បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ

នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វព្រះហឫទ័យចង់បានទូលបង្គំក៏ដោយ ប៉ុន្តែនៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឱ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឱ្យសត្តនិករទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឱ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ ដើម្បីឱ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីបំណងព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមានសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឱ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈមជ្ឈដ្ឋានឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ។» នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែលគាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ថ្ងៃនេះ អ្នករាល់គ្នាត្រូវបានទ្រង់យកឈ្នះរួចហើយ ប៉ុន្តែតើការយកឈ្នះនេះត្រូវបានស្ដែងចេញនៅក្នុងអ្នករាល់គ្នាយ៉ាងដូចម្ដេច? មនុស្សខ្លះនិយាយថា «ការយកឈ្នះរបស់ខ្ញុំគឺជាព្រះគុណ និងការលើកតម្កើងដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់។ ឥឡូវនេះ ទូលបង្គំទើបតែដឹងថា ជីវិតរបស់មនុស្សគឺប្រហោងក្នុង ហើយគ្មានភាពសំខាន់ឡើយ។ មនុស្សចាយជីវិតរបស់គេមមាញឹកក្នុងការធ្វើការ បង្កើតកូន និងចិញ្ចឹមបីបាច់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ ហើយចុងបញ្ចប់ វាគ្មានសល់អ្វីសោះ។ នៅថ្ងៃនេះ ក្រោយពេលដែលខ្ញុំត្រូវបានព្រះជាម្ចាស់បានយកឈ្នះហើយ ទើបខ្ញុំមើលឃើញថា វាគ្មានតម្លៃអ្វីឡើយក្នុងការរស់នៅបែបនេះ ព្រោះវាជាជីវិតមួយដែលគ្មានខ្លឹមសារ។ ខ្ញុំអាចស្លាប់ទៅ ហើយអ្វីៗនឹងចប់តាមនោះដែរ!» តើមនុស្សដែលត្រូវបានព្រះអង្គយកឈ្នះ អាចឱ្យព្រះជាម្ចាស់ទទួលបានដែរឬទេ? តើពួកគេអាចក្លាយជាមនុស្សគំរូដែរឬទេ? មនុស្សបែបនេះគឺជាមេរៀនមួយអំពីភាពអសកម្ម ដ្បិតពួកគេគ្មានការជំរុញចិត្ត ហើយមិនខំប្រឹងអភិវឌ្ឍខ្លួនឡើយ។ ទោះបីពួកគេតាំងខ្លួនជាមនុស្សដែលត្រូវបានយកឈ្នះក៏ដោយ ក៏មនុស្សបែបនេះគ្មានសមត្ថភាពទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឱ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងសម្រាប់ទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកម្សាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឱ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឱ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឱ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ ហើយវាយផ្ចាល និងល្បងលទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឱ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឱ្យទូលបង្គំអាចរស់នៅក្នុងជីវិតដែលកាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់សម្រាប់ទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់។»

មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបកាយរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធដូចជាពេត្រុស។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាលជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះទៅរកច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឱ្យទៅប្រព្រឹត្តការអាក្រក់ឡើងវិញ ដោយសារតែភាពងាយស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយកន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ពុករលួយនេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនឯង ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនឯងនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។ នៅថ្ងៃនេះ អ្នកមិនអាចស្កប់ចិត្តជាមួយនឹងរបៀបដែលអ្នកត្រូវបានព្រះអង្គយកឈ្នះប៉ុណ្ណឹងទេ ប៉ុន្តែអ្នកក៏ត្រូវពិចារណាទៅលើផ្លូវដែលអ្នកនឹងត្រូវដើរនៅក្នុងពេលអនាគតផងដែរ។ អ្នកត្រូវតែមានការជំរុញចិត្ត និងចិត្តក្លាហាន ដើម្បីឱ្យព្រះអង្គប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ ហើយមិនគួរគិតថា ខ្លួនឯងគ្មានសមត្ថភាពគ្រប់ពេលនោះឡើយ។ តើសេចក្តីពិតមានការបែងចែកបក្សពួកដែរឬ? តើសេចក្តីពិតមានចេតនាប្រឆាំងនឹងមនុស្សឬ? ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីពិត តើវាអាចជះឥទ្ធិពលលើអ្នកដែរឬទេ? ប្រសិនបើអ្នកឈរមាំនៅក្នុងសេចក្តីយុត្តិធម៌ តើវានឹងផ្ដួលអ្នកឱ្យដួលដែរឬ? ប្រសិនបើការជំរុញចិត្តរបស់អ្នក គឺជាការបន្តស្វែងរកជីវិតយ៉ាងពិតប្រាកដ តើជីវិតអាចគេចចេញពីអ្នកបានដែរឬ? ប្រសិនបើអ្នកគ្មានសេចក្តីពិតទេ នោះវាមិនមែនដោយសារតែសេចក្តីពិតព្រងើយកន្ដើយចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគេចចេញពីសេចក្តីពិតវិញទេ។ ប្រសិនបើអ្នកមិនអាចឈរមាំនឹងសេចក្តីយុត្តិធម៌ នោះមិនមែនដោយសារតែសេចក្តីយុត្តិធម៌មានអ្វីមួយខុសនោះឡើយ ប៉ុន្តែដោយសារតែអ្នកជឿថា វាមានបញ្ហាណាមួយខុសពីការពិត។ ប្រសិនបើអ្នកមិនទទួលបានជីវិត ក្រោយពេលបន្តស្វែងរកជីវិតអស់រយៈពេលជាច្រើនឆ្នាំហើយ នោះមិនមែនដោយសារតែជីវិតគ្មានមនសិការគិតចំពោះអ្នកឡើយ ប៉ុន្តែដោយសារតែអ្នកគ្មានមនសិការគិតចំពោះជីវិត ហើយបានបែរចេញពីជីវិតវិញទេ។ ប្រសិនបើអ្នករស់នៅក្នុងពន្លឺ ហើយគ្មានសមត្ថភាពទទួលបានពន្លឺ នោះមិនមែនដោយសារតែពន្លឺគ្មានសមត្ថភាពបំភ្លឺអ្នកឡើយ ប៉ុន្តែដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃពន្លឺ ដូច្នេះ ពន្លឺក៏បានចាកចេញពីអ្នកស្ងាត់ៗ។ ប្រសិនបើអ្នកមិនបន្តស្វែងរកទេ ដូច្នេះ គឺអាចនិយាយបានថា អ្នកដូចជាសំរាមដែលគ្មានតម្លៃ គ្មានចិត្តក្លាហាននៅក្នុងជីវិត និងគ្មានស្មារតី ប្រឆាំងទល់នឹងកម្លាំងនៃសេចក្ដីងងឹតឡើយ។ អ្នកជាមនុស្សទន់ខ្សោយពេកហើយ! អ្នកមិនអាចរត់គេចចេញពីពួកបរិវាររបស់សាតាំងដែលឡោមព័ទ្ធអ្នក ហើយអ្នកសុខចិត្តរស់នៅជីវិតបែបសុខសុវត្ថិភាព ហើយស្លាប់ទៅក្នុងភាពល្ងីល្ងើបែបនេះ។ អ្វីដែលអ្នកគួរតែសម្រេច គឺជាការបន្តស្វែងរករបស់អ្នកនូវការឱ្យព្រះអង្គយកឈ្នះ ព្រោះថានេះគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្កប់ចិត្តនឹងការដែលត្រូវបានយកឈ្នះ នោះវាដូចជាអ្នកបណ្ដេញអត្ថិភាពនៃពន្លឺអ៊ីចឹង។ អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនឯងដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។ អ្នកគួរតែបន្តដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែបន្តដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកវត្ថុបំណងណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះមនុស្ស ដោយសារតែវាជាកិច្ចការដែលទ្រង់ត្រូវតែធ្វើ ហើយលើសពីនេះទៅទៀត វាជាអ្វីមួយដែលមនុស្សត្រូវការ។ មនុស្សត្រូវតែទទួលការវាយផ្ចាល និងការជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបគេអាចមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នាបានជឿលើព្រះអង្គទាំងស្រុងហើយ ប៉ុន្តែនៅពេលដែលអ្នកជួបឧបសគ្គដ៏កំប៉ិកកំប៉ុកបំផុត អ្នកបែរជាគិតថា អ្នកមានបញ្ហា។ កម្ពស់របស់អ្នកនៅតូចពេកហើយ ហើយអ្នកនៅតែត្រូវមានបទពិសោធអំពីការវាយផ្ចាល និងការជំនុំជម្រះបែបនេះជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ។ នៅថ្ងៃនេះ អ្នករាល់គ្នាមានការគោរពព្រះជាម្ចាស់ ហើយអ្នកកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយអ្នករាល់គ្នាដឹងថា ទ្រង់ជាព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែអ្នកមិនមានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះទ្រង់ឡើយ ហើយក៏គ្មានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែរ។ ចំណែកឯចំណេះដឹងរបស់អ្នករាល់គ្នាវិញក៏រាក់កំផែលទៀត ហើយកម្ពស់របស់អ្នកវិញ ក៏នៅតែមិនគ្រប់គ្រាន់ដដែល។ នៅពេលដែលអ្នកជួបបរិយាកាសបែបនេះ អ្នកនៅតែមិនបានធ្វើបន្ទាល់ដ៏ពិត ឯច្រកចូលវិញ អ្នកមិនសូវមានការប្រុងប្រៀបជាមុនឡើយ ហើយអ្នកក៏គ្មានគំនិតអំពីការអនុវត្តដែរ។ មនុស្សភាគច្រើនជាមនុស្សអកម្ម និងគ្មានសកម្មភាព។ ពួកគេស្រឡាញ់ព្រះជាម្ចាស់លួចលាក់នៅក្នុងដួងចិត្តរបស់ពួកគេ ប៉ុន្តែពួកគេគ្មានវិធីក្នុងការអនុវត្ត ហើយក៏មិនដឹងច្បាស់អំពីគោលដៅរបស់គេនោះដែរ។ អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏មានសេចក្តីពិតដែលលើសពីខ្នាតវាស់នៃមនសិការ និងខ្ពស់ជាងបទដ្ឋាននៃមនសិការផងដែរ ហើយពួកគេមិនគ្រាន់តែប្រើប្រាស់មនសិការរបស់គេ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ និងបានឃើញថា ព្រះជាម្ចាស់ជាព្រះគួរឱ្យស្រឡាញ់ និងសក្តិសមទទួលសេចក្តីស្រឡាញ់របស់មនុស្ស ហើយបានឃើញទៀតថា នៅក្នុងព្រះជាម្ចាស់ មាននូវរឿងជាច្រើនទៀតដែលត្រូវស្រឡាញ់ ដូច្នេះ មនុស្សគ្មានអ្វីក្រៅពីស្រឡាញ់ទ្រង់នោះឡើយ! សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់មនុស្សទាំងឡាយណាដែលត្រូវប្រោសឱ្យគ្រប់លក្ខណ៍ គឺត្រូវបំពេញតាមការជំរុញចិត្តរបស់ពួកគេរៀងៗខ្លួន។ សេចក្តីស្រឡាញ់របស់ពួកគេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលស្ម័គ្រចិត្ត ដែលមិនសុំផលតបស្នងមកវិញឡើយ ហើយក៏មិនមែនជាការជួញដូរនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែចំណេះដឹងរបស់ពួកគេអំពីទ្រង់តែប៉ុណ្ណោះ។ មនុស្សបែបនេះមិនខ្វល់ឡើយថាតើព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេឬក៏អត់ ហើយមិនចេះស្កប់ចិត្តក្នុងការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេមិនតថ្លៃជាមួយព្រះជាម្ចាស់ ហើយក៏មិនវាស់សេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ តាមរយៈមនសិការនោះដែរ៖ «ទ្រង់បានប្រទានពរទូលបង្គំ ដូច្នេះ ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់វិញ ជាការសងគុណ។ ប្រសិនបើទ្រង់មិនប្រទានដល់ទូលបង្គំទេ នោះទូលបង្គំគ្មានអ្វីដែលត្រូវថ្វាយទ្រង់វិញឡើយ។» មនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តែងតែជឿថា៖ «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយើង។ ដោយសារតែខ្ញុំមានឱកាស លក្ខខណ្ឌ និងគុណសម្បត្តិនេះ ដើម្បីឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំគួរតែបន្តស្វែងរក ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយខ្ញុំគួរតែបំពេញតាមបំណងទ្រង់។» នេះហើយជាចំណេះដឹងដែលពេត្រុសមាន៖ នៅពេលដែលគាត់ខ្សោយបំផុត គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! មិនថាពេលណា ឬនៅទីកន្លែងណានោះឡើយ ទ្រង់ជ្រាបដឹងថា ទូលបង្គំតែងតែនឹកគិតអំពីទ្រង់ជានិច្ច។ មិនថាពេលណា ឬនៅទីកន្លែងណានោះទេ ទ្រង់ជ្រាបដឹងថា ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែកម្ពស់របស់ទូលបង្គំតូចពេក ទូលបង្គំខ្សោយពេក និងគ្មានកម្លាំងឡើយ ហើយសេចក្តីស្រឡាញ់របស់ទូលបង្គំនៅមានកម្រិតច្រើនណាស់ ហើយភាពស្មោះត្រង់របស់ទូលបង្គំចំពោះទ្រង់ក៏ស្ដួចស្ដើងដែរ។ បើប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទូលបង្គំមិនសក្ដិសមក្នុងការរស់នៅឡើយ។ ទូលបង្គំប្រាថ្នាសុំកុំឱ្យជីវិតរបស់ទូលបង្គំទៅជាឥតប្រយោជន៍ និងប្រាថ្នាថា ទូលបង្គំមិនអាចគ្រាន់តែតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទូលបង្គំប្រាថ្នាថា ទូលបង្គំអាចថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទូលបង្គំមាន។ ប្រសិនបើទូលបង្គំអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំនឹងមានសន្ដិភាពផ្លូវចិត្ត ហើយទូលបង្គំនឹងមិនសុំអ្វីផ្សេងទៀតនោះឡើយ។ ទោះបីជាឥឡូវនេះ ទូលបង្គំខ្សោយ និងគ្មានកម្លាំងក៏ដោយ ក៏ទូលបង្គំនឹងមិនភ្លេចឡើយអំពីពាក្យដាស់តឿនរបស់ទ្រង់ ហើយទូលបង្គំនឹងមិនភ្លេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឥឡូវនេះ ទូលបង្គំគ្មានអ្វីដែលត្រូវធ្វើ ក្រៅពីតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍អាក្រក់ក្រៃលែង! តើទូលបង្គំអាចតបស្នងចំពោះសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តរបស់ទូលបង្គំទៅកាន់ទ្រង់ដោយរបៀបណាទៅ? តើទូលបង្គំអាចធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ហើយអាចបំពេញបំណងប្រាថ្នារបស់ទ្រង់ និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់បានដោយរបៀបណា? ទ្រង់ជ្រាបដឹងអំពីសេចក្តីកម្សោយរបស់មនុស្ស ដូច្នេះ តើទូលបង្គំអាចសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា? ឱ ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបដឹងថា ទូលបង្គំមានកម្ពស់តូចទេ និងដឹងទៀតថា សេចក្តីស្រឡាញ់របស់ទូលបង្គំក៏ស្ដួចស្ដើងបំផុតដែរ។ តើទូលបង្គំអាចធ្វើការយ៉ាងអស់ពីចិត្តបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ? ទូលបង្គំដឹងថា ទូលបង្គំគួរតែតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់វិញ ទូលបង្គំដឹងថា ទូលបង្គំគួរតែថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ប៉ុន្តែនៅថ្ងៃនេះ កម្ពស់របស់ទូលបង្គំនៅតូចពេក។ ទូលបង្គំអធិស្ឋានសុំឱ្យទ្រង់ប្រទានកម្លាំង និងទំនុកចិត្តដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំកាន់តែមានសេចក្តីស្រឡាញ់បរិសុទ្ធថ្វាយដល់ទ្រង់ និងកាន់តែអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ព្រោះថាទូលបង្គំមិនគ្រាន់តែអាចតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទូលបង្គំនឹងកាន់តែអាចមានបទពិសោធអំពីការវាយផ្ចាល ការជំនុំជម្រះ និងការល្បងលរបស់ទ្រង់ និងបណ្ដាសាដ៏ធ្ងន់ធ្ងរកាន់តែច្រើន។ ទ្រង់បានអនុញ្ញាតឱ្យទូលបង្គំមើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទូលបង្គំមិនអាចមិនស្រឡាញ់ទ្រង់ឡើយ ហើយទោះបីជាទូលបង្គំខ្សោយ និងគ្មានកម្លាំងនៅថ្ងៃនេះក៏ដោយ តើទូលបង្គំអាចភ្លេចទ្រង់បានយ៉ាងដូចម្ដេចកើត? សេចក្តីស្រឡាញ់ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ បានធ្វើឱ្យទូលបង្គំស្គាល់ទ្រង់ ប៉ុន្តែទូលបង្គំក៏មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពបំពេញតាមសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ដ្បិតព្រះអង្គអស្ចារ្យណាស់។ តើទូលបង្គំអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ព្រះអាទិករយ៉ាងដូចម្ដេច?» នេះជាសំណើរបស់ពេត្រុស ប៉ុន្តែកម្ពស់របស់គាត់នៅមិនគ្រប់គ្រាន់ឡើយ។ នៅពេលនោះ គាត់មានអារម្មណ៍ដូចជាគេយកកាំបិតមកចាក់ក្នុងចិត្តរបស់គាត់អ៊ីចឹង។ គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ព្រោះគាត់មិនបានដឹងអំពីអ្វីដែលត្រូវធ្វើឡើយ ពេលស្ថិតនៅក្រោមស្ថានភាពបែបនេះ។ ប៉ុន្តែ គាត់នៅតែបន្តអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! មនុស្សមានកម្ពស់ក្មេងខ្ចីពេក មនសិការរបស់គេក៏ខ្សោយ ហើយកិច្ចការតែមួយគត់ដែលទូលបង្គំអាចសម្រេចបាន គឺត្រូវតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ នៅថ្ងៃនេះ ទូលបង្គំមិនដឹងពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយទូលបង្គំចង់ធ្វើអ្វីៗគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន គឺថ្វាយគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់។ មិនថាទ្រង់ជំនុំជម្រះ វាយផ្ចាល ប្រទានអ្វីមកទូលបង្គំ ឬក៏ដកអ្វីចេញពីទូលបង្គំនោះឡើយ សូមទ្រង់ជួយទូលបង្គំកុំឱ្យមានការរអ៊ូរទាំសូម្បីតែបន្ដិចចំពោះទ្រង់នោះឡើយ។ មានពេលជាច្រើនដង នៅពេលដែលទ្រង់បានវាយផ្ចាល និងជំនុំជម្រះទូលបង្គំ ទូលបង្គំបានរអ៊ូដាក់ខ្លួនឯង ហើយទូលបង្គំគ្មានសមត្ថភាពទៅទទួលបានភាពបរិសុទ្ធ ឬបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់នោះឡើយ។ ការតបស្នងរបស់ទូលបង្គំចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ បានកើតចេញពីការបង្ខំចិត្ត ហើយនៅពេលនេះ ទូលបង្គំស្អប់ខ្លួនឯងកាន់តែខ្លាំងជាងមុន។» នេះគឺដោយសារតែគាត់បានព្យាយាមចង់មានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ដែលនាំឱ្យពេត្រុសបានអធិស្ឋានបែបនេះ។ គាត់កំពុងស្វែងរក និងអង្វរករ ហើយលើសពីនេះ គាត់កំពុងតែតិះដៀលខ្លួនឯង និងលន់តួបាបរបស់គាត់ទៅកាន់ព្រះជាម្ចាស់។ គាត់មានអារម្មណ៍ថា គាត់ជំពាក់គុណព្រះជាម្ចាស់ និងមានអារម្មណ៍ស្អប់ខ្លួនឯង ប៉ុន្តែ គាត់ក៏មានអារម្មណ៍កើតទុក្ខ និងអសកម្មដែរ។ គាត់តែងតែមានអារម្មណ៍បែបនេះ គឺដូចជាគាត់មិនល្អគ្រប់គ្រាន់សម្រាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនអាចធ្វើកិច្ចការឱ្យអស់ពីសមត្ថភាពរបស់គាត់ឡើយ។ ស្ថិតនៅក្រោមលក្ខខណ្ឌបែបនេះ ពេត្រុសនៅតែបន្តស្វែងរកចង់បានសេចក្តីជំនឿដូចជាយ៉ូបទៀត។ គាត់បានមើលឃើញថា សេចក្តីជំនឿរបស់យ៉ូបពិតជាអស្ចារ្យខ្លាំងណាស់ ដ្បិតយ៉ូបបានមើលឃើញថា អ្វីៗគ្រប់យ៉ាងដែលគាត់មាន គឺព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយមើលឃើញថា វាជារឿងធម្មតា ដែលព្រះជាម្ចាស់ដកហូតអ្វីៗគ្រប់យ៉ាងចេញពីគាត់វិញ និងមើលឃើញទៀតថា ព្រះជាម្ចាស់អាចប្រទានពរទៅកាន់នរណាក៏បាន តាមតែទ្រង់សព្វព្រះហឫទ័យចង់ប្រទានពរ ព្រោះថានេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ យ៉ូបមិនបានរអ៊ូរទាំឡើយ ប៉ុន្តែគាត់នៅតែសរសើរព្រះជាម្ចាស់ទៀត។ ពេត្រុសក៏បានស្គាល់ខ្លួនឯង ហើយគាត់បានអធិស្ឋាននៅក្នុងចិត្តរបស់គាត់ថា៖ «នៅថ្ងៃនេះ ទូលបង្គំមិនគួរស្កប់ចិត្តជាមួយការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដោយប្រើមនសិការរបស់ទូលបង្គំ និងស្កប់ចិត្តជាមួយសេចក្តីស្រឡាញ់ដ៏ច្រើនដែលទូលបង្គំថ្វាយត្រឡប់ដល់ទ្រង់នោះឡើយ ដោយសារតែគំនិតរបស់ទូលបង្គំពុករលួយអស់ និងដោយសារតែទូលបង្គំគ្មានសមត្ថភាពមើលឃើញទ្រង់ ជាព្រះអាទិករ។ ដោយសារតែទូលបង្គំនៅតែមិនសក្ដិសមក្នុងការស្រឡាញ់ទ្រង់ ដូច្នេះ ទូលបង្គំត្រូវតែអភិវឌ្ឍសមត្ថភាព ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ដែលទូលបង្គំនឹងធ្វើដោយចេញពីចិត្ត។ ទូលបង្គំត្រូវតែដឹងអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើ ទូលបង្គំគ្មានជម្រើសឡើយ ហើយទូលបង្គំត្រូវតែមើលទៅកាន់សេចក្តីស្រឡាញ់របស់ទ្រង់ ហើយថ្លែងនូវការសរសើរ និងការលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ឡើង ដើម្បីឱ្យទ្រង់អាចទទួលបានសិរីល្អដ៏ធំតាមរយៈទូលបង្គំ។ ទូលបង្គំព្រមឈររឹងមាំនៅក្នុងទីបន្ទាល់នេះអំពីទ្រង់។ ឱ ព្រះជាម្ចាស់អើយ! សេចក្តីស្រឡាញ់របស់ទ្រង់មានតម្លៃ និងស្រស់ស្អាតណាស់ ដូច្នេះ តើទូលបង្គំអាចចង់ទៅរស់នៅក្នុងដៃរបស់មេកំណាចយ៉ាងដូចម្ដេចកើតទៅ? តើទូលបង្គំមិនត្រូវបានបង្កើតមក ដោយព្រះអង្គទេឬអី? តើទូលបង្គំអាចរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដោយរបៀបណាទៅ? ទូលបង្គំចង់ឱ្យជីវិតរបស់ទូលបង្គំរស់នៅក្នុងការវាយផ្ចាលរបស់ទ្រង់។ ទូលបង្គំមិនចង់រស់នៅក្រោមដែនត្រួតត្រារបស់មេកំណាចឡើយ។ ប្រសិនបើទូលបង្គំអាចត្រូវបានប្រោសឱ្យបរិសុទ្ធ និងអាចថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ទ្រង់បាន នោះទូលបង្គំព្រមថ្វាយរូបកាយ និងគំនិតរបស់ទូលបង្គំដល់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់មិនខាន ព្រោះថាទូលបង្គំស្អប់ខ្ពើមសាតាំង ហើយក៏មិនព្រមរស់នៅក្រោមដែនត្រួតត្រារបស់វាដែរ។ តាមរយៈការជំនុំជម្រះរបស់ទ្រង់ចំពោះទូលបង្គំ ព្រះអង្គបង្ហាញឱ្យឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយដោយមើលឃើញបែបនេះ ទូលបង្គំមានសេចក្តីរីករាយ និងគ្មានពាក្យរអ៊ូរទាំសូម្បីតែបន្ដិចឡើយ។ ប្រសិនបើទូលបង្គំអាចបំពេញតាមភារកិច្ចជាមនុស្សបាន នោះទូលបង្គំព្រមដាក់ជីវិតទាំងស្រុងរបស់ទូលបង្គំ ឱ្យហ៊ុមព័ទ្ធដោយការជំនុំជម្រះរបស់ទ្រង់ ព្រោះថាមានតែតាមរយៈការជំនុំជម្រះនេះប៉ុណ្ណោះ ទើបទូលបង្គំនឹងស្គាល់អំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវានឹងដកទូលបង្គំចេញពីឥទ្ធិពលរបស់មេកំណាច។» ពេត្រុសតែងតែអធិស្ឋានបែបនេះ តែងតែស្វែងរកបែបនេះ និយាយជារួមទៅ គាត់បានទៅដល់ពិភពដ៏ខ្ពស់មួយ។ គាត់មិនគ្រាន់តែតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែកាន់តែសំខាន់ គាត់ក៏បានបំពេញភារកិច្ចរបស់គាត់ ក្នុងនាមជាសត្តនិករម្នាក់ដែរ។ គាត់មិនគ្រាន់តែត្រូវបានចោទប្រកាន់ពីមនសិការរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចធ្វើលើសពីបទដ្ឋាននៃមនសិការនោះដែរ។ ពាក្យអធិស្ឋានរបស់គាត់បានបន្តទូលថ្វាយនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ដែលនេះបង្ហាញថា ការជំរុញចិត្តរបស់គាត់មានកាន់តែខ្ពស់ ហើយសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ក៏មានកាន់តែខ្លាំងដែរ។ ទោះបីគាត់បានរងការឈឺចាប់យ៉ាងខ្លាំងក៏ដោយ ក៏គាត់នៅតែមិនភ្លេចក្នុងការស្រឡាញ់ព្រះជាម្ចាស់ដែរ ហើយគាត់ក៏នៅតែព្យាយាមចង់ទទួលបានសមត្ថភាព ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ថែមទៀត។ នៅក្នុងពាក្យអធិស្ឋានរបស់គាត់ គាត់បានបន្លឺឡើងថា៖ «ទូលបង្គំមិនបានសម្រេចអ្វីសោះឡើយ ក្រៅពីតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់។ ទូលបង្គំមិនបានធ្វើបន្ទាល់អំពីទ្រង់នៅចំពោះសាតាំង ហើយទូលបង្គំនៅតែរស់នៅក្នុងចំណោមសាច់ឈាមនៅឡើយទេ។ ទូលបង្គំចង់ប្រើសេចក្តីស្រឡាញ់របស់ទូលបង្គំ ដើម្បីបង្រ្កាបសាតាំង ធ្វើឱ្យវាបាក់មុខ និងបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ទូលបង្គំចង់ថ្វាយអ្វីៗគ្រប់យ៉ាងរបស់ទូលបង្គំដល់ព្រះអង្គ ហើយមិនចង់ប្រគល់ខ្លួនទូលបង្គំឱ្យដល់សាតាំង សូម្បីតែបន្ដិចនោះឡើយ ព្រោះថាសាតាំងគឺជាខ្មាំងសត្រូវរបស់ទ្រង់។» បើគាត់ស្វែងរកនៅក្នុងទិសដៅនេះកាន់តែច្រើន បើគាត់កាន់តែមានអារម្មណ៍ពាល់ចិត្ត នោះចំណេះដឹងរបស់គាត់អំពីកិច្ចការទាំងនេះ ក៏មានកាន់តែខ្ពស់ដែរ។ ដោយមិនដឹងខ្លួន គាត់បានចាប់ផ្ដើមដឹងថា គាត់អាចដកខ្លួនចេញពីឥទ្ធិពលរបស់សាតាំង ហើយគាត់គួរតែថ្វាយខ្លួនគាត់ទាំងស្រុងដល់ព្រះជាម្ចាស់វិញ។ នេះហើយជាពិភពមួយដែលគាត់បានទទួល។ គាត់កំពុងតែទៅហួសពីដែនឥទ្ធិពលរបស់សាតាំង និងដកខ្លួនរបស់គាត់ចេញពីសេចក្តីសប្បាយភ្លើតភ្លើនខាងសាច់ឈាម និងព្រមទទួលបទពិសោធកាន់តែជ្រាលជ្រៅជាមួយការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ គាត់បាននិយាយថា «ទោះបីទូលបង្គំរស់នៅក្នុងការការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយមិនថាវាពិបាកប៉ុនណានោះឡើយ ក៏ទូលបង្គំនៅតែមិនព្រមរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងរងទុក្ខជាមួយឧបាយកលរបស់វាដែរ។ ទូលបង្គំបែរជាមានអំណរចេញពីការរស់នៅក្នុងការដាក់បណ្ដាសារបស់ទ្រង់ ហើយទូលបង្គំឈឺចាប់ ដែលរស់នៅក្នុងពររបស់សាតាំង។ ទូលបង្គំស្រឡាញ់ទ្រង់ ដោយរស់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ហើយការនេះនាំឱ្យទូលបង្គំមានសេចក្តីអំណរដ៏ធំ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ គឺជាសេចក្តីសុចរិត និងភាពបរិសុទ្ធ ហើយទ្រង់ធ្វើវាឡើង គឺដើម្បីលាងជម្រះទូលបង្គំ ហើយកាន់តែសំខាន់នោះគឺ ដើម្បីសង្រ្គោះទូលបង្គំវិញទេ។ ទូលបង្គំសុខចិត្តចំណាយពេលមួយជីវិតរបស់ទូលបង្គំនៅក្នុងការជំនុំជម្រះរបស់ទ្រង់ ដើម្បីឱ្យទូលបង្គំអាចស្ថិតនៅក្រោមការមើលថែរបស់ទ្រង់។ ទូលបង្គំមិនព្រមរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង សូម្បីតែមួយភ្លែតនោះឡើយ។ ទូលបង្គំចង់ឱ្យទ្រង់លាងជម្រះទូលបង្គំ ហើយទោះបីជាទូលបង្គំត្រូវរងទុក្ខលំបាកក៏ដោយ ក៏ទូលបង្គំមិនព្រមឱ្យសាតាំងកេងចំណេញ និងប្រើល្បិចចំពោះទូលបង្គំនោះដែរ។ ក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំគួរតែត្រូវបានប្រើប្រាស់ដោយព្រះអង្គ កាន់កាប់ដោយទ្រង់ ជំនុំជម្រះដោយទ្រង់ និងវាយផ្ចាលដោយទ្រង់វិញ។ ទូលបង្គំគួរតែត្រូវរងបណ្ដាសាដោយទ្រង់។ ដួងចិត្តរបស់ទូលបង្គំអរសប្បាយ នៅពេលដែលទ្រង់មានព្រះទ័យចង់ប្រទានពរដល់ទូលបង្គំ ដ្បិតទូលបង្គំបានឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់ជាព្រះអាទិករ ហើយទូលបង្គំជាស្នាព្រះហស្តរបស់ទ្រង់៖ ទូលបង្គំមិនគួរក្បត់ទ្រង់ ហើយទៅរស់នៅក្រោមដែនត្រាតត្រារបស់សាតាំង ឬឱ្យវាកេងចំណេញលើទូលបង្គំនោះឡើយ។ ទូលបង្គំគួរតែធ្វើជាសេះ ឬគោរបស់ទ្រង់ ជាជាងរស់នៅសម្រាប់សាតាំង។ ទូលបង្គំសុខចិត្តរស់នៅក្នុងការវាយផ្ចាលរបស់ទ្រង់ ទោះបីគ្មានសុភមង្គលខាងរូបកាយក៏ដោយ ហើយការនេះនឹងនាំឱ្យទូលបង្គំមានភាពរីករាយជាង ទោះបីជាទូលបង្គំត្រូវបាត់បង់ព្រះគុណរបស់ទ្រង់ក៏ដោយ។ ទោះបីព្រះគុណទ្រង់មិននៅជាមួយទូលបង្គំក៏ដោយ ក៏ទូលបង្គំនៅតែរីករាយក្នុងការទទួលយកការវាយផ្ចាល និងការជំនុំជម្រះពីទ្រង់ដដែល ដ្បិតនេះជាព្រះពរដ៏ល្អបំផុតរបស់ទ្រង់ ជាព្រះគុណដ៏ធំបំផុតរបស់ទ្រង់។ ទោះបីទ្រង់តែងតែប្រើឫទ្ធានុភាព និងសម្ដែងសេចក្ដីក្រោធចំពោះទូលបង្គំក៏ដោយ ក៏ទូលបង្គំគ្មានសមត្ថភាពអ្វីទៅចាកចេញពីទ្រង់ដែរ ហើយទូលបង្គំនៅតែស្រឡាញ់យ៉ាងខ្លាំងដដែល។ ទូលបង្គំសុខចិត្តរស់នៅក្នុងដំណាក់របស់ទ្រង់ ទូលបង្គំសុខចិត្តឱ្យទ្រង់ដាក់បណ្ដាសា វាយផ្ចាល និងធ្វើឱ្យឈឺចាប់ ក៏ទូលបង្គំមិនព្រមទៅរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងឡើយ ហើយក៏មិនព្រមមមាញឹកនឹងជីវិតសម្រាប់តែខាងសាច់ឈាម ហើយក៏មិនព្រមរស់នៅសម្រាប់សាច់ឈាមដែរ។» សេចក្តីស្រឡាញ់របស់ពេត្រុស គឺជាសេចក្តីស្រឡាញ់បរិសុទ្ធ។ នេះជាបទពិសោធនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយវាជាពិភពដ៏ខ្ពស់បំផុតនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ ព្រោះថាគ្មានជីវិតណាមួយដែលមានអត្ថន័យជាងនេះទៀតឡើយ។ គាត់បានទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ គាត់បានឱ្យតម្លៃខ្លាំងទៅលើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីមួយអំពីពេត្រុស ដែលមានតម្លៃជាងនោះទៀតឡើយ។ គាត់បានមានប្រសាសន៍ថា «សាតាំងផ្ដល់ឱ្យទូលបង្គំមានសេចក្តីរីករាយខាងសម្ភារៈ ប៉ុន្តែទូលបង្គំមិនឱ្យតម្លៃទៅលើសម្ភារៈទាំងនោះឡើយ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ កើតមានចំពោះទូលបង្គំ ហើយនៅក្នុងការនេះ ទូលបង្គំចាត់ទុកដូចជាព្រះគុណ និងរកឃើញសេចក្តីអំណរ ហើយនៅក្នុងការនេះ ទូលបង្គំបែរជាមានពរទៅវិញ។ ប្រសិនបើគ្មានការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងមិនអាចស្រឡាញ់ព្រះជាម្ចាស់បានឡើយ ទូលបង្គំនឹងនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយប្រាកដជាបន្តស្ថិតនៅក្រោមការគ្រប់គ្រង និងក្រោមបញ្ជារបស់វាមិនខាន។ ប្រសិនបើបែបនេះមែន ទូលបង្គំនឹងមិនអាចក្លាយជាមនុស្សពិតឡើយ ព្រោះថាទូលបង្គំនឹងគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំនឹងមិនបានថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់មិនប្រទានពរដល់ទូលបង្គំ ចាកចេញពីទូលបង្គំ ដោយគ្មានការកំសាន្តចិត្ត ដូចជាភ្លើងដែលកំពុងតែឆេះនៅក្នុងទូលបង្គំ និងគ្មានសេចក្តីសុខសាន្ត ឬសេចក្តីអំណរក៏ដោយ ហើយទោះបីការវាយផ្ចាល និងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ នៅមិនឆ្ងាយពីទូលបង្គំក្ដី ក៏នៅក្នុងការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ទូលបង្គំអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ ទូលបង្គំរីករាយនឹងទទួលយក ដ្បិតនៅក្នុងជីវិតនេះ គ្មានអ្វីដែលមានតម្លៃ ឬអត្ថន័យជាងនេះទៀតឡើយ។ ទោះបីការការពារ និងការមើលថែរបស់ទ្រង់ប្រែក្លាយជាការវាយផ្ចាល ការជំនុំជម្រះ ការដាក់បណ្ដាសា និងការផ្ចាញ់ផ្ចាលដ៏គ្មានមេត្តាក៏ដោយ ក៏ទូលបង្គំនៅតែព្រមទទួលយកដោយក្ដីរីករាយដដែល ព្រោះថាការទាំងនេះអាចលាងជម្រះ និងអាចបំផ្លាស់បំប្រែទូលបង្គំឱ្យកាន់តែប្រសើរ អាចនាំឱ្យទូលបង្គំចូលកាន់តែជិតព្រះជាម្ចាស់ អាចធ្វើឱ្យទូលបង្គំកាន់តែស្រឡាញ់ព្រះជាម្ចាស់ និងអាចធ្វើឱ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ។ ការនេះធ្វើឱ្យទូលបង្គំបំពេញតាមភារកិច្ចរបស់ទូលបង្គំ ក្នុងនាមជាសត្តនិករម្នាក់ និងនាំទូលបង្គំចូលទៅចំពោះព្រះជាម្ចាស់ ហើយចេញឆ្ងាយពីឥទ្ធិពលរបស់សាតាំង ដូច្នេះ ទូលបង្គំលែងបម្រើសាតាំងទៀតហើយ។ នៅពេលដែលទូលបង្គំលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ថ្វាយព្រះជាម្ចាស់ដោយគ្មានលាក់ទុកអ្វីមួយ នោះហើយជាពេលដែលទូលបង្គំនឹងមានអារម្មណ៍ស្កប់ចិត្តទាំងស្រុង។ ដូច្នេះ គឺការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នេះហើយ ដែលបានសង្រ្គោះទូលបង្គំ ហើយជីវិតរបស់ទូលបង្គំមិនអាចដាច់ចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បានឡើយ។ ជីវិតទូលបង្គំនៅលើផែនដីស្ថិតនៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយប្រសិនបើវាមិនមែនសម្រាប់ការមើលថែ និងការការពារចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងតែងតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងមិនខាន ហើយលើសពីនេះ ទូលបង្គំនឹងមិនមានឱកាស ឬមធ្យោបាយណា ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យនោះឡើយ។ មានតែការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅជាប់ជាមួយទូលបង្គំជានិច្ចទេ ទើបទូលបង្គំអាចនឹងត្រូវបានលាងជម្រះដោយព្រះជាម្ចាស់។ មានតែការប្រើពាក្យសម្ដីគំរោះគំរើយ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដែលប្រកបដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ទេ ទើបទូលបង្គំទទួលបានការការពារដ៏ខ្ពស់បំផុត និងរស់នៅក្នុងពន្លឺ ហើយទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ការត្រូវបានលាងជម្រះ ការដកខ្លួនចេញពីសាតាំង និងការរស់នៅក្រោមដែនត្រួតត្រារបស់ព្រះជាម្ចាស់ គឺជាព្រះពរដ៏ធំបំផុតនៅក្នុងជីវិតរបស់ទូលបង្គំនាពេលសព្វថ្ងៃ។» នេះគឺជាពិភពដ៏ខ្ពស់បំផុត ដែលពេត្រុសបានដកពិសោធន៍។

នេះហើយជាសភាពពិតប្រាកដមួយដែលមនុស្សត្រូវតែទទួលបាន ក្រោយពេលដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចសម្រេចការនេះបានច្រើនទេ នោះអ្នកមិនអាចរស់នៅក្នុងជីវិតដែលមានន័យបានឡើយ។ មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរបស់មនុស្ស។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់សាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឱ្យមានសេរីភាពពីឥទ្ធិពលរបស់សាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឱ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយផ្ចាល និងការជំនុំជម្រះឡើយ! ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឱ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឱ្យរស់នៅក្នុងទុក្ខវេទនា ហើយឱ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការវាយផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បងល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ។» ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឱ្យការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងការវាយកំទេចរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឱ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់សាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់សាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឱ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែលើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានបទពិសោធនូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែវាបានជួយឱ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួតត្រារបស់សាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងដូចម្ដេចកើតទៅ? ប្រសិនបើទ្រង់ប្រទានឱ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកម្សាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃសេចក្ដីទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបមានន័យជាង ទើបអាចធ្វើឱ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង ទើបអាចអាចបំផ្លាស់បំប្រែទូលបង្គំបាន និងកាន់តែអាចជួយឱ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន។»

ជីវិតទាំងស្រុងរបស់មនុស្សត្រូវបានរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយគ្មានមនុស្សណាម្នាក់ ដែលអាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់សាតាំង ដោយខ្លួនឯងបានឡើយ។ មនុស្សទាំងអស់រស់នៅក្នុងពិភពដ៏ស្មោកគ្រោក នៅក្នុងសេចក្តីពុករលួយ និងភាពទទេ ដោយគ្មានអត្ថន័យ ឬតម្លៃអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានផង ហើយពួកគេរស់នៅក្នុងជីវិតដែលមិនខ្វល់ គឺរស់នៅសម្រាប់តែខាងសាច់ឈាម សម្រាប់សេចក្តីស្រើបស្រាល និងសម្រាប់តែសាតាំងប៉ុណ្ណោះ។ វាគ្មានតម្លៃអ្វីសោះឡើយចំពោះអត្ថិភាពរបស់ពួកគេ។ មនុស្សគ្មានសមត្ថភាពរកឃើញសេចក្តីពិតដែលនឹងរំដោះគេឱ្យចេញផុតពីដែនឥទ្ធិពលរបស់សាតាំងឡើយ។ ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងអានព្រះគម្ពីរក៏ដោយ ក៏គេមិនយល់អំពីរបៀបរំដោះខ្លួនចេញពីឥទ្ធិពលគ្រប់គ្រងរបស់សាតាំងដែរ។ នៅគ្រប់យុគសម័យ មានមនុស្សតិចតួចណាស់ដែលបានរកឃើញនូវអាថ៌កំបាំងនេះ ហើយមានមនុស្សតិចតួចណាស់ដែលបានយល់អំពីការនេះ។ ដូច្នេះហើយ ទោះបីជាមនុស្សស្អប់ខ្ពើមសាតាំង និងស្អប់សាច់ឈាមក៏ដោយ ក៏គេមិនដឹងពីរបៀបដកខ្លួនចេញពីឥទ្ធិពលទាក់ចិត្តរបស់សាតាំងដែរ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនស្ថិតនៅក្រោមដែនគ្រប់គ្រងរបស់សាតាំងទេឬអី? អ្នករាល់គ្នាមិនស្ដាយក្រោយចំពោះទង្វើមិនស្ដាប់បង្គាប់របស់ខ្លួនហើយ ថែមទាំងមិនមានអារម្មណ៍ថា ខ្លួនឯងស្មោកគ្រោក និងមិនស្ដាប់បង្គាប់ទៀត។ ក្រោយពេលដែលប្រឆាំងនឹងព្រះជាម្ចាស់ អ្នករាល់គ្នាថែមទាំងមានសេចក្តីសុខផ្លូវចិត្ត និងសេចក្តីសុខសាន្តថែមទៀត។ តើសេចក្តីសុខសាន្តរបស់អ្នក មិនមែនដោយសារតែអ្នកជាមនុស្សពុករលួយទេឬអី? តើសេចក្តីសុខផ្លូវចិត្តនេះមិនមែនចេញមកពីការមិនស្ដាប់បង្គាប់របស់អ្នកទេឬអី? មនុស្សរស់នៅក្នុងស្ថាននរករបស់មនុស្ស គេរស់នៅក្រោមឥទ្ធិពលដ៏ងងឹតរបស់សាតាំង ហើយនៅទូទាំងទឹកដី ខ្មោចរស់នៅរួមជាមួយមនុស្ស ដោយចូលទន្ទ្រានលើសាច់ឈាមរបស់មនុស្ស។ នៅលើផែនដី អ្នកមិនរស់នៅក្នុងស្ថានបរមសុខដ៏ស្រស់ស្អាតឡើយ។ ទីកន្លែងដែលអ្នករស់នៅ គឺជាពិភពរបស់អារក្ស ជានរករបស់មនុស្ស ជាស្ថានអវចី។ ប្រសិនបើមនុស្សមិនត្រូវបានលាងជម្រះទេ នោះគេចេញពីអ្វីៗដែលស្មោកគ្រោកហើយ។ ប្រសិនបើគេមិនត្រូវបានព្រះជាម្ចាស់ការពារ និងមើលថែទេ នោះគេនៅតែជាឈ្លើយសឹករបស់សាតាំងដដែល។ ប្រសិនបើគេមិនទទួលការជំនុំជម្រះ និងការវាយផ្ចាលទេ នោះគេនឹងគ្មានផ្លូវរត់គេចខ្លួនចេញពីការសង្កត់សង្កិននៃឥទ្ធិពលដ៏ងងឹតរបស់សាតាំងបានឡើយ។ និស្ស័យដ៏ពុករលួយដែលអ្នកបង្ហាញចេញ និងឥរិយាបថមិនស្ដាប់បង្គាប់ដែលអ្នកបង្ហាញចេញមកតាមរយៈការរស់នៅ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា អ្នកកំពុងតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ប្រសិនបើគំនិត និងចិត្តរបស់អ្នកមិនត្រូវបានលាងជម្រះទេ ហើយនិស្ស័យរបស់អ្នកមិនត្រូវបានជំនុំជម្រះ និងវាយផ្ចាលទេ នោះជីវិតទាំងមូលរបស់អ្នកនឹងនៅតែត្រូវបានត្រួតត្រា ដោយដែនត្រួតត្រារបស់សាតាំង គំនិតរបស់អ្នកត្រូវបានបង្គាប់បញ្ជាដោយសាតាំង ហើយរូបកាយទាំងមូលរបស់អ្នកក៏ត្រូវបានត្រួតត្រាដោយដៃរបស់សាតាំងដែរ។ ឥឡូវនេះ តើអ្នកដឹងដែរឬទេថា អ្នកនៅឆ្ងាយប៉ុនណាពីបទដ្ឋានរបស់ពេត្រុស? តើអ្នកមាននូវគុណសម្បត្តិនោះដែរឬទេ? តើអ្នកដឹងច្រើនប៉ុនណាអំពីការវាយផ្ចាល និងការជំនុំជម្រះនៅថ្ងៃនេះ? តើអ្នកមានគុណសម្បត្តិដែលពេត្រុសបានដឹងច្រើនកម្រិតណាទៅ? ប្រសិនបើអ្នកមិនដឹងនៅថ្ងៃនេះទេ តើអ្នកនឹងអាចទទួលបានចំណេះដឹងនេះនៅថ្ងៃខាងមុខដែរឬទេ? មនុស្សដែលមានចរិតខ្ជិលច្រអូស និងកំសាកដូចអ្នកនេះ គឺគ្មានសមត្ថភាពដឹងអំពីការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីសុខនៃសាច់ឈាម និងសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម នោះអ្នកនឹងគ្មានផ្លូវទទួលការលាងជម្រះបានឡើយ ហើយនៅទីចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅឯសាតាំងវិញ ដ្បិតអ្វីដែលអ្នកបង្ហាញចេញតាមរយៈការរស់នៅ គឺជាសាតាំង និងសាច់ឈាម។ នាពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមិនបន្តស្វែងរកជីវិតឡើយ នេះមានន័យថា ពួកគេមិនខ្វល់អំពីការលាងជម្រះ ឬអំពីការចូលទៅក្នុងបទពិសោធជីវិតកាន់តែស៊ីជម្រៅឡើយ។ បើដូច្នេះ តើពួកគេអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយរបៀបណា? អស់អ្នកដែលមិនបន្តស្វែងរកជីវិត គ្មានឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ហើយអស់អ្នកដែលមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ អ្នកដែលមិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ ក៏គ្មានសមត្ថភាពរួចខ្លួនពីឥទ្ធិពលដ៏ងងឹតរបស់សាតាំងដែរ។ ពួកគេគ្មានភាពហ្មត់ចត់ចំពោះចំណេះដឹងអំពីព្រះជាម្ចាស់ និងអំពីការចូលទៅផ្លាស់ប្ដូរនិស្ស័យរបស់គេឡើយ។ ពួកគេដូចជាមនុស្សកាន់សាសនា ដែលគ្រាន់តែធ្វើតាមពិធីសាសនា និងចូលរួមកម្មវិធីបុណ្យជាទៀងទាត់ប៉ុណ្ណោះ។ តើការនេះមិនមែនជាការខ្ជះខ្ជាយពេលវេលាទេឬអី? នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើគេមិនហ្មត់ចត់អំពីកិច្ចការនៃជីវិត មិនបន្តស្វែងរកច្រកចូលទៅកាន់សេចក្តីពិត មិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ និងមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះគេមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បានឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ នោះអ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ជាពិសេស អ្នកត្រូវតែយល់អំពីភាពសំខាន់នៃការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ និងហេតុផលដែលកិច្ចការនេះត្រូវអនុវត្តទៅលើមនុស្ស។ តើអ្នកអាចទទួលយកបានដែរឬទេ? ក្នុងអំឡុងពេលនៃការវាយផ្ចាល តើអ្នកអាចទទួលបានបទពិសោធ និងចំណេះដឹង ដូចជាពេត្រុសដែរឬទេ? ប្រសិនបើអ្នកបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសិនបើអ្នកបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ហើយ។

សម្រាប់អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ជំហាននៃកិច្ចការត្រូវបានយកឈ្នះនេះ គឺជារឿងមួយដែលមិនអាចចៀសផុតឡើយ ព្រោះមានតែពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ទើបគេអាចមានបទពិសោធអំពីកិច្ចការនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ វានឹងគ្មានប្រយោជន៍ឡើយក្នុងការបំពេញតួនាទីនៃការត្រូវបានយកឈ្នះ ដែលនឹងមិននាំអ្នកឱ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យព្រះជាម្ចាស់ប្រើប្រាស់នោះ។ អ្នកនឹងគ្មានវិធីបំពេញតួនាទីរបស់អ្នកនៅក្នុងការផ្សាយដំណឹងល្អបានឡើយ ព្រោះថាអ្នកមិនបន្តស្វែងរកជីវិត និងមិនបន្តស្វែងរកការផ្លាស់ប្ដូរ និងការកែជាថ្មីនៅក្នុងជីវិតរបស់អ្នក ដូច្នេះ អ្នកគ្មានបទពិសោធពិតអំពីជីវិតឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការមួយជំហានម្ដងៗនេះ ជាដំបូង អ្នកប្រព្រឹត្តដូចជាអ្នកស៊ីឈ្នួល និងដូចជាវត្ថុសម្រាប់ឆ្លុះបញ្ចាំង ប៉ុន្តែចុងក្រោយ ប្រសិនបើអ្នកមិនបន្តស្វែងរកឱ្យក្លាយដូចជាពេត្រុសទេ នោះការបន្តស្វែងរករបស់អ្នកនឹងមិនស្របតាមផ្លូវមួយ ដែលប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍នោះឡើយ ដូច្នេះ ជាលទ្ធផល អ្នកនឹងមិនទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាលរបស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឱ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នេះហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជាមិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំងអស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឱ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ។» នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធអំពីការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មានលក្ខណៈដូចជាពេត្រុស ព្រោះពួកគេមានបទពិសោធដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធរហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។

ក្រោយពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់យកឈ្នះ ពួកគេមិនមានទីបន្ទាល់ដ៏លាន់រំពងអ្វីឡើយ។ ពួកគេគ្រាន់តែបានធ្វើឱ្យសាតាំងបាក់មុខប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទាន់បានបង្ហាញចេញនូវភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេនៅឡើយទេ។ អ្នកមិនទាន់បានទទួលសេចក្តីសង្រ្គោះទីពីរនៅឡើយទេ ហើយអ្នកគ្រាន់តែទទួលបានតង្វាយលោះបាបមួយប៉ុណ្ណោះ ប៉ុន្តែអ្នកមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅឡើយទេ នេះហើយជាការបាត់បង់ដ៏ធំមួយ។ អ្នករាល់គ្នាត្រូវតែយល់អំពីអ្វីដែលអ្នកគួរតែចូលទៅកាន់ និងអ្វីដែលអ្នកគួរតែរស់នៅតាម ហើយអ្នកត្រូវតែចូលទៅក្នុងសេចក្តីទាំងនោះ។ នៅទីបញ្ចប់ ប្រសិនបើអ្នកមិនសម្រេចបានការប្រោសឱ្យគ្រប់លក្ខណ៍ទេ នោះអ្នកនឹងមិនក្លាយជាមនុស្សដ៏ពិត ហើយអ្នកនឹងមានវិប្បដិសារីមិនខាន។ អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា ក្នុងពេលដែលស្ថិតនៅក្នុងសួនអេដែន ពួកគេជាមនុស្សបរិសុទ្ធ ដោយគ្មានប្រឡាក់ប្រឡូសនឹងសេចក្តីស្មោកគ្រោកឡើយ។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ ហើយមិនដឹងអ្វីសោះអំពីទង្វើក្បត់ចំពោះព្រះយេហូវ៉ា។ នេះគឺដោយសារតែពួកគេគ្មានសេចក្តីរំខាននៃឥទ្ធិពលរបស់សាតាំង គ្មានពិសរបស់សាតាំង ហើយពួកគេបរិសុទ្ធបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ពួកគេបានរស់នៅក្នុងសួនអេដែន មិនប្រឡាក់កខ្វក់ដោយអ្វីៗដែលស្មោកគ្រោក មិនត្រូវបានកាន់កាប់ដោយសាច់ឈាម ហើយគោរពកោតខ្លាចចំពោះព្រះយេហូវ៉ា។ ក្រោយមក នៅពេលដែលពួកគេត្រូវបានសាតាំងល្បួង ពួកគេមានពិសរបស់សត្វពស់ និងមានបំណងចង់ក្បត់ព្រះយេហូវ៉ា ហើយពួកគេបានរស់នៅក្រោមឥទ្ធិពលរបស់សាតាំង។ កាលពីដើមដំបូង ពួកគេជាមនុស្សបរិសុទ្ធ ហើយគោរពកោតខ្លាចព្រះយេហូវ៉ា គឺមានតែនៅក្នុងសភាពបែបនេះទេ ទើបពួកគេជាមនុស្ស។ ក្រោយមកទៀត បន្ទាប់ពីសាតាំងបានល្បួងពួកគេ ពួកគេបានទទួលទានផ្លែឈើចេញពីដើមដឹងខុសត្រូវ ហើយបានរស់នៅក្រោមឥទ្ធិពលរបស់សាតាំង។ បន្ដិចម្ដងៗ សាតាំងបានធ្វើឱ្យពួកគេពុករលួយ ហើយពួកគេបានបាត់បង់រូបកាយដើមជាមនុស្ស។ កាលពីដើមដំបូង មនុស្សមានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា គេគ្មានការមិនស្ដាប់បង្គាប់សូម្បីតែបន្ដិច ហើយគ្មានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់គេឡើយ។ នាពេលនោះ មនុស្សគឺជាមនុស្សដ៏ពិតប្រាកដ។ ក្រោយពេលដែលអារក្សធ្វើឱ្យពុករលួយ មនុស្សបានក្លាយជាសត្វតិរច្ឆាន។ គំនិតរបស់គេបានពេញដោយការអាក្រក់ និងសេចក្តីស្មោកគ្រោក ដោយគ្មានការល្អ ឬភាពបរិសុទ្ធសោះឡើយ។ តើនេះមិនមែនជាសាតាំងទេឬអី? អ្នកបានមានបទពិសោធអំពីកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅមិនទាន់ផ្លាស់ប្រែ ឬត្រូវបានបន្សុទ្ធទៀត។ អ្នកនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយនៅតែមិនទាន់ចុះចូលចំពោះព្រះជាម្ចាស់ទៀត។ នេះជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់យកឈ្នះ ប៉ុន្តែនៅមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទៀត។ ហេតុអ្វីបានជាគេនិយាយថា មនុស្សបែបនេះនៅតែមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទៀត? នេះគឺដោយសារតែបុគ្គលនេះមិនបន្តស្វែងរកជីវិត ឬចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយលោភលន់ចង់បានតែសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម និងការកំសាន្តចិត្តតែមួយគ្រា។ ជាលទ្ធផល គ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់គេទេ ហើយពួកគេមិនទទួលបានមកវិញនូវរូបរាងដើមនៃមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះឡើយ។ មនុស្សបែបនេះ ប្រៀបដូចជាខ្មោចឆៅ ពួកគេជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណឡើយ! អស់អ្នកណាដែលមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការខាងវិញ្ញាណ អស់អ្នកដែលមិនបន្តស្វែងរកភាពបរិសុទ្ធ និងអស់អ្នកដែលមិនបន្តស្វែងរកការរស់នៅតាមសេចក្តីពិត អស់អ្នកដែលស្កប់ចិត្តតែជាមួយការត្រូវបានយកឈ្នះនៅផ្នែកអវិជ្ជមាន និងអស់អ្នកដែលមិនអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្លាយជាមនុស្សបរិសុទ្ធ អ្នកទាំងនោះគឺជាមនុស្សដែលមិនត្រូវបានសង្រ្គោះឡើយ។ ប្រសិនបើគេគ្មានសេចក្តីពិត នោះមនុស្សមិនអាចឈររឹងមាំក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ឡើយ ដ្បិតមានតែមនុស្សដែលអាចឈររឹងមាំនៅក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលទទួលបានសេចក្តីសង្រ្គោះ។ អ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់បាន គឺជាមនុស្សដូចពេត្រុស ជាមនុស្សដែលបន្តស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍។ សេចក្តីពិតនៅថ្ងៃនេះ ត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លាន និងស្វែងរកវាប៉ុណ្ណោះ។ សេចក្តីសង្រ្គោះនេះត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លានចង់ឱ្យព្រះជាម្ចាស់សង្រ្គោះ ហើយវាមិនមែនដើម្បីបានសង្គ្រោះដោយអ្នករាល់គ្នាឡើយ។ គោលបំណងរបស់វា គឺដើម្បីឱ្យព្រះជាម្ចាស់ទទួលយកអ្នករាល់គ្នា។ អ្នកទទួលយកព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់ទទួលយកអ្នក។ នៅថ្ងៃនេះ ខ្ញុំបានមានបន្ទូលទាំងនេះទៅកាន់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលទាំងនោះហើយ ដូច្នេះ អ្នករាល់គ្នាគួរតែអនុវត្តតាមព្រះបន្ទូលទាំងនេះចុះ។ នៅចុងបញ្ចប់ នៅពេលដែលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលទាំងនេះ នោះវានឹងក្លាយជាពេលវេលាមួយដែលខ្ញុំទទួលបានអ្នករាល់គ្នាតាមរយៈព្រះបន្ទូលទាំងនេះ ហើយក្នុងពេលជាមួយគ្នា អ្នករាល់គ្នាក៏នឹងបានទទួលព្រះបន្ទូលទាំងនេះដែរ គឺអាចនិយាយបានថា អ្នករាល់គ្នានឹងបានទទួលសេចក្តីសង្រ្គោះដ៏ខ្ពង់ខ្ពស់នេះ។ នៅពេលដែលអ្នករាល់គ្នាត្រូវបានលាងជម្រះ នោះអ្នកនឹងក្លាយជាមនុស្សដ៏ពិត។ ប្រសិនបើអ្នកគ្មានសមត្ថភាពរស់នៅតាមសេចក្តីពិត ឬរស់នៅឱ្យដូចជាមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទេ នោះគឺអាចនិយាយបានថា អ្នកមិនមែនជាមនុស្សឡើយ ប៉ុន្តែដូចជាខ្មោចឆៅ ជាសត្វតិរច្ឆានវិញ ពីព្រោះអ្នកគ្មានសេចក្តីពិតទេ គឺអាចនិយាយម្យ៉ាងទៀតថា អ្នកគ្មានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាឡើយ បើដូច្នេះ អ្នកជាមនុស្សស្លាប់ ដែលគ្មានវិញ្ញាណហើយ! ក្រោយពេលដែលត្រូវបានយកឈ្នះហើយ ទោះបីជាអ្នកអាចធ្វើទីបន្ទាល់បានក៏ដោយ ក៏អ្វីដែលអ្នកទទួលបាន គឺគ្មានអ្វីក្រៅពីសេចក្តីសង្រ្គោះដ៏តិចតួចនោះឡើយ ហើយអ្នកមិនបានក្លាយជាមនុស្សរស់ដែលមានវិញ្ញាណទេ។ ទោះបីជាអ្នកធ្លាប់មានបទពិសោធអំពីការវាយផ្ចាល និងការជំនុំជម្រះក៏ដោយ ក៏ជាលទ្ធផល និស្ស័យរបស់អ្នកមិនត្រូវបានកែជាថ្មី ឬផ្លាស់ប្ដូរឡើយ។ អ្នកនៅតែជាជីវិតចាស់របស់អ្នក អ្នកនៅតែជាកម្មសិទ្ធិរបស់សាតាំង ហើយអ្នកមិនបានក្លាយជាមនុស្សម្នាក់ដែលត្រូវបានលាងជម្រះនោះឡើយ។ មានតែមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបជាមនុស្សមានតម្លៃ ហើយមានតែមនុស្សបែបនេះទេ ដែលទទួលបានជីវិតដ៏ពិត។ នៅថ្ងៃមួយ មនុស្សនឹងនិយាយទៅកាន់អ្នកថា «អ្នកធ្លាប់មានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ សូមនិយាយអំពីព្រះបន្ទូលរបស់ទ្រង់បន្ដិចមើល៍។ ដាវីឌធ្លាប់មានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានឃើញពីទង្វើរបស់ព្រះយេហូវ៉ា ម៉ូសេក៏បានឃើញពីទង្វើរបស់ព្រះយេហូវ៉ាដែរ ហើយពួកគាត់ទាំងពីរអាចពណ៌នាអំពីទង្វើរបស់ព្រះយេហូវ៉ា និងអាចថ្លែងអំពីភាពអស្ចារ្យរបស់ព្រះយេហូវ៉ាបាន។ អ្នករាល់គ្នាបានឃើញកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្នុងអំឡុងពេលនៃគ្រាចុងក្រោយហើយ តើអ្នកអាចថ្លែងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរឬទេ? តើអ្នកអាចថ្លែងអំពីភាពអស្ចារ្យនៃកិច្ចការរបស់ទ្រង់បានដែរឬទេ? តើព្រះជាម្ចាស់បានទាមទារអ្វីខ្លះពីអ្នករាល់គ្នា? ហើយតើអ្នករាល់គ្នាបានមានបទពិសោធអំពីការទាំងនោះយ៉ាងដូចម្ដេច? អ្នករាល់គ្នាធ្លាប់មានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ តើអ្វីទៅជានិមិត្តដ៏ធំបំផុតរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាអាចថ្លែងអំពីការនេះបានដែរឬទេ? តើអ្នករាល់គ្នាអាចថ្លែងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ?» តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច នៅពេលដែលជួបសំណួរទាំងនេះ? ប្រសិនបើអ្នកនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ទ្រង់វាយផ្ចាល និងជំនុំជម្រះយើង ទ្រង់លាតត្រដាងយើងដោយឥតសំចៃ។ និស្ស័យរបស់ព្រះជាម្ចាស់មិនអាចអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សប្រព្រឹត្តបានឡើយ ហើយក្រោយពេលដែលមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ហើយ ខ្ញុំបានចាប់ផ្ដើមស្គាល់ពីភាពជាសត្វតិរច្ឆានរបស់យើង ហើយខ្ញុំបានឃើញពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ» នោះបុគ្គលម្នាក់ទៀតនឹងបន្តសួរអ្នកថា «តើអ្នកដឹងអ្វីផ្សេងទៀតអំពីព្រះជាម្ចាស់? តើមនុស្សម្នាក់ចូលទៅក្នុងជីវិតបានដោយរបៀបណា? តើអ្នកមានការជំរុញចិត្តផ្ទាល់ខ្លួនណាមួយដែរឬទេ?» អ្នកនឹងតបវិញថា «ក្រោយពេលដែលត្រូវបានពុករលួយដោយសាតាំងហើយ សត្ដនិកររបស់ព្រះជាម្ចាស់បានក្លាយជាសត្វតិរច្ឆាន ហើយគ្មានខុសអ្វីពីសត្វលាឡើយ។ នៅថ្ងៃនេះ ខ្ញុំរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំត្រូវតែបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះអាទិករ និងស្ដាប់បង្គាប់គ្រប់ទាំងសេចក្តីដែលទ្រង់បង្រៀន។ ខ្ញុំគ្មានជម្រើសណាផ្សេងឡើយ។» ប្រសិនបើអ្នកនិយាយទូទៅបែបនេះ បុគ្គលនោះនឹងមិនយល់អំពីអ្វីដែលអ្នកកំពុងតែនិយាយឡើយ។ នៅពេលដែលគេសួរអ្នកទាក់ទងនឹងចំណេះដឹងអ្វីដែលអ្នកមានអំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេកំពុងតែចង់សំដៅទៅលើបទពិសោធផ្ទាល់ខ្លួនរបស់អ្នកហើយ។ ពួកគេកំពុងតែសួរនាំអំពីចំណេះដឹងអ្វីខ្លះដែលអ្នកមានអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ក្រោយពេលដែលអ្នកមានបទពិសោធរួចហើយ ហើយនៅក្នុងចំណុចនេះ ពួកគេកំពុងតែសំដៅទៅលើបទពិសោធផ្ទាល់ខ្លួនរបស់អ្នក និងចង់សុំឱ្យអ្នកនិយាយចេញពីចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត។ ប្រសិនបើអ្នកមិនអាចនិយាយចេញនូវរឿងបែបនេះបានទេ នោះវាបញ្ជាក់ថា អ្នកមិនដឹងអ្វីសោះឡើយអំពីកិច្ចការនាពេលសព្វថ្ងៃ។ អ្នកតែងតែនិយាយពាក្យក្លែងបន្លំ ឬពាក្យដែលគេស្គាល់ជាទូទៅ។ អ្នកគ្មានបទពិសោធជាក់លាក់ ចំណេះដឹងរបស់អ្នកក៏គ្មានខ្លឹមសារ ហើយអ្នកក៏គ្មានទីបន្ទាល់ដ៏ពិតដែរ ដូច្នេះ អ្នកមិនអាចធ្វើឱ្យគេជឿលើអ្នកបានឡើយ។ ចូរកុំក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ដែលអសកម្ម ហើយក៏កុំបន្តស្វែងរកអ្វីដែលធ្វើឱ្យអ្នកចង់ដឹងចង់ស្គាល់នោះដែរ។ តាមរយៈការត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅនេះ អ្នកនឹងបំផ្លាញខ្លួនឯង ហើយពន្យារពេលជីវិតរបស់អ្នកមិនខាន។ អ្នកត្រូវតែកម្ចាត់ចោលភាពអសកម្ម និងភាពគ្មានសកម្មភាពទាំងនេះចេញពីខ្លួនឯង ហើយបែរជាប៉ិនប្រសប់ខាងការបន្តស្វែងរកអ្វីដែលវិជ្ជមាន និងយកឈ្នះលើសេចក្តីកម្សោយរបស់អ្នកវិញ ដើម្បីឱ្យអ្នកអាចទទួលបានសេចក្តីពិត និងរស់នៅតាមសេចក្តីពិតបាន។ សេចក្តីកម្សោយរបស់អ្នកគ្មានអ្វីដែលត្រូវឱ្យខ្លាចឡើយ ហើយកំហុសរបស់អ្នកក៏មិនមែនជាបញ្ហាដ៏ធំបំផុតនោះដែរ។ បញ្ហាដ៏ធំបំផុត និងកំហុសដ៏ធំបំផុតរបស់អ្នក គឺជាការក្ដៅមិនក្ដៅ ត្រជាក់មិនត្រជាក់ និងជាការគ្មានបំណងចង់ស្វែងរកសេចក្តីពិត។ បញ្ហាដ៏ធំបំផុតជាមួយអ្នករាល់គ្នា គឺជាផ្នត់គំនិតរបស់មនុស្សកំសាក ដែលរីករាយនឹងស្ថានភាពបច្ចុប្បន្ន ហើយគ្រាន់តែអង្គុយរង់ចាំដោយគ្មានធ្វើអ្វីសោះ។ នេះហើយគឺជាឧបសគ្គដ៏ធំបំផុតរបស់អ្នករាល់គ្នា និងជាសត្រូវដ៏ធំបំផុតចំពោះការបន្តស្វែងរកសេចក្តីពិតរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកគ្រាន់តែស្ដាប់បង្គាប់ដោយសារតែព្រះបន្ទូលដែលខ្ញុំថ្លែងទៅមានអត្ថន័យជ្រាលជ្រៅខ្លាំង នោះអ្នកមិនមានចំណេះដឹងដ៏ពិត ហើយក៏មិនឱ្យតម្លៃលើសេចក្តីពិតនោះដែរ។ ការស្ដាប់បង្គាប់បែបនេះ មិនមែនជាទីបន្ទាល់ឡើយ ហើយខ្ញុំមិនទទួលយកការស្ដាប់បង្គាប់បែបនេះទេ។ មនុស្សម្នាក់អាចសួរអ្នកថា «តើព្រះជាម្ចាស់របស់អ្នកចេញមកពីណាឱ្យប្រាកដទៅ? តើព្រះជាម្ចាស់របស់អ្នកនេះមានសារជាតិបែបណា?» អ្នកនឹងឆ្លើយតបថា «សារជាតិរបស់ទ្រង់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ»។ នោះគេនឹងបន្ដសួរថា «តើព្រះជាម្ចាស់មិនមានចិត្តក្ដួលអាណិត និងចិត្តស្រឡាញ់ចំពោះមនុស្សទេឬអី? តើអ្នកមិនដឹងអំពីការនេះទេឬអី?» អ្នកនឹងនិយាយថា «នោះជាព្រះជាម្ចាស់របស់អ្នកដទៃ។ នោះគឺជាព្រះជាម្ចាស់ដែលអ្នកកាន់សាសនាជឿ ហើយមិនមែនជាព្រះជាម្ចាស់របស់យើងទេ។» នៅពេលដែលមនុស្សបែបអ្នកផ្សាយដំណឹងល្អ អ្នកនឹងបង្ខូចដល់ផ្លូវដ៏ពិត បើដូច្នេះ តើអ្នកមានប្រយោជន៍អ្វីទៅ? តើអ្នកដទៃអាចទទួលបានផ្លូវដ៏ពិតចេញពីអ្នកដោយរបៀបណា? អ្នកគ្មានសេចក្តីពិត ហើយអ្នកមិនអាចនិយាយអ្វីចេញពីសេចក្តីពិតទេ លើសពីនេះទៅទៀត អ្នកមិនអាចរស់នៅតាមសេចក្តីពិតបានឡើយ។ តើអ្វីទៅដែលធ្វើឱ្យអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីរស់នៅចំពោះព្រះជាម្ចាស់? នៅពេលដែលអ្នកផ្សាយដំណឹងល្អទៅកាន់អ្នកដទៃ ហើយនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្តីពិត និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានសមត្ថភាពនាំពួកគេឱ្យជឿបានទេ នោះពួកគេនឹងបដិសេធពាក្យសម្ដីរបស់អ្នកមិនខាន។ តើអ្នកមិនមែនជាមនុស្សគ្មានបានការទេឬអី? អ្នកធ្លាប់មានបទពិសោធជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ នៅពេលដែលអ្នកនិយាយអំពីសេចក្តីពិត អ្នកបែរជានិយាយទាំងមិនដឹងខ្យល់អីទៅវិញ។ តើអ្នកមិនមែនជាមនុស្សគ្មានប្រយោជន៍ទេឬអី? តើអ្នកមានប្រយោជន៍អ្វីខ្លះទៅ? តើអ្នករាល់គ្នាអាចមានបទពិសោធដ៏ច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែបែរជាមានចំណេះដឹងបន្ដិចបន្ដួចអំពីទ្រង់បានយ៉ាងដូចម្ដេចទៅ? នៅពេលដែលពួកគេសួរថា អ្នកមានចំណេះដឹងដ៏ពិតអ្វីខ្លះអំពីទ្រង់ អ្នកក៏ស្ងាត់មាត់ឈឹង បើមិនដូច្នោះទេ ក៏ឆ្លើយតបបែបចាកប្រធាន ដោយនិយាយថា ព្រះជាម្ចាស់ពេញដោយព្រះចេស្ដា ថាព្រះពរដ៏ធំបំផុតដែលអ្នកបានទទួល គឺជាការលើកតម្កើងព្រះជាម្ចាស់ដ៏ពិត និងនិយាយទៀតថា វាគ្មានឯកសិទ្ធិណាដែលធំធេងជាងការអាចមើលឃើញព្រះជាម្ចាស់ដោយផ្ទាល់នោះឡើយ។ តើការនិយាយបែបនេះមានតម្លៃអ្វីទៅ? វាជាពាក្យដែលឥតន័យ គ្មានប្រយោជន៍អ្វីឡើយ! ដោយបានឆ្លងកាត់បទពិសោធជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ តើអ្នកដឹងត្រឹមតែថា ការលើកតម្កើងព្រះជាម្ចាស់ គឺជាសេចក្តីពិតទេឬ? អ្នកត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមានតែបែបនេះទេ ទើបអ្នកនឹងធ្វើទីបន្ទាល់ដ៏ពិតអំពីព្រះជាម្ចាស់បាន។ តើអស់អ្នកដែលមិនបានទទួលសេចក្តីពិតអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?

ប្រសិនបើកិច្ចការជាច្រើន និងព្រះបន្ទូលជាច្រើន គ្មានឥទ្ធិពលអ្វីទៅលើអ្នកផង នោះនៅពេលដែលដល់ពេលផ្សព្វផ្សាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកនឹងគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ហើយអ្នកនឹងត្រូវអាម៉ាស់ និងបាក់មុខមិនខាន។ នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកជំពាក់ព្រះជាម្ចាស់យ៉ាងច្រើន និងថាចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅរាក់កំផែលពេកហើយ។ ប្រសិនបើអ្នកមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់នៅថ្ងៃនេះ ក្នុងពេលដែលទ្រង់កំពុងតែធ្វើការទេ នោះក្រោយមក វានឹងយឺតពេលមិនខាន។ នៅទីបញ្ចប់ អ្នកនឹងគ្មានចំណេះដឹងក្នុងការនិយាយអំពីការនេះឡើយ ពោលគឺអ្នកនឹងគ្មានសល់អ្វីទេ គឺនៅទទេសូន្យតែម្ដង។ តើអ្នកនឹងប្រើអ្វីខ្លះ ដើម្បីរាយការណ៍ទូលព្រះជាម្ចាស់ទៅ? តើអ្នកមានមុខអ្វីទៅសម្លឹងមើលព្រះជាម្ចាស់នោះ? អ្នកគួរតែខំប្រឹងធ្វើការនៅក្នុងការបន្តស្វែងរករបស់អ្នកឥឡូវនេះ ដូច្នេះ នៅទីបញ្ចប់ អ្នកនឹងដឹងអំពីអត្ថប្រយោជន៍នៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដូចពេត្រុសដែរ និងដឹងថា បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ មនុស្សមិនអាចត្រូវបានសង្រ្គោះឡើយ ហើយគេលិចលង់កាន់តែជ្រៅទៅក្នុងដីដ៏ស្មោកគ្រោកនេះ និងធ្លាក់ទៅក្នុងភក់ជ្រាំកាន់តែជ្រៅ។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ បានប្រើល្បិចកិច្ចកលចំពោះគ្នា ហើយបានជិះជាន់គ្នាទៅវិញទៅមក ដោយពួកគេបានបាត់បង់ការកោតខ្លាចចំពោះព្រះជាម្ចាស់។ ការមិនស្ដាប់បង្គាប់របស់ពួកគេ គឺធំធេងពេកហើយ សញ្ញាណរបស់ពួកគេក៏មានច្រើនពេកដែរ ហើយអ្វីៗទាំងអស់នេះជាកម្មសិទ្ធិរបស់សាតាំង។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យដ៏ពុករលួយរបស់មនុស្សមិនអាចត្រូវបានលាងជម្រះ ហើយគេមិនអាចទទួលបានការសង្រ្គោះនោះឡើយ។ អ្វីដែលស្ដែងចេញតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម គឺជាកិច្ចការដែលត្រូវបានស្ដែងចេញតាមរយៈព្រះវិញ្ញាណ ហើយកិច្ចការដែលទ្រង់ធ្វើ ត្រូវបានអនុវត្តស្របតាមកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ។ នៅថ្ងៃនេះ ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីកិច្ចការនេះទេ នោះអ្នកពិតជាល្ងីល្ងើ និងបានខាតបង់ច្រើនណាស់! ប្រសិនបើអ្នកមិនបានទទួលសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទេ នោះជំនឿរបស់អ្នកគឺជាសេចក្ដីជំនឿបែបសាសនា ហើយអ្នកជាគ្រីស្ទបរិស័ទបែបសាសនាប៉ុណ្ណោះ។ ដោយសារតែអ្នកបានប្រកាន់ខ្ជាប់នឹងគោលលទ្ធិដែលស្លាប់ ដូច្នេះ អ្នកបានបាត់បង់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ សម្រាប់អ្នកផ្សេងដែលបន្តស្វែងរកសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ គេអាចទទួលបានសេចក្តីពិត និងជីវិត ចំណែកឯសេចក្តីជំនឿរបស់អ្នក គ្មានសមត្ថភាពអ្វីនឹងទទួលបានការយល់ព្រមរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សទុច្ចរិត ជាម្នាក់ដែលប្រព្រឹត្តទង្វើដែលបំផ្លិចបំផ្លាញ និងគួរឱ្យស្អប់។ អ្នកបានក្លាយជាតួអង្គនៃការសើចចំអករបស់សាតាំង និងជាឈ្លើយសឹករបស់សាតាំង។ មនុស្សមិនត្រូវគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវស្រឡាញ់ បន្តស្វែងរក និងថ្វាយបង្គំទ្រង់ទៀតដែរ។ ប្រសិនបើអ្នកមិនបន្តស្វែងរកនៅថ្ងៃនេះទេ នោះថ្ងៃមួយនឹងមកដល់ ជាពេលដែលអ្នកនឹងនិយាយថា៖ «កាលគ្រានោះ ហេតុអ្វីបានជាខ្ញុំមិនដើរតាមព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ មិនបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ឱ្យបានត្រឹមត្រូវ មិនបន្តស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់ខ្ញុំអ៊ីចឹង? ខ្ញុំពិតជាស្ដាយក្រោយណាស់ ដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់នៅពេលនោះ និងមិនបន្តស្វែងរកចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើននៅពេលនោះ ម្ដេចបានជាខ្ញុំមិនបន្តស្វែងរកដូច្នេះ? ខ្ញុំពិតជាល្ងង់ពេកហើយ!» អ្នកនឹងស្អប់ខ្លួនឯងនៅកម្រិតណាមួយ។ ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែនៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែអ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែអ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឱ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឱ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឱ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឱ្យអ្នកស្អប់ខ្លួនឯងទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែបែរជាមិនបន្តស្វែងរកឱ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នកនិងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មាន ហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឱ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឱ្យស្វាមីមានការងារល្អធ្វើ ចង់ឱ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឱ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឱ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឱ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឱ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឱ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឱ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឱ្យខ្លួនឯងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែអ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានមុខអ្វីទៅសម្លឹងមើលព្រះជាម្ចាស់នោះ? ប្រសិនបើអ្នកបន្តមានបទពិសោធបែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ។ មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយផ្ចាលទូលបង្គំក៏ដោយ ក៏វាមិនអាចជាការវាយផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែលដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វព្រះហឫទ័យចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង។» និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែលន់តួបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោកគ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិរដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដរដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលាមួយដែលទិសដៅរបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់ៗដែលប្រព្រឹតអាក្រក់។ មនុស្សខ្លះនិយាយថា «ជារឿយៗ ព្រះជាម្ចាស់នឹកចាំដល់មនុស្សគ្រប់គ្នាដែលនៅខាងទ្រង់។ ទ្រង់នឹងមិនបំភ្លេចពួកយើងណាម្នាក់ចោលឡើយ។ យើងប្រាកដជាទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់មិនខាន។ ទ្រង់នឹងមិននឹកចាំពីអស់អ្នកណាដែលនៅខាងក្រោមឡើយ ដ្បិតអស់អ្នកដែលនៅក្នុងចំណោមមនុស្សខាងក្រោម ដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ត្រូវបានធានាថា គេនឹងអន់ជាងយើងដែលជាអ្នកតែងជួបព្រះជាម្ចាស់ជារឿយៗ ហើយនៅក្នុងចំណោមយើងរាល់គ្នា ព្រះជាម្ចាស់មិនបានបំភ្លេចនរណាម្នាក់ចោលឡើយ ព្រោះយើងទាំងអស់គ្នាត្រូវបានព្រះជាម្ចាស់ទទួលយក ហើយយើងត្រូវបានធានាថា ព្រះជាម្ចាស់នឹងប្រោសឱ្យបានគ្រប់លក្ខណ៍។» អ្នករាល់គ្នាសុទ្ធតែមានសញ្ញាណបែបនេះ។ តើនេះជាសេចក្តីសុចរិតឬ? តើអ្នកបានយកសេចក្តីពិតទៅអនុវត្តហើយឬនៅ? តាមពិតទៅ អ្នកផ្សាយពាក្យចចាមអារ៉ាមទាំងនេះ ហើយអ្នកដូចជាគ្មានភាពអាម៉ាស់សោះ!

នៅថ្ងៃនេះ មនុស្សខ្លះបន្តស្វែងរកឱ្យព្រះជាម្ចាស់ប្រើប្រាស់ ប៉ុន្តែក្រោយពេលត្រូវបានយកឈ្នះលើពួកគេហើយ បែរជាមិនអាចប្រើប្រាស់ពួកគេបានដោយផ្ទាល់ទៅវិញ។ សម្រាប់ពាក្យដែលបានថ្លែងនៅថ្ងៃនេះ នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់មនុស្ស ប្រសិនបើអ្នកនៅតែមិនអាចសម្រេចតាមព្រះបន្ទូលទាំងនោះទៀត នោះអ្នកមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ការមកដល់នៃគ្រាចុងក្រោយនៃអំឡុងពេលមួយដែលមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ នឹងត្រូវកំណត់ថាតើមនុស្សនឹងត្រូវផាត់ចោល ឬក៏ត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានទ្រង់យកឈ្នះរួចហើយ គ្មានបានធ្វើអ្វីក្រៅពីធ្វើជាឧទាហរណ៍អំពីភាពអសកម្ម និងភាពអវិជ្ជមាននោះឡើយ។ ពួកគេគួរតែធ្វើជាគំរូល្អ ប៉ុន្តែពួកគេគ្មានធ្វើអ្វី ក្រៅពីរកចំណុចប្រឆាំងឡើយ។ មានតែនៅពេលដែលនិស្ស័យជីវិតរបស់មនុស្សបានផ្លាស់ប្ដូរ និងទទួលបានការផ្លាស់ប្ដូរទាំងខាងក្នុង និងខាងក្រៅទេ ទើបគេនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងពេញលេញតែម្ដង។ នៅថ្ងៃនេះ តើអ្នកចង់បានមួយណា៖ ឱ្យទ្រង់យកឈ្នះ ឬក៏ឱ្យទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍? តើអ្នកចង់សម្រេចបានមួយណា? តើអ្នកបានបំពេញតាមលក្ខខណ្ឌសម្រាប់ការប្រោសឱ្យគ្រប់លក្ខណ៍ហើយឬនៅ? តើលក្ខខណ្ឌណាខ្លះដែលអ្នកនៅតែមិនទាន់មាន? តើអ្នកគួរតែបំពាក់បំប៉នខ្លួនឯងយ៉ាងដូចម្ដេច? តើអ្នកគួរតែប៉ះប៉ូវចំណុចខ្វះខាតរបស់អ្នកដោយរបៀបណា? តើអ្នកគួរតែចូលទៅកាន់មាគ៌ា ដើម្បីប្រោសឱ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើអ្នកគួរតែចុះចូលទាំងស្រុងដោយរបៀបណា? អ្នកទូលសុំឱ្យបានគ្រប់លក្ខណ៍ ដូច្នេះ តើអ្នកព្យាយាមស្វែងរកភាពបរិសុទ្ធដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលស្វែងរកបទពិសោធន៍អំពីការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យខ្លួនឯងត្រូវបានញែកជាបរិសុទ្ធដែរឬទេ? អ្នកព្យាយាមស្វែងរកការលាងជម្រះ ដូច្នេះ តើអ្នកព្រមទទួលការវាយផ្ចាល និងការជំនុំជម្រះដែរឬទេ? អ្នកទូលសុំចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែ តើអ្នកមានចំណេះដឹងអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ហើយឬនៅ? នៅថ្ងៃនេះ កិច្ចការភាគច្រើនដែលទ្រង់ធ្វើទៅលើអ្នក គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដូច្នេះ តើអ្នកមានចំណេះដឹងអ្វីខ្លះអំពីកិច្ចការនេះ ដែលត្រូវបានអនុវត្តនៅលើអ្នក? តើការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកមានបទពិសោធនោះ បានលាងជម្រះអ្នកហើយឬនៅ? តើវាបានផ្លាស់ប្ដូរអ្នកដែរឬទេ? តើវាបានជះឥទ្ធិពលលើអ្នកដែរឬទេ? តើអ្នកនឿយណាយនឹងកិច្ចការដ៏ច្រើននៅថ្ងៃនេះ ដូចជាការដាក់បណ្ដាសា ការជំនុំជម្រះ និងការលាតត្រដាង ឬក៏អ្នកមានអារម្មណ៍ថា ចំណុចទាំងនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដ៏ធំធេងចំពោះអ្នក? អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ ហេតុអ្វីបានជាអ្នកស្រឡាញ់ទ្រង់? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែអ្នកបានទទួលព្រះគុណបន្ដិចបន្ដួចឬ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលទទួលបានសេចក្តីសុខសាន្ត និងអំណរ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលត្រូវបានលាងជម្រះ ដោយការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់? តើជាអ្វីឱ្យប្រាកដទៅដែលនាំឱ្យអ្នកស្រឡាញ់ព្រះជាម្ចាស់? តើលក្ខខណ្ឌណាខ្លះដែលពេត្រុសបានបំពេញ ដើម្បីទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍? ក្រោយពេលដែលគាត់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ហើយ តើអ្វីទៅជាផ្លូវដ៏សំខាន់ដែលវាត្រូវបានស្ដែងចេញ? តើគាត់បានស្រឡាញ់ព្រះអម្ចាស់យេស៊ូវ ដោយសារតែគាត់ទន្ទឹងចង់បានទ្រង់ ឬក៏ដោយសារតែគាត់មិនអាចមើលឃើញទ្រង់ ឬដោយសារតែគាត់បានទទួលការប្រៀនប្រដៅ? ឬតើគាត់បានស្រឡាញ់ព្រះអម្ចាស់យេស៊ូវកាន់តែខ្លាំង ដោយសារតែគាត់បានទទួលយកការរងទុក្ខលំបាក និងបានស្គាល់ពីសេចក្តីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់របស់ខ្លួន ព្រមទាំងបានស្គាល់ពីភាពបរិសុទ្ធរបស់ព្រះអម្ចាស់? តើសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់កាន់តែបរិសុទ្ធ ដោយសារតែការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែអ្វីមួយផ្សេង? តើវាជាអ្វីទៅ? អ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ និងដោយសារតែថ្ងៃនេះ ទ្រង់បានប្រទាននូវព្រះពរបន្ដិចបន្ដួចដល់អ្នក។ តើនេះជាសេចក្តីស្រឡាញ់ដ៏ពិតដែរឬទេ? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? ប្រសិនបើអ្នកទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយក្រោយពេលមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ អ្នកអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ តើបែបនេះពិតជាធ្វើឱ្យអ្នកជឿទាំងស្រុង និងមានចំណេះដឹងអំពីទ្រង់ឬ? តើអ្នកអាចនិយាយថា អ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំងដូចជាពេត្រុសឬ? តើវាជាអ្វីទៅដែលអ្នកព្យាយាមស្វែងរក ដើម្បីឱ្យទ្រង់យកឈ្នះ ក្រោយការវាយផ្ចាល និងការជំនុំជម្រះ ឬក៏ដើម្បីឱ្យទ្រង់លាងជម្រះ ការពារ និងមើលថែអ្នក ក្រោយពេលការវាយផ្ចាល និងការជំនុំជម្រះ? តើចំណុចណាខ្លះដែលអ្នកព្យាយាមស្វែងរក? តើជីវិតរបស់អ្នកជាជីវិតដែលមានអត្ថន័យ ឬក៏ជាជីវិតដែលគ្មានតម្លៃ និងគ្មានប្រយោជន៍? តើអ្នកចង់បានសាច់ឈាម ឬក៏ចង់បានសេចក្តីពិត? តើអ្នកចង់បានការជំនុំជម្រះ ឬក៏ភាពសុខស្រួល? ដោយបានឆ្លងកាត់បទពិសោធជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងបានមើលឃើញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ តើអ្នកគួរតែស្វែងរកដោយរបៀបណា? តើអ្នកគួរតែដើរនៅក្នុងផ្លូវនេះយ៉ាងដូចម្ដេច? តើអ្នកគួរតែអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដោយរបៀបណា? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទទួលបានផលនៅក្នុងអ្នកដែរឬអត់? អ្នកមានចំណេះដឹងអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បាន គឺអាស្រ័យលើអ្វីដែលអ្នករស់នៅតាម និងអាស្រ័យលើកម្រិតដែលអ្នកស្រឡាញ់ព្រះជាម្ចាស់! បបូរមាត់របស់អ្នកប្រកាសថា អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែអ្វីដែលអ្នករស់នៅ គឺតាមនិស្ស័យចាស់ដែលពុករលួយ។ អ្នកគ្មានការកោតខ្លាចព្រះជាម្ចាស់ ហើយក៏គ្មានមនសិការដែរ។ តើមនុស្សបែបនេះស្រឡាញ់ព្រះជាម្ចាស់កើតឬ? តើមនុស្សបែបនេះមានចិត្តស្វាមីភក្ដិចំពោះព្រះជាម្ចាស់ឬ? តើពួកគេជាមនុស្សដែលព្រមទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? អ្នកនិយាយថា អ្នកស្រឡាញ់ព្រះជាម្ចាស់ និងជឿលើទ្រង់ ប៉ុន្តែអ្នកមិនលះបង់ចោលសញ្ញាណរបស់ខ្លួនឡើយ។ នៅក្នុងការងាររបស់អ្នក ច្រកចូល ពាក្យសម្ដីដែលអ្នកនិយាយ និងនៅក្នុងជីវិតរបស់អ្នក វាគ្មានការស្ដែងចេញអំពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឡើយ ហើយក៏គ្មានការគោរពចំពោះព្រះជាម្ចាស់ដែរ។ តើនេះជាបុគ្គលម្នាក់ដែលបានទទួលការវាយផ្ចាល និងការជំនុំជម្រះឬ? តើបុគ្គលបែបនេះ អាចមានលក្ខណៈដូចជាពេត្រុសដែរឬ? តើមនុស្សដែលមានលក្ខណៈដូចជាពេត្រុស មានតែចំណេះដឹង ប៉ុន្តែមិនព្រមរស់នៅតាមឬ? នៅថ្ងៃនេះ តើអ្វីទៅជាលក្ខខណ្ឌដែលតម្រូវឱ្យមនុស្សត្រូវរស់នៅក្នុងជីវិតពិត? តើពាក្យអធិស្ឋានរបស់ពេត្រុស គ្មានតម្លៃអ្វី ក្រៅពីពាក្យដែលចេញពីមាត់របស់គាត់ឬ? តើពាក្យទាំងនោះមិនមែនជាពាក្យដែលចេញពីជម្រៅចិត្តរបស់គាត់ទេឬ? តើពេត្រុសគ្រាន់តែអធិស្ឋាន ហើយមិនយកសេចក្តីពិតទៅអនុវត្តឬ? តើការស្វែងរករបស់អ្នកសម្រាប់ជាប្រយោជន៍របស់នរណា? តើអ្នកអាចធ្វើខ្លួនយ៉ាងដូចម្ដេច ដើម្បីទទួលបានការការពារ និងការលាងជម្រះ ក្នុងអំឡុងពេលនៃការវាយផ្ចាយ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានប្រយោជន៍សម្រាប់មនុស្សទេឬអី? តើគ្រប់ការជំនុំជម្រះ សុទ្ធតែជាការដាក់ទោសទណ្ឌឬ? តើមានតែសេចក្តីសុខសាន្ត និងអំណរ មានតែព្រះពរខាងសម្ភារៈ និងភាពសុខស្រួលបណ្ដោះអាសន្ន ទើបអាចក្លាយជាអ្វីដែលមានប្រយោជន៍ចំពោះជីវិតរបស់មនុស្សឬ? ប្រសិនបើមនុស្សរស់នៅក្នុងបរិយាកាសសប្បាយ និងសុខស្រួល ប៉ុន្តែគ្មានជីវិតនៃការជំនុំជម្រះ តើគេអាចទទួលបានការលាងជម្រះដែរឬទេ? ប្រសិនបើមនុស្សចង់បានការផ្លាស់ប្ដូរ និងត្រូវបានបន្សុទ្ធ នោះតើគេគួរតែទទួលយកការប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើមាគ៌ាណាដែលអ្នកគួរតែជ្រើសរើសនៅថ្ងៃនេះ?

ខាង​ដើម៖ ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់

បន្ទាប់៖ អ្នករាល់គ្នាត្រូវយល់ពីកិច្ចការ៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ