សារជាតិ និងអត្តសញ្ញាណរបស់មនុស្ស

តាមពិត ពួកអ៊ីស្រាអែលមិនខកចិត្តនោះទេ ពួកគេបានមើលពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើអស់រយៈពេលជាងប្រាំមួយពាន់ឆ្នាំមកហើយ ដោយសារតែខ្ញុំមិនបានបោះបង់ពួកគេចោលនោះទេ។ ផ្ទុយទៅវិញ ដោយសារតែបុព្វបុរសរបស់ពួកគេទទួលទានផ្លែនៃដើមឈើដឹងខុសត្រូវ ដែលវិញ្ញាណអាក្រក់បានឱ្យពួកគេ ទើបធ្វើឱ្យពួកគេបោះបង់ខ្ញុំទៅយកបាប។ សេចក្តីល្អរមែងជាកម្មសិទ្ធិរបស់ខ្ញុំ ខណៈដែលសេចក្ដីអាក្រក់ជាកម្មសិទ្ធិរបស់វិញ្ញាណអាក្រក់ ដែលអូសទាញខ្ញុំដើម្បីប្រយោជន៍នៃបាប។ ខ្ញុំមិនស្តីបន្ទោសមនុស្ស ឬបំផ្លាញពួកគេដោយគ្មានមេត្តា ហើយឱ្យពួកគេទទួលរងការវាយផ្ចាលដោយគ្មានមេត្តានោះទេ ដោយសារតែតាំងតែពីដើមមកអំពើអាក្រក់មិនមែនជាកម្មសិទ្ធិរបស់មនុស្សនោះទេ។ ដូច្នេះហើយ ទោះបីពួកអ៊ីស្រាអែលទាំងនោះ បានដំខ្ញុំនឹងដែកគោលនៅលើឈើឆ្កាងជាសាធារណៈក៏ដោយ ពួកគេដែលបានរង់ចាំព្រះមែស្ស៊ី និងព្រះយេហូវ៉ា ហើយចង់បានព្រះយេស៊ូវជាព្រះសង្គ្រោះ មិនដែលភ្លេចសេចក្តីសន្យារបស់ខ្ញុំនោះទេ ដោយសារតែខ្ញុំមិនបានបោះបង់ពួកគេ។ បន្ទាប់មក ខ្ញុំបានយកព្រះលោហិតជាសាក្សីដើម្បីតាំងសេចក្តីសញ្ញាជាមួយមនុស្ស។ ការពិតនេះ បានក្លាយជា «សេចក្តីសញ្ញាលោហិត» ដែលបានឆ្លាក់ជាប់នៅក្នុងចិត្តរបស់មនុស្សវ័យក្មេង និងគ្មានកំហុស និងដូចជាស្លាកសញ្ញាមួយ ហើយពឹងអាស្រ័យគ្នាទៅវិញទៅមកដ៏អស់កល្បដូចស្ថានសួគ៌ និងផែនដី។ ដោយសារតែខ្ញុំមិនបានបោកប្រាស់អ្នកដែលមានព្រលឹងដែលរងទុក្ខ ជាមនុស្សដែលខ្ញុំបានកំណត់ទុកជាមុន បានជ្រើសរើស ហើយក្រោយមក ខ្ញុំបានរំដោះ និងទទួលយក និងជាអ្នកដែលស្រឡាញ់ខ្ញុំជាងស្រឡាញ់ពួកវិញ្ញាណអាក្រក់ ទើបពួកគេរំពឹងយ៉ាងយកចិត្តទុកដាក់អំពីការវិលត្រឡប់របស់ខ្ញុំ ហើយទន្ទឹងរង់ចាំជួបខ្ញុំយ៉ាងក្លៀវក្លា។ ដោយសារតែខ្ញុំមិនបានលុបបំបាត់សេចក្តីសញ្ញា ដែលខ្ញុំបានធ្វើជាមួយពួកគេដោយលោហិត វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលពួកគេរង់ចាំដោយអស់ពីចិត្តនោះ។ ខ្ញុំនឹងចាប់កូនចៀមដែលបានវង្វេងជាច្រើនឆ្នាំទាំងនេះមកវិញ ដោយសារតែខ្ញុំតែងតែស្រឡាញ់មនុស្សជានិច្ច។ វាជារឿងធម្មតានោះទេ ដែលធាតុនៃអំពើអាក្រក់បានបន្ថែមចូលទៅក្នុងសេចក្តីល្អនៅក្នុងខ្លួនពួកគេ។ ខ្ញុំនឹងទទួលយកវិញ្ញាណដែលទន់ខ្សោយ ដែលស្រឡាញ់ខ្ញុំ ហើយដែលខ្ញុំស្រឡាញ់ពួកគេជាយូរមកហើយ ប៉ុន្តែចុះពួកអាក្រក់ដែលមិនធ្លាប់ស្រឡាញ់ខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំដូចជាសត្រូវ តើខ្ញុំអាចនាំគេចូលក្នុងដំណាក់របស់ខ្ញុំបានយ៉ាងដូចម្តេច? ខ្ញុំនឹងមិននាំអ្នកដែលជាកូនចៅរបស់វិញ្ញាណអាក្រក់ និងមនុស្សកំណាច ដែលស្អប់ ប្រឆាំង ទាស់ទទឹង វាយប្រហារ និងដាក់បណ្តាសាខ្ញុំ ទៅកាន់នគររបស់ខ្ញុំទេ ទោះបីជាខ្ញុំបានតាំងសេចក្តីសញ្ញាដោយលោហិតជាមួយមនុស្សក៏ដោយ។ អ្នកគួរតែដឹងច្បាស់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំ ហើយខ្ញុំធ្វើកិច្ចការទាំងនោះដើម្បីនរណា។ តើសេចក្តីស្រឡាញ់របស់អ្នកមានផ្ទុកសេចក្តីល្អ ឬសេចក្តីអាក្រក់? តើអ្នកស្គាល់ខ្ញុំ ដូចដេវីឌ និងម៉ូសេដែរឬទេ? តើអ្នកបម្រើខ្ញុំស្រដៀងនឹងអ័ប្រាហាំដែរឬទេ? តាមពិតខ្ញុំជាអ្នកប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ប៉ុន្តែអ្នកគួរតែដឹងថា អ្នកនឹងតំណាងឱ្យនរណា ហើយលទ្ធផលរបស់នរណាដែលអ្នកនឹងចែករំលែក។ ពេញមួយជីវិតរបស់អ្នក នៅក្នុងបទពិសោធអ្នកសម្រាប់កិច្ចការរបស់ខ្ញុំ តើអ្នកបានប្រមូលផលដ៏បរិបូរណ៍ និងដោយរីករាយដែរឬទេ? តើវាបរិបូរណ៍ និងប្រកបដោយផលផ្លែដែរឬទេ? អ្នកគួរឆ្លុះបញ្ចាំងមើលខ្លួនឯង៖ អ្នកបានពុះពារដើម្បីខ្ញុំអស់ជាច្រើនឆ្នាំ ប៉ុន្តែតើអ្នកធ្លាប់បានទទួលអ្វីទេ? តើអ្នកបានឆ្លងកាត់ការផ្លាស់ប្តូរ ឬទទួលអ្វីមួយទេ? ដើម្បីដោះដូរនឹងបទពិសោធដ៏លំបាករបស់អ្នក តើអ្នកបានក្លាយដូចជាពេត្រុសដែលបានជាប់ឆ្កាង ឬក៏ដូចប៉ុលដែលត្រូវបានគេវាយបង្ក្រាប ហើយទទួលនូវពន្លឺដ៏អស្ចារ្យមួយនោះទេ? អ្នកគួរតែមានអារម្មណ៍ចំពោះរឿងទាំងនេះ។ ខ្ញុំមិនមែនកំពុងតែនិយាយដដែលៗ ឬកំពុងតែនិយាយសង្កត់ធ្ងន់លើជីវិតរបស់អ្នក ដែលជារឿងតូចតាចជាងគ្រាប់ស្ពៃមួយគ្រាប់ ហើយតូចដូចគ្រាប់ខ្សាច់មួយគ្រាប់នោះទេ។ និយាយឱ្យត្រង់ ខ្ញុំជាអ្នកគ្រប់គ្រងមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានចាត់ទុកជីវិតរបស់មនុស្សដែលខ្ញុំធ្លាប់ស្អប់ ប៉ុន្តែខ្ញុំរើសឡើងម្តងទៀត ថាជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងរបស់ខ្ញុំនោះទេ។ អ្នកគួរតែមានទស្សនៈច្បាស់មួយ ពាក់ព័ន្ធនឹងធម្មជាតិដ៏ពិតនៃអត្តសញ្ញាណដើមរបស់អ្នករាល់គ្នា ក៏ដូចជាមានភាពច្បាស់លាស់ថាអ្នករាល់គ្នាជាកម្មសិទ្ធិរបស់នរណា ក្នុងនាមជាទាសករ។ ដូច្នេះ ខ្ញុំមិនប្រើមនុស្សដែលមានទឹកមុខដូចសាតាំង មកធ្វើជាជាវត្ថុធាតុដើម ដើម្បីគ្រប់គ្រងមនុស្សនោះទេ ដោយសារមនុស្សមិនដែលធ្លាប់ជាវត្ថុដែលមានតម្លៃនោះទេ។ អ្នករាល់គ្នាគួរតែនឹកឃើញពីអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នាកាលពីដំបូង ហើយចងចាំពីវិធីដែលខ្ញុំបានហៅអ្នករាល់គ្នាកាលគ្រានោះ ដែលជាការចង្អុលបង្ហាញមួយដ៏មានសារៈសំខាន់ និងមានប្រយោជន៍។ អ្នកគួរតែដឹងថា ស្លាកសញ្ញាដែលអ្នករាល់គ្នាពាក់ មិនមែនគ្មានហេតុផលនោះទេ។ ខ្ញុំសន្មតថា អ្នករាល់គ្នាដឹងថា អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកត្រូវបានសាតាំងចាប់បង្ខាំងតាំងពីដើមដំបូង ហើយធ្វើជាអ្នកបម្រើដ៏ស្មោះស្ម័គ្រនៅក្នុងជម្រករបស់វា។ ជាងនេះទៅទៀត អ្នកបានភ្លេចខ្ញុំជាយូរមកហើយ ដោយសារតែអ្នករាល់គ្នានៅក្រៅដំណាក់របស់ខ្ញុំ ហើយនៅក្នុងកណ្តាប់ដៃរបស់ពួកអាក្រក់អស់រយៈពេលជាយូរ។ អស់អ្នកដែលខ្ញុំសង្គ្រោះ គឺជាមនុស្សដែលខ្ញុំបានកំណត់ទុកជាយូរមកហើយ ហើយជាមនុស្សដែលខ្ញុំបានរំដោះ ខណៈពេលដែលអ្នករាល់គ្នាគឺជាព្រលឹងដ៏ទន់ខ្សោយ ដែលត្រូវបានដាក់នៅក្នុងខ្លួនមនុស្ស ជាករណីលើកលែងចំពោះក្រឹត្យវិន័យ។ អ្នកគួរតែដឹងថា អ្នករាល់គ្នាមិនមែនជាកម្មសិទ្ធិនៃដំណាក់របស់ដេវីឌ ឬយ៉ាកុបនោះទេ ប៉ុន្តែអ្នករាល់គ្នាជាកម្មសិទ្ធិនៅក្នុងផ្ទះរបស់ម៉ូអាប់ ដែលជាសមាជិកនៃអំបូរសាសន៍ដទៃ។ ដោយសារតែខ្ញុំមិនតាំងសេចក្តីសញ្ញាជាមួយអ្នករាល់គ្នា ខ្ញុំគ្រាន់តែបានធ្វើកិច្ចការ និយាយជាមួយអ្នករាល់គ្នា និងដឹកនាំអ្នករាល់គ្នាប៉ុណ្ណោះ។ លោហិតរបស់ខ្ញុំមិនបានហូរសម្រាប់អ្នករាល់គ្នានោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងអ្នករាល់គ្នា ដើម្បីទីបន្ទាល់របស់ខ្ញុំប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនបានដឹងពីរឿងនេះទេឬអី? តើកិច្ចការរបស់ខ្ញុំពិតជាដូចអ្វីដែលព្រះយេស៊ូវបានបង្ហូរលោហិតរហូតដល់សុគត ដើម្បីអ្នករាល់គ្នាទេឬ? ដំបូងឡើយ វាមិនមានប្រយោជន៍នោះទេ ដែលខ្ញុំស៊ូទ្រាំនឹងការបន្ទាបបន្ថោកដ៏ធ្ងន់ធ្ងរបែបនោះសម្រាប់អ្នករាល់គ្នា។ ព្រះជាម្ចាស់ដែលពិតជាមិនមានបាបសោះ បានចុះមកដោយផ្ទាល់នៅកន្លែងដែលគួរឱ្យស្អប់ខ្ពើមជាខ្លាំង វាជាពិភពរបស់សត្វឆ្កែ និងសត្វជ្រូក ដែលមិនសក្តិសមនឹងការរស់នៅរបស់មនុស្ស ប៉ុន្តែខ្ញុំនៅតែស៊ូទ្រាំជាមួយនឹងការបន្ទាបបន្ថោកដ៏ឃោរឃៅបែបនេះ ដើម្បីសិរីល្អរបស់ព្រះបិតាខ្ញុំ ហើយដើម្បីទីបន្ទាល់ដ៏អស់កល្បដែរ។ អ្នករាល់គ្នាគួរតែដឹងពីទង្វើរបស់អ្នករាល់គ្នា ហើយមើលឃើញថា អ្នករាល់គ្នាមិនមែនជាកូនក្មេងដែលកើតនៅក្នុងគ្រួសារអ្នកមាន ឬមានអំណាចនោះទេ ប៉ុន្តែគ្រាន់តែជាកូនរបស់សាតាំងដែលទ័លក្រប៉ុណ្ណោះ។ អ្នកក៏មិនមែនជាបុព្វបុរសដើមដំបូងនៃមនុស្សជាតិ ឬមានសិទ្ធិសេរីភាពជាមនុស្សដែរ។ តាំងពីដើមឡើយ អ្នករាល់គ្នាមិនមានចំណែកនៅក្នុងពររបស់មនុស្ស ឬព្រះពររបស់នគរស្ថានសួគ៌នោះទេ។ នេះដោយសារតែអ្នករាល់គ្នាស្ថិតនៅស្រទាប់ក្រោមបង្អស់នៃមនុស្សជាតិ ហើយខ្ញុំមិនដែលផ្តល់គំនិតមួយដល់អនាគតរបស់អ្នករាល់គ្នានោះទេ។ ដូច្នេះហើយ ទោះបីវាជាផ្នែកមួយនៃផែនការរបស់ខ្ញុំ ដែលពេលនេះខ្ញុំមានជំនឿចិត្តដើម្បីប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍ក៏ដោយ ក៏នេះគឺជាការងារដែលមិនធ្លាប់មានពីមុនមកទេ ដោយសារឋានៈរបស់អ្នករាល់គ្នាទាបពេក ហើយអ្នកមិនមានចំណែកនៅក្នុងមនុស្សតាំងពីដំបូង។ តើនេះមិនមែនជាពរដ៏ពិតសម្រាប់មនុស្សទេឬអី?

អ្នកដែលខ្ញុំបានសង្គ្រោះ គឺជាវិញ្ញាណដែលខ្ញុំដោះលែងចេញពីនរកតាំងពីយូរណាស់មកហើយ ក៏ដូចជាអ្នកដែលត្រូវបានជ្រើសរើសដែលខ្ញុំបានទៅសួរសុខទុក្ខតាំងពីយូរណាស់មកហើយ ដោយសារពួកគេទទូចចង់ឱ្យខ្ញុំបង្ហាញខ្លួននៅក្នុងចំណោមពួកគេម្តងទៀត។ ពួកគេបានស្រឡាញ់ខ្ញុំ ហើយបានចារទុកសេចក្តីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងដោយលោហិត នៅក្នុងចិត្តរបស់ពួកគេ ដោយសារតែខ្ញុំបានស្រឡាញ់ពួកគេ។ ពួកគេដូចជាកូនចៀមដែលវង្វេង ដែលកំពុងស្វែងរកខ្ញុំអស់ជាច្រើនឆ្នាំ ហើយពួកគេជាមនុស្សល្អ។ ដូច្នេះហើយ ខ្ញុំហៅពួកគេថា ជាជនជាតិអ៊ីស្រាអែលដ៏ល្អ និងជាទេវតាតូចគួរឱ្យស្រឡាញ់។ ប្រសិនបើខ្ញុំនៅក្នុងចំណោមពួកគេ ខ្ញុំនឹងមិនឈឺចាប់ដោយការបន្ទាបបន្ថោកបែបនេះទេ។ នេះក៏ព្រោះតែពួកគេស្រឡាញ់ខ្ញុំ ជាងជីវិតរបស់ពួកគេទៅទៀត ហើយខ្ញុំស្រឡាញ់ពួកគេដូចជារបស់ដែលស្អាតបំផុតក្នុងចំណោមរបស់ទាំងឡាយ។ នេះក៏ព្រោះតែខ្ញុំបង្កើតពួកគេ ហើយពួកគេជាកម្មសិទ្ធិរបស់ខ្ញុំ។ ពួកគេមិនដែលភ្លេចខ្ញុំម្តងណាឡើយ។ សេចក្តីស្រឡាញ់របស់ពួកគេ លើសពីក្តីស្រឡាញ់របស់អ្នករាល់គ្នា ហើយពួកគេស្រឡាញ់ខ្ញុំជាងអ្នករាល់គ្នាស្រឡាញ់ជីវិតរបស់អ្នកទៅទៀត។ ពួកគេបានចុះចូលនឹងខ្ញុំ ដូចជាកូនព្រាបពណ៌សដែលចុះចូលនឹងផ្ទៃមេឃដូច្នោះដែរ ហើយនៅក្នុងចិត្តរបស់ពួកគេ មានការស្តាប់បង្គាប់ខ្ញុំជាងក្នុងចិត្តរបស់អ្នករាល់គ្នា។ ហើយដោយសារតែពួកគេជាពូជពង្សរបស់យ៉ាកុប ជាកូនរបស់អ័ដាម ហើយស្ថិតក្នុងចំណោមមនុស្សដែលខ្ញុំបានជ្រើសរើស ដោយសារតែខ្ញុំស្រឡាញ់ពួកគេជាយូរយារណាស់មកហើយ ហើយស្រឡាញ់ពួកគេជាងខ្ញុំស្រឡាញ់អ្នករាល់គ្នាទៅទៀត។ គឺដោយសារតែអ្នករាល់គ្នាជាមនុស្សទាស់ទទឹង អ្នកមានការរឹងទទឹងយ៉ាងខ្លាំង អ្នកមើលងាយខ្ញុំខ្លាំងណាស់ អ្នកមិនយកចិត្តទុកដាក់ចំពោះខ្ញុំ អ្នកស្រឡាញ់ខ្ញុំតិចតួច ហើយអ្នកស្អប់ខ្ញុំជាខ្លាំង។ អ្នកមើលងាយការងាររបស់ខ្ញុំ ហើយស្អប់ទង្វើរបស់ខ្ញុំខ្លាំងណាស់។ មិនដូចជាពួកគេនោះទេ អ្នកមិនដែលផ្តល់តម្លៃដល់ទង្វើរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ អ្នកស្អប់ទង្វើទាំងនោះ ភ្នែករបស់អ្នកឡើងក្រហម ពេញដោយក្តីបារម្ភដូចជាភ្នែកសាតាំងអ៊ីចឹង។ តើការចុះចូលរបស់អ្នករាល់គ្នានៅឯណា? តើចរិតលក្ខណៈរបស់អ្នករាល់គ្នានៅឯណា? តើសេចក្តីស្រឡាញ់របស់អ្នករាល់គ្នានៅឯណា? តើអ្នកបានបង្ហាញធាតុនៃក្តីស្រឡាញ់ដែលនៅក្នុងខ្លួនអ្នករាល់គ្នានៅពេលណា? តើអ្នកបានធ្វើកិច្ចការរបស់ខ្ញុំដោយយកចិត្តទុកដាក់នៅពេលណា? គួរឱ្យអាណិតដល់ទេវតាគួរឱ្យស្រឡាញ់ទាំងនោះ ដែលទន្ទឹងរង់ចាំការមកដល់របស់ខ្ញុំដោយអន្ទះសារ ហើយរងការឈឺចាប់យ៉ាងខ្លាំង ខណៈពេលដែលកំពុងទន្ទឹងរង់ចាំខ្ញុំយ៉ាងក្លៀវក្លានោះ ដោយសារតែខ្ញុំស្រឡាញ់ពួកគេជាខ្លាំង។ ទោះជាយ៉ាងណា អ្វីដែលខ្ញុំឃើញសព្វថ្ងៃនេះ គឺជាពិភពមិនមែនមនុស្ស ដែលមិនមានអ្វីធ្វើជាមួយវត្ថុទាំងនោះទាល់តែសោះ។ តើអ្នករាល់គ្នាមិនគិតថា សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាស្ពឹក ហើយមិនមានអារម្មណ៍អ្វី តាំងពីយូរណាស់មកហើយទេឬអី? តើអ្នករាល់គ្នាមិនគិតថា អ្នករាល់គ្នាជារនាំងដែលបាំងការជួបជុំរបស់ខ្ញុំជាមួយពួកទេវតាដ៏គួរឱ្យស្រឡាញ់ទាំងនោះទេឬអី? តើពេលណា ដែលពួកគេមិនទន្ទឹងរង់ចាំការយាងត្រឡប់មករបស់ខ្ញុំ? តើពេលណាដែលពួកគេមិនទន្ទឹងរង់ចាំជួបជុំជាមួយខ្ញុំ? តើពេលណាដែលពួកគេមិនរំពឹងថាអាចចំណាយពេលវេលាដ៏សមប្រកបជាមួយខ្ញុំ ហើយទទួលទានអាហារជាមួយខ្ញុំ? តើអ្នករាល់គ្នាធ្លាប់ដឹងពីអ្វីដែលអ្នករាល់គ្នាកំពុងធ្វើសព្វថ្ងៃនេះទេ៖ ដើរអុកឡុកពេញពិភពលោក ដាក់ផែនការប្រឆាំងគ្នា បោកប្រាស់គ្នា ប្រព្រឹត្តអំពើក្បត់ ដោយលួចលាក់ និងដោយឥតអៀនខ្មាស មិនដឹងការពិត ប្រព្រឹត្តដោយក្រវិចក្រវៀន និងបោកប្រាស់ ធ្វើតាមបញ្ជោរ តែងតែចាត់ទុកខ្លួនឯងប្រសើរជាងអ្នកដទៃ មានភាពក្រអឺតក្រទម ហើយប្រព្រឹត្តយ៉ាងសាហាវដូចសត្វព្រៃនៅលើភ្នំ ហើយគ្មានមេត្តាដូចជាស្តេចសត្វតិរច្ឆានអ៊ីចឹង តើឥរិយាបថទាំងនេះ មានប្រយោជន៍សម្រាប់មនុស្សឬទេ? អ្នកជាមនុស្សឈ្លើយ ហើយគ្មានហេតុផលសោះ។ អ្នកមិនដែលផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ អ្នកបានប្រើអាកប្បកិរិយាមើលងាយព្រះបន្ទូលទាំងនោះទៅវិញ។ តើសមិទ្ធផល ជីវិតមនុស្សដ៏ពិតម្នាក់ និងក្តីសង្ឃឹមដ៏ស្រស់ស្អាត មកបែបនេះពីណាមក? តើការស្រមើស្រមៃដ៏ខ្ជះខ្ជាយរបស់អ្នកនឹងពិតជាសង្គ្រោះអ្នកពីមាត់ខ្លាទេ? តើវានឹងសង្គ្រោះអ្នកពីអណ្តាតភ្លើងដែលកំពុងឆេះទេ? តើអ្នកបានធ្លាក់មកដល់ចំណុចនេះឬទេ ប្រសិនបើអ្នកបានចាត់ទុកកិច្ចការរបស់ខ្ញុំជារតនសម្បត្តិដ៏មានតម្លៃពិតប្រាកដនោះ? តើវាសនារបស់អ្នកពិតជាមិនអាចផ្លាស់ប្តូរបានទេឬ? តើអ្នកព្រមស្លាប់ទាំងការសោកស្តាយបែបនេះទេ?

ខាង​ដើម៖ គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ

បន្ទាប់៖ អត្តសញ្ញាណពីកំណើត និងតម្លៃរបស់មនុស្ស៖ តើមានលក្ខណៈពិតដូចម្តេច?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ