ផ្លូវ ... (៦)

គឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ទើបយើងត្រូវបាននាំមកដល់សព្វថ្ងៃនេះ ហើយដូច្នេះយើងជាអ្នកនៅរស់រានមានជីវិតនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការដែលយើងនៅឋិតឋេរដល់សព្វថ្ងៃនេះគឺជាការលើកដំកើងដ៏អស្ចារ្យពីព្រះជាម្ចាស់ ដ្បិតយោងទៅតាមផែនការរបស់ព្រះជាម្ចាស់ ប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមគួរតែត្រូវបានបំផ្លាញ។ ប៉ុន្តែខ្ញុំគិតថាប្រហែលជាទ្រង់បានបង្កើតផែនការមួយទៀត ឬក៏ទ្រង់មានបំណងព្រះហឫទ័យអនុវត្តផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ដូច្នេះសូម្បីតែសព្វថ្ងៃនេះ ខ្ញុំមិនអាចពន្យល់ឱ្យបានច្បាស់ទេ វាដូចជាប្រស្នាដែលមិនអាចដោះស្រាយបានអ៊ីចឹង។ ប៉ុន្តែនិយាយជារួម ក្រុមរបស់យើងនេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ហើយខ្ញុំនៅតែបន្តជឿថាព្រះជាម្ចាស់មានកិច្ចការផ្សេងទៀតចំពោះពួកយើង។ សូមអោយយើងទាំងអស់គ្នាទទូចអង្វរដល់ស្ថានសួគ៌ដូច្នេះ៖ «សូមឱ្យកិច្ចការរបស់ព្រះអង្គបានសម្រេច ហើយសូមឱ្យព្រះអង្គបង្ហាញព្រះកាយដល់ពួកទូលបង្គំម្ដងទៀត និងមិនលាក់ព្រះកាយ ដើម្បីឱ្យពួកខ្ញុំម្ចាស់អាចឃើញសិរីល្អរបស់ព្រះអង្គកាន់តែច្បាស់។» វាគឺជាអារម្មណ៍ដែលខ្ញុំតែងតែមានដែលថាផ្លូវដែលព្រះជាម្ចាស់ដឹកនាំយើងឱ្យដើរគឺមិនទៅត្រង់ទេ ប៉ុន្តែគឺជាផ្លូវដែលបត់បែនពោរពេញដោយគ្រលុក ជាងនេះទៅទៀត ព្រះជាម្ចាស់មានព្រះបន្ទូលថា ផ្លូវដែលមានថ្មកាន់តែច្រើន វាកាន់តែអាចបង្ហាញពីដួងចិត្តដែលប្រកបដោយសេចក្តីស្រឡាញ់របស់យើង។ ប៉ុន្តែគ្មាននរណាម្នាក់នៃពួកយើងអាចបើកផ្លូវបែបនេះបានទេ។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំបានដើរលើផ្លូវជាច្រើនដែលបញ្ឆោត ដែលមានថ្ម ហើយខ្ញុំបានស៊ូទ្រាំនឹងការរងទុក្ខជាច្រើន។ ពេលខ្លះខ្ញុំមានទុក្ខខ្លាំងណាស់រហូតខ្ញុំចង់ស្រែកយំ ប៉ុន្តែខ្ញុំបានដើរតាមផ្លូវនេះរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំជឿជាក់ថា នេះគឺជាផ្លូវដែលដឹកនាំដោយព្រះជាម្ចាស់ ដូច្នេះខ្ញុំស៊ូទ្រាំនឹងទារុណកម្មរាល់ការរងទុក្ខទាំងអស់ ហើយបន្តដំណើរទៅមុខទៀត។ ដ្បិតនេះជាអ្វីដែលព្រះជាម្ចាស់បានកំណត់ ដូច្នេះតើអ្នកណាអាចរួចខ្លួនបាន? ខ្ញុំមិនស្នើសុំទទួលការប្រទានពរណាមួយឡើយ អ្វីដែលខ្ញុំស្នើសុំ គឺខ្ញុំអាចដើរតាមផ្លូវដែលខ្ញុំគួរដើរស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំមិនស្វះស្វែងធ្វើត្រាប់តាមអ្នកដទៃ ដើរតាមផ្លូវដែលពួកគេដើរនោះទេ។ អ្វីដែលខ្ញុំស្វះស្វែង គឺខ្ញុំអាចបំពេញនូវការបូជារបស់ខ្ញុំដើម្បីដើរតាមផ្លូវដែលបានកំណត់ឱ្យខ្ញុំរហូតដល់ទីបញ្ចប់។ ខ្ញុំមិនបានសុំជំនួយពីអ្នកដទៃទេ។ និយាយឱ្យត្រង់ទៅ ខ្ញុំក៏មិនអាចជួយអ្នកដទៃបានដែរ។ វាហាក់ដូចជាថាខ្ញុំងាយញាប់ញ័រខ្លាំងណាស់លើបញ្ហានេះ។ ខ្ញុំមិនដឹងថាអ្នកដទៃគិតបែបណាទេ។ នេះក៏ព្រោះតែខ្ញុំតែងតែជឿជាក់ថា បរិមាណដែលបុគ្គលម្នាក់ៗត្រូវរងទុក្ខ និងចម្ងាយដែលពួកគេត្រូវដើរលើផ្លូវរបស់ពួកគេ គឺត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចជួយអ្នកដទៃបានពិតប្រាកដនោះទេ។ បងប្អូនប្រុសស្រីមួយចំនួនរបស់យើងដែលជឿស្លុង ប្រហែលជានិយាយថាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ តែនេះជាអ្វីដែលខ្ញុំជឿ។ មនុស្សដើរតាមផ្លូវរបស់ពួកគេដោយពឹងផ្អែកលើការណែនាំរបស់ព្រះជាម្ចាស់ ហើយខ្ញុំជឿជាក់ថាបងប្អូនប្រុសស្រីរបស់ខ្ញុំភាគច្រើននឹងយល់ពីដួងចិត្តរបស់ខ្ញុំ។ ខ្ញុំក៏សង្ឃឹមដែរថាព្រះជាម្ចាស់ផ្ដល់ឱ្យពួកយើងនូវការបំភ្លឺកាន់តែច្រើននៅក្នុងផ្នែកនេះ ដើម្បីឱ្យសេចក្ដីស្រឡាញ់របស់យើងអាចនឹងកាន់តែបរិសុទ្ធ ហើយមិត្តភាពរបស់យើងកាន់តែមានតម្លៃ។ សូមកុំអោយយើងយល់ច្រលំលើប្រធានបទនេះ ប៉ុន្តែទទួលបានតែភាពច្បាស់លាស់ច្រើនជាងមុន ដើម្បីឱ្យទំនាក់ទំនងអន្តរបុគ្គល អាចនឹងត្រូវបានបង្កើតឡើងនៅលើគ្រឹះនៃការដឹកនាំរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់បានធ្វើកិច្ចការនៅចិនដីគោកអស់រយៈពេលជាច្រើនឆ្នាំហើយ ហើយព្រះអង្គបានបង់ថ្លៃយ៉ាងខ្ពស់ចំពោះមនុស្សទាំងអស់ ដើម្បីចុងក្រោយនាំយើងទៅកាន់កន្លែងដែលយើងស្ថិតនៅសព្វថ្ងៃនេះ។ ខ្ញុំគិតថា ដើម្បីនាំមនុស្សគ្រប់គ្នាឱ្យដើរលើផ្លូវត្រូវ កិច្ចការនេះត្រូវតែចាប់ផ្ដើមនៅកន្លែងដែលមនុស្សគ្រប់គ្នាខ្សោយបំផុត មានតែបែបនេះទេទើបពួកគេអាចឆ្លងកាត់ឧបសគ្គទីមួយបាន ហើយបន្តទៅមុខទៀត។ តើនោះមិនប្រសើរទេឬ? ប្រទេសចិនដែលបានពុករលួយអស់រាប់ពាន់ឆ្នាំមកហើយនោះ បានរស់រានរហូតមកដល់សព្វថ្ងៃនេះ មាន «វីរុស» គ្រប់ប្រភេទរីកលូតលាស់ឥតឈប់ឈរ រាលដាលគ្រប់ទីកន្លែងដូចជំងឺអាសន្នរោគ គ្រាន់តែក្រឡេកមើលទំនាក់ទំនងរបស់ប្រជាជន គឺវាគ្រប់គ្រាន់ក្នុងការដឹងថាតើ «មេរោគ» ចាំឆ្មក់ក្នុងខ្លួនមនុស្សយ៉ាងណាដែរ។ ព្រះជាម្ចាស់ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការអភិវឌ្ឍកិច្ចការរបស់ទ្រង់នៅក្នុងតំបន់ដែលឆ្លងវីរុសនិងត្រូវបានបិទជិតណែនដូចនេះ។ ចរិយាសម្បត្តិរបស់ប្រជាជន ទម្លាប់ វិធីដែលពួកគេធ្វើការ អ្វីៗគ្រប់យ៉ាងដែលពួកគេសម្ដែងចេញនៅក្នុងជីវិតពួកគេ និងទំនាក់ទំនងអន្តរបុគ្គលរបស់ពួកគេ ពួកគេសុទ្ធតែស្ថិតក្នុងភាពដាច់ដោចរយ៉ីរយ៉ៃ រហូតដល់ថ្នាក់ចំណេះដឹង និងវប្បធម៌របស់ពួកគេ ត្រូវបានព្រះជាម្ចាស់ផ្ដន្ទាទោសដល់ស្លាប់។ កុំបាច់និយាយអ្វីដល់ទៅបទពិសោធផ្សេងៗដែលពួកគេបានរៀនពីគ្រួសារ និងសង្គមរបស់ពួកគេនោះ ទាំងអស់នេះសុទ្ធតែត្រូវរងការដាក់ទោសនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ នេះក៏ព្រោះតែពួកអ្នកដែលរស់នៅក្នុងទឹកដីនេះទទួលទានវីរុសច្រើនពេក។ វាដូចជារឿងធម្មតាទៅហើយសម្រាប់ពួកគេ ពួកគេមិនគិតគូរពីវានោះទេ។ ដូច្នេះ នៅក្នុងកន្លែងដែលមានមនុស្សពុករលួយកាន់តែច្រើន ទំនាក់ទំនងអន្តរបុគ្គលរបស់ពួកគេកាន់តែមិនប្រក្រតី។ ទំនាក់ទំនងរបស់មនុស្សសម្បូរទៅដោយល្បិចសម្ងាត់ ពួកគេរៀបផែនការសម្ងាត់ប្រឆាំងគ្នា ហើយកាប់សម្លាប់គ្នា ប្រៀបដូចជានៅក្នុងបន្ទាយរបស់ពួកអារក្សមួយចំនួនដែលស៊ីសាច់គ្នាឯង។ នៅកន្លែងដែលពោរពេញទៅដោយភេរវកម្មបែបនេះ ដែលមានខ្មោចរត់តែផ្ដេសតែផ្ដាស វាពិបាកខ្លាំងណាស់ក្នុងការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់។ ខ្ញុំអធិស្ឋានឥតឈប់ឈរដល់ព្រះជាម្ចាស់នៅពេលខ្ញុំត្រូវជួបមនុស្ស ដ្បិតខ្ញុំភ័យខ្លាចខ្លាំងក្នុងការជួបពួកគេ ដោយភិតភ័យថា ខ្ញុំនឹងប្រមាថ «កិត្តិយស» របស់ពួកគេដោយសារនិស្ស័យរបស់ខ្ញុំ។ ក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំតែងតែភ័យខ្លាចថា ពួកវិញ្ញាណមិនស្អាតទាំងនេះនឹងធ្វើអំពើព្រហើន ដូច្នេះខ្ញុំតែងតែអធិស្ឋានសុំព្រះជាម្ចាស់ការពារខ្ញុំ។ ទំនាក់ទំនងមិនប្រក្រតីគ្រប់បែបយ៉ាងត្រូវបានបញ្ជាក់ច្បាស់នៅក្នុងចំណោមពួកយើងហើយដោយមើលឃើញរឿងទាំងអស់នេះ ខ្ញុំមានការស្អប់ខ្ពើមនៅក្នុងដួងចិត្ត ដ្បិតក្នុងចំណោមពួកគេ ពួកគេតែងតែប្រឡូកក្នុង «អាជីវកម្ម» របស់មនុស្ស ហើយមិនដែលឆ្លៀតគិតដល់ព្រះជាម្ចាស់ខ្លះឡើយ។ ខ្ញុំស្អប់ខ្ពើម និងបដិសេធឥរិយាបថរបស់ពួកគេយ៉ាងខ្លាំងរហូតដល់ឆ្អឹង។ អ្វីដែលគេអាចឃើញនៅក្នុងមនុស្សនៅចិនដីគោក គឺគ្មានអ្វីក្រៅតែពីនិស្ស័យបែបសាតាំងដ៏ពុករលួយ ដូច្នេះនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សទាំងនេះ វាស្ទើរតែមិនអាចរកឃើញអ្វីមួយដែលមានតម្លៃស័ក្តិសមនៅក្នុងពួកគេបាននោះទេ។ កិច្ចការទាំងអស់ត្រូវបានធ្វើដោយព្រះវិញ្ញាណបរិសុទ្ធ ហើយមានតែព្រះវិញ្ញាណបរិសុទ្ធទេដែលពាល់ចិត្តមនុស្សបានកាន់តែច្រើន និងធ្វើការក្នុងខ្លួនពួកគេបាន។ វាស្ទើរតែមិនអាចប្រើប្រាស់មនុស្សទាំងនោះបានទៅហើយ ពោលគឺ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពាល់ចិត្តមនុស្ស ដោយរួមជាមួយនឹងកិច្ចសហការពីមនុស្ស គឺមិនអាចធ្វើបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមានតែពុះពារគ្មានឈប់ដើម្បីពាល់ចិត្តមនុស្ស ប៉ុន្តែសូម្បីតែដូច្នោះក្ដី ក៏មនុស្សនៅតែស្ពឹក និងមិនដឹងខ្យល់ដែរ ហើយមិនដឹងសោះថាតើអ្វីទៅដែលព្រះជាម្ចាស់កំពុងធ្វើនោះ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅចិនដីគោក គឺអាចប្រៀបផ្ទឹមនឹងកិច្ចការរបស់ទ្រង់ក្នុងការបង្កើតផ្ទៃមេឃ និងផែនដីបាន។ ទ្រង់ធ្វើឱ្យមនុស្សទាំងអស់បានកើតជាថ្មី ហើយផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងអំពីពួកគេ ដ្បិតគ្មានអ្វីដែលមានតម្លៃស័ក្តិសមនៅក្នុងខ្លួនពួកគេនោះទេ។ វាគួរឱ្យឈឺចាប់ក្នុងចិត្តណាស់។ ខ្ញុំតែងតែអធិស្ឋានទាំងសោកសៅសម្រាប់មនុស្សទាំងនេះថា៖ «ព្រះជាម្ចាស់អើយ សូមឱ្យព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះអង្គបើកសម្ដែងក្នុងខ្លួនមនុស្សទាំងនេះផង ដើម្បីឱ្យព្រះវិញ្ញាណរបស់ព្រះអង្គអាចពាល់ចិត្តពួកគេឱ្យបានច្រើន និងដើម្បីឱ្យអ្នករងទុក្ខដែលស្ពឹក និងមិនសូវវាងវៃទាំងនេះអាចភ្ញាក់ដឹងខ្លួនបាន ដោយលែងស្ថិតក្នុងភាពដេកលក់ស្ដូកស្ដឹងទៀត ហើយបានឃើញថ្ងៃនៃសិរីល្អរបស់ទ្រង់។» សូមឱ្យយើងទាំងអស់គ្នាអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ដោយនិយាយថា៖ ឱ! ព្រះជាម្ចាស់អើយ! សូមព្រះអង្គមានសេចក្ដីមេត្តាករុណា និងយកព្រះហឫទ័យទុកដាក់ចំពោះយើងខ្ញុំម្ដងទៀត ដើម្បីឱ្យដួងចិត្តរបស់យើងខ្ញុំអាចងាកទៅរកព្រះអង្គបានពេញលេញផង និងដើម្បីឱ្យយើងខ្ញុំអាចរួចផុតពីទឹកដីដ៏ស្មោកគ្រោកនេះ ដោយក្រោកឈរឡើង ហើយបំពេញកិច្ចការដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ។ ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់អាចពាល់ចិត្តយើងម្ដងទៀតបាន ដើម្បីឱ្យយើងអាចទទួលបានការបំភ្លឺពីទ្រង់ ហើយខ្ញុំសង្ឃឹមថា ទ្រង់អាចមានសេចក្ដីមេត្តាករុណាមកលើយើង ដើម្បីឱ្យដួងចិត្តរបស់យើងអាចងាកទៅរកទ្រង់បន្តិចម្ដងៗ ហើយទ្រង់អាចទទួលយកយើងបាន។ នេះជាសេចក្ដីប្រាថ្នាដែលយើងទាំងអស់គ្នាចែករំលែក។

ផ្លូវដែលយើងដើរនេះ ត្រូវបានកំណត់វាសនាដោយព្រះជាម្ចាស់ទាំងស្រុង។ សរុបសេចក្ដីមក ខ្ញុំជឿថា ខ្ញុំប្រាកដជានឹងដើរលើផ្លូវនេះរហូតដល់ទីបំផុត ដ្បិតព្រះជាម្ចាស់តែងតែញញឹមដាក់ខ្ញុំ ហើយវាហាក់ដូចជា ខ្ញុំធ្លាប់ត្រូវបានដឹកនាំដោយព្រះហស្តរបស់ទ្រង់។ ដូច្នេះ ដួងចិត្តរបស់ខ្ញុំមិនត្រូវបានធ្វើឱ្យខូចដោយសារអ្វីផ្សេងទៀតឡើយ ហេតុដូច្នេះហើយ ខ្ញុំគិតដល់កិច្ចការរបស់ព្រះជាម្ចាស់ជានិច្ច។ ខ្ញុំអនុវត្តតាមគ្រប់យ៉ាងដែលព្រះជាម្ចាស់ដាក់បញ្ជាបេសកកម្មមកខ្ញុំដោយខំប្រឹងបំផុត និងដោយការលះបង់ ហើយខ្ញុំមិនដែលជ្រៀតជ្រែកក្នុងកិច្ចការដែលមិនបានបែងចែកឱ្យខ្ញុំនោះទេ ហើយក៏មិនឱ្យខ្លួនខ្ញុំពាក់ព័ន្ធនឹងអ្នកផ្សេងទៀតដែលធ្វើវានោះដែរ ដ្បិតខ្ញុំជឿថា មនុស្សម្នាក់ៗត្រូវតែដើរលើផ្លូវរៀងខ្លួន និងមិនត្រូវឈ្លានពានអ្នកដទៃឡើយ។ នោះហើយជារបៀបដែលខ្ញុំមើល។ នេះប្រហែលជាដោយសារតែបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំយល់ និងអភ័យទោសដល់ខ្ញុំ ព្រោះខ្ញុំមិនដែលហ៊ានប្រឆាំងនឹងបញ្ញត្តិរបស់ព្រះវរបិតារបស់ខ្ញុំទេ។ ខ្ញុំមិនហ៊ានផ្គើននឹងបំណងព្រះហឫទ័យនៃស្ថានសួគ៌ទេ។ តើអ្នកភ្លេចហើយឬនៅថា «មិនអាចផ្គើននឹងបំណងព្រះហឫទ័យនៃស្ថានសួគ៌បានទេ»? មនុស្សមួយចំនួនគិតថា ខ្ញុំផ្ដោតតែទៅលើខ្លួនឯង ប៉ុន្តែខ្ញុំជឿថា ខ្ញុំបានមកយ៉ាងពិសេសនេះដើម្បីអនុវត្តផ្នែកមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ខ្ញុំមិនបានមកដើម្បីចូលរួមក្នុងទំនាក់ទំនងអន្ដរបុគ្គលនោះទេ។ ខ្ញុំនឹងមិនរៀនពីរបៀបទំនាក់ទំនងគ្នាឱ្យបានល្អឡើយ។ តែទោះយ៉ាងណា នៅក្នុងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ខ្ញុំមានការណែនាំពីព្រះជាម្ចាស់ ហើយខ្ញុំមានជំនឿ និងភាពស្វិតស្វាញក្នុងការធ្វើកិច្ចការទាល់តែចប់។ ប្រហែលជាខ្ញុំកំពុង «ផ្ដោតតែទៅលើខ្លួនឯង» ខ្លាំងពេក ប៉ុន្តែខ្ញុំសង្ឃឹមថា មនុស្សគ្រប់គ្នានឹងយកបន្ទុកនេះដាក់ខ្លួនដើម្បីព្យាយាមទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ស្មើភាព និងមិនគិតពីខ្លួនឯងរបស់ព្រះជាម្ចាស់ ហើយព្យាយាមសហការជាមួយព្រះជាម្ចាស់។ កុំរង់ចាំការមកដល់ជាលើកទីពីរនៃឫទ្ធា‌នុភាពរបស់ព្រះជាម្ចាស់ធ្វើអ្វី វាមិនល្អសម្រាប់អ្នកណាម្នាក់ឡើយ។ ខ្ញុំតែងតែគិតថា អ្វីដែលយើងគួរតែពិចារណានោះគឺ៖ «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដែលយើងគួរតែធ្វើដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ចំពោះយើងម្នាក់ៗគឺខុសគ្នា តើយើងគួរតែធ្វើដូចម្ដេច?» អ្នកត្រូវដឹងត្រឹមតែផ្លូវដែលអ្នកដើរ ពោលគឺ វាជាការចាំបាច់ដែលអ្នកដឹងច្បាស់អំពីរឿងនេះ។ ដោយសារអ្នកទាំងអស់គ្នាចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ ចុះហេតុអ្វីក៏មិនប្រគល់ខ្លួនអ្នកថ្វាយទ្រង់ទៅ? លើកទីមួយដែលខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ខ្ញុំបានថ្វាយដួងចិត្តខ្ញុំទាំងអស់ដល់ទ្រង់។ មនុស្សនៅជុំវិញខ្ញុំ ពោលគឺឪពុកម្ដាយ បងប្អូនប្រុសស្រី និងមិត្តរួមការងារ ពួកគេសុទ្ធតែត្រូវបានការតាំងចិត្តរបស់ខ្ញុំរុញចេញឆ្ងាយដល់ខាងក្រោយនៃចិត្តរបស់ខ្ញុំ វាហាក់ដូចជាពួកគេគ្មានវត្តមានចំពោះខ្ញុំទាល់តែសោះ។ ដ្បិតចិត្តរបស់ខ្ញុំតែងតែនៅជាមួយព្រះជាម្ចាស់ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬព្រះប្រាជ្ញាញាណរបស់ទ្រង់ជានិច្ច វត្ថុទាំងនេះស្ថិតនៅក្នុងដួងចិត្តខ្ញុំជានិច្ច និងមានតម្លៃខ្លាំងបំផុតនៅក្នុងដួងចិត្តខ្ញុំ។ ដូច្នេះ ចំពោះមនុស្សដែលពោរពេញទៅដោយទស្សនវិជ្ជាសម្រាប់ការរស់នៅ ខ្ញុំជាមនុស្សឈាមត្រជាក់ និងគ្មានចិត្ត។ ដួងចិត្តរបស់ពួកគេឈឺចាប់ព្រោះតែអាកប្បកិរិយាដែលខ្ញុំប្រកាន់យក ព្រោះតែរបៀបដែលខ្ញុំធ្វើការ ព្រោះតែគ្រប់ទាំងចលនារបស់ខ្ញុំ។ ពួកគេចោលកន្ទុយភ្នែកចម្លែកដាក់ខ្ញុំ ហាក់ដូចជាមនុស្សដូចខ្ញុំនេះ គឺជាប្រស្នាមួយចំនួនដែលមិនអាចដោះស្រាយបានអ៊ីចឹង។ ក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងវាស់ស្ទង់មនុស្សដូចខ្ញុំនេះដោយស្ងាត់ៗ ដោយមិនដឹងថាខ្ញុំនឹងធ្វើអ្វីបន្ទាប់ទៀតទេ។ តើអ្វីដែលពួកគេធ្វើ អាចរារាំងផ្លូវរបស់ខ្ញុំបានយ៉ាងដូចម្ដេច? ប្រហែលជាពួកគេច្រណែន ឬឆ្អើម ឬចំអក។ មិនថាយ៉ាងណានោះទេ ហាក់ដូចជាពេញមួយជីវិតខ្ញុំអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់យ៉ាងស្រេកឃ្លានបំផុត ហាក់ដូចជាមានតែខ្ញុំ និងទ្រង់ប៉ុណ្ណោះនៅក្នុងពិភពតែមួយ ដោយគ្មាននរណាផ្សេងទៀតឡើយ។ កម្លាំងនៃពិភពខាងក្រៅកកកុញនៅជុំវិញក្បែរៗខ្ញុំជានិច្ច ប៉ុន្តែដូចគ្នានេះដែរ អារម្មណ៍ដែលត្រូវបានអង្រួនដោយព្រះជាម្ចាស់ខ្ជោលក្នុងខ្លួនខ្ញុំ។ ដោយជាប់ក្នុងសភាពពិបាកជ្រើសរើសនេះ ខ្ញុំបានបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់៖ «ឱ! ព្រះជាម្ចាស់អើយ! តើទូលបង្គំអាចមិនពេញចិត្តនឹងបំណងព្រះហឫទ័យរបស់ព្រះអង្គបានយ៉ាងដូចម្ដេចទៅ? ព្រះនេត្ររបស់ព្រះអង្គទតមកទូលបង្គំថាជាកិត្តិយស ជាមាសដែលបានកែច្នៃ តែទូលបង្គំមិនអាចគេចរួចពីកម្លាំងនៃសេចក្ដីងងឹតបាន។ ទូលបង្គំនឹងរ៉ាប់រងអស់មួយជីវិតដើម្បីព្រះអង្គ ទូលបង្គំនឹងយកកិច្ចការរបស់ព្រះអង្គធ្វើជាការងារនៃជីវិតរបស់ទូលបង្គំ ហើយទូលបង្គំសូមអង្វរព្រះអង្គឱ្យប្រទានដល់ទូលបង្គំនូវកន្លែងសម្រាកសមរម្យដើម្បីឱ្យទូលបង្គំបូជាខ្លួនថ្វាយព្រះអង្គ។ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំសូមថ្វាយខ្លួនដល់ព្រះអង្គ។ ព្រះអង្គស្គាល់ភាពទន់ខ្សោយរបស់មនុស្សយ៉ាងច្បាស់ ដូច្នេះតើហេតុអ្វីបានជាព្រះអង្គលាក់ព្រះកាយពីទូលបង្គំ?» ភ្លាមៗនោះ វាហាក់ដូចជាថា ខ្ញុំជាផ្កាលីលីដែលដុះនៅលើភ្នំ ក្លិនក្រអូបរបស់វាសាយភាយតាមខ្យល់អាកាស ដោយគ្មានអ្នកណាដឹងឡើយ។ ទោះបីជាស្ថានសួគ៌បានយំ ហើយបេះដូងខ្ញុំបន្តយំទៀតក៏ដោយ វាមានអារម្មណ៍ដូចជាមានការឈឺចាប់កាន់តែខ្លាំងឡើងថែមទៀតនៅក្នុងដួងចិត្តខ្ញុំ។ កម្លាំងទាំងអស់ និងការឡោមព័ទ្ធរបស់មនុស្ស ដោយពួកវាប្រៀបដូចជាសំឡេងផ្គរលាន់កណ្ដាលថ្ងៃចែស។ តើអ្នកណាអាចយល់ពីដួងចិត្តខ្ញុំបានទៅ? ដូច្នេះហើយ ខ្ញុំបានមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ម្ដងទៀតដោយនិយាយថា៖ «ឱ! ព្រះជាម្ចាស់អើយ! តើគ្មានវិធីអនុវត្តកិច្ចការរបស់ព្រះអង្គនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះទេឬ? ហេតុអ្វីបានជាអ្នកដទៃមិនអាចគិតពីព្រះហឫទ័យរបស់ព្រះអង្គបាន នៅក្នុងបរិស្ថានប្រកបដោយផាសុកភាព និងការគាំទ្រដែលគ្មានការធ្វើទុក្ខបុកម្នេញដូចនេះ? ទូលបង្គំចង់ត្រដាងស្លាបរបស់ទូលបង្គំ ប៉ុន្តែតើហេតុអ្វីក៏ពិបាកហើរចេញម៉្លេះ? តើព្រះអង្គមិនយល់ព្រមទេឬ?» ខ្ញុំបានយំព្រោះរឿងនេះអស់ជាច្រើនថ្ងៃ ប៉ុន្តែខ្ញុំតែងតែជឿជាក់ថា ព្រះជាម្ចាស់នឹងប្រទានការលួងលោមដល់ដួងចិត្តដ៏សោកសៅរបស់ខ្ញុំ។ គ្មាននរណាម្នាក់ធ្លាប់យល់ពីភាពអន្ទះសារបស់ខ្ញុំនោះទេ។ ប្រហែលជាវាជាការយល់ដឹងដោយផ្ទាល់ពីព្រះជាម្ចាស់ ដោយខ្ញុំតែងតែឆេះឆួលក្នុងខ្លួនចង់ធ្វើកិច្ចការរបស់ទ្រង់ ហើយខ្ញុំស្ទើរតែគ្មានពេលដកដង្ហើមផង។ រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែអធិស្ឋានដោយនិយាយថា «ឱ! ព្រះអង្គអើយ! ប្រសិនបើវាជាបំណងព្រះហឫទ័យរបស់ព្រះអង្គមែន សូមព្រះអង្គដឹកនាំទូលបង្គំឱ្យអនុវត្តកិច្ចការរបស់ព្រះអង្គបានកាន់តែធំឡើងផង ដើម្បីឱ្យវាអាចដុះដាលពាសពេញសកលលោក និងអាចបើកចំហដល់គ្រប់ប្រជាជាតិ និងនិកាយ ដើម្បីឱ្យដួងចិត្តរបស់ទូលបង្គំមានសន្តិភាពបន្តិច ដូច្នេះទើបទូលបង្គំអាចរស់នៅក្នុងកន្លែងសម្រាកសម្រាប់ព្រះអង្គបាន ហើយទូលបង្គំអាចធ្វើការថ្វាយព្រះអង្គដោយគ្មានការជ្រៀតជ្រែកបាន និងអាចបម្រើព្រះអង្គបាន ដោយចិត្តរបស់ទូលបង្គំមានសន្តិភាពអស់មួយជីវិតរបស់ទូលបង្គំ។» នេះគឺជាសេចក្ដីប្រាថ្នានៃដួងចិត្តរបស់ខ្ញុំ។ ប្រហែលជាបងប្អូនប្រុសស្រីនឹងនិយាយថា ខ្ញុំជាមនុស្សក្រអឺតក្រទម និងមានអំនួត ខ្ញុំក៏ទទួលស្គាល់ចំណុចនេះដែរ ដ្បិតវាជាការពិត ពោលគឺមនុស្សវ័យក្មេងគ្មានអ្វីក្រៅតែពីភាពក្រអឺតក្រទមនោះទេ។ ដូច្នេះ ខ្ញុំប្រាប់ពីការពិតថាវាដូចម្ដេច ដោយមិនបំពានការពិតឡើយ។ ក្នុងខ្លួនខ្ញុំ អ្នកអាចមើលឃើញលក្ខណៈទាំងអស់នៃចរិយាសម្បត្តិរបស់មនុស្សវ័យក្មេង ប៉ុន្តែអ្នកក៏អាចមើលឃើញចំណុចដែលខ្ញុំខុសពីមនុស្សវ័យក្មេងដទៃទៀតផងដែរ៖ ភាពស្ងប់ស្ងាត់ និងភាពស្ងប់សុខរបស់ខ្ញុំ។ ខ្ញុំមិនបង្កើតប្រធានបទចេញពីរឿងនេះទេ ខ្ញុំជឿថា ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់ជាងខ្ញុំស្គាល់ខ្លួនឯងទៅទៀត។ ទាំងនេះគឺជាពាក្យពេចន៍ចេញពីដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីនឹងមិនធ្វើការប្រមាថឡើយ។ សូមឱ្យយើងនិយាយពាក្យនៅក្នុងដួងចិត្តរបស់យើង ចូរមើលថាតើអ្វីទៅដែលយើងម្នាក់តាមរក ចូរប្រៀបធៀបដួងចិត្តស្រឡាញ់ព្រះជាម្ចាស់របស់យើង ចូរស្ដាប់ពាក្យដែលយើងខ្សឹបទូលព្រះជាម្ចាស់ ចូរច្រៀងចម្រៀងពីរោះបំផុតនានានៅក្នុងដួងចិត្តរបស់យើង ហើយបញ្ចេញមតិអំពីមោទនភាពនៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យជីវិតរបស់យើងកាន់តែស្រស់បំព្រងឡើង។ ចូរបំភ្លេចអតីតកាល ហើយសម្លឹងមើលទៅអនាគត។ ព្រះជាម្ចាស់នឹងបើកផ្លូវសម្រាប់យើង!

ខាង​ដើម៖ ផ្លូវ ... (៥)

បន្ទាប់៖ ផ្លូវ ... (៧)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ