ជំពូកទី ៤១
ខ្ញុំធ្លាប់ខិតខំប្រឹងប្រែងយ៉ាងធំធេងនៅក្នុងចំណោមនុស្ស ប៉ុន្តែពួកគេមិនចាប់អារម្មណ៍នោះទេ ដូច្នេះ ខ្ញុំត្រូវតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីបើកសម្ដែងវាចំពោះពួកគេជាជំហានៗ។ ទោះបីជាយ៉ាងណា មនុស្សនៅតែមិនយល់ព្រះបន្ទូលរបស់ខ្ញុំ ហើយគេនៅតែមិនដឹងអំពីគោលបំណងនៃផែនការរបស់ខ្ញុំ។ ដូច្នេះហើយ ដោយសារលើភាពខ្វះខាត និងគុណវិបត្តិរបស់ពួកគេ នោះមនុស្សបានធ្វើរឿងជាច្រើនដើម្បីរំខានដល់ការគ្រប់គ្រងរបស់ខ្ញុំ ហើយការណ៍នេះបានផ្ដល់ឱកាសឱ្យវញ្ញាណស្មោកគ្រោកគ្រប់ប្រភេទចូលមក ទើបមនុស្សជាតិក្លាយជាជនរងគ្រោះរបស់ពួកវា ហើយត្រូវបានវិញ្ញាណស្មោកគ្រោកទាំងនេះធ្វើទារុណកម្ម រហូតដល់ពួកគេត្រូវបានបំពុលទាំងស្រុង។ មានតែដូច្នោះទេ ទើបខ្ញុំឃើញយ៉ាងច្បាស់អំពីបំណង និងគោលដៅរបស់មនុស្ស។ ខ្ញុំដកដង្ហើមធំពីក្នុងពពក៖ ហេតុអ្វីបានជាមនុស្សតែងតែធ្វើសកម្មភាពសម្រាប់ខ្លួនឯង? តើការវាយផ្ចាលរបស់ខ្ញុំមិនបានមានបំណងដើម្បីធ្វើឱ្យពួកគេគ្រប់លក្ខណ៍ទេឬ? តើខ្ញុំវាយប្រហារដោយចេតនាទៅលើឥរិយាបថវិជ្ជមានរបស់ពួកគេឬ? ភាសារបស់មនុស្ស គឺមានសភាពស្រស់ស្អាត និងទន់ភ្លន់ណាស់ ខណៈដែលសកម្មភាពរបស់ពួកគេមានសភាពច្របូកច្របល់មែនទែន។ ហេតុអ្វីបានជាតម្រូវការដែលខ្ញុំធ្វើចំពោះមនុស្ស តែងតែគ្មានបានអ្វីអ៊ីចឹង? តើវាអាចទៅរួចទេ ដែលខ្ញុំស្នើសុំឱ្យសត្វសុនខឡើងដើមឈើ? តើវាអាចទៅរួចទេដែលខ្ញុំខ្វល់ខ្វាយជាច្រើន ចំពោះភាពគ្មានអ្វីសោះ? នៅលើមាគ៌ានៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ខ្ញុំបានច្រៀក «ផែនការពិសោធន៍» ជាច្រើនចម្រៀក។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈភូមិសាស្ត្រ ដែលមានស្ថានភាពមិនល្អ និងខ្វះពន្លឺព្រះអាទិត្យអស់ជាច្រើនឆ្នាំ គឺកំពុងតែផ្លាស់ប្ដូរជាបន្តបន្ទាប់ ដែលនាំទៅរក «ការបំបែក» មួយនៅលើដែនដី។ ដូច្នេះហើយ នៅក្នុងការចងចាំរបស់ខ្ញុំ ខ្ញុំបានបោះបង់ក្បាលដីបែបនេះរាប់មិនអស់។ សូម្បីតែពេលនេះ ដែនដីជាច្រើនបន្ដផ្លាស់ប្ដូរ។ ថ្ងៃមួយ ប្រសិនបើដែនដីពិតជាផ្លាស់ប្ដូរទៅជាប្រភេទអ្វីមួយផ្សេង នោះខ្ញុំនឹងបោះវាចោលទៅម្ខាងដោយព្រហស្ដរបស់ខ្ញុំ តើនេះពិតជាមិនមែនជាកិច្ចការរបស់ខ្ញុំនៅក្នុងដំណាក់កាលបច្ចុប្បន្នទេ? ប៉ុន្តែមនុស្ស មិនបានដឹងអំពីរឿងនេះសូម្បីតែបន្តិច។ ពួកគេគ្រាន់តែត្រូវបាន «វាយផ្ចាល» ក្រោមការ «ចង្អុលបង្ហាញ» របស់ខ្ញុំប៉ុណ្ណោះ។ តើនោះល្អឬទេ? តើខ្ញុំអាចជាព្រះជាម្ចាស់ដែលមកយ៉ាងលឿនដើម្បីវាយផ្ចាលមនុស្សឬ? នៅក្នុងស្ថានសួគ៌ខាងលើ ខ្ញុំធ្លាប់ដាក់ផែនការថា នៅពេលដែលខ្ញុំយាងមកក្នុងចំណោមមនុស្ស នោះខ្ញុំនឹងក្លាយជាម្នាក់ក្នុងចំណោមពួកគេ ប្រយោជន៍ឱ្យអស់អ្នកណាដែលខ្ញុំស្រឡាញ់នឹងអាចមកជិតខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ដោយការមកដល់ដំណាក់កាលបច្ចុប្បន្ន មិនត្រឹមតែមនុស្សមិនមានទំនាក់ទំនងជាមួយខ្ញុំនោះទេ ពួកគេថែមទាំងទុកខ្ញុំឱ្យនៅឆ្ងាយ ដោយសារតែការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំមិនយំខ្សឹកខ្សួលដោយសារការចៀសចេញរបស់គេនោះទេ។ តើអាចធ្វើអ្វីបានចំពោះរឿងនេះ? មនុស្សទាំងអស់គឺជាតារាសម្ដែង ដែលច្រៀងរួមជាមួយបទភ្លេងទាំងអស់ដែលកំពុងលេង។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការឱ្យមនុស្ស «របូត» ចេញពីការក្ដោបក្ដាប់របស់ខ្ញុំ ហើយខ្ញុំក៏កាន់តែជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការនាំពួកគេពី «ផ្នែកផ្សេង» ត្រឡប់មក «រោងចក្រ» របស់ខ្ញុំវិញដែរ។ តើមនុស្សមិនមែនជាស្មៅដែលដុះនៅលើជញ្ជាំងទេឬ? ប៉ុន្តែ ខ្ញុំមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សដោយសារតែកំហុសនេះទេ ផ្ទុយទៅវិញ ខ្ញុំប្រទានអាហាររបស់ខ្ញុំដល់ពួកគេ។ តើនរណាធ្វើឱ្យមនុស្សទន់ខ្សោយ និងគ្មានកម្លាំងដូច្នេះ? តើនរណាធ្វើឱ្យមនុស្សខ្វះជីវជាតិម៉្លេះ? ខ្ញុំបានប្ដូរចិត្តដ៏ត្រជាក់របស់មនុស្ស ដោយការឱបដ៏កក់ក្ដៅរបស់ខ្ញុំ៖ តើនរណាផ្សេងដែលអាចធ្វើរឿងបែបនេះបាន? ហេតុអ្វីបានជាខ្ញុំធ្វើកិច្ចការបែបនេះក្នុងចំណោមមនុស្ស? តើមនុស្សអាចយល់អំពីព្រះទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដឬទេ?
ក្នុងចំណោមអស់អ្នកដែលខ្ញុំបានជ្រើសរើស ខ្ញុំបានធ្វើ «ជំនួញ» មួយ ដូច្នេះហើយទើបមានមនុស្សចេញ-ចូលដំណាក់របស់ខ្ញុំជានិច្ច មិនចេះដាច់។ ពួកគេទាំងអស់ចូលរួមកម្មវិធីផ្លូវការនានានៅកន្លែងរបស់ខ្ញុំ ហាក់ដូចជាពួកគេកំពុងតែពិភាក្សាជំនួញជាមួយខ្ញុំអ៊ីចឹង ដែលធ្វើឱ្យកិច្ចការរបស់ខ្ញុំច្របូកច្របល់ជាខ្លាំង។ ពេលខ្លះ មានរឿងជាច្រើនដែលខ្ញុំមិនអាចដោះស្រាយជម្លោះក្នុងចំណោមពួកគេ។ ខ្ញុំជំរុញមនុស្សមិនឱ្យបន្ថែមអ្វីលើបន្ទុករបស់ខ្ញុំទេ។ យកល្អ ពួកគេត្រូវតែដាក់ផែនការផ្ទាល់ខ្លួរបស់ពួកគេ ជាជាងពឹងផ្អែកមកលើខ្ញុំរហូត។ ពួកគេមិនអាចនៅជាក្មេងរហូត នៅក្នុងដំណាក់របស់ខ្ញុំទេ។ តើនៅបែបនោះមានប្រយោជន៍អ្វី? អ្វីដែលខ្ញុំធ្វើគឺជាជំនួញដ៏សំខាន់។ ខ្ញុំមិនមែនរកស៊ីបើក «ហាងលក់របស់ហូបសម្រាប់អ្នកជិតខាង» មួយចំនួន ឬក៏រកស៊ីបើកហាង «លក់គ្រឿងទេស» តូចៗមួយចំនួននោះទេ។ មនុស្សទាំងអស់មិនយល់ពីអារម្មណ៍របស់ខ្ញុំទេ ហាក់ដូចជាពួកគេនិយាយលេងសើចជាមួយខ្ញុំដោយអចេតនាអ៊ីចឹង ហាក់ដូចជាពួកគេទាំងអស់ជាក្មេងខិលខូច ដែលលេងមិនចេះស្កប់អ៊ីចឹង ដោយមិនខ្វល់ពីបញ្ហាធ្ងន់ធ្ងរនានានោះទេ ដូច្នេះហើយទើបបណ្ដាលឱ្យមនុស្សជាច្រើនបរាជ័យក្នុងការបំពេញ «កិច្ចការផ្ទះ» ដែលខ្ញុំបានដាក់ឱ្យពួកគេធ្វើ។ តើមនុស្សបែបនេះអាចមានភាពក្លាហានក្នុងការបង្ហាញមុខរបស់ពួកគេទៅ «គ្រូ» របស់ពួកគេយ៉ាងដូចម្ដេចទៅ? ហេតុអ្វីបានជាពួកគេមិនដែលចាប់អារម្មណ៍លើអ្វីដែលពួកគេគួរធ្វើអ៊ីចឹង? តើចិត្តរបស់មនុស្សគឺជាវត្ថុប្រភេទអ្វី? រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែស្រពិចស្រពិលលើបញ្ហានេះ។ ហេតុអ្វីបានជាចិត្តរបស់មនុស្សផ្លាស់ប្ដូរមិនដែលឈប់អ៊ីចឹង? វាដូចជាថ្ងៃមួយនៅក្នុងខែមិថុនា៖ ពេលនេះ ព្រះអាទិត្យក្ដៅហែង ពេលនេះពពកក្រាស់ ហើយពេលនេះ ខ្យល់ដ៏កាចបញ្ចេញសូរ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមិនអាចរៀនពីបទពិសោធន៍បាន? ប្រហែលជាអ្វីដែលខ្ញុំបានមានបន្ទូល គឺជាការបញ្ចេញបញ្ចូលទេដឹង។ មនុស្សមិនដឹងសូម្បីតែយកឆ័ត្រតាមខ្លួនអំឡុងពេលរដូវភ្លៀងផង ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ដូច្នោះហើយបានជាពួកគេត្រូវភ្លៀងទទឹកជោគដល់ស្បែករាប់ភ្លេច ហាក់ដូចជាខ្ញុំកំពុងតែលេងសើចជាមួយពួកគេដោយចេតនាអ៊ីចឹង ហើយពួកគេតែងតែត្រូវបានវាយលុកដោយភ្លៀងមកពីស្ថានសួគ៌។ ឬ ប្រហែលជាខ្ញុំ «សាហាវ» ពេក ដោយធ្វើឱ្យមនុស្សបែកអារម្មណ៍ ដូច្នេះហើយបានជាពួកគេតែងតែឡប់មិនដឹងថាត្រូវធ្វើអ្វី។ គ្មានមនុស្សណាម្នាក់បានយល់យ៉ាងពិតប្រាកដនូវគោលបំណង ឬសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំទេ។ ដោយហេតុដូច្នោះ ពួកគេទាំងអស់កំពុងតែធ្វើកិច្ចការដែលរំខាន និងវាយផ្ចាលខ្លួនឯង។ តើខ្ញុំពិតជារៀបចំផែនការដើម្បីវាយផ្ចាលមនុស្សឬ? ហេតុអ្វីបានជាមនុស្សបង្កបញ្ហាដាក់ខ្លួនឯង? ហេតុអ្វីបានជាពួកគេតែងតែដើរទៅក្នុងអន្ទាក់? ហេតុអ្វីបានជាពួកគេមិនចរចាជាមួយខ្ញុំ តែផ្ទុយទៅវិញពួកគេស្វែងរកវិធីធ្វើការដោយខ្លួនឯង? តើអ្វីដែលខ្ញុំប្រទានដល់មនុស្ស មិនគ្រប់គ្រាន់ទេឬ?
ខ្ញុំបានបោះពុម្ព «ស្នាដៃដំបូង» នៅក្នុងចំណោមមនុស្សទាំងអស់ ហើយដោយសារតែការបោះពុម្ពរបស់ខ្ញុំបង្កើតឱ្យមានការសរសើរជាច្រើននៅក្នុងមនុស្ស នោះពួកគេទាំងអស់ក៏យកវាជាការសិក្សាដ៏ប្រយ័ត្នប្រយែង និងលម្អិត ហើយតាមរយៈការសិក្សាដ៏យកចិត្តទុកដាក់នេះ ពួកគេបានទទួលចំណេះដឹងជាច្រើន។ ស្នាដៃសរសេររបស់ខ្ញុំ ហាក់ដូចជាប្រលោមលោកដែលពិបាកយល់ខ្លាំង និងអស្ចារ្យមួយក្បាលអ៊ីចឹង។ វាហាក់ដូចជាកំណាព្យពាក្យរាយបែបមនោសញ្ចេតនាមួយអ៊ីចឹង។ វាហាក់ដូចជាការពិភាក្សាអំពីកម្មវិធីនយោបាយ។ វាហាក់ដូចជាការសង្ខេបអត្ថបទស្ដីពីប្រាជ្ញាផ្នែកសេដ្ឋកិច្ចអ៊ីចឹង។ ដោយសារតែស្នាដៃសរសេររបស់ខ្ញុំសម្បូរបែប នោះមានការយល់ឃើញខុសៗគ្នាជាច្រើនអំពីវា ហើយគ្មាននរណាម្នាក់អាចផ្ដល់អារម្ភកថាដែលសង្ខេបស្នាដៃរបស់ខ្ញុំនេះបានទេ។ មនុស្សអាចមានចំណេះដឹង និងទេពកោសល្យ «លេចធ្លោរ» ប៉ុន្តែស្នាដៃរបស់ខ្ញុំនេះ គឺគ្រប់គ្រាន់នឹងបង្វែរដានអ្នកដែលមានទេពកោសល្យ និងសមត្ថភាពទាំងនោះ។ ទោះបីជាពួកគេនិយាយថា «ឈាមអាចហូរចេញ ទឹកភ្នែកអាចស្រក់ចុះក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ឱនក្បាលរបស់ពួកគេនោះទេ» ពួកគេបានឱនក្បាលដោយមិនដឹងខ្លួនរួចទៅហើយ ដើម្បីបង្ហាញពីការចុះចាញ់របស់ពួកគេចំពោះស្នាដៃសរសេររបស់ខ្ញុំ។ ចេញពីមេរៀននៃបទពិសោធន៍របស់គេ នោះមនុស្សបានសង្ខេបស្នាដៃសរសេររបស់ខ្ញុំ ថាជាសៀវភៅនៃស្ថានសួគ៌ដែលធ្លាក់មកពីលើមេឃ។ ប៉ុន្តែខ្ញុំជំរុញមិនឱ្យមនុស្សមានអារម្មណ៍រំជើបរំជួលពេកនោះទេ។ តាមការយល់ឃើញរបស់ខ្ញុំ អ្វីដែលខ្ញុំបានមានបន្ទូលគឺសាមញ្ញាទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា នៅក្នុងសព្វវចនាធិប្បាយនៃជីវិត មានស្នាដៃរបស់ខ្ញុំហើយមនុស្សនឹងអាចរកឃើញអ្វីមួយដែលជាវិធីនៃការរស់នៅ។ នៅក្នុងវាសនារបស់មនុស្ស ពួកគេអាចស្វែងរកអត្ថន័យនៃជីវិត។ នៅក្នុងអាថ៌កំបាំងនៃស្ថានសួគ៌ ពួកគេអាចរកឃើញបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយនៅក្នុងផ្លូវរបស់មនុស្សជាតិ នោះពួកគេអាចរកឃើញសិល្បៈនៃការរស់នៅ។ តើអ្វីៗមិនមែនកាន់តែប្រសើរតាមរបៀបនេះទេឬ? ខ្ញុំមិនបង្ខិតបង្ខំមនុស្សទេ។ ប្រសិនបើនរណាម្នាក់ «មិនចាប់អារម្មណ៍» ទៅលើស្នាដៃសរសេររបស់ខ្ញុំទេ នោះខ្ញុំនឹងសង «សំណង» លើសៀវភៅរបស់ខ្ញុំទៅពួកគេវិញ បួករួមនឹង «ថ្លៃសេវា» ទៀតផង។ ខ្ញុំមិនបង្ខិតបង្ខំនរណាម្នាក់ទេ។ ក្នុងនាមជាអ្នកនិពន្ធនៃសៀវភៅនេះ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំគឺថា អ្នកអាននឹងស្រឡាញ់សៀវភៅរបស់ខ្ញុំ ប៉ុន្តែចំណូលចិត្តរបស់មនុស្សតែងតែខុសគ្នា។ ដូច្នេះហើយ ខ្ញុំជំរុញមិនឱ្យមនុស្សសម្រុះសម្រួលការយល់ឃើញពីអនាគតរបស់ពួកគេ គ្រាន់តែដោយសារពួកគេមិនអាចអត់ទ្រាំនឹងការយកការយោគយល់ ចេញនោះទេ។ ប្រសិនបើពួកគេត្រូវធ្វើដូច្នោះ ធ្វើដូចម្ដេចទើបខ្ញុំដែលមានព្រះហឫទ័យសណ្ដោស អាចទ្រាំនឹងភាពអាម៉ាស់ដ៏ខ្លាំងបែបនេះបាន? ប្រសិនបើអ្នកជាអ្នកអានដែលស្រឡាញ់ស្នាដៃរបស់ខ្ញុំ នោះខ្ញុំសង្ឃឹមថា អ្នកនឹងបញ្ជូននូវការផ្ដល់យោបល់ដ៏មានតម្លៃរបស់អ្នកមកខ្ញុំ ដើម្បីធ្វើឱ្យការសរសេររបស់ខ្ញុំកាន់តែល្អប្រសើរ ដូច្នេះហើយ តាមរយៈកំហុសឆ្គងរបស់មនុស្ស នោះនឹងជួយធ្វើឱ្យមាតិកានៃការសរសេររបស់ខ្ញុំកាន់តែប្រសើរ។ ធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ដល់ទាំងអ្នកនិពន្ធផង និងអ្នកអានផង តើមិនមែនដូច្នេះទេឬ? ខ្ញុំមិនដឹងថា ការមានបន្ទូលដូច្នេះរបស់ខ្ញុំត្រឹមត្រូវឬអត់នោះទេ ហើយប្រហែលជាតាមវិធីនេះ ខ្ញុំអាចធ្វើឱ្យសមត្ថភាពសរសេររបស់ខ្ញុំកាន់តែប្រសើរ ឬប្រហែលជាអាចពង្រឹងមិត្តភាពរវាងយើង។ សរុបមក ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់អាចសហការជាមួយកិច្ចការរបស់ខ្ញុំ ដោយគ្មានការរំខាននោះទេ ប្រយោជន៍ឱ្យព្រះបន្ទូលរបស់ខ្ញុំអាចត្រូវបានបញ្ជូនទៅកាន់គ្រួសារ និងផ្ទះសម្បែងនីមួយៗ ហើយទើបមនុស្សទាំងអស់នៅលើផែនដីអាចរស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជាគោលដៅរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ដោយការអានជំពូកស្ដីពីជីវិតនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ នោះគ្រប់គ្នាអាចទទួលបានអ្វីមួយ អាចជាពាក្យស្លោកស្ដីអំពីជីវិត ឬជាចំណេះដឹងអំពីកំហុសដែលកើតឡើងចំពោះពិភពមនុស្ស ឬជាអ្វីដែលខ្ញុំតម្រូវពីមនុស្ស ឬជា «អាថ៌កំបាំង» របស់មនុស្សនៃនគរព្រះបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជំរុញឱ្យមនុស្សមើលសៀវភៅដែលមានចំណងជើងថា រឿងអាស្រូវរបស់មនុស្សបច្ចុប្បន្ន។ នេះអាចនឹងមានសារៈប្រយោជន៍សម្រាប់គ្រប់គ្នា។ ឬវាអាចឈឺចាប់ក្នុងការអានជារឿយៗពីអាថ៌កំបាំងចុងក្រោយ ដែលនឹងមានប្រយោជន៍កាន់តែច្រើនសម្រាប់ជីវិតរបស់មនុស្ស។ ជាថ្មីម្ដងទៀត ចូរអានផ្នែកដែលមានប្រធានបទក្ដៅៗឱ្យបានច្រើន តើនេះនឹងមិនកាន់តែមានសារៈប្រយោជន៍ដល់ជីវិតរបស់មនុស្សទេឬ? គ្មានគ្រោះថ្នាក់ក្នុងការប្រឹក្សាយោបល់ជាមួយការណែនាំរបស់ខ្ញុំនោះទេ ចូរមើលថាតើវាមានផលប៉ះពាល់ណាមួយទេ ហើយបន្ទាប់មកទាក់ទងមកខ្ញុំដោយប្រាប់អំពីអារម្មណ៍របស់អ្នកក្រោយពេលអានវា ពេលនោះខ្ញុំអាចចេញវេជ្ជបញ្ជាផ្ដល់ឱសថដែលត្រឹមត្រូវ ហើយនៅទីបញ្ចប់ លុបបំបាត់ចោលទាំងស្រុងនូវរាល់ជំងឺរបស់មនុស្ស។ ខ្ញុំមិនដឹងថាអ្នកគិតអ្វីអំពីការផ្ដល់យោបល់របស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកនឹងចាត់ទុកពួកវាជាឧបករណ៍សម្រាប់ជាឯកសារយោងរបស់អ្នក។ តើវានឹងទៅជាបែបណា?
ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩២