ជំពូកទី ៤០
មនុស្សសម្លឹងមើលគ្រប់ចលនារបស់ខ្ញុំ ហាក់ដូចជាខ្ញុំកំពុងតែនាំស្ថានសួគ៌ចុះមកក្រោមអ៊ីចឹង ហើយពួកគេតែងតែវង្វេងវង្វាន់ដោយសារទង្វើរបស់ខ្ញុំ ហាក់ដូចជាពួកគេមិនអាចវាស់ស្ទង់បានទាល់តែសោះអំពីទង្វើរបស់ខ្ញុំ។ ដូច្នេះ ពួកគេយកលំនាំរបស់ពួកគេពីខ្ញុំ នៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ពួកគេនឹងបំពានស្ថានសួគ៌ ហើយត្រូវបានបោះទៅក្នុង «ពិភពមនុស្ស»។ ខ្ញុំមិនព្យាយាមស្វែងរកអ្វីដែលខ្ញុំអាចប្រើប្រាស់ប្រឆាំងមនុស្ស ឬធ្វើឱ្យភាពខ្វះខាតរបស់ពួកគេក្លាយជាគោលដៅនៃកិច្ចការរបស់ខ្ញុំឡើយ។ នៅពេលនេះ ពួកគេសប្បាយរីករាយខ្លាំងណាស់ ហើយចូលមកពឹងផ្អែកលើខ្ញុំ។ នៅពេលដែលខ្ញុំប្រទានដល់មនុស្ស មនុស្សស្រឡាញ់ខ្ញុំ ដូចជាពួកគេស្រឡាញ់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេដែរ ប៉ុន្តែនៅពេលដែលខ្ញុំសុំអី្វៗពីពួកគេ ពួកគេក៏គេចចេញពីខ្ញុំ។ ហេតុអ្វីបានជាបែបនេះ? តើពួកគេមិនអាចនាំយក «ភាពយុត្តិធម៌ និងភាពសមហេតុផល» របស់ពិភពមនុស្សទៅអនុវត្តបានទេឬ? ហេតុអ្វីបានខ្ញុំធ្វើការទាមទារពីមនុស្សបែបនេះម្ដងហើយម្ដងទៀត? តើវាពិតជាករណីដែលខ្ញុំគ្មានអ្វីសោះឬ? មនុស្សចាត់ទុកខ្ញុំដូចជាអ្នកសុំទាន។ នៅពេលដែលខ្ញុំសុំអ្វីមួយពីពួកគេ ពួកគេលើក «សំណល់» របស់ពួកគេនៅចំពោះខ្ញុំ ដើម្បីឱ្យខ្ញុំ «រីករាយ» ហើយក៏និយាយថា ពួកគេកំពុងតែមើលថែខ្ញុំយ៉ាងពិសេសទៀតផង។ ខ្ញុំទតមើលមុខដ៏អាក្រក់របស់ពួកគេ និងសភាពដ៏ចម្លែករបស់ពួកគេ ហើយខ្ញុំចាកចេញពីមនុស្សម្ដងទៀត។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សនៅតែមិនយល់ ហើយទទួលយកអ្វីដែលខ្ញុំបានបដិសេធត្រឡប់មកវិញម្ដងទៀត ដោយទន្ទឹងរង់ចាំការវិលត្រឡប់របស់ខ្ញុំ។ ខ្ញុំបានចំណាយពេលវេលាជាច្រើន ហើយបង់ថ្លៃដ៏សម្បើមដើម្បីប្រយោជន៍របស់មនុស្ស ប៉ុន្តែនៅពេលនេះ ដោយមិនដឹងហេតុផលអ្វី មនសិការរបស់មនុស្សនៅតែមិនអាចបំពេញតួនាទីដើមរបស់ពួកវាបាន។ ជាលទ្ធផល ខ្ញុំដាក់ «មន្ទិលសង្ស័យដ៏មានៈ» នេះនៅក្នុងបញ្ជី «ពាក្យអាថ៌កំបាំង» ដើម្បីធ្វើជា «ឯកសារយោង» សម្រាប់មនុស្សជំនាន់ក្រោយៗ ដោយសារតែទាំងអស់នេះគឺជា «លទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្រ្ត» ដែលកើតចេញពី «កិច្ចការដ៏លំបាក» របស់មនុស្ស។ តើខ្ញុំអាចលុបពួកវាចេញតាមធម្មតាបានយ៉ាងដូចម្ដេច? តើការធ្វើបែបនេះមិនមែន «កំពុងធ្វើឱ្យខក» នូវបំណងល្អរបស់មនុស្សទេឬ? ជារួម ខ្ញុំមានមនសិការ ដូច្នេះ ខ្ញុំមិនធ្វើសកម្មភាពអាក្រក់ និងមានឧបាយកលជាមួយមនុស្សឡើយ តើទង្វើរបស់ខ្ញុំមិនមែនដូច្នោះឬ? តើនេះមិនមែនជា «ភាពយុត្តិធម៌ និងភាពសមហេតុផល» ដែលមនុស្សបាននិយាយទេឬ? នៅក្នុងចំណោមមនុស្ស ខ្ញុំបានធ្វើការឥតឈប់រហូតដល់បច្ចុប្បន្ន។ ជាមួយនឹងការមកដល់នៃពេលវេលាដូចបច្ចុប្បន្ននេះ មនុស្សនៅតែមិនស្គាល់ខ្ញុំដដែល ពួកគេនៅតែចាត់ទុកខ្ញុំដូចជាមនុស្សចម្លែក ហើយដោយសារតែខ្ញុំបាននាំពួកគេទៅកាន់ «ភាពទ័លច្រក» នោះពួកគេកាន់តែស្អប់ខ្ញុំថែមទៀតផង។ នៅពេលនេះ សេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់ពួកគេបានចេញបាត់ទៅដោយគ្មានដានជាយូរមកហើយ។ ខ្ញុំមិនមែនកំពុងតែអួតអាងឡើយ ហើយខ្ញុំរឹតតែមិនមែនកំពុងបង្កាច់បង្ខូចមនុស្សឡើយ។ ខ្ញុំអាចស្រឡាញ់មនុស្សអស់កល្ប ហើយខ្ញុំក៏អាចស្អប់គេអស់កល្បដែរ ហើយរឿងនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ ដោយសារតែខ្ញុំមានសេចក្ដីព្យាយាម។ ប៉ុន្តែមនុស្សមិនមានការព្យាយាមនេះឡើយ គេតែងតែប្រែប្រួលចំពោះខ្ញុំ គេគ្រាន់តែយកចិត្តទុកដាក់តិចតួចបំផុតចំពោះខ្ញុំ នៅពេលដែលខ្ញុំបើកព្រះឱស្ឋរបស់ខ្ញុំ និងនៅពេលដែលខ្ញុំបិទព្រះឱស្ឋរបស់ខ្ញុំមិនមានបន្ទូលអ្វីប៉ុណ្ណោះ មិនយូរប៉ុន្មាន គេក៏វង្វេងនៅក្នុងរលកនៃលោកីយ៍ដ៏ធំធេង។ ដូច្នេះ ខ្ញុំបង្រួមខ្លឹមសារនេះជាពាក្យទំនឹមទំនៀមមួយទៀត៖ មនុស្សខ្វះការព្យាយាម ដូច្នេះហើយ ពួកគេមិនអាចបំពេញព្រះទ័យរបស់ខ្ញុំបានឡើយ។
ខណៈពេលដែលមនុស្សកំពុងតែយល់សប្ដិ ខ្ញុំយាងទៅកាន់ប្រទេសជាតិនានានៅក្នុងពិភពលោក ដោយចែកចាយ «ក្លិននៃសេចក្ដីស្លាប់» នៅក្នុងព្រះហស្ដរបស់ខ្ញុំ នៅក្នុងចំណោមមនុស្ស។ មនុស្សទាំងអស់ចាកចេញពីភាពរស់រវើកភ្លាមៗ ហើយចូលទៅក្នុងថ្នាក់បន្ទាប់នៃជីវិតមនុស្ស។ នៅក្នុងចំណោមមនុស្សជាតិ របស់មានជីវិតលែងមានទៀតហើយ សាកសពមានពាសពេញទីកន្លែង អ្វីៗដែលពេញដោយភាពរស់រវើក បាត់ចេញភ្លាមៗមួយរំពេចដោយគ្មានដានឡើយ ហើយក្លិនដ៏គួរឱ្យថប់ដង្ហើមរបស់សាកសព ជ្រួតជ្រាបទៅពាសពេញដែនដី។ ភ្លាមៗនោះ ខ្ញុំបាំងព្រះភ័ក្រ្ដរបស់ខ្ញុំ ហើយយាងចាកចេញពីមនុស្សទៅ ដ្បិតខ្ញុំកំពុងតែចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយប្រទានឱ្យអ្នកដែលមានជីវិត នូវទីកន្លែងមួយដើម្បីរស់នៅ ហើយបណ្ដាលឱ្យមនុស្សទាំងអស់រស់នៅក្នុងដែនដីដ៏ប្រណីត។ នេះគឺជាដែនដីប្រកបដោយព្រះពរ ជាដែនដីដែលគ្មានសេចក្ដីទុក្ខព្រួយ ឬការដកដង្ហើមធំឡើយ ទាំងនោះគឺខ្ញុំបានរៀបចំសម្រាប់មនុស្ស។ ទឹកដែលហូរចេញពីទឹកជ្រោះជ្រលងភ្នំ គឺថ្លាឈ្វេងដល់បាតក្រោម វាហូរដោយឥតឈប់ ហើយមិនដែលរីងស្ងួតឡើយ។ មនុស្សរស់នៅក្នុងភាពស្រុះស្រួលគ្នាជាមួយព្រះជាម្ចាស់ បក្សាបក្សីស្រែកច្រៀង ហើយនៅកណ្ដាលខ្យល់ដ៏រំភើយ និងព្រះអាទិត្យដ៏កក់ក្ដៅ នោះទាំងស្ថានសួគ៌និងផែនដីនិងសម្រាក។ បច្ចុប្បន្ននេះ នៅទីនេះ សាកសពរបស់មនុស្សទាំងអស់ ដេកតម្រៀបក្នុងភាពច្របូកច្របល់។ ដោយគ្មានមនុស្សណាដឹងសោះ នោះខ្ញុំបញ្ចេញគ្រោះកាចដែលនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយសាកសពរបស់មនុស្សស្អុយរលួយ ដោយមិនបន្សល់ដានសាច់តាំងពីក្បាលរហូតដល់ចុងជើង ហើយខ្ញុំក៏យាងទៅឆ្ងាយពីមនុស្ស។ ខ្ញុំនឹងមិនជួបជុំជាមួយមនុស្សម្ដងទៀតឡើយ ខ្ញុំនឹងមិនយាងមកនៅក្នុងចំណោមមនុស្សម្ដងទៀតឡើយ ដ្បិតដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងទាំងមូលរបស់ខ្ញុំដល់ទីបញ្ចប់ហើយ ហើយខ្ញុំនឹងមិនបង្កើតមនុស្សជាតិម្ដងទៀតឡើយ ខ្ញុំនឹងមិនយកចិត្តទុកដាក់ណាមួយចំពោះមនុស្សម្ដងទៀតឡើយ។ បន្ទាប់ពីអានព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំហើយ មនុស្សទាំងអស់បាត់បង់សេចក្ដីសង្ឃឹម ដ្បិតពួកគេមិនចង់ស្លាប់ទេ ប៉ុន្តែ តើនរណាដែលមិន «ស្លាប់» ដើម្បីជាប្រយោជន៍ដល់ការ «មានជីវិត» នោះ? នៅពេលដែលខ្ញុំមានបន្ទូលប្រាប់មនុស្សថា ខ្ញុំគ្មានមន្ដអាគមដែលធ្វើឱ្យពួកគេមានជីវិត នោះពួកគេទ្រហោយំដោយភាពឈឺចាប់។ តាមពិត ទោះបីជាខ្ញុំគឺជាព្រះអាទិករក៏ដោយ ក៏ខ្ញុំគ្រាន់តែមានព្រះចេស្ដាដើម្បីធ្វើឱ្យមនុស្សស្លាប់ប៉ុណ្ណោះ ហើយគ្មានសមត្ថភាពក្នុងការធ្វើឱ្យពួកគេមានជីវិតឡើយ។ នៅក្នុងរឿងនេះ ខ្ញុំសូមទោសចំពោះមនុស្ស។ ដូច្នេះ ខ្ញុំបានមានបន្ទូលប្រាប់មនុស្សជាមុនថា «ខ្ញុំជំពាក់គេនូវបំណុលដែលមិនអាចសងបាន» ប៉ុន្តែគេបានគិតថា ខ្ញុំសុភាពរម្យទម។ បច្ចុប្បន្ននេះ ដោយការមកដល់នៃតថភាព នោះខ្ញុំនៅតែមានបន្ទូលអំពីបញ្ហានេះ។ ខ្ញុំនឹងមិនប្រឆាំងនឹងការពិតឡើយនៅពេលដែលខ្ញុំមានបន្ទូល។ នៅក្នុងសញ្ញាណរបស់ពួកគេ មនុស្សជឿថា មានវិធីច្រើនណាស់ដែលខ្ញុំមានបន្ទូល ដូច្នេះហើយ ពួកគេតែងតែទទួលយកព្រះបន្ទូលដែលខ្ញុំប្រទានដល់ពួកគេ ខណៈដែលសង្ឃឹមចង់បានអ្វីមួយផ្សេងទៀត។ តើទាំងនេះមិនមែនជាការជំរុញទឹកចិត្តដ៏ខុសឆ្គងរបស់មនុស្សទេឬ? គឺស្ថិតក្រោមស្ថានភាពទាំងនេះហើយដែលខ្ញុំហ៊ានមានបន្ទូល «យ៉ាងក្លាហាន» ថា មនុស្សមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដឡើយ។ ខ្ញុំនឹងមិនក្បត់មនសិការ ហើយមួលបង្កាច់ការពិតឡើយ ដ្បិតខ្ញុំនឹងមិននាំមនុស្សចូលទៅក្នុងដែនដីដ៏ប្រណីតរបស់ពួកគេឡើយ។ នៅទីបញ្ចប់ នៅពេលដែលកិច្ចការរបស់ខ្ញុំបញ្ចប់ នោះខ្ញុំនឹងដឹកនាំពួកគេទៅកាន់ដែនដីនៃសេចក្ដីស្លាប់។ ដូច្នេះ មនុស្សមិនត្រូវរអ៊ូរទាំដាក់ខ្ញុំទាល់តែសោះ។ តើនេះមិនមែនដោយសារតែមនុស្ស «ស្រឡាញ់» ខ្ញុំទេឬ? តើនេះមិនមែនដោយសារតែបំណងចិត្តចង់ទទួលបានព្រះពររបស់ពួកគេ ខ្លាំងពេកឬ? ប្រសិនបើមនុស្សមិនចង់ស្វែងរកព្រះពរទេ ធ្វើដូចម្ដេចទើបមាន «គ្រោះអកុសល» នេះ? ដោយសារតែ «ភក្ដីភាព» របស់មនុស្សចំពោះខ្ញុំ ដោយសារតែពួកគេបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ប្រឹងប្រែងធ្វើការទោះបីជាមិនបានចូលរួមចំណែកណាមួយក៏ដោយ ក៏ខ្ញុំបើកសម្ដែងទៅកាន់ពួកគេតិចតួចអំពីអ្វីដែលកំពុងកើតឡើងនៅក្នុង «បន្ទប់សម្ងាត់»៖ បច្ចុប្បន្ន ដោយសារតែកិច្ចការរបស់ខ្ញុំនៅមិនទាន់ដល់ចំណុចជាក់លាក់មួយ ហើយមនុស្សនៅមិនទាន់ត្រូវបានបោះទៅក្នុងជង្ហុកធំដ៏ក្ដៅនៅឡើយ នោះខ្ញុំក៏ណែនាំពួកគេឱ្យចាកចេញឱ្យបានឆាប់តាមដែលពួកគេអាចធ្វើបាន ហើយអស់អ្នកដែលនៅ នឹងអាចទទួលរងទុក្ខដោយភាពអកុសល និងសំណាងតិចតួច ហើយនៅទីបញ្ចប់ ពួកគេនឹងនៅតែមិនអាចចៀសវៀងសេចក្ដីស្លាប់បានដដែល។ ខ្ញុំបើក «ទ្វារទៅកាន់ភាពពេញបរិបូណ៍» យ៉ាងទូលាយសម្រាប់ពួកគេ។ នរណាក៏ដោយដែលចង់ចាកចេញ គួរតែចាប់ផ្ដើមនៅលើផ្លូវឱ្យបានឆាប់តាមដែលពួកគេអាចធ្វើបាន ប្រសិនបើគេរង់ចាំរហូតដល់ការមកដល់នៃការវាយផ្ចាល នោះវានឹងយឺតពេលហើយ។ ព្រះបន្ទូលទាំងនេះមិនមែនជាការលេងសើចឡើយ ព្រះបន្ទូលទាំងនេះគឺជាតថភាពពិត។ ព្រះបន្ទូលរបស់ខ្ញុំ ត្រូវបានថ្លែងទៅកាន់មនុស្សក្នុងបំណងល្អ ហើយប្រសិនបើអ្នកមិនទៅពេលនេះទេ តើពេលណាអ្នកនឹងទៅ? តើមនុស្សពិតជាអាចទុកចិត្តព្រះបន្ទូលរបស់ខ្ញុំឬ?
ខ្ញុំមិនដែលមានព្រះតម្រិះច្រើនចំពោះវាសនារបស់មនុស្សឡើយ។ ខ្ញុំគ្រាន់តែធ្វើតាមបំណងព្រះហឫទ័យផ្ទាល់របស់ខ្ញុំប៉ុណ្ណោះ ដោយមិនត្រូវបានដាក់កំហិតដោយមនុស្សឡើយ។ តើខ្ញុំអាចដកព្រះហស្ដរបស់ខ្ញុំដោយសារតែការភ័យខ្លាចរបស់ពួកគេបានយ៉ាងដូចម្ដេចទៅ? ក្នុងផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ខ្ញុំមិនដែលបង្កើតការរៀបចំពិសេសណាមួយសម្រាប់បទពិសោធរបស់មនុស្សឡើយ។ ខ្ញុំគ្រាន់តែប្រព្រឹត្តដោយផ្អែកលើផែនការដើមរបស់ខ្ញុំប៉ុណ្ណោះ។ កាលពីអតីតកាល មនុស្ស «ថ្វាយ» ខ្លួនចំពោះខ្ញុំ ហើយខ្ញុំមិនផ្លាស់ប្ដូរព្រះទ័យចំពោះពួកគេឡើយ។ បច្ចុប្បន្ននេះ ពួកគេបាន «លះបង់» ខ្លួនសម្រាប់ខ្ញុំ ហើយខ្ញុំនៅតែមិនផ្លាស់ប្ដូរព្រះទ័យចំពោះពួកគេដដែល។ ខ្ញុំមិនសព្វព្រះទ័យដោយសារតែមនុស្សលះបង់ជីវិតរបស់ពួកគេសម្រាប់ខ្ញុំឡើយ ហើយខ្ញុំក៏មិនយកឈ្នះដោយអំណរដ៏ខ្លាំងដែរ ប៉ុន្តែខ្ញុំបន្តបញ្ជូនពួកគេទៅកាន់ទីលានប្រហារជីវិត ស្របតាមផែនការរបស់ខ្ញុំ។ ខ្ញុំមិនយកព្រះទ័យទុកដាក់ចំពោះអាកប្បកិរិយារបស់ពួកគេអំឡុងពេលនៃការលន់តួឡើយ ដូច្នេះតើព្រះទ័យដ៏ត្រជាក់ និងឥតមេត្តារបស់ខ្ញុំត្រូវបានប៉ះពាល់ដោយចិត្តរបស់មនុស្សបានយ៉ាងដូចម្ដេចទៅ? តើខ្ញុំជាសត្វមានមនោសញ្ចេតនាមួយក្នុងចំណោមមនុស្សជាតិឬ? ជាច្រើនលើក ដែលខ្ញុំបានរំលឹកដាស់តឿនមនុស្សថា ខ្ញុំគ្មានមនោសញ្ចេតនាឡើយ ប៉ុន្តែពួកគេគ្រាន់តែញញឹម ដោយជឿថា ខ្ញុំគ្រាន់តែរម្យទមប៉ុណ្ណោះ។ ខ្ញុំបានមានបន្ទូលថា «ខ្ញុំមិនស្គាល់ពីទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សជាតិឡើយ» ប៉ុន្តែ មនុស្សមិនដែលបានគិតដូច្នោះឡើយ ហើយបាននិយាយថា វិធីដែលខ្ញុំមានបន្ទូលមានច្រើនណាស់។ ដោយសារតែការដាក់កំហិតនៃសញ្ញាណរបស់មនុស្សនេះ ទើបខ្ញុំមិនដឹងថាគួរមានបន្ទូលទៅកាន់មនុស្សដោយសំនៀងបែបណា និងតាមវិធីណាឡើយ ដូច្នេះហើយ ដោយគ្មានជម្រើសផ្សេង ខ្ញុំអាចត្រឹមតែមានបន្ទូលចំៗប៉ុណ្ណោះ។ តើខ្ញុំអាចធ្វើអ្វីផ្សេងបានទៀត? វិធីដែលមនុស្សនិយាយគឺមានច្រើនណាស់ ពួកគេនិយាយថា «ពួកយើងមិនគួរពឹងផ្អែកលើអារម្មណ៍ឡើយ ប៉ុន្តែពួកយើងគួរតែអនុវត្តសេចក្ដីសុចរិត» ដែលជាប្រភេទពាក្យស្លោក ដែលពួកគេទទូចចង់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនអាចធ្វើតាមពាក្យសម្ដីរបស់ពួកគេបានទេ ពាក្យសម្ដីរបស់ពួកគេគឺទទេសូន្យ ដូច្នេះ ខ្ញុំក៏មានបន្ទូលថា មនុស្សគ្មានសមត្ថភាពដើម្បីធ្វើឱ្យ «ពាក្យសម្ដី និងលទ្ធផលរបស់ពួកគេកើតឡើងដំណាលគ្នាបានឡើយ»។ នៅក្នុងចិត្តរបស់ពួកគេ មនុស្សជឿថា ការធ្វើបែបនោះគឺជាការតាមរកខ្ញុំ ប៉ុន្តែខ្ញុំគ្មានចំណាប់អារម្មណ៍លើការតាមរករបស់ពួកគេឡើយ ខ្ញុំឈឺ ហើយនឿយហត់នឹងរឿងនេះខ្លាំងណាស់។ ហេតុអ្វីបានជាមនុស្សតែងតែបែរខ្នងដាក់ម្នាក់ដែលចិញ្ចឹមពួកគេទៅវិញ? តើខ្ញុំបានប្រទានឱ្យពួកគេតិចពេកឬ? ហេតុអ្វីបានជាមនុស្សតែងតែថ្វាយបង្គំសាតាំងយ៉ាងសម្ងាត់នៅខាងក្រោយខ្នងរបស់ខ្ញុំ? វាហាក់ដូចជាពួកគេធ្វើកិច្ចការសម្រាប់ខ្ញុំ ហើយប្រាក់ខែដែលខ្ញុំប្រទានឱ្យពួកគេមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការចំណាយសម្រាប់ការរស់នៅរបស់ពួកគេអ៊ីចឹង ពីព្រោះពួកគេស្វែងរកការងារមួយទៀតក្រៅម៉ោងធ្វើការ ដើម្បីបង្កើនប្រាក់ខែរបស់ពួកគេ ដោយសារតែការចំណាយរបស់មនុស្សច្រើនពេក ហើយពួកគេហាក់ដូចជាមិនដឹងពីវិធីដើម្បីទទួលបានគ្រប់គ្រាន់ឡើយ។ ប្រសិនបើវាពិតជាដូច្នេះមែន ខ្ញុំនឹងបង្គាប់ឱ្យពួកគេចាកចេញពី «រោងចក្រ» របស់ខ្ញុំ។ តាំងពីយូរមកហើយ ខ្ញុំបានពន្យល់មនុស្សថា ការធ្វើការសម្រាប់ខ្ញុំ មិនពាក់ព័ន្ធនឹងការទទួលបានដ៏ពិសេសណាមួយឡើយ៖ ដោយគ្មានករណីលើកលែង ខ្ញុំប្រព្រឹត្តចំពោះមនុស្សយ៉ាងយុត្តិធម៌ និងមានហេតុផល ដោយប្រើប្រាស់ប្រព័ន្ធ «ប្រឹងប្រែងធ្វើការទទួលបានច្រើន ធ្វើការតិចទទួលបានតិច ហើយមិនធ្វើការគឺមិនទទួលបានអ្វីសោះ»។ នៅពេលដែលខ្ញុំមានបន្ទូល នោះខ្ញុំមិនលេបសម្ដីឡើយ។ ប្រសិនបើនរណាម្នាក់ជឿថា «ច្បាប់វិន័យរោងចក្រ» របស់ខ្ញុំតឹងរ៉ឹងពេក ពួកគេគួរតែដើរចេញភ្លាមៗ ខ្ញុំនឹងបើក «ថ្លៃឈ្នួល» របស់ពួកគេនៅក្រៅក្រុង។ ខ្ញុំ «អត់ឱន» ក្នុងការដោះស្រាយរបស់ខ្ញុំចំពោះមនុស្សបែបនេះ ខ្ញុំមិនបង្ខំពួកគេឱ្យនៅឡើយ។ នៅក្នុងចំណោមមនុស្សដ៏ច្រើនទាំងនេះ តើខ្ញុំមិនអាចរកបាន «អ្នកធ្វើការ» ដែលត្រូវនឹងព្រះទ័យរបស់ខ្ញុំទេឬ? មនុស្សមិនគួរមើលងាយខ្ញុំឡើយ! ប្រសិនបើមនុស្សនៅតែមិនស្ដាប់បង្គាប់ខ្ញុំ ហើយចង់ស្វែងរក «ការងារ» នៅកន្លែងផ្សេង នោះខ្ញុំនឹងមិនបង្ខំពួកគេឡើយ ខ្ញុំនឹងស្វាគមន៍ ខ្ញុំគ្មានជម្រើសឡើយ! តើវាមិនមែនដោយសារតែខ្ញុំមាន «ច្បាប់វិន័យ និងបទបញ្ញត្តិ» ច្រើនពេកទេឬ?
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩២