ជំពូកទី ១៧
ព្រះសូរសៀងរបស់ខ្ញុំបន្លឺសម្លេងដូចផ្គរលាន់ ដោយបញ្ចេញពន្លឺទៅគ្រប់ទិសទី និងនៅលើផែនដីទាំងមូល ហើយនៅកណ្តាលផ្គរលាន់ និងផ្លេកបន្ទោរ មនុស្សត្រូវបានវាយឱ្យដួលចុះ។ គ្មានមនុស្សណាម្នាក់ធ្លាប់បានឈរយ៉ាងរឹងមាំនៅកណ្តាលផ្គរលាន់ និងផ្លេកបន្ទោរបានទេ។ មនុស្សភាគច្រើន ភ័យខ្លាចលោះព្រលឹង នៅពេលដែលពន្លឺរបស់ខ្ញុំមកដល់ ហើយពួកគេមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ នៅពេលដែលចំណាំងពន្លឺដ៏ស្រទន់ ចាប់ផ្តើមបង្ហាញនៅទិសខាងកើត មនុស្សជាច្រើនដែលត្រូវបានពាល់ចិត្តដោយពន្លឺដ៏ស្រទន់នេះ បានភ្ញាក់ពីការភាន់ច្រឡំរបស់ពួកគេភ្លាមៗ។ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ដឹងថា ពេលវេលាមកដល់នៅពេលដែលពន្លឺរបស់ខ្ញុំចុះមកផែនដីនោះទេ។ មនុស្សភាគច្រើនភ្ញាក់ផ្អើលដោយសារការមកដល់ភ្លាមៗនៃពន្លឺ ហើយមនុស្សខ្លះទៀត សង្កេតពិនិត្យចលនារបស់ពន្លឺ និងទិសដៅដែលពន្លឺនោះទៅដោយក្រសែភ្នែកចាប់ចិត្តចង់ដឹងចង់ឮ ខណៈពេលដែលអ្នកខ្លះទៀត ឈរត្រៀមលក្ខណៈរួចរាល់ ពេលដែលគេបែមុខចំពន្លឺ នោះពួកគេអាចយល់កាន់តែច្បាស់អំពីប្រភពរបស់វា។ ប្រសិនបើហេតុកាណ៍នេះអាចកើតឡើងមែន តើមាននរណាម្នាក់ធ្លាប់រកឃើញពីតម្លៃរបស់ពន្លឺសព្វថ្ងៃនេះឬទេ? តើមាននរណាម្នាក់ធ្លាប់ភ្ញាក់ដឹងខ្លួន ដោយសារភាពតែមួយគ្មានពីរនៃពន្លឺសព្វថ្ងៃនេះទេ? មនុស្សភាគច្រើន គ្រាន់តែត្រូវបានបំភាន់ភ្នែកប៉ុណ្ណោះ។ ពួកគេមានស្នាមរបួសនៅក្នុងភ្នែក ហើយពន្លឺរុញច្រានពួកគេទៅក្នុងភក់ល្បាប់។ នៅក្រោមពន្លឺព្រិលៗនេះ មនុស្សម្នាក់អាចនិយាយពីភាពច្របូកច្របល់គ្របដណ្តប់ផែនដី បើពិនិត្យឱ្យជិត នោះគឺទិដ្ឋភាពសោកសៅដែលពិបាកទ្រាំ ដែលវាយលុកមនុស្សម្នាក់ដោយភាពស្រងេះស្រងោចយ៉ាងលើសលុប។ មនុស្សម្នាក់យល់ពីហេតុការណ៍នេះថា នៅពេលដែលពន្លឺខ្លាំងបំផុត នោះសភាវៈនៃផែនដីនឹងមានលទ្ធភាពកាន់តែតិច ដើម្បីអនុញ្ញាតឱ្យមនុស្សជាតិឈរនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ។ មនុស្សស្ថិតនៅក្នុងភាពត្រចះត្រចង់នៃពន្លឺ។ ជាថ្មីម្តងទៀត មនុស្សទាំងអស់នៅក្នុងការសង្គ្រោះរបស់ពន្លឺ ប៉ុន្តែមនុស្សក៏នៅក្នុងស្នាមរបួសរបស់វាដែរ៖ តើមាននរណាម្នាក់ ដែលមិនស្ថិតនៅក្នុងការបក់បោកពិឃាតរបស់ពន្លឺដែរឬទេ? តើមាននរណាម្នាក់អាចគេចផុតពីការឆេះនៃពន្លឺទេ? ខ្ញុំបានយាត្រាទូទាំងពិភពលោក ដោយយកព្រះហស្ដរបស់ខ្ញុំសាបព្រោះគ្រាប់ពូជនៃវិញ្ញាណរបស់ខ្ញុំ ទើបមនុស្សទាំងអស់នៅលើផែនដី នឹងត្រូវពាល់ចិត្តដោយសារខ្ញុំ។ ខ្ញុំទតមើលមកផែនដីខាងក្រោមទាំងមូល ពីកម្ពស់ដ៏ខ្ពស់បំផុតនៃស្ថានសួគ៌ ដោយទតមើលបាតុភូតដ៏ចម្លែកអស្ចារ្យនៃតួមានជីវិតនៅលើផែនដី។ ផ្ទៃមហាសមុទ្រហាក់ដូចជាកំពុងតែទទួលរងការឈឺចាប់ដោយសាររញ្ជួយផែនដីមួយ៖ សត្វស្លាបសមុទ្រហើរទៅមក ដោយសម្លឹងរកមើលត្រីដើម្បីលេបត្របាក់ជាអាហារ។ ខណៈពេលនោះដែរ បាតសមុទ្រនៅតែមិនដឹងខ្លួន ហើយស្ថានភាពផ្ទៃទឹកខាងលើ មិនអាចដាស់វាឱ្យដឹងខ្លួនបានជាដាច់ខាត ដោយសារតែបាតមហាសមុទ្រស្ងប់ស្ងៀមដូចស្ថានសួគ៌ទីបីអ៊ីចឹង៖ នៅទីនេះ វត្ថុមានជីវិត ទាំងធំទាំងតូច នៅជាមួយគ្នាដោយភាពស្រុះស្រួល មិនដែលមាន «ទំនាស់ពាក្យសម្តី» ម្តងណាឡើយ។ នៅក្នុងចំណោមបាតុភូតចម្លែក និងអស្ចារ្យជាច្រើននេះ មនុស្សមានការលំបាកបំផុតក្នុងការធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ។ តួនាទីដែលខ្ញុំបានប្រទានដល់មនុស្ស គឺខ្ពស់ពេក ដូច្នេះបំណងប្រាថ្នារបស់គេក៏ធំពេកដែរ ហើយនៅក្នុងក្រសែភ្នែករបស់គេ តែងតែមានរង្វាស់រង្វាល់នៃការមិនស្តាប់បង្គាប់មួយ។ នៅក្នុងវិន័យចំពោះមនុស្សរបស់ខ្ញុំ នៅក្នុងការជំនុំជម្រះរបស់ខ្ញុំចំពោះគេ មានការផ្ចិតផ្ចង់ និងចិត្តមេត្តាធម៌ជាច្រើន ប៉ុន្តែមនុស្សមិនមានការមន្ទិលសូម្បីតែបន្តិចចំពោះរឿងទាំងនេះ។ ខ្ញុំមិនដែលប្រព្រឹត្តចំពោះមនុស្សណាម្នាក់ដោយឃោរឃៅនោះទេ។ ខ្ញុំគ្រាន់តែបានណែនាំការកែតម្រង់ដ៏សមស្របនានា នៅពេលដែលមនុស្សមិនបានស្តាប់បង្គាប់ប៉ុណ្ណោះ ហើយខ្ញុំគ្រាន់តែផ្តល់ជំនួយសមស្រប នៅពេលដែលគេទន់ខ្សោយប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមនុស្សនៅដាច់ឆ្ងាយពីខ្ញុំ ហើយជាងនេះទៅទៀត ប្រើប្រាស់ល្បិចកលបោកប្រាស់របស់សាតាំងដើម្បីប្រឆាំងខ្ញុំ នោះខ្ញុំនឹងបំផ្លាញមនុស្សមួយរំពេច ដោយមិនទុកឱកាសម្តងទៀតដល់ពួកគេ ដើម្បីតាំងបង្ហាញយ៉ាងសម្បើម នូវជំនាញរបស់ពួកគេនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះទេ នោះទើបពួកគេនឹងមិនអាចក្អេងក្អាងយ៉ាងក្រអឺតក្រទមនៅលើផែនដីនេះ ដោយសម្លុតអ្នកដទៃតទៅទៀត។
ខ្ញុំកាន់កាប់សិទ្ធិអំណាចរបស់ខ្ញុំនៅលើផែនដី ដោយលាតត្រដាងកិច្ចការរបស់ខ្ញុំទាំងមូល។ គ្រប់យ៉ាងដែលនៅក្នុងកិច្ចការរបស់ខ្ញុំ គឺជះត្រឡប់ទៅលើផ្ទៃនៃផែនដី។ មនុស្សនៅលើផែនដី មិនអាចយល់ពីការផ្លាស់ទីរបស់ខ្ញុំនៅលើស្ថានសួគ៌ ហើយក៏មិនអាចគិតយ៉ាងល្អិតល្អន់ពីគន្លង និងដំណើរនៃវិញ្ញាណរបស់ខ្ញុំបានឡើយ។ មនុស្សភាគច្រើន យល់បានតែរឿងបន្ទាប់បន្សំដែលមាននៅខាងក្រៅវិញ្ញាណប៉ុណ្ណោះ ដោយមិនអាចយល់អំពីសភាវៈពិតនៃវិញ្ញាណនោះទេ។ ការទាមទារដែលខ្ញុំធ្វើចំពោះមនុស្ស មិនមែនចេញពីខ្លួនមិនច្បាស់លាស់របស់ខ្ញុំដែលនៅលើស្ថានសួគ៌ ឬចេញពីខ្លួនដែលមិនបានសញ្ជឹងគិតរបស់ខ្ញុំនៅលើផែនដីនោះទេ។ ខ្ញុំធ្វើការទាមទារដ៏សមស្របនានា ដោយផ្អែកលើឋានៈរបស់មនុស្សនៅលើផែនដី។ ខ្ញុំមិនដែលដាក់នរណាម្នាក់ទៅក្នុងសេចក្តីលំបាក ឬស្នើឱ្យនរណាម្នាក់ «បង្ហូរឈាមរបស់គេ» ដើម្បីផ្គាប់ព្រះហឫទ័យរបស់ខ្ញុំនោះទេ។ តើការទាមទាររបស់ខ្ញុំ ត្រូវបានកំណត់ត្រឹមតែលក្ខខណ្ឌបែបនេះឬ? ក្នុងចំណោមតួសត្ដនិករជាច្រើនអនេកនៅលើផែនដី តើមានមួយណាដែលមិនថ្វាយខ្លួនចំពោះនិស្ស័យនៃព្រះបន្ទូលដែលមាននៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ដែលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំហើយ មិនត្រូវបានដុតទាំងស្រុងដោយព្រះបន្ទូល និងភ្លើងដែលកំពុងឆេះរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ហ៊ាន «ពើងទ្រូង» ដោយភាពរីករាយយ៉ាងមានមោទនភាពនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ មិនឱនក្បាលចុះនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើខ្ញុំជាព្រះជាម្ចាស់ដែលគ្រាន់តែនៅស្ងៀមចំពោះការបង្កើតមែនទេ? ចេញពីវត្ថុនៃការបង្កើតជាច្រើន ខ្ញុំជ្រើសរើសផ្កាយដ៏ល្អបំផុតចេញពីផ្កាយទាំងឡាយ ដោយបន្ថែមពន្លឺដ៏ស្រទន់នៃនគររបស់ខ្ញុំ។ ខ្ញុំបានយាងលើផែនដី ដោយសាយភាយក្លិនក្រអូបរបស់ខ្ញុំគ្រប់ទីកន្លែង ហើយកន្លែងនីមួយៗ ខ្ញុំបានបន្សល់ទុកសណ្ឋានរបស់ខ្ញុំ។ កន្លែងនីមួយៗ ឮសូរខ្ទរខ្ទារដោយសម្លេងនៃព្រះសូរសៀងរបស់ខ្ញុំ។ មនុស្សគ្រប់ទីកន្លែងបន្តរស់នៅក្នុងទេសភាពដ៏ស្រស់ត្រកាលរបស់ថ្ងៃម្សិលមិញ ដោយសារមនុស្សទាំងអស់ កំពុងចងចាំអតីតកាល ...
មនុស្សទាំងអស់ចង់ឃើញព្រះភ័ក្រ្តរបស់ខ្ញុំជាខ្លាំង ប៉ុន្តែនៅពេលដែលខ្ញុំយាងចុះមកជាមនុស្សនៅលើផែនដី ពួកគេទាំងអស់ប្រឆាំងនឹងការមកដល់របស់ខ្ញុំ ហើយពួកគេច្រានចោលការមកដល់នៃពន្លឺ ដូចជាខ្ញុំជាសត្រូវរបស់មនុស្សនៅលើស្ថានសួគ៌អ៊ីចឹង។ មនុស្សស្វាគមន៍ខ្ញុំដោយ ក្រសែភ្នែកប្រុងប្រយ័ត្ន ហើយនៅតែប្រយ័ត្នប្រយែងជានិច្ច ដោយភ័យខ្លាចជាខ្លាំងថា ខ្ញុំអាចមានផែនការផ្សេងទៀតសម្រាប់គេ។ ដោយសារតែមនុស្សចាត់ទុកខ្ញុំជាមិត្តភក្តិដែលមិនស្និទ្ធស្នាលម្នាក់ នោះពួកគេមានអារម្មណ៍ហាក់ដូចជាខ្ញុំមានបំណងសម្លាប់ពួកគេដោយគ្មានរើសមុខអ៊ីចឹង។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំជាសត្រូវស្លាប់រស់ម្នាក់។ ទោះបីជាគេធ្លាប់ភ្លក់រសជាតិនៃភាពកក់ក្តៅរបស់ខ្ញុំនៅក្នុងគ្រោះទុក្ខភ័យក៏ដោយ ក៏មនុស្សនៅតែមិនដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយនៅតែយកឈ្នះ ដោយការបែរចេញពីព្រះភ័ក្រ្តរបស់ខ្ញុំ និងការបំពារបំពានខ្ញុំ។ ក្រៅពីមិនឆ្លៀតឱកាសពីស្ថានភាពរបស់គេ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងគេ ខ្ញុំក្រសោបមនុស្សដោយភាពកក់ក្តៅ បំពេញមាត់របស់គេដោយភាពផ្អែមល្ហែម ហើយដាក់អាហារដ៏ចាំបាច់ទៅក្នុងក្រពះរបស់គេ។ ប៉ុន្តែនៅពេលដែលសេចក្តីក្រោធរបស់ខ្ញុំអង្រួនភ្នំ និងទន្លេទាំងឡាយ នោះខ្ញុំនឹងលែងប្រទានជំនួយដែលមានទម្រង់ខុសគ្នាទាំងនេះដល់គេ ដោយសារតែភាពកំសាករបស់មនុស្សតទៅទៀតហើយ។ នៅពេលនេះ ខ្ញុំនឹងរឹតតែខឹងយ៉ាងខ្លាំង ដោយបដិសេធមិនឱ្យវត្ថុមានជីវិតទាំងអស់មានឱកាសប្រែចិត្តឡើយ ហើយដោយការបោះបង់ចោលនូវក្តីសង្ឃឹមរបស់ខ្ញុំទាំងអស់ចំពោះមនុស្ស នោះខ្ញុំនឹងវាស់ពីទោសទណ្ឌដែលគេសមនឹងទទួលដ៏ច្រើនលើសលុបនោះ។ នៅពេលនេះ ផ្គរលាន់ និងផ្លេកបន្ទោរ បញ្ចេញពន្លឺ ហើយស្រែកគ្រហឹម ដូចជារលកមហាសមុទ្រដែលបក់បោកជាខ្លាំង និងដូចជាភ្នំរាប់ពាន់កំពុងតែដួលរលំអ៊ីចឹង។ ដោយសារតែការបះបោររបស់គេ មនុស្សដួលរលំដោយសារផ្គរលាន់ និងផ្លេកបន្ទោរ ហើយតួមានជីវិតដទៃទៀត ត្រូវបានបក់ផាត់ចេញ ដោយសន្ទុះនៃផ្គរលាន់ និងផ្លេកបន្ទោរ ពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរមួយរំពេច ហើយវត្ថុនៃការបង្កើតមិនទទួលបានដង្ហើមនៃជីវិតដំបូងមកវិញទេ។ មនុស្សជាច្រើនអនេក មិនអាចរត់គេចពីសន្ធឹកនៃផ្គរលាន់បានទេ។ នៅកណ្តាលពន្លឺនៃផ្លេកបន្ទោរ មនុស្សទាំងគំនរៗ បានដួលរលំទៅក្នុងខ្សែទឹកហូរយ៉ាងលឿន ដោយត្រូវបក់ផាត់ដោយទឹកភ្លៀងដែលធ្លាក់ពីភ្នំនានា។ ភ្លាមៗនោះ ពិភពនៃ «មនុស្ស» ស្ថិតនៅទីកន្លែងនៃ «ទិសដៅ» របស់មនុស្ស។ សាកសពទាំងឡាយ រសាត់អណ្តែតលើផ្ទៃមហាសមុទ្រ។ មនុស្សទាំងអស់ឃ្លាតចាកចេញឆ្ងាយពីខ្ញុំ ដោយសារតែសេចក្តីក្រោធរបស់ខ្ញុំ ដោយសារតែមនុស្សបានប្រព្រឹត្តអំពើបាបទាស់ទទឹងនឹងចិត្តវិញ្ញាណរបស់ខ្ញុំ ហើយដោយសារតែការបះបោររបស់គេបំពារបំពានលើខ្ញុំ។ ប៉ុន្តែនៅទីកន្លែងដែលគ្មានទឹក មនុស្សផ្សេងទៀតនៅតែសប្បាយរីករាយនឹងសេចក្តីសន្យាដែលខ្ញុំបានធានាចំពោះពួកគេ ដោយសូរសំណើច និងចម្រៀង។
នៅពេលដែលមនុស្សទាំងអស់នៅស្ងៀម ខ្ញុំបញ្ចេញពន្លឺនៅពីមុខភ្នែករបស់ពួកគេ។ ពេលនោះ មនុស្សនឹងមានចិត្តជ្រះថ្លា និងមានភ្នែកភ្លឺច្បាស់ ដោយពុំមានបំណងនៅស្ងៀមតទៅទៀតទេ។ ដូច្នេះ អារម្មណ៍ខាងវិញ្ញាណ បានសណ្ឋិតនៅក្នុងចិត្តរបស់ពួកគេភ្លាមៗ។ នៅពេលដែលហេតុការណ៍នេះកើតឡើង មនុស្សទាំងអស់នឹងរស់ឡើងវិញ។ ដោយយកក្តីទុក្ខសោកដែលលាក់ទុកក្នុងចិត្តរបស់ពួកគេចេញ មនុស្សទាំងអស់ចូលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយបានយកឈ្នះឱកាសមួយទៀតដើម្បីរស់នៅ តាមរយៈព្រះបន្ទូលដែលខ្ញុំប្រកាស។ នេះដោយសារតែមនុស្សទាំងអស់ចង់រស់នៅលើផ្ទៃផែនដី។ ប៉ុន្តែ ក្នុងចំណោមពួកគេ តើនរណាធ្លាប់មានបំណងរស់នៅដើម្បីផលប្រយោជន៍របស់ខ្ញុំ ឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់បើកបង្ហាញរបស់ដែលល្អប្រសើរនៅក្នុងខ្លួនគេ ដែលគេថ្វាយសម្រាប់សេចក្តីអំណររបស់ខ្ញុំឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់ចាប់បានក្លិនដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្ញុំឬទេ? មនុស្សទាំងអស់គឺជាវត្ថុដែលមិនទាន់បន្សុទ្ធ និងមានភាពកខ្វក់៖ នៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាធ្វើឱ្យចាំងភ្នែក ប៉ុន្តែផ្នែកខាងក្នុងរបស់ពួកគេ គឺមិនស្រឡាញ់ខ្ញុំដោយស្មោះពីចិត្តនោះទេ ដោយសារតែនៅក្នុងចិត្តដ៏ជ្រៅរបស់មនុស្ស មិនដែលមានសមាសធាតុណាមួយរបស់ខ្ញុំនោះទេ។ មនុស្សមានលក្ខណៈខ្វះខាតខ្លាំងណាស់៖ ការប្រៀបធៀបគេ ជាមួយខ្ញុំ ហាក់ដូចជាការបើកបង្ហាញឈូងសមុទ្រមួយដែលធំអស្ចារ្យ ដូចទៅនឹងការប្រៀបធៀបរវាងស្ថានសួគ៌ និងផែនដីអ៊ីចឹង។ ទោះបីជាយ៉ាងនេះក៏ដោយ ខ្ញុំមិនវាយប្រហារចំណុចខ្សោយ និងចំណុចងាយរងគ្រោះ ឬក៏ចំអកមើលងាយគេ ដោយសារតែភាពខ្វះខាតរបស់គេនោះទេ។ ព្រះហស្តរបស់ខ្ញុំ បានធ្វើការនៅផែនដីជាច្រើនពាន់ឆ្នាំមកហើយ ហើយគ្រប់ពេល ព្រះនេត្ររបស់ខ្ញុំឃ្លាំមើលមនុស្សទាំងអស់។ ទោះបីជាយ៉ាងណា ខ្ញុំមិនដែលយកជីវិតមនុស្សសូម្បីតែម្នាក់ ដើម្បីលេងជាមួយម្តងម្កាល ដូចតុក្កតានោះទេ។ ខ្ញុំសង្កេតមើលការឈឺចាប់ដែលមនុស្សមាន ហើយយល់នូវតម្លៃដែលគេបានចំណាយ។ នៅពេលដែលគេឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នោះខ្ញុំមិនចង់ធ្វើឱ្យមនុស្សភ្ញាក់ផ្អើល ដើម្បីវាយផ្ចាលគេនោះទេ ហើយខ្ញុំក៏មិនចង់ប្រទានដល់ពួកគេនូវវត្ថុដែលមិនគាប់ចិត្តនោះដែរ។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលទាំងអស់នេះ ខ្ញុំគ្រាន់តែប្រទាន និងផ្គត់ផ្គង់ដល់មនុស្សប៉ុណ្ណោះ។ ដូច្នេះហើយ គ្រប់មនុស្សទាំងអស់រីករាយ គឺជាព្រះពររបស់ខ្ញុំ ទាំងអស់នោះគឺជាអំណោយទានដែលចេញពីព្រះហស្តរបស់ខ្ញុំ។ ដោយសារតែខ្ញុំនៅលើផែនដី មនុស្សមិនដែលទទួលរងការឈឺចាប់ដោយសារទារុណកម្មនៃភាពអត់ឃ្លាននោះទេ។ ផ្ទុយទៅវិញ ខ្ញុំអនុញ្ញាតឱ្យមនុស្សទទួលយករបស់ដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ ជារបស់ដែលគេអាចរីករាយ ហើយខ្ញុំអនុញ្ញាតឱ្យមនុស្សជាតិរស់នៅក្នុងព្រះពររបស់ខ្ញុំ។ តើមនុស្សទាំងអស់មិនរស់នៅក្រោមការវាយផ្ចាលរបស់ខ្ញុំទេឬ? វាដូចជាភាពសម្បូរហូរហៀរដែលមាននៅក្នុងជម្រៅភ្នំ និងមានរបស់ច្រើនអនេកដើម្បីរីករាយនៅក្នុងទឹកដូច្នោះដែរ តើមនុស្សដែលកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំសព្វថ្ងៃនេះ មិនមានត្រឹមតែម្ហូបអាហារ ដើម្បីស្ងើចសរសើរ និងភ្លក់ទេឬអី? ខ្ញុំនៅលើផែនដី ហើយមនុស្សជាតិរីករាយនឹងព្រះពររបស់ខ្ញុំនៅលើផែនដី។ នៅពេលដែលខ្ញុំចាកចេញពីផែនដី គឺជាពេលដែលកិច្ចការរបស់ខ្ញុំក៏ឈានដល់ការបញ្ចប់របស់វាដែរ នោះមនុស្សជាតិនឹងលែងទទួលការគួរសមរបស់ខ្ញុំ ដោយសារភាពទន់ខ្សោយរបស់ពួកគេតទៅទៀតហើយ។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩២