ជំពូកទី ៤៣
ប្រហែលជាវាគ្រាន់តែផ្អែកលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សបានទាញយក «ផលប្រយោជន៍ដ៏ធំធេង» នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ប្រសិនបើពួកគេមិនត្រូវបានគ្រប់គ្រងដោយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំទេ នោះពួកគេទាំងអស់នឹងថ្ងូរដូចសត្វខ្លាដែលទើបត្រូវបានរំខានអ៊ីចឹង។ ជារៀងរាល់ថ្ងៃ ខ្ញុំយាងទៅមកនៅលើផ្ទៃពពក ដោយទតមើលមនុស្សជាតិដែលគ្របដណ្ដប់នៅលើផែនដី ខណៈដែលពួកគេញាប់ដៃញាប់ជើង ដោយស្ថិតក្រោមការកម្រិតព្រំដែនរបស់ខ្ញុំ តាមរយៈបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ តាមរបៀបនេះ ពូជមនុស្សត្រូវបានរក្សាយ៉ាងមានសណ្ដាប់ធ្នាប់ ហើយខ្ញុំធ្វើឱ្យបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំនៅឋិតឋេរជានិច្ច។ ចាប់ពីពេលនេះតទៅ អស់អ្នកណាដែលនៅលើផែនដី នឹងទទួលការវាយផ្ចាលគ្រប់បែបយ៉ាងរបស់ខ្ញុំ ដោយផ្អែកលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយស្របពេលដែលការវាយផ្ចាលនេះកើតឡើងចំពោះពួកគេ នោះមនុស្សទាំងអស់ក៏ស្រែកយ៉ាងខ្លាំង ហើយរត់ភៀសខ្លួនទៅកាន់គ្រប់ទិសទី។ នៅពេលនេះ ជាតិសាសន៍នានានៃផែនដីស្លាប់មួយរំពេច ព្រំដែនរវាងជាតិសាសន៍នានាលែងមានតទៅទៀត ទីកន្លែងលែងត្រូវបានបែងចែកពីគ្នា ហើយលែងមានការបែកបាក់គ្នារវាងមនុស្សតទៅទៀតហើយ។ ខ្ញុំចាប់ផ្ដើមធ្វើ «កិច្ចការមនោគមវិទ្យា» រវាងមនុស្ស ដើម្បីឱ្យមនុស្សអាចរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពជាមួយគ្នានិងគ្នា លែងមានការប្រយុទ្ធគ្នាតទៅទៀត ហើយដោយសារតែខ្ញុំកសាងស្ពាន និងបង្កើតការតភ្ជាប់នៅក្នុងមនុស្សជាតិ នោះមនុស្សក៏រួបរួមគ្នាតែមួយ។ ខ្ញុំនឹងបំពេញស្ថានសួគ៌ដោយការបើកបង្ហាញនូវសកម្មភាពរបស់ខ្ញុំ ហើយធ្វើឱ្យអ្វីៗនៅលើផែនដីក្រាបចុះក្រោមព្រះចេស្ដារបស់ខ្ញុំ ដែលនឹងអនុវត្តផែនការរបស់ខ្ញុំសម្រាប់ «សាមគ្គីភាពជាសកល» និងនាំយកបំណងព្រះហឫទ័យរបស់ខ្ញុំមួយនេះឱ្យកើតចេញជាផ្លែផ្កា នោះទើបមនុស្សនឹងលែង «ដើរត្រាច់ចរ» នៅលើផ្ទៃផែនដីតទៅទៀត ប៉ុន្តែពួកគេរកឃើញគោលដៅដ៏សមរម្យមួយដោយគ្មានការពន្យារពេលនោះទេ។ ខ្ញុំគិតពីពូជមនុស្សនៅក្នុងគ្រប់វិធីទាំងអស់ ដោយធ្វើឱ្យពូជមនុស្សទៅជាដូច្នោះ នោះទើបមនុស្សជាតិទាំងអស់នឹងមានជីវិតនៅលើដែនដីនៃសន្តិភាព និងសេចក្ដីសុខនៅពេលដ៏ខ្លីខាងមុខ នោះទើបថ្ងៃនៃជីវិតរបស់ពួកគេនឹងលែងកើតទុក្ខ និងសោះកក្រោះតទៅទៀត ហើយទើបផែនការរបស់ខ្ញុំនឹងមិនមកលើផែនដីដោយគ្មានផលផ្លែ។ ដោយសារតែមនុស្សរស់នៅទីនោះ ខ្ញុំនឹងកសាងជាតិសាសន៍របស់ខ្ញុំនៅលើផែនដី ដោយសារតែផ្នែកមួយនៃការបើកបង្ហាញពីសិរីល្អរបស់ខ្ញុំគឺនៅលើផែនដី។ នៅស្ថានសួគ៌ខាងលើ ខ្ញុំនឹងរៀបចំទីក្រុងរបស់ខ្ញុំយ៉ាងត្រឹមត្រូវ ដូច្នេះហើយនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងថ្មី ទាំងនៅខាងលើ និងខាងក្រោម។ ខ្ញុំនឹងធ្វើឱ្យគ្រប់យ៉ាងដែលមាននៅខាងលើ និងពីក្រោមស្ថានសូគ៌រួបរួមគ្នាតែមួយ នោះទើបរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានរួបរួមតែមួយជាមួយនឹងរបស់សព្វសារពើនៅលើស្ថានសួគ៌។ នេះគឺជាផែនការរបស់ខ្ញុំ! វាគឺជាអ្វីដែលខ្ញុំត្រូវសម្រេចនៅយុគសម័យចុងក្រោយ មិនត្រូវឱ្យនរណាម្នាក់ជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំនៅផ្នែកនេះឡើយ! ការពង្រាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ដទៃ គឺជាផ្នែកចុងក្រោយនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការដែលខ្ញុំនឹងធ្វើនោះទេ ហើយដោយសារតែហេតុផលនេះ មនុស្សក៏ត្រូវបានធ្វើឱ្យវង្វេងវង្វាន់បន្តិចដែរ។ ហើយដោយសារតែខ្ញុំរវល់នឹងកិច្ចការរបស់ខ្ញុំនៅលើផែនដី នោះមនុស្សក៏ឆ្លៀតឱកាស «លេងសើច»។ ដើម្បីមិនឱ្យពួកគេឥតវិន័យពេក ជាដំបូងខ្ញុំដាក់ពួកគេនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ ដើម្បីស៊ូទ្រាំនឹងវិន័យរបស់បឹងភ្លើង។ នេះគឺជាជំហានមួយនៅក្នុងកិច្ចការរបស់ខ្ញុំ ហើយខ្ញុំនឹងប្រើប្រាស់ឫទ្ធានុភាពនៃបឹងភ្លើងដើម្បីសម្រេចកិច្ចការរបស់ខ្ញុំនៅជំហាននេះ។ បើមិនដូច្នោះទេ នោះវាមិនអាចអនុវត្តកិច្ចការរបស់ខ្ញុំបានឡើយ។ ខ្ញុំនឹងឱ្យមនុស្សទូទាំងពិភពលោកចុះចូលនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ដោយបែងចែកពួកគេជាពីរប្រភេទផ្សេងគ្នា ស្របទៅតាមការជំនុំជម្រះរបស់ខ្ញុំ ដោយចាត់ចំណាត់ថ្នាក់ពួកគេទៅតាមប្រភេទទាំងអស់នេះ ហើយលើសពីនេះ ចាត់ពួកគេទៅក្នុងគ្រួសាររបស់ពួគេ នោះមនុស្សជាតិទាំងមូលនឹងលែងមិនស្ដាប់បង្គាប់ខ្ញុំទៀត ផ្ទុយទៅវិញ ពួកគេធ្លាក់ទៅក្នុងការរៀបចំដ៏មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ស្របទៅតាមប្រភេទដែលខ្ញុំបានដាក់ឈ្មោះឱ្យ ពោលគឺមិនអនុញ្ញាតឱ្យនរណាម្នាក់អាចផ្លាស់ទីតាមការនឹកឃើញនោះទេ! នៅទូទាំងពិភពលោក ខ្ញុំបាននាំមកនូវកិច្ចការថ្មី។ នៅទូទាំងពិភពលោក មនុស្សទាំងអស់ត្រូវបានធ្វើឱ្យវង្វេង និងភាំងស្មារតីដោយការលេចមកភ្លាមៗរបស់ខ្ញុំ ចំណេះដឹងតិចតួចរបស់ពួកគេក៏បានកើនឡើងដោយសារការលេចមករបស់ខ្ញុំដោយបើកចំហ។ តើបច្ចុប្បន្ននេះ មិនដូច្នោះទេឬ?
ខ្ញុំបានឈានជំហានដំបូងរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយខ្ញុំបានចាប់ផ្ដើមផ្នែកទីមួយនៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងមិនរំខានផែនការរបស់ខ្ញុំដើម្បីទៅចាប់ផ្ដើមថ្មីនោះទេ៖ ជំហាននៃកិច្ចការក្នុងចំណោមជាតិសាសន៍ដទៃ គឺផ្អែកលើដំណើរការនៃកិច្ចការរបស់ខ្ញុំនៅស្ថានសួគ៌។ នៅពេលដែលមនុស្សទាំងអស់បើកភ្នែកឡើងសម្លឹងមើលកាយវិការ និងសកម្មភាពនីមួយៗរបស់ខ្ញុំ នោះគឺជាពេលដែលខ្ញុំទម្លាក់អ័ព្ទមកលើពិភពលោក។ ភ្នែករបស់មនុស្សមានសភាពស្រអាប់មួយរំពេច ហើយពួកគេមិនអាចរកច្រកចេញឃើញទេ ដូចជាសត្វចៀមនៅវាលខ្សាច់ដែលគេបោះបង់ចោលអ៊ីចឹង ហើយនៅពេលដែលព្យុះចាប់ផ្ដើមបក់មក នោះការយំសោករបស់ពួកគេក៏ត្រូវជនលិចដោយសារខ្យល់បក់បោក។ នៅក្នុងរលកខ្យល់ សណ្ឋានរបស់មនុស្សពិបាកនឹងមើលឃើញណាស់ ប៉ុន្តែគ្មានឮសូរសម្លេងណាមួយរបស់មនុស្សទេ ហើយទោះបីជាមនុស្សកំពុងតែស្រែកយ៉ាងខ្លាំង ក៏ការប្រឹងប្រែងនោះឥតប្រយោជន៍ដែរ។ នៅពេលនេះ មនុស្សយំខ្សឹកខ្សួល ហើយទ្រហោរយំយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមានព្រះសង្គ្រោះមួយអង្គនឹងធ្លាក់មកភ្លាមៗពីលើមេឃ ដើម្បីនាំពួកគេចេញពីវាយខ្សាច់ដែលគ្មានព្រំដែន។ ប៉ុន្តែ មិនថាសេចក្ដីជំនឿរបស់ពួកគេធំប៉ុនណានោះទេ ព្រះសង្គ្រោះនៅតែមិនកម្រើក ហើយសេចក្ដីសង្ឃឹមរបស់មនុស្សក៏ត្រូវបានរលាយ៖ ភ្លើងនៃសេចក្ដីជំនឿដែលត្រូវបានបង្កាត់ឡើង ត្រូវបានព្យុះចេញពីវាលខ្សាច់បក់ឱ្យរលត់ ហើយមនុស្សលូនក្រាបនៅកន្លែងសោះកក្រោះ និងគ្មានអ្វីរស់នៅ លែងលើកចន្លុះភ្លើងឡើងទៀតហើយ ហើយគេក៏ដួលសន្លប់...។ ឆ្លៀតពេលនោះ ខ្ញុំក៏បណ្ដាលឱ្យមានស្រះទឹកលេចឡើងនៅចំពោះភ្នែករបស់មនុស្ស។ ប៉ុន្តែ ខណៈដែលចិត្តរបស់គេអាចរីករាយយ៉ាងខ្លាំង រាងកាយរបស់មនុស្សមិនអាចឆ្លើយតបបានទេព្រោះទន់ខ្សោយពេក ពោលគឺមានសភាពទន់ខ្សោយ និងទន់ដៃទន់ជើង។ ហើយទោះបីជាគេឃើញផ្លែឈើដ៏ស្រស់ស្អាត ដុះនៅក្នុងថ្លុកទឹកនោះក៏ដោយ ក៏គេគ្មានកម្លាំងដើម្បីបេះពួកវាដែរ ដោយសារតែ «ធនធានខាងក្នុង» របស់មនុស្ស មានសភាពខ្សត់ខ្សោយទាំងស្រុង។ ខ្ញុំបានយករបស់ដែលមនុស្សត្រូវការ ហើយប្រទានឱ្យពួកគេ ប៉ុន្តែគ្រប់យ៉ាងដែលគេធ្វើគឺចោលស្នាមញញឹមមួយភ្លែត ផ្ទៃមុខរបស់គេគឺគ្មានភាពរីករាយទាល់តែសោះ៖ រាល់កម្លាំងបន្ដិចបន្ដួចរបស់មនុស្សបានបាត់ទៅដោយគ្មានដាននោះទេ ដោយហើរទៅក្នុងខ្យល់ដែលកំពុងបក់ផាត់។ ដោយសារមូលហេតុនេះ ទឹកមុខរបស់មនុស្សគឺគ្មានការបង្ហាញពីអារម្មណ៍ទាល់តែសោះ ហើយមានតែកាំរស្មីនៃភាពផ្អែមល្ហែមមួយគត់ដែលបញ្ចេញពីភ្នែកដ៏ក្រហមរបស់គេ ដោយចិត្តសណ្ដោសប្រណីដ៏ស្រទន់ដូចជាម្ដាយម្នាក់កំពុងសម្លឹងមើលកូនរបស់ខ្លួនអ៊ីចឹង។ ពីពេលមួយទៅពេលមួយ បបូរមាត់ប្រេះស្ងួតរបស់មនុស្សញ័រញាក់ ហាក់ដូចជាគេរៀបនឹងនិយាយ ប៉ុន្តែគ្មានកម្លាំងនិយាយអ៊ីចឹង។ ខ្ញុំបានប្រទានទឹកមួយចំនួនទៅមនុស្ស ប៉ុន្តែអ្វីដែលគេធ្វើបានគឺបានត្រឹមតែគ្រវីក្បាលរបស់គេប៉ុណ្ណោះ។ តាមរយៈសកម្មភាពដែលមិនអាចប៉ាន់ស្មាន និងមិនទៀងទាត់ទាំងនេះ ខ្ញុំដឹងថា មនុស្សបានបាត់បង់ក្ដីសង្ឃឹមទាំងអស់នៅក្នុងខ្លួនរបស់គេរួចទៅហើយ ហើយគេគ្រាន់តែបន្តការសម្លឹងបែបអង្វរករដាក់ខ្ញុំប៉ុណ្ណោះ ហាក់ដូចជាកំពុងតែអង្វរសុំអ្វីមួយអ៊ីចឹង។ ប៉ុន្តែ ដោយមិនអើពើពីទំនៀម និងទម្លាប់របស់មនុស្សជាតិ ខ្ញុំត្រូវបានធ្វើឱ្យស្រឡាំងកាំងដោយសារទឹកមុខ និងសកម្មភាពរបស់មនុស្ស។ មានតែនៅពេលនេះទេ ដែលខ្ញុំរកឃើញភ្លាមៗថា ថ្ងៃនៃអត្ថិភាពរបស់មនុស្សកំពុងរំកិលចូលមកជិតយ៉ាងលឿន ហើយខ្ញុំចោលក្រសែភ្នែកប្រកបដោយការអាណិតអាសូរត្រឡប់ទៅគេវិញ។ ហើយមានតែនៅពេលនេះទេ ដែលមនុស្សបង្ហាញស្នាមញញឹមនៃការពេញចិត្ត ដោយងក់ក្បាលរបស់គេដាក់ខ្ញុំ ហាក់ដូចជាបំណងតែមួយរបស់គេត្រូវបានសម្រេចអ៊ីចឹង។ មនុស្សលែងទុក្ខព្រួយតទៅទៀតហើយ។ នៅលើផែនដី មនុស្សលែងរអ៊ូរទាំអំពីភាពឥតប្រយោជន៍របស់ជីវិតតទៅទៀតហើយ ហើយពួកគេឈប់ពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹង «ជីវិត»។ ដូច្នេះហើយ លែងមានការដកដង្ហើមធំនៅលើផែនដី ហើយពេលវេលាដែលពូជមនុស្សរស់នៅ នឹងត្រូវបានពេញដោយភាពរីករាយ ...
ខ្ញុំនឹងកម្ចាត់កិច្ចការរបស់មនុស្សចោលយ៉ាងសមរម្យ មុនពេលដែលខ្ញុំនឹងធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ខ្ញុំ ក្រែងលោមនុស្សបំពានកិច្ចការរបស់ខ្ញុំជាដរាប។ ចំពោះខ្ញុំ កិច្ចការរបស់មនុស្សមិនមែនជាបញ្ហាសំខាន់នោះទេ។ កិច្ចការរបស់មនុស្សជាតិ គឺគ្មានសារៈសំខាន់ទេ។ ដោយសារតែមនុស្សចិត្តចង្អៀតចង្អល់ខ្លាំង នោះវាហាក់ដូចជាមនុស្សមិនចង់បង្ហាញសេចក្ដីមេត្តាករុណាសូម្បីតែចំពោះសត្វស្រម៉ោចមួយក្បាល ឬហាក់ដូចជាស្រម៉ោចនោះគឺជាសត្រូវរបស់មនុស្សជាតិអ៊ីចឹង។ នៅក្នុងចំណោមមនុស្ស តែងតែមានការឈ្លោះប្រកែកគ្នា។ ដោយការឮការឈ្លោះប្រកែកគ្នារបស់មនុស្ស ខ្ញុំក៏ចាកចេញម្ដងទៀត ហើយមិនចាប់អារម្មណ៍ចំពោះពួកគេទៀតទេ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំគឺជា «គណៈកម្មាធិការប្រជាជន» ដែលមានជំនាញខាងដោះស្រាយ «ជម្លោះក្នុងគ្រួសារ» ក្នុងចំណោម «ប្រជាពលរដ្ឋ»។ នៅពេលដែលមនុស្សចូលមកចំពោះខ្ញុំ ពួកគេមកដោយមានហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នា និងដោយមានការចង់បានទាំងគឃ្លើន ពួកគេរ៉ាយរ៉ាប់ «បទពិសោធដ៏អស្ចារ្យ» ផ្ទាល់ខ្លួនរបស់ពួកគេ ដោយបន្ថែមការអធិប្បាយផ្ទាល់ខ្លួនរបស់ពួកគេ ខណៈដែលពួកគេនិយាយ។ ខ្ញុំទតមើលអាកប្បកិរិយាដ៏ចម្លែករបស់មនុស្ស៖ មុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយធូលី ជាធូលីដែលបាត់បង់ «ភាពម្ចាស់ការ» របស់វា នៅក្រោម «ការស្រោចជោកជាំ» នៃញើស ដោយសារវាលាយឡំនឹងញើសនោះភ្លាមៗ ហើយមុខរបស់មនុស្ស «ឡើងស្រមក» ដូចជាវាលខ្សាច់នៅមាត់សមុទ្រ ដែលគេអាចមើលឃើញស្នាមដានជើងម្ដងម្កាលដូច្នោះដែរ។ សក់របស់ពួកគេ ដូចជារូបនៃមនុស្សស្លាប់ អត់មានភាពរលោង បាស់ច្រូងឡើងលើ ដូចជាបាច់នៃបំពង់បឺតដែលជាប់ទៅក្នុងភូគោលអ៊ីចឹង។ ដោយសារតែអារម្មណ៍របស់គេក្ដៅខ្លាំង ក្ដៅរហូតដល់សក់គេបាស់ច្រាងដោយភាពឆេវឆាវ មុខរបស់គេបញ្ចេញ «ចំហាយ» មិនទៀងទាត់ ហាក់ដូចជាញើសរបស់គេកំពុង «ពុះ» អ៊ីចឹង។ ដោយពិនិត្យមើលគេយ៉ាងហ្មត់ចត់ ខ្ញុំឃើញថា មុខរបស់មនុស្សត្រូវបានគ្របដណ្ដប់ដោយ «អណ្ដាតភ្លើង» ដូចជាព្រះអាទិត្យកំពុងឆេះអ៊ីចឹង ដូច្នេះហើយទើបហ្គាសដ៏ក្ដៅកើតឡើងពីវា ហើយខ្ញុំពិតជាព្រួយបារម្ភថា កំហឹងរបស់គេអាចធ្វើពលីកម្មមុខរបស់គេ ទោះបីជាគេខ្លួនឯងមិនចាប់អារម្មណ៍ពីរឿងនេះក៏ដោយ។ នៅត្រង់ចំណុចប្រសព្វនេះ ខ្ញុំទទូចឱ្យមនុស្សធ្វើអារម្មណ៍ឱ្យត្រជាក់បន្តិច តើធ្វើបែបនេះបានប្រយោជន៍អ្វី? ហេតុអ្វីបានជាធ្វើទារុណកម្មខ្លួនឯងដូច្នោះ? ដ្បិតកំហឹងដែលជាទងរបស់បំពង់បឺតនៅលើផ្ទៃនៃ «ភូគោល» ត្រូវបានឆេះយ៉ាងជាក់ស្ដែងដោយសារអណ្ដាតភ្លើងព្រះអាទិត្យ។ នៅក្នុងស្ថានភាពបែបនេះ សូម្បីតែ «ព្រះចន្ទ» ក៏ប្រែជាពណ៌ក្រហមដែរ។ ខ្ញុំទទូចឱ្យមនុស្សបន្ថយអារម្មណ៍ឆេវឆាវរបស់គេ ព្រោះវាមានសំខាន់ណាស់ក្នុងការការពារសុខភាពរបស់គេ។ ប៉ុន្តែមនុស្សមិនស្ដាប់ដំបូន្មានរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ គេបន្ត «ដាក់ពាក្យប្ដឹង» ខ្ញុំ។ តើធ្វើបែបនេះមានប្រយោជន៍អ្វី? តើភាពបរិបូរណ៍របស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សរីករាយទេឬ? ឬតើមនុស្សបដិសេធនូវអ្វីដែលខ្ញុំប្រទានដល់គេឬ? ដើម្បីធ្វើឱ្យស័ក្ដិសមនឹងកំហឹង នោះខ្ញុំក៏បញ្ឈរតុឡើង ហើយមនុស្សក៏លែងហ៊ានរ៉ាយរ៉ាប់ឈុតគួរឱ្យភ្ញាក់ផ្អើលចេញពីរឿងរបស់គេទៀតហើយ។ គេខ្លាចថា ខ្ញុំអាចនាំគេទៅក្នុង «មណ្ឌលឃុំឃាំង» ដើម្បីត្រាំកែងជើងរបស់គេឱ្យត្រជាក់រយៈពេលពីរបីថ្ងៃ ហើយគេឆ្លៀតឱកាសគេចចេញនៅពេលដែលខ្ញុំមួម៉ៅ។ បើមិនដូច្នោះទេ មនុស្សនឹងមិនដែលចង់ទម្លាក់ចោលរបស់បែបនេះឡើយ ផ្ទុយទៅវិញ ពួកគេបន្តសង្កៀតធ្មេញអំពីកង្វល់ផ្ទាល់ខ្លួនរបស់គេ។ សម្លេងរបស់វានោះឯងដែលសង្កៀតធ្មេញដាក់ខ្ញុំ។ ហេតុអ្វីបានជាមនុស្សស្មុគស្មាញខ្លាំងម៉្លេះនៅក្នុងដួងចិត្តរបស់ពួកគេ? តើអាចទេដែលខ្ញុំបានតម្លើង «ធាតុផ្សំ» ច្រើនពេកនៅក្នុងមនុស្ស? ហេតុអ្វីបានជាគេតែងតែសម្ដែងនៅចំពោះខ្ញុំ? ប្រាកដណាស់ វាមិនមែនដោយសារតែខ្ញុំគឺជា «អ្នកផ្ដល់ប្រឹក្សាយោបល់» សម្រាប់ដំណោះស្រាយនៃ «ជម្លោះស៊ីវិល» នោះទេ តើខ្ញុំបានស្នើឱ្យមនុស្សមករកខ្ញុំឬ? ប្រាកដណាស់ ខ្ញុំមិនមែនតុលាការរបស់ប្រទេសមួយទេ ហេតុអ្វីបានជាកិច្ចការរបស់មនុស្សតែងតែត្រូវបាននាំមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ? ខ្ញុំសង្ឃឹមថា មនុស្សនឹងស័ក្ដិសមក្នុងការទទួលខុសត្រូវចំពោះខ្លួនឯង ហើយមិនរំខានខ្ញុំ ដោយសារខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើ។
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩២