់ខ្លួនឯងហើយ ដូច្នេះខ្ញុំប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីធ្វើការប្រែចិត្ត។

ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ បានលេចចេញមកភ្លាមៗ៖ «បើមនុស្សម្នាក់ត្រូវរស់នៅដោយភាពជាមនុស្សធម្មតា តើពួកគេគួរតែបើកចិត្តខ្លួនឯង និងលាតត្រដាងខ្លួនដោយរបៀបណា? រឿងនេះត្រូវបានសម្រេចដោយការបើកចិត្តខ្លួនឯង និងការបង្ហាញយ៉ាងច្បាស់ដល់អ្នកដទៃ នូវអារម្មណ៍ពិតចេញពីជម្រៅចិត្តរបស់ខ្លួន តាមរយៈការអាចអនុវត្តសេចក្ដីពិតដោយធម្មតា និងដោយបរិសុទ្ធ។ បើមនុស្សម្នាក់បើកឱ្យដឹងពីសេចក្ដីពុករលួយរបស់ពួកគេ ពួកគេត្រូវតែអាចស្គាល់សារជាតិនៃបញ្ហា និងស្អប់ខ្ពើមខ្លួនឯងចេញពីជម្រៅចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេលាតត្រដាងពីខ្លួនឯង នោះពួកគេនឹងគ្មានបំណងដោះសារនូវឥរិយាបថរបស់ពួកគេ ហើយពួកគេក៏នឹងមិនព្យាយាមការពារពួកវាដែរ។ ... ទីមួយ មនុស្សម្នាក់ត្រូវតែយល់ពីបញ្ហារបស់ពួកគេ ក្នុងកម្រិតដ៏សំខាន់មួយ ញែកខ្លួន និងលាតត្រដាងខ្លួន។ ពួកគេត្រូវតែមានចិត្តស្មោះត្រង់ និងមានអាកប្បកិរិយាស្មោះត្រង់ ហើយនិយាយអ្វីដែលពួកគេអាចយល់ពីបញ្ហានៅក្នុងនិស្ស័យរបស់ពួកគេ។ ទីពីរ បើមនុស្សម្នាក់មានអារម្មណ៍ថា និស្ស័យរបស់ពួកគេពិតជាធ្ងន់ធ្ងរ នោះពួកគេត្រូវតែនិយាយទៅកាន់គ្រប់គ្នាថា «បើខ្ញុំបើកឱ្យដឹងពីនិស្ស័យពុករលួយបែបនេះម្ដងទៀត អ្នករាល់គ្នាទាំងអស់សូមងើបឡើង ដោះស្រាយជាមួយខ្ញុំ និងចង្អុលបង្ហាញខ្ញុំពីនិស្ស័យពុករលួយនេះ។ សូមកុំស្ទាក់ស្ទើរអី។ ខ្ញុំអាចនឹងមិនអត់ទ្រាំបានទេនៅពេលនោះ ប៉ុន្តែកុំប្រកាន់ចំពោះរឿងនោះអី។ ចូរធ្វើកិច្ចការជាមួយគ្នា ដើម្បីឃ្លាំមើលខ្ញុំ។ បើនិស្ស័យពុករលួយនេះលេចចេញឡើងយ៉ាងធ្ងន់ធ្ងរ សូមអ្នករាល់គ្នាងើបឡើងលាតត្រដាងខ្ញុំ និងដោះស្រាយជាមួយខ្ញុំ។ ខ្ញុំសង្ឃឹមយ៉ាងស្មោះថា គ្រប់គ្នានឹងឃ្លាំមើលខ្ញុំ ជួយខ្ញុំ និងមិនឱ្យខ្ញុំដើរវង្វេងឡើយ»។ បែបនេះគឺជាអាកប្បកិរិយា ដែលមនុស្សម្នាក់អនុវត្តសេចក្ដីពិត» («អំពីការសម្របសម្រួលដ៏សុខដុមរមនា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះជាម្ចាស់បានបង្ហាញពីទិសដៅរបស់ខ្ញុំ។ ទោះជាខ្ញុំយល់ពីបញ្ហារបស់ខ្ញុំច្រើនប៉ុនណាក៏ដោយ ខ្ញុំដឹងថាខ្ញុំមិនអាចបន្តធ្វើដូចនោះទេ។ ខ្ញុំត្រូវតែស្មោះត្រង់ ហើយបើកចំហរពីខ្លួនឯង។ ដើម្បីបង្ហាញពីការជំរុញនៅពីក្រោយសកម្មភាពរបស់ខ្ញុំ ដូច្នេះពួកគេអាចដឹងថា ខ្ញុំលើកតម្កើងខ្លួនឯង អួតអាង ហើយដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជារឿងសំខាន់បំផុត។

នៅក្នុងការជួបជុំបន្ទាប់ ខ្ញុំបាននិយាយដោយស្មោះត្រង់នៅចំពោះមុខបងប្អូនប្រុសស្រី ហើយបានសុំជំនួយ និងដំបូន្មានពីពួកគាត់។ បន្ទាប់ពីបើកចំហរទាំងស្រុង ខ្ញុំមានអារម្មណ៍ស្រួលចិត្តជាងមុនច្រើន។ អ្នកផ្សេងទៀតបានចំណាយពេលពីរបីថ្ងៃបន្ទាប់ ដើម្បីផ្ញើសារមកខ្ញុំដោយចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំដោយនិយាយថា "អ្នកតែងតែអួតពីភារកិច្ចរបស់អ្នក។ ខ្ញុំមិនចង់ស្វែងរកគោលការណ៍នៅក្នុងភារកិច្ចរបស់ខ្ញុំទៀតទេ ប៉ុន្តែគ្រាន់តែពឹងផ្អែកលើអ្នកទៅបានហើយ។ ខ្ញុំគិតថាអ្នកដឹងគ្រប់យ៉ាង ហើយវាងាយស្រួលក្នុងការសួរអ្នក” ។ អ្នកខ្លះនិយាយថា "ថ្មីៗនេះ ខ្ញុំមិនបានរៀនអ្វីអំពីព្រះជាម្ចាស់ទេ ប៉ុន្តែរៀនតែគោរពសរសើរអ្នកបន្ថែមប៉ុណ្ណោះ ដោយគិតថាអ្នកទាំង មានសមត្ថភាពក្នុងការងារ និងទទួលខុសត្រូវក្នុងភារកិច្ចរបស់អ្នក។ ខ្ញុំពិតជាបានគោរពសរសើរអ្នក " ឮអ្វីៗទាំងអស់នេះពិតជាធ្វើឱ្យខ្ញុំពិបាកចិត្ត។ ខ្ញុំស្ទើរតែមិនជឿថា នេះគឺជាអ្វីដែលបានមកពីការបំពេញភារកិច្ចរបស់ខ្ញុំប៉ុន្មានខែមកនេះ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងមិនសប្បាយចិត្ត ដោយគិតថាព្រះជាម្ចាស់ច្បាស់ជាស្អប់ខ្ញុំមិនខាន។ ខ្ញុំពិតជាបានប្រព្រឹត្តខុសឆ្គងក្នុងភាពអវិជ្ជមាន។ ប៉ុន្តែតាមរយៈការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឥតឈប់ឈរ ហើយដោយមានជំនួយ និងការគាំទ្រពីអ្នកដទៃផង ទីបំផុតខ្ញុំដឹងថាព្រះជាម្ចាស់មិនបានធ្វើដូច្នេះដើម្បីលុបបំបាត់ខ្ញុំឡើយ ប៉ុន្តែដើម្បីសំអាត និងផ្លាស់ប្តូរខ្ញុំ។ បើរឿងនេះមិនបានកើតឡើង ខ្ញុំនឹងមិនបានឃើញទេថា ខ្ញុំកំពុងដើរលើផ្លូវខុស។ នេះគឺជាការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ! ពេលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានសម្រេចចិត្តឆ្លុះបញ្ចាំងខ្លួនឯង ហើយប្រែចិត្តយ៉ាងពិតប្រាកដ។

ខ្ញុំបានអានបន្ទូលខ្លះរបស់ព្រះជាម្ចាស់៖ «អ្នកខ្លះគោរពកោតសរសើរប៉ុលយ៉ាងខ្លាំង។ ពួកគេចូលចិត្តចេញទៅក្រៅ និងថ្លែងសុន្ទរកថា និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំដើម្បីបង្ហាត់បង្រៀន ហើយពួកគេចូលចិត្តឱ្យមនុស្សស្តាប់ពួកគេ ថ្វាយបង្គំពួកគេ និងវិលវង់ជុំវិញពួកគេ។ ពួកគេចូលចិត្តមានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងវិភាគពីធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ៖ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេស្វះស្វែងរកឋានៈឱ្យកាន់តែខ្ពស់ឡើង និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានឋានៈនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ឧទាហរណ៍ ប្រសិនបើភាពក្រអឺតក្រទម និងភាពបោកបញ្ឆោតមាននៅក្នុងអ្នក នោះអ្នកនឹងរកឃើញថា វាមិនអាចការពារមិនឱ្យប្រឆាំងជំទាស់ព្រះជាម្ចាស់បានទេ។ អ្នកនឹងមានអារម្មណ៍បង្ខំចិត្តប្រឆាំងទទឹងនឹងទ្រង់។ អ្នកនឹងមិនធ្វើវាដោយបំណងឡើយ។ អ្នកនឹងធ្វើវាក្រោមការគ្រប់គ្រងនៃធម្មជាតិបោកបញ្ឆោត និងធម្មជាតិក្រអឺតក្រទមរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយមើលឃើញទ្រង់ថា គ្មានអ្វីត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេនឹងបណ្ដាលឱ្យអ្នកលើកតម្កើងខ្លួនឯង សម្ញែងខ្លួនជានិច្ច ហើយទីបញ្ចប់ អ្នកក៏អង្គុយនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើទីបន្ទាល់ឱ្យខ្លួនឯង។ នៅទីបញ្ចប់ អ្នកនឹងប្រែក្លាយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ការគិតផ្ទាល់ខ្លួនរបស់អ្នក និងនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក ទៅជាសេចក្ដីពិតដើម្បីថ្វាយបង្គំ។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា វាគឺជាធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ដែលបានជំរុញខ្ញុំ ឱ្យស្វែងរកឋានៈខ្ពស់នៅក្នុងចិត្តអ្នកដទៃ ហើយខ្ញុំបានប្រឆាំងនឹងព្រះជាម្ចាស់។ ធម្មជាតិក្រអឺតក្រទមនេះបានគ្រប់គ្រងខ្ញុំ ហើយខ្ញុំចាប់ផ្តើមពេញចិត្តនឹងខ្លួនឯងនៅពេលដែលខ្ញុំឃើញលទ្ធផលនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំបានលើកតម្កើងខ្លួនឯង និងអួតតាមរបៀបដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបាននិយាយ និងធ្វើសកម្មភាពតែដើម្បីលេចធ្លោ បង្ហាញទេពកោសល្យនិងសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំសម្ញែងដោយគ្មានអៀនខ្មាស ពីរបៀបដែលខ្ញុំរងទុក្ខចំពោះភារកិច្ចរបស់ខ្ញុំ តើវាហត់ប៉ុនណា ហើយខ្ញុំដោះស្រាយបញ្ហាតាមរបៀបណា អ្វីៗទាំងអស់ដើម្បីធ្វើឱ្យអ្នកដទៃគិតថា ខ្ញុំល្អជាងពួកគេ ហើយខ្ញុំពិតជាអស្ចារ្យ។ ខ្ញុំគ្រាន់តែត្រូវការឱ្យមនុស្សម្នា គោរពសរសើរខ្ញុំ ហើយស្រឡាញ់ខ្ញុំ។ តើនេះមិនមែនជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ប៉ុលក៏ដូចគ្នាដែរ។ គាត់តែងតែបង្ហាញនូវចំណេះដឹង និងទេពកោសល្យរបស់គាត់ តាមរយៈការអធិប្បាយ និងការងាររបស់គាត់ អួតដើម្បីធ្វើឱ្យអ្នកដទៃកោតសរសើរគាត់។ គាត់តែងតែសរសេរសំបុត្រទៅក្រុមជំនុំនានា អួតអំពីរបៀបដែលគាត់បានធ្វើការនិងរងទុក្ខសម្រាប់ព្រះអម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្សម្នា។ គាត់បានធ្វើការ និងពុះពារការលំបាក ដោយមិនបំពេញភារកិច្ចរបស់គាត់ឱ្យបានល្អ ឬថ្លែងទីបន្ទាល់ចំពោះព្រះគ្រីស្ទដែលយកកំណើតជាមនុស្សទេ ប៉ុន្តែដើម្បីបំពេញនូវមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនទៅវិញ។ មិនថាគាត់ធ្វើការ ឬរងទុក្ខប៉ុនណា ឬមានមនុស្សប៉ុន្មាននាក់គោរពស្រលាញ់រូបគាត់ទេ ដោយសារគាត់មិនបានតាមរកសេចក្តីពិត ហើយគាត់ចេះតែក្រអឺតក្រទមឡើង នៅទីបញ្ចប់ គាត់បានថ្លែងទីបន្ទាល់យ៉ាងឥតញញើតថា ខ្លួនគាត់គឺជាព្រះគ្រីស្ទ។ កត្តានេះប្រមាថយ៉ាងខ្លាំងចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានដាក់ទោសគាត់ចំពោះរឿងនេះ។ ខ្ញុំមានលក្ខណៈធម្មជាតិដូចប៉ុលដែរ។ ខ្ញុំក្រអឺតក្រទម និងមានមហិច្ចតាស្រឡាញ់ឋានៈ តែងតែលើកតម្កើងខ្លួនឯង និងអួត ដូច្នេះ មនុស្សគ្រប់គ្នាគោរពស្រលាញ់ខ្ញុំ ហើយគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេនឹងមិនពឹងផ្អែកលើព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិតនៅពេលមានបញ្ហាកើតឡើង។ ការបំពេញភារកិច្ចរបស់ខ្ញុំតាមវិធីនេះគឺប្រឆាំងនឹងព្រះជាម្ចាស់ ហើយធ្វើបាបបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំមិនដែលគិតថាអំពើអាក្រក់ និងការប្រឆាំងនឹងព្រះជាម្ចាស់អាចបណ្តាលមកពីការរស់នៅដោយធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំឡើយ។ បើខ្ញុំមិនបានប្រែចិត្តទេ មិនយូរមិនឆាប់ ខ្ញុំនឹងធ្វើឱ្យព្រះពិរោធរបស់ព្រះជាម្ចាស់កើនឡើង ហើយត្រូវបានដាក់ទោស។ បើគ្មានសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងជំនួយ ព្រមទាំងការគាំទ្រពីបងប្អូនប្រុសស្រីទេ ខ្ញុំនឹងមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ វាគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការសង្គ្រោះដ៏អស្ចារ្យ ដែលនាំឱ្យខ្ញុំត្រូវបានលាតត្រដាងដូចនេះ។

គិតដល់រឿងនេះ នៅពេលខ្ញុំសម្រេចបាននូវអ្វីដែលជាភារកិច្ចរបស់ខ្ញុំ ហើយបានជួបបញ្ហា ទាំងអស់នេះបានមកពីការបំភ្លឺ និងការណែនាំរបស់ព្រះជាម្ចាស់។ បើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ខ្ញុំប្រាកដជាមនុស្សល្ងង់ម្នាក់ដែលមិនអាចយល់អ្វីទាំងអស់។ ខ្ញុំគ្មានតថភាពនៃសេចក្តីពិតទាល់តែសោះ ប៉ុន្តែខ្ញុំក្រអឺតក្រទម និងព្រហើនដោយឥតខ្មាសអៀនក្នុងការប្រជែងតំណែងរបស់ព្រះជាម្ចាស់។ ខ្ញុំដូចជាវង្វេងស្មារតីណាស់! ខ្ញុំមិនបានប្រកបសេចក្តីពិត ឬថ្លែងទីបន្ទាល់ចំពោះព្រះជាម្ចាស់ក្នុងភារកិច្ចរបស់ខ្ញុំទេ ប៉ុន្តែអួត និងបំភាន់មនុស្សម្នា ពិតជាអំពើអាក្រក់មែន! ពេលនោះ ខ្ញុំពិតជាចាប់ផ្តើមស្អប់ខ្លួនឯង ខ្ញុំមិនចង់បន្តធ្វើដូចនោះទេ ដូច្នេះខ្ញុំបានធ្វើការអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ “ឱព្រះជាម្ចាស់អើយ ទូលបង្គំខុសហើយ! ទូលបង្គំឃើញថា ទូលបង្គំក្រអឺតក្រទម និងវង្វេងស្មារតីយ៉ាងណា។ សូមអរព្រះគុណដែលផ្តល់ឱកាសឱ្យទូលបង្គំប្រែចិត្ត។ ទូលបង្គំនឹងអនុវត្តសេចក្តីពិតដោយស្មោះចាប់ពីពេលនេះតទៅ ហើយដើរលើផ្លូវត្រូវ។ សូមណែនាំទូលបង្គំផង” ។

បន្ទាប់មកខ្ញុំបានអានចំណុចនេះ នៅក្នុងព្រះបន្ទូលព្រះ៖ «តើមនុស្សម្នាក់គួរតែធ្វើអ្វី ដើម្បីមិនលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង? ពាក់ព័ន្ធនឹងបញ្ហាដូចគ្នា មានការពិនិត្យមើលខ្លួនឯង ក្នុងការសម្រេចបាននូវគោលបំណងនៃការលើកសរសើរ និងការធ្វើទីបន្ទាល់ចំពោះខ្លួនឯង និងជំរុញការគោរពនៅក្នុងអ្នកដទៃ ដែលផ្ទុយពីការបើកចំហ និងការលាតត្រដាងលក្ខណៈពិតរបស់អ្នក គឺទាំងនេះមានសារជាតិខុសគ្នា។ តើទាំងអស់នេះមិនមែនជាសេចក្ដីលម្អិតទេឬ? ឧទាហរណ៍ ដើម្បីបើកចំហ និងលាតត្រដាងនូវការជំរុញចិត្ត និងគំនិតរបស់អ្នក តើអ្វីជាចំណុចផ្លាស់ប្ដូររបស់ប្រយោគ ជាការសម្ដែងចេញដែលបង្ហាញនូវការស្គាល់ខ្លួនឯង? តើការសម្ដែងចេញដែលធ្វើឱ្យមានការស្រឡាញ់ខ្លាំងរបស់អ្នកដទៃប្រភេទណា ដែលនាំឱ្យមានការលើកសរសើរ និងការធ្វើបន្ទាល់ចំពោះខ្លួនឯង? ការរាប់ឡើងវិញនូវរបៀបដែលអ្នកបានអធិស្ឋាន និងស្វែងរកសេចក្ដីពិត ហើយបានឈរធ្វើបន្ទាល់តាមរយៈការល្បងល គឺជាការលើកសរសើរ និងការធ្វើបន្ទាល់ចំពោះព្រះជាម្ចាស់។ ការអនុវត្តប្រភេទនេះគឺជាការលើកសរសើរខ្លួនឯង និងការធ្វើបន្ទាល់ចំពោះខ្លួនឯង។ ការលាតត្រដាងខ្លួនឯង ពាក់ព័ន្ធនឹងការជំរុញចិត្ត៖ បើការជំរុញចិត្តរបស់មនុស្សម្នាក់ គឺដើម្បីបង្ហាញគ្រប់គ្នានូវសេចក្ដីពុករលួយរបស់ពួកគេ ជាជាងការលើកសរសើរខ្លួនឯង នោះពាក្យសម្ដីរបស់ពួកគេនឹងស្មោះអស់ពីចិត្ត ពិត និងផ្អែកលើតថភាព។ បើការជំរុញចិត្តរបស់ពួកគេ គឺដើម្បីឱ្យអ្នកដទៃគោរពពួកគេ ដើម្បីបំភាន់អ្នកដទៃ និងលាក់បាំងមុខមាត់ពិតរបស់ពួកគេពីអ្នកដទៃ ដើម្បីមិនឱ្យការជំរុញចិត្ត សេចក្ដីពុករលួយ ឬភាពទន់ខ្សោយ និងភាពអវិជ្ជមានរបស់ពួកគេត្រូវបានបើកសម្ដែងនៅចំពោះមុខអ្នកដទៃ នោះរបៀបនៃការនិយាយរបស់ពួកគេមានសភាពបោកបញ្ឆោត និងបំភាន់ហើយ។ តើមិនមានភាពខុសគ្នាដ៏ស្រឡះមួយទេឬនៅទីនេះ?» («ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់ចំពោះខ្លួនឯង» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «នៅពេលធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ អ្នកគួរតែនិយាយជាចម្បងឲ្យបានច្រើនអំពីរបៀបដែលព្រះជាម្ចាស់វិនិច្ឆ័យ និងវាយផ្ចាលមនុស្ស ការល្បងលដែលទ្រង់ប្រើដើម្បីបន្សុទ្ធមនុស្ស និងផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ អ្នកក៏គួរនិយាយអំពីទំហំនៃសេចក្ដីពុករលួយដែលបានបើកសម្ដែងនៅក្នុងបទពិសោធន៍របស់អ្នករាល់គ្នា ទំហំដែលបានស៊ូទ្រាំ និងរបៀបដែលព្រះជាម្ចាស់យកឈ្នះលើអ្នក ហើយនិយាយអំពីចំណេះដឹងពិតប្រាកដដែលអ្នកមានអំពីកិច្ចការបស់ព្រះ និងរបៀបដែលអ្នកគួរធ្វើជាបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងសងព្រះអង្គសម្រាប់សេចក្ដីស្រលាញ់របស់ទ្រង់វិញ។ អ្នករាល់គ្នាគួរបញ្ចូលលក្ខណៈទៅក្នុងភាសាបែបនេះ ខណៈពេលដែលដាក់វាចូលក្នុងបែបបទធម្មតា។ ចូរកុំនិយាយអំពីទ្រឹស្ដីឥតខ្លឹមសារ។ ចូរនិយាយពីអ្វីដែលពិតជាក់ស្ដែងវិញ ដោយនិយាយវាចេញពីដួងចិត្ត។ នេះជារបៀបដែលអ្នកគួរដកបទពិសោធន៍។ ចូរកុំបំពាក់បំប៉នខ្លួនឯងដោយអ្វីដែលមើលទៅរាក់កំផែល ជាទ្រឹស្ដីឥតខ្លឹមសារដែលប្រឹងធ្វើដើម្បីតែជាការបង្អួតធ្វើអ្វី។ ការធ្វើបែបនេះ វាធ្វើឱ្យអ្នកមើលទៅមានលក្ខណៈក្រអឺតក្រទម និងគ្មានចេះគិតពិចារណាទេ។ អ្នកគួរតែនិយាយឲ្យបានច្រើនពីរឿងជាក់ស្ដែងចេញពីបទពិសោធន៍ពិតប្រាកដដែលមានលក្ខណៈពិតប្រាកដ និងចេញពីចិត្តវិញ។ ការនេះមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកដទៃ និងមានលក្ខណៈសមរម្យបំផុតសម្រាប់ឱ្យពួកគេឃើញ» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ខ្ញុំត្រូវផ្តោតលើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង តាមរយៈបទពិសោធន៍ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំ ដែលលើកតម្កើងខ្លួនឯង និងអួត។ ខ្ញុំត្រូវតែកំណត់ការជំរុញចិត្តរបស់ខ្ញុំឱ្យត្រឹមត្រូវ នៅពេលផ្តល់ការប្រកប ហើយនិយាយបន្ថែម អំពីសេចក្តីពុករលួយដែលខ្ញុំបានស្ដែងចេញមក វិភាគដោយល្អិតល្អន់នូវការជំរុញចិត្ត និងភាពមិនបរិសុទ្ធរបស់ខ្ញុំ និយាយអំពីរបៀបដែលខ្ញុំត្រូវបានជំនុំជម្រះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលខ្ញុំយល់ច្បាស់អំពីខ្លួនឯង អ្វីដែលខ្ញុំបានយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយប្រើបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំ ដើម្បីលើកតម្កើង និងថ្លែងទីបន្ទាល់ចំពោះព្រះជាម្ចាស់។ នោះទើបជាការបំពេញភារកិច្ចយ៉ាងពិតប្រាកដរបស់ខ្ញុំ។ នៅក្នុងការជួបជុំបន្ទាប់ ខ្ញុំបានវិភាគដោយល្អិតល្អន់អំពីរបៀបដែលខ្ញុំបានគ្រោងទុក ក្នុងការអួត ដើម្បីមុខមាត់ និងរបៀបដែលព្រះជាម្ចាស់បានរៀបចំស្ថានការណ៍មួយ ដើម្បីដោះស្រាយជាមួយខ្ញុំ ហើយធ្វើឱ្យខ្ញុំឃើញភាពអាក្រក់របស់ខ្លួន។ បន្ទាប់មក បងប្រុសម្នាក់បាននិយាយមកកាន់ខ្ញុំថា “បទពិសោធន៍របស់អ្នកបានបង្ហាញដល់ខ្ញុំថា ទោះបីយើងមាននិស្ស័យពុករលួយក៏ដោយ យើងគ្រាន់តែត្រូវទទួលយកការជំនុំជម្រះ និងដោះស្រាយដោយព្រះបន្ទូលរបស់ព្រះ អនុវត្តសេចក្តីពិត និងលះបង់ចោលសាច់ឈាមរបស់យើង ហើយយើងនឹងផ្លាស់ប្រែ។ ខ្ញុំក៏ឃើញដែរថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើគឺដើម្បីជួយសង្រ្គោះមនុស្ស” ។ ខ្ញុំបានពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់ នៅពេលខ្ញុំបានឮដូចនេះ។ ការទទួលបានការយល់ដឹងអំពីខ្លួនខ្ញុំនេះ គឺដោយសារខ្ញុំត្រូវបាន ជំនុំជម្រះ និងវាយផ្ចាលដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។

បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្តើមដឹងខ្លួនហើយចូលក្នុងភារកិច្ចនេះ នៅពេលខ្ញុំរកឃើញកំហុសក្នុងភារកិច្ចរបស់អ្នកដទៃ ខ្ញុំអធិស្ឋានដល់ព្រះ កំណត់ការជំរុញចិត្តរបស់ខ្ញុំឱ្យច្បាស់ ហើយបង្ហាញទស្សនៈរបស់ខ្ញុំដោយត្រង់ៗ។ ខ្ញុំមិនអួតខ្លួនដូចពីមុនទេ។ ខ្ញុំក៏រកឃើញគោលការណ៍ខ្លះនៃសេចក្តីពិតដើម្បីចែករំលែកជាមួយ បងប្អូនប្រុសស្រី។ នៅក្នុងការជួបជុំគ្នា ខ្ញុំវែកញែកពីបំណង និងសេចក្ដីសៅហ្មងនៅក្នុងសកម្មភាពរបស់ខ្ញុំនិងនិស្ស័យពុករលួយដែលខ្ញុំបានលាតត្រដាង។ ដូច្នេះអ្នកផ្សេងទៀត នឹងស្គាល់ខ្ញុំជាខ្ញុំពិតប្រាកដ។ ដោយអនុវត្តតាមវិធីនេះ ខ្ញុំមានអារម្មណ៍ថាមានភាពសុខសាន្តនៅក្នុងចិត្ត ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះជាម្ចាស់មានលក្ខណៈធម្មតាឡើងវិញ។ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍ថាអ្នកឯទៀតកំពុងធ្វើដាក់ខ្ញុំតាមរបៀបដ៏ត្រឹមត្រូវ ហើយមិនកោតសរសើរខ្ញុំដូចពួកគេធ្លាប់ធ្វើពីមុនទេ។ នៅពេលខ្ញុំនិយាយ ឬធ្វើសកម្មភាពផ្ទុយពីគោលការណ៍នៃសេចក្តីពិត ពួកគេបានចង្អុលបង្ហាញដល់ខ្ញុំ ដូច្នេះខ្ញុំអាចកំណត់អ្វីៗឱ្យត្រូវ។ ការធ្វើទំនាក់ទំនងជាមួយអ្នកដទៃតាមវិធីនេះពិតជាមានសេរីភាពណាស់។ ខ្ញុំពិតជាអរគុណព្រះជាម្ចាស់ដែលបានរៀបចំស្ថានការណ៍នេះឡើងដើម្បីសំអាតនិងផ្លាស់ប្តូរខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អនុវត្តសេចក្ដីពិត ដើម្បីរស់នៅក្នុងលក្ខណៈជាមនុស្ស

ដោយ ម៉ៅ ស៊ាវ (ចិន) ខ្ញុំធ្លាប់គិតថា តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ការស្រុះស្រួលគ្នាជាមួយបងប្អូនប្រុសស្រី និងការមិនប្រព្រឹត្តអំពើបាប...

តើអ្នកផ្គាប់ចិត្តមនុស្ស អាចទទួលបានការសរសើររបស់ព្រះជាម្ចាស់ឬទេ?

មុនពេលខ្ញុំក្លាយជាអ្នកជឿ ខ្ញុំតែងតែប្រុងប្រយ័ត្ន មិនប្រមាថអ្នកដទៃឡើយ ហើយខ្ញុំអាចចូលចុះជាមួយគ្រប់គ្នា។ ខ្ញុំបានជួយ...