ការថ្វាយចិត្ត

08-09-2021

នៅខែ តុលា ឆ្នាំ ២០១៦ ស្វាមីរបស់ខ្ញុំ និងខ្ញុំ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងនៅឯបរទេស។ ប៉ុន្មានខែក្រោយមក បងស្រី វ៉ាង ដែលបានទទួលកិច្ចការរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្រប់គ្នាកោតសរសើរចំពោះសមត្ថភាពដ៏ពូកែរបស់គាត់។ បន្ទាប់ពីការជួបជុំគ្នាមួយលើកមក ខ្ញុំក៏នឹកឃើញដែលវិធីដែលខ្ញុំបានឮបងស្រី លីន និយាយថា «គ្រប់យ៉ាងដែលបងស្រី វ៉ាង បានប្រកបគ្នានៅថ្ងៃនេះ ស្តីពីការទទួល និងការយល់ដឹងរបស់គាត់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺត្រូវបាននិយាយចេញពីចិត្ត។ ហើយមានពន្លឺខ្លះៗ ដែលសម្រាប់ខ្ញុំគឺវាមានប្រយោជន៍ណាស់»។ តាមពិត ដំបូងឡើយ ការស្តាប់ឮនរណាម្នាក់និយាយអំពីរឿងនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ច្រណែនគាត់បន្តិចដែរ។ ប៉ុន្តែមួយសន្ទុះក្រោយមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍អាក់អន់ចិត្ត៖ ហេតុអ្វីបានជាគ្រប់គ្នាសរសើរគាត់ ម្តេចក៏មិនមែនខ្ញុំទៅវិញ? តើខ្ញុំមិនបានរីកចម្រើនទាល់តែសោះឬ? តើមានអ្វីខុសចំពោះការប្រកបគ្នារបស់ខ្ញុំឬ? ខ្ញុំមិនចង់ទទួលស្គាល់ថា គាត់ប្រសើរជាងខ្ញុំនោះទេ ហើយខ្ញុំបានរកវិធីប្រឆាំងគាត់ដោយសម្ងាត់។ ខ្ញុំបានគិតថា អ្នកអាចធ្វើការប្រកបគ្នាបាន ប៉ុន្តែខ្ញុំក៏អាចប្រកបគ្នាបានដូចគ្នា។ ថ្ងៃណាមួយ ខ្ញុំនឹងវ៉ាដាច់អ្នកជាមិនខាន។ ខ្ញុំនឹងសន្សំចំណេះដឹងដែលខ្ញុំទទួលបានពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចែកចាយព្រះបន្ទូលនោះតែក្នុងពេលប្រកបគ្នាប៉ុណ្ណោះ។ តាមវិធីនេះ គ្រប់គ្នានឹងឃើញថា ការប្រកបគ្នារបស់ខ្ញុំ ក៏ពិតជាក់ស្តែង និងល្អប្រសើរគ្រាន់បើដែរ។

បន្ទាប់ពីនោះមួយរយៈ ខ្ញុំបានកត់ទុកអ្វីៗដែលខ្ញុំបានទទួល និងបានយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងសៀវភៅកំណត់ហេតុ។ ដល់ពេលដែលមានការប្រកបគ្នា នោះខ្ញុំត្រូវតែសញ្ជឹងគិតអំពីពួកវាយ៉ាងល្អិតល្អន់នៅក្នុងចិត្តរបស់ខ្ញុំ ដើម្បីរកវិធីដើម្បីចែកចាយពួកវានៅក្នុងការប្រកបគ្នា តាមរបៀបមួយដែលច្បាស់លាស់ មានសណ្តាប់ធ្នាប់ និងប្រកបដោយវិធីសាស្ត្រ ដូចបងស្រី វ៉ាង អ៊ីចឹង។ តែដោយសារមូលហេតុមួយចំនួន នៅពេលដែលខ្ញុំកាន់តែអួតសម្ញែងនៅមុខបងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំកាន់តែឡប់ទៅវិញ។ នៅពេលដែលដល់វេននៃការប្រកបគ្នារបស់ខ្ញុំ គំនិតរបស់ខ្ញុំគិតអ្វីមិនចេញ ចំណែកពាក្យពេចន៍របស់ខ្ញុំក៏និយាយចេញមកទាំងច្របូកច្របល់ដែរ។ ខ្ញុំមិនអាចថ្លែងអោយច្បាស់អំពីការយល់ឃើញដែលខ្ញុំចង់បញ្ជាក់នោះទេ។ ការប្រកបគ្នាបានបញ្ចប់ទៅ ដោយអាម៉ាសខ្លាំងណាស់សម្រាប់ខ្ញុំ។ ថ្ងៃមួយ បន្ទាប់ពីខ្ញុំទៅដល់ផ្ទះ ខ្ញុំបាននិយាយទៅកាន់ស្វាមីរបស់ខ្ញុំថា «នៅពេលដែលប្អូនឮថា មានពន្លឺនៅក្នុងការប្រកបគ្នារបស់បងស្រី វ៉ាង ស្តីពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃការប្រកបគ្នា នោះប្អូនមានអារម្មណ៍ដូចជាមិនស្រួលសោះ» ប៉ន្តែបន្ទាប់ពីខ្ញុំនិយាយចប់ ស្វាមីរបស់ខ្ញុំសម្លក់ខ្ញុំ ហើយនិយាយប្រាប់ខ្ញុំដោយស្មោះអស់ពីចិត្តថា «ការប្រកបគ្នារបស់បងស្រី វ៉ាង ពិតជាមានពន្លឺមែន ហើយវាមានសារៈប្រយោជន៍សម្រាប់យើង។ យើងគួរតែអរព្រះគុណព្រះជាម្ចាស់ចំពោះរឿងនេះ»។ «តើនេះធ្វើឱ្យប្អូនមានអារម្មណ៍មិនស្រណុកចិត្តមែនទេ តើវាមិនមែនជាការច្រណែនទេឬ?» ពាក្យសម្តីរបស់គាត់ប្រៀបដូចជាការទះកំផ្លៀងមួយដៃអ៊ីចឹង។ ភ្លាមៗនោះ ខ្ញុំគ្រវីក្បាលបដិសេធ៖ «ទេ មិនមែនអ៊ីចឹងទេ។ ប្អូនមិនមែនដូច្នោះទេ»។ ស្វាមីរបស់ខ្ញុំនិយាយបន្តថា «បងប្អូនប្រុសស្រីរបស់យើងទាំងអស់បានទទួលការសប្បាយរីករាយពីការប្រកបគ្នារបស់បងស្រី វ៉ាង ប៉ុន្តែពេលដែលប្អូនឮបែបនេះ ធ្វើឱ្យប្អូនមានអារម្មណ៍មិនស្រួលសោះ។ នោះមានន័យថា ប្អូនច្រណែនដោយសារតែគាត់មានសមត្ថភាពជាង តើបងនិយាយត្រូវទេ?» ពេលស្តាប់ឮបែបនេះ ធ្វើឱ្យខ្ញុំកាន់តែមិនសប្បាយចិត្តថែមទៀត។ តើអាចទៅរួចទេ ដែលខ្ញុំពិតជាមនុស្សដែលច្រណែនបែបនោះ? ខ្ញុំនិយាយទៅកាន់គាត់ថា «ឈប់និយាយភ្លាម។ ទុកឱ្យប្អូនសម្រួលអារម្មណ៍ ហើយប្អូននឹងគិតដោយខ្លួនឯង។» បន្ទាប់ពីនោះមក ស្វាមីរបស់ខ្ញុំបានប្រាប់បងស្រី លីវ នៅក្នុងក្រុមជំនុំ អំពីអ្វីដែលកំពុងកើតឡើងចំពោះខ្ញុំ ដោយរំពឹងថាគាត់នឹងជួយខ្ញុំបាន។ នៅពេលដែលខ្ញុំឮអំពីរឿងនោះ ខ្ញុំក៏បានទៅរកគាត់៖ «ម៉េចក៏បងនិយាយប្រាប់គាត់ ដោយមិនប្រាប់ប្អូនឱ្យដឹងមុនអ៊ីចឹង? ប្រសិនបើគាត់ប្រាប់គេឯងអំពីរឿងនេះ តើពួកគេនឹងមើលមកខ្ញុំដូចម្តេចទៅ?» កាន់តែគិតអំពីរឿងនេះ ខ្ញុំកាន់តែពិបាកចិត្ត។ ខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅរកព្រះជាម្ចាស់៖ «ឱ! ព្រះជាម្ចាស់អើយ! សូមប្រទានការនាំផ្លូវដល់ខ្ញុំម្ចាស់ផង។ សូមជួយខ្ញុំម្ចាស់ផង។»

ថ្ងៃបន្ទាប់មក ខ្ញុំបានឆ្លុះបញ្ចាំងខ្លួនឯងអំពីអ្វីដែលខ្ញុំបានបើកសម្តែងនៅក្នុងរយៈពេលនោះ។ វាបានកើតឡើងយ៉ាងចម្លែកចំពោះខ្ញុំ នៅពេលដែលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំនឹងរក្សាទុកនូវពន្លឺណាមួយដែលខ្ញុំបានទទួលសម្រាប់ខ្លួនខ្ញុំ ហើយក្រោយមកខ្ញុំនឹងចែករំលែកពន្លឺនោះក្នុងអំឡុងពេលនៃការប្រកបគ្នា។ តាមរបៀបនោះ ខ្ញុំអាចនិយាយអំពីអ្វីៗដែលអ្នកដទៃមិនបានដឹង នោះទើបបងប្អូនប្រុសស្រីរបស់ខ្ញុំនឹងមើលមកខ្ញុំខ្ពស់ជាងមុន។ នៅពេលដែលខ្ញុំបានឃើញបងស្រី វ៉ាង មានពន្លឺនៅក្នុងការប្រកបគ្នារបស់គាត់ ខ្ញុំតែងតែមានអារម្មណ៍ចង្អៀតចង្អល់ ហើយខ្ញុំចង់វ៉ាឱ្យដាច់គាត់។ ខ្ញុំធ្លាប់គិតថា ខ្ញុំពិតជាមនុស្សដែលចូលគេឯងចុះ ហើយមិនដែលចង់គិតរឿងកំប៉ិកកំប៉ុកនោះទេ ដោយសារតែខ្ញុំគឺជាមនុស្សមានចិត្តសាមញ្ញ ប៉ុន្តែពេលនេះ វាបែរទៅជាខ្ញុំអាចក្លាយជាមនុស្សដែលច្រណែនគេទៅវិញ ហើយខ្ញុំបែរជាដាក់ផែនការប្រឆាំងដោយសម្ងាត់ និងប្រណាំងប្រជែងជាមួយពួកគេទៅវិញ។ ម៉េចក៏ខ្ញុំក្លាយជាមនុស្សបែបនេះទៅកើត? ខ្ញុំបានទូរស័ព្ទទៅបងស្រីម្នាក់ ហើយបានសួរគាត់ «បងស្រី តើបងធ្លាប់មានអារម្មណ៍ច្រណែនឬទេ បន្ទាប់ពីបងបានឮពន្លឺនៅក្នុងការប្រកបគ្នារបស់អ្នកដទៃ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ?» គាត់បានតបវិញថា «ទេ ខ្ញុំមិនដែលច្រណែនទេ ប្រសិនបើបងប្អូនប្រុសស្រីរបស់យើងមានពន្លឺនៅក្នុងការប្រកបគ្នារបស់ពួកគេ នោះគឺមានសារៈប្រយោជន៍ចំពោះខ្ញុំទៅវិញទេ វាធ្វើឱ្យខ្ញុំពិតជាសប្បាយចិត្ត ហើយខ្ញុំរីករាយខ្លាំងណាស់!» ពេលបានឮគាត់និយាយបែបនោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែអាក្រក់ឡើង។ ខ្ញុំមានអារម្មណ៍តឹងតែងមែនទែន ដោយសារតែខ្ញុំជាមនុស្សដែលច្រណែនដល់ថ្នាក់នោះ គ្មាននរណាផ្សេងដែលច្រណែនបងស្រីនោះសោះ គឺមានតែខ្ញុំប៉ុណ្ណោះ។ ដោយរស់នៅក្នុងសភាពមួយបែបនោះ ខ្ញុំបានអធិស្ឋានទៅរកព្រះជាម្ចាស់។ ខ្ញុំនិយាយទៅកាន់ទ្រង់ថា «ឱ! ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនចង់ក្លាយជាមនុស្សដែលច្រណែននោះទេ ប៉ុន្តែគ្រប់ពេលដែលខ្ញុំម្ចាស់ស្តាប់ឮការប្រកបគ្នាដ៏អស្ចារ្យរបស់បងស្រីម្នាក់នេះ នោះខ្ញុំម្ចាស់ច្រណែនគាត់ដោយមិនដឹងខ្លួន។ ឱ! ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនដឹងថាត្រូវធ្វើអ្វីនោះទេ។ សូមទ្រង់ដឹកនាំខ្ញុំម្ចាស់ ដើម្បីកំចាត់នូវចំណងនៃការច្រណែនរបស់ខ្ញុំម្ចាស់ផង។»

ក្រោយមក បងស្រី លីវ ដែលមកពីក្រុមជំនុំរបស់ពួកយើងបានមកជួបខ្ញុំ។ គាត់បានធ្វើការប្រកបគ្នាជាមួយខ្ញុំ ដោយផ្អែកលើសភាពរបស់ខ្ញុំ ហើយគាត់ក៏បានអានខគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មានមនុស្សមួយចំនួន ដែលតែងតែភ័យខ្លាចថា អ្នកដទៃប្រសើរជាងពួកគេ ហើយខ្ពស់ជាងពួកគេ ថាអ្នកដទៃនឹងត្រូវបានគេគោរព ខណៈដែលពួកគេខ្លួនឯង ត្រូវបានគេមិនអើពើ។ ការនេះនាំឱ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីប្រយោជន៍ខ្លួន បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរចំពោះភារកិច្ចរបស់អ្នកដទៃ ឬមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅពេលដែលខ្ញុំបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ខ្ញុំមានអារម្មណ៍ថា នេះពិតជាសភាពដែលខ្ញុំកំពុងមានមែន។ ការប្រកបគ្នារបស់បងស្រី វ៉ាង ស្តីពីព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការបំភ្លឺ ប៉ុន្តែខ្ញុំមិនបានព្យាយាមយល់អំពីសេចក្តីពិត ឬស្វែងរកផ្លូវដើម្បីអនុវត្តចេញពីអ្វីដែលគាត់បាននិយាយនោះទេ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ច្រណែនគាត់ទៅវិញ។ នៅពេលដែលការប្រកបគ្នារបស់ខ្ញុំ មិនល្អ ហើយនៅពេលដែលខ្ញុំមិនអាចអួតសម្ញែងបាន តែផ្ទុយទៅវិញ ខ្ញុំចប់ដោយការបន្តុះបង្អាប់ខ្លួនឯងទៅវិញ នោះគំនិតរបស់ខ្ញុំវិលវល់ ហើយខ្ញុំនឹងមានអារម្មណ៍អវិជ្ជមាន និងពិបាកចិត្ត។ ខ្ញុំនឹងភ័យខ្លាចយ៉ាងខ្លាំង ខ្លាចបងប្អូនប្រុសស្រីរបស់ខ្ញុំមើលស្រាលខ្ញុំ។ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ខ្លាំងណាស់ ហើយគ្រប់យ៉ាងដែលខ្ញុំបានគិតឃើញ គឺការដែលខ្ញុំអាចលេចធ្លោរបាន ខ្ញុំពិតជាមិនអាចអត់ទ្រាំបានទេ នៅពេលដែលឃើញនរណាម្នាក់ធ្វើបានល្អជាងខ្ញុំនោះ។ តើនោះមិនមែនជាការច្រណែន និងឈ្នានីសទេឬអី? គ្មានចំណុចរបស់មនុស្សសាមញ្ញនៅក្នុងនោះទេ! គិតដល់រឿងពីមុន ខ្ញុំក៏ដូច្នោះដែរ មុនពេលដែលខ្ញុំជឿលើព្រះជាម្ចាស់។ នៅពេលដែលខ្ញុំជួបមិត្តភក្តិ និងបងប្អូន អ្នកជិតខាង និងមិត្តរួមការងាររបស់ខ្ញុំ ខ្ញុំតែងតែចង់ឱ្យអ្នកដទៃនិយាយល្អពីខ្ញុំជានិច្ច។ ពេលខ្លះ នៅពេលដែលមិត្តរួមការងារសរសើរកិច្ចការរបស់អ្នកផ្សេងនៅចំពោះមុខខ្ញុំ នោះខ្ញុំនឹងមានអាម្មណ៍មិនស្រួលនោះទេ ហើយដើម្បីឱ្យអ្នកដទៃនិយាយសរសើរខ្ញុំ នោះខ្ញុំប្រឹងប្រែងធ្វើការងាររបស់ខ្ញុំឱ្យបានល្អ ហើយខ្ញុំសប្បាយចិត្តធ្វើវា មិនថាវាពិបាក ឬធ្វើឱ្យខ្ញុំអស់កម្លាំងប៉ុណ្ណានោះទេ។ ខ្ញុំមិនធ្លាប់ដឹងពីរឿងនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា វាជាមហិច្ឆតាដើម្បីបង្កើនសមត្ថភាពប៉ុណ្ណោះ មានតែពេលនោះទេ ទើបខ្ញុំបានដឹងថា នោះគឺជាការបើកបង្ហាញអំពីនិស្ស័យដ៏ពុករលួយរបស់សាតាំង។ បន្ទាប់ពីនោះមក ខ្ញុំបានមកនៅចំពោះព្រះជាម្ចាស់ជារឿយៗ ហើយបានអធិស្ឋានទៅកាន់ទ្រង់អំពីការលំបាករបស់ខ្ញុំ។ អំឡុងពេលនៃការប្រកបគ្នា ខ្ញុំបានផ្តោតទៅលើការធ្វើឱ្យចិត្តរបស់ខ្ញុំស្ងប់ ហើយស្តាប់ការប្រកបគ្នារបស់អ្នកដទៃ នៅពេលដែលដល់វេនរបស់ខ្ញុំដើម្បីធ្វើការប្រកបគ្នា នោះខ្ញុំលែងបានគិតពីវិធីដែលធ្វើឱ្យការប្រកបគ្នាល្អប្រសើរជាងបងស្រី វ៉ាង ទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំសញ្ជឹងគិតយ៉ាងស្ងៀមស្ងាត់ទៅដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចែកចាយអ្វីដែលខ្ញុំបានយល់ពីព្រះបន្ទូលនោះ នៅក្នុងការប្រកបគ្នា។ ពេលដែលខ្ញុំបានអនុវត្តតាមវិធីនេះ ខ្ញុំពិតជាមានអារម្មណ៍ធូរស្រាល និងមានសេរីភាពច្រើន។

មួយរយៈក្រោយមក ខ្ញុំពិតជាមានអារម្មណ៍ថា ភាពច្រណែនរបស់ខ្ញុំបានថយចុះ បើប្រៀបធៀបពីមុន ប៉ុន្តែនិស្ស័យដ៏ពុករលួយរបស់សាតាំងពិតជាចាស់ឫសគល់យ៉ាងជ្រៅមែន ហើយវានឹងបើកសម្តែងខ្លួន នៅពេលដែលកាលៈទេសៈសមស្របមួយមកដល់។ ក្រោយមក អំឡុងពេលនៃការប្រកបគ្នាមួយចំនួន នៅពេលដែលខ្ញុំបានឃើញថា បងប្អូនប្រុសស្រីដទៃទៀត សរសើរការប្រកបគ្នារបស់បងស្រី វ៉ាង នោះខ្ញុំចាប់ផ្តើមមានអារម្មណ៍ច្រណែនខ្លះៗ ជាថ្មីម្តងទៀត។ បន្ទាប់មក ខ្ញុំមានអារម្មណ៍ដូចជាឃ្លាតឆ្ងាយពីគាត់ ទោះបីជាយ៉ាងណា ការរស់នៅក្នុងសភាពបែបនោះ ធ្វើឱ្យខ្ញុំមិនហ៊ានបើកចំហចំពោះអ្នកដទៃ។ ខ្ញុំព្រួយបារម្ភថា ប្រសិនបើខ្ញុំបើកចំហចំពោះអ្នកដទៃ នោះពួកគេនឹងមើលស្រាលខ្ញុំ។ ដូច្នេះ អំឡុងពេលការប្រកបគ្នាមួយចំនួន ខ្ញុំមានអារម្មណ៍ញញើតមែនទែន។

ល្ងាចមួយ បងស្រី លីវ ទូរស័ព្ទមកខ្ញុំ ដោយមានការព្រួយបារម្ភ គាត់បានសួរខ្ញុំថា តើខ្ញុំមានឆ្លងកាត់ការលំបាកណាមួយទេថ្មីៗនេះ។ ខ្ញុំបានឆ្លើយតបទាំងស្រពិចស្រពិល «តើខ្ញុំពុករលួយណាស់មែនទេ? តើព្រះជាម្ចាស់នឹងបដិសេធមិនសង្គ្រោះមនុស្សដូចខ្ញុំឬ?» ដោយព្រួយបារម្ភខ្លាចគាត់មើលស្រាលខ្ញុំ នោះខ្ញុំមិនបាននិយាយអ្វីឱ្យច្រើនជាងនេះទេ។ ក្រោយមក បងស្រី លីវ បានអានខគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យខ្ញុំស្តាប់៖ «នៅពេលដែលមនុស្សចំនួនឮថា ដើម្បីក្លាយជាមនុស្សទៀងត្រង់ម្នាក់ គេត្រូវតែនិយាយត្រង់ៗឥតលាក់លៀមអំពីរឿងផ្ទាល់ខ្លួនរបស់គេ ពួកគេនិយាយថា 'ការធ្វើជាមនុស្សទៀងត្រង់ជារឿងពិបាក។ តើខ្ញុំត្រូវប្រាប់រឿងគ្រប់យ៉ាងដែលខ្ញុំគិតដល់អ្នកដទៃឬ? បើប្រាប់តែរឿងវិជ្ជមាន តើវាមិនទាន់គ្រប់គ្រាន់ទេឬ? ខ្ញុំមិនចាំបាច់ប្រាប់អ្នកដទៃអំពីរឿងដ៏ខ្មៅងងឹត ឬពុករលួយរបស់ខ្ញុំឡើយ មែនទេ?' បើអ្នកមិនប្រាប់អ្នកដទៃអំពីរឿងទាំងនេះ ហើយមិនពិនិត្យខ្លួនឯងយ៉ាងល្អិតល្អន់ទេ នោះអ្នកនឹងមិនដែលស្គាល់ខ្លួនឯងឡើយ។ បើដូច្នេះ អ្នកនឹងមិនដែលស្គាល់ថា អ្នកជាមនុស្សប្រភេទណាទេ ហើយអ្នកដទៃក៏នឹងមិនអាចទុកចិត្តអ្នកបានដែរ។ នេះជាការពិត។ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃទុកចិត្តអ្នក ជាដំបូង អ្នកត្រូវតែជាមនុស្សទៀងត្រង់ជាមុនសិន។ ក្នុងនាមជាមនុស្សទៀងត្រង់ម្នាក់ ជាដំបូង អ្នកត្រូវតែបើកចំហដួងចិត្តរបស់អ្នក ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចស្វែងយល់ពីអ្នក ព្យាយាមយល់អំពីអ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងគិត ហើយមើលឃើញពីមុខមាត់ពិតរបស់អ្នក ដូច្នេះ អ្នកមិនចាំបាច់ព្យាយាមក្លែងខ្លួន ឬធ្វើខ្លួនដូចជាមនុស្សល្អឡើយ។ មានតែបែបនេះទេ ទើបមនុស្សនឹងទុកចិត្តអ្នក ហើយចាត់ទុកអ្នកជាមនុស្សទៀងត្រង់។ នេះគឺជាការអនុវត្តដ៏សំខាន់បំផុត និងជាលក្ខខណ្ឌតម្រូវជាមុន ដើម្បីក្លាយខ្លួនជាមនុស្សទៀងត្រង់ម្នាក់» («ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ទាំងនោះ គាត់បានធ្វើការប្រកបគ្នាជាមួយខ្ញុំ «យើងត្រូវតែបើកចំហ ហើយធ្វើការប្រកបគ្នាដើម្បីស្វែងរកសេចក្តីពិត។ នេះគឺជាវិធីមួយដើម្បីទទួលបានការធូរស្រាលខាងវិញ្ញាណ។ វាក៏ជាវិធីមួយដើម្បីអនុវត្តសេចក្តីពិត និងក្លាយជាមនុស្សស្មោះត្រង់ម្នាក់ដែរ។ តាមរយៈការធ្វើបែបនេះ យើងអាចទទួលបានជំនួយពីបងប្អូនប្រុសស្រីរបស់យើង។ ការធ្វើបែបនេះ ធ្វើឱ្យនិស្ស័យដ៏ពុករលួយរបស់យើងអាចត្រូវបានដោះស្រាយកាន់តែឆាប់ ហើយផ្តល់ឱ្យយើងនូវអារម្មណ៍ធូរស្រាល។ ប្រសិនបើយើងមិនចង់ទម្លាក់ការលំបាករបស់យើងនោះទេ នោះយើងនឹងធ្លាក់ទៅក្នុងការបោកបញ្ឆោតរបស់សាតាំងបានយ៉ាងងាយ ហើយជីវិតរបស់យើងមុខជាទទួលរងការឈឺចាប់ដោយសារការបាត់បង់ជាមិនខាន។» បន្ទាប់ពីបានស្តាប់ការប្រកបគ្នារបស់បងស្រី លីវ រួចមក ខ្ញុំបានបញ្ចេញភាពក្លាហានរបស់ខ្ញុំ ហើយបានប្រាប់គាត់ពីអ្វីដែលខ្ញុំកំពុងជួបប្រទះ។ ក្រោយមក បងស្រី លីវ បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខទៀត៖ «មនុស្សដែលព្រះជាម្ចាស់សង្រ្គោះ គឺជាមនុស្សដែលសាតាំងបានធ្វើឱ្យពុករលួយ ហើយជាលទ្ធផល ពួកគេមាននិស្ស័យដ៏ពុករលួយ។ ពួកគេមិនមែនជាមនុស្សគ្រប់លក្ខណ៍ ដែលឥតសៅហ្មងសូម្បីតែបន្តិច ហើយក៏មិនមែនជាមនុស្សដែលរស់នៅលើកោះតែម្នាក់ឯងនោះដែរ។ សម្រាប់អ្នកខ្លះ នៅពេលដែលសេចក្តីពុករលួយរបស់ពួកគេត្រូវបានបើកសម្ដែងភ្លាមៗ ពួកគេគិតថា 'ខ្ញុំបានប្រឆាំងនឹងព្រះជាម្ចាស់ទៀតហើយ។ ខ្ញុំបានជឿលើទ្រង់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំនៅតែមិនទាន់បានផ្លាស់ប្ដូរដដែល។ ព្រះជាម្ចាស់ប្រាកដជាមិនចង់បានខ្ញុំទៀតឡើយ!' តើនេះជាឥរិយាបថបែបណាទៅ? ពួកគេបានបោះបង់ខ្លួនឯង ហើយគិតថា ព្រះជាម្ចាស់មិនចង់បានពួកគេតទៅទៀត។ តើនេះមិនមែនជាករណីនៃការយល់ច្រឡំចំពោះព្រះជាម្ចាស់ទេឬ? នៅពេលដែលអ្នកមានគំនិតអវិជ្ជមានខ្លាំងពេក នោះវានឹងមានភាពងាយស្រួលបំផុតសម្រាប់សាតាំងក្នុងការឱ្យរកឃើញចំណុចខ្សោយរបស់អ្នក ហើយពេលដែលវាបានរកឃើញហើយ នោះផលវិបាកពិតជាមិនអាចស្រមៃដល់នោះឡើយ។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងទុក្ខលំបាកខ្លាំងកម្រិតណា ឬមានអារម្មណ៍អវិជ្ជមានខ្លាំងបែបណាឡើយ អ្នកមិនត្រូវបោះបង់ចោលឡើយ! ក្នុងពេលដែលជីវិតរបស់មនុស្សកំពុងតែអភិវឌ្ឍ ហើយក្នុងពេលដែលពួកគេកំពុងតែត្រូវបានសង្រ្គោះ ពេលខ្លះ ពួកគេក៏ដើរតាមផ្លូវខុស ឬវង្វេងផ្លូវផងដែរ។ ពួកគេសម្ដែងចេញនូវសភាព និងអាកប្បកិរិយាក្មេងខ្ចីខ្លះនៅក្នុងជីវិតរបស់ពួកគេមួយរយៈពេល ឬពេលខ្លះ ពួកគេចុះខ្សោយ និងមានគំនិតអវិជ្ជមាន និយាយខុសទំនង រអិលដួល ឬជួបការបរាជ័យ។ ចំពោះទស្សនៈរបស់ព្រះជាម្ចាស់ ទាំងអស់នេះសុទ្ធតែជារឿងធម្មតា ហើយទ្រង់នឹងមិនយកព្រះទ័យទុកដាក់ខ្លាំងទៅលើរឿងទាំងនេះឡើយ» («ច្រកចូលទៅក្នុងជីវិត មានសារៈសំខាន់បំផុតចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

បងស្រីនោះ បានចែកចាយការប្រកបគ្នានេះជាមួយខ្ញុំ៖ «យើងទាំងអស់គ្នាត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ យើងជាមនុស្សក្រអឺតក្រទម មានល្បិចកល អាក្រក់ និងខិលខូច។ និស្ស័យអាក្រក់ទាំងនេះ កប់យ៉ាងជ្រៅនៅក្នុងយើងទាំងអស់គ្នា ហើយបានក្លាយជាធម្មជាតិរបស់យើងទៅហើយ។ ដោយសារតែហេតុផលនេះ ទើបអាកប្បកិរិយា និងឥរិយាបថរបស់យើង បើកសម្តែងអំពីសេចក្តីពុករលួយគ្រប់ច្រកល្ហក។ វាធ្លាប់ធ្វើឱ្យខ្ញុំធុញទ្រាន់មែនទែន៖ ខ្ញុំមានការយល់ដឹងខ្លះៗអំពីនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ស្តាយក្រោយបន្ទាប់ពីខ្ញុំបើកសម្តែងវា ដូច្នេះ ហេតុអ្វីបានជាខ្ញុំធ្វើវាម្តងទៀតនៅពេលក្រោយ? បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ទីបំផុតខ្ញុំបានដឹងថា និស្ស័យអាក្រក់របស់ខ្ញុំពិតជាធ្ងន់ធ្ងរមែន ហើយវាធ្វើឱ្យខ្ញុំចាប់ផ្តើមដឹងថា ការផ្លាស់ប្តូរនិស្ស័យមួយ មិនមែនជាអ្វីដែលអាចកើតឡើងត្រឹមរយៈពេលមួយយប់នោះទេ។ មនុស្សមិនអាចត្រឹមតែប្តូរ បន្ទាប់ពីទទួលបានការយល់ដឹងដោយខ្លួនឯងបន្តិចបន្តួចនោះទេ។ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរយៈពេលយូរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ បើគ្មានការលួសកាត់ និងដោះស្រាយ ហើយបើគ្មានការល្បងល និងការបន្សុទ្ធនោះទេ នោះការផ្លាស់ប្តូរមិនអាចទៅរួចនោះទេ។ គោលបំណងនៃការយាងមករបស់ព្រះជាម្ចាស់ក្នុងការអនុវត្តការជំនុំជម្រះ និងការវាយផ្ចាល គឺដើម្បីបន្សុទ និងផ្លាស់ប្តូរយើង។ ទ្រង់ជ្រាបពីវិធីដែលសាតាំងបានធ្វើឱ្យយើងពុករលួយយ៉ាងខ្លាំង ហើយទ្រង់ជ្រាបពីកម្ពស់ និងការលំបាករបស់យើងដែលយើងជួបប្រទះ តាមរយៈការព្យាយាមផ្លាស់ប្តូរនិស្ស័យរបស់យើង ដូច្នេះ ទ្រង់អត់ឱន និងអត់ធ្មត់ជាមួយអស់អ្នកដែលស្វែងរកសេចក្តីពិត ព្រះជាម្ចាស់សង្ឃឹមថា យើងមានការតាំងចិត្តដើម្បីស្វែងរកសេចក្តីពិត ហើយសង្ឃឹមថា យើងព្យាយាមផ្លាស់ប្តូរនិស្ស័យរបស់យើងយ៉ាងអស់ពីចិត្ត។ ដូច្នេះ យើងត្រូវតែប្រព្រឹត្តចំពោះខ្លួនឯងឱ្យបានត្រឹមត្រូវ។ យើងត្រូវតែបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះបន្ទូល បោះបង់ចោលសាច់ឈាម និងយកសេចក្តីពិតទៅអនុវត្ត។ ក្រោយមក ថ្ងៃមួយ និស្ស័យដ៏ពុករលួយរបស់យើងត្រូវតែផ្លាស់ប្តូរ។»

ក្រោយមក ពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខទៀត៖ «នៅពេលទាក់ទងនឹងមុខតំណែង មុខមាត់ ឬកេរ្តិ៍ឈ្មោះ ដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់មានភាពលេចធ្លោ ចង់មានភាពល្បីល្បាញ និងចង់បានការទទួលស្គាល់។ មនុស្សគ្រប់គ្នាមិនចង់ចុះញ៉មឡើយ ផ្ទុយទៅវិញ គេតែងតែចង់តយុទ្ធ ទោះបីជាការយុទ្ធនោះជារឿងអាម៉ាស់ ហើយមិនត្រូវបានអនុញ្ញាតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ។ យ៉ាងណាមិញ បើគ្មានការតយុទ្ធទេ អ្នកនៅមិនចេះស្កប់ចិត្តដដែល។ នៅពេលដែលអ្នកឃើញនរណាម្នាក់លេចធ្លោ អ្នកក៏កើតចិត្តច្រណែន ស្អប់ និងមានអារម្មណ៍ថា វាមិនយុត្តិធម៌។ 'ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាបុគ្គលនោះចេះតែលេចធ្លោ ហើយខ្ញុំមិនដែលសោះអ៊ីចឹង?' នោះអ្នកក៏មានអារម្មណ៍ខកចិត្ត។ អ្នកព្យាយាមទប់អារម្មណ៍នេះ តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបស្ថានភាពបែបនោះម្ដងទៀត អ្នកមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? តើការដែលមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសភាពបែបនេះ មិនមែនជាអន្ទាក់ទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្សលោក។ ... អ្នកត្រូវតែរៀនលះបង់ និងរៀនទុករបស់ទាំងនេះនៅមួយឡែក រៀនផ្ដល់អនុសាសន៍ដល់អ្នកដទៃ និងរៀនអនុញ្ញាតឱ្យពួកគេលេចធ្លោចុះ។ កុំខំតយុទ្ធ ឬប្រញាប់កេងចំណេញពីឱកាសដែលអ្នកទទួលបាន ដើម្បីចង់បានភាពលេចធ្លោ ឬសិរីរុងរឿងនោះឡើយ។ អ្នកត្រូវរៀនបែរចេញពីការទាំងនេះ តែមិនត្រូវពន្យារក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ចូរក្លាយជាបុគ្គលម្នាក់ដែលសម្ងំធ្វើការទាំងគេមិនស្គាល់ ហើយមិនសំញែងទៅកាន់អ្នកដទៃ ខណៈពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយចិត្តភក្ដីភាព។ បើអ្នកលះចោលកិត្យានុភាព និងឋានៈរបស់អ្នកកាន់តែច្រើន ហើយបើអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសេចក្តីសុខ ដួងចិត្តរបស់អ្នកនឹងកាន់តែបើកចំហ ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង។ បើអ្នកខំតយុទ្ធ និងប្រកួតប្រជែងកាន់តែខ្លាំង នោះសភាពរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើអ្នកមិនជឿទេ ចូរសាកល្បង ហើយចាំមើលចុះ! បើអ្នកចង់ប្រែក្លាយសភាពនេះ ហើយមិនចង់ឱ្យរបស់ទាំងនេះមកគ្រប់គ្រងអ្នក ជាដំបូង អ្នកត្រូវតែទុករបស់ទាំងនោះនៅមួយឡែក ហើយលះបង់វាចោល។ មិនដូច្នោះទេ បើអ្នកខំតយុទ្ធ នោះភាពងងឹតនឹងកាន់តែហ៊ុមព័ទ្ធជុំវិញអ្នក អ្នកនឹងកាន់តែមានចិត្តច្រណែន និងចិត្តស្អប់ ហើយអ្នកនឹងមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ បើអ្នកមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើង នោះលទ្ធភាពដែលអ្នកបានវា នឹងមានកាន់តែតិច ហើយនៅពេលដែលអ្នកទទួលបានកាន់តែតិច នោះចិត្តស្អប់របស់អ្នកនឹងកើនឡើង។ នៅពេលដែលចិត្តស្អប់របស់អ្នកកើនឡើង នោះដួងចិត្តរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើដួងចិត្តរបស់អ្នកកាន់តែខ្មៅងងឹត នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ ហើយបើអ្នកបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ នោះអ្នកនឹងកាន់តែក្លាយជាបុគ្គលម្នាក់ដែលគ្មានប្រយោជន៍។ នេះជាវដ្ដមួយដ៏កាចសាហាវ និងមានភាពប្រទាក់គ្នា។ បើអ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ នោះអ្នកនឹងត្រូវជម្រុះចោលបន្ដិចម្ដងៗមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ការប្រកបគ្នារបស់បងស្រី អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំដឹង ថា ភាពច្រណែនរបស់ខ្ញុំបានកើតចេញពីការមានមហិច្ឆតាចង់បានឈ្មោះ និងឋានៈខ្លាំងពេក ហើយដឹងថា និស្ស័យរបស់ខ្ញុំក្រអឺតក្រទមខ្លាំងពេក។ ខ្ញុំទទួលបានការបណ្តុះបណ្តាលអំពីការអប់រំរបស់បក្សកុម្មុនីស្តចិន ថ្នាំពុល និងទស្សនវិជ្ជាអំពីជីវិតបែបសាតាំងគ្រប់ប្រភេទ តាំងពីកុមារភាពមក ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» ហើយ «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក»។ ភាពពិសពុលដ៏អាក្រក់ទាំងនេះបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ ធ្វើឱ្យខ្ញុំក្រអឺតក្រទម បោកបញ្ឆោតខ្លួនឯង អាត្មានិយម និងគួរឱ្យស្អប់។ ខ្ញុំបានធំធាត់ដោយចំណង់ដ៏ហួសប្រមាណ និងកំណាច មិនថាអ្វីដែលខ្ញុំបានធ្វើនោះទេ ខ្ញុំមានអារម្មណ៍ថា ត្រូវតែឱ្យប្រសើរជាងអ្នកដទៃ។ ខ្ញុំធ្វើបែបនោះនៅក្នុងសង្គម ហើយខ្ញុំក៏ធ្វើបែបនោះនៅក្នុងក្រុមជំនុំផងដែរ។ សូម្បីតែខណៈពេលនៃការប្រកបគ្នា និងការអធិស្ឋាន អំឡុងពេលនៃការជួបជុំគ្នាក៏ដោយ ក៏ខ្ញុំនៅតែចង់ឱ្យប្រសើរជាងមនុស្សដទៃដែរ ហើយខ្ញុំសប្បាយចិត្តតែនៅពេលដែលអ្នកដទៃសរសើរខ្ញុំប៉ុណ្ណោះ។ ពេលដែលនរណាម្នាក់ផ្សេងទៀតអះអាងថា គេប្រសើរជាងខ្ញុំ នោះខ្ញុំមិនអាចទទួលយកបាន ហើយច្រណែនទៀតផង។ ដោយគិតយ៉ាងល្អិតល្អន់ ខ្ញុំនឹងរារាំង ព្រមទាំងធ្វើការប្រឆាំងជំទាស់មនុស្សនោះមិនខាន។ នៅពេលដែលខ្ញុំពិតជាមិនអាចធ្វើបានប្រសើរជាងពួកគេ នោះខ្ញុំនឹងរស់នៅក្នុងភាពអវិជ្ជមាន និងការយល់ច្រឡំតែប៉ុណ្ណោះ ដោយមិនអាចប្រព្រឹត្តចំពោះខ្លួនឯងឱ្យបានសមរម្យនោះទេ ខ្ញុំក៏អាចយល់ច្រឡំអំពីព្រះជាម្ចាស់ផងដែរ ហើយខ្ញុំបានគិតថា ខ្ញុំអាចមិនមែនជាគោលដៅសម្រាប់ការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ ខ្ញុំបានឃើញថា សេចក្តីពុករលួយរបស់សាតាំងបានធ្វើឱ្យខ្ញុំក្រអឺតក្រទម និងផុយស្រួយ អាត្មានិយម និងគួរឱ្យស្អប់ ហើយជីវិតរបស់ខ្ញុំបានក្លាយជាជីវិតវេទនាហួសបរិយាយ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ ខ្ញុំក៏បានរកឃើញផ្លូវនៃការអនុវត្តមួយដែរ។ ខ្ញុំត្រូវតែរៀនដោះលែង រៀនទុកអ្វីមួយដោយឡែក និងដើម្បីអនុវត្តទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំត្រូវតែរៀនបោះបង់សាច់ឈាមផ្ទាល់ខ្លួនចោល ហើយទុកភាពអាត្មានិយម និងឋានៈរបស់ខ្ញុំចោលទៅម្ខាង ហើយរៀនពីចំណុចខ្លាំងរបស់បងស្រី វ៉ាង ឱ្យកាន់តែច្រើន និងប៉ះប៉ូវចំណុចខ្សោយផ្ទាល់ខ្លួនរបស់ខ្ញុំ។ នេះគឺជាវិធីតែមួយគត់ដើម្បីយល់ដឹង និងទទួលបាននូវសេចក្តីពិតកាន់តែច្រើន។

ក្រោយមក ខ្ញុំបានអានខនេះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មុខងារមិនដូចគ្នាទេ។ មានរូបកាយមួយ។ ម្នាក់ៗបំពេញកាតព្វកិច្ចរៀងៗខ្លួន នៅកន្លែងរបស់ខ្លួន និងធ្វើឱ្យអស់ពីសមត្ថភាពរបស់គេ—សម្រាប់ផ្កាភ្លើងនីមួយៗ មានពន្លឺចាំងមួយ—ហើយស្វែងរកភាពចាស់ទុំក្នុងជីវិត។ ការធ្វើដូច្នេះ នឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលដែលខ្ញុំបានអានព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ទាំងនេះ នោះខ្ញុំបានយល់ថា ដោយសារតែគុណសម្បត្តិ និងអំណោយទានដែលព្រះជាម្ចាស់ប្រទាន គឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ នោះសេចក្តីតម្រូវរបស់ទ្រង់សម្រាប់មនុស្សម្នាក់ៗខុសគ្នា។ តាមពិត នៅពេលដែលយើងធ្វើគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើងដើម្បីបំពេញភារកិច្ចរបស់យើង នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងស្រាកស្រាន្ត។ បងស្រី វ៉ាង មានសមត្ថភាពល្អ ហើយយល់ដឹងពីសេចក្តីពិតបានយ៉ាងឆាប់រហ័សណាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់រៀបចំឱ្យយើងជួបជុំគ្នា ហើយបំណងព្រះហឫទ័យរបស់ទ្រង់គឺឱ្យយើងរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ហើយបំពេញចំណុចខ្វះខាតផ្ទាល់ខ្លួនរបស់យើង នោះទើបយើងអាចយល់ដឹងសេចក្តីពិតបាន ហើយចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នា។ ខ្ញុំគួរតែដោះស្រាយចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ខ្ញុំយ៉ាងសមរម្យ។ មិនថា ព្រះជាម្ចាស់បានរៀបចំឱ្យខ្ញុំមានគុណសម្បត្តិបែបណានោះទេ ខ្ញុំត្រូវតែចុះចូលចំពោះការត្រួតត្រា និងការរៀបចំរបស់ទ្រង់ កែតម្រូវកម្លាំងជំរុញចិត្តរបស់ខ្ញុំ និងតាមរកសេចក្តីពិតដោយអស់ពីចិត្តរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគួរតែធ្វើការប្រកបគ្នាឱ្យបានច្រើនតាមដែលខ្ញុំយល់ និងអនុវត្តឱ្យបានច្រើនតាមដែលខ្ញុំចេះ។ ខ្ញុំគួរតែខំប្រឹងឱ្យអស់ពីលទ្ធភាព ហើយតាមរបៀបនេះ ព្រះជាម្ចាស់នឹងបំភ្លឺ ព្រមទាំងដឹកនាំខ្ញុំ។ ទីបំផុត ខ្ញុំបានធ្វើការតាំងចិត្តនៅចំពោះព្រះជាម្ចាស់ដូចខាងក្រោម៖ ចាប់ពីពេលនេះតទៅ ខ្ញុំម្ចាស់យល់ព្រមខិតខំខ្នះខ្នែងតាមរកសេចក្តីពិត លែងមានចិត្តចង្អៀតចង្អល់ និងច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្ញុំម្ចាស់ទៀតហើយ ហើយស្ដែងចេញនូវភាពដូចគ្នាជាមនុស្សពិតម្នាក់ ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។

ការជួបជុំគ្នាបន្ទាប់របស់ក្រុមជំនុំ កើតឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំចង់បើកបង្ហាញដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ អំពីភាពច្រណែនដែលខ្ញុំមានចំពោះបងស្រី វ៉ាង និងទិដ្ឋភាពនៃនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ ដែលខ្ញុំបានបើកសម្តែង ប៉ុន្តែនៅពេលដែលខ្ញុំបានគិតដល់រឿងនោះ ខ្ញុំព្រួយបារម្ភខ្លាចគេមើលមកខ្ញុំយ៉ាងនេះ យ៉ាងនោះ និងខ្លាចបងស្រី វ៉ាងនឹងគិតថាខ្ញុំបែបនេះ បែបនោះ ប្រសិនបើគាត់បានដឹងពីភាពច្រណែនដែលខ្ញុំមានចំពោះគាត់។ ដោយគិតយ៉ាងល្អិតល្អន់ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ក្នុងការប្រឈមមុខនឹងស្ថានភាព។ ខ្ញុំនៅស្ងៀម ដោយអធិស្ឋានទៅរកព្រះជាម្ចាស់។ ខ្ញុំនិយាយថា «ឱ! ព្រះជាម្ចាស់អើយ! សូមទ្រង់ប្រទានសេចក្តីជំនឿ និងភាពក្លាហានដល់ខ្ញុំម្ចាស់ផង។ ខ្ញុំម្ចាស់ចង់ទុកភាពឥតប្រយោជន៍ និងឋានៈរបស់ខ្ញុំម្ចាស់មួយឡែក ខ្ញុំម្ចាស់ចង់ចែកចាយនៅក្នុងការប្រកបគ្នាដោយបើកចំហ ជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំម្ចាស់ ហើយរំលាយឧបសគ្គរវាងពួកយើង។ ព្រះជាម្ចាស់ សូមទ្រង់ធ្វើជាអ្នកនាំផ្លូវរបស់ខ្ញុំម្ចាស់ផង។» បន្ទាប់ពីអធិស្ឋានរួចមក ខ្ញុំមានអារម្មណ៍ស្ងប់ច្រើន ដូច្នេះហើយ ខ្ញុំបាននិយាយពីសភាពរបស់ខ្ញុំ និងគ្រប់យ៉ាងដែលខ្ញុំកំពុងឆ្លងកាត់។ បន្ទាប់ពីឮខ្ញុំនិយាយ នោះបងប្អូនប្រុសស្រីរបស់ខ្ញុំមិនត្រឹមតែមិនមើលស្រាលខ្ញុំនោះទេ ពួកគេទាំងអស់ពិតជាកោតសរសើរភាពក្លាហានរបស់ខ្ញុំដែលអាចអនុវត្តភាពស្មោះត្រង់ ថែមទៀតផង។ ពួកគេបាននិយាយថា បទពិសោធន៍របស់ខ្ញុំបានធ្វើឱ្យពួកគេដឹង ថា មានតែការអនុវត្តទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចកាត់ចោលនិស្ស័យពុករលួយដ៏អាក្រក់របស់ពួកគេផ្ទាល់បាន ហើយទទួលបានភាពរសាយ និងសេរីភាព។ ពួកគេក៏បាននិយាយដែរថា ពេលនេះពួកគេបានដឹងពីអ្វីដែលត្រូវធ្វើនៅពេលខាងមុខ ពេលដែលពួកគេបានជួបប្រទះស្ថានភាពបែបនេះ។ អំឡុងពេលនៃការជួបជុំជាបន្តបន្ទាប់ នោះខ្ញុំបានរកឃើញពីចំណុចខ្លាំងរបស់បងស្រី វ៉ាង ជាច្រើន៖ កាលកំពុងបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគាត់អាចបញ្ចូលសភាពរបស់ខ្លួនគាត់ទៅក្នុងការប្រកបគ្នារបស់គាត់។ នៅពេលដែលគាត់បានជួបប្រទះបញ្ហា នោះគាត់អាចផ្តោតលើការមកនៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ និងផ្តោតលើការស្វែងរកផ្លូវមួយ ដើម្បីអនុវត្តចេញពីព្រះបន្ទូលរបស់ទ្រង់។ មានតែពេលឃើញចំណុចខ្លាំងរបស់គាត់ទាំងនេះទេ ទើបខ្ញុំបានយល់ ថា គាត់មិនមែនជាសត្រូវរបស់ខ្ញុំទេ ប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលអាចជួយខ្ញុំបាន។ មានតែពេលនោះទេ ទើបខ្ញុំដឹងពីជម្រៅចិត្តរបស់ខ្ញុំ ថា គោលបំណងនៃការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់ឱ្យយើងធ្វើការជាមួយគ្នា គឺដើម្បីឱ្យយើងរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញចំណុចខ្សោយសម្រាប់គ្នាទៅវិញទៅមក។ នៅពេលដែលខ្ញុំគិតដល់វាតាមវិធីនោះ ខ្ញុំមានអារម្មណ៍ស្រឡះខ្លួនទាំងស្រុងតែម្តង។ ពេលនេះ ខ្ញុំមានអារម្មណ៍ថា រាល់ការជួបជុំ គឺជាភាពសប្បាយរីករាយមួយប្រភេទ។ ខ្ញុំលែងទទួលឥទ្ធិពលពីភាពច្រណែនតទៅទៀតហើយ ប៉ុន្តែខ្ញុំអាចយកចំណុចខ្លាំងរបស់អ្នកដទៃ ដើម្បីបំពេញចំណុចខ្សោយផ្ទាល់ខ្លួនរបស់ខ្ញុំ អាចរស់នៅដោយស្រុះស្រួលជាមួយពួកគេ និងមានអារម្មណ៍រសាយនៅក្នុងវិញ្ញាណ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលបានប្រទានឱ្យខ្ញុំមានជំនឿនៅក្នុងគ្រាដ៏លំបាក

ទន្ទឹមគ្នានោះ ក៏មានបងប្អូនស្រីៗជាច្រើន ទទួលទោសឱ្យ «អប់រំកែប្រែជាថ្មីតាមរយៈការធ្វើពលកម្ម» ជាមួយខ្ញុំដែរ។ យើងត្រូវធ្វើការលើសម៉ោងរាល់ថ្ងៃ...

ខ្ញុំបានរៀនសូត្រពីរបៀបដែលត្រូវប្រព្រឹត្តចំពោះមនុស្សដោយត្រឹមត្រូវ

ដោយ ស៊ីយ័ន (បារាំង) ពីរបីឆ្នាំកន្លងទៅ ខ្ញុំបានបំពេញភារកិច្ចជាអ្នកដឹកនាំក្រុមជំនុំ។ មានបងប្រុសម្នាក់ឈ្មោះចេន...

Leave a Reply