ជំពូកទី ១៦
មានព្រះបន្ទូលច្រើនណាស់ដែលខ្ញុំចង់សម្ដែងដល់មនុស្ស មានរឿងច្រើនណាស់ដែលខ្ញុំត្រូវតែប្រាប់គេ។ ប៉ុន្តែមនុស្សខ្វះសមត្ថភាពក្នុងការទទួលយកពេកហើយ មនុស្សគ្មានសមត្ថភាពក្នុងការយល់ពេញលេញអំពីព្រះបន្ទូលរបស់ខ្ញុំតាមអ្វីដែលខ្ញុំប្រទានឱ្យនោះទេ ហើយយល់បានតែមួយផ្នែកប៉ុណ្ណោះ ដោយនៅមិនទាន់យល់ដឹងពីផ្នែកផ្សេងទៀតនៅឡើយ។ ប៉ុន្តែខ្ញុំមិនសម្លាប់មនុស្សទេ ព្រោះតែពួកគេគ្មានអំណាចអ្វីឡើយ ហើយខ្ញុំក៏គ្មានព្រះទ័យសោកសៅដោយសារភាពទន់ខ្សោយរបស់ពួកគេដែរ។ ខ្ញុំធ្វើតែកិច្ចការរបស់ខ្ញុំ និងមានព្រះបន្ទូលដូចដែលខ្ញុំតែងតែធ្វើ ទោះបីជាមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំក៏ដោយ នៅពេលកំណត់មកដល់ មនុស្សនឹងស្គាល់ខ្ញុំនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ហើយនឹងចងចាំខ្ញុំនៅក្នុងគំនិតរបស់ពួកគេ។ នៅពេលខ្ញុំចាកចេញពីផែនដីនេះ ទើបជាពេលវេលាពិតប្រាកដដែលខ្ញុំឡើងទៅរាជបល្ល័ង្កដែលនៅក្នុងដួងចិត្តរបស់មនុស្ស និយាយឱ្យចំគឺថា វានឹងទៅជាពេលដែលមនុស្សទាំងអស់ស្គាល់ខ្ញុំ។ ដូចគ្នានេះដែរ វានឹងទៅជាពេលដែលពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំគ្រប់គ្រងផែនដី។ អស់អ្នកដែលស្គាល់ខ្ញុំ ប្រាកដជានឹងក្លាយជាសសរទ្រូងនៃព្រះនគររបស់ខ្ញុំ ហើយគ្មាននរណាម្នាក់ក្រៅតែពីពួកគេទេដែលនឹងមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងមានអំណាចខ្លាំងនៅក្នុងព្រះនគររបស់ខ្ញុំ។ អស់អ្នកដែលស្គាល់ខ្ញុំសុទ្ធតែមាននូវលក្ខណៈរបស់ខ្ញុំ ហើយអាចរស់នៅដោយសម្ដែងអំពីខ្ញុំនៅក្នុងចំណោមមនុស្សទាំងអស់។ ខ្ញុំមិនខ្វល់ថាមនុស្សស្គាល់ខ្ញុំដល់កម្រិតណានោះទេ៖ គ្មាននរណាម្នាក់អាចរារាំងកិច្ចការរបស់ខ្ញុំបានដោយវិធីណាមួយឡើយ ហើយមនុស្សមិនចាំបាច់ផ្ដល់ជំនួយដល់ខ្ញុំ និងធ្វើអ្វីមួយសម្រាប់ខ្ញុំនោះទេ។ មនុស្សគ្រាន់តែធ្វើតាមការណែនាំរបស់ខ្ញុំនៅក្នុងពន្លឺរបស់ខ្ញុំ និងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងពន្លឺនេះទៅបានហើយ។ សព្វថ្ងៃនេះ មនុស្សមានគុណសម្បត្តិ និងជឿថា ពួកគេអាចដើរពើងទ្រូងនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ព្រមទាំងសើច និងនិយាយកំប្លែងលេងអំពីខ្ញុំដោយគ្មានការខ្មាសអៀនសូម្បីតែបន្តិច ហើយហៅខ្ញុំដូចមានឋានៈស្មើគ្នា។ មនុស្សនៅតែមិនស្គាល់ខ្ញុំ ពួកគេនៅតែជឿ់ថា ជារួម ខ្ញុំនិងពួកគេមានលក្ខណៈដូចគ្នា ហើយជឿថា យើងសុទ្ធតែមានសាច់និងឈាម និងសុទ្ធតែរស់នៅក្នុងមនុស្សលោក។ សេចក្ដីគោរពរបស់គេចំពោះខ្ញុំមានស្ដួចស្ដើងណាស់ គេគោរពខ្ញុំតែពេលពួកគេនៅចំពោះព្រះភក្ត្ររបស់ខ្ញុំ ប៉ុន្តែមិនអាចបម្រើខ្ញុំនៅពីមុខព្រះវិញ្ញាណបានឡើយ។ ចំពោះមនុស្ស វាប្រៀបដូចជាព្រះវិញ្ញាណដែលមិនមានវត្ដមានទាល់តែសោះ។ ជាលទ្ធផល គ្មានមនុស្សណាម្នាក់ធ្លាប់ស្គាល់ព្រះវិញ្ញាណឡើយ នៅក្នុងការយកកំណើតជាមនុស្សរបស់ខ្ញុំ មនុស្សឃើញត្រឹមតែរូបកាយខាងសាច់ឈាមប៉ុណ្ណោះ ហើយមិនយល់ដឹងពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ។ តើពិតជាអាចសម្រេចតាមបំណងព្រះហឫទ័យរបស់ខ្ញុំតាមវិធីបែបនេះឬ? មនុស្សជាអ្នកជំនាញខាងបោកប្រាស់ខ្ញុំ ពួកគេហាក់ដូចជាត្រូវបានបណ្ដុះបណ្ដាលយ៉ាងពិសេសដោយសាតាំងដើម្បីបំភាន់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនក្ដៅក្រហាយដោយសារសាតាំងឡើយ។ ខ្ញុំនឹងនៅតែប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំដើម្បីយកឈ្នះមនុស្សជាតិទាំងមូល និងផ្ចាញ់ពួកអ្នកពុករលួយក្នុងចំណោមមនុស្សជាតិទាំងអស់ ដើម្បីឱ្យព្រះនគររបស់ខ្ញុំអាចត្រូវបានបង្កើតឡើងនៅលើផែនដីបាន។
ក្នុងចំណោមមនុស្ស មានទាំងអ្នកដែលបានព្យាយាមកំណត់រកទំហំរបស់ផ្កាយនានា ឬទំហំនៃលំហអាកាស។ ប៉ុន្តែការស្រាវជ្រាវរបស់ពួកគេមិនដែលបានផ្លែផ្កាឡើយ ហើយពួកគេអាចត្រឹមតែទម្លាក់មុខចុះដោយការស្រងាកចិត្ត និងបង្ខំចិត្តទទួលការបរាជ័យប៉ុណ្ណោះ។ ពេលក្រឡេកមើលទៅក្នុងចំណោមមនុស្សទាំងអស់ និងសង្កេតមើលពីកម្លាំងចលនារបស់មនុស្សនៅក្នុងការបរាជ័យរបស់ពួកគេ ខ្ញុំឃើញថាគ្មានអ្នកណាដែលជឿជាក់លើខ្ញុំពិតប្រាកដនោះទេ គ្មានអ្នកណាដែលស្ដាប់បង្គាប់ខ្ញុំ និងចុះចូលនឹងខ្ញុំនោះទេ។ មហិច្ឆតារបស់មនុស្សម្ដេចក៏ព្រៃផ្សៃយ៉ាងនេះ! នៅពេលផ្ទៃទាំងមូលនៃជង្ហុកធំបានឡើងកខ្វក់ ខ្ញុំបានចាប់ផ្ដើមភ្លក់រសជាតិដ៏ល្វីងជូចត់នៃពិភពលោកនៅក្នុងចំណោមមនុស្ស។ ព្រះវិញ្ញាណរបស់ខ្ញុំធ្វើដំណើរពាសពេញពិភពលោក និងគិតពីដួងចិត្តរបស់មនុស្សទាំងអស់ តែទោះដូច្នេះក្ដី ក៏ខ្ញុំយកឈ្នះមនុស្សជាតិតាមរយៈសាច់ឈាមរបស់ខ្ញុំដែលយកកំណើតជាមនុស្សផងដែរ។ មនុស្សមើលមិនឃើញខ្ញុំទេ ព្រោះពួកគេខ្វាក់ មនុស្សមិនស្គាល់ខ្ញុំទេ ព្រោះពួកគេបានទៅជាស្ពឹក មនុស្សប្រឆាំងនឹងខ្ញុំ ព្រោះពួកគេមិនស្ដាប់បង្គាប់។ មនុស្សបែរមកឱនក្បាលចំពោះខ្ញុំ ព្រោះខ្ញុំបានយកឈ្នះពួកគេ។ មនុស្សបែរមកស្រឡាញ់ខ្ញុំ ព្រោះខ្ញុំមានតម្លៃជាប់នឹងអង្គខ្ញុំសមនឹងឱ្យមនុស្សស្រឡាញ់ មនុស្សរស់នៅដោយសម្ដែងអំពីខ្ញុំ និងបង្ហាញច្បាស់អំពីខ្ញុំ ដោយសារព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំធ្វើឱ្យពួកគេស្របតាមព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំមានកន្លែងនៅក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែខ្ញុំមិនដែលទទួលបានសេចក្ដីស្រឡាញ់ដែលនៅក្នុងវិញ្ញាណរបស់មនុស្សចំពោះខ្ញុំឡើយ។ ពិតជាមានវត្ថុខ្លះដែលនៅក្នុងវិញ្ញាណរបស់មនុស្សដែលពួកគេស្រឡាញ់ជាងអ្វីៗផ្សេងទៀតទាំងអស់ ប៉ុន្តែមិនមានខ្ញុំនៅក្នុងចំណោមនោះទេ ដូច្នេះហើយសេចក្ដីស្រឡាញ់របស់មនុស្សគឺដូចពពុះសាប៊ូអ៊ីចឹង៖ នៅពេលខ្យល់បក់មក វានឹងបែក ហើយរលាយបាត់ លែងឃើញម្ដងទៀតហើយ។ ខ្ញុំតែងតែមានអាកប្បកិរិយាដដែល និងមិនផ្លាស់ប្ដូរជានិច្ចចំពោះមនុស្ស។ តើក្នុងចំណោមមនុស្សជាតិ អ្នកណាទៅដែលអាចធ្វើដូចនេះបាន? នៅក្នុងភ្នែករបស់មនុស្ស ខ្ញុំគឺជាអ្វីដែលមិនអាចចាប់យកបាន និងមិនអាចមើលឃើញដូចខ្យល់អ៊ីចឹង ដោយហេតុនេះហើយ មនុស្សដ៏ច្រើនលើសលុបស្វះស្វែងរកតែនៅក្នុងមេឃដែលគ្មានព្រំដែន ឬនៅលើផ្ទៃសមុទ្រដែលមានរលកធំៗ ឬនៅលើផ្ទៃបឹងដ៏ស្ងប់ស្ងាត់ ឬនៅក្នុងចំណោមន័យពាក្យ និងគោលលទ្ធិដែលគ្មានន័យខ្លឹមសារប៉ុណ្ណោះ។ គ្មានមនុស្សណាម្នាក់ឡើយដែលស្គាល់ខ្លឹមសាររបស់មនុស្សជាតិ កុំថាឡើយដល់ទៅមានមនុស្សអាចនិយាយអំពីអាថ៌កំបាំងនៅក្នុងខ្ញុំនោះ ដូច្នេះហើយ ខ្ញុំមិនបង្គាប់ឱ្យមនុស្សសម្រេចបាននូវបទដ្ឋានដ៏ខ្ពស់បំផុតដែលពួកគេស្រមៃថា ខ្ញុំទាមទារពីពួកគេនោះឡើយ។
នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ភ្នំដួលរលំ ទឹកហូរបញ្ច្រាស មនុស្សក្លាយជាស្ដាប់បង្គាប់ ហើយបឹងបួរចាប់ផ្ដើមហូរមិនឈប់។ ទោះបីផ្ទៃសមុទ្រដែលមានរលកធំៗខ្ជោលយ៉ាងខ្លាំងទៅលើមេឃក្តី តែក្នុងព្រះបន្ទូលរបស់ខ្ញុំ សមុទ្រទាំងនេះនៅស្ងប់ស្ងៀមដូចផ្ទៃបឹង។ គ្រាន់តែខ្ញុំគ្រវីដៃតែបន្តិច ព្យុះសង្ឃរាដ៏ខ្លាំងរសាត់ខ្ចាត់ខ្ចាយ និងចាកចេញពីខ្ញុំភ្លាម ហើយពិភពមនុស្សត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញភ្លាម។ ប៉ុន្តែនៅពេលខ្ញុំបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំ នោះភ្នំរហែកជាបំណែកៗភ្លាមៗ ដីចាប់ផ្ដើមរញ្ជួយភ្លាមៗ ទឹកក៏រីងស្ងួតអស់ភ្លាមៗ ហើយមនុស្សត្រូវបានរំខានឥតឈប់ឈរដោយគ្រោះមហន្តរាយភ្លាមៗ។ ដោយសារសេចក្ដីក្រោធរបស់ខ្ញុំ ខ្ញុំមិនយកព្រះទ័យទុកដាក់នឹងសម្រែករបស់មនុស្ស មិនផ្ដល់ជំនួយតបនឹងការស្រែកយំរបស់ពួកគេឡើយ ដ្បិតកំហឹងរបស់ខ្ញុំកំពុងតែឆួលឡើង។ នៅពេលខ្ញុំស្ថិតនៅកណ្ដាលផ្ទៃមេឃ ផ្កាយនានាមិនដែលភ័យស្លន់ស្លោដោយសារព្រះវត្តមានរបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ពួកវាដាក់ដួងចិត្តរបស់ខ្លួនទៅក្នុងកិច្ចការសម្រាប់ខ្ញុំ ដូច្នេះហើយទើបខ្ញុំផ្ដល់ពន្លឺកាន់តែច្រើនទៅឱ្យពួកវា និងធ្វើឱ្យពួកវាបញ្ចេញពន្លឺកាន់តែភ្លឺចិញ្ចាច ដើម្បីឱ្យពួកវាទទួលបានសិរីល្អកាន់តែច្រើនសម្រាប់ខ្ញុំ។ ផ្ទៃមេឃកាន់តែភ្លឺ នោះពិភពលោកខាងក្រោមកាន់តែងងឹត។ មនុស្សច្រើនណាស់បានត្អូញត្អែរថា ការរៀបចំរបស់ខ្ញុំគឺមិនសមស្របទេ មនុស្សច្រើនណាស់បានចាកចេញពីខ្ញុំដើម្បីបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ ដែលពួកគេប្រើដើម្បីក្បត់ខ្ញុំ និងត្រឡប់បញ្ច្រាសនូវសភាពងងឹតវិញ។ ប៉ុន្តែ តើអ្នកណាទៅដែលសម្រេចបានតាមការតាំងចិត្តរបស់ពួកគេ? ហើយអ្នកណាទៅដែលទទួលបានជោគជ័យចំពោះតាមសេចក្ដីតាំងចិត្តរបស់ពួកគេ? តើអ្នកណាទៅដែលអាចត្រឡប់បញ្ច្រាសអ្វីៗដែលខ្ញុំបានរៀបចំដោយព្រះហស្តរបស់ខ្ញុំហើយនោះ? នៅពេលនិទាឃរដូវគ្របដណ្ដប់ពាសពេញលើផ្ទៃដី ខ្ញុំបានបញ្ជូនពន្លឺទៅពិភពលោកដោយសម្ងាត់ និងស្ងៀមស្ងាត់ ដើម្បីឱ្យនៅលើផែនដី មនុស្សមានអារម្មណ៍ស្រស់ថ្លាដែលមាននៅក្នុងខ្យល់ភ្លាមៗ។ ប៉ុន្តែនៅខណៈនោះ ខ្ញុំបាំងភ្នែករបស់មនុស្ស ដើម្បីឱ្យពួកគេមើលឃើញតែអ័ព្ទគ្របពេញផ្ទៃដី ហើយមនុស្ស និងវត្ថុទាំងអស់ត្រូវបានធ្វើឱ្យច្របូកច្របល់។ មនុស្សបានត្រឹមតែដកដង្ហើមធំ ហើយគិតថា «ហេតុអ្វីបានជាពន្លឺមានតែមួយភ្លែតដូច្នេះ? ហេតុអ្វីបានជាព្រះជាម្ចាស់ផ្ដល់តែអ័ព្ទ និងភាពស្រពេចស្រពិលឱ្យមនុស្សអ៊ីចឹង?» ក្នុងពេលដែលមនុស្សអស់សង្ឃឹម អ័ព្ទក៏រលាយបាត់ភ្លាមៗ ប៉ុន្តែនៅពេលពួកគេឃើញពន្លឺតែបន្តិច ខ្ញុំក៏បញ្ចេញភ្លៀងដ៏គំហុកលើពួកគេ ហើយក្រដាសត្រចៀករបស់ពួកគេត្រូវបានរំខានដោយព្យុះផ្គររន្ទះនៅពេលពួកគេដេក។ ទាំងភ័យស្លន់ស្លោ ពួកគេរកកន្លែងជ្រកមិនទាន់ឡើយ ហើយត្រូវបានហ៊ុមព័ទ្ធដោយភ្លៀងខ្លាំង។ ក្នុងពេលភ្លាមៗនោះ របស់សព្វសារពើនៅក្រោមផ្ទៃមេឃត្រូវបានលាងសម្អាតនៅក្នុងសេចក្ដីក្រោធរបស់ខ្ញុំ។ មនុស្សលែងត្អូញត្អែរអំពីការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងទៀត ហើយការគោរពត្រូវបានកើតឡើងនៅក្នុងពួកគេទាំងអស់គ្នា។ ដោយសារតែវាយប្រហារយ៉ាងខ្លាំងភ្លាមៗពីការធ្លាក់ភ្លៀងនេះ មនុស្សដ៏ច្រើនលើសលុបបានលង់ទឹកស្លាប់ដោយសារទឹកភ្លៀងធ្លាក់ពីលើមេឃមក ដោយក្លាយជាសាកសពនៅក្នុងទឹក។ ខ្ញុំសម្លឹងមើលផែនដីទាំងមូល ហើយឃើញថា មនុស្សជាច្រើនកំពុងភ្ញាក់ដឹងខ្លួន មនុស្សជាច្រើនកំពុងប្រែចិត្ត មនុស្សជាច្រើនកំពុងស្វែងរកប្រភពទឹកនៅក្នុងទូកដ៏តូច មនុស្សជាច្រើនកំពុងឱនក្បាលចំពោះខ្ញុំដើម្បីសូមការអភ័យទោសពីខ្ញុំ មនុស្សជាច្រើនបានឃើញពន្លឺ មនុស្សជាច្រើនបានឃើញព្រះភក្ត្ររបស់ខ្ញុំ មនុស្សជាច្រើនមានភាពក្លាហានក្នុងការរស់នៅ ហើយពិភពលោកទាំងមូលត្រូវបានផ្លាស់ប្រែ។ បន្ទាប់ពីភ្លៀងដ៏គំហុកយ៉ាងអស្ចារ្យនេះ របស់សព្វសារពើបានត្រឡប់ទៅរកសភាពដែលមាននៅក្នុងព្រះតម្រិះរបស់ខ្ញុំ និងលែងមានការមិនស្ដាប់បង្គាប់ទៀតហើយ។ មិនយូរនោះទេ ដីទាំងមូលពោរពេញទៅដោយសំឡេងសើចក្អាកក្អាយ គ្រប់ទីកន្លែងនៅលើផែនដី មានបរិយាកាសនៃការលើកសរសើរ ហើយគ្មានកន្លែងណាមួយដែលគ្មានសិរីល្អរបស់ខ្ញុំឡើយ។ ព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅគ្រប់ទីកន្លែងនៅលើផែនដី និងនៅទូទាំងសកលលោកទាំងមូល។ ក្នុងចំណោមរបស់សព្វសារពើគឺជាផលផ្លែនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ ក្នុងចំណោមមនុស្សទាំងអស់គឺពោរពេញទៅដោយស្នាព្រះហស្ដនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ អ្វីៗគ្រប់យ៉ាងគឺដូចរបស់សព្វសារពើនៅក្នុងព្រះនគររបស់ខ្ញុំ ហើយមនុស្សទាំងអស់រស់នៅក្នុងសេចក្ដីស្ងប់ក្រោមផ្ទៃមេឃរបស់ខ្ញុំដូចចៀមនៅលើវាលស្មៅរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល ហើយខ្ញុំសព្វព្រះហឫទ័យទាំងស្រុង ត្បិតរបស់សព្វសារពើបានទទួលមកវិញនូវភាពបរិសុទ្ធ ហើយខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត ហើយមនុស្សនៅលើផែនដីអាចដឹកនាំភាពស្ងប់ស្ងៀម ដោយរីករាយនឹងជីវិតក្រោមការណែនាំរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ខ្ញុំ មនុស្សទាំងអស់បានទទួលមកវិញនូវរូបរាងដើម និងប្រាជ្ញាពីមុនរបស់ពួកគេ។ ពួកគេលែងគ្របដណ្ដប់ដោយធូលីទៀតហើយ ប៉ុន្តែនៅក្នុងព្រះនគររបស់ខ្ញុំ ពួកគេគឺបរិសុទ្ធដូចជាថ្លើមថ្មអ៊ីចឹង ដោយម្នាក់ៗមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង ដ្បិតព្រះនគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅក្នុងចំណោមមនុស្ស។
ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៩២